ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ I

សិទ្ធិអំណាចរបស់ព្រះជាម្ចាស់ (I)

ការប្រកបគ្នាមួយចំនួនចុងក្រោយរបស់ខ្ញុំ គឹស្តីអំពីកិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ បន្ទាប់ពីស្តាប់ឮការប្រកបគ្នាទាំងនេះ តើអ្នករាល់គ្នាមានអារម្មណ៍ថា អ្នកបានទទួលការយល់ដឹង និងចំណេះដឹងអំពីនិស្ស័យរបស់ព្រះជាម្ចាស់ឬទេ? តើអ្នកបានទទួលការយល់ដឹង និងចំណេះដឹងកម្រិតណា? តើអ្នករាល់គ្នាអាចដាក់ជាលេខបានទេ? តើការប្រកបគ្នាទាំងនេះបានផ្តល់ឲ្យអ្នកនូវការយល់ដឹងកាន់តែជ្រាលជ្រៅមួយអំពីព្រះជាម្ចាស់ឬទេ? តើអាចនិយាយបានថា ការយល់ដឹងនេះគឺជាចំណេះដឹងដ៏ពិតប្រាកដអំពីព្រះជាម្ចាស់ឬទេ? តើអាចនិយាយបានថា ចំណេះដឹង និងការយល់ដឹងអំពីព្រះជាម្ចាស់នេះ គឺជាចំណេះដឹងនៃលក្ខណៈសំខាន់ទាំងស្រុងរបស់ព្រះជាម្ចាស់ ព្រមទាំងកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ឬទេ? ទេ ពិតជាមិនមែនទេ! នោះដោយសារតែការប្រកបគ្នាទាំងនេះត្រឹមតែផ្តល់នូវការយល់ដឹងមួយផ្នែកអំពីនិស្ស័យរបស់ព្រះជាម្ចាស់ ព្រមទាំងកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ប៉ុណ្ណោះ មិនមែនគ្រប់យ៉ាងទាំងអស់ដែលមាននៅក្នុងភាពទាំងស្រុងនោះទេ។ ការប្រកបគ្នាទាំងនេះ បានធ្វើឲ្យអ្នករាល់គ្នាអាចយល់ពីផ្នែកនៃកិច្ចការដែលព្រះជាម្ចាស់បានធ្វើកន្លងមក។ តាមរយៈការប្រកបគ្នាទាំងនេះ អ្នកបានកត់សម្គាល់ពីនិស្ស័យរបស់ព្រះជាម្ចាស់ ព្រមទាំងកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ ក៏ដូចជាវិធីសាស្ត្រ និងការគិតនៅពីក្រោយគ្រប់យ៉ាងដែលទ្រង់បានធ្វើ។ ប៉ុន្តែ នេះគ្រាន់តែជាការយល់ដឹងតាមបែបនិយាយ និងតាមន័យចំអំពីព្រះជាម្ចាស់ប៉ុណ្ណោះ ហើយនៅក្នុងចិត្តរបស់អ្នករាល់គ្នា អ្នកនៅតែមិនច្បាស់អំពីកម្រិតនៃការពិតរបស់វា។ តើអ្វីដែលកំណត់ជាចម្បង ថាតើមានការពិតណាមួយចំពោះការយល់ដឹងរបស់មនុស្សអំពីរឿងរ៉ាវបែបនេះ? វាត្រូវបានកំណត់ដោយចំនួននៃព្រះបន្ទូល និងនិស្ស័យរបស់ព្រះជាម្ចាស់ដែលពួកគេមានបទពិសោធន៍យ៉ាងពិតប្រាកដ អំឡុងពេលបទពិសោធន៍ជាក់ស្តែងរបស់ពួកគេ និងពីកម្រិតដែលពួកគេអាចមើលឃើញ និងស្គាល់ អំឡុងពេលឆ្លងកាត់បទពិសោធន៍ជាក់ស្តែងទាំងនេះ។ តើមាននរណាម្នាក់ធ្លាប់និយាយពាក្យទាំងនេះ «ការប្រកបគ្នាមួយចំនួនចុងក្រោយ បានអនុញ្ញាតឲ្យយើងយល់ពីអ្វីដែលព្រះជាម្ចាស់បានធ្វើ ពីព្រះតម្រិះរបស់ព្រះជាម្ចាស់ ហើយជាងនេះទៅទៀត ពីឥរិយាបថរបស់ព្រះជាម្ចាស់ចំពោះមនុស្សជាតិ ព្រមទាំងមូលដ្ឋាននៃសកម្មភាពរបស់ទ្រង់ ក៏ដូចជាគោលការណ៍នៃសកម្មភាពរបស់ទ្រង់។ ដូច្នេះ យើងបានយល់ពីនិស្ស័យរបស់ព្រះជាម្ចាស់ ហើយបានស្គាល់ភាពទាំងស្រុងរបស់ព្រះជាម្ចាស់?» តើការនិយាយបែបនេះត្រឹមត្រូវឬទេ? ច្បាស់ណាស់ វាមិនត្រឹមត្រូវទេ។ ហេតុអ្វីបានជាខ្ញុំនិយាយថា ការនិយាយបែបនេះមិនត្រឹមត្រូវ? និស្ស័យរបស់ព្រះជាម្ចាស់ ព្រមទាំងកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ គឺត្រូវបានបង្ហាញតាមរយៈអ្វីៗដែលទ្រង់បានធ្វើ និងតាមរយៈព្រះបន្ទូលដែលទ្រង់បានមានព្រះបន្ទូល។ តាមរយៈកិច្ចការដែលព្រះជាម្ចាស់បានធ្វើ និងព្រះបន្ទូលដែលទ្រង់បានមានព្រះបន្ទូល មនុស្សអាចកត់សម្គាល់ពីអ្វីដែលជាកម្មសិទ្ធិ និងលក្ខណៈរបស់ព្រះជាម្ចាស់ ប៉ុន្តែនេះត្រឹមតែនិយាយថា កិច្ចការ និងព្រះបន្ទូលអាចធ្វើឲ្យមនុស្សយល់ពីផ្នែកមួយនៃនិស្ស័យរបស់ព្រះជាម្ចាស់ ព្រមទាំងកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ប៉ុណ្ណោះ។ ប្រសិនបើមនុស្សចង់ទទួលបានការយល់ដឹងអំពីព្រះជាម្ចាស់កាន់តែជ្រាលជ្រៅ និងប្រសើរជាងមុន នោះមនុស្សត្រូវតែមានបទពិសោធន៍អំពីកិច្ចការ និងព្រះបន្ទូលរបស់ព្រះជាម្ចាស់ឲ្យបានច្រើនជាងមុន។ ទោះបីជាមនុស្សត្រឹមតែទទួលបានការយល់ដឹងមួយផ្នែកអំពីព្រះជាម្ចាស់ នៅពេលដែលមានបទពិសោធន៍អំពីផ្នែកនៃព្រះបន្ទូល ឬកិច្ចការរបស់ព្រះជាម្ចាស់ក៏ដោយ តើការយល់ដឹងមួយផ្នែកនេះ តំណាងឲ្យនិស្ស័យពិតរបស់ព្រះជាម្ចាស់ឬទេ? តើវាតំណាងឲ្យលក្ខណៈសំខាន់របស់ព្រះជាម្ចាស់ឬទេ? ពិតណាស់ វាតំណាងឲ្យនិស្ស័យពិតរបស់ព្រះជាម្ចាស់ និងលក្ខណៈសំខាន់របស់ព្រះជាម្ចាស់ មិនបាច់សង្ស័យនោះទេ។ មិនថាពេលណា ឬទីកន្លែងណា ឬតាមរបៀបណាដែលព្រះជាម្ចាស់ធ្វើកិច្ចការរបស់ទ្រង់ ឬនៅក្នុងសណ្ឋានអ្វីដែលទ្រង់លេចមកឲ្យមនុស្សឃើញ ឬតាមវិធីអ្វីដែលទ្រង់បង្ហាញអំពីបំណងព្រះហឫទ័យរបស់ទ្រង់នោះទេ គឺគ្រប់យ៉ាងដែលទ្រង់បើកសម្តែង និងបើកបង្ហាញ សុទ្ធតែតំណាងឲ្យព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ លក្ខណៈសំខាន់របស់ព្រះជាម្ចាស់ ព្រមទាំងកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់។ ព្រះជាម្ចាស់អនុវត្តកិច្ចការរបស់ទ្រង់ជាមួយនឹងកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ ព្រមទាំងនៅក្នុងអត្តសញ្ញាណពិតរបស់ទ្រង់។ នេះជារឿងពិតណាស់។ ប៉ុន្តែ សព្វថ្ងៃនេះ មនុស្សយល់ដឹងត្រឹមតែមួយផ្នែកអំពីព្រះជាម្ចាស់ តាមរយៈព្រះបន្ទូលរបស់ទ្រង់ និងតាមរយៈអ្វីដែលពួកគេឮនៅពេលដែលពួកគេស្តាប់ការអធិប្បាយព្រះបន្ទូលប៉ុណ្ណោះ។ ដូច្នេះ ក្នុងកម្រិតជាក់លាក់មួយ ការយល់ដឹងនេះត្រឹមតែអាចនិយាយបានថា ជាចំណេះដឹងបែបទ្រឹស្តីមួយប៉ុណ្ណោះ។ ទាក់ទងនឹងសភាពជាក់ស្តែងរបស់អ្នក អ្នកអាចបញ្ជាក់ការយល់ដឹង ឬចំណេះដឹងអំពីព្រះជាម្ចាស់ដែលអ្នកបានឮ បានឃើញ ឬបានដឹង និងបានយល់នៅក្នុងចិត្តរបស់អ្នកសព្វថ្ងៃនេះបាន លុះត្រាតែអ្នករាល់គ្នាម្នាក់ៗឆ្លងកាត់រឿងរ៉ាវទាំងនេះនៅក្នុងបទពិសោធន៍ជាក់ស្តែងរបស់អ្នក ហើយស្គាល់ពីវាបន្តិចម្តងៗ។ ប្រសិនបើខ្ញុំមិនបានប្រកបគ្នាអំពីព្រះបន្ទូលទាំងនេះជាមួយអ្នករាល់គ្នានោះទេ តើអ្នកអាចសម្រេចបាននូវចំណេះដឹងដ៏ពិតប្រាកដអំពីព្រះជាម្ចាស់ តាមរយៈបទពិសោធន៍របស់អ្នកតែម៉្យាងបានទេ? ខ្ញុំព្រួយបារម្ភថា ធ្វើបែបនោះនឹងមានការលំបាកខ្លាំងណាស់។ នោះក៏ព្រោះតែមនុស្សត្រូវតែមានព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាមុនសិន ដើម្បីស្គាល់ពីវិធីដើម្បីមានបទពិសោធន៍។ ទោះបីជាយ៉ាងណាក៏ដោយ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាច្រើនដែលមនុស្សទទួលទាន គឺមានចំនួនស្មើគ្នានឹងបទពិសោធន៍ជាក់ស្ដែងដែលពួកគេអាចឆ្លងកាត់។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ដឹកនាំផ្លូវទៅខាងមុខ ហើយដឹកនាំមនុស្សនៅក្នុងបទពិសោធន៍នេះ។ សរុបមក សម្រាប់អស់អ្នកដែលមានបទពិសោធន៍ពិតមួយចំនួន ការប្រកបគ្នាមួយចំនួនចុងក្រោយនេះ នឹងជួយឲ្យពួកគេទទួលបានការយល់ដឹងកាន់តែជ្រាលជ្រៅជាងមុន អំពីការពិត និងចំណេះដឹងកាន់តែពិតជាងមុនអំពីព្រះជាម្ចាស់។ ប៉ុន្តែសម្រាប់អស់អ្នកដែលមិនមានបទពិសោធន៍ពិត ឬអ្នកដែលទើបតែបានចាប់ផ្តើមនិយាយអំពីការពិត នេះគឺជាវិញ្ញាសារដ៏អស្ចារ្យមួយ។

មាតិកាសំខាន់នៃការប្រកបគ្នាមួយចំនួនចុងក្រោយនេះ គឺពាក់ព័ន្ធទៅនឹង «និស្ស័យរបស់ព្រះជាម្ចាស់ កិច្ចការរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។» តើអ្នករាល់គ្នាបានឃើញអ្វីនៅក្នុងផ្នែកគន្លឹះ និងផ្នែកសំខាន់ៗនៃអ្វីៗគ្រប់យ៉ាងដែលខ្ញុំបាននិយាយ? តាមរយៈការប្រកបគ្នាទាំងនេះ តើអ្នករាល់គ្នាអាចទទួលស្គាល់ថា ទ្រង់ដែលបានធ្វើកិច្ចការ ទ្រង់ដែលបានបើកសម្ដែងនិស្ស័យទាំងនេះ គឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គតែមួយអង្គគត់ ដែលកាន់កាប់អធិបតេយ្យភាពលើរបស់សព្វសារពើឬទេ? ប្រសិនបើចម្លើយរបស់អ្នករាល់គ្នាគឺ បាទ/ចាស នោះតើអ្វីដែលនាំអ្នករាល់គ្នាទៅកាន់សេចក្តីសន្និដ្ឋានបែបនេះ? ក្នុងការឈានទៅដល់ការសន្និដ្ឋាននេះ តើអ្នកបានពិចារណាទិដ្ឋភាពប៉ុន្មានចំណុច? តើមាននរណាម្នាក់អាចប្រាប់ខ្ញុំបានទេ? ខ្ញុំដឹងថា ការប្រកបគ្នាមួយចំនួនចុងក្រោយ បានផ្តល់ផលប៉ះពាល់យ៉ាងជ្រាលជ្រៅចំពោះអ្នករាល់គ្នា និងបានផ្តល់នូវការចាប់ផ្តើមថ្មីមួយនៅក្នុងចិត្តរបស់អ្នក សម្រាប់ចំណេះដឹងរបស់អ្នករាល់គ្នាអំពីព្រះជាម្ចាស់ ដែលពិតជាល្អណាស់។ ប៉ុន្តែបើប្រៀបធៀបទៅពីមុន ទោះបីជាអ្នកបានបោះជំហានយ៉ាងអស្ចារ្យមួយនៅក្នុងការយល់ដឹងរបស់អ្នករាល់គ្នាអំពីព្រះជាម្ចាស់ក៏ដោយ ក៏និយមន័យអំពីអត្តសញ្ញាណរបស់ព្រះជាម្ចាស់ នៅមិនទាន់រីកចម្រើនឲ្យលើសពីព្រះនាមរបស់ព្រះយេហូវ៉ាដ៏ជាព្រះនៅក្នុងយុគសម័យនៃក្រឹត្យវិន័យ ព្រះអម្ចាស់យេស៊ូវនៅក្នុងយុគសម័យនៃព្រះគុណ និងព្រះដ៏មានគ្រប់ព្រះចេស្តានៅក្នុងយុគសម័យនៃនគរព្រះឡើយ។ ពោលគឺ ទោះបីជាការប្រកបគ្នាទាំងនេះអំពី «និស្ស័យរបស់ព្រះជាម្ចាស់ កិច្ចការរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ» ផ្តល់ឲ្យអ្នករាល់គ្នានូវការយល់ដឹងមួយចំនួនអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលព្រះជាម្ចាស់ធ្លាប់បានមានព្រះបន្ទូលម្តងហើយ និងកិច្ចការដែលព្រះជាម្ចាស់ធ្លាប់ធ្វើម្តងហើយ ព្រមទាំងភាវៈ និងកម្មសិទ្ធិ ដែលព្រះជាម្ចាស់ធ្លាប់បានបើកសម្ដែងម្តងហើយក៏ដោយ ក៏អ្នករាល់គ្នាមិនអាចផ្តល់នូវនិយមន័យពិត និងការណែនាំដ៏ត្រឹមត្រូវអំពីពាក្យ «ព្រះជាម្ចាស់» បានដែរ។ អ្នករាល់គ្នាមិនមានចំណេះដឹង និងការណែនាំដ៏ត្រឹមត្រូវ និងពិតអំពីឋានៈ និងអត្តសញ្ញាណរបស់ព្រះជាម្ចាស់ ផ្ទាល់ព្រះអង្គនោះឡើយ ពោលគឺ ឋានៈរបស់ព្រះជាម្ចាស់នៅក្នុងចំណោមរបស់សព្វសារពើ និងឋានៈរបស់ព្រះជាម្ចាស់នៅទូទាំងសាកលលោកទាំងមូល។ នោះក៏ព្រោះតែ នៅក្នុងការប្រកបគ្នាកន្លងមកអំពីព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ និងអំពីនិស្ស័យរបស់ព្រះជាម្ចាស់ គ្រប់មាតិកាទាំងអស់គឺអាស្រ័យលើការបង្ហាញ និងការបើកសម្តែងកន្លងមករបស់ព្រះជាម្ចាស់ ដូចដែលបានកត់ត្រាទុកនៅក្នុងព្រះគម្ពីរ។ ប៉ុន្តែ វាមានការលំបាកសម្រាប់មនុស្សក្នុងការរកឲ្យឃើញនូវភាវៈ និងកម្មសិទ្ធិដែលព្រះជាម្ចាស់បានបើកសម្តែង និងបានបង្ហាញ អំឡុងពេល ឬនៅក្រៅពីការគ្រប់គ្រង និងការសង្គ្រោះមនុស្សជាតិរបស់ទ្រង់។ ដូច្នេះ ប្រសិនបើអ្នករាល់គ្នាយល់អំពីភាវៈ និងកម្មសិទ្ធិរបស់ព្រះជាម្ចាស់ ដែលត្រូវបានបើកសម្តែងនៅក្នុងកិច្ចការដែលទ្រង់បានធ្វើកាលពីអតីតកាល នោះនិយមន័យរបស់អ្នករាល់គ្នាអំពីអត្តសញ្ញាណ និងឋានៈរបស់ព្រះជាម្ចាស់គឺនៅតែឆ្ងាយពី «ព្រះជាម្ចាស់តែមួយអង្គគត់ គឺមួយអង្គដែលកាន់កាប់អធិបតេយ្យភាពលើរបស់សព្វសារពើ» ហើយវាខុសគ្នាទៅនឹង «ព្រះអាទិករ»។ ការប្រកបគ្នាមួយចំនួនចុងក្រោយ បានធ្វើឲ្យគ្រប់គ្នាមានអារម្មណ៍តាមវិធីដូចគ្នា៖ តើមនុស្សអាចស្គាល់ព្រះតម្រិះរបស់ព្រះជាម្ចាស់បានយ៉ាងដូចម្តេច? ប្រសិនបើនរណាម្នាក់ពិតជាស្គាល់ នោះម្នាក់នោះអាចជាព្រះជាក់ជាមិនខាន ដោយសារមានតែព្រះជាម្ចាស់ផ្ទាល់ព្រះអង្គប៉ុណ្ណោះ ដែលស្គាល់ពីព្រះតម្រិះរបស់ទ្រង់ផ្ទាល់ ហើយមានតែព្រះជាម្ចាស់ផ្ទាល់ព្រះអង្គប៉ុណ្ណោះ ដែលស្គាល់ពីមូលដ្ឋាន និងវិធីសាស្ត្រនៅពីក្រោមអ្វីៗគ្រប់យ៉ាងដែលទ្រង់ធ្វើ។ វាហាក់ដូចជាសមហេតុសមផលសម្រាប់អ្នករាល់គ្នា ដែលទទួលស្គាល់អត្តសញ្ញាណរបស់ព្រះជាម្ចាស់នៅក្នុងវិធីបែបនេះ ប៉ុន្តែ តើនរណាអាចប្រាប់ចេញពីនិស្ស័យ និងកិច្ចការរបស់ព្រះជាម្ចាស់ថា នេះគឺពិតជាកិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ និងមិនមែនជាកិច្ចការរបស់មនុស្ស ហើយជាកិច្ចការដែលមនុស្សមិនអាចធ្វើជំនួសព្រះជាម្ចាស់បាននោះ? តើនរណាអាចមើលឃើញថា កិច្ចការនេះស្ថិតនៅក្រោមអធិបតេយ្យភាពរបស់ព្រះមួយអង្គដែលមានលក្ខណៈសំខាន់ និងអំណាចរបស់ព្រះជាម្ចាស់នោះ? ពោលគឺ តាមរយៈអ្វី បុគ្គលិកលក្ខណៈ ឬលក្ខណៈសំខាន់អ្វី ដែលអ្នករាល់គ្នាទទួលស្គាល់ថា ទ្រង់គឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ដែលមានអត្តសញ្ញាណរបស់ព្រះជាម្ចាស់ និងជាព្រះមួយអង្គដែលកាន់កាប់អធិបតេយ្យភាពលើរបស់សព្វសារពើ? តើអ្នករាល់គ្នាធ្លាប់គិតអំពីរឿងនោះទេ? ប្រសិនបើអ្នករាល់គ្នាមិនធ្លាប់បានគិតទេ នោះការមិនធ្លាប់គិតនេះបញ្ជាក់ពីការពិតមួយ៖ ការប្រកបគ្នាមួយចំនួនចុងក្រោយ ត្រឹមតែផ្តល់ឲ្យអ្នករាល់គ្នានូវការយល់ដឹងខ្លះៗអំពីបំណែកនៃប្រវត្តិសាស្ត្រដែលព្រះជាម្ចាស់បានធ្វើកិច្ចការរបស់ទ្រង់ និងអំពីវិធីសាស្ត្ររបស់ព្រះជាម្ចាស់ ការបើកបង្ហាញ និងការបើកសម្តែងក្នុងអំឡុងពេលនៃកិច្ចការនោះប៉ុណ្ណោះ។ ទោះបីជាការយល់ដឹងបែបនេះ ធ្វើឲ្យអ្នករាល់គ្នាម្នាក់ៗទទួលស្គាល់ដោយមិនមានការសង្ស័យថា ព្រះមួយអង្គដែលបានអនុវត្តកិច្ចការទាំងពីរដំណាក់កាលនេះ គឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដែលអ្នករាល់គ្នាជឿ និងដើរតាម ជាព្រះមួយអង្គដែលអ្នករាល់គ្នាត្រូវតែដើរតាមជានិច្ចក៏ដោយ ក៏អ្នករាល់គ្នានៅតែមិនអាចទទួលស្គាល់ថា ទ្រង់គឺជាព្រះជាម្ចាស់ដែលបានស្ថិតនៅតាំងពីការបង្កើតពិភពលោក និងដែលត្រូវតែស្ថិតនៅអស់កល្បជានិច្ច ឬអ្នករាល់គ្នាអាចទទួលស្គាល់ថា ទ្រង់គឺជាព្រះមួយអង្គដែលដឹកនាំ និងកាន់កាប់អធិបតេយ្យភាពលើរបស់សព្វសារពើនោះដែរ។ អ្នករាល់គ្នាពិតជាមិនដែលគិតអំពីបញ្ហានេះទេ។ ទោះបីជាព្រះយេហូវ៉ា ឬព្រះអម្ចាស់យេស៊ូវក៏ដោយ តើតាមទិដ្ឋភាពនៃលក្ខណៈសំខាន់ និងការបើកបង្ហាញណាខ្លះ ដែលអ្នករាល់គ្នាអាចទទួលស្គាល់ថា ទ្រង់មិនត្រឹមតែជាព្រះជាម្ចាស់ដែលអ្នករាល់គ្នាត្រូវតែដើរតាមប៉ុណ្ណោះទេ ប៉ុន្តែទ្រង់គឺជាព្រះមួយអង្គដែលបង្គាប់បញ្ជាមនុស្សជាតិ និងកាន់កាប់អធិបតេយ្យលើជោគវាសនារបស់មនុស្សជាតិ ហើយជាងនេះទៅទៀត ជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គតែមួយអង្គគត់ ដែលកាន់កាប់អធិបតេយ្យភាពលើស្ថានសួគ៌ និងផែនដី និងរបស់សព្វសារពើ? តើតាមរយៈបណ្តាញណាខ្លះដែលអ្នករាល់គ្នាទទួលស្គាល់ថា ព្រះមួយអង្គដែលអ្នករាល់គ្នាជឿ និងដើរតាម គឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ដែលកាន់កាប់អធិបតេយ្យភាពលើរបស់សព្វសារពើនោះ? តាមរយៈបណ្តាញណាខ្លះដែលអ្នកភ្ជាប់ព្រះជាម្ចាស់ដែលអ្នករាល់គ្នាជឿ ទៅនឹងព្រះជាម្ចាស់ដែលកាន់កាប់អធិបតេយ្យផាពលើជោគវាសនារបស់មនុស្សជាតិ? តើអ្វីដែលអនុញ្ញាតឲ្យអ្នកទទួលស្គាល់ថា ព្រះជាម្ចាស់ដែលអ្នករាល់គ្នាជឿ គឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គតែមួយអង្គគត់ ដែលនៅលើស្ថានសួគ៌ និងផែនដី និងក្នុងចំណោមរបស់សព្វសារពើនោះ? នេះគឺជាបញ្ហាដែលខ្ញុំត្រូវតែដោះស្រាយនៅក្នុងផ្នែកបន្ទាប់។

បញ្ហាទាំងឡាយដែលអ្នករាល់គ្នាមិនដែលគិតដល់ ឬអ្នករាល់គ្នាមិនអាចគិតដល់ អាចជាបញ្ហាទាំងឡាយណាដែលមានសារៈសំខាន់ចំពោះការស្គាល់ព្រះជាម្ចាស់ និងដែលមនុស្សមិនអាចវាស់ស្ទង់ការពិតបាន។ នៅពេលដែលបញ្ហាទាំងនេះមកដល់អ្នករាល់គ្នា គឺជាបញ្ហាដែលអ្នករាល់គ្នាត្រូវតែប្រឈមមុខ និងធ្វើការជ្រើសរើស ប្រសិនបើអ្នកមិនអាចដោះស្រាយពួកវាទាំងអស់ដោយសារតែភាពល្ងីល្ងើ និងភាពល្ងង់ខ្លៅរបស់អ្នករាល់គ្នា ឬដោយសារតែបទពិសោធន៍របស់អ្នករាល់គ្នានៅស្ទើរពេក ហើយអ្នកខ្វះចំណេះដឹងពិតប្រាកដអំពីព្រះជាម្ចាស់ នោះពួកវាអាចនឹងក្លាយជាឧបស័គ្គ និងជាការបង្អាក់ដ៏ធំបំផុតនៅលើផ្លូវនៃជំនឿរបស់អ្នកលើព្រះជាម្ចាស់។ ដូច្នេះ ខ្ញុំមានអារម្មណ៍ថា វាចាំបាច់ណាស់ក្នុងការប្រកបគ្នាជាមួយអ្នករាល់គ្នា ពាក់ព័ន្ធនឹងប្រធានបទនេះ។ ពេលនេះ តើអ្នករាល់គ្នាដឹងថាបញ្ហារបស់អ្នករាល់គ្នាគឺជាអ្វីទេ? តើអ្នករាល់គ្នាច្បាស់អំពីបញ្ហាដែលខ្ញុំនិយាយឬទេ? តើអ្នករាល់គ្នានឹងប្រឈមមុខចំពោះបញ្ហាទាំងនេះមែនទេ? តើពួកវាគឺជាបញ្ហាដែលអ្នករាល់គ្នាមិនយល់មែនទេ? តើពួកវាគឺជាបញ្ហាដែលមិនធ្លាប់កើតឡើងចំពោះអ្នករាល់គ្នាមែនទេ? តើបញ្ហាទាំងនេះមានសារៈសំខាន់ចំពោះអ្នករាល់គ្នាឬទេ? តើពួកវាពិតជាបញ្ហាមែនទេ? បញ្ហានេះ គឺជាប្រភពមួយដែលធ្វើឲ្យអ្នករាល់គ្នាភាន់ច្រឡំ ដែលបង្ហាញថា អ្នករាល់គ្នាមិនមានការយល់ដឹងពិតប្រាកដមួយ អំពីព្រះជាម្ចាស់ដែលអ្នករាល់គ្នាជឿនោះទេ ហើយថា អ្នករាល់គ្នាមិនយកចិត្តទុកដាក់ខ្លាំងចំពោះទ្រង់នោះឡើយ។ មនុស្សមួយចំនួននិយាយថា «ខ្ញុំដឹងថាទ្រង់គឺជាព្រះជាម្ចាស់ ដូច្នេះខ្ញុំដើរតាមទ្រង់ ដោយសារតែព្រះបន្ទូលរបស់ទ្រង់គឺជាការបង្ហាញចេញរបស់ព្រះជាម្ចាស់។ ប៉ុណ្ណេះ គឺគ្រប់គ្រាន់ហើយ។ តើត្រូវការអំណះអំណាងអ្វីទៀត? ពិតណាស់ តើយើងមិនត្រូវការឆ្ងល់អំពីព្រះជាម្ចាស់មែនទេ? ពិតណាស់ តើយើងមិនត្រូវបានកណត់ឲ្យល្បងលព្រះជាម្ចាស់មែនទេ? ពិតណាស់ តើយើងមិនត្រូវការសួរអំពីលក្ខណៈសំខាន់ និងអត្តសញ្ញាណរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គមែនទេ?» មិនថាអ្នករាល់គ្នាគិតតាមវិធីនេះឬយ៉ាងណានោះទេ ខ្ញុំមិនដាក់សំណួរបែបនេះដើម្បីធ្វើឲ្យអ្នករាល់គ្នាភាន់ច្រឡំអំពីព្រះជាម្ចាស់ ឬធ្វើឲ្យអ្នករាល់គ្នាល្បងលទ្រង់នោះទេ ហើយជាងនេះទៅទៀត ខ្ញុំមិនសួរសំណួរបែបនេះដើម្បីឲ្យអ្នករាល់គ្នាឆ្ងល់អំពីអត្តសញ្ញាណ និងលក្ខណៈសំខាន់របស់ព្រះជាម្ចាស់នោះទេ។ ផ្ទុយទៅវិញ ខ្ញុំសួរសំណួរបែបនេះ ដើម្បីលើកទឹកចិត្តឲ្យអ្នករាល់គ្នាយល់កាន់តែប្រសើរជាងមុន អំពីលក្ខណៈសំខាន់របស់ព្រះជាម្ចាស់ និងលើកទឹកចិត្តឲ្យអ្នករាល់គ្នាមានភាពច្បាស់លាស់ និងសេចក្តីជំនឿដែលប្រសើរជាងមុនអំពីឋានៈរបស់ព្រះជាម្ចាស់ នោះទើបព្រះជាម្ចាស់អាចក្លាយជាព្រះមួយអង្គនៅក្នុងចិត្តរបស់អស់អ្នកដែលដើរតាមទ្រង់ ហើយទើបឋានៈដើមរបស់ព្រះជាម្ចាស់ ដែលជាព្រះអាទិករ ជាអ្នកកាន់កាប់របស់សព្វសារពើ ជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គតែមួយអង្គគត់ អាចត្រូវបានស្តារឡើងវិញនៅក្នុងចិត្តរបស់សត្តនិករនីមួយៗ។ នេះក៏ជាប្រធានបទដែលខ្ញុំនឹងប្រកបគ្នាដែរ។

ពេលនេះ ចូរយើងចាប់ផ្តើមអានខគម្ពីរខាងក្រោមដែលដកស្រង់ចេញពីព្រះគម្ពីរ។

១. ព្រះជាម្ចាស់ប្រើប្រាស់ព្រះបន្ទូលដើម្បីបង្កើតរបស់សព្វសារពើ

លោកុប្បត្តិ ១:៣-៥ ហើយព្រះជាម្ចាស់បានមានបន្ទូលថា៖ «ចូរឲ្យមានពន្លឺ» នោះពន្លឺក៏មានឡើង។ ហើយព្រះ‌ជាម្ចាស់បានទតឃើញថា ពន្លឺនោះល្អហើយ ទ្រង់ក៏បានញែកពន្លឺចេញពីភាពងងឹត។ ព្រះជាម្ចាស់បានហៅពន្លឺថា ថ្ងៃ ហើយហៅភាពងងឹតថា យប់ នោះក៏មានល្ងាច មានព្រឹក ជាថ្ងៃទីមួយ។

លោកុប្បត្តិ ១:៦-៧ ហើយព្រះជាម្ចាស់បានមានបន្ទូលថា ចូរឲ្យមានលំហមួយនៅកណ្ដាលទឹក ដើម្បីញែកទឹកចេញពីគ្នា។ ព្រះជាម្ចាស់បានបង្កើតឲ្យមានលំហ ហើយញែកទឹកដែលនៅក្រោមលំហចេញពីទឹកដែលនៅលើលំហ។ វាក៏កើតមានដូច្នោះមែន។

លោកុប្បត្តិ ១:៩-១១ ព្រះជាម្ចាស់បានមានបន្ទូលថា ចូរឲ្យទឹកដែលនៅក្រោមមេឃ ប្រមូលផ្ដុំគ្នានៅកន្លែងតែមួយ ហើយឲ្យមានទីគោកដុះឡើង ហើយវាក៏កើតមានដូច្នោះមែន។ ព្រះជាម្ចាស់បានហៅទីគោកនោះថា ដី ហើយទឹកដែលប្រមូលផ្ដុំគ្នានោះថា សមុទ្រ ព្រះជាម្ចាស់ក៏ទតឃើញថាល្អហើយ។ ព្រះជាម្ចាស់បានមានបន្ទូលថា៖ ចូរឲ្យ‌ដីដុះចេញជាតិណជាតិ ជាធញ្ញជាតិដែលមានគ្រាប់ និងរុក្ខជាតិដែលមានផ្លែតាមពូជ ហើយមានគ្រាប់ក្នុងផ្លែនោះនៅលើផែនដី នោះវាក៏កើតមានដូច្នោះមែន។

លោកុប្បត្តិ ១:១៤-១៥ ហើយព្រះជាម្ចាស់មានបន្ទូលថា៖ ចូរឲ្យមានដុំពន្លឺនៅក្នុងលំហអាកាស ដើម្បីញែកថ្ងៃចេញពីយប់ និងសម្រាប់ទុកជាទីសម្គាល់ និងសម្រាប់ជារដូវ ថ្ងៃ និងឆ្នាំ ហើយសម្រាប់ជាដុំពន្លឺនៅលើមេឃ ដើម្បីបំភ្លឺមកលើផែន‌ដី ហើយវាក៏កើតមានដូច្នោះមែន។

លោកុប្បត្តិ ១:២០-២១ ហើយព្រះជាម្ចាស់មានបន្ទូលថា៖ ចូរឲ្យមានមច្ឆា‌ជាតិដ៏រស់រវើកនៅក្នុងទឹក និងមានបក្សា‌បក្សីហោះហើរពីលើផែនដីនៅក្នុងលំហអាកាស។ ព្រះជាម្ចាស់បានបង្កើតត្រីបាឡែនដ៏ធំសម្បើម និងគ្រប់ភាវៈមានជីវិតដែលមានចលនា ដែលមាននៅក្នុងទឹកទៅតាមពូជ និងគ្រប់ទាំងសត្វស្លាបតាមពូជរបស់វាដែរ។ ហើយព្រះជាម្ចាស់ទតឃើញថាល្អហើយ។

លោកុប្បត្តិ ១:២៤-២៥ ហើយព្រះជាម្ចាស់មានបន្ទូលថា៖ ចូរឲ្យផែនដីកើតចេញជាពពួកសត្វមានជីវិតតាមពូជរបស់វា គឺសត្វស្រុក សត្វលូនវារ និងសត្វព្រៃនៅលើផែន‌ដីតាមពូជរបស់វា៖ វាក៏កើតមានដូច្នោះមែន។ ហើយព្រះជាម្ចាស់បានបង្កើតសត្វព្រៃនៅផែន‌ដីតាមពូជ សត្វស្រុកតាមពូជ និងគ្រប់ទាំងសត្វដែលលូនវារលើដីតាមពូជរបស់វាដែរ ហើយព្រះជាម្ចាស់ទតឃើញថាល្អ។

នៅថ្ងៃទីមួយ ពេលថ្ងៃ និងពេលយប់របស់មនុស្សជាតិបានកើត និងឈរនៅមាំមួន អរព្រះគុណចំពោះសិទ្ធិអំណាចរបស់ព្រះជាម្ចាស់

ចូរយើងមើលខគម្ពីរទីមួយ «ហើយព្រះជាម្ចាស់បានមានបន្ទូលថា៖ 'ចូរឲ្យមានពន្លឺ' នោះពន្លឺក៏មានឡើង។ ហើយព្រះ‌ជាម្ចាស់បានទតឃើញថា ពន្លឺនោះល្អហើយ ទ្រង់ក៏បានញែកពន្លឺចេញពីភាពងងឹត។ ព្រះជាម្ចាស់បានហៅពន្លឺថា ថ្ងៃ ហើយហៅភាពងងឹតថា យប់ នោះក៏មានល្ងាច មានព្រឹក ជាថ្ងៃទីមួយ» (លោកុប្បត្តិ ១:៣-៥)។ ខគម្ពីរនេះពណ៌នាអំពីសកម្មភាពទីមួយរបស់ព្រះជាម្ចាស់នៅដើមដំបូងនៃការបង្កើត និងជាថ្ងៃទីមួយដែលព្រះជាម្ចាស់បានឆ្លងកាត់ ដោយមានពេលល្ងាច និងមានពេលព្រឹក។ ប៉ុន្តែវាគឺជាថ្ងៃដ៏វិសេសមួយ៖ ព្រះជាម្ចាស់ចាប់ផ្តើមរៀបចំពន្លឺសម្រាប់របស់សព្វសារពើ ហើយជាងនេះទៅទៀត ទ្រង់បានញែកពន្លឺពីចេញភាពងងឹត។ នៅថ្ងៃនេះ ព្រះជាម្ចាស់ចាប់ផ្តើមមានព្រះបន្ទូល ហើយព្រះបន្ទូល និងសិទ្ធិអំណាចរបស់ទ្រង់មាននៅទន្ទឹមគ្នា។ សិទ្ធិអំណាចរបស់ទ្រង់ចាប់ផ្តើមប្រកាសនៅក្នុងចំណោមរបស់សព្វសារពើ ហើយព្រះចេស្ដារបស់ទ្រង់សាយភាយក្នុងចំណោមរបស់សព្វសារពើ ដែលជាលទ្ធផលនៃព្រះបន្ទូលរបស់ទ្រង់។ ចាប់ពីថ្ងៃនេះតទៅ របស់សព្វសារពើត្រូវបានធ្វើឲ្យមានរូបរាង និងឈរនៅមាំមួន ដោយសារតែព្រះបន្ទូលរបស់ព្រះជាម្ចាស់ សិទ្ធិអំណាចរបស់ព្រះជាម្ចាស់ និងព្រះចេស្ដារបស់ព្រះជាម្ចាស់ ហើយពួកវាចាប់ផ្តើមធ្វើតាមតួនាទី។ សូមអរព្រះគុណដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ សិទ្ធិអំណាចរបស់ព្រះជាម្ចាស់ និងព្រះចេស្ដារបស់ព្រះជាម្ចាស់។ នៅពេលដែលព្រះជាម្ចាស់ទ្រង់មានព្រះបន្ទូល «ចូរឲ្យមានពន្លឺ» នោះក៏មានពន្លឺឡើង។ ព្រះជាម្ចាស់មិនបានចាប់ផ្តើមកម្មវិធីណាមួយនៃកិច្ចការនោះទេ។ ពន្លឺបានលេចឡើង ជាលទ្ធផលនៃព្រះបន្ទូលរបស់ទ្រង់។ នេះគឺជាពន្លឺដែលព្រះជាម្ចាស់ហៅថា ថ្ងៃ ហើយដែលមនុស្សនៅតែអាស្រ័យលើ សម្រាប់អត្ថិភាពរបស់គេនៅសព្វថ្ងៃនេះ។ តាមការបញ្ជារបស់ព្រះជាម្ចាស់ លក្ខណៈសំខាន់ និងតម្លៃរបស់វាមិនដែលផ្លាស់ប្តូរនោះទេ ហើយវាក៏មិនដែលបាត់ទៅនោះដែរ។ អត្ថិភាពរបស់វាប្រកាសពីសិទ្ធិអំណាច និងព្រះចេស្ដារបស់ព្រះជាម្ចាស់ ហើយប្រកាសពីអត្ថិភាពរបស់ព្រះអាទិករ។ វាបញ្ជាក់ម្តងហើយម្តងទៀតអំពីអត្តសញ្ញាណ និងឋានៈរបស់ព្រះអាទិករ។ វាមិនមែនគ្មានរូបរាង ឬបំភ័ន្តភ្នែកនោះទេ ប៉ុន្តែវាគឺជាពន្លឺពិតមួយដែលមនុស្សមើលឃើញ។ ចាប់ពីពេលនោះមក ពិភពលោកដែលទទេស្អាតដែល «ផែន‌ដីគ្មានរូបរាង នៅទទេ ហើយមានតែភាពងងឹតនៅគ្របលើជម្រៅទឹក។» វត្ថុផ្នែកសម្ភារៈទីមួយត្រូវបានបង្កើត។ វត្ថុនេះចេញមកពីព្រះបន្ទូលនៃព្រះឱស្ឋរបស់ព្រះជាម្ចាស់ ហើយលេចឡើងនៅក្នុងសកម្មភាពទីមួយនៃការបង្កើតរបស់សព្វសារពើ ដោយសារតែសិទ្ធិអំណាច និងព្រះសូរសៀងរបស់ព្រះជាម្ចាស់។ បន្តិចក្រោយមក ព្រះជាម្ចាស់បានបញ្ជាពន្លឺ និងភាពងងឹតដើម្បីឲ្យញែកចេញពីគ្នា...គ្រប់យ៉ាងបានផ្លាស់ប្តូរ ហើយបានពេញលេញ ដោយសារតែព្រះបន្ទូលរបស់ព្រះជាម្ចាស់...ព្រះជាម្ចាស់ហៅពន្លឺនេះថា «ថ្ងៃ» ហើយទ្រង់ហៅភាពងងឹតថា «យប់»។ នៅពេលនោះ ល្ងាចទីមួយ និងព្រឹកទីមួយត្រូវបានបង្កើតនៅក្នុងពិភពដែលព្រះជាម្ចាស់សព្វព្រះហឫទ័យចង់បង្កើត ហើយព្រះជាម្ចាស់មានព្រះបន្ទូលថា នេះគឺជាថ្ងៃទីមួយ។ ថ្ងៃនេះគឺជាថ្ងៃទីមួយនៃការបង្កើតរបស់សព្វសារពើរបស់ព្រះអាទិករ ហើយគឺជាការចាប់ផ្តើមនៃការបង្កើតរបស់សព្វសារពើ និងគឺជាលើកទីមួយដែលសិទ្ធិអំណាច និងព្រះចេស្ដារបស់ព្រះអាទិករត្រូវបានប្រកាសនៅក្នុងពិភពដែលទ្រង់បានបង្កើតនេះ។

តាមរយៈព្រះបន្ទូលទាំងនេះ មនុស្សអាចមើលឃើញសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ និងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ក៏ដូចជាអំណាចរបស់ព្រះជាម្ចាស់ដែរ។ ដោយសារតែមានតែព្រះជាម្ចាស់ប៉ុណ្ណោះដែលមានព្រះចេស្ដាបែបនេះ ដូច្នេះហើយ មានតែព្រះជាម្ចាស់ប៉ុណ្ណោះដែលមានសិទ្ធិអំណាច មានតែព្រះជាម្ចាស់ប៉ុណ្ណោះដែលមានព្រះចេស្ដាបែបនេះ។ តើមនុស្សណាម្នាក់ ឬវត្ថុណាមួយអាចមានសិទ្ធិអំណាច និងព្រះចេស្ដាបែបនេះឬទេ? តើមានចម្លើយមួយនៅក្នុងចិត្តរបស់អ្នករាល់គ្នាឬទេ? ក្រៅពីព្រះជាម្ចាស់ តើមានភាវៈដែលត្រូវបានបង្កើត និងមិនត្រូវបានបង្កើតណាមួយមានសិទ្ធិអំណាចបែបនេះឬទេ? តើអ្នករាល់គ្នាធ្លាប់ឃើញឧទហរណ៍នៃរឿងបែបនេះនៅក្នុងសៀវភៅណាមួយ ឬការបោះពុម្ពណាមួយឬទេ? តើមានការកត់ត្រាថា មនុស្សម្នាក់បានបង្កើតស្ថានសួគ៌ និងផែនដី និងរបស់សព្វសារពើឬទេ? វាមិនមាននៅក្នុងសៀវភៅ ឬការកត់ត្រាណាផ្សេងទៀតនោះទេ។ ជាការពិតណាស់ ទាំងនេះគឺជាព្រះបន្ទូលដ៏មានព្រះចេស្ដា និងសិទ្ធិអំណាចតែមួយ អំពីការបង្កើតពិភពដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ ដែលត្រូវបានកត់ត្រាទុកនៅក្នុងព្រះគម្ពីរ។ ព្រះបន្ទូលទាំងនេះ ថ្លែងសម្រាប់សិទ្ធិអំណាច និងអត្តសញ្ញាណតែមួយគត់របស់ព្រះជាម្ចាស់។ តើសិទ្ធិអំណាច និងព្រះចេស្ដាបែបនេះនេះ អាចត្រូវបាននិយាយដើម្បីបញ្ជាក់ពីអត្តសញ្ញាណតែមួយគត់របស់ព្រះជាម្ចាស់ឬទេ? តើពួកវាអាចត្រូវបានថ្លែងដើម្បីកំណត់អត្តសញ្ញាណថាជាកម្មសិទិ្ធរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់តែមួយអង្គឬ? មិនបាច់សង្ស័យនោះទេ មានតែព្រះជាម្ចាស់ផ្ទាល់ព្រះអង្គប៉ុណ្ណោះ ដែលមានសិទ្ធិអំណាច និងព្រះចេស្ដាបែបនេះ! សិទ្ធិអំណាច និងព្រះចេស្ដានេះ មិនអាចត្រូវបានកាន់កាប់ ឬជំនួសដោយភាវៈដែលត្រូវបានបង្កើត ឬភាវៈដែលមិនត្រូវបានបង្កើតណាមួយនោះទេ! តើនេះមិនមែនជាចរិតលក្ខណៈមួយក្នុងចំណោមចរិតលក្ខណៈនានារបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គតែមួយអង្គគត់ទេឬ? តើអ្នករាល់គ្នាបានធ្វើបន្ទាល់អំពីវាហើយឬនៅ? ពាក្យទាំងនេះ អនុញ្ញាតឲ្យមនុស្សយល់យ៉ាងច្បាស់ និងយ៉ាងឆាប់រហ័សអំពីការពិតដែលថា ព្រះជាម្ចាស់មានសិទ្ធិអំណាចតែមួយគត់ និងព្រះចេស្ដាតែមួយគត់ ព្រះជាម្ចាស់មានអត្តសញ្ញាណ និងឋានៈដ៏ឧត្ដុង្គឧត្តម។ តាមរយៈការប្រកបគ្នាខាងលើ តើអ្នករាល់គ្នាអាចនិយាយថា ព្រះជាម្ចាស់ដែលអ្នករាល់គ្នាជឿ គឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គតែមួយអង្គគត់ឬទេ?

នៅថ្ងៃទីពីរ សិទ្ធិអំណាចរបស់ព្រះជាម្ចាស់រៀបចំទឹក និងបង្កើតប្រឡោះ ហើយទីកន្លែងសម្រាប់ការរស់នៅរបស់មនុស្សជាមូលដ្ឋានបំផុត លេចរូបរាងឡើង

ចូរយើងអានខគម្ពីរទីពីរ៖ «ហើយព្រះជាម្ចាស់បានមានបន្ទូលថា ចូរឲ្យមានលំហមួយនៅកណ្ដាលទឹក ដើម្បីញែកទឹកចេញពីគ្នា។ ព្រះជាម្ចាស់បានបង្កើតឲ្យមានលំហ ហើយញែកទឹកដែលនៅក្រោមលំហចេញពីទឹកដែលនៅលើលំហ។ វាក៏កើតមានដូច្នោះមែន» (លោកុប្បត្តិ ១:៦-៧)។ តើការផ្លាស់ប្តូរអ្វីបានកើតឡើងបន្ទាប់ពីព្រះជាម្ចាស់មានព្រះបន្ទូលថា «ចូរឲ្យមានលំហមួយនៅកណ្ដាលទឹក ដើម្បីញែកទឹកចេញពីគ្នា»? នៅក្នុងខគម្ពីរនិយាយថា «ព្រះជាម្ចាស់បានបង្កើតឲ្យមានលំហ ហើយញែកទឹកដែលនៅក្រោមលំហចេញពីទឹកដែលនៅលើលំហ។» តើអ្វីគឺជាលទ្ធផល បន្ទាប់ពីព្រះជាម្ចាស់បានមានព្រះបន្ទូល និងធ្វើកិច្ចការនេះ? ចម្លើយគឺមាននៅក្នុងផ្នែកចុងក្រោយនៃខគម្ពីរ៖ «វាក៏កើតមានដូច្នោះមែន។»

ប្រយោគដ៏ខ្លីទាំងពីរនេះ កត់ត្រាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ ហើយពណ៌នាពីទស្សនីយភាពដ៏អស្ចារ្យមួយ គឺជាការធ្វើកិច្ចការដ៏អស្ចារ្យដែលព្រះជាម្ចាស់បានគ្រប់គ្រងទឹក និងបានបង្កើតទីកន្លែងមួយដែលមនុស្សអាចរស់នៅ....

នៅក្នុងរូបភាពនេះ ទឹក និងប្រឡោះលេចឡើងនៅចំពោះព្រះនេត្ររបស់ព្រះជាម្ចាស់ភា្លមៗ ហើយពួកវាត្រូវបានញែកចេញពីគ្នាដោយសារសិទ្ធិអំណាចនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងបានញែកទៅជា «ខាងលើ» និង «ខាងក្រោម» តាមរបៀបដែលព្រះជាម្ចាស់បានកំណត់។ មានន័យថា ប្រឡោះដែលព្រះជាម្ចាស់បានបង្កើត មិនត្រឹមតែគ្របដណ្តប់ទឹកនៅខាងក្រោមប៉ុណ្ណោះទេ វាថែមទាំងទ្រទឹកនៅខាងលើទៀតផង.... នៅក្នុងសេចក្តីនេះ មនុស្សមិនអាចធ្វើអ្វីបាន ក្រៅតែពីសម្លឹងមើល ស្រឡាំងកាំង និងភ្ញាក់ផ្អើលដោយកោតសរសើរចំពោះឫទ្ធានុភាពនៃសិទ្ធិអំណាចរបស់ទ្រង់ និងចំពោះភាពរុងរឿងនៃទស្សនីយភាពដែលព្រះអាទិករបានរំកិល និងបញ្ជាទឹក ហើយបង្កើតប្រឡោះនោះទេ។ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងព្រះចេស្ដារបស់ព្រះជាម្ចាស់ ព្រមទាំងសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ នោះព្រះជាម្ចាស់សម្រេចបាននូវស្នាព្រះហស្តដ៏អស្ចារ្យមួយទៀត។ តើនេះមិនមែនជាឫទ្ធានុភាពនៃសិទ្ធិអំណាចរបស់ព្រះអាទិករទេឬ? ចូរយើងប្រើប្រាស់ខគម្ពីរដើម្បីពន្យល់ទង្វើរបស់ព្រះជាម្ចាស់៖ ព្រះជាម្ចាស់បានថ្លែងព្រះបន្ទូលរបស់ទ្រង់ ហើយដោយសារតែព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងនេះ ទើបមានប្រឡោះនៅកណ្តាលទឹក។ ព្រមជាមួយគ្នានេះ ការផ្លាស់ប្តូរដ៏អស្ចារ្យមួយបានកើតឡើងនៅក្នុងប្រឡោះនេះ ដោយសារតែព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងនេះ ហើយវាមិនផ្លាស់ប្តូរតាមញាណធម្មតាមួយនោះទេ តែជាការជំនួសមួយប្រភេទដែលភាពទទេស្អាតបានក្លាយជាអ្វីមួយ។ វាបានកើតមកដោយសារព្រះតម្រិះរបស់ព្រះអាទិករ ហើយបានប្រែក្លាយពីភាពទទេស្អាត ទៅជាអ្វីមួយ ដោយសារតែព្រះបន្ទូលដែលព្រះអាទិករមានព្រះបន្ទូល ហើយជាងនេះទៅទៀត ចាប់ពីចំណុចនេះតទៅ វានឹងរស់នៅ ហើយឈរនៅមាំមួនដើម្បីផលប្រយោជន៍របស់ព្រះអាទិករ ហើយអាចនឹងប្រែប្រួល ផ្លាស់ប្តូរ និងធ្វើឲ្យថ្មីឡើងវិញ តាមរយៈព្រះតម្រិះរបស់ព្រះអាទិករ។ ខគម្ពីរនេះពណ៌នាអំពីសកម្មភាពទីពីរនៅក្នុងការបង្កើតពិភពលោកទាំងមូលរបស់ទ្រង់។ វាគឺជាការថ្លែងបញ្ជាក់មួយទៀតអំពីសិទ្ធិអំណាច និងព្រះចេស្ដារបស់ព្រះអាទិករ ជាការចាប់ផ្តើមកិច្ចការដំបូងមួយទៀតដែលព្រះអាទិករបានឆ្លងកាត់ ចាប់តាំងពីការបង្កើតពិភពលោកមក ហើយវាគឺជាថ្ងៃដ៏អស្ចារ្យមួយទៀតសម្រាប់ទ្រង់។ ទ្រង់យាងនៅក្នុងពន្លឺ ទ្រង់នាំមកនូវប្រឡោះ ទ្រង់រៀបចំ និងគ្រប់គ្រងទឹក ហើយទង្វើរបស់ទ្រង់ សិទ្ធិអំណាចរបស់ទ្រង់ និងព្រះចេស្ដារបស់ទ្រង់ ត្រូវបានប្រើប្រាស់ដើម្បីធ្វើកិច្ចការនៅថ្ងៃថ្មី...

តើមានប្រឡោះនៅកណ្តាលទឹកឬទេ មុនពេលដែលព្រះជាម្ចាស់ថ្លែងព្រះបន្ទូលរបស់ទ្រង់? ពិតជាគ្មាននោះទេ! ចុះបន្ទាប់ពីព្រះជាម្ចាស់មានព្រះបន្ទូលថា «ចូរឲ្យមានលំហមួយនៅកណ្ដាលទឹក» វិញ? វត្ថុដែលព្រះជាម្ចាស់សព្វព្រះហឫទ័យបានលេចមក។ មានប្រឡោះនៅកណ្តាលទឹក ហើយទឹកត្រូវបានញែកចេញពីគ្នា ដោយសារតែព្រះជាម្ចាស់មានព្រះបន្ទូលថា «ដើម្បីញែកទឹកចេញពីគ្នា។» តាមរបៀបនេះ បន្ទាប់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺមានវត្ថុពីរ ពោលគឺវត្ថុដែលទើបនឹងកើតថ្មីចំនួនពីរបានលេចមកក្នុងចំណោមរបស់សព្វសារពើ ដែលជាលទ្ធផលនៃសិទ្ធិអំណាច និងព្រះចេស្ដារបស់ព្រះជាម្ចាស់។ តើអ្នករាល់គ្នាមានអាម្មណ៍បែបណា អំពីការលេចមករបស់វត្ថុថ្មីទាំងពីរនេះ? តើអ្នកមានអារម្មណ៍អំពីភាពអស្ចារ្យនៃព្រះចេស្ដារបស់ព្រះអាទិករឬទេ? តើអ្នកមានអារម្មណ៍អំពីកម្លាំងដ៏វិសេស និងតែមួយគត់របស់ព្រះអាទិករឬទេ? ភាពអស្ចារ្យនៃកម្លាំង និងព្រះចេស្ដាបែបនេះ គឺអាស្រ័យលើសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ហើយសិទ្ធិអំណាចនេះ គឺជាតំណាងរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។

តើខគម្ពីរនេះ ផ្តល់ឲ្យអ្នករាល់គ្នានូវការយល់ដឹងដ៏ជ្រាលជ្រៅម្តងទៀត អំពីភាពតែមួយគត់របស់ព្រះជាម្ចាស់ឬទេ? តាមពិតទៅ វាលើសពីគ្រប់គ្រាន់ទៅទៀត។ សិទ្ធិអំណាច និងព្រះចេស្ដារបស់ព្រះអាទិករ លើសពីនេះឆ្ងាយណាស់។ ភាពតែមួយគត់របស់ទ្រង់ គឺមិនត្រឹមតែដោយសារទ្រង់មានលក្ខណៈសំខាន់មិនដូចទៅនឹងសត្តនិករណាមួយនោះទេ ប៉ុន្តែគឺដោយសារតែសិទ្ធិអំណាច និងព្រះចេស្ដារបស់ទ្រង់វិសេស គ្មានដែនកំណត់ និងខ្ពស់លើរបស់សព្វសារពើ ហើយក៏ឈរនៅខាងលើរបស់សព្វសារពើដែរ។ ជាងនេះទៅទៀត ដោយសារតែសិទ្ធិអំណាចរបស់ទ្រង់ កម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់អាចបង្កើតជីវិត បង្កើតឫទ្ធិបារមី ព្រមទាំងបង្កើតនាទី និងវិនាទីនីមួយៗដ៏វិសេស និងអស្ចារ្យ។ ស្របពេលជាមួយគ្នានេះ ទ្រង់អាចគ្រប់គ្រងជីវិតដែលទ្រង់បង្កើត ហើយកាន់កាប់អធិបតេយ្យភាពលើការឫទ្ធិបារមី ព្រមទាំងលើនាទី និងវិនាទីនីមួយៗដែលទ្រង់បង្កើត។

នៅថ្ងៃទីបី ព្រះបន្ទូលរបស់ព្រះជាម្ចាស់ផ្តល់កំណើតដល់ផែនដី និងសមុទ្រ ហើយសិទ្ធិអំណាចរបស់ព្រះជាម្ចាស់បណ្តាលឲ្យពិភពលោកពោរពេញទៅដោយជីវិត

បន្ទាប់មក ចូរយើងអានប្រយោគទីមួយនៃព្រះគម្ពីរលោកុប្បត្តិ ជំពូក ១៖៩-១១៖ «ព្រះជាម្ចាស់បានមានបន្ទូលថា ចូរឲ្យទឹកដែលនៅក្រោមមេឃ ប្រមូលផ្ដុំគ្នានៅកន្លែងតែមួយ ហើយឲ្យមានទីគោកដុះឡើង។» តើការផ្លាស់ប្តូរអ្វីបានកើតឡើង បន្ទាប់ព្រះជាម្ចាស់គ្រាន់តែមានព្រះបន្ទូល «ចូរឲ្យទឹកដែលនៅក្រោមមេឃ ប្រមូលផ្ដុំគ្នានៅកន្លែងតែមួយ ហើយឲ្យមានទីគោកដុះឡើង។»? តើមានអ្វីនៅក្នុងកន្លែងនេះ ក្រៅពីពន្លឺ និងប្រឡោះ? នៅក្នុងខគម្ពីរបានសរសេរថា៖ «ព្រះជាម្ចាស់បានហៅទីគោកនោះថា ដី ហើយទឹកដែលប្រមូលផ្ដុំគ្នានោះថា សមុទ្រ ព្រះជាម្ចាស់ក៏ទតឃើញថាល្អហើយ។» មានន័យថា ពេលនេះមានដី និងសមុទ្រនៅក្នុងទីកន្លែងនេះ ហើយដី និងសមុទ្រត្រូវបានញែកចេញពីគ្នា។ ការលេចមកនៃវត្ថុថ្មីទាំងនេះ បានកើតឡើងបន្ទាប់ពីការបញ្ជាចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់ «ហើយវាក៏កើតមានដូច្នោះមែន។» តើខគម្ពីរពណ៌នាថា ព្រះជាម្ចាស់ប្រញាប់ប្រញាល់ ខណៈពេលដែលទ្រង់កំពុងធ្វើកិច្ចនេះឬទេ? តើខគម្ពីរពណ៌នាថាទ្រង់ប្រើកម្លាំងផ្នែករាងកាយឬទេ? ដូច្នេះ តើព្រះជាម្ចាស់បានធ្វើកិច្ចការនេះដោយរបៀបណា? តើព្រះជាម្ចាស់បានបណ្តាលឲ្យវត្ថុថ្មីទាំងនេះកើតឡើងដោយរបៀបណា? ជាក់ស្តែងដោយឯកឯង ព្រះជាម្ចាស់បានប្រើប្រាស់ព្រះបន្ទូលដើម្បីសម្រេចកិច្ចការទាំងអស់នេះ ដើម្បីបង្កើតវត្ថុទាំងអស់នេះ។

នៅក្នុងខគម្ពីរទាំងបីខាងលើ យើងបានដឹងអំពីការកើតឡើងនៃព្រឹត្តការណ៍ដ៏អស្ចារ្យចំនួនបី។ ព្រឹត្តិការណ៍ដ៏អស្ចារ្យទាំងបីនេះបានកើតឡើង និងត្រូវបាននាំឲ្យកើតជាភាវៈ តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយគឺដោយសារព្រះបន្ទូលរបស់ទ្រង់នេះហើយ ទើបព្រឹត្តិការណ៍ទាំងនេះកើតឡើងពីមួយទៅមួយ នៅចំពោះព្រះនេត្ររបស់ព្រះជាម្ចាស់។ ដូច្នេះ គេអាចមើលឃើញថា ព្រះបន្ទូល «ព្រះជាម្ចាស់មានព្រះបន្ទូល នោះវានឹងត្រូវបានសម្រេច ព្រះជាម្ចាស់បញ្ជា នោះវានឹងឈរនៅមាំមួន» មិនឥតខ្លឹមសារនោះទេ។ លក្ខណៈសំខាន់របស់ព្រះជាម្ចាស់នេះ ត្រូវបានបញ្ជាក់ភ្លាមៗថា ព្រះតម្រិះរបស់ទ្រង់ត្រូវបានចាប់ទំផ្ទៃ ហើយនៅពេលដែលព្រះជាម្ចាស់បើកព្រះឱស្ឋរបស់ទ្រង់ដើម្បីមានព្រះបន្ទូល នោះលក្ខណៈសំខនា់របស់ទ្រង់ត្រូវបានបង្ហាញឲ្យឃើញយ៉ាងពេញលេញ។

ចូរយើងបន្តប្រយោគចុងក្រោយនៃខគម្ពីរនេះ៖ «ចូរឲ្យ‌ដីដុះចេញជាតិណជាតិ ជាធញ្ញជាតិដែលមានគ្រាប់ និងរុក្ខជាតិដែលមានផ្លែតាមពូជ ហើយមានគ្រាប់ក្នុងផ្លែនោះនៅលើផែនដី នោះវាក៏កើតមានដូច្នោះមែន។» ខណៈពេលដែលព្រះជាម្ចាស់កំពុងតែមានព្រះបន្ទូល របស់សព្វសារពើទាំងអស់នេះបានកើតជាភាវៈឡើង តាមពីក្រោយព្រះតម្រិះរបស់ព្រះជាម្ចាស់ ហើយភ្លាមៗនោះ ការប្រមូលផ្តុំមួយរបស់សណ្ឋានមានជីវិតតូចៗដ៏ប្រណីតកំពុងអើតក្បាលរបស់ពួកវាចេញពីដីយ៉ាងទ្រេតទ្រោត ហើយមុនពេលដែលពួកវាគ្រលាស់ធូលីចេញពីរាងកាយរបស់ពួកវា ពួកវាថែមទាំងគ្រវីដៃរាក់ទាក់រកគ្នា ងក់ក្បាល និងញញឹមដាក់ពិភពលោកថែមទៀតផង។ ពួកវាអរគុណព្រះអាទិករសម្រាប់ជីវិតដែលទ្រង់ប្រទានដល់ពួកវា ហើយពួកវាប្រកាសដល់ពិភពលោកថា ពួកវាគឺជាផ្នែកមួយនៃរបស់សព្វសារពើ ហើយថាពួកវានីមួយៗនឹងថ្វាយជីវិតរបស់ពួកវាដើម្បីប្រកាសពីសិទ្ធិអំណាចរបស់ព្រះអាទិករ។ នៅពេលដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់ត្រូវបានមានព្រះបន្ទូល ដីបានក្លាយជាខៀវស្រងាត់ និងបៃតងខ្ចី តិណជាតិគ្រប់ប្រភេទដែលមនុស្សអាចនឹងរីករាយ បានចេញពន្លក និងដុះចេញពីដីមក ហើយភ្នំ និងតំបន់ទំនាប ត្រូវបានរុក្ខជាតិ និងព្រៃឈើដុះយ៉ាងក្រាស់...ពិភពលោកដែលឥតជីជាតិ ដែលមិនមានស្នាមដានជីវិតណាមួយនេះ ត្រូវបានគ្របដណ្តប់យ៉ាងឆាប់រហ័សដោយភាពសម្បូរណ៍ហូរហៀររបស់ស្មៅ តិណជាតិ និងរុក្ខជាតិទាំងឡាយ ហើយពេញទៅដោយពណ៌ខៀវស្រងាត់...ក្លិនក្រអូបរបស់ស្មៅ និងក្លិនក្រអូបរបស់ដីសាយភាយទូទាំងអាកាស ហើយរុក្ខជាតិជាជួរៗចាប់ផ្តើមដកដង្ហើមទៅតាមដំណើររបស់ខ្យល់ ហើយចាប់ផ្តើមដំណើរការនៃការដុះលូតលាស់។ ស្របពេលជាមួយគ្នានេះ ដោយអរព្រះគុណចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងបន្ទាប់ពីព្រះជាម្ចាស់មានព្រះតម្រិះ នោះរុក្ខជាតិទាំងអស់ក៏ចាប់ផ្តើមវដ្ដជីវិតដែលគ្មានទីបញ្ចប់ ដែលពួកវាលូតលាស់ ចេញផ្កា និងបង្កើតផ្លែ ហើយបង្កើតកូនចៅច្រើនឡើង។ ពួកវាចាប់ផ្តើមប្រកាន់ខ្ជាប់យ៉ាងតឹងរឹងនូវមាគ៌ាជីវិតរបស់ពួកវារៀងៗខ្លួន ហើយពួកវាចាប់ផ្តើមបំពេញតួនាទីរបស់ពួកវារៀងៗខ្លួននៅក្នុងរបស់សព្វសារពើ....ពួកវាទាំងអស់បានកើត និងបានរស់នៅ ដោយសារតែព្រះបន្ទូលរបស់ព្រះអាទិករ។ ពួកវានឹងទទួលការផ្គត់ផ្គង់ និងការចិញ្ចឹមបីបាច់ដោយគ្មានទីបញ្ចប់របស់ព្រះអាទិករ ហើយនឹងតែងតែរស់នៅយ៉ាងស្វិតស្វាញជានិច្ចនៅគ្រប់ជ្រុងនៃដែនដី ដើម្បីប្រកាសអំពីសិទ្ធិអំណាច និងអំណាចរបស់ព្រះអាទិករ ហើយពួកវានឹងតែងតែប្រកាសជានិច្ច អំពីកម្លាំងជីវិតដែលព្រះអាទិករប្រទានដល់ពួកគេ...

ជីវិតរបស់ព្រះអាទិករគឺវិសេសណាស់ ព្រះតម្រិះរបស់ទ្រង់គឺវិសេសណាស់ ហើយសិទ្ធិអំណាចរបស់ទ្រង់គឺវិសេសណាស់។ល។ នៅពេលដែលព្រះបន្ទូលរបស់ទ្រង់ត្រូវបានមានព្រះបន្ទូល លទ្ធផលចុងក្រោយគឺ «នោះវាក៏កើតមានដូច្នោះមែន។» ច្បាស់ណាស់ ព្រះជាម្ចាស់មិនត្រូវការធ្វើកិច្ចការដោយប្រើប្រាស់ព្រះហស្តរបស់ទ្រង់នោះទេ នៅពេលដែលទ្រង់ធ្វើសកម្មភាព។ ទ្រង់គ្រាន់តែប្រើប្រាស់ព្រះតម្រិះរបស់ទ្រង់ដើម្បីបញ្ជា និងប្រើប្រាស់ព្រះបន្ទូលរបស់ទ្រង់ដើម្បីបញ្ជា ហើយតាមរយៈវិធីនេះ នោះគ្រប់យ៉ាងត្រូវបានសម្រេច។ នៅថ្ងៃនេះ ព្រះជាម្ចាស់បានប្រមូលទឹកមកកន្លែងតែមួយ ហើយទ្រង់អនុញ្ញាតឲ្យដីគោកដុះលេចមក ក្រោយមកទ្រង់បណ្តាលឲ្យស្មៅដុះចេញពីដី ហើយឲ្យដុះតិណជាតិដែលមានគ្រាប់ និងរុក្ខជាតិមានផ្លែ ហើយទ្រង់បានចាត់ថ្នាក់ពួកវានីមួយៗទៅតាមប្រភេទ ព្រមទាំងធ្វើឲ្យពួកវានីមួយៗមានគ្រាប់ផ្ទាល់ខ្លួនរបស់វា។ ទាំងអស់នេះ ត្រូវបានសម្រេច ដោយផ្អែកលើព្រះតម្រិះរបស់ព្រះជាម្ចាស់ និងការបញ្ជានៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយវត្ថុនីមួយៗកើតឡើងបន្តបន្ទាប់គ្នានៅក្នុងពិភពលោកថ្មីនេះ។

នៅពេលដែលទ្រង់មិនទាន់បានចាប់ផ្តើមកិច្ចការរបស់ទ្រង់នៅឡើយ ព្រះជាម្ចាស់មានរូបភាពមួយអំពីអ្វីដែលទ្រង់ចង់សម្រេចបាននៅក្នុងព្រះហឫទ័យរបស់ទ្រង់រួចទៅហើយ ហើយនៅពេលដែលព្រះជាម្ចាស់ចាប់ផ្តើមម្រេចបាននូវវត្ថុទាំងនេះ ជាពេលដែលព្រះជាម្ចាស់បើកព្រះឱស្ឋរបស់ទ្រង់ដើម្បីមានព្រះបន្ទូលអំពីអ្វីៗដែលមាននៅក្នុងរូបភាពនេះដែរនោះ ការផ្លាស់ប្តូរនៅក្នុងរបស់សព្វសារពើក៏ចាប់ផ្តើមកើតឡើង។ អរព្រះគុណចំពោះសិទ្ធិអំណាច និងព្រះចេស្ដារបស់ព្រះជាម្ចាស់។ មិនថាវិធីដែលព្រះជាម្ចាស់បានធ្វើបែបណា ឬវិធីដែលទ្រង់ប្រើប្រាស់សិទ្ធិអំណាចរបស់ទ្រង់បែបណានោះទេ គឺគ្រប់យ៉ាងសម្រេចបានជាជំហានៗទៅតាមផែនការរបស់ព្រះជាម្ចាស់ ហើយដោយសារតែព្រះបន្ទូលរបស់ព្រះជាម្ចាស់ នោះការផ្លាស់ប្តូរនៅចន្លោះស្ថានសួគ៌ និងផែនដីបានកើតឡើងជាជំហានៗ។ សូមអរព្រះគុណចំពោះព្រះបន្ទូល និងសិទ្ធិអំណាចរបស់ព្រះជាម្ចាស់។ ការផ្លាស់ប្តូរ និងការកើតឡើងទាំងអស់នេះ បានប្រកាសពីសិទ្ធិអំណាចរបស់ព្រះអាទិករ និងភាពវិសេសវិសាល ព្រមទាំងភាពអស្ចារ្យនៃព្រះចេស្ដាជីវិតរបស់ព្រះអាទិករ។ ព្រះតម្រិះរបស់ទ្រង់មិនមែនជាព្រះតម្រិះដែលធម្មតា ឬជារូបភាពទទេស្អាតនោះទេ ប៉ុន្តែព្រះតម្រិះរបស់ទ្រង់គឺជាសិទ្ធិអំណាចមួយដែលមានភាពរស់រវើក និងថាមពលយ៉ាងវិសេស ហើយព្រះតម្រិះទាំងនេះគឺជាព្រះចេស្ដាដែលបណ្តាលឲ្យរបស់សព្វសារពើផ្លាស់ប្តូរ ទទួល ធ្វើឲ្យថ្មីឡើងវិញ និងស្លាប់។ ដោយសារតែបែបនេះ ទើបរបស់សព្វសារពើបំពេញតួនាទីដោយសារព្រះតម្រិះរបស់ទ្រង់ ហើយព្រមជាមួយគ្នានេះ របស់សព្វសារពើត្រូវបានសម្រេចដោយសារតែព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ទ្រង់...

មុនពេលដែលរបស់សព្វសារពើបានលេចមក ព្រះជាម្ចាស់បានបង្កើតផែនការដ៏ពេញលេញនៅក្នុងព្រះតម្រិះរបស់ទ្រង់តាំងពីយូរណាស់មកហើយ ហើយពិភពលោកថ្មីមួយ ត្រូវបានសម្រេចតាំងពីយូរណាស់មកហើយ។ ទោះបីជានៅថ្ងៃទីបី មានរុក្ខជាតិគ្រប់ប្រភេទនៅលើដីក៏ដោយ ក៏ព្រះជាម្ចាស់គ្មានហេតុផលដើម្បីកាត់បន្ថយជំហាននៃការបង្កើតពិភពលោករបស់ទ្រង់នេះដែរ។ ទ្រង់មានបំណងចង់បន្តថ្លែងព្រះបន្ទូលរបស់ទ្រង់ ដើម្បីបន្តសម្រេចបាននូវការបង្កើតវត្ថុថ្មីនីមួយៗ។ ទ្រង់អាចមានព្រះបន្ទូល អាចចេញបទបញ្ជារបស់ទ្រង់ និងអាចប្រើប្រាស់សិទ្ធិអំណាចរបស់ទ្រង់ ព្រមទាំងអាចប្រកាសព្រះចេស្ដារបស់ទ្រង់ ហើយទ្រង់បានត្រៀមរៀបចំគ្រប់យ៉ាងដែលទ្រង់បានដាក់ផែនការ ដើម្បីត្រៀមសម្រាប់របស់សព្វសារពើ និងមនុស្សជាតិដែលទ្រង់សព្វព្រះហឫទ័យចង់បង្កើត...

នៅថ្ងៃទីបួន រដូវ ថ្ងៃ និងឆ្នាំរបស់មនុស្សជាតិកើតមានឡើង នៅពេលដែលព្រះជាម្ចាស់ប្រើប្រាស់សិទ្ធិអំណាចរបស់ទ្រង់ម្តងទៀត

ព្រះអាទិករបានប្រើប្រាស់ព្រះបន្ទូលរបស់ទ្រង់ដើម្បីសម្រេចផែនការរបស់ទ្រង់ ហើយតាមវិធីនេះ ទ្រង់បានឆ្លងកាត់បីថ្ងៃដំបូងនៃផែនការរបស់ទ្រង់។ អំឡុងពេលបីថ្ងៃទាំងនេះ ព្រះជាម្ចាស់មិនរវល់ ឬធ្វើឲ្យព្រះអង្គផ្ទាល់អស់ព្រះកាយពលនោះទេ។ ផ្ទុយទៅវិញ ទ្រង់បានឆ្លងកាត់បីថ្ងៃដំបូងដ៏អស្ចារ្យនៃផែនការរបស់ទ្រង់ ហើយសម្រេចបានការធ្វើកិច្ចការដ៏អស្ចារ្យនៃការផ្លាស់ប្តូរដ៏ធំធេងរបស់ពិភពលោក។ ពិភពលោកថ្មីមួយលេចមកនៅចំពោះព្រះនេត្ររបស់ទ្រង់ ហើយរូបភាពដែលបានដក់ជាប់នៅក្នុងព្រះហឫទ័យរបស់ទ្រង់ ទីបញ្ចប់ត្រូវបានបើកបង្ហាញបន្តិចម្តងៗក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ការលេចមកនៃវត្ថុថ្មីនីមួយៗ គឺដូចទៅនឹងកំណើតរបស់ក្មេងដែលទើបនឹងកើតម្នាក់ដែរ ហើយព្រះអាទិករសព្វព្រះហឫទ័យចំពោះរូបភាពដែលធ្លាប់តែជាព្រះតម្រិះរបស់ទ្រង់ ប៉ុន្តែពេលនេះបានក្លាយជាមានជីវិត។ នៅពេលនេះ ព្រះហឫទ័យរបស់ទ្រង់ទទួលបានចំណែកនៃការសព្វព្រះហឫទ័យ ប៉ុន្តែផែនការរបស់ទ្រង់ទើបតែចាប់ផ្តើមប៉ុណ្ណោះ។ ត្រឹមតែមួយប៉ប្រិចភ្នែក ថ្ងៃថ្មីមួយបានមកដល់ ចុះទំព័របន្ទាប់នៃផែនការរបស់ព្រះជាម្ចាស់គឺជាអ្វី? តើទ្រង់បានមានព្រះបន្ទូលអ្វី? តើទ្រង់ប្រើប្រាស់សិទ្ធិអំណាចរបស់ទ្រង់ដោយរបៀបណា? ព្រមជាមួយគ្នានេះ តើវត្ថុថ្មីអ្វីខ្លះដែលចូលមកក្នុងពិភពលោកថ្មីនេះ? ដោយការធ្វើតាមការចង្អុលបង្ហាញរបស់ព្រះអាទិករ ការសម្លឹងមើលរបស់យើងមកដល់ថ្ងៃទីបួននៃការបង្កើតរបស់សព្វសារពើរបស់ព្រះជាម្ចាស់ ជាថ្ងៃមួយដែលជាការចាប់ផ្តើមថ្មីមួយទៀត។ ជាការពិតណាស់ ចំពោះព្រះអាទិករ វាជាថ្ងៃដ៏អស្ចារ្យមួយទៀតដោយគ្មានការសង្ស័យនោះទេ ហើយវាគឺជាថ្ងៃដ៏សំខាន់បំផុតមួយទៀតសម្រាប់មនុស្សជាតិសព្វថ្ងៃនេះ។ ពិតណាស់ វាគឺជាថ្ងៃដែលមិនអាចប៉ាន់ប្រមាណបាន។ តើវាអស្ចារ្យបែបណា តើវាមានសារៈសំខាន់បែបណា ហើយតើវាមានតម្លៃដែលមិនអាចប៉ាន់ប្រមាណបានបែបណា? ដំបូង ចូរយើងស្តាប់ព្រះបន្ទូលដែលព្រះអាទិករបានមានព្រះបន្ទូល...

«ហើយព្រះជាម្ចាស់មានបន្ទូលថា៖ ចូរឲ្យមានដុំពន្លឺនៅក្នុងលំហអាកាស ដើម្បីញែកថ្ងៃចេញពីយប់ និងសម្រាប់ទុកជាទីសម្គាល់ និងសម្រាប់ជារដូវ ថ្ងៃ និងឆ្នាំ ហើយសម្រាប់ជាដុំពន្លឺនៅលើមេឃ ដើម្បីបំភ្លឺមកលើផែន‌ដី ហើយវាក៏កើតមានដូច្នោះមែន» (លោកុប្បត្តិ ១:១៤-១៥)។ នេះគឺជាការប្រើប្រាស់សិទ្ធិអំណាចរបស់ព្រះជាម្ចាស់មួយទៀត ដែលត្រូវបានប្រកាសដោយសត្តនិករ ក្រោយពីការបង្កើតដីគោក និងរុក្ខជាតិនៅលើដីរបស់ទ្រង់។ សម្រាប់ព្រះជាម្ចាស់ សកម្មភាពបែបនេះគ្រាន់តែជាសកម្មភាពដែលងាយស្រួលដូចអ្វីដែលទ្រង់បានធ្វើរួចមកហើយ ពីព្រោះព្រះជាម្ចាស់មានព្រះចេស្ដាបែបនេះ ព្រះជាម្ចាស់ល្អដូចជាព្រះបន្ទូលរបស់ទ្រង់ ហើយព្រះបន្ទូលរបស់ទ្រង់នឹងបានសម្រេច។ ព្រះជាម្ចាស់បានបញ្ជាពន្លឺឲ្យលេចមកនៅលើស្ថានសួគ៌ ហើយពន្លឺទាំងនេះមិនត្រឹមតែរះនៅលើផ្ទៃមេឃ និងផែនដីប៉ុណ្ណោះទេ ប៉ុន្តែពួកវាក៏បម្រើជាសញ្ញាសម្រាប់ពេលថ្ងៃ និងពេលយប់ សម្រាប់រដូវ សម្រាប់ថ្ងៃ និងសម្រាប់ឆ្នាំទៀតផង។ តាមរបៀបនេះ នៅពេលដែលព្រះជាម្ចាស់ថ្លែងព្រះបន្ទូលរបស់ទ្រង់ នោះគ្រប់សកម្មភាពដែលព្រះជាម្ចាស់មានបំណងចង់សម្រេចបាន ត្រូវបានសម្រេច ទៅតាមអត្ថន័យរបស់ព្រះជាម្ចាស់ និងទៅតាមរបៀបដែលព្រះជាម្ចាស់បានកំណត់។

ពន្លឺនៅស្ថានសួគ៌គឺជាលក្ខណៈសំខាន់នៅលើមេឃដែលអាចបញ្ចេញពន្លឺ។ ពួកវាអាចបំភ្លឺមេឃ និងដែនដី ព្រមទាំងសមុទ្រ។ ពួកវាបំបែកធាតុដោយផ្អែកលើចង្វាក់ និងភាពញឹកញាប់ដែលព្រះជាម្ចាស់បញ្ជា ហើយបញ្ចេញពន្លឺនៅក្នុងអំឡុងពេលវេលាខុសគ្នានៅលើដែនដី។ ហើយតាមរបៀបនេះ វដ្ដនៃការបំបែកធាតុរបស់ពន្លឺបណ្តាលឲ្យមានពេលថ្ងៃ និងពេលយប់នៅទិសខាងកើត និងនៅទិសខាងលិចនៃដែនដី។ ពួកវាមិនត្រឹមតែជាសញ្ញាសម្រាប់ពេលយប់ និងពេលថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែតាមរយៈវដ្ដខុសៗគ្នាទាំងនេះ ពួកវាក៏បានរំលឹកខួបនៃពិធី និងថ្ងៃពិសេសរបស់មនុស្សជាតិដែរ។ ពួកវាគឺជាការបំពេញបន្ថែម និងដំណើរស្របគ្នាដ៏ពេញលេញចំពោះរដូវទាំងបួន គឺរដូវផ្ការីក រដូវក្តៅ រដូវស្លឹកឈើជ្រុះ និងរដូវរងារ ដែលព្រះជាម្ចាស់បានត្រាស់បង្គាប់ ដោយមានពន្លឺដើរតួនាទីយ៉ាងស្រុះស្រួល ជាសញ្ញាសម្គាល់ដ៏ត្រឹមត្រូវ និងទៀងទាត់របស់ពេលវេលា ថ្ងៃ និងឆ្នាំនៃចន្ទគតិរបស់មនុស្សជាតិ។ ទោះបីជាវាត្រឹមតែកើតឡើងក្រោយការមកដល់នៃការធ្វើកសិកម្ម ដែលមនុស្សជាតិចាប់ផ្តើមយល់ និងជួបប្រទះការបែងចែកពេលវេលា ថ្ងៃ និងឆ្នាំនៃចន្ទគតិដោយពន្លឺដែលព្រះជាម្ចាស់បានបង្កើតមកក៏ដោយ តាមពិតទៅ ពេលវេលា ថ្ងៃ និងឆ្នាំនៃចន្ទគតិដែលមនុស្សយល់សព្វថ្ងៃនេះ បានចាប់ផ្តើមកើតឡើងតាំងពីយូរមកហើយ គឺនៅថ្ងៃទីបួននៃការបង្កើតរបស់សព្វសារពើរបស់ព្រះជាម្ចាស់។ ដូចគ្នានេះដែរ វដ្ដដែលឆ្លាស់គ្នានៃរដូវផ្ការីក រដូវក្តៅ រដូវស្លឹកឈើជ្រុះ និងរដូវរងារ ដែលមនុស្សធ្លាប់មានបទពិសោធន៍ ក៏បានចាប់ផ្តើមតាំងពីយូរមកហើយដែរ ពោលគឺនៅថ្ងៃទីបួននៃការបង្កើតរបស់សព្វសារពើរបស់ព្រះជាម្ចាស់។ ពន្លឺដែលព្រះជាម្ចាស់បានបង្កើត បានធ្វើឲ្យមនុស្សអាចបែងចែកយ៉ាងច្បាស់ ត្រឹមត្រូវ និងទៀងទាត់អំពីភាពខុសគ្នារវាងពេលយប់ និងពេលថ្ងៃ ហើយរាប់ចំនួនថ្ងៃ ព្រមទាំងតាមដានយ៉ាងច្បាស់លាស់អំពីពេលវេលា និងឆ្នាំនៃចន្ទគតិទៀតផង។ (ថ្ងៃព្រះចន្ទពេញបូរមី គឺជាការបញ្ចប់នៃរយៈពេលមួយខែ ហើយចេញពីការសម្គាល់នេះ មនុស្សបានដឹងថា ការបញ្ចេញរស្មីរបស់ពន្លឺចាប់ផ្តើមវដ្ដថ្មី។ ថ្ងៃនៃព្រះចន្ទពាក់កណ្តាល គឺជាការបញ្ចប់នៃពាក់កណ្តាលមួយខែ ដែលបានប្រាប់មនុស្សថា ពេលវេលានៃចន្ទគតិថ្មីកំពុងតែចាប់ផ្តើម។ ចាប់ពីនោះមក វាអាចសន្និដ្ឋានពីចំនួនថ្ងៃ និងយប់នៅក្នុងពេលវេលានៃចន្ទគតិ និងចំនួនពេលវេលានៃចន្ទគតិនៅក្នុងរដូវ និងចំនួនរដូវនៅក្នុងឆ្នាំ ហើយទាំងអស់នេះត្រូវបានបើកសម្ដែងដោយភាពទៀងទាត់ដ៏អស្ចារ្យ)។ ដូច្នេះ មនុស្សអាចតាមដានយ៉ាងងាយស្រួលចំពោះពេលវេលានៃចន្ទគតិ ថ្ងៃ និងឆ្នាំ ដែលបដិវដ្តន៍របស់ពន្លឺបានកំណត់។ ចាប់ពីចំណុចនេះតទៅ មនុស្សជាតិ និងរបស់សព្វសារពើបានរស់នៅដោយមិនដឹងខ្លួន នៅក្នុងការឆ្លាស់គ្នាដ៏មានសណ្តាប់ធ្នាប់រវាងពេលយប់ និងពេលថ្ងៃ ព្រមទាំងបំលាស់ប្តូររបស់រដូវដែលបដិវដ្តន៍នៃពន្លឺបានបង្កើត។ នេះគឺជាសារៈសំខាន់នៃការបង្កើតពន្លឺនៅថ្ងៃទីបួនរបស់ព្រះអាទិករ។ ស្រដៀងគ្នានេះដែរ គោលបំណង និងសារៈសំខាន់នៃសកម្មភាពរបស់ព្រះអាទិករនេះ នៅតែមិនអាចកាត់ផ្តាច់ចេញពីសិទ្ធិអំណាច និងព្រះចេស្ដារបស់ទ្រង់។ ដូច្នេះ ពន្លឺដែលព្រះជាម្ចាស់បានផលិត និងគុណតម្លៃដែលពួកវានឹងនាំមកដល់មនុស្សក្នុងពេលដ៏ឆាប់ខាងមុខ គឺជាស្នាដៃដ៏អស្ចារ្យមួយផ្សេងទៀតនៅក្នុងការប្រើប្រាស់សិទ្ធិអំណាចរបស់ព្រះអាទិករ។

នៅក្នុងពិភពលោកថ្មី ដែលមនុស្សជាតិមិនទាន់មានវត្តមាននៅឡើយនេះ ព្រះអាទិករបានត្រៀមរៀបចំពេលព្រឹក និងពេលល្ងាច ប្រឡោះ ដែនដី និងសមុទ្រ ស្មៅ តិណជាតិ និងរុក្ខជាតិប្រភេទនានា ពន្លឺ រដូវ ថ្ងៃ និងឆ្នាំសម្រាប់ជីវិតថ្មីដែលទ្រង់នឹងបង្កើតនៅពេលដ៏ឆាប់ខាងមុខ។ សិទ្ធិអំណាច និងអំណាចរបស់ព្រះអាទិករត្រូវបានបង្ហាញនៅក្នុងវត្ថុថ្មីនីមួយៗដែលទ្រង់បានបង្កើត ហើយព្រះបន្ទូល និងការសម្រេចបានរបស់ទ្រង់បានកើតឡើងព្រមគ្នា ដោយគ្មានភាពរអាក់រអួលសូម្បីតែបន្តិច និងដោយគ្មានការសម្រាកសូម្បីតែបន្តិច។ ការលេចមក និងកំណើតរបស់វត្ថុថ្មីទាំងអស់នេះ គឺជាអំណះអំណាងនៃសិទ្ធិអំណាច និងព្រះចេស្ដារបស់ព្រះអាទិករ។ ទ្រង់ល្អដូចព្រះបន្ទូលរបស់ទ្រង់ ហើយព្រះបន្ទូលរបស់ទ្រង់នឹងត្រូវបានសម្រេច ហើយអ្វីដែលទ្រង់សម្រេចបាននោះ នឹងស្ថិតនៅអស់កល្ប។ ការពិតនេះមិនដែលផ្លាស់ប្តូរនោះទេ៖ ទាំងនៅក្នុងអតីតកាល បច្ចុប្បន្ន និងនៅពេលខាងមុខដ៏អស់កល្បទាំងអស់។ នៅពេលដែលអ្នកមើលពាក្យនៃខគម្ពីរម្តងទៀត តើពាក្យទាំងនេះថ្មីស្រស់សម្រាប់អ្នករាល់គ្នាឬទេ? តើអ្នករាល់គ្នាបានឃើញខ្លឹមសារថ្មី និងបានរកឃើញអ្វីថ្មីឬទេ? នោះគឺដោយសារតែទង្វើរបស់ព្រះអាទិករបានអង្រួនចិត្តរបស់អ្នករាល់គ្នា ហើយបានតម្រង់ទិសដៅនៃចំណេះដឹងរបស់អ្នករាល់គ្នាអំពីសិទ្ធិអំណាច និងព្រះចេស្ដារបស់ទ្រង់។ ទង្វើរបស់ព្រះអាទិករក៏បានបើកទ្វារសម្រាប់ការយល់ដឹងរបស់អ្នករាល់គ្នាអំពីព្រះអាទិករដែរ ហើយទង្វើ និងសិទ្ធិអំណាចរបស់ទ្រង់បានប្រទានជីវិតដល់ព្រះបន្ទូលទាំងនេះ។ ដូច្នេះ នៅក្នុងព្រះបន្ទូលទាំងនេះ មនុស្សបានឃើញការបង្ហាញដ៏ពិត និងជាក់ស្តែងអំពីសិទ្ធិអំណាចរបស់ព្រះអាទិករ ហើយបានឃើញពីភាពវិសេសវិសាលនៃសិទ្ធិអំណាច និងព្រះចេស្ដារបស់ព្រះអាទិករ។

សិទ្ធិអំណាច និងព្រះចេស្ដារបស់ព្រះអាទិករ បង្កើតការឫទ្ធិបារមីជាបន្តបន្ទាប់។ ទ្រង់ទាក់ទាញការយកចិត្តទុកដាក់របស់មនុស្ស ហើយមនុស្សមិនអាចជួយអ្វីបានក្រៅតែពីសម្លឹងមិនដាក់ភ្នែកចំពោះទង្វើដ៏អស្ចារ្យដែលកើតចេញពីការប្រើប្រាស់សិទ្ធិអំណាចរបស់ទ្រង់នោះទេ។ ព្រះចេស្ដាដ៏អស្ចារ្យរបស់ទ្រង់នាំយកពន្លឺមកជាបន្តបន្ទាប់ ហើយមនុស្សជាប់ចិត្ត និងសប្បាយរីករាយក្រៃលែង ដោយលាន់មាត់សរសើរ ញាប់ញ័រ និងត្រេកអរ។ ជាងនេះទៅទៀត មនុស្សផ្លាស់ទីដោយមើលឃើញនឹងភ្នែក ហើយមានការគោរព ការគួរសម និងការជំពាក់ចិត្តចំពោះពួកគេ។ សិទ្ធិអំណាច និងទង្វើរបស់ព្រះអាទិករ មានផលប៉ះពាល់ដ៏អស្ចារ្យ និងមានឥទ្ធិពលបន្សុទ្ធលើវិញ្ញាណរបស់មនុស្ស ហើយជាងនេះទៅទៀត ពួកវាទទួលយកវិញ្ញាណរបស់មនុស្ស។ ព្រះតម្រិះរបស់ទ្រង់នីមួយៗ ព្រះសូរសៀងរបស់ទ្រង់នីមួយៗ និងការបើកសម្ដែងនៃសិទ្ធិអំណាចរបស់ទ្រង់នីមួយៗ គឺជាស្នាដៃដ៏អស្ចារ្យក្នុងចំណោមរបស់សព្វសារពើ ហើយគឺជាការចាប់ផ្តើមកិច្ចការដ៏អស្ចារ្យ ដែលមានតម្លៃបំផុតសម្រាប់ការយល់ដឹង និងចំណេះដឹងដ៏ជ្រាលជ្រៅរបស់មនុស្សជាតិដែលត្រូវបានបង្កើត។ នៅពេលដែលយើងរាប់ចំនួនសត្តនិករនីមួយៗដែលកើតចេញពីព្រះបន្ទូលនៃព្រះចេស្ដារបស់ព្រះជាម្ចាស់ នោះវិញ្ញាណរបស់យើងត្រូវបាននាំទៅកាន់ភាពអស្ចារ្យនៃព្រះចេស្ដារបស់ព្រះជាម្ចាស់ ហើយយើងដឹងថាខ្លួនយើងកំពុងតែដើរតាមស្នាមព្រះបាទារបស់ព្រះអាទិករទៅថ្ងៃខាងមុខ៖ ជាថ្ងៃទីប្រាំនៃការបង្កើតរបស់សព្វសារពើរបស់ព្រះជាម្ចាស់។

ចូរយើងបន្តអានខគម្ពីរម្តងមួយៗ នៅពេលដែលយើងសម្លឹងមើលទង្វើរបស់ព្រះអាទិករបន្ថែមទៀត។

នៅថ្ងៃទីប្រាំ ជីវិតរបស់សណ្ឋានផ្សេងៗ និងខុសៗគ្នា តាំងបង្ហាញពីសិទ្ធិអំណាចរបស់ព្រះអាទិករតាមវិធីផ្សេងៗគ្នា

ខគម្ពីរនិយាយថា «ហើយព្រះជាម្ចាស់មានបន្ទូលថា៖ ចូរឲ្យមានមច្ឆា‌ជាតិដ៏រស់រវើកនៅក្នុងទឹក និងមានបក្សា‌បក្សីហោះហើរពីលើផែនដីនៅក្នុងលំហអាកាស។ ព្រះជាម្ចាស់បានបង្កើតត្រីបាឡែនដ៏ធំសម្បើម និងគ្រប់ភាវៈមានជីវិតដែលមានចលនា ដែលមាននៅក្នុងទឹកទៅតាមពូជ និងគ្រប់ទាំងសត្វស្លាបតាមពូជរបស់វាដែរ។ ហើយព្រះជាម្ចាស់ទតឃើញថាល្អហើយ» (លោកុប្បត្តិ ១:២០-២១)។ ខគម្ពីរប្រាប់យើងយ៉ាងច្បាស់ថា នៅថ្ងៃនេះ ព្រះជាម្ចាស់បានបង្កើតសត្តនិករនៅក្នុងទឹក និងបក្សីនៅនាអាកាស ដែលមានន័យថា ព្រះជាម្ចាស់បានបង្កើតមច្ឆា និងបក្សីនានា ហើយចាត់ថ្នាក់ពួកវានីមួយៗទៅតាមប្រភេទរបស់វា។ តាមរបៀបនេះ ផែនដី ផ្ទៃមេឃ និងទឹកត្រូវបានបំពេញដោយការបង្កើតរបស់ព្រះជាម្ចាស់...

នៅពេលដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់ត្រូវបានថ្លែង នោះជីវិតថ្មីស្រស់បំព្រងនីមួយៗដែលមានសណ្ឋានខុសៗគ្នា មានជីវិតភ្លាមៗនៅក្នុងព្រះបន្ទូលរបស់ព្រះអាទិករ។ ពួកវាចូលមកក្នុងពិភពលោក ដោយប្រជ្រៀតគ្នារកទីតាំង លោតកញ្ឆេង និងប្រលែងលេងដើម្បីភាពរីករាយ....មច្ឆាគ្រប់សណ្ឋាន និងគ្រប់ទំហំទាំងអស់បានហែលកាត់ទឹក ហើយខ្ចៅខ្យងគ្រប់ប្រភេទបានធំលូតលាស់ចេញពីខ្សាច់។ សត្តនិករដែលមានស្រកា មានសំបក និងឥតឆ្អឹងកងខ្នង បានធំលូតលាស់យ៉ាងឆាប់រហ័សនៅក្នុងសណ្ឋានផ្សេងៗគ្នា មិនថាធំឬតូច វែងឬខ្លីនោះទេ។ ចំណែករុក្ខជាតិដុះក្នុងសមុទ្រប្រភេទនានាក៏ដូចគ្នាដែរ ពួកវាចាប់ផ្តើមលូតលាស់យ៉ាងឆាប់រហ័ស ដោយយោលតាមចលនានៃជិវិតរបស់សត្វសមុទ្រនានា បក់ផាត់រវិចៗ រុញច្រានផ្ទៃទឹកដែលនឹង ហាក់ដូចជានិយាយទៅកាន់ពួកវាថា៖ «អង្រួនជើង! នាំមិត្តភក្តិរបស់អ្នកមក! ដ្បិតអ្នកនឹងមិនដែលឯកោតទៅទៀតទេ!» ចាប់ពីពេលដែលសត្តនិករមានជីវិតនានាដែលព្រះជាម្ចាស់បានបង្កើត បានលេចមកនៅក្នុងទឹក ជីវិតថ្មីនីមួយៗក៏បាននាំភាពរស់រវើកមកឲ្យទឹកដែលបានស្ងប់ស្ងាត់អស់រយៈពេលជាយូរមកហើយ ហើយនាំមកនូវយុគសម័យថ្មីមួយ...ចាប់ពីចំណុចនោះតទៅ ពួកវាធ្វើសំបុក្រនៅក្បែរគ្នា និងធ្វើដំណើរជាមួយគ្នា ព្រមទាំងមិនទៅណាឆ្ងាយពីគ្នាឡើយ។ ទឹកកើតឡើងសម្រាប់សត្តិនិករដែលនៅក្នុងវា ដោយការផ្តល់អាហារដល់ជីវិតនីមួយៗដែលរស់នៅក្នុងការឱបក្រសោបរបស់វា ហើយជីវិតនីមួយៗរស់រានមានជីវិតដោយសារតែការផ្តល់អាហាររបស់វា ដើម្បីផលប្រយោជន៍របស់ទឹក។ សត្តនិករនីមួយៗផ្តល់ជីវិតឲ្យគ្នា ហើយស្របពេលជាមួយគ្នានេះ សត្តនិករនីមួយៗ នាំយកទីបន្ទាល់អំពីការឫទ្ធិបារមី និងភាពអស្ចារ្យនៃការបង្កើតរបស់ព្រះអាទិករ ព្រមទាំងព្រះចេស្ដាដ៏លើសលប់នៃសិទ្ធិអំណាចរបស់ព្រះអាទិកករ...

ដោយសារតែសមុទ្រលែងមានសភាពស្ងត់ស្ងាត់ទៀត នោះជីវិតក៏ចាប់ផ្តើមបំពេញផ្ទៃមេឃដូចគ្នាដែរ។ បក្សីទាំងធំទាំងតូច ហើរចេញពីដីទៅលើអាកាសម្តងមួយៗ។ មិនដូចសត្តនិករនៅក្នុងសមុទ្រនោះទេ ពួកវាមានស្លាប និងរោមគ្របដណ្តប់រូបរាងដ៏សមសួន និងតូចច្រឡឹងរបស់ពួកវា។ ពួកវាទទះស្លាបយ៉ាងមានអំនួត និងយ៉ាងក្រអឺតក្រទម ដោយបង្ហាញរោមដ៏ស្រស់ស្អាតរបស់ពួកវា ព្រមទាំងតួនាទី និងជំនាញពិសេសរបស់ពួកវា ដែលព្រះអាទិករប្រទានដល់ពួកវា។ ពួកវាបានសំកាំងស្លាបដោយសេរី ហើយបានធ្វើដំណើរទៅមកយ៉ាងមានជំនាញ នៅចន្លោះផ្ទៃមេឃ និងផែនដី ជុំវិញវាលស្មៅ និងព្រៃឈើ...ពួកវាគឺជាបណ្តូលចិត្តរបស់អាកាស ពួកវាគឺជាបណ្តូលចិត្តនៃរបស់សព្វសារពើ។ មិនយូរទេ ពួកវានឹងក្លាយជាចំណងរវាងផ្ទៃមេឃ និងផែនដី ហើយនឹងនាំសារដល់របស់សព្វសារពើ....ពួកវាបានច្រៀង ពួកវាបានហើរឆាបចុះឡើងយ៉ាងសប្បាយរីករាយ ពួកវាមានបាននាំភាពសប្បាយរីករាយ សំណើច និងភាពរស់រវើកមកកាន់ពិភពលោកដែលធ្លាប់តែទទេស្អាត....ពួកវាបានប្រើប្រាស់ការច្រៀងដ៏ពិរោះ និងច្បាស់របស់ពួកវា ពួកវាបានប្រើពាក្យនៅក្នុងចិត្តរបស់ពួកវាដើម្បីសរសើរតម្កើងព្រះអាទិករសម្រាប់ជីវិតដែលបានប្រទានដល់ពួកវា។ ពួកវាបានរាំដោយអំណរដើម្បីសម្តែងនូវភាពគ្រប់លក្ខណ៍ និងការឫទ្ធិបារមីនៃការបង្កើតរបស់ព្រះអាទិករ ហើយនឹងថ្វាយជីវិតទាំងមូលរបស់ពួកវាដើម្បីនាំយកទីបន្ទាល់អំពីសិទ្ធិអំណាចរបស់ព្រះអាទិករ តាមរយៈជីវិតពិសេសដែលទ្រង់បានប្រទានដល់ពួកវា....

មិនថាពួកវានៅក្នុងទឹក ឬនៅលើមេឃនោះទេ តាមរយៈការបញ្ជារបស់ព្រះអាទិករ នោះចំនួនដ៏ច្រើនសន្ធឹកសន្ធាប់នៃវត្ថុមានជីវិត បានមានអត្ថិភាពនៅក្នុងសណ្ឋានជីវិតផ្សេងៗគ្នា ហើយតាមរយៈការបញ្ជារបស់ព្រះអាទិករ ពួកវាបានប្រមូលផ្តុំគ្នាទៅតាមពូជអំបូររៀងៗខ្លួនរបស់ពួកវា ហើយបញ្ញត្តិនេះ ក្រិត្យវិន័យនេះ គឺមិនអាចផ្លាស់ប្តូរបានដោយសត្តនិករណាមួយនោះឡើយ។ ពួកវាមិនដែលហ៊ាន ឬអាចទៅហួសព្រំដែនដែលព្រះអាទិករបានកំណត់សម្រាប់ពួកវានោះទេ។ ដោយសារពួកវាត្រូវបានតែងតាំងដោយព្រះអាទិករ នោះពួកវាបានរស់នៅ និងបានបង្កើតចំនួនច្រើនឡើង ព្រមទាំងបានប្រកាន់ខ្ជាប់យ៉ាងតឹងរឹងនូវមាគ៌ាជីវិត និងបញ្ញត្តិដែលព្រះអាទិករបានកំណត់សម្រាប់ពួកវា ហើយពួកវាគោរពចេញពីមនសិការចំពោះការបញ្ជាដោយមិនបានថ្លែងរបស់ទ្រង់ និងបទបញ្ជា ព្រមទាំងច្បាប់ស្ថានសួគ៌ ដែលទ្រង់បានប្រទានដល់ពួកវាតាំងពីពេលនោះរហូតមកដល់សព្វថ្ងៃនេះ។ ពួកវាបានសន្ទនាជាមួយព្រះអាទិករទៅតាមវិធីពិសេសផ្ទាល់ខ្លួនរបស់ពួកវា ហើយបានមកដើម្បីសរសើរតម្កើងអត្ថន័យរបស់ព្រះអាទិករ និងបានគោរពតាមការបញ្ជារបស់ទ្រង់។ គ្មានសត្តនិករណាមួយធ្លាប់បានបំពានសិទ្ធិអំណាចរបស់ព្រះអាទិករនោះទេ ហើយអធិបតេយ្យភាព និងការបញ្ជារបស់ទ្រង់នៅលើពួកវា ត្រូវបានប្រើនៅក្នុងព្រះតម្រិះរបស់ទ្រង់។ គ្មានព្រះបន្ទូលណាមួយត្រូវបានដាក់ចេញនោះទេ ប៉ុន្តែសិទ្ធិអំណាចដែលមានតែមួយគត់របស់ព្រះអាទិករ បានគ្រប់គ្រងរបស់សព្វសារពើនៅក្នុងភាពស្ងប់ស្ងាត់ ដោយគ្មានតួនាទីភាសា ហើយដែលខុសគ្នាពីមនុស្សជាតិ។ ការប្រើប្រាស់សិទ្ធិអំណាចរបស់ទ្រង់នៅក្នុងវិធីដ៏ពិសេសនេះ បានបង្ខំឲ្យមនុស្សទទួលបានចំណេះដឹងថ្មី ហើយធ្វើការកាត់ស្រាយថ្មីមួយអំពីសិទ្ធិអំណាចតែមួយគត់របស់ព្រះអាទិករ។ នៅទីនេះ ខ្ញុំត្រូវតែប្រាប់អ្នកថា នៅថ្ងៃថ្មីនេះ ការប្រើប្រាស់សិទ្ធិអំណាចរបស់ព្រះអាទិករ បានបញ្ជាក់ឲ្យឃើញជាថ្មីម្តងទៀត អំពីភាពមានតែមួយគត់របស់ព្រះអាទិករ។

បន្ទាប់មក ចូរយើងក្រឡេកមើលប្រយោគចុងក្រោយនៃខគម្ពីរ៖ «ហើយព្រះជាម្ចាស់ទតឃើញថាល្អហើយ។» តើអ្នករាល់គិតថា វាមានន័យដូចម្តេច? មនោសញ្ចេតនារបស់ព្រះជាម្ចាស់គឺបង្កប់នៅក្នុងព្រះបន្ទូលទាំងនេះ។ ព្រះជាម្ចាស់បានទតមើលរបស់សព្វសារពើដែលទ្រង់បានបង្កើត មានរូបរាងឡើង ហើយឈរនៅមាំមួនដោយសារតែព្រះបន្ទូលរបស់ទ្រង់ ព្រមទាំងចាប់ផ្តើមផ្លាស់ប្តូរបន្តិចម្តងៗ។ នៅពេលនេះ តើព្រះជាម្ចាស់សព្វព្រះហឫទ័យនឹងវត្ថុនានាដែលទ្រង់បានបង្កើតដោយព្រះបន្ទូលរបស់ទ្រង់ និងសកម្មភាពនានាដែលទ្រង់សម្រេចបានឬទេ? ចម្លើយគឺ «ហើយព្រះជាម្ចាស់ទតឃើញថាល្អហើយ។» តើអ្នករាល់គ្នាមើលឃើញអ្វីនៅទីនេះ? តើ «ហើយព្រះជាម្ចាស់ទតឃើញថាល្អហើយ» តំណាងឲ្យអ្វី? តើវាជានិមិត្តសញ្ញាអំពីអ្វី? វាមានន័យថា ព្រះជាម្ចាស់មានព្រះចេស្ដា និងព្រះប្រាជ្ញាញាណដើម្បីសម្រេចកិច្ចការដែលទ្រង់បានដាក់ផែនការ និងបានចេញបទបញ្ជាដើម្បីសម្រេចបានគោលបំណងដែលទ្រង់បានកំណត់ដើម្បីសម្រេច។ នៅពេលដែលព្រះជាម្ចាស់បានបញ្ចប់កិច្ចការនីមួយៗ តើទ្រង់មានព្រះហឫទ័យសោកស្តាយឬទេ? ចម្លើយគឺនៅតែ «ហើយព្រះជាម្ចាស់ទតឃើញថាល្អហើយ។» អាចនិយាយម្យ៉ាងទៀតបានថា ទ្រង់មិនត្រឹមតែមិនមានព្រះហឫទ័យសោកស្តាយនោះទេ ប៉ុន្តែទ្រង់ថែមទាំងសព្វព្រះហឫទ័យថែមទៀតផង។ តើទ្រង់មិនមានព្រះហឫទ័យសោកស្តាយមានន័យដូចម្តេច? វាមានន័យថា ផែនការរបស់ព្រះជាម្ចាស់គឺគ្រប់លក្ខណ៍ វាមានន័យថា អំណាច និងព្រះប្រាជ្ញាញាណរបស់ទ្រង់គឺគ្រប់លក្ខណ៍ ហើយវាមានន័យថា មានតែតាមរយៈសិទ្ធិអំណាចរបស់ទ្រង់ប៉ុណ្ណោះ ដែលភាពគ្រប់លក្ខណ៍បែបនេះអាចសម្រេចបាន។ នៅពេលដែលមនុស្សបំពេញកិច្ចការមួយ តើគេអាចមើលឃើញថា វាល្អ ដូចជាព្រះជាម្ចាស់ទតឃើញឬទេ? តើគ្រប់យ៉ាងដែលមនុស្សធ្វើអាចសម្រេចបានភាពគ្រប់លក្ខណ៍ឬទេ? តើមនុស្សអាចបំពេញអ្វីមួយម្តងជាសម្រេចរហូតអស់កល្បជានិច្ចឬទេ? ដូចជាមនុស្សនិយាយថា «គ្មានអ្វីដែលគ្រប់លក្ខណ៍នោះទេ មានតែប្រសើរជាងមុនប៉ុណ្ណោះ» គ្មានអ្វីដែលមនុស្សធ្វើ អាចទទួលបានភាពគ្រប់លក្ខណ៍នោះទេ។ នៅពេលដែលព្រះជាម្ចាស់បានទតឃើញថា គ្រប់យ៉ាងដែលទ្រង់បានធ្វើ និងសម្រេចបាន គឺល្អ គ្រប់យ៉ាងដែលទ្រង់បានបង្កើតគឺត្រូវបានកំណត់ដោយព្រះបន្ទូលរបស់ទ្រង់ ឬអាចនិយាយថា «ហើយព្រះជាម្ចាស់ទតឃើញថាល្អហើយ» គ្រប់យ៉ាងដែលទ្រង់បានបង្កើត បានទទួលយកសណ្ឋានដ៏អចិន្ត្រៃយ៍មួយ ត្រូវបានចាត់ចំណាត់ថ្នាក់តាមប្រភេទ និងត្រូវបានផ្តល់ទីតាំង គោលបំណង និងតួនាទីមិនប្រែប្រួលមួយតែម្តងជាសម្រេចរហូតអស់កល្បជានិច្ច។ ជាងនេះទៅទៀត តួនាទីរបស់ពួកវាក្នុងចំណោមរបស់សព្វសារពើ និងមាគ៌ាដែលពួកវាត្រូវតែជ្រើសរើសក្នុងអំឡុងពេលនៃការគ្រប់គ្រងរបស់របស់ព្រះជាម្ចាស់លើរបស់សព្វសារពើ ត្រូវបានកំណត់ដោយព្រះជាម្ចាស់ ហើយមិនអាចផ្លាស់ប្តូរបានទេ។ នេះគឺជាច្បាប់ស្ថានសួគ៌ដែលព្រះអាទិករបានប្រទានឲ្យរបស់សព្វសារពើ។

«ហើយព្រះជាម្ចាស់ទតឃើញថាល្អហើយ» ព្រះបន្ទូលដ៏សាមញ្ញ និងមិនត្រូវបានផ្តល់តម្លៃ ដែលគេមិនយកចិត្តទុកដាក់ជារឿយៗទាំងនេះ គឺជាព្រះបន្ទូលអំពីច្បាប់ និងបទបញ្ជាស្ថានសួគ៌ដែលព្រះជាម្ចាស់បានប្រទានដល់គ្រប់សត្តនិករទាំងអស់។ ពួកវាគឺជាតំណាងមួយផ្សេងទៀតនៃសិទ្ធិអំណាចរបស់ព្រះអាទិករ ដែលជាក់ស្តែងជាងមុន និងជ្រាលជ្រៅជាងមុន។ តាមរយៈព្រះបន្ទូលរបស់ទ្រង់ ព្រះអាទិករមិនត្រឹមតែអាចទទួលអ្វីៗគ្រប់យ៉ាងដែលទ្រង់បានកំណត់ដើម្បីសម្រេចបាននោះទេ ទ្រង់ថែមទាំងអាចគ្រប់គ្រងអ្វីៗទាំងអស់ដែលទ្រង់បានបង្កើតនៅក្នុងព្រះហស្ដរបស់ទ្រង់ ព្រមទាំងត្រួតត្រាលើរបស់សព្វសារពើដែលទ្រង់បានបង្កើតនៅក្រោមសិទ្ធិអំណាចរបស់ទ្រង់ថែមទៀតផង។ ហើយជាងនេះទៅទៀត អ្វីៗគ្រប់យ៉ាងគឺមានលក្ខណៈជាប្រព័ន្ធ និងប្រក្រតី។ របស់សព្វសារពើក៏ត្រូវបានបង្កើតឡើង រស់នៅ នឹងស្លាប់ ដោយសារព្រះបន្ទូលរបស់ទ្រង់ដែរ ហើយជាងនេះទៅទៀត ដោយសារសិទ្ធិអំណាចរបស់ទ្រង់ ពួកវាបានរស់នៅក្នុងច្បាប់ដែលទ្រង់បានកំណត់ ហើយគ្មានអ្វីមួយត្រូវបានលើកលែងនោះទេ! ច្បាប់នេះបានចាប់ផ្តើមភ្លាមៗដែល «ហើយព្រះជាម្ចាស់ទតឃើញថាល្អហើយ» ហើយវានឹងមានអត្ថិភាព បន្ត និងបំពេញតួនាទីដើម្បីផលប្រយោជន៍នៃផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃដែលវាត្រូវបានជំនួសដោយព្រះអាទិករ! សិទ្ធិអំណាចតែមួយគត់របស់ព្រះអាទិករ ត្រូវបានបង្ហាញឲ្យឃើញ មិនត្រឹមតែតាមរយៈសមត្ថភាពរបស់ទ្រង់ក្នុងបង្កើត និងបញ្ជារបស់សព្វសារពើឲ្យក្លាយជាភាវៈប៉ុណ្ណោះទេ ប៉ុន្តែសិទ្ធិអំណាចតែមួយគត់នេះក៏ត្រូវបានបង្ហាញឲ្យឃើញតាមរយៈសមត្ថភាពរបស់ទ្រង់ក្នុងការគ្រប់គ្រង និងកាន់កាប់អធិបតេយ្យភាពលើរបស់សព្វសារពើ ព្រមទាំងប្រទានជីវិត និងភាពរស់រវើកដល់របស់សព្វសារពើដែរ។ ជាងនេះទៅទៀត តាមរយៈសមត្ថភាពរបស់ទ្រង់ក្នុងការបណ្តាលឲ្យកើតឡើងតែម្តងជាសម្រេចរហូតអស់កល្បជានិច្ច នោះរបស់សព្វសារពើដែលទ្រង់នឹងបង្កើតនៅក្នុងផែនការរបស់ទ្រង់ ក៏លេចមក និងរស់នៅក្នុងពិភពលោកដែលទ្រង់បានបង្កើត ក្នុងសណ្ឋានដ៏គ្រប់លក្ខណ៍ រចនាសម្ព័ន្ធជីវិតដ៏គ្រប់លក្ខណ៍ និងតួនាទីដ៏គ្រប់លក្ខណ៍។ សម្ថភាពនោះក៏ត្រូវបានបង្ហាញឲ្យឃើញតាមរបៀបដែលព្រះតម្រិះរបស់ព្រះអាទិករមិនត្រូវបានដាក់កំហិត និងមិនត្រូវបានកំណត់ដោយពេលវេលា ទីកន្លែង ឬលក្ខណៈភូមិសាស្ត្រ។ ដូចជាសិទ្ធិអំណាចរបស់ទ្រង់ដែរ អត្តសញ្ញាណតែមួយគត់របស់ព្រះអាទិករនឹងស្ថិតនៅដោយគ្មានផ្លាស់ប្តូរតាំងពីអស់កល្បរៀងមក រហូតដល់អស់កល្បរៀងទៅ។ សិទ្ធិអំណាចរបស់ទ្រង់នឹងតែងតែជាតំណាង និងជានិមិត្តសញ្ញានៃអត្តសញ្ញាណតែមួយគត់របស់ទ្រង់ ហើយសិទ្ធិអំណាចរបស់ទ្រង់នឹងស្ថិតនៅជារៀងរហូត ទន្ទឹមគ្នានឹងអត្តសញ្ញាណរបស់ទ្រង់!

នៅថ្ងៃទីប្រាំមួយ ព្រះអាទិករមានព្រះបន្ទូល ហើយសត្តនិករមានជីវិតតាមប្រភេទនីមួយៗនៅក្នុងព្រះតម្រិះរបស់ទ្រង់ លេចមកម្តងមួយៗ

ដោយស្ដួចស្ដើងពេក កិច្ចការរបស់ព្រះអាទិករក្នុងការបង្កើតរបស់សព្វសារពើបានបន្តអស់រយៈពេលប្រាំថ្ងៃ ហើយភ្លាមៗបន្ទាប់ពីនោះ ព្រះអាទិករបានស្វាគមន៍ថ្ងៃទីប្រាំមួយនៃការបង្កើតរបស់សព្វសារពើរបស់ទ្រង់។ នៅថ្ងៃនេះ គឺជាការចាប់ផ្តើមថ្មីមួយទៀត និងជាថ្ងៃដ៏វិសេសមួយផ្សេងទៀតដែរ។ បន្ទាប់មក តើអ្វីគឺជាផែនការរបស់ព្រះអាទិករនៅល្ងាចថ្ងៃថ្មីនេះ? តើសត្តនិករថ្មីៗអ្វីខ្លះដែលទ្រង់នឹងផលិត និងបង្កើត? ចូរស្តាប់ចុះ នោះគឺជាព្រះសូរសៀងរបស់ព្រះអាទិករ....

«ហើយព្រះជាម្ចាស់មានបន្ទូលថា៖ ចូរឲ្យផែនដីកើតចេញជាពពួកសត្វមានជីវិតតាមពូជរបស់វា គឺសត្វស្រុក សត្វលូនវារ និងសត្វព្រៃនៅលើផែន‌ដីតាមពូជរបស់វា៖ វាក៏កើតមានដូច្នោះមែន។ ហើយព្រះជាម្ចាស់បានបង្កើតសត្វព្រៃនៅផែន‌ដីតាមពូជ សត្វស្រុកតាមពូជ និងគ្រប់ទាំងសត្វដែលលូនវារលើដីតាមពូជរបស់វាដែរ ហើយព្រះជាម្ចាស់ទតឃើញថាល្អ» (លោកុប្បត្តិ ១:២៤-២៥)។ តើសត្តនិករមានជីវិតអ្វីខ្លះដែលត្រូវបានរួមបញ្ចូល? បទគម្ពីរចែងថា៖ សត្វស្រុក សត្វលូនវារ និងសត្វព្រៃនៅផែនដីតាមពូជ។ មានន័យថា នៅថ្ងៃនេះ មិនត្រឹមតែមានសត្តនិករមានជីវិតគ្រប់ប្រភេទទាំងអស់នៅលើផែនដីនោះទេ ប៉ុន្តែពួកវាក៏ត្រូវបានចាត់ថ្នាក់តាមពូជដែរ ដូច្នេះហើយ «ហើយព្រះជាម្ចាស់ទតឃើញថាល្អ។»

ដូចក្នុងអំឡុងពេលប្រាំថ្ងៃកន្លងមកនោះដែរ ព្រះអាទិករបានមានព្រះបន្ទូលដោយព្រះសូរសៀងដូចគ្នា ហើយបានបញ្ជាកំណើតរបស់សត្តនិករដែលមានជីវិតដែលទ្រង់សព្វព្រះហឫទ័យ ហើយពួកវាលេចមកនៅលើផែនដីទៅតាមពូជរៀងៗខ្លួនរបស់ពួកវា។ នៅពេលដែលព្រះអាទិករប្រើប្រាស់សិទ្ធិអំណាចរបស់ទ្រង់ គ្មានព្រះបន្ទូលណាមួយរបស់ទ្រង់ត្រូវបានថ្លែងដោយឥតប្រយោជន៍នោះឡើយ ដូច្នេះហើយ នៅថ្ងៃទីប្រាំមួយ សត្តនិករមានជីវិតនីមួយៗដែលទ្រង់សព្វព្រះហឫទ័យបង្កើត បានលេចមកនៅពេលវេលាដែលបានកំណត់។ ដូចដែលព្រះអាទិករបានមានព្រះបន្ទូលថា «ចូរឲ្យផែនដីកើតចេញជាពពួកសត្វមានជីវិតតាមពូជរបស់វា» ពេលនោះ ផែនដីបានពេញដោយជីវិតភ្លាមៗ ហើយនៅលើដី ដង្ហើមរបស់សត្តនិករមានជីវិតគ្រប់ប្រភេទបានកើតមានឡើងភ្លាមៗ...នៅក្នុងទីវាលខៀវស្រងាត់ពេញដោយស្មៅ សត្វគោដ៏មាំបក់កន្ទុយទៅវិញទៅមក បានលេចមកម្តងមួយៗ សត្វចៀមបានប្រមូលផ្តុំជាហ្វូង ហើយសត្វសេះដែលកំពុងកញ្ជ្រៀវបានចាប់ផ្តើមផាយជើងយ៉ាងលឿន...។ ភ្លាមៗនោះ វាលស្មៅដ៏ធំធេងដែលស្ងប់ស្ងាត់ បានពេញដោយជីវិត....ការលេចមកនៃសត្វស្រុកផ្សេងៗទាំងនេះ គឺជាទេសភាពដ៏ស្រស់ស្អាតនៅលើវាលស្មៅដ៏ស្ងាត់ជ្រងំ ហើយនាំមកនូវភាពរស់រវើកដោយគ្មានដែនកំណត់។ ពួកវានឹងក្លាយជាគូកនរបស់វាលស្មៅ និងជាចៅហ្វាយរបស់វាលស្មៅ ហើយពួកវានីមួយៗគឺពឹងពាក់គ្នាទៅវិញទៅមក។ ពួកវាក៏នឹងក្លាយជាឆ្មាំ និងជាអ្នកថែរក្សាដែនដីទាំងនេះដែរ ហើយដែលដែនដីទាំងនេះនឹងក្លាយជាកន្លែងស្នាក់នៅអចិន្ត្រៃយ៍របស់ពួកវា និងជាកន្លែងដែលនឹងផ្តល់នូវអ្វីៗដែលពួកវាត្រូវការ គឺប្រពនៃការចិញ្ចឹមបីបាច់ជារៀងរហូតសម្រាប់អត្ថិភាពរបស់ពួកវា....។

ក្នុងថ្ងៃតែមួយដែលសត្វស្រុកផ្សេងៗទាំងនេះបានកើតឡើង នោះហ្វូងសត្វល្អិតជាច្រើនក៏បានលេចមកម្តងមួយៗ ដោយសារព្រះបន្ទូលរបស់ព្រះអាទិករដែរ។ ទោះបីជាពួកវាជាវត្ថុមានជីវិតដែលតូចជាងគេក្នុងចំណោមសត្តនិករទាំងអស់ក៏ដោយ ក៏កម្លាំងជីវិតរបស់ពួកវានៅតែជាការបង្កើតដ៏អស្ចារ្យរបស់ព្រះអាទិករដដែល ហើយពួកវាមិនបានមកយឺតពេកនោះទេ...។ សត្វល្អិតមួយចំនួនបានទទះស្លាបដ៏តូចៗរបស់ពួកវា ខណៈដែលសត្វល្អិតមួយចំនួនទៀតបានលូនវារយ៉ាងយឺតៗ។ សត្វល្អិតមួយចំនួនលោតផ្លោះ មួយចំនួនទៀតផ្លាស់ទីទ្រេតទ្រោតៗ។ សត្វល្អិតមួយចំនួនទៀតបានទៅមុខយ៉ាងលឿន ខណៈដែលសត្វល្អិតមួយចំនួនទៀត បានថយក្រោយយ៉ាងលឿន។ សត្វល្អិតមួយចំនួនបានផ្លាស់ទីទៅខាង ខ្លះទៀតបានលោតខ្ពស់ទាបចុះឡើង...។ គ្រប់សត្វល្អិតទាំងអស់កំពុងតែមមាញឹកស្វែងរកសម្បុកសម្រាប់ខ្លួនឯង៖ សត្វល្អិតខ្លះចូលទៅក្នុងស្មៅ សត្វល្អិតខ្លះកាយរូងទៅក្នុងដី សត្វល្អិតខ្លះហើរទៅលើដើមឈើលាក់ខ្លួននៅក្នុងព្រៃ....ទោះបីជាពួកវាមានរូបរាងតូចៗក៏ដោយ ពួកវាក៏មិនចង់អត់ទ្រាំនឹងទារុណកម្មនៃក្រពះដែលគ្មានអាហារនោះដែរ ដូច្នេះ បន្ទាប់ពីពួកវាស្វែងរកសម្បុកផ្ទាល់ខ្លួនរបស់ពួកវារួចហើយ ពួកវាប្រញាប់ប្រញាល់ស្វែងរកអាហារដើម្បីចិញ្ចឹមខ្លួន។ សត្វល្អិតមួយចំនួនឡើងលើស្មៅដើម្បីស៊ីស្លឹកស្មៅទន់ៗ សត្វល្អិតមួយចំនួនចាប់ស្រវាធូលីដីមួយម៉ាត់ ហើយលេបចូលទៅក្នុងក្រពះរបស់ពួកវា ដោយទទួលទានយ៉ាងរីករាយ និងដោយអំណរ (ចំពោះពួកវា សូម្បីតែធូលីដីក៏ជាអាហារដ៏ឆ្ងាញ់មួយដែរ)។ សត្វល្អិតខ្លះលាក់ខ្លួននៅក្នុងព្រៃ ប៉ុន្តែពួកវាមិនបានឈប់សម្រាកនោះទេ ដោយសារតែរុក្ខរសនៅក្នុងស្លឹកឈើដ៏ខៀវស្រងាត់ បានផ្តល់នូវអាហារដ៏មានឱជារសសម្រាប់ពួកវា...។ បន្ទាប់ពីពួកវាឆ្អែត សត្វល្អិតក៏នៅតែមិនបញ្ឈប់សកម្មភាពរបស់ពួកវាដែរ។ ទោះបីជាពួកវាមានរូបរាងតូចក៏ដោយ ក៏ពួកវាមានថាមពលដ៏អស្ចារ្យ និងភាពក្លៀវក្លាឥតដែនកំណត់ដែរ ដូច្នេះ នៅក្នុងចំណោមសត្តនិករទាំងអស់ ពួកវាសកម្មបំផុត និងឧស្សាហ៍បំផុត។ ពួកវាមិនដែលខ្ជិលច្រអូស ហើយមិនដែលបណ្តោយខ្លួននៅក្នុងការសម្រាកនោះទេ។ នៅពេលដែលពួកវាបានឆ្អែតនឹងអាហាររបស់ពួកវា ពួកវាបានប្រើកម្លាំងរបស់ពួកវាយ៉ាងលំបាកដើម្បីផលប្រយោជន៍នៃអនាគតរបស់ពួកវា ដោយធ្វើឲ្យខ្លួនមមាញឹក និងប្រញាប់ប្រញាល់សម្រាប់ថ្ងៃស្អែករបស់ពួកវា ក៏ដូចជាសម្រាប់ការរស់នៅរបស់ពួកវា...។ ពួកវាបន្លឺសម្លេងជាចម្រៀងដែលមានចង្វាក់ និងទំនុកភ្លេងផ្សេងៗ ដើម្បីផ្តល់កម្លាំងចិត្ត និងជំរុញទឹកចិត្តរបស់ពួកវា។ ពួកវាក៏បានបន្ថែមភាពសប្បាយរីករាយដល់ស្មៅ ដើមឈើ និងដីទាំងអស់ដែរ ដោយបង្កើតឲ្យថ្ងៃ និងឆ្នាំនីមួយៗមានលក្ខណៈតែមួយគត់...។ តាមរយៈភាសាផ្ទាល់ខ្លួនរបស់ពួកវា និងតាមរយៈវិធីផ្ទាល់ខ្លួនរបស់ពួកវា ពួកវាផ្ទេរព័ត៌មានទៅដល់វត្ថុមានជីវិតទាំងអស់នៅលើដី។ ដោយការប្រើមាគ៌ាជីវិតដ៏ពិសេសផ្ទាល់ខ្លួនរបស់ពួកវា ពួកវាធ្វើសញ្ញាសម្គាល់របស់សព្វសារពើដោយពួកវាបានបន្សល់ទុកស្លាកស្នាម...។ ពួកវាមានទំនាក់ទំនងដ៏ជិតស្និទ្ធជាមួយដី ស្មៅ និងព្រៃឈើ ហើយពួកវាបាននាំយកថាមពល និងភាពរស់រវើកមកឲ្យដី ស្មៅ និងព្រៃឈើ។ ពួកវាបាននាំយកការរំឭកដាស់តឿន និងការសួរសុខទុក្ខរបស់ព្រះអាទិករ មកឲ្យវត្ថុមានជីវិតទាំងអស់...។

ក្រសែព្រះនេត្ររបស់ព្រះអាទិករបានទតទៅគ្រប់របស់សព្វសារពើដែលទ្រង់បានបង្កើត ហើយនៅពេលនេះ ព្រះនេត្ររបស់ទ្រង់បានឈប់មួយស្របក់ដើម្បីទតមើលព្រៃឈើ និងភ្នំទាំងឡាយ ព្រះតម្រិះរបស់ទ្រង់ផ្លាស់ប្តូរ។ នៅពេលដែលព្រះបន្ទូលរបស់ទ្រង់ត្រូវបានថ្លែងចេញនៅក្នុងព្រៃឈើដ៏ក្រាស់ និងនៅលើភ្នំ ពេលនោះក៏មានលេចំកនូវសត្តនិករមួយប្រភេទ ដែលមិនដូចនឹងសត្តនិករដែលបានលេចមកកាលពីមុន។ ពួកវាគឺជាសត្វព្រៃដែលព្រះឱស្ឋរបស់ព្រះជាម្ចាស់បានមានព្រះបន្ទូល។ យូរបន្តិចក្រោយមក ពួកវាបានងក់ក្បាលរបស់ពួកវា ហើយបានបក់កន្ទុយ ដោយសត្វនីមួយៗមានមុខតែមួយផ្ទាល់ខ្លួន។ សត្វខ្លះមានរោម សត្វខ្លះមានស្នែង សត្វខ្លះគ្មានចង្កូម សត្វខ្លះមានស្នាមញញឹម សត្វខ្លះមានកវែង សត្វខ្លះមានកន្ទុយខ្លី សត្វខ្លះមានភ្នែកលៀន សត្វខ្លះមានភ្នែកស្រទន់ សត្វខ្លះចំកោងខ្នងដើម្បីស៊ីស្មៅ សត្វខ្លះមានឈាមនៅនឹងមាត់របស់ពួកវា សត្វខ្លះលោតជើងពីរ សត្វខ្លះបោះជំហានដោយក្រចកទាំងបួន សត្វខ្លះសម្លឹងមើលចុងឈើដ៏ខ្ពស់ សត្វខ្លះទម្រេតខ្លួននៅក្នុងព្រៃ សត្វខ្លះស្វែងរករូងភ្នំដើម្បីសម្រាក សត្វខ្លះរត់ និងលេងនៅលើវាលរាប សត្វខ្លះដើរលបៗនៅក្នុងព្រៃ....សត្វខ្លះគ្រហឹម សត្វខ្លះលូ សត្វខ្លះព្រុស សត្វខ្លះយំ....សត្វខ្លះសម្លេងស្រាល សត្វខ្លះសម្លេងធំ សត្វខ្លះសម្លេងខ្ពស់ សត្វខ្លះសម្លេងច្បាស់ និងពិរោះ....សត្វខ្លះចង្រៃ សត្វខ្លះស្អាត សត្វខ្លះគួរឲ្យស្អប់ សត្វខ្លះគួរឲ្យស្រឡាញ់ សត្វខ្លះគួរឲ្យខ្លាច សត្វខ្លះស្លូតគួរឲ្យស្រឡាញ់....ពួកវាចេញមកម្តងមួយៗ។ ចូរមើលចុះ ពួកវាខ្ពស់ និងខ្លាំងប៉ុណ្ណា ឯករាជ្យម្ចាស់ការ នៅស្ងៀមមិនអើពើដាក់គ្នា មិនរំខានក្នុងការចំណាយពេលសម្លឹងមើលគ្នា...។ រាល់សត្វនីមួយៗមានជីវិតដោយឡែក មានភាពខ្លាំង និងមានភាពសាហាវផ្ទាល់ខ្លួន ដែលព្រះអាទិករប្រទានដល់ពួកវា ហើយពួកវាមាននៅក្នុងព្រៃ និងនៅលើភ្នំ។ ដោយមើលងាយចំពោះគ្រប់យ៉ាង និងក្រអឺតក្រទមទាំងស្រុងតែម្ដង តើនរណាបានធ្វើឲ្យពួកវាក្លាយជាម្ចាស់របស់ភ្នំ និងព្រៃឈើ? ចាប់តាំងពីពេលដែលព្រះអាទិករបានបញ្ជាឲ្យពួកវាលេចមក ពួកវាបាន «ប្រកាសកាន់កាប់» ព្រៃឈើ និងភ្នំ ព្រោះព្រះអាទិករបានកំណត់ព្រំដែនរបស់ពួកវា និងបានកំណត់វិសាលភាពនៃអត្ថិភាពរបស់ពួកវារួចហើយ។ មានតែពួកវាប៉ុណ្ណោះ គឺជាម្ចាស់ដ៏ពិតប្រាកដរបស់ភ្នំ និងព្រៃឈើ ដូច្នេះហើយទើបពួកវាមានលក្ខណៈព្រៃ និងក្រអឺតក្រទមណាស់។ ពួកវាត្រូវបានគេហៅថា «សត្វព្រៃ» គឺដោយសារតែក្នុងចំណោមសត្តនិករទាំងអស់ ពួកវាគឺជាសត្តនិករដែលពិតជាមានលក្ខណៈព្រៃ ឃោរឃៅ និងមិនអាចបង្រ្កាបបាន។ ពួកវាមិនអាចត្រូវបានបង្រ្កាបនោះទេ ដូច្នេះ ពួកវាមិនអាចត្រូវបានចិញ្ចឹម ហើយមិនអាចរស់នៅដោយភាពសុខដុមរមនាជាមួយមនុស្សជាតិ ឬប្រើកម្លាំងធ្វើការជំនួសមនុស្សជាតិបានទេ។ គឺដោយសារតែពួកវាមិនអាចត្រូវបានចិញ្ចឹម មិនអាចធ្វើការដើម្បីមនុស្សជាតិបែបនេះហើយ ទើបពួកវាត្រូវតែរស់នៅឆ្ងាយពីមនុស្សជាតិ ហើយមនុស្សមិនអាចចូលទៅរកពួកវាបានទេ។ ម៉្យាងវិញទៀត ដោយសារតែពួកវាបានរស់នៅឆ្ងាយពីមនុស្សជាតិ ហើយមនុស្សមិនអាចចូលទៅជិតពួកវាបាន ទើបពួកវាអាចបំពេញទំនួលខុសត្រូវដែលព្រះអាទិករបានប្រទានដល់ពួកវា៖ ការពារភ្នំ និងព្រៃឈើ។ ភាពខ្លាំងរបស់ពួកវា បានការពារភ្នំ និងការពារព្រៃឈើ ហើយកម្លាំងរបស់ពួកវាគឺជាការការពារ និងការធានាដ៏ល្អបំផុតនៃអត្ថិភាព និងការបន្តពូជរបស់ពួកវា។ ស្របពេលជាមួយគ្នានេះ ភាពខ្លាំងរបស់ពួកវា បានរក្សា និងបានធានាតុល្យភាពក្នុងចំណោមរបស់សព្វសារពើ។ ការមកដល់របស់ពួកវា បាននាំមកនូវការផ្គត់ផ្គង់ និងចំណតសម្រាប់ភ្នំ និងព្រៃឈើ។ ការមកដល់របស់ពួកវា បាននាំមកនូវថាមពល និងភាពរស់រវើកឥតកំណត់មកឲ្យភ្នំ និងព្រៃឈើដែលទទេស្អាត និងស្ងាត់ជ្រងំ។ ចាប់ពីពេលនេះតទៅ ភ្នំ និងព្រៃឈើបានក្លាយទៅជាកន្លែងស្នាក់នៅអចិន្ត្រៃយ៍របស់ពួកវា ហើយពួកវានឹងមិនដែលបាត់បង់ផ្ទះសម្បែងរបស់ពួកវានោះទេ ដោយសារតែភ្នំ និងព្រៃឈើបានលេចមក និងមានអត្ថិភាពដើម្បីពួកវា។ សត្វព្រៃនឹងបំពេញភារកិច្ចរបស់ពួកវា ហើយធ្វើគ្រប់យ៉ាងដែលពួកវាអាចធ្វើបានដើម្បីការពារភ្នំ និងព្រៃឈើនោះ។ សត្វព្រៃក៏នឹងគោរពយ៉ាងតឹងរឹងតាមការដាស់តឿនរបស់ព្រះអាទិករដែរ ដើម្បីកាន់កាប់ដែនដីរបស់ពួកវា ហើយបន្តប្រើប្រាស់ធម្មជាតិដ៏សាហាវរបស់ពួកវា ដើម្បីរក្សាតុល្យភាពនៃរបស់សព្វសារពើដែលព្រះអាទិករបានបង្កើត ហើយដើម្បីប្រកាសពីសិទ្ធិអំណាច និងព្រះចេស្ដារបស់ព្រះអាទិករ!

ក្រោមសិទ្ធិអំណាចរបស់ព្រះអាទិករ របស់សព្វសារពើគឺសុទ្ធតែគ្រប់លក្ខណ៍

របស់សព្វសារពើដែលព្រះជាម្ចាស់បានបង្កើត រួមបញ្ចូលទាំងរបស់ដែលអាចផ្លាស់ទី និងរបស់ដែលមិនអាចផ្លាស់ទី ដូចជាបក្សី និងមច្ឆា ដូចជាដើមឈើ និងផ្កា និងរួមបញ្ចូលទាំងសត្វស្រុក សត្វល្អិត និងសត្វព្រៃ គឺត្រូវបានបង្កើតនៅថ្ងៃទីប្រាំមួយ។ ពួកវាសុទ្ធតែល្អនៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ ហើយជាងនេះទៅទៀត នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ របស់ទាំងអស់នេះបានទទួលកម្រិតនៃភាពគ្រប់លក្ខណ៍ និងបានឈានដល់បទដ្ឋានដែលព្រះជាម្ចាស់ចង់សម្រេចបាន ទៅតាមផែនការរបស់ទ្រង់។ ព្រះអាទិករបានធ្វើកិច្ចការដែលទ្រង់ចង់ធ្វើមួយជំហានម្តងៗ ទៅតាមផែនការរបស់ទ្រង់។ អ្វីៗដែលទ្រង់ចង់បង្កើត បានលេចមកម្តងមួយៗ ហើយការលេចមកនៃវត្ថុនីមួយៗ គឺជាការឆ្លុះបញ្ចាំងពីសិទ្ធិអំណាចរបស់ទ្រង់។ ដោយសារតែភាពច្បាស់លាស់ទាំងនេះ ទើបសត្តនិករទាំងអស់មិនអាចជួយអ្វីបាន ក្រៅពីថ្លែងអំណរគុណចំពោះព្រះគុណ និងការផ្គត់ផ្គង់របស់ព្រះអាទិករនោះទេ។ នៅពេលដែលទង្វើដ៏អស្ចារ្យរបស់ព្រះជាម្ចាស់បានបើកបង្ហាញ នោះពិភពលោកនេះបានប៉ោងឡើងម្តងមួយចំណែកៗ ជាមួយនឹងរបស់សព្វសារពើដែលព្រះជាម្ចាស់បានបង្កើត ហើយវាបានផ្លាស់ប្តូរពីភាពវឹកវរ និងភាពងងឹត មកជាភាពច្បាស់លាស់ និងពន្លឺ ពីភាពស្ងប់ស្ងាត់ដែលគ្មានជីវិត ទៅជាភាពមានជីវិត និងភាពរស់រវើកឥតដែនកំណត់។ នៅក្នុងចំណោមរបស់សព្វសារពើដែលព្រះជាម្ចាស់បានបង្កើតមក តាំងពីធំដល់តូច ពីតូចដល់តូចបំផុត គឺគ្មានវត្ថុណាមួយដែលមិនបានបង្កើតដោយសិទ្ធិអំណាច និងព្រះចេស្ដារបស់ព្រះអាទិករនោះទេ ហើយមានភាពចាំបាច់ និងគុណតម្លៃដែលបន្សល់ទុក និងដែលមានតែមួយសម្រាប់អត្ថិភាពរបស់សត្តនិករនីមួយៗ។ មិនថាសណ្ឋាន និងរូបរាងរបស់ពួកវាខុសគ្នាបែបណានោះទេ ពួកវាមិនមានអ្វីក្រៅពីត្រូវបានព្រះអាទិករបង្កើត ដើម្បីរស់នៅក្រោមសិទ្ធិអំណាចរបស់ព្រះអាទិករនោះទេ។ ពេលខ្លះ មនុស្សនឹងមើលឃើញសត្វល្អិតមួយដែលអាក្រក់ ហើយពួកគេនិយាយថា «សត្វល្អិតនោះគឺអាក្រក់ខ្លាំងណាស់ គ្មានផ្លូវដែលព្រះជាម្ចាស់បង្កើតសត្វដែលអាក្រក់បែបនេះនោះទេ គ្មានផ្លូវដែលទ្រង់អាចបង្កើតអ្វីមួយដែលអាក្រក់ខ្លាំងបែបនេះទេ។» ពិតជាការយល់ឃើញដ៏ឆោតល្ងង់មែន! អ្វីដែលពួកគេគួរនិយាយគឺ «ទោះបីជាសត្វល្អិតនេះអាក្រក់ណាស់ក៏ដោយ ក៏វាត្រូវបានបង្កើតមកដោយព្រះជាម្ចាស់ដែរ ដូចនេះ វាត្រូវតែមានគោលបំណងផ្ទាល់ខ្លួនរបស់វា។» នៅក្នុងព្រះតម្រិះរបស់ព្រះជាម្ចាស់ ទ្រង់ចង់ប្រទានរូបរាងនីមួយៗ និងតួនាទី ព្រមទាំងការប្រើប្រាស់គ្រប់ប្រភេទ ដល់វត្ថុមានជីវិតនានាដែលទ្រង់បានបង្កើតមក ហើយគ្មានវត្ថុណាមួយដែលទ្រង់បានបង្កើតមក មានលក្ខណៈដូចគ្នានោះទេ។ តាំងពីសមាសភាគផ្សំផ្នែកខាងក្រៅរបស់ពួកវា ទៅដល់សមាសភាគផ្សំផ្នែកខាងក្នុងរបស់ពួកវា តាំងពីទម្លាប់រស់នៅរបស់ពួកវា រហូតដល់ទីកន្លែងដែលពួកវាកាន់កាប់ គឺនីមួយៗសុទ្ធតែខុសគ្នាទាំងអស់។ សត្វគោមានរូបរាងជាសត្វគោ សត្វលាមានរូបរាងជាសត្វលា សត្វក្តាន់មានរូបរាងជាសត្វក្តាន់ ហើយសត្វដំរីមានរូបរាងជាសត្វដំរី។ តើអ្នកអាចនិយាយថា មួយណាមានរូបរាងស្អាតបំផុត ហើយមួយណាមានរូបរាងអាក្រក់បំផុតឬទេ? តើអ្នកអាចនិយាយថា មួយណាមានប្រយោជន៍បំផុត ហើយអត្ថិភាពរបស់សត្វមួយណាដែលឥតប្រយោជន៍បំផុតឬទេ? មនុស្សមួយចំនួនចូលចិត្តរូបរាងរបស់សត្វដំរី ប៉ុន្តែគ្មាននរណាម្នាក់ប្រើប្រាស់សត្វដំរីដើម្បីដាំដំណាំនោះទេ។ មនុស្សមួយចំនួនចូលចិត្តរូបរាងរបស់សត្វតោ និងសត្វខ្លា ដោយសាររូបរាងរបស់ពួកវាគឺទាក់ទាញបំផុតក្នុងចំណោមរបស់សព្វសារពើ ប៉ុន្តែតើមានអ្នកអាចរក្សាទុកពួកវាជាសត្វចិញ្ចឹមបានទេ? សរុបមក នៅពេលដែលនិយាយពីរបស់ជាច្រើនដែលព្រះជាម្ចាស់បានបង្កើតមក មនុស្សគួរតែយល់ស្របតាមសិទ្ធិអំណាចរបស់ព្រះអាទិករ ឬអាចនិយាយថា មនុស្សគួរតែយល់ស្របតាមសណ្តាប់ធ្នាប់ដែលព្រះអាទិករបានកំណត់សម្រាប់របស់សព្វសារពើ។ នេះគឺជាឥរិយាបថដ៏ឆ្លាតវៃបំផុត។ មានតែឥរិយាបថនៃការស្វែងរក និងការស្តាប់បង្គាប់តាមគោលបំណងដើមរបស់ព្រះអាទិករប៉ុណ្ណោះ ទើបជាការទទួលយកដ៏ពិត និងជាភាពច្បាស់លាស់នៃសិទ្ធិអំណាចរបស់ព្រះអាទិករ។ វាល្អនៅក្នុងក្រសែព្រះនេត្ររបស់ព្រះជាម្ចាស់ ដូច្នេះ តើមានហេតុផលអ្វីដែលមនុស្សត្រូវតែស្វែងរកកំហុសនោះ?

ដូច្នេះ របស់សព្វសារពើនៅក្រោមសិទ្ធិអំណាចរបស់ព្រះអាទិករ គឺដើម្បីលេងបទមហោរីថ្មីមួយបទសម្រាប់អធិបតេយ្យភាពរបស់ព្រះអាទិករ ដើម្បីចាប់ផ្តើមសេចក្តីផ្តើមដ៏ចំណានមួយសម្រាប់កិច្ចការនៃថ្ងៃថ្មីរបស់ទ្រង់ ហើយនៅពេលនេះ ព្រះអាទិករក៏នឹងបើកទំព័រថ្មីមួយទៀតនៅក្នុងកិច្ចការនៃការគ្រប់គ្រងរបស់ទ្រង់ដែរ! ផ្អែកទៅតាមច្បាប់ដែលព្រះអាទិករបានកំណត់ ដូចជាឲ្យដុះថ្មីនៅរដូវផ្ការីក ឲ្យទុំនៅរដូវក្តៅ ឲ្យប្រមូលផលនៅរដូវស្លឹកឈើជ្រុះ និងឲ្យវេចខ្ចប់ទុកនៅរដូវរងារ នោះរបស់សព្វសារពើនឹងធ្វើតាមផែនការគ្រប់គ្រងរបស់ព្រះអាទិករ ហើយពួកវានឹងស្វាគមន៍ថ្ងៃថ្មី ការចាប់ផ្តើមថ្មី និងមាគ៌ាជីវិតថ្មីផ្ទាល់ខ្លួនរបស់ពួកវា។ ពួកវានឹងរស់នៅ និងបន្តពូជជារៀងរាល់ថ្ងៃនៅក្រោមអធិបតេយ្យភាពនៃសិទ្ធិអំណាចរបស់ព្រះអាទិករ...។

គ្មានភាវៈដែលត្រូវបានបង្កើត និងភាវៈមិនត្រូវបានបង្កើតណាមួយ អាចជំនួសអត្តសញ្ញាណរបស់ព្រះអាទិករបានទេ

ចាប់តាំងពីពេលដែលទ្រង់បានចាប់ផ្តើមការបង្កើតរបស់សព្វសារពើមក ព្រះចេស្ដារបស់ព្រះជាម្ចាស់បានចាប់ផ្តើមត្រូវបានបញ្ចេញ និងត្រូវបានបើកសម្ដែងឲ្យឃើញ ដ្បិតព្រះជាម្ចាស់បានប្រើប្រាស់ព្រះបន្ទូលដើម្បីបង្កើតរបស់សព្វសារពើ។ មិនថាទ្រង់បានបង្កើតពួកវាដោយវិធីអ្វី ហើយមិនថាមូលហេតុអ្វីបានជាទ្រង់បានបង្កើតពួកវានោះទេ គឺរបស់សព្វសារពើបានមានរូបរាងឡើង ហើយបានឈរនៅមាំមួន ព្រមទាំងបានរស់នៅដោយសារតែព្រះបន្ទូលរបស់ព្រះជាម្ចស់។ នេះគឺជាសិទ្ធិអំណាចតែមួយគត់របស់ព្រះអាទិករ។ នៅមុនពេលដែលមនុស្សជាតិបានលេចមកនៅក្នុងពិភពលោក ព្រះអាទិករបានប្រើប្រាស់ព្រះចេស្ដា និងសិទ្ធិអំណាចរបស់ទ្រង់ដើម្បីបង្កើតរបស់សព្វសារពើសម្រាប់មនុស្សជាតិ ហើយប្រើប្រាស់វិធីសាស្ត្រតែមួយគត់របស់ទ្រង់ដើម្បីត្រៀមរៀបចំបរិស្ថានរស់នៅដ៏សមរម្យមួយសម្រាប់មនុស្សជាតិ។ គ្រប់យ៉ាងដែលទ្រង់បានធ្វើ គឺជាការត្រៀមរៀបចំសម្រាប់មនុស្សជាតិ ដែលនឹងទទួលដង្ហើមរបស់ទ្រង់នៅពេលដ៏ឆាប់ខាងមុខ។ មានន័យថា នៅមុនពេលដែលមនុស្សត្រូវបានបង្កើតមក សិទ្ធិអំណាចរបស់ព្រះជាម្ចាស់ត្រូវបានប្រកាសនៅក្នុងគ្រប់សត្តនិករទាំងអស់ដែលខុសគ្នាពីមនុស្សជាតិ នៅក្នុងអ្វីៗដែលអស្ចារ្យដូចស្ថានសួគ៌ នៅក្នុងពន្លឺ នៅក្នុងសមុទ្រ និងដែនដី ហើយនៅក្នុងពពួកតូចៗដូចជាសត្វ និងបក្សាបក្សី ក៏ដូចជានៅក្នុងសត្វល្អិត និងកោសិកាតូចៗគ្រប់ប្រភេទ រួមទាំងពពួកបាក់តេរីផ្សេងៗដែលមើលមិនឃើញនឹងភ្នែកទទេផង។ សត្តនិករនីមួយៗត្រូវបានប្រទានជីវិតដោយព្រះបន្ទូលរបស់ព្រះអាទិករ សត្តនិករនីមួយៗត្រូវបានកកើតដោយសារព្រះបន្ទូលរបស់ព្រះអាទិករ ហើយសត្តនិករនីមួយៗបានរស់នៅក្រោមអធិបតេយ្យភាពរបស់ព្រះអាទិករដោយសារតែព្រះបន្ទូលរបស់ទ្រង់។ ទោះបីជាពួកវាមិនបានទទួលដង្ហើមរបស់ព្រះអាទិករក៏ដោយ ក៏ពួកវានៅតែបានប្រកាសប្រាប់ពីភាពរស់រវើករបស់ជីវិត ដែលព្រះអាទិករបានប្រទានដល់ពួកវា តាមរយៈសណ្ឋាន និងរូបរាងខុសៗគ្នារបស់ពួកវាដែរ។ ទោះបីជាពួកវាមិនបានទទួលសមត្ថភាពដើម្បីនិយាយ ដែលព្រះអាទិករបានប្រទានដល់មនុស្សជាតិក៏ដោយ ក៏ពួកវានីមួយៗបានទទួលវិធីនៃការបង្ហាញជីវិតរបស់ពួកវា ដែលព្រះអាទិករបានប្រទានដល់ពួកវាដែរ ហើយវិធីនេះខុសពីភាសារបស់មនុស្សជាតិ។ សិទ្ធិអំណាចរបស់ព្រះអាទិករមិនត្រឹមតែប្រទានភាពរស់រវើកនៃជីវិតដល់វត្ថុនានាដែលមិនមានចលនា ដែលធ្វើឲ្យពួកវានឹងមិនវិនាសប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ថែមទាំងប្រទានសភាវគតិដើម្បីបន្តពូជ និងបង្កើតកូនចៅច្រើនឡើងដល់ភាវៈមានជីវិតទាំងអស់ទៀតផង ដូចនេះ ពួកវានឹងមិនដែលវិនាសឡើយ ហើយពីជំនាន់មួយទៅជំនាន់មួយ ពួកវានឹងផ្ទេរបញ្ញត្តិ និងគោលការណ៍សម្រាប់រស់នៅដែលព្រះអាទិករបានប្រទានដល់ពួកវា។ របៀបដែលព្រះអាទិករបានប្រើប្រាស់សិទ្ធិអំណាចរបស់ទ្រង់ មិនប្រកាន់ខ្ជាប់យ៉ាងតឹងរឹងចំពោះទស្សនៈធំតូចណាមួយឡើយ ហើយក៏មិនត្រូវបានកំណត់តាមទម្រង់ណាមួយនោះដែរ។ ទ្រង់អាចបញ្ជាដំណើរការនៃសាកលលោក ហើយកាន់កាប់អធិបតេយ្យភាពលើជីវិត និងសេចក្តីស្លាប់នៃរបស់សព្វសារពើ ហើយជាងនេះទៅទៀត ទ្រង់អាចបញ្ជារបស់សព្វសារពើបាន ដូច្នេះទើបពួកវាអាចបម្រើទ្រង់។ ទ្រង់អាចរៀបចំកិច្ចការទាំងអស់របស់ភ្នំ ទន្លេ និងបឹងបួរ ហើយត្រួតត្រារបស់សព្វសារពើនៅក្នុងពួកវា ហើយលើសពីនោះ ទ្រង់អាចផ្គត់ផ្គត់អ្វីដែលរបស់សព្វសារពើត្រូវការ។ នេះគឺជាការបើកបង្ហាញនៃសិទ្ធិអំណាចតែមួយគត់របស់ព្រះអាទិករនៅក្នុងចំណោមរបស់សព្វសារពើក្រៅពីមនុស្សជាតិ។ ការបើកបង្ហាញបែបនេះ គឺមិនមែនសម្រាប់តែមួយជីវិតប៉ុណ្ណោះទេ តែវានឹងមិនដែលឈប់ ឬសម្រាកឡើយ ហើយវាមិនអាចត្រូវបានកែប្រែ ឬបំផ្លាញដោយមនុស្ស ឬវត្ថុណាមួយ ឬអាចបន្ថែមបន្ថយដោយមនុស្ស ឬវត្ថុណាមួយឡើយ ព្រោះគ្មានអ្វីមួយអាចជំនួសអត្តសញ្ញាណរបស់ព្រះអាទិករបានឡើយ។ ដូច្នេះហើយ សិទ្ធិអំណាចរបស់ព្រះអាទិករមិនអាចត្រូវបានជំនួសដោយភាវៈដែលត្រូវបានបង្កើតណាមួយនោះទេ វាមិនត្រូវបានទទួលដោយភាវៈដែលមិនបានបង្កើតណាមួយឡើយ។ ចូរយកអ្នកនាំសាររបស់ព្រះជាម្ចាស់ និងពួកទេវតាធ្វើជាឧទាហរណ៍។ ពួកគេមិនមានព្រះចេស្ដារបស់ព្រះជាម្ចាស់នោះទេ ហើយជាងនេះទៅទៀត ពួកគេក៏មិនមានសិទ្ធិអំណាចរបស់ព្រះអាទិករដែរ ហើយមូលហេតុដែលពួកគេមិនមានព្រះចេស្ដា និងសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ គឺដោយសារតែពួកគេមិនមានលក្ខណៈសំខាន់របស់ព្រះអាទិករ។ ភាវៈដែលមិនត្រូវបានបង្កើត ដូចជាអ្នកនាំសាររបស់ព្រះជាម្ចាស់ និងពួកទេវតា ទោះបីជាពួកគេអាចធ្វើកិច្ចការមួយចំនួនជំនួសព្រះជាម្ចាស់បានក៏ដោយ ក៏ពួកគេមិនអាចតំណាងឲ្យព្រះជាម្ចាស់បានដែរ។ ទោះបីជាពួកគេមានអំណាចខ្លះៗដែលមនុស្សគ្មានក៏ដោយ ក៏ពួកគេមិនមានសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ពួកគេមិនមានសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ដើម្បីបង្កើតរបស់សព្វសារពើ ដើម្បីបញ្ជារបស់សព្វសារពើ និងដើម្បីកាន់កាប់អធិបតេយ្យភាពលើរបស់សព្វសារពើទេ។ ដូច្នេះ ភាពមានតែមួយគត់របស់ព្រះជាម្ចាស់មិនអាចត្រូវបានជំនួសដោយភាវៈដែលមិនត្រូវបានបង្កើតណាមួយ ហើយស្រដៀងគ្នានេះដែរ សិទ្ធិអំណាច និងព្រះចេស្ដារបស់ព្រះជាម្ចាស់ក៏មិនអាចត្រូវបានជំនួសដោយភាវៈដែលមិនត្រូវបានបង្កើតណាមួយដែរ។ នៅក្នុងព្រះគម្ពីរ តើអ្នកបានអានអំពីអ្នកនាំសាររបស់ព្រះជាម្ចាស់ណាមួយដែលបានបង្កើតរបស់សព្វសារពើឬទេ? ហេតុអ្វីបានជាព្រះជាម្ចាស់មិនបានចាត់អ្នកនាំសារ ឬទេវតារបស់ទ្រង់ណាមួយឲ្យបង្កើតរបស់សព្វសារពើ? គឺដោយសារតែពួកគេមិនមានសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ដូច្នេះ ពួកគេមិនមានសមត្ថភាពក្នុងការប្រើប្រាស់សិទ្ធិអំណាចរបស់ព្រះជាម្ចាស់នោះទេ។ ដូចទៅនឹងសត្តនិករទាំងអស់ដែរ ពួកគេទាំងអស់សុទ្ធតែស្ថិតនៅក្រោមអធិបតេយ្យភាពរបស់ព្រះអាទិករ ហើយស្ថិតនៅក្រោមសិទ្ធិអំណាចរបស់ព្រះអាទិករ ដូច្នេះ ក្នុងវិធីដូចគ្នានេះ ព្រះអាទិករក៏ជាព្រះជាម្ចាស់របស់ពួកគេ និងជាព្រះដ៏មានអធិបតេយ្យភាពរបស់ពួកគេដែរ។ នៅក្នុងចំណោមពួកគេម្នាក់ៗ មិនថាពួកគេខ្ពង់ខ្ពស់ ឬតូចទាប មានអំណាចច្រើន ឬតិចនោះទេ គឺគ្មាននរណាម្នាក់អាចលើសពីសិទ្ធិអំណាចរបស់ព្រះអាទិករឡើយ។ ដូច្នេះនៅក្នុងចំណោមពួកគេ គ្មាននរណាម្នាក់អាចជំនួសអត្តសញ្ញាណរបស់ព្រះអាទិករបានឡើយ។ ពួគេនឹងមិនដែលត្រូវបានហៅថាជាព្រះជាម្ចាស់ និងមិនអាចក្លាយជាព្រះអាទិករបានឡើយ។ នេះគឺជាការពិត និងជាសេចក្តីពិតដែលមិនអាចកែប្រែបាន!

តាមរយៈការប្រកបគ្នាខាងលើ តើយើងអាចអះអាងដូចខាងក្រោមថា៖ មានតែព្រះអាទិករ និងអ្នកត្រួតត្រារបស់សព្វសារពើប៉ុណ្ណោះ ដែលមានសិទ្ធិអំណាចតែមួយគត់ និងព្រះចេស្ដាតែមួយគត់ ដែលអាចត្រូវបានហៅថាជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គតែមួយអង្គគត់ ឬទេ? នៅត្រង់ចំណុចនេះ អ្នករាល់គ្នាអាចមានអារម្មណ៍ថា សំណួរបែបនេះគឺជ្រៅពេក។ ពេលនេះ អ្នករាល់គ្នាមិនអាចយល់ពីវា ហើយមិនអាចយល់ពីខ្លឹមសារនៅខាងក្នុងវាបានទេ ដូច្នេះ ពេលនេះអ្នករាល់គ្នាមានអារម្មណ៍ថា វាលំបាកក្នុងការឆ្លើយ។ នៅក្នុងករណីនោះ ខ្ញុំនឹងបន្តជាមួយនឹងការប្រកបគ្នារបស់ខ្ញុំតទៅទៀត។ បន្ទាប់មក ខ្ញុំនឹងអនុញ្ញាតឲ្យអ្នករាល់គ្នាពិនិត្យមើលទង្វើជាក់ស្តែងនៃទិដ្ឋភាពជាច្រើនរបស់សិទ្ធិអំណាច និងព្រះចេស្ដាដែលព្រះជាម្ចាស់តែមួយអង្គគត់ដែលមាន។ ហេតុដូច្នេះ ខ្ញុំនឹងអនុញ្ញាតឲ្យអ្នករាល់គ្នាយល់ សរសើរ និងស្គាល់យ៉ាងពិតប្រាកដនូវភាពមានតែមួយគត់របស់ព្រះជាម្ចាស់ និងអត្ថន័យនៃសិទ្ធិអំណាចតែមួយគត់របស់ព្រះជាម្ចាស់។

២. ព្រះជាម្ចាស់ប្រើប្រាស់ព្រះបន្ទូលរបស់ទ្រង់ដើម្បីតាំងសញ្ញាជាមួយមនុស្ស

លោកុប្បត្តិ ៩:១១-១៣ ហើយអញនឹងតាំងសញ្ញារបស់អញជា‌មួយឯងរាល់គ្នាថា គ្រប់សាច់ទាំងអស់នឹងមិនត្រូវបំផ្លាញដោយទឹកជំនន់ទៀតទេ។ ហើយក៏នឹងលែងមានទឹកជំនន់មកបំផ្លិចបំផ្លាញផែន‌ដីទៀតដែរ។ ព្រះ‌ជាម្ចាស់មានបន្ទូលថា៖ «នេះជាទីសម្គាល់នៃសេចក្ដីសញ្ញាដែលអញតាំងរវាងអញ និងឯងរាល់គ្នា និងភាវៈមានជីវិតទាំងអស់ ដែលនៅជា‌មួយឯងរាល់គ្នា នៅគ្រប់ជំនាន់ជានិច្ចនិរន្តរ៍ គឺអញដាក់ឥន្ធ‌ធនូរបស់អញនៅក្នុងពពក ហើយឥន្ធ‌ធនូនេះនឹងបានជាទីសម្គាល់នៃសេចក្ដីសញ្ញា ដែលអញបានតាំងរវាងអញ និងផែន‌ដី។

បន្ទាប់ពីទ្រង់បង្កើតរបស់សព្វសារពើ នោះសិទ្ធិអំណាចរបស់ព្រះអាទិករត្រូវបានបញ្ជាក់ និងប្រកាសម្តងទៀតនៅក្នុងសេចក្តីសញ្ញាជាឥន្ទធនូ

សិទ្ធិអំណាចរបស់ព្រះអាទិករគឺធ្លាប់បានប្រកាស និងប្រើប្រាស់ក្នុងចំណោមសត្តនិករទាំងអស់ ហើយទ្រង់មិនត្រឹមតែត្រួតត្រាជោគវាសនានៃរបស់សព្វសារពើប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ថែមទាំងត្រួតត្រាមនុស្សជាតិដែលជាសត្តនិករដ៏ពិសេស ដែលទ្រង់បានបង្កើតដោយផ្ទាល់ព្រះហស្ដរបស់ទ្រង់ ហើយដែលមានសណ្ឋានជីវិតខុសគ្នា និងរស់នៅក្នុងសណ្ឋានជីវិតខុសគ្នាទៀតផង។ បន្ទាប់ពីបង្កើតរបស់សព្វសារពើ ព្រះអាទិករមិនបានបញ្ឈប់បង្ហាញពីសិទ្ធិអំណាច និងព្រះចេស្ដារបស់ទ្រង់នោះទេ។ ចំពោះទ្រង់ សិទ្ធិអំណាចដែលទ្រង់កាន់កាប់អធិបតេយ្យភាពលើរបស់សព្វសារពើ និងកាន់កាប់ជោគវាសនារបស់មនុស្សជាតិទាំងមូល បានចាប់ផ្តើមជាផ្លូវការ នៅពេលដែលមនុស្សជាតិបានកើតចេញពីព្រះហស្ដរបស់ទ្រង់យ៉ាងពិតប្រាកដ។ ទ្រង់ចង់គ្រប់គ្រងមនុស្សជាតិ ហើយត្រួតត្រាមនុស្សជាតិ។ ទ្រង់ចង់សង្គ្រោះមនុស្សជាតិ និងចង់ទទួលមនុស្សជាតិយ៉ាងពិតប្រាកដ ចង់ទទួលមនុស្សជាតិដែលអាចគ្រប់គ្រងរបស់សព្វសារពើ។ ទ្រង់ចង់ធ្វើឲ្យមនុស្សជាតិបែបនេះរស់នៅក្រោមសិទ្ធិអំណាចរបស់ទ្រង់ ហើយស្គាល់ ព្រមទាំងស្តាប់បង្គាប់សិទ្ធិអំណាចរបស់ទ្រង់។ ដូច្នេះ ព្រះជាម្ចាស់បានចាប់ផ្តើមបង្ហាញជាផ្លូវការនូវសិទ្ធិអំណាចរបស់ទ្រង់ក្នុងចំណោមមនុស្ស ដោយប្រើប្រាស់ព្រះបន្ទូលរបស់ទ្រង់ ហើយទ្រង់ចាប់ផ្តើមប្រើប្រាស់សិទ្ធិអំណាចរបស់ទ្រង់ដើម្បីធ្វើឲ្យព្រះបន្ទូលរបស់ទ្រង់បានសម្រេច។ ពិតណាស់ សិទ្ធិអំណាចរបស់ព្រះជាម្ចាស់ត្រូវបានប្រកាសនៅគ្រប់ទីកន្លែង ក្នុងអំឡុងពេលនៃដំណើរការនេះ។ ខ្ញុំគ្រាន់តែលើកយកឧទាហរណ៍ដែលគេស្គាល់ជាទូទៅ និងដែលជាក់លាក់ ដែលអ្នករាល់គ្នាអាចយល់ និងស្គាល់ពីភាពមានតែមួយគត់របស់ព្រះជាម្ចាស់ និងសិទ្ធិអំណាចតែមួយគត់របស់ទ្រង់ប៉ុណ្ណោះ។

មានភាពស្រដៀងគ្នារវាងខគម្ពីរនៅក្នុងព្រះគម្ពីរលោកុប្បត្តិ ជំពូក ៩៖១១-១៣ ជាមួយនឹងខគម្ពីរខាងលើ ដែលពាក់ព័ន្ធទៅនឹងកំណត់ត្រានៃការបង្កើតពិភពលោករបស់ព្រះជាម្ចាស់ ប៉ុន្តែក៏មានភាពខុសគ្នាដែរ។ តើភាពស្រដៀងគ្នាជាអ្វី? ភាពស្រដៀងគ្នា គឺស្ថិតនៅត្រង់ការប្រើប្រាស់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ដើម្បីធ្វើអ្វីដែលទ្រង់សព្វព្រះហឫទ័យធ្វើ ហើយភាពខុសគ្នាគឺថា អត្ថបទខគម្ពីរដែលបានដកស្រង់នៅទីនេះ បង្ហាញពីការសន្ទនារបស់ព្រះជាម្ចាស់ជាមួយមនុស្ស ដែលទ្រង់បានតាំងសញ្ញាជាមួយ ហើយបានមានព្រះបន្ទូលប្រាប់មនុស្សពីអ្វីដែលមាននៅក្នុងសេចក្តីសញ្ញានោះ។ ការប្រើប្រាស់សិទ្ធិអំណាចរបស់ព្រះជាម្ចាស់នេះ ត្រូវបានសម្រេចក្នុងអំឡុងពេលនៃការសន្ទនារបស់ទ្រង់ជាមួយមនុស្ស ដែលអាចនិយាយបានថា នៅមុនពេលនៃការបង្កើតមនុស្សជាតិ ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាការណែនាំ និងការបញ្ជា ដែលត្រូវបានថ្លែងទៅកាន់សត្តនិករដែលទ្រង់សព្វព្រះហឫទ័យចង់បង្កើត។ ប៉ុន្តែពេលនេះ មានមនុស្សម្នាក់ដែលស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដូច្នេះ ព្រះបន្ទូលរបស់ទ្រង់គឺជាការសន្ទនាជាមួយមនុស្សផង ហើយជាការដាស់តឿន និងការក្រើនរំលឹកដល់មនុស្សផង។ ជាងនេះទៅទៀត ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាការបញ្ជាដែលមានសិទ្ធិអំណាច និងដែលត្រូវបានចែកចាយដល់របស់សព្វសារពើទាំងអស់។

តើសកម្មភាពអ្វីរបស់ព្រះជាម្ចាស់ត្រូវបានកត់ត្រាទុកនៅក្នុងអត្ថបទខគម្ពីរ? ខគម្ពីរកត់ត្រាសេចក្តីសញ្ញាដែលព្រះជាម្ចាស់បានតាំងជាមួយមនុស្សបន្ទាប់ពីការបំផ្លាញពិភពលោករបស់ទ្រង់ដោយទឹកជំនន់។ វាប្រាប់មនុស្សថា ព្រះជាម្ចាស់នឹងមិនធ្វើឲ្យមានការបំផ្លាញពិភពលោកម្តងទៀតទេ ហើយថា ដោយហេតុនោះទើបព្រះជាម្ចាស់បានបង្កើតទីសម្គាល់មួយ។ តើទីសម្គាល់នេះជាអ្វី? នៅក្នុងបទគម្ពីរនិយាយថា «នៅគ្រប់ជំនាន់ជានិច្ចនិរន្តរ៍ គឺអញដាក់ឥន្ធ‌ធនូរបស់អញនៅក្នុងពពក ហើយឥន្ធ‌ធនូនេះនឹងបានជាទីសម្គាល់នៃសេចក្ដីសញ្ញា ដែលអញបានតាំងរវាងអញ និងផែន‌ដី។» ទាំងនេះគឺជាព្រះបន្ទូលដើមដែលព្រះអាទិករបានមានព្រះបន្ទូលទៅកាន់មនុស្សជាតិ។ នៅពេលដែលទ្រង់បានថ្លែងព្រះបន្ទូលទាំងនេះ នោះឥន្ទធនូលេចឡើងនៅចំពោះភ្នែករបស់មនុស្ស ហើយវាបានស្ថិតនៅទីនោះរហូតដល់សព្វថ្ងៃ។ គ្រប់គ្នាបានឃើញឥន្ទធនូបែបនេះ ហើយនៅពេលដែលអ្នកឃើញវា តើអ្នកដឹងទេថាវាកើតឡើងដោយរបៀបណា? វិទ្យាសាស្ត្រមិនអាចអះអាង ឬដឹងពីប្រភពរបស់វា ឬកំណត់សម្គាល់ទីកន្លែងរបស់វាបានទេ។ នោះគឺដោយសារតែឥន្ទធនូគឺជាទីសម្គាល់នៃសេចក្តីសញ្ញាដែលបានតាំងរវាងព្រះអាទិករ និងមនុស្ស។ វាមិនទាមទារមូលដ្ឋានបែបវិទ្យាសាស្ត្រ វាមិនត្រូវបានបង្កើតដោយមនុស្ស ហើយមនុស្សក៏មិនអាចកែប្រែវាបានដែរ។ វាគឺជាដំណើរបន្តនៃសិទ្ធិអំណាចរបស់ព្រះអាទិករ បន្ទាប់ពីទ្រង់ថ្លែងព្រះបន្ទូលរបស់ទ្រង់។ ព្រះអាទិករបានប្រើប្រាស់វិធីសាស្ត្រជាក់លាក់របស់ទ្រង់ផ្ទាល់ ដើម្បីគោរពតាមសេចក្តីសញ្ញា និងការសន្យារបស់ទ្រង់ជាមួយមនុស្ស។ ដូច្នេះ ការប្រើប្រាស់ឥន្ទធនូរបស់ទ្រង់ ដើម្បីធ្វើជាទីសម្គាល់នៃសេចក្តីសញ្ញាដែលទ្រង់បានតាំង គឺជាបទបញ្ជា និងច្បាប់ស្ថានសួគ៌ ដែលគួរតែស្ថិតនៅជារៀងរហូតដោយមិនផ្លាស់ប្តូរនោះទេ ទោះបីជាចំពោះព្រះអាទិករ ឬចំពោះមនុស្សជាតិដែលត្រូវបានបង្កើតក៏ដោយ។ ច្បាប់ដែលមិនអាចកែប្រែបាននេះ ត្រូវតែបាននិយាយថា គឺជាការបើកបង្ហាញដ៏ពិតមួយទៀតអំពីសិទ្ធិអំណាចរបស់ព្រះអាទិករ នៅក្រោយការបង្កើតរបស់សព្វសារពើរបស់ទ្រង់ ហើយវាត្រូវតែបាននិយាយថា សិទ្ធិអំណាច និងព្រះចេស្ដារបស់ព្រះអាទិករគឺគ្មានដែនកំណត់នោះទេ។ ការប្រើប្រាស់ឥន្ទធនូរបស់ទ្រង់ ដើម្បីធ្វើជាទីសម្គាល់ គឺជាដំណើរបន្ត និងការបន្តនៃសិទ្ធិអំណាចរបស់ព្រះអាទិករ។ នេះគឺជាសកម្មភាពមួយទៀត ដែលព្រះជាម្ចាស់បានបំពេញ ដោយប្រើប្រាស់ព្រះបន្ទូលរបស់ទ្រង់ ហើយវាគឺជាទីសម្គាល់នៃសេចក្តីសញ្ញាដែលព្រះជាម្ចាស់បានតាំងជាមួយមនុស្សដោយប្រើប្រាស់ព្រះបន្ទូលរបស់ទ្រង់។ ទ្រង់បានមានបន្ទូលប្រាប់មនុស្សនូវអ្វីដែលទ្រង់បានសម្រេចព្រះហឫទ័យថានឹងនាំមក ហើយរបៀបដែលវានឹងត្រូវបានបំពេញ និងសម្រេច។ តាមរបៀបនេះ កិច្ចការត្រូវបានសម្រេចទៅតាមព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់។ មានតែព្រះជាម្ចាស់ប៉ុណ្ណោះដែលមានអំណាចបែបនេះ ហើយសព្វថ្ងៃនេះ គឺរាប់ពាន់ឆ្នាំបន្ទាប់ពីទ្រង់បានថ្លែងព្រះបន្ទូលទាំងនេះ មនុស្សនៅតែអាចសម្លឹងមើលឃើញឥន្ទធនូ ដែលបានថ្លែងចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់ដដែល។ ដោយសារតែព្រះបន្ទូលទាំងនោះត្រូវបានថ្លែងដោយព្រះជាម្ចាស់ នោះវត្ថុនេះនៅតែមិនត្រូវបានកែប្រែ និងមិនត្រូវបានផ្លាស់ប្តូររហូតមកទល់នឹងសព្វថ្ងៃនេះ។ គ្មានអ្វីមួយអាចដកឥន្ទធនូនេះចេញបានទេ គ្មានអ្វីអាចផ្លាស់ប្តូរច្បាប់របស់វាបានទេ ហើយវាស្ថិតនៅដោយសារតែព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ នេះគឺជាសិទ្ធិអំណាចរបស់ព្រះជាម្ចាស់យ៉ាងច្បាស់លាស់។ «ព្រះជាម្ចាស់ល្អដូចជាព្រះបន្ទូលរបស់ទ្រង់ ហើយព្រះបន្ទូលរបស់ទ្រង់នឹងត្រូវបានសម្រេច ហើយអ្វីដែលទ្រង់បានសម្រេចស្ថិតនៅអស់កល្បជានិច្ច។» ព្រះបន្ទូលនេះ ត្រូវបានបង្ហាញយ៉ាងច្បាស់នៅទីនេះ ហើយវាគឺជាទីសម្គាល់ និងជាចរិកលក្ខណៈនៃសិទ្ធិអំណាច និងព្រះចេស្ដារបស់ព្រះជាម្ចាស់។ ទីសម្គាល់ និងចរិកលក្ខណៈបែបនេះ គឺមិនអាចមាន ឬត្រូវបានឃើញនៅក្នុងភាវៈដែលត្រូវបានបង្កើតណាមួយ ឬត្រូវបានឃើញនៅក្នុងភាវៈដែលមិនត្រូវបានបង្កើតណាមួយឡើយ។ វាជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់តែមួយអង្គគត់ ហើយវាញែកអត្តសញ្ញាណ និងលក្ខណៈសំខាន់ដែលកាន់កាប់ដោយព្រះអាទិករប៉ុណ្ណោះ ចេញពីអត្តសញ្ញាណ និងលក្ខណៈសំខាន់របស់សត្តនិករ។ ស្របពេលជាមួយគ្នានេះ វាក៏ជាទីសម្គាល់ និងជាចរិកលក្ខណៈដែលបញ្ជាក់ថា ក្រៅពីព្រះជាម្ចាស់ផ្ទាល់ព្រះអង្ក គ្មានភាវៈណាមួយអាចលើសបានឡើយ ទោះជាភាវៈដែលត្រូវបានបង្កើតមក និងភាវៈដែលមិនត្រូវបានបង្កើតមកក្ដី។

ការតាំងសញ្ញារបស់ព្រះជាម្ចាស់ជាមួយមនុស្ស គឺជាសកម្មភាពដែលមានសារៈសំខាន់ដ៏អស្ចារ្យមួយ ដែលទ្រង់សព្វព្រះហឫទ័យចង់ប្រើប្រាស់ដើម្បីនាំការពិតមួយទៅកាន់មនុស្ស ហើយប្រាប់មនុស្សអំពីបំណងព្រះហឫទ័យរបស់ទ្រង់។ ដោយសារមូលហេតុនេះ ទើបទ្រង់បានប្រើប្រាស់វិធីសាស្ត្រតែមួយគត់ ដោយការប្រើប្រាស់ទីសម្គាល់ពិសេសមួយដើម្បីតាំងសញ្ញាជាមួយមនុស្ស គឺជាទីសម្គាល់ដែលជាការសន្យានៃសេចក្តីសញ្ញាដែលទ្រង់បានតាំងជាមួយមនុស្ស។ ដូច្នេះ តើការតាំងសញ្ញា គឺជាហេតុការណ៍ដ៏អស្ចារ្យឬទេ? តើវាអស្ចារ្យបែបណា? នេះគឺពិតជាអ្វីដែលពិសេសណាស់អំពីសេចក្តីសញ្ញា៖ វាមិនត្រឹមតែជាសេចក្តីសញ្ញាដែលបានតាំងរវាងមនុស្សម្នាក់ និងមនុស្សម្នាក់ ឬរវាងក្រុមមួយនិងក្រុមមួយ ឬរវាងប្រទេសមួយនិងប្រទេសមួយនោះទេ ប៉ុន្តែ វាគឺជាសេចក្តីសញ្ញាមួយដែលត្រូវបានតាំងរវាងព្រះអាទិករ និងមនុស្សជាតិទាំងមូល ហើយវានៅតែមានសុពលភាពរហូតដល់ថ្ងៃដែលព្រះអាទិករបំផ្លាញរបស់សព្វសារពើ។ អ្នកប្រតិបត្តិនៃសេចក្តីសញ្ញានេះ គឺជាព្រះអាទិករ ហើយអ្នកថែរក្សារបស់វាក៏ជាព្រះអាទិករដែរ។ សរុបមក សេចក្តីសញ្ញាឥន្ទធនូទាំងមូលដែលត្រូវបានតាំងជាមួយមនុស្សជាតិ ត្រូវបានបំពេញ និងត្រូវបានសម្រេច ដោយផ្អែកលើការសន្ទនារវាងព្រះអាទិករ និងមនុស្សជាតិ ហើយវាបានស្ថិតនៅរហូតមកទល់នឹងសព្វថ្ងៃនេះ។ តើសត្តនិករអាចធ្វើអ្វីបានទៀត ក្រៅពីថ្វាយខ្លួន ស្តាប់បង្គាប់ ជឿ សរសើរ ធ្វើជាទីបន្ទាល់ និងសរសើរតម្កើងសិទ្ធិអំណាចរបស់ព្រះអាទិករនោះ? គ្មានអ្វីមួយក្រៅពីព្រះជាម្ចាស់តែមួយអង្គគត់ ដែលមានព្រះចេស្ដាដើម្បីតាំងសញ្ញាបែបនេះទេ។ ការលេចមកនូវឥន្ទធនូម្តងហើយម្តងទៀត គឺជាការប្រកាសដល់មនុស្សជាតិ និងជាការដាស់ការចាប់អាម្មណ៍របស់គេទៅលើសេចក្តីសញ្ញារវាងព្រះអាទិករ និងមនុស្សជាតិ។ នៅក្នុងការលេចមកជាបន្តបន្ទាប់នៃសេចក្តីសញ្ញារវាងព្រះអាទិករ និងមនុស្សជាតិ អ្វីដែលត្រូវបានបង្ហាញដល់មនុស្ស មិនមែនជាឥន្ទធនូ ឬជាសេចក្តីសញ្ញនោះទេ ប៉ុន្តែគឺជាសិទ្ធិអំណាចដែលមិនអាចផ្លាស់ប្តូរបានរបស់ព្រះអាទិករវិញ។ ការលេចមកវិញរបស់ឥន្ទធនូ បង្ហាញពីទង្វើដ៏អស្ចារ្យ និងសម្បើមរបស់ព្រះអាទិករនៅទីកន្លែងអាថ៌កំបាំង ហើយស្របពេលជាមួយគ្នានេះ ការលេចមកវិញរបស់ឥន្ទធនូ គឺជាការឆ្លុះបញ្ចាំងដ៏សំខាន់មួយអំពីសិទ្ធិអំណាចរបស់ព្រះអាទិករ ដែលនឹងមិនដែលបាត់បង់ និងមិនដែលផ្លាស់ប្តូរឡើយ។ តើនេះមិនមែនជាការបង្ហាញពីទិដ្ឋភាពមួយទៀត នៃសិទ្ធិអំណាចរបស់ព្រះអាទិករទេឬ?

៣. ព្រះពររបស់ព្រះជាម្ចាស់

លោកុប្ប្តត្តិ ១៧:៤-៦ មើល៍ សម្រាប់អញ សេចក្តីសញ្ញារបស់អញគឺនៅជាមួយឯង ហើយឯងនឹងក្លាយជាឪពុកនៃជាតិសាសន៍ជាច្រើន។ ឈ្មោះរបស់ឯងនឹងលែងហៅថា អាប់‌រ៉ាម ទៀតហើយ គឺត្រូវហៅថា អ័ប្រា‌ហាំ វិញ ព្រោះអញបានបង្កើតឯងមកឲ្យក្លាយជាឪពុកនៃជាតិសាសន៍ជាច្រើន។ អញនឹងធ្វើឲ្យឯងមានកូនចៅដ៏ច្រើនឥតគណនា ហើយអញនឹងធ្វើឲ្យមានប្រជាជាតិផ្សេងៗកើតចេញពីឯង ហើយស្តេចជាច្រើនក៏នឹងកើតចេញពីឯងដែរ។

លោកុប្បត្តិ ១៨:១៨-១៩ អ័ប្រា‌ហាំនឹងក្លាយជាប្រជាជាតិមួយដ៏ធំ និងខ្លាំងពូកែ ហើយប្រជាជាតិទាំងអស់នៅលើផែន‌ដីនឹងបានពរ តាមរយៈគាត់។ ដ្បិតអញដឹងថា គាត់នឹងបង្គាប់កូនចៅ និងក្រុមគ្រួសាររបស់គាត់ដែលកើតមកតាមក្រោយ ឲ្យកាន់តាមផ្លូវរបស់ព្រះ‌យេហូវ៉ា ដោយប្រព្រឹត្តសេចក្តីយុត្តិធម៌ និងសេចក្តីទៀងត្រង់ ដើម្បីឲ្យព្រះ‌យេហូវ៉ាបានសម្រេចដល់អ័ប្រា‌ហាំ តាមសេចក្ដីដែលទ្រង់បានសន្យានឹងគាត់។

លោកុប្បត្តិ ២២:១៦-១៨ ព្រះយេហូវ៉ាមានបន្ទូលថា អញបានស្បថដោយនាមរបស់អញហើយថា ដោយព្រោះតែឯងបានធ្វើដូច្នេះ ហើយមិនបានសំចៃទុកកូនប្រុសតែមួយរបស់ឯង គឺជាកូនប្រុសតែម្នាក់គត់នោះ៖ ដើម្បីឲ្យមានព្រះពរ នោះអញនឹងប្រទានពរដល់ឯង ហើយចំពោះការចម្រើនឡើងវិញ អញនឹងពហុគុណដល់ពូជឯងដូចជាផ្កាយនៅលើមេឃ ហើយដូចជាគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រ ហើយពូជឯងនឹងគ្រប់គ្រងទ្វារនៃពួកខ្មាំងសត្រូវរបស់គេ។ ហើយប្រជាជាតិទាំងអស់នៅលើផែនដីនឹងបានពរ ដោយសារពូជឯង ដ្បិតឯងបានស្ដាប់តាមព្រះសូរសៀងរបស់អញ។

យ៉ូប ៤២:១២ ហេតុនោះ ព្រះយេហូវ៉ាក៏ប្រទានពរយ៉ូប ក្នុងគ្រាក្រោយនោះ លើសជាងពីគ្រាដំបូងផង ដ្បិតគាត់មានចៀមរហូតដល់ទៅមួយម៉ឺនបួនពាន់ក្បាល និងអូដ្ឋប្រាំមួយពាន់ក្បាល មានគោមួយពាន់នឹម និងលាញីមួយពាន់ក្បាល។

ឥរិយាបថ និងបុគ្គលិកលក្ខណៈតែមួយគត់នៃព្រះសូរសៀងរបស់ព្រះអាទិករ គឺជានិមិត្តសញ្ញានៃអត្តសញ្ញាណ និងសិទ្ធិអំណាចតែមួយគត់របស់ព្រះអាទិករ

មនុស្សជាច្រើចង់ស្វែងរក និងទទួលព្រះពររបស់ព្រះជាម្ចាស់ ប៉ុន្តែមិនមែនគ្រប់គ្នាអាចទទួលព្រះពរទាំងនេះបានទេ ដោយសារព្រះជាម្ចាស់មានគោលការណ៍របស់ទ្រង់ផ្ទាល់ ហើយប្រទានពរដល់មនុស្សទៅតាមវិធីរបស់ទ្រង់ផ្ទាល់។ សេចក្តីសន្យាដែលព្រះជាម្ចាស់ធ្វើចំពោះមនុស្ស និងចំនួននៃព្រះគុណដែលទ្រង់ប្រទានដល់មនុស្ស គឺត្រូវបានបែងចែកទៅតាមគំនិត និងសកម្មភាពរបស់មនុស្ស។ ដូច្នេះ តើព្រះពររបស់ព្រះជាម្ចាស់បង្ហាញពីអ្វី? តើអ្វីដែលមនុស្សអាចមើលឃើញនៅក្នុងព្រះពរទាំងនោះ? នៅត្រង់ចំណុចនេះ ចូរយើងទុកការពិភាក្សាអំពីប្រភេទរបស់មនុស្សដែលព្រះជាម្ចាស់ប្រទានពរ និងគោលការណ៍នៃព្រះពររបស់ព្រះជាម្ចាស់ចំពោះមនុស្សមួយឡែកសិន។ ផ្ទុយទៅវិញ ចូរយើងមើលព្រះពររបស់ព្រះជាម្ចាស់ចំពោះមនុស្ស ក្នុងគោលបំណងដើម្បីស្គាល់ពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ចេញពីទស្សនៈនៃការស្គាល់សិទ្ធិអំណាចរបស់ព្រះជាម្ចាស់។

អត្ថបទខគម្ពីរនៃបទគម្ពីរទាំងបួនខាងលើ សុទ្ធតែកត់ត្រាអំពីព្រះពររបស់ព្រះជាម្ចាស់សម្រាប់មនុស្ស។ ខគម្ពីរទាំងនោះផ្តល់នូវការពណ៌នាដ៏លម្អិតមួយអំពីអ្នកទទួលព្រះពររបស់ព្រះជាម្ចាស់ ដូចជាលោកអ័ប្រាហាំ និងលោកយ៉ូបជាដើម ក៏ដូចជាមូលហេតុដែលព្រះជាម្ចាស់ប្រទានព្រះពររបស់ទ្រង់ និងអ្វីដែលមាននៅក្នុងព្រះពរទាំងនេះដែរ។ សូរ និងលក្ខណៈនៃព្រះសូរសៀងរបស់ព្រះជាម្ចាស់ ព្រមទាំងទស្សនៈ និងគោលជំហរដែលទ្រង់បានមានព្រះបន្ទូល អនុញ្ញាតឲ្យមនុស្សសរសើរថា ព្រះមួយអង្គដែលប្រទានព្រះពរ និងអ្នកទទួលព្រះពរបែបនេះ គឺមានអត្តសញ្ញាណ ឋានៈ និងលក្ខណៈសំខាន់ខុសគ្នាទាំងស្រុង។ សូរ និងលក្ខណៈនៃព្រះសូរសៀងទាំងនេះ ព្រមទាំងគោលជំហរដែលព្រះបន្ទូលទាំងនេះត្រូវបានមានព្រះបន្ទូល គឺមានតែមួយគត់សម្រាប់ព្រះជាម្ចាស់ ដែលមានអត្តសញ្ញាណរបស់ព្រះអាទិករ។ ទ្រង់មានសិទ្ធិអំណាច និងសព្វានុភាព ក៏ដូចជាកិត្តិយសរបស់ព្រះអាទិករ ព្រមទាំងឫទ្ធានុភាពដែលមិនធ្វើឲ្យមនុស្សណាម្នាក់សង្ស័យនោះឡើយ។

ដំបូង ចូរយើងមើលកណ្ឌគម្ពីរលោកុប្បត្តិ ជំពូក ១៧៖ ៤-៦៖ «មើល៍ សម្រាប់អញ សេចក្តីសញ្ញារបស់អញគឺនៅជាមួយឯង ហើយឯងនឹងក្លាយជាឪពុកនៃជាតិសាសន៍ជាច្រើន។ ឈ្មោះរបស់ឯងនឹងលែងហៅថា អាប់‌រ៉ាម ទៀតហើយ គឺត្រូវហៅថា អ័ប្រា‌ហាំ វិញ ព្រោះអញបានបង្កើតឯងមកឲ្យក្លាយជាឪពុកនៃជាតិសាសន៍ជាច្រើន។ អញនឹងធ្វើឲ្យឯងមានកូនចៅដ៏ច្រើនឥតគណនា ហើយអញនឹងធ្វើឲ្យមានប្រជាជាតិផ្សេងៗកើតចេញពីឯង ហើយស្តេចជាច្រើនក៏នឹងកើតចេញពីឯងដែរ។» ព្រះបន្ទូលទាំងនេះ គឺជាសេចក្តីសញ្ញាដែលព្រះជាម្ចាស់បានតាំងជាមួយលោកអ័ប្រាហាំ ក៏ដូចជាព្រះពររបស់ព្រះជាម្ចាស់ចំពោះលោកអ័ប្រាហាំដែរ៖ ព្រះជាម្ចាស់នឹងធ្វើឲ្យលោកអ័ប្រាហាំក្លាយជាឪពុកនៃជាតិសាសន៍នានា ធ្វើឲ្យគាត់បង្កើតកូនសុសសាយ ព្រមទាំងធ្វើឲ្យនគរផ្សេងៗកើតចេញពីគាត់ និងធ្វើឲ្យស្តេចកើតចេញពីគាត់ដែរ។ តើអ្នកឃើញពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់នៅក្នុងព្រះបន្ទូលទាំងនេះទេ? ធ្វើដូចម្តេចទើបអ្នកឃើញសិទ្ធិអំណាចបែបនេះ? តើទិដ្ឋភាពនៃលក្ខណៈសំខាន់ណាមួយនៃសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ដែលអ្នកឃើញ? តាមរយៈការអានព្រះបន្ទូលទាំងនេះដោយយកចិត្តទុកដាក់ វាមិនលំបាកនោះទេក្នុងការរកឲ្យឃើញថា សិទ្ធិអំណាច និងអត្តសញ្ញាណរបស់ព្រះជាម្ចាស់ ត្រូវបានបើកសម្តែងយ៉ាងច្បាស់នៅក្នុងការប្រើប្រាស់ពាក្យពេចន៍នៃព្រះសូរសៀងរបស់ព្រះជាម្ចាស់នោះ។ ឧទាហរណ៍ នៅពេលដែលព្រះជាម្ចាស់មានព្រះបន្ទូល «សេចក្តីសញ្ញារបស់អញគឺនៅជាមួយឯង ឯងនឹងក្លាយជា... អញបានបង្កើតឯង…អញនឹងធ្វើឲ្យឯង...» ឃ្លាដូចជា «ឯងនឹង» និង «អញនឹង» ដែលពាក្យពេចន៍របស់ឃ្លាទាំងនេះមានការអះអាងអំពីអត្តសញ្ញាណ និងសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ដែលម៉្យាងគឺជាការចង្អុលបង្ហាញអំពីភាពស្មោះត្រង់របស់ព្រះអាទិករ និងម៉្យាងទៀត ឃ្លាទាំងនេះគឺជាព្រះបន្ទូលពិសេសដែលត្រូវបានប្រើដោយព្រះជាម្ចាស់ ដែលមានអត្តសញ្ញាណរបស់ព្រះអាទិករ ក៏ដូចជាផ្នែកមួយនៃពាក្យពេចន៍ធម្មតាដែរ។ ប្រសិនបើនរណាម្នាក់និយាយថា ពួកគេសង្ឃឹមថាមនុស្សម្នាក់ទៀតនឹងបង្កើតកូនសុសសាយ សង្ឃឹមថានគរផ្សេងៗនឹងកើតចេញពីគាត់ និងសង្ឃឹមថាស្តេចនានានឹងកើតចេញពីគាត់ នោះការនិយាយបែបនោះពិតជាការជូនពរមួយប្រភេទ មិនមែនជាសេចក្តីសន្យា ឬជាព្រះពរមួយនោះទេ។ ដូច្នេះ មនុស្សមិនហ៊ាននិយាយថា «ខ្ញុំនឹងធ្វើឲ្យអ្នកដូច្នេះ ធ្វើឲ្យអ្នកដូច្នោះ អ្នកនឹងដូច្នេះ អ្នកនឹងដូច្នោះ...» នោះទេ ដោយសារពួកគេដឹងថា ពួកគេមិនមានអំណាចបែបនោះឡើយ។ វាមិនអាស្រ័យលើពួកគេនោះទេ ហើយទោះបីជាពួកគេនិយាយបែបនោះក៏ដោយ ក៏ពាក្យសម្ដីរបស់ពួកគេនឹងគ្មានន័យអ្វីឡើយ ព្រោះពាក្យសម្ដីទាំងនោះត្រូវបានដឹកនាំដោយចំណង់ និងមហិច្ឆតា។ តើមាននរណាម្នាក់ហ៊ាននិយាយសម្លេងធំបែបនោះឬទេ ប្រសិនបើពួកគេមានអារម្មណ៍ថា ពួកគេមិនអាចសម្រេចបំណងប្រាថ្នារបស់ពួកគេផងនោះ? គ្រប់គ្នាជូនពរបានយ៉ាងល្អសម្រាប់កូនចៅរបស់ពួកគេ ហើយពួកគេសង្ឃឹមថា ពួកគេនឹងធ្វើបានល្អ ព្រមទាំងរីករាយនឹងជោគជ័យដ៏ឧត្តុង្គឧត្តម។ «គឺជាសំណាងដ៏អស្ចារ្យណាស់ដែលមានម្នាក់ក្នុងចំណោមពួកគេក្លាយជាព្រះចៅអធិរាជ! ប្រសិនបើមនុស្សម្នាក់ក្លាយជាអភិបាលខេត្ត នោះក៏ជាការល្អដែរ ត្រឹមតែបែបនោះ ពួកគេជាមនុស្សម្នាក់ដែលសំខាន់ទៅហើយ!» នេះគឺជាការជូនពររបស់មនុស្ស ប៉ុន្តែមនុស្សអាចត្រឹមតែជូនពរដល់កូនចៅរបស់ពួកគេប៉ុណ្ណោះ ហើយមិនអាចសម្រេចបាន ឬមិនអាចធ្វើឲ្យសេចក្តីសន្យារបស់ពួកគេណាមួយក្លាយជាការពិតនោះទេ។ នៅក្នុងចិត្តរបស់ពួកគេ គ្រប់គ្នាដឹងយ៉ាងច្បាស់ថា ពួកគេមិនអាចមានអំណាចដើម្បីសម្រេចរឿងបែបនេះបាននោះទេ ដោយសារគ្រប់យ៉ាងនៃរឿងរ៉ាវទាំងនេះ គឺហួសពីការគ្រប់គ្រងរបស់ពួកគេ ដូច្នេះ តើធ្វើដូចម្តេចទើបពួកគេអាចបញ្ជាជោគវាសនារបស់អ្នកដទៃកើតទៅ? មូលហេតុដែលព្រះជាម្ចាស់អាចថ្លែងនូវព្រះបន្ទូលដូចនេះ គឺដោយសារតែព្រះជាម្ចាស់មានសិទ្ធិអំណាចបែបនេះ ហើយទ្រង់អាចសម្រេច និងទទួលបាននូវសេចក្តីសន្យាដែលទ្រង់ធ្វើចំពោះមនុស្ស ព្រមទាំងធ្វើឲ្យព្រះពរទាំងអស់ដែលទ្រង់ប្រទានដល់មនុស្សក្លាយជាការពិត។ មនុស្សត្រូវបានព្រះជាម្ចាស់បង្កើត ហើយចំពោះព្រះជាម្ចាស់ ដើម្បីធ្វើឲ្យនរណាម្នាក់បង្កើតកូនចៅសុសសាយ គឺជារឿងងាយស្រួលដូចជាការលេងរបស់កូនក្មេងអ៊ីចឹង ដើម្បីធ្វើឲ្យកូនចៅនរណាម្នាក់រីកចម្រើន នឹងមិនត្រូវការអ្វីក្រៅពីព្រះបន្ទូលមួយម៉ាត់ពីទ្រង់នោះទេ។ ទ្រង់នឹងមិនធ្វើឲ្យព្រះអង្គផ្ទាល់ហូរញើសដោយសារតែរឿងបែបនេះនោះទេ ឬធ្វើឲ្យព្រះអង្គផ្ទាល់ជាប់ចំណងដោយសារវានោះដែរ។ នេះគឺជាអំណាចតែមួយគត់របស់ព្រះជាម្ចាស់ ដែលជាសិទ្ធិអំណាចតែមួយគត់របស់ព្រះជាម្ចាស់។

បន្ទាប់ពីអាន «អ័ប្រា‌ហាំនឹងក្លាយជាប្រជាជាតិមួយដ៏ធំ និងខ្លាំងពូកែ ហើយប្រជាជាតិទាំងអស់នៅលើផែន‌ដីនឹងបានពរ តាមរយៈគាត់» នៅក្នុងព្រះគម្ពីរលោកុប្បត្តិ ជំពូក ១៨៖១៨ តើអ្នករាល់គ្នាមានអារម្មណ៍អំពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ឬទេ? តើអ្នកអាចដឹងពីភាពពិសេសរបស់ព្រះអាទិករឬទេ? តើអ្នកអាចដឹងពីភាពឧត្តុង្គឧត្តមបំផុតរបស់ព្រះអាទិករឬទេ? ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាក់ច្បាស់។ ព្រះជាម្ចាស់មានព្រះបន្ទូលបែបនោះ មិនមែនដោយសារ ឬជាតំណាងនៃភាពជឿជាក់របស់ទ្រង់នៅក្នុងភាពជោគជ័យនោះទេ។ ផ្ទុយទៅវិញ ព្រះបន្ទូលទាំងនោះ បញ្ជាក់ពីសិទ្ធិអំណាចនៃព្រះសូរសៀងរបស់ព្រះជាម្ចាស់ និងជាបទបញ្ជាដែលធ្វើឲ្យព្រះបន្ទូលរបស់ព្រះជាម្ចាស់បានសម្រេច។ មានសំនួនសេចក្ដីពីរដែលអ្នករាល់គ្នាគួរតែយកចិត្តទុកដាក់នៅទីនេះ។ នៅពេលដែលព្រះជាម្ចាស់មានព្រះបន្ទូល «អ័ប្រា‌ហាំនឹងក្លាយជាប្រជាជាតិមួយដ៏ធំ និងខ្លាំងពូកែ ហើយប្រជាជាតិទាំងអស់នៅលើផែន‌ដីនឹងបានពរ តាមរយៈគាត់» តើមានផ្នែកមិនច្បាស់លាស់ណាមួយនៅក្នុងព្រះបន្ទូលទាំងនេះឬទេ? តើមានបញ្ហាណាមួយឬទេ? តើមានសេចក្តីភ័យខ្លាចណាមួយឬទេ? ដោយសារពាក្យ «នឹងពិតប្រាកដ» និង «នឹងបាន» នៅក្នុងព្រះសូរសៀងរបស់ព្រះជាម្ចាស់ ធាតុផ្សំទាំងនេះដែលជាចំណុចពិសេសសម្រាប់មនុស្ស និងតែងតែត្រូវបានបង្ហាញឲ្យឃើញនៅក្នុងខ្លួនគេ មិនដែលមានទំនាក់ទំនងណាមួយចំពោះព្រះអាទិករនោះទេ។ គ្មាននរណាម្នាក់នឹងហ៊ានប្រើពាក្យបែបនេះ នៅពេលដែលពួកគេជូនពរឲ្យអ្នកដទៃបានល្អប្រសើរនោះទេ គ្មាននរណាម្នាក់ហ៊ានជូនពរអ្នកដទៃដោយភាពច្បាស់លាស់ ដូចជាការផ្តល់ឲ្យពួកគេនូវនគរដ៏ធំ និងពូកែ ឬសន្យាថាគ្រប់ទាំងសាសន៍នៅផែនដីនឹងបានពរដោយសារគាត់នោះទេ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់កាន់តែច្បាស់លាស់យ៉ាងណា នោះវាកាន់តែអះអាងយ៉ាងច្បាស់អំពីអ្វីម្យ៉ាងយ៉ាងនោះដែរ ហើយតើអ្វីម្យ៉ាងនោះ គឺជាអ្វីទៅ? ព្រះបន្ទូលនោះអះអាងថា ព្រះជាម្ចាស់មានសិទ្ធិអំណាចបែបនេះ ព្រះបន្ទូលនោះអះអាងថា សិទ្ធិអំណាចរបស់ទ្រង់អាចសម្រេចបានអ្វីៗទាំងនេះ ហើយអះអាងថា ការសម្រេចបានរបស់អ្វីៗទាំងនេះ គឺមិនអាចជៀសវាងរួចនោះទេ។ ព្រះជាម្ចាស់ច្បាស់លាស់នៅក្នុងព្រះហឫទ័យរបស់ទ្រង់ ដោយគ្មានការស្ទាក់ស្ទើរសូម្បីតែបន្តិច។ ជាមួយនឹងភាពច្បាស់លាស់ទាំងអស់នោះហើយដែលទ្រង់បានប្រទានពរដល់អ័ប្រាហាំ។ ជាងនេះទៅទៀត ដំណើរការទាំងមូលនេះនឹងអាចសម្រេចបានទៅតាមព្រះបន្ទូលរបស់ទ្រង់ ហើយគ្មានកម្លាំងណាមួយអាចកែប្រែ រាំងស្ទះ បំផ្លាញ ឬរំខានដល់ការសម្រេចរបស់វានោះឡើយ។ មិនថាមានអ្វីផ្សេងបានកើតឡើងនោះទេ គ្មានអ្វីអាចបដិសេធ ឬមានឥទ្ធិពលលើការសម្រេច និងការបំពេញតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។ នេះគឺជាសព្វានុភាពតែមួយគត់នៃព្រះបន្ទូលដែលថ្លែងចេញពីព្រះឱស្ឋរបស់ព្រះអាទិករ និងជាសិទ្ធិអំណាចរបស់ព្រះអាទិករដែលមនុស្សមិនអាចបដិសេធបាន! ដោយបានអានព្រះបន្ទូលទាំងនេះ តើអ្នកនៅតែមានអារម្មណ៍សង្ស័យឬទេ? ព្រះបន្ទូលទាំងនេះ ត្រូវបានថ្លែងចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់ ហើយមានអំណាច ឫទ្ធានុភាព និងសិទ្ធិអំណាចនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ភាវៈដែលព្រះជាម្ចាស់បានបង្កើត និងភាវៈដែលព្រះជាម្ចាស់មិនបានបង្កើត មិនអាចទទួលបានសព្វានុភាព និងសិទ្ធិអំណាចបែបនេះ ព្រមទាំងភាពជៀសមិនរួចនៃការសម្រេចបានការពិតនោះទេ ហើយភាវៈដែលព្រះជាម្ចាស់បានបង្កើត និងភាវៈដែលព្រះជាម្ចាស់មិនបានបង្កើត មិនមានសមត្ថភាពពូកែជាងនេះនោះទេ។ ព្រះអាទិករអាចសន្ទនាជាមួយមនុស្សដោយប្រើព្រះសូរសៀង និងសូរបែបនេះ ហើយការពិតបានបញ្ជាក់ថា សេចក្តីសន្យារបស់ទ្រង់មិនមែនជាពាក្យទទេស្អាត ឬជាអំនួតដែលឥតខ្លឹមសារនោះទេ ប៉ុន្តែសេចក្តីសន្យារបស់ទ្រង់គឺជាការថ្លែងអំពីសិទ្ធិអំណាចតែមួយគត់ដែលគ្មានមនុស្សណាម្នាក់ ឬវត្ថុណាមួយអាចមានសមត្ថភាពពូកែជាងនេះនោះទេ។

តើអ្វីជាភាពខុសគ្នារវាងព្រះបន្ទូលដែលព្រះជាម្ចាស់មានព្រះបន្ទូល និងពាក្យសម្តីដែលមនុស្សនិយាយ? នៅពេលដែលអ្នកអានព្រះបន្ទូលដែលព្រះជាម្ចាស់មានព្រះបន្ទូលទាំងនេះ អ្នកដឹងពីសព្វានុភាពនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងសិទ្ធិអំណាចរបស់ព្រះជាម្ចាស់។ តើអ្នកមានអារម្មណ៍យ៉ាងណានៅពេលដែលអ្នកស្តាប់ឮមនុស្សនិយាយពាក្យបែបនេះ? តើអ្នកគិតថាពួកគេពិតជាក្រអឺតក្រទម និងអួតអាងខ្លាំងណាស់ និងជាមនុស្សដែលសំញែងខ្លួនឯងមែនទេ? ដោយសារតែពួកគេគ្មានអំណាចទាំងនេះ នោះពួកគេពិតជាមិនមានសម្ថភាពក្នុងការសម្រេចបានរឿងរ៉ាវបែបនេះទេ។ អ្វីដែលពួកគេប្រាកដខ្លាំងអំពីសេចក្តីសន្យារបស់ពួកគេ គ្រាន់តែបង្ហាញពីភាពធ្វេសប្រហែសនៃពាក្យសម្តីរបស់ពួកគេប៉ុណ្ណោះ។ ប្រសិនបើនរណាម្នាក់និយាយពាក្យបែបនេះ នោះមិនបាច់សង្ស័យទេ ពួកគេគឺជាមនុស្សក្រអឺតក្រទម និងជឿជាក់ជ្រុល ហើយពួកគេនឹងបង្ហាញខ្លួនឯងថា ជាឧទាហរណ៍បុរាណមួយអំពីនិស្ស័យរបស់មហាទេវតា។ ព្រះបន្ទូលទាំងនេះចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់ តើអ្នកដឹងថាមានធាតុនៃភាពក្រអឺតក្រទមនៅទីនេះទេ? តើអ្នកមានអារម្មណ៍ថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់គ្រាន់តែជាភាពកំប្លែងមួយឬទេ? ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាសិទ្ធិអំណាច ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាការពិត ហើយនៅមុនពេលដែលព្រះបន្ទូលត្រូវបានថ្លែងចេញពីព្រះឱស្ឋរបស់ទ្រង់ ពោលគឺ ខណៈដែលទ្រង់កំពុងតែសម្រេចព្រះហឫទ័យធ្វើអ្វីមួយ រឿងនោះបានសម្រេចរួចទៅហើយ។ មានន័យថា គ្រប់យ៉ាងដែលព្រះជាម្ចាស់បានមានបន្ទូលទៅកាន់លោកអ័ប្រាហាំ គឺជាសេចក្តីសញ្ញាដែលព្រះជាម្ចាស់បានតាំងជាមួយលោកអ័ប្រាហាំ ហើយគឺជាសេចក្តីសន្យាដែលព្រះជាម្ចាស់ធ្វើចំពោះលោកអ័ប្រាហាំ។ សេចក្តីសន្យានេះ គឺជាការពិតដែលត្រូវបានតាំង ក៏ដូចជាការពិតដែលត្រូវបានសម្រេចដែរ ហើយការពិតទាំងនេះគឺត្រូវបានសម្រេចបន្តិចម្តងៗនៅក្នុងព្រះតម្រិះរបស់ព្រះជាម្ចាស់ ដោយផ្អែកលើផែនការរបស់ព្រះជាម្ចាស់។ ដូច្នេះ ចំពោះព្រះជាម្ចាស់ ដែលថ្លែងព្រះបន្ទូលបែបនេះ មិនមែនមានន័យថា ទ្រង់មាននិស្ស័យក្រអឺតក្រទមនោះទេ តែគឺដោយសារព្រះជាម្ចាស់អាចសម្រេចអ្វីៗបែបនេះបាន។ ទ្រង់មានព្រះចេស្ដា និងសិទ្ធិអំណាចនេះ ហើយទ្រង់មានសមត្ថភាពពេញលេញក្នុងការសម្រេចបានការពិតទាំងនេះ ហើយការសម្រេចបាននូវការពិតទាំងនេះ គឺស្ថិតនៅលើសមត្ថភាពរបស់ទ្រង់ទាំងស្រុង។ នៅពេលដែលព្រះបន្ទូលបែបនេះត្រូវបានថ្លែងចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់ ព្រះបន្ទូលទាំងនេះគឺជាការបើកសម្តែង និងជាការបង្ហាញពីនិស្ស័យពិតរបស់ព្រះជាម្ចាស់ គឺជាការបើកសម្តែង និងជាការបង្ហាញដ៏គ្រប់លក្ខណ៍អំពីលក្ខណៈសំខាន់ និងសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ហើយគ្មានអ្វីដែលទំនង និងសមស្របដូចជាអំណះអំណាងនៃអត្តសញ្ញាណរបស់ព្រះអាទិករនោះទេ។ លក្ខណៈ សូរ និងការប្រើពាក្យពេចន៍នៃព្រះសូរសៀងបែបនេះ គឺច្បាស់ជាសញ្ញាសម្គាល់ពីអត្តសញ្ញាណរបស់ព្រះអាទិករ ហើយស្របគ្នាឥតខ្ចោះទៅនឹងការបង្ហាញពីអត្តសញ្ញាណរបស់ព្រះជាម្ចាស់ផ្ទាល់។ នៅក្នុងព្រះសូរសៀងទាំងនេះ គ្មានការធ្វើពុត គ្មានភាពមិនបរិសុទ្ធនោះទេ។ ព្រះសូរសៀងទាំងនេះ គឺជាការគូសបញ្ជាក់ដ៏ឥតខ្ចោះ ពិតប្រាកដ និងទាំងស្រុងអំពីលក្ខណៈសំខាន់ និងសិទ្ធិអំណាចរបស់ព្រះអាទិករ។ ចំពោះសត្តនិករទាំងឡាយ ពួកវាមិនមានសិទ្ធិអំណាច និងលក្ខណៈសំខាន់នេះទេ ពួកវាថែមទាំងមិនមានអំណាចដែលព្រះជាម្ចាស់ប្រទានឲ្យទៀតផង។ ប្រសិនបើមនុស្សក្បត់នឹងអាកប្បកិរិយាបែបនេះ នោះវាពិតជាការបញ្ចេញនិស្ស័យពុករលួយរបស់គេជាមិនខាន ហើយដោយសារឫសគល់នៃរឿងនេះ ទើបធ្វើឲ្យប៉ះពាល់ដល់ភាពក្រអឺតក្រទម និងមហិច្ឆតាព្រៃរបស់មនុស្ស ហើយជាការបើកបង្ហាញពីបំណងអាក្រក់របស់អារក្ស និងសាតាំង ដែលចង់បោកបញ្ឆោតមនុស្ស និងល្បួងពួកគេឲ្យក្បត់ព្រះជាម្ចាស់ គឺគ្មាននរណាផ្សេងនោះទេ។ តើធ្វើដូចម្តេចទើបព្រះជាម្ចាស់ទទួលស្គាល់អ្វីដែលត្រូវបានបើកសម្តែងតាមភាសាបែបនេះ? ព្រះជាម្ចាស់អាចនឹងមានព្រះបន្ទូលថា អ្នកចង់ដណ្តើមយកទីកន្លែងរបស់ទ្រង់ ហើយថា អ្នកចង់ដើរតួជាទ្រង់ និងចង់ជំនួសទ្រង់។ នៅពេលដែលអ្នកយកតម្រាប់តាមសូរនៃព្រះសូរសៀងរបស់ព្រះជាម្ចាស់ គោលបំណងរបស់អ្នកគឺដើម្បីជំនួសទីកន្លែងរបស់ព្រះជាម្ចាស់នៅក្នុងចិត្តរបស់មនុស្ស និងដើម្បីយកមនុស្សដែលជាកម្មសិទ្ធិស្របច្បាប់របស់ព្រះជាម្ចាស់ជារបស់ខ្លួន។ នេះគឺជាសាតាំង ដែលបរិសុទ្ធ ហើយសាមញ្ញ ហើយទាំងនេះគឺជាសកម្មភាពរបស់កូចចៅមហាទេវតា ដែលស្ថានសួគ៌មិនអាចលើកលែងឲ្យបាន! នៅក្នុងចំណោមអ្នករាល់គ្នា តើមាននរណាដែលបានយកតម្រាប់តាមព្រះជាម្ចាស់តាមវិធីជាក់លាក់មួយ ដោយការនិយាយពាក្យពីរបីម៉ាត់ ក្នុងគោលបំណងបំភាន់ និងបោកបញ្ឆោតមនុស្ស ព្រមទាំងធ្វើឲ្យពួកគេមានអារម្មណ៍ប្រៀបដូចជាពាក្យ និងសកម្មភាពរបស់មនុស្សនេះមានសិទ្ធិអំណាច និងសព្វានុភាពរបស់ព្រះជាម្ចាស់ ប្រៀបដូចជាលក្ខណៈសំខាន់ និងអត្តសញ្ញាណរបស់មនុស្សនេះ គឺមានតែមួយ ហើយប្រៀបដូចជាសូរនៃពាក្យសម្តីរបស់មនុស្សនេះ គឺស្រដៀងនឹងសូររបស់ព្រះជាម្ចាស់ឬទេ? តើអ្នករាល់គ្នាធ្លាប់បានធ្វើអ្វីមួយដូចនេះឬទេ? តើអ្នកធ្លាប់យកតម្រាប់តាមសូររបស់ព្រះជាម្ចាស់នៅក្នុងការនិយាយរបស់អ្នក ដោយប្រើកាយវិកាដែលបញ្ជាក់ពីនិស្ស័យរបស់ព្រះជាម្ចាស់ ដោយអ្វីដែលអ្នកចង់និយាយគឺជាសព្វានុភាព និងសិទ្ធិអំណាចឬទេ? តើអ្នករាល់គ្នាភាគច្រើនតែងតែធ្វើសកម្មភាព និងធ្វើផែនការសកម្មភាព តាមវិធីបែបនេះឬ? ពេលនេះ នៅពេលដែលអ្នករាល់គ្នាមើលឃើញយ៉ាងពិតប្រាកដ យល់ និងស្គាល់ពីសិទ្ធិអំណាចរបស់ព្រះអាទិករ ហើយសម្លឹងមើលអ្វីដែលអ្នករាល់គ្នាធ្លាប់ធ្វើកន្លងមក និងសម្លឹងមើលអ្វីដែលអ្នកធ្លាប់បើកសម្តែងពីខ្លួនឯង តើអ្នកមានអារម្មណ៍ពិបាកចិត្តទេ? តើអ្នករាល់គ្នាទទួលស្គាល់ភាពអាប់ឱន និងភាពអៀនខ្មាសរបស់អ្នកឬទេ? ដោយបានវិភាគយ៉ាងល្អិតល្អន់អំពីនិស្ស័យ និងលក្ខណៈសំខាន់របស់មនុស្សបែបនេះ តើអាចនិយាយបានថា ពួកគេគឺជាកូនដែលគួរឲ្យស្អប់របស់ឋាននរកឬទេ? តើអាចនិយាយបានថា គ្រប់គ្នាដែលធ្វើរឿងបែបនេះ គឺកំពុងតែនាំយកភាពអាម៉ាសមកដាក់ខ្លួនឬទេ? តើអ្នករាល់គ្នាទទួលស្គាល់ភាពធ្ងន់ធ្ងរនៃធម្មជាតិរបស់វាឬទេ? តើវាធ្ងន់ធ្ងរបែបណា? គោលបំណងរបស់មនុស្សដែលធ្វើសកម្មភាពតាមវិធីនេះ គឺដើម្បីយកតម្រាប់តាមព្រះជាម្ចាស់។ ពួកគេចង់ក្លាយជាព្រះ ដើម្បីធ្វើឲ្យមនុស្សថ្វាយបង្គំពួកគេទុកជាព្រះជាម្ចាស់។ ពួកគេចង់បំផ្លាញទីកន្លែងរបស់ព្រះជាម្ចាស់នៅក្នុងចិត្តរបស់មនុស្ស ហើយចង់បំផ្លាញព្រះជាម្ចាស់ដែលធ្វើការនៅក្នុងមនុស្ស ហើយពួកគេធ្វើបែបនេះ ដើម្បីសម្រេចបាននូវគោលបំណងក្នុងការគ្រប់គ្រងមនុស្ស បំផ្លាញមនុស្ស និងកាន់កាប់ពួកគេ។ គ្រប់គ្នាមានចំណង់ និងមហិច្ឆតាផ្នែកអនុសម្បជញ្ញៈដូចនេះ ហើយគ្រប់គ្នារស់នៅក្នុងលក្ខណៈសំខាន់បែបសាតាំងដ៏ពុករលួយ នៅក្នុងធម្មជាតិនៃសាតាំង ដែលពួកគេគឺជាសត្រូវជាមួយព្រះជាម្ចាស់ ក្បត់ព្រះជាម្ចាស់ ហើយពួកគេចង់ក្លាយជាព្រះជាម្ចាស់។ បន្ទាប់ពីការប្រកបគ្នារបស់ខ្ញុំស្ដីពីប្រធានបទ សិទ្ធិអំណាចរបស់ព្រះជាម្ចាស់ តើអ្នករាល់គ្នានៅតែចង់ ឬប្រាថ្នាដើរតួជា ឬយកតម្រាប់តាមព្រះជាម្ចាស់ឬទេ? តើអ្នកនៅតែប្រាថ្នាចង់ធ្វើជាព្រះជាម្ចាស់ឬទេ? តើអ្នកនៅតែចង់ក្លាយជាព្រះជាម្ចាស់មែនទេ? មនុស្សមិនអាចយកតម្រាប់តាមសិទ្ធិអំណាចរបស់ព្រះជាម្ចាស់បានទេ ហើយមនុស្សមិនអាចដើរតួជាតំណាងអត្តសញ្ញាណ និងឋានៈរបស់ព្រះជាម្ចាស់បានឡើយ។ ទោះបីជាអ្នកអាចយកតម្រាប់តាមទំនងសូរដែលព្រះជាម្ចាស់មានព្រះបន្ទូលក៏ដោយ ក៏អ្នកមិនអាចយកតម្រាប់តាមលក្ខណៈសំខាន់របស់ព្រះជាម្ចាស់បានដែរ។ ទោះបីជាអ្នកអាចឈរនៅក្នុងទីកន្លែងរបស់ព្រះជាម្ចាស់ ហើយធ្វើជាតំណាងរបស់ព្រះជាម្ចាស់ក៏ដោយ ក៏អ្នកនឹងមិនអាចធ្វើអ្វីដែលព្រះជាម្ចាស់សព្វព្រះហឫទ័យចង់ធ្វើបាននោះដែរ ហើយអ្នកនឹងមិនអាចត្រួតត្រា និងបញ្ជារបស់សព្វសារពើបានឡើយ។ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ អ្នកនឹងនៅតែជាសត្តនិករដ៏តូចល្អិតជារៀងរហូត ហើយមិនថាអ្នកមានជំនាញ និងសមត្ថភាពអស្ចារ្យប៉ុណ្ណានោះទេ មិនថាអ្នកមានអំណោយទានជាច្រើននោះទេ ក៏នៅក្នុងភាពទាំងស្រុងរបស់អ្នក អ្នកស្ថិតនៅក្រោមការត្រួតត្រារបស់ព្រះអាទិករ។ ទោះបីជាអ្នកអាចនិយាយពាក្យដែលមិនបានគិតគូរស្រួលបួលមួយចំនួនក៏ដោយ នេះមិនអាចបង្ហាញថា អ្នកមានលក្ខណៈសំខាន់របស់ព្រះអាទិករ ឬមានន័យថា អ្នកមានសិទ្ធិអំណាចរបស់ព្រះអាទិករនោះទេ។ សិទ្ធិអំណាច និងព្រះចេស្ដារបស់ព្រះជាម្ចាស់ គឺជាលក្ខណៈសំខាន់របស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ ពួកវាមិនបានមកដោយការរៀន ឬត្រូវបានបន្ថែមពីខាងក្រៅនោះទេ ប៉ុន្តែសិទ្ធិអំណាច និងព្រះចេស្ដានេះ គឺជាលក្ខណៈសំខាន់ដ៏ជាមរតករបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ ដូច្នេះ ទំនាក់ទំនងរវាងព្រះអាទិករ និងសត្តនិករមិនអាចកែប្រែបានឡើយ។ ក្នុងនាមជាសត្តនិករមួយក្នុងចំណោមសត្តនិករទាំងឡាយ មនុស្សត្រូវតែរក្សាគោលជំហររបស់ខ្លួន ហើយប្រព្រឹត្តយ៉ាងយកចិត្តទុកដាក់។ រក្សាយ៉ាងយកចិត្តទុកដាក់ចំពោះអ្វីដែលព្រះអាទិករបានប្រទានដល់អ្នក។ មិនត្រូវប្រព្រឹត្តហួសខ្សែបន្ទាត់ ឬធ្វើអ្វីហួសពីដែនសមត្ថភាព ឬអ្វីដែលគួរឲ្យស្អប់ខ្ពើមដល់ព្រះជាម្ចាស់ឡើយ។ មិនត្រូវព្យាយាមក្លាយជាអ្នកអស្ចារ្យ ឬក្លាយជាមនុស្សអច្ឆរិយៈ ឬជាមនុស្សលើសអ្នកដទៃ ឬស្វះស្វែងចង់ក្លាយជាព្រះជាម្ចាស់ឡើយ។ នេះគឺជាវិធីដែលមនុស្សមិនគួរប្រាថ្នាចង់ក្លាយជានរណាម្នាក់ឡើយ។ ការស្វះស្វែងដើម្បីក្លាយជាមនុស្សអស្ចារ្យ ឬមនុស្សអច្ឆរិយៈគឺមិនសមហេតុផលទាល់តែសោះ។ ការស្វះស្វែងចង់ក្លាយជាព្រះជាម្ចាស់កាន់តែអាប់កេរ្ត៍ឈ្មោះទៅទៀត ព្រោះវាជារឿងគួរឲ្យស្អប់ខ្ពើម។ អ្វីដែលគួរឲ្យសរសើរ និងអ្វីដែលសត្តនិករគួរតែប្រកាន់ខ្ជាប់ឲ្យច្រើនជាងអ្វីៗផ្សេងទៀតនោះ គឺដើម្បីក្លាយជាសត្តនិករដ៏ពិតមួយ។ នេះគឺជាគោលដៅតែមួយដែលមនុស្សទាំងអស់គួរតាមរក។

សិទ្ធិអំណាចរបស់ព្រះអាទិករ មិនត្រូវបានដាក់កំហិតដោយពេលវេលា ទីកន្លែង ឬលក្ខណៈភូមិសាស្ត្រនោះទេ ហើយសិទ្ធិអំណាចរបស់ព្រះអាទិករ គឺហួសពីការគណនាទៅទៀត

ចូរយើងមើលព្រះគម្ពីរលោកុប្បត្តិជំពូក ២២៖១៧-១៨។ នេះគឺជាខគម្ពីរមួយទៀតដែលព្រះយេហូវ៉ាដ៏ជាព្រះបានមានព្រះបន្ទូលទៅកាន់លោកអ័ប្រាហាំ «ដើម្បីឲ្យមានព្រះពរ នោះអញនឹងប្រទានពរដល់ឯង ហើយចំពោះការចម្រើនឡើងវិញ អញនឹងពហុគុណដល់ពូជឯងដូចជាផ្កាយនៅលើមេឃ ហើយដូចជាគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រ ហើយពូជឯងនឹងគ្រប់គ្រងទ្វារនៃពួកខ្មាំងសត្រូវរបស់គេ។ ហើយប្រជាជាតិទាំងអស់នៅលើផែនដីនឹងបានពរ ដោយសារពូជឯង ដ្បិតឯងបានស្ដាប់តាមព្រះសូរសៀងរបស់អញ។» ព្រះយេហូវ៉ាដ៏ជាព្រះ បានប្រទានពរដល់លោកអ័ប្រាហាំជាច្រើនលើក ដើម្បីឲ្យកូនចៅរបស់គាត់មានគ្នាយ៉ាងសន្ធឹក ប៉ុន្តែតើពួកគេបង្កើតចំនួនបានច្រើនកម្រិតណា? គឺតាមចំនួនដែលព្រះជាម្ចាស់បានមានបន្ទូលនៅក្នុងខគម្ពីរ «ដូចជាផ្កាយនៅលើមេឃ ហើយដូចជាគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រ» មានន័យថា ព្រះជាម្ចាស់សព្វព្រះហឫទ័យប្រទានពរដល់លោកអ័ប្រាហាំឲ្យមានគ្នាសន្ធឹកដូចផ្កាយនៅលើមេឃ ហើយឲ្យច្រើនដូចខ្សាច់នៅមាត់សមុទ្រ។ ព្រះជាម្ចាស់បានមានព្រះបន្ទូលដោយប្រើការប្រៀបធៀប ហើយចេញពីការប្រៀបធៀបនេះ វាមិនមែនជារឿងលំបាកនោះទេ ដែលព្រះជាម្ចាស់គ្រាន់តែប្រទានកូនចៅមួយ ពីរ ឬសូម្បីតែរាប់ពាន់នាក់ដល់លោកអ័ប្រាហាំនោះ។ មិនតែប៉ុណ្ណោះ ទ្រង់អាចប្រទានចំនួនដែលរាប់មិនអស់ ដែលគ្រប់គ្រាន់នឹងក្លាយជាជាតិសាសន៍នានា ដោយសារព្រះជាម្ចាស់បានសន្យានឹងលោកអ័ប្រាហាំថា គាត់នឹងក្លាយជាឪពុកនៃជាតិសាសន៍នានា។ ពេលនេះ តើចំនួននេះត្រូវបានកំណត់ដោយមនុស្ស ឬដោយព្រះជាម្ចាស់? តើមនុស្សអាចគ្រប់គ្រងចំនួនកូនចៅដែលគេមានបានឬទេ? តើវាអាស្រ័យលើគេទេ? វាមិនអាស្រ័យលើមនុស្សនោះទេ ថាតើគេមានពីរបីនាក់ ឬច្រើនដូចជា «ផ្កាយនៅលើមេឃ ហើយដូចជាគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រ» នោះ។ តើនរណាមិនប្រាថ្នាចង់បានកូនចៅច្រើនដូចជាផ្កាយនោះ? ជាអកុសល អ្វីៗមិនមែនតែងតែទៅតាមវិធីដែលអ្នកចង់បាននោះទេ។ មិនថាមនុស្សមានជំនាញ ឬសមត្ថភាពប៉ុណ្ណានោះទេ គឺវាមិនអាស្រ័យលើគាត់នោះទេ។ គ្មាននរណាម្នាក់អាចឈរខាងក្រៅដែនកំណត់ដែលព្រះជាម្ចាស់ត្រួតត្រាបានឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ ចំនួនដែលទ្រង់អនុញ្ញាតដល់អ្នក គឺជាចំនួនដែលអ្នកគួរតែមាន៖ ប្រសិនបើព្រះជាម្ចាស់ប្រទានឲ្យអ្នកតិចតួច នោះអ្នកនឹងមិនដែលមានច្រើននោះទេ ហើយប្រសិនបើព្រះជាម្ចាស់ប្រទានឲ្យអ្នកច្រើន នោះគ្មានប្រយោជន៍អ្វីដែលអ្នកត្រូវតូចចិត្តចំពោះចំនួនដែលអ្នកមាននោះទេ។ តើមិនមែនបែបនោះទេឬអី? ទាំងអស់នេះគឺអាស្រ័យលើព្រះជាម្ចាស់ មិនមែនអាស្រ័យលើមនុស្សនោះទេ! មនុស្សត្រូវបានព្រះជាម្ចាស់ត្រួតត្រា ហើយគ្មានករណីលើកលែងចំពោះនរណាម្នាក់នោះទេ!

នៅពេលដែលព្រះជាម្ចាស់បានមានព្រះបន្ទូល «អញនឹងពហុគុណដល់ពូជឯង» នេះគឺជាសេចក្តីសញ្ញាមួយដែលព្រះជាម្ចាស់បានតាំងជាមួយលោកអ័ប្រាហាំ ហើយដូចទៅនឹងសេចក្តីសញ្ញាឥទ្ទធនូដែរ វានឹងត្រូវបានសម្រេចអស់កល្បជានិច្ច ហើយវាក៏ជាសេចក្តីសន្យាដែលព្រះជាម្ចាស់ធ្វើចំពោះលោកអ័ប្រាហាំដែរ។ មានតែព្រះជាម្ចាស់ប៉ុណ្ណោះ ដែលមាគុណសម្បត្តិគ្រប់គ្រាន់ និងមានសមត្ថភាពដើម្បីធ្វើឲ្យសេចក្តីសន្យានេះក្លាយជាការពិត។ មិនថាមនុស្សជឿ ឬមិនជឿអំពីរឿងនេះនោះទេ មិនថាមនុស្សទទួលយកវាបាន ឬមិនបាននោះទេ ហើយមិនថាមនុស្សយល់យ៉ាងណាចំពោះវា ឬចាត់ទុកវាបែបណានោះទេ គ្រប់យ៉ាងទាំងអស់នឹងត្រូវបានសម្រេចទៅតាមព្រះបន្ទូលដែលព្រះជាម្ចាស់បានមានព្រះបន្ទូល។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់នឹងមិនត្រូវបានកែប្រែដោយសារតែការផ្លាស់ប្តូរនៅក្នុងបំណង និងសញ្ញាណរបស់មនុស្សនោះទេ ហើយវានឹងមិនត្រូវបានកែប្រែដោយសារតែការផ្លាស់ប្តូរនៅក្នុងមនុស្ស ហេតុការណ៍ ឬវត្ថុអ្វីមួយឡើយ។ របស់សព្វសារពើនឹងវិនាសបាត់ទៅ ប៉ុន្តែព្រះបន្ទូលរបស់ព្រះជាម្ចាស់នឹងស្ថិតនៅជារៀងរហូត។ តាមពិត ថ្ងៃដែលអ្វីៗអាចវិនាសបាត់ទៅ គឺពិតជាថ្ងៃដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់បានសម្រេចយ៉ាងពេញលេញ ព្រោះទ្រង់ជាព្រះអាទិករ ទ្រង់មានសិទ្ធិអំណាចរបស់ព្រះអាទិករ ទ្រង់មានព្រះចេស្ដារបស់ព្រះអាទិករ ហើយទ្រង់គ្រប់គ្រងរបស់សព្វសារពើ និងកម្លាំងជីវិតទាំងអស់។ ទ្រង់អាចបណ្តាលឲ្យអ្វីមួយកើតចេញមកពីភាពគ្មានអ្វីសោះ ឬអាចធ្វើឲ្យអ្វីមួយក្លាយទទេសូន្យ ហើយទ្រង់គ្រប់គ្រងការផ្លាស់ប្តូរនៃរបស់សព្វសារពើ តាំងពីការរស់នៅរហូតដល់ស្លាប់។ សម្រាប់ព្រះជាម្ចាស់ គ្មានអ្វីសាមញ្ញជាងការចម្រើនកូនចៅរបស់នរណាម្នាក់ ឲ្យច្រើនសន្ធឹកសន្ធាប់នោះទេ។ ការនិយាយបែបនេះ ស្តាប់ទៅហាក់ដូចជារឿងប្លែកអស្ចារ្យសម្រាប់មនុស្ស ដូចជារឿងព្រេងអ៊ីចឹង ប៉ុន្តែចំពោះព្រះជាម្ចាស់វិញ អ្វីដែលទ្រង់សម្រេចព្រះហឫទ័យ និងសន្យាធ្វើ មិនមែនជារឿងប្លែកអស្ចារ្យ ឬជារឿងព្រេងនោះទេ។ ផ្ទុយទៅវិញ វាជាការពិតមួយដែលព្រះជាម្ចាស់បានឃើញរួចទៅហើយ ហើយដែលនឹងត្រូវបានសម្រេចយ៉ាងពិតប្រាកដ។ តើអ្នករាល់គ្នាកោតសរសើរចំពោះរឿងនេះទេ? តើការពិតបានបញ្ជាក់ថា កូនចៅរបស់លោកអ័ប្រាហាំមានចំនួនសន្ធឹកសន្ធាប់ឬទេ? តើពួកគេច្រើនសន្ធឹកសន្ធាប់បែបណា? តើពួកគេច្រើនសន្ធឹកសន្ធាប់ដូចជា «ផ្កាយនៅលើមេឃ ហើយដូចជាគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រ» ដែលព្រះជាម្ចាស់មានព្រះបន្ទូលឬទេ? តើពួកគេរាយប៉ាយនៅទូទាំងជាតិសាសន៍ និងសាសនា ទៅគ្រប់ទីកន្លែងនៅក្នុងពិភពលោកឬទេ? តាមរយៈអ្វី ដែលការពិតនេះត្រូវបានសម្រេច? តើវាត្រូវបានសម្រេចដោយសិទ្ធិអំណាចនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់មែនទេ? អស់រយៈពេលរាប់រយ ឬរាប់ពាន់ឆ្នាំ បន្ទាប់ពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ត្រូវបានថ្លែង ព្រះបន្ទូលរបស់ព្រះជាម្ចាស់បានបន្តសម្រេចរហូតមក ហើយកំពុងក្លាយជាការពិតជានិច្ច។ នេះគឺជាសព្វានុភាពនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងជាអំណះអំណាងនៃសិទ្ធិអំណាចរបស់ព្រះជាម្ចាស់។ នៅពេលដែលព្រះជាម្ចាស់បានបង្កើតរបស់សព្វសារពើនៅគ្រាដំបូង ព្រះជាម្ចាស់ទ្រង់មានព្រះបន្ទូលថា «ចូរឲ្យមានពន្លឺឡើង» ដូច្នេះពន្លឺក៏មានឡើង។ ហេតុការណ៍នេះបានកើតឡើងយ៉ាងឆាប់រហ័ស ត្រូវបានសម្រេចក្នុងរយៈពេលដ៏ខ្លី និងគ្មានការពន្យារពេលក្នុងការសម្រេច និងការទទួលបានរបស់វានោះទេ។ លទ្ធផលនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺភ្លាមៗមួយរំពេច។ ហេតុការណ៍ទាំងពីរខាងលើនេះ គឺជាការបង្ហាញឲ្យឃើញអំពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ប៉ុន្តែនៅពេលដែលព្រះជាម្ចាស់បានប្រទានពរដល់លោកអ័ប្រាហាំ ទ្រង់អនុញ្ញាតឲ្យមនុស្សមើលឃើញលក្ខណៈសំខាន់មួយចំហៀងផ្សេងទៀតនៃសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ក៏ដូចជាអនុញ្ញាតឲ្យមនុស្សឃើញការពិតដែលថា សិទ្ធិអំណាចរបស់ព្រះជាម្ចាស់គឺហួសពីការគណនា។ ជាងនេះទៅទៀត ទ្រង់បានអនុញ្ញាតឲ្យមនុស្សឃើញផ្នែកដែលល្អជាង និងពិតជាងនៃសិទ្ធិអំណាចរបស់ព្រះអាទិករ។

នៅពេលដែលព្រះបន្ទូលរបស់ព្រះជាម្ចាស់ត្រូវបានថ្លែងចេញ នោះសិទ្ធិអំណាចរបស់ព្រះជាម្ចាស់បញ្ជាលើកិច្ចការនេះ ហើយការពិតដែលព្រះឱស្ឋរបស់ព្រះជាម្ចាស់បានសន្យា ចាប់ផ្តើមក្លាយជាការពិតបន្តិចម្តងៗ។ ជាលទ្ធផល ការផ្លាស់ប្តូរចាប់ផ្តើមកើតឡើងនៅក្នុងចំណោមរបស់សព្វសារពើ ដូចទៅនឹងការមកដល់នៃរដូវផ្ការីក ដែលស្មៅប្រែជាពណ៌បៃតង ផ្កាចាប់រីក ផ្កាក្រពុំចេញពន្លកពីដើមឈើ បក្សាបក្សីចាប់ផ្តើមច្រៀង ក្ងានត្រឡប់មកវិញ ហើយទីវាលពេញទៅដោយមនុស្សអ៊ីចឹង...។ តាមរយៈការមកដល់នៃរដូវផ្ការីក របស់សព្វសារពើត្រូវបានធ្វើឲ្យថ្មីស្រស់ ហើយនេះគឺជាទង្វើដ៏អស្ចារ្យរបស់ព្រះអាទិករ។ នៅពេលដែលព្រះជាម្ចាស់សម្រេចសេចក្តីសន្យារបស់ទ្រង់ នោះរបស់សព្វសារពើនៅលើស្ថានសួគ៌ និងនៅលើផែនដីប្រែជាថ្មីឡើងវិញ ហើយផ្លាស់ប្តូរទៅតាមព្រះតម្រិះរបស់ព្រះជាម្ចាស់ ដោយគ្មានអ្វីមួយត្រូវបានលើកលែងនោះទេ។ នៅពេលដែលការប្ដេជ្ញា ឬសេចក្តីសន្យា ត្រូវបានថ្លែងចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់ នោះរបស់សព្វសារពើបម្រើការសម្រេចរបស់វា ហើយត្រូវបានប្រើប្រាស់ដើម្បីផលប្រយោជន៍នៃការសម្រេចរបស់វា។ សត្តនិករទាំងអស់ត្រូវបានចាត់ចែង និងត្រូវបានរៀបចំនៅក្រោមការត្រួតត្រារបស់ព្រះអាទិករ ដោយការបំពេញតាមតួនាទីរបស់ពួកវារៀងៗខ្លួន ហើយបម្រើតាមតួនាទីរបស់ពួកវារៀងៗខ្លួន។ នេះគឺជាការបើកបង្ហាញពីសិទ្ធិអំណាចរបស់ព្រះអាទិករ។ តើអ្នកឃើញអ្វីនៅក្នុងការបើកបង្ហាញនេះ? ធ្វើដូចម្តេចទើបអ្នកស្គាល់ពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់? តើមានលំដាប់ចំពោះសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ឬទេ? តើមានការកំណត់ពេលវេលាឬទេ? តើអាចនិយាយថា វាមានកម្ពស់ជាក់លាក់ប៉ុណ្ណេះ វាមានប្រវែងជាក់លាក់ប៉ុណ្ណោះបានទេ? តើអាចនិយាយបានថា វាមានទំហំ ឬកម្លាំងជាក់លាក់មួយដែរឬទេ? តើមនុស្សអាចប្រើរង្វាស់រង្វាល់ដើម្បីវាស់វាបានទេ? សិទ្ធិអំណាចរបស់ព្រះជាម្ចាស់មិនភ្លឺភ្លឹបភ្លែតៗ មិនមកហើយទៅវិញនោះទេ ហើយគ្មាននរណាម្នាក់អាចវាស់អំពីភាពអស្ចារ្យនៃសិទ្ធិអំណាចរបស់ទ្រង់បានទេ។ មិនថាពេលវេលាកន្លងហួសទៅប៉ុនណានោះទេ នៅពេលដែលព្រះជាម្ចាស់ប្រទានពរដល់មនុស្សម្នាក់ នោះព្រះពរនេះនឹងបន្តទៅមុខ ហើយដំណើរការបន្តបន្ទាប់របស់វានឹងបញ្ជាក់ពីសិទ្ធិអំណាចដែលមិនអាចប៉ាន់ប្រមាណបានរបស់ព្រះជាម្ចាស់ ហើយនឹងអនុញ្ញាតឲ្យមនុស្សជាតិមើលឃើញការលេចមកនៃកម្លាំងជីវិតដែលមិនអាចរលត់បានរបស់ព្រះអាទិករម្តងហើយម្តងទៀត។ ការបង្ហាញនីមួយៗនៃសិទ្ធិអំណាចរបស់ទ្រង់ គឺជាការពន្យល់បង្ហាញដ៏គ្រប់លក្ខណ៍អំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលចេញពីព្រះឱស្ឋរបស់ទ្រង់មក ដែលត្រូវបានពន្យល់បង្ហាញចំពោះរបស់សព្វសារពើ និងចំពោះមនុស្សជាតិ។ ជាងនេះទៅទៀត គ្រប់យ៉ាងដែលសិទ្ធិអំណាចរបស់ទ្រង់សម្រេចបាន គឺល្អគ្មានអ្វីផ្ទឹម ហើយគ្មានកំហុសទាល់តែសោះ។ អាចនិយាយបានថា ព្រះតម្រិះរបស់ទ្រង់ ព្រះបន្ទូលរបស់ទ្រង់ សិទ្ធិអំណាចរបស់ទ្រង់ និងកិច្ចការទាំងអស់ដែលទ្រង់សម្រេចបាន គឺជារូបភាពដ៏ស្រស់ស្អាតមួយដែលគ្មានអ្វីផ្ទឹមបាន ហើយចំពោះសត្តនិករវិញ ភាសារបស់មនុស្សជាតិមិនអាចពណ៌នាអំពីសារៈសំខាន់ និងគុណតម្លៃរបស់វាបានឡើយ។ នៅពេលដែលព្រះជាម្ចាស់ធ្វើសេចក្តីសន្យាចំពោះមនុស្សម្នាក់ គ្រប់យ៉ាងអំពីពួកគេ គឺព្រះជាម្ចាស់ជ្រាបច្បាស់ដូចខ្នងព្រះហស្ដផ្ទាល់របស់ទ្រង់អ៊ីចឹង មិនថាពួកគេរស់នៅទីណា ឬអ្វីដែលពួកគេធ្វើ ប្រវត្តិរូបរបស់ពួកគេមុនពេល និងក្រោយពេលដែលពួកគេទទួលបានសេចក្តីសន្យា ឬការរំជើបរំជួលអស្ចារ្យប៉ុណ្ណានៅក្នុងបរិស្ថានរស់នៅរបស់ពួកគេនោះទេ។ មិនថាពេលវេលាកន្លងហួសទៅប៉ុណ្ណា បន្ទាប់ពីទ្រង់បានថ្លែងព្រះបន្ទូលរបស់ទ្រង់នោះទេ ចំពោះទ្រង់ វាប្រៀបដូចជាព្រះបន្ទូលទាំងនេះទើបតែត្រូវបានថ្លែងអ៊ីចឹង។ មានន័យថា ព្រះជាម្ចាស់មានព្រះចេស្ដា ហើយមានសិទ្ធិអំណាចដែលទ្រង់អាចតាមដាន គ្រប់គ្រង និងសម្រេចរាល់សេចក្តីសន្យាដែលទ្រង់ធ្វើចំពោះមនុស្សជាតិ។ ហើយមិនថាជាសន្យាអ្វី មិនថាវាត្រូវការពេលប៉ុន្មានដើម្បីសម្រេចយ៉ាងពេញលេញ ហើយជាងនេះទៅទៀត មិនថាទំហំដែលការសម្រេចរបស់វាប៉ះពាល់ មានវិសាលភាពធំទូលាយប៉ុណ្ណា ឧទាហរណ៍ ពេលវេលា លក្ខណៈភូមិសាស្ត្រ ជាតិសាសន៍។ល។ ក៏សេចក្តីសន្យានេះនឹងត្រូវបានសម្រេច និងទទួលបានដែរ។ ជាងនេះទៅទៀត ការសម្រេចបាន និងការទទួលបានរបស់សេចក្តីសន្យានេះ នឹងមិនទាមទារឲ្យទ្រង់មានការប្រឹងប្រែងសូម្បីតែបន្តិច។ តើនេះបញ្ជាក់អំពីអ្វី? វាបញ្ជាក់ថា វិសាលភាពនៃសិទ្ធិអំណាច និងព្រះចេស្ដារបស់ព្រះជាម្ចាស់ គឺគ្រប់គ្រាន់ដើម្បីគ្រប់គ្រងសកលលោកទាំងមូល និងមនុស្សជាតិទាំងមូល។ ទ្រង់បានបង្កើតពន្លឺ ប៉ុន្តែនោះមិនមានន័យថាព្រះជាម្ចាស់គ្រាន់តែគ្រប់គ្រងពន្លឺនោះទេ ឬមិនមានន័យថាទ្រង់គ្រាន់តែគ្រប់គ្រងទឹកដោយសារតែទ្រង់បានបង្កើតទឹកនោះទេ ហើយក៏មិនមានន័យថា គ្រប់យ៉ាងផ្សេងទៀតមិនទាក់ទងនឹងព្រះជាម្ចាស់នោះដែរ។ តើនេះមិនមែនជាការយល់ខុសទេឬ? ទោះបីជាព្រះបន្ទូលរបស់ព្រះជាម្ចាស់សម្រាប់លោកអ័ប្រាហាំ បានរសាត់បន្តិចម្តងៗពីការចងចាំរបស់មនុស្ស ក្រោយពីរាប់រាយឆ្នាំក៏ដោយ សម្រាប់ព្រះជាម្ចាស់ ការសន្យានេះនៅតែស្ថិតនៅដដែល។ វានៅតែស្ថិតនៅក្នុងដំណើរការនៃការសម្រេច ហើយមិនដែលឈប់នោះទេ។ មនុស្សមិនដែលដឹង ឬបានឮពីវិធីដែលព្រះជាម្ចាស់ប្រើប្រាស់សិទ្ធិអំណាចរបស់ទ្រង់ មិនដែលដឹង ឬបានឮពីវិធីដែលរបស់សព្វសារពើត្រូវបានចាត់ចែង និងមិនដែលដឹង ឬបានឮពីចំនួននៃរឿងរ៉ាវអស្ចារ្យដែលបានកើតឡើងក្នុងចំណោមរបស់សព្វសារពើនៃការបង្កើតរបស់ព្រះជាម្ចាស់ក្នុងអំឡុងពេលនេះនោះទេ។ ប៉ុន្តែ រាល់បំណែកនៃការបង្ហាញពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ និងការបើកសម្តែងពីទង្វើរបស់ទ្រង់ត្រូវបានផ្ទេរ និងលើកតម្កើងនៅក្នុងរបស់សព្វសារពើ។ របស់សព្វសារពើបានប្រកាស និងបានថ្លែងពីទង្វើដ៏អស្ចារ្យរបស់ព្រះអាទិករ ហើយរឿងរ៉ាវនីមួយៗដែលគេបាននិយាយច្រើនអំពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់លើរបស់សព្វសារពើ នឹងត្រូវបានប្រកាសដោយរបស់សព្វសារពើជារៀងរហូតតទៅ។ សិទ្ធិអំណាចដែលព្រះជាម្ចាស់ត្រួតត្រាលើរបស់សព្វសារពើ និងព្រះចេស្ដារបស់ព្រះជាម្ចាស់ បង្ហាញដល់របស់សព្វសារពើថា ព្រះជាម្ចាស់គឺមានវត្តមាននៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ នៅពេលដែលអ្នកបានឃើញទីបន្ទាល់ពីវិសាលភាពនៃសិទ្ធិអំណាច និងព្រះចេស្ដារបស់ព្រះជាម្ចាស់ នោះអ្នកនឹងឃើញថា ព្រះជាម្ចាស់គឺមានវត្តមាននៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ សិទ្ធិអំណាច និងព្រះចេស្ដារបស់ព្រះជាម្ចាស់ មិនត្រូវបានទប់ស្កាត់ដោយពេលវេលា លក្ខណៈភូមិសាស្ត្រ ទីកន្លែង ឬមនុស្សណាម្នាក់ ហេតុការណ៍ណាមួយ ឬវត្ថុណាមួយនោះឡើយ។ វិសាលភាពនៃសិទ្ធិអំណាច និងអំណាចរបស់ព្រះជាម្ចាស់ គឺហួសពីការគិតស្រមៃរបស់មនុស្ស។ មនុស្សមិនអាចវាស់ស្ទង់បាន មនុស្សមិនអាចស្រមើស្រមៃបាន ហើយមនុស្សនឹងមិនដែលស្គាល់យ៉ាងពេញលេញនោះឡើយ។

មនុស្សមួយចំនួនចូលចិត្តសន្និដ្ឋាន និងចូលចិត្តគិតស្រមៃ ប៉ុន្តែតើការគិតស្រមៃរបស់មនុស្សអាចទៅដល់ចម្ងាយណាទៅ? តើវាអាចទៅហួសពិភពលោកនេះបានទេ? តើមនុស្សមានសមត្ថភាពក្នុងការសន្និដ្ឋាន និងគិតស្រមៃអំពីភាពពិត និងភាពត្រឹមត្រូវនៃសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ឬទេ? តើការសន្និដ្ឋាន និងការគិតស្រមៃរបស់មនុស្សអាចអនុញ្ញាតឲ្យគេសម្រេចបាននូវចំណេះដឹងមួយអំពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ឬទេ? តើពួកវាអាចធ្វើឲ្យមនុស្សពិតជាកោតសរសើរ និងចុះចូលចំពោះសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ឬទេ? ការពិតបញ្ជាក់ថា ការសន្និដ្ឋាន និងការគិតស្រមៃរបស់មនុស្សគឺគ្រាន់តែជាផលិតផលនៃប្រាជ្ញារបស់មនុស្សប៉ុណ្ណោះ ប៉ុន្តែមិនបានផ្តល់ជំនួយ ឬផលប្រយោជន៍សូម្បីតែបន្តិចដល់ចំណេះដឹងរបស់មនុស្សអំពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់។ បន្ទាប់ពីអានរឿងប្រលោមលោកបែបវិទ្យាសាស្ត្រ មនុស្សមួយចំនួនអាចគិតស្រមៃអំពីព្រះចន្ទ ឬលក្ខណៈរបស់ផ្កាយ។ ប៉ុន្តែការស្រមៃគិតនេះមិនមានន័យថា មនុស្សមានការយល់ដឹងណាមួយអំពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់នោះទេ។ ចេញពីការពិតនៃអ្វីៗទាំងនេះ ពោលគឺ ទំនាក់ទំនងរបស់ពួកវាជាមួយនឹងសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ មនុស្សពិតជាគ្មានការយល់ដឹងនោះទេ។ ទោះបីជាអ្នកធ្លាប់បានទៅដល់ឋានព្រះចន្ទក៏ដោយ តើវាចាំបាច់ឬទេ? តើនេះបង្ហាញថាអ្នកមានការយល់ដឹងគ្រប់រឿងអំពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ឬទេ? តើវាបង្ហាញថា អ្នកអាចគិតស្រមៃអំពីវិសាលភាពនៃសិទ្ធិអំណាច និងព្រះចេស្ដារបស់ព្រះជាម្ចាស់ឬទេ? ដោយសារតែការសន្និដ្ឋាន និងការគិតស្រមៃរបស់មនុស្សមិនអាចអនុញ្ញាតឲ្យគេស្គាល់សិទ្ធិអំណាចរបស់ព្រះជាម្ចាស់ តើមនុស្សគួរតែធ្វើអ្វី? ជម្រើសដ៏ឆ្លាតវៃបំផុតអាចជាការមិនសន្និដ្ឋាន ឬគិតស្រមៃ ឬអាចនិយាយថា មនុស្សមិនត្រូវពឹងផ្អែកលើការគិតស្រមៃ និងពឹងផ្អែកលើការសន្និដ្ឋានជាដាច់ខាត នៅពេលដែលពាក់ព័ន្ធទៅនឹងការស្គាល់សិទ្ធិអំណាចរបស់ព្រះជាម្ចាស់។ តើអ្វីទៅដែលខ្ញុំចង់និយាយប្រាប់អ្នករាល់គ្នានៅទីនេះ? ចំណេះដឹងអំពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ព្រះចេស្ដារបស់ព្រះជាម្ចាស់ អត្តសញ្ញាណរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ និងលក្ខណៈសំខាន់របស់ព្រះជាម្ចាស់ គឺមិនអាចសម្រេចបានដោយពឹងផ្អែកលើការគិតស្រមៃរបស់អ្នកបានទេ។ ដោយសារតែអ្នកមិនអាចពឹងផ្អែកលើការគិតស្រមៃដើម្បីស្គាល់សិទ្ធិអំណាចរបស់ព្រះជាម្ចស់ នោះតើតាមវិធីណាដែលអ្នកអាចសម្រេចបាននូវចំណេះដឹងមួយដ៏ពិតប្រាកដអំពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់? វិធីដើម្បីអាចសម្រេចបាន គឺតាមរយៈការទទួលទានព្រះបន្ទូលរបស់ព្រះជាម្ចាស់ តាមរយៈការប្រកបគ្នា និងតាមរយៈការមានបទពិសោធន៍អំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ដូច្នេះ អ្នកនឹងមានបទពិសោធន៍ជាក់ស្តែងបន្តិចម្តងៗ និងការបញ្ជាក់អះអាងពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ហើយអ្នកនឹងទទួលបានការយល់ដឹងបន្តិចម្តងៗ និងចំណេះដឹងបន្ថែមអំពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់។ នេះគឺជាវិធីតែមួយគត់ដើម្បីសម្រេចបាននូវចំណេះដឹងអំពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ គឺមិនមានផ្លូវកាត់នោះទេ។ ការស្នើមិនឲ្យអ្នករាល់គ្នាគិតស្រមៃ មិនដូចគ្នាទៅនឹងការធ្វើឲ្យអ្នករាល់គ្នាអង្គុយស្ងៀមរង់ចាំការបំផ្លាញ ឬបញ្ឈប់អ្នករាល់គ្នាមិនឲ្យធ្វើអ្វីមួយនោះទេ។ ការមិនប្រើប្រាស់ខួរក្បាលដើម្បីគិត និងគិតស្រមៃ មានន័យថាជាការមិនប្រើភាពតក្កៈ និងការសន្និដ្ឋាន មិនប្រើចំណេះដឹងដើម្បីវិភាគ និងមិនប្រើវិទ្យាសាស្ត្រជាមូលដ្ឋាន ប៉ុន្តែផ្ទុយទៅវិញ ជាការសរសើរ ការបញ្ជាក់អះអាង និងការបញ្ជាក់ថា ព្រះជាម្ចាស់ដែលអ្នកជឿមានសិទ្ធិអំណាច បញ្ជាក់ថា ទ្រង់កាន់កាប់អធិបតេយ្យភាពលើជោគវាសនារបស់អ្នក ហើយថា ព្រះចេស្ដារបស់ទ្រង់បញ្ជាក់ថា ទ្រង់គឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គដ៏ពិតគ្រប់ពេលវេលា តាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ តាមរយៈការពិត និងតាមរយៈគ្រប់យ៉ាងដែលអ្នកជួបប្រទះនៅក្នុងជីវិត។ នេះគឺជាវិធីតែមួយគត់ដែលគ្រប់គ្នាអាចសម្រេចបានការយល់ដឹងអំពីព្រះជាម្ចាស់។ មនុស្សមួយចំនួននិយាយថា ពួកគេមានបំណងចង់ស្វែងរកវិធីដ៏សាមញ្ញមួយក្នុងការសម្រេចបានគោលបំណងនេះ ប៉ុន្តែតើអ្នករាល់គ្នាអាចគិតដល់វិធីបែបនេះឬទេ? ខ្ញុំសូមប្រាប់អ្នករាល់គ្នាថា មិនចាំបាច់គិតនោះទេ៖ គ្មានផ្លូវណាផ្សេងនោះទេ! វិធីតែមួយគត់ គឺស្គាល់ និងបញ្ជាក់អះអាងយ៉ាងខ្ជាប់ខ្ជួន និងយ៉ាងយកចិត្តទុកដាក់អំពីកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ តាមរយៈព្រះបន្ទូលនីមួយៗដែលទ្រង់ថ្លែង និងតាមរយៈអ្វីៗដែលទ្រង់ធ្វើ។ នេះគឺជាវិធីតែមួយគត់ដើម្បីស្គាល់ព្រះជាម្ចាស់។ ចំពោះកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ ព្រមទាំងគ្រប់យ៉ាងរបស់ព្រះជាម្ចាស់ មិនមែនឥតសារៈសំខាន់ និងទទេស្អាតនោះទេ ប៉ុន្តែពួកវាពិតប្រាកដមែន។

ការពិតនៃការគ្រប់គ្រង និងការត្រួតត្រារបស់ព្រះអាទិករលើរបស់សព្វសារពើ និងលើភាវៈមានជីវិតនានា ថ្លែងពីអត្ថិភាពពិតប្រាកដនៃសិទ្ធិអំណាចរបស់ព្រះជាម្ចាស់

ស្រដៀងគ្នានេះដែរ ព្រះពររបស់ព្រះយេហូវ៉ាសម្រាប់លោកយ៉ូប ត្រូវបានកត់ត្រាទុកនៅក្នុងព្រះគម្ពីរយ៉ូប។ តើព្រះជាម្ចាស់បានប្រទានអ្វីដល់លោកយ៉ូប? «ហេតុនោះ ព្រះយេហូវ៉ាក៏ប្រទានពរយ៉ូប ក្នុងគ្រាក្រោយនោះ លើសជាងពីគ្រាដំបូងផង ដ្បិតគាត់មានចៀមរហូតដល់ទៅមួយម៉ឺនបួនពាន់ក្បាល និងអូដ្ឋប្រាំមួយពាន់ក្បាល មានគោមួយពាន់នឹម និងលាញីមួយពាន់ក្បាល» (យ៉ូប ៤២:១២)។ តាមទស្សនៈរបស់មនុស្ស តើរបស់ដែលបានប្រទានដល់លោកយ៉ូបទាំងអស់នេះគឺជាអ្វី? តើពួកវាជាទ្រព្យសម្បត្តិរបស់មនុស្សជាតិឬ? ជាមួយនឹងទ្រព្យសម្បត្តិទាំងនេះ តើលោកយ៉ូបមិនមែនជាអ្នកមានណាស់ទេឬអី ក្នុងអំឡុងយុគសម័យនោះ? បន្ទាប់មក តើគាត់បានទទួលទ្រព្យសម្បត្តិបែបនេះដោយរបៀបណា? តើអ្វីដែលបណ្តាលឲ្យគាត់មានទ្រព្យសម្បត្តិ? មិនចាំបាច់និយាយនោះទេ វាគឺជាការថ្លែងអំណរគុណចំពោះព្រះពររបស់ព្រះជាម្ចាស់ដែលលោកយ៉ូបមាន។ លោកយ៉ូបគិតបែបណាចំពោះទ្រព្យសម្បត្តិទាំងនេះ ហើយគាត់ចាត់ទុកព្រះគុណរបស់ព្រះជាម្ចាស់យ៉ាងដូចម្តេច មិនមែនជាអ្វីដែលយើងនឹងពិភាក្សានៅទីនេះនោះទេ។ ពាក់ព័ន្ធនឹងព្រះពររបស់ព្រះជាម្ចាស់ មនុស្សទាំងអស់ទទូចសូមទាំងយប់ទាំងថ្ងៃ ដើម្បីឲ្យព្រះជាម្ចាស់ប្រទានពរដល់ពួកគេ ប៉ុន្តែមនុស្សមិនមានការគ្រប់គ្រងលើចំនួននៃទ្រព្យសម្បត្តិដែលគាត់អាចទទួលបានក្នុងអំឡុងពេលនៃជីវិតរស់នៅរបស់គាត់ ឬថាតើគាត់អាចទទួលព្រះពរពីព្រះជាម្ចាស់បានឬអត់នោះទេ។ នេះគឺជាការពិតដែលមិនអាចប្រកែកបាន! ព្រះជាម្ចាស់មានសិទ្ធិអំណាច និងព្រះចេស្ដាក្នុងការប្រទានទ្រព្យសម្បត្តិណាមួយដល់មនុស្ស ដើម្បីអនុញ្ញាតឲ្យមនុស្សទទួលការប្រសិទ្ធិពរណាមួយ ប៉ុន្តែទ្រង់មានគោលការណ៍មួយចំពោះព្រះពររបស់ទ្រង់។ តើមនុស្សប្រភេទណាដែលព្រះជាម្ចាស់ប្រទានពរ? ជាការពិត ទ្រង់ប្រទានពរដល់មនុស្សដែលទ្រង់សព្វព្រះហឫទ័យ! ទាំងលោកអ័ប្រាហាំ និងលោកយ៉ូប ត្រូវបានព្រះជាម្ចាស់ប្រទានពរ ប៉ុន្តែព្រះពរដែលពួកគេបានទទួលមិនដូចគ្នាទេ។ ព្រះជាម្ចាស់បានប្រទានពរដល់លោកអ័ប្រាហាំឲ្យមានកូនចៅយ៉ាងច្រើនសន្ធឹកសន្ធាប់ដូចជាខ្សាច់ និងដូចជាផ្កាយ។ នៅពេលដែលព្រះជាម្ចាស់បានប្រទានពរដល់លោកអ័ប្រាហាំ ទ្រង់បានបណ្តាលឲ្យកូនចៅរបស់មនុស្សតែម្នាក់ និងជាតិសាសន៍តែមួយ ក្លាយទៅជាជាតិសាសន៍ដែលមានអំណាច និងរីកចម្រើន។ នៅក្នុងនេះ សិទ្ធិអំណាចរបស់ព្រះជាម្ចាស់បានត្រួតត្រាលើមនុស្សជាតិដែលបានដកដង្ហើមនៃដង្ហើមរបស់ព្រះជាម្ចាស់ នៅក្នុងចំណោមរបស់សព្វសារពើ និងក្នុងចំណោមភាវៈមានជីវិតនានា។ នៅក្រោមអធិបតេយ្យភាពនៃសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ មនុស្សជាតិនេះបានបង្កើត និងមានជីវិតទៅតាមល្បឿនមួយដែលព្រះជាម្ចាស់សម្រេចព្រះទ័យ និងនៅក្នុងវិសាលភាពមួយដែលព្រះជាម្ចាស់សម្រេចព្រះទ័យ។ ជាពិសេស ភាពស្ថិតស្ថេររបស់ជាតិសាសន៍នេះ អត្រានៃការពង្រីក និងអត្រានៃអាយុ គឺសុទ្ធតែជាផ្នែកនៃការរៀបចំរបស់ព្រះជាម្ចាស់ ហើយគោលការណ៍នៃអ្វីៗទាំងអស់នេះគឺពឹងផ្អែកទាំងស្រុងទៅលើសេចក្តីសន្យាដែលព្រះជាម្ចាស់បានធ្វើចំពោះលោកអ័ប្រាហាំ។ នេះមានន័យថា មិនថាស្ថិតក្នុងស្ថានភាពបែបណានោះទេ សេចក្តីសន្យារបស់ព្រះជាម្ចាស់នឹងដំណើរការទៅដោយគ្មានឧបស័គ្គ និងត្រូវបានសម្រេចក្រោមការផ្គត់ផ្គត់នៃសិទ្ធិអំណាចរបស់ព្រះជាម្ចាស់។ នៅក្នុងសេចក្តីសន្យាដែលព្រះជាម្ចាស់បានធ្វើចំពោះលោកអ័ប្រាហាំ មិនថាការកក្រើករបស់ពិភពលោកបែបថា មិនថាយុគសម័យណា មិនថាមនុស្សជាតិស៊ូទ្រាំនឹងគ្រោះមហន្តរាយបែបណានោះទេ កូនចៅរបស់លោកអ័ប្រាហាំនឹងមិនប្រឈមមុខនឹងការវិនាសឡើយ ហើយជាតិសាសន៍របស់ពួកគេនឹងមិនវិនាសឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ ព្រះពររបស់ព្រះជាម្ចាស់សម្រាប់លោកយ៉ូប ធ្វើឲ្យគាត់ក្លាយជាអ្នកមានយ៉ាងខ្លាំង។ អ្វីដែលព្រះជាម្ចាស់បានប្រទានដល់គាត់ គឺជាការរៀបចំសត្តនិករដែលដកដង្ហើម និងមានជីវិត ជាចំណុចពិសេសដែលចំនួនរបស់ពួកគេ ល្បឿននៃការលូតលាស់របស់ពួកគេ អត្រានៃការរស់នៅ ចំនួននៃខ្លាញ់នៅក្នុងរាងកាយរបស់ពួកគេ ។ល។ ក៏ត្រូវបានព្រះជាម្ចាស់គ្រប់គ្រងដែរ។ ទោះបីជាភាវៈមានជីវិតទាំងនេះ មិនមានសមត្ថភាពនិយាយក៏ដោយ ក៏ពួកជាផ្នែកមួយនៃការរៀបចំរបស់ព្រះអាទិករដែរ ហើយគោលការណ៍នៅពីក្រោយការរៀបចំរបស់ព្រះជាម្ចាស់សម្រាប់ពួកគេ ត្រូវបានបង្កើតឡើងដោយផ្អែកលើព្រះពរដែលព្រះជាម្ចាស់បានសន្យាចំពោះលោកយ៉ូប។ នៅក្នុងព្រះពរដែលព្រះជាម្ចាស់បានប្រទានដល់លោកអ័ប្រាហាំ និងលោកយ៉ូប ទោះបីជាអ្វីដែលត្រូវបានសន្យាខុសគ្នាក៏ដោយ ក៏សិទ្ធិអំណាចដែលព្រះអាទិករត្រួតត្រាលើរបស់សព្វសារពើ និងភាវៈមានជីវិតទាំងឡាយដូចគ្នាដែរ។ រាល់សេចក្ដីលម្អិតនៃសិទ្ធិអំណាច និងព្រះចេស្ដារបស់ព្រះជាម្ចាស់ ត្រូវបានថ្លែងនៅក្នុងសេចក្តីសន្យា និងព្រះពរខុសៗគ្នារបស់ទ្រង់សម្រាប់លោកអ័ប្រាហាំ និងសម្រាប់លោកយ៉ូប ហើយបង្ហាញមនុស្សជាតិសារជាថ្មីម្តងទៀតថា សិទ្ធិអំណាចរបស់ព្រះជាម្ចាស់គឺនៅឆ្ងាយហួសពីការគិតស្រមៃរបស់មនុស្ស។ សេចក្ដីលម្អិតទាំងនេះប្រាប់មនុស្សជាតិម្ដងទៀតថា ប្រសិនបើគាត់មានបំណងចង់ស្គាល់សិទ្ធិអំណាចរបស់ព្រះជាម្ចាស់ នោះគេអាចសម្រេចបំណងនេះបានតែតាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងតាមរយៈការមានបទពិសោធន៍អំពីកិច្ចការរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។

សិទ្ធិអំណាចនៃអធិបតេយ្យភាពរបស់ព្រះជាម្ចាស់លើរបស់សព្វសារពើ អនុញ្ញាឲ្យមនុស្សមើលឃើញការពិតមួយ៖ សិទ្ធិអំណាចរបស់ព្រះជាម្ចាស់មិនត្រឹមតែមាននៅក្នុងព្រះបន្ទូល «ហើយព្រះជាម្ចាស់មានបន្ទូលថា ចូរឲ្យមានពន្លឺឡើង ហើយពន្លឺក៏កើតមានឡើង ចូរឲ្យមានប្រឡោះ ហើយប្រឡោះក៏កើតមានឡើង ចូរឲ្យមានដីគោក ហើយដីគោកក៏កើតមានឡើង» នោះទេ ប៉ុន្តែជាងនេះទៅទៀត សិទ្ធិអំណាចរបស់ទ្រង់មាននៅក្នុងវិធីដែលទ្រង់បានធ្វើឲ្យពន្លឺបន្តស្ថិតនៅ បានការពារប្រឡោះមិនឲ្យវិនាស និងបានញែកទឹកចេញពីដីគោកជារៀងរហូត ក៏ដូចជាមាននៅក្នុងសេចក្តីលម្អិតនៃវិធីដែលទ្រង់ត្រួតត្រា និងគ្រប់គ្រងលើអ្វីៗដែលទ្រង់បានបង្កើត៖ ពន្លឺ ប្រឡោះ និងដីគោក។ តើអ្វីផ្សេងទៀតដែលអ្នករាល់គ្នាឃើញនៅក្នុងព្រះពររបស់ព្រះជាម្ចាស់សម្រាប់មនុស្សជាតិ? ច្បាស់ណាស់ បន្ទាប់ពីព្រះជាម្ចាស់បានប្រទានពរដល់លោកអ័ប្រាហាំ និងលោកយ៉ូប ជំហានរបស់ព្រះជាម្ចាស់មិនបានបញ្ឈប់នោះទេ ដោយសារទ្រង់ទើបតែបានចាប់ផ្តើមប្រើប្រាស់សិទ្ធិអំណាចរបស់ទ្រង់ ហើយទ្រង់សព្វព្រះហឫទ័យចង់ធ្វើឲ្យព្រះបន្ទូលរបស់ទ្រង់នីមួយៗក្លាយជាការពិត ហើយចង់ធ្វើឲ្យសេចក្តីលម្អិតនីមួយៗរបស់ព្រះបន្ទូលដែលទ្រង់មានព្រះបន្ទូលក្លាយជាការពិត ដូច្នេះ ជាច្រើនឆ្នាំក្រោយមក ទ្រង់នៅតែបន្តធ្វើគ្រប់យ៉ាងដែលទ្រង់សព្វព្រះហឫទ័យចង់ធ្វើ។ ដោយសារតែព្រះជាម្ចាស់មានសិទ្ធិអំណាច ប្រហែលជាមនុស្សគិតថា ព្រះជាម្ចាស់គ្រាន់តែត្រូវការមានព្រះបន្ទូល ហើយមិនបាច់លើកព្រះអង្គុលីមួយផង ក៏បញ្ហាទាំងអស់ និងរបស់សព្វសារពើត្រូវបានសម្រេចដែរ។ ការគិតស្រមៃបែបនេះ គឺគួរឲ្យអស់សំណើចបន្តិច! ប្រសិនបើអ្នកគ្រាន់តែមើលតែមួយចំហៀងនៃការសម្រេចសេចក្តីសញ្ញារបស់ទ្រង់ជាមួយមនុស្ស ដោយការប្រើប្រាស់ព្រះបន្ទូល និងការសម្រេចអ្វីៗគ្រប់យ៉ាងដោយការប្រើប្រាស់ព្រះបន្ទូល ហើយអ្នកមិនអាចមើលឃើញទីសម្គាល់ និងការពិតនានាដែលសិទ្ធិអំណាចរបស់ព្រះជាម្ចាស់កាន់កាប់ការត្រួតត្រាលើអត្ថិភាពនៃរបស់សព្វសាពើ នោះការយល់ដឹងរបស់អ្នកអំពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់គឺទទេ និងគួរឲ្យអស់សំណើច! ប្រសិនបើមនុស្សគិតស្រមៃថាព្រះជាម្ចាស់គឺបែបនេះ នោះត្រូវតែនិយាយថា ចំណេះដឹងរបស់មនុស្សអំពីព្រះជាម្ចាស់ត្រូវបានដឹកនាំទៅកាន់រណ្តៅចុងក្រោយ ហើយបានឈានដល់ទីបញ្ចប់នៃសេចក្តីស្លាប់ហើយ ដោយសារតែព្រះជាម្ចាស់ដែលមនុស្សគិតស្រមៃ គ្មានអ្វីក្រៅពីម៉ាស៊ីនមួយដែលចេញបញ្ជា មិនមែនជាព្រះជាម្ចាស់ដែលមានសិទ្ធិអំណាចនោះទេ។ តើអ្នកបានឃើញអ្វីតាមរយៈឧទាហរណ៍របស់លោកអ័ប្រាហាំ និងលោកយ៉ូប? តើអ្នកបានឃើញចំហៀងដ៏ពិតនៃសិទ្ធិអំណាច និងព្រះចេស្ដារបស់ព្រះជាម្ចាស់ឬទេ? បន្ទាប់ពីព្រះជាម្ចាស់បានប្រទានពរដល់លោកអ័ប្រាហាំ និងលោកយ៉ូប ព្រះជាម្ចាស់មិនបានស្នាក់នៅកន្លែងដែលទ្រង់គង់នៅ ហើយទ្រង់ក៏មិនបានដាក់អ្នកនាំសាររបស់ទ្រង់ដើម្បីធ្វើកិច្ចការ ខណៈដែលទ្រង់រង់ចាំទតមើលលទ្ធផលនោះឡើយ។ ផ្ទុយទៅវិញ នៅពេលដែលព្រះជាម្ចាស់បានថ្លែងព្រះបន្ទូលរបស់ទ្រង់ នៅក្រោមការដឹកនាំនៃសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ នោះរបស់សព្វសារពើបានចាប់ផ្តើមធ្វើតាមកិច្ចការដែលព្រះជាម្ចាស់សព្វព្រះហឫទ័យចង់ធ្វើ ហើយមនុស្ស អ្វីៗ និងវត្ថុដែលព្រះជាម្ចាស់ត្រូវការ ក៏ត្រូវបានរៀបចំឡើង។ ពោលគឺ នៅពេលដែលព្រះបន្ទូលត្រូវបានថ្លែងចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់ នោះសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ចាប់ផ្តើមបានប្រើនៅទូទាំងដែនដីទាំងមូល ហើយទ្រង់បានកំណត់មាគ៌ាដើម្បីសម្រេច និងទទួលបានសេចក្តីសន្យាដែលទ្រង់បានធ្វើចំពោះលោកអ័ប្រាហាំ និងលោកយ៉ូប ខណៈដែលទ្រង់ក៏កំពុងតែបង្កើតផែនការ និងការត្រៀមរៀបចំដ៏សមស្របនានាសម្រាប់អ្វីដែលត្រូវការសម្រាប់ជំហាន និងដំណាក់កាលសំខាន់នីមួយៗ ដែលទ្រង់បានដាក់ផែនការដើម្បីអនុវត្ត។ អំឡុងពេលនេះ ព្រះជាម្ចាស់មិនត្រឹមតែបញ្ជាអ្នកនាំសាររបស់ទ្រង់ប៉ុណ្ណោះទេ ទ្រង់ថែមទាំងបញ្ជារបស់សព្វសារពើដែលទ្រង់បានបង្កើតទៀតផង។ មានន័យថា វិសាលភាពដែលសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ត្រូវបានប្រើប្រាស់ មិនត្រឹមតែរួមបញ្ចូលអ្នកនាំសាររបស់ទ្រង់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរបស់សព្វសារពើដែលទ្រង់បានបង្កើតមកទៀតផង ដែលត្រូវបានបញ្ជា ដើម្បីធ្វើតាមកិច្ចការដែលទ្រង់សព្វព្រះហឫទ័យចង់សម្រេចបាន។ មានរបៀបជាក់លាក់មួយចំនួន ដែលសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ត្រូវបានប្រើប្រាស់។ នៅក្នុងការគិតស្រមៃរបស់អ្នករាល់គ្នា អ្នកខ្លះអាចមានការយល់ដឹងអំពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ដូចខាងក្រោម៖ ព្រះជាម្ចាស់មានសិទ្ធិអំណាច ហើយព្រះជាម្ចាស់មានព្រះចេស្ដា ដូច្នេះ ព្រះជាម្ចាស់គ្រាន់តែត្រូវការស្ថិតនៅស្ថានសួគ៌ជាន់ទីបី ឬទីកន្លែងកំណត់មួយប៉ុណ្ណោះ ហើយទ្រង់មិនត្រូវការធ្វើកិច្ចការជាក់លាក់ណាមួយនោះទេ ដោយសារកិច្ចការរបស់ព្រះជាម្ចាស់ទាំងមូល គឺសម្រេចបាននៅក្នុងព្រះតម្រិះរបស់ទ្រង់។ អ្នកខ្លះអាចជឿថា ទោះបីជាព្រះជាម្ចាស់បានប្រទានពរដល់លោកអ័ប្រាហាំក៏ដោយ ក៏ព្រះជាម្ចាស់មិនបានត្រូវការធ្វើអ្វីផ្សេងទៀតនោះឡើយ ហើយវាគ្រប់គ្រាន់សម្រាប់ទ្រង់រួចទៅហើយ ដោយទ្រង់គ្រាន់តែថ្លែងព្រះបន្ទូលរបស់ទ្រង់នោះ។ តើនេះពិតជាអ្វីដែលបានកើតឡើងឬទេ? ពិតជាមិនមែនទេ! ទោះបីជាព្រះជាម្ចាស់មានសិទ្ធិអំណាច និងព្រះចេស្ដាក៏ដោយ ក៏សិទ្ធិអំណាចរបស់ទ្រង់គឺពិតប្រាកដ ជាក់ស្តែង មិនមែនទទេស្អាតនោះទេ។ ការពិត និងភាពត្រឹមត្រូវនៃសិទ្ធិអំណាច និងព្រះចេស្ដារបស់ព្រះជាម្ចាស់ត្រូវបានបើកសម្តែងបន្តិចម្តងៗ និងត្រូវបានរួមបញ្ចូលទៅក្នុងការបង្កើតរបស់សព្វសារពើរបស់ទ្រង់ នៅក្នុងការការគ្រប់គ្រងរបស់ទ្រង់លើរបស់សព្វសារពើ និងនៅក្នុងដំណើរការដែលទ្រង់ដឹកនាំ ព្រមទាំងគ្រប់គ្រងមនុស្សជាតិ។ វិធីសាស្ត្រនីមួយៗ ការយល់ឃើញនីមួយៗ និងសេចក្តីលម្អិតនីមួយៗនៃអធិបតេយ្យភាពរបស់ព្រះជាម្ចាស់លើមនុស្សជាតិ និងរបស់សព្វសារពើ ព្រមទាំងកិច្ចការទាំងអស់ដែលព្រះជាម្ចាស់បានសម្រេច ក៏ដូចជាការជ្រាបយល់ដឹងរបស់ទ្រង់អំពីរបស់សព្វសារពើដែរ ហើយទាំងអស់នេះបញ្ជាក់ដោយត្រង់ៗថា សិទ្ធិអំណាច និងព្រះចេស្ដារបស់ព្រះជាម្ចាស់មិនមែនជាព្រះបន្ទូលដែលទទេស្អាតនោះទេ។ សិទ្ធិអំណាច និងព្រះចេស្ដារបស់ទ្រង់ត្រូវបានប្រកាស និងបើកសម្ដែងជានិច្ច ព្រមទាំងនៅក្នុងរបស់សព្វសារពើផង។ ការបង្ហាញ និងការបើកសម្តែងទាំងនេះ ប្រកាសពីអត្ថិភាពដ៏ពិតនៃសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ដោយសារទ្រង់កំពុងតែប្រើសិទ្ធិអំណាច និងព្រះចេស្ដារបស់ទ្រង់ដើម្បីបន្តកិច្ចការរបស់ទ្រង់ និងដើម្បីបញ្ជារបស់សព្វសារពើ ព្រមទាំងដើម្បីត្រួតត្រារបស់សព្វសារពើគ្រប់ពេលវេលា។ ព្រះចេស្ដា និងសិទ្ធិអំណាច មិនអាចត្រូវបានជំនួសដោយពួកទេវតា និងអ្នកនាំសាររបស់ព្រះជាម្ចាស់បានទេ។ ព្រះជាម្ចាស់បានសម្រេចព្រះទ័យអំពីព្រះពរអ្វីដែលទ្រង់នឹងប្រទានដល់លោកអ័ប្រាហាំ និងលោកយ៉ូប ហើយនោះគឺជាការសម្រេចព្រះទ័យរបស់ព្រះជាម្ចាស់។ ទោះបីជាអ្នកនាំសាររបស់ព្រះជាម្ចាស់ទៅជួបលោកអ័ប្រាហាំ និងលោកយ៉ូបដោយផ្ទាល់ក៏ដោយ ក៏សកម្មភាពរបស់ពួកគេ អាស្រ័យលើបទបញ្ជារបស់ព្រះជាម្ចាស់ ហើយសកម្មភាពរបស់ពួកគេត្រូវបានអនុវត្តក្រោមសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ដែរ ហើយដូចគ្នានេះដែរ អ្នកនាំសារក៏ស្ថិតនៅក្រោមអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ដែរ។ ទោះបីជាមនុស្សឃើញអ្នកនាំសាររបស់ព្រះជាម្ចាស់ទៅជួបលោកអ័ប្រាហាំ ហើយមិនឃើញដោយផ្ទាល់នូវអ្វីមួយដែលព្រះយេហូវ៉ាដ៏ជាព្រះធ្វើ នៅក្នុងកំណត់ត្រារបស់ព្រះគម្ពីរក៏ដោយ ក៏តាមពិតទៅ មានតែព្រះមួយអង្គដែលប្រើប្រាស់ព្រះចេស្ដា និងសិទ្ធិអំណាចពិតប្រាកដប៉ុណ្ណោះ គឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ហើយមនុស្សមិនបាច់សង្ស័យនោះទេ! ទោះបីជាអ្នកបានឃើញថា ពួកទេវតា និងអ្នកនាំសារមានអំណាចអស្ចារ្យ ហើយបានធ្វើការឫទ្ធិបារមី ឬថាពួកគេបានធ្វើអ្វីមួយដែលព្រះជាម្ចាស់ប្រទានឲ្យក៏ដោយ ក៏សកម្មភាពរបស់ពួកគេ គ្រាន់តែដើម្បីផលប្រយោជន៍នៃការបំពេញបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ និងគ្មានអ្វីក្រៅពីការបង្ហាញអំពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ឡើយ ព្រោះថាគ្មានមនុស្សណាម្នាក់ ឬវត្ថុណាមួយមានសិទ្ធិអំណាចរបស់ព្រះអាទិករដើម្បីបង្កើតរបស់សព្វសារពើ និងដើម្បីត្រួតត្រារបស់សព្វសារពើឡើយ។ ដូច្នេះ គ្មានមនុស្សណាម្នាក់ ឬវត្ថុណាមួយអាចប្រើប្រាស់ ឬប្រកាសសិទ្ធិអំណាចរបស់ព្រះអាទិករបានឡើយ។

សិទ្ធិអំណាចរបស់ព្រះអាទិករ គឺមិនប្រែប្រួល និងមិនអាចបំពានបានឡើយ

តើអ្នកបានឃើញអ្វីនៅក្នុងខគម្ពីរទាំងបីផ្នែកនេះ? តើអ្នករាល់គ្នាបានឃើញថា មានគោលការណ៍មួយដែលព្រះជាម្ចាស់ប្រើប្រាស់សិទ្ធិអំណាចរបស់ទ្រង់ឬទេ? ឧទាហរណ៍ ព្រះជាម្ចាស់បានប្រើប្រាស់ឥន្ទធនូដើម្បីតាំងសញ្ញាជាមួយមនុស្ស។ ទ្រង់បានដាក់ឥន្ទធនូមួយនៅក្នុងពពកដើម្បីប្រាប់មនុស្សថា ទ្រង់នឹងមិនដែលប្រើប្រាស់ទឹកជំនន់ម្តងទៀត ដើម្បីបំផ្លាញពិភពលោកឡើយ។ តើឥន្ទធនូដែលមនុស្សឃើញសព្វថ្ងៃនេះ នៅតែដូចឥន្ទធនូដែលបានថ្លែងចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់ឬទេ? តើធម្មជាតិ និងអត្ថន័យរបស់វាបានផ្លាស់ប្តូរឬទេ? មិនចាំបាច់សង្ស័យឡើយ វាមិនបានផ្លាស់ប្តូរនោះទេ។ ព្រះជាម្ចាស់បានប្រើប្រាស់សិទ្ធិអំណាចរបស់ទ្រង់ដើម្បីធ្វើសកម្មភាពនេះ ហើយសេចក្តីសញ្ញាដែលទ្រង់បានតាំងជាមួយមនុស្សបានបន្តមកដល់សព្វថ្ងៃ ព្រមទាំងពេលវេលាដែលសេចក្តីសញ្ញានេះអាចនឹងត្រូវបានកែប្រែ គឺពិតជាអាស្រ័យលើការសម្រេចព្រះទ័យរបស់ព្រះជាម្ចាស់។ បន្ទាប់ពីព្រះជាម្ចាស់បានមានបន្ទូលថា «អញដាក់ឥន្ធ‌ធនូរបស់អញនៅក្នុងពពក» ព្រះជាម្ចាស់តែងតែគោរពតាមសេចក្តីសញ្ញានេះ តាំងពីពេលនោះរហូតមកដល់សព្វថ្ងៃ។ តើអ្នកឃើញអ្វីនៅក្នុងនេះ? ទោះបីជាព្រះជាម្ចាស់មានសិទ្ធិអំណាច និងព្រះចេស្ដាក៏ដោយ ក៏ទ្រង់ម៉ឺងម៉ាត់ និងមានគោលការណ៍នៅក្នុងសកម្មភាពរបស់ទ្រង់ ហើយទ្រង់ស្មោះត្រង់ចំពោះព្រះបន្ទូលរបស់ទ្រង់ដែរ។ ភាពម៉ឺងម៉ាត់របស់ទ្រង់ និងគោលការណ៍នៃសកម្មភាពរបស់ទ្រង់ បង្ហាញពីភាពមិនអាចបំពានបានរបស់ព្រះអាទិករ និងភាពដែលមិនអាចយកឈ្នះបាននៃសិទ្ធិអំណាចរបស់ព្រះអាទិករ។ ទោះបីជាទ្រង់មានសិទ្ធិអំណាចដ៏កំពូល ហើយរបស់សព្វសារពើស្ថិតក្រោមការត្រួតត្រារបស់ទ្រង់ក៏ដោយ ហើយទោះបីជាទ្រង់មានអំណាចត្រួតត្រាលើរបស់សព្វសារពើក៏ដោយ ក៏ព្រះជាម្ចាស់មិនដែលបង្កការខូចខាត និងការរំខានដល់ផែនការរបស់ទ្រង់ផ្ទាល់នោះដែរ ហើយគ្រប់ពេលដែលទ្រង់ប្រើប្រាស់សិទ្ធិអំណាចរបស់ទ្រង់ ក៏ការប្រើប្រាស់នោះម៉ឺងម៉ាត់ទៅតាមគោលការណ៍របស់ទ្រង់ផ្ទាល់ និងធ្វើតាមអ្វីដែលបានថ្លែងចេញពីព្រះឱស្ឋរបស់ទ្រង់មកយ៉ាងច្បាស់ ព្រមទាំងធ្វើទៅតាមជំហាន និងវត្ថុបំណងនៃផែនការរបស់ទ្រង់ដែរ។ ពិតណាស់ របស់សព្វសារពើដែលព្រះជាម្ចាស់ត្រួតត្រា ក៏គោរពតាមគោលការណ៍ដែលសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ត្រូវបានប្រើប្រាស់ដែរ ហើយគ្មានមនុស្សណាម្នាក់ ឬវត្ថុណាមួយត្រូវបានលើកលែងពីការរៀបចំនៃសិទ្ធិអំណាចរបស់ទ្រង់ឡើយ ហើយពួកគេក៏មិនអាចកែប្រែគោលការណ៍ ដែលសិទ្ធិអំណាចរបស់ទ្រង់ត្រូវបានប្រើប្រាស់បានដែរ។ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ អស់អ្នកដែលត្រូវបានប្រទានពរ ទទួលបាននូវសំណាងល្អដែលសិទ្ធិអំណាចរបស់ទ្រង់នាំមក ហើយអស់អ្នកដែលត្រូវបានដាក់បណ្តាសា ទទួលបាននូវការដាក់ទោសរបស់ពួកគេ ដោយសារតែសិទ្ធិអំណាចរបស់ព្រះជាម្ចាស់។ នៅក្រោមអធិបតេយ្យភាពនៃសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ គ្មានមនុស្សណាម្នាក់ ឬវត្ថុណាមួយ ត្រូវបានលើកលែងពីការប្រើប្រាស់សិទ្ធិអំណាចរបស់ទ្រង់ឡើយ ហើយពួកគេក៏មិនអាចកែប្រែគោលការណ៍ដែលសិទ្ធិអំណាចរបស់ទ្រង់បានប្រើប្រាស់នោះដែរ។ សិទ្ធិអំណាចរបស់ព្រះអាទិករ មិនត្រូវបានកែប្រែដោយការផ្លាស់ប្តូរនៅក្នុងកត្តាណាមួយឡើយ ហើយស្រដៀងគ្នានេះ គោលការណ៍ដែលសិទ្ធិអំណាចរបស់ទ្រង់ត្រូវបានប្រើប្រាស់ ក៏មិនកែប្រែដោយសារមូលហេតុណាមួយដែរ។ ស្ថានសួគ៌ និងផែនដីអាចទទួលនូវភាពរង្គោះរង្គើយ៉ាងខ្លាំង ប៉ុន្តែសិទ្ធិអំណាចរបស់ព្រះអាទិករនឹងមិនផ្លាស់ប្តូរឡើយ។ របស់សព្វសារពើអាចវិនាសបាត់ទៅ ប៉ុន្តែសិទ្ធិអំណាចរបស់ព្រះអាទិករ នឹងមិនដែលវិនាសឡើយ។ នេះគឺជាលក្ខណៈសំខាន់នៃសិទ្ធិអំណាចដែលមិនប្រែប្រួល និងមិនអាចបំពានបានរបស់ព្រះអាទិករ ហើយនេះគឺជាភាពមានតែមួយគត់របស់ព្រះអាទិករ!

ព្រះបន្ទូលខាងក្រោម គឺចាំបាច់សម្រាប់ការស្គាល់សិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ហើយអត្ថន័យរបស់វាត្រូវបានផ្តល់នៅក្នុងការប្រកបគ្នាខាងក្រោម។ ចូរយើងបន្តអានខគម្ពី។

៤. បទបញ្ជារបស់ព្រះជាម្ចាស់ចំពោះសាតាំង

យ៉ូប ២:៦ រួចព្រះយេហូវ៉ាមានបន្ទូលទៅសាតាំងថា មើល៎ គាត់ស្ថិតនៅក្នុងដៃរបស់ឯងហើយ ប៉ុន្តែ ត្រូវទុកជីវិតឲ្យគាត់។

សាតាំងមិនដែលហ៊ានបំពានសិទ្ធិអំណាចរបស់ព្រះអាទិករឡើយ ហើយដោយសារតែហេតុនេះ ទើបរបស់សព្វសារពើរស់នៅដោយមានសណ្តាប់ធ្នាប់

នេះគឺជាការដកស្រង់ចេញពីព្រះគម្ពីរយ៉ូប ហើយពាក្យ «គាត់» នៅក្នុងព្រះបន្ទូលទាំងនេះ សំដៅទៅលើលោកយ៉ូប។ ទោះបីជាវាខ្លីក៏ដោយ តែប្រយោគនេះស្រាយបំភ្លឺបញ្ហាជាច្រើន។ វាពណ៌នាការដោះដូរដ៏ជាក់លាក់មួយរវាងព្រះជាម្ចាស់ និងសាតាំងនៅក្នុងពិភពខាងវិញ្ញាណ ហើយវាប្រាប់យើងថា កម្មវត្ថុនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺសាតាំង។ វាក៏កត់ត្រាទុកនូវអ្វីដែលព្រះជាម្ចាស់បានមានព្រះបន្ទូលសំដៅលើដែរ។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ គឺជាការបញ្ជា និងជាបទបញ្ជាចំពោះសាតាំង។ សេចក្តីលំអិតជាក់លាក់របស់បទបញ្ជានេះ គឺទាក់ទងទៅនឹងការប្រណីដល់ជីវិតរបស់លោកយ៉ូប ហើយជាកន្លែងដែលព្រះជាម្ចាស់គូរខ្សែបន្ទាត់នៅក្នុងការប្រព្រឹត្តរបស់សាតាំងចំពោះលោកយ៉ូប។ សាតាំងត្រូវតែប្រណីដល់ជីវិតរបស់លោកយ៉ូប។ រឿងទីមួយដែលយើងរៀនបានពីប្រយោគនេះគឺថា ទាំងនេះជាព្រះបន្ទូលដែលព្រះជាម្ចាស់បានមានព្រះបន្ទូលទៅកាន់សាតាំង។ ផ្អែកលើអត្ថបទរបស់ព្រះគម្ពីរយ៉ូប វាប្រាប់យើងអំពីប្រភពដើមនៃព្រះបន្ទូលបែបនេះថា៖ សាតាំងចង់ចោទប្រកាន់លោកយ៉ូប ដូច្នេះ វាត្រូវតែទទួលបានការយល់ព្រមពីព្រះជាម្ចាស់ជាមុនសិន មុនពេលដែលវាអាចល្បួងគាត់បាន។ នៅពេលដែលជ្រាបពីសំណើរបស់សាតាំងដើម្បីល្បួងលោកយ៉ូប ព្រះជាម្ចាស់បានដាក់លក្ខខណ្ឌដូចខាងក្រោមចំពោះសាតាំង៖ «យ៉ូបនៅក្នុងអំណាចរបស់ឯង ចូរប្រណីដល់តែជីវិតគាត់ប៉ុណ្ណោះ។» តើអ្វីគឺជាធម្មជាតិរបស់ព្រះបន្ទូលទាំងនេះ? ទាំងនេះពិតជាការបញ្ជាមួយ និងជាបទបញ្ជាមួយ។ ដោយបានយល់អំពីធម្មជាតិរបស់ព្រះបន្ទូលទាំងនេះ ពិតណាស់ អ្នកគួរតែយល់ដែរថា ព្រះមួយអង្គដែលចេញបទបញ្ជានេះគឺជាព្រះជាម្ចាស់ ហើយថា អ្នកដែលបានទទួលបទបញ្ជា និងបានគោរពបទបញ្ជានេះ គឺសាតាំង។ ពិតណាស់ នៅក្នុងបទបញ្ជានេះ ទំនាក់ទំនងរវាងព្រះជាម្ចាស់ និងសាតាំង គឺជាក់ស្តែងសម្រាប់គ្រប់គ្នាដែលអានព្រះបន្ទូលទាំងនេះ។ ពិតណាស់ នេះក៏ជាទំនាក់ទំនងរវាងព្រះជាម្ចាស់ និងសាតាំងនៅក្នុងពិភពខាងវិញ្ញាណដែរ ហើយភាពខុសគ្នារវាងអត្តសញ្ញាណ និងឋានៈរបស់ព្រះជាម្ចាស់ និងសាតាំង គឺមាននៅក្នុងការកត់ត្រាអំពីការដោះដូររវាងព្រះជាម្ចាស់ និងសាតាំងនៅក្នុងបទគម្ពីរ ហើយវាគឺជាភាពខុសគ្នាស្រឡះ រវាងអត្តសញ្ញាណ និងឋានៈរបស់ព្រះជាម្ចាស់ និងអត្តសញ្ញាណ និងឋានៈរបស់សាតាំង ដែលមកដល់សព្វថ្ងៃនេះ មនុស្សអាចរៀនសូត្រនៅក្នុងឧទាហរណ៍ជាក់ស្តែង និងនៅក្នុងការកត់ត្រាជាអក្សរ។ នៅត្រង់ចំណុចនេះ ខ្ញុំត្រូវតែនិយាយថា ការកត់ត្រានៃព្រះបន្ទូលទាំងនេះ គឺជាឯកសារដ៏សំខាន់នៅក្នុងចំណេះដឹងរបស់មនុស្សជាតិ អំពីអត្តសញ្ញាណ និងឋានៈរបស់ព្រះជាម្ចាស់ ហើយវាផ្តល់ជាពត៌មានដ៏មានសារៈសំខាន់សម្រាប់ចំណេះដឹងរបស់មនុស្សអំពីព្រះជាម្ចាស់។ តាមរយៈការដោះដូររវាងព្រះអាទិករ និងសាតាំងនៅក្នុងពិភពខាងវិញ្ញាណនេះ មនុស្សអាចយល់ពីទិដ្ឋភាពជាក់លាក់មួយបន្ថែមទៀត នៅក្នុងសិទ្ធិអំណាចរបស់ព្រះអាទិករ។ ព្រះបន្ទូលទាំងនេះ គឺជាទីបន្ទាល់មួយផ្សេងទៀតអំពីសិទ្ធិអំណាចតែមួយគត់របស់ព្រះអាទិករ។

នៅខាងក្រៅ ព្រះយេហូវ៉ាដ៏ជាព្រះ កំពុងធ្វើការសន្ទនាមួយជាមួយសាតាំង។ ពាក់ព័ន្ធនឹងលក្ខណៈសំខាន់ ជាឥរិយាបថដែលព្រះយេហូវ៉ាដ៏ជាព្រះមានព្រះបន្ទូល និងជំហរដែលទ្រង់ឈរ គឺខ្ពស់ជាងសាតាំង។ មានន័យថា ព្រះយេហូវ៉ាដ៏ជាព្រះកំពុងតែបញ្ជាសាតាំងដោយប្រើសូរនៃបទបញ្ជាមួយ។ ហើយទ្រង់កំពុងមានបន្ទូលប្រាប់សាតាំងពីអ្វីដែលវាគួរ និងមិនគួធ្វើ ប្រាប់សាតាំងថា លោកយ៉ូបនៅក្នុងកណ្តាប់ដៃរបស់វាហើយ ហើយវាអាចប្រព្រឹត្តចំពោះលោកយ៉ូបតាមចិត្ត ប៉ុន្តែវាមិនអាចយកជីវិតរបស់លោកយ៉ូបបានទេ។ សេចក្តីសំរាយគឺថា ទោះបីជាលោកយ៉ូបត្រូវបានដាក់នៅក្នុងអំណាចរបស់សាតាំងក៏ដោយ ប៉ុន្តែជីវិតរបស់គាត់មិនត្រូវបានប្រគល់ឲ្យសាតាំងនោះទេ។ គ្មាននរណាម្នាក់អាចយកជីវិតរបស់លោកយ៉ូបពីព្រះហស្ដរបស់ព្រះជាម្ចាស់បានឡើយ លុះត្រាតែព្រះជាម្ចាស់អនុញ្ញាត។ ឥរិយាបថរបស់ព្រះជាម្ចាស់គឺបញ្ជាក់យ៉ាងច្បាស់នៅក្នុងការបញ្ជាទៅកាន់សាតាំង ហើយការបញ្ជានេះក៏បង្ហាញ និងបើកសម្តែងអំពីជំហរដែលព្រះជាម្ចាស់សន្ទនាជាមួយសាតាំងដែរ។ នៅក្នុងនេះ ព្រះយេហូវ៉ាដ៏ជាព្រះ មិនត្រឹមតែកាន់កាប់ឋានៈជាព្រះជាម្ចាស់ដែលបានបង្កើតពន្លឺ អាកាស និងរបស់សព្វសារពើ ព្រមទាំងភាវៈមានជីវិតប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ថែមទាំងកាន់កាប់ឋានៈជាព្រះជាម្ចាស់ដែលបញ្ជាលើមនុស្សជាតិ និងឋាននរក ជាព្រះជាម្ចាស់ដែលគ្រប់គ្រងលើជីវិត និងសេចក្តីស្លាប់នៃវត្ថុមានជីវិតទាំងអស់។ នៅក្នុងពិភពខាងវិញ្ញាណ តើនរណាក្រៅពីព្រះជាម្ចាស់ ដែលនឹងហ៊ានចេញបទបញ្ជាមួយបែបនេះទៅកាន់សាតាំង? ចុះហេតុអ្វីបានជាព្រះជាម្ចាស់ចេញបទបញ្ជាទៅកាន់សាតាំងដោយផ្ទាល់ព្រះអង្គ? ដោយសារតែជីវិតរបស់មនុស្ស រួមទាំងជីវិតរបស់លោកយ៉ូបផងដែរនោះ គឺព្រះជាម្ចាស់ជាអ្នកគ្រប់គ្រង។ ព្រះជាម្ចាស់មិនបានអនុញ្ញាតឲ្យសាតាំងបង្កគ្រោះថ្នាក់ ឬយកជីវិតរបស់លោកយ៉ូបនោះទេ ហើយសូម្បីតែនៅពេលដែលព្រះជាម្ចាស់បានអនុញ្ញាតឲ្យសាតាំងល្បួងលោកយ៉ូបក៏ដោយ ក៏ព្រះជាម្ចាស់នៅតែចងចាំដើម្បីចេញបទបញ្ជាបែបនេះដែរ ហើយជាថ្មីម្តងទៀត ទ្រង់បានបញ្ជាមិនឲ្យសាតាំងយកជីវិតរបស់លោកយ៉ូបឡើយ។ សាតាំងមិនដែលហ៊ានបំពានសិទ្ធិអំណាចរបស់ព្រះជាម្ចាស់នោះទេ។ ជាងនេះទៅទៀត សាតាំងតែងតែស្តាប់យ៉ាងយកចិត្តទុកដាក់ និងគោរពតាមបទបញ្ជា និងការបញ្ជាជាក់លាក់របស់ព្រះជាម្ចាស់ ដោយមិនហ៊ានបំពាន ហើយពិតណាស់ វាមិនហ៊ានកែប្រែតាមអំពើចិត្ត នូវបទបញ្ជាណាមួយរបស់ព្រះជាម្ចាស់ឡើយ។ នេះគឺជាដែនកំណត់ដែលព្រះជាម្ចាស់បានកំណត់សម្រាប់សាតាំង ដូច្នេះ សាតាំងមិនដែលហ៊ានឆ្លងផុតពីដែនកំណត់ទាំងនេះទេ។ តើនេះមិនមែនជាសព្វានុភាពនៃសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ទេឬ? តើនេះមិនមែនជាទីបន្ទាល់មួយអំពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ទេឬ? សាតាំងមានការយល់ដឹងច្បាស់ជាងមនុស្សជាតិ អំពីវិធីដែលត្រូវប្រព្រឹត្តចំពោះព្រះជាម្ចាស់ និងវិធីដើម្បីសម្គាល់ព្រះជាម្ចាស់ ដូច្នេះ នៅក្នុងពិភពខាងវិញ្ញាណ សាតាំងមើលឃើញឋានៈ និងសិទ្ធិអំណាចរបស់ព្រះជាម្ចាស់យ៉ាងច្បាស់ ហើយមានការកោតសរសើរដ៏ជ្រាលជ្រៅចំពោះសព្វានុភាពនៃសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ និងគោលការណ៍នៅពីក្រោយការប្រើប្រាស់សិទ្ធិអំណាចរបស់ទ្រង់។ វាមិនហ៊ានមើលស្រាល ហើយវាមិនហ៊ានបំពានគោលការណ៍ និងសព្វានុភាព ឬហ៊ានធ្វើអ្វីមួយដែលបំពានសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ឬហ៊ានតទល់នឹងសេចក្តីក្រោធរបស់ព្រះជាម្ចាស់ទាល់តែសោះ ទោះតាមវិធីណាក៏ដោយ។ ទោះបីជាវាអាក្រក់ និងក្រអឺតក្រទមពីធម្មជាតិក៏ដោយ ក៏សាតាំងមិនដែលហ៊ានឆ្លងហួសពីព្រំដែន និងដែនកំណត់ដែលព្រះជាម្ចាស់កំណត់សម្រាប់វាឡើយ។ អស់ជាច្រើនលានឆ្នាំមកហើយ សាតាំងបានគោរពយ៉ាងម៉ឺងម៉ាត់តាមព្រំដែនកំណត់ទាំងនេះ ហើយបានគោរពតាមការបញ្ជា និងបទបញ្ជានីមួយៗដែលព្រះជាម្ចាស់ប្រទានដល់វា ហើយវាមិនដែលហ៊ានកន្លងហួសពីគំនូសឡើយ។ ទោះបីជាវាអាក្រក់ក៏ដោយ ក៏សាតាំងមានប្រាជ្ញាជាងមនុស្សជាតិដ៏ពុករលួយដែរ។ វាដឹងអំពីអត្តសញ្ញាណរបស់ព្រះអាទិករ ហើយដឹងអំពីព្រំដែនកំណត់ផ្ទាល់ខ្លួនរបស់វា។ ចេញពីសកម្មភាពដែល «ចុះចូល» របស់សាតាំងនេះ យើងអាចមើលឃើញថា សិទ្ធិអំណាច និងព្រះចេស្ដារបស់ព្រះជាម្ចាស់គឺជាបទបញ្ជានៃស្ថានសួគ៌ ដែលសាតាំងមិនអាចបំពានបានឡើយ ហើយថា វាច្បាស់ជាដោយសារតែភាពមានតែមួយគត់ និងសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ទើបរបស់សព្វសារពើផ្លាស់ប្តូរ និងរីកចម្រើនតាមវិធីដ៏មានសណ្តាប់ធ្នាប់ ហើយមនុស្សអាចរស់នៅ និងបង្កើតកូនចៅជាច្រើននៅក្នុងមាគ៌ាដែលព្រះជាម្ចាស់បានបង្កើត ដោយគ្មានមនុស្សណាម្នាក់ ឬវត្ថុណាមួយអាចផ្លាស់ប្តូរបញ្ញត្តិនេះបានទេ ព្រោះបញ្ញត្តិទាំងអស់នេះ ចេញពីព្រះហស្ដរបស់ព្រះអាទិករ និងចេញពីបទបញ្ជា ព្រមទាំងសិទ្ធិអំណាចរបស់ព្រះអាទិករ។

មានតែព្រះជាម្ចាស់ដែលមានអត្តសញ្ញាណរបស់ព្រះអាទិករប៉ុណ្ណោះ ដែលមានសិទ្ធិអំណាចតែមួយគត់

អត្តសញ្ញាណពិសេសរបស់សាតាំង បានបណ្តាលឲ្យមនុស្សជាច្រើនបង្ហាញការចាប់អារម្មណ៍ជាខ្លាំងចំពោះការបើកបង្ហាញរបស់វាអំពីទិដ្ឋភាពនានា។ ក៏មានមនុស្សភ្លីភ្លើជាច្រើនដែរ ដែលជឿថា សាតាំងមានសិទ្ធិអំណាចដូចជាព្រះជាម្ចាស់ដែរ ដោយសារសាតាំងអាចបង្ហាញការឫទ្ធិបារមីបាន ហើយវាអាចធ្វើអ្វីៗដែលមនុស្សជាតិមិនអាចធ្វើបាន។ ដូច្នេះ បន្ថែមលើការថ្វាយបង្គំព្រះជាម្ចាស់ មនុស្សជាតិក៏រក្សាទុកទីកន្លែងសម្រាប់សាតាំងនៅក្នុងចិត្តរបស់គេដែរ ហើយគេថែមទាំងថ្វាយបង្គំសាតាំងទុកជាព្រះជាម្ចាស់ទៀតផង។ មនុស្សទាំងនេះ គឺគួរឲ្យអាណិតផង និងគួរឲ្យស្អប់ផង។ ពួកគេគួរអាណិតដោយសារតែភាពល្ងង់ខ្លៅរបស់ពួកគេ ហើយពួកគេគួរឲ្យស្អប់ដោយសារតែភាពអញនិយមរបស់ពួកគេ និងសារជាតិអាក្រក់ដែលមានពីកំណើតរបស់ពួកគេ។ នៅត្រង់ចំណុចនេះ ខ្ញុំមានអារម្មណ៍ថា វាចាំបាច់ដែលត្រូវជម្រាបអ្នករាល់គ្នាអំពីអ្វីដែលជាសិទ្ធិអំណាច អ្វីដែលសិទ្ធិអំណាចនេះធ្វើជានិមិត្តរូប និងអ្វីដែលវាតំណាង។ និយាយឲ្យទូលាយជាងនេះគឺ ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គគឺជាសិទ្ធិអំណាច សិទ្ធិអំណាចរបស់ទ្រង់គឺជានិមិត្តរូបនៃភាពឧត្តុង្គឧត្តម និងលក្ខណៈសំខាន់របស់ព្រះជាម្ចាស់ ហើយសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គតំណាងឲ្យឋានៈ និងអត្តសញ្ញាណរបស់ព្រះជាម្ចាស់។ ដោយសារតែបែបនេះ តើសាតាំងហ៊ាននិយាយថា ខ្លួនវាជាព្រះជាម្ចាស់ទេ? តើសាតាំងហ៊ាននិយាយថា វាបានបង្កើតរបស់សព្វសារពើ និងកាន់កាប់អធិបតេយ្យភាពលើរបស់សព្វសារពើឬទេ? ពិតណាស់ វាមិនហ៊ាននោះទេ! ព្រោះវាមិនអាចបង្កើតរបស់សព្វសារពើបានទេ។ មកដល់សព្វថ្ងៃនេះ វាមិនដែលបានបង្កើតអ្វីមួយដែលព្រះជាម្ចាស់បានបង្កើតនោះទេ ហើយវាក៏មិនដែលបានបង្កើតអ្វីមួយដែលមានជីវិតនោះដែរ។ ដោយសារតែវាមិនមានសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ទើបវាមិនអាចមានឋានៈ និងអត្តសញ្ញាណរបស់ព្រះជាម្ចាស់ ហើយទាំងនេះត្រូវបានកំណត់ដោយលក្ខណៈសំខាន់របស់វា។ តើវាមានអំណាចដូចព្រះជាម្ចាស់ឬទេ? ពិតណាស់ វាមិនមានទេ! តើយើងហៅសកម្មភាពរបស់សាតាំង និងការឫទ្ធិបារមីដែលសាតាំងបង្ហាញ ថាជាអ្វី? តើវាជាចេស្ដាឬ? តើអាចហៅវាថា ជាសិទ្ធិអំណាចបានទេ? ពិតណាស់ មិនអាចហៅបានទេ! សាតាំងត្រួតត្រាទំនោររបស់អំពើអាក្រក់ ហើយបង្កភាពស្មុគស្មាញ បំផ្លាញ និងរំខានរាល់ទិដ្ឋភាពនៃកិច្ចការរបស់ព្រះជាម្ចាស់។ អស់រយៈពេលរាប់ពាន់ឆ្នាំកន្លងមកហើយ ក្រៅពីធ្វើឲ្យមនុស្សជាតិពុករលួយ និងធ្វើទុកបុកម្នេញមនុស្សជាតិ ទាក់ទាញ និងបោកបញ្ឆោតមនុស្សឲ្យមើលងាយ និងបដិសេធព្រះជាម្ចាស់ ទើបមនុស្សដើរទៅកាន់ជ្រោះនៃម្លប់សេចក្តីស្លាប់ តើសាតាំងបានធ្វើអ្វីផ្សេងទៀតដែលសមនឹងទទួលការរំលឹក ការកោតសរសើរ ឬការស្រឡាញ់ពីមនុស្សសូម្បីតែបន្តិចនោះ? ប្រសិនបើសាតាំងមានសិទ្ធិអំណាច និងចេស្ដា តើវានឹងបង្កគ្រោះថ្នាក់ដល់មនុស្សជាតិឬទេ? ប្រសិនបើសាតាំងមានចេស្ដា និងសិទ្ធិអំណាច តើមនុស្សជាតិនឹងបោះបង់ព្រះជាម្ចាស់ ហើយវិលត្រឡប់ទៅរកសេចក្តីស្លាប់ឬទេ? ដោយសារសាតាំងគ្មានសិទ្ធិអំណាច ឬចេស្ដា តើអ្វីដែលយើងគួរសន្និដ្ឋានអំពីលក្ខណៈសំខាន់នៃគ្រប់យ៉ាងដែលវាធ្វើ? មានមនុស្សដែលផ្តល់និយមន័យអំពីគ្រប់យ៉ាងដែលសាតាំងធ្វើថា គ្រាន់តែជាការបោកបញ្ឆោតប៉ុណ្ណោះ ប៉ុន្តែខ្ញុំជឿថា ការផ្តល់និយមន័យបែបនេះ គឺមិនសមស្របនោះទេ។ តើទង្វើអាក្រក់នៃការធ្វើឲ្យមនុស្សពុករលួយរបស់វា គ្រាន់តែជាការបោកបញ្ឆោតឬ? កម្លាំងអាក្រក់ដែលសាតាំងធ្វើទុក្ខទោសដល់លោកយ៉ូប និងមហិច្ឆតាដ៏សាហាវរបស់វាក្នុងការធ្វើទុក្ខទោស និងបំផ្លាញគាត់ មិនអាចសម្រេចបានត្រឹមតែការបោកបញ្ឆោតប៉ុណ្ណោះទេ។ បើក្រឡេកមើលទៅក្រោយ ហ្វូងសត្វរបស់លោកយ៉ូបដែលរាយប៉ាយទូទាំងភ្នំតូចភ្នំធំបានវិនាសមួយរំពេច។ សំណាងដ៏អស្ចារ្យរបស់លោកយ៉ូប បានវិនាសបាត់ទៅមួយរំពេច។ តើនេះត្រូវបានសម្រេចត្រឹមតែការបោកបញ្ឆោតឬទេ? ធម្មជាតិនៃគ្រប់យ៉ាងដែលសាតាំងធ្វើ គឺឆ្លើយតប និងសមស្របជាមួយពាក្យអវិជ្ជមានដូចជា ដើម្បីធ្វើឲ្យខូច រំខាន បំផ្លាញ ធ្វើឲ្យគ្រោះថ្នាក់ អាក្រក់ ភាពអាក្រក់ និងភាពងងឹតជាដើម។ ដូច្នេះ ការកើតឡើងគ្រប់យ៉ាងដែលទុច្ចរិត និងអាក្រក់ គឺផ្សារភ្ជាប់ទៅនឹងសកម្មភាពរបស់សាតាំងដោយមិនអាចកាត់ផ្ដាច់បាន ហើយមិនអាចកាត់ផ្តាច់ពីលក្ខណៈអាក្រក់របស់សាតាំងបានឡើយ។ មិនថាសាតាំង «ខ្លាំង» ប៉ុណ្ណា មិនថាវាអង់អាច និងធំប៉ុណ្ណា មិនថាវាមានសមត្ថភាពអស្ចារ្យប៉ុណ្ណាក្នុងការបង្កឲ្យមានការបំផ្លាញ មិនថាភាពប៉ិនប្រសប់ដែលវាធ្វើឲ្យមនុស្សពុករលួយ និងទាក់ទាញមនុស្សទូលំទូលាយប៉ុណ្ណា មិនថាល្បិច និងការបោកបញ្ឆោតដែលវាសម្លុតមនុស្សឆ្លាតប៉ុណ្ណា មិនថាសណ្ឋានដែលវារស់នៅបង្កបញ្ហាបែបណានោះទេ គឺវាមិនអាចបង្កើតវត្ថុមានជីវិតមួយបានទេ វាមិនអាចបង្កើតបញ្ញត្តិ ឬក្រឹត្យវិន័យសម្រាប់អត្ថិភាពនៃរបស់សព្វសារពើ ហើយវាមិនអាចត្រួតត្រា និងគ្រប់គ្រងវត្ថុណាមួយឡើយ មិនថាវត្ថុមានចលនា និងវត្ថុគ្មានចលនានោះទេ។ នៅក្នុងចក្រវាឡ និងនៅក្នុងលំហអាកាស គ្មានមនុស្សណាម្នាក់ ឬវត្ថុណាមួយដែលកើតចេញពីវា ឬមានជីវិតដោយសារតែវានោះទេ។ គ្មានមនុស្សណាម្នាក់ ឬវត្ថុណាមួយដែលវាត្រួតត្រា ឬគ្រប់គ្រងនោះទេ។ ផ្ទុយទៅវិញ វាមិនត្រឹមតែត្រូវរស់នៅក្រោមការត្រួតត្រារបស់ព្រះជាម្ចាស់ប៉ុណ្ណោះទេ ជាងនេះទៅទៀត វាថែមទាំងត្រូវគោរពបទបញ្ជា និងការបញ្ជាទាំងអស់របស់ព្រះជាម្ចាស់ទៀតផង។ បើគ្មានការអនុញ្ញាតរបស់ព្រះជាម្ចាស់ទេ នោះសាតាំងនឹងមានការលំបាកក្នុងការប៉ះពាល់សូម្បីតែទឹកមួយដំណក់ ឬខ្សាច់មួយគ្រាប់នៅលើដី។ បើគ្មានការអនុញ្ញាតរបស់ព្រះជាម្ចាស់ទេ សាតាំងមិនមានសូម្បីតែសេរីភាពក្នុងការរំកិលសូម្បីតែសត្វស្រមោចនៅលើដីផង កុំថាឡើយមនុស្សជាតិ ដែលព្រះជាម្ចាស់បានបង្កើតនោះ។ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ សាតាំងគឺតូចជាងផ្កាកំភ្លឹងនៅលើភ្នំទៅទៀត តូចជាងបក្សាបក្សីដែលហើរលើអាកាស តូចជាងមច្ឆានៅក្នុងសមុទ្រ និងតូចជាងដង្កូវនៅលើផែនដី។ តួនាទីរបស់វានៅក្នុងចំណោមរបស់សព្វសារពើ គឺដើម្បីបម្រើរបស់សព្វសារពើ និងធ្វើកិច្ចការសម្រាប់មនុស្សជាតិ ព្រមទាំងបម្រើកិច្ចការរបស់ព្រះជាម្ចាស់ និងផែនការគ្រប់គ្រងរបស់ទ្រង់។ មិនថាធម្មជាតិរបស់វាអាក្រក់ប៉ុណ្ណា និងមិនថាលក្ខណៈសំខាន់របស់វាអាក្រក់ប៉ុណ្ណានោះទេ រឿងតែម៉្យាងដែលវាអាចធ្វើបានគឺគោរពតាមតួនាទីរបស់វាយ៉ាងយកចិត្តទុកដាក់៖ ជាការបម្រើដល់ព្រះជាម្ចាស់ និងផ្តល់ភាពបន្ទាប់បន្សំមួយដល់ព្រះជាម្ចាស់។ នេះគឺជាលក្ខណៈសំខាន់ និងតួនាទីរបស់សាតាំង។ លក្ខណៈរបស់វាមិនទាក់ទងនឹងជីវិត មិនទាក់ទងនឹងអំណាច មិនទាក់ទងនឹងសិទ្ធិអំណាចនោះទេ។ វាគ្រាន់តែជារបស់លេងនៅក្នុងព្រះហស្ដរបស់ព្រះជាម្ចាស់ និងគ្រាន់តែជាម៉ាស៊ីននៅក្នុងការបម្រើដល់ព្រះជាម្ចាស់ប៉ុណ្ណោះ។

ដោយបានយល់ពីមុខមាត់ពិតរបស់សាតាំង មនុស្សជាច្រើននៅតែមិនយល់ពីអ្វីដែលជាសិទ្ធិអំណាច ដូច្នេះ ខ្ញុំសូមប្រាប់អ្នកថា! សិទ្ធិអំណាចអាចត្រូវបានពន្យល់ថា ជាព្រះចេស្ដារបស់ព្រះជាម្ចាស់។ ទីមួយ វាអាចត្រូវបាននិយាយដោយភាពប្រាកដថា ទាំងសិទ្ធិអំណាច និងព្រះចេស្ដាគឺវិជ្ជមាន។ ពួកវាមិនមានទំនាក់ទំនងទៅនឹងអ្វីមួយដែលអវិជ្ជមាននោះទេ ហើយក៏មិនទាក់ទងទៅនឹងភាវៈដែលត្រូវបានបង្កើត និងភាវៈដែលមិនត្រូវបានបង្កើតដែរ។ អំណាចរបស់ព្រះជាម្ចាស់គឺអាចបង្កើតអ្វីៗគ្រប់សណ្ឋានដែលមានជីវិត និងភាពរស់រវើក ហើយទាំងនេះត្រូវបានកំណត់ដោយជីវិតរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់គឺជាជីវិត ដូច្នេះទ្រង់គឺជាប្រភពនៃភាវៈមានជីវិតទាំងអស់។ ជាងនេះទៅទៀត សិទ្ធិអំណាចរបស់ព្រះជាម្ចាស់អាចធ្វើឲ្យភាវៈមានជីវិតទាំងអស់គោរពតាមព្រះបន្ទូលនីមួយៗរបស់ព្រះជាម្ចាស់ ពោលគឺ ក្លាយជាភាវៈដោយផ្អែកលើព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់ ហើយរស់នៅ និងបន្តពូជដោយការបញ្ជារបស់ព្រះជាម្ចាស់ ដែលក្រោយមក ព្រះជាម្ចាស់ត្រួតត្រា និងបញ្ជាភាវៈមានជីវិតទាំងអស់ ហើយនឹងមិនដែលមានការកែប្រែជានិច្ចនិរន្តរ៍។ គ្មានមនុស្សណាម្នាក់ ឬវត្ថុណាមួយមានលក្ខណៈទាំងនេះទេ គឺមានតែព្រះអាទិករប៉ុណ្ណោះដែលមាន និងកាន់កាប់ព្រះចេស្ដាបែបនេះ ដូច្នេះ វាត្រូវបានហៅថា សិទ្ធិអំណាច។ នេះគឺជាភាពមានតែមួយគត់របស់ព្រះអាទិករ។ ដូចនេះ មិនថាពាក្យ «សិទ្ធិអំណាច» ឬលក្ខណៈសំខាន់របស់សិទ្ធិអំណាចនេះទេ ពួកវានីមួយៗអាចត្រឹមតែជាប់ទាក់ទងជាមួយព្រះអាទិករប៉ុណ្ណោះ ដោយសារតែវាគឺជានិមិត្តរូបនៃអត្តសញ្ញាណ និងលក្ខណៈសំខាន់តែមួយគត់របស់ព្រះអាទិករ ហើយវាតំណាងឲ្យអត្តសញ្ញាណ និងឋានៈរបស់ព្រះអាទិករ។ ក្រៅពីព្រះអាទិករ គ្មានមនុស្សណាម្នាក់ ឬវត្ថុណាមួយអាចជាប់ទាក់ទងជាមួយពាក្យ «សិទ្ធិអំណាច» បានទេ។ នេះគឺជាការកាត់ស្រាយអំពីសិទ្ធិអំណាចតែមួយគត់របស់ព្រះអាទិករ។

ទោះបីជាសាតាំងមើលទៅលោកយ៉ូបដោយក្រសែភ្នែកច្រណែនក៏ដោយ បើគ្មានការអនុញ្ញាតពីព្រះជាម្ចាស់ វាមិនហ៊ានប៉ះពាល់រោមមួយសរសៃដែលមាននៅលើរាងកាយរបស់លោកយ៉ូបនោះទេ។ ទោះបីសាតាំងអាក្រក់ និងសាហាវពីកំណើតក៏ដោយ បន្ទាប់ពីព្រះជាម្ចាស់ចេញបទបញ្ជារបស់ទ្រង់ដល់វាហើយ វាគ្មានជម្រើសអ្វីក្រៅពីគោរពតាមការបញ្ជារបស់ព្រះជាម្ចាស់នោះទេ។ ដូច្នេះ ទោះបីជាសាតាំងរំភើបភ្ញាក់ផ្អើលដូចចចកមួយក្បាលនៅក្នុងហ្វូងចៀម នៅពេលដែលវាមករកលោកយ៉ូបក៏ដោយ ក៏វាមិនហ៊ានភ្លេចដែនកំណត់ដែលព្រះជាម្ចាស់កំណត់សម្រាប់វានោះដែរ។ វាមិនហ៊ានបំពានបទបញ្ជារបស់ព្រះជាម្ចាស់ទេ ហើយនៅក្នុងគ្រប់យ៉ាងដែលវាបានធ្វើ សាតាំងមិនហ៊ានងាកចេញពីគោលការណ៍ និងដែនកំណត់នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។ តើនេះមិនមែនជាការពិតទេឬ? តាមរយៈរឿងរ៉ាវនេះ យើងអាចឃើញថា សាតាំងមិនហ៊ានបំពានព្រះបន្ទូលណាមួយរបស់ព្រះយេហូវ៉ាដ៏ជាព្រះឡើយ។ ចំពោះសាតាំង ព្រះបន្ទូលនីមួយៗដែលចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់ គឺជាបទបញ្ជាមួយ និងជាច្បាប់ស្ថានសួគ៌មួយ ព្រមទាំងជាការថ្លែងពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ដោយសារនៅពីក្រោយព្រះបន្ទូលនីមួយៗរបស់ព្រះជាម្ចាស់ គឺត្រូវបានសំដៅលើការដាក់ទោសរបស់ព្រះជាម្ចាស់ចំពោះអស់អ្នកដែលបំពានបទបញ្ជារបស់ព្រះជាម្ចាស់ និងដល់អស់អ្នកដែលមិនស្តាប់បង្គាប់ ព្រមទាំងទាស់ទទឹងនឹងច្បាប់ស្ថានសួគ៌។ សាតាំងដឹងយ៉ាងច្បាស់ថា ប្រសិនបើវាបំពានបទបញ្ជារបស់ព្រះជាម្ចាស់ នោះវាត្រូវតែទទួលលទ្ធផលចំពោះការបំពានសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ និងលទ្ធផលនៃការទាស់ទទឹងនឹងច្បាប់ស្ថានសួគ៌។ តើលទ្ធផលទាំងនេះគឺជាអ្វី? ពិតណាស់ ពួកវាគឺជាការដាក់ទោសរបស់ព្រះជាម្ចាស់ចំពោះសាតាំង។ សកម្មភាពរបស់សាតាំងចំពោះលោកយ៉ូប គ្រាន់តែជាចំណែកដ៏តូចល្អិតមួយនៃការដែលវាធ្វើឲ្យមនុស្សពុករលួយតែប៉ុណ្ណោះ ហើយនៅពេលដែលសាតាំងកំពុងធ្វើសកម្មភាពទាំងនេះ ដែនកំណត់ដែលព្រះជាម្ចាស់កំណត់ និងបទបញ្ជាដែលទ្រង់បានចេញចំពោះសាតាំង គ្រាន់តែជាចំណែកដ៏តូចល្អិតមួយនៃគោលការណ៍នៅពីក្រោយគ្រប់យ៉ាងដែលវាធ្វើប៉ុណ្ណោះ។ ជាងនេះទៅទៀត តួនាទី និងតំណែងរបស់សាតាំងនៅក្នុងបញ្ហានេះ គ្រាន់តែជាចំណែកដ៏តូចល្អិតមួយប៉ុណ្ណោះ។ តួនាទី និងតំណែងរបស់វានៅក្នុងកិច្ចការនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ហើយការស្តាប់ង្គាប់ទាំងស្រុងរបស់សាតាំងចំពោះព្រះជាម្ចាស់នៅក្នុងការល្បួងរបស់វាចំពោះលោកយ៉ូប គ្រាន់តែជាចំណែកដ៏តូចល្អិតនៃវិធីដែលសាតាំងមិនហ៊ានបញ្ចេញការជំទាស់ប្រឆាំងនឹងព្រះជាម្ចាស់ នៅក្នុងកិច្ចការនៃការគ្រប់គ្រងរបស់ទ្រង់សូម្បីតែបន្ដិចប៉ុណ្ណោះ។ តើការព្រមានអ្វីដែលចំណែកដ៏តូចល្អិតនេះផ្តល់ដល់អ្នករាល់គ្នា? នៅក្នុងចំណោមរបស់សព្វសារពើរួមទាំងសាតាំងដែរនោះ គ្មានមនុស្សណាម្នាក់ ឬវត្ថុណាមួយអាចបំពានច្បាប់ និងបទបញ្ជានៃស្ថានសួគ៌ដែលព្រះអាទិករបានកំណត់នោះទេ ហើយគ្មានមនុស្សណាម្នាក់ ឬវត្ថុណាមួយដែលហ៊ានបំពានច្បាប់ និងបទបញ្ជានៃស្ថានសួគ៌ទាំងនេះនោះដែរ ព្រោះគ្មានមនុស្សណាម្នាក់ ឬវត្ថុណាមួយអាចកែប្រែ ឬគេចចេញពីការដាក់ទោសដែលព្រះជាម្ចាស់ប្រទានដល់អស់អ្នកដែលមិនស្តាប់បង្គាប់ច្បាប់ និងបទបញ្ជាទាំងនោះ។ មានតែព្រះអាទិករប៉ុណ្ណោះ ដែលអាចបង្កើតច្បាប់ និងបទបញ្ជានៃស្ថានសួគ៌ មានតែព្រះអាទិករប៉ុណ្ណោះ ដែលមានព្រះចេស្ដាដើម្បីដាក់ឲ្យដំណើរការច្បាប់ និងបទបញ្ជានៃស្ថានសួគ៌ទាំងនោះ ហើយមានតែព្រះចេស្ដារបស់ព្រះអាទិករប៉ុណ្ណោះ ដែលគ្មានមនុស្សណាម្នាក់ ឬវត្ថុណាមួយអាចបំពានបាន។ នេះគឺជាសិទ្ធិអំណាចតែមួយគត់របស់ព្រះអាទិករ ហើយសិទ្ធិអំណាចនេះគឺឧត្តុង្គឧត្តមបំផុតក្នុងចំណោមរបស់សព្វសារពើ។ ដូច្នេះ វាមិនអាចទៅរួចទេ ដែលនិយាយថា «ព្រះជាម្ចាស់គឺជាព្រះដ៏អស្ចារ្យបំផុត ហើយសាតាំងឈរនៅលេខរៀងទីពីរនោះ។» មានតែព្រះអាទិករប៉ុណ្ណោះដែលមានសិទ្ធិអំណាចតែមួយគត់ ក្រៅពីនេះ គឺគ្មានព្រះដទៃណាផ្សេងទៀតឡើយ!

ពេលនេះ តើអ្នករាល់គ្នាមានចំណេះដឹងថ្មីអំពីសិទ្ធិអំណាចរស់ព្រះជាម្ចាស់ឬទេ? ទីមួយ តើមានភាពខុសគ្នាឬទេ រវាងសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ដែលទើបនឹងលើកឡើងអម្បាញ់មិញ និងអំណាចរបស់មនុស្ស? តើអ្វីជាភាពខុសគ្នា? មនុស្សមួយចំនួននិយាយថា គ្មានការប្រៀបធៀបរវាងអំណាចទាំងពីរនេះទេ។ ការនិយាយបែបនោះ គឺត្រឹមត្រូវ! ទោះបីជាមនុស្សនិយាយថា គ្មានការប្រៀបធៀបរវាងសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ និងអំណាចរបស់មនុស្សក៏ដោយ ក៏នៅក្នុងគំនិត និងនៅក្នុងសញ្ញាណរបស់មនុស្ស អំណាចរបស់មនុស្សគឺតែងតែច្របូកច្របល់ជាមួយសិទ្ធិអំណាច ហើយទាំងពីរនេះតែងតែត្រូវបានប្រៀបធៀបទន្ទឹមគ្នា។ តើមានអ្វីកំពុងកើតឡើងនៅទីនេះ? តើមនុស្សមិនមែនកំពុងបង្កើតកំហុស ក្នុងការយកមួយទៅជំនួសមួយទៀតយ៉ាងគ្រោះថ្នាក់ទេឬ? ទាំងពីរយ៉ាងនេះ គឺមិនទាក់ទងគ្នានោះទេ ហើយក៏គ្មានការប្រៀបធៀបរវាងពួកវាដែរ ប៉ុន្តែមនុស្សនៅតែមិនអាចជួយខ្លួនឯងបាន។ តើបញ្ហានេះគួរត្រូវបានដោះស្រាយដោយវិធីណា? ប្រសិនបើអ្នកពិតជាចង់ស្វែងរកដំណោះស្រាយមួយ នោះវិធីតែមួយគត់គឺស្វែងយល់ និងស្គាល់អំពីសិទ្ធិអំណាចតែមួយគត់របស់ព្រះជាម្ចាស់។ បន្ទាប់ពីការស្វែងយល់ និងស្គាល់អំពីសិទ្ធិអំណាចនៃព្រះអាទិកររួចហើយ អ្នកនឹងមិនលើកយកអំណាចរបស់មនុស្ស និងសិទ្ធិអំណាចរបស់ព្រះជាម្ចាស់មកនិយាយក្នុងពេលដំណាលគ្នានោះទេ។

តើអំណាចរបស់មនុស្សសំដៅទៅលើអ្វី? និយាយឲ្យសាមញ្ញទៅ វាគឺជាសមត្ថភាព ឬជំនាញដែលធ្វើឲ្យនិស្ស័យ មហិច្ឆតា និងបំណងពុករលួយរបស់មនុស្សរីកធំធាត់ ឬអាចសម្រេចបានក្នុងកម្រិតច្រើនបំផុត។ តើនេះរាប់ជាសិទ្ធិអំណាចឬទេ? មិនថាមនុស្សមានបំណង និងមហិច្ឆតាខ្លាំង និងមានប្រយោជន៍បែបណានោះទេ មនុស្សនោះមិនអាចត្រូវបាននិយាយថា មានសិទ្ធិអំណាចនោះទេ។ យ៉ាងច្រើនបំផុត ការប៉ោងឡើង និងភាពជោគជ័យនេះ គឺគ្រាន់តែជាការចង្អុលបង្ហាញមួយអំពីអាកប្បកិរិយាដែលគួរឲ្យអស់សំណើចរបស់សាតាំងនៅក្នុងចំណោមមនុស្សប៉ុណ្ណោះ។ យ៉ាងច្រើនបំផុត វាគឺជាការកំប្លែងដែលសាតាំងប្រព្រឹត្តដូចជាបុព្វបុរសរបស់វាដែរ ដើម្បីបំពេញមហិច្ឆតារបស់វាក្នុងការក្លាយទៅជាព្រះជាម្ចាស់។

ពេលនេះ តើអ្នកយល់បែបណាឲ្យពិតប្រាកដ ចំពោះសិទ្ធិអំណាចរបស់ព្រះជាម្ចាស់? ពេលនេះ ដោយព្រះបន្ទូលទាំងនេះត្រូវបានយកមកប្រកបគ្នា អ្នកគួរតែមានចំណេះដឹងថ្មីមួយអំពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់។ ដូច្នេះ ខ្ញុំសួរអ្នករាល់គ្នាថា៖ តើសិទ្ធិអំណាចរបស់ព្រះជាម្ចាស់តំណាងឲ្យអ្វី? តើវាតំណាងឲ្យអត្តសញ្ញាណរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គឬ? តើវាតំណាងឲ្យអំណាចរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គឬ? តើវាតំណាងឲ្យឋានៈតែមួយគត់របស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គឬ? នៅក្នុងចំណោមរបស់សព្វសារពើ តើអ្នកបានឃើញសិទ្ធិអំណាចរបស់ព្រះជាម្ចាស់នៅក្នុងអ្វី? តើអ្នកឃើញវាដោយរបៀបណា? ពាក់ព័ន្ធនឹងរដូវទាំងបួនដែលមនុស្សធ្លាប់មានបទពិសោធន៍ តើមាននរណាម្នាក់អាចផ្លាស់ប្តូរច្បាប់នៃការផ្លាស់វេនគ្នារវាងរដូវផ្ការីក រដូវក្តៅ រដូវស្លឹកឈើជ្រុះ និងរដូវរងារបានទេ? នៅក្នុងរដូវផ្ការីក ដើមឈើចេញផ្កា ហើយរីក។ នៅក្នុងរដូវក្តៅ ពួកវាគ្របដណ្តប់ទៅដោយស្លឹក។ នៅក្នុងរដូវស្លឹកឈើជ្រុះ ពួកវាមានផ្លែ ហើយនៅក្នុងរដូវរងារ ស្លឹកឈើជ្រុះ។ តើមាននរណាម្នាក់អាចកែប្រែច្បាប់នេះបានទេ? តើនេះ មិនឆ្លុះបញ្ចាំងពីទិដ្ឋភាពមួយនៃសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ទេឬ? ព្រះជាម្ចាស់ទ្រង់មានព្រះបន្ទូលថា «ចូរឲ្យមានពន្លឺ» នោះពន្លឺក៏កើតឡើង។ តើពន្លឺនេះនៅតែស្ថិតនៅឬទេ? តើមូលហេតុអ្វីទើបវាស្ថិតនៅ? ពិតណាស់ វាស្ថិតនៅដោយសារតែព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងដោយសារតែសិទ្ធិអំណាចរបស់ព្រះជាម្ចាស់។ តើខ្យល់ដែលព្រះជាម្ចាស់បានបង្កើតនៅតែស្ថិតនៅឬទេ? តើខ្យល់ដែលមនុស្សដកដង្ហើមមកពីព្រះជាម្ចាស់មែនទេ? តើមាននរណាម្នាក់អាចយកអ្វីៗដែលមកពីព្រះជាម្ចាស់ចេញបានទេ? តើមាននរណាម្នាក់អាចកែប្រែលក្ខណៈសំខាន់ និងតួនាទីរបស់ពួកគេបានទេ? តើនរណាម្នាក់អាចធ្វើឲ្យរំខានដល់យប់ និងថ្ងៃដែលព្រះជាម្ចាស់បែងចែកឲ្យ និងធ្វើឲ្យរំខានដល់ច្បាប់នៃពេលយប់ និងពេលថ្ងៃ ដែលព្រះជាម្ចាស់បានបញ្ជាឬទេ? តើសាតាំងធ្វើរឿងបែបនេះបានទេ? ទោះបីជាអ្នកមិនគេងពេលយប់ ហើយយកយប់ធ្វើជាថ្ងៃក៏ដោយ ក៏វានៅតែជាពេលយប់ដដែល។ អ្នកអាចផ្លាស់ប្តូរទម្លាប់ប្រចាំថ្ងៃរបស់អ្នកបាន ប៉ុន្តែអ្នកមិនអាចផ្លាស់ប្តូរច្បាប់នៃការប្តូរវេនរវាងយប់ និងថ្ងៃបានទេ។ ការពិតនេះ គឺមិនកែប្រែបានដោយមនុស្សណាម្នាក់នោះឡើយ តើមិនអ៊ីចឹងទេឬ? តើមាននរណាម្នាក់អាចធ្វើឲ្យសត្វតោភ្ជួរដីដូចសត្វគោបានទេ? តើមាននរណាម្នាក់អាចប្តូរឲ្យសត្វដំរីក្លាយជាសត្វលាបានទេ? តើមាននរណាម្នាក់អាចធ្វើឲ្យសត្វមាន់ហោះហើរនៅលើអាកាសដូចសត្វឥន្ទ្រីបានទេ? តើមាននរណាម្នាក់អាចធ្វើឲ្យសត្វចចកស៊ីស្មៅដូចជាសត្វចៀមបានទេ? (ទេ)។ តើមាននរណាម្នាក់អាចធ្វើឲ្យមច្ឆានៅក្នុងទឹករស់នៅលើដីគោកបានទេ? មនុស្សមិនអាចធ្វើរឿងទាំងនោះបានទេ។ ហេតុអ្វីមិនបាន? គឺដោយសារតែព្រះជាម្ចាស់បានបញ្ជាមច្ឆាឲ្យរស់នៅក្នុងទឹក ដូច្នេះពួកវាក៏រស់នៅក្នុងទឹក។ នៅលើដី ពួកវាមិនអាចរស់បានទេ ហើយពួកវានឹងស្លាប់។ ពួកវាមិនអាចបំពានដែនកំណត់នៃការបញ្ជារបស់ព្រះជាម្ចាស់បានទេ។ របស់សព្វសារពើមានច្បាប់ និងដែនកំណត់ចំពោះអត្ថិភាពរបស់ពួកវា ហើយពួកវានីមួយៗមានសភាវគតិផ្ទាល់ខ្លួនរបស់ពួកវា។ ទាំងអស់ត្រូវបានគ្រប់គ្រង់ដោយព្រះអាទិករ ហើយគ្មានមនុស្សណាអាចកែប្រែ និងធ្វើឲ្យហួសនេះបានទេ។ ឧទាហរណ៍ សត្វតោនឹងតែងតែរស់នៅក្នុងព្រៃ ដោយនៅឆ្ងាយពីសហគមន៍របស់មនុស្ស ហើយនឹងមិនដែលស្លូត និងស្មោះត្រង់ដូចសត្វគោដែលរស់នៅជាមួយមនុស្ស និងធ្វើការសម្រាប់មនុស្សនោះទេ។ ទោះបីជាសត្វដំរី និងសត្វលា ទាំងពីរនេះគឺជាសត្វ ទាំងពីរនេះមានជើងបួន និងជាសត្តនិករដែលដកដង្ហើមដូចគ្នាក៏ដោយ ក៏ពួកវាមានពូជខុសគ្នាដែរ ព្រោះពួកវាត្រូវបានព្រះជាម្ចាស់ញែកទៅក្នុងប្រភេទខុសគ្នា។ ពួកវានីមួយៗមានសភាវគតិផ្ទាល់ខ្លួនរបស់ពួកវា ហេតុដូច្នេះ ពួកវានឹងមិនអាចដោះដូរគ្នាបានឡើយ។ ទោះបីជាសត្វមាន់មានជើងពីរ និងស្លាបពីរដូចជាសត្វឥន្ទ្រីយ៍ក៏ដោយ ក៏វាមិនអាចហើរនៅលើអាកាសបានដែរ។ យ៉ាងច្រើនណាស់ វាអាចត្រឹមតែហើរទៅលើដើមឈើប៉ុណ្ណោះ ដែលនេះត្រូវបានកំណត់ដោយសភាវគតិរបស់វា។ ពិតណាស់ ទាំងអស់នេះគឺដោយសារតែការបញ្ជានៃសិទ្ធិអំណាចរបស់ព្រះជាម្ចាស់។

នៅក្នុងការអភិវឌ្ឍន៍របស់មនុស្សជាតិសព្វថ្ងៃនេះ វិទ្យាសាស្ត្ររបស់មនុស្សជាតិអាចនិយាយបានថា កំពុងតែរីកចម្រើនលូតលាស់ ហើយសមិទ្ធផលនៃការរុករកបែបវិទ្យាសាស្ត្ររបស់មនុស្ស អាចពណ៌នាបានថា គួរឲ្យចាប់អារម្មណ៍។ វាត្រូវតែត្រូវបាននិយាយថា សមត្ថភាពរបស់មនុស្សកំពុងតែរីកចម្រើនកាន់តែប្រសើរឡើង ប៉ុន្តែមានការរកឃើញបែបវិទ្យាសាស្ត្រមួយដែលមនុស្សជាតិមិនអាចធ្វើបាន៖ មនុស្សជាតិបានផលិតយន្តហោះ នាវាផ្ទុកយន្តហោះ គ្រាប់បែកនុយក្លេអ៊ែរ មនុស្សជាតិបានទៅដល់ឋានអវកាស បានដើរនៅលើភពព្រះចន្ទ និងបានបង្កើតអ៊ិនធឺណែត ហើយបានរស់នៅក្នុងរបៀបរស់នៅបែបបច្ចេកវិទ្យាទាន់សម័យ ប៉ុន្តែមនុស្សជាតិមិនអាចបង្កើតវត្ថុដែលអាចដកដង្ហើម និងវត្ថុមានជីវិតបានទេ។ សភាវគតិរបស់សត្តនិករមានជីវិតនីមួយៗ និងច្បាប់ដែលពួកវារស់នៅ ព្រមទាំងវដ្ដនៃជីវិត និងសេចក្តីស្លាប់របស់វត្ថុមានជីវិតនីមួយៗ ទាំងអស់នេះគឺហួសពីអំណាចនៃវិទ្យាសាស្ត្ររបស់មនុស្សជាតិ ហើយមនុស្សជាតិមិនអាចគ្រប់គ្រងបានទេ។ នៅត្រង់ចំណុចនេះ ត្រូវនិយាយថា មិនថាវិទ្យាសាស្ត្ររបស់មនុស្សឈានដល់កម្រិតខ្ពស់អស្ចារ្យប៉ុនណានោះទេ គឺវាមិនអាចប្រៀបធៀបជាមួយព្រះតម្រិះណាមួយរបស់ព្រះអាទិករបានឡើយ ហើយវាក៏មិនអាចយល់ពីភាពអស្ចារ្យនៃការបង្កើតរបស់ព្រះជាម្ចាស់ និងសព្វានុភាពនៃសិទ្ធិអំណាចរបស់ទ្រង់បានដែរ។ មានមហាសមុទ្រជាច្រើននៅលើផែនដី ប៉ុន្តែពួកវាមិនដែលបំពានដែនកំណត់របស់ពួកវា ហើយមកនៅលើដីតាមអំពើចិត្តនោះឡើយ ហើយនោះគឺដោយសារតែព្រះជាម្ចាស់ដែលបានកំណត់ព្រំដែនសម្រាប់ពួកវានីមួយៗ។ ពួកវាបានស្នាក់នៅទីកន្លែងដែលទ្រង់បានបញ្ជាពួកវាឲ្យនៅ ហើយបើគ្មានការអនុញ្ញាតរបស់ព្រះជាម្ចាស់នោះទេ ពួកវាមិនអាចផ្លាស់ទីដោយសេរីបានឡើយ។ បើគ្មានការអនុញ្ញាតរបស់ព្រះជាម្ចាស់ ពួកវាមិនអាចប៉ះពាល់គ្នាបានទេ ហើយពួកវាអាចត្រឹមតែផ្លាស់ទីនៅពេលដែលព្រះជាម្ចាស់មានព្រះបន្ទូលឲ្យផ្លាស់ទីប៉ុណ្ណោះ ហើយទីកន្លែងដែលពួកវាទៅ និងស្នាក់នៅត្រូវបានកំណត់ដោយសិទ្ធិអំណាចរបស់ព្រះជាម្ចាស់។

និយាយឲ្យសាមញ្ញទៅ «សិទ្ធិអំណាចរបស់ព្រះជាម្ចាស់» មានន័យថា គឺអាស្រ័យលើព្រះជាម្ចាស់។ ព្រះជាម្ចាស់មានសិទ្ធិក្នុងការសម្រេចព្រះទ័យអំពីវិធីដើម្បីធ្វើអ្វីមួយ ហើយវានឹងសម្រេចបានទៅតាមវិធីណាមួយដែលទ្រង់សព្វព្រះហឫទ័យ។ ច្បាប់នៃរបស់សព្វសារពើគឺអាស្រ័យលើព្រះជាម្ចាស់ ហើយមិនអាស្រ័យលើមនុស្សនោះទេ។ មនុស្សក៏មិនអាចកែប្រែច្បាប់នេះបានដែរ។ វាមិនត្រូវបានផ្លាស់ទីដោយបំណងរបស់មនុស្សនោះទេ ផ្ទុយទៅវិញវាត្រូវបានផ្លាស់ប្តូរដោយព្រះតម្រិះរបស់ព្រះជាម្ចាស់ ព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ និងបទបញ្ជារបស់ព្រះជាម្ចាស់។ នេះគឺជាការពិតដែលមនុស្សមិនអាចបដិសេធបាន។ ស្ថានសួគ៌ និងផែនដី ព្រមទាំងរបស់សព្វសារពើ សាកលលោក ផ្ទៃមេឃដែលពេញដោយផ្កាយ រដូវទាំងបួនរបស់ឆ្នាំដែលមនុស្សមើលឃើញ និងមើលមិនឃើញ គឺទាំងអស់នេះសុទ្ធតែស្ថិតនៅ បំពេញតួនាទី និងផ្លាស់ប្តូរដោយគ្មានការខុសឆ្គងសូម្បីតែបន្តិច នៅក្រោមសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ទៅតាមការបញ្ជារបស់ព្រះជាម្ចាស់ ទៅតាមបទបញ្ជារបស់ព្រះជាម្ចាស់ និងទៅតាមច្បាប់នៃការចាប់ផ្តើមការបង្កើត។ គ្មានមនុស្សណាម្នាក់ ឬវត្ថុណាមួយអាចផ្លាស់ប្តូរច្បាប់របស់ពួកវា ឬផ្លាស់ប្តូរមាគ៌ាដែលមានពីកំណើត ដែលពួកវាបំពេញតួនាទីឡើយ។ ពួកវាក្លាយជាភាវៈដោយសារសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ហើយស្លាប់ទៅវិញដោយសារតែសិទ្ធិអំណាចរបស់ព្រះជាម្ចាស់។ នេះគឺជាសិទ្ធិអំណាចតែមួយគត់របស់ព្រះជាម្ចាស់។ ពេលនេះ យើងបាននិយាយអំពីបញ្ហានេះច្រើនហើយ តើអ្នកមានអារម្មណ៍ថា សិទ្ធិអំណាចរបស់ព្រះជាម្ចាស់ គឺជានិមិត្តសញ្ញានៃអត្តសញ្ញាណ និងឋានៈរបស់ព្រះជាម្ចាស់ឬទេ? តើភាវៈត្រូវបានបង្កើត និងភាវៈមិនត្រូវបានបង្កើតអាចមានសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ឬទេ? តើមនុស្សណាម្នាក់ ឬវត្ថុណាមួយអាចយកតម្រាប់តាម ដើរតួជាតំណាង ឬជំនួសសិទ្ធិអំណាចរបស់ព្រះជាម្ចាស់បានទេ?

អត្តសញ្ញាណរបស់ព្រះអាទិករ គឺមានតែមួយគត់ ហើយអ្នកមិនគួរគោរពតាមទស្សនៈនៃព្រះអាទិទេពនានានោះទេ

ទោះបីជាជំនាញ និងសមត្ថភាពរបស់សាតាំងប្រសើរជាងមនុស្សក៏ដោយ ទោះបីជាវាអាចធ្វើអ្វីមួយដែលមនុស្សមិនអាចធ្វើបានក៏ដោយ មិនថាអ្នកច្រណែន ឬចង់បានអ្វីដែលសាតាំងធ្វើឬអត់នោះទេ មិនថាអ្នកស្អប់អ្វីៗទាំងនេះឬអត់នោះទេ មិនថាអ្នកអាចមើលឃើញពួកវាឬអត់នោះទេ ហើយមិនថាសាតាំងសម្រេចសមិទ្ធផលបានច្រើនប៉ុណ្ណា ឬមិនថាសាតាំងអាចបោកបញ្ឆោតមនុស្សឲ្យថ្វាយបង្គំ និងគោរពវាបានច្រើនប៉ុណ្ណា និងមិនថាអ្នកផ្តល់និយមន័យឲ្យវាយ៉ាងណានោះទេ អ្នកមិនអាចនិយាយថា សាតាំងមានសិទ្ធិអំណាច និងព្រះចេស្ដារបស់ព្រះជាម្ចាស់បានឡើយ។ អ្នកគួរតែដឹងថា ព្រះជាម្ចាស់គឺជាព្រះជាម្ចាស់ គឺមានតែព្រះជាម្ចាស់មួយអង្គគត់ ហើយជាងនេះទៅទៀត អ្នកគួរតែដឹងថា ព្រះជាម្ចាស់តែមួយអង្គគត់ដែលមានសិទ្ធិអំណាច អ្នកគួរតែដឹងថា ព្រះជាម្ចាស់តែមួយអង្គគត់ដែលមានព្រះចេស្ដាក្នុងការគ្រប់គ្រង និងត្រួតត្រារបស់សព្វសារពើ។ គ្រាន់តែដោយសារសាតាំងមានសមត្ថភាពបោកបញ្ឆោតមនុស្ស និងអាចដើរតួជាព្រះជាម្ចាស់ យកតម្រាប់តាមទីសម្គាល់ និងការឫទ្ធិបារមីដែលព្រះជាម្ចាស់បានធ្វើ ហើយវាបានធ្វើអ្វីៗដែលស្រដៀងនឹងព្រះជាម្ចាស់ អ្នកជឿទាំងយល់ច្រឡំរួចទៅហើយថា ព្រះជាម្ចាស់មិនមែនតែមួយគត់ ជឿថាមានព្រះជាច្រើន ហើយជឿទាំងយល់ច្រឡំថា ព្រះខុសៗគ្នាទាំងនេះគ្រាន់តែមានជំនាញតិចជាង ឬច្រើនជាងគ្នាប៉ុណ្ណោះ ហើយអ្នកជឿទាំងយល់ច្រឡំថា មានភាពខុសគ្នានៅក្នុងវិសាលភាពនៃចេស្ដាដែលព្រះទាំងនោះមាន។ អ្នកចាត់លំដាប់ភាពអស្ចារ្យទៅតាមលំដាប់លំដោយនៃការមកដល់ និងទៅតាមអាយុរបស់ពួកវា ហើយអ្នកជឿយ៉ាងខុសឆ្គងថា មានអាទិទេពដទៃទៀតក្រៅពីព្រះជាម្ចាស់ ហើយគិតថា ព្រះចេស្ដា និងសិទ្ធិអំណាចរបស់ព្រះជាម្ចាស់មិនមែនតែមួយគត់នោះទេ។ ប្រសិនបើអ្នកមានគំនិតបែបនេះ ប្រសិនបើអ្នកមិនទទួលស្គាល់ភាពមានតែមួយគត់របស់ព្រះជាម្ចាស់ ប្រសិនបើអ្នកមិនទទួលស្គាល់ថា មានតែព្រះជាម្ចាស់ប៉ុណ្ណោះដែលមានសិទ្ធិអំណាច ហើយប្រសិនបើអ្នកគ្រាន់តែគោរពតាមព្រះអាទិទេពនានា នោះខ្ញុំនិយាយថា អ្នកគឺជាមនុស្សគ្មានតម្លៃក្នុងចំណោមសត្ដនិករទាំងឡាយ អ្នកជាតំណាងពិតប្រាកដរបស់សាតាំង ហើយអ្នកគឺជាមនុស្សអាក្រក់យ៉ាងពិតប្រាកដ! តើអ្នករាល់គ្នាយល់អំពីអ្វីដែលខ្ញុំកំពុងតែព្យាយាមបង្រៀនអ្នករាល់គ្នា ដោយការនិយាយពាក្យទាំងនេះឬទេ? មិនថាពេលវេលា ទីកន្លែង ឬប្រវត្តិរបស់អ្នកយ៉ាងណានោះទេ អ្នកមិនត្រូវយល់ច្រឡំព្រះជាម្ចាស់ ជាមួយនឹងមនុស្សផ្សេងណាម្នាក់ អ្វីៗ ឬវត្ថុផ្សេងណាមួយឡើយ។ មិនថាអ្នកមានអារម្មណ៍ថា សិទ្ធិអំណាចរបស់ព្រះជាម្ចាស់ និងលក្ខណៈសំខាន់របស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គមិនអាចដឹង និងមិនអាចចូលទៅដល់យ៉ាងណានោះទេ មិនថាចំនួននៃទង្វើ និងពាក្យសម្ដីរបស់សាតាំងស្របទៅនឹងសញ្ញាណ និងការគិតស្រមៃរបស់អ្នកប៉ុណ្ណានោះទេ មិនថាអ្នកពេញចិត្តពួកវាយ៉ាងណានោះទេ ចូរកុំល្ងីល្ងើឲ្យសោះ ចូរកុំយល់ច្រឡំគំនិតទាំងនេះឲ្យសោះ ចូរកុំបដិសេធអត្ថិភាពរបស់ព្រះជាម្ចាស់ឲ្យសោះ ចូរកុំបដិសេធអត្តសញ្ញាណ និងឋានៈរបស់ព្រះជាម្ចាស់ឲ្យសោះ ចូរកុំច្រានព្រះជាម្ចាស់ចេញពីមាត់ទ្វារ ហើយនាំយកសាតាំងចូលជំនួសព្រះជាម្ចាស់នៅក្នុងចិត្តរបស់អ្នក ហើយយកវាធ្វើជាព្រះឲ្យសោះ។ ខ្ញុំគ្មានការសង្ស័យនោះទេ ថាអ្នករាល់គ្នាអាចគិតស្រមៃអំពីលទ្ធផលនៃការធ្វើបែបនោះ!

ទោះបីជាមនុស្សជាតិត្រូវបានធ្វើឲ្យពុករលួយក៏ដោយ ក៏គេនៅតែរស់នៅក្រោមអធិបតេយ្យភាពនៃសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ដែរ

សាតាំងបាន និងកំពុងធ្វើឲ្យមនុស្សជាតិពុករលួយអស់រយៈពេលជាច្រើនពាន់ឆ្នាំមកហើយ។ វាបានធ្វើសេចក្តីអាក្រក់ជាច្រើនរាប់មិនអស់ វាបានបោកបញ្ឆោតពីជំនាន់មួយទៅជំនាន់មួយ ហើយវាបានប្រព្រឹត្តអំពើឧក្រិដ្ឋយ៉ាងសាហាវយង់ឃ្នងនៅក្នុងពិភពលោក។ វាបានធ្វើទុក្ខទោសមនុស្ស វាបានបោកបញ្ឆោតមនុស្ស វាបានលួងលោមឲ្យមនុស្សទាស់ទទឹងនឹងព្រះជាម្ចាស់ ហើយវាបានប្រព្រឹត្តអំពើអាក្រក់ដែលបានរំខាន និងបំផ្លាញផែនការនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់ ម្តងហើយម្តងទៀត។ ប៉ុន្តែ នៅក្រោមសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ របស់សព្វសារពើ និងសត្តនិករមានជីវិតទាំងឡាយ បន្តគោរពតាមក្រឹត្យវិន័យ និងច្បាប់ដែលព្រះជាម្ចាស់បានដាក់ចេញ។ បើប្រៀបធៀបទៅនឹងសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ធម្មជាតិដ៏អាក្រក់របស់សាតាំង និងលក្ខណៈរបស់វាគឺអាក្រក់ណាស់ គួរឲ្យស្អប់ខ្ពើមណាស់ ព្រមទាំងតូច និងងាយរងគ្រោះណាស់។ ទោះបីជាសាតាំងដើរនៅក្នុងចំណោមរបស់សព្វសារពើដែលព្រះជាម្ចាស់បានបង្កើតក៏ដោយ ក៏វាមិនអាចធ្វើឲ្យមានការផ្លាស់ប្តូរសូម្បីតែបន្តិចនៅក្នុងមនុស្ស និងអ្វីៗ ព្រមទាំងវត្ថុដែលព្រះជាម្ចាស់បានបញ្ជា។ រាប់ពាន់ឆ្នាំបានកន្លងផុតទៅ ហើយមនុស្សជាតិនៅតែរីករាយជាមួយនឹងពន្លឺ និងខ្យល់ដែលព្រះជាម្ចាស់បានប្រទានដល់គេ មនុស្សនៅតែដកដង្ហើមដែលព្រះជាម្ចាស់ផ្ទាល់ព្រះអង្គបានផ្លុំ មនុស្សនៅតែរីករាយនឹងបុប្ផា បក្សាបក្សី មច្ឆា និងសត្វល្អិតដែលព្រះជាម្ចាស់បានបង្កើត ហើយរីករាយនឹងរបស់សព្វសារពើដែលព្រះជាម្ចាស់បានផ្គត់ផ្គង់។ ថ្ងៃ និងយប់នៅតែប្តូរវេនគ្នាយ៉ាងទៀងទាត់ រដូវទាំងបួនផ្លាស់ប្តូរជាធម្មតា សត្វក្ងានដែលហើរនៅលើអាកាសចាកចេញនៅក្នុងរដូវរងារ ហើយនៅតែវិលត្រឡប់មកវិញនៅរដូវផ្ការីកបន្ទាប់។ មច្ឆានៅក្នុងទឹកមិនដែលចាកចេញពីទន្លេ និងបឹងបួដែលជាផ្ទះសម្បែងរបស់ពួកគេនោះទេ។ សត្វរៃនៅលើផែនដីច្រៀងបញ្ចេញសម្លេងរបស់គេក្នុងអំឡុងរដូវក្តៅ ហើយសត្វចង្រិតនៅក្នុងស្មៅយំទ្រហឹងតាមពេលទៅក្នុងខ្យល់ក្នុងអំឡុងរដូវស្លឹកឈើជ្រុះ។ សត្វក្ងានប្រមូលផ្តុំគ្នាជាហ្វូង ខណៈដែលសត្វឥន្ទ្រីនៅតែឯង។ មោទនភាពរបស់សត្វតោ នៅរក្សាខ្លួនឯងបានដោយការប្រមាញ់។ សត្វប្រើសមិនទៅណាឆ្ងាយពីស្មៅ និងផ្កានោះទេ...។ រាល់សត្តនិករមានជីវិតនីមួយៗក្នុងចំណោមរបស់សព្វសារពើ ចាកចេញ និងវិលត្រឡប់មកវិញ ហើយក៏ចាកចេញម្តងទៀត។ មានការផ្លាស់ប្តូររាប់លានកើតឡើងក្នុងមួយប៉ប្រិចភ្នែក ប៉ុន្តែ អ្វីដែលមិនផ្លាស់ប្តូរគឺសភាវគតិរបស់ពួកវា និងច្បាប់នៃការរស់នៅរបស់ពួកវា។ ពួកវារស់នៅក្រោមការផ្គត់ផ្គង់ និងការចិញ្ចឹមបីបាច់របស់ព្រះជាម្ចាស់ ហើយគ្មាននរណាម្នាក់អាចផ្លាស់ប្តូរសភាវគតិរបស់ពួកវាបានទេ ហើយក៏គ្មាននរណាម្នាក់អាចបំផ្លាញក្រឹត្យវិន័យនៃការរស់នៅរបស់ពួកវាបានដែរ។ ទោះបីជាមនុស្សជាតិ ដែលរស់នៅក្នុងចំណោមរបស់សព្វសារពើ ត្រូវបានសាតាំងបោកបញ្ឆោត និងធ្វើឲ្យពុករលួយក៏ដោយ ក៏មនុស្សនៅតែមិនអាចអត់ទឹកដែលព្រះជាម្ចាស់បានបង្កើត មិនអាចអត់ខ្យល់ដែលព្រះជាម្ចាស់បានបង្កើត និងមិនអាចអត់របស់សព្វសារពើដែលព្រះជាម្ចាស់បានបង្កើតបានឡើយ ហើយមនុស្សនៅតែរស់នៅ និងបង្កើតកូនចៅជាច្រើននៅកន្លែងដែលព្រះជាម្ចាស់បានបង្កើតនេះ។ សភាវគតិរបស់មនុស្សជាតិមិនត្រូវបានផ្លាស់ប្តូរនោះទេ។ មនុស្សនៅតែពឹងផ្អែកលើភ្នែករបស់គេដើម្បីមើល នៅតែពឹងផ្អែកលើត្រចៀករបស់គេដើម្បីស្តាប់ នៅតែពឹងផ្អែកលើខួរក្បាលរបស់គេដើម្បីគិត នៅតែពឹងផ្អែកលើចិត្តរបស់គេដើម្បីស្វែងយល់ នៅតែពឹងផ្អែកលើជើងរបស់គេដើម្បីដើរ និងនៅតែពឹងផ្អែកលើដៃរបស់គេដើម្បីធ្វើការ។ល។ សភាវគតិទាំងអស់ដែលព្រះជាម្ចាស់បានប្រទានដល់មនុស្ស ដើម្បីឲ្យគេអាចទទួលយកការផ្គត់ផ្គង់របស់ព្រះជាម្ចាស់ នៅតែមិនផ្លាស់ប្តូរ សមត្ថភាពដែលមនុស្សសហការជាមួយព្រះជាម្ចាស់មិនបានផ្លាស់ប្តូរ សមត្ថភាពរបស់មនុស្សជាតិសម្រាប់បំពេញភារកិច្ចរបស់ភាវៈដែលត្រូវបានបង្កើតមិនបានផ្លាស់ប្តូរ ចំណង់របស់មនុស្សជាតិដើម្បីស្វែងរកប្រភពដើមរបស់គេមិនបានផ្លាស់ប្តូរ ហើយការទទូចសុំរបស់មនុស្សជាតិដើម្បីឲ្យព្រះអាទិករជួយសង្គ្រោះមិនបានផ្លាស់ប្តូរ។ ទាំងនេះគឺជាស្ថានភាពបច្ចុប្បន្នរបស់មនុស្សជាតិ ដែលរស់នៅក្រោមសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ និងដែលបានអត់ទ្រាំនឹងការបំផ្លាញដ៏ប្រឡាក់ឈាមដែលសាតាំងបានធ្វើ។ ទោះបីជាមនុស្សជាតិត្រូវទទួលរងនូវការសង្កត់សង្កិនរបស់សាតាំង ហើយលែងជាអ័ដាម និងអេវ៉ានៅដើមដំបូងនៃការបង្កើតតទៅទៀត ផ្ទុយទៅវិញមនុស្សពេញទៅដោយអ្វីៗដែលទាស់ទទឹងនឹងព្រះជាម្ចាស់ ដូចជាចំណេះដឹង ការគិតស្រមៃ សញ្ញាណ។ល។ និងពេញទៅដោយនិស្ស័យដ៏ពុករលួយរបស់សាតាំងក៏ដោយ ក៏នៅក្នុងក្រសែព្រះនេត្ររបស់ព្រះជាម្ចាស់ មនុស្សជាតិនៅតែជាមនុស្សជាតិដូចដែលទ្រង់បានបង្កើតដដែល។ មនុស្សជាតិនៅត្រូវបានព្រះជាម្ចាស់ត្រួតត្រា និងចាត់ចែង ហើយមនុស្សជាតិនៅតែរស់នៅក្នុងមាគ៌ាដែលព្រះជាម្ចាស់បានចាប់ផ្តើម។ ដូច្នេះ នៅក្នុងក្រសែព្រះនេត្ររបស់ព្រះជាម្ចាស់ មនុស្សជាតិដែលត្រូវបានសាតាំងធ្វើឲ្យពុករលួយ គឺគ្រាន់តែត្រូវបានគ្របដណ្តប់ដោយភាពកខ្វក់ មានក្រពះលាន់សូរសន្ធឹក មានប្រតិកម្មដែលយឺតបន្តិច មានការចងចាំដែលមិនល្អដូចមុន ហើយមានវ័យចំណាស់ជាងមុនបន្តិចប៉ុណ្ណោះ ក៏ប៉ុន្ដែតួនាទី និងសភាវៈគតិទាំងអស់របស់មនុស្សមិនផ្លាស់ប្តូរទាល់សោះឡើយ។ នេះគឺជាមនុស្សជាតិដែលព្រះជាម្ចាស់សព្វព្រះហឫទ័យចង់សង្គ្រោះ។ មនុស្សជាតិនេះ គ្មានធ្វើអ្វីក្រៅពីស្តាប់ការត្រាស់ហៅរបស់ព្រះអាទិករ ហើយស្តាប់ព្រះសូរសៀងរបស់ព្រះអាទិករនោះទេ ហើយគេនឹងក្រោកឈរឡើង ហើយរួសរាន់ស្វែងរកប្រភពនៃព្រះសូរសៀងនេះ។ មនុស្សជាតិនេះគ្មានធ្វើអ្វីក្រៅពីសម្លឹងមើលសណ្ឋានរបស់ព្រះអាទិករនោះឡើយ ហើយគេនឹងមិនខ្វល់ខ្វាយពីរឿងផ្សេងទៀត ក៏បោះបង់គ្រប់យ៉ាង ដើម្បីថ្វាយខ្លួនដល់ព្រះជាម្ចាស់ ព្រមទាំងប្រគល់ជីវិតរបស់គេថ្វាយទ្រង់ទៀតផង។ នៅពេលដែលចិត្តរបស់មនុស្សជាតិយល់ពីព្រះបន្ទូលដែលចេញពីព្រះហឫទ័យរបស់ព្រះអាទិករ នោះមនុស្សជាតិនឹងបដិសេធសាតាំង ហើយមកឈរនៅខាងព្រះអាទិករវិញ។ នៅពេលដែលមនុស្សជាតិបានបោសធូលីចេញពីរាងកាយរបស់គេទាំងស្រុង ហើយបានទទួលការផ្គត់ផ្គង់ និងការចិញ្ចឹមបីបាច់របស់ព្រះអាទិករម្ដងទៀត នោះការចងចាំរបស់មនុស្សជាតិនឹងត្រូវបានស្តារឡើងវិញ ហើយនៅពេលនេះ មនុស្សជាតិនឹងបានវិលត្រឡប់ទៅកាន់ការត្រួតត្រារបស់ព្រះអាទិករវិញយ៉ាងពិតប្រាកដ។

ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០១៣

ខាង​ដើម៖ កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ III

បន្ទាប់៖ ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គឺជាព្រះតែមួយអង្គគត់ II

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។
សូមទាក់ទងយើងខ្ញុំតាម Telegram
សូមទាក់ទងមកកាន់យើងខ្ញុំ តាមរយៈMessenger

ខ្លឹមសារ​ពាក់ព័ន្ធ

អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់

ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំង កាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏សកម្ម...

យកចិត្តទុកដាក់បន្ថែមលើតថភាព

មនុស្សគ្រប់រូបអាចក្លាយជាមនុស្សគ្រប់លក្ខណ៍ដោយសារព្រះជាម្ចាស់ ដូច្នេះហើយ គ្រប់គ្នាគួរតែយល់ថា ការបម្រើព្រះបែបណាសមស្របបំផុតនឹងព្រះហឫទ័យទ្រង់។...

តើអ្នកជឿគួរប្រកាន់យកទស្សនៈអ្វី

តើមនុស្សបានទទួលអ្វីចាប់តាំងពីពួកគេចាប់ផ្តើមជឿលើព្រះជាម្ចាស់ជាលើកដំបូង? តើអ្នកបានដឹងអ្វីខ្លះពីព្រះជាម្ចាស់? ដោយសារជំនឿរបស់អ្នកលើព្រះជាម្ចាស់...

តើកិច្ចការរបស់ព្រះជាម្ចាស់ ងាយស្រួលដូចមនុស្សគិតដែរឬទេ?

ក្នុងនាមជាអ្នកជឿលើព្រះជាម្ចាស់ ម្នាក់ៗក្នុងចំណោមអ្នករាល់គ្នាគួរតែលើកសរសើរអំពីរបៀបដែលអ្នករាល់គ្នាបានទទួលការលើកតម្កើង...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ