ព្រះបន្ទូលប្រចាំថ្ងៃរបស់ព្រះជាម្ចាស់៖ ដំណាក់កាលទាំងបីនៃកិច្ចការ | សម្រង់សម្ដីទី ៣៨
02-12-2025
នៅពេលនោះ កិច្ចការរបស់ព្រះយេស៊ូវ គឺជាកិច្ចការប្រោសលោះគ្រប់មនុស្សជាតិទាំងអស់។ បាបរបស់អស់អ្នកដែលបានជឿលើទ្រង់ ត្រូវបានអត់ទោសឱ្យ។ ឱ្យតែអ្នកបានជឿលើទ្រង់ នោះទ្រង់នឹងប្រោសលោះអ្នក។ ប្រសិនបើអ្នកបានជឿលើទ្រង់ នោះអ្នកលែងមានបាបទៀតហើយ អ្នកត្រូវរួចផុតពីបាបរបស់អ្នក។ នេះគឺជាអត្ថន័យនៃការដែលទទួលបានសេចក្ដីសង្គ្រោះ និងការដែលត្រូវទទួលបានយុត្តិធម៌តាមរយៈសេចក្ដីជំនឿ។ ក៏ប៉ុន្តែនៅក្នុងអស់អ្នកដែលបានជឿ នៅតែមានការបះបោរ និងបានទទឹងទាស់នឹងព្រះជាម្ចាស់ដដែល ហើយសារជាតិទាំងនេះត្រូវដកចេញបន្ដិចម្ដងៗ។ សេចក្ដីសង្គ្រោះពុំមានន័យថា មនុស្សត្រូវបានព្រះយេស៊ូវទទួលបានទាំងស្រុងនោះទេ ប៉ុន្តែមនុស្សលែងមានបាបទៀតហើយ ពោលគឺមានន័យថាអំពើបាបរបស់គេត្រូវបានអត់ទោសឱ្យ។ ប្រសិនបើអ្នកបានជឿ នោះអ្នកនឹងលែងមានបាបទៀតហើយ។ នៅពេលនោះ ព្រះយេស៊ូវបានធ្វើកិច្ចការយ៉ាងច្រើនដែលសិស្សរបស់ទ្រង់មិនអាចយល់បាន និងបានមានព្រះបន្ទូលជាច្រើនដែលមនុស្សពុំយល់សោះឡើយ។ នេះគឺដោយសារនៅពេលនោះ ទ្រង់មិនបានប្រទានការពន្យល់ណាមួយឡើយ។ ហេតុនេះ ជាច្រើនឆ្នាំបន្ទាប់ពីទ្រង់បានយាងចាកចេញទៅ ម៉ាថាយបានបង្កើតពង្សាវតារមួយសម្រាប់ព្រះយេស៊ូវ ហើយអ្នកដទៃក៏បានធ្វើកិច្ចការជាច្រើនដែលចេញពីបំណងរបស់មនុស្ស។ ព្រះយេស៊ូវមិនបានយាងមកដើម្បីប្រោសមនុស្សឱ្យបានគ្រប់លក្ខណ៍ និងដើម្បីទទួលបានមនុស្សឡើយ ប៉ុន្តែដើម្បីបំពេញកិច្ចការមួយដំណាក់កាលនៃកិច្ចការនេះ ពោលគឺការនាំមកនូវដំណឹងល្អអំពីនគរស្ថានសួគ៌ និងការបញ្ចប់កិច្ចការនៃការជាប់ឆ្កាង។ ហេតុដូច្នេះ នៅពេលដែលព្រះយេស៊ូវត្រូវបានគេឆ្កាង នោះកិច្ចការរបស់ទ្រង់បានចូលដល់ទីបញ្ចប់។ ប៉ុន្តែនៅក្នុងដំណាក់កាលបច្ចុប្បន្ន ដែលជាកិច្ចការនៃការយកឈ្នះ នោះត្រូវតែមានព្រះបន្ទូលជាច្រើនថ្លែងចេញមក ត្រូវធ្វើកិច្ចការកាន់តែច្រើន និងត្រូវមានដំណាក់កាលជាច្រើន។ ដូច្នេះ អាថ៌កំបាំងជាច្រើននៃកិច្ចការរបស់ព្រះយេស៊ូវ និងព្រះយេហូវ៉ា ចាំបាច់ត្រូវតែបើកសម្ដែង ដើម្បីឱ្យមនុស្សទាំងអស់អាចមានការយល់ដឹង និងមានភាពច្បាស់លាស់នៅក្នុងជំនឿរបស់ពួកគេ ដ្បិតនេះគឺជាកិច្ចការនៃគ្រាចុងក្រោយ ហើយគ្រាចុងក្រោយ គឺជាចុងបញ្ចប់នៃកិច្ចការរបស់ព្រះជាម្ចាស់ ជាពេលវេលានៃការបញ្ចប់កិច្ចការនេះ។ ដំណាក់កាលនៃកិច្ចការនេះនឹងបំភ្លឺដល់អ្នកអំពីក្រឹត្យវិន័យរបស់ព្រះយេហូវ៉ា និងការប្រោសលោះរបស់ព្រះយេស៊ូវ ហើយជាគោលការណ៍ គឺដើម្បីឱ្យអ្នកអាចយល់ពីកិច្ចការទាំងស្រុងនៃផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ព្រះជាម្ចាស់ និងមានអំណរគុណពីសារៈសំខាន់ និងសារជាតិនៃផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំនេះ ព្រមទាំងយល់អំពីគោលបំណងនៃគ្រប់កិច្ចការទាំងអស់ដែលព្រះយេស៊ូវបានបំពេញ និងព្រះបន្ទូលដែលទ្រង់បានមានព្រះបន្ទូល ហើយសូម្បីតែជំនឿផ្កាប់មុខរបស់អ្នក និងការស្រឡាញ់ពេញចិត្តចំពោះព្រះគម្ពីរក៏ដោយ។ គ្រប់ការទាំងអស់នេះសុទ្ធតែនឹងអនុញ្ញាតឱ្យអ្នកយល់ដឹងបានយ៉ាងពិស្ដារ។ អ្នកនឹងត្រូវយល់ដឹងទាំងអំពីកិច្ចការដែលព្រះយេស៊ូវបានបំពេញ និងកិច្ចការរបស់ព្រះជាម្ចាស់ក្នុងពេលសព្វថ្ងៃនេះ ហើយអ្នកនឹងយល់ដឹង និងបានឃើញអំពីសេចក្ដីពិត អំពីជីវិត និងអំពីផ្លូវ។ នៅក្នុងដំណាក់កាលនៃកិច្ចការដែលព្រះយេស៊ូវបានបំពេញ តើហេតុអ្វីបានជាព្រះយេស៊ូវយាងចាកចេញដោយមិនបានបញ្ចប់កិច្ចការនេះ? ដោយសារដំណាក់កាលនៃកិច្ចការរបស់ព្រះយេស៊ូវ គឺមិនមែនជាកិច្ចការនៃការបិទបញ្ចប់ឡើយ។ នៅពេលដែលទ្រង់ត្រូវគេឆ្កាងទៅនឹងឈើឆ្កាង ព្រះបន្ទូលរបស់ទ្រង់ក៏បានដល់ទីបញ្ចប់ដែរ។ ក្រោយការឆ្កាងរបស់ទ្រង់ កិច្ចការរបស់ទ្រង់ត្រូវបានបញ្ចប់ទាំងស្រុង។ ដំណាក់កាលបច្ចុប្បន្ននេះ គឺមានភាពខុសគ្នា៖ មានតែបន្ទាប់ពីព្រះបន្ទូលត្រូវបានសម្ដែងដល់ចុងបញ្ចប់ និងកិច្ចការទាំងស្រុងរបស់ព្រះជាម្ចាស់ត្រូវបានបិទបញ្ចប់ប៉ុណ្ណោះ ទើបកិច្ចការរបស់ទ្រង់នឹងត្រូវបានបញ្ចប់។ ក្នុងអំឡុងដំណាក់កាលនៃកិច្ចការរបស់ព្រះយេស៊ូវ មានព្រះបន្ទូលជាច្រើនដែលមិនទាន់បានមានព្រះបន្ទូល ឬមិនទាន់បានបញ្ចេញព្រះសូរសៀងដោយពេញលេញនៅឡើយ។ ក៏ប៉ុន្តែ ព្រះយេស៊ូវមិនយកព្រះទ័យទុកដាក់ចំពោះអ្វីដែលទ្រង់បានមានព្រះបន្ទូល និងមិនបានមានព្រះបន្ទូលនោះទេ ដ្បិតព័ន្ធកិច្ចរបស់ទ្រង់ គឺមិនមែនជាព័ន្ធកិច្ចនៃព្រះបន្ទូលទេ ដូច្នេះហើយ ក្រោយពីទ្រង់ត្រូវបានគេឆ្កាងទៅនឹងឈើឆ្កាង ទ្រង់ក៏បានយាងចាកចេញទៅ។ ដំណាក់កាលនៃកិច្ចការនោះ សំខាន់គឺដើម្បីជាប្រយោជន៍ដល់ការជាប់ឆ្កាង និងមិនដូចជាដំណាក់កាលបច្ចុប្បន្ននេះឡើយ។ ជាគោលការណ៍ ដំណាក់កាលនៃកិច្ចការបច្ចុប្បន្ននេះ គឺដើម្បីជាប្រយោជន៍ដល់ការបញ្ចប់ ការសម្អាត និងការនាំកិច្ចការទាំងអស់នោះទៅរកទីបញ្ចប់។ ប្រសិនបើព្រះបន្ទូលមិនបានសម្ដែងរហូតដល់ចុងបំផុតទេ នោះនឹងគ្មានផ្លូវណាដែលអាចបញ្ចប់កិច្ចការនេះបានឡើយ ដ្បិតនៅក្នុងដំណាក់កាលនៃកិច្ចការនេះ គ្រប់កិច្ចការទាំងអស់ត្រូវចូលដល់ទីបញ្ចប់ និងត្រូវសម្រេចបានដោយប្រើព្រះបន្ទូល។ នៅពេលនោះ ព្រះយេស៊ូវបានបំពេញកិច្ចការជាច្រើនដែលមនុស្សមិនអាចយល់បាន។ ទ្រង់បានយាងចាកចេញទៅដោយស្ងៀមស្ងាត់ ហើយសព្វថ្ងៃនេះ នៅតែមានមនុស្សជាច្រើនដែលមិនយល់ពីព្រះបន្ទូលរបស់ទ្រង់ ដែលការយល់ដឹងរបស់ពួកគេគឺជាការខុសឆ្គង ក៏ប៉ុន្តែពួកគេនៅតែជឿថា វាជាការត្រឹមត្រូវ និងមិនដឹងថា ពួកគេខុសឆ្គងនោះទេ។ ដំណាក់កាលចុងក្រោយនឹងនាំកិច្ចការរបស់ព្រះជាម្ចាស់ទៅរកទីបញ្ចប់ ហើយនឹងសម្រេចនូវការបញ្ចប់កិច្ចការនោះ។ មនុស្សទាំងអស់នឹងយល់ និងដឹងអំពីផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ សញ្ញាណនៅខាងក្នុងខ្លួនមនុស្ស បំណងរបស់គេ ការយល់ដឹងនិងជឿខុសរបស់គេ សញ្ញាណរបស់គេអំពីកិច្ចការរបស់ព្រះយេហូវ៉ា និងកិច្ចការរបស់ព្រះយេស៊ូវ ទស្សនៈរបស់គេអំពីអ្នកមិនជឿ និងគ្រប់ទាំងការបំភ្លើសខុសទំនងដទៃទៀតរបស់គេទាំងអស់ នឹងត្រូវបានកែតម្រូវ។ ហើយមនុស្សនឹងយល់ពីមាគ៌ាជីវិតដែលត្រឹមត្រូវ និងគ្រប់កិច្ចការទាំងអស់ដែលព្រះជាម្ចាស់បានធ្វើ ព្រមទាំងសេចក្ដីពិតទាំងស្រុងផង។ នៅពេលដែលរឿងនេះកើតឡើង ដំណាក់កាលនៃកិច្ចការនេះនឹងត្រូវចូលដល់ទីបញ្ចប់។ កិច្ចការរបស់ព្រះយេហូវ៉ា គឺជាការបង្កើតពិភពលោកនេះ ដែលវាគឺជាការចាប់ផ្ដើមដំបូង។ ដំណាក់កាលនៃកិច្ចការនេះ គឺជាចុងបញ្ចប់នៃកិច្ចការ ហើយវាក៏ជាការបិទបញ្ចប់ដែរ។ កាលពីដើមដំបូង កិច្ចការរបស់ព្រះជាម្ចាស់ ត្រូវបានអនុវត្តក្នុងចំណោមរាស្រ្តរើសតាំងនៃស្រុកអ៊ីស្រាអែល ហើយវាគឺជាការចាប់ផ្ដើមនៃយុគសម័យថ្មីមួយនៅកន្លែងដែលបរិសុទ្ធបំផុតនៃគ្រប់ទីកន្លែង។ ដំណាក់កាលចុងក្រោយនៃកិច្ចការនេះ គឺត្រូវធ្វើឡើងនៅក្នុងប្រទេសដែលមិនបរិសុទ្ធជាងគេបំផុតក្នុងចំណោមប្រទេសទាំងអស់ ដើម្បីជំនុំជម្រះលោកិយនេះ និងនាំយុគសម័យនេះទៅដល់ទីចុងបញ្ចប់។ នៅក្នុងដំណាក់កាលដំបូង កិច្ចការរបស់ព្រះជាម្ចាស់ត្រូវធ្វើឡើងនៅកន្លែងដែលមានពន្លឺខ្លាំងបំផុត ហើយដំណាក់កាលចុងក្រោយត្រូវអនុវត្តនៅក្នុងកន្លែងងងឹតបំផុត ហើយភាពងងឹតនេះនឹងត្រូវបណ្ដេញចេញ រួចពន្លឺនឹងមកជំនួសវិញ ហើយមនុស្សទាំងអស់នឹងត្រូវបានយកឈ្នះ។ នៅពេលដែលមនុស្សនៃកន្លែងមិនបរិសុទ្ធ និងងងឹតជាងគេត្រូវបានយកឈ្នះ ហើយប្រជាជនទាំងអស់បានទទួលស្គាល់ថា មានព្រះជាម្ចាស់ពិតប្រាកដមែន ដឹងថានរណាជាព្រះជាម្ចាស់ដ៏ពិតប្រាកដ ហើយមនុស្សគ្រប់គ្នាបានជឿជាក់ទាំងស្រុង នោះការពិតនេះនឹងត្រូវប្រើដើម្បីអនុវត្តកិច្ចការនៃការយកឈ្នះនៅទូទាំងសាកលលោកទាំងមូល។ ដំណាក់កាលនៃកិច្ចការនេះ គឺជានិមិត្តសញ្ញា៖ នៅពេលដែលកិច្ចការនៃយុគសម័នេះត្រូវបានបញ្ចប់ នោះកិច្ចការនៃការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំនេះនឹងត្រូវចូលមកដល់ទីបញ្ចប់ទាំងស្រុង។ នៅពេលអស់អ្នកដែលស្ថិតនៅក្នុងកន្លែងងងឹតជាងគេបំផុតត្រូវបានយកឈ្នះ នោះច្បាស់ណាស់ថា គ្រប់កន្លែងដទៃផ្សេងទៀតក៏នឹងត្រូវបានយកឈ្នះដែរ។ ហេតុដូច្នេះ មានតែកិច្ចការនៃការយកឈ្នះនៅក្នុងប្រទេសចិនប៉ុណ្ណោះ ដែលមាននិមិត្តសញ្ញាដ៏មានអត្ថន័យខ្លឹមសារ។ ប្រទេសចិនតំណាងឱ្យគ្រប់កម្លាំងនៃសេចក្ដីងងឹត ហើយប្រជាជនចិនតំណាងឱ្យអស់អ្នកដែលនៅខាងសាច់ឈាម នៅខាងសាតាំង និងខាងសាច់ និងឈាម។ គឺជនជាតិចិននេះហើយដែលត្រូវបាននាគដ៏ធំមានសម្បុរក្រហមធ្វើឱ្យពុករលួយយ៉ាងខ្លាំង ជាអ្នកដែលមានការទទឹងទាស់នឹងព្រះជាម្ចាស់ខ្លាំងជាងគេបំផុត ហើយភាពជាមនុស្សរបស់ពួកគេ គឺថោកទាប និងមិនបរិសុទ្ធឡើយ ដូច្នេះហើយ ពួកគេគឺជាប្រភេទគំរូនៃភាពជាមនុស្សដែលពុករលួយទាំងអស់។ នេះមិនមែនចង់និយាយថា ប្រទេសដទៃទៀតគ្មានបញ្ហាអ្វីនោះទេ។ សញ្ញាណរបស់មនុស្ស គឺសុទ្ធតែដូចគ្នាទាំងអស់ ហើយបើទោះបីជាប្រជាជននៃប្រទេសទាំងអស់នោះ អាចមានគុណសម្បត្តិល្អក្ដី ប្រសិនបើពួកគេមិនស្គាល់ព្រះជាម្ចាស់ទេ នោះច្បាស់ជាដោយសារតែពួកគេទាស់ទទឹងនឹងទ្រង់ហើយ។ តើហេតុអ្វីបានជាសាសន៍យូដាក៏ទាស់ទទឹង និងបះបោរប្រឆាំងនឹងព្រះជាម្ចាស់ដែរនោះ? តើហេតុអ្វីបានជាពួកផារិស៊ីក៏ទទឹងទាស់នឹងទ្រង់ដែរនោះ? តើហេតុអ្វីបានជាយូដាសក្បត់ព្រះយេស៊ូវដែរ? នៅពេលនោះ សិស្សជាច្រើនមិនបានស្គាល់ព្រះយេស៊ូវឡើយ។ បន្ទាប់ពីព្រះយេស៊ូវត្រូវបានគេឆ្កាង និងមានព្រះជន្មរស់ឡើងវិញ តើមូលហេតុអ្វីបានជាមនុស្សនៅតែមិនជឿលើទ្រង់ដដែល? តើការបះបោរប្រឆាំងរបស់មនុស្ស មិនសុទ្ធតែដូចគ្នាទេឬអី? គឺគ្រាន់តែថា ប្រជាជនចិនត្រូវបានធ្វើជាឧទាហរណ៍អំពីការយកឈ្នះប៉ុណ្ណោះ ហើយនៅពេលដែលពួកគេត្រូវបានយកឈ្នះ ពួកគេនឹងក្លាយជាពុម្ព និងជាគំរូ ហើយនឹងក្លាយជាទីសម្អាងសម្រាប់អ្នកដទៃ។ តើហេតុអ្វីបានជាខ្ញុំតែងតែមានព្រះបន្ទូលថា អ្នករាល់គ្នាគឺជាមនុស្សបន្ទាប់បន្សំនៅក្នុងផែនការនៃការគ្រប់គ្រងរបស់ខ្ញុំ? គឺប្រជាជនចិននេះហើយដែលបើកបង្ហាញអំពីសេចក្ដីពុករលួយ ភាពមិនបរិសុទ្ធ ភាពទុច្ចរិត ការទាស់ទទឹង និងការបះបោរទាំងស្រុង និងបើកសម្ដែងឱ្យឃើញនៅក្នុងទម្រង់ខុសៗគ្នា។ ចំណុចម្ខាង ពួកគេមានលក្ខណៈសម្បត្តិអន់ខ្សោយ ហើយចំណុចម្ខាងទៀត ជីវិត និងផ្នត់គំនិតរបស់ពួកគេគឺអន់ខ្សោយ ហើយទម្លាប់ មជ្ឈដ្ឋាន គ្រួសារកំណើតរបស់ពួកគេ គ្រប់សព្វបែបយ៉ាងទាំងអស់ គឺសុទ្ធតែអន់ខ្សោយខ្លាំងណាស់ និងអន់ថយជាងគេបំផុត។ ឋានៈរបស់ពួកគេក៏តូចទាបខ្លាំងណាស់ដែរ។ កិច្ចការនៅក្នុងកន្លែងនេះ គឺជានិមិត្តសញ្ញា ហើយបន្ទាប់ពីការសាកល្បងនេះត្រូវបានអនុវត្តចប់ទាំងស្រុង នោះកិច្ចការបន្ទាប់របស់ព្រះជាម្ចាស់នឹងកាន់តែងាយស្រួលជាងនេះ។ ប្រសិនបើដំណាក់កាលនៃកិច្ចការនេះអាចបញ្ចប់ទៅបាន នោះកិច្ចការបន្ទាប់ក៏នឹងអាចបញ្ចប់ទៅបានដូចគ្នាដែរ។ នៅពេលដែលដំណាក់កាលនៃកិច្ចការនេះត្រូវបានបញ្ចប់ នោះជោគជ័យដ៏អស្ចារ្យនឹងត្រូវសម្រេចបានដោយពេញលេញ ហើយកិច្ចការនៃការយកឈ្នះនៅទូទាំងសាកលលោកទាំងមូល នឹងឈានចូលដល់ទីបញ្ចប់។
ដកស្រង់ពី «និមិត្តអំពីកិច្ចការរបស់ព្រះជាម្ចាស់ (២)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?
ប្រភេទវីដេអូផ្សេងទៀត