ព្រះពររបស់ព្រះជាម្ចាស់ ចំពោះលោកណូអេក្រោយពីទឹកជំនន់
លោកុប្បត្តិ ៩:១-៦ ហើយព្រះជាម្ចាស់បានប្រទានពរដល់លោកណូអេ និងកូនប្រុសរបស់លោក ព្រមទាំងមានបន្ទូលទៅពួកគេថា ចូរបង្កើតកូនចៅ ពហុគុណ ហើយបំពេញផែនដីទៅ។ គ្រប់ទាំងសត្វនៅផែនដី សត្វស្លាបដែលហើរលើអាកាស សត្វលូនវារនៅដី និងត្រីក្នុងសមុទ្រទាំងប៉ុន្មាន នឹងខ្លាច ហើយញញើតដល់ឯងរាល់គ្នា។ អញប្រគល់សត្វទាំងអស់នោះមកក្នុងដៃរបស់ឯងរាល់គ្នាហើយ។ សត្វទាំងប៉ុន្មានដែលមានចលនា ហើយនៅរស់ នឹងក្លាយជាអាហារដល់ឯងរាល់គ្នា។ អញប្រទានអ្វីៗទាំងអស់ដល់ឯងរាល់គ្នា ដូចដែលអញបានឲ្យតិណជាតិទាំងឡាយដល់ឯងរាល់គ្នាដែរ។ ប៉ុន្ដែ ឯងរាល់គ្នាមិនត្រូវបរិភោគសាច់ដែលនៅមានជីវិត ជាសាច់ដែលមានជាប់ឈាមឡើយ។ ចំពោះជីវិតមនុស្សវិញ បើអ្នកណាយកជីវិតគេ អញនឹងទារឈាមពីជីវិតអ្នកនោះវិញ។ ចំពោះសត្វណាដែលសម្លាប់មនុស្ស អញនឹងទារយកជីវិតសត្វនោះវិញ។ គឺអញទារយកជីវិតរបស់មនុស្សវិញ ដោយសារតែដៃរបស់បងប្អូនរបស់អ្នកដែលស្លាប់ទៅ។ អស់អ្នកណាដែលកម្ចាយឈាមរបស់មនុស្ស អ្នកនោះនឹងត្រូវគេកម្ចាយឈាមវិញ ដ្បិតព្រះជាម្ចាស់បានបង្កើតមនុស្សមកនៅក្នុងរូបអង្គទ្រង់។
តើអ្នករាល់គ្នា មើលឃើញអ្វីខ្លះពីអត្ថបទគម្ពីរនេះ? ហេតុអ្វីខ្ញុំជ្រើសរើសខគម្ពីរទាំងនេះ? ហេតុអ្វីបានជាខ្ញុំមិនជ្រើសរើសការដកស្រង់អំពីជីវិតរបស់លោកណូអេ និងគ្រួសាររបស់គាត់នៅលើទូកធំទៅវិញ? ដោយសារតែព័ត៌មាននោះមិនមានទំនាក់ទំនងច្រើនជាមួយប្រធានបទដែលយើងកំពុងជជែកជាមួយគ្នានៅថ្ងៃនេះទេ។ អ្វីដែលយើងកំពុងផ្តោតការយកចិត្តទៅលើនោះ គឺនិស្ស័យរបស់ព្រះជាម្ចាស់។ ប្រសិនបើអ្នករាល់គ្នាចង់ដឹងអំពីព័ត៌មានលម្អិតទាំងនោះ អ្នកអាចយកព្រះគម្ពីរមកអានដោយខ្លួនឯងបាន។ យើងនឹងមិននិយាយអំពីរឿងនេះនៅទីនេះទេ។ រឿងសំខាន់ដែលយើងកំពុងនិយាយនៅថ្ងៃនេះ គឺអំពីរបៀបស្គាល់សកម្មភាពរបស់ព្រះជាម្ចាស់។
ក្រោយពីលោកណូអេបានទទួលយកការណែនាំរបស់ព្រះជាម្ចាស់ ហើយបានសង់ទូកធំ និងរស់នៅជាច្រើនថ្ងៃក្នុងគ្រាដែលព្រះជាម្ចាស់បានប្រើទឹកជំនន់ដើម្បីបំផ្លាញពិភពលោកមក នោះមានតែលោកណូអេ និងគ្រួសារទាំងមូលរបស់គាត់ចំនួន៨នាក់ប៉ុណ្ណោះ ដែលបានរួចជីវិត។ មានតែក្រុមគ្រួសារទាំង៨នាក់របស់លោកណូអេប៉ុណ្ណោះដែលបានរួចជីវិត ក្រៅពីនោះទាំងមនុស្សជាតិ និងអ្វីៗទាំងអស់ដែលមានជីវិតនៅលើផែនដី គឺសុទ្ធតែត្រូវបានបំផ្លាញទាំងអស់។ ព្រះជាម្ចាស់បានប្រទានពរ ព្រមទាំងមានបន្ទូលរឿងមួយចំនួនប្រាប់ដល់លោកណូអេ និងកូនប្រុសៗរបស់គាត់។ ទាំងអស់នេះ ជាអ្វីៗដែលព្រះជាម្ចាស់បានប្រទានដល់គាត់ ហើយរួមទាំងព្រះពររបស់ព្រះជាម្ចាស់ដែរ។ នេះគឺជាព្រះពរ និងការសន្យាដែលព្រះជាម្ចាស់ប្រទានដល់អស់អ្នកដែលអាចស្តាប់តាមព្រះអង្គ ហើយទទួលយកការណែនាំរបស់ព្រះអង្គ ហើយនេះក៏ជារបៀបដែលព្រះអង្គប្រទានរង្វាន់ដល់មនុស្សដែរ។ ពោលគឺ មិនចំពោះថាលោកណូអេជាមនុស្សសុចរិត ឬទៀងត្រង់នៅចំពោះព្រះនេត្ររបស់ព្រះជាម្ចាស់ ឬក៏ថាគាត់ស្គាល់ព្រះជាម្ចាស់បែបណានោះឡើយ និយាយយ៉ាងខ្លីទៅ គឺលោកណូអេ និងកូនប្រុសទាំងបីរបស់គាត់សុទ្ធតែបានស្តាប់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងសហការជាមួយកិច្ចការរបស់ព្រះជាម្ចាស់ ហើយធ្វើតាមអ្វីដែលពួកគេត្រូវធ្វើស្របតាមការណែនាំរបស់ព្រះជាម្ចាស់។ ជាលទ្ធផល ពួកគេបានរក្សាមនុស្ស រួមនិងសត្វមានជីវិតផ្សេងៗជាច្រើនសម្រាប់ព្រះជាម្ចាស់ ក្រោយពីការបំផ្លាញពិភពលោកដោយទឹកជំនន់ ព្រមទាំងបានចូលរួមចំណែកយ៉ាងធំធេងដល់ជំហានបន្ទាប់នៃផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់ទៀតផង។ ដោយសារតែអ្វីៗដែលគាត់បានធ្វើ ព្រះជាម្ចាស់ក៏បានប្រទានពរដល់គាត់។ ប្រហែលជាសម្រាប់មនុស្សនៅបច្ចុប្បន្ននេះ យល់ឃើញថាអ្វីៗដែលលោកណូអេបានធ្វើ គឺមិនសមនឹងលើកមកនិយាយទេ។ ប្រហែលជាមានអ្នកខ្លះគិតថា៖ លោកណូអេមិនបានធ្វើអ្វីទេ គឺដោយសារតែព្រះជាម្ចាស់បានសម្រេចព្រះហប្ញទ័យទុកជីវិតឲ្យគាត់ប៉ុណ្ណោះ ទើបបានជាគាត់អាចរួចផុតពីគ្រោះមហន្តរាយបែបនេះ។ ការរស់រានមានជីវិតរបស់គាត់ មិនមែនកើតឡើងដោយសារតែសមិទ្ធិផលផ្ទាល់ខ្លួនរបស់គាត់នោះឡើយ។ នេះជាអ្វីដែលព្រះជាម្ចាស់សព្វព្រះហឫទ័យចង់ឲ្យកើតឡើងតែប៉ុណ្ណោះ ពីព្រោះមនុស្សមិនអាចប្រកែកបាន។ ក៏ប៉ុន្តែ នោះមិនមែនជាអ្វីដែលព្រះជាម្ចាស់បានព្រះតម្រិះនោះទេ។ ចំពោះព្រះជាម្ចាស់ មិនថាមនុស្សនោះជាមនុស្សអស្ចារ្យ ឬសំខាន់យ៉ាងណានោះឡើយ ដរាបណាពួកគេអាចស្តាប់ព្រះអង្គ ស្ដាប់បង្គាប់តាមការណែនាំរបស់ព្រះអង្គ និងអ្វីដែលព្រះអង្គបានប្រគល់ឲ្យ ហើយគេអាចសហការជាមួយកិច្ចការ បំណងព្រះហឫទ័យ និងផែនការរបស់ព្រះអង្គ ដើម្បីឲ្យបំណងព្រះហឬទ័យ និងផែនការរបស់ព្រះអង្គអាចសម្រេចបានដោយរលូន នោះការប្រព្រឹត្ដរបស់គេសាកសមនឹងទទួលបានការចងចាំ ក៏ដូចជា ទទួលព្រះពររបស់ព្រះជាម្ចាស់ដែរ។ ព្រះជាម្ចាស់ឲ្យតម្លៃដល់មនុស្សបែបនេះ ហើយព្រះអង្គគាប់ព្រះទ័យនឹងសកម្មភាពសេចក្តីស្រឡាញ់ និងការជាប់ចិត្តរបស់ពួកគេចំពោះព្រះអង្គដែរ។ នេះគឺជាឥរិយាបថរបស់ព្រះជាម្ចាស់។ ចុះហេតុអ្វី បានជាព្រះជាម្ចាស់ប្រទានពរដល់លោកណូអេ? ពីព្រោះនេះជារបៀបដែលព្រះជាម្ចាស់ប្រព្រឹត្ដចំពោះទង្វើ និងការស្ដាប់បង្គាប់របស់មនុស្សបែបនេះ។
ទាក់ទងនឹងព្រះពររបស់ព្រះជាម្ចាស់ចំពោះលោកណូអេ មានមនុស្សមួយចំនួននឹងនិយាយថា៖ «បើមនុស្ស ស្តាប់តាមព្រះជាម្ចាស់ ហើយគាប់ព្រះហឫទ័យចំពោះព្រះជាម្ចាស់ នោះព្រះជាម្ចាស់នឹងប្រទានពរដល់ពួកគេ។ តើវាមិនទៅដោយមិននិយាយទេឬ?» តើយើងអាចនិយាយបែបនេះបានទេ? មានអ្នកខ្លះនិយាយថា «មិនអាចទេ» ហេតុអ្វីបានជាយើងមិនអាចនិយាយដូច្នេះបាន? មនុស្សខ្លះនិយាយថា៖ «មនុស្សមិនសមនឹងទទួលព្រះពរពីព្រះជាម្ចាស់ទេ»។ នោះមិនត្រឹមត្រូវទាល់តែសោះ។ ពីព្រោះនៅពេលដែលមនុស្សម្នាក់ ទទួលយកនូវអ្វីដែលព្រះជាម្ចាស់បានប្រទានដល់ពួកគេ គឺព្រះជាម្ចាស់មានបទដ្ឋានរបស់ព្រះអង្គរួចទៅហើយ សម្រាប់វិនិច្ឆ័យថា តើសកម្មភាពរបស់គេល្អ ឬអាក្រក់ ឬថាតើបុគ្គលនោះបានស្តាប់បង្គាប់តាម ឬថាតើបុគ្គលនោះបានគាប់ព្រះហឫទ័យព្រះជាម្ចាស់ និងថាតើពួកគេធ្វើអ្វីដែលត្រឹមត្រូវតាមបទដ្ឋាននោះដែរឬអត់។ អ្វីដែលព្រះជាម្ចាស់យកព្រះទ័យទុកដាក់ គឺដួងចិត្តរបស់មនុស្ស មិនមែនសកម្មភាពរបស់ពួកគេនៅខាងក្រៅនោះទេ។ មិនមែនឲ្យតែនរណាម្នាក់ធ្វើអ្វីមួយ នោះព្រះជាម្ចាស់នឹងប្រទានពរឲ្យ ដោយមិនគិតពីរបៀបដែលពួកគេធ្វើនោះជាយ៉ាងណាឡើយ។ នេះគឺជាការយល់ច្រឡំរបស់មនុស្សចំពោះព្រះជាម្ចាស់។ ព្រះជាម្ចាស់មិនមែនគ្រាន់តែមើលលទ្ធផលចុងក្រោយប៉ុណ្ណោះទេ ប៉ុន្ដែព្រះអង្គក៏ផ្តោតការយកព្រះទ័យទុកដាក់ថែមទៀតទៅលើ ថាតើចិត្ត និងឥរិយាបថរបស់មនុស្សបែបណា នៅពេលអ្វីៗមានការរីកចំរើន ហើយព្រះអង្គក៏ទតមើល ថាតើមានការស្តាប់បង្គាប់ ការពិចារណា និងបំណងប្រាថ្នា ដើម្បីផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់នៅក្នុងចិត្តរបស់ពួកគេដែរឬទេ។ តើលោកណូអេស្គាល់ព្រះជាម្ចាស់ច្រើនប៉ុនណានៅពេលនោះ? តើវាច្រើនដូចគ្នានឹងគោលលទ្ធិដែលអ្នកដឹងនៅសព្វថ្ងៃនេះឬទេ? បើនិយាយពីទិដ្ឋភាពនៃសេចក្តីពិត ដូចជាគំនិត និងចំណេះដឹងអំពីព្រះជាម្ចាស់ តើគាត់បានទទួលស្រោចស្រប់ និងដឹកនាំច្រើនដូចអ្នករាល់គ្នាដែរឬទេ? ទេ គាត់មិនទទួលបានច្រើនទេ! ក៏ប៉ុន្តែ មានការពិតមួយដែលយើងមិនអាចប្រកែកបានឡើយ នោះគឺ៖ នៅក្នុងសតិសម្បជញ្ញៈ ចិត្តគំនិត និងសូម្បីតែជម្រៅនៃដួងចិត្តរបស់មនុស្សសព្វថ្ងៃនេះ យើងឃើញថា ចិត្តគំនិត និងឥរិយាបថរបស់ពួកគេចំពោះព្រះជាម្ចាស់ មានលក្ខណៈស្រពិចស្រពិល និងមានភាពមិនច្បាស់លាស់ឡើយ។ អ្នកក៏អាចនិយាយបានថា ផ្នែកមួយនៃអាកប្បកិរិយារបស់មនុស្សគឺនៅមានភាពអវិជ្ជមានចំពោះអត្ថិភាពរបស់ព្រះជាម្ចាស់។ ក៏ប៉ុន្តែនៅក្នុងចិត្តរបស់លោកណូអេ និងសតិសម្បជញ្ញៈរបស់គាត់វិញ អត្ថិភាពរបស់ព្រះជាម្ចាស់គឺមានលក្ខណៈពេញលេញ ហើយគ្មានអ្វីដែលត្រូវសង្ស័យឡើយ ជាហេតុដែលធ្វើឲ្យការស្តាប់បង្គាប់របស់គាត់ចំពោះព្រះជាម្ចាស់គឺអស់ពីចិត្ត ហើយក៏អាចស៊ូទ្រាំនឹងការសាកល្បងបានដែរ។ ដួងចិត្តរបស់គាត់ គឺបរិសុទ្ធ ហើយបើកចំហចំពោះព្រះជាម្ចាស់។ គាត់មិនត្រូវការចំណេះដឹងខាងគោលលទ្ធិជាច្រើន ដើម្បីបញ្ចុះបញ្ចូលខ្លួនឯងឲ្យធ្វើតាមគ្រប់ទាំងព្រះបន្ទូលរបស់ព្រះជាម្ចាស់ឡើយ ហើយក៏មិនត្រូវការហេតុផលជាច្រើន ដើម្បីបញ្ជាក់ពីអត្ថិភាពរបស់ព្រះជាម្ចាស់ ប្រយោជន៍អាចទទួលយកនូវអ្វីដែលព្រះជាម្ចាស់បានប្រគល់ឲ្យគាត់ និងមានសមត្ថភាពធ្វើអ្វីៗដែលព្រះជាម្ចាស់បានបង្គាប់ឲ្យគាត់ធ្វើនោះដែរ។ នេះគឺជាភាពខុសគ្នាដ៏សំខាន់រវាងលោកណូអេ និងមនុស្សនៅសព្វថ្ងៃនេះ។ ហើយវាក៏ជានិយមន័យពិតនៃអ្វីដែលហៅថា មនុស្សគ្រប់លក្ខណ៍នៅចំពោះព្រះនេត្ររបស់ព្រះជាម្ចាស់ដែរ។ អ្វីដែលព្រះជាម្ចាស់សព្វព្រះហឫទ័យ គឺមនុស្សដូចជាលោកណូអេ។ គាត់ជាប្រភេទមនុស្ស ដែលព្រះជាម្ចាស់សរសើរ ហើយគាត់ក៏ជាមនុស្សដែលព្រះជាម្ចាស់ប្រទានព្រះពរដែរ។ តើអ្នករាល់គ្នាបានទទួលការបំភ្លឺណាមួយពីការនេះដែរឬទេ? មនុស្សមើលទៅមនុស្សតែសំបកខាងក្រៅប៉ុណ្ណោះ រីឯព្រះជាម្ចាស់វិញ គឺព្រះអង្គទតមើលដួងចិត្តរបស់មនុស្ស និងសារជាតិរបស់ពួកគេ។ ព្រះជាម្ចាស់មិនអនុញ្ញាតឲ្យនរណាម្នាក់មានចិត្តពាក់កណ្តាល ឬការសង្ស័យចំពោះព្រះអង្គឡើយ ហើយក៏មិនអនុញ្ញាតឲ្យមនុស្សនៅមន្ទិល ឬល្បងលព្រះអង្គតាមរបៀបណាមួយឡើយ។ ហេតុដូច្នេះ ទោះបីជាមនុស្សសព្វថ្ងៃនេះជួបមុខទល់នឹងមុខជាមួយព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬអ្នកអាចនិយាយបានថា ជួបមុខទល់នឹងមុខជាមួយព្រះជាម្ចាស់តាមរយៈអ្វីមួយនៅក្នុងជម្រៅដួងចិត្តរបស់ពួកគេ អត្ថិភាពនៃសារធាតុពុករលួយ និងឥរិយាបថអរិភាពរបស់ពួកគេចំពោះព្រះអង្គក៏ដោយ ក៏មនុស្សត្រូវបានរារាំង ពីការមានជំនឿដ៏ពិតទៅលើព្រះជាម្ចាស់ ហើយត្រូវបានរារាំងមិនឲ្យស្តាប់បង្គាប់ព្រះអង្គដែរ។ ដោយសារបញ្ហានេះ វាពិតជាពិបាកណាស់សម្រាប់ពួកគេក្នុងការទទួលបានព្រះពរតែមួយដូចដែលព្រះជាម្ចាស់បានប្រទានដល់លោកណូអេ។
(«កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ I» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?