និស្ស័យពុករលួយ អាចត្រូវបានដោះស្រាយ តាមរយៈការទទួលយកសេចក្តីពិតតែប៉ុណ្ណោះ

ការជឿលើព្រះជាម្ចាស់ គឺជាផ្លូវត្រឹមត្រូវនៅក្នុងជីវិត។ ព្រះជាម្ចាស់បានជ្រើសរើសអ្នករាល់គ្នា ហើយអ្នករាល់គ្នាបានជ្រើសរើសដើរតាមទ្រង់ និងដើរលើផ្លូវត្រឹមត្រូវនៅក្នុងជីវិត។ ជាការប្រសើរបំផុត អ្នកត្រូវព្យាយាមបំពេញបំណងព្រះហឫទ័យព្រះជាម្ចាស់ បំពេញភារកិច្ចរបស់អ្នកឱ្យបានត្រឹមត្រូវ ទទួលយកសេចក្តីពិត និងឱ្យព្រះជាម្ចាស់ប្រោសអ្នកឱ្យបានគ្រប់លក្ខណ៍។ តើនេះមិនមែនជាក្ដីសុបិន និងការបណ្ដាលចិត្តរបស់អ្នករាល់គ្នាទេឬអី? (មែនហើយ)។ វាជាការល្អ និងជារឿងវិជ្ជមានសម្រាប់អ្នកជឿព្រះដែលមានក្ដីសុបិនបែបនេះ ហើយព្រះជាម្ចាស់សម្រេចក្ដីសុបិន និងការបណ្ដាលចិត្តជាវិជ្ជមានរបស់មនុស្ស។ តើពេលខ្លះមនុស្សមានក្ដីសុបិន និងការបណ្ដាលចិត្តអវិជ្ជមាន ឬមិនត្រឹមត្រូវដែរឬទេ? គឺអាចដែរ នោះព្រោះតែសភាពរបស់មនុស្សមិនត្រូវបានដោះស្រាយ មុនពេលពួកគេទទួលបានសេចក្តីពិត ហើយពួកគេអាចថែមទាំងដើរថយក្រោយទៀតផងនៅពេលខ្លះ។ នៅពេលរឿងអវិជ្ជមានទាំងនោះកើតឡើង តើវាមិនជះឥទ្ធិពលលើច្រកចូលទៅក្នុងជីវិតរបស់អ្នក និងប៉ះពាល់ដល់ទំនាក់ទំនងជាធម្មតារបស់អ្នកជាមួយព្រះជាម្ចាស់ទេឬ? ប្រសិនបើមនុស្សរស់នៅក្នុងសភាពទាំងនេះ តើលក្ខខណ្ឌរបស់ពួកគេនឹងមិនអាក្រក់ ហើយប្រែជាអវិជ្ជមាន និងទន់ខ្សោយទេឬ? នៅពេលបែបនោះ តើពួកគេគួរតែធ្វើអ្វីខ្លះទៅ? (គួរតែចូលមកអធិស្ឋាននៅចំពោះព្រះជាម្ចាស់)។ តើមិនមានពេលដែលមនុស្សមិនចង់អធិស្ឋាន ពេលដែលពួកគេចង់បន្តរស់នៅក្នុងសភាពថោកទាប ដោយបណ្តោយឱ្យសាតាំងគ្រប់គ្រងពួកគេតាមក្បាលវ៉ាល់របស់វា ក្នុងពេលដែលពួកគេបណ្ដែតបណ្ដោយខ្លួន និងធ្វើអ្វីដែលពួកគេចង់ធ្វើ ដោយមិនគិតថា ពួកគេនឹងមានលទ្ធផលបែបណាទេឬ? តើមានសភាពបែបនេះដែរឬទេ? (មាន)។ តើការបង្ហាញចេញនេះ គឺជាបញ្ហាអ្វីដែរ? (ពួកគេបានបែរចេញពីព្រះជាម្ចាស់)។ ចុះអ្វីទៅដែលនាំឱ្យពួកគេបែរចេញពីព្រះជាម្ចាស់? តើនេះមិនមែនជាការបង្ហាញចេញអំពីកម្ពស់មិនគ្រប់គ្រាន់របស់ពួកគេ និងកង្វះនៃសេចក្តីពិតរបស់ពួកគេទេឬ? ប្រាកដណាស់ នោះព្រោះតែពួកគេយល់ដឹងមិនគ្រប់គ្រាន់អំពីសេចក្តីពិត និងព្រោះតែពួកគេមានកម្ពស់មិនគ្រប់គ្រាន់។ គ្រប់ពេលដែលមានស្ថានភាពបែបនេះកើតឡើង នៅពេលមនុស្សស្ថិតក្នុងសភាពបែបនេះ ពួកគេត្រូវតែអធិស្ឋានទៅព្រះជាម្ចាស់ ពឹងអាងលើទ្រង់ និងស្វែងរកសេចក្តីពិត។ ប្រសិនបើកម្ពស់របស់ពួកគេនៅទាបពេក ហើយពួកគេខ្វះសេចក្តីពិត ពួកគេគួរតែស្វែងរក និងប្រកបគ្នាជាមួយអ្នកដែលយល់ពីសេចក្តីពិត ហើយទទួលយកការជួយជ្រោមជ្រែង និងការគាំទ្រពីពួកគេ។ ពេលខ្លះ ពួកគេក៏នឹងត្រូវបុគ្គលម្នាក់ទៀតដោះស្រាយ និងលួសកាត់ ឬត្រូវព្រះជាម្ចាស់ប្រៀនប្រដៅផងដែរ​។ ប្រសិនបើពួកគេខ្វះសមត្ថភាពឈររឹងមាំដោយខ្លួនឯង នោះព្រោះតែពួកគេមិនយល់គ្រប់គ្រាន់អំពីសេចក្តីពិត និងព្រោះតែពួកគេខ្វះខាតនៅក្នុងកម្ពស់។ កម្ពស់មិនគ្រប់គ្រាន់ធ្វើឱ្យមនុស្សមិនអាចតតាំងបានទល់នឹងគ្រប់សភាព និងគំនិតអវិជ្ជមាន និងថោកទាបបានឡើយ​។ តើនេះមិនមែនជារបៀបរស់នៅដ៏នឿយហត់ទេឬអី? ជានិច្ចកាល​ តើមនុស្សដែលខ្វះកម្ពស់រស់នៅក្នុងសភាពបែបណាដែរ? តើមាននរណាម្នាក់ធ្លាប់មានបទពិសោធអំពីរឿងនេះទេ? តើសភាពបែបណាធ្វើឱ្យអ្នករាល់គ្នាមានអារម្មណ៍ឯកា ពិបាកចិត្ត មិនហ៊ានសម្រេចចិត្ត នឿយណាយ និងវង្វេង ដូចជាគ្មានផ្លូវដើរនៅខាងមុខ ដោយធ្វើឱ្យអ្នកមានអារម្មណ៍អាប់អួរពេញមួយថ្ងៃ គ្មានអារម្មណ៍ចង់អធិស្ឋាន ឬចង់ដេញតាមសេចក្ដីពិត? កាលណាអ្នករាល់គ្នាជួបបញ្ហាដែលហាក់មិនអាចជម្នះបាន តើអ្នកធ្លាប់គិតចង់បោះបង់ចោលដែរឬទេ? (ធ្លាប់)។ ដូច្នេះ តើអ្វីទៅដែលបង្កើតឱ្យមានសភាពទាំងនេះឡើង? តើសភាពទាំងនេះត្រូវបានគិត និងគ្រោងទុកជាមុននៅក្នុងគំនិតរបស់មនុស្សឬ? មិនប្រាកដឡើយ។ បើដូច្នេះ សូមសញ្ជឹងគិតអំពីសំណួរនេះ៖ តើអ្នករាល់គ្នាគិតថា អ្វីទៅដែលបង្កឱ្យមានរឿងទាំងនេះ? សូមប្រាប់ខ្ញុំមើល៍ បើមនុស្សយល់ពីសេចក្តីពិត ពេលនោះ ពួកគេនឹងដឹងយ៉ាងពិតប្រាកដពីនិស្ស័យពុករលួយរបស់ខ្លួន ពួកគេនឹងអាចមើលឃើញយ៉ាងច្បាស់ពីសេចក្តីពិតនៃសេចក្តីពុករលួយរបស់ខ្លួន ពួកគេនឹងដឹងថាមានសេចក្តីពិតណាខ្លះដែលពួកគេត្រូវបំពាក់បំប៉នខ្លួន ដើម្បីរស់នៅក្នុងលក្ខខណ្ឌជាមនុស្ស ហើយពួកគេនឹងដឹងពីរបៀបផ្គាប់ព្រះទ័យព្រះជាម្ចាស់នៅក្នុងស្ថានភាពផ្សេងៗ ក៏ដូចជាដឹងពីរបៀបត្រឹមត្រូវ ដើម្បីដោះស្រាយបញ្ហាជាក់លាក់ និងប្រកាន់ខ្ជាប់តាមគោលការណ៍ ក្នុងពេលធ្វើកិច្ចការទាំងនោះ ពោលគឺ នៅពេលមនុស្សដែលមានកម្ពស់បែបនេះ ប្រឈមនឹងការលំបាក តើពួកគេនឹងមានសភាពដូចម្ដេចដែរ? ប្រាកដណាស់ ពួកគេនឹងនៅតែមានអារម្មណ៍អវិជ្ជមាន និងទន់ខ្សោយនៅកម្រិតណាមួយដែរ មែនទេ? (មែនហើយ)។ ដូច្នេះ តើភាពអវិជ្ជមាន និងភាពទន់ខ្សោយនេះចេញមកពីណា ហើយត្រូវដោះស្រាយវាដោយរបៀបណាដែរ? តើអ្នករាល់គ្នាមិនធ្លាប់សញ្ជឹងគិត ឬឈ្វេងយល់ពីបញ្ហាទាំងនេះពីមុនមកទេឬ? (កម្រណាស់)។ ដូច្នេះ អ្នករាល់គ្នាបានឆ្លងផុតការលំបាក និងពេលវេលានៃភាពទន់ខ្សោយ និងអវិជ្ជមានទាំងប្រផិតប្រផោយ ដោយមិនសូវបានយកចិត្តទុកដាក់លើបញ្ហាទាំងនេះឡើយ។ ក្នុងករណីនេះ អ្នករាល់គ្នាសំណាងណាស់ដែលបានដើរឆ្ងាយដល់កម្រិតនេះ ហើយនោះព្រោះតែព្រះគុណរបស់ព្រះជាម្ចាស់ ដែលបានដឹកនាំអ្នករាល់គ្នាឆ្លងកាត់ការលំបាកទាំងនេះ។ ឥឡូវ តើខ្ញុំទើបតែសួរសំណួរអ្វីដែរ? (តើអ្វីទៅដែលនាំមនុស្សឱ្យរស់នៅក្នុងសភាពអវិជ្ជមាន និងទន់ខ្សោយ?) សូមគិតបន្តិចអំពីសំណួរនេះ។ តើអ្នករាល់គ្នាមានចម្លើយដែរឬទេ? បើតាមទ្រឹស្ដី នោះព្រោះតែពួកគេមិនយល់ពីសេចក្តីពិត។ បើបែបនេះ មុនពេលពួកគេយល់ពីសេចក្តីពិត តើអ្វីទៅដែលដឹកនាំជីវិតរបស់មនុស្ស? (គឺនិស្ស័យពុករលួយបែបសាតាំងរបស់ពួកគេ)។ មែនហើយ តើអ្នកមិនឆ្លើយបែបនេះទេឬ? ឥឡូវ តើអ្នករកឃើញចម្លើយហើយឬនៅ? នៅពេលមនុស្សជួបការលំបាក ពួកគេចង់បោះបង់ ពួកគេថប់បារម្ភ មានអារម្មណ៍ទន់ខ្សោយ ពិបាកចិត្ត រឹតត្បិត និងរារែកចិត្ត ដូចជាគ្មានផ្លូវដើរនៅខាងមុខ ហើយក្រោយមក ពួកគេប្រែជាអវិជ្ជមាន ពួកគេខ្វះសេចក្តីជំនឿ និងគិតថា ការជឿលើព្រះជាម្ចាស់ គឺជារឿងឥតន័យ​។ តើអ្វីទៅបង្កឱ្យមានរឿងបែបនេះ? (និស្ស័យពុករលួយបែបសាតាំងរបស់ពួកគេ)។ កាលណាមនុស្សមិនយល់ពីសេចក្តីពិត តើពួកគេរស់នៅជាមួយនិស្ស័យបែបណាដែរ? តើពួកគេរស់នៅជាមួយធម្មជាតិអ្វីដែរ? តើអ្វីទៅដែលដឹកនាំជីវិតរបស់ពួកគេ? (និស្ស័យពុករលួយបែបសាតាំងរបស់ពួកគេ)។ ចេញពីលទ្ធផលនៃនិស្ស័យពុករលួយបែបសាតាំងនេះ តើមានរឿងអ្វីខ្លះអាចផុសឡើងនៅក្នុងមនុស្ស? ភាពក្រអឺតក្រទម ការទាស់ទទឹងនឹងព្រះជាម្ចាស់ ការក្បត់ព្រះជាម្ចាស់ និងការប្រឆាំងចំពោះព្រះជាម្ចាស់។ និស្ស័យពុករលួយទាំងអស់នេះនាំឱ្យមនុស្សគ្មានអ្វីក្រៅពីមានអារម្មណ៍ពិបាកចិត្ត ភាពអវិជ្ជមាន និងភាពទន់ខ្សោយនោះទេ។ ចុះហេតុអ្វីបានជានិស្ស័យពុករលួយបែបសាតាំងរបស់ពួកគេអាចនាំឱ្យមនុស្សមានការពិបាកចិត្ត ភាពអវិជ្ជមាន និងភាពទន់ខ្សោយ ប៉ុន្តែមិនអាចនាំឱ្យមានសេចក្តីសុខសាន្ត អំណរ ការកម្សាន្តចិត្ត ឬសុភមង្គលនៅក្នុងចិត្តមនុស្ស? ហេតុអ្វីបានជាចំណុចអវិជ្ជមានទាំងនេះអាចធ្វើឱ្យមនុស្សប្រែជាអវិជ្ជមានបាន? និស្ស័យពុករលួយ គឺជាចំណុចអវិជ្ជមាន ហើយវាប្រឆាំងនឹងសេចក្តីពិត ដូច្នេះ វាមិនអាចបំពេញមុខងារវិជ្ជមានបានឡើយ ពោលគឺ មានតែរឿងអវិជ្ជមានប៉ុណ្ណោះ។ វាមិនអាចផ្ដល់ឱ្យមនុស្សនូវភាពវិជ្ជមាន ការជំរុញចិត្ត ឬផ្នត់គំនិតរីកចម្រើនបានទេ ពោលគឺ មានតែនាំឱ្យមនុស្សមានភាពទន់ខ្សោយ ភាពអវិជ្ជមាន និងការពិបាកចិត្តប៉ុណ្ណោះ។ នៅពេលនិស្ស័យបែបសាតាំងបានចាក់ឫសនៅក្នុងមនុស្ស ហើយក្លាយជាធម្មជាតិរបស់ពួកគេ នោះវាល្មមគ្រប់គ្រាន់នឹងដាំសេចក្តីងងឹត និងសេចក្តីអាក្រក់នៅក្នុងដួងចិត្តរបស់ពួកគេ រួចនាំពួកគេឱ្យដេញតាម និងជ្រើសរើសផ្លូវខុស។ ស្ថិតក្រោមកម្លាំងជំរុញពីនិស្ស័យពុករលួយជាសាតាំង តើអ្វីខ្លះជាភាពប្រសើរឧត្តម ជាក្ដីសង្ឃឹម ជាមហិច្ចតា និងជាគោលដៅជីវិត និងទិសដៅរបស់មនុស្ស? តើអ្វីទាំងនោះមិនផ្ទុយគ្នានឹងចំណុចវិជ្ជមានទេឬ? ជាឧទាហរណ៍ មនុស្សតែងតែចង់មានកេរ្តិ៍ឈ្មោះល្បីល្បាញ និងក្លាយជាតារាល្បី។ ពួកគេប្រាថ្នាចង់បានកេរ្តិ៍ឈ្មោះ និងកិត្យានុភាពអស្ចារ្យ និងធ្វើឱ្យដូនតាពួកគេមានមុខមាត់។ តើទាំងអស់នេះ គឺជាចំណុចវិជ្ជមានមែនទេ? អ្វីទាំងអស់នេះមិនស្របគ្នានឹងចំណុចវិជ្ជមានទេ។ បន្ថែមលើនេះ វាផ្ទុយទៅនឹងក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ ដែលមានការត្រួតត្រាលើវាសនារបស់មនុស្សជាតិ។ តើហេតុអ្វីបានជាខ្ញុំនឹងនិយាយបែបនេះ? តើមនុស្សប្រភេទណាដែលព្រះជាម្ចាស់សព្វព្រះទ័យចង់បាន? តើទ្រង់ចង់បានមនុស្សដែលមានភាពអស្ចារ្យ ជាតារា ជាមនុស្សថ្លៃថ្នូរ ឬជាមនុស្សកក្រើកមេឃរញ្ជួយដីមែនទេ? (អត់ទេ។) ដូច្នេះ តើមនុស្សប្រភេទណាដែលព្រះជាម្ចាស់សព្វព្រះទ័យចង់បាន? (មនុស្សដែលមានជំហររឹងមាំ ជាអ្នកដែលបំពេញតួនាទីក្នុងនាមជាភាវៈដែលព្រះបង្កើតមក)។ មែនហើយ តើមានអ្វីផ្សេងទៀតទេ? (ព្រះជាម្ចាស់ចង់បានមនុស្សស្មោះត្រង់ដែលកោតខ្លាចទ្រង់ និងគេចចេញពីសេចក្តីអាក្រក់ ហើយចុះចូលចំពោះទ្រង់)។ (មនុស្សដែលឈរជាមួយព្រះជាម្ចាស់នៅក្នុងគ្រប់រឿង ជាអ្នកដែលព្យាយាមស្រឡាញ់ព្រះជាម្ចាស់)។ ចម្លើយទាំងនេះ ក៏ត្រឹមត្រូវផងដែរ។ អ្នកនោះជាអ្នកដែលមានចិត្តគំនិតដូចព្រះជាម្ចាស់។ តើមានចែងនៅក្នុងព្រះបន្ទូលព្រះជាម្ចាស់ដែរឬទេថា មនុស្សត្រូវតែរក្សាជំហរជាមនុស្ស? (មានចែង)។ តើវាចែងអំពីអ្វីខ្លះដែរ? «ក្នុងនាមជាសត្តនិករមួយក្នុងចំណោមសត្តនិករទាំងឡាយ មនុស្សត្រូវតែរក្សាគោលជំហររបស់ខ្លួន ហើយប្រព្រឹត្តយ៉ាងយកចិត្តទុកដាក់។ រក្សាយ៉ាងយកចិត្តទុកដាក់ចំពោះអ្វីដែលព្រះអាទិករបានប្រទានដល់អ្នក។ មិនត្រូវប្រព្រឹត្តហួសខ្សែបន្ទាត់ ឬធ្វើអ្វីហួសពីដែនសមត្ថភាព ឬអ្វីដែលគួរឱ្យស្អប់ខ្ពើមដល់ព្រះជាម្ចាស់ឡើយ។ មិនត្រូវព្យាយាមក្លាយជាអ្នកអស្ចារ្យ ឬក្លាយជាមនុស្សអច្ឆរិយៈ ឬជាមនុស្សលើសអ្នកដទៃ ឬស្វះស្វែងចង់ក្លាយជាព្រះជាម្ចាស់ឡើយ។ នេះគឺជាវិធីដែលមនុស្សមិនគួរប្រាថ្នាចង់ក្លាយជានរណាម្នាក់ឡើយ។ ការស្វះស្វែងដើម្បីក្លាយជាមនុស្សអស្ចារ្យ ឬមនុស្សអច្ឆរិយៈគឺមិនសមហេតុផលទាល់តែសោះ។ ការស្វះស្វែងចង់ក្លាយជាព្រះជាម្ចាស់កាន់តែអាប់កេរ្ត៍ឈ្មោះទៅទៀត ព្រោះវាជារឿងគួរឱ្យស្អប់ខ្ពើម។ អ្វីដែលគួរឱ្យសរសើរ និងអ្វីដែលសត្តនិករគួរតែប្រកាន់ខ្ជាប់ឱ្យច្រើនជាងអ្វីៗផ្សេងទៀតនោះ គឺដើម្បីក្លាយជាសត្តនិករដ៏ពិតមួយ។ នេះគឺជាគោលដៅតែមួយដែលមនុស្សទាំងអស់គួរតាមរក»។ («ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ I» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)។ ដោយសារតែអ្នករាល់គ្នាដឹងថា ព្រះបន្ទូលព្រះជាម្ចាស់តម្រូវអ្វីខ្លះពីមនុស្ស តើអ្នករាល់គ្នាអាចប្រកាន់ខ្ជាប់តាមសេចក្តីតម្រូវរបស់ព្រះជាម្ចាស់ក្នុងការដេញតាមនៃការប្រព្រឹត្តជាមនុស្សរបស់អ្នកដែរឬទេ? តើអ្នករាល់គ្នាតែងតែចង់ត្រដាងស្លាបហោះហើរឬ? តើអ្នកតែងតែចង់ហោះហើរតែម្នាក់ឯង ធ្វើជាសត្វឥន្ទ្រី ជាជាងធ្វើជាសត្វបក្សីតូចឬ? តើនេះជានិស្ស័យអ្វីដែរ? តើនេះជាគោលការណ៍នៃការប្រព្រឹត្តជាមនុស្សឬ? ការដេញតាមនៃការប្រព្រឹត្តជាមនុស្សរបស់អ្នក គួរតែផ្អែកលើព្រះបន្ទូលព្រះជាម្ចាស់ ព្រោះមានតែព្រះបន្ទូលព្រះជាម្ចាស់ប៉ុណ្ណោះ គឺជាសេចក្តីពិត។ អ្នករាល់គ្នាត្រូវបានសាតាំងធ្វើឱ្យពុករលួយយ៉ាងខ្លាំង ហើយតែងតែយកវប្បធម៌ប្រពៃណី ដែលជាពាក្យរបស់សាតាំង ចាត់ទុកជាសេចក្តីពិត ជាកម្មវត្ថុនៃការដេញតាមរបស់អ្នក ដែលនាំឱ្យអ្នកងាយនឹងដើរតាមផ្លូវខុស ដើរតាមផ្លូវនៃការទាស់ទទឹងនឹងព្រះជាម្ចាស់។ គំនិត និងទស្សនៈរបស់មនុស្សជាតិដែលពុករលួយ ព្រមទាំងអ្វីដែលពួកគេខំស្វែងរក គឺផ្ទុយទៅនឹងបំណងព្រះហឫទ័យព្រះជាម្ចាស់ ផ្ទុយទៅនឹងសេចក្តីពិត និងក្រឹត្យវិន័យនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់លើរបស់សព្វសារពើ លើការចាត់ចែងរបស់ទ្រង់ចំពោះអ្វីគ្រប់យ៉ាង និងលើការត្រួតត្រារបស់ទ្រង់លើវាសនារបស់មនុស្សជាតិ។ ដូច្នេះ មិនថាការដេញតាមបែបនេះមានលក្ខណៈត្រឹមត្រូវ និងសមហេតុផល ស្របតាមគំនិត និងសញ្ញាណរបស់មនុស្សបែបណាទេ ប៉ុន្តែចេញពីទស្សនៈរបស់ព្រះជាម្ចាស់វិញ វាមិនមែនជារឿងវិជ្ជមាន និងមិនស្របតាមបំណងព្រះហឫទ័យរបស់ទ្រង់ឡើយ។ ដោយសារតែអ្នកប្រឆាំងនឹងការពិតនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់លើជោគវាសនារបស់មនុស្សជាតិ និងព្រោះតែអ្នកចង់ដើរតែម្នាក់ឯង ចង់គ្រប់គ្រងវាសនារបស់អ្នកដោយផ្ទាល់ដៃ ដូច្នេះ អ្នកនឹងដើរបុកជញ្ជាំង បុកយ៉ាងខ្លាំងរហូតដល់បែកក្បាលហូរឈាម ហើយអ្នកនឹងមិនសម្រេចបានអ្វីសោះឡើយ។ ហេតុអ្វីបានជាអ្នកមិនសម្រេចបានអ្វីសោះ? នោះព្រោះតែក្រឹត្យវិន័យដែលព្រះជាម្ចាស់បានបង្កើតមក មិនអាចត្រូវបានកែប្រែដោយភាវៈដែលព្រះបង្កើតមកឡើយ។ សិទ្ធិអំណាច និងព្រះចេស្ដារបស់ព្រះជាម្ចាស់ គឺខ្ពស់លើសអ្វីទាំងអស់ ដែលមិនអាចបំពានបានដោយភាវៈដែលព្រះបង្កើតមកនោះឡើយ។ មនុស្សគិតពីសមត្ថភាពរបស់ខ្លួនខ្ពស់ពេកហើយ។ តើអ្វីទៅដែលធ្វើឱ្យមនុស្សតែងតែចង់មានសេរីភាពពីអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ តែងតែចង់ក្ដោបក្ដាប់វាសនា និងមានផែនការសម្រាប់អនាគតរបស់ខ្លួន ព្រមទាំងចង់គ្រប់គ្រងអនាគត ទិសដៅ និងគោលដៅជីវិតរបស់ខ្លួន? តើវាចាប់ផ្ដើមចេញពីកន្លែងណាដែរ? (និស្ស័យពុករលួយបែបសាតាំង)។ ដូច្នេះ តើនិស្ស័យពុករលួយរបស់សាតាំងនាំមកនូវអ្វីខ្លះដល់មនុស្ស? (ការទាស់ទទឹងនឹងព្រះជាម្ចាស់។) តើមនុស្សដែលទាស់ទទឹងនឹងព្រះជាម្ចាស់ទទួលបានអ្វីខ្លះ? (ការឈឺចាប់។) ការឈឺចាប់? វាគឺជាការវិនាសហិនហោច! ការឈឺចាប់មិនបានពាក់កណ្ដាលវាផង។ អ្វីដែលអ្នកឃើញនឹងភ្នែករបស់អ្នកគឺការឈឺចាប់ ជាភាពអវិជ្ជមាន និងភាពទន់ខ្សោយ ហើយវាគឺជាការទាស់ទទឹង និងសេចក្ដីទុក្ខព្រួយ។ តើអ្វីទាំងអស់នេះនឹងផ្ដល់លទ្ធផលអ្វីខ្លះ? ការវិនាសសាបសូន្យ! នេះមិនមែនជាបញ្ហាតូចទេ ហើយវាក៏មិនមែនជាការលេងសើចដែរ។ អ្នកណាដែលគ្មានដួងចិត្តគោរពកោតខ្លាចព្រះជាម្ចាស់ អ្នកនោះមិនអាចមើលឃើញបញ្ហានេះឡើយ។

មនុស្សខ្លះប្រែជាអវិជ្ជមាន និងទន់ខ្សោយ នៅពេលពួកគេជួបបញ្ហាបន្តិចបន្តួច ប៉ុន្តែពេលគ្មានបញ្ហាកើតឡើង ពួកគេពោរពេញដោយមហិច្ឆតា និងបំណងប្រាថ្នា តែងតែសង្ឃឹមចង់ក្លាយជាតារាល្បីល្បាញ ឬអ្នកជំនាញណាមួយ។ នៅពេលមនុស្សរស់នៅដោយមានផ្នត់គំនិតបែបនេះ ពួកគេត្រូវបានគ្រប់គ្រងដោយធម្មជាតិបែបសាតាំងរបស់ខ្លួន។ នៅពេលមនុស្សតែងតែពេញដោយមហិច្ឆតា និងបំណងប្រាថ្នា តើពួកគេអាចនឹងរស់នៅដោយមានក្ដីសុខដែរឬទេ? ប្រសិនបើអ្នកមិនកម្ចាត់ចោលអ្វីៗទាំងនេះទេ នោះការរងទុក្ខរបស់អ្នកនឹងមិនចេះស្រាកស្រាន្តឡើយ។ ការរងទុក្ខនឹងតែងតែតាមពីក្រោយអ្នកជានិច្ច ហើយអ្នកនឹងមានអារម្មណ៍ដូចគេយកកាំបិតមកចាក់ក្នុងបេះដូងអ្នកអ៊ីចឹង។ តើអាចដោះស្រាយបញ្ហានេះបានដោយរបៀបណា? (តាមរយៈការស្វែងរក និងការដេញតាមសេចក្តីពិត)។ តិចឬច្រើន អ្នករាល់គ្នាសុទ្ធតែអាចនិយាយអំពីគោលគំនិតទូទៅនៃការស្វែងរកសេចក្តីពិតបាន ហើយអ្នករាល់គ្នាក៏អាចយល់ពីវាបានដែរ។ នៅពេលជួបបញ្ហា ជាដំបូង អ្នកត្រូវស្វែងរកសេចក្តីពិតជាមុនសិន។ និស្ស័យពុករលួយរបស់មនុស្ស អាចត្រូវបានដោះស្រាយ មានតែតាមរយៈការស្វែងរក ការយល់ដឹង និងការទទួលបានសេចក្តីពិតប៉ុណ្ណោះ។ មានតែក្រោយពេលដោះស្រាយនិស្ស័យពុករលួយរបស់ខ្លួនហើយប៉ុណ្ណោះ ទើបមនុស្សអាចដកពិសោធន៍នូវអំណរ សេចក្តីសុខសាន្ត ការកម្សាន្តចិត្ត និងសុភមង្គលបានយ៉ាងពិតប្រាកដបាន ហើយមានតែពេលនោះទេ ទើបពួកគេអាចចូលមកចំពោះព្រះជាម្ចាស់បានយ៉ាងពិតប្រាកដ។ ការនេះដោះស្រាយបញ្ហាដល់ឫសគល់តែម្ដង។ ចុះមនុស្សគួរចាប់ផ្ដើមស្វែងរកសេចក្តីពិតបានដោយរបៀបណា? តើវាពាក់ព័ន្ធនឹងចំណុចជាក់លាក់អ្វីខ្លះ? តើនរណាអាចពន្យល់បានទេ? (នៅពេលអ្នកដឹងថា អ្នកកំពុងគិត ឬដេញតាមយ៉ាងសកម្មនូវឋានៈ និងកេរ្តិ៍ឈ្មោះ អ្នកមិនត្រូវព្រងើយកន្ដើយចំពោះគំនិត និងឥរិយាបថទាំងនោះទេ។ ត្រូវព្យាយាមឈ្វេងយល់ និងពិនិត្យមើលគំនិតទាំងនេះធៀបជាមួយនឹងព្រះបន្ទូលព្រះជាម្ចាស់។ ត្រូវទទួលស្គាល់ថា នេះជាគ្រោះថ្នាក់ដែលបង្កដល់មនុស្សដោយនិស្ស័យពុករលួយបែបសាតាំង។ ត្រូវដឹងពីផ្លូវមិនត្រឹមត្រូវដែលអ្នកបានកំពុងដើរ រួចហូប និងផឹកព្រះបន្ទូលព្រះជាម្ចាស់ អធិស្ឋានទៅព្រះជាម្ចាស់ និងពឹងអាងលើទ្រង់ ដើម្បីកាត់ផ្ដាច់ច្រវាក់ដែលសាតាំងប្រើ ដើម្បីចងមនុស្ស)។ (ផ្នែកដ៏សំខាន់បំផុតគឺត្រូវទទួលស្គាល់ទស្សនៈយល់ច្រឡំ ដែលអ្នកមានអំពីអ្វីដែលអ្នកគួរតែដេញតាម ដោយយល់ដឹងអំពីគ្រោះថ្នាក់ដែលនិស្ស័យពុករលួយបែបសាតាំងបង្កដល់មនុស្ស ហើយត្រូវផ្លាស់ប្ដូរទស្សនៈយល់ឃើញរបស់អ្នកសាជាថ្មី។ ក្រោយមក អ្នកត្រូវចូលមកអធិស្ឋានកាន់តែច្រើនចំពោះព្រះជាម្ចាស់ ចូលកាន់តែជិតទ្រង់ ហើយបន្តិចម្ដងៗ កសាងទំនាក់ទំនងធម្មតាជាមួយទ្រង់)។ តើមានអ្វីផ្សេងទៀតទេ? (ពេលខ្លះ បើអ្នកមានអារម្មណ៍ទន់ខ្សោយ និងអវិជ្ជមាន ហើយមិនអាចកំណត់អំពីដើមចម ឬនិស្ស័យពុករលួយដែលនាំឱ្យមានអារម្មណ៍ទាំងនោះ ជាដំបូង អ្នកគួរតែអធិស្ឋានទៅព្រះជាម្ចាស់ ដោយទូលសូមឱ្យទ្រង់ជួយបំភ្លឺដល់អ្នក។ អ្នកក៏អាចលាតត្រដាងនៅចំពោះបងប្អូនប្រុសស្រីមួយចំនួន ហើយប្រកបគ្នាជាមួយពួកគេផងដែរ។ ដោយបានស្ដាប់ឮពីការប្រកបគ្នាអំពីបទពិសោធរបស់ពួកគេរួច អ្នកអាចបញ្ជាក់ពីការយល់ដឹងរបស់អ្នកអំពីសភាពនេះ បន្ទាប់មក អ្នកគួរតែស្វែងរកអត្ថបទពាក់ព័ន្ធនៅក្នុងព្រះបន្ទូលព្រះជាម្ចាស់ ដើម្បីដោះស្រាយសភាពនោះ)។ សូមនិយាយបន្តទៀត។ (ប្រសិនបើនៅពេលអ្វីៗមិនកើតឡើងតាមការចង់បានរបស់អ្នក អ្នកតែងតែវែកញែកវិភាគរកអ្នកណាខុសអ្នកណាត្រូវ ពេលនោះ អ្នកគួរតែធ្វើចិត្តឱ្យស្ងប់នៅចំពោះព្រះជាម្ចាស់ជាមុនសិន និងចុះចូលតាមស្ថានភាព ដោយអធិស្ឋានទៅព្រះជាម្ចាស់ និងស្វែងរកពីព្រះជាម្ចាស់ ដោយមានសេចក្តីជំនឿលើអធិបតេយ្យភាពរបស់ទ្រង់។ ពេលនោះ ព្រះជាម្ចាស់នឹងជួយបំភ្លឺឱ្យអ្នកយល់ពីបំណងព្រះហឫទ័យរបស់ទ្រង់។ ក្រោយមក នៅពេលអ្នកពិនិត្យមើលស្ថានភាពសាជាថ្មី នោះអ្នកនឹងយល់ថាមានសេចក្តីពុករលួយណាខ្លះដែលអ្នកកំពុងលាតត្រដាងចេញ និងអ្វីទៅជាបំណងព្រះហឫទ័យព្រះជាម្ចាស់។ នេះហើយជារបៀបដែលខ្ញុំបានចូលទៅក្នុងសេចក្តីពិត)។ អ្នករាល់គ្នាត្រូវតែអនុវត្តការប្រកបគ្នាពីសេចក្តីពិត ពោលគឺ ចែករំលែកចំណេះដឹង បទពិសោធ និងគំនិតរបស់អ្នក ហើយត្រូវរៀនពីរបៀបលាតត្រដាងខ្លួនឯងនៅក្នុងការប្រកបគ្នា។ បើអ្នកធ្វើបែបនេះបាន នោះអ្នកនឹងទទួលបានកាន់តែច្រើន និងយល់ដឹងកាន់តែច្រើន។ អ្នករាល់គ្នាមួយចំនួនគ្រាន់តែចែករំលែកបទពិសោធ និងចំណេះដឹងផ្ទាល់ខ្លួនប៉ុណ្ណោះ ហើយម្នាក់ៗមានរឿងផ្សេងៗគ្នាដែលត្រូវនិយាយ។ ល្អណាស់ អ្នករាល់គ្នាបានចែករំលែករឿងជាក់ស្ដែង។ បន្ទាប់ពីបានស្ដាប់ការប្រកបគ្នារបស់អ្នករាល់គ្នារួច ខ្ញុំអាចឃើញថា អ្នករាល់គ្នាបានរីកចម្រើន និងមានច្រកចូលទៅក្នុងជីវិតខ្លះដែរក្នុងរយៈពេលពីរបីឆ្នាំនៃការបំពេញភារកិច្ចរបស់អ្នក។ អ្នកមានចំណេះដឹង និងបទពិសោធខ្លះទាក់ទងនឹងរឿងរ៉ាវនៃជំនឿលើព្រះជាម្ចាស់ ដែលមិនមែនគ្រាន់តែជាការប្រកាសសាមញ្ញៗប៉ុណ្ណោះទេ ហើយអ្នកក៏បានចាក់គ្រឹះមូលដ្ឋានផងដែរ។ នេះពិតជាល្អណាស់។ វាហាក់ដូចជាការជឿលើព្រះជាម្ចាស់ មិនមែនជារឿងពិបាកនោះទេ៖ ដរាបណាមនុស្សមានភាពស្មោះត្រង់ ស្ដាប់ព្រះបន្ទូលព្រះជាម្ចាស់ និងធ្វើតាមអ្វីដែលព្រះជាម្ចាស់មានបន្ទូល ហើយដរាបណាពួកគេអាចអនុវត្តសេចក្តីពិតបាន ពេលនោះ ពួកគេនឹងអាចបំពេញតាមការទាមទាររបស់ព្រះជាម្ចាស់បានមិនខាន។ ជារួមមក មានការពិតដ៏សំខាន់បំផុតមួយដែលអ្នកគប្បីយល់ដឹងនៅក្នុងសេចក្ដីជំនឿរបស់អ្នកចំពោះព្រះជាម្ចាស់៖ ជំនឿរបស់អ្នកចំពោះព្រះជាម្ចាស់ មិនគ្រាន់តែមានន័យជាការជឿលើព្រះនាមរបស់ព្រះជាម្ចាស់ប៉ុណ្ណោះទេ ហើយក៏មិនមែនជាការមានសេចក្ដីជំនឿលើព្រះដ៏ស្រពេចស្រពិលតាមការស្រមើលស្រមៃរបស់អ្នកដែរ។ ការជឿលើព្រះជាម្ចាស់មានន័យថា អ្នកត្រូវតែជឿថា ព្រះជាម្ចាស់គឺមានពិតមែន។ អ្នកគប្បីជឿលើសារជាតិរបស់ព្រះជាម្ចាស់ ជឿលើនិស្ស័យរបស់ទ្រង់ និងលើកម្មសិទ្ធិ និងលក្ខណៈរបស់ព្រះជាម្ចាស់។ អ្នកត្រូវជឿលើការពិតថា ព្រះជាម្ចាស់គ្រប់គ្រងលើវាសនារបស់មនុស្សជាតិ និងជឿថាទ្រង់គ្រប់គ្រងលើវាសនារបស់អ្នក។ ដូច្នេះ តើការជឿមានអត្ថន័យដូចម្ដេចដែរ? តើវាមិនមានន័យថា មនុស្សត្រូវសហការ និងអនុវត្តទេឬ? ឧទាហរណ៍ នៅពេលមនុស្សខ្លះជួបស្ថានភាពមិនអំណោយផលមួយ ពួកគេនឹងចាប់ផ្ដើមរអ៊ូរទាំ និងស្ដីបន្ទោសអ្នកដទៃ។ ពួកគេមិនដែលពិចារណាថា ពួកគេអាចជាដើមចមនៃបញ្ហានោះទេ តែផ្ទុយទៅវិញ ពួកគេតែងតែទម្លាក់ការទទួលខុសត្រូវលើអ្នកដទៃជានិច្ច។ ក្រោយមក ពួកគេមានអារម្មណ៍ស្រួលខ្លួន និងពេញចិត្ត រួចគិតថា «បញ្ហាត្រូវបានដោះស្រាយរួចហើយ។ ការមានជំនឿបែបនេះលើព្រះជាម្ចាស់ ពិតជាគួរឱ្យរីករាយ និងងាយស្រួលមែន!» តើអ្នកគិតដូចម្ដេចចំពោះវិធីសាស្រ្តដោះស្រាយបញ្ហានេះ? តើមនុស្សម្នាក់អាចទទួលបានសេចក្ដីពិតដោយការអនុវត្តតាមវិធីនេះដែរឬទេ? តើវាបង្ហាញអំពីអត្តចរិតនៃការស្ដាប់បង្គាប់ព្រះជាម្ចាស់ដែរឬទេ? តើតាមទស្សនៈបែបណា និងតាមមធ្យោបាយបែបណា ដែលមនុស្សប្រភេទនេះជឿលើព្រះជាម្ចាស់នោះ? តើពួកគេបានអនុវត្តព្រះបន្ទូលថា «ព្រះជាម្ចាស់គ្រប់គ្រងលើវាសនារបស់មនុស្សជាតិ គ្រប់សព្វសារពើ និងគ្រប់ព្រឹត្តិការណ៍ទាំងអស់ សុទ្ធតែស្ថិតនៅក្នុងព្រះហស្ដរបស់ទ្រង់» នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេដែរឬទេ? នៅពេលដែលពួកគេវិភាគបញ្ហាដោយប្រើគំនិតរបស់មនុស្ស នៅពេលពួកគេដោះស្រាយបញ្ហាដោយប្រើមធ្យោបាយរបស់មនុស្ស តើពួកគេកំពុងជឿលើអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ដែរឬទេ? តើពួកគេកំពុងចុះចូលនឹងអធិបតេយ្យភាព និងការរៀបចំរបស់ព្រះជាម្ចាស់សម្រាប់មនុស្ស បញ្ហានានា និងអ្វីៗដែរឬទេ? គឺច្បាស់ជាមិនចុះចូលឡើយ។ ទីមួយ ពួកគេមិនបានចុះចូលនោះទេ ហើយនេះជាកំហុសឆ្គងមួយស្រេចទៅហើយ។ ទីពីរ ពួកគេមិនអាចទទួលយកពីព្រះជាម្ចាស់នូវស្ថានការណ៍ មនុស្ស បញ្ហា និងអ្វីៗដែលទ្រង់រៀបចំសម្រាប់ពួកគេឡើយ។ ពួកគេមិនបានសម្លឹងឲ្យឆ្ងាយហួសពីសំបកក្រៅនោះទេ។ ពួកគេគ្រាន់តែសម្លឹងមើលពីសំបកក្រៅថាតើស្ថានការណ៍នោះកើតឡើងដោយរបៀបណាប៉ុណ្ណោះ ក្រោយមក វិភាគស្ថានការណ៍នោះដោយប្រើគំនិតបែបមនុស្សលោករបស់ខ្លួន និងព្យាយាមដោះស្រាយដោយវិធីសាស្ត្របែបមនុស្ស។ តើនេះមិនមែនជាបញ្ហាមួយទៀតទេឬ? (គឺជាបញ្ហាមួយទៀត)។ តើវាជាបញ្ហាធំដូចម្ដេចទៅ? ពួកគេពុំជឿថាគ្រប់របស់សព្វសារពើសុទ្ធតែព្រះជាម្ចាស់គ្រប់គ្រងនោះទេ។ ពួកគេគិតថា អ្វីៗគ្រប់យ៉ាងកើតឡើងដោយចៃដន្យ។ នៅក្នុងក្រសែភ្នែករបស់ពួកគេ គ្មានអ្វីមួយត្រូវបានព្រះជាម្ចាស់គ្រប់គ្រងឡើយ ហើយរឿងភាគច្រើនដែលកើតឡើង នោះព្រោះតែទង្វើរបស់មនុស្ស។ តើនេះជាការជឿលើព្រះជាម្ចាស់ឬ? តើពួកគេមានសេចក្តីជំនឿពិតប្រាកដដែរឬទេ? (អត់ទេ)។ តើហេតុអ្វីទៅ? ពួកគេមិនជឿថា ព្រះជាម្ចាស់គ្រប់គ្រងលើរបស់សព្វសារពើឡើយ។ ពួកគេមិនជឿថា ព្រះជាម្ចាស់គ្រប់គ្រងលើរឿងគ្រប់យ៉ាង និងគ្រប់កម្មវត្ថុនោះឡើយ ពោលគឺ ពួកគេមិនជឿថា ព្រះជាម្ចាស់គ្រប់គ្រងលើគ្រប់ស្ថានការណ៍ឡើយ។ ប្រសិនបើមានអ្វីមួយកើតឡើងមិនស្របតាមការស្រមើស្រមៃរបស់ខ្លួន ពួកគេមិនអាចទទួលយករឿងនោះថាមកពីព្រះជាម្ចាស់ទេ។ ពួកគេមិនជឿថា ព្រះជាម្ចាស់អាចចាត់ចែងស្ថានការណ៍ទាំងនេះបានឡើយ។ ដោយសារតែពួកគេមើលមិនឃើញព្រះជាម្ចាស់ ពួកគេគិតថា ស្ថានភាពទាំងនេះកើតឡើងដោយចៃដន្យ ដែលជាលទ្ធផលចេញពីទង្វើរបស់មនុស្ស ជាជាងចេញពីការចាត់ចែងរបស់ព្រះជាម្ចាស់។ ពួកគេមិនជឿលើអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ទេ។ បើដូច្នេះ តើអ្វីទៅជាសារជាតិនៃជំនឿរបស់ពួកគេ? (ពួកគេជាអ្នកមិនជឿព្រះ)។ គឺត្រឹមត្រូវហើយ ពួកគេគឺជាអ្នកមិនជឿព្រះ។ អ្នកមិនជឿព្រះមិនទទួលយកអ្វីៗថាមកពីព្រះជាម្ចាស់ទេ។ ផ្ទុយទៅវិញ ពួកគេខំប្រឹងរិះគិត ព្យាយាមដោះស្រាយបញ្ហា ដោយប្រើទស្សនៈ គំនិត និងវិធីសាស្ត្របែបមនុស្សលោក។ នេះជាឥរិយាបថរបស់អ្នកមិនជឿព្រះ។ នៅពេលអ្នករាល់គ្នាជួបមនុស្សបែបនេះនាពេលអនាគត អ្នកគួរតែមានការឈ្វេងយល់ខ្លះចំពោះពួកគេ។ អ្នកមិនជឿព្រះពូកែរិះគិតបង្កើតបានជាគំនិតផ្សេងៗ នៅពេលមានបញ្ហាណាមួយកើតឡើង។ ពួកគេបន្តសិក្សាពីបញ្ហាដែលកើតមាន ហើយព្យាយាមដោះស្រាយ ដោយប្រើវិធីសាស្ត្របែបមនុស្សលោក។ ពួកគេតែងតែមើលទៅកាន់មនុស្ស និងរឿងរ៉ាវ ដោយប្រើការត្រិះរិះពិចារណាបែបមនុស្ស និងទស្សនវិជ្ជាបែបសាតាំង ឬក៏ផ្អែកលើច្បាប់ ដោយមិនជឿថា ព្រះបន្ទូលព្រះជាម្ចាស់គឺជាសេចក្តីពិត ឬជឿទៀតថា អធិបតេយ្យភាពរបស់ព្រះជាម្ចាស់គ្របដណ្ដប់លើរបស់សព្វសារពើឡើយ។ គ្រប់យ៉ាងដែលកើតឡើង ត្រូវបានអនុញ្ញាតដោយព្រះជាម្ចាស់ ប៉ុន្តែអ្នកមិនជឿព្រះមិនអាចទទួលយកអ្វីៗទាំងនេះថាមកពីព្រះជាម្ចាស់ទេ ហើយពួកគេតែងតែមើលឃើញអ្វីៗដោយផ្អែកលើសញ្ញាណ និងការស្រមើស្រមៃរបស់មនុស្សជានិច្ច។ ទោះបីជានិច្ចកាល អ្នកមិនជឿព្រះនិយាយថា ពួកគេជឿថា ជោគវាសនារបស់មនុស្សស្ថិតក្នុងព្រះហស្តព្រះជាម្ចាស់ និងថាពួកគេព្រមចុះចូលចំពោះអធិបតេយ្យភាព និងការរៀបចំរបស់ព្រះជាម្ចាស់ក៏ដោយ ក៏នៅពេលមានរឿងកើតឡើងចំពោះពួកគេ ពួកគេមិនអាចទទួលយករឿងទាំងនោះថាមកពីព្រះជាម្ចាស់ដែរ ហើយពួកគេមានសញ្ញាណផ្សេងៗអំពីព្រះជាម្ចាស់។ នេះហើយជាឥរិយាបថរបស់អ្នកមិនជឿព្រះ។ តើនៅក្នុងជីវិតរបស់អ្នករាល់គ្នាមានមនុស្សបែបនេះដែរឬទេ? តើអ្នករាល់គ្នាធ្លាប់ប្រព្រឹត្តបែបនេះដែរឬទេ? (ធ្លាប់)។ អ្នករាល់គ្នាប្រព្រឹត្តដូចអ្នកមិនជឿព្រះ ប៉ុន្តែតើអ្នករាល់គ្នាពិតជាអ្នកមិនជឿព្រះមែនទេ? តើអ្នករាល់គ្នាជឿថា ព្រះជាម្ចាស់គង់ជាអធិបតេយ្យភាពលើរបស់សព្វសារពើដែរឬទេ? តើអ្នកទទួលស្គាល់ការពិតដែរឬទេថា គ្រប់មនុស្ស គ្រប់រឿងរ៉ាវ គ្រប់អ្វីៗ និងគ្រប់ស្ថានការណ៍ ស្ថិតក្នុងព្រះហស្តព្រះជាម្ចាស់? តើមានរឿងចំនួនប៉ុន្មានដែលអ្នករាល់គ្នាអាចទទួលយកពីព្រះជាម្ចាស់? តើមានរឿងរ៉ាវចំនួនប៉ុន្មានដែលអ្នកបានដោះស្រាយ ដោយប្រើវិធីសាស្ត្របែបមនុស្ស? តើអ្នករស់នៅតាមនិស្ស័យពុករលួយប៉ុន្មានដងដែរ? តើអ្នកអាចចុះចូលចំពោះព្រះជាម្ចាស់បានញឹកញាប់ប៉ុនណាដែរ? សូមគិតអំពីសំណួរទាំងនេះ អ្នករាល់គ្នាច្បាស់ជាដឹងចម្លើយចំពោះសំណួរទាំងនេះនៅក្នុងចិត្តរបស់អ្នកមិនខាន។ តើវាងាយស្រួលក្នុងការទទួលយកអ្វីៗថាមកពីព្រះជាម្ចាស់ដែរឬទេ? (វានឹងមានការប្រទាញប្រទង់នៅក្នុងចិត្ត)។ វាជាការពិតដែលថា វានឹងមានការប្រទាញប្រទង់ ប៉ុន្តែតើលទ្ធផលចេញពីការប្រទាញប្រទង់នេះ គឺជាអ្វីទៅ? តើជាជោគជ័យ ឬក៏បរាជ័យ? (ពេលខ្លះជាបរាជ័យ ហើយពេលខ្លះទៀតជាជោគជ័យ)។ ប្រសិនបើវាមានការបែងចែកស្មើគ្នា នោះអ្នករាល់គ្នានៅមានសង្ឃឹមនៅឡើយទេ ប៉ុន្តែប្រសិនបើអ្នកបរាជ័យជាញឹកញាប់ ហើយកម្រទទួលបានជោគជ័យ នោះសបញ្ជាក់ឱ្យឃើញថា អ្នកមិនមែនជាបុគ្គលម្នាក់ដែលស្រឡាញ់សេចក្តីពិតឡើយ។ បរាជ័យគឺជារឿងធម្មតាទេ ពោលគឺ មិនត្រូវខ្លាចបរាជ័យ មិនត្រូវបាក់ទឹកចិត្ត មិនត្រូវប្រែជាអវិជ្ជមាន ឬចុះញ៉មឡើយ ហើយត្រូវបន្តព្យាយាមតទៅទៀត។ បរាជ័យមិនមែនជារឿងអាក្រក់នោះទេ។ យ៉ាងហោចណាស់ មនុស្សអាចទទួលបានប្រយោជន៍ចេញពីបរាជ័យដែរ ហើយនេះជារឿងល្អ!

ដំណើរការរបស់មនុស្សក្នុងការទទួលបានសេចក្តីពិត គឺប្រៀបដូចជាអ្នកចម្បាំងដ៏ក្លាហានបោះជំហានចូលទៅក្នុងសមរភូមិ ហើយត្រៀមខ្លួនប្រយុទ្ធទល់នឹងខ្មាំងគ្រប់ពេលអ៊ីចឹង។ ខ្មាំងរបស់អ្នកដែលដេញតាមសេចក្តីពិត គឺជានិស្ស័យពុករលួយរបស់សាតាំង។ មនុស្សទាំងនេះកំពុងតែប្រយុទ្ធទល់នឹងសាច់ឈាមពុករលួយរបស់ខ្លួន។ ជារួមមក ពួកគេកំពុងតយុទ្ធទល់នឹងសាតាំង។ តើគេប្រើអាវុធអ្វីដែរ ដើម្បីប្រយុទ្ធទល់នឹងសាតាំង? ពិតប្រាកដណាស់ អាវុធនោះគឺជាសេចក្តីពិត ជាការដើរតាមព្រះបន្ទូលព្រះជាម្ចាស់។ ដើម្បីយកឈ្នះសាតាំង តើមនុស្សត្រូវអនុវត្តទិដ្ឋភាពនៃសេចក្តីពិតអ្វីមុនគេ? នោះគឺជាការចុះចូលចំពោះព្រះជាម្ចាស់ ចំពោះព្រះបន្ទូលរបស់ទ្រង់ និងចំពោះសេចក្តីពិត។ នេះជាមេរៀនមួយដែលមនុស្សត្រូវតែចូលទៅក្នុងមុនគេ នៅពេលប្រយុទ្ធទល់នឹងសាតាំង។ ប្រសិនបើអ្នកមិនអាចទទួលយកអ្វីៗដែលកើតឡើងចំពោះអ្នកថាមកពីព្រះជាម្ចាស់ទេ នោះអ្នកនឹងមិនអាចចុះចូលចំពោះព្រះជាម្ចាស់បានឡើយ ដូច្នេះហើយ អ្នកនឹងមិនអាចធ្វើចិត្តឱ្យស្ងប់នៅចំពោះព្រះជាម្ចាស់ ដើម្បីអធិស្ឋាន ឬស្វែងរកសេចក្តីពិតបានឡើយ។ ប្រសិនបើអ្នកមិនអាចអធិស្ឋានទៅព្រះជាម្ចាស់ ឬស្វែងរកសេចក្តីពិតបានទេ នោះអ្នកនឹងមិនយល់ពីសេចក្តីពិត ឬមិនយល់ពីមូលហេតុដែលនាំឱ្យព្រះជាម្ចាស់ដាក់អ្នកនៅក្នុងស្ថានភាពទាំងនោះ នៅជាមួយមនុស្ស បញ្ហា និងអ្វីៗទាំងនោះឡើយ ពោលគឺ អ្នកនឹងជាប់ក្នុងភាពច្របូកច្របល់មិនខាន។ ប្រសិនបើអ្នកមិនអាចស្វែងរកសេចក្តីពិតបានទេ នោះអ្នកមិនអាចយកឈ្នះលើនិស្ស័យពុករលួយរបស់អ្នកបានឡើយ។ មានតែតាមរយៈការយកឈ្នះលើនិស្ស័យពុករលួយ និងសាច់ឈាមពុករលួយរបស់អ្នកប៉ុណ្ណោះ ទើបអ្នកអាចបំបាក់មុខសាតាំង ដែលជាអារក្សនៃពិភពខាងវិញ្ញាណបាន។ ការប្រយុទ្ធទល់នឹងសាតាំង ភាគច្រើន ត្រូវពឹងអាងលើការស្វែងរកសេចក្ដីពិត។ ប្រសិនបើអ្នកមិនយល់ពីសេចក្តីពិតទេ ពេលនោះ រាល់បញ្ហា ឬសញ្ញាណដែលផុសឡើងនៅក្នុងអ្នក អាចធ្វើឱ្យអ្នកទន់ខ្សោយ និងអវិជ្ជមានបាន។ ប្រសិនបើការបង្ហាញចេញនិស្ស័យពុករលួយរបស់អ្នកមិនត្រូវបានដោះស្រាយទេ នោះអ្នកទំនងជាដួល និងបរាជ័យ ហើយអ្នកនឹងពិបាកក្រោកឈរឡើងម្ដងទៀតមិនខាន។ អ្នកខ្លះជំពប់ដួល នៅពេលពួកគេជួបសេចក្តីល្បួង អ្នកខ្លះប្រែជាអវិជ្ជមាន នៅពេលជួបជំងឺដ៏ឈឺចាប់ ហើយអ្នកខ្លះទៀតដួលដេកស្ដូកស្ដឹង នៅពេលជួបការល្បងល។ ទាំងនេះគឺជាផលវិបាកនៃការមិនដេញតាមសេចក្តីពិត និងការមិនស្វែងរកសេចក្ដីពិត ដើម្បីដោះស្រាយនិស្ស័យពុករលួយដែលគេបើកសម្ដែងចេញ។ តើអ្នករាល់គ្នាគិតថា និស្ស័យបែបសាតាំងបង្កឱ្យមានបញ្ហាជាច្រើនដល់មនុស្សដែរឬទេ? (មែនហើយ)។ តើបញ្ហាច្រើនប៉ុនណាដែរ? (វារារាំងមនុស្សមិនឱ្យចូលមកចំពោះព្រះជាម្ចាស់ និងមិនអាចចុះចូលចំពោះព្រះជាម្ចាស់)។ ប្រសិនបើមនុស្សមិនអាចចុះចូលចំពោះព្រះជាម្ចាស់ទេ តើពួកគេនឹងរស់នៅតាមអ្វីដែរ? (ពួកគេនឹងរស់នៅតាមនិស្ស័យពុករលួយបែបសាតាំង)។ នៅពេលមនុស្សរស់នៅតាមនិស្ស័យពុករលួយបែបសាតាំង ជារឿយៗ ពួកគេបើកសម្ដែងសញ្ញាណ និងប្រែជាឆេវឆាវ។ ឧទាហរណ៍ ប្រសិនបើអ្នកធ្វើអ្វីមួយខុស ហើយបងប្អូនប្រុសស្រីណាម្នាក់បកអាក្រាតអ្នក ឬដោះស្រាយជាមួយអ្នក តើអ្នកគួរតែធ្វើដូចម្ដេច ដើម្បីចុះចូលចំពោះព្រះជាម្ចាស់ និងស្វែងរកសេចក្តីពិត? នៅត្រង់នេះ មានមេរៀនមួយដែលត្រូវរៀន។ អ្នកប្រហែលជាចាប់ផ្ដើមសញ្ជឹងគិតអំពីបញ្ហាថា៖ «ជានិច្ចកាល បុគ្គលម្នាក់នោះមើលងាយខ្ញុំ ហើយលើកនេះ ពួកគេរកឃើញអ្វីមួយ ដើម្បីប្រើមកប្រឆាំងនឹងខ្ញុំ។ ពួកគេកំពុងតែបាញ់សំដៅខ្ញុំ ដូច្នេះ ខ្ញុំនឹងមិនគួរសមចំពោះគេទេ។ ខ្ញុំនឹងមិនឱ្យគេមករញ៉េរញ៉ៃជាមួយខ្ញុំឡើយ!» តើនេះមិនមែនជាភាពឆេវឆាវទេឬ? (វាជាភាពឆេវឆាវ)។ តើភាពឆេវឆាវគឺជាអ្វី? (វាកើតឡើង នៅពេលនិស្ស័យបែបសាតាំងរបស់មនុស្សផ្ទុះឡើង នៅពេលផលប្រយោជន៍របស់គេរងការប៉ះពាល់ ឬនៅពេលកិត្យានុភាព និងឋានៈរបស់គេរងការប៉ះពាល់ ហើយពួកគេនិយាយ ឬធ្វើអ្វីម្យ៉ាងភ្លាមៗដោយមិនបានគិតគូរច្រើន។ នេះជាការយល់ដឹងរបស់ខ្ញុំអំពីអត្ថន័យនៃពាក្យថា ភាពឆេវឆាវ)។ ការយល់ដឹងនេះគឺត្រឹមត្រូវ។ តើមានអ្នកណាចង់បន្ថែមទៀតទេ? (នៅពេលមានរឿងកើតឡើងចំពោះបុគ្គលម្នាក់ ពួកគេមិនស្វែងរកសេចក្តីពិតទេ តែជំនួសមកវិញ បែរជាបញ្ចេញអារម្មណ៍ដែលកប់ទុកពីធម្មជាតិនៅក្នុងពួកគេ។ នោះហើយជាភាពឆេវឆាវ)។ ពាក្យថា «ពីធម្មជាតិ» ដែលគាត់បានប្រើ គឺត្រឹមត្រូវខ្លាំងណាស់។ បន្ទាប់ពីមនុស្សត្រូវបានសាតាំងធ្វើឱ្យពុករលួយមក នៅពេលនិស្ស័យមុនដំបូងបំផុត និងពីធម្មជាតិបំផុតរបស់ពួកគេដែលចេញពីឫសគល់របស់ពួកគេ ត្រូវបានលាតត្រដាងចេញ នោះត្រូវបានហៅថាជាភាពឆេវឆាវ។ វាជាអ្វីមួយដែលមិនឆ្លងកាត់ការគិត ដំណើរការនៃការរិះគិត ការសញ្ជឹងគិត ឬការវេចខ្ចប់នោះទេ ប៉ុន្តែវាគ្រាន់តែចេញមកខាងក្រៅប៉ុណ្ណោះ។ នោះហើយជាភាពឆេវឆាវ។ ភាពឆេវឆាវ គឺជាអ្វីដែលបង្ហាញចេញពីមនុស្សដែលរស់នៅក្នុងនិស្ស័យពុករលួយ។ តាមធម្មតា ហេតុអ្វីបានជាអ្វីៗដែលបង្ហាញចេញពីធម្មជាតិរបស់មនុស្ស មិនស្របតាមសេចក្តីពិត? ហេតុអ្វីបានជាមនុស្សបង្ហាញចេញភាពឆេវឆាវ? តើមានហេតុផលអ្វីខ្លះទៅ? វាត្រូវបានបង្កឡើងដោយធម្មជាតិបែបសាតាំងរបស់មនុស្ស។ និស្ស័យខាងក្នុងរបស់មនុស្ស គឺជាកម្មសិទ្ធិរបស់ភាពឆេវឆាវ។ នៅពេលមានផលខូចខាតដល់ផលប្រយោជន៍ សេចក្តីអួតអាង ឬអំនួតរបស់មនុស្ស បើពួកគេមិនយល់ពីសេចក្តីពិត ឬមានតថភាពនៃសេចក្តីពិតទេ ពួកគេនឹងបណ្តោយឱ្យនិស្ស័យពុករលួយមកគ្រប់គ្រងការប្រព្រឹត្តរបស់ខ្លួនចំពោះការខូចខាតនោះ ហើយពួកគេនឹងប្រព្រឹត្តភ្លាមៗដោយមិនបានគិតច្រើនឡើយ។ អ្វីដែលពួកគេបង្ហាញចេញ និងបើកសម្ដែងពេលនោះ គឺជាភាពឆេវឆាវ។ តើភាពឆេវឆាវ ជារឿងវិជ្ជមាន ឬអវិជ្ជមាន? ច្បាស់ណាស់ ភាពឆេវឆាវគឺជារឿងអវិជ្ជមាន។ សម្រាប់មនុស្សដែលរស់នៅក្នុងចរិតឆេវឆាវ គឺមិនមែនជារឿងល្អទេ។ ចរិតបែបនេះមុខជានាំឱ្យមានមហន្តរាយមិនខាន។ ប្រសិនបើភាពឆេវឆាវ និងសេចក្តីពុករលួយរបស់មនុស្ស ត្រូវបានលាតត្រដាង នៅពេលមានរឿងកើតឡើងចំពោះពួកគេ តើនោះជាបុគ្គលម្នាក់ដែលស្វែងរកសេចក្តីពិត និងស្ដាប់បង្គាប់ព្រះជាម្ចាស់ដែរឬទេ? ច្បាស់ណាស់ មនុស្សបែបនេះមិនស្ដាប់បង្គាប់ព្រះជាម្ចាស់ឡើយ។ ចំពោះមនុស្ស ព្រឹត្តិការណ៍ រឿងរ៉ាវ និងមជ្ឈដ្ឋានដែលព្រះជាម្ចាស់រៀបចំសម្រាប់មនុស្ស ប្រសិនបើគេមិនអាចទទួលយកអ្វីៗទាំងនេះថាមកពីព្រះជាម្ចាស់ទេ ប៉ុន្តែបែរជាចាត់ចែង និងដោះស្រាយជាមួយបញ្ហាទាំងនោះទៅតាមរបៀបមនុស្ស នៅទីបំផុត តើវានឹងបង្កើតឱ្យមានលទ្ធផលអ្វីខ្លះដែរ? (ព្រះជាម្ចាស់នឹងស្អប់ខ្ពើម និងបដិសេធបុគ្គលនោះ)។ តើការនេះនឹងក្លាយជាការស្អាងចិត្តមនុស្សដែរឬទេ? (អត់ទេ វានឹងមិនទេ)។ ពួកគេនឹងមិនត្រឹមតែបាត់បង់ជីវិតរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងគ្មានការស្អាងចិត្តដល់អ្នកដទៃដែរ។ ជាងនេះទៅទៀត ពួកគេនឹងប្រមាថព្រះជាម្ចាស់ ហើយធ្វើឱ្យទ្រង់ស្អប់ខ្ពើម និងបដិសេធពួកគេមិនខាន។ មនុស្សបែបនេះបានបាត់បង់ទីបន្ទាល់របស់ខ្លួន ហើយមិនទទួលបានការស្វាគមន៍នៅគ្រប់កន្លែងដែលពួកគេទៅឡើយ។ ប្រសិនបើអ្នកជាសមាជិកម្នាក់នៃដំណាក់ព្រះជាម្ចាស់ ប៉ុន្តែអ្នកតែងតែប្រព្រឹត្តដោយឆេវឆាវ តែងតែលាតត្រដាងអ្វីដែលជាធម្មជាតិនៅក្នុងអ្នក ហើយតែងតែបើកសម្ដែងនិស្ស័យពុករលួយរបស់អ្នក ធ្វើអ្វីៗតាមមធ្យោបាយបែបមនុស្ស និងដោយនិស្ស័យពុករលួយបែបសាតាំង នោះផលវិបាកចុងក្រោយ អ្នកនឹងធ្វើការអាក្រក់ និងទាស់ទទឹងនឹងព្រះជាម្ចាស់ ហើយប្រសិនបើក្នុងពេលនោះអ្នកនៅតែមិនប្រែចិត្ត និងមិនអាចដើរលើផ្លូវនៃការដេញតាមសេចក្តីពិតទៀត នោះអ្នកនឹងត្រូវគេលាតត្រដាង និងផាត់ចោលមិនខាន។ តើបញ្ហានៃការរស់នៅដោយអាងលើនិស្ស័យបែបសាតាំង និងការមិនស្វែងរកសេចក្តីពិត ដើម្បីដោះស្រាយបញ្ហា មិនមែនជាបញ្ហាធ្ងន់ធ្ងរទេឬ? ទិដ្ឋភាពមួយនៃបញ្ហានេះគឺថា ពួកគេមិនរីកចម្រើន ឬផ្លាស់ប្ដូរនៅក្នុងជីវិតរបស់ពួកគេ។ លើសពីនេះទៅទៀត ពួកគេនឹងជះឥទ្ធិពលអាក្រក់លើអ្នកដទៃ។ ពួកគេនឹងមិនបម្រើគោលបំណងល្អណាមួយនៅក្នុងពួកជំនុំឡើយ ហើយពេលខ្លះ ពួកគេនឹងបង្កបញ្ហាធំដល់ពួកជំនុំ និងដល់រាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ ដូចជាសត្វរុយដ៏មានក្លិនស្អុយ ដែលហើរចុះឡើងនៅលើតុអាហារ បង្កឱ្យមានការខ្ពើមរអើម និងការស្អប់ខ្ពើមអ៊ីចឹង។ តើអ្នករាល់គ្នាចង់ធ្វើជាមនុស្សបែបនេះទេ? (អត់ទេ)។ អ៊ីចឹង តើអ្នកគួរតែធ្វើដូចម្ដេច ដើម្បីផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់ និងស្អាងចិត្តដល់អ្នកដទៃ? មិនថាអ្នកបានបើកសម្ដែងនិស្ស័យពុករលួយអ្វីនោះទេ ជាដំបូង អ្នកត្រូវតែធ្វើចិត្តឱ្យស្ងប់ ប្រញាប់ចូលទៅអធិស្ឋាននៅចំពោះព្រះជាម្ចាស់ និងស្វែងរកសេចក្តីពិត ដើម្បីដោះស្រាយបញ្ហានោះ។ អ្នកមិនត្រូវបន្តបើកសម្ដែងសេចក្តីពុករលួយ ដោយធ្វើតាមអំពើចិត្ត និងភាពឆេវឆាវរបស់ខ្លួនឡើយ។ គ្រប់វិនាទី គ្រប់នាទី គ្រប់ថ្ងៃនៃជីវិតរបស់អ្នក មិនថាអ្នកធ្វើ និងគិតពីអ្វីនោះឡើយ ព្រះជាម្ចាស់កំពុងតែពិនិត្យពិច័យ និងទតមើលអ្នក។ តើព្រះជាម្ចាស់កំពុងតែទតមើលអ្វីដែរ? (អ្វីដែលមនុស្សគិត និងរបៀបដែលពួកគេឆ្លើយតប នៅពេលពួកគេជួបមនុស្ស ជួបរឿងរ៉ាវ ឬអ្វីៗដែលព្រះជាម្ចាស់បានរៀបចំទុកសម្រាប់ពួកគេ)។ ត្រឹមត្រូវ តើអ្វីទៅជាកម្មវត្ថុរបស់ព្រះជាម្ចាស់ក្នុងការពិនិត្យមើលរឿងទាំងនេះ? (គឺដើម្បីទតមើលថាមនុស្សនោះ គឺជាបុគ្គលម្នាក់ដែលកោតខ្លាចព្រះជាម្ចាស់ និងគេចចេញពីសេចក្តីអាក្រក់ឬអត់)។ នេះគឺជាផ្នែកមួយនៃហេតុផល។ តើហេតុផលចម្បងគឺជាអ្វីដែរ? សូមសញ្ជឹងគិតអំពីបញ្ហានេះដោយយកចិត្តទុកដាក់។ (គឺដើម្បីពិនិត្យមើលថាតើពួកគេមានដួងចិត្តដែលចង់ស្វែងរកសេចក្តីពិត និងចុះចូលចំពោះព្រះជាម្ចាស់ឬអត់)។ មិនថាវាជាការកោតខ្លាចព្រះជាម្ចាស់ និងការគេចចេញពីសេចក្តីអាក្រក់ ឬជាការមានដួងចិត្តដែលស្វែងរកសេចក្តីពិត និងចុះចូលចំពោះព្រះជាម្ចាស់ឬអត់ទេ អ្វីៗទាំងអស់នេះសុទ្ធតែទាក់ទងនឹងសំណួរអំពីផ្លូវដែលមនុស្សបានជ្រើសរើសដើរ។ ហេតុអ្វីបានជាព្រះជាម្ចាស់តែងតែពិនិត្យពិច័យមើលមនុស្សជានិច្ច? នោះគឺដើម្បីពិនិត្យមើលថាតើអ្នកកំពុងដើរលើផ្លូវបែបណា ថាអ្នកមានគោលដៅជីវិត និងទិសដៅអ្វីខ្លះ ថាអ្នកបានដើរលើផ្លូវនៃការដេញតាមសេចក្តីពិត ឬក៏ផ្លូវរបស់ពួកផារិស៊ីដែលមានពុត។ នោះគឺដើម្បីចង់ដឹងថា អ្នកដើរលើផ្លូវមួយណាឱ្យពិតប្រាកដ។ ប្រសិនបើអ្នកបានជ្រើសរើសផ្លូវត្រឹមត្រូវ នោះព្រះជាម្ចាស់នឹងដឹកនាំអ្នក ជួយបំភ្លឺអ្នក ផ្គត់ផ្គង់ និងគាំទ្រដល់អ្នក។ ប្រសិនបើអ្នកបានជ្រើសរើសផ្លូវខុស នោះវាបង្ហាញថា អ្នកបានបែរខ្នងទាំងស្រុងដាក់ព្រះជាម្ចាស់ ដូច្នេះ ទ្រង់នឹងបោះបង់អ្នកចោលមិនខាន។

មនុស្សមួយចំនួនតែងតែអធិប្បាយអំពីពាក្យ និងឃ្លានៃគោលលទ្ធិ និងបំពានគោលការណ៍នៃសេចក្តីពិតក្នុងគ្រប់កិច្ចការដែលពួកគេធ្វើ ហើយថែមទាំងធ្វើកិច្ចការដែលធ្វើឱ្យខូចដល់ផលប្រយោជន៍នៃដំណាក់ព្រះជាម្ចាស់ទៀតផង ចុះហេតុអ្វីបានជាមិនប្រៀនប្រដៅ ឬស្ដីបន្ទោសពួកគេអ៊ីចឹង? មនុស្សមួយចំនួនមិនអាចយល់ពីបញ្ហានេះទេ។ ខ្ញុំសូមប្រាប់អ្នករាល់គ្នាថា ព្រះជាម្ចាស់បានបោះបង់មនុស្សបែបនេះចោលរួចស្រេចទៅហើយ។ មិនថាមនុស្សម្នាក់បានជឿព្រះជាម្ចាស់អស់រយៈពេលប៉ុន្មានឆ្នាំឡើយ ប្រសិនបើព្រះជាម្ចាស់សម្រេចព្រះទ័យបោះបង់មនុស្សនេះចោលហើយ នោះវាជាបញ្ហាធ្ងន់ណាស់! តើអ្វីទៅជាបំណង និងព្រះហឫទ័យរបស់ព្រះជាម្ចាស់ទាក់ទងនឹងផ្លូវដែលព្រះអង្គចង់ឱ្យមនុស្សដើរ? នៅពេលព្រះជាម្ចាស់ដាក់មនុស្សនៅក្នុងស្ថានភាពជាក់លាក់ណាមួយ តើព្រះអង្គសង្ឃឹមថា ពួកគេនឹងចុះចូលតាម ឬក៏បះបោរ? តើទ្រង់សង្ឃឹមថា ពួកគេនឹងស្វែងរក និងទទួលបានសេចក្តីពិត ឬក៏ព្រងើយកន្ដើយ និងជាប់គាំង? តើព្រះជាម្ចាស់មានអាកប្បកិរិយាបែបណាដែរចំពោះបញ្ហានេះ? តើព្រះអង្គរំពឹងអ្វីខ្លះពីមនុស្ស? ព្រះអង្គសង្ឃឹមថា ពួកគេនឹងអាចចុះចូល និងសហការយ៉ាងសកម្មជាមួយកិច្ចការរបស់ទ្រង់ ដោយមិនប្រែជាអកម្ម ខ្ជីខ្ជា ឬព្រងើយកន្ដើយនោះឡើយ។ មនុស្សខ្លះបំពេញភារកិច្ចរបស់ខ្លួនបែបក្ដៅឧណ្ហៗ៖ កាលណាពួកគេទទួលបានកិច្ចការមួយ ពួកគេនឹងធ្វើទៅតាមការយល់ឃើញរបស់ខ្លួន ប៉ុន្តែពួកគេនឹងមិនស្វែងរកសេចក្តីពិត ឬបំណងព្រះហឫទ័យព្រះជាម្ចាស់ឡើយ។ ពួកគេយល់ថា វិធីសាស្ត្រនេះគ្មានអ្វីខុសទេ ព្រោះថាពួកគេមិនបានបំពានបញ្ញត្តិរដ្ឋបាលណាមួយ មិនបានប្រមាថដល់និស្ស័យព្រះជាម្ចាស់ ឬក៏បង្អាក់ ឬរំខានដល់កិច្ចការពួកជំនុំឡើយ ហើយពួកគេក៏កំពុងបំពេញភារកិច្ចរបស់ខ្លួនដដែលហ្នឹង ដូច្នេះ ពួកគេយល់ថា ពួកគេនឹងមិនត្រូវទទួលការថ្កោលទោសឡើយ។ តើអ្នកយល់យ៉ាងម៉េចដែរអំពីអាកប្បកិរិយាបែបនេះ? (គឺមិនល្អទេ។ វាជាអាកប្បកិរិយាអវិជ្ជមាន អកម្ម បែបក្ដៅឧណ្ហៗ ដែលព្រះជាម្ចាស់ស្អប់ខ្ពើម)។ តើអាកប្បកិរិយាបែបក្ដៅឧណ្ហៗ គឺជាអ្វីដែរ? ហេតុអ្វីបានជាព្រះជាម្ចាស់ស្អប់ខ្ពើមអាកប្បកិរិយាបែបនេះ? តើសារជាតិនៃអាកប្បកិរិយាបែបនេះ គឺជាអ្វីដែរ? (ខ្ញុំអាចចែករំលែកបន្តិចអំពីបទពិសោធរបស់ខ្ញុំចំពោះបញ្ហានេះ។ ថ្មីៗនេះ នៅក្នុងភារកិច្ចរបស់ខ្ញុំ ខ្ញុំបានធ្វើតាមអំពើចិត្ត និងបំពានគោលការណ៍។ បន្ទាប់ពីត្រូវគេលួសកាត់ និងដោះស្រាយរួច ខ្ញុំមិនបានឆ្លុះបញ្ចាំងពីខ្លួនឯងទេ ហើយខ្ញុំបានយល់ច្រឡំចំពោះព្រះជាម្ចាស់ និងការពារខ្លួនទាស់នឹងទ្រង់។ ខ្ញុំបានបិទចិត្តចំពោះព្រះជាម្ចាស់ ខ្ញុំមិនចង់ចូលជិតទ្រង់ឡើយ ហើយខ្ញុំក៏មិនបានអធិស្ឋានទៅទ្រង់ដែរ។ ខ្ញុំមានអាកប្បកិរិយាបែបក្ដៅឧណ្ហៗ ហើយវាធ្វើឱ្យខ្ញុំប្រែជាអវិជ្ជមាន អកម្ម និងពិបាកចិត្តក្នុងអំឡុងពេលនោះ។ ព្រោះថាកាលណាខ្ញុំបិទចិត្តចំពោះព្រះជាម្ចាស់ វាប្រៀបដូចជាសសរដ៏សំខាន់បំផុតនៃជីវិតខ្ញុំបានដួលរលំអ៊ីចឹង ហើយខ្ញុំមានអារម្មណ៍ពិបាកចិត្តខ្លាំងណាស់។ ពីសម្បកក្រៅ មើលទៅខ្ញុំហាក់កំពុងបំពេញភារកិច្ច ដោយគ្មានឥរិយាបថបះបោរសោះឡើយ ប៉ុន្តែខ្ញុំមិនបានទទួលការបំភ្លឺពីព្រះវិញ្ញាណបរិសុទ្ធទេ ហើយខ្ញុំក៏គ្មានផ្នត់គំនិតចង់សហការយ៉ាងសកម្មជាមួយព្រះជាម្ចាស់នោះដែរ។ ការបន្តមានអាកប្បកិរិយាបែបក្ដៅឧណ្ហៗ អវិជ្ជមាន និងគ្មានការជំរុញចិត្តនេះ ប្រៀបដូចជាការសម្លាប់ខ្លួនបន្តិចម្ដងៗអ៊ីចឹង។ មនុស្សដែលបែរចេញពីព្រះជាម្ចាស់ ប្រៀបដូចជាដើមឈើដែលងាប់ឫសអ៊ីចឹង។ ដោយសារតែការផ្គត់ផ្គង់ជីវិតរបស់វាត្រូវបានកាត់ផ្ដាច់ ដូច្នេះ មែក និងស្លឹកត្រូវបានស្វិតស្រពន់បន្តិចម្ដងៗ រហូតដល់ដើមឈើទាំងមូលងាប់)។ ពិតជាពន្យល់បានល្អណាស់។ មនុស្សភាគច្រើនប្រហែលស្ថិតនៅក្នុងសភាពបែបនេះ៖ ពួកគេធ្វើអ្វីគ្រប់យ៉ាងដែលអ្នកដទៃស្នើសុំឱ្យពួកគេធ្វើ ដោយមិនបានបង្កជាបញ្ហា ធ្វើអាក្រក់ ឬបង្កជាការរំខានណាមួយទេ ពោលគឺ ពួកគេគ្រាន់តែក្ដៅឧណ្ហៗប៉ុណ្ណោះ។ ហេតុអ្វីបានជាព្រះជាម្ចាស់ស្អប់ខ្ពើមអាកប្បកិរិយាបែបនេះ? តើអាកប្បកិរិយាបែបនេះបង្ហាញអំពីសារជាតិអ្វីដែរ? វាជារឿងអវិជ្ជមាន ប្រឆាំង និងបដិសេធសេចក្តីពិត។ តើអ្នករាល់គ្នានឹងនិយាយថា ព្រះជាម្ចាស់ជាអ្នកបោះបង់មនុស្សមុន ឬក៏មនុស្សជាអ្នកបោះបង់ព្រះជាម្ចាស់មុន? (មនុស្សជាអ្នកបោះបង់មុន)។ ប្រសិនបើអ្នកបោះបង់ព្រះជាម្ចាស់មុន នោះដួងចិត្តរបស់អ្នកនឹងបិទចំពោះព្រះជាម្ចាស់ ដែលនេះជាបញ្ហាធ្ងន់ធ្ងរមួយ។ ពាក្យថា «បិទ» គឺជារបៀបនិយាយមួយបែប។ អ្វីដែលកំពុងកើតឡើងយ៉ាងពិតប្រាកដ គឺមនុស្សកំពុងតែបិទទ្វារដួងចិត្តរបស់ខ្លួន ដោយចាក់សោឱ្យព្រះជាម្ចាស់នៅខាងក្រៅ ដែលមានន័យថា៖ «ខ្ញុំមិនចង់បានទ្រង់ទៀតឡើយ។ ខ្ញុំកំពុងកាត់ផ្ដាច់ទំនាក់ទំនងទាំងអស់ជាមួយទ្រង់ ហើយទំនាក់ទំនងរវាងពួកយើងលែងមានទៀតហើយ»។ កាលណាភាវៈដែលព្រះបង្កើតមកមានអាកប្បកិរិយាបែបនេះចំពោះព្រះអាទិកររបស់ខ្លួន តើព្រះជាម្ចាស់ត្រូវចាត់ការចំពោះបញ្ហានេះដោយរបៀបណា? តើព្រះអង្គមានអាកប្បកិរិយាដូចម្ដេចដែរ? នៅពេលទ្រង់ទតឃើញមនុស្សមានសភាពបែបនេះ តើព្រះអង្គមានអំណរ ស្អប់ខ្ពើម ឬក៏ខូចព្រះទ័យ? ជាដំបូង ព្រះអង្គមានអារម្មណ៍ខូចព្រះទ័យ។ នៅពេលទ្រង់ទតឃើញមនុស្សប្រែជាស្ពឹកស្រពន់ខ្លាំង ហើយមិនទទួលយកសេចក្តីពិតទាល់តែសោះ នោះព្រះជាម្ចាស់ខកព្រះទ័យ រួចក្រោយមក ទ្រង់ស្អប់ខ្ពើមពួកគេ។ កាលណាមនុស្សបិទដួងចិត្តចំពោះព្រះជាម្ចាស់ តើទ្រង់នឹងដោះស្រាយចំពោះបញ្ហានេះដោយរបៀបណា? (ព្រះជាម្ចាស់នឹងចាត់ចែងស្ថានភាពខ្លះដែលអនុញ្ញាតឱ្យពួកគេយល់ពីបំណងព្រះហឫទ័យទ្រង់ និងបើកដួងចិត្តរបស់ខ្លួនចំពោះទ្រង់)។ មែនហើយ នេះជាវិធីសាស្ត្រដ៏សកម្មមួយរបស់ព្រះជាម្ចាស់ ពេលខ្លះ ព្រះអង្គធ្វើបែបនេះ ប៉ុន្តែពេលខ្លះទៀត ទ្រង់មិនធ្វើបែបនេះទេ។ ពេលខ្លះ ទ្រង់នឹងលាក់ព្រះភក្ត្រ និងប្រកាន់ខ្ជាប់តាមពេលកំណត់របស់ទ្រង់ ដោយរង់ចាំឱ្យអ្នកបើកដួងចិត្តចំពោះទ្រង់។ កាលណាអ្នកបានទទួលយកទ្រង់ចូលក្នុងចិត្តរបស់អ្នក និងអាចទទួលយកសេចក្តីពិតបាន នោះទ្រង់នឹងបន្តមានសេចក្តីមេត្តាករុណាសម្រាប់អ្នក និងបំភ្លឺអ្នក។ ក៏ប៉ុន្តែ ជាទូទៅ ប្រសិនបើអ្នកមានអាកប្បកិរិយាបែបនេះ ដោយបិទចិត្តទាំងស្រុងចំពោះព្រះជាម្ចាស់ បដិសេធទំនាក់ទំនងធម្មតាជាមួយទ្រង់ លែងចង់មានទំនាក់ទំនងជាមួយទ្រង់ ពេលនោះ អ្នកកំពុងតែបដិសេធអធិបតេយ្យភាពរបស់ព្រះជាម្ចាស់លើអ្នក និងបដិសេធការណែនាំរបស់ទ្រង់ហើយ។ ទង្វើបែបនេះប្រៀបបាននឹងបដិសេធទ្រង់ជាព្រះជាម្ចាស់របស់អ្នក ហើយអ្នកមិនចង់បានទ្រង់ជាព្រះអម្ចាស់របស់អ្នកអ៊ីចឹង។ ប្រសិនបើអ្នកបដិសេធទ្រង់ជាព្រះជាម្ចាស់ និងព្រះអម្ចាស់របស់អ្នក តើទ្រង់នៅតែអាចធ្វើការក្នុងអ្នកបានដែរឬទេ? (អត់ទេ)។ ពេលនោះ អ្វីដែលទ្រង់អាចធ្វើបាន គឺបោះបង់អ្នកចោលមិនខាន។ មានតែក្រោយពេលអ្នកយល់ពីអ្វីដែលបានកើតឡើង និងទទួលស្គាល់កំហុសនៃផ្លូវដើររបស់អ្នក ហើយប្រែចិត្តប៉ុណ្ណោះ ទើបកិច្ចការរបស់ព្រះជាម្ចាស់អាចចាប់ផ្ដើមធ្វើការនៅក្នុងអ្នកជាថ្មីម្ដងទៀត។ ដូច្នេះ នៅពេលជួបអាកប្បកិរិយាបែបក្ដៅឧណ្ហៗបែបនេះ ព្រះជាម្ចាស់នឹងប្រាកដជាមិនធ្វើការឡើយ ទ្រង់នឹងទុកមនុស្សនៅម្ដុំសិនហើយ។ តើអ្នករាល់គ្នាធ្លាប់មានបទពិសោធបែបនេះដែរឬទេ? តើស្ថានភាពបែបនេះមានលក្ខណៈសុខសាន្ត និងអំណរ ឬក៏ពិបាកទ្រាំ និងពិបាកចិត្ត? (ពិបាកទ្រាំ និងពិបាកចិត្ត)។ តើពិបាកចិត្តបែបណាដែរ? (វាប្រៀបដូចជាសាកសពដែលកំពុងដើរអ៊ីចឹង។ វាមានរូបរាងដូចសត្វតិរច្ឆាន តែគ្មានគំនិត និងគ្មានព្រលឹង)។ ប្រសិនបើព្រះជាម្ចាស់មិនស្ថិតក្នុងដួងចិត្តរបស់មនុស្សទេ នោះដួងចិត្តរបស់ពួកគេគឺទទេ ពោលគឺ ប្រៀបបីពួកគេគ្មានវិញ្ញាណអ៊ីចឹង។ តើនេះមិនមានន័យថា ពួកគេក្លាយជាមនុស្សស្លាប់ដែលគ្មានវិញ្ញាណទេឬអី? គួរឱ្យខ្លាចអ្វីម្ល៉េះទេ! មនុស្សអាចក្បត់ព្រះជាម្ចាស់បានគ្រប់ពេល និងគ្រប់ទីកន្លែង។ ជាមួយនឹងការធ្វេសប្រហែសតែបន្តិច ពួកគេអាចបដិសេធព្រះជាម្ចាស់នៅក្នុងចិត្តរបស់ពួកគេបាន ក្រោយមក ស្ថានភាពរបស់ពួកគេផ្លាស់ប្ដូរភ្លាមៗ៖ សភាពនៃវិញ្ញាណរបស់ពួកគេធ្លាក់ចុះភ្លាមៗ ពួកគេលែងមានអារម្មណ៍ដឹងពីព្រះវត្តមានព្រះជាម្ចាស់ ហើយការពឹងអាងរបស់ពួកគេចំពោះព្រះជាម្ចាស់ និងទំនាក់ទំនងជាមួយទ្រង់លែងមានតែម្ដង ប្រៀបដូចបេះដូងមួយដែលលែងលោតអ៊ីចឹង។ តើអាចធ្វើអ្វីបានខ្លះជាមួយសភាពបែបនេះ? អ្នកត្រូវតែមានអាកប្បកិរិយាត្រឹមត្រូវ និងអធិស្ឋានភ្លាមៗទៅព្រះជាម្ចាស់ ហើយប្រែចិត្ត។ ប្រសិនបើមនុស្សតែងតែរស់នៅក្នុងសភាពអវិជ្ជមាន និងប្រឆាំង ជាសភាពមួយដែលព្រះជាម្ចាស់បានបោះបង់ពួកគេចោលទាំងស្រុង ហើយមិនអាចចូលទៅរកព្រះជាម្ចាស់បាន នោះពិតជាគ្រោះថ្នាក់ណាស់! តើអ្នករាល់គ្នាដឹងថា គ្រោះថ្នាក់នេះអាចនាំទៅរកផលវិបាកមិនចង់បានអ្វីខ្លះទេ? វាមិនត្រឹមតែជារឿងខាតបង់ដែលមនុស្សអាចទទួលបានប៉ុណ្ណោះទេ ក៏ប៉ុន្តែតើវាអាចបង្កឱ្យមានផលវិបាកអ្វីផ្សេងទៀតទេ? (ពួកគេអាចមានពួកវិញ្ញាណអាក្រក់សណ្ឋិត)។ នេះគឺជាលទ្ធភាពមួយ ហើយវាអាចមានលទ្ធភាពជាច្រើនផ្សេងទៀត។ (ពួកគេអាចប្រព្រឹត្តអំពើអាក្រក់ធ្ងន់ធ្ងរ ហើយត្រូវព្រះជាម្ចាស់លាតត្រដាង និងផាត់ចោល)។ រឿងនេះក៏អាចកើតឡើងបានដែរ។ តើមានអ្វីផ្សេងទៀតទេ? (ពួកគេអាចឃ្លាតចេញកាន់តែឆ្ងាយទៅៗនៅក្នុងទំនាក់ទំនងរបស់ពួកគេជាមួយព្រះជាម្ចាស់)។ ចុះបើស្ថានភាពនេះនៅតែបន្តមាន តើអ្នករាល់គ្នាគិតថា ចុងក្រោយ បុគ្គលនេះនឹងគិតលែងចង់ជឿលើព្រះជាម្ចាស់តទៅទៀតដែរឬទេ? (ពួកគេនឹងគិត)។ តើវាមិនគួរឱ្យរន្ធត់ទេឬអី? (គួរឱ្យរន្ធត់)។ ប្រសិនបើបុគ្គលនេះមានបំណងអាក្រក់ចង់បោះបង់ជំនឿរបស់ខ្លួន នោះគឺជារឿងដ៏គួរឱ្យរន្ធត់បំផុត ព្រោះតែពួកគេបានក្បត់ព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់ខ្លួនរួចស្រេចទៅហើយ ហើយព្រះជាម្ចាស់នឹងមិនសង្រ្គោះមនុស្សបែបនេះឡើយ។

ក្នុងនាមជាអ្នកជឿព្រះ គេត្រូវតែថែរក្សាទំនាក់ទំនងធម្មតាជាមួយព្រះជាម្ចាស់។ នេះជាចំណុចសំខាន់បំផុត។ កាលណាទំនាក់ទំនងរបស់មនុស្សជាមួយព្រះជាម្ចាស់មានលក្ខណៈធម្មតា នោះពួកគេនឹងស្ថិតក្នុងសភាពល្អ ហើយកាលណាពួកគេមានសភាពអាក្រក់ នោះទំនាក់ទំនងរបស់ពួកគេជាមួយព្រះជាម្ចាស់ ក៏នឹងមិនធម្មតាដែរ។ ដួងចិត្តរបស់មនុស្សនឹងស្ថិតក្នុងស្ថានភាពពីរផ្ទុយគ្នាស្រឡះ ដោយអាស្រ័យលើថាតើពួកគេស្ថិតក្នុងសភាពល្អ ឬសភាពអាក្រក់ប៉ុណ្ណោះ។ កាលណាមនុស្សស្ថិតក្នុងសភាពល្អ នោះពួកគេនឹងមានកម្លាំងក្នុងចិត្តរបស់ខ្លួន ជាកម្លាំងមួយដែលជំរុញពួកគេមិនឱ្យចង់រៀបការ ចង់ដើរតាមព្រះជាម្ចាស់ដល់ទីបញ្ចប់ មិនថាពួកគេរងទុក្ខបែបណា និងបន្តស្ម័គ្រស្មោះចំពោះព្រះជាម្ចាស់រហូតដល់ទីបំផុត ពោលគឺរហូតដល់ស្លាប់។ តើការតាំងចិត្តបែបនេះកើតឡើងបានដោយរបៀបណា? (វាកើតចេញពីភាពខ្នះខ្នែងដែលមនុស្សមាន)។ តើព្រះជាម្ចាស់ទទួលយកភាពខ្នះខ្នែងនេះដែរឬទេ? តើការតាំងចិត្តបែបនេះជារឿងវិជ្ជមាន ឬជារឿងអវិជ្ជមាន? (ជារឿងវិជ្ជមាន)។ តើព្រះជាម្ចាស់ទទួលយករឿងវិជ្ជមានដែរឬទេ? (ទទួលយក)។ ព្រះជាម្ចាស់ពិនិត្យពិច័យដួងចិត្តរបស់មនុស្ស។ ទ្រង់ពិនិត្យពិច័យនូវអ្វីដែលមនុស្សគិតយ៉ាងជ្រាលជ្រៅនៅក្នុងដួងចិត្តរបស់ខ្លួន និងអ្វីដែលជាសភាពរបស់ពួកគេ។ ដូច្នេះ នៅពេលអ្នកសម្ដែងចេញបំណងប្រាថ្នា និងការតាំងចិត្តបែបនេះនៅក្នុងចិត្តរបស់អ្នក ព្រះជាម្ចាស់ក៏ពិនិត្យពិច័យផងដែរ។ តើការតាំងចិត្តនេះចេញមកពីណាដែរ? តើវាចេញមកពីលក្ខណៈពីធម្មជាតិ និងភាពឆេវឆាវរបស់មនុស្សឬ? (អត់ទេ វាត្រូវបានបញ្ចូលទៅក្នុងមនុស្សដោយកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ)។ ត្រឹមត្រូវ។ នៅពេលមនុស្សរស់នៅក្នុងសភាពត្រឹមត្រូវ នោះព្រះវិញ្ញាណបរិសុទ្ធប្រទានព្រះចេស្ដាបែបនេះដល់ពួកគេ ដែលអនុញ្ញាតឱ្យពួកគេមានការតាំងចិត្តបែបនេះ។ នេះគឺជារឿងវិជ្ជមាន ហើយត្រូវបានប្រទានដល់មនុស្សដោយព្រះវិញ្ញាណបរិសុទ្ធ ព្រោះតែកិច្ចសហការ និងការលះបង់របស់ពួកគេ។ តើមនុស្សអាចមានសេចក្តីជំនឿបែបនេះដោយខ្លួនឯងដែរឬទេ? ប្រាកដជាមិនអាចឡើយ មែនទេ? នៅពេលមនុស្សមានការតាំងចិត្តសហការតែបន្តិច នោះព្រះវិញ្ញាណបរិសុទ្ធប្រទានការជំរុញដ៏អស្ចារ្យបែបនេះដល់ពួកគេ! តាមរយៈការនេះ តើអ្នកមើលឃើញអ្វីខ្លះដែរឥឡូវ? (មនុស្សត្រូវតែបន្តនៅជាមួយព្រះជាម្ចាស់។ បើគ្មានព្រះជាម្ចាស់ទេ គឺមានតែសេចក្តីស្លាប់ប៉ុណ្ណោះ)។ «មនុស្សត្រូវតែបន្តនៅជាមួយព្រះជាម្ចាស់» ពិតជាត្រឹមត្រូវ។ នេះជាចំណេះដឹងមួយដែលទទួលបានចេញពីបទពិសោធ។ ប្រសិនបើអ្នកបើកចិត្តចំពោះព្រះជាម្ចាស់ បើអ្នកមានការតាំងចិត្តតែបន្តិច និងអាចអធិស្ឋានលាតត្រដាងដួងចិត្តរបស់អ្នកទូលប្រាប់ព្រះជាម្ចាស់ នោះទ្រង់នឹងប្រទានព្រះចេស្តានេះដល់អ្នក។ ព្រះចេស្តានេះនឹងនៅស្ថិតស្ថេរពេញមួយជីវិតអ្នក និងជួយឱ្យអ្នកមានការតាំងចិត្តដ៏ជ្រាលជ្រៅក្នុងការនិយាយថា៖ «ទូលបង្គំសូមថ្វាយជីវិតទាំងស្រុងដល់ព្រះជាម្ចាស់ ទូលបង្គំនឹងលះបង់ជីវិតទូលបង្គំសម្រាប់ទ្រង់ និងរស់នៅសម្រាប់ទ្រង់!» នេះជាការពិត។ នេះជារបៀបដែលមនុស្សគិត និងអ្វីដែលពួកគេចង់ធ្វើ។ ក៏ប៉ុន្តែ បើមនុស្សដើរតាមព្រះជាម្ចាស់ និងបំពេញភារកិច្ចរបស់ខ្លួន ដោយអាងលើគំនិត យោបល់ គុណសម្បត្តិ និងអំណោយទានផ្ទាល់ខ្លួន ពេលនោះ តើពួកគេនឹងមានកម្លាំងប៉ុនណាដែរ? ប្រសិនបើអ្នកមិនមានឆន្ទៈក្នុងការដេញតាមសេចក្តីពិតទេ នោះមិនថាអ្នកខំប្រឹងខ្លាំងបែបណាទេ ក៏គ្មានជោគជ័យឡើយ។ កម្លាំងខាងក្នុងនេះមិនអាចសម្រេចបានដោយមនុស្សទេ ពោលគឺ កម្លាំងនេះត្រូវបានប្រទានមកដោយព្រះជាម្ចាស់។ តើមនុស្សបាត់បង់កម្លាំងនេះដោយរបៀបណា? តើវាបង្កឡើងពីអ្វីដែរ? ពេលណាព្រះជាម្ចាស់លែងស្ថិតក្នុងដួងចិត្តរបស់ពួកគេ ពេលនោះ ព្រះចេស្ដានេះក៏រលាយបាត់ទៅដែរ។ កាលណាមនុស្សមានកម្លាំងនេះ នោះគឺជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ នេះជាព្រះចេស្ដាមួយដែលព្រះជាម្ចាស់ប្រទានដល់មនុស្ស ពោលគឺ នេះគឺជាកិច្ចការរបស់ព្រះជាម្ចាស់ទាំងស្រុងតែម្ដង។ ប្រសិនបើអ្នកបិទដួងចិត្តចំពោះព្រះជាម្ចាស់ បើអ្នកនិយាយថា «ទេ» ចំពោះព្រះជាម្ចាស់ ហើយអ្នកបដិសេធអធិបតេយ្យភាព និងការចាត់ចែងរបស់ទ្រង់ចំពោះជីវិតរបស់អ្នក ក៏ដូចជាបដិសេធមជ្ឈដ្ឋាន មនុស្ស ព្រឹត្តិការណ៍ និងអ្វីៗដែលព្រះអង្គបានរៀបចំទុកសម្រាប់អ្នក នោះអ្នកនឹងគ្មានដួងចិត្តចង់ដេញតាមសេចក្តីពិតឡើយ។ កាលណាមនុស្សបាត់បង់ព្រះជាម្ចាស់ វាពិតជាគួរឱ្យរន្ធត់ណាស់។ ការពិតគឺបែបនេះឯង។ អ្នកណាដែលបាត់បង់ព្រះជាម្ចាស់ អ្នកនោះគ្មានអ្វីឡើយ។ បើមនុស្សបិទដួងចិត្តចំពោះព្រះជាម្ចាស់ ពួកគេអាចមានមន្ទិលអំពីជំនឿលើព្រះជាម្ចាស់ ដែលពួកគេអាចបើកសម្ដែងបានគ្រប់ពេល និងគ្រប់ទីកន្លែង។ ផ្នែកដ៏គួរឱ្យរន្ធត់បំផុតនៃរឿងនេះគឺថា គំនិតទាំងនេះនឹងមានកាន់តែខ្លាំងឡើងៗ រហូតដល់កម្រិតមួយដែលពួកគេអាចថែមទាំងមានវិប្បដិសារីចំពោះការគ្រប់យ៉ាងដែលពួកគេបានបោះបង់ និងលះបង់ ហើយសោកស្ដាយចំពោះការតាំងចិត្តដែលពួកគេធ្លាប់មាន និងការរងទុក្ខដែលពួកគេបានស៊ូទ្រាំទៀតផង។ ស្ថានភាពរបស់ពួកគេនឹងខុសគ្នាស្រឡះពីស្ថានភាពមុនៗ ហាក់ដូចពួកគេជាមនុស្សម្នាក់ផ្សេងអ៊ីចឹង។ តើការនេះកើតឡើងបានយ៉ាងដូចម្ដេច? ប្រសិនបើបុគ្គលម្នាក់អាចចុះចូលចំពោះមនុស្ស ព្រឹត្តិការណ៍ អ្វីៗ និងមជ្ឈដ្ឋានដែលព្រះជាម្ចាស់បានកំណត់ទុកសម្រាប់ពួកគេ នោះពួកគេអាចរស់នៅយ៉ាងសុខសាន្ត និងយ៉ាងរីករាយ។ ប្រសិនបើពួកគេតែងតែព្យាយាមចង់រត់គេចចេញពីមនុស្ស ពីព្រឹត្តិការណ៍ និងអ្វីៗដែលព្រះជាម្ចាស់បានរៀបចំទុក ហើយមិនព្រមចុះចូលតាមមជ្ឈដ្ឋានដែលពួកគេស្ថិតនៅ ចុះចូលចំពោះអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ទេ តើវានឹងបង្កើតឱ្យមានស្ថានភាពអ្វីដែរ? (ការឈឺចាប់ និងភាពងងឹត)។ ពួកគេនឹងជួបភាពងងឹត ការឈឺចាប់ ការព្រួយបារម្ភឥតឈប់ និងការកើតទុក្ខ។ តើនេះមិនមែនជាភាពខុសគ្នាទាំងស្រុងទេឬ? (មែនហើយ)។ កាលណាមនុស្សរស់នៅក្នុងសភាពល្អ វាប្រៀបដូចជាការរស់នៅស្ថានសួគ៌ចំពោះព្រះជាម្ចាស់អ៊ីចឹង។ កាលណាមនុស្សរស់នៅក្នុងសភាពអាក្រក់ នោះសភាពរបស់ពួកគេនឹងកាន់តែខ្មៅងងឹតទៅៗ ហើយព្រះជាម្ចាស់នៅតែឈោងមិនដល់សម្រាប់ពួកគេដដែល។ ការរស់នៅក្នុងសភាពខ្មៅងងឹត គឺគ្មានខុសអ្វីពីការរស់នៅក្នុងស្ថាននរកឡើយ។ តើអ្នករាល់គ្នាធ្លាប់មានអារម្មណ៍រងទុក្ខនៅស្ថាននរកដែរឬទេ? តើវាជាអារម្មណ៍សប្បាយ ឬក៏ជាអារម្មណ៍ទ្រាំមិនបាន? (អារម្មណ៍ទ្រាំមិនបាន)។ តើអ្នកនឹងពណ៌នាអារម្មណ៍នេះក្នុងពាក្យមួយឃ្លាយ៉ាងដូចម្ដេចដែរ? (គឺអាក្រក់ជាងស្លាប់ទៅទៀត)។ ត្រឹមត្រូវ គឺអាក្រក់ជាងស្លាប់ទៅទៀត។ បើស្លាប់ទៅ គឺសប្បាយជាងការមានជីវិតរស់ទៅទៀត ព្រោះវារងទារុណកម្មខ្លាំងពេកហើយ។ អ្នកនិយាយបានល្អណាស់ ពោលគឺ វាមានលក្ខណៈបែបនេះឯង។

ការលំបាកទាំងអស់ដែលមនុស្សជួប រួមទាំងភាពអវិជ្ជមាន និងភាពទន់ខ្សោយគ្រប់យ៉ាងរបស់ពួកគេ សុទ្ធតែពាក់ព័ន្ធដោយផ្ទាល់ទៅនឹងនិស្ស័យពុករលួយរបស់ពួកគេ។ ប្រសិនបើនិស្ស័យពុករលួយរបស់ពួកគេ អាចត្រូវបានដោះស្រាយបាន គឺអាចនិយាយបានថា គ្រប់ទាំងការលំបាកនៅក្នុងសេចក្តីជំនឿរបស់ពួកគេ តិចឬច្រើន ក៏នឹងត្រូវបានដោះស្រាយផងដែរ៖ វានឹងគ្មានអ្វីរារាំងពួកគេមិនឱ្យស្វែងរកសេចក្តីពិតនោះទេ ពួកគេនឹងមិនជួបការលំបាកក្នុងការអនុវត្តសេចក្តីពិតឡើយ ហើយក៏នឹងគ្មានអ្វីរាំងស្ទះពួកគេមិនឱ្យចុះចូលនឹងព្រះជាម្ចាស់ផងដែរ។ ដូច្នេះ ការដោះស្រាយនិស្ស័យពុករលួយរបស់មនុស្ស ពិតជាសំខាន់ណាស់។ ការដែលព្រះជាម្ចាស់ស្នើសុំឱ្យមនុស្សដេញតាមសេចក្តីពិត និងធ្វើជាមនុស្សស្មោះត្រង់ គឺពាក់ព័ន្ធនឹងការដោះស្រាយនិស្ស័យពុករលួយ និងការសម្រេចបាននូវការផ្លាស់ប្ដូរនិស្ស័យ។ គោលដៅនៃការស្វែងរកសេចក្តីពិត គឺដើម្បីដោះស្រាយបញ្ហានៃនិស្ស័យពុករលួយ ហើយការដេញតាមសេចក្តីពិតត្រូវបានធ្វើឡើង ដើម្បីសម្រេចបាននូវការផ្លាស់ប្ដូរនិស្ស័យ។ ដូច្នេះ តើមនុស្សត្រូវស្វែងរកសេចក្តីពិតដោយរបៀបណាទៅ? តើមនុស្សអាចទទួលបានសេចក្តីពិតបានដោយរបៀបណា? មួយសន្ទុះនេះ តើខ្ញុំបាននិយាយអំពីអ្វីដែរ? (ការមានសេចក្តីជំនឿថា ព្រះជាម្ចាស់មានអធិបតេយ្យភាពលើអ្វីគ្រប់យ៉ាង និងចុះចូលចំពោះមជ្ឈដ្ឋានដែលព្រះជាម្ចាស់បានរៀបចំ)។ មែនហើយ ការមានសេចក្តីជំនឿ ចុះចូល ព្យាយាមរៀនសូត្រមេរៀន ស្វែងរកសេចក្តីពិត និងប្រកាន់ខ្ជាប់តាមភារកិច្ចរបស់អ្នកនៅក្នុងមជ្ឈដ្ឋានដែលព្រះជាម្ចាស់បានបង្កើតឡើង។ ប្រសិនបើអ្នកអាចរៀនសូត្រមេរៀនចេញពីមជ្ឈដ្ឋានដែលព្រះជាម្ចាស់បានបង្កើត តើអ្នកនឹងមិនងាយស្រួលក្នុងការចុះចូលទេឬអី? (វានឹងងាយស្រួល)។ នៅពេលអ្នកស្វែងរកសេចក្តីពិត និងរៀនសូត្រមេរៀន តើវាមិនពិតទេឬថា អ្នកនឹងគេចវេះក្នុងការបើកសម្ដែងនិស្ស័យពុករលួយ និងការពារខ្លួនមិនចង់លាតត្រដាងពីភាពឆេវឆាវរបស់អ្នក? ក្នុងអំឡុងនៃដំណើរការនេះ តើអ្នកនឹងមិនគេចវេះក្នុងការប្រើវិធីសាស្ត្រ និងការគិតបែបមនុស្ស ដើម្បីដោះស្រាយជាមួយមនុស្ស ព្រឹត្តិការណ៍ និងអ្វីៗដែលព្រះជាម្ចាស់បានរៀបចំសម្រាប់អ្នកទេឬ? បែបនេះ តើអ្នកនឹងមិនស្ថិតក្នុងសភាពធម្មតាទេឬ? ហើយនៅពេលអ្នកស្ថិតក្នុងសភាពធម្មតា តើអ្នកនឹងមិនអាចរស់នៅចំពោះព្រះជាម្ចាស់បានជានិច្ចទេឬ? ពេលនោះ អ្នកនឹងមានសុវត្ថិភាព។ ប្រសិនបើអ្នកអាចចូលមកចំពោះព្រះជាម្ចាស់បានញឹកញាប់ បន្តរស់នៅចំពោះទ្រង់បានជាប់លាប់ ស្វែងរកបំណងព្រះហឫទ័យទ្រង់បានជារឿយៗនៅក្នុងមជ្ឈដ្ឋានដែលទ្រង់បានរៀបចំសម្រាប់អ្នក ហើយចុះចូលចំពោះរាល់មនុស្ស ព្រឹត្តិការណ៍ និងអ្វីៗដែលទ្រង់បានរៀបចំ ពេលនោះ តើអ្នកនឹងមិនតែងតែរស់នៅក្រោមព្រះនេត្រព្រះជាម្ចាស់ និងក្រោមការមើលថែរបស់ទ្រង់ទេឬអី? (មែនហើយ)។ នៅពេលវាសនារបស់អ្នកស្ថិតក្រោមអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ និងត្រូវបានព្រះអង្គឃុំគ្រង និងគ្រប់គ្រង នៅពេលអ្នកទទួលបានការការពារពីព្រះជាម្ចាស់ជារៀងរាល់ថ្ងៃ តើអ្នកនឹងមិនក្លាយជាមនុស្សដែលមានក្ដីសុខបំផុតទេឬអី? (ត្រឹមត្រូវ)។ នេះជាចុងបញ្ចប់នៃការប្រកបគ្នារបស់យើងស្ដីពីប្រធានបទនេះហើយ។ ទៅថ្ងៃខាងមុខ អ្នករាល់គ្នាអាចប្រកបគ្នាជាមួយគ្នាអំពីប្រធានបទនេះបាន រួចធ្វើការសង្ខេប និងចែករំលែកការយល់ដឹងរបស់អ្នកអំពីប្រធានបទនេះ។ ចូរឈ្វេងយល់ពីវិធីរស់នៅជីវិតដ៏រីករាយ និងវិធីទទួលបាននូវការទទួលយកពីព្រះជាម្ចាស់ដូចជាយ៉ូប ដើម្បីឱ្យព្រះជាម្ចាស់រក្សាទុកអ្នកនៅក្នុងព្រះហឫទ័យទ្រង់ រួចទ្រង់មានបន្ទូលថា អ្នកគឺជាមនុស្សម្នាក់ដែលទ្រង់ស្រឡាញ់។ ចូរឈ្វេងយល់ពីរបៀបដើរលើផ្លូវត្រឹមត្រូវនៅក្នុងជីវិតដូចជាយ៉ូប ដែលជាការកោតខ្លាចព្រះជាម្ចាស់ និងគេចចេញពីសេចក្តីអាក្រក់។

ថ្ងៃទី ២៥ ខែមករា ឆ្នាំ២០១៧

ខាង​ដើម៖ លក្ខខណ្ឌទាំងប្រាំដែលត្រូវបំពេញ ដើម្បីដើរលើផ្លូវត្រឹមត្រូវនៃការជឿលើព្រះជាម្ចាស់

បន្ទាប់៖ ស្ដីពីការសហប្រតិបត្តិការគ្នាដោយចុះសម្រុង

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ