តើអ្នកឈរនៅកន្លែងណាលើសំបុត្រទាំងដប់បី?

ព្រះគម្ពីរសញ្ញាថ្មីមានសំបុត្ររបស់ប៉ុលចំនួនដប់បី។ ក្នុងរយៈពេលដែលគាត់បានបំពេញការងាររបស់គាត់ ប៉ុលបានសរសេរសំបុត្រទាំងដប់បីនេះទៅកាន់ពួកជំនុំ ដែលបានជឿលើព្រះយេស៊ូវគ្រីស្ទ។ ពោលគឺប៉ុលត្រូវបានតែងតាំង ហើយសរសេរសំបុត្រទាំងនេះ ក្រោយពេលព្រះយេស៊ូវបានយាងឡើងទៅស្ថានសួគ៌។ សំបុត្ររបស់គាត់គឺជាទីបន្ទាល់អំពីការរស់ឡើងវិញ និងការយាងឡើងទៅស្ថានសួគ៌របស់ព្រះអម្ចាស់យេស៊ូវ ក្រោយការសុគតរបស់ទ្រង់ ហើយសំបុត្រទាំងនោះក៏ផ្សាយអំពីផ្លូវនៃការប្រែចិត្ត និងការលីឈើឆ្កាងផងដែរ។ ពិតមែនហើយ សារនិងទីបន្ទាល់ទាំងអស់នេះមានគោលបំណងចង់បង្រៀនដល់បងប្អូនប្រុសស្រីនៅតាមបណ្ដាទីតាំងផ្សេងៗជុំវិញស្រុកយូដានាពេលនោះ ដោយសារតែគ្រានោះ ប៉ុលគឺជាអ្នកបម្រើរបស់ព្រះអម្ចាស់យេស៊ូវ ហើយគាត់ត្រូវបានតែងតាំង ដើម្បីធ្វើបន្ទាល់អំពីព្រះអម្ចាស់យេស៊ូវ។ ក្នុងអំឡុងពេលនីមួយៗនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ មនុស្សផ្សេងៗត្រូវបានតែងតាំង ដើម្បីបំពេញកិច្ចការផ្សេងៗរបស់ទ្រង់ ពោលគឺត្រូវធ្វើកិច្ចការជាសាវ័ក ដើម្បីបន្តកិច្ចការដែលព្រះជាម្ចាស់ត្រូវបញ្ចប់ដោយអង្គទ្រង់ផ្ទាល់។ បើព្រះវិញ្ញាណបរិសុទ្ធបានធ្វើកិច្ចការនោះដោយផ្ទាល់ ហើយមនុស្សមិនត្រូវបានតែងតាំងទេ នោះវានឹងពិបាកខ្លាំងក្នុងការអនុវត្តកិច្ចការមិនខាន។ បែបនេះហើយបានជាប៉ុលក្លាយជាបុគ្គលម្នាក់ដែលត្រូវបានវាយផ្ដួល ខណៈពេលដែលគាត់នៅតាមផ្លូវទៅកាន់ក្រុងដាម៉ាសនោះ ហើយក្រោយមក ត្រូវបានតែងតាំងឲ្យក្លាយជាស្មរបន្ទាល់ម្នាក់សម្រាប់ព្រះអម្ចាស់យេស៊ូវ។ គាត់ជាសាវ័កម្នាក់ ក្រៅពីពួកសិស្សទាំងដប់ពីរនាក់របស់ព្រះយេស៊ូវ។ បន្ថែមពីលើការផ្សាយដំណឹងល្អ គាត់ក៏បានរ៉ាប់រងកិច្ចការនៃការឃ្វាលពួកជំនុំនៅតាមបណ្ដាទីតាំងផ្សេងៗ ដែលពាក់ព័ន្ធនឹងការមើលថែបងប្អូនប្រុសស្រីនៃពួកជំនុំផងដែរ។ ម្យ៉ាងទៀត គឺពាក់ព័ន្ធនឹងការដឹកនាំបងប្អូនប្រុសស្រីនៅក្នុងព្រះអម្ចាស់។ ទីបន្ទាល់របស់ប៉ុលគឺត្រូវផ្សាយឲ្យមនុស្សដឹងអំពីការពិតនៃការរស់ឡើងវិញ និងការយាងឡើងទៅស្ថានសួគ៌របស់ព្រះអម្ចាស់យេស៊ូវ ក៏ដូចជាបង្រៀនមនុស្សឲ្យប្រែចិត្ត សារភាព និងដើរតាមផ្លូវនៃឈើឆ្កាង។ គាត់គឺជាស្មរបន្ទាល់ម្នាក់ក្នុងចំណោមស្មរបន្ទាល់ជាច្រើនទៀតរបស់ព្រះយេស៊ូវគ្រីស្ទកាលគ្រានោះ។

សំបុត្រទាំងដប់បីរបស់ប៉ុលត្រូវបានជ្រើសរើសសម្រាប់ការប្រើប្រាស់នៅក្នុងព្រះគម្ពីរ។ គាត់បានសរសេរសំបុត្រទាំងដប់បីនេះ ដើម្បីដោះស្រាយសភាពខុសៗគ្នារបស់មនុស្សនៅតាមកន្លែងផ្សេងៗគ្នា។ គាត់បានទទួលការប៉ះពាល់ពីព្រះវិញ្ញាណបរិសុទ្ធ ដើម្បីសរសេរសំបុត្រទាំងនោះ ហើយបង្រៀនបងប្អូនប្រុសស្រីនៅគ្រប់ទីកន្លែងចេញពីមុខតំណែងជាសាវ័កម្នាក់ (ចេញពីទស្សនៈជាអ្នកបម្រើរបស់ព្រះអម្ចាស់យេស៊ូវ)។ ដូច្នេះ សំបុត្ររបស់ប៉ុលមិនមានប្រភពចេញពីសេចក្តីទំនាយ ឬចេញដោយផ្ទាល់ពីនិមិត្តទេ ប៉ុន្តែចេញមកពីកិច្ចការដែលគាត់បានធ្វើ។ សំបុត្រទាំងនេះគ្មានអ្វីចម្លែកទេ ហើយក៏មិនពិបាកយល់ ដូចជាសេចក្តីទំនាយនោះដែរ។ វាត្រូវបានសរសេរជាសំបុត្រ ហើយមិនបញ្ចូលសេចក្តីទំនាយ ឬសេចក្តីអាថ៌កំបាំងឡើយ។ សំបុត្រទាំងនេះគ្រាន់តែមាននូវពាក្យដាស់តឿនធម្មតាៗប៉ុណ្ណោះ។ ទោះបីពាក្យជាច្រើននៃសំបុត្រទាំងនោះមានការពិបាកសម្រាប់មនុស្ស ដើម្បីចាប់បាន ឬពិបាកយល់ក៏ដោយ ក៏វាបានកើតឡើងចេញពីការកាត់ស្រាយរបស់ប៉ុលផ្ទាល់ និងចេញពីការបំភ្លឺនៃព្រះវិញ្ញាណបរិសុទ្ធប៉ុណ្ណោះ។ ប៉ុលគ្រាន់តែជាសាវ័កម្នាក់ទេ។ គាត់ជាអ្នកបម្រើម្នាក់ដែលត្រូវបានប្រើប្រាស់ ដោយព្រះអម្ចាស់យេស៊ូវ មិនមែនជាហោរាម្នាក់ឡើយ។ ក្នុងពេលកំពុងធ្វើដំណើរឆ្លងកាត់ទឹកដីផ្សេងៗ គាត់បានសរសេរសំបុត្រទៅកាន់បងប្អូនប្រុសស្រីនៃពួកជំនុំ ឬមួយក៏ក្នុងពេលដែលគាត់ឈឺ គាត់បានសរសេរទៅកាន់ពួកជំនុំដែលស្ថិតនៅក្នុងគំនិតរបស់គាត់ជាពិសេស ប៉ុន្តែគាត់មិនអាចទៅរកពួកគេបានទេ។ ដោយហេតុនេះ សំបុត្ររបស់គាត់ត្រូវបានមនុស្សរក្សាទុក ហើយក្រោយមក ត្រូវបានប្រមូល ចាត់ចែង និងរៀបចំតាមពីក្រោយកណ្ឌគម្ពីរដំណឹងល្អទាំងបួននៅក្នុងព្រះគម្ពីរពីសំណាក់មនុស្សជំនាន់ក្រោយ។ ពិតមែនហើយ ពួកគេបានជ្រើសរើស ហើយចងក្រងសំបុត្រទាំងអស់ចេញពីចំណោមសំបុត្រដ៏ល្អបំផុតដែលគាត់បានសរសេរ។ សំបុត្រទាំងនេះគឺជាប្រយោជន៍ដល់ជីវិតរបស់បងប្អូនប្រុសស្រីនៃពួកជំនុំ ហើយក៏មានភាពល្បីល្បាញពិសេសនៅក្នុងគ្រារបស់គាត់ដែរ។ នៅពេលដែលប៉ុលបានសរសេរសំបុត្រទាំងនោះ គាត់គ្មានគោលបំណងសរសេរកិច្ចការខាងវិញ្ញាណ ដែលនឹងជួយឲ្យបងប្អូនប្រុសស្រីរកឃើញផ្លូវនៃការអនុវត្ត ឬសរសេរអំពីជីវប្រវត្តិខាងវិញ្ញាណមួយ ដើម្បីបង្ហាញអំពីបទពិសោធន៍ផ្ទាល់របស់គាត់ឡើយ។ គាត់គ្មានចេតនាសរសេរសៀវភៅមួយក្បាល ដើម្បីក្លាយជាអ្នកនិពន្ធម្នាក់ទេ។ គាត់គ្រាន់តែសរសេរសំបុត្រទៅកាន់បងប្អូនប្រុសស្រីនៃពួកជំនុំរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទរបស់គាត់ប៉ុណ្ណោះ។ ចេញពីមុខតំណែងរបស់គាត់ជាអ្នកបម្រើម្នាក់ ប៉ុលបានបង្រៀនបងប្អូនប្រុសស្រីរបស់គាត់ ដោយប្រាប់ពួកគេអំពីបន្ទុករបស់គាត់ អំពីបំណងព្រះហឫទ័យរបស់ព្រះអម្ចាស់យេស៊ូវ និងអំពីកិច្ចការណាខ្លះដែលព្រះអង្គបានផ្ទុកផ្ដាក់ដល់មនុស្សនាពេលអនាគត។ នេះគឺជាកិច្ចការដែលប៉ុលបានបំពេញ។ ពាក្យរបស់គាត់គឺជាការស្អាងចិត្តសម្រាប់ជាបទពិសោធន៍ដល់បងប្អូនប្រុសស្រីនាពេលអនាគត។ សេចក្តីពិតដែលគាត់បានប្រាស្រ័យទាក់ទងនៅក្នុងសំបុត្រជាច្រើននេះ គឺជាអ្វីដែលមនុស្សនៅក្នុងយុគសម័យនៃព្រះគុណគួរតែអនុវត្ត ដែលជាមូលហេតុនាំឲ្យសំបុត្រទាំងនេះត្រូវបានរៀបចំបញ្ចូលទៅក្នុងព្រះគម្ពីរសញ្ញាថ្មីពីសំណាក់មនុស្សជំនាន់ក្រោយៗ។ ទោះបីលទ្ធផលចុងក្រោយរបស់ប៉ុលក្លាយជាអ្វីក៏ដោយ ក៏គាត់ជាបុគ្គលម្នាក់ដែលត្រូវបានប្រើប្រាស់នៅជំនាន់របស់គាត់ និងដែលបានជួយគាំទ្រដល់បងប្អូនប្រុសស្រីរបស់គាត់នៅក្នុងពួកជំនុំដែរ។ លទ្ធផលរបស់គាត់ត្រូវបានកំណត់ដោយសារជាតិរបស់គាត់ ក៏ដូចជាការដែលគាត់ត្រូវបានវាយផ្ដួលកាលពីដំបូងមកដែរ។ គាត់អាចនិយាយអំពីពាក្យទាំងប៉ុន្មានកាលគ្រានោះបាន ដោយសារតែគាត់មាននូវកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ ហើយគឺដោយសារតែកិច្ចការនេះហើយ ទើបប៉ុលបានរែកពន់បន្ទុកមួយសម្រាប់ពួកជំនុំនោះ។ នេះហើយជាហេតុផលដែលគាត់អាចផ្គត់ផ្គង់ដល់បងប្អូនប្រុសស្រីរបស់គាត់បាន។ យ៉ាងណាមិញ ដោយសារតែកាលៈទេសៈពិសេសមួយចំនួន ប៉ុលមិនអាចទៅកាន់ពួកជំនុំ ដើម្បីធ្វើការដោយផ្ទាល់ឡើយ ដូច្នេះហើយបានជាគាត់សរសេរសំបុត្រទៅកាន់ពួកគេ ដើម្បីដាស់តឿនបងប្អូនប្រុសស្រីរបស់គាត់នៅក្នុងព្រះអម្ចាស់។ ដំបូងឡើយ ប៉ុលបានបៀតបៀនពួកសាវ័ករបស់ព្រះអម្ចាស់យេស៊ូវ ប៉ុន្តែក្រោយពេលព្រះយេស៊ូវបានយាងឡើងទៅស្ថានសួគ៌ ពោលគឺក្រោយពេលប៉ុល «បានឃើញពន្លឺ» រួចមក គាត់ក៏ឈប់បៀតបៀនពួកសិស្សរបស់ព្រះអម្ចាស់យេស៊ូវតទៅទៀត ហើយក៏លែងបៀតបៀនដល់ពួកបរិសុទ្ធដែលបានប្រកាសដំណឹងល្អសម្រាប់ជាប្រយោជន៍ដល់ផ្លូវរបស់ព្រះអម្ចាស់ដែរ។ ក្រោយពេលប៉ុលបានឃើញព្រះយេស៊ូវលេចមកឲ្យគាត់ឃើញជាពន្លឺដ៏ចាំងមួយ គាត់បានទទួលយកព្រះរាជបញ្ជារបស់ព្រះអម្ចាស់ ហើយជាលទ្ធផល ក៏ក្លាយជាបុគ្គលម្នាក់ដែលត្រូវបានប្រើប្រាស់ដោយព្រះវិញ្ញាណបរិសុទ្ធ ដើម្បីផ្សាយដំណឹងល្អ។

កិច្ចការរបស់ប៉ុលកាលគ្រានោះ គឺគ្រាន់តែជួយគាំទ្រ និងផ្គត់ផ្គង់ដល់បងប្អូនប្រុសស្រីរបស់គាត់ប៉ុណ្ណោះ។ គាត់មិនដូចជាមនុស្សមួយចំនួនដែលប្រាថ្នាចង់ចាប់យកអាជីព ឬបង្កើតជាស្នាដៃអក្សរសាស្ត្រ រុករកមើលផ្លូវផ្សេង ឬរកមើលផ្លូវ ខុសពីព្រះគម្ពីរ ដែលគាត់អាចដឹកនាំមនុស្សនៅក្នុងពួកជំនុំទាំងនេះ ដើម្បីឲ្យពួកគេទាំងអស់អាចទទួលបានច្រកផ្លូវមួយថ្មីនោះឡើយ។ ប៉ុលជាបុគ្គលម្នាក់ដែលត្រូវបានប្រើប្រាស់ ហើយនៅក្នុងកិច្ចការដែលគាត់ធ្វើនោះ គាត់គ្រាន់តែបំពេញភារកិច្ចរបស់គាត់ប៉ុណ្ណោះ។ បើគាត់មិនបានរែកពន់បន្ទុកមួយសម្រាប់ពួកជំនុំទេ នោះគាត់នឹងត្រូវបានចាត់ទុកថាបានធ្វេសប្រហែសចំពោះភារកិច្ចរបស់គាត់មិនខាន។ បើមានការរំខានអ្វីមួយបានកើតឡើង ឬមានឧប្បត្តិហេតុនៃការក្បត់នៅក្នុងពួកជំនុំ ដែលនាំឲ្យមនុស្សនៅទីនោះមានសភាពមិនធម្មតា នោះគាត់អាចត្រូវបានចាត់ទុកថាមិនបានបំពេញកិច្ចការរបស់គាត់បានត្រឹមត្រូវឡើយ។ បើកម្មករម្នាក់រែកពន់បន្ទុកមួយចំពោះពួកជំនុំ ហើយធ្វើការរបស់ខ្លួនយ៉ាងអស់ពីសមត្ថភាព ការនេះសបញ្ជាក់ឲ្យឃើញថា បុគ្គលនេះគឺជាកម្មករម្នាក់ដែលមានគុណសម្បត្តិគ្រប់គ្រាន់ ពោលគឺមានគុណសម្បត្តិគ្រប់គ្រាន់ឲ្យប្រើ។ បើបុគ្គលម្នាក់គ្មានអារម្មណ៍អំពីបន្ទុកសម្រាប់ពួកជំនុំ និងមិនសម្រេចលទ្ធផលអ្វីនៅក្នុងកិច្ចការរបស់ខ្លួន ហើយមនុស្សភាគច្រើនដែលពួកគេដឹកនាំមានភាពទន់ខ្សោយ ឬមួយពួកគេថែមទាំងដួលចុះទៀត នោះកម្មករបែបនេះមិនបានបំពេញភារកិច្ចរបស់ខ្លួនឡើយ។ ដូចគ្នានេះដែរ ប៉ុលក៏គ្មានករណីលើកលែងដែរ ដែលនេះជាមូលហេតុដែលញ៉ាំងឲ្យគាត់ត្រូវមើលថែពួកជំនុំ និងសរសេរសំបុត្រជាញឹកញាប់ទៅកាន់បងប្អូនប្រុសស្រីរបស់គាត់។ គឺដោយបែបនេះហើយ ទើបគាត់អាចផ្គត់ផ្គង់ដល់ពួកជំនុំ និងមើលថែបងប្អូនប្រុសស្រីរបស់គាត់បាន។ គឺមានតែតាមរបៀបនេះប៉ុណ្ណោះ ទើបពួកជំនុំអាចទទួលបានការផ្គត់ផ្គង់ និងការឃ្វាលមើលថែពីគាត់។ ពាក្យពេចន៍ចេញពីសំបុត្រដែលគាត់បានសរសេរមានភាពជ្រាលជ្រៅណាស់ ប៉ុន្តែពាក្យទាំងនោះត្រូវបានសរសេរឡើងទៅកាន់បងប្អូនប្រុសស្រីរបស់គាត់ នៅក្រោមលក្ខខណ្ឌនៃការដែលគាត់បានទទួលការបំភ្លឺនៃព្រះវិញ្ញាណបរិសុទ្ធ ហើយគាត់បានដាក់បញ្ចូលបទពិសោធន៍ផ្ទាល់ខ្លួនរបស់គាត់ និងបន្ទុកដែលគាត់មានទៅក្នុងសំណេររបស់គាត់។ ប៉ុលគ្រាន់តែជាបុគ្គលម្នាក់ដែលត្រូវបានប្រើប្រាស់ដោយព្រះវិញ្ញាណបរិសុទ្ធប៉ុណ្ណោះ ហើយខ្លឹមសារនៃសំបុត្ររបស់គាត់សុទ្ធតែលាយឡំជាមួយនឹងបទពិសោធន៍ផ្ទាល់ខ្លួនរបស់គាត់។ កិច្ចការដែលគាត់បានធ្វើ គ្រាន់តែតំណាងឲ្យកិច្ចការនៃសាវ័កប៉ុណ្ណោះ មិនមែនជាកិច្ចការដែលត្រូវបានបំពេញដោយផ្ទាល់ពីព្រះវិញ្ញាណបរិសុទ្ធឡើយ ហើយវាក៏ខុសគ្នាពីកិច្ចការរបស់ព្រះគ្រីស្ទផងដែរ។ ប៉ុលគ្រាន់តែបំពេញភារកិច្ចរបស់គាត់ប៉ុណ្ណោះ ដែលជាមូលហេតុនាំឲ្យគាត់ផ្គត់ផ្គង់ដល់បងប្អូនប្រុសស្រីរបស់គាត់នៅក្នុងព្រះអម្ចាស់ជាមួយបន្ទុករបស់គាត់ ក៏ដូចជាបទពិសោធន៍ផ្ទាល់ខ្លួន និងការយល់ដឹងជ្រៅជ្រះរបស់គាត់ផងដែរ។ ប៉ុលគ្រាន់តែអនុវត្តកិច្ចការនៃព្រះរាជបញ្ជារបស់ព្រះជាម្ចាស់ ដោយផ្គត់ផ្គង់នូវការយល់ដឹងជ្រៅជ្រះ និងការយល់ដឹងផ្ទាល់ខ្លួនរបស់គាត់។ ច្បាស់ណាស់ ការនេះមិនមែនជាករណីនៃកិច្ចការដែលត្រូវបានធ្វើដោយព្រះជាម្ចាស់ផ្ទាល់នោះឡើយ។ ដូច្នេះហើយបានជាកិច្ចការរបស់ប៉ុលត្រូវបានលាយឡំជាមួយបទពិសោធន៍ជាមនុស្ស ព្រមជាមួយទស្សនៈ និងការយល់ដឹងជាមនុស្សនៃកិច្ចការរបស់ពួកជំនុំនោះ។ យ៉ាងណាមិញ ទស្សនៈ និងការយល់ដឹងជាមនុស្សទាំងនេះមិនអាចនិយាយបានថាជាកិច្ចការរបស់ពួកវិញ្ញាណអាក្រក់ ឬកិច្ចការនៃសាច់ឈាមនោះឡើយ។ ការទាំងនេះអាចនិយាយបានត្រឹមជាចំណេះដឹង និងបទពិសោធន៍របស់បុគ្គលម្នាក់ដែលត្រូវបានព្រះវិញ្ញាណបរិសុទ្ធបំភ្លឺតែប៉ុណ្ណោះ។ ចំពោះការនេះ ខ្ញុំចង់មានន័យថា សំបុត្ររបស់ប៉ុលមិនមែនជាសៀវភៅពីស្ថានសួគ៌ឡើយ។ សំបុត្រទាំងនេះមិនបរិសុទ្ធ ហើយមិនត្រូវបានថ្លែង ឬសម្ដែងចេញដោយព្រះវិញ្ញាណបរិសុទ្ធនោះឡើយ។ សំបុត្រទាំងនេះគ្រាន់តែជាការសម្ដែងចេញនូវបន្ទុករបស់ប៉ុលសម្រាប់ពួកជំនុំតែប៉ុណ្ណោះ។ គោលបំណងដែលនាំឲ្យខ្ញុំមានបន្ទូលបែបនេះគឺដើម្បីជួយឲ្យអ្នករាល់គ្នាយល់អំពីភាពខុសគ្នារវាងកិច្ចការរបស់ព្រះជាម្ចាស់ និងកិច្ចការរបស់មនុស្ស៖ កិច្ចការរបស់ព្រះជាម្ចាស់តំណាងឲ្យព្រះជាម្ចាស់ដោយផ្ទាល់ព្រះអង្គ រីឯកិច្ចការរបស់មនុស្សវិញតំណាងឲ្យភារកិច្ច និងបទពិសោធន៍របស់មនុស្ស។ បុគ្គលម្នាក់មិនគួរចាត់ទុកកិច្ចការធម្មតារបស់ព្រះជាម្ចាស់ថាជាឆន្ទៈរបស់មនុស្ស ហើយកិច្ចការអធិធម្មជាតិរបស់ទ្រង់ជាបំណងព្រះហឫទ័យរបស់ព្រះនោះឡើយ។ ជាងនេះទៀត គេក៏មិនគួរចាត់ទុកសេចក្តីអធិប្បាយដ៏ក្អេងក្អាងរបស់មនុស្សថាជាព្រះសូរសៀងរបស់ព្រះជាម្ចាស់ ឬជាសៀវភៅពីស្ថានសួគ៌នោះដែរ។ ទស្សនៈទាំងអស់នេះនឹងគ្មានក្រមសីលធម៌ឡើយ។ ពេលឮខ្ញុំវិភាគវែកញែកអំពីសំបុត្រទាំងដប់បីរបស់ប៉ុលបែបនេះ មនុស្សជាច្រើនជឿថា ពួកគេមិនត្រូវអានសំបុត្ររបស់ប៉ុលឡើយ ព្រមទាំងជឿទៀតថា ប៉ុលជាមនុស្សបាបដ៏អាក្រក់ម្នាក់។ ថែមទាំងមានមនុស្សជាច្រើនទៀតគិតថា ព្រះបន្ទូលរបស់ខ្ញុំគឺគ្មានមេត្តា គិតថាការវាយតម្លៃរបស់ខ្ញុំចំពោះសំបុត្ររបស់ប៉ុលគឺមិនសុក្រឹត និងគិតទៀតថា សំបុត្រទាំងនោះមិនអាចត្រូវបានចាត់ទុកជាការសម្ដែងចេញពីបទពិសោធន៍ និងបន្ទុករបស់មនុស្សឡើយ។ ផ្ទុយទៅវិញ ពួកគេជឿថា សំបុត្រទាំងនោះគួរតែត្រូវបានចាត់ទុកជាព្រះបន្ទូលរបស់ព្រះ ជឿថាវាគួរតែមានភាពសំខាន់ដូចជាកណ្ឌគម្ពីរវិវរណៈរបស់យ៉ូហាន ជឿថាសំបុត្រទាំងនោះមិនអាចត្រូវបានបង្រួញ ឬបន្ថែមឡើយ ហើយជាងនេះទៀត ពួកគេជឿថា សំបុត្រទាំងនោះមិនអាចត្រូវបានពន្យល់តាមបែបធម្មតាឡើយ។ តើការអះអាងរបស់មនុស្សទាំងអស់នេះមិនមែនមិនត្រឹមត្រូវទេឬ? តើនោះមិនមែនដោយសារតែការពិតដែលមនុស្សគ្មានញាណទាំងស្រុងទេឬ? សំបុត្ររបស់ប៉ុលផ្ដល់ប្រយោជន៍យ៉ាងច្រើនដល់មនុស្ស ហើយវាក៏មានប្រវត្តិសាស្ត្រជាង២០០០ឆ្នាំផងដែរ។ យ៉ាងណាមិញ សព្វថ្ងៃនេះ នៅតែមានមនុស្សជាច្រើន ដែលមិនចេះវាស់ស្ទង់អំពីអ្វីដែលគាត់បានមានប្រសាសន៍កាលគ្រានោះ។ មនុស្សចាត់ទុកសំបុត្ររបស់ប៉ុលជាស្នាដៃឯកដ៏អស្ចារ្យបំផុតនៅក្នុងចំណោមស្នាដៃទាំងអស់របស់គ្រីស្ទសាសនា ព្រមទាំងគិតថា គ្មាននរណាម្នាក់អាចយល់បានទាំងស្រុងអំពីស្នាដៃទាំងនោះឡើយ។ តាមពិតទៅ សំបុត្រទាំងនេះប្រៀបដូចជាជីវប្រវត្តិរបស់បុគ្គលខាងវិញ្ញាណម្នាក់ប៉ុណ្ណោះ ហើយវាមិនអាចយកទៅប្រៀបធៀបជាមួយនឹងព្រះបន្ទូលរបស់ព្រះយេស៊ូវ ឬនិមិត្តដ៏អស្ចារ្យដែលយ៉ូហានបានឃើញនោះឡើយ។ ផ្ទុយទៅវិញ អ្វីដែលយ៉ូហានបានឃើញគឺជានិមិត្តដ៏អស្ចារ្យពីស្ថានសួគ៌ ជាសេចក្តីទំនាយអំពីកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ ដែលមនុស្សមិនអាចសម្រេចបានទេ ឯសំបុត្ររបស់ប៉ុលវិញគ្រាន់តែជាសេចក្តីពណ៌នាអំពីអ្វីដែលមនុស្សម្នាក់បានឃើញ និងបានដកពិសោធន៍ប៉ុណ្ណោះ។ វាជាអ្វីដែលមនុស្សមានសមត្ថភាពអាចធ្វើបាន ប៉ុន្តែវាមិនមែនជាសេចក្តីទំនាយ ឬនិមិត្តឡើយ។ វាគ្រាន់តែជាសំបុត្រដែលត្រូវបានផ្ញើទៅកាន់ទីកន្លែងផ្សេងៗប៉ុណ្ណោះ។ យ៉ាងណាមិញ សម្រាប់មនុស្សកាលគ្រានោះ ប៉ុលជាអ្នកធ្វើការម្នាក់ ដូច្នេះ ពាក្យរបស់គាត់មាននូវគុណតម្លៃ ដោយសារតែគាត់ជាបុគ្គលម្នាក់ដែលបានទទួលយកអ្វីដែលបានផ្ទុកផ្ដាក់ដល់គាត់។ នេះហើយជាហេតុផលដែលនាំឲ្យសំបុត្ររបស់គាត់មានប្រយោជន៍ដល់អស់អ្នកដែលស្វែងរកព្រះគ្រីស្ទនោះ។ ទោះបីជាពាក្យទាំងនោះមិនត្រូវបានថ្លែងឡើងដោយព្រះយេស៊ូវផ្ទាល់ក៏ដោយ ក៏នៅទីបំផុត ពាក្យទាំងនោះមានប្រយោជន៍សម្រាប់ជំនាន់របស់ពួកគេដែរ។ ដូច្នេះ មនុស្សដែលមកតាមក្រោយប៉ុល បានរៀបចំសំបុត្ររបស់គាត់នៅក្នុងព្រះគម្ពីរ ដើម្បីឲ្យសំបុត្រទាំងនោះបន្តមកដល់ពេលសព្វថ្ងៃនេះ។ តើអ្នករាល់គ្នាយល់អត្ថន័យរបស់ខ្ញុំដែរឬទេ? ខ្ញុំកំពុងតែផ្តល់ឲ្យអ្នកនូវសេចក្តីពន្យល់ដ៏សុក្រឹតមួយអំពីសំបុត្រទាំងនេះ ហើយវិភាគវែកញែកសំបុត្រទាំងនោះ ដោយមិនបានបដិសេធអំពីអត្ថប្រយោជន៍ និងគុណតម្លៃនៃសំបុត្រទាំងនោះដែលមានចំពោះមនុស្ស ដូចបានលើកឡើងឡើយ។ បន្ទាប់ពីអានព្រះបន្ទូលរបស់ខ្ញុំហើយ បើអ្នករាល់គ្នាមិនគ្រាន់តែបដិសេធសំបុត្ររបស់ប៉ុលប៉ុណ្ណោះទេ តែចាត់ទុកសំបុត្រទាំងនោះជាសេចក្តីខុសឆ្គង ឬគ្មានតម្លៃទៀតនោះ គឺអាចនិយាយបានថា សមត្ថភាពឈ្វេងយល់ ព្រមទាំងការយល់ដឹងជ្រៅជ្រះ និងការវិនិច្ឆ័យរបស់អ្នករាល់គ្នាមានកម្រិតនៅខ្សោយណាស់។ ច្បាស់ណាស់ វាមិនអាចនិយាយបានថា ព្រះបន្ទូលរបស់ខ្ញុំផ្អៀងទៅម្ខាងជ្រុលពេកនោះឡើយ។ ឥឡូវនេះ តើអ្នករាល់គ្នាយល់ដែរឬទេ? ចំណុចសំខាន់ដែលអ្នករាល់គ្នាត្រូវយល់គឺជាស្ថានការណ៍ពិតជាក់ស្ដែងអំពីកិច្ចការរបស់ប៉ុលកាលគ្រានោះ និងសាវតារដែលនាំឲ្យសំបុត្ររបស់គាត់ត្រូវបានសរសេរឡើង។ បើអ្នកមានទស្សនៈដ៏ត្រឹមត្រូវអំពីកាលៈទេសៈទាំងនេះ នោះអ្នករាល់គ្នាក៏នឹងមានទស្សនៈដ៏ត្រឹមត្រូវអំពីសំបុត្ររបស់ប៉ុលផងដែរ។ ស្របពេលនេះដែរ ពេលដែលអ្នកបានវាស់ស្ទង់អំពីសារជាតិនៃសំបុត្រទាំងនោះ ការវាយតម្លៃរបស់អ្នកអំពីព្រះគម្ពីរក៏នឹងមានភាពត្រឹមត្រូវផងដែរ ហើយបន្ទាប់មក អ្នកនឹងយល់អំពីមូលហេតុដែលនាំឲ្យសំបុត្ររបស់ប៉ុលត្រូវបានថ្វាយបង្គំយ៉ាងខ្លាំងពីសំណាក់មនុស្សជំនាន់ក្រោយៗអស់រយៈពេលជាច្រើនឆ្នាំ ក៏ដូចជាហេតុផលដែលនាំឲ្យមនុស្សជាច្រើនចាត់ទុកគាត់ដូចជាព្រះផងដែរ។ តើការនេះនឹងមិនមែនជាអ្វីមួយដែលអ្នកនឹងគិតដែរទេឬអី បើអ្នករាល់គ្នាមិនយល់នោះ?

មនុស្សម្នាក់ដែលមិនមែនជាព្រះជាម្ចាស់ផ្ទាល់ មិនអាចតំណាងឲ្យព្រះជាម្ចាស់ផ្ទាល់បានឡើយ។ កិច្ចការរបស់ប៉ុលអាចនិយាយបានថា គ្រាន់តែជាផ្នែកមួយនៃទស្សនៈរបស់មនុស្ស និងជាផ្នែកមួយនៃការបំភ្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធប៉ុណ្ណោះ។ ប៉ុលបានសរសេរពាក្យទាំងនេះចេញពីទស្សនៈជាមនុស្ស ដោយមានការបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធ។ នេះមិនមែនជារឿងកម្រឡើយ។ ដូច្នេះ ដោយមិនអាចចៀសផុត ពាក្យសម្ដីរបស់គាត់ត្រូវបានលាយឡំជាមួយបទពិសោធន៍មួយចំនួនរបស់មនុស្ស ហើយក្រោយមក គាត់បានប្រើបទពិសោធន៍ផ្ទាល់ខ្លួនរបស់គាត់ ដើម្បីផ្គត់ផ្គង់ និងជួយគាំទ្រដល់បងប្អូនប្រុសស្រីរបស់គាត់នៅគ្រានោះ។ សំបុត្រដែលគាត់បានសរសេរមិនអាចចាត់ថ្នាក់ថាជាការសិក្សាអំពីជីវិត ហើយវាក៏មិនអាចចាត់ថ្នាក់ថាជាជីវប្រវត្តិ ឬជាសារមួយនោះដែរ។ ជាងនេះទៀត សំបុត្រទាំងនេះក៏មិនមែនជាសេចក្តីពិត ដែលត្រូវបានអនុវត្តដោយពួកជំនុំ ឬដោយបញ្ញត្តិរដ្ឋបាលរបស់ពួកជំនុំដែរ។ ក្នុងនាមជាបុគ្គលម្នាក់ដែលមានបន្ទុក ជាមនុស្សម្នាក់ដែលព្រះវិញ្ញាណបរិសុទ្ធចាត់ឲ្យធ្វើកិច្ចការ នេះជាអ្វីមួយដែលពួកគេត្រូវតែធ្វើប៉ុណ្ណោះ។ បើព្រះវិញ្ញាណបរិសុទ្ធតែងតាំងមនុស្ស ហើយប្រទានបន្ទុកមួយដល់ពួកគេ ប៉ុន្តែពួកគេមិនទទួលយកកិច្ចការនៃពួកជំនុំ ហើយមិនអាចគ្រប់គ្រងកិច្ចការនៃពួកជំនុំបានល្អ ឬដោះស្រាយគ្រប់ទាំងបញ្ហានៃពួកជំនុំជាទីគាប់ចិត្តទេ នោះការនេះសបញ្ជាក់ឲ្យឃើញថា មនុស្សទាំងនោះមិនបានបំពេញភារកិច្ចរបស់ខ្លួនបានត្រឹមត្រូវឡើយ។ ដូច្នេះ ការដែលសាវ័កម្នាក់អាចសរសេរសំបុត្រនៅក្នុងដំណើរនៃកិច្ចការរបស់គេ នោះមិនមែនជារឿងអាថ៌កំបាំងឡើយ។ ការនេះជាផ្នែកមួយនៃការងាររបស់ពួកគេប៉ុណ្ណោះ។ ពួកគេមានកាតព្វកិច្ចត្រូវធ្វើកិច្ចការនោះ។ គោលបំណងរបស់ពួកគេនៃការសរសេរសំបុត្រ មិនមែនដើម្បីសរសេរអំពីការសិក្សាជីវិតមួយ ឬជីវប្រវត្តិខាងវិញ្ញាណឡើយ ហើយភាគច្រើន វាមិនមែនជាការបើកផ្លូវមួយផ្សេងទៀតសម្រាប់ពួកបរិសុទ្ធទេ។ ផ្ទុយទៅវិញ ពួកគេបានធ្វើកិច្ចការនេះ ដើម្បីបំពេញមុខងារផ្ទាល់ខ្លួនរបស់ពួកគេ និងដើម្បីក្លាយជាអ្នកបម្រើដ៏ស្មោះត្រង់ម្នាក់ចំពោះព្រះជាម្ចាស់ប៉ុណ្ណោះ ដូច្នេះ ពួកគេអាចទទួលខុសត្រូវចំពោះព្រះជាម្ចាស់ តាមរយៈការបំពេញកិច្ចការដែលព្រះអង្គបានផ្ទុកផ្ដាក់ដល់ពួកគេ។ ពួកគេត្រូវទទួលខុសត្រូវសម្រាប់ខ្លួនឯង និងសម្រាប់បងប្អូនប្រុសស្រីរបស់ពួកគេនៅក្នុងកិច្ចការរបស់ពួកគេ ហើយពួកគេត្រូវធ្វើកិច្ចការរបស់ខ្លួនឲ្យបានល្អ ព្រមទាំងធ្វើកិច្ចការនៃពួកជំនុំយ៉ាងអស់ពីចិត្ត៖ ការទាំងអស់នេះគ្រាន់តែជាផ្នែកមួយនៃកិច្ចការរបស់ពួកគេប៉ុណ្ណោះ។

បើអ្នករាល់គ្នាបានទទួលការយល់ដឹងអំពីសំបុត្ររបស់ប៉ុល អ្នករាល់គ្នាក៏នឹងមានគំនិត និងការវាយតម្លៃដ៏ត្រឹមត្រូវមួយទាក់ទងនឹងសំបុត្ររបស់ពេត្រុស និងយ៉ូហានដែរ។ អ្នករាល់គ្នានឹងមិនមើលទៅកាន់សំបុត្រទាំងនេះថាជាសៀវភៅពីស្ថានសួគ៌ ដែលបរិសុទ្ធ និងមិនគួរបំពានទៀតឡើយ ហើយអ្នកក៏នឹងមិនចាត់ទុកប៉ុលជាព្រះទៀតដែរ។ ជារួមមក កិច្ចការរបស់ព្រះជាម្ចាស់ខុសប្លែកពីកិច្ចការរបស់មនុស្ស ហើយជាងនេះទៀត តើការសម្ដែងចេញរបស់ទ្រង់អាចដូចគ្នាទៅនឹងការសម្ដែងចេញរបស់ពួកគេម្ដេចកើតទៅ? ព្រះជាម្ចាស់មាននិស្ស័យដ៏ពិសេសផ្ទាល់របស់ទ្រង់ ឯមនុស្សវិញ មានភារកិច្ចដែលពួកគេគួរតែបំពេញ។ និស្ស័យរបស់ព្រះត្រូវបានសម្ដែងចេញនៅក្នុងកិច្ចការរបស់ទ្រង់ ខណៈពេលដែលភារកិច្ចរបស់មនុស្សត្រូវបានតំណាងនៅក្នុងបទពិសោធន៍របស់មនុស្ស និងត្រូវបានសម្ដែងចេញនៅក្នុងការដេញតាមរបស់មនុស្ស។ ដូច្នេះ តាមរយៈកិច្ចការដែលត្រូវបានធ្វើ វាស្ដែងឲ្យឃើញយ៉ាងច្បាស់ថាតើវាជាកាសម្ដែងចេញរបស់ព្រះជាម្ចាស់ ឬក៏ជាការសម្ដែងចេញរបស់មនុស្ស។ ការនេះមិនចាំបាច់ឲ្យព្រះជាម្ចាស់ពន្យល់ដោយផ្ទាល់ឡើយ ហើយវាក៏មិនតម្រូវឲ្យមនុស្សស្វះស្វែងធ្វើបន្ទាល់ដែរ។ លើសពីនេះ វាមិនត្រូវការឲ្យព្រះជាម្ចាស់ផ្ទាល់ព្រះអង្គបង្រ្កាបមនុស្សណាម្នាក់ឡើយ។ ការទាំងអស់នេះចេញមកជាការបើកសម្ដែងពីធម្មជាតិតែម្ដង។ វាមិនអាចត្រូវបានបង្ខំ ហើយក៏មិនមែនជាអ្វីមួយដែលមនុស្សអាចជ្រៀតជ្រែងបាននោះដែរ។ ភារកិច្ចរបស់មនុស្សអាចត្រូវបានស្គាល់ តាមរយៈបទពិសោធន៍របស់គេ ហើយវាមិនតម្រូវឲ្យមនុស្សធ្វើកិច្ចការពិសោធន៍បន្ថែមទៀតឡើយ។ គ្រប់ទាំងសារជាតិរបស់មនុស្សអាចត្រូវបានបើកសម្ដែងឲ្យឃើញ នៅពេលដែលពួកគេបំពេញភារកិច្ចរបស់ខ្លួន ឯព្រះជាម្ចាស់វិញ ទ្រង់អាចសម្ដែងចេញពីនិស្ស័យដើមរបស់ទ្រង់ ក្នុងពេលដែលព្រះអង្គធ្វើកិច្ចការរបស់ទ្រង់។ បើវាជាកិច្ចការរបស់មនុស្ស នោះវាមិនអាចត្រូវបានគ្របបាំងបានឡើយ។ បើវាជាកិច្ចការរបស់ព្រះជាម្ចាស់ នោះនិស្ស័យរបស់ព្រះកាន់តែមិនអាចត្រូវបានបិទបាំងដោយមនុស្សណាម្នាក់ ហើយរឹតតែមិនត្រូវបានគ្រប់គ្រងដោយមនុស្សថែមទៀត។ គ្មានមនុស្សណាម្នាក់ អាចត្រូវបាននិយាយថាជាព្រះជាម្ចាស់បានឡើយ ហើយកិច្ចការ និងពាក្យពេចន៍របស់ពួកគេក៏មិនអាចត្រូវបានចាត់ទុកថាបរិសុទ្ធ ឬមិនចេះប្រែប្រួលនោះដែរ។ ព្រះជាម្ចាស់អាចត្រូវបាននិយាយថាជាមនុស្ស ដោយសារតែព្រះអង្គបានដណ្ដប់អង្គទ្រង់នៅក្នុងសាច់ឈាម ប៉ុន្តែកិច្ចការរបស់ទ្រង់មិនអាចត្រូវបានចាត់ទុកជាកិច្ចការរបស់មនុស្ស ឬជាភារកិច្ចរបស់មនុស្សឡើយ។ ជាងនេះទៀត ព្រះសូរសៀងរបស់ព្រះជាម្ចាស់ និងសំបុត្ររបស់ប៉ុលមិនអាចមានឋានៈស្មើគ្នាទេ ហើយការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះជាម្ចាស់ ព្រមទាំងពាក្យសម្ដីប្រៀនប្រដៅរបស់មនុស្សមិនអាចថ្លែងឡើងនៅកម្រិតស្មើគ្នានោះដែរ។ ដូច្នេះ វាមាននូវគោលការណ៍ផ្សេងៗ ដែលវែកញែកកិច្ចការរបស់ព្រះជាម្ចាស់ចេញពីកិច្ចការរបស់មនុស្ស។ គោលការណ៍ទាំងនេះត្រូវបានវែកញែកស្របតាមសារជាតិរបស់វា មិនមែនដោយវិសាលភាពនៃកិច្ចការ ឬប្រសិទ្ធផលបណ្ដោះអាសន្នរបស់វានោះឡើយ។ ចំពោះប្រធានបទនេះ មនុស្សភាគច្រើនមានការយល់ខុសអំពីគោលការណ៍។ នេះដោយសារតែមនុស្សសម្លឹងមើលផ្នែកខាងក្រៅដែលពួកគេអាចសម្រេចបាន ចំណែកឯព្រះជាម្ចាស់វិញ ទ្រង់ទតមើលទៅកាន់សារជាតិ ដែលមិនអាចកត់សម្គាល់ឃើញដោយភ្នែកខាងរូបកាយរបស់មនុស្សជាតិឡើយ។ បើអ្នកចាត់ទុកព្រះបន្ទូល និងកិច្ចការរបស់ព្រះជាម្ចាស់ ជាភារកិច្ចរបស់មនុស្សធម្មតា ហើយចាត់ទុកកិច្ចការខ្នាតធំរបស់មនុស្សជាកិច្ចការរបស់ព្រះជាម្ចាស់ ដែលត្រូវបានស្លៀកពាក់នៅក្នុងសាច់ឈាម ជាជាងជាភារកិច្ចដែលមនុស្សបំពេញ តើអ្នកមិនបានយល់ច្រឡំអំពីគោលការណ៍ទេឬ? សំបុត្រ និងជីវប្រវត្តិរបស់មនុស្សអាចត្រូវបានសរសេរយ៉ាងងាយស្រួល ប៉ុន្តែលុះត្រាតែស្ថិតនៅលើមូលដ្ឋាននៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធប៉ុណ្ណោះ។ យ៉ាងណាមិញ ព្រះសូរសៀង និងកិច្ចការរបស់ព្រះជាម្ចាស់មិនអាចត្រូវបានសម្រេចយ៉ាងងាយស្រួលដោយមនុស្ស ឬសម្រេចដោយប្រាជ្ញា និងការគិតរបស់មនុស្សឡើយ ហើយមនុស្សក៏មិនអាចពន្យល់ការទាំងនោះយ៉ាងហ្មត់ចត់ ក្រោយពេលរុករកការទាំងនោះដែរ។ បើរឿងរ៉ាវនៃគោលការណ៍ទាំងនេះមិនដាស់ឲ្យមានប្រតិកម្មណាមួយនៅក្នុងអ្នករាល់គ្នាទេ នោះវាស្ដែងឲ្យឃើញថា សេចក្តីជំនឿរបស់អ្នករាល់គ្នាមិនមែនជាការពិត ឬសុទ្ធល្អឡើយ។ គឺអាចត្រឹមតែនិយាយបានថា សេចក្តីជំនឿរបស់អ្នកពេញដោយភាពស្រពេចស្រពិល ព្រមទាំងច្របូកច្របល់ និងគ្មានគោលការណ៍។ ដោយមិនមានការយល់ដឹងអំពីបញ្ហាដ៏សំខាន់ជាមូលដ្ឋានបំផុតរបស់ព្រះជាម្ចាស់ និងមនុស្ស តើសេចក្តីជំនឿប្រភេទនេះមិនមែនជាសេចក្តីជំនឿដែលខ្វះនូវការយល់ដឹងទាំងស្រុងទេឬ? តើប៉ុលអាចក្លាយជាបុគ្គលតែម្នាក់គត់ ដែលត្រូវបានប្រើប្រាស់នៅទូទាំងប្រវត្តិសាស្ត្រម្ដេចកើតទៅ? តើគាត់អាចក្លាយជាបុគ្គលតែម្នាក់ ដែលបានធ្វើការសម្រាប់ពួកជំនុំយ៉ាងដូចម្ដេចទៅ? តើគាត់អាចក្លាយជាបុគ្គលតែម្នាក់ដែលបានសរសេរទៅកាន់ពួកជំនុំ ដើម្បីជួយគាំទ្រដល់ពួកគេយ៉ាងដូចម្ដេច? មិនថាកិច្ចការរបស់មនុស្សទាំងនេះមានកម្រិត ឬឥទ្ធិពលយ៉ាងណា ឬទោះបីលទ្ធផលនៃកិច្ចការរបស់ពួកគេក្លាយជាបែបណាឡើយ តើគោលការណ៍ និងសារជាតិនៃកិច្ចការបែបនេះមិនសុទ្ធតែស្រដៀងគ្នាទេឬ? តើការនេះមិនមែនជាអ្វីមួយដែលខុសស្រឡះពីកិច្ចការរបស់ព្រះជាម្ចាស់ទេឬ? ទោះបីវាមាននូវភាពខុសគ្នាច្បាស់ៗរវាងដំណាក់កាលនីមួយៗនៃកិច្ចការរបស់ព្រះជាម្ចាស់ ហើយទោះបីវិធីសាស្ត្រជាច្រើននៃកិច្ចការរបស់ទ្រង់មិនដូចគ្នាទាំងស្រុងក៏ដោយ តើទាំងអស់នោះមិនមានសារជាតិ និងប្រភពតែមួយទេឬ? ដោយហេតុនេះ បើមនុស្សម្នាក់នៅតែមិនច្បាស់អំពីសេចក្តីទាំងនេះនាពេលសព្វថ្ងៃទេ នោះពួកគេកំពុងតែខ្វះនូវការត្រិះរិះពិចារណាច្រើនពេកហើយ។ ក្រោយពេលអានព្រះបន្ទូលទាំងនេះហើយ បើបុគ្គលម្នាក់នៅតែនិយាយថា សំបុត្ររបស់ប៉ុលជាសំបុត្របរិសុទ្ធ និងមិនគួរបំពាន ហើយមានលក្ខណៈខុសប្លែកពីជីវប្រវត្តិរបស់បុគ្គលខាងវិញ្ញាណទៀត នោះការត្រិះរិះពិចារណារបស់បុគ្គលនេះគឺខុសពីធម្មតាឆ្ងាយណាស់ ហើយគ្មានអ្វីដែលត្រូវឆ្ងល់ឡើយថា មនុស្សបែបនេះគឺជាអ្នកជំនាញខាងគោលលទ្ធិម្នាក់ ដែលគ្មានន័យសោះឡើយ។ ទោះបីជាអ្នកថ្វាយបង្គំប៉ុលក៏ដោយ ក៏អ្នកមិនអាចប្រើអារម្មណ៍កក់ក្ដៅដែលអ្នកមានចំពោះគាត់ ទៅបំភ្លៃសេចក្តីពិតនៃការពិត ឬច្រានចោលអត្ថិភាពនៃសេចក្តីពិតនោះដែរ។ លើសពីនេះទៀត អ្វីដែលខ្ញុំបានមានបន្ទូលនេះ គ្មានចេតនាអ្វីទៅដុតបំផ្លាញគ្រប់ទាំងកិច្ចការ និងសំបុត្ររបស់ប៉ុល ឬក៏បដិសេធទាំងស្រុងចំពោះគុណតម្លៃនៃកិច្ចការ និងសំបុត្ររបស់គាត់នោះដែរ។ យ៉ាងណាក៏ដោយ ចេតនារបស់ខ្ញុំនៅក្នុងការថ្លែងអំពីព្រះបន្ទូលទាំងនេះ គឺដើម្បីឲ្យអ្នករាល់គ្នាទទួលបាននូវការយល់ដឹងដ៏ត្រឹមត្រូវ ហើយមានការវាយតម្លៃដ៏សមហេតុផលមួយអំពីកិច្ចការគ្រប់យ៉ាង និងមនុស្សទាំងអស់ប៉ុណ្ណោះ៖ មានតែបែបនេះទេ ទើបជាការត្រិះរិះពិចារណាបែបធម្មតា ហើយមានតែបែបនេះទេ ទើបជាអ្វីដែលអ្នកកាន់សាសនាដែលមានសេចក្តីពិត គួរតែបំពាក់បំប៉នខ្លួន។

ខាង​ដើម៖ ព្រះជាម្ចាស់ គឺជាម្ចាស់នៃសព្វសារពើទាំងអស់

បន្ទាប់៖ ជោគជ័យ ឬបរាជ័យ អាស្រ័យលើផ្លូវដែលមនុស្សដើរ

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។

ខ្លឹមសារ​ពាក់ព័ន្ធ

អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់

ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំង កាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏សកម្ម...

អំពីបទពិសោធន៍

តាមរយៈបទពិសោធន៍របស់ពេត្រុស គាត់បានឆ្លងកាត់ ការល្បងលរាប់រយដងមកហើយ។ បើទោះបីជាមនុស្សសព្វថ្ងៃ នេះដឹងអំពីពាក្យថា «ការល្បងល» ក៏ពួកគេនៅតែយល់ច្រឡំ...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ