ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ច្រកចូលទៅកាន់ជិវិត | សម្រង់​សម្ដីទី ៤៨៦

25-01-2026

កិច្ចការដែលព្រះជាម្ចាស់ធ្វើ ខុសគ្នាពីពេលមួយទៅពេលមួយ។ ប្រសិនបើអ្នកចុះចូលនឹងកិច្ចការរបស់ព្រះជាម្ចាស់បានល្អនៅដំណាក់កាលមួយ តែការចុះចូលរបស់អ្នកចំពោះកិច្ចការរបស់ទ្រង់បែរជាមិនបានល្អនៅដំណាក់កាលមួយទៀត ឬក៏អ្នកមិនអាចចុះចូលបាន នោះព្រះជាម្ចាស់នឹងបោះបង់អ្នកចោល។ ប្រសិនបើអ្នកដើរទាន់ព្រះជាម្ចាស់ នៅពេលទ្រង់បោះជំហាននេះ នោះអ្នកត្រូវបន្តដើរឱ្យទាន់នៅពេលទ្រង់បោះជំហានបន្ទាប់ទៀត។ គឺមានតែពេលនោះទេ ទើបអ្នកនឹងអាចក្លាយទៅជាមនុស្សម្នាក់ ដែលចុះចូលនឹងព្រះវិញ្ញាណបរិសុទ្ធ។ ដោយសារតែអ្នកជឿលើព្រះជាម្ចាស់ អ្នកត្រូវរក្សាការចុះចូលរបស់អ្នកឱ្យបានឋិតថេរ។ អ្នកមិនអាចគ្រាន់តែចុះចូលនៅពេលអ្នកសប្បាយចិត្ត ហើយមិនចុះចូលនៅពេលអ្នកមិនសប្បាយចិត្តនោះទេ។ ការចុះចូលតាមរបៀបបែបនេះ ព្រះជាម្ចាស់មិនពេញព្រះទ័យឡើយ។ ប្រសិនបើអ្នកមិនអាចដើរតាមជំហាននៃកិច្ចការថ្មីដែលខ្ញុំបានរៀបចំ និងបន្តប្រកាន់ខ្ជាប់តាមសុភាសិតចាស់ពីមុនមកទេនោះ តើអាចមានការរីកចម្រើននៅក្នុងជីវិតរបស់អ្នកដោយរបៀបណា? កិច្ចការរបស់ព្រះជាម្ចាស់ គឺដើម្បីទំនុកបម្រុងដល់អ្នកតាមរយៈព្រះបន្ទូលរបស់ទ្រង់។ នៅពេលអ្នកចុះចូល និងទទួលយកព្រះបន្ទូលរបស់ទ្រង់ នោះព្រះវិញ្ញាណបរិសុទ្ធនឹងធ្វើការនៅក្នុងខ្លួនឯងជាប្រាកដ។ ព្រះវិញ្ញាណបរិសុទ្ធធ្វើកិច្ចការដូចគ្នាបេះបិទនឹងអ្វីដែលខ្ញុំមានបន្ទូល។ ចូរធ្វើដូចអ្វីដែលខ្ញុំបានមានបន្ទូលចុះ នោះព្រះវិញ្ញាណបរិសុទ្ធនឹងធ្វើការនៅក្នុងខ្លួនអ្នកជាប្រាកដ។ ខ្ញុំបានបញ្ចេញនូវពន្លឺថ្មីមួយសម្រាប់ឱ្យអ្នករាល់គ្នាបានឃើញ ដោយនាំយកអ្នករាល់គ្នាទៅក្នុងពន្លឺបច្ចុប្បន្ន ហើយនៅពេលដែលអ្នកដើរទៅក្នុងពន្លឺនេះ ព្រះវិញ្ញាណបរិសុទ្ធនឹងធ្វើការនៅក្នុងអ្នកភ្លាមៗ។ មានមនុស្សមួយចំនួនដែលចចេសរឹងរូស និយាយថា «ខ្ញុំនឹងមិនធ្វើតាមអ្វីដែលអ្នកនិយាយឡើយ»។ នៅក្នុងករណីនេះ ខ្ញុំប្រាប់អ្នកចុះថា អ្នកបានមកដល់ចុងបញ្ចប់នៃផ្លូវហើយ។ អ្នកត្រូវក្រៀមស្វិត និងគ្មានជីវិតទៀតឡើយ។ ហេតុដូចនេះ នៅក្នុងបទពិសោធនៃការបំផ្លាស់បំប្រែនិស្ស័យរបស់អ្នក គ្មានអ្វីសំខាន់ជាងការរក្សាជំហានឱ្យទាន់នឹងពន្លឺបច្ចុប្បន្ននេះឡើយ។ ព្រះវិញ្ញាណបរិសុទ្ធមិនត្រឹមតែធ្វើការក្នុងខ្លួនមនុស្សណាម្នាក់ដែលព្រះជាម្ចាស់ប្រើការនោះទេ ប៉ុន្តែក៏ធ្វើការនៅក្នុងពួកជំនុំផងដែរ។ ទ្រង់អាចធ្វើការនៅក្នុងមនុស្សគ្រប់គ្នាបាន។ ទ្រង់អាចនឹងកំពុងធ្វើការក្នុងខ្លួនអ្នកក្នុងអំឡុងពេលបច្ចុប្បន្ន ហើយអ្នកនឹងបានស្គាល់កិច្ចការនេះ។ នៅក្នុងអំឡុងពេលបន្ទាប់ទៀត ទ្រង់អាចនឹងធ្វើការក្នុងខ្លួនមនុស្សផ្សេងទៀត ដែលក្នុងករណីនេះ អ្នកត្រូវតែប្រញាប់ដើរតាម។ នៅពេលអ្នកដើរតាមពន្លឺបច្ចុប្បន្នកាន់តែកៀក នោះជីវិតរបស់អ្នកនឹងកាន់តែរីកចម្រើនឡើង។ មិនថាចរិតលក្ខណៈរបស់មនុស្សម្នាក់បែបណានោះទេ ប្រសិនបើព្រះវិញ្ញាណបរិសុទ្ធធ្វើការក្នុងពួកគេ នោះអ្នកត្រូវតែដើរតាម។ ចូរថ្លឹងថ្លែងបទពិសោធរបស់ពួកគេតាមរយៈបទពិសោធរបស់អ្នកផ្ទាល់ នោះអ្នកនឹងទទួលបានអ្វីកាន់តែខ្ពស់។ ការធ្វើបែបនេះ នោះអ្នកនឹងរីកចម្រើនកាន់តែឆាប់។ នេះគឺជាផ្លូវនៃភាពគ្រប់លក្ខណ៍សម្រាប់មនុស្ស និងជាមធ្យោបាយ ដែលជីវិតបានរីកចម្រើនធំធាត់។ ផ្លូវដែលនាំឱ្យគ្រប់លក្ខណ៍គឺអាចសម្រេចបាន តាមរយៈការចុះចូលរបស់អ្នកចំពោះកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ អ្នកពុំដឹងថាព្រះជាម្ចាស់នឹងធ្វើឱ្យអ្នកបានគ្រប់លក្ខណ៍តាមរយៈមនុស្សប្រភេទណានោះទេ ក៏មិនដឹងថា ទ្រង់អនុញ្ញាតឱ្យអ្នកទទួលបាន ឬមើលឃើញអស់ទាំងសេចក្ដីតាមរយៈមនុស្ស តាមព្រឹត្តិការណ៍ ឬតាមវត្ថុអ្វីឡើយ។ ប្រសិនបើអ្នកអាចដាក់ជើងនៅលើគន្លងផ្លូវដ៏ត្រឹមត្រូវ នោះអាចបង្ហាញថា អ្នកមានក្ដីសង្ឃឹមដ៏ធំធេងដើម្បីឱ្យព្រះជាម្ចាស់ធ្វើឱ្យគ្រប់លក្ខណ៍។ ប្រសិនបើអ្នកមិនអាចធ្វើបានទេ នោះបង្ហាញថាអនាគតរបស់អ្នកងងឹតសូន្យឈឹង គ្មានពន្លឺអ្វីឡើយ។ នៅពេលអ្នកចាប់ផ្ដើមដើរនៅលើផ្លូវត្រូវ អ្នកនឹងទទួលការបើកសម្ដែងក្នុងគ្រប់ការទាំងអស់។ មិនថាព្រះវិញ្ញាណបរិសុទ្ធបើកសម្ដែងអ្វីខ្លះចំពោះអ្នកដទៃនោះទេ ប្រសិនបើអ្នកបន្តឋិតនៅលើមូលដ្ឋានចំណេះដឹងរបស់ពួកគេដើម្បីទទួលបានបទពិសោធលើអ្វីៗដោយខ្លួនឯង នោះបទពិសោធនេះ នឹងក្លាយជាចំណែកមួយនៃជីវិតរបស់អ្នក ហើយអ្នកនឹងអាចផ្គត់ផ្គង់ដល់អ្នកដទៃបាន តាមរយៈបទពិសោធនេះ។ អស់អ្នកណាដែលផ្គត់ផ្គង់អ្នកដទៃ ដោយពាក្យសម្ដីដូចជាសត្វសេក ជាមនុស្សដែលមិនធ្លាប់មានបទពិសោធអ្វីសោះឡើយ។ អ្នកត្រូវស្វែងយល់ដើម្បីរកវិធីអនុវត្តមួយ នៅមុនពេលដែលអ្នកអាចចាប់ផ្ដើមនិយាយអំពីបទពិសោធ និងចំណេះដឹងជាក់ស្តែងរបស់អ្នក តាមរយៈការបំភ្លឺ និងការបង្ហាញរបស់អ្នកដទៃ។ ការនេះនឹងមានប្រយោជន៍យ៉ាងច្រើនសម្រាប់ជីវិតផ្ទាល់ខ្លួនរបស់អ្នក។ អ្នកគប្បីឆ្លងកាត់បទពិសោធបែបនេះ ដោយចុះចូលតាមគ្រប់អ្វីដែលមកពីព្រះជាម្ចាស់។ អ្នកគប្បីព្យាយាមស្វែងយល់ពីព្រះរាជបំណងរបស់ព្រះជាម្ចាស់ ក្នុងគ្រប់ការទាំងអស់ និងរៀនសូត្រមេរៀននានាក្នុងគ្រប់ការទាំងអស់ ដើម្បីឱ្យជីវិតរបស់អ្នកចម្រើនឡើង។ ការអនុវត្តបែបនេះ ជួយឱ្យមានការរីកចម្រើនយ៉ាងឆាប់រហ័ស។

ព្រះវិញ្ញាណបរិសុទ្ធ បំភ្លឺដល់អ្នកតាមរយៈបទពិសោធជាក់ស្ដែង និងធ្វើឱ្យអ្នកគ្រប់លក្ខណ៍តាមរយៈសេចក្តីជំនឿរបស់អ្នក។ តើអ្នកពិតជាសុខចិត្តឱ្យខ្លួនបានគ្រប់លក្ខណ៍ដែរឬទេ? ប្រសិនបើអ្នកពិតជាស្ម័គ្រចិត្តឱ្យព្រះជាម្ចាស់ប្រោសឱ្យគ្រប់លក្ខណ៍មែន នោះអ្នកនឹងមានសេចក្តីក្លាហានក្នុងការលះបង់ខាងសាច់ឈាមរបស់អ្នក អ្នកនឹងអាចប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយអ្នកនឹងមិនអវិជ្ជមាន ឬទន់ខ្សោយឡើយ។ អ្នកនឹងអាចចុះចូលតាមគ្រប់អ្វីៗដែលមកអំពីព្រះជាម្ចាស់ ហើយអ្នកនឹងអាចបង្ហាញពីគ្រប់សកម្មភាពរបស់អ្នកបាន មិនថាសកម្មភាពនោះធ្វើឡើងនៅចំពោះមុខអ្នកដទៃ ឬក្រោយខ្នងពួកគេចំពោះព្រះជាម្ចាស់ឡើយ។ ប្រសិនបើអ្នកធ្វើជាមនុស្សស្មោះត្រង់ ហើយអនុវត្តតាមសេចក្តីពិតក្នុងគ្រប់ការទាំងអស់ នោះអ្នកនឹងអាចក្លាយជាមនុស្សម្នាក់ដែលត្រូវធ្វើឱ្យគ្រប់លក្ខណ៍។ មនុស្សបោកបញ្ឆោតដែលធ្វើបែបនេះនៅមុខមនុស្សម្នា ហើយធ្វើបែបផ្សេងនៅក្រោយខ្នងពួកគេទាំងនោះ មិនស្ម័គ្រចិត្តឱ្យខ្លួនត្រូវបានធ្វើឱ្យគ្រប់លក្ខណ៍ឡើយ។ ពួកគេជាកូននៃសេចក្ដីបាក់បែក និងជាកូននៃសេចក្ដីវិនាស។ ពួកគេមិនមែនជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់ឡើយ តែជាកម្មសិទ្ធិរបស់សាតាំង។ ពួកគេមិនមែនជាមនុស្សដែលព្រះជាម្ចាស់ជ្រើសរើសនោះឡើយ! ប្រសិនបើទង្វើ និងឥរិយាបថរបស់អ្នកមិនបានបង្ហាញនៅចំពោះព្រះជាម្ចាស់ ឬមិនបានពិនិត្យឱ្យល្អិតល្អន់ដោយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ទេ នេះគឺជាភស្ដុតាងបញ្ជាក់ថា អ្នកមានអ្វីមិនត្រឹមត្រូវហើយ។ ទាល់តែអ្នកទទួលយកការជំនុំជម្រះ និងការដាក់ទោសរបស់ព្រះជាម្ចាស់ ហើយផ្ដោតសំខាន់លើការបំផ្លាស់បំប្រែនិស្ស័យរបស់អ្នកប៉ុណ្ណោះ ទើបអ្នកអាចបោះជំហាននៅលើផ្លូវដែលធ្វើឱ្យគ្រប់លក្ខណ៍។ ប្រសិនបើអ្នកពិតជាចង់ឱ្យព្រះជាម្ចាស់ប្រោសឱ្យបានគ្រប់លក្ខណ៍ និងចង់ធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់មែន នោះអ្នកគប្បីចុះចូលនឹងកិច្ចការទាំងអស់របស់ព្រះជាម្ចាស់ដោយពុំមានការរអ៊ូរទាំសូម្បីតែមួយម៉ាត់ ដោយគ្មានការវិនិច្ឆ័យ ឬធ្វើការសន្និដ្ឋានតាមអំពើចិត្តអំពីកិច្ចការរបស់ព្រះជាម្ចាស់ឡើយ។ ទាំងអស់នេះជាលក្ខខណ្ឌតិចតួចបំផុត សម្រាប់ឱ្យព្រះជាម្ចាស់ធ្វើឱ្យបានគ្រប់លក្ខណ៍។ លក្ខខណ្ឌចាំបាច់សម្រាប់អស់អ្នកណាដែលចង់បានគ្រប់លក្ខណ៍ដោយព្រះជាម្ចាស់គឺបែបនេះ៖ ធ្វើកិច្ចការដោយចិត្តដែលស្រឡាញ់ព្រះជាម្ចាស់ក្នុងគ្រប់ការទាំងអស់។ តើការធ្វើកិច្ចការដោយចិត្តដែលស្រឡាញ់ព្រះជាម្ចាស់ មានន័យដូចម្តេច? មានន័យថា គ្រប់ទង្វើ និងអាកប្បកិរិយាទាំងអស់របស់អ្នក អាចបង្ហាញនៅចំពោះព្រះជាម្ចាស់បាន។ ហើយដោយសារអ្នកមានបំណងត្រឹមត្រូវ មិនថាទង្វើរបស់អ្នកត្រឹមត្រូវ ឬក៏ខុសនោះទេ អ្នកមិនខ្លាចនឹងបង្ហាញទង្វើនោះនៅចំពោះព្រះជាម្ចាស់ ឬនៅចំពោះបងប្អូនប្រុសស្រីរបស់អ្នកឡើយ ហើយអ្នកក៏ហ៊ានស្បថនៅចំពោះព្រះជាម្ចាស់ដែរ។ អ្នកត្រូវបង្ហាញគ្រប់ចេតនា គំនិត និងទស្សនៈរបស់អ្នកនៅចំពោះព្រះជាម្ចាស់ ដើម្បីឱ្យទ្រង់អង្កេតមើល។ ប្រសិនបើអ្នកអនុវត្ត និងចូលទៅក្នុងដោយវិធីនេះ នោះការរីកចម្រើននៅក្នុងជីវិតរបស់អ្នកប្រាកដជាឆាប់រហ័សមិនខាន។

ដកស្រង់ពី «អស់អ្នកណាដែលចុះចូលនឹងព្រះជាម្ចាស់ដោយដួងចិត្តពិត នឹងត្រូវព្រះជាម្ចាស់ទទួលយក ជាប្រាកដ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ចែក​រំលែក

លុប​ចោល