ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការស្គាល់ព្រះជាម្ចាស់ | សម្រង់សម្ដីទី ១២៣
14-05-2021
ដំណាក់កាលទីពីរ៖ ការធំធាត់ឡើង
ដោយអាស្រ័យលើប្រភេទនៃក្រុមគ្រួសារដែលពួកគេកើតមកជាមួយ មនុស្សធំធាត់ឡើងនៅក្នុងមជ្ឈដ្ឋានគ្រួសារខុសៗគ្នា និងរៀនមេរៀនផ្សេងៗគ្នាចេញពីឪពុកម្ដាយរបស់គេ។ កត្តាទាំងនេះកំណត់នូវលក្ខខណ្ឌនៃការលូតលាស់រហូតដល់ពេញវ័យដែលបុគ្គលម្នាក់មាន ហើយការធំធាត់ឡើង គឺជាដំណាក់កាលដ៏សំខាន់ទីពីរនៃជីវិតរបស់មនុស្សម្នាក់។ ពិតណាស់ នៅដំណាក់កាលនេះ មនុស្សគ្មានជម្រើសឡើយ ព្រោះវាក៏ត្រូវបានរៀបចំទុកជាមុន និងមិនប្រែប្រួលផងដែរ។
១. ព្រះអាទិករបានរៀបចំលក្ខខណ្ឌថេរសម្រាប់ការលូតលាស់ពេញវ័យរបស់មនុស្សម្នាក់ៗ
បុគ្គលម្នាក់មិនអាចជ្រើសរើសមនុស្ស ព្រឹត្តិការណ៍ ឬអ្វីៗដែលពួកគេចង់ឲ្យមានឥទ្ធិពល ឬកសាងលើជីវិតរបស់គេ នៅពេលដែលពួកគេធំធាត់បានឡើយ។ គេមិនអាចជ្រើសរើសចំណេះដឹង ឬជំនាញដែលខ្លួនត្រូវមាន ឬទម្លាប់ដែលគេត្រូវបង្កើតនោះឡើយ។ គេមិនអាចជ្រើសរើសឪពុកម្ដាយ និងសាច់ញាតិបងប្អូនរបស់ខ្លួន ឬប្រភេទនៃមជ្ឈដ្ឋានដែលខ្លួនត្រូវលូតលាស់នោះទេ។ ទំនាក់ទំនងរបស់គេជាមួយមនុស្ស ព្រឹត្តិការណ៍ និងអ្វីៗនៅក្នុងមជ្ឈដ្ឋានរបស់គេ និងរបៀបដែលវាជះឥទ្ធិពលលើការអភិវឌ្ឍរបស់គេ សុទ្ធតែលើសពីដែនគ្រប់គ្រងរបស់គេ។ បើដូច្នេះ តើនរណាជាអ្នកសម្រេចអំពីកិច្ចការទាំងនេះទៅ? តើនរណាជាអ្នករៀបចំវាទៅ? ដោយសារតែមនុស្សគ្មានជម្រើសនៅក្នុងកិច្ចការនេះ ដោយសារតែពួកគេមិនអាចសម្រេចរឿងទាំងនេះបានដោយខ្លួនឯង និងដោយសារតែពួកគេមើលឃើញមិនច្បាស់អំពីអនាគតរបស់គេនឹងទៅជាយ៉ាងណា ដូច្នេះ គឺអាចនិយាយបានថា ការរៀបចំចាត់ចែងមនុស្ស ព្រឹត្តិការណ៍ និងអ្វីៗទាំងអស់នេះសុទ្ធតែស្ថិតនៅក្នុងព្រះហស្តរបស់ព្រះអាទិករ។ ពិតប្រាកដណាស់ ដូចដែលព្រះអាទិកររៀបចំកាលៈទេសៈជាក់លាក់សម្រាប់គ្រប់កំណើតរបស់មនុស្សជាយ៉ាងណា ទ្រង់ក៏រៀបចំកាលៈទេសៈជាក់លាក់ដែលមនុស្សម្នាក់ត្រូវលូតលាស់ជាយ៉ាងនោះដែរ។ ប្រសិនបើកំណើតរបស់មនុស្សម្នាក់នាំមកនូវការផ្លាស់ប្ដូរទៅកាន់មនុស្ស ព្រឹត្តិការណ៍ និងអ្វីៗដែលនៅជុំវិញពួកគេ នោះការលូតលាស់ និងការអភិវឌ្ឍរបស់មនុស្សនោះក៏នឹងជះឥទ្ធិពលលើការទាំងនេះផងដែរ។ ឧទាហរណ៍ មនុស្សខ្លះកើតមកនៅក្នុងក្រុមគ្រួសារក្រីក្រ ប៉ុន្តែធំធាត់ឡើងហ៊ុមព័ទ្ធដោយទ្រព្យសម្បត្តិ ឯអ្នកផ្សេងទៀតកើតមកនៅក្នុងក្រុមគ្រួសារមានទ្រព្យសម្បត្តិហូរហៀរ ប៉ុន្តែ ធ្វើឲ្យទ្រព្យសម្បត្តិគ្រួសាររបស់គេរលាយបាត់ទៅ ដូច្នេះ ពួកគេធំធាត់ឡើងនៅក្នុងមជ្ឈដ្ឋានក្រីក្រ។ គ្មានកំណើតរបស់មនុស្សណាម្នាក់ត្រូវបានគ្រប់គ្រងដោយក្បួនច្បាប់មួយថេរឡើយ ហើយក៏គ្មាននរណាម្នាក់ធំធាត់ឡើងនៅក្រោមកាលៈទេសៈមួយថេរ ដែលចៀសមិនផុតនោះដែរ។ ទាំងនេះមិនមែនជារឿងដែលមនុស្សម្នាក់អាចស្រមើស្រមៃ ឬគ្រប់គ្រងបានឡើយ ដ្បិតអ្វីៗទាំងនោះជាលទ្ធផលកើតចេញពីជោគវាសនារបស់គេ និងត្រូវបានកំណត់ដោយជោគវាសនារបស់គេ។ ពិតប្រាកដណាស់ ចំពោះឫសគល់របស់គេ អ្វីៗទាំងនេះត្រូវបានកំណត់ទុកដោយជោគវាសនាដែលព្រះអាទិករបានកំណត់សម្រាប់មនុស្សម្នាក់ៗ។ អ្វីៗទាំងនោះត្រូវបានកំណត់ទុក ដោយព្រះអាទិករដែលមានអធិបតីភាពលើជោគវាសនារបស់គេ និងដោយផែនការរបស់ទ្រង់។
២. កាលៈទេសៈផ្សេងៗដែលមនុស្សធំធាត់ឡើង បង្កើតឲ្យមានតួនាទីខុសៗគ្នា
កាលៈទេសៈនៃកំណើតរបស់មនុស្សម្នាក់ បង្កើតជាកម្រិតមូលដ្ឋាននៃបរិយាកាស និងកាលៈទេសៈ ដែលពួកគេត្រូវលូតលាស់ឡើង ហើយកាលៈទេសៈដែលមនុស្សម្នាក់លូតលាស់ឡើង ក៏ជាលទ្ធផលចេញពីកាលៈទេសៈនៃកំណើតរបស់គេផងដែរ។ ក្នុងអំឡុងពេលនេះ មនុស្សម្នាក់ចាប់ផ្ដើមរៀនភាសា ហើយគំនិតរបស់គេចាប់ផ្ដើមជួបប្រទះ និងយល់នូវរឿងថ្មីៗជាច្រើន ហើយនេះជាដំណើរការមួយនៅក្នុងអំឡុងពេលដែលមនុស្សម្នាក់កំពុងតែលូតលាស់ឡើង។ អ្វីៗដែលមនុស្សម្នាក់ស្ដាប់ឮនឹងត្រចៀក មើលឃើញនឹងភ្នែក និងក្រេបជញ្ជក់ដោយគំនិតរបស់គេ បន្ដិចម្ដងៗ វានឹងបំពេញ ហើយផ្ដល់ជីវិតដល់ពិភពខាងក្នុងរបស់មនុស្សម្នាក់។ មនុស្ស ព្រឹត្តិការណ៍ និងអ្វីៗដែលបុគ្គលម្នាក់មានទំនាក់ទំនងជាមួយ រួមទាំងសុភនិច្ឆ័យ ចំណេះដឹង និងជំនាញដែលគេរៀន ហើយនិងរបៀបគិតដែលជះឥទ្ធិពលលើគេ តាមរយៈការបណ្តុះគំនិត ឬការរៀនសូត្រ ទាំងអស់នេះនឹងដឹកនាំ ហើយជះឥទ្ធិពលលើជោគវាសនានៅក្នុងជីវិតរបស់មនុស្ស។ ភាសាដែលមនុស្សម្នាក់រៀននៅពេលដែលគេធំធាត់ឡើង និងរបៀបគិតរបស់គេ មិនអាចដាច់ចេញពីមជ្ឈដ្ឋានដែលបុគ្គលម្នាក់ចំណាយពេលនៅក្នុងពេលយុវវ័យរបស់គេបានឡើយ ហើយមជ្ឈដ្ឋាននោះរួមមាន ឪពុកម្ដាយ និងបងប្អូនបង្កើត និងមនុស្ស ព្រឹត្តិការណ៍ និងអ្វីៗផ្សេងទៀតដែលនៅជុំវិញពួកគេ។ ដូច្នេះ ដំណើរផ្លូវនៃការអភិវឌ្ឍរបស់មនុស្សត្រូវបានកំណត់ដោយមជ្ឈដ្ឋានដែលមនុស្សម្នាក់លូតលាស់នៅខាងក្នុង ហើយក៏អាស្រ័យលើមនុស្ស ព្រឹត្តិការណ៍ និងអ្វីៗដែលមនុស្សម្នាក់មានទំនាក់ទំនងជាមួយក្នុងអំឡុងពេលនេះផងដែរ។ ដោយសារតែលក្ខខណ្ឌដែលមនុស្សម្នាក់លូតលាស់ឡើង ត្រូវបានកំណត់ទុកជាមុនយូរមកហើយ ដូច្នេះ មជ្ឈដ្ឋានដែលមនុស្សម្នាក់រស់នៅ ក្នុងអំឡុងនៃដំណើរការនេះក៏ត្រូវបានកំណត់ទុកជាមុនផងដែរ។ វាមិនត្រូវបានសម្រេច ដោយការជ្រើសរើស និងចំណង់ចំណូលចិត្តរបស់មនុស្សឡើយ ប៉ុន្តែស្របតាមផែនការរបស់ព្រះអាទិករ ការរៀបចំចាត់ចែងដ៏ប្រុងប្រយ័ត្នរបស់ព្រះអាទិករ និងអធិបតីភាពរបស់ទ្រង់លើជោគវាសនាជីវិតរបស់បុគ្គលម្នាក់។ ដូច្នេះ មនុស្សដែលគេត្រូវជួបនៅក្នុងដំណើរផ្លូវនៃការលូតលាស់ និងអ្វីៗដែលគេមានទំនាក់ទំនងជាមួយ សុទ្ធតែត្រូវបានផ្សារភ្ជាប់ជាមួយការរៀបចំ និងការចាត់ចែងរបស់ព្រះអាទិករ។ មនុស្សមិនអាចដឹងមុនអំពីភាពទាក់ទងគ្នាដ៏ស្មុគស្មាញទាំងនេះ ហើយក៏មិនអាចគ្រប់គ្រង ឬវាស់ស្ទង់វាបានដែរ។ រឿងរ៉ាវជាច្រើន និងមនុស្សខុសៗគ្នា សុទ្ធតែមានភាពទាក់ទងគ្នានឹងមជ្ឈដ្ឋានដែលបុគ្គលម្នាក់ត្រូវលូតលាស់ឡើង ហើយគ្មានមនុស្សណាម្នាក់មានសមត្ថភាពរៀបចំ ឬចាត់ចែងសំណាញ់នៃភាពទាក់ទងគ្នាដ៏ស្អេកស្កះនេះបានឡើយ។ ក្រៅពីព្រះអាទិករ គ្មាននរណាម្នាក់ ឬអ្វីមួយអាចគ្រប់គ្រងលើការលេចមករបស់មនុស្ស កិច្ចការ និងព្រឹត្តិការណ៍ ហើយពួកគេក៏មិនអាចគ្រប់គ្រងលើការទាំងនេះ ឬគ្រប់គ្រងលើការបាត់ទៅវិញរបស់វាបានដែរ ហើយវាដូចជាសំណាញ់ដ៏ធំនៃភាពទាក់ទងគ្នា ដែលកែខៃដល់ការអភិវឌ្ឍរបស់មនុស្ស ដែលត្រូវបានកំណត់ទុកដោយព្រះអាទិករ ហើយបង្កើតឲ្យមានមជ្ឈដ្ឋានផ្សេងៗ ដែលមនុស្សត្រូវលូតលាស់ឡើង។ វាជាអ្វីមួយដែលបង្កើតឲ្យមានតួនាទីដ៏ចាំបាច់ផ្សេងៗសម្រាប់កិច្ចការនៃការគ្រប់គ្រងរបស់ព្រះអាទិករ ដែលជាការចាក់គ្រឹះមូលដ្ឋានដ៏រឹងមាំ ដើម្បីឲ្យមនុស្សបំពេញបេសកកម្មរបស់គេប្រកបដោយជោគជ័យ។
ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ III» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
ប្រភេទវីដេអូផ្សេងទៀត