ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការស្គាល់ព្រះជាម្ចាស់ | សម្រង់​សម្ដីទី ១២៦

14-05-2021

ដំណាក់កាលទីប្រាំ៖ ការបង្កើតកូនចៅ

បន្ទាប់ពីរៀបការរួច មនុស្សម្នាក់ចាប់ផ្ដើមចិញ្ចឹមបីបាច់មនុស្សជំនាន់ក្រោយ។ គេគ្មានសិទ្ធិសម្រេចចិត្តអំពីកូនចំនួនប៉ុន្មាននាក់ និងកូនប្រភេទណាដែលគេចង់មាននោះឡើយ ព្រោះថាការនេះក៏ត្រូវបានកំណត់ទុកដោយជោគវាសនារបស់មនុស្ស ដែលត្រូវបានកំណត់ទុកជាមុនដោយព្រះអាទិកររួចទៅហើយ។ នេះគឺជាដំណាក់កាលទីប្រាំ ដែលមនុស្សម្នាក់ត្រូវឆ្លងកាត់។

ប្រសិនបើបុគ្គលម្នាក់កើតមក ដើម្បីបំពេញតួនាទីជាកូនរបស់មនុស្សម្នាក់ នោះបុគ្គលនោះត្រូវចិញ្ចឹមអប់រំមនុស្សជំនាន់ក្រោយ ដើម្បីបំពេញតួនាទីជាឪពុកម្ដាយរបស់គេ។ ការប្ដូរវេននៅក្នុងតួនាទីនេះធ្វើឲ្យមនុស្សម្នាក់ដកពិសោធន៍នូវដំណាក់កាលខុសៗគ្នានៃជីវិត ចេញពីទស្សនៈខុសៗគ្នា។ វាក៏ផ្តល់ឲ្យគេនូវបណ្ដុំបទពិសោធន៍ជីវិតផ្សេងមួយ ដែលនាំឲ្យមនុស្សម្នាក់ចាប់ផ្ដើមស្គាល់ពីអធិបតេយ្យភាពរបស់ព្រះអាទិករ ដែលតែងតែត្រូវបានអនុម័តនៅក្នុងរបៀបដូចគ្នា និងជាបទពិសោធន៍មួយដែលនាំឲ្យគេជួបនូវការពិតដែលថា គ្មាននរណាម្នាក់អាចដើរហួស ឬផ្លាស់ប្ដូរជោគវាសនាដែលបានកំណត់ទុកជាមុនរបស់ព្រះអាទិករនោះឡើយ។

១. បុគ្គលម្នាក់មិនអាចគ្រប់គ្រងលើអនាគតកូនរបស់ខ្លួនបានឡើយ

កំណើត ការលូតលាស់ និងអាពាហ៍ពិពាហ៍ ទាំងអស់នេះសុទ្ធតែនាំមកនូវសេចក្តីខកចិត្ត ទៅតាមប្រភេទ និងនៅក្នុងកម្រិតខុសៗគ្នា។ មនុស្សមួយចំនួនមិនពេញចិត្តជាមួយក្រុមគ្រួសារ ឬរូបរាងកាយរបស់ខ្លួនទេ។ អ្នកខ្លះមិនចូលចិត្តឪពុកម្ដាយរបស់គេ។ អ្នកខ្លះអន់ចិត្ត ឬរអ៊ូរទាំអំពីមជ្ឈដ្ឋានដែលពួកគេបានធំធាត់ឡើង។ ហើយសម្រាប់មនុស្សភាគច្រើន នៅក្នុងចំណោមសេចក្តីខកចិត្តទាំងអស់នេះ អាពាហ៍ពិពាហ៍គឺជាចំណុចដែលគេមិនពេញចិត្តជាទីបំផុត។ មិនថាមនុស្សម្នាក់មានភាពមិនពេញចិត្តជាមួយកំណើត ភាពធំពេញវ័យ ឬអាពាហ៍ពិពាហ៍របស់ខ្លួនបែបណាឡើយ ប៉ុន្តែ មនុស្សគ្រប់គ្នាដែលបានឆ្លងកាត់រឿងរ៉ាវទាំងនេះ សុទ្ធតែដឹងថា គេមិនអាចជ្រើសរើសទីកន្លែង និងពេលវេលាដែលពួកគេត្រូវកើត រូបរាងរបស់គេ នរណាជាឪពុកម្ដាយរបស់គេ និងនរណាជាគូស្វាមី/ភរិយារបស់គេនោះឡើយ ប៉ុន្តែ ពួកគេត្រូវតែទទួលយកតាមបំណងរបស់ស្ថានសួគ៌។ ប៉ុន្តែ នៅពេលដែលវាដល់ពេលសម្រាប់មនុស្សក្នុងការចិញ្ចឹមបីបាច់អ្នកជំនាន់ក្រោយ ពួកគេនឹងបង្ហាញគ្រប់ទាំងបំណងប្រាថ្នាដែលពួកគេបានបរាជ័យនៅពាក់កណ្ដាលជីវិតដំបូងរបស់គេ ទៅដល់កូនៗរបស់គេ ទាំងសង្ឃឹមថាកូនៗរបស់គេនឹងធ្វើការប៉ះប៉ូវសម្រាប់គ្រប់ទាំងសេចក្តីខកបំណងកាលពីពាក់កណ្ដាលជីវិតដំបូងរបស់គេ។ ដូច្នេះ មនុស្សក៏ផ្ដេកផ្ដួលទៅតាមសេចក្ដីរវើរវាយគ្រប់ប្រភេទអំពីអនាគតកូនៗរបស់គេ៖ ថាកូនស្រីរបស់ខ្លួននឹងធំឡើងមានសម្រស់គួរឲ្យស្រឡាញ់ កូនប្រុសរបស់គេនឹងក្លាយជាសុភាពបុរសដ៏អង់អាច ហើយថាកូនស្រីរបស់គេនឹងមានការអប់រំខ្ពស់ និងមានទេពកោសល្យ ព្រមទាំងថាកូនប្រុសរបស់គេនឹងក្លាយជាសិស្សពូកែ និងជាកីឡាករដ៏ល្បីល្បាញ ថាកូនស្រីរបស់គេនឹងក្លាយជាសុភាពនារី ដែលប្រកបដោយគុណធម៌ និងមានសុភវិនិច្ឆ័យ ហើយកូនប្រុសរបស់គេនឹងមានបញ្ញាឈ្លាសវៃ មានសមត្ថភាព និងចេះគិតគូរវែងឆ្ងាយ។ ពួកគេសង្ឃឹមថា កូនៗរបស់គេ មិនថាពួកគេជាកូនស្រី ឬកូនប្រុសឡើយ គឺគេនឹងចេះគោរពចាស់ទុំ ចេះគិតគូរដល់ឪពុកម្ដាយរបស់គេ ទទួលបានការស្រឡាញ់រាប់អាន និងការសរសើរពីមនុស្សផងទាំងពួង... នៅត្រង់ចំណុចនេះ សេចក្តីសង្ឃឹមសម្រាប់ជីវិតចាប់ផ្ដើមមានភាពស្រស់ស្រាយ ហើយចិត្តឆេះឆួលថ្មីៗត្រូវបានបញ្ឆេះឡើងនៅក្នុងដួងចិត្តរបស់មនុស្ស។ មនុស្សដឹងថា ពួកគេគ្មានអំណាច និងគ្មានសេចក្តីសង្ឃឹមនៅក្នុងជីវិតនេះឡើយ ដឹងថាពួកគេនឹងគ្មានឱកាសថ្មី ឬសេចក្តីសង្ឃឹមម្ដងទៀត ដើម្បីមានកិត្តិនាមលេចធ្លោនៅក្នុងចំណោមបណ្ដាជន និងដឹងថាពួកគេគ្មានជម្រើសអ្វី ក្រៅពីទទួលយកជោគវាសនារបស់គេនោះឡើយ។ ដូច្នេះហើយបានជាពួកគេបង្ហាញគ្រប់ទាំងសេចក្តីសង្ឃឹមរបស់គេ ដែលជាបំណងប្រាថ្នា និងឧត្តមគតិដែលពួកគេមិនបានសម្រេច ទៅដល់មនុស្សជំនាន់ក្រោយរបស់គេ ទាំងសង្ឃឹមថា កូនៗរបស់គេអាចជួយពួកគេទៅសម្រេចក្ដីសុបិន និងបំណងប្រាថ្នារបស់គេ ថាកូនស្រី និងកូនប្រុសរបស់គេនឹងនាំមកនូវភាពរុងរឿងដល់នាមត្រកូលគ្រួសារ ក្លាយជាមនុស្សសំខាន់ មានទ្រព្យសម្បត្តិ ឬមានភាពល្បីល្បាញ។ ជារួមមក ពួកគេចង់ឃើញកូនៗរបស់គេមានទ្រព្យសម្បត្តិកាន់តែច្រើនឡើង។ ផែនការ និងសេចក្តីរវើរវាយរបស់មនុស្ស គឺល្អឥតខ្ចោះ ប៉ុន្តែតើពួកគេមិនដឹងទេឬថា ចំនួនកូនដែលពួកគេមាន រូបសម្បត្តិ និងសមត្ថភាពកូនៗរបស់គេ មិនមែនពួកគេជាអ្នកសម្រេច ហើយពួកគេមិនបានដឹងសូម្បីតែបន្ដិចទេឬថា គេមិនអាចគ្រប់គ្រងជោគវាសនាកូនៗរបស់គេនៅក្នុងដៃរបស់គេនោះ? មនុស្សមិនមែនជាម្ចាស់លើជោគវាសនារបស់ខ្លួនឡើយ ប៉ុន្តែ ពួកគេសង្ឃឹមចង់ផ្លាស់ប្ដូរជោគវាសនារបស់មនុស្សជំនាន់ក្រោយ។ ពួកគេគ្មានអំណាចរត់គេចចេញពីជោគវាសនារបស់គេផង ប៉ុន្តែគេបែរជាចង់គ្រប់គ្រងលើជោគវាសនាកូនប្រុស កូនស្រីរបស់ខ្លួនទៅវិញ។ តើពួកគេមិនលើកខ្លួនឯងខ្ពស់ពេកទេឬអី? តើនេះមិនមែនជាភាពល្ងីល្ងើ និងភាពអវិជ្ជារបស់មនុស្សទេឬអី? មនុស្សនឹងខំប្រឹងធ្វើការយ៉ាងខ្លាំងសម្រាប់ជាប្រយោជន៍ដល់កូនចៅរបស់គេ ប៉ុន្តែដល់ទីចុងបញ្ចប់ ផែនការ និងបំណងប្រាថ្នារបស់គេមិនអាចកំណត់ពីចំនួនកូនដែលគេមាន ឬលក្ខណៈសម្បត្តិរបស់កូនៗទាំងនោះឡើយ។ មនុស្សខ្លះគ្មានលុយសោះ ប៉ុន្តែសម្បូរកូនណាស់។ អ្នកខ្លះទៀតមានទ្រព្យសម្បត្តិយ៉ាងច្រើន ប៉ុន្តែបែរជាគ្មានកូន សូម្បីតែមួយគ្រាប់ក៏គ្មានផង។ អ្នកខ្លះចង់បានកូនស្រី តែបែរជាគ្មាន ហើយអ្នកខ្លះទៀតចង់បានកូនប្រុស តែបែរជាមិនសមដូចបំណង។ សម្រាប់អ្នកខ្លះ កូនចៅជាព្រះពរ។ សម្រាប់អ្នកផ្សេងទៀត កូនចៅជាបណ្ដាសា។ ប្ដីប្រពន្ធខ្លះមានបញ្ញាវៃឆ្លាត ប៉ុន្តែបែរជាមានកូនចៅខ្សោយបញ្ញា។ ឪពុកម្ដាយខ្លះជាមនុស្សឧស្សាហ៍ និងទៀងត្រង់ ប៉ុន្តែកូនដែលពួកគេចិញ្ចឹម បែរជាមនុស្សសោះអង្គើយ។ ឪពុកម្ដាយខ្លះជាមនុស្សចិត្តល្អ និងស្លូតត្រង់ ប៉ុន្តែបែរជាមានកូនចេះល្បិចកល និងកាចសាហាវទៅវិញ។ ឪពុកម្ដាយខ្លះទៀតមានគំនិត និងរូបរាងកាយល្អ ប៉ុន្តែបែរជាផ្តល់កំណើតដល់កូនដែលពិការទៅវិញ។ ឪពុកម្ដាយខ្លះជាមនុស្សសាមញ្ញ និងគ្មានភាពជោគជ័យឡើយ ប៉ុន្តែបែរជាមានកូនដែលសម្រេចបានសមិទ្ធិផលធំៗជាច្រើន។ ឪពុកម្ដាយខ្លះទៀតមានឋានៈតូចទាបទេ ប៉ុន្តែបែរជាមានកូនដែលមានឋានៈបុណ្យសក្ដិខ្ពង់ខ្ពស់ទៅវិញ...

២. បន្ទាប់ពីការចិញ្ចឹមអប់រំអ្នកជំនាន់ក្រោយ មនុស្សទទួលបានការយល់ដឹងថ្មីមួយអំពីជោគវាសនា

មនុស្សភាគច្រើនចាប់ផ្ដើមជីវិតជាប្ដីប្រពន្ធនៅក្នុងចន្លោះវ័យសាមសិបឆ្នាំ ហើយនេះជាពេលមួយនៅក្នុងជីវិតដែលគេមិនទាន់មានការយល់ដឹងអំពីជោគវាសនារបស់មនុស្សនៅឡើយទេ។ ប៉ុន្តែ នៅពេលដែលមនុស្សចាប់ផ្ដើមចិញ្ចឹមអប់រំកូន ហើយនៅពេលដែលកូនៗរបស់គេចម្រើនវ័យឡើង ពួកគេមើលឃើញជីវិតរបស់មនុស្សជំនាន់ថ្មី និងគ្រប់ទាំងបទពិសោធន៍របស់មនុស្សជំនាន់មុន ហើយឃើញពីអតីតកាលកន្លងមករបស់ខ្លួន ដូច្នេះ ពួកគេក៏ទទួលស្គាល់ថា ផ្លូវដែលបានដើរ ដោយមនុស្សជំនាន់ក្រោយ ដែលដូចជាផ្លូវរបស់ខ្លួនដែរនោះ មិនអាចត្រូវបានរៀបចំផែនការ និងត្រូវបានជ្រើសរើសនោះឡើយ។ ដោយប្រឈមជាមួយការពិតនេះ ពួកគេគ្មានជម្រើសអ្វីក្រៅពីទទួលស្គាល់ថា ជោគវាសនារបស់មនុស្សគ្រប់រូបត្រូវបានកំណត់ទុកជាមុន ហើយដោយមិនបានសម្រេចវា ពួកគេក៏លះបង់ចោលបំណងប្រាថ្នារបស់ខ្លួន ហើយចិត្តឆេះឆួលដែលមាននៅក្នុងចិត្តរបស់គេក៏រសាយ ហើយរលត់បាត់ទៅបន្ដិចម្ដងៗ...។ ដោយបានឆ្លងកាត់ផ្លូវសំខាន់ៗនៃជីវិត មនុស្សនៅក្នុងអំឡុងពេលនេះ ទទួលបាននូវការយល់ដឹងថ្មីមួយអំពីជីវិត ហើយបានទទួលយកនូវឥរិយាបថមួយថ្មី។ តើមនុស្សនៅសម័យនេះអាចរំពឹងចង់បានច្រើនកម្រិតណាពីអនាគត? ហើយតើមានសេចក្តីរំពឹងទុកអ្វីខ្លះដែលពួកគេទន្ទឹងរង់ចាំនោះ? តើស្ត្រីវ័យហាសិបឆ្នាំនៅតែសុបិនចង់បានព្រះអង្គម្ចាស់ដ៏មានមន្តស្នេហ៍ទៀតឬ? តើបុរសវ័យហាសិបឆ្នាំនៅតែសម្លឹងមើលព្រះនាងព្រិលសរបស់គាត់ទៀតឬ? តើស្ត្រីវ័យកណ្ដាលនៅតែសង្ឃឹមចង់ប្រែពីសត្វទាដ៏កខ្វក់ ឲ្យក្លាយជាសត្វហង្សដ៏ស្រស់ស្អាតឬ? តើបុរសចំណាស់ៗភាគច្រើនមានការជំរុញចិត្តនៅក្នុងអាជីព ដូចជាយុវជនដែរឬទេ? ជារួមមក មិនថាគេជាបុរស ឬស្ត្រីឡើយ អស់អ្នកណាដែលរស់នៅមកដល់វ័យនេះ ទំនងជាមានឥរិយាបថដ៏សមហេតុផល និងជាក់ស្ដែងចំពោះជីវិតអាពាហ៍ពិពាហ៍ ក្រុមគ្រួសារ និងកូនចៅ។ មនុស្សបែបនេះគ្មានជម្រើសអ្វីដែលនៅសេសសល់ឡើយ ហើយក៏គ្មានកម្លាំងជំរុញឲ្យចង់តយុទ្ធនឹងជោគវាសនាទៀតដែរ។ នៅពេលដែលមនុស្សមានបទពិសោធន៍កាន់តែច្រើន នៅពេលដែលគេបានចូលទៅដល់វ័យនេះ តាមធម្មតា មនុស្សម្នាក់នឹងមាននូវឥរិយាបថជាក់លាក់មួយគឺ៖ «គេត្រូវតែទទួលយកជោគវាសនា ព្រោះកូនៗរបស់គេមានវាសនារៀងៗខ្លួន។ ជោគវាសនារបស់មនុស្សត្រូវបានកំណត់ទុក ដោយស្ថានសួគ៌រួចហើយ។» ក្រោយពេលបានឆ្លងកាត់ការឡើងចុះនៃជីវិត អារម្មណ៍មួម៉ៅ និងទុក្ខលំបាកនៃពិភពលោកនេះ មនុស្សភាគច្រើនដែលមិនយល់អំពីសេចក្តីពិត នឹងធ្វើការសង្ខេបគតិជ្រៅជ្រះរបស់គេអំពីជីវិតរបស់មនុស្សដោយប្រើឃ្លាមួយនេះ៖ «នោះហើយជាវាសនា!» ទោះបីឃ្លានេះសម្ដែងពីការសម្រេចជោគវាសនាមនុស្សតាមបែបមនុស្សលោកីយ៍ និងបង្ហាញពីការបូកសរុបដែលពួកគេបានធ្វើ ហើយទោះបីវាស្ដែងចេញពីភាពតែលតោលរបស់មនុស្ស និងអាចត្រូវបានពណ៌នាថាមុតស្រួច និងសុក្រឹតក៏ដោយ ក៏វាស្ថិតនៅឆ្ងាយណាស់ពីការយល់ដឹងអំពីអធិបតេយ្យភាពរបស់ព្រះអាទិករ ហើយវាមិនអាចជំនួសឲ្យចំណេះដឹងអំពីសិទ្ធិអំណាចរបស់ព្រះអាទិករបានឡើយ។

ដកស្រង់ពី «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ III» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

Leave a Reply

ចែក​រំលែក

លុប​ចោល