ស្ដីពីការសហប្រតិបត្តិការគ្នាដោយចុះសម្រុង

របៀបដែលមនុស្សបំពេញភារកិច្ចរបស់ខ្លួននៅដំណាក់របស់ព្រះជាម្ចាស់ គឺខុសគ្នាទាំងស្រុងពីរបៀបដែលពួកអ្នកមិនជឿធ្វើកិច្ចការផ្សេងៗ។ តើមានភាពខុសគ្នាអ្វីខ្លះ? បងប្អូនប្រុសស្រីអានព្រះបន្ទូលរបស់ព្រះជាម្ចាស់រួមគ្នា និងមានទំនាក់ទំនងគ្នាខាងវិញ្ញាណ។ ពួកគាត់អាចរស់នៅចុះសម្រុងគ្នា និងអាចនិយាយប្រាប់គ្នាទៅវិញទៅមកអំពីអ្វីដែលមាននៅក្នុងចិត្តរបស់ពួកគាត់បាន។ ពួកគាត់អាចប្រកបគ្នាពីសេចក្ដីពិតតាមសម្រួល និងដោយបើកចំហ អាចត្រេកអរនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងចេះជួយគ្នាទៅវិញទៅមក។ នរណាក៏ដោយដែលមានការលំបាក ពួកគាត់តែងស្វែងរកដំណោះស្រាយរួមគ្នាដើម្បីដោះស្រាយបញ្ហានោះ ពួកគាត់អាចមានការឯកភាពគ្នាខាងវិញ្ញាណ ហើយពួកគាត់អាចចុះចូលចំពោះសេចក្ដីពិត និងចំពោះព្រះជាម្ចាស់បាន។ ពួកអ្នកមិនជឿគឺខុសគ្នា។ ពួកគេសុទ្ធតែមានរឿងសម្ងាត់ផ្ទាល់ខ្លួន ពួកគេមិននិយាយប្រាប់គ្នាដោយបើកចំហទេ ពួកគេប្រយ័ត្នខ្លួនដាក់គ្នាទៅវិញទៅមក ហើយពួកគេថែមទាំងមានគ្រោងការសម្ងាត់ និងប្រកួតប្រជែងគ្នាថែមទៀតផង។ ចុងក្រោយ ពួកគេក៏បែកបាក់គ្នាដោយសារតែខ្វែងគំនិតគ្នា និងដើរតាមផ្លូវរៀងខ្លួន។ ភាពខុសគ្នាធំបំផុតរវាងការស្ថិតនៅក្នុងក្រុមជំនុំ និងការស្ថិតនៅក្នុងពិភពរបស់ពួកអ្នកមិនជឿគឺថា អ្នកដែលជឿព្រះជាម្ចាស់ដោយស្មោះ អាចទទួលយកសេចក្ដីពិតបាន។ មិនថានរណាមានបញ្ហាឬការលំបាកអ្វីទេ គ្រប់គ្នាអាចប្រកបគ្នាដោយបើកចំហ និងជួយគ្នាទៅវិញទៅមក ហើយប្រសិនបើនរណាម្នាក់បង្ហាញចេញនូវសេចក្ដីពុករលួយ អ្នកនោះអាចទទួលយកការរិះគន់ ការដោះស្រាយជាមួយ និងការលួសកាត់ ដើម្បីឱ្យបុគ្គលម្នាក់នេះ អាចប្រែចិត្តបាន។ នេះហើយគឺជាអត្ថន័យនៃការស្រឡាញ់គ្នាទៅវិញទៅមកនោះ។ មនុស្សគ្រប់រូបមានទំនាក់ទំនងស្មើភាពគ្នា ហើយគោលការណ៍ដែលមនុស្សចុះសម្រុងគ្នា គឺកសាងឡើងដោយឈរលើមូលដ្ឋាននៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ប្រសិនបើអ្នកណាម្នាក់បង្ហាញចេញសេចក្ដីពុករលួយ និយាយមិនត្រឹមត្រូវ ឬប្រព្រឹត្តកំហុសអ្វីមួយ ពួកគេអាចប្រកបគ្នាដោយបើកចំហបាន។ នៅពេលមនុស្សគ្រប់គ្នាស្វែងរកសេចក្ដីពិត ជួយគ្នាទៅវិញទៅមក និងមានការយល់ដឹងអំពីសេចក្ដីពិត នោះពួកគេនឹងទទួលបានការដោះលែង និងមានសេរីភាពទាំងស្រុង។ បែបនេះ មនុស្សលែងយល់ថា ខ្លួនពួកគេឃ្លាតឆ្ងាយពីគ្នា លែងប្រជែងគ្នាទៅវិញទៅមក ឬមានការប្រយ័ត្នប្រយែងចំពោះគ្នាទៅវិញទៅមកទៀតហើយ។ ពួកគេក៏អាចលើកទឹកចិត្តគ្នា និងស្រឡាញ់គ្នាទៅវិញទៅមកបានផងដែរ។ លទ្ធផលទាំងអស់នេះ គឺជាឥទ្ធិពលនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។ តាមរយៈជីវិតជាពួកជំនុំ អស់អ្នកណាដែលជឿលើព្រះជាម្ចាស់ពិតប្រាកដ អ្នកនោះនឹងបានយល់ពីសេចក្ដីពិត កម្ចាត់បង់នូវសេចក្ដីពុករលួយ សហប្រតិបត្តិការគ្នាដោយចុះសម្រុងជាមួយបងប្អូនប្រុសស្រី បំពេញភារកិច្ចរបស់ខ្លួនបានល្អ រស់នៅចុះសម្រុងគ្នា និងរស់នៅចំពោះព្រះជាម្ចាស់។

ប្រសិនបើអ្នកចង់បំពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អ និងបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ នោះអ្នកត្រូវតែរៀនធ្វើការដោយចុះសម្រុងគ្នាទៅវិញទៅមកជាមុនសិន។ នៅពេលសហប្រតិបត្តិការគ្នាជាមួយបងប្អូនប្រុសស្រី អ្នកគួរពិចារណាចំណុចដូចខាងក្រោម៖ «តើអ្វីទៅជាការចុះសម្រុងគ្នា? តើសម្ដីរបស់ខ្ញុំចុះសម្រុងគ្នាជាមួយពួកគេដែរឬទេ? តើគំនិតរបស់ខ្ញុំចុះសម្រុងគ្នាជាមួយពួកគេដែរឬទេ? តើវិធីដែលខ្ញុំធ្វើចុះសម្រុងគ្នាជាមួយពួកគេដែរឬទេ?» ចូរពិចារណាអំពីរបៀបសហប្រតិបត្តិការគ្នាដោយចុះសម្រុង។ ពេលខ្លះ ការចុះសម្រុងគ្នាសំដៅលើការអត់ទ្រាំ និងការអត់ធ្មត់ ប៉ុន្តែពាក្យនេះក៏មានន័យថាជាការប្រកាន់ជំហររបស់ខ្លួន និងប្រកាន់តាមគោលការណ៍ផងដែរ។ ការចុះសម្រុងគ្នា ពុំមានន័យថា ជាការបន្ធូរបន្ថយគោលការណ៍ដើម្បីឱ្យអ្វីៗដំណើរការទៅរលូននោះទេ ក៏ពុំមានន័យថា ព្យាយាមដើម្បីក្លាយជា «មនុស្សល្អ» ឬប្រកាន់យកផ្លូវកណ្ដាលនោះដែរ ហើយកាន់តែមិនមានន័យថា ជាការផ្គាប់ផ្គុនចិត្តនរណាម្នាក់ទៅទៀត។ ទាំងអស់នេះ គឺជាគោលការណ៍។ នៅពេលដែលអ្នកយល់ពីគោលការណ៍ទាំងនេះហើយ អ្នកនឹងនិយាយ និងធ្វើអ្វីៗស្របទៅតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ទាំងមិនដឹងខ្លួន និងរស់នៅតាមតថភាពនៃសេចក្ដីពិត ហើយបែបនេះ ងាយនឹងសម្រេចបាននូវការឯកភាពគ្នាណាស់។ ក្នុងដំណាក់របស់ព្រះជាម្ចាស់ ប្រសិនបើមនុស្សរស់នៅតាមទស្សនវិជ្ជាបែបលោកិយរបស់ពួកគេ ហើយប្រសិនបើពួកគេពឹងលើសញ្ញាណផ្ទាល់ខ្លួន ទំនោរចិត្ត បំណងប្រាថ្នា បំណងបែបអាត្មានិយម អំណោយទានផ្ទាល់ខ្លួនរបស់ពួកគេ និងភាពឈ្លាសវៃក្នុងការចុះសម្រុងគ្នាទៅវិញទៅមក នោះមិនមែនជាការរស់នៅចំពោះព្រះជាម្ចាស់ឡើយ ហើយពួកគេមិនអាចសម្រេចបាននូវការឯកភាពគ្នានោះទេ។ តើហេតុអ្វីទៅ? នេះគឺដោយសារតែនៅពេលដែលមនុស្សរស់នៅតាមនិស្ស័យបែបសាតាំង ពួកគេមិនអាចមានការឯកភាពគ្នាបានឡើយ។ ដូច្នេះ តើចុងក្រោយនឹងមានលទ្ធផលបែបណា? ព្រះជាម្ចាស់នឹងមិនចំណាយពេលកែខៃពួកគេឡើយ។ បើគ្មានកិច្ចការរបស់ព្រះជាម្ចាស់ទេ ប្រសិនបើមនុស្សពឹងលើសមត្ថភាពស្ដួចស្ដើង និងភាពឈ្លាសវៃរបស់ពួកគេ ពឹងលើជំនាញការបន្តិចបន្តួចរបស់ពួកគេ និងពឹងលើចំណេះដឹង និងជំនាញដែលពួកគេទទួលបាន ពេលនោះពួកគេមុខជាមានការលំបាកខ្លាំងក្នុងការដែលត្រូវគេយកមកប្រើនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ហើយពួកគេនឹងយល់ថា ការធ្វើតាមបំណងព្រះហឫទ័យរបស់ទ្រង់ គឺពិបាកខ្លាំងណាស់។ បើគ្មានកិច្ចការរបស់ព្រះជាម្ចាស់ទេ អ្នកមិនអាចយល់ពីបំណងព្រះហឫទ័យរបស់ព្រះ ពីសេចក្ដីតម្រូវរបស់ព្រះ ឬពីគោលការណ៍នៃការអនុវត្តបានឡើយ។ អ្នកមុខជាមិនដឹងថា ត្រូវបំពេញភារកិច្ចរបស់អ្នកតាមផ្លូវណា ឬតាមគោលការណ៍ណាឡើយ ហើយអ្នកមុខជាមិនដឹងថា ត្រូវធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ដោយរបៀបណា ក៏មិនដឹងសកម្មភាពណាខ្លះដែលបំពានគោលការណ៍នៃសេចក្ដីពិត និងទាស់ទទឹងនឹងព្រះជាម្ចាស់ដែរ។ ប្រសិនបើអ្នកមិនយល់ពីចំណុចទាំងនេះឱ្យបានច្បាស់ទេ នោះអ្នកបានត្រឹមតែប្រកាន់តាមនិងអនុវត្តតាមច្បាប់ទាំងងងឹតងងុលប៉ុណ្ណោះ។ នៅពេលដែលអ្នកបំពេញភារកិច្ចរបស់អ្នកទាំងវង្វេងវង្វាន់បែបនេះ អ្នកច្បាស់ជាបរាជ័យមិនខាន។ អ្នកនឹងមិនទទួលបានការពេញព្រះទ័យពីព្រះជាម្ចាស់ឡើយ ហើយអ្នកច្បាស់ជាធ្វើឱ្យព្រះជាម្ចាស់ស្អប់ និងបដិសេធអ្នក ហើយអ្នកមុខជាត្រូវផាត់ចោល។

នៅពេលមនុស្សពីរនាក់សហប្រតិបត្តិការគ្នាដើម្បីបំពេញភារកិច្ច ជួនកាល ពួកគេអាចមានជម្លោះពាក់ព័ន្ធនឹងបញ្ហាគោលការណ៍។ ពួកគេនឹងមានការយល់ឃើញខុសៗគ្នា ហើយពួកគេនឹងមានទស្សនៈខុសៗគ្នា។ ក្នុងករណីនោះ តើអាចធ្វើដូចម្ដេចបាន? តើនេះជាបញ្ហាដែលកើតមានញឹកញាប់ដែរឬទេ? បញ្ហានេះគឺជារឿងធម្មតាទេ។ ចិត្តគំនិត គុណសម្បត្តិ ការយល់ដឹងស៊ីជម្រៅ អាយុ និងបទពិសោធរបស់មនុស្សម្នាក់ៗ គឺខុសគ្នា ហើយមនុស្សពីរនាក់ ច្បាស់ជាមិនអាចមានគំនិតនិងទស្សនៈដូចគ្នានោះទេ ដូច្នេះហើយ ការដែលមនុស្សពីរនាក់អាចមានទស្សនៈ និងការយល់ឃើញខុសគ្នា គឺជារឿងធម្មតាបំផុត។ បញ្ហានេះកើតមានញឹកញាប់ខ្លាំងណាស់ ដូច្នេះ មិនចាំបាច់យកចិត្តទុកអ្វីច្រើននោះទេ។ សំណួរដ៏សំខាន់គឺ នៅពេលមានបញ្ហាបែបនេះកើតឡើង តើត្រូវសហប្រតិបត្តិការ និងស្វះស្វែងដើម្បីសម្រេចបាននូវការឯកភាពគ្នានៅចំពោះព្រះជាម្ចាស់ និងសម្រេចនូវការមូលមតិនិងទស្សនៈគ្នាជាឯកច្ឆន្ទដោយរបៀបណា។ តើមានមាគ៌ាណាដែលនាំរកការមូលមតិនិងទស្សនៈគ្នាជាឯកច្ឆន្ទដែរទេ? មាគ៌ានោះគឺ ការស្វែងរកគោលការណ៍នៃសេចក្ដីពិតក្នុងទិដ្ឋភាពណាដែលពាក់ព័ន្ធ មិនត្រូវធ្វើអ្វីតាមបំណងផ្ទាល់ខ្លួនរបស់អ្នក ឬតាមបំណងរបស់អ្នកណាផ្សេងឡើយ ប៉ុន្តែត្រូវស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ នេះហើយគឺជាមាគ៌ានាំទៅរកកិច្ចសហប្រតិបត្តិការគ្នាដោយចុះសម្រុង។ មានតែនៅពេលដែលអ្នកស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងគោលការណ៍ដែលទ្រង់តម្រូវប៉ុណ្ណោះ ទើបអ្នកនឹងអាចសម្រេចនូវការឯកភាពគ្នាបាន។ បើពុំដូច្នោះទេ ប្រសិនបើអ្វីៗស្របតាមវិធីរបស់អ្នក នោះអ្នកដទៃនឹងមិនពេញចិត្តឡើយ ហើយប្រសិនបើអ្វីៗស្របតាមវិធីរបស់ពួកគេវិញ នោះអ្នកមុខជាមានអារម្មណ៍មិនសប្បាយចិត្ត និងមិនស្រណុកចិត្តនោះទេ។ អ្នកមុខជាមិនអាចយល់ច្បាស់ពីរឿងផ្សេងៗ មិនអាចលះបង់អ្វីៗបាន ហើយអ្នកមុខជាគិតជាប់ជានិច្ចថា៖ «តើនេះជាវិធីត្រឹមត្រូវក្នុងការធ្វើកិច្ចការផ្សេងៗដែរឬទេ?» អ្នកមុខជាមិនអាចយល់បាននោះទេថា នរណាដែលមានវិធីគិតត្រឹមត្រូវពិតប្រាកដនោះ ប៉ុន្តែក្នុងពេលជាមួយគ្នានោះដែរ អ្នកមុខជាមិនសុខចិត្តលះបង់គំនិតផ្ទាល់ខ្លួនរបស់អ្នកចោលឡើយ។ ក្នុងស្ថានភាពបែបនេះ អ្នកគួរស្វែងរកសេចក្ដីពិត ហើយអ្នកគួរស្វែងរកថាតើមានគោលការណ៍ និងបទដ្ឋានអ្វីខ្លះដែលព្រះជាម្ចាស់ទ្រង់តម្រូវ។ នៅពេលដែលអ្នកបានស្វែងរកគោលការណ៍ដែលព្រះជាម្ចាស់ទ្រង់តម្រូវរួចហើយ ត្រូវប្រកបគ្នាជាមួយបុគ្គលម្នាក់នោះ។ ប្រសិនបើពេលនោះ បុគ្គលនោះប្រកបគ្នាខ្លះអំពីទស្សនៈ និងចំណេះដឹងរបស់គេខ្លះ នោះចិត្តរបស់អ្នកនឹងបានដឹងច្បាស់មិនខាន។ អ្នកនឹងគិតក្នុងចិត្តថា៖ «វិធីគិតរបស់ខ្ញុំរៀងខុសឆ្គងបន្តិច រៀងរាក់កំភែលបន្តិច។ វិធីគិតរបស់គេប្រសើរជាងខ្ញុំ នៅកៀកនឹងបទដ្ឋានដែលព្រះជាម្ចាស់តម្រូវជាង ដូច្នេះ ខ្ញុំនឹងលះបង់វិធីគិតរបស់ខ្ញុំចោល ទទួលយកវិធីរបស់គេ ហើយធ្វើតាមវិធីរបស់គេ។ យើងនាំគ្នាធ្វើតាមវិធីរបស់គេវិញ»។ ហើយបន្ទាប់ពីបានរៀនសូត្រពីពួកគេខ្លះហើយ តើអ្នកមិនទទួលបានសេចក្ដីត្រាប្រណីទេឬអី? ពួកគេផ្ដល់ឱ្យបន្តិច ហើយអ្នកក៏ទទួលបានអ្វីៗដែលមានរួចជាស្រេច។ នោះហៅថាព្រះគុណរបស់ព្រះជាម្ចាស់ ហើយអ្នកទទួលបានសេចក្ដីត្រាប្រណី។ តើអ្នកគិតថា ទាល់តែពេលដែលព្រះវិញ្ញាណបរិសុទ្ធបំភ្លឺអ្នក ទើបអ្នកទទួលបានសេចក្ដីត្រាប្រណីមែនទេ? នៅពេលអ្នកណាម្នាក់មានទស្សនៈអ្វីមួយ ឬមានការបំភ្លឺខ្លះ ហើយចែកចាយការបំភ្លឺនោះជាមួយអ្នកតាមរយៈការប្រកបគ្នា ឬមានចំណុចអ្វីមួយត្រូវបានអនុវត្តស្របទៅតាមគោលការណ៍របស់ពួកគេ ហើយអ្នកឃើញថា លទ្ធផលនោះល្អគួរសម តើនោះមិនមែនជាការរៀនសូត្រខ្លះទេឬអី? នេះគឺជាការបង្ហាញសេចក្ដីត្រាប្រណី។ ការសហប្រតិបត្តិការគ្នាក្នុងចំណោមបងប្អូនប្រុសស្រី គឺជាដំណើរការនៃការបំពេញបន្ថែមចំណុចខ្សោយរបស់មនុស្សម្នាក់ដោយចំណុចខ្លាំងរបស់អ្នកដទៃ។ អ្នកប្រើចំណុចខ្លាំងរបស់អ្នក ដើម្បីប៉ះប៉ូវចំណុចខ្វះខាតរបស់អ្នកដទៃ ហើយអ្នកដទៃប្រើចំណុចខ្លាំងរបស់ពួកគេ ដើម្បីបំពេញចំណុចខ្វះខាតរបស់អ្នក។ នេះគឺជាអត្ថន័យនៃការបំពេញបន្ថែមចំណុចខ្សោយរបស់មនុស្សម្នាក់ដោយចំណុចខ្លាំងរបស់អ្នកដទៃ និងការសហប្រតិបត្តិការគ្នាដោយចុះសម្រុង។ មានតែនៅពេលសហប្រតិបត្តិការគ្នាដោយចុះសម្រុងប៉ុណ្ណោះ ទើបមនុស្សអាចទទួលបានការប្រទានពរនៅចំពោះព្រះជាម្ចាស់ ហើយនៅពេលដែលមនុស្សម្នាក់ដកពិសោធន៍រឿងនេះកាន់តែច្រើន នោះផ្លូវដែលពួកគេដើរនឹងកាន់តែភ្លឺ ហើយពួកគេនឹងកាន់តែមានភាពងាយស្រួលឡើង។ ប្រសិនបើអ្នកមិនសហប្រតិបត្តិការគ្នាដោយចុះសម្រុងទេ ប្រសិនបើអ្នកតែងតែខ្វែងគំនិតគ្នាជាមួយអ្នកដទៃជាប់ជានិច្ច ហើយមិនដែលទទួលយកអ្វីដែលពួកគេនិយាយសោះ ហើយពួកគេក៏មិនចង់ស្ដាប់អ្វីដែលអ្នកនិយាយ ប្រសិនបើអ្នកព្យាយាមការពារសេចក្ដីថ្លៃថ្នូររបស់អ្នកដទៃ តែពួកគេបែរជាមិនបានការពារសេចក្ដីថ្លៃថ្នូររបស់អ្នកវិញ ហើយអ្នកមិនសប្បាយចិត្តនឹងរឿងនេះ ប្រសិនបើអ្នកយកអ្វីដែលពួកគេបាននិយាយ មកធ្វើឱ្យពួកគេអាម៉ាស់មុខ ហើយពួកគេចងចាំរឿងនេះទុក ហើយនៅពេលក្រោយ ពេលមានបញ្ហាអ្វីកើតឡើង ពួកគេក៏ធ្វើដាក់អ្នកដូចដែលអ្នកធ្លាប់បានធ្វើដាក់ពួកគេវិញ ដូច្នេះ តើនេះគឺជាបញ្ហាអ្វីដែរ? តើនេះមិនមែនជាការរស់នៅតាមការច្រឡោតខឹងរបស់អ្នក និងជាការប្រកួតប្រជែងគ្នាទៅវិញទៅមកទេឬអី? តើនេះមិនមែនជាការរស់នៅតាមនិស្ស័យពុករលួយទេឬអី? ការបំពេញភារកិច្ចរបស់អ្នកតាមរបៀបនេះ ច្បាស់ជាមិនទទួលបានការពេញព្រះទ័យ ឬព្រះពរពីព្រះជាម្ចាស់ឡើយ។ វាបានត្រឹមតែធ្វើឱ្យព្រះជាម្ចាស់ស្អប់អ្នកប៉ុណ្ណោះ។

ក្នុងការបំពេញភារកិច្ចរបស់អ្នក អ្នកត្រូវតែសហប្រតិបត្តិការគ្នាដោយចុះសម្រុង។ មានតែបែបនេះទេ ទើបអ្នកនឹងទទួលបានលទ្ធផលល្អ និងបំពេញតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់។ តើអ្វីទៅជាការសហប្រតិបត្តិការគ្នាដោយចុះសម្រុង? តើអាកប្បកិរិយាបែបណាដែលមិនរាប់ថា ជាការសហប្រតិបត្តិការគ្នាដោយចុះសម្រុងនោះ? ឧបមាថា អ្នកបំពេញភារកិច្ចរបស់អ្នក ហើយខ្ញុំបំពេញភារកិច្ចរបស់ខ្ញុំ។ យើងម្នាក់ៗបំពេញភារកិច្ចរបស់យើងរៀងៗខ្លួន តែរវាងពួកយើងគ្មានការយល់ពីគ្នាជាក់លាក់អ្វីទេ គ្មានការប្រាស្រ័យទាក់ទងគ្នា ឬការប្រកបគ្នានោះទេ។ យើងពុំឈានដល់ការយល់គ្នាទៅវិញទៅមកតាមរបៀបណាមួយឡើយ។ យើងគ្រាន់តែដឹងច្បាស់នៅក្នុងចិត្តថា៖ «ខ្ញុំកំពុងបំពេញភារកិច្ចរបស់ខ្ញុំ ហើយអ្នកកំពុងបំពេញភារកិច្ចរបស់អ្នក។ យើងមិនត្រូវជ្រៀតជ្រែកគ្នាទៅវិញទៅមកឡើយ»។ តើនេះជាការសហប្រតិបត្តិការគ្នាដោយចុះសម្រុងដែរឬទេ? ពីសម្បកក្រៅ ហាក់ដូចជាគ្មានទំនាស់ ឬការខ្វែងគំនិតគ្នារវាងមនុស្សទាំងពីរនាក់នេះទេ ហើយពួកគេដូចជាមិនបានជ្រៀតជ្រែកគ្នាទៅវិញទៅមក ឬដាក់កំហិតគ្នាទៅវិញទៅមកដែរ។ ក៏ប៉ុន្តែ រវាងពួកគេទាំងពីរ គ្មានការសហប្រតិបត្តិការគ្នាដោយចុះសម្រុងនៅខាងវិញ្ញាណឡើយ។ ពួកគេគ្មានការយល់ពីគ្នាជាក់លាក់ ឬការខ្វាយខ្វល់ពីគ្នាទៅវិញទៅមកឡើយ។ អ្វីគ្រប់យ៉ាងដែលកំពុងកើតឡើងគឺ ពួកគេម្នាក់ៗកំពុងធ្វើការពួកគេរៀងខ្លួន ហើយខំប្រឹងដោយខ្លួនឯង ដោយគ្មានការសហប្រតិបត្តិការគ្នាណាមួយឡើយ។ តើនេះជាវិធីល្អក្នុងការធ្វើកិច្ចការផ្សេងៗដែរឬទេ? មើលទៅហាក់ដូចជាគ្មាននរណាម្នាក់កំពុងឃ្លាំមើល រឹតត្បិត បង្គាប់បញ្ជា ឬគោរពតាមអ្នកណាម្នាក់ទាំងងងឹតងងុលឡើយ ហើយចំណុចនេះមើលទៅថែមទាំងសមហេតុផលទៀតផង ប៉ុន្តែនៅក្នុងខ្លួនពួកគេ មានប្រភេទនិស្ស័យពុករលួយមួយ។ ពួកគេម្នាក់ៗប្រកួតប្រជែងគ្នាដើម្បីក្លាយជាវីរជន ធ្វើជាអ្នកខ្ពស់ជាងគេ ឬដើម្បីបំពេញភារកិច្ចខ្លួនឱ្យបានប្រសើរជាងអ្នកដទៃ ដូច្នេះពួកគេមិនស្រឡាញ់ ខ្វាយខ្វល់ ឬជួយអ្នកណាផ្សេងឡើយ។ ត្រង់ចំណុចនេះ តើមានការសហប្រតិបត្តិការគ្នាដោយចុះសម្រុងដែរឬទេ? (គ្មានទេ។) បើគ្មានការសហប្រតិបត្តិការគ្នាទេ អ្នកនឹងច្បាំងក្នុងសង្គ្រាមតែម្នាក់ឯង ហើយអ្នកនឹងមិនអាចធ្វើអ្វីៗជាច្រើនឱ្យបានល្អឥតខ្ចោះ ឬគ្រប់ជ្រុងជ្រោយឡើយ។ សភាពប្រភេទនេះ ព្រះជាម្ចាស់មិនចង់ទតឃើញមាននៅក្នុងខ្លួនមនុស្សទេ។ សភាពនេះមិនគាប់ព្រះទ័យទ្រង់ឡើយ។

មនុស្សមួយចំនួនចូលចិត្តធ្វើការតែម្នាក់ឯង ដោយមិនពិភាក្សាការងារជាមួយនរណា ឬក៏ប្រាប់នរណាឡើយ។ ពួកគេគ្រាន់តែធ្វើអ្វីតាមចិត្តពួកគេចង់ប៉ុណ្ណោះ មិនខ្វល់ថាអ្នកដទៃយល់ឃើញបែបណាចំពោះពួកគេឡើយ។ ពួកគេគិតថា៖ «ខ្ញុំជាអ្នកដឹកនាំ ហើយអ្នករាល់គ្នាជារាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់ ដូច្នេះ អ្នករាល់គ្នាត្រូវតែធ្វើតាមអ្វីដែលខ្ញុំធ្វើ។ ត្រូវធ្វើតាមសម្ដីដែលខ្ញុំនិយាយទាំងស្រុង ពោលគឺគួរធ្វើអ្វីៗតាមរបៀបនេះហើយ»។ នៅពេលដែលពួកគេធ្វើសកម្មភាពអ្វី ពួកគេពុំជូនដំណឹងដល់អ្នកដទៃឡើយ ហើយទង្វើរបស់ពួកគេគ្មានតម្លាភាពនោះទេ។ ពួកគេតែងតែលួចលាក់ខំប្រឹងធ្វើការដោយខ្លួនឯង និងធ្វើសកម្មភាពដោយសម្ងាត់។ មិនខុសអ្វីពីនាគដ៏ធំមានសម្បុរក្រហម ដែលរក្សាភាពផ្តាច់មុខនៃការកាន់ក្ដាប់អំណាចដោយបក្សតែមួយរបស់វានោះទេ ពួកគេតែងតែប្រាថ្នាចង់បោកបញ្ឆោត និងគ្រប់គ្រងលើអ្នកដទៃ ដែលពួកគេចាត់ទុកថាជាមនុស្សមិនសំខាន់ និងគ្មានតម្លៃ។ ពួកគេតែងតែចង់សម្រេចចិត្តក្នុងបញ្ហាផ្សេងៗ ដោយមិនពិភាក្សា ឬប្រាស្រ័យទាក់ទងជាមួយអ្នកដទៃឡើយ ហើយពួកគេក៏មិនដែលស្នើសុំយោបល់ពីអ្នកដទៃដែរ។ តើអ្នកយល់ឃើញដូចម្ដេចដែរចំពោះវិធីសាស្ត្របែបនេះ? តើវិធីសាស្រ្ដនេះមានភាពជាមនុស្សធម្មតាឬទេ? (អត់ទេ។) តើវិធីសាស្រ្ដនេះមិនមែនជាធម្មជាតិរបស់នាគដ៏ធំមានសម្បុរក្រហមទេឬអី? នាគដ៏ធំមានសម្បុរក្រហម ផ្ដាច់ការ ហើយចូលចិត្តធ្វើអ្វីតាមអំពើចិត្ត។ តើអស់អ្នកដែលមាននិស្ស័យពុករលួយបែបនេះ មិនមែនជាកូនចៅរបស់នាគដ៏ធំមានសម្បុរក្រហមទេឬអី? មនុស្សគួរស្គាល់ពីខ្លួនឯងតាមរបៀបនេះ។ តើអ្នករាល់គ្នាអាចធ្វើបែបនេះបានដែរឬទេ? (អាចធ្វើបាន។) នៅពេលអ្នកមានឥរិយាបទបែបនេះ តើអ្នករាល់គ្នាបានដឹងពីសភាពនេះដែរឬទេ? ប្រសិនបើអ្នកដឹង នោះអ្នកនៅមានសង្ឃឹមនៅឡើយទេ ប៉ុន្តែប្រសិនបើអ្នកមិនដឹងទេ នោះអ្នកច្បាស់ជាមានបញ្ហាមិនខាន ហើយក្នុងករណីនេះ តើអ្នកនឹងមិនត្រូវវិនាសទៅហើយទេ? នៅពេលដែលអ្នកមិនដឹងថា ខ្លួនអ្នកកំពុងធ្វើបែបនេះ តើអ្នកត្រូវធ្វើយ៉ាងណា? (យើងត្រូវការឱ្យបងប្អូនប្រុសស្រីចង្អុលបង្ហាញពីបញ្ហានេះ លួសកាត់យើង និងដោះស្រាយជាមួយយើង។) ប្រសិនបើអ្នកនិយាយទៅកាន់អ្នកដទៃថា៖ «ខ្ញុំគឺជាមនុស្សម្នាក់ដែលចូលចិត្តដឹកនាំអ្នកដទៃតាំងពីកំណើត ហើយខ្ញុំសូមប្រាប់អ្នករាល់គ្នាទុកជាមុន ក្រែងលោបើរឿងនេះកើតឡើងមែន ដូច្នេះកុំប្រកាន់នឹងខ្ញុំអី។ អ្នកត្រូវតែអត់ទ្រាំជាមួយខ្ញុំ។ ខ្ញុំដឹងថា ចរិតនេះមិនល្អនោះទេ ហើយខ្ញុំកំពុងព្យាយាមផ្លាស់ប្ដូរវាបន្តិចម្ដងៗហើយ ដូច្នេះ ខ្ញុំសង្ឃឹមថា អ្នករាល់គ្នានឹងមានការអត់ធ្មត់ចំពោះខ្ញុំ។ នៅពេលដែលរឿងនេះកើតឡើងមែន សូមអត់ទ្រាំនឹងខ្ញុំ សហប្រតិបត្តិការជាមួយខ្ញុំ ហើយខំប្រឹងទាំងអស់គ្នាដើម្បីសហប្រតិបត្តិការគ្នាដោយចុះសម្រុង»។ តើការធ្វើអ្វីៗតាមរបៀបនេះ អាចទទួលយកបានដែរឬទេ? (អត់ទេ។ បែបនេះ គ្មានហេតុផលទេ។) ហេតុអ្វីបានជាអ្នកនិយាយថា បែបនេះគ្មានហេតុផល? មនុស្សដែលនិយាយបែបនេះ ពុំមានចេតនាស្វែងរកសេចក្ដីពិតឡើយ។ ពួកគេដឹងច្បាស់ណាស់ថា ការធ្វើអ្វីៗតាមរបៀបនេះគឺខុស ប៉ុន្តែពួកគេនៅតែមានះធ្វើវាដដែល ហើយក្នុងពេលនោះដែរ ពួកគេក៏រឹតត្បិតអ្នកដទៃ ដោយទាមទារឱ្យមានការសហប្រតិបត្តិការគ្នា និងការគាំទ្រពីអ្នកដទៃ។ ពួកគេគ្មានបំណងអនុវត្តសេចក្ដីពិតឡើយ។ ពួកគេមានចេតនាធ្វើផ្ទុយពីសេចក្ដីពិត។ ការបំពានទាំងចេតនាបែបនេះ គឺជារឿងដែលព្រះជាម្ចាស់ស្អប់បំផុត។ មានតែមនុស្សអាក្រក់ និងពួកទទឹងនឹងព្រះគ្រីស្ទប៉ុណ្ណោះដែលអាចធ្វើរឿងបែបនេះបាន ហើយការធ្វើបែបនោះ ច្បាស់ណាស់ថា គឺជាទង្វើរបស់ពួកទទឹងនឹងព្រះគ្រីស្ទ។ នៅពេលនរណាម្នាក់មានចេតនាប្រឆាំងនឹងសេចក្ដីពិត និងទាស់ទទឹងនឹងព្រះជាម្ចាស់ អ្នកនោះនឹងស្ថិតនៅក្នុងគ្រោះថ្នាក់មិនខាន។ នេះគឺជាការដើរនៅលើផ្លូវពួកទទឹងនឹងព្រះគ្រីស្ទ។ បុគ្គលទាំងអស់នេះ ពុំអនុវត្តសេចក្ដីពិតដោយខ្លួនឯងឡើយ តែពួកគេបានរឹតត្បិតអ្នកដទៃ និងបញ្ចុះបញ្ចូលអ្នកទាំងនោះឱ្យចូលដៃ ដោយព្យាយាមធ្វើឱ្យពួកគេដើរតាមខ្លួនក្នុងការប្រឆាំងនឹងសេចក្ដីពិត និងទាស់ទទឹងនឹងព្រះជាម្ចាស់។ តើពួកគេមិនមែនមានចេតនាធ្វើខ្លួនប្រឆាំងនឹងព្រះជាម្ចាស់ទេឬអី? ជាពិសេសនៅពេលដែលពួកគេធ្វើតាមរបៀបនេះ ពួកគេប្រាប់ទៅក្រុមនោះជាមុន ហើយប្រាប់ពួកគេឱ្យអនុគ្រោះដល់ខ្លួន បន្ទាប់មក ធ្វើឱ្យមនុស្សគ្រប់គ្នាគាំទ្រពួកគេ។ ក្នុងការធ្វើបែបនេះ ពួកគេកាន់តែបោកបញ្ឆោតខ្លាំងឡើង។ ការនិយាយបែបនេះ គឺជាការបង្ហាញកម្លាំងសុទ្ធសាធ ជាការដាក់ឱសានវាទ។ អ្វីដែលពួកគេចង់មានន័យគឺថា «ស្ដាប់ឱ្យបាន ខ្ញុំមិនមែនជាមនុស្សដែលអាចលេងសើចជាមួយបាននោះទេ។ មនុស្សធម្មតា គ្មានតម្លៃអ្វីសម្រាប់ខ្ញុំឡើយ។ អ្វីដែលខ្ញុំចង់បាន គឺគ្រប់គ្រងគេ។ នរណាក៏ដោយក៏មិនគួរព្យាយាមមកពិភាក្សាបញ្ហាផ្សេងៗជាមួយខ្ញុំដែរ។ គ្មានអ្វីត្រូវពិភាក្សាគ្នានោះទេ! នេះគឺជារឿងរបស់ខ្ញុំ៖ ប្រសិនបើអ្នកឱ្យខ្ញុំធ្វើអ្វីមួយហើយ អ៊ីចឹងខ្ញុំត្រូវការសម្រេចចិត្តចុងក្រោយ នរណាក៏ដោយក៏មិនគួរព្យាយាមមកសហប្រតិបត្តិការជាមួយខ្ញុំដែរ ព្រោះអ្នកនោះនឹងគ្មានសមត្ថភាពគ្រប់គ្រាន់មកសហប្រតិបត្តិការគ្នាជាមួយខ្ញុំឡើយ ទោះបីជាអ្នកចង់សហប្រតិបត្តិការក៏ដោយ!» តើនេះជាការបកអាក្រាតខ្លួនឯងមែនទេ? មិនមែនទេ។ នេះគឺជាវិធីមួយបែបក្នុងការធ្វើអ្វីៗជំនួសមុខឱ្យសាតាំង មិនមែនគ្រាន់តែជាបញ្ហានៃការបង្ហាញចេញនិស្ស័យពុករលួយប៉ុណ្ណោះទេ។ ពួកគេប្រាថ្នាចង់ក្ដាប់អំណាចភ្លាមៗតែម្ដង ចង់ធ្វើការសម្រេចចិត្តចុងក្រោយ ដើម្បីឱ្យមនុស្សគ្រប់គ្នាធ្វើតាមអ្វីដែលពួកគេនិយាយ រួចដើរតាម និងស្គាប់បង្គាប់ពួកគេ។ តើនោះមិនមែនជាអ្វីដែលអារក្សសាតាំងបង្ហាញឱ្យឃើញទេឬអី? នេះមិនមែនគ្រាន់តែជាការបង្ហាញនិស្ស័យពុករលួយតែម្ដងចប់នោះទេ។ សកម្មភាពរបស់ពួកទទឹងនឹងព្រះគ្រីស្ទ ត្រូវបញ្ជាដោយធម្មជាតិបែបសាតាំងរបស់ពួកគេ។ ពួកគេជឿលើព្រះជាម្ចាស់ និងមកក្រុមជំនុំក្នុងគោលបំណងដើម្បីកាន់ក្ដាប់អំណាច។ ពួកគេមានចេតនាតាំងខ្លួនទាស់នឹងព្រះជាម្ចាស់ មានចេតនាដឹកនាំរាស្រ្តរើសតាំងរបស់ព្រះជាម្ចាស់ដើរនៅលើផ្លូវនៃការទាស់ទទឹងនឹងទ្រង់។ ពួកគេមិនខុសអ្វីពីពួកអ្នកដឹកនាំនិកាយសាសនាខាងលោកីយ៍ទាំងអស់នោះទេ។ ពួកគេសុទ្ធតែមានសារជាតិនៃពួកទទឹងនឹងព្រះគ្រីស្ទ ហើយមិនខុសពីសាតាំងនោះទេ។ ពួកគេសុទ្ធតែប្រាថ្នាចង់ឱ្យខ្លួនពួកគេមានមុខមាត់ស្មើនឹងព្រះជាម្ចាស់ដែរ។ ប្រសិនបើរាស្រ្តរើសតាំងណាម្នាក់របស់ព្រះជាម្ចាស់ឃើញពួកទទឹងនឹងព្រះគ្រីស្ទបង្ហាញខ្លួន តើពួកគេគួរមានអាកប្បកិរិយាបែបណា? តើពួកគេគួរជួយអ្នកនោះដោយក្ដីស្រឡាញ់ដែរឬទេ? ពួកគេគួរលាតត្រដាង និងឈ្វេងយល់ពីពួកនោះ ហើយឱ្យអ្នកដទៃបានឃើញពីមុខមាត់ជាសាតាំងរបស់ពួកនោះ ហើយបន្ទាប់មក ពួកគេគួរលះបង់អ្នកទាំងនោះចោល។ នេះគឺជាគោលការណ៍ដែលរាស្រ្តរើសតាំងរបស់ព្រះជាម្ចាស់គួរយល់ និងក្ដាប់ឱ្យបាន។ សម្រាប់មនុស្សណាដែលចាត់ទុកការបង្ហាញចេញរបស់ពួកទទឹងនឹងព្រះគ្រីស្ទថាជាការបង្ហាញចេញនិស្ស័យពុករលួយ ជាអំពើរំលងមួយគ្រា ហើយនៅតែចាញ់បោក «ការស្គាល់ខ្លួនឯង» របស់ពួកទទឹងនឹងព្រះគ្រីស្ទទៀត ហើយចាត់ទុកនោះជាទង្វើនៃការបើកចិត្តនិយាយការពិត និងជាការបកអាក្រាតខ្លួនឯង ហើយនៅទៅប្រកបគ្នាពីសេចក្ដីពិតជាមួយពួកនោះទៀត នោះពួកគេគឺជាមនុស្សល្ងង់ដប់គត់ហើយ និងគ្មានការយល់ដឹងអ្វីទាល់តែសោះ។ ប្រាប់ខ្ញុំមកមើល មនុស្សដូចពួកទទឹងនឹងព្រះគ្រីស្ទដែលបង្ហាញនិស្ស័យពុករលួយរបស់ខ្លួនចេញមកបែបនេះ តើពួកគេអាចបើកចិត្តនិយាយការពិត និងបកអាក្រាតខ្លួនឯងឱ្យអ្នកដទៃបានដឹងដែរឬទេ? នៅពេលដែលពួកគេធ្វើអ្វីខុស ពួកគេមិនដែលឆ្លុះបញ្ចាំង ឬស្គាល់ខ្លួនឯងឡើយ ហើយការបកអាក្រាតពីខ្លួនឯង គឺជាទង្វើបោកបញ្ឆោត គ្មានអ្វីក្រៅពីការរកលេសដោះសាឱ្យខ្លួនឯងនោះទេ។ មនុស្សត្រូវយល់ឱ្យច្បាស់ពីអត្ថន័យពិតប្រាកដនៃការបើកចិត្តនិយាយការពិត និងការបកអាក្រាតខ្លួនឯង។ ប្រសិនបើពួកគេនិយាយថា៖ «ខ្ញុំមានអារម្មណ៍មិនល្អទេ អ៊ីចឹងកុំបញ្ឆេះកំហឹងដាក់ខ្ញុំអី!» តើនេះជាការបកអាក្រាតខ្លួនឯងដែរទេ? (អត់ទេ។) ពួកគេកំពុងព្រមានអ្នកកុំឱ្យបញ្ឆេះកំហឹងពួកគេ។ ការបញ្ឆេះកំហឹងដាក់ពួកគេ នឹងនាំបញ្ហាដាក់ខ្លួនមិនខាន។ ចុះប្រសិនបើពួកគេនិយាយថា៖ «នៅផ្ទះខ្ញុំ សម្ដីខ្ញុំថាយ៉ាងម៉េចគឺអ៊ីចឹងហើយ។ សូម្បីឪពុកម្ដាយខ្ញុំ ក៏ត្រូវធ្វើតាមសម្ដីខ្ញុំដែរ។ ខ្ញុំមានចរិតបែបនេះ ហើយចំពោះរឿងនេះ បងប្អូនរាល់គ្នាត្រូវអត់ឱនឱ្យខ្ញុំផង។ ខ្ញុំមិនដឹងថាត្រូវធ្វើយ៉ាងម៉េចទេ។ ឪពុកម្ដាយខ្ញុំគាត់ថា កាន់តែមានទេពកោសល្យខ្លាំង កាន់តែមានចរិតធំ ដូច្នេះហើយទើបពួកគាត់លើកទោសឱ្យខ្ញុំចំពោះរឿងនេះ»? តើនេះនឹងរាប់ថាការបកអាក្រាតខ្លួនឯងដែរទេ? (អត់ទេ។) ពួកគេកំពុងប្រាប់អ្នកថា អ្នកដែលមានទេពកោសល្យខ្លាំង មានចរិតធំបែបនេះ ដូច្នេះអ្នកគួរលើកទោសឱ្យពួកគេ។ ប្រសិនបើពួកគេនិយាយថា៖ «ខ្ញុំមានចរិតបែបនេះតាំងពីខ្ញុំក្មេងមកម្ល៉េះ។ ខ្ញុំនិយាយយ៉ាងម៉េច គឺអ៊ីចឹងហើយ។ ខ្ញុំខំប្រឹងដេញតាមភាពឥតខ្ចោះ និងអ្វីដែលខ្ញុំចង់បាន។ ដោយសារខ្ញុំជឿលើព្រះជាម្ចាស់ ឥឡូវខ្ញុំបានប្រសើរជាងមុនច្រើន ហើយភាគច្រើន ខ្ញុំអាចអត់ឱន និងអាចគ្រប់គ្រងខ្លួនឯងបាន ប៉ុន្តែខ្ញុំនៅតែខំប្រឹងដេញតាមភាពឥតខ្ចោះដដែល។ ប្រសិនបើអ្វីៗមិនបានល្អឥតខ្ចោះទេ គឺគ្មានបានការទេ ហើយខ្ញុំមិនអាចទទួលយកបានឡើយ»។ តើនេះជាការបកអាក្រាតខ្លួនឯងមែនទេ? (អត់ទេ។) ដូច្នេះ តើជាអ្វីវិញ? នេះគឺជាការលើកសរសើរពីខ្លួនឯង និងជាការអួតអាងដើម្បីឱ្យអ្នកដទៃកោតសរសើរពួកគេ ដោយប្រាប់អ្នកដទៃថា ពួកគេគួរឱ្យខ្លាចបែបណា គឺដូចពួកជនឧក្រិដ្ឋ និងពួកជនពាលប្រព្រឹត្តអំពើហិង្សាដើម្បីអួតអាង និងបញ្ចេញសាច់ដុំ នៅពេលពួកគេជួបគ្នាដូច្នោះដែរ ប្រៀបដូចជាចង់ប្រាប់ថា៖ «តើអ្នកឯងគិតថា អ្នកឯងអាចលេងសើចជាមួយខ្ញុំបាន មែនទេ? បើអ្នកគិតដូច្នេះមែន អ៊ីចឹងសាកសួរកណ្ដាប់ដៃរបស់ពួកយើងទៅមើល តើមានអ្វីចង់ប្រាប់វិញដែរទេ!» តើនេះមិនមែនជាមុខមាត់ពិតប្រាកដរបស់សាតាំងទេឬអី? នេះគឺជាមុខមាត់ពិតប្រាកដរបស់សាតាំង។ វិធីក្នុងការបកអាក្រាតខ្លួនឯង មិនសុទ្ធតែដូចគ្នាទាំងអស់នោះទេ។ នៅពេលដែលពួកទទឹងនឹងព្រះគ្រីស្ទបកអាក្រាតខ្លួនឯង ពួកគេធ្វើវាដើម្បីគំរាមកំហែង បំភិតបំភ័យ និងបន្លាចអ្នកដទៃ។ ពួកគេតែងចង់បង្ក្រាបអ្នកដទៃជានិច្ច។ នេះគឺជាមុខមាត់ពិតរបស់សាតាំង។ វាមិនមែនជាវិធីក្នុងបើកចិត្តនិយាយការពិតក្នុងលក្ខណៈសាមញ្ញធម្មតានោះទេ។ ដើម្បីរស់នៅក្នុងភាពជាមនុស្សធម្មតា តើមនុស្សម្នាក់គួរបើកចិត្តនិយាយការពិត និងបកអាក្រាតខ្លួនឯងតាមរបៀបណា? តាមរយៈការបើកចិត្តនិយាយការពិតអំពីការបង្ហាញចេញនូវនិស្ស័យពុករលួយរបស់ខ្លួន ដោយឱ្យអ្នកដទៃមើលធ្លុះពីការពិតនៅក្នុងចិត្តរបស់ពួកគេ ហើយបន្ទាប់មកវែកញែក និងស្គាល់ពីសារជាតិនៃបញ្ហានោះតាមរយៈបន្ទូលរបស់ព្រះជាម្ចាស់ រួចស្អប់ខ្ពើមខ្លួនឯងអស់ពីចិត្ត។ នៅពេលដែលពួកគេបកអាក្រាតខ្លួនឯង ពួកគេមិនគួរព្យាយាមរកលេសដោះសាឱ្យខ្លួនឯង ឬព្យាយាមពន្យល់ដើម្បីគេចពីការស្ដីបន្ទោសនោះទេ ផ្ទុយទៅវិញ ពួកគេគ្រាន់តែអនុវត្តសេចក្ដីពិត និងធ្វើជាមនុស្សស្មោះត្រង់ទៅបានហើយ។ មនុស្សមួយចំនួនមាននិស្ស័យអាក្រក់យ៉ាងច្បាស់ក្រឡែត ប៉ុន្តែពួកគេតែងនិយាយថា ខ្លួនពួកគេមានចរិតមិនល្អ។ តើនេះមិនមែនគ្រាន់តែជាលេសដោះសាទេឬអី? និស្ស័យមិនល្អ គឺនិស្ស័យមិនល្អហើយ គ្មានអ្វីផ្សេងពីនោះឡើយ។ នៅពេលមនុស្សម្នាក់ធ្វើអ្វីមួយដែលគ្មានហេតុផល ឬធ្វើអ្វីដែលបង្កគ្រោះថ្នាក់ដល់គ្រប់គ្នា បញ្ហាគឺពាក់ព័ន្ធនឹងនិស្ស័យ និងភាពជាមនុស្សរបស់ពួកគេ ប៉ុន្តែពួកគេតែងនិយាយថា ពួកគេមិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានមួយពេល ឬមានការខឹងសម្បាបន្តិចបន្ដួច។ ពួកគេមិនដែលយល់ពីសារជាតិនៃបញ្ហានោះទេ។ តើនេះពិតជាការវែកញែកពីខ្លួនឯង និងការបកអាក្រាតខ្លួនឯងពិតប្រាកដដែរទេ? ទីមួយ ដើម្បីឱ្យមនុស្សម្នាក់វាយតម្លៃបញ្ហា និងវែកញែកនិងបកអាក្រាតខ្លួនឯងនៅកម្រិតចាំបាច់មួយ ពួកគេត្រូវមានចិត្តស្មោះត្រង់ និងអាកប្បកិរិយាស្មោះ ហើយពួកគេត្រូវតែនិយាយអំពីអ្វីដែលពួកគេអាចយល់បានពាក់ព័ន្ធនឹងបញ្ហានិស្ស័យរបស់ពួកគេ។ ទីពីរ ប្រសិនបើមនុស្សម្នាក់យល់ថា និស្ស័យរបស់ខ្លួនអាក្រក់ខ្លាំង ពួកគេត្រូវនិយាយប្រាប់គ្រប់គ្នាថា៖ «បើខ្ញុំបង្ហាញចេញនិស្ស័យពុករលួយម្ដងទៀត សូមប្រាប់ខ្ញុំឱ្យបានដឹងផង កុំស្ទាក់ស្ទើរក្នុងចិត្តធ្វើអ្វី ហើយសូមដោះស្រាយ និងលួសកាត់ខ្ញុំផង។ ប្រសិនបើខ្ញុំមិនអាចទទួលយកបានទេ សូមកុំបោះបង់ខ្ញុំចោលអី។ និស្ស័យពុករលួយរបស់ខ្ញុំត្រង់ផ្នែកនេះ គឺធ្ងន់ធ្ងរខ្លាំងណាស់ ហើយខ្ញុំត្រូវការឱ្យគេប្រកបគ្នាពីសេចក្ដីពិតជាមួយខ្ញុំឱ្យបានច្រើន ដើម្បីលាតត្រដាងពីខ្ញុំ។ ខ្ញុំពេញចិត្តទទួលយកការលួសកាត់ និងការដោះស្រាយជាមួយពីសំណាក់បងប្អូនរាល់គ្នា ហើយខ្ញុំសង្ឃឹមថា បងប្អូននឹងតាមឃ្លាំមើលខ្ញុំ ជួយខ្ញុំ និងការពារខ្ញុំកុំឱ្យវង្វេងផ្លូវ»។ តើនេះជាអាកប្បកិរិយាបែបណាដែរ? នេះគឺជាអាកប្បកិរិយានៃការទទួលយកសេចក្ដីពិត។ មនុស្សមួយចំនួនមានអារម្មណ៍មិនសូវស្រណុកចិត្តខ្លះដែរ នៅពេលពួកគេនិយាយអ្វីទាំងអស់នេះចេញមក។ ពួកគេគិតក្នុងចិត្តថា៖ «ប្រសិនបើបងប្អូនគ្រប់គ្នាពិតជាក្រោកឡើង និងលាតត្រដាងពីខ្ញុំមែន តើពេលនោះខ្ញុំនឹងត្រូវធ្វើបែបណា? តើខ្ញុំនឹងអាចទទួលយកបានដែរទេ?» តើអ្នករាល់គ្នាខ្លាចអ្នកដទៃលាតត្រដាងពីខ្លួនឯងដែរទេ? (អត់ទេ។) អ្នកគួរមានសេចក្ដីក្លាហានប្រឈមមុខនឹងរឿងនេះ។ វាជារឿងអាម៉ាស់ណាស់ដែលខ្លាចត្រូវគេលាតត្រដាងនោះ។ ប្រសិនបើអ្នកពិតជាស្រឡាញ់សេចក្ដីពិតមែននោះ តើអ្នកនឹងខ្លាចត្រូវគេធ្វើឱ្យអាម៉ាស់មុខដោយវិធីនេះដែរទេ? តើអ្នកនឹងខ្លាចគ្រប់គ្នាដោះស្រាយជាមួយអ្នកដែរទេ? ការភ័យខ្លាចនេះ គឺជាបញ្ហានៃភាពទន់ជ្រាយ ភាពអវិជ្ជមាន និងសេចក្ដីពុករលួយ។ មនុស្សគ្រប់គ្នាបង្ហាញចេញសេចក្ដីពុករលួយ ប៉ុន្តែសារជាតិនៃការបង្ហាញចេញនោះ គឺមានលក្ខណៈខុសគ្នា។ ឱ្យតែមនុស្សណាម្នាក់ប្រព្រឹត្តអំពើរំលង ឬបង្កការបង្អាក់ និងការរំខានដោយមិនដឹងខ្លួន នោះអំពើរំលងរបស់ពួកគេ គឺជាប្រភេទនៃការបង្ហាញចេញសេចក្ដីពុករលួយធម្មតាទេ ហើយមនុស្សគ្រប់គ្នានឹងអាចប្រព្រឹត្តដាក់រឿងនេះដោយត្រឹមត្រូវបាន។ ប្រសិនបើគោលដៅប្រកបដោយចេតនារបស់នរណាម្នាក់ គឺដើម្បីបង្កការរំខាននិងការបង្អាក់ ឬដើម្បីបំផ្លាញកិច្ចការរបស់ពួកជំនុំដោយចេតនា នោះពួកគេគឺជាមនុស្សដែលខ្លាចត្រូវអ្នកដទៃលាតត្រដាងខ្លាំងជាងគេបំផុត ដោយសារតែសារជាតិនៃបញ្ហានេះធ្ងន់ធ្ងរខ្លាំងណាស់ ហើយពេលណាដែលពួកគេត្រូវលាតត្រដាង នោះពួកគេមុខជាត្រូវគេបើកសម្ដែង និងផាត់ចោលមិនខាន។ ការភ័យខ្លាចរបស់ពួកគេនេះ ដក់ជាប់នៅក្នុងចិត្តពួកគេជានិច្ច។ មិនថាសព្វថ្ងៃនេះ ព្រះជាម្ចាស់បំពេញកិច្ចការដោយរបៀបណាទេ គ្រប់យ៉ាងគឺសុទ្ធតែដើម្បីគោលបំណងនៃការបន្សុទ្ធមនុស្សឱ្យជ្រះស្រឡះពីសេចក្ដីពុករលួយ និងដើម្បីសង្គ្រោះពួកគេ។ ប្រសិនបើអ្នកជាប្រភេទមនុស្សត្រឹមត្រូវ ហើយអ្នកខិតខំប្រឹងប្រែងដើម្បីបំពេញភារកិច្ចរបស់អ្នកឱ្យបានល្អ និងអនុវត្តបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ មនុស្សភាគច្រើននឹងយល់ពីចំណុចនេះច្បាស់។ ពួកគេអាចយល់រឿងនេះតាមរយៈខ្លួនអ្នកបាន។ ជាងនេះទៅទៀត ការលាតត្រដាង ការលួសកាត់ និងការដោះស្រាយជាមួយមនុស្ស គឺមិនមែនជាការបង្កបញ្ហាដល់ពួកគេនោះទេ។ ផ្ទុយទៅវិញ គឺធ្វើដើម្បីជួយពួកគេដោះស្រាយបញ្ហា ដើម្បីឱ្យពួកគេអាចបំពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អ និងការពារកិច្ចការរបស់ពួកជំនុំ។ នេះគឺជារឿងត្រឹមត្រូវមួយ។ បុគ្គលម្នាក់ដែលទទួលយកការលួសកាត់ និងការដោះស្រាយជាមួយដើម្បីឱ្យពួកគេអាចផ្លាស់ប្ដូរនិស្ស័យពុករលួយបាន បុគ្គលនោះអាចបន្សុទ្ធបាន។ នេះគឺជាអាកប្បកិរិយាដែលមនុស្សម្នាក់ៗគួរមាន ដើម្បីសម្រេចបាននូវការផ្លាស់ប្ដូរនិស្ស័យ។ នៅពេលដែលមនុស្សម្នាក់មានអាកប្បកិរិយាបែបនេះ ពួកគេក៏ត្រូវការស្វែងរកផ្លូវអនុវត្តន៍ដែលសមស្របមួយផងដែរ ហើយនៅពេលដែលពេលវេលាដែលត្រូវធ្វើបែបនេះមកដល់ ចាំបាច់ត្រូវមានការរងទុក្ខ។ នៅពេលដែលមានសង្គ្រាម ពួកគេត្រូវតែលះបង់សាច់ឈាម និងកាត់ផ្ដាច់ការជាប់ជំពាក់ខាងមុខមាត់ សេចក្តីឆ្មើងឆ្មៃ និងអារម្មណ៍របស់ពួកគេចេញ។ នៅពេលដែលពួកគេបានពុះពារជម្នះការលំបាកខាងសាច់ឈាម នោះអ្វីៗនឹងបានស្រួលជាងមុន។ មនុស្សអាចហៅសេចក្ដីនេះថា សេរីភាពនិងការដោះលែង។ នេះគឺជាដំណើរការនៃការអនុវត្តសេចក្ដីពិត ហើយតែងតែមានការរងទុក្ខខ្លះមិនខាន។ ដោយសារតែសាច់ឈាមនេះពុករលួយ ហើយមនុស្សមានមុខមាត់ និងសេចក្តីឆ្មើងឆ្មៃ ហើយពួកគេតែងគិតគូរពីប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេជាប់ជានិច្ច ដូច្នេះមិនអាចមិនរងទុក្ខសោះនោះទេ។ ចំណុចទាំងអស់នេះ គឺជាឧបសគ្គធំបំផុតរបស់មនុស្សនៅក្នុងការអនុវត្តសេចក្ដីពិត។ ហេតុនេះហើយ មិនអាចអនុវត្តសេចក្ដីពិតដោយគ្មានការរងទុក្ខបន្តិចណានោះទេ។ នៅពេលមនុស្សភ្លក់រសជាតិផ្អែមល្ហែមនៃការអនុវត្តសេចក្ដីពិត និងឆ្លងកាត់សេចក្ដីសុខសាន្ត និងសេចក្ដីអំណរពិតប្រាកដ នោះពួកគេនឹងព្រមអនុវត្តសេចក្ដីពិត ហើយពួកគេនឹងកាន់តែងាយស្រួលបដិសេធខ្លួនឯង លះបង់សាច់ឈាម និងយកឈ្នះលើសាតាំង។ តាមរបៀបនេះ ពួកគេនឹងបានដោះលែង ហើយមានសេរីភាពទាំងស្រុង។

តើត្រូវបង្កើតបរិយាកាសបែបណានៅក្នុងជីវិតពួកជំនុំ? បរិយាកាសមួយនៅដែលពេលមានរឿងអ្វីមួយកើតឡើង គេលើកមកនិយាយតែពីរឿងនោះប៉ុណ្ណោះ ហើយមិនលើកមនុស្សមកនិយាយទេ។ ពេលខ្លះ ការខ្វែងគំនិតគ្នានឹងនាំទៅរកជម្លោះ ហើយអារម្មណ៍ឆេវឆាវក៏នឹងឡើងខ្ពស់ដែរ តែគ្មានការទាស់ទែងគ្នានៅក្នុងចិត្តនោះទេ។ គ្រប់យ៉ាងគឺដើម្បីការផ្លាស់ប្ដូរនិស្ស័យរបស់មនុស្ស និងការបំពេញភារកិច្ចរបស់មនុស្សម្នាក់ៗឱ្យបានល្អ។ គ្រប់យ៉ាងសុទ្ធតែជាការអនុវត្តសេចក្ដីពិតដើម្បីបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ គ្មានការស្អប់ខ្ពើមគ្នារវាងមនុស្សនឹងមនុស្សទេ។ នេះគឺដោយសារតែមនុស្សសុទ្ធតែស្ថិតនៅក្នុងដំណើរនៃការព្យាយាមសម្រេចបាននូវសេចក្ដីសង្គ្រោះ។ មនុស្សគ្រប់រូបមាននិស្ស័យពុករលួយដូចគ្នា ហើយជួនកាលប្រហែលសម្ដីនិយាយចេញមកអាក្រក់ស្ដាប់បន្តិច ឬនិយាយជ្រុលបន្តិច ឬមនុស្សណាម្នាក់មានអាកប្បកិរិយាមិនល្អជាដើម។ មនុស្សមិនគួរស្អប់អ្វីៗទាំងនេះទេ។ ប្រសិនបើអ្នកនៅតែមិនអាចយល់បាន ឬមើលមិនធ្លុះពីបញ្ហានេះ នៅមានវិធីសាស្រ្តចុងក្រោយមួយទៀត៖ ត្រូវអធិស្ឋាននៅចំពោះព្រះជាម្ចាស់ និងសញ្ជឹងគិតក្នុងចិត្តថា៖ «យើងជឿ និងដើរតាមព្រះជាម្ចាស់តែមួយ ដូច្នេះ មិនថាយើងមានទំនាស់ និងគំនិតខុសគ្នាយ៉ាងណា មិនថាមានអ្វីដែលបំបែកបំបាក់យើងទេ យើងត្រូវតែរួបរួមគ្នានៅចំពោះព្រះជាម្ចាស់។ យើងអធិស្ឋានទៅព្រះជាម្ចាស់តែមួយ ដូច្នេះ តើមានអ្វីដែលយើងមិនអាចឆ្លងផុតបាននោះ?» ប្រសិនបើអ្នកគិតឱ្យបានដិតដល់អំពីរឿងនេះតាមរបៀបនេះ នោះអ្នកនឹងអាចយកឈ្នះលើឧបសគ្គទាំងនេះបាន មែនអត់? នៅពេលពិចារណាសព្វគ្រប់អស់ហើយ តើគោលបំណងចុងក្រោយគឺជាអ្វីទៅ? គឺដើម្បីសហប្រតិបត្តិការគ្នាដោយចុះសម្រុង ដើម្បីស្វែងរកបំពេញតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់នៅគ្រប់រឿងទាំងអស់ និងដើម្បីសម្រេចឱ្យបាននូវការឯកភាពគ្នា ពោលគឺការឯកភាពខាងគោលបំណង និងការឯកភាពខាងបំណង និងប្រភពនៃសកម្មភាព។ ចំណុចនេះនិយាយងាយទេ តែអនុវត្តទើបលំបាក។ តើហេតុអ្វីទៅ? (មនុស្សមាននិស្ស័យពុករលួយ។) ត្រឹមត្រូវណាស់។ គឺមិនមែនដោយសារមនុស្សមានចរិត បុគ្គលិកលក្ខណៈ ឬអាយុខុសគ្នា ឬដោយសារមនុស្សមកពីគ្រួសារផ្សេងគ្នានោះទេ តែដោយសារមនុស្សមាននិស្ស័យពុករលួយ។ នេះទើបជាឫសគត់នៃបញ្ហា។ ប្រសិនបើអ្នកអាចយល់ច្បាស់ពីឫសគត់នៃបញ្ហានេះដែលមាននៅក្នុងនិស្ស័យពុករលួយរបស់មនុស្ស អ្នកអាចប្រព្រឹត្តដាក់អ្វីៗបានត្រឹមត្រូវ ហើយបញ្ហានឹងងាយដោះស្រាយមិនខាន។ ដូច្នេះ តើយើងនឹងនៅតែត្រូវការពិភាក្សាគ្នាល្អិតល្អន់នៅទីនេះអំពីរបៀបដោះស្រាយនិស្ស័យពុករលួយទៀតដែរទេ? អត់ទេ។ អ្នករាល់គ្នាត្រូវតែស្ដាប់សេចក្ដីអធិប្បាយឱ្យបានច្រើន រហូតទាល់តែអ្នករាល់គ្នាសុទ្ធតែដឹងពីផ្លូវដែលត្រូវដើរ ហើយអ្នករាល់គ្នាសុទ្ធតែមានបទពិសោធខ្លះនៅក្នុងរឿងនេះ។ ដរាបណាមនុស្សអាចតស៊ូក្នុងការស្វែងរកសេចក្ដីពិតនៅគ្រប់រឿងទាំងអស់ដើម្បីដោះស្រាយបញ្ហានានា ឆ្លុះបញ្ចាំងពីបញ្ហាដែលកើតមានឡើងនៅក្នុងខ្លួនពួកគេ និងបន្តប្រព្រឹត្តដាក់អ្នកដទៃដោយត្រឹមត្រូវ ដរាបនោះពួកគេនឹងអាចសហប្រតិបត្តិការគ្នាដោយចុះសម្រុងជាមួយអ្នកដទៃបានហើយ។ ឱ្យតែមនុស្សអាចទទួលយកសេចក្ដីពិតបាន មិនក្រអឺតក្រទម ឬមិនរាប់ខ្លួនឯងជាសុចរិត ហើយអាចមានអាកប្បកិរិយាត្រឹមត្រូវចំពោះមតិយោបល់របស់អ្នកដទៃ នោះពួកគេអាចសហប្រតិបត្តិការគ្នាបានហើយ ហើយប្រសិនបើបញ្ហាពិតជាកើតឡើងមែន នោះវាងាយនឹងសហប្រតិបត្តិការគ្នាតាមរយៈការស្វែងរកសេចក្ដីពិតមកដោះស្រាយបញ្ហាទាំងនោះ។ ដរាបណាមនុស្សម្នាក់អាចទទួលយកសេចក្ដីពិតបាន ហើយបើកចិត្តនិយាយការពិតក្នុងការប្រកបគ្នា ដរាបនោះដៃគូរបស់ពួកគេនឹងងាយទទួលបានការជំរុញចិត្ត ហើយអាចទទួលយកសេចក្ដីពិតបានមិនខាន។ ពេលនោះ ការសម្រេចបាននូវការសហប្រតិបត្តិការគ្នាដោយចុះសម្រុង លែងជាបញ្ហាធំទៀតហើយ ហើយវាងាយនឹងសម្រេចគោលដៅនៃការឯកភាពគ្នាទាំងចិត្តទាំងគំនិតណាស់។

ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៧

ខាង​ដើម៖ និស្ស័យពុករលួយ អាចត្រូវបានដោះស្រាយ តាមរយៈការទទួលយកសេចក្តីពិតតែប៉ុណ្ណោះ

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ