មានតែអ្នកដែលផ្តោតលើការអនុវត្តប៉ុណ្ណោះ ទើបអាចត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍
នៅគ្រាចុងក្រោយ ព្រះជាម្ចាស់បានត្រឡប់ជាសាច់ឈាមដើម្បីបំពេញកិច្ចការដែលទ្រង់គួរធ្វើ និងដើម្បីបំពេញព័ន្ធកិច្ចនៃព្រះបន្ទូលរបស់ទ្រង់។ ទ្រង់បានយាងមកក្នុងសណ្ឋានជាមនុស្ស ដើម្បីធ្វើកិច្ចការនៅចំពោះមនុស្សជាតិ ដោយមានគោលដៅក្នុងការប្រទានឱ្យអស់អ្នកដែលធ្វើតាមព្រះហឫទ័យទ្រង់បានគ្រប់លក្ខណ៍។ ចាប់ពីពេលនៃការបង្កើតរហូតមកដល់សព្វថ្ងៃនេះ គឺមានតែនៅគ្រាចុងក្រោយបង្អស់ប៉ុណ្ណោះដែលទ្រង់បានបំពេញកិច្ចការប្រភេទនេះ។ មានតែនៅគ្រាចុងក្រោយបង្អស់ទេ ដែលព្រះជាម្ចាស់បានយកកំណើតដើម្បីធ្វើកិច្ចការទ្រង់ទ្រាយធំបែបនេះ។ ទោះបីជាទ្រង់ស៊ូទ្រាំនឹងការលំបាកដែលមនុស្សគិតថាពិបាកនឹងស៊ូទ្រាំ ហើយទោះបីជាទ្រង់ជាព្រះជាម្ចាស់ដ៏អស្ចារ្យដែលនៅតែមានការបន្ទាបខ្លួនដើម្បីត្រឡប់ជាមនុស្សធម្មតាក៏ដោយ ក៏គ្មានទិដ្ឋភាពនៃកិច្ចការរបស់ទ្រង់ត្រូវបានពន្យារពេលឡើយ ហើយផែនការរបស់ទ្រង់មិនមានលក្ខណៈតូចបំផុតដែលទទួលរងនូវភាពច្របូកច្របល់នោះឡើយ។ ទ្រង់កំពុងធ្វើកិច្ចការទៅតាមផែនការដើមរបស់ទ្រង់។ គោលបំណងមួយនៃការយកកំណើតជាមនុស្សនេះ គឺដើម្បីយកឈ្នះមនុស្ស មួយវិញទៀតគឺធ្វើឱ្យមនុស្សដែលទ្រង់ស្រឡាញ់បានគ្រប់លក្ខណ៍។ ទ្រង់មានព្រះទ័យទតឃើញដោយព្រះនេត្រទ្រង់ផ្ទាល់ ចំពោះមនុស្សដែលទ្រង់បានប្រទានឱ្យគ្រប់លក្ខណ៍ ហើយទ្រង់មានព្រះទ័យទតឃើញដោយអង្គទ្រង់ផ្ទាល់ពីរបៀបរបស់មនុស្សដែលទ្រង់ប្រោសឱ្យគ្រប់លក្ខណ៍ ធ្វើទីបន្ទាល់សម្រាប់ទ្រង់ផងដែរ។ វាមិនមែនតែមនុស្សម្នាក់ ឬពីរនាក់ដែលទ្រង់ប្រោសឱ្យគ្រប់លក្ខណ៍នោះទេ។ ផ្ទុយទៅវិញ វាគឺជាក្រុមមួយ ដែលមានមនុស្សតែពីរបីនាក់ប៉ុណ្ណោះ។ មនុស្សនៅក្នុងក្រុមនេះមកពីប្រទេសផ្សេងៗនៅលើពិភពលោក និងមកពីសាសន៍ផ្សេងៗនៅលើពិភពលោក។ គោលបំណងនៃការធ្វើកិច្ចការជាច្រើនដល់ម៉្លេះ គឺដើម្បីទទួលយកក្រុមមនុស្សនេះ ដើម្បីទទួលយកនូវទីបន្ទាល់ដែលក្រុមមនុស្សនេះធ្វើនៅចំពោះទ្រង់ និងដើម្បីទទួលបាននូវសិរីល្អដែលទ្រង់អាចទាញយកពីពួកគេ។ ទ្រង់មិនធ្វើកិច្ចការណាដែលមិនសំខាន់ ហើយក៏មិនធ្វើកិច្ចការណាដែលគ្មានតម្លៃដែរ។ អាចនិយាយបានថា គោលបំណងរបស់ព្រះជាម្ចាស់ ក្នុងការធ្វើកិច្ចការជាច្រើនដល់ម៉្លេះ គឺដើម្បីឱ្យប្រោសឱ្យគ្រប់លក្ខណ៍ដល់អស់អ្នកដែលទ្រង់សព្វព្រះហឫទ័យឱ្យបានគ្រប់លក្ខណ៍។ នៅពេលទំនេររបស់ទ្រង់ក្រៅពីកិច្ចការនេះ ទ្រង់នឹងផាត់មនុស្សអាក្រក់ចោល។ ចូរដឹងថា ទ្រង់មិនធ្វើកិច្ចការដ៏អស្ចារ្យនេះដោយសារតែមនុស្សអាក្រក់នោះទេ តែផ្ទុយទៅវិញ ទ្រង់បានប្រទានអ្វីទាំងអស់ដោយសារតែមនុស្សមួយចំនួនតូច ដែលនឹងត្រូវបានឱ្យប្រោសឱ្យគ្រប់លក្ខណ៍ដោយសារទ្រង់វិញ។ កិច្ចការដែលទ្រង់ធ្វើ ព្រះបន្ទូលដែលទ្រង់មានបន្ទូល អាថ៌កំបាំងដែលទ្រង់បើកសម្ដែង ហើយការជំនុំជម្រះ និងការវាយផ្ចាលរបស់ទ្រង់ គឺសម្រាប់ជាប្រយោជន៍ដល់មនុស្សមួយចំនួនតូច។ ទ្រង់មិនបានត្រឡប់ជាសាច់ឈាមដោយសារតែមនុស្សអាក្រក់ទេ ហើយក៏មិនមែនដោយសារមនុស្សអាក្រក់ទាំងនោះបានធ្វើឱ្យទ្រង់មានសេចក្ដីក្រោធខ្លាំងនោះឡើយ។ ទ្រង់មានបន្ទូលពីសេចក្ដីពិត ហើយថ្លែងពីការចូលទៅក្នុង ដោយសារតែអ្នកដែលទ្រង់នឹងត្រូវឱ្យប្រោសឱ្យគ្រប់លក្ខណ៍។ ទ្រង់បានត្រឡប់ជាសាច់ឈាមដោយសារតែពួកគេ និងដោយសារតែពួកគេហ្នឹងហើយ ទើបទ្រង់បានប្រទាននូវការសន្យា និងព្រះពររបស់ទ្រង់។ សេចក្ដីពិត ការចូលទៅក្នុង និងជីវិតនៅក្នុងភាពជាមនុស្សដែលទ្រង់មានបន្ទូល មិនត្រូវបានកើតឡើងដើម្បីជាប្រយោជន៍ដល់មនុស្សអាក្រក់ឡើយ។ ទ្រង់ចង់ចៀសវាងមានបន្ទូលជាមួយមនុស្សអាក្រក់ ប៉ុន្តែមានព្រះទ័យប្រទាននូវសេចក្តីពិតទាំងអស់ដល់អ្នកដែលទ្រង់នឹងឱ្យប្រោសឱ្យគ្រប់លក្ខណ៍។ ទោះយ៉ាងណា សម្រាប់ពេលនេះ កិច្ចការរបស់ទ្រង់តម្រូវថា មនុស្សអាក្រក់នឹងត្រូវអនុញ្ញាតឱ្យមានការរីករាយចំពោះទ្រព្យសម្បត្តិខ្លះៗរបស់ទ្រង់។ អ្នកដែលមិនប្រកាន់ខ្ជាប់នូវសេចក្តីពិត អ្នកដែលមិនធ្វើឱ្យទ្រង់គាប់ព្រះហឫទ័យ និងអ្នកដែលបង្អាក់ដល់កិច្ចការរបស់ទ្រង់ គឺសុទ្ធតែអាក្រក់ទាំងអស់។ ពួកគេមិនអាចទទួលបានការឱ្យប្រោសឱ្យគ្រប់លក្ខណ៍ឡើយ ហើយត្រូវបានព្រះជាម្ចាស់ស្អប់ខ្ពើម និងបដិសេធ។ ផ្ទុយទៅវិញ មនុស្សដែលអនុវត្តសេចក្តីពិត ហើយអាចផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់ ហើយអ្នកដែលលះបង់ខ្លួនពួកគេទាំងមូលក្នុងកិច្ចការរបស់ព្រះជាម្ចាស់ គឺជាមនុស្សដែលត្រូវបានព្រះជាម្ចាស់ឱ្យប្រោសឱ្យគ្រប់លក្ខណ៍។ អ្នកដែលព្រះជាម្ចាស់សព្វព្រះទ័យប្រោសឱ្យពេញខ្នាត គឺគ្មាននរណាក្រៅពីក្រុមមនុស្សនេះទេ ហើយកិច្ចការដែលព្រះជាម្ចាស់ធ្វើ គឺសម្រាប់ជាប្រយោជន៍ដល់មនុស្សទាំងនេះហើយ។ សេចក្តីពិតដែលទ្រង់មានបន្ទូល គឺសំដៅទៅមនុស្សដែលមានឆន្ទៈអនុវត្តវា។ ទ្រង់មិនមានបន្ទូលទៅចំពោះមនុស្សដែលមិនអនុវត្តនូវសេចក្ដីពិតនោះទេ។ ការកើនឡើងនៃការយល់ដឹងច្បាស់លាស់ និងការរីកចម្រើននៃយោបល់ដែលទ្រង់មានបន្ទូល គឺសំដៅទៅមនុស្សដែលអាចប្រកាន់ខ្ជាប់នូវសេចក្តីពិតបាន។ នៅពេលដែលទ្រង់មានបន្ទូលអំពីអ្នកដែលទ្រង់នឹងប្រទានឱ្យបានគ្រប់លក្ខណ៍ ពួកគេទាំងនេះហើយដែលទ្រង់កំពុងតែមានបន្ទូលសំដៅទៅ។ កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធសំដៅឆ្ពោះទៅមនុស្សដែលមានឆន្ទៈអនុវត្តនូវសេចក្តីពិត។ អ្វីៗដូចជា ការទទួលបានប្រាជ្ញា និងភាពជាមនុស្ស គឺសំដៅទៅលើមនុស្សដែលមានឆន្ទៈអនុវត្តនូវសេចក្តីពិត។ អ្នកដែលមិនអនុវត្តនូវសេចក្ដីពិត អាចឮព្រះបន្ទូលជាច្រើនអំពីសេចក្តីពិត ប៉ុន្តែដោយសារតែពួកគេមានសារជាតិអាក្រក់ពីធម្មជាតិខ្លាំងពេក ហើយមិនចាប់អារម្មណ៍នឹងសេចក្ដីពិត នោះអ្វីដែលពួកគេយល់គឺគ្រាន់តែជាគោលលទ្ធិ និងព្រះបន្ទូល និងទ្រឹស្តីឥតប្រយោជន៍ប៉ុណ្ណោះ ដោយមិនមានតម្លៃទាល់តែសោះសម្រាប់ការចូលទៅក្នុងជីវិតរបស់ពួកគេនោះឡើយ។ គ្មាននរណាម្នាក់ក្នុងចំណោមពួកគេ ស្មោះត្រង់នឹងព្រះជាម្ចាស់ទេ។ ពួកគេសុទ្ធតែជាមនុស្សដែលឃើញព្រះជាម្ចាស់ ប៉ុន្ដែមិនអាចទទួលបានទ្រង់។ ពួកគេទាំងអស់នឹងត្រូវព្រះជាម្ចាស់ដាក់ទោស។
ព្រះវិញ្ញាណបរិសុទ្ធមានផ្លូវមួយដើរនៅក្នុងមនុស្សម្នាក់ៗ ហើយផ្តល់ឱ្យមនុស្សម្នាក់ៗនូវឳកាសទទួលបានភាពគ្រប់លក្ខណ៍។ តាមរយៈភាពអវិជ្ជមានរបស់អ្នក អ្នកត្រូវបានបង្កើតឡើងដើម្បីឱ្យបានដឹងអំពីសេចក្ដីពុករលួយផ្ទាល់ខ្លួនរបស់អ្នក ហើយបន្ទាប់ពីការបោះបង់ចោលនូវភាពអវិជ្ជមាន អ្នកនឹងរកឃើញនូវមាគ៌ាដើម្បីអនុវត្ត។ ទាំងនេះគឺជាវិធីទាំងអស់ដែលទ្រង់នឹងប្រទានឱ្យអ្នកបានគ្រប់លក្ខណ៍។ លើសពីនេះទៅទៀត តាមរយៈការណែនាំជាបន្តបន្ទាប់ និងការបំភ្លឺនូវចំណុចវិជ្ជមានមួយចំនួននៅខាងក្នុងអ្នក អ្នកនឹងបំពេញមុខងាររបស់អ្នកយ៉ាងសកម្ម លូតលាស់នូវការយល់ដឹងបានច្បាស់ និងទទួលបាននូវការដឹងខុសត្រូវ។ នៅពេលដែលលក្ខណៈរបស់អ្នកល្អ អ្នកនឹងមានឆន្ទៈជាពិសេសក្នុងការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយជាពិសេសទៅទៀត មានឆន្ទៈក្នុងការអធិស្ឋានទៅចំពោះព្រះជាម្ចាស់ និងអាចផ្សារភ្ជាប់សេចក្ដីអធិប្បាយដែលអ្នកបានឮ ទៅកាន់សណ្ឋានរបស់អ្នកផ្ទាល់ខ្លួន។ នៅគ្រានោះព្រះជាម្ចាស់នឹងបំភ្លឺ និងធ្វើឱ្យអ្នកយល់នៅខាងក្នុងចិត្ត ធ្វើឱ្យអ្នកដឹងនូវរឿងរ៉ាវខ្លះៗអំពីទិដ្ឋភាពវិជ្ជមាន។ នេះជារបៀបដែលទ្រង់ប្រទានឱ្យអ្នកបានគ្រប់លក្ខណ៍នៅក្នុងផ្នែកវិជ្ជមាន។ នៅក្នុងភាពអវិជ្ជមាន អ្នកខ្សោយ និងអសកម្ម។ អ្នកមានអារម្មណ៍ថាអ្នកមិនមានព្រះជាម្ចាស់នៅក្នុងចិត្តអ្នកទេ តែព្រះជាម្ចាស់ធ្វើឱ្យអ្នកយល់ ដោយជួយអ្នករកផ្លូវដើម្បីអនុវត្ត។ ចេញពីការនេះ គឺជាការទទួលបាននូវភាពគ្រប់លក្ខណ៍នៅក្នុងទិដ្ឋភាពអវិជ្ជមាន។ ព្រះជាម្ចាស់អាចប្រោសឱ្យមនុស្សគ្រប់លក្ខណ៍បានទាំងផ្នែកវិជ្ជមាន និងអវិជ្ជមាន។ វាអាស្រ័យថាតើអ្នកអាចទទួលបានបទពិសោធឬអត់ ហើយថាតើអ្នកបន្តទទួលបាននូវភាពគ្រប់លក្ខណ៍ពីព្រះជាម្ចាស់ឬអត់។ ប្រសិនបើអ្នកពិតជាដេញតាមការត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ពីព្រះជាម្ចាស់ នោះភាពអវិជ្ជមានមិនអាចធ្វើឱ្យអ្នកទទួលរងនូវការបាត់បង់ទេ ប៉ុន្តែអាចផ្ដល់ឱ្យអ្នកនូវអ្វីដែលកាន់តែពិតប្រាកដ ហើយអាចធ្វើឱ្យអ្នកកាន់តែដឹងថាអ្វីខ្លះនៅក្នុងអ្នកមានភាពខ្វះខាត កាន់តែអាចយល់បានពីភាពពិតរបស់អ្នក ហើយមើលឃើញថាមនុស្សមិនមានអ្វីទេ គឹគ្មានអ្វីសោះ។ ប្រសិនបើអ្នកមិនបានជួប្រទះការល្បងល នោះអ្នកនឹងមិនដឹងទេ ហើយនឹងតែងតែមានអារម្មណ៍ថាអ្នកខ្ពស់ជាងអ្នកដទៃ និងប្រសើរជាងមនុស្សគ្រប់គ្នាផ្សេងទៀតជានិច្ច។ តាមរយៈអ្វីៗទាំងអស់នេះ អ្នកនឹងឃើញថា អ្វីៗដែលបានកើតឡើងពីមុន ត្រូវបានធ្វើឡើងដោយព្រះជាម្ចាស់ ហើយត្រូវបានការពារដោយព្រះជាម្ចាស់។ ការចូលទៅក្នុងការល្បងលធ្វើឱ្យអ្នកគ្មានសេចក្តីស្រឡាញ់ ឬសេចក្តីជំនឿ អ្នកខ្វះការអធិស្ឋាន ហើយអ្នកមិនអាចច្រៀងទំនុកតម្កើង ហើយនៅក្នុងស្ថានភាពនេះ អ្នកចាប់ផ្ដើមស្គាល់ខ្លួនឯង ដោយមិនដឹងខ្លួន។ ព្រះជាម្ចាស់មានមធ្យោបាយជាច្រើនក្នុងការប្រោសមនុស្សឱ្យគ្រប់លក្ខណ៍។ ទ្រង់ប្រើវិធីគ្រប់បែបយ៉ាងដើម្បីដោះស្រាយនូវនិស្ស័យពុករលួយរបស់មនុស្ស ហើយប្រើវិធីផ្សេងៗដើម្បីឱ្យមនុស្សឃើញជាក់។ ក្នុងន័យម្យ៉ាង ទ្រង់ដោះស្រាយជាមួយមនុស្ស ន័យមួយទៀតទ្រង់ឱ្យមនុស្សឃើញជាក់ ហើយក្នុងន័យមួយទៀត ទ្រង់បើកសម្ដែងឱ្យមនុស្សជីកកកាយរក និងឃើញនូវ «អាថ៌កំបាំង» នៅក្នុងជម្រៅចិត្តមនុស្ស និងបង្ហាញដល់មនុស្សនូវលក្ខណៈធម្មជាតិរបស់ខ្លួន ដោយបើកសម្ដែងភាពជាច្រើនរបស់មនុស្ស។ ព្រះជាម្ចាស់ប្រទានឱ្យមនុស្សគ្រប់លក្ខណ៍តាមរយៈវិធីជាច្រើន តាមរយៈការបើកសម្ដែងឱ្យឃើញ តាមរយៈការដោះស្រាយជាមួយមនុស្ស តាមរយៈការបន្សុទ្ធរបស់មនុស្ស និងការវាយផ្ចាល ដើម្បីឱ្យមនុស្សអាចដឹងថាព្រះជាម្ចាស់មានភាពជាក់ស្ដែង។
តើឥឡូវអ្នករាល់គ្នាកំពុងស្វែងរកអ្វី? ដើម្បីត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ពីព្រះជាម្ចាស់ ដើម្បីស្គាល់ព្រះជាម្ចាស់ ដើម្បីទទួលបានព្រះជាម្ចាស់ ឬប្រហែលជាអ្នកព្យាយាមធ្វើខ្លួនឯងតាមគំម្រូរបស់ពេត្រុសនៅទសវត្សរ៍ទី៩០ ឬមានជំនឿខ្ពស់ជាងយ៉ូប ឬប្រហែលជាអ្នកចង់ឱ្យព្រះជាម្ចាស់រាប់ជាសុចរិត ហើយមកដល់មុខបល្ល័ង្ករបស់ព្រះជាម្ចាស់ ឬអាចបើកសម្ដែងព្រះជាម្ចាស់នៅលើផែនដី ហើយធ្វើទីបន្ទាល់ដែលពេញដោយអំណាច និងអស្ចារ្យនៅចំពោះព្រះជាម្ចាស់។ ជារួម មិនខ្វល់ថាអ្នករាល់គ្នាស្វែងរកអ្វីក៏ដោយ ចូរស្វែងរកដើម្បីជាប្រយោជន៍ក្នុងការទទួលបានសេចក្ដីសង្រ្គោះពីព្រះជាម្ចាស់។ មិនថាអ្នកស្វែងរកដើម្បីធ្វើជាមនុស្សសុចរិតនោះទេ ប្រសិនបើអ្នកស្វែងរកលក្ខណៈរបស់ពេត្រុស ឬជំនឿរបស់យ៉ូប ឬដើម្បីឱ្យបានគ្រប់លក្ខណ៍ពីព្រះជាម្ចាស់ក៏ដោយ វាគឺជាកិច្ចការព្រះជាម្ចាស់ទេ ដែលបានធ្វើគ្រប់ទាំងអស់មកលើមនុស្ស។ ម៉្យាងទៀត មិនថាអ្នកស្វែងរកអ្វីក៏ដោយ គ្រប់ទាំងអស់គឺសម្រាប់ជាប្រយោជន៍ក្នុងការប្រទានឱ្យឱ្យបានគ្រប់លក្ខណ៍ពីព្រះជាម្ចាស់ គ្រប់ទាំងអស់ជាប្រយោជន៍ក្នុងការទទួលបានបទពិសោធនូវព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដើម្បីឱ្យព្រះជាម្ចាស់សព្វព្រះហឫទ័យ។ អ្វីក៏ដោយដែលអ្នកស្វែងរក គ្រប់ទាំងអស់គឺសម្រាប់ជាប្រយោជន៍ក្នុងការរកឃើញនូវសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ សម្រាប់ការស្វែងរកផ្លូវដើម្បីអនុវត្តតាមបទពិសោធជាក់ស្តែង ក្នុងគោលបំណងអាចបោះចោលនូវនិស្ស័យបះបោរផ្ទាល់ខ្លួនរបស់អ្នក ដើម្បីសម្រេចបាននូវភាពធម្មតាមួយនៅក្នុងខ្លួនឯង ដើម្បីធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ទាំងស្រុង ក្លាយជាមនុស្សត្រឹមត្រូវ និងមានបំណងចិត្តដ៏ត្រឹមត្រូវក្នុងគ្រប់ការទាំងអស់ដែលអ្នកធ្វើ។ ហេតុផលដែលអ្នកត្រូវជួបប្រទះនឹងរឿងទាំងអស់នេះ គឺដើម្បីឱ្យបានស្គាល់ព្រះជាម្ចាស់ និងទទួលបានការរីកចម្រើនក្នុងជីវិត។ ទោះបីជាអ្វីដែលអ្នកបានជួបប្រទះគឺជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងជាព្រឹត្តិការណ៍ជាក់ស្តែង ក៏ដូចជាមនុស្ស បញ្ហានិងអ្វីៗនៅជុំវិញអ្នកក៏ដោយ ក៏នៅទីបំផុតអ្នកអាចស្គាល់ព្រះជាម្ចាស់ ហើយទទួលបានភាពគ្រប់លក្ខណ៍ពីព្រះជាម្ចាស់ដែរ។ ដើម្បីស្វែងរកការដើរតាមផ្លូវរបស់មនុស្សសុចរិត ឬព្យាយាមអនុវត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ ទាំងនេះគឺជាផ្លូវដែលកំពុងដំណើរការ ខណៈពេលដែលការស្គាល់ព្រះជាម្ចាស់ និងការទទួលបានភាពគ្រប់លក្ខណ៍ពីព្រះជាម្ចាស់ គឺជាទិសដៅ។ ទោះបីឥឡូវ អ្នកស្វែងរកឱ្យបាននូវភាពគ្រប់លក្ខណ៍ពីព្រះជាម្ចាស់ ឬព្យាយាមធ្វើទីបន្ទាល់សម្រាប់ព្រះជាម្ចាស់ក៏ដោយ ក៏គ្រប់ការទាំងអស់គឺធ្វើដើម្បីឱ្យបានស្គាល់ព្រះជាម្ចាស់។ កិច្ចការដែលទ្រង់ធ្វើនៅក្នុងអ្នក ប្រហែលជាមិនមែនឥតប្រយោជន៍នោះទេ ដូច្នេះនៅទីបំផុតអ្នកនឹងដឹងពីតថភាពរបស់ព្រះជាម្ចាស់ ស្គាល់ពីភាពអស្ចារ្យរបស់ព្រះជាម្ចាស់ ហើយកាន់តែស្គាល់ពីភាពបន្ទាបខ្លួន និងភាពលាក់កំបាំងរបស់ព្រះជាម្ចាស់ និងដឹងពីចំនួនកិច្ចការដ៏ច្រើនដែលព្រះជាម្ចាស់ធ្វើនៅក្នុងអ្នក។ ព្រះជាម្ចាស់បានបន្ទាបខ្លួនទ្រង់ដល់កម្រិតមួយដែលទ្រង់ធ្វើកិច្ចការរបស់ទ្រង់នៅក្នុងមនុស្សស្មោកគ្រោក និងពុករលួយទាំងនេះ ហើយប្រោសឱ្យក្រុមមនុស្សនេះបានគ្រប់លក្ខណ៍។ ព្រះជាម្ចាស់មិនត្រឹមតែបានត្រឡប់ជាសាច់ឈាមដើម្បីរស់នៅ និងបរិភោគក្នុងចំណោមមនុស្ស ដើម្បីឃ្វាលមនុស្ស និងផ្តល់នូវអ្វីដែលមនុស្សត្រូវការប៉ុណ្ណោះទេ។ សំខាន់ជាងនេះទៅទៀតគឺថា ទ្រង់ធ្វើកិច្ចការនៃការសង្គ្រោះដ៏អស្ចារ្យរបស់ទ្រង់ ហើយយកជ័យជម្នះលើមនុស្សពុករលួយដែលមិនអាចអត់ឳនឱ្យបានទាំងនេះ។ ទ្រង់បានយាងចូលមកក្នុងចិត្តរបស់នាគដ៏ធំមានសម្បុរក្រហម ដើម្បីសង្គ្រោះមនុស្សពុករលួយទាំងនេះ ដើម្បីឱ្យមនុស្សទាំងអស់អាចទទួលបានការផ្លាស់ប្តូរ និងតាំងឱ្យថ្មីឡើងវិញ។ ការលំបាកដ៏ខ្លាំងដែលព្រះជាម្ចាស់ស៊ូទ្រាំ មិនត្រឹមតែជាការលំបាកដែលព្រះជាម្ចាស់បានយកកំណើតជាមនុស្សដោយស៊ូទ្រាំប៉ុណ្ណោះទេ ប៉ុន្តែភាគច្រើនវាជាការដែលព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ទទួលរងនូវភាពអាម៉ាស់យ៉ាងខ្លាំង ទ្រង់បន្ទាបខ្លួន និងលាក់ខ្លួនយ៉ាងខ្លាំងដល់ម៉្លេះ ដែលទ្រង់បានត្រឡប់ជាមនុស្សធម្មតា។ ព្រះជាម្ចាស់បានយកកំណើតជាមនុស្ស ហើយយកសណ្ឋានជាសាច់ឈាម ដើម្បីឱ្យមនុស្សឃើញថាទ្រង់មានជីវិតជាមនុស្សធម្មតា និងមានតម្រូវការដូចមនុស្សធម្មតា។ នេះគឺគ្រប់គ្រាន់ដើម្បីបញ្ជាក់ថាព្រះជាម្ចាស់បានបន្ទាបខ្លួនទ្រង់ខ្លាំងណាស់។ ព្រះវិញ្ញាណនៃព្រះជាម្ចាស់មានការជ្រាបដឹងនៅក្នុងសាច់ឈាម។ ព្រះវិញ្ញាណរបស់ទ្រង់គឺខ្ពង់ខ្ពស់ ហើយអស្ចារ្យណាស់ តែទ្រង់យកសណ្ឋានជាមនុស្សធម្មតា ជាមនុស្សដែលគេមិនរាប់រក ដោយការធ្វើដូច្នេះគឺដើម្បីកិច្ចការរបស់ព្រះវិញ្ញាណទ្រង់។ លក្ខណៈសម្បត្តិល្អ ការយល់ច្បាស់លាស់ ញាណ ភាពជាមនុស្ស និងជីវិតរបស់អ្នករាល់គ្នាម្នាក់ៗបង្ហាញថា អ្នករាល់គ្នាពិតជាមិនសក្តិសមនឹងទទួលយកកិច្ចការប្រភេទនេះរបស់ព្រះជាម្ចាស់ឡើយ។ អ្នករាល់គ្នាពិតជាមិនសមនឹងឱ្យព្រះជាម្ចាស់ស៊ូទ្រាំនឹងការលំបាកបែបនេះសម្រាប់អ្នកនោះទេ។ ព្រះជាម្ចាស់គឺអស្ចារ្យណាស់។ ទ្រង់ខ្ពស់បំផុត ចំណែកមនុស្សទាបខ្លាំងណាស់ តែទ្រង់នៅតែធ្វើការលើពួកគេ។ ទ្រង់មិនត្រឹមតែយកកំណើតដើម្បីផ្គត់ផ្គង់ដល់មនុស្ស មានបន្ទូលទៅកាន់មនុស្សប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ថែមទាំងរស់នៅជាមួយមនុស្សទៀតផង។ ព្រះជាម្ចាស់មានការបន្ទាបខ្លួនខ្លាំង គួរឱ្យស្រឡាញ់ណាស់។ ដរាបណាសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ត្រូវបានលើកឡើង ដរាបណាព្រះគុណរបស់ព្រះជាម្ចាស់ត្រូវបានលើកឡើង អ្នកនឹងស្រក់ទឹកភ្នែកពេលកំពុងថ្លែងសរសើរតម្កើងយ៉ាងខ្លាំង ប្រសិនបើអ្នកឈានមកដល់សភាពនេះ នោះអ្នកនឹងមានចំណេះដឹងដ៏ពិតអំពីព្រះជាម្ចាស់។
នាពេលបច្ចុប្បន្ននេះ មានគម្លាតមួយចំពោះការស្វែងរករបស់មនុស្ស។ ពួកគេគ្រាន់តែស្វែងរកការស្រឡាញ់ព្រះជាម្ចាស់ និងផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់ប៉ុណ្ណោះ តែពួកគេមិនមានចំណេះដឹងអំពីព្រះជាម្ចាស់ ហើយមិនអើពើចំពោះការបំភ្លឺ និងការយល់ច្បាស់អំពីព្រះវិញ្ញាណបរិសុទ្ធនៅក្នុងពួកគេនោះទេ។ ពួកគេមិនមានគ្រឹះនៃចំណេះដឹងពិតអំពីព្រះជាម្ចាស់ទេ។ តាមវិធីនេះ ពួកគេបាត់បង់នូវភាពរីករាយ នៅពេលចាប់ផ្ដើមមានបទពិសោធ។ អស់អ្នកដែលស្វែងរកចំណេះដឹងពិតអំពីព្រះជាម្ចាស់ ទោះបីពួកគេមិនមានសភាពល្អពីអតីតកាល ហើយមានទំនោរទៅរកភាពអវិជ្ជមាន និងកំសោយ ហើយជារឿយៗបានស្រក់ទឹកភ្នែក បាក់ទឹកចិត្ត និងបាត់បង់ក្តីសង្ឃឹមក៏ដោយ ក៏ឥឡូវនេះ នៅពេលពួកគេទទួលបានបទពិសោធកាន់តែច្រើន នោះសភាពរបស់ពួកគេមានភាពប្រសើរឡើង។ បន្ទាប់ពីមានបទពិសោធនៃការទទួលបានការដោះស្រាយ និងភាពខ្ទេចខ្ទាំ ហើយបានឆ្លងកាត់ការល្បងល និងការបន្សុទ្ធបានមួយជុំមក ពួកគេមានការរីកចម្រើនយ៉ាងខ្លាំង។ សភាពអវិជ្ជមានត្រូវបានកាត់បន្ថយ ហើយមានការផ្លាស់ប្តូរខ្លះៗនៅក្នុងនិស្ស័យនៃជីវិតរបស់ពួកគេ។ នៅពេលពួកគេឆ្លងកាត់ការល្បងលកាន់តែច្រើន ចិត្តរបស់ពួកគេកាន់តែស្រឡាញ់ព្រះជាម្ចាស់។ មានច្បាប់មួយដើម្បីឱ្យមនុស្សទទួលបានភាពគ្រប់លក្ខណ៍ពីព្រះជាម្ចាស់ គឺថាទ្រង់បំភ្លឺដល់អ្នកដោយប្រើផ្នែកដែលអ្នកចង់បាន ដើម្បីឱ្យអ្នកមានមាគ៌ាក្នុងការអនុវត្ត ហើយអាចញែកខ្លួនឯងចេញពីភាពអវិជ្ជមានទាំងអស់ ដោយជួយវិញ្ញាណរបស់អ្នកទទួលបានការដោះលែង ហើយធ្វើឱ្យអ្នកកាន់តែអាចស្រឡាញ់ទ្រង់។ តាមវិធីនេះ អ្នកអាចបោះចោលនូវនិស្ស័យពុករលួយរបស់សាតាំង។ អ្នកគឺជាមនុស្សគ្មានភាពប៉ិនប្រសព្វ និងបើកចំហរ មានឆន្ទៈក្នុងការស្គាល់ខ្លួនឯង និងអនុវត្តនូវសេចក្ដីពិត។ ព្រះជាម្ចាស់ប្រាកដជានឹងប្រទានពរដល់អ្នក ដូច្នេះនៅពេលអ្នកខ្សោយ និងមានភាពអវិជ្ជមាន ព្រះជាម្ចាស់នឹងបំភ្លឺអ្នកជាទ្វេគុណ ជួយអ្នកឱ្យស្គាល់ខ្លួនឯងកាន់តែច្រើន មានឆន្ទៈប្រែចិត្តសម្រាប់ខ្លួនឯង និងអាចអនុវត្តនូវអ្វីដែលអ្នកគប្បីអនុវត្ត។ មានតែតាមវិធីនេះទេ ដែលអាចធ្វើឱ្យចិត្តរបស់អ្នកមានភាពសុខសាន្ដ និងស្ងប់ស្ងៀម។ មនុស្សដែលយកចិត្តទុកដាក់នឹងការស្គាល់ព្រះជាម្ចាស់ អ្នកដែលយកចិត្តទុកដាក់ក្នុងការស្គាល់ខ្លួនឯង អ្នកដែលយកចិត្តទុកដាក់នឹងការអនុវត្តផ្ទាល់ខ្លួន នោះនឹងអាចទទួលបានកិច្ចការរបស់ព្រះជាម្ចាស់ជាញឹកញាប់ ព្រមទាំងទទួលបានការណែនាំ និងការបំភ្លឺរបស់ទ្រង់ផងដែរ។ ទោះបីជាមនុស្សបែបនេះអាចស្ថិតនៅក្នុងសភាពអវិជ្ជមានក៏ដោយ ក៏ទ្រង់អាចបង្វែរអ្វីៗបានភ្លាមៗ ទោះបីជាតាមរយៈសកម្មភាពមនសិការ ឬការបំភ្លឺពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ការផ្លាស់ប្តូរនិស្ស័យរបស់មនុស្សម្នាក់ ជានិច្ចជាកាលអាចធ្វើទៅបាននៅពេលដែលមនុស្សម្នាក់នោះដឹងពីសភាពជាក់ស្តែងផ្ទាល់ខ្លួន និងនិស្ស័យ ព្រមទាំងកិច្ចការរបស់ព្រះជាម្ចាស់។ មនុស្សម្នាក់ដែលមានឆន្ទៈស្គាល់ខ្លួនឯង ហើយបើកចំហខ្លួនឯង នឹងអាចប្រកាន់ខ្ជាប់នូវសេចក្តីពិត។ មនុស្សប្រភេទនេះជាមនុស្សដែលស្មោះត្រង់នឹងព្រះជាម្ចាស់ ហើយមនុស្សដែលស្មោះត្រង់នឹងព្រះជាម្ចាស់ មានការយល់ដឹងអំពីព្រះជាម្ចាស់ មិនថាការយល់ដឹងនេះមានភាពស៊ីជម្រៅ ឬរាក់ តិចតូច ឬច្រើនក៏ដោយ។ នេះគឺជាសេចក្តីសុចរិតរបស់ព្រះជាម្ចាស់ ហើយជាអ្វីដែលមនុស្សទទួលបាន។ វាជាការរីកចម្រើនផ្ទាល់ខ្លួនរបស់ពួកគេ។ មនុស្សដែលមានចំណេះដឹងអំពីព្រះជាម្ចាស់ គឺជាអ្នកដែលមានមូលដ្ឋានគ្រឹះ ជាអ្នកមាននិមិត្ត។ មនុស្សប្រភេទនេះមានភាពប្រាកដច្បាស់អំពីសាច់ឈាមរបស់ព្រះជាម្ចាស់ ហើយដឹងច្បាស់អំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងកិច្ចការរបស់ព្រះជាម្ចាស់។ មិនថារបៀបដែលព្រះជាម្ចាស់ធ្វើកិច្ចការ ឬមានព្រះបន្ទូល ឬរបៀបដែលមនុស្សដទៃទៀតធ្វើឱ្យមានការរំខានយ៉ាងណាក៏ដោយ ក៏មនុស្សម្នាក់នោះនៅតែអាចឈរជើងយ៉ាងមាំ ហើយធ្វើជាទីបន្ទាល់សម្រាប់ព្រះជាម្ចាស់។ បើមនុស្សម្នាក់ធ្វើតាមវិធីនេះកាន់តែច្រើន នោះគេកាន់តែអាចប្រកាន់ខ្ជាប់នូវសេចក្ដីពិតដែលគេយល់ដឹង។ ដោយសារគេតែងតែអនុវត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះគេទទួលបាននូវការយល់ដឹងកាន់តែច្រើនអំពីព្រះជាម្ចាស់ និងមានការតាំងចិត្តធ្វើជាទីបន្ទាល់សម្រាប់ព្រះជាម្ចាស់ជារៀងរហូត។
ដើម្បីមានការដឹងខុសត្រូវ មានការចុះចូល និងមានសមត្ថភាពក្នុងការមើលធ្លុះរឿងរ៉ាវផ្សេងៗ ដើម្បីឱ្យអ្នកមានការចាប់អារម្មណ៍ខាងវិញ្ញាណ នោះមានន័យថា អ្នកមានព្រះបន្ទូលរបស់ព្រះជាម្ចាស់ស្រាយបំភ្លឺ និងបំភ្លឺអ្នកពីខាងក្នុង នៅពេលអ្នកជួបប្រទះរឿងអ្វីមួយភ្លាម។ នេះជាការចង់ដឹងដឹងចង់ឮពីវិញ្ញាណ។ អ្វីៗទាំងអស់ដែលព្រះជាម្ចាស់ធ្វើ គឺដើម្បីជាប្រយោជន៍ដល់ការជួយឱ្យវិញ្ញាណរបស់មនុស្សមានការរស់ឡើងវិញ។ ហេតុអ្វីព្រះជាម្ចាស់តែងតែមានព្រះបន្ទូលថា មនុស្សមានភាពស្ពឹកស្រពន់ និងយល់ល្ងិតល្ងង់? នេះដោយព្រោះតែវិញ្ញាណរបស់មនុស្សបានស្លាប់ ហើយវិញ្ញាណពួកគេចាប់ស្ពឹកស្រពន់រហូតដល់មិនអាចដឹងទាំងស្រុងនូវរឿងរ៉ាវទាក់ទងនឹងវិញ្ញាណ។ កិច្ចការរបស់ព្រះជាម្ចាស់ គឺធ្វើឱ្យជីវិតរបស់មនុស្សមានភាពរីកចម្រើន និងជួយឱ្យវិញ្ញាណមនុស្សរស់រានមានជីវិត ដើម្បីឱ្យពួកគេអាចមើលឃើញរឿងរ៉ាវទាក់ទងនឹងវិញ្ញាណ ហើយពួកគេអាចស្រឡាញ់ព្រះជាម្ចាស់នៅក្នុងចិត្តពួកគេជានិច្ច និងធ្វើឱ្យព្រះជាម្ចាស់សព្វព្រះទ័យ។ ការឈានចូលដល់ដំណាក់កាលនេះបង្ហាញថា វិញ្ញាណរបស់មនុស្សម្នាក់ត្រូវបានដាស់ឡើងវិញ ហើយនៅពេលក្រោយ ពេលគេជួបអ្វីមួយ គេអាចមានប្រតិកម្មភ្លាមៗ។ គេឆ្លើយតបភ្លាមៗទៅនឹងសេចក្ដីអធិប្បាយ ហើយមានប្រតិកម្មឆាប់រហ័សទៅនឹងស្ថានភាព។ នេះគឺជាអ្វីដែលមានន័យថា ការធ្វើបានសម្រេចនូវការចង់បានខាងឯព្រះវិញ្ញាណ។ មានមនុស្សជាច្រើនដែលមានប្រតិកម្មរហ័សចំពោះព្រឹត្តិការណ៍ខាងក្រៅ ប៉ុន្តែដរាបណាការចូលទៅក្នុងភាពពិត ឬរឿងរ៉ាវលម្អិតនៃវិញ្ញាណត្រូវបានលើកឡើង ពួកគេទៅជាស្ពឹក និងល្ងិតល្ងង់។ ពួកគេយល់ពីអ្វីមួយបានលុះត្រាតែមានការសម្លឹងចំមុខពួកគេ។ ទាំងអស់នេះគឺជាសញ្ញានៃភាពស្ពឹកស្រពន់ និងភាពល្ងិតល្ងង់ផ្នែកវិញ្ញាណ ចំពោះអ្នកមានបទពិសោធតិចតួចអំពីរឿងខាងវិញ្ញាណ។ មនុស្សខ្លះចង់បានវិញ្ញាណ ហើយមានសមត្ថភាពយល់ដឹងខុសត្រូវ។ ដរាបណាពួកគេឮព្រះបន្ទូលដែលចង្អុលបង្ហាញអំពីសភាពរបស់ពួកគេ ពួកគេមិនមានពេលវេលាសរសេរជាលាយលក្ខណ៍អក្សរឡើយ។ នៅពេលពួកគេឮព្រះបន្ទូលអំពីគោលការណ៍នៃការអនុវត្តន៍ ពួកគេអាចទទួលយកព្រះបន្ទូល ហើយអនុវត្តព្រះបន្ទូលតាមបទពិសោធជាបន្តបន្ទាប់របស់ពួកគេ ដោយហេតុនេះហើយពួកគេផ្លាស់ប្តូរខ្លួនឯង។ នេះគឺជាមនុស្សដែលមានបំណងចិត្តចង់បានវិញ្ញាណ។ ហេតុអ្វីបានជាពួកគេអាចមានប្រតិកម្មឆាប់រហ័សដូច្នេះ? គឺដោយសារតែពួកគេផ្តោតលើរឿងទាំងនេះនៅក្នុងជីវិតប្រចាំថ្ងៃ។ នៅពេលពួកគេអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេអាចពិនិត្យមើលសភាពរបស់ពួកគេទៅនឹងព្រះបន្ទូល ហើយឆ្លុះបញ្ចាំងអំពីខ្លួនពួកគេ។ នៅពេលពួកគេឮពីការប្រកប និងសេចក្ដីអធិប្បាយ ហើយឮព្រះបន្ទូលដែលនាំឱ្យពួកគេទទួលបានការបំភ្លឺ និងការយល់ដឹងច្បាស់ នោះពួកគេអាចទទួលបានភ្លាម។ វាស្រដៀងនឹងការផ្តល់អាហារដល់មនុស្សដែលឃ្លាន គឺពួកគេអាចបរិភោគភ្លាមតែម្ដង។ ប្រសិនបើអ្នកផ្តល់អាហារដល់អ្នកដែលមិនឃ្លាន នោះពួកគេមិនមានប្រតិកម្មភ្លាមនោះទេ។ ជារឿយៗ អ្នកអធិស្ឋានដល់ព្រះជាម្ចាស់ ហើយបន្ទាប់មកអ្នកអាចមានប្រតិកម្មភ្លាមៗនៅពេលដែលអ្នកជួបប្រទះអ្វីមួយ៖ អ្វីដែលព្រះជាម្ចាស់តម្រូវនៅក្នុងបញ្ហានេះ និងរបៀបដែលអ្នកគួរប្រព្រឹត្ដ។ ព្រះជាម្ចាស់បានដឹកនាំអ្នកលើបញ្ហានេះជាលើកចុងក្រោយ។ នៅពេលអ្នកជួបរឿងដដែលនេះនៅថ្ងៃនេះ អ្នកនឹងដឹងពីរបៀបអនុវត្តតាមរបៀបដែលផ្គាប់ព្រះហឫទ័យដល់ព្រះជាម្ចាស់។ ប្រសិនបើអ្នកតែងតែអនុវត្តតាមវិធីនេះ ហើយតែងតែមានបទពិសោធតាមរបៀបនេះ នៅពេលណាមួយវានឹងងាយស្រួលសម្រាប់អ្នក។ នៅពេលអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ អ្នកដឹងថាតើមនុស្សប្រភេទណាដែលព្រះជាម្ចាស់កំពុងសំដៅទៅ អ្នកដឹងពីលក្ខខណ្ឌខាងវិញ្ញាណដែលទ្រង់កំពុងមានបន្ទូលសំដៅទៅ ហើយអ្នកអាចយល់ពីចំណុចសំខាន់ ហើយអនុវត្តវាបាន។ នេះបង្ហាញថា អ្នកអាចទទួលបានបទពិសោធ។ ហេតុអ្វីបានជាមនុស្សខ្លះខ្វះនូវការគោរពចំពោះការនេះ? នេះដោយសារតែពួកគេមិនបានដាក់កិច្ចខិតខំប្រឹងប្រែងច្រើនទៅក្នុងទិដ្ឋភាពនៃការអនុវត្ត។ ទោះបីពួកគេមានឆន្ទៈក្នុងការអនុវត្តនូវសេចក្តីពិតក៏ដោយ ក៏ពួកគេមិនមានការយល់ដឹងច្បាស់អំពីព័ត៌មានលំអិតនៃការបម្រើ និងសេចក្តីលំអិតនៃសេចក្តីពិតនៅក្នុងជីវិតរបស់ពួកគេឡើយ។ ពួកគេចាប់ផ្ដើមច្រឡំនៅពេលមានអ្វីកើតឡើង។ តាមវិធីនេះ អ្នកអាចនឹងត្រូវនាំឱ្យវង្វេង នៅពេលដែលហោរាក្លែងក្លាយ ឬសាវ័កក្លែងក្លាយបានលេចមក។ អ្នកត្រូវតែប្រកបគ្នាឱ្យបានញឹកញាប់នូវព្រះបន្ទូល និងកិច្ចការរបស់ព្រះជាម្ចាស់ មានតែវិធីនេះទេ ដែលអ្នកនឹងអាចយល់ពីសេចក្តីពិត និងអភិវឌ្ឍនូវការដឹងខុសត្រូវ។ ប្រសិនបើអ្នកមិនយល់សេចក្ដីពិត នោះអ្នកនឹងគ្មានយោបល់នោះឡើយ។ ឧទាហរណ៍ អ្វីដែលព្រះជាម្ចាស់មានបន្ទូល របៀបដែលព្រះជាម្ចាស់ធ្វើកិច្ចការ អ្វីដែលជាតម្រូវការរបស់ទ្រង់អំពីមនុស្ស មនុស្សប្រភេទណាដែលអ្នកគប្បីទាក់ទងជាមួយ និងមនុស្សប្រភេទណាដែលអ្នកគប្បីបដិសេធ អ្នកត្រូវតែប្រកបជាញឹកញាប់អំពីរឿងទាំងនេះ។ ប្រសិនបើអ្នកតែងតែទទួលបទពិសោធនូវព្រះបន្ទូលរបស់ព្រះជាម្ចាស់តាមរបៀបនេះ អ្នកនឹងយល់ពីសេចក្តីពិត ហើយយល់ច្បាស់នូវរឿងជាច្រើន ហើយអ្នកក៏នឹងមានយោបល់ផងដែរ។ តើអ្វីទៅជាការប្រៀនប្រដៅដោយព្រះវិញ្ញាណបរិសុទ្ធ តើអ្វីទៅជាការស្តីបន្ទោសដែលកើតចេញពីឆន្ទៈរបស់មនុស្ស តើអ្វីជាការណែនាំពីសំណាក់ព្រះវិញ្ញាណបរិសុទ្ធ តើអ្វីដែលជាការរៀបចំបរិស្ថាន តើព្រះបន្ទូលរបស់ព្រះជាម្ចាស់បំភ្លឺនៅក្នុងអ្វី? ប្រសិនបើអ្នកមិនច្បាស់អំពីរឿងទាំងនេះទេ អ្នកនឹងមិនមានការដឹងខុសត្រូវទេទេ។ អ្នកគប្បីដឹងពីអ្វីដែលបានមកពីព្រះវិញ្ញាណបរិសុទ្ធ អ្វីដែលជានិស្ស័យបះបោរ របៀបស្ដាប់បង្គាប់តាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងរបៀបលះចោលការបះបោរផ្ទាល់ខ្លួនរបស់អ្នក។ ប្រសិនបើអ្នកមានការយល់ដឹងអំពីបទពិសោធនៃរឿងទាំងនេះ អ្នកនឹងមានគ្រឹះ។ នៅពេលមានអ្វីកើតឡើង អ្នកនឹងមានសេចក្តីពិតសមស្របមួយដើម្បីវាស់វែង និងមាននិមិត្តសមស្របជាគ្រឹះ។ អ្នកនឹងមានគោលការណ៍នៅក្នុងអ្វីគ្រប់យ៉ាងដែលអ្នកធ្វើ ហើយនឹងអាចប្រព្រឹត្តតាមសេចក្តីពិត។ ពេលនោះជីវិតរបស់អ្នកនឹងបានពេញដោយការបំភ្លឺរបស់ព្រះជាម្ចាស់ និងបានពេញទៅដោយព្រះពររបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់នឹងមិនប្រព្រឹត្ដដោយអយុត្តិធម៌ចំពោះមនុស្សណាដែលស្វែងរកទ្រង់ដោយស្មោះត្រង់ ឬរស់នៅសម្រាប់ទ្រង់ ហើយធ្វើបន្ទាល់អំពីទ្រង់ឡើយ ហើយទ្រង់ក៏នឹងមិនដាក់បណ្តាសាដល់មនុស្សណាដែលអាចស្រេកឃ្លានសេចក្តីពិតដោយស្មោះស្ម័គ្រដែរ។ ប្រសិនបើនៅពេលដែលអ្នកកំពុងហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ អ្នកអាចយកចិត្តទុកដាក់ក្នុងការដឹងអំពីសភាពពិតផ្ទាល់ខ្លួនរបស់អ្នក យកចិត្តទុកដាក់លើការអនុវត្តផ្ទាល់ខ្លួនរបស់អ្នក ហើយយកចិត្តទុកដាក់លើការយល់ដឹងផ្ទាល់ខ្លួនរបស់អ្នក ពេលនោះនៅពេលដែលអ្នកជួបបញ្ហា អ្នកនឹងទទួលបានការបំភ្លឺ ហើយនឹងទទួលបានការយល់ដឹងជាក់ស្តែង។ បន្ទាប់មកអ្នកនឹងមានផ្លូវនៃការអនុវត្ត និងយោបល់ក្នុងគ្រប់កិច្ចការទាំងអស់។ មនុស្សម្នាក់ដែលមានសេចក្ដីពិត ទំនងជាមិនអាចត្រូវគេបំភាន់ ទំនងជាមិនអាចប្រព្រឹត្តនូវអ្វីដែលធ្វើឱ្យរំខាន ឬធ្វើសកម្មភាពហួសហេតុបានទេ។ ដោយសារតែសេចក្ដីពិត គេត្រូវទទួលបានការការពារ ហើយដោយសារតែសេចក្ដីពិតផងដែរ គេទទួលបានការយល់ដឹងបន្ថែមទៀត។ ដោយសារតែសេចក្ដីពិត គេមានមាគ៌ាច្រើនក្នុងការអនុវត្ត ទទួលបានឱកាសកាន់តែច្រើនសម្រាប់ព្រះវិញ្ញាណបរិសុទ្ធធ្វើការនៅក្នុងគេ និងទទួលបានឱកាសកាន់តែច្រើនដើម្បីត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍។