កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងកិច្ចការរបស់សាតាំង

តើមនុស្សម្នាក់យល់ពីសេចក្ដីលម្អិតខាងឯវិញ្ញាណ បានដោយរបៀបណា? តើព្រះវិញ្ញាណបរិសុទ្ធបំពេញកិច្ចការលើមនុស្សដោយរបៀបណា? តើសាតាំងធ្វើកិច្ចការលើមនុស្សដោយរបៀបណា? តើវិញ្ញាណអាក្រក់ធ្វើកិច្ចការលើមនុស្សដោយរបៀបណា? តើមានការសម្ដែងឱ្យឃើញអ្វីខ្លះ? នៅពេលមានអ្វីមួយកើតឡើងចំពោះអ្នក តើវាកើតចេញពីព្រះវិញ្ញាណបរិសុទ្ធមែនទេ ហើយតើអ្នកគួរស្ដាប់បង្គាប់តាម ឬបដិសេធវា? នៅក្នុងការអនុវត្តជាក់ស្ដែងរបស់មនុស្ស រឿងភាគច្រើនកើតចេញពីបំណងរបស់មនុស្ស ដែលមនុស្សជៀសមិនផុតពីជឿថាវាមកពីព្រះវិញ្ញាណបរិសុទ្ធ។ រឿងខ្លះកើតមកពីវិញ្ញាណអាក្រក់ ប៉ុន្តែមនុស្សនៅតែគិតថា រឿងទាំងនោះកើតមកអំពីព្រះវិញ្ញាណបរិសុទ្ធ ហើយពេលខ្លះ ព្រះវិញ្ញាណបរិសុទ្ធជួយណែនាំមនុស្សពីខាងក្នុង ប៉ុន្តែមនុស្សមានការភ័យខ្លាចថា ការណែនាំនោះមកអំពីសាតាំង ហេតុដូច្នេះហើយ ក៏មិនហ៊ានស្ដាប់បង្គាប់តាម នៅពេលការពិតនោះគឺ ការណែនាំនោះជាការបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធ។ ហេតុនេះ បើមនុស្សម្នាក់មិនអនុវត្តការបែងចែកភាពខុសគ្នាទេ នោះនឹងគ្មានផ្លូវណាដើម្បីដកពិសោធន៍ពីក្នុងបទពិសោធជាក់ស្ដែងរបស់មនុស្សឡើយ។ បើគ្មានការបែងចែកភាពខុសគ្នាទេ គ្មានផ្លូវណាដែលអាចទទួលបានជីវិតឡើយ។ តើព្រះវិញ្ញាណបរិសុទ្ធបំពេញកិច្ចការដោយរបៀបណា? តើវិញ្ញាណអាក្រក់ធ្វើការដោយរបៀបណា? តើមានអ្វីខ្លះដែលចេញមកពីបំណងរបស់មនុស្ស? ហើយតើមានអ្វីខ្លះដែលកើតចេញពីការណែនាំ និងការបំភ្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធ? ប្រសិនបើអ្នកយល់ពីទម្រង់នៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធនៅខាងក្នុងខ្លួនមនុស្ស នោះនៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នក និងក្នុងអំឡុងបទពិសោធជាក់ស្ដែងរបស់អ្នក អ្នកនឹងអាចពង្រីកចំណេះដឹងរបស់ខ្លួនបាន និងអាចបែងចែកភាពខុសគ្នាបាន។ អ្នកនឹងមកស្គាល់ព្រះជាម្ចាស់ អ្នកនឹងអាចយល់ និងដឹងអំពីសាតាំង។ អ្នកនឹងឈប់ភ័ន្តច្រឡំពីការស្ដាប់បង្គាប់ ឬការស្វែងរករបស់អ្នកទៀត ហើយអ្នកនឹងក្លាយជាមនុស្សម្នាក់ដែលមានគំនិតច្បាស់លាស់ ជាមនុស្សដែលស្ដាប់បង្គាប់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។

កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺជាទម្រង់មួយនៃការណែនាំយ៉ាងសកម្ម និងជាការបំភ្លឺបែបវិជ្ជមាន។ កិច្ចការនេះ មិនឱ្យមនុស្សក្លាយជាអកម្មឡើយ។ វានាំមកនូវការស្រាកស្រាន្ដដល់ពួកគេ ផ្ដល់សេចក្ដីជំនឿ និងការតាំងចិត្តដល់ពួកគេ និងអាចឱ្យពួកគេស្វែងរកការប្រោសឱ្យបានគ្រប់លក្ខណ៍ពីព្រះជាម្ចាស់។ នៅពេលដែលព្រះវិញ្ញាណបរិសុទ្ធបំពេញកិច្ចការ មនុស្សអាចចូលរួមបានដោយសកម្ម។ ពួកគេមិនមែនអកម្ម ឬក៏ត្រូវបង្ខំឡើយ តែត្រូវធ្វើការដោយគំនិតផ្ដួចផ្ដើមផ្ទាល់ខ្លួនរបស់ពួកគេ។ នៅពេលព្រះវិញ្ញាណបរិសុទ្ធបំពេញកិច្ចការ មនុស្សមានក្ដីត្រេកអរ និងសុខចិត្តស្ដាប់បង្គាប់តាម និងរីករាយនឹងបន្ទាបខ្លួនរបស់ពួកគេ។ បើទោះបីជាពួកគេមានការឈឺចាប់ និងប្រេះស្រាំក្នុងចិត្ដក្ដី ក៏ពួកគេនៅតែមានការតាំងចិត្តដើម្បីពួតដៃគ្នាដែរ។ ពួកគេរងទុក្ខយ៉ាងខ្លាំង ពួកគេអាចស្ដាប់បង្គាប់តាម ហើយពួកគេមិនជាប់ប្រឡាក់ទៅដោយបំណងរបស់មនុស្សឡើយ មិនប្រឡាក់ទៅគំនិតរបស់មនុស្សឡើយ ហើយច្បាស់ណាស់ ពួកគេមិនជាប់ប្រឡាក់ទៅដោយចំណង់ និងការជំរុញចិត្តរបស់មនុស្សឡើយ។ នៅពេលមនុស្សជួបប្រទះបទពិសោធនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ពួកគេមានលក្ខណៈបរិសុទ្ធជាពិសេសពីខាងក្នុង។ អ្នកណាដែលមានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ស្ដែងចេញនូវសេចក្ដីស្រឡាញ់ចំពោះព្រះជាម្ចាស់ ហើយសេចក្ដីស្រឡាញ់ចំពោះបងប្អូនប្រុសស្រីរបស់ពួកគេ។ ពួកគេមានក្ដីរីករាយចំពោះអ្វីៗដែលធ្វើឱ្យព្រះជាម្ចាស់សប្បាយព្រះទ័យ និងស្អប់ខ្ពើមចំពោះអ្វីដែលព្រះជាម្ចាស់ស្អប់ខ្ពើម។ មនុស្សដែលត្រូវបានបណ្ដាលចិត្តដោយកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ មានភាពជាមនុស្សធម្មតា ហើយពួកគេនៅបន្តស្វែងរកសេចក្ដីពិតឥតឈប់ និងមាននូវភាពជាមនុស្ស។ នៅពេលព្រះវិញ្ញាណបរិសុទ្ធបំពេញកិច្ចការក្នុងខ្លួនមនុស្ស ស្ថានភាពរបស់ពួកគេកាន់តែប្រសើរឡើងៗ ហើយភាពជាមនុស្សរបស់ពួកគេ កាន់តែធម្មតាទៅៗ ហើយទោះបីជាការពួតដៃគ្នារបស់ពួកគេមួយចំនួនអាចល្ងង់ខ្លៅខ្លះក៏ពិតមែន ក៏ការជំរុញចិត្តរបស់ពួកគេត្រឹមត្រូវ ច្រកចូលរបស់ពួកគេវិជ្ជមាន ពួកគេមិនបានព្យាយាមបង្កការបង្អាក់អ្វីឡើយ ហើយនៅក្នុងខ្លួនពួកគេ គ្មានការព្យាបាទអ្វីឡើយ។ កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺធម្មតា និងពិតប្រាកដ ហើយព្រះវិញ្ញាណបរិសុទ្ធបំពេញកិច្ចការលើមនុស្ស ស្របទៅតាមក្បួនច្បាប់នៃជីវិតមនុស្សធម្មតា ហើយទ្រង់អនុវត្តការបំភ្លឺ និងការណែនាំនៅក្នុងខ្លួនមនុស្ស ស្របទៅតាមការស្វែងរកជាក់ស្ដែងរបស់មនុស្សធម្មតា។ នៅពេលព្រះវិញ្ញាណបរិសុទ្ធបំពេញកិច្ចការលើមនុស្ស ទ្រង់ណែនាំ និងបំភ្លឺពួកគេស្របទៅតាមតម្រូវការរបស់មនុស្សធម្មតា។ ទ្រង់ប្រទានដល់ពួកគេស្របទៅតាមតម្រូវការរបស់ពួកគេ ហើយទ្រង់ណែនាំ និងបំភ្លឺពួកគេដោយសកម្ម ស្របទៅតាមអ្វីដែលពួកគេខ្វះខាត និងស្របទៅតាមភាពខ្វះខាតរបស់ពួកគេ។ កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺដើម្បីបំភ្លឺ និងណែនាំមនុស្សនៅក្នុងជីវិតជាក់ស្ដែង។ លុះត្រាណាតែពួកគេជួបប្រទះនូវព្រះបន្ទូលរបស់ព្រះជាម្ចាស់នៅក្នុងជីវិតជាក់ស្ដែងរបស់ពួកគេ ទើបពួកគេអាចមើលឃើញកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធបាន។ នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ ប្រសិនបើមនុស្សស្ថិតក្នុងស្ថានភាពវិជ្ជមាន និងមានជីវិតខាងវិញ្ញាណធម្មតា នោះពួកគេនឹងមានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ក្នុងស្ថានភាពបែបនេះ នៅពេលដែលពួកគេហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេក៏មានសេចក្ដីជំនឿ។ នៅពេលពួកគេអធិស្ឋាន ពួកគេមានការបណ្ដាលចិត្ត។ នៅពេលពួកគេក្រោកឡើងប្រឆាំងនឹងអ្វីមួយ ពួកគេមិនអសកម្មឡើយ។ ហើយនៅពេលដែលមានអ្វីមួយកើតឡើង ពួកគេអាចមើលឃើញនូវមេរៀននានានៅក្នុងរឿងទាំងនោះបាន ដែលព្រះជាម្ចាស់តម្រូវឱ្យពួកគេរៀនសូត្រ។ ពួកគេមិនមែនអសកម្ម ឬទន់ខ្សោយឡើយ ហើយបើទោះបីជាពួកគេមានការលំបាកជាក់ស្ដែងក្ដី ក៏ពួកគេនឹងអាចស្ដាប់បង្គាប់តាមគ្រប់ការរៀបចំរបស់ព្រះជាម្ចាស់ដេរ។

តើកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធអាចសម្រេចបានឥទ្ធិពលអ្វីខ្លះ? អ្នកអាចល្ងង់ខ្លៅ ហើយអ្នកអាចខ្វះការយល់ដឹង ប៉ុន្តែព្រះវិញ្ញាណបរិសុទ្ធ គឺត្រូវបំពេញកិច្ចការឱ្យខានតែបាន ដូច្នេះហើយ នឹងមានសេចក្ដីជំនឿនៅក្នុងខ្លួនអ្នក ហើយអ្នកនឹងតែងមានអារម្មណ៍ថា អ្នកមិនអាចស្រឡាញ់ព្រះជាម្ចាស់បានគ្រប់គ្រាន់ជានិច្ច។ អ្នកនឹងសុខចិត្តពួតដៃគ្នា មិនថាមានការលំបាកខ្លាំងប៉ុនណានៅខាងមុខនោះទេ។ នឹងកើតមានរឿងខ្លះចំពោះអ្នក ហើយអ្នកនឹងមិនច្បាស់ថា រឿងណាមកអំពីព្រះជាម្ចាស់ ឬរឿងណាមកអំពីសាតាំងឡើយ ប៉ុន្តែអ្នកអាចរង់ចាំមើលបាន ហើយអ្នកនឹងមិនអកម្ម ឬខ្ជីខ្ជាឡើយ។ នេះគឺជាកិច្ចការធម្មតារបស់ព្រះវិញ្ញាណបរិសុទ្ធ។ នៅពេលដែលព្រះវិញ្ញាណបរិសុទ្ធធ្វើការនៅក្នុងខ្លួនអ្នក នោះអ្នកនឹងនៅតែជួបប្រទះការលំបាកជាក់ស្ដែងដដែល៖ ពេលខ្លះអ្នកនឹងត្រូវយំសោក ហើយពេលខ្លះនឹងមានរឿងមួយចំនួនដែលអ្នកមិនអាចយកឈ្នះបាន ប៉ុន្តែនេះគ្រាន់តែជាដំណាក់កាលនៃកិច្ចការធម្មតារបស់ព្រះវិញ្ញាណបរិសុទ្ធតែប៉ុណ្ណោះ។ បើទោះបីជាអ្នកមិនបានយកឈ្នះលើការលំបាកទាំងអស់នោះក្ដី ហើយបើទោះបីជានៅពេលនោះ អ្នកទន់ខ្សោយ និងពោរពេញដោយការរអ៊ូរទាំក្ដី ក៏ក្រោយមកទៀត អ្នកនឹងនៅតែអាចស្រឡាញ់ព្រះជាម្ចាស់ដោយសេចក្ដីជំនឿខ្លាំងក្លាដដែល។ ភាពអកម្មរបស់អ្នកមិនអាចរារាំងអ្នកពីការមានបទពិសោធធម្មតាបានឡើយ ហើយមិនថាអ្នកដទៃនិយាយបែបណានោះទេ មិនថាអ្នកដទៃវាយប្រហារអ្នកបែបណានោះទេ អ្នកនៅតែអាចស្រឡាញ់ព្រះជាម្ចាស់បានដដែល។ ក្នុងអំឡុងពេលអធិស្ឋាន អ្នកតែងមានអារម្មណ៍ថា អ្នកពិតជាជាប់ជំពាក់ព្រះជាម្ចាស់យ៉ាងខ្លាំងកាលពីអតីតកាល ហើយអ្នកតាំងចិត្តគាប់ព្រះហឫទ័យព្រះជាម្ចាស់ និងបដិសេធខាងសាច់ឈាម នៅពេលណាដែលអ្នកជួបប្រទះនូវរឿងបែបនោះជាថ្មីម្ដងទៀត។ កម្លាំងនេះបង្ហាញថា កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺសណ្ឋិតនៅខាងក្នុងខ្លួនអ្នក។ នេះគឺជាលក្ខណៈធម្មតានៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។

តើអ្វីទៅជាកិច្ចការដែលមកអំពីសាតាំង? ចំពោះកិច្ចការដែលមកអំពីសាតាំង និមិត្តនៅក្នុងខ្លួនមនុស្ស គឺពេចស្រពិល។ មនុស្សគ្មានភាពជាមនុស្សធម្មតា ការជំរុញចិត្តពីខាងក្រោយទង្វើរបស់ពួកគេមិនត្រឹមត្រូវ ហើយបើទោះបីជាពួកគេចង់ស្រឡាញ់ព្រះជាម្ចាស់ ក៏តែងតែមានការចោទប្រកាន់នៅខាងក្នុងខ្លួនគេជានិច្ច ហើយការចោទប្រកាន់ និងគំនិតទាំងអស់នោះ មានការជ្រៀតជ្រែកនៅខាងក្នុងខ្លួនពួកគេឥតឈប់ ដោយរារាំងការធំធាត់នៅក្នុងជីវិតរបស់ពួកគេ និងរារាំងពួកគេមិនឱ្យមករកព្រះជាម្ចាស់ក្នុងស្ថានភាពធម្មតា។ នេះចង់និយាយថា ឱ្យតែមានកិច្ចការរបស់សាតាំងនៅខាងក្នុងខ្លួនមនុស្ស ដួងចិត្តរបស់គេ មិនអាចស្ងប់នៅចំពោះព្រះជាម្ចាស់បានឡើយ។ មនុស្សបែបនេះមិនដឹងថាពួកគេត្រូវធ្វើអ្វីចំពោះខ្លួនគេឡើយ គឺនៅពេលដែលពួកគេឃើញមនុស្សប្រមូលផ្ដុំគ្នាជុំៗ ពួកគេចង់រត់គេចចេញ ហើយពួកគេមិនអាចបិទភ្នែករបស់ពួកគេបានទេ នៅពេលអ្នកដទៃអធិស្ឋានបាន។ កិច្ចការរបស់វិញ្ញាណអាក្រក់ ធ្វើឱ្យទំនាក់ទំនងធម្មតារវាងមនុស្សនិងព្រះជាម្ចាស់ខូចបង់ និងធ្វើឱ្យនិមិត្តពីមុនរបស់មនុស្ស ឬធ្វើឱ្យផ្លូវនៃច្រកចូលទៅក្នុងជីវិតពីមុនរបស់ពួកគេប្រែជាស្រអាប់។ នៅក្នុងដួងចិត្តរបស់ពួកគេ ពួកគេមិនអាចស្និតនឹងព្រះជាម្ចាស់បានឡើយ ហើយរឿងជាច្រើនតែងកើតមានឡើង ដែលបង្កការរំខានចំពោះពួកគេ និងដាក់ច្រវាក់ពួកគេជាប់។ ដួងចិត្តរបស់ពួកគេ មិនអាចស្វែងរកសេចក្ដីស្ងប់បានឡើយ ហើយពួកគេគ្មានសល់កម្លាំងអ្វីដើម្បីស្រឡាញ់ព្រះជាម្ចាស់ឡើយ ហើយវិញ្ញាញរបស់ពួកគេបានលិចចុះទៅបាត់។ ទាំងអស់នោះ គឺជាការបង្ហាញនៃកិច្ចការរបស់សាតាំង។ ការបង្ហាញនៃកិច្ចការរបស់សាតាំង មានដូចជា៖ ការមិនអាចឈរនៅលើទីតាំងរបស់អ្នកបាន និងមិនអាចធ្វើទីបន្ទាល់បាន ដែលធ្វើឱ្យអ្នកក្លាយជាមនុស្សម្នាក់ដែលមានកំហុសនៅចំពោះព្រះជាម្ចាស់ និងជាអ្នកដែលគ្មានភាពស្មោះត្រង់ចំពោះព្រះជាម្ចាស់ឡើយ។ នៅពេលដែលសាតាំងជ្រៀតជ្រែក អ្នកនឹងបាត់បង់នូវសេចក្ដីស្រឡាញ់ និងភាពស្មោះត្រង់ចំពោះព្រះជាម្ចាស់នៅក្នុងខ្លួនអ្នក អ្នកនឹងត្រូវបាត់បង់ទំនាក់ទំនងធម្មតាជាមួយព្រះជាម្ចាស់ អ្នកមិនបន្តស្វែងរកសេចក្ដីពិត ឬការកែលម្អខ្លួនឯងឡើយ។ អ្នកដើរថយក្រោយ និងក្លាយជាអកម្ម អ្នកផ្ដេកផ្ដួលទៅតាមខ្លួនឯង អ្នកបើកដៃដល់ការផ្សាយអំពើបាប និងមិនស្អប់ខ្ពើមអំពើបាបឡើយ។ បន្ថែមលើនេះ ការជ្រៀតជ្រែករបស់សាតាំង ធ្វើឱ្យអ្នករលាយសាបសូន្យ។ វាធ្វើឱ្យការប៉ះពាល់ពីព្រះជាម្ចាស់ រលាយបាត់បង់ពីក្នុងខ្លួនអ្នក និងធ្វើឱ្យអ្នករអ៊ូរទាំអំពីព្រះជាម្ចាស់ និងទទឹងទាស់នឹងទ្រង់ដែលនាំឱ្យអ្នកចោទសួរដល់ព្រះជាម្ចាស់។ ហើយក៏មាននូវលទ្ធភាពដែលអ្នកនឹងត្រូវបោះបង់ចោលព្រះជាម្ចាស់ផងដែរ។ អ្វីគ្រប់យ៉ាងនេះ មកអំពីសាតាំង។

នៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នក បើមានអ្វីមួយកើតឡើងចំពោះអ្នក តើអ្នកគប្បីបែងចែកភាពខុសគ្នារវាងថាតើវាមកអំពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ឬមកអំពីកិច្ចការរបស់សាតាំងដោយរបៀបណា? នៅពេលដែលស្ថានភាពរបស់មនុស្សគឺធម្មតា នោះជីវិតខាងវិញ្ញាណរបស់ពួកគេ និងជីវិតខាងសាច់ឈាមរបស់ពួកគេក៏ធម្មតាដែរ ហើយហេតុផលរបស់ពួកគេក៏ធម្មតា និងមានរបៀបរៀបរយល្អដែរ។ នៅពេលដែលពួកគេនៅក្នុងស្ថានភាពបែបនេះ អ្វីដែលពួកគេជួបប្រទះ និងបានស្គាល់នៅក្នុងខ្លួនពួកគេ អាចនិយាយបានជាទូទៅថា មកអំពីការបណ្ដាលចិត្តដោយព្រះវិញ្ញាណបរិសុទ្ធ (មានការយល់ដឹងធ្លុះជ្រៅ ឬមានចំណេះដឹងធម្មតានៅពេលដែលពួកគេហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬមានភាពស្មោះត្រង់ចំពោះអ្វីមួយ ឬចំពោះរឿងមួយចំនួន មានកម្លាំងស្រឡាញ់ព្រះជាម្ចាស់ ដែលអ្វីទាំងអស់នេះ មកអំពីព្រះវិញ្ញាណបរិសុទ្ធ)។ កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធនៅក្នុងខ្លួនមនុស្ស គឺធម្មតាខ្លាំងណាស់។ មនុស្សមិនអាចដឹងអំពីកិច្ចការនេះបានឡើយ ហើយកិច្ចការនេះគឺហាក់ដូចជាមកតាមរយៈមនុស្សខ្លួនឯង បើទោះបីជាតាមពិតទៅ វាជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធក្ដី។ នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ ព្រះវិញ្ញាណបរិសុទ្ធ បំពេញកិច្ចការទាំងធំ ទាំងតូចជាមួយមនុស្សគ្រប់គ្នា ហើយអ្វីដែលខុសគ្នានោះ គឺគ្រាន់តែជាទំហំនៃកិច្ចការនេះប៉ុណ្ណោះ។ មនុស្សមួយចំនួនមានលក្ខណៈសម្បត្តិល្អ ហើយពួកគេយល់ដឹងពីរឿងរ៉ាវមួយចំនួនបានឆាប់រហ័ស ហើយនៅក្នុងចំណោមពួកគេ ការបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធ គឺអស្ចារ្យយ៉ាងខ្លាំង។ ចំណែកឯមនុស្សមួយចំនួនទៀត មានគុណសម្បត្តិអន់ខ្សោយ ហើយពួកគេត្រូវការពេលយូរ ដើម្បីយល់ដឹងពីរឿងមួយចំនួនបាន ប៉ុន្តែព្រះវិញ្ញាណបរិសុទ្ធពាល់ពួកគេពីខាងក្នុង ហើយពួកគេក៏អាចសម្រេចបាននូវសេចក្ដីស្មោះត្រង់ចំពោះព្រះជាម្ចាស់វិញដែរគឺព្រះវិញ្ញាណបរិសុទ្ធបំពេញកិច្ចការនៅក្នុងចំណោមអ្នកទាំងឡាយណាដែលស្វែងរកព្រះជាម្ចាស់។ នៅក្នុងជីវិតប្រចាំថ្ងៃ នៅពេលដែលមនុស្សមិនទទឹងទាស់ ឬបះបោរប្រឆាំងនឹងព្រះជាម្ចាស់ មិនធ្វើរឿងដែលមិនស្របគ្នានឹងការគ្រប់គ្រងរបស់ព្រះជាម្ចាស់ និងមិនត្រូវជ្រៀតជ្រែកក្នុងកិច្ចការរបស់ព្រះជាម្ចាស់ នោះព្រះវិញ្ញាណបរិសុទ្ធនឹងបំពេញកិច្ចការច្រើន ឬតិចក្នុងចំណោមពួកគេម្នាក់ៗ។ ទ្រង់ពាល់ពួកគេ បំភ្លឺពួកគេ និងប្រទានសេចក្ដីជំនឿដល់ពួកគេ ប្រទានកម្លាំងដល់ពួកគេ និងផ្លាស់ពួកគេឱ្យមានភាពសកម្ម លែងខ្ជិលច្រអូស ឬលោភលន់នឹងការអរសប្បាយខាងសាច់ឈាម ដោយសុខចិត្តអនុវត្តតាមសេចក្ដីពិត និងស្រេកឃ្លានចង់បានព្រះបន្ទូលរបស់ព្រះជាម្ចាស់។ គ្រប់ការទាំងអស់នេះ គឺជាកិច្ចការដែលមកអំពីព្រះវិញ្ញាណបរិសុទ្ធ។

នៅពេលស្ថានភាពរបស់មនុស្សមិនធម្មតា ពួកគេត្រូវបានព្រះវិញ្ញាណបរិសុទ្ធបោះបង់ចោល។ នៅក្នុងដួងចិត្តរបស់ពួកគេ ពួកគេចូលចិត្តរអ៊ូរទាំ ការជំរុញចិត្តរបស់ពួកគេមិនត្រឹមត្រូវ ពួកគេខ្ជិលច្រអូស ពួកគេផ្ដេកផ្ដួលទៅខាងសាច់ឈាម ហើយដួងចិត្តរបស់ពួកគេបះបោរទាស់នឹងសេចក្ដីពិត។ អ្វីគ្រប់យ៉ាងនេះ គឺមកអំពីសាតាំង។ នៅពេលស្ថានភាពរបស់មនុស្សមិនធម្មតា នៅពេលពួកគេមានភាពងងឹតនៅខាងក្នុង និងបានវង្វេងក្នុងហេតុផលផ្ទាល់ខ្លួនរបស់ពួកគេ ដោយត្រូវព្រះវិញ្ញាណបរិសុទ្ធបោះបង់ចោល និងមិនអាចដឹងថាមានព្រះជាម្ចាស់នៅខាងក្នុងខ្លួនពួកគេ នេះគឺជាពេលដែលសាតាំងកំពុងធ្វើការនៅក្នុងខ្លួនពួកគេហើយ។ ប្រសិនបើមនុស្សតែងតែមានកម្លាំងនៅក្នុងខ្លួនពួកគេ និងតែងមានសេចក្ដីស្រឡាញ់ចំពោះព្រះជាម្ចាស់ ជាទូទៅ នៅពេលរឿងរ៉ាវកើតមានចំពោះពួកគេ រឿងទាំងអស់នោះមកអំពីព្រះវិញ្ញាណបរិសុទ្ធ ហើយនរណាក៏ដោយដែលពួកគេជួប នោះការជួបគ្នានោះ គឺកើតចេញពីការរៀបចំរបស់ព្រះជាម្ចាស់។ នេះចង់បានន័យថា នៅពេលអ្នកស្ថិតនៅក្នុងស្ថានភាពធម្មតា នៅពេលដែលអ្នកស្ថិតនៅក្នុងកិច្ចការដ៏អស្ចារ្យរបស់ព្រះវិញ្ញាណបរិសុទ្ធ នោះមិនអាចឱ្យសាតាំងធ្វើឱ្យអ្នកចុះខ្សោយបានឡើយ។ នៅលើមូលដ្ឋាននេះ អាចនិយាយបានថា អ្វីគ្រប់យ៉ាងមកអំពីព្រះវិញ្ញាណបរិសុទ្ធ ហើយបើទោះបីជាអ្នកមានគំនិតមិនត្រឹមត្រូវក្ដី ក៏អ្នកអាចបដិសេធគំនិតនោះបាន ហើយអ្នកមិនដើរតាមគំនិតនោះឡើយ។ អ្វីគ្រប់យ៉ាងនេះ មកអំពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ តើសាតាំងជ្រៀតជ្រែកនៅក្នុងស្ថានភាពអ្វីខ្លះ? សាតាំងងាយនឹងធ្វើការនៅក្នុងខ្លួនអ្នកណាស់ នៅពេលស្ថានភាពរបស់អ្នកមិនធម្មតា នៅពេលអ្នកមិនត្រូវបានព្រះជាម្ចាស់ពាល់ និងគ្មានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ នៅពេលខាងក្នុងខ្លួនអ្នកស្ងួតនិងសោះកក្រោះ នៅពេលអ្នកអធិស្ឋានចំពោះព្រះជាម្ចាស់ ប៉ុន្តែមិនយល់អ្វីសោះ ហើយនៅពេលអ្នកហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ប៉ុន្តែមិនត្រូវបានបំភ្លឺ និងស្រាយបំភ្លឺ។ និយាយមួយបែបទៀត នៅពេលដែលព្រះវិញ្ញាណបរិសុទ្ធបោះបង់អ្នកចោល ហើយអ្នកគ្មានអារម្មណ៍ដឹងអំពីព្រះជាម្ចាស់ នោះរឿងដែលកើតឡើងចំពោះអ្នក មកអំពីសេចក្ដីល្បួងរបស់សាតាំង។ នៅពេលព្រះវិញ្ញាណបរិសុទ្ធបំពេញកិច្ចការ សាតាំងក៏កំពុងធ្វើការក្នុងពេលជាមួយគ្នានោះដែរ។ ព្រះវិញ្ញាណបរិសុទ្ធពាល់ពីខាងក្នុងនៃមនុស្ស ហើយពេលជាមួយគ្នានោះ សាតាំងក៏ជ្រៀតជ្រែកនៅខាងក្នុងខ្លួនអ្នកផងដែរ។ ក៏ប៉ុន្តែ កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ជាកិច្ចការឈានមុខគេ ហើយមនុស្សដែលមានស្ថានភាពធម្មតា អាចយកជ័យជម្នះបាន។ នេះគឺជាជ័យជម្នះនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធលើកិច្ចការរបស់សាតាំង។ នៅពេលដែលព្រះវិញ្ញាណបរិសុទ្ធបំពេញនូវកិច្ចការ និស្ស័យពុករលួយនៅតែបន្តកើតមាននៅខាងក្នុងខ្លួនមនុស្សដដែល។ ប៉ុន្តែក្នុងអំឡុងពេលនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធនេះ មនុស្សងាយនឹងរកឃើញ និងស្គាល់នូវការបះបោរ ការជំរុញចិត្ត និងសេចក្ដីកំផិតរបស់ពួកគេណាស់។ មានតែពេលនោះប៉ុណ្ណោះ ទើបមនុស្សមានអារម្មណ៍ស្ដាយក្រោយ និងដុះចេញនូវចេតនាក្នុងការប្រែចិត្ត។ ដោយបែបនេះ និស្ស័យបះបោរ និងនិស្ស័យពុករលួយរបស់ពួកគេ ចុងក្រោយនឹងត្រូវបំបាត់ចោលនៅខាងក្នុងកិច្ចការរបស់ព្រះជាម្ចាស់។ កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺធម្មតាខ្លាំងណាស់។ នៅពេលទ្រង់បំពេញកិច្ចការលើមនុស្ស ពួកគេនៅតែបន្តមានបញ្ហាដដែល ពួកគេនៅតែទួញសោក ពួកគេនៅតែរងទុក្ខ ពួកគេនៅតែទន់ខ្សោយ ហើយមានរឿងជាច្រើនដែលពួកគេនៅតែមិនច្បាស់ដដែល ក៏ប៉ុន្តែនៅក្នុងស្ថានភាពនេះ ពួកគេអាចបញ្ឈប់ខ្លួនពួកគេពីការដើរថយក្រោយបាន ហើយពួកគេអាចស្រឡាញ់ព្រះជាម្ចាស់បាន ហើយបើទោះបីជាពួកគេទួញសោក និងមានទុក្ខព្រួយក្ដី ក៏ពួកគេនៅតែអាចសរសើរតម្កើងដល់ព្រះជាម្ចាស់បានដដែល។ កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺធម្មតាណាស់ និងមិនហួសពីនិស្ស័យធម្មជាតិអ្វីឡើយ។ មនុស្សភាគច្រើនជឿថា ឱ្យតែព្រះវិញ្ញាណបរិសុទ្ធចាប់ផ្ដើមបំពេញកិច្ចការ នោះការផ្លាស់ប្ដូរនឹងកើតមានឡើងចំពោះស្ថានភាពរបស់មនុស្ស ហើយរឿងដែលសំខាន់ចំពោះពួកគេ នឹងត្រូវកម្ចាត់ចេញ។ ជំនឿបែបនេះ គឺជាការបំភាន់បោកប្រាស់។ នៅពេលព្រះវិញ្ញាណបរិសុទ្ធបំពេញកិច្ចការលើមនុស្ស អ្វីដែលជាភាពអសកម្មរបស់មនុស្ស នៅតែមានដដែល ហើយកម្ពស់របស់ពួកគេ នៅដូចដើមដដែល ប៉ុន្តែគេទទួលបានការស្រាយបំភ្លឺ និងការបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធ ដូច្នេះហើយ ស្ថានភាពរបស់ពួកគេ ក្លាយជាសកម្មជាងមុន ស្ថានភាពនៅក្នុងខ្លួនពួកគេ ក្លាយជាធម្មតា ហើយគេផ្លាស់ប្ដូរបន្តិចម្ដងៗ។ នៅក្នុងបទពិសោធរបស់មនុស្ស ពួកគេមានបទពិសោធសំខាន់នៅក្នុងកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ឬកិច្ចការរបស់សាតាំង ហើយប្រសិនបើពួកគេមិនអាចយល់អំពីស្ថានភាពទាំងអស់នេះបានទេ និងមិនអាចបែងចែកភាពខុសគ្នានេះបានទេ នោះច្រកចូលទៅក្នុងបទពិសោធជាក់ស្ដែងរបស់ពួកគេ គឺហួសពីការអនុវត្តបាន ហើយមិនចាំបាច់អ្វីទៅនិយាយដល់ការបំផ្លាស់បំប្រែនិស្ស័យរបស់ពួកគេឡើយ។ ហេតុនេះ គន្លឹះដើម្បីដកបទពិសោធពីកិច្ចការរបស់ព្រះជាម្ចាស់ គឺការដែលអាចយល់បានតាមរយៈរឿងរ៉ាវបែបនេះ។ ក្នុងលក្ខណៈនេះ ពួកគេនឹងកាន់តែងាយស្រួលដកបទពិសោធពីកិច្ចការនេះ។

កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ធ្វើឱ្យមនុស្សមានការចម្រើនទៅមុខដោយវិជ្ជមាន ចំណែកឯកិច្ចការរបស់សាតាំង ធ្វើឱ្យពួកគេមានភាពអវិជ្ជមាន និងការថយក្រោយ បះបោះប្រឆាំងនឹងព្រះជាម្ចាស់ ហើយទាស់ទទឹងនឹងទ្រង់ បាត់សេចក្ដីជំនឿលើទ្រង់ និងទៅជាទន់ខ្សោយក្នុងការបំពេញភារកិច្ចរបស់ពួកគេ។ អ្វីគ្រប់យ៉ាងដែលកើតចេញពីការបំភ្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺកើតមានមកដោយឯកឯង គ្មានការបង្ខិតបង្ខំមកលើអ្នកឡើយ។ ប្រសិនបើអ្នកចុះចូលនឹងការបំភ្លឺនេះ នោះអ្នកនឹងមានសេចក្ដីស្ងប់សុខ។ ប្រសិនបើអ្នកមិនអនុវត្តតាមទេ នោះអ្នកនឹងត្រូវស្ដីបន្ទោសនៅពេលក្រោយ។ បើមានការបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធ នោះគ្មានអ្វីដែលអ្នកធ្វើ នឹងត្រូវជ្រៀតជ្រែក ឬរឹតត្បិតឡើយ។ អ្នកនឹងត្រូវដោះលែងឱ្យមានសេរីភាព នឹងមានផ្លូវមួយដើម្បីអនុវត្តនូវទង្វើរបស់អ្នក ហើយអ្នកនឹងមិនត្រូវស្ថិតក្រោមការចាប់ចងណាមួយឡើយ ប៉ុន្តែអាចធ្វើការបានស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ កិច្ចការរបស់សាតាំងធ្វើឱ្យអ្នកជ្រៀតជ្រែកនៅក្នុងរឿងជាច្រើន។ វាធ្វើឱ្យអ្នកមិនអាចអធិស្ឋានបាន ខ្ជិលច្រអូសខ្លាំងក្នុងការហូប និងផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងមិនសូវពេញចិត្តនឹងរស់នៅក្នុងជីវិតជាក្រុមជំនុំឡើយ ហើយវាធ្វើឱ្យអ្នកឃ្លាតចេញពីជីវិតខាងវិញ្ញាណ។ កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ពុំប៉ះពាល់ដល់ជីវិតរបស់ចាំថ្ងៃរបស់អ្នក និងពុំប៉ះពាល់ដល់ជីវិតខាងវិញ្ញាណធម្មតារបស់អ្នកឡើយ។ អ្នកមិនអាចយល់ដឹងពីរឿងរ៉ាវជាច្រើននៅពេលដែលវាកើតឡើងភ្លាមៗនោះទេ ប៉ុន្តែក្រោយពេលប៉ុន្មានថ្ងៃរួចមក ដួងចិត្តរបស់អ្នកនឹងបានភ្លឺត្រចះត្រចង់ ហើយគំនិតរបស់អ្នកនឹងច្បាស់ជាងមុន។ អ្នកមកជាមានការញាណដឹងអំពីរឿងរ៉ាវខាងវិញ្ញាណ ហើយអ្នកអាចយល់បានបន្ដិចម្ដងៗ ថាតើគំនិតនោះមកអំពីព្រះជាម្ចាស់ ឬមកអំពីសាតាំង។ រឿងខ្លះច្បាស់ជាធ្វើឱ្យអ្នកទទឹងទាស់នឹងព្រះជាម្ចាស់ និងបះបោរនឹងព្រះជាម្ចាស់ ឬរារាំងអ្នកឱ្យអនុវត្តតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់។ អ្វីទាំងអស់នេះ សុទ្ធតែមកអំពីសាតាំង។ ពេលខ្លះ រឿងមិនច្បាស់ក្រឡែតនោះទេ ហើយអ្នកមិនអាចប្រាប់បានថារឿងនោះជារឿងអ្វីឡើយ។ ក្រោយមកទៀត អ្នកអាចមើលឃើញនូវការបង្ហាញនៃរឿងនោះ រួចក៏គិតឱ្យយល់។ ប្រសិនបើអ្នកអាចយល់ដឹងបានច្បាស់ថាតើរឿងណាមកអំពីសាតាំង និងថាតើរឿងណាដឹកនាំដោយព្រះវិញ្ញាណបរិសុទ្ធ នោះអ្នកនឹងមិនងាយនឹងត្រូវដឹកនាំក្នុងផ្លូវខុសតាមបទពិសោធរបស់អ្នកឡើយ។ ពេលខ្លះ នៅពេលស្ថានភាពរបស់អ្នកមិនល្អ នោះអ្នកមានគំនិតមួយចំនួនដែលនាំឱ្យអ្នកចេញពីស្ថានភាពអសកម្មរបស់អ្នកបាន។ នេះបង្ហាញថា បើទោះបីជាស្ថានភាពរបស់អ្នក មិនសមប្រកបក្ដី គំនិតរបស់អ្នកខ្លះ នៅតែអាចមកអំពីព្រះវិញ្ញាណបរិសុទ្ធដដែល។ វាមិនមែនជាករណីថា នៅពេលដែលអ្នកអសកម្ម គំនិតទាំងអស់របស់អ្នក ត្រូវសាតាំងបញ្ជូនមកទេ។ ប្រសិនបើពិតអ៊ីចឹងមែន ដូច្នេះ តើអ្នកនឹងអាចផ្លាស់ប្ដូរទៅក្នុងស្ថានភាពវិជ្ជមានបានដែរឬទេ? ការដែលអកម្មក្នុងមួយរយៈពេល នោះព្រះវិញ្ញាណបរិសុទ្ធប្រទានឱកាសដល់អ្នកដើម្បីប្រោសឱ្យបានគ្រប់លក្ខណ៍។ ទ្រង់បណ្ដាលចិត្តអ្នក នាំអ្នកចេញពីសភាពអសកម្ម ហើយអ្នកចូលទៅក្នុងសភាពធម្មតាវិញ។

បើដឹងថាអ្វីជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងអ្វីជាកិច្ចការរបស់សាតាំង នោះអ្នកអាចប្រៀបធៀបកិច្ចការនេះបានដោយខ្លួនឯង ក្នុងអំឡុងពេលនៃបទពិសោធរបស់អ្នក និងតាមរយៈបទពិសោធផ្ទាល់ខ្លួនរបស់អ្នក ហើយក្នុងលក្ខណៈបែបនេះ នឹងមានសេចក្ដីពិតកាន់តែច្រើនដែលពាក់ព័ន្ធនឹងគោលការណ៍នៅក្នុងបទពិសោធរបស់អ្នក។ បើអាចយល់ពីសេចក្ដីពិតនៃគោលការណ៍នេះបាន អ្នកនឹងអាចគ្រប់គ្រងលើស្ថានភាពជាក់ស្ដែងរបស់អ្នកបាន អ្នកនឹងអាចបែងចែកភាពខុសគ្នាក្នុងចំណោមមនុស្ស និងព្រឹត្តិការណ៍បាន ហើយអ្នកនឹងមិនលះបង់អ្វីច្រើនដើម្បីទទួលបានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ។ ជាការពិតណាស់ នេះគឺអាស្រ័យលើការជំរុញចិត្តរបស់អ្នកដែលត្រឹមត្រូវ និងអាស្រ័យលើឆន្ទៈរបស់អ្នកក្នុងការស្វែងរក និងអនុវត្ត។ ភាសាបែបនេះ (ភាសាដែលពាក់ព័ន្ធនឹងគោលការណ៍) គប្បីបង្ហាញពីបទពិសោធរបស់អ្នក។ បើគ្មានភាសានេះទេ បទពិសោធរបស់អ្នក នឹងពោរពេញទៅដោយការជ្រៀតជ្រែកពីសាតាំង និងពោរពេញទៅដោយចំណេះដឹងឆ្កួតលីលា។ ប្រសិនបើអ្នកមិនយល់ពីរបៀបដែលព្រះវិញ្ញាណបរិសុទ្ធបំពេញកិច្ចការទេ នោះអ្នកមិនយល់ពីរបៀបដែលអ្នកត្រូវអធិស្ឋានទៅព្រះជាម្ចាស់ ឬរបៀបដែលអ្នកគួរតែចូលទៅឡើយ ហើយប្រសិនបើអ្នកមិនយល់ពីរបៀបដែលសាតាំងធ្វើការ ដើម្បីបោកបញ្ឆោត និងបង្អាក់ដល់មនុស្សទេ នោះអ្នកមិនដឹងពីរបៀបបដិសេធសាតាំង និងប្រកាន់ខ្ជាប់នឹងទីបន្ទាល់របស់អ្នកឡើយ។ របៀបដែលព្រះវិញ្ញាណបរិសុទ្ធធ្វើការ និងរបៀបដែលសាតាំងធ្វើការ គឺជាអ្វីដែលមនុស្សគួរតែយល់ និងគួរតែត្រូវបានដកពិសោធន៍នៅក្នុងជំនឿរបស់មនុស្សលើព្រះជាម្ចាស់។

ខាង​ដើម៖ មានតែអ្នកដែលផ្តោតលើការអនុវត្តប៉ុណ្ណោះ ទើបអាចត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍

បន្ទាប់៖ ការព្រមានដល់អស់អ្នកដែលមិនអនុវត្តនូវសេចក្តីពិត

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ