ព្រះជាម្ចាស់បង្កើតអេវ៉ា

21-02-2021

លោកុប្បត្តិ ២:១៨-២០ ព្រះ‌យេហូវ៉ាដ៏ជាព្រះ‌បានមានព្រះ‌បន្ទូលថា វាមិនល្អឡើយដែលបុរសនៅតែម្នាក់ឯងនោះ អញនឹងបង្កើតអ្នកជំនួយម្នាក់ឲ្យបានជាគ្នា។ ហើយ ព្រះ‌យេហូវ៉ាដ៏ជាព្រះបានយកមកសូនធ្វើគ្រប់ទាំងសត្វជើងបួន និងសត្វស្លាបហើរលើអាកាសទាំងប៉ុន្មានចេញពីដី រួចក៏យកមកឲ្យអ័ដាម ដើម្បីឲ្យដឹងថាគាត់នឹងហៅពួកវាយ៉ាងដូចម្តេច។ ហើយអ្វីដែលអ័ដាមបានហៅសត្វទាំងអស់នោះ ក៏ក្លាយជាឈ្មោះរបស់វា។ អ័ដាមបានដាក់ឈ្មោះឲ្យដល់គ្រប់ទាំងសត្វស្រុក សត្វស្លាបហើរលើអាកាស និងសត្វព្រៃទាំងអស់ ប៉ុន្តែសម្រាប់អ័ដាម មិនមានជំនួយណាដែលអាចជួយគាត់បានឡើយ។

លោកុប្បត្តិ ២:២២-២៣ ហើយឆ្អឹងដែលព្រះ‌យេហូវ៉ាដ៏ជាព្រះបានយកចេញពីបុរស ព្រះ‌អង្គបានបង្កើតចេញជាស្ត្រី ហើយក៏នាំនាងមកជួបបុរសនោះ។ អ័ដាមក៏ពោលឡើងថា នេះហើយជាឆ្អឹងដែលចេញពីឆ្អឹងរបស់អញ និងជាសាច់ដែលចេញពីសាច់របស់អញ ត្រូវហៅនាងថា ស្ត្រី ព្រោះនាងត្រូវបានយកចេញពីបុរស។

ព្រះជាម្ចាស់បង្កើតអេវ៉ា

មានឃ្លាសំខាន់មួយនៅក្នុងបទគម្ពីរត្រង់ផ្នែកនេះដែលចែងថា៖ «ហើយអ្វីដែលអ័ដាមបានហៅសត្វទាំងអស់នោះ ក៏ក្លាយជាឈ្មោះរបស់វា»។ ដូច្នេះ តើនរណាជាអ្នកដាក់ឈ្មោះឲ្យសត្វមានជីវិតទាំងអស់? គឺជាអ័ដាម មិនមែនព្រះជាម្ចាស់ទេ។ ឃ្លានេះបានប្រាប់ការពិតដល់មនុស្សជាតិថា ព្រះជាម្ចាស់បានប្រទានឲ្យមនុស្សនូវបញ្ញា នៅពេលដែលព្រះអង្គបានបង្កើតគេមក។ នេះគឺចង់និយាយថា ភាពវៃឆ្លាតរបស់មនុស្ស គឺបានមកពីព្រះជាម្ចាស់។ នេះជាការពិត។ ក៏ប៉ុន្តែ តើហេតុអ្វី? ក្រោយពីព្រះជាម្ចាស់បានបង្កើតអ័ដាមរួចមក តើអ័ដាមបានទៅសាលារៀនដែរឬទេ? តើគាត់ចេះអានអក្សរដែរឬទេ? ក្រោយពីព្រះជាម្ចាស់បានបង្កើតភាវៈរស់ផ្សេងៗ តើអ័ដាមស្គាល់សត្វទាំងអស់នោះដែរឬទេ? តើព្រះជាម្ចាស់បានមានបន្ទូលប្រាប់គាត់ថា ពួកវាមានឈ្មោះអ្វីដែរឬទេ? ជាការពិត ព្រះជាម្ចាស់ក៏មិនបានបង្រៀនគាត់ពីរបៀបបង្កើតឈ្មោះរបស់សត្វទាំងនេះដែរ។ នោះគឺជាការពិត! បើដូច្នេះ តើអ័ដាមដឹងពីរបៀបដាក់ឈ្មោះឲ្យសត្វមានជីវិតទាំងនេះ ហើយឈ្មោះអ្វីគួរដាក់ឲ្យពួកវា ដោយរបៀបណាបាន? នេះទាក់ទងនឹងសំណួរថាតើព្រះជាម្ចាស់បានបន្ថែមអ្វីខ្លះទៅលើអ័ដាម នៅពេលដែលព្រះអង្គបង្កើតគាត់មក។ ការពិតបង្ហាញថា នៅពេលដែលព្រះជាម្ចាស់បង្កើតមនុស្សមក គឺព្រះអង្គបានបន្ថែមភាពវៃឆ្លាតរបស់ព្រះអង្គដល់គេ។ នេះជាចំណុចសំខាន់ ដូច្នេះសូមស្តាប់ដោយយកចិត្តទុកដាក់។ ក៏មានចំណុចសំខាន់មួយទៀត ដែលអ្នកគួរយល់ដែរគឺថា៖ បន្ទាប់ពីអ័ដាមបានដាក់ឈ្មោះសត្វមានជីវិតទាំងនេះចប់សព្វគ្រប់ នោះឈ្មោះទាំងនេះក៏បានត្រូវកំណត់ចូលទៅក្នុងវាក្យស័ព្ទរបស់ព្រះជាម្ចាស់ដែរ។ ហេតុអ្វីខ្ញុំលើកពីចំណុចនេះមក? ពីព្រោះនេះក៏ពាក់ព័ន្ធនឹងនិស្ស័យរបស់ព្រះជាម្ចាស់ដែរ ហើយនេះជាចំណុចដែលខ្ញុំត្រូវពន្យល់បន្ថែមទៀត។

ព្រះជាម្ចាស់បានបង្កើតមនុស្ស ព្រះអង្គបានផ្លុំខ្យល់ ដង្ហើមជីវិតចូលក្នុងគេ ហើយព្រះអង្គក៏បានប្រទាននូវភាពវាងវៃ សមត្ថភាព និងអ្វីដែលជាកម្មសិទ្ធិ និងលក្ខណៈរបស់ព្រះអង្គ ឲ្យដល់គេមួយចំនួនដែរ។ បន្ទាប់ពីព្រះជាម្ចាស់បានប្រទានរបស់ទាំងអស់នេះដល់មនុស្សរួចហើយ នោះគេក៏អាចធ្វើកិច្ចការខ្លះដោយឯករាជ្យ ហើយអាចគិតដោយខ្លួនឯងបាន។ ប្រសិនបើអ្វីដែលមនុស្សគិត និងធ្វើ មើលទៅជាការល្អនៅចំពោះព្រះនេត្ររបស់ព្រះជាម្ចាស់ នោះព្រះជាម្ចាស់នឹងព្រមទទួលយក ហើយព្រះអង្គមិនរារាំងគេឡើយ។ ប្រសិនបើមនុស្សធ្វើអ្វីដែលត្រឹមត្រូវ នោះព្រះជាម្ចាស់នឹងអនុញ្ញាតឲ្យវាកើតឡើងបែបយ៉ាងនោះ។ ដូច្នេះ តើឃ្លាដែលថា «ហើយអ្វីដែលអ័ដាមបានហៅសត្វទាំងអស់នោះ ក៏ក្លាយជាឈ្មោះរបស់វា»។ នេះមានន័យយ៉ាងដូចម្តេច? នេះចង់បញ្ជាក់ថា ព្រះជាម្ចាស់មិនសព្វព្រះហឫទ័យនឹងការផ្លាស់ប្តូរឈ្មោះណាមួយដែលបានដាក់ឲ្យសត្វមានជីវិតទាំងនោះទេ។ ឈ្មោះអ្វីដែលអ័ដាមបានហៅសត្វទាំងនោះ នោះព្រះជាម្ចាស់នឹងមានបន្ទូលថា «ចូរឲ្យកើតឡើងដូច្នេះចុះ» ដែលបញ្ជាក់ពីឈ្មោះរបស់សត្វមានជីវិតទាំងនោះ។ តើព្រះជាម្ចាស់ជាអ្នកផ្តួចផ្តើមគំនិតក្នុងរឿងនេះឬ? ទេ! គឺព្រះជាម្ចាស់ ព្រះអង្គពិតជាមិនបានធ្វើបែបនោះទេ។ ដូច្នេះតើអ្នករាល់គ្នាទទួលបានអ្វីពីរឿងនេះ? ព្រះជាម្ចាស់បានប្រទានប្រាជ្ញាដល់មនុស្ស ហើយមនុស្សបានប្រើបញ្ញាដែលព្រះជាម្ចាស់ប្រទានមកឲ្យនោះ យកទៅធ្វើអ្វីៗទាំងអស់។ ប្រសិនបើអ្វីដែលមនុស្សធ្វើទៅ មានភាពវិជ្ជមាននៅចំពោះព្រះនេត្ររបស់ព្រះជាម្ចាស់ នោះព្រះជាម្ចាស់នឹងគាំទ្រ ទទួលស្គាល់ និងទទួលយកដោយគ្មានថ្កោលទោស ឬទិទៀនអ្វីឡើយ។ នេះគឺជាអ្វីមួយដែលគ្មានមនុស្សណាម្នាក់ ឬវិញ្ញាណអាក្រក់ ឬសាតាំងអាចធ្វើបានឡើយ។ តើអ្នករាល់គ្នាមានឃើញការបើកសម្តែងពីនិស្ស័យរបស់ព្រះជាម្ចាស់នៅទីនេះដែរឬទេ? តើមនុស្សជាតិដែលជាមនុស្សពុករលួយ ឬក៏សាតាំងអាចអនុញ្ញាតឲ្យនរណាម្នាក់ធ្វើអ្វីមួយនៅក្នុងនាមរបស់ពួកគេ ឬនៅក្រោមភ្នែក ក្រោមច្រមុះរបស់ពួកគេបានដែរឬទេ? ពិតណាស់ គឺមិនអាចទៅរួចទេ! តើពួកគេនឹងប្រយុទ្ធប្រឆាំងនឹងតំណែងនេះជាមួយមនុស្សផ្សេងទៀត ឬកម្លាំងផ្សេងទៀតដែលខុសពីពួកគេដែរឬទេ? ប្រាកដណាស់ ពួកគេនឹងធ្វើបែបនោះ! ប្រសិនបើពេលនោះមានមនុស្សពុករលួយ ឬក៏សាតាំងនៅជាមួយអ័ដាម នោះពួកគេប្រាកដជាបដិសេធនូវអ្វីដែលអ័ដាមកំពុងធ្វើជាមិនខាន។ ដើម្បីបង្ហាញថាពួកគេមានសមត្ថភាពគិតដោយឯករាជ្យ និងមានការយល់ដឹងពិសេសផ្ទាល់ខ្លួនរបស់គេ នោះពួកគេច្បាស់ជាបដិសេធនូវអ្វីគ្រប់យ៉ាងដែលអ័ដាមបានធ្វើ៖ «តើអ្នកចង់ហៅវាបែបនេះឬ? តែខ្ញុំនឹងមិនហៅវាបែបនេះឡើយ គឺខ្ញុំនឹងហៅវាបែបនោះវិញ អ្នកហៅវាថាថម (Tom) តែខ្ញុំនឹងហៅវាថាហេរី(Harry) វិញ។ ខ្ញុំត្រូវតែបង្ហាញថា ខ្ញុំឆ្លាតវៃប៉ុនណា»។ តើនិស្ស័យប្រភេទនេះ ជានិស្ស័យអ្វី? តើវាមិនក្រអឺតក្រទមពេកទេឬអី? ហើយចុះ ចំពោះព្រះជាម្ចាស់យ៉ាងណាដែរ? តើព្រះអង្គមាននិស្ស័យបែបនេះដែរឬទេ? តើព្រះជាម្ចាស់មានជំទាស់ចំពោះអ្វីដែលអ័ដាមកំពុងតែធ្វើដែរឬទេ? ចម្លើយគឺច្បាស់ជាអត់មានទេ! ចំពោះនិស្ស័យដែលព្រះជាម្ចាស់បានបើកសម្តែងនោះ មិនមានសញ្ញាណសូម្បីតែបន្តិចទៅលើការប្រកែកតវ៉ា ភាពក្រអឺតក្រទម ឬការរាប់ខ្លួនឯងជាសុចរិតនោះទេ។ រឿងនោះច្បាស់លាស់ណាស់នៅទីនេះ។ នេះអាចជាចំណុចតូចតាចមួយ ក៏ប៉ុន្តែប្រសិនបើអ្នកមិនយល់ពីសារជាតិរបស់ព្រះជាម្ចាស់ទេ ហើយប្រសិនបើចិត្តអ្នកមិនព្យាយាមរកមើល ថាតើព្រះជាម្ចាស់ប្រព្រឹត្តយ៉ាងដូចម្តេច ហើយតើអ្វីជាឥរិយាបថរបស់ព្រះជាម្ចាស់ទេ នោះឯងនឹងមិនដឹងពីនិស្ស័យរបស់ព្រះជាម្ខាស់ ឬមើលឃើញការបង្ហាញ និងការបើកសម្តែងអំពីនិស្ស័យរបស់ព្រះជាម្ចាស់ឡើយ។ តើមែនអត់? តើអ្នករាល់គ្នាយល់ស្របនឹងអ្វីដែលខ្ញុំទើបតែបានពន្យល់អ្នកដែរឬទេ? នៅក្នុងការឆ្លើយតបទៅនឹងការប្រព្រឹត្ដរបស់អ័ដាម ព្រះជាម្ចាស់មិនបានប្រកាសដោយអំនួតថា «ឯងធ្វើបានល្អណាស់ ឯងធ្វើត្រឹមត្រូវណាស់ អញយល់ស្របតាមឯង! នោះឡើយ» តែយ៉ាងណាក៏ដោយ នៅក្នុងព្រះទ័យរបស់ព្រះអង្គ ព្រះជាម្ចាស់បានយល់ព្រម ឲ្យតម្លៃ និងអបអរសាទរចំពោះអ្វីដែលអ័ដាមបានធ្វើ។ នេះជារឿងដំបូងបង្អស់ ចាប់តាំងពីការបង្កបង្កើតមក ដែលមនុស្សបានធ្វើកិច្ចការសម្រាប់ព្រះជាម្ចាស់តាមការណែនាំរបស់ព្រះអង្គ។ វាគឺជាអ្វីដែលមនុស្សបានធ្វើជំនួសព្រះជាម្ចាស់ និងនៅក្នុងនាមព្រះជាម្ចាស់ដែរ។ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់ ការនេះបានកើតឡើងចេញពីភាពវៃឆ្លាតដែលព្រះអង្គបានប្រទានដល់មនុស្ស។ ព្រះជាម្ចាស់ ទ្រង់ទតឃើញថាវាជារឿងល្អ និងជារឿងវិជ្ជមាន។ អ្វីដែលអ័ដាមបានធ្វើនៅពេលនោះ គឺជាការបង្ហាញឲ្យឃើញដំបូងគេអំពីប្រាជ្ញាវាងវៃរបស់ព្រះជាម្ចាស់នៅក្នុងមនុស្ស។ នេះជាការបង្ហាញឲ្យឃើញយ៉ាងល្អតាមរយៈទស្សនៈរបស់ព្រះជាម្ចាស់។ អ្វីដែលខ្ញុំចង់ប្រាប់អ្នករាល់គ្នានៅទីនេះគឺថា គោលបំណងរបស់ព្រះជាម្ចាស់ក្នុងការប្រទានឲ្យមនុស្សនូវអ្វីដែលជាកម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ និងប្រាជ្ញាវាងវៃរបស់ព្រះអង្គ គឺដើម្បីឲ្យមនុស្សអាចក្លាយជាសត្វមានជីវិត ដែលរស់នៅតំណាងឲ្យព្រះអង្គ។ ដើម្បីឲ្យសត្វមានជីវិតទាំងនេះ ធ្វើសកម្មភាពជំនួសព្រះអង្គ ហើយនេះគឺពិតជាអ្វីដែលព្រះជាម្ចាស់ចង់ឃើញ។

(«កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ I» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ