រឿងពិតពីក្រោយកិច្ចការនៃយុគសម័យនៃការប្រោសលោះ

ផែនការគ្រប់គ្រងទាំងមូលរបស់យើង ដែលជាផែនការគ្រប់គ្រងរយៈពេល៦ពាន់ឆ្នាំ មាន៣ដំណាក់កាល ឬ៣យុគសម័យ៖ យុគសម័យនៃក្រឹត្យវិន័យនៃគ្រាដើមដំបូង យុគសម័យនៃព្រះគុណ (ដែលហៅម្យ៉ាងទៀតថា យុគ្គសម័យនៃការប្រោសលោះ) និងយុគសម័យនៃនរគព្រះនាគ្រាចុងក្រោយ។ កិច្ចការរបស់យើងនៅក្នុងយុគសម័យទាំងបីនេះ មានខ្លឹមសារខុសគ្នាអាស្រ័យទៅតាមសណ្ឋាននៃយុគសម័យនីមួយៗ ប៉ុន្តែ នៅរាល់ដំណាក់កាលនីមួយៗ កិច្ចការនេះផ្ដល់ប្រយោជន៍ដល់តម្រូវការរបស់មនុស្ស ឬបើនិយាយឲ្យចំ គឺត្រូវបានធ្វើឡើង ដោយស្របទៅនឹងល្បិចដែលសាតាំងប្រើនៅក្នុងសង្គ្រាមដែលយើងប្រយុទ្ធតតាំងជាមួយវា។ គោលបំណងនៃកិច្ចការរបស់យើង គឺដើម្បីផ្ដួលសាតាំងឲ្យបរាជ័យ ដើម្បីសម្ដែងព្រះប្រាជ្ញាញាណ និងសព្វានុភាពរបស់យើង ដើម្បីបើកកកាយល្បិចទាំងអស់របស់សាតាំង និងដើម្បីសង្គ្រោះមនុស្សលោកទាំងមូល ដែលរស់នៅក្រោមដែនគ្រប់គ្រងរបស់សាតាំង។ កិច្ចការនេះធ្វើឡើងដើម្បីបង្ហាញព្រះប្រាជ្ញាញាណ និងសព្វានុភាពរបស់យើង និងដើម្បីបង្ហាញពីសេចក្ដីអាក្រក់ដ៏លើសលុបរបស់សាតាំង ហើយលើសពីនេះទៀត គឺដើម្បីឲ្យមនុស្សមើលឃើញភាពខុសគ្នារវាងការល្អ និងការអាក្រក់ ដើម្បីឲ្យគេដឹងថា យើងជាព្រះដែលគ្រប់គ្រងលើអ្វីៗសព្វសារពើ ដើម្បីឲ្យគេមើលឃើញយ៉ាងច្បាស់ថា សាតាំងគឺជាសត្រូវរបស់មនុស្សលោក ជាវិញ្ញាណអាក្រក់ ជាមេកំណាច ហើយឲ្យមនុស្សអាចប្រាប់ពីភាពខុសគ្នាដោយភាពជាក់លាក់ក្រៃលែងរវាងការល្អ និងការអាក្រក់ សេចក្ដីពិត និងភាពក្លែងក្លាយ ភាពបរិសុទ្ធ និងភាពស្មោកគ្រោក ហើយអ្វីជាភាពអស្ចារ្យ និងអ្វីជាភាពថោកទាប។ ធ្វើបែបនេះ មនុស្សលោកដ៏ល្ងង់ខ្លៅ នឹងអាចមើលឃើញផ្ទាល់នឹងភ្នែកថា យើងមិនមែនជាអ្នកដែលធ្វើឲ្យមនុស្សលោកទៅជាខូចអាក្រក់ទេ ហើយមានតែយើងដែលជាព្រះអាទិករនេះទេ ទើបអាចសង្គ្រោះមនុស្សលោកបាន អាចប្រទានឲ្យគេនូវអ្វីដែលអាចឲ្យគេរីករាយ ហើយគេនឹងដឹងថា គឺយើងជាព្រះដែលគ្រប់គ្រងលើអ្វីៗសព្វសារពើ ចំណែកសាតាំងវិញគឺគ្រាន់តែជាវិញ្ញាណមួយដែលយើងបានបង្កើតមក តែបែរជាត្រឡប់មកប្រឆាំងនឹងយើងវិញប៉ុណ្ណោះ។ ផែនការគ្រប់គ្រងរយៈពេល៦ពាន់ឆ្នំារបស់យើង ត្រូវបានបែងចែកជា៣ដំណាក់កាល ហើយយើងធ្វើបែបនេះ ដើម្បីសម្រេចនូវប្រសិទ្ធភាព ឲ្យមនុស្សធ្វើជាស្មរបន្ទាល់របស់យើង ហើយយល់ពីបំណងព្រះហឫទ័យយើង ព្រមទាំងដឹងថា យើងជាសេចក្ដីពិត។ ដូច្នេះ ក្នុងគ្រាដំបូងនៃផែនការគ្រប់គ្រងរយៈពេល៦ពាន់ឆ្នាំរបស់យើង គឺយើងបានអនុវត្តកិច្ចការនៃក្រឹត្យវិន័យ តាមរយៈកិច្ចការនេះហើយ ដែលព្រះយេហូវ៉ាបានដឹកនាំរាស្ត្រទ្រង់ ។ ដំណាក់កាលទី២បានចាប់ផ្ដើមនៅក្នុងកិច្ចការនៃយុគសម័យនៃព្រះគុណ នៅតាមភូមិនានាក្នុងស្រុកយូដា។ ព្រះយេស៊ូវតំណាងឲ្យកិច្ចការក្នុងយុគសម័យនៃព្រះគុណ ទ្រង់បានប្រសូតជាសាច់ឈាម ត្រូវបានគេបោះភ្ជាប់នឹងឈើឆ្កាង ហើយទ្រង់ក៏បានចាប់ផ្ដើមយុគសម័យនៃព្រះគុណ។ ទ្រង់ត្រូវបានគេឆ្កាង ដើម្បីសម្រេចកិច្ចការនៃការប្រោសលោះ ដើម្បីបញ្ចប់យុគសម័យនៃក្រឹត្យវិន័យ ហើយចាប់ផ្ដើមយុគសម័យនៃព្រះគុណ ហេតុនេះ ទើបទ្រង់ត្រូវបានគេហៅថា “មេទ័ពកំពូល” “តង្វាយធួនបាប” និង “ព្រះដ៏ប្រោសលោះ”។ ជាលទ្ធផល កិច្ចការរបស់ព្រះយេស៊ូវមានខ្លឹមសារខុសពីកិច្ចការរបស់ព្រះយេហូវ៉ា បើទោះបីជាកិច្ចការទាំង២នេះមានគោលការណ៍ដូចគ្នាក៏ដោយ។ ព្រះយេហូវ៉ាបានចាប់ផ្ដើមយុគសម័យនៃក្រឹត្យវិន័យ ដោយបង្កើតឱ្យមានមូលដ្ឋានដែលជាចំណុចចាប់ផ្ដើមសម្រាប់កិច្ចការរបស់ព្រះជាម្ចាស់នៅលើផែនដី និងដាក់ចេញនូវក្រឹត្យវិន័យ និងបទបញ្ញត្តិនានា។ ទាំងក្រឹត្យវិន័យ និងបទបញ្ញត្តិនានា គឺជាបំណែកនៃកិច្ចការដែលទ្រង់បានអនុវត្ត ហើយជាតំណាងឲ្យយុគសម័យនៃក្រឹត្យវិន័យ។ កិច្ចការដែលព្រះយេស៊ូវបានធ្វើនៅក្នុងយុគសម័យនៃព្រះគុណ មិនមែនដើម្បីដាក់ចេញនូវក្រឹត្យវិន័យទេ តែដើម្បីសម្រេចក្រឹត្យវិន័យវិញ ក៏ជាការចាប់ផ្ដើមយុគសម័យនៃព្រះគុណ និងជាការបញ្ចប់យុគសម័យក្រឹត្យវិន័យដែលមានរយៈពេល២ពាន់ឆ្នាំមកហើយ។ ទ្រង់គឺជាអ្នកត្រួសត្រាយ ដែលបានយាងមកដើម្បីចាប់ផ្ដើមយុគសម័យនៃព្រះគុណ ប៉ុន្តែចំណែកដ៏សំខាន់បំផុតនៃកិច្ចការរបស់ទ្រង់ គឺជាការប្រោសលោះ។ ហេតុនេះ កិច្ចការដែលព្រះអង្គធ្វើគឺជាកិច្ចការមុខពីរ៖ គឺសម្រេចកិច្ចការនៃការប្រោសលោះ តាមរយៈការសុគតលើឈើឆ្កាងរបស់ទ្រង់ និងបើកយុគសម័យមួយថ្មី បន្ទាប់ពីទ្រង់បានចាកចេញទៅ។ ដូច្នេះ ពេលយុគសម័យនៃក្រឹត្យវិន័យបញ្ចប់ទៅ នោះយុគសម័យនៃព្រះគុណក៏ចាប់ផ្ដើមឡើង។

កិច្ចការដែលព្រះយេស៊ូវបានធ្វើ គឺស្របទៅនឹងសេចក្ដីត្រូវការរបស់មនុស្សនៅក្នុងយុគសម័យនោះ។ ភារកិច្ចរបស់ព្រះអង្គ គឺប្រោសលោះមនុស្សលោក និងអត់ទោសអំពើបាបរបស់ពួកគេ ដូច្នេះ ទើបនិស្ស័យរបស់ទ្រង់មានទាំងការបន្ទាបខ្លួន ការអត់ធ្មត់ សេចក្ដីស្រឡាញ់ ការគោរពកោតខ្លាចព្រះ ការអត់ទ្រាំ ក្ដីករុណា និងក្ដីមេត្តា។ ព្រះអង្គបាននាំមកនូវព្រះគុណ និងព្រះពរជាបរិបូរ ដល់មនុស្សលោក ហើយអ្វីៗគ្រប់យ៉ាងដែលធ្វើឲ្យមនុស្សរស់នៅយ៉ាងរីករាយ ទ្រង់បានប្រទានសេចក្តីទាំងអស់នោះដល់គេ សម្រាប់ជាអំណរសប្បាយរបស់គេ ដូចជា សេចក្ដីសុខសាន្ត និងសុភមង្គល សេចក្ដីត្រាប្រណី និងសេចក្ដីស្រឡាញ់របស់ទ្រង់ សេចក្ដីករុណា និងសេចក្ដីមេត្តារបស់ទ្រង់។ គ្រានោះ ភាពបរិបូរនៃសព្វសារពើសម្រាប់អំណរសប្បាយដែលមនុស្សធ្លាប់មាន ដូចជា អារម្មណ៍សុខសាន្ត និងសុខសុវត្ថិភាពនៅក្នុងដួងចិត្តរបស់គេ អារម្មណ៍កក់ក្ដៅនៅក្នុងវិញ្ញាណរបស់គេ និងការពឹងអាងរបស់គេលើព្រះយេស៊ូវដ៏ជាព្រះអង្គសង្គ្រោះ គឺសុទ្ធតែមានក្នុងយុគសម័យដែលគេរស់នៅ។ នៅក្នុងយុគសម័យនៃព្រះគុណ មនុស្សត្រូវបានបង្ខូចឲ្យទៅជាអាក្រក់ ដោយសារសាតាំងរួចទៅហើយ ដូច្នេះ ដើម្បីសម្រេចកិច្ចការនៃការប្រោសលោះមនុស្សលោកគ្រប់គ្នា ទាមទារនូវព្រះគុណជាបរិបូរ ការអត់ទ្រាំ និងការអត់ធ្មត់ឥតដែនកំណត់ ហើយលើសពីនេះទៀត គឺតង្វាយដ៏ស័ក្ដិសមឲ្យធួននឹងបាបមនុស្សលោក ទើបអាចយកជាការបាន។ អ្វីដែលមនុស្សលោកមើលឃើញនៅក្នុងយុគសម័យនៃព្រះគុណ គឺគ្រាន់តែជាតង្វាយរបស់យើងសម្រាប់ថ្វាយឲ្យធួននឹងបាបរបស់មនុស្សលោកប៉ុណ្ណោះ៖ ព្រះយេស៊ូវ។ គ្រប់យ៉ាងដែលគេដឹងគឺថា ព្រះជាម្ចាស់ច្បាស់មានព្រះទ័យមេត្តា និងអត់ធ្មត់ ហើយគ្រប់យ៉ាងដែលគេបានឃើញ គឺក្ដីករុណា និងក្ដីមេត្តារបស់ព្រះយេស៊ូវ។ ទាំងអស់នេះ គឺដោយសារតែពួកគេកើតមកក្នុងយុគសម័យនៃព្រះគុណ។ ដូច្នេះហើយ មុនពេលពួកគេអាចត្រូវបានប្រោសលោះ ពួកគេរីករាយនឹងព្រះគុណច្រើនយ៉ាងដែលព្រះយេស៊ូវបានប្រទានឱ្យគេ ដើម្បីឲ្យបានជាប្រយោជន៍ពីការនោះ។ តាមវិធីនេះ ពួកគេអាចត្រូវបានអត់ទោសពីអំពើបាបរបស់ខ្លួន តាមរយៈអំណររីករាយចំពោះព្រះគុណ ហើយក៏អាចមានឱកាសទទួលបាននូវការប្រោសលោះ តាមរយៈការរីករាយនឹងការអត់ទ្រាំ និងក្ដីអំណត់របស់ព្រះយេស៊ូវទៀតផង។ មានតែតាមរយៈការអត់ទ្រាំ និងក្ដីអំណត់របស់ព្រះយេស៊ូវទេ ទើបពួកគេអាចមានសិទ្ធិក្នុងការទទួលបាននូវការអត់ទោស ហើយរីករាយនឹងភាពបរិបូរនៃព្រះគុណដែលព្រះយេស៊ូវប្រទានឲ្យ។ ដូចដែលព្រះយេស៊ូវមានបន្ទូលប្រាប់ថា៖ ខ្ញុំមិនមែនមកប្រោសលោះមនុស្សសុចរិតទេ គឺមកប្រោសលោះមនុស្សបាបវិញ ដើម្បីឱ្យមនុស្សបាបអាចត្រូវបានអត់ទោសពីអំពើបាបរបស់ខ្លួន។ កាលព្រះយេស៊ូវយាងមកប្រសូតជាសាច់ឈាម ប្រសិនបើទ្រង់យាងមកទាំងយកនិស្ស័យនៃការជំនុំជម្រះ បណ្ដាសា និងព្រះទ័យគុំកួនចំពោះសេចក្ដីរំលងរបស់មនុស្សមកជាមួយ នោះមនុស្សលោកច្បាស់ជាគ្មានឱកាសទទួលបានការប្រោសលោះឡើយ ហើយគេប្រាកដជានៅជាប់បាបអស់កល្បជានិច្ចមិនខាន។ បើដូច្នេះមែន ផែនការគ្រប់គ្រងរយៈពេល៦ពាន់ឆ្នាំ ច្បាស់ជាត្រូវផ្អាកត្រឹមយុគសម័យនៃក្រឹត្យវិន័យ ហើយយុគសម័យនៃក្រឹត្យវិន័យច្បាស់ជាត្រូវអូសបន្លាយរហូតដល់ទៅ៦ពាន់ឆ្នាំ។ អំពើបាបរបស់មនុស្សច្បាស់ជាកើនឡើងកាន់តែច្រើន និងកាន់តែអាក្រក់ផង ហើយការបង្កើតមនុស្សលោកមក ក៏ប្រែជាសូន្យទទេដែរ។ ត្រឹមតែបម្រើព្រះយេហូវ៉ានៅក្រោមក្រឹត្យវិន័យ មនុស្សច្បាស់ជាអាចធ្វើបាន តែអំពើបាបរបស់គេមុខជាលើសលុបជាងមនុស្សដែលត្រូវបានបង្កើតមកតាំងពីដំបូងទៅទៀត។ កាលណាព្រះយេស៊ូវកាន់តែស្រឡាញ់មនុស្សលោក អត់ទោសបាបឲ្យគេ និងនាំគេមកក្នុងក្ដីករុណា និងក្ដីមេត្តាជាបរិបូរ នោះពួកគេក៏រឹតតែក្អេងក្អាងថានឹងបានសង្គ្រោះ ដោយសារព្រះយេស៊ូវដែរ ដើម្បីឲ្យបានហៅថាជាកូនចៀមវង្វេងដែលព្រះយេស៊ូវបានលោះមកវិញ ក្នុងតម្លៃដ៏លើសលុប។ សាតាំងមិនអាចជ្រៀតជ្រែកក្នុងកិច្ចការនេះបានទេ ដ្បិតព្រះយេស៊ូវប្រព្រឹត្តចំពោះអ្នកដែលដើរតាមទ្រង់ ដូចជាម្ដាយដែលពេញដោយក្ដីស្រឡាញ់កំពុងបីកូនតូចជាប់នឹងទ្រូង។ ទ្រង់មិនបានខឹងក្រោធ ឬមើលងាយពួកគេទេ តែទ្រង់មានពេញដោយការកម្សាន្តចិត្តវិញ។ ទ្រង់មិនដែលបញ្ចេញសេចក្ដីក្រោធចំពោះពួកគេទេ ទ្រង់មានតែទ្រាំទ្រនឹងអំពើបាបគេ ហើយបាំងព្រះនេត្រពីភាពលេលា និងភាពល្ងង់ខ្លៅរបស់គេ ដល់ថ្នាក់មានព្រះបន្ទូលថា “ចូរអត់ទោសដល់អ្នកដទៃដល់ទៅ ៧ចិតសិបដង”។ នេះហើយជាដួងចិត្តរបស់អស់អ្នកដែលត្រូវបានបំផ្លាស់បំប្រែតាមព្រះហឫទ័យទ្រង់ ហើយមានតែមនុស្សបែបនេះទេ ទើបអាចទទួលបានការអត់ទោសបាបរបស់ខ្លួន តាមរយៈការទ្រាំទ្ររបស់ទ្រង់។

ទោះបីជាព្រះយេស៊ូវពុំមានចេតនារម្មណ៍អ្វីសោះ ក្នុងរូបកាយសាច់ឈាមរបស់ទ្រង់ ក៏ទ្រង់តែងតែកម្សាន្តចិត្តសិស្សទ្រង់ ផ្គត់ផ្គង់ពួកគេ ជួយពួកគេ និងឧបត្ថម្ភពួកគេជានិច្ច។ តែទោះបីទ្រង់ធ្វើកិច្ចការច្រើនយ៉ាងណា ឬទ្រាំទ្រនឹងការលំបាកវេទនាប៉ុនណា ក៏ទ្រង់មិនដែលទាមទារអ្វីលើសលុបពីមនុស្សដែរ តែទ្រង់តែងតែមានព្រះទ័យអំណត់ និងអត់ធ្មត់ចំពោះអំពើបាបរបស់គេជានិច្ច មនុស្សក្នុងយុគសម័យនៃព្រះគុណនេះ បានហៅព្រះនាមទ្រង់ដោយសេចក្ដីស្រឡាញ់ថា “ព្រះយេស៊ូវដ៏ជាព្រះអង្គសង្គ្រោះជាទីស្រឡាញ់”។ ចំពោះមនុស្សនាសម័យនោះ ក៏ដូចជាចំពោះមនុស្សទាំងអស់ អ្វីដែលព្រះយេស៊ូវមាន ហើយជាលក្ខណៈរបស់ទ្រង់ គឺក្ដីករុណា និងក្ដីមេត្តារបស់ព្រះអង្គ។ ព្រះអង្គមិនដែលនឹកចាំពីសេចក្ដីរំលងរបស់មនុស្សឡើយ ហើយការប្រព្រឹត្តដែលទ្រង់មានចំពោះគេ ក៏មិនមែនផ្អែកលើសេចក្ដីរំលងរបស់គេដែរ។ ទ្រង់តែងតែប្រទាននូវអាហារជាច្រើនដល់មនុស្ស ដើម្បីឱ្យគេបរិភោគឆ្អែត ដ្បិតយុគសម័យនោះ គឺជាយុគសម័យមួយដោយឡែក។ ទ្រង់ប្រព្រឹត្តចំពោះអ្នកដើរតាមទ្រង់ ដោយព្រះគុណ ទាំងប្រោសជំងឺ បណ្ដេញវិញ្ញាណអាក្រក់ ហើយប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញផង។ ដើម្បីឲ្យមនុស្សជឿដល់ទ្រង់ និងមើលឃើញថា កិច្ចការដែលទ្រង់បានធ្វើ គឺសុទ្ធតែធ្វើឡើងដោយភាពស្មោះត្រង់ អស់ពីចិត្តនោះ ទ្រង់ថែមទាំងបានប្រោសសាកសពស្អុយរលួយ ឲ្យរស់ឡើងវិញផង ដើម្បីស្ដែងឲ្យគេឃើញថា នៅក្នុងព្រះហស្តទ្រង់ សូម្បីតែមនុស្សស្លាប់ក៏អាចរស់ឡើងវិញបានដែរ។ ព្រះអង្គបានទ្រាំទ្រ និងបានអនុវត្តកិច្ចការប្រោសលោះយ៉ាងស្ងៀមស្ងាត់នៅក្នុងចំណោមពួកគេ តាមវិធីនេះហើយ។ ព្រះយេស៊ូវបានយកអំពើបាបរបស់មនុស្សលោក មកដាក់លើព្រះកាយទ្រង់ និងបានក្លាយជាតង្វាយលោះបាបសម្រាប់មនុស្សលោក ទាំងមុនពេលដែលទ្រង់ត្រូវគេដំភ្ជាប់ទៅនឹងឈើឆ្កាងទៅទៀត។ ទ្រង់បានបើកផ្លូវទៅឈើឆ្កាង ដើម្បីសង្គ្រោះមនុស្សលោក តាំងពីមុនពេលដែលទ្រង់ត្រូវគេឆ្កាងផង។ ទីបំផុត ទ្រង់ក៏ត្រូវគេដំភ្ជាប់នឹងឈើឆ្កាង ទាំងថ្វាយអង្គទ្រង់ដោយយល់ដល់ឈើឆ្កាងនោះ ហើយប្រទានក្ដីករុណា ក្ដីមេត្តា និងភាពបរិសុទ្ធទាំងអស់របស់ទ្រង់ទៅដល់មនុស្សលោក។ ចំពោះមនុស្សលោក គឺព្រះអង្គតែងតែត្រាប្រណី មិនដែលចងគំនុំ អត់ទោសបាបគេ ទូន្មានគេឲ្យប្រែចិត្ត ហើយបង្រៀនគេឲ្យចេះអត់ធ្មត់ ស៊ូទ្រាំ និងចេះស្រឡាញ់ ដើម្បីឲ្យគេដើរតាមលំអានបាទារបស់ទ្រង់ ហើយថ្វាយខ្លួនគេ ដោយយល់ដល់ឈើឆ្កាង។ សេចក្ដីស្រឡាញ់របស់ទ្រង់ចំពោះបងប្អូនប្រុសស្រី គឺលើសលុបជាងសេចក្ដីស្រឡាញ់ដែលទ្រង់មានចំពោះនាងម៉ារីទៅទៀត។ កិច្ចការដែលទ្រង់បានយកធ្វើជាគោលការណ៍ដ៏សំខាន់ដូចជា ប្រោសជំងឺ និងបណ្ដេញវិញ្ញាណអាក្រក់ នោះគឺសុទ្ធតែដើម្បីការប្រោសលោះរបស់ទ្រង់។ មិនថាទ្រង់យាងទៅកន្លែងណា ក៏ទ្រង់នៅតែប្រព្រឹត្តចំពោះមនុស្សទាំងអស់ដែលដើរតាមទ្រង់ ដោយព្រះគុណដែរ។ ទ្រង់ធ្វើឲ្យអ្នកក្រក្លាយជាមាន ធ្វើឲ្យមនុស្សខ្វិនអាចដើរបាន ធ្វើឲ្យមនុស្សខ្វាក់អាចមើលឃើញ និងធ្វើឲ្យមនុស្សថ្លង់អាចស្ដាប់ឮ។ ទ្រង់ថែមទាំងបានហៅមនុស្សតូចទាបបំផុត មនុស្សទុរគត មនុស្សមានបាប ឲ្យមកអង្គុយនៅរួមតុជាមួយនឹងទ្រង់ ព្រះអង្គមិនដែលគេចពីពួកគេឡើយ តែទ្រង់អត់ធ្មត់ជានិច្ចវិញ ថែមទាំងមានបន្ទូលថា៖ កាលណាអ្នកគង្វាលបាត់ចៀម១ក្បាល នោះគាត់នឹងទុកចៀម៩៩ក្បាលទៀតចោល ដើម្បីតាមរកចៀម១ដែលបាត់នោះ ហើយពេលដែលគាត់រកវាឃើញ គាត់នឹងអរសប្បាយយ៉ាងក្រៃលែង។ ព្រះអង្គស្រឡាញ់អ្នកដើរតាមទ្រង់ ដូចជា ចៀមញីស្រឡាញ់កូនរបស់វា។ ថ្វីបើពួកគេលេលា ហើយល្ងង់ខ្លៅ ព្រមទាំងជាមនុស្សមានបាបនៅចំពោះព្រះនេត្រទ្រង់ ហើយជាងនេះទៅទៀត គេជាសមាជិកដ៏តូចទាបបំផុតនៅក្នុងសង្គម ក៏ទ្រង់នៅតែរាប់មនុស្សមានបាប ដែលអ្នកដទៃមើលងាយនេះ ថាជាដួងកែវព្រះនេត្រទ្រង់ដែរ។ ដោយសារទ្រង់សព្វព្រះទ័យនឹងពួកគេ បានជាទ្រង់លះបង់ព្រះជន្មទ្រង់មកធ្វើជាកូនចៀមដែលត្រូវថ្វាយនៅលើអាសនា ដើម្បីពួកគេ។ ក្នុងចំណោមពួកគេ ទ្រង់ប្រព្រឹត្តខ្លួនដូចជាអ្នកបម្រើរបស់គេ ទាំងបណ្ដោយឲ្យគេប្រើទ្រង់ ហើយធ្វើគុតទ្រង់ ដោយចុះចូលចំពោះពួកគេឥតលក្ខខណ្ឌ។ នៅចំពោះអ្នកដើរតាមទ្រង់ ព្រះអង្គគឺជាព្រះយេស៊ូវដ៏ជាព្រះអង្គសង្គ្រោះជាទីស្រឡាញ់ ប៉ុន្តែចំពោះពួកផារីស៊ីដែលបង្រៀនមនុស្សពីលើវេទិកាវិញ គឺទ្រង់មិនបង្ហាញក្ដីករុណា និងក្ដីមេត្តាដល់គេឡើយ មានតែបង្ហាញពីការស្អប់ខ្ពើម និងការមិនពេញព្រះទ័យវិញ។ ទ្រង់មិនបានធ្វើកិច្ចការអ្វីច្រើនក្នុងចំណោមពួកផារីស៊ីទេ មានតែបង្រៀន និងស្ដីបន្ទោសពួកគេម្ដងម្កាល ទ្រង់ក៏មិនធ្វើកិច្ចការនៃការប្រោសលោះ ហើយក៏មិនធ្វើទីសម្គាល់ និងការអស្ចារ្យនៅក្នុងចំណោមពួកគេដែរ។ ព្រះអង្គបានប្រទានក្ដីករុណា និងក្ដីមេត្តាទាំងអស់របស់ទ្រង់ដល់អ្នកដែលដើរតាមទ្រង់ ទាំងទ្រាំទ្រដោយយល់ដល់មនុស្សមានបាបទាំងអស់នេះ រហូតដល់ទីបំផុត គឺនៅពេលដែលទ្រង់ត្រូវគេដំភ្ជាប់ទៅនឹងឈើឆ្កាង ហើយរងគ្រប់ទាំងការប្រមាថ រហូតដល់ទ្រង់បានប្រោសលោះមនុស្សលោកទាំងអស់ជាបរិបូរ។ នេះហើយគឺជាសរុបសេចក្ដីនៃកិច្ចការរបស់ព្រះអង្គ។

បើគ្មានការប្រោសលោះរបស់ព្រះយេស៊ូវទេ មនុស្សលោក ច្បាស់ជានៅរស់ក្នុងអំពើបាប ហើយក្លាយជាពូជពង្សនៃអំពើបាប ជាតំណវង្សរបស់វិញ្ញាណអាក្រក់អស់កល្បជានិច្ច។ បើនៅតែបន្តបែបនេះ ពិភពលោកទាំងមូលនឹងក្លាយជាទឹកដីដែលសាតាំងបោះទីលំនៅមិនខាន។ យ៉ាងណាមិញ កិច្ចការនៃការប្រោសលោះទាមទារនូវការបង្ហាញក្ដីករុណា និងក្ដីមេត្តាចំពោះមនុស្សលោក គឺមានតែតាមរយៈមធ្យោបាយនេះទេ ទើបមនុស្សលោកអាចទទួលបានការអត់ទោស ហើយចុងក្រោយក៏មានសិទ្ធិទទួលនូវការកែប្រែឲ្យបានបរិបូរ ហើយត្រូវបានទទួលយកពីព្រះជាម្ចាស់ យ៉ាងពេញទំហឹង។ ប្រសិនបើគ្មានកិច្ចការក្នុងដំណាក់កាលនេះទេ ផែនការគ្រប់គ្រងរយៈពេល៦ពាន់ឆ្នាំ មុខជាមិនអាចវិវឌ្ឍទៅមុខបានឡើយ។ ប្រសិនបើព្រះយេស៊ូវពុំត្រូវបានគេឆ្កាង ប្រសិនបើទ្រង់គ្រាន់តែប្រោសជំងឺ និងបណ្ដេញវិញ្ញាណអាក្រក់ ម្ល៉េះមនុស្សច្បាស់ជាមិនអាចទទួលបានការអត់ទោសពីអំពើបាបរបស់គេទាំងស្រុងបានទេ។ ក្នុងរយៈពេល៣ឆ្នាំកន្លះដែលព្រះយេស៊ូវបានចំណាយក្នុងការបំពេញកិច្ចការរបស់ទ្រង់នៅលើផែនដី ទ្រង់បានសម្រេចកិច្ចការនៃការប្រោសលោះរបស់ទ្រង់ បានតែពាក់កណ្ដាលទេ បន្ទាប់មក ទ្រង់ក៏សម្រេចកិច្ចការនៃការជាប់ឆ្កាង និងបានធ្វើជាម្ចាស់វាសនាមនុស្សលោក ដោយឲ្យគេដំភ្ជាប់នឹងឈើឆ្កាង ហើយក្លាយជាភាពដូចគ្នានៃសាច់ឈាមដែលមានបាប និងតាមរយៈការប្រគល់អង្គទ្រង់ទៅឲ្យមេកំណាច។ ពេលទ្រង់ត្រូវបានប្រោសឲ្យរួចពីដៃរបស់សាតាំង ទើបទ្រង់បានប្រោសលោះមនុស្សលោកឲ្យរួចបាន។ សម្រាប់រយៈពេល៣៣ឆ្នាំកន្លះដែលទ្រង់បានរងទុក្ខនៅលើផែនដី ដោយត្រូវគេចំអក ត្រូវគេមួលបង្កាច់ ហើយត្រូវគេបោះបង់ រហូតរកកន្លែងកើយក្បាលដើម្បីនឹងសម្រាកគ្មាន ក្រោយមកទៀតក៏ត្រូវគេឆ្កាង ដំភ្ជាប់នឹងឈើឆ្កាងទៀត ក៏រូបកាយទ្រង់ទាំងមូលនៅតែបរិសុទ្ធគ្មានទោសដែរ។ ទ្រង់បានទ្រាំទ្រគ្រប់ទាំង ទុក្ខលំបាក។ ពួកអ្នកមានអំណាចចំអកដាក់ទ្រង់ ហើយវាយទ្រង់នឹងរំពាត់ ចំណែកឯពួកទាហានវិញ ទះកំផ្លៀងទ្រង់ ប៉ុន្តែទ្រង់នៅតែមិនស្ដី ហើយទ្រាំទ្ររហូតដល់ទីបញ្ចប់ ដោយចុះចូលឥតលក្ខខណ្ឌលុះដល់ទីមរណា ជាទីដែលទ្រង់បានប្រោសលោះមនុស្សលោកទាំងអស់។ ទាល់តែដល់ពេលនេះ ទើបទ្រង់ត្រូវបានអនុញ្ញាតឲ្យសម្រាក។ កិច្ចការដែលព្រះយេស៊ូវបានធ្វើ តំណាងត្រឹមតែយុគសម័យនៃព្រះគុណប៉ុណ្ណោះ កិច្ចការនេះមិនតំណាងឲ្យយុគសម័យនៃក្រឹត្យវិន័យឡើយ ក៏មិនមែនជាកិច្ចការសម្រាប់ជំនួសកិច្ចការនៃគ្រាចុងក្រោយដែរ។ នេះហើយជាខ្លឹមសារនៃកិច្ចការរបស់ព្រះយេស៊ូវ នៅក្នុងយុគសម័យនៃព្រះគុណ ជាយុគសម័យទី២ដែលមនុស្សបានឆ្លងកាត់ ជាយុគសម័យនៃការប្រោសលោះ។

ខាង​ដើម៖ កិច្ចការនៅក្នុងសម័យក្រឹត្យវិន័យ

បន្ទាប់៖ ព្រះបន្ទូលសម្រាប់យុវជននិងមនុស្សចាស់

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។
សូមទាក់ទងមកកាន់យើងខ្ញុំ
សូមទាក់ទងមកកាន់យើងខ្ញុំ តាមរយៈMessenger

ខ្លឹមសារ​ពាក់ព័ន្ធ

យកចិត្តទុកដាក់បន្ថែមលើតថភាព

មនុស្សគ្រប់រូបអាចក្លាយជាមនុស្សគ្រប់លក្ខណ៍ដោយសារព្រះជាម្ចាស់ ដូច្នេះហើយ គ្រប់គ្នាគួរតែយល់ថា ការបម្រើព្រះបែបណាសមស្របបំផុតនឹងព្រះហឫទ័យទ្រង់។...

តើអ្នកជឿគួរប្រកាន់យកទស្សនៈអ្វី

តើមនុស្សលោកបានទទួលអ្វីចាប់តាំងពីពួកគេចាប់ផ្តើមជឿដំបូងលើព្រះជាម្ចាស់? តើអ្នកបានដឹងអ្វីខ្លះពីព្រះជាម្ចាស់? ដោយសារជំនឿរបស់អ្នកលើព្រះជាម្ចាស់...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ