ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ | សម្រង់សម្ដីទី ២០២

25-01-2026

លទ្ធផលចង់បានអំពីកិច្ចការនៃការយកឈ្នះ សំខាន់គឺ ដើម្បីឱ្យសាច់ឈាមរបស់មនុស្សលែងធ្វើការបះបោរទៀត ពោលគឺដើម្បីឱ្យគំនិតរបស់មនុស្សទទួលបាន​ចំណេះដឹងថ្មីអំពីព្រះជាម្ចាស់ ដើម្បីឱ្យ​ចិត្ដរបស់មនុស្សបានចុះចូលនឹងព្រះជាម្ចាស់ទាំងស្រុង​ និងដើម្បីឱ្យមនុស្សមានចិត្ដប្រាថ្នាចង់ធ្វើអ្វីថ្វាយព្រះជាម្ចាស់។ មនុស្សមិនបានរាប់ថាត្រូវបានយកឈ្នះ នៅពេលដែលចរិតដើម ឬសាច់ឈាមរបស់ពួកគេបានផ្លាស់ប្ដូរទេ ហើយនៅពេលដែលការគិត មនសិការ និងញាណរបស់មនុស្សផ្លាស់ប្ដូរ ពោលគឺនៅពេលដែលអាកប្បកិរិយាផ្នែកចិត្ដគំនិតរបស់អ្នកផ្លាស់ប្ដូរ នោះគឺជាពេលដែលព្រះជាម្ចាស់បានយកឈ្នះលើអ្នកហើយ។ នៅពេលដែលអ្នកបានតាំងចិត្ដចុះចូល និងបានទទួលយកនូវចិត្ដគំនិតថ្មី នៅពេលដែលអ្នកលែងនាំយកនូវសញ្ញាណ ឬចេតនាផ្ទាល់ខ្លួនចំពោះព្រះបន្ទូល និងកិច្ចការរបស់ព្រះជាម្ចាស់តទៅទៀតហើយនៅពេលដែលខួរក្បាលរបស់អ្នកអាចគិតបានជាធម្មតា ពោលគឺនៅពេលដែលអ្នកអាចថ្វាយខ្លួនឯងសម្រាប់ព្រះជាម្ចាស់ដោយស្មោះអស់ពីចិត្ដ នោះអ្នកជាប្រភេទមនុស្សដែលព្រះជាម្ចាស់បានយកឈ្នះទាំងស្រុងហើយ។ នៅក្នុងសាសនា មនុស្សជាច្រើនរងទុក្ខយ៉ាងខ្លាំងពេញមួយជីវិតរបស់ពួកគេ៖ ពួកគេលត់ដំរូបកាយរបស់ខ្លួន និងផ្ទុកឈើឆ្កាងរបស់ខ្លួន ហើយពួកគេថែមទាំងបន្ដរងទុក្ខ ព្រមទាំងស៊ូទ្រាំនៅពេលដែលពួកគេហៀបនឹងស្លាប់! មនុស្សមួយចំនួននៅតែធ្វើការតមអាហារនៅថ្ងៃនៃសេចក្ដីស្លាប់របស់ខ្លួនចូលមកដល់។ ពួកគេបានបដិសេធខ្លួនឯងពេញមួយជីវិត គឺបដិសេធនូវម្ហូបអាហារឆ្ងាញ់ៗ និងសម្លៀកបំពាក់ល្អៗ ដោយផ្ដោតលើការរងទុក្ខតែប៉ុណ្ណោះ។ ពួកគេអាចលត់ដំរូបកាយរបស់ខ្លួន និងអាចបះបោរទាស់នឹងសាច់ឈាមរបស់គេបាន។ ស្មារតីសម្រាប់ការស៊ូទ្រាំរបស់ពួកគេ ពិតជាគួរឱ្យសរសើរ។ ប៉ុន្ដែការគិត សញ្ញាណ និងឥរិយាបថផ្នែកចិត្ដគំនិត ព្រមទាំងធម្មជាតិដើមរបស់ពួកគេមិនទាន់ត្រូវបានលួសកាត់ សូម្បីតែបន្ដិច​ណា​ឡើយ។ ពួកគេខ្វះនូវចំណេះដឹង ដ៏ពិតប្រាកដអំពីខ្លួនឯង។ រូបភាពនៅក្នុងចិត្តរបស់ពួកគេអំពីព្រះជាម្ចាស់គឺទ្រង់ជាព្រះពីបុរាណ ជាព្រះដ៏ស្រពេចស្រពិល។ ការតាំងចិត្ដរបស់គេក្នុងការរងទុក្ខសម្រាប់ព្រះជាម្ចាស់កើតចេញពីការខ្នះខ្នែង និងចរិតលក្ខណៈល្អ​នៃ​ភាព​ជាមនុស្សរបស់ពួកគេ។ ទោះបីជាពួកគេជឿលើព្រះជាម្ចាស់ក្ដី ក៏ពួកគេមិនយល់ពីទ្រង់ និងមិនដឹងពីព្រះរាជបំណង​របស់ទ្រង់ដែរ។ ពួកគេគ្រាន់​តែធ្វើការ ​និងរងទុក្ខសម្រាប់ព្រះជាម្ចាស់ទាំងងងឹតងងល់ប៉ុណ្ណោះ។ ពួកគេមិនឱ្យតម្លៃទៅលើ​ការយល់ដឹងទាល់តែសោះ ពួកគេមិនសូវខ្វល់ខ្វាយ​​ថាត្រូវធ្វើដូចម្ដេច​ដើម្បីធានា​ថា ការបម្រើរបស់ពួកគេពិតជាបានបំពេញតាមព្រះរាជបំណង​របស់ព្រះជាម្ចាស់មែននោះ ហើយពួកគេក៏មិន​ដឹង​ថា​ត្រូវ​ធ្វើ​ដូចម្ដេច​ដើម្បីទទួលបានចំណេះដឹងអំពីព្រះជាម្ចាស់ដែរ។ ព្រះជាម្ចាស់ដែលពួកគេបម្រើ មិនមែនជាព្រះនៅក្នុងរូបអង្គពីដើមរបស់ទ្រង់ឡើយ ប៉ុន្ដែជាព្រះដែលពួកគេបានស្រមើស្រម៉ៃ ជាព្រះដែលពួកគេបានត្រឹមតែឮ ឬត្រឹមតែបានអាននៅក្នុងសំណេររឿងព្រេងតែប៉ុណ្ណោះ។ បន្ទាប់មក ពួកគេក៏ប្រើប្រាស់ការស្រមើស្រមៃចេញជារូបរាង និងជំនឿស៊ប់ ដើម្បីរងទុក្ខសម្រាប់ព្រះជាម្ចាស់ និងទទួលយកកិច្ចការរបស់ព្រះជាម្ចាស់ ដែលព្រះជាម្ចាស់សព្វព្រះហឫទ័យចង់ឱ្យធ្វើ។ ការបម្រើរបស់ពួកគេគឺមិនជាក់លាក់សោះឡើយ ជាក់ស្ដែង គឺគ្មាននរណាម្នាក់ក្នុងចំណោមពួកគេដែលអាចបម្រើស្របតាមព្រះរាជបំណងរបស់ព្រះជាម្ចាស់បានពិតប្រាកដឡើយ។ មិនថាពួកគេរងទុក្ខវេទនាដោយអំណរយ៉ាងណា ការយល់ឃើញរបស់ពួកគេកាលពីមុនចំពោះការបម្រើ និងចិត្ដគំនិតរបស់ពួកគេអំពីព្រះជាម្ចាស់ គឺនៅតែដដែល ដ្បិតពួកគេមិនបានឆ្លងកាត់ការជំនុំជម្រះ ការវាយផ្ចាល ការបន្សុទ្ធ និងការប្រទានឱ្យគ្រប់លក្ខណ៍របស់ព្រះជាម្ចាស់ឡើយ ហើយក៏មិនមាននរណាបានណែនាំពួកគេឱ្យប្រើប្រាស់សេចក្ដីពិតដែរ។ សូម្បីតែពេលដែលពួកគេជឿលើព្រះយេស៊ូវគ្រីស្ទ ជាព្រះសង្គ្រោះក៏គ្មាននរណាម្នាក់ក្នុងចំណោមពួកគេធ្លាប់បានឃើញព្រះសង្គ្រោះដែរ។ ពួកគេបានត្រឹមតែស្គាល់ទ្រង់តាមរយៈការនិទានប្រាប់ និងការឮតៗគ្នាតែប៉ុណ្ណោះ។ ជាលទ្ធផល ការបម្រើរបស់ពួកគេ គ្មានអ្វីក្រៅពីការបម្រើដែលគ្មានរបៀបរៀបរយ ធ្វើទាំងបិទភ្នែកដូចជាមនុស្សខ្វាក់បម្រើឪពុកឡើយ។ តើការបម្រើបែបនេះអាចទទួលបានអ្វី? ហើយតើនរណាយល់ព្រមឱ្យធ្វើវា? ចាប់តាំងពីដើមដំបូងរហូតមកដល់ចុងបំផុត ការបម្រើរបស់ពួកគេនៅតែដដែលជារហូតមក។ ពួកគេទទួលតែមេរៀនដែលមនុស្សបានរៀបចំ ហើយយកការបម្រើរបស់ពួកគេដោយផ្អែកលើលក្ខណៈធម្មជាតិរបស់គេ និងធ្វើតាមការពេញចិត្ដរបស់ខ្លួនតែប៉ុណ្ណោះ។ តើការធ្វើបែបនេះ អាចនាំឱ្យមានរង្វាន់អ្វីដែរ? សូម្បីតែពេត្រុសដែលជាអ្នកបានឃើញព្រះយេស៊ូវគ្រីស្ទ ក៏មិនបានដឹងពីរបៀបបម្រើដែលស្របតាមព្រះរាជបំណង​របស់ព្រះជាម្ចាស់ដែរ គឺលោកបានដឹងអំពីការនេះក្នុងពេលចុងក្រោយ នៅពេលដែលលោកមានវ័យចំណាស់ទៅហើយ។ តើសេចក្ដីនេះបាននិយាយអ្វីខ្លះអំពីមនុស្សខ្វាក់ទាំងនោះ ដែលមិនមានបទពិសោធន៍ក្នុងការលួសកាត់សូម្បីតែបន្ដិច និងអស់អ្នកដែលមិនមាននរណាដឹកនាំនោះ? តើការបម្រើរបស់មនុស្សនៅក្នុងចំណោមអ្នករាល់គ្នានាពេលនេះ មិនដូចជាមនុស្សខ្វាក់ទាំងនោះទេឬអី? មនុស្សអស់ទាំងនោះដែលមិនបានទទួលការជំនុំជម្រះ មិនបានទទួលការលួសកាត់​ និងអស់អ្នកដែលមិនមានការផ្លាស់ប្ដូរ តើពួកគេមិនត្រូវបានយកឈ្នះទាំងស្រុងទេឬ? តើមនុស្សបែបនេះមានប្រយោជន៍អ្វី? ប្រសិនបើការគិតរបស់អ្នក ចំណេះដឹងរបស់អ្នកអំពីជីវិត និងចំណេះដឹងរបស់អ្នកអំពីព្រះជាម្ចាស់ បង្ហាញពីការមិនមានការផ្លាស់ប្ដូរ ហើយអ្នកមិនទទួលបានអ្វីទាំងអស់ នោះអ្នកនឹងមិនទទួលបានអ្វីគួរឱ្យកត់សម្គាល់នៅក្នុងការបម្រើរបស់អ្នកឡើយ! បើគ្មាននិមិត្ដ និងចំណេះដឹងថ្មីអំពីកិច្ចការរបស់ព្រះជាម្ចាស់ទេ នោះអ្នកនឹងមិនទទួលបានការយកឈ្នះឡើយ។ វិធីរបស់អ្នកក្នុងការដើរតាមព្រះជាម្ចាស់នឹងដូចជាមនុស្សដែលរងទុក្ខ និងតមអាហារ៖ គឺមានតម្លៃតិចណាស់! វាច្បាស់ណាស់ ដ្បិតមានទីបន្ទាល់តិចតួចប៉ុណ្ណោះនៅក្នុងអ្វីដែលគេធ្វើ បានជាខ្ញុំមានបន្ទូលថាការបម្រើរបស់គេ គឺឥតប្រយោជន៍សោះឡើយ! ពេញមួយជីវិតរបស់ពួកគេ មនុស្សទាំងនោះរងទុក្ខលំបាក និងចំណាយពេលនៅក្នុងមន្ទីរឃុំឃាំង។ ពួកគេប្រឹងអត់ទ្រាំជានិច្ច ស្រលាញ់ជានិច្ច ហើយពួកគេផ្ទុកឈើឆ្កាងជានិច្ច ពួកគេត្រូវបានលោកិយមើលងាយ និងបដិសេធ ពួកគេជួបប្រទះការលំបាកគ្រប់យ៉ាង ហើយទោះបីជាពួកគេស្ដាប់បង្គាប់រហូតដល់ទីបញ្ចប់ក៏ដោយ ក៏ពួកគេនៅតែមិនត្រូវបានយកឈ្នះដែរ ព្រមទាំងមិនអាចធ្វើទីបន្ទាល់អំពីការដែលត្រូវបានយកឈ្នះឡើយ។ ពួកគេបានរងទុក្ខយ៉ាងខ្លាំង ប៉ុន្ដែនៅខាងក្នុងវិញ ពួកគេមិនបានស្គាល់ព្រះជាម្ចាស់ទាល់តែសោះ។ គ្មានគំនិត សញ្ញាណចាស់ៗ ការបដិបត្តិខាងសាសនា ចំណេះដឹងដែលមនុស្សបង្កើត និងគំនិតរបស់មនុស្ស​ដែលត្រូវបានលួសកាត់​ឡើយ។ គ្មានតម្រុយអំពីគំនិតថ្មីនៅក្នុងពួកគេឡើយ សូម្បីតែបន្ដិច។ គ្មានចំណេះដឹងណាមួយរបស់ពួកគេស្ដីពីព្រះជាម្ចាស់ដែលពិត និងសុក្រឹតនោះឡើយ។ ពួកគេបានយល់ច្រឡំពីព្រះរាជបំណង​របស់ព្រះជាម្ចាស់។ តើការនេះបម្រើដល់ព្រះជាម្ចាស់ដែរឬទេ? មិនថាចំណេះដឹងរបស់អ្នកកាលពីមុន ស្ដីពីព្រះជាម្ចាស់បែបណានោះទេ ប្រសិនបើថ្ងៃនេះនៅតែដដែល ហើយអ្នកនៅតែបន្ដយកចំណេះដឹងរបស់អ្នកអំពីព្រះជាម្ចាស់ទៅធ្វើជាមូលដ្ឋាន តាមសញ្ញាណ និងគំនិតផ្ទាល់ខ្លួនរបស់អ្នក ដោយមិនខ្វល់ថាព្រះជាម្ចាស់ធ្វើអ្វីនោះ ពោលគឺ ប្រសិនបើអ្នកមិនមានចំណេះដឹងថ្មី និងពិតប្រាកដ ហើយបើសិនជាអ្នកមិនអាចដឹងអំពីរូបអង្គ និងនិស្ស័យពិតរបស់ព្រះជាម្ចាស់ទេនោះ ប្រសិនបើចំណេះដឹងរបស់អ្នកអំពីព្រះជាម្ចាស់នៅតែទទួលការដឹកមុខពីគំនិតបែបសក្ដិភូមិ និងបែបអបិយជំនឿ ហើយនៅតែកើតឡើងពីការស្រមើស្រមៃ និងសញ្ញាណរបស់មនុស្ស នោះអ្នកមិនទាន់ត្រូវបានយកឈ្នះឡើយ។ គ្រប់ទាំងព្រះបន្ទូលជាច្រើនដែលខ្ញុំបានថ្លែងទៅកាន់អ្នកឥឡូវនេះ គឺដើម្បីឱ្យអ្នកដឹង មានចំណេះដឹងនេះដើម្បីដឹកនាំអ្នកទៅកាន់ចំណេះដឹងដែលថ្មីជាងមុន និងមានភាពសុក្រឹតផង។ ព្រះបន្ទូលទាំងនេះ ក៏​ដើម្បីលួសកាត់សញ្ញាណចាស់ៗ និងចំណេះដឹងចាស់ៗនៅក្នុងខ្លួនអ្នក ដើម្បីឱ្យអ្នកអាចមានចំណេះដឹងថ្មីផងដែរ។ ប្រសិនបើអ្នកហូប និងផឹកព្រះបន្ទូលរបស់ខ្ញុំ នោះចំណេះដឹងរបស់អ្នកនឹងផ្លាស់ប្ដូរគួរឱ្យកត់សម្គាល់។ ដរាបណាដែលអ្នកហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ដោយដួងចិត្ដដែលចុះចូល នោះការយល់ឃើញរបស់អ្នក នឹងមានលក្ខណៈខុសពីមុនស្រឡះ។ ដរាបណាអ្នកអាចទទួលយកនូវការវាយផ្ចាលម្ដងហើយម្ដងទៀតបាន នោះចិត្ដគំនិតចាស់របស់អ្នកនឹងផ្លាស់ប្រែជាបន្ដបន្ទាប់។ ដរាបណាចិត្ដគំនិតរបស់អ្នកត្រូវបានជំនួសដោយអ្វីដែលថ្មី នោះការប្រព្រឹត្តរបស់អ្នកក៏នឹងផ្លាស់ប្ដូរតាមនោះដែរ។ តាមវិធីនេះ ការបម្រើរបស់អ្នកនឹងកាន់តែឆាប់ដល់គោលដៅ គឺកាន់តែអាចបំពេញតាមព្រះរាជបំណង​របស់ព្រះជាម្ចាស់។ ប្រសិនបើអ្នកអាចផ្លាស់ប្ដូរជីវិតរបស់អ្នក ចំណេះដឹងរបស់អ្នកអំពីជីវិតមនុស្ស និងសញ្ញាណរបស់អ្នកអំពីព្រះជាម្ចាស់ នោះលក្ខណៈធម្មជាតិរបស់អ្នកក៏នឹងថមថយបន្ដិចម្ដងៗដែរ។ នេះគឺជាលទ្ធផលទទួលបាននៅពេលដែលព្រះជាម្ចាស់យកឈ្នះលើមនុស្ស វាជាការផ្លាស់ប្ដូរដែលកើតឡើងចំពោះមនុស្ស ហើយគ្មានអ្វីក្រៅពីនេះឡើយ។ នៅក្នុងសេចក្ដីជំនឿរបស់អ្នកលើព្រះជាម្ចាស់ ប្រសិនបើអ្វីទាំងអស់ដែលអ្នកដឹងគឺជាការលត់ដំរូបកាយ ការស៊ូទ្រាំ និងការរងទុក្ខ ហើយអ្នកមិនដឹងថាតើវាជាការត្រឹមត្រូវ ឬមិនត្រឹមត្រូវ រឹតតែមិនដឹងថាតើការនេះធ្វើដើម្បីជាប្រយោជន៍របស់នរណា នោះតើឱ្យការអនុវត្ដន៍បែបនេះដឹកនាំទៅរកការផ្លាស់ប្ដូរម្ដេចបាន?

ដកស្រង់ពី «សេចក្ដីពិតនៅខាងក្នុងអំពីកិច្ចការនៃការយកឈ្នះ (៣)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ចែក​រំលែក

លុប​ចោល