អំពីងារ និងអត្តសញ្ញាណ

ប្រសិនបើឯងចង់មានគុណសម្បត្តិសក្ដិសម ដើម្បីឲ្យព្រះជាម្ចាស់ប្រើ ឯងត្រូវតែដឹងអំពីកិច្ចការរបស់ព្រះជាម្ចាស់ ឯងត្រូវតែដឹងអំពីកិច្ចការដែលទ្រង់បានធ្វើកាលពីអតីតកាល (នៅក្នុងព្រះគម្ពីរសញ្ញាថ្មី និងសញ្ញាចាស់) ហើយលើសពីនេះ ឯងក៏ត្រូវតែដឹងអំពីកិច្ចការរបស់ទ្រង់នាពេលសព្វថ្ងៃផងដែរ គឺអាចនិយាយបានថា ឯងត្រូវតែដឹងអំពីដំណាក់កាលទាំងបីនៃកិច្ចការរបស់ព្រះជាម្ចាស់ ដែលបានធ្វើជាង៦,០០០ឆ្នាំកន្លងមកនេះ។ ប្រសិនបើឯងត្រូវបានស្នើសុំឲ្យផ្សាយដំណឹងល្អ នោះឯងនឹងមិនអាចធ្វើកិច្ចការនេះ ដោយមិនដឹងអំពីកិច្ចការរបស់ព្រះជាម្ចាស់នោះឡើយ។ មនុស្សម្នាក់អាចសួរឯងអំពីសេចក្តីដែលព្រះរបស់ឯងរាល់គ្នាបានមានបន្ទូលទាក់ទងនឹងព្រះគម្ពីរសញ្ញាចាស់ និងអំពីកិច្ចការ ព្រមទាំងព្រះបន្ទូលរបស់ព្រះយេស៊ូវនៅគ្រានោះ។ ប្រសិនបើឯងមិនអាចនិយាយចេញពីសាច់រឿងខាងក្នុងព្រះគម្ពីរទេ នោះពួកគេនឹងមិនជឿឯងឡើយ។ នៅពេលនោះ ព្រះយេស៊ូវបានមានបន្ទូលយ៉ាងច្រើនអំពីព្រះគម្ពីរសញ្ញាចាស់ជាមួយនឹងពួកសិស្សរបស់ទ្រង់។ គ្រប់យ៉ាងដែលពួកគេបានអាន គឺចេញមកពីព្រះគម្ពីរសញ្ញាចាស់ ហើយព្រះគម្ពីរសញ្ញាថ្មីត្រូវបាននិពន្ធឡើង តែប៉ុន្មានទសវត្សរ៍ ក្រោយពេលដែលព្រះយេស៊ូវត្រូវបានជាប់ឆ្កាងប៉ុណ្ណោះ។ ដើម្បីផ្សាយដំណឹងល្អ ឯងរាល់គ្នាគួរតែយល់គោលៗអំពីសេចក្តីពិតខាងក្នុងព្រះគម្ពីរ និងយល់អំពីកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងស្រុកអ៊ីស្រាអែល ជាកិច្ចការដែលត្រូវបានធ្វើដោយព្រះយេហូវ៉ា ហើយឯងក៏ត្រូវយល់អំពីកិច្ចការដែលត្រូវបានធ្វើដោយព្រះយេស៊ូវផងដែរ។ ទាំងនេះគឺជាចំណុចដែលមនុស្សទាំងអស់មានការខ្វល់ខ្វាយបំផុត ហើយសាច់រឿងខាងក្នុងដំណាក់កាលនៃកិច្ចការទាំងពីរនោះ គឺជាអ្វីដែលពួកគេមិនធ្លាប់បានឮឡើយ។ នៅពេលផ្សាយដំណឹងល្អ ជាដំបូង ចូរកុំទាន់អាលនិយាយអំពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធនាពេលសព្វថ្ងៃនេះ។ ដំណាក់កាលនៃកិច្ចការនេះ គឺលើសពីអ្វីដែលគេអាចយល់បាន ព្រោះអ្វីដែលឯងរាល់គ្នាដេញតាម គឺជាសេចក្តីដែលខ្ពង់ខ្ពស់បំផុត ពោលជាចំណេះដឹងអំពីព្រះជាម្ចាស់ និងចំណេះដឹងអំពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយគ្មានអ្វីដែលត្រូវបានគេលើកតម្កើងជាងសេចក្តីទាំងពីរនេះឡើយ។ ប្រសិនបើឯងរាល់គ្នាចាប់ផ្ដើមនិយាយដំបូងអំពីសេចក្តីដែលខ្ពង់ខ្ពស់បែបនេះ នោះវានឹងច្រើនពេកហើយសម្រាប់ពួកគេ ព្រោះថាគ្មាននរណាម្នាក់ធ្លាប់មានបទពិសោធន៍អំពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ ព្រោះវាមិនធ្លាប់មានពីមុនមកទេ ហើយវាមិនងាយស្រួលសម្រាប់មនុស្សក្នុងការទទួលយកនោះទេ។ បទពិសោធន៍របស់គេ គឺជាបទពិសោធន៍ចាស់ៗពីអតីតកាល ដែលព្រះវិញ្ញាណបរិសុទ្ធធ្វើការម្ដងម្កាល។ អ្វីដែលគេដកពិសោធន៍នោះ មិនមែនជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធនាពេលសព្វថ្ងៃ ឬព្រះហឫទ័យរបស់ព្រះជាម្ចាស់នាពេលសព្វថ្ងៃឡើយ។ ពួកគេនៅតែប្រព្រឹត្តតាមទម្លាប់ចាស់ ដោយគ្មានពន្លឺថ្មី និងកិច្ចការថ្មីៗដដែល។

នៅក្នុងយុគសម័យរបស់ព្រះយេស៊ូវ ព្រះវិញ្ញាណបរិសុទ្ធបានធ្វើកិច្ចការរបស់ទ្រង់ជាចម្បងនៅក្នុងព្រះយេស៊ូវ ខណៈពេលដែលអស់អ្នកដែលបម្រើព្រះយេហូវ៉ា ទាំងសម្លៀកបំពាក់ជាសង្ឃនៅក្នុងព្រះវិហារ បានធ្វើកិច្ចការរបស់គេ ដោយចិត្តភក្ដីភាពឥតងាករេ។ ពួកគេក៏មានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធផងដែរ ប៉ុន្តែ ពួកគេមិនអាចយល់អំពីព្រះហឫទ័យបច្ចុប្បន្នរបស់ព្រះជាម្ចាស់ឡើយ គឺគេគ្រាន់តែស្មោះត្រង់ចំពោះព្រះយេហូវ៉ាស្របតាមការប្រតិបត្តិចាស់ៗ ហើយគ្មានការដឹកនាំថ្មីៗនោះឡើយ។ ព្រះយេស៊ូវបានយាងមក ហើយបាននាំមកនូវកិច្ចការថ្មី ប៉ុន្តែ អស់អ្នកដែលបម្រើនៅក្នុងព្រះវិហារមិនមានការដឹកនាំថ្មីៗទេ ហើយពួកគេក៏គ្មាននូវកិច្ចការថ្មីៗដែរ។ ដោយការបម្រើនៅក្នុងព្រះវិហារ ពួកគេគ្រាន់តែអាចប្រកាន់ខ្ជាប់នូវការប្រតិបត្តិចាស់ៗប៉ុណ្ណោះ ហើយដោយគ្មានការចាកចេញពីព្រះវិហារ ពួកគេក៏មិនអាចមាននូវច្រកចូលថ្មីណាមួយដែរ។ កិច្ចការថ្មីត្រូវបាននាំមកដោយព្រះយេស៊ូវ ហើយព្រះយេស៊ូវមិនបានចូលទៅក្នុងព្រះវិហារ ដើម្បីធ្វើកិច្ចការរបស់ទ្រង់ឡើយ។ ទ្រង់គ្រាន់តែធ្វើកិច្ចការរបស់ទ្រង់នៅខាងក្រៅព្រះវិហារប៉ុណ្ណោះ ព្រោះវិសាលភាពនៃកិច្ចការរបស់ព្រះជាម្ចាស់បានផ្លាស់ប្ដូរជាយូរឆ្នាំមកហើយ។ ទ្រង់មិនបានធ្វើកិច្ចការនៅក្នុងព្រះវិហារ ហើយនៅពេលដែលមនុស្សបានបម្រើព្រះជាម្ចាស់នៅទីនោះ វាគ្រាន់តែជាការបម្រើតាមទម្លាប់ប៉ុណ្ណោះ ហើយវាមិនអាចនាំមកនូវកិច្ចការថ្មីនោះឡើយ។ ដូចគ្នាដែរ អ្នកដឹកនាំសាសនានាពេលសព្វថ្ងៃ នៅតែថ្វាយបង្គំព្រះគម្ពីរ។ ប្រសិនបើឯងផ្សាយដំណឹងល្អទៅកាន់ពួកគេ នោះពួកគេនឹងបោះសម្ដីមកកាន់ឯងវិញជាសេចក្តីលម្អិតគួរសមអំពីព្រះបន្ទូលនៅក្នុងព្រះគម្ពីរ ហើយពួកគេនឹងមានភស្តុតាងជាច្រើន ដើម្បីធ្វើឲ្យឯងស្រឡាំងកាំង និងកប់យោបល់។ បន្ទាប់មក ពួកគេនឹងដាក់ងារឲ្យឯង ហើយគិតថា ឯងរាល់គ្នាជាមនុស្សល្ងីល្ងើនៅក្នុងសេចក្តីជំនឿរបស់ឯង។ ពួកគេនឹងនិយាយថា៖ “ឯងមិនទាំងដឹងអំពីព្រះគម្ពីរ ជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ផង តើឯងអាចនិយាយថា ឯងជឿលើព្រះជាម្ចាស់ដូចម្ដេចកើតទៅ?” បន្ទាប់មក គេនឹងមើលងាយឯង ហើយនិយាយថា៖ “ដោយសារតែព្រះមួយអង្គដែលឯងរាល់គ្នាជឿ គឺជាព្រះជាម្ចាស់ ចុះហេតុអ្វីបានជាទ្រង់មិនមានបន្ទូលប្រាប់ឯងរាល់គ្នាគ្រប់ទាំងសេចក្តីអំពីព្រះគម្ពីរសញ្ញាចាស់ និងសញ្ញាថ្មី? ដោយសារតែទ្រង់បាននាំសិរីល្អរបស់ទ្រង់ចេញពីអ៊ីស្រាអែល ទៅទិសខាងកើត ហេតុអ្វីបានជាទ្រង់មិនជ្រាបដឹងអំពីកិច្ចការដែលបានធ្វើនៅក្នុងស្រុកអ៊ីស្រាអែល? ហេតុអ្វីបានជាទ្រង់មិនជ្រាបដឹងអំពីកិច្ចការរបស់ព្រះយេស៊ូវ? ប្រសិនបើឯងរាល់គ្នាមិនដឹង នោះបញ្ជាក់ឲ្យឃើញថា ទ្រង់មិនបានមានបន្ទូលប្រាប់ឯងរាល់គ្នា ហើយដោយសារតែទ្រង់ជាព្រះយេស៊ូវដែលយកកំណើតជាមនុស្សលើកទីពីរ តើទ្រង់មិនអាចជ្រាបដឹងអំពីកិច្ចការទាំងនេះដូចម្ដេចទៅ? ព្រះយេស៊ូវបានជ្រាបដឹងអំពីកិច្ចការដែលត្រូវបានធ្វើ ដោយព្រះយេហូវ៉ា តើទ្រង់មិនអាចជ្រាបដឹងយ៉ាងដូចម្ដេចទៅ?” នៅពេលដែលពេលកំណត់មកដល់ ពួកគេទាំងអស់គ្នានឹងសួរឯងនូវសំណួរទាំងនេះ។ ក្បាលរបស់គេពេញដោយសេចក្តីបែបនេះ តើពួកគេអាចមិនសួរនាំយ៉ាងដូចម្ដេចទៅ? ក្នុងចំណោមឯងរាល់គ្នាដែលស្ថិតនៅក្នុងចរន្តនេះ មិនបានផ្ដោតទៅលើព្រះគម្ពីរឡើយ ដ្បិតឯងរាល់គ្នាបានបន្តតាមដាននូវកិច្ចការមួយជំហានម្ដងៗ ដែលត្រូវបានធ្វើដោយព្រះជាម្ចាស់នាពេលសព្វថ្ងៃ ឯងរាល់គ្នាបានឃើញផ្ទាល់នឹងភ្នែកអំពីកិច្ចការមួយជំហានម្ដងៗនេះ ហើយឯងបានឃើញយ៉ាងច្បាស់អំពីដំណាក់កាលទាំងបីនៃកិច្ចការ ដូច្នេះ ឯងត្រូវតែទម្លាក់ព្រះគម្ពីរចុះ ហើយផ្អាកការសិក្សាសិន។ ប៉ុន្តែ ពួកគេមិនអាចផ្អាកការសិក្សាបានឡើយ ព្រោះពួកគេមិនដឹងអំពីកិច្ចការមួយជំហានម្ដងៗនេះឡើយ។ មនុស្សខ្លះនឹងសួរថា “តើអ្វីទៅជាភាពខុសគ្នារវាងកិច្ចការដែលត្រូវបានធ្វើ ដោយព្រះជាម្ចាស់ និងកិច្ចការរបស់ពួកហោរា និងពួកសាវ័កកាលពីអតីតកាល? ស្ដេចដាវីឌត្រូវបានហៅថា ព្រះអម្ចាស់ ឯព្រះយេស៊ូវក៏ត្រូវបានហៅបែបនេះដែរ ហើយទោះបីជាកិច្ចការដែលពួកទ្រង់បានធ្វើខុសគ្នាក៏ដោយ ប៉ុន្តែ ពួកទ្រង់ត្រូវបានគេហៅដូចគ្នា។ សាកប្រាប់អញបន្ដិចមើល៍ថា ហេតុអ្វីបានជាអត្តសញ្ញាណរបស់ពួកទ្រង់មិនដូចគ្នា? អ្វីដែលលោកយ៉ូហានបានឃើញ គឺជានិមិត្តមួយ ជានិមិត្តដែលបានមកពីព្រះវិញ្ញាណបរិសុទ្ធដែរ ហើយគាត់អាចនិយាយអំពីសេចក្តីដែលព្រះវិញ្ញាណបរិសុទ្ធចង់មានព្រះបន្ទូលទៀត ដូច្នេះ ហេតុអ្វីបានជាអត្តសញ្ញាណរបស់លោកយ៉ូហាន ខុសពីអត្តសញ្ញាណរបស់ព្រះយេស៊ូវ?” ព្រះបន្ទូលដែលចេញពីព្រះយេស៊ូវអាចតំណាងឲ្យព្រះជាម្ចាស់យ៉ាងពេញលេញ ហើយព្រះបន្ទូលទាំងនោះបានតំណាងយ៉ាងពេញលេញឲ្យកិច្ចការរបស់ព្រះជាម្ចាស់។ អ្វីដែលលោកយ៉ូហានបានឃើញ គឺជានិមិត្តមួយ ហើយគាត់មិនអាចមានសមត្ថភាពតំណាងឲ្យកិច្ចការរបស់ព្រះជាម្ចាស់យ៉ាងពេញលេញនោះឡើយ។ ហេតុអ្វីបានជាលោកយ៉ូហាន លោកពេត្រុស និងលោកប៉ុលបានថ្លែងនូវពាក្យជាច្រើន ដូចជាព្រះយេស៊ូវដែរ ប៉ុន្តែ ពួកគេមិនមានអត្តសញ្ញាណដូចជាព្រះយេស៊ូវ? ជាចម្បង គឺដោយសារតែកិច្ចការដែលពួកគេបានធ្វើ មានលក្ខណៈខុសគ្នា។ ព្រះយេស៊ូវបានតំណាងឲ្យព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ ហើយជាព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ដែលកំពុងតែធ្វើការដោយផ្ទាល់។ ទ្រង់បានធ្វើកិច្ចការនៃយុគសម័យថ្មី ជាកិច្ចការមួយដែលគ្មាននរណាម្នាក់ធ្លាប់បានធ្វើពីមុនមកឡើយ។ ទ្រង់បានរៀបចំផ្លូវមួយថ្មី ទ្រង់បានតំណាងឲ្យព្រះយេហូវ៉ា ហើយទ្រង់បានតំណាងឲ្យព្រះជាម្ចាស់ផ្ទាល់ ចំណែកឯលោកពេត្រុស លោកប៉ុល និងស្ដេចដាវីឌវិញ មិនថាពួកគេត្រូវបានត្រាស់ហៅឲ្យធ្វើអ្វីនោះឡើយ ពួកគេគ្រាន់តែបានតំណាងឲ្យអត្តសញ្ញាណជាសត្តនិករមួយរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ហើយពួកគេត្រូវបានបញ្ជូនមក ដោយព្រះយេស៊ូវ ឬព្រះយេហូវ៉ា។ ដូច្នេះ មិនថាពួកគេធ្វើកិច្ចការបានច្រើនយ៉ាងណា មិនថាពួកគេបានធ្វើការអស្ចារ្យធំៗបែបណានោះទេ ពួកគេគ្រាន់តែជាសត្តនិកររបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ហើយពួកគេគ្មានសមត្ថភាពតំណាងឲ្យព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ឡើយ។ ពួកគេបានធ្វើការនៅក្នុងព្រះនាមរបស់ព្រះជាម្ចាស់ ឬបានធ្វើការ ក្រោយពេលត្រូវបានព្រះជាម្ចាស់បញ្ជូនមកប៉ុណ្ណោះ ហើយលើសពីនេះ ពួកគេបានធ្វើការនៅក្នុងយុគសម័យ ដែលបានចាប់ផ្ដើមដោយព្រះយេស៊ូវ ឬព្រះយេហូវ៉ា ហើយពួកគេមិនបានធ្វើកិច្ចការណាផ្សេងទៀតឡើយ។ សរុបមក ពួកគេគ្រាន់តែជាសត្តនិកររបស់ព្រះជាម្ចាស់ប៉ុណ្ណោះ។ នៅក្នុងព្រះគម្ពីរសញ្ញាចាស់ មានហោរាជាច្រើនបានថ្លែងទំនាយ ឬបាននិពន្ធនូវកណ្ឌគម្ពីរទំនាយជាច្រើន។ គ្មាននរណាម្នាក់និយាយថា ពួកគេជាព្រះជាម្ចាស់ឡើយ ប៉ុន្តែ ពេលដែលព្រះយេស៊ូវបានចាប់ផ្ដើមធ្វើកិច្ចការ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់បានធ្វើបន្ទាល់ថា ទ្រង់ជាព្រះជាម្ចាស់។ តើនោះជាអ្វីទៅ? នៅត្រង់នេះ ឯងគួរតែបានដឹងរួចហើយ! កាលពីមុន ពួកសាវ័ក និងពួកហោរាបានសរសេរសំបុត្រជាច្រើន ហើយបានថ្លែងទំនាយជាច្រើនដែរ។ ក្រោយមក មនុស្សបានជ្រើសរើសយកសំបុត្រ និងទំនាយខ្លះមកដាក់នៅក្នុងព្រះគម្ពីរ ហើយសំបុត្រ និងទំនាយខ្លះទៀតត្រូវបានបាត់បង់។ ដោយសារតែមានមនុស្សដែលនិយាយថា គ្រប់ទាំងសេចក្តីដែលពួកគេនិយាយ សុទ្ធតែចេញមកពីព្រះវិញ្ញាណបរិសុទ្ធ ដូច្នេះ តើហេតុអ្វីបានជាសេចក្តីខ្លះត្រូវបានចាត់ទុកថាល្អ ហើយសេចក្តីខ្លះទៀតត្រូវបានចាត់ទុកថាអាក្រក់? ហើយហេតុអ្វីបានជាសេចក្តីខ្លះត្រូវបានជ្រើសរើស ហើយសេចក្តីខ្លះទៀតមិនត្រូវបានជ្រើសរើសដូច្នេះ? ប្រសិនបើសេចក្តីទាំងនោះពិតជាព្រះបន្ទូលដែលថ្លែងចេញពីព្រះវិញ្ញាណបរិសុទ្ធមែន ហេតុអ្វីបានជាវាចាំបាច់សម្រាប់មនុស្សក្នុងការជ្រើសរើសសេចក្តីទាំងនោះ? ហេតុអ្វីបានជារឿងរ៉ាវនៃព្រះបន្ទូលដែលត្រូវបានថ្លែងចេញពីព្រះយេស៊ូវ និងកិច្ចការដែលទ្រង់បានធ្វើ មានលក្ខណៈខុសៗគ្នានៅក្នុងកណ្ឌគម្ពីរនីមួយៗនៃកណ្ឌគម្ពីរដំណឹងល្អទាំងបួនក្បាលបែបនេះ? តើនេះមិនមែនជាកំហុសរបស់មនុស្សដែលបានកត់ត្រាព្រះបន្ទូលទាំងនោះទេឬ? មនុស្សខ្លះនឹងសួរថា៖ “ដោយសារតែសំបុត្រដែលត្រូវបាននិពន្ធដោយលោកប៉ុល និងអ្នកនិពន្ធព្រះគម្ពីរសញ្ញាថ្មីផ្សេងទៀត និងកិច្ចការដែលពួកគេបានធ្វើ មានផ្នែកខ្លះចេញមកពីឆន្ទៈរបស់មនុស្ស ហើយត្រូវបានលាយឡំដោយសញ្ញាណរបស់មនុស្ស ដូច្នេះ តើវាគ្មានភាពមិនបរិសុទ្ធរបស់មនុស្សនៅក្នុងព្រះបន្ទូល ដែលទ្រង់ (ព្រះជាម្ចាស់) មានបន្ទូលនាពេលសព្វថ្ងៃទេឬអី? តើព្រះបន្ទូលទាំងនោះពិតជាគ្មានផ្ទុកនូវសញ្ញាណរបស់មនុស្សមែនឬ?” ដំណាក់កាលនៃកិច្ចការដែលត្រូវបានធ្វើដោយព្រះជាម្ចាស់នេះ គឺមានលក្ខណៈខុសប្លែកទាំងស្រុងពីដំណាក់កាលដែលត្រូវបានធ្វើដោយលោកប៉ុល ពួកសាវ័ក និងពួកហោរាជាច្រើននាក់។ វាមិនគ្រាន់តែមានភាពខុសគ្នាមួយនៅក្នុងអត្តសញ្ញាណប៉ុណ្ណោះទេ ប៉ុន្តែ តាមគោលការណ៍ វាមាននូវភាពខុសគ្នាមួយនៅក្នុងកិច្ចការដែលត្រូវអនុវត្តផងដែរ។ ក្រោយពេលដែលលោកប៉ុលត្រូវបានដួលចុះនៅចំពោះព្រះភ័ក្រ្ដព្រះអម្ចាស់ គាត់ត្រូវបានដឹកនាំដោយព្រះវិញ្ញាណបរិសុទ្ធ ដើម្បីធ្វើការ ហើយគាត់បានក្លាយជាបុគ្គលម្នាក់ដែលត្រូវបានបញ្ជូនឲ្យចេញទៅ។ ដូច្នេះ គាត់បានសរសេរសំបុត្រទៅកាន់ពួកជំនុំ ហើយសំបុត្រទាំងអស់នេះសុទ្ធតែសរសេរឡើងតាមសេចក្តីបង្រៀនរបស់ព្រះយេស៊ូវ។ លោកប៉ុលត្រូវបានព្រះអម្ចាស់បញ្ជូនឲ្យទៅធ្វើការនៅក្នុងព្រះនាមរបស់ព្រះអម្ចាស់យេស៊ូវ ប៉ុន្តែ នៅពេលដែលព្រះជាម្ចាស់ផ្ទាល់បានយាងមក ទ្រង់មិនបានធ្វើកិច្ចការនៅក្នុងនាមណាមួយឡើយ ហើយក៏មិនបានតំណាងឲ្យនរណាម្នាក់ដែរ ក្រៅពីព្រះវិញ្ញាណរបស់ព្រះជាម្ចាស់នៅក្នុងកិច្ចការរបស់ទ្រង់នោះ។ ព្រះជាម្ចាស់បានយាងមក ដើម្បីធ្វើកិច្ចការរបស់ទ្រង់ដោយផ្ទាល់៖ ទ្រង់មិនត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍ ដោយមនុស្ស ហើយកិច្ចការរបស់ទ្រង់ក៏មិនត្រូវបានអនុវត្តស្របតាមសេចក្តីបង្រៀនរបស់មនុស្សណាម្នាក់ដែរ។ នៅក្នុងដំណាក់កាលនៃកិច្ចការនេះ ព្រះជាម្ចាស់មិនបានដឹកនាំ ដោយមានបន្ទូលអំពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់ទ្រង់ឡើយ ប៉ុន្តែ ផ្ទុយទៅវិញ ទ្រង់អនុវត្តកិច្ចការរបស់ទ្រង់ដោយផ្ទាល់ស្របតាមអ្វីដែលទ្រង់មាន។ ឧទាហរណ៍ ការល្បងលរបស់អ្នកស៊ីឈ្នួល ពេលវេលានៃការវាយផ្ចាល ការល្បងលនៃសេចក្តីស្លាប់ ពេលវេលានៃការស្រឡាញ់ព្រះជាម្ចាស់... ទាំងអស់នេះសុទ្ធតែជាកិច្ចការដែលមិនធ្លាប់ត្រូវបានធ្វើពីមុនមកឡើយ ហើយក៏ជាកិច្ចការដែលចេញពីយុគសម័យបច្ចុប្បន្ន ជាជាងចេញពីបទពិសោធន៍របស់មនុស្ស។ នៅក្នុងព្រះបន្ទូលដែលអញបានថ្លែង តើមានព្រះបន្ទូលណាខ្លះដែលជាបទពិសោធន៍របស់មនុស្ស? តើព្រះបន្ទូលទាំងអស់នោះមិនចេញមកដោយផ្ទាល់ពីព្រះវិញ្ញាណទេឬ? តើព្រះបន្ទូលទាំងនោះមិនត្រូវបានថ្លែងចេញមកពីព្រះវិញ្ញាណទេឬ? គឺដោយសារតែគុណសម្បត្តិរបស់ឯងអន់ពេក ទើបឯងគ្មានសមត្ថភាពមើលឃើញសេចក្តីពិតនោះ! ផ្លូវនៃជីវិតដ៏ជាក់ស្ដែង ដែលអញថ្លែងនេះ គឺដើម្បីនាំផ្លូវ ហើយផ្លូវនេះមិនធ្លាប់បាននិយាយ ដោយនរណាម្នាក់ពីមុនមកឡើយ ហើយក៏គ្មាននរណាម្នាក់ធ្លាប់ដកពិសោធន៍អំពីផ្លូវមួយនេះ ឬបានស្គាល់ពីការពិតនេះដែរ។ មុនពេលអញថ្លែងព្រះបន្ទូលទាំងនេះ គ្មាននរណាម្នាក់ធ្លាប់បាននិយាយវាពីមុនមកឡើយ។ គ្មាននរណាម្នាក់ធ្លាប់បាននិយាយអំពីបទពិសោធន៍បែបនេះ ហើយក៏មិនធ្លាប់មាននរណានិយាយលម្អិតបែបនេះនោះដែរ ហើយលើសពីនេះទៅទៀត ក៏គ្មាននរណាម្នាក់ធ្លាប់លើកឡើងអំពីសភាពបែបនេះ ដើម្បីបើកសម្ដែងពីសេចក្តីទាំងនេះដែរ។ គ្មាននរណាម្នាក់ធ្លាប់បានដឹកនាំផ្លូវដែលអញដឹកនាំនៅថ្ងៃនេះឡើយ ហើយបើវាត្រូវបានដឹកនាំ ដោយមនុស្សពីមុនមក ដូច្នេះ វាមិនមែនជាផ្លូវថ្មីនោះឡើយ។ សូមយកលោកប៉ុល និងលោកពេត្រុស មកធ្វើជាឧទាហរណ៍ចុះ។ មុនពេលព្រះយេស៊ូវបានដឹកនាំផ្លូវ ពួកគេមិនធ្លាប់មានបទពិសោធន៍ផ្ទាល់ខ្លួនរបស់គេឡើយ។ មានតែក្រោយពេលដែលព្រះយេស៊ូវបានដឹកនាំផ្លូវរួចហើយប៉ុណ្ណោះ ទើបពួកគេបានមានបទពិសោធន៍អំពីព្រះបន្ទូលដែលត្រូវបានថ្លែងដោយព្រះយេស៊ូវ និងផ្លូវដែលត្រូវបានដឹកនាំ ដោយទ្រង់។ ដោយហេតុនេះ ពួកគេបានទទួលនូវបទពិសោធន៍ជាច្រើន ហើយពួកគេក៏បានសរសេរនូវសំបុត្រជាច្រើនដែរ។ ដូច្នេះ បទពិសោធន៍របស់មនុស្ស មិនដូចជាកិច្ចការរបស់ព្រះជាម្ចាស់ ហើយកិច្ចការរបស់ព្រះជាម្ចាស់ក៏មិនដូចជាចំណេះដឹង ដែលត្រូវបានពណ៌នាដោយសញ្ញាណ និងបទពិសោធន៍របស់មនុស្សដែរ។ អញបានមានបន្ទូលម្ដងហើយម្ដងទៀតថា នៅថ្ងៃនេះ អញកំពុងតែដឹកនាំផ្លូវមួយថ្មី និងកំពុងតែធ្វើកិច្ចការមួយថ្មី ហើយកិច្ចការ និងព្រះសូរសៀងរបស់អញ មានលក្ខណៈខុសគ្នាពីកិច្ចការ និងសូរសំឡេងរបស់លោកយ៉ូហាន និងពួកហោរាទាំងអស់ផ្សេងទៀត។ ជាដំបូង អញមិនដែលទទួលបានបទពិសោធន៍ ហើយបន្ទាប់មក មានបន្ទូលអំពីបទពិសោធន៍ទាំងនោះប្រាប់ឯងរាល់គ្នា គឺអញមិនដែលធ្វើបែបនេះឡើយ។ បើអញធ្វើបែបនេះ តើវានឹងមិនបានពន្យារពេលឯងរាល់គ្នាកាលពីយូរលង់ណាស់មកហើយទេឬអី? កាលពីអតីកាល ចំណេះដឹងដែលមនុស្សជាច្រើនបានថ្លែង ក៏ត្រូវបានលើកតម្កើងឡើង ប៉ុន្តែ ពាក្យទាំងអស់របស់គេគ្រាន់តែជាពាក្យដែលថ្លែងចេញពីមនុស្សដែលត្រូវបានហៅថាជា បុគ្គលអស្ចារ្យខាងវិញ្ញាណប៉ុណ្ណោះ។ ពាក្យទាំងនោះមិនបានដឹកនាំផ្លូវឡើយ ប៉ុន្តែ បានចេញមកពីបទពិសោធន៍ ចេញមកពីអ្វីដែលគេបានឃើញ និងចេញមកចំណេះដឹងរបស់គេប៉ុណ្ណោះ។ ពាក្យខ្លះចេញមកពីសញ្ញាណរបស់គេ ហើយពាក្យខ្លះទៀតចេញមកពីបទពិសោធន៍ ដែលពួកគេបានធ្វើការសង្ខេបប៉ុណ្ណោះ។ នៅថ្ងៃនេះ និស្ស័យនៃកិច្ចការរបស់អញ គឺខុសស្រះឡះពីពួកគេ។ អញមិនធ្លាប់មានបទពិសោធន៍ឲ្យអ្នកដទៃដឹកនាំ ហើយអញក៏មិនធ្លាប់បានទទួលការប្រោសឲ្យគ្រប់លក្ខណ៍ពីអ្នកដទៃដែរ។ លើសពីនេះទៅទៀត រាល់សេចក្តីដែលអញបានថ្លែង និងបានប្រកប គឺមានលក្ខណៈខុសពីសេចក្តីរបស់អ្នកឯទៀតៗ ហើយក៏ជាសេចក្តីដែលមិនធ្លាប់មាននរណាម្នាក់បានថ្លែងពីមុនមកដែរ។ នៅថ្ងៃនេះ មិនថាឯងរាល់គ្នាជានរណាឡើយ គឺកិច្ចការរបស់ឯងត្រូវតែអនុវត្ត ដោយផ្អែកលើមូលដ្ឋាននៃព្រះបន្ទូលដែលអញថ្លែង។ បើគ្មានព្រះសូរសៀង និងកិច្ចការទាំងនេះទេ តើនរណានឹងមានសមត្ថភាពដកពិសោធន៍សេចក្តីទាំងនេះ (ទុក្ខលំបាករបស់ពួកអ្នកបម្រើ ពេលវេលានៃការវាយផ្ចាល...) ហើយតើនរណាអាចនឹងនិយាយពីចំណេះដឹងបែបនេះបានទៅ? តើឯងពិតជាគ្មានសមត្ថភាពមើលឃើញចំណុចនេះមែនឬ? មិនថាជំហាននៃកិច្ចការនោះបែបណាឡើយ គឺនៅពេលដែលព្រះបន្ទូលរបស់អញត្រូវបានថ្លែងចេញទៅ នោះឯងរាល់គ្នាចាប់ផ្ដើមការប្រកបគ្នាស្របតាមព្រះបន្ទូលរបស់អញ និងធ្វើការស្របតាមព្រះបន្ទូលទាំងនោះ ហើយនេះមិនមែនជាផ្លូវមួយដែលនរណាម្នាក់ក្នុងចំណោមឯងរាល់គ្នាធ្លាប់បានគិតនោះឡើយ។ ដោយបានមកឆ្ងាយបែបនេះហើយ តើឯងគ្មានសមត្ថភាពមើលឃើញសំណួរដ៏ច្បាស់លាស់ និងសាមញ្ញនេះទេឬអី? វាមិនមែនជាផ្លូវមួយដែលមនុស្សម្នាក់ធ្លាប់បានគិតនោះទេ ហើយវាក៏មិនមានមូលដ្ឋានចេញមកពីបុគ្គលអស្ចារ្យខាងវិញ្ញាណណាម្នាក់ដែរ។ វាជាផ្លូវថ្មីមួយ ហើយសូម្បីតែព្រះបន្ទូលជាច្រើនដែលព្រះយេស៊ូវធ្លាប់បានមានបន្ទូល ក៏ប្រើការលែងបានដែរ។ អ្វីដែលអញមានបន្ទូល គឺជាកិច្ចការនៃការបើកយុគសម័យថ្មីមួយ ហើយវាជាកិច្ចការដែលឯករាជ្យ ដ្បិតកិច្ចការដែលអញធ្វើ និងព្រះបន្ទូលដែលអញថ្លែង សុទ្ធតែថ្មីទាំងអស់។ តើនេះមិនមែនជាកិច្ចការថ្មីនាពេលសព្វថ្ងៃទេឬ? កិច្ចការរបស់ព្រះយេស៊ូវ ក៏មានលក្ខណៈបែបនេះផងដែរ។ កិច្ចការរបស់ទ្រង់មានលក្ខណៈខុសប្លែកពីកិច្ចការរបស់មនុស្សនៅក្នុងព្រះវិហារ ខុសពីកិច្ចការរបស់ពួកផារីស៊ី ហើយក៏មិនមានលក្ខណៈស្រដៀងគ្នាទៅនឹងកិច្ចការដែលត្រូវបានធ្វើ ដោយប្រជាជនអ៊ីស្រាអែលទាំងអស់នោះដែរ។ ក្រោយពីបានឃើញផ្ទាល់ភ្នែកហើយ មនុស្សមិនអាចសម្រេចចិត្តបានឡើយថា៖ “វាពិតជាត្រូវបានធ្វើឡើង ដោយព្រះជាម្ចាស់ឬ?” ព្រះយេស៊ូវមិនបានកាន់តាមក្រឹត្យវិន័យរបស់ព្រះយេហូវ៉ាឡើយ ហើយនៅពេលដែលទ្រង់បានយាងមកបង្រៀនមនុស្ស រាល់សេចក្តីដែលទ្រង់បានមានបន្ទូល គឺសុទ្ធតែថ្មី និងមានលក្ខណៈខុសប្លែកពីអ្វីដែលត្រូវបានថ្លែង ដោយពួកបរិសុទ្ធ និងពួកហោរាពីបុរាណនៃព្រះគម្ពីរសញ្ញាចាស់ ហើយដោយសារតែការនេះហើយ ទើបមនុស្សនៅតែមិនទាន់ច្បាស់លាស់។ នេះគឺជាអ្វីដែលធ្វើឲ្យមនុស្សពិបាកដោះស្រាយជាមួយ។ មុនពេលទទួលយកដំណាក់កាលថ្មីនៃកិច្ចការនេះ ផ្លូវដែលឯងរាល់គ្នាភាគច្រើនបានដើរ គឺជាការប្រតិបត្តិ និងការចូលពីលើគ្រឹះមូលដ្ឋានចេញពីបុគ្គលអស្ចារ្យខាងវិញ្ញាណប៉ុណ្ណោះ។ ប៉ុន្តែ នៅថ្ងៃនេះ កិច្ចការដែលអញធ្វើ មានលក្ខណៈខុសគ្នាយ៉ាងខ្លាំង ដែលជាហេតុនាំឲ្យឯងរាល់គ្នាមិនអាចសម្រេចចិត្តបានឡើយថា វាត្រឹមត្រូវ ឬក៏ខុសនោះ។ អញមិនខ្វល់អំពីផ្លូវដែលឯងបានដើរកាលពីមុននោះឡើយ ហើយក៏មិនចាប់អារម្មណ៍លើ “អាហារ” របស់នរណាដែលឯងបានទទួលទាន ឬនរណាដែលឯងយកធ្វើជា “ឪពុក” របស់ឯងនោះដែរ។ ដោយសារតែអញបាននាំមកនូវកិច្ចការថ្មី ដើម្បីដឹកនាំមនុស្ស ដូច្នេះ អស់អ្នកណាដែលដើរតាមអញ ត្រូវតែប្រព្រឹត្តតាមអ្វីដែលអញមានបន្ទូល។ មិនថាឯងចេញមកពី “ក្រុមគ្រួសារ” ដែលមានអំណាចប៉ុនណាឡើយ គឺឯងត្រូវតែដើរតាមអញ ឯងមិនត្រូវប្រព្រឹត្តស្របតាមទម្លាប់ពីអតីតកាលរបស់ឯងឡើយ “ឪពុកចិញ្ចឹម” របស់ឯងគួរតែចុះចេញ ហើយឯងគួរតែមកនៅចំពោះព្រះជាម្ចាស់របស់ឯង ដើម្បីស្វែងរកចំណែកដ៏ស្របច្បាប់របស់ឯងវិញ។ អ្វីៗទាំងអស់របស់ឯងស្ថិតនៅក្នុងព្រះហស្ដរបស់អញ ហើយឯងមិនគួរជឿទាំងងងឹតងងល់ខ្លាំងពេកលើឪពុកចិញ្ចឹមរបស់ឯងនោះឡើយ ព្រោះថាគេមិនអាចគ្រប់គ្រងលើឯងបានទាំងស្រុងឡើយ។ កិច្ចការនាពេលសព្វថ្ងៃ គឺជាកិច្ចការដែលឯករាជ្យ។ គ្រប់យ៉ាងដែលអញមានបន្ទូលនៅថ្ងៃនេះ មិនមានមូលដ្ឋានចេញពីអតីតកាលឡើយ។ ហើយវាជាទីចាប់ផ្ដើមថ្មីមួយ ហើយប្រសិនបើឯងនិយាយថា វាត្រូវបានបង្កើតឡើង ដោយដៃរបស់មនុស្ស នោះឯងជាមនុស្សម្នាក់ដែលមានភ្នែកខ្វាក់ងងឹតមើលមិនឃើញ ហើយពិបាកនឹងសង្រ្គោះណាស់!

លោកអេសាយ លោកអេសេគាល លោកម៉ូសេ ស្ដេចដាវីឌ លោកអ័ប្រាហាំ និងលោកដានីយ៉ែល សុទ្ធតែជាអ្នកដឹកនាំ ឬហោរានៅក្នុងចំណោមរាស្ដ្រជ្រើសតាំងរបស់អ៊ីស្រាអែល។ ហេតុអ្វីបានជាពួកគេមិនត្រូវបានហៅថា ព្រះជាម្ចាស់ដូច្នេះ? ហេតុអ្វីបានជាព្រះវិញ្ញាណបរិសុទ្ធមិនធ្វើបន្ទាល់អំពីពួកគេ? ហេតុអ្វីបានជាព្រះវិញ្ញាណបរិសុទ្ធធ្វើបន្ទាល់អំពីព្រះយេស៊ូវ នៅពេលដែលទ្រង់ចាប់ផ្ដើមកិច្ចការរបស់ទ្រង់ និងចាប់ផ្ដើមមានបន្ទូលរបស់ទ្រង់ច្នេះ? ហើយហេតុអ្វីបានជាព្រះវិញ្ញាណបរិសុទ្ធមិនធ្វើបន្ទាល់អំពីអ្នកដទៃ? មនុស្សដែលចេញមកពីសាច់ឈាម ពួកគេត្រូវបានហៅថា “ព្រះអម្ចាស់”។ មិនថាពួកគេត្រូវបានហៅបែបណានោះទេ  គឺកិច្ចការរបស់គេតំណាងឲ្យលក្ខណៈ និងសារជាតិរបស់គេ ហើយលក្ខណៈ និងសារជាតិរបស់គេតំណាងឲ្យអត្តសញ្ញាណរបស់គេ។ សារជាតិរបស់គេមិនជាប់ទាក់ទងអ្វីទៅនឹងងាររបស់គេឡើយ ព្រោះថាវាត្រូវបានតំណាងឲ្យអ្វីដែលពួកគេបានបង្ហាញ និងអ្វីដែលពួកគេបានស្ដែងចេញតាមការរស់នៅ។ នៅក្នុងព្រះគម្ពីរសញ្ញាចាស់ វាគ្មានអ្វីមួយចេញពីមនុស្សសាមញ្ញដែលត្រូវបានហៅថា ព្រះអម្ចាស់ នោះទេ ហើយទោះបីជាបុគ្គលម្នាក់អាចត្រូវបានគេហៅតាមរបៀបណាមួយក៏ដោយ ប៉ុន្តែ សារជាតិ និងអត្តសញ្ញាណដើមរបស់គេមិនចេះប្រែប្រួលឡើយ។ នៅក្នុងចំណោមព្រះគ្រីស្ទក្លែងក្លាយ ពួកហោរាក្លែងក្លាយ និងពួកបោកបញ្ឆោត តើមិនមានមនុស្សដែលត្រូវបានគេហៅថាជា “ព្រះជាម្ចាស់” ដែរទេឬអី? ចុះហេតុអ្វីបានជាពួកគេមិនមែនជាព្រះជាម្ចាស់ទៅ? នោះគឺដោយសារតែពួកគេគ្មានសមត្ថភាពធ្វើកិច្ចការរបស់ព្រះជាម្ចាស់។ តាមឋានៈ ពួកគេគឺជាមនុស្ស ជាពួកបញ្ឆោតមនុស្ស មិនមែនជាព្រះជាម្ចាស់ឡើយ ដូច្នេះ ពួកគេមិនមានអត្តសញ្ញាណរបស់ព្រះជាម្ចាស់ឡើយ។ តើស្ដេចដាវីឌក៏មិនត្រូវបានគេហៅថាជាព្រះអម្ចាស់នៅក្នុងចំណោមអំបូរទាំងដប់ពីរដែរឬ? ព្រះយេស៊ូវក៏ត្រូវបានគេហៅថាជាព្រះអម្ចាស់ដែរ ចុះហេតុអ្វីបានជាមានតែព្រះយេស៊ូវមួយអង្គ ដែលត្រូវបានហៅថាជាព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស? តើលោកយេរេមាមិនត្រូវបានគេស្គាល់ថាជាបុត្រមនុស្សទេឬ? ហើយតើព្រះយេស៊ូវក៏មិនត្រូវបានគេស្គាល់ថាជាបុត្រមនុស្សដែរទេឬអី? ចុះហេតុអ្វីបានជាព្រះយេស៊ូវត្រូវបានជាប់ឆ្កាង ជំនួសឲ្យព្រះជាម្ចាស់ទៅវិញ? តើនោះមិនមែនដោយសារតែសារជាតិរបស់ទ្រង់មានលក្ខណៈខុសពីគេទេឬ? តើនោះមិនមែនដោយសារតែកិច្ចការដែលទ្រង់បានធ្វើមានលក្ខណៈខុសពីគេទេឬ? តើងារសំខាន់ដែរឬទេ? ទោះបីព្រះយេស៊ូវត្រូវបានហៅថាជាបុត្រមនុស្សក៏ដោយ ក៏ទ្រង់គឺជាការយកកំណើតជាមនុស្សទីមួយរបស់ព្រះជាម្ចាស់ដែរ ហើយទ្រង់បានយាងមក ដើម្បីកាន់កាប់អំណាច និងដើម្បីសម្រេចកិច្ចការនៃការប្រោសលោះ។ ការនេះសបញ្ជាក់ឲ្យឃើញថា អត្តសញ្ញាណ និងសារជាតិរបស់ព្រះយេស៊ូវ មានលក្ខណៈខុសប្លែកពីអ្នកដទៃផ្សេងទៀតដែលត្រូវបានហៅថាជាបុត្រមនុស្សដែរនោះ។ នៅថ្ងៃនេះ តើនរណាខ្លះនៅក្នុងចំណោមឯងរាល់គ្នាដែលហ៊ាននិយាយថា គ្រប់ទាំងពាក្យដែលត្រូវបានថ្លែងដោយមនុស្សដែលព្រះវិញ្ញាណបរិសុទ្ធប្រើ សុទ្ធតែបានចេញមកពីព្រះវិញ្ញាណបរិសុទ្ធ? តើអ្នកណាខ្លះដែលហ៊ាននិយាយពាក្យបែបនេះទៅ? ប្រសិនបើឯងពិតជានិយាយបែបនេះមែន ចុះហេតុអ្វីបានជាកណ្ឌគម្ពីរទំនាយរបស់លោកអែសរ៉ាត្រូវបានបោះបង់ចោល ហើយហេតុអ្វីបានជារឿងដូចគ្នានេះត្រូវបានធ្វើចំពោះកណ្ឌគម្ពីររបស់ពួកបរិសុទ្ធ និងពួកហោរាពីបុរាណទាំងនោះ? ប្រសិនបើពួកគេទាំងអស់នោះបានមកពីព្រះវិញ្ញាណបរិសុទ្ធមែន ចុះហេតុអ្វីបានជាឯងរាល់គ្នាហ៊ានធ្វើការជ្រើសរើសដ៏សាវ៉ាបែបនេះ? តើឯងមានគុណសម្បត្តិគ្រប់គ្រាន់ក្នុងការជ្រើសរើសកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធដែរឬ? មានសាច់រឿងជាច្រើនចេញពីអ៊ីស្រាអែល ក៏ត្រូវបានបោះបង់ចោលដែរ។ ហើយប្រសិនបើឯងជឿថា សំណេរកាលពីអតីតកាលទាំងនេះសុទ្ធតែចេញមកពីព្រះវិញ្ញាណបរិសុទ្ធ ដូច្នេះ ហេតុអ្វីបានជាសៀវភៅមួយចំនួនត្រូវបានបោះបង់ចោលដូច្នេះ? ប្រសិនបើសៀវភៅទាំងអស់នេះបានមកពីព្រះវិញ្ញាណបរិសុទ្ធ នោះសៀវភៅទាំងនោះគួរតែត្រូវបានរក្សាទុក ហើយផ្ញើទៅកាន់បងប្អូនប្រុសស្រីនៃពួកជំនុំ ដើម្បីអានបាត់ទៅហើយ។ សៀវភៅទាំងនោះមិនគួរណាមិនត្រូវបានជ្រើសរើស ឬបោះបង់ចោល ដោយឆន្ទៈរបស់មនុស្សឡើយ ដ្បិតការធ្វើបែបនេះ គឺជារឿងខុសហើយ។ ការនិយាយថា បទពិសោធន៍របស់លោកប៉ុល និងលោកយ៉ូហាន ត្រូវបានលាយឡំជាមួយគតិជ្រៅជ្រះផ្ទាល់ខ្លួនរបស់គេ មិនមែនមានន័យថា បទពិសោធន៍ និងចំណេះដឹងរបស់គេ មកពីអារក្សសាតាំងនោះឡើយ ប៉ុន្តែ វាគ្រាន់តែមានន័យថា ពួកគេមាននូវសេចក្តីដែលចេញមកពីបទពិសោធន៍ និងគតិជ្រៅជ្រះរបស់គេប៉ុណ្ណោះ។ ចំណេះដឹងរបស់គេគឺស្របតាមសាវតារនៃបទពិសោធន៍ពិតរបស់គេនៅគ្រានោះ ដូច្នេះ តើនរណាអាចហ៊ាននិយាយទាំងជឿជាក់ថា អ្វីៗទាំងអស់នេះសុទ្ធតែចេញមកពីព្រះវិញ្ញាណបរិសុទ្ធនោះ? ប្រសិនបើកណ្ឌគម្ពីរដំណឹងល្អទាំងបួនសុទ្ធតែចេញមកពីព្រះវិញ្ញាណបរិសុទ្ធមែន ចុះហេតុអ្វីបានជាកណ្ឌគម្ពីរម៉ាថាយ ម៉ាកុស លូកា និងយ៉ូហាន ចែងខុសៗគ្នាអំពីកិច្ចការរបស់ព្រះយេស៊ូវបែបនេះ? ប្រសិនបើឯងរាល់គ្នាមិនជឿលើការនេះទេ សាកបើកមើលព្រះគម្ពីរអំពីរបៀបដែលលោកពេត្រុសបដិសេធព្រះអម្ចាស់ចំនួនបីដងទៅមើល៍៖ កណ្ឌគម្ពីរទាំងអស់ចែងខុសៗគ្នា ហើយកណ្ឌគម្ពីរនីមួយៗមាននូវចរិតលក្ខណៈរបស់គេរៀងៗខ្លួន។ មនុស្សដែលល្ងីល្ងើនិយាយថា “ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្សក៏ជាមនុស្សផងដែរ ដូច្នេះ តើព្រះបន្ទូលដែលទ្រង់ថ្លែងពិតជាអាចចេញមកពីព្រះវិញ្ញាណបរិសុទ្ធដែរឬទេ? ប្រសិនបើពាក្យរបស់លោកប៉ុល និងលោកយ៉ូហាន ត្រូវបានលាយឡំជាមួយឆន្ទៈរបស់មនុស្ស តើព្រះបន្ទូលដែលទ្រង់ថ្លែងនោះមិនលាយឡំជាមួយឆន្ទៈរបស់មនុស្សទេឬអី?” មនុស្សដែលនិយាយបែបនេះ គឺជាមនុស្សខ្វាក់ និងល្ងង់ខ្លៅ! ចូរអានកណ្ឌគម្ពីរដំណឹងល្អទាំងបួនដោយយកចិត្តទុកដាក់ចុះ។ ចូរអានអ្វីដែលគេបានកត់ត្រាអំពីកិច្ចការដែលព្រះយេស៊ូវបានធ្វើ និងព្រះបន្ទូលដែលទ្រង់បានថ្លែង។ កណ្ឌគម្ពីរនីមួយៗមានលក្ខណៈខុសៗគ្នា ហើយកណ្ឌគម្ពីរនីមួយៗមាននូវទស្សនៈរបស់វាផ្ទាល់។ ប្រសិនបើសេចក្តីដែលត្រូវបានសរសេរ ដោយអ្នកនិពន្ធនៃកណ្ឌគម្ពីរទាំងនេះ សុទ្ធតែមកពីព្រះវិញ្ញាណបរិសុទ្ធ នោះវាគួរតែមានភាពដូចគ្នា និងភាពជាប់លាប់មិនខាន។ ចុះហេតុអ្វីបានជាវាមានភាពផ្សេងគ្នាដូច្នេះ? តើមនុស្សមិនល្ងីល្ងើពេកទេឬអីដែលមើលមិនឃើញអំពីចំណុចនេះ? ប្រសិនបើឯងត្រូវបានសុំឲ្យធ្វើបន្ទាល់អំពីព្រះជាម្ចាស់ តើបន្ទាល់បែបណាទៅដែលឯងអាចធ្វើនោះ? តើចំណេះដឹងអំពីព្រះជាម្ចាស់បែបនេះអាចធ្វើបន្ទាល់អំពីទ្រង់បានដែរឬ? ប្រសិនបើអ្នកដទៃសួរឯងថា “បើកណ្ឌគម្ពីរយ៉ូហាន និងលូកាត្រូវបានលាយឡំជាមួយឆន្ទៈរបស់មនុស្ស ដូច្នេះ តើព្រះបន្ទូលដែលត្រូវបានថ្លែង ដោយព្រះជាម្ចាស់របស់ឯងរាល់គ្នា មិនត្រូវបានលាយឡំជាមួយឆន្ទៈរបស់មនុស្សទេឬអី?” តើឯងអាចឆ្លើយសំណួរនេះបានយ៉ាងច្បាស់លាស់ដែរឬទេ? ក្រោយពេលលោកលូកា និងលោកម៉ាថាយ បានឮអំពីព្រះបន្ទូលរបស់ព្រះយេស៊ូវ និងបានឃើញអំពីកិច្ចការរបស់ព្រះយេស៊ូវហើយ ពួកគេបាននិយាយចេញពីចំណេះដឹងផ្ទាល់ខ្លួនរបស់គេ ទៅតាមការចងចាំអំពីកិច្ចការដែលព្រះយេស៊ូវបានធ្វើប៉ុណ្ណោះ។ តើឯងអាចនិយាយថា ចំណេះដឹងរបស់គេត្រូវបានបើកសម្ដែងទាំងស្រុង ដោយព្រះវិញ្ញាណបរិសុទ្ធឬ? នៅខាងក្រៅព្រះគម្ពីរ មាននូវបុគ្គលអស្ចារ្យខាងវិញ្ញាណជាច្រើន ដែលមានចំណេះដឹងខ្ពស់ជាងពួកគេទៅទៀត ចុះហេតុអ្វីបានជាពាក្យរបស់ពួកគេមិនត្រូវបានចាប់អារម្មណ៍ ដោយមនុស្សជំនាន់ក្រោយដូច្នេះ? តើពួកគេមិនត្រូវបានប្រើ ដោយព្រះវិញ្ញាណបរិសុទ្ធដែរទេឬអី? ចូរដឹងថា នៅក្នុងកិច្ចការនាពេលថ្ងៃនេះ អញមិនមែនកំពុងតែនិយាយអំពីគតិជ្រៅជ្រះរបស់អញ ដោយផ្អែកលើមូលដ្ឋាននៃកិច្ចការរបស់ព្រះយេស៊ូវឡើយ ហើយអញក៏មិនកំពុងនិយាយចេញពីចំណេះដឹងផ្ទាល់ខ្លួនរបស់អញ ទាស់នឹងសាវតារកិច្ចការរបស់ព្រះយេស៊ូវនោះដែរ។ តើព្រះយេស៊ូវបានធ្វើកិច្ចការអ្វីខ្លះនៅពេលនោះ? តើអញកំពុងតែធ្វើកិច្ចការអ្វីខ្លះនាពេលសព្វថ្ងៃ? អ្វីដែលអញធ្វើ និងមានបន្ទូលនេះ គ្មានពាក់ព័ន្ធនឹងគ្រាមុនឡើយ។ ផ្លូវដែលអញដើរនៅថ្ងៃនេះ មិនធ្លាប់ត្រូវបានដើរកាលពីមុនឡើយ គឺវាមិនធ្លាប់ត្រូវបានដើរដោយមនុស្សជំនាន់មុនៗនោះទេ។ នៅថ្ងៃនេះ វាត្រូវបានផ្ដើមឡើង តើនេះមិនមែនជាកិច្ចការរបស់ព្រះវិញ្ញាណទេឬ? ទោះបីវាជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធក៏ដោយ ប៉ុន្តែ អ្នកដឹកនាំទាំងអស់កាលពីអតីតកាល សុទ្ធតែបានអនុវត្តកិច្ចការរបស់គេ ដោយផ្អែកលើគ្រឹះមូលដ្ឋាននៃកិច្ចការរបស់អ្នកដទៃ ប៉ុន្តែ យ៉ាងណាមិញ កិច្ចការរបស់ព្រះជាម្ចាស់ផ្ទាល់ មានលក្ខណៈខុសពីគេ។ ដំណាក់កាលនៃកិច្ចការរបស់ព្រះយេស៊ូវ គឺដូចគ្នា៖ ទ្រង់បានរៀបចំផ្លូវមួយថ្មី។ នៅពេលដែលទ្រង់បានយាងមក ទ្រង់បានប្រកាសដំណឹងល្អអំពីនគរស្ថានសួគ៌ និងបានមានបន្ទូលថា មនុស្សគួរតែប្រែចិត្ត ហើយលន់តួ។ ក្រោយពេលដែលព្រះយេស៊ូវបានបង្ហើយកិច្ចការរបស់ទ្រង់ លោកពេត្រុស លោកប៉ុល និងអ្នកផ្សេងទៀតបានចាប់ផ្ដើមបន្តកិច្ចការរបស់ព្រះយេស៊ូវ។ ក្រោយពេលដែលព្រះយេស៊ូវត្រូវបានបោះភ្ជាប់នឹងឈើឆ្កាង ហើយយាងឡើងទៅស្ថានសួគ៌ ព្រះវិញ្ញាណក៏បានចាត់ពួកគេឲ្យទៅផ្សាយអំពីផ្លូវនៃឈើឆ្កាង។ ទោះបីជាពាក្យរបស់លោកប៉ុលត្រូវបានលើកតម្កើងក៏ដោយ ក៏ពាក្យទាំងនោះផ្អែកលើគ្រឹះមូលដ្ឋានដែលត្រូវបានចាក់ ដោយសេចក្តីដែលព្រះយេស៊ូវបានមានបន្ទូល ដូចជា ចិត្តអត់ធ្មត់ សេចក្តីស្រឡាញ់ ការរងទុក្ខលំបាក ការគ្របបាំងក្បាល បុណ្យជ្រមុជទឹក ឬគោលលទ្ធិជាបន្តបន្ទាប់ផ្សេងទៀតដែរ។ រាល់សេចក្តីទាំងនេះត្រូវបាននិយាយចេញ ដោយផ្អែកលើមូលដ្ឋាននៃព្រះបន្ទូលរបស់ព្រះយេស៊ូវ។ ពួកគេគ្មានសមត្ថភាពរៀបចំផ្លូវថ្មីឡើយ ដ្បិតពួកគេគ្រាន់តែជាមនុស្សដែលត្រូវបានព្រះជាម្ចាស់ប្រើប៉ុណ្ណោះ។

ព្រះបន្ទូល និងកិច្ចការរបស់ព្រះយេស៊ូវនៅគ្រានោះ មិនផ្ទុកនូវគោលលទ្ធិឡើយ ហើយទ្រង់ក៏មិនអនុវត្តកិច្ចការរបស់ទ្រង់ ស្របតាមកិច្ចការនៃក្រឹត្យវិន័យរបស់ព្រះគម្ពីរសញ្ញាចាស់នោះដែរ។ វាត្រូវបានអនុវត្តស្របតាមកិច្ចការដែលគួរតែត្រូវបានធ្វើនៅក្នុងយុគសម័យនៃព្រះគុណ។ ទ្រង់បានធ្វើការស្របតាមកិច្ចការដែលទ្រង់បាននាំមក ស្របតាមផែនការរបស់ទ្រង់ និងស្របតាមព័ន្ធកិច្ចរបស់ទ្រង់ ហើយទ្រង់មិនធ្វើការស្របតាមក្រឹត្យវិន័យនៃព្រះគម្ពីរសញ្ញាចាស់នោះឡើយ។ គ្មានអ្វីមួយដែលទ្រង់បានធ្វើ ស្របតាមក្រឹត្យវិន័យនៃព្រះគម្ពីរសញ្ញាចាស់ឡើយ ហើយទ្រង់ក៏មិនបានយាងមកធ្វើកិច្ចការ ដើម្បីសម្រេចតាមពាក្យរបស់ពួកហោរានោះដែរ។ ដំណាក់កាលនីមួយៗនៃកិច្ចការរបស់ព្រះជាម្ចាស់ មិនត្រូវបានធ្វើឡើង ដើម្បីសម្រេចទំនាយរបស់ពួកហោរាពីបុរាណឡើយ ហើយទ្រង់ក៏មិនបានយាងមក ដើម្បីប្រកាន់ខ្ជាប់តាមគោលលទ្ធិ ឬមកសម្រេចតាមទំនាយរបស់ពួកហោរាពីបុរាណនោះដែរ។ ប៉ុន្តែ សកម្មភាពរបស់ទ្រង់មិនបានបង្អាក់ដល់សេចក្តីទំនាយរបស់ពួកហោរាពីបុរាណ ហើយក៏មិនរំខានដល់កិច្ចការដែលទ្រង់បានធ្វើកន្លងមកនោះដែរ។ ចំណុចដ៏លេចធ្លោនៃកិច្ចការរបស់ទ្រង់ មិនមែនជាការកាន់តាមគោលលទ្ធិណាមួយឡើយ ផ្ទុយទៅវិញ ជាការធ្វើកិច្ចការដែលទ្រង់ផ្ទាល់គួរតែធ្វើវិញ។ ទ្រង់មិនមែនជាហោរា ឬព្យាការីឡើយ ប៉ុន្តែ ជាអ្នកអនុវត្តផ្ទាល់ ដែលបានយាងមក ដើម្បីធ្វើកិច្ចការដែលទ្រង់គួរតែធ្វើ ហើយទ្រង់បានយាងមក ដើម្បីផ្ដើមនូវយុគសម័យថ្មីរបស់ទ្រង់ និងអនុវត្តតាមកិច្ចការថ្មីរបស់ទ្រង់។ ជាការពិត នៅពេលដែលព្រះយេស៊ូវបានយាងមក ដើម្បីធ្វើកិច្ចការរបស់ទ្រង់ ទ្រង់ក៏បានសម្រេចតាមព្រះបន្ទូលជាច្រើនដែលត្រូវបានថ្លែងទុក ដោយពួកហោរាពីបុរាណនៅក្នុងព្រះគម្ពីរសញ្ញាចាស់ដែរ។ ដូច្នេះ កិច្ចការនាពេលសព្វថ្ងៃ ក៏បានសម្រេចតាមទំនាយរបស់ពួកហោរាពីបុរាណនៃព្រះគម្ពីរសញ្ញាចាស់ដែរ។ វាគ្រាន់តែអញមិនកាន់ “សៀវភៅចំណាស់ពណ៌លឿង” នោះប៉ុណ្ណោះ។ សម្រាប់កិច្ចការជាច្រើនទៀតដែលអញត្រូវធ្វើ អញក៏ត្រូវថ្លែងព្រះបន្ទូលជាច្រើនទៀតទៅកាន់ឯងរាល់គ្នាផងដែរ ហើយកិច្ចការ និងពាក្យទាំងនេះពិតជាសំខាន់ខ្លាំងណាស់ គឺសំខាន់ជាងសេចក្តីពន្យល់បទគម្ពីរទៅទៀត ដោយសារតែកិច្ចការពន្យល់នេះគ្មានសំខាន់ ឬមានតម្លៃអ្វីសម្រាប់ឯងរាល់គ្នាឡើយ ហើយក៏មិនអាចជួយអ្វីដល់ឯងរាល់គ្នា ឬផ្លាស់ប្រែឯងរាល់គ្នានោះដែរ។ អញចង់ធ្វើកិច្ចការថ្មី មិនមែនសម្រាប់ជាប្រយោជន៍នៃការសម្រេចតាមបទគម្ពីរណាមួយនៅក្នុងព្រះគម្ពីរឡើយ។ ប្រសិនបើព្រះជាម្ចាស់គ្រាន់តែយាងមកកាន់ផែនដី ដើម្បីសម្រេចតាមពាក្យរបស់ពួកហោរាពីបុរាណនៅក្នុងព្រះគម្ពីរ នោះតើនរណាទៅដែលមានឋានៈធំជាង ជាព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ឬក៏ជាពួកហោរាពីបុរាណ? សរុបមក តើពួកហោរាគ្រប់គ្រងលើព្រះជាម្ចាស់ ឬក៏ព្រះជាម្ចាស់គ្រប់គ្រងលើពួកហោរា? តើឯងត្រូវពន្យល់អំពីពាក្យទាំងនេះយ៉ាងដូចម្ដេចទៅ?

ខាង​ដើម៖ អ្នកគួរតែដឹងពីរបៀបដែលមនុស្សជាតិទាំងមូលបានវិវឌ្ឍមកដល់ពេលបច្ចុប្បន្ន

បន្ទាប់៖ មាន​តែអ្នក​​ដែល​ត្រូវ​បាន​ប្រទាន​ឲ្យ​គ្រប់​លក្ខណ៍​​ ប៉ុណ្ណោះ​​ ​ដែល​អាច​រស់​នៅ​ក្នុង​ជីវិត​មួយ​ដែល​ ​​មាន​ន័យ

តើយើងគួរអធិស្ឋានយ៉ាងដូចម្ដេច ដើម្បីឲ្យព្រះជាម្ចាស់ទ្រង់សណ្ដាប់? សូមទាក់ទងមកកាន់យើងខ្ញុំ ដើម្បីស្វែងរកដំណោះស្រាយ។
សូមទាក់ទងមកកាន់យើងខ្ញុំ
សូមទាក់ទងមកកាន់យើងខ្ញុំ តាមរយៈMessenger

ខ្លឹមសារ​ពាក់ព័ន្ធ

អ្នកគួរតែស្ដាប់បង្គាប់ព្រះជាម្ចាស់ នៅក្នុងជំនឿដែលអ្នកជឿដល់ទ្រង់

ហេតុអ្វីបានជាអ្នកជឿលើព្រះជាម្ចាស់? មនុស្សភាគច្រើនត្រូវស្រឡាំង កាំង ដោយសារតែសំណួរនេះ។ ពួកគេតែងតែមានទស្សនៈពីរផ្ទុយគ្នាស្រឡះអំពីព្រះដ៏សកម្ម...

អំពីបទពិសោធន៍

តាមរយៈបទពិសោធន៍របស់លោកពេត្រុស គាត់បានឆ្លងកាត់ ការល្បងលរាប់រយដងមកហើយ។ បើទោះបីជាមនុស្សសព្វថ្ងៃ នេះដឹងអំពីពាក្យថា “ការល្បងល”...

យកចិត្តទុកដាក់បន្ថែមលើតថភាព

មនុស្សគ្រប់រូបអាចក្លាយជាមនុស្សគ្រប់លក្ខណ៍ដោយសារព្រះជាម្ចាស់ ដូច្នេះហើយ គ្រប់គ្នាគួរតែយល់ថា ការបម្រើព្រះបែបណាសមស្របបំផុតនឹងព្រះហឫទ័យទ្រង់។...

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ