ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការលាតត្រដាងសញ្ញាណសាសនា | សម្រង់​សម្ដីទី ២៩៣

22-11-2025

ដើម្បីយល់ពីគោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់ យល់ពីឥទ្ធិពលដែលកិច្ចការរបស់ទ្រង់មានមកលើមនុស្ស និងយល់ច្បាស់ពីបំណងព្រះហឫទ័យដ៏ពិតប្រាកដរបស់ទ្រង់ចំពោះមនុស្សជាតិ៖ នេះគឺជាអ្វីដែលមនុស្សគ្រប់គ្នាដែលដើរតាមព្រះជាម្ចាស់ គប្បីសម្រេចឱ្យបាន។ សព្វថ្ងៃនេះ ការយល់ដឹងអំពីកិច្ចការរបស់ព្រះជាម្ចាស់ គឺជាអ្វីដែលមនុស្សរាល់គ្នាខ្វះខាត។ ទង្វើដែលព្រះជាម្ចាស់បានធ្វើមកលើមនុស្ស កិច្ចការទាំងមូលរបស់ព្រះជាម្ចាស់ និងបំណងព្រះហឫទ័យដ៏ពិតប្រាកដរបស់ព្រះជាម្ចាស់ចំពោះមនុស្សជាតិ រាប់តាំងពីការបង្កើតភពផែនដីរហូតដល់បច្ចុប្បន្ន ទាំងអស់នេះគឺជារឿងដែលមនុស្សមិនដឹង និងមិនយល់។ ភាពខ្វះចន្លោះនេះ មិនមែនត្រឹមតែមើលមិនឃើញ នៅក្នុងចំណោមអ្នកកាន់សាសនាទាំងមូលប៉ុណ្ណោះទេ ប៉ុន្តែសូម្បីតែក្នុងចំណោមអ្នកដែលជឿលើព្រះជាម្ចាស់ក៏គ្មានដែរ។ នៅពេលគ្រានោះមកដល់ នោះអ្នកនឹងមើលឃើញព្រះជាម្ចាស់យ៉ាងពិតប្រាកដ នៅពេលដែលអ្នកគិតយល់ពីព្រះប្រាជ្ញាញ្ញាណរបស់ទ្រង់ នៅពេលដែលអ្នកមើលឃើញទង្វើទាំងអស់ដែលព្រះជាម្ចាស់បានធ្វើ នៅពេលដែលអ្នកដឹងថាព្រះជាម្ចាស់ជានរណា និងមានអ្វីខ្លះ ពោលគឺជាពេលដែលអ្នកបានឃើញព្រះទ័យយល់អធ្យាស្រ័យ ព្រះប្រាជ្ញាញ្ញាណ ភាពអស្ចារ្យរបស់ទ្រង់ និងគ្រប់អ្វីៗទាំងអស់ដែលទ្រង់បានធ្វើមកលើមនុស្ស គឺពេលនោះហើយដែលអ្នកនឹងសម្រេចបានជោគជ័យនៅក្នុងសេចក្ដីជំនឿរបស់អ្នកចំពោះព្រះជាម្ចាស់។ នៅពេលគេនិយាយថា ព្រះជាម្ចាស់មានអ្វីៗគ្រប់យ៉ាង និងជាព្រះដ៏ពេញបរិបូរណ៍ តើទ្រង់មានអ្វីគ្រប់យ៉ាងតាមវិធីណាឱ្យប្រាកដ ហើយទ្រង់ពេញបរិបូរណ៍តាមវិធីណាឱ្យប្រាកដ? ប្រសិនបើអ្នករាល់គ្នាមិនយល់ពីចំណុចនេះទេ នោះអ្នកមិនអាចចាត់ទុកថាមានជំនឿលើព្រះជាម្ចាស់បានឡើយ។ ហេតុអ្វីក៏ខ្ញុំនិយាយថា មនុស្សដែលនៅក្នុងចំណោមអ្នកកាន់សាសនា មិនមែនជាអ្នកជឿលើព្រះជាម្ចាស់ តែជាអ្នកប្រព្រឹត្តអាក្រក់ ជាជំពូកមនុស្សដូចគ្នានឹងមារសាតាំង? នៅពេលខ្ញុំនិយាយថា ពួកគេជាមនុស្សអាក្រក់ នោះគឺដោយសារតែពួកគេមិនយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងមិនអាចមើលឃើញប្រាជ្ញាញាណរបស់ទ្រង់។ គ្មានពេលណាដែលព្រះជាម្ចាស់បង្ហាញកិច្ចការរបស់ទ្រង់ដល់ពួកគេឡើយ។ ពួកគេជាមនុស្សខ្វាក់ ពួកគេមិនអាចមើលឃើញទង្វើរបស់ព្រះជាម្ចាស់នោះទេ ពួកគេត្រូវបានព្រះជាម្ចាស់បោះបង់ចោល ហើយពួកគេខ្វះការយកចិត្តទុកដាក់ និងការការពារទាំងស្រុងពីព្រះជាម្ចាស់ ដោយមិនចាំបាច់និយាយដល់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធនោះទេ។ អស់អ្នកណាដែលគ្មានកិច្ចការរបស់ព្រះជាម្ចាស់ អ្នកនោះសុទ្ធតែជាអ្នកប្រព្រឹត្តអាក្រក់ និងជាអ្នកប្រឆាំងទាស់នឹងព្រះជាម្ចាស់។ អ្នកប្រឆាំងទាស់នឹងព្រះជាម្ចាស់ដែលខ្ញុំនិយាយដល់នេះ សំដៅលើអស់អ្នកណាដែលមិនស្គាល់ព្រះជាម្ចាស់ អស់អ្នកណាដែលស្គាល់ព្រះជាម្ចាស់ត្រឹមតែតាមបបូរមាត់របស់ពួកគេ តែពុំបានស្គាល់ទ្រង់ពិតប្រាកដ អស់អ្នកណាដែលដើរតាមព្រះជាម្ចាស់ តែមិនបានចុះចូលនឹងទ្រង់ និងអស់អ្នកណាដែលអាស្រ័យផលពីព្រះគុណរបស់ព្រះជាម្ចាស់ តែមិនអាចប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួនចំពោះទ្រង់។ បើគ្មានការយល់ដឹងអំពីគោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់ ឬគ្មានការយល់ដឹងអំពីកិច្ចការដែលព្រះជាម្ចាស់ធ្វើចំពោះមនុស្សជាតិទេ នោះមនុស្សមិនអាចបំពេញតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់បានឡើយ ហើយក៏មិនអាចប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួនចំពោះព្រះជាម្ចាស់បានដែរ។ មូលហេតុដែលមនុស្សប្រឆាំងទាស់នឹងព្រះជាម្ចាស់គឺ ទីមួយកើតចេញពីនិស្ស័យពុករលួយរបស់ពួកគេ និងមួយទៀតកើតចេញពីភាពល្ងង់ខ្លៅមិនស្គាល់ព្រះជាម្ចាស់ និងកង្វះការយល់ដឹងអំពីគោលការណ៍ដែលព្រះជាម្ចាស់បំពេញកិច្ចការ និងអំពីបំណងព្រះហឫទ័យរបស់ទ្រង់ចំពោះមនុស្ស។ ទិដ្ឋភាពទាំងពីរនេះរួមគ្នាបង្កើតបានជាប្រវត្តិនៃការប្រឆាំងទាស់របស់មនុស្ស ចំពោះព្រះជាម្ចាស់។ មនុស្សដែលទើបតែជឿថ្មី ទាស់ទទឹងនឹងព្រះជាម្ចាស់ ដោយសារតែការទាស់ទទឹងនេះ មានក្នុងចរិតពីកំណើតរបស់គេ រីឯមនុស្សដែលជឿយូរហើយ គេទាស់ទទឹងនឹងព្រះជាម្ចាស់ ដោយសារតែចរិតព្រងើយកន្តើយដែលគេមានចំពោះព្រះជាម្ចាស់ បន្ថែមលើនិស្ស័យពុករលួយរបស់គេ។ នៅមុនពេលដែលព្រះជាម្ចាស់បានក្លាយជាសាច់ឈាម ខ្នាតរង្វាស់ថាតើមនុស្សម្នាក់ប្រឆាំងទាស់នឹងព្រះជាម្ចាស់ដែរឬអត់នោះ គឺអាស្រ័យថា តើបុគ្គលនោះគោរពតាមបញ្ញត្តិ ដែលព្រះជាម្ចាស់បានចែង នៅស្ថានសួគ៌ដែរ ឬយ៉ាងណា។ ឧទាហរណ៍ នៅក្នុងសម័យក្រឹត្យវិន័យ ជនណាដែលមិនគោរពតាមក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា ត្រូវបានគេចាត់ទុកជាមនុស្សដែលប្រឆាំងទាស់នឹងព្រះជាម្ចាស់។ ជនណាដែលលួចយកតង្វាយថ្វាយព្រះយេហូវ៉ា ឬជនដែលប្រឆាំងទាស់នឹងមនុស្ស ដែលព្រះយេហូវ៉ាគាប់ព្រះហឫទ័យ ត្រូវចាត់ទុកជាអ្នកប្រឆាំងទាស់នឹងព្រះជាម្ចាស់ ហើយត្រូវកាត់ទោសដោយគប់សម្លាប់នឹងដុំថ្ម។ ជនណាដែលមិនគោរពឪពុកម្តាយខ្លួន ជនណាដែលបានវាយដំ ឬដាក់បណ្តាសាអ្នកដទៃ ត្រូវចាត់ទុកជាមនុស្សម្នាក់ដែលមិនគោរពតាមក្រឹត្យវិន័យ។ ហើយអស់អ្នកណាដែលមិនកាន់តាមក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា ត្រូវចាត់ទុកជាមនុស្សដែលប្រឆាំងទាស់នឹងទ្រង់។ រឿងនេះគ្មានទៀតទេក្នុងយុគសម័យនៃព្រះគុណ ពេលនោះជនណាដែលប្រឆាំងទាស់នឹងព្រះយេស៊ូវ ត្រូវចាត់ទុកជាអ្នកដែលប្រឆាំងនឹងព្រះជាម្ចាស់ ហើយជនណាដែលមិនចុះចូលនឹងព្រះសូរសៀងរបស់ព្រះយេស៊ូវ ត្រូវចាត់ទុកជាអ្នកដែលប្រឆាំងទាស់នឹងព្រះជាម្ចាស់។ នៅពេលនេះ លក្ខណៈនៃការប្រឆាំងទាស់នឹងព្រះជាម្ចាស់ ត្រូវបានកំណត់កាន់តែសុក្រឹត និងជាក់ស្តែងជាងមុន។ នៅពេលដែលព្រះជាម្ចាស់មិនទាន់ក្លាយសាច់ឈាមនៅឡើយ ខ្នាតរង្វាស់ថាតើមនុស្សម្នាក់ប្រឆាំងទាស់នឹងព្រះជាម្ចាស់ឬអត់នោះ គឺអាស្រ័យលើថា តើបុគ្គលនោះបានថ្វាយបង្គំ និងគោរពបូជាដល់ព្រះជាម្ចាស់ដ៏មើលមិនឃើញ ដែលគង់នៅស្ថានសួគ៌ដែរ ឬយ៉ាងណា។ លក្ខណៈនៃការប្រឆាំងទាស់នឹងព្រះជាម្ចាស់ ដែលបានកំណត់នៅគ្រានោះ មិនមែនសុទ្ធតែជាក់ស្តែងទាំងអស់នោះទេ ដ្បិតមនុស្សមិនអាចមើលឃើញព្រះជាម្ចាស់នោះឡើយ ហើយពួកគេក៏មិនដឹងថា រូបអង្គរបស់ព្រះជាម្ចាស់មានលក្ខណៈបែបណាដែរ ឬថា ទ្រង់បានធ្វើកិច្ចការ និងមានព្រះបន្ទូលអ្វីខ្លះដែរ។ មនុស្សគ្មានសញ្ញាណអ្វីសោះអំពីព្រះជាម្ចាស់ ហើយគេបានជឿលើព្រះជាម្ចាស់ដោយស្រពេចស្រពិល ព្រោះព្រះជាម្ចាស់មិនទាន់បានបង្ហាញខ្លួនឱ្យមនុស្សបានឃើញនៅឡើយទេ។ ដូច្នេះ មិនថាមនុស្សបានជឿលើព្រះជាម្ចាស់តាមការស្រមើស្រមៃរបស់ពួកគេ ឬយ៉ាងណានោះទេ ក៏ព្រះជាម្ចាស់មិនបានថ្កោលទោសមនុស្ស ឬទាមទារអ្វីច្រើនខ្លាំងពេកពីមនុស្សនោះទេ ដ្បិតមនុស្សមិនអាចមើលឃើញព្រះជាម្ចាស់បានឡើយ។ នៅពេលដែលព្រះជាម្ចាស់បានក្លាយជាសាច់ឈាម និងមកបំពេញកិច្ចការក្នុងចំណោមមនុស្សផងទាំងពួង គ្រប់គ្នាមើលឃើញទ្រង់ និងស្តាប់ឮព្រះបន្ទូលរបស់ទ្រង់ ហើយគ្រប់គ្នាបានឃើញពីទង្វើដែលព្រះជាម្ចាស់ធ្វើ តាមរូបកាយខាងសាច់ឈាមរបស់ទ្រង់។ នៅពេលនេះ សញ្ញាណទាំងអស់របស់មនុស្សក៏រលាយបាត់។ ចំពោះអស់អ្នកណាដែលបានឃើញព្រះជាម្ចាស់លេចមកជាសាច់ឈាម ពួកគេនឹងមិនត្រូវទទួលទោសទេបើពួកគេចុះចូលនឹងទ្រង់ ចំណែកអស់អ្នកណាដែលមានចេតនាតតាំងជាមួយទ្រង់ នឹងត្រូវចាត់ទុកជាអ្នកប្រឆាំងទាស់នឹងព្រះជាម្ចាស់។ មនុស្សបែបនេះ គឺជាពួកទទឹងនឹងព្រះគ្រីស្ទ ជាសត្រូវដែលមានចេតនាប្រឆាំងទាស់នឹងព្រះជាម្ចាស់។ អ្នកដែលមានសញ្ញាណអំពីព្រះជាម្ចាស់ ចាក់ឫសក្នុងគំនិតរបស់គេ ប៉ុន្តែក៏នៅតែត្រៀមខ្លួនជាស្រេច ហើយចុះចូលនឹងទ្រង់ គេនឹងមិនទទួលបានការថ្កោលទោសឡើយ។ ព្រះជាម្ចាស់ថ្កោលទោសមនុស្ស ដោយផ្អែកលើបំណង និងទង្វើរបស់ពួកគេ មិនមែនថ្កោលទោស ដោយផ្អែកលើគំនិត និងយោបល់របស់ពួកគេឡើយ។ បើទ្រង់ថ្កោលទោសមនុស្ស ដោយផ្អែកលើគំនិត និងយោបល់របស់ពួកគេ នោះនឹងគ្មានមនុស្សណាម្នាក់អាចគេចផុតពីព្រះហស្ដនៃសេចក្ដីក្រោធរបស់ព្រះជាម្ចាស់បានឡើយ។ អស់អ្នកណាដែលមានចេតនាប្រឆាំងទាស់នឹងព្រះជាម្ចាស់ដែលយកកំណើតជាសាច់ឈាម នឹងត្រូវទទួលទណ្ឌកម្មដោយសារតែកង្វះការមិនចុះចូលរបស់ពួកគេ។ ទាក់ទងនឹងមនុស្សដែលប្រឆាំងនឹងព្រះជាម្ចាស់ដោយចេតនាទាំងអស់នេះ ការប្រឆាំងទាស់របស់ពួកគេ កើតចេញពីការពិតដែលថាពួកគេមានសញ្ញាណចាក់ឫសអំពីព្រះជាម្ចាស់ ដែលនាំឱ្យពួកគេផុងខ្លួនទៅក្នុងសកម្មភាពដែលរំខានដល់កិច្ចការរបស់ព្រះជាម្ចាស់ជាបន្តបន្ទាប់។ មនុស្សទាំងអស់នេះ មានចេតនាតតាំង និងបំផ្លាញកិច្ចការរបស់ព្រះជាម្ចាស់។ ពួកគេមិនត្រឹមតែមានសញ្ញាណអំពីព្រះជាម្ចាស់ប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងបានចូលរួមក្នុងសកម្មភាពនានា ដែលរំខានដល់កិច្ចការរបស់ទ្រង់ទៀតផង ហើយដោយហេតុនេះ មនុស្សប្រភេទនេះនឹងត្រូវថ្កោលទោស។ អ្នកដែលគ្មានចេតនាធ្វើឱ្យរំខានដល់កិច្ចការរបស់ព្រះជាម្ចាស់ នឹងមិនទទួលនូវការថ្កោលទោសថាជាមនុស្សមានបាបនោះទេ ព្រោះពួកគេអាចចុះចូលដោយសុទ្ធចិត្ត និងមិនចូលរួមក្នុងសកម្មភាពនានា ដែលបង្កឱ្យមានការរំខាន និងភាពវឹកវរនោះទេ។ មនុស្សបែបនេះនឹងមិនទទួលបានការថ្កោលទោសឡើយ។ ក៏ប៉ុន្តែ នៅពេលមនុស្សឆ្លងកាត់កិច្ចការរបស់ព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំ ប្រសិនបើពួកគេនៅបន្តមានសញ្ញាណចាក់ឫសអំពីព្រះជាម្ចាស់ ហើយនៅតែមិនអាចយល់ដឹងពីកិច្ចការរបស់ព្រះជាម្ចាស់ដែលយកកំណើតជាសាច់ឈាម ហើយប្រសិនបើពួកគេនៅតែបន្តមានសញ្ញាណអំពីព្រះជាម្ចាស់ មិនថាពួកគេបានឆ្លងកាត់កិច្ចការរបស់ទ្រង់ច្រើនឆ្នាំប៉ុនណា ហើយនៅតែមិនអាចស្គាល់ទ្រង់បាន ដូច្នេះ ទោះបីជាពួកគេមិនបានចូលរួមក្នុងសកម្មភាពរំខាននានាក្តី ក៏ចិត្តរបស់ពួកគេបានដិតដាមទៅដោយសញ្ញាណយ៉ាងច្រើនអំពីព្រះជាម្ចាស់ ហើយទោះបីជាសញ្ញាណទាំងនេះមិនសម្តែងចេញមកច្បាស់ក្តី ក៏មនុស្សបែបនេះគ្មានប្រយោជន៍អ្វីចំពោះកិច្ចការរបស់ព្រះជាម្ចាស់ដែរ។ ពួកគេមិនអាចផ្សាយដំណឹងល្អសម្រាប់ព្រះជាម្ចាស់ ឬប្រកាន់ខ្ជាប់នូវទីបន្ទាល់របស់ខ្លួនចំពោះទ្រង់បានឡើយ។ មនុស្សបែបនេះ គឺជាមនុស្សដែលគ្មានបានការ និងជាមនុស្សល្ងង់ខ្លៅ។ ដោយសារតែពួកគេមិនស្គាល់ព្រះជាម្ចាស់ ហើយលើសពីនេះទៅទៀត ពួកគេមិនអាចបោះចោលសញ្ញាណរបស់ពួកគេអំពីទ្រង់បានទាំងស្រុង នោះពួកគេត្រូវទទួលការថ្កោលទោស។ គេអាចនិយាយដូច្នេះថា៖ ចំពោះអ្នកមានសេចក្ដីជំនឿថ្មីថ្មោង ការដែលមានសញ្ញាណអំពីព្រះជាម្ចាស់ ឬមិនស្គាល់ទ្រង់ទាល់តែសោះនោះ គឺជារឿងធម្មតាទេ តែចំពោះអ្នកដែលបានជឿព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំ ហើយដកពិសោធន៍ក្នុងកិច្ចការរបស់ទ្រង់ជាច្រើនវិញ ការដែលមនុស្សបែបនេះបន្តនៅមានសញ្ញាណផ្សេងៗទៀត វាមិនមែនជារឿងធម្មតាទេ ហើយការដែលមនុស្សបែបនេះគ្មានចំណេះដឹងអ្វីសោះអំពីព្រះជាម្ចាស់នោះ គឺកាន់តែមិនមែនជារឿងធម្មតាទៀតហើយ។ នេះគឺដោយសារតែ រឿងនេះមិនជាសភាពធម្មតាដែលពួកគេត្រូវបានថ្កោលទោសឡើយ។ មនុស្សមិនធម្មតាទាំងនេះ គឺសុទ្ធតែជាសំរាម។ ពួកគេគឺជាអ្នកដែលប្រឆាំងទាស់នឹងព្រះជាម្ចាស់ខ្លាំងជាងគេ និងជាអ្នកដែលទទួលបានព្រះគុណរបស់ព្រះជាម្ចាស់ទាំងមិនដឹងគុណ។ មនុស្សបែបនេះ នឹងត្រូវដកចេញនៅទីចុងបំផុត!

ដកស្រង់ពី «មនុស្សគ្រប់គ្នាដែលមិនស្គាល់ព្រះជាម្ចាស់ គឺជាមនុស្សដែលប្រឆាំងទាស់នឹងព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ចែក​រំលែក

លុប​ចោល