ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ការស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ | សម្រង់សម្ដីទី ២២០
02-12-2025
តើអ្នករាល់គ្នាធ្លាប់បានឃើញកិច្ចការអ្វីខ្លះដែលព្រះជាម្ចាស់នឹងសម្រេចនៅក្នុងក្រុមមនុស្សនេះទេ? ព្រះជាម្ចាស់បានមានបន្ទូលថា ទោះនៅក្នុងរាជ្យមួយពាន់ឆ្នាំក៏ដោយ ក៏មនុស្សត្រូវបន្តដើរតាមព្រះសូរសៀងរបស់ទ្រង់ជាដរាបតទៅដែរ ហើយនៅពេលអនាគត ព្រះសូរសៀងរបស់ព្រះជាម្ចាស់នឹងនៅតែដឹកនាំជីវិតមនុស្សដោយផ្ទាល់នៅក្នុងទឹកដីដ៏មានជីជាតិនៃស្រុកកាណានដដែល។ នៅពេលម៉ូសេស្ថិតនៅទីរហោស្ថាន ព្រះជាម្ចាស់បានណែនាំ និងមានព្រះបន្ទូលទៅកាន់គាត់ដោយផ្ទាល់។ ព្រះជាម្ចាស់បានប្រទានអាហារ ទឹក និងនំម៉ាណាមកពីស្ថានសួគ៌ឱ្យមនុស្សបានបរិភោគ ហើយសព្វថ្ងៃនេះ ក៏នៅតែបែបនេះដដែល៖ ព្រះជាម្ចាស់បានប្រទានគ្រឿងបរិភោគ និងភេសជ្ជៈដល់មនុស្សឱ្យបានទទួលទាន ហើយទ្រង់បានដាក់បណ្ដាសាដោយផ្ទាល់ ដើម្បីវាយផ្ចាលមនុស្ស។ ហេតុនេះ គ្រប់ជំហាននៃកិច្ចការរបស់ទ្រង់ គឺព្រះជាម្ចាស់ជាអ្នកបំពេញដោយផ្ទាល់។ សព្វថ្ងៃនេះ មនុស្សស្វែងរកហេតុការណ៍ដែលកើតឡើង ពួកគេស្វែងរកទីសម្គាល់និងការអស្ចារ្យ ហើយមនុស្សបែបនេះទំនងជាត្រូវបោះបង់ចោលមិនខាន ដ្បិតកិច្ចការរបស់ព្រះជាម្ចាស់កាន់តែជាក់ស្ដែងឡើងៗ។ គ្មាននរណាម្នាក់បានដឹងថា ព្រះជាម្ចាស់បានយាងចុះពីស្ថានសួគ៌ឡើយ ហើយពួកគេក៏ពុំបានដឹងថា ព្រះជាម្ចាស់បានប្រទានអាហារ និងថ្នាំប៉ូវពីស្ថានសួគ៌ដែរ។ តែព្រះជាម្ចាស់មានពិតប្រាកដ ហើយទិដ្ឋភាពដ៏សែនរំភើបនៃរាជ្យមួយពាន់ឆ្នាំដែលមនុស្សស្រមើស្រមៃនោះ ក៏ជាព្រះសូរសៀងផ្ទាល់របស់ព្រះជាម្ចាស់ដែរ។ នេះគឺជាការពិត ហើយមានតែការពិតនេះទេ ដែលត្រូវបានហៅថាជាការសោយរាជ្យជាមួយនឹងព្រះជាម្ចាស់នៅលើផែនដី។ ការសោយរាជ្យជាមួយព្រះជាម្ចាស់នៅលើផែនដី សំដៅទៅលើសាច់ឈាម។ សាច់ឈាមនោះ គឺមិនមែនជាសាច់ឈាមដែលគ្មានវត្តមាននៅលើផែនដីទេ ហេតុនេះហើយ អស់អ្នកណាដែលគិតតែចង់ទៅស្ថានសួគ៌ជាន់ទីបីនោះ ក៏ធ្វើបែបនេះទាំងអសារឥតការ។ ថ្ងៃមួយ នៅពេលដែលសកលលោកទាំងមូលត្រឡប់ទៅរកព្រះជាម្ចាស់វិញ កិច្ចការស្នូលរបស់ទ្រង់នៅក្នុងចក្រវាឡនេះ នឹងដើរតាមព្រះសូរសៀងរបស់ទ្រង់។ នៅទីកន្លែងផ្សេងទៀត អ្នកខ្លះនឹងប្រើទូរសព្ទ អ្នកខ្លះនឹងជិះយន្តហោះ អ្នកខ្លះនឹងជិះទូកឆ្លងសមុទ្រ ហើយអ្នកខ្លះទៀតនឹងប្រើកាំរស្មីឡាស៊ែរ ដើម្បីទទួលបានព្រះសូរសៀងរបស់ព្រះជាម្ចាស់។ មនុស្សគ្រប់គ្នានឹងគោរពសរសើរ និងស្រេកឃ្លានចង់បានទ្រង់ ពួកគេគ្រប់គ្នានឹងមកជិតព្រះជាម្ចាស់ រួចប្រមូលផ្ដុំគ្នាទៅរកព្រះជាម្ចាស់ ហើយគ្រប់គ្នានឹងថ្វាយបង្គំព្រះជាម្ចាស់។ ទាំងអស់នេះនឹងក្លាយជាស្នាព្រះហស្ដរបស់ព្រះជាម្ចាស់។ ចូរចងចាំរឿងនេះ! ព្រះជាម្ចាស់ច្បាស់ជាមិនចាប់ផ្ដើមជាថ្មីនៅទីកន្លែងផ្សេងទៀតឡើយ។ ព្រះជាម្ចាស់នឹងសម្រេចការពិតនេះ៖ ទ្រង់នឹងធ្វើឱ្យមនុស្សទាំងអស់នៅទូទាំងសកលលោកនេះមកនៅចំពោះទ្រង់ និងថ្វាយបង្គំព្រះជាម្ចាស់នៅលើផែនដី ហើយកិច្ចការរបស់ទ្រង់នៅទីកន្លែងផ្សេងទៀតនឹងត្រូវបញ្ឈប់ ហើយមនុស្សនឹងត្រូវបង្ខំឱ្យស្វែងរកផ្លូវពិត។ រឿងនេះនឹងដូចយ៉ូសែបដែរ៖ មនុស្សគ្រប់គ្នាបានមករកគាត់ដើម្បីទទួលបានអាហារ ហើយឱនក្បាលគោរពគាត់ ដ្បិតគាត់មានគ្រឿងបរិភោគ។ ដើម្បីគេចពីការអត់ឃ្លាន មនុស្សនឹងត្រូវបង្ខំចិត្តមកស្វែងរកផ្លូវពិត។ សហគមន៍សាសនាទាំងមូល នឹងរងទុក្ខដោយសារគ្រោះអត់ឃ្លានយ៉ាងធ្ងន់ធ្ងរ ហើយមានតែព្រះជាម្ចាស់ក្នុងពេលសព្វថ្ងៃនេះប៉ុណ្ណោះ ជាប្រភពទឹករស់ ដែលមានប្រភពទឹកមិនចេះរីងស្ងួត ដែលផ្តល់ឱ្យមនុស្សបានប្រើប្រាស់ ទទួលទាន ហើយមនុស្សនឹងមករកទ្រង់ និងពឹងផ្អែកលើទ្រង់។ ពេលនោះនឹងក្លាយជាពេលវេលាដែលស្នាព្រះហស្ដរបស់ព្រះជាម្ចាស់ ត្រូវបានបង្ហាញឱ្យឃើញ ហើយព្រះជាម្ចាស់នឹងទទួលបានសិរីល្អ។ មនុស្សគ្រប់គ្នានៅទូទាំងសកលលោកទាំងមូល នឹងថ្វាយបង្គំ «មនុស្ស» សាមញ្ញនេះ។ តើនេះនឹងមិនមែនជាថ្ងៃនៃសិរីល្អរបស់ព្រះជាម្ចាស់ទេឬ? ថ្ងៃមួយ គ្រូគង្វាលចាស់ៗ នឹងផ្ញើទូរសារមកសុំទឹកពីប្រភពទឹករស់។ ពួកគេនឹងក្លាយជាមនុស្សចាស់ តែបែរជាមកថ្វាយបង្គំបុគ្គលរូបនេះ ជាមនុស្សដែលពួកគេមើលងាយ។ ពួកគេនឹងទទួលស្គាល់ទ្រង់ដោយមាត់របស់ពួកគេ ហើយពួកគេនឹងជឿទ្រង់អស់ពីដួងចិត្តរបស់ពួកគេ។ តើនេះមិនមែនជាទីសម្គាល់ និងការអស្ចារ្យទេឬអី? នៅពេលដែលនគរទាំងមូលត្រេកអរសប្បាយ ថ្ងៃនោះគឺជាថ្ងៃនៃសិរីល្អរបស់ព្រះជាម្ចាស់ហើយ រីឯអស់អ្នកដែលមករកអ្នករាល់គ្នា ហើយទទួលបានដំណឹងល្អនៃព្រះជាម្ចាស់ នឹងទទួលបានព្រះពរពីព្រះជាម្ចាស់ ហើយប្រទេសនិងប្រជាជនដែលធ្វើបែបនេះ នឹងទទួលបានព្រះពរ និងព្រះទ័យទុកដាក់ពីព្រះជាម្ចាស់។ ទិសដៅទៅអនាគតនឹងមានលក្ខណៈដូចនេះ៖ អស់អ្នកដែលទទួលបានព្រះសូរសៀងពីព្រះឱស្ឋរបស់ព្រះជាម្ចាស់ នឹងមានផ្លូវដើរនៅលើផែនដី ហើយមិនថាពួកគេជាអ្នកជំនួញ ឬអ្នកវិទ្យាសាស្រ្ត ឬអ្នកអប់រំ ឬឧស្សាហករទេ អ្នកដែលមិនទទួលបានព្រះបន្ទូលរបស់ព្រះជាម្ចាស់នឹងជួបការលំបាកក្នុងដំណើរនេះ សូម្បីតែមួយជំហានក៏ដោយ ហើយនឹងត្រូវបង្ខំឱ្យស្វែងរកផ្លូវពិតដែរ។ នេះគឺជាអត្ថន័យនៃពាក្យថា «បើមានសេចក្ដីពិត អ្នកនឹងដើរបានពេញពិភពលោក បើគ្មានសេចក្ដីពិតទេ អ្នកនឹងទៅណាមិនបានឡើយ»។ សេចក្តីពិតគឺបែបនេះឯង៖ ព្រះជាម្ចាស់នឹងប្រើផ្លូវ (សំដៅលើព្រះបន្ទូលទាំងអស់របស់ទ្រង់) ដើម្បីបង្គាប់សកលលោកទាំងមូល ព្រមទាំងគ្រប់គ្រង និងយកឈ្នះមនុស្ស។ មនុស្សតែងតែសង្ឃឹមទទួលបាននូវប្រយោជន៍យ៉ាងច្រើន តាមរយៈកិច្ចការដែលព្រះជាម្ចាស់បំពេញ។ និយាយឱ្យងាយយល់ គឺតាមរយៈព្រះបន្ទូលនេះហើយ ដែលព្រះជាម្ចាស់គ្រប់គ្រងលើមនុស្ស ហើយអ្នកត្រូវធ្វើតាមព្រះបន្ទូលរបស់ទ្រង់ ទោះបីជាអ្នកមិនចង់ក៏ដោយ។ នេះគឺជាការពិតឥតលម្អៀង ហើយមនុស្សគ្រប់គ្នាត្រូវតែគោរពតាម ហើយក៏ជាការពិតឥតប្រែប្រួល ហើយមនុស្សគ្រប់គ្នាក៏ត្រូវតែដឹងផងដែរ។
ដកស្រង់ពី «រាជ្យមួយពាន់ឆ្នាំបានមកដល់ហើយ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
ប្រភេទវីដេអូផ្សេងទៀត