ព្រះបន្ទូលសម្រាប់យុវជន និងមនុស្សចាស់
ខ្ញុំបានបំពេញការងារជាច្រើននៅលើផែនដី ហើយខ្ញុំបានដើរក្នុងចំណោមមនុស្សជាតិជាច្រើនឆ្នាំមកហើយ ប៉ុន្តែមនុស្សកម្រមានចំណេះដឹងអំពីរូបអង្គរបស់ខ្ញុំ និងនិស្ស័យរបស់ខ្ញុំណាស់ ហើយមានមនុស្សតិចណាស់ដែលអាចពន្យល់បានល្អិតល្អន់ពីកិច្ចការដែលខ្ញុំធ្វើ។ មានអ្វីៗជាច្រើនដែលមនុស្សខ្វះខាត ជានិច្ចកាល ពួកគេតែងតែខ្វះខាតការយល់ដឹងអំពីអ្វីដែលខ្ញុំធ្វើ ហើយជានិច្ចកាល ដួងចិត្តរបស់ពួកគេ តែងតែប្រុងប្រយ័ត្ន ដូចជាពួកគេខ្លាចក្រែងយ៉ាងខ្លាំងថា ខ្ញុំនឹងដាក់ពួកគេនៅក្នុងស្ថានភាពផ្សេងទៀត ហើយបន្ទាប់មក មិនយកចិត្តទុកដាក់ លែងអើពើចំពោះពួកគេទៀត។ ដូច្នេះ អាកប្បកិរិយារបស់មនុស្សចំពោះខ្ញុំ តែងតែមិនសូវមានភាពកក់ក្តៅ រួមជាមួយការប្រុងប្រយ័ត្នខ្ពស់។ នេះក៏ព្រោះតែមនុស្សបានមកដល់បច្ចុប្បន្នកាល ដោយមិនយល់អំពីកិច្ចការដែលខ្ញុំធ្វើ ហើយជាពិសេស ពួកគេទ័លគំនិតនឹងព្រះបន្ទូល ដែលខ្ញុំថ្លែងទៅកាន់ពួកគេ។ ពួកគេកាន់យកព្រះបន្ទូលរបស់ខ្ញុំនៅក្នុងដៃ ដោយមិនដឹងថា តើពួកគេគួរតែប្តេជ្ញាចិត្តចំពោះជំនឿឥតងាករេលើព្រះបន្ទូលទាំងនោះឬទេ ឬថាតើពួកគេគួរជ្រើសរើសយកភាពអល់អែក និងបំភ្លេចព្រះបន្ទូលទាំងនោះដែរឬអត់។ ពួកគេមិនដឹងថា តើពួកគេគួរយកព្រះបន្ទូលទាំងនោះទៅអនុវត្តឬអត់ ឬក៏រង់ចាំមើលថា តើពួកគេគួរតែបោះចោលអ្វីគ្រប់យ៉ាង ហើយគោរពតាមព្រះបន្ទូលទាំងនោះដោយក្លាហាន ឬបន្តរក្សាមិត្តភាពចំពោះពិភពលោក ដូចមុនដែរឬអត់ឡើយ។ ពិភពខាងក្នុងរបស់មនុស្ស គឺស្មុគស្មាញណាស់ ហើយពិភពទាំងនេះមានល្បិចកលច្រើន។ ដោយសារមនុស្សមិនអាចយល់ព្រះបន្ទូលរបស់ខ្ញុំបានច្បាស់ ឬបានពេញលេញ ពួកគេភាគច្រើនពិបាករកពេលអនុវត្តព្រះបន្ទូលទាំងនោះ ហើយពួកគេពិបាកដាក់ចិត្តរបស់ខ្លួននៅចំពោះព្រះភ័ក្រ្ដរបស់ខ្ញុំ។ ខ្ញុំយល់ច្បាស់ពីការលំបាករបស់អ្នករាល់គ្នា។ ភាពខ្សោយជាច្រើនមិនអាចជៀសវាងបានទេ នៅពេលដែលអ្នករាល់គ្នារស់នៅក្នុងសាច់ឈាម ហើយកត្តាសត្យានុម័តជាច្រើន បង្កើតការលំបាកដល់អ្នករាល់គ្នា។ អ្នករាល់គ្នាចិញ្ចឹមក្រុមគ្រួសាររបស់អ្នក ចំណាយពេលប្រឹងប្រែងធ្វើការរាល់ថ្ងៃ ហើយខែ និងឆ្នាំកន្លងផុតទៅទាំងលំបាកវេទនា។ មានការលំបាកជាច្រើនក្នុងការរស់នៅក្នុងសាច់ឈាម ខ្ញុំមិនបដិសេធរឿងនេះទេ ហើយជាការពិត សេចក្ដីតម្រូវរបស់ខ្ញុំសម្រាប់អ្នករាល់គ្នា គឺស្របតាមការលំបាករបស់អ្នករាល់គ្នា។ ការតម្រូវក្នុងកិច្ចការដែលខ្ញុំធ្វើ គឺផ្អែកលើគោលជំហរជាក់ស្តែងរបស់អ្នករាល់គ្នា។ ប្រហែលជាក្នុងអតីតកាល សេចក្ដីតម្រូវដែលមនុស្សបានធ្វើសម្រាប់អ្នករាល់គ្នានៅក្នុងការងាររបស់ពួកគេ បានលាយឡំជាមួយធាតុផ្សំនៃភាពហួសប្រមាណ ប៉ុន្តែអ្នករាល់គ្នាគួរតែដឹងថា ខ្ញុំមិនដែលមានសេចក្ដីតម្រូវសម្រាប់អ្នករាល់គ្នាច្រើនហួសលើសពីអ្វីដែលខ្ញុំមានបន្ទូល និងធ្វើនោះទេ។ សេចក្ដីតម្រូវទាំងអស់ គឺផ្អែកលើធម្មជាតិ សាច់ឈាមរបស់មនុស្ស និងអ្វីដែលពួកគេត្រូវការ។ អ្នករាល់គ្នាគួរតែដឹង ហើយខ្ញុំអាចមានបន្ទូលប្រាប់អ្នករាល់គ្នាយ៉ាងច្បាស់ថា ខ្ញុំមិនជំទាស់នឹងរបៀបនៃការគិតប្រកបដោយហេតុផលមួយចំនួនដែលមនុស្សមានឡើយ ហើយខ្ញុំមិនប្រឆាំងនឹងធម្មជាតិពីកំណើតរបស់មនុស្សជាតិទេ។ នេះក៏ដោយសារតែមនុស្សមិនយល់ពីបទដ្ឋានដែលខ្ញុំបានកំណត់ ថាជាអ្វីពិតប្រាកដ ហើយពួកគេក៏មិនយល់ពីអត្ថន័យដើមនៃព្រះបន្ទូលរបស់ខ្ញុំដែរ មនុស្សនៅតែអល់អែកចំពោះព្រះបន្ទូលរបស់ខ្ញុំរហូតដល់សព្វថ្ងៃ ហើយមនុស្សមិនដល់ពាក់កណ្តាលផងដែលជឿលើព្រះបន្ទូលរបស់ខ្ញុំ។ មនុស្សក្រៅពីនេះ គឺជាអ្នកមិនជឿ ហើយមនុស្សរឹតតែច្រើនជាងនេះ គឺជាអ្នកដែលចង់ស្តាប់ខ្ញុំ «និទានរឿង»។ លើសពីនេះទៀត មានមនុស្សជាច្រើនដែលសប្បាយនឹងទិដ្ឋភាពនេះ។ ខ្ញុំដាស់តឿនអ្នករាល់គ្នាថា៖ ព្រះបន្ទូលរបស់ខ្ញុំជាច្រើន បានបើកចំហដល់អស់អ្នកដែលជឿលើខ្ញុំរួចហើយ ហើយអស់អ្នកដែលរីករាយនឹងទេសភាពដ៏ស្រស់បំព្រងនៃនគរព្រះ តែត្រូវបានគេចាក់សោរបិទឱ្យនៅក្រៅខ្លោងទ្វារ ត្រូវបានខ្ញុំផាត់ចោលអស់ហើយ។ តើអ្នករាល់គ្នាមិនត្រូវបានកម្ទេច ស្អប់ខ្ពើម និងបដិសេធដោយខ្ញុំទេឬ? តើអ្នកអាចមើលខ្ញុំចាកចេញ ហើយរីករាយស្វាគមន៍ចំពោះការវិលត្រឡប់របស់ខ្ញុំយ៉ាងដូចម្ដេចកើត? ខ្ញុំប្រាប់អ្នករាល់គ្នាថា បន្ទាប់ពីអ្នកស្រុកនីនីវេបានឮព្រះបន្ទូលពិរោធរបស់ព្រះយេហូវ៉ា ភ្លាមៗនោះពួកគេបានប្រែចិត្តដោយស្លៀកសំពត់ធ្មៃ ហើយអង្គុយនៅក្នុងផេះ។ នេះក៏ដោយសារតែពួកគេជឿលើព្រះបន្ទូលរបស់ទ្រង់ ទើបពួកគេភ័យភិត និងកោតខ្លាចជាពន់ពេក ដូច្នេះហើយបានជាពួកគេបានប្រែចិត្តដោយស្លៀកសំពត់ធ្មៃ ហើយអង្គុយនៅក្នុងផេះ។ ចំណែកមនុស្សសព្វថ្ងៃ ទោះបីជាអ្នកជឿលើព្រះបន្ទូលរបស់ខ្ញុំ និងលើសពីនេះទៅទៀត អ្នកជឿថា ព្រះយេហូវ៉ាបានយាងត្រឡប់មករកអ្នករាល់គ្នាជាថ្មីម្ដងទៀតនៅថ្ងៃនេះក៏ដោយ ក៏អាកប្បកិរិយារបស់អ្នករាល់គ្នា មិនមានអ្វីក្រៅពីការមិនគោរពនោះឡើយ ហាក់ដូចជាអ្នកទើបតែសង្កេតឃើញព្រះយេស៊ូវ ដែលបានប្រសូតនៅស្រុកយូដារាប់ពាន់ឆ្នាំកន្លងទៅ ហើយពេលនេះ បានយាងចុះមកក្នុងកណ្តាលចំណោមអ្នករាល់គ្នាដូច្នោះដែរ។ ខ្ញុំយល់យ៉ាងច្បាស់អំពីការបោកបញ្ឆោតដែលមាននៅក្នុងដួងចិត្តរបស់អ្នករាល់គ្នា។ ភាគច្រើននៃអ្នករាល់គ្នាដើរតាមខ្ញុំ ដោយសារតែការចង់ដឹងចង់ឮ ហើយបានមករកខ្ញុំចេញពីភាពទទេសូន្យ។ នៅពេលដែលបំណងប្រាថ្នាទីបីរបស់អ្នករាល់គ្នា ត្រូវបានបំផ្លាញជាបំណងប្រាថ្នារបស់អ្នកដែលចង់បានជីវិតមានសន្តិភាព និងសុភមង្គលពេលនោះ ការចង់ដឹងចង់ឮរបស់អ្នករាល់គ្នាក៏រលាយបាត់ទៅដែរ។ ការបោកបញ្ឆោតដែលមាននៅក្នុងដួងចិត្តរបស់អ្នកម្នាក់ៗ ត្រូវបានបង្ហាញតាមរយៈពាក្យសម្ដី និងការប្រព្រឹត្ដរបស់អ្នករាល់គ្នា។ និយាយឱ្យចំ អ្នករាល់គ្នាគ្រាន់តែចង់ដឹងចង់ឮអំពីខ្ញុំប៉ុណ្ណោះ ប៉ុន្តែអ្នករាល់គ្នាមិនមែនខ្លាចក្រែងខ្ញុំទេ។ អ្នករាល់គ្នាមិនប្រយ័ត្នប្រយែងអណ្តាតរបស់ខ្លួនទេ ហើយអ្នករាល់គ្នាថែមទាំងមានការសង្រួមដ៏តិចតួចបំផុតនៅក្នុងឥរិយាបថរបស់ខ្លួន។ អ៊ីចឹង តើអ្នករាល់គ្នាមានសេចក្ដីជំនឿប្រភេទណាឱ្យពិតប្រាកដ? តើវាជាសេចក្ដីជំនឿដ៏បរិសុទ្ធឬទេ? អ្នករាល់គ្នាគ្រាន់តែប្រើព្រះបន្ទូលរបស់ខ្ញុំ ដើម្បីបំបាត់កង្វល់ និងកាត់បន្ថយភាពធុញទ្រាន់របស់អ្នក ដើម្បីបំពេញសុញ្ញភាពដែលនៅសេសសល់ក្នុងជីវិតរបស់អ្នករាល់គ្នាប៉ុណ្ណោះ។ ក្នុងចំណោមអ្នករាល់គ្នា តើនរណាបានអនុវត្តព្រះបន្ទូលរបស់ខ្ញុំ? តើអ្នកណាមានសេចក្ដីជំនឿដ៏បរិសុទ្ធ? អ្នករាល់គ្នានៅតែស្រែកថា ព្រះជាម្ចាស់ជាព្រះដែលទតមើលឃើញជ្រៅធ្លុះដល់បេះដូងរបស់មនុស្ស ប៉ុន្តែ តើព្រះដែលអ្នកស្រែកដង្ហោយរកក្នុងដួងចិត្តរបស់អ្នករាល់គ្នា អាចត្រូវគ្នាជាមួយខ្ញុំដោយរបៀបណា? ដោយព្រោះអ្នករាល់គ្នាកំពុងស្រែកបែបនេះ ចុះហេតុអ្វីបានជាអ្នករាល់គ្នាបែរជាធ្វើបែបនោះទៅវិញ? តើវាអាចទេថា នេះជាសេចក្ដីស្រឡាញ់ដែលអ្នករាល់គ្នាចង់សងមកខ្ញុំវិញនោះ? ពុំមានពាក្យថា ការលះបង់សូម្បីតែបន្ដិចនៅលើបបូរមាត់របស់អ្នករាល់គ្នា ប៉ុន្តែតើពលីកម្មរបស់អ្នករាល់គ្នា និងអំពើល្អរបស់អ្នករាល់គ្នានៅឯណា? ប្រសិនបើពាក្យសម្ដីរបស់អ្នករាល់គ្នា មិនឮដល់ព្រះកាណ៌របស់ខ្ញុំទេ តើឱ្យខ្ញុំស្អប់អ្នករាល់គ្នាយ៉ាងខ្លាំងដូចម្ដេចកើត? ប្រសិនបើអ្នករាល់គ្នាជឿលើខ្ញុំយ៉ាងពិតប្រាកដមែន តើអ្នកនឹងធ្លាក់ក្នុងសភាពលំបាកវេទនាបែបនេះដូចម្តេចកើត? អ្នកមានទឹកមុខក្រៀមក្រំ អស់សង្ឃឹម ហាក់ដូចជាអ្នកកំពុងឈរទៅមុខទីកាត់សេចក្ដីក្នុងស្ថានឃុំព្រលឹងអ៊ីចឹង។ អ្នកគ្មានភាពស្វាហាប់សូម្បីតែបន្តិច ហើយអ្នកនិយាយខ្សាវៗចេញពីសំឡេងខាងក្នុងខ្លួនឯង។ អ្នកជាមនុស្សដែលពោរពេញដោយការត្អូញត្អែរ និងបណ្តាសា។ អ្នករាល់គ្នាបានបាត់បង់សេចក្ដីជំនឿលើអ្វីដែលខ្ញុំធ្វើជាយូរមកហើយ ហើយសូម្បីតែសេចក្ដីជំនឿដើមរបស់អ្នករាល់គ្នា ក៏បានវិនាសហិនហោចដែរ ដូច្នេះតើអ្នកអាចដើរតាមរហូតដល់ទីបញ្ចប់បានដោយរបៀបណា? ដោយសារវាក្លាយជាបែបនេះទៅហើយ តើឱ្យខ្ញុំជួយសង្គ្រោះអ្នករាល់គ្នាដូចម្តេចបាន?
ទោះបីជាកិច្ចការរបស់ខ្ញុំ មានប្រយោជន៍សម្រាប់អ្នករាល់គ្នាក៏ដោយ ក៏ព្រះបន្ទូលរបស់ខ្ញុំ តែងតែបាត់បង់លើអ្នករាល់គ្នាជានិច្ច និងមិនមាននៅក្នុងខ្លួនអ្នករាល់គ្នាឡើយ។ វាជាការពិបាក ក្នុងការរកវត្ថុដែលខ្ញុំបានធ្វើឱ្យបរិសុទ្ធឥតខ្ចោះ ហើយសព្វថ្ងៃនេះ ខ្ញុំស្ទើរតែបាត់បង់ក្តីសង្ឃឹមលើអ្នករាល់គ្នាទៅហើយ។ ខ្ញុំបានស្វែងរកក្នុងចំណោមអ្នករាល់គ្នាជាច្រើនឆ្នាំមកហើយ ប៉ុន្តែខ្ញុំពិបាករកមនុស្សដែលខ្ញុំអាចទុកចិត្តបានណាស់។ ខ្ញុំមានអារម្មណ៍ហាក់ដូចជាគ្មានទំនុកចិត្តនឹងបន្តធ្វើការនៅក្នុងអ្នករាល់គ្នាតទៅទៀតទេហើយក៏អស់សេចក្តីស្រឡាញ់ដែលត្រូវបន្តស្រឡាញ់អ្នករាល់គ្នាទៀតដែរ។ នេះក៏ដោយសារតែខ្ញុំខ្ពើមរអើមចំពោះ «សមិទ្ធផល» របស់អ្នករាល់គ្នា ជាសមិទ្ធិផលដែលល្អិតល្អោច និងគ្រាន់តែធ្វើឱ្យរំភើបចិត្ត។ វាហាក់ដូចជា ខ្ញុំមិនដែលបានមានបន្ទូលក្នុងចំណោមអ្នករាល់គ្នា និងមិនដែលធ្វើការសម្រាប់អ្នករាល់គ្នាសោះ។ សមិទ្ធផលរបស់អ្នករាល់គ្នា គួរឱ្យខ្ពើមរអើមខ្លាំងណាស់។ អ្នករាល់គ្នាតែងតែនាំមកនូវក្ដីវិនាស និងក្ដីអាម៉ាស់ដាក់លើខ្លួន ហើយអ្នករាល់គ្នាស្ទើរតែគ្មានតម្លៃ។ ខ្ញុំស្ទើរតែរកមិនឃើញលក្ខណៈជាមនុស្សនៅក្នុងខ្លួនអ្នករាល់គ្នា ហើយខ្ញុំក៏មិនធំក្លិនដានរបស់មនុស្សដែរ។ តើក្លិនក្រអូបថ្មីៗរបស់អ្នករាល់គ្នានៅឯណា? តើតម្លៃដែលអ្នករាល់គ្នាបានបង់ជាច្រើនឆ្នាំមកនេះនៅទីណា ហើយតើលទ្ធផលនៅឯណា? តើអ្នករាល់គ្នាមិនដែលរកឃើញលទ្ធផលទេឬអី? ការងាររបស់ខ្ញុំនៅពេលនេះ មានការចាប់ផ្តើមថ្មីហើយ។ ខ្ញុំនឹងអនុវត្តផែនការធំ ហើយខ្ញុំចង់សម្រេចកិច្ចការកាន់តែធំធេង តែអ្នករាល់គ្នានៅតែត្រាំក្នុងភក់ជ្រាំដូចកាលពីមុន ដោយរស់នៅត្រាំត្រែងក្នុងទឹកកខ្វក់នៃអតីតកាល ហើយជាក់ស្ដែង បានបរាជ័យក្នុងការរំដោះខ្លួនពីភាពលំបាកវេទនាពីមុនរបស់អ្នក។ ដូច្នេះ អ្នករាល់គ្នានៅតែមិនទាន់បានទទួលផលអ្វីមួយពីព្រះបន្ទូលរបស់ខ្ញុំនៅឡើយ។ អ្នករាល់គ្នានៅតែមិនបានរំដោះខ្លួនពីទីកន្លែងដើមនៃភក់ជ្រាំ និងទឹកកខ្វក់របស់អ្នករាល់គ្នា ហើយអ្នករាល់គ្នាគ្រាន់តែស្គាល់ព្រះបន្ទូលរបស់ខ្ញុំប៉ុណ្ណោះ ប៉ុន្តែតាមពិត អ្នករាល់គ្នាមិនបានចូលទៅក្នុងពិភពសេរីភាពនៃព្រះបន្ទូលរបស់ខ្ញុំទេ ដូច្នេះ ព្រះបន្ទូលរបស់ខ្ញុំ មិនដែលបើកទ្វារទទួលអ្នករាល់គ្នាឡើយ ព្រះបន្ទូលរបស់ខ្ញុំ ប្រៀបដូចជាក្បួនព្យាករណ៍មួយច្បាប់ដែលបានបិទឃ្លុំជិតរាប់ពាន់ឆ្នាំមកហើយ។ ខ្ញុំលេចមកឱ្យអ្នករាល់គ្នាឃើញនៅក្នុងជីវិតរបស់អ្នករាល់គ្នា ប៉ុន្តែអ្នករាល់គ្នាមិនដែលដឹងនោះទេ។ អ្នករាល់គ្នាថែមទាំងមិនស្គាល់ខ្ញុំផង។ ជិតពាក់កណ្តាលនៃព្រះបន្ទូលដែលខ្ញុំថ្លែង គឺសុទ្ធតែស្ថិតនៅក្នុងការជំនុំជម្រះអ្នករាល់គ្នា ហើយព្រះបន្ទូលទាំងនោះសម្រេចបានលទ្ធផលដែលគួរទទួលបានត្រឹមតែពាក់កណ្ដាលប៉ុណ្ណោះ នោះគឺដើម្បីបណ្ដុះភាពភ័យខ្លាចពន់ប្រមាណនៅក្នុងខ្លួនអ្នករាល់គ្នា។ ផលពាក់កណ្តាលទៀត គឺជាព្រះបន្ទូលដែលត្រូវបង្រៀនអ្នករាល់គ្នាអំពីជីវិត និងរបៀបដឹកនាំខ្លួន។ ទោះជាយ៉ាងនេះក្ដី វាហាក់ដូចជា ចំពោះអ្នករាល់គ្នា ព្រះបន្ទូលទាំងនេះមិនកើតមាន ឬដូចជាអ្នករាល់គ្នា កំពុងស្តាប់ពាក្យសម្ដីរបស់កូនក្មេង ជាពាក្យសម្ដីដែលអ្នករាល់គ្នាតែងតែញញឹមដោយលាក់កំណួច តែមិនដែលអនុវត្តតាម។ អ្នករាល់គ្នាមិនដែលខ្វល់ខ្វាយអំពីពាក្យទាំងនេះទេ។ ជានិច្ចកាល អ្នករាល់គ្នាសង្កេតមើលសកម្មភាពរបស់ខ្ញុំ ជាចម្បង ក្នុងនាមចង់ដឹងចង់ឮតែប៉ុណ្ណោះ ដែលជាលទ្ធផលគឺឥលូវនេះ អ្នករាល់គ្នាបានធ្លាក់ទៅក្នុងភាពងងឹត និងមិនអាចមើលឃើញពន្លឺបានឡើយ ដូច្នេះអ្នករាល់គ្នាយំសោកគួរឱ្យអាណិតនៅក្នុងភាពងងឹត។ អ្វីដែលខ្ញុំចង់បាន គឺការស្តាប់បង្គាប់ពីអ្នករាល់គ្នា ការស្ដាប់បង្គាប់ដែលគ្មានលក្ខខណ្ឌពីអ្នករាល់គ្នា ហើយលើសពីនេះទៀត ខ្ញុំតម្រូវឱ្យអ្នករាល់គ្នាមានភាពប្រាកដប្រជាឱ្យពេញលេញអំពីអ្វីគ្រប់យ៉ាងដែលខ្ញុំមានបន្ទូល។ អ្នកមិនគប្បីប្រកាន់អាកប្បកិរិយាធ្វេសប្រហែស និងជាពិសេស អ្នកមិនគប្បីប្រព្រឹត្ដចំពោះអ្វីដែលខ្ញុំមានបន្ទូលតាមជម្រើសឡើយ ហើយអ្នកក៏មិនគួរព្រងើយកន្តើយចំពោះព្រះបន្ទូល និងកិច្ចការរបស់ខ្ញុំ ដូចជាកិច្ចការរបស់អ្នករាល់គ្នានោះដែរ។ កិច្ចការរបស់ខ្ញុំ ត្រូវបានធ្វើក្នុងចំណោមអ្នករាល់គ្នា ហើយខ្ញុំបានប្រទានព្រះបន្ទូលជាច្រើនអនេកដល់អ្នករាល់គ្នា ប៉ុន្តែប្រសិនបើអ្នករាល់គ្នាធ្វើដាក់ខ្ញុំរបៀបនេះ នោះខ្ញុំអាចលះបង់ឱ្យក្រុមគ្រួសារសាសន៍ដទៃនូវអ្វីដែលអ្នករាល់គ្នាមិនបានទទួល និងមិនបានអនុវត្ត។ ក្នុងចំណោមភាវៈដែលត្រូវបានបង្កើតមកទាំងអស់ តើនរណាដែលខ្ញុំមិនបានចាប់កាន់នៅក្នុងព្រះហស្ដរបស់ខ្ញុំ? ភាគច្រើននៅក្នុងចំណោមអ្នករាល់គ្នាមាន «វ័យចាស់ជរា» ហើយអ្នករាល់គ្នា មិនមានថាមពលក្នុងការទទួលយកកិច្ចការប្រភេទនេះ ដែលខ្ញុំមានទេ។ អ្នកប្រៀបដូចជាបក្សីហាន់ហាវ[ក] មួយក្បាលដែលចិញ្ចឹមខ្លួនឯងស្ទើរតែមិនរស់ ហើយអ្នកមិនដែលប្រព្រឹត្តចំពោះព្រះបន្ទូលរបស់ខ្ញុំដោយហ្មត់ចត់ឡើយ។ យុវវ័យ គឺជាមនុស្សឥតប្រយោជន៍ និងលោភលន់ជ្រុលហួសហេតុ ហើយយកចិត្តទុកដាក់តិចតួចបំផុតចំពោះកិច្ចការរបស់ខ្ញុំ។ ពួកគេមិនមានចំណាប់អារម្មណ៍លើអាហារដ៏ឆ្ងាញ់ពិសារនៃពិធីជប់លៀងរបស់ខ្ញុំទេ។ ពួកគេប្រៀបដូចជាកូនបក្សាបក្សីតូចមួយដែលហើរចេញពីទ្រុងទៅរកចំណីដ៏សែនឆ្ងាយ។ តើប្រភេទយុវវ័យ និងមនុស្សចាស់ទាំអស់នេះ អាចមានប្រយោជន៍ដល់ខ្ញុំដូចម្តេច? អស់អ្នកដែលមានវ័យចាស់ជរា ត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រើប្រាស់ព្រះបន្ទូលរបស់ខ្ញុំទុកជាប្រាក់សោធននិវត្តន៍ រហូតដល់ពួកគេដេកស្លាប់ក្នុងផ្នូរ ដើម្បីឱ្យព្រលឹងរបស់ពួកគេអាចឡើងស្ថានសួគ៌ ក្រោយពេលដែលពួកគេស្លាប់ទៅហើយសម្រាប់ពួកគេ ប៉ុណ្ណឹងគឺគ្រប់គ្រាន់ហើយ។ ឥលូវនេះ មនុស្សចាស់ទាំងនេះតែងតែមាន «សេចក្តីប្រាថ្នាដ៏ធំធេង» និង «ភាពជឿជាក់ដោយឥតងាករេ»។ ទោះបីជាពួកគេមានការអត់ធ្មត់យ៉ាងខ្លាំងចំពោះកិច្ចការរបស់ខ្ញុំ និងមានលក្ខណៈសម្បត្តិដែលមនុស្សចាស់មាន គឺសេចក្ដីទៀងត្រង់ និងភាពរឹងប៉ឹង បដិសេធមិនព្រមឱ្យនរណាម្នាក់ ឬអ្វីមួយអូសទាញ ឬបង្ក្រាបពួកគេបានក៏ដោយតាមពិតទៅ ពួកគេប្រៀបដូចជាបន្ទាយដែលគេមិនអាចដណ្ដើមយកបាន ប៉ុន្តែតើសេចក្ដីជំនឿរបស់មនុស្សទាំងនេះ មិនមែនមានក្លិនអសោចដូចជាសាកសពទេឬអី? តើផ្លូវរបស់ពួកគេនៅឯណា? សម្រាប់ពួកគេតើផ្លូវរបស់ពួកគេមិនវែងឆ្ងាយមិនដាច់ស្រយាលទេឬ? តើពួកគេអាចដឹងពីបំណងព្រះហឫទ័យរបស់ខ្ញុំដោយរបៀបណា? ទោះបីជាភាពជឿជាក់របស់ពួកគេ គួរឱ្យសរសើរក៏ដោយ តើមនុស្សចាស់ទុំប៉ុន្មាននាក់ ដែលមិនដើរតាមផ្លូវដែលច្របូកច្របល់ ប៉ុន្តែកំពុងប្រឹងស្វះស្វែងក្នុងជីវិតជាក់ស្ដែង? តើមនុស្សប៉ុន្មាននាក់ យល់ច្បាស់អំពីសារៈសំខាន់ពិតប្រាកដនៃកិច្ចការរបស់ខ្ញុំ? តើអ្នកណាមានគោលបំណង មិនដើរតាមខ្ញុំក្នុងលោកីយ៍នេះនៅពេលបច្ចុប្បន្ន ដើម្បីកុំឱ្យពួកគេធ្លាក់ចូលក្នុងស្ថានឃុំព្រលឹង នៅពេលអនាគតដ៏ខ្លីខាងមុខ តែត្រូវបានខ្ញុំនាំទៅពិភពមួយផ្សេង។ តើអ្នករាល់គ្នាគិតថា ទិសដៅរបស់អ្នករាល់គ្នា គឺជារឿងសាមញ្ញបែបនេះមែនទេ? ទោះបីជាអ្នករាល់គ្នាជាយុវវ័យ ប្រៀបដូចជាតោពេញវ័យក៏ដោយ ក៏អ្នករាល់គ្នាកម្រមានផ្លូវពិតប្រាកដនៅក្នុងដួងចិត្តអ្នករាល់គ្នាណាស់។ យុវភាពរបស់អ្នករាល់គ្នា មិនផ្តល់សិទ្ធិឱ្យអ្នករាល់គ្នាទទួលបានផលប្រយោជន៍ពីការងាររបស់ខ្ញុំឡើយ។ ផ្ទុយទៅវិញ អ្នករាល់គ្នាតែងតែធ្វើឱ្យខ្ញុំខ្ពើមរអើមអ្នករាល់គ្នាជានិច្ច។ ទោះបីជាអ្នករាល់គ្នាស្ថិតក្នុងភាពយុវវ័យ អ្នករាល់គ្នាខ្វះភាពស្វាហាប់ ឬមហិច្ឆិតា ហើយអ្នកតែងតែគ្មានការប្ដេជ្ញាចិត្តចំពោះអនាគតរបស់ខ្លួនជានិច្ចក៏ដោយក៏អ្នកហាក់ដូចជាព្រងើយកន្តើយ និងសញ្ជប់សញ្ជឹងដែរ។ អាចនិយាយបានថា ភាពស្វាហាប់ ឧត្តមគតិ និងគោលជំហរដែលយុវជនគួរមាន គឺមិនឃើញមាននៅក្នុងខ្លួនអ្នករាល់គ្នានោះឡើយ។ អ្នកដែលជាយុវជនប្រភេទនេះ គ្មានគោលជំហរ និងគ្មានសមត្ថភាពក្នុងការបែងចែកខុសត្រូវ ល្អអាក្រក់ ភាពស្រស់ស្អាត និងភាពស្មោគគ្រោកបានទេ។ ខ្ញុំមិនអាចរកឃើញធាតុណាមួយរបស់អ្នករាល់គ្នាដែលស្រស់ៗនោះឡើយ។ អ្នករាល់គ្នាស្ទើរតែចាស់ហួសសម័យទាំងស្រុងទៅហើយ ហើយអ្នកជាយុវវ័យប្រភេទនេះ ក៏បានរៀនធ្វើតាមហ្វូងមនុស្សឱ្យក្លាយជាជនដែលគ្មានហេតុផលដែរ។ អ្នកមិនចេះបែងចែកខុសត្រូវ និងមិនអាចបង្ហាញភាពខុសគ្នារវាងការពិត និងការភូតកុហក មិនចេះប្រឹងប្រែងសម្រាប់ឧត្តមភាព ហើយអ្នកក៏មិនអាចប្រាប់ពីអ្វីដែលត្រូវ និងអ្វីដែលខុស អ្វីដែលជាការពិត និងអ្វីដែលជាការលាក់ពុតបានដែរ។ មានក្លិនអសោចនៃសាសនាអំពីអ្នករាល់គ្នាពន់ពេកនិងធ្ងន់ធ្ងរជាងក្លិនអសោចជាមួយមនុស្សចាស់ទៅទៀត។ អ្នកថែមទាំងក្រអឺតក្រទម និងគ្មានហេតុផល អ្នកប្រកួតប្រជែង ហើយការពេញចិត្តរបស់អ្នកចំពោះទង្វើគឃ្លើនខ្លាំងក្រៃលែងតើយុវជនប្រភេទនេះ អាចមានការពិតដូចម្តេចកើត? តើមនុស្សម្នាក់ដែលមិនអាចប្រកាន់គោលជំហរបាន អាចធ្វើជាសាក្សីដូចម្ដេចកើត? តើមនុស្សម្នាក់ដែលគ្មានសមត្ថភាពបែងចែកខុសត្រូវ អាចឱ្យគេហៅថាជាយុវវ័យដូចម្តេចកើត? តើមនុស្សម្នាក់ដែលគ្មានភាពស្វាហាប់ ភាពម៉ឺងម៉ាត់ ភាពស្រស់បស់ ភាពស្ងប់ស្ងាត់ និងភាពនឹងធឹង ដែលជាលក្ខណៈរបស់យុវវ័យ អាចឱ្យគេហៅថាជាសាវ័ករបស់ខ្ញុំដូចម្តេចកើត? តើមនុស្សដែលគ្មានការពិត គ្មានស្មារតីយុត្តិធម៌ តែជាអ្នកចូលចិត្តវាយតប់ សក្ដិសមធ្វើជាបន្ទាល់របស់ខ្ញុំដូចម្តេចកើត? ភ្នែកដែលពោរពេញដោយការបោកប្រាស់ និងការលម្អៀងចំពោះអ្នកដទៃ មិនមែនជាអ្វីដែលយុវវ័យគួរមានឡើយ ហើយយុវជនក៏មិនគប្បីប្រព្រឹត្តអំពើដែលបង្កការវិនាសអន្តរាយគួរឱ្យស្អប់ខ្ពើមដែរ។ យុវវ័យមិនគួរគ្មានឧត្តមគតិ ក្ដីប្រាថ្នា និងបំណងដ៏ក្លៀវក្លា ក្នុងការធ្វើខ្លួនឱ្យបានល្អប្រសើរនោះទេ។ ពួកគេមិនគួរខូចចិត្តចំពោះក្ដីសង្ឃឹមរបស់ខ្លួន ហើយពួកគេក៏មិនត្រូវអស់ក្តីសង្ឃឹមក្នុងជីវិត ឬទំនុកចិត្តលើអនាគតនោះដែរ។ ពួកគេគប្បីមានសេចក្ដីទ្រាំទ្រ ដើម្បីបន្តដើរតាមមាគ៌ានៃសេចក្ដីពិត ដែលពួកគេបានជ្រើសរើសនៅពេលនេះដើម្បីសម្រេចបំណងប្រាថ្នារបស់ពួកគេ ក្នុងការចំណាយពេលពេញមួយជីវិតរបស់ពួកគេសម្រាប់ខ្ញុំ។ ពួកគេមិនគួរគ្មានសេចក្ដីពិត ហើយពួកគេក៏មិនគួរលាក់ភាពពុតត្បុត និងសេចក្ដីទុច្ចរិតដែរ ពួកគេគួរប្រកាន់គោលជំហរម៉ឺងម៉ាត់ក្នុងឥរិយាបថដែលត្រឹមត្រូវ។ ពួកគេមិនគួរបណ្ដែតបណ្ដោយខ្លួន ឱ្យរសាត់អណ្ដែតគ្មានគោលដៅនោះទេ ប៉ុន្តែពួកគេគួរតែមានស្មារតីហ៊ានធ្វើពលីកម្មនិងតស៊ូ ដើម្បីយុត្តិធម៌និងសេចក្ដីពិត។ យុវជនគួរតែមានភាពក្លាហាន មិនចុះចាញ់ចំពោះការជិះជាន់ ដោយកម្លាំងនៃភាពងងឹត និងដើម្បីបំប្លែងសារៈសំខាន់នៃអត្ថិភាពរបស់ពួកគេ។ យុវជនមិនគួរចុះចាញ់សត្រូវរបស់ខ្លួនឡើយ តែពួកគេគួរបើកចិត្តឱ្យទូលាយ និងស្មោះត្រង់ ក្នុងស្មារតីអធ្យាស្រ័យចំពោះបងប្អូនរបស់ខ្លួន។ ជាការពិត ទាំងនេះគឺជាការតម្រូវរបស់ខ្ញុំ សម្រាប់មនុស្សគ្រប់គ្នា និងជាដំបូន្មានរបស់ខ្ញុំសម្រាប់មនុស្សគ្រប់គ្នា។ លើសពីនេះទៀត ទាំងនេះគឺជាព្រះបន្ទូលលួងលោមដល់យុវជនទាំងអស់គ្នា។ អ្នករាល់គ្នាគួរតែប្រតិបត្តិស្របតាមព្រះបន្ទូលរបស់ខ្ញុំ។ ជាពិសេស យុវជនមិនគួរគ្មានការប្តេជ្ញាចិត្ត ប្រើការវិនិច្ឆ័យលើបញ្ហានានា និងស្វែងរកយុត្តិធម៌ ព្រមទាំងសេចក្ដីពិតនោះទេ។ អ្នករាល់គ្នាគួរតែស្វែងរកអ្វីគ្រប់យ៉ាងដែលស្រស់ស្អាត និងល្អប្រពៃ ហើយអ្នកគួរតែទទួលបានការពិតនៃរឿងរ៉ាវវិជ្ជមានទាំងអស់។ អ្នកគួរតែទទួលខុសត្រូវចំពោះជីវិតរបស់អ្នក ហើយអ្នកមិនត្រូវមើលស្រាលវាឡើយ។ មនុស្សកើតមកនៅលើផែនដីនេះ ហើយវាកម្របានជួបខ្ញុំណាស់ ហើយវាក៏កម្រមានឱកាសស្វែងរក និងទទួលបានសេចក្ដីពិតដែរ។ ហេតុអ្វីបានជាអ្នក មិនផ្តល់រង្វាន់ដល់ពេលវេលាដ៏ស្រស់ត្រកាលនេះ ជាផ្លូវដ៏ត្រឹមត្រូវដើម្បីស្វះស្វែងនៅក្នុងជីវិតនេះ? ហើយហេតុអ្វីបានជាអ្នកតែងតែទាត់ចោលសេចក្ដីពិត និងសេចក្ដីយុត្តិធម៌? ហេតុអ្វីបានជាអ្នកតែងតែជាន់ឈ្លី និងបំផ្លាញខ្លួនឯងដើម្បីអំពើទុច្ចរិត និងភាពកខ្វក់ដែលលលេងជាមួយមនុស្ស? ហើយហេតុអ្វីបានជាអ្នកប្រព្រឹត្តដូចមនុស្សចាស់ទាំងនោះ ដែលប្រឡូកប្រឡាក់ក្នុងអ្វីដែលជនទុច្ចរិតតែងតែធ្វើ? ហេតុអ្វីបានជាអ្នកធ្វើត្រាប់តាមរបៀបចាស់នៃរឿងរ៉ាវចាស់ៗ? ជីវិតរបស់អ្នករាល់គ្នាគួរតែពោរពេញដោយសេចក្ដីយុត្តិធម៌ សេចក្ដីពិត និងភាពបរិសុទ្ធ។ ជីវិតរបស់អ្នកមិនគួរគ្មានសីលធម៌ទាំងវ័យក្មេងបែបនេះ ដែលនាំឱ្យអ្នកធ្លាក់ចូលក្នុងស្ថានឃុំព្រលឹងទេ។ តើអ្នករាល់គ្នាមិនមានអារម្មណ៍ថា នេះអាចជាឧបទ្រពចង្រៃដ៏អាក្រក់ទេឬអី? តើអ្នករាល់គ្នាមិនមានអារម្មណ៍ថា នេះជាអំពើអយុត្តិធម៌យ៉ាងអាក្រក់ទេឬ?
អ្នករាល់គ្នាគួរតែធ្វើការងារដែលល្អឥតខ្ចោះបំផុតរបស់ខ្លួន ហើយថ្វាយការងារនោះជាយញ្ញបូជានៅលើអាសនារបស់ខ្ញុំ ដោយធ្វើឱ្យការងារនោះក្លាយជាយញ្ញបូជាដែលមានន័យជ្រាលជ្រៅ ពិសេសប្លែកគេ ដែលអ្នករាល់គ្នាបានធ្វើថ្វាយខ្ញុំ។ អ្នករាល់គ្នាគួរតែប្រកាន់គោលជំហរម៉ឺងម៉ាត់នៅក្នុងជំហរផ្ទាល់ខ្លួន និងមិនត្រូវរេតាមខ្យល់បក់បោក ដូចជាពពកនៅលើមេឃនោះឡើយ។ អ្នកខំប្រឹងធ្វើការអស់ពាក់កណ្តាលជីវិតហើយ ដូច្នេះហេតុអ្វីបានជាអ្នកមិនស្វែងរកទិសដៅដែលអ្នកគួរមាន? អ្នកពុះពារធ្វើការលំបាកអស់ពាក់កណ្ដាលជីវិតហើយ តែអ្នកបណ្ដោយឱ្យឪពុកម្តាយ ដែលដូចជាជ្រូក និងឆ្កែរបស់អ្នក ទាញសេចក្ដីពិត និងសារៈសំខាន់នៃអត្ថិភាពបុគ្គលរបស់អ្នក ចូលទៅក្នុងផ្នូរខ្មោច។ តើអ្នករាល់គ្នាមិនគិតថា នេះជាអំពើអយុត្តិធម៌ដ៏ធំធេង លើអ្នករាល់គ្នាទេឬអី? តើអ្នករាល់គ្នាមិនមានអារម្មណ៍ថា ការដឹកនាំជីវិតរបៀបនេះ ពិតជាគ្មានន័យទាល់តែសោះទេឬអី? ការស្វែងរកសេចក្ដីពិត និងមាគ៌ាដ៏ត្រឹមត្រូវរបៀបនេះ នឹងបណ្តាលឱ្យមានបញ្ហាដែលធ្វើឱ្យអ្នកជិតខាងមានអារម្មណ៍ចង្អៀតចង្អល់ ហើយក្រុមគ្រួសារទាំងមូលមិនសប្បាយចិត្ត ហើយវានឹងនាំឱ្យមានគ្រោះមហន្ដរាយដល់បាត់បង់ជីវិត។ ប្រសិនបើអ្នករាល់គ្នារស់នៅរបៀបនេះ តើវាមិនស្មើនឹងរស់នៅក្នុងជីវិតដែលគ្មានន័យខ្លឹមសារទេឬអី? តើជីវិតនរណាដែលអាចមានសំណាងជាងជីវិតរបស់អ្នករាល់គ្នា? ហើយតើជីវិតនរណាដែលគួរឱ្យអស់សំណើចជាងជីវិតរបស់អ្នករាល់គ្នា? តើអ្នករាល់គ្នាមិនព្យាយាមស្វែងរកខ្ញុំ ដើម្បីទទួលបានសេចក្តីអំណរ និងព្រះបន្ទូលលួងលោមពីខ្ញុំសម្រាប់អ្នករាល់គ្នាទេឬ? ប៉ុន្តែ បន្ទាប់ពីអ្នករាល់គ្នា បានរត់ឆ្លេឆ្លាចុះឡើងអស់ពាក់កណ្ដាលជីវិត ទើបអ្នកមកបង្កហេតុ រហូតដល់ធ្វើឱ្យខ្ញុំខ្ញាល់យ៉ាងខ្លាំង និងមិនយកព្រះហឫទ័យទុកដាក់ចំពោះអ្នក ឬសរសើរអ្នក តើនេះមិនមានន័យថា ជីវិតទាំងមូលរបស់អ្នកក្លាយជាអសារឥតការអស់ហើយទេឬអី? តើអ្នករាល់គ្នានៅមានមុខឯណា ទៅជួបព្រលឹងនៃសន្តបុគ្គលទាំងឡាយគ្រប់ជំនាន់ ដែលត្រូវបានដោះលែងពីស្ថានឃុំព្រលឹងនោះ? អ្នករាល់គ្នាព្រងើយកន្តើយចំពោះខ្ញុំ ហើយនៅទីបញ្ចប់ អ្នកបង្កហេតុឱ្យមានគ្រោះមហន្ដរាយធ្ងន់ធ្ងរ វាជាការប្រសើរដែលត្រូវទាញយកផលប្រយោជន៍ពីឱកាសនេះ ហើយធ្វើដំណើរដោយសប្បាយរីករាយ ឆ្លងកាត់មហាសមុទ្រដ៏ធំល្វឹងល្វើយ ហើយបន្ទាប់មកស្ដាប់បង្គាប់តាម «កិច្ចការរបស់ខ្ញុំ»។ ខ្ញុំបានមានបន្ទូលប្រាប់អ្នករាល់គ្នាជាយូរមកហើយថា បច្ចុប្បន្ននេះ អ្នករាល់គ្នាធ្វើព្រងើយកន្តើយដាក់ខ្ញុំ ហើយបើសិនជាអ្នករាល់គ្នាមិនព្រមបោះបង់ចោលភាពព្រងើយកន្តើយនេះទេ នោះនៅទីបញ្ចប់ អ្នករាល់គ្នានឹងត្រូវស្រូបយកនិងលេបត្របាក់ដោយរលកដែលខ្ញុំបង្កើតឡើង។ តើអ្នករាល់គ្នាអាចការពារខ្លួនឯងបានទេ? តើអ្នកពិតជាជឿជាក់ថា វិធីសាស្ត្រនៃការស្វះស្វែងរបស់អ្នកនាពេលបច្ចុប្បន្ននឹងធានាថា អ្នករាល់គ្នាត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ដែរឬទេ? តើដួងចិត្តរបស់អ្នករាល់គ្នាមិនរឹងពេកទេឬ? ការប្រតិបត្តិប្រភេទនេះ ការស្វះស្វែងប្រភេទនេះ ជីវិតប្រភេទនេះ និងចរិតប្រភេទនេះតើវាអាចទទួលបានការសរសើរពីខ្ញុំដូចម្តេចកើត?
លេខយោង៖
(ក) រឿងបក្សីហាន់ហាវ គឺស្រដៀងគ្នាបេះបិទនឹងរឿងព្រេងអំពីស្រមោច និងកណ្ដូបរបស់អ៊ីស៊ុបដែរ។ បក្សីហាន់ហាវ ចូលចិត្តដេក មិនខ្វល់នឹងការធ្វើសប្បុកទេ ក្នុងពេលមានអាកាសធាតុក្ដៅ ទោះបីមានការដាស់តឿនម្ដងហើយម្ដងទៀតពីល្វាចេក ដែលជាអ្នកជិតខាងរបស់វាក៏ដោយ។ នៅពេលរដូវរងាចូលមកដល់ បក្សីហាន់ហាវក៏កករឹងស្លាប់បាត់ទៅ។