ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ច្រកចូលទៅកាន់ជិវិត | សម្រង់សម្ដីទី ៤៣៣
14-01-2026
ព្រះជាម្ចាស់ គឺជាព្រះដ៏ជាក់ស្ដែង៖ គ្រប់កិច្ចការរបស់ទ្រង់ គឺជាក់ស្ដែង គ្រប់ទាំងព្រះបន្ទូលដែលទ្រង់ថ្លែងមក សុទ្ធតែជាក់ស្ដែង ហើយគ្រប់ទាំងសេចក្តីពិតដែលទ្រង់សម្តែងចេញ គឺជាក់ស្ដែង។ គ្រប់យ៉ាងដែលមិនមែនជាព្រះបន្ទូលរបស់ទ្រង់ គឺគ្មានខ្លឹមសារ គ្មានវត្តមានពិត និងមានកំហុសឆ្គង។ សព្វថ្ងៃនេះ ព្រះវិញ្ញាណបរិសុទ្ធនឹងនាំផ្លូវមនុស្សចូលទៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ប្រសិនបើមនុស្សត្រូវដេញតាមដើម្បីចូលទៅក្នុងតថភាព នោះពួកគេត្រូវស្វែងរកតថភាព និងស្គាល់តថភាពជាមុនសិន បន្ទាប់ពីនោះ ពួកគេត្រូវឆ្លងកាត់តថភាព និងរស់នៅតាមតថភាព។ នៅពេលមនុស្សស្គាល់តថភាពកាន់តែច្រើនហើយ នោះពួកគេអាចញែកដឹងថា តើពាក្យសម្តីរបស់អ្នកដទៃពិត ឬអត់ បានកាន់តែច្រើន ហើយនៅពេលមនុស្សស្គាល់តថភាពកាន់តែច្រើន នោះពួកគេនឹងមានសញ្ញាណកាន់តែតិច។ នៅពេលមនុស្សឆ្លងកាត់តថភាពកាន់តែច្រើន នោះពួកគេនឹងស្គាល់ពីទង្វើពិតប្រាកដរបស់ព្រះដ៏ជាក់ស្ដែងកាន់តែច្រើន ហើយវាកាន់តែងាយស្រួលដើម្បីឱ្យពួកគេផ្តាច់ខ្លួនចេញពីនិស្ស័យពុករលួយរបស់ខ្លួន ដែលជានិស្ស័យរបស់សាតាំង។ កាលណាមនុស្សមានតថភាពកាន់តែច្រើន នោះពួកគេនឹងស្គាល់ព្រះជាម្ចាស់កាន់តែច្បាស់ ហើយពួកគេកាន់តែស្អប់ខ្ពើមសាច់ឈាម និងស្រឡាញ់សេចក្តីពិតកាន់តែខ្លាំង។ នៅពេលពួកគេមានតថភាពកាន់តែច្រើន នោះពួកគេនឹងកាន់តែខិតជិតខ្នាតគំរូនៃការទាមទាររបស់ព្រះជាម្ចាស់។ មនុស្សដែលព្រះជាម្ចាស់ទទួលយកគឺជាមនុស្សដែលមានតថភាព ស្គាល់តថភាព និងជាមនុស្សដែលបានស្គាល់ពីទង្វើពិតប្រាកដរបស់ព្រះជាម្ចាស់ តាមរយៈការឆ្លងកាត់តថភាព។ នៅពេលអ្នកសហការជាមួយព្រះជាម្ចាស់តាមការអនុវត្តជាក់ស្ដែង និងលត់ដំរូបកាយកាន់តែច្រើន នោះអ្នកនឹងទទួលបានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធកាន់តែច្រើន អ្នកនឹងទទួលបានតថភាពកាន់តែច្រើន ហើយអ្នកនឹងត្រូវព្រះជាម្ចាស់បំភ្លឺគំនិតកាន់តែច្រើន ហេតុនេះហើយ ការយល់ដឹងរបស់អ្នកអំពីទង្វើជាក់ស្ដែងរបស់ព្រះជាម្ចាស់នឹងកាន់តែទូលំទូលាយ។ បើអ្នកអាចរស់នៅក្នុងពន្លឺបច្ចុប្បន្ននៃព្រះវិញ្ញាណបរិសុទ្ធបាន នោះមាគ៌ាបច្ចុប្បន្នទៅកាន់ការអនុវត្តនឹងកាន់តែច្បាស់ចំពោះអ្នក ហើយអ្នកនឹងកាន់តែអាចផ្តាច់ខ្លួនឯង ចេញពីសញ្ញាណសាសនា និងទម្លាប់ពីអតីតកាល។ តាមពិតទៅ ចំណុចផ្ដោតនាថ្ងៃនេះគឺ៖ នៅពេលមនុស្សមានតថភាពកាន់តែច្រើន នោះការយល់ដឹងពីសេចក្តីពិតរបស់ពួកគេនឹងកាន់តែច្បាស់ ហើយការយល់ដឹងរបស់ពួកគេពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់នឹងកាន់តែទូលំទូលាយ។ តថភាពអាចយកឈ្នះលើគ្រប់ន័យពាក្យ និងគោលលទ្ធិនានា វាអាចយកឈ្នះលើគ្រប់ទ្រឹស្តី និងជំនាញ ហើយនៅពេលមនុស្សផ្តោតអារម្មណ៍លើតថភាពកាន់តែច្រើន នោះពួកគេពិតជាស្រឡាញ់ព្រះជាម្ចាស់កាន់តែខ្លាំង ហើយនិងស្រេកឃ្លានព្រះបន្ទូលរបស់ទ្រង់កាន់តែខ្លាំងដែរ។ ប្រសិនបើអ្នកតែងតែផ្តោតអារម្មណ៍លើកតថភាពជានិច្ច នោះទស្សនៈវិជ្ជាសម្រាប់ការប្រព្រឹត្តិខាងលោកិយ សញ្ញាណសាសនា និងចរិតពីកំណើតរបស់អ្នកនឹងត្រូវបានជម្រុះចោលដោយឯកឯង ដោយសារការធ្វើតាមកិច្ចការរបស់ព្រះជាម្ចាស់។ មនុស្សដែលមិនព្យាយាមទទួលយកតថភាព ហើយគ្មានការយល់ដឹងពីតថភាព ទំនងជាព្យាយាមដេញតាមអ្វីដែលហួសវិស័យធម្មជាតិ ហើយងាយនឹងចាញ់បញ្ជោតគេ។ ព្រះវិញ្ញាណបរិសុទ្ធគ្មានមធ្យោបាយនឹងធ្វើការក្នុងមនុស្សជំពូកនេះនោះទេ ដែលហេតុនេះហើយ ពួកគេមានអារម្មណ៍ទទេសូន្យ ហើយជីវិតរបស់ពួកគេគ្មានន័យនោះទេ។
ទាល់តែអ្នកហ្វឹកហាត់ដោយពិតប្រាកដ ស្វែករកដោយពិតប្រាកដ ធ្វើការអធិដ្ឋានដោយពិតប្រាកដ និងសុខចិត្តរងទុក្ខដើម្បីជាប្រយោជន៍នៃការស្វែងរកសេចក្តីពិត ទើបព្រះវិញ្ញាណបរិសុទ្ធអាចធ្វើការនៅក្នុងខ្លួនអ្នកបាន។ មនុស្សដែលមិនស្វែងរកសេចក្តីពិត មិនមានអ្វីក្រៅពីន័យពាក្យ និងគោលលទ្ធិ ព្រមទាំងទ្រឹស្តីដែលទទេសូន្យនោះទេ ហើយមនុស្សដែលគ្មានសេចក្តីពិត ជាធម្មតាគេមានសញ្ញាណជាច្រើនអំពីព្រះជាម្ចាស់។ មនុស្សជំពូកនេះគ្រាន់តែចង់ឱ្យព្រះជាម្ចាស់ប្រែក្លាយរូបកាយជាសាច់ឈាមរបស់ពួកគេ ឱ្យទៅជារូបកាយខាងវិញ្ញាណ ដើម្បីឱ្យពួកគេអាចឡើងទៅកាន់ស្ថានសួគ៌ជាន់ទីបីបានប៉ុណ្ណោះ។ មនុស្សជំពូកនេះល្ងីល្ងើខ្លាំងណាស់! មនុស្សដែលនិយាយបែបនោះមិនមានការយល់ដឹងពីព្រះជាម្ចាស់ ឬយល់ដឹងពីតថភាពទេ ដ្បិតមនុស្សជំពូកនេះមិនមានលទ្ធភាពអាចសហការជាមួយព្រះជាម្ចាស់បាន ហើយគ្រាន់តែអាចរង់ចាំដោយមិនធ្វើអ្វីសោះ។ បើមនុស្សចង់ដឹងពីសេចក្តីពិត និងចង់យល់ពីសេចក្តីពិតបានច្បាស់ លើសពីនេះ បើពួកគេត្រូវចូលទៅក្នុងសេចក្ដីពិត ហើយយកសេចក្ដីពិតទៅអនុវត្ត នោះពួកគេត្រូវហ្វឹកហាត់ដោយពិតប្រាកដ ស្វែងរកដោយពិតប្រាកដ និងស្រេកឃ្លានដោយពិតប្រាកដ។ នៅពេលអ្នកស្រេកឃ្លាន និងនៅពេលអ្នកសហការជាមួយព្រះជាម្ចាស់ដោយពិតប្រាកដ នោះព្រះវិញ្ញាណបរិសុទ្ធនឹងពាល់ចិត្តអ្នក និងធ្វើការនៅក្នុងខ្លួនអ្នកយ៉ាងពិតប្រាកដ គឺទ្រង់នឹងបំភ្លឺគំនិតអ្នកកាន់តែច្រើន និងកាន់តែឱ្យអ្នកនូវការយល់ដឹងពីតថភាព និងរឹតតែមានប្រយោជន៍ខ្លាំងចំពោះជីវិតអ្នក។
ដកស្រង់ពី «របៀបស្គាល់តថភាព» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
ប្រភេទវីដេអូផ្សេងទៀត