លក្ខខណ្ឌទាំងប្រាំដែលត្រូវបំពេញ ដើម្បីដើរលើផ្លូវត្រឹមត្រូវនៃការជឿលើព្រះជាម្ចាស់
មានបញ្ហាទូទៅមួយនៅក្នុងនិស្ស័យពុករលួយរបស់មនុស្ស ជាបញ្ហាទូទៅមួយដែលកើតមាននៅក្នុងភាពជាមនុស្សរបស់មនុស្សគ្រប់គ្នា ដែលជាបញ្ហាដ៏ធ្ងន់ធ្ងរបំផុតមួយ។ បញ្ហាទូទៅនេះ គឺជាផ្នែកដ៏ខ្សោយបំផុត និងស្លាប់រស់បំផុតនៃភាពជាមនុស្សរបស់ពួកគេ ហើយនៅក្នុងសារជាតិនៃធម្មជាតិរបស់ពួកគេ វាជារឿងដ៏លំបាកបំផុតក្នុងការជីកកកាយចេញ ឬផ្លាស់ប្ដូរ។ តើបញ្ហានេះគឺជាអ្វីដែរ? បញ្ហានេះគឺថា មនុស្សតែងតែចង់ក្លាយជាមនុស្សអស្ចារ្យ ចង់ក្លាយជាមហាមនុស្ស ជាមនុស្សឥតខ្ចោះ។ មនុស្សគឺជាភាវៈដែលព្រះបង្កើតមក។ តើភាវៈដែលព្រះបង្កើតមកអាចសម្រេចបានសព្វានុភាពដែរឬទេ? តើពួកគេអាចសម្រេចបានភាពគ្រប់លក្ខណ៍ និងភាពឥតខ្ចោះបានដែរឬទេ? តើពួកគេអាចសម្រេចបានភាពប៉ិនប្រសប់នៅក្នុងគ្រប់យ៉ាង យល់ដឹងគ្រប់រឿង មើលធ្លុះគ្រប់អ្វីៗ និងមានសមត្ថភាពធ្វើគ្រប់យ៉ាងបានដែរឬទេ? ពួកគេមិនអាចទេ។ ទោះជាយ៉ាងណាក៏ដោយ នៅក្នុងមនុស្សមាននិស្ស័យពុករលួយ និងចំណុចខ្សោយស្លាប់រស់មួយ។ ពេលដែលពួកគេរៀនពីជំនាញ ឬអាជីព នោះមនុស្សមានអារម្មណ៍ថា ពួកគេមានសមត្ថភាព ថាពួកគេគឺជាមនុស្សដែលមានឋានៈ និងមានតម្លៃ ហើយថាពួកគេជាមនុស្សមានវិជ្ជាជីវៈ។ មិនថាពួកគេពិសេសអស្ចារ្យបែបណាទេ ពួកគេសុទ្ធតែចង់តាំងខ្លួនជាបុគ្គលល្បីល្បាញ ឬអស្ចារ្យ ចង់ក្លាយជាបុគ្គលល្បីល្បាញ និងចង់ធ្វើឱ្យមនុស្សយល់ថា ពួកគេជាមនុស្សគ្រប់លក្ខណ៍ និងឥតខ្ចោះ ដោយគ្មានខ្វះចន្លោះសោះឡើយ។ ពួកគេចង់បានភាពល្បីល្បាញ ចង់មានអំណាច ឬចង់ក្លាយជាបុគ្គលអស្ចារ្យនៅក្នុងក្រសែភ្នែករបស់អ្នកដទៃ ហើយពួកគេចង់ក្លាយជាបុគ្គលខ្ពង់ខ្ពស់ មានអំណាចធ្វើអ្វីគ្រប់យ៉ាង និងគ្មានអ្វីដែលពួកគេមិនអាចធ្វើបាននោះទេ។ ពួកគេមានអារម្មណ៍ថា បើពួកគេស្វែងរកជំនួយរបស់អ្នកដទៃ នោះពួកគេនឹងហាក់ដូចជាគ្មានសមត្ថភាព ទន់ខ្សោយ និងអន់ជាងគេ ហើយថាមនុស្សនឹងមើលងាយពួកគេ។ ដោយសារហេតុផលនេះ ពួកគេតែងតែចង់បង្ហាញមុខ។ កាលណាសុំឱ្យគេធ្វើអ្វីមួយ មនុស្សខ្លះនិយាយថា ខ្លួនដឹងពីរបៀបធ្វើកិច្ចការនោះ ប៉ុន្តែតាមពិតទៅ ពួកគេមិនដឹងទេ។ ក្រោយមក ពួកគេលួចមើលស្ងាត់ៗ និងព្យាយាមរៀនសូត្រពីរបៀបធ្វើកិច្ចការនោះ ប៉ុន្តែបន្ទាប់ពីរៀនបានបួនដប់ថ្ងៃ ពួកគេនៅតែមិនយល់ពីរបៀបធ្វើកិច្ចការនោះដដែល។ នៅពេលសួរថា ពួកគេនឹងបំពេញកិច្ចការនោះនៅពេលណា ពួកគេនឹងឆ្លើយថា៖ «ឆាប់ៗ ឆាប់ៗ!» ប៉ុន្តែនៅក្នុងចិត្តវិញ ពួកគេគិតថា៖ «ខ្ញុំមិនចេះទេ ខ្ញុំគ្មានគំនិតទេ ខ្ញុំមិនដឹងធ្វើបែបណាទេ! ខ្ញុំមិនត្រូវឱ្យគេដឹងរឿងនេះឡើយ ខ្ញុំត្រូវតែបន្តធ្វើពុត ខ្ញុំមិនអាចឱ្យគេឃើញចំណុចខ្សោយ និងភាពអវិជ្ជារបស់ខ្ញុំទេ ខ្ញុំមិនអាចឱ្យគេមើលងាយខ្ញុំនោះឡើយ!» តើនេះជាបញ្ហាអ្វីដែរ? នេះជាបញ្ហាដ៏ធ្ងន់ធ្ងរបំផុតនៃការព្យាយាមកុំឱ្យបាក់មុខ ទោះក្នុងតម្លៃណាក៏ដោយ។ តើនេះជានិស្ស័យប្រភេទអ្វីដែរ? ភាពក្រអឺតក្រទមរបស់មនុស្សបែបនេះគ្មានដែនកំណត់ទេ ពួកគេគ្មានហេតុផលសោះឡើយ។ ពួកគេមិនចង់ធ្វើដូចអ្នកឯទៀតទេ ពួកគេមិនចង់ធ្វើជាមនុស្សធម្មតា ជាមនុស្សសាមញ្ញទេ ប៉ុន្តែពួកគេចង់ធ្វើជាមហាមនុស្ស ជាមនុស្សអស្ចារ្យ ឬមនុស្សសំខាន់។ នេះគឺជាបញ្ហាដ៏ធំ! ពាក់ព័ន្ធនឹងភាពទន់ខ្សោយ ចំណុចខ្វះខាត ភាពល្ងង់ខ្លៅ ភាពឆ្កួតឡប់ និងកង្វះការយល់ដឹងនៅក្នុងភាពជាមនុស្សធម្មតា នោះពួកគេនឹងបិទបាំងវាទាំងអស់ និងមិនឱ្យមនុស្សដទៃឃើញវាឡើយ ដូច្នេះហើយពួកគេក៏បន្តក្លែងបន្លំខ្លួន។ មនុស្សមួយចំនួនខ្វាក់ភ្នែកមើលមិនឃើញអ្វីទាំងអស់ ប៉ុន្តែនៅតែអះអាងថាខ្លួនមានការយល់ដឹងនៅក្នុងចិត្តរបស់ខ្លួនទៀត។ នៅពេលអ្នកសុំឱ្យពួកគេពន្យល់ ពួកគេមិនអាចពន្យល់បានទេ។ បន្ទាប់ពីមានអ្នកផ្សេងបានពន្យល់រួច ទើបពួកគេអះអាងថា ពួកគេក៏ចង់និយាយដូចគ្នាផងដែរ ប៉ុន្តែពួកគេនិយាយមិនទាន់។ ពួកគេធ្វើអ្វីគ្រប់យ៉ាងដែលពួកគេអាចធ្វើបាន ដើម្បីក្លែងខ្លួន និងព្យាយាមឱ្យគេមើលទៅថាខ្លួនជាមនុស្សល្អ។ តើអ្នករាល់គ្នានិយាយថា មនុស្សបែបនេះមិនរស់នៅក្នុងភាពរវើរវាយទេឬអី? តើពួកគេមិនកំពុងដេកស្រមៃទេឬ? ពួកគេមិនស្គាល់ខ្លួនជានរណាឡើយ ហើយក៏មិនដឹងពីរបៀបរស់នៅក្នុងភាពជាមនុស្សធម្មតានោះដែរ។ ពួកគេមិនធ្លាប់ប្រព្រឹត្តដូចជាមនុស្សជាក់ស្ដែងម្ដងណាឡើយ។ ប្រសិនបើអ្នករស់នៅបែបរវើរវាយ ច្របូកច្របល់ មិនធ្វើកិច្ចការជាក់ស្ដែង តែងតែរស់នៅតាមការស្រមើស្រមៃរបស់ខ្លួន ពេលនោះ អ្នកមានបញ្ហាហើយ។ មាគ៌ាជីវិតដែលអ្នកជ្រើសរើស គឺមិនត្រឹមត្រូវទេ។ ប្រសិនបើអ្នកធ្វើបែបនេះ នោះមិនថាអ្នកជឿលើព្រះជាម្ចាស់បែបណាទេ អ្នកនឹងមិនយល់ពីសេចក្ដីពិតឡើយ ហើយអ្នកក៏នឹងមិនអាចទទួលបានសេចក្ដីពិតដែរ។ និយាយតាមត្រង់ជាមួយអ្នកចុះ អ្នកមិនអាចទទួលបានសេចក្តីពិតឡើយ ព្រោះចំណុចចាប់ផ្ដើមរបស់អ្នក គឺខុសឆ្គងហើយ។ អ្នកត្រូវតែរៀនដើរលើដី និងដើរឱ្យបានជាប់លាប់ម្ដងមួយជំហានៗ។ ប្រសិនបើអ្នកអាចដើរបាន ចូរដើរចុះ។ កុំព្យាយាមរៀនពីរបៀបរត់នោះឡើយ។ ប្រសិនបើអ្នកអាចដើរបានម្ដងមួយជំហាន អ៊ីចឹង កុំព្យាយាមដើរម្ដងពីរជំហានឡើយ។ អ្នកត្រូវតែបោះជំហានឱ្យបានមាំនៅលើដី។ កុំព្យាយាមធ្វើជាមហាមនុស្ស ជាមនុស្សអស្ចារ្យ ឬខ្ពង់ខ្ពស់នោះឡើយ។ មនុស្សដែលត្រូវបានគ្រប់គ្រងដោយនិស្ស័យបែបសាតាំង មានមហិច្ឆតា និងបំណងប្រាថ្នាខ្លះនៅក្នុងពួកគេ ដែលលាក់កប់នៅក្នុងដួងចិត្តរបស់ពួកគេ។ ពួកគេមិនចង់រស់នៅក្នុងភាពជាក់ស្ដែងទេ ផ្ទុយទៅវិញ ពួកគេតែងតែចង់រត់ទៅលើអាកាស រស់នៅក្នុងភាពស្រពេចស្រពិល និងភាពរវើរវាយ។ តើពួកគេមិនកំពុងដេកស្រមៃទេឬអី? តើមនុស្សរស់នៅកណ្ដាលអាកាសឬ? នោះជាដែនគ្រប់គ្រងរបស់សាតាំង មិនមែនជាកន្លែងសម្រាប់មនុស្សរស់នៅទេ។ ព្រះជាម្ចាស់បានបង្កើតមនុស្សចេញពីធូលីដី។ ព្រះអង្គធ្វើឱ្យពួកគេរស់នៅលើដី រស់នៅតាមធម្មតា និងរស់នៅជាមួយក្បួនច្បាប់ រៀនចំណេះដឹងទូទៅអំពីរបៀបប្រព្រឹត្ត រៀនអំពីរបៀបធ្វើសកម្មភាព របៀបរស់នៅ និងរបៀបថ្វាយបង្គំទ្រង់។ ព្រះជាម្ចាស់មិនបានប្រទានឱ្យមនុស្សមានស្លាបហោះទេ ហើយទ្រង់ក៏មិនបណ្ដោយឱ្យពួកគេរស់នៅលើអាកាសនោះដែរ។ អ្នកដែលហោះហើរនៅលើអាកាស មិនមែនជាមនុស្សទេ ពោលគឺជាសាតាំង និងពួកវិញ្ញាណអាក្រក់គ្រប់ប្រភេទ។ ប្រសិនបើមនុស្សតែងតែមានមហិច្ឆតាបែបនេះ តែងតែចង់ក្លាយជាមហាមនុស្ស ចង់ផ្លាស់ប្ដូរជាអ្វីមួយផ្សេង នោះពួកគេកំពុងមានបញ្ហាហើយ។ វាងាយស្រួលនឹងឈ្លក់វង្វេងខ្លាំងណាស់! ដំបូង អ្នកមានគំនិត និងយោបល់ខុសហើយ។ គំនិតនេះចេញមកពីសាតាំង ជាគំនិតហួសពីការពិតទាំងស្រុង មិនស្របតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់សោះឡើយ និងហួសពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងស្រុង។ ដូច្នេះ តើគំនិតនេះគឺជាអ្វីដែរ? គំនិតនោះគឺជាការតែងតែចង់រួចពីភាពឆ្មើងឆ្មៃ ចង់លេចធ្លោ គ្មានមិត្តភក្តិ ពូកែគ្មានគូប្រៀប ចង់មានជោគជ័យខ្លាំង ចង់ល្បីល្បាញ និងខ្ពង់ខ្ពស់ ក្លាយជាអាយដលនៅក្នុងដួងចិត្តរបស់មនុស្ស។ តើទាំងនេះគឺជាគោលដៅដែលមនុស្សគួរតែដេញតាមដែរឬទេ? ប្រាកដជាមិនឡើយ។ នៅក្នុងចំណោមព្រះបន្ទូលរបស់ព្រះជាម្ចាស់ គ្មានព្រះបន្ទូលណាដែលប្រាប់មនុស្សឱ្យស្វះស្វែងក្លាយជាមហាមនុស្ស ជាបុរសខ្លាំង ជាតារាល្បីល្បាញ ឬជាបុគ្គលអស្ចារ្យនោះឡើយ។ ក្នុងចំណោមអ្វីៗទាំងនេះ គ្មានអ្វីមួយដែលមនុស្សស្រមើស្រមៃ នឹងក្លាយជាការពិត និងកើតឡើងលេចជារូបរាងនោះទេ។ ការដេញតាមអ្វីៗទាំងនេះ គឺជាការជីករណ្ដៅកប់ខ្លួនឯង ពោលគឺ កាលណាអ្នកដេញតាមអ្វីៗទាំងនេះកាន់តែច្រើន អ្នកនឹងកាន់តែឆាប់ស្លាប់។ នេះជាផ្លូវទៅរកសេចក្តីអន្តរាយ។
ដោយសារតែព្រះជាម្ចាស់បានមានបន្ទូលជាច្រើន តើអ្នករាល់គ្នាដឹងថា ព្រះអង្គមានសេចក្តីតម្រូវអ្វីខ្លះសម្រាប់ឥរិយាបថរបស់មនុស្សដែរទេ? (ព្រះអង្គចង់ឱ្យពួកគេប្រព្រឹត្តខ្លួនដោយមានសតិ។) (ព្រះអង្គចង់ឱ្យពួកគេប្រព្រឹត្តខ្លួន និងប្រព្រឹត្តបែបជាក់ស្ដែង ដោយយកចិត្តទុកដាក់ និងមិនទាញការចាប់អារម្មណ៍។) ទោះបីពាក្យពីរបីម៉ាត់នេះហាក់សាមញ្ញក៏ដោយ ក៏មនុស្សភាគច្រើនមិនអាចសម្រេចបាននោះដែរ ពោលគឺមានតែមនុស្សស្មោះត្រង់ប៉ុណ្ណោះ ទើបមានសមត្ថភាពអាចធ្វើបាន។ តាមពិតទៅ មិនថាអ្នករាល់គ្នាសម្ដែងចេញបែបណាទេ ជារួមមក ព្រះជាម្ចាស់តម្រូវឱ្យមនុស្សធ្វើជាមនុស្សស្មោះត្រង់។ មានតែមនុស្សស្មោះត្រង់ទេ ទើបអាចប្រព្រឹត្តខ្លួនដោយមានសតិ ប្រព្រឹត្តបែបជាក់ស្ដែង មិនទាញការចាប់អារម្មណ៍ និងយកចិត្តទុកដាក់បាន ដូច្នេះ ការធ្វើជាមនុស្សស្មោះត្រង់ គឺត្រឹមត្រូវ ហើយព្រះជាម្ចាស់សព្វព្រះទ័យនឹងមនុស្សស្មោះត្រង់។ ព្រះជាម្ចាស់ស្អប់ខ្ពើមមនុស្សបោកបញ្ឆោត។ អ្នកដែលមិនប្រព្រឹត្តខ្លួនដោយមានសតិ អ្នកដែលមិនប្រព្រឹត្តបែបជាក់ស្ដែង អ្នកនោះជាមនុស្សបោកបញ្ឆោត។ ពេលនិយាយបែបនេះ តើអ្នកយល់ដែរឬទេ? ដូច្នេះ សូមប្រាប់ខ្ញុំម្ដងទៀតមើល៍ ក្រៅពីតម្រូវឱ្យពួកគេធ្វើជាមនុស្សស្មោះត្រង់ តើព្រះជាម្ចាស់មានសេចក្តីតម្រូវអ្វីផ្សេងទៀតចំពោះមនុស្សដែរឬទេ? (ពួកគេត្រូវតែបន្ទាបខ្លួន។) អ្នករាល់គ្នានិយាយថា «បន្ទាបខ្លួន» តើវាសមហេតុផលដែរឬទេក្នុងការប្រើពាក្យនេះ ដើម្បីពណ៌នាពីមនុស្ស? (វាមិនសមហេតុផលនោះទេ។) ហេតុអ្វីបានជាមិនសមហេតុផល? មនុស្សជាតិ ដែលត្រូវបានសាតាំងធ្វើឱ្យពុករលួយ ពីដើមមក គ្មានឋានៈអ្វីទេ។ ពីដើមមក ពួកគេអន់ជាងសត្វដង្កូវទៅទៀត ដូច្នេះ តើពួកគេអាចបន្ទាបខ្លួនខ្លាំងប៉ុនណាទៀតទៅ? ប្រសិនបើពួកគេបន្ទាបខ្លួនថែមទៀត តើពួកគេនឹងក្លាយជាបែបណាទៅ? តើពួកគេមិនក្លាយជាអារក្ស ឬសត្វតិរច្ចានទៅហើយទេឬ? មនុស្សត្រូវបានព្រះជាម្ចាស់បង្កើតមក ហើយអស់អ្នកដែលត្រូវបានព្រះជាម្ចាស់បង្កើតមក មានសភាវគតិជាមនុស្ស។ មនុស្សទាំងអស់អាចសម្រេចនូវអ្វីៗដែលពួកគេគួរតែមាន ដែលទាំងអស់នេះជាផ្នែកនៃឥរិយាបថ និងការបង្ហាញចេញជាធម្មតារបស់ពួកគេ។ ដំបូង ចូរយើងនិយាយអំពីសេចក្តីសុខ កំហឹង ទុក្ខសោក និងអំណរ ជាអារម្មណ៍មួយចំនួនដែលមនុស្សមានជាមុនសិន។ នៅពេលមនុស្សកើតទុក្ខ ឬពិបាកចិត្ត ការបង្ហាញចេញជាទូទៅបំផុត គឺជាការយំ។ វាជាការបង្ហាញចេញពីធម្មជាតិនៃភាពជាមនុស្សធម្មតា។ នៅពេលអ្នកកើតទុក្ខ ឬឈឺចាប់ អ្នកអាចយំសម្រក់ទឹកភ្នែកបាន។ កុំធ្វើពុតឡើយ។ មនុស្សខ្លះនិយាយថា៖ «ខ្ញុំមិនយំទេ ខ្ញុំជាមនុស្សរឹងមាំ ហើយបុរសពិតមិនយំដោយងាយៗទេ!» អ្នកផ្សេងទៀតនិយាយថា៖ «ទោះបីខ្ញុំជាស្ត្រីក៏ដោយ ក៏ខ្ញុំខំតាំងចិត្តដែរ។ ខ្ញុំត្រូវតែរឹងមាំដូចបុរស។ ខ្ញុំនឹងក្លាយជាវីរនារី មិនមែនធ្វើជាស្ត្រីទន់ជ្រាយនោះទេ»។ តើការគិតបែបនេះត្រឹមត្រូវដែរឬទេ? តើនេះជាភាពជាមនុស្សបែបណាដែរ? នេះជាការធ្វើពុត។ វាមិនមែនជាការពិតទេ។ ការធ្វើពុត មិនមែនជាការបង្ហាញចេញនូវភាពជាមនុស្សធម្មតាឡើយ។ ផ្ទុយទៅវិញ វាជាការសម្ដែងបែបក្លែងក្លាយទៅកាន់អ្នកដទៃ ដែលបំភ្លៃភាពជាមនុស្សធម្មតាទាំងស្រុង។ ដូច្នេះ នៅពេលមនុស្សមានរឿងកើតទុក្ខ ឬរឿងព្រួយបារម្ភ នៅពេលពួកគេដកដង្ហើមធំ នៅពេលពួកគេមានរឿងហេតុធ្ងន់ធ្ងរ ឬនៅពេលពួកគេមិនចង់ញ៉ាំអាហារ អ្វីៗទាំងអស់នេះ គឺជាការបង្ហាញចេញនូវភាពជាមនុស្សធម្មតា ដែលគ្មាននរណាម្នាក់អាចបិទបាំងបានឡើយ។ នៅពេលនរណាម្នាក់ជួបរឿងល្អ ពួកគេញញឹម ដែលនេះក៏ជាការបង្ហាញចេញបែបធម្មតាដែរ។ មនុស្សខ្លះមិនហ៊ានសើចខ្លាំងៗទេ នៅពេលពួកគេសប្បាយចិត្ត។ ពួកគេតែងតែបិទមាត់លាក់ស្នាមញញឹមរបស់ខ្លួនជានិច្ច ព្រោះពួកគេខ្លាចមនុស្សសើចចំអក។ (វាមិនធម្មតាទេ។) នេះក៏ជាការធ្វើពុតដែរ។ ពួកគេគិតថា ស្ត្រីៗមិនអាចសើចនៅទីសាធារណៈចំពោះមុខមនុស្សជាច្រើនបានទេ ហើយជាពិសេស ពួកគេមិនអាចបង្ហាញធ្មេញរបស់ខ្លួនបានឡើយ បើមិនដូច្នោះទេ មនុស្សនឹងមើលងាយ ឬក៏ស្អប់ខ្ពើមពួកគេមិនខាន ដូច្នេះ ពួកគេត្រូវតែចេះទប់ចិត្តខ្លួនឯង ហើយពួកគេមិនអាចធ្វើរឡិករឡក់បាននោះឡើយ។ នេះជាលទ្ធផលចេញពីការអប់រំបែបវប្បធម៌ប្រពៃណីចិន។ នៅក្នុងមនុស្សដែលមានសេចក្តីសុខ មានកំហឹង ទុក្ខសោក និងអំណរដែលមិនធម្មតា អ្នកដទៃមើលមិនឃើញការបង្ហាញចេញ ឬតម្រូវការនៃភាពជាមនុស្សធម្មតារបស់ពួកគេឡើយ។ តើមនុស្សបែបនេះជាមនុស្សធម្មតាដែរទេ? (ពួកគេមិនមែនជាមនុស្សធម្មតាទេ។) តើមិនមានអ្វីមួយនៅក្នុងគំនិតរបស់ពួកគេ ដែលគ្រប់គ្រងពួកគេទេឬអី? មនុស្សត្រូវបានសាតាំងធ្វើឱ្យពុករលួយយ៉ាងខ្លាំងបំផុត។ វាក្លាយជាបែបនេះរួចទៅហើយ។ ពួកគេដូចជាបិសាចជាជាងជាមនុស្ស។ នេះគឺជារូបរាងរបស់មនុស្សដែលត្រូវបានត្រួតត្រាដោយធម្មជាតិបែបអារក្ស។ ពួកគេក្លែងក្លាយទាំងស្រុង ហើយពួកគេធ្វើពុតច្រើនពេកហើយ។ ហេតុអ្វីបានជាមនុស្សដែលបានជឿលើព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំ ពិបាកផ្លាស់ប្ដូរខ្លាំងម្ល៉េះ? ក្នុងន័យម្យ៉ាង នោះព្រោះតែមនុស្សមិនមានចំណេះដឹងត្រឹមត្រូវ ឬមានទស្សនៈច្បាស់លាស់អំពីផ្លូវ គោលការណ៍ ទិសដៅ និងគោលដៅនៃការធ្វើជាមនុស្សធម្មតា ហើយពួកគេក៏គ្មានទស្សនៈច្បាស់លាស់អំពីផ្លូវក្នុងការដេញតាមសេចក្តីពិតផងដែរ។ ក្នុងន័យម្យ៉ាងទៀត មនុស្សបែបនេះគឺជាមនុស្សល្ងីល្ងើ។ ទោះបីពួកគេរស់នៅដល់អាយុសែសិបឆ្នាំ ឬហាសិបឆ្នាំក៏ដោយ ក៏ពួកគេគ្មានដឹងអ្វីសោះអំពីរបៀបក្លាយជាមនុស្សស្មោះត្រង់ ឬក៏ដឹងអំពីសេចក្តីតម្រូវណាខ្លះដែលពួកគេត្រូវបំពេញ ដើម្បីរស់នៅក្នុងភាពជាមនុស្សធម្មតាដែរ។ នេះព្រោះតែវប្បធម៌ប្រពៃណីបានចាក់ឫសយ៉ាងជ្រៅនៅក្នុងចិត្តរបស់មនុស្ស ហើយពួកគេតែងតែចង់ធ្វើពុតថា ពួកគេជាមនុស្សបរិសុទ្ធអស្ចារ្យដែលពួកគេបានស្រមៃចង់ក្លាយជា ដែលការនេះធ្វើឱ្យពួកគេមានការយល់ដឹងអំពីអ្វីៗនៅក្នុងរបៀបបែបលម្អៀង ឆោតល្ងង់ និងចម្លែក។ នៅក្នុងចំណោមអ្នករាល់គ្នា តើមានមនុស្សបែបនេះដែរឬទេ? មនុស្សខ្លះមិនដែលបើកចិត្តប្រាប់អ្នកដទៃទេ ហើយក៏មិនដឹងពីរបៀបនិយាយអំពីគំនិតក្នុងចិត្តរបស់ខ្លួនដែរ។ ពួកគេធ្វើដូចខ្លួនគ្មានការលំបាក ធ្វើដូចខ្លួនមិនដែលអវិជ្ជមាន ឬទន់ខ្សោយ ធ្វើដូចខ្លួនមិនដែលមានការលំបាកជាមួយច្រកចូលទៅក្នុងជីវិតអ៊ីចឹង។ ពួកគេមិនបាច់ស្វែងរកអ្វីមួយ ឬប្រកបគ្នាជាមួយអ្នកដទៃ មិនត្រូវការការប្រកបគ្នា ការផ្គត់ផ្គង់ ជំនួយ ឬការជួយពីនរណាម្នាក់ឡើយ។ ពួកគេធ្វើដូចខ្លួនយល់អ្វីៗទាំងអស់ដោយខ្លួនឯង និងអាចដោះស្រាយគ្រប់រឿងបានអ៊ីចឹង។ នៅពេលនរណាសួរពួកគេថាតើពួកគេធ្លាប់អវិជ្ជមានពីមុនមកទេ ពួកគេឆ្លើយថា៖ «ខ្ញុំអវិជ្ជមានយូរៗម្ដង ប៉ុន្តែខ្ញុំំគ្រាន់តែអធិស្ឋានទៅព្រះជាម្ចាស់ ធ្វើការតាំងចិត្ត និងស្បថស្បែប៉ុណ្ណោះ បន្ទាប់មក ខ្ញុំនឹងប្រសើរវិញហើយ»។ តើនេះជាមនុស្សបែបនេះដែរ? ពីសម្បកក្រៅ មនុស្សបែបនេះហាក់មិនមានច្រើនឡើយ ប៉ុន្តែតាមពិតទៅ មនុស្សដែលមានសភាពបែបនេះ មានច្រើនណាស់។ សព្វថ្ងៃនេះ មនុស្សបែបនេះមិនដឹងពីអត្ថន័យនៃការជឿលើព្រះជាម្ចាស់ទេ។ ពួកគេគិតថា ការជឿលើព្រះជាម្ចាស់ គ្រាន់តែជាការទទួលស្គាល់ទ្រង់ និងធ្វើជាមនុស្សល្អប៉ុណ្ណោះ ហើយនៅថ្ងៃណាមួយ ពួកគេនឹង «មានជីវិតអមតៈ និងទទួលបានផ្លូវ» ហើយចូលទៅក្នុងនគរស្ថានសួគ៌ ដូចពុទ្ធសាសនិកនិយាយអំពីការរួចផុតពីចំណង់ និងតណ្ហារបស់មនុស្ស ឬការមានចិត្តបរិសុទ្ធ និងមានចំណង់កាន់តែតិចអ៊ីចឹង។ ពួកគេឧស្សាហ៍ព្យាយាមក្នុងការធ្វើការ និងខំប្រឹងដើរតាមទិសដៅនេះ ប៉ុន្តែតើនេះជាការជឿលើព្រះជាម្ចាស់ឬ? សូម្បីតែពេលនេះ ពួកគេមិនដឹងថាការជឿលើព្រះជាម្ចាស់ជាអ្វី មិនដឹងថាពួកគេគួរតែដេញតាមអ្វី ឬថាពួកគេគួរតែក្លាយជាមនុស្សបែបណាផង។ មិនថាពួកគេស្ដាប់សេចក្តីអធិប្បាយជាច្រើនអំពីសេចក្តីពិតក៏ដោយ ក៏គោលដៅដែលពួកគេដេញតាម និងទស្សនៈរបស់ពួកគេអំពីការជឿលើព្រះជាម្ចាស់ មិនបានផ្លាស់ប្ដូរដែរ។ បញ្ហាគឺនៅត្រង់នេះ! ប្រសិនបើអ្នកមិនទាំងយល់អំពីអត្ថន័យនៃការជឿលើព្រះជាម្ចាស់ផង ពេលនោះ តើអ្នកអាចដឹងថា ព្រះជាម្ចាស់របស់អ្នកជានរណាដែរទេ? ប្រសិនបើអ្នកមិនទាំងយល់អំពីអត្ថន័យនៃការជឿលើព្រះជាម្ចាស់ផង ពេលនោះ តើអ្នកអាចដេញតាមសេចក្តីពិតបានដែរឬទេ? តើមនុស្សដែលគ្មានចំណេះដឹងសោះអំពីនិមិត្តនៃការជឿលើព្រះជាម្ចាស់ អាចស្រឡាញ់សេចក្តីពិតបានដែរឬទេ? អ្នកណាដែលមិនយល់ពីនិមិត្តនៃការជឿលើព្រះជាម្ចាស់ អ្នកនោះក៏មិនអាចទទួលបានសេចក្តីពិតដែរ។ ការសួរមនុស្សបែបនេះថាតើពួកគេស្រឡាញ់សេចក្តីពិតឬអត់ គឺជារឿងឥតប្រយោជន៍។ ពួកគេមិនយល់ពីអត្ថន័យនៃការជឿលើព្រះជាម្ចាស់ ឬការដេញតាមសេចក្តីពិតឡើយ។ ពួកគេមិនយល់ពីសេចក្តីទាំងនេះទេ។ មិនថាពួកគេបានជឿលើព្រះជាម្ចាស់អស់រយៈពេលបីឬប្រាំឆ្នាំ ប្រាំបី ឬដប់ឆ្នាំក៏ដោយ ក៏គ្មានអ្នកណាម្នាក់យល់ពីសេចក្តីពិតដែរ។ គ្រប់យ៉ាងដែលពួកគេដឹងគឺថា ការជឿលើព្រះជាម្ចាស់ គឺដើម្បីធ្វើជាមនុស្សល្អ ធ្វើអំពើល្អ សប្បុរស និងធ្វើទាន ហើយពួកគេគិតថា របៀបរស់នៅបែបនេះ គឺមានកិត្តិយស។ តើទស្សនៈនេះមិនរាក់កំផែល និងហួសសម័យពេកទេឬអី? ទស្សនៈនេះមិនស្របតាម និងមិនពាក់ព័ន្ធសោះឡើយនឹងសេចក្តីពិតនៃការជឿលើព្រះជាម្ចាស់។ អ្នកណាដែលបានជឿលើព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែនៅតែប្រកាន់យកការជឿលើព្រះជាម្ចាស់ ដោយមានទស្សនៈ គំនិត និងវិធីសាស្ត្របែបអ្នកមិនជឿ បែបពុទ្ធសាសនិក និងអ្នកកាន់សាសនាតាវ អ្នកនោះគឺជាអ្នកដែលពឹងអាងលើសញ្ញាណ និងការស្រមើស្រមៃបែបប្រពៃណី ដើម្បីជឿលើព្រះជាម្ចាស់ ជាអ្នកដែលមានជំនឿខុសឆ្គងថា ពួកគេមានការយល់ដឹងបរិសុទ្ធ ដែលគិតថា ការជឿលើព្រះជាម្ចាស់បែបនេះ គឺជាវិធីតែមួយគត់ ដើម្បីដេញតាមសេចក្តីពិត។ តើពួកគេមិនកំពុងកុហកខ្លួនឯងទេឬអី?
ប្រជាជនចិនមានសាវតារវប្បធម៌ប្រពៃណ៌ជាអ្នកកាន់សាសនាតាវ និងសាសនាព្រះពុទ្ធ។ ស្ថិតក្រោមសាវតារសង្គមប្រពៃណីដ៏ខ្លាំងនេះ ប្រជាជនចិនពិតជាពិបាកខ្លាំងណាស់ក្នុងការរំដោះគំនិតខ្លួនចេញពីជំនឿទាំងនេះ ដូច្នេះ នៅពេលប្រជាជនចិនលើកឡើងពីជំនឿលើព្រះជាម្ចាស់ រឿងដំបូងដែលពួកគេគិតដល់ គឺជាទស្សនៈបែបពុទ្ធសាសនិក និងតាវសាសនិកអំពីការក្លាយជាអ្នកញ៉ាំបួស និងបន់ស្រន់ទៅព្រះពុទ្ធ ការមិនសម្លាប់សត្វ ការថ្វាយទេយ្យទាននិងការធ្វើអំពើល្អ ការជួយអ្នកដទៃ ការមិនវាយប្រហារ ឬស្រែកដាក់អ្នកដទៃ ការមិនសម្លាប់មនុស្ស ឬការមិនដុតបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ការធ្វើជាមនុស្សល្អ ។ល។ បើដូច្នេះ តើវាត្រូវការពេលប៉ុន្មានទៅ ដើម្បីឱ្យមនុស្សម្នាក់អាចរួចពីជំនឿទាំងនេះ ហើយយល់ពីអត្ថន័យពិតប្រាកដអំពីការជឿលើព្រះជាម្ចាស់? តើមនុស្សត្រូវដេញតាមការយល់ដឹងអំពីសេចក្តីពិតអ្វីខ្លះ ដើម្បីកែតម្រូវទាំងស្រុងនូវគំនិត និងសញ្ញាណខុសឆ្គងទាំងនេះ ដើម្បីលុបបំបាត់ទាំងស្រុងនូវជំនឿទាំងនេះ? មានតែតាមរយៈការយល់ដឹងយ៉ាងពិតប្រាកដពីសេចក្តីតម្រូវរបស់ព្រះជាម្ចាស់ និងមានតែតាមរយៈការជឿលើព្រះជាម្ចាស់ស្របតាមគោលការណ៍នៃសេចក្តីពិតប៉ុណ្ណោះ ទើបមនុស្សអាចដើរលើផ្លូវត្រឹមត្រូវនៃការជឿលើព្រះជាម្ចាស់បាន។ ពេលនោះ ទើបជីវិតនៃការជឿលើព្រះជាម្ចាស់របស់ពួកគេចាប់ផ្ដើមជាផ្លូវការ។ ប្រសិនបើមនុស្សនៅតែមានអបិយជំនឿបែបសក្ដិភូមិនៅក្នុងចិត្តរបស់ខ្លួន ឬមានសញ្ញាណ ការស្រមើស្រមៃ និងក្បួនច្បាប់ខាងសាសនាប្រពៃណី ពេលនោះ សេចក្តីទាំងប៉ុន្មានដែលពួកគេរក្សាទុកនៅក្នុងចិត្តរបស់ខ្លួន គឺជាអ្វីដែលព្រះជាម្ចាស់ខ្ពើមរអើម និងស្អប់ខ្ពើមខ្លាំងបំផុត។ ពួកគេត្រូវតែស្វែងរកសេចក្តីពិត ឈ្វេងយល់ពីសេចក្តីទាំងនេះ ហើយក្រោយមក ត្រូវលះបង់ចោលទាំងស្រុង។ មានតែមនុស្សដែលស្រឡាញ់សេចក្តីពិតប៉ុណ្ណោះ ទើបអាចទទួលបានកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ។ នេះគឺជារឿងជាក់ច្បាស់។ ប្រសិនបើអ្នកមិនផ្អែកជំនឿរបស់អ្នកលើព្រះជាម្ចាស់លើសេចក្តីពិតនៃព្រះបន្ទូលរបស់ទ្រង់ទេ នោះអ្នកនឹងមិនអាចទទួលបានព្រះពររបស់ទ្រង់ឡើយ។ នៅពេលមនុស្សបានដើរលើផ្លូវត្រឹមត្រូវនៃការជឿលើព្រះជាម្ចាស់ នៅពេលពួកគេឆ្លងផុតច្រកទ្វារនោះ សភាពខាងក្នុងរបស់ពួកគេមានការផ្លាស់ប្ដូរមួយ។ ដំបូង គំនិត និងទស្សនៈរបស់ពួកគេ មិនមែនជាការបំភាន់ភ្នែកមនុស្សទៀតទេ ប៉ុន្តែជាការពិត។ សភាព គំនិត និងយោបល់របស់ពួកគេ មិនមែនឥតខ្លឹមសារនោះទេ ប៉ុន្តែស្របតាមសេចក្តីពិត ពោលគឺស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ទាំងស្រុង។ គោលដៅ និងទិសដៅ ដែលពួកគេដេញតាម មិនមានលក្ខណៈជាគោលលទ្ធិ មិនអាចសម្រេចបាន ឬមើលមិនឃើញនោះទេ ផ្ទុយទៅវិញ វាជាអ្វីមួយដែលវិជ្ជមាន ស្របតាមសេចក្តីតម្រូវរបស់ព្រះជាម្ចាស់ និងជាទីគួរឱ្យសរសើរពីសំណាក់ព្រះជាម្ចាស់។ សភាពទាំងមូលរបស់ពួកគេ គំនិត និងយោបល់របស់ពួកគេ សុទ្ធតែជាក់ស្ដែង និងពិតប្រាកដ។ សព្វថ្ងៃនេះ អ្នកជឿលើព្រះជាម្ចាស់ ដូច្នេះ តើគំនិតរបស់អ្នកនៅឯណាដែរ? ប្រសិនបើអ្នកនៅតែអណ្ដែតអណ្ដូងនៅលើអាកាស ដោយគ្មានទិសដៅច្បាស់លាស់ ប្រសិនបើអ្នកនៅមានគំនិតជាច្រើនដែលមិនឆ្លើយតបនឹងការពិត ហើយបើអ្នកនៅមានគំនិតបែបគោលលទ្ធិឥតខ្លឹមសារជាច្រើន ដែលពេញដោយយោបល់ សញ្ញាណ និងការស្រមើស្រមៃគ្រប់បែបយ៉ាងរបស់មនុស្ស ពេលនោះ អ្នកនៅកំពុងរស់នៅលើអាកាសវេហានៃការស្រមើស្រមៃ មិនទាន់បានចុះផ្ទាល់ដីនៅឡើយទេ។ វាពិតជាគ្រោះថ្នាក់ណាស់ ព្រោះថាអ្វីដែលអ្នកគិត អ្វីដែលអ្នកធ្វើ និងគោលដៅដែលអ្នកដេញតាមនៅក្នុងចិត្តរបស់អ្នក គ្មានពាក់ព័ន្ធនឹងសេចក្តីពិតនៃការជឿលើព្រះជាម្ចាស់ ឬស្របតាមសេចក្តីតម្រូវរបស់ព្រះជាម្ចាស់ឡើយ ពោលគឺសូម្បីតែបន្តិចក៏គ្មានផង។ ដូច្នេះ តើអ្នកប្រព្រឹត្តដោយឈរលើមូលដ្ឋានអ្វីដែរ? អ្នកប្រព្រឹត្តដោយឈរលើមូលដ្ឋាននៃបទពិសោធបែបសង្ខេបៗរបស់មនុស្ស ទស្សនវិជ្ជាបែបលោកីយ៍ ក៏ដូចជាអ្វីៗដែលអ្នករៀនសូត្រពីសង្គម ពីក្រុមគ្រួសាររបស់អ្នក និងពីកាលៈទេសៈគ្រប់បែបយ៉ាង ព្រមទាំងអ្វីៗដែលអ្នកស្រមៃគិត និងសង្ខេបនៅក្នុងគំនិតរបស់អ្នក។ ឧទាហរណ៍ នៅពេលមានរឿងអ្វីមួយកើតឡើងចំពោះអ្នក អ្នកប្រព្រឹត្តតាមរបៀបដែលអ្នកគិតថា អ្នកគួរតែប្រព្រឹត្ត ហើយអ្នកគិតថា ការធ្វើបែបនេះ គឺស្របតាមសេចក្តីពិត ហើយអ្វីដែលអ្នកគិតថាត្រឹមត្រូវនិងវិជ្ជមាននោះ គឺជាសេចក្តីពិត។ នៅថ្ងៃណាមួយ នៅពេលអ្នកដើរដល់ផ្លូវទ័ល ឬត្រូវគេដោះស្រាយជាមួយ ពេលនោះ អ្នកនឹងទទួលស្គាល់ថា ទង្វើ គំនិត និងយោបល់របស់អ្នក សុទ្ធតែជាការស្រមើស្រមៃ និងសញ្ញាណរបស់មនុស្ស ដែលមិនស្របតាមគោលការណ៍នៃសេចក្តីពិតសោះឡើយ។ គឺអាចនិយាយបានថា មុនពេលមនុស្សម្នាក់បានចូលជាផ្លូវការនៅលើផ្លូវត្រឹមត្រូវនៃការជឿលើព្រះជាម្ចាស់ កិច្ចការជាច្រើនដែលពួកគេធ្វើ មិនពាក់ព័ន្ធនឹងគោលការណ៍នៃសេចក្តីពិតឡើយ។ វាចេញមកពីគំនិត និងការស្រមើស្រមៃរបស់មនុស្ស ឬចំណង់ចំណូលចិត្ត សេចក្តីក្លៀវក្លា និងអំណាចឆន្ទៈរបស់ពួកគេ ឬចេញពីបំណងល្អនិងសេចក្តីសង្ឃឹម ឬថែមទាំងបំណងប្រាថ្នារបស់ពួកគេប៉ុណ្ណោះ។ សេចក្តីទាំងអស់នេះ គឺជាចំណុចចាប់ផ្ដើម និងជាប្រភពនៃសកម្មភាពរបស់មនុស្ស។
ចំពោះសភាពដែលមនុស្សត្រូវមាន ដើម្បីដើរលើផ្លូវត្រឹមត្រូវនៃការជឿលើព្រះជាម្ចាស់ វាមានបទដ្ឋានមួយគឺថា ពួកគេត្រូវតែមានសភាពធម្មតា ក្នុងពេលកំពុងដកពិសោធន៍ព្រះបន្ទូលរបស់ព្រះជាម្ចាស់។ មនុស្សមួយចំនួនរស់នៅក្នុងសភាពនេះរួចហើយ ក្នុងពេលដែលអ្នកផ្សេងទៀតមិនទាន់បានចូលនៅក្នុងសភាពនេះនៅឡើយទេ ឬក៏បានចូលម្ដងម្កាលដែរ ប៉ុន្តែក្រោយមក ពួកគេត្រឡប់ទៅរកសភាពចាស់របស់ខ្លួនវិញ។ តើនោះជាសភាពអ្វីដែរ? វាគឺជាពេលមួយបន្ទាប់ពីមនុស្សឆ្លងកាត់អំឡុងពេលមួយ ដោយពឹងអាងលើសេចក្តីក្លៀវក្លា ចំណង់ចំណូលចិត្ត សញ្ញាណ និងការស្រមើស្រមៃរបស់ខ្លួន ពួកគេស្រាប់តែទទួលស្គាល់ថា ការជឿបែបនេះហាក់ដូចជាមិនអាចទទួលយកបានទេ ដឹងថា ពួកគេមិនអាចទទួលបានសេចក្តីពិតឡើយ ហើយការជឿបែបនេះគឺឥតខ្លឹមសារ និងមិនពិតប្រាកដឡើយ។ ពួកគេទទួលស្គាល់ថា ពួកគេតែងតែជាភាវៈដែលព្រះបង្កើតមក ថាពួកគេគួរតែធ្វើជាភាវៈដែលព្រះបង្កើតមកយ៉ាងពិតប្រាកដ និងបំពេញភារកិច្ចជាភាវៈដែលព្រះបង្កើតមកដោយស្មោះស្ម័គ្រអស់ពីចិត្ត និងអស់ពីកម្លាំងរបស់ខ្លួន។ បន្ទាប់មក ពួកគេចាប់ផ្ដើមធ្វើអ្វីៗដោយភាពជាក់ស្ដែង ហើយពួកគេបំពេញភារកិច្ចរបស់ខ្លួនដោយចិត្តប្ដូរផ្ដាច់។ នៅពេលពួកគេធ្វើការ ពួកគេចាប់ផ្ដើមសញ្ជឹងគិត និងស្វែងរកវិធីប្រព្រឹត្តស្របតាមសេចក្តីពិត របៀបបំពេញតាមបំណងព្រះហឫទ័យព្រះជាម្ចាស់ និងរបៀបឱ្យព្រះជាម្ចាស់ទទួលយក។ ពួកគេមិនប្រព្រឹត្តផ្អែកតាមសញ្ញាណ ការស្រមើស្រមៃ ឬចំណង់ចំណូលចិត្តរបស់ខ្លួនឡើយ។ មានតែនៅចំណុចនេះទេ ទើបមនុស្សមានបំណងប្រាថ្នាចង់បំពេញតាមបំណងព្រះហឫទ័យព្រះជាម្ចាស់ និងតបស្នងចំពោះសេចក្តីស្រឡាញ់របស់ទ្រង់។ នៅចំណុចនេះ ពួកគេចាប់ផ្ដើមស្វែងរកសេចក្តីពិត ស្វែងរកបំណងព្រះហឫទ័យព្រះជាម្ចាស់ និងចាប់ផ្ដើមបំពេញតាមសេចក្តីតម្រូវរបស់ទ្រង់។ នៅពេលអ្នកមានបំណងប្រាថ្នាបែបនេះ នៅពេលអ្នកមានសភាពធម្មតានៅក្នុងដួងចិត្តរបស់អ្នក ក្នុងន័យម្យ៉ាង អ្នកកំពុងឈរនៅកន្លែងត្រឹមត្រូវ និងធ្វើជាភាវៈដែលព្រះបង្កើតមកយ៉ាងពិតប្រាកដ។ ក្នុងន័យម្យ៉ាងទៀត ដែលជាចំណុចដ៏សំខាន់គឺថា អ្នកបានទទួលយកយ៉ាងពិតប្រាកដចេញពីជម្រៅចិត្តរបស់អ្នកថា ព្រះជាម្ចាស់គឺជាព្រះអម្ចាស់របស់អ្នក និងជាព្រះជាម្ចាស់របស់អ្នក ហើយអ្នកបានទទួលយកគ្រប់ទាំងព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងបានឃើញថា ព្រះបន្ទូលទាំងនោះគឺជាសេចក្តីពិត។ អ្នកក៏អាចអនុវត្ត និងដកពិសោធន៍ព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងធ្វើឱ្យព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្លាយជាការពិតនៅក្នុងជីវិតរបស់អ្នកបានផងដែរ ដែលការនេះអនុញ្ញាតឱ្យអ្នកទទួលបានសេចក្តីពិត និងជីវិត។ នៅពេលអ្នកមានឆន្ទៈ និងបំណងប្រាថ្នានេះ ក៏ដូចជាមានតម្រូវការទទួលយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងសេចក្ដីតម្រូវរបស់ទ្រង់ចំពោះអ្នក ហើយនៅពេលអ្នកចង់ចុះចូលចំពោះព្រះជាម្ចាស់ និងចង់ផ្គាប់ព្រះហឫទ័យទ្រង់ ពេលនោះ សភាពនៃជីវិតរបស់អ្នកនឹងចាប់ផ្ដើមផ្លាស់ប្ដូរ។ ដោយចាប់ផ្ដើមចេញពីចំណុចនេះ អ្នកនឹងដើរលើផ្លូវត្រឹមត្រូវនៃការជឿលើព្រះជាម្ចាស់មិនខាន។
ព្រះបន្ទូលដែលខ្ញុំទើបតែប្រកបគ្នានេះ ជារួមមក គឺសាមញ្ញណាស់ ពោលគឺ នៅពេលដែលមនុស្សម្នាក់ចាប់ផ្ដើមទទួលស្គាល់ថា ពួកគេជាភាវៈដែលព្រះបង្កើតមក បុគ្គលនោះនឹងមានសង្ឃឹមក្លាយជាសត្តនិករពិតប្រាកដ ដើម្បីផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់។ ក្នុងពេលជាមួយគ្នានោះ មនុស្សបែបនេះក៏នឹងទទួលយកព្រះជាម្ចាស់ជាព្រះអម្ចាស់ និងជាព្រះជាម្ចាស់របស់ខ្លួន ហើយមានបំណងចង់ស្ដាប់បង្គាប់គ្រប់ទាំងសេចក្តីតម្រូវរបស់ព្រះជាម្ចាស់ ក៏ដូចជាការគ្រប់គ្រងរបស់ទ្រង់ផងដែរ។ ហេតុដូចនេះ ពួកគេនឹងឈប់ប្រព្រឹត្តតាមអំពើចិត្ត ស្វែងរកបំណងព្រះហឫទ័យព្រះជាម្ចាស់ និងស្វែងរកគោលការណ៍នៃសេចក្តីពិតនៅក្នុងគ្រប់កិច្ចការដែលពួកគេធ្វើមិនខាន។ ពួកគេនឹងលែងធ្វើអ្វីៗតាមដែលពួកគេចង់ ឬធ្វើអ្វីៗតាមផែនការផ្ទាល់ខ្លួនទៀតហើយ។ ជាជាងប្រព្រឹត្តដោយអាងលើគំនិតផ្ទាល់ខ្លួន ពួកគេនឹងចាប់ផ្ដើមមានព្រះជាម្ចាស់នៅក្នុងគំនិតរបស់ខ្លួន ហើយពួកគេនឹងមានបំណងចង់ផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់នៅក្នុងគ្រប់ទិដ្ឋភាព ចង់ប្រព្រឹត្តតាមសេចក្តីពិត និងបំពេញសេចក្តីតម្រូវរបស់ព្រះជាម្ចាស់នៅក្នុងសកម្មភាពរបស់ពួកគេ។ ច្បាស់ណាស់ មនុស្សដែលមានសភាពបែបនេះ ចាប់ផ្ដើមរៀនស្វែងរកសេចក្តីពិត អនុវត្តសេចក្តីពិត និងចូលទៅក្នុងតថភាពនៃសេចក្តីពិត។ ប្រសិនបើអ្នកស្ថិតក្នុងសភាពនេះ និងមានឆន្ទៈបែបនេះ នោះជានិច្ចកាល អ្នកនឹងព្យាយាមមិនបង្ខូចព្រះនាមព្រះជាម្ចាស់ ព្យាយាមលើកតម្កើងព្រះជាម្ចាស់ ព្យាយាមកោតខ្លាចព្រះជាម្ចាស់ និងព្យាយាមផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់មិនខាន។ ជាជាងបំពេញតាមបំណងដ៏អាត្មានិយមរបស់ខ្លួន ឬបំពេញតាមចិត្តរបស់នរណាម្នាក់ អ្នកព្យាយាមផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់។ នៅពេលនរណាម្នាក់មានសភាពនេះ ពួកគេកំពុងរស់នៅក្នុងព្រះវត្តមានព្រះជាម្ចាស់ ហើយពួកគេលែងត្រូវបានដឹកនាំដោយនិស្ស័យពុករលួយរបស់ខ្លួនទៀតហើយ។ នៅពេលអ្នកមានសភាពនេះ អ្វីៗដែលអ្នកគិតនៅក្នុងបំណងប្រាថ្នាបែបអត្តនោម័តរបស់អ្នក គឺជារឿងវិជ្ជមាន។ ទោះបីយូរៗម្ដង អ្នកបើកសម្ដែងនិស្ស័យពុករលួយមួយក៏ដោយ ក៏អ្នកនឹងដឹងពីនិស្ស័យនោះ ហើយអ្នកនឹងអាចឆ្លុះបញ្ចាំងពីខ្លួនឯង និងស្វែងរកសេចក្តីពិត ដើម្បីដោះស្រាយនិស្ស័យនោះបានដែរ។ ហេតុដូចនេះ ទោះបីអ្នកនៅតែមាននិស្ស័យពុករលួយក៏ដោយ ក៏និស្ស័យពុករលួយរបស់អ្នកនឹងលែងអាចដឹកនាំអ្វីគ្រប់យ៉ាងរបស់អ្នក លែងអាចគ្រប់គ្រងអ្នកបានទៀតដែរ។ ក្នុងពេលជាមួយគ្នានោះ តើសេចក្តីពិតនៃព្រះបន្ទូលព្រះជាម្ចាស់ មិនមានអធិបតេយ្យភាពក្នុងអ្នកទេឬអី? តើអ្នកមិនកំពុងរស់នៅក្នុងព្រះបន្ទូលព្រះជាម្ចាស់ទេឬអី? តើអ្នករាល់គ្នាអាចអនុញ្ញាតឱ្យសេចក្ដីពិតប្រើសិទ្ធិអំណាចនៅក្នុងដួងចិត្តអ្នកដែរឬទេ? ការនេះអាស្រ័យលើថាតើអ្នកមានឆន្ទៈក្នុងការដេញតាមសេចក្តីពិតឬអត់។ ប្រសិនបើមនុស្សយល់យ៉ាងច្បាស់អំពីសេចក្តីពិតជាច្រើន តាមធម្មតា សេចក្តីពិតនឹងប្រើសិទ្ធិអំណាចនៅក្នុងដួងចិត្តរបស់គេ។ ប្រសិនបើពួកគេមិនយល់ពីសេចក្តីពិតច្រើនទេ ឬបើពួកគេមានសារជាតិពិសពុលរបស់សាតាំងច្រើនពេក នោះពួកគេមិនអាចមានសេចក្តីពិតក្នុងការអនុវត្តសិទ្ធិអំណាចនៅក្នុងដួងចិត្តរបស់ពួកគេនោះឡើយ។ មនុស្សជាច្រើនមានឆន្ទៈចង់អនុវត្តសេចក្តីពិត ប៉ុន្តែនៅពេលមានរឿងកើតឡើងចំពោះពួកគេ ពួកគេសម្ញែងខ្លួនទាំងមិនដឹងខ្លួន ដេញតាមកិត្យានុភាព ដេញតាមផលចំណេញនិងឋានៈ មិនចេះទប់ចិត្ត ឬគ្រប់គ្រងខ្លួនឯង ហើយពួកគេបណ្ដោយឱ្យនិស្ស័យពុករលួយរបស់ខ្លួនបង្ហាញចេញតាមអំពើចិត្ត។ តើនេះជាសភាពអ្វីដែរ? នេះជាពេលដែលមនុស្សយល់ដឹងតិចពេកអំពីសេចក្តីពិត ជាពេលដែលកម្ពស់របស់ពួកគេនៅទាបពេក ហើយពួកគេមិនអាចយកឈ្នះលើសាច់ឈាម ឬលើឥទ្ធិពលរបស់សាតាំងឡើយ។ មនុស្សបែបនេះពិបាកខ្លាំងណាស់ក្នុងការអនុញ្ញាតឱ្យសេចក្តីពិតអនុវត្តសិទ្ធិអំណាចនៅក្នុងដួងចិត្តពួកគេ។ ដូច្នេះ ការដេញតាមសេចក្តីពិត មិនមែនជារឿងសាមញ្ញឡើយ ហើយបើគ្មានបទពិសោធពីរបីឆ្នាំទេ នោះវាពិបាកក្នុងការដោះស្រាយបញ្ហានៃនិស្ស័យពុករលួយខ្លាំងណាស់។ ឧទាហរណ៍ មនុស្សខ្លះពូកែបោកបញ្ឆោត ពួកគេមិនដែលនិយាយគំនិតក្នុងចិត្តរបស់ខ្លួនខ្លាំងៗទេ ហើយពួកគេក៏មិនអាចនិយាយពាក្យពិតសូម្បីតែម្ដងដែរ។ មិនថាពួកគេពិភាក្សាពីអ្វី ឬពួកគេនិយាយពាក្យជាច្រើននោះទេ ពួកគេមិននិយាយច្បាស់ៗទេ តែងតែនិយាយបញ្ឆិតបញ្ឆៀង ហើយមិនអាចគ្រប់គ្រងខ្លួនឯងបានឡើយ។ នៅចំពោះមុខនៃនិស្ស័យពុករលួយរបស់ខ្លួន និងនៅចំពោះមុខនៃធម្មជាតិ និងសារជាតិបែបសាតាំងដ៏គួរឱ្យស្អប់ខ្ពើមរបស់ខ្លួន មនុស្សបើកសម្ដែងខ្លួនឯងថាជាមនុស្សមិនសំខាន់ ទន់ខ្សោយ គ្មានកម្លាំង និងតែលតោលទាំងស្រុង ដូច្នេះ ជារឿយៗ ពួកគេប្រព្រឹត្តអំពើបាប ប្រព្រឹត្តកំហុស និងអកម្ម។ តើមានរឿងអ្វីកើតឡើងនៅត្រង់នេះដែរ? (ពួកគេមិនបានដើរលើផ្លូវត្រឹមត្រូវនៃការជឿលើព្រះជាម្ចាស់ទេ។) ពួកគេមិនបានដើរលើផ្លូវត្រឹមត្រូវនៃការជឿលើព្រះជាម្ចាស់ទេ ហើយការនេះសំដៅលើអ្វីដែរ? (ពួកគេមិនទាន់យល់ថា ពួកគេជាភាវៈដែលព្រះបង្កើតមក ហើយពួកគេមិនព្រមចុះចូល ឬផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់ឡើយ។) នេះជាផលវិបាកមួយដែលកើតចេញពីការមិនដេញតាមសេចក្តីពិត។ អ្នករាល់គ្នាស្ថិតនៅក្នុងស្ថានភាពនេះ ដូច្នេះ តើអ្នកអាចនិយាយថា អ្នកមិនទាន់បានចាប់ផ្ដើមចូលទៅក្នុងតថភាពនៃសេចក្តីពិតដែរឬទេ? (អាចនិយាយបាន។) តើមនុស្សម្នាក់ដែលមិនបានចូលទៅក្នុងតថភាពនៃសេចក្តីពិត រាប់ថាបានទទួលសេចក្តីពិតដែរឬទេ? (ពួកគេមិនអាចរាប់បានទេ។) តើមនុស្សដែលមិនទាន់បានទទួលសេចក្តីពិត មានសេចក្តីពិតនៅក្នុងដួងចិត្តរបស់ពួកគេដែរឬទេ? (ពួកគេមិនមានឡើយ។) បើគ្មានសេចក្តីពិតទេ តើមនុស្សមិនប្រព្រឹត្តតាមនិស្ស័យពុករលួយរបស់ពួកគេទេឬ? ដូច្នេះ ដើម្បីធ្វើរឿងវិជ្ជមានខ្លះ នៅពេលពួកគេបំពេញភារកិច្ចរបស់ខ្លួន តើមនុស្សត្រូវមានអ្វីខ្លះ? តើពួកគេមិនត្រូវយល់ពីសេចក្តីពិតទេឬ? ប្រសិនបើមនុស្សមិនអាចអនុវត្តសេចក្តីពិត នៅពេលពួកគេបំពេញភារកិច្ចរបស់ខ្លួន ផ្ទុយទៅវិញ គ្រាន់តែដឹងពីរបៀបប្រព្រឹត្តតាមឆន្ទៈរបស់ខ្លួន តើនេះជាគុណសម្បត្តិអ្វីដែរ? តើនេះមិនមែនជាការបម្រើទេឬ? ការនេះស្មើនឹងព្រះជាម្ចាស់ជួលអ្នកមិនជឿឱ្យបម្រើទ្រង់។ ប្រសិនបើអ្នកមិនដេញតាមសេចក្តីពិត ឬចូលទៅក្នុងតថភាពនៃសេចក្តីពិតទេ នោះអ្នកកំពុងតែបម្រើហើយ។ តើអ្នករាល់គ្នាគិតថា ព្រះជាម្ចាស់ព្រមទតឃើញមនុស្សដែលទ្រង់ចង់សង្គ្រោះ គ្រាន់តែបម្រើទ្រង់ ដោយមិនអនុវត្តតាមព្រះបន្ទូលរបស់ទ្រង់ ដើម្បីសម្រេចបានសេចក្តីសង្រ្គោះដែរឬ? (ព្រះអង្គមិនសព្វព្រះទ័យទេ។)។ ហេតុអ្វីបានជាព្រះអង្គមិនសព្វព្រះទ័យ? (ព្រះជាម្ចាស់បានបង្កើតមនុស្សមក ដើម្បីឱ្យទ្រង់អាចទទួលយកពួកគេ។) ពិតជាត្រឹមត្រូវ ព្រះជាម្ចាស់បានបង្កើតមនុស្សមក ដើម្បីបើកបង្ហាញអង្គទ្រង់ ហើយកាន់តែសំខាន់ទៀតនោះ គឺដើម្បីទទួលយកពួកគេ។ ហេតុអ្វីបានជាព្រះជាម្ចាស់មិនសព្វព្រះហឫទ័យ នៅពេលមនុស្សគ្រាន់តែបម្រើទ្រង់? (នោះព្រោះតែសកម្មភាពរបស់មនុស្សមិនមែនជាអ្វីដែលព្រះជាម្ចាស់ចង់បាន។) ដូច្នេះ តើព្រះជាម្ចាស់ចង់បានអ្វីដែរ? (ព្រះជាម្ចាស់ចង់បានភាពស្មោះស្ម័គ្ររបស់មនុស្ស។) តើការបម្រើព្រះជាម្ចាស់ មិនមែនជាភាពស្មោះស្ម័គ្រទេឬ? មិនថាការបម្រើរបស់អ្នកមានភាពពិតប្រាកដនិងស្មោះស្ម័គ្រឬអត់នោះទេ ប្រសិនបើអ្នកមិនដេញតាមសេចក្តីពិតទេ ពេលនោះ ទោះបីអ្នកបម្រើព្រះជាម្ចាស់អស់មួយជីវិតរបស់អ្នកក៏ដោយ ក៏អ្នកនឹងមិនទទួលបានសេចក្តីពិតដែរ។ ប្រសិនបើអ្នកមិនទទួលបានសេចក្តីពិត នោះមានន័យថា អ្នកមិនទទួលបានព្រះជាម្ចាស់ទេ ហើយព្រះជាម្ចាស់ក៏មិនទទួលអ្នកដែរ ដូច្នេះ ការបម្រើរបស់អ្នក គឺគ្មានតម្លៃ ឬគ្មានន័យឡើយ។ មិនថាអ្នកបម្រើទ្រង់អស់រយៈពេលជាច្រើនឆ្នាំឡើយ ប្រសិនបើអ្នកមិនដេញតាមសេចក្តីពិតទេ នោះព្រះជាម្ចាស់នឹងមិនទទួលយកអ្នកឡើយ ដែលមានន័យថា អ្នកនៅតែទាស់ទទឹងនឹងព្រះជាម្ចាស់ដដែល។ តើនរណាជាអ្នកបង្ករឿងនេះទៅ? រឿងនេះត្រូវបានបង្កឡើងដោយមនុស្សខ្លួនឯង ដែលមិនខំសហការ បង្កឡើងដោយមនុស្សខ្លួនឯងដែលមិនដេញតាមសេចក្តីពិត ពោលគឺ មនុស្សផ្ទាល់គឺជាដើមចម។ ចេញពីផ្នែកអនុវត្តជាក់ស្ដែងវិញ តើត្រូវពន្យល់ដោយរបៀបណាអំពីការដែលព្រះជាម្ចាស់មិនទទួលយកមនុស្ស? នោះព្រោះតែពួកគេតែងតែមានចេតនាផ្ទាល់ខ្លួន នៅពេលពួកគេបំពេញភារកិច្ច ហើយពួកគេមិនថ្វាយដួងចិត្តរបស់ខ្លួនដល់ព្រះជាម្ចាស់ឡើយ ដូច្នេះ ដួងចិត្តរបស់ពួកគេមិនបានបែរទៅរកទ្រង់ទេ ហើយដួងចិត្តរបស់ពួកគេក៏មិនសម្រាប់ទ្រង់ដែរ។ ពួកគេមិនបានគិតគូរពីបំណងព្រះហឫទ័យរបស់ទ្រង់ឡើយ ហើយក៏មិនព្យាយាមផ្គាប់ព្រះទ័យទ្រង់ តាមរយៈការបំពេញភារកិច្ចរបស់ខ្លួនដែរ។ សេចក្តីពន្យល់ដ៏សាមញ្ញបំផុតគឺថា មនុស្សនេះមិនស្មោះត្រង់ចំពោះព្រះជាម្ចាស់ឡើយ ដូច្នេះ ពួកគេគ្មានសង្ឃឹមសោះឡើយ។ ព្រះជាម្ចាស់ពិនិត្យពិច័យមនុស្ស ដើម្បីមើលថាតើពួកគេជឿលើទ្រង់ដោយស្មោះឬអត់។ ព្រះអង្គចង់បានភាពស្មោះសររបស់ពួកគេ។ តើការស្មោះសរមានន័យដូចម្ដេចដែរ? (មានដួងចិត្តដែលបែរទៅរកព្រះជាម្ចាស់ មានដួងចិត្តដែលចុះចូលចំពោះព្រះជាម្ចាស់។) ពិតជាត្រឹមត្រូវ។ ប្រសិនបើមនុស្សមិនមានដួងចិត្តដែលបែរទៅរកព្រះជាម្ចាស់ ដួងចិត្តដែលមិនចុះចូលចំពោះទ្រង់ទេ ពេលនោះ តើពួកគេអាចហៅថាជាមនុស្សល្អបានដែរឬទេ? តើព្រះជាម្ចាស់សព្វព្រះទ័យនឹងមនុស្សបែបនេះឬទេ? តើមនុស្សដែលគ្មានចិត្តគំនិតតែមួយជាមួយព្រះជាម្ចាស់ អាចអនុវត្តសេចក្តីពិតបានដែរឬទេ? តើអ្នករាល់គ្នាមានដួងចិត្តដែលចុះចូលចំពោះព្រះជាម្ចាស់ដែរឬទេ? តើអ្នកអាចឈរនៅខាងព្រះជាម្ចាស់ក្នុងគ្រប់កិច្ចការបានដែរឬទេ? តើដួងចិត្តរបស់អ្នកបែរទៅរកព្រះជាម្ចាស់ដែរឬទេ? ការនិយាយថា អ្នករាល់គ្នាគ្មានភាពស្មោះសរទាល់តែសោះ គឺជារឿងអយុត្តិធម៌ចំពោះអ្នករាល់គ្នា ប៉ុន្តែការនិយាយថា អ្នករាល់គ្នាស្អប់សាតាំងយ៉ាងពិតប្រាកដ ថាអ្នកអាចបោះបង់សាតាំង និងបែរទៅរកព្រះជាម្ចាស់ទាំងស្រុង ក៏មិនត្រឹមត្រូវដែរ។ ការនេះតម្រូវឱ្យអ្នករាល់គ្នាមានដួងចិត្តដែលចុះចូលចំពោះព្រះជាម្ចាស់ តម្រូវឱ្យអ្នកដេញតាមសេចក្តីពិត និងទទួលបានការយល់ដឹងកាន់តែច្រើនអំពីសេចក្តីពិត។ តើព្រះជាម្ចាស់ចង់ឱ្យមនុស្សមានដួងចិត្តបែបណាដែរ? ដំបូង ដួងចិត្តនេះត្រូវតែស្មោះត្រង់ ហើយពួកគេត្រូវតែមានសតិអាចបំពេញភារកិច្ចរបស់ខ្លួនដោយភាពជាក់ស្ដែង អាចប្រកាន់ខ្ជាប់តាមកិច្ចការនៃពួកជំនុំ លែងមានអ្វីដែលហៅថា «មហិច្ឆតាធំ» ឬ «គោលដៅខ្ពស់»។ គ្រប់ជំហានបន្សល់នូវដានជើង នៅពេលពួកគេដើរតាម និងថ្វាយបង្គំព្រះជាម្ចាស់ ពួកគេប្រព្រឹត្តខ្លួនជាភាវៈដែលព្រះបង្កើតមក។ ពួកគេលែងស្វះស្វែងចង់ក្លាយជាមនុស្សពិសេស ឬមនុស្សអស្ចារ្យ ក៏លែងចង់ធ្វើជាមនុស្សមានមុខងារពិសេសអ្វីដែរ ហើយពួកគេមិនថ្វាយបង្គំរបស់សព្វសារពើនៅភពខាងក្រៅឡើយ។ លើសពីនេះទៅទៀត ដួងចិត្តនេះត្រូវតែស្រឡាញ់សេចក្តីពិត។ តើការស្រឡាញ់សេចក្តីពិតមានអត្ថន័យជាចម្បងអ្វីដែរ? វាមានន័យថាស្រឡាញ់អ្វីដែលវិជ្ជមាន មានស្មារតីយុត្តិធម៌ អាចលះបង់ខ្លួនដោយស្មោះសរសម្រាប់ព្រះជាម្ចាស់ ស្រឡាញ់ទ្រង់យ៉ាងពិតប្រាកដ ចុះចូលចំពោះទ្រង់ និងធ្វើបន្ទាល់ពីទ្រង់។ ពិតណាស់ អ្នកអាចសម្រេចអ្វីៗទាំងនេះបាន បន្ទាប់ពីអ្នកយល់ពីសេចក្តីពិតតែប៉ុណ្ណោះ។ អ្នកដែលមានដួងចិត្តបែបនេះ គឺជាអ្នកដែលមានភាពជាមនុស្សធម្មតា។ អ្នកដែលមានភាពជាមនុស្សធម្មតា យ៉ាងហោចណាស់ ត្រូវតែមានសតិសម្បជញ្ញៈ និងហេតុផល។ តើអ្នកអាចដឹងដោយរបៀបណាថាមនុស្សម្នាក់មានសតិសម្បជញ្ញៈ និងហេតុផល? ប្រសិនបើសម្ដី និងទង្វើរបស់ពួកគេស្របតាមបទដ្ឋាននៃសតិសម្បជញ្ញៈ និងហេតុផល ពេលនោះ ចេញពីទស្សនៈជាមនុស្ស ពួកគេជាមនុស្សល្អ ហើយពួកគេជាមនុស្សដែលបំពេញតាមបទដ្ឋានដែលអាចទទួលបាន។ ប្រសិនបើពួកគេអាចយល់ពីសេចក្តីពិត និងប្រព្រឹត្តតាមគោលការណ៍នៃសេចក្តីពិត ពេលនោះ ពួកគេកំពុងតែបំពេញសេចក្តីតម្រូវរបស់ព្រះជាម្ចាស់ ដែលខ្ពស់ជាងបទដ្ឋាននៃសតិសម្បជញ្ញៈ និងហេតុផលទៅទៀត។ មនុស្សខ្លះនិយាយថា៖ «មនុស្សត្រូវបានព្រះជាម្ចាស់បង្កើតមក។ ព្រះជាម្ចាស់បានប្រទានឱ្យយើងមានខ្យល់ជីវិត ហើយព្រះជាម្ចាស់ក៏ផ្គត់ផ្គង់យើង ចិញ្ចឹមយើង និងដឹកនាំយើងឱ្យធំដឹងក្ដីជាមនុស្សធំដែរ។ មនុស្សដែលមានសតិសម្បជញ្ញៈ និងហេតុផល មិនអាចរស់នៅសម្រាប់ខ្លួនឯង ឬសម្រាប់សាតាំងបានឡើយ។ ពួកគេគួរតែរស់នៅសម្រាប់ព្រះជាម្ចាស់ និងបំពេញភារកិច្ចរបស់ខ្លួនជានិច្ច»។ នេះជាការពិត ប៉ុន្តែវាជាក្របខណ្ឌទូលំទូលាយ ជាគំនូសព្រាងត្រួសៗប៉ុណ្ណោះ។ ចំពោះសេចក្ដីលម្អិតអំពីរបៀបរស់នៅសម្រាប់ព្រះជាម្ចាស់ក្នុងភាពជាក់ស្ដែង វាតម្រូវឱ្យមានសតិសម្បជញ្ញៈ និងហេតុផល។ ដូច្នេះ តើមនុស្សត្រូវរស់នៅសម្រាប់ព្រះជាម្ចាស់បានដោយរបៀបណា? (ត្រូវបំពេញភារកិច្ចឱ្យបានល្អ ក្នុងនាមជាភាវៈដែលព្រះបង្កើតមកគួរធ្វើ។) ត្រឹមត្រូវ។ ឥឡូវនេះ គ្រប់យ៉ាងដែលអ្នករាល់គ្នាត្រូវធ្វើ គឺត្រូវបំពេញភារកិច្ចជាមនុស្ស ប៉ុន្តែតាមពិតទៅ តើអ្នកកំពុងតែធ្វើសម្រាប់នរណាដែរ? (សម្រាប់ព្រះជាម្ចាស់។) អ្នកត្រូវធ្វើសម្រាប់ព្រះជាម្ចាស់ និងត្រូវសហការជាមួយទ្រង់! បញ្ជាបេសកកម្មដែលព្រះជាម្ចាស់បានប្រទានដល់អ្នករាល់គ្នា គឺជាភារកិច្ចរបស់អ្នករាល់គ្នា។ វាជាវាសនាដែលត្រូវបានកំណត់ទុក និងត្រូវបានគ្រប់គ្រងដោយព្រះអង្គ ឬក្នុងន័យម្យ៉ាងទៀត គឺជាព្រះជាម្ចាស់ដែលប្រទានកិច្ចការនេះដល់អ្នក ហើយទ្រង់ចង់ឱ្យអ្នកបំពេញកិច្ចការនោះ។ ដូច្នេះ តើអ្នកអាចអាងលើសតិសម្បជញ្ញៈរបស់អ្នក ដើម្បីបំពេញកិច្ចការនោះឱ្យបានល្អបានដោយរបៀបណា? (យើងត្រូវតែប្រើកម្លាំងទាំងអស់របស់យើង។)។ អ្នកត្រូវតែប្រើកម្លាំងទាំងអស់របស់អ្នក ដែលជាការបង្ហាញចេញនូវការពឹងអាងលើសតិសម្បជញ្ញៈរបស់អ្នក។ លើសពីនេះទៅទៀត អ្នកត្រូវតែប្រើដួងចិត្តរបស់អ្នកទាំងស្រុង និងបំពេញការទទួលខុសត្រូវរបស់អ្នក ពោលគឺមិនមែនធ្វើកិច្ចការបែបបង្គ្រប់កិច្ចនោះទេ។ ព្រះជាម្ចាស់មានសេចក្តីរំពឹងទុករបស់ទ្រង់ និងមានតម្លៃនៃការខិតខំដ៏ឈឺចាប់របស់ទ្រង់ចំពោះយើង។ ពេលឃើញព្រះជាម្ចាស់បានកំណត់ទុកថា យើងគួរតែបំពេញការទទួលខុសត្រូវនេះ និងបំពេញភារកិច្ចនេះ យើងមិនគួរធ្វើឱ្យទ្រង់ខកព្រះទ័យ ធ្វើឱ្យទ្រង់ស្រងាកព្រះទ័យ ឬពិបាកព្រះទ័យនោះឡើយ។ យើងគួរតែបំពេញភារកិច្ចរបស់យើងឱ្យបានល្អ ហើយផ្ដល់ចម្លើយជាទីគាប់ចិត្ត និងល្អបំផុតដល់ព្រះជាម្ចាស់។ យើងត្រូវពឹងអាងលើព្រះជាម្ចាស់សម្រាប់កិច្ចការដែលយើងមិនអាចធ្វើបាន យើងរៀនថែមទាំងអំពីមុខអាជីពរបស់យើង ហើយយើងត្រូវស្វែងរកថែមទៀតអំពីគោលការណ៍នៃសេចក្តីពិត។ ព្រះជាម្ចាស់ប្រទានជីវិតដល់យើង ដូច្នេះ យើងគួរតែបំពេញភារកិច្ចរបស់យើងឱ្យបានល្អ។ សម្រាប់ថ្ងៃនីមួយៗដែលយើងរស់នៅ យើងគួរតែបំពេញភារកិច្ចនៅថ្ងៃនោះ។ យើងគួរតែចាត់ទុកកិច្ចការដែលព្រះជាម្ចាស់បានផ្ទុកផ្ដាក់ដល់យើងជាបេសកកម្មចម្បងរបស់យើង ដាក់ការបំពេញភារកិច្ចរបស់យើងជាកិច្ចការទីមួយនៅក្នុងជីវិតរបស់យើង ដើម្បីបញ្ចប់វាឱ្យបានល្អ។ ទោះបីយើងមិនដេញតាមភាពឥតខ្ចោះក៏ដោយ ក៏យើងអាចខំស្វែងរកសេចក្តីពិត និងប្រព្រឹត្តផ្អែកលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងគោលការណ៍នៃសេចក្តីពិត ដើម្បីឱ្យយើងអាចផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់ បំបាក់មុខសាតាំង និងគ្មានវិប្បដិសារីដែរ។ នេះជាអាកប្បកិរិយាដែលអ្នកជឿលើព្រះជាម្ចាស់គួរតែមានចំពោះភារកិច្ចរបស់ខ្លួន។ នៅពេលអ្នកបានរស់នៅសែសិបឬហាសិបឆ្នាំ ឬថែមទាំងចិតសិបឬប៉ែតសិបឆ្នាំ នៅពេលអ្នកក្រឡេកមើលអ្វីៗដែលអ្នកបានធ្វើ កាលអ្នកនៅក្មេងខ្ចីល្ងិតល្ងង់ អ្នកនឹងឃើញថា ទោះបីអ្នកមានពេលតែពីរបីឆ្នាំក៏ដោយ ក៏អ្នកបានធ្វើអ្វីគ្រប់យ៉ាងដោយអស់ពីចិត្ត និងកម្លាំងរបស់អ្នកហើយ។ អ្នកតែងតែប្រព្រឹត្តតាមសតិសម្បជញ្ញៈរបស់អ្នក អ្នកមិនបានធ្វើឱ្យព្រះជាម្ចាស់ខកព្រះទ័យ ឱ្យទ្រង់ស្រងាកព្រះទ័យ ឬពិបាកព្រះទ័យឡើយ ហើយនៅក្នុងដួងចិត្តរបស់អ្នក អ្នកបានទទួលយកការពិនិត្យពិច័យ និងការវាយតម្លៃរបស់ព្រះជាម្ចាស់។ នៅពេលគ្រប់យ៉ាងត្រូវបានបញ្ចប់ ហើយអ្នកផ្ដល់ការប្រឡងបញ្ចប់របស់អ្នកដល់ព្រះជាម្ចាស់ ព្រះជាម្ចាស់នឹងមានបន្ទូលថា៖ «ទោះបីអ្នកធ្វើមិនបានល្អ ហើយអ្នកទទួលបានលទ្ធផលមធ្យមក៏ដោយ ក៏អ្នកបានប្រឹងប្រែងអស់ពីកម្លាំងរបស់អ្នកហើយ ហើយអ្នកមិនបានធ្វេសប្រហែសនឹងភារកិច្ចរបស់អ្នកឡើយ»។ តើនេះមិនមែនជាការប្រព្រឹត្តស្របតាមសតិសម្បជញ្ញៈរបស់អ្នកទេឬ? ដូច្នេះ នៅពេលមនុស្សបើកសម្ដែងសេចក្តីពុករលួយជាញឹកញាប់ នៅពេលពួកគេមានជម្រើស មានបំណងប្រាថ្នា និងចំណង់ចំណូលចិត្តផ្ទាល់ខ្លួន សូម្បីតែរហូតដល់ចំណុចមួយដែលពួកគេបំពានទាំងស្រុងនូវបទដ្ឋាននៃសតិសម្បជញ្ញៈរបស់ខ្លួន ហើយបាត់បង់ភាពជាមនុស្សធម្មតារបស់ពួកគេក៏ដោយ តើត្រូវធ្វើបែបណាដែរ? អ្នកត្រូវតែអធិស្ឋានទៅព្រះជាម្ចាស់ និងបោះបង់ខ្លួនឯងចោល អ្នកមិនអាចបណ្ដោយឱ្យរឿងទាំងនេះមករឹតត្បិតអ្នក ឬគ្រប់គ្រងសតិសម្បជញ្ញៈ និងហេតុផលរបស់អ្នកឡើយ។ នៅពេលសតិសម្បជញ្ញៈរបស់អ្នកអាចដឹកនាំទង្វើរបស់អ្នក ដឹកនាំជីវភាពរបស់អ្នក និងជីវិតរបស់អ្នក ពេលនោះ អ្នកនឹងងាយស្រួលយកឈ្នះលើបំណងប្រាថ្នាដ៏អាត្មានិយមខាងសាច់ឈាម ហើយអ្នកនឹងអាចទទួលបានទិដ្ឋភាពនៃសេចក្តីពិតនេះ។ នេះជាចំណុចអប្បបរមាដែលអ្នកគួរមាន។ ទាក់ទងនឹងដួងចិត្តមនុស្សបែបណាដែលព្រះជាម្ចាស់ចង់បាន តើខ្ញុំទើបតែមានបន្ទូលអំពីទិដ្ឋភាពចំនួនប៉ុន្មានហើយ? (ទិដ្ឋភាពចំនួនបី៖ ដួងចិត្តដែលស្មោះត្រង់ ដួងចិត្តដែលស្រឡាញ់សេចក្តីពិត និងការមានសតិសម្បជញ្ញៈនិងហេតុផល។) នៅក្នុងដួងចិត្តដែលស្មោះត្រង់ និងដួងចិត្តដែលស្រឡាញ់សេចក្តីពិត មានសេចក្តីលម្អិតបន្ថែមទៀត ដែលអ្នករាល់គ្នាគួរតែសញ្ជឹងគិត និងសង្ខេបនៅពេលក្រោយ។ យ៉ាងហោចណាស់ អ្វីដែលមនុស្សគួរមាន គឺជាសតិសម្បជញ្ញៈ និងហេតុផល ដែលមនុស្សមានភាពជាមនុស្សធម្មតាគួរតែមាន។ ប្រសិនបើមនុស្សម្នាក់មិនមានសតិសម្បជញ្ញៈ ឬហេតុផលទេ ពេលនោះ ពួកគេបាត់បង់ភាពជាមនុស្សធម្មតារបស់ខ្លួន ពួកគេមិនអាចធ្វើអ្វីបានល្អទេ ពួកគេមិនអាចសម្រេចអ្វីបានឡើយ ហើយនៅទីបំផុត ពួកគេនឹងត្រូវបរាជ័យទាំងស្រុងមិនខាន។ ប៉ុន្តែ ប្រសិនបើពួកគេមានតែសតិសម្បជញ្ញៈ និងហេតុផល បើពួកគេរស់នៅតាមសតិសម្បជញ្ញៈរបស់ខ្លួន ហើយមិនធ្វើការអាក្រក់ណាមួយ តើការនេះស្មើនឹងការដើរលើផ្លូវត្រឹមត្រូវនៃការជឿលើព្រះជាម្ចាស់ដែរឬទេ? តើពួកគេអាចទទួលបានការសរសើរពីព្រះជាម្ចាស់ ដោយរស់នៅតាមសតិសម្បជញ្ញៈ និងហេតុផលតែម្យ៉ាងបានដែរឬទេ? ពួកគេច្បាស់ជាមិនអាចទទួលបានឡើយ។
ការដើរនៅលើផ្លូវត្រឹមត្រូវនៃការជឿលើព្រះជាម្ចាស់ ក៏តម្រូវឱ្យអ្នកមានដួងចិត្តដែលកោតខ្លាចព្រះជាម្ចាស់ផងដែរ។ ដំបូង បើនិយាយពីឋានៈវិញ មនុស្សគឺជាភាវៈដែលព្រះបង្កើតមក និងជាមនុស្សទន់ទាបបំផុត។ ព្រះជាម្ចាស់ជាព្រះអាទិករដ៏ខ្ពង់ខ្ពស់បំផុត។ បើនិយាយពីវិចារណញ្ញាណជាមនុស្សវិញ តើមនុស្សត្រូវធ្វើអ្វីខ្លះ ដើម្បីកោតខ្លាចព្រះជាម្ចាស់? ឧទាហរណ៍ ឧបមាថាមានអ្វីមួយកើតឡើងចំពោះអ្នក ហើយអ្នកគិតថា ការប្រព្រឹត្តបែបនោះគឺផ្ទុយទៅនឹងសេចក្តីពិត ប៉ុន្តែអ្នកមិនដឹងថា អ្នកគួរធ្វើបែបណា ដើម្បីស្របតាមបំណងព្រះហឫទ័យព្រះជាម្ចាស់ឡើយ។ ប្រសិនបើអ្នកមានដួងចិត្តដែលកោតខ្លាចព្រះជាម្ចាស់ តើអ្នកគួរធ្វើអ្វីខ្លះទៅ? អ្នកត្រូវតែអធិស្ឋានទៅព្រះជាម្ចាស់ ស្វែងរកសេចក្តីពិត រកផ្លូវនៃការអនុវត្តសេចក្តីពិត ហើយបន្ទាប់មក អនុវត្ត។ ប្រសិនបើមនុស្សមិនមានដួងចិត្តដែលកោតខ្លាចព្រះជាម្ចាស់ទេ តើពួកគេនឹងប្រព្រឹត្តបែបណាដែរ? ពួកគេនឹងធ្វើគ្រប់យ៉ាងតាមដែលពួកគេចង់ធ្វើ ដោយគិតថា៖ «យ៉ាងណាមិញ ខ្ញុំមានចេតនាល្អតើ ដូច្នេះ វានឹងមិនអីទេ បើខ្ញុំធ្វើបែបនេះនោះ»។ ពួកគេមិនធ្វើតាមអ្វីដែលអ្នកដទៃបានផ្ដល់ឱវាទឡើយ ហើយក៏មិនស្ដាប់នរណាម្នាក់ដែរ។ ពួកគេសម្រេចចិត្តធ្វើអ្វីដែលពួកគេរៀបគម្រោងចង់ធ្វើដោយខ្លួនឯង ហើយសូម្បីតែគោប្រាំបួនក្បាល ក៏មិនអាចអូសទាញពួកគេបានដែរ។ តើនេះជាមនុស្សដែលមានដួងចិត្តកោតខ្លាចព្រះជាម្ចាស់ឬ? (គឺមិនមែនទេ។) មានមនុស្សខ្លះទៀត ទោះបីពួកគេដឹងថា ព្រះជាម្ចាស់សព្វព្រះទ័យនឹងមនុស្សស្មោះត្រង់ និងដឹងថា ពួកគេមិនអាចកុហកក៏ដោយ ក៏ពួកគេនៅតែគិតថា នៅក្នុងរឿងខ្លះ ប្រសិនបើពួកគេប្រាប់ការពិត នោះពួកគេនឹងបាក់មុខ ខាតប្រយោជន៍ ហើយប្រហែលមិនអាចរក្សាឋានៈរបស់ខ្លួនបានទៀតផង។ ពួកគេគិតចុះគិតឡើង ហើយនៅតែនិយាយកុហក ដោយគិតថា៖ «ការកុហកម្ដងមិនអីទេ ហើយយ៉ាងណាមិញ ខ្ញុំមិននិយាយកុហកគ្រប់ពេលឡើយ។ ទោះបីខ្ញុំកុហកក៏ដោយ ក៏ខ្ញុំមិនឃើញផលវិបាកណាមួយដែរ ដូច្នេះ បើខ្ញុំកុហកម្ដងទៀត ក៏វានឹងគ្មានបញ្ហាដែរ»។ បន្ទាប់ពីគិតគូររួច ពួកគេសម្រេចចិត្តធ្វើ ហើយពួកគេគ្មានអារម្មណ៍តិះដៀលក្នុងចិត្តរបស់ខ្លួនឡើយ ហើយក៏មិនចង់អធិស្ឋាន និងទទួលយកការពិនិត្យពិច័យពីព្រះជាម្ចាស់នោះដែរ។ តើនេះជាមនុស្សដែលមានដួងចិត្តកោតខ្លាចព្រះជាម្ចាស់ដែរឬទេ? (គឺមិនមែនទេ។) ដូច្នេះ ប្រសិនបើមានមនុស្សដែលមានដួងចិត្តកោតខ្លាចព្រះជាម្ចាស់ តើពួកគេនឹងប្រព្រឹត្តបែបណាដែរ? (ពួកគេនឹងមិនប្រព្រឹត្តដោយធ្វេសប្រហែស ឬប្រព្រឹត្តតាមអំពើចិត្តឡើយ។) ពាក្យទាំងពីរនេះពិតជាស័ក្ដិសមណាស់។ ដូច្នេះ តើអ្នកត្រូវធ្វើដូចម្ដេច ដើម្បីកុំឱ្យប្រព្រឹត្តដោយធ្វេសប្រហែស ឬប្រព្រឹត្តតាមអំពើចិត្ត? (យើងគួរតែមានដួងចិត្តដែលស្វែងរក។) នៅពេលប្រឈមមុខនឹងបញ្ហា មនុស្សខ្លះស្វែងរកចម្លើយពីអ្នកដទៃ ប៉ុន្តែនៅពេលអ្នកនោះនិយាយស្របតាមសេចក្តីពិត ពួកគេមិនទទួលយកទេ ពួកគេមិនអាចស្ដាប់បង្គាប់បានទេ ហើយនៅក្នុងដួងចិត្តរបស់ពួកគេ ពួកគេគិតថា៖ «តាមធម្មតា ខ្ញុំប្រសើរជាងគាត់ផង។ ប្រសិនបើខ្ញុំស្ដាប់តាមយោបល់របស់គាត់នៅលើកនេះ តើវានឹងមិនមើលទៅថា គាត់ប្រសើរជាងខ្ញុំទេឬអី? អត់កើតទេ ខ្ញុំមិនអាចស្ដាប់តាមយោបល់របស់គាត់ចំពោះរឿងនេះឡើយ។ ខ្ញុំត្រូវតែធ្វើតាមរបៀបរបស់ខ្ញុំវិញ»។ បន្ទាប់មក ពួកគេរិះរកហេតុផល និងការដោះសា ដើម្បីបដិសេធទស្សនៈរបស់បុគ្គលម្នាក់ទៀត។ នៅពេលបុគ្គលម្នាក់ឃើញនរណាម្នាក់ប្រសើរជាងខ្លួន ហើយគេព្យាយាមទាញអ្នកនោះទម្លាក់ ផ្សព្វផ្សាយពាក្យចចាមអារ៉ាមអំពីគេ ឬប្រើមធ្យោបាយគួរឱ្យស្អប់ខ្ពើម ដើម្បីបង្អាប់ និងបង្ខូចកេរ្តិ៍ឈ្មោះគេ ថែមទាំងជាន់ឈ្លីគេគ្រប់បែបយ៉ាង ដើម្បីតែការពារមុខមាត់របស់ខ្លួននៅក្នុងចិត្តរបស់មនុស្ស តើនេះជានិស្ស័យអ្វីដែរ? នេះមិនត្រឹមតែជាភាពក្រអឺតក្រទម និងការអួតខ្លួនហួសហេតុប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជានិស្ស័យរបស់សាតាំង ជានិស្ស័យព្យាបាទគេផងដែរ។ ការដែលបុគ្គលនេះអាចវាយប្រហារ និងបំបែកមនុស្សដែលប្រសើរ និងខ្លាំងជាងខ្លួននោះ គឺជាស្នៀតបញ្ឆោត និងអាក្រក់ណាស់។ ហើយការដែលពួកគេនឹងមិនឈប់ក្នុងការទាញមនុស្សទម្លាក់នេះ បង្ហាញថា នៅក្នុងពួកគេមានអារក្សហើយ! ដោយរស់នៅតាមនិស្ស័យរបស់សាតាំង ពួកគេមុខជាបន្ទាបបន្ថោកមនុស្ស ព្យាយាមលេងល្បិច និងបង្កការលំបាកដល់ពួកគេ។ តើនេះមិនមែនជាការធ្វើអំពើអាក្រក់ទេឬអី? ហើយដោយរស់នៅបែបនេះ ពួកគេនៅតែគិតថា ពួកគេមិនអីទេ គិតថា ពួកគេជាមនុស្សល្អដដែល។ ប៉ុន្តែ នៅពេលពួកគេឃើញនរណាម្នាក់ប្រសើរជាងខ្លួន ពួកគេមុខជាបង្កការលំបាក និងជាន់ឃ្លីគេមិនខាន។ តើនៅត្រង់នេះមានបញ្ហាអ្វីដែរ? តើមនុស្សដែលអាចប្រព្រឹត្តអំពើអាក្រក់បែបនេះ មិនមែនមនុស្សដែលឥតអៀនខ្មាស និងមានចេតនាទេឬអី? មនុស្សបែបនេះគិតតែប្រយោជន៍ផ្ទាល់ខ្លួនប៉ុណ្ណោះ គេគិតតែពីអារម្មណ៍ខ្លួនឯងប៉ុណ្ណោះ ហើយគ្រប់យ៉ាងដែលគេចង់បាន គឺដើម្បីសម្រេចបំណងប្រាថ្នា មហិច្ឆតា និងគោលបំណងរបស់ខ្លួនផ្ទាល់ប៉ុណ្ណោះ។ គេមិនខ្វល់ថា គេបង្កការខូចខាតប៉ុនណាដល់កិច្ចការពួកជំនុំឡើយ ហើយគេនឹងព្រមលះបង់ប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ ដើម្បីការពារឋានៈរបស់ខ្លួននៅក្នុងចិត្តមនុស្ស និងការពារកេរ្តិ៍ឈ្មោះរបស់គេផ្ទាល់។ តើមនុស្សបែបនេះមិនមែនក្រអឺតក្រទម និងរាប់ខ្លួនឯងជាសុចរិត អាត្មានិយម និងថោកទាបទេឬអី? មនុស្សបែបនេះមិនត្រឹមតែក្រអឺតក្រទម និងរាប់ខ្លួនឯងជាសុចរិតប៉ុណ្ណោះទេ គេក៏អាត្មានិយម និងថោកទាបខ្លាំងបំផុតផងដែរ។ គេមិនគិតគូរពីបំណងព្រះហឫទ័យព្រះជាម្ចាស់សោះឡើយ។ តើមនុស្សបែបនេះមានការកោតខ្លាចចំពោះព្រះជាម្ចាស់ខ្លះដែរឬទេ? ពួកគេគ្មានការកោតខ្លាចចំពោះព្រះជាម្ចាស់សូម្បីតែបន្តិចឡើយ។ នេះជាមូលហេតុដែលពួកគេធ្វើសកម្មភាពយ៉ាងគឃ្លើន និងធ្វើអ្វីតាមតែពួកគេចង់ធ្វើ ដោយគ្មានអារម្មណ៍ខុសឆ្គង គ្មានការញញើតញញើម ដោយគ្មានការព្រួយចិត្ត ឬការបារម្ភ ហើយដោយគ្មានការពិចារណាពីផលវិបាកឡើយ។ នេះគឺជាអ្វីដែលពួកគេតែងតែធ្វើ ហើយជារបៀបដែលពួកគេតែងតែប្រព្រឹត្ត។ តើឥរិយាបថបែបនេះ គឺជាធម្មជាតិអ្វីដែរ? និយាយឱ្យងាយទៅ មនុស្សបែបនេះមានការច្រណែនខ្លាំង និងមានបំណងខ្លាំងក្នុងការទទួលបានកេរ្ដិ៍ឈ្មោះ និងឋានៈ។ ពួកគេបោកបញ្ឆោត និងវៀចវេរណាស់។ និយាយឱ្យតឹងរ៉ឹងជាងនេះ ចំណុចស្នូលនៃបញ្ហាគឺថា ចិត្តរបស់មនុស្សប្រភេទនេះ ថែមទាំងមិនមានការកោតខ្លាចព្រះជាម្ចាស់បន្តិចទៀតផង។ ពួកគេមិនកោតខ្លាចព្រះជាម្ចាស់ ពួកគេជឿថាខ្លួនឯងសំខាន់បំផុត ហើយពួកគេចាត់ទុកទិដ្ឋភាពនីមួយៗរបស់ខ្លួនឯងខ្ពស់ជាងព្រះជាម្ចាស់ និងខ្ពស់ជាងសេចក្ដីពិត។ នៅក្នុងចិត្តរបស់ពួកគេ ព្រះជាម្ចាស់គ្មានតម្លៃ និងមិនសំខាន់ឡើយ ហើយព្រះជាម្ចាស់មិនមានឋានៈណាមួយនៅក្នុងចិត្តរបស់ពួកគេទាល់តែសោះ។ តើអ្នកដែលគ្មានកន្លែងសម្រាប់ព្រះជាម្ចាស់នៅក្នុងចិត្តរបស់ខ្លួន និងអ្នកដែលមិនគោរពព្រះជាម្ចាស់ អាចអនុវត្តសេចក្តីពិតបានដែរឬទេ? ច្បាស់ជាមិនអាចឡើយ។ ដូច្នេះ នៅពេលដែលពួកគេគ្រាន់តែធ្វើឱ្យខ្លួនឯងមមាញឹក និងប្រើប្រាស់ថាមពលជាច្រើន តើពួកគេកំពុងតែធ្វើអ្វី? មនុស្សបែបនេះថែមទាំងអះអាងថាបានបោះបង់ចោលគ្រប់យ៉ាង ដើម្បីលះបង់សម្រាប់ព្រះជាម្ចាស់ និងរងទុក្ខយ៉ាងធំធេងទៀតផង ប៉ុន្តែតាមពិតទៅ បំណងចិត្ត គោលការណ៍ និងគោលបំណងនៃសកម្មភាពទាំងអស់របស់ពួកគេ គឺដើម្បីតែឋានៈ និង កិត្យានុភាព ដើម្បីតែការពារផលប្រយោជន៍គ្រប់យ៉ាងរបស់ពួកគេប៉ុណ្ណោះ។ តើអ្នករាល់គ្នានឹងនិយាយ ឬអត់ថាបុគ្គលប្រភេទនេះអាក្រក់? តើមនុស្សប្រភេទណាដែលបានជឿលើព្រះជាម្ចាស់ជាច្រើនឆ្នាំ ប៉ុន្តែមិនកោតខ្លាចព្រះជាម្ចាស់? តើពួកគេមិនក្រអឺតក្រទមទេឬអី? តើពួកគេមិនមែនជាសាតាំងឬទេ? តើអ្វីទៅដែលខ្វះការកោតខ្លាចបំផុតចំពោះព្រះជាម្ចាស់? ក្រៅពីសត្វតិរច្ឆាន វាគឺជាមនុស្សអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទ ជាសាតាំង និងគ្នីគ្នារបស់ពួកអារក្ស។ ពួកវាមិនទទួលយកសេចក្តីពិតសោះឡើយ ហើយពួកវាក៏គ្មានការកោតខ្លាចចំពោះព្រះជាម្ចាស់នោះដែរ។ ពួកវាអាចធ្វើការអាក្រក់គ្រប់បែបយ៉ាង។ ពួកវាជាខ្មាំងសត្រូវរបស់ព្រះជាម្ចាស់ និងជាខ្មាំងសត្រូវរបស់រាស្ត្ររើសតាំងរបស់ទ្រង់។
តើអ្នករាល់គ្នាមានដួងចិត្តដែលកោតខ្លាចព្រះជាម្ចាស់នៅក្នុងរឿងរ៉ាវណាខ្លះនៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នក? ហើយអ្នកមិនកោតខ្លាចនៅក្នុងរឿងរ៉ាវណាខ្លះដែរ? តើអ្នកអាចស្អប់នរណាម្នាក់ នៅពេលពួកគេប្រមាថដល់អ្នក ឬប៉ះពាល់ផលប្រយោជន៍របស់អ្នកដែរឬទេ? ហើយនៅពេលអ្នកស្អប់នរណាម្នាក់ តើអ្នកអាចដាក់ទោស និងសងសឹកពួកគេដែរឬទេ? (អាច។) ពេលនោះ អ្នកជាមនុស្សគួរឱ្យខ្លាចណាស់! ប្រសិនបើអ្នកមិនមានដួងចិត្តដែលកោតខ្លាចព្រះជាម្ចាស់ ហើយអ្នកអាចធ្វើការអាក្រក់ ពេលនោះ និស្ស័យដ៏កាចសាហាវរបស់អ្នកនេះ គឺធ្ងន់ធ្ងរខ្លាំងណាស់! សេចក្ដីស្រឡាញ់ និងសេចក្ដីស្អប់គឺជាអ្វីៗដែលភាពជាមនុស្សធម្មតាគួរតែមាន ប៉ុន្តែអ្នកត្រូវតែញែកឱ្យច្បាស់ រវាងអ្វីដែលអ្នកស្រឡាញ់ និងអ្វីដែលអ្នកស្អប់។ នៅក្នុងចិត្តរបស់អ្នក អ្នកគួរតែស្រឡាញ់ព្រះជាម្ចាស់ ស្រឡាញ់សេចក្ដីពិត ស្រឡាញ់អ្វីៗដែលវិជ្ជមាន និងស្រឡាញ់បងប្អូនប្រុសស្រីរបស់អ្នក ស្របពេលដែលអ្នកស្អប់អារក្សសាតាំង ស្អប់អ្វីៗដែលអវិជ្ជមាន ស្អប់ពួកទទឹងនឹងព្រះគ្រីស្ទ និងស្អប់មនុស្សអាក្រក់។ ប្រសិនបើអ្នកអាចគាបសង្កត់ និងសងសឹកបងប្អូនប្រុសស្រីរបស់អ្នក ព្រោះតែចិត្តស្អប់ ការនេះគួរឱ្យខ្លាចខ្លាំងណាស់ ហើយនេះជានិស្ស័យរបស់មនុស្សអាក្រក់។ មនុស្សមួយចំនួនគ្រាន់តែមានគំនិត និងទស្សនៈស្អប់ប៉ុណ្ណោះ គឺទស្សនៈអាក្រក់ ប៉ុន្តែពួកគេមិនដែលធ្វើអ្វីអាក្រក់ឡើយ។ មនុស្សទាំងនេះមិនមែនជាមនុស្សអាក្រក់ទេ ព្រោះនៅពេលមានរឿងកើតឡើង ពួកគេអាចស្វែងរកសេចក្តីពិត ហើយពួកគេយកចិត្តទុកដាក់នឹងគោលការណ៍អំពីរបៀបដែលពួកគេប្រព្រឹត្តខ្លួន និងដោះស្រាយជាមួយរឿងរ៉ាវផ្សេងៗ។ នៅពេលទាក់ទងជាមួយអ្នកដទៃ ពួកគេមិនសួរអ្នកទាំងនោះលើសពីអ្វីដែលពួកគេគួរសួរឡើយ។ ប្រសិនបើពួកគេចុះសម្រុងល្អជាមួយបុគ្គលម្នាក់ ពួកគេនឹងបន្តទាក់ទងជាមួយបុគ្គលនោះ។ ប្រសិនបើពួកគេមិនចុះសម្រុងទេ ពេលនោះ ពួកគេនឹងមិនទាក់ទងឡើយ។ វាកម្រជះឥទ្ធិពលលើការបំពេញភារកិច្ចរបស់ពួកគេ ឬក៏ច្រកចូលទៅក្នុងជីវិតរបស់ពួកគេណាស់។ ព្រះជាម្ចាស់គង់នៅក្នុងដួងចិត្តរបស់ពួកគេ ហើយពួកគេមានការកោតខ្លាចចំពោះទ្រង់។ ពួកគេមិនព្រមប្រមាថព្រះជាម្ចាស់ឡើយ ហើយពួកគេខ្លាចក្នុងការប្រមាថដល់ទ្រង់។ ទោះបីមនុស្សទាំងនេះអាចមានគំនិត និងយោបល់មិនត្រឹមត្រូវក៏ដោយ ក៏ពួកគេអាចបដិសេធ ឬបោះបង់គំនិតទាំងនោះចោលបានដែរ។ ពួកគេមានការអត់ធ្មត់នៅក្នុងសកម្មភាពរបស់ខ្លួន ហើយមិននិយាយស្ដីខុសទំនងសូម្បីតែមួយម៉ាត់ ឬក៏ពោលពាក្យណាមួយដែលប្រមាថដល់ព្រះជាម្ចាស់ឡើយ។ អ្នកដែលនិយាយ និងប្រព្រឹត្តបែបនេះ គឺជាអ្នកដែលមានគោលការណ៍ និងអនុវត្តសេចក្តីពិត។ អ្នកអាចមានបុគ្គលិកលក្ខណៈមិនចុះសម្រុងជាមួយអ្នកដទៃ ហើយអ្នកអាចមិនចូលចិត្តពួកគេ ប៉ុន្តែនៅពេលអ្នកធ្វើការរួមគ្នាជាមួយពួកគេ អ្នកបន្តមិនមានគំនិតអគតិ ហើយអ្នកនឹងមិនបញ្ចេញអារម្មណ៍មួម៉ៅរបស់អ្នកនៅក្នុងការបំពេញភារកិច្ច ឬបញ្ចេញអារម្មណ៍មួម៉ៅទៅលើផលប្រយោជន៍នៃគ្រួសាររបស់ព្រះជាម្ចាស់ឡើយ។ អ្នកអាចដោះស្រាយកិច្ចការស្របតាមគោលការណ៍។ តើការនេះបង្ហាញអំពីអ្វីដែរ? នេះជាការបង្ហាញអំពីការមានការគោរពជាមូលដ្ឋានចំពោះព្រះជាម្ចាស់។ ប្រសិនបើអ្នកមានច្រើនជាងនោះបន្តិច នៅពេលអ្នកឃើញថា អ្នកផ្សេងមានចំណុចខ្វះខាត ឬភាពទន់ខ្សោយ ពេលនោះ ទោះបីគេបានប្រមាថអ្នក ឬមានគំនិតអគតិចំពោះអ្នកក៏ដោយ ក៏អ្នកនៅតែប្រព្រឹត្តចំពោះពួកគេដោយត្រឹមត្រូវ និងជួយគេដោយក្ដីស្រឡាញ់ដែរ។ នេះមានន័យថា អ្នកមានសេចក្តីស្រឡាញ់ ថាអ្នកជាបុគ្គលម្នាក់ដែលមានភាពជាមនុស្ស ថាអ្នកជាបុគ្គលម្នាក់ដែលមានចិត្តល្អ និងអាចអនុវត្តសេចក្តីពិត ថាអ្នកជាមនុស្សស្មោះត្រង់ ដែលមានតថភាពនៃសេចក្ដីពិត និងថាអ្នកជាបុគ្គលម្នាក់ដែលមានការគោរពចំពោះព្រះជាម្ចាស់។ ប្រសិនបើអ្នកនៅមានកម្ពស់តូចតាច ប៉ុន្តែអ្នកមានឆន្ទៈ ហើយព្រមស្វះស្វែងរកសេចក្តីពិត និងខំប្រឹងធ្វើអ្វីៗស្របតាមគោលការណ៍ ហើយអ្នកអាចដោះស្រាយកិច្ចការ និងប្រព្រឹត្តចំពោះអ្នកដទៃដោយមានគោលការណ៍ ពេលនោះ ការនេះក៏អាចរាប់បានថាជាការមានការគោរពតិចតួចចំពោះព្រះជាម្ចាស់ដែរ។ នេះជារឿងដ៏សំខាន់បំផុត។ ប្រសិនបើអ្នកមិនអាចសម្រេចបានសូម្បីតែរឿងដ៏តូចនេះ និងមិនអាចទប់ចិត្តខ្លួនឯងបានផង ពេលនោះ អ្នកស្ថិតក្នុងគ្រោះថ្នាក់ដ៏ធំ និងគួរឱ្យខ្លាចខ្លាំងណាស់។ ប្រសិនបើអ្នកទទួលបានមុខតំណែងមួយ អ្នកអាចដាក់ទោសមនុស្ស និងបង្កការលំបាកដល់ពួកគេ។ ពេលនោះ អ្នកនឹងប្រែក្លាយជាពួកទទឹងនឹងព្រះគ្រីស្ទបានគ្រប់ពេលមិនខាន។ មិនថាបុគ្គលម្នាក់ជាមនុស្សល្អឬអាក្រក់ទេ មិនថាពួកគេជឿលើព្រះជាម្ចាស់ដោយរបៀបណា ឬពួកគេដើរលើផ្លូវអ្វីនោះទេ ពួកគេនឹងត្រូវគេបកអាក្រាតនៅប៉ុន្មានឆ្នាំទៀតមិនខាន។ អ្នកត្រូវតែប្រព្រឹត្តចំពោះពួកគេស្របតាមគោលការណ៍ មិនថាពួកគេមានលទ្ធផលបែបណា មិនថាពួកគេអាចត្រូវបានដាក់ទោសឬទទួលរង្វាន់នោះឡើយ ពោលគឺ នេះគឺជាកិច្ចការសម្រាប់ព្រះជាម្ចាស់។ ឱ្យតែអ្នកអាចឈ្វេងយល់ និងប្រព្រឹត្តចំពោះពួកគេស្របតាមគោលការណ៍បាន ប៉ុណ្ណឹងគឺបានហើយ។ មិនថាអ្នកកំពុងតែដោះស្រាយជាមួយអ្នកណាទេ ដរាបណាព្រះជាម្ចាស់មិនសម្រេចព្រះហឫទ័យពីប្រភេទនៃលទ្ធផលដែលមនុស្សបែបនេះនឹងមានទេ នោះពួកជំនុំមិនបានបណ្ដេញពួកគេ ព្រះជាម្ចាស់មិនបានដាក់ទោសពួកគេទេ ហើយពួកគេនៅតែត្រូវបានសង្គ្រោះដដែល ដូច្នេះ អ្នកគួរតែជួយពួកគេយ៉ាងអត់ធ្មត់ដោយចេញពីសេចក្ដីស្រឡាញ់។ អ្នកមិនគួរកំណត់លទ្ធផលរបស់មនុស្សបែបនេះទេ ហើយក៏មិនគួរប្រើមធ្យោបាយរបស់មនុស្ស ដើម្បីដាក់ទោសពួកគេនោះដែរ។ ប្រសិនបើពួកគេបង្ហាញចេញនូវសេចក្តីពុករលួយ អ្នកអាចដោះស្រាយ និងលួសកាត់មនុស្សបែបនេះ ឬអ្នកអាចបើកចិត្តដោយស្មោះត្រង់ និងចូលរួមប្រកបគ្នា ដើម្បីជួយពួកគេ។ ទោះជាយ៉ាងណា បើអ្នកគិតពីការដាក់ទោស ការបណ្ដេញចេញ និងការប្រឌិតរឿងចោទប្រកាន់មនុស្សបែបនេះ ដោយព្យាយាមធ្វើត្រូវឱ្យក្លាយជាខុសនៅក្នុងព្រះនាមនៃស្ថានសួគ៌ នោះអ្នកនឹងមានបញ្ហាហើយ។ តើការធ្វើបែបនោះនឹងស្របនឹងសេចក្ដីពិតឬទេ? ការមានគំនិតបែបនោះ គឺបានមកពីការមានចិត្តឆេវឆាវ។ គំនិតទាំងនោះមកពីសាតាំង និងមានប្រភពដើមមកពីការតូចចិត្តរបស់មនុស្ស ក៏ដូចជាមកពីការច្រណែន និងការស្អប់របស់មនុស្ស។ ការប្រព្រឹត្តបែបនេះមិនស្របនឹងសេចក្ដីពិតឡើយ។ នេះគឺជាអ្វីមួយដែលនឹងនាំមកនូវទុក្ខទោសដល់អ្នក ហើយអ្នកមិនត្រូវបែបនេះឡើយ។ តើអ្នកអាចគិតពីវិធីនានា ដើម្បីដាក់ទោសមនុស្ស ដោយសារតែពួកគេមិនត្រូវចិត្តរបស់អ្នករាល់គ្នា ឬដោយសារតែពួកគេមិនស្រុះស្រួលជាមួយអ្នកបានឬទេ? តើអ្នករាល់គ្នាធ្លាប់ធ្វើអ្វីដូច្នោះពីមុនមកឬទេ? តើអ្នកបានធ្វើច្រើនប៉ុនណា? តើអ្នកមិនតែងតែមើលងាយមនុស្ស ស្ដីបន្ទោស ឬសើចចំអកចំពោះពួកគេដោយប្រយោលទេឬ? តើអ្នកស្ថិតក្នុងសភាពអ្វី នៅពេលដែលអ្នករាល់គ្នាកំពុងតែធ្វើរឿងបែបនេះ? នៅពេលនោះ អ្នកកំពុងតែបញ្ចេញឱ្យធូរទ្រូង និងមានអារម្មណ៍សប្បាយ។ អ្នកបានទទួលអំណាចគ្រប់គ្រង។ ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីនោះ អ្នកគិតក្នុងចិត្តថា «ខ្ញុំបានធ្វើរឿងដ៏គួរឱ្យស្អប់។ ខ្ញុំមិនកោតខ្លាចព្រះជាម្ចាស់ឡើយ ហើយខ្ញុំបានប្រព្រឹត្តចំពោះបុគ្គលនោះយ៉ាងអយុត្តិធម៌។» បើគិតឱ្យស៊ីជម្រៅទៅ តើអ្នកមានអារម្មណ៍ខុសឆ្គងឬទេ? (មែនហើយ។) ទោះបីជាអ្នករាល់គ្នាមិនកោតខ្លាចព្រះជាម្ចាស់ក៏ដោយ ក៏យ៉ាងហោចណាស់ អ្នករាល់គ្នាមានញាណមួយចំនួននៃមនសិការដែរ។ ដូច្នេះ តើអ្នកនៅតែអាចធ្វើរឿងប្រភេទនេះទៀតទេនៅពេលអនាគត? តើអ្នកនៅតែអាចវាយប្រហារ និងចង់សងសឹកចំពោះមនុស្ស នៅគ្រប់ពេលដែលអ្នកស្អប់ខ្ពើមពួកគេ និងមិនចុះសម្រុងជាមួយពួកគេ ឬនៅពេលដែលពួកគេមិនស្ដាប់បង្គាប់ ឬស្ដាប់តាមអ្នកទៀតឬ? តើបុគ្គលដែលធ្វើបែបនេះ មានភាពជាមនុស្សប្រភេទណាដែរ? ពាក់ព័ន្ធនឹងភាពជាមនុស្សរបស់គេ គេជាមនុស្សព្យាបាទ។ បើវាស់ស្ទង់ជាមួយនឹងសេចក្ដីពិតវិញ គេមិនគោរពព្រះជាម្ចាស់ឡើយ។ នៅក្នុងសម្ដី និងទង្វើរបស់ពួកគេ ពួកគេគ្មានគោលការណ៍នោះទេ។ ពួកគេប្រព្រឹត្តតាមអំពើចិត្ត និយាយស្ដី និងធ្វើអ្វីៗតាមដែលខ្លួនចង់ធ្វើ។ តើមនុស្សបែបនេះមានតថភាពនៃសេចក្តីពិតដែរឬទេ? ពិតជាគ្មានឡើយ។ ចម្លើយគឺ «គ្មានទេ» មួយរយភាគរយតែម្ដង។ តើមនុស្សដែលមិនមានដួងចិត្តដែលកោតខ្លាចព្រះជាម្ចាស់ អាចចុះចូលយ៉ាងពិតប្រាកដចំពោះទ្រង់ និងថ្វាយបង្គំទ្រង់បានដែររទេ? ពួកគេប្រាកដជាមិនអាចឡើយ។
មនុស្សខ្លះនិយាយថា៖ «នៅពេលខ្ញុំឃើញគ្រោះមហន្តរាយមកដល់ ខ្ញុំអធិស្ឋានទៅព្រះជាម្ចាស់ជាញឹកញាប់ ខ្ញុំមិនហ៊ានចាកចេញពីព្រះជាម្ចាស់នៅពេលណាឡើយ ហើយខ្ញុំទូលសុំការណែនាំ និងការការពារពីព្រះជាម្ចាស់។ នៅពេលខ្ញុំដើរតាមផ្លូវតែម្នាក់ឯងនាពេលយប់ នៅពេលមានគ្រោះថ្នាក់កើតឡើងចំពោះខ្ញុំ ខ្ញុំតែងពឹងអាងលើព្រះជាម្ចាស់ ខ្ញុំមិនហ៊ានចាកចេញពីទ្រង់ទេ ហើយខ្ញុំក៏ទូលសូមឱ្យទ្រង់ជួយខ្ញុំផងដែរ។ នៅពេលខ្ញុំបំពេញភារកិច្ច ដួងចិត្តរបស់ខ្ញុំចេះតែអធិស្ឋានទៅព្រះជាម្ចាស់ និងទូលសូមពីទ្រង់ ដើម្បីឱ្យព្រះអង្គជួយកុំឱ្យខ្ញុំធ្វើការបែបបង្គ្រប់កិច្ច និងដើម្បីឱ្យទ្រង់ជួយគ្រប់គ្រងស្ថានការណ៍។ ខ្ញុំបានព្យាយាមរួចមកហើយ ហើយប្រសិនបើព្រះជាម្ចាស់មិនធ្វើការ នោះខ្ញុំមិនអាចធ្វើអ្វីបានទេ ហើយខ្លួនខ្ញុំផ្ទាល់ក៏គ្មានអ្វីនោះដែរ»។ តើនេះជាមនុស្សដែលមានដួងចិត្តកោតខ្លាចព្រះជាម្ចាស់ដែរឬទេ? (អត់ទេ។) តើការពឹងអាងលើព្រះជាម្ចាស់ គឺជាកំហុសឬ? តើការទូលសូមឱ្យព្រះជាម្ចាស់ការពារ គឺជាកំហុសឬ? ពាក្យដែលនិយាយត្រង់នេះ មិនមែនជាកំហុសទេ ប៉ុន្តែសភាពបែបនេះ គឺខុសប្រក្រតី។ វាមានន័យថា អ្នកគ្រាន់តែស្វែងរកព្រះជាម្ចាស់ ព្រោះគ្មាននរណាជួយអ្នក ហើយអ្នកគ្មានកន្លែងទៅប៉ុណ្ណោះ ដូច្នេះ អ្នកក៏បង្ខំចិត្ត អ្នកគ្មានជម្រើសនៅក្នុងរឿងនេះ ហើយអ្នកចង់ប្រើព្រះជាម្ចាស់មកធ្វើការសម្រាប់អ្នក ដើម្បីសម្រេចគោលដៅរបស់អ្នក។ តើនេះជាការកោតខ្លាចព្រះជាម្ចាស់ដែរឬទេ? នៅពេលគ្មានបញ្ហា អ្នកនឹងភ្លេចព្រះជាម្ចាស់ទាំងស្រុង។ នៅពេលអ្នកសប្បាយចិត្តបំផុត នៅពេលអ្នកជោគជ័យបំផុត នៅពេលអ្នកមានឋានៈខ្ពស់លើសអ្នកឯទៀត រហូតដល់គេសរសើរលើកជើង និងថ្វាយបង្គំអ្នក ពេលនោះ ម៉េចក៏អ្នកមិនពឹងអាងលើព្រះជាម្ចាស់? ម៉េចក៏អ្នកមិនទទួលយកការពិនិត្យពិច័យពីព្រះជាម្ចាស់ ឬស្វែងរកការណែនាំពីទ្រង់? ម៉េចក៏អ្នកមិនសួរព្រះជាម្ចាស់ថាតើគ្រប់យ៉ាងដែលអ្នកធ្វើនោះស្របតាមបំណងព្រះហឫទ័យរបស់ទ្រង់ដែរឬអត់? នៅពេលអ្នកធ្វើការអាក្រក់ នៅពេលអ្នកលើកតម្កើង និងធ្វើបន្ទាល់ពីខ្លួនឯង ចុះម៉េចក៏អ្នកមិនសួរព្រះជាម្ចាស់ថាតើការនេះស្របតាមបំណងព្រះហឫទ័យរបស់ទ្រង់ដែរឬអត់? ម៉េចក៏អ្នកមិនឆ្លុះបញ្ចាំងពីខ្លួនឯង ឬមិនពឹងអាងលើព្រះជាម្ចាស់ ដើម្បីទប់ចិត្តខ្លួនឯងផងទៅ? តើនេះជាបញ្ហាបែបណាដែរ? តើសភាពទាំងអស់នេះជាសភាពអ្វីដែរ? នេះគឺជាការគ្មានដួងចិត្តដែលកោតខ្លាចព្រះជាម្ចាស់។ តើមនុស្សដែលគ្មានដួងចិត្តកោតខ្លាចព្រះជាម្ចាស់ អាចបំពេញភារកិច្ចរបស់ខ្លួនបានល្អដែរឬទេ? តើគេអាចក្លាយជាមនុស្សល្អយ៉ាងពិតប្រាកដដែរឬទេ? តើពួកគេអាចចូលទៅក្នុងតថភាពនៃសេចក្តីពិតបានដែរឬទេ? (អត់ទេ គេមិនអាចទេ។) គេពិតជាមិនអាចឡើយ។ បើគ្មានដួងចិត្តដែលកោតខ្លាចព្រះជាម្ចាស់ទេ គេប្រាកដជាមិនអាចបំពេញភារកិច្ចរបស់ខ្លួនបានល្អឡើយ ហើយក៏មិនអាចអនុវត្តសេចក្តីពិត ឬក៏ចុះចូលចំពោះព្រះជាម្ចាស់បានដែរ ទោះបីគេចង់ក៏ដោយ។ បើគ្មានដួងចិត្តដែលកោតខ្លាចព្រះជាម្ចាស់ទេ វាមិនងាយស្រួលអនុវត្តសេចក្តីពិតឡើយ។ ប្រសិនបើគេចង់បំពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អ ប្រាកដណាស់ វានឹងមានការលំបាក និងការរំខានជាច្រើនមិនខាន ហើយគេមិនអាចអនុវត្តសេចក្តីពិតបានដោយជោគជ័យឡើយ។ ឥឡូវ អ្នករាល់គ្នាត្រូវតែធ្វើចិត្តឱ្យស្ងប់ ហើយគិតបន្តិចសិន។ ផ្អែកលើកម្ពស់បច្ចុប្បន្នរបស់អ្នករាល់គ្នា អ្នកពិតជាពិបាកខ្លាំងណាស់ក្នុងការបំពេញភារកិច្ចរបស់ខ្លួនដល់កម្រិតបទដ្ឋានដែលអាចទទួលយកបាន ព្រោះអ្នករាល់គ្នាភាគច្រើនមានការយល់ដឹងត្រឹមតែសំបុត្រនៃគោលលទ្ធិ និងក្បួនច្បាប់ប៉ុណ្ណោះ ក៏ដូចជាមានបំណងប្រាថ្នា ឧត្តមគតិ និងសេចក្តីក្លៀវក្លាបែបផ្ទាល់ខ្លួនប៉ុណ្ណោះ។ ប៉ុន្តែ ចំណុចចាប់ផ្ដើម និងបទដ្ឋានអនុវត្តន៍របស់អ្នក មិនត្រូវបានបង្កើតឡើងនៅលើមូលដ្ឋាននៃព្រះបន្ទូលព្រះជាម្ចាស់ឡើយ។ អ្នករាល់គ្នានៅតែមិនបានចូលយ៉ាងពិតប្រាកដទៅក្នុងតថភាពនៃសេចក្តីពិតដដែល។ អ្នកនៅតែបន្តកាន់តាមក្បួនច្បាប់ដដែល។ ប្រសិនបើអ្នកមិនដេញតាមសេចក្តីពិតទេ នោះវានឹងគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់អ្នកនាពេលអនាគត។ ប្រសិនបើអ្នកជឿលើព្រះជាម្ចាស់ ប៉ុន្តែមិនអនុវត្តសេចក្តីពិត ឬក៏ចុះចូលចំពោះព្រះជាម្ចាស់ទេ ពេលនោះ មិនយូរមិនឆាប់ អ្នកនឹងត្រូវគេផាត់ចោលមិនខាន។ ថាតើមនុស្សម្នាក់ជឿលើព្រះជាម្ចាស់យ៉ាងពិតប្រាកដ ឬក៏ក្លែងក្លាយ នោះមិនត្រូវបានគណនាជាចំនួនឆ្នាំទេ។ ដោយព្រោះតែអ្នកបានជឿលើព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំ ឬជាយូរឆ្នាំ នោះមិនមានន័យថា អ្នកជឿលើព្រះជាម្ចាស់យ៉ាងពិតប្រាកដ និងថាព្រះជាម្ចាស់នឹងសព្វព្រះទ័យចំពោះអ្នកនោះឡើយ។ នៅទីបំផុត ព្រះជាម្ចាស់នឹងមិនទទួលស្គាល់មនុស្សដែលមិនអនុវត្តសេចក្តីពិតឡើយ។ ព្រះអង្គនឹងលាតត្រដាង និងផាត់ពួកគេចោលមិនខាន។ អ្នករាល់គ្នាគួរតែយល់អំពីចំណុចនេះ។
យើងទើបតែប្រកបគ្នាអំពីលក្ខខណ្ឌចំនួនបួន ដែលត្រូវបំពេញ ដើម្បីដើរលើផ្លូវត្រឹមត្រូវនៃការជឿលើព្រះជាម្ចាស់។ ប៉ុន្តែនៅមានលក្ខខណ្ឌចុងក្រោយមួយទៀត ដែលជាលក្ខខណ្ឌដ៏សំខាន់បំផុតសម្រាប់យើងរាល់គ្នា ហើយក៏ជាអ្វីមួយដែលអ្នករាល់គ្នានិយាយជាញឹកញាប់ផងដែរ។ សូមគិតបន្តិចមើល៍ថាលក្ខខណ្ឌនោះជាអ្វីដែរ។ (ត្រូវស្រឡាញ់ព្រះជាម្ចាស់។) សម្រាប់ពេលនេះ យើងនឹងមិននិយាយអំពីការស្រឡាញ់ព្រះជាម្ចាស់ ដែលមនុស្សភាគច្រើនមិនសូវមាននោះឡើយ។ ចូរយើងនិយាយអំពីអ្វីមួយដែលជាក់ស្ដែង និងពិតប្រាកដជាងវិញ ដែលពាក់ព័ន្ធនឹងសេចក្តីពិតមួយដែលមនុស្សអាចរស់នៅតាមយ៉ាងពិតប្រាកដ។ (ចុះចូលចំពោះព្រះជាម្ចាស់។) ត្រឹមត្រូវ។ វាជាការមានដួងចិត្តដែលចុះចូលចំពោះព្រះជាម្ចាស់។ ភាគច្រើន នៅពេលមានរឿងកើតឡើងចំពោះមនុស្ស ជានិច្ចកាល ពួកគេមិនដឹងអំពីគោលការណ៍អនុវត្តន៍ត្រឹមត្រូវទេ ហើយក៏មិនដឹងថាខ្លួនត្រូវប្រឈមនឹងទិសដៅណា ឬត្រូវសម្រេចគោលដៅមួយណានោះដែរ។ ប៉ុន្តែ នៅត្រង់នេះមានបញ្ហាមួយពាក់ព័ន្ធនឹងអាកប្បកិរិយា និងសភាពរបស់ពួកគេ៖ ពួកគេត្រូវតែមានដួងចិត្តដែលចុះចូលចំពោះព្រះជាម្ចាស់។ នេះជាអ្វីដែលមនុស្សភាគច្រើនត្រូវតែមាន។ ឧទាហរណ៍៖ ឧបមាថា មានរឿងកើតឡើងចំពោះអ្នក ហើយអ្នកមិនដឹងថា អ្នកត្រូវធ្វើអ្វី ក៏មិនបានឮអ្នកណាប្រាប់ពីអ្វីដែលត្រូវធ្វើនោះដែរ។ រឿងរ៉ាវនេះអាចមិនស្របតាមសញ្ញាណ និងការស្រមើស្រមៃរបស់អ្នក ហើយក៏អាចមិនមែនជាអ្វីដែលអ្នកចូលចិត្តនោះដែរ។ អ្នកមានការប្រឆាំងនៅក្នុងចិត្តរបស់អ្នក ហើយអ្នកហាក់មានការអន់ចិត្តបន្តិច។ ដូច្នេះ តើអ្នកគួរធ្វើបែបណាទៅ? មានវិធីអនុវត្តន៍ដ៏សាមញ្ញបំផុតមួយ គឺដំបូង ត្រូវចុះចូលជាមុនសិន។ ការចុះចូលមិនមែនជាទង្វើ ឬសម្ដីពីខាងក្រៅទេ ហើយក៏មិនមែនជាការអះអាងតែមាត់នោះដែរ។ វាជាសភាពមួយដែលស្ថិតនៅខាងក្នុងចិត្ត។ អ្នករាល់គ្នាមិនគួរមិនដឹងអំពីរឿងនេះឡើយ។ ផ្អែកលើពិសោធន៍ជាក់ស្ដែងរបស់អ្នក តើអ្នករាល់គ្នាគិតថា មនុស្សនិយាយ ប្រព្រឹត្ត និងគិតយ៉ាងដូចម្ដេច ហើយពួកគេមានសភាព និងអាកប្បកិរិយាបែបណា នៅពេលពួកគេចុះចូលយ៉ាងពិតប្រាកដ? (ចំពោះរឿងរ៉ាវដែលពួកគេមិនទាន់យល់ ដំបូង ពួកគេគួរតែបោះបង់សញ្ញាណ និងការស្រមើស្រមៃរបស់ខ្លួនជាមុនសិន។ ពួកគេត្រូវស្វែងរកសេចក្តីពិត និងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ បន្ទាប់ពីស្វែងរករួច បើពួកគេនៅមិនទាន់យល់ទៀត ពេលនោះ ពួកគេត្រូវរៀនរង់ចាំពេលកំណត់របស់ព្រះជាម្ចាស់។) នេះជាទិដ្ឋភាពមួយ។ តើមានអ្វីផ្សេងទៀតទេ? (នៅពេលពួកគេត្រូវបានលួសកាត់ និងដោះស្រាយ ពួកគេមិនត្រូវរកហេតុផល ឬព្យាយាមការពារខ្លួនឡើយ។) នេះជាទិដ្ឋភាពមួយទៀតនៃសភាពនេះ។ ទោះបីមនុស្សមួយចំនួនមិនរកហេតុផល ឬការពារខ្លួននៅចំពោះមុខអ្នកក៏ដោយ ក៏ពួកគេពេញដោយការរអ៊ូរទាំ និងការមិនពេញចិត្តដែរ។ ពួកគេមិននិយាយបញ្ហានោះនៅចំពោះមុខអ្នកឡើយ ប៉ុន្តែនិយាយដោយឥតខ្វល់ពីខាងក្រោយខ្នងអ្នក ដោយផ្សព្វផ្សាយវានៅគ្រប់ទីកន្លែង។ តើនេះជាអាកប្បកិរិយាដែលចុះចូលឬ? (វាមិនមែនទេ។) ចុះអាកប្បកិរិយាដែលចុះចូលគឺជាអ្វីឱ្យប្រាកដទៅ? ដំបូង អ្នកត្រូវតែមានអាកប្បកិរិយាវិជ្ជមាន៖ កាលណាអ្នកត្រូវបានលួសកាត់ និងដោះស្រាយ អ្នកមិនត្រូវវិភាគរកខុសរកត្រូវឡើយ ពោលគឺអ្នកគ្រាន់តែទទួលយក ដោយដួងចិត្តដែលចុះចូលប៉ុណ្ណោះទៅបានហើយ។ ឧទាហរណ៍ មនុស្សម្នាក់អាចនិយាយថា អ្នកបានធ្វើខុស។ ទោះបីនៅក្នុងចិត្ត អ្នកមិនយល់ ហើយអ្នកមិនដឹងថា អ្នកបានធ្វើខុសអ្វីក៏ដោយ ក៏អ្នកត្រូវទទួលយកដែរ។ ការទទួលយក ជាចម្បង គឺជាអាកប្បកិរិយាវិជ្ជមាន។ ជាងនេះទៅទៀត មានអាកប្បកិរិយាមួយដែលហាក់អកម្មជាងនេះបន្តិច គឺត្រូវរក្សាភាពស្ងប់ស្ងាត់ និងមិនត្រូវផ្ដល់ការជំទាស់ណាមួយទេ។ តើឥរិយាបថបែបនេះសំដៅលើអ្វីដែរ? អ្នកមិនត្រូវរកហេតុផល មិនត្រូវការពារខ្លួន ឬរកលេសដោះសាបែបសត្យានុម័តសម្រាប់ខ្លួនឯងឡើយ។ ប្រសិនបើអ្នកតែងតែដោះសា និងរកហេតុផលសម្រាប់ខ្លួនឯង ហើយទម្លាក់ការទទួលខុសត្រូវលើអ្នកដទៃ តើនេះជាការជំទាស់ដែរឬទេ? នេះជានិស្ស័យនៃការបះបោរ។ អ្នកមិនគួរបដិសេធ ជំទាស់ ឬរកហេតុផលឡើយ។ ទោះបីអ្នកមានហេតុផលត្រឹមត្រូវក៏ដោយ តើនោះជាសេចក្ដីពិតដែរឬទេ? វាជាការដោះសាបែបសត្យានុម័តរបស់មនុស្ស មិនមែនជាសេចក្តីពិតទេ។ ឥឡូវ ខ្ញុំមិនបានសួរអ្នកអំពីការដោះសាបែបសត្យានុម័តទាក់ទងនឹងមូលហេតុដែលនាំឱ្យរឿងរ៉ាវកើតឡើង ឬរបៀបដែលវាបានកើតឡើងនោះទេ។ ផ្ទុយទៅវិញ ខ្ញុំកំពុងតែមានបន្ទូលថា ធម្មជាតិនៃទង្វើរបស់អ្នក គឺមិនស្របតាមសេចក្តីពិត។ ប្រសិនបើអ្នកមានចំណេះដឹងនៅកម្រិតនេះ អ្នកនឹងអាចទទួលយក និងមិនជំទាស់ឡើយ។ ដំបូង នៅពេលមានរឿងកើតឡើងចំពោះអ្នក ការមានអាកប្បកិរិយាដែលចុះចូល គឺជាគន្លឹះ។ មនុស្សមួយចំនួនតែងតែរកហេតុផល និងការពារខ្លួនជានិច្ច នៅពេលពួកគេទទួលការលួសកាត់ និងការដោះស្រាយ៖ «ខ្ញុំមិនមែនជាបុគ្គលតែម្នាក់ដែលត្រូវស្ដីបន្ទោសចំពោះរឿងនេះទេ ដូច្នេះ តើការទទួលខុសត្រូវធ្លាក់លើក្បាលខ្ញុំបានដោយរបៀបណា? ហេតុអ្វីបានជាគ្មាននរណាម្នាក់និយាយជំនួសខ្ញុំ? ហេតុអ្វីបានជាខ្ញុំត្រូវទទួលខុសត្រូវចំពោះរឿងនេះតែម្នាក់ឯង? នេះពិតជាស្ថានភាពបែប “គ្រប់គ្នាទទួលប្រយោជន៍ ប៉ុន្តែមនុស្សតែម្នាក់ទទួលការស្ដីបន្ទោស” មែន។ ខ្ញុំសំណាងអាក្រក់ខ្លាំងណាស់!» តើនេះជាអារម្មណ៍បែបណាដែរ? នេះជាការជំទាស់។ ទោះបីពីខាងក្រៅ ពួកគេងក់ក្បាល និងទទួលយកកំហុសរបស់ខ្លួន ហើយពួកគេទទួលយកដោយពាក្យសម្ដីក៏ដោយ ក៏ពួកគេរអ៊ូនៅក្នុងចិត្តថា៖ «បើអ្នកចង់ដោះស្រាយជាមួយខ្ញុំ សូមធ្វើទៅចុះ ចុះហេតុអ្វីបានជាអ្នកត្រូវនិយាយគំរោះគំរើយបែបនេះ? អ្នកកំពុងរិះគន់ខ្ញុំនៅមុខមនុស្សជាច្រើន តើខ្ញុំយកមុខទៅទុកនៅឯណាទៅ? អ្នកមិនបានដោះស្រាយជាមួយខ្ញុំដោយសេចក្តីស្រឡាញ់ទេ! ខ្ញុំគ្រាន់តែប្រព្រឹត្តកំហុសតូចមួយប៉ុណ្ណោះ ចុះហេតុអ្វីក៏អ្នកបន្តនិយាយឥតឈប់ដូច្នេះ?» ហេតុដូចនេះ ពួកគេជំទាស់ និងច្រានចោលការប្រព្រឹត្តបែបនេះនៅក្នុងចិត្តរបស់ពួកគេ ដោយប្រឆាំងដាច់ខាតចំពោះរឿងនេះ ហើយពួកគេជាមនុស្សគ្មានហេតុផល និងចេះតែឈ្លោះប្រកែក។ អ្នកដែលមានគំនិត និងអារម្មណ៍ទាំងនេះ ច្បាស់ណាស់ គឺជាអ្នកទាស់ទទឹង និងប្រឆាំង ដូច្នេះ តើពួកគេអាចមានអាកប្បកិរិយាដែលចុះចូលយ៉ាងពិតប្រាកដបានដោយរបៀបណា? នៅពេលប្រឈមនឹងការលួសកាត់ និងការដោះស្រាយ តើសកម្មភាពអ្វីខ្លះដែលបង្កើតឱ្យមានអាកប្បកិរិយាដែលទទួលយក និងចុះចូល? យ៉ាងហោចណាស់ អ្នកត្រូវមានសុភវិនិច្ឆ័យ និងមានហេតុផល។ ដំបូង អ្នកត្រូវតែចុះចូល ហើយមិនត្រូវជំទាស់ ឬបដិសេធឡើយ ហើយអ្នកត្រូវប្រព្រឹត្តដោយមានវិចារណញ្ញាណ។ ធ្វើបែបនេះ យ៉ាងហោចណាស់ អ្នកនឹងមានហេតុផល។ ប្រសិនបើអ្នកចង់មានការទទួលយក និងការចុះចូល អ្នកត្រូវតែយល់ពីសេចក្តីពិត។ ការយល់ដឹងពីសេចក្តីពិត មិនមែនជារឿងសាមញ្ញទេ។ ដំបូង អ្នកត្រូវតែមានការយល់ដឹងចេញពីទស្សនៈរបស់ព្រះជាម្ចាស់៖ យ៉ាងហោចណាស់ អ្នកត្រូវតែដឹងថា ការដោះស្រាយ និងការលួសកាត់ គឺជាអ្វីមួយដែលព្រះជាម្ចាស់អនុញ្ញាតឱ្យកើតឡើងដល់អ្នក ឬវាមកពីព្រះជាម្ចាស់។ មិនថាការដោះស្រាយ និងការលួសកាត់មានភាពសមហេតុផលទាំងស្រុងនោះទេ អ្នកគួរតែមានអាកប្បកិរិយាដែលទទួលយក និងចុះចូល។ នេះគឺជាការបង្ហាញចេញនូវការចុះចូលចំពោះព្រះជាម្ចាស់ ហើយក្នុងពេលជាមួយគ្នានោះ វាក៏ជាការទទួលយកនូវការពិនិត្យពិច័យរបស់ព្រះជាម្ចាស់ផងដែរ។ ប្រសិនបើអ្នកគ្រាន់តែរកហេតុផល និងការពារខ្លួន ដោយគិតថា ការលួសកាត់ និងការដោះស្រាយចេញមកពីមនុស្ស និងមិនមកពីព្រះជាម្ចាស់ ពេលនោះ អ្នកមានការយល់ដឹងមិនត្រឹមត្រូវឡើយ។ ម្យ៉ាង អ្នកមិនបានទទួលយកការពិនិត្យពិច័យពីព្រះជាម្ចាស់ទេ ហើយម្យ៉ាងទៀត អ្នកក៏គ្មានអាកប្បកិរិយា ឬឥរិយាបថដែលចុះចូលនៅក្នុងមជ្ឈដ្ឋានដែលព្រះជាម្ចាស់បានកំណត់ទុកសម្រាប់អ្នកដែរ។ នេះជាបុគ្គលម្នាក់ដែលមិនចុះចូលចំពោះព្រះជាម្ចាស់ឡើយ។ មនុស្សខ្លះមិនទទួលយកសេចក្តីពិត ឬឆ្លុះបញ្ចាំងពីខ្លួនឯងទេ នៅពេលពួកគេជួបការលួសកាត់ និងការដោះស្រាយ ពោលគឺ ពួកគេគ្រាន់តែធ្វើតាមក្បួនច្បាប់ទាំងងងឹតងងល់ប៉ុណ្ណោះ។ ទង្វើរបស់ពួកគេបំពានគោលការណ៍យ៉ាងច្បាស់ក្រឡែត ហើយពួកគេទម្លាក់ការស្ដីបន្ទោសទាំងស្រុងលើសាតាំង។ ពួកគេនិយាយថា៖ «សមមុខហើយ! តើនរណាឱ្យតាកញ្ចាស់សាតាំងនេះបង្ហាញខ្លួនទាំងងងឹតងងល់ ប្រព្រឹត្តទាំងងងឹតងងល់ បង្អាក់គេឯងទាំងងងឹតងងល់ និងបង្កការរំខានទាំងងងឹតងងល់បែបនេះ? គឺត្រូវដោះស្រាយ លួសកាត់ ធ្វើឱ្យអាប់យសលែងចង់ចេញមុខ និងបំបាក់មុខសាតាំងអ៊ីចឹងហើយ! សាតាំងគួរតែទទួលខុសត្រូវចំពោះរឿងនេះ ពោលគឺ ខ្ញុំគ្មានពាក់ព័ន្ធអ្វីទេ! រាល់ការស្ដីបន្ទោសគួរតែធ្លាក់លើសាតាំង!» ក្រោយមក ពួកគេនឹងសប្បាយចិត្ត ហើយពួកគេនឹងគិតថា ពួកគេមានជ័យជម្នះលើសាតាំង។ តើការគិតបែបនេះមិនគ្មានហេតុផលទេឬអី? ប្រាកដណាស់ ពួកគេបានធ្វើខុសដោយខ្លួនឯង ហើយពួកគេនិយាយថា សាតាំងជាអ្នកធ្វើខុស។ ដូច្នេះ តើពួកគេជាអ្នកធ្វើខុស ឬក៏សាតាំងជាអ្នកធ្វើខុស? (គឺពួកគេផ្ទាល់ដែលធ្វើខុស។) តើពួកគេដឹងយ៉ាងប្រាកដដែរឬទេថា ពួកគេជាសាតាំង? (ពួកគេមិនដឹងឡើយ។) ដូច្នេះ តើពួកគេស្អប់សាតាំង ឬស្អប់ខ្លួនឯងដែរឬទេ? ពួកគេមិននិយាយឱ្យច្បាស់ទេ។ ជារួមមក អ្នកដែលមិនទទួលយកការលួសកាត់ ឬការដោះស្រាយ គឺជាអ្នកដែលមិនចុះចូលចំពោះព្រះជាម្ចាស់សោះឡើយ។ ការចុះចូល គឺជាមេរៀនដ៏លំបាកបំផុតមួយដែលត្រូវរៀនសូត្រ។ សម្រាប់មនុស្សភាគច្រើន កាលណាមានរឿងកើតឡើងចំពោះពួកគេ ដែលស្របតាមសញ្ញាណ ការស្រមើស្រមៃ និងចំណង់ចំណូលចិត្តរបស់ពួកគេ ពួកគេមានអារម្មណ៍ល្អ ដូច្នេះ ពួកគេរីករាយនឹងចុះចូល ហើយគ្រប់យ៉ាងដំណើរការយ៉ាងរលូន។ ពួកគេមានចិត្តស្ងប់ និងមានសេចក្តីសុខ ហើយពួកគេរីករាយ និងសប្បាយចិត្ត។ ប៉ុន្តែ កាលណាពួកគេជួបរឿងដែលមិនស្របតាមសញ្ញាណរបស់ពួកគេ ឬជួបរឿងដែលបង្កគុណវិបត្តិដល់ពួកគេ ពួកគេមិនអាចចុះចូលបានឡើយ ទោះបីពួកគេដឹងថាពួកគេគួរតែចុះចូលក៏ដោយ។ ពួកគេមានអារម្មណ៍ឈឺចាប់ ពួកគេគ្មានជម្រើសអ្វីក្រៅពីសម្ងំបៀមទុក្ខឡើយ ហើយពួកគេពិបាកនិយាយរៀបរាប់ពីការលំបាករបស់ខ្លួនខ្លាំងណាស់។ ពួកគេធ្លាក់ទឹកចិត្ត ពេញដោយទុក្ខសោក និងកំហឹងនៅក្នុងចិត្តថា៖ «អ្នកនោះនិយាយត្រូវហើយ។ គេមានឋានៈខ្ពស់ជាងខ្ញុំ។ តើខ្ញុំអាចមិនស្ដាប់តាមគេម្ដេចកើតទៅ? ខ្ញុំក៏អាចទទួលយកវាសនាខ្ញុំដែរ។ លើកក្រោយ ខ្ញុំត្រូវប្រយ័ត្នជាងមុន ហើយមិនត្រូវចេះតែប្រថុយប្រថានឡើយ ពោលគឺ អ្នកណាដែលប្រថុយ អ្នកនោះនឹងត្រូវដោះស្រាយមិនខាន។ ការចុះចូលមិនមែនជារឿងងាយស្រួលទេ។ វាជារឿងពិបាកណាស់! ភ្លើងនៃសេចក្តីក្លៀវក្លារបស់ខ្ញុំ ត្រូវបានពន្លត់ដោយទឹកត្រជាក់មួយធុង។ ខ្ញុំចង់ធ្វើជាមនុស្សសាមញ្ញនិងបើកចិត្ត ប៉ុន្តែលទ្ធផលគឺថា ខ្ញុំចេះតែនិយាយខុស ហើយត្រូវគេដោះស្រាយជានិច្ច។ នៅថ្ងៃខាងមុខ ខ្ញុំនឹងនៅស្ងៀម និងធ្វើជាអ្នកផ្គាប់ចិត្តមនុស្សវិញ»។ តើនេះជាអាកប្បកិរិយាបែបណាដែរ? នេះជាការចេញពីភាពជ្រុលនិយមមួយទៅកាន់ភាពជ្រុលនិយមមួយទៀត។ តើការដែលព្រះជាម្ចាស់អនុញ្ញាតឱ្យមនុស្សរៀនមេរៀនអំពីការចុះចូលនេះ មានគោលដៅចុងក្រោយអ្វីដែរ? មិនថានៅពេលនោះអ្នកប្រព្រឹត្តកំហុស និងរងទុក្ខច្រើនបែបណា អ្នកមានអារម្មណ៍អាម៉ាស់ បាក់មុខ បាក់អំនួត ឬខូចឈ្មោះបែបណានោះទេ ទាំងអស់នេះគឺជារឿងបន្ទាប់បន្សំប៉ុណ្ណោះ។ រឿងដ៏សំខាន់បំផុតគឺត្រូវកែប្រែសភាពរបស់អ្នក។ តើសភាពអ្វីដែរ? នៅក្រោមកាលៈទេសៈធម្មតា សភាពបែបរឹងរូស និងបះបោរដែលមាននៅក្នុងជម្រៅចិត្តរបស់មនុស្ស ជាចម្បងព្រោះតែនៅក្នុងដួងចិត្តរបស់ពួកគេ ពួកគេមានតក្កៈវិជ្ជា និងបណ្ដុំនៃសញ្ញាណជាមនុស្ស ដែលជឿថា៖ «ដរាបណាខ្ញុំមានចេតនាត្រឹមត្រូវ មិនថាមានលទ្ធផលបែបណាទេ នោះមិនសំខាន់ឡើយ។ អ្នកមិនគួរដោះស្រាយជាមួយខ្ញុំទេ ហើយបើអ្នកត្រូវដោះស្រាយ ក៏ខ្ញុំមិនស្ដាប់តាមដែរ»។ ពួកគេមិនឆ្លុះបញ្ចាំងមើលថាតើទង្វើរបស់ពួកគេស្របតាមគោលការណ៍នៃសេចក្តីពិត ឬថាវានឹងមានផលវិបាកអ្វីខ្លះនោះឡើយ។ អ្វីដែលពួកគេប្រកាន់ខ្ជាប់គឺ «ដរាបណាខ្ញុំមានចេតនាល្អ និងត្រឹមត្រូវ នោះព្រះជាម្ចាស់គួរតែទទួលយកខ្ញុំ» ជានិច្ច។ ទោះបីលទ្ធផលមិនល្អក៏ដោយ ក៏អ្នកមិនត្រូវលួសកាត់ ឬដោះស្រាយជាមួយខ្ញុំទេ ហើយក៏មិនគួរថ្កោលទោសខ្ញុំនោះដែរ»។ នេះជាការរិះរកហេតុផលរបស់មនុស្ស មិនអ៊ីចឹង? នេះគឺជាសញ្ញាណរបស់មនុស្ស មិនអ៊ីចឹង? មនុស្សតែងតែផ្តោតលើហេតុផលរបស់ខ្លួន តើនៅក្នុងហេតុផលនោះមានការចុះចូលដែរឬទេ? អ្នកបានបង្កើតហេតុផលរបស់អ្នកចំពោះសេចក្តីពិត ហើយបានទុកសេចក្តីពិតនោះម្ដុំ។ អ្នកជឿថា អ្វីដែលស្របតាមហេតុផលរបស់អ្នក គឺជាសេចក្តីពិត និងជឿទៀតថា អ្វីដែលមិនស្រប មិនមែនជាសេចក្តីពិតនោះទេ។ តើមានអ្នកណាគួរឱ្យអស់សំណើចជាងនេះទៀតទេ? តើមានអ្នកណាដែលក្រអឺតក្រទម និងរាប់ខ្លួនឯងជាសុចរិតជាងនេះទៀតទេ? តើត្រូវដោះស្រាយនិស្ស័យពុករលួយមួយណាទៅ ដើម្បីរៀនមេរៀនអំពីការចុះចូល? តាមពិតទៅ វាជានិស្ស័យនៃភាពក្រអឺតក្រទម និងការរាប់ខ្លួនឯងជាសុចរិត ដែលជាឧបសគ្គដ៏ធំបំផុតចំពោះមនុស្សក្នុងការអនុវត្តសេចក្តីពិត និងការចុះចូលចំពោះព្រះជាម្ចាស់។ មនុស្សដែលមាននិស្ស័យក្រអឺតក្រទម និងរាប់ខ្លួនឯងជាសុចរិត មានទំនោរខ្លាំងបំផុតទៅរកការមានហេតុផល និងការមិនស្ដាប់បង្គាប់ ពួកគេតែងគិតថា ពួកគេត្រូវជានិច្ច ហើយគ្មានអ្វីដែលបន្ទាន់ខ្លាំងជាងការចាត់ចែង និងការដោះស្រាយជាមួយនិស្ស័យក្រអឺតក្រទម និងការរាប់ខ្លួនឯងជាសុចរិតរបស់មនុស្សឡើយ។ កាលណាមនុស្សចុះចូល និងឈប់រកហេតុផលការពារខ្លួន ពេលនោះ បញ្ហានៃការបះបោរនឹងត្រូវបានដោះស្រាយ ហើយពួកគេនឹងមានសមត្ថភាពចុះចូល។ ប្រសិនបើមនុស្សអាចមានការចុះចូល តើពួកគេមិនបាច់មានវិចារណញ្ញាណនៅកម្រិតណាមួយទេឬអី? ពួកគេត្រូវតែមានស្មារតីជាមនុស្សធម្មតា។ ឧទាហរណ៍ មិនថាយើងបានធ្វើត្រូវឬខុសទេ ប្រសិនបើព្រះជាម្ចាស់មិនសព្វព្រះទ័យ យើងគួរតែធ្វើតាមព្រះបន្ទូលរបស់ទ្រង់ ហើយចាត់ទុកព្រះបន្ទូលរបស់ទ្រង់ជាបទដ្ឋានសម្រាប់អ្វីៗគ្រប់យ៉ាង។ តើការនេះសមហេតុផលឬទេ? នេះជាស្មារតីមួយដែលគួរតែមាននៅក្នុងមនុស្សមុនអ្វីៗផ្សេងទៀត។ មិនថាយើងរងទុក្ខច្រើនបែបណា ហើយមិនថាយើងមានចេតនា គោលបំណង និងហេតុផលអ្វីនោះទេ ប្រសិនបើព្រះជាម្ចាស់មិនសព្វព្រះហឫទ័យ បើសេចក្តីតម្រូវរបស់ទ្រង់មិនត្រូវបានបំពេញទេ នោះច្បាស់ណាស់ ទង្វើរបស់យើងមិនស្របតាមសេចក្តីពិតឡើយ ដូច្នេះ យើងត្រូវតែស្ដាប់ និងចុះចូលចំពោះព្រះជាម្ចាស់ ហើយយើងមិនគួរព្យាយាមរកហេតុផល ឬសួរដេញដោលទ្រង់ឡើយ។ នៅពេលអ្នកមានហេតុផលបែបនេះ នៅពេលអ្នកមានស្មារតីជាមនុស្សធម្មតា នោះវាងាយស្រួលដោះស្រាយបញ្ហារបស់អ្នក ហើយអ្នកនឹងអាចចុះចូលបានយ៉ាងពិតប្រាកដ។ មិនថាអ្នកស្ថិតក្នុងស្ថានភាពបែបណាទេ អ្នកនឹងមិនបះបោរ ហើយអ្នកនឹងមិនប្រឆាំងនឹងសេចក្តីតម្រូវរបស់ព្រះជាម្ចាស់ឡើយ។ អ្នកនឹងមិនវិភាគមើលថាតើអ្វីដែលព្រះជាម្ចាស់ទូលសូមនោះត្រូវឬខុស ល្អឬអាក្រក់ទេ ហើយអ្នកអាចនឹងស្ដាប់បង្គាប់បាន ពោលគឺ បែបនេះ នឹងដោះស្រាយសភាពនៃការរកហេតុផល ភាពរឹងរូស និងការបះបោរបាន។ តើមនុស្សគ្រប់គ្នាមានសភាពបះបោរនៅក្នុងពួកគេដែរឬទេ? ជារឿយៗ សភាពទាំងនេះលេចឡើងនៅក្នុងមនុស្ស ហើយពួកគេរិះគិតថា៖ «ដរាបណាខ្ញុំមានវិធីសាស្ត្រ មានយោបល់ និងសំណើសមហេតុផល ពេលនោះ ទោះបីខ្ញុំបំពានគោលការណ៍នៃសេចក្តីពិតក៏ដោយ ក៏ខ្ញុំមិនគួរត្រូវបានលួសកាត់ ឬដោះស្រាយដែរ ព្រោះខ្ញុំមិនបានប្រព្រឹត្តអំពើអាក្រក់ឡើយ»។ នេះជាសភាពទូទៅមួយនៅក្នុងមនុស្ស។ ពួកគេមានទស្សនៈថា ប្រសិនបើពួកគេមិនបានប្រព្រឹត្តអំពើអាក្រក់ផង ពួកគេមិនគួរត្រូវបានលួសកាត់ និងដោះស្រាយឡើយ ពោលគឺ មានតែមនុស្សដែលបានប្រព្រឹត្តអាក្រក់ប៉ុណ្ណោះ ទើបគួរត្រូវបានលួសកាត់ និងដោះស្រាយ។ តើនេះជាទស្សនៈត្រឹមត្រូវដែរឬទេ? មិនត្រឹមត្រូវទេ។ ការលួសកាត់ និងការដោះស្រាយ ជាចម្បងសំដៅលើនិស្ស័យពុករលួយរបស់មនុស្ស។ ប្រសិនបើមនុស្សម្នាក់មាននិស្ស័យពុករលួយ ពួកគេគួរតែត្រូវបានលួសកាត់ និងដោះស្រាយ។ ប្រសិនបើពួកគេត្រូវបានលួសកាត់ និងដោះស្រាយ បន្ទាប់ពីប្រព្រឹត្តអាក្រក់រួច នោះវានឹងយឺតពេលមិនខាន ដ្បិតបញ្ហាត្រូវបានបង្កឡើងរួចស្រេចទៅហើយ។ ប្រសិនបើនិស្ស័យរបស់ព្រះជាម្ចាស់ត្រូវបានបំពាន ពេលនោះ អ្នកមានបញ្ហា ហើយព្រះជាម្ចាស់អាចឈប់ធ្វើការនៅក្នុងអ្នក ដែលក្នងករណីនេះ តើវាមានប្រយោជន៍អ្វីក្នុងការដោះស្រាយជាមួយអ្នក? វាគ្មានជម្រើសអ្វីក្រៅពីលាតត្រដាង និងផាត់អ្នកចោលឡើយ។ ការលំបាកចម្បងមួយដែលរារាំងមនុស្សមិនឱ្យស្ដាប់បង្គាប់ព្រះជាម្ចាស់ គឺជានិស្ស័យក្រអឺតក្រទមរបស់ពួកគេ។ ប្រសិនបើមនុស្សអាចទទួលយកការជំនុំជម្រះ និងការវាយផ្ចាលបានយ៉ាងពិតប្រាកដ នោះពួកគេអាចនឹងដោះស្រាយនិស្ស័យក្រអឺតក្រទមរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព។ មិនថាពួកគេអាចដោះស្រាយបញ្ហានេះបានកម្រិតណាទេ វានឹងមានប្រយោជន៍ដល់ការអនុវត្តសេចក្តីពិត និងការស្ដាប់បង្គាប់ព្រះជាម្ចាស់ដែរ។ ការទទួលយកការជំនុំជម្រះ និងការវាយផ្ចាល ជាចម្បងគឺដើម្បីដោះស្រាយនិស្ស័យពុករលួយរបស់មនុស្ស ដើម្បីឱ្យព្រះជាម្ចាស់សង្រ្គោះ។ ហើយប្រសិនបើមនុស្សអាចចុះចូលទាំងស្រុងចំពោះព្រះជាម្ចាស់ តើពួកគេនៅចាំបាច់ត្រូវដកពិសោធន៍ការជំនុំជម្រះ និងការវាលផ្ចាលដែរឬទេ? តើពួកគេនៅចាំបាច់ត្រូវដកពិសោធន៍ការលួសកាត់ និងការដោះស្រាយដែរឬទេ? ពួកគេមិនចាំបាច់ទេ ដ្បិតនិស្ស័យពុករលួយរបស់ពួកគេត្រូវបានដោះស្រាយរួចទៅហើយ។ នៅពេលប្រឈមនឹងការជំនុំជម្រះ ការវាយផ្ចាល ការលួសកាត់ និងការដោះស្រាយរបស់ព្រះជាម្ចាស់ មនុស្សតែងតែចូលចិត្តរកហេតុផល ដើម្បីការពារខ្លួនជានិច្ច។ មិនថាអ្នករិះរកហេតុផលច្រើនប៉ុនណាទេ គ្មានហេតុផលណាមួយ ជាសេចក្តីពិតឡើយ។ វាមិនមានន័យថា និស្ស័យពុករលួយរបស់អ្នកត្រូវបានដោះស្រាយទេ ហើយអ្នកក៏មិនចុះចូលចំពោះព្រះជាម្ចាស់យ៉ាងពិតប្រាកដដែរ។ ដូច្នេះ វាគ្មានប្រយោជន៍អ្វីដែលត្រូវរកហេតុផលឡើយ៖ ការដោះស្រាយបញ្ហា គឺជាអ្វីដែលសំខាន់បំផុត។
ប្រសិនបើមនុស្សគ្មានដួងចិត្តដែលចុះចូលចំពោះព្រះជាម្ចាស់ទេ នោះពួកគេមានបញ្ហាហើយ។ ជួនកាល ព្រះជាម្ចាស់រៀបចំកាលៈទេសៈសម្រាប់អ្នកដែលមិនដូចការស្រមើស្រមៃរបស់អ្នក ដូច្នេះ អ្នកក៏ប្រឆាំង។ ឧទាហរណ៍ ឧបមាថា អ្នកជាមនុស្សម្នាក់ដែលស្រឡាញ់ភាពស្អាត ហើយអ្នកមិនចូលចិត្តមនុស្សកខ្វក់ និងស្មោកគ្រោកទេ។ អ្នកគិតថា មនុស្សទាំងនេះគួរឱ្យខ្ពើមរអើម នៅពេលអ្នកឃើញពួកគេ។ តើអ្នកអាចគ្រប់គ្រងខ្លួនឯងបានដែរឬទេ? តើអ្នកគួរតែធ្វើអ្វីដែរ? ដំបូង អ្នកត្រូវតែមានអាកប្បកិរិយាដែលត្រឹមត្រូវ។ តើអាកប្បកិរិយាអ្វីដែរ? (អាកប្បកិរិយាដែលចុះចូល។) តើអ្នកត្រូវចុះចូលដោយរបៀបណា? តើគំនិតខាងក្នុងអ្វីខ្លះដែលនាំឱ្យមានអាកប្បកិរិយាដែលចុះចូល? តើអ្វីទៅដែលបង្កើតឱ្យមានតថភាពនៃការចុះចូល? នៅពេលអ្នកជួបរឿងបែបនេះ វាត្រូវតែមានការកែសម្រួលទាំងសងខាង។ គ្មានចំណុចណាមួយជាបញ្ហានោះទេ។ ក្នុងមួយឆាកជីវិតរបស់មនុស្ស ប្រាំបួនលើដប់នៃរឿងរ៉ាវទាំងនេះ គឺមិនស្របតាមការចង់បានរបស់ពួកគេឡើយ។ អ្នកអាចមិនចូលចិត្តរឿងនេះ ឬរឿងនោះ ហើយមិនថាមានរឿងបែបណាកើតឡើងចំពោះអ្នកទេ អ្នកតែងតែរកហេតុផលមកការពារខ្លួន និងរអ៊ូថា ព្រះជាម្ចាស់មិនយុត្តិធម៌ចំពោះអ្នកជានិច្ច។ មែនទែនទៅ នេះជាបញ្ហារបស់អ្នក ដូច្នេះ កុំអំពល់ខ្លាំងពេក។ នៅពេលអ្នកបានជឿលើព្រះជាម្ចាស់អស់រយៈពេលយូរ ហើយមានបទពិសោធជាច្រើនជាមួយបរាជ័យ ពេលនោះ អ្នកនឹងដឹងថា តាមពិតទៅ អ្នកមិនគួរឱ្យគោរព និងមិនប្រសើរជាងអ្នកណាម្នាក់ឡើយ។ ដោយគិតដល់របៀបដែលអ្នកធ្លាប់គិតថា អ្នកប្រសើរជាងគេ ខ្ពង់ខ្ពស់ជាងគេ និងគួរឱ្យគោរពជាងគេ អ្នកនឹងមានអារម្មណ៍ថាអ្នកពិតជាល្ងីល្ងើមែន! នៅពេលមនុស្សម្នាក់យល់ពីសេចក្តីពិតបានបន្តិច ពួកគេកាន់តែមានហេតុផលជាងមុន ដូច្នេះ ពួកគេងាយនឹងទទួលយកសេចក្តីពិត ហើយពួកគេងាយនឹងស្វែងរកសេចក្តីពិត និងចុះចូលចំពោះព្រះជាម្ចាស់ នៅពេលមានរឿងកើតឡើងចំពោះពួកគេ។ អ្នកត្រូវតែរៀនពីរបៀបសម្របខ្លួនតាមមជ្ឈដ្ឋានរបស់អ្នក។ ដំបូង អ្នកជឿលើព្រះជាម្ចាស់ ត្រូវតែមានចំណេះដឹងនេះជាមុនសិន៖ មានមនុស្សនៅក្នុងពួកជំនុំមកពីគ្រប់ដែនដី ហើយគ្រប់ដែនដីមានប្រពៃណី និងទម្លាប់ខុសៗគ្នា។ អ្វីទាំងនេះមិនតំណាងឱ្យគុណសម្បត្តិនៃមនុស្សជាតិនោះទេ។ ទោះបីមនុស្សមានទម្លាប់ជីវិតល្អ មានទម្លាប់ធម្មតា និងមានសណ្ដាប់ធ្នាប់ ហើយមានអត្តចរិតថ្លៃថ្នូរក៏ដោយ ក៏វាមិនមានន័យថា ពួកគេយល់ពីសេចក្តីពិតនោះដែរ។ អ្នកត្រូវតែយល់ និងមានការយល់ដឹងវិជ្ជមានអំពីរឿងនេះ។ លើសពីនេះ កំហុសរបស់អ្នកក៏មានច្រើន ហើយអ្នកក៏ពិបាកផ្គាប់ចិត្តផងដែរ។ ព្រះជាម្ចាស់ប្រទានដល់អ្នកនូវមជ្ឈដ្ឋានមួយដែលល្អសម្រាប់អ្នក ដូច្នេះ អ្នកត្រូវតែរៀនសម្របខ្លួនតាមមជ្ឈដ្ឋាននោះ មិនមែនអង្គុយចាប់កំហុសអ្នកដទៃនោះទេ ហើយជាងនេះទៅទៀត ត្រូវចុះសម្រុងជាមួយអ្នកដទៃដោយសេចក្តីស្រឡាញ់ ព្យាយាមស្គាល់ពួកគេ មើលនិងរៀនសូត្រពីចំណុចខ្លាំងរបស់ពួកគេ បន្ទាប់មក អធិស្ឋានសូមឱ្យព្រះជាម្ចាស់ជួយអ្នកជម្នះលើចំណុចខ្សោយរបស់អ្នក។ នេះជាអាកប្បកិរិយាដែលចុះចូល និងការអនុវត្ត។ ប្រសិនបើអ្នកមិនចូលចិត្តអ្នកដទៃខ្លាំង ហើយវាជះឥទ្ធិពលលើការបំពេញភារកិច្ចរបស់អ្នក ពេលនោះ អ្នកគួរតែនៅឱ្យឆ្ងាយពីពួកគេ ហើយកុំពាក់ព័ន្ធជាមួយពួកគេឡើយ។ តើការពាក់ព័ន្ធនេះគឺជាអ្វីដែរ? វាគឺជាពេលមួយដែលអ្នកនិយាយថា៖ «ខ្ញុំត្រូវតែផ្លាស់ប្ដូរចំណុចខ្សោយរបស់គេ។ បើផ្លាស់ប្ដូរមិនបានទេ ខ្ញុំនឹងមិនបោះបង់ឡើយ!» តើនេះជាការប្រព្រឹត្តបែបណាដែរ? នេះជាការប្រព្រឹត្តបែបព្រហើន ក្រអឺតក្រទម និងល្ងង់ខ្លៅ។ កុំធ្វើជាមនុស្សបែបនេះឡើយ។ យើងទាំងអស់គ្នាគឺជាមនុស្សធម្មតា។ យើងមិនមើលទៅមានលក្ខណៈពិសេសនោះទេ។ យើងម្នាក់ៗមានក្បាលមួយ ភ្នែកពីរ ច្រមុះមួយ និងមាត់មួយ។ មិនថាយើងហូប យើងដើរ ឬយើងធ្វើការឡើយ យើងគ្រប់គ្នាគឺដូចតែគ្នា គ្មានអ្វីខុសគ្នាទេ។ យើងក៏មិនប្រសើរជាងអ្នកដទៃនោះដែរ ដូច្នេះ យើងមិនគួរមើលឃើញខ្លួនឯងថាគួរឱ្យគោរព ឬអស្ចារ្យនោះឡើយ។ ទោះបីអ្នកមានជំនាញ ឬទេពកោសល្យបន្តិចបន្តួចក៏ដោយ ក៏វាគ្មានអ្វីដែលត្រូវអួតអាងនោះដែរ។ ដំបូង អ្នកត្រូវកំណត់ជំហររបស់អ្នកឱ្យបានត្រង់សិន ហើយនៅពេលអ្នកជួបបញ្ហា អ្នកត្រូវមើលទៅកាន់បញ្ហាទាំងនោះដោយផ្អែកលើព្រះបន្ទូលព្រះជាម្ចាស់ ពេលនោះ អ្នកនឹងមិនអំពល់ឡើយ។ ប្រសិនបើមានរឿងពិសេសណាមួយកើតឡើងចំពោះអ្នក ដែលអ្នកមិនអាចចុះចូលបាន ហើយវាជះឥទ្ធិពលលើការបំពេញភារកិច្ចរបស់អ្នក ពេលនោះ អ្នកគួរតែអធិស្ឋានទៅព្រះជាម្ចាស់ និងស្វែងរកសេចក្តីពិត ដើម្បីដោះស្រាយបញ្ហានោះ។ យើងមិនត្រូវដាក់ខ្លួននៅកន្លែងណាដែលមិនមែនជារបស់យើងទេ។ អ្វីទាំងអស់សុទ្ធតែមានបំណងល្អពីព្រះជាម្ចាស់។ ព្រះអង្គបណ្ដុះបណ្ដាលមនុស្សតាមរយៈកាលៈទេសៈគ្រប់ប្រភេទ ដោយធ្វើឱ្យពួកគេទទួលកម្ដៅ និងរៀនចុះចូល ហើយនៅទីបំផុត កម្ដៅនេះបង្កើតជាផលផ្លែ៖ ពួកគេអាចកោតខ្លាចព្រះជាម្ចាស់ និងគេចចេញពីសេចក្តីអាក្រក់ ផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់ រួចក្រោយមក ពួកគេមានការផ្លាស់ប្ដូរពិតប្រាកដ។ ដើម្បីដេញតាមសេចក្តីពិត ជាដំបូង អ្នកត្រូវតែរៀនចុះចូលចំពោះកាលៈទេសៈរបស់អ្នក។ ជារឿយៗ កាលៈទេសៈរបស់អ្នកមិនសាមញ្ញពេកនោះទេ។ អ្នកអាចទាក់ទងជាមួយមនុស្សគ្រប់បែបយ៉ាង និងជួបរឿងចម្លែកៗគ្រប់ប្រភេទ។ មិនថាមានរឿងកើតឡើងចំពោះអ្នកបែបណាទេ មិនត្រូវពឹងអាងលើឆន្ទៈ ឬភាពតក់ក្រហល់របស់អ្នកឡើយ ប៉ុន្តែត្រូវចូលមកអធិស្ឋាននៅចំពោះព្រះជាម្ចាស់វិញ។ ដើម្បីធ្វើបែបនេះបាន ដំបូង អ្នកត្រូវមានអាកប្បកិរិយាដែលចុះចូល ដែលនេះជាគុណសម្បត្តិខាងក្នុងមួយដែលមនុស្សធម្មតាទាំងអស់គួរតែមាន។ លើសពីនេះទៅទៀត ប្រសិនបើអ្នកអធិស្ឋានទូលសូមឱ្យព្រះជាម្ចាស់ធ្វើសកម្មភាព ហើយទ្រង់មិនធ្វើសកម្មភាព ឬមិនបើកច្រកចេញសម្រាប់អ្នកទេ ពេលនោះ អ្នកក៏ត្រូវចុះចូលដែរ។ អ្នកគួរតែបន្តរស់នៅក្នុងកាលៈទេសៈបែបនេះ ដោយអនុញ្ញាតឱ្យព្រះជាម្ចាស់ចាត់ចែងអ្វីៗសម្រាប់អ្នក ហើយមិនត្រូវបង្ខំឱ្យអ្វីៗកើតឡើងដោយដៃរបស់អ្នកផ្ទាល់ និងដើរមុនព្រះជាម្ចាស់ឡើយ។ នេះគឺជាផ្លូវតែមួយគត់ ដើម្បីរស់នៅជីវិតដែលមានតម្លៃ។ ការពិតនៃការចុះចូលចំពោះព្រះជាម្ចាស់ មិនមែនជារឿងងាយចូលនោះឡើយ ព្រោះថាគ្មាននរណាម្នាក់រស់នៅដោយគ្មានបញ្ហានោះទេ។ ពេលក្រឡេកមើលជីវិតរបស់ខ្លួន មនុស្សម្នាក់ៗមានទម្លាប់ គំនិត បំណងប្រាថ្នា និងការចង់បានរៀងៗខ្លួន។ ពេលក្រឡេកមើលលក្ខខណ្ឌសត្យានុម័តវិញ គ្មាននរណាម្នាក់អាចសម្របបានទាំងស្រុងទៅតាមឆន្ទៈរបស់អ្នកនៅក្នុងសម្ដី និងទង្វើរបស់ពួកគេបានឡើយ។ ហេតុដូចនេះ មេរៀនដ៏សំខាន់បំផុត គឺត្រូវអនុញ្ញាតឱ្យមនុស្សគ្រប់គ្នារៀនសូត្រពីរបៀបចុះចូលចំពោះកាលៈទេសៈរបស់ខ្លួន និងត្រូវស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់នៅក្នុងកាលៈទេសៈជីវិតដែលកើតមានចំពោះពួកគេ។ មិនថាអ្នកមានកាលៈទេសៈជីវិតល្អឬអាក្រក់ ស្រួលឬពិបាកឡើយ វាមានមេរៀនដែលអ្នកគួររៀនសូត្រ។ អ្នកដែលល្មោភចង់បានផាសុកភាព និងភាពសុខស្រួល អ្នកនោះត្រូវរៀនមេរៀនអំពីការចុះចូល និងការរងទុក្ខ។ ពួកគេត្រូវតែមានសមត្ថភាពរស់នៅក្នុងគ្រប់កាលៈទេសៈ អាចបំពេញភារកិច្ចរបស់ខ្លួនបានល្អ និងប្រកាន់ខ្ជាប់ក្នុងទីបន្ទាល់របស់ខ្លួន។ មានតែបែបនេះទេ ទើបពួកគេអាចបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់បាន។ តើកាលៈទេសៈជីវិតបែបនេះមិនត្រូវបានចាត់ចែង និងរៀបចំដោយព្រះជាម្ចាស់ទេឬអី? មនុស្សគ្រប់គ្នាសុទ្ធតែស្រេកឃ្លានចង់បានជីវិតមួយល្អ ប៉ុន្តែប្រសិនបើពួកគេរស់នៅក្នុងកាលៈទេសៈដែលមានភាពសុកភាព និងស្រួលពេក ដោយគ្មានរងទុក្ខអ្វីទាល់តែសោះ ពេលនោះ តើពួកគេនឹងអាចចុះចូលចំពោះព្រះជាម្ចាស់ និងធ្វើបន្ទាល់ពីទ្រង់បានដែរឬទេ? នៅពេលព្រះជាម្ចាស់រៀបចំការលំបាក និងកាលៈទេសៈពិបាកខ្លះសម្រាប់អ្នក ថាតើអ្នកអាចចុះចូលបានឬអត់ នោះគឺជាសំណួរដ៏សំខាន់។ ប្រសិនបើមនុស្សគ្រប់គ្នាអាចគិតគូរពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់នៅក្រោមកាលៈទេសៈទាំងនេះ និងអនុវត្តតាមសេចក្តីតម្រូវរបស់ទ្រង់ ពេលនោះ អ្នកត្រូវស៊ូទ្រាំនឹងគ្រប់រឿងរ៉ាវដែលអ្នកមិនចង់ឃើញ គ្រប់រឿងរ៉ាវដែលអ្នកមិនចូលចិត្ត។ លើសពីនេះទៅទៀត អ្នកមិនត្រូវឱ្យរឿងទាំងនោះរឹតត្បិតអ្នកឡើយ ហើយអ្នកអាចបំពេញភារកិច្ចរបស់អ្នកបានធម្មតា។ ការដកពិសោធន៍បែបនេះ នឹងធ្វើឱ្យជីវិតរបស់អ្នករីកចម្រើន។ មនុស្សខ្លះនិយាយថា៖ «ប្រសិនបើអ្នកដទៃមិនអនុវត្តសេចក្តីពិតទេ ពេលនោះ ខ្ញុំក៏នឹងមិនអនុវត្តសេចក្តីពិតដែរ។ ប្រសិនបើពួកគេមិនចុះចូល ចុះហេតុអ្វីបានជាខ្ញុំគួរតែចុះចូល? ប្រសិនបើពួកគេគ្មានការអត់ឱនផង ចុះហេតុអ្វីបានជាខ្ញុំគួរតែមានការអត់ឱន? ហេតុអ្វីបានជាខ្ញុំតែងតែធ្វើរឿងដែលពួកគេមិនធ្វើអ៊ីចឹង? ហេតុអ្វីបានជាខ្ញុំតែងតែក្លាយជាមនុស្សម្នាក់ដែលខំប្រឹងខ្លាំងម្ល៉េះ? ខ្ញុំក៏នឹងមិនធ្វើផងដែរ»។ ចុះចំណែកអាកប្បកិរិយាបែបនេះវិញ យ៉ាងម៉េចដែរ? ការដែលអ្នកអនុវត្តសេចក្តីពិត នោះគឺជារឿងរបស់អ្នកផ្ទាល់។ វាគឺជារឿងរវាងអ្នក និងព្រះជាម្ចាស់ ហើយវាគ្មានពាក់ព័ន្ធអ្វីជាមួយអ្នកផ្សេងនោះទេ។ អ្នកផ្សេងទៀតគ្មានកាតព្វកិច្ចអ្វីត្រូវសហការជាមួយអ្នកឡើយ។ អ្នកគឺជាអ្នក ហើយពួកគេគឺជាពួកគេ។ ប្រសិនបើពួកគេមិនអនុវត្តសេចក្តីពិត និងមិនចូលទៅក្នុងតថភាពនៃសេចក្តីពិត នោះនៅទីបំផុត ពួកគេនឹងក្លាយជាមនុស្សម្នាក់ដែលត្រូវបោះបង់ចោលមិនខាន មិនមែនជារូបអ្នកទេ ហើយអ្នកនឹងមិនខាតបង់ឡើយ។ តើមនុស្សដែលចុះចូលចំពោះព្រះជាម្ចាស់ ត្រូវខាតបង់ដែរឬទេ? ពួកគេនឹងមិនត្រូវខាតបង់ឡើយ។ ប្រសិនបើអ្នករាល់គ្នាមិនអាចយល់ពីចំណុចនេះទេ នោះអ្នកពិតជាល្ងីល្ងើពេកហើយ!
ចំពោះរឿងរ៉ាវអំពីច្រកចូលទៅក្នុងជីវិតវិញ ទោះបីវាគ្រាន់តែជាព្រះបន្ទូលប្រកបគ្នាពីរបីម៉ាត់ក្ដី ប្រសិនបើអ្នករាល់គ្នាទទួលយកព្រះបន្ទូលទាំងនោះដោយចិត្តស្មោះ អ្នកអាចយកព្រះបន្ទូលទាំងនេះទៅអនុវត្តនៅក្នុងជីវិតពិតរបស់អ្នក និងធ្វើឱ្យព្រះបន្ទូលទាំងនោះក្លាយជាការពិតក្នុងជីវិតអ្នករាល់គ្នា ពេលនោះ ខ្ញុំនឹងមិនបានថ្លែងទៅដោយអសារបង់ឡើយ។ ដូច្នេះ មិនថានេះជាទិដ្ឋភាពអ្វីនៃតថភាពឡើយ ហើយទោះបីវាត្រឹមជាបន្ទូលពីរបីម៉ាត់ក្ដី ប្រសិនបើសេចក្តីពិតដក់ជាប់នៅក្នុងដួងចិត្តរបស់អ្នក ហើយបើអ្នកអនុវត្តបន្ទូលនោះថាជាសេចក្តីពិត ពេលនោះ វានឹងចាក់ឫស ចេញផ្កា និងបង្កើតផលផ្លែនៅក្នុងអ្នកមិនខាន។ វានឹងក្លាយជាជីវិតរបស់អ្នក ហើយអ្នកនឹងអាចរស់នៅតាមបន្ទូលនោះ និងបង្កើតផលផ្លែមិនខាន។ នេះជាលទ្ធផលល្អ។ ប្រសិនបើខ្ញុំត្រូវប្រកបគ្នាជាមួយអ្នករាល់គ្នាជារៀងរាល់ថ្ងៃ ប៉ុន្តែទោះបីខ្ញុំមានបន្ទូលច្រើនបែបណាក៏ដោយ ក៏អ្នករាល់គ្នាមិនយល់ដែរ ពោលគឺ បើគ្មាននរណាម្នាក់អាចអនុញ្ញាតឱ្យបន្ទូលនោះចូលទៅក្នុងចិត្តរបស់ខ្លួនទេ បើគេនៅតែធ្វើអ្វីៗតាមដែលខ្លួនចង់ធ្វើ ប្រព្រឹត្តតាមអំពើចិត្ត និងដោយធ្វេសប្រហែស មិនស្ដាប់តាមអ្វីដែលខ្ញុំបានប្រាប់ ហើយនៅតែរស់នៅតាមឆន្ទៈរបស់ខ្លួន តាមការស្រមើស្រមៃ និងសញ្ញាណរបស់ខ្លួនទៀត ពេលនោះ តើខ្ញុំមិនមានបន្ទូលទៅដោយអសារបង់ទៅហើយទេឬអី? ថាតើខ្ញុំមានបន្ទូលជាច្រើនទៅកាន់អ្នករាល់គ្នាអំពីរឿងនេះ នោះមិនសំខាន់ទេ ប៉ុន្តែអ្វីដែលសំខាន់គឺថា អ្នករាល់គ្នាត្រូវស្ដាប់ ទទួលយក និងអនុវត្តតាមបន្ទូលទាំងនោះដោយចិត្តឧស្សាហ៍ព្យាយាមឬអត់។ តាមពិតទៅ សេចក្តីពិត គឺជាជីវិតរបស់មនុស្សយ៉ាងពិតប្រាកដ។ វាមិនមែនជាផ្នែកនៃភាពជាអ្នកចេះដឹង មិនមែនជាចំណេះដឹង មិនមែនជាប្រពៃណីបែបប្រជាប្រិយ ឬការជជែកវែកញែកនោះទេ ពោលគឺ វាជាជីវិតរបស់មនុស្ស។ វាអាចជួយឱ្យអ្នករួចផុតពីចំណងរបស់សាតាំង មានសេរីភាពពីនិស្ស័យពុករលួយរបស់អ្នក រស់នៅជាមួយចំណុចខ្លាំង និងអំណាចកាន់តែអស្ចារ្យ រស់នៅកាន់តែមានផាសុកភាព និងរស់នៅជាមួយទិសដៅ និងគោលដៅ។ សេចក្តីពិតពិតជាអាចក្លាយជាជីវិតរបស់មនុស្សបាន។ ប្រសិនបើអ្នកមិនជឿខ្ញុំទេ សូមសាកពិសោធ និងយកវាទៅអនុវត្តមួយរយៈពេលចុះ ចាំមើលថាតើវាបានផលឬក៏អត់ ពេលនោះ អ្នកនឹងដឹងមិនខាន។ ប្រសិនបើអ្នកតែងមានអារម្មណ៍ទន់ខ្សោយ និងអកម្មជាញឹកញាប់ ពេលនោះ អ្វីដែលអ្នកអាចនិយាយបានគឺថា អ្នកមិនទាន់បានទទួលសេចក្តីពិតនៅឡើយទេ។ ប្រសិនបើអ្នកបានទទួលសេចក្តីពិត នោះអ្នកនឹងមិនស្ថិតក្នុងសភាពបែបឥឡូវនេះ ដែលតែលតោល ទន់ជ្រាយ និងទន់ខ្សោយនោះឡើយ។ អ្នកនឹងមិនអកម្មជាញឹកញាប់ ហើយក៏មិនជាប់គាំងនៅផ្លូវបំបែកជាញឹកញាប់ ទាំងមិនដឹងថាត្រូវដើរតាមផ្លូវណានោះដែរ។ នេះជារឿងប្រាកដមួយរយភាគរយតែម្ដង! តើអ្នកយល់ដែរឬទេ? (យល់។)។
ឥឡូវនេះ យើងបានបញ្ចប់ការប្រកបគ្នាអំពីលក្ខខណ្ឌទាំងប្រាំដែលត្រូវបំពេញ ដើម្បីដើរលើផ្លូវត្រឹមត្រូវនៃការជឿលើព្រះជាម្ចាស់ហើយ។ តើលក្ខណៈទាំងប្រាំនោះមានអ្វីខ្លះដែរ? (ដំបូង មនុស្សត្រូវតែមានដួងចិត្តដែលស្មោះត្រង់។ ទីពីរ មនុស្សត្រូវមានដួងចិត្តដែលស្រឡាញ់សេចក្តីពិត។ ទីបី មនុស្សត្រូវតែមានសតិសម្បជញ្ញៈ និងហេតុផល។ ទីបួន មនុស្សត្រូវតែមានដួងចិត្តដែលកោតខ្លាចព្រះជាម្ចាស់។ ហើយទីប្រាំ មនុស្សត្រូវតែមានដួងចិត្តដែលចុះចូលចំពោះព្រះជាម្ចាស់។) សូមចាំអំពីលក្ខខណ្ឌទាំងប្រាំនេះ ប្រកបគ្នាអំពីលក្ខខណ្ឌទាំងនេះ ហើយអធិស្ឋាន និងអានលក្ខខណ្ឌទាំងនេះ នៅពេលដែលគ្មានអ្វីកើតឡើង។ សូមមើលថាគោលការណ៍នៃសេចក្តីពិតណាខ្លះដែលអ្នករាល់គ្នាបានយកទៅអនុវត្តក្នុងអំឡុងពេលនេះ ពិនិត្យមើលថាតើពាក្យសម្ដីនិងទង្វើរបស់អ្នកមានភាពស្មោះត្រង់ឬក៏អត់ ពិនិត្យមើលថាតើអ្នកមានដួងចិត្តដែលកោតខ្លាចព្រះជាម្ចាស់ឬក៏អត់ ពិនិត្យមើលថាតើអ្នកមានដួងចិត្តដែលស្មោះត្រង់ នៅពេលអ្នកបំពេញភារកិច្ចឬក៏អត់ ពិនិត្យមើលថាតើអ្នកមានសភាពបែបបង្គ្រប់កិច្ចឬក៏អត់ ពិនិត្យមើលថាតើអ្នកមានគំនិតបែបខ្ជីខ្ជា គេចវេះពីការទទួលខុសត្រូវ ឬបោកបញ្ឆោតឬក៏អត់ និងពិនិត្យមើលថាតើអ្នកស្វែងរក និងចុះចូលចំពោះរាល់សេចក្តីតម្រូវរបស់ព្រះជាម្ចាស់ឬក៏អត់។ យូរៗម្ដង អ្នកត្រូវតែឆ្លុះបញ្ចាំងពីចំណុចនេះ។ មានតែតាមរយៈការទទួលបានលទ្ធផលទេ ទើបជីវិតរបស់អ្នកនឹងរីកចម្រើនឡើង។
ថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០១៥