ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការលាតត្រដាងសញ្ញាណសាសនា | សម្រង់​សម្ដីទី ២៩៤

22-11-2025

អ្នកណាដែលមិនយល់ពីគោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់ គឺជាអ្នកដែលប្រឆាំងទាស់នឹងទ្រង់ ហើយអ្នកដែលបានយល់ពីគោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់ ប៉ុន្តែនៅតែមិនខំប្រឹងផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់ អ្នកនោះកាន់តែត្រូវបានចាត់ទុកថាជាអ្នកប្រឆាំងនឹងព្រះជាម្ចាស់។ មានអ្នកដែលអានព្រះគម្ពីរនៅក្នុងក្រុមជំនុំធំៗ ហើយសូត្រខគម្ពីរពេញមួយថ្ងៃ ប៉ុន្តែគ្មាននរណាម្នាក់ក្នុងចំណោមពួកគេ យល់ពីគោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់ឡើយ។ ក្នុងចំណោមពួកគេ គ្មាននរណាម្នាក់អាចស្គាល់ព្រះជាម្ចាស់ឡើយ ក្នុងចំណោមពួកគេ ក៏រឹតតែគ្មាននរណាម្នាក់អាចធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់បានដែរ។ ពួកគេទាំងអស់សុទ្ធតែជាមនុស្សអប្រិយ គ្មានតម្លៃ ហើយម្នាក់ៗឈរនៅទីដ៏ខ្ពស់ដើម្បីបង្រៀន «ព្រះជាម្ចាស់»។ ពួកគេគឺជាមនុស្សដែលកាន់ទង់របស់ព្រះជាម្ចាស់ តែមានចេតនាប្រឆាំងនឹងព្រះជាម្ចាស់ ដែលកាន់ស្លាកជឿលើព្រះជាម្ចាស់ ក្នុងពេលដែលកំពុងស៊ីសាច់ និងហុតឈាមមនុស្សទៅវិញ។ មនុស្សទាំងអស់នេះសុទ្ធតែជាអារក្សដែលលេបត្របាក់ព្រលឹងមនុស្ស ជាមេបិសាចដែលមានចេតនារំខានដល់អ្នកណាដែលព្យាយាមដើរលើផ្លូវត្រូវ ហើយជាថ្មជំពប់ដែលបង្អាក់ដល់អ្នកដែលស្វែងរកព្រះជាម្ចាស់ផង។ ពួកគេអាចមាននូវ «អត្តភាពត្រឹមត្រូវ» ប៉ុន្តែធ្វើដូចម្ដេចឱ្យអ្នកដែលដើរតាមពួកគេដឹងថា ពួកគេគ្រាន់តែជាពួកទទឹងនឹងព្រះគ្រីស្ទ ដែលដឹកនាំមនុស្សឱ្យទាស់ទទឹងនឹងព្រះជាម្ចាស់? តើធ្វើម្ដេចឱ្យអ្នកដែលដើរតាមពួកគេដឹងថា ពួកគេជាវិញ្ញាណអាក្រក់ដ៏មានជីវិតដែលតាំងចិត្តលេបត្របាក់ព្រលឹងមនុស្សទៅ? អ្នកដែលលើកស្ទួយខ្លួនឯងឱ្យខ្ពង់ខ្ពស់ នៅចំពោះវត្តមានរបស់ព្រះជាម្ចាស់ គឺជាមនុស្សទាបថោកបំផុត ចំណែកអ្នកដែលគិតថាខ្លួនឯងទាបវិញ គឺជាអ្នកដែលមានកិត្តិយសបំផុត។ ហើយជាងនេះទៀត អ្នកដែលគិតថាពួកគេស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ និងអ្នកដែលមានសមត្ថភាព ក្នុងការប្រកាសប្រាប់ពីកិច្ចការរបស់ព្រះជាម្ចាស់ដល់អ្នកដទៃ ដោយសំឡេងឮៗ ទាំងក្នុងខណៈដែលពួកគេសម្លឹងមើលទៅទ្រង់ដោយផ្ទាល់ អ្នកទាំងនេះគឺជាមនុស្សល្ងង់ខ្លៅបំផុត។ មនុស្សបែបនេះ គេគ្មានទីបន្ទាល់ពីព្រះជាម្ចាស់ទេ តែក្រអឺតក្រទម និងពោរពេញដោយអំនួត។ អស់អ្នកណាដែលជឿថា ពួកគេមានចំណេះដឹងតិចតួចអំពីព្រះជាម្ចាស់ ទោះបីជាគេមានបទពិសោធ និងចំណេះដឹងជាក់ស្តែងអំពីទ្រង់ច្រើនក្តី គឺជាមនុស្សដែលទ្រង់សព្វព្រះទ័យបំផុត។ មានតែមនុស្សបែបនេះទេ ទើបមានទីបន្ទាល់ដ៏ពិតប្រាកដ ហើយពិតជាអាចត្រូវបានប្រោសឱ្យបានគ្រប់លក្ខណ៍ពីសំណាក់ព្រះជាម្ចាស់។ អស់អ្នកណាដែលមិនយល់អំពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ នោះគឺជាអ្នកប្រឆាំងទាស់នឹងព្រះជាម្ចាស់។ អស់អ្នកណាដែលយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ តែពុំបានអនុវត្តតាមសេចក្ដីពិត គឺជាអ្នកប្រឆាំងទាស់នឹងព្រះជាម្ចាស់។ អ្នកណាដែលហូប និងផឹកព្រះបន្ទូលព្រះជាម្ចាស់ តែប្រឆាំងទាស់នឹងសារជាតិនៃព្រះបន្ទូលព្រះជាម្ចាស់ អ្នកនោះជាអ្នកប្រឆាំងទាស់នឹងព្រះជាម្ចាស់។ អស់អ្នកណាដែលមានសញ្ញាណអំពីព្រះជាម្ចាស់ដែលយកកំណើតជាសាច់ឈាម ហើយមានគំនិតចូលរួមក្នុងការបះបោរ គឺជាអ្នកប្រឆាំងទាស់នឹងព្រះជាម្ចាស់។ អស់អ្នកណាដែលតិទៀនព្រះជាម្ចាស់ គឺជាអ្នកប្រឆាំងទាស់នឹងព្រះជាម្ចាស់។ ហើយអស់អ្នកណាដែលមិនអាចស្គាល់ព្រះជាម្ចាស់បាន ឬមិនអាចធ្វើជាទីបន្ទាល់សម្រាប់ទ្រង់បាន គឺជាអ្នកប្រឆាំងទាស់នឹងព្រះជាម្ចាស់។ ដូច្នេះ ខ្ញុំសុំលើកទឹកចិត្តអ្នករាល់គ្នា៖ ប្រសិនបើអ្នករាល់គ្នាពិតជាមានសេចក្តីជំនឿថា អ្នករាល់គ្នាអាចដើរតាមផ្លូវនេះបាន ចូរបន្តដើរតាមផ្លូវនេះចុះ។ ប៉ុន្តែ ប្រសិនបើអ្នករាល់គ្នាមិនអាចហាមខ្លួនឯងមិនឱ្យប្រឆាំងនឹងព្រះជាម្ចាស់បានទេ នោះអ្នកត្រូវតែដើរចេញឱ្យឆ្ងាយ មុនហួសពេល។ បើមិនដូច្នោះទេ ឱកាសដែលរឿងអាក្រក់ធ្លាក់មកលើអ្នក គឺមានខ្ពស់ណាស់ ពីព្រោះចរិតពីកំណើតរបស់អ្នករាល់គ្នាពិតជាពុករលួយខ្លាំងណាស់។ អ្នកគ្មានភាពស្មោះត្រង់ ឬការចុះចូល ឬចិត្តដែលស្រេកឃ្លានសេចក្តីសុចរិត និងសេចក្តីពិត ឬសេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់ សូម្បីតែបន្តិចសោះ។ គេអាចនិយាយបានថា ស្ថានភាពរបស់អ្នករាល់គ្នានៅចំពោះព្រះជាម្ចាស់ គឺពិតជាច្របូកច្របល់ខ្លាំងណាស់។ អ្នកមិនអាចគោរពតាមអ្វីដែលអ្នកគួរគោរពតាម និងមិនអាចនិយាយអ្វីដែលអ្នកគួរនិយាយ។ អ្វីដែលអ្នកគួរយកទៅអនុវត្ត អ្នកបែរជាមិនអាចអនុវត្តបាន។ ហើយមុខងារដែលអ្នកគួរតែបំពេញ អ្នកបែរជាមិនអាចបំពេញបាន។ អ្នកគ្មានភាពស្មោះត្រង់ គ្មានមនសិការ គ្មានការចុះចូល ឬការសម្រេចចិត្តដែលអ្នកគួរធ្វើនោះទេ។ អ្នកមិនបានស៊ូទ្រាំនឹងការរងទុក្ខដែលតម្រូវឱ្យឱ្យអ្នកស៊ូទ្រាំនោះឡើយ ហើយអ្នកគ្មានសេចក្តីជំនឿដែលអ្នកគួរតែមាន។ និយាយឱ្យចំទៅ អ្នករាល់គ្នាគ្មានគុណសម្បត្តិអ្វីទាំងអស់៖ តើអ្នករាល់គ្នាមិនខ្មាសអៀននឹងបន្តរស់នៅទេឬអី? ខ្ញុំសូមបញ្ជាក់ប្រាប់អ្នករាល់គ្នាថា យកល្អ អ្នកគួរបិទភ្នែករបស់អ្នកគេងឱ្យលក់ជារៀងរហូតទៅ ធ្វើដូច្នេះកុំឱ្យព្រះជាម្ចាស់ទ្រង់ព្រួយព្រះទ័យពីបញ្ហា និងទុក្ខវេទនារបស់អ្នករាល់គ្នា ដើម្បីជាប្រយោជន៍ដល់អ្នករាល់គ្នា។ អ្នករាល់គ្នាជឿលើព្រះជាម្ចាស់ តែមិនស្គាល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ អ្នកហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ តែមិនអាចគោរពតាមអ្វីដែលព្រះជាម្ចាស់ចង់បានពីមនុស្សឡើយ។ អ្នកជឿលើព្រះជាម្ចាស់ តែបែរជាមិនស្គាល់ទ្រង់ ហើយអ្នកបន្តរស់នៅដោយគ្មានគោលដៅ ដើម្បីតស៊ូសម្រេចឱ្យបាន គ្មានតម្លៃ និងគ្មានន័យអ្វីសោះឡើយ។ អ្នករស់នៅជាមនុស្ស តែបែរជាគ្មានសតិសម្បជញ្ញៈ គ្មានសុចរិតភាព ឬគ្មានភាពគួរឱ្យជឿជាក់សូម្បីតែបន្តិច តើអ្នករាល់គ្នានៅអាចហៅខ្លួនឯងថាជាមនុស្សបានទៀតឬអី? អ្នកជឿលើព្រះជាម្ចាស់ តែបែរជាបោកបញ្ឆោតទ្រង់។ ហើយលើសពីនេះទៅទៀត អ្នកយកប្រាក់កាសរបស់ព្រះជាម្ចាស់ និងតង្វាយដែលត្រូវបានថ្វាយដល់ទ្រង់។ តែនៅទីបញ្ចប់ អ្នកនៅតែមិនបានបង្ហាញនូវការគិតពិចារណាអំពីទឹកព្រះទ័យរបស់ព្រះជាម្ចាស់ ឬមានមនសិការចំពោះទ្រង់សូម្បីបន្តិច។ សូម្បីតែការចង់បានតិចតួចបំផុតរបស់ព្រះជាម្ចាស់ ក៏អ្នកមិនអាចធ្វើបានផង។ តើអ្នករាល់គ្នានៅអាចហៅខ្លួនឯងថាជាមនុស្សទៀតឬអី? ការបរិភោគអាហារដែលព្រះជាម្ចាស់ប្រទានដល់អ្នក និងការស្រូបយកអុកស៊ីហ្សែនដែលទ្រង់បានប្រទានដល់អ្នករាល់គ្នាដោយក្តីអំណរ និងព្រះគុណរបស់ទ្រង់ តែចុងក្រោយ សូម្បីបន្តិចក៏អ្នកមិនស្គាល់ទ្រង់ផង។ ផ្ទុយទៅវិញ អ្នកបានក្លាយជាមនុស្សឥតបានការ ដែលប្រឆាំងទាស់នឹងព្រះជាម្ចាស់។ តើការនេះមិនធ្វើឱ្យអ្នកក្លាយជាសត្វ ដែលទាបថោកជាងសត្វឆ្កែទេឬអី? ក្នុងចំណោមសត្វនានា តើមានសត្វណាមួយដែលសាហាវជាងអ្នករាល់គ្នាទៀតនោះ?

គ្រូគង្វាល និងមនុស្សចាស់ទុំដែលឈរនៅលើទីអាសនាខ្ពស់ៗដើម្បីបង្រៀនទៅដល់អ្នកដទៃ គឺជាអ្នកប្រឆាំងទាស់នឹងព្រះជាម្ចាស់ និងជាសម្ព័ន្ធមិត្តរបស់សាតាំង។ តើអ្នករាល់គ្នាដែលមិនឈរនៅលើទីអាសនាខ្ពស់ៗ ដើម្បីបង្រៀនដល់អ្នកដទៃ មិនមែនជាអ្នកប្រឆាំងទាស់នឹងព្រះជាម្ចាស់ខ្លាំងជាងគេទេឬអី? តើអ្នករាល់គ្នាមិនរួមគំនិតជាមួយសាតាំង ច្រើនជាងពួកគេទេឬអី? អ្នកដែលមិនយល់ពីគោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់ មិនដឹងពីរបៀបប្រតិបត្តិតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ។ ប្រាកដណាស់ អ្នកដែលយល់ច្បាស់ពីគោលបំណងនៃកិច្ចការរបស់ទ្រង់ មិនអាចមិនដឹងពីរបៀបប្រតិបត្តិតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់នោះទេ។ កិច្ចការរបស់ព្រះជាម្ចាស់មិនដែលមានកំហុសទេ មានតែសកម្មភាពរបស់មនុស្សប៉ុណ្ណោះដែលមានកំហុស។ តើមនុស្សអគុណធម៌ដែលប្រឆាំងទាស់នឹងព្រះជាម្ចាស់ដោយចេតនា ពួកគេមិនអាក្រក់ ហើយសាហាវជាងពួកគ្រូគង្វាល និងពួកចាស់ទុំទាំងនោះទេឬអី? មានមនុស្សជាច្រើនដែលប្រឆាំងទាស់នឹងព្រះជាម្ចាស់ ប៉ុន្តែក្នុងចំណោមពួកគេ ក៏មានវិធីខុសគ្នាជាច្រើន ដែលពួកគេប្រឆាំងទាស់នឹងព្រះជាម្ចាស់ផងដែរ។ ដោយសារតែអ្នកជឿព្រះជាម្ចាស់មានគ្រប់សណ្ឋាន ហេតុដូច្នេះ អ្នកប្រឆាំងទាស់នឹងព្រះជាម្ចាស់ ក៏មានគ្រប់សណ្ឋានដែរ មនុស្សម្នាក់ខុសពីមនុស្សម្នាក់ទៀត។ មនុស្សដែលមិនស្គាល់ច្បាស់ពីគោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់ គ្មាននរណាម្នាក់អាចបានសង្គ្រោះឡើយ។ កាលពីមុន មិនថាមនុស្សធ្លាប់បានប្រឆាំងទាស់នឹងព្រះជាម្ចាស់បែបណានោះទេ នៅពេលដែលមនុស្សចាប់ផ្ដើមយល់អំពីគោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់ ហើយលះបង់ការខិតខំរបស់ខ្លួនដើម្បីផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់ នោះព្រះជាម្ចាស់នឹងលាងសម្អាតបាបរបស់ពួកគេពីមុនមកទាំងអស់។ ដរាបណាមនុស្សស្វែងរកសេចក្តីពិត និងអនុវត្តតាមសេចក្តីពិត ពេលនោះ ព្រះជាម្ចាស់នឹងមិនចងចាំអ្វីដែលពួកគេបានប្រព្រឹត្តឡើយ។ លើសពីនេះទៅទៀត ព្រះជាម្ចាស់រាប់មនុស្សជាសុចរិត ដោយផ្អែកលើមូលដ្ឋាននៃការអនុវត្តតាមសេចក្តីពិតរបស់ពួកគេ។ នេះហើយគឺជាសេចក្តីសុចរិតរបស់ព្រះជាម្ចាស់។ មុនពេលដែលមនុស្សបានឃើញព្រះជាម្ចាស់ ឬឆ្លងកាត់កិច្ចការរបស់ទ្រង់ មិនថាមនុស្សធ្វើបែបណាចំពោះព្រះជាម្ចាស់ទេ ទ្រង់មិនទុកវានៅក្នុងព្រះទ័យទ្រង់ឡើយ។ ទោះយ៉ាងណាក៏ដោយ នៅពេលមនុស្សបានឃើញព្រះជាម្ចាស់ និងឆ្លងកាត់កិច្ចការរបស់ទ្រង់ ពេលនោះរាល់ទង្វើ និងសកម្មភាពរបស់មនុស្ស នឹងត្រូវបានព្រះជាម្ចាស់កត់ត្រាបញ្ចូលទៅក្នុង «ក្រាំង» ដ្បិតមនុស្សបានឃើញព្រះជាម្ចាស់ និងបានរស់នៅក្នុងកិច្ចការរបស់ទ្រង់។

នៅពេលដែលមនុស្សបានឃើញច្បាស់ថា ព្រះជាម្ចាស់ជានរណា និងមានអ្វីខ្លះ នៅពេលដែលពួកគេបានឃើញភាពឧត្តុង្គឧត្ដមរបស់ទ្រង់ ហើយនៅពេលដែលពួកគេបានដឹងច្បាស់ពីកិច្ចការរបស់ព្រះជាម្ចាស់ ហើយលើសពីនេះទៀត នៅពេលដែលនិស្ស័យចាស់របស់មនុស្ស ត្រូវបានបំផ្លាស់បំប្រែ នោះមនុស្សនឹងបោះបង់ចោលទាំងស្រុងនូវនិស្ស័យបះបោររបស់គេដែលប្រឆាំងទាស់នឹងព្រះជាម្ចាស់។ អាចនិយាយបានថា មនុស្សគ្រប់រូប មានពេលខ្លះប្រឆាំងទាស់នឹងព្រះជាម្ចាស់ ហើយនៅពេលខ្លះ មនុស្សគ្រប់រូប បានបះបោរប្រឆាំងនឹងព្រះជាម្ចាស់។ ទោះបីជាយ៉ាងណា ប្រសិនបើអ្នកមានចេតនាចុះចូលនឹងព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ហើយផ្គាប់ព្រះទ័យរបស់ព្រះជាម្ចាស់ចាប់ពីពេលនេះទៅ ដោយភាពស្មោះត្រង់របស់អ្នក ចូរអនុវត្តតាមសេចក្តីពិតដែលអ្នកគួរអនុវត្ត បំពេញភារកិច្ចដែលអ្នករាល់គ្នាគួរបំពេញ និងប្រព្រឹត្តតាមបទបញ្ជាដែលអ្នកគួរប្រព្រឹត្តតាម ពេលនោះអ្នកគឺជាមនុស្សម្នាក់ដែលសុខចិត្តលះបង់ចោលការបះបោររបស់អ្នក ដើម្បីផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់ និងជាមនុស្សម្នាក់ដែលព្រះជាម្ចាស់ប្រោសឱ្យគ្រប់លក្ខណ៍បាន។ ប្រសិនបើអ្នករាល់គ្នាចចេសរឹងរូស មិនព្រមមើលឃើញកំហុសរបស់ខ្លួន និងគ្មានបំណងកែប្រែខ្លួន ប្រសិនបើអ្នកនៅតែជម្នះ ចង់បន្តការបះបោររបស់អ្នក ដោយគ្មានបំណងចង់ប្រកបជាមួយព្រះជាម្ចាស់ និងផ្គាប់ព្រះហឫទ័យរបស់ទ្រង់ ដូច្នេះមនុស្សដែលមានចិត្តរឹងត្បឹង និងមិនចេះប្រែចិត្តដូចជាអ្នក ពិតជានឹងត្រូវទទួលទណ្ឌកម្មជាក់ជាមិនខាន ហើយក៏នឹងមិនដែលក្លាយជាមនុស្សដែលព្រះជាម្ចាស់ប្រោសឱ្យបានគ្រប់លក្ខណ៍ឡើយ។ ដូច្នេះ អ្នកគឺជាសត្រូវរបស់ព្រះជាម្ចាស់នៅថ្ងៃនេះ ហើយថ្ងៃស្អែក អ្នកនឹងក្លាយជាសត្រូវរបស់ព្រះជាម្ចាស់ដែរ ហើយអ្នកនឹងនៅតែបន្តក្លាយជាសត្រូវរបស់ព្រះជាម្ចាស់នៅថ្ងៃក្រោយទៀតដែរ។ អ្នករាល់គ្នានឹងក្លាយជាអ្នកប្រឆាំងទាស់ និងជាសត្រូវរបស់ព្រះជាម្ចាស់ជារៀងរហូត។ ក្នុងករណីនេះ តើព្រះជាម្ចាស់អាចលើកលែងទោសដល់អ្នករាល់គ្នាដូចម្តេចបាន? ការប្រឆាំងទាស់នឹងព្រះជាម្ចាស់ ជាចរិតរបស់មនុស្សតាំងពីកំណើត ប៉ុន្ដែមនុស្សមិនបាច់មានចេតនាស្វែងយល់ពី «អាថ៌កំបាំង» នៃការប្រឆាំងទាស់នឹងព្រះជាម្ចាស់នោះទេ ដ្បិតការផ្លាស់ប្តូរចរិតលក្ខណៈរបស់មនុស្ស គឺជាកិច្ចការដែលពិបាកបំផុត។ ប្រសិនបើដូច្នោះមែន នោះអ្នកគួរតែដើរចេញឱ្យឆ្ងាយ មុនហួសពេល ក្រែងលោការវាយផ្ចាលរបស់អ្នកនាពេលអនាគត កាន់តែធ្ងន់ធ្ងរ ហើយក្រែងលោចរិតធម្មជាតិដ៏កាចសាហាវរបស់អ្នករាល់គ្នាផ្ទុះឡើង និងមិនអាចគ្រប់គ្រងបាន រហូតរាងកាយខាងសាច់ឈាមរបស់អ្នក ត្រូវព្រះជាម្ចាស់កម្ចាត់ចោលនៅទីចុងបំផុតទៅ។ អ្នកជឿលើព្រះជាម្ចាស់ដើម្បីទទួលបានព្រះពរ។ ប៉ុន្តែ ប្រសិនបើនៅទីបំផុត មានតែសំណាងអាក្រក់ដែលកើតឡើងចំពោះអ្នក តើនោះមិនមែនជាការអាម៉ាស់ទេឬអី? ខ្ញុំសុំលើកទឹកចិត្តអ្នករាល់គ្នាចុះ យកល្អ អ្នកត្រូវរៀបចំផែនការមួយទៀត។ អ្វីក៏ដោយដែលអ្នកអាចធ្វើបាន មុខជាល្អប្រសើរជាងការជឿលើព្រះជាម្ចាស់៖ ប្រាកដណាស់ ផ្លូវមិនមែនមានតែមួយនេះទេ។ ប្រសិនបើអ្នកមិនបានស្វែងរកសេចក្តីពិតទេ តើអ្នកនឹងមិនអាចបន្តរស់រាន្តបានទៀតទេឬអី? ហេតុអ្វីបានជាអ្នកត្រូវតែប្រឆាំងនឹងព្រះជាម្ចាស់យ៉ាងដូច្នេះ?

ដកស្រង់ពី «មនុស្សគ្រប់គ្នាដែលមិនស្គាល់ព្រះជាម្ចាស់ គឺជាមនុស្សដែលប្រឆាំងទាស់នឹងព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ចែក​រំលែក

លុប​ចោល