អ្នកគួរតែដឹងពីរបៀបដែលមនុស្សទាំងអស់បានវិវឌ្ឍមកដល់ពេលបច្ចុប្បន្ន

កិច្ចការទាំងស្រុងដែលត្រូវបានអនុវត្តជាងប្រាំមួយពាន់ឆ្នាំមកនេះ បានផ្លាស់ប្ដូរបន្តិចម្ដងៗ នៅពេលដែលយុគសម័យផ្សេងៗ បានចូលមក និងចប់បាត់ទៅ។ ការផ្លាស់ប្ដូរនៅក្នុងកិច្ចការនេះបានអាស្រ័យលើស្ថានភាពទាំងមូលនៃពិភពលោក និងនិន្នាការនៃការអភិវឌ្ឍន៍របស់មនុស្សទាំងស្រុង ដូច្នេះ កិច្ចការនៃការគ្រប់គ្រងក៏បានផ្លាស់ប្ដូរបន្តិចម្ដងៗ ទៅតាមនោះដែរ។ គ្រប់យ៉ាងមិនត្រូវបានគ្រោងទុក តាំងពីដើមដំបូងនៃកំណើតពិភពលោកមកឡើយ។ មុនពេលពិភពលោកត្រូវបានបង្កើត ឬបន្ដិចក្រោយមក ព្រះយេហូវ៉ាមិនទាន់បានគ្រោងទុកនូវដំណាក់កាលទីមួយនៃកិច្ចការ ដែលជាក្រឹត្យវិន័យ និងដំណាក់កាលទីពីរនៃកិច្ចការ ដែលជាដំណាក់កាលនៃព្រះគុណ ព្រមទាំងដំណាក់កាលទីបី ដែលជាដំណាក់កាលនៃការយកឈ្នះ ដែលទ្រង់បានចាប់ផ្ដើមដំបូងឡើយជាមួយពូជពង្សខ្លះរបស់ម៉ូអាប់ ហើយតាមរយៈពូជពង្សនេះ ត្រូវយកឈ្នះលើចក្រវាលទាំងមូល។ ក្រោយការបង្កើតពិភពលោក ទ្រង់មិនដែលធ្លាប់មានបន្ទូលទាំងនេះ ក៏មិនធ្លាប់មានបន្ទូលទាំងនេះ ក្រោយម៉ូអាប់នោះដែរ ហើយតាមពិតទៅ មុនពេលឡុត ទ្រង់ក៏មិនដែលថ្លែងព្រះបន្ទូលទាំងនេះដែរ។ គ្រប់កិច្ចការរបស់ព្រះជាម្ចាស់ត្រូវបានធ្វើឡើង ដោយមិនបានគ្រោងទុកឡើយ។ នេះជារបៀបដែលកិច្ចការគ្រប់គ្រងទាំងស្រុងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ទ្រង់ត្រូវបានបង្កើតឡើង។ មុនពេលបង្កើតពិភពលោក ទ្រង់មិនដែលសរសេរផែនការបែបនេះនៅក្នុងទម្រង់អ្វីមួយ ដូចជា «តារាងសង្ខេបសម្រាប់ការអភិវឌ្ឍរបស់មនុស្ស» នោះឡើយ។ នៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់ ទ្រង់បង្ហាញអំពីលក្ខណៈរបស់ទ្រង់ដោយផ្ទាល់។ ទ្រង់មិនបានខំប្រឹងព្រះតម្រិះ ដើម្បីបង្កើតចេញជាផែនការមួយឡើយ។ ពិតណាស់ មានហោរាពីរបីនាក់ដែរ ដែលបានថ្លែងទំនាយដ៏អស្ចារ្យជាច្រើន ប៉ុន្តែវានៅតែមិនអាចនិយាយបានដដែលថា កិច្ចការរបស់ព្រះជាម្ចាស់ តែងតែចេញពីផែនការមួយដ៏ច្បាស់លាស់នោះឡើយ ដ្បិតសេចក្តីទំនាយទាំងនោះត្រូវបានបង្កើតឡើង ស្របតាមកិច្ចការរបស់ព្រះជាម្ចាស់នាពេលនោះប៉ុណ្ណោះ។ គ្រប់កិច្ចការដែលទ្រង់ធ្វើ គឺជាកិច្ចការជាក់ស្ដែងបំផុត។ ទ្រង់អនុវត្តកិច្ចការនោះ ស្របទៅតាមការអភិវឌ្ឍន៍នៃយុគសម័យ នីមួយៗ និងអាស្រ័យលើរបៀបដែលស្ថានការណ៍ផ្លាស់ប្ដូរ។ សម្រាប់ទ្រង់ការអនុវត្តកិច្ចការ គឺប្រៀបដូចជាការចេញវេជ្ជបញ្ជាថ្នាំពេទ្យ ដើម្បីព្យាបាលជំងឺអ៊ីចឹង ព្រោះថាក្នុងអំឡុងពេលដែលទ្រង់កំពុងតែធ្វើកិច្ចការ ទ្រង់សង្កេតមើលបណ្ដើរ ហើយបន្តធ្វើកិច្ចការរបស់ទ្រង់បណ្ដើរ ដោយស្របតាមការសង្កេតរបស់ទ្រង់។ នៅក្នុងគ្រប់ដំណាក់កាលនៃកិច្ចការរបស់ទ្រង់ ព្រះជាម្ចាស់អាចបង្ហាញ ព្រះប្រាជ្ញាញាណ និងសមត្ថភាពដ៏ខ្ពស់លើសលប់របស់ទ្រង់បាន ហើយទ្រង់បើកសម្ដែងពីព្រះប្រាជ្ញាញាណនិងសិទ្ធិអំណាចដ៏ពេញបរិបូណ៌របស់ទ្រង់ ស្របតាមកិច្ចការនៃយុគសម័យជាក់ស្ដែង និងអនុញ្ញាតឱ្យមនុស្សដែលទ្រង់បាននាំត្រឡប់មកវិញនៅក្នុងយុគសម័យនោះ មើលឃើញពីនិស្ស័យទាំងអស់របស់ទ្រង់។ ទ្រង់ផ្គត់ផ្គង់ដល់តម្រូវការរបស់មនុស្ស ស្របតាមកិច្ចការដែលត្រូវសម្រេចនៅក្នុងយុគសម័យនីមួយៗ ដោយធ្វើគ្រប់កិច្ចការដែលទ្រង់គួរតែធ្វើ។ ទ្រង់ប្រទានឱ្យមនុស្សមាននូវអ្វីដែលគេត្រូវការ ដោយផ្អែកលើកម្រិតដែលសាតាំងបានធ្វើឱ្យពួកគេពុករលួយ។ វាដូចជារបៀបដែលទ្រង់បានធ្វើ ដើម្បីឱ្យពួកគេបង្ហាញពីព្រះជាម្ចាស់នៅលើផែនដី នៅពេលដែលព្រះយេហូវ៉ាបានបង្កើតអ័ដាម និងអេវ៉ាកាលពីដំបូង ដើម្បីឱ្យពួកគេអាចធ្វើបន្ទាល់ អំពីព្រះជាម្ចាស់នៅក្នុងចំណោមសត្តនិករអ៊ីចឹង។ ទោះបីជាយ៉ាងណា នាងអេវ៉ាបានប្រព្រឹត្តអំពើបាប ក្រោយពេលសត្វពស់បានល្បួងនាង ហើយអ័ដាមបានធ្វើដូចគ្នាដែរ ដោយពួកគេទាំងពីរបានបរិភោគផ្លែឈើចេញពីដើមដឹងខុសត្រូវនៅក្នុងសួន។ ដូច្នេះ ព្រះយេហូវ៉ាមាននូវកិច្ចការបន្ថែមទៀត ដែលត្រូវធ្វើការលើពួកគេ។ ដោយឃើញពីសេចក្ដីអាក្រាតរបស់គេ ទ្រង់បានបិទបាំងកាយរបស់គេជាមួយសម្លៀកបំពាក់ ដែលធ្វើពីស្បែកសត្វ។ ក្រោយមក ទ្រង់បានមានបន្ទូលទៅកាន់អ័ដាមថា «ដោយសារអ្នកស្ដាប់តាមសម្ដីប្រពន្ធអ្នក ហើយបានស៊ីផ្លែដឹងខុសត្រូវ ដែលខ្ញុំបានបង្គាប់អ្នកដោយពោលថា អ្នកមិនត្រូវស៊ីផ្លែនោះឡើយ នោះដីត្រូវបណ្ដាសាដោយសារអ្នក...រហូតដល់អ្នកក្លាយជាដីវិញ។ ដ្បិតអ្នកកើតពីធូលីដី ដូច្នេះអ្នកជាធូលីដី ហើយអ្នកនឹងត្រូវត្រឡប់ទៅជាធូលីដីវិញ»។ ហើយទ្រង់បានមានបន្ទូលទៅកាន់ស្ត្រីថា៖ «ខ្ញុំនឹងចម្រើនទុក្ខព្រួយដល់អ្នកឱ្យច្រើនសន្ធឹក និងធ្វើឱ្យអ្នកពពោះទាំងឈឺចាប់ផង អ្នកនឹងបង្កើតកូនដោយទុក្ខព្រួយ ចំណែកចិត្តអ្នកក៏ប្រាថ្នាចង់បានប្ដី ហើយគេនឹងត្រួតលើអ្នក»។ ចាប់តាំងពីពេលនោះមក ទ្រង់បានបណ្ដេញពួកគេចេញពីសួនអេដែន និងឱ្យពួកគេរស់នៅខាងក្រៅសួន ដូចជាមនុស្សនាសម័យទំនើបបច្ចុប្បន្ន ដែលរស់នៅលើផែនដីដូច្នេះដែរ។ នៅពេលដែលព្រះជាម្ចាស់បានបង្កើតមនុស្សតាំងពីដើមដំបូងបំផុត ទ្រង់គ្មានផែនការឱ្យមនុស្សជួបសេចក្តីល្បួងរបស់សត្វពស់ ក្រោយពេលទ្រង់បានបង្កើតពួកគេមក ហើយបន្ទាប់មក ដាក់បណ្ដាសាមនុស្ស និងសត្វពស់នោះឡើយ។ តាមពិតទៅ ព្រះអង្គគ្មានផែនការបែបនេះឡើយ គឺវាគ្រាន់តែជារបៀបដែលស្ថានការណ៍បានអភិវឌ្ឍ ដែលនាំឱ្យទ្រង់មានកិច្ចការថ្មីដែលត្រូវធ្វើនៅក្នុងចំណោមសត្តនិកររបស់ទ្រង់ប៉ុណ្ណោះ។ ក្រោយពេលដែលព្រះយេហូវ៉ាបានអនុវត្តកិច្ចការនេះនៅក្នុងចំណោមអ័ដាម និងអេវ៉ានៅលើផែនដីរួចមក មនុស្សបានបន្តអភិវឌ្ឍ អស់រយៈពេលជាច្រើនពាន់ឆ្នាំទៀត រហូតដល់ «ព្រះយេហូវ៉ាបានទតឃើញថា សេចក្ដីអាក្រក់របស់មនុស្សក៏ពោរពេញផែនដី ហើយដួងចិត្តរបស់គេគ្រប់គ្នា គិតស្រមៃឃើញតែការអាក្រក់ជាបន្តបន្ទាប់។ ព្រះយេហូវ៉ាទ្រង់ស្ដាយដែលបានបង្កើតមនុស្សលើផែនដី ហើយទ្រង់ព្រួយ ព្រះទ័យ។ ... តែលោកណូអេ បានប្រកបដោយព្រះគុណនៅចំពោះព្រះនេត្រ ព្រះយេហូវ៉ា»។ នៅគ្រានោះ ព្រះយេហូវ៉ាមានកិច្ចការថ្មីជាច្រើនដែលត្រូវធ្វើ ព្រោះថាមនុស្សដែលទ្រង់បានបង្កើតឡើង បានប្រព្រឹត្តបាបច្រើនពេក ក្រោយពេលដែលសត្វពស់បានល្បួងពួកគេ។ ដោយសារតែ កាលៈទេសៈទាំងនេះ ដែលមាននៅក្នុងចំណោមមនុស្សទាំងអស់ បានជាព្រះយេហូវ៉ាបានជ្រើសរើស ទុកជីវិតឱ្យក្រុមគ្រួសាររបស់ណូអេ ហើយបន្ទាប់មក ទ្រង់បានអនុវត្តកិច្ចការរបស់ទ្រង់ ដែលជាការបំផ្លាញពិភពលោកដោយទឹកជំនន់។ មនុស្សបានបន្តអភិវឌ្ឍនៅក្នុងឥរិយាបថបែបនេះ រហូតមកដល់សម័យបច្ចុប្បន្ន គឺចម្រើនឡើង នៅក្នុងសេចក្តីពុករលួយ ហើយនៅពេលដែលការអភិវឌ្ឍន៍របស់មនុស្សបានឡើងដល់កម្រិតកំពូល នោះវានឹងមានន័យថា ទីបញ្ចប់របស់មនុស្សបានមកដល់ទីបញ្ចប់ហើយ។ ចាប់តាំងពីដើមដំបូងបំផុត រហូតមកដល់ចុងបញ្ចប់នៃពិភពលោក សេចក្តីពិតខាងក្នុងនៃកិច្ចការរបស់ទ្រង់កាលពីមុនមានលក្ខណៈបែបណាទៅថ្ងៃខាងមុខ វានឹងមានលក្ខណៈបែបនោះដដែល។ របៀបដែលមនុស្សនឹងត្រូវបានចាត់ថ្នាក់ទៅតាមប្រភេទរបស់គេ នឹងនៅតែដដែល ហើយវាមិនដូចការលើកឡើងថា តាំងពីដើមដំបូងបំផុត មនុស្សម្នាក់ៗត្រូវបានកំណត់ទុកជាមុនថាស្ថិតនៅក្នុងប្រភេទជាក់លាក់ណាមួយនោះឡើយ។ ផ្ទុយទៅវិញ មនុស្សគ្រប់គ្នាត្រូវបានចាត់ថ្នាក់បន្តិចម្ដងៗ ក្រោយពេលដែលពួកគេបានឆ្លងកាត់ដំណើរការនៃការអភិវឌ្ឍន៍រួចហើយប៉ុណ្ណោះ។ នៅចុងបញ្ចប់ អស់អ្នកដែលមិនអាចទទួលបានសេចក្តីសង្រ្គោះដ៏ពេញលេញ នឹងត្រូវត្រឡប់ទៅរក «បុព្វបុរស» របស់គេវិញ។ គ្មានកិច្ចការណាមួយរបស់ព្រះជាម្ចាស់នៅក្នុងចំណោមមនុស្សត្រូវបានរៀបចំរួចជាស្រេច នៅពេលដែលទ្រង់បង្កើតពិភពលោកនោះឡើយ។ ផ្ទុយទៅវិញ វាជាការអភិវឌ្ឍនៃស្ថានការណ៍វិញទេ ដែលបានអនុញ្ញាតឱ្យព្រះជាម្ចាស់ធ្វើកិច្ចការរបស់ទ្រង់នៅក្នុងចំណោមមនុស្សមួយជំហានម្ដងៗ ហើយនិងនៅក្នុងទម្រង់កាន់តែពិតប្រាកដ និងជាក់ស្ដែង។ ឧទាហរណ៍ ព្រះយេហូវ៉ាមិនបានបង្កើតសត្វពស់ ដើម្បីល្បួងស្ត្រីឡើយ។ ទ្រង់គ្មានផែនការបែបនេះទេ ហើយវាក៏មិនមែនជាអ្វីមួយដែលទ្រង់មានគោលបំណងកំណត់ទុកជាមុនដែរ។ គេអាចនិយាយថា នេះជាហេតុការណ៍ដែលកើតឡើងមិនបានរំពឹងទុក។ ដូច្នេះ ដោយសារតែហេតុការណ៍នេះហើយ ទើបព្រះយេហូវ៉ាបានបណ្ដេញអ័ដាម និងអេវ៉ាចេញពីសួនអេដែន ហើយស្បថសច្ចាមិនបង្កើតមនុស្សម្ដងទៀតនោះ។ ទោះបីជាយ៉ាងណា មនុស្សអាចរកឃើញព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ចេញពីគ្រឹះមូលដ្ឋាននេះ។ ដូចជាខ្ញុំបានមានបន្ទូល កាលពីដើមដំបូងថា៖ «ខ្ញុំប្រើព្រះប្រាជ្ញាញាណរបស់ខ្ញុំ ស្របតាមគម្រោងការណ៍របស់សាតាំង»។ ទោះមនុស្សមានសេចក្តីពុករលួយខ្លាំងដល់ណា ឬសត្វពស់ល្បួងពួកគេតាមរបៀបណាក៏ដោយ ក៏ព្រះយេហូវ៉ានៅតែមានព្រះប្រាជ្ញាញាណរបស់ទ្រង់ដដែល ហើយវាជាព្រះប្រាជ្ញាញាណមួយ ដែលនាំឱ្យទ្រង់ចូលរួមនៅក្នុងកិច្ចការថ្មី តាំងពីពេលដែលទ្រង់បានបង្កើតពិភពលោកមក ហើយគ្មានជំហានណាមួយនៃកិច្ចការនេះបានកើតឡើងដដែលៗនោះឡើយ។ សាតាំងបានបន្តអនុវត្តតាមគម្រោងការណ៍អាក្រក់របស់វា មនុស្សត្រូវបានសាតាំងបន្តធ្វើឱ្យពុករលួយ ហើយព្រះយេហូវ៉ាបានបន្តអនុវត្តកិច្ចការរបស់ទ្រង់ ដែលប្រកបដោយព្រះប្រាជ្ញាញាណ ដោយឥតឈប់ឈរឡើយ។ ព្រះអង្គមិនដែលបរាជ័យ ហើយក៏មិនដែលឈប់ធ្វើការដែរ តាំងពីពិភពលោកត្រូវបានបង្កើតមក។ ក្រោយពេលដែលមនុស្សត្រូវបានសាតាំងធ្វើឱ្យពុករលួយ ទ្រង់បានបន្តធ្វើការនៅក្នុងចំណោមពួកគេ ដើម្បីបង្រ្កាបខ្មាំងសត្រូវ ដែលជាប្រភពនៃសេចក្តីពុករលួយរបស់ពួកគេ។ សមរភូមិនេះបានកើតឡើងតាំងពីដើមដំបូងមកម្ល៉េះ ហើយវានឹងបន្តរហូតដល់ចុងបញ្ចប់នៃពិភពលោក។ ដើម្បីធ្វើកិច្ចការទាំងអស់នេះ ព្រះយេហូវ៉ាមិនគ្រាន់តែអនុញ្ញាតឱ្យមនុស្ស ដែលត្រូវបានសាតាំងធ្វើឱ្យពុករលួយ ទទួលបានសេចក្តីសង្រ្គោះដ៏ធំរបស់ទ្រង់ប៉ុណ្ណោះទេ ប៉ុន្តែក៏អនុញ្ញាតឱ្យពួកគេមើលឃើញពីព្រះប្រាជ្ញាញាណ ព្រះចេស្ដា និងសិទ្ធិអំណាចរបស់ទ្រង់ដែរ។ លើសពីនេះទៅទៀត នៅចុងបញ្ចប់ ទ្រង់នឹងអនុញ្ញាតឱ្យពួកគេមើលឃើញពីនិស្ស័យដ៏សុចរិតរបស់ទ្រង់ ដែលដាក់ទោសដល់មនុស្សទុច្ចរិត និងប្រទានរង្វាន់ដល់មនុស្សសុចរិត។ ទ្រង់បានប្រយុទ្ធជាមួយសាតាំងរហូតមកដល់សព្វថ្ងៃ ហើយទ្រង់មិនដែលចាញ់ម្ដងណាឡើយ។ នេះគឺដោយសារតែទ្រង់គឺជាព្រះជាម្ចាស់ប្រកបដោយព្រះប្រាជ្ញាញាណ ហើយទ្រង់ប្រើព្រះប្រាជ្ញាញាណរបស់ទ្រង់ ស្របតាមគម្រោងការណ៍អាក្រក់របស់សាតាំងប៉ុណ្ណោះ។ ដូច្នេះ ព្រះជាម្ចាស់មិនគ្រាន់តែធ្វើឱ្យអ្វីៗទាំងអស់នៅស្ថានសួគ៌ចុះចូលចំពោះសិទ្ធិអំណាចរបស់ទ្រង់ប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ក៏ដាក់អ្វីៗគ្រប់យ៉ាងនៅលើផែនដី ឱ្យស្ថិតនៅក្រោមព្រះបាទារបស់ទ្រង់ដែរ ហើយយ៉ាងហោចណាស់ ទ្រង់នាំយកមនុស្សទុច្ចរិតដែលឈ្លានពាន និងរុកគួនមនុស្សឱ្យលុតជង្គង់ទទួលការកាត់ទោសរបស់ទ្រង់ដែរ។ លទ្ធផលនៃកិច្ចការទាំងអស់នេះត្រូវបានកើតឡើង ដោយសារតែព្រះប្រាជ្ញាញាណរបស់ទ្រង់។ ទ្រង់មិនដែលបើកសម្ដែងព្រះប្រាជ្ញាញាណរបស់ទ្រង់ មុនអត្ថិភាពរបស់មនុស្សឡើយ ព្រោះថាទ្រង់គ្មានសត្រូវនៅស្ថានសួគ៌ នៅលើផែនដី ឬនៅគ្រប់ទីកន្លែងក្នុងចក្រវាលនេះឡើយ ហើយក៏គ្មានកម្លាំងឈ្លានពាននៃសេចក្តីងងឹតណាមួយនៅក្នុងចំណោមធម្មជាតិនោះដែរ។ ក្រោយមហាទេវតាបានក្បត់ទ្រង់ ព្រះអង្គបានបង្កើតមនុស្សនៅលើផែនដី ហើយដោយសារតែមនុស្សនេះហើយ ទើបទ្រង់បានចាប់ផ្ដើមធ្វើសង្រ្គាមរយៈពេលមួយពាន់ឆ្នាំរបស់ទ្រង់ជាមួយសាតាំង ដែលជាមហាទេវតា ជាសង្រ្គាមមួយដែលកើនកម្ដៅកាន់តែខ្លាំងឡើងៗនៅក្នុងដំណាក់កាលក្រោយៗ។ ព្រះចេស្ដា និងព្រះប្រាជ្ញាញាណរបស់ទ្រង់ត្រូវបានស្ដែងចេញនៅក្នុងដំណាក់កាលនីមួយៗ។ មានតែបែបនេះទេ ទើបអ្វីៗគ្រប់យ៉ាងនៅលើមេឃ និងនៅលើផែនដីបានឃើញផ្ទាល់ភ្នែកនូវព្រះប្រាជ្ញាញាណព្រះចេស្ដា និងការពិតរបស់ព្រះជាម្ចាស់ ជាពិសេស។ ទ្រង់នៅតែអនុវត្តតាមកិច្ចការរបស់ទ្រង់នៅក្នុងឥរិយាបថពិតជាក់ស្ដែងបែបនេះ រហូតមកដល់ពេលសព្វថ្ងៃ។ លើសពីនេះទៅទៀត នៅពេលដែលទ្រង់អនុវត្តកិច្ចការរបស់ទ្រង់ ព្រះអង្គក៏បើកសម្ដែងពីព្រះប្រាជ្ញាញាណ និងព្រះចេស្ដារបស់ទ្រង់ដែរ។ ទ្រង់អនុញ្ញាតឱ្យអ្នករាល់គ្នាមើលឃើញពីសេចក្តីពិតខាងក្នុងនៃដំណាក់កាលនីមួយៗនៃកិច្ចការ មើលឃើញយ៉ាងជាក់ច្បាស់ពីរបៀបពន្យល់អំពីព្រះចេស្ដារបស់ព្រះជាម្ចាស់ ហើយលើសពីនេះ គឺមើលឃើញពីសេចក្តីពន្យល់ដ៏ដាច់ស្រេចអំពីភាពជាក់ស្ដែងរបស់ព្រះជាម្ចាស់ដែរ។

ទាក់ទងនឹងអំពើក្បត់របស់យូដាសចំពោះព្រះយេស៊ូវវិញ មនុស្សខ្លះឆ្ងល់ថា៖ តើទង្វើនេះមិនត្រូវបានគ្រោងទុក មុនពេលកំណើតពិភពលោកទេឬអី? តាមពិតទៅព្រះវិញ្ញាណបរិសុទ្ធបានធ្វើផែនការទាំងនេះ ដោយផ្អែកលើភាពពិតជាក់ស្ដែងនាពេលនោះ។ វាបានកើតឡើងចំពេលដែលមានបុរសម្នាក់ឈ្មោះយូដាសកំពុងតែលួចបន្លំលុយ ដូច្នេះ បុគ្គលម្នាក់នេះត្រូវបានជ្រើសរើសឱ្យដើរតួនេះ ដើម្បីបម្រើដល់កិច្ចការរបស់ទ្រង់តែម្ដងទៅ។ នេះគឺជាឧទាហរណ៍ដ៏ពិតមួយអំពីការប្រើប្រាស់ធនធានក្នុងស្រុក។ ដំបូងឡើយ ព្រះយេស៊ូវមិនបានជ្រាបដឹងអំពីការនេះឡើយ។ ទ្រង់បានជ្រាបដឹងអំពីរឿងនេះនាពេលក្រោយមកប៉ុណ្ណោះ គឺក្រោយពេលដែលយូដាសត្រូវបានលាតត្រដាង។ បើមាននរណាម្នាក់ផ្សេងមានសមត្ថភាពដើរតួនេះ នោះគេនឹងបានធ្វើទង្វើនេះ ជំនួសឱ្យយូដាសមិនខាន។ ការដែលត្រូវបានកំណត់ទុកជាមុន តាមពិតទៅ គឺជាអ្វីមួយដែលព្រះវិញ្ញាណបរិសុទ្ធបានធ្វើនៅក្នុងពេលនោះប៉ុណ្ណោះ។ កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺតែងតែធ្វើឡើងភ្លាមៗ ដោយគ្មានការគ្រោងទុកឡើយ។ ទ្រង់អាចរៀបចំផែនការនៃកិច្ចការរបស់ទ្រង់នៅគ្រប់ពេលវេលាហើយអនុវត្តកិច្ចការនោះនៅគ្រប់ពេលវេលា។ ហេតុអ្វីបានជាខ្ញុំតែងតែមានបន្ទូលថា កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធមានភាពពិតជាក់ស្ដែង និងតែងតែថ្មីជានិច្ច មិនដែលចាស់ ហើយតែងតែស្រស់ៗបំផុត? កិច្ចការរបស់ទ្រង់មិនត្រូវបានគ្រោងទុកឡើយ នៅពេលដែលពិភពលោកត្រូវបានបង្កើតមក ហើយនោះមិនមែនជាអ្វីដែលបានកើតឡើងទាល់តែសោះ! គ្រប់ជំហាននៃកិច្ចការមានប្រសិទ្ធភាពរបស់វាទៅតាមពេលកំណត់របស់វា ហើយជំហានទាំងនេះមិនជ្រៀតជ្រៀកគ្នាឡើយ។ ភាគច្រើន ផែនការដែលអ្នកមាននៅក្នុងគំនិត មិនត្រូវគ្នាជាមួយកិច្ចការដ៏ថ្មីៗបំផុតរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ។ កិច្ចការរបស់ទ្រង់មិនមានលក្ខណៈសាមញ្ញដូចជាការត្រិះរិះពិចារណារបស់មនុស្សឡើយ ហើយក៏មិនមានភាពស្មុគស្មាញដូចការស្រមៃរបស់មនុស្សដែរប៉ុន្តែវាផ្សំឡើងពីការផ្គត់ផ្គង់ដល់មនុស្សនៅគ្រប់ពេល និងគ្រប់ទីកន្លែង ដោយស្របតាមតម្រូវការបច្ចុប្បន្នរបស់គេ។ គ្មាននរណាម្នាក់ស្គាល់ច្បាស់អំពីសារជាតិរបស់មនុស្សជាងទ្រង់នោះឡើយ ហើយដោយសារតែហេតុផលនេះ ទើបគ្មានអ្វីមួយអាចបំពេញតម្រូវការជាក់ស្ដែងរបស់មនុស្សបានយ៉ាងល្អ ដូចជាកិច្ចការរបស់ទ្រង់នោះឡើយ។ ដូច្នេះ បើចេញពីទស្សនៈរបស់មនុស្ស កិច្ចការរបស់ទ្រង់ហាក់ដូចជាបានគ្រោងទុករាប់ពាន់ឆ្នាំរួចមកហើយ។ នៅពេលដែលទ្រង់ធ្វើការនៅក្នុងចំណោមអ្នករាល់គ្នានាពេលសព្វថ្ងៃ ទ្រង់នឹងធ្វើការបណ្ដើរ និងមានបន្ទូលបណ្ដើរ នៅពេលដែលទ្រង់ទតឃើញសភាពជាក់ស្ដែង ដែលអ្នករាល់គ្នាស្ថិតនៅ ហើយទ្រង់មានព្រះបន្ទូលចំៗស្របតាមសភាពការណ៍នីមួយៗ ដែលត្រូវនឹងអ្វីដែលមនុស្សត្រូវការតែម្ដង។ ការបោះជំហានដំបូងនៃកិច្ចការរបស់ទ្រង់៖ ពេលវេលា នៃការវាយផ្ចាល។ ក្រោយមកទៀត មនុស្សបានសម្ដែង គ្រប់ទាំងឥរិយាបថរបស់គេ ហើយបានប្រព្រឹត្តបះបោរនៅក្នុងរបៀបជាក់ស្ដែង ដែលមានទាំងសភាពវិជ្ជមាន និងសភាពអវិជ្ជមាន។ ពួកគេបានឈានដល់កម្រិតមួយ នៅក្នុងភាពអវិជ្ជមានរបស់គេ និងបានបង្ហាញពីដែនកម្រិតដ៏ទាបបំផុតដែលពួកគេនឹងដួលចុះ។ ព្រះជាម្ចាស់បានធ្វើកិច្ចការរបស់ទ្រង់ដោយផ្អែកទៅលើចំណុចទាំងអស់នេះ រួមទាំងប្រើចំណុចទាំងនេះដើម្បីសម្រេចកិច្ចការរបស់ទ្រង់ឱ្យបានផលកាន់តែច្រើន។ នោះមានន័យថា ទ្រង់ធ្វើកិច្ចការទ្រទ្រង់នៅក្នុងចំណោមមនុស្ស ដោយផ្អែកលើសភាពការណ៍បច្ចុប្បន្ន របស់គេនាពេលនោះ។ ទ្រង់អនុវត្តគ្រប់ទាំងជំហាននៃកិច្ចការរបស់ទ្រង់ ស្របទៅតាមសភាពការណ៍ជាក់ស្ដែងរបស់មនុស្ស។ សត្តនិករទាំងអស់ស្ថិតនៅក្នុងព្រះហស្តរបស់ទ្រង់ តើទ្រង់អាចមិនជ្រាបដឹងអំពីពួកគេយ៉ាងដូចម្ដេចទៅ? ព្រះជាម្ចាស់អនុវត្តជំហានបន្ទាប់នៃកិច្ចការដែលគួរតែត្រូវបានធ្វើនៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ដោយស្របទៅតាមសភាពរបស់មនុស្ស។ កិច្ចការនេះមិនត្រូវបានគ្រោងទុកជាមុនរាប់ពាន់ឆ្នាំនោះឡើយ ដ្បិតនេះជាសញ្ញាណរបស់មនុស្សទេ! ទ្រង់ធ្វើការនៅពេលដែលទ្រង់សង្កេតឃើញផលប៉ះពាល់នៃកិច្ចការរបស់ទ្រង់ ហើយកិច្ចការរបស់ទ្រង់បន្តស៊ីជម្រៅ និងអភិវឌ្ឍទៅមុខ ហើយក្រោយពេលសង្កេតឃើញលទ្ធផលនៃកិច្ចការរបស់ទ្រង់រួចហើយ ទ្រង់តែងតែអនុវត្តជំហានបន្ទាប់នៃកិច្ចការរបស់ទ្រង់ជានិច្ច។ ទ្រង់ប្រើនូវកិច្ចការជាច្រើន ដើម្បីផ្លាស់ប្ដូរបន្ដិចម្ដងៗ និងដើម្បីធ្វើឱ្យមនុស្សមើលឃើញពីកិច្ចការថ្មីរបស់ទ្រង់ដែលបានធ្វើកន្លងមក។ ឥរិយាបថនៃការធ្វើការបែបនេះអាចផ្គត់ផ្គង់ដល់តម្រូវការរបស់មនុស្សព្រោះថាព្រះជាម្ចាស់ ស្គាល់មនុស្សទាំងអស់យ៉ាងច្បាស់។ នេះជារបៀបដែលទ្រង់អនុវត្តកិច្ចការរបស់ទ្រង់ពីស្ថានសួគ៌។ ដូចគ្នាដែរ ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស ក៏ធ្វើកិច្ចការរបស់ទ្រង់តាមរបៀបនេះដែរ ដោយធ្វើការរៀបចំចាត់ចែង និងធ្វើការក្នុងចំណោមមនុស្សស្របតាមកាលៈទេសៈ និងការធ្វើការជាក់ស្ដែង។ គ្មានកិច្ចការណាមួយរបស់ទ្រង់ត្រូវបានរៀបចំមុនពេលដែលពិភពលោកត្រូវបានបង្កើតឡើយ ហើយក៏គ្មានកិច្ចការណាដែលត្រូវបានគ្រោងទុកយ៉ាងល្អិតល្អន់ពីមុនមកដែរ។ ពីរពាន់ឆ្នាំ ក្រោយពេលដែលពិភពលោកត្រូវបានបង្កើតមក ព្រះយេហូវ៉ាបានទតឃើញថាមនុស្សបានពុករលួយយ៉ាងខ្លាំង ដែលនាំឱ្យទ្រង់ប្រើប្រាស់មាត់របស់ហោរាអេសាយដើម្បីទស្សន៍ទាយថា ក្រោយយុគសម័យនៃក្រឹត្យវិន័យបានបញ្ចប់ ព្រះយេហូវ៉ានឹងអនុវត្តកិច្ចការនៃការប្រោសលោះមនុស្សរបស់ទ្រង់នៅក្នុងយុគសម័យនៃព្រះគុណ។ ជាការពិត នេះជាផែនការរបស់ព្រះយេហូវ៉ា ប៉ុន្តែផែនការនេះក៏ត្រូវបានបង្កើតឡើងស្របតាមកាលៈទេសៈដែលទ្រង់កំពុងតែសង្កេតឃើញនាពេលនោះដែរ។ ច្បាស់ណាស់ ទ្រង់មិនបានព្រះតម្រិះអំពីផែនការនេះភ្លាមៗ ក្រោយពេលដែលទ្រង់បានបង្កើតអ័ដាមនោះឡើយ។ អេសាយគ្រាន់តែថ្លែងទំនាយ ប៉ុន្តែព្រះយេហូវ៉ាមិនបានធ្វើការរៀបចំទុកជាមុនសម្រាប់កិច្ចការនេះនៅក្នុងអំឡុងយុគសម័យនៃក្រឹត្យវិន័យឡើយ ផ្ទុយទៅវិញ ទ្រង់បានអនុវត្តវានៅទីចាប់ផ្ដើមនៃយុគសម័យនៃព្រះគុណ ជាពេលដែលទេវតានាំសារបានលេចឡើងនៅក្នុងសុបិនរបស់យ៉ូសែប ដើម្បីស្រាយបំភ្លឺដល់គាត់ជាមួយសារមួយថា ព្រះជាម្ចាស់នឹងត្រលប់ជាសាច់ឈាម ហើយមានតែបែបនេះទេ ទើបកិច្ចការនៃការយកកំណើតជាមនុស្សរបស់ទ្រង់បានចាប់ផ្ដើមឡើង។ ព្រះជាម្ចាស់មិនបានរៀបចំសម្រាប់កិច្ចការ នៃការយកកំណើតជាមនុស្សរបស់ទ្រង់ភ្លាមៗក្រោយពេលទ្រង់បង្កើតពិភពលោក ដូចអ្វីដែលមនុស្សបានស្រមើស្រមៃនោះឡើយ។ ការនេះត្រូវបានសម្រេច ដោយផ្អែកលើកម្រិតដែលមនុស្សបានអភិវឌ្ឍ និងស្ថានការណ៍នៃការធ្វើសង្រ្គាមរបស់ទ្រង់ទាស់នឹងសាតាំងប៉ុណ្ណោះ។

នៅពេលដែលព្រះជាម្ចាស់ត្រលប់ជាសាច់ឈាម ព្រះវិញ្ញាណរបស់ទ្រង់យាងចុះមកសណ្ឋិតលើមនុស្ស។ អាចនិយាយម្យ៉ាងទៀតបានថា ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់គ្របដណ្ដប់អង្គទ្រង់ជាមួយរូបកាយជាមនុស្ស។ ទ្រង់យាងមកដើម្បីធ្វើកិច្ចការរបស់ទ្រង់នៅលើផែនដី មិនមែនដើម្បីនាំមកជាមួយទ្រង់នូវជំហានដែលមានដែនកម្រិតឡើយ។ កិច្ចការរបស់ទ្រង់គឺគ្មានដែនកម្រិតឡើយ។ កិច្ចការដែលព្រះវិញ្ញាណបរិសុទ្ធធ្វើនៅក្នុងសាច់ឈាម នៅតែត្រូវបានកំណត់ទុក ដោយលទ្ធផលនៃកិច្ចការរបស់ទ្រង់ ហើយទ្រង់ប្រើប្រាស់លទ្ធផលទាំងនោះ ដើម្បីកំណត់ពីរយៈពេលដែលទ្រង់នឹងធ្វើកិច្ចការ ខណៈពេលដែលទ្រង់គង់នៅក្នុងសាច់ឈាម។ ព្រះវិញ្ញាណបរិសុទ្ធបើកសម្ដែងដោយផ្ទាល់នូវជំហាននីមួយៗនៃកិច្ចការរបស់ទ្រង់ ពិនិត្យមើលកិច្ចការរបស់ទ្រង់ នៅពេលដែលទ្រង់ចាប់ផ្ដើមការងារ។ កិច្ចការនេះមិនមានលក្ខណៈបែបអធិធម្មជាតិ ដូចជាការពង្រីកដែនកំណត់នៃការស្រមើស្រមៃរបស់មនុស្សឡើយ។ ការនេះ ដូចជាកិច្ចការរបស់ព្រះយេហូវ៉ា នៅក្នុងការបង្កើតផ្ទៃមេឃនិងផែនដី និងរបស់សព្វសារពើដែរ ហើយទ្រង់បានគ្រោង និងធ្វើការភ្លាមៗតែម្ដង។ ទ្រង់បានញែកពន្លឺចេញពីទីងងឹត ហើយពេលព្រឹកនិងពេលល្ងាចក៏លេចចេញឡើង ដែលការនេះត្រូវការពេលតែមួយថ្ងៃប៉ុណ្ណោះ។ នៅថ្ងៃទីពីរ ទ្រង់បានបង្កើតលំហមួយ ហើយការនេះក៏ត្រូវការពេលតែមួយថ្ងៃដែរ។ បន្ទាប់មក ទ្រង់បានបង្កើតផែនដី សមុទ្រ និងសត្វគ្រប់ប្រភេទដែលមានជីវិតរស់នៅលើដី និងសមុទ្រ ដែលតម្រូវឱ្យប្រើពេលមួយថ្ងៃទៀត។ ការនេះបានបន្តរហូតដល់ថ្ងៃទីប្រាំមួយ នៅពេលដែលព្រះជាម្ចាស់បានបង្កើតបុរសមក ហើយអនុញ្ញាតឱ្យគាត់គ្រប់គ្រងលើអ្វីៗទាំងអស់នៅលើផែនដី។ បន្ទាប់មកនៅថ្ងៃទីប្រាំពីរ នៅពេលដែលទ្រង់បានបញ្ចប់ការបង្កើតអ្វីៗគ្រប់យ៉ាងរួចហើយ ទ្រង់ក៏បានសម្រាក។ ព្រះជាម្ចាស់បានប្រទានពរដល់ថ្ងៃទីប្រាំពីរ ហើយបានកំណត់យកថ្ងៃនោះជាថ្ងៃបរិសុទ្ធ។ ទ្រង់បានសម្រេចកំណត់យកថ្ងៃបរិសុទ្ធនេះ ក្រោយពេលដែលទ្រង់បានបង្កើត របស់សព្វសារពើហើយប៉ុណ្ណោះ មិនមែនក្រោយពេលបង្កើតអ្វីៗទាំងអស់នោះឡើយ។ កិច្ចការនេះក៏ត្រូវបានអនុវត្តភ្លាមៗដែរ ហើយមុនពេលបង្កើតអ្វីៗទាំងនេះ ទ្រង់មិនទាន់បានសម្រេច ព្រះទ័យបង្កើតពិភពលោក នៅក្នុងពេលប្រាំមួយថ្ងៃ ហើយបន្ទាប់មក សម្រាកនៅថ្ងៃទីប្រាំពីរឡើយ ដូច្នេះ ការទាំងនេះមិនស្របជាមួយភាពពិតជាក់ស្ដែងទាល់តែសោះ។ ទ្រង់មិនបានមានបន្ទូលបែបនេះឬបានគ្រោងផែនការទុកនោះដែរ។ ទ្រង់មិនដែលមានបន្ទូលថា ការបង្កើតអ្វីៗគ្រប់យ៉ាងនឹងត្រូវសម្រេចនៅថ្ងៃទីប្រាំមួយ និងថាទ្រង់នឹងសម្រាក នៅថ្ងៃទីប្រាំពីរនោះឡើយ។ ផ្ទុយទៅវិញ ទ្រង់បានបង្កើតស្របតាមអ្វី ដែលទ្រង់ទតឃើញថាល្អនាពេលនោះ។ នៅពេលដែលទ្រង់បានបង្កើតអ្វីៗ គ្រប់យ៉ាងចប់សព្វគ្រប់ហើយ វាក៏បានមកដល់ថ្ងៃទីប្រាំមួយតែម្ដង។ ប្រសិនបើវាត្រូវចំថ្ងៃទីប្រាំ នៅពេលដែលទ្រង់បានបញ្ចប់ការបង្កើតអ្វីៗគ្រប់យ៉ាងវិញនោះទ្រង់នឹងកំណត់យកថ្ងៃទីប្រាំមួយជាថ្ងៃបរិសុទ្ធមិនខាន។ យ៉ាងណាមិញ ទ្រង់ពិតជាបានបញ្ចប់ការបង្កើតរបស់សព្វសារពើនៅថ្ងៃទីប្រាំមួយ ដូច្នេះ ថ្ងៃទីប្រាំពីរបានក្លាយជាថ្ងៃបរិសុទ្ធ ដែលត្រូវបានបញ្ជូនបន្តរហូតមកដល់ពេលសព្វថ្ងៃ។ ដូច្នេះ កិច្ចការបច្ចុប្បន្នរបស់ទ្រង់កំពុងតែត្រូវបានអនុវត្តនៅក្នុងឥរិយាបថដូចគ្នានេះអ្នក។ ទ្រង់មានបន្ទូល និងផ្គត់ផ្គង់ដល់តម្រូវការរបស់អ្នករាល់គ្នា ដោយស្របតាមស្ថានភាពរបស់អ្នករាល់គ្នា។ នោះជាព្រះវិញ្ញាណដែលមានបន្ទូល និងធ្វើការស្របតាមកាលៈទេសៈរបស់មនុស្ស ហើយទ្រង់បន្តទតមើលពីលើអ្វីៗគ្រប់យ៉ាង ធ្វើការនៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ ការដែលខ្ញុំធ្វើមានបន្ទូល និងប្រទានឱ្យដល់អ្នករាល់គ្នា គឺជាការអ្វីដែលអ្នករាល់គ្នាត្រូវការ ដោយគ្មានករណីលើកលែងឡើយ។ ដូច្នេះ គ្មានកិច្ចការណាមួយរបស់ខ្ញុំ ដែលដាច់ចេញពីភាពពិតជាក់ស្ដែងឡើយ ប៉ុន្តែវាជាការពិតជានិច្ច ព្រោះអ្នករាល់គ្នាបានដឹងហើយថា «ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ទតមើលពីលើមនុស្សគ្រប់គ្នា»។ ប្រសិនបើការនេះត្រូវបានកំណត់ទុកជាមុន តើវាមិនកើតឡើងតាមផែនការគ្រោងទុកពេកទេឬអី? អ្នកគិតថា វាកើតឡើងដូចព្រះជាម្ចាស់បានគ្រោងទុកថានឹងធ្វើរយៈពេលប្រាំមួយពាន់ឆ្នាំទាំងស្រុង ហើយបន្ទាប់មក ដូចបានកំណត់ទុកជាមុន មនុស្សបានបះបោរ ប្រឆាំង វៀចវេរ និងបោកបញ្ឆោត ហើយមានសេចក្តីពុករលួយខាងសាច់ឈាម មាននិស្ស័យរបស់សាតាំង សេចក្ដីស្រើបស្រាលរបស់ភ្នែក និងការបណ្ដោយខ្លួនរបស់បុគ្គល។ គ្មានចំណុចណាមួយទាំងនេះត្រូវបានកំណត់ទុកជាមុន ដោយព្រះជាម្ចាស់ឡើយ ប៉ុន្តែទាំងអស់នេះបានកើតឡើង ជាលទ្ធផលនៃសេចក្តីពុករលួយរបស់សាតាំង។ អ្នកខ្លះអាចនិយាយថា៖ «តើសាតាំងមិនស្ថិតនៅក្នុងកណ្ដាប់ព្រះហស្តរបស់ព្រះជាម្ចាស់ដែរទេឬអី? ព្រះជាម្ចាស់បានកំណត់ទុកជាមុនថា សាតាំងនឹងធ្វើឱ្យមនុស្សពុករលួយ ហើយក្រោយមកព្រះជាម្ចាស់បានអនុវត្តកិច្ចការរបស់ទ្រង់នៅក្នុងចំណោមនុស្ស»។ តើព្រះជាម្ចាស់ ពិតជាកំណត់ទុកជាមុនឱ្យសាតាំងធ្វើឱ្យមនុស្សពុករលួយឬ? ព្រះជាម្ចាស់ហាក់ដូចជាសព្វព្រះហឫទ័យចង់ឱ្យមនុស្សរស់នៅតាមបែបសាមញ្ញខ្លាំងពេកហើយ ដូច្នេះ តើទ្រង់ពិតជាជ្រៀតជ្រែកជាមួយជីវិតរបស់ពួកគេឬ? បើបែបនេះ តើការបង្រ្កាបសាតាំង និងការសង្រ្គោះមនុស្សមិនមែនជាកិច្ចខិតខំប្រឹងប្រែងដែលឥតសារជាតិទេឬអី? តើការបះបោររបស់មនុស្សអាចត្រូវបានមើលឃើញថាជាការកំណត់ទុកជាមុនបានដោយរបៀបណា? វាជាអ្វីមួយដែលបានកើតឡើង ដោយសារតែការជ្រៀតជ្រែករបស់សាតាំង ដូច្នេះ តើវាអាចក្លាយជាការកំណត់ទុកជាមុនដោយព្រះជាម្ចាស់បានយ៉ាងដូចម្ដេចទៅ? សាតាំងដែលស្ថិតនៅក្នុងកណ្ដាប់ព្រះហស្តរបស់ព្រះជាម្ចាស់ ដែលអ្នករាល់គ្នាយល់ឃើញនោះ គឺមានលក្ខណៈខុសគ្នាស្រឡះពីសាតាំង ដែលស្ថិតនៅក្នុងកណ្ដាប់ព្រះហស្តរបស់ព្រះជាម្ចាស់ ដែលខ្ញុំមានបន្ទូល។ បើស្របតាមសេចក្តីថ្លែងការណ៍របស់អ្នករាល់គ្នាថា «ព្រះជាម្ចាស់ជាព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយសាតាំងស្ថិតនៅក្នុងកណ្ដាប់ព្រះហស្តរបស់ទ្រង់» ដូច្នេះសាតាំងមិនអាចក្បត់ទ្រង់បានឡើយ។ តើអ្នកមិនបាននិយាយថា ព្រះជាម្ចាស់ជាព្រះដ៏មានគ្រប់ព្រះចេស្ដាទេឬអី? ចំណេះដឹងរបស់អ្នករាល់គ្នា ដូចជាអរូបីពេកហើយ ហើយវាគ្មានការពិតទាល់តែសោះឡើយ។ មនុស្សមិនអាចវាស់ស្ទង់ពីព្រះតម្រិះរបស់ព្រះជាម្ចាស់បានឡើយ ហើយគេក៏មិនអាចយល់ពីព្រះប្រាជ្ញាញាណរបស់ទ្រង់បានដែរ! ព្រះជាម្ចាស់ជាព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយនេះមិនមែនជាសេចក្តីខុសឆ្គងឡើយ។ មហាទេវតាបានក្បត់ព្រះជាម្ចាស់ដោយសារតែដំបូងឡើយ ដ្បិតព្រះជាម្ចាស់បានប្រទានចំណែកមួយនៃសិទ្ធិអំណាចដល់វា។ ពិតណាស់ នេះជាព្រឹត្តិការណ៍មួយដែលមិនបានរំពឹងទុក ដូចជាពេលដែលនាងអេវ៉ាបានធ្លាក់ក្នុងសេចក្តីល្បួងរបស់សត្វពស់អ៊ីចឹងដែរ។ យ៉ាងណាមិញ មិនថាសាតាំងអនុវត្តអំពើក្បត់របស់វាបែបណានោះទេ ក៏វានៅតែគ្មានអំណាចចេស្ដាដូចជាព្រះជាម្ចាស់នោះដែរ។ ដូចអ្នករាល់គ្នាបាននិយាយហើយថា សាតាំងមានអំណាចខ្លះ ហើយមិនថាវាធ្វើអ្វីនោះឡើយ ក៏សិទ្ធិអំណាចរបស់ព្រះជាម្ចាស់នឹងឈ្នះលើវាជានិច្ចដែរ។ នេះជាអត្ថន័យដ៏ពិត នៅពីក្រោយការនិយាយថា «ព្រះជាម្ចាស់ជាព្រះដ៏មានគ្រប់ព្រះចេស្ដា ហើយសាតាំងស្ថិតក្នុងកណ្ដាប់ព្រះហស្តរបស់ទ្រង់»។ ដូច្នេះ សង្រ្គាមជាមួយសាតាំងត្រូវតែអនុវត្តម្ដងមួយជំហានៗ។ លើសពីនេះ ព្រះជាម្ចាស់រៀបចំផែនការរបស់ទ្រង់ ជាការឆ្លើយតបចំពោះឧបាយកលរបស់សាតាំង គឺថា ទ្រង់នាំមកនូវសេចក្តីសង្រ្គោះដល់មនុស្ស និងបើកសម្ដែងពីព្រះចេស្ដា និងព្រះប្រាជ្ញាញាណរបស់ទ្រង់ នៅក្នុងរបៀបមួយដែលស្របតាមយុគសម័យនាពេលនោះ។ ដូចគ្នាដែរ កិច្ចការនៃគ្រាចុងក្រោយមិនត្រូវបានកំណត់ទុកជាមុន នៅមុនយុគសម័យនៃព្រះគុណឡើយ។ ការកំណត់ទុកជាមុន មិនត្រូវបានបង្កើតឡើងនៅក្នុងទម្រង់លំដាប់លំដោយបែបនេះឡើយ៖ ជាដំបូង ជាការធ្វើឱ្យនិស្ស័យខាងក្រៅរបស់មនុស្សផ្លាស់ប្ដូរ។ ទីពីរ ធ្វើឱ្យមនុស្សចុះចូលចំពោះការវាយផ្ចាល និងការល្បងលរបស់ទ្រង់។ ទីបី ជាការធ្វើឱ្យមនុស្សឆ្លងកាត់ទុក្ខលំបាកនៃសេចក្តីស្លាប់។ ទីបួន ជាការឱ្យមនុស្សឆ្លងកាត់ពេលវេលានៃការស្រឡាញ់ព្រះជាម្ចាស់ និងបង្ហាញចេញនូវការតាំងចិត្តរបស់មនុស្សដែលទ្រង់បានបង្កើត។ ទីប្រាំ ការអនុញ្ញាតឱ្យមនុស្សមើលឃើញទាំងស្រុងពីព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងស្គាល់ទ្រង់ ហើយចុងបញ្ចប់ ជាការធ្វើឱ្យមនុស្សទៅជាគ្រប់លក្ខណ៍។ ទ្រង់មិនបានគ្រោងកិច្ចការទាំងនេះទុកជាមុន ក្នុងអំឡុងយុគសម័យនៃព្រះគុណឡើយ។ ផ្ទុយទៅវិញ ទ្រង់បានចាប់ផ្ដើមគ្រោងកិច្ចការទាំងនេះនៅក្នុងយុគសម័យបច្ចុប្បន្នប៉ុណ្ណោះ។ សាតាំងកំពុងតែធ្វើការ ដូចជាព្រះជាម្ចាស់ដែរ។ សាតាំងបង្ហាញពីនិស្ស័យដ៏ពុករលួយរបស់វា ចំណែកឯព្រះជាម្ចាស់វិញ ទ្រង់មានបន្ទូលចំៗ និងបើកសម្ដែងពីរឿងសំខាន់ៗមួយចំនួន។ នេះជាកិច្ចការដែលកំពុងតែធ្វើនាពេលសព្វថ្ងៃ ហើយវាមាននូវគោលការណ៍ការងារដូចគ្នា ដែលត្រូវបានប្រើជាយូរយារណាស់មកហើយ ក្រោយកំណើតនៃពិភពលោក។

ដំបូង ព្រះជាម្ចាស់បានបង្កើតអ័ដាម និងអេវ៉ា ហើយទ្រង់ក៏បានបង្កើតសត្វពស់ដែរ។ នៅក្នុងចំណោមសត្វទាំងអស់ សត្វពស់នេះ គឺជាសត្វដែលមានពិសបំផុត។ រាងកាយរបស់វាមានផ្ទុកនូវពិស ដែលសាតាំងបានប្រើជាប្រយោជន៍របស់វា។ វាជាសត្វពស់ដែលបានល្បួងនាងអេវ៉ាឱ្យប្រព្រឹត្តអំពើបាប។ អ័ដាមបានប្រព្រឹត្តបាបតាមក្រោយនាងអេវ៉ាបានប្រព្រឹត្ត ហើយបន្ទាប់មក អ្នកទាំងពីរអាចវែកញែករវាងល្អ និងអាក្រក់។ ប្រសិនបើព្រះយេហូវ៉ាបានជ្រាបថា សត្វពស់នឹងល្បួងនាងអេវ៉ា និងជ្រាបថាអេវ៉ានឹងល្បួងអ័ដាម ចុះហេតុអ្វីបានជាទ្រង់ដាក់ពួកគេទាំងអស់គ្នានៅក្នុងសួនតែមួយដូច្នេះ? ប្រសិនបើទ្រង់អាចទស្សន៍ទាយអំពីហេតុការណ៍ទាំងនេះបាន ចុះហេតុអ្វីបានជាទ្រង់បង្កើតសត្វពស់ ហើយដាក់វានៅក្នុងសួនអេដែនបែបនេះ? ហេតុអ្វីបានជាសួនអេដែនមាននូវដើមឈើដឹងខុសត្រូវដូច្នេះ? តើទ្រង់មានចេតនា ឱ្យពួកគេបរិភោគផ្លែឈើនោះឬ? នៅពេលដែលព្រះយេហូវ៉ាបានយាងមក មិនថាអ័ដាម ឬនាងអេវ៉ាឡើយ គឺពួកគេមិនហ៊ានប្រឈមមុខជាមួយទ្រង់ទេ ហើយមានតែពេលនោះទេ ទើបព្រះយេហូវ៉ាបានជ្រាបដឹងថា ពួកគេបានបរិភោគផ្លែឈើចេញពីដើមឈើដឹងខុសត្រូវ ហើយបានចាញ់កលល្បិចរបស់សត្វពស់។ ចុងបញ្ចប់ ទ្រង់បានដាក់បណ្ដាសាសត្វពស់ ហើយទ្រង់បានដាក់បណ្ដាសាអ័ដាម និងអេវ៉ាដែរ។ នៅពេលដែលពួកគេទាំងពីរនាក់បានបរិភោគផ្លែឈើចេញពីដើមឈើនេះ ព្រះយេហូវ៉ាមិនបានជ្រាបដឹងទាល់ តែសោះអំពីអ្វីដែលពួកគេកំពុងតែធ្វើនោះ។ មនុស្សបានត្រលប់ជាពុករលួយ ដល់កម្រិតមួយដែលអាក្រក់ និងស្រេកឃ្លានកាមគុណថោកទាប រហូតដល់អ្វីៗគ្រប់យ៉ាងដែលពួកគេមាននៅក្នុងចិត្តរបស់គេ សុទ្ធតែអាក្រក់ និងទុច្ចរិត ពោលគឺដួងចិត្តរបស់គេក្លាយជាអាក្រក់ស្មោកគ្រោក។ ដូច្នេះ ព្រះយេហូវ៉ាបានសោកស្ដាយដែលបានបង្កើតមនុស្សមក។ ក្រោយមកទៀត ទ្រង់ក៏បានអនុវត្តកិច្ចការរបស់ទ្រង់ក្នុងការបំផ្លាញពិភពលោកដោយទឹកជំនន់ ប៉ុន្តែណូអេ និងកូនប្រុសរបស់គាត់ទាំងប៉ុន្មាននៅមានជីវិតរស់។ មានកិច្ចការខ្លះមិនបានជឿនលឿន និងមានលក្ខណៈអធិធម្មជាតិ ដូចអ្វីដែលមនុស្សស្រមើស្រមៃឡើយ។ អ្នកខ្លះសួរថា៖ «ដោយសារតែព្រះជាម្ចាស់បានជ្រាបដឹងថា មហាទេវតានឹងក្បត់ទ្រង់ ចុះហេតុអ្វីបានជាទ្រង់បង្កើតវាមក?» ការពិតនោះគឺថា៖ មុនពេលផែនដីបានចេញជារូបរាង មហាទេវតាគឺជាទេវតាដ៏ខ្លាំងបំផុតនៃពួកទេវតានៅឯស្ថានសួគ៌។ វាមានយុត្តាធិការលើពួកទេវតាទាំងអស់នៅស្ថានសួគ៌ ព្រោះនេះជាសិទ្ធិអំណាចដែលព្រះជាម្ចាស់បានប្រទានដល់វា។ ក្រៅពីព្រះជាម្ចាស់ វាជាទេវតាដ៏មានអំណាចបំផុតនៅស្ថានសួគ៌។ បន្ទាប់ពីព្រះជាម្ចាស់បានបង្កើតមនុស្សរួចមក មហាទេវតាបានអនុវត្តអំពើក្បត់កាន់តែធំទាស់នឹងព្រះជាម្ចាស់នៅលើផែនដី។ ខ្ញុំមានបន្ទូលថា វាបានក្បត់ព្រះជាម្ចាស់ ដោយសារតែវាចង់គ្រប់គ្រងលើមនុស្ស និងចង់មានសិទ្ធិអំណាចខ្លាំងជាងព្រះជាម្ចាស់។ វាជាមហាទេវតាដែលបានល្បួងនាងអេវ៉ាឱ្យប្រព្រឹត្តអំពើបាប ហើយវាបានធ្វើបែបនេះ ដោយសារតែវាចង់តាំងនគររបស់វាឡើងនៅលើផែនដី និងឱ្យមនុស្សបែរខ្នងរបស់គេដាក់ព្រះជាម្ចាស់ ហើយបែរមកស្ដាប់បង្គាប់វាវិញ។ មហាទេវតាបានឃើញថា មានអ្វីៗជាច្រើនអាចស្ដាប់បង្គាប់វា រួមទាំងពួកទេវតា និងមនុស្សនៅលើផែនដីផង។ សត្វស្លាប និងសត្វព្រៃ ដើមឈើ ព្រៃភ្នំ ទន្លេ និងរបស់សព្វសារពើនៅលើផែនដី គឺស្ថិតនៅក្រោមការមើលថែរបស់មនុស្ស គឺអ័ដាម និងអេវ៉ា ខណៈពេលដែលអ័ដាមនិងអេវ៉ាបានស្ដាប់បង្គាប់តាមមហាទេវតា។ ដូច្នេះ មហាទេវតាមានបំណងចង់មានសិទ្ធិអំណាចខ្ពស់ជាងព្រះជាម្ចាស់ និងក្បត់ព្រះជាម្ចាស់។ ក្រោយមក វាបានដឹកនាំពួកទេវតាជាច្រើនបះបោរប្រឆាំងនឹងព្រះជាម្ចាស់ ដែលក្រោយមក បានក្លាយជាពួកវិញ្ញាណមិនបរិសុទ្ធទៅតាមប្រភេទផ្សេងៗគ្នា។ តើការអភិវឌ្ឍន៍របស់មនុស្សមកដល់សព្វថ្ងៃនេះ មិនត្រូវបានបង្កឡើងដោយសេចក្តីពុករលួយរបស់មហាទេវតាទេឬអី? មនុស្សមានលក្ខណៈដូចជាពួកគេនាពេលសព្វថ្ងៃ ដោយសារតែមហាទេវតាបានក្បត់ព្រះជាម្ចាស់ និងបានធ្វើឱ្យមនុស្សពុករលួយ។ កិច្ចការមួយជំហានម្ដងៗនេះមិនមានលក្ខណៈអរូបិយ និងសាមញ្ញ ដូចជាអ្វីដែលមនុស្សស្រមៃនោះឡើយ។ សាតាំងបានអនុវត្តអំពើក្បត់របស់វាសម្រាប់ហេតុផលមួយ ប៉ុន្តែមនុស្សមិនអាចយល់អំពីការពិតដ៏សាមញ្ញនោះឡើយ។ ហេតុអ្វីបានជាព្រះជាម្ចាស់ដែលបានបង្កើតផ្ទៃមេឃ និងផែនដី ព្រមទាំងរបស់សព្វសារពើនៅលើនោះ បានបង្កើតសាតាំងដែរដូច្នេះ? ដោយសារព្រះជាម្ចាស់ស្អប់សាតាំងយ៉ាងខ្លាំង ហើយសាតាំងជាសត្រូវរបស់ទ្រង់ ហេតុអ្វីបានជាទ្រង់បានបង្កើតវាមក? តាមរយៈការបង្កើតសាតាំង តើទ្រង់មិនមែនកំពុងតែបង្កើតឱ្យមានសត្រូវទេឬអី? តាមពិតទៅ ព្រះជាម្ចាស់មិនបានបង្កើតសត្រូវឡើយ ផ្ទុយទៅវិញ ទ្រង់បានបង្កើតទេវតាមួយរូប ដែលក្រោយមក ទេវតានោះបែរជាក្បត់ទ្រង់។ ឋានៈបុណ្យសក្តិរបស់វាបានឡើងខ្ពស់ពេក រហូតដល់វាចង់ក្បត់ព្រះជាម្ចាស់។ គេអាចនិយាយបានថា វាជាហេតុការណ៍គាប់ជួនប៉ុណ្ណោះ ប៉ុន្តែវាក៏ជារឿងមួយដែលមិនអាចចៀសផុតដែរ។ វាស្រដៀងគ្នាទៅនឹងរបៀបដែលមនុស្សម្នាក់នឹងត្រូវស្លាប់ ដោយចៀសមិនផុត ក្រោយពេលដែលមានវ័យចំណាស់ដល់ចំណុចមួយអ៊ីចឹដែរ ដូច្នេះ អ្វីៗក៏បានអភិវឌ្ឍមកដល់ដំណាក់កាលនោះ។ មនុស្សល្ងីល្ងើមិនសមហេតុផលមួយចំនួននិយាយថា «ដោយសារសាតាំងជាសត្រូវរបស់ទ្រង់ ចុះហេតុអ្វីបានជាទ្រង់បានបង្កើតវាមក? តើទ្រង់មិនបានជ្រាបដឹងថា មហាទេវតានឹងក្បត់ទ្រង់ទេឬអី? តើទ្រង់មិនទតឃើញពីភាពអស់កល្បមួយទៅភាពអស់កល្បមួយទៀតទេឬអី? តើទ្រង់មិនស្គាល់ពីនិស្ស័យរបស់មហាទេវតាទេឬ? ដោយសារទ្រង់បានជ្រាបដឹងយ៉ាងច្បាស់ថា វានឹងក្បត់ទ្រង់ ហេតុអ្វីបានជាទ្រង់តែងតាំងវាឱ្យក្លាយជាមហាទេវតាទៀត? វាមិនគ្រាន់តែក្បត់ទ្រង់ប៉ុណ្ណោះទេ ប៉ុន្តែ វាក៏បាននាំពួកទេវតាជាច្រើនរូបផ្សេងទៀតឱ្យទៅជាមួយវា ហើយធ្លាក់ទៅកាន់ពិភពលោករបស់មនុស្ស ដើម្បីបង្ខូចមនុស្សដែរ ប៉ុន្តែរហូតមកដល់ពេលបច្ចុប្បន្ននេះ ទ្រង់នៅតែមិនអាចសម្រេចផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ទ្រង់ទៀត»។ តើពាក្យទាំងនេះត្រឹមត្រូវដែរឬទេ? នៅពេលដែលអ្នកគិតបែបនេះ តើអ្នកមិនមែនកំពុងតែយកបញ្ហាដាក់ខ្លួនកាន់តែច្រើនទេឬអី? មានអ្នកផ្សេងទៀតដែលនិយាយថា «ប្រសិនបើសាតាំងបានធ្វើឱ្យមនុស្សពុករលួយ រហូតមកដល់ពេលបច្ចុប្បន្ន នោះព្រះជាម្ចាស់ នឹងមិននាំសេចក្តីសង្រ្គោះមកដល់មនុស្សឡើយ។ បើបែបនេះ ព្រះប្រាជ្ញាញាណ និងព្រះចេស្ដារបស់ព្រះជាម្ចាស់នឹងត្រូវបានលាក់កំបាំងមិនខាន តើព្រះប្រាជ្ញាញាណរបស់ទ្រង់ត្រូវបានបើកសម្ដែងនៅកន្លែងណាទៅ? ដូច្នេះ ព្រះជាម្ចាស់បានបង្កើតពូជសាសន៍មនុស្សមួយសម្រាប់សាតាំង ដើម្បីឱ្យទ្រង់អាចបើកសម្ដែងពីព្រះចេស្ដារបស់ទ្រង់នៅពេលក្រោយ បើមិនដូច្នោះទេ តើមនុស្សអាចរកឃើញនូវព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់បានដោយរបៀបណា? ប្រសិនបើមនុស្សមិនប្រឆាំងនឹងព្រះជាម្ចាស់ ឬបះបោរទាស់នឹងទ្រង់ទេ នោះវានឹងគ្មានភាពចាំបាច់ក្នុងការបើកសម្ដែងអំពីទង្វើរបស់ទ្រង់ឡើយ។ ប្រសិនបើសត្តនិករទាំងអស់ត្រូវថ្វាយបង្គំ និងចុះចូលចំពោះទ្រង់ ដូច្នេះ ព្រះជាម្ចាស់នឹងគ្មានកិច្ចការដែលត្រូវធ្វើឡើយ»។ ការនេះកាន់តែឃ្លាតចាកឆ្ងាយពីការពិតហើយ ព្រោះថាគ្មានអ្វីមួយស្មោកគ្រោកសោះឡើយអំពីព្រះជាម្ចាស់ ដូច្នេះ ទ្រង់មិនអាចបង្កើតសេចក្តីស្មោកគ្រោកបានឡើយ។ ទ្រង់បើកសម្ដែងទង្វើរបស់ទ្រង់ឥឡូវ ដើម្បីបង្រ្កាបខ្មាំងសត្រូវរបស់ទ្រង់ ដើម្បីសង្រ្គោះមនុស្សដែលទ្រង់បានបង្កើត និងដើម្បីបង្ក្រាបពួកអារក្ស និងសាតាំងដែលស្អប់ ក្បត់ និងប្រឆាំងទាស់នឹងព្រះជាម្ចាស់ ហើយដាក់ពួកវាឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទ្រង់ និងដែលជាកម្មសិទ្ធិរបស់ទ្រង់កាលពីដើមដំបូងប៉ុណ្ណោះ។ ព្រះជាម្ចាស់ចង់បង្រ្កាបពួកអារក្សទាំងនេះ ហើយតាមរយៈកិច្ចការបង្ក្រាបនេះ នោះក៏បើកសម្ដែងពីព្រះចេស្ដារបស់ទ្រង់ទៅកាន់អ្វីៗគ្រប់យ៉ាងដែរ។ មនុស្ស និងរបស់សព្វសារពើនៅលើផែនដីនាពេលសព្វថ្ងៃ ត្រូវស្ថិតនៅក្រោមការគ្រប់គ្រងរបស់សាតាំង ហើយសេចក្តីកុហកស្ថិតនៅក្រោមការគ្រប់គ្រងរបស់មនុស្សអាក្រក់។ ព្រះជាម្ចាស់ចង់បើកសម្ដែងទង្វើរបស់ទ្រង់ទៅកាន់អ្វីៗទាំងអស់ ដើម្បីឱ្យមនុស្សស្គាល់ទ្រង់ និងបង្រ្កាបសាតាំង ហើយលុបបំបាត់ខ្មាំងសត្រូវរបស់ទ្រង់ឱ្យវិនាសសាបសូន្យតែម្ដង។ កិច្ចការទាំងអស់នេះត្រូវបានសម្រេច តាមរយៈការបើកសម្ដែងពីកិច្ចការរបស់ទ្រង់។ គ្រប់សត្តនិកររបស់ទ្រង់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់សាតាំង ដូច្នេះ ព្រះជាម្ចាស់ចង់បើកសម្ដែងពីព្រះចេស្ដារបស់ទ្រង់ឱ្យពួកគេឃើញ តាមរយៈការបង្រ្កាបសាតាំង។ ប្រសិនបើគ្មានសាតាំងទេ នោះទ្រង់នឹងមិនចាំបាច់ត្រូវបើកសម្ដែងពីទង្វើរបស់ទ្រង់នោះឡើយ។ ប្រសិនបើមិនមែនដោយសារតែការរុកគួនរបស់សាតាំងទេ នោះព្រះជាម្ចាស់នឹងមិនបានបង្កើតមនុស្ស ហើយដឹកនាំពួកគេឱ្យរស់នៅក្នុងសួនអេដែនឡើយ។ មុនពេលមានអំពើក្បត់របស់សាតាំង ហេតុអ្វីបានជាព្រះជាម្ចាស់មិនដែលបើកសម្ដែងគ្រប់ទាំងទង្វើរបស់ទ្រង់ទៅកាន់ពួកទេវតា ឬមហាទេវតាទៅ? កាលពីដើមដំបូង ប្រសិនបើពួកទេវតាទាំងអស់ និងមហាទេវតាបានស្គាល់ព្រះជាម្ចាស់ ហើយបានចុះចូលចំពោះទ្រង់ នោះព្រះជាម្ចាស់នឹងមិនបានអនុវត្តកិច្ចការដែលគ្មានន័យទាំងនោះឡើយ។ ដោយសារតែអត្ថិភាពរបស់សាតាំង និងពួកអារក្ស មនុស្សក៏បានប្រឆាំងនឹងព្រះជាម្ចាស់ដែរ ហើយពួកគេបានពេញទៅដោយនិស្ស័យដែលបះបោរ។ ដូច្នេះ ព្រះជាម្ចាស់ចង់បើកសម្ដែងពីទង្វើរបស់ទ្រង់។ ដោយសារតែទ្រង់ចង់ធ្វើសង្រ្គាមជាមួយសាតាំង ទើបទ្រង់ត្រូវប្រើសិទ្ធិអំណាចផ្ទាល់របស់ទ្រង់ និងគ្រប់ទង្វើរបស់ទ្រង់ ដើម្បីបង្រ្កាបវា ហើយតាមរយៈការធ្វើបែបនេះ នោះកិច្ចការសង្រ្គោះដែលទ្រង់ធ្វើនៅក្នុងចំណោមមនុស្សនឹងអនុញ្ញាតឱ្យពួកគេមើលឃើញពីព្រះប្រាជ្ញាញាណ និងព្រះចេស្ដារបស់ទ្រង់មិនខាន។ កិច្ចការដែលព្រះជាម្ចាស់កំពុងតែធ្វើនាពេលសព្វថ្ងៃ គឺជាកិច្ចការដ៏មានអត្ថន័យ ហើយគ្មានផ្លូវដូចអ្វីដែលមនុស្សមួយចំនួននិយាយថា៖ «តើកិច្ចការដែលទ្រង់ធ្វើមិនប្រឆាំងគ្នាទេឬអី? តើកិច្ចការជាបន្តបន្ទាប់នេះមិនកំពុងតែបង្កបញ្ហាសម្រាប់ទ្រង់ផ្ទាល់ទេឬ? ទ្រង់បានបង្កើតសាតាំង ហើយបន្ទាប់មក អនុញ្ញាតឱ្យវាក្បត់ និងប្រឆាំងនឹងទ្រង់។ ទ្រង់បានបង្កើតមនុស្ស ហើយបន្ទាប់មក ប្រគល់ពួកគេទៅឱ្យសាតាំង ដោយអនុញ្ញាតឱ្យអ័ដាម និងអេវ៉ាជួបសេចក្តីល្បួង។ ដោយសារតែទ្រង់មានចេតនាធ្វើកិច្ចការទាំងអស់នេះ ហេតុអ្វីបានជាទ្រង់នៅតែស្អប់ខ្ពើមមនុស្សទៀត? ហេតុអ្វីបានជាទ្រង់ស្អប់ខ្ពើមសាតាំង? តើពួកគេទាំងនេះមិនចេញមកពីការបង្កើតរបស់ទ្រង់ផ្ទាល់ទេឬអី? តើទ្រង់ស្អប់អ្វីឱ្យប្រាកដទៅ?» មានមនុស្សមិនសមហេតុផលពីរបីនាក់ដែលនិយាយសម្ដីបែបនេះ។ ពួកគេចង់ស្រឡាញ់ព្រះជាម្ចាស់ ប៉ុន្តែខាងក្នុងជម្រៅចិត្ត ពួកគេរអ៊ូរទាំអំពីព្រះជាម្ចាស់។ នេះពិតជាចិត្តផ្សេង មាត់ផ្សឹងមែន! អ្នកមិនយល់អំពីសេចក្តីពិត អ្នកមានគំនិតបែបអធិធម្មជាតិច្រើនពេក ហើយអ្នកថែមទាំងអះអាងថា ព្រះជាម្ចាស់បានធ្វើខុសទៀត។ អ្នកដូចជាភ្លើពេកហើយ! គឺអ្នកវិញទេតើដែលកំពុងតែបំភ្លៃសេចក្តីពិតនោះ ព្រោះថាព្រះជាម្ចាស់មិនដែលធ្វើខុសសោះឡើយ! មនុស្សមួយចំនួនថែមទាំងរអ៊ូរទាំដដែលៗថា៖ «គឺទ្រង់ដែលបានបង្កើតសាតាំងមក ហើយគឺទ្រង់ដែលបានបោះទម្លាក់សាតាំងមកក្នុងចំណោមមនុស្ស ហើយប្រគល់ពួកគេទៅឱ្យវា។ នៅពេលដែលមនុស្សមាននិស្ស័យរបស់សាតាំង ទ្រង់មិនបានអត់ទោសឱ្យពួកគេឡើយ ផ្ទុយទៅវិញ ទ្រង់បែរជាស្អប់ពួកគេដល់កម្រិតមួយទៅវិញ។ ជាដំបូង ទ្រង់បានស្រឡាញ់ពួកគេដល់កម្រិតមួយ ប៉ុន្តែឥឡូវនេះ ទ្រង់បែរជាស្អប់ខ្ពើមពួកគេទៅវិញ។ គឺទ្រង់ហើយដែលបានស្អប់មនុស្ស ប៉ុន្តែក៏ជាទ្រង់ដែរ ដែលបានស្រឡាញ់មនុស្ស។ តើមានអ្វីកំពុងតែកើតឡើងទៅ? តើវាមិនមែនជារឿងផ្ទុយគ្នាទេឬអី?» មិនថាអ្នករាល់គ្នាមើលទៅកាន់រឿងនេះក្នុងទិដ្ឋភាពបែបណានោះឡើយ ប៉ុន្តែនេះជាអ្វីដែលបានកើតឡើងនៅស្ថានសួគ៌។ នេះជាឥរិយាបថមួយដែលមហាទេវតាបានក្បត់ព្រះជាម្ចាស់ និងធ្វើឱ្យមនុស្សពុករលួយ ហើយនេះជារបៀបដែលមនុស្សបានបន្តរហូតមកដល់ពេលសព្វថ្ងៃ។ មិនថាអ្នករាល់គ្នាសរសេរវាបែបណាទេ នេះជាសាច់រឿងទាំងមូលហើយ។ យ៉ាងណាមិញ អ្នករាល់គ្នាត្រូវតែយល់ថា គោលបំណងទាំងស្រុងនៅពីក្រោយកិច្ចការដែលព្រះជាម្ចាស់កំពុងតែធ្វើនាពេលសព្វថ្ងៃនេះ គឺដើម្បីសង្រ្គោះអ្នករាល់គ្នា និងបង្រ្កាបសាតាំង។

ដោយសារតែពួកទេវតាមានអត្តចរិតទន់ខ្សោយ និងគ្មានសមត្ថភាពក្នុងការនិយាយ ដូច្នេះ ពួកគេមានអំនួតក្អេងក្អាងកាន់តែខ្លាំង នៅពេលដែលពួកគេទទួលបានសិទ្ធិអំណាច។ នេះជាការពិតចំពោះមហាទេវតា ដែលមានឋានៈបុណ្យសក្តិខ្ពស់ជាងពួកទេវតាឯទៀតៗ។ វាដូចជាស្ដេចមួយអង្គនៅក្នុងចំណោមពួកទេវតា វាបានដឹកនាំទេវតារាប់លាននាក់ ដោយនៅក្រោមព្រះយេហូវ៉ាតែមួយប៉ុណ្ណោះ ដូច្នេះសិទ្ធិអំណាចរបស់វា គឺខ្ពស់ជាងពួកទេវតាទាំងអស់។ វាចង់ធ្វើបែបនេះ និងបែបនោះ ហើយចង់ដឹកនាំពួកទេវតា ចុះមកកណ្ដាលចំណោមនុស្ស ដើម្បីត្រួតត្រាលើពិភពលោក។ ព្រះជាម្ចាស់បានមានបន្ទូលថា ទ្រង់ជាព្រះដែលគ្រប់គ្រងលើចក្រវាល ប៉ុន្តែមហាទេវតាបានអះអាងថា គឺវាវិញទេតើ ដែលគ្រប់គ្រងលើចក្រវាល ដូច្នេះ តាំងពីពេលនោះមក មហាទេវតាបានក្បត់ព្រះជាម្ចាស់។ ព្រះជាម្ចាស់បានបង្កើតពិភពលោកមួយទៀតនៅស្ថានសួគ៌ ហើយមហាទេវតាចង់ត្រួតត្រាលើពិភពលោកនេះ ហើយវាក៏ចុះមកពិភពរបស់មនុស្ស។ តើព្រះជាម្ចាស់អាចអនុញ្ញាតឱ្យវាធ្វើបែបនេះទេ? ដូច្នេះ ទ្រង់បានវាយប្រហារមហាទេវតា ហើយទម្លាក់វាមកក្នុងលំហអាកាស។ តាំងពីពេលដែលវាបានធ្វើឱ្យមនុស្សពុករលួយមក ព្រះជាម្ចាស់បានធ្វើសង្រ្គាមជាមួយមហាទេវតា ដើម្បីសង្រ្គោះពួកគេ ហើយទ្រង់បានប្រើរយៈពេលប្រាំមួយពាន់ឆ្នាំនេះ ដើម្បីបង្រ្កាបវា។ គំនិតរបស់អ្នករាល់គ្នាអំពីព្រះដ៏មានគ្រប់ព្រះចេស្ដា គឺមិនត្រូវគ្នាជាមួយកិច្ចការដែលព្រះជាម្ចាស់កំពុងតែអនុវត្តនោះឡើយ ដ្បិតគំនិតទាំងនោះមានលក្ខណៈប្រើការមិនបាន និងខុសឆ្គងខ្លាំងពេក! តាមពិតទៅ មានតែក្រោយពេលដែលអំពើក្បត់របស់មហាទេវតាប៉ុណ្ណោះ ទើបព្រះជាម្ចាស់បានប្រកាសថា វាជាខ្មាំងសត្រូវរបស់ទ្រង់។ គឺដោយសារតែអំពើក្បត់របស់វាប៉ុណ្ណោះ ទើបមហាទេវតាមកជាន់ឈ្លីមនុស្សបន្ទាប់ពីចូលមកក្នុងពិភពរបស់មនុស្ស ហើយដោយសារតែហេតុផលនេះហើយ ទើបមនុស្សបានអភិវឌ្ឍមកដល់ចំណុចនេះ។ ក្រោយហេតុការណ៍នេះ បានកើតឡើងព្រះជាម្ចាស់បានស្បថសច្ចាចំពោះសាតាំងថា៖ «ខ្ញុំនឹងបង្រ្កាបអ្នក ហើយនាំសេចក្តីសង្រ្គោះទៅកាន់មនុស្សទាំងអស់ដែលខ្ញុំបានបង្កើតមក»។ ដោយមិនទាន់ជឿកាលពីដំបូង សាតាំងបានតបវិញថា៖ «តើទ្រង់អាចធ្វើអ្វីខ្លះដាក់ទូលបង្គំទៅ? តើទ្រង់អាចវាយប្រហារទូលបង្គំនៅលំហអាកាសដែរឬអី? តើទ្រង់ពិតជាអាចបង្រ្កាបទូលបង្គំបានឬ?» ក្រោយពេលដែលព្រះជាម្ចាស់បានទម្លាក់វាទៅក្នុងលំហអាកាស ទ្រង់លែងយកចិត្តទុកដាក់ចំពោះមហាទេវតាទៀតហើយ ហើយក្រោយមក ទ្រង់ក៏ចាប់ផ្ដើមសង្រ្គោះមនុស្ស និងអនុវត្តកិច្ចការរបស់ទ្រង់ ទោះបីជាសាតាំងចេះតែរំខានដល់កិច្ចការរបស់ទ្រង់ក៏ដោយ។ សាតាំងអាចធ្វើនេះ និងធ្វើនោះបាន គឺដោយសារតែអំណាចនានាដែលព្រះជាម្ចាស់បានប្រទានដល់វាកាលពីមុន។ វាបាននាំយកអំណាចទាំងនេះមកជាមួយវានៅលំហអាកាស ហើយវាបានរក្សាអំណាចទាំងនោះមកដល់សព្វថ្ងៃ។ ពេលទម្លាក់មហាទេវតាចុះមកលំហអាកាស ព្រះជាម្ចាស់មិនបានដកសិទ្ធិអំណាចរបស់វាវិញឡើយ ដូច្នេះ សាតាំងបានបន្តធ្វើឱ្យមនុស្សពុករលួយ។ នៅក្នុងន័យម្យ៉ាងទៀត ព្រះជាម្ចាស់បានចាប់ផ្ដើមសង្រ្គោះមនុស្សដែលសាតាំងបានធ្វើឱ្យពុករលួយ ក្រោយពេលដែលពួកគេត្រូវបានបង្កើតមកមិនយូរប៉ុន្មាន។ ព្រះជាម្ចាស់មិនបានបើកសម្ដែងទង្វើរបស់ទ្រង់ ខណៈពេលដែលទ្រង់គង់នៅលើស្ថានសួគ៌ឡើយ ប៉ុន្តែមុនពេលបង្កើតផែនដី ទ្រង់បានអនុញ្ញាតឱ្យមនុស្ស នៅក្នុងពិភពលោកដែលទ្រង់បានបង្កើតមកនៅលើស្ថានសួគ៌មើលឃើញពីទង្វើរបស់ទ្រង់ ថែមទាំងដឹកនាំមនុស្សទាំងនោះពីស្ថានសួគ៌ផង។ ទ្រង់បានប្រទានឱ្យពួកគេមានប្រាជ្ញា និងបញ្ញាវៃឆ្លាត ហើយបានដឹកនាំមនុស្សទាំងនោះឱ្យរស់នៅក្នុងពិភពលោកនោះ។ តាមធម្មតា នៅក្នុងចំណោមអ្នករាល់គ្នាគ្មាននរណាម្នាក់ដែលធ្លាប់បានឮអំពីការនេះពីមុនមកឡើយ។ ក្រោយមក បន្ទាប់ពីព្រះជាម្ចាស់បានបង្កើតមនុស្ស មហាទេវតាបានចាប់ផ្ដើមធ្វើឱ្យមនុស្សពុករលួយ ហើយនៅលើផែនដី មនុស្សទាំងអស់ក៏បានធ្លាក់ទៅក្នុងភាពចលាចល។ ចាប់ពីពេលនោះហើយ ដែលព្រះជាម្ចាស់ចាប់ផ្ដើមធ្វើសង្រ្គាមជាមួយសាតាំង ហើយគឺនៅពេលនោះហើយ ដែលមនុស្សចាប់ផ្ដើមមើលឃើញពីទង្វើរបស់ទ្រង់។ កាលពីដើមដំបូង ទង្វើទាំងនេះត្រូវបានលាក់បាំងពីមនុស្ស។ ក្រោយពេលសាតាំងត្រូវបានទម្លាក់ទៅក្នុងលំហអាកាស វាបានធ្វើកិច្ចការរបស់វា ហើយព្រះជាម្ចាស់បានបន្តធ្វើកិច្ចការរបស់ទ្រង់ ដោយបន្តធ្វើសង្រ្គាមជាមួយសាតាំង ចាប់ពីពេលនោះរហូតដល់គ្រាចុងក្រោយ។ ឥឡូវនេះ ដល់ពេលដែលសាតាំងគួរតែត្រូវបានបំផ្លាញហើយ។ កាលពីដើមដំបូង ព្រះជាម្ចាស់បានប្រទាន ឱ្យវាមានសិទ្ធិអំណាច ហើយក្រោយមកទ្រង់បានទម្លាក់វាទៅក្នុងលំហអាកាស ប៉ុន្តែវានៅតែរឹងទទឹង។ ក្រោយមកទៀត វាបានធ្វើឱ្យមនុស្សជាតិនៅលើផែនដីទៅជាពុករលួយ ប៉ុន្តែព្រះជាម្ចាស់បានគង់នៅទីនោះ ដើម្បីគ្រប់គ្រងមនុស្ស។ ព្រះជាម្ចាស់ប្រើការគ្រប់គ្រងមនុស្សរបស់ទ្រង់ ដើម្បីបង្រ្កាបសាតាំង។ តាមរយៈការធ្វើឱ្យមនុស្សពុករលួយ សាតាំងបញ្ចប់ជោគវាសនារបស់ពួកគេ ហើយបង្អាក់ដល់កិច្ចការរបស់ព្រះជាម្ចាស់។ នៅក្នុងន័យម្យ៉ាងទៀត កិច្ចការរបស់ព្រះជាម្ចាស់គឺជាការសង្រ្គោះមនុស្ស។ តើជំហានណាខ្លះនៃកិច្ចការដែលព្រះជាម្ចាស់ធ្វើ ដែលមិនមានន័យក្នុងការសង្រ្គោះមនុស្សទៅ? តើជំហានណាខ្លះដែលមិនមែនជាការលាងជម្រះមនុស្ស និងធ្វើឱ្យពួកគេប្រព្រឹត្តយ៉ាងសុចរិត ហើយរស់នៅតាមរូបភាពនៃមនុស្សដែលអាចទទួលបានសេចក្តីស្រឡាញ់ទៅ? ទោះជាយ៉ាងណាសាតាំងមិនធ្វើបែបនេះឡើយ។ វាធ្វើឱ្យមនុស្សត្រលប់ជាពុករលួយ។ វាបន្តអនុវត្តកិច្ចការរបស់វា ដោយធ្វើឱ្យមនុស្សនៅក្នុងចក្រវាលទៅជាពុករលួយ។ ជាការពិតព្រះជាម្ចាស់ក៏ធ្វើកិច្ចការរបស់ទ្រង់ផងដែរ ដោយមិនយកចិត្តទុកដាក់ចំពោះសាតាំងឡើយ។ មិនថាសាតាំងមានសិទ្ធិអំណាចច្រើនប៉ុនណា ក៏សិទ្ធិអំណាចនោះនៅតែត្រូវបានប្រទានមកពីព្រះជាម្ចាស់ដែរ។ តាមពិតទៅ ព្រះជាម្ចាស់មិនបានប្រទានសិទ្ធិអំណាចរបស់ទ្រង់ទាំងអស់ដល់វាឡើយ ដូច្នេះ មិនថាសាតាំងធ្វើអ្វីឡើយ វាមិនអាចខ្លាំងជាងព្រះជាម្ចាស់ ហើយវានឹងនៅក្នុងកណ្ដាប់ព្រះហស្ដរបស់ព្រះជាម្ចាស់ជានិច្ច។ ព្រះជាម្ចាស់មិនបានបើកសម្ដែងទង្វើរបស់ទ្រង់ណាមួយឡើយ ក្នុងពេលនៅស្ថានសួគ៌។ ទ្រង់គ្រាន់តែប្រទានឱ្យសាតាំងនូវសិទ្ធិអំណាចមួយក្ដាប់តូច ហើយអនុញ្ញាតឱ្យវាអនុវត្តការត្រួតត្រា លើពួកទេវតាប៉ុណ្ណោះ។ ដូច្នេះ មិនថាសាតាំងធ្វើអ្វីឡើយ វាមិនអាចខ្លាំងលើសសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ឡើយ ដោយសារតែសិទ្ធិអំណាចដែលព្រះជាម្ចាស់បានប្រទានដល់វាកាលពីគ្រាដំបូង គឺមានកម្រិត។ នៅពេលដែលព្រះជាម្ចាស់ធ្វើការ សាតាំងព្យាយាមបង្អាក់។ នៅគ្រាចុងក្រោយ ការបង្អាក់របស់វានឹងត្រូវបញ្ចប់។ ដូចគ្នាផងដែរ កិច្ចការរបស់ព្រះជាម្ចាស់ក៏នឹងត្រូវបញ្ចប់ផងដែរ ហើយប្រភេទនៃមនុស្សលោកដែលព្រះជាម្ចាស់ចង់ធ្វើឱ្យគ្រប់លក្ខណ៍ នឹងត្រូវសម្រេចជាស្ថាពរមិនខាន។ ព្រះជាម្ចាស់ដឹកនាំមនុស្សនៅក្នុងផ្លូវវិជ្ជមាន ដ្បិតព្រះជន្មរបស់ទ្រង់គឺជាទឹករស់ មិនអាចវាស់វែងបាន ហើយក៏គ្មានដែនកំណត់ផងដែរ។ សាតាំងបានធ្វើឱ្យមនុស្សខូចអាក្រក់ទៅដល់កម្រិតមួយ ប៉ុន្តែ នៅចុងបញ្ចប់ទឹកនៃជីវិតដ៏រស់នឹងធ្វើឱ្យពួកគេក្លាយជាគ្រប់លក្ខណ៍ ហើយសាតាំងនឹងមិនអាចជ្រៀតជ្រែក និងអនុវត្តកិច្ចការរបស់វាបានទៀតឡើយ។ ដូច្នេះ ព្រះជាម្ចាស់នឹងអាចទទួលយកមនុស្សទាំងនេះយ៉ាងពេញលេញ។ សូម្បីតែឥឡូវនេះ សាតាំងនៅតែបដិសេធមិនទទួលស្គាល់ការពិតនេះឡើយ ព្រោះវានៅតែបន្ត ទាស់ប្រឆាំងនឹងព្រះជាម្ចាស់ ប៉ុន្តែ ទ្រង់មិនយកចិត្តទុកដាក់ចំពោះវាឡើយ។ ព្រះជាម្ចាស់បានមានបន្ទូលថា៖ «ខ្ញុំនឹងមានជ័យជម្នះលើកម្លាំងងងឹតរបស់សាតាំង និងលើគ្រប់ឥទ្ធិពលខាងផ្លូវងងឹតរបស់វាទាំងអស់»។ នេះជាកិច្ចការដែលត្រូវតែសម្រេចនាពេលបច្ចុប្បន្ននៅក្នុងសាច់ឈាម ហើយវាក៏ជាអ្វីដែលធ្វើឱ្យការក្លាយជាសាច់ឈាមមានភាពសំខាន់ផងដែរ៖ នោះគឺដើម្បីបញ្ចប់ដំណាក់កាលនៃកិច្ចការបង្រ្កាបសាតាំងនៅគ្រាចុងក្រោយនិងបោសសម្អាតអ្វីៗទាំងអស់ដែលជាកម្មសិទ្ធិរបស់សាតាំង។ ជ័យជម្នះរបស់ព្រះជាម្ចាស់ទៅលើសាតាំង គឺជាអ្វីមួយនឹងកើតឡើងយ៉ាងប្រាកដជាក់! ជាការពិត សាតាំងបានបរាជ័យជាយូរឆ្នាំមកហើយ។ នៅពេលដែលដំណឹងល្អបានចាប់ផ្ដើមរីកសាយភាយនៅទូទាំងទឹកដីរបស់នាគដ៏ធំមានសម្បុរក្រហម នោះជាពេលដែលព្រះដែលយកកំណើតជាមនុស្សបានចាប់ផ្ដើមធ្វើកិច្ចការរបស់ទ្រង់ ហើយកិច្ចការនេះកំពុងតែដំណើរការ សាតាំងបានចាញ់ទាំងស្រុង ព្រោះគោលបំណងចម្បងនៃការយកកំណើតជាមនុស្ស គឺដើម្បីកម្ចាត់សាតាំងឱ្យវិនាសសាបសូន្យតែម្ដង។ នៅពេលដែលសាតាំងបានឃើញថា ព្រះជាម្ចាស់ បានក្លាយជាសាច់ឈាមម្ដងទៀត និងចាប់ផ្ដើមអនុវត្តកិច្ចការរបស់ទ្រង់ ដែលគ្មានកម្លាំងណាមួយអាចបញ្ឈប់បាន ដូច្នេះ វាបានស្រឡាំងកាំងចំពោះកិច្ចការនេះ ហើយមិនហ៊ានបង្កសេចក្តីអន្តរាយអ្វីផ្សេងទៀតឡើយ។ ជាដំបូង សាតាំងបានគិតថា វាក៏មានប្រាជ្ញាច្រើនផងដែរ ដូច្នេះ វាធ្វើការរំខាន និងរុកគួនដល់កិច្ចការរបស់ព្រះជាម្ចាស់ ប៉ុន្តែវាមិនបានរំពឹងថា ព្រះជាម្ចាស់នឹងក្លាយជាសាច់ឈាមម្ដងទៀត ឬដឹងថា នៅក្នុងកិច្ចការរបស់ទ្រង់ ព្រះជាម្ចាស់នឹងប្រើការបះបោររបស់សាតាំង មកបម្រើជាការបើកសម្ដែងនិងការជំនុំជម្រះសម្រាប់មនុស្សជាតិ ក្នុងគោលបំណងទៅយកឈ្នះមនុស្ស និងបង្រ្កាបសាតាំងឡើយ។ ព្រះជាម្ចាស់មានព្រះប្រាជ្ញាញាណឆ្លាតជាងសាតាំង ហើយកិច្ចការរបស់ទ្រង់ក៏មានអំណាចខ្លាំងជាងវាផងដែរ។ ដូច្នេះ ដូចជាខ្ញុំបានមានបន្ទូលកាលពីមុនថា៖ «កិច្ចការរបស់ខ្ញុំត្រូវបានអនុវត្ត ដើម្បីឆ្លើយតបនឹងឧបាយកលរបស់សាតាំង ហើយនៅចុងបញ្ចប់ ខ្ញុំនឹងបើកសម្ដែងព្រះចេស្ដារបស់ខ្ញុំ និងភាពគ្មានអំណាចរបស់សាតាំង»។ ព្រះជាម្ចាស់នឹងធ្វើកិច្ចការរបស់ទ្រង់នៅជួរមុខ ឯសាតាំងវិញ វានឹងដើរថយក្រោយរហូតដល់ទីបញ្ចប់ វានឹងត្រូវបំផ្លាញទាំងមិនដឹងខ្លួនថា មានអ្វីមួយនឹងបុកវាផង! វានឹងដឹងអំពីសេចក្តីពិត នៅពេលដែលវាត្រូវបានកម្ទេច និងសង្កត់ឱ្យខ្ទេចខ្ទី ហើយទម្រាំដល់ពេលនោះ វានឹងត្រូវបានដុតរំលាយនៅក្នុងបឹងភ្លើងរួចស្រេចទៅហើយ។ តើវានឹងនៅតែមិនជឿទាំងស្រុងទៀតឬ? ដ្បិតនៅពេលនោះ សាតាំងនឹងគ្មានផែនការណាផ្សេងទៀត ដើម្បីប្រើឡើយ!

គឺកិច្ចការពិតជាក់ស្ដែងមួយជំហានម្ដងៗនេះហើយ ដែលជារឿយៗធ្វើឱ្យព្រះជាម្ចាស់ព្រួយព្រះទ័យចំពោះមនុស្ស ដូច្នេះ ការធ្វើសង្រ្គាមរបស់ទ្រង់ជាមួយសាតាំងមានរយៈពេលប្រាំមួយពាន់ឆ្នាំ ហើយព្រះជាម្ចាស់បានមានបន្ទូលថា «ខ្ញុំនឹងមិនបង្កើតមនុស្សម្ដងទៀតទេ ហើយក៏មិនប្រទានសិទ្ធិអំណាចដល់ពួកទេវតាម្ដងទៀតដែរ»។ ចាប់ពីពេលនោះមក នៅពេលដែលពួកទេវតាចាប់ផ្ដើមធ្វើការនៅលើផែនដី ពួកគេគ្រាន់តែដើរតាមព្រះជាម្ចាស់ ដើម្បីធ្វើកិច្ចការមួយចំនួនប៉ុណ្ណោះ ហើយទ្រង់មិនបានប្រទានឱ្យពួកគេមានសិទ្ធិអំណាចម្ដងទៀតឡើយ។ តើពួកអ៊ីស្រាអែលបានឃើញពួកទេវតាអនុវត្តកិច្ចការរបស់ពួកគេយ៉ាងដូចម្ដេចទៅ? ពួកគេបានបើកសម្ដែងនៅក្នុងសុបិន ហើយបាននាំព្រះបន្ទូលរបស់ព្រះយេហូវ៉ា។ នៅពេលដែលព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញនៅបីថ្ងៃក្រោយការជាប់ឆ្កាង ពួកទេវតាគឺជាអ្នកដែលបានរុញរំកិលផ្ទាំងថ្មទៅម្ខាង ព្រោះព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ មិនបានធ្វើកិច្ចការនេះដោយផ្ទាល់ទេ។ ពួកទេវតាបានធ្វើកិច្ចការបែបនេះប៉ុណ្ណោះ។ ពួកគេបានដើរតួជាអ្នកជំនួយ ប៉ុន្តែគ្មានសិទ្ធិអំណាចឡើយ ដ្បិតព្រះជាម្ចាស់មិនបានប្រទានឱ្យពួកគេ មានសិទ្ធិអំណាចអ្វីឡើយ។ ក្រោយធ្វើការបានមួយរយៈ មនុស្សដែលព្រះជាម្ចាស់បានប្រើនៅលើផែនដី បានយកតួនាទីរបស់ព្រះជាម្ចាស់ ហើយនិយាយថា៖ «ខ្ញុំចង់មានឋានៈខ្ពស់ជាងចក្រវាល! ខ្ញុំចង់ឈរនៅស្ថានសួគ៌ជាន់ទីបី! យើងចង់កាន់កាប់អំណាចជាស្ដេចដែលសោយរាជ្យ!» ពួកគេបានមានអំនួតក្អេងក្អាង ក្រោយធ្វើកិច្ចការបានប៉ុន្មានថ្ងៃ ហើយពួកគេចង់មានសិទ្ធិអំណាចជាស្ដេចលើផែនដី ចង់តាំងប្រជាជាតិមួយទៀតឡើង ចង់ដាក់អ្វីៗទាំងអស់នៅក្រោមជើងរបស់គេ និងចង់ឈរនៅស្ថានសួគ៌ជាន់ទីបី។ តើអ្នកមិនដឹងទេឬថា អ្នកគ្រាន់តែជាមនុស្សដែលព្រះជាម្ចាស់ប្រើប៉ុណ្ណោះ? តើអ្នកអាចឡើងស្ថានសួគ៌ជាន់ទីបីបានដោយរបៀបណា? ព្រះជាម្ចាស់យាងមកផែនដី ដើម្បីធ្វើការស្ងាត់ៗ មិនស្រែកប្រកាសឡើយ ហើយបន្ទាប់មក ទ្រង់ក៏បានចាកចេញទៅដោយស្ងាត់ៗ ក្រោយពេលបង្ហើយកិច្ចការរបស់ទ្រង់។ ទ្រង់មិនដែលស្រែកក្ដែងៗដូចមនុស្សឡើយ ប៉ុន្តែទ្រង់មានភាពពិតជាក់ស្ដែងនៅក្នុងការអនុវត្តកិច្ចការរបស់ទ្រង់។ ទ្រង់ក៏មិនដែលចូលទៅក្នុងពួកជំនុំ ហើយស្រែកឡើងថា «ខ្ញុំនឹងបោសសម្អាតអ្នករាល់គ្នាចោល! ខ្ញុំនឹងដាក់បណ្ដាសា និងកាត់ទោសអ្នករាល់គ្នាឡើយ!» ទ្រង់គ្រាន់តែបន្តធ្វើកិច្ចការរបស់ទ្រង់ ហើយចាកចេញទៅ នៅពេលដែលទ្រង់បានធ្វើចប់ប៉ុណ្ណោះ។ គ្រូគង្វាលសាសនាដែលប្រោសអ្នកជំងឺឱ្យជា និងបណ្ដេញអារក្ស បង្រៀនមនុស្សពីលើឆាក អធិប្បាយព្រះបន្ទូលយ៉ាងយូរ និងពេញដោយភាពក្រអឺតក្រទម ហើយពិភាក្សាអំពីកិច្ចការដែលមិនពិតជាក់ស្ដែងទាំងនោះ សុទ្ធតែមានចិត្តក្អេងក្អាងទាំងអស់! ពួកគេជាពូជពង្សរបស់មហាទេវតា!

ក្រោយបានអនុវត្តកិច្ចការរយៈពេលប្រាំមួយពាន់ឆ្នាំរបស់ទ្រង់ រហូតមកដល់ពេលបច្ចុប្បន្ន ព្រះជាម្ចាស់បានបើកសម្ដែងទង្វើរបស់ទ្រង់ជាច្រើនមកហើយ ហើយគោលបំណងចម្បងរបស់ទ្រង់ គឺដើម្បីបង្រ្កាបសាតាំង និងនាំសេចក្តីសង្រ្គោះទៅកាន់មនុស្សទាំងអស់។ ទ្រង់កំពុងតែប្រើប្រាស់ឱកាសនេះ ដើម្បីអនុញ្ញាតឱ្យអ្វីៗគ្រប់យ៉ាងនៅលើមេឃ អ្វីៗគ្រប់យ៉ាងនៅលើផែនដី អ្វីៗគ្រប់យ៉ាងនៅក្នុងសមុទ្រ និងគ្រប់វត្ថុចុងក្រោយនៃការបង្កើតរបស់ព្រះជាម្ចាស់ នៅលើផែនដី មើលឃើញពីព្រះចេស្ដា និងគ្រប់ទង្វើរបស់ទ្រង់ដោយផ្ទាល់ភ្នែក។ ទ្រង់កំពុងតែប្រើប្រាស់ឱកាសចេញពីការបង្រ្កាបរបស់ទ្រង់ទៅលើសាតាំង ដើម្បីបើកសម្ដែងពីគ្រប់ទង្វើរបស់ទ្រង់ទៅកាន់មនុស្ស និងដើម្បីឱ្យពួកគេសរសើរទ្រង់ ហើយលើកតម្កើងពីព្រះប្រាជ្ញាញាណរបស់ទ្រង់ក្នុងការបង្រ្កាបសាតាំង។ អ្វីៗគ្រប់យ៉ាងនៅលើផែនដី នៅលើមេឃ និងនៅក្នុងសមុទ្រ នឹងថ្វាយសិរីល្អដល់ព្រះជាម្ចាស់ សរសើរពីព្រះចេស្ដារបស់ទ្រង់ សរសើរពីគ្រប់ទង្វើរបស់ទ្រង់ និងស្រែកប្រកាសពីព្រះនាមដ៏វិសុទ្ធរបស់ទ្រង់។ នេះជាភស្តុតាងដែលបញ្ជាក់អំពីការបង្ក្រាបរបស់ទ្រង់ទៅលើសាតាំង ហើយក៏ជាភស្តុតាងពីការដែលទ្រង់កម្ចាត់សាតាំងឱ្យវិនាសសាបសូន្យដែរ។ អ្វីដែលកាន់តែសំខាន់ទៀតនោះគឺថា វាជាភស្តុតាងអំពីសេចក្តីសង្រ្គោះរបស់ទ្រង់សម្រាប់មនុស្ស។ អ្វីទាំងអស់ដែលព្រះជាម្ចាស់បានបង្កើតមក ថ្វាយសិរីល្អដល់ទ្រង់ សរសើរទ្រង់សម្រាប់ការបង្រ្កាបខ្មាំងសត្រូវរបស់ទ្រង់ និងយាងត្រឡប់មកវិញប្រកបដោយជ័យជម្នះ ហើយលើកតម្កើងទ្រង់ជាស្តេចដ៏មានជ័យជម្នះបំផុត។ គោលបំណងរបស់ទ្រង់ គឺមិនគ្រាន់តែបង្រ្កាបសាតាំងប៉ុណ្ណោះទេ ហើយនេះជាហេតុផលដែលនាំឱ្យកិច្ចការរបស់ទ្រង់បន្តអស់រយៈពេលប្រាំមួយពាន់ឆ្នាំមកនេះ។ ទ្រង់ប្រើការបង្រ្កាបលើសាតាំង ដើម្បីសង្គ្រោះមនុស្ស។ ទ្រង់ប្រើការបង្រ្កាបលើសាតាំង ដើម្បីបើកសម្ដែងពីគ្រប់ទាំងទង្វើ និងគ្រប់ទាំងសិរីល្អរបស់ទ្រង់។ ទ្រង់នឹងទទួលបានសិរីល្អ ហើយគ្រប់ពួកទេវតាទាំងអស់នឹងមើលឃើញពីគ្រប់ទាំងសិរីល្អរបស់ទ្រង់។ អ្នកនាំសារនៅស្ថានសួគ៌ មនុស្សនៅលើផែនដី និងគ្រប់ទាំងវត្ថុដែលទ្រង់បានបង្កើតមកនៅលើផែនដី នឹងមើលឃើញពីសិរីល្អរបស់ព្រះអាទិករ។ នេះជាកិច្ចការដែលទ្រង់ធ្វើ។ ការបង្កើតរបស់ទ្រង់នៅស្ថានសួគ៌ និងនៅលើផែនដី នឹងមើលឃើញផ្ទាល់ភ្នែក ពីសិរីល្អរបស់ទ្រង់ ហើយទ្រង់នឹងយាងត្រឡប់មកវិញប្រកបដោយជ័យជម្នះ ក្រោយពេលបង្រ្កាបសាតាំងបានទាំងស្រុង ព្រមទាំងអនុញ្ញាតឱ្យមនុស្សសរសើរទ្រង់ ដូច្នេះ ទ្រង់សម្រេចបានជ័យជម្នះទ្វេដងនៅក្នុងកិច្ចការរបស់ទ្រង់។ នៅចុងបញ្ចប់ មនុស្សទាំងអស់នឹងត្រូវទ្រង់យកឈ្នះ ហើយទ្រង់នឹងបំផ្លាញមនុស្សទាំងអស់ដែលបះបោរ ឬប្រឆាំងនឹងទ្រង់ចោលទាំងស្រុង។ អាចនិយាយម្យ៉ាងទៀតបានថា ទ្រង់នឹងបំផ្លាញអស់អ្នកណាដែលនៅខាងសាតាំងចោលទាំងស្រុង។ បច្ចុប្បន្ននេះ អ្នកកំពុងតែមើលឃើញដោយផ្ទាល់ភ្នែក អំពីកិច្ចការជាច្រើនរបស់ព្រះជាម្ចាស់ ប៉ុន្តែអ្នកនៅតែប្រឆាំង នៅតែបះបោរ ហើយមិនព្រមចុះចូលទៀត។ អ្នករក្សាទុកនូវរឿងរ៉ាវជាច្រើននៅខាងក្នុងអ្នក ហើយធ្វើទង្វើតាមតែទំនើងចិត្តរបស់អ្នក។ អ្នកធ្វើតាមសេចក្តីស្រើបស្រាល និងចំណង់ចំណូលចិត្តរបស់អ្នក។ នេះហើយជាការបះបោរ និងជាការប្រឆាំងនោះ។ រាល់ជំនឿលើព្រះជាម្ចាស់ទាំងឡាយណាសម្រាប់ជាប្រយោជន៍ដល់សាច់ឈាម និងសេចក្តីស្រើបស្រាលរបស់ខ្លួន ក៏ដូចជាសម្រាប់ជាប្រយោជន៍ដល់ការចូលចិត្តរបស់ខ្លួន របស់លោកីយ៍ និងរបស់សាតាំង គឺជាជំនឿដ៏ស្មោកគ្រោក ដ្បិតវាមាននិស្ស័យបែបប្រឆាំង និងបះបោរ។ សព្វថ្ងៃនេះ មានសេចក្តីជំនឿជាច្រើនប្រភេទខុសៗគ្នា៖ អ្នកខ្លះស្វែងរកទីជម្រកពីគ្រោះមហន្តរាយ ហើយអ្នកផ្សេងទៀតស្វែងរកចង់បានព្រះពរ។ អ្នកខ្លះចង់យល់ពីសេចក្តីលាក់កំបាំង ហើយអ្នកផ្សេងទៀតនៅតែស្វែងរកលុយកាក់។ ទាំងនេះ សុទ្ធតែជាទម្រង់នៃការប្រឆាំង ហើយវាសុទ្ធតែជាការប្រមាថ! ការនិយាយថា មនុស្សម្នាក់ប្រឆាំង ឬបះបោរ តើវាមិនសំដៅទៅលើឥរិយាបថបែបនេះទេឬ? មនុស្សជាច្រើននាពេលសព្វថ្ងៃត្អូញត្អែរ រអ៊ូរទាំ ឬចូលចិត្តវិនិច្ឆ័យគេ។ ទាំងអស់នេះសុទ្ធតែត្រូវបានធ្វើដោយមនុស្សអាក្រក់ ហើយពួកគេជាឧទាហរណ៍អំពីការប្រឆាំង និងការបះបោររបស់មនុស្ស។ មនុស្សបែបនេះត្រូវបានគ្រប់គ្រង និងកាន់កាប់ដោយសាតាំង។ អស់អ្នកណាដែលព្រះជាម្ចាស់ទទួល គឺជាមនុស្សដែលចុះចូលចំពោះទ្រង់ទាំងស្រុង។ ពួកគេជាមនុស្សដែលត្រូវបានសាតាំងធ្វើឱ្យពុករលួយ ប៉ុន្តែត្រូវបានសង្រ្គោះ និងយកឈ្នះ ដោយកិច្ចការបច្ចុប្បន្នរបស់ព្រះជាម្ចាស់ ជាអ្នកដែលបានឆ្លងផុតសេចក្តីទុក្ខវេទនានៅចុងបញ្ចប់ និងជាអ្នកដែលព្រះជាម្ចាស់ទទួលយកទាំងស្រុង ជាអ្នកដែលលែងរស់នៅក្រោមការគ្រប់គ្រងរបស់សាតាំង ដែលមានសេរីភាពពីសេចក្តីទុច្ចរិត និងជាអ្នកដែលព្រមរស់នៅតាមភាពបរិសុទ្ធ។ មនុស្សបែបនេះគឺជាមនុស្សដែលបរិសុទ្ធបំផុត ពួកគេគឺជាមនុស្សបរិសុទ្ធយ៉ាងពិតប្រាកដ។ ប្រសិនបើទង្វើបច្ចុប្បន្នរបស់អ្នក មិនស្របជាមួយ សូម្បីតែមួយផ្នែកនៃសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ផង នោះអ្នកនឹងត្រូវផាត់ចោលមិនខាន។ ការនេះមិនអាចប្រកែកបានឡើយ។ អ្វីៗគ្រប់យ៉ាងអាស្រ័យលើអ្វីដែលកើតឡើងនាពេលបច្ចុប្បន្ន ហើយទោះបីអ្នកត្រូវបានកំណត់ទុកជាមុន និងត្រូវបានជ្រើសរើសក៏ដោយ ក៏ទង្វើរបស់អ្នកនាពេលសព្វថ្ងៃ នឹងនៅតែកំណត់ពីលទ្ធផលរបស់អ្នកដដែល។ ប្រសិនបើអ្នកមិនអាចបន្តប្ដេជ្ញាចិត្តបានទេ នោះអ្នកនឹងត្រូវផាត់ចោលមិនខាន។ ប្រសិនបើអ្នកមិនអាចបន្តប្ដេជ្ញាចិត្តបានទេ តើអ្នកអាចបន្តតាំងចិត្តនៅពេលក្រោយបានដោយរបៀបណា? ការអស្ចារ្យដ៏ធំមួយបានលេចឡើងនៅមុខអ្នក ប៉ុន្តែអ្នកនៅតែមិនជឿទៀត។ ដូច្នេះ តើអ្នកនឹងជឿលើព្រះជាម្ចាស់នៅពេលក្រោយដោយរបៀបណាទៅ នៅពេលដែលទ្រង់បានបញ្ចប់កិច្ចការរបស់ទ្រង់ ហើយនឹងលែងធ្វើការបែបនេះតទៅទៀត? ទម្រាំដល់ពេលនោះ វានឹងកាន់តែមិនអាចទៅរួចសម្រាប់អ្នកក្នុងការដើរតាមទ្រង់មិនខាន! ក្រោយមក ព្រះជាម្ចាស់នឹងពឹងអាងលើចិត្តគំនិតរបស់អ្នក ចំណេះដឹងរបស់អ្នកចំពោះកិច្ចការរបស់ព្រះជាម្ចាស់ដែលយកកំណើតជាមនុស្ស និងបទពិសោធរបស់អ្នកក្នុងការកំណត់ថា តើអ្នកជាមនុស្សមានបាប ឬក៏ជាមនុស្សសុចរិត ឬកំណត់ថាតើអ្នកជាមនុស្សត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ ឬក៏ត្រូវបានផាត់ចោល។ អ្នកត្រូវតែមើលឃើញឱ្យច្បាស់ឥឡូវនេះ។ ព្រះវិញ្ញាណបរិសុទ្ធធ្វើការបែបនេះ៖ ទ្រង់កំណត់ពីលទ្ធផលរបស់អ្នក ស្របតាមអាកប្បកិរិយារបស់អ្នកនាពេលសព្វថ្ងៃ។ តើនរណាថ្លែងព្រះបន្ទូលនៅថ្ងៃនេះ? តើនរណាធ្វើកិច្ចការនៅថ្ងៃនេះ? តើនរណាសម្រេចចិត្តថា អ្នកនឹងត្រូវផាត់ចោលនៅថ្ងៃនេះ? តើនរណាសម្រេចចិត្តធ្វើឱ្យអ្នកបានគ្រប់លក្ខណ៍? តើនេះមិនមែនជាអ្វីដែលខ្ញុំធ្វើដោយខ្លួនខ្ញុំទេឬអី? ខ្ញុំជាព្រះដែលថ្លែងនូវព្រះបន្ទូលទាំងនេះ។ ខ្ញុំជាព្រះដែលអនុវត្តកិច្ចការទាំងនេះ។ ការដាក់បណ្ដាសា ការវាយផ្ចាល និងការជំនុំជម្រះមនុស្ស សុទ្ធតែជាចំណែកនៃកិច្ចការរបស់ខ្ញុំ។ នៅចុងបញ្ចប់ វាក៏នឹងអាស្រ័យលើខ្ញុំដែរក្នុងការផាត់អ្នកចោល។ កិច្ចការទាំងអស់នេះ គឺជាកិច្ចការរបស់ខ្ញុំ! ការប្រោសឱ្យអ្នកបានគ្រប់លក្ខណ៍ គឺជាកិច្ចការរបស់ខ្ញុំ ហើយការអនុញ្ញាតឱ្យអ្នករីករាយនឹងព្រះពរ ក៏ជាកិច្ចការរបស់ខ្ញុំដែរ។ នេះសុទ្ធតែជាកិច្ចការដែលខ្ញុំធ្វើ។ លទ្ធផលរបស់អ្នកមិនត្រូវបានកំណត់ទុកជាមុន ដោយព្រះយេហូវ៉ាឡើយ ប៉ុន្តែវាកំពុងតែត្រូវបានកំណត់ដោយព្រះជាម្ចាស់នាពេលសព្វថ្ងៃ។ វាកំពុងតែត្រូវបានកំណត់ក្នុងពេលឥឡូវនេះមិនមែនត្រូវបានកំណត់ទុកជាមុនតាំងពីមុនកំណើតពិភពលោកនោះឡើយ។ មនុស្សមិនសមហេតុផលមួយចំនួននិយាយថា «ប្រហែលភ្នែករបស់អ្នកមានបញ្ហាហើយ ព្រោះអ្នកមើលមិនឃើញខ្ញុំតាមការដែលអ្នកគួរតែមើលឃើញឡើយ។ នៅចុងបញ្ចប់ អ្នកនឹងមើលឃើញដូចអ្វីដែលព្រះវិញ្ញាណបើកសម្ដែងអ៊ីចឹង!» ដំបូងឡើយ ព្រះយេស៊ូវបានជ្រើសរើសយូដាស ជាសិស្សរបស់ទ្រង់។ មនុស្សសួរថា៖ «តើទ្រង់អាចជ្រើសរើសសិស្សម្នាក់ដែលនឹងក្បត់ទ្រង់បានដោយរបៀបណា?» ជាដំបូង យូដាសគ្មានចេតនាចង់ក្បត់ព្រះយេស៊ូវឡើយ វាទើបតែកើតឡើងនៅពេលក្រោយប៉ុណ្ណោះ។ នៅពេលនោះ ព្រះយេស៊ូវបានទតឃើញយូដាសជាមនុស្សម្នាក់គួរជាទីពេញចិត្ត ហើយទ្រង់បានធ្វើឱ្យគាត់ដើរតាមទ្រង់ និងប្រទានឱ្យគាត់មានទំនួលខុសត្រូវលើកិច្ចការហិរញ្ញវត្ថុរបស់ពួកគេ។ ប្រសិនបើព្រះយេស៊ូវបានជ្រាបថា យូដាសនឹងកិបកេងលុយកាក់ នោះទ្រង់នឹងមិនទុកឱ្យគាត់មើលខុសត្រូវលើកិច្ចការមួយនេះឡើយ។ គឺអាចនិយាយបានថា ដំបូងឡើយ ព្រះយេស៊ូវមិនបានជ្រាបដឹងថា បុរសម្នាក់នេះមានចិត្តវៀចវេរ និងបោកបញ្ឆោត ឬជ្រាបថា គាត់នឹងបោកប្រាស់បងប្អូនប្រុសស្រីរបស់គាត់នោះឡើយ។ ក្រោយមកទៀត បន្ទាប់ពីយូដាសបានដើរតាមព្រះយេស៊ូវបានមួយរយៈ ព្រះយេស៊ូវបានទតឃើញថា គាត់និយាយបញ្ជោរដល់បងប្អូនប្រុសស្រីរបស់គាត់ និងបញ្ជោរព្រះជាម្ចាស់។ បណ្ដាជនបានរកឃើញថា យូដាសមានទម្លាប់ដកលុយ ចេញពីថង់ប្រាក់ដែរ ហើយបន្ទាប់មក ពួកគេបានប្រាប់ព្រះយេស៊ូវអំពីរឿងនេះ។ គឺមានតែពេលនោះទេ ទើបព្រះយេស៊ូវបានជ្រាបដឹង អំពីអ្វីៗគ្រប់យ៉ាង ដែលកំពុងតែកើត ឡើង។ ដោយសារតែព្រះយេស៊ូវត្រូវធ្វើកិច្ចការនៃការជាប់ឆ្កាង និងត្រូវការមនុស្សម្នាក់ដើម្បីក្បត់ទ្រង់ ហើយដោយសារតែយូដាសបានក្លាយជាបុគ្គលដ៏សក្ដិសមក្នុងការបំពេញតួនាទីនេះផងនោះ ទើបព្រះយេស៊ូវបានមានបន្ទូលថា «នឹងមានបុគ្គលម្នាក់នៅក្នុងចំណោមយើងរាល់គ្នាដែលនឹងក្បត់ខ្ញុំ។ បុត្រមនុស្សនឹងប្រើអំពើក្បត់នេះ ដើម្បីជាប់ឆ្កាង ហើយបីថ្ងៃក្រោយមក ទ្រង់នឹងមានព្រះជន្មរស់ឡើងវិញ»។ នៅពេលនោះ ព្រះយេស៊ូវមិនទាន់បានជ្រើសរើសយូដាស ដើម្បីឱ្យក្បត់ទ្រង់នៅឡើយទេ។ ផ្ទុយទៅវិញ ទ្រង់គ្រាន់តែសង្ឃឹមថា យូដាសនឹងក្លាយជាសិស្សដែលមានចិត្តភក្តីភាពម្នាក់ប៉ុណ្ណោះ។ ដោយខុសពីការរំពឹងទុក យូដាសបានក្លាយជាមនុស្សពុកខូចដ៏លោភលន់ ដែលបានក្បត់ព្រះអម្ចាស់ ដូច្នេះ ព្រះយេស៊ូវបានប្រើស្ថានភាពនេះ ដើម្បីជ្រើសរើសយូដាសសម្រាប់កិច្ចការនេះ។ ប្រសិនបើពួកសិស្សទាំងដប់ពីរនាក់របស់ព្រះយេស៊ូវបានស្មោះស្ម័គ្រចំពោះទ្រង់ ហើយគ្មាននរណាម្នាក់ដូចជាយូដាសនៅក្នុងចំណោមពួកគេ នោះទីបំផុត បុគ្គលដែលក្បត់ព្រះយេស៊ូវនឹងក្លាយជាមនុស្សម្នាក់ដែលមិនមែនជាសិស្សរបស់ទ្រង់មិនខាន។ យ៉ាងណាមិញ នៅពេលនោះ វាចៃដន្យដែលម្នាក់នៅក្នុងចំណោមពួកសិស្ស ដែលចូលរួមក្នុងការទទួលសំណូក គឺយូដាស។ ដូច្នេះ ព្រះយេស៊ូវបានប្រើប្រាស់បុរសម្នាក់នេះ ដើម្បីបញ្ចប់កិច្ចការរបស់ទ្រង់។ នេះពិតជាសាមញ្ញមែន! ព្រះយេស៊ូវមិនបានកំណត់ហេតុការណ៍នេះទុកជាមុនតាំងពីដើមដំបូងនៃកិច្ចការរបស់ទ្រង់ឡើយ គឺទ្រង់គ្រាន់តែធ្វើការសម្រេចព្រះទ័យនេះ នៅពេលដែលស្ថានការណ៍បានអភិវឌ្ឍ ដល់កម្រិតនេះតែប៉ុណ្ណោះ។ នេះជាការសម្រេចព្រះទ័យរបស់ព្រះយេស៊ូវ ដែលអាចនិយាយបានថា វាជាការសម្រេចព្រះទ័យរបស់ព្រះវិញ្ញាណនៃព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ។ ដំបូងឡើយ ព្រះយេស៊ូវជាអ្នកដែលបានជ្រើសរើសយូដាស ប៉ុន្តែនៅពេលដែលយូដាសបានក្បត់ព្រះយេស៊ូវ គឺព្រះវិញ្ញាណបរិសុទ្ធជាអ្នកដែលបានធ្វើការនេះវិញ ដើម្បីបម្រើដល់គោលបំណងចុងក្រោយរបស់ទ្រង់។ វាជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ដែលត្រូវអនុវត្តនៅពេលនោះ។ នៅពេលដែលព្រះយេស៊ូវបានជ្រើសរើសយូដាស ទ្រង់មិនបានជ្រាបដឹងថា យូដាសនឹងក្បត់ទ្រង់ឡើយ។ ទ្រង់គ្រាន់តែជ្រាបដឹងថា បុរសនោះមានឈ្មោះថា យូដាស អ៊ីស្ការីយ៉ុតប៉ុណ្ណោះ។ លទ្ធផលរបស់អ្នករាល់គ្នាក៏ត្រូវបានកំណត់ស្របទៅតាមកម្រិតនៃការចុះចូលរបស់អ្នករាល់គ្នានៅពេលសព្វថ្ងៃ និងស្របតាមកម្រិតនៃការរីកចម្រើននៃជីវិតរបស់អ្នករាល់គ្នាដែរ មិនមែនស្របតាមសញ្ញាណរបស់មនុស្សដែលគិតថា លទ្ធផលរបស់អ្នកត្រូវបានកំណត់ទុកជាមុន តាំងពីកំណើតពិភពលោកមកនោះឡើយ។ អ្នកត្រូវតែយល់អំពីចំណុចទាំងនេះឱ្យបានច្បាស់។ គ្មានកិច្ចការណាមួយបានកើតឡើង តាមរបៀបដែលអ្នកស្រមើស្រមៃនោះឡើយ។

ខាង​ដើម៖ ព្រះបន្ទូលសម្រាប់យុវជន និងមនុស្សចាស់

បន្ទាប់៖ អំពីងារ និងអត្តសញ្ញាណ

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ