ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ VI
ភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ (III)
ប្រធានបទដែលយើងបានលើកយកមកពិភាក្សាលើកមុន គឺនិយាយអំពីភាពបរិសុទ្ធរបស់ព្រះជាម្ចាស់។ តើទិដ្ឋភាពណាមួយរបស់ព្រះជាម្ចាស់ ដែលទាក់ទង់ទៅនឹងភាពបរិសុទ្ធរបស់ទ្រង់? តើវាទាក់ទងទៅនឹងសារជាតិរបស់ព្រះជាម្ចាស់មែនដែរទេ? (ទាក់ទង។) ដូច្នេះ តើអ្វីទៅជាទិដ្ឋភាពចម្បងនៃសារជាតិរបស់ព្រះជាម្ចាស់ ដែលយើងបាននិយាយនៅក្នុងការពិភាក្សារបស់យើងនេះ? តើវាជាភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ដែរទេ? ភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ គឺជាសារជាតិតែមួយគត់របស់ព្រះជាម្ចាស់។ តើអ្វីទៅជាខ្លឹមសារសំខាន់នៃការប្រកបរបស់យើងកាលពីលើកមុន? (គឺការស្គាល់ពីអំពើអាក្រក់របស់សាតាំង។ ហើយនោះ គឺជារបៀបដែលសាតាំងធ្វើឱ្យមនុស្សជាតិពុករលួយ ដោយប្រើចំណេះដឹង វិទ្យាសាស្ត្រ វប្បធម៌បុរាណ អបិយជំនឿ និងនិន្នាការសង្គមជាដើម។) នេះគឺជាប្រធានបទសំខាន់ ដែលយើងបានពិភាក្សាគ្នាកាលពីលើកមុន។ សាតាំងប្រើចំណេះដឹង វិទ្យាសាស្ត្រ អបិយជំនឿ វប្បធម៌បុរាណ និងនិន្នាការសង្គម ដើម្បីធ្វើឱ្យមនុស្សពុករលួយ ហើយទាំងនេះជាវិធី ពោលគឺមានវិធីសរុបចំនួនប្រាំយ៉ាង ដែលសាតាំងប្រើប្រាស់ដើម្បីធ្វើឱ្យមនុស្សពុករលួយ។ នៅក្នុងចំណោមវិធីទាំងប្រាំនេះ តើអ្នករាល់គ្នាគិតថា វិធីមួយណាដែលសាតាំងប្រើច្រើនជាងគេ ដើម្បីធ្វើឱ្យមនុស្សពុករលួយ? តើវិធីមួយណាដែលត្រូវប្រើ ដើម្បីធ្វើឱ្យមនុស្សពុករលួយខ្លាំងបំផុត? (វប្បធម៌បុរាណ។ នេះគឺដោយសារតែទស្សនវិជ្ជារបស់សាតាំង ដែលមាននៅក្នុងគោលលទ្ធិរបស់ខុងជឺ និងលទ្ធិមហាម៉េង ត្រូវបានដក់ជាប់យ៉ាងជ្រៅនៅក្នុងគំនិតរបស់យើង។) ដូច្នេះ មានបងប្អូនប្រុសស្រីរបស់យើងមួយចំនួនគិតថាចម្លើយដែលត្រឹមត្រូវគឺ «វប្បធម៌បុរាណ»។ តើមាននរណា ដែលមានចម្លើយផ្សេងពីនេះទេ? (គឺចំណេះដឹង។ ដ្បិតចំណេះដឹងនេះបានរារាំងយើងមិនឱ្យយើងថ្វាយបង្គំព្រះជាម្ចាស់។ វាបដិសេធវត្តមានគង់នៅរបស់ព្រះជាម្ចាស់ ហើយបដិសេធបញ្ញត្តិរបស់ព្រះជាម្ចាស់។ នោះគឺមានន័យថាសាតាំងប្រាប់យើងឱ្យចាប់ផ្តើមសិក្សាតាំងពីក្មេង ហើយមានតែតាមរយៈការសិក្សា និងការទទួលបានចំណេះដឹងប៉ុណ្ណោះ ដែលធ្វើឱ្យយើងមានចក្ខុវិស័យភ្លឺថ្លា សម្រាប់អនាគតនិងជោគវាសនាដ៏ត្រចះត្រចង់របស់យើង។) សាតាំងប្រើចំណេះដឹង ដើម្បីគ្រប់គ្រងអនាគតនិងវាសនារបស់អ្នក ហើយបន្ទាប់មក វាដាក់ចន្លុះដឹកអ្នកតាមក្រោយវា នេះជារបៀបដែលអ្នករាល់គ្នាគិតថាសាតាំងប្រើ ដើម្បីធ្វើឱ្យមនុស្សពុករលួយខ្លាំងបំផុត។ តើមាននរណាមានយោបល់ផ្សេងពីនេះទេ? ឧទាហរណ៍ ចំពោះវិទ្យាសាស្ត្រ ឬនិន្នាការសង្គមវិញ តើយ៉ាងម៉េចដែរ? តើមាននរណានឹងកំណត់ថា ទាំងនេះជាចម្លើយបានទេ? (មែនហើយ។) នៅថ្ងៃនេះ ខ្ញុំនឹងប្រកបម្តងទៀត អំពីវិធីប្រាំយ៉ាងដែលសាតាំងប្រើ ដើម្បីធ្វើឱ្យមនុស្សពុករលួយ ហើយនៅពេលដែលខ្ញុំបញ្ចប់ ខ្ញុំនឹងសួរអ្នករាល់គ្នានូវសំណួរបន្ថែមទៀត ដើម្បីឱ្យយើងអាចដឹងច្បាស់ថា តើក្នុងចំណោមវិធីទាំងអស់នេះ មួយណាដែលសាតាំងប្រើដើម្បីធ្វើឱ្យមនុស្សពុករលួយខ្លាំងបំផុត។
វិធីប្រាំយ៉ាងដែលសាតាំងធ្វើឱ្យមនុស្សពុករលួយ
ក. សាតាំងប្រើចំណេះដឹងធ្វើឱ្យមនុស្សពុករលួយ ហើយវាប្រើកេរ្តិ៍ឈ្មោះ និងលាបសក្ការៈមកត្រួតត្រាមនុស្ស
ក្នុងចំណោមវិធីប្រាំយ៉ាងដែលសាតាំងប្រើដើម្បីធ្វើឱ្យមនុស្សពុករលួយរួមមាន៖ វិធីទីមួយដែលយើងនឹងលើកឡើង គឺចំណេះដឹង ដូច្នេះ ចូរយើងយកចំណេះដឹងជាប្រធានបទដំបូងរបស់យើងដើម្បីមកប្រកបគ្នា។ សាតាំងប្រើចំណេះដឹងជានុយ។ សូមស្តាប់ដោយយកចិត្តទុកដាក់៖ ចំណេះដឹងគ្រាន់តែជានុយមួយប្រភេទប៉ុណ្ណោះ។ មនុស្សត្រូវបានលួងលោមដើម្បីឱ្យខិតខំ និងធ្វើឱ្យប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីសម្រួចចំណេះដឹង និងបំពាក់វាលើខ្លួនរបស់ពួកគេ ហើយបន្ទាប់មកប្រើចំណេះដឹង ដើម្បីបើកទ្វារចូលទៅកាន់វិទ្យាសាស្ត្រ។ ម៉្យាងទៀត នៅពេលដែលអ្នកទទួលបានចំណេះដឹងកាន់តែច្រើន នោះអ្នកនឹងយល់កាន់តែច្រើន។ សាតាំងប្រាប់មនុស្សទាំងអស់អំពីរឿងនេះ គឺវាប្រាប់មនុស្សឱ្យបង្កើនឧត្តមគតិខ្ពង់ខ្ពស់ឡើង នៅពេលពួកគេកំពុងរៀនសូត្រពីចំណេះដឹង ព្រមទាំងណែនាំពួកគេឱ្យបង្កើតមហិច្ឆតា និងសេចក្តីប្រាថ្នារបស់ខ្លួន។ មនុស្សមិនដឹងថាសាតាំង នាំយកសារជាច្រើនបែបនេះ ដើម្បីធ្វើឱ្យមនុស្សមានអារម្មណ៍មិនដឹងខ្លួនថារបស់ទាំងនេះត្រឹមត្រូវ ឬមានប្រយោជន៍នោះទេ។ ជាច្រើនលើកច្រើនសារ មនុស្សបានដើរលើផ្លូវនេះប្រកបដោយឧត្តមគតិ និងមហិច្ឆតាផ្ទាល់ខ្លួនរបស់ពួកគេដោយមិនដឹងខ្លួន។ មួយជំហានម្ដងៗ ពួកគេរៀនសូត្រពីចំណេះដឹងដែលបានផ្តល់ឱ្យដោយសាតាំងទាំងមិនដឹងខ្លួន ដោយរៀនពីរបៀបដែលមនុស្សអស្ចារ្យ ឬមនុស្សល្បីល្បាញគិត។ ពួកគេក៏រៀនពីរឿងមួយចំនួនស្តីពីទង្វើរបស់មនុស្សដែលត្រូវបានចាត់ទុកថាជាវីរជនផងដែរ។ តើសាតាំងកំពុងគាំទ្រអ្វីខ្លះសម្រាប់មនុស្សក្នុងទង្វើរបស់វីរជនទាំងនេះ? តើវាចង់បណ្តុះគំនិតអ្វីខ្លះនៅក្នុងមនុស្ស? មុស្សនោះត្រូវតែជាអ្នកស្នេហាជាតិ មានសេចក្តីថ្លៃថ្នូរចំពោះជាតិ និងមានស្មារតីជាវីរជនផងដែរ។ តើមនុស្សរៀនអ្វីខ្លះពីរឿងប្រវត្តិសាស្រ្ត ឬជីវប្រវត្តិរបស់វីរជន? គឺដើម្បីមានស្មារតីស្មោះត្រង់ផ្ទាល់ខ្លួន និងដើម្បីត្រៀមខ្លួនធ្វើអ្វីមួយសម្រាប់មិត្តភក្តិ និងបងប្អូនរបស់ខ្លួនដែរ។ នៅក្នុងចំណេះដឹងរបស់សាតាំងនេះ មនុស្សបានរៀននូវរឿងជាច្រើនដោយមិនដឹងខ្លួន ដែលភាគច្រើនមិនមានភាពវិជ្ជមានទាល់តែសោះ។ នៅចំកណ្តាលនៃការមិនប្រុងប្រយ័ត្នរបស់មនុស្ស នោះគ្រាប់ពូជដែលសាតាំងបានរៀបចំ ក៏ត្រូវបានដាក់ដាំនៅក្នុងគំនិតមិនទាន់ពេញវ័យរបស់មនុស្ស។ គ្រាប់ពូជទាំងនេះធ្វើឱ្យពួកគេមានអារម្មណ៍ថា ពួកគេគួរតែជាមនុស្សពូកែ ជាមនុស្សល្បីល្បាញ ជាវីរជន ជាអ្នកស្នេហាជាតិ ជាមនុស្សដែលស្រឡាញ់ក្រុមគ្រួសាររបស់ពួកគេ និងជាមនុស្សដែលធ្វើអ្វីៗដើម្បីមិត្តភកិ្តជាមួយនឹងស្មារតីស្មោះត្រង់របស់ខ្ខួន។ ដោយការលួងលោមរបស់សាតាំង ពួកគេបានដើរតាមផ្លូវដែលវាបានរៀបចំសម្រាប់ពួកគេដោយមិនដឹងខ្លួន។ នៅពេលពួកគេធ្វើដំណើរតាមផ្លូវនេះ ពួកគេត្រូវបានបង្ខំឱ្យទទួលយកច្បាប់នៃការរស់នៅរបស់សាតាំង។ ពួកគេមិនបានដឹងទាំងស្រុងទេថា ពួកគេបង្កើតច្បាប់ផ្ទាល់ខ្លួនដែលពួកគេរស់នៅ ប៉ុន្តែច្បាប់ទាំងនេះមិនមានអ្វីក្រៅពីច្បាប់របស់សាតាំងដែលវាបានបង្កើតឡើងនៅក្នុងពួកគេដោយបង្ខំនោះទេ។ សាតាំងបានរៀបចំជីវិតរបស់ពួកគេក្នុងអំឡុងពេលនៃការរៀនសូត្រ ជំរុញគោលបំណងរបស់ពួកគេ និងកំណត់គោលដៅជីវិតរបស់ពួកគេ ច្បាប់ដើម្បីរស់នៅ និងទិសដៅនៅក្នុងជីវិត សាតាំងបានបណ្តុះអ្វីៗទាំងអស់នេះនៅក្នុងពួកគេ ដោយការប្រើរឿងរ៉ាវ ជីវប្រវត្តិ និងមធ្យោបាយផ្សេងទៀតដែលអាចធ្វើទៅបាន ដើម្បីទាក់ទាញមនុស្សបន្ដិចម្ដងៗ រហូតដល់ពួកគេស៊ីនុយនោះ។ តាមវិធីនេះ ក្នុងអំឡុងពេលរៀនសូត្ររបស់ពួកគេ អ្នកខ្លះចូលចិត្តអក្សរសាស្ត្រ អ្នកខ្លះចូលចិត្តសេដ្ឋកិច្ច ខ្លះទៀតចូលចិត្តតារាវិទ្យា ឬភូមិវិទ្យាជាដើម។ ហើយក៏មានអ្នកខ្លះចូលចិត្ដនយោបាយ អ្នកខ្លះចូលចិត្តរូបវិទ្យា គីមីវិទ្យា និងអ្នកខ្លះទៀតចូលចិត្តទេវសាស្ដ្រជាដើម។ ទាំងនេះគឺសុទ្ធតែជាផ្នែកនៃចំណេះដឹងទូទៅ។ នៅក្នុងចិត្តរបស់អ្នក ម្នាក់ៗដឹងថា តើរឿងទាំងនេះគឺជាអ្វីឱ្យប្រាកដ ហើយអ្នករាល់គ្នាក៏ធ្លាប់មានទំនាក់ទំនងជាមួយពួកវាពីមុនមករួចហើយដែរ។ អ្នករាល់គ្នាម្នាក់ៗមានសមត្ថភាពក្នុងការនិយាយមិនចេះចប់មិនចេះហើយអំពីមែកធាងនៃចំណេះដឹងទាំងនេះ។ ដូច្នេះវាច្បាស់ណាស់ថា ចំណេះដឹងនេះបានជ្រួតជ្រាបដល់គំនិតរបស់មនុស្សហើយ។ វាជាការធម្មតាទេដែលមើលឃើញទីតាំងដែលកាន់កាប់ដោយចំណេះដឹងនេះ នៅក្នុងគំនិតរបស់មនុស្ស និងថាតើវាមានឥទ្ធិពលខ្លាំងប៉ុនណាលើពួកគេ។ នៅពេលដែលមាននរណាម្នាក់បង្កើនឥទ្ធិពលចំពោះផ្នែកនៃចំណេះដឹង ឬនៅពេលមនុស្សម្នាក់បានលង់ស្រឡាញ់វាខ្លាំង ហើយបន្ទាប់មកពួកគេបានអភិវឌ្ឍមហិច្ឆតា ដោយមិនដឹងខ្លួន តួយ៉ាងដូចជា៖ អ្នកខ្លះចង់ក្លាយជាអ្នកនិពន្ធ អ្នកខ្លះចង់ក្លាយជាអ្នកនិពន្ធផ្នែកអក្សរសាស្ត្រ អ្នកខ្លះចង់បង្កើតអាជីពដែលកើតចេញពីនយោបាយ ហើយអ្នកខ្លះចង់ចូលរួមផ្នែកសេដ្ឋកិច្ច និងក្លាយជាអ្នកជំនួញជាដើម។ ហើយមានមនុស្សមួយចំណែកតូច ដែលចង់ក្លាយជាវីរជន ក្លាយជាមនុស្សអស្ចារ្យ ឬល្បីល្បាញជាដើម។ មិនខ្វល់ថា គេចង់ក្លាយទៅជាមនុស្សប្រភេទណានោះទេ តែគោលដៅរបស់ពួកគេ គឺយកវិធីសាស្រ្តនៃការរៀនសូត្រពីចំណេះដឹងនេះ មកប្រើវាដើម្បីខ្លួនរបស់គេផ្ទាល់ ដើម្បីសម្រេចបំណងប្រាថ្នា និងមហិច្ឆតារបស់គេតែប៉ុណ្ណោះ។ មិនខ្វល់ថាវាស្តាប់មើលទៅល្អប៉ុនណានោះទេ ទោះបីពួកគេចង់សម្រេចក្តីសុបិន្តរបស់ពួកគេ មិនឱ្យខ្ជះខ្ជាយជីវិត ឬក៏មានអាជីពជាក់លាក់ណាមួយក៏ដោយ គឺពួកគេបានលើកកម្ពស់ឧត្តមគតិ និងមហិច្ឆតាខ្ពស់បំផុតរបស់ខ្លួនឯង ប៉ុន្តែតើអ្វីទាំងអស់នេះ វាមានសារៈសំខាន់អ្វីខ្លះ? តើអ្នករាល់គ្នាធ្លាប់បានពិចារណាសំណួរនេះពីមុនដែរឬទេ? ហេតុអ្វីបានជាសាតាំងធ្វើរបៀបនេះ? តើអ្វីជាគោលបំណងរបស់សាតាំងក្នុងការបណ្តុះរបស់ទាំងនេះក្នុងមនុស្ស? ដួងចិត្តរបស់អ្នករាល់គ្នា ត្រូវតែច្បាស់លាស់ចំពោះសំណួរនេះ។
ឥឡូវ សូមយើងពិចារណាអំពីរបៀបដែលសាតាំងប្រើចំណេះដឹងដើម្បីធ្វើឱ្យមនុស្សពុករលួយ។ ដំបូងយើងត្រូវមានការយល់ដឹងច្បាស់លាស់អំពីរឿងទាំងនេះជាមុនសិន៖ តាមរយៈចំណេះដឹងនេះ តើសាតាំងចង់ឱ្យអ្វីទៅមនុស្ស? តើផ្លូវប្រភេទណា ដែលវាចង់ដឹកនាំមនុស្សចុះទៅ? (ផ្លូវដែលប្រឆាំងនឹងព្រះជាម្ចាស់។) ត្រូវហើយ ពិតជាត្រូវមែន គឺដើម្បីប្រឆាំងនឹងព្រះជាម្ចាស់។ ដូច្នេះអ្នកអាចឃើញថានេះគឺជាលទ្ធផលនៃមនុស្សដែលទទួលបានចំណេះដឹង គឺពួកគេចាប់ផ្តើមប្រឆាំងនឹងព្រះជាម្ចាស់។ ដូច្នេះ តើអ្វីជាបំណងអាក្រក់របស់សាតាំង? តើអ្នកមិនច្បាស់អំពីរឿងនេះមែនទេ? ក្នុងអំឡុងពេលនៃដំណើរការរៀនសូត្រពីចំណេះដឹងរបស់មនុស្ស សាតាំងប្រើវិធីសាស្រ្តគ្រប់បែបយ៉ាង មិនថាតាមរយៈការនិទានរឿងជាច្រើននោះទេ គឺសុទ្ធតែដើម្បីផ្ដល់ឱ្យគេនូវចំណេះដឹងខ្លះៗ ឬអនុញ្ញាតឱ្យពួកគេបំពេញបំណងប្រាថ្នា ឬមហិច្ឆតារបស់ពួកគេ។ តើផ្លូវអ្វីដែលសាតាំងចង់ដឹកនាំអ្នកចុះទៅ? មនុស្សគិតថាវាមិនមានអ្វីខុសឆ្គងទេចំពោះការរៀនសូត្រពីចំណេះដឹងនោះ ដ្បិតវាជារឿងធម្មតាទៅហើយ។ និយាយឱ្យស្រួលស្ដាប់ទៅ ដើម្បីឱ្យមានការជំរុញឧត្តមគតិខ្ពង់ខ្ពស់ ឬឱ្យមានមហិច្ឆតា គឺត្រូវតែមានការជំរុញ ហើយនេះគឺជាផ្លូវត្រឹមត្រូវក្នុងជីវិត។ តើវាមិនមែនជាវិធីដ៏ប្រសើររុងរឿងមួយទេឬអី សម្រាប់មនុស្សក្នុងការរស់នៅ ប្រសិនបើពួកគេអាចដឹងពីឧត្តមគតិផ្ទាល់ខ្លួនរបស់ពួកគេ ឬសម្រេចបាននូវអាជីពដោយជោគជ័យ? តាមរយៈការធ្វើអ្វីៗទាំងនេះ មនុស្សមិនត្រឹមតែអាចគោរពដល់បុព្វបុរសរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានឱកាសបន្សល់ទុកនូវប្រវតិ្តសាស្រ្តផងដែរ តើនេះមិនមែនជារឿងល្អទេឬអី? នេះជារឿងល្អនៅក្នុងក្រសែភ្នែករបស់មនុស្សលោកីយ៍ ហើយចំពោះពួកគេ វាគួរតែជារឿងត្រឹមត្រូវ និងវិជ្ជមាន។ ដូច្នេះ ចំពោះបំណងអាក្រក់របស់សាតាំង ដែលនាំមនុស្សដើរលើផ្លូវប្រភេទនេះ តើវាមិនល្អដែរទេឬអី? វាមិនមែនជារឿងល្អនោះទេ។ តាមពិតទៅ មិនថាឧត្តមគតិរបស់មនុស្សខ្ពស់យ៉ាងណា ទោះបីជាបំណងប្រាថ្នារបស់មនុស្សមានភាពប្រាកដនិយម ឬវាមើលទៅសមហេតុផលយ៉ាងណាក៏ដោយ ក៏អី្វៗដែលមនុស្សទាំងអស់ចង់សម្រេចបាន ឬស្វែងរក មានជាប់ទាក់ទងទៅនឹងពាក្យពីរម៉ាត់នេះដែរ។ ពាក្យទាំងពីរនេះ គឺសំខាន់ណាស់សម្រាប់ជីវិតរបស់មនុស្សគ្រប់គ្នា ហើយវាជាអ្វីដែលសាតាំងមានបំណងចង់បណ្តុះនៅក្នុងមនុស្ស។ តើពាក្យទាំងពីរម៉ាត់នេះជាអ្វី? ពាក្យទាំងពីរម៉ាត់នោះរួមមាន៖ «កិត្តិយស» និង «បុណ្យសក្តិ»។ សាតាំងប្រើវិធីសាស្រ្ដដែលឈ្លាសវៃបំផុត ជាវិធីសាស្រ្តមួយដែលមានភាពស៊ីសង្វាក់គ្នាយ៉ាងខ្លាំងទៅនឹងការយល់ដឹងរបស់មនុស្ស និងមិនមានលក្ខណៈតឹងតែងទាល់តែសោះ ដោយសារតែបែបនេះហើយ ទើបវាធ្វើឱ្យមនុស្សទទួលយករបៀបរបប ច្បាប់ទម្លាប់រស់នៅរបស់វាដោយមិនដឹងខ្លួន ដើម្បីសម្រេចបានគោលដៅ ហើយនិងទិសដៅជីវិតនៅក្នុងជីវិតរបស់ពួកគេ មិនតែប៉ុណ្ណោះ ការធ្វើដូច្នេះក៏ធ្វើឱ្យពួកគេមានមហិច្ឆតាក្នុងជីវិតដោយមិនដឹងខ្លួនផងដែរ។ មិនថាមហិច្ឆតាជីវិតទាំងនេះមើលទៅអស្ចារ្យប៉ុនណានោះទេ តែវាត្រូវបានផ្សារភ្ជាប់ទៅនឹងពាក្យពីរម៉ាត់គឺ «កិត្តិយស» និង «បុណ្យសក្តិ»។ តាមពិតទៅ គ្រប់មនុស្សទាំងអស់ មិនថាមនុស្សអស្ចារ្យ ឬល្បីល្បាញ ឬមនុស្សធម្មតានោះទេ គឺសុទ្ធតែរស់នៅមានទំនាក់ទំនងទៅនឹងពាក្យទាំងពីរម៉ាត់នេះគឺ «កិត្តិយស» និង «បុណ្យសក្តិ»។ មនុស្សគិតថា នៅពេលដែលគេមានកេរ្តិ៍ឈ្មោះ និងផលប្រយោជន៍ហើយ នោះគេអាចទាញយកប្រយោជន៍ពីវាបាន ដូចជាទទួលបានឋានៈខ្ពស់ និងមានទ្រព្យសម្បត្ដិស្តុកស្តម្ភ ព្រមទាំងរស់នៅរីករាយនៅក្នុងជីវិត។ ពួកគេគិតថាកេរ្តិ៍ឈ្មោះ និងផលប្រយោជន៍ គឺជាដើមទុនមួយដែលពួកគេអាចប្រើ ដើម្បីទទួលបានជីវិតដែលស្វែងរកសេចក្ដីសុខ និងភាពរីករាយនៃសាច់ឈាម។ ដោយសារប្រយោជន៍នៃកេរ្តិ៍ឈ្មោះ និងផលប្រយោជន៍ដែលមនុស្សលោភលន់ចង់បាន ទោះបីមិនដឹងពីអ្វីៗសោះ មនុស្សហ៊ានស្ម័គ្រចិត្ត ប្រគល់រាងកាយ ចិត្តគំនិត និងអ្វីទាំងអស់ដែលពួកគេមាន រួមទាំងអនាគត និងជោគវាសនារបស់ពួកគេឱ្យទៅសាតាំងដោយមិនស្តាយស្រណោះ។ ពួកគេធ្វើដូច្នេះ ដោយគ្មានការស្ទាក់ស្ទើរសូម្បីតែបន្តិច ថែមទាំងមិនខ្វល់ខ្វាយ ដើម្បីស្តារអ្វីៗទាំងអស់ដែលពួកគេបានប្រគល់ឱ្យមកវិញឡើយ។ តើមនុស្សអាចគ្រប់គ្រងលើខ្លួនឯងបានទេ នៅពេលដែលពួកគេស្ថិតក្រោមជម្រករបស់សាតាំង និងស្មោះត្រង់ចំពោះវានោះ? ពិតជាមិនអាចទេ។ ពួកគេត្រូវបានគ្រប់គ្រងដោយសាតាំងទាំងស្រុង។ ពួកគេបានលិចចូលយ៉ាងជ្រៅទៅក្នុងទីភក់មួយកន្លែង ហើយមិនអាចរំដោះខ្លួនឯងបានឡើយ។ នៅពេលដែលមនុស្សម្នាក់មានកេរ្តិ៍ឈ្មោះ និងផលប្រយោជន៍ ពួកគេលែងស្វែងរកអ្វីដែលភ្លឺ អ្វីដែលសុចរិត ឬអ្វីដែលស្រស់ស្អាត និងល្អទៀតហើយ។ នេះគឺដោយសារតែអំណាចងប់ងល់នៃកេរ្តិ៍ឈ្មោះ និងផលប្រយោជន៍ នៅលើមនុស្សវាធំខ្លាំងពេក ហើយពួកវាបានក្លាយជាអ្វីដែលមនុស្សដេញតាមស្វែងរកនៅក្នុងជីវិតរបស់ពួកគេ និងអស់កល្បជានិច្ចគ្មានទីបញ្ចប់។ តើនេះមិនពិតទេឬអី? មនុស្សមួយចំនួននឹងនិយាយថាការរៀនសូត្រពីចំណេះដឹង គឺគ្មានអ្វីក្រៅពីការអានសៀវភៅ ឬរៀនអ្វីមួយចំនួនដែលពួកគេមិនបានដឹង ដើម្បីកុំឱ្យដើរក្រោយគេ ឬរត់តាមពិភពលោកមិនទាន់។ ចំណេះដឹងត្រូវតែរៀនសូត្រ ដើម្បីមានអនាគតល្អប្រសើរ និងមានលទ្ធភាពផ្គត់ផ្គង់នូវតម្រូវការចាំបាច់នានារបស់ខ្លួនបាន។ តើមានមនុស្សណាដែលស៊ូទ្រាំនឹងការខិតខំសិក្សាអស់រយៈពេលរាប់ឆ្នាំ ដើម្បីគ្រាន់តែអាចបំពេញតែតម្រូវការប្រចាំថ្ងៃ ឬក៏ដើម្បីតែដោះស្រាយបញ្ហាក្រពះតែមួយមុខនោះ? ទេ គ្មាននរណាធ្វើបែបនេះឡើយ។ ដូច្នេះ ហេតុអ្វីបានជាមនុស្សត្រូវទទួលរងនូវការលំបាកទាំងនេះ អស់រយៈពេលជាច្រើនឆ្នាំបែបនេះ? គឺដើម្បីកិត្តិយស និងបុណ្យសក្ដិនេះឯង។ កិត្តិយស និងបុណ្យសក្ដិកំពុងរង់ចាំពួកគេពីចម្ងាយ ហើយក៏កំពុងហៅពួកគេផងដែរ ពួកគេជឿថាមានតែតាមរយៈការឧស្សាហ៍ព្យាយាម ការលំបាក និងការតស៊ូរបស់ពួកគេប៉ុណ្ណោះ ទើបពួកគេអាចដើរតាមផ្លូវដែលនាំឱ្យពួកគេទទួលបានកេរ្តិ៍ឈ្មោះ និងផលប្រយោជន៍បាន។ មនុស្សបែបនេះ ត្រូវតែរងនូវការលំបាកទាំងនេះ សម្រាប់ផ្លូវអនាគតផ្ទាល់ខ្លួន ដើម្បីភាពរីករាយនាពេលអនាគត និងដើម្បីទទួលបានជីវិតប្រសើរ។ តើអ្នករាល់គ្នាអាចប្រាប់ខ្ញុំបានទេថា ចំណេះដឹងនេះជាអ្វី? តើវាមិនមែនជាច្បាប់ និងទស្សនវិជ្ជាសម្រាប់ការរស់នៅ ដែលសាតាំងបានបណ្ដុះនៅក្នុងមនុស្សដូចជា «ស្រឡាញ់គណៈបក្ស ស្រឡាញ់ប្រទេស និងស្រឡាញ់សាសនារបស់អ្នក» ហើយ «មនុស្សឆ្លាតចេះបត់បែនតាមកាលៈទេសៈ» ទេឬអី? តើវាមិនមែនជា «ឧត្តមគតិដ៏ខ្ពង់ខ្ពស់» នៃជីវិតដែលសាតាំងបានបណ្តុះនៅក្នុងមនុស្សទេឬអី? ជាឧទាហរណ៍ សូមគិតអំពីគំនិតរបស់មនុស្សអស្ចារ្យ សេចក្តីស្មោះត្រង់របស់មនុស្សល្បីល្បាញ ឬភាពក្លាហាននៃឥស្សរជន វីរៈបុរស ឬក៏ភាពក្លាហានប្រកបដោយសីលធម៌ និងសេចក្តីសប្បុរសរបស់តួឯក និងអ្នកគុនដាវនៅក្នុងប្រលោមលោកសិល្បៈក្បាច់គុនជាដើម តើទាំងនេះមិនមែនជារបៀបដែលសាតាំងបញ្ចូលក្នុងគំនិតទាំងអស់នេះទេឬអី? គំនិតទាំងនេះជះឥទ្ធិពលដល់មនុស្សពីជំនាន់មួយទៅជំនាន់មួយ ហើយមនុស្សនៅក្នុងជំនាន់នីមួយៗ ត្រូវបាននាំឱ្យទៅទទួលយកគំនិតទាំងនេះ។ ពួកគេនៅជាប់គាំងជានិច្ចក្នុងការស្វះស្វែងរក «ឧត្តមគតិដ៏ខ្ពង់ខ្ពស់» ដែលពួកនឹងគេថែមទាំងហ៊ានលះបង់ជីវិតរបស់ពួកគេសម្រាប់ការនោះទៀងផង។ នេះជាមធ្យោបាយ និងយុទ្ធសាស្រ្ដ ដែលសាតាំងប្រើចំណេះដឹង ដើម្បីធ្វើឱ្យមនុស្សពុករលួយ។ ដូច្នេះ បន្ទាប់ពីសាតាំងដឹកនាំមនុស្សមកតាមគន្លងនេះហើយ តើពួកគេអាចស្ដាប់បង្គាប់ និងថ្វាយបង្គំព្រះជាម្ចាស់បានឬទេ? ហើយតើពួកគេអាចទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយស្វះស្វែងរកសេចក្ដីពិតឬទេ? ពិតជាមិនមែនទេ ដោយព្រោះពួកគេត្រូវបានសាតាំងនាំឱ្យវង្វេង។ ចូរយើងពិនិត្យមើលម្តងទៀតអំពីចំណេះដឹង គំនិត និងយោបល់ដែលសាតាំងបានបណ្ដុះនៅក្នុងមនុស្ស៖ តើការទាំងនេះ មានសេចក្ដីពិតនៃការស្តាប់បង្គាប់ព្រះជាម្ចាស់ និងការថ្វាយបង្គំព្រះជាម្ចាស់ដែរឬទេ? តើមានសេចក្ដីពិតនៃការកោតខ្លាចព្រះជាម្ចាស់ និងគេចចេញពីសេចក្ដីអាក្រក់ដែរឬទេ? តើមានព្រះបន្ទូលខ្លះរបស់ព្រះជាម្ចាស់ដែរឬទេ? តើមានអ្វីនៅក្នុងពួកគេ ដែលទាក់ទងនឹងសេចក្ដីពិត? គ្មានទាល់តែសោះ។ ការទាំងនេះ គឺមិនមានសោះឡើយ។ តើអ្នករាល់គ្នាអាចប្រាកដច្បាស់ទេថា អ្វីៗដែលសាតាំងបានបណ្ដុះនៅក្នុងមនុស្សនោះគ្មានសេចក្ដីពិតទេ? អ្នកមិនហ៊ាននោះទេ ក៏ប៉ុន្តែមិនជាបញ្ហាអ្វីទេ។ ដរាបណាអ្នកដឹងថា «កេរ្ដិ៍ឈ្មោះ» និង «ផលប្រយោជន៍» គឺជាពាក្យសំខាន់ពីរម៉ាត់ដែលសាតាំងប្រើដើម្បីទាក់ទាញមនុស្សឱ្យដើរលើផ្លូវអាក្រក់ នោះគឺវាគ្រប់គ្រាន់ណាសទៅហើយ។
សូមយើងពិចារណាឡើងវិញដោយសង្ខេបនូវអ្វីដែលយើងបានពិភាក្សាមកដល់ចំណុចនេះ។ តើសាតាំងប្រើអ្វីដើម្បីរក្សាមនុស្សឱ្យស្ថិតជាប់នៅក្នុងការគ្រប់គ្រងរបស់វា? (គឺកេរ្ដិ៍ឈ្មោះ និងផលប្រយោជន៍។) ដូច្នេះ សាតាំងប្រើកេរ្ដិ៍ឈ្មោះនិងផលប្រយោជន៍ ដើម្បីគ្រប់គ្រងគំនិតរបស់មនុស្ស រហូតទាល់តែមនុស្សគិតតែពីកេរ្តិ៍ឈ្មោះ និងផលប្រយោជន៍ប៉ុណ្ណោះ។ ពួកគេតស៊ូប្រឹងប្រែងដើម្បីកេរ្តិ៍ឈ្មោះនិងផលប្រយោជន៍ ទទួលរងទុក្ខលំបាកដើម្បីកេរ្តិ៍ឈ្មោះនិងបុណ្យសក្តិ ស៊ូទ្រាំភាពអាម៉ាស់ដើម្បីកេរ្តិ៍ឈ្មោះនិងផលប្រយោជន៍ លះបង់អ្វីៗគ្រប់យ៉ាងដែលពួកគេមានដើម្បីកេរ្តិ៍ឈ្មោះនិងផលប្រយោជន៍ ហើយពួកគេនឹងធ្វើការវិនិច្ឆ័យ ឬការសម្រេចចិត្តណាមួយដើម្បីកេរ្តិ៍ឈ្មោះនិងផលប្រយោជន៍។ តាមវិធីនេះ សាតាំងបានចងមនុស្សនឹងច្រវាក់ដែលមើលមិនឃើញ ហើយពួកគេមិនមានកម្លាំង ក៏គ្មានសេចក្ដីក្លាហានក្នុងការដោះច្រវាក់នោះចេញដែរ។ ពួកគេមិនបានដឹងសោះថាខ្លួនគេ កំពុងជាប់ច្រវាក់ និងដើរទៅមុខដោយក្ដីលំបាកជាខ្លាំង។ ដោយសារកេរ្តិ៍ឈ្មោះនិងផលប្រយោជន៍ នេះ មនុស្សជាតិបានគេចចេញពីព្រះ និងក្បត់ព្រះអង្គ ហើយក្លាយជាមនុស្សអាក្រក់កាន់តែខ្លាំងឡើងៗ។ ហេតុដូច្នេះ ពីជំនាន់មួយទៅជំនាន់មួយ មនុស្សត្រូវបានបំផ្លាញក្រោមឥទ្ធិពលកេរ្តិ៍ឈ្មោះនិងផលប្រយោជន៍របស់សាតាំង។ សូមសំឡឹងមើលពីទង្វើរបស់សាតាំង តើបំណងអាក្រក់របស់វា មិនគួរជាទីស្អប់ខ្ពើមណាស់ទេឬអី? ប្រហែលជាថ្ងៃនេះ អ្នករាល់គ្នានៅតែមិនអាចមើលឃើញបំណងអាក្រក់របស់សាតាំង ពីព្រោះអ្នកគិតថាមនុស្សម្នាក់មិនអាចរស់នៅដោយគ្មានកេរ្តិ៍ឈ្មោះ និងផលប្រយោជន៍បានទេ។ អ្នកគិតថាប្រសិនបើមនុស្សចាកចោលកេរ្តិ៍ឈ្មោះ និងផលប្រយោជន៍ នោះពួកគេនឹងលែងមើលឃើញផ្លូវទៅមុខ លែងមើលឃើញគោលដៅរបស់ពួកគេទៀតហើយ ព្រមទាំងថាអនាគតរបស់ពួកគេនឹងក្លាយជាងងឹតអាប់អួរជាមិនខាន។ ក៏ប៉ុន្តែ យូរៗទៅ នៅថ្ងៃណាមួយអ្នករាល់គ្នានឹងដឹងថាកេរ្តិ៍ឈ្មោះ និងផលប្រយោជន៍ គឺជាច្រវាក់ដ៏អាក្រក់ជាទីបំផុតដែលសាតាំងប្រើដើម្បីចងមនុស្ស។ នៅពេលដែលថ្ងៃនោះមកដល់ អ្នកនឹងតទល់យ៉ាងម៉ឺងម៉ាត់ចំពោះការគ្រប់គ្រងរបស់សាតាំង ហើយប្រឆាំងយ៉ាងខ្លាំងនឹងខ្សែដែលសាតាំងប្រើដើម្បីចងអ្នក។ នៅពេលដែលពេលវេលាដែលអ្នកចង់បោះចោលរបស់ទាំងអស់ ដែលសាតាំងបានបណ្តុះក្នុងខ្លួនអ្នកមកដល់ នោះអ្នកនឹងបែកចេញពីសាតាំង ហើយអ្នកនឹងស្អប់អ្វីទាំងអស់ដែលសាតាំងបាននាំយកមកឱ្យអ្នក។ មានតែពេលនោះទេ ដែលមនុស្សជាតិនឹងមានសេចក្តីស្រឡាញ់ ព្រមទាំងប្រាថ្នាចង់បានព្រះជាម្ចាស់យ៉ាងពិតប្រាកដ។
ខ. សាតាំងប្រើវិទ្យាសាស្ត្រធ្វើឱ្យមនុស្សពុករលួយ
យើងទើបតែបាននិយាយអំពីវិធីសាស្រ្តដែលសាតាំងប្រើចំណេះដឹងដើម្បីធ្វើឱ្យមនុស្សពុករលួយ ដូច្នេះ បន្ទាប់មកទៀត សូមយើងចូលរួមសិក្សាអំពីរបៀបដែលសាតាំងប្រើវិទ្យាសាស្ត្រដើម្បីធ្វើឱ្យមនុស្សពុករលួយវិញម្តង។ ជាដំបូង សាតាំងប្រើឈ្មោះវិទ្យាសាស្ត្រ ដើម្បីបំពេញតាមការចង់ដឹងចង់ឃើញរបស់មនុស្ស បំណងប្រាថ្នាចង់ស្រាវជ្រាវផ្នែកវិទ្យាសាស្ត្ររបស់មនុស្ស និងការស្រាវជ្រាវអាថ៌កំបាំងជាដើម។ ក្នុងនាមវិទ្យាសាស្ត្រ សាតាំងបំពេញសេចក្តីត្រូវការខាងសម្ភារៈនិយមរបស់មនុស្ស និងតម្រូវការមូលដ្ឋានរបស់មនុស្សដើម្បីបន្តអភិវឌ្ឍសមត្ថភាពជីវិតរបស់ពួកគេ ដើម្បីធ្វើឱ្យគុណភាពនៃជីវិតរបស់ពួកគេកាន់តែប្រសើរឡើង។ ហេតុដូច្នេះ វាគឺជាហេតុផលដែលសាតាំងប្រើវិទ្យាសាស្ត្រ ដើម្បីធ្វើឱ្យមនុស្សពុករលួយ។ តើមានតែចិត្តឬគំនិតរបស់មនុស្សតែប៉ុណ្ណឹងទេឬ ដែលសាតាំងបានធ្វើឱ្យពុករលួយតាមរយៈការប្រើវិទ្យាសាស្រ្តនេះ? មិនមែនតែប៉ុណ្ណឹងទេ គឺមានដូចជា មនុស្ស ព្រឹត្តិការណ៍ និងអ្វីៗដែលយើងអាចមើលឃើញនៅជុំវិញយើង និងមានទំនាក់ទំនងជាមួយដែរ តើមានអ្វីផ្សេងទៀតដែរឬទេ ដែលសាតាំងប្រើវិទ្យាសាស្ត្រដើម្បីធ្វើឱ្យពុករលួយនោះ? (បរិស្ថានធម្មជាតិ។) ត្រឹមត្រូវ។ អ្នករាល់គ្នាហាក់ដូចជារងផលប៉ះពាល់យ៉ាងខ្លាំងពីបញ្ហានេះ ព្រមទាំងទទួលឥទ្ធិពលពីវាយ៉ាងខ្លាំងផងដែរ។ ក្រៅពីការប្រើប្រាស់ ការរកឃើញ និងការសន្និដ្ឋានផ្សេងៗនៃវិទ្យាសាស្ត្រ ដើម្បីបំភាន់មនុស្សរួចមក សាតាំងក៏ប្រើវិទ្យាសាស្ត្រជាមធ្យោបាយមួយ ដើម្បីអនុវត្តការបំផ្លិចបំផ្លាញ និងការកេងប្រវ័ញ្ចបរិស្ថានរស់នៅដែលព្រះជាម្ចាស់បានប្រទានដល់មនុស្សផងដែរ។ វាធ្វើបែបនេះក្រោមលេសថាប្រសិនបើមនុស្សធ្វើការស្រាវជ្រាវបែបវិទ្យាសាស្ត្រ នោះបរិយាកាសរស់នៅ និងគុណភាពជីវិតរបស់មនុស្សនឹងកាន់តែប្រសើរឡើងជាបន្តបន្ទាប់ ហើយគោលបំណងនៃការអភិវឌ្ឍវិទ្យាសាស្ត្រ គឺដើម្បីបំពេញបំណងនៃការកើនឡើងនូវតម្រូវការសម្ភារៈនិយមជាប្រចាំថ្ងៃរបស់មនុស្ស ហើយតម្រូវការរបស់ពួកគេបន្តធ្វើឱ្យប្រសើរឡើងនូវគុណភាពជីវិតរបស់ពួកគេ។ នេះគឺជាមូលដ្ឋានខាងទ្រឹស្តីនៃការអភិវឌ្ឍវិទ្យាសាស្ត្ររបស់សាតាំង។ ទោះជាយ៉ាងណាក៏ដោយ តើវិទ្យាសាស្ត្របាននាំអ្វីខ្លះដល់មនុស្សជាតិ? តើបរិស្ថានរស់នៅរបស់យើង និងបរិស្ថានរស់នៅរបស់មនុស្សជាតិទាំងអស់ មិនត្រូវបានខូចបង់ទេឬអី? តើខ្យល់ដែលមនុស្សដកដង្ហើមមិនត្រូវបានខូចបង់ទេឬអី? តើទឹកដែលយើងផឹកមិនត្រូវបានខូចបង់ទេឬអី? តើអាហារដែលយើងទទួលទាន នៅតែជាសរីរាង្គ និងធម្មជាតិដែរឬទេ? គ្រាប់ធញ្ញជាតិ និងបន្លែភាគច្រើនត្រូវបានកែប្រែហ្សែន ពួកវាត្រូវបានដាំដុះដោយប្រើជី ហើយខ្លះទៀតជាបម្រែបម្រួលដែលត្រូវបានបង្កើតឡើងដោយវិទ្យាសាស្ត្រ។ បន្លែ និងផ្លែឈើដែលយើងញ៉ាំក៏លែងមានលក្ខណៈធម្មជាតិទៀតដែរ។ សព្វថ្ងៃ សូម្បីតែស៊ុតធម្មជាតិក៏ពិបាករកដែរ ហើយស៊ុតទៀតសោត ក៏លែងមានរសជាតិដូចកាលពីមុនដែរ ទាំងអស់នេះគឺដោយសារតែអ្វីៗត្រូវបំលែង និងកែច្នៃទាំងស្រុងដោយដំណើរការវិទ្យាសាស្ត្ររបស់សាតាំង។ សូមក្រឡេកមើលរូបភាពធំៗ បរិយាកាសទាំងមូលត្រូវបានបំផ្លាញ និងបំពុល។ ភ្នំ បឹងបួរ ព្រៃឈើ ទន្លេ មហាសមុទ្រ និងអ្វីៗទាំងអស់ទាំងនៅខាងលើ និងនៅខាងក្រោមដី ត្រូវបានបំផ្លាញដោយអ្វីដែលគេហៅថា សមិទ្ធផលវិទ្យាសាស្ត្រ។ សរុបសេចក្ដីមក បរិស្ថានធម្មជាតិទាំងមូល ដែលជាបរិស្ថានរស់នៅដែលព្រះជាម្ចាស់ប្រទានឱ្យមនុស្ស គឺត្រូវបានបំផ្លាញ និងខូចខ្ទេចខ្ទីដោយសារវិទ្យាសាស្ត្រ។ ទោះបីជាមានមនុស្សជាច្រើនដែលទទួលបាននូវអ្វីដែលពួកគេតែងតែសង្ឃឹមចង់បាន ដើម្បីបំពេញទៅលើគុណភាពនៃជីវិត ទាំងសេចក្តីប៉ងប្រាថ្នា និងសាច់ឈាមរបស់ពួកគេក៏ដោយ ក៏បរិស្ថានដែលមនុស្សរស់នៅត្រូវបានបំផ្លាញ និងខូចខ្ទេចខ្ទី ដោយសមិទ្ធផលផ្សេងៗដែលកើតចេញមកពីវិទ្យាសាស្ត្រដែរ។ ឥឡូវនេះយើងលែងមានសិទ្ធិដកដង្ហើមយកខ្យល់អាកាសបរិសុទ្ធទៀតហើយ។ តើនេះមិនមែនជាទុក្ខព្រួយរបស់មនុស្សជាតិទេឬអី? តើមានសុភមង្គលនៅសេសសល់ណាខ្លះ ដែលនិយាយជំនួសមនុស្សទេ នៅពេលដែលពួកគេត្រូវរស់នៅក្នុងកន្លែងបែបនេះ? ទីកន្លែង និងបរិយកាសដែលមនុស្សបានរស់នៅនេះ គឺកាលដើមដំបូងឡើយ ព្រះជាម្ចាស់បានបង្កើតមកសម្រាប់មនុស្ស។ ទឹកសម្រាប់មនុស្សផឹក ខ្យល់សម្រាប់មនុស្សដកដង្ហើម អាហារផ្សេងៗសម្រាប់មនុស្សបរិភោគ រួមទាំងរុក្ខជាតិ និងភាវៈមានជីវិត ហើយថែមទាំងភ្នំ បឹងបួរ និងមហាសមុទ្រ ហើយនិងគ្រប់ផ្នែកទាំងអស់នៃបរិយាកាសរស់នៅនេះ ត្រូវបានប្រទានមកមនុស្សតាមរយៈព្រះជាម្ចាស់ ហើយវាមានលក្ខណៈធម្មជាតិ ដែលដំណើរការស្របតាមច្បាប់ធម្មជាតិដែលព្រះជាម្ចាស់បានបង្កើតឡើង។ បើគ្មានវិទ្យាសាស្រ្តទេ នោះមនុស្សនៅតែដើរតាមវិធីសាស្រ្ដដែលព្រះជាម្ចាស់បានប្រទានដល់ពួកគេ ដោយពួកគេនឹងអាចរីករាយជាមួយអ្វីៗទាំងអស់ដែលមានតាំងពីដើម និងមានលក្ខណៈធម្មជាតិ ហើយពួកគេនឹងរីករាយ។ ឥឡូវនេះ អ្វីៗទាំងអស់ត្រូវបានបំផ្លាញដោយសាតាំង។ ទីកន្លែងរស់នៅជាមូលដ្ឋានរបស់មនុស្ស គឺលែងមានលក្ខណៈដើមរបស់វាទៀតហើយ។ ក៏ប៉ុន្តែ គ្មាននរណាម្នាក់មានសមត្ថភាពអាចដឹងអំពីអ្វីដែលបណ្តាល ឬរបៀបដែលធ្វើឱ្យបញ្ហានេះកើតឡើងយ៉ាងដូចម្តេចនោះទេ ហើយមានមនុស្សជាច្រើនទៀតចូលទៅរកវិទ្យាសាស្ត្រ ព្រមទាំងយល់ដឹងពីវា តាមរយៈគំនិតដែលសាតាំងបានបណ្តុះឡើងនៅក្នុងពួកគេ។ តើនេះមិនគួរឱ្យស្អប់ខ្ពើម និងគួរឱ្យអាណិតអាសូរទេឬអី? ពេលនេះ សាតាំងបានយកកន្លែងដែលមានមនុស្សរស់នៅ ព្រមទាំងបរិយាកាសរស់នៅរបស់ពួកគេ ដោយធ្វើឱ្យពួកគេពុករលួយនៅក្នុងសភាពនេះ ហើយនិងធ្វើឱ្យមនុស្សជាតិបន្តរស់នៅតាមរបៀបនេះដដែល តើព្រះជាម្ចាស់ត្រូវបំផ្លាញមនុស្សទាំងនេះចោលដោយផ្ទាល់ដែរឬទេ? ប្រសិនបើមនុស្សបន្តរស់នៅតាមរបៀបនេះ តើពួកគេនឹងទៅជាយ៉ាងណា? (ពួកគេនឹងត្រូវបានលុបបំបាត់ចោល។) តើពួកគេនឹងត្រូវលុបបំបាត់ចោលដោយរបៀបណា? បន្ថែមពីលើភាពលោភលន់របស់មនុស្ស ដែលចង់បានកេរ្តិ៍ឈ្មោះ និងផលប្រយោជន៍ នោះពួកគេបន្តការរុករកវិទ្យាសាស្ត្រ និងធ្វើការស្រាវជ្រាវឱ្យកាន់តែស៊ីជម្រៅ ហើយបន្តធ្វើសកម្មភាពដោយឥតឈប់ឈរ ដើម្បីបំពេញតម្រូវការសម្ភារៈនិយម និងបំណងប្រាថ្នាផ្ទាល់ខ្លួន។ តើអ្វីជាផលវិបាកចំពោះមនុស្ស? ជាដំបូង គឺតុល្យភាពបរិស្ថានត្រូវខូច ហើយនៅពេលដែលវាកើតឡើង នោះរាងកាយរបស់មនុស្ស សរីរាង្គខាងក្នុងរបស់ពួកគេត្រូវកខ្វក់ និងខូចខាតដោយសារបរិយាកាសគ្មានតុល្យភាពនេះ ហើយបណ្តាលឱ្យកើតមានជំងឺឆ្លង និងជំងឺរាតត្បាតផ្សេងៗជាច្រើន រាលដាលពាសពេញពិភពលោក។ តើវាមិនពិតទេឬអី ដែលថាស្ថានភាពពេលនេះគឺ មនុស្សមិនអាចគ្រប់គ្រងបានឡើយ? ឥឡូវ ដែលអ្នករាល់គ្នាយល់អំពីរឿងនេះហើយ ប្រសិនបើមនុស្សមិនធ្វើតាមព្រះជាម្ចាស់ តែបែរទៅធ្វើតាមសាតាំងវិញ តាមរយៈការប្រើចំណេះដឹងដើម្បីបង្កើនខ្លួនឯង ការប្រើវិទ្យាសាស្ត្រដើម្បីរុករកឥតឈប់ឈរអំពីអនាគតនៃជីវិតមនុស្សជាតិ និងការប្រើវិធីសាស្រ្តបែបនេះដើម្បីបន្តរស់នៅ នោះតើអ្នកអាចដឹងទេថាវិធីនេះនឹងបញ្ចប់មនុស្សជាតិយ៉ាងដូចម្ដេច? មនុស្សជាតិនឹងផុតពូជដោយឯកឯង៖ មួយជំហានម្ដងៗ មនុស្សជាតិឈានឆ្ពោះទៅរកការបំផ្លិចបំផ្លាញ ឆ្ពោះទៅរកការបំផ្លិចបំផ្លាញខ្លួនពួកគេផ្ទាល់! តើនេះមិននាំមកនូវការបំផ្លិចបំផ្លាញមកលើខ្លួនឯងទេឬអី? ហើយតើវាមិនមែនជាផលវិបាកនៃការរីកចម្រើនផ្នែកវិទ្យាសាស្ត្រទេឬ? ឥឡូវ វាហាក់ដូចជាវិទ្យាសាស្ត្រ ជាប្រភេទនៃវេទមន្តមួយ ដែលសាតាំងបានរៀបចំសម្រាប់មនុស្ស ដូច្នេះនៅពេលដែលអ្នករាល់គ្នាព្យាយាមស្វែងយល់ពីអ្វីមួយ គឺអ្នកធ្វើវានៅក្នងអ័ព្ទដ៏ក្រាស់ ហើយមិនថាអ្នកខំប្រឹងមើលវាយ៉ាងណាក៏ដោយ ក៏អ្នកមិនអាចមើលឃើញអ្វីៗបានច្បាស់ដែរ ហើយទោះបីជាអ្នកព្យាយាមយ៉ាងណាក៏ដោយ ក៏អ្នកមិនអាចរកឃើញវាបានដែរ។ ទោះយ៉ាងណា សាតាំងប្រើឈ្មោះវិទ្យាសាស្ត្រដើម្បីធ្វើឱ្យអ្នកស្រេកឃ្លាន រួចដាក់កន្លុះអ្នកដឹកយកទៅម្តងមួយជំហានៗ ឆ្ពោះទៅកាន់ទីជម្រៅ និងសេចក្តីស្លាប់។ ហើយចំពោះករណីនេះ មនុស្សនឹងឃើញយ៉ាងច្បាស់ថា តាមពិត ការបំផ្លិចបំផ្លាញមនុស្សត្រូវបានធ្វើឡើងដោយដៃរបស់សាតាំង។ សាតាំងជាមេខ្លោង។ តើមិនដូច្នេះទេឬ? (មែនហើយ គឺដូច្នេះមែន។) នេះគឺជាវិធីទីពីរដែលសាតាំងធ្វើឱ្យមនុស្សជាតិពុករលួយ។
គ. សាតាំងប្រើវប្បធម៌បែបប្រពៃណីធ្វើឱ្យមនុស្សពុករលួយ
វប្បធម៌បុរាណ គឺជាវិធីទីបីដែលសាតាំងប្រើដើម្បីធ្វើឱ្យមនុស្សពុករលួយ។ វាមានភាពស្រដៀងគ្នាជាច្រើនរវាងវប្បធម៌បុរាណ និងអបិយជំនឿ ក៏ប៉ុន្តែភាពខុសគ្នានោះ គឺថាវប្បធម៌បុរាណ មានរឿងរ៉ាវ ឯកសារយោង និងប្រភពមួយជាក់លាក់។ សាតាំងបានប្រឌិត និងបង្កើតរឿងព្រេងឬរឿងរ៉ាវជាច្រើន ដែលមាននៅក្នុងសៀវភៅប្រវត្តិសាស្រ្តដែលធ្វើឱ្យមនុស្សមានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះតួលេខវប្បធម៌ ឬអបិយជំនឿជាដើម។ ឧទាហរណ៍នៅក្នុងប្រទេសចិន មានរឿងព្រេងល្បីៗមួយចំនួនដូចជា៖ «មនុស្សអមតៈទាំងប្រាំបីនាក់ឆ្លងកាត់សមុទ្រ» «ដំណើរទៅទិសខាងលិច» «អធិរាជមេឃា» «ទេវបុត្រណាចាយកឈ្នះលើស្តេចនាគ» និង «ពិធីតែងតាំងទេវតា» ជាដើម។ តើអ្វីៗទាំងនេះមិនមាននៅក្នុងគំនិតរបស់មនុស្សទេឬអី? ទោះបីជាអ្នកខ្លះមិនដឹងសាច់រឿងលម្អិតទាំងអស់នេះក៏ដោយ ក៏អ្នកនៅតែដឹងរឿងរ៉ាវទូទៅ ហើយខ្លឹមសារទូទៅនេះនឹងដក់នៅក្នុងចិត្តនិងគំនិតរបស់អ្នក ដែលធ្វើឱ្យអ្នកមិនអាចបំភ្លេចវាបានឡើយ។ ទាំងនេះគឺជាគំនិត ឬរឿងព្រេងផ្សេងៗដែលសាតាំងបានរៀបចំសម្រាប់មនុស្សតាំងពីយូរយារណាស់មកហើយ ហើយវាត្រូវបានផ្សព្វផ្សាយនៅក្នុងសម័យកាលខុសៗគ្នា។ រឿងទាំងនេះបង្កអន្តរាយដោយផ្ទាល់ និងស៊ីរូងព្រលឹងមនុស្សបន្តិចម្តងៗ ព្រមទាំងដាក់អំពើលើមនុស្សមួយហើយមួយទៀត។ នោះគឺមានន័យថា នៅពេលដែលអ្នកបានទទួលយកវប្បធម៌បុរាណ រឿងព្រេង ឬរឿងអបិយជំនឿបែបនេះ ហើយនៅពេលដែលពួកវាត្រូវបានកកើតឡើងនៅក្នុងគំនិតរបស់អ្នក ព្រមទាំងបានដក់ជាប់នៅក្នុងចិត្តរបស់អ្នកហើយនោះ គឺប្រៀបដូចជាអ្នកត្រូវអំពើអ៊ីចឹង គឺអ្នកបានជាប់នៅក្នុងសំណាញ់ និងរងឥទ្ធិពលពីអន្ទាក់នៃវប្បធម៌ ផ្នត់គំនិត និងរឿងព្រេងបុរាណទាំងអស់នោះ។ ពួកវាជះឥទ្ធិពលលើជីវិតរបស់អ្នក ទស្សនៈជីវិតរបស់អ្នក ហើយនិងការវិនិច្ឆ័យទៅលើរឿងរ៉ាវផ្សេងៗរបស់អ្នកដែរ។ លើសពីនេះទៅទៀត ពួកវាក៏ជះឥទ្ធិពលលើការស្វែងរកផ្លូវពិតនៃជីវិតរបស់អ្នកដែរ។ វាគឺពិតជាការដាក់អំពើមួយដ៏អាក្រក់បំផុត។ សូមព្យាយាមធ្វើឱ្យអស់ពីសមត្ថភាពរបស់អ្នក គឺអ្នកមិនអាចបេះវាចេញពីខ្លួនបានទេ អ្នកចញ្ច្រាំវា តែវាអត់ខ្ទេចទេ អ្នកវាយវា តែវាមិនឈឺទេ។ លើសពីនេះទៀត ក្រោយពីមនុស្សធ្លាក់ទៅក្នុងអំពើប្រភេទនេះហើយ នោះពួកគេនឹងចាប់ផ្តើមថ្វាយបង្គំសាតាំង ព្រមទាំងបង្កើតរូបភាពរបស់សាតាំងនៅក្នុងចិត្តរបស់ពួកគេដោយមិនដឹងខ្លួន។ អាចនិយាយម៉្យាងទៀតបានថា គឺពួកគេយកសាតាំងធ្វើជារូបព្រះរបស់ពួកគេ ជារបស់សម្រាប់ពួកគេគោរពថ្វាយបង្គំ និងទុកជាទីសង្ឃឹម ហើយជាងនេះទៀតគឺ ពួកគេចាត់ទុកវាជាព្រះថែមទៀតផង។ រឿងទាំងនេះស្ថិតនៅក្នុងចិត្តរបស់មនុស្ស វាបានគ្រប់គ្រងពាក្យសម្ដី និងការប្រព្រឹត្តរបស់ពួកគេដោយមិនដឹងខ្លួន។ លើសពីនេះទៅទៀត ពីដំបូងឡើយ អ្នកចាត់ទុករឿងបុរាណ និងរឿងព្រេងនិទានទាំងនេះជារឿងមិនពិត ក៏ប៉ុន្តែក្រោយមកទៀត អ្នកបែរជាទទួលស្គាល់អត្ថិភាពរបស់ពួកវាដោយមិនដឹងខ្លួន ដោយធ្វើឱ្យពួកវាក្លាយជារូបភាពពិត ព្រមទាំងប្រែក្លាយវាទៅជាវត្ថុពិតដែលមានជីវិតទៅវិញ។ ដោយការធ្វេសប្រហែសរបស់អ្នក អ្នកក៏ទទួលគំនិតទាំងនេះ និងអត្ថិភាពនៃវត្ថុទាំងនេះដោយមិនដឹងខ្លួន។ អ្នកក៏ទទួលអារក្សសាតាំង រួមនិងរូបព្រះជាច្រើន ចូលទៅក្នុងផ្ទះរបស់អ្នក និងទៅក្នុងចិត្តរបស់អ្នកដោយមិនដឹងខ្លួនដែរ នេះគឺពិតជាការដាក់អំពើមួយយ៉ាងជាក់។ តើពាក្យទាំងនេះមានឥទ្ធិពលលើអ្នករាល់គ្នាទេ? (គឺមាន។) តើមាននរណាខ្លះក្នុងចំណោមអ្នករាល់គ្នា ដែលធ្លាប់បានអុជធូប និងគោរពបូជាព្រះពុទ្ធដែរឬទេ? (គឺមាន។) ដូច្នេះ តើអ្វីជាគោលបំណងនៃការដុតធូប និងគោរពបូជាព្រះពុទ្ធនោះ? (បួងសួងដើម្បីសូមសេចក្តីសុខ។) ពេលនេះ ចូរគិតពិចារណាអំពីចំណុចនេះចុះ តើនេះមិនមែនជាការបួងសួងដល់សាតាំងដើម្បីសូមនូវសេចក្តីសុខទេឬអី? តើសាតាំងនាំមកនូវសេចក្តីសុខដែរឬទេ? (អត់ទេ។) តើអ្នកមិនគិតទេថា អ្នកល្ងង់ខ្លៅប៉ុនណានៅពេលនោះ? ឥរិយាបថប្រភេទនោះ គឺមិនសមហេតុផល ល្ងីល្ងើ និងឆោតល្ងង់ជាទីបំផុត មែនឬអត់? សាតាំងគិតតែធ្វើយ៉ាងណាឱ្យអ្នកពុករលួយតែប៉ុណ្ណោះ។ វាមិនអាចផ្តល់ឱ្យអ្នកនូវសេចក្តីសុខបានទេ វាអាចឱ្យបានតែបណ្តោះអាសន្នប៉ុណ្ណោះ។ ហើយដើម្បីទទួលបានរឿងបែបនេះ អ្នកត្រូវតែធ្វើការស្បថស្បែ ហើយប្រសិនបើអ្នកបំពានពាក្យសន្យា ឬការស្បថស្បែរបស់អ្នក ដែលអ្នកបានធ្វើចំពោះសាតាំង ពេលនោះអ្នកនឹងឃើញថា វាធ្វើទុក្ខអ្នកយ៉ាងដូចម្តេច។ ក្នុងការធ្វើឱ្យអ្នកស្បថស្បែ តាមពិតទៅគឺវាចង់គ្រប់គ្រងលើអ្នកប៉ុណ្ណោះ។ នៅពេលដែលអ្នកបួងសួងសុំសេចក្តីសុខ តើអ្នកទទួលបានសេចក្តីសុខឬទេ? (មិនបានទេ។) អ្នកមិនបានទទួលសេចក្តីសុខទេ តែផ្ទុយទៅវិញ ការខិតខំប្រឹងប្រែងរបស់អ្នកបាននាំមកនូវគ្រោះកាច និងមហន្តរាយដែលគ្មានទីបញ្ចប់ទៅវិញ ប្រៀបដូចជាមហាសាគរនៃភាពល្វីងជូរចត់ដែលគ្មានកោះត្រើយ។ សេចក្តីសុខគ្មានទេនៅក្នុងដែនត្រួតត្រារបស់សាតាំង ហើយនេះគឺជាសេចក្ដីពិត។ នេះគឺជាផលវិបាកដែលមនុស្សជាតិទទួលបានពីអបិយជំនឿ និងវប្បធម៌បុរាណ។
ឃ. សាតាំងប្រើនិន្នាការសង្គមធ្វើឱ្យមនុស្សពុករលួយ
វិធីចុងក្រោយដែលសាតាំងធ្វើឱ្យមនុស្សពុករលួយ ហើយគ្រប់គ្រងលើមនុស្ស គឺតាមរយៈនិន្នាការសង្គម។ «និន្នាការសង្គម» គ្របដណ្ដប់នូវទិដ្ឋភាពជាច្រើន រាប់បញ្ចូលទាំងចំណុចផ្សេងៗ ដូចជាការថ្វាយបង្គំរូបសំណាកឥស្សរជនល្បីៗ ក៏ដូចជាតារាភាពយន្ត និងតន្ត្រីករដែលខ្លួនពេញចិត្ត ការថ្វាយបង្គំតារាល្បី លេងហ្គេមអនឡាញជាដើម។ ទាំងនេះ ជាផ្នែកទាំងអស់នៃនិន្នាការសង្គម ហើយមិនចាំត្រូវការនិយាយលម្អិតនៅត្រង់នេះទេ។ យើងនឹងគ្រាន់តែនិយាយអំពីគំនិត ដែលនិន្នាការសង្គមនាំមកនៅក្នុងមនុស្ស របៀបដែលពួកវាបណ្តាលឱ្យមនុស្សប្រតិបត្តិខ្លួននៅក្នុងពិភពលោក គោលដៅជីវិត និងទស្សនវិស័យដែលពួកវានាំមកនៅក្នុងមនុស្សតែប៉ុណ្ណោះ។ ទាំងនេះគឺសំខាន់ណាស់។ ពួកវាអាចគ្រប់គ្រង និងជះឥទ្ធិពលលើគំនិត និងយោបល់របស់មនុស្ស។ និន្នាការទាំងនេះ កើតមានឡើងមួយហើយមួយទៀត ហើយពួកវាទាំងអស់សុទ្ធតែមានឥទ្ធិពលអាក្រក់ ដែលតែងតែបណ្តាលឱ្យមនុស្សជាតិអាប់ឱនកិត្តិយស បាត់បង់មនសិការ ភាពជាមនុស្ស និងគ្មានហេតុផល ធ្វើឱ្យសីលធម៌និងចរិតលក្ខណៈរបស់ពួកគេចុះខ្សោយកាន់តែខ្លាំង រហូតដល់កម្រិតដែលយើងអាចនិយាយបានថា មនុស្សភាគច្រើនលែងមានភាពស្មោះត្រង់ គ្មានភាពជាមនុស្ស ហើយពួកគេនឹងលែងមានមនសិការ និងរឹតតែគ្មានហេតុផល។ ដូច្នេះតើនិន្នាការសង្គមទាំងនេះគឺជាអ្វី? ពួកវាគឺជានិន្នាការដែលអ្នកមិនអាចមើលឃើញដោយភ្នែកទទេបានឡើយ។ នៅពេលដែលនិន្នាការថ្មីសាយពាសពេញពិភពលោក ប្រហែលជាមានមនុស្សមួយចំនួនតូចប៉ុណ្ណោះដែលកំពុងដើរតួជាអ្នកដើរតាមនិន្នាការនោះ។ ពួកគេចាប់ផ្តើមធ្វើរឿងរ៉ាវថ្មី រួចក៏ទទួលយកគំនិត ឬទស្សនៈទាំងនោះ។ ទោះយ៉ាងណា មនុស្សភាគច្រើននឹងត្រូវរងផលប៉ះពាល់ ទាក់ទាញ និងជ្រួតជ្រាបជាបន្តបន្ទាប់ដោយនិន្នាការនេះ នៅក្នុងសភាពដែលមិនដឹងខ្លួន រហូតទាល់តែពួកគេទាំងអស់ទទួលយកវា ព្រមទាំងត្រូវជោគជាំ និងគ្រប់គ្រងដោយវា ដោយមិនដឹងខ្លួននិងដោយអចេតនា។ ពីមួយទៅមួយ និន្នាការបែបនេះបណ្តាលឱ្យមនុស្សដែលមានចិត្តនិងគំនិតមិនត្រឹមត្រូវ មិនស្គាល់អ្វីជាសេចក្តីពិត និងមិនចេះវែកញែកពីភាពខុសគ្នារវាងរឿងវិជ្ជមាន និងរឿងអវិជ្ជមាន ទទួលយកសេចក្តីរីករាយ ក៏ដូចជាទស្សនៈជីវិត និងគុណតម្លៃដែលមកពីសាតាំងវិញ។ ពួកគេទទួលយកនូវអ្វីៗដែលសាតាំងប្រាប់ពួកគេអំពីរបៀបចូលទៅក្នុងជីវិត និងរបៀបរស់នៅដែលសាតាំង «ផ្តល់ឱ្យ» ពួកគេ ហើយពួកគេក៏មិនមានកម្លាំង ឬសមត្ថភាពអ្វី ហើយរឹតតែមិនសូវបានដឹង ដើម្បីទប់ទល់បានឡើយ។ ដូច្នេះតើធ្វើដូចម្ដេចដើម្បីដឹងពីនិន្នាការបែបនេះ? ខ្ញុំបានជ្រើសរើសឧទាហរណ៍ដ៏សាមញ្ញមួយដែលអ្នករាល់គ្នាអាចនឹងយល់បន្តិចម្តងៗ។ ឧទាហរណ៍ ពីមុនមនុស្សបានបើកអាជីវកម្មរបស់ពួកគេ ដោយគ្មាននរណាម្នាក់ចេះបោកប្រាស់គ្នាឡើយ។ ពួកគេបានលក់របស់របរក្នុងតម្លៃដូចគ្នា ដោយមិនគិតពីអ្នកណាជាអ្នកទិញឡើយ។ តើធាតុផ្សំនៃមនសិការល្អ និងភាពជាមនុស្សមិនត្រូវបានបង្ហាញនៅទីនេះទេឬ? នៅពេលដែលមនុស្សប្រកបអាជីវកម្មដូចនេះដោយស្មោះត្រង់ វាបានបង្ហាញឃើញថា ពួកគេនៅតែមានមនសិការ និងជាភាពជាមនុស្សខ្លះនៅពេលនោះ។ ក៏ប៉ុន្តែ ជាមួយនឹងតម្រូវការលុយរបស់មនុស្សដែលចេះតែកើនឡើងជាលំដាប់ នោះមនុស្សក៏ចាប់ផ្តើមស្រលាញ់លុយ ឋានៈ និងបុណ្យសក្តិកាន់តែខ្លាំងឡើងៗ។ តើមនុស្សមិនផ្ដល់អទិភាពលើលុយ ច្រើនជាងមុនទេឬ? នៅពេលដែលមនុស្សចាត់ទុកលុយជារឿងសំខាន់ខ្លាំង នោះពួកគេចាប់ផ្តើមលែងខ្វល់ពីកេរ្តិ៍ឈ្មោះ មុខមាត់ និងសុចរិតភាពរបស់ខ្លួនទៀតហើយ តើត្រូវទេ? នៅពេលដែលអ្នកធ្វើអាជីវកម្ម អ្នកនឹងឃើញអ្នកដទៃ ក្លាយជាអ្នកមាន ដោយការលួចបន្លំមនុស្ស។ ថ្វីត្បិតតែលុយដែលរកបានមក គឺជាលុយដែលមិនសុចរិតក៏ដោយ តែពួកគេកាន់តែមានឡើងៗ។ ដោយឃើញគ្រួសាររបស់ពួកគេរីករាយ នោះនឹងធ្វើឱ្យអ្នកអាក់អន់ចិត្ត៖ «យើងទាំងពីររកស៊ី ប៉ុន្តែពួកគេក្លាយជាអ្នកមាន។ ហេតុអ្វីខ្ញុំមិនអាចរកលុយបានច្រើន? ខ្ញុំមិនអាចទទួលបានទេ។ ខ្ញុំត្រូវតែរកវិធីដើម្បីរកប្រាក់បន្ថែមទៀត»។ បន្ទាប់ពីនោះមក អ្វីទាំងអស់ដែលអ្នកគិត គឺវិធីដើម្បីបានទ្រព្យសម្បត្តិច្រើន។ នៅពេលដែលអ្នកបានបោះបង់ចោលនូវជំនឿដែលថា «លុយគួរតែរកបានដោយមនសិការ ដោយមិនបោកបញ្ឆោតនរណាម្នាក់» នោះ ពីកត្ដាជំរុញដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នក របៀបនៃការគិតរបស់អ្នកបានផ្លាស់ប្តូរបន្តិចម្តងៗ ដូចជាគោលការណ៍នៅពីក្រោយសកម្មភាពរបស់អ្នកអ៊ីចឹងដែរ។ នៅពេលអ្នកបោកប្រាស់នរណាម្នាក់ជាលើកដំបូង នោះអ្នកមានអារម្មណ៍ថាបន្ទោសចំពោះមនសិការរបស់អ្នក ហើយដួងចិត្តរបស់អ្នកប្រាប់អ្នកថា «នៅពេលធ្វើកិច្ចការរួច នេះជាលើកចុងក្រោយហើយដែលខ្ញុំនឹងបោកប្រាស់នរណាម្នាក់។ ការបោកប្រាស់មនុស្សជានិច្ចជាកាល នឹងត្រូវទទួលទោស!» នេះគឺជាមុខងារនៃសតិសម្បជញ្ញៈរបស់មនុស្ស ដើម្បីធ្វើឱ្យអ្នកមានអារម្មណ៍ខ្វល់ចិត្ត និងស្តីបន្ទោសឱ្យខ្លួនឯង ព្រមទាំងធ្វើឱ្យអ្នកមានអារម្មណ៍ថាខុសប្រក្រតី នៅពេលដែលអ្នកបោកប្រាស់នរណាម្នាក់។ ក៏ប៉ុន្តែ បន្ទាប់ពីអ្នកបានបោកបញ្ឆោតអ្នកណាម្នាក់ដោយជោគជ័យហើយ នោះអ្នកឃើញថាអ្នកមានលុយច្រើនជាងមុន ហើយអ្នកគិតថាវិធីនេះ អាចមានអត្ថប្រយោជន៍ច្រើនសម្រាប់អ្នក។ ថ្វីបើអ្នកមានការឈឺចិត្តក៏ពិតមែន ក៏ប៉ុន្តែអ្នកនៅតែមានអារម្មណ៍អបអរសាទរចំពោះជោគជ័យរបស់អ្នក ហើយអ្នកមានអារម្មណ៍រីករាយចំពោះខ្លួនឯងថែមទៀតផង។ ជាលើកដំបូង ដែលអ្នកបានយល់ព្រមលើអាកប្បកិរិយា និងរបៀបបោកបញ្ឆោតផ្ទាល់ខ្លួនរបស់អ្នក។ នៅពេលមនុស្សម្នាក់ត្រូវបានបំពុលដោយការឆបោកនេះ វាមិនខុសគ្នាអ្វីនឹងអ្នកដែលចូលរួមក្នុងវង់ល្បែងទេ យូរៗទៅក៏ក្លាយខ្លួនជាអ្នកលេងល្បែងយ៉ាងដូច្នោះដែរ។ អ្នកបានផ្តល់ការយល់ព្រមចំពោះឥរិយាបថបោកប្រាស់របស់ខ្លួនអ្នក ហើយទទួលយកវាដោយមិនដឹងខ្លួន។ អ្នកបានយកការបោកប្រាស់ ធ្វើជាឥរិយាបថពាណិជ្ជកម្មស្របច្បាប់ និងជាមធ្យោបាយដែលមានប្រយោជន៍បំផុតសម្រាប់ការរស់រាន និងជីវភាពរស់នៅរបស់អ្នក។ អ្នកគិតថា តាមរយៈការធ្វើបែបនេះ អ្នកអាចរកលុយបានយ៉ាងឆាប់រហ័ស។ នេះជាដំណើរការមួយ៖ មានន័យថា ពីដំបូងឡើយ មនុស្សមិនអាចទទួលយកឥរិយាបថប្រភេទនេះបានឡើយ ហើយពួកគេក៏មើលងាយឥរិយាបថ និងការអនុវត្តបែបនេះដែរ។ ក្រោយមក ពួកគេចាប់ផ្តើមពិសោធន៍ជាមួយនឹងឥរិយាបថនេះដោយខ្លួនឯង ទាំងសាកល្បងវាតាមវិធីផ្ទាល់ខ្លួនរបស់ពួកគេ ហើយចិត្តរបស់ពួកគេចាប់ផ្តើមផ្លាស់ប្តូរបន្តិចម្តងៗ។ តើការផ្លាស់ប្តូរប្រភេទនេះគឺជាអ្វី? វាគឺជាការយល់ព្រម និងការទទួលយកនូវនិន្នាការនៃគំនិត ដែលបានបង្កើតឡើងនៅក្នុងខ្លួនអ្នកដោយនិន្នាការសង្គម។ ប្រសិនបើអ្នកមិនបោកប្រាស់មនុស្សនៅពេលធ្វើជំនួញជាមួយពួកគេទេ អ្នកមានអារម្មណ៍ថា អ្នកជាមនុស្សអន់ដោយមិនដឹងខ្លួន។ ប្រសិនបើអ្នកមិនបោកប្រាស់មនុស្សទេ អ្នកមានអារម្មណ៍ថា អ្នកបានបាត់បង់អ្វីមួយ។ ការបោកប្រាស់នេះបានក្លាយជាព្រលឹង ជាឆ្អឹងខ្នង និងជាឥរិយាបថដែលមិនអាចខ្វះបាន ដែលជាគោលការណ៍នៅក្នុងជីវិតរបស់អ្នកដោយមិនដឹងខ្លួន។ បន្ទាប់ពីមនុស្សបានទទួលយកឥរិយាបថ និងការគិតបែបនេះ តើនេះមិនបាននាំមកនូវការផ្លាស់ប្តូរនៅក្នុងចិត្តរបស់ពួកគេទេឬ? ចិត្តរបស់អ្នកបានផ្លាស់ប្តូរ ដូច្នេះតើសេចក្តីស្មោះត្រង់របស់អ្នកបានផ្លាស់ប្តូរដែរឬទេ? តើភាពជាមនុស្សរបស់អ្នកបានផ្លាស់ប្តូរហើយឬនៅ? តើមនសិការរបស់អ្នកបានផ្លាស់ប្តូរហើយឬនៅ? ភាពជាមនុស្សទាំងមូលរបស់អ្នក គឺចាប់ពីចិត្តរបស់អ្នកទៅដល់គំនិតរបស់អ្នក ពីខាងក្នុងទៅខាងក្រៅ មានការផ្លាស់ប្តូរ ហើយនេះជាកាផ្លាស់ប្ដូរប្រកបដោយគុណភាព។ ការផ្លាស់ប្ដូរនេះ រុញអ្នកចេញពីព្រះជាម្ចាស់កាន់តែឆ្ងាយទៅៗ ហើយធ្វើឱ្យអ្នកកាន់តែមានទំនាក់ទំនងជិតស្និទ្ធនឹងសាតាំង ក៏ដូចជាធ្វើឱ្យអ្នកកាន់តែដូចសាតាំងផងដែរ ជាមួយនឹងលទ្ធផលដែលថា សេចក្ដីពុករលួយរបស់សាតាំងធ្វើឱ្យអ្នកក្លាយជាអារក្ស។
នៅពេលក្រឡេកមើលនិន្នាការសង្គមទាំងនេះ តើអ្នកអាចនិយាយបានទេថា ពួកវាមានឥទ្ធិពលខ្លាំងប៉ុនណាទៅលើមនុស្ស? តើពួកវាមានផលប៉ះពាល់យ៉ាងខ្លាំងទៅលើមនុស្សដែរឬទេ? គឺពួកវាពិតជាមានផលប៉ះពាល់យ៉ាងខ្លាំងទៅលើមនុស្ស។ តើទិដ្ឋភាពណាខ្លះរបស់មនុស្ស ដែលសាតាំងប្រើនិន្នាការនីមួយៗទាំងនេះ ដើម្បីធ្វើឱ្យពុករលួយ? សាតាំងជាមេធ្វើឱ្យពុករលួយដល់មនសិការ សតិសម្បជញ្ញៈ មនុស្សជាតិ សីលធម៌ និងទស្សនៈជីវិតរបស់មនុស្ស។ ហើយតើនិន្នាការសង្គមទាំងនេះ មិនបន្ទាបបន្ថោក និងធ្វើឱ្យមនុស្សពុករលួយបន្ដិចម្ដងៗទេឬ? សាតាំងប្រើនិន្នាការសង្គមទាំងនេះ ដើម្បីទាក់ទាញមនុស្សមួយជំហានម្តងៗ ឱ្យចូលទៅក្នុងសំបុករបស់វា ដូច្នេះ មនុស្សដែលធ្លាក់ចូលក្នុងនិន្នាការសង្គម ក៏មានបំណងប្រាថ្នាចង់បានប្រាក់ និងសម្ភារៈនិយម ប្រព្រឹត្តអំពើអាក្រក់ និងអំពើហិង្សាដោយមិនដឹងខ្លួន។ នៅពេលដែលអ្វីៗទាំងអស់បានចូលមកក្នុងចិត្ដរបស់មនុស្សហើយ តើមនុស្សនឹងទៅជាយ៉ាងណា? មនុស្សក្លាយជាអារក្ស ដែលជាសាតាំង! ហេតុអ្វី? តើដោយព្រោះតែទំនោរចិត្តសាស្ត្រដែលមាននៅក្នុងចិត្តរបស់មនុស្សឬ? តើមនុស្សគោរពអ្វី? មនុស្សចាប់ផ្តើមរីករាយនឹងអំពើអាក្រក់ អំពើឃោរឃៅ ដោយលែងមានសេចក្តីស្រឡាញ់ចំពោះភាពស្រស់ស្អាត ឬសេចក្ដីល្អ និងរឹតតែលែងមានសន្ដិភាព។ មនុស្សមិនសុខចិត្តរស់នៅក្នុងជីវិតសាមញ្ញនៃភាពជាមនុស្សធម្មតាទេ តែផ្ទុយទៅវិញ គេមានបំណងចង់ទទួលបានឋានៈខ្ពង់ខ្ពស់ និងមានទ្រព្យសម្បត្ដិស្តុកស្តម្ភ ដើម្បីត្រេកត្រអាលនឹងភាពហ៊ឺហាខាងសាច់ឈាម ខិតខំប្រឹងប្រែងដើម្បីបំពេញចិត្តចំណង់ខាងសាច់ឈាមរបស់ខ្លួន លែងមានលក្ខខណ្ឌ លែងមានការកម្រិតសម្រាប់ខ្លួនឯងទៀតហើយ ឬអាចនិយាយម្យ៉ាងទៀតថា ពួកគេធ្វើអ្វីៗដែលពួកគេចង់ធ្វើ។ ដូច្នេះនៅពេលដែលមនុស្សបានជ្រួតជ្រាបទៅក្នុងនិន្នាការទាំងនេះ តើចំណេះដឹង ដែលអ្នកបានរៀនសូត្រអាចជួយរំដោះអ្នកឱ្យមានសេរីភាពបានទេ? តើការយល់ដឹងរបស់អ្នកអំពីវប្បធម៌ និងអបិយជំនឿ អាចជួយអ្នកឱ្យរត់គេចពីស្ថានភាពលំបាកនេះបានទេ? តើសីលធម៌និងពិធីប្រពៃណីដែលមនុស្សបានស្គាល់ អាចជួយមនុស្សឱ្យអត់ធ្មត់បានទេ? ចូរយកអាណាលេក និងតាវតេជីង មកធ្វើជាឧទាហរណ៍។ តើពួកគេអាចជួយទាញជើងរបស់មនុស្សចេញពីនិន្នាការនៃភក់ជ្រៅដ៏អាក្រក់ទាំងនេះបានទេ? ប្រាកដជាមិនបានទេ។ ដូច្នេះ វាធ្វើឱ្យមនុស្សកាន់តែអាក្រក់ទៅៗ មានចរិតក្រអឺតក្រទម អួតអាង អាត្មានិយម និងសាហាវឃោរឃៅ។ មួយវិញទៀត ក៏ធ្វើឱ្យមនុស្សលែងមានការរាប់អានរវាងគ្នានឹងគ្នា លែងមានសេចក្តីស្រឡាញ់រវាងសមាជិកគ្រួសារ លែងមានការយោគយល់ក្នុងចំណោមសាច់ញាតិ និងមិត្តភក្តិទៀតហើយ ហើយទំនាក់ទំនងរបស់មនុស្សត្រូវបានកំណត់ដោយអំពើហិង្សាវិញ។ មនុស្សម្នាក់ៗព្យាយាមប្រើវិធីឃោរឃៅ ដើម្បីរស់នៅក្នុងចំណោមបក្សពួករបស់ខ្លួន ពួកគេប្រើអំពើហិង្សា ដើម្បីក្រពះប្រចាំថ្ងៃរបស់ពួកគេ ពួកគេប្រើអំពើហិង្សាដើម្បីដណ្តើមយកតំណែង និងទទួលបានប្រាក់ចំណេញរបស់ពួកគេ។ ពួកគេប្រើមធ្យោបាយឃោរឃៅ និងអាក្រក់ ដើម្បីធ្វើអ្វីៗដែលពួកគេចង់បាន។ តើភាពជាមនុស្សប្រភេទនេះ មិនគួរឱ្យព្រឺព្រួចទេឬ? គឺវាប្រាកដជាអញ្ចឹងហើយ៖ ពួកគេមិនត្រឹមតែឆ្កាងព្រះជាម្ចាស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្លាប់អស់អ្នកដែលដើរតាមទ្រង់ផងដែរ ពីព្រោះមនុស្សអាក្រក់ខ្លាំងពេក។ បន្ទាប់ពីបានឮរឿងទាំងអស់នេះ ដែលខ្ញុំទើបតែបាននិយាយ តើអ្នករាល់គ្នាមិនគិតថា វាគួរឱ្យរន្ធត់ណាស់មែនទេដែលអ្នករាល់គ្នាត្រូវរស់នៅក្នុងបរិយាកាស ក្នុងពិភពលោក និងក្នុងចំណោមមនុស្សប្រភេទនេះ ដែលសាតាំងធ្វើឱ្យមនុស្សជាតិពុករលួយនោះ? (មែនហើយ។) ដូច្នេះ តើអ្នកធ្លាប់គិតថា ខ្លួនអ្នកគួរឱ្យអាណិតដែរទេ? អ្នកប្រហែលមានអារម្មណ៍បែបនេះបន្តិចបន្តួចនៅក្នុងពេលនេះ តើមែនទេ? (មែនហើយ។) តាមការស្តាប់សម្លេងរបស់អ្នក អ្នកហាក់ដូចជាកំពុងគិតថា «សាតាំងមានវិធីផ្សេងៗគ្នាជាច្រើនក្នុងការធ្វើឱ្យមនុស្សពុករលួយ។ វាចាប់យករាល់ឱកាស និងនៅគ្រប់ទីកន្លែងដែលយើងទៅ។ តើមនុស្សនៅតែអាចទទួលបានសេចក្ដីសង្គ្រោះដែរឬទេ?» តើមនុស្សនៅតែអាចទទួលបានសេចក្ដីសង្គ្រោះដែរឬទេ? តើមនុស្សអាចសង្គ្រោះខ្លួនឯងបានទេ? (មិនអាចទេ។) តើព្រះឥទ្រ្ទាធិរាជអាចជួយសង្គ្រោះមនុស្សបានទេ? តើខុងជឺអាចសង្គ្រោះមនុស្សបានទេ? តើព្រះម៉ែគង់ស៊ីអ៊ីមអាចសង្គ្រោះមនុស្សបានទេ? (មិនអាចទេ។) ដូច្នេះ តើនរណាអាចជួយសង្គ្រោះមនុស្សបាន? (គឺព្រះជាម្ចាស់។) ទោះយ៉ាងណា មនុស្សមួយចំនួននឹងនឹកឆ្ងល់ក្នុងចិត្តថា «សាតាំងធ្វើបាបយើងយ៉ាងសាហាវ នៅក្នុងភាពវក់វីច្របូកច្របល់ ដូច្នេះយើងគ្មានសង្ឃឹមរស់ទេ ហើយក៏គ្មានទំនុកចិត្តក្នុងការរស់នៅដែរ។ យើងទាំងអស់គ្នារស់នៅក្នុងសេចក្ដីពុករលួយ ហើយមនុស្សគ្រប់គ្នាតែងតែប្រឆាំងទាស់នឹងព្រះជាម្ចាស់ ហើយចិត្តរបស់យើងបានលិចកាន់តែជ្រៅទៅៗ។ ដូច្នេះ តើព្រះជាម្ចាស់គង់នៅឯណា នៅពេលដែលសាតាំងកំពុងធ្វើឱ្យយើងពុករលួយ? តើព្រះជាម្ចាស់កំពុងធ្វើអ្វី? អ្វីក៏ដោយដែលព្រះជាម្ចាស់កំពុងធ្វើដើម្បីយើង គឺយើងមិនដែលមានអារម្មណ៍អ្វីឡើយ!» អ្នកខ្លះចៀសមិនផុតពីមានអារម្មណ៍ថាត្រូវគេបដិសេធនោះទេ ហើយខ្លះទៀតមានអារម្មណ៍ខូចចិត្ត។ ចំពោះអ្នករាល់គ្នា អារម្មណ៍នេះគឺជ្រាលជ្រៅណាស់ ពីព្រោះអ្វីដែលខ្ញុំបាននិយាយ គឺចង់ឱ្យមនុស្សឆាប់យល់ និងទទួលអារម្មណ៍កាន់តែខ្លាំងទៅៗ ថាពួកគេគ្មានក្តីសង្ឃឹម ហើយត្រូវបានព្រះជាម្ចាស់បោះបង់ចោល។ ក៏ប៉ុន្តែ ចូរកុំបារម្ភឡើយ។ ប្រធានបទនៃការប្រកបគ្នារបស់យើងសម្រាប់ថ្ងៃនេះ «អំពើអាក្រក់របស់សាតាំង» មិនមែនជាផ្ទៃរឿងពិតប្រាកដរបស់យើងទេ។ យ៉ាងណាក្ដី ដើម្បីនិយាយអំពីសារៈសំខាន់នៃភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ ជាដំបូងយើងត្រូវពិភាក្សាអំពីរបៀបដែលសាតាំងធ្វើឱ្យមនុស្សពុករលួយ និងអំពើអាក្រក់របស់វាជាមុនសិន ដើម្បីឱ្យមនុស្សកាន់តែដឹងច្បាស់ថា តើពេលនេះពួកគេកំពុងស្ថិតនៅក្នុងស្ថានភាពបែបណា។ គោលបំណងមួយក្នុងការនិយាយអំពីរឿងនេះ គឺដើម្បីឱ្យមនុស្សដឹងពីអំពើអាក្រក់របស់សាតាំង និងមួយទៀត គឺដើម្បីអនុញ្ញាតឱ្យមនុស្សយល់កាន់តែច្បាស់ថាតើភាពបរិសុទ្ធពិតប្រាកដគឺជាអ្វី។
តើខ្ញុំមិនបាននិយាយលម្អិតបន្ថែមទៀតអំពីរឿងទាំងនេះ ដែលយើងទើបតែបានប្រៀបធៀប កាលពីពេលមុនទេឬអី? តើការយល់ដឹងរបស់អ្នករាល់គ្នាពេលនេះកាន់តែស៊ីជម្រៅជាងមុនឬទេ? (មែនហើយ។) ខ្ញុំដឹងថា ឥឡូវនេះ មានមនុស្សជាច្រើនកំពុងរំពឹងចង់ឱ្យខ្ញុំនិយាយអំពីអ្វីដែលជាភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ពិតប្រាកដ ក៏ប៉ុន្តែនៅពេលដែលខ្ញុំនិយាយអំពីភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ នោះខ្ញុំនឹងនិយាយអំពីការដែលព្រះជាម្ចាស់ធ្វើ។ អ្នករាល់គ្នាគួរស្តាប់ដោយយកចិត្តទុកដាក់។ ដ្បិតក្រោយពីនេះទៅ ខ្ញុំនឹងសួរអ្នករាល់គ្នាថាតើភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ពិតប្រាកដជាអ្វី។ ខ្ញុំនឹងមិនប្រាប់អ្នករាល់គ្នាដោយផ្ទាល់ទេ ប៉ុន្តែផ្ទុយទៅវិញ ខ្ញុំចង់ឱ្យអ្នករាល់គ្នាព្យាយាមស្វែងយល់ពីវា ហើយខ្ញុំនឹងទុកកន្លែងមួយឱ្យអ្នកធ្វើការស្វែងយល់។ តើអ្នកគិតយ៉ាងណាចំពោះវិធីសាស្ត្រនេះ? (ស្តាប់ទៅល្អទេតើ។) បើដូច្នេះ ចូរអ្នកស្តាប់ដោយយកចិត្តទុកដាក់ជាបន្តទៀតចុះ។
ការយល់ដឹងអំពីភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ តាមរយៈកិច្ចការដែលព្រះអង្គធ្វើចំពោះមនុស្ស
នៅពេលណាដែលសាតាំងធ្វើឱ្យមនុស្សពុករលួយ ឬបង្កអន្តរាយដល់មនុស្ស នោះព្រះជាម្ចាស់មិនឈរមើលដោយមិនធ្វើអ្វីឡើយ ហើយព្រះអង្គក៏មិនធ្វើព្រងើយកន្ដើយចំពោះអស់អ្នកដែលព្រះអង្គបានជ្រើសរើសដែរ។ ព្រះជាម្ចាស់យល់ច្បាស់នូវអ្វីៗទាំងអស់ដែលសាតាំងធ្វើ។ មិនខ្វល់ថាសាតាំងធ្វើអ្វី ឬនិន្នាការអ្វីដែលវាប្រើនោះឡើយ ក៏ព្រះជាម្ចាស់ជ្រាបគ្រប់ទាំងអស់នូវអ្វីដែលសាតាំងព្យាយាមធ្វើ ហើយព្រះជាម្ចាស់មិនបោះបង់ចោលអស់អ្នកដែលព្រះអង្គបានជ្រើសរើសនោះទេ។ ផ្ទុយទៅវិញ ព្រះជាម្ចាស់ធ្វើអ្វីគ្រប់យ៉ាងដែលចាំបាច់ដោយអាថ៌កំបាំង និងស្ងៀមស្ងាត់ ហើយក៏មិនធ្វើឱ្យមានការចាប់អារម្មណ៍អ្វីមួយដែរ។ នៅពេលដែលព្រះជាម្ចាស់ចាប់ផ្តើមធ្វើការលើនរណាម្នាក់ នៅពេលដែលព្រះអង្គបានជ្រើសរើសនរណាម្នាក់ គឺព្រះអង្គមិនបានប្រកាសដំណឹងនេះប្រាប់ដល់នរណាម្នាក់ ឬក៏ដល់សាតាំងឡើយ រឹតតែមិនសម្ដែងកាយវិការធំដុំណាមួយនោះឡើយ។ ព្រះអង្គគ្រាន់តែធ្វើកិច្ចការអ្វីដែលចាំបាច់ទៅតាមធម្មជាតិ និងដោយស្ងាត់ស្ងៀមជាទីបំផុត។ ជាដំបូង គឺព្រះអង្គ ទ្រង់ជ្រើសរើសគ្រួសារមួយសម្រាប់អ្នក សាវតាគ្រួសារ ឪពុកម្តាយ ជីដូនជីតារបស់អ្នកជាដើម ទាំងអស់នេះ គឺព្រះជាម្ចាស់បានសម្រេចព្រះហឫទ័យទុកជាមុនរួចទៅហើយ។ អាចនិយាយម៉្យាងទៀតថា គឺព្រះជាម្ចាស់មិនបានធ្វើការសម្រេចព្រះហឫទ័យរឿងទាំងនេះដោយព្រះតម្រិះភ្លាមធ្វើភ្លាមនោះទេ តែផ្ទុយទៅវិញ គឺព្រះអង្គបានចាប់ផ្តើមការងារនេះជាយូរមកហើយ។ នៅពេលដែលព្រះជាម្ចាស់បានជ្រើសរើសគ្រួសារមួយសម្រាប់អ្នក គឺព្រះអង្គនឹងជ្រើសរើសយកថ្ងៃដែលអ្នកនឹងត្រូវចាប់កំណើតមកជាមុន។ បន្ទាប់មកទៀត ព្រះជាម្ចាស់ទតមើលនៅពេលដែលអ្នកកើតមក និងនៅពេលដែលអ្នកស្រែកយំនៅលើពិភពលោកនេះ។ ព្រះអង្គឃ្លាំមើលកំណើតរបស់អ្នក ឃ្លាំមើលនៅពេលដែលអ្នកចាំផ្តើមនិយាយពាក្យដំបូង ឃ្លាំមើលនៅពេលដែលអ្នកជំពប់ជើង និងបោះជំហានដំបូងរបស់អ្នក នៅពេលដែលអ្នករៀនដើរលើកដំបូង។ ជាដំបូង អ្នកបោះមួយជំហាន ហើយបន្ទាប់មក អ្នកបោះមួយជំហានទៀត រហូតទាល់តែអ្នកអាចរត់ លោត និយាយ និងសម្ដែងអារម្មណ៍របស់អ្នកបាន...។ នៅពេលដែលមនុស្សធំឡើង សាតាំងចាប់ផ្តើមសម្លក់សម្លឹងដោយមិនដាក់ភ្នែកទៅលើពួកគេម្នាក់ៗ ដូចជាសត្វខ្លាកំពុងសម្លឹងមើលចំណីរបស់វាយ៉ាងដូច្នោះដែរ។ ក៏ប៉ុន្តែ នៅក្នុងការបំពេញកិច្ចការរបស់ព្រះអង្គ គឺព្រះជាម្ចាស់មិនដែលស្ថិតនៅក្រោមការដាក់កម្រិតណាមួយដែលកើតឡើងពីមនុស្ស ព្រឹត្តិការណ៍ ឬវត្ថុនៃទីកន្លែង ឬពេលវេលាឡើយ ព្រះអង្គធ្វើអ្វីដែលព្រះអង្គគួរធ្វើ និងអ្វីដែលព្រះអង្គត្រូវតែធ្វើដែរ។ នៅក្នុងដំណើរការនៃការធំពេញរូបពេញរាង អ្នកអាចនឹងជួបរឿងរ៉ាវជាច្រើនដែលអ្នកមិនចូលចិត្ត ដូចជាជំងឺ និងការខកចិត្តជាដើម។ ក៏ប៉ុន្តែ នៅពេលដែលអ្នកដើរតាមផ្លូវនេះ ជីវិតនិងអនាគតរបស់អ្នកស្ថិតនៅក្រោមការយកព្រះហឫទ័យទុកដាក់របស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់ជាអ្នកប្រទាននូវការធានាដ៏ពិតប្រាកដមួយដល់ជីវិតរបស់អ្នកអស់មួយជីវិត ពីព្រោះព្រះអង្គគង់នៅក្បែរអ្នក ការពារអ្នក ហើយមើលថែរក្សាអ្នកគ្រប់ពេលវេលា។ អ្នកធំពេញវ័យឡើងដោយមិនបានដឹងអំពីរឿងនេះទេ។ អ្នកចាប់ផ្តើមមានទំនាក់ទំនងជាមួយរបស់ថ្មីៗ ហើយចាប់ផ្តើមស្គាល់ពិភពលោក និងមនុស្សជាតិនេះ។ អ្វីគ្រប់យ៉ាងគឺស្រស់ស្អាត និងថ្មីសម្រាប់អ្នក។ អ្នកមានរឿងខ្លះដែលអ្នកចូលចិត្តធ្វើ។ អ្នករស់នៅក្នុងភាពជាមនុស្សផ្ទាល់ខ្លួនរបស់អ្នក អ្នករស់នៅក្នុងតំបន់របស់ខ្លួនឯង ហើយអ្នកមានជាការយល់ឃើញតិចតួចអំពីអត្ថិភាពរបស់ព្រះជាម្ចាស់។ ក៏ប៉ុន្តែ ព្រះជាម្ចាស់ទតមើលអ្នកគ្រប់ជំហាននៃការធំពេញវ័យឡើងរបស់អ្នក ហើយព្រះអង្គក៏ទតមើលអ្នកនៅពេលដែលអ្នកបោះជំហានទៅមុខដែរ។ សូម្បីតែនៅពេលដែលអ្នកកំពុងរៀនចំណេះដឹង ឬសិក្សាអំពីវិទ្យាសាស្ត្រ ក៏ព្រះជាម្ចាស់មិនដែលទុកឱ្យអ្នកនៅឆ្ងាយពីព្រះអង្គមួយជំហានណាឡើយ។ អ្នកក៏មិនខុសគ្នាពីមនុស្សដទៃទៀតដែរ នៅក្នុងការស្គាល់ពិភពលោក និងចូលរួមជាមួយវា អ្នកបានបង្កើតឧត្តមគតិផ្ទាល់ខ្លួន អ្នកមានចំណង់ចំណូលចិត្តផ្ទាល់ខ្លួន មានចំណាប់អារម្មណ៍ផ្ទាល់ខ្លួន ហើយអ្នកក៏មានមហិច្ឆតាខ្ពស់ដែរ។ ជារឿយៗ អ្នករាល់គ្នាតែងតែពិចារណាអំពីអនាគតរបស់ខ្លួន តែងតែគូសព្រាងពីគម្រោងអនាគតរបស់អ្នកថានឹងទៅជាយ៉ាងណា។ ក៏ប៉ុន្តែ ទោះបីមានបញ្ហាអ្វីកើតឡើងក៏ដោយ ក៏ព្រះជាម្ចាស់ទតឃើញវាយ៉ាងច្បាស់ដែរ។ ប្រហែលជាអ្នកខ្លួនឯងបានភ្លេចពីអតីតកាលរបស់ខ្លួន ក៏ប៉ុន្តែ ចំពោះព្រះជាម្ចាស់វិញ គឺគ្មាននរណាម្នាក់អាចយល់ពីអ្នកប្រសើរជាងព្រះអង្គឡើយ។ អ្នករស់នៅក្រោមការឃ្លាំមើលរបស់ព្រះជាម្ចាស់ រហូតទាល់តែធំធាត់ពេញវ័យឡើង។ នៅក្នុងអំឡុងពេលនេះ ភារកិច្ចសំខាន់ជាងគេបំផុតរបស់ព្រះជាម្ចាស់ គឺជាអ្វីមួយដែលគ្មាននរណាម្នាក់អាចយល់ និងដឹងមុនបានឡើយ។ ពិតប្រាកដណាស់ គឺព្រះជាម្ចាស់មិនមានបន្ទូលប្រាប់នរណាម្នាក់អំពីរឿងនេះទេ។ ដូច្នេះតើអ្វីគឺជារឿងដ៏សំខាន់បំផុត? អាចនិយាយបានថា វាជាការធានាថា ព្រះជាម្ចាស់នឹងជួយសង្គ្រោះមនុស្សទាំងអស់។ នេះមានន័យថា ប្រសិនបើព្រះជាម្ចាស់ចង់ជួយសង្គ្រោះបុគ្គលនេះ គឺព្រះអង្គនឹងធ្វើយ៉ាងជាក់។ កិច្ចការនេះ គឺសំខាន់ណាស់សម្រាប់មនុស្ស និងព្រះជាម្ចាស់។ តើអ្នករាល់គ្នាដឹងថា វាជាអ្វីដែរទេ? វាហាក់ដូចជាអ្នករាល់គ្នាមិនមានអារម្មណ៍អំពីបញ្ហានេះ ឬគំនិតណាមួយទាល់តែសោះ ដូច្នេះ ខ្ញុំនឹងប្រាប់អ្នករាល់គ្នា។ ចាប់តាំងពីពេលដែលអ្នកកើតមករហូតមកដល់ពេលបច្ចុប្បន្ននេះ ព្រះជាម្ចាស់បានបំពេញកិច្ចការជាច្រើនដល់អ្នក ក៏ប៉ុន្តែព្រះអង្គមិនបានឱ្យអ្នកជ្រាបពីអ្វីៗគ្រប់ផ្នែកដែលព្រះអង្គបានធ្វើនោះទេ។ ព្រះជាម្ចាស់មិនបានអនុញ្ញាតឱ្យអ្នកដឹងពីរឿងនេះទេ ហើយព្រះអង្គក៏មិនបានប្រាប់អ្នកដែរ។ ទោះយ៉ាងណាក៏ដោយ សម្រាប់មនុស្សជាតិ អ្វីគ្រប់យ៉ាងដែលព្រះអង្គធ្វើគឺសំខាន់ទាំងអស់។ ដរាបណាព្រះជាម្ចាស់យកព្រះហឫទ័យទុកដាក់ គឺព្រះអង្គត្រូវតែធ្វើ។ នៅក្នុងព្រះហឫទ័យរបស់ព្រះអង្គ មានរឿងរ៉ាវដ៏សំខាន់ដែលព្រះអង្គត្រូវតែធ្វើ ដើម្បីយកឈ្នះលើរឿងរ៉ាវទាំងអស់នេះ។ នោះគឺចាប់ពីពេលដែលមនុស្សម្នាក់កើតមករហូតមកដល់សព្វថ្ងៃនេះ ព្រះជាម្ចាស់ត្រូវតែធានាពីសុវត្ថិភាពរបស់ពួកគេ។ នៅពេលដែលអ្នកឮពាក្យទាំងនេះ អ្នកអាចមានអារម្មណ៍ថា អ្នករាល់គ្នាមិនយល់ច្បាស់។ អ្នកអាចសួរថា «តើសុវត្ថិភាពនេះ វាសំខាន់ណាស់មែនទេ?» តើអ្វីទៅជាអត្ថន័យពិតនៃពាក្យ «សុវត្ថិភាព» នេះ? ប្រហែលជាអ្នករាល់គ្នាយល់ថា វាមានន័យថា សន្តិភាព ឬប្រហែលជាអ្នករាល់គ្នាយល់ថា វាមានន័យថា មិនដែលជួបប្រទះគ្រោះមហន្តរាយ ឬការអាក្រក់ រស់នៅបានសុខ ឬរស់នៅធម្មតាជាដើម។ ក៏ប៉ុន្តែ នៅក្នុងចិត្តរបស់អ្នក អ្នកត្រូវតែដឹងថា វាមិនមែនសាមញ្ញបែបនោះទេ។ ដូច្នេះ តើអ្វីជារឿងដែលព្រះជាម្ចាស់ត្រូវតែធ្វើ ដែលខ្ញុំចង់និយាយពិតប្រាកដនោះ? តើពាក្យសុវត្ថិភាពមានន័យយ៉ាងណាចំពោះព្រះជាម្ចាស់? តើវាពិតជាការធានានូវអត្ថន័យធម្មតានៃពាក្យ «សុវត្ថិភាព» មែនទេ? ទេ! មិនមែនបែបហ្នឹងឡើយ។ ដូច្នេះ តើអ្វីទៅដែលព្រះជាម្ចាស់ធ្វើ? ពាក្យ «សុវត្ថិភាព» នេះមានន័យថា អ្នកនឹងមិនត្រូវសាតាំងលេបត្របាក់ឡើយ។ តើនេះសំខាន់ដែរទេ? តើការដែលមិនត្រូវសាតាំងលេបត្របាក់នេះចាត់ទុកថាមានសុវត្ថិភាពចំពោះអ្នក ឬអត់? ពិតណាស់ វារាប់ថាជាសុវត្ថិភាពផ្ទាល់ខ្លួនរបស់អ្នក ហើយវាគ្មានអ្វីសំខាន់ជាងនេះទៀតទេ។ នៅពេលដែលអ្នកត្រូវបានសាតាំងលេបត្របាក់ នោះព្រលឹងនិងសាច់ឈាមរបស់អ្នកលែងជាកម្មសិទ្ធិរបស់ព្រះជាម្ចាស់ទៀតហើយ។ ព្រះជាម្ចាស់ក៏នឹងលែងជួយសង្រ្គោះអ្នកទៀតដែរ។ ព្រះជាម្ចាស់បោះបង់ចោលព្រលឹង និងមនុស្សដែលត្រូវបានសាតាំងលេបត្របាក់។ ដូច្នេះ ខ្ញុំនិយាយអ្វីដែលសំខាន់បំផុតដែលព្រះជាម្ចាស់ត្រូវធ្វើ គឺធានាពីសុវត្ថិភាពរបស់អ្នក ដើម្បីធានាថាអ្នកនឹងមិនត្រូវបានសាតាំងលេបត្របាក់ឡើយ។ នេះពិតជាសំខាន់ណាស់មែនទេ? ដូច្នេះ ហេតុអ្វីបានជាអ្នកមិនអាចឆ្លើយបាន? អ្នកហាក់បីដូចជាមិនអាចមានអារម្មណ៍ដឹងពីសេចក្ដីសប្បុរសដ៏ធំធេងរបស់ព្រះជាម្ចាស់!
ព្រះជាម្ចាស់ធ្វើលើសពីការធានាពីសុវត្ថិភាពរបស់មនុស្សច្រើនណាស់ ដោយការធានាថាពួកគេនឹងមិនត្រូវបានលេបត្របាក់ដោយសាតាំងឡើយ។ ព្រះជាម្ចាស់ក៏ធ្វើកិច្ចការត្រៀមជាច្រើនមុននឹងជ្រើសរើស ហើយសង្គ្រោះនរណាម្នាក់។ ជាដំបូង ព្រះជាម្ចាស់រៀបចំកិច្ចការយ៉ាងល្អិតល្អន់ទាក់ទងនឹងចរិតលក្ខណៈដែលអ្នកនឹងមាន តើអ្នកត្រូវកើតនៅក្នុងត្រកូលគ្រួសារបែបណា តើនរណាជាឪពុក ជាម្ដាយរបស់អ្នក តើអ្នកនឹងមានបងប្អូនប្រុសស្រីប៉ុន្មាននាក់ តើគ្រួសារដែលអ្នកកើតមកនោះនឹងមានជីវភាពរស់នៅ ស្ថានភាពសេដ្ឋកិច្ច និងលក្ខខណ្ឌគ្រួសារបែបណា។ តើអ្នកដឹងទេថា រាស្ដ្ររើសតាំងរបស់ព្រះជាម្ចាស់ភាគច្រើននឹងកើតនៅក្នុងគ្រួសារប្រភេទណា? តើពួកគេជាគ្រួសារលេចធ្លោទេ? យើងមិនអាចនិយាយឱ្យប្រាកដថា គ្មាននរណាម្នាក់ដែលកើតនៅក្នុងគ្រួសារលេចធ្លោនោះទេ។ វាអាចមានខ្លះដែរ ក៏ប៉ុន្តែពួកគេមានតិចតួចណាស់។ តើពួកគេនឹងកើតក្នុងគ្រួសារដែលមានទ្រព្យសម្បត្តិមហាសាល គ្រួសារមហាសេដ្ឋីដែលមានប្រាក់រាប់ពាន់លាន ឬសេដ្ឋីប្រាក់រាប់លានមែនទេ? ទេ! មិនដូច្នោះទេ គឺពួកគេស្ទើរតែមិនដែលកើតនៅក្នុងគ្រួសារប្រភេទនេះទេ។ ដូច្នេះ តើព្រះជាម្ចាស់រៀបចំគ្រួសារបែបណា សម្រាប់មនុស្សទាំងនេះ? (គឺគ្រួសារធម្មតា។) ដូច្នេះតើក្រុមគ្រួសារណាដែលអាចត្រូវបានចាត់ទុកថាជា «គ្រួសារធម្មតា»? ពួកគេរាប់បញ្ចូលគ្រួសារដែលធ្វើការងារ ពោលគឺអ្នកដែលពឹងផ្អែកលើប្រាក់ឈ្នួលដើម្បីចិញ្ចឹមជីវិត ដែលអាចមានលទ្ធភាពបំពេញនូវតម្រូវការចាំបាច់ប្រចាំថ្ងៃ និងមិនមែនជាអ្នកដែលមានជីវភាពប្រសើរនោះទេ ហើយពួកគេក៏រួមបញ្ចូលក្រុមគ្រួសារកសិករដែរ។ កសិករពឹងផ្អែកលើការដាំដុះសម្រាប់ធ្វើជាម្ហូបចំណីររបស់ពួកគេ មានគ្រាប់ធញ្ញជាតិសម្រាប់បរិភោគ និងមានសម្លៀកបំពាក់សម្រាប់ស្លៀកពាក់ ដើម្បីកុំឱ្យអត់ឃ្លាន និងរងារជាដើម។ បន្ទាប់មក មានគ្រួសារខ្លះដែលបើកអាជីវកម្មខ្នាតតូច ហើយខ្លះទៀតមានឪពុកម្តាយជាបញ្ញវន្ត ហើយទាំងនេះក៏អាចត្រូវបានរាប់ជាគ្រួសារសាមញ្ញដែរ។ ក៏មានឪពុកម្តាយខ្លះដែលជាបុគ្គលិកការិយាល័យ ឬមន្រ្តីរាជការដែលមានបុណ្យស័ក្ដិតូចទាបជាដើម ដែលមិនអាចត្រូវបានរាប់ថាជាគ្រួសារលេចធ្លោនោះទេ។ ភាគច្រើនកើតក្នុងគ្រួសារសាមញ្ញ ហើយអ្វីៗទាំងអស់នេះត្រូវបានព្រះជាម្ចាស់រៀបចំឡើង។ នោះមានន័យថា ដំបូងបង្អស់គឺបរិយាកាសដែលអ្នករស់នៅនេះ គឺមិនមែនជាក្រុមគ្រួសារក្រាស់ក្រែល ដែលមនុស្សអាចស្រមៃនោះទេ ហើយនេះគឺជាគ្រួសារដែលព្រះជាម្ចាស់បានរៀបចំសម្រាប់អ្នក ហើយមនុស្សភាគច្រើននឹងរស់នៅក្នុងដែនកំណត់នៃក្រុមគ្រួសារប្រភេទនេះ។ ហើយចុះចំពោះឋានៈសង្គមវិញយ៉ាងម៉េចដែរ? ស្ថានភាពសេដ្ឋកិច្ចរបស់ឪពុកម្តាយភាគច្រើន គឺមធ្យម ហើយពួកគេមិនមានឋានៈសង្គមខ្ពង់ខ្ពស់អ្វីនោះទេ សម្រាប់ពួកគេការមានការងារធ្វើ នោះគឺគ្រប់គ្រាន់ទៅហើយ។ តើពួកគេរួមបញ្ចូលទាំងអភិបាលដែរឬទេ? ឬប្រធានាធិបតីនៃជាតិសាសន៍ដែរទេ? អត់ទេ មែនទេ? ភាគច្រើនពួកគេជាអ្នកគ្រប់គ្រងអាជីវកម្មខ្នាតតូច ឬជាម្ចាស់អាជីវកម្មខ្នាតតូចតែប៉ុណ្ណោះ។ ឋានៈសង្គមរបស់ពួកគេគឺមានលក្ខណៈធម្មតា ហើយស្ថានភាពសេដ្ឋកិច្ចរបស់ពួកគេក៏មធ្យមដែរ។ កត្តាមួយទៀត គឺបរិយាកាសរស់នៅរបស់គ្រួសារ។ ដំបូងបង្អស់ គ្មានឪពុកម្តាយក្នុងចំណោមគ្រួសារទាំងនេះដែលអាចមានឥទ្ធិពលលើកូនៗរបស់ពួកគេឱ្យដើរតាមផ្លូវដ៏ល្អក្រៃលែង និងទៅតាមការទស្សន៍ទាយនោះទេ ទាំងនេះគឺមានតិចតួចណាស់ដែលចូលរួមក្នុងរឿងបែបនេះ។ ឪពុកម្តាយភាគច្រើនគឺធម្មតា។ ស្របពេលដែលព្រះជាម្ចាស់ជ្រើសរើសមនុស្ស ព្រះអង្គបានរៀបចំបរិយាកាសប្រភេទនេះសម្រាប់ពួកគេ ដែលជាគុណប្រយោជន៍យ៉ាងខ្លាំងដល់កិច្ចការរបស់ព្រះអង្គក្នុងការជួយសង្គ្រោះមនុស្ស។ មើលពីក្រៅ មើលទៅដូចជាព្រះជាម្ចាស់មិនបានធ្វើអ្វីពិសេសសម្រាប់មនុស្សឡើយ គឺព្រះអង្គគ្រាន់តែដំណើរការដោយស្ងាត់ស្ងៀម និងដោយសម្ងាត់ ដើម្បីធ្វើអ្វីទាំងអស់ដែលព្រះអង្គធ្វើ ដោយបន្ទាបព្រះអង្គទ្រង់ និងនៅស្ងៀម។ ក៏ប៉ុន្តែតាមពិតទៅ អ្វីៗទាំងអស់ដែលព្រះជាម្ចាស់ធ្វើ គឺព្រះអង្គធ្វើដើម្បីចាក់គ្រឹះសម្រាប់សេចក្ដីសង្រ្គោះរបស់អ្នក ដើម្បីរៀបចំផ្លូវទៅមុខ និងគ្រប់លក្ខខណ្ឌចាំបាច់សម្រាប់សេចក្ដីសង្គ្រោះរបស់អ្នក។ បន្ទាប់មក ព្រះជាម្ចាស់នាំមនុស្សគ្រប់គ្នាត្រឡប់មកវិញនៅចំពោះព្រះអង្គ តាមពេលវេលាដែលបានកំណត់ គឺជាពេលដែលអ្នកនឹងឮព្រះសូរសៀងរបស់ព្រះជាម្ចាស់ និងជាពេលដែលអ្នកចូលមកចំពោះទ្រង់។ នៅពេលដែលរឿងនេះកើតឡើង មនុស្សខ្លះបានក្លាយជាឪពុកម្តាយរបស់ពួកគេរួចទៅហើយ ខណៈដែលអ្នកផ្សេងទៀតនៅតែជាកូនរបស់នរណាម្នាក់ផ្សេងទៀតនៅឡើយ។ អាចនិយាយម៉្យាងទៀតបានថា អ្នកខ្លះបានរៀបការ និងមានកូនមានចៅ រីឯអ្នកខ្លះទៀតនៅលីវ មិនទាន់រៀបការកសាងគ្រួសារសម្រាប់ខ្លួននៅឡើយ។ ប៉ុន្តែទោះជាមានស្ថានភាពយ៉ាងណាក៏ដោយ ក៏ព្រះជាម្ចាស់បានកំណត់ពេលវេលា ដែលអ្នកនឹងត្រូវបានជ្រើសរើស ហើយនៅពេលណាដែលដំណឹងល្អ និងព្រះបន្ទូលរបស់ព្រះអង្គបានទៅដល់អ្នកដែរ។ ព្រះជាម្ចាស់បានកំណត់កាលៈទេសៈ ហើយបានរៀបចំមនុស្ស ឬបរិបទជាក់លាក់មួយរួចទៅហើយ ដើម្បីឱ្យដំណឹងល្អបានចូលទៅដល់អ្នក ដើម្បីឱ្យអ្នកបានឮព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់បានរៀបចំសម្រាប់អ្នកនូវលក្ខខណ្ឌចាំបាច់ទាំងអស់។ តាមរបៀបនេះ ទោះបីមនុស្ស មិនដឹងថាវាកំពុងកើតឡើងក៏ដោយ ក៏មនុស្សចូលមករកព្រះអង្គ ហើយវិលត្រឡប់មកឯគ្រួសាររបស់ព្រះជាម្ចាស់វិញដែរ។ មនុស្សក៏ដើរតាមព្រះជាម្ចាស់ដោយមិនដឹងខ្លួន ហើយចូលក្នុងជំហាននីមួយៗនៃកិច្ចការរបស់ព្រះអង្គ ព្រមទាំងចូលទៅក្នុងជំហាននីមួយៗរបស់ផ្លូវនៃកិច្ចការរបស់ព្រះអង្គ ដែលទ្រង់បានរៀបចំសម្រាប់មនុស្សដែរ។ តើព្រះជាម្ចាស់ ប្រើវិធីអ្វីខ្លះនៅពេលដែលព្រះអង្គធ្វើអ្វីៗសម្រាប់មនុស្សនៅពេលនេះ? ជាដំបូង រឿងដ៏សំខាន់ជាងគេ គឺការយកព្រះហឫទ័យទុកដាក់ និងការការពារសេចក្តីសុខរបស់មនុស្ស។ ក្រៅពីនេះ ព្រះជាម្ចាស់កំណត់មនុស្ស ព្រឹត្តិការណ៍ និងរឿងរ៉ាវផ្សេងៗជាច្រើន ដើម្បីឱ្យមនុស្សបានឃើញពីអត្ថិភាព និងការប្រព្រឹត្តរបស់ព្រះអង្គ។ ឧទាហរណ៍ មានមនុស្សមួយចំនួនបានជឿលើព្រះជាម្ចាស់ ដោយព្រោះតែមាននរណាម្នាក់នៅក្នុងគ្រួសាររបស់ពួកគេឈឺ។ នៅពេលដែលអ្នកផ្សេងទៀតផ្សព្វផ្សាយដំណឹងល្អដល់ពួកគេ នោះពួកគេក៏ចាប់ផ្តើមជឿលើព្រះជាម្ចាស់ ហើយជំនឿលើព្រះជាម្ចាស់ កើតឡើងដោយសារស្ថានភាពបែបនេះឯង។ ដូច្នេះតើអ្នកណាជាអ្នករៀបចំស្ថានការណ៍នេះ? (គឺព្រះជាម្ចាស់។) តាមរយៈជំងឺនេះ ក្រុមគ្រួសារខ្លះមានសមាជិកទាំងអស់បានទទួលជឿ ហើយខ្លះទៀតក៏មានសមាជិកមួយចំនួនបានទទួលជឿផងដែរ។ បើមើលពីខាងក្រៅ វាហាក់ដូចជាមាននរណាម្នាក់នៅក្នុងគ្រួសាររបស់អ្នកមានជំងឺ ក៏ប៉ុន្តែតាមពិតទៅ វាជាលក្ខខណ្ឌដែលបានផ្តល់ឱ្យអ្នក ដើម្បីឱ្យអ្នកអាចចូលមកឯព្រះជាម្ចាស់ ហើយនេះគឺជាសេចក្តីសប្បុរសរបស់ព្រះជាម្ចាស់។ សម្រាប់មនុស្សមួយចំនួន ជីវិតគ្រួសារពិតជាមានការលំបាកណាស់ ពួកគេមិនដែលស្គាល់ទេសេចក្តីសុខនៅក្នុងជីវិត ក្រោយមកមានគេផ្សាយដំណឹងល្អ ហើយបា្រប់ថា «ចូរជឿលើព្រះអម្ចាស់យេស៊ូវទៅ នោះអ្នកនឹងមានសេចក្តីសុខសាន្ត» ដូច្នេះ ពួកគេក៏សម្រេចចិត្តជឿលើព្រះជាម្ចាស់ដោយឯកឯង ទាំងមិនដឹងខ្លួន ដូច្នេះ តើនេះមិនមែនជាប្រភេទនៃលក្ខខណ្ឌទេឬ? តាមពិតទៅ គឺក្រុមគ្រួសាររបស់ពួកគេមិនដែលមានសេចក្តីសុខសាន្តមែន តែព្រះគុណរបស់ព្រះអង្គបានគ្របដណ្តប់លើពួកគេវិញ។ ហើយក៏មានអ្នកខ្លះទៀត បានទទួលជឿលើព្រះជាម្ចាស់ ដោយសារហេតុផលផ្សេងៗទៀតដែរ។ មានហេតុផល និងរបៀបផ្សេងៗគ្នាជាច្រើននៃជំនឿរបស់មនុស្សម្នាក់ៗ ក៏ប៉ុន្តែមិនខ្វល់ថាហេតុផលអ្វីដែលនាំឱ្យអ្នកទទួលជឿលើព្រះជាម្ចាស់នោះទេ តែអ្នកត្រូវតែដឹងថា គ្រប់អ្វីទាំងអស់គឺព្រះជាម្ចាស់ជាអ្នករៀបចំ និងដឹកនាំវិញ។ ជាដំបូង ព្រះជាម្ចាស់ប្រើវិធីផ្សេងៗដើម្បីជ្រើសរើសអ្នក និងនាំអ្នកមកក្នុងគ្រួសាររបស់ព្រះអង្គ។ នេះគឺជាព្រះគុណ ដែលព្រះជាម្ចាស់ប្រទានដល់មនុស្សគ្រប់ៗគ្នា។
នៅក្នុងដំណាក់កាលនៃកិច្ចការបច្ចុប្បន្នរបស់ព្រះជាម្ចាស់ក្នុងរឿងទាំងនេះ គឺនៅគ្រាចុងក្រោយ ព្រះអង្គលែងប្រទានព្រះគុណ និងព្រះពរដល់មនុស្ស ដូចកាលដែលព្រះអង្គធ្វើពីមុនទៀតហើយ ហើយព្រះអង្គក៏នឹងមិនបញ្ចុះបញ្ចូលឱ្យមនុស្សប្រឹងឆ្ពោះទៅមុខទៀតដែរ។ ក្នុងអំឡងពេលនៃដំណាក់កាលនៃកិច្ចការនេះ តើមនុស្សបានឃើញអ្វីខ្លះ ពីគ្រប់ផ្នែកនៃកិច្ចការរបស់ព្រះជាម្ចាស់ ដែលពួកគេបានឆ្លងកាត់នោះ? មនុស្សបានឃើញសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ ការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះអង្គ។ ក្នុងអំឡុងពេលនេះ ព្រះជាម្ចាស់ប្រទាននូវការផ្គត់ផ្គង់ ការបំភ្លឺ និងកាដឹកនាំដល់មនុស្ស ដូច្នេះមនុស្សក៏ចាប់ផ្តើមស្គាល់បំណងព្រះហឫទ័យរបស់ព្រះអង្គបន្តិចម្តងៗ ព្រមទាំងស្គាល់ព្រះបន្ទូលដែលព្រះអង្គមានបន្ទូល ហើយនិងស្គាល់ពីសេចក្តីពិតដែលព្រះអង្គបានប្រទានទៅដល់មនុស្សដែរ។ នៅពេលដែលមនុស្សទន់ខ្សោយ នៅពេលដែលពួកគេត្រូវបានបោះបង់ចោល នៅពេលដែលពួកគេគ្មានកន្លែងត្រូវទៅ នោះព្រះជាម្ចាស់នឹងប្រើព្រះបន្ទូលរបស់ព្រះអង្គ ដើម្បីលួងលោម ផ្តល់ដំបូន្មាន និងលើកទឹកចិត្តដល់ពួកគេ ដើម្បីឱ្យមនុស្សដែលកម្ពស់តូចទាបអាចមានកម្លាំងជាបន្តបន្ទាប់ មានភាពវិជ្ជមានផុសឡើង ហើយនិងមានឆន្ទៈក្នុងការសហការជាមួយព្រះជាម្ចាស់។ ក៏ប៉ុន្តែ នៅពេលដែលមនុស្សមិនស្តាប់បង្គាប់ព្រះជាម្ចាស់ ប្រឆាំងនឹងព្រះអង្គ ឬនៅពេលដែលមនុស្សបង្ហាញពីសេចក្ដីអាក្រក់របស់ពួកគេ នោះព្រះជាម្ចាស់នឹងមិនសំដែងសេចក្តីមេត្តាករុណា នៅក្នុងការវាយផ្ចាល និងការដាក់វិន័យចំពោះមនុស្សឡើយ។ ទោះយ៉ាងណា ព្រះជាម្ចាស់នឹងបង្ហាញសេចក្តីត្រាប្រណី និងការអត់ធ្មត់ចំពោះភាពល្ងង់ខ្លៅ ភាពល្ងីល្ងើ ភាពទន់ខ្សោយ និងភាពមិនទាន់ពេញវ័យរបស់មនុស្ស។ តាមរបៀបនេះ តាមរយៈការងារទាំងអស់ដែលព្រះជាម្ចាស់ធ្វើសម្រាប់មនុស្ស មនុស្សក៏មានភាពរីកចម្រើន លូតលាស់បន្តិចម្តងៗ និងស្គាល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ស្គាល់សេចក្ដីពិតយ៉ាងជាក់ ស្គាល់ថាអ្វីវិជ្ជមាន អ្វីអវិជ្ជមាន ព្រមទាំងស្គាល់អ្វីដែលអាក្រក់ និងខ្មៅងងឹតដែរ។ ព្រះជាម្ចាស់មិនមែនចាំតែវាយផ្ចាល និងប្រៀនប្រដៅមនុស្សគ្រប់ពេលនោះទេ ហើយព្រះអង្គក៏មិនបង្ហាញការលើកលែង និងការអត់ធ្មត់ជារៀងរហូតដែរ។ ផ្ទុយទៅវិញ ព្រះអង្គប្រទានឱ្យមនុស្សម្នាក់ៗតាមរបៀបផ្សេងៗពីគ្នា តាមភាពខុសគ្នានៃដំណាក់កាល និងយោងតាមកម្ពស់ និងគុណសម្បត្តិផ្សេងគ្នារបស់ពួកគេរៀងៗខ្លួន។ ព្រះអង្គធ្វើអ្វីៗជាច្រើនសម្រាប់មនុស្ស ទាំងចេញថ្លៃជំនួសពួកគេដ៏ធំធេង រីឯមនុស្សមិនបានដឹងអ្វី ឬចំណាយអ្វីទាល់តែសោះ ក៏ប៉ុន្ដែអ្វីៗទាំងអស់ដែលព្រះអង្គធ្វើ គឺព្រះអង្គពិតជាធ្វើសម្រាប់មនុស្សគ្រប់ៗគ្នា។ សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ មានភាពជាក់ស្ដែង៖ តាមរយៈព្រះគុណនៃព្រះ មនុស្សចៀសផុតពីគ្រោះមហន្តរាយ មួយហើយ មួយទៀត ហើយរាល់ពេល ព្រះជាម្ចាស់បង្ហាញសេចក្តីត្រាប្រណីម្តងហើយម្តងទៀត ចំពោះភាពទន់ខ្សោយរបស់មនុស្ស។ ការជំនុំជម្រះ និងការវាយផ្ចាលពីព្រះ ធ្វើឱ្យមនុស្សបានដឹងបន្តិចម្តងៗ ពីសេចក្ដីពុករលួយ និងសារជាតិបែបសាតាំងរបស់មនុស្ស។ អ្វីដែលព្រះជាម្ចាស់ប្រទានឱ្យ ការបំភ្លឺរបស់ព្រះអង្គសម្រាប់មនុស្ស និងគ្រប់ទាំងការដឹកនាំរបស់ព្រះអង្គ សុទ្ធតែដើម្បីឱ្យមនុស្សដឹងកាន់តែច្រើនពីសារជាតិនៃសេចក្តីពិត និងកាន់តែដឹងច្បាស់នូវអ្វីដែលជាសេចក្តីត្រូវការរបស់មនុស្ស ផ្លូវណាដែលពួកគេគួរដើរ ពួកគេរស់នៅដើម្បីអ្វី អ្វីខ្លះជាគុណតម្លៃ និងអត្ថន័យនៃជីវិតរបស់ពួកគេ និងរបៀបដើរនៅលើផ្លូវខាងមុខជាដើម។ គ្រប់កិច្ចការទាំងអស់ដែលព្រះជាម្ចាស់ធ្វើ គឺមិនអាចញែកចេញពីគោលបំណងដើមតែមួយរបស់ព្រះអង្គបានឡើយ។ ដូច្នេះ តើគោលបំណងនេះជាអ្វី? ហេតុអ្វីព្រះជាម្ចាស់ប្រើវិធីទាំងនេះ ដើម្បីបំពេញកិច្ចការរបស់ព្រះអង្គចំពោះមនុស្ស? តើព្រះអង្គចង់ទទួលបានលទ្ធផលអ្វី? ម៉្យាងទៀត តើព្រះអង្គចង់ឃើញអ្វីនៅក្នុងមនុស្ស? តើព្រះអង្គចង់បានអ្វីពីមនុស្ស? អ្វីដែលព្រះចង់ទតឃើញ គឺចិត្តមនុស្សអាចត្រឡប់ទៅសភាពដើមវិញ។ វិធីសាស្រ្តទាំងអស់ដែលព្រះជាម្ចាស់ប្រើដើម្បីធ្វើការលើមនុស្ស គឺជាការខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីដាស់ចិត្ត និងវិញ្ញាណរបស់មនុស្សឱ្យភ្ញាក់ឡើងវិញ និងដើម្បីជួយឱ្យមនុស្សអាចស្វែងយល់ថាពួកគេមកពីណា តើនរណាជាអ្នកដឹកនាំ គាំទ្រ និងផ្គត់ផ្គង់ដល់ពួកគេ ហើយតើនរណាដែលអនុញ្ញាតឱ្យមនុស្សរស់នៅរហូតដល់សព្វថ្ងៃនេះ។ រឿងទាំងនេះសុទ្ធតែជាមធ្យោបាយជួយមនុស្សឱ្យស្គាល់ថា នរណាជាព្រះអទិករ ពួកគេគួរថ្វាយបង្គំនរណា ផ្លូវណាដែលគេគួរដើរ ហើយតើមនុស្សគួរតែចូលមកចំពោះព្រះជាម្ចាស់តាមរបៀបណា។ ទាំងអស់នេះសុទ្ធតែជាមធ្យោបាយដើម្បីដាស់ចិត្តរបស់មនុស្សឱ្យងើបឡើងវិញជាបណ្តើរៗ ដើ្បម្បីឱ្យពួកគេស្គាល់ និងយល់ពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ ព្រមទាំងឱ្យយល់ពីការយកព្រះហឫទ័យទុកដាក់ និងព្រះតម្រិះដ៏អស្ចារ្យនៅពីក្រោយកិច្ចការរបស់ព្រះអង្គ ដើម្បីសង្រ្គោះមនុស្ស។ ពេលចិត្តមនុស្សភ្ញាក់រឮកឡើងវិញ នោះពួកគេលែងមានបំណងចង់រស់នៅក្នុងនិស្ស័យថោកទាប និងពុករលួយទៀតហើយ គឺពួកគេចង់ស្វែងរកសេចក្តីពិត ដើម្បីផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់វិញ។ នៅពេលដែលចិត្តរបស់មនុស្សបានភ្ញាក់ដឹងខ្លួនហើយ នៅពេលនោះមនុស្សអាចផ្តាច់ខ្លួនចេញពីសាតាំងបានទាំងស្រុង។ សាតាំងនឹងមិនអាចធ្វើទុក្ខដល់ពួកគេ ឬគ្រប់គ្រង និងពង្វក់ពួកគេបានទៀតឡើយ។ ផ្ទុយទៅវិញ មនុស្សអាចចូលរួមយ៉ាងសកម្មក្នុងកិច្ចការរបស់ព្រះជាម្ចាស់ និងព្រះបន្ទូលរបស់ទ្រង់ ដើម្បីគាប់ព្រះហឫទ័យព្រះជាម្ចាស់ ដោយការកោតខ្លាចដល់ព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់វិញ។ នេះជាគោលបំណងដើមនៃកិច្ចការរបស់ព្រះជាម្ចាស់។
ការពិភាក្សា ដែលយើងទើបតែបានលើកឡើងស្តីពីអំពើអាក្រក់របស់សាតាំង ធ្វើឱ្យគ្រប់គ្នាមានអារម្មណ៍ដូចជាមនុស្សកំពុងរស់នៅក្នុងអពមង្គលដ៏មហាសាល ដែលធ្វើឱ្យជីវិតរបស់មនុស្សពោរពេញទៅដោយភាពអកុសល។ ក៏ប៉ុន្តែឥឡូវនេះ នៅពេលដែលខ្ញុំកំពុងនិយាយអំពីភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ និងកិច្ចការដែលព្រះអង្គធ្វើចំពោះមនុស្ស តើវាធ្វើឱ្យអ្នកមានអារម្មណ៍យ៉ាងដូចម្តេច? (រីករាយណាស់។) យើងអាចមើលឃើញថា អ្វីៗដែលព្រះជាម្ចាស់ធ្វើ អ្វីៗទាំងអស់ដែលព្រះអង្គបានរៀបចំយ៉ាងយកព្រះហឫទ័យទុកដាក់សម្រាប់មនុស្ស គឺមិនចេះរីងស្ងួតឡើយ។ អ្វីគ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើ គឺគ្មានចន្លោះប្រហោងឡើយ មានន័យថា វាគ្មានកំហុសអ្វីទាល់តែសោះ ដោយមិនចាំបាច់ត្រូវការនរណាម្នាក់មកកែសម្រួល ណែនាំ ឬធ្វើការផ្លាស់ប្តូរអ្វីទាំងអស់។ អ្វីទាំងអស់ដែលព្រះជាម្ចាស់ធ្វើសម្រាប់បុគ្គលម្នាក់ៗ គឺហួសពីការងឿងឆ្ងល់ ហើយព្រះអង្គដឹកនាំមនុស្សគ្រប់គ្នាដោយព្រះហស្តរបស់ទ្រង់ផ្ទាល់ ព្រមទាំងមើលថែរក្សាអ្នកគ្រប់វិនាទី និងមិនដែលចាកចោលពីអ្នកឡើយ។ នៅពេលដែលមនុស្សធំឡើងនៅក្នុងបរិយាកាសបែបនេះ និងមានសាវតារបែបនេះ តើយើងអាចនិយាយបានថា មនុស្សធំធាត់ឡើងនៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់បានទេ? (បាន។) ដូច្នេះ មកទល់ពេលនេះ តើអ្នករាល់គ្នានៅតែមានអារម្មណ៍ថាបាត់បង់ដែរឬទេ? តើមានអ្នកណានៅតែមានអារម្មណ៍ថាខ្លួនត្រូវគេបោះបង់ចោលដែរឬទេ? តើមាននរណាម្នាក់គិតថាព្រះជាម្ចាស់បានបោះបង់ចោលមនុស្សជាតិដែរឬទេ? (មិនអាចទេ។) ដូច្នេះ តើព្រះជាម្ចាស់បានធ្វើអ្វីខ្លះនៅពេលនោះ? (គឺព្រះអង្គបានបន្ដថែរក្សាមនុស្សជាតិ។) ព្រះតម្រិះ និងការយកព្រះហឫទ័យទុកដាក់ដ៏អស្ចារ្យដែលព្រះដាក់លើអ្វីៗទាំងអស់ដែលព្រះអង្គធ្វើ គឺហួសពីការយល់ដឹងរបស់មនុស្ស។ អ្វីដែលសំខាន់ជាងនេះទៅទៀត គឺថាក្នុងគ្រប់កិច្ចការដែលព្រះអង្គធ្វើ គឺព្រះអង្គតែងតែធ្វើដោយគ្មានលក្ខខណ្ឌ។ ព្រះអង្គមិនដែលតម្រូវឱ្យអ្នកណាម្នាក់ក្នុងចំណោមអ្នកដឹងពីតម្លៃដែលព្រះអង្គបង់សម្រាប់អ្នក ដើម្បីធ្វើឱ្យអ្នកមានអារម្មណ៍ដឹងគុណយ៉ាងជ្រាលជ្រៅចំពោះព្រះអង្គឡើយ។ តើព្រះជាម្ចាស់ ដែលធ្លាប់ទាមទារបែបនេះពីអ្នកដែរទេ? (មិនអាចទេ។) នៅក្នុងដំណើរវែងឆ្ងាយនៃជីវិតរបស់មនុស្ស មនុស្សស្ទើរតែគ្រប់គ្នាបានជួបប្រទះនឹងស្ថានភាពដ៏គ្រោះថ្នាក់ និងប្រឈមមុខជាមួយសេចក្តីល្បួងជាច្រើន។ នេះគឺដោយសារតែសាតាំងកំពុងឈរនៅក្បែរអ្នក ហើយភ្នែករបស់វាកំពុងសម្លឹងមើលអ្នកជានិច្ច។ នៅពេលដែលគ្រោះមហន្តរាយវាយប្រហារអ្នក សាតាំងរីករាយនៅក្នុងរឿងនេះ នៅពេលទុក្ខវេទនាកើតឡើងចំពោះអ្នក នៅពេលដែលគ្មានរឿងល្អកើតឡើងសម្រាប់អ្នក នៅពេលដែលអ្នកធ្លាក់ចូលក្នុងសំណាញ់របស់សាតាំង គឺសាតាំងបានសើចសប្បាយនឹងរឿងទាំងអស់នេះវិញ។ តែចំណែកឯអ្វីដែលព្រះជាម្ចាស់កំពុងធ្វើ គឺព្រះអង្គកំពុងតែការពារអ្នកគ្រប់ពេលវេលា ហើយនាំអ្នកចេញឆ្ងាយពីរឿងអកុសលមួយហើយមួយទៀត ក៏ដូចជាចេញពីគ្រោះមហន្តរាយមួយហើយមួយទៀតដែរ។ ហេតុនេះហើយ បានជាខ្ញុំពោលថា អ្វីៗទាំងអស់ដែលមនុស្សមាន ដូចជាសេចក្តីសុខសាន្ត និងអំណរ ព្រះពរ និងសុវត្ថិភាពផ្ទាល់ខ្លួន គឺសុទ្ធតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះជាម្ចាស់ទាំងអស់ គឺព្រះអង្គជាអ្នកដឹកនាំ និងសម្រេចជោគវាសនារបស់មនុស្សម្នាក់ៗ។ ក៏ប៉ុន្តែ តើព្រះជាម្ចាស់មានឋានៈដ៏ខ្ពង់ខ្ពស់ដូចមនុស្សមួយចំនួននិយាយដែរទេ? តើព្រះជាម្ចាស់បានប្រកាសប្រាប់អ្នកថា «ខ្ញុំគឺអស្ចារ្យបំផុតលើសអ្វីៗទាំងអស់។ គឺខ្ញុំនេះហើយជាអ្នកមើលការខុសត្រូវលើអ្នករាល់គ្នា។ អ្នករាល់គ្នាត្រូវអង្វរដល់ខ្ញុំ សុំសេចក្ដីមេត្ដាករុណា ហើយការមិនស្ដាប់បង្គាប់នឹងត្រូវទទួលទណ្ឌកម្មដល់ស្លាប់» ដែរទេ? តើព្រះជាម្ចាស់ធ្លាប់គំរាមកំហែងមនុស្សជាតិតាមរបៀបនេះឬទេ? (មិនអាចទេ។) តើព្រះអង្គធ្លាប់មានបន្ទូលថា «មនុស្សជាតិពុករលួយ ដូច្នេះ ទោះបើខ្ញុំខំធ្វើបែបណាចំពោះពួកគេក៏ដោយ ក៏ពួកគេនៅតែប្រព្រឹត្តការអាក្រក់ដដែល។ ហេតុនេះ ខ្ញុំមិនចាំបាច់រៀបចំផ្លូវល្អសម្រាប់ពួកគេឡើយ» ដែរទេ? តើព្រះជាម្ចាស់ទ្រង់ព្រះតម្រិះបែបយ៉ាងដូច្នេះឬ? តើព្រះជាម្ចាស់ ទ្រង់បានប្រព្រឹត្ដបែបយ៉ាងដូច្នេះឬ? (អត់ទេ។) ផ្ទុយទៅវិញ គឺព្រះជាម្ចាស់ប្រព្រឹត្ដចំពោះមនុស្សម្នាក់ៗ ដោយស្មោះត្រង់ និងដោយការទទួលខុសត្រូវខ្ពស់។ ព្រះជាម្ចាស់ប្រព្រឹត្ដចំពោះអ្នក ប្រកបដោយទំនួលខុសត្រូវច្រើនជាងអ្នកធ្វើចំពោះខ្លួនឯងទៅទៀត។ តើមិនមែនដូច្នេះទេឬ? ព្រះជាម្ចាស់មិនដែលមានបន្ទូលដោយឥតប្រយោជន៍ទេ ហើយព្រះអង្គក៏មិនបង្ហាញឋានៈខ្ពង់ខ្ពស់របស់ព្រះអង្គ ដើម្បីបញ្ឆោតមនុស្សដែរ។ ផ្ទុយទៅវិញ គឺព្រះអង្គធ្វើអ្វីៗដោយអង្គទ្រង់ផ្ទាល់ ដោយភាពស្មោះត្រង់ និងដោយស្ងៀមស្ងាត់។ រឿងទាំងអស់នេះនាំមកនូវព្រះពរ សេចក្តីសុខសាន្ត និងអំណរដល់មនុស្ស។ ពួកវានាំមនុស្សចូលមកចំពោះព្រះនេត្រ និងក្នុងគ្រួសាររបស់ព្រះជាម្ចាស់ដោយសេចក្តីសុខសាន្ត និងអំណររីករាយ រួចមកពួកគេរស់នៅចំពោះព្រះជាម្ចាស់ ព្រមទាំងទទួលយកសេចក្ដីសង្គ្រោះរបស់ព្រះអង្គ ដោយហេតុផល និងការគិតដ៏សាមញ្ញ។ ដូច្នេះ តើព្រះជាម្ចាស់ដែលបោកបញ្ឆោតមនុស្ស នៅក្នុងកិច្ចការរបស់ព្រះអង្គដែរទេ? តើព្រះអង្គធ្លាប់បានបង្ហាញនូវសេចក្តីសប្បុរសក្លែងក្លាយដល់មនុស្ស ដោយដំបូងធ្វើឱ្យមនុស្សវីវក់ នឹងសេចក្តីរីករាយពីរបី រួចក្រោយមក ព្រះអង្គក្បត់ពួកគេដែរឬទេ? (អត់ទេ។) តើព្រះជាម្ចាស់ធ្លាប់មានបន្ទូលពីអ្វីមួយ ហើយបែរជាទៅធ្វើរឿងផ្សេងដែរទេ? តើព្រះជាម្ចាស់ធ្លាប់សន្យាចោល ឬអួតប្រាប់មនុស្សថា ព្រះអង្គអាចធ្វើការនេះ ឬការនោះសម្រាប់ពួកគេបាន តែក្រោយមកបែរជាគ្មានកើតការអ្វីទាំងអស់ដែរទេ? (អត់ទេ។) ដ្បិតនៅក្នុងព្រះជាម្ចាស់ គ្មានការបោកបញ្ឆោត ឬការមិនពិតឡើយ។ ព្រះជាម្ចាស់ស្មោះត្រង់ ហើយព្រះអង្គពិតប្រាកដនៅក្នុងគ្រប់កិច្ចការដែលព្រះអង្គធ្វើ។ ព្រះអង្គគឺជាព្រះតែមួយគត់ ដែលមនុស្សអាចទុកចិត្តបាន។ ព្រះអង្គគឺជាព្រះដែលមនុស្សអាចប្រគល់ជីវិត និងអ្វីៗដែលពួកគេមានបាន។ ដោយសារតែនៅក្នុងព្រះជាម្ចាស់គ្មានការបោកបញ្ឆោត តើយើងអាចហៅព្រះជាម្ចាស់ ថាជាព្រះដ៏ទៀងត្រង់បំផុតបានទេ? (ពិតជាបាន។) ពិតបា្រកដណាស់យើងអាចធ្វើយ៉ាងដូច្នោះបាន! ទោះបីថាពាក្យ «ទៀងត្រង់» នេះ គឺខ្សោយពេក ឬមានលក្ខណៈជាមនុស្សពេកនៅពេលដែលប្រើវាចំពោះព្រះជាម្ទាស់ក៏ដោយ តើមានពាក្យអ្វីទៀត ដែលយើងអាចយកមកប្រើជំនួសពាក្យនេះបានទេ? ទាំងនេះគឺដែនកំណត់នៃភាសារបស់មនុស្ស។ ទោះបីវាជាការមិនសមហេតុផលក្នុងការហៅព្រះជាម្ចាស់ថា «ទៀងត្រង់» ក៏ដោយ ក៏យើងនឹងប្រើពាក្យនេះនៅពេលបច្ចុប្បន្នដែរ។ ព្រះជាម្ចាស់ស្មោះត្រង់ និងទៀងត្រង់។ ដូច្នេះ នៅពេលដែលយើងនិយាយអំពីទិដ្ឋភាពទាំងនេះ តើយើងសំដៅទៅលើអ្វី? តើយើងកំពុងសំដៅទៅលើភាពខុសគ្នារវាងព្រះជាម្ចាស់និងមនុស្ស ឬភាពខុសគ្នារវាងព្រះជាម្ចាស់និងសាតាំងឬ? មែនហើយ យើងអាចនិយាយយ៉ាងដូច្នេះបាន។ នេះគឺដោយសារតែមនុស្សមិនអាចមើលឃើញដាននៃនិស្ស័យពុករលួយរបស់សាតាំងណាមួយនៅក្នុងព្រះជាម្ចាស់ឡើយ។ តើខ្ញុំនិយាយដូច្នេះត្រឹមត្រូវទេ? អាម៉ែនឬអត់? (អាម៉ែន!) គ្មានគំនិតអាក្រក់ណាមួយរបស់សាតាំង ត្រូវបានបើកសម្ដែងនៅក្នុងព្រះជាម្ចាស់ឡើយ។ ដ្បិតអ្វីៗទាំងអស់ដែលព្រះជាម្ចាស់ធ្វើ និងបើកសម្ដែង គឺសុទ្ធតែមានប្រយោជន៍ និងជួយដល់មនុស្សទាំងស្រុង គឺសុទ្ធតែត្រូវបានធ្វើឡើងដើម្បីផ្គត់ផ្គង់ដល់មនុស្ស គឺពេញទៅដោយជីវិត ហើយផ្តល់ឱ្យមនុស្សនូវផ្លូវដែលត្រូវដើរ និងទិសដៅដែលត្រូវទៅ។ ព្រះជាម្ចាស់មិនពុករលួយទេ ជាងនេះទៅទៀត ចូរសំឡឹងមើលអ្វីៗទាំងអស់ដែលព្រះអង្គធ្វើ តើយើងអាចនិយាយបានថា ព្រះជាម្ចាស់ជាព្រះបរិសុទ្ធបានទេ? ដោយសារព្រះជាម្ចាស់គ្មាននិស្ស័យពុករលួយរបស់មនុស្សជាតិ ក៏មិនខុសពីសារជាតិបែបសាតាំងរបស់មនុស្សជាតិដែលពុករលួយដែរ។ ចេញពីទស្សនៈនេះ យើងអាចនិយាយបានទាំងស្រុងថា ព្រះជាម្ចាស់គឺបរិសុទ្ធ។ ព្រះជាម្ចាស់ក៏មិនបានបង្ហាញសេចក្ដីពុករលួយណាមួយ ហើយក្នុងពេលដំណាលគ្នាជាមួយនឹងកិច្ចការរបស់ព្រះជាម្ចាស់ ទ្រង់បើកសម្ដែងពីលក្ខណៈផ្ទាល់ខ្លួនរបស់ព្រះអង្គ ដែលសបញ្ជាក់ឱ្យឃើញថា ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គគឺបរិសុទ្ធ។ តើអ្នករាល់គ្នាឃើញការនេះទេ? ដើម្បីស្គាល់ពីភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ ចូរយើងក្រឡេកមើលទិដ្ឋភាពទាំងពីរនេះសិន៖ ទីមួយ នៅក្នុងព្រះជាម្ចាស់ គឺគ្មានដាននៃនិស្ស័យពុករលួយឡើយ ហើយទីពីរ សារជាតិនៃកិច្ចការរបស់ព្រះជាម្ចាស់ ចំពោះមនុស្សអាចឱ្យមនុស្សមើលឃើញពីសារជាតិផ្ទាល់របស់ព្រះជាម្ចាស់ ហើយសារជាតិនេះគឺវិជ្ជមានទាំងស្រុង។ ដ្បិតអ្វីៗដែលគ្រប់ផ្នែកទាំងអស់នៃកិច្ចការរបស់ព្រះជាម្ចាស់នាំមកឱ្យមនុស្ស គឺសុទ្ធតែមានភាពវិជ្ជមាន។ ដំបូងបង្អស់ ព្រះជាម្ចាស់តម្រូវឱ្យមនុស្សស្មោះត្រង់ តើនេះមិនមែនជារឿងវិជ្ជមានទេឬអី? ព្រះជាម្ចាស់ប្រទានប្រាជ្ញាដល់មនុស្ស តើនេះមិនមែនជាភាពវិជ្ជមានទេឬអី? ព្រះជាម្ចាស់ធ្វើឱ្យមនុស្សអាចយល់ច្បាស់រវាងអំពើល្អ និងអាក្រក់ តើនេះមិនមែនជាភាពវិជ្ជមានទេឬអី? ព្រះអង្គអនុញ្ញាតឱ្យមនុស្សយល់ពីអត្ថន័យ និងគុណតម្លៃនៃជីវិតរបស់ពួកគេ តើនេះមិនមែនជាភាពវិជ្ជមានទេឬអី? ព្រះអង្គអនុញ្ញាតឱ្យមនុស្ស មើលឃើញពីសារជាតិរបស់មនុស្ស ព្រឹត្តិការណ៍ និងអ្វីៗគ្រប់យ៉ាងស្របតាមសេចក្តីពិត តើនេះមិនមែនជាភាពវិជ្ជមានទេឬអី? ពិតមែនហើយ! ទាំងអស់នេះសុទ្ធតែជាភាពវិជ្ជមាន។ ហើយជាលទ្ធផលនៃការទាំងអស់នេះ គឺមនុស្សលែងត្រូវបានបោកបញ្ឆោត លែងត្រូវបានធ្វើទុក្ខ ឬគ្រប់គ្រងដោយសាតាំងទៀតហើយ។ ម៉្យាងទៀត រឿងទាំងនេះអនុញ្ញាតឱ្យមនុស្សបានរួចផុតពីសេចក្ដីពុករលួយរបស់សាតាំងទាំងស្រុង ហើយឱ្យពួកគេដើរទៅមុខបន្តិចម្តងៗ នៅលើផ្លូវនៃការកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់ផងដែរ។ តើអ្នករាល់គ្នាបានដើរលើផ្លូវនេះដល់ណាហើយ? តើវាពិបាកនិយាយណាស់មែនទេ? ក៏ប៉ុន្តែយ៉ាងហោច មកទល់ពេលនេះ អ្នករាល់គ្នាមានការយល់ដឹងគោលៗអំពីរបៀបដែលសាតាំងធ្វើឱ្យមនុស្សពុករលួយ ហើយក៏ដឹងថារឿងណាអាក្រក់ រឿងណាអវិជ្ជមានដែរ? ម្យ៉ាងវិញទៀត មកទល់ពេលនេះ អ្នករាល់គ្នាក៏កំពុងដើរលើផ្លូវជីវិតត្រឹមត្រូវដែរ។ តើពិតជាអ៊ីចឹងមែនឬអត់? ពិតប្រាកដជាអ៊ីចឹងមែន។
មានអ្វីមួយដែលត្រូវតែធ្វើការប្រកប អំពីភាពបរិសុទ្ធនៃព្រះជាម្ចាស់។ ដោយផ្អែកលើគ្រប់យ៉ាងដែលអ្នករាល់គ្នាបានឮ និងបានទទួល តើអ្នកណាក្នុងចំណោមអ្នករាល់គ្នាអាចនិយាយថា ភាពបរិសុទ្ធរបស់ព្រះជាម្ចាស់គឺជាអ្វី? តើភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ ដែលខ្ញុំបានលើកយកមកនិយាយនេះ សំដៅទៅលើអ្វី? សូមគិតអំពីការនេះមួយភ្លែតមើល។ តើភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ គឺជាសេចក្តីពិតរបស់ព្រះអង្គឬ? តើភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ គឺជាភាពស្មោះត្រង់របស់ព្រះអង្គឬ? តើភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ គឺជាការមិនគិតពីរូបអង្គទ្រង់ឬ? តើវាជាការបន្ទាបរូបអង្គរបស់ទ្រង់ឬ? តើជាសេចក្តីស្រឡាញ់របស់ព្រះអង្គចំពោះមនុស្សឬ? ការដែលព្រះជាម្ចាស់ប្រទានសេចក្តីពិត និងជីវិតមកមនុស្សដោយឥតគិតថ្លៃនោះ តើវាជាភាពបរិសុទ្ធរបស់ព្រះអង្គដែរឬទេ? ពិតមែនហើយ គឺគ្រប់ការទាំងអស់ហ្នឹង។ អ្វីៗទាំងអស់ដែលព្រះជាម្ចាស់បើកសម្ដែងគឺមានតែមួយគត់ ហើយរកគ្មានទេនៅក្នុងមនុស្សជាតិដែលពុករលួយនេះ គឺគ្មានទាល់តែសោះ។ សូម្បីតែដានដ៏តូចមួយ ក៏រកគ្មានដែរ ទោះបើក្នុងអំឡុងពេលដំណើរការរបស់សាតាំងក្នុងការធ្វើឱ្យមនុស្សពុករលួយ ឬនៅក្នុងនិស្ស័យពុករលួយរបស់វា ឬក៏នៅក្នុងសារជាតិ ឬធម្មជាតិរបស់សាតាំងក៏ដោយ។ អ្វីៗទាំងអស់ដែលជាកម្មសិទ្ធិ និងជាលក្ខណៈរបស់ព្រះជាម្ចាស់ គឺមានតែមួយគត់ ហើយមានតែព្រះជាម្ចាស់ផ្ទាល់ព្រះអង្គប៉ុណ្ណោះដែលមាន និងជាម្ចាស់កម្មសិទ្ធិលើសារជាតិប្រភេទនេះ។ ត្រង់ចំណុចនេះ នៅក្នុងការពិភាក្សារបស់យើង តើមាននរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នា ដែលធ្លាប់បានឃើញមនុស្សជាតិណាម្នាក់បរិសុទ្ធដូចអ្វីដែលខ្ញុំទើបតែបានពិពណ៌នានេះដែរឬទេ? (មិនអាចទេ។) ដូច្នេះ តើមាននរណាម្នាក់ដែលបរិសុទ្ធក្នុងចំណោម តារាល្បីឈ្មោះ មនុស្សល្បីល្បាញ ឬ មនុស្សជាតិអស្ចារ្យដែលអ្នកថ្វាយបង្គំដែរឬទេ? (មិនអាចទេ។) ដូច្នេះ នៅពេលដែលយើងនិយាយថា ភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ គឺមានតែមួយគត់ សួរថា តើនេះជាការនិយាយបំផ្លើសដែរឬទេ? តាមពិត មិនមែនទេ។ លើសពីនេះទៅទៀត ភាពដ៏វិសេសឯកដ៏បរិសុទ្ធរបស់ព្រះជាម្ចាស់ ក៏មានចំណុចអនុវត្តជាក់ស្តែងដែរ។ តើមានភាពខុសគ្នារវាងភាពបរិសុទ្ធដែលខ្ញុំនិយាយនៅពេលនេះ និងភាពបរិសុទ្ធដែលអ្នកធ្លាប់គិត និងស្រមើស្រមៃដែរឬទេ? (គឺមាន។) គឺមានភាពខុសប្លែកគ្នាយ៉ាងខ្លាំង។ ជារឿយៗ នៅពេលដែលមនុស្សនិយាយអំពីភាពបរិសុទ្ធ តើពួកគេចង់មានន័យដូចម្តេច? (គឺឥរិយាបថខាងក្រៅមួយចំនួន។) នៅពេលដែលមនុស្សនិយាយថាឥរិយាបថ ឬរឿងរ៉ាវមួយចំនួនទៀតបរិសុទ្ធ គឺគេនិយាយបែបនេះដោយសារតែគេមើលឃើញថាវាស្អាត ឬទាក់ទាញអារម្មណ៍តែប៉ុណ្ណោះ។ ទោះយ៉ាងណាក៏ដោយ អ្វីៗទាំងនេះតែងតែមានភាពខ្វះនូវធាតុពិតនៃភាពបរិសុទ្ធ នេះគឺជាទិដ្ឋភាពនៃគោលលទ្ធិ។ ក្រៅពីនេះ តើអ្វីដែលសំដៅទៅលើទិដ្ឋភាពជាក់ស្តែងនៃ ភាពបរិសុទ្ធ ដែលមនុស្សស្រមៃគិតនៅក្នុងគំនិតរបស់ពួកគេ? តើវាភាគច្រើនជាអ្វីដែលពួកគេស្រមៃ ឬវិនិច្ឆ័យនោះមែនទេ? ឧទាហរណ៍ អ្នកកាន់ព្រះពុទ្ធសាសនាមួយចំនួនបានលាចាកលោកនេះទៅ នៅក្នុងពេលកំពុងហ្វឹកហាត់រៀនសូត្រ និងអង្គុយសម្មាធិកាន់សីល។ អ្នកខ្លះនិយាយថា ពួកគេបានត្រឡប់ជាបរិសុទ្ធ ហើយហោះឡើងទៅឋានសួគ៌ហើយ។ នេះក៏ជាផលនៃការស្រមើលស្រមៃដែរ។ បន្ទាប់មក មានអ្នកផ្សេងទៀតដែលគិតថា ទេពអប្សរមួយអណ្តែតចុះពីលើមេឃនោះហើយដែលបរិសុទ្ធ។ តាមពិត ផ្នត់គំនិតរបស់មនុស្សទៅលើពាក្យថា «បរិសុទ្ធ» គឺគ្រាន់តែជាប្រភេទនៃការស្រមើស្រមៃ និងទ្រឹស្តីដែលមិនមានលក្ខណៈពិតប្រាកដតែប៉ុណ្ណោះ ហើយលើសពីនេះទៅទៀត គឺមិនមានអ្វីទាក់ទងនឹងសារជាតិនៃភាពបរិសុទ្ធទាល់តែសោះ។ សារជាតិនៃភាពបរិសុទ្ធ គឺជាសេចក្តីស្រឡាញ់ដ៏ពិត ប៉ុន្ដែអ្វីដែលសំខាន់ជាងនេះទៅទៀត គឺវាជាសារជាតិនៃសេចក្តីពិត សេចក្តីសុចរិត ហើយនិងពន្លឺ។ ពាក្យថា «បរិសុទ្ធ» គឺសមរម្យតែនៅពេលដែលយើងយកមកប្រើចំពោះព្រះជាម្ចាស់ប៉ុណ្ណោះ គ្មានអ្វីមួយដែលបានបង្កើតមកនេះសាកសម ឬត្រូវបានហៅថា «បរិសុទ្ធ» នោះឡើយ។ មនុស្សត្រូវតែយល់ពីរឿងនេះ។ ចាប់ពីពេលនេះតទៅ យើងនឹងប្រើពាក្យ «បរិសុទ្ធ» នេះតែចំពោះព្រះជាម្ចាស់ប៉ុណ្ណោះ។ តើនេះសមរម្យទេ? (សមរម្យ។)
កលល្បិចដែលសាតាំងប្រើ ដើម្បីធ្វើឱ្យមនុស្សពុករលួយ
ឥឡូវនេះ សូមយើងត្រឡប់ទៅនិយាយអំពីមធ្យោបាយដែលសាតាំងប្រើដើម្បីធ្វើឱ្យមនុស្សពុករលួយវិញម្តង។ យើងទើបតែនិយាយអំពីរបៀបផ្សេងៗគ្នា ដែលព្រះជាម្ចាស់ធ្វើចំពោះមនុស្ស ហើយអ្នករាល់គ្នាម្នាក់ៗអាចជួបប្រទះដោយខ្លួនឯងបាន ដូច្នេះ ខ្ញុំនឹងមិននិយាយលម្អិតច្រើនទេ។ ប៉ុន្តែនៅក្នុងចិត្តរបស់អ្នករាល់គ្នា វាប្រហែលជាមិនច្បាស់ថា តើឧបាយកលនិងយុទ្ធសាស្រ្តអ្វី ដែលសាតាំងប្រើដើម្បីធ្វើអោយមនុស្សពុករលួយឡើយ ឬនិយាយឱ្យអន់ទៅ អ្នកមិនមានការយល់ដឹងជាក់លាក់អំពីពួកវាទេ។ តើវាមានប្រយោជន៍សម្រាប់ខ្ញុំ ក្នុងការនិយាយអំពីរឿងនេះម្តងទៀតទេ? តើអ្នករាល់គ្នាចង់រៀនសូត្រអំពីរឿងនេះទេ? ប្រហែលជាអ្នកខ្លះនឹងសួរថា៖ «ហេតុអ្វីត្រូវនិយាយអំពីសាតាំងម្តងទៀត? តែនៅពេលដែលយើងលើកយករឿងសាតាំងមកនិយាយ នោះយើងនឹងខឹងវា ហើយនៅពេលដែលយើងឮពីឈ្មោះវា នោះយើងមានអារម្មណ៍ធុញទ្រាន់យ៉ាងខ្លាំង។» មិនខ្វល់ថាវាធ្វើឱ្យអ្នកមិនស្រួលយ៉ាងណាក៏ដោយ តែអ្នកត្រូវតែប្រឈមនឹងការពិតនេះ។ រឿងទាំងនេះ ចាំបាច់ត្រូវតែយកមកនិយាយឱ្យច្បាស់ ហើយត្រូវបញ្ជាក់ឱ្យបានច្បាស់លាស់ សម្រាប់ជាប្រយោជន៍ដល់ការយល់ដឹងរបស់មនុស្ស បើមិនដូច្នោះទេ មនុស្សមិនអាចផ្តាច់ខ្លួនចេញឆ្ងាយពីឥទ្ធិពលរបស់សាតាំងបានឡើយ។
ពីមុន យើងបានពិភាក្សាអំពីវិធីប្រាំយ៉ាងដែលសាតាំងធ្វើឱ្យមនុស្សពុករលួយ ដែលរួមបញ្ចូលទាំងកលល្បិចរបស់វាផងដែរ។ វិធីដែលសាតាំងធ្វើទុក្ខមនុស្ស គឺគ្រាន់តែជាស្រទាប់ផ្ទៃខាងលើប៉ុណ្ណោះ។ រីឯល្បិចកលខ្លាំងជាងនេះទៅទៀត គឺល្បិចលាក់ខ្លួននៅក្រោមផ្ទៃនោះ ដែលសាតាំងអាចសម្រេចគោលដៅរបស់វាបាន។ តើល្បិចទាំងនេះជាអ្វី? តោះ! សូមសង្ខេបអំពីរឿងទាំងអស់នេះឡើងវិញ។ (គឺវាបោកប្រាស់ លួងលោម និងបង្ខិតបង្ខំ។) នៅពេលដែលអ្នករៀបរាប់ល្បិចកលនេះបានកាន់តែច្រើន នោះអ្នកនឹងកាន់តែយល់ច្បាស់ពីវា។ វាមើលទៅដូចជាអ្នកត្រូវបានសាតាំងធ្វើទុក្ខយ៉ាងខ្លាំង ហើយហាក់ដូចជាចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះប្រធានបទនេះ។ (វាក៏ប្រើវោហារសាស្ត្រ គួរឱ្យស្ញប់ស្ញែងដែរ។ វាមានឥទ្ធិពល និងក្តោបក្តាប់មនុស្សដោយបង្ខំ។) ការកាន់កាប់ដោយបង្ខំនេះបន្សល់ទុកយ៉ាងពិសេសនូវស្នាមដិតដាមដ៏ជ្រាលជ្រៅ។ មនុស្សភ័យខ្លាចចំពោះការកាន់កាប់ដោយបង្ខំរបស់សាតាំងនេះ។ តើមានល្បិចផ្សេងពីនេះទៀតទេ? (វាបង្កអន្តរាយដល់មនុស្ស ធ្វើការគំរាមកំហែង និងលួងលោម ហើយវាកុហកបោកប្រាស់ជាដើម។) ការកុហក គឺជារឿងមួយក្នុងចំណោមរឿងនានាដែលវាបានធ្វើ។ សាតាំងនិយាយកុហក ដើម្បីបោកបញ្ឆោតអ្នក។ តើអ្វីទៅជាធម្មជាតិនៃការនិយាយកុហក? តើការកុហកមិនដូចគ្នាទៅនឹងការបោកប្រាស់ទេឬអី? គោលដៅនៃការនិយាយកុហក គឺដើម្បីបោកប្រាស់អ្នកនោះអី។ តើមានល្បិចផ្សេងទៀតទេ? សូមប្រាប់ខ្ញុំពីល្បិចកលទាំងប៉ុន្មានរបស់សាតាំងដែលអ្នករាល់គ្នាដឹងផង។ (វាល្បួង ធ្វើទុក្ខបំបាំងភ្នែក និងបោកបញ្ឆោត។) អ្នករាល់គ្នាភាគច្រើនមានអារម្មណ៍ដូចគ្នាចំពោះការបោកប្រាស់នេះ។ តើមានអ្វីផ្សេងទៀតទេ? (វាគ្រប់គ្រង និងកាន់កាប់លើមនុស្ស វាបំភ័យបន្លាចមនុស្ស និងទប់ស្កាត់មនុស្សមិនឱ្យជឿលើព្រះជាម្ចាស់។) ខ្ញុំដឹងគ្រប់អត្ថន័យទាំងអស់ដែលអ្នករាល់គ្នាកំពុងប្រាប់ខ្ញុំ ហើយវាគឺជាការល្អដែលអ្នករាល់គ្នាបានដឹងរឿងរ៉ាវទាំងអស់នេះ ដូច្នេះចូរយើងធ្វើការសង្ខេបអំពីល្បិចកលទាំងអស់នេះជាមួយគ្នា។
សាតាំងប្រើល្បិចកលសំខាន់ៗប្រាំមួយយ៉ាង ដើម្បីធ្វើឱ្យមនុស្សពុករលួយ
ល្បិចទីមួយ គឺការគ្រប់គ្រង និងការបង្ខិតបង្ខំ។ នោះគឺមានន័យថា សាតាំងនឹងធ្វើអ្វីៗគ្រប់យ៉ាងតាមដែលអាចធ្វើបានដើម្បីគ្រប់គ្រងចិត្តរបស់អ្នក។ តើ «ការបង្ខិតបង្ខំ» មានន័យដូចម្តេច? វាមានន័យថា ជាការប្រើវិធីគំរាមកំហែង និងបង្ខំដើម្បីធ្វើឱ្យអ្នកគោរពតាមវា ហើយវាធ្វើឱ្យអ្នកគិតពីផលវិបាកដែលកើតមានចំពោះអ្នក ប្រសិនបើអ្នកមិនស្ដាប់បង្គាប់។ ដោយសាតែអ្នកខ្លាច និងមិនហ៊ានជំទាស់នឹងវា ហេតុដូច្នេះ អ្នកនឹងចុះចូលចំពោះវាជាមិនខាន។
ទីពីរ គឺការបោកប្រាស់ និងឧបាយកល។ តើ «ការបោកប្រាស់ និងឧបាយកល» រួមបញ្ចូលអ្វីខ្លះ? សាតាំងបង្កើតរឿង និងការកុហកមួយចំនួន ដើម្បីបញ្ឆោតអ្នកឱ្យជឿលើពួកវា។ ជាទូទៅ វាមិនដែលប្រាប់អ្នកថា មនុស្សគឺព្រះជាម្ចាស់ជាអ្នកបង្កើតឡើងមកទេ ហើយវាក៏មិនបាននិយាយដោយផ្ទាល់ថាអ្នកមិនបានបង្កើតដោយព្រះជាម្ចាស់ដែរ។ វាមិនប្រើពាក្យថា «ព្រះជាម្ចាស់» ទាល់តែសោះ តែផ្ទុយទៅវិញ វាប្រើរបស់ផ្សេងទៀតមកជំនួសវិញ ដោយប្រើរឿងនេះមកបញ្ឆោតអ្នក ដើម្បីឱ្យអ្នកមានគំនិតថាគ្មានព្រះជាម្ចាស់ទេ។ តាមពិតទៅ «ឧបាយកល» នេះរួមបញ្ចូលនូវទិដ្ឋភាពជាច្រើនផ្សេងទៀត មិនមែនតែមួយនេះប៉ុណ្ណឹងទេ។
ទីបី គឺការដាក់មនោគមវិជ្ជាដោយបង្ខំ។ តើមានមនោគមអ្វីខ្លះដែលមនុស្សត្រូវបានបង្ខំឱ្យទទួលយក? តើការដាក់មនោគមវិជ្ជាដោយបង្ខំ ធ្វើឡើងដោយមនុស្សខ្លួនឯងជាអ្នកជ្រើសរើសឬ? តើវាត្រូវបានធ្វើដោយការយល់ព្រមពីមនុស្សទេ? ប្រាកដជាអត់ទេ។ ទោះបីអ្នកមិនយល់ព្រមក៏ដោយ ក៏គ្មានអ្វីដែលអ្នកអាចទាមទារបានដែរ។ ដោយការធ្វេសប្រហែសរបស់អ្នក សាតាំងបានដាក់មនោគមលើអ្នក ដោយបណ្ដុះផ្នត់គំនិត ច្បាប់ទម្លាប់ជីវិត ព្រមទាំងសារជាតិរបស់វានៅក្នុងអ្នក។
ទីបួន គឺការបំភិតបំភ័យ និងការលួងបញ្ឆោត។ មានន័យថា សាតាំងប្រើល្បិចផ្សេងៗ ដើម្បីធ្វើឱ្យអ្នកទទួលយកវា ដើរតាមវា ហើយធ្វើការនៅក្នុងសេវាកម្មរបស់វាដែរ។ វានឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីសម្រេចគោលដៅរបស់វា។ មានម្តងម្កាល វាយកចិត្តអ្នកបន្ដិចបន្ដួច ដើម្បីធ្វើយ៉ាងណាបញ្ឆោតអ្នកឱ្យប្រព្រឹត្ដអំពើបាប។ ប្រសិនបើអ្នកមិនធ្វើតាមវាទេ វានឹងដាក់ទោសអ្នក ហើយធ្វើឱ្យអ្នករងទុក្ខ ហើយវានឹងប្រើវិធីផ្សេងៗដើម្បីវាយប្រហារ និងគ្រោងប្រឆាំងនឹងអ្នក។
ទីប្រាំ គឺការបោកបញ្ឆោត និងការស្ពឹកស្រពន់។ «ការបោកបញ្ឆោត និងការស្ពឹកស្រពន់» គឺនៅពេលដែលសាតាំងបណ្ដុះនៅក្នុងមនុស្សដោយប្រើពាក្សសំដីផ្អែមល្អែម និងគោលគំនិតដែលស៊ីគ្នានឹងសញ្ញាណរបស់ពួកគេ ហើយហាក់ដូចជាអាចជឿទុកចិត្តបាន ដើម្បីធ្វើឱ្យមើលទៅដូចជាកំពុងយកចិត្តទុកដាក់នឹងស្ថានភាពខាងសាច់ឈាមរបស់មនុស្ស ក៏ដូចជាជីវិត និងអនាគតរបស់ពួកគេដែរ តែតាមពិតទៅ គោលដៅរបស់វាគឺដើម្បីបំភាន់អ្នករាល់គ្នាតែប៉ុណ្ណោះ។ បន្ទាប់មក វានឹងធ្វើឱ្យអ្នកគាំងមិនអាចដឹងថាអ្វីត្រូវ និងអ្វីខុសនោះទេ យ៉ាងនោះអ្នកក៏ចាញ់ឧបាយកលរបស់វា ហើយស្ថិតក្រោមការគ្រប់គ្រងរបស់វាដោយមិនដឹងខ្លួន។
ទីប្រាំមួយ គឺការបំផ្លាញរាងកាយ និងចិត្តគំនិត។ តើសាតាំងបំផ្លាញផ្នែកណាខ្លះរបស់មនុស្ស? សាតាំងបំផ្លាញគំនិតរបស់អ្នក ធ្វើឱ្យអ្នកលែងមានកម្លាំងតទល់ជាមួយវាបាន មានន័យថា ចិត្តរបស់អ្នកនឹងងាកទៅរកសាតាំងបន្តិចម្តងៗ ដោយខ្លួនឯង។ វាបានបណ្តុះរឿងទាំងនេះនៅក្នុងអ្នកជារៀងរាល់ថ្ងៃ ដោយប្រើគំនិត និងវប្បធម៌ទាំងនេះដើម្បីជះឥទ្ធិពល និងអន្ទងចិត្តអ្នក ដើម្បីធ្វើឱ្យឆន្ទៈរបស់អ្នកអន្តរាយបន្តិចម្តងៗ ហើយនៅទីបំផុត អ្នកនឹងលែងចង់ធ្វើមនុស្សល្អ ព្រមទាំងលែងចង់ប្រកាន់ខ្ជាប់នូវអ្វីដែលអ្នកហៅថា «សេចក្តីសុចរិត» តទៅទៀតហើយ។ អ្នកនឹងលែងមានអំណាចឆន្ទៈដើម្បីប្រឆាំងនឹងស្ថានភាពបច្ចុប្បន្ននេះតទៅទៀត ប៉ុន្តែផ្ទុយទៅវិញ អ្នកនឹងបណ្តោយខ្លួនទៅតាមវាដោយមិនដឹងខ្លួន។ «ការបំផ្លាញ» មានន័យថាសាតាំងធ្វើទារុណកម្មមនុស្សយ៉ាងខ្លាំងរហូតធ្វើឱ្យពួកគេក្លាយជាស្រមោលរបស់ខ្លួនឯង លែងជាមនុស្សតទៅទៀតហើយ។ ការនេះកើតឡើងនៅពេលដែលសាតាំងវាយប្រហារ រឹបអូស និងលេបត្របាក់ពួកគេ។
កលល្បិចនីមួយៗដែលសាតាំងប្រើដើម្បីធ្វើឱ្យមនុស្សពុករលួយ ធ្វើឱ្យមនុស្សលែងមានកម្លាំងតទល់ ហើយកលល្បិចនីមួយៗនេះ មានគ្រោះថ្នាក់យ៉ាងខ្លាំងដល់មនុស្ស។ អាចនិយាយម៉្យាងទៀតបានថា អ្វីក៏ដោយដែលសាតាំងធ្វើ និងកលល្បិចទាំងឡាយដែលវាប្រើ សុទ្ធតែអាចបណ្តាលឱ្យអ្នកចុះខ្សោយ នាំអ្នកឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់សាតាំង ហើយអាចធ្វើឱ្យអ្នកធ្លាក់ទៅក្នុងកណ្តាប់ដៃនៃអំពើអាក្រក់ និងអំពើបាបទៀតផង។ នេះជាកលល្បិចដែលសាតាំងប្រើដើម្បីធ្វើឱ្យមនុស្សពុករលួយ។
យើងអាចនិយាយបានថា សាតាំងអាក្រក់ ក៏ប៉ុន្តែដើម្បីបញ្ជាក់ពីរឿងនេះ យើងនៅតែត្រូវពិនិត្យមើលនូវអ្វីដែលជាផលវិបាកនៃសេចក្ដីពុករលួយរបស់សាតាំងចំពោះមនុស្ស ហើយតើនិស្ស័យ និងសារជាតិអ្វីខ្លះដែលវានាំមកឱ្យមនុស្ស។ អ្នករាល់គ្នាដឹងអំពីរឿងនេះខ្លះទៅហើយ ដូច្នេះ ចូរនិយាយទៅ។ តើផលវិបាកនៃសេចក្ដីពុករលួយរបស់សាតាំងមកលើមនុស្សមានអ្វីខ្លះ? តើនិស្ស័យពុករលួយណាខ្លះ ដែលពួកគេសម្ដែងចេញ និងបើកសម្ដែងនោះ? (គឺភាពក្រអឺតក្រទម ភាពប្រហើនកោងកាច ភាពអាត្មានិយម ភាពគួរឱ្យស្អប់ខ្ពើម ភាពឃោរឃៅ ការបោកបញ្ឆោត ល្បិចកិច្ចកល គំនិតព្យាបាទ និងគ្មានភាពជាមនុស្សជាដើម។) ជារួម យើងអាចនិយាយបានថា ពួកគេគ្មានភាពជាមនុស្សទេ។ ឥឡូវនេះ សូមយើងអនុញ្ញាតឱ្យបងប្អូនប្រុសស្រីផ្សេងទៀតនិយាយម្តង។ (នៅពេលដែលមនុស្សត្រូវបានសាតាំងធ្វើឱ្យពុករលួយ នោះពួកគេភាគច្រើនជាមនុស្សក្រអឺតក្រទម និងរាប់ខ្លួនឯងជាសុចរិត រាប់ខ្លួនឯងជាមនុស្សសំខាន់ និងមានអំណួត លោភលន់ និងអាត្មានិយម។ ខ្ញុំមានអារម្មណ៍ថា រឿងទាំងនេះគឺជាបញ្ហាដ៏ធ្ងន់ធ្ងរបំផុត។) (បន្ទាប់ពីមនុស្សត្រូវបានធ្វើឱ្យពុករលួយដោយសាតាំង ពួកគេនឹងដេញតាមសម្ភារៈនិយម និងទ្រព្យសម្បត្ដិ។ ហើយពួកគេថែមទាំងក្លាយជាខ្មាំងសត្រូវនឹងព្រះជាម្ចាស់ ប្រឆាំងទាស់នឹងព្រះជាម្ចាស់ មិនស្តាប់បង្គាប់ព្រះជាម្ចាស់ ហើយពួកគេបាត់បង់មនសិការ និងបុព្វហេតុដែលមនុស្សគួរតែមាន។) អ្វីដែលអ្នករាល់គ្នាបាននិយាយ គឺមានមូលដ្ឋានដូចគ្នាទាំងអស់ ខុសគ្នាតែបន្តិចបន្តួចប៉ុណ្ណោះ អ្នករាល់គ្នាមួយចំនួនក៏បានបញ្ចូលព័ត៌មានលម្អិតតូចៗទៅក្នុងនោះបន្ថែមទៀត។ សរុបសេចក្ដីមក អ្វីដែលលេចធ្លោជាងគេអំពីមនុស្សពុករលួយ គឺភាពក្រអឺតក្រទម ការបោកបញ្ឆោត គំនិតព្យាបាទ និងភាពអាត្មានិយម។ ទោះជាយ៉ាងណាក៏ដោយ អ្នករាល់គ្នាបានមើលរំលងរឿងដូចគ្នា។ មនុស្សលែងមានសតិសម្បជញ្ញៈទៀតហើយ ពួកគេបាត់បង់ហេតុផល និងគ្មានភាពជាមនុស្សទេ ក៏ប៉ុន្តែមានរឿងសំខាន់មួយទៀត ដែលអ្នករាល់គ្នាមិនបានបានលើកយកមកនិយាយ រឿងនោះគឺ «ការក្បត់»។ ផលវិបាកចុងក្រោយនៃនិស្ស័យទាំងនេះដែលមាននៅក្នុងមនុស្ស នៅពេលពួកគេត្រូវបានសាតាំងធ្វើឱ្យពុករលួយនោះគឺ ការក្បត់របស់ពួកគេចំពោះព្រះជាម្ចាស់។ មិនថាព្រះជាម្ចាស់មានបន្ទូលទៅកាន់មនុស្ស ឬកិច្ចការអ្វីដែលព្រះអង្គធ្វើចំពោះពួកគេក៏ដោយ ក៏ពួកគេមិនយកចិត្តទុកដាក់ចំពោះអ្វីដែលពួកគេដឹងថាជាសេចក្តីពិតឡើយ។ មានន័យថា គឺពួកគេលែងទទួលស្គាល់ព្រះជាម្ចាស់ទៀតហើយ ហើយពួកគេក្បត់ព្រះអង្គ ហើយនេះគឺជាលទ្ធផលនៃសេចក្ដីពុករលួយរបស់សាតាំងចំពោះមនុស្ស។ និស្ស័យពុករលួយរបស់មនុស្ស គឺដូចគ្នាទាំងអស់។ នៅក្នុងចំណោមវិធីដែលសាតាំងប្រើ ដើម្បីធ្វើឱ្យមនុស្សពុករលួយ ពោលគឺចំណេះដឹងដែលមនុស្សរៀនសូត្រ វិទ្យាសាស្ត្រដែលពួកគេស្គាល់ ការយល់ដឹងអំពីអបិយជំនឿ និងវប្បធម៌បុរាណ ក៏ដូចជានិន្នាការសង្គម តើមានអ្វីដែលមនុស្សអាចយកមកប្រើដើម្បីប្រាប់អំពីអ្វីដែលសុចរិត និងអ្វីដែលទុច្ចរិតដែរទេ? តើមានអ្វីដែលអាចជួយមនុស្សឱ្យដឹងពីអ្វីដែលបរិសុទ្ធ និងអ្វីដែលអាក្រក់ដែរទេ? តើមានស្តង់ដាណាដែលអាចយកមកវាស់វែងការទាំងនេះបានទេ? (មិនអាចទេ។) មិនមានស្តង់ដារ និងគ្មានមូលដ្ឋានណាមួយ ដែលអាចជួយមនុស្សបានទេ។ ទោះបីជាមនុស្សអាចស្គាល់ពាក្យ «បរិសុទ្ធ» ក៏ដោយ ក៏គ្មាននរណាម្នាក់អាចដឹងបា្រកដថា តើបរិសុទ្ធជាអ្វីដែរ។ ដូច្នេះ តើរឿងទាំងអស់នេះ ដែលសាតាំងនាំមកឱ្យមនុស្សអាចជួយពួកគេឱ្យស្គាល់សេចក្តីពិតបានដែរឬទេ? តើពួកវាអាចជួយមនុស្សឱ្យរស់នៅក្នុងភាពជាមនុស្សល្អជាងនេះទេ? តើពួកវាអាចជួយមនុស្សឱ្យរស់នៅតាមរបៀបដែលពួកគេអាចថ្វាយបង្គំព្រះជាម្ចាស់បានប្រសើរជាងនេះទេ? (មិនអាចទេ។) វាច្បាស់ណាស់ថា ពួកវាមិនអាចជួយមនុស្សឱ្យថ្វាយបង្គំព្រះជាម្ចាស់ ឬយល់ពីសេចក្តីពិតបានឡើយ ហើយវាក៏មិនអាចជួយមនុស្សឱ្យដឹងពីអ្វីជាភាពបរិសុទ្ធ និងអ្វីជាការអាក្រក់ដែរ។ ផ្ទុយទៅវិញ មនុស្សកាន់តែអាក្រក់ទៅៗ កាន់តែវង្វេងចេញឆ្ងាយពីព្រះជាម្ចាស់។ នេះជាមូលហេតុដែលយើងនិយាយថា សាតាំងអាក្រក់ណាស់។ ដោយបានវិភាគលើលក្ខណៈអាក្រក់ជាច្រើនរបស់សាតាំង តើអ្នកបានឃើញភាពបរិសុទ្ធណាមួយនៅក្នុងសាតាំង រួមទាំងលក្ខណៈ ឬការយល់ដឹងរបស់អ្នកអំពីសារជាតិរបស់វាដែរទេ? (អត់ទេ។) វាពិតជាអាក្រក់ណាស់។ ដូច្នេះ តើអ្នកបានឃើញទិដ្ឋភាពណាមួយនៃសារជាតិរបស់សាតាំងដែលមានភាពស្រដៀងគ្នាទៅនឹងព្រះជាម្ចាស់ដែរឬទេ? (អត់ទេ។) តើមានការបង្ហាញណាមួយរបស់សាតាំង ដែលមានលក្ខណៈស្រដៀងគ្នានឹងព្រះជាម្ចាស់ដែរឬទេ? (អត់ទេ។) ដូច្នេះ ឥឡូវនេះ ខ្ញុំចង់សូមឱ្យអ្នករាល់គ្នា ប្រើពាក្យពេចន៍ផ្ទាល់របស់អ្នករាល់គ្នាឱ្យនិយមន័យថា តើអ្វីទៅជាភាពបរិសុទ្ធរបស់ព្រះជាម្ចាស់? ជាដំបូង តើពាក្យថា «ភាពបរិសុទ្ធរបស់ព្រះជាម្ចាស់» និយាយទាក់ទងទៅនឹងអ្វី? តើវានិយាយទាក់ទងនឹងសារជាតិរបស់ព្រះជាម្ចាស់ដែរទេ? ឬតើវាត្រូវបានគេនិយាយទាក់ទងនឹងទិដ្ឋភាពមួយចំនួននៃនិស្ស័យរបស់ព្រះអង្គឬទេ? (គឺពួកវាត្រូវបាននិយាយទាក់ទងនឹងសារជាតិរបស់ព្រះជាម្ចាស់។) យើងត្រូវតែកំណត់គោលជំហរឱ្យបានច្បាស់លាស់ ដើម្បីចូលទៅកាន់ប្រធានបទដែលយើងចង់ដឹង។ ពាក្យទាំងនេះត្រូវបានគេនិយាយថាទាក់ទងនឹងសារជាតិរបស់ព្រះជាម្ចាស់។ ដំបូងបង្អស់ យើងបានប្រើអំពើអាក្រក់របស់សាតាំងធ្វើជាវត្ថុឆ្លុះបញ្ចាំងឱ្យឃើញពីសារជាតិរបស់ព្រះជាម្ចាស់ ដូច្នេះ តើអ្នកបានឃើញសារជាតិណាមួយរបស់សាតាំងនៅក្នុងព្រះជាម្ចាស់ដែរទេ? ចុះតើចំពោះសារជាតិរបស់មនុស្សជាតិវិញ? (ទេ! យើងមិនមានទេ។ ព្រះជាម្ចាស់មិនក្រអឺតក្រទម មិនអាត្មានិយម និងមិនក្បត់ឡើយ ហើយតាមរយៈការនេះ យើងអាចមើលឃើញសារជាតិដ៏បរិសុទ្ធរបស់ព្រះជាម្ចាស់ដែលបានបើកសម្ដែង។) តើមានអ្វីផ្សេងទៀតដែលត្រូវបន្ថែមទេ? (ព្រះជាម្ចាស់មិនមានដាននៃនិស្ស័យពុករលួយរបស់សាតាំងឡើយ។ អ្វីទាំងអស់ដែលសាតាំងមាន គឺសុទ្ធតែអវិជ្ជមាន រីឯព្រះជាម្ចាស់វិញ ទ្រង់មានតែភាពវិជ្ជមានតែប៉ុណ្ណោះ។ យើងអាចមើលឃើញថាព្រះជាម្ចាស់ តែងតែគង់នៅក្បែរយើង ហើយឃ្លាំមើលយើង និងការពារយើង តាំងពីពេលដែលយើងនៅតូចដល់ពេញវ័យ និងរហូតមកដល់បច្ចុប្បន្ននេះ និងជាពិសេសនៅពេលដែលយើងមានការច្របូកច្របល់ និងវង្វេងផ្លូវ។ គ្មានការបោកបញ្ឆោត ហើយក៏គ្មានការបោកប្រាស់នៅក្នុងព្រះជាម្ចាស់ឡើយ។ ព្រះអង្គមានបន្ទូលយ៉ាងច្បាស់ និងត្រង់ៗ ហើយទាំងនេះក៏ជាសារជាតិពិតបា្រកដរបស់ព្រះជាម្ចាស់ដែរ។) ល្អណាស់! (យើងមិនឃើញមាននិស្ស័យពុករលួយរបស់សាតាំងនៅក្នុងព្រះជាម្ចាស់ឡើយ គ្មានភាពវៀចវេរ គ្មានអំនួត គ្មានការសន្យាឥតខ្លឹមសារ និងគ្មានការបោកបញ្ឆោតឡើយ។ ព្រះជាម្ចាស់ គឺជាព្រះតែមួយអង្គគត់ដែលមនុស្សអាចជឿជាក់បាន។ ព្រះជាម្ចាស់ស្មោះត្រង់ និងទៀងត្រង់។ តាមរយៈ កិច្ចការរបស់ព្រះជាម្ចាស់ យើងអាចមើលឃើញថា ព្រះជាម្ចាស់មានបន្ទូលប្រាប់ដល់មនុស្សឱ្យធ្វើជាមនុស្សស្មោះត្រង់ ប្រទានឱ្យពួកគេនូវប្រាជ្ញា ធ្វើឱ្យពួកគេអាចស្គាល់អ្វីល្អ អ្វីអាក្រក់ និងចេះវែកញែកពីមនុស្សនានា ព្រឹត្តិការណ៍ និងរឿងរ៉ាវផ្សេងៗជាច្រើន។ នៅត្រង់នេះ យើងអាចមើលឃើញភាពបរិសុទ្ធរបស់ព្រះជាម្ចាស់។) តើអ្នករាល់គ្នាបានបញ្ចប់ហើយឬនៅ? តើអ្នករាល់គ្នាពេញចិត្តនឹងអ្វីដែលអ្នកបាននិយាយទេ? តើអ្នករាល់គ្នាមានការយល់ដឹងអំពីព្រះជាម្ចាស់នៅក្នុងចិត្តបានច្រើនប៉ុនណា? ហើយតើអ្នករាល់គ្នាយល់ដឹងពីភាពបរិសុទ្ធរបស់ព្រះជាម្ចាស់បានច្រើនប៉ុនណា? ខ្ញុំដឹងថានៅក្នុងចិត្តរបស់អ្នករាល់គ្នាម្នាក់ៗនៅមានកម្រិតនៃការយល់ដឹង ពីព្រោះមនុស្សម្នាក់ៗអាចមានអារម្មណ៍ថា មានកិច្ចការរបស់ព្រះជាម្ចាស់នៅជាប់នឹងពួកគេ ហើយពួកគេទទួលបានអ្វីៗជាច្រើនពីព្រះជាម្ចាស់ដូចជា ព្រះគុណ ព្រះពរ ការបំភ្លឺ ការធ្វើឱ្យយល់ច្បាស់ ការជំនុំជម្រះ និងការវាយផ្ចាលរបស់ព្រះជាម្ចាស់នៅក្នុងកម្រិតខុសៗគ្នា ហើយដោយសារតែរឿងទាំងនេះ មនុស្សទទួលបានការយល់ដឹងដ៏សាមញ្ញមួយចំនួនអំពីសារជាតិរបស់ព្រះជាម្ចាស់។
ទោះបីជាភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ ដែលយើងកំពុងពិភាក្សានៅថ្ងៃនេះ ហាក់ដូចជាចម្លែកសម្រាប់មនុស្សភាគច្រើនក៏ដោយ តែចូរកុំខ្វល់ពីរឿងនេះ ឥឡូវនេះ យើងបានចាប់ផ្តើមប្រធានបទនេះ ហើយនៅពេលអ្នកដើរលើផ្លូវដែលនៅខាងមុខនេះ អ្នករាល់គ្នានឹងទទួលបានការយល់ដឹងកាន់តែស៊ីជម្រៅ។ ក្នុងអំឡុងពេលនៃការឆ្លងកាត់របស់អ្នកដោយផ្ទាល់ វានឹងធ្វើឱ្យអ្នកទទួលអារម្មណ៍ ហើយយល់ដឹងបន្តិចម្តងៗ។ សម្រាប់ពេលនេះ ភាពឆ្លាតវៃដែលផ្អែកលើការយល់ដឹងជាមូលដ្ឋានរបស់អ្នកអំពីសារជាតិរបស់ព្រះជាម្ចាស់ នៅតែត្រូវការរយៈពេលយូរ ដើម្បីរៀនសូត្រ ដើម្បីបញ្ជាក់ ដើម្បីទទួលអារម្មណ៍និងបទពិសោធពីការនេះ រហូតដល់ថ្ងៃណាមួយ ដែលអ្នករាល់គ្នានឹងយល់ចេញពីជម្រៅចិត្តរបស់អ្នកថា «ភាពបរិសុទ្ធរបស់ព្រះជាម្ចាស់» មានន័យថា សារជាតិរបស់ព្រះជាម្ចាស់ គឺល្អឥតខ្ចោះ សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ គឺគ្មានភាពអាត្មានិយម អ្វីទាំងអស់ដែលព្រះជាម្ចាស់ប្រទានដល់មនុស្ស គឺមិនគិតពីអង្គទ្រង់ខ្លួនឯងឡើយ ហើយអ្នកនឹងដឹងថា ភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ គឺឥតសៅហ្មង និងគ្មានកំហុសឡើយ។ ទិដ្ឋភាពនៃសារជាតិរបស់ព្រះជាម្ចាស់ទាំងអស់នេះ មិនមែនគ្រាន់តែជាព្រះបន្ទូលដែលព្រះអង្គប្រើ ដើម្បីបង្ហាញពីឋានៈរបស់ព្រះអង្គឡើយ ក៏ប៉ុន្តែព្រះជាម្ចាស់ប្រើសារជាតិរបស់ព្រះអង្គ ដើម្បីប្រព្រឹត្ដចំពោះមនុស្សម្នាក់ៗដោយទៀងត្រង់។ ម៉្យាងទៀត សារជាតិរបស់ព្រះជាម្ចាស់ គឺមិនមែនទទេឡើយ ហើយក៏មិនមែនជាទ្រឹស្តី ឬក៏ជាគោលលទ្ធិ ហើយក៏មិនមែនជាប្រភេទនៃចំណេះដឹងមួយដែរ។ វាមិនមែនជាប្រភេទនៃការអប់រំសម្រាប់មនុស្សឡើយ តែផ្ទុយទៅវិញ វាគឺជាការបើកសម្ដែងពិតប្រាកដអំពីសកម្មភាពផ្ទាល់របស់ព្រះជាម្ចាស់ និងបានបើកសម្ដែងអំពីសារជាតិដែលជាកម្មសិទ្ធិ និងជាលក្ខណៈរបស់ព្រះជាម្ចាស់។ មនុស្សគួរតែដឹងពីសារជាតិនេះ ហើយយល់ពីវាឱ្យច្បាស់ ពីព្រោះអ្វីគ្រប់យ៉ាងដែលព្រះជាម្ចាស់ធ្វើ និងគ្រប់ទាំងព្រះបន្ទូលដែលព្រះអង្គមានបន្ទូល គឺសុទ្ធតែមានតម្លៃ និងមានសារៈសំខាន់យ៉ាងខ្លាំងចំពោះមនុស្សគ្រប់ៗរូប។ នៅពេលដែលអ្នកយល់អំពីភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ នោះអ្នកអាចជឿជាក់លើព្រះអង្គបាន។ នៅពេលដែលអ្នកយល់អំពីភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ នោះអ្នកពិតជាអាចយល់បាននូវអត្ថន័យពិតប្រាកដនៃពាក្យថា «ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់»។ អ្នកនឹងលែងរវើរវាយតទៅទៀត ដោយគិតថាមានផ្លូវផ្សេងទៀតក្រៅពីផ្លូវមួយនេះ ដែលអ្នកអាចជ្រើសរើសដើរបាន ហើយអ្នកនឹងលែងមានឆន្ទៈក្បត់អ្វីៗទាំងអស់ដែលព្រះជាម្ចាស់បានរៀបចំសម្រាប់អ្នក។ ពីព្រោះសារជាតិរបស់ព្រះជាម្ចាស់ គឺបរិសុទ្ធ មានន័យថាមានតែអ្នកទេដែលអាចដើរឆ្លងកាត់ជីវិតលើផ្លូវសុចរិតនៃពន្លឺបាន មានតែព្រះជាម្ចាស់ទេដែលអាចឱ្យអ្នកយល់ដឹងអំពីអត្ថន័យជីវិត មានតែព្រះជាម្ចាស់ទេដែលអាចឱ្យអ្នករស់នៅក្នុងភាពជាមនុស្សពិតបា្រកដបាន និងស្គាល់ ព្រមទាំងទទួលបានសេចក្តីពិតធ្វើជាកម្មសិទ្ធិ។ មានតែព្រះជាម្ចាស់ទេ ដែលអាចឱ្យអ្នកទទួលបានជីវិតចេញពីសេចក្តីពិត។ មានតែព្រះជាម្ចាស់ផ្ទាល់ព្រះអង្គទេ ដែលអាចជួយអ្នក ឱ្យគេចចេញពីសេចក្ដីអាក្រក់ និងរំដោះអ្នកពីការធ្វើទុក្ខ និងការគ្រប់គ្រងរបស់សាតាំងបាន។ ក្រៅពីព្រះជាម្ចាស់ គ្មាននរណាម្នាក់ និងគ្មានអ្វីណាមួយអាចជួយសង្រ្គោះអ្នកពីសមុទ្រទុក្ខបានឡើយ ដើម្បីកុំឱ្យអ្នករងទុក្ខលំបាកតទៅទៀត។ ការនេះត្រូវបានកំណត់ដោយសារជាតិរបស់ព្រះជាម្ចាស់។ មានតែព្រះជាម្ចាស់ទេ ដែលសង្គ្រោះអ្នកដោយមិនខ្វល់ពីអង្គទ្រង់ខ្លួនឯង។ មានតែព្រះជាម្ចាស់ទេ ដែលទទួលខុសត្រូវចំពោះអនាគត ជោគវាសនា និងជីវិតរបស់អ្នក ហើយព្រះអង្គបានរៀបចំអ្វីៗទាំងអស់សម្រាប់អ្នក។ គ្មានអ្វីណាមួយដែលបានបង្កើត ឬមិនបានបង្កើតមក មានសារជាតិដូចជាសារជាតិរបស់ព្រះជាម្ចាស់នោះឡើយ ហើយក៏គ្មានមនុស្សណាម្នាក់ អ្វីណាមួយដែលមានសមត្ថភាពជួយសង្គ្រោះអ្នក ឬដឹកនាំអ្នកបានឡើយ។ នេះជាសារៈសំខាន់នៃសារជាតិរបស់ព្រះជាម្ចាស់ចំពោះមនុស្ស។ ជាគោលការណ៍ ប្រហែលជាអ្នករាល់គ្នាមានអារម្មណ៍ថា ពាក្យទាំងនេះដែលខ្ញុំបាននិយាយ អាចជួយបានបន្តិចបន្តួច។ ក៏ប៉ុន្តែ ប្រសិនបើអ្នកបានស្វែងរកការពិត ប្រសិនបើអ្នកស្រឡាញ់សេចក្តីពិត នោះអ្នកនឹងទទួលបានបទពិសោធពីរបៀបដែលពាក្យទាំងនេះ មិនត្រឹមតែអាចផ្លាស់ប្តូរជោគវាសនារបស់អ្នកប៉ុណ្ណោះទេ ក៏ប៉ុន្តែលើសពីនេះទៀត ពាក្យនេះនឹងនាំអ្នកទៅកាន់ផ្លូវត្រឹមត្រូវនៃជីវិតមនុស្ស។ តើអ្នកយល់ពីរឿងនេះទេ? ហេតុដូច្នេះ តើអ្នកនៅមានចំណាប់អារម្មណ៍ ចង់ដឹងពីសារជាតិរបស់ព្រះជាម្ចាស់ដែរទេ? (មែនហើយ។) ជាការប្រសើរណាស់ដែលដឹងថាអ្នកចាប់អារម្មណ៍។ សម្រាប់ថ្ងៃនេះ យើងនឹងបញ្ចប់ប្រធានបទនៃការប្រកបគ្នារបស់យើងស្តីពីការយល់ដឹងអំពីភាពបរិសុទ្ធរបស់ព្រះជាម្ចាស់នៅត្រឹមនេះសិន។
***
ខ្ញុំចង់និយាយជាមួយអ្នករាល់គ្នា អំពីអ្វីដែលអ្នករាល់គ្នាបានធ្វើពីដំបូងស្ដីពីការជួបជុំរបស់យើងនៅថ្ងៃនេះ ដែលធ្វើឱ្យខ្ញុំមានការភ្ញាក់ផ្អើល។ អ្នករាល់គ្នាមួយចំនួនប្រហែលជាកំពុងថែរក្សាទុកនូវអារម្មណ៍ដឹងគុណ ប្រហែលជាអ្នកមានអារម្មណ៍ដឹងគុណ ដូច្នេះហើយ អារម្មណ៍របស់អ្នកធ្វើឱ្យមានសកម្មភាពដែលត្រូវគ្នា។ អ្វីដែលអ្នកបានធ្វើ មិនមែនជាអ្វីដែលត្រូវការការតិះដៀលនោះទេ។ វាគ្មានអ្វីខុស អ្វីត្រូវនោះទេ។ ក៏ប៉ុន្តែ វាជាអ្វីដែលខ្ញុំចង់អោយអ្នករាល់គ្នាដឹង។ តើខ្ញុំចង់ឱ្យអ្នកដឹងពីអ្វី? ដំបូង ខ្ញុំចង់សួរអ្នករាល់គ្នាអំពីអ្វីដែលអ្នករាល់គ្នាបានធ្វើនៅពេលនេះ។ តើវាធ្វើឱ្យអ្នកក្រាបចុះ ឬលុតជង្គង់ថ្វាយបង្គំដែរទេ? តើមានអ្នកណាអាចប្រាប់ខ្ញុំបានទេ? (យើងជឿថា វាកំពុងធ្វើឱ្យអ្នកក្រាបចុះ។) អ្នករាល់គ្នាជឿថាវាកំពុងធ្វើឱ្យអ្នកក្រាបចុះ ដូច្នេះតើអ្វីទៅជាអត្ថន័យនៃការក្រាបចុះ? (គឺជាការថ្វាយបង្គំ។) ដូច្នេះ តើការលុតជង្គង់ថ្វាយបង្គំគឺជាអ្វី? ខ្ញុំមិនបានបង្រៀនការនេះដល់អ្នកពីមុនមកទេ ក៏ប៉ុន្តែថ្ងៃនេះ ខ្ញុំមានអារម្មណ៍ថា វាចាំបាច់ក្នុងការធ្វើរឿងនេះ។ នៅពេលជួបជុំគ្នាធម្មតាតើអ្នកក្រាបថ្វាយបង្គំដែរឬទេ? (អត់ទេ។) នៅពេលដែលអ្នកអធិស្ឋាន តើអ្នកក្រាបថ្វាយបង្គំដែរឬទេ? (ក្រាប។) រាល់ពេលអធិស្ឋានម្តងៗ តើអ្នកលុតក្រាបដែរឬទេ នៅពេលដែលស្ថានភាពអំណោយផល? (បាទ ចាស។) ជារឿងល្អមែន។ ក៏ប៉ុន្តែអ្វីដែលខ្ញុំចង់ឱ្យអ្នកយល់ដឹងនៅថ្ងៃនេះថា ព្រះជាម្ចាស់ទទួលយកការលុតជង្គង់ពីមនុស្សពីរប្រភេទប៉ុណ្ណោះ។ យើងមិនចាំបាច់ពិគ្រោះលើព្រះគម្ពីរ ឬការប្រព្រឹត្ដ និងក្រមសីលធម៌របស់បុគ្គលល្បីឈ្មោះខាងវិញ្ញាណណាម្នាក់ទេ។ ផ្ទុយទៅវិញ ចាប់ពីពេលនេះទៅ ខ្ញុំនឹងប្រាប់អ្នករាល់គ្នានូវការពិតមួយ។ ជាដំបូង ការលុតក្រាបនិងការលុតជង្គង់ថ្វាយបង្គំព្រះគឺមិនដូចគ្នាទេ។ ហេតុអ្វីបានជាព្រះជាម្ចាស់ទទួលយកការលុតជង្គង់ពីអស់អ្នកដែលលុតក្រាបដោយខ្លួនឯង? គឺដោយសារតែព្រះជាម្ចាស់ត្រាស់ហៅនរណាម្នាក់មករកព្រះអង្គ ហើយកោះហៅមនុស្សនេះឱ្យទទួលយកបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ ដូច្នេះព្រះជាម្ចាស់នឹងអនុញ្ញាតឱ្យគេក្រាបចុះនៅចំពោះព្រះភ័ក្រ្ដព្រះអង្គ។ នេះគឺជាប្រភេទមនុស្សទីមួយ។ ប្រភេទទីពីរ គឺការលុតជង្គង់ថ្វាយបង្គំព្រះជាម្ចាស់របស់នរណាម្នាក់ដែលកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្តីអាក្រក់។ មានតែមនុស្សពីរប្រភេទនេះប៉ុណ្ណោះ។ ដូច្នេះ តើអ្នកស្ថិតនៅក្នុងប្រភេទមនុស្សមួយណា? តើអ្នកអាចបា្រប់បានទេ? នេះគឺជាការពិត ទោះបីជាវាអាចប៉ះពាល់ដល់អារម្មណ៍របស់អ្នកបន្តិចក៏ដោយ។ មិនមានអ្វីដែលត្រូវនិយាយអំពីការលុតជង្គង់របស់មនុស្សនៅក្នុងពេលអធិស្ឋាននោះទេ វាជារឿងត្រឹមត្រូវ ហើយក៏ជារឿងដែលគួរធ្វើដែរ ពីព្រោះនៅពេលដែលមនុស្សអធិស្ឋាន ភាគច្រើន ពួកគេអធិស្ឋានដើម្បីសូមអ្វីមួយ ដើម្បីបើកចិត្តរបស់ពួកគេទៅកាន់ព្រះជាម្ចាស់ ហើយចូលទៅជួបព្រះអង្គដោយផ្ទាល់។ វាគឺជាការប្រាស្រ័យទាក់ទង និងជាការផ្លាស់ប្តូររវាងចិត្ត និងចិត្តជាមួយព្រះជាម្ចាស់។ ការថ្វាយបង្គំព្រះជាម្ចាស់ដោយការលុតជង្គង់របស់អ្នក មិនគួរគ្រាន់តែជាទម្រង់ផ្លូវការប៉ុណ្ណោះទេ។ ខ្ញុំគ្មានបំណងចង់ស្តីបន្ទោសដល់អ្នក ចំពោះអ្វីដែលអ្នកបានធ្វើនៅថ្ងៃនេះទេ។ ខ្ញុំគ្រាន់តែចង់ប្រាប់អ្នកឱ្យដឹងច្បាស់ ដើម្បីអ្នកយល់ពីគោលការណ៍នេះប៉ុណ្ណោះ តើអ្នកដឹងពីការនេះហើយមែនទេ? (ពួកយើងដឹងហើយ។) ខ្ញុំកំពុងប្រាប់អ្នកពីរឿងនេះ ដើម្បីកុំឱ្យរឿងនេះកើតឡើងម្តងទៀត។ ដូច្នេះ តើមនុស្សមានឱកាសលុតក្រាប និងលុតជង្គង់នៅចំពោះព្រះភ័ក្រ្ដរបស់ព្រះជាម្ចាស់ទេ? វាមិនមែនថាគ្មានឱកាសបែបនេះទេ។ មិនយូរមិនឆាប់ គ្រានោះនឹងមកដល់ ប៉ុន្តែឥឡូវនេះមិនទាន់ដល់ពេលទេ។ តើអ្នកឃើញទេ? តើការនេះធ្វើឱ្យអ្នកខកចិត្តទេ? (អត់ទេ។) អ៊ីចឹង ល្អហើយ។ ប្រហែលជាពាក្យទាំងនេះនឹងជុំរុញ ឬលើកទឹកចិត្តអ្នករាល់គ្នា ដើម្បីឱ្យអ្នកអាចដឹងនៅក្នុងចិត្តរបស់អ្នកអំពីស្ថានភាពបច្ចុប្បន្ន រវាងព្រះជាម្ចាស់និងមនុស្ស ហើយទំនាក់ទំនងបែបណាដែលមានរវាងព្រះជាម្ចាស់និងមនុស្សនាពេលឥឡូវនេះ។ ទោះបីជាថ្មីៗនេះយើងបាននិយាយ និងបានផ្លាស់ប្តូរមួយចំនួនទៀតក៏ដោយ តែការយល់ដឹងរបស់មនុស្សអំពីព្រះជាម្ចាស់ គឺនៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ។ មនុស្សនៅមានផ្លូវវែងឆ្ងាយទៀត ដើម្បីបន្តស្វែងយល់ពីព្រះជាម្ចាស់។ ខ្ញុំគ្មានចេតនាធ្វើឱ្យអ្នករាល់គ្នាធ្វើវាជារឿងបន្ទាន់ ឬដើម្បីប្រញាប់ប្រញាល់បង្ហាញពីសេចក្តីប្រាថ្នា ឬអារម្មណ៍ទាំងនេះនោះទេ។ អ្វីដែលអ្នកបានធ្វើនៅថ្ងៃនេះអាចបង្ហាញ និងបញ្ជាក់ពីអារម្មណ៍ពិតរបស់អ្នក ហើយខ្ញុំក៏បានដឹងដែរ។ ដូច្នេះ ខណៈពេលដែលអ្នកកំពុងធ្វើវា ខ្ញុំគ្រាន់តែចង់ក្រោកឈរ ហើយផ្តល់ឱ្យអ្នកនូវសេចក្តីសុខរបស់ខ្ញុំប៉ុណ្ណោះ ពីព្រោះខ្ញុំសូមជូនពរឱ្យអ្នកមានសុខភាពល្អ។ ដូច្នេះ ក្នុងគ្រប់ពាក្យ និងគ្រប់សកម្មភាពរបស់ខ្ញុំ ខ្ញុំខំប្រឹងអស់ពីសមត្ថភាពដើម្បីជួយអ្នករាល់គ្នា ដឹកនាំអ្នករាល់គ្នា ដើម្បីឱ្យអ្នករាល់គ្នាអាចមានការយល់ដឹងត្រឹមត្រូវ និងមានទស្សនៈត្រឹមត្រូវអំពីរបស់សព្វសារពើ។ អ្នករាល់គ្នាអាចយល់រឿងនេះបាន តើមែនឬអត់? (មែន។) បើអ៊ីចឹងល្អណាស់។ ទោះបីមនុស្សមានការយល់ដឹងខ្លះអំពីនិស្ស័យផ្សេងៗរបស់ព្រះជាម្ចាស់ ទិដ្ឋភាពនៃកម្មសិទ្ធិ និងលក្ខណៈរបស់ព្រះជាម្ចាស់ ព្រមទាំងកិច្ចការដែលព្រះជាម្ចាស់ធ្វើ ហើយភាគច្រើននៃការយល់ដឹងនេះ គ្មានអ្វីក្រៅពីការអានព្រះបន្ទូលនៅលើទំព័រ ឬការស្វែងយល់ពីគោលការណ៍ ឬគ្រាន់តែគិតអំពីព្រះបន្ទូលទាំងនោះប៉ុណ្ណោះ។ អ្វីដែលមនុស្សខ្វះបំផុតគឺការយល់ដឹង និងការយល់ច្បាស់យ៉ាងពិតប្រាកដ ដែលកើតចេញពីបទពិសោធជាក់ស្តែងនោះទេ។ ទោះបីជាព្រះជាម្ចាស់ប្រើវិធីសាស្រ្តផ្សេងៗដើម្បីដាស់ចិត្តរបស់មនុស្សក៏ដោយ ក៏នៅតែមានផ្លូវវែងឆ្ងាយក្នុងការដើរ មុនពេលដែលការនេះអាចសម្រេចបានដែរ។ ខ្ញុំមិនចង់ឃើញនរណាម្នាក់មានអារម្មណ៍ថា ព្រះជាម្ចាស់បានទុកឱ្យពួកគេនៅរងារខាងក្រៅនោះទេ ឬក៏ថាព្រះជាម្ចាស់បានបោះបង់ចោលពួកគេ ឬបែរខ្នងដាក់ពួកគេនោះដែរ។ អ្វីដែលខ្ញុំចង់ឃើញ គឺមនុស្សគ្រប់គ្នានៅលើផ្លូវឆ្ពោះទៅរកសេចក្តីពិត ហើយស្វែងរកការយល់ដឹងពីព្រះជាម្ចាស់ ដោយដើរទៅមុខដោយភាពអង់អាច ជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ ដោយគ្មានការធ្វេសប្រហែស ឬបន្ទុកណាមួយឡើយ។ មិនថាអ្នកបានធ្វើខុសច្រើនប៉ុនណា មិនថាអ្នកបានវង្វេងឆ្ងាយប៉ុនណា ឬធ្វើខុសធ្ងន់ធ្ងរប៉ុនណានោះទេ សូមកុំទុកឱ្យបន្ទុកទាំងនេះក្លាយជាបន្ទុក ឬសំពាយដ៏ធ្ងន់លើសទំងន់ដែលអ្នកត្រូវស្ពាយទៅតាមខ្លួន ក្នុងការតាមស្វែងយល់អំពីព្រះជាម្ចាស់របស់អ្នកនោះឡើយ។ ចូរបន្តដំណើរទៅមុខទៀត។ ព្រះជាម្ចាស់រក្សាទុកសេចក្តីសង្គ្រោះរបស់មនុស្សនៅក្នុងព្រះហឫទ័យរបស់ព្រះអង្គគ្រប់ពេលវេលា គឺទ្រង់មិនដែលប្រែប្រួលឡើយ។ នេះគឺជាផ្នែកដ៏មានតម្លៃបំផុតនៃសារជាតិរបស់ព្រះជាម្ចាស់។ តើពេលនេះ អ្នករាល់គ្នាមានអារម្មណ៍ធូរស្រាលបន្តិចហើយឬនៅ? (មែនហើយ។) ខ្ញុំសង្ឃឹមថាអ្នករាល់គ្នាអាចប្រកាន់យកវិធីត្រឹមត្រូវចំពោះរឿងរ៉ាវទាំងអស់ និងពាក្យដែលខ្ញុំបាននិយាយ។ ចូរយើងបញ្ចប់ការប្រកបគ្នានៅត្រឹមនេះចុះ។ សូមជម្រាបលា!
ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៤