ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការស្គាល់ព្រះជាម្ចាស់ | សម្រង់​សម្ដីទី ១២៥

10-05-2021

ដំណាក់កាលទីបួន៖ ជីវិតអាពាហ៍ពិពាហ៍

នៅពេលដែលមនុស្សម្នាក់មានអាយុកាន់តែច្រើន ហើយពេញវ័យ គេកាន់តែឃ្លាតឆ្ងាយចេញពីឪពុកម្ដាយ និងមជ្ឈដ្ឋានដែលគេបានកើត និងធំដឹងក្ដី ហើយផ្ទុយទៅវិញ គេចាប់ផ្ដើមស្វែងរកទិសដៅមួយនៅក្នុងជីវិត និងបន្តដេញតាមគោលដៅជីវិតរបស់គេផ្ទាល់នៅក្នុងរបៀបមួយដែលខុសពីឪពុកម្ដាយរបស់គេ។ ក្នុងអំឡុងពេលនេះ គេលែងត្រូវការឪពុកម្ដាយរបស់គេទៀតហើយ ប៉ុន្តែបែរជាត្រូវការដៃគូម្នាក់ដែលគេអាចចំណាយពេលវេលាពេញមួយជីវិតរបស់គេជាមួយ ហើយនោះគឺជាស្វាមី ឬភរិយា ជាបុគ្គលម្នាក់ដែលមានជោគវាសនាជំពាក់ជំពិនជាមួយគ្នា។ ដូច្នេះ ព្រឹត្តិការណ៍ជីវិតដ៏ធំទីមួយក្រោយឯករាជ្យភាព គឺជាជីវិតអាពាហ៍ពិពាហ៍ ដែលជាដំណាក់កាលទីបួនដែលមនុស្សត្រូវតែឆ្លងកាត់។

១. ជម្រើសរបស់មនុស្សមិនពាក់ព័ន្ធនឹងជីវិតអាពាហ៍ពិពាហ៍ឡើយ

អាពាហ៍ពិពាហ៍ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងជីវិតរបស់មនុស្សគ្រប់រូប។ វាជាពេលវេលាមួយដែលមនុស្សម្នាក់ចាប់ផ្ដើមរ៉ាប់រងនូវការទទួលខុសត្រូវជាច្រើនប្រភេទ ហើយបន្តិចម្ដងៗ គេក៏ចាប់ផ្ដើមសម្រេចបេសកកម្មផ្សេងៗដែរ។ មនុស្សមានគំនិតខុសឆ្គងជាច្រើនអំពីអាពាហ៍ពិពាហ៍ មុនពេលពួកគេដកពិសោធន៍ដោយខ្លួនឯង ហើយគំនិតស្រមើស្រមៃទាំងអស់នេះស្រស់ស្អាតខ្លាំងណាស់។ ស្ត្រីៗស្រមៃថា បុរសរបស់គេនឹងជាព្រះអង្គម្ចាស់ដ៏មានមន្តស្នេហ៍ ហើយបុរសៗវិញស្រមៃថា ពួកគេនឹងរៀបការជាមួយព្រះនាងព្រិលស។ គំនិតរវើរវាយទាំងនេះបន្តបង្ហាញថា មនុស្សគ្រប់រូបមាននូវលក្ខខណ្ឌមួយចំនួនសម្រាប់ការរៀបអាពាហ៍ពិពាហ៍ ដែលជាការទាមទារចង់បាន និងបទដ្ឋានរបស់គេផ្ទាល់។ សូម្បីតែនៅក្នុងសម័យដ៏អាក្រក់នេះក៏ដោយ ក៏មនុស្សបានទទួលនូវគំនិតជាច្រើនទាក់ទងនឹងសារបែបបំភ្លៃអំពីអាពាហ៍ពិពាហ៍ ដែលបង្កើតឲ្យមានលក្ខខណ្ឌទាមទារកាន់តែច្រើន និងផ្ដល់ឲ្យមនុស្សមានអារម្មណ៍គ្រប់ប្រភេទ និងឥរិយាបថប្លែកៗដែរ ប៉ុន្តែ អស់អ្នកដែលបានដកពិសោធន៍ជីវិតអាពាហ៍ពិពាហ៍ដោយផ្ទាល់ដឹងថា មិនថាមនុស្សម្នាក់យល់បែបណាអំពីវា មិនថាគេមានឥរិយាបថបែបណាអំពីវាឡើយ ជីវិតអាពាហ៍ពិពាហ៍មិនមែនជាជម្រើសមួយរបស់មនុស្សឡើយ។

មនុស្សម្នាក់ជួបនូវមនុស្សជាច្រើននាក់នៅក្នុងជីវិតរបស់គេ ប៉ុន្តែ គ្មាននរណាម្នាក់ដឹងថា នរណានឹងក្លាយជាដៃគូជីវិតរបស់ខ្លួននៅក្នុងជីវិតអាពាហ៍ពិពាហ៍ឡើយ។ ទោះបីមនុស្សគ្រប់រូបមានគំនិត និងគោលជំហរផ្ទាល់ខ្លួនអំពីប្រធានបទនៃជីវិតអាពាហ៍ពិពាហ៍ក៏ដោយ ក៏គ្មាននរណាម្នាក់អាចមើលឃើញជាមុនថា ចុងក្រោយ នរណានឹងក្លាយជាដៃគូជីវិតរបស់គេដ៏ពិតប្រាកដនោះដែរ ដូចនេះ គំនិតផ្ទាល់ខ្លួនរបស់គេអំពីរឿងនេះ មានតម្លៃតិចតួចណាស់។ ក្រោយពេលជួបមនុស្សដែលអ្នកចូលចិត្ត អ្នកអាចដេញតាមបុគ្គលនោះ ប៉ុន្តែមិនថាពួកគេចាប់អារម្មណ៍លើអ្នកវិញ មិនថាពួកគេអាចក្លាយជាដៃគូជីវិតរបស់អ្នក ឬក៏អត់នោះទេ គឺវាមិនមែនជាការសម្រេចចិត្តរបស់អ្នកឡើយ។ កម្មវត្ថុនៃសេចក្តីស្រឡាញ់របស់អ្នកមិនចាំបាច់ជាបុគ្គលម្នាក់ដែលអ្នកនឹងអាចចែករំលែកជីវិតរបស់អ្នកជាមួយឡើយ។ ហើយនៅគ្រាបច្ចុប្បន្ន មនុស្សម្នាក់ដែលអ្នកមិនធ្លាប់បានរំពឹងទុក ក៏អាចចូលក្នុងជីវិតរបស់អ្នកស្ងាត់ៗ ហើយក្លាយជាដៃគូជីវិតរបស់អ្នក គេក្លាយជាបុគ្គលដ៏សំខាន់បំផុតនៅក្នុងវាសនារបស់អ្នក គេជាជីវិតពាក់កណ្ដាលទៀតរបស់អ្នក ព្រោះថាជោគវាសនារបស់អ្នកត្រូវបានចងជំពាក់ជាមួយនឹងគេនោះ។ ដូច្នេះ ទោះបីមានអាពាហ៍ពិពាហ៍រាប់លានគូនៅក្នុងពិភពលោកក៏ដោយ ក៏អាពាហ៍ពិពាហ៍នីមួយៗមានលក្ខណៈខុសគ្នាដែរ៖ មានជីវិតអាពាហ៍ពិពាហ៍យ៉ាងច្រើនដែលមានការមិនពេញចិត្តចំពោះគ្នា ហើយអាពាហ៍ពិពាហ៍ជាច្រើនទៀតក៏សប្បាយចិត្ត។ ទិសខាងកើតនៅឆ្ងាយពីទិសខាងលិចយ៉ាងណា ទិសខាងជើង ក៏មានចម្ងាយសែនឆ្ងាយពីទិសខាងត្បូងយ៉ាងនោះដែរ។ មានមនុស្សយ៉ាងច្រើនដែលជាការចាប់គូយ៉ាងល្អឥតខ្ចោះ ហើយដៃគូជាច្រើនក៏ចេញមកពីវណ្ណៈសង្គមស្មើគ្នាដែរ។ មនុស្សជាច្រើនរស់នៅយ៉ាងរីករាយ និងចុះសម្រុងនឹងគ្នា ហើយក៏មានមនុស្សជាច្រើនទៀតរស់នៅយ៉ាងឈឺចាប់ និងពេញដោយទុក្ខសោកដែរ។ មនុស្សជាច្រើនមានចិត្តច្រណែនចំពោះអ្នកដទៃ ហើយក៏មានមនុស្សជាច្រើនទៀតមានការយល់ច្រឡំ និងខឹងចំពោះគ្នាដែរ។ មានមនុស្សជាច្រើនពេញដោយសេចក្តីអំណរ ហើយក៏មានមនុស្សជាច្រើនមានពេញដោយទឹកភ្នែក និងការអស់សង្ឃឹមដែរ... នៅក្នុងជីវិតអាពាហ៍ពិពាហ៍ជាច្រើនប្រភេទរាប់មិនអស់ទាំងនេះ មនុស្សបើកសម្ដែងពីចិត្តស្វាមីភក្ដិ និងការប្ដេជ្ញាចិត្តដ៏យូរអង្វែងចំពោះអាពាហ៍ពិពាហ៍ ហើយពួកគេក៏បើកសម្ដែងពីសេចក្តីស្រឡាញ់ ការផ្សារភ្ជាប់ និងការមិនអាចដាច់ចេញពីគ្នា ឬភាពអត់ធ្មត់ និងការមិនយល់គ្នាផងដែរ។ អ្នកខ្លះក្បត់ដៃគូអាពាហ៍ពិពាហ៍របស់ខ្លួន ឬថែមទាំងមានអារម្មណ៍ស្អប់ចំពោះដៃគូខ្លួនទៀតផង។ មិនថាអាពាហ៍ពិពាហ៍មួយនាំមកនូវសុភមង្គល ឬការឈឺចាប់ឡើយ ប៉ុន្តែ បេសកកម្មរបស់មនុស្សគ្រប់គ្នានៅក្នុងជីវិតអាពាហ៍ពិពាហ៍ ត្រូវបានកំណត់ទុកជាមុន ដោយព្រះអាទិករ ហើយវានឹងមិនផ្លាស់ប្ដូរឡើយ។ បេសកកម្មរបស់គេគឺជាអ្វីមួយដែលមនុស្សគ្រប់គ្នាត្រូវតែបំពេញ។ ជោគវាសនារបស់មនុស្សម្នាក់ៗដែលបង្កប់នៅពីក្រោយជីវិតអាពាហ៍ពិពាហ៍គ្រប់រូប គឺមិនអាចផ្លាស់ប្ដូរបានឡើយ ព្រោះថាវាត្រូវបានកំណត់ទុកជាមុនយ៉ាងយូរ ដោយព្រះអាទិកររួចទៅហើយ។

២. អាពាហ៍ពិពាហ៍កើតចេញពីជោគវាសនារបស់ដៃគូទាំងពីរ

អាពាហ៍ពិពាហ៍ គឺជាដំណាក់កាលដ៏សំខាន់មួយនៅក្នុងជីវិតរបស់មនុស្សម្នាក់។ វាជាផលកើតចេញពីជោគវាសនារបស់មនុស្ស និងជាតំណដ៏សំខាន់ដែលភ្ជាប់ទៅនឹងជោគវាសនារបស់គេ។ អាពាហ៍ពិពាហ៍នេះមិនត្រូវបានបង្កើតឡើងចេញពីឆន្ទៈ ឬចំណង់ចំណូលចិត្តរបស់បុគ្គលណាម្នាក់ ហើយក៏មិនរងឥទ្ធិពល ដោយកត្តាផ្សេងៗខាងក្រៅពីនោះដែរ ប៉ុន្តែវាត្រូវបានចារទុកទាំងស្រុង ដោយជោគវាសនារបស់ដៃគូទាំងពីរ តាមរយៈការរៀបចំ និងការកំណត់ទុកជាមុនរបស់ព្រះអាទិករសម្រាប់ជោគវាសនារបស់ដៃគូទាំងពីរ។ នៅផ្ទៃខាងលើ គោលបំណងនៃអាពាហ៍ពិពាហ៍ គឺដើម្បីបន្តពូជសាសន៍ជាមនុស្ស ប៉ុន្តែនៅក្នុងសេចក្តីពិតវិញ អាពាហ៍ពិពាហ៍គឺគ្មានអ្វីក្រៅពីជាពិធីមួយដែលមនុស្សម្នាក់ត្រូវឆ្លងកាត់នៅក្នុងដំណើរការនៃការបំពេញបេសកកម្មរបស់មនុស្សម្នាក់ឡើយ។ នៅក្នុងជីវិតអាពាហ៍ពិពាហ៍ មនុស្សមិនគ្រាន់តែដើរតួនាទីនៃការចិញ្ចឹមអប់រំមនុស្សជំនាន់ក្រោយប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏ត្រូវប្រើគ្រប់ទាំងតួនាទីផ្សេងៗដែលពាក់ព័ន្ធ ដើម្បីថែរក្សាអាពាហ៍ពិពាហ៍ និងបេសកកម្ម ដែលតម្រូវឲ្យប្រើតួនាទីទាំងនោះ ដើម្បីសម្រេចដែរ។ ដោយសារតែកំណើតរបស់មនុស្សម្នាក់ជះឥទ្ធិពលឲ្យមានការផ្លាស់ប្ដូរដែលបានកើតឡើងដោយមនុស្ស ព្រឹត្តិការណ៍ និងវត្ថុដែលនៅជុំវិញវា ដូច្នេះ ជីវិតអាពាហ៍ពិពាហ៍របស់មនុស្សម្នាក់ក៏នឹងជះឥទ្ធិពលលើមនុស្ស ព្រឹត្តិការណ៍ និងវត្ថុផ្សេងៗដោយចៀសមិនផុតឡើយ ហើយលើសពីនេះ វាក៏នឹងបំផ្លាស់បំប្រែអ្វីៗទាំងអស់នោះទៅតាមរបៀបផ្សេងៗដែរ។

នៅពេលដែលមនុស្សម្នាក់បានឯករាជ្យ គេចាប់ផ្ដើមដំណើរជីវិតរបស់គេផ្ទាល់ ដែលមួយជំហានម្ដងៗ វានាំគេឆ្ពោះទៅរកមនុស្ស ព្រឹត្តិការណ៍ និងវត្ថុផ្សេងៗដែលមានការផ្សារភ្ជាប់ទៅនឹងអាពាហ៍ពិពាហ៍របស់គេ។ ស្របពេលជាមួយគ្នានោះ ភាគីម្ខាងទៀតដែលនឹងក្លាយជាដៃគូជីវិតអាពាហ៍ពិពាហ៍នោះ ក៏កំពុងតែ ខិតចូលឆ្ពោះទៅរកមនុស្ស ព្រឹត្តិការណ៍ និងវត្ថុដូចគ្នានោះមួយជំហានម្ដងៗដែរ។ នៅក្រោមអធិបតេយ្យភាពរបស់ព្រះអាទិករ មនុស្សពីរនាក់ដែលគ្មានទំនាក់ទំនងនឹងគ្នាសោះ តែមានជោគវាសនាពាក់ព័ន្ធគ្នា ចូលទៅក្នុងអាពាហ៍ពិពាហ៍តែមួយបន្ដិចម្ដងៗ ហើយដោយការអស្ចារ្យ ក៏ក្លាយជាក្រុមគ្រួសារមួយ៖ «សត្វកណ្ដូបពីរក្បាលកំពុងតោងជាប់នឹងខ្សែពួរតែមួយ។» ដូច្នេះ នៅពេលដែលមនុស្សម្នាក់ចូលទៅក្នុងជីវិតអាពាហ៍ពិពាហ៍ ដំណើរជីវិតរបស់គេនឹងជះឥទ្ធិពល និងប៉ះពាល់ដល់ជីវិតរបស់ដៃគូម្ខាងទៀត ហើយដំណើរជីវិតដៃគូរបស់គេក៏នឹងជះឥទ្ធិពល និងប៉ះពាល់លើជោគវាសនាជីវិតរបស់គេដូចគ្នាដែរ។ អាចនិយាយម្យ៉ាងទៀតបានថា ជោគវាសនារបស់មនុស្សមានភាពផ្សារភ្ជាប់គ្នាទៅវិញទៅមក ហើយគ្មាននរណាម្នាក់អាចសម្រេចបេសកកម្មជីវិតរបស់គេ ឬបំពេញតួនាទីរបស់ខ្លួននៅក្នុងភាពឯករាជ្យទាំងស្រុងពីគ្នានោះឡើយ។ កំណើតរបស់មនុស្សម្នាក់មានភាពជាប់ទាក់ទងនៅលើច្រវាក់ដ៏ធំមួយនៃទំនាក់ទំនង។ ការលូតលាស់ដឹងក្ដីក៏ពាក់ព័ន្ធនឹងច្រវាក់ដ៏ស្មុគស្មាញនៃទំនាក់ទំនងនេះដែរ។ ហើយស្រដៀងគ្នានេះដែរ អាពាហ៍ពិពាហ៍កើតមានឡើងដោយចៀសមិនផុតឡើយ ហើយក៏ត្រូវបានថែរក្សានៅក្នុងសំណាញ់ដ៏ធំល្វឹងល្វើយ និងស្មុគស្មាញនៃបណ្ដាញទំនាក់ទំនងរបស់មនុស្ស ដែលពាក់ព័ន្ធនឹងសមាជិកទាំងអស់នៃសំណាញ់នោះ ហើយវាជះឥទ្ធិពលទៅលើជោគវាសនារបស់មនុស្សគ្រប់រូបដែលជាផ្នែកមួយនៃសំណាញ់នោះ។ អាពាហ៍ពិពាហ៍មិនមែនជាលទ្ធផលដែលកើតចេញពីសមាជិកក្រុមគ្រួសារទាំងសងខាង កាលៈទេសៈដែលពួកគេបានធំធាត់ឡើង រូបរាងរបស់ពួកគេ អាយុរបស់ពួកគេ គុណសម្បត្តិរបស់ពួកគេ ទេពកោសល្យរបស់ពួកគេ ឬកត្តាណាផ្សេងនោះឡើយ ផ្ទុយទៅវិញ វាកើតឡើងចេញពីបេសកកម្មរួមមួយ និងជោគវាសនាដែលពាក់ព័ន្ធគ្នា។ នេះហើយគឺជាប្រភពដើមនៃអាពាហ៍ពិពាហ៍ ជាលទ្ធផលនៃជោគវាសនារបស់មនុស្ស ដែលត្រូវបានចាត់ចែង និងរៀបចំ ដោយព្រះអាទិករ។

ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ III» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

Leave a Reply

ចែក​រំលែក

លុប​ចោល