បញ្ញត្តិនៅក្នុងយុគសម័យថ្មី
នៅក្នុងការដកពិសោធន៍អំពីកិច្ចការរបស់ព្រះជាម្ចាស់ អ្នករាល់គ្នាត្រូវតែអានព្រះបន្ទូលរបស់ទ្រង់ដោយយកចិត្តទុកដាក់ និងបំពាក់បំប៉នខ្លួនដោយសេចក្ដីពិត។ ប៉ុន្តែ ពាក់ព័ន្ធនឹងអ្វីដែលអ្នករាល់គ្នាចង់ធ្វើ ឬរបៀបដែលអ្នករាល់គ្នាចង់ធ្វើអ្វីនោះ មិនចាំបាច់មានសេចក្ដីអធិស្ឋានអស់ពីចិត្ត ឬការទូលអង្វរនោះទេ តាមពិតទៅ ទង្វើទាំងនេះ គ្មានបានការអ្វីនោះទេ។ ប៉ុន្តែបច្ចុប្បន្ននេះ បញ្ហាដែលអ្នករាល់គ្នាកំពុងជួបប្រទះ គឺអ្នករាល់គ្នាមិនដឹងថាត្រូវដកពិសោធន៍ពីកិច្ចការរបស់ព្រះជាម្ចាស់ដោយរបៀបណា ហើយក្នុងខ្លួនអ្នក មានភាពអកម្មជាច្រើន។ អ្នករាល់គ្នាដឹងពីគោលលទ្ធិជាច្រើន តែអ្នករាល់គ្នាគ្មានភាពជាក់ស្ដែងច្រើនណាស់ណានោះទេ។ តើនេះមិនមែនជាសញ្ញានៃភាពខុសឆ្គងទេឬ? នៅក្នុងក្រុមអ្នករាល់គ្នានេះ គេអាចមើលឃើញពីភាពខុសឆ្គងជាច្រើន។ ថ្ងៃនេះ អ្នករាល់គ្នាពុំអាចសម្រេចលទ្ធផលនៃការល្បងលក្នុងនាមជា «អ្នកស៊ីឈ្នួល» បាន ហើយអ្នករាល់គ្នាក៏ពុំអាចស្រមើស្រមៃ ឬសម្រេចការល្បងល និងការបន្សុទ្ធដទៃទៀតដែលទាក់ទងនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់បានដែរ។ អ្នករាល់គ្នាត្រូវតែប្រកាន់តាមចំណុចជាច្រើន ដែលអ្នករាល់គ្នាគួរតែយកទៅអនុវត្ត។ នេះមានន័យថា មនុស្សត្រូវតែប្រកាន់ខ្ជាប់នូវកាតព្វកិច្ចដែលពួកគេគួរបំពេញ។ មនុស្សគួរតែប្រកាន់ខ្ជាប់កាតព្វកិច្ចទាំងនេះ ហើយពួកគេក៏ត្រូវតែបំពេញកាតព្វកិច្ចនេះដែរ។ ចូរអនុញ្ញាតឱ្យព្រះវិញ្ញាណបរិសុទ្ធ ធ្វើកិច្ចការដែលព្រះវិញ្ញាណបរិសុទ្ធត្រូវធ្វើទៅចុះ។ មនុស្សមិនអាចជួយអ្វីបានឡើយ។ មនុស្សគួរប្រកាន់ខ្ជាប់កិច្ចការដែលមនុស្សគួរធ្វើ ដោយគ្មានពាក់ព័ន្ធនឹងព្រះវិញ្ញាណបរិសុទ្ធទេ។ មនុស្សគ្មានអ្វីក្រៅពីត្រូវគោរពតាមកិច្ចការដែលមនុស្សគួរធ្វើនោះទេ ហើយគួរគោរពតាមកិច្ចការទាំងនោះឱ្យដូចជាបញ្ញត្តិ ឱ្យដូចទៅនឹងការគោរពតាមក្រឹត្យវិន័យនៅក្នុងគម្ពីរសញ្ញាចាស់ដែរ។ ទោះបីពេលនេះ មិនមែនជាយុគសម័យនៃក្រឹត្យវិន័យក៏ដោយ ក៏នៅតែមានព្រះបន្ទូលជាច្រើន ដែលគួរតែគោរពតាមដដែល ជាប្រភេទព្រះបន្ទូលតែមួយដែលបានថ្លែងនៅក្នុងយុគសម័យនៃក្រឹត្យវិន័យ។ មិនមែនគ្រាន់តែត្រូវអនុវត្តតាមព្រះបន្ទូលទាំងនេះដោយពឹងអាងលើការបណ្ដាលចិត្តពីព្រះវិញ្ញាណបរិសុទ្ធប៉ុណ្ណោះទេ ប៉ុន្តែផ្ទុយទៅវិញ មនុស្សគួរតែគោរពតាមព្រះបន្ទូលទាំងនេះ។ ឧទាហរណ៍៖
អ្នកមិនត្រូវធ្វើការវិនិច្ឆ័យចំពោះកិច្ចការរបស់ព្រះដ៏ជាក់ស្ដែងឡើយ។
អ្នកមិនត្រូវប្រឆាំងទាស់នឹងមនុស្សដែលព្រះជាម្ចាស់បានធ្វើបន្ទាល់ឡើយ។
នៅចំពោះព្រះភក្រ្តព្រះជាម្ចាស់ អ្នកត្រូវស្គាល់តួនាទីខ្លួនឯងនៅកន្លែងណា ហើយមិនត្រូវព្រហើនគ្មានសីលធម៌ទេ។
អ្នកគួរតែនិយាយស្ដីឱ្យចេះប្រមាណខ្លួន ហើយទាំងពាក្យសម្ដី និងសកម្មភាពរបស់អ្នក ត្រូវតែប្រព្រឹត្តទៅតាមការរៀបចំរបស់មនុស្សដែលត្រូវព្រះជាម្ចាស់បានធ្វើបន្ទាល់។
អ្នកគួរគោរពតាមទីបន្ទាល់របស់ព្រះជាម្ចាស់។ អ្នកមិនគួរព្រងើយកន្ដើយចំពោះកិច្ចការរបស់ទ្រង់ និងព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ទ្រង់ឡើយ។
អ្នកមិនគួរត្រាប់តាមសំឡេង និងបំណងនៃព្រះសូរសៀងរបស់ព្រះជាម្ចាស់ឡើយ។
ឫកពារខាងក្រៅ អ្នកមិនត្រូវធ្វើអ្វីប្រឆាំងនឹងមនុស្សដែលព្រះជាម្ចាស់បានធ្វើបន្ទាល់ឡើយ។
មនុស្សម្នាក់ៗគួរប្រកាន់ខ្ជាប់តាមចំណុចទាំងនេះ។ នៅក្នុងយុគសម័យនីមួយៗ ព្រះជាម្ចាស់ចែងពីក្បួនច្បាប់ជាច្រើន ដែលស្រដៀងគ្នានឹងក្រឹត្យវិន័យដែរ ហើយមនុស្សត្រូវតែគោរពតាម។ តាមរយៈកិច្ចការនេះ ទ្រង់រឹតត្បិតនិស្ស័យរបស់មនុស្ស ហើយស្វែងរកភាពស្មោះត្រង់របស់ពួកគេ។ ឧទាហរណ៍៖ ចូរពិចារណាអំពីព្រះបន្ទូលទ្រង់ថា «ចូរគោរពប្រណិប័តន៍ដល់ឪពុកម្ដាយរបស់អ្នក» នៅក្នុងយុគសម័យនៃព្រះគម្ពីរសញ្ញាចាស់ចុះ។ ព្រះបន្ទូលទាំងនេះ មិនអនុវត្តនៅក្នុងពេលសព្វថ្ងៃនេះទេ។ នៅគ្រានោះ បន្ទូលនេះគ្រាន់តែជាការរឹតត្បិតនិស្ស័យខាងក្រៅរបស់មនុស្សមួយចំនួនប៉ុណ្ណោះ ហើយត្រូវបានប្រើដើម្បីបង្ហាញពីភាពស្មោះត្រង់នៃជំនឿរបស់មនុស្សមកលើព្រះជាម្ចាស់ ក៏ដូចជាសញ្ញាសម្គាល់របស់អ្នកដែលបានជឿលើព្រះជាម្ចាស់រួចហើយ។ ទោះបីជាឥឡូវនេះជាយុគសម័យនៃនគរព្រះក៏ពិតមែន ក៏ប៉ុន្តែ នៅតែមានក្រឹក្យវិន័យជាច្រើន ដែលមនុស្សត្រូវតែគោរពតាមដែរ។ ក្បួនច្បាប់ពីយុគសម័យមុន មិនត្រូវយកមកអនុវត្តនោះទេ ហើយសព្វថ្ងៃនេះ មានការអនុវត្តសមស្របជាច្រើនទៀតសម្រាប់ឱ្យមនុស្សប្រតិបត្តតាម ហើយជាការអនុវត្តដ៏ចាំបាច់បំផុត។ កិច្ចការទាំងនេះ មិនទាក់ទងនឹងកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធទេ ហើយតម្រូវឱ្យមនុស្សបំពេញកិច្ចការទាំងនេះ។
នៅក្នុងយុគសម័យនៃព្រះគុណ ការអនុវត្តជាច្រើននៅក្នុងយុគសម័យនៃក្រឹត្យវិន័យ ត្រូវបានគេបោះបង់ចោល ដោយសារតែក្រឹត្យវិន័យទាំងនោះគ្មានប្រសិទ្ធភាពពិសេសអ្វីសម្រាប់កិច្ចការនៅពេលនោះ។ ក្រោយពីក្រឹត្យវិន័យទាំងនោះត្រូវបានគេបោះបង់ចោល ការអនុវត្តជាច្រើនក៏ត្រូវបានគេកំណត់ឡើង ដែលសមស្របសម្រាប់យុគសម័យនោះ ហើយបានក្លាយទៅជាក្បួនច្បាប់នាពេលសព្វថ្ងៃនេះ។ នៅពេលដែលព្រះជាម្ចាស់នាពេលបច្ចុប្បន្ននេះយាងមក ក្បួនច្បាប់ទាំងនេះ ត្រូវគេឈប់ប្រើ ហើយក៏លែងតម្រូវឱ្យមានការគោរពតាមទៀតដែរ ហើយមានកំណត់នូវការអនុវត្តជាច្រើនដែលសមស្របសម្រាប់កិច្ចការនាពេលសព្វថ្ងៃនេះ។ សព្វថ្ងៃនេះ ការអនុវត្តទាំងនេះមិនមែនជាក្បួនច្បាប់នោះទេ ប៉ុន្តែផ្ទុយទៅវិញ គឺមានគោលបំណងដើម្បីឱ្យមានប្រសិទ្ធភាព។ ការអនុវត្តទាំងនេះសមស្របសម្រាប់ពេលបច្ចុប្បន្ននេះ ហើយទៅអនាគត ការអនុវត្តទាំងនេះនឹងអាចក្លាយជាក្បួនច្បាប់បាន។ សរុបសេចក្ដីមក អ្នកគួរតែគោរពតាមការអនុវត្តណាដែលមានផលផ្លែសម្រាប់កិច្ចការនៅថ្ងៃនេះ។ ចូរកុំខ្វាយខ្វល់នឹងថ្ងៃអនាគតធ្វើអ្វី៖ កិច្ចការដែលធ្វើនៅថ្ងៃនេះ គឺសម្រាប់ថ្ងៃនេះ។ ប្រហែលជានៅពេលដែលថ្ងៃស្អែកមកដល់ អាចនឹងមានការអនុវត្តប្រសើរជាងនេះ ដែលតម្រូវឱ្យអនុវត្តតាមផងក៏មិនដឹង។ ចូរកុំយកចិត្តទុកដាក់នឹងរឿងនេះខ្លាំងពេក។ ផ្ទុយទៅវិញ ត្រូវប្រកាន់ខ្ជាប់នូវអ្វីដែលគួរគោរពតាមនៅថ្ងៃនេះ ដើម្បីចៀសវាងការប្រឆាំងទាស់នឹងព្រះជាម្ចាស់។ សព្វថ្ងៃនេះ គ្មានអ្វីដែលសំខាន់សម្រាប់មនុស្សជាងការគោរពតាមប្រការទាំងនេះឡើយ៖
អ្នកដាច់ខាតមិនត្រូវព្យាយាមលួងលោមបញ្ឆោតព្រះជាម្ចាស់ដែលឈរនៅនឹងមុខអ្នក ឬព្យាយាមបិទបាំងអ្វីមិនឱ្យទ្រង់ទតឃើញឡើយ។
អ្នកមិនត្រូវពោលពាក្យស្មោកគ្រោក ឬនិយាយក្រអឺតក្រទមនៅចំពោះព្រះភក្ត្រព្រះជាម្ចាស់ ដែលគង់នៅចំពោះមុខអ្នកឡើយ។
អ្នកមិនត្រូវបោកបញ្ឆោតព្រះជាម្ចាស់ ដែលគង់នៅនឹងមុខអ្នក ដោយពាក្យសម្ដីផ្អែមដូចទឹកឃ្មុំ និងសម្ដីត្រឹមត្រូវ ដើម្បីទទួលបានការជឿទុកចិត្តពីទ្រង់ឡើយ។
អ្នកមិនគួរប្រព្រឹត្តដោយគ្មានការគោរពនៅចំពោះព្រះភក្រ្តព្រះជាម្ចាស់ឡើយ។ អ្នកត្រូវតែស្ដាប់បង្គាប់តាមព្រះបន្ទូលទាំងអស់ដែលថ្លែងចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់ ហើយមិនត្រូវរឹងទទឹង ប្រឆាំងទាស់ ឬប្រកែកតវ៉ានឹងព្រះបន្ទូលរបស់ទ្រង់ឡើយ។
អ្នកមិនត្រូវបកស្រាយតាមដែលអ្នកយល់ឃើញថាសមស្របទៅតាមព្រះបន្ទូលដែលថ្លែងចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់ឡើយ។ អ្នកគួរតែប្រយ័ត្នអណ្ដាតរបស់ខ្លួន ដើម្បីចៀសវាងកុំឱ្យអណ្ដាតនោះធ្វើឱ្យអ្នកធ្លាក់ខ្លួនក្លាយជាចំណីនៃគ្រោងការបោកបញ្ឆោតរបស់ពួកទុច្ចរិត។
អ្នកគួរតែប្រយ័ត្តជំហានរបស់អ្នក ដើម្បីចៀសវាងកុំឱ្យបំពានលើព្រំដែនដែលព្រះជាម្ចាស់បានកំណត់សម្រាប់អ្នក។ ប្រសិនបើអ្នកបំពានព្រំដែននេះ នោះវានឹងបណ្តាលឱ្យអ្នកឈរនៅទីតាំងរបស់ព្រះជាម្ចាស់ និងពោលពាក្យក្រអឺតក្រទម អួតបំប៉ោង ដូច្នេះ ព្រះជាម្ចាស់នឹងស្អប់អ្នកមិនខាន។
អ្នកមិនត្រូវផ្សាយព្រះបន្ទូលដែលចេញពីព្រះឱស្ឋរបស់ព្រះជាម្ចាស់ដោយធ្វេសប្រហែសឡើយ ក្រែងលោអ្នកដទៃណាសើចចំអកមើលងាយអ្នក ហើយក្រែងលោពួកអារក្សលេងល្បិចដាក់អ្នក។
អ្នកត្រូវស្ដាប់បង្គាប់តាមកិច្ចការទាំងអស់របស់ព្រះជាម្ចាស់នាពេលបច្ចុប្បន្ននេះ។ បើទោះបីជាអ្នកមិនយល់ពីកិច្ចការនោះក៏ដោយ ក៏អ្នកមិនត្រូវរិះគន់កិច្ចការនោះដែរ។ អ្វីដែលអ្នកអាចធ្វើបាន គឺត្រូវស្វែងរក និងប្រកបគ្នា។
គ្មាននរណាម្នាក់អាចបំពានកន្លែងដើមរបស់ព្រះជាម្ចាស់បានឡើយ។ ក្រៅតែពីបម្រើព្រះជាម្ចាស់នាពេលបច្ចុប្បន្នតាមទស្សនៈរបស់មនុស្ស អ្នកមិនអាចធ្វើអ្វីផ្សេងពីនេះបានទេ។ អ្នកមិនអាចបង្រៀនព្រះជាម្ចាស់នាពេលបច្ចុប្បន្ននេះតាមទស្សនៈរបស់មនុស្សបានទេ ព្រោះការដែលធ្វើដូច្នេះ គឺជារឿងខុស។
គ្មាននរណាម្នាក់អាចឈរនៅទីតាំងរបស់មនុស្សដែលព្រះជាម្ចាស់បានធ្វើបន្ទាល់ឡើយ។ ក្នុងពាក្យសម្ដី ការប្រព្រឹត្តិ និងគំនិតកប់ជ្រៅរបស់អ្នក អ្នកត្រូវប្រកាន់តាមទស្សនៈរបស់មនុស្ស។ មនុស្សត្រូវតែគោរពតាម ព្រោះវាជាទំនួសខុសត្រូវរបស់មនុស្ស ហើយគ្មាននរណាម្នាក់អាចកែប្រែបានឡើយ។ ការប៉ុនប៉ងធ្វើការកែប្រែ នឹងបំពានលើបញ្ញត្តិរដ្ឋបាលមិនខាន។ គ្រប់គ្នាគួរតែចងចាំចំណុចនេះទុក។
ព្រះជាម្ចាស់បានចំណាយពេលយ៉ាងយូរដើម្បីថ្លែងព្រះបន្ទូល និងបន្លឺព្រះសូរសៀង ហើយពេលវេលាដ៏យូរនេះបានធ្វើឱ្យមនុស្សចាត់ទុកការអាន និងការទន្ទេញព្រះបន្ទូលរបស់ព្រះជាម្ចាស់ ជាកិច្ចការចម្បងរបស់ពួកគេ។ គ្មាននរណាម្នាក់យកចិត្តទុកលើការអនុវត្តទេ ហើយសូម្បីតែអ្វីដែលអ្នកគួរតែគោរពតាមនោះ ក៏អ្នកមិនបានធ្វើដែរ។ ទង្វើបែបនេះបាននាំមកនូវការលំបាក និងបញ្ហាជាច្រើន ដល់ការបម្រើការងាររបស់អ្នករាល់គ្នា។ ប្រសិនបើមុនពេលអនុវត្តព្រះបន្ទូលរបស់ព្រះជាម្ចាស់ អ្នកមិនបានគោរពតាមអ្វីដែលអ្នកគួរគោរពតាមទេ ដូច្នេះអ្នកជាមនុស្សម្នាក់ក្នុងចំណោមមនុស្សដែលព្រះជាម្ចាស់ស្អប់ខ្ពើម និងបដិសេធហើយ។ ក្នុងការប្រកាន់ខ្ជាប់តាមការអនុវត្តទាំងនេះ អ្នកគួរតែមានភាពហ្មត់ចត់ និងស្មោះត្រង់។ អ្នកមិនគួរចាត់ទុកការអនុវត្តទាំងនេះ ដូចជាខ្នោះច្រវ៉ាក់នោះទេ ប៉ុន្តែគួរគោរពតាមការអនុវត្តទាំងនោះឱ្យដូចជាបទបញ្ញត្តិដែរ។ ថ្ងៃនេះ អ្នកមិនគួរឱ្យខ្លួនអ្នកខ្វល់ខ្វាយនឹងលទ្ធផលអ្វីខ្លះដែលត្រូវសម្រេចបាននោះទេ។ សរុបសេចក្ដីមក ព្រះវិញ្ញាណបរិសុទ្ធធ្វើការដោយរបៀបនេះឯង ហើយអ្នកណាក៏ដោយដែលប្រព្រឹត្តបំពាន ត្រូវតែទទួលទោស។ ព្រះវិញ្ញាណបរិសុទ្ធគ្មានមនោសញ្ចេតនា ហើយក៏មិនយកព្រះទ័យទុកដាក់នឹងការយល់ដឹងរបស់អ្នកក្នុងពេលបច្ចុប្បន្ននេះដែរ។ ប្រសិនបើអ្នកបំពានព្រះជាម្ចាស់នៅថ្ងៃនេះ នោះទ្រង់នឹងដាក់ទោសអ្នក។ ប្រសិនបើអ្នកបំពានទ្រង់នៅក្នុងវិសាលភាពនៃការត្រួតត្រារបស់ទ្រង់ នោះទ្រង់នឹងមិនលើកលែងឱ្យអ្នកឡើយ។ ទ្រង់មិនខ្វល់ថា អ្នកប្រកាន់ខ្ជាប់ខ្ជួនតាមព្រះបន្ទូលរបស់ព្រះយេស៊ូវបានហ្មត់ចត់ប៉ុនណានោះទេ។ ប្រសិនបើអ្នកបំពានបញ្ញត្តិរបស់ព្រះជាម្ចាស់នាពេលបច្ចុប្បន្ននេះ ទ្រង់នឹងដាក់ទោសអ្នក ហើយផ្ដន្ទាទោសអ្នកដល់ស្លាប់។ តើអាចទទួលយកបានទេ ប្រសិនបើអ្នកមិនគោរពតាមបញ្ញត្តិទាំងនេះនោះ? អ្នកត្រូវតែគោរពតាម បើទោះបីជាការគោរពតាមនោះនឹងទទួលរងទុក្ខឈឺចាប់បន្តិចក៏ពិតមែន! មិនថាសាសនា ផ្នែក ជាតិសាសន៍ ឬនិកាយអ្វីនោះទេ នាពេលអនាគត ពួកគេត្រូវតែប្រកាន់ខ្ជាប់តាមការអនុវត្តនេះទាំងអស់។ គ្មានការលើកលែងចំពោះនរណាម្នាក់ឡើយ ហើយក៏គ្មានការត្រាប្រណីចំពោះនរណាម្នាក់ដែរ! ដ្បិតការអនុវត្តទាំងនេះ ជាកិច្ចការដែលព្រះវិញ្ញាណបរិសុទ្ធនឹងធ្វើនាពេលបច្ចុប្បន្ននេះ ហើយគ្មាននរណាម្នាក់អាចបំពានបានឡើយ។ ទោះបីការអនុវត្តទាំងនេះ មិនមែនជាកិច្ចការដែលអស្ចារ្យក្ដី ក៏មនុស្សគ្រប់គ្នាត្រូវតែអនុវត្តតាមដែរ ហើយការអនុវត្តទាំងនេះជាបញ្ញត្តិដែលបានកំណត់ទុកសម្រាប់មនុស្សដោយព្រះយេស៊ូវ ដែលទ្រង់មានព្រះជន្មរស់ឡើងវិញ និងបានយាងទៅកាន់ឋានសួគ៌។ តើ «ផ្លូវ ... (៧)» មិនបាននិយាយអំពីនិយមន័យរបស់ព្រះយេស៊ូវ ដែលកំណត់ថាតើអ្នកជាមនុស្សសុចរិត ឬមនុស្សមានបាប គឺអាស្រ័យទៅលើអាកប្បកិរិយារបស់អ្នកចំពោះព្រះជាម្ចាស់នាពេលបច្ចុប្បន្ននេះទេឬ? គ្មាននរណាម្នាក់អាចមើលរំលងចំណុចនេះបានទេ។ នៅក្នុងយុគសម័យនៃក្រឹត្យវិន័យ ពួកផារិស៊ីពីជំនាន់មួយទៅជំនាន់មួយ បានជឿលើព្រះជាម្ចាស់ ប៉ុន្តែនៅពេលយុគសម័យនៃព្រះគុណចូលមកដល់ ពួកគេមិនបានស្គាល់ព្រះយេស៊ូវទេ ហើយក៏ប្រឆាំងទាស់នឹងទ្រង់។ ដូច្នេះ គ្រប់យ៉ាងដែលពួកគេបានធ្វើ បានក្លាយគ្មានប្រយោជន៍ និងអសារឥតការ ហើយព្រះជាម្ចាស់មិនបានទទួលយកកិច្ចការរបស់ពួកគេទេ។ ប្រសិនបើអ្នកអាចមើលធ្លុះពីរឿងនេះបាន នោះអ្នកនឹងមិនងាយប្រព្រឹត្តអំពើបាបឡើយ។ មនុស្សជាច្រើនប្រហែលជាបានប្រៀបធៀបខ្លួនឯងទៅនឹងព្រះជាម្ចាស់ហើយ។ តើការប្រឆាំងទាស់នឹងព្រះជាម្ចាស់មានរសជាតិដូចម្តេច? តើវាជូរចត់ ឬផ្អែមល្ហែម? អ្នកគួរតែយល់អំពីចំណុចនេះ។ កុំធ្វើពើថា អ្នកមិនដឹងឱ្យសោះ។ នៅក្នុងចិត្តរបស់មនុស្សមួយចំនួន ប្រហែលជាពួកគេនៅតែមិនទាន់ជឿនៅឡើយ។ ប៉ុន្តែ ខ្ញុំសូមណែនាំឱ្យអ្នកសាកល្បងវា ហើយមើលថាតើ វាមានរសជាតិបែបណា។ បែបនេះ មនុស្សជាច្រើននឹងលែងមានមន្ទិលសង្ស័យអំពីរឿងនេះទៀតហើយ។ មនុស្សជាច្រើនអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ តែបែរជាប្រឆាំងទាស់នឹងទ្រង់ដោយស្ងាត់ៗនៅក្នុងចិត្តរបស់ពួកគេទៅវិញ។ បន្ទាប់ពីប្រឆាំងទាស់នឹងទ្រង់បែបនេះហើយ តើអ្នកមិនមានអារម្មណ៍ដូចជាមានកាំបិតមួយកំពុងចាក់ឆ្កៀលនៅក្នុងបេះដូងរបស់អ្នកទេឬអី? បើមិនមែនរឿងមិនចុះសម្រុងគ្នាក្នុងគ្រួសារទេ ក៏ជារឿងមិនសុខស្រួលខាងរាងកាយ ឬជារឿងទុក្ខសោករបស់កូនប្រុស និងកូនស្រីដែរ។ ទោះបីជាសាច់ឈាមរបស់អ្នក ត្រូវបានលើកលែងឱ្យរួចផុតពីសេចក្ដីស្លាប់ក៏ពិតមែន ក៏ប៉ុន្តែ ព្រះហស្តរបស់ព្រះជាម្ចាស់នៅជាប់នឹងអ្នកជានិច្ច។ តើអ្នកគិតថា រឿងអាចងាយស្រួលបែបនោះមែនទេ? ជាពិសេស មនុស្សជាច្រើនដែលនៅជិតព្រះជាម្ចាស់ រឹតតែចាំបាច់ត្រូវយកចិត្តទុកដាក់លើរឿងនេះថែមទៀត។ ពេលវេលាកន្លងផុតទៅ អ្នកនឹងភ្លេចរឿងនេះដោយមិនដឹងខ្លួន អ្នកនឹងត្រូវធ្លាក់ចូលទៅក្នុងសេចក្ដីល្បួង រួចក៏ធ្វេសប្រហែសក្នុងរឿងគ្រប់យ៉ាង ហើយនេះគឺជាការចាប់ផ្ដើមនៃអំពើបាបរបស់អ្នក។ ចំពោះអ្នក តើរឿងនេះតូចតាចមែនទេ? ប្រសិនបើអ្នកអាចធ្វើរឿងនេះបានល្អ នោះអ្នកនឹងមានឱកាសត្រូវបានប្រោសឱ្យបានគ្រប់លក្ខណ៍ មានឱកាសចូលមកចំពោះព្រះភក្រ្តព្រះជាម្ចាស់ និងទទួលសេចក្តីណែនាំចេញពីព្រះឱស្ឋរបស់ទ្រង់ផ្ទាល់។ ប្រសិនបើអ្នកធ្វេសប្រហែស នោះបញ្ហានឹងកើតមានដល់អ្នក ហើយអ្នកនឹងរឹងទទឹងទាស់នឹងព្រះជាម្ចាស់ ពាក្យសម្តី និងទង្វើរបស់អ្នកនឹងព្រហើនគ្មានសីលធម៌ ហើយមិនយូរមិនឆាប់ទេ អ្នកនឹងត្រូវព្យុះសង្ឃរានិងរលកយក្ស បោកបក់នាំយកទៅអស់មិនខាន។ អ្នករាល់គ្នាម្នាក់ៗ គួរតែកត់ចំណាំពីបញ្ញត្តិទាំងនេះ។ ប្រសិនបើអ្នកបំពានបញ្ញត្តិទាំងនេះ បើទោះជាមនុស្សដែលព្រះជាម្ចាស់បានធ្វើទីបន្ទាល់មិនថ្កោលទោសអ្នកក៏ពិតមែន ក៏ប៉ុន្តែព្រះវិញ្ញាណនៃព្រះជាម្ចាស់ ក៏នឹងមិនបញ្ចប់កិច្ចការត្រឹមអ្នកនោះដែរ ហើយទ្រង់នឹងមិនទុកជីវិតឱ្យអ្នកឡើយ។ តើអ្នកអាចស៊ូទ្រាំនឹងផលលំបាកពីការបំពានរបស់អ្នកបានដែរឬទេ? ដូចនេះ មិនថាព្រះជាម្ចាស់មានព្រះបន្ទូលបែបណានោះទេ អ្នកត្រូវតែយកព្រះបន្ទូលរបស់ទ្រង់ទៅអនុវត្ត ហើយត្រូវតែប្រកាន់ខ្ជាប់តាមព្រះបន្ទូលនោះ តាមគ្រប់មធ្យោបាយដែលអ្នកអាចធ្វើបាន។ នេះមិនមែនជារឿងសាមញ្ញនោះទេ!