ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ច្រកចូលទៅកាន់ជិវិត | សម្រង់​សម្ដីទី ៤០០

06-12-2025

ព្រះជាម្ចាស់បានតាំងព្រះទ័យប្រោសឱ្យមនុស្សគ្រប់លក្ខណ៍ ហើយមិនថាទ្រង់មានបន្ទូលចេញពីទិដ្ឋភាពបែបណាឡើយ គ្រប់យ៉ាងដែលទ្រង់មានបន្ទូលនោះគឺសម្រាប់ជាប្រយោជន៍ដល់ការប្រោសមនុស្សឱ្យគ្រប់លក្ខណ៍ប៉ុណ្ណោះ។ ព្រះបន្ទូលដែលចេញពីទិដ្ឋភាពនៃព្រះវិញ្ញាណ មនុស្សពិបាកយល់ណាស់ ហើយពួកគេក៏គ្មានផ្លូវក្នុងការអនុវត្តតាមដែរ ដ្បិតសមត្ថភាពយល់ដឹងស៊ីជម្រៅរបស់គេនៅមានកម្រិតនៅឡើយ។ កិច្ចការរបស់ព្រះជាម្ចាស់សម្រេចបានប្រសិទ្ធភាពខុសៗគ្នា ហើយក៏ជួយទៅសម្រេចជំហាននីមួយៗនៃកិច្ចការដែលទ្រង់មានសម្រាប់គោលបំណងរបស់ទ្រង់ផងដែរ។ លើសពីនេះទៅទៀត វាពិតជាសំខាន់ណាស់ដែលទ្រង់ត្រូវមានបន្ទូលចេញពីទិដ្ឋភាពខុសៗគ្នា ព្រោះថាមានតែធ្វើបែបនេះទេ ទើបទ្រង់អាចប្រោសឱ្យមនុស្សបានគ្រប់លក្ខណ៍។ បើទ្រង់បន្លឺព្រះសូរសៀងរបស់ទ្រង់ចេញពីទិដ្ឋភាពនៃព្រះវិញ្ញាណតែមួយ នោះវានឹងគ្មានផ្លូវដើម្បីបញ្ចប់ដំណាក់កាលនៃកិច្ចការរបស់ព្រះជាម្ចាស់នេះឡើយ។ ចេញពីតុងសំឡេងដែលទ្រង់មានបន្ទូល អ្នកអាចមើលឃើញអំពីការតាំងព្រះហឫទ័យរបស់ទ្រង់ក្នុងការប្រោសមនុស្សមួយក្រុមនេះឱ្យបានគ្រប់លក្ខណ៍។ ដូច្នេះ តើអ្វីទៅគួរតែជាជំហានដំបូងសម្រាប់មនុស្សម្នាក់ៗ ដែលចង់ឱ្យទ្រង់ប្រោសឱ្យបានគ្រប់លក្ខណ៍? អ្វីដែលសំខាន់បំផុតនោះ គឺថាអ្នកត្រូវដឹងអំពីកិច្ចការរបស់ព្រះជាម្ចាស់។ នាពេលបច្ចុប្បន្ននេះ ព្រះជាម្ចាស់បានប្រើវិធីសាស្ត្រមួយថ្មី នៅក្នុងកិច្ចការរបស់ទ្រង់។ ដោយសារតែយុគសម័យបានផ្លាស់ប្ដូរ ដូច្នេះ របៀបដែលព្រះជាម្ចាស់ធ្វើការក៏ត្រូវផ្លាស់ប្ដូរ ហើយវិធីសាស្ត្រដែលទ្រង់មានបន្ទូល ក៏មានលក្ខណៈខុសពីមុនផងដែរ។ សព្វថ្ងៃនេះ មិនត្រឹមតែវិធីសាស្ត្រនៃកិច្ចការរបស់ទ្រង់ បានផ្លាស់ប្ដូរប៉ុណ្ណោះទេ ប៉ុន្តែយុគសម័យក៏បានផ្លាស់ប្ដូរផងដែរ។ ឥឡូវនេះ គឺជាយុគសម័យនៃនគរព្រះ ហើយវាក៏ជាយុគសម័យរបស់ព្រះជាម្ចាស់ដ៏ជាសេចក្តីស្រឡាញ់ផងដែរ។ វាជាគំរូនៃយុគសម័យរាជ្យមួយពាន់ឆ្នាំ ដែលជាយុគសម័យនៃព្រះបន្ទូល ហើយនៅក្នុងយុគសម័យនេះ ព្រះជាម្ចាស់នឹងមានបន្ទូលទៅតាមមធ្យោបាយជាច្រើន ដើម្បីប្រោសមនុស្សឱ្យគ្រប់លក្ខណ៍ ហើយទ្រង់ក៏មានបន្ទូលចេញពីទិដ្ឋភាពខុសៗគ្នា ដើម្បីផ្គត់ផ្គង់ដល់មនុស្សផងដែរ។ ពេលចូលទៅក្នុងយុគសម័យនៃរាជ្យមួយពាន់ឆ្នាំ ព្រះជាម្ចាស់នឹងចាប់ផ្ដើមប្រើព្រះបន្ទូល ដើម្បីប្រោសមនុស្សឱ្យគ្រប់លក្ខណ៍ អនុញ្ញាតឱ្យមនុស្សចូលទៅក្នុងតថភាពនៃជីវិត និងដឹកនាំមនុស្សឱ្យដើរតាមផ្លូវដ៏ត្រឹមត្រូវ។ តាមរយៈការដកពិសោធន៍ចេញពីជំហានជាច្រើននៃកិច្ចការរបស់ព្រះជាម្ចាស់ មនុស្សបានមើលឃើញថា កិច្ចការរបស់ព្រះជាម្ចាស់មិននៅតែដដែលនោះឡើយ ប៉ុន្តែវាកំពុងតែវិវឌ្ឍទៅមុខ និងកាន់តែស៊ីជម្រៅឥតស្រាកស្រាន្តឡើយ។ ក្រោយពេលមនុស្សបានដកពិសោធន៍អស់ពេលយ៉ាងយូរមក កិច្ចការបានផ្លាស់ប្ដូរវិលវល់ដដែលៗ ម្ដងហើយម្ដងទៀត។ ទោះបីផ្លាស់ប្ដូរជាច្រើនយ៉ាងណាក៏ដោយ ក៏វាមិនដែលឃ្លាតចេញពីគោលបំណងរបស់ព្រះជាម្ចាស់ក្នុងការនាំសេចក្តីសង្រ្គោះទៅកាន់មនុស្សជាតិដែរ។ ទោះត្រូវឆ្លងកាត់ការផ្លាស់ប្ដូររាប់ម៉ឺនដងក៏ដោយ ក៏វាមិនដែលបែរចេញពីគោលបំណងដើមរបស់វាដែរ។ មិនថាវិធីសាស្ត្រនៃកិច្ចការរបស់ព្រះជាម្ចាស់ផ្លាស់ប្ដូរយ៉ាងណាក៏ដោយ ក៏កិច្ចការនេះមិនដែលចាកចេញ ពីសេចក្តីពិត ឬពីជីវិតនោះដែរ។ ការផ្លាស់ប្ដូរនៅក្នុងវិធីសាស្ត្រនៃការសម្រេចកិច្ចការ គឺគ្រាន់តែជាការផ្លាស់ប្ដូរនៅក្នុងទម្រង់នៃកិច្ចការ និងទិដ្ឋភាពដែលព្រះជាម្ចាស់មានបន្ទូលប៉ុណ្ណោះ។ វាគ្មានការផ្លាស់ប្ដូរនៅក្នុងកម្មវត្ថុស្នូលនៃកិច្ចការរបស់ព្រះជាម្ចាស់ឡើយ។ ការផ្លាស់ប្ដូរនៅក្នុងតុងនៃព្រះសូរសៀងរបស់ព្រះជាម្ចាស់ និងវិធីសាស្ត្រនៃកិច្ចការរបស់ទ្រង់ត្រូវបានធ្វើឡើង ដើម្បីសម្រេចផលឱ្យកាន់តែមានប្រសិទ្ធភាព។ ការផ្លាស់ប្ដូរនៅក្នុងតុងនៃព្រះសូរសៀង មិនមានន័យជាការផ្លាស់ប្ដូរនៅក្នុងគោលបំណង ឬគោលការណ៍នៅពីក្រោយកិច្ចការនោះឡើយ។ មនុស្សជឿលើព្រះជាម្ចាស់ជាចម្បង ដើម្បីស្វែងរកជីវិត។ ប្រសិនបើអ្នកជឿលើព្រះជាម្ចាស់ ប៉ុន្តែមិនស្វែងរកជីវិត ឬដេញតាមសេចក្តីពិត ឬចំណេះដឹងអំពីព្រះជាម្ចាស់ទេ នោះវាមិនមែនជាសេចក្តីជំនឿលើព្រះជាម្ចាស់ឡើយ! ហើយតើការបន្តព្យាយាមចូលទៅក្នុងនគរមួយ ដើម្បីក្លាយជាស្ដេច ជារឿងដ៏ពិតប្រាកដដែរឬទេ? ការទទួលបានសេចក្តីស្រឡាញ់ដ៏ពិតសម្រាប់ព្រះជាម្ចាស់តាមរយៈការស្វែងរកជីវិត គឺជាការពិត ហើយការដេញតាម និងការប្រតិបត្តិតាមសេចក្តីពិត ពោលគឺទាំងនេះគឺការពិត។ តាមរយៈការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងការដកពិសោធន៍ជាមួយព្រះបន្ទូលទាំងនេះ អ្នកនឹងចាប់ផ្ដើមមានចំណេះដឹងអំពីព្រះជាម្ចាស់នៅក្នុងចំណោមបទពិសោធពិតៗ ហើយនេះជាអត្ថន័យនៃការដេញតាមដ៏ពិត។

ដកស្រង់ពី «យុគសម័យនៃនគរព្រះ គឺជាយុគសម័យនៃព្រះបន្ទូល» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ចែក​រំលែក

លុប​ចោល