ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ច្រកចូលទៅកាន់ជិវិត | សម្រង់​សម្ដីទី ៤០៤

06-12-2025

នៅពេលដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់ប្រទានមក នោះអ្នកគួរតែទទួលយកភ្លាមៗ ព្រមទាំងហូប និងផឹកព្រះបន្ទូលទាំងនោះ។ មិនថាអ្នកមានការយល់ដឹងកម្រិតណាឡើយ ប៉ុន្តែមានទស្សនៈមួយ ដែលអ្នកត្រូវប្រកាន់ខ្ជាប់ គឺត្រូវហូបនិងផឹក ដឹង និងអនុវត្តតាមព្រះបន្ទូលរបស់ទ្រង់។ នេះជាអ្វីមួយដែលអ្នកគួរតែអាចធ្វើបាន។ ចូរកុំខ្វល់ឡើយថាតើអ្នកមានសមត្ថភាពខ្ពស់ប៉ុនណានោះ។ ចូរគ្រាន់តែផ្តោតទៅលើការហូប និងផឹកព្រះបន្ទូលរបស់ទ្រង់ទៅបានហើយ។ នេះជាអ្វីដែលមនុស្សគួរតែសហការ។ ជីវិតខាងវិញ្ញាណរបស់អ្នក គឺជាការព្យាយាមចូលទៅក្នុងការពិតនៃការហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយយកព្រះបន្ទូលទៅអនុវត្តតាម។ វាមិនមែនជាភារកិច្ចរបស់អ្នកឡើយ ក្នុងការផ្តោតទៅលើអ្វីផ្សេងនោះ។ អ្នកដឹកនាំពួកជំនុំ គួរតែអាចដឹកនាំបងប្អូនប្រុសស្រីទាំងប៉ុន្មានរបស់គេ ដើម្បីឱ្យពួកគេដឹងអំពីរបៀបហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់។ នេះជាទំនួលខុសត្រូវរបស់អ្នកដឹកនាំពួកជំនុំម្នាក់ៗ។ មិនថាគេក្មេង ឬចាស់ឡើយ មនុស្សគ្រប់គ្នាគួរតែចាត់ទុកការហូប និងផឹកព្រះបន្ទូលរបស់ទ្រង់ ជាកិច្ចការដ៏សំខាន់បំផុត និងគួរតែមានព្រះបន្ទូលរបស់ទ្រង់នៅក្នុងដួងចិត្តរបស់ពួកគេ។ ការចូលទៅក្នុងភាពជាក់ស្ដែងនេះ មានន័យថាជាការចូលទៅក្នុងយុគសម័យនៃនគរព្រះ។ សព្វថ្ងៃនេះ មនុស្សភាគច្រើនមានអារម្មណ៍ថា ពួកគេមិនអាចរស់នៅដោយគ្មានការហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់បានឡើយ និងមានអារម្មណ៍ថា ព្រះបន្ទូលរបស់ទ្រង់គឺនៅថ្មីៗ មិនថាវាស្ថិតនៅពេលណានោះឡើយ។ ការនេះមានន័យថា ពួកគេកំពុងតែចាប់ផ្ដើមដើរនៅលើផ្លូវដ៏ត្រឹមត្រូវហើយ។ ព្រះជាម្ចាស់ប្រើប្រាស់ព្រះបន្ទូលដើម្បីធ្វើកិច្ចការរបស់ទ្រង់ និងដើម្បីផ្គត់ផ្គង់ដល់មនុស្ស។ នៅពេលដែលមនុស្សគ្រប់គ្នាស្រេកឃ្លានចង់បានព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះមនុស្សជាតិនឹងចូលទៅក្នុងពិភពនៃព្រះបន្ទូលរបស់ទ្រង់មិនខាន។

ព្រះជាម្ចាស់បានមានបន្ទូលយ៉ាងច្រើន។ តើអ្នកបានយល់ដឹងប៉ុនណាហើយ? តើអ្នកបានចូលទៅដល់កម្រិតណាហើយ? ប្រសិនបើអ្នកដឹកនាំពួកជំនុំមិនបានដឹកនាំបងប្អូនប្រុសស្រីរបស់ពួកគេឱ្យចូលទៅក្នុងការពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ នោះពួកគេនឹងត្រូវដកសិទ្ធិជាអ្នកដឹកនាំនៅក្នុងភារកិច្ចរបស់គេមិនខាន ហើយពួកគេនឹងមិនបានបំពេញតាមទំនួលខុសត្រូវរបស់ខ្លួនឡើយ! មិនថាអ្នកមានការយល់ដឹងជ្រៅជ្រះ ឬរាក់កំផែលឡើយ ទោះបីជាអ្នកមានការរយល់ដឹងកម្រិតណាក៏ដោយ ក៏អ្នកត្រូវតែដឹងអំពីរបៀបហូប និងផឹកព្រះបន្ទូលរបស់ទ្រង់ អ្នកត្រូវតែយកចិត្តទុកដាក់ខ្លាំងទៅលើព្រះបន្ទូលរបស់ទ្រង់ ហើយស្វែងយល់អំពីសារៈសំខាន់ និងភាពចាំបាច់នៃការហូប និងផឹកព្រះបន្ទូលទាំងនោះ។ ព្រះជាម្ចាស់បានកំពុងតែមានបន្ទូលយ៉ាងច្រើនណាស់ ប្រសិនបើអ្នកមិនហូប និងផឹកព្រះបន្ទូលរបស់ទ្រង់ ឬមិនព្យាយាមស្វែងរក ឬអនុវត្តតាមព្រះបន្ទូលរបស់ទ្រង់ទេ នោះមិនអាចរាប់ថាជាការជឿលើព្រះជាម្ចាស់នោះឡើយ។ ដោយសារតែអ្នកជឿលើព្រះជាម្ចាស់យ៉ាងពិតប្រាកដ នោះអ្នកត្រូវតែហូប និងផឹកព្រះបន្ទូលរបស់ទ្រង់ ដកពិសោធន៍ពីព្រះបន្ទូលរបស់ទ្រង់ ហើយរស់នៅតាមព្រះបន្ទូលរបស់ទ្រង់។ មានតែធ្វើបែបនេះទេ ទើបអាចរាប់ថាជាការជឿលើព្រះជាម្ចាស់! ប្រសិនបើអ្នកនិយាយថា អ្នកជឿលើព្រះជាម្ចាស់ចេញពីមាត់របស់អ្នក ប៉ុន្តែមិនយកព្រះបន្ទូលរបស់ទ្រង់ណាមួយទៅអនុវត្ត ឬបង្កើតឱ្យចេញជាការពិតទេ នោះវាមិនអាចនិយាយថា ជាការជឿលើព្រះជាម្ចាស់នោះឡើយ។ ផ្ទុយទៅវិញ វាជា «ការស្វែងរកនំប៉័ង ដើម្បីចម្អែតការស្រេកឃ្លានរបស់អ្នក» ប៉ុណ្ណោះ។ ដោយនិយាយតែទីបន្ទាល់ធម្មតាៗ និយាយតែរឿងគ្មានប្រយោជន៍ និងកិច្ចការរាក់កំផែល ដោយគ្មានការពិតសូម្បីតែបន្ដិច៖ ទាំងនេះគ្មាននូវធាតុផ្សំអំពីជំនឿលើព្រះជាម្ចាស់ឡើយ ហើយអ្នកមិនបានយល់អំពីផ្លូវដ៏ត្រឹមត្រូវនៃការជឿលើព្រះជាម្ចាស់នោះទេ។ ហេតុអ្វីបានជាអ្នកត្រូវហូប និងផឹកព្រះបន្ទូល របស់ព្រះជាម្ចាស់ឱ្យបានកាន់តែច្រើនកាន់តែល្អ? ប្រសិនបើអ្នកមិនហូប និងផឹកព្រះបន្ទូលរបស់ទ្រង់ ប៉ុន្តែស្វែងរកតែការឡើងស្ថានសួគ៌ តើនេះជាការជឿលើព្រះជាម្ចាស់ឬទេ? តើអ្វីទៅជាជំហានដំបូងដែលអ្នកជឿលើព្រះជាម្ចាស់គួរតែធ្វើ? តើព្រះជាម្ចាស់ប្រោសមនុស្សម្នាក់ឱ្យបានគ្រប់លក្ខណ៍តាមរបៀបណាទៅ? តើអ្នកអាចត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ ដោយគ្មានការហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់បានដែរឬទេ? តើអ្នកអាចត្រូវបានចាត់ទុកជាមនុស្សម្នាក់នៃនគរព្រះដោយគ្មានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីបម្រើជាការពិតរបស់អ្នកបានដែរឬអី? តើសេចក្តីជំនឿលើព្រះជាម្ចាស់មានន័យដូចម្ដេចទៅ? យ៉ាងហោចណាស់ អ្នកជឿលើព្រះជាម្ចាស់គួរតែមានឥរិយាបថល្អនៅខាងក្រៅ ហើយអ្វីដែលសំខាន់បំផុតគឺ គេត្រូវមានព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកមិនអាចគេចចេញពីព្រះបន្ទូលរបស់ទ្រង់បានឡើយ។ ការស្គាល់ព្រះជាម្ចាស់ និងការបំពេញតាមព្រះហឫទ័យរបស់ទ្រង់ អាចសម្រេចទៅបាន មានតែតាមរយៈព្រះបន្ទូលរបស់ទ្រង់ប៉ុណ្ណោះ។ នៅក្នុងពេលអនាគត គ្រប់ប្រជាជាតិ គ្រប់និកាយ គ្រប់សាសនា និងគ្រប់វិស័យ នឹងត្រូវយកឈ្នះ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់នឹងមានបន្ទូលដោយផ្ទាល់ ហើយមនុស្សទាំងអស់នឹងកាន់ព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងដៃរបស់គេ ហើយតាមមធ្យោបាយបែបនេះ មនុស្សជាតិនឹងត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍។ ទាំងខាងក្នុងនិងខាងក្រៅ ព្រះបន្ទូលរបស់ព្រះជាម្ចាស់នឹងជ្រួតជ្រាបចូលទាំងអស់៖ មនុស្សជាតិនឹងនិយាយព្រះបន្ទូលរបស់ព្រះជាម្ចាស់ចេញពីមាត់របស់គេ អនុវត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងរក្សាទុកព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅខាងក្នុងចិត្តគេ ហើយជ្រួតជ្រាបពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ទាំងខាងក្នុងនិងខាងក្រៅ។ មានតែបែបនេះទេ ទើបមនុស្សជាតិនឹងត្រូវបានប្រោសឱ្យបានគ្រប់លក្ខណ៍។ អស់អ្នកដែលបំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយអាចធ្វើបន្ទាល់ពីទ្រង់បាន អ្នកទាំងនោះគឺជាអ្នកដែលមានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ជាការពិតរបស់គេ។

ការចូលទៅក្នុងយុគសម័យនៃព្រះបន្ទូល ឬយុគសម័យនៃរាជ្យមួយពាន់ឆ្នាំ គឺជាកិច្ចការដែលកំពុងតែត្រូវបានសម្រេចនាពេលសព្វថ្ងៃ។ ចាប់ពីពេលនេះតទៅ ចូរអនុវត្តការរួមប្រកបនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ចុះ។ មានតែតាមរយៈការហូបនិងផឹក ព្រមទាំងការដកពិសោធន៍ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ ទើបអ្នកអាចនឹងរស់នៅតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់បាន។ អ្នកត្រូវតែបង្កើតឱ្យមានបទពិសោធជាក់ស្ដែងមួយចំនួន ដើម្បីធ្វើឱ្យអ្នកដទៃជឿ។ ប្រសិនបើអ្នកមិនអាចរស់នៅតាមភាពជាក់ស្ដែងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ នោះគ្មាននរណាម្នាក់នឹងជឿឡើយ! មនុស្សទាំងអស់ដែលត្រូវបានព្រះជាម្ចាស់ប្រើប្រាស់ សុទ្ធតែអាចរស់នៅតាមភាពជាក់ស្ដែងនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ប្រសិនបើអ្នកមិនអាចបង្កើតការពិតនេះ និងធ្វើបន្ទាល់ពីព្រះជាម្ចាស់ទេ នោះវាបង្ហាញឱ្យឃើញថា ព្រះវិញ្ញាណបរិសុទ្ធមិនបានធ្វើការនៅខាងក្នុងអ្នកឡើយ និងបង្ហាញទៀតថា អ្នកមិនត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍នោះទេ។ នេះជាសារៈសំខាន់នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។ តើអ្នកមានដួងចិត្តដែលស្រេកឃ្លានព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែរឬទេ? មនុស្សដែលស្រេកឃ្លានចង់បានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ក៏ស្រេកឃ្លានចង់បានសេចក្តីពិតផងដែរ ហើយមានតែមនុស្សបែបនេះទេ ទើបព្រះជាម្ចាស់ប្រទានពរ។ នៅពេលអនាគត ព្រះជាម្ចាស់នឹងមានបន្ទូលកាន់តែច្រើនថែមទៀតទៅកាន់គ្រប់សាសនា និងគ្រប់និកាយ។ ជាដំបូងទ្រង់មានបន្ទូល និងបន្លឺព្រះសូរសៀងទ្រង់នៅក្នុងចំណោមអ្នករាល់គ្នា ដើម្បីប្រោសអ្នករាល់គ្នាឱ្យបានពេញខ្នាត មុនពេលទ្រង់បន្តទៅមានបន្ទូល និងបន្លឺព្រះសូរសៀងទ្រង់នៅក្នុងចំណោមសាសន៍ដទៃ ដើម្បីយកឈ្នះលើពួកគេ។ តាមរយៈព្រះបន្ទូលរបស់ទ្រង់ មនុស្សទាំងអស់នឹងជឿយ៉ាងស្មោះអស់ពីចិត្តតែម្ដង។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងការបើកសម្ដែងរបស់ទ្រង់ នឹងធ្វើឱ្យនិស្ស័យដ៏ពុករលួយរបស់មនុស្សរសាយបាត់ទៅបន្ដិចម្ដងៗ គេទទួលបានរូបរាងជាមនុស្ស ហើយនិស្ស័យបះបោររបស់គេប្រែជាចុះខ្សោយ។ ព្រះបន្ទូលធ្វើការទៅលើមនុស្សដោយសិទ្ធិអំណាច ហើយយកឈ្នះលើមនុស្សដោយពន្លឺរបស់ព្រះជាម្ចាស់។ កិច្ចការដែលព្រះជាម្ចាស់ធ្វើនៅក្នុងយុគសម័យបច្ចុប្បន្ន ក៏ដូចជាចំណុចកំពូលនៃកិច្ចការរបស់ទ្រង់ អាចត្រូវបានរកឃើញនៅក្នុងព្រះបន្ទូលរបស់ទ្រង់។ ប្រសិនបើអ្នកមិនអានព្រះបន្ទូលរបស់ទ្រង់ទេ នោះអ្នកនឹងមិនយល់អ្វីឡើយ។ តាមរយៈការដែលអ្នកហូប និងផឹកព្រះបន្ទូលរបស់ទ្រង់ និងតាមរយៈការចូលរួមប្រកបជាមួយបងប្អូនប្រុសស្រីរបស់អ្នក និងជាមួយបទពិសោធពិតជាក់ស្ដែងរបស់អ្នក នោះអ្នកនឹងទទួលបានចំណេះដឹងដ៏ពេញលេញអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់មិនខាន។ មានតែបែបនេះទេ ទើបអ្នកអាចរស់នៅតាមការពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់បាន។

ដកស្រង់ពី «យុគសម័យនៃនគរព្រះ គឺជាយុគសម័យនៃព្រះបន្ទូល» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ចែក​រំលែក

លុប​ចោល