ព្រះជាម្ចាស់ប្រើឥន្ទនូ ជានិមិត្តរូបនៃការតាំងសញ្ញារបស់ព្រះអង្គជាមួយមនុស្ស
លោកុប្បត្តិ ៩:១១-១៣ ហើយអញនឹងតាំងសញ្ញារបស់អញជាមួយឯងរាល់គ្នាថា គ្រប់សាច់ទាំងអស់នឹងមិនត្រូវបំផ្លាញដោយទឹកជំនន់ទៀតទេ។ ហើយក៏នឹងលែងមានទឹកជំនន់មកបំផ្លិចបំផ្លាញផែនដីទៀតដែរ។ ព្រះជាម្ចាស់មានបន្ទូលថា៖ «នេះជាទីសម្គាល់នៃសេចក្ដីសញ្ញាដែលអញតាំងរវាងអញ និងឯងរាល់គ្នា និងភាវៈមានជីវិតទាំងអស់ ដែលនៅជាមួយឯងរាល់គ្នា នៅគ្រប់ជំនាន់ជានិច្ចនិរន្តរ៍ គឺអញដាក់ឥន្ធធនូរបស់អញនៅក្នុងពពក ហើយឥន្ធធនូនេះនឹងបានជាទីសម្គាល់នៃសេចក្ដីសញ្ញា ដែលអញបានតាំងរវាងអញ និងផែនដី»។
ជាបន្ទាប់ សូមយើងមើលបទគម្ពីរត្រង់ផ្នែកនេះ ដែលនិយាយអំពីរបៀបដែលព្រះជាម្ចាស់ប្រើឥន្ធនូ ជានិមិត្តរូបនៃការតាំងសញ្ញារបស់ព្រះអង្គជាមួយមនុស្ស។
មនុស្សភាគច្រើនស្គាល់ថាឥន្ធនូគឺជាអ្វី ហើយក៏បានស្ដាប់ឮរឿងខ្លះទាក់ទងនឹងឥន្ធនូដែរ។ ចំពោះរឿងអំពីឥន្ធនូនៅក្នុងព្រះគម្ពីរ មានមនុស្សខ្លះក៏ជឿ ហើយមានខ្លះទៀតចាត់ទុកថា វាជារឿងព្រេង រីឯអ្នកខ្លះទៀតក៏មិនជឿទាល់តែសោះ។ ទោះយ៉ាងណា ព្រឹត្តិការណ៍ទាំងអស់ ដែលបានកើតឡើងទាក់ទងនឹងឥន្ធនូ គឺជាកិច្ចការរបស់ព្រះជាម្ចាស់ ហើយបានកើតឡើងនៅក្នុងដំណើរការនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់លើមនុស្ស។ ព្រឹត្តិការណ៍ទាំងនេះត្រូវបានកត់ត្រាទុកពិតប្រាកដណាស់នៅក្នុងព្រះគម្ពីរ។ កំណត់ត្រាទាំងនេះមិនបានប្រាប់យើងពីអារម្មណ៍ដែលព្រះជាម្ចាស់មាននៅក្នុងពេលនោះ ឬចេតនានៅពីក្រោយព្រះបន្ទូល ដែលព្រះជាម្ចាស់បានមានបន្ទូលទាំងនេះឡើយ។ លើសពីនេះទៅទៀត ក៏គ្មាននរណាម្នាក់អាចយល់ពីអារម្មណ៍របស់ព្រះជាម្ចាស់ នៅពេលដែលព្រះអង្គមានបន្ទូលទៅកាន់ពួកគេដែរ។ ទោះជាយ៉ាងណាក៏ដោយ ព្រះតម្រិះរបស់ព្រះជាម្ចាស់ទាក់ទងនឹងព្រឹត្តិការណ៍ទាំងមូលនេះ ត្រូវបានបើកសម្ដែងនៅក្នុងអត្ថបទគម្ពីរនេះ។ វាហាក់ដូចជាព្រះតម្រិះរបស់ព្រះអង្គនៅពេលនោះ បានលោតចេញពីទំព័រតាមរយៈពាក្យ និងឃ្លានីមួយៗនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់អ៊ីចឹង។
ព្រះតម្រិះរបស់ព្រះជាម្ចាស់ ជាអ្វីដែលមនុស្សគួរយកចិត្តទុកដាក់ និងអ្វីដែលពួកគេគួរតែព្យាយាមស្គាល់ បំផុត។ នេះគឺដោយសារតែព្រះតម្រិះរបស់ព្រះជាម្ចាស់មានជាប់ទាក់ទងនឹងការយល់ដឹងរបស់មនុស្សអំពីព្រះជាម្ចាស់ ហើយការយល់ដឹងរបស់មនុស្សអំពីព្រះជាម្ចាស់ គឺជាទំនាក់ទំនងដែលមិនអាចខ្វះបាន នៅក្នុងការចូលទៅរកជីវិតរបស់មនុស្ស។ ដូច្នេះ តើព្រះជាម្ចាស់ព្រះតម្រិះយ៉ាងដូចម្តេច នៅពេលដែលព្រឹត្តិការណ៍ទាំងនេះកើតឡើង?
កាលដើមឡើយ នៅពេលដែលព្រះជាម្ចាស់បានបង្កើតមនុស្សមក នៅក្នុងព្រះនេត្ររបស់ព្រះអង្គ គឺពួកគេល្អណាស់ ហើយក៏ជិតស្និទ្ធនឹងព្រះអង្គដែរ ប៉ុន្តែពួកគេត្រូវបានបំផ្លាញចោលដោយទឹកជំនន់ ក្រោយពីមានការបះបោរប្រឆាំងនឹងព្រះអង្គ។ តើវាបានធ្វើឲ្យព្រះជាម្ចាស់ឈឺចាប់ដែរឬទេ នៅពេលដែលមនុស្សត្រូវបាត់បង់ភ្លាមៗបែបនេះ? ជាការពិត វាជារឿងដែលគួរឲ្យឈឺចាប់ណាស់! ដូច្នេះ តើអ្វីជាការបង្ហាញពីការឈឺចាប់របស់ព្រះអង្គ? តើវាត្រូវបានកត់ត្រាទុកនៅក្នុងព្រះគម្ពីរយ៉ាងដូចម្តេច? វាត្រូវបានកត់ត្រាទុកនៅក្នុងព្រះគម្ពីរជាពាក្យពេចន៍ដូចខាងក្រោម៖ «ហើយអញនឹងតាំងសញ្ញារបស់អញជាមួយឯងរាល់គ្នាថា គ្រប់សាច់ទាំងអស់នឹងមិនត្រូវបំផ្លាញដោយទឹកជំនន់ទៀតទេ។ ហើយក៏នឹងលែងមានទឹកជំនន់មកបំផ្លិចបំផ្លាញផែនដីទៀតដែរ»។ ប្រយោគដ៏សាមញ្ញនេះ បង្ហាញពីព្រះតម្រិះរបស់ព្រះជាម្ចាស់។ ការបំផ្លាញលោកីយនេះបានធ្វើឲ្យព្រះអង្កឈឺចាប់ណាស់។ តាមសំដីរបស់មនុស្ស គឺព្រះអង្គពិតជាសោកសៅណាស់។ យើងអាចស្រមៃមើល៖ តើផែនដីដែលធ្លាប់ពេញទៅដោយជីវិត ប្រែទៅជាបែបណា ក្រោយពីត្រូវបំផ្លាញដោយទឹកជំនន់រួច? តើផែនដីដែលធ្លាប់មានមនុស្សរស់នៅពេញ មានលក្ខណៈបែបណានៅពេលនោះ? គ្មានទីលំនៅរបស់មនុស្ស គ្មានសត្វមានជីវិត ហើយទឹកនៅគ្រប់ទីកន្លែង និងឃើញមានតែការបំផ្លិចបំផ្លាញទាំងស្រុងនៅលើផ្ទៃទឹក។ តើឈុតឆាកបែបនេះ ជាចេតនាដើមរបស់ព្រះជាម្ចាស់នៅពេលដែលព្រះអង្គបានបង្កើតពិភពលោកនេះឬ? ជាការពិត គឺមិនមែនដូច្នោះទេ! គោលបំណងដើមរបស់ព្រះជាម្ចាស់គឺចង់ឃើញជីវិតនៅពាសពេញលើផែនដី ចង់ឃើញមនុស្សដែលព្រះអង្គបានបង្កើតមក គោរពថ្វាយបង្គំដល់ព្រះអង្គ គឺមិនមែនតែលោកណូអេ ម្នាក់ប៉ុណ្ណោះទេ ដែលគោរពថ្វាយបង្គំព្រះអង្គនោះ ឬក៏ជាមនុស្សតែម្នាក់គត់ដែលអាចឆ្លើយតបនឹងការត្រាស់ហៅរបស់ព្រះអង្គ ដើម្បីបំពេញនូវអ្វីដែលព្រះអង្គបានប្រគល់ឲ្យគាត់ធ្វើនោះឡើយ។ នៅពេលដែលមនុស្សបានបាត់បង់ទៅ នោះព្រះជាម្ចាស់មិនបានទតមើលឃើញពីអ្វី ដែលព្រះអង្គមានបំណងតាំងពីដើមដំបូងមកនោះទេ គឺផ្ទុយស្រឡះទាំងស្រុង។ តើមិនឲ្យព្រះទ័យព្រះអង្គឈឺចាប់ដូចម្តេចកើត? ដូច្នេះ នៅពេលដែលព្រះអង្គកំពុងបើកបង្ហាញពីនិស្ស័យរបស់ព្រះអង្គ និងបង្ហាញពីអារម្មណ៍របស់ព្រះអង្គនោះ ព្រះជាម្ចាស់បានធ្វើការសម្រេចព្រះទ័យមួយ។ តើអ្វីដែលព្រះអង្គបានធ្វើការសំរេចព្រះទ័យ? គឺព្រះអង្គបានបង្កើតឥន្ធនូនៅក្នុងពពក (នោះគឺជាឥន្ធនូ ដែលយើងបានឃើញសព្វថ្ងៃនេះ) ទុកជាការតាំងសញ្ញាមួយជាមួយមនុស្ស ដែលជាការសន្យាថា ព្រះជាម្ចាស់នឹងមិនបំផ្លាញមនុស្សជាតិដោយទឹកជំនន់ម្តងទៀតឡើយ។ ទន្ទឹមនឹងនេះដែរ វាក៏ជាការប្រាប់ដល់មនុស្សថា ព្រះជាម្ចាស់បានបំផ្លាញពិភពលោកដោយទឹកជំនន់ ដើម្បីឲ្យមនុស្សជាតិចងចាំជារៀងរហូតថា មូលហេតុអ្វីបានជាព្រះជាម្ចាស់ធ្វើរឿងបែបនេះ។
តើការបំផ្លាញលោកីយ៍នៅពេលនោះ ជាអ្វីដែលព្រះជាម្ចាស់សព្វព្រះហឫទ័យចង់បានឬទេ? វាពិតជាមិនមែន ជាអ្វីដែលព្រះជាម្ចាស់សព្វព្រះហឫទ័យចង់បានឡើយ។ យើងប្រហែលជាអាចស្រមៃមើលផ្នែកតូចមួយដ៏គួរឲ្យអាណិតនៃផែនដី ក្រោយពីការបំផ្លិចបំផ្លាញពិភពលោករួច ក៏ប៉ុន្តែ យើងមិនអាចចូលទៅជិតការស្រមៃអំពីអ្វីដែលជាទិដ្ឋភាពនៅពេលនោះ នៅក្នុងព្រះនេត្ររបស់ព្រះជាម្ចាស់បានឡើយ។ យើងអាចនិយាយបានថា ទោះបីជាមនុស្សនាពេលបច្ចុប្បន្ននេះ ឬនៅជំនាន់ណាក៏ដោយ ក៏គ្មាននរណាម្នាក់អាចស្រមៃ ឬដឹងអំពីអ្វីដែលព្រះជាម្ចាស់កំពុងមានអារម្មណ៍នៅពេលដែលព្រះអង្គបានទតឃើញទិដ្ឋភាព និងរូបភាពនៃពិភពលោកដែលកំពុងត្រូវបានបំផ្លាញដោយទឹកជំនន់ហើយនោះឡើយ។ ព្រះជាម្ចាស់បានបង្ខំព្រះទ័យធ្វើដូច្នេះ ដោយសារការមិនស្តាប់បង្គាប់របស់មនុស្ស ក៏ប៉ុន្តែ ព្រះទ័យឈឺចាប់របស់ព្រះជាម្ចាស់ ចេញពីការបំផ្លាញពិភពលោកដោយទឹកជំនន់នេះ គឺជាការពិត ដែលគ្មាននរណាម្នាក់អាចយល់បានឡើយ។ នោះហើយជាមូលហេតុ ដែលព្រះជាម្ចាស់បានបង្កើតការតាំងសញ្ញាមួយជាមួយមនុស្សជាតិ ហើយតាមរយៈការនេះ គឺព្រះអង្គមានគោលបំណងប្រាប់មនុស្សទាំងអស់ឲ្យចងចាំថា ព្រះជាម្ចាស់ធ្វើរឿងនេះតែម្តងនេះគត់ ហើយស្បថចំពោះពួកគេថា ព្រះជាម្ចាស់នឹងមិនបំផ្លាញពិភពលោកតាមរបៀបបែបនេះទៀតឡើយ។ នៅក្នុងការតាំងសញ្ញានេះ យើងឃើញព្រះទ័យរបស់ព្រះជាម្ចាស់មានការឈឺចាប់នៅពេលដែលព្រះអង្គបានបំផ្លាញមនុស្សនេះ។ នៅក្នុងភាសារបស់មនុស្ស នៅពេលដែលព្រះជាម្ចាស់ បំផ្លាញមនុស្សជាតិ ហើយបានទតឃើញមនុស្សជាតិកំពុងបាត់ទៅ នោះព្រះទ័យរបស់ព្រះអង្គក៏ព្រះកន្សៃង និងហូរព្រះលោហិតចេញមក។ តើនោះមិនមែនជារបៀបដែលល្អបំផុត ដើម្បីពិពណ៌នាអំពីវាទេឬអី? ពាក្យទាំងនេះត្រូវបានប្រើដោយមនុស្ស ដើម្បីបង្ហាញពីអារម្មណ៍របស់មនុស្ស ក៏ប៉ុន្តែដោយសារភាសារបស់មនុស្សនៅខ្វះចន្លោះ ហេតុនេះ ការប្រើពាក្យនេះ ដើម្បីពិពណ៌នាអំពីមនោសញ្ចេតនារបស់ព្រះជាម្ចាស់ និងអារម្មណ៍របស់ព្រះអង្គ ហាក់ដូចជាមិនអាក្រក់ណាស់ណាចំពោះខ្ញុំនោះទេ ហើយពួកវាក៏មិនហួសហេតុពេកដែរ។ យ៉ាងហោចណាស់ វាបានផ្តល់ឲ្យអ្នកនូវការយល់ដឹងយ៉ាងរស់រវើក និងដឹងអំពីអារម្មណ៍របស់ព្រះជាម្ចាស់នៅពេលនោះដែរ។ តើអ្នកនឹងគិតយ៉ាងម៉េច នៅពេលដែលរាល់គ្នាឃើញឥន្ធនូម្តងៗ? យ៉ាងហោចណាស់ អ្នកនឹងចងចាំពីរបៀបដែលព្រះជាម្ចាស់ មានទុក្ខព្រួយ ក្នុងការបំផ្លាញពិភពលោកដោយទឹកជំនន់ដែរ។ អ្នកនឹងចងចាំ ទោះបីជាព្រះជាម្ចាស់ស្អប់ពិភពលោក និងមើលងាយមនុស្សជាតិនេះនៅពេលដែលព្រះអង្គបានបំផ្លាញមនុស្ស ដែលព្រះអង្គបានបង្កើតដោយព្រះហស្តរបស់ព្រះអង្គផ្ទាល់ក៏ដោយ ក៏ព្រះទ័យរបស់ព្រះអង្គ មានការឈឺចុកចាប់ មិនចង់ឲ្យការនេះកើតឡើង និងមានអារម្មណ៍ស្ទាក់ស្ទើរ ព្រមទាំង ពិបាកទ្រាំខ្លាំងណាស់។ ព្រះអង្គទទួលការកំសាន្តព្រះទ័យតាមរយៈគ្រួសាររបស់លោកណូអេទាំងប្រាំបីនាក់តែប៉ុណ្ណោះ។ វាជាកិច្ចសហប្រតិបត្តិការរបស់លោកណូអេ ដែលបានខិតខំប្រឹងប្រែងបង្កើតអ្វីៗទាំងអស់ដោយមិនឥតប្រយោជន៍ឡើយ។ នៅពេលដែលព្រះជាម្ចាស់កំពុងរងទុក្ខ នេះគឺជារឿងតែមួយគត់ ដែលអាចរំសាយការឈឺចាប់របស់ព្រះអង្គបាន។ ចាប់តាំងពីពេលនោះមក ព្រះជាម្ចាស់ក៏បានដាក់ក្តីសង្ឃឹមទាំងអស់របស់មនុស្សទៅលើក្រុមគ្រួសាររបស់លោកណូអេ ដោយសង្ឃឹមថាពួកគេអាចរស់នៅក្រោមព្រះពររបស់ព្រះអង្គ មិនមែនជាបណ្តាសាឡើយ ម្យ៉ាងទៀត ព្រះអង្គសង្ឃឹមថាពួកគេនឹងលែងឃើញព្រះជាម្ចាស់បំផ្លាញពិភពលោកដោយទឹកជំនន់ម្តងទៀតហើយ ជាងនេះទៀត ព្រះជាម្ចាស់សង្ឃឹមថា ពួកគេនឹងមិនត្រូវបានបំផ្លាញឡើយ។
តើយើងគួររៀនពីផ្នែកណានៃនិស្ស័យរបស់ព្រះជាម្ចាស់? ព្រះជាម្ចាស់ស្អប់មនុស្ស ពីព្រោះមនុស្សបានតាំងខ្លួនជាសត្រូវទាស់នឹងព្រះអង្គ ក៏ប៉ុន្តែ នៅក្នុងព្រះទ័យរបស់ព្រះអង្គ គឺព្រះអង្គយកព្រះទ័យទុកដាក់ បារម្ភ និងមានសេចក្ដីមេត្ដាករុណាចំពោះមនុស្សជានិច្ច មិនផ្លាស់ប្តូរឡើយ។ សូម្បីតែនៅពេលដែលព្រះអង្គបានបំផ្លាញមនុស្សជាតិក៏ដោយ ក៏ព្រះទ័យរបស់ព្រះអង្គនៅតែមិនផ្លាស់ប្តូរដដែល។ នៅពេលមនុស្សពោរពេញទៅដោយសេចក្ដីពុករលួយ និងការមិនស្តាប់បង្គាប់ព្រះជាម្ចាស់យ៉ាងខ្លាំង នោះព្រះជាម្ចាស់ត្រូវតែបំផ្លាញមនុស្សនេះចោល ដោយព្រោះតែនិស្សន័យ និងសារជាតិរបស់ទ្រង់ និងស្របតាមគោលការណ៍របស់ទ្រង់។ ប៉ុន្ដែ ដោយសារតែសារជាតិរបស់ព្រះជាម្ចាស់ នោះព្រះអង្គនៅតែអាណិតអាសូរមនុស្សជាតិ ហើយថែមទាំងចង់ប្រើវិធីផ្សេងៗលោះមនុស្សជាតិ ដើម្បីឲ្យពួកគេអាចបន្តរស់នៅបានទៀតផង។ ទោះយ៉ាងណា មនុស្សនៅតែបន្តប្រឆាំងនឹងព្រះជាម្ចាស់ ហើយមិនស្តាប់បង្គាប់ព្រះអង្គ ថែមទាំងបដិសេធមិនទទួលយកសេចក្តីសង្គ្រោះរបស់ព្រះជាម្ចាស់ទៀតផង ដែលនោះគឺជាការបដិសេធ មិនព្រមទទួលយកបំណងល្អរបស់ព្រះអង្គ។ មិនខ្វល់ថាព្រះជាម្ចាស់បានត្រាស់ហៅពួកគេ រំឭកពួកគេ ផ្គត់ផ្គង់ពួកគេ ជួយពួកគេ ឬអត់ឱនដល់ពួកគេយ៉ាងណាក៏ដោយ ក៏មនុស្សមិនយល់ ថែមទាំងមិនដឹងគុណទៀតផង គឺពួកគេនៅតែមិនយកចិត្តទុកដាក់ដដែល។ នៅក្នុងការឈឺចាប់របស់ព្រះអង្គ ព្រះជាម្ចាស់នៅតែមិនភ្លេចប្រទានឲ្យមនុស្សនូវការអត់ឱនយ៉ាងច្រើនរបស់ព្រះអង្គ ដោយរង់ចាំពួកគេងាកត្រឡប់មកវិញ។ ក្រោយពីព្រះអង្គបានអត់ធ្មត់ដល់កម្រិតរបស់ព្រះអង្គហើយ នោះព្រះអង្គក៏បានធ្វើអ្វីដែលព្រះអង្គត្រូវធ្វើដោយមិនស្ទាក់ស្ទើរឡើយ។ អាចនិយាយម៉្យាងទៀតបានថា ព្រះជាម្ចាស់បានទុកគំលាតរយៈពេល និងដំណើរការដ៏ជាក់លាក់មួយ ចាប់តាំងពីពេលដែលព្រះជាម្ចាស់បានគ្រោងនឹងបំផ្លាញមនុស្សជាតិរហូតដល់ការចាប់ផ្តើមសម្រេចកិច្ចការរបស់ព្រះអង្គនៅក្នុងការបំផ្លាញមនុស្សជាតិនោះ។ ដំណើរការនេះកើតមានឡើង គឺសម្រាប់គោលបំណងនៃការធ្វើឲ្យមនុស្សអាចផ្លាស់ប្តូរទិសដៅ ហើយនេះគឺជាឱកាសចុងក្រោយដែលព្រះជាម្ចាស់បានប្រទានដល់មនុស្ស។ ដូច្នេះ តើព្រះជាម្ចាស់ បានធ្វើអ្វីនៅគ្រានេះ មុនពេលដែលព្រះអង្គបំផ្លាញមនុស្សជាតិ? ព្រះជាម្ចាស់បានធ្វើកិច្ចការសំខាន់ៗមួយចំនួន ដើម្បីរំឭក និងដាស់តឿនដល់ពួកគេ។ មិនថានៅក្នុងព្រះទ័យរបស់ព្រះអង្គទទួលការឈឺចាប់ និងទុក្ខព្រួយកម្រិតណាក៏ដោយ ក៏ព្រះអង្គនៅតែបន្តយកព្រះទ័យទុកដាក់ បារម្ភ និងប្រទានសេចក្តីមេត្តាករុណាយ៉ាងបរិបូរណ៌របស់ព្រះអង្គចំពោះមនុស្សជាតិដដែល។ តើយើងមើលឃើញអ្វីខ្លះពីត្រង់ចំណុចនេះ? ដោយគ្មានការសង្ស័យ យើងឃើញថាសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះមនុស្សជាតិគឺពិតប្រាកដ ហើយមិនមែនជាអ្វីដែលព្រះអង្គគ្រាន់តែមានបន្ទូលតែបបូរមាត់ប៉ុណ្ណោះទេ។ វាជារឿងជាក់ស្តែង អាចមើលឃើញ និងគួរឲ្យសរសើរ មិនក្លែងក្លាយ មិនផិតក្បត់ មិនបំភាន់ ឬធ្វើពុតឡើយ។ ព្រះជាម្ចាស់មិនដែលប្រើការបោកប្រាស់ណាមួយ ឬបង្កើតរូបភាពមិនពិត ដើម្បីធ្វើឲ្យមនុស្សឃើញថាព្រះអង្គគួរឲ្យស្រឡាញ់នោះទេ។ ព្រះអង្គមិនដែលប្រើទីបន្ទាល់ក្លែងក្លាយ ដើម្បីឲ្យមនុស្សមើលឃើញពីសេចក្តីស្រឡាញ់របស់ព្រះអង្គ ឬដើម្បីបង្ហាញពីសេចក្តីស្រឡាញ់ និងភាពបរិសុទ្ធរបស់ព្រះង្គឡើយ។ តើទិដ្ឋភាពនៃនិស្ស័យរបស់ព្រះជាម្ចាស់ទាំងនេះ មិនសក្ដិសមនឹងសេចក្ដីស្រឡាញ់របស់មនុស្សទេឬអី? តើទិដ្ឋភាពទាំងនេះមិនសមនឹងឲ្យថ្វាយបង្គំទេឬអី? តើទិដ្ឋភាពទាំងនេះមិនគួរឲ្យស្រឡាញ់ទេឬអី? នៅត្រង់ចំណុចនេះ ខ្ញុំចង់សួរអ្នករាល់គ្នាថា៖ ក្រោយពីបានស្ដាប់ឮព្រះបន្ទូលទាំងនេះហើយ តើអ្នករាល់គ្នាគិតថា ភាពអស្ចារ្យរបស់ព្រះជាម្ចាស់គ្រាន់តែជាពាក្យទទេឥតប្រយោជន៍ ដែលសរសេរនៅលើក្រដាសមួយសន្លឹកឬ? តើសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់គ្រាន់តែជាពាក្យទទេឬ? ទេ! មិនមែនបែបនោះទេ! ភាពឧត្តុង្គឧត្ដម ភាពបរិសុទ្ធ ភាពអត់ធ្មត់ សេចក្តីស្រឡាញ់ និងអ្វីៗផ្សេងៗទៀត ពោលគឺគ្រប់ទាំងសេចក្ដីលំអិតអំពីទិដ្ឋភាពផ្សេងៗនៃនិស្ស័យ និងសារជាតិរបស់ព្រះជាម្ចាស់ តែងបង្ហាញចេញយ៉ាងជាក់ស្តែង នៅរាល់ពេលដែលព្រះអង្គបំពេញកិច្ចការរបស់ព្រះអង្គ និងត្រូវបានរួមបញ្ចូលក្នុងបំណងព្រះហឫទ័យរបស់ព្រះអង្គចំពោះមនុស្ស ហើយក៏ត្រូវបានបំពេញ និងឆ្លុះបញ្ចាំងនៅក្នុងមនុស្សគ្រប់គ្នាដែរ។ មិនថាអ្នកធ្លាប់មានអារម្មណ៍បែបនេះពីមុនមកនោះទេ តែព្រះជាម្ចាស់កំពុងយកព្រះទ័យទុកដាក់ចំពោះមនុស្សគ្រប់រូប តាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន ដោយប្រើព្រះទ័យទៀងត្រង់ ព្រះប្រាជ្ញាញាណរបស់ព្រះអង្គ រួមនិងវិធីសាស្រ្តផ្សេងៗ ដើម្បីផ្តល់ភាពកក់ក្តៅដល់មនុស្សម្នាក់ៗ ព្រមទាំងដាស់ស្មារតីរបស់ពួកគេដែរ។ នេះគឺជាការពិតដែលមិនអាចប្រកែកបាន។ មិនថាមានមនុស្សប៉ុន្មាននាក់ដែលអង្គុយនៅទីនេះទេ មនុស្សម្នាក់ៗសុទ្ធតែមានបទពិសោធន៍ និងអារម្មណ៍ខុសគ្នាចំពោះការអត់ឱន ការអត់ធ្មត់ និងភាពគួរឲ្យស្រឡាញ់របស់ព្រះជាម្ចាស់។ បទពិសោធន៍ទាំងអស់អំពីព្រះជាម្ចាស់ អារម្មណ៍ទាំងអស់ ឬការយល់ឃើញអំពីទ្រង់ទាំងអស់នេះ និយាយឲ្យខ្លីទៅ គ្រប់រឿងវិជ្ជមានទាំងអស់នេះ គឺសុទ្ធតែមកពីព្រះជាម្ចាស់។ ដូច្នេះ តាមរយៈការធ្វើសមហរណកម្មបទពិសោធន៍ និងចំណេះដឹងរបស់មនុស្សគ្រប់គ្នាអំពីព្រះជាម្ចាស់ បូកផ្សំជាមួយនឹងការអានអត្ថបទព្រះគម្ពីរទាំងនេះនៅថ្ងៃនេះ តើអ្នករាល់គ្នាមានការយល់ដឹងកាន់តែច្បាស់ និងពិតប្រាកដអំពីព្រះជាម្ចាស់ហើយឬនៅ?
…………
តើអ្នករាល់មានបានកត់សំគាល់អ្វីមួយពីខគម្ពីរទាំងអស់ រួមទាំងរឿងនៅក្នុងព្រះគម្ពីរទាំងអស់ ដែលយើងបានសិក្សាជាមួយគ្នានៅថ្ងៃនេះដែរឬទេ? តើព្រះជាម្ចាស់ ធ្លាប់ប្រើភាសាផ្ទាល់របស់ព្រះអង្គ ដើម្បីបង្ហាញពីព្រះតម្រិះផ្ទាល់របស់ព្រះអង្គ ឬពន្យល់ពីសេចក្តីស្រឡាញ់ និងការយកព្រះទ័យទុកដាក់របស់ព្រះអង្គចំពោះមនុស្សដែរឬទេ? តើមានកំណត់ត្រាអំពីព្រះអង្គ ប្រើភាសាត្រង់ៗណាមួយ ដើម្បីបញ្ជាក់ថា ព្រះអង្គយកព្រះទ័យទុកដាក់ ឬស្រឡាញ់មនុស្សជាតិខ្លាំងប៉ុនណាដែរឬទេ? ទេ គ្មានទេ! តើត្រឹមត្រូវអត់? ក្នុងចំណោមអ្នករាល់គ្នា មានមនុស្សជាច្រើន ដែលបានអានព្រះគម្ពីរ ឬសៀវភៅផ្សេងៗទៀតច្រើនជាងព្រះគម្ពីរទៅទៀត។ តើមាននរណាម្នាក់ធ្លាប់បានឃើញពាក្យបែបនេះដែរឬទេ? ចម្លើយគឺច្បាស់ជាគ្មានទេ! នោះគឺថា នៅក្នុងកំណត់ត្រាព្រះគម្ពីរ រួមទាំងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬឯកសារផ្សេងៗអំពីកិច្ចការរបស់ព្រះអង្គ ទោះក្នុងសម័យកាល ឬពេលណាក៏ដោយ ក៏ព្រះជាម្ចាស់មិនដែលប្រើរបៀបផ្ទាល់ខ្លួនរបស់ព្រះអង្គ ដើម្បីពិពណ៌នាអំពីអារម្មណ៍របស់ព្រះអង្គ ឬបង្ហាញសេចក្តីស្រឡាញ់ និងការយកព្រះទ័យទុកដាក់របស់ព្រះអង្គចំពោះមនុស្សជាតិ ហើយព្រះជាម្ចាស់ក៏មិនដែលបានប្រើព្រះបន្ទូល ឬសកម្មភាពណាមួយដើម្បីបង្ហាញពីមនោសញ្ចេតនា និងអារម្មណ៍របស់ព្រះអង្គឡើយ តើនោះជាការពិត ឬអត់? ហេតុអ្វីបានជាខ្ញុំនិយាយដូច្នេះ? ហេតុអ្វីបានខ្ញុំត្រូវនិយាយអំពីបញ្ហានេះ? នេះក៏ព្រោះតែរឿងនេះបង្កប់នូវសេចក្តីស្រឡាញ់ និងនិស្ស័យរបស់ព្រះជាម្ចាស់ដែរ។
ព្រះជាម្ចាស់បានបង្កើតមនុស្សជាតិមក។ មិនថាពួកគេប្រែជាពុករលួយ ឬថាពួកគេដើរតាមព្រះអង្គក៏ដោយ ក៏ព្រះជាម្ចាស់ចាត់ទុកមនុស្សជាទីស្រឡាញ់របស់ព្រះអង្គដដែល ឬដូចដែលមនុស្សធ្លាប់និយាយថា មនុស្សជាទីស្រឡាញ់របស់ព្រះអង្គ គេមិនមែនជារបស់លេងរបស់ព្រះអង្គឡើយ។ ទោះបីជាព្រះជាម្ចាស់មានបន្ទូលថា ព្រះអង្គជាព្រះអាទិករ ហើយមនុស្សគឺជាស្នាព្រះហស្តបង្កើតរបស់ព្រះអង្គ ដែលស្តាប់មើលទៅដូចជាមានភាពខុសគ្នាបន្តិចនៅក្នុងឋានៈក៏ដោយ ក៏ប៉ុន្តែការពិតគឺថា អ្វីៗទាំងអស់ដែលព្រះជាម្ចាស់បានធ្វើសម្រាប់មនុស្សជាតិ គឺលើសពីទំនាក់ទំនងនៃធម្មជាតិនេះទៅទៀត។ ព្រះជាម្ចាស់ស្រឡាញ់មនុស្សជាតិ ថែរក្សាមនុស្សជាតិ និងបង្ហាញការយកព្រះទ័យទុកដាក់ចំពោះមនុស្សជាតិ ក៏ដូចជាផ្គត់ផ្គង់ដល់មនុស្សជាតិជានិច្ចកាល ដោយឥតឈប់ឈរ។ ព្រះអង្គមិនដែលមានអារម្មណ៍នៅក្នុងព្រះទ័យរបស់ព្រះអង្គថា នេះជាការងារបន្ថែម ឬជាអ្វីមួយដែលសមនឹងទទួលបានកិត្តិយសច្រើននោះទេ។ ហើយព្រះអង្គក៏មិនដែលមានអារម្មណ៍ថា ការជួយសង្គ្រោះមនុស្សជាតិ ការផ្គត់ផ្គង់ និងប្រទានអ្វីគ្រប់យ៉ាងដល់ពួកគេ គឺជាការបរិច្ចាក យ៉ាងធំធេងដល់មនុស្សជាតិនោះឡើយ។ ព្រះអង្គគ្រាន់តែផ្គត់ផ្គង់ឲ្យមនុស្សជាតិដោយស្ងៀមស្ងាត់ និងតាមរបៀបផ្ទាល់របស់ព្រះអង្គ និងតាមរយៈសារជាតិផ្ទាល់របស់ព្រះអង្គ ព្រមទាំងអ្វីៗដែលជាកម្មសិទ្ធិ និងលក្ខណៈរបស់ព្រះអង្គប៉ុណ្ណោះ។ មិនថាមនុស្សជាតិបានទទួលការផ្គត់ផ្គង់ និងជំនួយពីព្រះជាម្ចាស់ច្រើនប៉ុនណាក៏ដោយ ក៏ព្រះជាម្ចាស់មិនដែលព្រះតម្រិះ ឬព្យាយាមចង់បានព្រះភ័ក្ដ្រឡើយ។ កិច្ចការនេះត្រូវបានកំណត់ដោយសារជាតិរបស់ព្រះជាម្ចាស់ ហើយក៏ជាការបង្ហាញការពិតអំពីនិស្ស័យរបស់ព្រះជាម្ចាស់ដែរ។ នេះជាមូលហេតុដែលមិនថានៅក្នុងព្រះគម្ពីរ ឬសៀវភៅផ្សេងទៀតនោះឡើយ គឺយើងមិនដែលឃើញព្រះជាម្ចាស់បង្ហាញព្រះតម្រិះរបស់ព្រះអង្គ ហើយយើងក៏មិនដែលឃើញព្រះជាម្ចាស់ ពិពណ៌នា ឬប្រកាសប្រាប់មនុស្ស ដោយមានគោលបំណងចង់ធ្វើឲ្យមនុស្សជាតិដឹងគុណចំពោះព្រះអង្គ ឬកោតសរសើរដល់ព្រះអង្គដោយលើកឡើងថា ហេតុអ្វីបានជាព្រះអង្គធ្វើរឿងទាំងនេះ ឬហេតុអ្វីបានជាព្រះអង្គយកព្រះទ័យទុកដាក់យ៉ាងខ្លាំងចំពោះមនុស្សជាតិនោះឡើយ។ សូម្បីតែនៅពេលដែលព្រះអង្គឈឺចាប់ ឬនៅពេលដែលព្រះទ័យរបស់ព្រះអង្គរងទុក្ខខ្លាំងយ៉ាងណាក៏ដោយ ក៏ព្រះអង្គមិនដែលភ្លេចពីទំនួលខុសត្រូវរបស់ព្រះអង្គចំពោះមនុស្សជាតិ ឬការយកព្រះទ័យទុកដាក់របស់ព្រះអង្គចំពោះពួកគេឡើយ គ្រប់យ៉ាងគឺព្រះអង្គស៊ូទ្រាំនឹងការរងទុក្ខ និងការឈឺចាប់នេះតែមួយព្រះអង្គឯង ដោយស្ងៀមស្ងាត់។ ផ្ទុយពីនេះ ព្រះជាម្ចាស់នៅតែបន្តផ្គត់ផ្គង់ដល់មនុស្សជាតិ ដូចដែលទ្រង់បានធ្វើកន្លងមកដដែល។ ទោះបីជាមនុស្សជាតិសរសើរព្រះជាម្ចាស់ ឬធ្វើបន្ទាល់ពីព្រះអង្គក៏ដោយ តែទង្វើទាំងនេះ មិនមែនជាការទាមទារចង់បានពីព្រះជាម្ចាស់ឡើយ។ នេះក៏ព្រោះតែព្រះជាម្ចាស់មិនដែលមានចេតនាចង់បានការតបស្នងសងគុណមកវិញឡើយ នៅពេលដែលព្រះអង្គធ្វើអំពើល្អណាមួយសម្រាប់មនុស្សជាតិ។ ម៉្យាងវិញទៀត អស់អ្នកដែលអាចកោតខ្លាចព្រះជាម្ចាស់ ហើយគេចចេញពីសេចក្ដីអាក្រក់ អស់អ្នកដែលអាចដើរតាមព្រះជាម្ចាស់ពិតប្រាកដ ស្តាប់តាមព្រះជាម្ចាស់ ហើយស្មោះត្រង់នឹងព្រះអង្គ ក៏ដូចជាអស់អ្នកដែលអាចស្តាប់បង្គាប់ព្រះអង្គ អ្នកទាំងអស់នេះហើយជាមនុស្សដែលនឹងទទួលបានព្រះពរពីព្រះជាម្ចាស់ជាញឹកញាប់ ហើយព្រះជាម្ចាស់នឹងប្រទានព្រះពរបែបនេះដោយគ្មានសំចៃឡើយ។ លើសពីនេះទៅទៀត ព្រះពរដែលមនុស្សទទួលបានពីព្រះជាម្ចាស់គឺច្រើនហួសពីការគិតរបស់ពួកគេទៅទៀត ហើយលើសពីអ្វីដែលមនុស្សអាចធ្វើបានដោយភាពត្រឹមត្រូវតាមរយៈអ្វីដែលពួកគេបានធ្វើ ឬតម្លៃដែលពួកគេបានចំណាយ។ នៅពេលដែលមនុស្សជាតិរីករាយនឹងព្រះពររបស់ព្រះជាម្ចាស់ តើមានអ្នកណាខ្វល់អំពីអ្វីដែលព្រះជាម្ចាស់កំពុងធ្វើដែរឬទេ? តើមាននរណាម្នាក់បង្ហាញការព្រួយបារម្ភចំពោះអារម្មណ៍របស់ព្រះជាម្ចាស់ដែរឬទេ? តើមានអ្នកណាព្យាយាមយល់ពីការឈឺចាប់របស់ព្រះជាម្ចាស់ដែរឬទេ? ចម្លើយគឺគ្មានទេ! តើមានមនុស្សណាម្នាក់ រួមទាំងលោកណូអេ អាចដឹងគុណចំពោះការឈឺចាប់ដែលព្រះជាម្ចាស់កំពុងមាននៅពេលនេះដែរឬទេ? តើអ្នកណាអាចយល់បានថា ហេតុអ្វីបានជាព្រះជាម្ចាស់បង្កើតការតាំងសញ្ញាបែបនេះឡើងដែរឬទេ? ពួកគេមិនអាចយល់បានឡើយ! មនុស្សជាតិមិនដឹងគុណចំពោះការឈឺចាប់របស់ព្រះជាម្ចាស់ មិនមែនដោយសារតែពួកគេមិនអាចយល់ពីការឈឺចាប់របស់ព្រះជាម្ចាស់ និងមិនមែនដោយសារតែគម្លាតរវាងព្រះជាម្ចាស់ និងមនុស្ស ឬភាពខុសគ្នានៃឋានៈរបស់ពួកគេនោះឡើយ ផ្ទុយទៅវិញ គឺដោយសារតែមនុស្សជាតិមិនយកចិត្ដទុកដាក់ចំពោះអារម្មណ៍របស់ព្រះជាម្ចាស់ទាល់តែសោះ។ មនុស្សជាតិគិតថាព្រះជាម្ចាស់ជាព្រះឯករាជ្យ ថាព្រះជាម្ចាស់មិនត្រូវការឲ្យមនុស្សយកចិត្តទុកដាក់ចំពោះព្រះអង្គ យល់ពីព្រះអង្គ ឬបង្ហាញការគិតគូរចំពោះព្រះអង្គឡើយ។ ព្រះជាម្ចាស់គឺជាព្រះ ដូច្នេះ ព្រះអង្គគ្មានការឈឺចាប់ គ្មានអារម្មណ៍ ព្រះអង្គមិនចេះសោកសៅ ព្រះអង្គមិនចេះមានអារម្មណ៍ក្រៀមក្រំ ហើយព្រះអង្គក៏មិនចេះព្រះកន្សែងដែរ។ ព្រះជាម្ចាស់គឺជាព្រះ ដូច្នេះព្រះអង្គមិនត្រូវការការបង្ហាញអារម្មណ៍ទេ ហើយព្រះអង្គក៏មិនត្រូវការការលួងលោមផ្លូវចិត្តដែរ។ ប្រសិនបើនៅក្នុងកាលៈទេសៈខ្លះ ព្រះអង្គត្រូវការរបស់ទាំងនេះ នោះព្រះអង្គអាចទ្រាំទ្រតែព្រះអង្គឯងបាន ហើយនឹងមិនត្រូវការជំនួយពីមនុស្សជាតិឡើយ។ តែផ្ទុយទៅវិញ គឺជាមនុស្ស «ទន់ខ្សោយ និងមិនទាន់ពេញវ័យ» ទេតើ ដែលត្រូវការការលួងលោម ការផ្គត់ផ្គង់ ការលើកទឹកចិត្តពីព្រះជាម្ចាស់ ហើយក៏ត្រូវការទ្រង់កំសាន្ដផ្លូវចិត្តរបស់ពួកគេនៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែងដែរ។ រឿងបែបនេះ សំងំពួនយ៉ាងជ្រៅនៅក្នុងដួងចិត្តរបស់មនុស្សជាតិ៖ មនុស្សគឺទន់ខ្សោយ ពួកគេត្រូវការព្រះជាម្ចាស់មើលថែរក្សាពួកគេតាមគ្រប់មធ្យោបាយ ពួកគេសមនឹងទទួលបានការថែរក្សាដែលពួកគេទទួលពីព្រះជាម្ចាស់ ហើយពួកគេគួរតែទាមទារពីព្រះជាម្ចាស់នូវអ្វីដែលពួកគេគិតថាគួរតែជារបស់ពួកគេ។ ព្រះជាម្ចាស់ជាព្រះដ៏ខ្លាំងពូកែ។ ព្រះអង្គមានអ្វីៗគ្រប់យ៉ាង ហើយព្រះអង្គគួរតែធ្វើជាអាណាព្យាបាលរបស់មនុស្សជាតិ និងជាអ្នកប្រទានពរដល់ពួកគេ។ ដោយសារទ្រង់គឺជាព្រះជាម្ចាស់រួចទៅហើយ ហើយព្រះអង្គជាព្រះដែលប្រកបដោយសព្វានុភាព ហេតុនេះ ព្រះអង្គមិនត្រូវការអ្វីពីមនុស្សជាតិឡើយ។
ដោយសារមនុស្សមិនយកចិត្ដទុកដាក់ចំពោះការបើកសម្ដែងរបស់ព្រះជាម្ចាស់ នោះគេមិនដែលមានអារម្មណ៍អំពីទុក្ខព្រួយ ការឈឺចាប់ ឬអំណររបស់ព្រះជាម្ចាស់ឡើយ។ ប៉ុន្តែផ្ទុយទៅវិញ ព្រះជាម្ចាស់ជ្រាបពីអារម្មណ៍របស់មនុស្សទាំងអស់ដូចជាបាតព្រះហស្ដរបស់ព្រះអង្គអ៊ីចឹង។ ព្រះជាម្ចាស់ផ្គត់ផ្គង់សេចក្តីត្រូវការរបស់មនុស្សគ្រប់រូប គ្រប់ពេលវេលា និងគ្រប់ទីកន្លែង ដោយសង្កេតមើលការផ្លាស់ប្តូរគំនិតរបស់មនុស្សម្នាក់ៗ ដូច្នេះ វាអាចជួយកំសាន្ដចិត្ត និងដាស់តឿនពួកគេ ណែនាំ និងស្រាយបំភ្លឺដល់ពួកគេ។ ចំពោះអ្វីៗទាំងអស់ដែលព្រះជាម្ចាស់បានធ្វើទៅលើមនុស្សជាតិ និងតម្លៃទាំងអស់ដែលព្រះអង្គបានចំណាយដោយសារពួកគេ តើមនុស្សអាចរកឃើញអត្ថបទមួយនៅក្នុងព្រះគម្ពីរ ឬពីអ្វីដែលព្រះជាម្ចាស់បានមានបន្ទូលមកទល់ពេលនេះដែលបញ្ជាក់យ៉ាងច្បាស់ថា ព្រះជាម្ចាស់នឹងទាមទារអ្វីមួយពីមនុស្សវិញដែរទេ? ទេ អត់មានទេ! ផ្ទុយទៅវិញ មិនថាមនុស្សព្រងើយកន្ដើយនឹងព្រះតម្រិះរបស់ព្រះជាម្ចាស់យ៉ាងណាក៏ដោយ ក៏ព្រះអង្គនៅតែដឹកនាំមនុស្សជាតិម្តងហើយម្តងទៀត ផ្គត់ផ្គង់ដល់មនុស្សជាតិ ហើយជួយពួកគេឲ្យដើរតាមផ្លូវរបស់ព្រះជាម្ចាស់ ដើម្បីឲ្យពួកគេអាចទទួលបានវាសនាដ៏ល្អដែលព្រះអង្គបានរៀបចំសម្រាប់ពួកគេ។ ចំពោះព្រះជាម្ចាស់ អ្វីៗដែលជាកម្មសិទ្ធ និងលក្ខណៈរបស់ព្រះអង្គ រួមទាំងព្រះគុណរបស់ព្រះអង្គ សេចក្តីមេត្តាករុណា និងរង្វាន់ទាំងអស់របស់ព្រះអង្គ នោះព្រះអង្គនឹងប្រទានឲ្យដោយគ្មានសំចៃទុកឡើយ ចំពោះអស់អ្នកដែលស្រឡាញ់ និងធ្វើតាមព្រះអង្គ។ ក៏ប៉ុន្តែ ព្រះអង្គមិនដែលបង្ហាញដល់មនុស្សណាម្នាក់នូវការឈឺចាប់ដែលព្រះអង្គបានរងទុក្ខ ឬស្ថានភាពផ្លូវចិត្តរបស់ព្រះអង្គឡើយ ហើយព្រះអង្គក៏មិនដែលត្អូញត្អែរដាក់នរណាម្នាក់ ថាពួកគេមិនចេះគិតគូរដល់ព្រះអង្គ ឬមិនស្គាល់ពីបំណងព្រះហឫទ័យរបស់ព្រះអង្គឡើយ។ ព្រះអង្គគ្រាន់តែមានបន្ទូលអំពីរឿងទាំងអស់នេះដោយស្ងៀមស្ងាត់ រង់ចាំថ្ងៃដែលមនុស្សជាតិនឹងអាចយល់បានប៉ុណ្ណោះ។
ហេតុអ្វីបានជាខ្ញុំនិយាយរឿងទាំងនេះនៅត្រង់នេះ? តើអ្នករាល់គ្នាមើលឃើញអ្វីខ្លះ អំពីរឿងដែលខ្ញុំបាននិយាយ? មានអ្វីមួយនៅក្នុងសារជាតិ និងនិស្ស័យរបស់ព្រះជាម្ចាស់ ដែលងាយនឹងមើលរំលងហួស វាគឺជាអ្វីដែលមានតែព្រះជាម្ចាស់ទេដែលកាន់កាប់បាន គឺគ្មាននរណាម្នាក់ផ្សេងឡើយ រួមទាំងអ្នកផ្សេងទៀតដែលគេគិតថាជាមនុស្សអស្ចារ្យ ជាមនុស្សល្អ ឬជាព្រះនៃការស្រមើស្រមៃរបស់ពួកគេផង។ តើវាជារឿងអ្វី? វាគឺជាភាពមិនអាត្មានិយមរបស់ព្រះជាម្ចាស់។ នៅពេលដែលនិយាយអំពីភាពមិនអាត្មានិយម នោះអ្នកអាចគិតថា អ្នកក៏មិនអាត្មានិយមខ្លាំងដែរ ព្រោះនៅពេលដែលនិយាយដល់កូនៗរបស់អ្នក នោះអ្នកមិនដែលចរចារ ឬតថ្លៃជាមួយពួកគេទេ ឬអ្នកគិតថា អ្នកក៏មិនអាត្មានិយមខ្លាំងដែរ នៅពេលដែលនិយាយដល់ឪពុកម្តាយរបស់អ្នក។ មិនថាអ្នកគិតយ៉ាងម៉េចនោះទេ យ៉ាងហោចណាស់អ្នកមានគំនិតអំពីពាក្យ «មិនអាត្មានិយម» និងគិតថាវាជាពាក្យវិជ្ជមាន ហើយថា ការធ្វើជាមនុស្សមិនអាត្មានិយម គឺជាមនុស្សថ្លៃថ្នូរណាស់។ នៅពេលដែលអ្នកមិនអាត្មានិយម អ្នកឲ្យតម្លៃខ្លួនឯងខ្ពស់។ ក៏ប៉ុន្តែគ្មាននរណាម្នាក់អាចមើលឃើញភាពមិនអាត្មានិយមរបស់ព្រះជាម្ចាស់ នៅគ្រប់រឿងទាំងអស់ក្នុងចំណោមមនុស្ស ព្រឹត្តិការណ៍ សម្ភារៈ និងនៅក្នុងកិច្ចការរបស់ព្រះអង្គឡើយ។ ហេតុអ្វីបានជាដូច្នេះ? ពីព្រោះមនុស្សគឺអាត្មានិយមណាស! ហេតុអ្វីខ្ញុំនិយាយដូច្នេះ? មនុស្សជាតិរស់នៅក្នុងពិភពសម្ភារៈនិយម។ អ្នកអាចធ្វើតាមព្រះជាម្ចាស់ ក៏ប៉ុន្តែអ្នកមិនដែលមើលឃើញ ឬដឹងគុណចំពោះរបៀបដែលព្រះជាម្ចាស់ផ្គត់ផ្គង់ដល់អ្នក ស្រឡាញ់អ្នក និងបង្ហាញការយកព្រះទ័យទុកដាក់ចំពោះអ្នកឡើយ។ ដូច្នេះ តើអ្នកមើលឃើញអ្វីខ្លះ? អ្នកមើលឃើញសាច់ញាតិរបស់អ្នក ដែលស្រឡាញ់អ្នក ឬពេញចិត្តលើអ្នកយ៉ាងខ្លាំង។ អ្នកមើលឃើញតែរបស់ដែលមានប្រយោជន៍ចំពោះសាច់ឈាមអ្នក ហើយនិងយកចិត្តទុកដាក់ចំពោះមនុស្ស និងរបស់ដែលអ្នកស្រឡាញ់ប៉ុណ្ណោះ។ នេះគឺជាអ្វីដែលគេហៅថាភាពអាត្មានិយមរបស់មនុស្ស។ ទោះជាយ៉ាងណាក៏ដោយ មនុស្ស «អាត្មានិយម» បែបនេះ មិនដែលខ្វល់ខ្វាយអំពីព្រះជាម្ចាស់ ដែលប្រទានជីវិតដល់ពួកគេឡើយ។ ផ្ទុយពីព្រះជាម្ចាស់ ភាពមិនអាត្មានិយមរបស់មនុស្ស ប្រែក្លាយជាភាពអាត្មានិយម និងគួរឲ្យស្អប់ខ្ពើមទៅវិញ។ មនុស្សអាត្មានិយមជឿជាក់លើអ្វីដែលឥតបានការ មិនពិត ការផិតក្បត់ មិនស៊ីសង្វាក់គ្នា ជាមួយនឹងព្រះជាម្ចាស់ ហើយក៏មិនទាក់ទងនឹងព្រះជាម្ចាស់ដែរ។ ភាពអាត្មានិយមរបស់មនុស្ស គឺសម្រាប់ខ្លួនគេផ្ទាល់ រីឯភាពអាត្មានិយមរបស់ព្រះជាម្ចាស់វិញ គឺជាការបង្ហាញឲ្យឃើញពីលក្ខណៈពិសេសរបស់ព្រះអង្គ។ វាច្បាស់ណាស់ ដោយសារតែភាពអាត្មានិយមរបស់ព្រះជាម្ចាស់ នោះទើបមនុស្សបានទទួលការផ្គត់ផ្គង់ពីព្រះជាម្ចាស់ជានិច្ច។ អ្នករាល់គ្នាប្រហែលជាមិនបានទទួលការប៉ះពាល់ខ្លាំងទៅលើប្រធានបទដែលខ្ញុំកំពុងនិយាយនៅថ្ងៃនេះទេ ហើយក៏មិនចង់ងក់ក្បាលយល់ស្របដែរ ក៏ប៉ុន្តែ នៅពេលអ្នកព្យាយាមយល់ពីព្រះទ័យរបស់ព្រះជាម្ចាស់ នៅក្នុងដួងចិត្តរបស់អ្នក នោះអ្នកនឹងយល់ពីរឿងនេះដោយមិនដឹងខ្លួន៖ នៅក្នុងចំណោមមនុស្ស បញ្ហានានា និងអ្វីៗទាំងអស់ដែលអ្នកអាចយល់បាននៅក្នុងពិភពលោកនេះ គឺមានតែភាពអាត្មានិយមរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ដែលពិតប្រាកដ និងរឹងមាំ ពីព្រោះមានតែសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ចំពោះអ្នកប៉ុណ្ណោះ ដែលគ្មានល័ក្ខខណ្ឌ និងល្អឥតខ្ចោះ។ ក្រៅពីព្រះជាម្ចាស់ គ្មានអ្នកណាម្នាក់គ្មានភាពអាត្មានិយមឡើយ ពួកគេត្រូវបានរាប់ទុកជាមិនពិត មិនមានភាពត្រឹមត្រូវ និងមិនគួរឲ្យជឿឡើយ ពួកគេតែងមានគោលបំណង ឬចេតនាជាក់លាក់មួយដែលធ្វើឲ្យមានការប៉ះទង្គិច ហើយមិនអាចទ្រាំទ្រនឹងការសាកល្បងបានឡើយ។ អ្នកក៏អាចនិយាយបានថា វាកខ្វក់ និងគួរឲ្យស្អប់ខ្ពើម។ តើអ្នកយល់ស្របនឹងពាក្យទាំងនេះទេ?
ខ្ញុំដឹងថាអ្នក អ្នករាល់គ្នាមិនទាន់យល់ច្បាស់អំពីប្រធានបទទាំងនេះនៅឡើយទេ ហើយអ្នកត្រូវការពេលវេលាបន្ថែមទៀត ដើម្បីឲ្យពួកវាជ្រាបចូល មុនពេលដែលអ្នករាល់គ្នាអាចយល់បានពិតប្រាកដ។ បើអ្នករាល់គ្នាកាន់តែមិនច្បាស់ជាមួយបញ្ហា និងប្រធានបទទាំងនេះ នោះវាកាន់តែបង្ហាញឲ្យឃើញថា ប្រធានបទទាំងនេះកំពុងបាត់បង់ពីក្នុងដួងចិត្តរបស់អ្នកហើយ។ ប្រសិនបើខ្ញុំមិននិយាយពីប្រធានបទទាំងនេះទេ តើមាននរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នាដឹងអ្វីខ្លះអំពីពួកវាដែរឬទេ? ខ្ញុំជឿថាអ្នករាល់គ្នានឹងមិនដឹងពីពួកវាឡើយ។ នោះគឺជាការពិត។ មិនខ្វល់ថាអ្នករាល់គ្នាអាចយល់ ឬដឹងច្បាស់អំពីប្រធានបទទាំងអស់ដែលខ្ញុំលើកឡើងមកនេះច្រើនប៉ុនណានោះទេ និយាយឲ្យខ្លីទៅ ប្រធានបទទាំងអស់នេះគឺជាអ្វីដែលមនុស្សនៅខ្វះខាត ហើយជាអ្វីដែលពួកគេគួរតែដឹងបំផុត។ ប្រធានបទទាំងនេះមានសារៈសំខាន់ណាស់សម្រាប់មនុស្សគ្រប់គ្នា ពួកវាមានតម្លៃ ហើយពួកវាគឺជាជីវិត និងជាអ្វីៗដែលអ្នករាល់គ្នាត្រូវមានសម្រាប់ផ្លូវទៅខាងមុខទៀត។ បើគ្មានព្រះបន្ទូលទាំងនេះ ជាមាគ៌ានាំផ្លូវទេ បើអ្នកគ្មានការយល់ដឹងអំពីនិស្ស័យ និងសារជាតិរបស់ព្រះជាម្ចាស់ទេ នោះអ្នកនឹងតែងតែមានសញ្ញាសួរនៅពេលដែលនិយាយដល់ព្រះជាម្ចាស់ម្តងៗ។ តើអ្នកអាចជឿលើព្រះជាម្ចាស់យ៉ាងដូចម្តេចកើត ប្រសិនបើអ្នកមិនទាំងយល់ពីព្រះអង្គផងនោះ? អ្នកមិនដឹងអំពីអារម្មណ៍របស់ព្រះជាម្ចាស់ បំណងព្រះហឫទ័យរបស់ព្រះអង្គ ស្ថានភាពផ្លូវចិត្តរបស់ព្រះអង្គ និងអ្វីដែលព្រះអង្គកំពុងត្រិះរិះ អ្វីដែលធ្វើឲ្យព្រះអង្គសោកសៅ និងអ្វីដែលធ្វើឲ្យព្រះអង្គរីករាយផង ដូច្នេះតើអ្នកអាចគិតពិចារណាអំពីព្រះទ័យរបស់ព្រះជាម្ចាស់យ៉ាងដូចម្តេចកើត?
នៅរាល់ពេលដែលព្រះជាម្ចាស់អាក់អន់ព្រះទ័យ នោះព្រះអង្គឃើញថាមនុស្សជាតិមិនដែលយកចិត្តទុក ដាក់ចំពោះព្រះអង្គទាល់តែសោះ មនុស្សជាតិដែលដើរតាមព្រះអង្គ ហើយអះអាងថាស្រឡាញ់ព្រះអង្គនោះ បែរជាធ្វេសប្រហែសចំពោះអារម្មណ៍របស់ព្រះអង្គទាំងស្រុងទៅវិញ។ តើឲ្យព្រះទ័យរបស់ព្រះអង្គមិនឈឺចាប់ដូចម្តេចកើត? នៅក្នុងកិច្ចការគ្រប់គ្រងរបស់ទ្រង់ ព្រះអង្គបំពេញកិច្ចការរបស់ព្រះអង្គ ហើយមានបន្ទូលទៅកាន់មនុស្សម្នាក់ៗដោយស្មោះត្រង់ ហើយព្រះអង្គរថែរក្សាពួកគេដោយគ្មានសំចៃ ឬលាក់បាំងអ្វីឡើយ។ ក៏ប៉ុន្តែផ្ទុយទៅវិញ មនុស្សគ្រប់គ្នាដែលដើរតាមព្រះអង្គ បានហាមឃាត់ព្រះអង្គ ហើយគ្មាននរណាម្នាក់សុខចិត្តចូលមកជិតព្រះអង្គយ៉ាងសកម្ម ដើម្បីស្វែងយល់ពីព្រះទ័យរបស់ព្រះអង្គ ឬយកចិត្តទុកដាក់ចំពោះអារម្មណ៍របស់ព្រះអង្គឡើយ។ សូម្បីតែអ្នកដែលចង់មានទំនាក់ទំនងជិតស្និទ្ធិជាមួយនឹងព្រះអង្គ ក៏មិនចង់ចូលទៅជិតព្រះអង្គ គិតដល់ព្រះទ័យរបស់ព្រះអង្គ ឬព្យាយាមយល់ពីព្រះអង្គដែរ។ នៅពេលដែលព្រះជាម្ចាស់ត្រេកអរ និងរីករាយ ក៏គ្មាននរណាម្នាក់ចែករំលែកសុភមង្គលជាមួយព្រះអង្គដែរ។ នៅពេលដែលមនុស្សមានការយល់ច្រឡំអំពីព្រះជាម្ចាស់ ក៏គ្មាននរណាម្នាក់មកលួងលោមព្រះទ័យឈឺចាប់របស់ព្រះអង្គដែរ។ នៅពេលដែលព្រះទ័យរបស់ព្រះអង្គឈឺចាប់ គ្មានមនុស្សណាម្នាក់ ដែលសុខចិត្តឲ្យព្រះអង្គទុកចិត្តលើពួកគេឡើយ។ ក្នុងរយៈពេលរាប់ពាន់ឆ្នាំនៃកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់ នោះគ្មាននរណាម្នាក់ដែលយល់ពីអារម្មណ៍របស់ព្រះជាម្ចាស់ គ្មានអ្នកណាម្នាក់អាចយល់ ឬដឹងគុណចំពោះកិច្ចការទាំងនោះឡើយ វៀរលែងតែអ្នកដែលអាចឈរនៅក្បែរព្រះជាម្ចាស់ប៉ុណ្ណោះ ដែលអាចចែករំលែកអំណរ និងទុក្ខសោករបស់ព្រះអង្គបាន។ ព្រះជាម្ចាស់ ទ្រង់ឯកោ។ ព្រះអង្គឯកោ! ព្រះជាម្ចាស់ ឯកោមិនត្រឹមតែដោយសារតែមនុស្សអាក្រក់ ប្រឆាំងនឹងព្រះអង្គប៉ុណ្ណោះទេ ក៏ប៉ុន្តែថែមពីលើនេះទៀត គឺដោយសារតែអស់អ្នកដែលស្វែងរកខាងវិញ្ញាណ អស់អ្នកដែលស្វែងរកដើម្បីស្គាល់ព្រះជាម្ចាស់ និងយល់ពីព្រះអង្គ ហើយសូម្បីតែអ្នកដែលសុខចិត្តលះបង់ជីវិតរបស់ពួកគេសម្រាប់ព្រះអង្គ ក៏មិនស្គាល់ព្រះតម្រិះ ឬយល់ពីនិស្ស័យ និងអារម្មណ៍របស់ព្រះអង្គដែរ។
នៅចុងបញ្ចប់នៃរឿងរបស់លោកណូអេ យើងឃើញថាព្រះជាម្ចាស់បានប្រើរបៀបមិនធម្មតាមួយ ដើម្បីបង្ហាញពីអារម្មណ៍របស់ព្រះអង្គនៅពេលនោះ។ វាជាវិធីសាស្រ្តពិសេសមួយ៖ ដើម្បីបង្កើតការតាំងសញ្ញាមួយជាមួយមនុស្ស ដែលជាការប្រកាសអំពីទីបញ្ចប់នៃការបំផ្លិចបំផ្លាញពិភពលោកដោយទឹកជំនន់របស់ព្រះជាម្ចាស់។ មើលពីខាងក្រៅ ការបង្កើតការតាំងសញ្ញា វាហាក់ដូចជារឿងធម្មតាមួយ។ វាមិនមានអ្វីក្រៅពីការប្រើពាក្យ ដើម្បីចងភ្ជាប់ភាគីទាំងពីរ និងរារាំងពួកគេពីការរំលោភលើកិច្ចព្រមព្រៀងរបស់ពួកគេ ក្នុងគោលបំណងដើម្បីការពារផលប្រយោជន៍របស់ពួកគេទាំងពីរឡើយ។ នៅក្នុងទម្រង់ វាជារឿងធម្មតា ក៏ប៉ុន្តែ ការជម្រុញពីខាងក្រោយ និងចេតនារបស់ព្រះជាម្ចាស់ក្នុងការធ្វើរឿងនេះ គឺជាការបង្ហាញឲ្យឃើញពិតប្រាកដនូវនិស្ស័យរបស់ព្រះជាម្ចាស់ និងសភាពនៃព្រះតម្រិះរបស់ទ្រង់។ ប្រសិនបើអ្នកគ្រាន់តែទុកពាក្យទាំងនេះចោលមួយឡែក ហើយធ្វើព្រងើយកន្តើយ ប្រសិនបើខ្ញុំមិនប្រាប់អ្នករាល់គ្នាពីសេចក្តីពិតនៃរឿងនេះទេ នោះមនុស្សជាតិពិតជាមិនដឹងពីព្រះតម្រិះរបស់ព្រះជាម្ចាស់ឡើយ។ ប្រហែលជានៅក្នុងការស្រមើស្រមៃរបស់អ្នក ព្រះជាម្ចាស់កំពុងតែញញឹម នៅពេលដែលព្រះអង្គបង្កើតការតាំងសញ្ញានេះឡើង ឬប្រហែលជាទឹកព្រះភ័ក្ដ្ររបស់ព្រះអង្គតឹងរ៉ឹង ក៏ប៉ុន្តែមិនថាមនុស្សធម្មតាស្រមើស្រមៃពីព្រះជាម្ចាស់យ៉ាងដូចម្តេចឡើយ គឺគ្មាននរណាម្នាក់ អាចមើលឃើញព្រះទ័យរបស់ព្រះជាម្ចាស់ ឬការឈឺចាប់របស់ព្រះអង្គបានឡើយ។ គ្មានអ្នកណាអាចធ្វើឲ្យព្រះជាម្ចាស់ទុកព្រះទ័យបាន ឬសក្ដិសមនឹងឲ្យព្រះអង្គទុកព្រះទ័យឡើយ ឬធ្វើជាបុគ្គលម្នាក់ដែលព្រះអង្គអាចបង្ហាញពីព្រះតម្រិះ ឬការឈឺចាប់របស់ព្រះអង្គលើគេបានដែរ។ នោះហើយជាមូលហេតុដែលព្រះជាម្ចាស់គ្មានជំរើស ក្រៅពីធ្វើរឿងបែបនេះឡើយ។ តាមលក្ខណៈខាងក្រៅ ព្រះជាម្ចាស់បានធ្វើរឿងងាយស្រួលមួយ នៅក្នុងការដេញថ្លៃលាគ្នាចំពោះមនុស្សជាតិ ទុកដូចជាការដោះស្រាយបញ្ហាពីអតីតកាល និងនាំមកនូវទីបញ្ចប់ដ៏ប្រសើរមួយនៃការបំផ្លិចបំផ្លាញពិភពលោកដោយទឹកជំនន់របស់ព្រះអង្គ។ ទោះយ៉ាងណា ព្រះជាម្ចាស់បានកប់ការឈឺចាប់ពេលនេះ ទៅក្នុងជម្រៅព្រះហឫទ័យរបស់ព្រះអង្គហើយ។ នៅពេលដែលព្រះជាម្ចាស់មិនមាននរណាម្នាក់ ដែលព្រះអង្គអាចទុកចិត្ដបាន នោះព្រះអង្គក៏បានបង្កើតការតាំងសញ្ញាជាមួយមនុស្សជាតិ ដោយប្រាប់ពួកគេថា ព្រះអង្គនឹងមិនបំផ្លាញពិភពលោកដោយទឹកជំនន់ម្តងទៀតឡើយ។ នៅពេលដែលឥន្ធនូលេចចេញមក វាគឺជាការរំលឹកដល់មនុស្សថា រឿងបែបនេះបានកើតឡើងហើយ ដើម្បីទុកជាការព្រមានដល់ពួកគេឲ្យគេចចេញពីសេចក្ដីអាក្រក់។ សូម្បីតែស្ថិតក្នុងស្ថានភាពឈឺចាប់បែបនេះក៏ដោយ ក៏ព្រះជាម្ចាស់មិនភ្លេចមនុស្សជាតិដែរ ហើយនៅតែបង្ហាញការយកព្រះទ័យទុកដាក់ខ្លាំងចំពោះពួកគេដដែល។ តើនេះមិនមែនជាសេចក្តីស្រឡាញ់ ហើយនិងភាពគ្មានអាត្មានិយមរបស់ព្រះជាម្ចាស់ទេឬ? ក៏ប៉ុន្តែ តើមនុស្សគិតយ៉ាងដូចម្តេចនៅពេលដែលពួកគេកំពុងរងទុក្ខលំបាក? តើនេះមិនមែនជាពេលវេលា ដែលពួកគេត្រូវការព្រះជាម្ចាស់ជាជាងគេទេមែនទេ? នៅក្នុងពេលបែបនេះ មនុស្សតែងតែទាញព្រះជាម្ចាស់មកក្បែរ ដើម្បីឲ្យព្រះអង្គលួងលោមពួកគេ។ មិនថានៅពេលណាទេ ព្រះជាម្ចាស់នឹងមិនដែលធ្វើឲ្យមនុស្សចុះអន់ថយឡើយ ហើយព្រះអង្គតែងតែជួយឲ្យមនុស្សចេញពីភាពលំបាករបស់គេ ហើយរស់នៅក្នុងពន្លឺជានិច្ច។ ទោះបីជាព្រះជាម្ចាស់ផ្គត់ផ្គង់ដល់មនុស្សជាតិច្រើនយ៉ាងណាក្ដី តែនៅក្នុងដួងចិត្តរបស់មនុស្ស ព្រះជាម្ចាស់ប្រៀបបានទៅនឹងថ្នាំបំបាត់ការឈឺចាប់ ឬថ្នាំផ្តល់កម្លាំងតែប៉ុណ្ណោះ។ នៅពេលដែលព្រះជាម្ចាស់កំពុងតែរងទុក្ខ នៅពេលដែលព្រះទ័យរបស់ព្រះអង្គត្រូវបានរងរបួស តើមានមនុស្សណាម្នាក់នៅជាមួយព្រះអង្គ ឬលួងលោមដល់ព្រះអង្គឬទេ បើបានបែបនោះមែន នោះប្រាកដជាកិត្តិយសដ៏ខ្ពង់ខ្ពស់សម្រាប់ព្រះជាម្ចាស់ណាស់។ មនុស្សមិនដែលយកចិត្តទុកដាក់ចំពោះអារម្មណ៍របស់ព្រះជាម្ចាស់ទេ ដូច្នេះព្រះជាម្ចាស់មិនដែលសួរ ហើយក៏មិនរំពឹងថានឹងមានអ្នកដែលអាចលួងលោមព្រះអង្គបានដែរ។ ព្រះអង្គមិនដែលប្រើវិធីផ្ទាល់របស់ព្រះអង្គ ដើម្បីបង្ហាញពីអារម្មណ៍របស់ព្រះអង្គឡើយ។ មនុស្សមិនគិតថា វាជាការលំបាកដ៏ធំធេងសម្រាប់ព្រះជាម្ចាស់ ដើម្បីឆ្លងកាត់ការរងទុក្ខទាំងអស់នេះទេ ក៏ប៉ុន្តែ នៅពេលដែលអ្នកពិតជាព្យាយាមយល់ពីព្រះជាម្ចាស់ និង ដឹងគុណចំពោះចេតនាដ៏ស្មោះត្រង់របស់ព្រះជាម្ចាស់ នៅក្នុងគ្រប់កិច្ចការដែលព្រះអង្គធ្វើ គឺនៅពេលនោះហើយ ដែលអ្នកអាចយល់ពីអារម្មណ៍ ភាពអស្ចារ្យរបស់ព្រះជាម្ចាស់ និងភាពគ្មានអាត្មានិយមរបស់ព្រះអង្គបាន ទោះបីជាព្រះជាម្ចាស់បានបង្កើតការតាំងសញ្ញាជាមួយមនុស្សជាតិដោយប្រើឥន្ធនូក៏ដោយ ក៏ព្រះអង្គមិនដែលមានបន្ទូលប្រាប់នរណាម្នាក់ថា ហេតុអ្វីបានជាព្រះអង្គធ្វើរឿងនេះ ហេតុអ្វីបានជាព្រះអង្គបង្កើតការតាំងសញ្ញានេះដែរ មានន័យថា ព្រះអង្គមិនដែលមានបន្ទូលប្រាប់នរណាម្នាក់នូវព្រះតម្រិះពិតប្រាកដរបស់ព្រះអង្គឡើយ។ នេះក៏ព្រោះតែគ្មាននរណាម្នាក់អាចយល់ពីជម្រៅនៃសេចក្តីស្រឡាញ់ ដែលព្រះជាម្ចាស់មានចំពោះមនុស្សជាតិ ដែលព្រះអង្គបានបង្កើតដោយព្រះហស្តរបស់ព្រះអង្គផ្ទាល់នោះទេ ហើយក៏មិនមាននរណាម្នាក់អាចដឹងថា តើព្រះទ័យរបស់ព្រះអង្គឈឺចាប់ប៉ុនណាដែរ នៅពេលដែលព្រះអង្គបានបំផ្លាញមនុស្សជាតិនោះ។ ហេតុដូច្នេះ ទោះបីជាព្រះអង្គចង់មានបន្ទូលប្រាប់មនុស្សពីអារម្មណ៍របស់ព្រះអង្គក៏ដោយ ក៏ពួកគេមិនអាចយល់បានដែរ។ ទោះបីជាឈឺចាប់យ៉ាងណាក៏ដោយ ក៏ព្រះអង្គនៅតែបន្តជំហានបន្ទាប់នៃកិច្ចការរបស់ព្រះអង្គដដែល។ ព្រះជាម្ចាស់តែងតែប្រទាននូវអ្វីដែលល្អបំផុត និងរបស់ល្អបំផុតដល់មនុស្សជាតិ ខណៈដែលព្រះអង្គរងទុក្ខតែព្រះអង្គឯងដោយស្ងប់ស្ងៀម។ ព្រះជាម្ចាស់មិនដែលលាតត្រដាងនូវការរងទុក្ខទាំងនេះដោយបើកចំហឡើយ។ ផ្ទុយទៅវិញ ព្រះអង្គស៊ូទ្រាំនឹងពួកគេ ហើយរង់ចាំដោយស្ងៀមស្ងាត់។ ការស៊ូទ្រាំរបស់ព្រះជាម្ចាស់មិនត្រជាក់ ស្ពឹកស្រពន់ ឬអស់សង្ឃឹម ហើយក៏មិនមែនជាសញ្ញានៃភាពទន់ខ្សោយដែរ។ ផ្ទុយទៅវិញ សេចក្ដីស្រឡាញ់ និងសារជាតិរបស់ព្រះជាម្ចាស់តែងតែមិនខ្វល់ពីព្រះអង្គទ្រង់ឡើយ។ នេះគឺជាការបើកសម្ដែងពីធម្មជាតិ នូវសារជាតិ ហើយនិងនិស្ស័យរបស់ព្រះអង្គ ព្រមទាំងជាតំណាងពិតប្រាកដនៃអត្តសញ្ញាណរបស់ព្រះជាម្ចាស់ ក្នុងនាមជាព្រះអាទិករដ៏ពិត។
ក្រោយពីនិយាយបែបនេះមក អ្នកខ្លះអាចបកស្រាយខុសនូវអ្វីដែលខ្ញុំចង់និយាយ។ «តើការពណ៌នាពីអារម្មណ៍ពិស្តាររបស់ព្រះជាម្ចាស់ ធ្វើឡើងនៅក្នុងគោលបំណងអ្វី តើធ្វើបែបនេះដើម្បីឲ្យមនុស្សមានអារម្មណ៍សោកស្តាយចំពោះព្រះជាម្ចាស់ឬ?» តើនោះជាចេតនានៅទីនេះឬ? (ទេ!) គោលបំណងតែមួយគត់របស់ខ្ញុំ ដែលនិយាយអំពីរឿងទាំងនេះ គឺដើម្បីធ្វើឲ្យអ្នករាល់គ្នា ស្គាល់ព្រះជាម្ចាស់ឲ្យកាន់តែច្បាស់ ស្វែងយល់ពីទិដ្ឋភាពដ៏ច្រើនរបស់ព្រះអង្គ យល់ពីអារម្មណ៍របស់ព្រះអង្គ និងដើម្បីដឹងថាសារជាតិ និងនិស្ស័យរបស់ព្រះជាម្ចាស់ គឺជាក់លាក់ នឹងត្រូវបានបង្ហាញឲ្យឃើញតាមរយៈកិច្ចការរបស់ព្រះអង្គ ដែលខុសគ្នាពីការបង្ហាញតាមរយៈពាក្យសម្តីឥតប្រយោជន៍របស់មនុស្ស ន័យពាក្យ និងគោលលទ្ធិ ឬគំនិតរបស់ពួកគេជាដើម។ នោះគឺមានន័យថា ព្រះជាម្ចាស់ និងសារជាតិរបស់ព្រះអង្គ ពិតជាមានប្រាកដមែន វាមិនមែនជាគំនូរ មិនមែនការស្រមើលស្រមៃ មិនមែនជាការសាងសង់ឡើងដោយមនុស្ស ហើយពិតណាស់ វាក៏មិនមែនប្រឌិតឡើងដោយមនុស្សណាមា្នក់នោះឡើយ។ តើអ្នករាល់គ្នាទទួលស្គាល់រឿងនេះដែរឬទេ? ប្រសិនបើអ្នករាល់គ្នាទទួលស្គាល់វា ដូច្នេះ ពាក្យរបស់ខ្ញុំដែលនិយាយនៅថ្ងៃនេះបានសម្រេចគោលដៅរបស់វាហើយ។
(«កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ I» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?