ព្រះជាម្ចាស់ធ្វើអាវពីស្បែកឲ្យអ័ដាម និងអេវ៉ា

21-02-2021

លោកុប្បត្តិ ៣:២០-២១ ហើយអ័ដាមបានដាក់ឈ្មោះឲ្យប្រពន្ធរបស់គាត់ថា អេវ៉ា ព្រោះនាងជាម្តាយនៃជីវិតមនុស្សទាំងអស់។ ព្រះ‌យេហូវ៉ាដ៏ជាព្រះបានធ្វើអាវពីស្បែកសត្វឲ្យអ័ដាម និងប្រពន្ធគាត់ ដើម្បីស្លៀកពាក់បិទបាំងកាយ។

ចូរយើងក្រឡេកទៅមើលអត្ថបទគម្ពីរទីបីនេះ ដែលបញ្ជាក់ថា ពិតជាមានអត្ថន័យនៅពីក្រោយឈ្មោះអេវ៉ាដែលអ័ដាមបានដាក់ឲ្យមែន។ នេះបង្ហាញថា ក្រោយពីត្រូវបានបង្កើតរួចមក នោះអ័ដាមមានគំនិតផ្ទាល់ខ្លួន ហើយនិងយល់ដឹងពីអ្វីៗជាច្រើន។ តែសំរាប់ពេលនេះ យើងនឹងមិនទៅសិក្សា ឬស្វែងយល់ពីអ្វីដែលគាត់បានយល់ ឬក៏យល់ច្រើនប៉ុនណានោះទេ ដោយព្រោះតែនេះ វាមិនមែនជាគោលបំណងសំខាន់របស់ខ្ញុំក្នុងការពិភាក្សាក្នុងវគ្គទីបីនេះទេ។ ដូច្នេះ តើអ្វីទៅជាចំណុចសំខាន់ ដែលខ្ញុំចង់បញ្ជាក់? ចូរយើងក្រឡេកមើលឃ្លាខាងក្រោមនេះ៖ «ព្រះ‌យេហូវ៉ាដ៏ជាព្រះបានធ្វើអាវពីស្បែកសត្វឲ្យអ័ដាម និងប្រពន្ធគាត់ ដើម្បីស្លៀកពាក់បិទបាំងកាយ»។ ប្រសិនបើយើងមិនពិភាក្សាអំពីបទគម្ពីរនេះនៅក្នុងការសិក្សារបស់យើងនៅថ្ងៃនេះទេ នោះអ្នករាល់គ្នាប្រហែលជាមិនយល់ពីអត្ថន័យជ្រាលជ្រៅនៃព្រះបន្ទូលទាំងនេះឡើយ។ ជាដំបូង ខ្ញុំសូមប្រាប់ពីតម្រុយខ្លះៗ។ សូមស្រមៃមើលថា ប្រសិនបើអ្នករាល់គ្នារស់នៅក្នុងសួនច្បារអេដែនជាមួយអ័ដាម និងអេវ៉ា។ នៅពេលដែលព្រះជាម្ចាស់ទៅជួបពួកគេ ក៏ប៉ុន្តែពួកគេលាក់ខ្លួនដោយសារតែពួកគេនៅអាក្រាត។ ព្រះជាម្ចាស់អត់ឃើញពួកគេទេ ក្រោយពីព្រះអង្គបានហៅរកពួកគេ នោះពួកគេបានតបវិញថា «យើងខ្ញុំមិនហ៊ានមើលទៅឯព្រះអង្គឡើយ ពីព្រោះរូបកាយរបស់យើងនៅអាក្រាត»។ ពួកគេមិនហ៊ានមើលទៅឯព្រះជាម្ចាស់ទេ ពីព្រោះពួកគេនៅអាក្រាត។ ដូច្នេះ តើព្រះយេហូវ៉ាដ៏ជាព្រះ ទ្រង់បានធ្វើអ្វីសម្រាប់ពួកគេ? នៅក្នុងអត្ថបទដើមចែងថា៖ «ព្រះ‌យេហូវ៉ាដ៏ជាព្រះបានធ្វើអាវពីស្បែកសត្វឲ្យអ័ដាម និងប្រពន្ធគាត់ ដើម្បីស្លៀកពាក់បិទបាំងកាយ»។ នៅត្រង់នេះ តើអ្នករាល់គ្នាដឹងទេថា ព្រះជាម្ចាស់បានយកអ្វីមកធ្វើសម្លៀកបំពាក់ឲ្យពួកគេពាក់? ព្រះជាម្ចាស់ បានប្រើស្បែកសត្វដើម្បីធ្វើសម្លៀកបំពាក់ឲ្យពួកគេ។ គឺចង់និយាយថា ព្រះជាម្ចាស់ បានធ្វើអាវពីរោមសត្វ សម្រាប់ឲ្យមនុស្សស្លៀកពាក់ធ្វើជាសម្លៀកបំពាក់បិទបាំងកាយ។ ទាំងនេះគឺជាសម្លៀកបំពាក់ដំបូងគេ ដែលព្រះជាម្ចាស់បានធ្វើសម្រាប់មនុស្ស។ បើតាមស្តង់ដារនាពេលបច្ចុប្បន្ននេះ អាវរោមសត្វ គឺជារបស់ដ៏ទំនើបប្រណីត ហើយមិនមែនជាអ្វីដែលមនុស្សគ្រប់គ្នាអាចមានលទ្ធភាពស្លៀកបាននោះទេ។ ប្រសិនបើមាននរណាម្នាក់សួរអ្នកថា តើដូនតារបស់យើងស្លៀកសម្លៀកបំពាក់អ្វីដំបូងគេ? អ្នកអាចឆ្លើយបានថា៖ គឺអាវរោមសត្វ។ តើនរណាជាអ្នកច្នៃអាវរោមសត្វនេះ? អ្នកអាចឆ្លើយថា៖ គឺព្រះជាម្ចាស់ជាអ្នកធ្វើវាឡើង! តើនោះមិនមែនជាចំណុចសំខាន់ដែលត្រូវយកមកពិភាក្សាទេឬ? ក្រោយពីបានស្តាប់ការពិពណ៌នារបស់ខ្ញុំហើយ តើឃើញមានរូបភាពមួយលេចចេញមកក្នុងគំនិតរបស់អ្នករាល់គ្នាដែរឬទេ? យ៉ាងហោចណាស់ អ្នកគួរតែមានគ្រោងរដុបៗខ្លះដែរ។ ចំណុចដែលខ្ញុំត្រូវប្រាប់អ្នកនៅថ្ងៃនេះគឺមិនដូច្នេះទេ ដ្បិតអ្នករាល់គ្នាបានដឹងហើយថា សម្លៀកបំពាក់ដំបូងគេ ដែលមនុស្សស្លៀកពាក់នោះធ្វើមកពីអ្វី។ បើដូច្នេះ តើអ្វីជាចំណុចដែលត្រូវដឹង? ចំណុចនោះគឺថា មិនមែនជាអាវរោមសត្វនោះទេ ក៏ប៉ុន្តែជារបៀបដែលមនុស្សបានស្គាល់តាមរយៈការបើកសម្តែងដោយព្រះជាម្ចាស់នៅក្នុងអ្វីៗដែលព្រះអង្គបានធ្វើនៅទីនេះ រួមទាំងនិស្ស័យ របស់ព្រះអង្គ កម្មសិទ្ធិ និងលក្ខណៈរបស់ព្រះអង្គ។

«ព្រះ‌យេហូវ៉ាដ៏ជាព្រះបានធ្វើអាវពីស្បែកសត្វឲ្យអ័ដាម និងប្រពន្ធគាត់ ដើម្បីស្លៀកពាក់បិទបាំងកាយ»។ នៅក្នុងឈុតនេះ តើយើងឃើញព្រះជាម្ចាស់ដើរតួជាអ្វី នៅពេលដែលព្រះអង្គគង់នៅជាមួយអ័ដាម និងអេវ៉ា? តើព្រះជាម្ចាស់បានបង្ហាញអង្គទ្រង់នៅក្នុងពិភពលោកនេះយ៉ាងដូចម្តេ តាមរយៈមនុស្សតែពីរនាក់នេះ? តើព្រះអង្គបង្ហាញអង្គទ្រង់នៅក្នុងនាមជាព្រះជាម្ចាស់ឬ? សូមឲ្យបងប្អូនប្រុសស្រីមកពីហុងកុងឆ្លើយសំណួរនេះ។ (គឺក្នុងនាមជាឪពុកម្តាយ) សូមឲ្យបងប្អូនប្រុសស្រីមកពីប្រទេសកូរ៉េខាងត្បូងឆ្លើយវិញម្តង តើអ្នករាល់គ្នាគិតថា ព្រះជាម្ចាស់លេចមកក្នុងនាមជាអ្វី? (ជាមេគ្រួសារ) សូមឲ្យបងប្អូនប្រុសស្រីមកពីតៃវ៉ាន់ម្តង តើអ្នកគិតយ៉ាងណាដែរ? (គឺក្នុងនាមជាបុគ្គលម្នាក់នៅក្នុងគ្រួសាររបស់អ័ដាម និងអេវ៉ា ជាសមាជិកគ្រួសារម្នាក់។) មានអ្នកខ្លះគិតថាព្រះជាម្ចាស់លេចមក ក្នុងនាមជាសមាជិកគ្រួសាររបស់អ័ដាម និងអេវ៉ា រីឯអ្នកខ្លះទៀតនិយាយថា ព្រះជាម្ចាស់លេចមកក្នុងនាមជាមេគ្រួសារ ហើយក៏មានអ្នកខ្លះទៀតនិយាយថា ក្នុងនាមជាឪពុកម្តាយ ចម្លើយទាំងអស់នេះគឺសុទ្ធតែសមរម្យទាំងអស់។ ក៏ប៉ុន្តែ តើអ្នកដឹងទេថា ខ្ញុំកំពុងតែគិតយ៉ាងដូចម្តេច? គឺព្រះជាម្ចាស់បានបង្កើតមនុស្សទាំងពីរនាក់នេះ ហើយព្រះអង្គបានចាត់ទុកពួកគេជាដៃគូរបស់ព្រះអង្គ។ ក្នុងនាមជាក្រុមគ្រួសារតែមួយគត់របស់ពួកគេ គឺព្រះជាម្ចាស់បានមើលថែរក្សាជីវិតរបស់ពួកគេ និងទំនុកបំរុងអាហារ សម្លៀកបំពាក់ និងតម្រូវការទីជម្រកសម្រាប់ពួកគេដែរ។ នៅទីនេះ ព្រះជាម្ចាស់បាន លេចមកក្នុងនាមជាឪពុកម្តាយរបស់អ័ដាម និងអេវ៉ា។ ខណៈពេលដែលព្រះជាម្ចាស់ធ្វើរឿងនេះ មនុស្សមិនអាចមើលឃើញពីភាពថ្លៃថ្នូររបស់ព្រះជាម្ចាស់ឡើយ គេមិនបានឃើញភាពខ្ពង់ខ្ពស់របស់ព្រះជាម្ចាស់ អាថ៌កំបាំងរបស់ព្រះអង្គ ហើយជាពិសេស មិនមើលឃើញសេចក្តីក្រោធ ឬឫទ្ធានុភាពរបស់ព្រះអង្គឡើយ។ អ្វីដែលគេបានឃើញ គឺការបន្ទាបខ្លួនរបស់ព្រះជាម្ចាស់ ការស្រឡាញ់ ការយកព្រះទ័យទុកដាក់ចំពោះមនុស្ស ការទទួលខុសត្រូវ និងការមើលថែទាំរបស់ព្រះអង្គចំពោះគេតែប៉ុណ្ណោះ។ ឥរិយាបថ និងរបៀបដែលព្រះជាម្ចាស់បានប្រព្រឹត្ដចំពោះអ័ដាម និងអេវ៉ា គឺស្រដៀងទៅនឹងរបៀបដែលឪពុកម្តាយបង្ហាញការយកចិត្តទុកដាក់ចំពោះកូនៗរបស់ពួកគេយ៉ាងដូច្នោះដែរ។ វាក៏ដូចជារបៀបដែលឪពុកម្តាយស្រឡាញ់ ថែរក្សា និងបីបាច់កូនប្រុសកូនស្រីរបស់ពួកគេដែរ ពោលគឺពិតប្រាកដ អាចមើលឃើញ និងជាក់ស្ដែង។ ជំនួសឲ្យការលើកតម្កើងខ្លួនឡើងទៅកាន់ឋានៈមួយដែលខ្ពង់ខ្ពស់ និងខ្លាំងពូកែនោះ ព្រះជាម្ចាស់បានយកស្បែកសត្វមកធ្វើអាវដោយផ្ទាល់ព្រះអង្គសម្រាប់បំពាក់ឲ្យមនុស្ស។ វាមិនសំខាន់ទេថា តើអាវរោមសត្វនេះត្រូវបានគេប្រើ ដើម្បីគ្របដណ្ដប់លើភាពថ្លៃថ្នូររបស់ពួកគេ ឬដើម្បីការពារពួកគេពីភាពត្រជាក់ក្តី ក៏ប៉ុន្តែអ្វីដែលសំខាន់នោះ គឺថាសម្លៀកបំពាក់ សម្រាប់គ្របដណ្ដាប់ខ្លួនមនុស្សនេះ គឺត្រូវបានធ្វើឡើងដោយព្រះហស្តផ្ទាល់របស់ព្រះជាម្ចាស់។ មនុស្សអាចនឹងគិតថាព្រះជាម្ចាស់ ប្រើមធ្យោបាយអស្ចារ្យនៅក្នុងការធ្វើអាវស្បែកនោះ តែព្រះជាម្ចាស់បានធ្វើអ្វីមួយដែលមនុស្សគិតថាព្រះជាម្ចាស់គួរធ្វើ ឬមិនគួរធ្វើវា។ រឿងនេះមើលទៅដូចជារឿងតូចតាច ប្រហែលជាមានមនុស្សមួយចំនួនគិតថាមិនគួរលើកមកនិយាយនោះទេ ក៏ប៉ុន្តែវាអនុញ្ញាតឲ្យអ្នកដើរតាមព្រះជាម្ចាស់ ណាម្នាក់ ដែលមានគំនិតស្រពិចស្រពិលអំពីព្រះអង្គ ទទួលបានការយល់ដឹងស៊ីជម្រៅអំពីភាពពិតប្រាកដ និងភាពគួរឲ្យស្រឡាញ់របស់ព្រះអង្គ ព្រមទាំងអាចមើលឃើញភាពស្មោះត្រង់ និងការបន្ទាបអង្គទ្រង់របស់ព្រះអង្គដែរ។ វាធ្វើឲ្យមនុស្សក្រអឺតក្រទម ដែលគិតថាមានតែខ្លួនឯងអស្ចារ្យជាងគេ ឱនក្បាលនៃភាពអំណួតរបស់ពួកគេដោយក្តីអាម៉ាស់នៅមុខភាពពិតប្រាកដ និងការបន្ទាបអង្គទ្រង់របស់ព្រះជាម្ចាស់។ ត្រង់ចំណុចនេះ សេចក្តីពិត និងការបន្ទាបអង្គទ្រង់របស់ព្រះជាម្ចាស់អាចជួយមនុស្ស ឲ្យមើលឃើញថា ព្រះអង្គគួរឲ្យស្រឡាញ់ណាស់។ ផ្ទុយពីនេះ ព្រះ «ដ៏ធំមហិមា» ព្រះ «ដែលគួរឲ្យស្រឡាញ់» និងជា ព្រះ «ដែលប្រកបដោយសព្វានុភាព» ដែលមនុស្សរក្សាទុកនៅក្នុងចិត្តរបស់ពួកគេ បានប្រែទៅជាទាបថោក ហើយអាក្រក់ និងបែកបាក់ទៅជាបំណែកតូចៗទៅវិញ។ នៅពេលដែលអ្នកឃើញខគម្ពីរនេះ ហើយនិងស្ដាប់ឮរឿងនេះ តើអ្នកនឹងមើលងាយចំពោះព្រះជាម្ចាស់ ដោយព្រោះព្រះអង្គបានធ្វើរឿងបែបនេះឬទេ? មនុស្សខ្លះប្រហែលជាបែបនោះ ក៏ប៉ុន្តែ មានអ្នកផ្សេងទៀតក៏នឹងមានប្រតិកម្មផ្ទុយពីនេះដែរ។ ពួកគេនឹងគិតថា ព្រះជាម្ចាស់ជាព្រះពិតប្រាកដ និងគួរឲ្យស្រឡាញ់ ហើយវាច្បាស់ណាស់ថា គឺភាពពិតប្រាកដ និងសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់នេះហើយ ដែលបានជំរុញពួកគេ។ កាលណាពួកគេមើលឃើញផ្នែកពិតរបស់ព្រះជាម្ចាស់កាន់តែច្រើន នោះពួកគេកាន់តែយល់ពីអត្ថិភាពនៃសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ និងសារៈសំខាន់របស់ព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់ពួកគេ និងរបៀបដែលព្រះអង្គឈរនៅក្បែរពួកគេគ្រប់ពេលវេលា។

ឥឡូវនេះ សូមឲ្យយើងបង្វែរការពិភាក្សារបស់យើងត្រឡប់មកបច្ចុប្បន្ននេះវិញ។ ប្រសិនបើព្រះជាម្ចាស់អាចធ្វើរឿងតូចតាចផ្សេងៗសម្រាប់មនុស្សដែលព្រះអង្គបានបង្កើតមកតាំងពីដើមដំបូង សូម្បីតែរឿងដែលមនុស្សមិនដែលគិត ឬរំពឹងទុកទាល់តែសោះ នោះតើព្រះជាម្ចាស់អាចធ្វើរឿងបែបនេះសម្រាប់មនុស្សនៅសព្វថ្ងៃនេះបានដែរឬទេ? អ្នកខ្លះឆ្លើយថា «អាច!» ហេតុអ្វីបានជាដូច្នេះ? ដោយសារតែសារជាតិរបស់ព្រះជាម្ចាស់ គឺមិនមែនក្លែងក្លាយ ហើយភាពគួរឲ្យស្រឡាញ់របស់ព្រះអង្គក៏មិនមែនក្លែងក្លាយដែរ។ សារជាតិរបស់ព្រះជាម្ចាស់ គឺមានពិតប្រាកដមែន ហើយវាមិនមែនជាអ្វីដែលបានបន្ថែមដោយអ្នកដទៃណាមួយឡើយ ហើយក៏ប្រាកដជាមិនមែនជាអ្វី ដែលផ្លាស់ប្តូរទៅតាមពេលវេលា ទីកន្លែង និងសម័យកាលខុសគ្នានោះដែរ។ ភាពពិតប្រាកដ និងភាពគួរឲ្យស្រឡាញ់របស់ព្រះជាម្ចាស់ ពិតជាអាចកើតចេញតាមរយៈការធ្វើអ្វីមួយ ដែលមនុស្សគិតថាមិនគួរឲ្យជឿ និងមិនសំខាន់ ជាអ្វីដែលតូចតាចបំផុត ដែលមនុស្សមិនដែលគិតថាគេនឹងចង់ធ្វើវាឡើយ។ ព្រះជាម្ចាស់ ទ្រង់មិនចេះវាយឫកខ្ពស់ទេ។ គ្មានការនិយាយបំផ្លើស ការក្លែងបន្លំ អំណួត ឬភាពក្រអឺតក្រទមណាមួយ នៅក្នុងនិស្ស័យ និងសារជាតិរបស់ព្រះអង្គឡើយ។ ព្រះអង្គ មិនដែលអួតខ្លួនឡើយ តែផ្ទុយទៅវិញព្រះអង្គស្រឡាញ់ បង្ហាញការយកព្រះទ័យកទុកដាក់ ថែរក្សា និងដឹកនាំ ដោយភាពស្មោះត្រង់ និងភាពទៀងត្រង់ចំពោះមនុស្សដែលព្រះអង្គបានបង្កើតមក។ មិនខ្វល់ថាមនុស្សនឹងដឹងគុណព្រះអង្គតិចប៉ុនណា មានអារម្មណ៍យ៉ាងណា ឬអត់ឃើញអ្វីដែលព្រះអង្គធ្វើក៏ដោយ ក៏ព្រះអង្គនៅតែធ្វើកិច្ចការរបស់ព្រះអង្គជានិច្ច។ តើការដែលដឹងថាព្រះជាម្ចាស់មានលក្ខណៈសំខាន់បែបនេះ អាចប៉ះពាល់ដល់សេចក្តីស្រឡាញ់របស់មនុស្សចំពោះព្រះអង្គដែរឬទេ? តើវានឹងជះឥទ្ធិពលដល់ការកោតខ្លាចរបស់ពួកគេដល់ព្រះជាម្ចាស់ដែរឬទេ? ខ្ញុំសង្ឃឹមថា នៅពេលដែលអ្នកស្គាល់ពីផ្នែកពិតរបស់ព្រះជាម្ចាស់ នោះអ្នកនឹងកាន់តែជិតស្និទ្ធនឹងព្រះអង្គ ហើយអាចឲ្យតម្លៃកាន់តែខ្លាំងចំពោះសេចក្តីស្រឡាញ់ និងការយកព្រះទ័យទុកដាក់របស់ព្រះអង្គចំពោះមនុស្សជាតិ ក៏ដូចជាអាចថ្វាយដួងចិត្តដល់ព្រះអង្គ ហើយក៏លែងមានការសង្ស័យ ឬស្រពិចស្រពិលអំពីព្រះអង្គទៀតដែរ។ ព្រះជាម្ចាស់កំពុងធ្វើអ្វីៗគ្រប់យ៉ាងសម្រាប់មនុស្សដោយស្ងាត់ស្ងៀម ធ្វើអ្វីៗទាំងអស់ដោយស្ងៀមស្ងាត់តាមរយៈភាពទៀងត្រង់ ភាពស្មោះត្រង់ និងសេចក្តីស្រឡាញ់របស់ព្រះអង្គ។ ក៏ប៉ុន្តែ ព្រះអង្គមិនដែលមានការភ័យខ្លាច ឬការសោកស្តាយចំពោះអ្វីដែលព្រះអង្គធ្វើនោះទេ ហើយក៏មិនដែលត្រូវការនរណាម្នាក់សងគុណព្រះអង្គតាមមធ្យោបាយណាមួយ ឬមានចេតនាចង់ទទួលបានអ្វីពីមនុស្សណាម្នាក់ឡើយ។ គោលបំណងតែមួយគត់នៃអ្វីៗគ្រប់យ៉ាងដែលព្រះអង្គបានធ្វើគឺ ដើម្បីឲ្យព្រះអង្គអាចទទួលបានសេចក្ដីជំនឿ និងសេចក្ដីស្រឡាញ់ពិតរបស់មនុស្សជាតិ។ បើដូច្នេះ ខ្ញុំនឹងបញ្ចប់ប្រធានបទទីមួយរបស់យើងនៅត្រឹមនេះចុះ។

(«កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ I» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

ព្រះជាម្ចាស់បង្កើតអេវ៉ា

លោកុប្បត្តិ ២:១៨-២០ ព្រះ‌យេហូវ៉ាដ៏ជាព្រះ‌បានមានព្រះ‌បន្ទូលថា វាមិនល្អឡើយដែលបុរសនៅតែម្នាក់ឯងនោះ អញនឹងបង្កើតអ្នកជំនួយម្នាក់ឲ្យបានជាគ្នា។ ហើយ...

Leave a Reply