ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ | សម្រង់សម្ដីទី ២១៩

02-12-2025

ឥឡូវនេះ ដល់ពេលដែលព្រះវិញ្ញាណរបស់ខ្ញុំធ្វើកិច្ចការដ៏អស្ចារ្យហើយ ក៏ដល់ពេលដែលខ្ញុំបំពេញកិច្ចការរបស់ខ្ញុំ នៅក្នុងចំណោមសាសន៍ដទៃដែរ។ លើសពីនោះទៅទៀត ដល់ពេលដែលខ្ញុំត្រូវញែកមនុស្សទាំងអស់ទៅតាមប្រភេទនីមួយៗរបស់ពួកគេរៀងៗខ្លួនហើយ ប្រយោជន៍ឱ្យកិច្ចការរបស់ខ្ញុំ ដំណើរការទៅមុខបានលឿន និងមានប្រសិទ្ធភាព។ ដូច្នេះហើយ អ្វីដែលខ្ញុំស្នើសុំពីអ្នក គឺឱ្យអ្នកលះបង់លក្ខណៈទាំងស្រុងរបស់អ្នកដើម្បីកិច្ចការទាំងអស់របស់ខ្ញុំ ហើយលើសពីនេះទៅទៀត គឺឱ្យអ្នកឈ្វេងយល់ឱ្យបានច្បាស់និងមានការប្រាកដចិត្តអំពីកិច្ចការទាំងអស់ដែលខ្ញុំបានធ្វើនៅក្នុងខ្លួនអ្នក ព្រមទាំងប្រឹងឱ្យអស់ពីកម្លាំងកាយក្នុងការបំពេញកិច្ចការរបស់ខ្ញុំ ដើម្បីឱ្យកិច្ចការនោះកាន់តែមានប្រសិទ្ធភាព។ នេះហើយជាអ្វីដែលអ្នកត្រូវយល់។ ចូរបោះបង់ការតយុទ្ធគ្នា ទៅវិញទៅមកក្នុងចំណោមអ្នករាល់គ្នា ដើម្បីស្វែងរកផ្លូវត្រឡប់ក្រោយ ឬស្វែងរកការកម្សាន្តចិត្តខាងសាច់ឈាម ដែលនឹងពន្យារពេលកិច្ចការរបស់ខ្ញុំ និងអូសបន្លាយអនាគតដ៏អស្ចារ្យរបស់អ្នក។ ក្រៅពីមិនអាចការពារអ្នកបាន ការធ្វើដូច្នេះនឹងនាំមកនូវការបំផ្លាញដល់ខ្លួនអ្នក។ តើនេះមិនមែនជាភាពល្ងង់ខ្លៅរបស់អ្នកទេឬអី? អ្វីៗដែលអ្នករីករាយដោយការលោភលន់នៅថ្ងៃនេះ គឺជាកត្តាដែលកំពុងបំផ្លាញដល់អនាគតរបស់អ្នក តែការឈឺចាប់ដែលអ្នកទទួលរងនៅថ្ងៃនេះ គឺជារនាំងដែលកំពុងការពារអ្នក។ អ្នកត្រូវតែដឹងឱ្យច្បាស់ពីរឿងទាំងអស់នេះ ដើម្បីចៀសវាងពីការធ្លាក់ទៅក្នុងសេចក្ដីល្បួង ដែលអ្នកពិបាកនឹងដកខ្លួនចេញ ហើយគេចពីការវង្វេងចូលទៅក្នុងអ័ព្ទដ៏ក្រាស់ និងមិនអាចរកពន្លឺព្រះអាទិត្យឃើញ។ នៅពេលដែលអ័ព្ទដ៏ក្រាស់នោះរសាត់អស់ទៅ អ្នកនឹងឃើញខ្លួនឯងស្ថិតនៅក្នុងការជំនុំជម្រះនៃថ្ងៃដ៏អស្ចារ្យ។ នៅពេលនោះ ថ្ងៃរបស់ខ្ញុំនឹងចូលមកជិតមនុស្ស។ តើអ្នកនឹងរត់គេចពីការជំនុំជម្រះរបស់ខ្ញុំបានយ៉ាងដូចម្ដេច? តើអ្នកអាចនឹងទ្រាំទ្រនៅក្រោមកម្ដៅព្រះអាទិត្យ ដែលឆេះយ៉ាងសន្ធោសន្ធៅយ៉ាងដូចម្ដេច? នៅពេលដែលខ្ញុំប្រគល់ភាពបរិបូររបស់ខ្ញុំទៅឱ្យមនុស្ស គេមិនបានឱបវាជាប់នឹងដើមទ្រូងរបស់គេដោយក្ដីស្រឡាញ់ទេ ប៉ុន្ដែពួកគេបែរជាបោះវាចោលទៅកន្លែងមួយដែលគ្មានអ្នកណាម្នាក់ចាប់អារម្មណ៍សោះឡើយ។ នៅពេលដែលគ្រារបស់ខ្ញុំធ្លាក់មកលើមនុស្ស គេនឹងមិនអាចរកឃើញភាពបរិបូររបស់ខ្ញុំទៀតឡើយ តែគេនឹងរកឃើញពាក្យដ៏ជូរចត់នៃសេចក្ដីពិត ដែលខ្ញុំបាននិយាយទៅកាន់គេតាំងពីយូរមកហើយ។ គេនឹងស្រែកថ្ងូរ ហើយយំសោក ព្រោះគេបានបាត់បង់នូវពន្លឺដ៏ត្រចះត្រចង់ ហើយបានធ្លាក់ចូលទៅក្នុងសេចក្ដីងងឹត។ អ្វីដែលអ្នករាល់គ្នាមើលឃើញនៅថ្ងៃនេះ គឺគ្រាន់តែជាដាវមុតស្រួចនៃព្រះឱស្ឋរបស់ខ្ញុំប៉ុណ្ណោះ។ អ្នកមិនទាន់បានឃើញដំបងនៅក្នុងដៃរបស់ខ្ញុំ ឬក៏អណ្ដាតភ្លើងដែលខ្ញុំបញ្ឆេះមនុស្សនៅឡើយទេ ទើបបានជាអ្នកនៅតែព្រហើន និងហួសហេតុនៅចំពោះមុខខ្ញុំ។ ហេតុនោះហើយបានជាអ្នកនៅតែតយុទ្ធជាមួយខ្ញុំនៅក្នុងដំណាក់របស់ខ្ញុំ ដោយប្រើអណ្ដាតមនុស្សរបស់អ្នក មកប្រកែកនឹងអ្វីដែលខ្ញុំបានមានបន្ទូលដោយព្រះឱស្ឋរបស់ខ្ញុំផ្ទាល់។ មនុស្សមិនបានខ្លាចខ្ញុំនោះទេ ហើយទោះបីជាគេនៅតែបន្ដស្អប់ខ្ញុំរហូតដល់សព្វថ្ងៃនេះក៏ដោយ ក៏គេនៅតែគ្មានខ្លាចរអាបន្តិចណាឡើយ។ អ្នករាល់គ្នាមានអណ្ដាត និងធ្មេញរបស់មនុស្សទុច្ចរិតនៅក្នុងមាត់របស់អ្នករាល់គ្នា។ ពាក្យសម្ដី និងការប្រព្រឹត្តរបស់អ្នករាល់គ្នា ប្រៀបដូចជាទង្វើដែលសត្វពស់បានបោកបញ្ឆោតនាងអេវ៉ាឱ្យធ្វើបាបដែរ។ អ្នករាល់គ្នាទាមទារពីគ្នាទៅវិញទៅមក ដោយយកភ្នែកធួននឹងភ្នែក ហើយយកធ្មេញធួននឹងធ្មេញ ហើយអ្នករាល់គ្នាតស៊ូនៅចំពោះមុខខ្ញុំដើម្បីដណ្ដើមឋានៈ កិត្តិនាម និងផលប្រយោជន៍សម្រាប់ខ្លួនឯង ប៉ុន្តែអ្នករាល់គ្នាមិនដឹងថា ខ្ញុំកំពុងឃ្លាំមើលពាក្យសម្ដី និងការប្រព្រឹត្តរបស់អ្នករាល់គ្នាដោយស្ងាត់ៗនោះទេ។ មុនពេលដែលអ្នករាល់គ្នាចូលមកចំពោះមុខខ្ញុំ គឺខ្ញុំបានដឹងពីជម្រៅចិត្តរបស់អ្នករាល់គ្នារួចទៅហើយ។ មនុស្សតែងតែប្រាថ្នាចង់គេចចេញពីកណ្ដាប់ព្រះហស្ដរបស់ខ្ញុំ និងបង្វែរការសង្កេតចេញពីព្រះនេត្ររបស់ខ្ញុំ ប៉ុន្ដែខ្ញុំមិនដែលគេចចេញពីពាក្យសម្ដី និងការប្រព្រឹត្តរបស់គេឡើយ។ ផ្ទុយទៅវិញ ខ្ញុំសព្វព្រះហឫទ័យឱ្យពាក្យសម្ដី និងការប្រព្រឹត្តទាំងនោះ ចូលមកក្នុងព្រះនេត្ររបស់ខ្ញុំ ប្រយោជន៍ឱ្យខ្ញុំអាចដាក់ទោសចំពោះអំពើទុច្ចរិតរបស់មនុស្ស និងជំនុំជម្រះទង្វើបះបោររបស់ពួកគេ។ ដូច្នេះ ពាក្យសម្ដី និងការប្រព្រឹត្តដោយអាថ៌កំបាំងរបស់មនុស្ស នៅតែត្រូវលាតត្រដាងចំពោះបល្ល័ង្កជំនុំជម្រះរបស់ខ្ញុំ ហើយការជំនុំជម្រះរបស់ខ្ញុំ មិនដែលចាកចេញពីមនុស្សឡើយ ព្រោះទង្វើបះបោររបស់ពួកគេច្រើនពេកហើយ។ កិច្ចការរបស់ខ្ញុំ គឺត្រូវដុតបញ្ឆេះ និងបន្សុទ្ធគ្រប់ទាំងពាក្យសម្ដី និងការប្រព្រឹត្តទាំងអស់របស់មនុស្សដែលបាននិយាយ និងបានធ្វើនៅចំពោះវត្តមាននៃព្រះវិញ្ញាណរបស់ខ្ញុំ។ តាមរយៈការធ្វើបែបនេះ[ក] នៅពេលដែលខ្ញុំចាកចេញពីផែនដីទៅ មនុស្សនឹងនៅតែរក្សាភាពស្មោះត្រង់របស់ខ្លួនចំពោះខ្ញុំ ហើយនឹងនៅតែបម្រើខ្ញុំ ដូចដែលអ្នកបម្រើដ៏បរិសុទ្ធរបស់ខ្ញុំធ្វើការបម្រើនៅក្នុងកិច្ចការរបស់ខ្ញុំដែរ ដោយអនុញ្ញាតឱ្យកិច្ចការរបស់ខ្ញុំនៅលើផែនដីនេះ បន្ដរហូតដល់ថ្ងៃដែលវាត្រូវបញ្ចប់។

ដកស្រង់ពី «កិច្ចការប្រកាសដំណឹងល្អ ក៏ជាកិច្ចការសង្គ្រោះមនុស្សដែរ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់

លេខយោង៖

(ក) អត្ថបទដើមមិនមានឃ្លា «តាមរយៈការធ្វើបែបនេះ»។

មើល​​បន្ថែម​

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ចែក​រំលែក

លុប​ចោល