ធម្មជាតិក្រអឺតក្រទម គឺជាឫសគល់នៃការទាស់ទទឹងរបស់មនុស្សចំពោះព្រះជាម្ចាស់
ថ្ងៃនេះ ខ្ញុំនឹងមានបន្ទូលអំពីបញ្ហានៃធម្មជាតិ សារជាតិ និងនិស្ស័យរបស់មនុស្សដែលពុករលួយ។ តើធម្មជាតិគឺជាអ្វី? ធម្មជាតិគឺជាសារជាតិខាងក្នុងរបស់មនុស្ស ជាអ្វីដែលស្ថិតក្នុងពួកគេ ដែលបង្កើតបានជាឥទ្ធិពលគ្រប់គ្រង និងដឹកនាំ។ អ្វីដែលមនុស្សខ្ពើមរអើម ស្អប់ ឬចូលចិត្ត គឺតំណាងឱ្យអ្វីគ្រប់យ៉ាងអំពីនិស្ស័យរបស់ពួកគេ ដែលពាក់ព័ន្ធដោយផ្ទាល់ទៅនឹងធម្មជាតិ និងសារជាតិរបស់ពួកគេ។ មែនទែនទៅ ធម្មជាតិគឺជាសារជាតិ ហើយធម្មជាតិរបស់មនុស្សកំណត់ពីសារជាតិរបស់ពួកគេ។ និស្ស័យគឺជាអ្វីមួយដែលបង្ហាញចេញពីសារជាតិ និងធម្មជាតិរបស់មនុស្ស។ និស្ស័យដែលមនុស្សបើកសម្ដែងនៅក្នុងសម្ដី ទង្វើ និងការប្រព្រឹត្តរបស់ខ្លួន គឺតំណាងឱ្យធម្មជាតិរបស់ពួកគេ ដែលជាសារជាតិរបស់ពួកគេ។ នេះជាគោលគំនិតអំពីធម្មជាតិ។ គឺអាចនិយាយបានថា អ្វីដែលមនុស្សចូលចិត្ត ស្អប់ ឬខ្ពើមរអើម ព្រមទាំងអ្វីដែលមនុស្សដេញតាម សុទ្ធតែតំណាងឱ្យធម្មជាតិរបស់ពួកគេទាំងអស់។ ទាំងនេះគឺជាចំណុចគន្លឹះដែលត្រូវពិនិត្យមើលថាតើចុងក្រោយមនុស្សមានធម្មជាតិ និងសារជាតិល្អឬក៏អាក្រក់។ ឧទាហរណ៍ ប្រសិនបើបុគ្គលម្នាក់ចូលចិត្តធ្វើអាក្រក់ នោះធម្មជាតិ និងសារជាតិរបស់បុគ្គលនោះគឺអាក្រក់គួរសម។ បើគេចូលចិត្តធ្វើល្អ និងប្រព្រឹត្តដោយសុចរិត នោះធម្មជាតិ និងសារជាតិរបស់បុគ្គលនោះ គឺល្អ។ ដោយនិយាយបែបនេះ តើអ្នករាល់គ្នាយល់ពីគោលគំនិតអំពីធម្មជាតិដែរឬទេ? ធម្មជាតិគឺជាសារជាតិ។ កាលពីមុន គេបាននិយាយថា មនុស្សមានសារជាតិដូចទៅនឹងវិញ្ញាណរបស់ពួកគេ៖ មិនថានៅក្នុងពួកគេមានវិញ្ញាណបែបណា មិនថាជាវិញ្ញាណសប្បុរសឬយ៉ាងណា នោះជាធម្មជាតិដែលពួកគេមានហើយ។ ពិតណាស់ នេះមិនខុសទេ ប៉ុន្តែការគ្រាន់តែនិយាយថា វិញ្ញាណកំណត់ពីធម្មជាតិ ការនោះហាក់ស្រពេចស្រពិលបន្តិច និងមិនជាក់ស្ដែងឡើយ។ តើខ្ញុំត្រូវប្រើអ្វីទៅ ដើម្បីពន្យល់អំពីចំណុចនេះ? ខ្ញុំនឹងប្រើនិស្ស័យ ដើម្បីពន្យល់ពីធម្មជាតិ និងសារជាតិរបស់មនុស្ស ព្រោះថានិស្ស័យគឺជាអ្វីដែលបង្ហាញចេញ ជាអ្វីដែលមនុស្សអាចមើលឃើញ អាចពាល់បាន និងអាចទាក់ទងបាន ហេតុដូចនេះ វាមានលក្ខណៈជាក់ស្ដែង និងសត្យានុម័តជាង។ ចំពោះវិញ្ញាណ មនុស្សគិតថា វាមានគុណភាពមិនច្បាស់លាស់ គិតថាវាអាថ៌កំបាំង និងទទេ គ្រប់យ៉ាងគឺព្រោះតែពួកគេមិនអាចស្រមើស្រមៃ មិនអាចមើលឃើញ មិនអាចពាល់បាន ក៏មិនអាចវិធីបង្ហាញវាបាននោះដែរ។ ការតែងតែនិយាយពីវិញ្ញាណ និងព្រលឹង នឹងមិនត្រឹមត្រូវ ក៏មិនចាំបាច់នោះដែរ។ យើងមិនត្រូវការវា ដើម្បីពន្យល់ពីសំណួរអំពីធម្មជាតិនោះឡើយ ព្រោះថាអ្វីៗទាំងនោះមានលក្ខណៈអរូបិយ និងមិនជាក់ស្ដែងទេ។ អ្វីដែលយើងពិភាក្សាគ្នាឥឡូវនេះ គឺជារឿងជាក់ស្ដែង និងពិតប្រាកដបំផុត ហើយវាអាចដោះស្រាយបញ្ហានៃសេចក្តីពុករលួយរបស់មនុស្សបាន។ ដោយប្រើភាសាបែបនេះ ដើម្បីសម្ដែងចេញ និងពន្យល់ពីបញ្ហានេះ នោះយើងអាចសម្រេចបានលទ្ធផល។
យើងទើបតែនិយាយពីគោលគំនិតនៃធម្មជាតិប៉ុណ្ណោះ ចុះធម្មជាតិរបស់មនុស្សជាអ្វីឱ្យប្រាកដទៅ? តើអ្នករាល់គ្នាដឹងដែរឬទេ? ដោយសារតែមនុស្សត្រូវបានសាតាំងធ្វើឱ្យពុករលួយ ដូច្នេះ ធម្មជាតិរបស់ពួកគេ ដែលជាសារជាតិរបស់ពួកគេដែរនោះ ក៏បានផ្លាស់ប្ដូរផងដែរ។ បើអ៊ីចឹង តើសារជាតិរបស់មនុស្សគឺជាអ្វីដែរ? អ្វីដែលខ្ញុំមានបន្ទូលឥឡូវនេះ គឺទាក់ទងនឹងសារជាតិ និងធម្មជាតិរបស់មនុស្ស មិនសំដៅលើបុគ្គលណាម្នាក់ឡើយ។ ចាប់តាំងពីមានសេចក្ដីពុករលួយរបស់មនុស្សជាតិដោយសារសាតាំង ធម្មជាតិរបស់មនុស្សបានចាប់ផ្ដើមកាន់តែអាក្រក់ ហើយបន្ដិចម្ដងៗ ពួកគេបានបាត់បង់ហេតុផលដែលមនុស្សធម្មតាមាន។ សព្វថ្ងៃនេះ ពួកគេលែងប្រព្រឹត្តក្នុងនាមជាមនុស្សនៅក្នុងមុខតំណែងជាមនុស្សទៀតហើយ ប៉ុន្តែពេញដោយបំណងអាក្រក់។ ពួកគេបានហួសពីទីន្លែងមនុស្ស ប៉ុន្តែ នៅតែស្រេកឃ្លានចង់ទៅកាន់តែខ្ពស់។ តើ «ខ្ពស់ជាង» នេះសំដៅលើអ្វី? ពួកគេប្រាថ្នាចង់ឱ្យបានខ្ពស់ហួសព្រះជាម្ចាស់ ចង់ហួសផ្ទៃមេឃ និងហួសអ្វីៗទាំងអស់។ តើអ្វីទៅជាឫសគល់ដែលនាំឱ្យមនុស្សបង្ហាញឱ្យឃើញនិស្ស័យបែបនេះ? ពេលដែលពិចារណាអំពីរឿងនេះ ធម្មជាតិរបស់មនុស្សគឺក្រអឺតក្រទមជ្រុលពេក។ មនុស្សភាគច្រើនយល់ពីអត្ថន័យនៃពាក្យថា «ក្រអឺតក្រទម»។ ពាក្យនេះមានន័យអវិជ្ជមាន។ ប្រសិនបើមនុស្សម្នាក់បង្ហាញឱ្យឃើញនូវភាពក្រអឺតក្រទម អ្នកដទៃគិតថា ពួកគេមិនមែនជាមនុស្សល្អឡើយ។ គ្រប់ពេលដែលមនុស្សមានភាពក្រអឺតក្រទមខ្លាំង អ្នកដទៃតែងតែសន្មតថា ពួកគេគឺជាមនុស្សអាក្រក់។ គ្មាននរណាម្នាក់ចង់ឱ្យអ្នកដទៃប្រើពាក្យនេះចំពោះខ្លួនឡើយ។ ក៏ប៉ុន្តែ មែនទែនទៅ មនុស្សគ្រប់គ្នាសុទ្ធតែក្រអឺតក្រទម ហើយមនុស្សពុករលួយទាំងអស់សុទ្ធតែមានសារជាតិនេះ។ មនុស្សមួយចំនួននិយាយថា៖ «ខ្ញុំគ្មានភាពក្រអឺតក្រទមសូម្បីតែបន្តិចឡើយ។ ខ្ញុំមិនដែលចង់ក្លាយជាមហាទេវតា ក៏មិនចង់ខ្ពស់ជាងព្រះជាម្ចាស់ ឬប្រសើរលើសអ្វីផ្សេងទៀតដែរ។ ខ្ញុំតែងតែធ្វើជាមនុស្សម្នាក់ដែលមានឥរិយាបថល្អ និងបំពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អប៉ុណ្ណោះ»។ មិនប្រាកដនោះទេ។ ពាក្យទាំងនេះមិនត្រឹមត្រូវឡើយ។ ពេលដែលមនុស្សមានភាពក្រអឺតក្រទមនៅក្នុងធម្មជាតិ និងសារជាតិ ពួកគេជារឿយៗអាចបះបោរទាស់ និងប្រឆាំងនឹងព្រះជាម្ចាស់។ មិនស្ដាប់បង្គាប់តាមព្រះបន្ទូលរបស់ទ្រង់ បង្កើតឱ្យមានសញ្ញាណអំពីទ្រង់ ធ្វើអ្វីៗដែលក្បត់នឹងទ្រង់ និងអ្វីៗដែលតម្កើងខ្លួន ព្រមទាំងធ្វើបន្ទាល់អំពីខ្លួនឯង។ អ្នកអាចនិយាយថា អ្នកមិនក្រអឺតក្រទមនោះទេ ប៉ុន្តែឧបមាថា អ្នកបានទទួលពួកជំនុំមួយ និងត្រូវបានអនុញ្ញាតឱ្យដឹកនាំពួកពួកជំនុំនោះ។ ឧបមាថា ខ្ញុំមិនបានលួសកាត់អ្នក ហើយគ្មាននរណាម្នាក់នៅក្នុងគ្រួសាររបស់ព្រះជាម្ចាស់បានរិះគន់ ឬជួយអ្នកទេ៖ ក្រោយពេលដឹកនាំពួកជំនុំបានមួយរយៈពេល អ្នកនឹងធ្វើឱ្យមនុស្សកោតសរសើរអ្នក និងឱ្យពួកគេស្ដាប់បង្គាប់អ្នក ថែមទាំងដល់ចំណុចនៃការកោតស្ញប់ស្ញែង និងគោរពអ្នកទៀតផង។ ចុះហេតុអ្វីបានជាអ្នកធ្វើបែបនេះ? ការនេះនឹងត្រូវបានកំណត់ដោយធម្មជាតិរបស់អ្នក។ វានឹងគ្មានអ្វីក្រៅពីការបើកសម្ដែងអំពីធម្មជាតិនោះទេ។ អ្នកមិនចាំបាច់ខំប្រឹងយ៉ាងខ្លាំង ដើម្បីចង់ដឹងអំពីការនេះទេ ហើយអ្នកក៏មិនចាំបាច់សុំឱ្យអ្នកដទៃមកបង្រៀនអ្នកជាពិសេសអំពីការនេះនោះដែរ។ អ្នកមិនចាំបាច់រៀនអំពីរឿងនេះពីអ្នកដទៃ ហើយក៏មិនត្រូវការឱ្យពួកគេបង្រៀនអ្នកដែរ។ អ្នកមិនត្រូវការអ្នកដទៃបង្ហាត់បង្ហាញអ្នក ឬបង្ខំអ្នកឱ្យធ្វើរឿងនេះឡើយ។ ស្ថានភាពប្រភេទនេះ បានមកដោយឯកឯង។ គ្រប់យ៉ាងដែលអ្នកធ្វើ គឺពាក់ព័ន្ធនឹងការធ្វើឱ្យមនុស្សលើកតម្កើងអ្នក សរសើរអ្នក ថ្វាយបង្គំអ្នក ស្ដាប់បង្គាប់អ្នក និងស្ដាប់តាមអ្នកនៅគ្រប់កិច្ចការទាំងអស់។ ការអនុញ្ញាតឱ្យអ្នកក្លាយជាអ្នកដឹកនាំដោយឯកឯង នាំមកនូវស្ថានភាពនេះ ហើយវាមិនអាចផ្លាស់ប្ដូរបានឡើយ។ ចុះស្ថានភាពនេះកើតឡើងដូចម្ដេច? វាត្រូវបានកំណត់ដោយធម្មជាតិក្រអឺតក្រទមរបស់មនុស្ស។ ការសម្ដែងចេញអំពីភាពក្រអឺតក្រទម គឺជាការបះបោរ និងការរឹងទទឹងទាស់នឹងព្រះជាម្ចាស់។ នៅពេលដែលមនុស្សក្រអឺតក្រទម អួតខ្លួនហួសហេតុ និងរាប់ខ្លួនឯងជាសុចរិត ពួកគេមានទំនោរចង់តាំងនគរឯករាជ្យរបស់ខ្លួនឡើង ហើយធ្វើអ្វីៗតាមតែអំពើចិត្តរបស់ពួកគេ។ ពួកគេក៏នាំអ្នកដទៃមកក្នុងដៃរបស់ពួកគេផ្ទាល់ ហើយក្ដាប់ពួកគេយ៉ាងជាប់ដែរ។ សម្រាប់មនុស្សដែលអាចធ្វើរឿងក្រអឺតក្រទមបែបនេះ វាគ្រាន់តែបញ្ជាក់ឱ្យឃើញថា សារជាតិនៃធម្មជាតិក្រអឺតក្រទមរបស់ពួកគេគឺមកពីសាតាំង ដែលជាមហាទេវតា។ នៅពេលដែលភាពក្រអឺតក្រទម និងការអួតខ្លួនហួសហេតុរបស់ពួកគេឈានដល់កម្រិតជាក់លាក់មួយ នោះពួកគេលែងមានព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់ពួកគេទៀតហើយ ហើយពួកគេមិនខ្វល់នឹងទ្រង់ឡើយ។ ពេលនោះ ពួកគេប្រាថ្នាចង់ក្លាយជាព្រះជាម្ចាស់ ធ្វើឱ្យមនុស្សស្ដាប់បង្គាប់ពួកគេ ហើយពួកគេក្លាយជាមហាទេវតា។ ប្រសិនបើអ្នកមានធម្មជាតិក្រអឺតក្រទមបែបសាតាំងនេះ ព្រះជាម្ចាស់នឹងមិនគង់នៅក្នុងដួងចិត្តរបស់អ្នកឡើយ។ ទោះបីជាអ្នកជឿលើព្រះជាម្ចាស់ក៏ដោយ ក៏ព្រះអង្គនឹងលែងស្គាល់អ្នកទៀតដែរ ហើយទ្រង់នឹងទតឃើញអ្នកជាមនុស្សអាក្រក់ រួចដកអ្នកចេញមិនខាន។
យើងបានប្រកាសដំណឹងល្អម្ដងហើយម្ដងទៀតទៅកាន់អ្នកដឹកនាំជាច្រើននាក់នៅក្នុងរង្វង់សាសនា ប៉ុន្តែមិនថាយើងប្រកបគ្នាលើសេចក្តីពិតជាមួយពួកគេបែបណាឡើយ ពួកគេមិនទទួលយកសេចក្តីពិតនោះឡើយ។ ហេតុអ្វីបានជាបែបនេះ? នោះគឺដោយសារតែភាពក្រអឺតក្រទមរបស់ពួកគេបានក្លាយជាធម្មជាតិទីពីរ ហើយព្រះជាម្ចាស់លែងមានកន្លែងនៅក្នុងដួងចិត្តរបស់ពួកគេតទៅទៀត។ មនុស្សខ្លះអាចនិយាយថា «មនុស្សក្រោមការដឹកនាំរបស់គ្រូគង្វាលមួយចំនួននៅក្នុងពិភពសាសនា មានការជំរុញចិត្តជាច្រើន ហើយវាហាក់ដូចជាពួកគេមានព្រះជាម្ចាស់នៅកណ្ដាលចំណោមពួកគេអ៊ីចឹង»។ តើអ្នកយកអារម្មណ៍រំជើបរំជួលជាការជំរុញចិត្តឬ? មិនថាទ្រឹស្ដីរបស់គ្រូគង្វាលទាំងនោះស្ដាប់ទៅដូចជាខ្ពង់ខ្ពស់បែបណា តើពួកគេស្គាល់ព្រះជាម្ចាស់ដែរឬទេ? បើពួកគេពិតជាបានគោរពព្រះជាម្ចាស់ពីក្នុងជម្រៅចិត្តមែន តើពួកគេនឹងធ្វើឲ្យមនុស្សមកដើរតាមពួកគេ និងលើកតម្កើងពួកគេដែរឬទេ? តើពួកគេអាចគ្រប់គ្រងអ្នកដទៃបានដែរឬទេ? តើពួកគេហ៊ានរារាំងអ្នកដទៃមិនឲ្យស្វែងរកសេចក្ដីពិត និងពិនិត្យពិច័យលើផ្លូវពិតដែរឬ? បើពួកគេជឿថាចៀមរបស់ព្រះជាម្ចាស់ពិតជាចៀមរបស់ពួកគេ និងជឿថា អ្នកទាំងអស់នោះគួរតែស្ដាប់តាមពួកគេ តើនេះមិនមែនជាករណីថា ពួកគេចាត់ទុកខ្លួនឯងជាព្រះជាម្ចាស់ទេឬអី? មនុស្សបែបនេះគឺអាក្រក់ជាងពួកផារីស៊ីទៅទៀត។ តើពួកគេមិនមែនជាពួកទទឹងនឹងព្រះគ្រីស្ទយ៉ាងពិតប្រាកដទេឬ? ហេតុដូចនេះ ភាពក្រអឺតក្រទមរបស់ពួកគេពិតជាធ្ងន់ធ្ងរណាស់ ហើយវាអាចនាំឱ្យពួកគេធ្វើរឿងបះបោរបាន។ តើរឿងបែបនេះមិនបានកើតឡើងក្នុងចំណោមអ្នករាល់គ្នាទេឬ? តើអ្នករាល់គ្នាអាចបោកបញ្ឆោតមនុស្សតាមរបៀបនេះដែរឬទេ? អ្នកអាចធ្វើបាន វាគ្រាន់តែថា អ្នកមិនទាន់ទទួលបានឱកាសប៉ុណ្ណោះ ហើយអ្នកកំពុងទទួលការលួសកាត់ និងការដោះស្រាយមិនចេះចប់ឡើយ ដូច្នេះ អ្នកនឹងមិនហ៊ាននោះទេ។ មនុស្សមួយចំនួនក៏លើកតម្កើងខ្លួនឯងតាមរបៀបកិច្ចកលដែរ ប៉ុន្តែពួកគេចេះនិយាយស្ដីប្រកបដោយភាពវៃឆ្លាត ដូច្នេះ មនុស្សធម្មតាមិនអាចកត់សម្គាល់បានទេ។ មនុស្សខ្លះក្រអឺតក្រទមហូតដល់ថ្នាក់និយាយថា៖ «ការឱ្យអ្នកផ្សេងមកដឹកនាំពួកជំនុំនេះ គឺជារឿងមិនអាចទទួលយកបានទេ! ព្រះជាម្ចាស់ត្រូវតែឆ្លងកាត់ខ្ញុំ ដើម្បីមកកាន់ទីនេះ ហើយព្រះអង្គអាចអធិប្បាយទៅកាន់អ្នករាល់គ្នាបាន បន្ទាប់ពីខ្ញុំបានពន្យល់ពីស្ថានភាពពួកជំនុំនេះដល់ទ្រង់សិនប៉ុណ្ណោះ។ ក្រៅពីខ្ញុំ គ្មានអ្នកណាផ្សេងអាចចូលមកស្រោចស្រពអ្នករាល់គ្នានៅទីនេះបានឡើយ»។ តើអ្វីទៅជាចេតនាបង្កប់ពីក្រោយសម្ដីបែបនេះ? តើវាបើកសម្ដែងពីនិស្ស័យអ្វីដែរ? វាគឺជាភាពក្រអឺតក្រទម។ កាលណាមនុស្សធ្វើបែបនេះ នោះពួកគេប្រព្រឹត្តទាស់ទទឹង និងបះបោរប្រឆាំងនឹងព្រះជាម្ចាស់។ ដូច្នេះ ធម្មជាតិក្រអឺតក្រទមរបស់មនុស្សកំណត់មកថា ពួកគេនឹងលើកតម្កើងខ្លួនឯង បះបោរ និងក្បត់ព្រះជាម្ចាស់ បោកបញ្ឆោតអ្នកដទៃ បំផ្លាញអ្នកដទៃ និងបំផ្លាញខ្លួនឯង។ ប្រសិនបើពួកគេស្លាប់ទៅដោយមិនបានប្រែចិត្ត នោះពួកគេនឹងត្រូវផាត់ចោលនៅទីបំផុតមិនខាន។ តើនេះមិនគ្រោះថ្នាក់សម្រាប់មនុស្សដែលមាននិស្ស័យក្រអឺតក្រទមទេឬ? ប្រសិនបើពួកគេមាននិស្ស័យក្រអឺតក្រទម ប៉ុន្តែពួកគេអាចទទួលយកសេចក្តីពិត នោះពួកគេនៅមានសង្ឃឹមនឹងសង្រ្គោះបាន។ ពួកគេត្រូវតែឆ្លងកាត់ការជំនុំជម្រះ និងការវាយផ្ចាល ហើយពួកគេត្រូវបោះបង់ចោលនិស្ស័យពុករលួយរបស់ខ្លួន ដើម្បីទទួលបានសេចក្តីសង្រ្គោះយ៉ាងពិតប្រាកដ។
មនុស្សមួយចំនួនតែងនិយាយថា៖ «ហេតុអ្វីបានជាព្រះជាម្ចាស់ប្រើការជំនុំជម្រះ និងការវាយផ្ចាល ដើម្បីសង្រ្គោះមនុស្សនៅគ្រាចុងក្រោយ? ហេតុអ្វីបានជាព្រះបន្ទូលនៃការជំនុំជម្រះធ្ងន់ធ្ងរខ្លាំងម្ល៉េះ?» មានពាក្យមួយឃ្លាដែលអ្នករាល់គ្នាអាចដឹងរួចហើយថា៖ «កិច្ចការរបស់ព្រះជាម្ចាស់ប្រែប្រួលទៅតាមបុគ្គលម្នាក់ៗ។ កិច្ចការរបស់ទ្រង់មានលក្ខណៈបត់បែន ហើយព្រះអង្គមិនប្រកាន់ខ្ជាប់តាមក្បួនច្បាប់នោះទេ»។ កិច្ចការនៃការជំនុំជម្រះ និងការវាយផ្ចាលនៅគ្រាចុងក្រោយ ជាចម្បង គឺសំដៅលើធម្មជាតិក្រអឺតក្រទមរបស់មនុស្ស។ ភាពក្រអឺតក្រទមគ្របដណ្ដប់លើរឿងជាច្រើន លើនិស្ស័យពុករលួយជាច្រើន ហើយការជំនុំជម្រះ និងការវាយផ្ចាល គឺសំដៅដោយផ្ទាល់ទៅនឹងពាក្យថា «ភាពក្រអឺតក្រទម» នេះ ដើម្បីកម្ចាត់ចោលទាំងស្រុងនូវនិស្ស័យក្រអឺតក្រទមរបស់មនុស្ស។ នៅទីបំផុត មនុស្សនឹងមិនបះបោរទាស់នឹងព្រះជាម្ចាស់ ឬក៏ទាស់ទទឹងនឹងទ្រង់ទៀតឡើយ ដូច្នេះ ពួកគេនឹងមិនខំប្រឹងតាំងឡើងនូវនគរឯករាជ្យរបស់ខ្លួន មិនប្រព្រឹត្តអំពើអាក្រក់ និងមានការទាមទារហួសហេតុពីព្រះជាម្ចាស់នោះទេ ពោលគឺ ដោយធ្វើបែបនេះ ពួកគេបានកម្ចាត់ចោលនិស្ស័យក្រអឺតក្រទមរបស់ខ្លួន។ ភាពក្រអឺតក្រទមមានការបង្ហាញចេញជាច្រើន។ ឧទាហរណ៍ ឧបមាថា មានអ្នកជឿព្រះជាម្ចាស់ម្នាក់ទាមទារចង់បានព្រះគុណរបស់ទ្រង់ តើអ្នកអាចទាមទារព្រះគុណដោយឈរលើមូលដ្ឋានអ្វីដែរ? អ្នកគឺជាបុគ្គលម្នាក់ដែលត្រូវបានពុករលួយដោយសាតាំង ដែលជាភាវៈមួយដែលព្រះបង្កើតមក ហើយការពិតដែលអ្នកមានជីវិតរស់ និងមានដង្ហើមដកនេះ គឺជាព្រះគុណដ៏ធំធេងបំផុតរបស់ព្រះជាម្ចាស់រួចស្រេចទៅហើយ។ អ្នកអាចរីករាយនឹងអ្វីគ្រប់យ៉ាងដែលព្រះជាម្ចាស់បានបង្កើតមកនៅលើផែនដី។ ព្រះជាម្ចាស់បានប្រទានដល់អ្នកល្មមគ្រប់គ្រាន់ហើយ ចុះហេតុអ្វីក៏អ្នកនៅតែទាមទារពីទ្រង់ថែមទៀតដូច្នេះ? នោះព្រោះតែមនុស្សមិនចេះស្កប់ចិត្តជាមួយនឹងវាសនារបស់ខ្លួនឡើយ។ ពួកគេតែងតែគិតថា ពួកគេប្រសើរជាងអ្នកដទៃ គិតថា ពួកគេគួរតែមានច្រើនថែមទៀត ដូច្នេះហើយទើបពួកគេតែងតែទាមទារពីព្រះជាម្ចាស់នោះ។ ការនេះតំណាងឱ្យនិស្ស័យក្រអឺតក្រទមរបស់ពួកគេ។ ទោះបីមាត់ពួកគេមិននិយាយក៏ដោយ ក៏នៅពេលមនុស្សចាប់ផ្ដើមជឿព្រះជាម្ចាស់ពីដំបូង នៅក្នុងចិត្តរបស់ខ្លួន ពួកគេអាចគិតរួចស្រេចទៅហើយថា៖ «ខ្ញុំចង់ទៅស្ថានសួគ៌ មិនមែនស្ថាននរកឡើយ។ ខ្ញុំមិនចង់ទទួលបានព្រះពរសម្រាប់តែខ្លួនខ្ញុំប៉ុណ្ណោះទេ ប៉ុន្តែចង់បានសម្រាប់គ្រួសារខ្ញុំទាំងមូលដែរ។ ខ្ញុំចង់បរិភោគអាហារឆ្ងាញ់ៗ ចង់ស្លៀកពាក់ស្អាតៗ ចង់មានរបស់ល្អៗប្រើ។ ខ្ញុំចង់មានគ្រួសារល្អ ចង់មានប្ដីល្អ (ឬប្រពន្ធល្អ) និងចង់មានកូនល្អៗ។ ចុងក្រោយ ខ្ញុំចង់សោយរាជ្យជាស្ដេច»។ គ្រប់យ៉ាងគឺជាសេចក្តីតម្រូវ និងការទាមទាររបស់ពួកគេ។ និស្ស័យរបស់ពួកគេនេះ អ្វីៗទាំងអស់នេះដែលពួកគេគិតទុកនៅក្នុងចិត្តរបស់ខ្លួន បំណងប្រាថ្នាដ៏ហួសហេតុទាំងនេះ សុទ្ធតែតំណាងឱ្យធម្មជាតិក្រអឺតក្រទមរបស់មនុស្សទាំងអស់។ តើអ្វីទៅដែលឱ្យខ្ញុំមានបន្ទូលបែបនេះ? វាទាក់ទងនឹងឋានៈរបស់មនុស្ស។ មនុស្សគឺជាភាវៈដែលព្រះបង្កើតមកចេញពីធូលីដី។ ព្រះជាម្ចាស់បានបង្កើតមនុស្សចេញពីដីឥដ្ឋ ហើយផ្លុំខ្យល់ដង្ហើមនៃជីវិតចូលទៅក្នុងគាត់។ មនុស្សមានឋានៈទន់ទាប តែមនុស្សនៅតែចូលមកចំពោះព្រះជាម្ចាស់ចង់បាននេះចង់បាននោះទៀត។ មនុស្សមានឋានៈទាបថោក គេមិនគួរបើកមាត់ទាមទារអ្វីពីព្រះជាម្ចាស់ឡើយ។ ដូច្នេះ តើមនុស្សគួរតែធ្វើបែបណាទៅ? ពួកគេគួរតែខំប្រឹងធ្វើការ ដោយមិនគិតពីការរិះគន់ ប្រឹងប្រែង និងស្ដាប់បង្គាប់ដោយរីករាយ។ វាមិនមែនជាសំណួរអំពីការទទួលយកការបន្ទាបខ្លួនដោយរីករាយ ឬមិនទទួលយកការបន្ទាបខ្លួនដោយរីករាយនោះទេ។ នេះជាឋានៈមួយដែលមនុស្សកើតមកមានភ្ជាប់ជាមួយ។ ពួកគេគួរតែស្ដាប់បង្គាប់ និងបន្ទាបខ្លួនតាំងពីកំណើតមក ដ្បិតឋានៈរបស់ពួកគេគឺត្រូវបន្ទាបខ្លួន ដូច្នេះហើយពួកគេមិនគួរទាមទារពីព្រះជាម្ចាស់ និងមានបំណងប្រាថ្នាជ្រុលហួសហេតុចំពោះព្រះជាម្ចាស់នោះឡើយ។ រឿងបែបនេះមិនគួរកើតមាននៅក្នុងពួកគេទេ។ នេះជាឧទាហរណ៍សាមញ្ញមួយ។ គ្រួសារអ្នកមានស្ដុកស្ដម្ភមួយបានជួលអ្នកបម្រើម្នាក់។ មុខតំណែងរបស់អ្នកបម្រើរូបនេះនៅក្នុងគ្រួសារដ៏មានស្ដុកស្ដម្ភ គឺទន់ទាបខ្លាំងណាស់ ក៏ប៉ុន្តែអ្នកបម្រើរូបនោះបាននិយាយទៅកាន់ម្ចាស់ផ្ទះថា៖ «ខ្ញុំចង់ពាក់មួកកូនប្រុសរបស់លោក ខ្ញុំចង់ហូបបាយរបស់លោក ខ្ញុំចង់ពាក់ខោអាវរបស់លោក និងចង់គេងលើគ្រែរបស់លោក។ អ្វីដែលលោកម្ចាស់ប្រើ មិនថាជាមាសឬប្រាក់ទេ ខ្ញុំចង់បានទាំងអស់! ខ្ញុំរួមចំណែកច្រើនណាស់នៅក្នុងការងាររបស់ខ្ញុំ ហើយខ្ញុំរស់នៅក្នុងផ្ទះរបស់លោក ដូច្នេះ ខ្ញុំចង់បានរបស់ទាំងនេះ!» តើម្ចាស់ផ្ទះគួរប្រព្រឹត្តបែបណាដែរចំពោះអ្នកបម្រើរូបនេះ? ម្ចាស់ផ្ទះនឹងនិយាយថា៖ «ឯងគួរតែដឹងខ្លួនហើយថា ឯងជានរណា និងមានតួនាទីជាអ្វី៖ ឯងជាខ្ញុំបម្រើរបស់អញ។ អញឱ្យកូនអញនូវអ្វីដែលវាចង់បាន នោះព្រោះតែនេះជាឋានៈរបស់វា។ តើឯងមានឋានៈអ្វី និងមានអត្តសញ្ញាណអ្វីដែរ? ឯងគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់នឹងស្នើសុំរបស់ទាំងនេះទេ។ ឯងគួរតែទៅធ្វើអ្វីដែលឯងគួរធ្វើ ទៅបំពេញកាតព្វកិច្ចរបស់ខ្លួនស្របតាមឋានៈ និងអត្តសញ្ញាណរបស់ឯងទៅ»។ តើមនុស្សបែបនេះមានវិចារណញ្ញាណដែរឬទេ? មនុស្សជាច្រើនដែលជឿលើព្រះជាម្ចាស់ គ្មានវិចារណញ្ញាណច្រើននោះឡើយ។ តាំងពីដើមដំបូងនៃការជឿលើព្រះជាម្ចាស់ ពួកគេមានបំណងលាក់កំបាំង ហើយពួកគេចេះតែទាមទារពីព្រះជាម្ចាស់មិនចេះចប់ឡើយថា៖ «ទូលបង្គំត្រូវតែមានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធតាមពីក្រោយទូលបង្គំ នៅពេលទូលបង្គំផ្សាយដំណឹងល្អ! ទ្រង់ក៏ត្រូវអត់ទោស និងអត់ឱនដល់ទូលបង្គំផងដែរ នៅពេលទូលបង្គំធ្វើការអាក្រក់! ប្រសិនបើទូលបង្គំធ្វើកិច្ចការជាច្រើន ព្រះអង្គត្រូវតែប្រទានរង្វាន់ដល់ទូលបង្គំ!» ជារួមមក មនុស្សតែងតែចង់បានពីព្រះជាម្ចាស់ ពួកគេតែងតែលោភលន់ជានិច្ច។ មនុស្សមួយចំនួនធ្វើកិច្ចការបានបន្តិចបន្តួច និងដឹកនាំពួកជំនុំបានល្អគួរសម ពួកគេក៏គិតថា ខ្លួនប្រសើរជាងអ្នកដទៃ ហើយតែងនិយាយពាក្យដូចជា៖ «ហេតុអ្វីបានជាព្រះជាម្ចាស់ដាក់ខ្ញុំឱ្យកាន់មុខតំណែងដ៏សំខាន់នេះ? ហេតុអ្វីក៏ទ្រង់បន្តលើកឡើងពីឈ្មោះរបស់ខ្ញុំ? ហេតុអ្វីក៏ទ្រង់ចេះតែមានបន្ទូលមកកាន់ខ្ញុំ? ព្រះជាម្ចាស់ឱ្យតម្លៃខ្ញុំ ព្រោះតែខ្ញុំមានគុណសម្បត្តិ និងព្រោះតែខ្ញុំមានឋានៈខ្ពស់ជាងមនុស្សធម្មតា។ អ្នករាល់គ្នាថែមទាំងមានចិត្តច្រណែន ដែលព្រះជាម្ចាស់ប្រព្រឹត្តចំពោះខ្ញុំល្អប្រសើរជាងអ្នកទៀតផង។ តើអ្នកត្រូវច្រណែនពីអ្វីដែរ? តើអ្នករាល់គ្នាមើលមិនឃើញថា ខ្ញុំខំប្រឹងធ្វើការប៉ុនណា និងមិនឃើញថា ខ្ញុំបានលះបង់ខ្លាំងប៉ុនណាទេឬអី? អ្នករាល់គ្នាមិនគួរច្រណែននឹងអ្វីល្អៗដែលព្រះជាម្ចាស់ប្រទានដល់ខ្ញុំទេ ព្រោះថាខ្ញុំស័ក្ដិសមនឹងទទួលបានរបស់ទាំងនោះ។ ខ្ញុំបានធ្វើការអស់រយៈពេលជាច្រើនឆ្នាំ និងបានរងទុក្ខជាច្រើនផងដែរ។ ខ្ញុំសមនឹងទទួលបានកិត្តិយស ហើយខ្ញុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់»។ អ្នកផ្សេងទៀតនិយាយថា៖ «ព្រះជាម្ចាស់បានអនុញ្ញាតឱ្យខ្ញុំចូលរួមប្រជុំសហការី និងស្ដាប់ការប្រកបគ្នារបស់ទ្រង់។ ខ្ញុំមានលក្ខណៈសម្បត្តិបែបនេះ តើអ្នករាល់គ្នាមានលក្ខណៈសម្បត្តិនេះដែរឬទេ? ជាបឋម ខ្ញុំមានគុណសម្បត្តិខ្ពស់ ហើយខ្ញុំដេញតាមសេចក្តីពិតច្រើនជាងអ្នករាល់គ្នាទៅទៀត។ ជាងនេះទៅទៀត ខ្ញុំលះបង់ច្រើនជាងអ្នករាល់គ្នា ហើយខ្ញុំអាចសម្រេចកិច្ចការពួកជំនុំបាន តើអ្នករាល់គ្នាអាចធ្វើបែបនេះបានដែរឬទេ?» នេះជាភាពក្រអឺតក្រទម។ លទ្ធផលចេញពីការបំពេញភារកិច្ច និងកិច្ចការរបស់មនុស្ស មានលក្ខណៈខុសៗគ្នា។ អ្នកខ្លះទទួលបានលទ្ធផលល្អ រីឯអ្នកផ្សេងទៀតទទួលបានលទ្ធផលមិនល្អ។ អ្នកខ្លះកើតមកមានគុណសម្បត្តិល្អ ហើយក៏អាចស្វែងរកសេចក្តីពិតបានដែរ ដូច្នេះ លទ្ធផលនៃភារកិច្ចរបស់ពួកគេ ក៏ប្រសើរឡើងយ៉ាងឆាប់រហ័សដែរ។ នោះព្រោះតែពួកគេមានគុណសម្បត្តិល្អ ដែលការនេះត្រូវបានកំណត់ទុកជាមុនដោយព្រះជាម្ចាស់។ ប៉ុន្តែ តើត្រូវធ្វើដូចម្ដេច ដើម្បីដោះស្រាយបញ្ហានៃការបំពេញភារកិច្ច ហើយទទួលបានលទ្ធផលមិនល្អ? អ្នកត្រូវតែបន្តស្វែងរកសេចក្តីពិត និងខំប្រឹងធ្វើការ នោះបន្តិចម្ដងៗ អ្នកក៏អាចទទួលបានលទ្ធផលល្អផងដែរ។ ឱ្យតែអ្នកខំស្វែងរកសេចក្តីពិត និងសម្រេចបាននូវដែនកំណត់នៃសមត្ថភាពរបស់អ្នក នោះព្រះជាម្ចាស់នឹងសព្វព្រះទ័យមិនខាន។ ប៉ុន្តែមិនថាលទ្ធផលការងាររបស់អ្នកល្អឬមិនល្អនោះទេ អ្នកមិនគួរមានគំនិតខុសឆ្គងឡើយ។ កុំគិតថា៖ «ខ្ញុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីមានឋានៈស្មើនឹងព្រះជាម្ចាស់» «ខ្ញុំមានលក្ខណៈគ្រប់គ្រាន់ ដើម្បីទទួលបាននូវអ្វីដែលព្រះជាម្ចាស់បានប្រទានដល់ខ្ញុំ» «ខ្ញុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីធ្វើឱ្យព្រះជាម្ចាស់សរសើរខ្ញុំ» «ខ្ញុំមានលក្ខណៈសម្បតិ្តគ្រប់គ្រាន់ ដើម្បីដឹកនាំអ្នកដទៃ» ឬ «ខ្ញុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីបង្រៀនអ្នកដទៃ» នោះឡើយ។ មិនត្រូវនិយាយថា អ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នោះទេ។ មនុស្សមិនគួរមានគំនិតទាំងនេះឡើយ។ ប្រសិនបើអ្នកមានគំនិតបែបនេះ វាសបញ្ជាក់ឱ្យឃើញថា អ្នកមិនស្ថិតនៅកន្លែងត្រឹមត្រូវឡើយ ហើយអ្នកថែមទាំងមិនមានវិចារណញ្ញាណជាមូលដ្ឋានដែលមនុស្សគួរមានទៀតផង។ ដូច្នេះ តើអ្នកអាចកម្ចាត់ចោលនិស្ស័យក្រអឺតក្រទមរបស់អ្នកបានដោយរបៀបណា? អ្នកមិនអាចទេ។
មនុស្សខ្លះនិយាយថា ពួកគេគ្មាននិស្ស័យពុករលួយទេ ថាពួកគេមិនក្រអឺតក្រទមទេ។ តើពួកគេទាំងនេះជាមនុស្សបែបណា? ពួកគេទាំងនេះជាមនុស្សគ្មានហេតុផល ហើយពួកគេក៏ជាមនុស្សល្ងង់ និងក្រអឺតក្រទមជាងគេបំផុតដែរ។ តាមពិត ពួកគេក្រអឺតក្រទម និងបះបោរជាងអ្នកណាៗទាំងអស់។ អ្នកដែលច្រើនតែនិយាយថា ខ្លួនគេគ្មាននិស្ស័យពុករលួយ អ្នកនោះគឺកាន់តែក្រអឺតក្រទម និងរាប់ខ្លួនឯងជាសុចរិតជាងគេទៅទៀត។ ហេតុអ្វីបានជាអ្នកដទៃគេអាចស្គាល់ខ្លួនឯង និងអាចទទួលយកការជំនុំជម្រះពីព្រះជាម្ចាស់បាន ប៉ុន្តែអ្នកបែរជាធ្វើមិនបានទៅវិញ? តើអ្នកជាករណីលើកលែងមែនទេ? តើអ្នកជាពួកបរិសុទ្ធមែនទេ? តើអ្នករស់នៅដូចកង្កែបក្នុងអណ្តូងឬ? អ្នកមិនទទួលស្គាល់ថា មនុស្សជាតិត្រូវសាតាំងធ្វើឱ្យពុករលួយដល់ឆ្អឹងនោះទេ មិនទទួលស្គាល់ថា មនុស្សគ្រប់រូបមាននិស្ស័យពុករលួយនោះទេ។ នេះមានន័យថា អ្នកមិនយល់ពីសេចក្តីពិតទាល់តែសោះ ហើយអ្នកគឺជាមនុស្សដែលបះបោរ ល្ងង់ខ្លៅ និងក្រអឺតក្រទមខ្លាំងជាងគេបំផុត។ យោងទៅតាមអ្នក នៅក្នុងលោកនេះ មានមនុស្សល្អជាច្រើន និងមានមនុស្សអាក្រក់តែពីរបីនាក់ប៉ុណ្ណោះ ចុះហេតុអ្វីបានជាពិភពលោកនេះពេញដោយភាពងងឹត ពេញដោយភាពស្មោកគ្រោក និងសេចក្តីពុករលួយ និងពេញដោយជម្លោះបែបនេះ? ហេតុអ្វីបានជានៅក្នុងពិភពរបស់មនុស្ស គ្រប់គ្នាលួចយកពីគ្នាទៅវិញទៅមក? សូម្បីតែពួកអ្នកជឿលើព្រះជាម្ចាស់ក៏មិនត្រូវបានលើកលែងដែរ។ មនុស្សកំពុងតែឈ្លោះប្រកែក និងវាយតប់គ្នាជានិច្ច។ តើជម្លោះនេះមានប្រភពចេញពីអ្វីដែរ? ជម្លោះនេះជាលទ្ធផលចេញពីធម្មជាតិពុករលួយរបស់ពួកគេ ពិតណាស់ ជាការបង្ហាញចេញនូវនិស្ស័យពុករលួយរបស់ពួកគេ។ មនុស្សដែលមានធម្មជាតិពុករលួយ មនុស្សនោះមានភាពក្រអឺតក្រទម និងការបះបោរបង្ហាញចេញពីពួកគេ។ អ្នកណាដែលរស់នៅក្នុងនិស្ស័យបែបសាតាំង អ្នកនោះមានចិត្តបង្ករឿង និងឈ្លោះទាស់ទែងគ្នា។ អ្នកណាដែលមានចិត្តបង្ករឿង និងឈ្លោះទាស់ទែងគ្នា អ្នកនោះគឺជាមនុស្សដែលក្រអឺតក្រទមបំផុត ពួកគេមិនចុះចូលចំពោះអ្នកណាឡើយ។ ហេតុអ្វីបានជាមនុស្សតែងសារភាពអំពើបាបរបស់ខ្លួន តែមិនប្រែចិត្ត? ហេតុអ្វីបានជាពួកគេជឿលើព្រះជាម្ចាស់ តែមិនអាចអនុវត្តសេចក្តីពិតបាន? ហេតុអ្វីបានជាពួកគេជឿលើព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំ តែមិនអាចដើរតាមទ្រង់បាន? គ្រប់យ៉ាងត្រូវបានបង្កឡើងដោយធម្មជាតិក្រអឺតក្រទមរបស់មនុស្ស។ មនុស្សជាតិតែងតែបះបោរ និងទាស់ទទឹងនឹងព្រះជាម្ចាស់ មិនព្រមទទួលយកសេចក្តីពិតទាល់តែសោះ ហើយថែមទាំងស្អប់ និងបដិសេធសេចក្តីពិតទៀតផង។ ការនេះមិនមែនព្រោះតែព្រះជាម្ចាស់មានសេចក្តីតម្រូវខ្ពស់ពេកចំពោះមនុស្សនោះទេ ប៉ុន្តែនោះព្រោះតែមនុស្សទាស់ទទឹងនឹងព្រះជាម្ចាស់យ៉ាងឃោរឃៅ និងឥតមេត្តាខ្លាំងពេក ខ្លាំងរហូតដល់ពួកគេចាត់ទុកព្រះជាម្ចាស់ ជាសត្រូវរបស់ខ្លួន ហើយឆ្កាងទ្រង់ទៀតផង។ តើមនុស្សជាតិពុករលួយបែបនេះមិនឃោរឃៅ ក្រអឺតក្រទម និងគ្មានហេតុផលទាល់តែសោះទេឬអី? ព្រះជាម្ចាស់សម្ដែងចេញសេចក្តីពិតជាច្រើន ព្រះអង្គមានសេចក្តីមេត្តាករុណា និងសង្រ្គោះមនុស្ស ព្រមទាំងអត់ទោសដល់អំពើបាបរបស់ពួកគេផងដែរ ប៉ុន្តែមនុស្សជាតិមិនទទួលយកសេចក្តីពិតសោះឡើយ ពួកគេតែងតែថ្កោលទោស និងទាស់ទទឹងនឹងព្រះជាម្ចាស់ ហើយតាំងខ្លួនមិនផ្សះផ្សាជាមួយព្រះជាម្ចាស់ឡើយ។ ដូច្នេះ តើទំនាក់ទំនងរបស់មនុស្សជាតិចំពោះព្រះជាម្ចាស់នៅកម្រិតណាដែរ? មនុស្សបានក្លាយជាសត្រូវរបស់ព្រះជាម្ចាស់ ជាអ្នកប្រឆាំងរបស់ទ្រង់។ ព្រះជាម្ចាស់សម្ដែងចេញសេចក្តីពិត ដើម្បីបើកសម្ដែង ជំនុំជម្រះ និងសង្រ្គោះមនុស្ស។ មនុស្សមិនទទួលយក ក៏មិនយកចិត្តទុកដាក់ចំពោះទ្រង់ដែរ។ មនុស្សមិនធ្វើតាមអ្វីដែលព្រះជាម្ចាស់តម្រូវពួកគេឱ្យធ្វើឡើយ។ ផ្ទុយទៅវិញ ពួកគេបែរជាធ្វើនូវអ្វីដែលទ្រង់ស្អប់ និងខ្ពើមរអើមទៅវិញ។ ព្រះជាម្ចាស់សម្ដែងចេញសេចក្តីពិត ប៉ុន្តែមនុស្សទាត់សេចក្តីពិតចោល។ ព្រះជាម្ចាស់ជំនុំជម្រះ និងវាយផ្ចាលនិស្ស័យពុករលួយរបស់មនុស្ស ហើយពួកគេមិនត្រឹមតែមិនទទួលយកសេចក្តីពិតប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏ប្រកែក និងប្រឆាំងទាស់នឹងទ្រង់ផងដែរ។ តើមនុស្សក្រអឺតក្រទមកម្រិតណាដែរ? មនុស្សជាតិពុករលួយបដិសេធ និងទាស់ទទឹងនឹងព្រះជាម្ចាស់ផ្កាប់មុខតែម្ដង។ ទោះបីជាពួកគេជឿលើព្រះជាម្ចាស់ក៏ដោយ ក៏ពួកគេតែងតែដេញតាមទ្រព្យសម្បត្តិ ដេញតាមរង្វាន់ និងច្រកចូលទៅក្នុងនគរស្ថានសួគ៌ដែរ។ ពួកគេក៏ចង់ក្លាយជាអ្នកគ្រប់គ្រង និងកាន់សិទ្ធិអំណាចផងដែរ។ នេះហើយជាគំរូតំណាងឱ្យភាពក្រអឺតក្រទម ដែលជានិស្ស័យពុករលួយបំផុតរបស់មនុស្សនោះ។
ព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាម ដើម្បីសង្រ្គោះមនុស្ស ប៉ុន្តែជំនួសឱ្យការទទួលយកព្រះជាម្ចាស់ មនុស្សបែរជាទាមទារចង់បានការចំណាយនៃការរស់នៅ ទាមទារចង់បានរង្វាន់ ការប្រសិទ្ធពរ ហើយថែមទាំងអួតអាងថា ខ្លួនបានទទួលព្រះជាម្ចាស់ និងនិយាយទៀតថា ពួកគេជាសំណព្វចិត្តព្រះជាម្ចាស់ ដើម្បីឱ្យអ្នកដទៃគោរពខ្លួនទៅវិញ។ មនុស្សមួយចំនួនតូចដឹងយ៉ាងច្បាស់ថា អ្នកដែលពួកគេបានទទួល គឺជាព្រះជាម្ចាស់ ប៉ុន្តែពួកគេបានទារលុយពីពួកជំនុំជាថ្នូរមកវិញ។ មនុស្សក្រអឺតក្រទមនេះនិយាយថា ពួកគេគ្មាននិស្ស័យពុករលួយទេ ហើយនិយាយទៀតថា ពួកគេមានជំនឿខ្ពង់ជាងអ្នកដទៃ ថាពួកគេស្មោះស្ម័គ្រចំពោះព្រះជាម្ចាស់ខ្លាំងជាងអ្នកដទៃ និងប្រព្រឹត្តប្រសើរជាងអ្នកដទៃ។ មនុស្សខ្លះអួតក្អេងក្អាងអំពីខ្លួនឯងថា៖ «ខ្ញុំបានជឿព្រះជាម្ចាស់អស់រយៈពេលម្ភៃឆ្នាំហើយ។ កាលខ្ញុំជឿព្រះពីដំបូង ពេលនោះគ្មានពួកជំនុំទេ ពោលគឺ ខ្ញុំបានផ្សាយដំណឹងល្អនៅគ្រប់កន្លែងដែលខ្ញុំទៅ!» ហេតុអ្វីបានជាអ្នកអួតអំពីខ្លួនឯង? អ្នកគ្មានតម្លៃអ្វីនឹងអួតទេ។ ផ្អែកលើឥរិយាបថបច្ចុប្បន្នរបស់អ្នក អ្នកគួរតែទះកំផ្លៀងខ្លួនឯង ប្រទេចផ្ដាសាខ្លួនឯង ខ្ពើមរអើមខ្លួនឯង និងស្អប់ខ្ពើមខ្លួនឯង។ ចុះហេតុអ្វីក៏អ្នកអួតពីខ្លួនឯងបែបនេះ? និស្ស័យក្រអឺតក្រទមរបស់អ្នកពិតជាធ្ងន់ធ្ងរណាស់ ពោលគឺ ឈានដល់ចំណុចកំពូលហើយ! មិនថាមនុស្សនិយាយតិចឬច្រើននោះទេ សំនៀង ចេតនា និងសម្ដីរបស់ពួកគេ សុទ្ធតែបង្កប់នូវរសជាតិ និងសារជាតិនៃភាពក្រអឺតក្រទម។ ខ្ញុំសូមលើកឧទាហរណ៍ដ៏សាមញ្ញមួយចុះ។ ឧបមាថា ពួកជំនុំមានមនុស្សម្នាក់ដែលទើបតែជឿព្រះជាម្ចាស់ គាត់ជាម្នាក់ដែលអាចពឹងពាក់បានគួរសម និងដេញតាមយ៉ាងអស់ពីចិត្ត។ មនុស្សមួយចំនួនអាចមើលងាយអ្នកនោះ ដោយនិយាយបែបចំអកទៅកាន់គេថា៖ «តើអ្នកបានជឿព្រះជាម្ចាស់រយៈពេលប៉ុន្មានឆ្នាំហើយ? តើអ្នកមកពីខាងណា? តើអ្នកមានសញ្ញាណអ្វីខ្លះ? តើអ្នកនៅមានសេចក្តីពិតណាខ្លះដែលមិនទាន់យល់ច្បាស់? តើអ្នកទទួលបានការបំពាក់បំប៉នអំពីសេចក្តីពិតសំខាន់ៗទាំងនេះដែរឬទេ? បន្ទាប់ពីអ្នកទទួលបានការបំពាក់បំប៉នរួច អ្នកគួរតែចេញផ្សាយដំណឹងល្អ!» តើអ្នកមានលក្ខណៈសម្បត្តិអ្វីខ្លះដែលត្រូវមកបង្រៀនគេបែបនេះ? អ្នកក៏ជាមនុស្សដែរ គ្រាន់តែថា អ្នកបានជឿព្រះជាម្ចាស់មុនគេបន្តិចប៉ុណ្ណោះ។ យ៉ាងណាមិញ អ្នកមិនទាន់បានកម្ចាត់ចោលភាពក្រអឺតក្រទមនៅក្នុងសារជាតិនៃនិស្ស័យពុករលួយរបស់អ្នកនៅឡើយទេ។ តើអ្នកមានលក្ខណៈសម្បត្តិអ្វីមកបង្រៀនអ្នកដទៃនោះ? ពិតណាស់ អ្នកអាចប្រកបគ្នាជាមួយពួកគេបាន ប៉ុន្តែអ្នកមានទស្សនៈ និងចេតនាមិនត្រឹមត្រូវទេ អ្នកក៏មានអាកប្បកិរិយាខុសឆ្គង និងអត្តចរិតគួរឱ្យស្អប់ខ្ពើមដែរ។ មនុស្សខ្លះត្រូវបានថ្នាក់លើចូលទៅរកខ្លួន ដើម្បីឈ្វេងយល់ពីស្ថានភាពនៃកិច្ចការដំណឹងល្អ ដោយសួរនាំពួកគេថាតើមានការលំបាកអ្វីខ្លះនៅក្នុងការផ្សាយដំណឹងល្អ ឬមានបញ្ហាអ្វីខ្លះដែលត្រូវដោះស្រាយនៅក្នុងកិច្ចការដំណឹងល្អ។ ពួកគេនិយាយថា៖ «ការងារគឺធម្មតា វាគ្មានបញ្ហាទេ» ហើយពួកគេមានអាកប្បកិរិយាខ្វះការគោរពដោយចេតនា។ ពួកគេកម្ររាយការណ៍ថា នៅក្នុងកិច្ចការដំណឹងល្អមានបញ្ហាណាខ្លះកើតឡើង កម្ររាយការណ៍ថា ពួកគេបានដោះស្រាយបញ្ហាដោយរបៀបណា ឬមានការលំបាកអ្វីខ្លះដែលថ្នាក់លើត្រូវដោះស្រាយណាស់។ តើនៅត្រង់នេះ គឺជាបញ្ហាអ្វីដែរ? តើនេះបង្ហាញពីការបំពេញភារកិច្ចដោយមានការទទួលខុសត្រូវឬ? តើនេះបង្ហាញពីការមានភក្ដីភាពចំពោះព្រះជាម្ចាស់ឬ? ពួកគេនិយាយម្ដងហើយម្ដងទៀតថា ពួកគេចុះចូល និងដើរតាមព្រះជាម្ចាស់ ហើយពួកគេក៏និយាយដែរថា ពួកគេបានឃើញព្រះដ៏ពិត ពួកគេចុះចូលយ៉ាងពិតប្រាកដ ពួកគេព្រមលះបង់យ៉ាងពិតប្រាកដថ្វាយព្រះជាម្ចាស់ និងព្រមបង់ថ្លៃ ប៉ុន្តែនៅទីបំផុត ពួកគេបែរជាបង្ហាញនិស្ស័យ និងនិយាយសម្ដីបែបនេះទៅវិញ តើអ្នកគិតថា មនុស្សបែបនេះមានសារជាតិអ្វីដែរ? តើមនុស្សនេះមានលទ្ធផលបែបណាទៅ? តើពួកគេសមនឹងទទួលអ្វីដែរ? ប្រសិនបើខ្ញុំមិនមានបន្ទូលទាំងនេះ បើខ្ញុំមិនបង្ហាញចំណាប់អារម្មណ៍លើរឿងបែបនេះទេ ពេលនោះ តើអ្នកនឹងនិយាយថា មនុស្សបែបនេះអាចឈានដល់ចំណុចណាដែរ? ផលវិបាកគឺគួរឱ្យរន្ធត់នឹងពិចារណាខ្លាំងណាស់។ នៅពេលខ្ញុំមានបន្ទូល និងជជែកគ្នាក្នុងសំនៀងធម្មតាជាមួយមនុស្សខ្លះ ពួកគេប្រែជាក្រអឺតក្រទម ដោយគិតថា ខ្ញុំជាមនុស្សធម្មតា។ ពួកគេបាត់បង់ម្ចាស់ការ ចាប់ផ្ដើមអួតក្អេងក្អាង ចង់និយាយកាត់ និងវាយតម្លៃអ្វីគ្រប់យ៉ាង ហើយតែងតែចង់អួតសម្ញែងជានិច្ច។ នៅពេលខ្ញុំឃើញមនុស្សបែបនេះ ខ្ញុំមិនយកចិត្តទុកដាក់ចំពោះពួកគេឡើយ។ និយាយតាមត្រង់ជាមួយអ្នករាល់គ្នាចុះ ខ្ញុំឃើញមនុស្សភាគច្រើនគួរឱ្យស្អប់ខ្ពើមណាស់។ បន្ទាប់ពីជួបពួកគេរួច ខ្ញុំមានបន្ទូលមិនទាន់ចប់បានបីឃ្លាផង ពួកគេចាប់ផ្ដើមងក់ក្បាល និងសើច ហើយក្រោយពេលជួបពួកគេមិនដល់មួយសប្ដាហ៍ ពួកគេហ៊ានបង្រៀនព្រះជាម្ចាស់រួចទៅហើយ។ បន្ទាប់ពីស្គាល់មនុស្សបែបនេះបានមួយរយៈ ខ្ញុំមិនចូលចិត្តពួកគេទេ ខ្ញុំមិនយកចិត្តទុកដាក់ចំពោះពួកគេឡើយ ហើយក្រោយមក ខ្ញុំក៏ឮថា ពួកគេបានធ្វើការអាក្រក់ និងថាពួកគេជាមនុស្សអាក្រក់។ សាកចាត់ទុកខ្លួនអ្នកនៅក្នុងស្ថានភាពរបស់គេ រួចគិតមើល៍ថា៖ បើអ្នករាល់គ្នាជួបស្ថានភាពបែបនេះ ក្នុងពេលកំពុងចិញ្ចឹមបីបាច់កូន តើអ្នករាល់គ្នាមានអារម្មណ៍ដូចម្ដេចដែរ? មនុស្សចិញ្ចឹមបីបាច់កូន ដើម្បីឱ្យកូនមើលថែខ្លួននៅពេលចាស់ទៅ និងដើម្បីធ្វើពិធីបញ្ចុះសពឱ្យបានសមរម្យសម្រាប់ខ្លួន។ បើកូនមិនមើលថែពួកគេពេលចាស់ រួចតាំងខ្លួនខ្លាំងមកបង្រៀនពួកគេ ឬធ្វើបាបពួកគេ និងកេងប្រវ័ញ្ចពីពួកគេ ដោយមិនគិតគូរពីទំនាក់ទំនងរវាងឪពុកម្ដាយនិងកូន ពេលនោះ តើពួកគេនឹងមានអារម្មណ៍ដូចម្ដេចដែរ? តើពួកគេនឹងមិនមានអារម្មណ៍ខឹង និងពិបាកចិត្តទេឬ? ឥឡូវ អ្នករាល់គ្នានៅក្មេង មានបទពិសោធរាក់កំផែល ហើយអ្នកមិនទាន់ស្ញប់ស្ញែងការនេះនៅឡើយទេ។ ខ្ញុំបានទៅកាន់កន្លែងជាច្រើន និងជួបមនុស្សជាច្រើន។ ក្នុងចំណោមមនុស្សទាំងនោះដែលខ្ញុំអាចអង្គុយស្មើ និងនិយាយប្រកបគ្នាអំពីជីវិត គ្មាននរណាម្នាក់និយាយថា៖ «ព្រះជាម្ចាស់ល្អចំពោះខ្ញុំ។ ខ្ញុំត្រូវមានសតិសម្បជញ្ញៈ និងវិចារណញ្ញាណបន្តិច ខ្ញុំនឹងមិនធ្វើអ្វីដែលបំពានមនសិការខ្ញុំទេ»។ ដោយមានសតិសម្បជញ្ញៈ ឬភាពជាមនុស្ស មនុស្សមិនអាចធ្វើសូម្បីតែកិច្ចការដ៏តូចមួយបានឡើយ។ ពួកគេថែមទាំងមិនអាចនិយាយចេញពីមុខតំណែងផ្ទាល់ខ្លួន ឬរក្សាភារកិច្ចរបស់ខ្លួនបានទៀតផង ពួកគេមិនបាននិយាយអ្វីពីការអនុវត្តសេចក្តីពិត ដែលពួកគេមិនអាចធ្វើបានដោយខ្លួនឯងនោះឡើយ។ ប្រសិនបើមនុស្សប្រែជាក្រអឺតក្រទមខ្លាំងពេក ពួកគេនឹងមានសភាពធ្ងន់ធ្ងរជាងមហាទេវតាទៅទៀត។
មនុស្សខ្លះមានគុណសម្បត្តិប្រសើរខ្លះដែរ។ ពួកគេអាចធ្វើកិច្ចការបានច្រើនបន្តិច ហើយពួកគេត្រូវបានជ្រើសរើសធ្វើជាអ្នកដឹកនាំពួកជំនុំ។ បន្ទាប់ពីក្លាយជាអ្នកដឹកនាំ ពួកគេមិនបានធ្វើកិច្ចការជាក់ស្ដែងជាច្រើនទេ តែបែរជាក្រអឺតក្រទមទៅវិញ។ មនុស្សមិនហ៊ានដោះស្រាយ ឬលើកឡើងពីកំហុសរបស់ពួកគេទេ។ ប្រសិនបើអ្នកនិយាយខ្លាំង ឬធ្ងន់ធ្ងរបន្តិចដាក់ពួកគេ ពួកគេនឹងខឹង រួចនិយាយថា៖ «ខ្ញុំនឹងមិនធ្វើកិច្ចការនេះទៀតទេ។ អ្នកណាចង់ធ្វើ សូមអញ្ជើញធ្វើទៅចុះ។ ខ្ញុំនឹងចាំមើលថាអ្នកអាចធ្វើបានប្រសើរជាងខ្ញុំឬអត់។ សូមឱ្យព្រះវិញ្ញាណបរិសុទ្ធបើកសម្ដែងដល់ពួកគេទៅចុះ!» សម្ដីអីក៏ក្រអឺតក្រទមខ្លាំងយ៉ាងនេះ! ម្ដេចក៏មនុស្សបះបោរខ្លាំងម្ល៉េះ? ពួកគេគ្មានដឹងទាល់តែសោះអំពីសម្ដីដែលពួកគេនិយាយ ឬទង្វើដែលពួកគេប្រព្រឹត្ត ពោលគឺ ពួកគេគ្មានដឹងខ្យល់សោះឡើយ។ នៅពេលខ្ញុំពិនិត្យពិច័យមើលពាក្យក្រអឺតក្រទម ទង្វើក្រអឺតក្រទម ការជំរុញចិត្តដែលពួកគេមាននៅក្នុងចិត្ត និងភាពស្មោកគ្រោកដែលពួកគេបើកសម្ដែងបន្តិចម្ដងៗ ពេលនោះ មនុស្សក៏ចាប់ផ្ដើមស្គាល់ពីខ្លួនឯង។ មនុស្សស្ពឹកស្រពន់ពេកហើយ។ បើគ្មានការពិនិត្យពិច័យ និងការបញ្ជាក់នេះទេ តើមនុស្សនឹងអាចស្គាល់ខ្លួនឯងដែរឬទេ? តើពួកគេអាចធ្វើអ្វីដែលមានមនុស្សធម៌បានដែរឬទេ? ពួកគេនឹងមានឥរិយាបថល្អប្រសើរជាងមុនបន្តិច បើខ្ញុំបន្តវាយពួកគេនឹងដំបង ពោលគឺ មនុស្សគ្មានតម្លៃបែបនេះឯង! មនុស្សក្រអឺតក្រទមខ្លាំងដល់ថ្នាក់នេះ។ ការប្រៀនប្រដៅក៏គ្មានប្រយោជន៍ដែរ។ មនុស្សខ្លះនិយាយថា៖ «បន្ទាប់ពីអានព្រះបន្ទូលជាច្រើនរួច ខ្ញុំមានអារម្មណ៍ថា ព្រះបន្ទូលទាំងនោះជាសេចក្តីពិត និងយល់ទៀតថា ព្រះបន្ទូលដែលទ្រង់បានបើកសម្ដែងអំពីមនុស្សនោះគឺត្រឹមត្រូវ ប៉ុន្តែខ្ញុំជឿលើព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំហើយ ចុះហេតុអ្វីបានជាទ្រង់មិនប្រៀនប្រដៅខ្ញុំ?» តើអ្នករាល់គ្នាគិតបែបណាដែរ៖ នៅពេលមហាទេវតាបានក្បត់ព្រះជាម្ចាស់ បើព្រះជាម្ចាស់ប្រៀនប្រដៅ និងដាក់ទោសវាភ្លាមៗ តើវានឹងអាចក្បត់ទ្រង់បានដែរឬទេ? តើធម្មជាតិក្បត់របស់វាអាចត្រូវបានដោះស្រាយដែរឬទេ? តើនិស្ស័យក្រអឺតក្រទមរបស់វាអាចត្រូវបានដកចេញបានដែរឬទេ? គឺមិនអាចទេ! ដូច្នេះហើយបានមនុស្សនាពេលសព្វថ្ងៃក្រអឺតក្រទមរហូតដល់ដប់ឬម្ភៃដងខ្លាំងជាងមហាទេវតាទៅទៀត។ ការប្រៀនប្រដៅតែម្យ៉ាង មិនទាន់គ្រប់គ្រាន់ទេ ពួកគេត្រូវតែទទួលយកការជំនុំជម្រះ និងការវាយផ្ចាល ពោលគឺ មានតែបែបនេះទេ ទើបព្រះជាម្ចាស់អាចធ្វើការក្នុងពួកគេបាន គឺមានតែបែបនេះទេ ទើបទ្រង់អាចល្បងល និងបន្សុទ្ធពួកគេបាន។ ប្រសិនបើអ្នកមិនអាចទទួលយកសេចក្តីពិតបានទេ នោះមិនថាអ្នកជឿព្រះជាម្ចាស់អស់រយៈពេលប៉ុន្មានឆ្នាំឡើយ ក៏ព្រះជាម្ចាស់នឹងមិនធ្វើការនៅក្នុងអ្នកដែរ។ ប្រសិនបើអ្នកគ្មានសតិសម្បជញ្ញៈ និងគ្មានវិចារណញ្ញាណទេ នោះអ្នកជាសត្វតិរច្ឆាន។ ព្រះអង្គគ្មានអ្វីត្រូវមានបន្ទូលទៅកាន់អ្នកទេ អ្នកក៏មិនត្រូវបានប្រៀនប្រដៅដែរ មិនថាអ្នកធ្វើអ្វីឡើយ ហើយបើអ្នករំខានដល់ពួកជំនុំទៀត នោះអ្នកនឹងត្រូវបណ្ដេញចេញមិនខាន។ បន្ទាប់ពីមានបន្ទូលអំពីសេចក្តីពិតបានជាច្រើនរួច ចាំមើលថាតើមនុស្សនឹងដេញតាមសេចក្តីពិតឬក៏អត់។ បើអ្នកនិយាយថា៖ «ខ្ញុំមិនព្រមដេញតាមទេ ខ្ញុំចង់ត្រាំត្រែងនៅក្នុងអំពើអសីលធម៌ និងសុខចិត្តធ្វើជាមនុស្សថោកទាបវិញ។» ពេលនោះ អ្នកកំពុងរង់ចាំទទួលការដាក់ទោសហើយ។ ខ្ញុំមិនប្រៀនប្រដៅនរណាម្នាក់ឡើយឥឡូវ ខ្ញុំគ្រាន់តែមានបន្ទូលទៅពួកគេ ដោយបើកសម្ដែង និងជំនុំជម្រះសេចក្តីពុករលួយរបស់ពួកគេប៉ុណ្ណោះ។ ប្រសិនបើអ្នកយកចិត្តទុកដាក់នឹងរឿងនេះ អ្នកនឹងដេញតាមទិសដៅខាងលើមិនខាន។ ប៉ុន្តែបើអ្នកមិនយកចិត្តទុកដាក់ទេ នោះអ្នកនឹងរង់ចាំការដាក់ទោសនៅពេលក្រោយ។ ឥឡូវនេះ ក្រៅពីការផ្គត់ផ្គង់សេចក្តីពិត ក៏មានការបើកសម្ដែង ការជំនុំជម្រះ និងការវាយផ្ចាល រួចក្រោយមក ក៏មានការដាក់ទោស និងការផ្ដន្ទាទោសផងដែរ។ ពិតណាស់ មិនយូរមិនឆាប់ ការផ្ដន្ទាទោស និងការដាក់ទោសនឹងមកដល់ ហើយចាំមើលថា ថ្ងៃណាដែលអ្នកបំពានបញ្ញត្តិរដ្ឋបាល ថ្ងៃនោះ អ្នកនឹងត្រូវស្លាប់។ យ៉ាងណាមិញ ខ្ញុំសូមដាស់តឿនអ្នករាល់គ្នាម្នាក់ៗថា មិនត្រូវរង់ចាំឱ្យការដាក់ទោសមកដល់ ទើបភ្ញាក់រឭកទៅដេញតាមនោះឡើយ។ ពេលនោះ វានឹងយឺតពេលក្នុងការស្ដាយក្រោយ ហើយអ្នកនឹងត្រូវវិនាសមិនខាន។ វានឹងគ្មានឱកាសក្នុងការប្រែចិត្តទៀតឡើយ។ ពេលនោះ វានឹងយឺតពេលក្នុងការដេញតាម ហើយក៏គ្មានប្រយោជន៍នោះដែរ។ អ្នកក៏អាចទាញប្រយោជន៍ចេញពីពេលបច្ចុប្បន្ន ដើម្បីភ្ញាក់រឭកជាមុន ដូច្នេះ អ្នកអាចធ្វើរឿងដែលមានមនុស្សធម៌ ជារឿងដែលមានមនសិការខ្លះ។ កុំរឹងចចេសបន្តប្រកាន់ខ្ជាប់នឹងផ្លូវអាក្រក់នោះឡើយ។
មនុស្សខ្លះផ្សព្វផ្សាយថាខ្លួនមានភាពជាមនុស្សល្អ ប៉ុន្តែបើអ្នកមានភាពជាមនុស្សពិតប្រាកដមែន ចុះហេតុអ្វីបានជាអ្នកធ្វើរឿងក្រអឺតក្រទមបែបនេះ? ហេតុអ្វីបានជាអ្នកមិនអាចធ្វើរឿងដែលមានមនុស្សធម៌ខ្លះទៅ? ហេតុអ្វីក៏អ្នកគ្មានសតិសម្បជញ្ញៈ ឬវិចារណញ្ញាណសូម្បីតែបន្តិចដូច្នេះ? មនុស្សក្រអឺតក្រទមខ្លាំងណាស់រហូតដល់ចង់បានអ្វីគ្រប់យ៉ាង លើកលែងតែព្រះជាម្ចាស់ប៉ុណ្ណោះ។ ពួកគេគោរពថ្វាយបង្គំផ្កាយទាំងឡាយ គោរពអារក្ស និងសាតាំង ប៉ុន្តែពួកគេមិនថ្វាយបង្គំព្រះជាម្ចាស់ ឬចុះចូលចំពោះទ្រង់ឡើយ ហើយពួកគេក៏អាចធ្វើការអាក្រក់បានផងដែរ។ ខ្ញុំបានទៅកន្លែងជាច្រើន។ មនុស្សខ្លះដែលទទួលយកខ្ញុំ បានគិតថ្លៃយ៉ាងសម្បើមសម្រាប់អាហារ និងកន្លែងស្នាក់នៅ ហើយជាងនេះទៅទៀត អាហារ និងរបស់ប្រើប្រាស់ប្រចាំថ្ងៃ ត្រូវបានបង់ថ្លៃដោយពួកជំនុំ។ ខ្ញុំសូមសួរអ្នកមើលថា តើមនុស្សទាំងនេះមិនមានសតិសម្បជញ្ញៈម្ដេចកើតទៅ? តើខ្ញុំមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការទទួលទានអាហារដែលពួកគេរៀបចំទេឬអី? ពួកគេបាននិយាយកាលពីមុនថា ពួកគេព្រមទទួលយកខ្ញុំ ប៉ុន្តែនៅពេលខ្ញុំទៅដល់ ពួកគេបែរជាប្រព្រឹត្តបែបនេះយ៉ាងអាម៉ាស់ទៅវិញ។ តើពួកគេនៅជាមនុស្សទេ? តើពួកគេនៅមានភាពជាមនុស្សទេ? កុំប្រសព្វនិយាយតែរឿងឥតប្រយោជន៍ឡើយ ពោលគឺ អ្នកមិនអាចធ្វើបានទេ អ្នកគ្មានភាពជាមនុស្សទេ ហើយអ្នកក៏ជាសត្វតិរច្ឆានដែរ។ ធម្មជាតិ និងភាពក្រអឺតក្រទមរបស់អ្នកថ្កោលទោសអ្នក។ មនុស្សមានសេចក្តីជំនឿតិចពេកហើយ។ ពួកគេក្រអឺតក្រទម និងបះបោរខ្លាំងពេករហូតដល់គ្មានកន្លែងសេសសល់សម្រាប់ព្រះជាម្ចាស់ឡើយ! តើមនុស្សដែលត្រូវបានពុករលួយដល់ថ្នាក់នេះ មានតម្លៃនឹងហៅថាមនុស្សដែរឬទេ? នេះគឺជាគំរូរបស់អារក្ស ជាគំរូរបស់សាតាំង។ មនុស្សគិតថា៖ «ទោះបីទ្រង់មានសេចក្តីពិតក៏ដោយ ក៏ទ្រង់នៅតែជាមនុស្សដដែលហ្នឹង ដូច្នេះ តើទ្រង់អាចធ្វើអ្វីបានទៅ? តើទ្រង់អាចជួយអ្វីខ្ញុំបាន? តើទ្រង់អាចធ្វើអ្វីខ្លះចំពោះខ្ញុំ? តើទ្រង់អាចនាំខ្ញុំទៅកន្លែងណាបាន? ខ្ញុំមើលងាយទ្រង់។ ខ្ញុំមិនខ្វល់ថាតើទ្រង់ជាព្រះជាម្ចាស់ឬអត់នោះទេ»។ ពួកគេមិនខ្វល់អំពីរឿងនេះទេ។ ខ្ញុំហ៊ាននិយាយថា បើអ្នកដឹកនាំក្រុមហ៊ុនរបស់អ្នករាល់គ្នា ត្រូវទៅលេងផ្ទះរបស់អ្នក នោះអ្នកនឹងមិនឱ្យពួកគេចាកចេញឡើយ បើពួកគេអស់កម្លាំង។ អ្នកនឹងសុំឱ្យពួកគេស្នាក់នៅផ្ទះរបស់អ្នករយៈពេលពីរថ្ងៃសិន ហើយអ្នកនឹងប្រព្រឹត្តចំពោះពួកគេយ៉ាងល្អមិនខាន។ ដូច្នេះ មនុស្សមិនគួរនិយាយយ៉ាងក្រអឺតក្រទម មិនគួរនិយាយថា ពួកគេចង់បានព្រះជាម្ចាស់ជាងអ្នកឯទៀត ថាពួកគេអនុវត្តសេចក្តីពិតប្រសើរជាងអ្នកឯទៀត ថាពួកគេលះបង់ខ្លាំងជាងអ្នកឯទៀត ថាពួកគេបានបង់ថ្លៃច្រើនជាងអ្នកឯទៀត និងថា ពួកគេមានភក្ដីភាពជាងអ្នកឯទៀតនោះឡើយ។ កុំអួតខ្លួនឯងអី។ អ្នកគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់នឹងធ្វើបែបនេះទេ ហើយអ្នកក៏មិនបានបង់ថ្លៃ ឬធ្វើកិច្ចការជាក់ស្ដែងនោះដែរ។ ទោះបីអ្នកធ្វើការបានខ្លះក៏ដោយ ក៏វាមិនស្មើនឹងការលះបង់ខ្លួនដោយស្មោះសរចំពោះព្រះជាម្ចាស់ មិនស្មើនឹងការមានភក្ដីភាពទាំងស្រុងចំពោះព្រះជាម្ចាស់ និងការចុះចូលរហូតដល់ស្លាប់នោះដែរ។ អ្នកអាចជម្នះបានបីទៅប្រាំឆ្នាំ ប៉ុន្តែយូរៗទៅ អ្នកនឹងមិនអាចជម្នះបានតទៅទៀតឡើយ ពេលនោះ អ្នកនឹងធ្វើការបែបបង្គ្រប់កិច្ច ហើយអ្នកនឹងរអ៊ូរទាំ។ កុំគិតថា អ្នកមានឋានៈខ្ពស់ជាងអ្នកដទៃឡើយ។ បើប្រៀបធៀបនឹងអ្នកដទៃ អ្នកមិនមានស្តង់ដារខ្ពស់ទេ អ្នកទាបជាងពួកគេឆ្ងាយណាស់ ហើយអ្នកក៏មិនអាចប្រៀបធៀបខ្លួនទៅនឹងពួកបរិសុទ្ធនាសម័យមុនដែរ។ តើអ្នកពិតជាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការអួតខ្លួនអំពីអ្វីមួយឬ? អ្នករាល់គ្នាអាចនិយាយថា៖ «លើកក្រោយ បើខ្ញុំទាក់ទងព្រះជាម្ចាស់ ខ្ញុំសូមធានាថា ខ្ញុំនឹងមិនបោកបញ្ឆោតទ្រង់ទៀតឡើយ»។ ការធានារបស់អ្នកត្រូវបានល្បងលម្ដងរួចហើយ។ ខ្ញុំនឹងមិនទាក់ទងមនុស្សជាច្រើនទៀតទេ។ ការទាក់ទងពួកគេ និងការមើលឃើញទង្វើរបស់ពួកគេ គឺគ្រប់គ្រាន់នឹងធ្វើឱ្យខ្ញុំខ្ញាល់រួចទៅហើយ! មនុស្សខ្លះក្នុងចំណោមអ្នករាល់គ្នា អាចដឹងថា ខ្ញុំខ្ញាល់ដល់កម្រិតណា ព្រោះតែបញ្ហានេះ។ ខ្ញុំខ្ញាល់ខ្លាំងណាស់ នៅពេលខ្ញុំឃើញមនុស្សដែលមិនដេញតាមសេចក្តីពិតទាល់តែសោះ នៅពេលឃើញមនុស្សដែលតែងតែប្រើសិទ្ធិអំណាចទៅគ្រប់គ្រងអ្នកដទៃ។ ខ្ញុំស្អប់ពួកគេ។ អ្នកណាដែលមិនដេញតាមសេចក្តីពិតទាល់តែសោះ អ្នកនោះជាមនុស្សអាក្រក់ ពួកគេគ្មានភាពជាមនុស្សឡើយ។ ខ្ញុំនឹងមិនទាក់ទងមនុស្សបែបនេះទេ។ នៅពេលមនុស្សបែបនេះឃើញថា ខ្ញុំមិនយកចិត្តទុកដាក់ចំពោះពួកគេ ពួកគេអាចរអ៊ូរទាំ។ មនុស្សទាំងនេះគ្មានហេតុផលសោះឡើយ! ឥឡូវនេះ មនុស្សភាគច្រើនមិនដឹងពីរបៀបដេញតាមសេចក្តីពិតឡើយ ពោលគឺ កម្ពស់របស់ពួកគេនៅទាបពេក ហើយពួកគេក៏មានភាពជាមនុស្សតិចតួច និងមិនសូវមានហេតុផលនោះដែរ ដូច្នេះ ខ្ញុំគ្មានផ្លូវទាក់ទងជាមួយពួកគេឡើយ។ ប្រសិនបើអ្នកទាក់ទងជាមួយមនុស្សបែបនេះបានពីរថ្ងៃ នោះពួកគេនឹងមើលងាយអ្នក ប្រែជាក្រអឺតក្រទម ពោលគឺ ក្រអឺតក្រទមខ្លាំង ហើយមិនថាអ្នកនិយាយអ្វីឡើយ ក៏ពួកគេមិនស្ដាប់អ្នកដែរ។
មានពេលមួយនោះ ខ្ញុំបានដើរកាត់ពួកជំនុំនានា ដោយឃើញគ្រួសារម្ចាស់ផ្ទះ និងពួកអ្នកជឿលើព្រះជាម្ចាស់គ្រប់បែបយ៉ាង។ ហេតុអ្វីបានជាខ្ញុំលែងចង់មានទំនាក់ទំនងជាមួយមនុស្សជាច្រើន? មនុស្សអាក្រក់ខ្លាំងពេករហូតដល់ពួកគេភាគច្រើនគ្មានសតិសម្បជញ្ញៈ ឬវិចារណញ្ញាណសោះឡើយ ពួកគេគ្មានកន្លែងសម្រាប់ព្រះជាម្ចាស់ ហើយតែងតែមានគម្រោងចំពោះព្រះជាម្ចាស់ជានិច្ច ដូច្នេះហើយបានជាខ្ញុំជ្រើសរើសនៅឱ្យឆ្ងាយពីមនុស្ស និងធ្វើតែកិច្ចការណាដែលខ្ញុំគួរធ្វើប៉ុណ្ណោះ។ មនុស្សខ្លះនិយាយថា៖ «តើព្រះជាម្ចាស់មិនរស់នៅក្នុងចំណោមមនុស្សទេឬអី?» ប្រាកដណាស់ ខ្ញុំរស់នៅក្នុងចំណោមមនុស្សមែន ប៉ុន្តែខ្ញុំមិនអាចគង់នៅក្នុងចំណោមមនុស្សទុច្ចរិតនោះទេ វាគ្រោះថ្នាក់ពេកហើយ។ វានឹងមិនអីទេ បើខ្ញុំមានរូបកាយខាងវិញ្ញាណ ខ្ញុំអាចធ្វើអ្វីគ្រប់យ៉ាងក្នុងចំណោមមនុស្សបាន ពោលគឺ រូបកាយខាងវិញ្ញាណដូចព្រះយេស៊ូវ នឹងមិនអីនោះទេ ព្រះអង្គអាចធ្វើអ្វីដែលទ្រង់ចង់ធ្វើ ហើយមនុស្សនឹងមិនហ៊ានបៀតបៀននោះឡើយ ប៉ុន្តែឥឡូវ ខ្ញុំមានរូបកាយខាងសាច់ឈាមធម្មតា ជារូបកាយខាងសាច់ឈាមធម្មតាបំផុត ដែលគ្មានអ្វីអធិធម្មជាតិនោះទេ ដូច្នេះ មនុស្សមិនអាចទទួលយករូបកាយនេះបានឡើយ។ ពួកគេតែងតែមានសញ្ញាណ និងចង់ពិនិត្យមើលព្រះជាម្ចាស់ជានិច្ច។ ប្រសិនបើមនុស្សដែលមាននិស្ស័យបែបនេះ ត្រូវទទួលការប្រៀនប្រដៅ និងការដាក់ទោសខ្លះ ដោយមានជំងឺឈឺក្បាលពេញមួយខែ តើអ្នករាល់គ្នាគិតថា វានឹងមានប្រយោជន៍ដែរឬទេ? វានឹងគ្មានប្រយោជន៍ឡើយ។ បន្ទាប់ពីឈឺក្បាលបានមួយខែ ពួកគេនឹងក្រោកឈរ រួចស្រែកដាក់អ្នកមិនខាន។ តើអ្នករាល់គ្នាគិតថា ការប្រៀនប្រដៅតែម្យ៉ាងអាចនាំឱ្យមានការផ្លាស់ប្ដូរបានដែរឬទេ? គឺមិនអាចឡើយ។ ដូច្នេះ ខ្ញុំបានទាក់ទងជាមួយមនុស្សជាច្រើនកាលពីអតីតកាល ប៉ុន្តែមានមនុស្សតិចណាស់ដែលស្រឡាញ់សេចក្តីពិត។ ខ្ញុំបានត្រឹមមានបន្ទូលទៅកាន់អ្នករាល់គ្នាថា មនុស្សមិនគួរជឿលើព្រះជាម្ចាស់ ដើម្បីទទួលបានអ្វីមួយពីទ្រង់នោះទេ។ អ្នកគួរតែគិតពីការបំពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អ គិតពីការប្រើថាមពលរបស់អ្នកឱ្យអស់វិញ។ ប្រសិនបើអ្នកមានគុណសម្បត្តិអន់មិនស័ក្ដិសមនឹងប្រើប្រាស់បានទេ នោះអ្នកគួរតែប្រញាប់ចុះចេញទៅ។ អ្នកគួរតែស្ដាប់បង្គាប់ និងប្រព្រឹត្តឱ្យបានល្អ ធ្វើអ្វីដែលអ្នកគួរធ្វើ មិនត្រូវធ្វើអ្វីដែលអ្នកមិនគួរធ្វើទេ ហើយអ្នកក៏គួរមានហេតុផលផងដែរ។ អ្នកជាមនុស្សម្នាក់។ បើព្រះជាម្ចាស់មិនប្រទានខ្យល់ដង្ហើម ជីវិត និងថាមពលដល់អ្នកទេ នោះអ្នកនឹងមិនអាចធ្វើអ្វីបានឡើយ។ មនុស្សមិនគួរស្នើសុំអ្វីមួយនោះទេ ហើយក៏មិនត្រូវប្រៀបធៀបលក្ខណៈសម្បត្តិគ្នានោះដែរ។ ការមានលក្ខណៈសម្បត្តិ គឺគ្មានប្រយោជន៍សម្រាប់អ្នកឡើយ! ប្រសិនបើពួកជំនុំតែងតាំងអ្នកឱ្យធ្វើជាអ្នកដឹកនាំ នោះជាការទទួលខុសត្រូវរបស់អ្នកហើយ។ បើគេតែងតាំងអ្នកផ្សេងឱ្យធ្វើជាអ្នកដឹកនាំវិញ នោះជាការទទួលខុសត្រូវរបស់ពួកគេ។ ពិតណាស់ ទាក់ទងនឹងការងារវិញ អ្នកគួរតែប្រកបគ្នា ប៉ុន្តែអ្នកមិនគួរប្រៀបធៀបលក្ខណៈសម្បត្តិគ្នា ដោយគិតថា៖ «ខ្ញុំមានលក្ខណៈសម្បត្តិនៅពួកជំនុំនោះយូរមកហើយ ដូច្នេះ ពួកគេគួរតែគោរពខ្ញុំ។ ខ្ញុំជាអ្នកជឿដំបូងគេ ហើយអ្នកមកក្រោយទេ»។ កុំនិយាយបែបនេះឡើយ វាគ្មានហេតុផលសោះឡើយ។ មនុស្សខ្លះក៏និយាយដែរថា៖ «ខ្ញុំបានបោះបង់ការងារ ដើម្បីលះបង់ខ្លួនថ្វាយព្រះជាម្ចាស់ ខ្ញុំបានបោះបង់គ្រួសារ តើខ្ញុំបានទទួលអ្វីខ្លះហើយ? ខ្ញុំមិនបានទទួលអ្វីសោះឡើយ ហើយព្រះជាម្ចាស់នៅបង្រៀនមនុស្សដដែល»។ តើអ្នកយល់យ៉ាងម៉េចដែរអំពីពាក្យទាំងនេះ? មនុស្សគួរតែឈរនៅក្នុងជំហរដែលត្រឹមត្រូវ ហើយដំបូង គេត្រូវតែយល់ឱ្យបានច្បាស់សិនថា ពួកគេជាមនុស្ស ពួកគេនៅជាមនុស្សជាតិដែលពុករលួយនៅឡើយទេ។ បើគេតែងតាំងអ្នកឱ្យធ្វើជាអ្នកដឹកនាំ ចូរធ្វើជាអ្នកដឹកនាំចុះ។ បើគេមិនបានតែងតាំងអ្នកឱ្យធ្វើជាអ្នកដឹកនាំទេ ចូរធ្វើជាអ្នកដើរតាមធម្មតាចុះ។ បើគេប្រគល់ការងារឱ្យអ្នកធ្វើ នោះអ្នកមានឱកាសធ្វើអ្វីម្យ៉ាង។ បើគេមិនប្រគល់ការងារឱ្យអ្នកធ្វើទេ នោះអ្នកគ្មានអ្វីធ្វើឡើយ។ កុំអួតអាងឡើយ ដ្បិតការអួតអាងគឺជាសញ្ញាអាក្រក់ ដែលសបញ្ជាក់ឱ្យឃើញថា អ្នកកំពុងតែដើរទៅរកភាពជ្រុលនិយម ទៅរកសេចក្តីស្លាប់ហើយ។ កុំអួតថា៖ «ខ្ញុំបានទទួលមនុស្សមួយក្រុមនៅកន្លែងណាមួយ ពួកគេជាផលផ្លែរបស់ខ្ញុំ។ បើខ្ញុំមិនបានទៅទេ នោះក៏គ្មាននរណាម្នាក់អាចធ្វើបានដែរ។ នៅពេលខ្ញុំទៅ ព្រះវិញ្ញាណបរិសុទ្ធបានធ្វើកិច្ចការដ៏អស្ចារ្យ!» កុំអួតបែបនេះឡើយ។ ផ្ទុយទៅវិញ អ្នកគួរតែនិយាយថា៖ «ការទទួលបានមនុស្សទាំងនេះ គឺជាលទ្ធផលចេញពីការធ្វើការរបស់ព្រះវិញ្ញាណបរិសុទ្ធ មនុស្សអាចធ្វើកិច្ចការបានតិចតួចប៉ុណ្ណោះ។ បើយើងផ្សាយដំណឹងល្អរួច ហើយព្រះជាម្ចាស់ចាត់យើងឱ្យត្រលប់ទៅផ្ទះវិញ ពេលនោះ យើងត្រូវតែទៅផ្ទះវិញ»។ កុំនិយាយថា៖ «តើខ្ញុំបានធ្វើអ្វីខ្លះ ទើបទ្រង់ចាត់ខ្ញុំឱ្យទៅផ្ទះវិញ? បើទ្រង់មិនប្រាប់ពីមូលហេតុទេ នោះខ្ញុំនឹងមិនទៅផ្ទះវិញឡើយ!» កុំមានលក្ខខណ្ឌបែបនេះឡើយ។ បើអ្នកមានលក្ខខណ្ឌបែបនេះ នោះវាសបញ្ជាក់ឱ្យឃើញថា អ្នកមាននិស្ស័យក្រអឺតក្រទមពេកហើយ។ បើអ្នកមិនបានប្រព្រឹត្តកំហុសទេ តើគេមិនអាចបញ្ជូនអ្នកទៅផ្ទះវិញបានទេឬ? បើអ្នកត្រឹមត្រូវ តើគេមិនអាចបញ្ជូនអ្នកទៅផ្ទះវិញទេឬ? ទោះបីអ្នកប្រព្រឹត្តត្រឹមត្រូវ និងធ្វើការបានល្អក៏ដោយ បើគេបញ្ជូនអ្នកទៅផ្ទះវិញ អ្នកត្រូវតែត្រលប់ទៅផ្ទះវិញ។ បើគេដោះស្រាយជាមួយអ្នក អ្នកគួរតែទទួលយក និងចុះចូលតាម។ នេះជាកាតព្វកិច្ច ជាការទទួលខុសត្រូវ ហើយអ្នកមិនគួរការពារខ្លួនឡើយ។ យ៉ូបបានជឿព្រះជាម្ចាស់ និងផ្តោតលើការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្តីអាក្រក់តែប៉ុណ្ណោះ។ យ៉ូបមិនបានស្នើសូមអ្វីឡើយ ប៉ុន្តែព្រះយេហូវ៉ាបានប្រទានពរដល់គាត់។ មនុស្សខ្លះនិយាយថា៖ «នោះព្រោះតែយ៉ូបបានធ្វើល្អចំពោះព្រះជាម្ចាស់ ដូច្នេះហើយបានជាព្រះជាម្ចាស់ប្រទានពរដល់គាត់។ ព្រះពរនេះគឺជាការដោះដូរសម្រាប់សេចក្តីជំនឿ និងកិច្ចការសុចរិតរបស់យ៉ូបប៉ុណ្ណោះ»។ នេះជាគំនិតមិនត្រឹមត្រូវទេ វាមិនមែនជាការដោះដូរឡើយ វាគ្រាន់តែថាព្រះយេហូវ៉ាចង់ប្រទានពរដល់គាត់ប៉ុណ្ណោះ។ ហេតុអ្វីបានជាគាត់មិនរអ៊ូរទាំ នៅពេលព្រះយេហូវ៉ាបានដកហូតអ្វីគ្រប់យ៉ាងពីគាត់? ហេតុអ្វីក៏គាត់មិននិយាយថា៖ «ទូលបង្គំប្រព្រឹត្តយ៉ាងសុចរិត ទូលបង្គំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដូច្នេះ ទ្រង់មិនគួរប្រព្រឹត្តបែបនេះចំពោះទូលបង្គំឡើយ?» នេះមិនមែនជារឿងគួរ និងមិនគួរធ្វើនោះឡើយ! នៅពេលទាក់ទងនឹងការជឿព្រះជាម្ចាស់ បើមនុស្សតែងតែមានជម្រើសផ្ទាល់ខ្លួន ហើយតែងតែនិយាយពីសញ្ញាណរបស់មនុស្ស និងគោលលទ្ធិ នោះវាមិនមែនជាជំនឿត្រឹមត្រូវឡើយ។ នេះជាភាពក្រអឺតក្រទមរបស់មនុស្ស ជាការបះបោររបស់មនុស្ស។ ជម្រើសរបស់មនុស្ស គឺជាការផិតក្បត់របស់មនុស្ស។
នៅពេលអ្នកបើកសម្ដែងនិស្ស័យក្រអឺតក្រទមរបស់អ្នក តើអ្នករាល់គ្នាដឹងដែរឬទេ? អ្នកខ្លះមិនដឹងទេ ហើយពួកគេនិយាយថា៖ «ខ្ញុំមិនក្រអឺតក្រទមទេ។ ខ្ញុំមិនធ្លាប់និយាយបែបក្រអឺតក្រទមពីមុនមកឡើយ»។ តាមពិតទៅ ទោះបីអ្នកមិនដឹងក៏ដោយ ក៏អ្នកនៅតែមាននិស្ស័យក្រអឺតក្រទមដែរ គ្រាន់តែថា និស្ស័យនោះមិនទាន់បានបង្ហាញចេញប៉ុណ្ណោះ។ ការដែលអ្នកមិនទាន់បើកសម្ដែងនិស្ស័យនោះចេញមកក្រៅ មិនបញ្ជាក់ថា អ្នកគ្មាននិស្ស័យក្រអឺតក្រទមឡើយ។ ដួងចិត្តរបស់អ្នកអាចក្រអឺតក្រទមខ្លាំងជាងអ្នកផ្សេងទៀតផង គ្រាន់តែថា អ្នកពូកែធ្វើពុតប៉ុណ្ណោះ ដូច្នេះហើយទើបវាមិនបង្ហាញចេញមក ប៉ុន្តែសម្រាប់មនុស្សដែលចេះសម្គាល់ គេអាចមើលឃើញបាន។ ដូច្នេះ មនុស្សគ្រប់គ្នាមាននិស្ស័យពុករលួយ។ នេះជាធម្មជាតិទូទៅរបស់មនុស្សជាតិ។ មនុស្សដែលមានធម្មជាតិក្រអឺតក្រទម អាចមិនស្ដាប់បង្គាប់ព្រះជាម្ចាស់ ទាស់ទទឹងនឹងទ្រង់ ប្រព្រឹត្តទង្វើផ្សេងៗដែលធ្វើការវិនិច្ឆ័យលើទ្រង់ និងក្បត់ទ្រង់ ហើយធ្វើរឿងដែលលើកតម្កើងខ្លួនឯង ព្រមទាំងមានបំណងចង់បង្កើតឡើងនូវនគរឯករាជ្យរបស់ខ្លួនទៀតផង។ ឧបមាថា មានមនុស្សរាប់ម៉ឺននាក់នៅក្នុងប្រទេសមួយ ដែលបានទទួលយកកិច្ចការរបស់ព្រះជាម្ចាស់ ហើយដំណាក់របស់ព្រះជាម្ចាស់បានបញ្ជូនអ្នកទៅទីនោះដើម្បីដឹកនាំ និងឃ្វាលអ្នករើសតាំងរបស់ព្រះជាម្ចាស់។ ហើយឧបមាថា ដំណាក់របស់ព្រះជាម្ចាស់បានប្រគល់សិទ្ធិអំណាចដល់អ្នក និងអនុញ្ញាតឱ្យអ្នកធ្វើកិច្ចការដោយខ្លួនឯង ដោយគ្មានការឃ្លាំមើលពីសំណាក់ខ្ញុំ ឬនរណាម្នាក់ឡើយ។ បន្ទាប់ពីបីបួនខែមក អ្នកអាចនឹងក្លាយជាអ្នកត្រួតត្រាដ៏មានអធិបតេយ្យ រាល់អំណាចនឹងស្ថិតក្នុងដៃអ្នក អ្នកនឹងជាអ្នកសម្រេចចិត្ត រាស្ត្ររើសតាំងទាំងអស់របស់ព្រះជាម្ចាស់នឹងគោរព ថ្វាយបង្គំ ស្ដាប់បង្គាប់អ្នក ធ្វើដូចអ្នកជាព្រះជាម្ចាស់ ដោយច្រៀងសរសើរតម្កើងអ្នកគ្រប់ពាក្យគ្រប់ម៉ាត់ថា អ្នកអធិប្បាយប្រកបដោយការយល់ដឹងជ្រៅជ្រះ ហើយអះអាងជានិច្ចថា សំនៀងរបស់អ្នកគឺជាអ្វីដែលពួកគេត្រូវការ ថាអ្នកអាចផ្គត់ផ្គង់ និងដឹកនាំពួកគេ ហើយ «ដួងចិត្តរបស់ពួកគេនឹងគ្មានកន្លែងសម្រាប់ព្រះជាម្ចាស់» ឡើយ។ តើការងារបែបនេះនឹងមិនមានបញ្ហាទេឬអី? តើអ្នកនឹងធ្វើកិច្ចការនេះម្ដេចកើតទៅ? ដ្បិតការដែលមនុស្សទាំងនេះអាចមានប្រតិកម្មបែបនេះ សបញ្ជាក់ឱ្យឃើញថា កិច្ចការដែលអ្នកកំពុងតែធ្វើ មិនបានបញ្ចូលនូវការធ្វើបន្ទាល់អំពីព្រះជាម្ចាស់សោះឡើយ។ ផ្ទុយទៅវិញ វាគ្រាន់តែធ្វើបន្ទាល់អំពីខ្លួនឯង និងសម្ញែងពីខ្លួនឯងតែប៉ុណ្ណោះ។ តើអ្នកអាចសម្រេចបានលទ្ធផលបែបនេះយ៉ាងដូចម្ដេចទៅ? មនុស្សខ្លះនិយាយថា «អ្វីដែលខ្ញុំប្រកបគ្នា គឺជាសេចក្តីពិត។ ច្បាស់ណាស់ ខ្ញុំមិនដែលបានធ្វើបន្ទាល់អំពីខ្លួនឯងឡើយ!» អាកប្បកិរិយារបស់អ្នកបែបនោះ ពោលគឺឫកពាបែបនោះ គឺជាឫកពាមួយនៃការព្យាយាមប្រកបគ្នាទៅកាន់មនុស្ស ចេញពីមុខតំណែងរបស់ព្រះជាម្ចាស់ ហើយវាមិនចេញពីការឈរនៅក្នុងមុខតំណែងរបស់មនុស្សដែលពុករលួយម្នាក់ឡើយ។ គ្រប់យ៉ាងដែលអ្នកនិយាយ គឺជាសម្ដីបែបវោហារក្រអឺតក្រទម និងធ្វើការទាមទារពីអ្នកដទៃ។ វាគ្មានពាក់ព័ន្ធអ្វីទាល់តែសោះជាមួយខ្លួនឯង។ ដូច្នេះ លទ្ធផលដែលអ្នកចង់សម្រេច គឺចង់ឱ្យមនុស្សថ្វាយបង្គំ និងច្រណែនអ្នក រហូតដល់ទីបញ្ចប់ ពួកគេគ្រប់គ្នាចុះចូលចំពោះអ្នក ធ្វើបន្ទាល់អំពីអ្នក លើកតម្កើងអ្នក ហើយលើកជើងរបស់អ្នកដល់មេឃ។ ពេលដែលការនេះកើតឡើង អ្នកនឹងត្រូវចប់ហើយ។ អ្នកនឹងបានបរាជ័យ! តើនេះមិនមែនជាផ្លូវដែលអ្នករាល់គ្នាកំពុងតែស្ថិតនៅក្នុងពេលឥឡូវនេះទេឬ? បើអ្នកត្រូវបានស្នើសុំឱ្យដឹកនាំមនុស្សពីរបីពាន់នាក់ ឬក៏មនុស្សពីរបីម៉ឺននាក់ នោះអ្នកនឹងមានអារម្មណ៍តម្កើងខ្លួន។ ក្រោយមក អ្នកនឹងកើតមានចិត្តក្រអឺតក្រទម ហើយចាប់ផ្ដើមព្យាយាមកាន់កាប់មុខតំណែងរបស់ព្រះជាម្ចាស់ ដោយនិយាយទាំងឆ្កាដៃឆ្កាជើង ហើយអ្នកនឹងមិនដឹងអំពីអ្វីដែលត្រូវពាក់ អ្វីដែលត្រូវបរិភោគ ឬរបៀបដែលត្រូវដើរឡើយ។ អ្នកនឹងសប្បាយក្នុងភាពសុខស្រួលរបស់ជីវិត និងលើកខ្លួនឯង ដោយមិនចុះញ៉មជួបបងប្អូនប្រុសស្រីសាមញ្ញឡើយ។ អ្នកនឹងចុះអន់ថយទាំងស្រុង ហើយត្រូវគេលាតត្រដាង និងផាត់ចោល រួចត្រូវវាយផ្ដួលដូចមហាទេវតាអ៊ីចឹង។ អ្នករាល់គ្នាមានសមត្ថភាពក្លាយជាបែបនេះ តើមិនអ៊ីចឹងឬ? ដូច្នេះ តើអ្នករាល់គ្នាគួរតែធ្វើអ្វីទៅ? នៅថ្ងៃណាមួយ បើគេចាត់ចែងឱ្យអ្នករាល់គ្នាទទួលខុសត្រូវលើកិច្ចការដំណឹងល្អនៅគ្រប់ប្រទេស ហើយអ្នករាល់គ្នាអាចដើរលើផ្លូវនៃពួកទទឹងនឹងព្រះគ្រីស្ទ ពេលនោះ តើអាចពង្រីកកិច្ចការនេះម្ដេចកើតទៅ? តើនេះមិនមែនជាបញ្ហាទេឬ? ដូចនេះ តើនរណានឹងហ៊ានបណ្ដោយឱ្យអ្នករាល់គ្នាចេញទៅទីនោះទៅ? បន្ទាប់ពីត្រូវបានបញ្ជូនទៅទីនោះ អ្នកនឹងមិនត្រឡប់មកវិញទេ។ អ្នកនឹងមិនយកចិត្តទុកដាក់ចំពោះអ្វីដែលព្រះជាម្ចាស់បានមានបន្ទូលឡើយ ហើយអ្នកនឹងគ្រាន់តែបន្តសម្ញែង និងធ្វើបន្ទាល់អំពីខ្លួនឯង ធ្វើដូចជាអ្នកកំពុងតែនាំសេចក្តីសង្រ្គោះដល់មនុស្ស កំពុងតែធ្វើកិច្ចការរបស់ព្រះជាម្ចាស់ និងកំពុងធ្វើឱ្យមនុស្សមានអារម្មណ៍ដូចព្រះជាម្ចាស់បានលេចមក និងកំពុងធ្វើការនៅទីនេះអ៊ីចឹង ហើយពេលដែលមនុស្សបានថ្វាយបង្គំអ្នក អ្នកនឹងអរសប្បាយ ហើយអ្នកថែមទាំងចាក់បណ្ដោយទៀតផង បើពួកគេចាត់ទុកអ្នកដូចជាព្រះជាម្ចាស់នោះ។ ពេលដែលអ្នកបានឈានដល់ដំណាក់កាលនោះ អ្នកនឹងត្រូវចប់ហើយ ពោលគឺអ្នកនឹងត្រូវបានបោះបង់ចោលមិនខាន។ ដោយមិនដឹងខ្លួន ធម្មជាតិក្រអឺតក្រទមនេះ នៅទីបំផុតនឹងក្លាយជាសេចក្តីវិនាសរបស់អ្នក។ នេះគឺជាឧទាហរណ៍មួយអំពីបុគ្គលម្នាក់ដែលដើរតាមផ្លូវរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ អ្នកណាដែលឈានដល់កម្រិតនេះ បានបាត់បង់សម្បជញ្ញៈគ្រប់យ៉ាង មនសិការ និងញាណរបស់ពួកគេបានឈប់ដំណើរការ ហើយពួកគេថែមទាំងមិនអធិស្ឋាន ឬក៏ស្វែងរកទៀតផង។ កុំរង់ចាំដល់ពេលនោះទើបគិតថា៖ «ខ្ញុំត្រូវឃ្លាំមើលខ្លួនឯងឱ្យបានដិតដល់ ហើយខ្ញុំត្រូវតែអធិស្ឋានយ៉ាងអស់ពីចិត្ត! នោះឡើយ» ដល់ពេលនោះ វានឹងយឺតពេលហើយ។ អ្នកត្រូវតែដឹងពីបញ្ហានេះជាមុន។ អ្នកត្រូវតែស្វែងរក៖ «តើខ្ញុំគួរតែធ្វើដូចម្ដេច ដើម្បីធ្វើបន្ទាល់ពីព្រះជាម្ចាស់ និងបំពេញកិច្ចការរបស់ខ្ញុំឱ្យបានល្អ ដោយមិនធ្វើបន្ទាល់ពីខ្លួនឯង? តើខ្ញុំត្រូវប្រើវិធីសាស្ត្រអ្វីខ្លះ ដើម្បីប្រកបគ្នាជាមួយអ្នកដទៃ និងដឹកនាំអ្នកដទៃ?» នេះជារបៀបដែលអ្នកត្រូវរៀបចំខ្លួន។ ប្រសិនបើនៅថ្ងៃណាមួយ អ្នករាល់គ្នាត្រូវបានចាត់ចែងឱ្យចេញទៅធ្វើការពិតប្រាកដមែន ហើយអ្នករាល់គ្នានៅតែលើកតម្កើង និងធ្វើបន្ទាល់ពីខ្លួនឯងទៀត នោះវានឹងនាំសេចក្តីវិនាសទៅមនុស្សជាច្រើនដែលស្ថិតក្នុងដៃអ្នក ហើយអ្នកនឹងមានបញ្ហា រួចក្រោយមក អ្នកនឹងត្រូវទទួលទោសពីព្រះជាម្ចាស់មិនខាន! តើវាមិនអីទេឬដែលខ្ញុំមិនមានបន្ទូលពាក្យទាំងនេះទៅអ្នករាល់គ្នា? មុនពេលខ្ញុំនិយាយ អ្នករាល់គ្នាអាចធ្វើវារួចទៅហើយ។ បើអ្នករាល់គ្នានៅតែអាចធ្វើវាដដែល បន្ទាប់ពីខ្ញុំមានបន្ទូលរួច តើអ្នកមិនមានបញ្ហាទេឬ? អ្នករាល់គ្នាត្រូវតែគិតពីរបៀបបំពេញកិច្ចការរបស់អ្នក គិតពីរបៀបប្រព្រឹត្តខ្លួនឱ្យបានត្រឹមត្រូវបំផុត។ គ្រប់យ៉ាងដែលអ្នកនិយាយនិងធ្វើ គ្រប់ទង្វើនិងគ្រប់ចលនា គ្រប់ពាក្យសម្ដីនិងគ្រប់ឥរិយាបថ ព្រមទាំងគ្រប់ចេតនានៃដួងចិត្តរបស់អ្នក ត្រូវតែស្របតាមបទដ្ឋាន ដោយមិនត្រូវបោះបង់បទដ្ឋានណាមួយទេ ហើយអ្នកក៏មិនអាចប្រើកលល្បិចណាមួយបាននោះដែរ។ ទោះបីភាពក្រអឺតក្រទមគឺជាធម្មជាតិរបស់មនុស្ស ហើយវាមិនងាយនឹងផ្លាស់ប្ដូរក៏ដោយ ក៏មនុស្សនៅត្រូវដឹងពីនិស្ស័័យក្រអឺតក្រទមរបស់ខ្លួន និងត្រូវមានគោលការណ៍អនុវត្តន៍ដែរ។ អ្នកត្រូវយល់ថា៖ «បើគេប្រគល់ពួកជំនុំខ្លះឱ្យខ្ញុំគ្រប់គ្រង តើខ្ញុំត្រូវធ្វើដូចម្ដេច ដើម្បីមិនកាន់តំណែងរបស់ព្រះជាម្ចាស់? តើខ្ញុំត្រូវធ្វើដូចម្ដេច ដើម្បីមិនក្រអឺតក្រទម? តើខ្ញុំត្រូវប្រព្រឹត្តដូចម្ដេចឱ្យបានត្រឹមត្រូវ? តើខ្ញុំត្រូវប្រព្រឹត្តដូចម្ដេច ដើម្បីនាំមនុស្សទៅចំពោះព្រះជាម្ចាស់ និងធ្វើបន្ទាល់ពីទ្រង់?» អ្នកត្រូវតែសញ្ជឹងគិតពីបញ្ហាទាំងនេះ រហូតដល់អ្នកយល់ច្បាស់។ ឧបមា មានគេសួរអ្នកថា៖ «តើអ្នកអាចដឹកនាំពួកជំនុំបានល្អដែរឬទេ?» ហើយអ្នកឆ្លើយថា៖ «ខ្ញុំអាច» ប៉ុន្តែផ្ទុយទៅវិញ អ្នកបែរជាដឹកនាំមនុស្សឱ្យចូលក្នុងវត្តមានរបស់អ្នកទៅវិញ ពោលគឺ ពួកគេចុះចូលចំពោះអ្នក មិនបានចុះចូលចំពោះព្រះជាម្ចាស់ទេ តើនេះមិនមែនជាបញ្ហាទេឬអី? ក្នុងនាមជាអ្នកដឹកនាំ ឬអ្នកធ្វើការ បើអ្នកមិនដឹងពីអត្ថន័យនៃការនាំមនុស្សចូលមកចំពោះព្រះជាម្ចាស់ ឬនាំពួកគេមកចំពោះខ្លួនឯងទេ ពេលនោះ តើអ្នកអាចបម្រើព្រះជាម្ចាស់បានដែរឬទេ? តើអ្នកមានតម្លៃស័ក្ដិសមនឹងឱ្យព្រះជាម្ចាស់ប្រើដែរឬទេ? ប្រាកដជាមិនស័ក្ដិសមឡើយ។ តើអស់អ្នកដែលនាំអ្នកដទៃមកចំពោះខ្លួន មិនសុទ្ធតែជាពួកទទឹងនឹងព្រះគ្រីស្ទទេឬ? បើបុគ្គលម្នាក់ជឿលើព្រះជាម្ចាស់ ប៉ុន្តែគេគ្មានកន្លែងសម្រាប់ព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់គេ គេមិនកោតខ្លាចទ្រង់ គេគ្មានដួងចិត្តដែលចុះចូលចំពោះទ្រង់ ឬមានឆន្ទៈចង់ចុះចូលចំពោះទ្រង់ទេ ពេលនោះ បុគ្គលម្នាក់នោះមិនជឿលើព្រះជាម្ចាស់ឡើយ។ ដូច្នេះ តើគេជឿលើនរណាឱ្យប្រាកដទៅ? សាកវិភាគបន្តិចមើល៍។ ពេលក្រោយ សូមកុំនិយាយថា៖ «ខ្ញុំមិនក្រអឺតក្រទមឯណា។ ខ្ញុំជាមនុស្សល្អ ហើយខ្ញុំធ្វើតែអំពើល្អទេ» ពោលគឺ ពាក្យទាំងនេះប្រៀបដូចពាក្យរបស់ក្មេងបៀមដៃអ៊ីចឹង! អ្នកណាក៏ក្រអឺតក្រទមដែរ ចុះអ្នកមិនក្រអឺតក្រទមដែរទេឬអី? គេបានលាតត្រដាងអ្នក ប៉ុន្តែអ្នកនៅតែមិនស្គាល់ខ្លួនឯង រួចនិយាយថា អ្នកមិនក្រអឺតក្រទមទៀត អ្នកពិតជាឥតអៀនខ្មាសមែន! អ្នកស្ពឹកស្រពន់ខ្លាំង រហូតដល់មិនខ្វល់ថាគេបានលាតត្រដាងអ្នកឡើយ! តើអ្នករាល់គ្នាដឹងពីគោលបំណងដែលខ្ញុំមានបន្ទូលពាក្យទាំងនេះទេ? ហេតុអ្វីបានជាខ្ញុំលាតត្រដាងមនុស្ស? ប្រសិនបើខ្ញុំមិនលាតត្រដាងបែបនេះទេ តើពួកគេនឹងស្គាល់ខ្លួនឯងដែរឬទេ? បើខ្ញុំមិនលាតត្រដាងបែបនេះទេ នោះមនុស្សនឹងនៅតែគិតថា ពួកគេជាមនុស្សល្អ ពួកគេធ្វើការបានល្អ ពួកគេគ្មានកំហុសឆ្គងដែលត្រូវលើកឡើង និងគិតទៀតថា ពួកគេល្អសព្វគ្រប់មិនខាន។ ទោះបីពួកគេល្អសព្វគ្រប់ក៏ដោយ ក៏ពួកគេមិនគួរស្ថិតក្នុងសភាពក្រអឺតក្រទម ហើយពួកគេមិនគួរគិតថា ខ្លួនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងអួតអាងខ្លួននោះដែរ។ ខ្ញុំលាតត្រដាងសភាពមនុស្សបែបនេះ មិនមែនដើម្បីដាក់ទោសស្លាប់ដល់ពួកគេ ឬប្រាប់ពួកគេថា ពួកគេមិនអាចត្រូវបានសង្រ្គោះនោះឡើយ ប៉ុន្តែផ្ទុយទៅវិញ ដើម្បីឱ្យពួកគេស្គាល់ខ្លួនឯងយ៉ាងពិតប្រាកដ យល់ពីសារជាតិ និងធម្មជាតិពុករលួយរបស់ខ្លួន ដូច្នេះ ពួកគេអាចស្គាល់ខ្លួនឯងបានយ៉ាងពិតប្រាកដវិញទេ។ ការនេះមានប្រយោជន៍ នៅពេលពួកគេព្យាយាមកម្ចាត់ចោលនិស្ស័យពុករលួយរបស់ខ្លួន។ ប្រសិនបើអ្នករាល់គ្នាអាចចាត់ទុកព្រះបន្ទូលលាតត្រដាង និងការដោះស្រាយរបស់ខ្ញុំជាមួយមនុស្សនៅក្នុងរបៀបត្រឹមត្រូវ បើអ្នកអាចចៀសផុតពីភាពអកម្ម បើអ្នកអាចបំពេញភារកិច្ចរបស់អ្នកបានធម្មតា បើអ្នកអាចចាត់ទុកកិច្ចការនៃដំណាក់ព្រះជាម្ចាស់ជាកិច្ចការរបស់អ្នកផ្ទាល់ ហើយបើអ្នកអាចមានការទទួលខុសត្រូវ ដោយមិនបំពេញភារកិច្ចបែបបង្គ្រប់កិច្ច បើអ្នកអាចមានភក្ដីភាពចំពោះព្រះជាម្ចាស់ ពេលនោះ អ្នកមានអាកប្បកិរិយាត្រឹមត្រូវ ហើយអ្នកនឹងអាចបំពេញភារកិច្ចរបស់អ្នកបានល្អមិនខាន។
មនុស្សមួយចំនួនបំពានគោលការណ៍ជាញឹកញាប់ នៅពេលពួកគេប្រព្រឹត្ត។ ពួកគេមិនទទួលយកការលួសកាត់ ឬការដោះស្រាយទេ ពួកគេដឹងនៅក្នុងចិត្តរបស់ខ្លួនថា អ្វីដែលអ្នកដទៃនិយាយ គឺស្របតាមសេចក្តីពិត ប៉ុន្តែពួកគេមិនទទួលយកសម្ដីទាំងនោះទេ។ មនុស្សបែបនេះ គឺក្រអឺតក្រទម និងរាប់ខ្លួនឯងថាសុចរិតពេកហើយ! ហេតុអ្វីបានជានិយាយថា ពួកគេក្រអឺតក្រទម? ប្រសិនបើពួកគេមិនទទួលយកការលួសកាត់ ឬការដោះស្រាយទេ ពេលនោះ ពួកគេមិនស្ដាប់បង្គាប់ហើយ តើការមិនស្ដាប់បង្គាប់មិនមែនជាភាពក្រអឺតក្រទមទេឬ? ពួកគេគិតថា ពួកគេកំពុងធ្វើបានល្អ ពួកគេមិនបានគិតថា ពួកគេប្រព្រឹត្តកំហុសទេ ដែលមានន័យថា ពួកគេមិនស្គាល់ខ្លួនឯងទេ ហើយនេះជាភាពក្រអឺតក្រទមហើយ។ ដូច្នេះ អ្នកត្រូវវិភាគមើល ដោយជីកឫសជីកគល់បន្តិចម្ដងៗអំពីរឿងមួយចំនួន។ នៅពេលអ្នករាល់គ្នាធ្វើកិច្ចការនៃពួកជំនុំ បើអ្នកទទួលបានការកោតសរសើរពីអ្នកដទៃ ហើយពួកគេផ្ដល់សំណើខ្លះដល់អ្នក និងបើកចិត្តប្រាប់អ្នកនៅក្នុងការប្រកបគ្នា នោះសបញ្ជាក់ឱ្យឃើញថា អ្នកធ្វើការងាររបស់អ្នកបានល្អហើយ។ ប្រសិនបើមនុស្សតែងតែមានអារម្មណ៍ទើសទ័លចំពោះអ្នក ពេលនោះ បន្តិចម្ដងៗ ពួកគេនឹងចាប់ផ្ដើមឈ្វេងយល់ពីអ្នក ហើយពួកគេនឹងនៅឱ្យឆ្ងាយពីអ្នក ដែលសបញ្ជាក់ឱ្យឃើញថា អ្នកគ្មានតថភាពនៃសេចក្តីពិតទេ ដូច្នេះ គ្រប់យ៉ាងដែលអ្នកនិយាយ គឺគ្រាន់តែជាពាក្យនៃគោលលទ្ធិ ដែលចង់បង្ខំអ្នកដទៃប៉ុណ្ណោះ។ អ្នកដឹកនាំពួកជំនុំខ្លះត្រូវបានប្ដូរចេញ ចុះហេតុអ្វីបានជាប្ដូរពួកគេចេញ? នោះព្រោះតែពួកគេនិយាយតែពាក្យនៃគោលលទ្ធិ តែងតែសម្ញែង និងធ្វើបន្ទាល់ពីខ្លួនឯងប៉ុណ្ណោះ។ ពួកគេនិយាយថា ការប្រឆាំងនឹងពួកគេ គឺជាការប្រឆាំងនឹងព្រះជាម្ចាស់ ហើយនិយាយទៀតថា អ្នកណាដែលរាយការណ៍ស្ថានការណ៍ទៅថ្នាក់លើ អ្នកនោះកំពុងបង្កការរំខានដល់កិច្ចការនៃពួកជំនុំ។ តើបញ្ហានៅត្រង់នេះគឺជាអ្វីដែរ? មនុស្សទាំងនេះបានក្រអឺតក្រទមខ្លាំងរួចហើយ រហូតដល់ពួកគេគ្មានវិចារណញ្ញាណទៀតផង។ តើការនេះមិនបង្ហាញពីមុខមាត់ពិតរបស់ពួកគេជាពួកទទឹងនឹងព្រះគ្រីស្ទទេឬ? តើការនេះនឹងមិនវិវឌ្ឍទៅរកការចាប់ផ្ដើមបង្កើតនគរឯករាជ្យផ្ទាល់ខ្លួនទេឬអី? អ្នកជឿថ្មោងថ្មីមួយចំនួន នឹងថ្វាយបង្គំពួកគេ និងធ្វើបន្ទាលពីពួកគេ ហើយអ្នកដឹកនាំទាំងនោះនឹងមានអារម្មណ៍រីករាយ និងពេញចិត្តជាខ្លាំង។ អ្នកក្រអឺតក្រទមបែបនេះ ត្រូវវិនាសរួចហើយ។ អ្នកណាដែលនិយាយថា៖ «ការប្រឆាំងនឹងខ្ញុំ គឺជាការប្រឆាំងនឹងព្រះជាម្ចាស់» អ្នកនោះបានក្លាយជាប៉ុលនាសម័យទំនើប។ សម្ដីនេះគ្មានខុសអ្វីពីសម្ដីរបស់ប៉ុល ដែលនិយាយថា៖ «ដ្បិតចំពោះខ្ញុំ ដែលរស់ គឺសម្រាប់ព្រះគ្រីស្ទ» ឡើយ។ តើមនុស្សដែលនិយាយបែបនេះ មិនស្ថិតក្នុងគ្រោះថ្នាក់ខ្លាំងទេឬ? ទោះបីពួកគេមិនបានបង្កើតនគរឯករាជ្យក៏ដោយ ក៏ពួកគេនៅតែជាពួកទទឹងនឹងព្រះគ្រីស្ទយ៉ាងពិតប្រាកដែរ។ ប្រសិនបើមនុស្សបែបនេះត្រូវដឹកនាំពួកជំនុំ ពួកជំនុំនោះនឹងក្លាយជានគររបស់ពួកទទឹងនឹងព្រះគ្រីស្ទយ៉ាងឆាប់រហ័សមិនខាន។ បន្ទាប់ពីបានក្លាយជាអ្នកដឹកនាំពួកជំនុំ មនុស្សខ្លះផ្តោតជាសំខាន់លើការប្រកាសសេចក្តីអធិប្បាយបែបខ្ពង់ខ្ពស់ និងសម្ញែង ជាពិសេស បង្រៀនពីសេចក្តីអាថ៌កំបាំង ដើម្បីឱ្យមនុស្សគោរពដល់ខ្លួន ហើយជាលទ្ធផល ពួកគេឃ្លាតកាន់តែឆ្ងាយទៅៗពីតថភាពនៃសេចក្តីពិត។ ការនេះនាំឱ្យមនុស្សភាគច្រើនថ្វាយបង្គំទ្រឹស្ដីខាងវិញ្ញាណ។ អ្នកណាដែលនិយាយបែបខ្ពង់ខ្ពស់ អ្នកនោះមានមនុស្សស្ដាប់។ អ្នកណាដែលនិយាយពីច្រកចូលទៅក្នុងជីវិត អ្នកនោះមិនមានមនុស្សមិនយកចិត្តទុកដាក់ស្ដាប់ឡើយ។ តើការនេះមិននាំឱ្យមនុស្សវង្វេងទេឬ? បើនរណាម្នាក់ប្រកបគ្នាពីតថភាពនៃសេចក្តីពិត ហើយគ្មាននរណាម្នាក់ស្ដាប់ខ្លួន នោះជាបញ្ហាហើយ។ គ្មាននរណាអាចសង្រ្គោះបុគ្គលដែលដឹកនាំពួកជំនុំនេះបានឡើយ ព្រោះថាមនុស្សគ្រប់គ្នាថ្វាយបង្គំទ្រឹស្ដីខាងវិញ្ញាណ។ អ្នកណាដែលមិនអាចនិយាយពីទ្រឹស្ដីខាងវិញ្ញាណ អ្នកនោះមិនអាចឈរជើងបានឡើយ។ តើមនុស្សបែបនេះអាចនៅតែទទួលបានកិច្ចការពីព្រះវិញ្ញាណបរិសុទ្ធដែរឬទេ? តើមនុស្សអាចចូលទៅក្នុងតថភាពនៃសេចក្តីពិតបានដែរឬទេ? ហេតុអ្វីបានជាគេបដិសេធការប្រកបគ្នាពីសេចក្តីពិត និងការនិយាយពីបទពិសោធជាក់ស្ដែង រហូតដល់លែងចង់ស្ដាប់ខ្ញុំប្រកបគ្នាពីសេចក្តីពិត? នេះសបញ្ជាក់ឱ្យឃើញថា ពួកគេបានចាញ់បញ្ឆោត និងឱ្យអ្នកដឹកនាំខាងទ្រឹស្ដីទាំងនោះត្រួតត្រាលើខ្លួនរួចហើយ។ មនុស្សទាំងនេះស្ដាប់តាម និងចុះចូលតាមអ្នកដឹកនាំទាំងនោះ ជាជាងចុះចូលតាមព្រះជាម្ចាស់។ នេះស្ដែងឱ្យឃើញថា មនុស្សទាំងនេះគឺជាមនុស្សដែលចុះចូលតាមអ្នកដឹកនាំរបស់ខ្លួន ជាជាងចុះចូលតាមព្រះជាម្ចាស់។ ដោយសារតែអស់អ្នកដែលជឿព្រះជាម្ចាស់ និងដេញតាមសេចក្តីពិតដោយស្មោះ អ្នកនោះមិនមែនជាមនុស្សដែលថ្វាយបង្គំ ឬដើរតាមមនុស្សទេ។ ពួកគេមានកន្លែងមួយសម្រាប់ព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់ខ្លួន ហើយពួកគេកោតខ្លាចព្រះជាម្ចាស់ ដូច្នេះ តើមនុស្សអាចរឹតត្បិតពួកគេបានដោយរបៀបណា? តើពួកគេអាចចុះចូលស្ដាប់បង្គាប់តាមអ្នកដឹកនាំក្លែងក្លាយ ដែលគ្មានតថភាពនៃសេចក្តីពិតម្ដេចកើតទៅ? អ្វីដែលអ្នកដឹកនាំក្លែងក្លាយខ្លាចបំផុត គឺជាមនុស្សដែលមានតថភាពនៃសេចក្តីពិត ជាម្នាក់ដែលកោតខ្លាចព្រះជាម្ចាស់ និងគេចចេញពីសេចក្តីអាក្រក់។ ប្រសិនបើបុគ្គលម្នាក់គ្មានសេចក្តីពិត ហើយពួកគេចង់ឱ្យអ្នកដទៃស្ដាប់បង្គាប់តាមខ្លួន តើនោះមិនមែនជាអារក្ស ឬសាតាំងដ៏ក្រអឺតក្រទមបំផុតទេឬអី? ប្រសិនបើអ្នកគ្រប់គ្រងផ្ដាច់មុខពួកជំនុំ ឬត្រួតត្រារាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ ពេលនោះ អ្នកបានប្រមាថនិស្ស័យព្រះជាម្ចាស់ និងបំផ្លាញខ្លួនឯង ហើយអ្នកអាចថែមទាំងគ្មានឱកាសនឹងប្រែចិត្តទៀតផង។ អ្នករាល់គ្នាម្នាក់ៗត្រូវតែប្រយ័ត្នឱ្យមែនទែន។ នេះជារឿងគ្រោះថ្នាក់បំផុត ជាអ្វីមួយដែលមនុស្សគ្រប់គ្នាអាចងាយនឹងប្រព្រឹត្ត។ មនុស្សខ្លះអាចនិយាយថា៖ «ខ្ញុំនឹងមិនធ្វើរឿងបែបនេះទេ។ ខ្ញុំនឹងមិនធ្វើបន្ទាល់ពីខ្លួនឯងឡើយ!» នោះព្រោះតែអ្នកទើបតែធ្វើការក្នុងពេលខ្លីប៉ុណ្ណោះ។ ក្រោយមក អ្នកនឹងហ៊ានធ្វើមិនខាន។ អ្នកនឹងកាន់តែហ៊ានបន្តិចម្ដងៗ ពោលគឺ នៅពេលអ្នកធ្វើកាន់តែច្រើន នោះអ្នកនឹងកាន់តែហ៊ាន។ បើមនុស្សដែលអ្នកដឹកនាំ ចូលចិត្តអួតពីអ្នក និងស្ដាប់តាមអ្នក តាមធម្មតា អ្នកនឹងមានអារម្មណ៍ថា អ្នកកាន់តំណែងខ្ពស់ និងអស្ចារ្យ រួចអ្នកគិតថា៖ «មើល៍មកខ្ញុំចុះ! ខ្ញុំធ្វើបានល្អតើ។ ខ្ញុំអាចដឹកនាំមនុស្សទាំងនេះបាន ហើយពួកគេសុទ្ធតែស្ដាប់តាមខ្ញុំ។ អ្នកណាដែលមិនស្ដាប់ខ្ញុំ ខ្ញុំនឹងបង្ក្រាបអ្នកនោះ។ ការនេះសបញ្ជាក់ឱ្យឃើញថា ខ្ញុំមានសមត្ថភាពខ្លះក្នុងការងារ ហើយខ្ញុំអាចបំពេញការងារខ្ញុំបាន»។ មួយរយៈក្រោយមក សមាសភាពក្រអឺតក្រទមនៃធម្មជាតិរបស់អ្នក នឹងចាប់ផ្ដើមបង្ហាញចេញ ហើយអ្នកនឹងកាន់តែក្រអឺតក្រទមខ្លាំងរហូតដល់អ្នកបាត់បង់វិចារណញ្ញាណរបស់អ្នក ពេលនោះ អ្នកនឹងស្ថិតក្នុងគ្រោះថ្នាក់។ តើអ្នកអាចមើលឃើញច្បាស់ពីបញ្ហានេះដែរឬទេ? អ្នកស្ថិតក្នុងបញ្ហា នៅពេលអ្នកបើកសម្ដែងនិស្ស័យក្រអឺតក្រទមដែលមិនស្ដាប់បង្គាប់របស់អ្នក។ សូម្បីតែពេលដែលខ្ញុំនិយាយ ក៏អ្នកមិនស្ដាប់ដែរ ដូច្នេះ ដំណាក់ព្រះជាម្ចាស់ក៏ដកអ្នកចេញ ហើយអ្នកនៅតែហ៊ាននិយាយថា៖ «សូមឱ្យព្រះវិញ្ញាណបរិសុទ្ធបើកសម្ដែងចុះ»។ ការពិតដែលនាំឱ្យអ្នកនិយាយបែបនេះ សបញ្ជាក់ឱ្យឃើញថា អ្នកមិនទទួលយកសេចក្តីពិតទេ។ ការបះបោររបស់អ្នក គឺធំពេកហើយ។ វាបានលាតត្រដាងពីធម្មជាតិ និងសារជាតិរបស់អ្នក។ អ្នកមិនស្គាល់ព្រះជាម្ចាស់សោះឡើយ។ ដូច្នេះ ខ្ញុំមានបន្ទូលពីសេចក្ដីទាំងអស់នេះទៅអ្នករាល់គ្នានៅថ្ងៃនេះ ដើម្បីឱ្យអ្នករាល់គ្នាបន្តឃ្លាំមើលខ្លួនឯងឱ្យបានដិតដល់។ កុំតម្កើងខ្លួន ឬធ្វើបន្ទាល់ពីខ្លួនឯងឡើយ។ មនុស្សមុខជាព្យាយាមចង់តាំងឡើងនូវនគរឯករាជ្យផ្ទាល់ខ្លួន ព្រោះពួកគេគ្រប់គ្នាសុទ្ធតែចូលចិត្តមុខតំណែង ទ្រព្យសម្បត្តិនិងសិរីល្អ ចង់បានភាពអំនួត ចង់កាន់ឋានៈខ្ពង់ខ្ពស់ និងបង្ហាញអំណាចរបស់ខ្លួនថា៖ «ឃើញខ្ញុំនិយាយពាក្យទាំងនោះម៉ឺងម៉ាត់ប៉ុនណាទេ។ នៅពេលខ្ញុំគំរាមភ្លាម ពួកគេភិតភ័យ និងស្ងាត់មាត់ឈឹង»។ កុំបង្ហាញអំណាចបែបនេះឡើយ។ វាគ្មានប្រយោជន៍ទេ ក៏មិនបញ្ជាក់ពីអ្វីនោះដែរ។ វាគ្រាន់តែបញ្ជាក់ឱ្យឃើញថា អ្នកជាមនុស្សក្រអឺតក្រទមខ្លាំង និងថាអ្នកមាននិស្ស័យអន់ប៉ុណ្ណោះ។ វាមិនបញ្ជាក់ឱ្យឃើញថា អ្នកមានសមត្ថភាព ឬមានតថភាពនៃសេចក្តីពិតនោះឡើយ។ បន្ទាប់ពីស្ដាប់សេចក្តីអធិប្បាយបានពីរបីឆ្នាំរួច តើអ្នករាល់គ្នាស្គាល់ខ្លួនឯងដែរឬទេ? តើអ្នកមិនយល់ថា អ្នកស្ថិតក្នុងកាលៈទេសៈដ៏គ្រោះថ្នាក់ទេឬអី? ប្រសិនបើព្រះជាម្ចាស់មិនមានបន្ទូល និងធ្វើការ ដើម្បីសង្រ្គោះអ្នកទេ តើអ្នករាល់គ្នានឹងមិនតាំងឡើងនូវនគរឯករាជ្យទេឬអី? តើអ្នករាល់គ្នាមិនចង់គ្រប់គ្រងផ្ដាច់មុខនូវពួកជំនុំដែលអ្នករាល់គ្នាទទួលខុសត្រូវ និងនាំមនុស្សទាំងនោះឱ្យស្ថិតក្រោមឥទ្ធិពលរបស់អ្នក ដើម្បីកុំឱ្យនរណាម្នាក់អាចរួចពីការគ្រប់គ្រងរបស់អ្នក និងឱ្យពួកគេស្ដាប់តាមអ្នកទេឬ? បើអ្នកគ្រប់គ្រងមនុស្ស នៅពេលអ្នកធ្វើបែបនេះ នោះអ្នកជាអារក្ស ជាសាតាំងហើយ។ វាពិតជាគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់អ្នកដែលមានគំនិតបែបនេះ។ អ្នកបានបោះជំហានលើផ្លូវនៃពួកទទឹងនឹងព្រះគ្រីស្ទរួចហើយ។ បើអ្នកមិនឆ្លុះបញ្ចាំងពីខ្លួនឯងទេ ហើយបើអ្នកមិនអាចលន់តួបាបរបស់អ្នកចំពោះព្រះជាម្ចាស់ និងប្រែចិត្តទេ នោះអ្នកនឹងប្រាកដជាត្រូវបានបោះចោលទៅម្ខាង ហើយព្រះជាម្ចាស់នឹងមិនយកព្រះទ័យទុកដាក់ចំពោះអ្នកទៀតឡើយ។ អ្នកគួរតែដឹងពីរបៀបប្រែចិត្ត ដឹងពីរបៀបបកក្រោយ ដើម្បីប្រព្រឹត្តស្របតាមបំណងព្រះហឫទ័យព្រះជាម្ចាស់ ដើម្បីធានាថា អ្នកមិនប្រមាថដល់និស្ស័យព្រះជាម្ចាស់។ កុំរង់ចាំរហូតដល់ដំណាក់ព្រះជាម្ចាស់កំណត់ថា អ្នកជាពួកទទឹងនឹងព្រះគ្រីស្ទ រួចបណ្ដេញអ្នកចេញនោះឡើយ។ ពេលនោះ វានឹងយឺតពេលហើយ។
រដូវស្លឹកឈើជ្រុះឆ្នាំ ១៩៩៧