ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ច្រកចូលទៅកាន់ជិវិត | សម្រង់​សម្ដីទី ៤០៣

25-01-2026

បន្តទៅមុខទៀត ការនិយាយអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ គួរតែជាគោលការណ៍មួយដែលអ្នកត្រូវនិយាយ។ តាមធម្មតា នៅពេលដែលអ្នករាល់គ្នាជួបជុំគ្នា អ្នកគួរតែប្រកបគ្នានៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ យកព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាខ្លឹមសារនៃអន្តរកម្មរបស់អ្នក និយាយអំពីអ្វីដែលអ្នកដឹងអំពីព្រះបន្ទូលទាំងនេះរបៀបដែលអ្នកយកព្រះបន្ទូលទៅអនុវត្ត និងរបៀបដែលព្រះវិញ្ញាណបរិសុទ្ធធ្វើការ។ ដរាបណាអ្នករួមប្រកបនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះព្រះវិញ្ញាណបរិសុទ្ធនឹងស្រាយបំភ្លឺដល់អ្នកមិនខាន។ ដើម្បីឱ្យពិភពលោកទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ វាតម្រូវឱ្យមនុស្សមានកិច្ចសហការជាមួយគ្នា។ ប្រសិនបើអ្នកមិនចូលក្នុងការនេះទេ នោះព្រះជាម្ចាស់នឹងគ្មានផ្លូវអាចធ្វើការនោះឡើយ។ ប្រសិនបើអ្នកបន្តបិទមាត់របស់អ្នក ហើយមិននិយាយអំពីព្រះបន្ទូលរបស់ទ្រង់ នោះទ្រង់នឹងគ្មានផ្លូវស្រាយបំភ្លឺដល់អ្នកឡើយ។ គ្រប់ពេលដែលអ្នកមិនរវល់ក្នុងព្រះបន្ទូល ឬនិយាយអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ ចូរកុំចូលរួមនៅក្នុងការជជែកគ្នាលេងដែលឥតបានការនោះឡើយ! ចូរឱ្យជីវិតរបស់អ្នកពោរពេញដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់ចុះ ហើយពេលនោះ នោះអ្នកនឹងក្លាយជាអ្នកជឿយ៉ាងពិតប្រាកដមិនខាន។ វាមិនសំខាន់ឡើយ បើការរួមប្រកបរបស់អ្នកមានកម្រិតសើៗនោះ។ បើគ្មានទឹករាក់ នោះក៏គ្មានទឹកជ្រៅដែរ។ វាជាដំណើរការមួយ។ តាមរយៈការបណ្ដុះបណ្ដាលរបស់អ្នក អ្នកនឹងយល់អំពីការស្រាយបំភ្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធដែលមានចំពោះអ្នក និងរបៀបហូប និងផឹកកាន់តែមានប្រសិទ្ធភាព ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ បន្ទាប់ពីរយៈពេលនៃការស្វែងយល់នេះចប់ទៅ អ្នកនឹងចូលទៅក្នុងការពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនខាន។ ប្រសិនបើអ្នកមានការតាំងចិត្តចង់សហការ នោះអ្នកនឹងអាចទទួលបានកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធមិនខាន។

ចេញពីគោលការណ៍នៃការហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ មានគោលការណ៍មួយទាក់ទងនឹងចំណេះដឹង ហើយគោលការណ៍មួយទៀត ទាក់ទងនឹងការចូលទៅក្នុង។ តើព្រះបន្ទូលណាខ្លះដែលអ្នកគួរតែដឹង? អ្នកគួរតែដឹងអំពីព្រះបន្ទូលដែលទាក់ទងនឹងនិមិត្ត (ដូចជាព្រះបន្ទូលទាក់ទងនឹងយុគសម័យណាដែលកិច្ចការរបស់ព្រះជាម្ចាស់បានចូលរួចហើយ អ្វីដែលព្រះជាម្ចាស់ចង់សម្រេចឥឡូវ និងអ្វីជាការយកកំណើតជាមនុស្សជាដើម ហើយការទាំងអស់នេះ គឺសុទ្ធតែពាក់ព័ន្ធជាមួយនិមិត្ត)។ តើផ្លូវដែលមនុស្សគួរតែចូលទៅក្នុង មានន័យដូចម្ដេច? ការនេះសំដៅទៅលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលមនុស្សគួរតែអនុវត្ត និងចូលទៅក្នុង។ ខាងលើ គឺជាទិដ្ឋភាពចំនួនពីរនៃការហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ចាប់ពីពេលនេះតទៅ ចូរហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់តាមរបៀបនេះចុះ។ ប្រសិនបើអ្នកមានការយល់ដឹងច្បាស់លាស់អំពីព្រះបន្ទូលរបស់ទ្រង់ទាក់ទងនឹងនិមិត្ត នោះមិនចាំបាច់បន្តអានគ្រប់ពេលនោះឡើយ។ កិច្ចការដ៏សំខាន់ គឺត្រូវហូប និងផឹកកាន់តែច្រើន ពីព្រះបន្ទូលអំពីការចូលទៅក្នុង ដូចជារបៀបបែរចិត្តរបស់អ្នកបែរទៅរកព្រះជាម្ចាស់ របៀបធ្វើឱ្យចិត្តរបស់អ្នកនៅស្ងប់ចំពោះព្រះជាម្ចាស់ និងរបៀបបះបោរទាស់នឹងសាច់ឈាម។ ទាំងនេះគឺជាកិច្ចការដែលអ្នកគួរតែយកទៅអនុវត្ត។ ប្រសិនបើមិនដឹងអំពីរបៀបហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ នោះការប្រកបដ៏ពិតនឹងមិនអាចទៅរួចឡើយ។ នៅពេលដែលអ្នកដឹងអំពីរបៀបហូប និងផឹកព្រះបន្ទូលរបស់ទ្រង់ ព្រមទាំងយល់អំពីចំណុចគន្លឹះហើយ នោះការប្រកបនឹងដំណើរការយ៉ាងរលូន ហើយទោះបីជាមានបញ្ហាអ្វីក៏ដោយ ក៏អ្នកនឹងអាចប្រកប និងយល់ពីការពិតដដែល។ នៅពេលដែលប្រកបនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ប្រសិនបើអ្នកគ្មានការពិតទេ នោះអ្នកមិនបានយល់អំពីចំណុចគន្លឹះឡើយ ហើយនេះបង្ហាញថា អ្នកមិនបានដឹងអំពីរបៀបហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។ មនុស្សខ្លះយល់ថា ការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ជារឿងគួរឱ្យធុញទ្រាន់ ហើយនេះមិនមែនជាសភាពធម្មតាឡើយ។ អ្វីដែលធម្មតាគឺជាការមិនចេះនឿយហត់ក្នុងការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ តែងតែស្រេកឃ្លានចង់បានព្រះបន្ទូល និងតែងតែមើលឃើញព្រះបន្ទូលរបស់ព្រះជាម្ចាស់ថាជាការល្អជានិច្ច។ នេះជារបៀបដែលមនុស្សចូលទៅហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ។ នៅពេលដែលអ្នកមានអារម្មណ៍ថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់មានភាពជាក់ស្ដែងច្បាស់ៗ និងជាអ្វីដែលមនុស្សគួរតែចូលទៅកាន់ ហើយនៅពេលដែលអ្នកមានអារម្មណ៍ថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាជំនួយ និងមានប្រយោជន៍ខ្លាំងចំពោះមនុស្ស ហើយថាព្រះបន្ទូលគឺជាការផ្គត់ផ្គង់ដល់ជីវិតរបស់មនុស្ស នោះជាព្រះវិញ្ញាណបរិសុទ្ធទេ ដែលប្រទានឱ្យអ្នកនូវអារម្មណ៍បែបនេះ ហើយក៏ជាព្រះវិញ្ញាណបរិសុទ្ធផងដែរ ដែលប៉ះពាល់ចិត្តរបស់អ្នក។ ការនេះបញ្ជាក់ថា ព្រះវិញ្ញាណបរិសុទ្ធកំពុងតែធ្វើការនៅខាងក្នុងអ្នក និងបញ្ជាក់ទៀតថា ព្រះជាម្ចាស់មិនបានបែរចេញពីអ្នកឡើយ។ ដោយមើលឃើញថា ព្រះជាម្ចាស់តែងតែមានបន្ទូលជានិច្ចនោះមនុស្សមួយចំនួន បែរជាធុញទ្រាន់នឹងព្រះបន្ទូលរបស់ទ្រង់ទៅវិញ ហើយគេបែរជាគិតថា ទោះបីគេអាន ឬមិនអានព្រះបន្ទូលក៏ដោយ ក៏វាគ្មានប្រយោជន៍អ្វីដែរ ហើយការមានគំនិតបែបនេះ មិនមែនជាសភាពធម្មតាឡើយ។ ពួកគេខ្វះនូវដួងចិត្តដែលស្រេកឃ្លានចង់ចូលទៅក្នុងការពិត ហើយមនុស្សបែបនេះមិនដែលស្រេកឃ្លាន ឬក៏ឱ្យតម្លៃសំខាន់ទៅលើការប្រោសឱ្យគ្រប់លក្ខណ៍នោះឡើយ។ គ្រប់ពេលដែលអ្នករកឃើញថា អ្នកមិនស្រេកឃ្លាននូវព្រះបន្ទូលរបស់ព្រះជាម្ចាស់ នេះបង្ហាញឱ្យឃើញថា អ្នកមិនស្ថិតនៅក្នុងសភាពធម្មតាឡើយ។ កាលពីអតីតកាល ដើម្បីកំណត់ថាតើព្រះជាម្ចាស់បានបែរចេញ ឬមិនបានបែរចេញពីអ្នក គឺត្រូវបានកំណត់ឡើងដោយមើលថាតើអ្នកមានសន្តិភាពផ្លូវចិត្តឬក៏អត់ ហើយថាតើអ្នកមានអារម្មណ៍រីករាយឬយ៉ាងណា។ បច្ចុប្បន្ននេះ គន្លឹះនៃការកំណត់គឺថាតើអ្នកស្រេកឃ្លានចង់បានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថាតើព្រះបន្ទូលរបស់ទ្រង់ក្លាយជាការពិតរបស់អ្នក ថាតើអ្នកស្មោះត្រង់ និងថាតើអ្នកអាចធ្វើគ្រប់កិច្ចការដែលអ្នកអាចធ្វើបានសម្រាប់ព្រះជាម្ចាស់ឬយ៉ាងណា។ នៅក្នុងន័យម្យ៉ាងទៀត មនុស្សត្រូវទទួលការជំនុំជម្រះ ដោយការពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់ចង្អុលបង្ហាញព្រះបន្ទូលរបស់ទ្រង់ទៅកាន់មនុស្សជាតិទាំងអស់។ ប្រសិនបើអ្នកស្ម័គ្រចិត្តអានព្រះបន្ទូល នោះទ្រង់នឹងបំភ្លឺដល់អ្នក ប៉ុន្តែប្រសិនបើអ្នកមិនស្ម័គ្រចិត្តទេ នោះទ្រង់នឹងមិនបំភ្លឺឡើយ។ ព្រះជាម្ចាស់ស្រាយបំភ្លឺដល់អស់អ្នកណាដែលស្រេកឃ្លានចង់បានសេចក្តីសុចរិត ហើយទ្រង់ស្រាយបំភ្លឺដល់អស់អ្នកណាដែលស្វែងរកទ្រង់។ មនុស្សមួយចំនួននិយាយថា ព្រះជាម្ចាស់មិនស្រាយបំភ្លឺដល់ពួកគេឡើយ ទោះបីក្រោយពេលដែលពួកគេអានព្រះបន្ទូលរបស់ទ្រង់ក៏ដោយ។ ប៉ុន្តែ តើអ្នកបានអានព្រះបន្ទូលទាំងនេះដោយរបៀបណាខ្លះទៅ? ប្រសិនបើអ្នកអានព្រះបន្ទូលរបស់ទ្រង់នៅក្នុងរបៀបមួយដែលមានការយល់ដឹងសើរៗ ហើយមិនឱ្យតម្លៃទៅលើការពិត តើព្រះជាម្ចាស់អាចស្រាយបំភ្លឺដល់អ្នកបានដោយរបៀបណាទៅ? តើមនុស្សម្នាក់ដែលមិនឱ្យតម្លៃលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ អាចឱ្យទ្រង់ប្រោសគេឱ្យបានគ្រប់លក្ខណ៍យ៉ាងដូចម្ដេចទៅ? ប្រសិនបើអ្នកមិនឱ្យតម្លៃលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ នោះអ្នកនឹងគ្មានសេចក្តីពិត ឬការពិតឡើយ។ ប្រសិនបើអ្នកឱ្យតម្លៃលើព្រះបន្ទូលរបស់ទ្រង់ នោះអ្នកនឹងអាចយកសេចក្តីពិតនោះទៅអនុវត្ត ហើយមានតែបែបនេះទេ ទើបអ្នកនឹងមានការពិត។ នេះហើយជាហេតុផលដែលអ្នកត្រូវហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់គ្រប់ពេលវេលា មិនថាអ្នករវល់ ឬមិនរវល់ មិនថាកាលៈទេសៈរបស់អ្នកអំណោយផល ឬមិនអំណោយផល និងមិនថាអ្នកកំពុងត្រូវបានល្បងល ឬអត់នោះឡើយ។ សរុបមក ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាគ្រឹះមូលដ្ឋាននៃវត្តមានរបស់មនុស្ស។ គ្មាននរណាម្នាក់អាចបែរចេញពីព្រះបន្ទូលរបស់ទ្រង់បានឡើយ តែត្រូវបរិភោគព្រះបន្ទូលទ្រង់ ដូចជាគេបរិភោគអាហារបីពេលក្នុងមួយថ្ងៃយ៉ាងនោះដែរ។ តើការប្រោសឱ្យគ្រប់លក្ខណ៍ និងការត្រូវបានព្រះទទួលយក អាចជារឿងងាយស្រួលឬទេ? មិនថាអ្នកយល់ ឬមិនយល់ក្នុងពេលបច្ចុប្បន្ន ហើយមិនថាអ្នកមានការយល់ដឹងជ្រៅជ្រះអំពីកិច្ចការរបស់ព្រះជាម្ចាស់នោះឡើយ អ្នកត្រូវតែហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ឱ្យបានច្រើនតាមតែអាចធ្វើទៅបាន។ នេះគឺជាការចូលនៅក្នុងរបៀបប្រុងប្រៀបខ្លួនជាមុន។ ក្រោយពេលអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ហើយ ចូរប្រញាប់អនុវត្តតាមអ្វីដែលអ្នកអាចយល់ ហើយទុកអ្វីដែលអ្នកមិនទាន់យល់នៅម្ដុំសិន។ ប្រហែលមានព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាច្រើនដែលអ្នកមិនទាន់យល់ពីពេលដំបូងនៅឡើយ ប៉ុន្តែក្រោយពេលពីរបីខែ ឬក៏មួយឆ្នាំមក អ្នកនឹងអាចយល់មិនខាន។ តើការនេះអាចកើតឡើងយ៉ាងដូចម្ដេច? វាដោយសារតែព្រះជាម្ចាស់មិនអាចប្រោសមនុស្សឱ្យបានគ្រប់លក្ខណ៍ក្នុងពេលមួយថ្ងៃ ឬក៏ពីរថ្ងៃបានឡើយ។ ភាគច្រើន នៅពេលដែលអ្នកអានព្រះបន្ទូលរបស់ទ្រង់ អ្នកប្រហែលជាមិនយល់ក្នុងពេលភ្លាមៗឡើយ។ នៅពេលនោះ ព្រះបន្ទូលរបស់ទ្រង់ហាក់ដូចជាគ្មានន័យអ្វីក្រៅពីអត្ថបទធម្មតាប៉ុណ្ណោះ។ អ្នកច្បាស់ជាមានបទពិសោធបែបនេះមុនពេលដែលអ្នកអាចយល់អំពីព្រះបន្ទូលទាំងនោះ។ ព្រះជាម្ចាស់បានមានបន្ទូលយ៉ាងច្រើន ហើយអ្នកគួរតែខំប្រឹងហូប និងផឹកព្រះបន្ទូលរបស់ទ្រង់ យ៉ាងនោះអ្នកនឹងយល់ដោយមិនដឹងខ្លួន ហើយព្រះវិញ្ញាណបរិសុទ្ធនឹងស្រាយបំភ្លឺឱ្យអ្នកយល់មិនខាន។ នៅពេលដែលព្រះវិញ្ញាណបរិសុទ្ធស្រាយបំភ្លឺដល់មនុស្ស ជារឿយៗទ្រង់ធ្វើឡើងដោយមនុស្សមិនបានដឹងឡើយ។ ទ្រង់ស្រាយបំភ្លឺ និងដឹកនាំអ្នក នៅពេលដែលអ្នកស្រេកឃ្លាន និងស្វែងរក។ គោលការណ៍ដែលព្រះវិញ្ញាណបរិសុទ្ធធ្វើការ គឺផ្តោតសំខាន់ជុំវិញកិច្ចការរបស់ព្រះជាម្ចាស់ ដែលអ្នកហូប និងផឹក។ អស់អ្នកណាដែលមិនឱ្យតម្លៃទៅលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយតែងតែមានអាកប្បកិរិយាផ្សេងចំពោះព្រះបន្ទូលរបស់ទ្រង់ មិនមានការពិតនោះឡើយ ព្រោះថានៅក្នុងគំនិតអល់អែករបស់គេ ពួកគេជឿថា វាជារឿងមិនសំខាន់អ្វីឡើយ ទោះបីគេអានព្រះបន្ទូលរបស់ទ្រង់ឬមិនបានអានក៏ដោយ។ ចំពោះមនុស្សបែបនេះ កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ឬការស្រាយបំភ្លឺរបស់ទ្រង់ មិនអាចត្រូវបានមើលឃើញនៅក្នុងពួកគេឡើយ។ មនុស្សប្រភេទនេះគឺជាអ្នកមានពុត ដែលធ្វើពើដូចជាខ្លួនខំប្រឹងណាស់ ប៉ុន្តែតាមពិតគ្មានគុណសម្បត្តិពិតប្រាកដឡើយ គឺដូចជាប្រស្នារបស់ [ក] ណានគូ យ៉ាងនោះដែរ។

ដកស្រង់ពី «យុគសម័យនៃនគរព្រះ គឺជាយុគសម័យនៃព្រះបន្ទូល» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់

លេខយោង៖

(ក) អត្ថបទដើមមិនមានឃ្លា «ប្រស្នារបស់»។

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ចែក​រំលែក

លុប​ចោល