ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ច្រកចូលទៅកាន់ជិវិត | សម្រង់​សម្ដីទី ៤០១

06-12-2025

ឥឡូវនេះ គឺជាយុគសម័យនៃនគរព្រះ។ ការដែលអ្នកបានចូលទៅក្នុងយុគសម័យថ្មីនេះ គឺអាស្រ័យលើថា តើអ្នកបានចូលទៅក្នុងការពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬថាតើព្រះបន្ទូលរបស់ទ្រង់ បានក្លាយជាតថភាពនៃជីវិតរបស់អ្នកហើយឬនៅ។ មនុស្សគ្រប់គ្នាបានស្គាល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់រួចហើយ ដូច្នេះនៅចុងបញ្ចប់ មនុស្សទាំងអស់នឹងរស់នៅក្នុងពិភពនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ហើយព្រះបន្ទូលរបស់ទ្រង់នឹងបំភ្លឺ ហើយបកស្រាយដល់មនុស្សម្នាក់ៗចេញពីខាងក្នុងចិត្ត។ ក្នុងអំឡុងពេលនេះ ប្រសិនបើអ្នកមិនយកចិត្តទុកដាក់ក្នុងការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយមិនចាប់អារម្មណ៍លើព្រះបន្ទូលរបស់ទ្រង់ទេ នោះវាបង្ហាញឱ្យឃើញថា អ្នកមានសភាពខុសហើយ។ ប្រសិនបើអ្នកមិនអាចចូលក្នុងយុគសម័យនៃព្រះបន្ទូលបានទេ នោះព្រះវិញ្ញាណបរិសុទ្ធនឹងមិនធ្វើការនៅក្នុងអ្នកឡើយ ប៉ុន្តែប្រសិនបើអ្នកបានចូលក្នុងយុគសម័យនេះ នោះទ្រង់នឹងធ្វើកិច្ចការរបស់ទ្រង់។ នៅដើមយុគសម័យនៃព្រះបន្ទូលតើអ្នកអាចធ្វើអ្វីខ្លះ ដើម្បីទទួលបានកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ? ព្រះជាម្ចាស់នឹងសម្រេចកិច្ចការដូចខាងក្រោមនៅក្នុងយុគសម័យនេះ និងនៅក្នុងចំណោមអ្នករាល់គ្នា៖ មនុស្សគ្រប់គ្នានឹងរស់នៅតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ គេនឹងយកសេចក្តីពិតទៅអនុវត្ត ហើយគេនឹងស្រឡាញ់ព្រះជាម្ចាស់យ៉ាងអស់ពីចិត្ត។ មនុស្សទាំងអស់នឹងប្រើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ជាគ្រឹះមូលដ្ឋាន និងជាការពិតរបស់គេ ហើយគេនឹងមានចិត្តកោតខ្លាចព្រះជាម្ចាស់។ ហើយតាមរយៈការអនុវត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ មនុស្សនឹងកាន់អំណាចជាព្រះមហាក្សត្ររួមជាមួយព្រះជាម្ចាស់។ នេះជាកិច្ចការដែលព្រះជាម្ចាស់ត្រូវសម្រេច។ តើអ្នកអាចរស់នៅដោយគ្មានការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់បានដែរឬទេ? សព្វថ្ងៃនេះ មានមនុស្សជាច្រើនដែលមានអារម្មណ៍ថា ពួកគេមិនអាចរស់នៅបាន សូម្បីតែមួយថ្ងៃ ឬពីរថ្ងៃ ដោយមិនបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់នោះឡើយ។ ពួកគេត្រូវតែអានព្រះបន្ទូលរបស់ទ្រង់ជារៀងរាល់ថ្ងៃ ហើយប្រសិនបើពេលវេលាមិនអំណោយផលសម្រាប់ការអាន ពួកគេនឹងស្ដាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ជំនួសវិញ។ នេះជាអារម្មណ៍ដែលព្រះវិញ្ញាណបរិសុទ្ធប្រទានដល់មនុស្ស ហើយវាក៏ជារបៀបមួយដែលទ្រង់ចាប់ផ្ដើមធ្វើចលនានៅក្នុងពួកគេផងដែរ។ ទ្រង់គ្រប់គ្រងមនុស្សតាមរយៈព្រះបន្ទូល ដើម្បីឱ្យពួកគេអាចចូលទៅក្នុងការពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។ បន្ទាប់ពីខកខានមិនបានហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់តែមួយថ្ងៃ ប្រសិនបើអ្នកមានអារម្មណ៍អាប់អួរ ស្រេកទឹក និងមិនអាចឈរបាន នេះបង្ហាញឱ្យឃើញថា អ្នកបានទទួលការប៉ះពាល់ពីព្រះវិញ្ញាណបរិសុទ្ធ និងបង្ហាញទៀតថា ទ្រង់មិនបានបែរចេញពីអ្នកឡើយ។ ដូច្នេះ អ្នកជាបុគ្គលម្នាក់ដែលស្ថិតនៅក្នុងចរន្តនេះហើយ។ យ៉ាងណាមិញ ក្រោយពេលមួយ ឬពីរថ្ងៃ ដោយមិនហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ប្រសិនបើអ្នកមិនមានអារម្មណ៍ឃ្លានស្រេកទឹក ឬទទួលការប៉ះពាល់អ្វីទេ នោះវាបង្ហាញឱ្យឃើញថា ព្រះវិញ្ញាណបរិសុទ្ធបានបែរចេញពីអ្នកហើយ។ ការនេះមានន័យថា វាមានបញ្ហាអ្វីមួយជាមួយសភាពនៅខាងក្នុងរបស់អ្នកហើយ។ អ្នកមិនបានចូលក្នុងយុគសម័យនៃព្រះបន្ទូល ហើយអ្នកជាបុគ្គលម្នាក់ក្នុងចំណោមមនុស្សជាច្រើនផ្សេងទៀតដែលបានបរាជ័យ។ ព្រះជាម្ចាស់ប្រើព្រះបន្ទូលដើម្បីគ្រប់គ្រងលើមនុស្ស។ អ្នកមានអារម្មណ៍ល្អ ប្រសិនបើអ្នកហូបនិងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយប្រសិនបើអ្នកមិនបានធ្វើទេ នោះអ្នកនឹងគ្មានផ្លូវដើរឡើយ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ក្លាយជាអាហាររបស់មនុស្ស និងជាកម្លាំងជំរុញចិត្តពួកគេ។ ព្រះគម្ពីរចែងថា៖ «មនុស្សមិនមែនរស់ដោយសារតែនំប៉័ងប៉ុណ្ណោះទេ ប៉ុន្តែរស់ដោយសារគ្រប់ទាំងព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់វិញ» (ម៉ាថាយ ៤:៤)។ សព្វថ្ងៃនេះ ព្រះជាម្ចាស់នឹងបង្ហើយកិច្ចការនេះ ហើយទ្រង់នឹងសម្រេចការពិតនេះនៅក្នុងអ្នករាល់គ្នា។ តើមនុស្សកាលពីអតីតកាលអាចរស់នៅបានជាច្រើនថ្ងៃយ៉ាងដូចម្ដេច ដោយមិនអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយនៅតែអាចបរិភោគ និងធ្វើការបានធម្មតា ប៉ុន្តែនេះមិនមែនជាករណីនៅសព្វថ្ងៃនេះទេ? នៅក្នុងយុគសម័យនេះ ព្រះជាម្ចាស់ប្រើប្រាស់ព្រះបន្ទូលជាចម្បង ដើម្បីគ្រប់គ្រងមនុស្សទាំងអស់។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ មនុស្សត្រូវទទួលការជំនុំជម្រះ និងការប្រោសឱ្យគ្រប់លក្ខណ៍ បន្ទាប់មក ពួកគេបានចូលទៅក្នុងនគរព្រះនាពេលចុងបញ្ចប់។ មានតែព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយប៉ុណ្ណោះ ដែលអាចប្រទានជីវិតដល់មនុស្ស ហើយមានតែព្រះបន្ទូលរបស់ព្រះជាម្ចាស់តែមួយគត់ ដែលអាចប្រទានដល់មនុស្សនូវពន្លឺ និងផ្លូវសម្រាប់ការអនុវត្ត ជាពិសេសនៅក្នុងយុគសម័យនៃនគរព្រះ។ ដរាបណាអ្នកមិនបែរចេញពីការពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយហូបនិងផឹកព្រះបន្ទូលរបស់ទ្រង់ជារៀងរាល់ថ្ងៃ នោះព្រះជាម្ចាស់នឹងអាចប្រោសអ្នកឱ្យបានគ្រប់លក្ខណ៍ជាក់ជាមិនខាន។

ដកស្រង់ពី «យុគសម័យនៃនគរព្រះ គឺជាយុគសម័យនៃព្រះបន្ទូល» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ចែក​រំលែក

លុប​ចោល