ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ច្រកចូលទៅកាន់ជិវិត | សម្រង់​សម្ដីទី ៤៥៣

07-12-2025

មនុស្សគ្រប់រូបដែលមានការតាំងចិត្ត អាចបម្រើព្រះជាម្ចាស់បាន ក៏ប៉ុន្តែមានតែអ្នកដែលបង្ហាញពីការយកចិត្តទុកដាក់ និងយល់ពីព្រះរាជបំណងរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ទើបមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងមានសិទ្ធិបម្រើព្រះជាម្ចាស់បាន។ ខ្ញុំបានរកឃើញចំណុចមួយនេះក្នុងចំណោមអ្នករាល់គ្នាគឺ៖ មនុស្សជាច្រើនជឿថា ដរាបណាពួកគេខ្នះខ្នែងផ្សាយដំណឹងល្អសម្រាប់ព្រះជាម្ចាស់ ដើរប្រាប់គេអំពីព្រះជាម្ចាស់ ថ្វាយខ្លួន និងលះបង់អ្វីៗទាំងអស់សម្រាប់ព្រះជាម្ចាស់។ល។ នេះហើយគឺជាការបម្រើព្រះជាម្ចាស់។ សូម្បីតែអ្នកកាន់សាសនាជាច្រើនបានជឿថា ការបម្រើព្រះជាម្ចាស់ គឺជាការដើរកាន់ព្រះគម្ពីរក្នុងដៃ ដោយផ្សព្វផ្សាយដំណឹងល្អអំពីនគរស្ថានសួគ៌ និងសង្រ្គោះមនុស្ស ដោយឱ្យពួកគេប្រែចិត្ត និងលន់តួបាប។ ក៏មានអ្នកដឹកនាំសាសនាជាច្រើនគិតថា ការបម្រើព្រះជាម្ចាស់មានដូចជា ការអធិប្បាយនៅក្នុងវិហារ បន្ទាប់ពីបានទទួលការសិក្សា និងការបណ្តុះបណ្តាលជ្រៅជ្រះនៅក្នុងសាលាព្រះគម្ពីរ និងការបង្រៀនមនុស្សតាមរយៈការអានអត្ថបទគម្ពីរ។ លើសពីនេះ មានមនុស្សនៅតំបន់ក្រីក្រដែលជឿថា ការបម្រើព្រះជាម្ចាស់ គឺជាការប្រោសជំងឺ និងដេញអារក្សចេញពីបងប្អូនប្រុសស្រីរបស់ពួកគេ ឬជាការអធិស្ឋានសម្រាប់ពួកគេ ឬបម្រើពួកគេ។ ក្នុងចំណោមអ្នករាល់គ្នា មានមនុស្សជាច្រើនដែលជឿថា ការបម្រើព្រះជាម្ចាស់ គឺជាការហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ អធិស្ឋានទៅព្រះជាម្ចាស់ជារៀងរាល់ថ្ងៃ ក៏ដូចជាការទៅសួរសុខទុក្ខ និងធ្វើកិច្ចការនៅតាមក្រុមជំនុំគ្រប់ទីកន្លែង។ មានបងប្អូនប្រុសស្រីផ្សេងទៀតដែលជឿថា ការបម្រើព្រះជាម្ចាស់ គឺជាការដែលមិនរៀបអាពាហ៍ពិពាហ៍ ឬចិញ្ចឹមគ្រួសារ ហើយថ្វាយខ្លួនទាំងស្រុងទៅព្រះជាម្ចាស់។ ប៉ុន្តែមានមនុស្សតិចណាស់ដែលដឹងថា ការបម្រើព្រះជាម្ចាស់ តាមការពិតគឺជាអ្វីនោះ។ ទោះបីជាមានមនុស្សជាច្រើនដែលបម្រើព្រះជាម្ចាស់ ប្រៀបដូចជាផ្កាយនៅលើមេឃក៏ដោយ ក៏ចំនួនអ្នកដែលអាចបម្រើដោយផ្ទាល់ និងចំនួនអ្នកដែលអាចបម្រើស្របទៅនឹងព្រះរាជបំណងរបស់ព្រះជាម្ចាស់ គឺមានចំនួនតិចតួចបំផុត។ ហេតុអ្វីខ្ញុំនិយាយដូច្នេះ? ខ្ញុំនិយាយដូច្នេះពីព្រោះអ្នករាល់គ្នាមិនយល់ពីសារជាតិនៃឃ្លាដែលថា «ការបម្រើព្រះជាម្ចាស់» ហើយអ្នកយល់តិចតួចបំផុតអំពីរបៀបបម្រើ ស្របទៅនឹងព្រះរាជបំណងរបស់ព្រះជាម្ចាស់។ វាមាននូវតម្រូវការបន្ទាន់ដែលតម្រូវឱ្យមនុស្សយល់ដឹងឱ្យប្រាកដពីប្រភេទនៃការបម្រើចំពោះព្រះជាម្ចាស់ប្រកបដោយសុខុដុមរមនានឹងព្រះរាជបំណងរបស់ទ្រង់។

ប្រសិនបើអ្នករាល់គ្នាចង់បម្រើស្របតាមព្រះរាជបំណងរបស់ព្រះជាម្ចាស់ ជាដំបូងអ្នកត្រូវយល់ពីជំពូកមនុស្សដែលព្រះជាម្ចាស់គាប់ព្រះហឫទ័យ ជំពូកមនុស្សដែលព្រះជាម្ចាស់មិនសព្វព្រះទ័យ ជំពូកមនុស្សដែលត្រូវបានព្រះជាម្ចាស់ប្រោសឱ្យគ្រប់លក្ខណ៍ និងមនុស្សដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីបម្រើព្រះជាម្ចាស់។ យ៉ាងហោចណាស់ អ្នករាល់គ្នាគួរតែមានចំណេះដឹងនេះ។ ម៉្យាងវិញទៀត អ្នករាល់គ្នាគួរតែដឹងពីគោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់ និងកិច្ចការដែលព្រះជាម្ចាស់ត្រូវធ្វើនៅទីនេះ និងឥឡូវនេះ។ បន្ទាប់ពីបានយល់អំពីចំណុចនេះ និងតាមរយៈការដឹកនាំនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ជាដំបូងអ្នករាល់គ្នាគួរតែបានចូលទៅឯទ្រង់ និងបានទទួលបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ជាមុនសិន។ នៅពេលដែលអ្នករាល់គ្នាពិតជាបានស្គាល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយនៅពេលដែលអ្នកពិតជាស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ អ្នករាល់គ្នានឹងមានលក្ខណៈគ្រប់គ្រាន់ដើម្បីបម្រើព្រះជាម្ចាស់។ ហើយកាលណាអ្នករាល់គ្នាបម្រើទ្រង់ នោះព្រះជាម្ចាស់នឹងបើកភ្នែកខាងឯព្រលឹងវិញ្ញាណរបស់អ្នករាល់គ្នា ហើយឱ្យអ្នករាល់គ្នាយល់ដឹងអំពីកិច្ចការរបស់ទ្រង់កាន់តែខ្លាំង និងមើលឃើញកិច្ចការនោះកាន់តែច្បាស់ជាងមុន។ នៅពេលដែលអ្នកចូលទៅកាន់ភាពពិតនេះ បទពិសោធរបស់អ្នកនឹងកាន់តែជ្រាលជ្រៅ និងជាក់ស្ដែង ហើយអ្នករាល់គ្នាដែលមានបទពិសោធបែបនេះ នឹងអាចដើរនៅក្នុងក្រុមជំនុំនានា និងផ្តល់ការផ្គត់ផ្គង់ដល់បងប្អូនប្រុសស្រីរបស់អ្នក ដើម្បីឱ្យអ្នករាល់គ្នាអាចជួយចម្រើនកម្លាំងគ្នាទៅវិញទៅមក ដើម្បីបំពេញនូវភាពខ្វះខាតរបស់ខ្លួនផ្ទាល់ និងទទួលបានចំណេះដឹងកាន់តែច្រើនខាងព្រលឹងវិញ្ញាណរបស់អ្នករាល់គ្នា។ លុះត្រាតែអ្នករាល់គ្នាសម្រេចបានលទ្ធផលនេះ ទើបអ្នករាល់គ្នាអាចបម្រើស្របតាមព្រះរាជបំណងរបស់ព្រះជាម្ចាស់ ហើយត្រូវបានព្រះជាម្ចាស់ប្រោសឱ្យគ្រប់លក្ខណ៍ នៅក្នុងការបម្រើព្រះរបស់អ្នក។

អស់អ្នកដែលបម្រើព្រះជាម្ចាស់ គួរតែជាអ្នកជិតស្និទ្ធរបស់ព្រះជាម្ចាស់ ពួកគេគួរតែផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់ ហើយមានភាពស្មោះត្រង់បំផុតចំពោះព្រះជាម្ចាស់។ មិនថាអ្នកធ្វើសកម្មភាពជាឯកជន ឬនៅទីសាធារណៈ អ្នកអាចទទួលបានសេចក្តីអំណររបស់ព្រះជាម្ចាស់នៅចំពោះព្រះជាម្ចាស់ អ្នកអាចឈរមាំនៅចំពោះព្រះជាម្ចាស់ ហើយទោះបីមនុស្សដទៃប្រព្រឹត្តនឹងអ្នកយ៉ាងណា ក៏អ្នកតែងតែដើរតាមផ្លូវដែលអ្នកគួរតែដើរជានិច្ច ហើយយកចិត្តទុកដាក់ដល់បន្ទុករបស់ព្រះជាម្ចាស់យ៉ាងល្អិតល្អន់។ មានតែមនុស្សជំពូកនេះទេ ទើបជាមិត្តសម្លាញ់របស់ព្រះជាម្ចាស់។ មិត្តសម្លាញ់របស់ព្រះជាម្ចាស់ទាំងអស់នោះ អាចបម្រើទ្រង់ដោយផ្ទាល់ ព្រោះពួកគេត្រូវបានប្រគល់ឱ្យនូវបញ្ជាបេសកកម្មដ៏អស្ចារ្យ និងបន្ទុករបស់ព្រះជាម្ចាស់ ដោយពួកគេអាចយកព្រះហឫទ័យរបស់ព្រះជាម្ចាស់ដាក់នៅក្នុងដួងចិត្តរបស់ពួកគេ ហើយយកបន្ទុករបស់ព្រះជាម្ចាស់ធ្វើជាបន្ទុករបស់ពួកគេផ្ទាល់ ហើយពួកគេមិនគិតថាជាការចំណេញឬខាតពីអនាគតរបស់ពួកគេឡើយ៖ បើទោះជាអនាគតរបស់ពួកគេ គ្មានអ្វីទាំងអស់ ហើយពួកគេឈរមាំទាំងមិនបានទទួលអ្វីសោះក៏ដោយ ក៏ពួកគេនៅតែជឿលើព្រះជាម្ចាស់ដោយចិត្តស្រទ្បាញ់ព្រះជាម្ចាស់ជានិច្ច។ ហេតុដូច្នេះ មនុស្សជំពូកនេះគឺជាមិត្តសម្លាញ់របស់ព្រះជាម្ចាស់។ មិត្តសម្លាញ់របស់ព្រះជាម្ចាស់ ក៏ជាអ្នកជិតស្និទ្ធរបស់ទ្រង់ដែរ។ មានតែអ្នកជិតស្និទ្ធរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ទើបអាចចែករំលែកនូវភាពល្វើយរបស់ទ្រង់ និងព្រះតម្រិះរបស់ទ្រង់ ហើយទោះបីសាច់ឈាមរបស់ពួកគេឈឺចាប់ និងខ្សោយក៏ដោយ ក៏ពួកគេអាចស៊ូទ្រាំនឹងការឈឺចាប់ និងលះបង់អ្វីដែលពួកគេចូលចិត្ត ដើម្បីផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់។ ព្រះជាម្ចាស់ដាក់បន្ទុកកាន់តែច្រើនដល់មនុស្សជំពូកនេះ ហើយអ្វីដែលព្រះជាម្ចាស់សព្វព្រះហឫទ័យ ត្រូវបានស្តែងចេញតាមរយៈទីបន្ទាល់របស់មនុស្សជំពូកនេះ។ ដូច្នេះ មនុស្សទាំងនេះគាប់ព្រះហឫទ័យព្រះជាម្ចាស់ ពួកគេជាអ្នកបម្រើរបស់ព្រះជាម្ចាស់ ដែលបំពេញតាមព្រះរាជបំណងរបស់ព្រះជាម្ចាស់ ហើយមានតែមនុស្សជំពូកនេះប៉ុណ្ណោះ ដែលអាចគ្រងរាជ្យជាមួយព្រះជាម្ចាស់បាន។ នៅពេលដែលអ្នកបានក្លាយជាមិត្តសម្លាញ់របស់ព្រះជាម្ចាស់ ពិតប្រាកដណាស់ ជាពេលដែលអ្នកនឹងគ្រងរាជ្យជាមួយនឹងព្រះជាម្ចាស់។

ដកស្រង់ពី «របៀបបម្រើ ស្របគ្នាទៅនឹងព្រះរាជបំណងរបស់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ចែក​រំលែក

លុប​ចោល