សារៈសំខាន់នៃការអធិស្ឋាន និងការអនុវត្តការអធិស្ឋាន
សព្វថ្ងៃនេះ តើអ្នករាល់គ្នាអធិស្ឋានទៅព្រះជាម្ចាស់ដូចម្ដេចដែរ? តើត្រូវធ្វើដូចម្ដេច ដើម្បីធ្វើឱ្យការអធិស្ឋានបែបសាសនាបានប្រសើរឡើង? តើអ្នករាល់គ្នាយល់ដឹងអ្វីខ្លះឱ្យប្រាកដអំពីសារៈសំខាន់នៃការអធិស្ឋាន? តើអ្នករាល់គ្នាបានឆ្លុះបញ្ចាំងពីសំណួរទាំងនេះដែរឬទេ? អ្នកណាដែលមិនអធិស្ឋាន អ្នកនោះនៅឆ្ងាយពីព្រះជាម្ចាស់ ហើយអ្នកណាដែលមិនអធិស្ឋាន អ្នកនោះធ្វើតាមឆន្ទៈរបស់ខ្លួន។ ការមិនអធិស្ឋានសំដៅលើការឃ្លាតឆ្ងាយពីព្រះជាម្ចាស់ និងការក្បត់ព្រះជាម្ចាស់។ តើអ្នករាល់គ្នាមានបទពិសោធជាក់ស្ដែងអ្វីខ្លះជាមួយនឹងការអធិស្ឋាន? គេអាចមើលឃើញទំនាក់ទំនងរវាងព្រះជាម្ចាស់ និងមនុស្ស តាមរយៈការអធិស្ឋានរបស់មនុស្ស។ តើអ្នកប្រព្រឹត្តដូចម្ដេចដែរ នៅពេលបងប្អូនប្រុសស្រីស្ញប់ស្ញែង និងស្ងើចសរសើរអ្នកសម្រាប់លទ្ធផលដែលអ្នកសម្រេចបាននៅក្នុងការងាររបស់អ្នក? តើអ្នកមានប្រតិកម្មបែបណា នៅពេលអ្នកដទៃផ្ដល់សំណើជូនអ្នក? តើអ្នកអធិស្ឋាននៅចំពោះព្រះជាម្ចាស់ដែរឬទេ? អ្នករាល់គ្នាចំណាយពេលអធិស្ឋាន នៅពេលអ្នកជួបបញ្ហា ឬជួបការលំបាក ប៉ុន្តែតើអ្នករាល់គ្នាបែរទៅអធិស្ឋានរកព្រះជាម្ចាស់ដែរឬទេ នៅពេលអ្នកមិនស្ថិតក្នុងសភាពល្អ? តើអ្នកអធិស្ឋានដែរឬទេ នៅពេលអ្នករាល់គ្នាបើកសម្ដែងសេចក្តីពុករលួយ? តើអ្នករាល់គ្នាអធិស្ឋានយ៉ាងពិតប្រាកដដែរឬទេ? ប្រសិនបើអ្នកមិនអធិស្ឋានយ៉ាងពិតប្រាកដទេ នោះអ្នកនឹងមិនរីកចម្រើនឡើយ។ ជាពិសេសនៅក្នុងការជួបជុំ អ្នកគួរតែអធិស្ឋាន និងសរសើរតម្កើងព្រះជាម្ចាស់។ អ្នកខ្លះបានជឿលើព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែជាអកុសល ពួកគេមិនបានអធិស្ឋានញឹកញាប់ឡើយ។ ពួកគេមានការយល់ដឹងអំពីពាក្យពីរបីនៃគោលលទ្ធិ ហើយប្រែជាក្រអឺតក្រទម ដោយគិតថា ពួកគេចាប់ផ្ដើមយល់ពីសេចក្តីពិត គិតថា ពួកគេទទួលបានកម្ពស់ ហើយពួកគេមានអារម្មណ៍ពេញចិត្តនឹងខ្លួនឯងជាខ្លាំង។ ជាលទ្ធផល ពួកគេបានជាប់ផុងនៅក្នុងសភាពមិនប្រក្រតីបែបនេះ ហើយក្រោយមក នៅពេលពួកគេចូលមកអធិស្ឋាន ពួកគេគ្មានអ្វីត្រូវនិយាយ និងគ្មានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ។ កាលណាមនុស្សម្នាក់មិនអាចគ្រប់គ្រងសភាពរបស់ខ្លួនបាន ពួកគេអាចទទួលបានផលផ្លែនៃការប្រឹងប្រែង ក្រោយពេលធ្វើការបន្តិចបន្តួច បើមិនដូច្នោះទេ ពួកគេអាចប្រែជាអវិជ្ជមាន ចាប់ផ្ដើមធ្វើការដោយខ្ជីខ្ជា និងឈប់បំពេញភារកិច្ចរបស់ខ្លួន នៅពេលពួកគេជួបការលំបាកបន្តិចបន្តួច ដែលនេះជារឿងគ្រោះថ្នាក់ខ្លាំងណាស់។ មនុស្សដែលគ្មានសតិសម្បជញ្ញៈ ឬវិចារណញ្ញាណប្រព្រឹត្តបែបនេះឯង។ មនុស្សភាគច្រើនចំណាយពេលអធិស្ឋាន នៅពេលពួកគេជួបការលំបាកប៉ុណ្ណោះ ឬក៏នៅពេលពួកគេមិនយល់តែម្ដងអំពីរឿងរ៉ាវ។ ពួកគេគ្រាន់តែអធិស្ឋាន នៅពេលពួកគេមានមន្ទិលសង្ស័យ និងមិនអាចសម្រេចចិត្តបានប៉ុណ្ណោះ ឬក៏នៅពេលពួកគេបើកសម្ដែងនិស្ស័យពុករលួយ។ ពួកគេគ្រាន់តែអធិស្ឋាន នៅពេលពួកគេត្រូវការអ្វីមួយ។ នេះជារឿងធម្មតាទេ។ ក៏ប៉ុន្តែ អ្នកក៏ត្រូវអធិស្ឋាន និងអរព្រះគុណព្រះជាម្ចាស់ផងដែរ នៅពេលអ្នកសម្រេចបានលទ្ធផលនៅក្នុងការងាររបស់អ្នក។ ប្រសិនបើអ្នកខ្វល់តែអំពីការសប្បាយរីករាយ ហើយមិនអធិស្ឋាន តែងតែតម្កើងខ្លួន តែងតែសប្បាយនឹងអារម្មណ៍របស់ខ្លួន ប៉ុន្តែអ្នកភ្លេចពីព្រះគុណព្រះជាម្ចាស់ នេះជាទង្វើគ្មានវិចារណញ្ញាណសោះឡើយ។ កាលណាអ្នកនៅឆ្ងាយពេកពីព្រះជាម្ចាស់ ពេលខ្លះ អ្នកត្រូវទទួលការប្រៀនប្រដៅ អ្នកអាចទ័លគំនិត នៅពេលអ្នកព្យាយាមធ្វើអ្វីមួយ ឬក៏អ្នកអាចប្រព្រឹត្តកំហុស ត្រូវគេដោះស្រាយជាមួយ ត្រូវឮពាក្យពាក្យចាក់ដោតចិត្ត ហើយអ្នកអាចត្រូវរងសម្ពាធ ឬទុក្ខវេទនា ទាំងមិនដឹងថា អ្នកបានធ្វើអ្វីប្រមាថព្រះជាម្ចាស់ឱ្យប្រាកដឡើយ។ តាមពិតទៅ ពេលខ្លះ ព្រះជាម្ចាស់ប្រើប្រាស់មជ្ឈដ្ឋានខាងក្រៅ ដើម្បីប្រៀនប្រដៅអ្នក ធ្វើឱ្យអ្នកឈឺចាប់ និងបន្សុទ្ធអ្នក ហើយនៅទីបំផុត ពេលអ្នកចូលមកអធិស្ឋាននៅចំពោះព្រះជាម្ចាស់ និងឆ្លុះបញ្ចាំង អ្នកទទួលស្គាល់ថា អ្នកមានសភាពមិនត្រឹមត្រូវ ដូចជា វាយឫកខ្ពស់ តម្កើងខ្លួន និងពេញដោយការកោតសរសើរខ្លួនឯង រួចអ្នកបែរជាស្អប់ខ្ពើមខ្លួនឯង និងសោកស្ដាយខ្លាំង។ នៅពេលអ្នកអធិស្ឋាន និងលន់តួទៅព្រះជាម្ចាស់ អ្នកចាប់ផ្ដើមស្អប់ខ្លួនឯង និងចង់ប្រែចិត្ត ហើយនៅពេលនោះ សភាពមិនត្រឹមត្រូវរបស់អ្នកចាប់ផ្ដើមកែតម្រូវដោយខ្លួនឯង។ នៅពេលមនុស្សអធិស្ឋានយ៉ាងពិតប្រាកដ ព្រះវិញ្ញាណបរិសុទ្ធធ្វើកិច្ចការរបស់ទ្រង់ ដោយប្រទាននូវអារម្មណ៍ជាក់លាក់មួយ ឬក៏ប្រទាននូវការបំភ្លឺ ដែលជួយឱ្យពួកគេងើបចេញពីសភាពមិនប្រក្រតីនោះ។ ការអធិស្ឋានមិនត្រឹមតែជាការស្វែងរកបន្តិចបន្តួច ជាការកាន់តាមពិធីសាសនាពីរបី រួចចប់នោះឡើយ។ ការអធិស្ឋានមិនមែនជាការនិយាយពាក្យអធិស្ឋានពីរបីពាក្យ នៅពេលអ្នកត្រូវការព្រះជាម្ចាស់ រួចបន្ទាប់មក ក៏គ្មានពាក្យនិយាយ នៅពេលអ្នកមិនត្រូវការនោះឡើយ។ ប្រសិនបើអ្នកខានអធិស្ឋានយូរ ទោះបីសភាពពីខាងក្រៅរបស់អ្នកមើលទៅហាក់ប្រក្រតីក៏ដោយ អ្នកនឹងត្រូវអាងលើឆន្ទៈរបស់អ្នកផ្ទាល់នៅក្នុងការបំពេញភារកិច្ចរបស់អ្នក នៅក្នុងការធ្វើអ្វីដែលអ្នកចង់ធ្វើ ហើយការធ្វើបែបនេះ អ្នកនឹងមិនអាចប្រព្រឹត្តស្របតាមគោលការណ៍ឡើយ។ ប្រសិនបើអ្នកខានអធិស្ឋានយូរទៅព្រះជាម្ចាស់ អ្នកនឹងមិនទទួលបានការស្រាយបំភ្លឺ ឬការបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធឡើយ។ ទោះបីអ្នកបំពេញភារកិច្ចរបស់អ្នកក៏ដោយ ក៏អ្នកបានត្រឹមធ្វើតាមក្រឹត្យវិន័យប៉ុណ្ណោះ ហើយការបំពេញភារកិច្ចបែបនេះ នឹងមិនបង្កើតផលផ្លែនៃការធ្វើបន្ទាល់ថ្វាយព្រះជាម្ចាស់ឡើយ។
ខ្ញុំបានមានបន្ទូលកាលពីមុនរួចហើយថា មនុស្សជាច្រើនធ្វើអាជីវកម្ម និងធ្វើកិច្ចការផ្ទាល់ខ្លួនក្នុងដំណើរនៃការបំពេញភារកិច្ចរបស់ខ្លួន ហើយមនុស្សបន្តធ្វើបែបនេះមកដល់សព្វថ្ងៃ។ បន្ទាប់ពីធ្វើការបានមួយរយៈ ពួកគេឈប់អធិស្ឋាន ហើយព្រះជាម្ចាស់លែងគង់ក្នុងដួងចិត្តរបស់ពួកគេទៀតហើយ។ ពួកគេគិតថា៖ «ខ្ញុំគ្រាន់តែធ្វើការតាមការចាត់ចែងការងារទៅបានហើយ។ បែបនេះ ខ្ញុំនឹងមិនប្រព្រឹត្តកំហុសណាមួយទេ ហើយខ្ញុំក៏មិនបង្កការរាំងស្ទះ ឬការរំខានណាមួយនោះដែរ...»។ នៅពេលអ្នកធ្វើការដោយមិនអធិស្ឋាន ហើយប្រសិនបើអ្នកមិនអរព្រះគុណព្រះជាម្ចាស់ នៅពេលការងារសម្រេចបានផលល្អទេ នោះសភាពរបស់អ្នកមានបញ្ហាហើយ។ ប្រសិនបើអ្នកដឹងថា អ្នកមានសភាពខុសឆ្គង ប៉ុន្តែអ្នកមិនអាចកែតម្រូវសភាពនោះដោយខ្លួនឯងបានទេ នោះជាលទ្ធផល អ្នកបន្តអាងលើឆន្ទៈរបស់អ្នកនៅក្នុងការធ្វើសកម្មភាពរបស់អ្នកមិនខាន ពេលនោះ ទោះបីអ្នកយល់ពីសេចក្តីពិតក៏ដោយ ក៏អ្នកមិនអាចអនុវត្តសេចក្តីពិតនោះបានដែរ។ អ្នកចេះតែគិតថា របៀបគិតរបស់អ្នកគឺត្រឹមត្រូវ ហើយអ្នកតែងតែប្រកាន់ខ្ជាប់តាមគំនិតរបស់អ្នក អ្នកធ្វើតាមអ្វីដែលអ្នកចូលចិត្ត អ្នកព្រងើយកន្ដើយចំពោះរបៀបដែលព្រះវិញ្ញាណបរិសុទ្ធធ្វើការ អ្នកខំប្រឹងធ្វើការតែមួយមុខ ហើយជាលទ្ធផល ព្រះវិញ្ញាណបរិសុទ្ធបោះបង់អ្នកចោល។ កាលណាព្រះវិញ្ញាណបោះបង់អ្នកចោល អ្នកនឹងមានអារម្មណ៍ខ្មៅងងឹត និងក្រៀមស្វិត។ អ្នកនឹងមិនអាចមានអារម្មណ៍រីកធំធាត់ ឬសប្បាយរីករាយសោះឡើយ។ មានមនុស្សជាច្រើនដែលមិនអធិស្ឋានយ៉ាងពិតប្រាកដទេ សូម្បីតែកន្លះឆ្នាំម្ដង ក៏មិនអធិស្ឋានផង។ មនុស្សបែបនេះលែងមានព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់ខ្លួនទៀតហើយ។ អ្នកខ្លះមិនអធិស្ឋានជាទូទាត់ទេ ហើយពួកគេអធិស្ឋាន នៅពេលដែលពួកគេមានគ្រោះថ្នាក់ ឬក៏កំពុងជួបទុក្ខលំបាកប៉ុណ្ណោះ។ ទោះបីពួកគេបន្តបំពេញភារកិច្ចរបស់ខ្លួនក៏ដោយ ក៏ពួកគេមានអារម្មណ៍ថា វិញ្ញាណរបស់ពួកគេស្វិតស្រពោនដែរ ដូច្នេះ ពួកគេមានគំនិតអវិជ្ជមានដោយចៀសមិនផុតឡើយ។ ពេលខ្លះ ពួកគេគិតថា៖ «តើពេលណាទើបខ្ញុំចប់លែងជាប់ជំពាក់នឹងភារកិច្ចរបស់ខ្ញុំ?» សូម្បីតែគំនិតបែបនេះ ក៏អាចផុសឡើងបានដែរ នោះព្រោះតែពួកគេខានអធិស្ឋានក្នុងរយៈពេលយូរ ហើយបាននៅឆ្ងាយពីព្រះជាម្ចាស់។ ប្រសិនបើគំនិតនេះកើតមានចំពោះដួងចិត្តអាក្រក់ដែលមិនជឿព្រះ នោះជារឿងគ្រោះថ្នាក់ណាស់។ ការអធិស្ឋានពិតជាសំខាន់ណាស់! ជីវិតដែលគ្មានការអធិស្ឋាន គឺជាជីវិតដែលស្ងួតដូចធូលីដី ហើយមិនអាចទទួលបានកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធឡើយ។ មនុស្សបែបនេះមិនរស់នៅចំពោះព្រះជាម្ចាស់ទេ ហើយពួកគេក៏បានធ្លាក់ទៅក្នុងសេចក្តីងងឹតរួចទៅហើយដែរ។ ហេតុដូចនេះ អ្នកត្រូវតែអធិស្ឋាន និងប្រកបគ្នាពីព្រះបន្ទូលព្រះជាម្ចាស់ឱ្យបានញឹកញាប់ ដូច្នេះ អ្នកអាចទទួលបានកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ និងសរសើរតម្កើងព្រះជាម្ចាស់ចេញពីចិត្តរបស់អ្នក។ មានតែបែបនេះទេ ទើបជីវិតអ្នកអាចពេញដោយសេចក្តីសុខសាន្ត និងអំណរ។ ព្រះវិញ្ញាណបរិសុទ្ធធ្វើការយ៉ាងខ្លាំងនៅក្នុងអ្នកណាដែលអធិស្ឋាន និងសរសើរតម្កើងព្រះនៅក្នុងគ្រប់កិច្ចការ។ ព្រះចេស្ដាដែលព្រះវិញ្ញាណបរិសុទ្ធប្រទានដល់មនុស្ស គឺគ្មានដែនកំណត់ឡើយ ហើយមនុស្សក៏អាចប្រើព្រះចេស្ដានោះមិនចេះអស់ ឬគ្មានថ្ងៃអស់ផងដែរ។ មនុស្សអាចនិយាយ និងអធិប្បាយមិនចេះចប់ ហើយពួកគេអាចយល់ពីគោលលទ្ធិជាច្រើនមែន ប៉ុន្តែបើគ្មានកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធទេ នោះគ្មានប្រយោជន៍ និងគ្មានន័យឡើយ។ មានករណីជាច្រើន ដែលមនុស្សចំណាយពេលពាក់កណ្ដាលថ្ងៃអធិស្ឋាន ប៉ុន្តែមានតែពាក្យពីរបីម៉ាត់ចេញមកប៉ុណ្ណោះ ក្នុងពេលធ្វើបែបនេះ ដូចជាពាក្យថា៖ «ឱព្រះជាម្ចាស់អើយ ទូលបង្គំសូមអរព្រះគុណ និងសរសើរតម្កើងទ្រង់!» មួយរយៈក្រោយមក ទើបពួកគេអាចនិយាយឃ្លានេះចេញម្ដងទៀត។ ពួកគេគិតមិនឃើញពីអ្វីផ្សេងដែលត្រូវនិយាយទៅព្រះជាម្ចាស់ទេ ពួកគេគ្មានគំនិតទូលប្រាប់ទ្រង់ឡើយ។ នេះពិតជាគ្រោះថ្នាក់ណាស់។ ប្រសិនបើមនុស្សដែលជឿលើព្រះជាម្ចាស់ មិនថែមទាំងអាចនិយាយពាក្យសរសើរតម្កើង ពាក្យអរព្រះគុណ និងពាក្យថ្វាយសិរីល្អដល់ទ្រង់បានផង តើពួកគេអាចនិយាយថា ខ្លួនមានព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់ខ្លួនម្ដេចកើតទៅ? អ្នកអាចអះអាងថា អ្នកជឿលើព្រះជាម្ចាស់ និងទទួលស្គាល់ទ្រង់គង់នៅក្នុងចិត្តរបស់អ្នក ប៉ុន្តែអ្នកមិនចូលមកចំពោះទ្រង់ អ្នកមិនអាចប្រាប់ទ្រង់ពីអ្វីដែលមាននៅក្នុងចិត្តរបស់អ្នក នៅពេលអ្នកអធិស្ឋាន ហើយដួងចិត្តរបស់អ្នកនៅឆ្ងាយពេកពីព្រះជាម្ចាស់ ដូច្នេះហើយ ព្រះវិញ្ញាណបរិសុទ្ធនឹងមិនធ្វើការទ្រង់ឡើយ។ នៅពេលអ្នករាល់គ្នាភ្ញាក់ពីគេងជារៀងរាល់ព្រឹក អ្នកត្រូវអធិស្ឋានដោយស្មោះចេញពីចិត្ត អានព្រះបន្ទូលព្រះជាម្ចាស់ រួចក្រោយមក សញ្ជឹងគិតលើព្រះបន្ទូលទាំងនោះ រហូតដល់អ្នករកឃើញពន្លឺ និងមានផ្លូវអនុវត្តន៍។ ចូរធ្វើបែបនេះ នោះអ្នកនឹងមានថ្ងៃដ៏ល្អពិសេស និងជាទីពេញចិត្ត ហើយអ្នកនឹងមានអារម្មណ៍ថា ព្រះវិញ្ញាណបរិសុទ្ធតែងតែគង់នៅជាមួយអ្នក និងចាំការពារអ្នកជានិច្ច។
ខ្ញុំកត់សម្គាល់ឃើញថា មនុស្សជាច្រើនមានបញ្ហាមួយដូចគ្នា។ នៅពេលពួកគេមានបញ្ហា ពួកគេចូលមកអធិស្ឋាននៅចំពោះព្រះជាម្ចាស់ ប៉ុន្តែនៅពេលពួកគេគ្មានបញ្ហា ពួកគេព្រងើយកន្ដើយព្រះជាម្ចាស់។ ពួកគេប្រកាន់ខ្ជាប់តាមសេចក្តីសប្បាយខាងសាច់ឈាមតាមដែលពួកគេចង់បាន ប៉ុន្តែពួកគេមិនដែលភ្ញាក់រឭកទេ។ តើនេះជាការជឿលើព្រះជាម្ចាស់ឬ? តើនេះជាការមានសេចក្តីជំនឿពិតប្រាកដឬ? ការខ្វះសេចក្តីជំនឿពិតប្រាកដ គឺជាការខ្វះផ្លូវដើរ។ បើគ្មានសេចក្តីជំនឿពិតប្រាកដទេ គេមិនអាចដឹងថា សកម្មភាពនៃជំនឿលើព្រះជាម្ចាស់បែបណា ស្របតាមបំណងព្រះហឫទ័យព្រះជាម្ចាស់ ឬថាសកម្មភាពណាខ្លះដែលនាំឱ្យគេអាចទទួលបានសេចក្តីពិត ឬរីកចម្រើនក្នុងជីវិតឡើយ។ បើគ្មានសេចក្តីជំនឿទេ មនុស្សម្នាក់ងងឹតងងល់ មានបំណងចង់ដេញតាម ប៉ុន្តែខ្វះទិសដៅ និងគោលដៅ។ ដូច្នេះ តើសេចក្តីជំនឿត្រូវបានបង្កើតឡើងដោយរបៀបណា? សេចក្តីជំនឿត្រូវបានបង្កើតឡើង ដោយការអធិស្ឋាន និងការប្រកបគ្នាជាមួយព្រះជាម្ចាស់ ហើយកាន់តែសំខាន់ទៀតនោះ គឺដោយការអានព្រះបន្ទូលព្រះជាម្ចាស់ និងការទទួលបានការបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធ។ កាលណាអ្នកយល់ពីសេចក្តីពិតកាន់តែច្រើន នោះអ្នកនឹងមានសេចក្តីជំនឿកាន់តែច្រើន។ អ្នកណាដែលខ្វះការយល់ដឹងពីសេចក្តីពិត អ្នកនោះគ្មានសេចក្តីជំនឿសោះឡើយ ហើយទោះបើពួកគេចូលរួមពួកជំនុំក៏ដោយ ក៏ពួកគេជាអ្នកមិនជឿព្រះដែរ។ មនុស្សដែលជឿលើព្រះជាម្ចាស់ មិនអាចរស់នៅដោយគ្មានការអធិស្ឋាន និងការអានព្រះបន្ទូលព្រះជាម្ចាស់ឡើយ។ ប្រសិនបើពួកគេគ្រាន់តែបន្តចូលរួមការជួបជុំ ប៉ុន្តែកម្រអធិស្ឋានដោយចិត្តស្មោះ នោះពួកគេនឹងឃ្លាតចេញពីព្រះជាម្ចាស់កាន់តែឆ្ងាយទៅៗ។ អ្នករាល់គ្នាកម្រអធិស្ឋានដោយពិតប្រាកដណាស់ ហើយអ្នកខ្លះទៀតនៅមិនទាន់ចេះអធិស្ឋានទៀតផង។ ការពិតនោះគឺថា ការអធិស្ឋានគ្រាន់តែជាការនិយាយចេញពីចិត្តរបស់អ្នកប៉ុណ្ណោះ។ នេះគឺជាការបើកចំហចិត្តរបស់អ្នកទូលប្រាប់ព្រះជាម្ចាស់ និងជាការបើកចិត្តនៅចំពោះទ្រង់ប៉ុណ្ណោះ។ ប្រសិនបើបុគ្គលម្នាក់មានដួងចិត្តដែលត្រឹមត្រូវ នោះពួកគេអាចនិយាយចេញពីចិត្តបាន ហើយបែបនេះ ព្រះជាម្ចាស់ព្រះសណ្ដាប់ និងទទួលយកការអធិស្ឋានរបស់ពួកគេ។ អ្នកខ្លះចេះតែទូលសូមប៉ុណ្ណោះ នៅពេលពួកគេអធិស្ឋានទៅព្រះជាម្ចាស់។ ពួកគេបន្តទូលសូមព្រះគុណពីព្រះជាម្ចាស់ ដោយមិនចេះនិយាយអ្វីផ្សេងឡើយ ហេតុដូចនេះ កាលណាពួកគេអធិស្ឋានកាន់តែច្រើន ពួកគេកាន់តែមានអារម្មណ៍សោះកក្រោះ។ នៅពេលអ្នកអធិស្ឋាន មិនថាអ្នកស្រេកឃ្លានចង់បានអ្វីទេ មិនថាអ្នកស្វែងរកអ្វីមួយពីព្រះជាម្ចាស់ មិនថាអ្នកទូលសូមព្រះជាម្ចាស់ឱ្យប្រទានប្រាជ្ញា និងកម្លាំងដល់អ្នកនៅក្នុងរឿងរ៉ាវដែលអ្នកកំពុងតែដោះស្រាយ ដែលអ្នកមើលឃើញមិនច្បាស់ ឬក៏ទូលសូមព្រះជាម្ចាស់សម្រាប់ការស្រាយបំភ្លឺនោះទេ អ្នកត្រូវតែមានស្មារតីនៃភាពជាមនុស្សធម្មតា។ បើគ្មានស្មារតីបែបនេះទេ អ្នកនឹងលុតជង្គង់អធិស្ឋានថា៖ «ឱព្រះជាម្ចាស់ ទូលបង្គំសូមអង្វរទ្រង់ឱ្យប្រទានសេចក្តីជំនឿ និងកម្លាំងដល់ទូលបង្គំ ទូលបង្គំសូមអង្វរទ្រង់ជួយបំភ្លឺទូលបង្គំ និងជួយឱ្យទូលបង្គំមើលឃើញពីធម្មជាតិរបស់ទូលបង្គំ ទូលបង្គំសូមអង្វរទ្រង់ឱ្យធ្វើការ និងប្រទានព្រះគុណ និងព្រះពរដល់ទូលបង្គំផង»។ នៅក្នុង «ការអង្វរ» នេះមានបង្កប់នូវសារបែបបង្គាប់បញ្ជា។ នេះជារបៀបដាក់សម្ពាធលើព្រះជាម្ចាស់ ដោយទូលប្រាប់ទ្រង់ថា ព្រះអង្គត្រូវតែសម្រេចកិច្ចការនេះ ធ្វើដូចវាត្រូវបានកំណត់ទុកជាមុនអ៊ីចឹង។ នេះមិនមែនជាការអធិស្ឋានដោយចិត្តស្មោះនោះទេ។ ចំពោះព្រះវិញ្ញាណបរិសុទ្ធ កាលណាអ្នកបានកំណត់លក្ខខណ្ឌ និងបានសម្រេចរួចជាស្រេចអំពីអ្វីដែលអ្នកនឹងធ្វើ តើអ្នកមិនមែនកំពុងធ្វើបែបបង្គ្រប់កិច្ចទេឬអី? តើនេះមិនមែនជាការបោកប្រាស់ព្រះជាម្ចាស់ទេឬ? គេគួរតែអធិស្ឋាន ដោយដួងចិត្តដែលស្វែងរក និងចុះចូល។ ឧទាហរណ៍ នៅពេលដែលមានអ្វីមួយកើតឡើងចំពោះអ្នក ហើយអ្នកមិនដឹងពីរបៀបដោះស្រាយជាមួយវា អ្នកអាចនិយាយថា «ព្រះជាម្ចាស់អើយ ទូលបង្គំមិនដឹងអំពីអ្វីដែលត្រូវធ្វើចំពោះរឿងនេះឡើយ។ ទូលបង្គំចង់ធ្វើតាមបំណងព្រះហឫទ័យទ្រង់នៅក្នុងកិច្ចការនេះ ហើយទូលបង្គំចង់ស្វែងរកបំណងព្រះហឫទ័យទ្រង់។ ទូលបង្គំចង់ធ្វើតាមបំណងព្រះហឫទ័យទ្រង់ មិនមែនតាមចិត្តទូលបង្គំឡើយ។ ទ្រង់ជ្រាបថា ឆន្ទៈរបស់មនុស្សគឺផ្ទុយស្រឡះពីបំណងព្រះហឫទ័យទ្រង់ ប្រឆាំងទាំងស្រុងចំពោះទ្រង់ និងមិនស្របតាមសេចក្តីពិតនោះឡើយ។ សូមទ្រង់ជួយបំភ្លឺទូលបង្គំ ប្រទានការដឹកនាំដល់ទូលបង្គំនៅក្នុងរឿងនេះ និងជួយទូលបង្គំកុំឱ្យប្រមាថទ្រង់នោះឡើយ...»។ នេះជាសំឡេងដ៏សមរម្យសម្រាប់ការអធិស្ឋាន។ បើអ្នកនិយាយថា «ព្រះជាម្ចាស់អើយ សូមជួយទូលបង្គំ សូមដឹកនាំទូលបង្គំ សូមរៀបចំបរិយាកាសដែលត្រឹមត្រូវ និងមនុស្សដែលត្រឹមត្រូវ ព្រមទាំងជួយឱ្យទូលបង្គំធ្វើកិច្ចការបានលទ្ធផលល្អផង។» បន្ទាប់ពីអធិស្ឋានរួច អ្នកនឹងនៅតែមិនយល់ពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ដដែល ព្រោះតែអ្នកកំពុងទូលសូមព្រះជាម្ចាស់ស្របតាមឆន្ទៈរបស់អ្នក។ ឥឡូវ អ្នកត្រូវតែប្រាកដថាតើពាក្យពេចន៍ដែលអ្នកប្រើនៅក្នុងការអធិស្ឋាននោះ គឺជាពាក្យសមហេតុផលឬអត់ និងថាតើពាក្យទាំងនោះចេញពីចិត្តឬអត់។ ប្រសិនបើការអធិស្ឋានរបស់អ្នកមិនសមហេតុផលទេ នោះព្រះវិញ្ញាណបរិសុទ្ធនឹងមិនធ្វើការក្នុងអ្នកឡើយ។ ដូច្នេះ នៅពេលដែលអ្នកអធិស្ឋាន អ្នកត្រូវតែនិយាយដោយសមហេតុផល និងនៅក្នុងសំឡេងមួយសមរម្យ។ ចូរនិយាយថា៖ «ព្រះជាម្ចាស់អើយ! ទ្រង់ជ្រាបអំពីសេចក្តីកម្សោយ និងការបះបោររបស់ទូលបង្គំ។ ទូលបង្គំសុំឱ្យទ្រង់ប្រទានកម្លាំងដល់ទូលបង្គំ និងជួយទូលបង្គំឱ្យចេះស៊ូទ្រាំនឹងកាលៈទេសៈរបស់ទូលបង្គំ តែសូមធ្វើស្របតាមព្រះហឫទ័យរបស់ទ្រង់ប៉ុណ្ណោះ។ ទូលបង្គំមិនដឹងអំពីព្រះហឫទ័យរបស់ទ្រង់ជាអ្វីឡើយ ប៉ុន្តែគ្រប់យ៉ាងដែលទូលបង្គំអាចទូលសូមបានគឺ សូមឱ្យព្រះហឫទ័យរបស់ទ្រង់បានសម្រេចប៉ុណ្ណោះ។ ទោះបីទូលបង្គំត្រូវបានបង្កើតមក ដើម្បីបម្រើ ឬក្លាយជាមនុស្សបន្ទាប់បន្សំក៏ដោយ ក៏ទូលបង្គំនឹងធ្វើដោយចេញពីចិត្តដែរ។ ទូលបង្គំសូមឱ្យទ្រង់ប្រទានកម្លាំង និងប្រាជ្ញាដល់ទូលបង្គំ ហើយសូមឱ្យទូលបង្គំបំពេញតាមព្រះហឫទ័យទ្រង់នៅក្នុងកិច្ចការនេះចុះ។ ទូលបង្គំគ្រាន់តែចង់ចុះចូលចំពោះការរៀបចំរបស់ទ្រង់ប៉ុណ្ណោះ...»។ ក្រោយការអធិស្ឋានបែបនេះ ដួងចិត្តរបស់អ្នកនឹងបានធូរស្រាលខ្លាំង។ បើគ្រប់យ៉ាងដែលអ្នកធ្វើ តែងតែជាការអង្វរសុំ នោះមិនថាអ្នកនិយាយច្រើនកម្រិតណាទេ វានឹងគ្រាន់តែជាពាក្យប្រហោងក្នុងប៉ុណ្ណោះ ហើយព្រះជាម្ចាស់នឹងមិនធ្វើការឆ្លើយតបចំពោះពាក្យអង្វរកររបស់អ្នកឡើយ ដោយសារតែអ្នកកំណត់ទុកជាមុននូវអ្វីដែលអ្នកចង់បានរួចស្រេចទៅហើយ។ នៅពេលដែលអ្នកលុតជង្គង់នៅក្នុងការអធិស្ឋាន ចូរនិយាយថា៖ «ព្រះជាម្ចាស់អើយ ទ្រង់ជ្រាបអំពីសេចក្តីកម្សោយរបស់មនុស្ស ហើយទ្រង់ក៏ជ្រាបអំពីសភាពរបស់មនុស្សដែរ។ ទូលបង្គំសុំឱ្យទ្រង់បំភ្លឺទូលបង្គំនៅក្នុងរឿងនេះ។ សូមជួយឱ្យទូលបង្គំយល់អំពីព្រះហឫទ័យរបស់ទ្រង់ផង។ ទូលបង្គំចង់ចុះចូលតាមគ្រប់ការរៀបចំរបស់ទ្រង់ ហើយដួងចិត្តរបស់ទូលបង្គំក៏ព្រមស្ដាប់បង្គាប់តាមទ្រង់ដែរ...»។ ចូរអធិស្ឋានបែបនេះ នោះព្រះវិញ្ញាណបរិសុទ្ធនឹងប៉ះពាល់ចិត្តអ្នកមិនខាន។ ប្រសិនបើអ្នកមានចេតនាខុសឆ្គង នៅពេលអ្នកអធិស្ឋាន ហើយអ្នកតែងតែទាមទារពីព្រះជាម្ចាស់ទៅតាមឆន្ទៈរបស់អ្នក នោះការអធិស្ឋានរបស់អ្នកនឹងស្ងួត និងសោះកក្រោះ ហើយព្រះវិញ្ញាណបរិសុទ្ធនឹងមិនធ្វើចលនាក្នុងអ្នកឡើយ។ ប្រសិនបើអ្នកគ្រាន់តែបិទភ្នែក និយាយពាក្យឥតខ្លឹមសារទៅកាន់ព្រះជាម្ចាស់ តើព្រះវិញ្ញាណបរិសុទ្ធនឹងធ្វើចលនាក្នុងអ្នកដែរឬទេ? នៅពេលមនុស្សចូលមកចំពោះព្រះជាម្ចាស់ ពួកគេត្រូវប្រព្រឹត្តក្នុងឥរិយាបថស្ដាប់បង្គាប់ និងមានអាកប្បកិរិយាដែលគោរពប្រណិប័តន៍ព្រះ។ អ្នកកំពុងចូលមកចំពោះព្រះជាម្ចាស់ដ៏ពិតតែមួយអង្គ ហើយអ្នកកំពុងនិយាយជាមួយព្រះអាទិករ។ តើអ្នកមិនគួរគោរពប្រណិប័តន៍ព្រះទេឬអី? ការអធិស្ឋានមិនមែនជារឿងសាមញ្ញនោះទេ។ នៅពេលមនុស្សចូលមកចំពោះព្រះជាម្ចាស់ ពួកគេបើកមាត់បង្គាប់បញ្ជាព្រះ ដោយគ្មានការគោរពកោតខ្លាចចំពោះព្រះសោះឡើយ ហើយនៅពេលពួកគេអធិស្ឋាន ពួកគេដេកអធិស្ឋាននៅក្នុងផ្ទះ ដោយនិយាយពាក្យរាក់កំផែលសាមញ្ញៗពីរបីម៉ាត់ រួចគិតថា ពួកគេកំពុងតែអធិស្ឋាន ហើយពួកគេគិតថា ព្រះជាម្ចាស់អាចព្រះសណ្ដាប់ពួកគេ តើនេះមិនមែនជាការបោកបញ្ឆោតខ្លួនឯងទេឬអី? គោលបំណងរបស់ខ្ញុំក្នុងការមានបន្ទូលបែបនេះ គឺមិនមែនដើម្បីទាមទារឱ្យមនុស្សប្រកាន់ខ្ជាប់តាមច្បាប់វិន័យជាក់លាក់ណាមួយទេ។ ក៏ប៉ុន្តែ យ៉ាងហោចណាស់ អ្វីដែលគេអាចធ្វើបាន គឺមានដួងចិត្តដែលស្ដាប់បង្គាប់ព្រះជាម្ចាស់ ហើយចូលមកចំពោះព្រះជាម្ចាស់ដោយអាកប្បកិរិយាដែលគោរពប្រណិប័តន៍ព្រះ។ ការអធិស្ឋានរបស់អ្នករាល់គ្នាខ្វះនូវហេតុផលច្រើនពេកហើយ។ អ្នកតែងតែអធិស្ឋានដោយសំនៀងដូចខាងក្រោម៖ «ឱព្រះជាម្ចាស់អើយ! ដោយសារតែទ្រង់បានប្រទានឱ្យទូលបង្គំបំពេញភារកិច្ចនេះ សូមធ្វើឱ្យអ្វីគ្រប់យ៉ាងដែលទូលបង្គំធ្វើមានភាពត្រឹមត្រូវផង ដើម្បីកុំឱ្យមានការរំខានណាមួយដល់កិច្ចការរបស់ទ្រង់ និងខាតបង់ផលប្រយោជន៍នៃគ្រួសាររបស់ព្រះជាម្ចាស់ឡើយ។ ទ្រង់ត្រូវតែការពារទូលបង្គំ...»។ ការអធិស្ឋានបែបនេះ គឺគ្មានហេតុផលទាល់តែសោះ មិនអ៊ីចឹងឬ? តើព្រះជាម្ចាស់នឹងធ្វើការក្នុងអ្នកដែរឬទេ បើអ្នកចូលចំពោះទ្រង់ ហើយអធិស្ឋានបែបនេះ? តើខ្ញុំនឹងស្ដាប់អ្នកដែរឬទេ បើអ្នកចូលមកចំពោះខ្ញុំ រួចនិយាយគ្មានហេតុផលនោះ? ប្រសិនបើអ្នកធ្វើឱ្យខ្ញុំស្អប់ខ្ពើម នោះខ្ញុំនឹងទាត់អ្នកចេញដោយផ្ទាល់មិនខាន! តើអ្នកមិននៅចំពោះព្រះវិញ្ញាណដូចដែលអ្នកនៅចំពោះព្រះគ្រីស្ទទេឬអី? នៅពេលអ្នកចូលមកអធិស្ឋានចំពោះព្រះជាម្ចាស់ អ្នកត្រូវពិចារណាពីរបៀបដែលអ្នកអាចនិយាយដោយសមហេតុផល និងរបៀបដែលអ្នកអាចកែសម្រួលសភាពខាងក្នុងរបស់អ្នក ដើម្បីសម្រេចបានការគោរពប្រណិប័តន៍ព្រះជាម្ចាស់ និងអាចចុះចូលបាន។ នៅពេលអ្នកធ្វើបែបនេះ ការអធិស្ឋានម្ដងទៀតនឹងបានប្រសើរល្អ ហើយអ្នកនឹងមានអារម្មណ៍ពីព្រះវត្តមានព្រះជាម្ចាស់។ មានពេលជាច្រើនដង មនុស្សអធិស្ឋានដោយលុតជង្គង់។ ពួកគេបិទភ្នែក ហើយគ្រប់យ៉ាងដែលពួកគេអាចធ្វើបាន គឺស្រែកឡើងថា៖ «ឱព្រះជាម្ចាស់! ឱព្រះជាម្ចាស់អើយ!» ប៉ុណ្ណោះ។ ហេតុអ្វីបានជាពួកគេគ្មានពាក្យនិយាយយូរបែបនេះ? នោះព្រោះតែផ្នត់គំនិត និងសភាពខុសប្រក្រតីរបស់មនុស្ស។ នៅពេលមនុស្សម្នាក់មិនអាចចូលទៅកាន់ព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់ខ្លួនបាន នោះការអធិស្ឋានរបស់គេក៏គ្មានពាក្យនិយាយដែរ។ តើអ្នករាល់គ្នាធ្លាប់ធ្វើបែបនេះដែរឬទេ? ឥឡូវ អ្នករាល់គ្នាដឹងពីខ្នាតរបស់អ្នកហើយ ប៉ុន្តែនៅពេលអ្នកមានសភាពខុសប្រក្រតី អ្នកមិនបានឆ្លុះបញ្ចាំងពីខ្លួនឯង ឬក៏ស្វែងរកសេចក្តីពិតនោះទេ ហើយអ្នកក៏មិនព្រមចូលមកអធិស្ឋាននៅចំពោះព្រះជាម្ចាស់ ឬហូប និងផឹកព្រះបន្ទូលព្រះជាម្ចាស់នោះដែរ។ នេះជារឿងគ្រោះថ្នាក់មួយ។ មិនថាមនុស្សម្នាក់មានសភាពប្រក្រតីឬមិនប្រក្រតី ឬមានបញ្ហាណាខ្លះកើតឡើងនោះទេ គេមិនត្រូវឃ្លាតឆ្ងាយពីការអធិស្ឋានឡើយ។ ប្រសិនបើអ្នកមិនអធិស្ឋានទេ ទោះបីឥឡូវអ្នកមានសភាពប្រក្រតីក្នុងរយៈពេលយូរក៏ដោយ ក៏វានឹងខុសប្រក្រតីដែរ។ ការអធិស្ឋាន និងការអានព្រះបន្ទូលព្រះជាម្ចាស់ ត្រូវតែជារឿងធម្មតា។ ការអានព្រះបន្ទូលព្រះជាម្ចាស់ ដើម្បីស្វែងរកសេចក្តីពិត អាចនាំទៅរកការអធិស្ឋានពិតប្រាកដ ការអធិស្ឋានអាចទទួលបានការស្រាយបំភ្លឺពីព្រះជាម្ចាស់ ហើយការនេះអាចជួយឱ្យបុគ្គលម្នាក់យល់ដឹងពីព្រះបន្ទូលព្រះជាម្ចាស់។ នៅក្នុងការអធិស្ឋានទៅកាន់ព្រះជាម្ចាស់ រឿងដ៏សំខាន់បំផុត ទីមួយគឺត្រូវកែតម្រូវផ្នត់គំនិតរបស់អ្នកជាមុនសិន។ នេះជាគោលការណ៍នៃការអធិស្ឋាន។ ប្រសិនបើអ្នកមានផ្នត់គំនិតមិនត្រឹមត្រូវទេ នោះអ្នកនឹងមិនគោរពប្រណិប័តន៍ព្រះជាម្ចាស់ឡើយ អ្នកនឹងគ្រាន់តែអធិស្ឋានតែឱ្យរួចពីមាត់ ហើយអ្នកនឹងបោកប្រាស់ព្រះជាម្ចាស់មិនខាន។ ប្រសិនបើអ្នកមានការគោរពចំពោះព្រះជាម្ចាស់ និងមានការស្ដាប់បង្គាប់ព្រះជាម្ចាស់នៅក្នុងចិត្តរបស់អ្នក ហើយអ្នកអធិស្ឋានទៅព្រះជាម្ចាស់ ពេលនោះ ទើបដួងចិត្តអ្នកនឹងបានស្ងប់។ ហេតុដូចនេះ នៅពេលអ្នកអធិស្ឋាន អ្នកត្រូវតែមានផ្នត់គំនិតដែលត្រឹមត្រូវ ក្រោយមក នៅពេលអ្នកអធិស្ឋានម្ដងទៀត ការអធិស្ឋានរបស់អ្នកនឹងបង្កើតផលផ្លែ។ ប្រសិនបើអ្នកអនុវត្តបែបនេះបានជាញឹកញាប់ ដោយប្រាប់ព្រះជាម្ចាស់អំពីអ្វីដែលមាននៅក្នុងដួងចិត្តរបស់អ្នក នៅពេលអ្នកអធិស្ឋាន និងដោយនិយាយពីអ្វីដែលដួងចិត្តរបស់អ្នកចង់បានបំផុតទៅកាន់ព្រះជាម្ចាស់ នោះអ្នកនឹងអាចអធិស្ឋានទៅព្រះជាម្ចាស់ដោយមិនដឹងខ្លួន ហើយអ្នកនឹងអាចប្រកបគ្នាតាមធម្មតាជាមួយព្រះជាម្ចាស់មិនខាន។
ការអធិស្ឋានមិនតម្រូវឱ្យអ្នកមានការអប់រំ ឬកម្រិតវប្បធម៌ខ្ពស់ឡើយ ហើយក៏មិនតម្រូវឱ្យសរសេរតែងសេចក្តីនោះដែរ ពោលគឺ គ្រាន់តែនិយាយដោយចិត្តស្មោះ និងមានស្មារតីជាមនុស្សធម្មតាប៉ុណ្ណោះ។ សូមពិចារណាពីការអធិស្ឋានរបស់ព្រះយេស៊ូវចុះ។ នៅក្នុងសួនកេតសេម៉ានី ព្រះអង្គបានអធិស្ឋានថា «ប្រសិនបើអាច...»។ ពោលគឺ «ប្រសិនបើអាចធ្វើទៅបាន»។ ឃ្លានេះត្រូវបានលើកឡើងជាផ្នែកមួយនៃការពិភាក្សា។ ព្រះអង្គមិនបានមានបន្ទូលថា «ទូលបង្គំសូមអង្វរទ្រង់» នោះឡើយ។ ដោយមានដួងចិត្តដែលចុះចូល និងស្ថិតក្នុងសភាពចុះចូល ទ្រង់បានអធិស្ឋានថា៖ «ឱព្រះវរបិតាអើយ! ប្រសិនបើអាច សូមឱ្យពែងនេះរំលងពីទូលបង្គំទៅ សូមកុំតាមចិត្តទូលបង្គំឡើយ តែសូមតាមបំណងព្រះហឫទ័យរបស់ទ្រង់វិញ» ព្រះអង្គបានបន្តអធិស្ឋានបែបនេះជាលើកទីពីរ ហើយនៅលើកទីបី ទ្រង់បានអធិស្ឋានថា «សូមឱ្យព្រះហឫទ័យរបស់ទ្រង់បានសម្រេច»។ ដោយយល់អំពីបំណងព្រះហឫទ័យរបស់ព្រះវរបិតា ទ្រង់បានមានបន្ទូលថា «សូមឱ្យព្រះហឫទ័យរបស់ទ្រង់បានសម្រេច»។ ទ្រង់អាចចុះចូលបានទាំងស្រុង ដោយគ្មានការជ្រើសរើសផ្ទាល់ខ្លួនឡើយ។ នៅក្នុងការអធិស្ឋាន ព្រះយេស៊ូវបានមានបន្ទូលថា៖ «ប្រសិនបើអាច សូមឱ្យពែងនេះរំលងពីទូលបង្គំទៅ»។ តើនេះមានន័យដូចម្ដេច? ព្រះអង្គបានអធិស្ឋានបែបនេះ ដោយសារតែទ្រង់បាននឹកគិតអំពីទុក្ខវេទនាដ៏ធំនៃការបង្ហូរព្រះលោហិតនៅលើឈើឆ្កាងរហូតដល់ដង្ហើមចុងក្រោយ ដែលនាំឱ្យទ្រង់ឈានដល់ការសុគត ហើយនោះដោយសារតែព្រះអង្គមិនទាន់បានយល់ទាំងស្រុងអំពីបំណងព្រះហឫទ័យរបស់ព្រះវរបិតា។ ទោះបីគិតដល់ទុក្ខវេទនាបែបនេះក៏ដោយ ការអធិស្ឋានបែបនេះបាន បង្ហាញអំពីការចុះចូលយ៉ាងជ្រាលជ្រៅបំផុតរបស់ទ្រង់។ ឥរិយាបថនៃការអធិស្ឋានរបស់ទ្រង់ គឺជារឿងធម្មតា។ ព្រះអង្គមិនបានដាក់លក្ខខណ្ឌណាមួយនៅក្នុងការអធិស្ឋានរបស់ទ្រង់ទេ ហើយក៏មិនបានសុំឱ្យដកពែងចេញនោះដែរ។ ផ្ទុយទៅវិញ គោលបំណងរបស់ទ្រង់គឺដើម្បីស្វែងរកព្រះហឫទ័យរបស់ព្រះជាម្ចាស់នៅក្នុងស្ថានភាពមួយដែលទ្រង់មិនបានយល់ទៅវិញទេ។ នៅលើកដំបូងដែលទ្រង់បានអធិស្ឋាន ព្រះអង្គមិនបានយល់ឡើយ ហើយទ្រង់បានអធិស្ឋានថា «ប្រសិនបើអាច...តែសូមតាមបំណងព្រះហឫទ័យរបស់ទ្រង់វិញ»។ ព្រះអង្គបានអធិស្ឋានទៅកាន់ព្រះជាម្ចាស់នៅក្នុងសភាពនៃការចុះចូល។ នៅលើកទីពីរ ព្រះអង្គបានអធិស្ឋានតាមរបៀបដដែល។ ជារួមមក ទ្រង់បានអធិស្ឋានចំនួនបីដង ហើយនៅក្នុងការអធិស្ឋានចុងក្រោយរបស់ទ្រង់ ព្រះអង្គបានចាប់ផ្ដើមយល់ទាំងស្រុងពីបំណងព្រះហឫទ័យព្រះជាម្ចាស់ ទើបក្រោយមក ទ្រង់លែងទូលសូមអ្វីតទៅទៀត។ នៅក្នុងការអធិស្ឋានទាំងពីរដំបូងរបស់ទ្រង់ ព្រះអង្គគ្រាន់តែស្វែងរក ហើយទ្រង់បានស្វែងរកនៅក្នុងសភាពនៃការចុះចូល។ យ៉ាងណាមិញ មនុស្សមិនបានអធិស្ឋានបែបនេះទេ។ នៅក្នុងការអធិស្ឋានរបស់ពួកគេ មនុស្សតែងតែនិយាយថា៖ «ព្រះជាម្ចាស់អើយ ទូលបង្គំទូលសូមឱ្យទ្រង់ធ្វើបែបនេះ និងបែបនោះ ហើយទូលបង្គំទូលសូមឱ្យទ្រង់ដឹកនាំទូលបង្គំនៅក្នុងកិច្ចការនេះ និងកិច្ចការនោះ ហើយទូលបង្គំទូលសូមឱ្យទ្រង់រៀបចំលក្ខខណ្ឌរួចជាស្រេចសម្រាប់ទូលបង្គំ...»។ ព្រះជាម្ចាស់ប្រហែលនឹងមិនរៀបចំលក្ខខណ្ឌដ៏សមស្របសម្រាប់អ្នកឡើយ។ ព្រះជាម្ចាស់ប្រហែលនឹងធ្វើឱ្យអ្នករងទុក្ខលំបាក ធ្វើជាមធ្យោបាយមួយ ដើម្បីបង្រៀនមេរៀនមួយ។ ប្រសិនបើអ្នកតែងតែអធិស្ឋានបែបនេះថា៖ «ព្រះជាម្ចាស់អើយ ទូលបង្គំទូលសូមឱ្យទ្រង់រៀបចំសម្រាប់ទូលបង្គំ និងប្រទានកម្លាំងដល់ទូលបង្គំ» នោះជារឿងមិនសមហេតុផលសោះឡើយ! នៅពេលអ្នកអធិស្ឋានទៅព្រះជាម្ចាស់ អ្នកត្រូវតែមានហេតុផលសមស្រប ហើយអ្នកគួរតែអធិស្ឋានទៅទ្រង់ដោយដួងចិត្តដែលស្ដាប់បង្គាប់។ កុំព្យាយាមកំណត់ទុកនូវអ្វីដែលអ្នកនឹងធ្វើឡើយ។ ប្រសិនបើអ្នកព្យាយាមកំណត់ទុកនូវអ្វីដែលត្រូវធ្វើ មុនពេលអ្នកអធិស្ឋាន នេះគឺជាការមិនស្ដាប់បង្គាប់ព្រះជាម្ចាស់ឡើយ។ នៅក្នុងការអធិស្ឋាន ដួងចិត្តរបស់អ្នកត្រូវតែស្ដាប់បង្គាប់ ហើយអ្នកត្រូវតែស្វែងរកជាមួយព្រះជាម្ចាស់ជាមុនសិន។ ដោយធ្វើបែបនេះ ដួងចិត្តរបស់អ្នកនឹងត្រូវបានបំភ្លឺក្នុងអំឡុងពេលអធិស្ឋាន ហើយអ្នកនឹងដឹងពីអ្វីសមគួរដែលត្រូវធ្វើ។ ការចេញពីផែនការរបស់អ្នកមុនពេលអធិស្ឋាន ទៅរកការផ្លាស់ប្ដូរដែលកើតមាននៅក្នុងដួងចិត្តរបស់អ្នក ក្រោយពេលអធិស្ឋាន គឺជាលទ្ធផលចេញពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ប្រសិនបើអ្នកបានសម្រេចចិត្តរួចជាស្រេច និងបានកំណត់ទុកជាមុនអំពីអ្វីដែលត្រូវធ្វើ រួចក្រោយមក អ្នកអធិស្ឋានទូលសូមការអនុញ្ញាតពីព្រះជាម្ចាស់ ឬក៏ទូលសូមឱ្យព្រះជាម្ចាស់ធ្វើនូវអ្វីដែលអ្នកចង់បាន ការអធិស្ឋានបែបនេះ គឺមិនសមហេតុផលឡើយ។ មានពេលជាច្រើនដង ការអធិស្ឋានរបស់មនុស្សមិនត្រូវបានព្រះជាម្ចាស់ឆ្លើយតបយ៉ាងជាក់លាក់ឡើយ នោះព្រោះតែពួកគេបានសម្រេចរួចជាស្រេចអំពីអ្វីដែលត្រូវធ្វើ ហើយគ្រាន់តែទូលសូមការអនុញ្ញាតពីព្រះជាម្ចាស់ប៉ុណ្ណោះ។ ព្រះជាម្ចាស់មានបន្ទូលថា៖ «ដោយសារតែអ្នកបានសម្រេចចិត្តរួចជាស្រេចអំពីអ្វីដែលត្រូវធ្វើ ហេតុអ្វីបានជាអ្នកត្រូវទូលសូមពីខ្ញុំទៀត?» ការអធិស្ឋានបែបនេះ ប្រៀបដូចជាការបោកប្រាស់ព្រះជាម្ចាស់អ៊ីចឹង ដូច្នេះហើយបានជាការអធិស្ឋានរបស់ពួកគេសោះកក្រោះនោះ។
ទោះបីមនុស្សកំពុងនិយាយទៅព្រះជាម្ចាស់ នៅពេលពួកគេលុតជង្គង់អធិស្ឋានក៏ដោយ ក៏ពួកគេត្រូវយល់ឱ្យបានច្បាស់ដែរថា៖ ការអធិស្ឋាន គឺជាកន្លែងមួយឱ្យព្រះវិញ្ញាណបរិសុទ្ធធ្វើការនៅក្នុងមនុស្ស។ ព្រះវិញ្ញាណបរិសុទ្ធតែងតែបំភ្លឺ ស្រាយបំភ្លឺ និងដឹកនាំមនុស្ស ក្នុងពេលពួកគេអធិស្ឋាន។ ប្រសិនបើមនុស្សអធិស្ឋាន និងស្វែងរក ក្នុងពេលពួកគេមានសភាពត្រឹមត្រូវ នោះព្រះវិញ្ញាណបរិសុទ្ធនឹងធ្វើការក្នុងពេលទន្ទឹមគ្នានោះ។ នេះគឺជាកិច្ចព្រមព្រៀងមួយដែលមិនត្រូវបានចែងឡើយរវាងព្រះជាម្ចាស់ និងមនុស្ស។ អ្នកក៏អាចនិយាយបានដែរថា ព្រះជាម្ចាស់ គឺជាព្រះដែលជួយមនុស្សដោះស្រាយរឿងរ៉ាវផ្សេងៗ។ ការអធិស្ឋានគឺជារបៀបមួយសម្រាប់មនុស្ស ដើម្បីចូលមកចំពោះព្រះជាម្ចាស់ និងសហការជាមួយទ្រង់។ ការអធិស្ឋានក៏ជារបៀបមួយសម្រាប់ព្រះជាម្ចាស់ ដើម្បីសង្រ្គោះ និងបន្សុទ្ធមនុស្សផងដែរ។ ជាងនេះទៅទៀតនោះ ការអធិស្ឋានគឺជាផ្លូវមួយទៅរកច្រកចូលទៅក្នុងជីវិត ហើយការអធិស្ឋានមិនមែនជាពិធីមួយឡើយ។ ការអធិស្ឋានមិនមែនជារបៀបមួយ ដើម្បីជំរុញចិត្តមនុស្សទេ ហើយក៏មិនមែនជារូបមន្ត ដើម្បីផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់នោះដែរ។ គំនិតបែបនេះគឺខុសហើយ។ ការអធិស្ឋានមានអត្ថន័យជ្រាលជ្រៅណាស់! ប្រសិនបើអ្នកជឿលើព្រះជាម្ចាស់ អ្នកមិនអាចដើរចេញពីការអធិស្ឋាន ឬការអានព្រះបន្ទូលព្រះជាម្ចាស់បានឡើយ។ តាមរយៈការអធិស្ឋាន ព្រះវិញ្ញាណបរិសុទ្ធធ្វើការនៅក្នុងមនុស្ស ជួយបំភ្លឺ និងដឹកនាំពួកគេ។ ប្រសិនបើមនុស្សមិនអធិស្ឋានទៅព្រះជាម្ចាស់ទេ នោះពួកគេនឹងមានការលំបាកក្នុងការទទួលបានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធមិនខាន។ ប្រសិនបើអ្នកអធិស្ឋានញឹកញាប់ អនុវត្តការអធិស្ឋានជាញឹកញាប់ និងអធិស្ឋានដោយដួងចិត្តដែលចុះចូលចំពោះព្រះជាម្ចាស់បានញឹកញាប់ នោះអ្នកនឹងមានសភាពខាងក្នុងធម្មតា។ នៅពេលអ្នកអធិស្ឋាន បើអ្នកគ្រាន់តែនិយាយគោលលទ្ធិចំនួនពីរបីឃ្លា ហើយអ្នកមិនបើកចិត្តទូលប្រាប់ព្រះជាម្ចាស់ ឬស្វែងរកសេចក្តីពិត មិនសញ្ជឹងគិតពីបំណងព្រះហឫទ័យ និងការទាមទារពីព្រះជាម្ចាស់ទេ នោះអ្នកមិនបានអធិស្ឋានយ៉ាងពិតប្រាកដឡើយ។ មានតែមនុស្សដែលសញ្ជឺងគិតពីសេចក្តីពិតបានញឹកញាប់ មានដួងចិត្តនៅជាប់នឹងព្រះជាម្ចាស់ញឹកញាប់ និងរស់នៅតាមព្រះបន្ទូលព្រះជាម្ចាស់បានញឹកញាប់ប៉ុណ្ណោះ ទើបមានការអធិស្ឋានពិតប្រាកដ មានពាក្យនៅក្នុងចិត្ត ដើម្បីនិយាយទៅកាន់ព្រះជាម្ចាស់ និងអាចស្វែងរកសេចក្តីពិតពីព្រះជាម្ចាស់បាន។ ដើម្បីរៀនពីរបៀបអធិស្ឋាន អ្នកត្រូវតែសញ្ជឹងគិតពីព្រះបន្ទូលព្រះជាម្ចាស់ឱ្យបានញឹកញាប់។ ប្រសិនបើអ្នកអាចយល់ពីបំណងព្រះហឫទ័យព្រះជាម្ចាស់ នោះអ្នកនឹងមានពាក្យកាន់តែច្រើននៅក្នុងចិត្ត ដើម្បីនិយាយទៅកាន់ទ្រង់ ហើយអ្នកនឹងអាចយល់បានថា ពាក្យណាខ្លះជាពាក្យអធិស្ឋានដែលសមហេតុផល ហើយពាក្យណាខ្លះទៀតដែលមិនសមហេតុផល ព្រមទាំងដឹងទៀតថា ពាក្យអធិស្ឋានណាខ្លះជាការព្យាយាមយល់ពីបំណងព្រះហឫទ័យព្រះជាម្ចាស់ ហើយពាក្យអធិស្ឋានណាខ្លះដែលអ្នកបានសម្រេចចិត្តរួចជាស្រេច ហើយអ្នកគ្រាន់តែទូលសុំការអនុញ្ញាតពីព្រះជាម្ចាស់ប៉ុណ្ណោះ។ ប្រសិនបើអ្នកមិនធ្លាប់យកចិត្តទុកដាក់លើបញ្ហាទាំងនេះទេ នោះការអធិស្ឋានរបស់អ្នកនឹងមិនដែលទទួលបានជោគជ័យឡើយ ហើយអ្នកនឹងមានសភាពខាងក្នុងខុសប្រក្រតីគ្រប់ពេលមិនខាន។ ថាតើអ្វីទៅជាហេតុផលធម្មតា អ្វីជាការស្ដាប់បង្គាប់យ៉ាងពិតប្រាកដ អ្វីជាការថ្វាយបង្គំពិតប្រាកដ និងថាជំហរបែបណាដែលគេគួរមាន នៅពេលអធិស្ឋាន ពោលគឺ មេរៀនទាំងអស់នេះសុទ្ធតែពាក់ព័ន្ធនឹងសេចក្តីពិតនៃការអធិស្ឋានទាំងអស់។ ទាំងអស់នេះ សុទ្ធតែរឿងរ៉ាវលម្អិត។ ដោយសារតែមនុស្សភាគច្រើនមិនអាចមើលឃើញខ្ញុំ ដូច្នេះ ពួកគេត្រូវបានរឹតត្បិតឱ្យអធិស្ឋាននៅចំពោះព្រះវិញ្ញាណ។ នៅពេលអ្នកចាប់ផ្ដើមអធិស្ឋាន វាចោទជាសំណួរមួយថាតើពាក្យដែលអ្នកនិយាយនោះសមហេតុផលឬអត់ ថាតើពាក្យរបស់អ្នកនោះជាពាក្យថ្វាយបង្គំយ៉ាងពិតប្រាកដឬអត់ ថាតើអ្វីដែលអ្នកកំពុងតែទូលសូមនោះ ជាទីសព្វព្រះហឫទ័យចំពោះព្រះជាម្ចាស់ឬអត់ ថាតើការអធិស្ឋានរបស់អ្នកនោះមានសមាសភាពដោះដូរ ឬលាយឡំដោយភាពមិនបរិសុទ្ធរបស់មនុស្សឬអត់ ថាតើការអធិស្ឋាន និងពាក្យសម្ដីរបស់អ្នកស្របតាមបំណងព្រះហឫទ័យព្រះជាម្ចាស់ឬអត់ ថាតើអ្នកមានការកោតខ្លាច ការគោរព និងការស្ដាប់បង្គាប់ជាពិសេសចំពោះព្រះជាម្ចាស់ ហើយអ្នកពិតជាចាត់ទុកព្រះជាម្ចាស់ជាព្រះជាម្ចាស់ឬក៏អត់។ អ្នកត្រូវតែប្រាកដប្រជាចំពោះអ្វីដែលអ្នកនិយាយនៅក្នុងការអធិស្ឋាន អ្នកត្រូវយល់ពីបំណងព្រះហឫទ័យព្រះជាម្ចាស់ និងត្រូវធ្វើតាមសេចក្តីបង្គាប់របស់ទ្រង់។ មានតែការអធិស្ឋានបែបនេះទេ ទើបអ្នកនឹងស្គាល់សេចក្តីសុខសាន្ត និងអំណរនៅក្នុងដួងចិត្តរបស់អ្នក។ មានតែបែបនេះទេ ទើបអ្នកអាចមានហេតុផលធម្មតា នៅពេលអ្នកចូលមកចំពោះព្រះគ្រីស្ទ។ ប្រសិនបើអ្នកមិនអធិស្ឋាន ឬនិយាយអ្វីដែលមានក្នុងចិត្តរបស់អ្នកនៅចំពោះព្រះវិញ្ញាណទេ នោះនៅពេលអ្នកចូលមកចំពោះព្រះគ្រីស្ទ អ្នកមុខជាមានសញ្ញាណ បះបោរ និងទាស់ទទឹងនឹងទ្រង់មិនខាន ឬក៏អ្នកនឹងនិយាយគ្មានហេតុផល និយាយមិនចេញពីចិត្ត ឬចេះតែបង្កការរំខានដោយពាក្យសម្ដី និងទង្វើរបស់អ្នក ហើយក្រោយមក អ្នកនឹងត្រូវរងការស្ដីបន្ទោសមិនខាន។ ហេតុអ្វីបានជាអ្នកត្រូវរងការស្ដីបន្ទោស? ជាទូទៅ នោះព្រោះតែអ្នកគ្មានចំណេះដឹងសូម្បីតែបន្តិចអំពីសេចក្តីពិតទាក់ទងនឹងរបៀបថ្វាយបង្គំ ឬប្រព្រឹត្តចំពោះព្រះជាម្ចាស់ ដូច្នេះហើយ នៅពេលអ្នកជួបបញ្ហាណាមួយ អ្នកក៏ប្រែជាច្របូកច្របល់មិនដឹងថាត្រូវអនុវត្តបែបណា ហើយប្រព្រឹត្តកំហុសឆ្គងជាប់ជានិច្ច។ តើមនុស្សដែលជឿលើព្រះជាម្ចាស់ គួរតែចូលក្នុងព្រះវត្តមានទ្រង់យ៉ាងដូចម្ដេចទៅ? ពិតណាស់ វាគួរតែតាមរយៈការអធិស្ឋាន។ ប្រសិនបើអ្នកបានកែតម្រូវអាកប្បកិរិយារបស់អ្នក នៅពេលអ្នកអធិស្ឋាន ហើយអ្នកមានចិត្តស្ងប់ ពេលនោះ អ្នកបានចូលមកចំពោះព្រះជាម្ចាស់ហើយ។ បន្ទាប់ពីការអធិស្ឋានរួច អ្នកត្រូវតែឆ្លុះបញ្ចាំងមើលថាតើពាក្យសម្ដីដែលថ្លែងចេញនៅក្នុងការអធិស្ឋាននោះ មានហេតុផលឬអត់ ថាតើអ្នកបានស្ថិតនៅក្នុងទីតាំងសមរម្យឬអត់ ថាតើអ្នកមានការស្ដាប់បង្គាប់ចំពោះព្រះជាម្ចាស់ឬអត់ និងថាតើអ្នកមានភាពមិនបរិសុទ្ធ ឬភាពមិនទៀងត្រង់របស់មនុស្សឬអត់។ ប្រសិនបើអ្នករកឃើញបញ្ហាណាមួយ ពេលនោះ អ្នកត្រូវតែបន្តអធិស្ឋានទៅព្រះជាម្ចាស់ ហើយអ្នកត្រូវទទួលស្គាល់ភាពមិនបរិសុទ្ធ និងកំហុសឆ្គងរបស់អ្នកនៅចំពោះព្រះជាម្ចាស់។ តាមរយៈការនិយាយអ្វីដែលមាននៅក្នុងចិត្តរបស់អ្នកទៅព្រះជាម្ចាស់បែបនេះ នោះសភាពរបស់អ្នកនឹងកាន់តែប្រែជាធម្មតា អ្នកនឹងកាន់តែមានសតិ និងមានហេតុផល ហើយសភាពមិនត្រឹមត្រូវរបស់អ្នក នឹងមានកាន់តែតិចទៅៗ។ បន្ទាប់ពីអ្នកអនុវត្តបែបនេះបានមួយរយៈ នោះការអធិស្ឋានរបស់អ្នកនឹងបន្តប្រសើរឡើង ហើយភាគច្រើន ព្រះជាម្ចាស់នឹងព្រះសណ្ដាប់ និងទទួលយកពាក្យអធិស្ឋានរបស់អ្នកមិនខាន។ អ្នកណាដែលអាចអធិស្ឋានទៅព្រះជាម្ចាស់បែបនេះបានញឹកញាប់ អ្នកនោះបានចូលមករស់នៅចំពោះព្រះជាម្ចាស់។ ប្រសិនបើអ្នកមិនយកចិត្តទុកដាក់ចំពោះការអធិស្ឋាន ឬក៏មិនកែតម្រូវរបៀបមិនត្រឹមត្រូវនៃការអធិស្ឋានរបស់អ្នកទេ នោះអ្នកនឹងមិនដឹងពីរបៀបអធិស្ឋានឡើយ។ ជាផលវិបាកនៃការមិនដឹងពីរបៀបអធិស្ឋាន អ្នកនឹងជួបការលំបាកក្នុងការរស់នៅចំពោះព្រះជាម្ចាស់។ មនុស្សបែបនេះនឹងមិនមានច្រកចូលទៅក្នុងជីវិតណាមួយទេ ហើយពួកគេក៏នៅខាងក្រៅព្រះបន្ទូលព្រះជាម្ចាស់ដែរ។ ប្រសិនបើអ្នកមិនដឹងពីរបៀបអធិស្ឋាន ឬរបៀបនិយាយនៅចំពោះព្រះជាម្ចាស់ទេ បើអ្នកមិនប្រាកដប្រជា នៅពេលអ្នកនិយាយ ដោយចេះតែនិយាយតាមចិត្តចង់ ហើយអ្នកមិនដឹងពីបញ្ហាណាមួយ នៅពេលអ្នកនិយាយខុសទេ ហើយបើអ្នកបន្តធ្វេសប្រហែស និងច្របូកច្របល់ទៀត នោះជាលទ្ធផល នៅពេលអ្នកចូលក្នុងព្រះវត្តមានរបស់ព្រះគ្រីស្ទ អ្នកនឹងខ្លាចក្នុងការនិយាយ ឬធ្វើអ្វីមួយខុសមិនខាន។ កាលណាអ្នកខ្លាចធ្វើខុសកាន់តែខ្លាំង នោះអ្នកនឹងប្រព្រឹត្តកំហុសកាន់តែច្រើន ហើយអ្នកនឹងមិនអាចកែតម្រូវកំហុសទាំងនោះបានឡើយ។ ព្រោះតែមនុស្សមិនអាចទាក់ទងជាមួយព្រះគ្រីស្ទ ឬស្ដាប់ឮព្រះគ្រីស្ទមានបន្ទូលទៅកាន់ពួកគេបែបមុខទល់នឹងមុខជាញឹកញាប់បាន ព្រោះតែខ្ញុំមិនអាចនៅចំពោះអ្នករាល់គ្នាបានជាញឹកញាប់ នោះគ្រប់យ៉ាងដែលអ្នករាល់គ្នាអាចធ្វើបាន គឺត្រូវស្វែងរកសេចក្តីពិត និងនិយាយពីដួងចិត្តរបស់អ្នកនៅចំពោះព្រះវិញ្ញាណនៅក្នុងការអធិស្ឋានឱ្យបានញឹកញាប់ ហើយបើអ្នកមានដួងចិត្តដែលចុះចូល និងកោតខ្លាចព្រះជាម្ចាស់ នោះគឺគ្រប់គ្រាន់ហើយ។ ទោះបីខ្ញុំមានបន្ទូលទៅអ្នករាល់គ្នាមុខទល់នឹងមុខក៏ដោយ ក៏វាអាស្រ័យលើអ្នករាល់គ្នា ដែលទទួលយក និងដេញតាមសេចក្តីពិត ព្រមទាំងដើរតាមផ្លូវនៃការដើរតាមព្រះជាម្ចាស់ដែរ។ ចាប់ពីពេលនេះតទៅ អ្នករាល់គ្នាត្រូវតែយកចិត្តទុកដាក់កាន់តែខ្លាំងចំពោះអ្វីដែលអ្នកនិយាយ នៅពេលអ្នកអធិស្ឋាន។ ចូរចំណាយពេលអធិស្ឋាន ចំណាយពេលសញ្ជឹងគិត និងមានអារម្មណ៍ដឹង។ ពេលនោះ នៅពេលព្រះវិញ្ញាណបរិសុទ្ធស្រាយបំភ្លឺអ្នក អ្នករាល់គ្នានឹងរីកចម្រើនឡើង។ អារម្មណ៍ដែលអ្នកទទួលបាន នៅពេលព្រះវិញ្ញាណបរិសុទ្ធស្រាយបំភ្លឺអ្នក គឺពិបាកនឹងពណ៌នាណាស់។ ក្រោយពេលមានអារម្មណ៍ និងចំណេះដឹងពិសេសទាំងនេះរួច បើអ្នកធ្វើរឿងខ្លះ ឬបើអ្នកបានទាក់ទងជាមួយព្រះគ្រីស្ទ ដើម្បីដោះស្រាយរឿងរ៉ាវមួយចំនួន នោះអ្នកនឹងអាចដឹងថា ពាក្យណាខ្លះត្រូវបាននិយាយដោយមានហេតុផលសមស្រប ហើយពាក្យណាខ្លះដែលគ្មានហេតុផល អាចដឹងថាមានកិច្ចការណាខ្លះដែលត្រូវបានធ្វើដោយមានហេតុផលសមស្រប ហើយកិច្ចការណាខ្លះដែលមិនមានហេតុផល។ ហេតុដូចនេះ អ្នកនឹងសម្រេចបានគោលបំណងនៃការអធិស្ឋាន។
ព្រះគម្ពីរបានកត់ត្រានូវពាក្យអធិស្ឋានរបស់មនុស្សជាច្រើន ដែលនៅក្នុងការអធិស្ឋានទាំងនោះ មិនបានកំណត់លក្ខខណ្ឌទុកជាមុនឡើយ។ ផ្ទុយទៅវិញ ពួកគេបានប្រើការអធិស្ឋាន ដើម្បីស្វែងរក និងឈ្វេងយល់ពីបំណងព្រះហឫទ័យព្រះជាម្ចាស់ ព្រមទាំងអនុញ្ញាតឱ្យព្រះវិញ្ញាណបរិសុទ្ធជាអ្នកធ្វើការសម្រេចចិត្ត។ ឧទាហរណ៍ ពួកអ៊ីស្រាអែលបានវាយប្រហារក្រុងយេរីខូរ តាមរយៈការអធិស្ឋាន។ ប្រជាជនក្រុងនីនីវេក៏បានប្រែចិត្ត និងទទួលបានការអត់ទោសពីព្រះជាម្ចាស់ តាមរយៈការអធិស្ឋានផងដែរ។ ការអធិស្ឋានមិនមែនជាពិធីមួយប្រភេទទេ។ ការអធិស្ឋាន គឺជាការទាក់ទងដ៏ពិតប្រាកដរវាងមនុស្ស និងព្រះជាម្ចាស់ ហើយវាក៏មានសារៈសំខាន់ដ៏ជ្រាលជ្រៅផងដែរ។ តាមរយៈការអធិស្ឋានរបស់មនុស្ស គេអាចមើលឃើញថា ពួកគេកំពុងតែបម្រើព្រះជាម្ចាស់ដោយផ្ទាល់។ ប្រសិនបើអ្នកចាត់ទុកការអធិស្ឋានជាពិធីមួយ នោះការអធិស្ឋានរបស់អ្នកនឹងគ្មានប្រសិទ្ធភាពទេ ហើយវានឹងមិនមែនជាការអធិស្ឋានពិតប្រាកដឡើយ ព្រោះអ្នកមិនបាននិយាយពីអារម្មណ៍ខាងក្នុងចិត្តរបស់អ្នកទូលប្រាប់ព្រះជាម្ចាស់ ឬបើកចិត្តប្រាប់ទ្រង់ឡើយ។ ចំពោះព្រះជាម្ចាស់ ការអធិស្ឋានរបស់អ្នកគ្មានតម្លៃទេ។ ព្រះជាម្ចាស់មិនទុកអ្នកនៅក្នុងព្រះហឫទ័យទ្រង់ឡើយ។ ពេលនោះ តើព្រះវិញ្ញាណបរិសុទ្ធនឹងធ្វើការក្នុងអ្នកម្ដេចកើតទៅ? ជាលទ្ធផលចេញពីការនេះ បន្ទាប់ធ្វើការបានមួយរយៈពេល អ្នកនឹងខ្សោះល្វើយមិនខាន។ ចាប់ពីពេលនេះតទៅ បើគ្មានការអធិស្ឋានទេ អ្នកនឹងមិនអាចធ្វើការបានទេ។ គឺជាការអធិស្ឋានដែលនាំឱ្យមានការងារ ហើយការអធិស្ឋានក៏នាំឱ្យមានការបម្រើផងដែរ។ ប្រសិនបើអ្នកជាអ្នកដឹកនាំ ជាម្នាក់ដែលបម្រើព្រះជាម្ចាស់ ប៉ុន្តែអ្នកមិនបានប្ដូរផ្ដាច់ចំពោះការអធិស្ឋាន ឬយកចិត្តទុកដាក់លើការអធិស្ឋានទេ នោះអ្នកគ្មានគំនិត ដើម្បីទូលប្រាប់ព្រះជាម្ចាស់ឡើយ ហើយបែបនេះ អ្នកមុខជាធ្វើខុស នៅពេលអ្នកបំពេញភារកិច្ចរបស់អ្នក ហើយអ្នកក៏មុខជាជំពប់ដួល នៅពេលអ្នកធ្វើសកម្មភាពដោយចេះតែពឹងអាងលើចេតនារបស់អ្នកមិនខាន។ ការជឿលើព្រះជាម្ចាស់ ដោយមិនអធិស្ឋានឱ្យបានគ្រប់គ្រាន់ គឺជារឿងមិនអាចទទួលយកបានទេ។ អ្នកខ្លះកម្រអធិស្ឋាន ដោយគិតថា ដោយសារតែព្រះជាម្ចាស់បានយកកំណើតជាមនុស្ស ដូច្នេះ ការអានព្រះបន្ទូលព្រះជាម្ចាស់ គឺជារឿងគ្រប់គ្រាន់ហើយ។ បែបនេះ អ្នកគិតសាមញ្ញពេកហើយ។ តើព្រះវិញ្ញាណបរិសុទ្ធអាចបំភ្លឺ និងស្រាយបំភ្លឺអ្នកម្ដេចកើតទៅ ដោយគ្រាន់តែអានព្រះបន្ទូលព្រះជាម្ចាស់ និងគ្មានការអធិស្ឋានទៅទ្រង់នោះ? ប្រសិនបើមនុស្សម្នាក់មិនដែលអធិស្ឋានទៅព្រះជាម្ចាស់ទេ បែបនេះ ពួកគេមិននិយាយ ឬប្រកបគ្នាយ៉ាងពិតប្រាកដជាមួយព្រះជាម្ចាស់ឡើយ ពេលនោះ ពួកគេនឹងពិបាកខ្លាំងក្នុងការកម្ចាត់ចោលនិស្ស័យពុករលួយរបស់ខ្លួន និងពិបាកផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់នៅក្នុងការបំពេញភារកិច្ចរបស់ខ្លួនមិនខាន។ សូម្បីតែព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ក៏អធិស្ឋាននៅពេលខ្លះដែរ! នៅពេលព្រះយេស៊ូវបានយកកំណើតជាមនុស្ស ព្រះអង្គក៏បានអធិស្ឋាន នៅពេលទាក់ទងនឹងរឿងរ៉ាវសំខាន់ៗដែរ។ ព្រះអង្គបានអធិស្ឋាននៅលើភ្នំ នៅលើទូក និងនៅក្នុងសួនច្បារ។ ទ្រង់ក៏បានដឹកនាំពួកសិស្សរបស់ទ្រង់នៅក្នុងការអធិស្ឋានដែរ។ ប្រសិនបើអ្នកចូលមកចំពោះព្រះជាម្ចាស់ និងអធិស្ឋានទៅទ្រង់ឱ្យបានញឹកញាប់ ការនេះសបញ្ជាក់ឱ្យឃើញថា អ្នកចាត់ទុកព្រះជាម្ចាស់ជាព្រះជាម្ចាស់។ ប្រសិនបើអ្នកប្រព្រឹត្តតាមបំណងរបស់អ្នកជាញឹកញាប់ ហើយអ្នកព្រងើយកន្តើយចំពោះការអធិស្ឋាន រួចធ្វើកិច្ចការផ្សេងៗនៅពីក្រោយខ្នងទ្រង់ នោះអ្នកមិនកំពុងបម្រើព្រះជាម្ចាស់នោះទេ ពោលគឺ អ្នកគ្រាន់តែខំប្រឹងធ្វើការដោយកម្លាំងផ្ទាល់ខ្លួនប៉ុណ្ណោះ។ បែបនេះ តើអ្នកនឹងមិនត្រូវបានថ្កោលទោសទេឬ? ពីសម្បកក្រៅ មើលទៅអ្នកហាក់មិនបង្កការរំខានណាមួយ ឬប្រមាថព្រះជាម្ចាស់ទេ ប៉ុន្តែអ្នកគ្រាន់តែដោះស្រាយការងារដោយកម្លាំងផ្ទាល់ខ្លួនប៉ុណ្ណោះ។ អ្នកប្រឹងប្រែងធ្វើការដោយកម្លាំងផ្ទាល់ខ្លួន ខំដេញតាមកេរ្តិ៍ឈ្មោះ ដេញតាមលាបសក្ការៈ ឋានៈ និងប្រយោជន៍ផ្ទាល់ខ្លួន។ តើនេះមិនមែនកំពុងបង្អាក់ដល់កិច្ចការនៃពួកជំនុំទេឬអី? ពីសម្បកក្រៅ ទោះបីមើលទៅអ្នកហាក់មិនបង្កការរំខានក៏ដោយ ក៏សកម្មភាពរបស់អ្នកមានសារជាតិទាស់ទទឹងនឹងព្រះជាម្ចាស់រួចស្រេចទៅហើយ។ បើអ្នកមិនប្រែចិត្ត ឬផ្លាស់ប្ដូរទេ នោះអ្នកស្ថិតក្នុងគ្រោះថ្នាក់ហើយ។
គ្រប់គ្នាសុទ្ធតែធ្លាប់ស្ថិតក្នុងសភាពឈឺចាប់ និងរងទុក្ខ នៅពេលមានរឿងមិនពេញចិត្តកើតឡើង ហើយមិនចង់និយាយជាមួយនរណាម្នាក់ឡើយ។ បន្ទាប់ពីបានមួយរយៈ ពួកគេមានអារម្មណ៍ប្រសើរវិញ ប៉ុន្តែសភាពនេះមិនទាន់ត្រូវបានដោះស្រាយនៅឡើយទេ។ ពេលខ្លះ ពួកគេបើកសម្ដែងនិស្ស័យពុករលួយមួយក្នុងការបំពេញភារកិច្ចរបស់គេ ហើយពួកគេធ្វើឱ្យការងារមានភាពយឺតយ៉ាវ ឬពួកគេត្រូវបានលួសកាត់ និងដោះស្រាយជាមួយ ពួកគេឈឺចាប់ និងពិបាកចិត្ត ប៉ុន្តែប្រសិនបើគេមិនស្វែងរកសេចក្តីពិត ដើម្បីដោះស្រាយបញ្ហានេះទេ ពេលនោះ សភាពខុសប្រក្រតីនេះនឹងមិនត្រូវបានដោះស្រាយឡើយ។ តើអ្នកបានចូលមកអធិស្ឋានចំពោះព្រះជាម្ចាស់ចំនួនប៉ុន្មានដង នៅពេលអ្នករាល់គ្នាមានការឈឺចាប់ និងពិបាកចិត្ត? អ្នករាល់គ្នាប្រកាន់ខ្ជាប់នូវផ្នត់គំនិតឥតខ្វល់ និងគ្រាន់តែធ្វើការឱ្យតែរួចពីដៃប៉ុណ្ណោះ។ បែបនេះ មានមនុស្សជាច្រើនដែលអះអាងថា ខ្លួនជឿលើព្រះជាម្ចាស់ ប៉ុន្តែមិនមានព្រះជាម្ចាស់នៅក្នុងចិត្តរបស់ខ្លួនទេ។ មិនថាពួកគេបំពេញភារកិច្ចអ្វីឡើយ គ្រប់ពេលដែលពួកគេជួបការលំបាកណាមួយ ពួកគេមិនដែលអធិស្ឋាន ឬស្វែងរកសេចក្តីពិតនោះទេ។ ពួកគេពឹងអាងលើឆន្ទៈផ្ទាល់ខ្លួន ដើម្បីធ្វើការទាំងងងឹតងងល់ ហាក់ដូចជាពួកគេកំពុងស៊ូទ្រាំ និងលះបង់ថាមពលអ៊ីចឹង ហើយពួកគេគិតថា ពួកគេកំពុងបំពេញភារកិច្ចរបស់ខ្លួនបានល្អ ទោះបីពួកគេមិនសម្រេចបានផល ហើយការខំប្រឹងរបស់ពួកគេប្រែជាឥតប្រយោជន៍ក៏ដោយ។ ជារឿយៗ មនុស្សពឹងអាងលើឆន្ទៈរបស់ខ្លួន ហើយចាប់ផ្ដើមវង្វេងផ្លូវ នៅពេលពួកគេដើរ។ នៅពេលពួកគេធ្វើកិច្ចការបានបន្តិច ពួកគេចាប់ផ្ដើមក្រអឺតក្រទម មានអារម្មណ៍ថា ពួកគេមានដើមទុន ហើយក្រោយមក ពួកគេគ្មានព្រះជាម្ចាស់នៅក្នុងចិត្តរបស់ខ្លួនឡើយ។ តាមរយៈចំណុចនេះ គេអាចឃើញថា ធម្មជាតិរបស់មនុស្ស គឺជាការក្បត់។ មនុស្សថែមទាំងគិតថា៖ «បើខ្ញុំបានជឿលើព្រះជាម្ចាស់រួចហើយ តើខ្ញុំមិនអាចមានព្រះជាម្ចាស់នៅក្នុងចិត្តរបស់ខ្ញុំម្ដេចកើតទៅ? ឥឡូវនេះ តើខ្ញុំមិនមែនកំពុងធ្វើការសម្រាប់ពួកជំនុំទេឬអី? តើព្រះជាម្ចាស់អាចបោះបង់ខ្ញុំចោលម្ដេចកើតទៅ?» វាមិនមែនព្រោះតែព្រះជាម្ចាស់ចង់បោះបង់អ្នកនោះទេ នោះព្រោះតែអ្នកគ្មានកន្លែងសម្រាប់ព្រះជាម្ចាស់នៅក្នុងចិត្តរបស់អ្នកប៉ុណ្ណោះ។ មិនថាអ្នកធ្វើការបានច្រើនកម្រិតណាទេ អ្នកនឹងមិនអាចប្រោសលោះខ្លួនឯងពីបញ្ហានេះបានឡើយ អ្នកក៏នឹងគ្មានផ្លូវទទួលបានកិច្ចការពីព្រះវិញ្ញាណបរិសុទ្ធបានដែរ ហើយមិនថាអ្នកធ្វើកិច្ចការអ្វីទេ អ្នកនឹងបន្តឃ្លាតចេញឆ្ងាយពីព្រះជាម្ចាស់ និងក្បត់ទ្រង់មិនខាន។ មេរៀននៃការអធិស្ឋាន មានអត្ថន័យជ្រាលជ្រៅបំផុត។ ប្រសិនបើអ្នកបំពេញភារកិច្ចរបស់អ្នកដោយមិនបានអធិស្ឋាន ពេលនោះ ការងាររបស់អ្នកនឹងមិនល្អគ្រប់គ្រាន់ទេ ហើយការប្រឹងប្រែងរបស់អ្នកទៀតសោត ក៏នឹងប្រែជាឥតន័យដែរ។ កាលណាសភាពរបស់អ្នកកាន់តែខុសប្រក្រតី នោះអ្នកគួរតែអធិស្ឋានឱ្យកាន់តែច្រើន។ បើគ្មានការអធិស្ឋានទេ សភាពរបស់អ្នកនឹងមានតែអាក្រក់ទៅៗប៉ុណ្ណោះ ហើយភារកិច្ចរបស់អ្នកទៀតសោត ក៏នឹងគ្មានប្រសិទ្ធភាពនោះដែរ។ ការអធិស្ឋានមិនអាស្រ័យលើថាអ្នកពូកែនិយាយប៉ុនណានោះទេ ផ្ទុយទៅវិញ វាតម្រូវឱ្យអ្នកនិយាយចេញពីចិត្ត និយាយការពិតអំពីការលំបាករបស់អ្នក និយាយចេញពីជំហរជាភាវៈដែលព្រះបង្កើតមក និងចេញពីទិដ្ឋភាពនៃការស្ដាប់បង្គាប់ថា៖ «ឱព្រះជាម្ចាស់អើយ ព្រះអង្គជ្រាបថា មនុស្សលោករឹងរូសយ៉ាងណា។ សូមជួយណែនាំទូលបង្គំឱ្យយល់ពីបញ្ហានេះផង។ ព្រះអង្គជ្រាបថា ទូលបង្គំទន់ខ្សោយ ទូលបង្គំនៅខ្វះច្រើនណាស់ ទូលបង្គំមិនសមឱ្យទ្រង់ប្រើនោះទេ ទូលបង្គំបះបោរ ហើយគ្រប់ពេលដែលទូលបង្គំប្រព្រឹត្ត ទូលបង្គំតែងតែធ្វើឱ្យរាំងស្ទះដល់កិច្ចការរបស់ទ្រង់ និងធ្វើកិច្ចការដែលមិនស្របតាមបំណងព្រះហឫទ័យរបស់ទ្រង់ឡើយ។ ទូលបង្គំសូមស្នើឱ្យទ្រង់ធ្វើកិច្ចការរបស់ទ្រង់ ទូលបង្គំចង់ស្ដាប់បង្គាប់ និងសហការជាមួយទ្រង់ជានិច្ច...»។ ប្រសិនបើអ្នកមិនទាំងអាចនិយាយពាក្យទាំងនេះបានផង នោះអ្នកគ្មានសង្ឃឹមឡើយ។ អ្នកខ្លះគិតថា៖ «នៅពេលខ្ញុំអធិស្ឋាន ខ្ញុំត្រូវឈ្វេងយល់មើលថាតើខ្ញុំអធិស្ឋានដោយមានហេតុផលឬអត់។ ពេលនោះ តើខ្ញុំគួរអធិស្ឋានដូចម្ដេចទៅ?» តើវាត្រូវការពេលយូរដែរឬទេ ដើម្បីឈ្វេងយល់ថាតើអ្នកមានហេតុផលឬអត់? បន្ទាប់ពីការអធិស្ឋាននីមួយៗ ចូរឆ្លុះបញ្ចាំងដោយចិត្តស្មោះ ហើយអ្នកនឹងរកឃើញភាពច្បាស់លាស់មិនខាន។ នៅពេលអ្នកធ្វើបែបនេះ អ្នកនឹងកាន់តែមានហេតុផលជាងមុននៅក្នុងការអធិស្ឋានក្រោយៗ ព្រោះថានៅពេលអ្នកអធិស្ឋាន អ្នកនឹងដឹងថា ពាក្យខ្លះមិនសមរម្យនោះឡើយ។ នៅពេលមនុស្សអធិស្ឋាន ទំនាក់ទំនងរបស់គេជាមួយព្រះជាម្ចាស់ គឺជាទំនាក់ទំនងដោយផ្ទាល់បំផុត និងស្និទ្ធស្នាលបំផុត។ តាមធម្មតា តើអ្នកអាចលុតជង្គង់ និងអធិស្ឋានបានភ្លាមៗដែរឬទេ នៅពេលអ្នកធ្វើកិច្ចការផ្សេងៗ? គឺមិនបានគ្រប់ពេលទេ ព្រោះវាអាស្រ័យលើមជ្ឈដ្ឋាន។ នៅពេលអ្នកនៅផ្ទះម្នាក់ឯង ហើយអ្នកលុតជង្គង់អធិស្ឋានទៅព្រះជាម្ចាស់ ទំនាក់ទំនងរបស់អ្នកជាមួយព្រះជាម្ចាស់ គឺមានភាពស្និទ្ធស្នាលបំផុត។ អ្នកអាចនិយាយអ្វីគ្រប់យ៉ាងដែលមានក្នុងចិត្ត ហើយអ្នកមានអំណរខ្លាំងបំផុត។ នៅពេលអ្នកអានព្រះបន្ទូលព្រះជាម្ចាស់ បើអ្នកអធិស្ឋានជាមុន នោះការអានព្រះបន្ទូលរបស់ទ្រង់នឹងមានអារម្មណ៍មួយផ្សេង។ ប្រសិនបើអ្នកអានព្រះបន្ទូលព្រះជាម្ចាស់ ហើយរកឃើញពន្លឺ រួចអធិស្ឋានទៅព្រះជាម្ចាស់ នោះអ្នកនឹងទទួលបានអំណរកាន់តែខ្លាំង។ ប្រសិនបើអ្នកមិនអធិស្ឋាន នោះអ្នកនឹងគ្មានអារម្មណ៍ដឹងពីព្រះវត្តមានព្រះជាម្ចាស់ នៅពេលអ្នកអានព្រះបន្ទូលព្រះជាម្ចាស់ និងបំពេញភារកិច្ចរបស់អ្នកឡើយ។ ពេលខ្លះ ការអានព្រះបន្ទូលព្រះជាម្ចាស់នឹងមិនបំភ្លឺអ្នកទេ ហើយបន្ទាប់ពីអានព្រះបន្ទូលរបស់ទ្រង់រួច វាក៏នឹងគ្មានលទ្ធផលជាក់ស្ដែងអ្វីដែរ។ បើគ្មានការអធិស្ឋានទេ នោះអ្នកនឹងមិនអាចសម្រេចបានអ្វីមួយនៅក្នុងជំនឿរបស់អ្នកលើព្រះជាម្ចាស់ឡើយ។ ប្រសិនបើអ្នកអធិស្ឋានទៅព្រះជាម្ចាស់បានញឹកញាប់ ហើយទំនាក់ទំនងរបស់អ្នកជាមួយព្រះជាម្ចាស់ក្លាយជាធម្មតា នោះអ្នកនឹងមានច្រកចូលទៅក្នុងជីវិត ហើយសេចក្តីជំនឿរបស់អ្នកនឹងកាន់តែរឹងមាំឡើង។ ប្រសិនបើអ្នកខានអធិស្ឋានយូរ អ្នកនឹងបាត់បង់សេចក្តីជំនឿរបស់អ្នក ពេលនោះ តើអ្នកនឹងសម្រេចបានច្រកចូលទៅក្នុងជីវិតម្ដេចកើតទៅ? មនុស្សដែលមានសេចក្តីជំនឿពិតប្រាកដ គេទទួលបានសេចក្តីជំនឿនេះ ដោយរស់នៅចំពោះព្រះជាម្ចាស់តាមរយៈការអធិស្ឋាន និងដោយស្វែងរកសេចក្តីពិតតាមរយៈការអធិស្ឋាន។ មនុស្សជាច្រើនគ្រាន់តែអធិស្ឋានឱ្យតែរួចពីមាត់ប៉ុណ្ណោះ ហើយពួកគេមិនស្វែងរកសេចក្តីពិតទេ។ ពួកគេគ្រាន់តែចូលមកចំពោះព្រះជាម្ចាស់ ដើម្បីអធិស្ឋាន និងទូលអង្វរ នៅពេលមានរឿងកើតឡើង ហើយពួកគេមិនអាចធ្វើអ្វីបានប៉ុណ្ណោះ។ ពួកគេតែងបង្ខំឱ្យព្រះជាម្ចាស់ធ្វើតាមការចង់បានរបស់ពួកគេ និងបំពេញចិត្តពួកគេ។ តើនេះជាការអធិស្ឋានពិតប្រាកដឬ? តើព្រះជាម្ចាស់ព្រះសណ្ដាប់ពាក្យអធិស្ឋានបែបនេះដែរឬទេ? ការអធិស្ឋាន និងការស្វែងរកព្រះវត្តមានព្រះជាម្ចាស់ មិនមែនជាការបង្ខំឱ្យព្រះជាម្ចាស់ធ្វើតាមអ្វីដែលអ្នកចង់បាន ឬទូលសុំឱ្យទ្រង់ធ្វើនេះឬធ្វើនោះឡើយ។ ទាំងអស់នេះ គឺជាការបង្ហាញចេញនូវការគ្មានវិចារណញ្ញាណប៉ុណ្ណោះ។ តើអ្វីទៅជាការអធិស្ឋានដែលសមហេតុផល? តើអ្វីទៅជាការអធិស្ឋានមិនសមហេតុផល? អ្នកនឹងដឹងអំពីកិច្ចការទាំងនេះចេញពីបទពិសោធន៍ ក្រោយពេលធ្វើបានមួយរយៈ។ ឧទាហរណ៍ ក្រោយពេលអ្នកអធិស្ឋាន អ្នកអាចមានអារម្មណ៍ថា ព្រះវិញ្ញាណបរិសុទ្ធមិនធ្វើតាមអ្វីដែលអ្នកបានអធិស្ឋាន និងថាទ្រង់មិនបានដឹកនាំអ្នក នៅពេលដែលអ្នកបានអធិស្ឋាន។ នៅលើកក្រោយដែលអ្នកអធិស្ឋាន អ្នកនឹងអធិស្ឋានខុសពីមុន។ អ្នកនឹងគ្មានបំណងចង់បង្ខំព្រះជាម្ចាស់ ដូចដែលអ្នកបានធ្វើកាលពីលើកមុន ឬស្នើសុំឱ្យទ្រង់ធ្វើអ្វីមួយតាមការប៉ងប្រាថ្នារបស់អ្នកឡើយ។ អ្នកនឹងនិយាយថា៖ «ឱព្រះជាម្ចាស់អើយ! សូមឱ្យគ្រប់យ៉ាងសម្រេចទៅតាមបំណងព្រះហឫទ័យទ្រង់ចុះ»។ ដរាបណាអ្នកផ្ដោតទៅលើវិធីសាស្ត្រនេះ ពេលនោះ ក្រោយពេលស្ទាបស្ទង់បានមួយរយៈ អ្នកនឹងដឹងថា ការអធិស្ឋានដែលមានហេតុផលមានអត្ថន័យបែបណា ហើយការអធិស្ឋានដែលគ្មានហេតុផលមានអត្ថន័យបែបណាមិនខាន។ នៅពេលអ្នកអធិស្ឋានតាមការចង់បានរបស់អ្នក វាក៏មានសភាពមួយដែលធ្វើឱ្យអ្នកមានអារម្មណ៍នៅក្នុងវិញ្ញាណរបស់អ្នកថា ការអធិស្ឋានរបស់អ្នក គឺគួរឱ្យធុញទ្រាន់ ហើយភ្លាមនោះ អ្នកនឹងគ្មានអ្វីត្រូវនិយាយទៀតឡើយ។ បើអ្នកព្យាយាមចង់និយាយកាន់តែច្រើន នោះវាកាន់តែឆ្គាំឆ្គង។ ការនេះសបញ្ជាក់ឱ្យឃើញថា នៅពេលអ្នកអធិស្ឋានបែបនេះ អ្នកកំពុងតែដើរតាមសាច់ឈាមទាំងស្រុង ហើយព្រះវិញ្ញាណបរិសុទ្ធមិនធ្វើការ ឬដឹកនាំអ្នកតាមរបៀបនោះឡើយ។ នេះក៏ជាកិច្ចការស្វែងរក និងជាកិច្ចការនៃបទពិសោធដែរ។ នៅពេលអ្នកដកពិសោធន៍រឿងរ៉ាវកាន់តែច្រើន អ្នកនឹងយល់ពីបញ្ហាទាំងនោះដោយឯកឯងមិនខាន។
ជាចម្បង ការអធិស្ឋានគឺជាការនិយាយត្រង់ៗទៅព្រះជាម្ចាស់ និងទូលប្រាប់ទ្រង់អំពីអ្វីដែលមានក្នុងចិត្តរបស់អ្នក។ អ្នកនិយាយថា៖ «ឱព្រះជាម្ចាស់អើយ! ទ្រង់ជ្រាបអំពីសេចក្តីពុករលួយរបស់មនុស្ស។ នៅថ្ងៃនេះ ទូលបង្គំបានធ្វើកិច្ចការមិនសមហេតុផលមួយទៀតហើយ។ ទូលបង្គំមានចេតនាមួយគឺថា ទូលបង្គំជាមនុស្សបោកបញ្ឆោត។ ទូលបង្គំមិនកំពុងប្រព្រឹត្តស្របតាមព្រះហឫទ័យរបស់ទ្រង់ ឬតាមសេចក្តីពិតឡើយ។ ទូលបង្គំបានប្រព្រឹត្តតាមចិត្តទូលបង្គំ ហើយព្យាយាមដោះសាសម្រាប់ខ្លួនឯងប៉ុណ្ណោះ។ ឥឡូវនេះ ទូលបង្គំទទួលស្គាល់សេចក្តីពុករលួយរបស់ទូលបង្គំ។ ទូលបង្គំទូលសុំឱ្យទ្រង់បំភ្លឺទូលបង្គំកាន់តែច្រើន និងអនុញ្ញាតឱ្យទូលបង្គំយល់អំពីសេចក្តីពិត អនុវត្តតាមសេចក្តីពិត និងកម្ចាត់ចោលសេចក្តីពុករលួយនេះ»។ ចូរអធិស្ឋានបែបនេះ។ ចូរលើកឡើងពីរឿងពិត និងនិយាយក្នុងរបៀបពិតជាក់ស្ដែង។ នៅពេលមនុស្សភាគច្រើនចូលមកអធិស្ឋាននៅចំពោះព្រះជាម្ចាស់ ពួកគេភាគច្រើននិយាយអំពីគោលលទ្ធិ។ ពាក្យសម្ដីទាំងនោះមិនមែនជាការអធិស្ឋានពិតប្រាកដដែលចេញពីចិត្តទេ។ វាគ្រាន់តែជាការគិតថា ពួកគេមានចំណេះដឹងបន្តិចបន្តួច ហើយពួកគេព្រមប្រែចិត្ត ប៉ុន្តែពួកគេមិនបានខំសញ្ជឹងគិត ឬខំយល់ដឹងទាំងស្រុងអំពីសេចក្តីពិតឡើយ។ ការនេះប៉ះពាល់ដល់វឌ្ឍនភាពនៃជីវិតរបស់ពួកគេ។ ប្រសិនបើអ្នកអាចសញ្ជឹងគិតពីព្រះបន្ទូលព្រះជាម្ចាស់ និងស្វែងរកសេចក្តីពិត នៅពេលអ្នកអធិស្ឋាន និងមានព្រះវិញ្ញាណបរិសុទ្ធជួយបំភ្លឺអ្នក នោះវាមានតម្លៃខ្លាំងជាងការគ្រាន់តែគិត និងយល់ដឹងអំពីវាទៅទៀត។ អ្នកនឹងអាចយល់ដឹងពីគោលការណ៍នៃសេចក្តីពិត។ ព្រះវិញ្ញាណបរិសុទ្ធធ្វើចលនាក្នុងមនុស្ស នៅពេលទ្រង់ធ្វើការ ហើយព្រះអង្គបំភ្លឺ និងស្រាយបំភ្លឺឱ្យមនុស្សយល់ពីព្រះបន្ទូលព្រះជាម្ចាស់ ដូច្នេះ មនុស្សមានការយល់ដឹងពិតប្រាកដ និងមានការប្រែចិត្តពិតប្រាកដ ដែលនេះស៊ីជម្រៅខ្លាំងជាងគំនិត និងការយល់ដឹងរបស់មនុស្សទៅទៀត។ អ្នកត្រូវតែយល់ឱ្យបានច្បាស់អំពីចំណុចនេះ។ បើអ្នកគ្រាន់តែចូលរួមនៅក្នុងការគិត និងការត្រួតពិនិត្យដែលគ្មានរបៀបរបបបែបសើៗ នោះអ្នកគ្មានផ្លូវដើរសមរម្យដែលត្រូវអនុវត្តនៅពេលក្រោយឡើយ ហើយអ្នកសម្រេចបានច្រកចូលតិចតួចនៅក្នុងសេចក្តីពិត ដូច្នេះ អ្នកនឹងបន្តគ្មានសមត្ថភាពក្នុងការផ្លាស់ប្ដូរដដែល។ ឧទាហរណ៍ ពេលខ្លះ អ្នកតាំងចិត្តលះបង់ថ្វាយព្រះជាម្ចាស់ និងតបស្នងចំពោះសេចក្តីស្រឡាញ់របស់ទ្រង់យ៉ាងអស់ពីចិត្ត។ ទោះបីអ្នកមានបំណងបែបនេះនៅក្នុងគំនិតក៏ដោយ ក៏អ្នកមិនអាចលះបង់បានច្រើនដែរ ហើយដួងចិត្តរបស់អ្នកទៀតសោត ក៏មិនអាចប្ដេជ្ញាខំប្រឹងបានទាំងស្រុងនោះដែរ។ យ៉ាងណាមិញ ដោយកំពុងតែអធិស្ឋាន និងទទួលការប៉ះពាល់ចិត្ត បើអ្នកធ្វើការតាំងចិត្តដោយនិយាយថា «ព្រះជាម្ចាស់អើយ ទូលបង្គំព្រមរងទុក្ខលំបាក។ ទូលបង្គំព្រមទទួលការល្បងលរបស់ទ្រង់ ហើយទូលបង្គំព្រមចុះចូលចំពោះទ្រង់ទាំងស្រុង។ មិនថាទុក្ខវេទនារបស់ទូលបង្គំធំធេងប៉ុនណាទេ ក៏ទូលបង្គំព្រមតបស្នងចំពោះសេចក្តីស្រឡាញ់របស់ទ្រង់ដែរ។ ទូលបង្គំរីករាយនឹងសេចក្តីស្រឡាញ់ដ៏ធំធេងរបស់ទ្រង់ ហើយទ្រង់បានលើកទូលបង្គំឡើង។ សម្រាប់ការនេះ ទូលបង្គំសូមអរព្រះគុណទ្រង់ចេញពីជម្រៅចិត្តរបស់ទូលបង្គំ និងថ្វាយគ្រប់ទាំងសិរីល្អដល់ទ្រង់» ក្រោយបានអធិស្ឋានបែបនេះរួច រូបកាយទាំងមូលរបស់អ្នកនឹងទទួលបានអំណាច ហើយអ្នកនឹងមានផ្លូវអនុវត្តន៍មួយ។ នេះជាឥទ្ធិពលនៃការអធិស្ឋាន។ ក្រោយពេលបុគ្គលម្នាក់អធិស្ឋាន ព្រះវិញ្ញាណបរិសុទ្ធចាប់ផ្ដើមធ្វើការក្នុងពួកគេ ដោយបំភ្លឺ ស្រាយបំភ្លឺ ដឹកនាំ ប្រទានឱ្យពួកគេមានសេចក្តីជំនឿ និងចិត្តក្លាហាន ព្រមទាំងជួយឱ្យពួកគេអនុវត្តតាមសេចក្តីពិត។ មានមនុស្សដែលអានព្រះបន្ទូលរបស់ព្រះជារៀងរាល់ថ្ងៃ ដោយមិនសម្រេចបានផលអ្វីសោះ។ យ៉ាងណាមិញ បន្ទាប់ពីពួកគេបានអានព្រះបន្ទូលទ្រង់ ពួកគេប្រកបគ្នាអំពីព្រះបន្ទូលទាំងនោះ ហើយដួងចិត្តរបស់ពួកគេក៏បានភ្លឺឡើង និងរកឃើញផ្លូវមួយ។ ជាងនេះទៅទៀត ប្រសិនបើព្រះវិញ្ញាណបរិសុទ្ធប៉ះពាល់ចិត្តអ្នក ហើយប្រទានបន្ទុក និងការណែនាំខ្លះដល់អ្នក នោះលទ្ធផលដែលទទួលបាន នឹងមានភាពខុសប្លែកខ្លាំងមិនខាន។ នៅពេលអ្នកអានព្រះបន្ទូលព្រះជាម្ចាស់ អ្នកអាចទទួលបានការប៉ះពាល់នៅកម្រិតណាមួយ ហើយអ្នកអាចយំផង។ បន្តិចក្រោយមក អារម្មណ៍នោះនឹងកន្លងផុតទៅ។ ប៉ុន្តែបើការអធិស្ឋានរបស់អ្នក គឺជាការអធិស្ឋានមួយដែលសម្រក់ទឹកភ្នែក អស់ពីចិត្ត ពិតប្រាកដ និងស្មោះត្រង់ ហើយអ្នកបានទទួលការប៉ះពាល់ពីព្រះវិញ្ញាណបរិសុទ្ធ នោះដួងចិត្តរបស់អ្នកនឹងមានអំណរក្នុងរយៈពេលជាច្រើនថ្ងៃ។ នេះគឺជាឥទ្ធិពលនៃការអធិស្ឋាន។ គោលបំណងនៃការអធិស្ឋាន គឺដើម្បីចូលមកចំពោះព្រះជាម្ចាស់ និងទទួលយកអ្វីដែលទ្រង់ប្រទានដល់មនុស្ស។ ប្រសិនបើអ្នកអធិស្ឋានជាញឹកញាប់ បើអ្នកចូលទៅចំពោះព្រះជាម្ចាស់ជាញឹកញាប់ ដើម្បីប្រកបគ្នាជាមួយទ្រង់ និងមានទំនាក់ទំនងធម្មតាជាមួយទ្រង់ នោះព្រះអង្គនឹងប៉ះពាល់ចិត្តអ្នកជានិច្ច។ ប្រសិនបើអ្នកទទួលបានការផ្គត់ផ្គង់របស់ទ្រង់ និងទទួលយកសេចក្តីពិត នោះអ្នកនឹងទទួលបានការផ្លាស់ប្ដូរ ហើយស្ថានភាពរបស់អ្នកក៏នឹងបន្តប្រសើរឡើងផងដែរ។ ជាក់ស្ដែង នៅពេលដែលបងប្អូនប្រុសស្រីអធិស្ឋានជាមួយគ្នា មានថាមពលដ៏ខ្លាំងពិសេសមួយកើតឡើង ហើយពួកគេមានអារម្មណ៍ថា ពួកគេទទួលបានយ៉ាងច្រើន។ តាមពិតទៅ ពួកគេអាចប្រកបគ្នាមិនបានច្រើនឡើយនៅក្នុងម៉ោងប្រជុំរបស់ពួកគេ ប៉ុន្តែវាជាការអធិស្ឋានដែលបណ្ដាលចិត្តពួកគេវិញទេ ទើបពួកគេមិនអាចរង់ចាំសូម្បីតែមួយវិនាទី ដើម្បីបោះបង់ក្រុមគ្រួសារ និងពិភពលោករបស់ពួកគេ ហើយពួកគេគ្មានចង់បានអ្វីឡើយ ពោលគឺមានតែព្រះជាម្ចាស់មួយ គឺគ្រប់គ្រាន់ហើយ។ នេះពិតជាសេចក្តីជំនឿដ៏ធំមែន! មនុស្សអាចទទួលបានកម្លាំងពីកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធដោយគ្មានទីបញ្ចប់ឡើយ! តើអ្នកអាចរឹងរូស និងពឹងអាងលើការតស៊ូរបស់អ្នក ជាជាងអាងលើកម្លាំងដែលព្រះជាម្ចាស់ប្រទានដល់អ្នកបានយូរប៉ុនណាទៅ? អ្នកនឹងបន្តដើរ រួចក៏អស់កម្លាំង ហើយក្រោយមក នៅពេលអ្នកជួបបញ្ហា ឬការលំបាកណាមួយ អ្នកនឹងគ្មានផ្លូវត្រូវទៅឡើយ។ អ្នកនឹងដួល និងចុះអន់ថយ មុនពេលអ្នកដើរទៅដល់ទីចុងក្រោយ។ មនុស្សជាច្រើនបានបរាជ័យ និងបានដួលនៅលើផ្លូវនៃការដើរតាមព្រះជាម្ចាស់ ហើយបើគ្មានសេចក្តីពិតទេ ពួកគេមិនអាចក្រោកឡើងបានឡើយ។ ហេតុដូចនេះ មនុស្សត្រូវតែបន្តអធិស្ឋានទៅព្រះជាម្ចាស់ បន្តពឹងអាងលើព្រះជាម្ចាស់ និងបន្តមានទំនាក់ទំនងតាមធម្មតាជាមួយព្រះជាម្ចាស់រហូតដល់ទីបញ្ចប់។ ប៉ុន្តែសម្រាប់មនុស្សលោកវិញ នៅពេលពួកគេដើរ ពួកគេបែរជាឃ្លាតឆ្ងាយចេញពីព្រះជាម្ចាស់ទៅវិញ។ ព្រះជាម្ចាស់គឺជាព្រះជាម្ចាស់ រីឯមនុស្សគឺជាមនុស្ស។ ម្នាក់ៗដើរតាមផ្លូវរៀងខ្លួន។ ព្រះជាម្ចាស់មានបន្ទូលអំពីព្រះបន្ទូលព្រះជាម្ចាស់ ហើយមនុស្សដើរតាមផ្លូវរបស់ខ្លួន ដែលមិនដូចគ្នានឹងផ្លូវរបស់ព្រះជាម្ចាស់ឡើយ។ នៅពេលមនុស្សម្នាក់បាត់បង់កម្លាំងនៅក្នុងជំនឿរបស់ខ្លួនលើព្រះជាម្ចាស់ ពួកគេចូលមកចំពោះព្រះជាម្ចាស់ ដើម្បីពោលពាក្យអធិស្ឋានតែពីរបីម៉ាត់ រួចក៏ទទួលបានកម្លាំងខ្លះ។ បន្ទាប់ពីពួកគេទទួលបានកម្លាំងខ្លះ ពួកគេក៏ចាកចេញទៅម្ដងទៀត។ មួយរយៈក្រោយមក ពួកគេក៏អស់កម្លាំង រួចត្រលប់ទៅរកព្រះជាម្ចាស់វិញ ដើម្បីទទួលបានកម្លាំងថែមទៀត។ បុគ្គលម្នាក់មិនអាចទ្រាំនឹងការធ្វើបែបនេះបានយូរឡើយ។ ប្រសិនបើពួកគេចាកចេញពីព្រះជាម្ចាស់ នោះពួកគេគ្មានផ្លូវនៅខាងមុខឡើយ។
ឥឡូវ ខ្ញុំបានរកឃើញថា មនុស្សជាច្រើនមានសមត្ថភាពខ្សោយខ្លាំងណាស់ក្នុងការគ្រប់គ្រងខ្លួនឯង។ តើដើមហេតុគឺជាអ្វីទៅ? នោះព្រោះតែមនុស្សមិនយល់ពីសេចក្តីពិតតាំងពីដំបូង ហើយបើពួកគេមិនអធិស្ឋានទេ នោះភាគច្រើន ពួកគេនឹងប្រែជាអាក្រក់ទៅៗ។ ពួកគេយល់ដឹងត្រឹមតែសំបុត្រនៃគោលលទ្ធិ ដែលប្រើការមិនបានប៉ុណ្ណោះ ហើយពួកគេមិនអាចគ្រប់គ្រងខ្លួនឯងបានសោះឡើយ។ នៅក្នុងសភាពបែបនេះ មានតែការទទួលបានការបំភ្លឺ និងការស្រាយបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធតាមរយៈការអធិស្ឋាន និងមានតែការយល់ពីសេចក្តីពិតបានខ្លះប៉ុណ្ណោះ ទើបអ្នកអាចគ្រប់គ្រងខ្លួនឯង និងមានលក្ខណៈជាមនុស្សបានខ្លះ។ ពួកអ្នកជឿលើព្រះជាម្ចាស់ ត្រូវតែអានព្រះបន្ទូលរបស់ទ្រង់ឱ្យបានញឹកញាប់ ត្រូវផ្ដោតលើសេចក្តីពិត និងអធិស្ឋានឱ្យបានញឹកញាប់។ មានតែបែបនេះទេ ទើបមនុស្សអាចប្រសើរឡើង មានការផ្លាស់ប្ដូរ និងរស់នៅតាមលក្ខណៈជាមនុស្ស។ ប្រសិនបើអ្នកគ្រាន់តែនិយាយអំពីការស្គាល់ខ្លួនឯង និងការរស់នៅជាមនុស្សធម្មតា នោះមិនទាន់គ្រប់គ្រាន់ទេ។ បើគ្មានកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធទេ វានឹងគ្មានលទ្ធផលឡើយ។ ប្រសិនបើអ្នកមើលរំលងពីរបៀបដែលព្រះវិញ្ញាណបរិសុទ្ធធ្វើការ និងធ្វើចលនាក្នុងមនុស្ស ព្រមទាំងពីរបៀបដែលមនុស្សគួរតែស្វែងរក និងអនុវត្តសេចក្តីពិតនៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេទេ ពេលនោះ តើអ្នកអាចជឿលើព្រះជាម្ចាស់ម្ដេចកើតទៅ? តើអ្នកអាចបំពេញភារកិច្ចអ្វីបានទៅ? ប្រសិនបើនៅក្នុងដួងចិត្តរបស់ពួកគេ មនុស្សគ្រាន់តែជឿលើអត្ថិភាពព្រះជាម្ចាស់ បើអ្វីដែលនៅសេសសល់ពីជំនឿរបស់ពួកគេ គឺគ្រាន់តែជាការទទួលស្គាល់ព្រះជាម្ចាស់ ហើយបើពួកគេមើលរំលងព្រះបន្ទូលរបស់ទ្រង់ និងសេចក្តីពិត នោះពួកគេនឹងមិនមានច្រកចូលទៅក្នុងជីវិត ហើយពួកគេក៏គ្មានព្រះជាម្ចាស់ និងសេចក្តីពិតនៅក្នុងដួងចិត្តរបស់ពួកគេដែរ។ គំនិត និងសញ្ញាណរបស់មនុស្ស នឹងពោរពេញដោយពិភពខាងសម្ភារៈ។ ជំនឿលើព្រះជាម្ចាស់បែបនេះ បានក្លាយជាពិធីសាសនាមួយ។ អ្នកណាដែលមិនស្រឡាញ់សេចក្តីពិត អ្នកនោះបានត្រឹមទទួលយកលទ្ធិបដិសេធព្រះជាម្ចាស់ ឬលទ្ធិសម្ភារៈនិយមតែប៉ុណ្ណោះ ហើយបន្តិចម្ដងៗ ពួកគេនឹងចោទជាសំណួរថាតើពិតជាមានព្រះជាម្ចាស់ឬក៏អត់ ហើយបដិសេធពិភពខាងវិញ្ញាណ និងរឿងរ៉ាវនៃជីវិតខាងវិញ្ញាណ។ នេះគឺជាការប្រាសចាកទាំងស្រុងពីផ្លូវពិត ហើយពួកគេបានធ្លាក់ក្នុងរណ្ដៅឥតដែនកំណត់។ បើគ្មានការអធិស្ឋានទេ បំណងរបស់មនុស្សដែលចង់អនុវត្តតាមសេចក្តីពិត គឺគ្រាន់តែជាបំណងបែបស្រមើស្រមៃ ហើយពួកគេនឹងបានត្រឹមកាន់តាមក្បួនច្បាប់ប៉ុណ្ណោះ។ ទោះបីអ្នកប្រព្រឹត្តតាមការចាត់ចែងពីខាងលើ និងមិនប្រមាថព្រះជាម្ចាស់ក៏ដោយ ក៏អ្នកគ្រាន់តែកាន់តាមក្បួនច្បាប់ប៉ុណ្ណោះ ដូច្នេះហើយ អ្នកនឹងមិនដែលបំពេញភារកិច្ចរបស់អ្នកបានល្អឡើយ។ សព្វថ្ងៃនេះ វិញ្ញាណរបស់មនុស្សទាំងអស់ គឺស្ពឹកស្រពន់ និងទុយមុយ។ មានរឿងស្មុគស្មាញជាច្រើននៅក្នុងទំនាក់ទំនងរបស់មនុស្សជាមួយព្រះជាម្ចាស់ ដូចជាការដែលព្រះវិញ្ញាណធ្វើចលនា និងស្រាយបំភ្លឺ ប៉ុន្តែមនុស្សមិនអាចមានអារម្មណ៍ដឹងឡើយ ពោលគឺ ពួកគេស្ពឹកស្រពន់ពេកហើយ! ប្រសិនបើមនុស្សមិនអានព្រះបន្ទូលព្រះជាម្ចាស់ ឬអធិស្ឋានទេ ហើយបើពួកគេមិនដែលដកពិសោធន៍រឿងរ៉ាវនៃជីវិតខាងវិញ្ញាណ និងក្ដាប់មិនបានពីសភាពរបស់ខ្លួនទេ នោះពួកគេគ្មានផ្លូវ ដើម្បីធានាបានថា ពួកគេកំពុងរស់នៅចំពោះព្រះជាម្ចាស់ឡើយ។ ប្រសិនបើអ្នកចង់រស់នៅចំពោះព្រះជាម្ចាស់ ការមិនអធិស្ឋាន គឺជារឿងមិនអាចទទួលបានឡើយ ហើយកាន់តែមិនអាចខ្វះបាននូវការមិនអានព្រះបន្ទូលព្រះជាម្ចាស់ទៀតផង។ ការមិនរស់នៅជីវិតជាពួកជំនុំ ក៏ជារឿងមិនអាចទទួលយកបានផងដែរ។ ប្រសិនបើបុគ្គលម្នាក់ដើរចេញពីព្រះបន្ទូលព្រះជាម្ចាស់ ពួកគេលែងជឿលើទ្រង់ទៀតហើយ ហើយការដើរចេញពីការអធិស្ឋាន ក៏ជាការដើរចេញពីព្រះជាម្ចាស់ដែរ។ ដើម្បីជឿលើព្រះជាម្ចាស់ គេត្រូវតែអធិស្ឋាន។ បើគ្មានការអធិស្ឋានទេ នោះប្រៀបដូចជាគ្មានជំនឿលើព្រះជាម្ចាស់អ៊ីចឹង។ ខ្ញុំបានមានបន្ទូលថា អ្នកមិនចាំបាច់កាន់តាមក្បួនច្បាប់នោះទេ និងថា អ្នកអាចអធិស្ឋាននៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលាបាន ក៏ប៉ុន្តែ អ្នកខ្លះនៅកម្រអធិស្ឋានទៀត។ នៅពេលពួកគេភ្ញាក់ពីដំណេក ពួកគេមិនអធិស្ឋាននៅពេលព្រឹកទេ តែបែរជាអានអត្ថបទពីរបីចេញពីព្រះបន្ទូលព្រះជាម្ចាស់ និងស្ដាប់បទទំនុកតម្កើងជំនួសវិញ។ ក្នុងអំឡុងពេលថ្ងៃ ពួកគេរវល់នឹងការងារខាងក្រៅ ហើយពួកគេមិនអធិស្ឋាន មុនពេលពួកគេចូលគេងនៅពេលយប់ឡើយ។ តើអ្នករាល់គ្នាមិនមានអារម្មណ៍ទេឬថា បើអ្នកគ្រាន់តែអានព្រះបន្ទូលព្រះជាម្ចាស់ ហើយមិនអធិស្ឋាន ពេលនោះ អ្នកប្រៀបដូចជាអ្នកមិនជឿព្រះដែលកំពុងអានព្រះបន្ទូលទ្រង់ ដែលព្រះបន្ទូលទាំងនោះមិនបានជ្រាបចូលក្នុងចិត្តអ្នក? ប្រសិនបើមនុស្សមិនអធិស្ឋាន នោះដួងចិត្តរបស់ពួកគេមិនអាចចូលទៅក្នុងព្រះបន្ទូលព្រះជាម្ចាស់ទេ ហើយពួកគេក៏នឹងមិនទទួលបានការបំភ្លឺចេញពីការអានព្រះបន្ទូលទាំងនោះដែរ។ ពួកគេនឹងគ្មានអារម្មណ៍ប៉ះពាល់ខាងវិញ្ញាណ ហើយវិញ្ញាណរបស់ពួកគេក៏មិនទទួលការប៉ះពាល់ដែរ។ ពួកគេស្ពឹកស្រពន់ និងទុយមុយ។ ពួកគេគ្រាន់តែប្រកបគ្នានៅកម្រិតរាក់កំផែលអំពីកិច្ចការពួកជំនុំ និងបំពេញភារកិច្ចរបស់ខ្លួនប៉ុណ្ណោះ។ នៅពេលមានរឿងកើតឡើង ពួកគេមិនអាចយល់ពីអារម្មណ៍ដ៏ជ្រាលជ្រៅខាងក្នុងចិត្តរបស់ខ្លួនឡើយ។ តើការនេះមិនជះឥទ្ធិពលលើទំនាក់ទំនងធម្មតារបស់ពួកគេជាមួយព្រះជាម្ចាស់ទេឬអី? នៅក្នុងដួងចិត្តរបស់ពួកគេគ្មានកន្លែងសម្រាប់ព្រះជាម្ចាស់រួចស្រេចទៅហើយ ហើយពួកគេអធិស្ឋានតាមចិត្តរបស់ខ្លួន ពួកគេគ្មានពាក្យអធិស្ឋាន ហើយពួកគេមិនមានអារម្មណ៍ពីព្រះជាម្ចាស់ទេ។ ការនេះពិតជាគ្រោះថ្នាក់ខ្លាំងណាស់។ វាមានន័យថា ពួកគេបានដើរចេញឆ្ងាយពេកហើយពីព្រះជាម្ចាស់។ តាមពិតទៅ ការនាំវិញ្ញាណរបស់អ្នកទៅអធិស្ឋានវិញ នឹងមិនរាំងស្ទះអ្នកមិនឱ្យធ្វើកិច្ចការពីខាងក្រៅឡើយ។ វានឹងមិនពន្យារពេលការងារនោះទេ។ បើមានបញ្ហាកើតឡើងមិនត្រូវបានដោះស្រាយ នោះកិច្ចការនឹងត្រូវពន្យារពេលមិនខាន។ ការអធិស្ឋានទៅព្រះជាម្ចាស់ គឺដើម្បីដោះស្រាយបញ្ហា នាំមនុស្សឱ្យរស់នៅក្នុងព្រះវត្តមានព្រះជាម្ចាស់ និងទទួលបានព្រះបន្ទូលរបស់ទ្រង់។ ការនេះមានប្រយោជន៍ច្រើនជាងចំពោះការបំពេញភារកិច្ចរបស់មនុស្ស និងចំពោះច្រកចូលទៅក្នុងជីវិតរបស់ពួកគេ។
១៩៩៨