ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការលាតត្រដាងពីសេចក្ដីពុករលួយរបស់មនុស្សជាតិ | សម្រង់​សម្ដីទី ៣២៨

12-12-2025

ចូរសម្លឹងមើលខ្លួនឯង ដើម្បីឱ្យដឹងថាតើអ្នកអនុវត្តតាមសេចក្តីសុចរិតនៅគ្រប់កិច្ចការដែលអ្នកធ្វើហើយឬនៅ ហើយថាតើគ្រប់ទង្វើរបស់អ្នក ត្រូវបានព្រះជាម្ចាស់ឃ្លាំមើលដែរឬទេ៖ នេះគឺជាគោលការណ៍ដែលអ្នកជឿលើព្រះជាម្ចាស់អនុវត្តកិច្ចការរបស់ពួកគេ។ អ្នកនឹងត្រូវហៅថាជាសុចរិត ដោយព្រោះអ្នករាល់គ្នាអាចធ្វើឱ្យព្រះជាម្ចាស់សព្វព្រះហឫទ័យបាន និងដោយព្រោះអ្នកទទួលយកការថែទាំ និងការការពារពីព្រះជាម្ចាស់។ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ អស់អ្នកដែលទទួលយកការថែទាំ ការការពារ និងភាពល្អឥតខ្ចោះ និងអស់អ្នកដែលទ្រង់បានទទួលយក គឺសុទ្ធតែជាមនុស្សសុចរិត ហើយទ្រង់ចាត់ទុកពួកគេរាល់គ្នាថាមានតម្លៃ។ កាលណាអ្នកទទួលយកព្រះបន្ទូលបច្ចុប្បន្នរបស់ព្រះជាម្ចាស់កាន់តែច្រើន នោះអ្នកនឹងកាន់តែអាចយល់ដឹង និងស្វែងយល់ពីព្រះរាជបំណង​របស់ព្រះជាម្ចាស់បានកាន់តែច្រើនដែរ ហើយអ្នកនឹងកាន់តែអាចរស់នៅតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងបំពេញតាមសេចក្ដីតម្រូវរបស់ទ្រង់ដែរ។ នេះគឺជាបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់សម្រាប់អ្នករាល់គ្នា ហើយនេះគឺជាកិច្ចការដែលអ្នករាល់គ្នាគប្បីសម្រេចឱ្យបាន។ ប្រសិនបើអ្នកប្រើចិត្តគំនិតរបស់ខ្លួនដើម្បីវាស់វែង និងកំណត់ព្រំដែនព្រះជាម្ចាស់ ថាព្រះជាម្ចាស់ប្រៀបដូចជារូបចម្លាក់ដីឥដ្ឋដែលមិនចេះប្រែប្រួល ហើយប្រសិនបើអ្នកកំណត់ព្រំដែនព្រះជាម្ចាស់នៅក្នុងខ្នាតរង្វាស់នៃព្រះគម្ពីរ និងដាក់ទ្រង់នៅក្នុងទំហំកិច្ចការដែលមានដែនកំណត់ ទង្វើនេះសបញ្ជាក់ថា អ្នករាល់គ្នាបានដាក់ទោសចំពោះព្រះជាម្ចាស់ហើយ។ ដ្បិតពួកសាសន៍យូដានៅក្នុងសម័យសញ្ញាចាស់ ចាត់ទុកព្រះជាម្ចាស់ជារូបបដិមាករដែលមានរូបរាងមិនប្រែប្រួល ដែលពួកគេអាចចាំទុកក្នុងចិត្តរបស់ពួកគេបាន ហាក់បីដូចជាព្រះជាម្ចាស់អាចហៅបានត្រឹមតែជាព្រះមែស្ស៊ី ហើយមានតែទ្រង់ដែលគេហៅថាព្រះមែស្ស៊ីប៉ុណ្ណោះ ដែលអាចជាព្រះជាម្ចាស់បាន ហើយដោយព្រោះមនុស្សបានបម្រើ និងបានថ្វាយបង្គំព្រះជាម្ចាស់ ទុកទ្រង់ដូចជារូបចម្លាក់ដីឥដ្ឋ (ដែលគ្មានជីវិត) ទើបបានជាពួកគេបោះដែកគោលឆ្កាងព្រះយេស៊ូវនៅក្នុងពេលនោះ ដោយកាត់ទោសប្រហារជីវិតទ្រង់ ពោលគឺព្រះយេស៊ូវដែលគ្មានកំហុសសោះត្រូវបានគេកាត់ទោសដល់ស្លាប់។ ព្រះជាម្ចាស់ពុំមានទោសអ្វីសោះឡើយ តែមនុស្សមិនព្រមទុកជីវិតឱ្យទ្រង់ ហើយទទូចកាត់ទោសប្រហារជីវិតទ្រង់ ដូច្នេះព្រះយេស៊ូវក៏ត្រូវបានគេឆ្កាងទៅ។ មនុស្សតែងជឿថា ព្រះជាម្ចាស់ពុំប្រែប្រួល ហើយកំណត់ទ្រង់ទៅតាមមូលដ្ឋាននៃសៀវភៅមួយក្បាល គឺព្រះគម្ពីរ ហាក់បីដូចជាមនុស្សមានការយល់ដឹងឥតខ្ចោះអំពីការគ្រប់គ្រងរបស់ព្រះជាម្ចាស់ និងហាក់បីដូចជាមនុស្សគ្រប់គ្រងអ្វីៗទាំងអស់ដែលព្រះជាម្ចាស់ធ្វើនៅក្នុងព្រះហស្ដរបស់ទ្រង់ដូច្នេះដែរ។ មនុស្សល្ងង់ខ្លៅយ៉ាងខ្លាំង ក្រអឺតក្រទមយ៉ាងខ្លាំង ហើយពួកគេពូកែខាងការនិយាយបំផ្លើស។ មិនថាអ្នកមានចំណេះដឹងអំពីព្រះជាម្ចាស់ច្រើនប៉ុនណានោះទេ ខ្ញុំនៅតែមានបន្ទូលថា អ្នកពុំស្គាល់ព្រះជាម្ចាស់ឡើយ នៅតែថាអ្នកជាមនុស្សម្នាក់ដែលប្រឆាំងទាស់នឹងព្រះជាម្ចាស់ខ្លាំងបំផុត និងនៅតែថាអ្នកបានថ្កោលទោសព្រះជាម្ចាស់ ដ្បិតអ្នកគ្មានសមត្ថភាពចុះចូលនឹងកិច្ចការរបស់ព្រះជាម្ចាស់ និងមិនអាចដើរក្នុងផ្លូវដែលព្រះជាម្ចាស់បានប្រោសឱ្យបានគ្រប់លក្ខណ៍ឡើយ។ តើហេតុអ្វីបានជាព្រះជាម្ចាស់មិនដែលសព្វព្រះហឫទ័យនឹងទង្វើរបស់មនុស្ស? គឺដោយសារតែមនុស្សពុំស្គាល់ព្រះជាម្ចាស់ ដោយសារតែមនុស្សមានសញ្ញាណច្រើនហួសហេតុពេក និងដោយសារតែចំណេះដឹងរបស់ពួកគេអំពីព្រះជាម្ចាស់ មិនស្របទៅនឹងសេចក្តីពិត តែផ្ទុយទៅវិញ និយាយពីរឿងរ៉ាវតែមួយដដែលៗដោយគ្មានអ្វីប្លែកសោះ ព្រមទាំងប្រើវិធីសាស្រ្តដូចៗគ្នានៅគ្រប់ស្ថានការណ៍ទាំងអស់។ ហេតុដូចនេះ ការយាងមកកាន់ផែនដីនាពេលសព្វថ្ងៃនេះ ព្រះជាម្ចាស់ត្រូវបានមនុស្សដំដែកគោលភ្ជាប់ទៅនឹងឈើឆ្កាងជាថ្មីម្ដងទៀត។ មនុស្សពិតជាឃោរឃៅណាស់! ល្បិចកលទុច្ចរិត និងការរៀបចំគ្រោងការណ៍អាក្រក់ ការលួចឆក់ និងការរឹបអូសពីអ្នកដទៃ ការដណ្ដើមកិត្តិយស និងលាភសក្ការៈ ការកាប់សម្លាប់គ្នាទៅវិញទៅមក តើដល់ពេលណាទើបអាចនឹងបញ្ចប់បាន? មិនថាព្រះជាម្ចាស់មានបន្ទូលច្រើនរាប់សិបពាន់ម៉ាត់ក៏ដោយ ក៏គ្មាននរណាម្នាក់ភ្ញាក់ស្មារតីវិញឡើយ។ មនុស្សធ្វើការដើម្បីជាប្រយោជន៍ដល់ក្រុមគ្រួសារ និងកូនប្រុសស្រីរបស់ពួកគេ ជាប្រយោជន៍ដល់មុខរបរ ភាពជោគជ័យទៅថ្ងៃអនាគត តួនាទី អំនួតផ្ទាល់ខ្លួន និងប្រាក់កាសរបស់ពួកគេ ជាប្រយោជន៍ខាងចំណីអាហារ សម្លៀកបំពាក់ និងខាងសាច់ឈាម។ ប៉ុន្តែ តើមាននរណាម្នាក់ដែលបានធ្វើកិច្ចការដើម្បីជាប្រយោជន៍ដល់ព្រះជាម្ចាស់ពិតប្រាកដ? ទោះបីជាក្នុងចំណោមអស់អ្នកដែលធ្វើកិច្ចការដើម្បីជាប្រយោជន៍ដល់ព្រះជាម្ចាស់ក៏ដោយ ក៏មានមនុស្សតិចតួចណាស់ដែលបានស្គាល់ព្រះជាម្ចាស់។ តើមានមនុស្សប៉ុន្មាននាក់ដែលមិនធ្វើការដើម្បីប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេនោះ? តើមានមនុស្សប៉ុន្មាននាក់ដែលមិនជិះជាន់ ឬបណ្តេញអ្នកដទៃចេញដើម្បីការពារតំណែងរបស់ពួកគេ? ដូចនេះ ព្រះជាម្ចាស់ត្រូវគេបង្ខំកាត់ទោសប្រហារជីវិតជាច្រើនលើកច្រើនសារ ហើយចៅក្រមឃោរឃៅច្រើនរាប់មិនអស់បានថ្កោលទោសព្រះជាម្ចាស់ និងបានដំដែកគោលឆ្កាងទ្រង់ទៅលើឈើឆ្កាងជាថ្មីម្ដងទៀត។ តើមានមនុស្សប៉ុន្មាននាក់ដែលអាចត្រូវបានហៅថាសុចរិតបាន ដោយសារពួកគេធ្វើការដើម្បីជាប្រយោជន៍ដល់ព្រះជាម្ចាស់យ៉ាងពិតប្រាកដនោះ?

តើការដែលត្រូវប្រោសឱ្យបានគ្រប់លក្ខណ៍នៅចំពោះព្រះជាម្ចាស់ក្នុងនាមជាពួកបរិសុទ្ធ ឬបុគ្គលសុចរិតនោះ ងាយស្រួលដែរឬទេ? នេះគឺជាឃ្លាត្រឹមត្រូវដែលថា «ពុំមានសេចក្តីសុចរិតនៅលើផែនដីនេះឡើយ សេចក្តីសុចរិតមិនមាននៅក្នុងលោកិយនេះទេ។» នៅពេលអ្នករាល់គ្នាមកចំពោះព្រះជាម្ចាស់ ចូរគិតអំពីសម្លៀកបំពាក់ដែលអ្នករាល់គ្នាពាក់ ចូរគិតពីគ្រប់ទង្វើ និងពាក្យសម្ដីរបស់អ្នករាល់គ្នា ចូរគិតពីគំនិត និងយោបល់របស់អ្នករាល់គ្នា និងគិតសូម្បីតែការយល់សប្តិដែលអ្នកសុបិនឃើញរាល់ថ្ងៃ ដោយគ្រប់ទាំងអស់នេះ គឺសម្រាប់តែជាប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នករាល់គ្នាប៉ុណ្ណោះ។ តើនេះមិនមែនជារឿងពិតទេឬអី? «សេចក្តីសុចរិត» ពុំមានន័យថាជាការដាក់ទានដល់អ្នកដទៃនោះទេ ក៏ពុំមានន័យថាជាការស្រឡាញ់អ្នកជិតខាងរបស់អ្នកឱ្យដូចជាខ្លួនឯងដែរ ហើយក៏ពុំមានន័យថាជាការជៀសវាងការឈ្លោះប្រកែក និងការឈ្លោះទាស់ទែងគ្នា ឬពីការលួចឆក់ប្លន់ដែរ។ សេចក្តីសុចរិតមានន័យថាជាការអនុវត្តបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ តាមភារកិច្ចរបស់អ្នក និងចុះចូលតាមការចាត់ចែង និងការរៀបចំរបស់ព្រះជាម្ចាស់ចាត់ទុកដូចជារបរចិញ្ចឹមជីវិតដែលស្ថានសួគ៌ប្រទានដល់អ្នក ដោយមិនគិតពីពេលវេលា ឬទីកន្លែងឡើយ គឺដូចជាគ្រប់កិច្ចការទាំងអស់ដែលព្រះអម្ចាស់យេស៊ូវបានធ្វើរួចរាល់មកហើយដែរ។ នេះគឺជាសេចក្តីសុចរិតដែលព្រះជាម្ចាស់បានមានបន្ទូល។ ឡុតអាចត្រូវគេហៅថាសុចរិតបាន គឺដោយសារគាត់បានសង្គ្រោះជីវិតទេវតាពីរអង្គដែលព្រះជាម្ចាស់បានបញ្ជូនមក ដោយពុំបានគិតពីប្រយោជន៍ ឬការខាតបង់របស់ខ្លួនឡើយ។ គេអាចត្រឹមនិយាយថា អ្វីដែលគាត់បានធ្វើនៅពេលនោះ គឺអាចហៅថាសុចរិតបាន ប៉ុន្តែគាត់មិនអាចឱ្យគេហៅថាជាមនុស្សសុចរិតបានទេ។ គឺដោយសារតែឡុតបានឃើញព្រះជាម្ចាស់ ហើយក៏បានប្រគល់កូនស្រីពីរនាក់របស់គាត់ដើម្បីដូរនឹងទេវតាពីរអង្គ ដែលអាចហៅថាជាទង្វើសុចរិតបាន ប៉ុន្តែឥរិយាបថទាំងអស់របស់គាត់កាលពីមុន មិនសុទ្ធតែតំណាងឱ្យសេចក្តីសុចរិតនោះទេ។ ដូច្នេះ ខ្ញុំមានបន្ទូលថា «ពុំមានមនុស្សសុចរិតនៅលើផែនដីនេះឡើយ»។ គ្មាន​នរណា​ម្នាក់​នៅ​ក្នុង​ចរន្ត​សង្គ្រោះ​នេះ ​អាចរាប់ថាជា​សុចរិត​បានទេ។ ក៏គ្មាននរណាម្នាក់អាចហៅថាសុចរិតបានដែរ។ មិនថាទង្វើរបស់អ្នកល្អយ៉ាងណា មិនថាអ្នកចេញមកសរសើរតម្កើងព្រះនាមរបស់ព្រះជាម្ចាស់យ៉ាងណា មិនថាអ្នកមិនដែលវាយតប់ និងដាក់បណ្ដាសាអ្នកដទៃ មិនថាអ្នកមិនលួចឆក់ប្លន់ពីអ្នកដទៃនោះទេ ក៏អ្នកនៅតែមិនអាចហៅថាសុចរិតបានដែរ ដ្បិតទង្វើនេះ គឺមនុស្សធម្មតាសុទ្ធតែអាចធ្វើបាន។ ចំណុចសំខាន់នៅក្នុងពេលនេះគឺថា អ្នកពុំស្គាល់ព្រះជាម្ចាស់។ គេអាចត្រឹមនិយាយបានថា នៅពេលបច្ចុប្បន្ននេះ អ្នកមានភាពជាមនុស្សធម្មតាតែបន្តិចបន្តួចប៉ុណ្ណោះ ប៉ុន្តែគ្មានធាតុនៃសេចក្តីសុចរិតដែលព្រះទ្រង់មានបន្ទូលឡើយ ដូច្នេះហើយ គ្មានអ្វីដែលអ្នកធ្វើអាចបញ្ជាក់បានថាអ្នកស្គាល់ព្រះជាម្ចាស់ឡើយ។

ដកស្រង់ពី «ពួកមនុស្សអាក្រក់នឹងត្រូវទទួលទោសយ៉ាងពិតប្រាកដ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

Leave a Reply

ចែក​រំលែក

លុប​ចោល