កិច្ចការនៅក្នុងយុគសម័យនៃក្រឹត្យវិន័យ

កិច្ចការដែលព្រះយេហូវ៉ាបានធ្វើមកលើជនជាតិអ៊ីស្រាអែល បានបង្កើតឱ្យមានកន្លែងកំណើតរបស់ព្រះជាម្ចាស់នៅលើផែនដី ជាកន្លែងពិសិដ្ឋដែលព្រះអង្គគង់នៅក្នុងចំណោមមនុស្សជាតិ។ ទ្រង់បានកំណត់កិច្ចការរបស់ទ្រង់ សម្រាប់តែជនជាតិអ៊ីស្រាអែលប៉ុណ្ណោះ។ ដំបូង ព្រះអង្គមិនបានធ្វើកិច្ចការនៅខាងក្រៅស្រុកអ៊ីស្រាអែលទេ តែផ្ទុយទៅវិញ ព្រះអង្គបានរើសតាំងមនុស្សដែលព្រះអង្គព្រះតម្រិះឃើញថាស័ក្តិសម ដើម្បីកំណត់ទំហំនៃកិច្ចការរបស់ទ្រង់។ ស្រុកអ៊ីស្រាអែលជាកន្លែងដែលព្រះជាម្ចាស់បានបង្កើតអ័ដាម និងអេវ៉ា ហើយព្រះយេហូវ៉ាបានសូនមនុស្សចេញពីធូលីដីនៃស្រុកនោះឯង។ កន្លែងនោះបានក្លាយជាមូលដ្ឋាននៃកិច្ចការរបស់ទ្រង់នៅលើផែនដី។ ជនជាតិអ៊ីស្រាអែល ដែលជាពូជពង្សរបស់ណូអេផង និងជាពូជពង្សរបស់អ័ដាមផងនោះ បានក្លាយជាគ្រឹះមនុស្សសម្រាប់កិច្ចការរបស់ព្រះយេហូវ៉ានៅលើផែនដី។

ពេលនោះ សារៈសំខាន់ គោលបំណង និងជំហាននៃកិច្ចការរបស់ព្រះយេហូវ៉ាក្នុងស្រុកអ៊ីស្រាអែល គឺដើម្បីចាប់ផ្ដើមកិច្ចការរបស់ទ្រង់នៅលើផែនដីទាំងមូល ដោយយកស្រុកអ៊ីស្រាអែលធ្វើជាចំណុចកណ្ដាល បន្ទាប់មក ផ្សាយទៅដល់ជាតិសាសន៍ដទៃបន្តិចម្ដងៗ។ នេះគឺជាគោលការណ៍ស្របទៅតាមកិច្ចការដែលទ្រង់ធ្វើនៅក្នុងចក្រវាឡទាំងមូល ដើម្បីបង្កើតជាគំរូមួយ ហើយបន្ទាប់មក ក៏ពង្រីកវារហូតទាល់តែមនុស្សទាំងអស់នៅក្នុងចក្រវាឡនេះ បានទទួលដំណឹងល្អរបស់ព្រះអង្គគ្រប់គ្នា។ ជនជាតិអ៊ីស្រាអែលដំបូងគេបង្អស់ គឺជាពូជពង្សរបស់ណូអេ។ ខ្យល់ដង្ហើមរបស់ព្រះយេហូវ៉ាបានប្រទានជីវិត និងការយល់ដឹងល្មមគ្រប់គ្រាន់ដល់មនុស្សទាំងនេះ ដើម្បីចាត់ចែងវត្ថុចាំបាច់សម្រាប់ទ្រទ្រង់ជីវិត ប៉ុន្តែពួកគេមិនស្គាល់ពីលក្ខណៈរបស់ព្រះយេហូវ៉ាដ៏ជាព្រះ ឬដឹងបំណងព្រះហឫទ័យរបស់ទ្រង់ចំពោះមនុស្សទេ ហើយពួកគេរឹតតែមិនដឹងថាត្រូវគោរពព្រះអម្ចាស់ដែលបង្កើតរបស់សព្វសារពើនោះដោយរបៀបណាទេ។ ដូចនេះ ទោះបីជាមានច្បាប់និងក្រឹត្យវិន័យ ដែលត្រូវស្ដាប់បង្គាប់តាម[ក] ឬទោះបីជាមានកិច្ចការដែលភាវៈដែលព្រះបានបង្កើតមក ត្រូវតែធ្វើដើម្បីព្រះអាទិករក៏ដោយ ក៏ពូជពង្សរបស់អ័ដាមនេះ មិនបានដឹងដែរ។ អ្វីគ្រប់យ៉ាងដែលពួកគេបានដឹងគឺ ប្ដីត្រូវតែនឿយហត់ធ្វើការដើម្បីទំនុកបម្រុងគ្រួសារ ហើយភរិយាត្រូវស្ដាប់តាមប្ដី និងរក្សាពូជមនុស្សដែលព្រះយេហូវ៉ាបានបង្កើតមក ឱ្យបានគង់វង្ស។ និយាយមួយបែបទៀតគឺថា មនុស្សដែលមានតែខ្យល់ដង្ហើមរបស់ព្រះយេហូវ៉ានិងជីវិតរបស់ទ្រង់ មិនបានដឹងអំពីរបៀបប្រណិប័តន៍តាមក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ ឬដឹងពីរបៀបបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះអម្ចាស់ដែលបង្កើតរបស់សព្វសារពើឡើយ។ ពួកគេមានការយល់ដឹងតិចតួចខ្លាំងណាស់។ ដូច្នេះ ទោះបីជាក្នុងចិត្តពួកគេ គ្មានសេចក្ដីវៀចវេរ ឬការបញ្ឆោត គ្មានចិត្តច្រណែន ហើយក្នុងចំណោមពួកគេ កម្រនឹងមានការឈ្លោះប្រកែកក៏ដោយ ក៏ពួកគេគ្មានចំណេះដឹងឬការយល់ដឹងអំពីព្រះយេហូវ៉ាដ៏ជាព្រះអម្ចាស់ដែលបង្កើតរបស់សព្វសារពើដែរ។ ឰយុកោរបស់មនុស្ស ដឹងត្រឹមតែបរិភោគ និងអរសប្បាយនឹងរបស់ដែលព្រះយេហូវ៉ាប្រទានឱ្យគេប៉ុណ្ណោះ ប៉ុន្តែពួកគេមិនបានដឹងថាត្រូវគោរពព្រះយេហូវ៉ាដោយបែបណាទេ។ ពួកគេមិនបានដឹងថា ព្រះយេហូវ៉ាជាព្រះដែលពួកគេត្រូវលុតជង្គង់ថ្វាយបង្គំឡើយ។ ដូច្នេះ តើឱ្យទ្រង់ហៅពួកគេថាជាមនុស្សដែលទ្រង់បង្កើតមកដូចម្ដេចបាន? បើដូច្នេះមែន តើពាក្យ «ព្រះយេហូវ៉ាដ៏ជាព្រះអម្ចាស់ដែលបង្កើតរបស់សព្វសារពើ» និងពាក្យ «ព្រះអង្គបង្កើតមនុស្សមក ដើម្បីឱ្យមនុស្សបង្ហាញពីទ្រង់ថ្វាយសិរីល្អដល់ទ្រង់ និងតំណាងទ្រង់» មិនក្លាយទៅជាសម្ដីឥតប្រយោជន៍ទៅហើយទេ? តើមនុស្សដែលគ្មានការគោរពព្រះយេហូវ៉ា អាចក្លាយជាស្មរបន្ទាល់អំពីសិរីល្អរបស់ទ្រង់បានដោយរបៀបណា? តើពួកគេធ្វើជាអ្នកបង្ហាញពីសិរីល្អរបស់ទ្រង់បានដោយរបៀបណា? ដូច្នេះ តើព្រះបន្ទូលរបស់ព្រះយេហូវ៉ាដែលថា «ខ្ញុំបង្កើតមនុស្សឱ្យដូចរូបអង្គរបស់ខ្ញុំ» មិនក្លាយទៅជាអាវុធនៅក្នុងដៃរបស់សាតាំងដ៏ជាមេកំណាចទៅហើយទេ? ដូច្នេះ តើពាក្យទាំងនេះនឹងមិនក្លាយជាសញ្ញានៃការប្រមាថដល់ការបង្កើតមនុស្សរបស់ព្រះយេហូវ៉ាទៅហើយទេ? ដើម្បីបញ្ចប់ដំណាក់កាលនៃកិច្ចការនោះ បន្ទាប់ពីបានបង្កើតមនុស្សជាតិរួចមក ព្រះយេហូវ៉ាមិនបានណែនាំ ឬដឹកនាំពួកគេទេ ចាប់តាំងតែពីជំនាន់អ័ដាមរហូតដល់ជំនាន់ណូអេ។ ផ្ទុយទៅវិញ លុះដល់ក្រោយសម័យទឹកជំនន់បំផ្លាញពិភពលោករួច ទើបព្រះអង្គចាប់ផ្ដើមដឹកនាំជនជាតិអ៊ីស្រាអែលជាពូជពង្សរបស់ណូអេនិងអ័ដាមជាផ្លូវការ។ កិច្ចការ និងព្រះសូរសៀងរបស់ទ្រង់ក្នុងស្រុកអ៊ីស្រាអែល បានដឹកនាំសាសន៍អ៊ីស្រាអែលទាំងអស់ ពេលពួកគេរស់នៅលើដែនដីនៃស្រុកអ៊ីស្រាអែលទាំងមូល ដោយបង្ហាញដល់មនុស្សជាតិថា ព្រះយេហូវ៉ាមិនត្រឹមតែអាចផ្លុំខ្យល់ដង្ហើមចូលទៅក្នុងខ្លួនមនុស្ស ដើម្បីឱ្យគេមានជីវិតរបស់ទ្រង់ និងប្រែពីធូលីដីទៅជាមនុស្សដែលទ្រង់បង្កើតមកប៉ុណ្ណោះទេ តែទ្រង់ក៏អាចបំផ្លាញមនុស្ស និងដាក់បណ្ដាសាគេ ព្រមទាំងអាចប្រើព្រនង់របស់ទ្រង់ ដើម្បីគ្រប់គ្រងមនុស្សបានផងដែរ។ ដូច្នេះ ពួកគេក៏បានឃើញផងដែរថា ព្រះយេហូវ៉ាអាចដឹកនាំជីវិតរបស់មនុស្សនៅលើផែនដីបាន និងអាចថ្លែងព្រះបន្ទូល ព្រមទាំងធ្វើការនៅក្នុងចំណោមមនុស្សជាតិបាន ទៅតាមម៉ោងពេលក្នុងវេលាថ្ងៃនិងយប់ផងដែរ។ កិច្ចការដែលព្រះអង្គបានធ្វើ គឺគ្រាន់តែដើម្បីឱ្យមនុស្សដែលទ្រង់បានបង្កើតមកនោះ ដឹងថាមនុស្សកើតចេញពីធូលីដីដែលទ្រង់បានរើសមក ហើយជាងនេះទៅទៀត គឺទ្រង់ជាអ្នកបង្កើតមនុស្សឡើងមក។ ទ្រង់មិនត្រឹមតែបង្កើតមនុស្សប៉ុណ្ណេះទេ តែដំបូងទ្រង់ក៏បានបំពេញកិច្ចការរបស់ទ្រង់នៅក្នុងស្រុកអ៊ីស្រាអែល ដើម្បីឱ្យមនុស្ស និងជាតិសាសន៍ដទៃទៀត (ដែលតាមពិតមិនមែននៅដាច់ពីស្រុកអ៊ីស្រាអែលទេ តែជាជាតិសាសន៍ដែលមានអម្បូរចេញពីជនជាតិអ៊ីស្រាអែល ដែលនៅតែជាពូជពង្សរបស់អ័ដាម និងអេវ៉ាដដែល) អាចទទួលដំណឹងល្អរបស់ព្រះយេហូវ៉ាពីស្រុកអ៊ីស្រាអែលបាន ដើម្បីឱ្យភាវៈដែលព្រះបានបង្កើតមកនៅក្នុងចក្រវាឡទាំងមូល អាចគោរពព្រះយេហូវ៉ាបាន និងលើកតម្កើងទ្រង់ជាព្រះដ៏ឧត្ដម។ ប្រសិនបើព្រះយេហូវ៉ាមិនបានចាប់ផ្ដើមកិច្ចការរបស់ទ្រង់នៅស្រុកអ៊ីស្រាអែលទេ តែបន្ទាប់ពីបានបង្កើតមនុស្សរួចហើយ ទ្រង់បែរជាអនុញ្ញាតឱ្យពួកគេរស់នៅក្នុងជីវិតដែលឥតព្រួយភ័យអ្វីសោះនៅលើផែនដីនេះ ហើយដោយសារធម្មជាតិខាងសាច់ឈាមរបស់មនុស្សផង (ធម្មជាតិមានន័យថា មនុស្សមិនអាចដឹងពីអ្វីៗដែលគេមើលមិនឃើញឡើយ ពោលគឺ គេមិនដឹងទេថា ព្រះយេហូវ៉ាជាអ្នកបង្កើតមនុស្សជាតិមក ហើយគេរឹតតែមិនអាចដឹងថា ហេតុអ្វីបានជាទ្រង់បង្កើតមនុស្សមក) ដូច្នេះហើយ គេនឹងមិនដែលដឹងថា ព្រះយេហូវ៉ាជាអ្នកបង្កើតមនុស្សជាតិ ឬដឹងថា ព្រះអង្គជាព្រះអម្ចាស់ដែលបង្កើតរបស់សព្វសារពើឡើយ។ ប្រសិនបើព្រះយេហូវ៉ាបានបង្កើតមនុស្សមក ហើយដាក់គេនៅលើផែនដី រួចក៏រលាស់ធូលីដីចេញពីព្រះហស្តទ្រង់ ហើយចាកចេញទៅដោយមិនបន្តគង់នៅក្នុងចំណោមមនុស្សជាតិ ដើម្បីដឹកនាំពួកគេមួយរយៈទេ នោះមនុស្សជាតិទាំងអស់មុខជាត្រឡប់ទៅជាឥតប្រយោជន៍។ សូម្បីផ្ទៃមេឃ និងផែនដី ព្រមទាំងរបស់ជាច្រើនដែលទ្រង់បានបង្កើតមក រួមទាំងមនុស្សទាំងអស់ផង ក៏នឹងត្រឡប់ទៅជាឥតប្រយោជន៍ដែរ ហើយលើសពីនេះទៀត សាតាំងមុខជាជាន់ឈ្លីមិនខាន។ ដោយបែបនេះហើយ ទើបបំណងប្រាថ្នារបស់ព្រះយេហូវ៉ាដែលចង់ឱ្យមាន «កន្លែងមួយសម្រាប់ទ្រង់តាំងព្រះវត្តមាន ជាកន្លែងដ៏បរិសុទ្ធនៅលើផែនដី នៅកណ្ដាលចំណោមមនុស្សជាតិដែលទ្រង់បានបង្កើតមក» ត្រូវរលាយអស់។ ហេតុដូច្នេះហើយ បន្ទាប់ពីទ្រង់បង្កើតមនុស្សជាតិមក ទ្រង់បន្តគង់នៅកណ្ដាលចំណោមមនុស្ស ដើម្បីដឹកនាំជីវិតរបស់ពួកគេ និងថ្លែងព្រះបន្ទូលទៅកាន់ពួកគេពីកណ្ដាលចំណោមពួកគេ។ គ្រប់កិច្ចការទាំងអស់នេះ គឺដើម្បីសម្រេចបំណងប្រាថ្នារបស់ទ្រង់ និងដើម្បីសម្រេចផែនការរបស់ព្រះអង្គ។ កិច្ចការដែលទ្រង់បានធ្វើនៅស្រុកអ៊ីស្រាអែល គឺគ្រាន់តែដើម្បីអនុវត្តផែនការដែលទ្រង់បានគ្រោងទុក មុនពេលដែលទ្រង់បង្កើតរបស់សព្វសារពើប៉ុណ្ណោះ ដូច្នេះហើយ កិច្ចការដំបូងដែលទ្រង់បានធ្វើនៅក្នុងចំណោមជនជាតិអ៊ីស្រាអែល និងរបស់សព្វសារពើដែលទ្រង់បានបង្កើតមក គ្មានអ្វីប្រទូស្តប្រទាំងនឹងគ្នាទេ ប៉ុន្តែកិច្ចការទាំងពីរនេះ ធ្វើឡើងដើម្បីជាប្រយោជន៍ដល់ការគ្រប់គ្រងនិងកិច្ចការរបស់ទ្រង់ និងដើម្បីជាសិរីល្អដល់ទ្រង់ ព្រមទាំងធ្វើឡើងដើម្បីឱ្យការដែលទ្រង់បង្កើតមនុស្សជាតិមកនេះ កាន់តែមានអត្ថន័យជ្រាលជ្រៅបន្ថែមទៀត។ បន្ទាប់ពីសម័យណូអេមក ទ្រង់បានដឹកនាំជីវិតរបស់មនុស្សនៅលើផែនដីអស់រយៈពេលពីរពាន់ឆ្នាំហើយ ដែលក្នុងអំឡុងពេលនេះ ទ្រង់បានបង្រៀនមនុស្សជាតិឱ្យដឹងពីរបៀបគោរពព្រះយេហូវ៉ាដ៏ជាព្រះអម្ចាស់ដែលបង្កើតរបស់សព្វសារពើ បង្រៀនគេឱ្យដឹងពីវិធីប្រព្រឹត្តខ្លួននៅក្នុងជីវិតរបស់ពួកគេ និងរបៀបរស់នៅបន្ត ហើយអ្វីដែលសំខាន់បំផុតនោះគឺ វិធីធ្វើខ្លួនជាស្មរបន្ទាល់ថ្វាយព្រះយេហូវ៉ា ស្ដាប់បង្គាប់ទ្រង់ និងថ្វាយការគោរពចំពោះទ្រង់ ហើយសរសើរតម្កើងទ្រង់ដោយតូរ្យតន្ត្រី ដូចស្ដេចដាវីឌ និងពួកសង្ឃរបស់ទ្រង់ធ្លាប់ធ្វើដែរ។

នៅមុនរយៈពេលពីរពាន់ឆ្នាំ ជាពេលដែលព្រះយេហូវ៉ាបំពេញកិច្ចការរបស់ទ្រង់នោះ មនុស្សមិនបានដឹងអ្វីសោះឡើយ ហើយមនុស្សស្ទើរតែទាំងអស់ បានធ្លាក់ទៅក្នុងអំពើខូចសីលធម៌ ហើយមកដល់មុនពេលដែលពិភពលោកត្រូវបំផ្លាញដោយទឹកជំនន់ ពួកគេបានឈានដល់កម្រិតនៃភាពគ្មានសីលធម៌ធ្ងន់ធ្ងរ និងមានសេចក្ដីពុករលួយដល់ឆ្អឹង ដែលធ្វើឱ្យដួងចិត្តរបស់ពួកគេ គ្មានព្រះយេហូវ៉ាទាល់តែសោះ ហើយពួកគេក៏មិនចង់ដើរតាមផ្លូវរបស់ទ្រង់ដែរ។ ពួកគេមិនដែលដឹងអំពីកិច្ចការដែលព្រះយេហូវ៉ាបម្រុងនឹងធ្វើឡើយ។ ពួកគេខ្វះហេតុផល ហើយចំណេះដឹងក៏មានកាន់តែតិច ប្រៀបដូចជាគ្រឿងម៉ាស៊ីនដែលដកដង្ហើមចោលដូច្នេះដែរ ហើយពួកគេល្ងង់ខ្លៅបំផុតមិនយល់អ្វីទាំងអស់អំពីមនុស្ស ព្រះជាម្ចាស់ លោកិយ ជីវិត និងអ្វីៗផ្សេងទៀតឡើយ។ នៅលើផែនដី ពួកគេចូលរួមក្នុងសេចក្ដីល្បួងជាច្រើន ដូចជាសត្វពស់ដែរ ហើយពោលពាក្យជាច្រើនដែលប្រមាថដល់ព្រះយេហូវ៉ា ប៉ុន្តែដោយសារពួកគេល្ងង់ខ្លៅ ទើបព្រះយេហូវ៉ាពុំបានវាយផ្ចាល ឬប្រៀនប្រដៅពួកគេ។ ក្រោយគ្រោះទឹកជំនន់ចប់ហើយ នៅពេលដែលណូអេមានអាយុ ៦០១ ឆ្នាំ ទើបព្រះយេហូវ៉ាលេចមកឱ្យណូអេឃើញជាផ្លូវការ ហើយដឹកនាំគាត់និងគ្រួសារគាត់ ដោយដឹកនាំបក្សាបក្សី ព្រមទាំងសត្វនានាដែលបានរួចជីវិតពីទឹកជំនន់ជាមួយណូអេ និងកូនចៅរបស់គាត់ផង រហូតដល់ចុងបញ្ចប់នៃយុគសម័យនៃក្រឹត្យវិន័យ ដែលមានរយៈពេលសរុប ២ ៥០០ ឆ្នាំ។ ទ្រង់បានបំពេញកិច្ចការនៅក្នុងស្រុកអ៊ីស្រាអែលជាផ្លូវការដោយប្រើរយៈពេលសរុប ២ ០០០ ឆ្នាំ ហើយក៏បានបំពេញកិច្ចការទាំងក្នុងនិងក្រៅស្រុកអ៊ីស្រាអែលអស់ពេល ៥០០ ឆ្នាំទៀត សរុបទាំងអស់គឺ ២ ៥០០ ឆ្នាំ។ ក្នុងអំឡុងពេលនេះ ទ្រង់បានណែនាំដល់ជនជាតិអ៊ីស្រាអែលថា ដើម្បីបម្រើព្រះយេហូវ៉ា ពួកគេត្រូវសង់ព្រះវិហារ គ្រងសម្លៀកបំពាក់សង្ឃ និងដើរជើងទទេចូលទៅក្នុងព្រះវិហារនៅពេលព្រលឹមស្រាងៗ ក្រែងលោស្បែកជើងរបស់ពួកគេធ្វើឱ្យព្រះវិហារកខ្វក់ ក្រែងលោមានភ្លើងទម្លាក់លើពួកគេពីកំពូលនៃព្រះវិហារ ដុតពួកគេរហូតដល់ស្លាប់។ ពួកគេក៏បានបំពេញភារកិច្ចរបស់ខ្លួន និងចុះចូលចំពោះផែនការរបស់ព្រះយេហូវ៉ា។ ពួកគេអធិស្ឋានទៅព្រះយេហូវ៉ានៅក្នុងព្រះវិហារ ហើយបន្ទាប់ពីទទួលបានការបើកសម្ដែងពីព្រះយេហូវ៉ារួចហើយ ពោលគឺបន្ទាប់ពីព្រះយេហូវ៉ាបានមានព្រះបន្ទូលរួច ពួកគេក៏ដឹកនាំបណ្តាជន និងបង្រៀនអ្នកទាំងនោះឱ្យបង្ហាញការគោរពចំពោះព្រះយេហូវ៉ាដ៏ជាព្រះរបស់ពួកគេ។ ព្រះយេហូវ៉ាក៏មានបន្ទូលប្រាប់ពួកគេថា ពួកគេត្រូវសង់ព្រះវិហារនិងអាសនា ហើយដល់ពេលដែលព្រះយេហូវ៉ាបានកំណត់ ពោលគឺក្នុងអំឡុងពេលនៃបុណ្យរំលង ពួកគេត្រូវរៀបចំកូនគោនិងកូនចៀមដែលទើបនឹងកើត រួចយកមកដាក់នៅលើអាសនានោះ ទុកជាយញ្ញបូជាថ្វាយដល់ព្រះយេហូវ៉ា ក៏ដូចជាដើម្បីរឹតត្បិតពួកគេ និងឱ្យពួកគេមានការគោរពព្រះយេហូវ៉ានៅក្នុងចិត្តរបស់ពួកគេ។ មិនថាពួកគេគោរពតាមក្រឹត្យវិន័យនេះឬអត់នោះទេ ក៏ក្រឹត្យវិន័យនេះបានក្លាយជារង្វាស់នៃភាពស្មោះត្រង់របស់ពួកគេចំពោះព្រះយេហូវ៉ាដែរ។ ព្រះយេហូវ៉ាក៏បានតាំងឱ្យមានថ្ងៃឈប់សម្រាកសម្រាប់ពួកគេ ដែលជាថ្ងៃទី ៧ នៃការបង្កើតរបស់សព្វសារពើរបស់ទ្រង់។ មួយថ្ងៃបន្ទាប់ពីថ្ងៃឈប់សម្រាកនោះ ព្រះអង្គបានបង្កើតជាថ្ងៃទី ១ សម្រាប់ឱ្យពួកគេសរសើរតម្កើងដល់ព្រះយេហូវ៉ា ថ្វាយយញ្ញបូជា និងលេងតន្ត្រីថ្វាយទ្រង់។ នៅថ្ងៃនេះដែរ ព្រះយេហូវ៉ាបានហៅពួកសង្ឃទាំងអស់ មកបែងចែកយញ្ញបូជានៅលើអាសនាសម្រាប់ឱ្យបណ្តាជនបានបរិភោគ ដើម្បីឱ្យពួកគេអាចទទួលបានយញ្ញបូជានៅលើអាសនារបស់ព្រះយេហូវ៉ា។ ហើយព្រះយេហូវ៉ាក៏មានព្រះបន្ទូលថា ពួកគេមានពរហើយ ថាពួកគេបានបែងចែកចំណែកនោះជាមួយព្រះអង្គដែរ ហើយថាពួកគេជារាស្រ្តរើសតាំងរបស់ទ្រង់ (នេះគឺជាការតាំងសញ្ញារបស់ព្រះយេហូវ៉ាជាមួយជនជាតិអ៊ីស្រាអែល)។ ហេតុនេះហើយបានជារហូតមកដល់សព្វថ្ងៃនេះ ប្រជាជនអ៊ីស្រាអែលនៅតែនិយាយថា ព្រះយេហូវ៉ាគឺជាព្រះរបស់ពួកគេតែមួយគត់ មិនមែនជាព្រះរបស់សាសន៍ដទៃឡើយ។

ក្នុងអំឡុងយុគសម័យនៃក្រឹត្យវិន័យ ព្រះយេហូវ៉ាបានកំណត់បញ្ញត្តិជាច្រើនដល់ម៉ូសេ ដើម្បីឱ្យគាត់បន្តប្រាប់ពីបញ្ញត្តិទាំងអស់នោះទៅជនជាតិអ៊ីស្រាអែល ដែលបានដើរតាមគាត់ចេញពីស្រុកអេស៊ីព្ទមក។ បញ្ញត្តិទាំងនេះ ត្រូវព្រះយេហូវ៉ាប្រទានមកជនជាតិអ៊ីស្រាអែល ហើយគ្មានអ្វីទាក់ទងនឹងជនជាតិអេស៊ីព្ទឡើយ។ បញ្ញត្តិទាំងនេះ គឺដើម្បីរឹតត្បិតចំពោះជនជាតិអ៊ីស្រាអែល ហើយទ្រង់ប្រើបញ្ញត្តិទាំងនេះ ដើម្បីឱ្យពួកគេស្ដាប់បង្គាប់ទ្រង់។ មិនថាពួកគេប្រតិបត្តតាមថ្ងៃឈប់សម្រាកឬអត់ មិនថាពួកគេគោរពឪពុកម្ដាយរបស់ពួកគេឬអត់ មិនថាពួកគេថ្វាយបង្គំរូបព្រះឬអត់ ។ល។ និង ។ល។ ក៏បញ្ញត្តិទាំងនេះ នៅតែជាគោលការណ៍សម្រាប់វិនិច្ឆ័យថាពួកគេជាអ្នកមានបាប ឬជាមនុស្សសុចរិតដដែល។ នៅក្នុងចំណោមពួកគេ មានអ្នកខ្លះត្រូវព្រះយេហូវ៉ាប្រហារដោយភ្លើង អ្នកខ្លះត្រូវគប់សម្លាប់នឹងដុំថ្ម ហើយអ្នកខ្លះទៀត ទទួលបានព្រះពរពីព្រះយេហូវ៉ា ដែលលទ្ធផលទាំងនេះ ស្ថិតលើថាតើពួកគេគោរព ឬមិនគោរពតាមបញ្ញត្តិទាំងនេះ។ អ្នកណាដែលមិនប្រតិបត្តតាមថ្ងៃឈប់សម្រាក ត្រូវគប់សម្លាប់នឹងដុំថ្ម។ ពួកសង្ឃដែលមិនប្រតិបត្តតាមថ្ងៃឈប់សម្រាក ត្រូវប្រហារដោយភ្លើងរបស់ព្រះយេហូវ៉ា។ អ្នកណាដែលមិនគោរពឪពុកម្ដាយខ្លួន ក៏ត្រូវគប់សម្លាប់នឹងដុំថ្មដែរ។ បញ្ញត្តិទាំងប៉ុន្មាននេះ សុទ្ធតែត្រូវព្រះយេហូវ៉ាបង្កើតមកទាំងអស់។ ព្រះយេហូវ៉ាបង្កើតបញ្ញត្តិ និងក្រឹត្យវិន័យ ដើម្បីឱ្យពេលដែលទ្រង់ដឹកនាំជីវិតរបស់មនុស្ស ពួកគេនឹងព្រមស្ដាប់ ហើយស្ដាប់បង្គាប់ព្រះបន្ទូលរបស់ទ្រង់ មិនបះបោរទាស់នឹងទ្រង់។ ទ្រង់ប្រើក្រឹត្យវិន័យទាំងនេះ ដើម្បីគ្រប់គ្រងពូជមនុស្សដែលទើបកើតថ្មី ដើម្បីក្រាលគ្រឹះដែលល្អជាងមុនសម្រាប់កិច្ចការរបស់ទ្រង់នាពេលអនាគត។ ដូច្នេះហើយ ផ្អែកលើកិច្ចការដែលព្រះយេហូវ៉ាបានបំពេញ យុគសម័យដំបូងគេនេះ ត្រូវហៅថា «យុគសម័យនៃក្រឹត្យវិន័យ»។ ទោះបីជាព្រះយេហូវ៉ាបានថ្លែងព្រះសូរសៀង និងបានធ្វើកិច្ចការជាច្រើនក៏ដោយ ក៏ទ្រង់គ្រាន់តែដឹកនាំមនុស្សតាមបែបវិជ្ជមាន ដោយបង្រៀនមនុស្សល្ងង់ខ្លៅទាំងអស់នេះឱ្យដឹងពីរបៀបធ្វើជាមនុស្ស ដឹងពីរបៀបរស់នៅ និងដឹងពីរបៀបយល់ដឹងពីផ្លូវរបស់ព្រះយេហូវ៉ាតែប៉ុណ្ណោះ។ កិច្ចការភាគច្រើនដែលព្រះអង្គបានបំពេញ គឺដើម្បីឱ្យមនុស្សប្រណិប័តន៍តាមផ្លូវរបស់ទ្រង់ និងគោរពតាមក្រឹត្យវិន័យរបស់ព្រះអង្គ។ កិច្ចការទ្រង់ ត្រូវធ្វើឡើងនៅលើមនុស្សពុករលួយតិចតួច មិនដល់ថ្នាក់ផ្លាស់ប្រែនិស្ស័យពួកគេ ឬផ្លាស់ប្រែការរីកចម្រើនក្នុងជីវិតរបស់ពួកគេឡើយ។ ទ្រង់គ្រាន់តែយកព្រះទ័យទុកដាក់លើការប្រើប្រាស់ក្រឹត្យវិន័យ ដើម្បីរឹតត្បិតនិងគ្រប់គ្រងមនុស្សប៉ុណ្ណោះ។ ចំពោះជនជាតិអ៊ីស្រាអែលនាសម័យនោះ ព្រះយេហូវ៉ាគ្រាន់តែជាព្រះជាម្ចាស់ដែលគង់នៅក្នុងព្រះវិហារ ជាព្រះជាម្ចាស់ដែលគង់នៅស្ថានសួគ៌ប៉ុណ្ណោះ។ ទ្រង់ជាបង្គោលពពក និងជាបង្គោលភ្លើង។ អ្វីៗគ្រប់យ៉ាងដែលព្រះយេហូវ៉ាតម្រូវឱ្យពួកគេធ្វើ គឺការស្ដាប់បង្គាប់ ដែលមនុស្សសព្វថ្ងៃនេះហៅថា ក្រឹត្យវិន័យនិងបញ្ញត្តិនេះឯង ហើយអ្នកខ្លះថែមទាំងហៅថាច្បាប់ទៀតផង ព្រោះអ្វីដែលព្រះយេហូវ៉ាបានធ្វើ គឺមិនមែនដើម្បីផ្លាស់ប្រែពួកគេទេ តែដើម្បីប្រទានដល់ពួកគេបន្ថែមទៀតនូវអ្វីដែលមនុស្សគួរតែមាន និងដើម្បីណែនាំពួកគេដោយព្រះឱស្ឋរបស់ទ្រង់ផ្ទាល់ ដ្បិតក្រោយពីព្រះអង្គបានបង្កើតមនុស្សមក ពួកគេគ្មានអ្វីដែលពួកគេគួរមាននោះទេ។ ដូច្នេះហើយ ព្រះយេហូវ៉ាបានប្រទានរបស់ដែលមនុស្សគួរមានសម្រាប់ជីវិតពួកគេនៅលើផែនដី ដោយធ្វើឱ្យមនុស្សដែលទ្រង់បានដឹកនាំនោះ មានអ្វីៗលើសពីឰយុកោរបស់ពួកគេ គឺអ័ដាម និងអេវ៉ាទៀត ដ្បិតអ្វីដែលព្រះយេហូវ៉ាបានប្រទានដល់ពួកគេ លើសពីអ្វីដែលព្រះអង្គបានប្រទានដល់អ័ដាមនិងអេវ៉ា កាលពីដើមដំបូងទៅទៀត។ យ៉ាងណាក្ដី កិច្ចការដែលព្រះយេហូវ៉ាបានធ្វើនៅក្នុងស្រុកអ៊ីស្រាអែល គឺគ្រាន់តែដើម្បីដឹកនាំមនុស្សជាតិ និងឱ្យមនុស្សជាតិស្គាល់ព្រះអាទិកររបស់ពួកគេប៉ុណ្ណោះ។ ព្រះអង្គមិនបានយកឈ្នះលើពួកគេ ឬផ្លាស់ប្រែពួកគេទេ តែព្រះអង្គគ្រាន់តែដឹកនាំពួកគេប៉ុណ្ណោះ។ នេះជាសេចក្ដីសង្ខេបអំពីកិច្ចការរបស់ព្រះយេហូវ៉ានៅក្នុងយុគសម័យនៃក្រឹត្យវិន័យ ជាសាវតារប្រវត្តិ ជារឿងពិត និងជាសារជាតិនៃកិច្ចការរបស់ទ្រង់នៅក្នុងទឹកដីអ៊ីស្រាអែលទាំងមូល ហើយក៏ជាការចាប់ផ្ដើមកិច្ចការរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ទ្រង់ ដើម្បីគ្រប់គ្រងមនុស្សនៅក្នុងព្រះហស្តរបស់ព្រះយេហូវ៉ាផងដែរ។ ក្រៅពីកិច្ចការទាំងនេះ ក៏មានកិច្ចការដទៃទៀតជាច្រើន ដែលបានកើតចេញពីផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំនេះផងដែរ។

លេខយោង៖

(ក) អត្ថបទដើមមិនមានឃ្លា «ដែលត្រូវស្ដាប់បង្គាប់តាម»។

ខាង​ដើម៖ អ្នករាល់គ្នាសុទ្ធតែមានចរិតអន់ខ្សោយណាស់!

បន្ទាប់៖ រឿងពិតពីក្រោយកិច្ចការនាយុគសម័យនៃការប្រោសលោះ

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ