ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ V
ភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ (II)
បងប្អូនប្រុសស្រីអើយ នៅថ្ងៃនេះ ចូរយើងច្រៀងទំនុកតម្កើងមួយបទជាមួយគ្នា។ ចូររកបទមួយដែលអ្នករាល់គ្នាចូលចិត្ត ហើយចូរច្រៀងបទនោះជាទៀងទាត់។ (យើងចង់ច្រៀងបទទំនុកតម្កើងចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «សេចក្តីស្រឡាញ់ដ៏បរិសុទ្ធ ដោយឥតសៅហ្មង»។)
១ «សេចក្តីស្រឡាញ់» គឺសំដៅលើមនោសញ្ចេតនាដ៏បរិសុទ្ធ និងឥតសៅហ្មង ជាទីដែលអ្នកប្រើដួងចិត្តរបស់អ្នក ដើម្បីស្រឡាញ់ ដើម្បីសម្តែងអារម្មណ៍ និងដើម្បីគិតពិចារណា។ នៅក្នុងសេចក្តីស្រឡាញ់ គ្មានលក្ខខណ្ឌ គ្មានរនាំងខណ្ឌចែក និងគ្មានគម្លាតនោះទេ។ នៅក្នុងសេចក្តីស្រឡាញ់ គ្មានមន្ទិលសង្ស័យគ្មានការបោកបញ្ឆោត និងគ្មានកលល្បិចនោះទេ។ នៅក្នុងសេចក្តីស្រឡាញ់ គ្មានទេគម្លាតពីគ្នា និងគ្មានភាពមន្ទិលសៅហ្មងឡើយ។ បើអ្នកស្រឡាញ់ នោះអ្នកនឹងមិនបោកបញ្ចោត ត្អូញត្អែ ផិតក្បត់ បះបោរ ទាមទារ ឬស្វែងរកផលប្រយោជន៍អ្វីមួយឬដើម្បីទទួលបានលាភសក្ការៈក្នុងចំនួនណាមួយឡើយ។
២ «សេចក្តីស្រឡាញ់» គឺសំដៅលើមនោសញ្ចេតនាដ៏បរិសុទ្ធ និងឥតសៅហ្មង ជាទីដែលអ្នកប្រើដួងចិត្តរបស់អ្នក ដើម្បីស្រឡាញ់ ដើម្បីសម្តែងអារម្មណ៍ និងដើម្បីគិតពិចារណា។ នៅក្នុងសេចក្តីស្រឡាញ់ គ្មានលក្ខខណ្ឌ គ្មានរនាំងខណ្ឌចែក និងគ្មានគម្លាតនោះទេ។ នៅក្នុងសេចក្តីស្រឡាញ់ គ្មានមន្ទិលសង្ស័យគ្មានការបោកបញ្ឆោត និងគ្មានកលល្បិចនោះទេ។ នៅក្នុងសេចក្តីស្រឡាញ់ គ្មានទេគម្លាតពីគ្នា និងគ្មានភាពមន្ទិលសៅហ្មងឡើយ។ បើអ្នកស្រឡាញ់ នោះអ្នកនឹងលះបង់ខ្លួនឯង ដោយក្តីរីករាយ សុខចិត្តរងការលំបាក ដោយក្តីរីករាយ អ្នកនឹងមានការចុះសម្រុងជាមួយនឹងខ្ញុំ អ្នកនឹងបោះបង់ចោលអ្វីទាំងអស់ដែលអ្នកមានដើម្បីខ្ញុំ អ្នកនឹងលះបង់គ្រួសាររបស់អ្នក អនាគតរបស់អ្នក យុវភាពរបស់អ្នក និងជីវិតអាពាហ៍ពិពាហ៍របស់អ្នក។ ពុំនោះសោត ក្តីស្រឡាញ់របស់អ្នក នឹងមិនមែនជាក្តីស្រឡាញ់ដែលពិតប្រាកដនោះទេ គ្រាន់តែជាការបោកបញ្ឆោត និងការផិតក្បត់ប៉ុណ្ណោះ!
បទទំនុកតម្កើងនេះគឺជាជម្រើសមួយដ៏ល្អ។ តើអ្នករាល់គ្នារីករាយក្នុងការច្រៀងបទនេះដែរឬទេ? (រីករាយ។) តើអ្នករាល់គ្នាមានអារម្មណ៍ដូចម្ដេចដែរ ក្រោយពេលច្រៀងបទនេះហើយ? តើអ្នកអាចមានអារម្មណ៍អំពីសេចក្តីស្រឡាញ់ប្រភេទនេះនៅក្នុងដួងចិត្តរបស់អ្នកទេ? (មិនទាន់ទេ។) តើពាក្យពេចន៍ណាខ្លះនៅក្នុងបទចម្រៀងនេះដែលធ្វើឲ្យអ្នករំជួលចិត្តបំផុតនោះ? (នៅក្នុងសេចក្តីស្រឡាញ់ គ្មានលក្ខខណ្ឌ គ្មានរនាំងខណ្ឌចែក និងគ្មានគម្លាតនោះទេ។ នៅក្នុងសេចក្តីស្រឡាញ់ គ្មានមន្ទិលសង្ស័យគ្មានការបោកបញ្ឆោត គ្មានការដោះដូរ និងគ្មានកលល្បិចនោះទេ។ នៅក្នុងសេចក្តីស្រឡាញ់ វាគ្មានជម្រើស និងគ្មានភាពមិនបរិសុទ្ធទេ។ ប៉ុន្តែ នៅក្នុងដួងចិត្តរបស់ខ្ញុំ ខ្ញុំនៅឃើញមានភាពមិនបរិសុទ្ធជាច្រើនទៀត និងឃើញមានផ្នែកជាច្រើនរបស់ខ្ញុំដែលព្យាយាមចរចាជាមួយព្រះជាម្ចាស់។ ខ្ញុំមិនទាន់បានទទួលប្រភេទនៃសេចក្តីស្រឡាញ់ដែលបរិសុទ្ធ និងឥតសៅហ្មងនៅឡើយទេ។) ប្រសិនបើអ្នកមិនទាន់បានទទួលសេចក្តីស្រឡាញ់ដ៏បរិសុទ្ធ ដោយឥតសៅហ្មង អញ្ចឹង សេចក្តីស្រឡាញ់របស់អ្នកស្ថិតនៅកម្រិតណាទៅ? (ខ្ញុំគ្រាន់តែស្ថិតនៅដំណាក់កាលមួយដែលខ្ញុំព្រមស្វែងរក និងស្រេកឃ្លានយ៉ាងខ្លាំងប៉ុណ្ណោះ។) ដោយផ្អែកលើកម្ពស់របស់អ្នក និងការនិយាយចេញពីបទពិសោធន៍របស់អ្នក តើអ្នកបានទទួលបានកម្រិតណាហើយ? តើអ្នកមានការបោកបញ្ឆោតដែរឬទេ? តើអ្នកមានការរអ៊ូរទាំដែរឬទេ? (ពិតជាមាន។) តើអ្នកមានការទាមទារចង់បាននៅក្នុងដួងចិត្តរបស់អ្នកដែរឬទេ? តើមានអ្វីដែលអ្នកប្រាថ្នាចង់បានពីព្រះជាម្ចាស់ដែរឬទេ? (ខ្ញុំមានចំណុចអាក្រក់ទាំងនេះនៅក្នុងដួងចិត្តរបស់ខ្ញុំ។) តើចំណុចអាក្រក់ទាំងនោះលេចចេញមកខាងក្រៅនៅក្នុងកាលៈទេសៈអ្វីខ្លះទៅ? (នៅពេលដែលស្ថានភាពដែលព្រះជាម្ចាស់បានរៀបចំសម្រាប់ខ្ញុំ មិនស្របតាមសញ្ញាណរបស់ខ្ញុំ ឬនៅពេលដែលបំណងប្រាថ្នារបស់ខ្ញុំមិនត្រូវបានបំពេញ៖ គឺនៅក្នុងពេលនេះហើយ ដែលខ្ញុំបង្ហាញចេញនូវនិស្ស័យដ៏ពុករលួយនេះ។) បងប្អូនប្រុសស្រីដែលមកពីតៃរ៉ាន់ តើអ្នករាល់គ្នាច្រៀងបទទំនុកតម្កើងនេះជាញឹកញាប់ដែរឬ? តើអ្នកអាចនិយាយបន្ដិចបានទេអំពីរបៀបដែលអ្នករាល់គ្នាយល់អំពី «សេចក្តីស្រឡាញ់ដ៏បរិសុទ្ធ ដោយឥតសៅហ្មង»? ហេតុអ្វីបានជាព្រះជាម្ចាស់កំណត់និយមន័យសេចក្តីស្រឡាញ់បែបនេះ? (ខ្ញុំចូលចិត្តបទទំនុកតម្កើងនេះខ្លាំងណាស់ ដោយសារតែតាមរយៈបទនេះ ខ្ញុំអាចមើលឃើញថា សេចក្តីស្រឡាញ់នេះជាសេចក្តីស្រឡាញ់ដ៏គ្រប់លក្ខណ៍។ យ៉ាងណាមិញ ខ្ញុំនៅតែមានចំណុចខ្វះខាតជាច្រើនទៀត ដើម្បីបំពេញតាមបទដ្ឋាននេះ ហើយខ្ញុំនៅមិនទាន់មានសេចក្តីស្រឡាញ់ដ៏ពិតនៅឡើយទេ។ មានចំណុចខ្លះដែលខ្ញុំអាចធ្វើការកែលម្អ និងសហការ តាមរយៈកម្លាំងដែលព្រះបន្ទូលរបស់ទ្រង់ប្រទានដល់ខ្ញុំ និងតាមរយៈការអធិស្ឋាន។ យ៉ាងណាមិញ នៅពេលដែលជួបទុក្ខលំបាក ឬការបើកសម្ដែងខ្លះ ខ្ញុំមានអារម្មណ៍ថា ខ្ញុំមិនមានអនាគត ឬជោគវាសនា និងមានអារម្មណ៍ទៀតថា ខ្ញុំគ្មានទិសដៅឡើយ។ នាពេលនោះ ខ្ញុំមានអារម្មណ៍ទន់ខ្សោយ ហើយបញ្ហានេះតាមរំខានខ្ញុំជាញឹកញាប់។) តើអ្នកកំពុងតែសំដៅទៅលើអ្វី នៅពេលដែលអ្នកនិយាយថា «អនាគត និងជោគវាសនា»? តើអ្នកកំពុងតែសំដៅលើអ្វីមួយជាក់លាក់ឬ? តើវាជារូបភាព ឬអ្វីមួយដែលអ្នកបានស្រមើស្រមៃ ឬក៏អនាគត និងជោគវាសនារបស់អ្នក ជាអ្វីមួយដែលអ្នកអាចមើលឃើញយ៉ាងច្បាស់? តើវាជាកម្មវត្ថុដ៏ពិតមួយឬ? ខ្ញុំចង់ឲ្យអ្នករាល់គ្នាម្នាក់ៗគិតអំពីរឿងនេះ៖ តើអ្នករាល់គ្នាមានការខ្វល់ខ្វាយអ្វីខ្លះសម្រាប់អនាគត និងជោគវាសនារបស់អ្នក? (វាជាការដែលអាចទទួលបានសេចក្តីសង្រ្គោះ ដើម្បីឲ្យខ្ញុំបានរួចជីវិត។) ចុះចំណែក បងប្អូនប្រុសស្រីផ្សេងទៀត សូមនិយាយបន្ដិចមកអំពីការយល់ដឹងរបស់អ្នកអំពី «សេចក្តីស្រឡាញ់ដ៏បរិសុទ្ធ ដោយឥតសៅហ្មង»។ (នៅពេលដែលបុគ្គលម្នាក់មានសេចក្តីស្រឡាញ់បែបនេះ នោះវានឹងគ្មានភាពមិនបរិសុទ្ធចេញពីខ្លួនរបស់គេឡើយ ហើយពួកគេនឹងមិនត្រូវបានគ្រប់គ្រង ដោយអនាគត និងជោគវាសនារបស់គេឡើយ។ មិនថាព្រះជាម្ចាស់ប្រព្រឹត្តចំពោះពួកគេបែបណា ក៏ពួកគេអាចស្ដាប់បង្គាប់តាមកិច្ចការរបស់ព្រះជាម្ចាស់ និងការរៀបចំរបស់ទ្រង់បានទាំងស្រុង ហើយដើរតាមទ្រង់ រហូតដល់ទីបញ្ចប់។ មានតែសេចក្តីស្រឡាញ់សម្រាប់ព្រះជាម្ចាស់ប្រភេទនេះប៉ុណ្ណោះ ទើបជាសេចក្តីស្រឡាញ់ដ៏បរិសុទ្ធ និងឥតសៅហ្មង។ ដោយការវាយតម្លៃខ្លួនខ្ញុំជាមួយនឹងសេចក្តីស្រឡាញ់បែបនេះ ខ្ញុំបានរកឃើញថា ទោះបីខ្ញុំបម្រើទ្រង់ ឬលះបង់ចោលរឿងមួយចំនួនក្នុងពេលពីរបីឆ្នាំនេះសម្រាប់ជំនឿរបស់ខ្ញុំលើព្រះជាម្ចាស់ក៏ដោយ ក៏ខ្ញុំមិនទាន់អាចថ្វាយដួងចិត្តរបស់ខ្ញុំដល់ទ្រង់យ៉ាងពិតប្រាកដនៅឡើយទេ។ នៅពេលដែលព្រះជាម្ចាស់បង្ហាញដល់ខ្ញុំ ខ្ញុំមានអារម្មណ៍ថា ខ្ញុំមិនអាចបានសេចក្តីសង្រ្គោះឡើយ ហើយខ្ញុំរស់នៅក្នុងសភាពអវិជ្ជមាន។ ខ្ញុំមើលឃើញខ្លួនអ្នកកំពុងតែបំពេញភារកិច្ចរបស់ខ្ញុំ ប៉ុន្តែក្នុងពេលដូចគ្នានោះ ខ្ញុំក៏កំពុងតែព្យាយាមចរចារជាមួយព្រះជាម្ចាស់ផងដែរ។ ខ្ញុំមិនអាចស្រឡាញ់ព្រះជាម្ចាស់យ៉ាងអស់ពីចិត្តឡើយ ព្រោះទីដៅ អនាគត និងជោគវាសនារបស់ខ្ញុំតែងតែមាននៅក្នុងគំនិតរបស់ខ្ញុំជានិច្ច។) វាហាក់ដូចជាអ្នករាល់គ្នាបានទទួលនូវការយល់ដឹងខ្លះចេញពីបទទំនុកតម្កើងនេះ និងបានធ្វើការផ្សារភ្ជាប់ខ្លះរវាងបទទំនុកនេះ និងបទពិសោធន៍ពិតរបស់អ្នក។ យ៉ាងណាមិញ អ្នកមាននូវកម្រិតនៃការទទួលយកខុសៗគ្នានូវឃ្លានីមួយៗនៅក្នុងបទទំនុកតម្កើង «សេចក្តីស្រឡាញ់ដ៏បរិសុទ្ធ ដោយឥតសៅហ្មង»។ អ្នកខ្លះគិតថា បទនេះស្ដីពីឆន្ទៈ អ្នកខ្លះទៀតកំពុងតែព្យាយាមបោះបង់អនាគតរបស់គេចោល អ្នកខ្លះកំពុងតែព្យាយាមលះបង់ក្រុមគ្រួសាររបស់គេ ហើយអ្នកខ្លះទៀតមិនព្យាយាមចង់ទទួលបានអ្វីនោះឡើយ។ នៅមានអ្នកផ្សេងដែលកំពុងតែទាមទារខ្លួនឯងកុំឲ្យមានការបោកបញ្ឆោត ការរអ៊ូរទាំ និងការបះបោរទាស់នឹងព្រះជាម្ចាស់។ ហេតុអ្វីបានជាព្រះជាម្ចាស់ស្នើឡើងនូវសេចក្តីស្រឡាញ់ប្រភេទនេះ និងទាមទារឲ្យមនុស្សស្រឡាញ់ទ្រង់បែបនេះ? តើនេះជាប្រភេទនៃសេចក្តីស្រឡាញ់ដែលមនុស្សអាចទទួលបានដែរឬទេ? គឺអាចនិយាយបានថា តើមនុស្សអាចមានសេចក្តីស្រឡាញ់បែបនេះបានដែរឬទេ? មនុស្សអាចមើលឃើញថា ពួកគេមិនអាចធ្វើបានឡើយ ដោយសារតែពួកគេមិនមានតម្រុយណាមួយអំពីសេចក្តីស្រឡាញ់ប្រភេទនេះឡើយ។ នៅពេលដែលមនុស្សមិនមានវា ហើយនៅពេលដែលពួកគេមិនដឹងចំណុចសំខាន់ៗអំពីសេចក្តីស្រឡាញ់នេះ នោះព្រះជាម្ចាស់មានបន្ទូលបន្ទូលទាំងនេះ ហើយពួកគេមិនស្គាល់ព្រះបន្ទូលទាំងនេះឡើយ។ ដោយសារតែមនុស្សរស់នៅក្នុងលោកីយ៍នេះ និងរស់នៅក្នុងនិស្ស័យដ៏ពុករលួយ ប្រសិនបើមនុស្សមានសេចក្តីស្រឡាញ់ប្រភេទនេះ ឬប្រសិនបើមនុស្សអាចមានសេចក្តីស្រឡាញ់ប្រភេទនេះ ជាសេចក្តីស្រឡាញ់ដែលគ្មានការស្នើសុំ និងគ្មានការទាមទារ ជាសេចក្តីស្រឡាញ់ដែលធ្វើឲ្យពួកគេព្រមដាក់ចិត្តដាក់កាយ ទ្រាំទ្រនឹងទុក្ខវេទនា ហើយលះបង់ចោលអ្វីៗគ្រប់យ៉ាងដែលពួកគេមាន តើអ្នកដទៃនឹងគិតបែបណាអំពីមនុស្សម្នាក់ដែលមានសេចក្តីស្រឡាញ់ប្រភេទនេះទៅ? តើមនុស្សបែបនេះនឹងមិនត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍ទេឬអី? (ពិតជាបាន។) តើមនុស្សគ្រប់លក្ខណ៍បែបនេះមានទេនៅក្នុងពិភពលោកនេះ? អត់ទេ មនុស្សបែបនេះមិនមានឡើយ មិនអញ្ចឹងឬ? មនុស្សប្រភេទនេះមិនមានទាល់តែសោះនៅក្នុងពិភពលោកនេះ លុះត្រាតែពួកគេរស់នៅម្នាក់ឯងដាច់ចេញពីមនុស្សម្នាផ្សេងទៀត។ តើវាមិនមែនបែបនេះទេឬ? ដូច្នេះ តាមរយៈបទពិសោធន៍របស់គេ មនុស្សខ្លះខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីវាស់វែងខ្លួនគេជាមួយនឹងពាក្យទាំងនេះ។ ពួកគេដោះស្រាយជាមួយខ្លួនឯង ទប់ចិត្តខ្លួនឯង ហើយពួកគេថែមទាំងលះបង់ខ្លួនជានិច្ចទៀតផង៖ ពួកគេស៊ូទ្រាំនឹងទុក្ខវេទនា ហើយខំប្រឹងលះបង់សញ្ញាណរបស់ខ្លួន។ ពួកគេលះបង់ការបះបោរ បំណងប្រាថ្នា និងការចង់បានរបស់គេ។ ប៉ុន្តែ ចុងបញ្ចប់ ពួកគេនៅតែគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដដែល។ ហេតុអ្វីបានជាការនេះកើតឡើង? ព្រះជាម្ចាស់ថ្លែងព្រះបន្ទូលទាំងនេះ ដើម្បីប្រទាននូវបទដ្ឋានមួយសម្រាប់មនុស្សក្នុងការដើរតាម ដូច្នេះ មនុស្សនឹងដឹងអំពីបទដ្ឋានដែលព្រះជាម្ចាស់តម្រូវឲ្យពួកគេធ្វើ។ ប៉ុន្តែ តើព្រះជាម្ចាស់ធ្លាប់មានបន្ទូលថា មនុស្សត្រូវតែសម្រេចវាភ្លាមៗដែរឬទេ? តើព្រះជាម្ចាស់ធ្លាប់មានបន្ទូលថា មនុស្សសល់ពេលប៉ុន្មាន ដើម្បីសម្រេចវាដែរឬទេ? (អត់ទេ។) តើព្រះជាម្ចាស់ធ្លាប់មានបន្ទូលថា មនុស្សត្រូវតែស្រឡាញ់ទ្រង់តាមបែបនេះដែរឬទេ? តើបទគម្ពីរនេះពិតជាចែងដូច្នេះឬ? អត់ទេ បទគម្ពីរមិនបានចែងបែបនេះឡើយ។ ព្រះជាម្ចាស់គ្រាន់តែប្រាប់មនុស្សអំពីសេចក្តីស្រឡាញ់ដែលទ្រង់កំពុងតែសំដៅលើប៉ុណ្ណោះ។ ចំពោះថាតើមនុស្សអាចស្រឡាញ់ព្រះជាម្ចាស់តាមបែបនេះ និងប្រព្រឹត្តចំពោះព្រះជាម្ចាស់តាមបែបនេះ តើព្រះជាម្ចាស់មានលក្ខខណ្ឌអ្វីខ្លះសម្រាប់មនុស្ស? វាមិនចាំបាច់ក្នុងការសម្រេចតាមពាក្យទាំងនោះភ្លាមៗឡើយ ព្រោះថាវាហាក់ដូចជាលើសពីសមត្ថភាពរបស់មនុស្សហើយ។ តើអ្នករាល់គ្នាធ្លាប់គិតអំពីប្រភេទនៃលក្ខខណ្ឌដែលមនុស្សត្រូវបំពេញ ដើម្បីស្រឡាញ់តាមបែបនេះដែរឬទេ? ប្រសិនបើមនុស្សអានពាក្យទាំងនេះជាញឹកញាប់ តើពួកគេនឹងមានសេចក្តីស្រឡាញ់បែបនេះបន្ដិចម្ដងៗដែរឬទេ? (អត់ទេ។) បើដូច្នេះ តើវាមានលក្ខណៈអ្វីខ្លះទៅ? ជាដំបូង តើមនុស្សអាចមានសេរីភាពពីភាពសង្ស័យអំពីព្រះជាម្ចាស់ដែរឬទេ? (មានតែមនុស្សទៀងត្រង់ប៉ុណ្ណោះ ដែលអាចសម្រេចការនេះបាន។) ចុះចំណែកការមានសេរីភាពពីការបោកបញ្ឆោតវិញ? (ពួកគេក៏ត្រូវក្លាយជាមនុស្សទៀងត្រង់ផងដែរ។) ចុះចំណែកការក្លាយជាមនុស្សម្នាក់ដែលមិនចរចាជាមួយព្រះជាម្ចាស់? នោះក៏ជាផ្នែកមួយនៃការក្លាយជាមនុស្សទៀងត្រង់ផងដែរ។ ចុះចំណែកការមានសេរីភាពពីការមានល្បិចកល? តើវាមានន័យដូចម្ដេចទៅក្នុងការនិយាយថា នៅក្នុងសេចក្តីស្រឡាញ់ វាគ្មានជម្រើស? តើអ្វីៗទាំងអស់នេះទាក់ទងនឹងការក្លាយជាមនុស្សទៀងត្រង់ដែរឬ? វាមានសេចក្តីលម្អិតជាច្រើននៅក្នុងមេរៀននេះ។ តើវាមានភស្តុតាងអ្វីខ្លះ ដើម្បីបញ្ជាក់ថា ព្រះជាម្ចាស់អាចមានបន្ទូល និងកំណត់និយមន័យអំពីសេចក្តីស្រឡាញ់ប្រភេទនេះ? តើយើងអាចនិយាយថា ព្រះជាម្ចាស់មានសេចក្តីស្រឡាញ់ប្រភេទនេះបានដែរឬទេ? (ពិតជាបាន។) តើអ្នករាល់គ្នាមើលឃើញការនេះនៅកន្លែងណា? (នៅក្នុងសេចក្តីស្រឡាញ់ដែលព្រះជាម្ចាស់មានសម្រាប់មនុស្ស។) តើសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់សម្រាប់មនុស្សមានលក្ខខណ្ឌដែរឬទេ? (អត់ទេ។) តើមានរនាំង ឬគម្លាតរវាងព្រះជាម្ចាស់ និងមនុស្សដែរឬទេ? (អត់ទេ។) តើព្រះជាម្ចាស់មានការសង្ស័យអំពីមនុស្សដែរឬទេ? (អត់ទេ។) ព្រះជាម្ចាស់ឃ្លាំមើលមនុស្ស ហើយទ្រង់យល់អំពីមនុស្ស គឺទ្រង់ពិតជាយល់អំពីមនុស្ស។ តើព្រះជាម្ចាស់បោកបញ្ឆោតមនុស្សដែរឬទេ? (អត់ទេ។) ដោយសារតែព្រះជាម្ចាស់មានបន្ទូលយ៉ាងឥតខ្ចោះអំពីសេចក្តីស្រឡាញ់នេះ តើព្រះហឫទ័យរបស់ទ្រង់ ឬសារជាតិរបស់ទ្រង់អាចមានលក្ខណៈគ្រប់លក្ខណ៍ ដែរឬទេ? (មែនហើយ។) តើមនុស្សធ្លាប់កំណត់និយមន័យអំពីសេចក្តីស្រឡាញ់តាមបែបនេះទេ? តើមនុស្សធ្លាប់បានឲ្យនិយមន័យអំពីសេចក្តីស្រឡាញ់នៅក្នុងកាលៈទេសៈអ្វីខ្លះទៅ? តើមនុស្សមិននិយាយអំពីសេចក្តីស្រឡាញ់ ទាក់ទងនឹងការឲ្យ ឬការថ្វាយទេឬ? (គឺនិយាយ។) និយមន័យអំពីសេចក្តីស្រឡាញ់នេះ ហាក់ដូចជាងាយស្រួលពេក ព្រោះវាខ្វះនូវខ្លឹមសារ។
និយមន័យរបស់ព្រះជាម្ចាស់អំពីសេចក្តីស្រឡាញ់ និងរបៀបដែលព្រះជាម្ចាស់មានបន្ទូលអំពីសេចក្តីស្រឡាញ់ ត្រូវបានផ្សារភ្ជាប់ទៅនឹងទិដ្ឋភាពមួយនៃសារជាតិរបស់ទ្រង់ ប៉ុន្តែ តើវាជាទិដ្ឋភាពមួយណាទៅ? កាលពីគ្រាមុន យើងបានប្រកបគ្នាអំពីប្រធានបទដ៏សំខាន់មួយ ជាប្រធានបទមួយដែលមនុស្សបានពិភាក្សាគ្នាជាញឹកញាប់។ ប្រធានបទនេះមាននូវពាក្យមួយដែលជារឿយៗត្រូវបានលើកឡើងនៅក្នុងដំណើរផ្លូវនៃការជឿលើព្រះជាម្ចាស់ ហើយពាក្យនេះក៏ជាពាក្យមួយដែលធ្វើឲ្យមនុស្សគ្រប់គ្នាមានអារម្មណ៍ថាដូចជាធ្លាប់ស្គាល់ផង និងមិនធ្លាប់ស្គាល់ផង។ ហេតុអ្វីបានជាខ្ញុំនិយាយបែបនេះ? វាជាពាក្យមួយដែលចេញមកពីភាសារបស់មនុស្ស ទោះបីជាយ៉ាងណា នៅក្នុងចំណោមមនុស្ស និយមន័យរបស់គេមានទាំងលក្ខណៈច្បាស់លាស់ និងស្រពិចស្រពិល។ តើវាជាពាក្យអ្វីទៅ? (ភាពបរិសុទ្ធ។) ភាពបរិសុទ្ធ៖ នេះជាប្រធានបទរបស់យើង ដែលយើងបានរួមប្រកបជាមួយគ្នាកាលពីលើកមុន។ យើងបានរួមប្រកបអំពីផ្នែកមួយនៃប្រធានបទនេះ។ តាមរយៈការប្រកបគ្នាលើកមុនរបស់យើង តើគ្រប់គ្នាបានទទួលនូវការយល់ដឹងថ្មីៗអំពីសារជាតិនៃភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ដែរឬទេ? តើទិដ្ឋភាពនៃការយល់ដឹងអ្វីខ្លះ ដែលអ្នករាល់គ្នាចាត់ទុកថាជារឿងថ្មីសន្លាងនោះ? តើវាជាអ្វីទៅនៅក្នុងការយល់ដឹងនេះ ឬនៅក្នុងពាក្យទាំងនោះដែលបានធ្វើឲ្យអ្នករាល់គ្នាមានអារម្មណ៍ថា ការយល់ដឹងរបស់អ្នករាល់គ្នាអំពីភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ មានលក្ខណៈខុសគ្នា ឬខុសពីភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ ដែលខ្ញុំបានថ្លែង ក្នុងអំឡុងពេលនៃការរួមប្រកប? តើអ្នកមានការភ្ញាក់ផ្អើលអ្វីខ្លះអំពីការនេះ? (ព្រះជាម្ចាស់មានបន្ទូលអំពីអារម្មណ៍នៅក្នុងព្រះហឫទ័យរបស់ទ្រង់ ហើយព្រះបន្ទូលរបស់ទ្រង់មិនប្រឡាក់រលួយឡើយ។ នេះជាការបង្ហាញចេញអំពីទិដ្ឋភាពមួយនៃភាពបរិសុទ្ធ។) (វាក៏មានភាពបរិសុទ្ធផងដែរ នៅពេលដែលព្រះជាម្ចាស់មានព្រះពិរោធចំពោះមនុស្ស ដ្បិតព្រះពិរោធរបស់ទ្រង់ឥតសៅហ្មងឡើយ។) (ដោយសារតែភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ ខ្ញុំយល់ឃើញថា វាមានទាំងព្រះពិរោធរបស់ព្រះជាម្ចាស់ និងសេចក្តីមេត្តាករុណារបស់ទ្រង់នៅក្នុងនិស្ស័យដ៏សុចរិតរបស់ទ្រង់។ ការនេះបានធ្វើឲ្យខ្ញុំមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង។ នៅក្នុងការប្រកបគ្នាចុងក្រោយរបស់យើង ក៏មានការលើកឡើងផងដែរថា និស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់មានលក្ខណៈវិសេសឯក ហើយកាលពីមុន ខ្ញុំមិនបានយល់អំពីចំណុចនេះឡើយ។ មានតែក្រោយពេលបានឮអំពីអ្វីដែលព្រះជាម្ចាស់បានរួមប្រកបហើយប៉ុណ្ណោះ ទើបខ្ញុំបានយល់ថា ព្រះពិរោធរបស់ព្រះជាម្ចាស់មានលក្ខណៈខុសប្លែកពីកំហឹងរបស់មនុស្ស។ ព្រះពិរោធរបស់ព្រះជាម្ចាស់គឺជារឿងវិជ្ជមាន ហើយវាផ្អែកលើគោលការណ៍របស់ទ្រង់ ដូច្នេះ វាត្រូវបានបញ្ចេញមក ដោយសារតែសារជាតិដែលមានស្រាប់របស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់ទតឃើញរឿងអវិជ្ជមាន ដូច្នេះ ទ្រង់ក៏បញ្ចេញព្រះពិរោធរបស់ទ្រង់។ នេះជាអ្វីមួយដែលគ្មានសត្តនិករណាមួយមាននោះឡើយ។) ប្រធានបទរបស់យើងនៅថ្ងៃនេះគឺជាភាពបរិសុទ្ធរបស់ព្រះជាម្ចាស់។ មនុស្សទាំងអស់សុទ្ធតែធ្លាប់បានឮ និងបានរៀនអ្វីមួយអំពីនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់រួចហើយ។ លើសពីនេះ មនុស្សជាច្រើនក៏និយាយគ្នាជាញឹកញាប់អំពីភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ និងនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់នៅក្នុងពេលដូចគ្នាផងដែរ។ ពួកគេនិយាយថា និស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ គឺជាភាពបរិសុទ្ធ។ ពាក្យថា «បរិសុទ្ធ» គឺជាពាក្យមួយដែលមនុស្សគ្រប់គ្នាស្គាល់ ដ្បិតវាជាពាក្យមួយដែលត្រូវបានប្រើប្រាស់ជាទូទៅ។ ប៉ុន្តែ ទាក់ទងនឹងអត្ថន័យបង្កប់នៃពាក្យនោះវិញ តើមនុស្សអាចមើលឃើញនូវការស្ដែងចេញអំពីភាពបរិសុទ្ធរបស់ព្រះជាម្ចាស់អ្វីខ្លះទៅ? តើព្រះជាម្ចាស់បានបើកសម្ដែងអ្វីខ្លះដែលមនុស្សអាចស្គាល់បាន? ខ្ញុំខ្ញុំខ្លាចថា នេះជាអ្វីមួយដែលគ្មាននរណាម្នាក់ដឹងនោះឡើយ។ និស្ស័យរបស់ព្រះជាម្ចាស់ជាភាពសុចរិត ប៉ុន្តែប្រសិនបើអ្នកយកនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ទៅនិយាយថា និស្ស័យរបស់ទ្រង់គឺបរិសុទ្ធ នោះវាហាក់ដូចជាស្រពិចស្រពិល និងមិនច្បាស់លាស់ឡើយ។ តើហេតុអ្វីទៅ? អ្នកនិយាយថា និស្ស័យរបស់ព្រះជាម្ចាស់គឺសុចរិត ឬអ្នកនិយាយថា និស្ស័យរបស់ព្រះជាម្ចាស់ គឺបរិសុទ្ធ ដូច្នេះ នៅក្នុងដួងចិត្តរបស់អ្នករាល់គ្នា តើអ្នកចាត់ថ្នាក់ភាពបរិសុទ្ធរបស់ព្រះជាម្ចាស់យ៉ាងដូចម្ដេចទៅ? តើអ្នកយល់យ៉ាងដូចម្ដេចអំពីការនេះ? គឺអាចនិយាយបានថា ចុះចំណែកសេចក្តីដែលព្រះជាម្ចាស់បានបើកសម្ដែង ឬអ្វីដែលទ្រង់មាន និងលក្ខណៈរបស់ទ្រង់ តើមនុស្សនឹងទទួលស្គាល់ថាបរិសុទ្ធដែរឬទេ? តើអ្នកធ្លាប់គិតអំពីការនេះពីមុនមកទេ? អ្វីដែលខ្ញុំបានឃើញគឺថា ជារឿយៗ មនុស្សបានប្រើប្រាស់ និងនិយាយពាក្យ ឬឃ្លានេះជាទូទៅ និងជាញឹកញាប់ម្ដងហើយម្ដងទៀត ប៉ុន្តែពួកគេមិនបានទាំងដឹងអំពីអ្វីដែលពួកគេកំពុងតែនិយាយនោះផង។ នេះគ្រាន់តែជារបៀបដែលមនុស្សគ្រប់គ្នានិយាយវាប៉ុណ្ណោះ ហើយគេនិយាយវាជាទម្លាប់ទៅហើយ ដូច្នេះ វាក្លាយជាពាក្យដែលគេប្រើប្រាស់ជាប្រចាំ។ យ៉ាងណាមិញ ប្រសិនបើពួកគេស៊ើបអង្កេត និងសិក្សាអំពីសេចក្តីលម្អិត នោះគេនឹងរកឃើញថា ពួកគេមិនដឹងអំពីអត្ថន័យដ៏ពិតរបស់វា ឬនិយាយសំដៅទៅលើអ្វីឡើយ។ ដូចជាពាក្យថា «បរិសុទ្ធ» គ្មាននរណាម្នាក់ដឹងយ៉ាងច្បាស់អំពីទិដ្ឋភាពនៃសារជាតិរបស់ព្រះជាម្ចាស់ ដែលគេសំដៅលើ ដែលទាក់ទងនឹងភាពបរិសុទ្ធរបស់ទ្រង់ដែលគេនិយាយនោះ ហើយក៏គ្មាននរណាម្នាក់ដឹងអំពីរបៀបប្រើពាក្យ «បរិសុទ្ធ» ជាមួយព្រះជាម្ចាស់នោះដែរ។ មនុស្សមានការភាន់ច្រឡំនៅក្នុងចិត្តរបស់គេ ហើយការទទួលស្គាល់របស់គេអំពីភាពបរិសុទ្ធរបស់ព្រះជាម្ចាស់មាននូវភាពស្រពិចស្រពិល និងភាពមិនច្បាស់លាស់។ ថាតើព្រះជាម្ចាស់មានភាពបរិសុទ្ធបែបណា គឺគ្មាននរណាម្នាក់មានភាពច្បាស់លាស់ឡើយ។ នៅថ្ងៃនេះ ខ្ញុំនឹងរួមប្រកបអំពីប្រធានបទនេះ ដើម្បីប្រើពាក្យ «បរិសុទ្ធ» ជាមួយព្រះជាម្ចាស់ ដូច្នេះ មនុស្សអាចមើលឃើញពីខ្លឹមសារដ៏ពិតអំពីសារជាតិនៃភាពបរិសុទ្ធរបស់ព្រះជាម្ចាស់។ ការនេះនឹងបង្ការកុំឲ្យមនុស្សខ្លះប្រើប្រាស់ពាក្យនេះ និងនិយាយអ្វីៗតាមទម្លាប់ ដោយខ្វះនូវការប្រុងប្រយ័ត្ន នៅពេលដែលគេមិនដឹងអំពីអត្ថន័យរបស់វា ឬថាតើវាត្រឹមត្រូវ និងសុក្រឹតដែរឬយ៉ាងណា។ មនុស្សតែងតែនិយាយថា អ្នកមាន គាត់មាន ដូច្នេះ វាបានក្លាយជាទម្លាប់នៃការនិយាយទៅហើយ។ ការនិយាយបែបនេះដោយមិនយកចិត្ដទុកដាក់ធ្វើឲ្យរលួយដល់ពាក្យនេះ។
បើមើលពីក្រៅទៅ ពាក្យថា «បរិសុទ្ធ» ហាក់ដូចជាងាយស្រួលយល់ មិនអ៊ីចឹងឬ? យ៉ាងហោចណាស់ មនុស្សជឿថា ពាក្យ «បរិសុទ្ធ» មានន័យថា ស្អាត មិនប្រឡាក់ ពិសិដ្ឋ និងឥតសៅហ្មង។ ក៏មានមនុស្សខ្លះភ្ជាប់ «ភាពបរិសុទ្ធ» ទៅនឹង «សេចក្តីស្រឡាញ់» នៅក្នុងបទទំនុក «សេចក្តីស្រឡាញ់ដ៏បរិសុទ្ធ ដោយឥតសោហ្មង» ដែលយើងទើបតែបានច្រៀងអំបាញ់មិញនេះផងដែរ។ នេះជាការត្រឹមត្រូវ ដ្បិតនេះជាផ្នែកមួយនៃភាពបរិសុទ្ធ។ សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់គឺជាផ្នែកមួយនៃសារជាតិរបស់ទ្រង់ ប៉ុន្តែ វាមិនមែនជាផ្នែកទាំងស្រុងឡើយ។ យ៉ាងណាមិញ នៅក្នុងសញ្ញាណរបស់មនុស្ស ពួកគេមើលឃើញពាក្យនេះ ហើយមានទំនោរភ្ជាប់ពាក្យនេះទៅនឹងអ្វីៗដែលពួកគេមើលឃើញថាបរិសុទ្ធ និងស្អាត ឬជាមួយអ្វីៗដែលគេគិតថា មិនប្រឡាក់ ឬមិនសៅហ្មង។ ឧទាហរណ៍ មនុស្សខ្លះបាននិយាយថា ផ្កាឈូកគឺស្អាត (មិនប្រលាក់។) ហើយវាក៏រីកស្គុសស្គាយ ដោយមិនប្រឡាក់ភក់ជ្រាំដ៏គគ្រិចដែរ។ ដូច្នេះ មនុស្សបានចាប់ផ្ដើមប្រើពាក្យថា «បរិសុទ្ធ» សម្រាប់ផ្កាឈូក។ មនុស្សខ្លះមើលឃើញរឿងស្នេហាបែបប្រឌិត ជារឿងបរិសុទ្ធ ឬពួកគេអាចមើលឃើញតួអង្គដ៏អស្ចារ្យក្នុងសាច់រឿងប្រឌិតថាជាបរិសុទ្ធ។ លើសពីនេះ អ្នកខ្លះចាត់ទុកមនុស្សដែលមានចែងនៅក្នុងព្រះគម្ពីរ ឬបុគ្គលដែលត្រូវបានកត់ត្រានៅក្នុងសៀវភៅផ្នែកវិញ្ញាណ ដូចជា ពួកបរិសុទ្ធ ពួកសាវ័ក ឬអ្នកផ្សេងទៀតដែលធ្លាប់បានដើរតាមព្រះជាម្ចាស់ ក្នុងពេលដែលទ្រង់បានធ្វើកិច្ចការរបស់ទ្រង់ ថាការមានបទពិសោធន៍ខាងវិញ្ញាណ គឺជាអ្នកដែលមានភាពបរិសុទ្ធ។ ទាំងនេះគឺជាអ្វីៗគ្រប់យ៉ាងដែលមនុស្សបានយល់ឃើញ ហើយនេះចេញមកពីសញ្ញាណរបស់មនុស្សសុទ្ធសាធ។ ហេតុអ្វីបានជាមនុស្សមានសញ្ញាណបែបនេះ? ហេតុផលគឺសាមញ្ញបំផុត៖ វាគឺដោយសារតែមនុស្សរស់នៅក្នុងនិស្ស័យដ៏ពុករលួយ ហើយរស់នៅក្នុងពិភពលោកដ៏អាក្រក់ និងស្មោកគ្រោក។ អ្វីៗគ្រប់យ៉ាងដែលគេមើលឃើញ អ្វីៗគ្រប់យ៉ាងដែលគេប៉ះពាល់ អ្វីៗគ្រប់យ៉ាងដែលគេមានបទពិសោធន៍ គឺជាសេចក្ដីអាក្រក់ និងសេចក្តីពុករលួយរបស់សាតាំង ក៏ដូចជាផែនការអាក្រក់ ការប្រយុទ្ធ និងសង្រ្គាមដែលកើតឡើងនៅក្នុងចំណោមមនុស្សដែលស្ថិតនៅក្រោមឥទ្ធិពលរបស់សាតាំង។ ដូច្នេះ ទោះបីពេលដែលព្រះជាម្ចាស់ធ្វើកិច្ចការរបស់ទ្រង់នៅក្នុងមនុស្ស ហើយទោះបីពេលដែលទ្រង់មានបន្ទូលទៅកាន់ពួកគេ និងបើកសម្ដែងពីនិស្ស័យ និងសារជាតិរបស់ទ្រង់ក៏ដោយ ក៏ពួកគេមិនអាចមើលឃើញ ឬស្គាល់ពីភាពបរិសុទ្ធ និងសារជាតិរបស់ព្រះជាម្ចាស់នោះដែរ។ ជារឿយៗ មនុស្សនិយាយថា ព្រះជាម្ចាស់ទ្រង់បរិសុទ្ធ ប៉ុន្តែ ពួកគេខ្វះនូវការយល់ដឹងដ៏ពិត ព្រោះពួកគេគ្រាន់តែនិយាយឲ្យរួចពីមាត់ប៉ុណ្ណោះ។ ដោយសារតែមនុស្សរស់នៅក្នុងចំណោមសេចក្តីស្មោកគ្រោក និងសេចក្តីពុករលួយ ហើយស្ថិតនៅក្នុងដែនគ្រប់គ្រងរបស់សាតាំង ហើយពួកគេមើលមិនឃើញពន្លឺ មិនដឹងអ្វីសោះអំពីរឿងវិជ្ជមាន ហើយលើសពីនេះ ក៏មិនដឹងអំពីសេចក្តីពិតផងដែរ ដូច្នេះ គ្មាននរណាម្នាក់ដឹងអំពីអត្ថន័យដ៏ពិតនៃពាក្យថា «បរិសុទ្ធ» ឡើយ។ ដូច្នេះ តើមានអ្វីមួយបរិសុទ្ធ ឬមនុស្សបរិសុទ្ធនៅក្នុងចំណោមមនុស្សជាតិដ៏ពុករលួយនេះដែរឬទេ? យើងអាចនិយាយយ៉ាងច្បាស់ថា៖ គឺគ្មានឡើយ ដោយសារតែមានតែសារជាតិរបស់ព្រះជាម្ចាស់មួយប៉ុណ្ណោះ ដែលបរិសុទ្ធ។
កាលពីលើកមុន យើងបានរួមប្រកបរៀនទិដ្ឋភាពមួយអំពីរបៀបដែលសារជាតិរបស់ព្រះជាម្ចាស់ទ្រង់បរិសុទ្ធ។ ការនេះបានផ្ដល់នូវការជំរុញចិត្តខ្លះសម្រាប់មនុស្ស ដើម្បីទទួលបានចំណេះដឹងអំពីភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ ប៉ុន្តែវាមិនទាន់គ្រប់គ្រាន់ឡើយ។ វាមិនអាចជួយមនុស្សឲ្យដឹងទាំងស្រុងអំពីភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ ហើយក៏មិនអាចជួយពួកគេឲ្យយល់ដឹងថា ភាពបរិសុទ្ធរបស់ព្រះជាម្ចាស់គឺវិសេសឯកនោះដែរ។ លើសពីនេះ វាមិនអាចជួយមនុស្សឲ្យយល់អំពីអត្ថន័យដ៏ពិតនៃភាពបរិសុទ្ធ ដែលត្រូវបានស្ដែងចេញទាំងស្រុងនៅក្នុងព្រះជាម្ចាស់នោះឡើយ។ ដូច្នេះ វាជាការចាំបាច់ដែលយើងត្រូវបន្តការរួមប្រកបរបស់យើងអំពីប្រធានបទនេះ។ កាលពីលើកមុន ការរួមប្រកបរបស់យើងបានទាក់ទងនឹងប្រធានបទចំនួនបី ដូច្នេះ ឥឡូវនេះ យើងគួរតែពិភាក្សាអំពីប្រធានបទទីបួន។ យើងនឹងចាប់ផ្ដើម ដោយអានចេញពីបទគម្ពីរ។
៤. សេចក្តីល្បួងរបស់អារក្សសាតាំង
ម៉ាថាយ ៤:១-៤ គ្រានោះ ព្រះវិញ្ញាណបាននាំព្រះយេស៊ូវទៅកាន់ឯវាលរហោស្ថាន ដើម្បីឲ្យអារក្សល្បួងទ្រង់។ ហើយនៅពេលដែលទ្រង់បានតមអាហារសែសិបថ្ងៃសែសិបយប់រួចហើយ ទ្រង់ក៏មានព្រះទ័យឃ្លានអាហារ។ នៅពេលដែលមេល្បួងបានចូលមករកទ្រង់ វាបាននិយាយថា បើលោកជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន ចូរបញ្ជាឲ្យដុំថ្មទាំងនេះក្លាយជានំប៉័ងមើល៍។ ប៉ុន្តែ ទ្រង់បានឆ្លើយតបវិញថា ដូចមានចែងក្នុងគម្ពីរថា មនុស្សមិនមែនរស់ដោយសារតែនំប៉័ងប៉ុណ្ណោះទេ ប៉ុន្តែរស់ដោយសារគ្រប់ទាំងព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់វិញ។
ទាំងនេះគឺជាពាក្យដែលអារក្សបានព្យាយាមល្បួងព្រះអម្ចាស់យេស៊ូវជាលើកដំបូង។ តើអ្វីទៅជាខ្លឹមសារអំពីអ្វីដែលអារក្សបាននិយាយ? («បើលោកជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន ចូរបញ្ជាឲ្យដុំថ្មទាំងនេះក្លាយជានំប៉័ងមើល៍»។) ពាក្យដែលអារក្សបាននិយាយទាំងនេះ មានលក្ខណៈសាមញ្ញ ប៉ុន្តែ តើខ្លឹមសាររបស់វាមានបញ្ហាដែរឬទេ? អារក្សបាននិយាយថា «បើលោកជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន» ប៉ុន្តែ នៅក្នុងដួងចិត្តរបស់វា តើវាបានដឹង ឬក៏មិនបានដឹងថា ព្រះយេស៊ូវជាព្រះបុត្រានៃព្រះ? តើវាបានដឹង ឬក៏មិនបានដឹងថា ទ្រង់ជាព្រះគ្រីស្ទ? (វាបានដឹង។) ចុះហេតុអ្វីបានជាវានិយាយថា «បើលោកជា» ដូច្នេះ? (វាកំពុងតែព្យាយាមល្បួងព្រះជាម្ចាស់។) ប៉ុន្តែ តើធ្វើបែបនេះក្នុងគោលបំណងអ្វីទៅ? វាបាននិយាយថា «បើលោកជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន»។ នៅក្នុងដួងចិត្តរបស់វា វាបានដឹងថា ព្រះយេស៊ូវគ្រីស្ទជាបុត្រារបស់ព្រះជាម្ចាស់ វាដឹងយ៉ាងច្បាស់អំពីរឿងនេះនៅក្នុងដួងចិត្តរបស់វារួចស្រេចទៅហើយ ប៉ុន្តែទោះបីជាដឹងក៏ដោយ តើវាបានចុះចូលចំពោះទ្រង់ និងថ្វាយបង្គំទ្រង់ដែរឬទេ? (អត់ទេ។) តើវាចង់ធ្វើអ្វីទៅ? វាចង់ប្រើវិធីសាស្ត្រនេះ និងពាក្យទាំងនេះ ដើម្បីធ្វើឲ្យព្រះអម្ចាស់យេស៊ូវក្រោធ ហើយបន្ទាប់មក បញ្ឆោតទ្រង់ឲ្យធ្វើតាមបំណងរបស់វា។ តើនេះមិនមែនជាអត្ថន័យនៅពីក្រោយពាក្យរបស់អារក្សទេឬ? នៅក្នុងចិត្តរបស់អារក្ស វាដឹងយ៉ាងច្បាស់ថា នេះជាព្រះអម្ចាស់យេស៊ូវគ្រីស្ទ ប៉ុន្តែវានៅតែនិយាយពាក្យទាំងនេះទៀត។ តើនេះមិនមែនជាធម្មជាតិរបស់សាតាំងទេឬ? តើធម្មជាតិរបស់សាតាំងគឺជាអ្វីទៅ? (ល្បិចកល អាក្រក់ និងគ្មានការគោរពចំពោះព្រះជាម្ចាស់ឡើយ។) តើការដែលគ្មានការគោរពចំពោះព្រះជាម្ចាស់នឹងបង្កឲ្យមានផលវិបាកអ្វីខ្លះទៅ? តើវាមិនមែនចង់វាយប្រហារព្រះជាម្ចាស់ទេឬ? វាចង់ប្រើវិធីសាស្ត្រនេះ ដើម្បីវាយប្រហារព្រះជាម្ចាស់ ដូច្នេះហើយបានជាវានិយាយថា៖ «បើលោកជាព្រះបុត្រារបស់ព្រះជាម្ចាស់មែន ចូរបញ្ជាឲ្យដុំថ្មទាំងនេះក្លាយជានំប៉័ងមើល៍»។ តើនេះមិនមែនជាចេតនាអាក្រក់របស់សាតាំងទេឬអី? តើវាកំពុងតែព្យាយាមធ្វើអ្វីឲ្យប្រាកដទៅ? គោលបំណងរបស់វាត្រូវបានស្ដែងចេញយ៉ាងច្បាស់៖ វាកំពុងតែព្យាយាមប្រើវិធីសាស្ត្រនេះ ដើម្បីបដិសេធទៅកាន់មុខតំណែង និងអត្តសញ្ញាណរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ។ តើសាតាំងចង់មានន័យដូចម្ដេច តាមរយៈពាក្យថា «បើលោកជាបុត្រារបស់ព្រះជាម្ចាស់មែន ចូរបញ្ជាឲ្យដុំថ្មទាំងនេះក្លាយជានំប៉័ងមើល៍។ បើលោកមិនអាចធ្វើការនេះបានទេ នោះលោកមិនមែនជាបុត្រារបស់ព្រះជាម្ចាស់ឡើយ ដូច្នេះ លោកមិនគួរអនុវត្តកិច្ចការរបស់លោកទៀតឡើយ»។ តើបំណងរបស់វាមិនមែនបែបនេះទេឬ? វាចង់ប្រើវិធីសាស្ត្រនេះ ដើម្បីវាយប្រហារព្រះជាម្ចាស់ វាចង់កម្ទេច និងបំផ្លាញកិច្ចការរបស់ព្រះជាម្ចាស់ ដូច្នេះ នេះគឺជាការតាមព្យាបាទរបស់សាតាំង។ ការតាមព្យាបាទរបស់វា គឺជាចរិតពីធម្មជាតិរបស់វា។ ទោះបីវាដឹងថា ព្រះអម្ចាស់យេស៊ូវគ្រីស្ទជាបុត្រារបស់ព្រះជាម្ចាស់ ជាព្រះដែលយកកំណើតជាមនុស្សរបស់ព្រះជាម្ចាស់ផ្ទាល់ក៏ដោយ ក៏វានៅតែធ្វើរឿងប្រភេទនេះ ដើរតាមពីក្រោយខ្នងរបស់ព្រះជាម្ចាស់យ៉ាងប្រកិត ព្យាយាមវាយប្រហារទ្រង់ និងខំប្រឹងធ្វើគ្រប់បែបយ៉ាង ដើម្បីបង្អាក់ និងរាំងស្ទះដល់កិច្ចការរបស់ព្រះជាម្ចាស់។
ឥឡូវនេះ តោះយើងវិភាគអំពីឃ្លាដែលសាតាំងបាននិយាយនេះ៖ «ចូរបញ្ជាឲ្យដុំថ្មទាំងនេះក្លាយជានំប៉័ងមើល៍»។ ការធ្វើឲ្យដុំថ្មក្លាយជានំប៉័ង តើវាមានន័យដូចម្ដេចទៅ? ប្រសិនបើមានអាហារ ហេតុអ្វីមិនទទួលទានទៅ? ហេតុអ្វីចាំបាច់ទៅធ្វើឲ្យដុំថ្មក្លាយជាអាហារធ្វើអ្វី? តើអាចនិយាយបានថា ឃ្លានេះគ្មានន័យដែរឬទេ? ទោះបីទ្រង់កំពុងតែតមអាហារនៅពេលនោះក៏ដោយ តើព្រះអម្ចាស់យេស៊ូវមានអាហារ ដើម្បីទទួលទានដែរឬទេ? (ទ្រង់មាន។) ដូច្នេះ នៅត្រង់នេះ យើងអាចមើលឃើញនូវភាពមិនទំនងនៃពាក្យសម្ដីរបស់សាតាំង។ សម្រាប់គ្រប់ទាំងអំពើវៀចវេរ និងការព្យាបាទរបស់សាតាំង យើងអាចនៅតែមើលឃើញពីភាពមិនទំនង និងភាពមិនហេតុផលរបស់វា។ សាតាំងធ្វើនូវរឿងជាច្រើន ដែលអ្នកអាចមើលឃើញពីនិស្ស័យព្យាបាទរបស់វា។ អ្នកអាចមើលឃើញវាធ្វើរឿងដែលរាំងស្ទះដល់កិច្ចការរបស់ព្រះជាម្ចាស់ ហើយដោយឃើញបែបនេះ អ្នកមានអារម្មណ៍ថា វាពិតជាគួរឲ្យស្អប់ និងគួរឲ្យខឹងណាស់។ ប៉ុន្តែ នៅក្នុងន័យម្យ៉ាងទៀត តើអ្នកមើលមិនឃើញពីធម្មជាតិដ៏ឆោតល្ងង់នៅពីក្រោយពាក្យ និងទង្វើរបស់វាទេឬ? នេះជាការបើកសម្ដែងមួយអំពីធម្មជាតិរបស់សាតាំង ហើយដោយសារតែវាមានធម្មជាតិបែបនេះ ដូច្នេះ វាក៏នឹងធ្វើរឿងបែបនេះផងដែរ។ ចំពោះមនុស្សនាពេលសព្វថ្ងៃ ពាក្យទាំងនេះរបស់សាតាំង គឺជាពាក្យមិនទំនង និងពិតជាគួរឲ្យអស់សំណើចខ្លាំងណាស់។ ប៉ុន្តែ សាតាំងពិតជាអាចនិយាយពាក្យទាំងនេះ។ តើយើងអាចនិយាយថា វាពិតជាល្ងីល្ងើ និងមិនសមហេតុផលបានដែរឬទេ? ទង្វើអាក្រក់របស់សាតាំងមាននៅគ្រប់ទីកន្លែង ហើយវាកំពុងតែបើកសម្ដែងជានិច្ច។ ដូច្នេះ តើព្រះអម្ចាស់បានឆ្លើយតបទៅកាន់វាយ៉ាងដូចម្ដេចទៅ? («មនុស្សមិនមែនរស់ដោយសារតែនំប៉័ងប៉ុណ្ណោះទេ ប៉ុន្តែរស់ដោយសារគ្រប់ទាំងព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់វិញ»។) តើពាក្យទាំងនេះមានអំណាចដែរឬទេ? (វាពិតជាមាន។) ហេតុអ្វីបានជាយើងនិយាយថា ពាក្យទាំងនេះមានអំណាច? វាគឺដោយសារតែពាក្យទាំងនេះមាននូវសេចក្តីពិត។ តើមនុស្សរស់នៅ ដោយសារតែនំប៉័ងប៉ុណ្ណោះឬ? ព្រះអម្ចាស់យេស៊ូវបានតមអាហាររយៈពេលសែសិបថ្ងៃសែសិបយប់។ តើទ្រង់ឃ្លានដល់ស្លាប់ដែរឬទេ? (អត់ទេ។) ទ្រង់មិនបានឃ្លានដល់ស្លាប់ឡើយ ដូច្នេះ សាតាំងបានចូលទៅរកទ្រង់ ក្នុងចេតនាចង់ឲ្យទ្រង់ប្រែក្លាយដុំថ្មឲ្យទៅជាអាហារ ដោយនិយាយថា៖ «បើលោកធ្វើឲ្យដុំថ្មទាំងនេះក្លាយជាអាហារបាន តើលោកនឹងមិនមានអាហារសម្រាប់ទទួលទានទេឬ? បើដូច្នេះ តើលោកចាំបាច់ទៅតមអាហារ ឲ្យខ្លួនឯងឃ្លានធ្វើអ្វី?» ប៉ុន្តែ ព្រះអម្ចាស់យេស៊ូវបានមានបន្ទូលថា «មនុស្សមិនមែនរស់ដោយសារតែនំប៉័ងប៉ុណ្ណោះទេ» នេះមានន័យថា ទោះបីមនុស្សរស់នៅក្នុងរូបកាយក៏ដោយ ក៏មិនមែនជាអាហារឡើយដែលជួយឲ្យរូបកាយនោះមានជីវិតរស់ និងដកដង្ហើមបាននោះ ប៉ុន្តែ គេរស់នៅបាន ដោយសារតែគ្រប់ទាំងព្រះបន្ទូលដែលត្រូវបានថ្លែងចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់។ ម្យ៉ាងទៀត ពាក្យទាំងនេះគឺជាសេចក្តីពិត ហើយវាផ្ដល់ឲ្យមនុស្សមានជំនឿ ធ្វើឲ្យគេមានអារម្មណ៍ថា ពួកគេអាចពឹងអាងលើព្រះជាម្ចាស់ និងថាទ្រង់ជាសេចក្តីពិត។ នៅក្នុងន័យម្យ៉ាងទៀត តើពាក្យទាំងនេះមានទិដ្ឋភាពជាក់ស្ដែងដែរឬទេ? តើព្រះអម្ចាស់យេស៊ូវមិនមែនកំពុងតែឈរ នៅមានជីវិត ក្រោយពេលទ្រង់តមអាហារសែសិបថ្ងៃសែសិបយប់ទេឬ? តើនេះមិនមែនជាឧទាហរណ៍ពិតៗទេឬ? ទ្រង់មិនបានទទួលទានអាហាររយៈពេលសែសិបថ្ងៃសែសិបយប់ ប៉ុន្តែ ទ្រង់នៅតែមានជីវិតនៅឡើយ។ នេះគឺជាភស្តុតាងដ៏មានអំណាចមួយចង់បញ្ជាក់អំពីសេចក្តីពិតនៃព្រះបន្ទូលរបស់ទ្រង់។ ពាក្យទាំងនេះសាមញ្ញ ប៉ុន្តែសម្រាប់ព្រះអម្ចាស់យេស៊ូវ តើទ្រង់បានមានបន្ទូលទាំងនេះ គ្រាន់តែនៅពេលដែលសាតាំងបានល្បួងទ្រង់ ឬក៏ពាក្យទាំងនេះជាផ្នែកមួយនៃទ្រង់រួចទៅហើយ? និយាយមួយបែបទៀត ព្រះជាម្ចាស់ជាសេចក្តីពិត ហើយព្រះជាម្ចាស់ជាជីវិត ប៉ុន្ដែតើសេចក្តីពិត និងជីវិតរបស់ព្រះជាម្ចាស់ជាការបន្ថែមតាមក្រោយឬ? តើវាកើតចេញពីបទពិសោធន៍តាមក្រោយឬ? អត់ទេ វាជាផ្នែកមួយនៅខាងក្នុងព្រះជាម្ចាស់រួចទៅហើយ។ គឺអាចនិយាយបានថា សេចក្តីពិត និងជីវិត គឺជាសារជាតិរបស់ព្រះជាម្ចាស់។ អ្វីៗគ្រប់យ៉ាងដែលកើតឡើងចំពោះទ្រង់ គ្រប់យ៉ាងដែលទ្រង់បើកសម្ដែង គឺជាសេចក្តីពិត។ ពាក្យទាំងនេះគឺជាសេចក្តីពិត មិនថាខ្លឹមសារនៃការនិយាយរបស់ទ្រង់វែង ឬក៏ខ្លីនោះឡើយ ប៉ុន្តែ វាអាចជួយឲ្យមនុស្សមានជីវិតរស់ និងផ្ដល់ឲ្យមនុស្សនូវជីវិត។ វាអាចផ្ដល់ឲ្យមនុស្សទទួលបានសេចក្តីពិត និងភាពច្បាស់លាស់អំពីផ្លូវនៃជីវិតរបស់មនុស្ស និងជួយឲ្យពួកគេមានជំនឿលើព្រះជាម្ចាស់។ នៅក្នុងន័យម្យ៉ាងទៀត ប្រភពដែលព្រះជាម្ចាស់ប្រើប្រាស់ពាក្យទាំងនេះ គឺជាប្រភពវិជ្ជមាន។ ដូច្នេះ តើយើងអាចនិយាយបានថា រឿងវិជ្ជមាននេះជាភាពបរិសុទ្ធដែរឬទេ? (ពិតជាបាន។) ពាក្យរបស់សាតាំងទាំងនេះចេញមកពីធម្មជាតិរបស់វា។ សាតាំងបើកសម្ដែងពីធម្មជាតិដ៏អាក្រក់ និងព្យាបាទរបស់វានៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ ឥឡូវនេះ តើសាតាំងធ្វើការបើកសម្ដែងទាំងនេះដោយឯកឯងដែរឬទេ? តើមាននរណាម្នាក់បង្គាប់វាឲ្យធ្វើបែបនេះដែរឬទេ? តើមាននរណាម្នាក់ជួយវាដែរឬទេ? តើមាននរណាម្នាក់បង្ខំវាដែរឬទេ? (អត់ទេ។) គ្រប់ការបើកសម្ដែងទាំងនេះ គឺធ្វើឡើងចេញពីចេតនារបស់វាផ្ទាល់តែម្ដង។ នេះគឺជាធម្មជាតិដ៏អាក្រក់របស់សាតាំង។ មិនថាព្រះជាម្ចាស់ធ្វើអ្វី ហើយទ្រង់ធ្វើវាដោយរបៀបណាឡើយ សាតាំងតែងតែយកតម្រាប់តាមភ្លាមៗជានិច្ច។ សារជាតិ និងធម្មជាតិដ៏ពិតនៃសេចក្តីដែលសាតាំងនិយាយ និងធ្វើ គឺជាសារជាតិរបស់សាតាំង ជាសារជាតិមួយដ៏អាក្រក់ និងព្យាបាទ។ ឥឡូវនេះ នៅពេលយើងអានបន្តទៀត តើសាតាំងបាននិយាយអ្វីខ្លះទៀតទៅ? តោះយើងអាន។
ម៉ាថាយ ៤:៥-៧ បន្ទាប់មក អារក្សនាំទ្រង់ឡើងទៅកាន់ទីក្រុងដ៏បរិសុទ្ធ ហើយដាក់ទ្រង់នៅលើកំពូលព្រះវិហារ ហើយបាននិយាយទៅកាន់ទ្រង់ថា បើលោកជាបុត្រារបស់ព្រះជាម្ចាស់មែន ចូរទម្លាក់ខ្លួនចុះទៅក្រោមមើល៍ ដ្បិតមានចែងទុកមកថា ព្រះជាម្ចាស់នឹងបញ្ជូនទេវតារបស់ទ្រង់មកតាមថែរក្សាលោក ហើយទេវតាទាំងនោះនឹងចាំទ្រលោកនៅក្នុងដៃរបស់គេ ដោយមិនឲ្យជើងលោកទង្គិចនឹងថ្មឡើយ។ ព្រះយេស៊ូវបានមានបន្ទូលទៅវាវិញថា ដូចមានសេចក្ដីចែងទុកមកទៀតថា អ្នកមិនត្រូវល្បួងព្រះអម្ចាស់ ជាព្រះរបស់អ្នកឡើយ។
ជាដំបូង តោះយើងមើលពាក្យដែលសាតាំងបាននិយាយនៅត្រង់នេះ។ សាតាំងបាននិយាយថា «បើលោកជាបុត្រារបស់ព្រះជាម្ចាស់មែន ចូរទម្លាក់ខ្លួនចុះទៅក្រោមមើល៍» ហើយបន្ទាប់មក វាបានដកស្រង់បទគម្ពីរ៖ «ព្រះជាម្ចាស់នឹងបញ្ជូនទេវតារបស់ទ្រង់មកតាមថែរក្សាលោក ហើយទេវតាទាំងនោះនឹងចាំទ្រលោកនៅក្នុងដៃរបស់គេ ដោយមិនឲ្យជើងលោកទង្គិចនឹងថ្មឡើយ»។ តើឯងមានអារម្មណ៍ដូចម្ដេច នៅពេលដែលឯងឮពាក្យរបស់សាតាំងហើយ? តើពាក្យទាំងនេះមិនមែនផ្ដេសផ្ដាសពេកទេឬអី? ពាក្យទាំងនេះផ្ដេសផ្ដាស មិនទំនង និងគួរឲ្យខ្ពើមណាស់។ ហេតុអ្វីបានជាខ្ញុំនិយាយបែបនេះ? ជារឿយៗ សាតាំងធ្វើរឿងដ៏ល្ងីល្ងើ ហើយវាជឿថា ខ្លួនវាឆ្លាតណាស់។ ជារឿយៗ វាដកស្រង់បទគម្ពីរ សូម្បីតែព្រះបន្ទូលដែលព្រះជាម្ចាស់បានថ្លែង ដើម្បីប្រើពាក្យទាំងនេះទៅប្រឆាំងនឹងព្រះជាម្ចាស់ វាយប្រហារទ្រង់ និងល្បួងទ្រង់ ក្នុងបំណងចង់សម្រេចគោលបំណងរបស់វាដែលចង់រាំងស្ទះដល់ផែនការនៃកិច្ចការរបស់ព្រះជាម្ចាស់។ តើអ្នកអាចមើលឃើញអ្វីមួយនៅក្នុងពាក្យដែលសាតាំងបាននិយាយដែរឬទេ? (សាតាំងមានចេតនាអាក្រក់។) នៅក្នុងគ្រប់កិច្ចការដែលសាតាំងធ្វើ វាតែងតែព្យាយាមល្បួងមនុស្សជាតិ។ សាតាំងមិននិយាយចំៗឡើយ ប៉ុន្តែចូលចិត្តនិយាយបញ្ឆិតបញ្ឆៀង ដោយប្រើសេចក្តីល្បួង ការលួងបញ្ឆោត និងការទាក់ចិត្ត។ សាតាំងប្រើប្រាស់សេចក្តីល្បួងរបស់វាទៅលើព្រះជាម្ចាស់ មើលដូចជាទ្រង់ជាមនុស្សសាមញ្ញធម្មតាម្នាក់ ដោយជឿថា ព្រះជាម្ចាស់ក៏ល្ងីល្ងើ ល្ងង់ខ្លៅ និងមិនចេះវែកញែកយ៉ាងច្បាស់នូវអ្វីដែលជាការពិត ដូចជាមនុស្សម្នាក់ដែលមិនអាចធ្វើបានអ៊ីចឹង។ សាតាំងគិតថា ព្រះជាម្ចាស់ និងមនុស្សគឺដូចគ្នា ដែលមិនអាចមើលធ្លុះពីសារជាតិ ការបោកបញ្ឆោត និងចេតនាអាក្រក់របស់វាឡើយ។ តើនេះមិនមែនជាភាពល្ងីល្ងើរបស់សាតាំងទេឬអី? លើសពីនេះទៅទៀត សាតាំងដកស្រង់បទគម្ពីរ ទាំងជឿថា ការធ្វើបែបនេះ នឹងធ្វើឲ្យអ្នកកាន់តែជឿជាក់លើវា និងជឿទៀតថា អ្នកនឹងមិនអាចចាប់ចំណុចខ្សោយណាមួយនៅក្នុងពាក្យរបស់វា ឬចៀសផុតពីការចាញ់បញ្ឆោតវានោះឡើយ។ តើនេះមិនមែនជាភាពមិនសមហេតុផល និងភាពផ្ដេសផ្ដាសរបស់សាតាំងទេឬអី? ការនេះដូចជាពេលដែលមនុស្សផ្សាយដំណឹងល្អ និងធ្វើបន្ទាល់អំពីព្រះជាម្ចាស់ផងដែរ៖ ពេលខ្លះ តើអ្នកមិនជឿនឹងមិននិយាយអ្វីមួយស្រដៀងនឹងអ្វីដែលសាតាំងបាននិយាយនេះទេឬអី? តើអ្នករាល់គ្នាធ្លាប់ឮមនុស្សនិយាយអ្វីមួយស្រដៀងនេះដែរឬទេ? តើអ្នកមានអារម្មណ៍ដូចម្ដេចដែរ នៅពេលដែលអ្នកបានឮគេនិយាយបែបនេះ? តើអ្នកមានអារម្មណ៍ខ្ពើមដែរឬទេ? (មាន។) នៅពេលដែលអ្នកមានអារម្មណ៍ខ្ពើម តើអ្នកក៏នឹងមានអារម្មណ៍ទាស់ចិត្ត និងស្អប់ដែរឬទេ? នៅពេលដែលអ្នកមានអារម្មណ៍ទាំងនេះ តើអ្នកអាចទទួលស្គាល់ថា សាតាំង និងនិស្ស័យដ៏ពុករលួយដែលសាតាំងធ្វើការនៅក្នុងមនុស្ស ជារឿងអាក្រក់ដែរឬទេ? នៅក្នុងដួងចិត្តរបស់អ្នក តើអ្នកធ្លាប់ទទួលស្គាល់នូវការពិតនេះដែរឬទេ៖ «នៅពេលដែលសាតាំងនិយាយ វានិយាយ ដើម្បីវាយប្រហារ និងល្បួង។ ពាក្យរបស់សាតាំងជាពាក្យមិនសមហេតុផល គួរឲ្យអស់សំណើច ផ្ដេសផ្ដាស និងគួរឲ្យខ្ពើម។ យ៉ាងណាមិញ ព្រះជាម្ចាស់នឹងមិនដែលមានបន្ទូល ឬធ្វើការបែបនេះឡើយ ហើយទ្រង់មិនដែលធ្វើបែបនេះ?» ជាការពិត នៅក្នុងស្ថានភាពបែបនេះ មនុស្សអាចយល់វាបានតែបន្ដិចប៉ុណ្ណោះ ហើយគេនៅតែមិនអាចយល់ពីភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ដដែល។ តើវាមិនបែបនេះទេឬ? ជាមួយកម្ពស់បច្ចុប្បន្នរបស់អ្នករាល់គ្នា អ្នកគ្រាន់តែមានអារម្មណ៍ថា៖ «អ្វីៗគ្រប់យ៉ាងដែលព្រះជាម្ចាស់មានបន្ទូល គឺជាសេចក្តីពិត មានប្រយោជន៍សម្រាប់យើង ហើយយើងត្រូវតែទទួលយកព្រះបន្ទូលទាំងនោះ»។ ទោះបីអ្នកអាចទទួលយកវាឬក៏អត់ អ្នកនឹងនិយាយដោយគ្មានការលើកលែងថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់គឺជាសេចក្តីពិត និងថាព្រះជាម្ចាស់ជាសេចក្តីពិត ប៉ុន្តែអ្នកមិនដឹងថា សេចក្តីពិតផ្ទាល់គឺជាភាពបរិសុទ្ធ ហើយក៏មិនដឹងទៀតថា ព្រះជាម្ចាស់ទ្រង់បរិសុទ្ធនោះដែរ។
ដូច្នេះ តើព្រះយេស៊ូវបានមានបន្ទូលឆ្លើយតបយ៉ាងដូចម្ដេចទៅកាន់ពាក្យសម្ដីរបស់សាតាំង? ព្រះយេស៊ូវបានមានបន្ទូលទៅវាថា៖ «ដូចមានសេចក្ដីចែងទុកមកទៀតថា អ្នកមិនត្រូវល្បួងព្រះអម្ចាស់ ជាព្រះរបស់អ្នកឡើយ»។ តើមានសេចក្តីពិតនៅក្នុងពាក្យដែលព្រះយេស៊ូវបានមានបន្ទូលនេះដែរឬទេ? (មាន។) នៅផ្នែកខាងក្រៅ ពាក្យទាំងនេះគឺជាបទបញ្ជាមួយដែលមនុស្សត្រូវធ្វើតាម ប៉ុន្តែ យ៉ាងណាមិញ ទាំងមនុស្ស និងអារក្ស ជារឿយៗបានល្មើសលើពាក្យទាំងនេះ ដែលជាឃ្លាដ៏សាមញ្ញមួយនេះ។ ដូច្នេះ ព្រះអម្ចាស់យេស៊ូវបានមានបន្ទូលទៅកាន់សាតាំងថា «អ្នកមិនត្រូវល្បួងព្រះអម្ចាស់ ជាព្រះរបស់អ្នកឡើយ» ដោយសារតែនេះជាអ្វីដែលសាតាំងបានធ្វើជាញឹកញាប់ វាបានធ្វើរឿងនេះយ៉ាងច្រើនដង។ គឺអាចនិយាយបានថា សាតាំងបានធ្វើរឿងនេះយ៉ាងគឃ្លើន និងឥតអៀនខ្មាសសោះឡើយ។ នៅក្នុងដួងចិត្តរបស់វា មាននូវធម្មជាតិនិងសារចាតិ ដែលមិនកោតខ្លាចព្រះជាម្ចាស់ និងមិនគោរពដល់ព្រះជាម្ចាស់។ សូម្បីតែពេលដែលសាតាំងបានឈរនៅជិតព្រះជាម្ចាស់ និងអាចមើលឃើញទ្រង់ក៏ដោយ ក៏វានៅតែអាចល្បួងព្រះជាម្ចាស់កើតទៀត។ ដូច្នេះ ព្រះអម្ចាស់យេស៊ូវបានមានបន្ទូលទៅកាន់សាតាំងថា «អ្នកមិនត្រូវល្បួងព្រះអម្ចាស់ ជាព្រះរបស់អ្នកឡើយ»។ នេះគឺជាព្រះបន្ទូលដែលព្រះជាម្ចាស់បានថ្លែងជារឿយៗទៅកាន់សាតាំង។ ដូច្នេះ តើវាសមស្របដែរឬទេដែលឃ្លានេះត្រូវបានអនុវត្តនៅក្នុងសម័យបច្ចុប្បន្ន? (ពិតជាសមស្រម ដ្បិតយើងក៏ល្បួងព្រះជាម្ចាស់ជារឿយៗផងដែរ។) ហេតុអ្វីបានជាមនុស្សល្បួងព្រះជាម្ចាស់ជារឿយៗបែបនេះ? តើវាដោយសារតែមនុស្សពេញដោយនិស្ស័យដ៏ពុករលួយរបស់សាតាំងឬ? (មែនហើយ។) ដូច្នេះ តើពាក្យរបស់សាតាំងនៅពីលើអ្វីដែលមនុស្សនិយាយជាញឹកញាប់ឬ? តើនៅក្នុងស្ថានភាពអ្វីខ្លះទៅដែលមនុស្សនិយាយពាក្យទាំងនេះ? គេអាចនិយាយបានថា មនុស្សបានកំពុងតែនិយាយពាក្យទាំងនេះ ដោយគ្មានគិតដល់ពេលវេលា និងទីកន្លែង។ ការនេះបញ្ជាក់បានថា និស្ស័យរបស់មនុស្សមិនខុសអ្វីពីនិស្ស័យដ៏ពុករលួយរបស់សាតាំងឡើយ។ ព្រះអម្ចាស់យេស៊ូវបានថ្លែងនូវព្រះបន្ទូលដ៏សាមញ្ញចំនួនពីរបី ជព្រះបន្ទូលដែលតំណាងឲ្យសេចក្តីពិត ជាព្រះបន្ទូលដែលមនុស្សត្រូវការ។ យ៉ាងណាមិញ នៅក្នុងស្ថានភាពនេះ តើព្រះអម្ចាស់យេស៊ូវកំពុងតែមានបន្ទូលនៅក្នុងរបៀបមួយដែលឈ្លោះប្រកែកជាមួយសាតាំងឬ? តើនៅក្នុងសេចក្តីដែលព្រះយេស៊ូវបានមានបន្ទូលទៅកាន់សាតាំង មាននូវលក្ខណៈបែបតតាំងដែរឬទេ? (អត់ទេ។) តើព្រះអម្ចាស់យេស៊ូវមានព្រះទ័យដូចម្ដេចអំពីសេចក្តីល្បួងរបស់សាតាំងនៅក្នុងដួងចិត្តរបស់ទ្រង់? តើទ្រង់មានព្រះទ័យស្អប់ខ្ពើម និងរអើមដែរឬទេ? (មាន។) ព្រះអម្ចាស់យេស៊ូវមានព្រះទ័យស្អប់ខ្ពើម និងរអើម ប៉ុន្តែទ្រង់នៅតែមិនឈ្លោះប្រកែកជាមួយសាតាំង ហើយក៏មិនថ្លែងអំពីគោលការណ៍សំខាន់ៗណាមួយឡើយ។ តើហេតុអ្វីទៅ? (គឺដោយសារតែសាតាំងតែងតែមានចរិតបែបនេះ ហើយវាមិនអាចផ្លាស់ប្ដូរបានឡើយ។) តើអាចនិយាយបានថា សាតាំងជាបុគ្គលដែលគ្មានហេតុផលដែរឬទេ? (ពិតជាបាន។) តើសាតាំងអាចទទួលស្គាល់ថា ព្រះជាម្ចាស់ជាសេចក្តីពិតដែរឬទេ? សាតាំងនឹងមិនដែលទទួលស្គាល់ថា ព្រះជាម្ចាស់ជាសេចក្តីពិត ហើយវានឹងមិនដែលសារភាពថា ព្រះជាម្ចាស់ជាសេចក្តីពិតនោះដែរ ដ្បិតនេះជាធម្មជាតិរបស់វា។ នៅមានទិដ្ឋភាពមួយទៀតអំពីនិស្ស័យរបស់សាតាំងដែលគួរឲ្យខ្ពើមរអើម។ តើនោះជាអ្វីទៅ? នៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់វាក្នុងការល្បួងព្រះអម្ចាស់យេស៊ូវ សាតាំងបានគិតថា ទោះបីវាមិនបានជោគជ័យក៏ដោយ ក៏វានៅតែព្យាយាមធ្វើដដែល។ ទោះបីវានឹងត្រូវទទួលទោសក៏ដោយ ក៏វានៅតែជ្រើសរើសព្យាយាមដដែល។ ទោះបីវានឹងមិនទទួលប្រយោជន៍អ្វីចេញពីការធ្វើនេះក៏ដោយ ក៏វានៅតែព្យាយាមតស៊ូខំប្រឹង និងឈរប្រឆាំងនឹងព្រះជាម្ចាស់ រហូតដល់ទីបញ្ចប់។ តើនេះជាធម្មជាតិប្រភេទអ្វីទៅ? តើវាមិនអាក្រក់ទេឬ? ប្រសិនបើមនុស្សម្នាក់ច្រឡោតខឹង នៅពេលដែលលើកឡើងអំពីព្រះជាម្ចាស់ តើគេបានឃើញព្រះជាម្ចាស់ឬ? តើគេស្គាល់ព្រះជាម្ចាស់ជានរណាឬ? គេមិនដឹងថាព្រះជាម្ចាស់ជានរណា មិនជឿលើទ្រង់ ហើយព្រះជាម្ចាស់មិនបានមានបន្ទូលទៅកាន់គេឡើយ។ ព្រះជាម្ចាស់មិនដែលបង្កបញ្ហាដល់គេទាល់តែសោះ ចុះហេតុអ្វីបានជាគេច្រឡោតខឹងដូច្នេះ? តើយើងអាចនិយាយបានថា បុគ្គលនេះអាក្រក់បានដែរឬទេ? និន្នាការខាងលោកីយ៍ ការស៊ីផឹក ការសប្បាយភ្លើតភ្លើន ការដេញតាមពួកតារា ទាំងអស់នេះគ្មានអ្វីមួយដែលនឹងរំខានដល់មនុស្សឡើយ។ យ៉ាងណាមិញ ដល់ពេលលើកឡើងអំពីពាក្យថា «ព្រះជាម្ចាស់» ឬអំពីសេចក្តីពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ គេបែរជាច្រឡោតខឹងទៅវិញ។ តើនេះមិនមែនជាការមាននូវធម្មជាតិដ៏អាក្រក់ទេឬ? នេះជាភស្តុតាងគ្រប់គ្រាន់ ដើម្បីបញ្ជាក់ថា នេះជាធម្មជាតិដ៏អាក្រក់របស់មនុស្ស។ ឥឡូវនេះ និយាយចំពោះអ្នករាល់គ្នាវិញ នៅពេលដែលសេចក្តីពិតត្រូវបានលើកឡើង ឬនៅពេលដែលការដាក់ទោសរបស់ព្រះជាម្ចាស់ចំពោះមនុស្សជាតិ ឬព្រះបន្ទូលនៃការជំនុំជម្រះរបស់ព្រះជាម្ចាស់ទាស់នឹងមនុស្សត្រូវបានលើកឡើង តើអ្នករាល់គ្នាមានអារម្មណ៍ទាស់ចិត្ត ស្អប់ខ្ពើម និងមិនចង់ឮព្រះបន្ទូលទាំងនេះដែរឬទេ? ដួងចិត្តរបស់អ្នកគិតថា៖ «តើមនុស្សទាំងអស់មិននិយាយថា ព្រះជាម្ចាស់ជាសេចក្តីពិតទេឬ? ព្រះបន្ទូលខ្លះមិនមែនជាការពិតឡើយ! ច្បាស់ណាស់ វាគ្រាន់តែជាព្រះបន្ទូលនៃការដាស់តឿនរបស់ព្រះជាម្ចាស់ចំពោះមនុស្សតែប៉ុណ្ណោះ!» មនុស្សខ្លះអាចថែមទាំងមានអារម្មណ៍ទាស់ចិត្តយ៉ាងខ្លាំងនៅក្នុងដួងចិត្តរបស់គេ ហើយគិតថា៖ «ពាក្យទាំងនេះនិយាយឡើងរាល់ថ្ងៃ ដូចជា ការដាក់ទោសរបស់ទ្រង់ ការជំនុំជម្រះរបស់ទ្រង់ តើគេនឹងឈប់និយាយនៅពេលណាទៅ? តើយើងនឹងទទួលបានទិសដៅដ៏ល្អនៅពេលណាទៅ?» គេមិនបានដឹងឡើយថា កំហឹងដ៏គ្មានហេតុផលនេះចេញមកពីណាឡើយ។ តើនេះជាធម្មជាតិប្រភេទអ្វីទៅ? (ធម្មជាតិដ៏អាក្រក់។) វាត្រូវបានចង្អុលបង្ហាញ និងដឹកនាំ ដោយធម្មជាតិដ៏អាក្រក់របស់សាតាំង។ តាមរយៈទស្សនៈរបស់ព្រះជាម្ចាស់ ទាក់ទងនឹងធម្មជាតិដ៏អាក្រក់របស់សាតាំង និងនិស្ស័យដ៏ពុករលួយរបស់មនុស្ស ទ្រង់មិនដែលឈ្លោះប្រកែក ឬគុំកួនចំពោះមនុស្សឡើយ ហើយទ្រង់ក៏មិនដែលរអ៊ូរទាំ នៅពេលដែលមនុស្សប្រព្រឹត្តរឿងល្ងង់ខ្លៅនោះដែរ។ អ្នកនឹងមិនដែលឃើញព្រះជាម្ចាស់មានទស្សនៈបែបនេះចំពោះមនុស្សលោកឡើយ ហើយលើសពីនេះ អ្នកក៏នឹងមិនឃើញទ្រង់ប្រើទស្សនៈ ចំណេះដឹង វិទ្យាសាស្ត្រ ទស្សនវិជ្ជា ឬការស្រមើស្រមៃរបស់មនុស្សជាតិ ដើម្បីដោះស្រាយរឿងទាំងនេះនោះដែរ។ ផ្ទុយទៅវិញ គ្រប់កិច្ចការដែលព្រះជាម្ចាស់ធ្វើ និងគ្រប់សេចក្តីដែលព្រះជាម្ចាស់បើកសម្ដែង ត្រូវបានផ្សារភ្ជាប់ជាមួយនឹងសេចក្តីពិត។ នោះមានន័យថា គ្រប់ទាំងព្រះបន្ទូលដែលទ្រង់បានថ្លែង និងគ្រប់ទាំងទង្វើដែលទ្រង់បានធ្វើ ត្រូវបានចងភ្ជាប់ទៅនឹងសេចក្តីពិត។ សេចក្តីពិតនេះមិនមែនជាផលដែលកើតចេញពីសេចក្តីរវើរវាយដែលគ្មានមូលដ្ឋាននោះទេ ប៉ុន្តែសេចក្តីពិតនេះ និងព្រះបន្ទូលទាំងនេះត្រូវបានបង្ហាញចេញពីព្រះជាម្ចាស់ តាមរយៈគុណធម៌នៃសារជាតិ និងព្រះជន្មរបស់ទ្រង់។ ដោយសារតែព្រះបន្ទូលទាំងនេះ និងសារជាតិនៃអ្វីៗគ្រប់យ៉ាងដែលព្រះជាម្ចាស់បានធ្វើ ជាសេចក្តីពិត យើងអាចនិយាយបានថា សារជាតិរបស់ព្រះជាម្ចាស់ គឺបរិសុទ្ធ។ នៅម្យ៉ាងទៀត អ្វីៗគ្រប់យ៉ាងដែលព្រះជាម្ចាស់មានបន្ទូល និងធ្វើ នាំមកនូវភាពក្លៀវក្លា និងពន្លឺទៅកាន់មនុស្ស ជួយឲ្យមនុស្សមើលឃើញរឿងវិជ្ជមាន និងភាពជាក់ស្ដែងនៃរឿងវិជ្ជមានទាំងនោះ ហើយចង្អុលផ្លូវសម្រាប់មនុស្ស ដើម្បីឲ្យពួកគេអាចដើរនៅក្នុងផ្លូវដ៏ត្រឹមត្រូវ។ រឿងទាំងអស់នេះត្រូវបានកំណត់ទុក ដោយសារជាតិរបស់ព្រះជាម្ចាស់ និងដោយសារជាតិនៃភាពបរិសុទ្ធរបស់ទ្រង់។ តើអ្នករាល់គ្នាមើលឃើញការនេះក្នុងពេលឥឡូវដែរឬទេ? ឥឡូវនេះ យើងនឹងបន្តជាមួយការអានបទគម្ពីរមួយទៀត។
ម៉ាថាយ ៤:៨-១១ ម្ដងទៀត អារក្សក៏នាំព្រះអង្គទៅលើកំពូលភ្នំមួយយ៉ាងខ្ពស់ ហើយបង្ហាញនគរទាំងអស់នៅក្នុងពិភពលោក ព្រមទាំងសិរីល្អនៃនគរទាំងនោះ ថ្វាយព្រះអង្គទត រួចវាទូលព្រះអង្គថា៖ ប្រសិនបើលោកក្រាបថ្វាយបង្គំខ្ញុំ នោះខ្ញុំនឹងប្រគល់របស់ទាំងអស់នេះដល់លោក។ នោះ ព្រះយេស៊ូវមានព្រះបន្ទូលទៅវាថា៖ សាតាំងអើយ ចូរឯងថយចេញទៅ ដ្បិតមានសេចក្តីចែងទុកមកថា ឯងត្រូវថ្វាយបង្គំព្រះអម្ចាស់ ជាព្រះរបស់ឯង ហើយត្រូវគោរពបម្រើព្រះអង្គតែមួយប៉ុណ្ណោះ។ ពេលនោះ អារក្សក៏ថយចេញពីទ្រង់ រួចមានពួកទេវតាមកបម្រើទ្រង់។
ដោយបានបរាជ័យនៅក្នុងល្បិចកលពីមុនរបស់វាទាំងពីរលើក អារក្សសាតាំងបានព្យាយាមម្ដងទៀត៖ វាបានបង្ហាញគ្រប់នគរនៅក្នុងពិភពលោក និងសិរីល្អនៃនគរទាំងនោះដល់ព្រះអម្ចាស់យេស៊ូវ ហើយបង្គាប់ឲ្យទ្រង់ថ្វាយបង្គំវា។ តើអ្នកអាចមើលឃើញអ្វីខ្លះអំពីលក្ខណៈដ៏ពិតរបស់អារក្សចេញពីស្ថានភាពនេះ? តើអារក្សសាតាំងមិនមានកេរ្តិ៍ខ្មាសទេឬ? (មិនមានទេ។) តើវាគ្មានកេរ្តិ៍ខ្មាសយ៉ាងដូចម្ដេចទៅ? អ្វីៗសព្វសារពើត្រូវបានបង្កើតឡើង ដោយព្រះជាម្ចាស់ ប៉ុន្តែ សាតាំងបានប្រែក្រឡាស់ ហើយបង្ហាញអ្វីៗទាំងអស់ទៅកាន់ព្រះជាម្ចាស់ ដោយនិយាយថា៖ «សូមមើលទៅកាន់ភោគទ្រព្យ និងសិរីល្អនៃនគរទាំងនេះចុះ។ ប្រសិនបើលោកថ្វាយបង្គំខ្ញុំ នោះខ្ញុំនឹងប្រគល់ភោគទ្រព្យទាំងអស់នេះដល់លោក»។ តើនេះមិនមែនជាការប្រែក្រឡាស់តួនាទីទាំងស្រុងទេឬ? តើសាតាំងឥតខ្មាសគេទេឬអី? ព្រះជាម្ចាស់បានបង្កើតអ្វីៗសព្វសារពើ ប៉ុន្តែ តើទ្រង់មិនបានបង្កើតអ្វីៗគ្រប់យ៉ាងសម្រាប់ជាក្តីរីករាយរបស់ទ្រង់ទេឬ? ព្រះជាម្ចាស់បានប្រទានអ្វីៗគ្រប់យ៉ាងទៅកាន់មនុស្សជាតិ ប៉ុន្តែសាតាំងបានរឹបអូសយកអ្វីៗទាំងអស់នោះ ហើយដោយបានរឹបអូសយករួច វាបានប្រាប់ព្រះជាម្ចាស់ថា «ចូរថ្វាយបង្គំខ្ញុំ! ចូរថ្វាយបង្គំខ្ញុំ នោះខ្ញុំនឹងប្រគល់អ្វីៗទាំងអស់នេះដល់លោក»។ នេះគឺជាមុខមាត់ដ៏អាក្រក់របស់សាតាំង ដ្បិតវាឥតអៀនខ្មាសសោះឡើយ! សាតាំងមិនដឹងអំពីអត្ថន័យនៃពាក្យថា «អាម៉ាស់» ផង។ នេះគ្រាន់តែជាឧទាហរណ៍មួយទៀតអំពីសេចក្ដីអាក្រក់របស់វាប៉ុណ្ណោះ។ វាថែមទាំងមិនដឹងអំពីអ្វីទៅជាភាពអាម៉ាស់ឡើយ។ សាតាំងដឹងយ៉ាងច្បាស់ថា ព្រះជាម្ចាស់បានបង្កើតអ្វីៗសព្វសារពើ និងដឹងទៀតថា ទ្រង់គ្រប់គ្រង និងមានអំណាចត្រួតត្រាលើអ្វីៗទាំងអស់។ អ្វីៗសព្វសារពើមិនមែនជាកម្មសិទ្ធិរបស់មនុស្ស ហើយក៏មិនមែនជាកម្មសិទ្ធិរបស់សាតាំងដែរ ប៉ុន្តែជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់ តែអារក្សសាតាំងបែរជានិយាយដោយឥតអៀនខ្មាសថា វានឹងប្រគល់អ្វីៗទាំងអស់នោះដល់ព្រះជាម្ចាស់ទៅវិញ។ តើនេះមិនមែនជាឧទាហរណ៍មួយទៀតអំពីសាតាំង ដែលកំពុងតែប្រព្រឹត្តដោយមិនសមហេតុផល និងឥតអៀនខ្មាសទាល់តែសោះទេឬ? ការនេះធ្វើឲ្យព្រះជាម្ចាស់ស្អប់សាតាំងកាន់តែខ្លាំង មិនអ៊ីចឹងឬ? ប៉ុន្តែ មិនថាសាតាំងបានព្យាយាមបែបណានោះទេ តើព្រះអម្ចាស់យេស៊ូវបានចាញ់បញ្ឆោតវាដែរឬទេ? តើព្រះអម្ចាស់យេស៊ូវបានមានបន្ទូលអ្វីខ្លះទៅ? («ឯងត្រូវថ្វាយបង្គំព្រះអម្ចាស់ ជាព្រះរបស់ឯង ហើយត្រូវគោរពបម្រើព្រះអង្គតែមួយប៉ុណ្ណោះ»។) តើព្រះបន្ទូលទាំងនេះមានអត្ថន័យជាក់ស្ដែងដែរឬទេ? (ពិតជាមាន។) តើជាអត្ថន័យជាក់ស្ដែងប្រភេទណាទៅ? យើងមើលឃើញពីការអាក្រក់ និងភាពឥតអៀនខ្មាសរបស់សាតាំងនៅក្នុងសម្ដីរបស់វា។ ដូច្នេះ ប្រសិនបើមនុស្សបានថ្វាយបង្គំសាតាំង តើវានឹងមានលទ្ធផលអ្វីទៅ? តើពួកគេនឹងទទួលបានភោគទ្រព្យ និងសិរីល្អនៅក្នុងនគរទាំងអស់ដែរឬទេ? (អត់ទេ។) តើពួកគេនឹងទទួលបានអ្វីខ្លះទៅ? តើមនុស្សជាតិនឹងមានភាពឥតអៀនខ្មាស និងភាពគួរឲ្យអស់សំណើច ដូចជាសាតាំងដែរឬទេ? (មាន។) ពួកគេនឹងគ្មានអ្វីខុសប្លែកពីសាតាំងឡើយ។ ដូច្នេះ ព្រះអម្ចាស់យេស៊ូវបានថ្លែងព្រះបន្ទូលទាំងនេះ ដែលសំខាន់សម្រាប់មនុស្សលោកម្នាក់ៗ៖ «ឯងត្រូវថ្វាយបង្គំព្រះអម្ចាស់ ជាព្រះរបស់ឯង ហើយត្រូវគោរពបម្រើព្រះអង្គតែមួយប៉ុណ្ណោះ»។ នេះមានន័យថា ក្រៅពីព្រះអម្ចាស់ ក្រៅពីព្រះជាម្ចាស់ផ្ទាល់ ប្រសិនបើអ្នកបម្រើអ្នកផ្សេង ប្រសិនបើអ្នកថ្វាយបង្គំអារក្សសាតាំង នោះអ្នកនឹងត្រូវលង់នៅក្នុងសេចក្តីស្មោកគ្រោក ដូចជាសាតាំងមិនខាន។ បន្ទាប់មក អ្នកនឹងមានភាពឥតអៀនខ្មាស និងសេចក្ដីអាក្រក់របស់សាតាំង ហើយដូចជាសាតាំងដែរ អ្នកនឹងល្បួងព្រះជាម្ចាស់ ហើយវាយប្រហារទ្រង់ជាមិនខាន។ ដូច្នេះ តើអ្នកនឹងទទួលបានលទ្ធផលអ្វីខ្លះទៅ? អ្នកនឹងត្រូវព្រះជាម្ចាស់ស្អប់ខ្ពើម ត្រូវព្រះជាម្ចាស់បដិសេធ និងត្រូវព្រះជាម្ចាស់បំផ្លាញជាមិនខាន។ ក្រោយពេលសាតាំងបានល្បួងព្រះអម្ចាស់យេស៊ូវជាច្រើនដង ទាំងមិនបានជោគជ័យ តើវាបានព្យាយាមម្ដងទៀតដែរឬទេ? សាតាំងមិនបានព្យាយាមម្ដងទៀតឡើយ បន្ទាប់មក វាក៏បានចាកចេញទៅ។ តើការនេះចង់បញ្ជាក់អំពីអ្វីខ្លះទៅ? វាបញ្ជាក់ថា ធម្មជាតិដ៏អាក្រក់របស់សាតាំង ការព្យាបាទរបស់វា និងភាពគ្មានហេតុផល ព្រមទាំងភាពខុសទំនងរបស់វា គ្មានតម្លៃអ្វីក្នុងការលើកឡើងនៅមុខព្រះភ័ក្ត្ររបស់ព្រះជាម្ចាស់ឡើយ។ ព្រះអម្ចាស់យេស៊ូវបានបង្រ្កាបសាតាំង ជាមួយនឹងព្រះបន្ទូលតែបីប្រយោគប៉ុណ្ណោះ ក្រោយពេលវាបានដើរចេញទាំងបរាជ័យ និងរងភាពអាម៉ាស់យ៉ាងខ្លាំងមក វាលែងល្បួងព្រះអម្ចាស់យេស៊ូវទៀតហើយ។ ដោយសារតែព្រះអម្ចាស់យេស៊ូវបានឈ្នះលើសេចក្តីល្បួងរបស់សាតាំង ឥឡូវ ទ្រង់អាចបន្តកិច្ចការដែលទ្រង់បានធ្វើ និងកិច្ចការដែលនៅខាងមុខទ្រង់យ៉ាងងាយស្រួល។ ប្រសិនបើព្រះបន្ទូលនេះត្រូវបានអនុវត្តនៅក្នុងគ្រាបច្ចុប្បន្ន តើអ្វីៗគ្រប់យ៉ាងដែលព្រះអម្ចាស់យេស៊ូវបានធ្វើ និងបានមានបន្ទូលនៅក្នុងស្ថានភាពនេះ បង្កប់នូវអត្ថន័យជាក់ស្ដែងសម្រាប់មនុស្សលោកម្នាក់ៗ ដែរឬទេ? (ពិតជាមាន។) តើវាមានអត្ថន័យជាក់ស្ដែងអ្វីខ្លះទៅ? តើការយកឈ្នះលើសាតាំង ជារឿងងាយស្រួលនឹងធ្វើទេ? តើមនុស្សត្រូវតែមានការយល់ដឹងដ៏ច្បាស់លាស់អំពីធម្មជាតិដ៏អាក្រក់របស់សាតាំងដែរឬទេ? តើមនុស្សមានការយល់ដឹងដ៏សុក្រឹតអំពីសេចក្តីល្បួងរបស់សាតាំងដែរឬទេ? (ត្រូវតែមាន។) នៅពេលដែលជួបសេចក្តីល្បួងរបស់សាតាំងនៅក្នុងជីវិតរបស់អ្នក ប្រសិនបើអ្នកអាចមើលធ្លុះធម្មជាតិអាក្រក់របស់សាតាំង តើអ្នកនឹងមិនអាចយកឈ្នះលើវាទេឬ? ប្រសិនបើអ្នកបានដឹងអំពីភាពគ្មានហេតុផល និងភាពគ្មានទំនងរបស់សាតាំង តើអ្នកនឹងនៅតែឈរខាងសាតាំង ហើយវាយប្រហារព្រះជាម្ចាស់ដែរឬទេ? ប្រសិនបើអ្នកបានយល់អំពីរបៀបដែលការព្យាបាទ និងភាពឥតអៀនខ្មាសរបស់សាតាំងត្រូវបានបើកសម្ដែង តាមរយៈអ្នក ប្រសិនបើអ្នកទទួលស្គាល់ និងយល់រឿងទាំងនេះយ៉ាងច្បាស់ តើអ្នកនឹងនៅតែវាយប្រហារ និងល្បួងព្រះជាម្ចាស់បែបនេះទៀតឬ? (អត់ទេ យើងនឹងមិនធ្វើឡើយ។) តើអ្នកនឹងធ្វើអ្វីទៅ? (យើងនឹងប្រឆាំងនឹងសាតាំង ហើយបណ្ដេញវាចេញ។) តើនេះជារឿងងាយស្រួលធ្វើឬ? វាមិនស្រួលឡើយ។ ដើម្បីធ្វើការនេះបាន មនុស្សត្រូវតែអធិស្ឋានឲ្យបានញឹកញាប់ ពួកគេត្រូវតែដាក់ខ្លួនគេនៅមុខព្រះជាម្ចាស់ជារឿយៗ និងត្រួតពិនិត្យខ្លួនឯង។ ហើយពួកគេត្រូវតែអនុញ្ញាតឲ្យព្រះជាម្ចាស់ប្រៀនប្រដៅ ជំនុំជម្រះ និងវាយផ្ចាលពួកគេ។ មានតែបែបនេះទេ ទើបបន្តិចម្ដងៗ មនុស្សនឹងដកខ្លួនចេញពីសេចក្តីបញ្ឆោត និងការត្រួតត្រារបស់សាតាំងបាន។
ដោយមើលទៅកាន់ពាក្យទាំងអស់ដែលសាតាំងបាននិយាយ ឥឡូវនេះខ្ញុំនឹងសង្ខេបអំពីអ្វីៗដែលផ្សំឡើងជាសារជាតិរបស់សាតាំង។ ជាដំបូង សារជាតិរបស់សាតាំងអាចនិយាយជាទូទៅថាជាសារជាតិអាក្រក់ ផ្ទុយពីភាពបរិសុទ្ធរបស់ព្រះជាម្ចាស់។ ហេតុអ្វីបានជាខ្ញុំនិយាយថា សារជាតិរបស់សាតាំងគឺអាក្រក់? ដើម្បីឆ្លើយសំណួរនេះ គេត្រូវតែពិនិត្យមើលផលវិបាកនៃអ្វីដែលសាតាំងធ្វើចំពោះមនុស្ស។ សាតាំងត្រួតត្រាមនុស្ស និងធ្វើឲ្យគេពុករលួយ ហើយមនុស្សប្រព្រឹត្ត ដោយស្ថិតនៅក្រោមនិស្ស័យដ៏ពុករលួយរបស់សាតាំង និងរស់នៅក្នុងពិភពលោកមួយដែលមនុស្សត្រូវបានសាតាំងធ្វើឲ្យពុករលួយ។ ទាំងមិនដឹងខ្លួន មនុស្សជាតិត្រូវបានកាន់កាប់ និងបញ្ជ្រាប ដោយសាតាំង ដូច្នេះ មនុស្សមាននិស្ស័យដ៏ពុករលួយរបស់សាតាំង ដែលជានិស្ស័យរបស់សាតាំង។ ចេញពីអ្វីគ្រប់យ៉ាងដែលសាតាំងបាននិយាយ និងបានធ្វើ តើអ្នកបានឃើញអំពីភាពក្អេងក្អាងរបស់វាដែរឬទេ? តើអ្នកបានឃើញអំពីភាពបោកបញ្ឆោត និងការព្យាបាទរបស់វាដែរឬទេ? តើភាពក្អេងក្អាងរបស់សាតាំងត្រូវបានបង្ហាញចេញជាចម្បងដោយរបៀបណាទៅ? តើសាតាំងតែងតែមានបំណងចង់កាន់មុខតំណែងរបស់ព្រះជាម្ចាស់ឬ? សាតាំងតែងតែចង់បំផ្លាញកិច្ចការរបស់ព្រះជាម្ចាស់ និងកាន់មុខតំណែងរបស់ព្រះជាម្ចាស់ ដើម្បីឲ្យមនុស្សដើរតាម គាំទ្រ និងថ្វាយបង្គំវា។ នេះហើយជាធម្មជាតិដ៏ក្អេងក្អាងរបស់សាតាំង។ នៅពេលដែលសាតាំងធ្វើឲ្យមនុស្សពុករលួយ តើវាប្រាប់ពួកគេដោយផ្ទាល់អំពីអ្វីដែលពួកគេគួរតែធ្វើដែរឬទេ? នៅពេលដែលសាតាំងល្បួងព្រះជាម្ចាស់ តើវាចេញមក ដោយនិយាយថា៖ «ខ្ញុំកំពុងតែល្បួងលោក ខ្ញុំកំពុងតែវាយប្រហារលោក» ឬ? វាមិនបានធ្វើបែបនេះឡើយ។ ដូច្នេះ តើសាតាំងប្រើវិធីសាស្ត្រអ្វីទៅ? វាទាក់ចិត្ត ល្បួង វាយប្រហារ និងដាក់អន្ទាក់ ហើយថែមទាំងដកស្រង់បទគម្ពីរទៀតផង។ សាតាំងនិយាយ និងប្រព្រឹត្តនៅក្នុងរបៀបផ្សេងៗ ដើម្បីសម្រេចគោលបំណង និងចេតនាដ៏អាក្រក់របស់វា។ ក្រោយពេលសាតាំងបានធ្វើកិច្ចការនេះហើយ តើគេអាចមើលឃើញអ្វីខ្លះចេញពីអ្វីដែលស្ដែងចេញនៅក្នុងមនុស្ស? តើមនុស្សមិនមានភាពក្អេងក្អាងទេឬ? មនុស្សបានរងទុក្ខចេញពីសេចក្តីពុករលួយរបស់សាតាំងអស់ពេលជាច្រើនពាន់ឆ្នាំ ដូច្នេះ មនុស្សក៏មានភាពក្អេងក្អាង ភាពបោកបញ្ឆោត ភាពព្យាបាទ និងភាពល្ងីល្ងើផងដែរ។ គ្រប់ការអាក្រក់ទាំងអស់នេះត្រូវបាននាំមក ដោយសារតែធម្មជាតិរបស់សាតាំង។ ដោយសារតែធម្មជាតិរបស់សាតាំងគឺអាក្រក់ ដូច្នេះ វាក៏បានផ្ដល់ឲ្យមនុស្សនូវ និស្ស័យអាក្រក់ និងនិស្ស័យដ៏ពុករលួយនេះផងដែរ។ នេះជាហេតុផលដែលនាំឲ្យមនុស្សរស់នៅក្រោមនិស្ស័យដ៏ពុករលួយរបស់សាតាំង ហើយមនុស្សក៏ប្រឆាំងទាស់នឹងព្រះជាម្ចាស់ វាយប្រហារព្រះជាម្ចាស់ និងល្បួងទ្រង់ដូចសាតាំងផងដែរ។ នេះហើយជាលទ្ធផលដែលនាំឲ្យមនុស្សមិនអាចថ្វាយបង្គំព្រះជាម្ចាស់ និងមានដួងចិត្តដែលគោរពចំពោះទ្រង់នោះ។
ទាក់ទងនឹងភាពបរិសុទ្ធរបស់ព្រះជាម្ចាស់វិញ ទោះបីវាជាប្រធានបទស្រដៀងគ្នាក៏ដោយ ប៉ុន្តែ នេះជាប្រធានបទមួយដែលមានភាពមិនច្បាស់លាស់សម្រាប់មនុស្សមួយចំនួន ហើយហាក់ដូចជាជ្រាលជ្រៅ និងពិបាកយល់។ ប៉ុន្តែ វាមិនចាំបាច់មានការអន្ទះសានោះឡើយ។ ខ្ញុំនឹងជួយអ្នករាល់គ្នាឲ្យយល់អំពីអត្ថន័យនៃភាពបរិសុទ្ធរបស់ព្រះជាម្ចាស់។ ដើម្បីស្គាល់បុគ្គលម្នាក់ជាមនុស្សប្រភេទណា ចូរមើលទៅកាន់អ្វីដែលគេធ្វើ និងលទ្ធផលនៃទង្វើរបស់គេ ហើយបន្ទាប់មក អ្នកនឹងអាចមើលឃើញពីសារជាតិរបស់បុគ្គលម្នាក់នោះមិនខាន។ តើអាចនិយាយបែបនេះកើតឬ? (ពិតជាអាច។) ជាដំបូង ចូរយើងរួមប្រកបអំពីភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ចេញពីទិដ្ឋភាពមួយនេះ។ គឺអាចនិយាយបានថា សារជាតិរបស់សាតាំងគឺអាក្រក់ ដូច្នេះ សកម្មភាពរបស់សាតាំងចំពោះមនុស្ស បានធ្វើឲ្យពួកគេពុករលួយ ដោយឥតឈប់ឈរឡើយ។ សាតាំងគឺអាក្រក់ ដូច្នេះ មនុស្សដែលវាបានធ្វើឲ្យពុករលួយ ក៏ច្បាស់ជាអាក្រក់ផងដែរ តើវាត្រឹមត្រូវទេ? តើគ្រប់គ្នានឹងនិយាយថា «សាតាំងគឺអាក្រក់ ប៉ុន្តែ ប្រហែល មនុស្សដែលវាបានធ្វើឲ្យពុកខូច គឺបរិសុទ្ធ» ដែរឬទេ? ការនិយាយបែបនេះជារឿងកំប្លែងពេកហើយ មិនអញ្ចឹងឬ? តើវាអាចទៅរួចដែរឬទេ? (អត់ទេ។) សាតាំងគឺអាក្រក់ ហើយនៅក្នុងសេចក្តីអាក្រក់របស់វា មានទាំងផ្នែកដ៏សំខាន់ និងជាក់ស្ដែង។ នេះមិនមែនជាការនិយាយដោយគ្មានមូលដ្ឋាននោះឡើយ។ យើងមិនមែនកំពុងតែព្យាយាមបង្ខូចឈ្មោះសាតាំងឡើយ។ យើងកំពុងតែប្រកបគ្នាអំពីសេចក្តីពិត និងភាពជាក់ស្ដែង។ ការប្រកបគ្នាអំពីតថភាពពិតនៃប្រធានបទនេះ អាចធ្វើឲ្យមនុស្សខ្លះ ឬមនុស្សមួយចំនួនតូចរងការឈឺចាប់ ប៉ុន្តែវាគ្មានចេតនាព្យាបាទឡើយ។ ប្រហែល អ្នករាល់គ្នានឹងទើបតែឮរឿងនេះនៅថ្ងៃនេះ ហើយមានអារម្មណ៍មិនស្រួលចិត្ត ប៉ុន្តែ ឆាប់ៗខាងមុខ ពេលដែលអ្នករាល់គ្នាអាចទទួលស្គាល់វា នោះអ្នករាល់គ្នានឹងស្អប់ខ្ពើមខ្លួនឯង ហើយអ្នកនឹងមានអារម្មណ៍ថា អ្វីដែលខ្ញុំនិយាយនៅថ្ងៃនេះ ពិតជាមានប្រយោជន៍ និងមានតម្លៃខ្លាំងចំពោះអ្នករាល់គ្នា។ សារជាតិរបស់សាតាំង គឺអាក្រក់ ដូច្នេះ តើយើងអាចនិយាយបានថា លទ្ធផលចេញពីទង្វើរបស់សាតាំងសុទ្ធតែអាក្រក់ ឬយ៉ាងហោចណាស់ ត្រូវបានជាប់នឹងសេចក្តីអាក្រក់របស់វាដែរឬទេ? (មែនហើយ។) ដូច្នេះ តើសាតាំងធ្វើឲ្យមនុស្សពុករលួយបានដោយរបៀបណាទៅ? នៅក្នុងចំណោមការអាក្រក់ដែលសាតាំងធ្វើនៅក្នុងពិភពលោក និងនៅក្នុងចំណោមនុស្សជាតិ តើមានទិដ្ឋភាពជាក់លាក់ណាខ្លះដែលមនុស្សអាចមើលឃើញ និងយល់បានទៅ? តើអ្នករាល់គ្នាធ្លាប់គិតអំពីសំណួរនេះកាលពីមុនដែរឬទេ? អ្នករាល់គ្នាប្រហែលជាមិនធ្លាប់បានគិតច្រើនឡើយអំពីការនេះ ដូច្នេះ សូមអនុញ្ញាតឲ្យខ្ញុំលើកឡើងអំពីចំណុចសំខាន់ៗមួយចំនួនចុះ។ មនុស្សគ្រប់គ្នាសុទ្ធតែដឹងអំពីទ្រឹស្ដីនៃការវិវត្តន៍ដែលសាតាំងបានលើកឡើងហើយ មែនទេ? នេះគឺជាផ្នែកមួយនៃចំណេះដឹងដែលមនុស្សបានសិក្សា តើត្រូវទេ? (ត្រូវហើយ។) ដូច្នេះ ជាដំបូង សាតាំងប្រើប្រាស់ចំណេះដឹង ដើម្បីធ្វើឲ្យមនុស្សពុករលួយ ហើយប្រើវិធីសាស្ត្រដ៏អាក្រក់របស់វា ដើម្បីផ្ទេរចំណេះដឹងទៅកាន់ពួកគេ។ បន្ទាប់មក វាប្រើវិទ្យាសាស្ត្រ ដើម្បីធ្វើឲ្យមនុស្សពុករលួយ ដោយធ្វើឲ្យពួកគេមានចំណាប់អារម្មណ៍ទៅលើចំណេះដឹង វិទ្យាសាស្ត្រ រឿងអាថ៌កំបាំង ឬនៅក្នុងរឿងដែលធ្វើឲ្យមនុស្សមានបំណងចង់រុករក។ កិច្ចការបន្ទាប់ដែលសាតាំងប្រើ ដើម្បីធ្វើឲ្យមនុស្សពុករលួយ គឺជាវប្បធម៌ប្រពៃណី និងអបិយជំនឿ ហើយបន្ទាប់មកទៀត គឺជានិន្នាការសង្គម។ ទាំងអស់នេះគឺជាអ្វីដែលមនុស្សជួបប្រទះនៅក្នុងជីវិតប្រចាំថ្ងៃរបស់គេ ហើយអ្វីៗទាំងអស់នេះកើតឡើងនៅជុំវិញជីវិតរបស់គេតែម្ដង។ ពួកគេទាំងអស់គ្នាត្រូវបានផ្សារភ្ជាប់ទៅនឹងអ្វីៗដែលគេមើលឃើញ អ្វីដែលគេស្ដាប់ឮ អ្វីដែលគេប៉ះពាល់ និងអ្វីដែលគេមានបទពិសោធន៍។ គេអាចនិយាយបានថា មនុស្សលោកម្នាក់ៗរស់នៅជីវិតរបស់គេ ហ៊ុមព័ទ្ធដោយអ្វីៗទាំងនេះ ដោយមិនអាចចៀសផុត ឬរួចខ្លួនពីអ្វីៗទាំងនេះឡើយ ទោះបីជាពួកគេចង់ក៏ដោយ។ ដោយប្រឈមនឹងរឿងទាំងនេះ មនុស្សជាតិមិនអាចធ្វើអ្វីបានឡើយ ហើយអ្វីដែលគេអាចធ្វើបានគឺរងឥទ្ធិពល ចម្លង ត្រូវត្រួតត្រា និងត្រូវបានចង ដោយអ្វីៗទាំងនោះ ដូច្នេះ មនុស្សគ្មានអំណាចអ្វី ដើម្បីឲ្យបានរួចខ្លួនពីរឿងទាំងនោះឡើយ។
១. របៀបដែលសាតាំងប្រើចំណេះដឹងទៅធ្វើឲ្យមនុស្សពុករលួយ
ជាដំបូង យើងនឹងនិយាយអំពីចំណេះដឹង។ តើចំណេះដឹងជាអ្វីមួយដែលមនុស្សគ្រប់គ្នាចាត់ទុកជារឿងវិជ្ជមានឬ? យ៉ាងហោចណាស់ មនុស្សគិតថា ន័យដ៏លាក់កំបាំងនៃពាក្យថា «ចំណេះដឹង» មានភាពវិជ្ជមាន ជាជាងអវិជ្ជមាន។ ដូច្នេះ ហេតុអ្វីបានជាយើងលើកឡើងនៅទីនេះថា សាតាំងប្រើចំណេះដឹង ដើម្បីធ្វើឲ្យមនុស្សពុករលួយ? តើទ្រឹស្ដីនៃការវិវត្តន៍មិនមែនជាផ្នែកមួយនៃចំណេះដឹងទេអី? តើច្បាប់វិទ្យាសាស្ត្ររបស់ញូតុន មិនមែនជាផ្នែកមួយនៃចំណេះដឹងទេឬ? ទំនាញផែនដីក៏ជាផ្នែកមួយនៃចំណេះដឹងដែរ មិនអ៊ីចឹងឬ? (មែនហើយ។) ដូច្នេះ ហេតុអ្វីបានជាចំណេះដឹងត្រូវបានរាប់បញ្ចូលនៅក្នុងចំណោមកិច្ចការដែលសាតាំងប្រើ ដើម្បីធ្វើឲ្យមនុស្សជាតិពុករលួយ? តើអ្នករាល់គ្នាមានទស្សនៈអ្វីខ្លះដែរអំពីរឿងនេះ? តើចំណេះដឹងមាននូវសេចក្តីពិតដ៏បន្ដិចបន្ដួចនៅក្នុងវាដែរឬទេ? (អត់ទេ។) អ៊ីចឹង តើអ្វីទៅជាសារជាតិនៃចំណេះដឹងទៅ? តើចំណេះដឹងទាំងអស់ដែលមនុស្សបានរៀនសូត្រ មានមូលដ្ឋានលើអ្វីទៅ? តើវាមានមូលដ្ឋានលើទ្រឹស្ដីនៃការវិវត្តន៍ឬ? តើចំណេះដឹងដែលមនុស្សបានទទួល តាមរយៈការរុករក និងការសង្ខេប មិនមានមូលដ្ឋានលើលទ្ធិទមិឡទេឬអី? តើមានចំណេះដឹងណាមួយដែលមានការផ្សារភ្ជាប់ជាមួយព្រះជាម្ចាស់ដែរឬទេ? តើវាត្រូវបានផ្សារភ្ជាប់ជាមួយការថ្វាយបង្គំព្រះជាម្ចាស់ដែរឬទេ? តើវាត្រូវបានផ្សារភ្ជាប់ជាមួយសេចក្តីពិតដែរឬទេ? (អត់ទេ។) ដូច្នេះ តើសាតាំងប្រើចំណេះដឹង ដើម្បីធ្វើឲ្យមនុស្សពុករលួយដោយរបៀបណា? ខ្ញុំគ្រាន់តែនិយាយថា គ្មានចំណេះដឹងណាមួយត្រូវបានផ្សារភ្ជាប់ជាមួយការថ្វាយបង្គំព្រះជាម្ចាស់ ឬជាមួយសេចក្តីពិតឡើយ។ មនុស្សមួយចំនួនគិតអំពីវាបែបនេះ៖ «ចំណេះដឹងអាចមិនទាក់ទងអ្វីជាមួយនឹងសេចក្តីពិតឡើយ ប៉ុន្តែវាក៏មិនធ្វើឲ្យមនុស្សពុករលួយនោះដែរ»។ តើអ្នករាល់គ្នាមានទស្សនៈដូចម្ដេចដែរអំពីចំណុចនេះ? តើអ្នកបានរៀននូវចំណេះដឹងថា សេចក្តីសុខរបស់មនុស្សត្រូវបានបង្កើតឡើង ដោយដៃទាំងទ្វេរបស់គេដែរឬទេ? តើចំណេះដឹងបង្រៀនអ្នកថា ជោគវាសនារបស់មនុស្សស្ថិតនៅក្នុងដៃរបស់គេ មែនទេ? (ពិតមែន។) តើនេះជាការនិយាយបែបណាទៅ? (វាជាពា្យបែបពួកវិញ្ញាណអាក្រក់។) ពិតជាត្រឹមត្រូវណាស់! វាជាការនិយាយបែបពួកវិញ្ញាណអាក្រក់! ចំណេះដឹងគឺជាប្រធានបទដ៏ស្មុគស្មាញមួយក្នុងការពិភាក្សា។ អ្នកអាចគ្រាន់តែនិយាយថា បណ្ដុំនៃចំណេះដឹងគ្មានអ្វីក្រៅពីជាចំណេះដឹងឡើយ។ នោះជាផ្នែកមួយនៃចំណេះដឹងដែលត្រូវបានរៀននៅលើមូលដ្ឋាននៃការមិនថា្វយបង្គំព្រះជាម្ចាស់ និងមិនយល់ដឹងថា ព្រះជាម្ចាស់បានបង្កើតអ្វីៗសព្វសារពើ។ នៅពេលដែលមនុស្សសិក្សាអំពីចំណេះដឹងប្រភេទនេះ ពួកគេមើលមិនឃើញព្រះជាម្ចាស់មានអធិបតេយ្យភាពលើអ្វីៗសព្វសារពើឡើយ ហើយពួកគេក៏មើលមិនឃើញព្រះជាម្ចាស់ កំពុងតែត្រួតត្រា ឬគ្រប់គ្រងលើអ្វីៗសព្វសារពើនោះដែរ។ ផ្ទុយទៅវិញ អ្វីគ្រប់យ៉ាងដែលគេធ្វើ គឺជាការស្រាវជ្រាវ និងរុករក ដោយគ្មានទីបញ្ចប់អំពីផ្នែកនៃចំណេះដឹងនោះ ហើយព្យាយាមរកចម្លើយ ដោយផ្អែកលើចំណេះដឹង។ យ៉ាងណាមិញ តើវាមិនមែនជាការពិតទេឬថា ប្រសិនបើមនុស្សមិនជឿលើព្រះជាម្ចាស់ ហើយគេបែរជាគ្រាន់តែធ្វើការស្រាវជ្រាវ នោះពួកគេនឹងមិនដែលរកឃើញចម្លើយដ៏ពិត? អ្វីដែលចំណេះដឹងនោះអាចផ្ដល់ឲ្យអ្នកបាន គឺជាការចិញ្ចឹមជីវិត ការងារ ប្រាក់ចំណូល ដើម្បីកុំឲ្យអ្នកស្រេកឃ្លានប៉ុណ្ណោះ ប៉ុន្តែ វានឹងមិនធ្វើឲ្យអ្នកថ្វាយបង្គំព្រះជាម្ចាស់ ហើយវាក៏នឹងមិននាំអ្នកឲ្យចេញឆ្ងាយពីការអាក្រក់នោះដែរ។ បើអ្នកសិក្សាចំណេះដឹងកាន់តែច្រើន នោះអ្នកនឹងមានបំណងចង់បះបោរទាស់នឹងព្រះជាម្ចាស់ ចង់សិក្សាជំនាញព្រះជាម្ចាស់ ចង់ល្បួងព្រះជាម្ចាស់ និងប្រឆាំងនឹងព្រះជាម្ចាស់កាន់តែច្រើន។ ដូច្នេះ ឥឡូវនេះ តើយើងមើលឃើញអ្វីខ្លះអំពីចំណេះដឹងដែលកំពុងតែបង្រៀនដល់មនុស្ស? វាគ្រាន់តែជាមនោគមរបស់សាតាំងប៉ុណ្ណោះ។ តើមនោគមនិងច្បាប់នៃការរស់រាន ត្រូវបានសាយភាយ ដោយអារក្សសាតាំងនៅក្នុងចំណោមមនុស្សដ៏ពុករលួយ មានទំនាក់ទំនងអ្វីជាមួយសេចក្តីពិតដែរឬទេ? វាគ្មានពាក់ព័ន្ធទាល់តែសោះជាមួយសេចក្តីពិត ហើយតាមពិតទៅ វាផ្ទុយនឹងសេចក្តីពិតទៅវិញទេ។ ជារឿយៗ មនុស្សនិយាយថា «ជីវិតគឺជាការមានចលនា» និង «មនុស្សគឺជាដែក បាយគឺជាដែកថែប ហើយមនុស្សមានអារម្មណ៍ថាឃ្លាន ប្រសិនបើគេខានទទួលទានអាហារមួយពេល»។ តើឃ្លាទាំងនេះមានន័យដូចម្ដេចទៅ? វាជាសេចក្តីបញ្ឆោត ហើយការឮពាក្យទាំងនេះធ្វើឲ្យមានអារម្មណ៍គួរឲ្យខ្ពើម។ នៅក្នុងចំណេះដឹងរបស់មនុស្ស សាតាំងបានបញ្ជ្រាបនូវមនោគមរបស់វាមួយចំនួនអំពីការរស់នៅ និងការគិតរបស់វា។ ហើយនៅពេលដែលសាតាំងធ្វើបែបនេះ វាអនុញ្ញាតឲ្យមនុស្សប្រើគំនិត មនោគម និងទស្សនៈរបស់វា ដើម្បីឲ្យមនុស្សបដិសេធចំពោះព្រះវត្តមានរបស់ព្រះជាម្ចាស់ បដិសេធការត្រួតត្រារបស់ព្រះជាម្ចាស់ទៅលើរបស់សព្វសារពើ និងទៅលើជោគវាសនារបស់មនុស្ស។ ដូច្នេះ នៅពេលដែលការសិក្សារបស់មនុស្សកាន់តែវិវឌ្ឍទៅមុខ ហើយគេទទួលបានចំណេះដឹងកាន់តែច្រើន នោះគេមានអារម្មណ៍កាន់តែស្រពេចស្រពិលអំពីព្រះវត្ដមានរបស់ព្រះជាម្ចាស់ ហើយគេថែមទាំងលែងមានអារម្មណ៍ថា ព្រះជាម្ចាស់មានពិតមែនទៀតផង។ នៅពេលដែលសាតាំងបានបន្ថែមទស្សនៈ សញ្ញាណ និងគំនិតចូលទៅក្នុងខួរក្បាលរបស់មនុស្ស តើមនុស្សមិនត្រូវបានពុករលួយ ក្នុងអំឡុងដំណាក់កាលនេះទេឬ? (ពិតមែនហើយ។) ឥឡូវនេះ តើមនុស្សផ្អែកជីវិតរបស់គេទៅលើអ្វីទៅ? តើគេពិតជាកំពុងតែរស់នៅដោយផ្អែកលើមូលដ្ឋាននៃចំណេះដឹងនេះឬ? អត់ទេ។ មនុស្សកំពុងតែផ្អែកជីវិតរបស់គេទៅលើគំនិត ទស្សនៈ និងទស្សនវិជ្ជារបស់សាតាំង ដែលបានបង្កប់នៅក្នុងចំណេះដឹងនេះ។ នេះជាកន្លែងដែលផ្នែកសំខាន់នៃសេចក្តីពុករលួយរបស់សាតាំងលេចឡើង ព្រោះថានេះជាគោលដៅរបស់សាតាំង និងជាវិធីសាស្ត្ររបស់វា ដើម្បីធ្វើឲ្យមនុស្សពុករលួយ។
យើងនឹងចាប់ផ្ដើម ដោយលើកឡើងអំពីទិដ្ឋភាពដ៏រាក់កំផែលបំផុតនៃចំណេះដឹង។ តើវេយ្យាករណ៍ និងពាក្យពេចន៍នៅក្នុងភាសាអាចធ្វើឲ្យមនុស្សពុករលួយដែរឬទេ? តើពាក្យពេចន៍នានាអាចធ្វើឲ្យមនុស្សពុករលួយដែរឬទេ? (អត់ទេ។) ពាក្យពេចន៍នានាមិនធ្វើឲ្យមនុស្សពុករលួយឡើយ ប៉ុន្តែ វាជាឧបករណ៍មួយដែលមនុស្សប្រើប្រាស់ ដើម្បីនិយាយ ហើយវាក៏ជាឧបករណ៍ដែលមនុស្សអាចប្រើ ដើម្បីប្រាស្រ័យទាក់ទងជាមួយព្រះជាម្ចាស់ផងដែរ ហើយលើសពីនេះទៅទៀត ក្នុងពេលបច្ចុប្បន្ននេះ ភាសា និងពាក្យគឺជារបៀបដែលព្រះជាម្ចាស់ប្រាស្រ័យទាក់ទងជាមួយមនុស្ស។ វាជាឧបករណ៍មួយ ហើយវាក៏ពិតជាចាំបាច់ផងដែរ។ មួយបូកនឹងមួយស្មើពីរ ហើយពីរគុណនឹងពីរស្មើបួន។ តើនេះមិនមែនជាចំណេះដឹងទេឬ? ប៉ុន្តែ តើវាអាចធ្វើឲ្យអ្នកពុករលួយដែរឬទេ? នេះគឺជាចំណេះដឹងទូទៅ វាមានទម្រង់ថេរ ដូច្នេះ វាមិនអាចធ្វើឲ្យមនុស្សពុករលួយនោះឡើយ។ ដូច្នេះ តើចំណេះដឹងប្រភេទណាទៅដែលធ្វើឲ្យមនុស្សពុករលួយ? ចំណេះដឹងដែលនាំឲ្យពុករលួយ គឺជាចំណេះដឹងដែលត្រូវបានប្របាច់បញ្ចូលជាមួយមនោគម និងគំនិតរបស់សាតាំង។ សាតាំងព្យាយាមបណ្ដុះមនោគម និងគំនិតទាំងនេះចូលទៅក្នុងមនុស្សជាតិ តាមរយៈមធ្យោបាយនៃចំណេះដឹង។ ឧទាហរណ៍ នៅក្នុងអត្ថបទមួយ សម្រាប់ពាក្យដែលគេសរសេរ វាគ្មានបញ្ហាអ្វីនោះឡើយ។ បញ្ហាស្ថិតនៅជាមួយទស្សនៈ និងចេតនារបស់អ្នកនិពន្ធ នៅពេលដែលពួកគេបានសរសេរអត្ថបទ ជាមួយខ្លឹមសារនៃគំនិតរបស់គេ។ នេះគឺជាអ្វីៗមកពីវិញ្ញាណ ហើយវាអាចធ្វើឲ្យមនុស្សពុករលួយបាន។ ឧទាហរណ៍ ប្រសិនបើអ្នកកំពុងតែមើលកម្មវិធីទូរទស្សន៍មួយ តើមានអ្វីខ្លះទៅនៅក្នុងកម្មវិធីនោះដែលអាចផ្លាស់ប្ដូរទស្សនៈរបស់មនុស្សបាន? តើពាក្យពេចន៍ដែលតួសម្ដែងបាននិយាយ អាចធ្វើឲ្យមនុស្សពុករលួយដែរឬទេ? (អត់ទេ។) តើមានអ្វីខ្លះទៅដែលធ្វើឲ្យមនុស្សពុករលួយ? វាជាគំនិត និងខ្លឹមសារស្នូលនៃការសម្ដែង ដែលតំណាងឲ្យទស្សនៈរបស់អ្នកដឹកនាំរឿង។ ព័ត៌មានដែលមាននៅក្នុងទស្សនីយភាពទាំងនេះអាចជះឥទ្ធិពលទៅលើដួងចិត្ត និងគំនិតរបស់មនុស្សបាន។ តើវាមិនបែបនេះទេឬ? ឥឡូវ អ្នករាល់គ្នាដឹងអំពីអ្វីដែលខ្ញុំកំពុងតែចង់សំដៅលើហើយនៅក្នុងកិច្ចពិភាក្សារបស់យើងអំពីសាតាំងប្រើប្រាស់ចំណេះដឹង ដើម្បីធ្វើឲ្យមនុស្សទៅជាពុករលួយ។ អ្នកនឹងមិនយល់ច្រឡំទៀតឡើយ មែនទេ? ដូច្នេះ លើកក្រោយ នៅពេលដែលអ្នកអានរឿងប្រលោមលោក ឬអត្ថបទមួយ តើអ្នកនឹងចេះវាយតម្លៃថាតើគំនិតដែលស្ដែងចេញនៅក្នុងសំណេរនោះ ធ្វើឲ្យមនុស្សជាតិពុករលួយ ឬក៏ជួយជាប្រយោជន៍ដល់មនុស្សជាតិ? (យល់បានបន្ដិចហើយ។) នេះជាអ្វីមួយដែលត្រូវសិក្សា និងដកពិសោធន៍យឺតៗ ហើយវាមិនមែនជាអ្វីមួយដែលងាយស្រួលយល់ភ្លាមៗឡើយ។ ឧទាហរណ៍ នៅពេលដែលស្រាវជ្រាវ ឬសិក្សាអំពីផ្នែកមួយនៃចំណេះដឹង ផ្នែកវិជ្ជមានខ្លះនៃចំណេះដឹងនោះអាចជួយដល់អ្នក ដើម្បីយល់អំពីចំណេះដឹងទូទៅខ្លះអំពីផ្នែកមួយនោះ ប៉ុន្តែវាក៏អាចនាំអ្នកឲ្យដឹងអំពីអ្វីដែលមនុស្សគួរតែចៀសវាងផងដែរ។ ចូរយក «អគ្គិសនី» ធ្វើជាឧទាហរណ៍ទៅចុះ។ នេះជាផ្នែកមួយនៃចំណេះដឹងផងដែរ មិនអញ្ចឹង? តើអ្នកនឹងមិនល្ងីល្ងើទេឬអី បើអ្នកមិនដឹងថា អគ្គិសនីអាចឆក់ និងធ្វើឲ្យមនុស្សគ្រោះថ្នាក់នោះ? ប៉ុន្តែ នៅពេលដែលអ្នកយល់អំពីផ្នែកនៃចំណេះដឹងនេះ នោះអ្នកនឹងមិនខ្វះការប្រុងប្រយ័ត្នទៅប៉ះវត្ថុដែលមានចរន្តអគ្គិសនីឡើយ ហើយអ្នកនឹងដឹងអំពីរបៀបប្រើប្រាស់អគ្គិសនីជាមិនខាន។ ទាំងនេះគឺជារឿងវិជ្ជមានទាំងពីរ។ ឥឡូវ តើអ្នកយល់ច្បាស់ហើយឬនៅអំពីអ្វីដែលយើងបានកំពុងតែពិភាក្សាទាក់ទងនឹងរបៀបដែលចំណេះដឹងធ្វើឲ្យមនុស្សពុករលួយនេះ? មាននូវចំណេះដឹងជាច្រើនប្រភេទទៀតដែលត្រូវបានគេសិក្សានៅក្នុងពិភពលោក ហើយអ្នករាល់គ្នាត្រូវតែចំណាយពេលធ្វើការវែកញែកចំណេះដឹងទាំងនោះដោយខ្លួនអ្នក។
២. របៀបដែលសាតាំងប្រើវិទ្យាសាស្ត្រដើម្បីធ្វើឲ្យមនុស្សពុករលួយ
តើអ្វីទៅជាវិទ្យាសាស្ត្រ? តើវិទ្យាសាស្ត្រមិនមែនជាអ្វីមួយដ៏មានកិត្យានុភាពខ្ពស់នៅក្នុងគំនិតរបស់មនុស្សម្នាក់ៗ និងត្រូវបានចាត់ទុកថាជ្រាលជ្រៅទេឬ? នៅពេលដែលលើកឡើងអំពីវិទ្យាសាស្ត្រ តើមនុស្សមិនមានអារម្មណ៍ថា៖ «នេះជាអ្វីមួយដែលលើសពីអ្វីដែលមនុស្សសាមញ្ញអាចយល់បាន។ នេះជាប្រធានបទមួយដែលមានតែអ្នកស្រាវជ្រាវ ឬអ្នកជំនាញផ្នែកវិទ្យាសាស្ត្រប៉ុណ្ណោះ ដែលអាចយល់បាន។ ចំណែកឯយើងដែលជាមនុស្សធម្មតាវិញ យើងនឹងមិនយល់អំពីវាឡើយ»? តើវាមានទំនាក់ទំនងណាមួយជាមួយមនុស្សធម្មតាដែរឬទេ? (ពិតជាមាន។) តើសាតាំងប្រើវិទ្យាសាស្ត្រទៅធ្វើឲ្យមនុស្សពុករលួយដោយរបៀបណា? នៅក្នុងកិច្ចពិភាក្សារបស់យើងនៅត្រង់នេះ យើងនឹងពិភាក្សាតែអំពីអ្វីៗដែលមនុស្សជួបប្រទះជាញឹកញាប់នៅក្នុងជីវិតរបស់គេប៉ុណ្ណោះ ចំណែកឯរឿងផ្សេងទៀត យើងនឹងមិនពិភាក្សាឡើយ។ មានពាក្យមួយ «ហ្សែន»។ តើអ្នកធ្លាប់ឮពាក្យនេះដែរឬទេ? អ្នកទាំងអស់គ្នាសុទ្ធតែធ្លាប់ស្គាល់ពាក្យនេះហើយ មិនអញ្ចឹង? តើហ្សែនមិនត្រូវបានរកឃើញ តាមរយៈវិទ្យាសាស្ត្រទេឬ? តើហ្សែនមានន័យដូចម្ដេចចំពោះមនុស្សទៅ? តើវាមិនធ្វើឲ្យមនុស្សមានអារម្មណ៍ថា រាងកាយគឺជារឿងដ៏អាថ៌កំបាំងមួយទេឬ? នៅពេលដែលមនុស្សត្រូវបានណែនាំអំពីប្រធានបទនេះ តើវានឹងមិនមានមនុស្សខ្លះ ជាពិសេស អ្នកចង់ចេះចង់ដឹងនឹងចង់ដឹងថែមទៀត ហើយចង់បានព័ត៌មានថែមទៀតអំពីវាទេឬ? មនុស្សដែលចង់ដឹងទាំងនេះនឹងផ្តោតថាមពលរបស់គេទៅលើប្រធានបទនេះ ហើយនៅពេលដែលគេទំនេរ គេនឹងសិក្សាស្រាវជ្រាវស្វែងរកព័ត៌មាននៅក្នុងសៀវភៅផ្សេងៗ និងនៅលើអ៊ីនធើណិត ដើម្បីរៀនថែមទៀតអំពីប្រធានបទនេះមិនខាន។ តើអ្វីទៅជាវិទ្យាសាស្ត្រ? និយាយដោយងាយ វិទ្យាសាស្ត្រគឺជាគំនិត និងទ្រឹស្ដីអំពីអ្វីៗដែលមនុស្សចង់ដឹង អ្វីៗដែលគេមិនធ្លាប់ដឹង និងមិនធ្លាប់បានព្រះជាម្ចាស់ប្រាប់។ វិទ្យាសាស្ត្រគឺជាគំនិត និងទ្រឹស្ដីអំពីរឿងអាថ៌កំបាំងដែលមនុស្សចង់រុករក។ តើវិទ្យាសាស្ត្រមានវិសាលភាពកម្រិតណាទៅ? អ្នកអាចនិយាយថា វាមានវិសាលភាពធំធេង ដ្បិតមនុស្សអាចស្រាវជ្រាវ និងសិក្សាអ្វីៗគ្រប់យ៉ាងដែលគេចាប់អារម្មណ៍។ វិទ្យាសាស្ត្រពាក់ព័ន្ធនឹងការស្រាវជ្រាវសេចក្តីលម្អិត និងច្បាប់នៃសេចក្តីទាំងនេះ បន្ទាប់មក បង្កើតចេញជាទ្រឹស្ដីដ៏សមទំនងមួយដែលធ្វើឲ្យមនុស្សគ្រប់គ្នាគិតថា៖ «អ្នកវិទ្យាសាស្ត្រទាំងនេះពិតជាអស្ចារ្យណាស់! ពួកគេដឹងរឿងជាច្រើន និងយល់នូវការទាំងនេះ!» ពួកគេមានការកោតសរសើរយ៉ាងខ្លាំងចំពោះអ្នកវិទ្យាសាស្ត្រ មិនអ៊ីចឹងឬ? មនុស្សដែលស្រាវជ្រាវវិទ្យាសាស្ត្រ តើពួកគេមានទស្សនៈបែបណាទៅ? តើពួកគេមិនចង់ស្រាវជ្រាវអំពីចក្រវាឡ ស្រាវជ្រាវអំពីរឿងអាថ៌កំបាំងនៅក្នុងផ្នែកដែលពួកគេចាប់អារម្មណ៍ទេឬ? តើអ្វីទៅជាលទ្ធផលចុងក្រោយចេញពីការស្រាវជ្រាវនេះ? នៅក្នុងវិទ្យាសាស្ត្រខ្លះ មនុស្សធ្វើសេចក្តីសន្និដ្ឋានតាមរយៈការស្មាន ហើយនៅក្នុងវិទ្យាសាស្ត្រខ្លះទៀត ពួកគេពឹងអាងលើបទពិសោធរបស់មនុស្ស ដើម្បីធ្វើសេចក្តីសន្និដ្ឋាន។ នៅក្នុងផ្នែកផ្សេងទៀតនៃវិទ្យាសាស្ត្រ មនុស្សធ្វើសេចក្តីសន្និដ្ឋាន ដោយផ្អែកលើសេចក្តីអង្កេតបែបប្រវត្តិសាស្ត្រ និងសាវតារ។ តើវាមិនបែបនេះទេឬ? ដូច្នេះ តើវិទ្យាសាស្ត្រផ្ដល់ជូនអ្វីខ្លះសម្រាប់មនុស្ស? អ្វីដែលវិទ្យាសាស្ត្រផ្ដល់ជូននោះ គឺគ្រាន់តែអនុញ្ញាតឲ្យមនុស្សមើលឃើញវត្ថុនៅក្នុងពិភពលោកខាងក្រៅតិនេះ ហើយជួយចម្អែតនូវចំណង់ចង់ដឹងចង់ស្គាល់របស់មនុស្សតែប៉ុណ្ណោះ ប៉ុន្តែវាមិនអាចជួយឲ្យមនុស្សមើលឃើញពីច្បាប់ដែលបង្ហាញថា ព្រះជាម្ចាស់ជាព្រះត្រួតត្រាលើអ្វីៗសព្វសារពើនោះឡើយ។ មនុស្សហាក់ដូចជាចង់ស្វែងរកចម្លើយនៅក្នុងវិទ្យាសាស្ត្រ ប៉ុន្តែចម្លើយទាំងនោះធ្វើឲ្យមានភាពច្របូកច្របល់ ហើយនាំមកនូវការពេញចិត្តតែបណ្ដោះអាសន្ន ជាការពេញចិត្តមួយដែលគ្រាន់តែជួយបង្ខាំងដួងចិត្តរបស់មនុស្សសម្រាប់តែពិភពដែលយើងមើលឃើញប៉ុណ្ណោះ។ មនុស្សមានអារម្មណ៍ថា ពួកគេបានទទួលចម្លើយពីវិទ្យាសាស្ត្រ ដូច្នេះ មិនថាមានរឿងអ្វីកើតឡើងនោះឡើយ ពួកគេប្រើប្រាស់ទស្សនៈបែបវិទ្យាសាស្ត្រមកធ្វើជាមូលដ្ឋាន ដើម្បីបញ្ជាក់ និងទទួលយកបញ្ហានោះ។ ដួងចិត្តរបស់មនុស្សបានងប់ងល់នឹងវិទ្យាសាស្ត្រ ហើយត្រូវបានទាក់ចិត្តនឹងវា រហូតដល់ចំណុចមួយដែលមនុស្សលែងមានគំនិត ដើម្បីចង់ស្គាល់ព្រះជាម្ចាស់ ចង់ថ្វាយបង្គំព្រះជាម្ចាស់ និងជឿថា អ្វីៗសព្វសារពើមកពីព្រះជាម្ចាស់ និងជឿទៀតថា មនុស្សគួរតែសម្លឹងទៅរកទ្រង់សម្រាប់ចម្លើយនោះឡើយ។ តើវាមិនដូច្នេះទេឬ? ប្រសិនបើមនុស្សជឿលើវិទ្យាសាស្ត្រកាន់តែច្រើន នោះគេកាន់តែភ្លើ ទាំងជឿថា អ្វីៗគ្រប់យ៉ាងមានដំណោះស្រាយបែបវិទ្យាសាស្ត្រ និងជឿទៀតថា ការស្រាវជ្រាវអាចដោះស្រាយអ្វីៗគ្រប់យ៉ាងបាន។ ពួកគេមិនស្វែងរកព្រះជាមា្ចស់ ហើយគេមិនជឿថា ព្រះជាម្ចាស់មានព្រះវត្ដមានពិតប្រាកដឡើយ។ នៅពេលដែលប្រឈមនឹងបញ្ហាណាមួយ សូម្បីតែមនុស្សមួយចំនួនដែលជឿលើព្រះជាម្ចាស់ជាយូរមកហើយក៏ដោយ ក៏នឹងប្រើកុំព្យូទ័រដើម្បីរកមើល និងស្វែងរកចម្លើយដែរ។ ពួកគេស្វែងរកសម្ភារៈគ្រប់ប្រភេទ ដោយប្រើទស្សនវិស័យវិទ្យាសាស្ត្រ ដើម្បីព្យាយាមដោះស្រាយបញ្ហា។ ពួកគេមិនជឿថាព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាសេចក្តីពិត ពួកគេមិនជឿថាព្រះបន្ទូលរបស់ព្រះជាម្ចាស់អាចដោះស្រាយគ្រប់បញ្ហាទាំងអស់របស់មនុស្សជាតិ ពួកគេមិនមើលបញ្ហាជាច្រើនរបស់មនុស្សជាតិ ចេញពីទស្សនៈនៃសេចក្ដីពិតនោះទេ។ មិនថាពួកគេជួបប្រទះនឹងបញ្ហាអ្វីទេ ពួកគេមិនដែលអធិស្ឋានទៅព្រះជាម្ចាស់ ឬស្វែងរកដំណោះស្រាយដោយស្វែងរកនូវសេចក្ដីពិតនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ។ នៅក្នុងបញ្ហាជាច្រើន ពួកគេជ្រើរើសយកការជឿថាចំណេះដឹងអាចដោះស្រាយបញ្ហាបាន។ សម្រាប់ពួកគេ វិទ្យាសាស្ត្រគឺជាចម្លើយដ៏សំខាន់បំផុត។ ព្រះជាម្ចាស់ គឺមិនមានវត្តមានទាល់តែសោះនៅក្នុងចិត្តរបស់មនុស្សបែបនេះ។ ពួកគេជាអ្នកមិនជឿ ហើយទស្សនៈរបស់ពួកគេចំពោះជំនឿលើព្រះជាម្ចាស់ គឺមិនខុសពីអ្នកសិក្សាជ្រៅជ្រះ និងអ្នកវិទ្យាសាស្ត្រល្បីៗជាច្រើន ដែលតែងតែព្យាយាមពិនិត្យមើលព្រះជាម្ចាស់ ដោយប្រើវិធីសាស្ត្របែបវិទ្យាសាស្ត្រនោះឡើយ។ ឧទាហរណ៍ មានអ្នកជំនាញផ្នែកសាសនាជាច្រើននាក់ដែលបានឡើងទៅលើភ្នំ ជាកន្លែងដែលទូកធំបានទើរលើ ហើយពួកគេបានបញ្ជាក់អំពីវត្តមាននៃទូកធំនោះ។ ប៉ុន្តែ ទោះបីគេទទួលស្គាល់ពីវត្តមានរបស់ទូកធំនោះក៏ដោយ ក៏ពួកគេមើលមិនឃើញពីព្រះវត្ដមានរបស់ព្រះជាម្ចាស់នោះដែរ។ ពួកគេជឿតែទៅលើសាច់រឿង និងប្រវត្តិសាស្ត្រប៉ុណ្ណោះ ហើយនេះជាលទ្ធផលចេញពីការស្រាវជ្រាវ និងការសិក្សាបែបវិទ្យាសាស្ត្ររបស់គេអំពីពិភពលោកដែលយើងមើលឃើញ។ ប្រសិនបើអ្នកស្រាវជ្រាវលើវត្ថុអ្វីមួយ មិនថាជាអតិសុខុមជីវសាស្ត្រ តារាសាស្ត្រ ឬភូមិសាស្ត្រឡើយ នោះអ្នកនឹងមិនដែលរកឃើញលទ្ធផលដែលកំណត់ថា ព្រះជាម្ចាស់មានមែន ឬថា ទ្រង់មានអធិបតេយ្យភាពលើអ្វីៗសព្វសារពើនោះឡើយ។ ដូច្នេះ តើវិទ្យាសាស្ត្រមានប្រយោជន៍អ្វីខ្លះសម្រាប់មនុស្ស? តើវាមិនធ្វើឲ្យមនុស្សនៅឆ្ងាយពីព្រះជាម្ចាស់ទេឬ? តើវាមិនធ្វើឲ្យមនុស្សយកព្រះជាម្ចាស់មកធ្វើជាប្រធានបទសិក្សាទេអី? តើវាមិនធ្វើឲ្យមនុស្សកាន់តែសង្ស័យពីព្រះវត្ដមាន និងអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ ហើយដូច្នេះក៏បដិសេធ និងក្បត់ព្រះជាម្ចាស់ទេឬ? នេះហើយជាផលវិបាក។ ដូច្នេះ នៅពេលសាតាំងប្រើប្រាស់វិទ្យាសាស្ត្រ ដើម្បីធ្វើឲ្យមនុស្សពុករលួយ តើគោលបំណងអ្វីដែលសាតាំងកំពុងព្យាយាមចង់ចម្រេចបាន? វាចង់ប្រើសេចក្តីសន្និដ្ឋានបែបវិទ្យាសាស្ត្រ ដើម្បីបោកបញ្ឆោតមនុស្ស និងធ្វើឲ្យមនុស្សទៅជាស្ពឹក ហើយប្រើចម្លើយមិនច្បាស់លាស់មកដាក់នៅក្នុងដួងចិត្តរបស់មនុស្ស ដើម្បីឲ្យពួកគេនឹងមិនស្វែងរក ឬមិនជឿលើព្រះវត្ដមានរបស់ព្រះជាម្ចាស់។ ដូច្នេះ នេះជាហេតុផលដែលខ្ញុំនិយាយថា វិទ្យាសាស្ត្រគឺជាផ្លូវមួយនៅក្នុងចំណោមផ្លូវជាច្រើនទៀតដែលសាតាំងប្រើ ដើម្បីធ្វើឲ្យមនុស្សពុករលួយនោះ។
៣. របៀបដែលសាតាំងប្រើប្រាស់វប្បធម៌បែបប្រពៃណីទៅធ្វើឲ្យមនុស្សពុករលួយ
តើមាន ឬក៏គ្មាននូវរឿងជាច្រើនដែលត្រូវបានចាត់ទុកជាផ្នែកមួយនៃវប្បធម៌ប្រពៃណីដែរឬទេ? (មាន។) តើ «វប្បធម៌បែបប្រពៃណី» នេះមានន័យដូចម្ដេច? អ្នកខ្លះនិយាយថា វាជាអ្វីមួយដែលត្រូវបានផ្ទេរបន្តពីបុព្វបុរស។ នេះជាទិដ្ឋភាពមួយ។ តាំងពីដើមដំបូងមក ផ្លូវនៃជីវិត ទំនៀមទម្លាប់ ពាក្យស្លោក និងក្បួនច្បាប់ ត្រូវបានផ្ទេរបន្តនៅក្នុងក្រុមគ្រួសារ ក្រុមជនជាតិ និងថែមទាំងមនុស្សជាតិទៀតផង ហើយអ្វីៗទាំងនេះត្រូវបានបញ្ចូលទៅក្នុងគំនិតរបស់មនុស្ស។ មនុស្សខ្លះចាត់ទុកវប្បធម៌ទាំងនេះជាផ្នែកមួយដ៏សំខាន់នៃជីវិតរបស់គេ ហើយចាត់ទុកវាជាក្បួនច្បាប់ដែលត្រូវប្រកាន់ខ្ជាប់ ដូចជាជីវិតរបស់គេអ៊ីចឹង។ ជាការពិត ពួកគេមិនដែលចង់ផ្លាស់ប្ដូរ ឬបោះបង់ចោលវប្បធម៌ទាំងនេះឡើយ ដោយសារតែវាត្រូវបានផ្ទេរបន្តពីបុព្វបុរសរបស់គេ។ មានផ្នែកផ្សេងទៀតនៃវប្បធម៌បែបប្រពៃណី ដែលត្រូវបានជ្រួតជ្រាបចូលទៅក្នុងឆ្អឹងរបស់មនុស្ស ដូចជាវប្បធម៌ដែលត្រូវបានបន្សល់ទុកពីខុងជឺ និងម៉ឹងសឺ និងសេចក្តីដែលត្រូវបានបង្រៀនដល់មនុស្ស ដោយលទ្ធិតាវ និងលទ្ធិខុងជឺ។ តើវាមិនមែនបែបនេះទេឬ? តើមានរឿងអ្វីខ្លះទៅដែលត្រូវបានបញ្ចូលនៅក្នុងវប្បធម៌បែបប្រពៃណី? តើវារួមបញ្ចូលថ្ងៃឈប់សម្រាកដែលមនុស្សអបអរសាទរដែរឬទេ? ឧទាហរណ៍ ថ្ងៃបុណ្យចូលឆ្នាំចិន បុណ្យបង្ហោះគោម បុណ្យឆេងម៉េង បុណ្យអុំទូក បុណ្យភ្ជុំបិណ្ឌ ព្រមទាំងបុណ្យសែនព្រះខែ។ ក្រុមគ្រួសារខ្លះថែមទាំងធ្វើបុណ្យអបអរថ្ងៃដែលកូនរបស់គេពេញក្រមុំ ឬពេញកម្លោះ ឬនៅពេលដែលកូនគេបានមួយខែ ឬបាន១០០ថ្ងៃទៀតផង ជាដើម។ ទាំងនេះគឺជាថ្ងៃឈប់សម្រាកតាមប្រពៃណី។ តើវាមិនមានវប្បធម៌បែបប្រពៃណីនៅពីក្រោយថ្ងៃឈប់សម្រាកទាំងនេះទេឬ? តើអ្វីទៅជាស្នូលនៃវប្បធម៌បែបប្រពៃណី? តើវាមានពាក់ព័ន្ធអ្វីជាមួយនឹងការថ្វាយបង្គំព្រះជាម្ចាស់? តើវាមានពាក់ព័ន្ធអ្វីនឹងការប្រាប់មនុស្សឲ្យប្រតិបត្តិតាមសេចក្តីពិត? តើមានថ្ងៃឈប់សម្រាកណាមួយដែលធ្វើឲ្យមនុស្សថ្វាយយញ្ញបូជាដល់ព្រះជាម្ចាស់ ឲ្យគេទៅកាន់ទីអាសនារបស់ព្រះជាម្ចាស់ និងទទួលយកសេចក្តីបង្រៀនរបស់ទ្រង់ដែរឬទេ? តើមានថ្ងៃឈប់សម្រាកបែបនេះដែរទេ? (អត់ទេ។) តើមនុស្សធ្វើអ្វីខ្លះនៅថ្ងៃឈប់សម្រាកទាំងនេះ? នៅក្នុងសម័យទំនើប គេឃើញមនុស្សស៊ីផឹកសប្បាយនៅថ្ងៃទាំងនេះ។ តើអ្វីទៅជាប្រភពដែលស្ថិតនៅពីក្រោយវប្បធម៌បែបប្រពៃណី? តើវប្បធម៌បែបប្រពៃណីចេញមកពីនរណា? (សាតាំង។) វាចេញមកពីសាតាំង។ នៅពីក្រោយឆាកនៃថ្ងៃឈប់សម្រាកប្រពៃណីទាំងនេះ សាតាំងបណ្ដុះរឿងជាក់លាក់មួយចំនួននៅក្នុងមនុស្ស។ តើរឿងជាក់លាក់ទាំងនេះមានអ្វីខ្លះ? ដើម្បីធានាថា មនុស្សចងចាំអំពីដូនតារបស់គេ។ តើនេះមិនមែនជារឿងមួយនៅក្នុងចំណោមរឿងជាច្រើនទៀតទេឬ? ឧទាហរណ៍ នៅក្នុងថ្ងៃបុណ្យឆេងម៉េង មនុស្សសម្អាតផ្នូរ និងដុតសំណែនដល់ដូនតារបស់គេ ក្នុងបំណងដើម្បីកុំឲ្យភ្លេចដូនតារបស់គេ។ ជាមួយគ្នាផងដែរ សាតាំងធ្វើឲ្យមនុស្សបន្តនឹកចាំអំពីការស្នេហាមាតុភូមិ ដូចជា ពិធីបុណ្យអុំទូក។ ចុះចំណែកបុណ្យសែនព្រះខែវិញ? (ការជួបជុំគ្រួសារ។) តើអ្វីទៅជាប្រវត្តិនៃការជួបជុំគ្រួសារ? តើវាមានហេតុផលអ្វីទៅ? ហេតុផលនោះគឺដើម្បីប្រាស្រ័យទាក់ទង និងផ្សារភ្ជាប់ខាងផ្លូវអារម្មណ៍។ ជាការពិត មិនថាវាជាពិធីបុណ្យចូលឆ្នាំចិន ឬបុណ្យបង្ហោះគោមនោះឡើយ វាមាននូវរបៀបជាច្រើននៃការពណ៌នាអំពីហេតុផលដែលនៅពីក្រោយពិធីបុណ្យទាំងនេះ។ មិនថាគេពណ៌នាអំពីហេតុផលទាំងនេះបែបណានោះទេ ប៉ុន្តែ ហេតុផលនីមួយៗគឺជារបៀបរបស់សាតាំង ដើម្បីបណ្ដុះមនោគម និងគំនិតរបស់វាចូលទៅក្នុងមនុស្ស ដើម្បីឲ្យពួកគេនៅឲ្យឆ្ងាយពីព្រះជាម្ចាស់ និងមិនដឹងថា មានព្រះជាម្ចាស់ ហើយថ្វាយសំណែនទៅកាន់ដូនតារបស់គេ ឬទៅកាន់សាតាំង ឬស៊ីផឹកសប្បាយសម្រាប់ជាប្រយោជន៍ដល់បំណងប្រាថ្នាខាងសាច់ឈាមរបស់គេ។ នៅពេលដែលពិធីបុណ្យនីមួយៗត្រូវបានប្រារព្ធ នោះគំនិត និងទស្សនៈរបស់សាតាំងត្រូវបានដាំជាប់នៅក្នុងជម្រៅចិត្តរបស់មនុស្ស ទាំងមិនដឹងខ្លួន។ នៅពេលដែលមនុស្សចូលដល់វ័យសែសិប ហាសិប ឬចាស់ជាងនេះ នោះគំនិត និងទស្សនៈទាំងនេះរបស់សាតាំងត្រូវបានចាក់ឫសយ៉ាងជ្រៅនៅក្នុងដួងចិត្តរបស់គេរួចស្រេចទៅហើយ។ លើសពីនេះ មនុស្សខិតខំផ្ទេរគំនិតទាំងនេះ ទៅកាន់មនុស្សជំនាន់ក្រោយ ទាំងច្របូកច្របល់ និងយ៉ាងអស់ពីចិត្ត ដោយមិនថាវាត្រឹមត្រូវ ឬខុសឆ្គងឡើយ។ តើវាមិនមែនបែបនេះទេឬ? (គឺបែបនេះឯង។) តើវប្បធម៌បែបប្រពៃណី និងថ្ងៃឈប់សម្រាកទាំងនេះធ្វើឲ្យមនុស្សពុករលួយដោយរបៀបណា? តើអ្នកដឹងឬទេ? (មនុស្សចាប់ផ្ដើមបង្ខាំង និងចងភ្ជាប់ ដោយក្បួនច្បាប់នៃប្រពៃណីទាំងនេះ ជាហេតុនាំឲ្យពួកគេគ្មានពេល ឬថាមពល ដើម្បីស្វែងរកព្រះជាម្ចាស់។) នេះជាទិដ្ឋភាពមួយ។ ឧទាហរណ៍ មនុស្សគ្រប់គ្នាដែលអបអរសាទរ ក្នុងអំឡុងថ្ងៃបុណ្យចូលឆ្នាំចិន ប្រសិនបើអ្នកមិនអបអរបុណ្យនេះទេ តើអ្នកមិនមានអារម្មណ៍សោកសៅទេឬ? តើមានអបិយជំនឿអ្វីខ្លះដែលអ្នកមាននៅក្នុងដួងចិត្តរបស់អ្នកទៅ? អ្នកអាចមានអារម្មណ៍ថា «ខ្ញុំមិនបានអបអរថ្ងៃចូលឆ្នាំថ្មី ហើយដោយសារតែថ្ងៃបុណ្យចូលឆ្នាំចិន គឺជាថ្ងៃអាក្រក់ ដូច្នេះ តើថ្ងៃដែលសេសសល់ផ្សេងទៀតនៅឆ្នាំនេះនឹងមិនក្លាយជាថ្ងៃអាក្រក់ដែរទេឬ»? តើអ្នកនឹងមិនមានអារម្មណ៍មិនស្រួលចិត្ត ឬខ្លាចតិចតួចទេឬអី? មានមនុស្សខ្លះទៀតដែលមិនថ្វាយសំណែនដល់ដូនតារបស់គេអស់រយៈពេលជាច្រើនឆ្នាំ ហើយភ្លាមៗ គេយល់សប្តិឃើញមនុស្សស្លាប់មកសុំលុយពីពួកគេ។ តើពួកគេនឹងមានអារម្មណ៍ដូចម្ដេចទៅ? «ខ្មោចដែលស្លាប់នោះអន់ចិត្តខ្លាំងណាស់ ព្រោះគេគ្មានលុយចាយ! ខ្ញុំត្រូវតែដុតលុយក្រដាសខ្លះដល់ពួកគេហើយ។ បើខ្ញុំមិនដុតទេ នោះវានឹងមិនត្រឹមត្រូវឡើយ។ វាអាចបង្កបញ្ហាដល់យើង ដែលជាមនុស្សរស់។ តើនរណាទៅដឹងទៅថា សំណាងអាក្រក់នឹងកើតឡើងនៅពេលណានោះ?» ពួកគេនឹងតែងតែមានអារម្មណ៍ខ្លាច និងព្រួយបារម្ភបន្តិចបន្ដួចបែបនេះនៅក្នុងចិត្តរបស់គេ។ តើនរណាដាក់ការព្រួយបារម្ភនេះនៅក្នុងគេទៅ? (សាតាំង។) សាតាំងគឺជាប្រភពនៃការព្រួយបារម្ភនេះ។ តើនេះមិនមែនជាផ្លូវមួយក្នុងចំណោមផ្លូវជាច្រើនដែលសាតាំងធ្វើឲ្យមនុស្សពុករលួយទេឬ? វាប្រើប្រាស់មធ្យោបាយ និងហេតុផលផ្សេងៗគ្នា ដើម្បីត្រួតត្រាអ្នក គំរាមកំហែងអ្នក និងចងអ្នក ដើម្បីឲ្យអ្នកធ្លាក់ទៅក្នុងការវង្វេងស្មារតី ហើយចុះចូលចំពោះវា ដូច្នេះ នេះជារបៀបដែលសាតាំងធ្វើឲ្យមនុស្សពុករលួយ។ ជារឿយៗ នៅពេលដែលមនុស្សទន់ខ្សោយ ឬនៅពេលដែលពួកគេមិនយល់ទាំងស្រុងអំពីស្ថានភាព គេអាចធ្វើអ្វីមួយដែលធ្វេសប្រហែសនៅក្នុងរបៀបបែបលីលា។ ពួកគេធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់សាតាំង ហើយអាចប្រព្រឹត្ត ដោយមិនដឹងខ្លួន អាចធ្វើកិច្ចការផ្សេងៗ ទាំងមិនដឹងថាខ្លួនកំពុងតែធ្វើឡើយ។ នេះជាផ្លូវមួយដែលសាតាំងធ្វើឲ្យមនុស្សពុករលួយ។ ថែមទាំងមានមនុស្សមួយចំនួនតូចសព្វថ្ងៃ ដែលអល់អែកក្នុងការចាកចេញពីវប្បធម៌បែបប្រពៃណីដែលចាក់ឫសយ៉ាងជ្រៅ គឺពួកគេមិនអាចបោះបង់វាចោលនោះឡើយ។ ជាពិសេស នៅពេលដែលពួកគេទន់ខ្សោយ និងអកម្ម ដែលពួកគេចង់ប្រារព្ធថ្ងៃបុណ្យទាំងនេះ ហើយពួកគេចង់ជួបសាតាំង និងបំពេញចិត្តសាតាំងម្ដងទៀត ដើម្បីនាំមកនូវការលួងលោមចិត្តរបស់គេ។ តើអ្វីទៅជាប្រវត្តិនៃវប្បធម៌បែបប្រពៃណី? តើដៃដ៏ខ្មៅរបស់សាតាំងកំពុងតែទាញខ្សែនៅពីក្រោយឆាកឬ? តើធម្មជាតិដ៏អាក្រក់របស់សាតាំងកំពុងតែសម្លុតគំរាម និងត្រួតត្រាឬ? តើសាតាំងមានឥទ្ធិពលយ៉ាងខ្លាំងទៅលើការនេះឬ? (មែនហើយ។) នៅពេលដែលមនុស្សរស់នៅក្នុងវប្បធម៌ប្រពៃណី និងអបអរថ្ងៃបុណ្យឈប់សម្រាកបែបប្រពៃណីទាំងនេះ តើយើងអាចនិយាយបានថា នេះជាបរិយាកាសមួយដែលពួកគេត្រូវបានចាញ់បញ្ឆោត និងធ្វើឲ្យពុករលួយ ដោយសាតាំង ហើយលើសពីនេះ ពួកគេរីករាយនឹងឲ្យសាតាំងបោកបញ្ឆោត និងធ្វើឲ្យពុករលួយឬ? (មែនហើយ។) នេះជាអ្វីមួយដែលអ្នករាល់គ្នាត្រូវទទួលស្គាល់ ជាអ្វីមួយដែលអ្នកត្រូវតែដឹង។
៤. របៀបដែលសាតាំងប្រើអបិយជំនឿទៅធ្វើឲ្យមនុស្សពុករលួយ
អ្នកធ្លាប់ស្គាល់ពាក្យថា «អបិយជំនឿ» ហើយ មែនទេ? វាមាននូវភាពទាក់ទងគ្នាខ្លះរវាងអបិយជំនឿ និងវប្បធម៌បែបប្រពៃណី ប៉ុន្តែ ខ្ញុំនឹងមិននិយាយរឿងទាំងនោះនៅថ្ងៃនេះទេ។ ផ្ទុយទៅវិញ ខ្ញុំនឹងពិភាក្សាអំពីទម្រង់នៃអបិយជំនឿដ៏ពេញនិយមបំផុត៖ ការទាយជោគជតារាសី ការរកគ្រូទាយ ការដុតធូប និងការថ្វាយបង្គំរូបព្រះពុទ្ធ។ មនុស្សខ្លះអនុវត្តការទាយជោគជតារាសី អ្នកផ្សេងទៀតថ្វាយបង្គំរូបព្រះពុទ្ធ និងដុតធូប ខណៈឯអ្នកផ្សេងទៀតឲ្យគ្រូទាយមើលជោគវាសនារបស់គេ ឬឲ្យនរណាម្នាក់មើលទម្រង់មុខរបស់គេ ដើម្បីប្រាប់ពីជោគវាសនារបស់គេ។ តើអ្នករាល់គ្នាប៉ុន្មាននាក់ធ្លាប់ឲ្យគេទាយពីជោគវាសនារបស់ខ្លួន ឬឲ្យគេទាយមើលទម្រង់មុខ? នេះជាអ្វីមួយដែលមនុស្សភាគច្រើនចាប់អារម្មណ៍ តើវាមិនអ៊ីចឹងទេឬ? (មែនហើយ។) ហេតុអ្វីទៅ? តើមនុស្សទទួលបានអត្ថប្រយោជន៍អ្វីខ្លះចេញពីការរកគ្រូទាយ និងការទាយជោគជតារាសី? តើការស្កប់ចិត្តប្រភេទអ្វីទៅដែលពួកគេទទួលបានពីវា? (ភាពចង់ដឹង។) តើវាគ្រាន់តែជាភាពចង់ដឹងឬ? វាដូចជាមិនចាំបាច់ឡើយ បើតាមខ្ញុំឃើញនោះ។ តើអ្វីទៅជាគោលដៅនៃការទាយជោគជតារាសី និងការរកគ្រូទាយនោះ? ហេតុអ្វីបានជាគេធ្វើវា? តើវាមិនមែនជាការមើលឃើញអនាគតទេឬអី? មនុស្សខ្លះឲ្យគេមើលមុខរបស់ខ្លួន ដើម្បីទស្សន៍ទាយអំពីអនាគត ឯអ្នកផ្សេងទៀតធ្វើបែបនេះ ដើម្បីចង់ដឹងថាតើពួកគេនឹងមានសំណាងល្អឬមិនល្អ។ មនុស្សខ្លះធ្វើវា ដើម្បីចង់ដឹងថាតើជីវិតអាពាហ៍ពិពាហ៍របស់គេនឹងក្លាយជាបែបណា ហើយអ្នកផ្សេងទៀតធ្វើវា ដើម្បីចង់ដឹងថាតើឆ្នាំណាជាឆ្នាំសំណាងរបស់គេ។ មនុស្សខ្លះឲ្យគេមើលមុខរបស់ខ្លួន ដើម្បីចង់ដឹងអំពីអនាគតរបស់គេ និងចង់ដឹងថាតើកូនប្រុសកូនស្រីរបស់គេនឹងក្លាយជាបែបណា ហើយអ្នកជំនួញមួយចំនួនឲ្យគេទាយ ដើម្បីចង់ដឹងថាតើពួកគេនឹងរកលុយបានចំនួនប៉ុន្មាន ដោយសុំការចង្អុលបង្ហាញពីគ្រូទាយអំពីសកម្មភាពដែលពួកគេគួរតែធ្វើ។ ដូច្នេះ តើគេធ្វើបែបនេះ ដើម្បីគ្រាន់តែចង់ចម្អែតភាពចង់ដឹងរបស់គេទេឬ? នៅពេលដែលមនុស្សឲ្យគេទាយមើលមុខរបស់ខ្លួន ឬធ្វើកិច្ចការបែបនេះរួចហើយ វាត្រូវបានធ្វើឡើងសម្រាប់ជាអត្ថប្រយោជន៍ផ្ទាល់ខ្លួនរបស់គេនាពេលអនាគត ដ្បិតពួកគេជឿថា អ្វីៗទាំងអស់នេះត្រូវបានផ្សារភ្ជាប់យ៉ាងស្អិតរមួតទៅនឹងជោគវាសនារបស់គេ។ តើវាមានប្រយោជន៍ដែរឬទេ? (អត់ទេ។) ហេតុអ្វីបានជាវាគ្មានប្រយោជន៍? តើវាមិនមែនជារឿងល្អទេឬក្នុងការទទួលបានចំណេះដឹងថ្មី តាមរយៈការទាំងនេះ? ការអនុវត្តទាំងនេះអាចជួយអ្នកឲ្យដឹង នៅពេលដែលបញ្ហាអាចកើតឡើង ហើយប្រសិនបើអ្នកដឹងជាមុនអំពីបញ្ហាទាំងនោះ តើអ្នកអាចនឹងចៀសផុតពីវាបានដែរឬទេ? ប្រសិនបើអ្នកឲ្យគេប្រាប់អំពីជោគវាសនារបស់អ្នក វាអាចបង្ហាញដល់អ្នកអំពីរបៀបរកឃើញផ្លូវដ៏ត្រឹមត្រូវចេញពីផ្លូវដ៏ស្មុគស្មាញ ដើម្បីឲ្យអ្នកអាចរីករាយនឹងសំណាងល្អនៅឆ្នាំខាងមុខ ហើយទទួលបានទ្រព្យសម្បត្តិដ៏ច្រើន តាមរយៈការរកស៊ីរបស់អ្នក។ ដូច្នេះ តើវាមានប្រយោជន៍ ឬក៏គ្មានប្រយោជន៍? មិនថាវាមានប្រយោជន៍ ឬក៏គ្មាននោះឡើយ ប៉ុន្តែ វាគ្មានការជាប់ទាក់ទងអ្វីជាមួយនឹងយើងឡើយ ហើយការរួមប្រកបរបស់យើងនៅថ្ងៃនេះ នឹងមិនពាក់ព័ន្ធនឹងប្រធានបទនេះឡើយ។ តើសាតាំងប្រើរឿងអបិយជំនឿមកធ្វើឲ្យមនុស្សពុករលួយដោយរបៀបណាទៅ? មនុស្សទាំងអស់ចង់ដឹងអំពីវាសនារបស់គេ ដូច្នេះ សាតាំងទាញប្រយោជន៍ចេញពីភាពចង់ដឹងរបស់គេនេះ ដើម្បីបញ្ឆោតចិត្តពួកគេ។ មនុស្សប្រឡូកនៅក្នុងការមើលជោគជតារាសី ការរកគ្រូទាយ និងការទាយមើលផ្ទៃមុខ ដើម្បីដឹងអំពីអ្វីដែលនឹងកើតឡើងចំពោះពួកគេនៅថ្ងៃអនាគត និងចង់ដឹងផ្លូវអ្វីខ្លះដែលស្ថិតនៅខាងមុខគេ។ ចុងបញ្ចប់ តើជោគវាសនា និងអនាគតដែលមនុស្សខ្វល់ខ្វាយយ៉ាងខ្លាំងនេះ ស្ថិតនៅក្នុងដៃរបស់នរណាទៅ? (នៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់។) រឿងទាំងអស់នេះស្ថិតនៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់។ ដោយប្រើប្រាស់វិធីសាស្ត្រទាំងនេះ តើសាតាំងចង់ឲ្យមនុស្សដឹងអ្វីខ្លះទៅ? សាតាំងចង់ប្រើការទាយមុខ និងការទាយពីជោគវាសនា ដើម្បីប្រាប់មនុស្សថា វាដឹងអំពីជោគវាសនាអនាគតរបស់គេ និងចង់ប្រាប់ទៀតថា វាមិនគ្រាន់តែដឹងអំពីរឿងទាំងនេះប៉ុណ្ណោះទេ ប៉ុន្តែវាក៏គ្រប់គ្រងលើអនាគតរបស់គេផងដែរ។ សាតាំងចង់ទាញប្រយោជន៍ចេញពីឱកាសនេះ ហើយប្រើប្រាស់វិធីសាស្ត្រទាំងនេះ ដើម្បីគ្រប់គ្រងលើមនុស្ស ដើម្បីឲ្យមនុស្សជឿលើវាទាំងងងឹតងងល់ ហើយស្ដាប់បង្គាប់តាមពាក្យរបស់វាគ្រប់ម៉ាត់។ ឧទាហរណ៍ ប្រសិនបើអ្នកឲ្យគេទាយមើលមុខ ប្រសិនបើគ្រូទាយបិទភ្នែក ហើយប្រាប់អ្នកនូវអ្វីៗគ្រប់យ៉ាងដែលបានកើតឡើងចំពោះអ្នកយ៉ាងច្បាស់ៗកាលពីពីរបីទសវត្សរ៍មុន តើអ្នកនឹងមានអារម្មណ៍ដូចម្ដេចដែរ? ភ្លាមៗ អ្នកនឹងមានអារម្មណ៍ថា «គាត់និយាយត្រូវណាស់! ខ្ញុំមិនធ្លាប់បានប្រាប់អតីតកាលរបស់ខ្ញុំទៅកាន់នរណាម្នាក់ឡើយពីមុន តើគាត់ដឹងអំពីរឿងនេះដូចម្ដេចទៅ? ខ្ញុំពិតជាកោតសរសើរចំពោះគ្រូទាយម្នាក់នេះណាស់!» សម្រាប់សាតាំង តើវាមិនងាយស្រួលពេកក្នុងការដឹងអំពីអតីតកាលរបស់អ្នកទេឬ? ព្រះជាម្ចាស់បានដឹកនាំអ្នកមកដល់កន្លែងដែលអ្នកស្ថិតនៅសព្វថ្ងៃ ហើយក្នុងពេលនោះ សាតាំងក៏កំពុងតែធ្វើឲ្យមនុស្សពុករលួយ និងតាមពីក្រោយអ្នកផងដែរ។ ផ្លូវជាច្រើនទសវត្សរ៍នៃជីវិតរបស់អ្នកគ្មានពិបាកអ្វីសោះឡើយចំពោះសាតាំង ហើយវាក៏មិនពិបាកសម្រាប់សាតាំងក្នុងការដឹងអំពីរឿងទាំងនេះផងដែរ។ នៅពេលដែលអ្នកដឹងថា គ្រប់អ្វីៗដែលសាតាំងនិយាយសុទ្ធតែសុក្រឹតត្រឹមត្រូវ តើអ្នកនឹងមិនប្រគល់ដួងចិត្តរបស់អ្នកដល់វាទេឬអី? តើអ្នកនឹងមិនពឹងផ្អែកលើវា ដើម្បីគ្រប់គ្រងលើអនាគត និងជោគវាសនារបស់អ្នកទេឬ? តែមួយភ្លែត ដួងចិត្តរបស់អ្នកនឹងមានការគោរព ឬការចុះចូលខ្លះចំពោះវា ហើយសម្រាប់មនុស្សមួយចំនួន មកដល់ចំណុចនេះ ព្រលឹងរបស់គេត្រូវបានអារក្សឆក់យកបាត់រួចទៅហើយ។ ហើយភ្លាមៗ អ្នកនឹងសួរដល់គ្រូទាយថា៖ «បន្ទាប់មក តើខ្ញុំគួរតែធ្វើអ្វីខ្លះទៅ? តើខ្ញុំគួរតែចៀសវាងអ្វីខ្លះនៅឆ្នាំក្រោយ? តើមានរឿងអ្វីខ្លះដែលខ្ញុំមិនត្រូវធ្វើ?» ហើយបន្ទាប់មក គ្រូនោះនឹងនិយាយថា៖ «អ្នកមិនត្រូវទៅកន្លែងនោះ អ្នកមិនត្រូវធ្វើរឿងនេះ មិនត្រូវពាក់សម្លៀកបំពាក់ពណ៌នេះ អ្នកគួរតែទៅកន្លែងនេះតិចជាងមុន ឬធ្វើរឿងនេះច្រើនជាងមុន...។» ភ្លាមៗនោះ តើអ្នកនឹងមិនជឿគ្រប់ពាក្យគ្រប់ម៉ាត់ ដែលគ្រូនោះនិយាយទេឬអី? អ្នកនឹងទន្ទេញពាក្យរបស់គ្រូនោះឲ្យរត់មាត់ជាងទន្ទេញព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅទៀត។ ហេតុអ្វីបានជាអ្នកត្រូវទន្ទេញពាក្យគ្រូនោះយ៉ាងឆាប់រហ័សបែបនេះ? គឺដោយសារតែអ្នកនឹងចង់ពឹងអាងលើសាតាំង ដើម្បីបានសំណាងល្អ។ តើនេះមិនមែនជាពេលដែលវាឆក់យកដួងចិត្តរបស់អ្នកទេឬអី? នៅពេលដែលការទស្សន៍ទាយរបស់វាក្លាយជាការពិត ម្ដងមួយៗ តើអ្នកនឹងមិនចង់ត្រឡប់ទៅរកវាវិញ ដើម្បីចង់ដឹងអំពីជោគវាសនារបស់ខ្លួននៅឆ្នាំក្រោយទៀតទេឬ? (ពិតជាចង់។) អ្នកនឹងធ្វើតាមអ្វីគ្រប់យ៉ាងដែលសាតាំងប្រាប់អ្នកឲ្យធ្វើ ហើយអ្នកនឹងចៀសវាងអ្វីៗដែលវាប្រាប់ឲ្យចៀសវាង។ បើដូច្នេះ តើអ្នកមិនកំពុងតែស្ដាប់បង្គាប់តាមអ្វីគ្រប់យ៉ាងដែលវានិយាយទេឬ? តែមួយភ្លែត អ្នកនឹងធ្លាក់ទៅក្នុងដៃរបស់វា ចាញ់បញ្ឆោតវា និងស្ថិតនៅក្រោមការត្រួតត្រារបស់វាមិនខាន។ ការនេះកើតឡើង ដោយសារតែអ្នកជឿថា អ្វីដែលវានិយាយគឺជាសេចក្តីពិត និងដោយសារតែអ្នកជឿថា វាដឹងអំពីជីវិតកាលអតីតកាលរបស់អ្នក ជីវិតបច្ចុប្បន្នកាលរបស់អ្នក និងអនាគតរបស់អ្នក។ នេះគឺជាវិធីសាស្ត្រដែលសាតាំងប្រើ ដើម្បីគ្រប់គ្រងលើមនុស្ស។ ប៉ុន្តែ នៅក្នុងភាពជាក់ស្ដែង តើនរណាជាអ្នកគ្រប់គ្រងយ៉ាងពិតប្រាកដទៅ? គឺព្រះជាម្ចាស់ផ្ទាល់ជាអ្នកគ្រប់គ្រង មិនមែនសាតាំងឡើយ។ សាតាំងគ្រាន់តែប្រើប្រាស់ឧបាយកលដ៏វៃឆ្លាតរបស់វា ដើម្បីបញ្ឆោតមនុស្សល្ងង់ បញ្ឆោតមនុស្សដែលមើលឃើញតែពិភពដែលយើងមើលឃើញ ឲ្យជឿ និងពឹងអាងលើវាប៉ុណ្ណោះ។ បន្ទាប់មក ពួកគេធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់សាតាំង ហើយស្ដាប់បង្គាប់តាមគ្រប់ពាក្យគ្រប់ម៉ាត់របស់វា។ ប៉ុន្តែ តើសាតាំងធ្លាប់បន្ធូរដៃរបស់វាដែរឬទេ នៅពេលដែលមនុស្សចង់ជឿ និងដើរតាមព្រះជាម្ចាស់? សាតាំងមិនដែលឡើយ។ នៅក្នុងស្ថានភាពនេះ តើមនុស្សពិតជាធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់សាតាំងឬ? (ពិតមែនហើយ។) តើយើងអាចនិយាយបានទេថា ឥរិយាបថរបស់សាតាំងបែបនេះ ជាឥរិយាបថដ៏ឥតអៀនខ្មាស? (ពិតជាបាន។) ហេតុអ្វីបានជាយើងនិយាយដូច្នេះ? គឺដោយសារតែទាំងនេះជាមធ្យោបាយបែបក្លែងបន្លំ និងបោកបញ្ឆោត។ សាតាំងឥតអៀនខ្មាសឡើយ ហើយវានាំមនុស្សឲ្យយល់ច្រឡំថា វាត្រួតត្រាលើអ្វីៗទាំងអស់អំពីពួកគេ និងយល់ច្រឡំទៀតថា វាគ្រប់គ្រងលើជោគវាសនារបស់ពួកគេ។ ការនេះធ្វើឲ្យមនុស្សល្ងង់ស្ដាប់បង្គាប់តាមវាទាំងស្រុង។ ជាមួយពាក្យតែពីរបីម៉ាត់ ធ្វើឲ្យពួកគេចាញ់បញ្ឆោតវា។ នៅក្នុងដំណើរវង្វេងស្មារតីរបស់គេ មនុស្សលុតជង្គង់នៅចំពោះមុខវា។ ដូច្នេះ តើសាតាំងប្រើវិធីសាស្ត្រអ្វីខ្លះទៅ? តើវានិយាយអ្វីខ្លះទៅបានជាធ្វើឲ្យអ្នកជឿលើវាបែបនេះ? ឧទាហរណ៍ អ្នកប្រហែលជាមិនបានប្រាប់សាតាំងពីចំនួនមនុស្សនៅក្នុងក្រុមគ្រួសាររបស់អ្នកឡើយ ប៉ុន្តែវានៅតែអាចប្រាប់អ្នកបានពីចំនួនមនុស្សក្នុងគ្រួសាររបស់អ្នក និងអាយុឪពុកម្ដាយ និងកូនៗរបស់អ្នក។ ទោះបីអ្នកប្រហែលជាមានភាពមន្ទិល និងភាពសង្ស័យអំពីសាតាំងពីមុនមកក៏ដោយ ប៉ុន្តែក្រោយពេលបានឮវានិយាយបែបនេះ តើអ្នកនឹងមិនមានអារម្មណ៍កាន់តែជឿលើវាជាងមុនបន្ដិចទេឬអី? បន្ទាប់មក សាតាំងអាចនិយាយថា ការងាររបស់អ្នកនាពេលថ្មីៗនេះជួបនូវការលំបាកជាច្រើន ថាប្រធានរបស់អ្នកមិនបានផ្ដល់ការទទួលស្គាល់ចំពោះអ្នកឲ្យសក្ដិសមនឹងការងារដែលអ្នកខំប្រឹងនោះឡើយ ហើយគាត់តែងតែប្រឆាំងនឹងអ្នកជានិច្ច ជាដើម។ ក្រោយពេលបានឮបែបនេះហើយ អ្នកក៏គិតថា «នេះពិតជាត្រូវមែន! អ្វីៗដូចជាដំណើរការមិនរលូនសោះនៅកន្លែងការងារ»។ ដូច្នេះ អ្នកនឹងជឿលើសាតាំងច្រើនជាងមុនបន្តិចទៀត។ បន្ទាប់មក វានឹងនិយាយអំពីអ្វីមួយផ្សេង ដើម្បីបញ្ឆោតអ្នកឲ្យជឿលើវាកាន់តែខ្លាំងជាងមុន។ បន្ដិចម្ដងៗ អ្នកនឹងជឿស្លុងលែងប្រកែកបាន ឬលែងមានចិត្តសង្ស័យចំពោះវាតទៅទៀត។ សាតាំងគ្រាន់តែប្រើល្បិចកំប៉ិចកំប៉ុកពីរបីក្បាច់ប៉ុណ្ណោះ ប៉ុន្តែធ្វើឲ្យអ្នកភ្ញាក់ផ្អើលយ៉ាងខ្លាំង។ នៅពេលដែលអ្នកភ្ញាក់ផ្អើល អ្នកនឹងមិនអាចរកឃើញគោលជំហររបស់ខ្លួន អ្នកនឹងមិនដឹងច្បាស់អំពីអ្វីដែលត្រូវធ្វើ ហើយអ្នកនឹងចាប់ផ្ដើមដើរតាមអ្វីដែលសាតាំងនិយាយ។ នេះគឺជាវិធីសាស្ត្រ «ដ៏ចំណាន» ដែលសាតាំងប្រើ ដើម្បីធ្វើឲ្យមនុស្សពុករលួយ ដែលធ្វើឲ្យអ្នកធ្លាក់ទៅក្នុងអន្ទាក់របស់វា ហើយជាប់ចិត្តនឹងវា ទាំងមិនដឹងខ្លួន។ សាតាំងប្រាប់អ្នកនូវរឿងចំនួនពីរបីដែលមនុស្សស្រមៃឃើញថាជារឿងល្អ ហើយបន្ទាប់មក វាប្រាប់អ្នកអំពីអ្វីដែលត្រូវធ្វើ និងអ្វីដែលត្រូវចៀសវាង។ នេះជារបៀបដែលអ្នកចាញ់កលវា ទាំងមិនដឹងខ្លួន។ ពេលដែលអ្នកបានជាប់ចិត្តនឹងវាហើយ នោះអ្នកនឹងមានភាពជាប់ជំពាក់មិនខាន។ អ្នកនឹងតែងតែគិតអំពីអ្វីដែលសាតាំងបាននិយាយ និងអ្វីដែលវាបានប្រាប់អ្នកឲ្យធ្វើ ហើយវានឹងសណ្ឋិតលើអ្នកទាំងមិនដឹងខ្លួន។ ហេតុអ្វីបានជាបែបនេះ? គឺដោយសារតែមនុស្សជាតិខ្វះនូវសេចក្តីពិត ដូច្នេះ គេមិនអាចឈររឹងមាំ ដើម្បីប្រឆាំងនឹងការទាក់ចិត្ត និងសេចក្តីល្បួងរបស់សាតាំងបានឡើយ។ ដោយប្រឈមជាមួយនឹងការអាក្រក់របស់សាតាំង និងការបញ្ឆោត ភាពវៀចវេរ និងការព្យាបាទរបស់វា មនុស្សជាតិពិតជាល្ងង់ខ្លៅ ក្មេងខ្ចី និងទន់ខ្សោយណាស់ មិនអញ្ចឹងឬ? តើនេះមិនមែនជាវិធីសាស្ត្រមួយក្នុងចំណោមវិធីសាស្ត្រជាច្រើនទៀតដែលសាតាំងប្រើ ដើម្បីធ្វើឲ្យមនុស្សពុករលួយទេឬ? (មែនហើយ។) ដោយមិនដឹងខ្លួន បន្ដិចម្ដងៗ មនុស្សបានចាញ់បញ្ឆោត និងចាញ់ល្បិច ដោយវិធីសាស្ត្រផ្សេងៗរបស់សាតាំង ដោយសារតែពួកគេខ្វះនូវសមត្ថភាព ដើម្បីធ្វើការវែកញែករវាងរឿងវិជ្ជមាន និងអវិជ្ជមាន។ ពួកគេខ្វះនូវកម្ពស់នេះ និងខ្វះនូវសមត្ថភាព ដើម្បីយកឈ្នះលើសាតាំង។
៥. របៀបដែលសាតាំងប្រើប្រាស់និន្នាការសង្គមទៅធ្វើឲ្យមនុស្សពុករលួយ
តើនិន្នាការសង្គមបានកើតមានឡើងនៅពេលណា? តើវាទើបតែលេចឡើងនៅក្នុងសម័យបច្ចុប្បន្នឬ? គេអាចនិយាយបានថា និន្នាការសង្គមបានលេចឡើង នៅពេលដែលសាតាំងចាប់ផ្ដើមធ្វើឲ្យមនុស្សពុករលួយ។ តើនិន្នាការសង្គមរួមបញ្ចូលអ្វីខ្លះទៅ? (ស្ទីលនៃការស្លៀកពាក់ និងការតុបតែងខ្លួន។) នេះជានិន្នាការដែលមនុស្សមានការពាក់ព័ន្ធជាមួយជាញឹកញាប់។ ស្ទីលនៃការស្លៀកពាក់ ម៉ូតខោអាវ និងនិន្នាការជាដើម ទាំងអស់នេះបង្កើតបានជាទិដ្ឋភាពតូចមួយ។ តើមានអ្វីផ្សេងទៀតទេ? តើឃ្លាប្រយោគដ៏ពេញនិយមដែលមនុស្សប្រើជារឿយៗ ត្រូវបានរាប់បញ្ចូលដែរឬទេ? តើបែបផែនជីវិតដែលមនុស្សប្រាថ្នាចង់បានត្រូវបានរាប់បញ្ចូលដែរឬទេ? តើតារាចម្រៀង សិល្បករល្បីៗ ទស្សនាវដ្ដី និងរឿងប្រលោមលោកដែលមនុស្សចូលចិត្ត រាប់បញ្ចូលដែរឬទេ? (មែនហើយ។) នៅក្នុងគំនិតរបស់អ្នករាល់គ្នា តើទិដ្ឋភាពណានៃនិន្នាការសង្គមដែលអាចធ្វើឲ្យមនុស្សពុករលួយទៅ? តើផ្នែកណាខ្លះនៃនិន្នាការទាំងនេះដែលធ្វើឲ្យមនុស្សចាប់អារម្មណ៍បំផុត? មនុស្សមួយចំនួននិយាយថា៖ «យើងទាំងអស់គ្នាបានចូលដល់វ័យមួយហើយ យើងស្ថិតនៅក្នុងវ័យហាសិប ហុកសិប ចិតសិប ឬប៉ែតសិបឆ្នាំហើយ ដូច្នេះ យើងមិនអាចតាមទាន់និន្នាការទាំងនេះបានទេ ដូច្នេះ វាមិនធ្វើឲ្យយើងចាប់អារម្មណ៍នោះឡើយ»។ តើការនេះត្រឹមត្រូវដែរឬទេ? មនុស្សមួយចំនួនទៀតនិយាយថា៖ «យើងមិនតាមពួកសិល្បករល្បីៗឡើយ ដ្បិតនោះជាអ្វីដែលពួកយុវជន ក្នុងវ័យម្ភៃឆ្នាំធ្វើប៉ុណ្ណោះ។ យើងក៏មិនពាក់សម្លៀកបំពាក់ទាន់សម័យកាលអ្វីដែរ ដ្បិតនោះសម្រាប់មនុស្សដែលចង់បានមុខមាត់ប៉ុណ្ណោះ»។ ដូច្នេះ តើនិន្នាការបែបណាទៅដែលអាចធ្វើឲ្យអ្នករាល់គ្នាពុករលួយបាន? (ភាសិតល្បីៗ។) តើពាក្យភាសិតទាំងនេះអាចធ្វើឲ្យមនុស្សពុករលួយដែរឬទេ? ខ្ញុំនឹងផ្ដល់ជាឧទាហរណ៍មួយ ហើយអ្នករាល់គ្នានឹងមើលឃើញថាតើវាអាចធ្វើឲ្យមនុស្សពុករលួយឬក៏អត់៖ «លុយពិតជាសំខាន់ណាស់នៅក្នុងជីវិតមនុស្ស» តើនេះជានិន្នាការមួយដែរឬទេ? បើធៀបទៅនឹងសម្លៀកបំពាក់ និងនិន្នាការផ្នែកម្ហូបអាហារឈ្ងុយឆ្ងាញ់ដែលអ្នករាល់គ្នាបានលើកឡើង តើនេះមិនកាន់តែអាក្រក់ទៀតទេឬអី? «លុយពិតជាសំខាន់ណាស់នៅក្នុងជីវិតមនុស្ស» គឺជាមនោគមវិទ្យារបស់សាតាំង ហើយវាកំពុងតែរាលដាលនៅក្នុងចំណោមមនុស្សជាតិ និងសង្គមជាតិទាំងអស់។ អ្នកអាចនិយាយថា វាជានិន្នាការមួយដោយសារតែវាត្រូវបានបណ្ដុះនៅក្នុងដួងចិត្តរបស់មនុស្សម្នាក់ៗ។ តាំងពីដើមដំបូងមក មនុស្សមិនបានទទួលយកភាសិតនេះឡើយ ប៉ុន្តែបន្ទាប់មក ពួកគេក៏ព្រមទទួលយកដោយស្ងាត់ស្ងៀម នៅពេលដែលពួកគេចាប់ផ្ដើមមានទំនាក់ទំនងជាមួយជីវិតពិត ហើយចាប់ផ្ដើមមានអារម្មណ៍ថា ពាក្យទាំងនេះពិតជាត្រឹមត្រូវ។ តើនេះមិនមែនជាដំណើរការមួយរបស់សាតាំង ដើម្បីធ្វើឲ្យមនុស្សពុករលួយទេឬអី? ប្រហែល មនុស្សមិនយល់អំពីពាក្យស្លោកនេះនៅកម្រិតមួយដូចគ្នាឡើយ ប៉ុន្តែមនុស្សគ្រប់គ្នាមាននូវកម្រិតខុសៗគ្នានៃការបកស្រាយ និងការទទួលស្គាល់ភាសិតនេះ ដោយផ្អែកលើរឿងរ៉ាវដែលបានកើតឡើងជុំវិញពួកគេ និងទៅលើបទពិសោធរបស់ពួកគេផ្ទាល់។ តើវាមិនបែបនេះទេឬ? មិនថាមនុស្សម្នាក់មានបទពិសោធច្រើនប៉ុនណាជាមួយពាក្យស្លោកនេះឡើយ តើវាអាចមានផលអវិជ្ជមានអ្វីខ្លះទៅលើដួងចិត្តរបស់គេ? រឿងខ្លះត្រូវបានបើកសម្ដែង តាមរយៈនិស្ស័យរបស់មនុស្សនៅក្នុងពិភពលោកនេះ រួមទាំងអ្នករាល់គ្នាផងដែរ។ តើវាជាអ្វីទៅ? វាជាការថ្វាយបង្គំលុយ។ តើវាពិបាកដែរឬទេក្នុងការដកវាចេញពីដួងចិត្តរបស់មនុស្សម្នាក់? វាពិតជាពិបាកណាស់! វាហាក់ដូចជា សេចក្តីពុករលួយរបស់សាតាំងចំពោះមនុស្សមានកាន់តែជ្រាលជ្រៅ! ហើយក្រោយពេលសាតាំងប្រើនិន្នាការនេះ ទៅធ្វើឲ្យមនុស្សពុករលួយ និងធ្វើឲ្យពួកគេថ្វាយបង្គំលុយ តើការនេះត្រូវបង្ហាញចេញនៅក្នុងពួកគេយ៉ាងដូចម្ដេចទៅ? តើអ្នករាល់គ្នាមានអារម្មណ៍ថា អ្នកមិនអាចរស់នៅក្នុងពិភពលោកនេះបាន ដោយគ្មានលុយមួយរៀល ឬរស់នៅសូម្បីតែមួយថ្ងៃដោយគ្មានលុយដែរទេ? ឋានៈរបស់មនុស្សអាស្រ័យលើទៅចំនួនប្រាក់ដែលគេមាន ហើយការគោរពដែលគេចង់បានពីមនុស្ស ក៏អាស្រ័យលើទឹកលុយផងដែរ។ អ្នកក្រខំឱនលំទោន ទាំងភាពអាម៉ាស់ ឯអ្នកមានវិញរីករាយនឹងឋានៈដ៏ខ្ពង់ខ្ពស់របស់គេ។ ពួកគេឈរពើងទ្រូង និងមានអំនួត ដោយនិយាយខ្លាំងៗ ហើយរស់នៅទាំងក្រអឺតក្រទម។ តើពាក្យភាសិត និងនិន្នាការនេះនាំមកនូវអ្វីខ្លះដល់មនុស្ស? តើវាមិនមែនជាការពិតទេឬដែលមនុស្សជាច្រើនហ៊ានលះបង់សព្វបែបយ៉ាង ដើម្បីដេញតាមទឹកលុយ? តើមនុស្សជាច្រើនមិនបាត់បង់សេចក្តីថ្លៃថ្នូរ និងសុចរិតភាពរបស់គេនៅក្នុងការដេញតាមលុយកាន់តែច្រើនទេឬ? តើមនុស្សជាច្រើនមិនបាត់បង់ឱកាស ដើម្បីបំពេញភារកិច្ចរបស់គេ និងដើរតាមព្រះជាម្ចាស់សម្រាប់ប្រយោជន៍ជាប្រាក់ទេឬ? តើការបាត់បង់ឱកាសដើម្បីទទួលបានសេចក្ដីពិត ហើយត្រូវបានសង្រ្គោះ មិនមែនជាការបាត់បង់ដ៏ធំបំផុតរបស់មនុស្សទេឬ? តើសាតាំងមិនអាក្រក់ទេឬដែលប្រើប្រាស់វិធីសាស្ត្រ និងពាក្យភាសិតនេះ ដើម្បីធ្វើឲ្យមនុស្សពុករលួយនៅកម្រិតណាមួយ? តើនេះមិនមែនជាកលល្បិចព្យាបាទមួយទេឬ? នៅពេលដែលអ្នកវិវឌ្ឍពីការប្រឆាំងចំពោះពាក្យភាសិតដ៏ពេញនិយមនេះ រហូតដល់ចុងបញ្ចប់ទទួលយកវាជាការពិត នោះដួងចិត្តរបស់អ្នកធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់សាតាំងទាំងស្រុងបាត់ទៅហើយ ដូច្នេះ អ្នកក៏រស់នៅតាមពាក្យភាសិតនោះ ទាំងមិនដឹងខ្លួន។ តើពាក្យភាសិតនេះបានជះឥទ្ធិពលលើអ្នកដល់កម្រិតណាទៅ? អ្នកអាចដឹងអំពីផ្លូវពិត ហើយអ្នកអាចដឹងអំពីសេចក្តីពិត ប៉ុន្តែអ្នកគ្មានអំណាចក្នុងការដេញតាមវាឡើយ។ អ្នកអាចដឹងយ៉ាងច្បាស់ថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់ជាសេចក្តីពិត ប៉ុន្តែអ្នកមិនព្រមបង់ថ្លៃ ឬព្រមរងទុក្ខ ដើម្បីទទួលបានសេចក្តីពិតនោះទេ។ ផ្ទុយទៅវិញ អ្នកបែរជាលះបង់អនាគត និងជោគវាសនារបស់អ្នកទៅប្រឆាំងនឹងព្រះជាម្ចាស់ ដល់ទីបំផុតទៅវិញ។ មិនថាព្រះជាម្ចាស់មានបន្ទូលបែបណា មិនថាព្រះជាម្ចាស់ធ្វើអ្វីនោះទេ មិនថាអ្នកយល់អំពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់សម្រាប់អ្នកជ្រាលជ្រៅ និងខ្លាំងប៉ុនណាឡើយ អ្នកនៅតែក្បាលរឹងដោយទទូចចង់ដើរតាមផ្លូវរបស់ខ្លួន និងហ៊ានលះបង់សម្រាប់ពាក្យភាសិតមួយនេះ។ មានន័យថា ពាក្យនេះបានបោកបញ្ឆោត និងគ្រប់គ្រងលើគំនិតរបស់អ្នករួចហើយ វាបានគ្រប់គ្រងលើឥរិយាបថរបស់អ្នករួចហើយ ហើយអ្នកចង់ឱ្យវាគ្រប់គ្រងវាសនារបស់អ្នក ជាជាងទុកចោលការស្វះស្វែងរកទ្រព្យសម្បត្តិរបស់អ្នក។ . ថាមនុស្សអាចប្រព្រឹត្តដូច្នេះ ថាពួកគេអាចត្រូវបានគ្រប់គ្រង និងបោកប្រើដោយពាក្យរបស់សាតាំង។ តើនេះមិនមានន័យថាពួកគេត្រូវបានសាតាំងបោកបញ្ឆោត និងធ្វើឲ្យពុករលួយទេឬអី? តើទស្សនវិជ្ជា និងផ្នត់គំនិតរបស់សាតាំង ហើយនិងនិស្ស័យរបស់សាតាំង មិនបានចាក់ឫសក្នុងចិត្តរបស់អ្នកទេឬ? នៅពេលដែលអ្នកស្វះស្វែងរកទ្រព្យសម្បត្តិដោយងងឹតងងុល ហើយបោះបង់ចោលការស្វះស្វែងរកសេចក្ដីពិត តើសាតាំងមិនបានសម្រេចគោលបំណងក្នុងការបោកបញ្ឆោតអ្នកទេឬ? នេះជាករណីពិតប្រាកដ។ ដូច្នេះ តើអ្នកអាចមានអារម្មណ៍ដូច្នេះទេ នៅពេលដែលអ្នកត្រូវបានបោកបញ្ឆោត និងធ្វើឲ្យពុករលួយដោយសាតាំង? អ្នកមិនអាចទេ។ ប្រសិនបើអ្នកមិនអាចឃើញសាតាំងឈរនៅខាងមុខអ្នក ឬមានអារម្មណ៍ថាវាជាសាតាំងដែលកំពុងធ្វើនៅពីក្រោយខ្នង តើអ្នកអាចនឹងឃើញអំពើអាក្រក់របស់សាតាំងឬទេ? តើអ្នកអាចដឹងពីរបៀបដែលសាតាំងធ្វើឲ្យមនុស្សជាតិពុករលួយដែរឬទេ? សាតាំងធ្វើឲ្យមនុស្សពុករលួយនៅគ្រប់ពេល និងគ្រប់ទីកន្លែង។ សាតាំងធ្វើឲ្យមនុស្សមិនអាចទប់ទល់នឹងសេចក្តីពុករលួយនេះ ហើយធ្វើឲ្យមនុស្សតែលតោលមិនអាចប្រឆាំងទាស់នឹងវាបាន។ សាតាំងធ្វើឲ្យអ្នកទទួលយកគំនិតរបស់វា ទស្សនៈរបស់វា ហើយការអាក្រក់ដែលចេញមកពីវានៅក្នុងស្ថានភាពដែលអ្នកស្ថិតនៅទាំងមិនដឹងខ្លួន និងពេលដែលអ្នកមិនដឹងអំពីអ្វីដែលកំពុងតែកើតឡើងចំពោះអ្នក។ មនុស្សទទួលយករឿងទាំងនេះដោយគ្មានប្រកែកអ្វីឡើយ។ ពួកគេរីករាយ និងប្រកាន់យករឿងទាំងនេះដូចជាកំណប់ ហើយពួកគេបណ្ដោយឲ្យរឿងទាំងនេះគ្រប់គ្រងពួកគេ និងលេងសើចជាមួយពួកគេ។ នេះហើយជារបៀបដែលមនុស្សរស់នៅក្រោមអំណាចរបស់សាតាំង និងស្តាប់បង្គាប់សាតាំងដោយមិនដឹងខ្លួន ហើយសេចក្តីពុករលួយរបស់សាតាំងចំពោះមនុស្ស ចម្រើនឡើងកាន់តែជ្រៅនោះ។
សាតាំងប្រើវិធីសាស្ត្រជាច្រើននេះ ដើម្បីធ្វើឲ្យមនុស្សពុករលួយ។ មនុស្សមានចំណេះដឹង និងការយល់ដឹងអំពីគោលការណ៍វិទ្យាសាស្ត្រខ្លះៗ មនុស្សរស់នៅក្រោមឥទ្ធិពលនៃវប្បធម៌បែបប្រពៃណី ហើយមនុស្សគ្រប់រូបគឺជាអ្នកស្នង និងជាអ្នកផ្ទេរនៃវប្បធម៌បែបប្រពៃណីនេះ។ មនុស្សត្រូវបានជាប់ចំណងក្នុងការបន្តវប្បធម៌បែបប្រពៃណីដែលសាតាំងបានបន្សល់ទុកដល់គេ ហើយមនុស្សក៏ត្រូវសម្របខ្លួនតាមនិន្នាការសង្គម ដែលសាតាំងផ្ដល់ឲ្យដល់មនុស្សជាតិផងដែរ។ មនុស្សមិនអាចផ្ដាច់ខ្លួនចេញពីសាតាំងបានឡើយ គេសម្របតាមអ្វីៗគ្រប់យ៉ាងដែលសាតាំងធ្វើគ្រប់ពេល ទទួលយកការអាក្រក់ ការបញ្ឆោត ការព្យាបាទ និងភាពក្អេងក្អាងរបស់វា។ នៅពេលដែលមនុស្សចាប់ផ្ដើមមាននិស្ស័យទាំងនេះរបស់សាតាំង តើពួកគេមានជីវិតដ៏រីករាយ ឬក៏ទុក្ខព្រួយនៅក្នុងចំណោមមនុស្សជាតិដ៏ពុករលួយនេះ? (ទុក្ខព្រួយ។) ហេតុអ្វីបានជាអ្នកនិយាយបែបនេះ? (គឺដោយសារតែមនុស្សត្រូវបានជាប់ចំណង និងត្រូវបានគ្រប់គ្រង ដោយរឿងដ៏ពុករលួយទាំងនេះ ពួកគេរស់នៅក្នុងអំពើបាប ហើយត្រូវបានហ៊ុមព័ទ្ធដោយបញ្ហាដ៏លំបាក។) មនុស្សខ្លះពាក់វ៉ែនតា មើលទៅហាក់ដូចជាមនុស្សមានបញ្ញាខ្លាំងអ៊ីចឹង។ សម្ដីសំដៅរបស់ពួកគេគួរឲ្យគោរព ប្រកបដោយវោហាសព្ទ និងវិចារណាញាណ ហើយដោយសារតែពួកគេបានឆ្លងកាត់រឿងរ៉ាវជាច្រើន ដូច្នេះ ពួកគេអាចមានបទពិសោធន៍ និងប្រាជ្ញាវៃឆ្លាតជាច្រើនផងដែរ។ ពួកគេអាចនិយាយយ៉ាងល្អិតល្អន់អំពីរឿងតូចធំ ហើយពួកគេក៏ចេះវាយតម្លៃពីភាពពិតត្រង់ និងចេះថ្លឹងថ្លែងផងដែរ។ អ្នកខ្លះអាចមើលទៅកាន់ឥរិយាបថ និងរូបរាងរបស់មនុស្សទាំងនេះ ព្រមទាំងមើលអត្តចរិត ភាពជាមនុស្ស ការប្រព្រឹត្តិរបស់គេផងដែរ ហើយរកមិនឃើញកំហុសទាល់តែសោះ។ មនុស្សបែបនេះគឺជាមនុស្សដែលចេះសម្របខ្លួនយ៉ាងល្អទៅតាមនិន្នាការសង្គមបច្ចុប្បន្ន។ ទោះបីមនុស្សទាំងនេះអាចមានវ័យចាស់ជាងក៏ដោយ ក៏ពួកគេមិនបណ្ដោយខ្លួនឲ្យតាមមិនទាន់និន្នាការ និងប្រកាន់នូវគំនិតចាស់គំរិល រៀនមិនកើតនោះដែរ។ នៅផ្នែកខាងលើ គ្មាននរណាម្នាក់អាចរកឃើញកំហុសរបស់មនុស្សនេះឡើយ ប៉ុន្តែសារជាតិខាងក្នុងរបស់ពួកគេវិញ ពួកគេត្រូវបានអារក្សធ្វើឲ្យពុករលួយទាំងស្រុងតែម្ដង។ ទោះបីជាមិនអាចរកឃើញកំហុសពីសំបកក្រៅជាមួយមនុស្សទាំងនេះក្ដី ទោះបីនៅផ្នែកខាងក្រៅ ពួកគេហាក់ដូចជាទន់ភ្លន់ ថ្លៃថ្នូរ ចេះដឹង មានក្រមសីលធម៌ល្អ និងមានសុចរិតភាព ហើយទោះបីទាក់ទងនឹងចំណេះដឹង ពួកគេគ្មានអ្វីដែលអន់ជាងពួកយុវជនក៏ដោយ ប៉ុន្តែទាក់ទងនឹងធម្មជាតិ និងសារជាតិរបស់គេ មនុស្សបែបនេះគឺជាគំរូទាំងស្រុង និងជាគំរូនៃការរស់នៅរបស់សាតាំង ពួកគេគឺជាអ្នកស្នងរូបរបស់សាតាំង។ នេះគឺជា «ផលផ្ល» នៃសេចក្តីពុករលួយរបស់សាតាំងចំពោះមនុស្ស។ អ្វីដែលខ្ញុំបាននិយាយអាចធ្វើឲ្យអ្នករាល់គ្នាឈឺចាប់ ប៉ុន្តែវាជាការពិត។ ចំណេះដឹងដែលមនុស្សរៀន វិទ្យាសាស្ត្រដែលគេយល់ និងមធ្យោបាយដែលគេជ្រើសរើស ដើម្បីសម្របខ្លួនជាមួយនិន្នាការសង្គម គឺជាឧបករណ៍ទាំងអស់ដែលសាតាំងប្រើ ដើម្បីធ្វើឲ្យមនុស្សពុករលួយ។ នេះគឺជាការពិត។ ដូច្នេះ មនុស្សរស់នៅក្នុងនិស្ស័យមួយដែលត្រូវបានសាតាំងធ្វើឲ្យពុករលួយទាំងស្រុង ហើយមនុស្សគ្មានផ្លូវនឹងដឹងអំពីអ្វីទៅជាភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ ឬអ្វីទៅជាសារជាតិរបស់ព្រះជាម្ចាស់នោះឡើយ។ នេះគឺដោយសារតែនៅលើផ្នែកខាងក្រៅ គេមិនអាចរកឃើញកំហុសជាមួយផ្លូវដែលសាតាំងធ្វើឲ្យមនុស្សពុករលួយ ហើយតាមរយៈឥរិយាបថរបស់មនុស្សម្នាក់ គេមិនអាចដឹងអំពីអ្វីដែលខុសផងនោះ។ មនុស្សគ្រប់គ្នាទៅធ្វើកិច្ចការរបស់គេតាមធម្មតា ហើយរស់នៅក្នុងជីវិតរបស់គេតាមធម្មតា ហើយគេអានសៀវភៅ និងកាសែតតាមធម្មតា ពួកគេសិក្សា និងនិយាយតាមធម្មតា។ មនុស្សខ្លះបានរៀននូវក្រមសីលធម៌មួយចំនួន ហើយគេពូកែនិយាយ មានការយល់ដឹង និងចេះរួសរាយរាក់ទាក់ ចេះជួយយកអាសា និងចិត្តល្អ ហើយមិនឈ្លោះប្រកែក ឬកេងចំណេញលើមនុស្សឡើយ។ យ៉ាងណាមិញ និស្ស័យសាតាំងដ៏ពុករលួយរបស់គេត្រូវបានចាក់ឫសយ៉ាងជ្រៅនៅក្នុងពួកគេ ហើយសារជាតិនេះមិនអាចត្រូវបានផ្លាស់ប្រែ តាមរយៈការពឹងអាងលើកិច្ចខិតខំពីខាងក្រៅនោះឡើយ។ ដោយសារតែសារជាតិនេះ មនុស្សមិនអាចដឹងអំពីភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ ហើយទោះបីជាសារជាតិនៃភាពបរិសុទ្ធរបស់ព្រះជាម្ចាស់បានកំពុងតែបង្ហាញចេញទៅកាន់មនុស្សក៏ដោយ ក៏មនុស្សមិនយកចិត្តទុកដាក់មើលដែរ។ នេះគឺដោយសារតែសាតាំងបានកាន់កាប់ទាំងស្រុងលើអារម្មណ៍ យោបល់ ទស្សនៈ និងគំនិតរបស់មនុស្ស តាមរយៈមធ្យោបាយផ្សេងៗរួចទៅហើយ។ ការកាន់កាប់ និងសេចក្តីពុករលួយនេះមិនមែនបណ្ដោះអាសន្ន ឬម្ដងម្កាលឡើយ ប៉ុន្តែ វាមានវត្តមាននៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ ដូច្នេះ មនុស្សជាច្រើនសន្ធឹកសន្ធាប់ដែលបានជឿលើព្រះជាម្ចាស់រយៈពេលបី ឬបួនឆ្នាំ ឬសូម្បីតែប្រាំ ឬប្រាំមួយឆ្នាំ ក៏នៅតែទទួលយកគំនិត ទស្សនៈ តក្កៈ និងទស្សនវិជ្ជាអាក្រក់ទាំងនេះ ដែលសាតាំងបានបណ្ដុះនៅក្នុងពួកគេ ទុកដូចជាកំណប់ ហើយពួកគេមិនអាចបោះបង់វាបានឡើយ។ ដោយសារតែមនុស្សបានទទួលយកការអាក្រក់ ភាពក្អេងក្អាង និងការព្យាបាទដែលចេញមកពីធម្មជាតិរបស់សាតាំង ដូច្នេះ ដោយចៀសមិនផុត នៅក្នុងទំនាក់ទំនងអន្តរបុគ្គលរបស់មនុស្ស ជារឿយៗ វាមាននូវជម្លោះ ការឈ្លោះប្រកែក និងការមិនចុះសម្រុងគ្នា ដែលកើតចេញពីធម្មជាតិដ៏ក្អេងក្អាងរបស់សាតាំង។ ប្រសិនបើសាតាំងបានផ្ដល់ឲ្យមនុស្សជាតិនូវរឿងវិជ្ជមាន ឧទាហរណ៍ ប្រសិនបើលទ្ធិខុងជឺ (Confucianism) និងលទ្ធិតាវ (Taoism) ស្ដីអំពីវប្បធម៌បែបប្រពៃណី ដែលមនុស្សបានទទួលយក គឺជារឿងល្អ នោះមនុស្សប្រភេទស្រដៀងគ្នានោះគួរតែអាចចុះសម្រុងជាមួយគ្នា ក្រោយពេលទទួលយករឿងទាំងនោះបាត់ទៅហើយ។ ដូច្នេះ ហេតុអ្វីបានជានៅតែមានការបែកបាក់ដ៏ធំមួយរវាងមនុស្សដែលបានទទួលយករឿងដូចគ្នានោះ? ហេតុអ្វីបានជាដូច្នេះ? វាគឺដោយសារតែរឿងទាំងនេះចេញមកពីសាតាំង ហើយសាតាំងបង្កើតឲ្យមានការបែកបាក់នៅក្នុងចំណោមមនុស្ស។ រឿងដែលមកពីសាតាំងដែលផ្ដល់ឲ្យមនុស្ស មិនថាសម្បកក្រៅ វាមើលទៅហាក់ដូចជាថ្លៃថ្នូរ ឬអស្ចារ្យបែបណា ប៉ុន្តែ វាលាតត្រដាងចេញពីក្នុងជីវិតរបស់មនុស្សតែភាពក្អេងក្អាងប៉ុណ្ណោះ ហើយវាគ្មានអ្វីក្រៅពីការបោកបញ្ឆោតនៃធម្មជាតិដ៏អាក្រក់របស់សាតាំងនោះឡើយ។ តើវាមិនបែបនេះទេឬ? មនុស្សម្នាក់ដែលអាចក្លែងបន្លំខ្លួន ដែលមានចំណេះដឹងដ៏ច្រើន ឬដែលមានការអប់រំយ៉ាងល្អ ក៏នៅតែមានពេលពិបាកក្នុងការគ្របបាំងនិស្ស័យសាតាំងដ៏ពុករលួយរបស់គេផងដែរ។ គឺអាចនិយាយបានថា មិនថាបុគ្គលម្នាក់ខំបិទបាំងខ្លួនតាមរបៀបជាច្រើនប៉ុនណា មិនថាអ្នកគិតថា ពួកគេជាពួកបរិសុទ្ធក៏ដោយ ឬប្រសិនបើអ្នកគិតថា ពួកគេជាមនុស្សល្អឥតខ្ចោះ ឬប្រសិនបើអ្នកគិតថា ពួកគេជាទេវតា មិនថាអ្នកគិតថា ពួកគេបរិសុទ្ធយ៉ាងណា តើអ្វីទៅជាជីវិតពិតរបស់គេនៅពីក្រោយឆាកនោះ? តើអ្នកមើលឃើញសារជាតិអ្វីខ្លះនៅក្នុងការបើកសម្ដែងនៃនិស្ស័យរបស់គេ? ដោយគ្មានចម្ងល់ អ្នកនឹងមើលឃើញពីនិស្ស័យដ៏អាក្រក់របស់សាតាំង។ តើអាចនិយាយបែបនេះបានទេ? (ពិតជាបាន។) ឧទាហរណ៍ ឧបមាថា អ្នកស្គាល់មនុស្សដ៏ស្និទ្ធស្នាលម្នាក់ ជាអ្នកដែលអ្នករាល់គ្នាគិតថា ជាមនុស្សល្អ ប្រហែលជាមនុស្សម្នាក់ដែលអ្នកចាត់ទុកជាបុគ្គលគំរូ។ ជាមួយកម្ពស់បច្ចុប្បន្នរបស់អ្នក តើអ្នកគិតដូចម្ដេចអំពីពួកគេ? ជាដំបូង អ្នកវាយតម្លៃមើលថាតើបុគ្គលប្រភេទនេះមានភាពជាមនុស្ស ថាតើគេជាមនុស្សទៀងទ្រង់ ថាតើគេមានសេចក្តីស្រឡាញ់ដ៏ពិតសម្រាប់មនុស្ស ថាតើពាក្យសម្ដី និង ទង្វើរបស់គេជួយ និងផ្ដល់ជាប្រយោជន៍ដល់អ្នកដទៃដែរឬយ៉ាងណា។ (ពួកគេមិនអាចឡើយ។) តើអ្វីទៅជាចិត្តសប្បុរស ចិត្តស្រឡាញ់ ឬចិត្តល្អ ដែលមនុស្សទាំងនេះបើកសម្ដែងនោះ? ទាំងអស់សុទ្ធតែជាការក្លែងក្លាយ វាសុទ្ធតែជាសំបកក្រៅប៉ុណ្ណោះ។ នៅពីក្រោយសំបកក្រៅនេះ វាមាននូវគោលបំណងលាក់កំបាំងដ៏អាក្រក់៖ ដើម្បីធ្វើឲ្យបុគ្គលនោះទទួលបានការគោរព និងជាបុគ្គលគំរូប៉ុណ្ណោះ។ តើអ្នករាល់គ្នាមើលឃើញការនេះយ៉ាងច្បាស់ដែរឬទេ? (បាទ/ចាស។)
តើសាតាំងប្រើប្រាស់វិធីសាស្ត្រអ្វីខ្លះចំពោះមនុស្សជាតិ ដើម្បីធ្វើឲ្យមនុស្សពុករលួយ? តើវានាំមកនូវរឿងវិជ្ជមានដែរឬទេ? ជាដំបូង តើមនុស្សអាចវែកញែករវាងការល្អ និងការអាក្រក់ដែរឬទេ? តើអ្នកនឹងនិយាយថា នៅក្នុងពិភពលោកនេះ មិនថាជាបុគ្គលល្បីល្បាញ ឬអស្ចារ្យ ជាទស្សនាវដ្ដី ឬរោងពុម្ពបោះផ្សាយខ្លះនោះទេ គឺជាបទដ្ឋានដែលគេប្រើ ដើម្បីវិនិច្ឆ័យថាតើអ្វីមួយល្អ ឬអាក្រក់ និងត្រឹមត្រូវ ឬខុស សុក្រឹត? តើការវាយតម្លៃរបស់គេចំពោះព្រឹត្តិការណ៍ និងមនុស្សមានភាពយុត្តិធម៌ដែរឬទេ? តើវាមានផ្ទុកនូវសេចក្តីពិតដែរឬទេ? តើពិភពលោកនេះ មនុស្សជាតិនេះ វាយតម្លៃលើរឿងវិជ្ជមាន និងអវិជ្ជមាន ដោយផ្អែលើបទដ្ឋាននៃសេចក្តីពិតឬ? (អត់ទេ។) ហេតុអ្វីបានជាមនុស្សមិនមានសមត្ថភាពនោះ? មនុស្សបានសិក្សាមានចំណេះដឹងយ៉ាងច្រើន ហើយក៏ដឹងច្រើនអំពីវិទ្យាសាស្ត្រផងដែរ បើដូច្នេះ ពួកគេមាននូវសមត្ថភាពពូកែ មែនទេ? ហេតុអ្វីបានជាពួកគេគ្មានសមត្ថភាពចេះវែកញែករវាងរឿងវិជ្ជមាន និងរឿងអវិជ្ជមានដូច្នេះ? ហេតុអ្វីបានជាបែបនេះ? (គឺដោយសារតែមនុស្សមិនមានសេចក្តីពិត។ វិទ្យាសាស្ត្រ និងចំណេះដឹង មិនមែនជាសេចក្តីពិតឡើយ។) អ្វីៗគ្រប់យ៉ាងដែលសាតាំងនាំមកដល់មនុស្សជាតិ គឺជាសេចក្ដីអាក្រក់ សេចក្ដីពុករលួយ និងខ្វះនូវសេចក្តីពិត ជីវិត និងផ្លូវ។ ជាមួយសេចក្ដីអាក្រក់ និង សេចក្តីពុករលួយដែលសាតាំងនាំមកដល់មនុស្ស តើអ្នកអាចនិយាយបានថា សាតាំងមានសេចក្តីស្រឡាញ់ដែរឬទេ? តើអ្នកអាចនិយាយបានថា មនុស្សមានសេចក្តីស្រឡាញ់ដែរឬទេ? មនុស្សខ្លះអាចនិយាយថា៖ «អ្នកនិយាយខុសហើយ។ មានមនុស្សជាច្រើននៅជុំវិញពិភពលោកដែលជួយដល់ជនក្រីក្រ ឬជនអនាថា។ តើពួកគេមិនមែនជាមនុស្សល្អទេឬ? ហើយក៏មានអង្គការមនុស្សធម៌ជាច្រើនដែលធ្វើអំពើល្អផងដែរ តើការងារដែលពួកគេធ្វើនេះ មិនមែនជាអំពើល្អទេឬ?» តើអ្នកនឹងនិយាយអ្វីខ្លះទៅចំពោះការនេះ? សាតាំងប្រើប្រាស់វិធីសាស្ត្រ និងទ្រឹស្ដីខុសៗគ្នាជាច្រើន ដើម្បីធ្វើឲ្យមនុស្សពុករលួយ ដូច្នេះ តើសេចក្តីពុករលួយរបស់មនុស្សនេះ ជាគោលគំនិតមួយដ៏ស្រពិចស្រពិលឬ? អត់ទេ វាមិនស្រពិចស្រពិលឡើយ។ សាតាំងក៏ធ្វើរឿងជាក់ស្ដែងមួយចំនួនផងដែរ ហើយវាក៏លើកតម្កើងទស្សនៈ ឬទ្រឹស្ដីនៅក្នុងពិភពលោកនេះ និងនៅក្នុងសង្គមផងដែរ។ នៅក្នុងគ្រប់សែរាជវង្សនីមួយៗ និងនៅក្នុងគ្រប់សម័យកាល វាលើកតម្កើងនូវទ្រឹស្ដីមួយ និងបណ្ដុះគំនិតនៅក្នុងខួរក្បាលរបស់មនុស្ស។ គំនិត និងទ្រឹស្ដីទាំងនេះ ចាក់ឫសបន្ដិចម្ដងៗនៅក្នុងដួងចិត្តរបស់មនុស្ស ហើយបន្ទាប់មក ពួកគេចាប់ផ្ដើមរស់នៅតាមគំនិតទាំងនោះ។ នៅពេលដែលពួកគេចាប់ផ្ដើមរស់នៅតាមគំនិតទាំងនេះ តើពួកគេមិនក្លាយដូចជាសាតាំង ទាំងមិនដឹងខ្លួនទេឬ? បន្ទាប់មក តើមនុស្សមិនក្លាយដូចជាសាតាំងទេឬ? នៅពេលដែលមនុស្សបានក្លាយដូចជាសាតាំង តើចិត្តគំនិតរបស់គេចំពោះព្រះជាម្ចាស់នៅទីចុងបញ្ចប់នឹងប្រែជាបែបណាទៅ? តើវាមិនមែនជាចិត្តគំនិតដូចគ្នាដែលសាតាំងមានចំពោះព្រះជាម្ចាស់ទេឬ? គ្មាននរណាម្នាក់ហ៊ានទទួលស្គាល់ឡើយ មែនទេ? ពិតជាគួរឲ្យរន្ធត់ណាស់! ហេតុអ្វីបានជាខ្ញុំនិយាយថា ធម្មជាតិរបស់សាតាំងអាក្រក់? ខ្ញុំមិននិយាយបែបនេះ ដោយគ្មានមូលដ្ឋាននោះឡើយ ផ្ទុយទៅវិញ ធម្មជាតិរបស់សាតាំងត្រូវបានកំណត់ និងវិភាគ ដោយផ្អែកលើអ្វីដែលវាបានធ្វើ និងអ្វីដែលវាបានបើកសម្ដែង។ ប្រសិនបើខ្ញុំគ្រាន់តែនិយាយថា សាតាំងគឺអាក្រក់ តើអ្នករាល់គ្នានឹងគិតអ្វីខ្លះទៅ? អ្នករាល់គ្នានឹងគិតថា «ជាក់ស្ដែងណាស់ សាតាំងគឺអាក្រក់»។ ដូច្នេះ ខ្ញុំសួរអ្នកថា៖ «តើផ្នែកណាខ្លះនៃសាតាំងដែលអាក្រក់ទៅ?» ប្រសិនបើអ្នកនិយាយថា៖ «ការប្រឆាំងរបស់សាតាំងចំពោះព្រះជាម្ចាស់ គឺអាក្រក់» នោះអ្នកមិនទាន់និយាយដោយភាពច្បាស់លាស់នៅឡើយទេ។ ឥឡូវនេះ ការដែលខ្ញុំនិយាយអំពីភាពជាក់លាក់បែបនេះ តើអ្នករាល់គ្នាមានការយល់ដឹងអំពីខ្លឹមសារជាក់លាក់នៃសារជាតិអាក្រក់របស់សាតាំងដែរឬទេ? (យល់ហើយ។) ប្រសិនបើអ្នកអាចមើលឃើញយ៉ាងច្បាស់អំពីធម្មជាតិអាក្រក់របស់សាតាំង នោះអ្នកនឹងមើលឃើញពីលក្ខខណ្ឌរបស់ខ្លួនឯងផងដែរ។ តើវាមានទំនាក់ទំនងណាមួយរវាងរឿងទាំងពីរនេះដែរឬទេ? តើការនេះមានប្រយោជន៍ចំពោះអ្នករាល់គ្នាឬក៏អត់? (វាមានប្រយោជន៍។) នៅពេលដែលអ្នករួមប្រកបអំពីសារជាតិនៃភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ តើវាចាំបាច់ទេដែលយើងត្រូវរួមប្រកបអំពីសារជាតិដ៏អាក្រក់របស់សាតាំង? តើអ្នករាល់គ្នាមានទស្សនៈអ្វីខ្លះទៅអំពីចំណុចនេះ (មែនហើយ វាពិតជាចាំបាច់។) ហេតុអ្វីទៅ? (ការអាក្រក់របស់សាតាំងធ្វើឲ្យមនុស្សកត់សម្គាល់ឃើញពីភាពបរិសុទ្ធរបស់ព្រះជាម្ចាស់។) តើវាបែបនេះមែនទេ? ការនេះត្រឹមត្រូវបានខ្លះ នេះមានន័យថា បើគ្មានការអាក្រក់របស់សាតាំងទេ នោះមនុស្សនឹងមិនដឹងថា ព្រះជាម្ចាស់ទ្រង់បរិសុទ្ធឡើយ។ វាជាការត្រឹមត្រូវក្នុងការនិយាយបែបនេះ។ យ៉ាងណាមិញ ប្រសិនបើអ្នកនិយាយថា ភាពបរិសុទ្ធរបស់ព្រះជាម្ចាស់កើតមានឡើង ដោយសារតែវាផ្ទុយទៅនឹងការអាក្រក់របស់សាតាំងប៉ុណ្ណោះ តើនេះត្រឹមត្រូវដែរឬទេ? របៀបនៃការគិតបែបវិចារនេះ គឺខុសហើយ។ ភាពបរិសុទ្ធរបស់ព្រះជាម្ចាស់គឺជាសារជាតិដែលមាននៅក្នុងព្រះជាម្ចាស់ ហើយទោះបីជាពេលដែលព្រះជាម្ចាស់បើកសម្ដែងវា តាមរយៈទង្វើរបស់ទ្រង់ក៏ដោយ ក៏វានៅតែការស្ដែងចេញពីធម្មជាតិនៃសារជាតិរបស់ព្រះជាម្ចាស់ ហើយវានៅតែជាសារជាតិដែលមាននៅក្នុងព្រះជាម្ចាស់ដដែល ដូច្នេះ ភាពបរិសុទ្ធរបស់ទ្រង់តែងតែមានជានិច្ច ហើយវាជាសារជាតិដើម និងជាប់ជាមួយព្រះជាម្ចាស់ផ្ទាល់ ទោះបីជាមនុស្សមើលមិនឃើញវាក៏ដោយ។ នេះគឺដោយសារតែមនុស្សរស់នៅក្នុងចំណោមធម្មជាតិដ៏ពុករលួយរបស់សាតាំង និងនៅក្រោមឥទ្ធិពលរបស់សាតាំង ហើយពួកគេមិនដឹងអំពីភាពបរិសុទ្ធ ហើយក៏មិនយល់អំពីខ្លឹមសារជាក់លាក់នៃភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ដែរ។ ដូច្នេះ តើវាសំខាន់ទេដែលដំបូង យើងត្រូវរួមប្រកបអំពីសារជាតិអាក្រក់របស់សាតាំង? (មែនហើយ ពិតជាសំខាន់។) មនុស្សខ្លះអាចសម្ដែងការសង្ស័យខ្លះ៖ «ទ្រង់កំពុងតែប្រកបគ្នាអំពីព្រះជាម្ចាស់ផ្ទាល់ ដូច្នេះ ហេតុអ្វីបានជាទ្រង់តែងតែមានបន្ទូលអំពីរបៀបដែលសាតាំងធ្វើឲ្យមនុស្សពុករលួយ និងរបៀបដែលធម្មជាតិរបស់សាតាំងអាក្រក់?» ឥឡូវ អ្នកអាចទុកភាពសង្ស័យរបស់វាវិញបានហើយ មិនអញ្ចឹងឬ? នៅពេលដែលមនុស្សមានការឈ្វេងយល់អំពីការអាក្រក់របស់សាតាំង ហើយនៅពេលដែលពួកគេមាននិយមន័យដ៏សុក្រឹតអំពីវា នៅពេលដែលមនុស្សអាចមើលឃើញយ៉ាងច្បាស់អំពីខ្លឹមសារ និងការបើកបង្ហាញដ៏ជាក់លាក់អំពីភាពអាក្រក់ ប្រភព និងសារជាតិអាក្រក់ តាមរយៈការពិភាក្សាអំពីភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ ទើបមនុស្សអាចដឹងយ៉ាងច្បាស់ ឬទទួលស្គាល់ថាអ្វីទៅជាភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ អ្វីទៅជាភាពបរិសុទ្ធ។ ប្រសិនបើខ្ញុំមិនពិភាក្សាអំពីការអាក្រក់របស់សាតាំងទេ នោះមនុស្សខ្លះនឹងច្រឡំជឿថា រឿងខ្លះដែលមនុស្សធ្វើនៅក្នុងសង្គម និងនៅក្នុងចំណោមមនុស្ស ឬរឿងខ្លះដែលកើតឡើងនៅក្នុងពិភពលោកនេះ អាចទាក់ទងនឹងភាពបរិសុទ្ធ។ តើនេះមិនមែនជាទស្សនៈខុសឆ្គងទេឬ? (មែនហើយ វាជទស្សនៈខុសឆ្គង។)
ឥឡូវ ការដែលខ្ញុំបានរួមប្រកបអំពីសារជាតិរបស់សាតាំងបែបនេះ តើអ្នករាល់គ្នាមានការយល់ដឹងអ្វីខ្លះ តាមរយៈបទពិសោធន៍របស់អ្នករាល់គ្នាកាលពីពីរបីឆ្នាំមុន ចាប់តាំងពីអ្នកអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងចាប់តាំងពីអ្នកដកពិសោធន៍នូវកិច្ចការរបស់ទ្រង់? សូមអញ្ជើញនិយាយមក។ អ្នកមិនចាំបាច់ប្រើពាក្យពេចន៍ដែលល្អស្ដាប់ឡើយ ប៉ុន្តែ សូមគ្រាន់តែនិយាយចេញពីបទពិសោធន៍របស់អ្នកមកបានហើយ។ តើភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ផ្សំឡើងចេញពីសេចក្តីស្រឡាញ់របស់ទ្រង់តែមួយឬ? តើវាគ្រាន់តែសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ ដែលយើងពណ៌នាជាភាពបរិសុទ្ធឬ? នោះក៏ជាផ្នែកមួយដែរ មែនទេ? ក្រៅពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ តើមានផ្នែកផ្សេងទៀតនៃសារជាតិរបស់ព្រះជាម្ចាស់ដែរឬទេ? តើអ្នករាល់គ្នាធ្លាប់មើលឃើញសារជាតិទាំងនោះដែរឬទេ? (មែនហើយ ព្រះជាម្ចាស់ស្អប់ខ្ពើមបុណ្យ និងថ្ងៃឈប់សម្រាក ទំនៀមទម្លាប់ និងអបិយជំនឿ ហើយនេះក៏ជាភាពបរិសុទ្ធរបស់ព្រះជាម្ចាស់មួយផងដែរ។) ព្រះជាម្ចាស់ទ្រង់បរិសុទ្ធ ដូច្នេះ ទ្រង់ស្អប់ខ្ពើមរឿងទាំងនេះ តើនេះជាអ្វីដែលអ្នកចង់មានន័យឬ? នៅពេលដែលទាក់ទងនឹងភាពស្អប់ខ្ពើមនេះ តើអ្វីទៅជាភាពបរិសុទ្ធរបស់ព្រះជាម្ចាស់នោះ? តើភាពបរិសុទ្ធរបស់ព្រះជាម្ចាស់គ្មានខ្លឹមសារសំខាន់អ្វី ក្រៅពីការស្អប់ទេឬ? នៅក្នុងគំនិតរបស់អ្នករាល់គ្នា តើអ្នកកំពុងតែគិតថា «ដោយសារតែព្រះជាម្ចាស់ស្អប់រឿងអាក្រក់ទាំងនេះ ដូច្នេះ គេអាចនិយាយបានថា ព្រះជាម្ចាស់ទ្រង់បរិសុទ្ធឬ?» តើនេះមិនមែនជាការប៉ាន់ស្មានទេឬ? តើនេះមិនមែនជាទម្រង់មួយនៃការនិយាយរួម និងការជំនុំជម្រះទេឬ? តើអ្វីទៅជាកំហុសដ៏ធំបំផុតដែលត្រូវចៀសវាងជាដាច់ខាត នៅពេលដែលទាក់ទងនឹងការយល់ដឹងរបស់យើងអំពីសារជាតិរបស់ព្រះជាម្ចាស់? (វាគឺនៅពេលដែលយើងលះបង់ចោលភាពជាក់ស្ដែង ហើយបែរជាមកនិយាយអំពីគោលលទ្ធិ។) នេះគឺជាកំហុសដ៏ធំបំផុតមួយ។ តើមានអ្វីផ្សេងទៀតទេ? (ការប៉ាន់ស្មាន និងការស្រមើស្រមៃ។) ទាំងពីរនេះក៏ជាកំហុសឆ្គងដ៏ធ្ងន់ធ្ងរផងដែរ។ ហេតុអ្វីបានជាការប៉ាន់ស្មាន និងការស្រមើស្រមៃមិនមានប្រយោជន៍? តើមានរឿងណាដែលឯងប៉ានស្មាន និងស្រមើស្រមៃ ជារឿងដែលឯងអាចមើលឃើញយ៉ាងពិតប្រាកដដែរឬទេ? តើវាជាសារជាតិដ៏ពិតរបស់ព្រះជាម្ចាស់ឬ? (អត់ទេ។) តើមានរឿងណាខ្លះទៀតដែលត្រូវចៀសវាង? តើវាជាកំហុសឆ្គងមួយឬក្នុងការគ្រាន់តែសូត្រពាក្យល្អៗ ដើម្បីពណ៌នាអំពីសារជាតិរបស់ព្រះជាម្ចាស់? (មែនហើយ។) តើនេះមិនមែនជារឿងភ្ញាក់ផ្អើលពេក និងរឿងមិនសមហេតុផលទេឬ? ការជំនុំជម្រះ និងការប៉ាន់ស្មាន គឺជារឿងមិនសមហេតុផល ដូចជាកិច្ចការនៃការរើសយកតែពាក្យល្អៗស្ដាប់។ ការសរសើរតែមាត់ ក៏ជារឿងមិនសមហេតុផលផងដែរ មិនអ៊ីចឹងឬ? តើព្រះជាម្ចាស់ចូលចិត្តស្ដាប់មនុស្សដែលនិយាយរឿងមិនសមហេតុផលបែបនេះឬ? (អត់ទេ ទ្រង់មិនស្ដាប់ឡើយ។) ទ្រង់មិនស្រួលព្រះទ័យឡើយ នៅពេលដែលទ្រង់ស្ដាប់ឮវា! នៅពេលដែលព្រះជាម្ចាស់ដឹកនាំ និងសង្រ្គោះមនុស្សមួយក្រុម ក្រោយពេលមនុស្សមួយក្រុមនេះបានឮព្រះបន្ទូលរបស់ទ្រង់ យ៉ាងណាមិញ ពួកគេមិនដែលយល់អំពីអត្ថន័យរបស់ទ្រង់ឡើយ។ មនុស្សម្នាក់អាចចោទសួរថា៖ «តើព្រះជាម្ចាស់ទ្រង់ល្អដែរឬទេ?» ហើយពួកគេនឹងឆ្លើយតបថា «មែនហើយ!» «ល្អប៉ុនណាទៅ?» «ល្អខ្លាំងណាស់!» «តើព្រះជាម្ចាស់ស្រឡាញ់មនុស្សដែរឬទេ?» «មែនហើយ!» «តើកម្រិតណាទៅ? តើអ្នកអាចពណ៌នាបានទេ?» «ខ្លាំងណាស់! សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់មានជម្រៅជ្រៅជាងសមុទ្រ ខ្ពស់ជាងមេឃទៅទៀត!» តើពាក្យទាំងនេះមិនសមហេតុផលទេឬ? ហើយតើនេះមិនសមហេតុផល ដូចជាអ្វីដែលអ្នករាល់គ្នាទើបតែនិយាយថា៖ «ព្រះជាម្ចាស់ស្អប់និស្ស័យដ៏ពុករលួយរបស់សាតាំង ហើយដូច្នេះ ព្រះជាម្ចាស់ទ្រងបរិសុទ្ធ»? (មែនហើយ។) តើអ្វីដែលអ្នករាល់គ្នាទើបតែនិយាយ មិនមែនគ្មានសមហេតុផលទេឬ? តើរឿងចោលម្សៀតភាគច្រើនដែលត្រូវបាននិយាយនោះ ចេញមកពីទីណាទៅ? (សាតាំង។) រឿងចោលម្សៀតដែលត្រូវបាននិយាយ មានប្រភពចេញមកពីការមិនទទួលខុសត្រូវ និងការខ្វះការគោរពរបស់មនុស្សចំពោះព្រះជាម្ចាស់។ តើយើងអាចនិយាយបែបនេះបានទេ? អ្នកគ្មានការយល់ដឹងអ្វីឡើយ ហើយអ្នកនៅតែនិយាយដែលគ្មានហេតុផលទៀត។ តើនេះមិនមែនជាភាពគ្មានទំនួលខុសត្រូវទេឬ? តើនោះមិនមែនជាការខ្វះការគោរពចំពោះព្រះជាម្ចាស់ទេឬ? អ្នករៀនបានចំណេះដឹងខ្លះ បានយល់អំពីការរិះគិត និងតក្កៈខ្លះៗ អ្នកបានប្រើប្រាស់ និងថែមទាំងបានធ្វើរបៀបទាំងនេះ ដើម្បីយល់អំពីព្រះជាម្ចាស់ទៀតផង។ តើអ្នកគិតថា ព្រះជាម្ចាស់មានអារម្មណ៍អន់ព្រះទ័យដែរឬទេ នៅពេលដែលទ្រង់ស្ដាប់ឮអ្នកនិយាយបែបនេះ? តើអ្នករាល់គ្នាអាចព្យាយាមស្គាល់ព្រះជាម្ចាស់ ដោយប្រើប្រាស់វិធីសាស្ត្រទាំងនេះយ៉ាងដូចម្ដេច? នៅពេលដែលអ្នកនិយាយបែបនេះ តើវាមិនស្ដាប់ទៅដូចជាឆ្គងៗទេឬ? ដូច្នេះ នៅពេលដែលទាក់ទងនឹងចំណេះដឹងអំពីព្រះជាម្ចាស់ គេត្រូវតែមានការប្រុងប្រយ័ត្ន គឺត្រូវនិយាយនៅកម្រិតមួយដែលអ្នកស្គាល់ព្រះជាម្ចាស់ប៉ុណ្ណោះ។ ចូរនិយាយត្រង់ៗ និងជាក់ស្ដែង ហើយមិនត្រូវតាក់តែងពាក្យរបស់អ្នកជាមួយការសរសើរដ៏គួរឲ្យធុញ ហើយកុំប្រើពាក្យបញ្ជោរឡើយ។ ព្រះជាម្ចាស់មិនត្រូវការវាឡើយ ដ្បិតការទាំងនេះមកពីសាតាំងទេ។ និស្ស័យរបស់សាតាំង គឺក្អេងក្អាង ហើយសាតាំងចូលចិត្តឲ្យគេបញ្ជោរវា និងចូលចិត្តស្ដាប់ពាក្យលើកជើងណាស់។ សាតាំងនឹងសប្បាយចិត្ត ហើយរីករាយ បើមនុស្សសូត្រពាក្យល្អៗ ដែលគេបានរៀន ហើយប្រើវាសម្រាប់សាតាំង។ ប៉ុន្តែ ព្រះជាម្ចាស់មិនត្រូវការបែបនេះឡើយ ដ្បិតព្រះជាម្ចាស់មិនត្រូវការការលើកជើង ឬការបញ្ជោរឡើយ ហើយទ្រង់មិនតម្រូវឲ្យមនុស្សនិយាយពាក្យគ្មានហេតុផល និងសរសើរទ្រង់ទាំងងងឹតងងល់នោះ ដែរ។ ព្រះជាម្ចាស់ស្អប់ខ្ពើម ហើយទ្រង់នឹងមិនស្ដាប់ការសរសើរ និងការបញ្ជោរណាដែលមិនស្របតាមភាពជាក់ស្ដែងនោះឡើយ។ ដូច្នេះ នៅពេលដែលមនុស្សមួយចំនួនសរសើរតម្កើងព្រះជាម្ចាស់ ដោយមិនស្មោះ ហើយស្បថស្បែទាំងងងឹតងងល់ និងអធិស្ឋានទៅកាន់ទ្រង់ នោះព្រះជាម្ចាស់មិនស្ដាប់គេសោះឡើយ។ អ្នកត្រូវតែទទួលខុសត្រូវសម្រាប់អ្វីដែលអ្នកនិយាយ។ ប្រសិនបើអ្នកមិនដឹងរឿង ចូរកុំនិយាយឡើយ។ ប្រសិនបើអ្នកដឹងរឿងខ្លះៗ ចូរគ្រាន់តែបង្ហាញវានៅក្នុងរបៀបជាក់ស្ដែង។ ដូច្នេះ តើភាពបរិសុទ្ធរបស់ព្រះជាម្ចាស់តម្រូវឲ្យមានភាពជាក់លាក់ និងភាពពិតប្រាកដកម្រិតណាដែលអ្នករាល់គ្នាត្រូវមានការយល់ដឹងនោះ? (នៅពេលដែលខ្ញុំបានបង្ហាញការបះបោរ នៅពេលដែលខ្ញុំប្រព្រឹត្តសេចក្តីរំលង ខ្ញុំទទួលបានការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះជាម្ចាស់ ហើយនៅក្នុងនោះ ខ្ញុំបានឃើញពីភាពបរិសុទ្ធរបស់ព្រះជាម្ចាស់។ ហើយនៅពេលដែលខ្ញុំបានជួបនូវបរិយាកាសដែលមិនស្របតាមសេចក្តីរំពឹងទុករបស់ខ្ញុំ ខ្ញុំបានអធិស្ឋានអំពីរឿងទាំងនេះ ខ្ញុំបានស្វែងរកគោលបំណងរបស់ព្រះជាម្ចាស់ ហើយពេលដែលព្រះជាម្ចាស់ស្រាយបំភ្លឺ និងដឹកនាំខ្ញុំជាមួយព្រះបន្ទូលរបស់ទ្រង់ ខ្ញុំបានឃើញភាពបរិសុទ្ធរបស់ព្រះជាម្ចាស់។) នេះចេញពីបទពិសោធន៍របស់អ្នកផ្ទាល់។ (ចេញពីអ្វីដែលព្រះជាម្ចាស់បានមានបន្ទូលអំពីការនេះ ខ្ញុំបានឃើញអំពីអ្វីដែលមនុស្សបានក្លាយជា ក្រោយពេលត្រូវបានពុករលួយ និងរងគ្រោះ ដោយសាតាំង។ យ៉ាងណាមិញ ព្រះជាម្ចាស់បានប្រទាននូវអ្វីៗគ្រប់យ៉ាង ដើម្បីសង្រ្គោះយើង ហើយចេញពីការនេះ ខ្ញុំមើលឃើញពីភាពបរិសុទ្ធរបស់ព្រះជាម្ចាស់។) នេះគឺជាការនិយាយចេញពីការពិត ហើយវាជាចំណេះដឹងដ៏ពិត។ តើវាមានផ្លូវណាផ្សេងទៀត ដើម្បីយល់អំពីការនេះដែរឬទេ? (ខ្ញុំមើលឃើញការអាក្រក់របស់សាតាំង ចេញពីពាក្យដែលវាបាននិយាយ ដើម្បីទាក់ទាញចិត្តនាងអេវ៉ាឲ្យប្រព្រឹត្តអំពើបាប និងសេចក្តីល្បួងរបស់វាចំពោះព្រះអម្ចាស់យេស៊ូវ។ ចេញពីព្រះបន្ទូលដែលព្រះជាម្ចាស់បានប្រាប់ដល់អ័ដាម និងអេវ៉ាអំពីអ្វីដែលគេអាចទទួលទានបាន និងមិនអាចទទួលទានបាន ខ្ញុំមើលឃើញថា ព្រះជាម្ចាស់មានបន្ទូលចំៗ ស្រួលយល់ និងគួរឲ្យទុកចិត្តបាន ហើយចេញពីការនេះ ខ្ញុំមើលឃើញពីភាពបរិសុទ្ធរបស់ព្រះជាម្ចាស់។) ដោយបានឮពាក្យខាងលើ តើពាក្យរបស់នរណាគេដែលជំរុញចិត្តរបស់អ្នករាល់គ្នាបំផុត ក្នុងការនិយាយថា «អាម៉ែន»? តើការរួមប្រកបរបស់នរណាដែលស្រដៀងគ្នាបំផុតទៅនឹងប្រធានបទរួមប្រកបរបស់យើងនៅថ្ងៃនេះ? តើពាក្យរបស់នរណាដែលប្រាកដនិយមបំផុត? តើការរួមប្រកបរបស់ប្អូនស្រីចុងក្រោយគេយ៉ាងម៉េចដែរ? (ល្អ។) អ្នករាល់គ្នានិយាយថា «អាម៉ែន» ទៅកាន់អ្វីដែលនាងបាននិយាយ។ តើនាងបាននិយាយអ្វីខ្លះដែលចំគោលដៅ? (នៅក្នុងពាក្យពេចន៍ដែលនាងទើបតែនិយាយ ខ្ញុំបានឮថា ព្រះបន្ទូលរបស់ព្រះជាម្ចាស់ចំៗ និងច្បាស់លាស់ និងឮទៀតថា វាមិនដូចជាការនិយាយបញ្ឆិតបញ្ឆៀងរបស់សាតាំងទាល់តែសោះ។ ខ្ញុំបានឃើញភាពបរិសុទ្ធរបស់ព្រះជាម្ចាស់នៅក្នុងការនេះ។) នេះគឺជាផ្នែកមួយនៃភាពបរិសុទ្ធនោះ។ តើវាត្រឹមត្រូវទេ? (មែនហើយ។) ល្អណាស់។ ខ្ញុំមើលឃើញថា អ្នករាល់គ្នាបានទទួលអ្វីមួយនៅក្នុងការរួមប្រកបពីរដងចុងក្រោយនេះ ប៉ុន្តែ អ្នកត្រូវតែបន្តខំប្រឹងធ្វើការ។ ហេតុផលដែលអ្នកត្រូវតែខំប្រឹងធ្វើការ គឺដោយសារតែការយល់ដឹងអំពីសារជាតិរបស់ព្រះជាម្ចាស់ គឺជាមេរៀនដ៏ជ្រាលជ្រៅខ្លាំងមួយ។ វាមិនមែនជាអ្វីមួយដែលគេអាចយល់បានក្នុងពេលមួយយប់ឡើយ ឬជាអ្វីមួយដែលគេអាចបង្ហាញចេញយ៉ាងច្បាស់ជាមួយតែពាក្យពីរបីម៉ាត់នោះដែរ។
គ្រប់ទិដ្ឋភាពនៃនិស្ស័យដ៏ពុករលួយបែបសាតាំងរបស់មនុស្ស ចំណេះដឹង ទស្សនវិជ្ជា គំនិត និងការយល់ឃើញរបស់មនុស្ស ហើយទិដ្ឋភាពផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ រារាំងពួកគេយ៉ាងខ្លាំងពីការស្គាល់ពីសារជាតិរបស់ព្រះជាម្ចាស់ ដូច្នេះ នៅពេលដែលអ្នកឮអំពីប្រធានបទទាំងនេះ អ្នកខ្លះអាចមិនទាន់ចាប់បាននៅឡើយទេ។ អ្នកខ្លះអាចមិនទាន់យល់ ខណៈពេលអ្នកខ្លះទៀតអាចមិនទាន់ផ្សារភ្ជាប់ជាមួយនឹងភាពជាក់ស្ដែងនៅឡើយ។ យ៉ាងណាមិញ ខ្ញុំបានឮអំពីការយល់ដឹងរបស់អ្នករាល់គ្នាអំពីភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ ហើយខ្ញុំដឹងថា នៅក្នុងដួងចិត្តរបស់អ្នករាល់គ្នា អ្នកកំពុងតែចាប់ផ្ដើមទទួលស្គាល់នូវអ្វីដែលខ្ញុំបាននិយាយ និងបានរួមប្រកបអំពីភាពបរិសុទ្ធរបស់ព្រះជាម្ចាស់។ ខ្ញុំដឹងថា នៅក្នុងដួងចិត្តរបស់អ្នក បំណងចិត្តដែលអ្នកចង់យល់អំពីសារជាតិនៃភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ កំពុងតែចាប់ផ្ដើមដុះពន្លកឡើងហើយ។ ប៉ុន្តែ អ្វីដែលធ្វើឲ្យខ្ញុំកាន់តែសប្បាយចិត្តនោះគឺថា អ្នករាល់គ្នាខ្លះអាចប្រើប្រាស់ពាក្យដ៏សាមញ្ញបំផុត ដើម្បីពណ៌នាអំពីចំណេះដឹងរបស់អ្នកទាក់ទងនឹងភាពបរិសុទ្ធរបស់ព្រះជាម្ចាស់។ ទោះបីការនេះជារឿងសាមញ្ញមួយក្នុងការនិយាយ ហើយខ្ញុំបានមានបន្ទូលអំពីវាកាលពីមុនហើយក៏ដោយ ក៏នៅក្នុងដួងចិត្តរបស់អ្នករាល់គ្នាភាគច្រើន អ្នកមិនទាន់ទទួលយកបន្ទូលទាំងនេះ ហើយបន្ទូលទាំងនេះក៏មិនបានធ្វើឲ្យមានភាពភ្ញាក់ផ្អើលនៅក្នុងគំនិតរបស់អ្នកនោះដែរ។ យ៉ាងណាមិញ អ្នករាល់គ្នាមួយចំនួនបានព្យាយាមចងចាំអំពីបន្ទូលទាំងនេះ។ នេះគឺជាការល្អណាស់ ហើយក៏ជាទីចាប់ផ្ដើមដ៏ប្រសើរផងដែរ។ ខ្ញុំសង្ឃឹមថា អ្នករាល់គ្នានឹងបន្តសញ្ជឹងគិត និងរួមប្រកបកាន់តែច្រើនឡើងៗទៅលើប្រធានបទដែលអ្នករាល់គ្នាគិតថាជ្រាលជ្រៅ ឬប្រធានបទដែលហួសពីការយល់ដឹងរបស់អ្នក។ សម្រាប់បញ្ហាដែលហួសពីការយល់ដឹងរបស់អ្នក វានឹងមានបុគ្គលម្នាក់ដែលផ្ដល់ឲ្យអ្នករាល់គ្នានូវការចង្អុលបង្ហាញថែមទៀត។ ប្រសិនបើអ្នកចូលរួមនៅក្នុងការរួមប្រកបកាន់តែច្រើន ទាក់ទងនឹងផ្នែកដែលអ្នករាល់គ្នាអាចយល់បានឥឡូវនេះ នោះព្រះវិញ្ញាណបរិសុទ្ធនឹងធ្វើកិច្ចការរបស់ទ្រង់ ហើយអ្នករាល់គ្នានឹងមានការយល់ដឹងកាន់តែខ្លាំង។ ការយល់ និងការដឹងអំពីសារជាតិរបស់ព្រះជាម្ចាស់ គឺជារឿងដ៏សំខាន់បំផុតចំពោះការចូលរបស់មនុស្សទៅក្នុងជីវិត។ ខ្ញុំសង្ឃឹមថា អ្នករាល់គ្នាមិនព្រងើយកន្ដើយចំពោះការនេះ ឬមើលឃើញវាជាហ្គេមមួយឡើយ ដោយសារតែការស្គាល់ព្រះជាម្ចាស់ គឺជាគ្រឹះមូលដ្ឋាននៃសេចក្តីជំនឿរបស់មនុស្ស និងជាគន្លឹះសម្រាប់មនុស្ស ដើម្បីដេញតាមសេចក្តីពិត និងទទួលបានសេចក្តីសង្រ្គោះ។ ប្រសិនបើមនុស្សជឿលើព្រះជាម្ចាស់ ប៉ុន្តែមិនទាន់ស្គាល់ទ្រង់ ប្រសិនបើពួកគេគ្រាន់តែរស់នៅស្របតាមព្រះបន្ទូល និងគោលលទ្ធិ នោះពួកគេនឹងមិនអាចទទួលបានសេចក្តីសង្រ្គោះឡើយ ទោះបីជាពួកគេប្រព្រឹត្ត និងរស់នៅស្របតាមអត្ថន័យរាក់កំផែលនៃសេចក្តីពិតក៏ដោយ។ គឺអាចនិយាយបានថា ប្រសិនបើអ្នកជឿលើព្រះជាម្ចាស់ ប៉ុន្តែមិនស្គាល់ទ្រង់ នោះសេចក្តីជំនឿរបស់អ្នកគឺគ្មានន័យ ហើយគ្មានផ្ទុកនូវភាពជាក់ស្ដែងឡើយ។ អ្នកយល់ហើយ មែនទេ? (មែនហើយ យើងយល់។) ការរួមប្រកបរបស់យើងនៅថ្ងៃនេះ នឹងបញ្ចប់នៅពេលនេះ។ (សូមអរព្រះគុណដល់ព្រះជាម្ចាស់!)
ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៤