ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ II
និស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់
ឥឡូវ អ្នករាល់គ្នាបានឮអំពីការប្រកបគ្នាលើកមុនទាក់ទងនឹងសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ហើយ។ ខ្ញុំជឿជាក់ថា អ្នករាល់គ្នាទទួលបានការបំពាក់បំប៉ននូវព្រះបន្ទូលថ្មីៗជាច្រើនទៀតទាក់ទងនឹងចំណុចនេះ។ កម្រិតដែលអ្នករាល់គ្នាអាចទទួល ចាប់បាន និងយល់ គឺអាស្រ័យលើចំនួននៃកិច្ចខិតខំប្រឹងប្រែងដែលអ្នករាល់គ្នាត្រូវយកទៅអនុវត្ត។ ខ្ញុំសង្ឃឹមថា អ្នករាល់គ្នាអាចអនុវត្តតាមចំណុចនេះយ៉ាងអស់ពីចិត្តចុះ ព្រោះអ្នកមិនគួរអនុវត្តបែបស្ទាក់ស្ទើរនោះឡើយ! ឥឡូវ តើការស្គាល់ពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ស្មើនឹងការដឹងអំពីភាពពេញលេញរបស់ព្រះជាម្ចាស់ឬ? គេអាចនិយាយបានថា ការស្គាល់ពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ គឺជាទីចាប់ផ្ដើមនៃការស្គាល់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ ហើយក៏អាចនិយាយបានដែរថា ការស្គាល់ពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់មានន័យថា គេបានបោះជំហានឆ្លងកាត់ច្រកទ្វារនៃការស្គាល់ពីលក្ខណៈសំខាន់របស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់។ ការយល់ដឹងនេះ គឺជាផ្នែកមួយនៃការស្គាល់ព្រះជាម្ចាស់។ ដូច្នេះ តើផ្នែកមួយទៀតគឺជាអ្វីទៅ? ប្រធានបទដែលខ្ញុំចង់ប្រកបគ្នានៅថ្ងៃនេះគឺ និស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់។
ខ្ញុំបានជ្រើសរើសពីរផ្នែកចេញពីព្រះគម្ពីរ ដែលខ្ញុំចង់ប្រកបគ្នាទាក់ទងនឹងប្រធានបទថ្ងៃនេះ៖ ផ្នែកទីមួយ ទាក់ទងនឹងការបំផ្លាញរបស់ព្រះជាម្ចាស់ចំពោះក្រុងសូដុម ដែលអាចរកឃើញនៅក្នុងលោកុប្បត្តិ ១៩:១-១១ និងលោកុប្បត្តិ ១៩:២៤-២៥ ហើយផ្នែកទីពីរ ទាក់ទងនឹងការប្រោសលោះរបស់ព្រះជាម្ចាស់ចំពោះក្រុងនីនីវេ ដែលអាចរកឃើញនៅក្នុងយ៉ូណាស ១:១-២ និងជំពូកទី៣ និងទី៤បន្ថែមទៀត។ ខ្ញុំសង្ឃឹមថា អ្នករាល់គ្នាកំពុងតែទន្ទឹងចង់ឮអំពីសេចក្តីដែលខ្ញុំនឹងនិយាយទាក់ទងនឹងផ្នែកទាំងពីរនេះ។ តាមធម្មតា អ្វីដែលខ្ញុំនិយាយ មិនដែលងាកចេញពីវិសាលភាពនៃការស្គាល់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ និងការស្គាល់ពីលក្ខណៈសំខាន់របស់ទ្រង់ឡើយ ប៉ុន្តែ តើគោលបំណងនៃការប្រកបគ្នានៅថ្ងៃនេះគឺជាអ្វីទៅ? តើមាននរណាម្នាក់ដឹងដែរឬទេ? តើផ្នែកណាខ្លះនៃការប្រកបគ្នារបស់ខ្ញុំអំពីសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ ដែលធ្វើឲ្យអ្នករាល់គ្នាចាប់អារម្មណ៍? ហេតុអ្វីបានជាខ្ញុំនិយាយថា មានតែព្រះជាម្ចាស់ផ្ទាល់ ជាព្រះដែលមានសិទ្ធិអំណាច និងព្រះចេស្ដាបែបនេះ? តាមរយៈការនិយាយដូច្នេះ តើខ្ញុំចង់បំភ្លឺអំពីអ្វីទៅ? តើខ្ញុំចង់ឲ្យអ្នករាល់គ្នារៀនអ្វីខ្លះចេញពីការនេះ? តើសិទ្ធិអំណាច និងព្រះចេស្ដារបស់ព្រះជាម្ចាស់ ជាផ្នែកមួយអំពីរបៀបដែលលក្ខណៈសំខាន់របស់ព្រះជាម្ចាស់ត្រូវបានបង្ហាញឬ? តើវាជាផ្នែកមួយនៃលក្ខណៈសំខាន់របស់ទ្រង់ ដែលបញ្ជាក់អំពីអត្តសញ្ញាណ និងឋានៈរបស់ទ្រង់ឬ? ដោយវិនិច្ឆ័យចេញពីសំណួរទាំងនេះ តើអ្នករាល់គ្នាអាចប្រាប់អំពីអ្វីដែលខ្ញុំនឹងនិយាយបានដែរឬទេ? តើខ្ញុំចង់ឲ្យអ្នករាល់គ្នាយល់អំពីអ្វីខ្លះទៅ? ចូរពិចារណាអំពីចំណុចនេះយ៉ាងប្រុងប្រយ័ត្ន។
សម្រាប់ការប្រឆាំងនឹងព្រះជាម្ចាស់ទាំងរឹងចចេស មនុស្សត្រូវបានបំផ្លាញ ដោយព្រះពិរោធរបស់ព្រះជាម្ចាស់
ជាដំបូង ចូរយើងមើលបទគម្ពីរមួយចំនួន ដែលពណ៌នាអំពីការបំផ្លាញរបស់ព្រះជាម្ចាស់ចំពោះក្រុងសូដុម។
លោកុប្បត្តិ ១៩:១-១១ នាពេលល្ងាច ទេវតាពីរអង្គបានទៅដល់ក្រុងសូដុម ឯឡុតគាត់អង្គុយនៅមាត់ទ្វារក្រុង។ កាលឡុតឃើញទេវតាទាំងពីរ គាត់ក៏ក្រោកទៅទទួល រួចក្រាបផ្កាប់មុខនឹងដី ហើយជម្រាបថា លោកម្ចាស់ខ្ញុំអើយ ឥឡូវសូមអញ្ជើញចូលទៅក្នុងផ្ទះខ្ញុំប្របាទ ជាអ្នកបម្រើរបស់លោក ដើម្បីលាងជើង និងស្នាក់នៅមួយយប់នេះសិន រួចសឹមលោកភ្ញាក់ឡើងពីព្រលឹមអញ្ជើញបន្ដដំណើរទៅទៀតចុះ។ តែទេវតាទាំងពីរឆ្លើយថាទេ យប់នេះ យើងនឹងសម្រាកនៅតាមផ្លូវវិញ។ ប៉ុន្តែ ដោយឡុតចេះតែទទូចខ្លាំងពេក ទេវតាក៏ចូលទៅក្នុងផ្ទះគាត់ ហើយគាត់រៀបចំជប់លៀង ដុតនំបុ័ងឥតដំបែ រួចទេវតាក៏បរិភោគ។ ប៉ុន្តែ កាលគេមិនទាន់ដេកនៅឡើយ ពួកមនុស្សទាំងអស់នៅក្នុងទីក្រុងសូដុម ទាំងក្មេងទាំងចាស់ បានមកឡោមព័ទ្ធផ្ទះគាត់ ទាំងស្រែកហៅឡុតសួរថា តើមនុស្សដែលចូលមកក្នុងផ្ទះអ្នកកាលពីល្ងាចមិញនេះនៅឯណា? ចូរនាំវាចេញមកឯយើង ដើម្បីឲ្យយើងបានស្គាល់គេផង។ លោកឡុតក៏បានចេញទៅជួបពួកគេនៅមាត់ទ្វារ រួចបិទទ្វារពីក្រោយខ្នងវិញ ទាំងអង្វរថា៖ បងប្អូនខ្ញុំអើយ សូមកុំធ្វើអាក្រក់ដូច្នេះឡើយ។ មើល៍ ខ្ញុំមានកូនស្រីពីរនាក់ ដែលមិនទាន់ស្គាល់ប្រុសណាទេ ចាំខ្ញុំនាំវាចេញមក ប្រគល់ឲ្យអ្នករាល់គ្នាប្រព្រឹត្តតាមចិត្តចុះ តែសូមកុំធ្វើអ្វីដល់បុរសទាំងពីរនេះឡើយ ដ្បិតពួកលោកបានចូលមកស្នាក់នៅក្រោមដំបូលផ្ទះខ្ញុំ។ ប៉ុន្តែ គេកំហែងទៅថា ចូរថយចេញ ហើយគេនិយាយទៀតថា អាមួយនេះបានចូលមកស្នាក់នៅទីនេះសោះ តែបែរជាចង់តាំងខ្លួនធ្វើជាចៅក្រមទៅវិញ! ឥឡូវ យើងនឹងធ្វើបាបឯង ឲ្យអាក្រក់ជាងពីរនាក់នោះទៅទៀត។ រួចគេក៏ច្រានឡុតយ៉ាងខ្លាំង ហើយនាំគ្នាចូលទៅបម្រុងនឹងទម្លាយទ្វារ។ ប៉ុន្តែ ទេវតាទាំងពីរលូកដៃទៅចាប់ឡុត ទាញចូលមកក្នុងផ្ទះវិញ រួចបិទទ្វារជិត។ ទេវតាបានធ្វើឲ្យមនុស្សទាំងអស់ទាំងតូចទាំងធំដែលនៅត្រង់មាត់ទ្វារនោះខ្វាក់ភ្នែកទៅ ដូច្នេះ គេក៏អស់ចិត្តនឹងរកទ្វារទៀត។
លោកុប្បត្តិ ១៩:២៤-២៥ ពេលនោះ ព្រះយេហូវ៉ាទ្រង់បង្អុរភ្លើងស្ពាន់ធ័រ និងភ្លើងពីលើមេឃ មកលើក្រុងសូដុម និងក្រុងកូម៉ូរ៉ា។ ព្រះអង្គបានបំផ្លាញក្រុងទាំងនោះ ទាំងតំបន់វាលរាបទាំងមូល និងមនុស្សទាំងប៉ុន្មាននៅក្រុងនោះ ព្រមទាំងរុក្ខជាតិទាំងអស់ដែលដុះនៅលើដីផង។
តាមរយៈបទគម្ពីរទាំងនេះ វាមិនពិបាកក្នុងការមើលឃើញថា ទង្វើអាក្រក់ និងសេចក្តីពុករលួយរបស់ក្រុងសូដុមបានឡើងទៅដល់កម្រិតមួយដែលធ្វើឲ្យទាំងមនុស្ស និងព្រះជាម្ចាស់ខ្ពើមរអើមនោះឡើយ ដូច្នេះ នៅចំពោះព្រះនេត្ររបស់ព្រះជាម្ចាស់ ទីក្រុងនេះសមនឹងត្រូវបំផ្លិចបំផ្លាញចោលហើយ។ ប៉ុន្តែ តើមានអ្វីកើតឡើងខ្លះទៅនៅក្នុងទីក្រុង មុនពេលដែលវាត្រូវបានបំផ្លាញ? តើមានមេរៀនជំរុញចិត្តអ្វីខ្លះដែលមនុស្សអាចរៀនបានចេញពីព្រឹត្តិការណ៍ទាំងនេះ? តើឥរិយាបថរបស់ព្រះជាម្ចាស់ចំពោះព្រឹត្តិការណ៍ទាំងនេះ បង្ហាញឲ្យមនុស្សមើលឃើញអ្វីខ្លះអំពីនិស្ស័យរបស់ទ្រង់? ដើម្បីយល់អំពីសាច់រឿងទាំងមូល ចូរយើងអានយ៉ាងយកចិត្តទុកដាក់អំពីសេចក្តីដែលត្រូវបានកត់ត្រាទុកនៅក្នុងបទគម្ពីរ ...
សេចក្តីពុករលួយរបស់ក្រុងសូដុម៖ ធ្វើឲ្យមនុស្សខឹង ធ្វើឲ្យព្រះជាម្ចាស់ខ្ញាល់
នៅយប់នោះ លោកឡុតបានទទួលទេវតានាំសារពីរអង្គពីព្រះជាម្ចាស់ ហើយគាត់បានរៀបចំពិធីជប់លៀងសម្រាប់ពួកគេ។ ក្រោយបានបរិភោគរួច មុនពេលពួកគេចូលគេង ស្រាប់តែមនុស្សទាំងអស់នៅក្នុងក្រុង បានឡោមព័ទ្ធផ្ទះរបស់លោកឡុត ហើយស្រែកហៅគាត់។ បទគម្ពីរកត់ត្រាអំពីមនុស្សទាំងនោះ ដោយចែងថា៖ «តើមនុស្សដែលចូលមកក្នុងផ្ទះអ្នកកាលពីល្ងាចមិញនេះនៅឯណា? ចូរនាំវាចេញមកឯយើង ដើម្បីឲ្យយើងបានស្គាល់គេផង»។ តើអ្នកដែលនិយាយពាក្យទាំងនេះជានរណាទៅ? តើពួកគេនិយាយទៅកាន់អ្នកណា? ពាក្យទាំងនេះគឺជាពាក្យរបស់ប្រជាជនក្រុងសូដុម ស្រែកពីខាងក្រៅផ្ទះរបស់លោកឡុត ក្នុងបំណងចង់ឲ្យលោកឡុតបានឮ។ តើអ្នកនឹងមានអារម្មណ៍បែបណា នៅពេលដែលបានឮពាក្យទាំងនេះ? តើអ្នកនឹងច្រឡោតខឹងដែរឬទេ? តើពាក្យទាំងនេះធ្វើឲ្យអ្នកខ្ពើមរអើមដែរឬទេ? តើអ្នកកំពុងតែពុះកញ្ជ្រោលដោយកំហឹងឬ? តើពាក្យទាំងនេះមិនមែនចេញមកពីសាតាំងទេឬ? តាមរយៈពាក្យទាំងនេះ តើអ្នកអាចដឹងអំពីអំពើអាក្រក់ និងសេចក្តីងងឹតនៅក្នុងទីក្រុងនេះឬទេ? តើអ្នកអាចដឹងអំពីទង្វើដ៏ឃោរឃៅ និងសាហាវយង់ឃ្នងរបស់មនុស្សទាំងនេះ តាមរយៈពាក្យសម្ដីរបស់គេទេឬ? តើអ្នកអាចដឹងអំពីជម្រៅនៃសេចក្តីពុករលួយរបស់គេ តាមរយៈឥរិយាបថរបស់គេឬទេ? តាមរយៈខ្លឹមសារនៃពាក្យសម្ដីរបស់គេ វាមិនពិបាកក្នុងការមើលឃើញថា ធម្មជាតិដ៏អាក្រក់ និងនិស្ស័យដ៏សាហាវរបស់គេបានឡើងទៅដល់កម្រិតមួយដែលពួកគេមិនអាចគ្រប់គ្រងបាននោះឡើយ។ ក្រៅពីលោកឡុតម្នាក់ មនុស្សទាំងអស់នៅក្នុងទីក្រុងនេះ មិនខុសអ្វីពីសាតាំងឡើយ ព្រោះការគ្រាន់តែឃើញបុគ្គលម្នាក់ ធ្វើឲ្យមនុស្សទាំងនេះចង់ធ្វើបាប និងបំផ្លាញដល់បុគ្គលនោះទៅហើយ...។ ទង្វើទាំងនេះមិនគ្រាន់តែជួយឲ្យដឹងអំពីនិស្ស័យដ៏អាក្រក់ និងគួរឲ្យរន្ធត់បំផុត និងបរិយាកាសនៃសេចក្តីស្លាប់នៅជុំវិញក្រុងនេះប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយឲ្យដឹងអំពីអំពើទុច្ចរិត និងការបង្ហូរឈាមដែរ។
នៅពេលដែលគាត់ប្រឈមទល់នឹងពួកអមនុស្សធម៌ ដែលពេញដោយបំណងចិត្តដ៏កាចសាហាវចង់បំផ្លាញព្រលឹងមនុស្សទាំងនេះ តើលោកឡុតបានឆ្លើយតបយ៉ាងដូចម្ដេចទៅ? យោងតាមបទគម្ពីរ៖ «ទាំងអង្វរថា៖ សូមកុំធ្វើអាក្រក់ដូច្នេះឡើយ។ មើល៍ ខ្ញុំមានកូនស្រីពីរនាក់ ដែលមិនទាន់ស្គាល់ប្រុសណាទេ ចាំខ្ញុំនាំវាចេញមក ប្រគល់ឲ្យអ្នករាល់គ្នាប្រព្រឹត្តតាមចិត្តចុះ តែសូមកុំធ្វើអ្វីដល់បុរសទាំងពីរនេះឡើយ ដ្បិតពួកលោកបានចូលមកស្នាក់នៅក្រោមដំបូលផ្ទះខ្ញុំ»។ តាមរយៈពាក្យទាំងនេះ លោកឡុតចង់មានន័យថា៖ គាត់ព្រមលះបង់កូនស្រីទាំងពីររបស់គាត់ ដើម្បីការពារទេវតាទាំងពីរ។ តាមរយៈការដោះដូរដ៏សមហេតុផលនេះ មនុស្សទាំងនេះគួរតែយល់ស្របចំពោះលក្ខខណ្ឌរបស់លោកឡុត ហើយមិនធ្វើអ្វីទៅកាន់ទេវតាទាំងពីរឡើយ។ អ្វីដែលសំខាន់នោះគឺថា ទេវតាទាំងពីរនេះជាជនប្លែកមុខតែម្ដងចំពោះពួកគេ ដោយគ្មានពាក់ព័ន្ធអ្វីសោះជាមួយពួកគេ ហើយក៏មិនដែលប៉ះពាល់ដល់ផលប្រយោជន៍របស់ពួកគេដែរ។ យ៉ាងណាមិញ ព្រោះតែជំរុញដោយនិស្ស័យដ៏អាក្រក់របស់គេ ពួកគេមិនបានបញ្ចប់រឿងនេះឡើយ ប៉ុន្តែផ្ទុយទៅវិញ ពួកគេបែរជាបន្ថែមកម្ដៅកាន់តែខ្លាំងឡើងទៅវិញ។ នៅត្រង់នេះ កិច្ចសន្ទនាមួយទៀតរបស់គេអាចផ្ដល់ឲ្យមនុស្សកាន់តែយល់អំពីនិស្ស័យដ៏សាហាវពិតរបស់មនុស្សទាំងនេះ ហើយវាក៏ជួយឲ្យមនុស្សយល់ និងដឹងអំពីហេតុផលដែលនាំឲ្យព្រះជាម្ចាស់ចង់បំផ្លាញដល់ទីក្រុងនេះដែរ។
ដូច្នេះ តើពួកគេបាននិយាយអ្វីបន្ទាប់ទៀត? ព្រះគម្ពីរបានចែងថា៖ «ចូរថយចេញ ហើយគេនិយាយទៀតថា អាមួយនេះបានចូលមកស្នាក់នៅទីនេះសោះ តែបែរជាចង់តាំងខ្លួនធ្វើជាចៅក្រមទៅវិញ! ឥឡូវ យើងនឹងធ្វើបាបឯង ឲ្យអាក្រក់ជាងពីរនាក់នោះទៅទៀត។ រួចគេក៏ច្រានឡុតយ៉ាងខ្លាំង ហើយនាំគ្នាចូលទៅបម្រុងនឹងទម្លាយទ្វារ»។ ហេតុអ្វីបានជាពួកគេចង់ទម្លាយទ្វារផ្ទះរបស់លោកឡុត? ហេតុផលគឺដោយសារតែពួកគេអន្ទះសាចង់បំផ្លាញទេវតាទាំងពីរនោះ។ ហេតុអ្វីបានជាទេវតាទាំងនេះមកកាន់ក្រុងសូដុម? គោលបំណងរបស់គេក្នុងការមកកាន់ទីក្រុងនេះ គឺដើម្បីសង្រ្គោះលោកឡុត និងក្រុមគ្រួសាររបស់គាត់ ប៉ុន្តែអ្នកក្រុងនេះបានយល់ច្រឡំដោយគិតថា ពួកគេបានមកដើម្បីកាន់តួនាទីជាមន្ត្រី។ ដោយមិនបានសួរអំពីគោលបំណងរបស់ទេវតា អ្នកក្រុងនេះមានបំណងចង់បំផ្លាញទេវតាទាំងពីរ ដោយផ្អែកលើការនឹកស្មានរបស់គេ។ ពួកគេចង់ធ្វើបាបទេវតាទាំងពីរនេះ ទាំងពួកគាត់មិនបានធ្វើអ្វីសោះចំពោះពួកគេ។ ទង្វើនេះស្ដែងឲ្យឃើញយ៉ាងច្បាស់ថា អ្នកទីក្រុងនេះបានបាត់បង់ទាំងស្រុងនូវភាពជាមនុស្ស និងវិចារណញ្ញាណរបស់គេ។ កម្រិតនៃភាពឆ្កួតលេលា និងភាពព្រៃផ្សៃរបស់គេ គឺគ្មានអ្វីខុសប្លែកពីនិស្ស័យដ៏សាហាវរបស់សាតាំង ដែលចង់ធ្វើបាប និងបំផ្លាញមនុស្សនោះឡើយ។
នៅពេលដែលពួកគេបានទាមទារឲ្យលោកឡុតប្រគល់មនុស្សទាំងនេះ តើលោកឡុតបានធ្វើអ្វីទៅ? យើងអាចដឹងចេញពីបទគម្ពីរថា លោកឡុតមិនបានប្រគល់ពួកគេឡើយ។ តើលោកឡុតបានស្គាល់ទេវតាទាំងពីររបស់ព្រះជាម្ចាស់ដែរឬទេ? គឺមិនបានស្គាល់ឡើយ! ចុះហេតុអ្វីបានជាគាត់ចង់សង្រ្គោះមនុស្សទាំងពីរនេះ? តើគាត់បានដឹងអំពីកិច្ចការដែលពួកគេនឹងធ្វើឬ? ទោះបីជាគាត់មិនបានដឹងអំពីហេតុផលនៃការមកដល់របស់គេក៏ដោយ ប៉ុន្តែគាត់បានដឹងថា ពួកគេជាអ្នកបម្រើរបស់ព្រះជាម្ចាស់ ដូច្នេះ គាត់ក៏បាននាំពួកគេចូលទៅក្នុងផ្ទះរបស់គាត់។ ការដែលគាត់អាចហៅអ្នកបម្រើរបស់ព្រះជាម្ចាស់ទាំងនេះដោយងារថា «លោកម្ចាស់ខ្ញុំ» នោះបង្ហាញថា លោកឡុតជាអ្នកដើរតាមព្រះជាម្ចាស់យ៉ាងខ្ជាប់ខ្ជួនម្នាក់ ខុសពីអ្នកក្រុងសូដុមផ្សេងទៀត។ ដូច្នេះ នៅពេលដែលទេវតារបស់ព្រះជាម្ចាស់បានមករកគាត់ គាត់បានប្រថុយជីវិត ដើម្បីនាំអ្នកបម្រើទាំងពីរចូលក្នុងផ្ទះរបស់គាត់ ហើយលើសពីនេះ គាត់ថែមទាំងលះបង់កូនស្រីទាំងពីររបស់គាត់ ជាការដោះដូរ ដើម្បីការពារអ្នកបម្រើទាំងពីរនេះទៀតផង។ នេះជាទង្វើដ៏សុចរិតរបស់លោកឡុត ហើយវាជាការស្ដែងឲ្យឃើញយ៉ាងច្បាស់ពីនិស្ស័យ និងលក្ខណៈសំខាន់របស់លោកឡុត ហើយនេះក៏ជាហេតុផលដែលញ៉ាំងឲ្យព្រះជាម្ចាស់ចាត់អ្នកបម្រើរបស់ទ្រង់ទៅសង្រ្គោះលោកឡុតដែរ។ នៅពេលដែលប្រឈមជាមួយគ្រោះថ្នាក់ លោកឡុតបានការពារអ្នកបម្រើទាំងពីរ ដោយគ្មានគិតអំពីអ្វីឡើយ។ គាត់ថែមទាំងមានបំណងដោះដូរកូនស្រីទាំងពីររបស់គាត់សម្រាប់សុវត្ថិភាពរបស់អ្នកបម្រើទាំងពីរនេះទៀតផង។ ក្រៅពីលោកឡុត តើមាននរណាផ្សេងនៅក្នុងទីក្រុងដែលហ៊ានធ្វើដូចគាត់ដែរឬទេ? ជាការពិតណាស់ គឺគ្មានឡើយ! ដូច្នេះ វាស្ដែងឲ្យឃើញយ៉ាងច្បាស់ថា ក្រៅពីលោកឡុត មនុស្សទាំងអស់នៅក្នុងក្រុងសូដុម សុទ្ធតែជាគោលដៅនៃសេចក្តីវិនាស ហើយវាជារឿងត្រឹមត្រូវណាស់ ព្រោះពួកគេសមនឹងទទួលវាហើយ។
ក្រុងសូដុមត្រូវបានវិនាសសាបសូន្យទាំងស្រុង ដោយសារតែវាធ្វើឲ្យព្រះជាម្ចាស់ខ្ញាល់
នៅពេលដែលអ្នកក្រុងសូដុមបានឃើញអ្នកបម្រើទាំងពីរ ពួកគេមិនបានសួរអំពីហេតុផលដែលនាំឲ្យពួកគេមកឡើយ ហើយក៏គ្មាននរណាម្នាក់បានសួរថាតើ ពួកគេបានមក ដើម្បីផ្សព្វផ្សាយអំពីព្រះហឫទ័យរបស់ព្រះជាម្ចាស់នោះដែរ។ ផ្ទុយទៅវិញ ដោយមិនរង់ចាំស្ដាប់ការពន្យល់ ពួកគេបានប្រមូលគ្នាសម្រុកចូល ដូចជាឆ្កែព្រៃ ឬឆ្កែចចកដ៏សាហាវ ដើម្បីលេបត្របាក់អ្នកបម្រើទាំងពីរនេះ។ តើព្រះជាម្ចាស់បានទតឃើញរឿងរ៉ាវដែលកើតឡើងទាំងនេះដែរឬទេ? តើព្រះជាម្ចាស់កំពុងពិចារណាអ្វីខ្លះទៅអំពីឥរិយាបថរបស់មនុស្ស ឬហេតុការណ៍បែបនេះ? ព្រះជាម្ចាស់បានសម្រេចព្រះទ័យបំផ្លាញទីក្រុងនេះរួចទៅហើយ ដូច្នេះ ទ្រង់នឹងមិនអល់អែក រង់ចាំ ឬសម្ដែងព្រះទ័យអត់ធ្មត់តទៅទៀតឡើយ។ ថ្ងៃកំណត់របស់ទ្រង់បានមកដល់ ដូច្នេះ ទ្រង់រៀបនឹងធ្វើកិច្ចការដែលទ្រង់ចង់ធ្វើ។ លោកុប្បត្តិ ១៩:២៤-២៥ «ពេលនោះ ព្រះយេហូវ៉ាទ្រង់បង្អុរភ្លើងស្ពាន់ធ័រ និងភ្លើងពីលើមេឃ មកលើក្រុងសូដុម និងក្រុងកូម៉ូរ៉ា។ ព្រះអង្គបានបំផ្លាញក្រុងទាំងនោះ ទាំងតំបន់វាលរាបទាំងមូល និងមនុស្សទាំងប៉ុន្មាននៅក្រុងនោះ ព្រមទាំងរុក្ខជាតិទាំងអស់ដែលដុះនៅលើដីផង»។ ខទាំងពីរនេះប្រាប់អំពីវិធីសាស្ត្រដែលព្រះជាម្ចាស់បានបំផ្លាញក្រុងនេះ ព្រមទាំងប្រាប់អំពីអ្វីៗដែលព្រះជាម្ចាស់បានបំផ្លាញដែរ។ ជាដំបូង ព្រះគម្ពីរចែងថា ព្រះជាម្ចាស់បានដុតបំផ្លាញទីក្រុងដោយភ្លើង ហើយកម្រិតនៃភ្លើងនេះទៀតសោត គឺមានកម្លាំងគ្រប់គ្រាន់ ដើម្បីបំផ្លាញមនុស្សទាំងអស់ និងរុក្ខជាតិទាំងអស់ដែលដុះនៅលើដី។ គឺអាចនិយាយបានថា ភ្លើងដែលធ្លាក់ពីស្ថានសួគ៌នេះ មិនគ្រាន់តែបំផ្លាញទីក្រុងប៉ុណ្ណោះទេ ប៉ុន្តែ ក៏បានបំផ្លាញមនុស្ស និងភាវៈមានជីវិតទាំងអស់ដែលនៅក្នុងក្រុងនោះដែរ គឺគ្មាននៅសេសសល់អ្វីឡើយ។ បន្ទាប់ពីទីក្រុងត្រូវបានបំផ្លាញហើយ ទឹកដីនោះគ្មានសល់ភាវៈមានជីវិត គ្មានសល់ជីវិត ឬសញ្ញានៃជីវិតទៀតឡើយ។ ទីក្រុងបានក្លាយជាទីសំណល់ទទេមួយ ពេញដោយភាពស្ងាត់ជ្រងំ។ ដូច្នេះ នៅក្នុងទីក្រុងនឹងគ្មានការប្រព្រឹត្តអំពើអាក្រក់ទាស់នឹងព្រះជាម្ចាស់ គ្មានការកាប់សម្លាប់ ឬការបង្ហូរឈាមតទៅទៀតឡើយ។
តើហេតុអ្វីបានជាព្រះជាម្ចាស់ចង់ដុតបំផ្លាញទីក្រុងនេះទាំងស្រុងបែបនេះ? តើអ្នករាល់គ្នាអាចមើលឃើញអ្វីខ្លះនៅត្រង់ចំណុចនេះ? តើព្រះជាម្ចាស់ពិតជាអាចទ្រាំទតមើលមនុស្សជាតិ និងធម្មជាតិ ដែលជាសត្តនិកររបស់ទ្រង់ ត្រូវបានបំផ្លាញបែបនេះឬ? ប្រសិនបើអ្នកអាចឈ្វេងយល់អំពីព្រះពិរោធរបស់ព្រះយេហូវ៉ាដែលចេញពីភ្លើងដែលត្រូវបានបង្អុរចុះពីស្ថានសួគ៌ នោះវាមិនពិបាកក្នុងការមើលឃើញពីសេចក្តីក្រោធដ៏ខ្លាំងរបស់ទ្រង់ក្នុងការជំនុំជម្រះ តាមរយៈការបំផ្លាញរបស់ទ្រង់ និងកម្រិតដែលទីក្រុងនេះត្រូវបានវិនាសសាបសូន្យនោះឡើយ។ នៅពេលដែលព្រះជាម្ចាស់ស្អប់ខ្ពើមទីក្រុងមួយ ទ្រង់នឹងដាក់ទោសទីក្រុងនោះ។ នៅពេលដែលព្រះជាម្ចាស់ស្អប់ខ្ពើមទីក្រុងមួយ ទ្រង់នឹងចេញសេចក្តីព្រមានដដែលៗ ដើម្បីជូនដំណឹងដល់មនុស្សអំពីព្រះពិរោធរបស់ទ្រង់។ យ៉ាងណាមិញ នៅពេលដែលព្រះជាម្ចាស់សម្រេចព្រះទ័យបញ្ចប់ និងបំផ្លាញទីក្រុងមួយ នោះគឺជាពេលដែលព្រះពិរោធ និងឫទ្ធានុភាពរបស់ទ្រង់ត្រូវបានបំពាន ដូច្នេះ ទ្រង់នឹងលែងដាក់ទោស ឬប្រទានសេចក្តីព្រមានតទៅទៀតហើយ ផ្ទុយទៅវិញ ទ្រង់នឹងបំផ្លាញទីក្រុងនោះដោយផ្ទាល់តែម្ដង។ ទ្រង់នឹងធ្វើឲ្យទីក្រុងនោះរលាយសាបសូន្យបាត់ទៅ។ នេះហើយជានិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់។
ក្រោយការប្រឆាំង និងការជំទាស់ដដែលៗរបស់ក្រុងសូដុមចំពោះទ្រង់ ព្រះជាម្ចាស់បំផ្លាញវាទាំងស្រុង
ឥឡូវនេះ យើងមានការយល់ដឹងទូទៅមួយអំពីនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ហើយ ចូរយើងត្រឡប់ទៅចាប់អារម្មណ៍លើទីក្រុងសូដុមវិញម្ដង ព្រោះវាជាកន្លែងមួយដែលព្រះជាម្ចាស់បានទតឃើញថាជាទីក្រុងនៃអំពើបាប។ តាមរយៈការយល់ដឹងអំពីលក្ខណៈសំខាន់នៃទីក្រុងនេះ យើងអាចយល់អំពីហេតុផលដែលព្រះជាម្ចាស់ចង់បំផ្លាញវា និងហេតុផលដែលទ្រង់បានបំផ្លាញវាទាំងស្រុង។ តាមរយៈការយល់ដឹងនេះ យើងអាចស្គាល់ពីនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់។
ចេញពីទស្សនៈរបស់មនុស្ស សូដុមជាទីក្រុងមួយដែលអាចបំពេញបំណងប្រាថ្នា និងអំពើអាក្រក់របស់មនុស្សយ៉ាងស្កប់ស្កល់។ ការពេញដោយភាពស្រើបស្រាល និងភាពត្រេកត្រអាល ការចាក់ភ្លេង និងការរាំច្រៀងរាល់យប់ ភាពចម្រុងចម្រើននៃទីក្រុងនេះបាននាំមនុស្សទៅរកភាពជាប់ចិត្ត និងភាពឆ្កួតលេលា។ អំពើអាក្រក់របស់ទីក្រុងនេះបានស៊ីរូងដល់ដួងចិត្តរបស់មនុស្ស និងធ្វើឲ្យពួកគេត្រេកត្រអាលធ្លាក់ទៅក្នុងអំពើពុករលួយ។ នេះគឺជាទីក្រុងមួយដែលពួកវិញ្ញាណស្មោកគ្រោក និងវិញ្ញាណអាក្រក់បានក្រឡុកធ្វើឲ្យវក់ឆ្កួត ហើយវាបានពេញពោរដោយអំពើបាប ការកាប់សម្លាប់ និងការបង្ហូរឈាម ទាំងមានក្លិនស្អុយយ៉ាងខ្លាំង។ វាជាទីក្រុងមួយដែលបានធ្វើឲ្យមនុស្សភ័យខ្លាច ជាទីក្រុងដែលមនុស្សថយចេញទាំងរន្ធត់ចិត្ត។ គ្មាននរណាម្នាក់នៅក្នុងទីក្រុងនេះ មិនថាជាបុរស ឬស្ត្រី ក្មេង ឬចាស់ ដែលចង់ស្វែងរកផ្លូវពិតឡើយ។ គ្មាននរណាម្នាក់ចង់បានពន្លឺ ឬទន្ទឹងចង់ដើរចេញពីអំពើបាបទេ។ ពួកគេបានរស់នៅក្រោមការត្រួតត្រារបស់សាតាំង ក្រោមសេចក្តីពុករលួយ និងសេចក្តីបោកបញ្ឆោតរបស់សាតាំង។ ពួកគេបានបាត់បង់ភាពជាមនុស្សរបស់ខ្លួន ពួកគេបានវង្វេងស្មារតី ហើយពួកគេបានបាត់បង់គោលដៅដើមដំបូងរបស់មនុស្សអំពីអត្ថិភាព។ ពួកគេបានប្រព្រឹត្តអំពើអាក្រក់ប្រឆាំងនឹងព្រះជាម្ចាស់រាប់មិនអស់ ហើយពួកគេបានបដិសេធមិនទទួលយកការដឹកនាំរបស់ទ្រង់ ព្រមទាំងប្រឆាំងនឹងព្រះហឫទ័យរបស់ទ្រង់ផង។ វាជាអំពើដ៏អាក្រក់របស់ពួកគេដែលបានជំរុញមនុស្សទាំងអស់ ទីក្រុង និងភាវៈមានជីវិតទាំងអស់នៅក្នុងទីក្រុងនេះ មួយជំហានម្ដងៗ ឲ្យធ្លាក់ទៅក្នុងផ្លូវនៃសេចក្តីវិនាស។
ទោះបីបទគម្ពីរទាំងពីរនេះមិនបានកត់ត្រាគ្រប់ទាំងសេចក្តីលម្អិត ទាក់ទងនឹងកម្រិតនៃសេចក្តីពុករលួយរបស់អ្នកក្រុងសូដុម ហើយកត់ត្រាត្រឹមទង្វើរបស់គេចំពោះអ្នកបម្រើទាំងពីររបស់ព្រះជាម្ចាស់ ក្រោយពេលចូលមកដល់ក្នុងទីក្រុងក៏ដោយ ក៏វាមាននូវការពិតដ៏សាមញ្ញមួយដែលបើកសម្ដែងពីកម្រិតនៃសេចក្ដីពុករលួយ ការអាក្រក់ និងការប្រឆាំងរបស់អ្នកក្រុងសូដុមចំពោះព្រះជាម្ចាស់ដែរ។ តាមរយៈការនេះ មុខមាត់ដ៏ពិត និងលក្ខណៈសំខាន់នៃអ្នកក្រុងនេះក៏ត្រូវបានលាតត្រដាងដែរ។ មនុស្សទាំងនេះមិនគ្រាន់តែបដិសេធមិនទទួលសេចក្តីព្រមានរបស់ព្រះជាម្ចាស់ប៉ុណ្ណោះទេ ប៉ុន្តែ ពួកគេក៏មិនខ្លាចចំពោះការដាក់ទោសរបស់ទ្រង់ដែរ។ ផ្ទុយទៅវិញ ពួកគេបែរជាចំអកឡកឡឺយចំពោះព្រះពិរោធរបស់ព្រះជាម្ចាស់ទៅវិញ។ ពួកគេបានប្រឆាំងនឹងព្រះជាម្ចាស់ទាំងងងើល។ មិនថាទ្រង់បានធ្វើអ្វី ឬទ្រង់បានធ្វើវាដោយរបៀបណាឡើយ និស្ស័យដ៏សាហាវរបស់គេមានកាន់តែអាក្រក់ខ្លាំងឡើង ហើយពួកគេនៅតែបន្តប្រឆាំងនឹងព្រះជាម្ចាស់ដដែល។ អ្នកក្រុងសូដុមបានប្រឆាំងទាស់នឹងព្រះវត្តមានរបស់ព្រះជាម្ចាស់ ប្រឆាំងនឹងការយាងមកដល់របស់ទ្រង់ ការដាក់ទោសរបស់ទ្រង់ ហើយកាន់តែអាក្រក់ទៀតនោះគឺ ពួកគេប្រឆាំងនឹងសេចក្តីព្រមានរបស់ទ្រង់។ ពួកគេពិតជាក្រអឺតក្រទមពេកហើយ។ ពួកគេបានបំផ្លាញ ព្រមទាំងធ្វើបាបដល់មនុស្សទាំងអស់ដែលគេអាចបំផ្លាញ និងធ្វើបាបបាន ហើយពួកគេគ្មានរើសមុខនរណាសោះឡើយ សូម្បីតែអ្នកបម្រើព្រះជាម្ចាស់ ក៏ពួកគេប្រព្រឹត្តបែបនេះដែរ។ ទាក់ទងនឹងគ្រប់ទង្វើអាក្រក់ដែលអ្នកក្រុងសូដុមបានប្រព្រឹត្ត មានតែការធ្វើបាបដល់អ្នកបម្រើរបស់ព្រះជាម្ចាស់តែមួយប៉ុណ្ណោះ ដែលលេចផុសឡើងឲ្យឃើញ ហើយនិស្ស័យដ៏អាក្រក់របស់គេដែលត្រូវបានបើកសម្ដែងនេះ តាមពិតទៅ ដូចជាអំពើមួយនៅក្នុងចំណោមអំពើអាក្រក់ជាច្រើនរាប់មិនអស់របស់ពួកគេដូច្នោះដែរ។ ហេតុនេះហើយ បានជាព្រះជាម្ចាស់ជ្រើសរើសបំផ្លាញពួកគេដោយភ្លើងនោះ។ ព្រះជាម្ចាស់មិនបានប្រើទឹកជំនន់ ហើយក៏មិនបានប្រើព្យុះកំណាច គ្រោះរញ្ជួយដី រលកយក្សស៊ូណាមី ឬវិធីសាស្ត្រណាផ្សេង ដើម្បីបំផ្លាញទីក្រុងនេះឡើយ។ តើការដែលព្រះជាម្ចាស់ប្រើភ្លើង ដើម្បីបំផ្លាញទីក្រុងនេះមានន័យដូចម្ដេចទៅ? វាមានន័យថា ទីក្រុងទាំងមូលត្រូវបានបំផ្លាញទាំងស្រុង។ វាមានន័យថា ទីក្រុងត្រូវបានវិនាសហិនហោចទាំងស្រុង និងបាត់ស្រមោលពីផែនដី។ ពាក្យថា «ការបំផ្លាញ» នៅត្រង់នេះ មិនគ្រាន់តែសំដៅទៅលើសេចក្តីវិនាសនៃទ្រង់ទ្រាយ និងរចនាសម្ព័ន្ធ ឬរូបរាងខាងក្រៅនៃទីក្រុងប៉ុណ្ណោះទេ ប៉ុន្តែ វាក៏សំដៅលើព្រលឹងរបស់មនុស្សនៅក្នុងទីក្រុង ដែលលែងមានជីវិតរស់ ដែលត្រូវបានវិនាសស្លាប់ទាំងអស់ដែរ។ និយាយឲ្យចំទៅគឺ គ្រប់ទាំងមនុស្ស ព្រឹត្តិការណ៍ និងអ្វីទាំងអស់ៗដែលពាក់ព័ន្ធនឹងទីក្រុងនោះត្រូវបានបំផ្លាញតែម្ដង។ វានឹងគ្មានជាតិក្រោយ ឬការចាប់កំណើតម្ដងទៀតសម្រាប់ប្រជាជននៃទីក្រុងនេះឡើយ ព្រោះព្រះជាម្ចាស់បានបំផ្លាញពួកគេចេញពីចំណោមមនុស្សនៅក្នុងសត្តនិកររបស់ទ្រង់ជារៀងរហូតបាត់ទៅហើយ។ ការប្រើភ្លើងមានន័យថា ជាការបញ្ចប់អំពើបាបនៅក្នុងកន្លែងមួយ ព្រមទាំងមានន័យថា អំពើបាបនៅទីក្រុងនោះត្រូវបានរាំងខ្ទប់ ដើម្បីកុំឲ្យវាមាន និងសាយភាយតទៅទៀត។ វាមានន័យថា អំពើអាក្រក់របស់សាតាំងបានបាត់បង់ដីដ៏មានជីវជាតិរបស់វា ព្រមទាំងបាត់បង់ទីបញ្ចុះសពដែលផ្ដល់កន្លែងឲ្យវាស្នាក់នៅ និងរស់នៅ។ នៅក្នុងការធ្វើសង្រ្គាមរវាងព្រះជាម្ចាស់ និងសាតាំង ការដែលព្រះជាម្ចាស់ប្រើភ្លើង គឺជាសញ្ញានៃជ័យជម្នះរបស់ទ្រង់ ដែលបានដាក់សញ្ញាសម្គាល់សាតាំង។ សេចក្តីវិនាសនៃក្រុងសូដុម គឺជាកំហុសដ៏ធំមួយនៅក្នុងមហិច្ឆតារបស់សាតាំង ដើម្បីប្រឆាំងនឹងព្រះជាម្ចាស់ តាមរយៈការធ្វើឲ្យមនុស្សពុករលួយ និងការបំផ្លាញពួកគេ ហើយវាក៏ជាសញ្ញាដ៏អាម៉ាស់អំពីពេលមួយនៅក្នុងការអភិវឌ្ឈន៍របស់មនុស្ស ដែលមនុស្សបានបដិសេធចំពោះការដឹកនាំរបស់ព្រះជាម្ចាស់ ហើយបានបណ្ដោយខ្លួនឲ្យធ្វើរឿងឧបាយមុខគ្រប់យ៉ាងដែរ។ លើសពីនេះទៅទៀត វាជាកំណត់ត្រាមួយអំពីការបើកសម្ដែងដ៏ពិតអំពីនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់។
នៅពេលដែលព្រះជាម្ចាស់បានបញ្ជូនភ្លើងពីស្ថានសួគ៌ ដើម្បីបំផ្លាញក្រុងសូដុមឲ្យក្លាយជាផេះ នោះមានន័យថា ទីក្រុងឈ្មោះថា «សូដុម» នេះ ក្រោយមកលែងមានតទៅទៀតហើយ រួមទាំងអ្វីៗទាំងអស់នៅក្នុងទីក្រុងនោះផង។ វាត្រូវបានបំផ្លាញ ដោយសារតែព្រះពិរោធរបស់ព្រះជាម្ចាស់ ត្រូវវិនាសសាបសូន្យនៅក្នុងសេចក្តីក្រោធ និងឫទ្ធានុភាពរបស់ព្រះជាម្ចាស់។ ដោយសារតែនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ នៅទីបំផុត ក្រុងសូដុមបានទទួលទោសដ៏សក្ដិសម និងត្រឹមត្រូវរបស់វាហើយ។ ចុងបញ្ចប់នៃក្រុងសូដុមនេះ គឺដោយសារតែអំពើអាក្រក់របស់វា ហើយវាក៏ដោយសារតែព្រះជាម្ចាស់លែងចង់ទតមើលទីក្រុង ឬមនុស្សណាម្នាក់ដែលរស់នៅក្នុងទីក្រុងនោះ ឬជីវិតណាមួយដែលបានលូតលាស់នៅក្នុងទីក្រុងនោះតទៅទៀត។ «ព្រះជាម្ចាស់លែងចង់ទតមើលទីក្រុង» គឺជាព្រះពិរោធរបស់ទ្រង់ ក៏ដូចជាឫទ្ធានុភាពរបស់ទ្រង់។ ព្រះជាម្ចាស់បានដុតទីក្រុង ដោយសារតែអំពើអាក្រក់ និងអំពើបាបរបស់វាបានធ្វើឲ្យព្រះជាម្ចាស់មានសេចក្តីខ្ញាល់ សេចក្តីខ្ពើម និងសេចក្តីស្អប់ចំពោះវា ហើយទ្រង់មិនចង់ទតមើលវា ឬមនុស្សណាម្នាក់ ឬភាវៈមានជីវិតណាមួយនៅក្នុងទីក្រុងនេះទៀតឡើយ។ នៅពេលដែលទីក្រុងបានឆេះអស់ក្លាយជាផេះ ព្រះនេត្ររបស់ព្រះជាម្ចាស់លែងទតសម្លឹងមើលវា ហើយក៏លែងនឹកនាដល់វាទៀតដែរ គឺទ្រង់លុបវាចោលចេញពីការចងចាំរបស់ទ្រង់តែម្ដង។ ការនេះមានន័យថា ភ្លើងដែលត្រូវបានបញ្ជូនពីស្ថានសួគ៌មក មិនគ្រាន់តែបំផ្លាញទីក្រុងសូដុមទាំងមូល ហើយវាមិនគ្រាន់តែបំផ្លាញមនុស្សនៅក្នុងទីក្រុងដែលពេញដោយអំពើបាប និងបំផ្លាញភាវៈមានជីវិតដែលប្រឡាក់ប្រឡូសដោយអំពើបាបនៅក្នុងទីក្រុងប៉ុណ្ណោះទេ ប៉ុន្តែ ភ្លើងក៏បំផ្លាញការចងចាំអំពីអំពើអាក្រក់ និងការប្រឆាំងរបស់មនុស្សដែលមានចំពោះព្រះជាម្ចាស់ដែរ។ នេះគឺជាបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់នៅក្នុងដុតបំផ្លាញទីក្រុងនេះ។
មនុស្សនេះបានត្រលប់ជាពុករលួយយ៉ាងខ្លាំង។ មនុស្សទាំងនេះមិនបានស្គាល់ព្រះជាម្ចាស់ជានរណា ឬដឹងថាខ្លួនឯងមកពីប្រភពណានោះឡើយ។ ប្រសិនបើអ្នកលើកឡើងអំពីព្រះជាម្ចាស់ប្រាប់ពួកគេ នោះពួកគេនឹងវាយប្រហារ មូលបង្កាច់ និងជេរប្រមាថជាមិនខាន។ សូម្បីតែនៅពេលដែលអ្នកបម្រើរបស់ព្រះជាម្ចាស់បានទៅប្រាប់អំពីសេចក្តីព្រមានរបស់ទ្រង់ក៏ដោយ ក៏មនុស្សដ៏ពុករលួយទាំងនេះមិនបង្ហាញពីសញ្ញានៃការប្រែចិត្តណាមួយឡើយ ហើយមិនតែប៉ុណ្ណោះ ពួកគេក៏មិនបានបោះបង់ចោលទង្វើដ៏អាក្រក់របស់គេដែរ ប៉ុន្តែ ផ្ទុយទៅវិញ គេបែរជាធ្វើបាបដល់អ្នកបម្រើរបស់ព្រះជាម្ចាស់យ៉ាងគឃ្លើនទៅវិញ។ អ្វីដែលពួកគេបានបង្ហាញ និងបើកសម្ដែង គឺជាធម្មជាតិ និងនិស្ស័យរបស់គេដែលប្រឆាំងយ៉ាងខ្លាំងចំពោះព្រះជាម្ចាស់។ យើងអាចមើលឃើញថា ការប្រឆាំងរបស់មនុស្សដ៏ពុករលួយទាំងនេះចំពោះព្រះជាម្ចាស់ គឺលើសពីការបើកសម្ដែងអំពីនិស្ស័យដ៏ពុករលួយរបស់គេទៅទៀត ដូចជាលើសពីការគ្រាន់តែមូលបង្កាច់ ឬការសើចចំអក ដែលគ្រាន់តែមានឫសគល់ចេញពីកង្វះការយល់ដឹងអំពីសេចក្តីពិតទៅទៀត។ មិនមែនភាពល្ងង់ខ្លៅ ឬភាពអវិជ្ជដែលធ្វើឲ្យពួកគេប្រព្រឹត្តអាក្រក់នោះឡើយ ហើយពួកគេបានប្រព្រឹត្តបែបនេះ ក៏មិនមែនដោយសារតែពួកគេត្រូវបានចាញ់បញ្ឆោតនោះដែរ ហើយវាក៏មិនមែនដោយសារតែពួកគេត្រូវបានចាញ់កលគេនោះដែរ។ ទង្វើរបស់គេបានឡើងដល់កម្រិតមួយនៃការប្រឆាំង ការជំទាស់ និងការស្រែកតវ៉ាយ៉ាងឥតអៀនខ្មាសទាំងស្រុងចំពោះព្រះជាម្ចាស់។ គ្មានអ្វីដែលត្រូវឆ្ងល់ឡើយ ឥរិយាបថមនុស្សបែបនេះនឹងធ្វើឲ្យព្រះជាម្ចាស់ខ្ញាល់ ហើយវាក៏នឹងធ្វើឲ្យនិស្ស័យរបស់ទ្រង់ក្រោធឡើងដែរ ព្រោះថានិស្ស័យរបស់ទ្រង់នេះមិនអាចត្រូវបានបំពាននោះឡើយ។ នេះជាហេតុផលដែលនាំឲ្យព្រះជាម្ចាស់បញ្ចេញព្រះពិរោធ និងឫទ្ធានុភាពរបស់ទ្រង់ដោយផ្ទាល់ និងដោយចំហ ដ្បិតនេះជាការបើកសម្ដែងដ៏ពិតអំពីនិស្ស័យដ៏សុចរិតរបស់ទ្រង់។ ដោយប្រឈមជាមួយទីក្រុងមួយដែលពេញដោយអំពើបាប ព្រះជាម្ចាស់ចង់បំផ្លាញវាឲ្យលឿនបំផុតតាមតែអាចធ្វើទៅបាន គឺបំផ្លាញមនុស្សនៅក្នុងទីក្រុងនេះ និងអំពើបាបរបស់ពួកគេទាំងស្រុងតែម្ដង ដោយធ្វើឲ្យប្រជាជនក្នុងក្រុងនេះលែងមានតទៅទៀត និងដើម្បីបញ្ឈប់អំពើបាបដែលមាននៅក្នុងក្រុងនេះ កុំឲ្យរាលដាលទៅកន្លែងផ្សេងទៀត។ វិធីដ៏លឿនបំផុត ហើយកម្ទេចបានទាំងស្រុងនោះ គឺជាការដុតបំផ្លាញវាដោយភ្លើង។ ឥរិយាបថរបស់ព្រះជាម្ចាស់ចំពោះអ្នកក្រុងសូដុម មិនមែនជាការបោះបង់ចោល ឬការមិនគោរពនោះឡើយ។ ផ្ទុយទៅវិញ ទ្រង់បានប្រើព្រះពិរោធ ឫទ្ធានុភាព និងសិទ្ធិអំណាចរបស់ទ្រង់ ដើម្បីដាក់ទោស រំលាយ និងបំផ្លាញមនុស្សទាំងនេះចោលទាំងស្រុងតែម្ដង។ ឥរិយាបថរបស់ទ្រង់ចំពោះពួកគេ មិនមែនគ្រាន់តែជាការបំផ្លាញខាងឯរូបកាយប៉ុណ្ណោះទេ ប៉ុន្តែ ក៏ជាការបំផ្លាញខាងឯព្រលឹង ដែលជាការបំផ្លាញអស់កល្បជានិច្ចដែរ។ នេះគឺជាសេចក្តីសន្និដ្ឋានដ៏ពិតចំពោះអត្ថន័យដែលព្រះជាម្ចាស់ចង់មានន័យចំពោះឃ្លាថា «លែងឲ្យមានតទៅទៀត»។
ទោះបីព្រះសេចក្ដីក្រោធរបស់ព្រះជាម្ចាស់ត្រូវបានលាក់កំបាំង ហើយគ្មានមនុស្សណាម្នាក់ដឹងក៏ដោយ ក៏ព្រះពិរោធរបស់ទ្រង់នេះមិនលើកលែងចំពោះកាបំពានឡើយ
ការប្រព្រឹត្តរបស់ព្រះជាម្ចាស់ចំពោះមនុស្សជាតិដ៏ល្ងង់ខ្លៅ និងល្ងីល្ងើនេះ គឺអាស្រ័យជាចម្បងទៅលើសេចក្តីមេត្តាករុណា និងការអត់ឱន។ នៅក្នុងន័យម្យ៉ាងទៀត ព្រះពិរោធរបស់ទ្រង់ត្រូវបានលាក់ទុកអស់រយៈពេលយ៉ាងយូរ និងនៅក្នុងហេតុការណ៍យ៉ាងច្រើន ហើយទ្រង់មិនដែលបង្ហាញវាចេញឲ្យមនុស្សដឹងឡើយ។ ជាលទ្ធផល មនុស្សពិបាកក្នុងការមើលឃើញព្រះជាម្ចាស់បង្ហាញព្រះពិរោធរបស់ទ្រង់ណាស់ ហើយគេក៏ពិបាកយល់ពីព្រះពិរោធរបស់ទ្រង់ដែរ។ ដូច្នេះហើយបានជាមនុស្សមើលស្រាលព្រះពិរោធរបស់ព្រះជាម្ចាស់។ នៅពេលដែលមនុស្សប្រឈមជាមួយកិច្ចការចុងក្រោយរបស់ព្រះជាម្ចាស់ និងជំហាននៃការអត់ឱន និងការអត់ទោសរបស់ទ្រង់ចំពោះមនុស្ស នោះហើយជាពេលដែលសេចក្តីមេត្តាករុណាចុងក្រោយរបស់ព្រះជាម្ចាស់ និងសេចក្តីព្រមានចុងក្រោយរបស់ទ្រង់ ធ្លាក់មកលើមនុស្ស ហើយបើមនុស្សនៅតែប្រើប្រាស់វិធីសាស្ត្រដដែល ដើម្បីប្រឆាំងនឹងព្រះជាម្ចាស់ ហើយមិនខំប្រែចិត្ត កែកុនផ្លូវរបស់ខ្លួន ហើយទទួលយកសេចក្តីមេត្តាករុណរបស់ទ្រង់ទេ នោះព្រះជាម្ចាស់នឹងលែងមានព្រះទ័យអត់ឱន និងអត់ធ្មត់ចំពោះពួកគេទៀតហើយ។ ផ្ទុយទៅវិញ ព្រះជាម្ចាស់នឹងដកទុកសេចក្តីមេត្តាករុណារបស់ទ្រង់វិញនៅពេលនោះ។ ក្រោយមក ទ្រង់នឹងបញ្ចេញតែព្រះពិរោធរបស់ទ្រង់ប៉ុណ្ណោះ។ ទ្រង់អាចសម្ដែងព្រះពិរោធរបស់ទ្រង់នៅក្នុងរបៀបខុសៗគ្នាជាច្រើន ដូចដែលទ្រង់អាចប្រើប្រាស់វិធីសាស្ត្រផ្សេងៗ ដើម្បីដាក់ទោស និងបំផ្លាញមនុស្សយ៉ាងនោះដែរ។
ការដែលព្រះជាម្ចាស់ប្រើប្រាស់ភ្លើង ដើម្បីបំផ្លាញទីក្រុងសូដុម គឺជាវិធីសាស្ត្រដ៏លឿនបំផុត ដើម្បីបំផ្លាញមនុស្ស ឬអ្វីមួយឲ្យវិនាសសាបសូន្យ។ ការដុតបំផ្លាញអ្នកក្រុងសូដុមដោយភ្លើង មិនគ្រាន់តែបំផ្លាញរូបកាយរបស់គេប៉ុណ្ណោះទេ ប៉ុន្តែ វាក៏បំផ្លាញដល់វិញ្ញាណ ព្រលឹង និងរូបកាយទាំងមូលរបស់គេដែរ ដើម្បីធានាថា មនុស្សនៅក្នុងក្រុងនេះនឹងលែងមានវត្តមានតទៅទៀតនៅក្នុងពិភពលោករូបិយ និងពិភពលោកអរូបិយ។ នេះគឺជាផ្លូវតែមួយគត់ដែលព្រះជាម្ចាស់បើកសម្ដែង និងបង្ហាញពីព្រះពិរោធរបស់ទ្រង់។ ការបើកសម្ដែង និងការបង្ហាញបែបនេះ គឺជាទិដ្ឋភាពមួយអំពីលក្ខណៈសំខាន់នៃព្រះពិរោធរបស់ព្រះជាម្ចាស់ ហើយវាក៏ជាការបើកសម្ដែងអំពីលក្ខណៈសំខាន់នៃនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ដែរ។ នៅពេលដែលព្រះជាម្ចាស់បានបញ្ចេញព្រះពិរោធរបស់ទ្រង់ ព្រះអង្គលែងបើកសម្ដែងពីសេចក្តីមេត្តាករុណា ឬសេចក្តីស្រឡាញ់ដ៏សប្បុរស ហើយក៏លែងបង្ហាញព្រះទ័យអត់ឱន ឬព្រះទ័យអត់ធ្មត់តទៅទៀត ហើយក៏គ្មាននរណាម្នាក់ គ្មានអ្វីមួយ ឬហេតុផលណាមួយដែលអាចបញ្ចុះបញ្ចូលឲ្យទ្រង់បន្តមានព្រះទ័យអត់ធ្មត់ ប្រទានសេចក្តីមេត្តាករុណា និងការអត់ឱនរបស់ទ្រង់តទៅទៀតនោះដែរ។ ផ្ទុយទៅវិញ ដោយគ្មានភាពអល់អែក ព្រះជាម្ចាស់បានបញ្ចេញព្រះពិរោធ និងឫទ្ធានុភាពរបស់ទ្រង់ ដោយធ្វើអ្វីដែលទ្រង់ចង់ធ្វើ។ ទ្រង់នឹងធ្វើរឿងទាំងនេះនៅក្នុងល្បឿនដ៏លឿន និងកម្ចាត់ចោលយ៉ាងស្អាត ដើម្បីឲ្យស្របតាមបំណងព្រះហឫទ័យរបស់ទ្រង់។ នេះគឺជាផ្លូវមួយដែលព្រះជាម្ចាស់បញ្ចេញព្រះពិរោធ និងឫទ្ធានុភាពរបស់ទ្រង់ ដែលមនុស្សមិនត្រូវបំពានឡើយ ហើយវាក៏ជាការបង្ហាញចេញនូវទិដ្ឋភាពមួយអំពីនិស្ស័យដ៏សុចរិតរបស់ទ្រង់ដែរ។ នៅពេលដែលមនុស្សមើលឃើញព្រះជាម្ចាស់សម្ដែងការយកចិត្តទុកដាក់ និងសេចក្តីស្រឡាញ់ចំពោះពួកគេ ពួកគេមិនអាចយល់ពីព្រះពិរោធរបស់ទ្រង់ មិនអាចឃើញឫទ្ធានុភាពរបស់ទ្រង់ ឬមិនអាចដឹងអំពីការដែលព្រះជាម្ចាស់លែងមានព្រះទ័យអត់ឱនចំពោះការបំពាននោះឡើយ។ ការទាំងនេះតែងតែនាំឲ្យមនុស្សជឿថា និស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ គឺមានតែសេចក្តីមេត្តាករុណា សេចក្តីអត់ឱន និងសេចក្តីស្រឡាញ់ប៉ុណ្ណោះ។ ទោះបីជាយ៉ាងណា នៅពេលដែលគេមើលឃើញព្រះជាម្ចាស់បំផ្លាញទីក្រុងមួយ ឬស្អប់ខ្ពើមមនុស្សណាម្នាក់ ឃើញពីសេចក្តីក្រោធរបស់ទ្រង់នៅក្នុងការបំផ្លាញមនុស្ស និងឫទ្ធានុភាពរបស់ទ្រង់ វាជួយឲ្យមនុស្សមើលឃើញផ្នែកមួយទៀតនៃនិស្ស័យដ៏សុចរិតរបស់ទ្រង់។ នេះគឺជាការដែលព្រះជាម្ចាស់លែងមានព្រះទ័យអត់ឱនចំពោះការបំពានតទៅទៀត។ និស្ស័យរបស់ព្រះជាម្ចាស់ដែលលែងអត់ឱនចំពោះការបំពាន មានកម្រិតខ្ពស់ហួសពីការស្រមើស្រមៃរបស់ភាវៈរូបិយ ហើយនៅក្នុងចំណោមភាវៈអរូបិយ គឺគ្មាននរណាម្នាក់អាចចូលអន្តរាគមន៍ ឬជះឥទ្ធិពលលើនិស្ស័យនេះបានឡើយ ហើយក៏មិនអាចក្លែងបន្លំ ឬចម្លងបានដែរ។ ដូច្នេះ ទិដ្ឋភាពនៃនិស្ស័យរបស់ព្រះជាម្ចាស់នេះ គឺជាទិដ្ឋភាពមួយដែលមនុស្សគួរតែដឹងជាងគេបំផុត។ មានតែព្រះជាម្ចាស់ផ្ទាល់ព្រះអង្គប៉ុណ្ណោះ ដែលមាននិស្ស័យប្រភេទនេះ ហើយមានតែព្រះជាម្ចាស់ផ្ទាល់ព្រះអង្គប៉ុណ្ណោះ ដែលកាន់កាប់និស្ស័យបែបនេះ។ ព្រះជាម្ចាស់កាន់កាប់និស្ស័យដ៏សុចរិតនេះ ដោយសារតែទ្រង់ស្អប់ខ្ពើមសេចក្តីអាក្រក់ សេចក្តីងងឹត ការបះបោរ និងអំពើអាក្រក់របស់សាតាំង ដែលធ្វើឲ្យមនុស្សជាតិពុករលួយ និងបំផ្លាញមនុស្ស ហើយក៏ដោយសារតែទ្រង់ស្អប់ខ្ពើមគ្រប់ទាំងអំពើបាបដែលប្រឆាំងនឹងទ្រង់ និងដោយសារតែលក្ខណៈសំខាន់ដ៏បរិសុទ្ធ និងឥតសៅហ្មងរបស់ទ្រង់ដែរ។ វាគឺដោយសារតែការនេះហើយដែលនាំឲ្យទ្រង់ទ្រាំលែងបានជាមួយភាវៈរូបិយ ឬភាវៈអរូបិយ ដែលប្រឆាំង ឬប្រជែងជាមួយទ្រង់ទាំងចំហនោះ។ សូម្បីតែមនុស្សដែលទ្រង់ធ្លាប់សម្ដែងសេចក្តីមេត្តាករុណា ឬទ្រង់ធ្លាប់បានជ្រើសរើសពីមុន ក៏រករឿងដល់និស្ស័យរបស់ទ្រង់ ហើយរំលងគោលការណ៍នៃព្រះទ័យអត់ធ្មត់ និងការអត់ឱនរបស់ទ្រង់ផងដែរ ហើយព្រះជាម្ចាស់នឹងបញ្ចេញ និងបើកសម្ដែងពីនិស្ស័យដ៏សុចរិតរបស់ទ្រង់ ដែលលែងអត់ឱនតទៅទៀតចំពោះការបំពាន ដោយគ្មានសេចក្តីមេត្តាករុណា ឬការអាឡោះអាល័យ សូម្បីតែបន្ដិច។
ព្រះពិរោធរបស់ព្រះជាម្ចាស់ គឺជាការការពារសម្រាប់គ្រប់ទាំងកម្លាំងនៃសេចក្តីយុត្តិធម៌ និងការវិជ្ជមានទាំងអស់
តាមរយៈការយល់ដឹងអំពីឧទាហរណ៍នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ព្រះតម្រិះ និងសកម្មភាពទាំងនេះ តើអ្នកអាចយល់អំពីនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ ជានិស្ស័យមួយដែលមិនអត់ឱនចំពោះទង្វើដែលមនុស្សបំពានដែរឬទេ? ជារួមមក ទោះបីមនុស្សអាចយល់អំពីនិស្ស័យនេះបានកម្រិតណាក៏ដោយ នេះគឺជាទិដ្ឋភាពមួយអំពីនិស្ស័យរបស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្ក និងមានតែមួយគត់ចំពោះទ្រង់តែប៉ុណ្ណោះ។ ការលែងអត់ឱនរបស់ព្រះជាម្ចាស់ចំពោះការបំពាន គឺជាលក្ខណៈសំខាន់ដែលមានតែមួយគត់របស់ទ្រង់។ ព្រះពិរោធរបស់ព្រះជាម្ចាស់ គឺជានិស្ស័យដែលមានតែមួយគត់របស់ទ្រង់។ ឫទ្ធានុភាពរបស់ព្រះជាម្ចាស់ គឺជានិស្ស័យតែមួយគត់របស់ទ្រង់។ គោលការណ៍ដែលនៅពីក្រោយព្រះពិរោធរបស់ព្រះជាម្ចាស់ គឺជាការបង្ហាញឲ្យឃើញពីអត្តសញ្ញាណ និងឋានៈរបស់ទ្រង់ ដែលជាកម្មសិទ្ធិផ្ដាច់មុខរបស់ទ្រង់តែមួយប៉ុណ្ណោះ។ គឺអាចនិយាយមួយបែបទៀតថា គោលការណ៍នេះក៏ជានិមិត្តសញ្ញាអំពីលក្ខណៈសំខាន់របស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គតែមួយអង្គគត់ដែរ។ និស្ស័យរបស់ព្រះជាម្ចាស់ គឺជាលក្ខណៈសំខាន់ដែលមានតាំងពីដើមមករបស់ទ្រង់ ដែលមិនអាចផ្លាស់ប្ដូរទៅតាមពេលវេលា ហើយក៏មិនអាចផ្លាស់ប្រែទៅតាមទីតាំងភូមិសាស្ត្រនោះដែរ។ និស្ស័យពីដើមរបស់ទ្រង់ គឺជាលក្ខណៈសំខាន់ខាងក្នុងរបស់ទ្រង់។ មិនថាទ្រង់អនុវត្តកិច្ចការរបស់ទ្រង់ចំពោះនរណាឡើយ ក៏លក្ខណៈសំខាន់របស់ទ្រង់មិនផ្លាស់ប្ដូរឡើយ ហើយនិស្ស័យដ៏សុចរិតរបស់ទ្រង់ក៏មិនផ្លាស់ប្រែដែរ។ នៅពេលដែលមនុស្សម្នាក់ធ្វើឲ្យព្រះជាម្ចាស់ខ្ញាល់ ការអ្វីដែលព្រះជាម្ចាស់បញ្ចេញនោះ គឺជានិស្ស័យដែលមានតាំងពីដើមមករបស់ទ្រង់ ហើយក្នុងពេលជាមួយគ្នានោះ គោលការណ៍ដែលនៅពីក្រោយព្រះពិរោធរបស់ទ្រង់មិនផ្លាស់ប្ដូរឡើយ ហើយអត្តសញ្ញាណ និងឋានៈដែលមានតែមួយគត់របស់ទ្រង់ ក៏មិនផ្លាស់ប្រែដែរ។ ទ្រង់មិនមានព្រះពិរោធ ដោយសារតែការផ្លាស់ប្ដូរនៅក្នុងលក្ខណៈសំខាន់របស់ទ្រង់ ឬដោយសារតែមានសមាសធាតុខុសៗគ្នាលេចចេញពីនិស្ស័យរបស់ទ្រង់ឡើយ ប៉ុន្តែ ដោយសារតែការប្រឆាំងរបស់មនុស្សចំពោះទ្រង់បំពានលើនិស្ស័យរបស់ទ្រង់។ ការបំពានជាក់ស្ដែងរបស់មនុស្សចំពោះព្រះជាម្ចាស់ គឺជាបទល្មើសដ៏ធ្ងន់ធ្ងរមួយចំពោះអត្តសញ្ញាណ និងឋានៈរបស់ព្រះជាម្ចាស់។ នៅក្នុងទស្សនៈរបស់ព្រះជាម្ចាស់ នៅពេលដែលមនុស្សប្រឆាំងនឹងទ្រង់ មនុស្សកំពុងតែប្រកួតជាមួយទ្រង់ និងកំពុងតែសាកល្បងជាមួយព្រះពិរោធរបស់ទ្រង់។ នៅពេលដែលមនុស្សប្រឆាំងនឹងព្រះជាម្ចាស់ នៅពេលដែលមនុស្សប្រកួតជាមួយព្រះជាម្ចាស់ នៅពេលដែលមនុស្សបន្តសាកល្បងព្រះពិរោធរបស់ព្រះជាម្ចាស់ ហើយនេះជាពេលដែលអំពើបាបរាលដាលទប់លែងបាន ពេលនោះ ព្រះពិរោធរបស់ព្រះជាម្ចាស់នឹងបើកសម្ដែង និងបង្ហាញចេញមកជាមិនខាន។ ដូច្នេះ ការបង្ហាញព្រះពិរោធរបស់ព្រះជាម្ចាស់ គឺជានិមិត្តសញ្ញាមួយដែលបង្ហាញថា រាល់កម្លាំងអាក្រក់ទាំងអស់នឹងត្រូវលែងមាន ហើយវាក៏ជានិមិត្តសញ្ញាមួយបង្ហាញថា គ្រប់កម្លាំងប្រឆាំងទាំងអស់នឹងត្រូវបំផ្លាញអស់ដែរ។ នេះគឺជាភាពមានតែមួយគត់នៃនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ និងអំពីព្រះពិរោធរបស់ព្រះជាម្ចាស់។ នៅពេលដែលសេចក្តីថ្លៃថ្នូរ និងភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ត្រូវបានប្រឆាំង នៅពេលដែលកម្លាំងនៃសេចក្តីយុត្តិធម៌ត្រូវបានរាំងស្ទះ ហើយមនុស្សមើលមិនឃើញ នោះព្រះជាម្ចាស់នឹងបញ្ចេញព្រះពិរោធរបស់ទ្រង់មិនខាន។ ដោយសារតែលក្ខណៈសំខាន់របស់ព្រះជាម្ចាស់ រាល់កម្លាំងទាំងអស់នៅលើផែនដីដែលប្រកួត ប្រឆាំង និងប្រយុទ្ធទាស់នឹងព្រះជាម្ចាស់ សុទ្ធតែជាកម្លាំងអាក្រក់ ពុករលួយ និងអយុត្តិធម៌ ហើយកម្លាំងទាំងនោះសុទ្ធតែមកពីសាតាំង និងជាគ្នីគ្នារបស់វាទាំងអស់។ ដោយសារតែព្រះជាម្ចាស់ទ្រង់យុត្តិធម៌ ជាពន្លឺ និងបរិសុទ្ធ ដូច្នេះ គ្រប់អ្វីៗដែលអាក្រក់ ពុករលួយ និងជាគ្នីគ្នារបស់សាតាំង នឹងត្រូវវិនាសហិនហោចអស់ នៅពេលដែលព្រះពិរោធរបស់ព្រះជាម្ចាស់ត្រូវបានបញ្ចេញមក។
ទោះបីជាការចាក់បង្ហូរព្រះពិរោធរបស់ព្រះជាម្ចាស់ ជាទិដ្ឋភាពមួយនៃការបង្ហាញអំពីនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ក៏ដោយ ក៏ព្រះពិរោធរបស់ព្រះជាម្ចាស់មិនរើសមុខនរណាជានរណាឡើយ ហើយក៏មិនធ្វើឡើងដោយគ្មានគោលការណ៍នោះដែរ។ ផ្ទុយទៅវិញ ព្រះជាម្ចាស់ជាព្រះដែលយឺតនឹងខ្ញាល់ ហើយទ្រង់ក៏មិនងាយបើកសម្ដែងព្រះពិរោធ និងឫទ្ធានុភាពរបស់ទ្រង់នោះដែរ។ លើសពីនេះ ព្រះពិរោធរបស់ព្រះជាម្ចាស់ត្រូវបានទប់ និងវាស់ស្ទង់យ៉ាងល្អ គឺមិនដូចជារបៀបដែលមនុស្សផ្ទុះកំហឹង ឬឆាប់ឆេះដុំនោះឡើយ។ មានការសន្ទនាជាច្រើនរវាងមនុស្ស និងព្រះជាម្ចាស់ត្រូវបានកត់ត្រាទុកនៅក្នុងព្រះគម្ពីរ។ ពាក្យរបស់មនុស្សមួយចំនួននៅក្នុងការសន្ទនាទាំងនោះ មានកម្រិតរាក់កំផែល ល្ងង់ខ្លៅ និងដូចជាពាក្យក្មេងបៀមដៃ ប៉ុន្តែ ព្រះជាម្ចាស់មិនបានបំផ្លាញពួកគេឡើយ ហើយទ្រង់ក៏មិនបានថ្កោលទោសពួកគេដែរ។ ជាក់ស្ដែង នៅក្នុងអំឡុងពេលនៃការល្បងលលោកយ៉ូប តើព្រះយេហូវ៉ាបានប្រព្រឹត្តយ៉ាងដូចម្ដេចចំពោះមិត្តភក្តិទាំងបីរបស់លោកយ៉ូប និងអ្នកផ្សេងទៀត ក្រោយពេលទ្រង់បានឮពាក្យដែលពួកគេបាននិយាយទៅកាន់លោកយ៉ូប? តើទ្រង់បានថ្កោលទោសពួកគេឬទេ? តើទ្រង់បានខ្ញាល់នឹងពួកគេឬទេ? ទ្រង់មិនបានធ្វើបែបនេះឡើយ! ផ្ទុយទៅវិញ ទ្រង់បានប្រាប់លោកយ៉ូបឲ្យអង្វរករ និងអធិស្ឋានសម្រាប់ពួកគេ ដើម្បីសុំឲ្យព្រះជាម្ចាស់កុំនឹកនាចំពោះកំហុសរបស់ពួកគេ។ ឧទាហរណ៍ទាំងនេះសុទ្ធតែតំណាងឲ្យឥរិយាបថជាចម្បងដែលព្រះជាម្ចាស់ប្រព្រឹត្តចំពោះមនុស្ស ដែលពុករលួយ និងល្ងង់ខ្លៅ។ ដូច្នេះ ការបញ្ចេញព្រះពិរោធរបស់ព្រះជាម្ចាស់ មិនមែនជាការបញ្ចេញអារម្មណ៍របស់ទ្រង់ ហើយក៏មិនមែនជាផ្លូវមួយដែលទ្រង់ប្រើ ដើម្បីបន្ធូរអារម្មណ៍របស់ទ្រង់នោះដែរ។ ផ្ទុយពីការយល់ច្រឡំរបស់មនុស្ស ព្រះពិរោធរបស់ព្រះជាម្ចាស់មិនមែនជាការទប់អារម្មណ៍លែងកើត ហើយក៏ផ្ទុះកំហឹងឡើងនោះឡើយ។ ព្រះជាម្ចាស់មិនមែនបញ្ចេញព្រះពិរោធរបស់ទ្រង់ ដោយសារតែទ្រង់មិនអាចទប់អារម្មណ៍របស់ទ្រង់បាន ឬដោយសារតែសេចក្តីក្រោធរបស់ទ្រង់បានពុះកញ្ជ្រោលខ្លាំង រហូតដល់ទ្រង់ត្រូវតែបន្ធូរវាចេញមកនោះឡើយ។ ផ្ទុយទៅវិញ ព្រះពិរោធរបស់ទ្រង់គឺជាការបង្ហាញ និងជាការស្ដែងចេញដ៏ពិតប្រាកដអំពីនិស្ស័យដ៏សុចរិតរបស់ទ្រង់ ហើយវាក៏ជាសញ្ញានៃការបើកសម្ដែងអំពីលក្ខណៈសំខាន់ដ៏បរិសុទ្ធរបស់ទ្រង់ដែរ។ ព្រះជាម្ចាស់ជាព្រះពិរោធ ហើយទ្រង់មិនអត់ឱនចំពោះការបំពានឡើយ។ ការនេះមិនមែនមានន័យថា ព្រះពិរោធរបស់ព្រះជាម្ចាស់គ្មានការបែងចែកច្បាស់លាស់អំពីបុព្វហេតុ ឬគ្មានគោលការណ៍នោះឡើយ។ គឺមានតែមនុស្សដ៏ពុករលួយប៉ុណ្ណោះ ដែលទាមទារសិទ្ធិចង់បញ្ចេញកំហឹងដ៏គ្មានគោលការណ៍ ឬព្រាវៗ ជាកំហឹងដែលមិនចេះបែងចែកឲ្យបានច្បាស់លាស់រវាងបុព្វហេតុនោះ។ សម្រាប់មនុស្សដែលមានឋានៈខ្ពស់ ជារឿយៗ គេនឹងពិបាកទប់អារម្មណ៍របស់គេ ដូច្នេះ គេនឹងរីករាយក្នុងការឆក់យកឱកាស ដើម្បីសម្ដែងពីការមិនពេញចិត្តរបស់គេ និងដើម្បីបន្ធូរអារម្មណ៍របស់គេ។ ជារឿយៗ គេនឹងកំរោលចូលទាំងគ្មានហេតុផល ដើម្បីបង្ហាញពីសមត្ថភាពរបស់គេ និងឲ្យគេដឹងថា ឋានៈ និងអត្តសញ្ញាណរបស់គេ គឺខុសពីមនុស្សធម្មតា។ ជាការពិត មនុស្សពុករលួយ ដែលគ្មានឋានៈអ្វី ជារឿយៗ ក៏បាត់បង់ម្ចាស់ការដែរ។ ជាញឹកញាប់ កំហឹងរបស់គេត្រូវបានបង្កឡើងដោយសារតែការបាត់បង់ផលប្រយោជន៍ឯកជនរបស់គេ។ ដើម្បីការពារដល់ឋានៈ និងសេចក្តីថ្លៃថ្នូររបស់គេ ជារឿយៗ មនុស្សជាតិដ៏ពុករលួយនឹងបន្ធូរអារម្មណ៍របស់គេ ហើយបង្ហាញពីនិស្ស័យដ៏ក្រអឺតក្រទមរបស់ខ្លួន។ មនុស្សនឹងផ្ទុះកំហឹង ហើយបន្ធូរអារម្មណ៍របស់គេ ដើម្បីការពារ និងគាំទ្រដល់វត្តមាននៃអំពើបាប ហើយទង្វើទាំងនេះគឺជារបៀបដែលមនុស្សបង្ហាញពីភាពមិនពេញចិត្តរបស់គេ ព្រោះពួកគេបានពេញទៅដោយភាពមិនបរិសុទ្ធ ផែនការក្បត់ និងល្បិចកល ជាមួយសេចក្តីពុករលួយ និងការអាក្រក់របស់មនុស្ស ហើយកាន់តែអាក្រក់ជាងនេះទៀតនោះគឺ ពួកគេបានពេញដោយមហិច្ឆតា និងសេចក្តីប៉ងប្រាថ្នាដ៏ព្រៃផ្សៃរបស់មនុស្ស។ នៅពេលដែល សេចក្តីយុត្តិធម៌ប៉ះទង្គិចជាមួយសេចក្តីអាក្រក់ កំហឹងរបស់មនុស្សនឹងមិនផ្ទុះឡើង ដើម្បីការពារ ឬគាំទ្រដល់សេចក្តីយុត្តិធម៌ឡើយ ផ្ទុយទៅវិញ នៅពេលដែលកម្លាំងនៃសេចក្តីយុត្តិធម៌ត្រូវបានរងការគំរាមកំហែង បៀតបៀន និងវាយប្រហារ នោះមនុស្សនឹងមានឥរិយាបថណាមួយក្នុងចំណោមឥរិយាបថទាំងបីនេះគឺ មើលរំលង យករួចខ្លួន ឬក្រញែងខ្លួន។ យ៉ាងណាមិញ នៅពេលដែលប្រឈមនឹងកម្លាំងនៃសេចក្តីអាក្រក់ មនុស្សបែរជាមានឥរិយាបថណាមួយក្នុងចំណោមឥរិយាបថបីនេះគឺ តម្រូវចិត្ត ឱនក្រាប និងអេះក្បាល។ ដូច្នេះ ការបន្ធូរអារម្មណ៍របស់មនុស្ស គឺជាការលេចចេញមួយសម្រាប់កម្លាំងអាក្រក់ ជាការសម្ដែងចេញទង្វើអាក្រក់ដែលរីករាលដាល និងមិនអាចបញ្ឈប់បានរបស់មនុស្សខាងសាច់ឈាមប៉ុណ្ណោះ។ យ៉ាងណាមិញ នៅពេលដែលព្រះជាម្ចាស់បញ្ចេញព្រះពិរោធរបស់ទ្រង់ នោះគ្រប់កម្លាំងអាក្រក់ទាំងអស់នឹងត្រូវបញ្ឈប់ រាល់អំពើបាបដែលធ្វើទុក្ខទោសដល់មនុស្សនឹងត្រូវបញ្ឈប់ រាល់កម្លាំងប្រឆាំងទាំងអស់ដែលរាំងស្ទះដល់កិច្ចការរបស់ព្រះជាម្ចាស់ នឹងត្រូវស្ដែងឲ្យឃើញ ញែកទុក និងត្រូវបណ្ដាសា ហើយពួកសមគំនិតជាមួយសាតាំងទាំងអស់ដែលប្រឆាំងនឹងព្រះជាម្ចាស់ នឹងត្រូវទទួលទោស និងរំលើងចោលទាំងឫស។ នៅកន្លែងរបស់គេ កិច្ចការរបស់ព្រះជាម្ចាស់នឹងដំណើរការទៅយ៉ាងរលូន ដោយគ្មានឧបសគ្គ ផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់នឹងបន្តវិវឌ្ឍទៅមុខមួយជំហានម្ដងៗ ស្របតាមកាលវិភាគ ហើយរាស្ត្រជ្រើសតាំងរបស់ព្រះជាម្ចាស់នឹងមានសេរីភាពពីការរំខាន និងការបោកបញ្ឆោតរបស់សាតាំង ហើយអស់អ្នកដែលដើរតាមព្រះជាម្ចាស់នឹងរីករាយចំពោះការដឹកនាំ និងការផ្គត់ផ្គង់របស់ព្រះជាម្ចាស់នៅក្នុងមជ្ឈដ្ឋានដ៏ស្ងប់ស្ងាត់ និងប្រកបដោយសន្ដិភាព។ ព្រះពិរោធរបស់ព្រះជាម្ចាស់គឺជាការការពារមួយ ដើម្បីទប់ស្កាត់កុំឲ្យកម្លាំងអាក្រក់ទាំងអស់រីកសាយភាយ និងរាតត្បាត ហើយវាក៏ជាការការពារមួយសម្រាប់ការរស់រានមានជីវិត និងការបង្កើតកូនចៅនៃអ្វីៗទាំងអស់ដែលត្រឹមត្រូវ និងវិជ្ជមាន ព្រមទាំងការពារពួកគេពីការសង្កត់សង្កិន និងវិទ្ធង្សនាអស់កល្បជានិច្ចដែរ។
តើអ្នករាល់គ្នាមើលឃើញពីលក្ខណៈសំខាន់នៃព្រះពិរោធរបស់ព្រះជាម្ចាស់នៅក្នុងការដែលទ្រង់បំផ្លាញក្រុងសូដុមដែរឬទេ? តើមានអ្វីផ្សេងទៀតដែលលាយឡំនៅក្នុងសេចក្តីក្រោធរបស់ទ្រង់ដែរឬទេ? តើសេចក្តីក្រោធរបស់ព្រះជាម្ចាស់បរិសុទ្ធដែរឬទេ? បើប្រើពាក្យពេចន៍របស់មនុស្ស តើព្រះពិរោធរបស់ព្រះជាម្ចាស់សុទ្ធល្អដែរឬទេ? តើមានល្បិចណាមួយបង្កប់ពីក្រោយព្រះពិរោធរបស់ព្រះជាម្ចាស់ដែរឬទេ? តើមានការរួមគំនិតក្បត់ណាមួយឬទេ? តើមានអាថ៌កំបាំងដែលមិនអាចនិយាយបានឬទេ? ខ្ញុំអាចនិយាយប្រាប់អ្នករាល់គ្នាយ៉ាងស្មោះ និងយ៉ាងហ្មត់ចត់ថា៖ គ្មានផ្នែកណាមួយនៃសេចក្ដីក្រោធរបស់ព្រះជាម្ចាស់ដែលបង្កជាភាពសង្ស័យដល់មនុស្សនោះឡើយ។ ព្រះពិរោធរបស់ទ្រង់គឺពេញលេញ ជាសេចក្តីក្រោធដ៏សុទ្ធល្អ ដែលគ្មានចេតនា ឬគោលដៅណាផ្សេងឡើយ។ ហេតុផលដែលនៅពីក្រោយព្រះពិរោធរបស់ទ្រង់ គឺបរិសុទ្ធ ឥតកន្លែងបន្ទោសបាន និងគ្មានកន្លែងរិះគន់។ វាជាការបើកសម្ដែងពីធម្មជាតិ និងជាការបង្ហាញអំពីលក្ខណៈសំខាន់ដ៏បរិសុទ្ធរបស់ទ្រង់ ហើយគ្មានអ្វីណាមួយដែលទ្រង់បានបង្កើតមក មាននូវលក្ខណៈសំខាន់នេះឡើយ។ នេះគឺជាផ្នែកមួយនៃនិស្ស័យដ៏សុចរិតដែលមានតែមួយគត់របស់ព្រះជាម្ចាស់ ហើយវាក៏ជាភាពខុសគ្នាដ៏ធំរវាងលក្ខណៈសំខាន់របស់ព្រះអាទិករ និងលក្ខណៈសំខាន់នៃអ្វីៗដែលទ្រង់បានបង្កើតមកដែរ។
ទោះបីមនុស្សម្នាក់ខឹងនៅមុខគេ ឬពីខាងក្រោយខ្នងគេក៏ដោយ ក៏មនុស្សម្នាក់ៗសុទ្ធតែមានចេតនា និងគោលបំណងខុសៗគ្នាដែលនាំឲ្យពួកគេខឹងដែរ។ ប្រហែលជា ពួកគេកំពុងតែសាងកិត្យានុភាពរបស់ខ្លួន ឬប្រហែលជាពួកគេកំពុងតែការពារផលប្រយោជន៍ផ្ទាល់ខ្លួន ថែរក្សាកេរ្តិ៍ឈ្មោះ ឬការពារមុខមាត់របស់គេ។ អ្នកខ្លះចេះទប់កំហឹងរបស់ខ្លួន ខណៈដែលអ្នកផ្សេងទៀតឆាប់នឹងបញ្ចេញកំហឹង ហើយបណ្ដោយឲ្យកំរោលរបស់គេផ្ទុះឡើងគ្រប់ពេលដែលគេចង់ ដោយគ្មានការទប់អារម្មណ៍បន្ដិចឡើយ។ ជារួមមក កំហឹងរបស់មនុស្សចេញមកពីនិស្ស័យដ៏ពុករលួយរបស់គេ។ ទោះវាចេញមកក្នុងគោលបំណងអ្វីក៏ដោយ ក៏វាមកពីខាងសាច់ឈាម និងនិស្ស័យ ហើយវាគ្មានពាក់ព័ន្ធអ្វីជាមួយសេចក្តីយុត្តិធម៌ ឬសេចក្តីអយុត្តិធម៌ឡើយ ព្រោះថា គ្មានអ្វីមួយនៅក្នុងធម្មជាតិ និងលក្ខណៈសំខាន់របស់មនុស្សដែលឆ្លើយតបចំពោះសេចក្តីពិតឡើយ។ ដូច្នេះ កំហឹងរបស់មនុស្សដ៏ពុករលួយ និងព្រះពិរោធរបស់ព្រះជាម្ចាស់ មិនគួរត្រូវបានលើកឡើងនៅក្នុងប្រយោគតែមួយនោះឡើយ។ ដោយគ្មានការលើកលែង ឥរិយាបថរបស់មនុស្សដែលត្រូវបានពុករលួយដោយសាតាំង ចាប់ផ្ដើមជាមួយនឹងសេចក្តីប៉ងប្រាថ្នាចង់ការពារសេចក្តីពុករលួយ ហើយតាមពិតទៅ វាមានមូលដ្ឋានលើសេចក្តីពុករលួយ។ នេះជាហេតុផលដែលកំហឹងរបស់មនុស្សមិនអាចត្រូវបានលើកឡើងនៅក្នុងប្រយោគតែមួយជាមួយព្រះពិរោធរបស់ព្រះជាម្ចាស់នោះ ទោះបីជាកំហឹងរបស់មនុស្សហាក់ដូចជាសមរម្យបែបណានៅក្នុងទ្រឹស្ដីក៏ដោយ។ នៅពេលដែលព្រះជាម្ចាស់បញ្ចេញសេចក្តីក្រោធរបស់ទ្រង់ កម្លាំងអាក្រក់ត្រូវបានត្រួតពិនិត្យ ហើយការអាក្រក់ៗត្រូវបានបំផ្លាញ ខណៈពេលដែលសេចក្ដីយុត្តិធម៌ និងវិជ្ជមាន ចាប់ផ្ដើមរីករាយចំពោះការយកចិត្តទុកដាក់ និងការការពាររបស់ព្រះជាម្ចាស់ ហើយគេទទួលបានការអនុញ្ញាតឲ្យបន្តទៀត។ ព្រះជាម្ចាស់បញ្ចេញសេចក្ដីក្រោធរបស់ទ្រង់ ដោយសារតែរឿងអយុត្តិធម៌ អវិជ្ជមាន និងអាក្រក់ ជារឿងដែលបង្អាក់ រំខាន ឬបំផ្លាញដល់សកម្មភាពធម្មតា និងការអភិវឌ្ឍនៃអ្វីៗដែលយុត្តិធម៌ និងវិជ្ជមាន។ គោលដៅនៃព្រះពិរោធរបស់ព្រះជាម្ចាស់ គឺមិនមែនការពារដល់ឋានៈ និងអត្តសញ្ញាណរបស់ទ្រង់ផ្ទាល់ឡើយ ប៉ុន្តែ ដើម្បីការពារដល់អត្ថិភាពនៃអ្វីៗដែលយុត្តិធម៌ វិជ្ជមាន ស្រស់ស្អាត និងល្អ ដើម្បីការពារច្បាប់ និងសណ្ដាប់ធ្នាប់នៃការរស់រានមានជីវិតធម្មតារបស់មនុស្ស។ នេះគឺជាឫសគល់នៃសេចក្ដីក្រោធរបស់ព្រះជាម្ចាស់។ ព្រះពិរោធរបស់ព្រះជាម្ចាស់ គឺជាការបើកសម្ដែងដ៏ត្រឹមត្រូវ តាមធម្មជាតិ និងដ៏ពិតប្រាកដអំពីនិស្ស័យរបស់ទ្រង់។ នៅក្នុងព្រះពិរោធរបស់ទ្រង់គ្មានចេតនាលាក់កំបាំង ហើយក៏គ្មានការបោកបញ្ឆោត ឬផែនការអាក្រក់នោះដែរ គឺខុសឆ្ងាយណាស់ពីបំណងប្រាថ្នា ល្បិចកល ការព្យាបាទ ភាពហិង្សា អំពើអាក្រក់ ឬនិស្ស័យដ៏ពុករលួយផ្សេងទៀតរបស់មនុស្ស។ មុនពេលព្រះជាម្ចាស់បញ្ចេញព្រះពិរោធរបស់ទ្រង់ ទ្រង់បានយល់យ៉ាងច្បាស់ និងយ៉ាងពេញលេញរួចហើយអំពីសារជាតិនៃអ្វីៗទាំងអស់ ហើយទ្រង់បានបង្កើតនូវនិយមន័យ និងសេចក្តីសន្និដ្ឋានដ៏សុក្រឹត្យ និងច្បាស់លាស់។ ដូច្នេះ កម្មវត្ថុរបស់ព្រះជាម្ចាស់នៅក្នុងគ្រប់កិច្ចការដែលទ្រង់ធ្វើ គឺមានភាពច្បាស់លាស់ ដូចជាឥរិយាបថរបស់ទ្រង់ដូច្នេះដែរ។ ទ្រង់មិនមែនជាព្រះដែលព្រះតម្រិះមិនលះ ទតមើលមិនឃើញ ធ្វើអ្វីមួយបែបតក់ក្រហល់ ឬខ្វះការប្រុងប្រយ័ត្នឡើយ ហើយទ្រង់ក៏មិនមែនជាព្រះដែលធ្វើអ្វីមួយ ដោយគ្មានគោលការណ៍នោះដែរ។ នេះគឺជាទិដ្ឋភាពជាក់ស្ដែងមួយអំពីព្រះសេចក្ដីក្រោធរបស់ព្រះជាម្ចាស់ ហើយវាដោយសារតែទិដ្ឋភាពជាក់ស្ដែងនៃសេចក្ដីក្រោធរបស់ព្រះជាម្ចាស់នេះហើយ ទើបមនុស្សបានទទួលអត្ថិភាពធម្មតារបស់ខ្លួន។ បើគ្មានព្រះពិរោធរបស់ព្រះជាម្ចាស់ទេ នោះមនុស្សជាតិនឹងធ្លាក់ចូលទៅក្នុងលក្ខខណ្ឌរស់នៅខុសប្រក្រតី ហើយអ្វីៗទាំងអស់ដែលយុត្តិធម៌ ស្រស់ស្អាត និងល្អ នឹងត្រូវបានបំផ្លាញ ហើយលែងមានអត្ថិភាពតទៅទៀតមិនខាន។ បើគ្មានព្រះពិរោធរបស់ព្រះជាម្ចាស់ទេ នោះច្បាប់ និងក្រឹត្យវិន័យនៃអត្ថិភាពសម្រាប់ភាវៈដែលត្រូវបានបង្កើតមក នឹងត្រូវបានល្មើស ឬថែមទាំងបំផ្លាញចោលទៀតផង។ ដោយសារតែការបង្កើតមនុស្ស ព្រះជាម្ចាស់បានបន្តប្រើប្រាស់និស្ស័យដ៏សុចរិតរបស់ទ្រង់ ដើម្បីការពារ និងថែរក្សាអត្ថិភាពធម្មតារបស់មនុស្ស។ ដោយសារតែនិស្ស័យដ៏សុចរិតរបស់ទ្រង់មានផ្ទុកនូវសេចក្ដីក្រោធ និងឫទ្ធានុភាព ដូច្នេះ មនុស្ស របស់សព្វសារពើ និងវត្ថុដ៏អាក្រក់ទាំងអស់ ហើយរាល់អ្វីៗដែលរំខាន និងធ្វើឲ្យខូចដល់អត្ថិភាពធម្មតារបស់មនុស្ស នឹងត្រូវទទួលទោស ត្រួតត្រា និងបំផ្លាញចោល ដែលជាលទ្ធផលចេញពីសេចក្ដីក្រោធរបស់ទ្រង់។ អស់រយៈពេលជាងប៉ុន្មានពាន់ឆ្នាំមកនេះ ព្រះជាម្ចាស់បានបន្តប្រើនិស្ស័យដ៏សុចរិតរបស់ទ្រង់ ដើម្បីកម្ទេច និងបំផ្លាញពួកវិញ្ញាណស្មោកគ្រោក និងអាក្រក់គ្រប់ប្រភេទ ដែលប្រឆាំងនឹងព្រះជាម្ចាស់ ព្រមទាំងពួកសមគំនិត និងជាកញ្ជះដាច់ថ្លៃរបស់សាតាំងនៅក្នុងកិច្ចការគ្រប់គ្រងមនុស្សរបស់ព្រះជាម្ចាស់។ ដូច្នេះ កិច្ចការនៃការសង្រ្គោះមនុស្សរបស់ព្រះជាម្ចាស់តែងតែជឿនលឿនទៅមុខជានិច្ច ស្របតាមផែនការរបស់ទ្រង់។ គឺអាចនិយាយបានថា ដោយសារតែអត្ថិភាពនៃសេចក្ដីក្រោធរបស់ព្រះជាម្ចាស់ បុព្វហេតុដ៏សុចរិតបំផុតរបស់មនុស្សមិនត្រូវបានបំផ្លាញឡើយ។
ឥឡូវ អ្នកមានការយល់ដឹងអំពីលក្ខណៈសំខាន់នៃសេចក្ដីក្រោធរបស់ព្រះជាម្ចាស់ហើយ ដូច្នេះ អ្នករាល់គ្នាក៏ប្រាកដជាមានការយល់ដឹងកាន់តែប្រសើរក្នុងការចេះវែកញែកនូវអំពើអាក្រក់របស់សាតាំងដែរ!
ទោះបីសាតាំងសម្ដែងចេញដូចជាមានមនុស្សធម៌ យុត្តិធម៌ និងគុណធម៌ក៏ដោយ ក៏សារជាតិរបស់សាតាំង គឺព្រៃផ្សៃ និងអាក្រក់ដែរ
សាតាំងសាងកេរ្តិ៍ឈ្មោះរបស់វា តាមរយៈការបោកបញ្ឆោតមនុស្ស ហើយជារឿយៗ វាតាំងខ្លួនជាមេទ័ព និងជាបុគ្គលគំរូនៃសេចក្តីសុចរិត។ ក្រោមការក្លែងបន្លំធ្វើជាការពារសេចក្តីសុចរិត វាធ្វើបាបមនុស្ស បំផ្លាញព្រលឹងពួកគេ ហើយប្រើប្រាស់គ្រប់ទាំងមធ្យោបាយ ដើម្បីធ្វើឲ្យស្ពឹក បញ្ឆោត និងញុះញុងមនុស្ស។ គោលដៅរបស់វា គឺធ្វើឲ្យមនុស្សយល់ស្រប និងអនុវត្តតាមការប្រព្រឹត្តអាក្រក់របស់វា ព្រមទាំងធ្វើឲ្យមនុស្សចូលដៃជាមួយវា ដើម្បីប្រឆាំងនឹងសិទ្ធិអំណាច និងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់។ យ៉ាងណាមិញ នៅពេលដែលមនុស្សម្នាក់មើលឃើញពីផែនការ និងគម្រោងការអាក្រក់របស់វា ព្រមទាំងមើលធ្លុះដល់ចរិតដ៏ថោកទាបរបស់វា ហើយនៅពេលដែលមនុស្សមិនចង់បន្តជំពប់ដួល និងចាញ់បោកវា ឬមិនចង់បន្តក្លាយជាទាសករវា ឬមិនចង់ទទួលទោស និងត្រូវបំផ្លាញរួមជាមួយវា នោះសាតាំងផ្លាស់ប្ដូររូបរាងជាពួកបរិសុទ្ធកាលពីមុនរបស់វា ហើយហែកចោលម៉ាស់មុខក្លែងក្លាយរបស់វា ដើម្បីបើកសម្ដែងពីមុខមាត់ពិតរបស់វា ដែលអាក្រក់ សាហាវ កខ្វក់ និងឃោរឃៅ។ វាគ្មានស្រឡាញ់អ្វី ក្រៅពីបំផ្លិចបំផ្លាញអស់អ្នកដែលបដិសេធមិនដើរតាមវា និងអស់អ្នកដែលប្រឆាំងនឹងកម្លាំងអាក្រក់របស់វានោះឡើយ។ នៅចំណុចនេះ សាតាំងលែងមានរូបរាងដ៏គួរឲ្យទុកចិត្ត ជាសុភាពបុរសទៀតហើយ ប៉ុន្តែ រូបរាងដ៏កខ្វក់ និងដូចបិសាចរបស់វាត្រូវបានបើកសម្ដែងចេញ ដោយស្ថិតនៅក្រោមស្បែកចៀម។ នៅពេលដែលផែនការអាក្រក់របស់សាតាំងត្រូវបានលាតត្រដាងឲ្យឃើញ ហើយពេលរូបរាងដ៏ពិតរបស់វាត្រូវបានបកអាក្រាត នោះវានឹងផ្ទុះកំហឹង ហើយបង្ហាញពីភាពសាហាវយង់ឃ្នងរបស់វាមិនខាន។ ក្រោយមក បំណងរបស់វាដែលចង់ធ្វើបាប និងបំផ្លាញមនុស្ស នឹងមានកាន់តែខ្លាំងឡើងៗ។ នេះគឺដោយសារតែវាបានកំរោលចូល នៅពេលដែលមនុស្សភ្ញាក់ខ្លួនមកស្គាល់សេចក្តីពិត ហើយវាចងគំនុំកាន់តែខ្លាំងចំពោះមនុស្ស ដោយសារតែពួកគេមានការជំរុញចិត្តចង់បានសេរីភាព និងពន្លឺ ហើយចង់ផ្ដាច់ខ្លួនចេញពីគុករបស់វា។ កំរោលរបស់វាត្រូវបានបង្ហាញចេញ ដើម្បីការពារ និងគាំទ្រដល់ការអាក្រក់របស់វា ហើយនេះក៏ជាការបើកសម្ដែងដ៏ពិតអំពីនិស្ស័យដ៏សាហាវរបស់វាផងដែរ។
នៅក្នុងអ្វីៗគ្រប់យ៉ាង អាកប្បកិរិយារបស់សាតាំងបង្ហាញចេញពីនិស្ស័យដ៏អាក្រក់របស់វា។ នៅក្នុងចំណោមទង្វើដ៏អាក្រក់ទាំងអស់ដែលសាតាំងបានធ្វើចំពោះមនុស្ស ចាប់តាំងពីកិច្ចខិតខំប្រឹងប្រែងកាលពីដំបូងរបស់វា ដើម្បីបញ្ឆោតមនុស្សឲ្យដើរតាមវា ដល់ការកេងប្រវ័ញ្ចលើមនុស្ស ដែលវាខំអូសទាញមនុស្សឲ្យប្រព្រឹត្តអំពើអាក្រក់របស់វា រហូតដល់ការចងគំនុំរបស់វាចំពោះមនុស្ស ក្រោយពេលរូបរាងដ៏ពិតរបស់វាត្រូវបានបកអាក្រាត ហើយមនុស្សបានស្គាល់ និងបោះបង់វាចោល គឺគ្មានទង្វើណាមួយដែលមិនលាតត្រដាងពីសារជាតិដ៏អាក្រក់របស់សាតាំង ហើយក៏គ្មានទង្វើណាមួយដែលមិនបញ្ជាក់ពីការពិតថា សាតាំងគ្មានទំនាក់ទំនងជាមួយអ្វីៗដែលវិជ្ជមាន និងបញ្ជាក់ទៀតថា សាតាំងជាប្រភពនៃអ្វីៗដែលអាក្រក់ទាំងអស់នោះដែរ។ គ្រប់ទង្វើរបស់វាសុទ្ធតែការពារដល់អំពើអាក្រក់របស់វា ថែរក្សាការបន្តធ្វើអាក្រក់របស់វា ប្រឆាំងនឹងអ្វីៗដែលយុត្តិធម៌ និងវិជ្ជមាន ព្រមទាំងបំផ្លាញច្បាប់ និងសណ្ដាប់ធ្នាប់នៃការរស់រានមានជីវិតតាមធម្មតារបស់មនុស្ស។ ទង្វើរបស់សាតាំងទាំងនេះប្រឆាំងនឹងព្រះជាម្ចាស់ ហើយវានឹងត្រូវបំផ្លាញ ដោយសេចក្ដីក្រោធរបស់ព្រះជាម្ចាស់មិន ខាន។ ទោះបីសាតាំងមានកំរោលក៏ដោយ ក៏កំរោលរបស់វាគ្រាន់តែជាផ្លូវមួយ ដើម្បីបញ្ចេញពីនិស្ស័យដ៏អាក្រក់របស់វាប៉ុណ្ណោះ។ ហេតុផលដែលនាំឲ្យសាតាំងក្ដៅក្រហាយ និងខឹងខ្លាំងគឺថា៖ ផែនការអាក្រក់ដែលមិនអាចនិយាយបានរបស់វាត្រូវបានលាតត្រដាង។ ផែនការអាក្រក់របស់វាត្រូវបានរលាយបាត់។ មហិច្ឆតា និងបំណងប្រាថ្នាដ៏ព្រៃផ្សៃរបស់វាដែលចង់ជំនួសកន្លែងរបស់ព្រះជាម្ចាស់ និងចង់ដើរតួជាព្រះជាម្ចាស់នោះ ត្រូវបានបំផ្លាញ និងរាំងស្ទះ។ ហើយគោលដៅរបស់វាដែលចង់ត្រួតត្រាលើមនុស្សទាំងអស់ ឥឡូវ គ្មានបានផលអ្វីឡើយ ហើយក៏មិនអាចសម្រេចបាននោះដែរ។ អ្វីដែលបានបញ្ឈប់ផែនការអាក្រក់របស់សាតាំងមិនឲ្យបានសម្រេច និងទប់ស្កាត់កុំឲ្យអំពើអាក្រក់របស់សាតាំង ត្រូវបានផ្សព្វផ្សាយ និងរីកសាយ គឺជាការបញ្ចេញសេចក្ដីក្រោធរបស់ព្រះជាម្ចាស់ដដែលៗ ម្ដងហើយម្ដងទៀត។ ដោយសារហេតុផលនេះហើយ ទើបសាតាំងស្អប់ និងខ្លាចសេចក្ដីក្រោធរបស់ព្រះជាម្ចាស់។ គ្រប់ពេលដែលសេចក្ដីក្រោធរបស់ព្រះជាម្ចាស់ធ្លាក់ចុះមក វាមិនគ្រាន់តែលាតត្រដាងពីរូបរាងពិតដ៏អប្រិយរបស់សាតាំងប៉ុណ្ណោះទេ ប៉ុន្តែ វាក៏បកអាក្រាតពីបំណងអាក្រក់របស់សាតាំងដែរ ហើយនៅក្នុងដំណើរការនេះ ហេតុផលដែលនាំឲ្យសាតាំងកំរោលខឹងទាស់នឹងមនុស្ស ក៏ត្រូវបានលាតត្រដាងដែរ។ ការផ្ទុះកំហឹងរបស់សាតាំង គឺជាការបើកសម្ដែងដ៏ពិតអំពីនិស្ស័យដ៏អាក្រក់របស់វា និងជាការលាតត្រដាងពីផែនការអាក្រក់របស់វា។ ជាការពិត គ្រប់ពេលដែលសាតាំងខឹងសម្បា វាក៏ប្រកាសពីសេចក្តីវិនាសនៃអ្វីៗដែលអាក្រក់ និងប្រកាសពីការការពារ និងការបន្តរស់រានរបស់អ្វីៗដែលវិជ្ជមានដែរ។ វាប្រកាសពីការពិតដែលថា សេចក្ដីក្រោធរបស់ព្រះជាម្ចាស់មិនអាចបំពានបានឡើយ!
មនុស្សមិនត្រូវពឹងអាងលើបទពិសោធន៍ និងការស្រមើស្រមៃ ដើម្បីស្គាល់ពីនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ឡើយ
នៅពេលដែលអ្នកឃើញខ្លួនឯងកំពុងតែជួបការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះជាម្ចាស់ តើអ្នកនឹងនិយាយថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់ត្រូវមិនសុទ្ធល្អឬ? តើអ្នកនឹងនិយាយថា មានរឿងមួយនៅពីក្រោយសេចក្តីក្រោធរបស់ព្រះជាម្ចាស់ និងថា វាជាព្រះបន្ទូលក្លែងក្លាយឬ? តើអ្នកនឹងមូលបង្កាច់ព្រះជាម្ចាស់ ដោយនិយាយថា និស្ស័យរបស់ទ្រង់មិនសុចរិតទាំងស្រុងឬ? នៅពេលដែលដោះស្រាយជាមួយទង្វើនីមួយៗរបស់ព្រះជាម្ចាស់ ជាដំបូង អ្នកត្រូវតែប្រាកដយ៉ាងច្បាស់ថា និស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់គឺគ្មានសមាសធាតុផ្សេងទៀតឡើយ ក្រៅពីបរិសុទ្ធ និងគ្មានកំហុស។ ទង្វើទាំងនេះរួមបញ្ចូលទាំង ការវាយបង្រ្កាប ការដាក់ទោស និងការបំផ្លាញរបស់ព្រះជាម្ចាស់ចំពោះមនុស្ស។ ដោយគ្មានលើកលែង គ្រប់ទង្វើរបស់ព្រះជាម្ចាស់ត្រូវបានធ្វើឡើងយ៉ាងតឹងរ៉ឹង ស្របតាមនិស្ស័យដែលមានតាំងពីដើមមករបស់ទ្រង់ និងផែនការរបស់ទ្រង់ ហើយគ្មានរួមបញ្ចូលចំណេះដឹង ប្រពៃណី និងទស្សនវិជ្ជារបស់មនុស្សឡើយ។ គ្រប់ទង្វើរបស់ព្រះជាម្ចាស់ គឺជាការស្ដែងចេញអំពីនិស្ស័យ និងលក្ខណៈសំខាន់របស់ទ្រង់ ដោយមិនទាក់ទងអ្វីដែលជារបស់មនុស្សដ៏ពុករលួយឡើយ។ មនុស្សជាតិមានសញ្ញាណថា មានតែសេចក្តីស្រឡាញ់ សេចក្តីមេត្តាករុណា និងសេចក្តីអត់ឱនរបស់ព្រះជាម្ចាស់ចំពោះមនុស្សជាតិប៉ុណ្ណោះ ទើបគ្មានកំហុស សុទ្ធល្អ និងបរិសុទ្ធ ប៉ុន្តែ គ្មាននរណាម្នាក់ដឹងថា សេចក្តីក្រោធរបស់ព្រះជាម្ចាស់ និងព្រះពិរោធរបស់ទ្រង់ក៏គ្មានការកំផិតដែរនោះឡើយ ហើយលើសពីនេះ គ្មាននរណាម្នាក់បានសញ្ជឹងគិតលើសំណួរ ដូចជា ហេតុអ្វីបានជាព្រះជាម្ចាស់មិនអត់ឱនចំពោះការបំពាន ឬហេតុអ្វីបានជាទ្រង់ខ្ញាល់ខ្លាំងបែបនេះនោះឡើយ។ ផ្ទុយទៅវិញ អ្នកខ្លះយល់ច្រឡំថាព្រះពិរោធរបស់ព្រះជាម្ចាស់ទៅជាអារម្មណ៍អាក្រក់ទៅវិញ ដ្បិតអារម្មណ៍បែបនេះមានតែចេញពីមនុស្សដ៏ពុករលួយប៉ុណ្ណោះ ហើយគេយល់ច្រឡំថាព្រះពិរោធរបស់ព្រះជាម្ចាស់ ដូចទៅនឹងកំរោលរបស់មនុស្សដ៏ពុករលួយទៅវិញ។ ពួកគេថែមទាំងយល់ច្រឡំថា សេចក្តីក្រោធរបស់ព្រះជាម្ចាស់ ដូចជាការបើកសម្ដែងពីធម្មជាតិអំពីនិស្ស័យដ៏ពុករលួយរបស់មនុស្ស និងថា ការបញ្ចេញព្រះពិរោធរបស់ព្រះជាម្ចាស់ គឺដូចជាការបញ្ចេញកំហឹងរបស់មនុស្សដ៏ពុករលួយ នៅពេលដែលពួកគេជួបស្ថានភាពអាក្រក់ ហើយជឿថា ការបញ្ចេញព្រះពិរោធរបស់ព្រះជាម្ចាស់ គឺជាការបង្ហាញចេញអារម្មណ៍របស់ទ្រង់ទៅវិញ។ ក្រោយការប្រកបគ្នានេះរួច ខ្ញុំសង្ឃឹមថា អ្នករាល់គ្នាម្នាក់ៗនឹងលែងមានការយល់ច្រឡំ ការស្រមើស្រមៃ ឬការប៉ាន់ស្មានណាមួយ ទាក់ទងនឹងនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ទៀត។ ខ្ញុំសង្ឃឹមថា ក្រោយពេលឮព្រះបន្ទូលរបស់ខ្ញុំហើយ អ្នកអាចមានការទទួលស្គាល់ដ៏ពិតនៅក្នុងដួងចិត្តរបស់អ្នកអំពីសេចក្ដីក្រោធរនៃនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ ថាអ្នកអាចលះបង់ចោលការយល់ច្រឡំមុនៗអំពីសេចក្ដីក្រោធរបស់ព្រះជាម្ចាស់ និងថាអ្នកអាចផ្លាស់ប្ដូរជំនឿ និងទស្សនៈខុសឆ្គងរបស់អ្នកអំពីលក្ខណៈសំខាន់នៃព្រះសេចក្ដីក្រោធរបស់ព្រះជាម្ចាស់។ លើសពីនេះ ខ្ញុំសង្ឃឹមថា អ្នករាល់គ្នាអាចមាននិយមន័យដ៏សុក្រឹត្យអំពីនិស្ស័យរបស់ព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់អ្នក ថាអ្នកនឹងលែងមានភាពសង្ស័យតទៅទៀតចំពោះនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ និងថា អ្នកនឹងមិនភ្ជាប់ការត្រិះរិះពិចារណា ឬការស្រមើស្រមៃរបស់មនុស្សទៅនឹងនិស្ស័យដ៏ពិតរបស់ព្រះជាម្ចាស់ឡើយ។ និស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ គឺជាលក្ខណៈសំខាន់ដ៏ពិតរបស់ព្រះជាម្ចាស់។ វាមិនមែនជាអ្វីមួយដែលត្រូវបានសរសេរ ឬកែខៃដោយមនុស្សឡើយ។ និស្ស័យដ៏សុចរិតរបស់ទ្រង់ គឺជានិស្ស័យដ៏សុចរិតរបស់ទ្រង់ ហើយវាគ្មានទាក់ទង ឬពាក់ព័ន្ធទៅនឹងអ្វីណាមួយដែលទ្រង់បានបង្កើតមកឡើយ។ ព្រះជាម្ចាស់ផ្ទាល់ព្រះអង្ក គឺជាព្រះជាម្ចាស់។ ទ្រង់នឹងមិនក្លាយជាផ្នែកមួយនៃការបង្កើតឡើង ហើយទោះបីជាទ្រង់ក្លាយជាសមាជិកម្នាក់នៃភាវៈដែលទ្រង់បង្កើតមកក៏ដោយ ក៏និស្ស័យ និងលក្ខណៈសំខាន់ដែលមានតាំងពីដើមមករបស់ទ្រង់នឹងមិនផ្លាស់ប្ដូរឡើយ។ ដូច្នេះ ការស្គាល់ព្រះជាម្ចាស់ គឺមិនដូចគ្នាទៅនឹងការស្គាល់វត្ថុអ្វីមួយឡើយ។ ការស្គាល់ព្រះជាម្ចាស់ មិនមែនជាការពិនិត្យអ្វីមួយ ហើយក៏មិនដូចគ្នាទៅនឹងការយល់អំពីមនុស្សម្នាក់ដែរ។ ប្រសិនបើមនុស្សម្នាក់ប្រើគោលគំនិត ឬវិធីសាស្ត្រនៃការស្គាល់វត្ថុមួយ ឬការយល់ពីមនុស្សម្នាក់ ដើម្បីស្គាល់ព្រះជាម្ចាស់ នោះអ្នកនឹងមិនអាចទទួលបានចំណេះដឹងអំពីព្រះជាម្ចាស់ឡើយ។ ការស្គាល់ព្រះជាម្ចាស់មិនពឹងអាងលើបទពិសោធន៍ ឬការស្រមើស្រមៃឡើយ ដូច្នេះ អ្នកមិនត្រូវប្រើបទពិសោធន៍ ឬការស្រមើស្រមៃរបស់អ្នកទៅលើព្រះជាម្ចាស់ឡើយ។ ទោះបីអ្នកមានបទពិសោធន៍ និងការស្រមើស្រមៃច្រើនបែបណា ក៏វានៅតែមានកម្រិតដែរ។ លើសពីនេះ ការស្រមើស្រមៃរបស់អ្នកមិនឆ្លើយតបចំពោះតថភាពពិត ហើយក៏មិនឆ្លើយតបចំពោះសេចក្តីពិតដែរ ព្រោះវាមិនស្របជាមួយនិស្ស័យ និងសារជាតិដ៏ពិតរបស់ព្រះជាម្ចាស់ឡើយ។ អ្នកនឹងមិនទទួលបានជោគជ័យឡើយ បើអ្នកពឹងអាងលើការស្រមើស្រមៃរបស់អ្នក ដើម្បីយល់អំពីលក្ខណៈសំខាន់របស់ព្រះជាម្ចាស់នោះ។ ផ្លូវតែមួយគត់គឺ៖ ត្រូវទទួលយកអ្វីៗទាំងអស់ដែលមកពីព្រះជាម្ចាស់ បន្ទាប់មក ដកពិសោធន៍ និងយល់ដឹងអំពីវាបន្ដិចម្ដងៗ។ ថ្ងៃមួយនឹងមកដល់ ដែលព្រះជាម្ចាស់នឹងបំភ្លឺអ្នកឲ្យយល់ និងដឹងយ៉ាងពិតប្រាកដអំពីទ្រង់ ដោយសារតែកិច្ចសហប្រតិបត្តិការរបស់អ្នក និងដោយសារតែចិត្តស្រេកឃ្លានរបស់អ្នកចំពោះសេចក្តីពិត។ ហើយតាមរយៈការនេះ ចូរយើងបញ្ចប់ការសន្ទនារបស់យើងនៅត្រង់ផ្នែកនេះ។
មនុស្សទទួលបានសេចក្តីមេត្តាករុណា និងសេចក្តីអត់ឱនរបស់ព្រះជាម្ចាស់ តាមរយៈការប្រែចិត្តពិតប្រាកដ
ខាងក្រោមនេះ គឺជាសាច់រឿងព្រះគម្ពីរមួយអំពី «សេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ចំពោះក្រុងនីនីវេ»។
យ៉ូណាស ១:១-២ ព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់យ៉ូណាស ជាកូនអ័មីថាយថា ចូរក្រោកឡើងទៅឯនីនីវេ ដែលជាទីក្រុងធំ ហើយប្រកាសទាស់នឹងក្រុងនោះ ដ្បិតអំពើអាក្រក់របស់គេបានលេចឡើង នៅចំពោះមុខខ្ញុំហើយ។
យ៉ូណាស ៣ ហើយព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់យ៉ូណាសម្តងទៀតថា ចូរក្រោកឡើងទៅឯនីនីវេ ដែលជាក្រុងធំ ហើយប្រកាសដល់ពួកគេ តាមតែសេចក្ដីដែលខ្ញុំនឹងបង្គាប់។ ដូច្នេះ យ៉ូណាសក៏ក្រោកឡើង ហើយសំដៅទៅក្រុងនីនីវេតាមព្រះបន្ទូលនៃព្រះយេហូវ៉ា។ រីឯនីនីវេដែលជាទីក្រុងធំក្រៃលែងវិញ ត្រូវដើរអស់ពេលចំនួន៣ថ្ងៃ ទើបអាចដើរបានសព្វកន្លែង។ ហើយយ៉ូណាសចាប់ផ្ដើមដើរចូលក្នុងទីក្រុងនោះ ចម្ងាយដើរអស់១ថ្ងៃ ហើយលោកប្រកាសថា នៅតែ៤០ថ្ងៃទៀត ក្រុងនីនីវេនឹងត្រូវបំផ្លាញហើយ! ពួកអ្នកក្រុងនីនីវេក៏ជឿព្រះអង្គ ហើយប្រកាសអំពីការតមអាហារ និងស្លៀកសំពត់ធ្មៃ គឺចាប់តាំងពីអ្នកធំបំផុត រហូតដល់អ្នកតូចបំផុត។ ដំណឹងនោះបានឮទៅដល់ស្តេចនៃក្រុងនីនីវេ រួចទ្រង់ក៏យាងចុះពីរាជបល្ល័ង្ក ហើយទ្រង់ដោះព្រះពស្ត្រចេញ ហើយឃ្លុំអង្គទ្រង់ដោយសំពត់ធ្មៃ រួចទៅគង់នៅក្នុងផេះវិញ។ ទ្រង់ក៏ឲ្យគេប្រកាសប្រាប់ប្រជាជននៅទូទាំងក្រុងនីនីវេ ជារាជបញ្ជារបស់ស្តេច និងពួករដ្ឋមន្ត្រីរបស់ព្រះអង្គថា៖ «មិនត្រូវឲ្យមនុស្ស ឬសត្វ ហ្វូងគោ ឬហ្វូងចៀមបានភ្លក់អ្វីឡើយ កុំឲ្យស៊ី ឬផឹកឲ្យសោះ ត្រូវឲ្យទាំងអស់ឃ្លុំខ្លួនដោយសំពត់ធ្មៃ ហើយអំពាវនាវយ៉ាងខ្លាំងទៅព្រះយេហូវ៉ា។ អើ ត្រូវឲ្យគេងាកចេញពីផ្លូវអាក្រក់របស់គេរៀងៗខ្លួន និងងាកចេញពីអំពើឃោរឃៅ ដែលស្ថិតនៅក្នុងដៃរបស់គេ។ ធ្វើបែបនេះក្រែងលោព្រះជាម្ចាស់ទ្រង់នឹងប្រែព្រះហឫទ័យ ហើយផ្លាស់គំនិត ព្រមងាកចេញពីសេចក្ដីក្រោធដ៏ខ្លាំងរបស់ទ្រង់ ដើម្បីកុំឲ្យយើងត្រូវវិនាស»។ ព្រះជាម្ចាស់បានទតឃើញទង្វើរបស់ពួកគេ ហើយឃើញពួកគេបានងាកចេញពីផ្លូវអាក្រក់របស់គេ រួចព្រះអង្គក៏ប្ដូរគំនិតពីការអាក្រក់ ដែលទ្រង់មានបន្ទូលថា នឹងធ្វើដល់គេ ហើយទ្រង់ក៏លែងធ្វើទៅ។
យ៉ូណាស ៤ ប៉ុន្តែ ការនោះបានធ្វើឲ្យយ៉ូណាសមិនពេញចិត្តសោះ ហើយលោកក៏មានចិត្ដខឹង។ រួចលោកអធិស្ឋានទៅកាន់ព្រះយេហូវ៉ាថា «ឱព្រះយេហូវ៉ាអើយ តើមិនមែនការនេះទេឬ ដែលទូលបង្គំបាននិយាយកាលពីទូលបង្គំនៅស្រុករបស់ទូលបង្គំនោះ? ហេតុនេះហើយបានជាទូលបង្គំខំរត់ទៅក្រុងតើស៊ីសនោះ ព្រោះទូលបង្គំបានដឹងថា ព្រះអង្គជាព្រះជាម្ចាស់ដែលប្រកបដោយព្រះហឫទ័យប្រណីសន្ដោស ព្រះហឫទ័យអាណិតអាសូរ យឺតនឹងខ្ញាល់ និងមានសេចក្ដីសប្បុរសជាបរិបូរ ក៏តែងតែប្រែគំនិតចេញពីការអាក្រក់ផង។ ដូច្នេះ ឱព្រះយេហូវ៉ាអើយ ទូលបង្គំសូមអង្វរដល់ទ្រង់ សូមព្រះអង្គដកជីវិតទូលបង្គំចុះ ព្រោះបើឲ្យទូលបង្គំស្លាប់ទៅ នោះប្រសើរជាងរស់នៅ»។ បន្ទាប់មក ព្រះយេហូវ៉ាមានព្រះបន្ទូលតបនឹងលោកថា ការដែលអ្នកខឹងដូច្នេះ តើវាសមទេ? យ៉ូណាសក៏ចេញទៅអង្គុយនៅខាងកើតក្រុង នៅទីនោះលោកក៏ធ្វើខ្ទមមួយ ហើយអង្គុយជ្រកនៅក្រោមម្លប់នោះ ដើម្បីចាំមើលការអ្វីដែលនឹងកើតដល់ទីក្រុងនោះ។ ព្រះយេហូវ៉ាដ៏ជាព្រះក៏ឲ្យមានដើមវល្លិដុះឡើងគ្របបាំងយ៉ូណាស ផ្តល់ជាម្លប់ពីលើក្បាល ដើម្បីកុំឲ្យលោកតប់ប្រមល់។ ដើមវល្លិនោះបានធ្វើឲ្យយ៉ូណាសមានអំណរជាខ្លាំង។ ប៉ុន្តែ លុះដល់ព្រឹកថ្ងៃបន្ទាប់ ព្រះជាម្ចាស់បានបម្រុងឲ្យមានដង្កូវមួយមកស៊ីដើមវល្លិស្វិតក្រៀមវិញ។ លុះថ្ងៃបានរះឡើង ព្រះជាម្ចាស់បានបម្រុងឲ្យមានខ្យល់ក្តៅ បក់មកពីទិសខាងកើត ហើយថ្ងៃក៏បញ្ចេញកម្ដៅមកលើក្បាលយ៉ូណាស ធ្វើឲ្យលោកខ្សោះល្វើយ លោកក៏ទូលអង្វរសុំឲ្យខ្លួនឯងស្លាប់ ទាំងពោលថា៖ បើឲ្យទូលបង្គំស្លាប់ទៅ នោះប្រសើរជាងរស់នៅ។ ព្រះអង្គមានព្រះបន្ទូលទៅយ៉ូណាសថា ការដែលអ្នកខឹងពីដំណើរដើមវល្លិនោះ តើវាសមទេ? លោកតបថា ការដែលទូលបង្គំខឹងនេះគឺសមហើយ ទោះបើដល់ស្លាប់ក៏ដោយ។ បន្ទាប់មក ព្រះយេហូវ៉ាមានព្រះបន្ទូលថា អ្នកបានអាល័យនឹងដើមវល្លិ ដែលអ្នកមិនបានដាំ ឬធ្វើឲ្យដុះឡើង ជាដើមដែលដុះឡើងក្នុងពេលមួយយប់ ហើយវិនាសទៅវិញ ក្នុងពេលមួយយប់ដូចគ្នា។ ដូច្នេះ តើមិនគួរឲ្យខ្ញុំទុកជីវិតដល់ក្រុងនីនីវេ ជាទីក្រុងដ៏ធំនេះ ដែលមានមនុស្សជាងមួយសែនពីរម៉ឺននាក់ ទាំងមិនស្គាល់ស្តាំ មិនស្គាល់ឆ្វេងសោះ ព្រមទាំងហ្វូងសត្វយ៉ាងច្រើនផងទេឬ?
សាច់រឿងសង្ខេបអំពីក្រុងនីនីវេ
ទោះបីសាច់រឿងអំពី «សេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ចំពោះក្រុងនីនីវេ» ជាសាច់រឿងខ្លីក៏ដោយ ក៏វាជួយឲ្យមនុស្សមើលឃើញពីផ្នែកមួយទៀតនៃនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ដែរ។ ដើម្បីយល់យ៉ាងច្បាស់ថាផ្នែកនោះមានអ្វីខ្លះ យើងត្រូវតែត្រឡប់ទៅកាន់បទគម្ពីរ ហើយពិនិត្យមើលពីទង្វើមួយរបស់ព្រះជាម្ចាស់ដែលទ្រង់បានអនុវត្តនៅក្នុងដំណើរការនៃកិច្ចការរបស់ទ្រង់។
ជាដំបូង ចូរយើងមើលទៅកាន់ដើមដំបូងនៃសាច់រឿងនេះ៖ ព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់យ៉ូណាស ជាកូនអ័មីថាយថា៖ «ព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់យ៉ូណាស ជាកូនអ័មីថាយថា ចូរក្រោកឡើងទៅឯនីនីវេ ដែលជាទីក្រុងធំ ហើយប្រកាសទាស់នឹងក្រុងនោះ ដ្បិតអំពើអាក្រក់របស់គេបានលេចឡើង នៅចំពោះមុខខ្ញុំហើយ» (យ៉ូណាស ១:១-២)។ នៅក្នុងបទគម្ពីរនេះ យើងដឹងថា ព្រះយេហូវ៉ាបានបញ្ជាទៅកាន់លោកយ៉ូណាសឲ្យចេញដំណើរទៅកាន់ក្រុងនីនីវេ។ ហេតុអ្វីបានជាទ្រង់បញ្ជាឲ្យលោកយ៉ូណាសទៅកាន់ទីក្រុងនេះដូច្នេះ? ព្រះគម្ពីរចែងយ៉ាងច្បាស់អំពីការនេះថា៖ អំពើអាក្រក់របស់អ្នកក្រុងនេះបានលេចឡើងនៅចំពោះមុខព្រះយេហូវ៉ា ដូច្នេះហើយបានជាទ្រង់បញ្ជូនលោកយ៉ូណាសឲ្យទៅប្រកាសប្រាប់ពួកគេអំពីអ្វីដែលទ្រង់មានគម្រោងនឹងធ្វើ។ ទោះបីជាគ្មានកំណត់ត្រាប្រាប់យើងអំពីនរណាជាលោកយ៉ូណាសក៏ដោយ ប៉ុន្តែ ជាការពិត ការនេះមិនទាក់ទងនឹងការស្គាល់ព្រះជាម្ចាស់ឡើយ ដូច្នេះ អ្នករាល់គ្នាមិនចាំបាច់ស្គាល់ពីបុរសម្នាក់ ឈ្មោះយ៉ូណាសនេះឡើយ។ អ្នករាល់គ្នាគ្រាន់តែដឹងអំពីអ្វីដែលព្រះជាម្ចាស់បានបញ្ជាទៅកាន់លោកយ៉ូណាសឲ្យធ្វើ និងហេតុផលដែលទ្រង់ឲ្យគាត់ធ្វើទៅបានហើយ។
សេចក្តីព្រមានរបស់ព្រះយេហូវ៉ាឮទៅដល់អ្នកក្រុងនីនីវេ
ចូរយើងបន្តអានបទគម្ពីរទីពីរ ដែលស្ថិតនៅជំពូកទីបីនៃកណ្ឌគម្ពីរយ៉ូណាស៖ «ហើយយ៉ូណាសចាប់ផ្ដើមដើរចូលក្នុងទីក្រុងនោះ ចម្ងាយដើរអស់១ថ្ងៃ ហើយលោកប្រកាសថា នៅតែ៤០ថ្ងៃទៀត ក្រុងនីនីវេនឹងត្រូវបំផ្លាញហើយ»។ នេះគឺជាព្រះបន្ទូលដែលព្រះជាម្ចាស់បានថ្លែងដោយផ្ទាល់ទៅកាន់លោកយ៉ូណាស ដើម្បីឲ្យប្រាប់ដល់អ្នកក្រុងនីនីវេ ដូច្នេះ វាមានន័យថា នេះជាព្រះបន្ទូលដែលព្រះយេហូវ៉ាចង់មានបន្ទូលទៅកាន់អ្នកក្រុងនីនីវេ។ ព្រះបន្ទូលទាំងនេះប្រាប់មនុស្សថា ព្រះជាម្ចាស់ចាប់ផ្ដើមស្អប់ និងខ្ពើមរអើមចំពោះអ្នកក្រុងនីនីវេ ដោយសារតែអំពើអាក្រក់របស់គេបានលេចឡើងនៅមុខព្រះភ័ក្ត្ររបស់ទ្រង់ ដូច្នេះ ទ្រង់ចង់បំផ្លាញទីក្រុងនេះចោល។ យ៉ាងណាមិញ មុនពេលដែលព្រះជាម្ចាស់បំផ្លាញក្រុងនេះ ទ្រង់ចង់ជូនដំណឹងដល់អ្នកក្រុងនីនីវេជាមុនសិន ហើយក្នុងពេលជាមួយគ្នានោះ ទ្រង់ក៏ចង់ប្រទានឱកាសឲ្យពួកគេប្រែចិត្តពីអំពើអាក្រក់របស់គេ ហើយចាប់ផ្ដើមជាថ្មីដែរ។ ឱកាសនេះនឹងមានរយៈពេលតែសែសិបថ្ងៃប៉ុណ្ណោះ។ អាចនិយាយម្យ៉ាងទៀតបានថា បើប្រជាជនក្នុងក្រុងនេះមិនប្រែចិត្ត សារភាពអំពើបាបរបស់គេ ហើយក្រាបថ្វាយបង្គំនៅចំពោះព្រះយេហូវ៉ាក្នុងពេលសែសិបថ្ងៃទេ នោះព្រះជាម្ចាស់នឹងបំផ្លាញទីក្រុងនេះ ដូចជាទ្រង់បានបំផ្លាញទីក្រុងសូដុមអ៊ីចឹងដែរ។ នេះជាអ្វីដែលព្រះយេហូវ៉ាចង់មានបន្ទូលប្រាប់ដល់ប្រជាជននៅក្រុងនីនីវេ។ ច្បាស់ណាស់ នេះមិនមែនជាសេចក្តីប្រកាសដ៏សាមញ្ញឡើយ។ វាមិនគ្រាន់តែស្ដែងឲ្យឃើញពីព្រះពិរោធរបស់ព្រះជាម្ចាស់ប៉ុណ្ណោះទេ វាក៏ស្ដែងឲ្យឃើញពីឥរិយាបថរបស់ទ្រង់ចំពោះអ្នកក្រុងនីនីវេដែរ ប៉ុន្ដែស្របពេលជាមួយគ្នានេះ វាក៏បម្រើជាសេចក្តីព្រមានយ៉ាងឱឡារិកទៅកាន់ប្រជាជនដែលកំពុងតែរស់នៅក្នុងទីក្រុងនេះដែរ។ សេចក្តីព្រមាននេះបានប្រាប់ពួកគេថា អំពើអាក្រក់របស់គេបានធ្វើឲ្យព្រះយេហូវ៉ាស្អប់ពួកគេ ហើយអំពើទាំងនោះនឹងនាំឲ្យពួកគេវិនាសសាបសូន្យមួយរំពេចមិនខាន។ ដូច្នេះ ជីវិតរបស់អ្នកក្រុងនីនីវេគ្រប់រូបកំពុងតែស្ថិតនៅក្នុងគ្រោះថ្នាក់ ដែលជិតមកដល់ហើយ។
ភាពខុសគ្នាទាំងស្រុងរវាងប្រតិកម្មរបស់ក្រុងនីនីវេ និងក្រុងសូដុម ចំពោះសេចក្តីព្រមានរបស់ព្រះយេហូវ៉ា
តើការដែលត្រូវបំផ្លាញមានន័យដូចម្ដេច? នៅក្នុងន័យធម្មតា វាមានន័យថា រលាយបាត់ទាំងស្រុង។ ប៉ុន្តែ ដោយរបៀបណាទៅ? តើនរណាអាចបំផ្លាញទីក្រុងទាំងមូលបានទៅ? ពិតប្រាកដណាស់ វានឹងមិនអាចទៅរួចឡើយដែលមនុស្សអាចធ្វើទង្វើបែបនេះ។ អ្នកក្រុងនីនីវេ មិនមែនជាមនុស្សល្ងង់ឡើយ ព្រោះនៅពេលដែលពួកគេបានឮសេចក្តីប្រកាសនេះភ្លាម ពួកគេក៏បានយល់ភ្លាមៗដែរ។ ពួកគេបានដឹងថា សេចក្តីប្រកាសនេះចេញមកពីព្រះជាម្ចាស់ ពួកគេបានដឹងថា ព្រះជាម្ចាស់នឹងធ្វើកិច្ចការរបស់ទ្រង់ ហើយពួកគេបានដឹងថា អំពើអាក្រក់របស់គេបានធ្វើឲ្យព្រះយេហូវ៉ាខ្ញាល់ ហើយអំពើអាក្រក់ទាំងនោះនាំឲ្យទ្រង់បញ្ចេញព្រះពិរោធរបស់ទ្រង់ធ្លាក់មកលើពួកគេ ដូច្នេះ ក្នុងពេលឆាប់ៗនេះ ពួកគេនឹងត្រូវបំផ្លាញរួមជាមួយទីក្រុងរបស់គេមិនខាន។ តើអ្នកក្រុងនេះបានប្រព្រឹត្តយ៉ាងដូចម្ដេច ក្រោយពេលបានឮសេចក្តីព្រមានរបស់ព្រះយេហូវ៉ា? ព្រះគម្ពីរពណ៌នាយ៉ាងលម្អិតអំពីរបៀបដែលពួកគេបានប្រតិកម្មតប គឺចាប់តាំងពីស្ដេច រហូតដល់រាស្ត្រសាមញ្ញ។ ខាងក្រោមនេះគឺជាព្រះបន្ទូលដែលត្រូវបានកត់ត្រាទុកនៅក្នុងព្រះគម្ពីរ៖ «ពួកអ្នកក្រុងនីនីវេក៏ជឿព្រះអង្គ ហើយប្រកាសអំពីការតមអាហារ និងស្លៀកសំពត់ធ្មៃ គឺចាប់តាំងពីអ្នកធំបំផុត រហូតដល់អ្នកតូចបំផុត។ ដំណឹងនោះបានឮទៅដល់ស្តេចនៃក្រុងនីនីវេ រួចទ្រង់ក៏យាងចុះពីរាជបល្ល័ង្ក ហើយទ្រង់ដោះព្រះពស្ត្រចេញ ហើយឃ្លុំអង្គទ្រង់ដោយសំពត់ធ្មៃ រួចទៅគង់នៅក្នុងផេះវិញ។ ទ្រង់ក៏ឲ្យគេប្រកាសប្រាប់ប្រជាជននៅទូទាំងក្រុងនីនីវេ ជារាជបញ្ជារបស់ស្តេច និងពួករដ្ឋមន្ត្រីរបស់ព្រះអង្គថា៖ មិនត្រូវឲ្យមនុស្ស ឬសត្វ ហ្វូងគោ ឬហ្វូងចៀមបានភ្លក់អ្វីឡើយ កុំឲ្យស៊ី ឬផឹកឲ្យសោះ ត្រូវឲ្យទាំងអស់ឃ្លុំខ្លួនដោយសំពត់ធ្មៃ ហើយអំពាវនាវយ៉ាងខ្លាំងទៅព្រះយេហូវ៉ា។ អើ ត្រូវឲ្យគេងាកចេញពីផ្លូវអាក្រក់របស់គេរៀងៗខ្លួន និងងាកចេញពីអំពើឃោរឃៅ ដែលស្ថិតនៅក្នុងដៃរបស់គេ»។
ក្រោយពេលឮសេចក្តីប្រកាសរបស់ព្រះយេហូវ៉ារួច អ្នកក្រុងនីនីវេបានសម្ដែងនូវឥរិយាបថមួយ ដែលផ្ទុយស្រឡះពីអ្នកក្រុងសូដុម គឺខុសនៅត្រង់ថា ខណៈពេលដែលអ្នកក្រុងសូដុមប្រឆាំងនឹងព្រះជាម្ចាស់ ដោយចំហ ហើយបន្តប្រព្រឹត្តអំពើអាក្រក់តទៅទៀត អ្នកក្រុងនីនីវេវិញ ក្រោយពេលឮព្រះបន្ទូលទាំងនេះរួច ពួកគេមិនបានព្រងើយកន្ដើយចំពោះសេចក្តីព្រមានឡើយ ហើយក៏មិនបានប្រឆាំងនោះដែរ។ ផ្ទុយទៅវិញ ពួកគេបានជឿលើព្រះជាម្ចាស់ ហើយបានប្រកាសអំពីការតមអាហារ។ តើពាក្យថា «បានជឿ» នៅត្រង់នេះមានន័យដូចម្ដេចទៅ? ពាក្យនេះមានន័យថា សេចក្តីជំនឿ និងការចុះចូល។ បើយើងប្រើអាកប្បកិរិយាជាក់ស្ដែងរបស់អ្នកក្រុងនីនីវេមកពន្យល់អំពីពាក្យនេះ នោះវាមានន័យថា ពួកគេបានជឿថា ព្រះជាម្ចាស់អាច ហើយទ្រង់នឹងធ្វើដូចអ្វីដែលទ្រង់មានបន្ទូល និងមានន័យថា ពួកគេព្រមប្រែចិត្ត។ តើអ្នកក្រុងនីនីវេមានអារម្មណ៍ភ័យខ្លាចចំពោះគ្រោះមហន្តរាយដែលនៅចំពោះមុខដែរឬទេ? គឺជំនឿរបស់គេនេះហើយ ដែលដាក់ភាពភ័យខ្លាចនៅក្នុងដួងចិត្តរបស់គេ។ ដូច្នេះ តើយើងអាចប្រើអ្វីខ្លះ ដើម្បីបញ្ជាក់ពីជំនឿ និងសេចក្តីភ័យខ្លាចរបស់អ្នកក្រុងនីនីវេ? ដូចជាព្រះគម្ពីរចែងថា៖ «ពួកគេប្រកាសអំពីការតមអាហារ និងស្លៀកសំពត់ធ្មៃ គឺចាប់តាំងពីអ្នកធំបំផុត រហូតដល់អ្នកតូចបំផុត»។ ឃ្លានេះមានន័យថា អ្នកក្រុងនីនីវេបានជឿយ៉ាងពិតប្រាកដ និងមានន័យថា ជំនឿនេះ បង្កើតឲ្យមានការភ័យខ្លាច ដែលបាននាំឲ្យពួកគេតមអាហារ និងស្លៀកសំពត់ធ្មៃ។ នេះគឺជារបៀបដែលពួកគេបានបង្ហាញថា ពួកគេកំពុងតែប្រែចិត្ត។ ដោយផ្ទុយស្រឡះទៅនឹងអ្នកក្រុងសូដុម អ្នកក្រុងនីនីវេមិនត្រឹមតែមិនប្រឆាំងចំពោះព្រះជាម្ចាស់ប៉ុណ្ណោះទេ ប៉ុន្តែ ពួកគេក៏បង្ហាញយ៉ាងច្បាស់អំពីការប្រែចិត្តរបស់គេ តាមរយៈឥរិយាបថ និងទង្វើរបស់គេដែរ។ ជាការពិត នេះគឺជាអ្វីមួយដែលអ្នកក្រុងនីនីវេទាំងអស់បានធ្វើ ដោយគ្មានលើកលែងនរណាម្នាក់ឡើយ គឺចាប់តាំងពីស្ដេច រហូតដល់រាស្ត្រសាមញ្ញ។
ការប្រែចិត្តរបស់ស្ដេចក្រុងនីនីវេទទួលបានការស្ងើចសរសើរពីព្រះយេហូវ៉ា
នៅពេលដែលស្ដេចក្រុងនីនីវេបានឮដំណឹងនេះ ទ្រង់ក៏យាងចុះពីរាជបល្ល័ង្ក ទ្រង់ដោះព្រះពស្ត្រចេញ ហើយឃ្លុំអង្គទ្រង់ដោយសំពត់ធ្មៃ រួចទៅគង់នៅក្នុងផេះវិញ។ បន្ទាប់មក ទ្រង់បានប្រកាសប្រាប់ថា មិនត្រូវឲ្យមនុស្ស ឬសត្វ ហ្វូងគោ ឬហ្វូងចៀមបានភ្លក់អ្វីឡើយ កុំឲ្យស៊ី ឬផឹកឲ្យសោះ ត្រូវឲ្យទាំងអស់ឃ្លុំខ្លួនគេដោយសំពត់ធ្មៃ ហើយមនុស្សត្រូវអំពាវនាវយ៉ាងខ្លាំងទៅព្រះជាម្ចាស់។ ស្ដេចក៏បានប្រកាសទៀតថា ពួកគេទាំងអស់គ្នាត្រូវតែងាកចេញពីផ្លូវអាក្រក់របស់គេរៀងៗខ្លួន និងងាកចេញពីអំពើឃោរឃៅ ដែលស្ថិតនៅក្នុងដៃរបស់គេ។ ដោយវិនិច្ឆ័យចេញពីទង្វើជាបន្តបន្ទាប់នេះ ស្ដេចនៃក្រុងនីនីវេពិតជាមានការប្រែចិត្តដ៏ពិតនៅក្នុងដួងចិត្តរបស់ទ្រង់មែន។ ទង្វើជាបន្តបន្ទាប់ដែលទ្រង់បានធ្វើនេះ ចាប់តាំងពីការយាងចុះពីរាជបល្ល័ង្ក ការដោះព្រះពស្ត្រចេញ ការឃ្លុំសំពត់ធ្មៃ និងការគង់នៅក្នុងផេះ ប្រាប់ទៅកាន់មនុស្សថា ស្ដេចនៃក្រុងនីនីវេកំពុងតែទុកឋានៈជាស្ដេចរបស់ទ្រង់នៅម្ដុំ ហើយឃ្លុំសំពត់ធ្មៃរួមជាមួយរាស្ត្រសាមញ្ញដែរ។ ការនេះបង្ហាញថា ក្រោយពេលបានឮដំណឹងពីព្រះយេហូវ៉ា ស្ដេចនៃក្រុងនីនីវេមិនបានកាន់កាប់មុខតំណែងជាស្ដេចរបស់ទ្រង់ ដើម្បីបន្តដើរតាមផ្លូវអាក្រក់របស់ទ្រង់ ឬបន្តធ្វើអំពើឃោរឃៅនៅក្នុងព្រះហស្តរបស់ទ្រង់ឡើយ ផ្ទុយទៅវិញ ទ្រង់បានទុកសិទ្ធិអំណាចដែលទ្រង់មាននៅម្ដុំសិន ហើយប្រែចិត្តនៅចំពោះព្រះភ័ក្ត្ររបស់ព្រះយេហូវ៉ា។ ក្នុងពេលនោះ ស្ដេចនៃក្រុងនីនីវេមិនបានកំពុងប្រែចិត្ត ក្នុងនាមជាស្ដេចឡើយ ប៉ុន្តែ ទ្រង់បានចូលមកចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ ដើម្បីប្រែចិត្ត និងលន់តួបាបរបស់ទ្រង់ ក្នុងនាមជាបុគ្គលសាមញ្ញម្នាក់ដែលស្ថិតនៅក្រោមចំណុះរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ លើសពីនេះទៅទៀត ទ្រង់ក៏បានប្រាប់អ្នកក្រុងទាំងមូលឲ្យប្រែចិត្ត និងលន់តួបាបរបស់គេនៅចំពោះព្រះភ័ក្ត្ររបស់ព្រះយេហូវ៉ា តាមរបៀបដែលទ្រង់បានធ្វើដែរ ហើយមួយវិញទៀត ទ្រង់មានគម្រោងជាក់លាក់អំពីរបៀបដែលត្រូវធ្វើ ដូចមានចែងនៅក្នុងបទគម្ពីរ៖ «មិនត្រូវឲ្យមនុស្ស ឬសត្វ ហ្វូងគោ ឬហ្វូងចៀមបានភ្លក់អ្វីឡើយ កុំឲ្យស៊ី ឬផឹកឲ្យសោះ៖ ... ហើយអំពាវនាវយ៉ាងខ្លាំងទៅព្រះយេហូវ៉ា។ អើ ត្រូវឲ្យគេងាកចេញពីផ្លូវអាក្រក់របស់គេរៀងៗខ្លួន និងងាកចេញពីអំពើឃោរឃៅ ដែលស្ថិតនៅក្នុងដៃរបស់គេ»។ ក្នុងនាមជាព្រះរាជា ស្ដេចនៃក្រុងនីនីវេបានកាន់កាប់ឋានៈ និងអំណាចដ៏ខ្ពស់បំផុត ហើយទ្រង់អាចធ្វើអ្វីៗតាមតែទ្រង់ចង់ធ្វើ។ នៅពេលប្រឈមជាមួយដំណឹងរបស់ព្រះយេហូវ៉ា ទ្រង់អាចព្រងើយកន្ដើយចំពោះដំណឹងនោះ ឬគ្រាន់តែប្រែចិត្ត និងលន់តួបាបរបស់ទ្រង់តែអង្គឯង ហើយព្រងើយកន្ដើយចំពោះប្រជាជននៅក្នុងក្រុងនេះ ដោយឲ្យពួកគេជ្រើសរើសប្រែចិត្តឬក៏អត់ គឺជារឿងរបស់គេ។ ប៉ុន្តែ ស្ដេចនៃក្រុងនីនីវេមិនបានធ្វើបែបនេះឡើយ។ ទ្រង់មិនគ្រាន់តែយាងចុះពីរាជបល្ល័ង្ក ឃ្លុំសំពត់ធ្មៃ និងគង់នៅក្នុងផេះ ហើយប្រែចិត្ត ព្រមទាំងលន់តួបាបរបស់ទ្រង់នៅចំពោះព្រះភ័ក្ត្ររបស់ព្រះយេហូវ៉ាប៉ុណ្ណោះទេ ប៉ុន្តែ ទ្រង់ក៏បញ្ជាឲ្យមនុស្ស និងសត្វទាំងអស់នៅក្នុងទីក្រុងនេះ ធ្វើដូចគ្នាដែរ។ ទ្រង់ថែមទាំងបញ្ជាឲ្យមនុស្សទាំងអស់ «ហើយអំពាវនាវយ៉ាងខ្លាំងទៅព្រះយេហូវ៉ា»។ ទៀតផង។ តាមរយៈសកម្មភាពជាបន្តបន្ទាប់នេះ ស្ដេចនៃក្រុងនីនីវេបានធ្វើនូវកិច្ចការដែលស្ដេចមួយអង្គគួរតែធ្វើយ៉ាងពិតប្រាកដ។ សកម្មភាពជាបន្តបន្ទាប់របស់ទ្រង់ គឺជាសកម្មភាពមួយដែលពិបាកធ្វើសម្រាប់ស្ដេចផ្សេងៗនៅក្នុងប្រវត្តិសាស្ត្ររបស់មនុស្ស ហើយជាការពិត គឺគ្មានស្ដេចណាផ្សេងអាចសម្រេចកិច្ចការទាំងនេះបានឡើយ។ សកម្មភាពទាំងនេះអាចត្រូវបានហៅថា មិនធ្លាប់មានពីមុនមកឡើយនៅក្នុងប្រវត្តិសាស្ត្ររបស់មនុស្ស ហើយវាជាសកម្មភាពដែលសក្ដិសមឲ្យមនុស្សជាតិស្ងើចសរសើរ និងយកតម្រាប់តាម។ តាំងពីដើមដំបូងនៃមនុស្សមក ស្ដេចគ្រប់រូបបានដឹកនាំមនុស្សរបស់ទ្រង់ ដើម្បីប្រឆាំង និងជំទាស់ចំពោះព្រះជាម្ចាស់។ គ្មាននរណាម្នាក់ធ្លាប់ដឹកនាំប្រជារាស្ត្ររបស់ខ្លួនឲ្យអំពាវនាវទៅកាន់ព្រះជាម្ចាស់ ដើម្បីស្វែងរកការប្រោសលោះពីអំពើអាក្រក់របស់គេ ទទួលការអត់ទោសរបស់ព្រះយេហូវ៉ា និងចៀសផុតពីការដាក់ទោសដែលជិតមកដល់នោះឡើយ។ យ៉ាងណាមិញ ស្ដេចនៃក្រុងនីនីវេអាចដឹកនាំប្រជារាស្ត្ររបស់ទ្រង់ឲ្យបែរទៅរកព្រះជាម្ចាស់ ឲ្យងាកចេញពីអំពើអាក្រក់របស់ខ្លួន និងបោះបង់ចោលអំពើឃោរឃៅរបស់ខ្លួនដែលមានក្នុងដៃរបស់គេ។ លើសពីនេះទៅទៀត ទ្រង់ក៏អាចទុករាជបល្ល័ង្ករបស់ទ្រង់នៅម្ដុំសិនដែរ ហើយជាលទ្ធផល ព្រះយេហូវ៉ាបានផ្លាស់ប្ដូរព្រះតម្រិះរបស់ទ្រង់ និងមានព្រះទ័យសោកស្ដាយ ដោយដកសេចក្ដីក្រោធរបស់ទ្រង់មកវិញ ហើយអនុញ្ញាតឲ្យអ្នកក្រុងនីនីវេបន្តមានជីវិតរស់ ដោយមិនឲ្យពួកគេត្រូវបំផ្លាញឡើយ។ សកម្មភាពរបស់ស្ដេចអាចត្រូវបានហៅថាជាការអស្ចារ្យដ៏កម្រមួយនៅក្នុងប្រវត្តិសាស្ត្ររបស់មនុស្ស ហើយអាចចាត់ទុកថាជាឧទាហរណ៍គំរូមួយអំពីមនុស្សជាតិដ៏ពុករលួយ ដែលប្រែចិត្ត និងលន់តួបាបរបស់គេនៅចំពោះព្រះភ័ក្ត្ររបស់ព្រះជាម្ចាស់។
ព្រះជាម្ចាស់ទតឃើញការប្រែចិត្តដ៏ស្មោះនៅក្នុងជម្រៅចិត្តរបស់អ្នកក្រុងនីនីវេ
ក្រោយពេលឮសេចក្តីប្រកាសរបស់ព្រះជាម្ចាស់ ស្ដេចក្រុងនីនីវេ និងប្រជារាស្ត្ររបស់ទ្រង់បានធ្វើសកម្មភាពជាបន្តបន្ទាប់។ តើអ្វីទៅជាធម្មជាតិនៃសកម្មភាពទាំងនេះ និងអាកប្បកិរិយារបស់ពួកគេ? អាចនិយាយម្យ៉ាងទៀតបានថា តើអ្វីទៅជាភាពសំខាន់ទាំងស្រុងនៃការប្រព្រឹត្តរបស់គេ? ហេតុអ្វីបានជាពួកគេធ្វើសកម្មភាពដែលគេធ្វើនោះ? នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ ពួកគេបានប្រែចិត្តដោយស្មោះ មិនមែនដោយសារតែពួកគេបានអំពាវនាវយ៉ាងអស់ពីចិត្តចំពោះព្រះជាម្ចាស់ និងលន់តួបាបរបស់គេនៅចំពោះព្រះភ័ក្ត្ររបស់ទ្រង់ប៉ុណ្ណោះទេ ប៉ុន្តែ ក៏ដោយសារតែពួកគេបានបោះបង់ចោលអំពើអាក្រក់របស់គេដែរ។ ពួកគេបានប្រព្រឹត្តបែបនេះ ដោយសារតែក្រោយពេលដែលបានឮព្រះបន្ទូលរបស់ព្រះជាម្ចាស់រួច ពួកគេមានអារម្មណ៍ភ័យខ្លាចយ៉ាងខ្លាំង ហើយជឿថា ព្រះអង្គនឹងធ្វើតាមអ្វីដែលទ្រង់បានមានបន្ទូលមិនខាន។ តាមរយៈការតមអាហារ ការឃ្លុំសំពត់ធ្មៃ និងការអង្គុយនៅក្នុងផេះ ពួកគេចង់បង្ហាញពីឆន្ទៈរបស់គេក្នុងការកែប្រែផ្លូវរបស់គេ និងឈប់ប្រព្រឹត្តអំពើអាក្រក់តទៅទៀត ហើយពួកគេបានអធិស្ឋានទៅកាន់ព្រះយេហូវ៉ាឲ្យទប់ព្រះពិរោធរបស់ទ្រង់ អំពាវនាវទៅកាន់ទ្រង់ឲ្យដកការសម្រេចព្រះទ័យ និងដកគ្រោះមហន្តរាយដែលទ្រង់ទម្លាក់លើពួកគេចេញ។ ប្រសិនបើយើងពិនិត្យមើលគ្រប់ទាំងអាកប្បកិរិយារបស់ពួកគេ នោះយើងអាចមើលឃើញថា ពួកគេបានយល់ហើយថា អំពើអាក្រក់ពីអតីតកាលរបស់គេគឺជាសេចក្តីស្អប់ខ្ពើមចំពោះព្រះយេហូវ៉ា ហើយយើងក៏អាចមើលឃើញដែរថា ពួកគេបានយល់អំពីហេតុផលដែលនាំឲ្យទ្រង់បំផ្លាញពួកគេក្នុងពេលឆាប់ៗ។ នេះជាហេតុផលដែលពួកគេទាំងអស់ចង់ធ្វើការប្រែចិត្តទាំងស្រុង ចង់បែរចេញពីអំពើអាក្រក់របស់គេ និងបោះបង់ចោលអំពើឃោរឃៅដែលស្ថិតនៅក្នុងដៃរបស់គេ។ អាចនិយាយម្យ៉ាងទៀតបានថា នៅពេលដែលពួកគេបានដឹងអំពីសេចក្តីប្រកាសរបស់ព្រះយេហូវ៉ា ពួកគេម្នាក់ៗបានមានអារម្មណ៍ភ័យខ្លាចនៅក្នុងដួងចិត្តរបស់គេ ហើយពួកគេឈប់ប្រព្រឹត្តអំពើអាក្រក់របស់គេ ក៏លែងប្រព្រឹត្តទង្វើដែលជាសេចក្តីស្អប់ខ្ពើមយ៉ាងខ្លាំងចំពោះព្រះយេហូវ៉ាតទៅទៀត។ លើសពីនេះទៅទៀត ពួកគេបានអំពាវនាវទៅកាន់ព្រះយេហូវ៉ា ដើម្បីឲ្យទ្រង់អត់ទោសដល់អំពើបាបពីអតីតកាលរបស់គេ និងមិនប្រព្រឹត្តចំពោះពួកគេ ស្របតាមសកម្មភាពពីអតីតកាលរបស់គេឡើយ។ ពួកគេយល់ព្រមឈប់ប្រព្រឹត្តអំពើអាក្រក់តទៅទៀត ហើយប្រព្រឹត្តស្របតាមសេចក្តីបង្គាប់របស់ព្រះយេហូវ៉ាវិញ ព្រោះថាមានតែបែបនេះទេ ទើបពួកគេលែងធ្វើឲ្យព្រះយេហូវ៉ាខ្ញាល់តទៅទៀត។ ពួកគេមានការប្រែចិត្តដ៏ស្មោះ និងហ្មត់ចត់។ វាបានចេញមកពីជម្រៅនៃដួងចិត្តរបស់គេ ហើយវាជាការប្រែចិត្តមួយដ៏ពិត និងស្ថិតស្ថេរជានិច្ច។
អ្នកក្រុងនីនីវេទាំងអស់ គឺចាប់តាំងពីស្ដេចរហូតដល់រាស្ត្រសាមញ្ញ បានដឹងថា ព្រះយេហូវ៉ាមានព្រះពិរោធចំពោះពួកគេ និងដឹងទៀតថា ព្រះជាម្ចាស់អាចទតឃើញយ៉ាងច្បាស់គ្រប់ទង្វើ និងគ្រប់សកម្មភាពដែលគេប្រព្រឹត្ត ព្រមទាំងជ្រាបដឹងគ្រប់ទាំងការសម្រេចចិត្ត និងជម្រើសដែលពួកគេបានធ្វើដែរ។ ព្រះហឫទ័យរបស់ព្រះជាម្ចាស់បានផ្លាស់ប្ដូរទៅតាមអាកប្បកិរិយារបស់គេ។ តើព្រះជាម្ចាស់មានព្រះតម្រិះបែបណាទៅនៅពេលនោះ? ព្រះគម្ពីរអាចឆ្លើយសំណួរនេះសម្រាប់អ្នកបាន។ ខាងក្រោមនេះជាព្រះបន្ទូលដែលបានកត់ត្រានៅក្នុងព្រះគម្ពីរ៖ «ព្រះជាម្ចាស់បានទតឃើញទង្វើរបស់ពួកគេ ហើយឃើញពួកគេបានងាកចេញពីផ្លូវអាក្រក់របស់គេ រួចព្រះអង្គក៏ប្ដូរគំនិតពីការអាក្រក់ ដែលទ្រង់មានបន្ទូលថា នឹងធ្វើដល់គេ ហើយទ្រង់ក៏លែងធ្វើទៅ»។ ទោះបីព្រះជាម្ចាស់បានប្ដូរព្រះតម្រិះរបស់ទ្រង់ក៏ដោយ ក៏វាគ្មានអ្វីគួរឲ្យស្មុគស្មាញនោះឡើយ។ ទ្រង់គ្រាន់តែងាកចេញពីការសម្ដែងព្រះពិរោធរបស់ទ្រង់ ទៅជាធ្វើឲ្យព្រះពិរោធរបស់ទ្រង់ស្ងប់ទៅវិញ ហើយបន្ទាប់មក ទ្រង់បានសម្រេចព្រះទ័យមិនបង្កគ្រោះមហន្តរាយចំពោះទីក្រុងនីនីវេឡើយ។ ហេតុផលដែលព្រះជាម្ចាស់សម្រេចព្រះទ័យទុកជីវិតអ្នកក្រុងនីនីវេពីគ្រោះមហន្តរាយយ៉ាងឆាប់រហ័សបែបនេះ គឺដោយសារតែព្រះជាម្ចាស់បានទតឃើញដួងចិត្តរបស់អ្នកក្រុងនីនីវេម្នាក់ៗ។ ទ្រង់បានទតឃើញអ្វីដែលពួកគេមាននៅក្នុងជម្រៅចិត្តរបស់គេ៖ ការប្រែចិត្តដ៏ស្មោះ និងការលន់តួបាបរបស់គេចំពោះអំពើបាបរបស់គេ ជំនឿដ៏ស្មោះរបស់គេមកលើទ្រង់ ការភ្ញាក់រឭកដ៏ជ្រាលជ្រៅរបស់គេអំពីរបៀបដែលអំពើអាក្រក់របស់គេបានធ្វើឲ្យនិស្ស័យរបស់ទ្រង់ខ្ញាល់ និងភាពភ័យខ្លាចរបស់គេចំពោះការដាក់ទោសរបស់ព្រះយេហូវ៉ាដែលជិតមកដល់។ ក្នុងពេលជាមួយគ្នានោះ ព្រះយេហូវ៉ាក៏បានឮពាក្យអធិស្ឋានរបស់គេ ជាពាក្យអធិស្ឋានដែលចេញមកពីជម្រៅចិត្តរបស់គេ អំពាវនាវដល់ទ្រង់កុំឲ្យខឹងនឹងគេទៀត ដើម្បីឲ្យពួកគេអាចរួចខ្លួនពីគ្រោះមហន្តរាយនេះ។ នៅពេលដែលព្រះជាម្ចាស់បានទតឃើញការពិតទាំងអស់នេះ ព្រះពិរោធរបស់ទ្រង់ក៏បានរសាយបាត់ទៅបន្តិចម្ដងៗ។ ទោះបីព្រះពិរោធរបស់ទ្រង់កាលពីមុនមានកម្រិតខ្លាំងប៉ុនណាក៏ដោយ ក៏ទ្រង់បានរំជួលព្រះទ័យដែរ នៅពេលដែលទ្រង់បានទតឃើញការប្រែចិត្តដ៏ស្មោះចេញពីជម្រៅដួងចិត្តរបស់មនុស្សទាំងនេះ។ ដោយឃើញបែបនេះ ទ្រង់មិនអាចនាំគ្រោះមហន្តរាយឲ្យធ្លាក់ទៅលើពួកគេឡើយ ហើយទ្រង់ក៏លែងខ្ញាល់ចំពោះពួកគេតទៅទៀតដែរ។ ផ្ទុយទៅវិញ ទ្រង់បានបន្តបង្ហាញសេចក្តីមេត្តាករុណា និងសេចក្តីអត់ឱនរបស់ទ្រង់ចំពោះពួកគេ ហើយក៏បន្តដឹកនាំ និងផ្គត់ផ្គង់ដល់តម្រូវការរបស់ពួកគេដែរ។
ប្រសិនបើជំនឿរបស់អ្នកលើព្រះជាម្ចាស់ ជាជំនឿដ៏ពិត នោះអ្នកនឹងទទួលបានការយកចិត្តទុកដាក់របស់ទ្រង់ជាញឹកញាប់មិនខាន
ការប្ដូរព្រះទ័យរបស់ព្រះជាម្ចាស់ចំពោះអ្នកក្រុងនីនីវេ គ្មានពាក់ព័ន្ធនឹងភាពអល់អែក ឬអ្វីមួយដែលស្រពេចស្រពិល ឬមិនច្បាស់លាស់នោះឡើយ។ ផ្ទុយទៅវិញ វាជាការផ្លាស់ប្ដូរមួយចេញពីព្រះពិរោធដ៏បរិសុទ្ធ ទៅកាន់ព្រះទ័យអត់ឱនដ៏បរិសុទ្ធ។ នេះគឺជាការបើកសម្ដែងដ៏ពិតមួយអំពីលក្ខណៈសំខាន់របស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់មិនដែលអល់អែក ឬស្ទាក់ស្ទើរនៅក្នុងទង្វើរបស់ទ្រង់ឡើយ ហើយគោលការណ៍ និងគោលបំណងដែលស្ថិតនៅពីក្រោយទង្វើរបស់ទ្រង់ តែងតែច្បាស់លាស់ មានតម្លាភាព បរិសុទ្ធ និងឥតកំហុសជានិច្ច ព្រមទាំងគ្មានការប្រញាប់ប្រញាល់ ឬផែនការអាក្រក់បង្កប់នៅក្នុងនោះឡើយ។ អាចនិយាយម្យ៉ាងទៀតបានថា លក្ខណៈសំខាន់របស់ព្រះជាម្ចាស់គ្មានសេចក្តីងងឹត ឬសេចក្តីអាក្រក់ឡើយ។ ព្រះជាម្ចាស់បានមានព្រះពិរោធចំពោះអ្នកក្រុងនីនីវេ ដោយសារតែអំពើអាក្រក់របស់គេបានលេចឡើងនៅចំពោះព្រះនេត្ររបស់ទ្រង់ ហើយក្នុងពេលនោះ ព្រះពិរោធរបស់ទ្រង់ត្រូវបានចេញមកពីលក្ខណៈសំខាន់របស់ទ្រង់។ យ៉ាងណាមិញ នៅពេលដែលព្រះពិរោធរបស់ព្រះជាម្ចាស់បានស្ងប់ទៅវិញ ហើយទ្រង់បានប្រទានព្រះទ័យអត់ឱនរបស់ទ្រង់ចំពោះអ្នកក្រុងនីនីវេជាថ្មីម្ដងទៀត នោះអ្វីគ្រប់យ៉ាងដែលទ្រង់បានបើកសម្ដែងនោះ នៅតែជាលក្ខណៈសំខាន់របស់ទ្រង់ដដែល។ ការផ្លាស់ប្ដូរទាំងស្រុងនេះ គឺដោយសារតែការផ្លាស់ប្ដូរនៅក្នុងឥរិយាបថរបស់មនុស្សដែលមានចំពោះព្រះជាម្ចាស់។ ក្នុងអំឡុងពេលទាំងអស់នេះ និស្ស័យដែលមិនអាចបំពានរបស់ព្រះជាម្ចាស់មិនបានផ្លាស់ប្ដូរឡើយ និស្ស័យដ៏អត់ឱនរបស់ព្រះជាម្ចាស់មិនបានផ្លាស់ប្ដូរ ហើយនិស្ស័យនៃសេចក្តីស្រឡាញ់ និងសេចក្តីមេត្តាករុណារបស់ព្រះជាម្ចាស់ក៏មិនបានផ្លាស់ប្ដូរដែរ។ នៅពេលដែលមនុស្សប្រព្រឹត្តអំពើអាក្រក់ និងបំពានចំពោះព្រះជាម្ចាស់ នោះទ្រង់នឹងបញ្ចេញព្រះពិរោធរបស់ទ្រង់ដាក់ពួកគេ។ នៅពេលដែលមនុស្សប្រែចិត្តយ៉ាងពិតប្រាកដ នោះព្រះហឫទ័យរបស់ព្រះជាម្ចាស់នឹងផ្លាស់ប្ដូរ ហើយព្រះពិរោធរបស់ទ្រង់នឹងលែងមានតទៅទៀត។ នៅពេលដែលមនុស្សបន្តប្រឆាំងនឹងព្រះជាម្ចាស់យ៉ាងចចេសរឹងរូស នោះព្រះពិរោធរបស់ទ្រង់នឹងបន្តមាន ហើយសេចក្តីក្រោធរបស់ទ្រង់នឹងធ្លាក់ទៅលើពួកគេបន្ដិចម្ដងៗ រហូតដល់ពួកគេត្រូវបានបំផ្លាញ។ នេះជាលក្ខណៈសំខាន់នៃនិស្ស័យរបស់ព្រះជាម្ចាស់។ មិនថាព្រះជាម្ចាស់កំពុងតែបង្ហាញព្រះពិរោធ ឬសេចក្តីមេត្តាករុណា និងសេចក្តីស្រឡាញ់ដ៏សប្បុរសនោះទេ ប៉ុន្តែ គឺការប្រព្រឹត្ត អាកប្បកិរិយា និងឥរិយាបថរបស់មនុស្សដែលមានចំពោះព្រះជាម្ចាស់នៅក្នុងជម្រៅដួងចិត្តរបស់គេវិញទេ ដែលកំណត់នូវអ្វីដែលត្រូវស្ដែងចេញ តាមរយៈការបើកសម្ដែងពីនិស្ស័យរបស់ព្រះជាម្ចាស់នោះ។ ប្រសិនបើព្រះជាម្ចាស់បន្តសម្ដែងព្រះពិរោធចំពោះមនុស្សម្នាក់ នោះគឺដោយសារតែដួងចិត្តរបស់មនុស្សនោះបន្តប្រឆាំងនឹងព្រះជាម្ចាស់។ ដោយសារតែបុគ្គលនេះមិនបានប្រែចិត្តដ៏ពិត មិនបានក្រាបថ្វាយបង្គំនៅមុខព្រះភ័ក្ត្រព្រះជាម្ចាស់ ឬមិនដែលមានជំនឿដ៏ពិតលើព្រះជាម្ចាស់ ទើបពួកគេមិនដែលទទួលបានសេចក្តីមេត្តាករុណា និងសេចក្តីអត់ឱនរបស់ព្រះជាម្ចាស់។ ប្រសិនបើមនុស្សម្នាក់ចេះតែទទួលបានការមើលថែ សេចក្តីមេត្តាករុណា និងសេចក្តីអត់ឱនរបស់ព្រះជាម្ចាស់ ច្បាស់ណាស់ បុគ្គលនោះប្រាកដជាមានជំនឿដ៏ពិតលើព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់គេ ហើយដួងចិត្តរបស់គេមិនបានប្រឆាំងនឹងព្រះជាម្ចាស់ឡើយ។ ជារឿយៗ បុគ្គលនេះប្រែចិត្តពិតប្រាកដនៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ ដូច្នេះ ទោះបីព្រះជាម្ចាស់ប្រៀនប្រដៅបុគ្គលនេះជាញឹកញាប់ក៏ដោយ ក៏ទ្រង់មិនមានព្រះពិរោធចំពោះគេនោះដែរ។
សាច់រឿងសង្ខេបនេះជួយឲ្យមនុស្សមើលឃើញពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ មើលឃើញពីភាពពិតប្រាកដនៃលក្ខណៈសំខាន់របស់ទ្រង់ និងមើលឃើញទៀតថា ព្រះពិរោធរបស់ព្រះជាម្ចាស់ និងការប្ដូរព្រះទ័យរបស់ទ្រង់ មិនមែនធ្វើឡើង ដោយគ្មានហេតុផលនោះឡើយ។ ទោះបីជាព្រះជាម្ចាស់បានបង្ហាញនូវភាពខុសគ្នាយ៉ាងខ្លាំង នៅពេលដែលទ្រង់មានមានសេចក្ដីក្រោធ និងនៅពេលដែលទ្រង់បានប្ដូរព្រះទ័យរបស់ទ្រង់ ដែលធ្វើឲ្យមនុស្សជឿថា វាមាននូវការកាត់ផ្ដាច់ ឬភាពផ្ទុយគ្នាដ៏ធំរវាងទិដ្ឋភាពទាំងពីរនៃលក្ខណៈសំខាន់របស់ព្រះជាម្ចាស់ ពោលគឺព្រះពិរោធ និងសេចក្តីអត់ឱនរបស់ទ្រង់ក៏ដោយ ក៏ឥរិយាបថរបស់ព្រះជាម្ចាស់ចំពោះការប្រែចិត្តរបស់អ្នកក្រុងនីនីវេ ជួយឲ្យមនុស្សមើលឃើញពីផ្នែកមួយទៀតនៃនិស្ស័យដ៏ពិតរបស់ព្រះជាម្ចាស់សាជាថ្មី។ ការប្ដូរព្រះទ័យរបស់ព្រះជាម្ចាស់ពិតជាអនុញ្ញាតឲ្យមនុស្សមើលឃើញសាជាថ្មីអំពីសេចក្តីពិតនៃសេចក្តីមេត្តាករុណា និងសេចក្តីស្រឡាញ់ដ៏សប្បុរសរបស់ព្រះជាម្ចាស់ ព្រមទាំងមើលឃើញពីការបើកសម្ដែងដ៏ពិតអំពីលក្ខណៈសំខាន់របស់ព្រះជាម្ចាស់។ នេះគឺដោយសារតែអារម្មណ៍របស់ព្រះជាម្ចាស់នាពេលនោះ គឺជាអារម្មណ៍ដ៏ពិត ហើយការប្ដូរព្រះទ័យរបស់ព្រះជាម្ចាស់ ក៏ជាការពិតដែរ។ ព្រះជាម្ចាស់ពិតជាប្រទានសេចក្តីមេត្តាករុណា និងសេចក្តីអត់ឱនរបស់ទ្រង់ចំពោះមនុស្សម្ដងទៀតមែន។
ការប្រែចិត្តដ៏ពិតនៅក្នុងដួងចិត្តរបស់អ្នកក្រុងនីនីវេ ធ្វើឲ្យពួកគេទទួលបានសេចក្តីមេត្តាករុណារបស់ព្រះជាម្ចាស់ ហើយវាបានផ្លាស់ប្ដូរលទ្ធផលរបស់ពួកគេ
តើវាមានភាពផ្ទុយគ្នាដែរឬទេរវាងការប្ដូរព្រះទ័យរបស់ព្រះជាម្ចាស់ និងសេចក្ដីក្រោធរបស់ទ្រង់? គឺប្រាកដជាគ្មានឡើយ! នេះគឺដោយសារតែសេចក្តីអត់ឱនរបស់ព្រះជាម្ចាស់នាពេលនោះ មាននូវហេតុផលរបស់វា។ តើវាជាហេតុផលអ្វីទៅ? វាគឺជាហេតុផលដែលមានចែងនៅក្នុងព្រះគម្ពីរ៖ «គ្រប់គ្នាងាកចេញពីផ្លូវអាក្រក់របស់គេរៀងៗខ្លួន» និង «ងាកចេញពីអំពើឃោរឃៅ ដែលស្ថិតនៅក្នុងដៃរបស់គេ»។
«ផ្លូវអាក្រក់» នេះ មិនសំដៅទៅលើអំពើអាក្រក់មួយក្ដាប់តូចនោះឡើយ ប៉ុន្តែ សំដៅលើប្រភពនៃអំពើអាក្រក់ ដែលស្ដែងចេញឲ្យឃើញតាមរយៈអាកប្បកិរិយារបស់មនុស្ស។ «ងាកចេញពីផ្លូវអាក្រក់របស់គេ» មានន័យថា អស់អ្នកដែលពាក់ព័ន្ធនឹងមិនត្រូវប្រព្រឹត្តទង្វើទាំងនេះម្ដងទៀតឡើយ។ អាចនិយាយម្យ៉ាងទៀតបានថា ពួកគេនឹងមិនត្រូវប្រព្រឹត្តអំពើអាក្រក់នេះម្ដងទៀតឡើយ ហើយវិធីសាស្ត្រ ប្រភព គោលបំណង ចេតនា និងគោលការណ៍នៃសកម្មភាពរបស់គេបានផ្លាស់ប្ដូរទាំងអស់ ព្រោះពួកគេនឹងមិនប្រើវិធីសាស្ត្រ និងគោលការណ៍ទាំងនេះ ដើម្បីទទួលបានការរីករាយ និងការសប្បាយនៅក្នុងចិត្តរបស់គេទៀតឡើយ។ ពាក្យថា «ងាកចេញ» នៅក្នុង «និងងាកចេញពីអំពើឃោរឃៅ ដែលស្ថិតនៅក្នុងដៃរបស់គេ» មានន័យថា ទម្លាក់ចុះ លះចោល កាត់ផ្ដាច់ទាំងស្រុងពីអតីតកាល ហើយលែងបែរក្រោយ។ នៅពេលដែលអ្នកក្រុងនីនីវេបានបោះបង់ចោលអំពើឃោរឃៅនៅក្នុងដៃរបស់គេ ការនេះបានបញ្ជាក់ និងតំណាងឲ្យការប្រែចិត្តដ៏ពិតរបស់គេ។ ព្រះជាម្ចាស់ទតឃើញអាការៈខាងក្រៅរបស់មនុស្ស រួមទាំងដួងចិត្តរបស់គេដែរ។ នៅពេលដែលព្រះជាម្ចាស់បានទតឃើញយ៉ាងច្បាស់អំពីការប្រែចិត្តដ៏ពិតនៅក្នុងដួងចិត្តរបស់អ្នកក្រុងនីនីវេ ហើយក៏បានទតឃើញថា ពួកគេបានចាកចេញពីផ្លូវអាក្រក់របស់គេ និងបានបោះបង់ចោលអំពើឃោរឃៅនៅក្នុងដៃរបស់គេ នោះទ្រង់ក៏បានប្ដូរព្រះទ័យរបស់ទ្រង់ដែរ។ ការនេះស្ដែងឲ្យឃើញយ៉ាងច្បាស់ថា ការប្រព្រឹត្ត អាកប្បកិរិយា និងទង្វើរបស់មនុស្សទាំងនេះ ព្រមទាំងការលន់តួ និងការប្រែចិត្តដ៏ពិតរបស់គេចេញពីអំពើបាប បានធ្វើឲ្យព្រះជាម្ចាស់ប្ដូរព្រះទ័យ ប្ដូរចេតនា ដកការសម្រេចព្រះទ័យរបស់ទ្រង់ ហើយមិនដាក់ទោស ឬបំផ្លាញពួកគេឡើយ។ ដូច្នេះ អ្នកក្រុងនីនីវេទទួលបាននូវលទ្ធផលខុសពីមុនសម្រាប់ពួកគេផ្ទាល់។ ពួកគេបានរួចជីវិត ហើយក្នុងពេលជាមួយគ្នា ពួកគេក៏ទទួលបានសេចក្តីមេត្តាករុណា និងសេចក្តីអត់ឱនរបស់ព្រះជាម្ចាស់ដែរ នៅពេលដែលព្រះជាម្ចាស់បានដកសេចក្ដីក្រោធរបស់ទ្រង់វិញ។
សេចក្តីមេត្តាករុណា និងសេចក្តីអត់ឱនរបស់ព្រះជាម្ចាស់មិនកម្រឡើយ ប៉ុន្តែ ជាការប្រែចិត្តដ៏ពិតរបស់មនុស្សវិញទេ ដែលកម្រនោះ
ទោះបីព្រះជាម្ចាស់បានខ្ញាល់យ៉ាងខ្លាំងចំពោះអ្នកក្រុងនីនីវេក៏ដោយ ប៉ុន្តែ នៅពេលដែលពួកគេបានប្រកាសអំពីការតមអាហារ ការឃ្លុំសំពត់ធ្មៃ និងការអង្គុយនៅក្នុងផេះភ្លាម ព្រះទ័យរបស់ទ្រង់ក៏ចាប់ផ្ដើមទន់ ហើយទ្រង់បានប្ដូរព្រះទ័យរបស់ទ្រង់ភ្លាមៗដែរ។ នៅពេលដែលទ្រង់បានប្រកាសទៅកាន់ពួកគេថា ទ្រង់នឹងបំផ្លាញទីក្រុងរបស់គេ ជាពេលមួយមុនពេលពួកគេលន់តួ និងប្រែចិត្តចំពោះអំពើបាបរបស់គេ នោះព្រះជាម្ចាស់នៅតែខ្ញាល់ចំពោះពួកគេនៅឡើយទេ។ នៅពេលដែលពួកគេបានធ្វើសកម្មភាពនៃការប្រែចិត្តជាបន្តបន្ទាប់រួចហើយ ព្រះពិរោធរបស់ព្រះជាម្ចាស់ចំពោះអ្នកក្រុងនីនីវេ បានផ្លាស់ទៅជាសេចក្តីមេត្តាករុណា និងសេចក្តីអត់ឱនចំពោះពួកគេបន្តិចម្ដងៗទៅវិញ។ វាគ្មានអ្វីមួយផ្ទុយគ្នាអំពីការបើកសម្ដែងដ៏ព្រមគ្នានៃទិដ្ឋភាពទាំងពីរអំពីនិស្ស័យរបស់ព្រះជាម្ចាស់នៅក្នុងព្រឹត្តិការណ៍ដូចគ្នានេះឡើយ។ ដូច្នេះ តើគេគួរតែយល់ និងដឹងយ៉ាងដូចម្ដេចអំពីការគ្មានភាពផ្ទុយគ្នានេះ? ព្រះជាម្ចាស់បានបង្ហាញ និងបើកសម្ដែងម្ដងមួយៗអំពីលក្ខណៈសំខាន់នីមួយៗនៃលក្ខណៈសំខាន់ផ្ទុយគ្នាទាំងពីរនេះ នៅពេលដែលអ្នកក្រុងនីនីវេបានប្រែចិត្ត ដើម្បីជួយឲ្យមនុស្សមើលឃើញពីភាពពិតប្រាកដ និងភាពមិនអាចបំពានបាននៃលក្ខណៈសំខាន់របស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់បានប្រើឥរិយាបថរបស់ទ្រង់ទៅប្រាប់មនុស្សថា៖ វាមិនមែនមានន័យថា ព្រះជាម្ចាស់មិនអត់ឱនដល់មនុស្ស ឬថាទ្រង់មិនចង់បង្ហាញសេចក្តីមេត្តាករុណាដល់ពួកគេឡើយ ផ្ទុយទៅវិញ វាមានន័យថា ពួកគេក្រនឹងប្រែចិត្តពិតប្រាកដចំពោះព្រះជាម្ចាស់ ហើយក៏ក្រនឹងបែរចេញពីអំពើអាក្រក់ និងបោះបង់ចោលអំពើឃោរឃៅនៅក្នុងដៃរបស់គេដែរ។ អាចនិយាយម្យ៉ាងទៀតបានថា នៅពេលដែលព្រះជាម្ចាស់មានព្រះពិរោធចំពោះពួកគេ ទ្រង់សង្ឃឹមថា មនុស្សនឹងអាចប្រែចិត្តពិតប្រាកដ និងសង្ឃឹមចង់ឃើញការប្រែចិត្តដ៏ពិតរបស់មនុស្ស ហើយបើគេប្រែចិត្តមែន នោះទ្រង់នឹងបន្តប្រទានសេចក្តីមេត្តាករុណា និងសេចក្តីអត់ឱនរបស់ទ្រង់ចំពោះមនុស្ស។ គឺអាចនិយាយបានថា ទង្វើអាក្រក់របស់មនុស្សធ្វើឲ្យព្រះជាម្ចាស់មានសេចក្តីក្រោធ ហើយសេចក្តីមេត្តាករុណា និងសេចក្តីអត់ឱនរបស់ព្រះជាម្ចាស់ត្រូវបានប្រទានដល់អស់អ្នកណាដែលស្ដាប់តាមព្រះជាម្ចាស់ និងប្រែចិត្តពិតប្រាកដនៅចំពោះទ្រង់ ហើយសេចក្តីទាំងនេះនឹងប្រទានដល់អស់អ្នកណាដែលអាចបែរចេញពីអំពើអាក្រក់របស់គេ ព្រមទាំងបោះបង់ចោលអំពើឃោរឃៅដែលមាននៅក្នុងដៃរបស់គេ។ ឥរិយាបថរបស់ព្រះជាម្ចាស់ត្រូវបានស្ដែងចេញឲ្យឃើញយ៉ាងច្បាស់នៅក្នុងការប្រព្រឹត្តរបស់ទ្រង់ចំពោះអ្នកក្រុងនីនីវេ៖ សេចក្តីមេត្តាករុណា និងសេចក្តីអត់ឱនរបស់ព្រះជាម្ចាស់មិនពិបាកក្នុងការទទួលបាននោះឡើយ ហើយអ្វីដែលទ្រង់ទាមទារនោះគឺជាការប្រែចិត្តពិតប្រាកដរបស់គេប៉ុណ្ណោះ។ ដរាបណាមនុស្សបែរចេញពីអំពើអាក្រក់របស់គេ ហើយបោះបង់ចោលអំពើឃោរឃៅដែលស្ថិតនៅក្នុងដៃរបស់គេ នោះព្រះជាម្ចាស់នឹងប្ដូរព្រះទ័យ និងប្ដូរព្រះតម្រិះរបស់ទ្រង់ចំពោះពួកគេមិនខាន។
និស្ស័យដ៏សុចរិតរបស់ព្រះអាទិករ គឺពិតប្រាកដ និងច្បាស់លាស់
នៅពេលដែលព្រះជាម្ចាស់បានប្ដូរព្រះទ័យចំពោះអ្នកក្រុងនីនីវេ តើសេចក្តីមេត្តាករុណា និងសេចក្តីអត់ឱនរបស់ទ្រង់ជាចេតនាបញ្ឆោតឬ? គឺមិនដូច្នេះឡើយ! បើដូច្នេះ តើអ្វីទៅដែលត្រូវបានបង្ហាញចេញតាមរយៈការផ្លាស់ប្ដូររវាងទិដ្ឋភាពទាំងពីរនៃនិស្ស័យរបស់ព្រះជាម្ចាស់នៅក្នុងដំណើរដែលព្រះជាម្ចាស់ដោះស្រាយជាមួយស្ថានភាពមួយនេះទៅ? និស្ស័យរបស់ព្រះជាម្ចាស់ គឺជានិស្ស័យដ៏ពេញលេញទាំងស្រុង ហើយវាគ្មានការបែកបាក់សោះឡើយ។ ទោះបីទ្រង់កំពុងតែបង្ហាញព្រះពិរោធ ឬសេចក្តីមេត្តាករុណា និងសេចក្តីអត់ឱនចំពោះមនុស្សក៏ដោយ ក៏ទាំងពីរនេះជាការបង្ហាញចេញអំពីនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ដដែល។ និស្ស័យរបស់ព្រះជាម្ចាស់ពិតជាសំខាន់ និងស្ដែងឲ្យឃើញយ៉ាងច្បាស់ ហើយទ្រង់ប្ដូរព្រះតម្រិះ និងព្រះទ័យរបស់ទ្រង់ស្របទៅតាមស្ថានការណ៍ជាក់ស្ដែង។ ការផ្លាស់ប្ដូរចិត្តគំនិតរបស់ទ្រង់ចំពោះអ្នកក្រុងនីនីវេ ប្រាប់ដល់មនុស្សថា ទ្រង់មានព្រះតម្រិះ និងយោបល់របស់ទ្រង់ផ្ទាល់ ទ្រង់មិនមែនជាមនុស្សយន្ត ឬជារូបដីឥដ្ឋឡើយ ប៉ុន្តែ ទ្រង់ជាព្រះដ៏មានព្រះជន្មរស់។ ទ្រង់អាចខ្ញាល់ចំពោះអ្នកក្រុងនីនីវេ ហើយទ្រង់ក៏អាចអត់ទោសដល់អតីតកាលរបស់គេ ដោយអាស្រ័យលើចិត្តគំនិតរបស់គេដែរ។ ទ្រង់អាចសម្រេចព្រះទ័យនាំគ្រោះកាចធ្លាក់ទៅលើអ្នកក្រុងនីនីវេ ហើយទ្រង់ក៏អាចប្ដូរព្រះទ័យ ដោយសារតែការប្រែចិត្តរបស់គេដែរ។ មនុស្សចូលចិត្តអនុវត្តយ៉ាងតឹងរ៉ឹងតាមច្បាប់ និងចូលចិត្តប្រើច្បាប់ទាំងនោះ ទៅដាក់កម្រិត និងដាក់និយមន័យដល់ព្រះជាម្ចាស់ ហើយគេក៏ចូលចិត្តប្រើរូបមន្តផ្សេងៗ ដើម្បីព្យាយាមយល់អំពីនិស្ស័យរបស់ព្រះជាម្ចាស់ដែរ។ ដូចនេះ ទាក់ទងនឹងដែនគំនិតរបស់មនុស្ស ព្រះជាម្ចាស់មិនបានគិត ហើយទ្រង់ក៏គ្មានយោបល់ណាមួយនោះដែរ។ ប៉ុន្តែ ជាក់ស្ដែង ព្រះតម្រិះរបស់ព្រះជាម្ចាស់ស្ថិតនៅក្នុងសភាពមួយនៃការផ្លាស់ប្ដូរជាញឹកញាប់ ដោយស្របតាមការប្រែប្រួលនៅក្នុងស្ថានការណ៍ និងនៅក្នុងមជ្ឈដ្ឋានជាក់ស្ដែង។ ខណៈពេលដែលគំនិតទាំងនេះកំពុងតែផ្លាស់ប្ដូរ ទិដ្ឋភាពខុសៗគ្នានៃលក្ខណៈសំខាន់របស់ព្រះជាម្ចាស់ក៏ត្រូវបានបើកសម្ដែងឲ្យឃើញ។ ក្នុងអំឡុងពេលនៃដំណើរការនៃការផ្លាស់ប្ដូរនេះ នៅពេលដែលព្រះជាម្ចាស់បានប្តូរព្រះទ័យភ្លាមៗ អ្វីដែលទ្រង់បង្ហាញទៅកាន់មនុស្សជាតិ គឺជាសភាពដ៏ពិតនៃព្រះជន្មរបស់ទ្រង់ ហើយបង្ហាញទៀតថា និស្ស័យដ៏សុចរិតរបស់ទ្រង់ គឺពេញដោយជីវិតដ៏រស់រវើកតែម្ដង។ ក្នុងពេលជាមួយគ្នានោះ ព្រះជាម្ចាស់ប្រើការបើកសម្ដែងដ៏ពិតរបស់ទ្រង់ ដើម្បីបញ្ជាក់ទៅកាន់មនុស្សជាតិអំពីសេចក្តីពិតទាក់ទងនឹងអត្ថិភាពនៃសេចក្ដីក្រោធ សេចក្តីមេត្តាករុណា សេចក្តីស្រឡាញ់ដ៏សប្បុរស និងសេចក្តីអត់ឱនរបស់ទ្រង់។ លក្ខណៈសំខាន់របស់ទ្រង់នឹងត្រូវបានបើកសម្ដែងនៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ដោយស្របទៅតាមស្ថានការណ៍ជាក់ស្ដែង។ ទ្រង់មានសេចក្ដីក្រោធដូចសត្វសិង្ហ និងមានសេចក្តីមេត្តាករុណា និងសេចក្តីអត់ឱនដូចអ្នកម្ដាយ។ និស្ស័យដ៏សុចរិតរបស់ទ្រង់នាំឲ្យមនុស្សគ្មានចម្ងល់ លែងបំពាន លែងផ្លាស់ប្ដូរ ឬលែងបំភ្លៃតទៅទៀត។ នៅក្នុងគ្រប់រឿងរ៉ាវ និងរបស់សព្វសរពើទាំងអស់ និស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ ដែលជាសេចក្ដីក្រោធ និងសេចក្តីមេត្តាករុណារបស់ព្រះជាម្ចាស់ អាចត្រូវបានបើកសម្ដែងឲ្យឃើញនៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ ទ្រង់ប្រទានការស្ដែងចេញដ៏សំខាន់ចំពោះទិដ្ឋភាពទាំងនេះ នៅគ្រប់ជ្រុងនៃការបង្កើតទាំងអស់ ហើយទ្រង់អនុវត្តនិស្ស័យរបស់ទ្រង់ទាំងនេះយ៉ាងរស់រវើកនៅគ្រប់វិនាទី។ និស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ មិនត្រូវបានកម្រិតដោយពេលវេលា ឬទីកន្លែងឡើយ។ អាចនិយាយម្យ៉ាងទៀតបានថា និស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ មិនត្រូវបានបង្ហាញចេញដូចជាគ្រឿងម៉ាស៊ីន ឬត្រូវបានបើកសម្ដែងស្របតាមលក្ខខណ្ឌនៃពេលវេលា ឬទីកន្លែងឡើយ ប៉ុន្តែផ្ទុយទៅវិញ ត្រូវបានស្ដែងចេញយ៉ាងស្រួលនៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ នៅពេលដែលអ្នកមើលឃើញព្រះជាម្ចាស់ប្ដូរព្រះទ័យ និងលែងសម្ដែងសេចក្ដីក្រោធរបស់ទ្រង់ ហើយឈប់បំផ្លាញទីក្រុងនីនីវេ តើអ្នកអាចនិយាយថា ព្រះជាម្ចាស់ជាព្រះពេញដោយសេចក្តីមេត្តាករុណ និងសេចក្តីស្រឡាញ់តែម្យ៉ាងឬ? តើអ្នកអាចនិយាយថា ព្រះពិរោធរបស់ទ្រង់គ្មានន័យខ្លឹមសារឬ? នៅពេលដែលព្រះជាម្ចាស់មានព្រះពិរោធក្រោធខ្លាំង ហើយទ្រង់ដកសេចក្តីមេត្តាករុណារបស់ទ្រង់ តើអ្នកអាចនិយាយថា ទ្រង់គ្មានសេចក្តីស្រឡាញ់ដ៏ពិតចំពោះមនុស្សជាតិឬ? សេចក្តីក្រោធខ្លាំងនេះត្រូវបានព្រះជាម្ចាស់សម្ដែងចេញ ជាការឆ្លើយតបចំពោះទង្វើអាក្រក់របស់មនុស្ស ដ្បិតព្រះពិរោធទ្រង់គ្មានកំហុសសោះឡើយ។ ព្រះជាម្ចាស់បានរំជួលព្រះទ័យ ជាការឆ្លើយតបចំពោះការប្រែចិត្តរបស់មនុស្ស ហើយវាជាការប្រែចិត្តនេះហើយ ដែលនាំឲ្យព្រះជាម្ចាស់ប្ដូរព្រះទ័យនោះ។ នៅពេលដែលទ្រង់រំជួលព្រះទ័យ នៅពេលដែលទ្រង់ប្ដូរព្រះទ័យ ហើយនៅពេលដែលទ្រង់បង្ហាញសេចក្តីមេត្ដាករុណា និងសេចក្តីអត់ឱនរបស់ទ្រង់ចំពោះមនុស្ស ទាំងអស់នេះសុទ្ធតែគ្មានកំហុសនោះឡើយ ដ្បិតសេចក្តីទាំងនេះសុទ្ធតែស្អាត បរិសុទ្ធ ឥតសៅហ្មង និងសុទ្ធល្អ។ សេចក្តីអត់ឱនរបស់ព្រះជាម្ចាស់ គឺជាសេចក្តីអត់ឱនសុទ្ធល្អ ដូចជាសេចក្តីមេត្តាករុណារបស់ទ្រង់ ដែលគ្មានអ្វីក្រៅពីសេចក្តីមេត្តាករុណាអ៊ីចឹងដែរ។ និស្ស័យរបស់ទ្រង់បើកសម្ដែងឲ្យឃើញពីព្រះពិរោធ ឬសេចក្តីមេត្តាករុណា និងសេចក្តីអត់ឱន ស្របតាមការប្រែចិត្តរបស់មនុស្ស និងការផ្លាស់ប្ដូរនៅក្នុងទង្វើរបស់មនុស្ស។ មិនថាទ្រង់បើកសម្ដែង និងបង្ហាញអ្វីនោះឡើយ គឺវាសុទ្ធតែបរិសុទ្ធ និងដោយផ្ទាល់ ព្រោះទ្រង់មានសារជាតិខុសប្លែកពីសារជាតិរបស់សត្តនិករ។ នៅពេលដែលព្រះជាម្ចាស់បង្ហាញចេញនូវគោលការណ៍ដែលបង្កប់ពីក្រោយទង្វើរបស់ទ្រង់ នោះវាគ្មានកំហុស ឬឥតសៅហ្មង ហើយព្រះតម្រិះ យោបល់ គ្រប់ការសម្រេចព្រះទ័យ និងគ្រប់សកម្មភាពដែលទ្រង់ធ្វើក៏គ្មានកំហុស ឬឥតសៅហ្មងដែរ។ ដោយសារតែព្រះជាម្ចាស់បានសម្រេចព្រះទ័យរួច និងដោយសារតែទ្រង់បានប្រព្រឹត្តរួច ដូច្នេះ ទ្រង់បានសម្រេចតាមព្រះបន្ទូលសន្យារបស់ទ្រង់រួចហើយ។ លទ្ធផលនៃព្រះបន្ទូលសន្យារបស់ទ្រង់ គឺសុទ្ធតែត្រឹមត្រូវ និងឥតកំហុស ដោយសារតែប្រភពរបស់ទ្រង់ គឺគ្មានកំហុស និងឥតសៅហ្មង។ ព្រះពិរោធរបស់ព្រះជាម្ចាស់ គឺគ្មានកំហុសឡើយ។ ដូចគ្នាដែរ សេចក្តីមេត្តាករុណា និងសេចក្តីអត់ឱនរបស់ព្រះជាម្ចាស់ ដែលក្នុងចំណោមអ្វីៗដែលទ្រង់បានបង្កើតមកគ្មាននរណាម្នាក់មាននោះ គឺបរិសុទ្ធ និងគ្មានកំហុសផង ហើយក៏អាចស៊ូទ្រាំនឹងការគិតគូរយ៉ាងដិតដល់ និងបទពិសោធន៍ដែរ។
តាមរយៈការយល់ដឹងរបស់អ្នកអំពីសាច់រឿងនៃក្រុងនីនីវេ ឥឡូវនេះ តើអ្នករាល់គ្នាមើលឃើញជ្រុងម្ខាងទៀតអំពីលក្ខណៈសំខាន់នៃនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ហើយឬនៅ? តើអ្នកមើលឃើញពីផ្នែកមួយទៀតនៃនិស្ស័យដ៏សុចរិតដែលមានតែមួយគត់របស់ព្រះជាម្ចាស់ដែរឬទេ? តើមាននរណាម្នាក់នៅក្នុងចំណោមមនុស្សមាននិស្ស័យប្រភេទនេះដែរឬទេ? តើមាននរណាម្នាក់មានសេចក្តីក្រោធប្រភេទនេះ ដែលជាសេចក្តីក្រោធរបស់ព្រះជាម្ចាស់ឬទេ? តើមាននរណាម្នាក់មានសេចក្តីមេត្តាករុណា និងសេចក្តីអត់ឱន ដែលព្រះជាម្ចាស់មាននេះដែរឬទេ? នៅក្នុងចំណោមអ្វីៗដែលទ្រង់បានបង្កើតមក តើមាននរណាអាចបញ្ចេញសេចក្តីក្រោធដ៏ខ្លាំង ហើយអាចសម្រេចចិត្តបំផ្លាញ ឬនាំគ្រោះមហន្តរាយដល់មនុស្សជាតិទៅ? តើនរណាទៅដែលមានគុណសម្បត្តិគ្រប់គ្រាន់ក្នុងការប្រទានសេចក្តីមេត្ដាករុណាដល់មនុស្ស ប្រទានការអត់ឱន និងអត់ទោស ហើយប្ដូរចិត្តខុសពីមុន ក្នុងការបំផ្លាញមនុស្ស? ព្រះអាទិករបង្ហាញពីនិស្ស័យដ៏សុចរិតរបស់ទ្រង់តាមរយៈវិធីសាស្ត្រ និងគោលការណ៍ដែលមានតែមួយគត់របស់ទ្រង់ផ្ទាល់ ហើយទ្រង់មិនស្ថិតនៅក្រោមការត្រួតត្រា ឬការរឹតត្បិតរបស់មនុស្ស ព្រឹត្តិការណ៍ ឬវត្ថុអ្វីនោះឡើយ។ តាមរយៈនិស្ស័យដែលមានតែមួយគត់របស់ទ្រង់ គ្មាននរណាម្នាក់អាចផ្លាស់ប្ដូរព្រះតម្រិះ និងយោបល់របស់ទ្រង់បានឡើយ ហើយក៏គ្មាននរណាម្នាក់អាចបញ្ចុះបញ្ចូលទ្រង់ឲ្យប្ដូរព្រះទ័យបានដែរ។ ភាពទាំងស្រុងនៃអាកប្បកិរិយា និងគំនិតដែលមានអត្ថិភាពនៅក្នុងការបង្កើតទាំងអស់ សុទ្ធតែស្ថិតនៅក្រោមការជំនុំជម្រះនៃនិស្ស័យដ៏សុចរិតរបស់ទ្រង់។ គ្មាននរណាម្នាក់អាចគ្រប់គ្រងបានឡើយថា ទ្រង់ត្រូវប្រើសេចក្ដីក្រោធ ឬក៏សេចក្តីមេត្តាករុណានោះ គឺមានតែលក្ខណៈសំខាន់របស់ព្រះអាទិករតែមួយប៉ុណ្ណោះ ឬអាចនិយាយម្យ៉ាងទៀតបានថា និស្ស័យដ៏សុចរិតរបស់ព្រះអាទិករ អាចសម្រេចអំពីការនេះបាន។ នេះហើយជាធម្មជាតិដែលមានតែមួយគត់អំពីនិស្ស័យដ៏សុចរិតរបស់ព្រះអាទិករ!
តាមរយៈការវិភាគ និងការយល់ដឹងអំពីការផ្លាស់ប្ដូរឥរិយាបថរបស់ព្រះជាម្ចាស់ចំពោះអ្នកក្រុងនីនីវេ តើអ្នករាល់គ្នាអាចប្រើពាក្យថា «មានតែមួយ» ដើម្បីពណ៌នាអំពីសេចក្តីមេត្តាករុណាដែលរកឃើញនៅក្នុងនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់បានដែរឬទេ? មុននេះ យើងបាននិយាយថា សេចក្ដីក្រោធរបស់ព្រះជាម្ចាស់ គឺជាទិដ្ឋភាពមួយអំពីលក្ខណៈសំខាន់នៃនិស្ស័យដ៏សុចរិតដែលមានតែមួយគត់របស់ទ្រង់។ ឥឡូវនេះ ខ្ញុំនឹងកំណត់អត្ថន័យអំពីទិដ្ឋភាពទាំងពីរ ដែលសេចក្ដីក្រោធរបស់ព្រះជាម្ចាស់ និងសេចក្តីមេត្តាករុណារបស់ព្រះជាម្ចាស់ គឺជានិស្ស័យដ៏សុចរិតរបស់ទ្រង់។ និស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ គឺជាភាពបរិសុទ្ធ ហើយនិស្ស័យនេះមិនអត់ឱនចំពោះការបំពាន ឬការជំទាស់ឡើយ។ វាជាអ្វីមួយដែលគ្មានភាវៈមានជីវិត ឬភាវៈឥតជីវិតណាមួយ មាននោះឡើយ។ និស្ស័យទាំងពីរនេះ ជាកម្មសិទ្ធិផ្ដាច់មុខរបស់ព្រះជាម្ចាស់តែមួយគត់។ គឺអាចនិយាយបានថា សេចក្ដីក្រោធរបស់ព្រះជាម្ចាស់ គឺបរិសុទ្ធ និងមិនអាចបំពានលើបានឡើយ។ ដូចគ្នានេះដែរ ទិដ្ឋភាពមួយទៀតនៃនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ ដែលជាសេចក្តីមេត្តាករុណារបស់ព្រះជាម្ចាស់នោះ គឺបរិសុទ្ធ ហើយវាក៏មិនអាចបំពានលើបានដែរ។ គ្មានភាវៈមានជីវិត ឬឥតជីវិតណាមួយអាចជំនួស ឬតំណាងឲ្យព្រះជាម្ចាស់នៅក្នុងសកម្មភាពរបស់ទ្រង់បានឡើយ ហើយក៏គ្មាននរណាម្នាក់អាចមកជំនួស ឬតំណាងឲ្យទ្រង់នៅក្នុងការបំផ្លាញក្រុងសូដុម ឬនៅក្នុងការសង្រ្គោះក្រុងនីនីវេនោះដែរ។ នេះគឺជាការស្ដែងចេញដ៏ពិតអំពីនិស្ស័យដ៏សុចរិតដែលមានតែមួយគត់របស់ព្រះជាម្ចាស់។
អារម្មណ៍ដ៏ស្មោះរបស់ព្រះអាទិករចំពោះមនុស្សជាតិ
ជារឿយៗ មនុស្សនិយាយថា ការស្គាល់ព្រះជាម្ចាស់មិនមែនជារឿងងាយឡើយ។ យ៉ាងណាមិញ ខ្ញុំចង់និយាយថា ការស្គាល់ព្រះជាម្ចាស់ក៏មិនមែនជារឿងពិបាកដែរ។ ដ្បិតព្រះជាម្ចាស់បង្ហាញទង្វើរបស់ទ្រង់ជាញឹកញាប់ ដើម្បីឲ្យមនុស្សមើលឃើញ។ ព្រះជាម្ចាស់មិនដែលឈប់សន្ទនាជាមួយមនុស្សជាតិឡើយ ទ្រង់មិនដែលលាក់បាំងអង្គទ្រង់ពីមនុស្ស ហើយក៏មិនបានលាក់ព្រះភ័ក្ត្រទ្រង់ផ្ទាល់នោះដែរ។ ព្រះតម្រិះ យោបល់ ព្រះបន្ទូល និងសកម្មភាពរបស់ទ្រង់ ត្រូវបានបើកសម្ដែងឲ្យមនុស្សជាតិបានឃើញ។ ដូច្នេះ ដរាបណាមនុស្សចង់ស្គាល់ព្រះជាម្ចាស់ នោះគេនឹងអាចយល់ ហើយស្គាល់ទ្រង់ តាមរយៈមធ្យោបាយ និងវិធីសាស្ត្រគ្រប់ប្រភេទមិនខាន។ ហេតុផលដែលមនុស្សគិតទាំងងងឹតងងល់ថា ព្រះជាម្ចាស់មានបំណងគេចវេះពីគេ គិតថាព្រះជាម្ចាស់មានបំណងលាក់ព្រះភ័ក្ត្រទ្រង់ពីមនុស្ស គិតថាព្រះជាម្ចាស់គ្មានបំណងចង់ឲ្យមនុស្សយល់ និងស្គាល់ទ្រង់នោះ គឺដោយសារតែគេមិនស្គាល់ថាទ្រង់ជានរណា ហើយក៏គ្មានចិត្តចង់យល់ពីព្រះជាម្ចាស់ដែរ។ លើសពីនេះទៅទៀត មនុស្សមិនខ្វល់ជាមួយព្រះតម្រិះ ព្រះបន្ទូល ឬទង្វើរបស់ព្រះជាម្ចាស់នោះឡើយ...។ និយាយដោយត្រង់ បើមនុស្សគ្រាន់តែប្រើពេលទំនេររបស់គេ ដើម្បីផ្ដោតអារម្មណ៍ និងយល់ពីព្រះបន្ទូល ឬទង្វើរបស់ព្រះអាទិករ ហើយបើគេយកចិត្តទុកដាក់តែបន្ដិចចំពោះព្រះតម្រិះរបស់ព្រះអាទិករ និងព្រះសូរសៀងនៃព្រះហឫទ័យរបស់ទ្រង់ នោះវានឹងមិនពិបាកសម្រាប់មនុស្សក្នុងការទទួលស្គាល់ថា ព្រះតម្រិះ ព្រះបន្ទូល និងទង្វើរបស់ព្រះអាទិករ ពិតជាច្បាស់ៗ និងមានតម្លាភាពនោះឡើយ។ ដូចគ្នាដែរ វានឹងត្រូវការកិច្ចខិតខំប្រឹងប្រែងតែបន្ដិចប៉ុណ្ណោះក្នុងការទទួលស្គាល់ថា ព្រះអាទិករគង់នៅក្នុងចំណោមមនុស្សគ្រប់ពេលវេលា ទទួលស្គាល់ថា ទ្រង់តែងតែសន្ទនាជាមួយមនុស្ស និងការបង្កើតទាំងអស់ និងទទួលស្គាល់ទៀតថា ទ្រង់កំពុងតែធ្វើសកម្មភាពថ្មីៗជារៀងរាល់ថ្ងៃ។ លក្ខណៈសំខាន់ និងនិស្ស័យរបស់ទ្រង់ត្រូវបានស្ដែងចេញនៅក្នុងកិច្ចសន្ទនារបស់ទ្រង់ជាមួយមនុស្ស ហើយព្រះតម្រិះ និងយោបល់របស់ទ្រង់ត្រូវបានស្ដែងចេញទាំងអស់នៅក្នុងសកម្មភាពរបស់ទ្រង់។ ទ្រង់គង់នៅជាមួយ និងទតឃើញមនុស្សជាតិគ្រប់ពេលវេលា។ ទ្រង់មានបន្ទូលស្ងាត់ៗទៅកាន់មនុស្សជាតិ និងការបង្កើតទាំងអស់ ដោយព្រះបន្ទូលស្ងាត់ៗថា៖ «អញគង់នៅក្នុងស្ថានសួគ៌ ហើយអញស្ថិតនៅក្នុងចំណោមការបង្កើតរបស់អញ។ អញកំពុងតែបន្តទតមើល បន្តរង់ចាំ ហើយអញគង់នៅខាងឯងហើយ...»។ ព្រះហស្តរបស់ទ្រង់ពោរពេញដោយភាពកក់ក្ដៅ និងរឹងមាំ។ ដានព្រះបាទាទ្រង់ជាពន្លឺ។ ព្រះសូរសៀងរបស់ទ្រង់ទន់ភ្លន់ និងពេញដោយព្រះគុណ។ ទម្រង់របស់ទ្រង់ឆ្លងផុត និងផ្លាស់ប្រែ ក្រសោបយកមនុស្សជាតិទាំងអស់។ ទឹកព្រះភ័ក្ត្ររបស់ទ្រង់ស្រស់ស្អាត និងស្លូតបូត។ ទ្រង់មិនដែលចាកចោល ក៏មិនដែលបាត់សូន្យនោះដែរ។ ទោះថ្ងៃ ឬយប់ ទ្រង់ជាបុគ្គលជំនិតរបស់មនុស្សជាតិជានិច្ច គឺមិនដែលចាកចោលពួកគេឡើយ។ ការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅ និងសេចក្តីស្នេហាដ៏ពិសេសរបស់ទ្រង់ចំពោះមនុស្សជាតិ ព្រមទាំងការខ្វល់ខ្វាយ និងសេចក្តីស្រឡាញ់ដ៏ពិតរបស់ទ្រង់ចំពោះមនុស្ស ត្រូវបានបង្ហាញបន្តិចម្ដងៗ នៅពេលដែលទ្រង់បានសង្គ្រោះទីក្រុងនីនីវេ។ ជាក់ស្ដែង ការសន្ទនារវាងព្រះយេហូវ៉ា និងលោកយ៉ូណាស បានបើកសម្ដែងទាំងស្រុងអំពីភាពផ្អែមល្អែមរបស់ព្រះអាទិករចំពោះមនុស្សជាតិដែលទ្រង់បានបង្កើតដោយផ្ទាល់។ តាមរយៈព្រះបន្ទូលទាំងនោះ អ្នកអាចទទួលបាននូវការយល់ដឹងដ៏ស៊ីជម្រៅអំពីអារម្មណ៍ដ៏ស្មោះរបស់ព្រះជាម្ចាស់ចំពោះមនុស្សហើយ ...
បទគម្ពីរខាងក្រោមនេះត្រូវបានកត់ត្រាទុកនៅក្នុងកណ្ឌគម្ពីរយ៉ូណាស ៤:១០-១១៖ «បន្ទាប់មក ព្រះយេហូវ៉ាមានព្រះបន្ទូលថា អ្នកបានអាល័យនឹងដើមវល្លិ ដែលអ្នកមិនបានដាំ ឬធ្វើឲ្យដុះឡើង ជាដើមដែលដុះឡើងក្នុងពេលមួយយប់ ហើយវិនាសទៅវិញ ក្នុងពេលមួយយប់ដូចគ្នា។ ដូច្នេះ តើមិនគួរឲ្យខ្ញុំទុកជីវិតដល់ក្រុងនីនីវេ ជាទីក្រុងដ៏ធំនេះ ដែលមានមនុស្សជាងមួយសែនពីរម៉ឺននាក់ ទាំងមិនស្គាល់ស្តាំ មិនស្គាល់ឆ្វេងសោះ ព្រមទាំងហ្វូងសត្វយ៉ាងច្រើនផងទេឬ?» នេះគឺជាព្រះបន្ទូលដ៏ពិតរបស់ព្រះយេហូវ៉ា ដែលត្រូវបានកត់ត្រាទុកចេញពីការសន្ទនារវាងព្រះជាម្ចាស់ និងលោកយ៉ូណាស។ ទោះបីជាកិច្ចសន្ទនានេះខ្លីក៏ដោយ ក៏វាមានពេញដោយការយកព្រះទ័យទុកដាក់របស់ព្រះអាទិករចំពោះមនុស្សជាតិ និងការអល់អែករបស់ទ្រង់ក្នុងការបោះបង់មនុស្សជាតិចោលដែរ។ ព្រះបន្ទូលទាំងនេះបង្ហាញពីឥរិយាបថ និងអារម្មណ៍ដ៏ពិតដែលព្រះជាម្ចាស់មាននៅក្នុងព្រះទ័យទ្រង់ចំពោះការបង្កើតរបស់ទ្រង់។ តាមរយៈព្រះបន្ទូលដ៏ច្បាស់ៗ និងជាក់លាក់ ដែលមនុស្សកម្រនឹងស្ដាប់ឮទាំងនេះ ព្រះជាម្ចាស់មានបន្ទូលពីបំណងព្រះហឫទ័យដ៏ពិតរបស់ទ្រង់ចំពោះមនុស្ស។ កិច្ចសន្ទនានេះតំណាងឲ្យឥរិយាបថដែលព្រះជាម្ចាស់មានចំពោះអ្នកក្រុងនីនីវេ ប៉ុន្តែ តើនោះជាឥរិយាបថបែបណាទៅ? វាជាឥរិយាបថមួយដែលព្រះជាម្ចាស់មានចំពោះអ្នកក្រុងនីនីវេ មុនពេល និងក្រោយពេលការប្រែចិត្តរបស់គេ និងជាឥរិយាបថមួយដែលទ្រង់ប្រព្រឹត្តចំពោះមនុស្សជាតិ។ បង្កប់នៅក្នុងព្រះបន្ទូលទាំងនេះ គឺជាព្រះតម្រិះ និងនិស្ស័យរបស់ទ្រង់។
តើនៅក្នុងព្រះបន្ទូលទាំងនេះបើកសម្ដែងឲ្យឃើញអ្វីខ្លះអំពីព្រះតម្រិះរបស់ព្រះជាម្ចាស់? ប្រសិនបើអ្នកយកចិត្តទុកដាក់ចំពោះសេចក្តីលម្អិត នៅពេលដែលអ្នកអាន នោះវានឹងមិនពិបាកសម្រាប់អ្នកក្នុងការកត់សម្គាល់ឃើញថា ទ្រង់ប្រើពាក្យថា «អាណិតអាសូរ» នោះឡើយ។ ការប្រើប្រាស់ពាក្យនេះបង្ហាញពីឥរិយាបថដ៏ពិតរបស់ព្រះជាម្ចាស់ចំពោះមនុស្សជាតិ។
នៅក្នុងន័យចំ មនុស្សអាចបកស្រាយពាក្យ «អាល័យ» ទៅតាមរបៀបខុសៗគ្នា។ ជាដំបូង វាមានន័យថា «ស្រឡាញ់ ហើយការពារ និងមានអារម្មណ៍ថ្នាក់ថ្នមចំពោះអ្វីមួយ»។ អត្ថន័យទីពីរនេះមានន័យថា «ស្រឡាញ់យ៉ាងខ្លាំង» ហើយចុងបញ្ចប់ វាមានន័យថា «មិនព្រមធ្វើឲ្យអ្វីមួយឈឺចាប់ និងមិនអាចទ្រាំនឹងធ្វើបែបនេះឡើយ»។ ជារួមមក ពាក្យនេះសំដៅទៅលើសេចក្ដីស្នេហា និងសេចក្តីស្រឡាញ់ដ៏ផ្អែមល្អែម ក៏ដូចជាការមិនព្រមលះបង់នរណាម្នាក់ ឬអ្វីមួយ។ វាសំដៅលើសេចក្តីមេត្តាករុណា និងសេចក្តីអត់ឱនរបស់ព្រះជាម្ចាស់ចំពោះមនុស្ស។ ព្រះជាម្ចាស់ប្រើប្រាស់ពាក្យនេះ ដែលជាពាក្យមួយត្រូវបានមនុស្សនិយាយជាទូទៅ ហើយពាក្យនេះក៏អាចបង្ហាញពីព្រះសូរសៀងនៃព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងឥរិយាបថរបស់ទ្រង់ចំពោះមនុស្សជាតិដែរ។
ទោះបីទីក្រុងនីនីវេបានពោរពេញដោយមនុស្សដ៏ពុករលួយ អាក្រក់ និងឃោរឃៅ ដូចជាមនុស្សនៅក្រុងសូដុមក៏ដោយ ក៏ការប្រែចិត្តរបស់គេបានធ្វើឲ្យព្រះជាម្ចាស់ប្ដូរព្រះទ័យ ហើយសម្រេចមិនបំផ្លាញពួកគេដែរ។ ដោយសារតែរបៀបដែលពួកគេបានប្រព្រឹត្តចំពោះព្រះបន្ទូល និងសេចក្តីបង្គាប់របស់ព្រះជាម្ចាស់ បានបង្ហាញចេញនូវឥរិយាបថមួយដែលផ្ទុយស្រឡះពីឥរិយាបថរបស់អ្នកក្រុងសូដុម ហើយដោយសារតែការចុះចូលយ៉ាងស្មោះរបស់គេចំពោះព្រះជាម្ចាស់ និងការប្រែចិត្តដ៏ស្មោះចំពោះអំពើបាបរបស់គេ ក៏ដូចជាអាកប្បកិរិយាដ៏ពិតស្មោះរបស់គេនៅក្នុងរាល់ទង្វើរបស់គេ ដូច្នេះ ព្រះជាម្ចាស់បានសម្ដែងព្រះទ័យអាឡោះអាល័យរបស់ទ្រង់ ហើយបានប្រទានវាដល់ពួកគេម្ដងទៀត។ អ្វីដែលព្រះជាម្ចាស់បានប្រទានដល់មនុស្ស និងព្រះទ័យអាឡោះអាល័យរបស់ទ្រង់សម្រាប់មនុស្ស គឺគ្មាននរណាម្នាក់អាចចម្លងបានឡើយ ហើយក៏គ្មានមនុស្សណាម្នាក់អាចមានសេចក្តីមេត្តាករុណា សេចក្តីអត់ឱន ឬអារម្មណ៍ដ៏ស្មោះពិតរបស់ទ្រង់ចំពោះមនុស្សនោះដែរ។ តើមាននរណាម្នាក់ដែលអ្នកចាត់ទុកជាបុរស ឬស្ត្រីដ៏អស្ចារ្យ ឬថែមទាំងចាត់ទុកជាមនុស្សដ៏មហស្ចារ្យ ដែលនឹងនិយាយចេញពីទីខ្ពស់ ក្នុងនាមជាបុរស ឬស្ត្រីដ៏អស្ចារ្យ ឬនិយាយចេញពីទីដ៏ខ្ពស់បំផុត ធ្វើសេចក្តីថ្លែងការណ៍បែបនេះទៅកាន់មនុស្សជាតិ ឬការបង្កើតដែរឬទេ? តើនរណានៅក្នុងចំណោមមនុស្សជាតិដែលអាចស្គាល់ពីសភាពនៃជីវិតរបស់មនុស្សច្បាស់ដូចបាតដៃខ្លួនទៅ? តើនរណាអាចលីបន្ទុក និងទំនួលខុសត្រូវសម្រាប់អត្ថិភាពរបស់មនុស្សជាតិ? តើនរណាមានគុណសម្បត្តិគ្រប់គ្រាន់ ក្នុងការប្រកាសពីការបំផ្លាញនៃទីក្រុងនេះ? ហើយតើនរណាមានគុណសម្បត្តិគ្រប់គ្រាន់ ក្នុងការអត់ទោសឲ្យទីក្រុងមួយ? តើនរណាអាចនិយាយថា គេឲ្យតម្លៃយ៉ាងខ្ពស់ទៅលើការបង្កើតផ្ទាល់ខ្លួនរបស់គេ? គឺមានតែព្រះអាទិករមួយប៉ុណ្ណោះ! មានតែព្រះអាទិករមួយប៉ុណ្ណោះ ដែលមានសេចក្តីស្រឡាញ់ចំពោះមនុស្សជាតិនេះ។ មានតែព្រះអាទិករមួយប៉ុណ្ណោះ ដែលបង្ហាញចិត្តក្ដួលអាណិត និងសេចក្តីស្រឡាញ់ទៅកាន់មនុស្សជាតិនេះ។ មានតែព្រះអាទិករមួយប៉ុណ្ណោះ ដែលមានសេចក្តីស្រឡាញ់ដ៏ពិត និងដ៏រឹងមាំសម្រាប់មនុស្សជាតិនេះ។ ដូចគ្នាដែរ មានតែព្រះអាទិករមួយប៉ុណ្ណោះ ដែលអាចប្រទានសេចក្តីមេត្តាករុណាទៅដល់មនុស្សជាតិនេះ និងឲ្យតម្លៃយ៉ាងខ្លាំងទៅលើការបង្កើតទាំងអស់របស់ទ្រង់។ ទ្រង់មានព្រះពិរោធ ឈឺចាប់ និងព្រួយព្រះទ័យចំពោះទង្វើអាក្រក់ និងសេចក្ដីពុករលួយរបស់មនុស្ស។ ទ្រង់សប្បាយព្រះទ័យ រីករាយ អត់ទោស និងត្រេកអរយ៉ាងក្រៃលែងចំពោះការប្រែចិត្ត និងជំនឿរបស់មនុស្ស។ ដ្បិតគ្រប់ទាំងព្រះតម្រិះ និងយោបល់របស់ទ្រង់តែងតែពាក់ព័ន្ធនឹងមនុស្សជាតិជានិច្ច។ លក្ខណៈ និងកម្មសិទ្ធិរបស់ទ្រង់ ត្រូវបានបង្ហាញទាំងស្រុងសម្រាប់តែប្រយោជន៍របស់មនុស្សជាតិប៉ុណ្ណោះ ហើយអារម្មណ៍ទាំងមូលរបស់ទ្រង់ត្រូវបានជំពាក់ជំពិនជាមួយនឹងអត្ថិភាពរបស់មនុស្សជាតិ។ សម្រាប់ជាប្រយោជន៍ដល់មនុស្សជាតិ ទ្រង់ធ្វើដំណើរ និងប្រញាប់ប្រញាល់ធ្វើការ ហើយសម្រាប់ជាប្រយោជន៍ដល់មនុស្សជាតិ ទ្រង់លះបង់ព្រះជន្មរបស់ទ្រង់ស្ងាត់ៗ។ សម្រាប់ជាប្រយោជន៍ដល់មនុស្សជាតិ ទ្រង់លះបង់គ្រប់វិនាទីនៃព្រះជន្មរបស់ទ្រង់...។ ទ្រង់មិនដែលស្គាល់ការអាឡោះអាល័យចំពោះព្រះជន្មរបស់ទ្រង់ឡើយ ប៉ុន្តែ ទ្រង់តែងតែឲ្យតម្លៃយ៉ាងខ្លាំងចំពោះមនុស្សជាតិដែលទ្រង់បានបង្កើតមកដោយផ្ទាល់...។ ទ្រង់លះបង់អ្វីៗគ្រប់យ៉ាងដែលទ្រង់មានសម្រាប់មនុស្សនេះ...។ ទ្រង់ប្រទានសេចក្តីមេត្តាករុណា និងសេចក្តីអត់ឱនរបស់ទ្រង់ ដោយឥតលក្ខខណ្ឌ និងដោយគ្មានរំពឹងផលតបស្នងនោះឡើយ។ ទ្រង់ធ្វើបែបនេះ គ្រាន់តែចង់ឲ្យមនុស្សជាតិអាចបន្តរស់រានមានជីវិតនៅមុខព្រះនេត្ររបស់ទ្រង់ ទទួលបានការផ្គត់ផ្គង់របស់ទ្រង់សម្រាប់ជីវិតរបស់គេប៉ុណ្ណោះ។ ទ្រង់ធ្វើបែបនេះ ដើម្បីឲ្យមនុស្សជាតិអាចចុះចូលនៅចំពោះទ្រង់នៅថ្ងៃណាមួយ និងទទួលស្គាល់ថា ទ្រង់ជាព្រះដែលមើលថែដល់អត្ថិភាពរបស់មនុស្ស និងជាព្រះដែលផ្គត់ផ្គង់ដល់ជីវិតនៃការបង្កើតទាំងអស់។
ព្រះអាទិករបង្ហាញអារម្មណ៍ដ៏ពិតរបស់ទ្រង់ចំពោះមនុស្ស
កិច្ចសន្ទនារវាងព្រះយេហូវ៉ា និងលោកយ៉ូណាសនេះ គឺជាការបង្ហាញចេញយ៉ាងច្បាស់អំពីអារម្មណ៍ដ៏ពិតរបស់ព្រះអាទិករចំពោះមនុស្ស។ នៅក្នុងន័យម្យ៉ាង វាប្រាប់មនុស្សអំពីការយល់ដឹងរបស់ព្រះអាទិករចំពោះការបង្កើតទាំងអស់ដែលស្ថិតនៅក្រោមអធិបតេយ្យភាពរបស់ទ្រង់។ នេះជាអ្វីដែលព្រះយេហូវ៉ាបានមានបន្ទូល៖ «ដូច្នេះ តើមិនគួរឲ្យខ្ញុំទុកជីវិតដល់ក្រុងនីនីវេ ជាទីក្រុងដ៏ធំនេះ ដែលមានមនុស្សជាងមួយសែនពីរម៉ឺននាក់ ទាំងមិនស្គាល់ស្តាំ មិនស្គាល់ឆ្វេងសោះ ព្រមទាំងហ្វូងសត្វយ៉ាងច្រើនផងទេឬ?» អាចនិយាយម្យ៉ាងទៀតបានថា ការយល់ដឹងរបស់ព្រះជាម្ចាស់ចំពោះក្រុងនីនីវេ គឺជ្រាលជ្រៅខ្លាំងណាស់។ ទ្រង់មិនគ្រាន់តែជ្រាបដឹងពីចំនួននៃភាវៈមានជីវិតនៅក្នុងទីក្រុង (រួមទាំងមនុស្ស និងសត្វ) ប៉ុណ្ណោះទេ ប៉ុន្តែ ទ្រង់ក៏ជ្រាបដឹងអំពីចំនួនមនុស្សដែលមិនស្គាល់ស្ដាំ មិនស្គាល់ឆ្វេង ព្រមទាំងជ្រាបដឹងអំពីចំនួនកុមារ និងយុវជនទៀតផង។ នេះគឺជាភស្តុតាងដ៏ច្បាស់លាស់អំពីការយល់ដឹងដ៏គ្រប់ជ្រុងជ្រោយរបស់ព្រះជាម្ចាស់អំពីមនុស្សជាតិ។ នៅក្នុងន័យម្យ៉ាងទៀត កិច្ចសន្ទនានេះប្រាប់ដល់មនុស្សអំពីឥរិយាបថរបស់ព្រះអាទិករដែលមានចំពោះមនុស្ស ដែលជាទម្ងន់របស់មនុស្សនៅក្នុងព្រះហឫទ័យរបស់ព្រះអាទិករ។ វាដូចជាព្រះយេហូវ៉ាបានមានបន្ទូលថា៖ «អ្នកបានអាល័យនឹងដើមវល្លិ ដែលអ្នកមិនបានដាំ ឬធ្វើឲ្យដុះឡើង ជាដើមដែលដុះឡើងក្នុងពេលមួយយប់ ហើយវិនាសទៅវិញ ក្នុងពេលមួយយប់ដូចគ្នា។ ដូច្នេះ តើមិនគួរឲ្យខ្ញុំទុកជីវិតដល់ក្រុងនីនីវេ ជាទីក្រុងដ៏ធំនេះ...?» នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា ដើម្បីស្ដីប្រដៅដល់លោកយ៉ូណាស ប៉ុន្តែ ព្រះបន្ទូលនេះនៅតែជាសេចក្តីពិតដដែល។
ទោះបីជាលោកយ៉ូណាសបានទទួលកិច្ចការក្នុងការប្រកាសពីព្រះបន្ទូលរបស់ព្រះយេហូវ៉ាទៅកាន់ប្រជាជននៃក្រុងនីនីវេក៏ដោយ ក៏គាត់មិនបានយល់អំពីបំណងព្រះហឫទ័យរបស់ព្រះយេហូវ៉ា ហើយក៏មិនយល់អំពីការខ្វល់ខ្វាយ និងសេចក្តីរំពឹងទុករបស់ទ្រង់សម្រាប់ប្រជាជននៃទីក្រុងនេះនោះដែរ។ តាមរយៈការស្តីប្រដៅនេះ ព្រះជាម្ចាស់ចង់មានបន្ទូលប្រាប់គាត់ថា មនុស្សគឺជាលទ្ធផលចេញពីស្នាព្រះហស្តរបស់ព្រះជាម្ចាស់ និងចង់ប្រាប់ថា ទ្រង់បានបង្ហាញកិច្ចខិតខំប្រឹងប្រែងយ៉ាងផ្ចិតផ្ចង់ទៅលើមនុស្សម្នាក់ៗ ចង់ប្រាប់ថា មនុស្សម្នាក់ៗបានរ៉ាប់រងសេចក្តីរំពឹងទុករបស់ព្រះជាម្ចាស់ដាក់លើស្មារបស់គេ និងចង់ប្រាប់ថា មនុស្សម្នាក់ៗបានរីករាយនឹងការផ្គត់ផ្គង់នៃព្រះជន្មរបស់ព្រះជាម្ចាស់ ហើយព្រះជាម្ចាស់បានបង់ថ្លៃនៃកិច្ចខិតខំប្រឹងប្រែងយ៉ាងផ្ចិតផ្ចង់សម្រាប់មនុស្សម្នាក់ៗហើយ។ ការប្រៀនប្រដៅនេះក៏បានប្រាប់ដល់លោកយ៉ូណាសថា ព្រះជាម្ចាស់បានស្រលាញ់មនុស្សដែលជាស្នាព្រះហស្តរបស់ទ្រង់យ៉ាងខ្លាំង គឺខ្លាំងដូចជាលោកយ៉ូណាសស្រលាញ់វល្លិដូច្នោះដែរ។ ព្រះជាម្ចាស់គ្មានព្រះទ័យបោះបង់មនុស្សដោយស្រួលៗនោះឡើយ ឬទាល់តែដល់វិនាទីចុងក្រោយ ប៉ុន្តែ យ៉ាងហោចណាស់ ដោយសារតែមានកុមារជាច្រើន និងសត្វដ៏ស្លូតត្រង់ជាច្រើននៅក្នុងទីក្រុង។ នៅពេលដែលដោះស្រាយជាមួយនឹងការបង្កើតរបស់ព្រះជាម្ចាស់ដែលមានវ័យក្មេង និងល្ងង់ខ្លៅទាំងនេះ ដែលមិនទាំងចេះវែកញែករវាងដៃស្ដាំ និងដៃឆ្វេងរបស់គេផងនោះ វាកាន់តែស្រមៃមិនដល់ទៅទៀត ក្នុងការដែលព្រះជាម្ចាស់នឹងបញ្ចប់ជីវិតរបស់គេ ហើយកំណត់ពីលទ្ធផលរបស់គេនៅក្នុងរបៀបដ៏ប្រញាប់ប្រញាល់បែបនេះណាស់។ ព្រះជាម្ចាស់សង្ឃឹមចង់ឃើញពួកគេធំធាត់ឡើង។ ទ្រង់សង្ឃឹមថា ពួកគេនឹងមិនដើរតាមដានរបស់ពួកចាស់ទុំរបស់គេឡើយ។ ទ្រង់សង្ឃឹមថា ពួកគេនឹងមិនចាំបាច់ឮសេចក្តីព្រមានរបស់ព្រះយេហូវ៉ាតទៅទៀតឡើយ និងសង្ឃឹមទៀតថា ពួកគេនឹងធ្វើបន្ទាល់អំពីអតីតកាលរបស់ក្រុងនីនីវេ។ លើសពីនេះទៅទៀត ព្រះជាម្ចាស់សង្ឃឹមចង់ឃើញក្រុងនីនីវេ ក្រោយគេបានប្រែចិត្តរួច ចង់ឃើញពីអនាគតដ៏ល្អរបស់ក្រុងនីនីវេ ក្រោយការប្រែចិត្តរបស់វា ហើយកាន់តែសំខាន់ទៀតនោះ គឺទ្រង់ចង់ឃើញអ្នកក្រុងនីនីវេរស់នៅក្រោមសេចក្តីមេត្តាករុណារបស់ព្រះជាម្ចាស់ជាថ្មីម្ដងទៀត។ ដូច្នេះ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ កម្មវត្ថុនៃការបង្កើតទាំងនោះដែលមិនចេះវែកញែករវាងដៃស្ដាំ និងដៃឆ្វេង គឺជាអនាគតរបស់ក្រុងនីនីវេ។ ពួកគេនឹងរែកពន់អតីតកាលដ៏គួរឲ្យស្អប់របស់ក្រុងនីនីវេ ដូចជាពួកគេនឹងរែកពន់ភារកិច្ចដ៏សំខាន់នៃការធ្វើបន្ទាល់អំពីអតីតកាល និងអនាគតកាលនៃក្រុងនីនីវេ នៅក្រោមការដឹកនាំរបស់ព្រះយេហូវ៉ាដែរ។ នៅក្នុងសេចក្តីប្រកាសអំពីអារម្មណ៍ដ៏ពិតរបស់ទ្រង់នេះ ព្រះយេហូវ៉ាបានបង្ហាញពីសេចក្តីមេត្តាករុណារបស់ព្រះអាទិករចំពោះមនុស្សទាំងអស់។ វាបានបង្ហាញទៅកាន់មនុស្សថា «សេចក្តីមេត្តាករុណារបស់ព្រះអាទិករ» មិនមែនជាឃ្លាមួយដែលគ្មានន័យនោះឡើយ ហើយក៏មិនមែនជាព្រះបន្ទូលសន្យាខ្យល់នោះដែរ ប៉ុន្តែ វាមាននូវគោលការណ៍ វិធីសាស្ត្រ និងគោលបំណងដ៏រឹងមាំ។ ព្រះជាម្ចាស់ជាព្រះពិតប្រាកដ ហើយទ្រង់មិនដែលប្រើភាពខុសឆ្គង ឬការក្លែងបន្លំនោះឡើយ ហើយដូចគ្នានេះដែរ សេចក្តីមេត្តាករុណារបស់ទ្រង់ត្រូវបានប្រទានមកដល់មនុស្សមិនចេះចប់មិនចេះហើយនៅគ្រប់ពេលវេលា និងគ្រប់សម័យកាល។ យ៉ាងណាមិញ រហូតមកដល់សម័យបច្ចុប្បន្ននេះ កិច្ចសន្ទនារបស់ព្រះអាទិករជាមួយលោកយ៉ូណាស គឺជាសេចក្តីថ្លែងការណ៍ផ្ដាច់មុខតែមួយគត់របស់ទ្រង់អំពីហេតុផលដែលទ្រង់បង្ហាញសេចក្តីមេត្តាករុណាទៅកាន់មនុស្ស អំពីរបៀបដែលទ្រង់បង្ហាញសេចក្តីមេត្តាករុណាទៅកាន់មនុស្ស អំពីរបៀបដែលទ្រង់មានសេចក្តីអត់ឱនចំពោះមនុស្ស និងអំពីអារម្មណ៍ដ៏ពិតរបស់ទ្រង់ចំពោះមនុស្ស។ ព្រះបន្ទូលដ៏ខ្លីតែខ្លឹមរបស់ព្រះយេហូវ៉ា ក្នុងអំឡុងពេលនៃកិច្ចសន្ទនានេះ បង្ហាញពីព្រះតម្រិះរបស់ទ្រង់ចំពោះមនុស្សទាំងមូល។ ព្រះបន្ទូលទាំងនេះជាការស្ដែងចេញដ៏ពិតអំពីឥរិយាបថនៃព្រះហឫទ័យរបស់ទ្រង់ដែលមានចំពោះមនុស្ស ហើយព្រះបន្ទូលទាំងនេះក៏ជាភស្តុតាងដ៏រឹងមាំមួយអំពីការប្រទានសេចក្តីមេត្តាករុណាដ៏ហូរហៀររបស់ទ្រង់ចំពោះមនុស្សដែរ។ សេចក្តីមេត្តាករុណារបស់ទ្រង់មិនគ្រាន់តែត្រូវបានប្រទានទៅដល់មនុស្សជំនាន់មុនៗប៉ុណ្ណោះទេ ប៉ុន្តែ ក៏ត្រូវបានប្រទានដល់មនុស្សជំនាន់ក្រោយៗ ដូចជាសព្វមួយដងដែរ គឺពីជំនាន់មួយទៅជំនាន់មួយទៀត។ ទោះបីសេចក្ដីក្រោធរបស់ព្រះជាម្ចាស់ធ្លាក់ទៅលើជ្រុងខ្លះ និងយុគសម័យខ្លះរបស់មនុស្សក៏ដោយ ក៏សេចក្តីមេត្តាករុណារបស់ព្រះជាម្ចាស់មិនដែលឈប់នោះដែរ។ តាមរយៈសេចក្តីមេត្តាករុណារបស់ទ្រង់ ព្រះអង្គចង្អុលបង្ហាញ និងដឹកនាំការបង្កើតរបស់ទ្រង់ពីមួយជំនាន់ទៅមួយជំនាន់ទៀត ហើយផ្គត់ផ្គង់ និងចិញ្ចឹមការបង្កើតពីមួយជំនាន់ទៅមួយជំនាន់ទៀត ដោយសារតែអារម្មណ៍ដ៏ពិតរបស់ទ្រង់ចំពោះមនុស្សនឹងមិនដែលប្រែប្រួលឡើយ។ ដូចជាព្រះយេហូវ៉ាបានមានបន្ទូលថា៖ «ដូច្នេះ តើមិនគួរឲ្យខ្ញុំទុកជីវិតដល់ក្រុងនីនីវេទេឬ...?» ទ្រង់តែងតែឲ្យតម្លៃយ៉ាងខ្លាំងទៅលើការបង្កើតរបស់ទ្រង់។ នេះគឺជាសេចក្តីមេត្តាករុណាអំពីនិស្ស័យដ៏សុចរិតរបស់ព្រះអាទិករ ហើយវាក៏ជាភាពមានតែមួយគត់ដ៏ពេញលេញរបស់ព្រះអាទិករដែរ!
មនុស្សទាំងប្រាំប្រភេទ
ដោយសារតែពេលវេលាយើងខ្លី ដូច្នេះ ខ្ញុំនឹងចាកចេញពីការប្រកបគ្នារបស់យើងអំពីនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់នៅត្រឹមនេះ។ បន្តទៀត ខ្ញុំនឹងធ្វើការចាត់ថ្នាក់អ្នកដើរតាមព្រះជាម្ចាស់ទៅតាមផ្នែកផ្សេងៗ ស្របតាមការយល់ដឹងរបស់គេអំពីព្រះជាម្ចាស់ និងការយល់ដឹង ព្រមទាំងបទពិសោធន៍របស់គេអំពីនិស្ស័យដ៏សុចរិតរបស់ទ្រង់ ដើម្បីឲ្យអ្នករាល់គ្នាអាចដឹងអំពីដំណាក់កាលដែលអ្នករាល់គ្នាស្ថិតនៅក្នុងពេលបច្ចុប្បន្ន ក៏ដូចជាឋានៈបច្ចុប្បន្នរបស់អ្នករាល់គ្នាដែរ។ ទាក់ទងនឹងចំណេះដឹងរបស់មនុស្សអំពីព្រះជាម្ចាស់ និងការយល់ដឹងរបស់គេអំពីនិស្ស័យដ៏សុចរិតរបស់ទ្រង់ ដំណាក់កាល និងឋានៈខុសៗគ្នា ដែលមនុស្សមាន ជាទូទៅ អាចបែងចែកជាប្រាំប្រភេទ។ ប្រធានបទនេះមានមូលដ្ឋានលើការស្គាល់ព្រះជាម្ចាស់ និងនិស្ស័យដ៏សុចរិតរបស់ទ្រង់។ ដូច្នេះ នៅពេលដែលអ្នករាល់គ្នាអានខ្លឹមសារខាងក្រោម អ្នករាល់គ្នាគួរតែព្យាយាមស្វែងយល់យ៉ាងប្រុងប្រយ័ត្នអំពីកម្រិតនៃការយល់ដឹង និងចំណេះដឹងដែលអ្នកមាន ទាក់ទងនឹងភាពមានតែមួយគត់របស់ព្រះជាម្ចាស់ និងនិស្ស័យដ៏សុចរិតរបស់ទ្រង់ ហើយបន្ទាប់មក អ្នកគួរតែប្រើលទ្ធផលនោះមកវិនិច្ឆ័យអំពីដំណាក់កាលណាដែលអ្នករាល់គ្នាពិតជាស្ថិតនៅ វិនិច្ឆ័យលើឋានៈដ៏ពិតដែលអ្នករាល់គ្នាមាន និងប្រភេទមនុស្សបែបណាដែលអ្នករាល់គ្នាមាន។
ប្រភេទទីមួយ៖ ដំណាក់កាលជាទារក ដែលត្រូវបានរុំនៅក្នុងក្រណាត់
«ទារកដែលរុំនៅក្នុងក្រណាត់» មានន័យដូចម្ដេចទៅ? ទារកដែលរុំនៅក្នុងក្រណាត់ គឺជាទារកដែលទើបតែកើតចូលមកក្នុងពិភពលោកនេះ គឺជាទារកថ្មោងថ្មី។ វាជាពេលមួយដែលមនុស្សនៅក្មេងខ្ចីបំផុត។
មនុស្សនៅក្នុងដំណាក់កាលនេះ ជាទូទៅ គ្មានការយល់ដឹង ឬសតិសម្បជញ្ញៈអំពីរឿងរ៉ាវនៃជំនឿលើព្រះជាម្ចាស់ឡើយ។ ពួកគេសុញគំនិត និងអត់ដឹងខ្យល់អ្វីទាំងអស់។ មនុស្សទាំងនេះអាចជឿលើព្រះជាម្ចាស់អស់រយៈពេលជាយូរ ឬប្រហែលជាមិនបានយូរឡើយ ប៉ុន្តែ សភាពសុញគំនិត ភាពល្ងង់ខ្លៅ និងកម្ពស់ដ៏ពិតរបស់គេ ចាត់ថ្នាក់ពួកគេនៅក្នុងដំណាក់កាលជាទារកដែលរុំនៅក្នុងក្រណាត់។ និយមន័យដ៏ត្រឹមត្រូវអំពីលក្ខខណ្ឌរបស់ទារកដែលរុំនៅក្នុងក្រណាត់ មានដូចជា៖ ទោះបីមនុស្សប្រភេទនេះបានជឿលើព្រះជាម្ចាស់យូរប៉ុនណាក៏ដោយ ក៏ពួកគេនឹងតែងតែមានចិត្តមិនលះ ច្របូកច្របល់ និងល្ងង់ខ្លៅដែរ។ ពួកគេមិនដឹងអំពីហេតុផលដែលនាំឲ្យគេជឿលើព្រះជាម្ចាស់ ហើយក៏មិនដឹងថានរណាជាព្រះជាម្ចាស់ ឬព្រះជាម្ចាស់ជានរណាដែរ។ ទោះបីពួកគេដើរតាមព្រះជាម្ចាស់ក៏ដោយ ក៏ពួកគេគ្មាននិយមន័យដ៏ច្បាស់លាស់អំពីព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់គេឡើយ ហើយពួកគេក៏មិនអាចកំណត់ថាតើព្រះដែលពួកគេដើរតាមនោះ គឺជាព្រះជាម្ចាស់ ព្រមទាំងមិនដឹងថាពួកគេគួរតែជឿលើព្រះជាម្ចាស់ និងដើរតាមទ្រង់នោះដែរ។ នេះគឺជាសភាពដ៏ពិតរបស់មនុស្សប្រភេទនេះ។ គំនិតរបស់មនុស្សទាំងនេះត្រូវបានអាប់អួរ ហើយជំនឿរបស់គេក៏ច្របូកច្របល់ដែរ។ ពួកគេតែងតែស្ថិតនៅក្នុងសភាពសុញគំនិត និងគ្មានន័យ គឺថា «ចិត្តមិនលះ» «ភាពច្របូកច្របល់» និង «ភាពល្ងង់ខ្លៅ» សង្ខេបអំពីសភាពរបស់គេ។ ពួកគេមិនធ្លាប់បានឃើញ ឬធ្លាប់មានអារម្មណ៍អំពីព្រះវត្តមានរបស់ព្រះជាម្ចាស់ឡើយ ដូច្នេះ ការនិយាយទៅកាន់ពួកគេអំពីការស្គាល់ព្រះជាម្ចាស់ គឺដូចជាការឲ្យពួកគេអានសៀវភៅមួយក្បាល ដែលត្រូវបានសរសេរជាអក្សរបែបនិមិត្តសញ្ញាដូច្នោះដែរ ពោលគឺពួកគេនឹងមិនយល់ ហើយក៏មិនទទួលយកដែរ។ សម្រាប់ពួកគេ ការស្គាល់ព្រះជាម្ចាស់ គឺដូចគ្នាទៅនឹងការស្ដាប់ឮព្រេងនិទានដ៏មិនគួរឲ្យជឿអ៊ីចឹង។ ទោះបីគំនិតរបស់គេត្រូវបានអាប់អួរក៏ដោយ ក៏តាមពិតទៅ ពួកគេបានជឿជាក់ថា ការស្គាល់ព្រះជាម្ចាស់គឺជាការខ្ជះខ្ជាយទាំងស្រុងនូវពេលវេលា និងកម្លាំងដែរ។ នេះគឺជាមនុស្សប្រភេទទីមួយ៖ ទារកដែលរុំនៅក្នុងក្រណាត់។
មនុស្សប្រភេទទីពីរ៖ ដំណាក់កាលនៃទារកបំបៅដោះ
បើប្រៀបធៀបទៅនឹងទារកដែលរុំនៅក្នុងក្រណាត់ មនុស្សប្រភេទនេះមាននូវការវិវឌ្ឍខ្លះ។ អ្វីដែលគួរឲ្យសោកស្ដាយនោះគឺថា ពួកគេនៅតែគ្មានការយល់ដឹងអំពីព្រះជាម្ចាស់ដដែល។ ពួកគេខ្វះនូវការយល់ដឹងដ៏ច្បាស់លាស់អំពីព្រះជាម្ចាស់ និងខ្វះនូវគតិជ្រៅជ្រះអំពីព្រះជាម្ចាស់ ហើយពួកគេនៅមិនទាន់ច្បាស់អំពីហេតុផលដែលពួកគេគួរតែជឿលើព្រះជាម្ចាស់នៅឡើយទេ ទោះបីជានៅក្នុងចិត្តរបស់គេ ពួកគេមានគោលបំណង និងគំនិតច្បាស់ក៏ដោយ។ ពួកគេមិនខ្វល់ថាតើវាត្រឹមត្រូវឬអត់ក្នុងការជឿលើព្រះជាម្ចាស់ឡើយ។ កម្មវត្ថុ និងគោលបំណងដែលពួកគេស្វែងរក តាមរយៈជំនឿលើព្រះជាម្ចាស់ គឺជាការរីករាយនឹងព្រះគុណរបស់ទ្រង់ មានអំណរ និងសន្ដិភាព រស់នៅយ៉ាងសុខស្រួល រីករាយនឹងការមើលថែ និងការការពាររបស់ព្រះជាម្ចាស់ និងរស់នៅក្រោមព្រះពររបស់ព្រះជាម្ចាស់។ ពួកគេមិនខ្វល់ជាមួយកម្រិតដែលពួកគេត្រូវស្គាល់ព្រះជាម្ចាស់ឡើយ។ ពួកគេគ្មានការជំរុញចិត្ត ដើម្បីស្វែងរកការយល់ដឹងអំពីព្រះជាម្ចាស់ ហើយក៏មិនខ្វល់នឹងអ្វីដែលព្រះជាម្ចាស់កំពុងតែធ្វើ ឬអ្វីដែលទ្រង់សព្វព្រះហឫទ័យចង់ធ្វើនោះដែរ។ ពួកគេគ្រាន់តែស្វែងរកការសប្បាយនឹងព្រះគុណរបស់ទ្រង់ទាំងងងឹតងងល់ និងគិតតែចង់បានព្រះពររបស់ទ្រង់កាន់តែច្រើនប៉ុណ្ណោះ។ ពួកគេចង់ទទួលបានផលមួយរយភាគរយនៅក្នុងយុគសម័យបច្ចុប្បន្ន និងជីវិតអស់កល្បនៅយុគសម័យខាងមុខ។ គំនិតរបស់គេ កម្រិតដែលពួកគេលះបង់ខ្លួន ការពលីរបស់ពួកគេ ក៏ដូចជាទុក្ខវេទនារបស់ពួកគេ គឺសុទ្ធតែមានកម្មវត្ថុដូចគ្នា៖ ចង់ទទួលបានព្រះគុណ និងព្រះពររបស់ព្រះជាម្ចាស់។ ពួកគេមិនខ្វល់អំពីអ្វីផ្សេងទៀតឡើយ។ មនុស្សប្រភេទនេះប្រាកដច្បាស់តែរឿងថា ព្រះជាម្ចាស់អាចថែរក្សាមនុស្សឲ្យមានសុវត្ថិភាព និងប្រទានព្រះគុណរបស់ទ្រង់ដល់ពួកគេប៉ុណ្ណោះ។ គឺអាចនិយាយបានថា ពួកគេមិនចាប់អារម្មណ៍ ឬមិនដឹងច្បាស់អំពីហេតុផលដែលព្រះជាម្ចាស់ចង់សង្រ្គោះមនុស្ស ឬលទ្ធផលដែលព្រះជាម្ចាស់សព្វព្រះហឫទ័យចង់សម្រេចជាមួយព្រះបន្ទូល និងកិច្ចការរបស់ទ្រង់ឡើយ។ ពួកគេមិនដែលខំប្រឹងចង់ស្គាល់ពីសារជាតិ និងនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ឡើយ ហើយក៏គ្មានចំណាប់អារម្មណ៍ចង់ដឹងនោះដែរ។ ពួកគេគ្មានទំនោរចិត្តចាប់អារម្មណ៍រឿងទាំងនេះ ហើយក៏មិនចង់ដឹងចង់ឮទៀតដែរ។ ពួកគេមិនចង់សួរនាំអំពីកិច្ចការរបស់ព្រះជាម្ចាស់ អំពីលក្ខណៈរបស់ព្រះជាម្ចាស់ចំពោះមនុស្ស អំពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ ឬអំពីអ្វីមួយផ្សេងទាក់ទងនឹងព្រះជាម្ចាស់ឡើយ ហើយពួកគេក៏គ្មានចិត្តចង់សួរនាំអំពីរឿងទាំងនេះដែរ។ នេះគឺដោយសារតែពួកគេជឿថា រឿងទាំងនេះមិនទាក់ទងអ្វីជាមួយការរីករាយរបស់គេជាមួយព្រះគុណរបស់ព្រះ ហើយពួកគេខ្វល់តែជាមួយព្រះជាម្ចាស់ដែលមានទំនាក់ទំនងដោយផ្ទាល់ជាមួយផលប្រយោជន៍របស់គេ និងដែលអាចប្រទានព្រះគុណដល់មនុស្សប៉ុណ្ណោះ។ ពួកគេមិនចាប់អារម្មណ៍ទៅលើអ្វីផ្សេងឡើយ បើដូច្នេះ ពួកគេមិនអាចចូលទៅក្នុងតថភាពនៃសេចក្តីពិតបានឡើយ ទោះបីជាពួកគេបានជឿលើព្រះជាម្ចាស់ប៉ុន្មានឆ្នាំហើយក៏ដោយ។ បើគ្មាននរណាម្នាក់ផ្ដល់ទឹក ឬផ្ដល់អាហារដល់ពួកគេជាញឹកញាប់ទេ នោះវាពិបាកសម្រាប់ពួកគេក្នុងការបន្ដដើរនៅលើផ្លូវនៃជំនឿលើព្រះជាម្ចាស់ណាស់។ ប្រសិនបើពួកគេមិនអាចរីករាយនឹងសេចក្តីអំណរ និងសន្តិភាពចាស់ៗរបស់គេ ឬព្រះគុណរបស់ព្រះជាម្ចាស់ទេ នោះពួកគេមុខជាដើរចេញមិនខាន។ នេះគឺជាមនុស្សប្រភេទទីពីរ៖ មនុស្សដែលរស់នៅក្នុងដំណាក់កាលនៃទារកបំបៅដោះ។
ប្រភេទទីបី៖ ដំណាក់កាលនៃទារកផ្ដាច់ដោះ ឬដំណាក់កាលនៃកុមារតូច
មនុស្សក្រុមនេះមាននូវការយល់ដឹងច្បាស់លាស់មួយចំនួន។ ពួកគេដឹងថា ការរីករាយនឹងព្រះគុណរបស់ព្រះជាម្ចាស់មិនមែនមានន័យថា ពួកគេផ្ទាល់មាននូវបទពិសោធន៍ដ៏ពិតឡើយ ហើយពួកគេដឹងថា ទោះបីពួកគេមិនចេះនឿយណាយក្នុងការស្វែងរកអំណរ និងសន្ដិភាព ស្វែងរកព្រះគុណ ឬបើពួកគេអាចធ្វើបន្ទាល់តាមរយៈការចែកចាយបទពិសោធន៍របស់គេអំពីការរីករាយនឹងព្រះគុណរបស់ព្រះជាម្ចាស់ ឬដោយការសរសើរតម្កើងព្រះជាម្ចាស់ចំពោះព្រះពរដែលទ្រង់បានប្រទានដល់ពួកគេក៏ដោយ ក៏រឿងទាំងនេះមិនមែនមានន័យថា ពួកគេមានជីវិត ហើយក៏មិនមែនមានន័យថា ពួកគេមានតថភាពជាក់ស្ដែងអំពីសេចក្តីពិតនោះដែរ។ ដោយចាប់ផ្ដើមចេញពីមនសិការរបស់គេ ពួកគេឈប់រក្សាទុកសេចក្តីសង្ឃឹមដ៏រវើរវាយថា ព្រះគុណរបស់ព្រះជាម្ចាស់នឹងតាមជាមួយពួកគេទៀតហើយ ប៉ុន្តែ ផ្ទុយទៅវិញ នៅពេលដែលពួកគេរីករាយនឹងព្រះគុណរបស់ព្រះជាម្ចាស់ ពេលនោះពួកគេក៏ចង់ធ្វើអ្វីមួយសម្រាប់ព្រះជាម្ចាស់ដែរ។ ពួកគេព្រមបំពេញភារកិច្ចរបស់ពួកគេ ព្រមទ្រាំទ្រនឹងទុក្ខលំបាក និងភាពនឿយហត់បន្ដិចបន្ដួច ហើយព្រមចូលរួមសហការនៅកម្រិតណាមួយជាមួយព្រះជាម្ចាស់។ យ៉ាងណាមិញ ដោយសារតែការដេញតាមនៅក្នុងជំនឿរបស់គេលើព្រះជាម្ចាស់ ជាការដេញតាមក្លែងក្លាយ ដោយសារតែចេតនា និងបំណងប្រាថ្នាដែលពួកគេមាននោះខ្លាំងពេក ដោយសារតែនិស្ស័យរបស់ពួកគេក្រអឺតក្រទមខ្លាំងពេក ដូច្នេះ វាពិតជាពិបាកសម្រាប់ពួកគេក្នុងការបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ឬក៏មានស្វាមីភ័ក្ត្រចំពោះព្រះជាម្ចាស់។ ដូច្នេះ ជារឿយៗ ពួកគេមិនអាចសម្រេចបានបំណងប្រាថ្នារបស់ពួកគេ ឬក៏គោរពតាមពាក្យសន្យាដែលពួកគេបានធ្វើចំពោះព្រះជាម្ចាស់ឡើយ។ ជាញឹកញាប់ ពួកគេឃើញខ្លួនឯងស្ថិតនៅក្នុងសភាពផ្ទុយពីនេះទៅវិញ៖ ពួកគេចង់បំពេញតាមបំណងព្រះហឫទ័យព្រះជាម្ចាស់យ៉ាងខ្លាំង ប៉ុន្តែ ពួកគេបែរជាប្រើកម្លាំងទាំងអស់របស់ពួកគេមកប្រឆាំងនឹងទ្រង់ទៅវិញ ហើយជារឿយៗ ពួកគេស្បថស្បែចំពោះព្រះជាម្ចាស់ ប៉ុន្តែ ពួកគេបែរជាល្មើសសម្បថរបស់ពួកគេក្នុងពេលមួយរំពេចទៅវិញ។ ជាងនេះទៅទៀត ពួកគេរកឃើញខ្លួនឯងស្ថិតនៅក្នុងសភាពផ្ទុយមួយទៀត៖ ពួកគេជឿលើព្រះជាម្ចាស់យ៉ាងអស់ពីចិត្តស្មោះ ប៉ុន្តែ ពួកគេបែរជាបដិសេធទ្រង់ និងអ្វីៗគ្រប់យ៉ាងដែលចេញមកពីទ្រង់ទៅវិញ។ ពួកគេសង្ឃឹមយ៉ាងអន្ទះសាថា ព្រះជាម្ចាស់នឹងបំភ្លឺដល់ពួកគេ ដឹកនាំពួកគេ ផ្គត់ផ្គង់ពួកគេ និងជួយដល់ពួកគេ ប៉ុន្តែ ពួកគេបែរជានៅតែព្យាយាមធ្វើតាមផ្លូវរបស់ខ្លួនទៅវិញ។ ពួកគេចង់យល់ និងចង់ស្គាល់ព្រះជាម្ចាស់ ប៉ុន្តែ ពួកគេមិនព្រមចូលទៅជិតទ្រង់ឡើយ។ ផ្ទុយទៅវិញ ពួកគេតែងតែគេចចេញពីព្រះជាម្ចាស់ ហើយដួងចិត្តរបស់ពួកគេបានបិទមិនព្រមទទួលទ្រង់ឡើយ។ ទោះបីពួកគេមានការយល់ដឹង និងបទពិសោធន៍សើៗអំពីន័យត្រង់នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងនៃសេចក្តីពិត យល់ពីគោលគំនិតសើៗអំពីព្រះជាម្ចាស់ និងសេចក្តីពិតក៏ដោយ ក៏ពួកគេនៅតែមិនអាចបញ្ជាក់ ឬកំណត់ទាំងមិនដឹងខ្លួនថាតើព្រះជាម្ចាស់ជាសេចក្តីពិត ព្រមទាំងមិនអាចកំណត់ថា តើព្រះជាម្ចាស់ទ្រង់ពិតជាសុចរិតបានដដែល។ ពួកគេក៏មិនអាចកំណត់ពីភាពពិតប្រាកដនៃនិស្ស័យ និងសារជាតិរបស់ព្រះជាម្ចាស់ ព្រមទាំងព្រះវត្តមានដ៏ពិតរបស់ទ្រង់បានដែរ។ ជំនឿរបស់គេលើព្រះជាម្ចាស់តែងតែមានផ្ទុកនូវភាពសង្ស័យ និងការយល់ច្រឡំ ហើយក៏ផ្ទុកនូវការស្រមើស្រមៃ និងសញ្ញាណជាច្រើនដែរ។ នៅពេលដែលគេរីករាយនឹងព្រះគុណរបស់ព្រះជាម្ចាស់ ពួកគេក៏ដកពិសោធន៍ ឬអនុវត្តសេចក្តីពិតមួយចំនួនដែលពួកគេគិតថាអាចធ្វើកើត ដើម្បីបង្កើនជំនឿរបស់ពួកគេ ដើម្បីបន្ថែមបទពិសោធន៍របស់គេក្នុងការជឿលើព្រះជាម្ចាស់ ដើម្បីផ្ទៀងផ្ទាត់ការយល់ដឹងរបស់ពួកគេអំពីការជឿលើព្រះជាម្ចាស់ និងដើម្បីចម្អែតអំនួតដ៏ហួសហេតុរបស់គេ តាមរយៈការដើរនៅលើមាគ៌ាជីវិតដែលពួកគេផ្ទាល់បានតាំងឡើង និងសម្រេចភារកិច្ចដ៏សុចរិតសម្រាប់មនុស្សជាតិ។ ក្នុងពេលជាមួយគ្នានោះ ពួកគេក៏ធ្វើរឿងទាំងនេះ ដើម្បីបំពេញបំណងប្រាថ្នារបស់ពួកគេផ្ទាល់ ដើម្បីទទួលបានព្រះពរ ដែលជាផ្នែកមួយនៃការផ្សងសំណាងដែលពួកគេបានធ្វើ ដោយសង្ឃឹមទទួលបានព្រះពរកាន់តែធំសម្រាប់មនុស្ស និងដើម្បីសម្រេចមហិច្ឆតា ព្រមទាំងបំណងប្រាថ្នាពេញមួយជីវិតរបស់ពួកគេអំពីការមិនព្រមសម្រាកឡើយ លុះត្រាតែពួកគេទទួលបានព្រះជាម្ចាស់សិន។ មនុស្សទាំងនេះកម្រទទួលបានការបំភ្លឺរបស់ព្រះជាម្ចាស់ណាស់ ដ្បិតបំណងប្រាថ្នា និងចេតនារបស់ពួកគេក្នុងការទទួលបានព្រះពរ គឺសំខាន់ខ្លាំងណាស់ចំពោះពួកគេ។ ពួកគេគ្មានបំណងចង់បោះបង់វាចោលឡើយ ហើយពួកគេក៏មិនហ៊ានធ្វើវាដែរ។ ពួកគេខ្លាចថា បើគ្មានបំណងចង់ទទួលព្រះពរ បើគ្មានមហិច្ឆតាដ៏ជ្រាលជ្រៅអំពីការមិនព្រមសម្រាក រហូតទាល់តែពួកគេទទួលបានព្រះជាម្ចាស់ទេ នោះពួកគេនឹងបាត់បង់ការជំរុញចិត្តក្នុងការជឿលើព្រះជាម្ចាស់។ ដូច្នេះ ពួកគេមិនចង់ប្រឈមនឹងតថភាពពិតឡើយ។ ពួកគេមិនចង់ប្រឈមនឹងព្រះបន្ទូល ឬកិច្ចការរបស់ព្រះជាម្ចាស់ឡើយ។ ពួកគេមិនចង់ប្រឈមនឹងនិស្ស័យ ឬលក្ខណៈសំខាន់របស់ព្រះជាម្ចាស់ ហើយក៏មិនចង់លើកឡើងអំពីប្រធានបទនៃការស្គាល់ព្រះជាម្ចាស់ដែរ។ នេះគឺដោយសារតែនៅពេលដែលព្រះជាម្ចាស់ លក្ខណៈសំខាន់របស់ទ្រង់ និងនិស្ស័យដ៏សុចរិតរបស់ទ្រង់ ចូលមកជំនួសការស្រមើស្រមៃរបស់ពួកគេ នោះក្ដីសុបិនរបស់គេនឹងរលាយបាត់តាមផ្សែង ហើយជំនឿដែលគេចាត់ទុកថា បរិសុទ្ធ និង «បុណ្យកុសល» ដែលគេខំប្រឹងសន្សំអស់ពេលជាច្រើនឆ្នាំមកនោះ នឹងត្រូវរលាយសាបសូន្យ និងគ្មានន័យអ្វីឡើយ។ ដូចគ្នានេះដែរ «ដែនដី» ដែលពួកគេខំដណ្ដើមមក ដោយញើសឈាមរបស់ពួកគេអស់រយៈពេលជាច្រើនឆ្នាំ នឹងត្រូវដួលរលំ។ ការទាំងអស់នេះនឹងបញ្ជាក់ថា ការខំប្រឹងធ្វើការ និងការប្រឹងប្រែងជាច្រើនឆ្នាំរបស់ពួកគេបានក្លាយជាឥតប្រយោជន៍ ហើយថាពួកគេត្រូវតែចាប់ផ្ដើមម្ដងទៀតចេញពីបាតដៃទទេ។ នេះគឺជាការឈឺចាប់បំផុតសម្រាប់ពួកគេក្នុងការទទួលយកនៅក្នុងដួងចិត្តរបស់គេ ហើយវាជាលទ្ធផលដែលពួកគេមិនចង់ឃើញសោះឡើយ ដូច្នេះហើយបានជាពួកគេតែងតែជាប់គាំងនៅក្នុងភាពទ័លច្រកបែបនេះ ដោយមិនព្រមត្រឡប់ក្រោយឡើយ។ នេះគឺជាមនុស្សប្រភេទទីបី៖ មនុស្សដែលស្ថិតនៅក្នុងដំណាក់កាលនៃទារកផ្ដាច់ដោះ។
មនុស្សទាំងបីប្រភេទដែលបានពណ៌នាខាងលើ មានន័យថាមនុស្សដែលស្ថិតនៅក្នុងដំណាក់កាលទាំងបីនេះ មិនមានជំនឿដ៏ពិតណាមួយលើអត្តសញ្ញាណ និងឋានៈរបស់ព្រះជាម្ចាស់ ឬលើនិស្ស័យដ៏សុចរិតរបស់ទ្រង់ ហើយក៏មិនមានការទទួលស្គាល់ ឬការបញ្ជាក់ដ៏សុក្រឹត្យ និងច្បាស់លាស់អំពីការទាំងនេះដែរ។ ដូច្នេះ វាពិតជាពិបាកណាស់សម្រាប់មនុស្សទាំងបីប្រភេទនេះក្នុងការចូលទៅក្នុងតថភាពនៃសេចក្តីពិត ហើយក៏ពិបាកសម្រាប់ពួកគេក្នុងការទទួលបានសេចក្តីមេត្តាករុណា ការបំភ្លឺ ឬការពន្យល់របស់ព្រះជាម្ចាស់ដែរ ព្រោះអាកប្បកិរយាដែលពួកគេជឿលើព្រះជាម្ចាស់ និងឥរិយាបថយល់ច្រឡំរបស់ពួកគេចំពោះព្រះជាម្ចាស់ ធ្វើឲ្យព្រះជាម្ចាស់មិនអាចធ្វើការនៅក្នុងដួងចិត្តរបស់ពួកគេបានឡើយ។ ភាពសង្ស័យ ការយល់ច្រឡំ និងការស្រមើស្រមៃរបស់ពួកគេអំពីព្រះជាម្ចាស់ មានកម្រិតខ្ពស់ជាងជំនឿ និងចំណេះដឹងរបស់ពួកគេអំពីព្រះជាម្ចាស់ទៅទៀត។ ទាំងនេះគឺជាមនុស្សទាំងបីប្រភេទដែលងាយនឹងរងគ្រោះថ្នាក់ណាស់ ហើយដំណាក់កាលទាំងបីនេះក៏ជាដំណាក់កាលដ៏គ្រោះថ្នាក់ដែរ។ នៅពេលដែលមនុស្សម្នាក់បន្តមានចិត្តសង្ស័យចំពោះព្រះជាម្ចាស់ ចំពោះលក្ខណៈសំខាន់របស់ព្រះជាម្ចាស់ ចំពោះអត្តសញ្ញាណរបស់ព្រះជាម្ចាស់ ចំពោះការពិតថាតើព្រះជាម្ចាស់ជាសេចក្តីពិត និងភាពពិតជាក់ស្ដែងនៃអត្ថិភាពរបស់ទ្រង់ ហើយនៅពេលដែលពួកគេមិនប្រាកដច្បាស់អំពីរឿងទាំងនេះ តើពួកគេអាចទទួលយកអ្វីៗគ្រប់យ៉ាងដែលចេញមកពីព្រះជាម្ចាស់ដូចម្ដេចកើតទៅ? តើពួកគេអាចទទួលយកការពិតដែលថា ព្រះជាម្ចាស់ជាសេចក្តីពិត ជាផ្លូវ និងជាជីវិតបានយ៉ាងម៉េចទៅ? តើពួកគេអាចទទួលយកការវាយផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់បានយ៉ាងដូចម្ដេច? តើពួកគេអាចទទួលយកសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់បានដោយរបៀបណា? តើមនុស្សប្រភេទនេះអាចទទួលបានការចង្អុលបង្ហាញ និងការផ្គត់ផ្គង់ដ៏ពិតរបស់ព្រះជាម្ចាស់បានយ៉ាងដូចម្ដេច? អស់អ្នកដែលស្ថិតនៅក្នុងដំណាក់កាលទាំងបីនេះអាចប្រឆាំងនឹងព្រះជាម្ចាស់ វិនិច្ឆ័យលើព្រះជាម្ចាស់ ប្រមាថព្រះជាម្ចាស់ ឬក្បត់ព្រះជាម្ចាស់គ្រប់ពេលវេលា។ ពួកគេអាចបោះបង់ផ្លូវដ៏ពិត និងបោះបង់ព្រះជាម្ចាស់នៅគ្រប់ពេលវេលា។ គឺអាចនិយាយបានថា គេអាចនិយាយបានថាមនុស្សនៅក្នុងដំណាក់កាលទាំងបីនេះស្ថិតនៅក្នុងអំឡុងពេលដ៏សំខាន់បំផុត ព្រោះពួកគេមិនបានចូលទៅក្នុងផ្លូវដ៏ត្រឹមត្រូវនៃការជឿលើព្រះជាម្ចាស់ឡើយ។
ប្រភេទទីបួន៖ ដំណាក់កាលដែលកុមារកំពុងលូតលាស់ ឬកុមារភាព
ក្រោយពេលដែលបុគ្គលម្នាក់ត្រូវបានផ្ដាច់ដោះ មានន័យថា ក្រោយពេលពួកគេបានរីករាយនឹងព្រះគុណដ៏ច្រើនរួចមក ពួកគេចាប់ផ្ដើមរុករកមើលអត្ថន័យនៃការជឿលើព្រះជាម្ចាស់ ពួកគេចាប់ផ្ដើមចង់យល់អំពីសំណួរផ្សេងៗ ដូចជា ហេតុអ្វីបានជាមនុស្សមានជីវិតរស់? តើមនុស្សគួរតែរស់នៅយ៉ាងដូចម្ដេច? ហើយហេតុអ្វីបានជាព្រះជាម្ចាស់ធ្វើកិច្ចការរបស់ទ្រង់ចំពោះមនុស្ស? នៅពេលដែលគំនិតមិនច្បាស់លាស់ និងលំនាំគំនិតដ៏ច្របូកច្របល់ទាំងនេះ ផុសឡើង និងមាននៅក្នុងពួកគេ នោះពួកគេបន្តក៏ទទួលការស្រោចទឹក ហើយពួកគេក៏អាចបំពេញភារកិច្ចរបស់ពួកគេបានផងដែរ។ ក្នុងអំឡុងពេលនេះ ពួកគេលែងមានភាពសង្ស័យចំពោះសេចក្តីពិតអំពីអត្ថិភាពរបស់ព្រះជាម្ចាស់ទៀតហើយ ព្រោះពួកគេមានការយល់ដឹងដ៏សុក្រឹត្យអំពីអត្ថន័យនៃការជឿលើព្រះជាម្ចាស់។ នៅពីលើគ្រឹះមូលដ្ឋាននេះ ពួកគេទទួលបានចំណេះដឹងបន្ដិចម្ដងៗអំពីព្រះជាម្ចាស់ ហើយបន្ដិចម្ដងៗ ពួកគេទទួលបានចម្លើយខ្លះៗចំពោះគំនិតមិនច្បាស់លាស់ និងលំនាំគំនិតដ៏ច្របូកច្របល់របស់គេចំពោះនិស្ស័យ និងលក្ខណៈសំខានរបស់ព្រះជាម្ចាស់។ ទាក់ទងនឹងការផ្លាស់ប្ដូរនៅក្នុងនិស្ស័យ ក៏ដូចជាចំណេះដឹងរបស់ពួកគេអំពីព្រះជាម្ចាស់ មនុស្សនៅក្នុងដំណាក់កាលនេះចាប់ផ្ដើមដើរនៅលើផ្លូវដ៏ត្រឹមត្រូវ ហើយពួកគេចូលទៅក្នុងអំឡុងពេលអន្តរកាល។ គឺស្ថិតនៅក្នុងដំណាក់កាលនេះហើយ ដែលមនុស្សចាប់ផ្ដើមមានជីវិត។ ការចង្អុលបង្ហាញដ៏ច្បាស់អំពីការមានជីវិត គឺជាការឆ្លើយសំណួរម្ដងមួយៗទាក់ទងនឹងការស្គាល់ព្រះជាម្ចាស់ ដែលមនុស្សមាននៅក្នុងដួងចិត្តរបស់ពួកគេ ដូចជា ការយល់ច្រឡំ ការស្រមើស្រមៃ សញ្ញាណ និងនិយមន័យដ៏ស្រពេចស្រពិលអំពីព្រះជាម្ចាស់ ហើយពួកគេមិនគ្រាន់តែជឿយ៉ាងពិតប្រាកដ និងទទួលស្គាល់ពីតថភាពនៃអត្ថិភាពរបស់ព្រះជាម្ចាស់ប៉ុណ្ណោះទេ ប៉ុន្តែ ពួកគេក៏មាននូវនិយមន័យដ៏សុក្រឹត្យអំពីព្រះជាម្ចាស់ និងមានកន្លែងដ៏ត្រឹមត្រូវសម្រាប់ព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់ពួកគេដែរ ហើយការដើរតាមព្រះជាម្ចាស់យ៉ាងពិតប្រាកដ ជំនួសសេចក្តីជំនឿដ៏ស្រពេចស្រពិលរបស់ពួកគេ។ នៅក្នុងដំណាក់កាលនេះ មនុស្សចាប់ផ្ដើមដឹងបន្ដិចម្ដងៗអំពីការយល់ច្រឡំរបស់ពួកគេអំពីព្រះជាម្ចាស់ ព្រមទាំងដឹងអំពីការដេញតាម និងផ្លូវនៃជំនឿខុសឆ្គងរបស់ពួកគេដែរ។ ពួកគេចាប់ផ្ដើមស្រេកឃ្លានចង់បានសេចក្តីពិត ស្រេកឃ្លានចង់ដកពិសោធន៍នូវការជំនុំជម្រះ ការវាយផ្ចាល និងការប្រៀនប្រដៅរបស់ព្រះជាម្ចាស់ ព្រមទាំងស្រេកឃ្លានចង់បានការផ្លាស់ប្ដូរនៅក្នុងនិស្ស័យរបស់ពួកគេ។ បន្ដិចម្ដងៗ ក្នុងអំឡុងដំណាក់កាលនេះ ពួកគេលះបង់ចោលរាល់សញ្ញាណ និងការស្រមើស្រមៃអំពីព្រះជាម្ចាស់ ហើយក្នុងពេលជាមួយគ្នានោះ ពួកគេក៏ផ្លាស់ប្ដូរ និងកែតម្រូវចំណេះដឹងមិនត្រឹមត្រូវរបស់គេអំពីព្រះជាម្ចាស់ ព្រមទាំងទទួលយកចំណេះដឹងមូលដ្ឋានដ៏ត្រឹមត្រូវអំពីព្រះជាម្ចាស់វិញ។ ទោះបីជាផ្នែកមួយនៃចំណេះដឹងដែលមនុស្សក្នុងដំណាក់កាលនេះមាន មិនមានភាពជាក់លាក់ ឬសុក្រឹត្យក៏ដោយ ប៉ុន្តែ យ៉ាងហោចណាស់ ពួកគេចាប់ផ្ដើមបោះបង់ចោលបន្ដិចម្ដងៗនូវសញ្ញាណ ចំណេះដឹងខុសឆ្គង និងការយល់ច្រឡំរបស់គេអំពីព្រះជាម្ចាស់ ហើយពួកគេក៏លែងរក្សាទុកសញ្ញាណ និងការស្រមើស្រមៃរបស់គេអំពីព្រះជាម្ចាស់ទៀតដែរ។ ពួកគេចាប់ផ្ដើមរៀនពីរបៀបបោះបង់ គឺបោះបង់ចោលអ្វីៗដែលមាននៅក្នុងសញ្ញាណរបស់ពួកគេ អ្វីៗចេញពីចំណេះដឹង និងអ្វីៗមកពីសាតាំង ហើយពួកគេចាប់ផ្ដើមចុះចូលចំពោះអ្វីៗដែលត្រឹមត្រូវ និងវិជ្ជមាន ថែមទាំងចុះចូលចំពោះអ្វីៗដែលមកពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ព្រមទាំងប្រតិបត្តិតាមសេចក្តីពិតទៀតផង។ ពួកគេក៏ចាប់ផ្ដើមចង់ដកពិសោធន៍ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ចង់ដឹងដោយខ្លួនឯង និងអនុវត្តតាមព្រះបន្ទូលរបស់ទ្រង់ ចង់យកព្រះបន្ទូលរបស់ទ្រង់ ធ្វើជាគោលការណ៍សម្រាប់សកម្មភាពរបស់ពួកគេ ព្រមទាំងធ្វើមូលដ្ឋានសម្រាប់ការផ្លាស់ប្ដូរនិស្ស័យរបស់គេ។ ក្នុងអំឡុងពេលនេះ មនុស្សទទួលយកការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះជាម្ចាស់ដោយមិនដឹងខ្លួន ហើយពួកគេក៏ទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ជាជីវិតរបស់ពួកគេដោយមិនដឹងខ្លួនដែរ។ ខណៈពេលដែលពួកគេទទួលយកការជំនុំជម្រះ ការវាយផ្ចាល និងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ពួកគេកាន់តែមានចំណេះដឹង និងកាន់តែអាចដឹងថា ព្រះជាម្ចាស់ដែលពួកគេជឿនៅក្នុងដួងចិត្តរបស់ពួកគេ ពិតជាមានមែន។ នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ នៅក្នុងបទពិសោធន៍ និងជីវិតរបស់ពួកគេ ពួកគេកាន់តែមានអារម្មណ៍ថា ព្រះជាម្ចាស់តែងតែគ្រប់គ្រងលើវាសនារបស់មនុស្ស ហើយទ្រង់តែងតែដឹកនាំ និងផ្គត់ផ្គង់សម្រាប់តម្រូវការរបស់មនុស្សជានិច្ច។ តាមរយៈទំនាក់ទំនងរបស់ពួកគេជាមួយព្រះជាម្ចាស់ ពួកគេបញ្ជាក់អះអាងអំពីអត្ថិភាពរបស់ព្រះជាម្ចាស់បន្ដិចម្ដងៗ។ ដូច្នេះ មុនពេលដែលពួកគេដឹងខ្លួន ពួកគេបានយល់ស្របដោយឯកឯង ហើយចាប់ផ្ដើមជឿយ៉ាងមុតមាំលើកិច្ចការរបស់ព្រះជាម្ចាស់ ហើយពួកគេបានយល់ស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់។ នៅពេលដែលមនុស្សយល់ស្របតាមព្រះបន្ទូល និងកិច្ចការរបស់ព្រះជាម្ចាស់ នោះពួកគេបន្តលះកាត់ចិត្តខ្លួនឯង បដិសេធសញ្ញាណរបស់ពួកគេ បដិសេធចំណេះដឹងរបស់ពួកគេ បដិសេធការស្រមើស្រមៃរបស់ពួកគេ ហើយក្នុងពេលជាមួយគ្នានោះ ពួកគេក៏បន្តស្វែងរកអ្វីដែលជាសេចក្តីពិត និងអ្វីដែលជាព្រះហឫទ័យរបស់ព្រះជាម្ចាស់ដែរ។ ចំណេះដឹងរបស់មនុស្សអំពីព្រះជាម្ចាស់ហាក់ដូចជារាក់កំផែល ក្នុងអំឡុងពេលនៃការអភិវឌ្ឍនេះ។ ពួកគេមិនអាចបរិយាយជាពាក្យសម្ដីឲ្យបានច្បាស់លាស់អំពីចំណេះដឹងនេះទេ ហើយក៏មិនអាចបង្ហាញវានៅក្នុងសេចក្តីលម្អិតដែរ ព្រោះការយល់ដឹងរបស់ពួកគេ ផ្អែកលើទស្សនៈយល់ឃើញរបស់ពួកគេប៉ុណ្ណោះ។ យ៉ាងណាមិញ នៅពេលដែលប្រៀបធៀបជាមួយនឹងដំណាក់កាលទាំងបីមុន ជីវិតនៅក្មេងខ្ចីរបស់មនុស្សនៅក្នុងអំឡុងពេលនេះបានទទួលការស្រោចទឹក និងការផ្គត់ផ្គង់នៃព្រះបន្ទូលរបស់ព្រះជាម្ចាស់រួចហើយ ដូច្នេះ ពួកគេក៏បានចាប់ផ្ដើមដុះចេញជាពន្លកមក។ ជីវិតរបស់ពួកគេប្រៀបដូចជាគ្រាប់ពូជមួយដែលត្រូវបានកប់នៅក្នុងដី ហើយក្រោយពេលទទួលបានសំណើម និងជីវជាតិ នោះវានឹងដុះឡើងផុតពីដី ហើយពន្លករបស់វានឹងតំណាងឲ្យកំណើតនៃជីវិតថ្មី។ កំណើតនេះជួយឲ្យគេមើលឃើញពីទីសម្គាល់នៃជីវិត។ នៅពេលដែលមនុស្សមានជីវិត ពួកគេក៏លូតលាស់ឡើង។ ដូច្នេះ ចេញពីគ្រឹះមូលដ្ឋានទាំងនេះ វានាំពួកគេឲ្យដើរនៅលើផ្លូវដ៏ត្រឹមត្រូវនៃការជឿលើព្រះជាម្ចាស់បន្ដិចម្ដងៗ ហើយបោះបង់ចោលសញ្ញាណរបស់ខ្លួន ព្រមទាំងទទួលបានការចង្អុលបង្ហាញពីព្រះជាម្ចាស់ ដូច្នេះ ជីវិតរបស់មនុស្សនឹងចម្រើនឡើងបន្ដិចម្ដងៗ ដោយចៀសមិនផុត។ តើការលូតលាស់នេះត្រូវបានវាស់វែងលើខ្នាតមូលដ្ឋានអ្វីទៅ? វាត្រូវបានវាស់វែងស្របតាមបទពិសោធន៍របស់បុគ្គលជាមួយព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងការយល់ដឹងដ៏ពិតរបស់គេអំពីនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់។ ទោះបីពួកគេមានការពិបាកក្នុងការប្រើប្រាស់ពាក្យពេចន៍ ដើម្បីពណ៌នាយ៉ាងសុក្រឹត្យអំពីចំណេះដឹងរបស់គេទាក់ទងនឹងព្រះជាម្ចាស់ និងលក្ខណៈសំខាន់របស់ទ្រង់នៅក្នុងអំឡុងពេលនៃការលូតលាស់នេះក៏ដោយ ប៉ុន្តែ មនុស្សក្រុមនេះលែងដេញតាមការសប្បាយភ្លើតភ្លើន តាមរយៈការរីករាយនឹងព្រះគុណរបស់ព្រះជាម្ចាស់ ឬជឿលើព្រះជាម្ចាស់ ដើម្បីដេញតាមគោលបំណងរបស់គេដែលចង់បានតែព្រះគុណតទៅទៀតឡើយ។ ផ្ទុយទៅវិញ ពួកគេព្រមដេញតាមជីវិតមួយដែលរស់នៅតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងក្លាយជាកម្មវត្ថុនៃសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់វិញ។ លើសពីនេះទៅទៀត ពួកគេមានទំនុកចិត្ត និងត្រៀមខ្លួនទទួលយកការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះជាម្ចាស់។ នេះគឺជាសញ្ញាដែលបង្ហាញថា បុគ្គលម្នាក់ស្ថិតនៅក្នុងដំណាក់កាលនៃការលូតលាស់។
ទោះបីមនុស្សស្ថិតនៅក្នុងដំណាក់កាលនេះ មានចំណេះដឹងខ្លះអំពីនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ក៏ដោយ ក៏ចំណេះដឹងនេះមានលក្ខណៈស្រពេចស្រពិល និងមិនច្បាស់លាស់ដែរ។ ទោះបីពួកគេមិនអាចពណ៌នាបានយ៉ាងច្បាស់អំពីសេចក្តីទាំងនេះក៏ដោយ ប៉ុន្តែ ពួកគេមានអារម្មណ៍ថា ពួកគេបានទទួលយកអ្វីមួយចូលក្នុងចិត្តរបស់ពួកគេរួចហើយ ព្រោះថាពួកគេបានទទួលចំណេះដឹង និងការយល់ដឹងនៅកម្រិតណាមួយអំពីនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ តាមរយៈការវាយផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់។ យ៉ាងណាមិញ ចំណេះដឹងទាំងអស់នេះនៅរាក់កំផែលប៉ុណ្ណោះ ហើយវានៅតែស្ថិតក្នុងដំណាក់កាលបឋមនៅឡើយទេ។ មនុស្សក្រុមនេះមានទស្សនៈជាក់លាក់ដែលពួកគេមានចំពោះព្រះគុណរបស់ព្រះជាម្ចាស់ ដែលត្រូវបានស្ដែងចេញនៅក្នុងការផ្លាស់ប្ដូរចំពោះវត្ថុដែលពួកគេដេញតាម និងរបៀបដែលពួកគេដេញតាមវត្ថុទាំងនោះ។ ពួកគេបានមើលឃើញនៅក្នុងព្រះបន្ទូល និងកិច្ចការរបស់ព្រះជាម្ចាស់ នៅក្នុងគ្រប់លក្ខខណ្ឌរបស់ទ្រង់ចំពោះមនុស្ស និងនៅក្នុងការបើកសម្ដែងរបស់ទ្រង់ចំពោះមនុស្សថា បើពួកគេនៅតែមិនដេញតាមសេចក្តីពិត បើគេនៅតែមិនព្យាយាមចូលក្នុងការពិត បើគេនៅតែមិនព្យាយាមបំពេញតាមបំណងព្រះហឫទ័យ និងស្គាល់ព្រះជាម្ចាស់ នៅពេលដែលគេដកពិសោធន៍ព្រះបន្ទូលរបស់ទ្រង់ទេ នោះពួកគេនឹងបាត់បង់អត្ថន័យនៃការជឿលើព្រះជាម្ចាស់មិនខាន។ ពួកគេមើលឃើញថា ទោះបីជាពួកគេរីករាយនឹងព្រះគុណរបស់ព្រះជាម្ចាស់យ៉ាងច្រើនបែបណាក៏ដោយ ក៏ពួកគេមិនអាចផ្លាស់ប្ដូរនិស្ស័យរបស់គេ មិនអាចបំពេញតាមបំណងព្រះហឫទ័យទ្រង់ ឬស្គាល់ព្រះជាម្ចាស់បានដែរ ហើយបើមនុស្សបន្តរស់នៅក្រោមព្រះគុណរបស់ព្រះជាម្ចាស់ នោះពួកគេនឹងមិនទទួលបានការលូតលាស់ ទទួលបានជីវិត ឬអាចទទួលបានសេចក្តីសង្រ្គោះនោះឡើយ។ ជារួមមក ប្រសិនបើមនុស្សមិនអាចដកពិសោធន៍ព្រះបន្ទូលរបស់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ និងមិនអាចស្គាល់ព្រះជាម្ចាស់តាមរយៈព្រះបន្ទូលរបស់ទ្រង់ទេ នោះពួកគេនឹងបន្តស្ថិតនៅក្នុងដំណាក់កាលជាទារកជារៀងរហូត ហើយមិនដែលបោះជំហានឆ្ពោះទៅរកការលូតលាស់នៃជីវិតរបស់ពួកគេឡើយ។ ប្រសិនបើអ្នកស្ថិតនៅក្នុងដំណាក់កាលជាទារកជារៀងរហូត បើអ្នកមិនដែលចូលទៅក្នុងតថភាពនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ បើអ្នកមិនដែលមានព្រះបន្ទូលរបស់ព្រះជាម្ចាស់ ជាជីវិតរបស់អ្នក បើអ្នកមិនដែលមានជំនឿ និងចំណេះដឹងដ៏ពិតអំពីព្រះជាម្ចាស់ទេ តើអ្នកអាចមានលទ្ធភាពឲ្យព្រះជាម្ចាស់ប្រោសឲ្យគ្រប់លក្ខណ៍បានដែរឬ? ដូច្នេះ អស់អ្នកណាដែលចូលក្នុងតថភាពនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ អស់អ្នកណាដែលទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ជាជីវិតរបស់គេ អស់អ្នកណាដែលចាប់ផ្ដើមទទួលយកការវាយផ្ចាល និងការជំនុំជម្រះរបស់ព្រះជាម្ចាស់ និងអស់អ្នកណាដែលមានដួងចិត្តដែលស្រេកឃ្លានចង់បានសេចក្តីពិត ដែលមានបំណងចង់ស្គាល់ព្រះជាម្ចាស់ និងដែលមានបំណងទទួលយកសេចក្តីសង្រ្គោះរបស់ព្រះជាម្ចាស់ គឺពួកគេនោះហើយជាមនុស្សដែលមានជីវិតដ៏ពិតប្រាកដ។ នេះគឺជាមនុស្សប្រភេទទីបួន ដែលជាកុមារកំពុងលូតលាស់ ជាបុគ្គលស្ថិតនៅក្នុងដំណាក់កាលកុមារភាព។
ប្រភេទទីប្រាំ៖ ដំណាក់កាលនៃជីវិតចាស់ទុំ ឬដំណាក់កាលមនុស្សពេញវ័យ
ក្រោយពេលដកពិសោធន៍ និងដើរតេះតោះ ឆ្លងកាត់ដំណាក់កាលកុមារភាព ដំណាក់កាលនៃការលូតលាស់ដែលពេញដោយការដួលក្រោកៗម្ដងហើយម្ដងទៀត នោះជីវិតរបស់មនុស្សចាប់ផ្ដើមមានលំនឹង ល្បឿនដើរទៅមុខរបស់គេលែងបង្អង់ ហើយគ្មាននរណាម្នាក់អាចបង្អាក់ពួកគេបានឡើយ។ ទោះបីផ្លូវខាងមុខនៅតែមានភាពរដិបរដុបក៏ដោយ ក៏ពួកគេលែងទន់ខ្សោយ លែងភ័យខ្លាច លែងដើររាវ ឬបាត់បង់ការអត់ទ្រាំទៀតដែរ។ គ្រឹះមូលដ្ឋានរបស់គេត្រូវបានចាក់ឫសយ៉ាងជ្រៅក្នុងបទពិសោធន៍ដ៏ពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយដួងចិត្តរបស់គេបានជាប់ចិត្តនឹងភាពថ្លៃថ្នូរ និងភាពធំធេងរបស់ព្រះជាម្ចាស់។ ពួកគេស្រេកឃ្លានចង់ដើរតាមដានព្រះបាទារបស់ព្រះជាម្ចាស់ ស្រេកឃ្លានចង់ដឹងអំពីលក្ខណៈសំខាន់របស់ព្រះជាម្ចាស់ និងស្រេកឃ្លានចង់ដឹងអ្វីៗគ្រប់យ៉ាងអំពីព្រះជាម្ចាស់។
មនុស្សនៅក្នុងដំណាក់កាលនេះដឹងយ៉ាងច្បាស់រួចទៅហើយថាពួកគេជឿលើនរណា ដឹងយ៉ាងច្បាស់អំពីហេតុផលដែលគេគួរតែជឿលើព្រះជាម្ចាស់ និងអត្ថន័យនៃជីវិតរបស់ពួកគេ ហើយពួកគេដឹងយ៉ាងច្បាស់ថា អ្វីៗគ្រប់យ៉ាងដែលព្រះជាម្ចាស់បង្ហាញ គឺសុទ្ធតែជាសេចក្តីពិត។ នៅក្នុងបទពិសោធន៍ជាច្រើនឆ្នាំរបស់គេ ពួកគេទទួលស្គាល់ថា បើគ្មានការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះជាម្ចាស់ទេ នោះមនុស្សនឹងមិនអាចបំពេញតាមបំណងព្រះហឫទ័យរបស់ទ្រង់ ឬស្គាល់ព្រះជាម្ចាស់បានឡើយ ហើយពួកគេក៏នឹងមិនអាចចូលទៅចំពោះព្រះជាម្ចាស់យ៉ាងពិតប្រាកដបានដែរ។ នៅក្នុងដួងចិត្តរបស់មនុស្សទាំងនេះ គឺជាបំណងប្រាថ្នាដ៏រឹងមាំមួយ ដែលត្រូវបានល្បងលដោយព្រះជាម្ចាស់ ដើម្បីឲ្យពួកគេអាចមើលឃើញពីនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ក្នុងពេលកំពុងល្បងល ហើយទទួលបានសេចក្តីស្រឡាញ់កាន់តែបរិសុទ្ធ ហើយក្នុងពេលដូចគ្នានោះ គេក៏អាចយល់ និងស្គាល់ព្រះជាម្ចាស់កាន់តែពិតប្រាកដដែរ។ មនុស្សនៅក្នុងដំណាក់កាលនេះ បានលាចាកផុតពីដំណាក់កាលទារក និងដំណាក់កាលនៃការរីករាយនឹងព្រះគុណរបស់ព្រះជាម្ចាស់ និងការបរិភោគនំប៉័ងរបស់គេដល់ឆ្អែត។ ពួកគេលែងដាក់សេចក្តីសង្ឃឹមដ៏ផ្ដេសផ្ដាសក្នុងការធ្វើឲ្យព្រះជាម្ចាស់អត់ឱន និងបង្ហាញសេចក្តីមេត្តាករុណាចំពោះពួកគេទៀតហើយ ប៉ុន្តែ ផ្ទុយទៅវិញ ពួកគេមានទំនុកចិត្តក្នុងការទទួលយក ហើយសង្ឃឹមចង់បានការវាយផ្ចាល និងការជំនុំជម្រះដ៏ឥតឈប់របស់ព្រះជាម្ចាស់ ក្នុងចេតនាចង់ញែកខ្លួនពួកគេចេញពីនិស្ស័យដ៏ពុករលួយរបស់ពួកគេ និងចង់បំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ ចំណេះដឹងរបស់ពួកគេអំពីព្រះជាម្ចាស់ និងការដេញតាមរបស់ពួកគេ ឬគោលដៅចុងក្រោយនៃការដេញតាមរបស់ពួកគេ មានភាពច្បាស់លាស់នៅក្នុងដួងចិត្តរបស់ពួកគេ។ ដូច្នេះ មនុស្សនៅក្នុងដំណាក់កាលពេញវ័យ បានបញ្ចប់ការលាគ្នាទាំងស្រុងទៅកាន់ដំណាក់កាលនៃសេចក្តីជំនឿដ៏ស្រពេចស្រពិលទៅកាន់ដំណាក់កាលនៃភាពមិនច្បាស់លាស់ ទៅកាន់ដំណាក់កាលនៃការរាវព្រាវ ទៅកាន់ដំណាក់កាលនៃការគ្មានផ្លូវដើរជាញឹកញាប់ ទៅកាន់អំឡុងពេលគ្មានលំនឹងនៃការផ្លាស់ប្ដូររវាងក្ដៅភ្លាមៗ និងត្រជាក់ភ្លាមៗ ព្រមទាំងទៅកាន់ដំណាក់កាលដែលមនុស្សដើរតាមព្រះជាម្ចាស់ទាំងបិទភ្នែក។ មនុស្សប្រភេទនេះទទួលបានការបំភ្លឺ និងការស្រាយពន្យល់របស់ព្រះជាម្ចាស់ជាញឹកញាប់ ហើយចូលរួមនៅក្នុងទំនាក់ទំនង និងការប្រាស្រ័យទាក់ទងដ៏ពិតជាមួយព្រះជាម្ចាស់។ គេអាចនិយាយបានថា មនុស្សដែលរស់នៅក្នុងដំណាក់កាលនេះ បានយល់ផ្នែកខ្លះនៃព្រះហឫទ័យរបស់ព្រះជាម្ចាស់ ថាគេអាចរកឃើញគោលការណ៍នៃសេចក្តីពិតនៅក្នុងអ្វីគ្រប់យ៉ាងដែលពួកគេធ្វើ ហើយថាពួកគេដឹងអំពីរបៀបបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ លើសពីនេះទៅទៀត ពួកគេក៏បានរកឃើញផ្លូវទៅស្គាល់ព្រះជាម្ចាស់ និងបានចាប់ផ្ដើមធ្វើបន្ទាល់អំពីចំណេះដឹងរបស់ពួកគេអំពីព្រះជាម្ចាស់ដែរ។ នៅក្នុងអំឡុងដំណើរការនៃការលូតលាស់បន្ដិចម្ដងៗនេះ ពួកគេទទួលបានការយល់ដឹង និងចំណេះដឹងបន្ដិចម្ដងៗអំពីព្រះហឫទ័យរបស់ព្រះជាម្ចាស់នៅក្នុងការបង្កើតមនុស្ស និងនៅក្នុងការគ្រប់គ្រងមនុស្ស។ បន្ដិចម្ដងៗ ពួកគេក៏ទទួលបានការយល់ដឹង និងចំណេះដឹងអំពីនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ ទាក់ទងនឹងលក្ខណៈសំខាន់ដែរ។ គ្មានសញ្ញាណ ឬការស្រមើស្រមៃរបស់មនុស្សណាម្នាក់អាចមកជំនួសចំណេះដឹងនេះបានឡើយ។ ខណៈពេលដែលពួកគេមិនអាចនិយាយថា នៅក្នុងដំណាក់កាលទីប្រាំនេះ ជីវិតរបស់មនុស្សមានភាពពេញវ័យទាំងស្រុង ឬថាមនុស្សនេះសុចរិត ឬពេញខ្នាតក៏ដោយ ប៉ុន្តែ មនុស្សប្រភេទនេះបានបោះជំហានឆ្ពោះទៅរកដំណាក់កាលនៃភាពពេញវ័យនៅក្នុងជីវិត និងអាចចូលទៅចំពោះព្រះភ័ក្ត្ររបស់ព្រះជាម្ចាស់ ឈរមុខទល់នឹងមុខជាមួយព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងជាមួយព្រះជាម្ចាស់។ ដោយសារតែមនុស្សប្រភេទនេះបានដកពិសោធន៍ជាច្រើនអំពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ បានដកពិសោធន៍នូវទុក្ខលំបាករាប់មិនអស់ និងបានដកពិសោធន៍នូវការប្រៀនប្រដៅ ការជំនុំជម្រះ និងការវាយផ្ចាលជាច្រើនឥតគណនាពីព្រះជាម្ចាស់ ដូច្នេះ ការចុះចូលរបស់ពួកគេចំពោះព្រះជាម្ចាស់ គឺមិនប្រែប្រួលឡើយ ប៉ុន្តែជាការចុះចូលទាំងស្រុងតែម្ដង។ ចំណេះដឹងរបស់ពួកគេអំពីព្រះជាម្ចាស់បានផ្លាស់ប្រែពីចំណេះដឹងមិនច្បាស់លាស់ ទៅជាចំណេះដឹងច្បាស់លាស់ និងត្រឹមត្រូវ ផ្លាស់ប្រែពីចំណេះដឹងរាក់ៗ ទៅជាចំណេះដឹងស៊ីជម្រៅ ហើយផ្លាស់ប្រែពីចំណេះដឹងបែបព្រិលៗ និងស្រពេចស្រពិល ទៅជាចំណេះដឹងដ៏ល្អិតល្អន់ និងពិតជាក់ស្ដែង។ ពួកគេបានបោះជំហានទៅមុខ ចេញពីការស្វែងរកចំណេះដឹងបែបរាវៗ និងអកម្ម ទៅជាការធ្វើបន្ទាល់បែបប្រុងប្រៀបជាមុន។ គឺអាចនិយាយបានថា មនុស្សនៅក្នុងដំណាក់កាលនេះមានតថភាពនៃសេចក្តីពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថាពួកគេបានដើរនៅលើផ្លូវទៅរកការប្រោសឲ្យគ្រប់លក្ខណ៍ ដូចជាផ្លូវដែលលោកពេត្រុសបានដើរដែរ។ នេះគឺជាមនុស្សប្រភេទទីប្រាំ ជាអ្នកដែលរស់នៅក្នុងសភាពនៃភាពពេញវ័យ ដែលជាដំណាក់កាលរបស់មនុស្សធំ។
ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៣