សេចក្ដីសន្យារបស់ព្រះជាម្ចាស់ចំពោះលោកអ័ប្រាហាំ
លោកុប្បត្តិ ២២:១៦-១៨ ព្រះយេហូវ៉ាមានបន្ទូលថា អញបានស្បថដោយនាមរបស់អញហើយថា ដោយព្រោះតែឯងបានធ្វើដូច្នេះ ហើយមិនបានសំចៃទុកកូនប្រុសតែមួយរបស់ឯង គឺជាកូនប្រុសតែម្នាក់គត់នោះ៖ ដើម្បីឲ្យមានព្រះពរ នោះអញនឹងប្រទានពរដល់ឯង ហើយចំពោះការចម្រើនឡើងវិញ អញនឹងពហុគុណដល់ពូជឯងដូចជាផ្កាយនៅលើមេឃ ហើយដូចជាគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រ ហើយពូជឯងនឹងគ្រប់គ្រងទ្វារនៃពួកខ្មាំងសត្រូវរបស់គេ។ ហើយប្រជាជាតិទាំងអស់នៅលើផែនដីនឹងបានពរ ដោយសារពូជឯង ដ្បិតឯងបានស្ដាប់តាមព្រះសូរសៀងរបស់អញ។
នេះជារឿងរ៉ាវទាំងមូល ទាក់ទងនឹងការដែលព្រះជាម្ចាស់ប្រទានពរដល់លោកអ័ប្រាហាំ។ ទោះបីជាវាខ្លី ប៉ុន្តែ វាមានខ្លឹមសារពេញលេញ៖ វារួមបញ្ចូលទាំងហេតុផល និងសាវតា ស្ដីអំពីអំណោយទានដែលព្រះជាម្ចាស់ប្រទានឲ្យលោកអ័ប្រាហាំ និងអ្វីៗជាច្រើនទៀត ដែលត្រូវបានប្រទានឲ្យលោកដែរ។ រឿងនេះក៏ពោរពេញដោយសេចក្ដីអំណរ និងភាពសប្បាយរីករាយ ដោយសារតែព្រះបន្ទូលដែលព្រះជាម្ចាស់ថ្លែងចេញមកទាំងអស់នេះ ព្រមទាំងភាពបន្ទាន់នៃការដែលទ្រង់សព្វព្រះហឫទ័យចង់បានមនុស្សដែលអាចស្ដាប់ព្រះបន្ទូលរបស់ទ្រង់បាន។ នៅក្នុងនេះ យើងឃើញព្រះហឫទ័យស្រឡាញ់ និងព្រះហឫទ័យទន់ភ្លន់របស់ទ្រង់ចំពោះមនុស្សដែលស្ដាប់ព្រះបន្ទូលទ្រង់ ហើយដើរតាមសេចក្ដីបង្គាប់របស់ព្រះអង្គ។ ដូច្នេះ យើងក៏មើលឃើញតម្លៃដែលទ្រង់បង់ ដើម្បីទទួលបានមនុស្ស ព្រមទាំងការថែរក្សា និងព្រះតម្រិះដែលទ្រង់ប្រើក្នុងការទទួលបានពួកគេដែរ។ លើសពីនេះទៅទៀត អត្ថបទដែលមានពាក្យថា «អញស្បថដោយនូវព្រះនាមរបស់អញ» នេះ ផ្ដល់ឲ្យយើងនូវអារម្មណ៍ល្វីងជូរចង់ និងការឈឺចាប់ជាខ្លាំង ដែលព្រះជាម្ចាស់ទ្រាំទ្រ ហើយមានតែព្រះជាម្ចាស់ទេ ដែលនៅពីក្រោយកិច្ចការនេះ និងផែនការគ្រប់គ្រងរបស់ព្រះអង្គ។ ពាក្យនេះគឺជាពាក្យពន្យុះគំនិត និងជាពាក្យដែលមានសារៈសំខាន់ដ៏ពិសេសសម្រាប់ មនុស្សដែលព្យាយាមអនុវត្តតាម ហើយក៏មានឥទ្ធិពលយ៉ាងខ្លាំងលើពួកគេដែរ។
មនុស្សទទួលបានព្រះពររបស់ព្រះជាម្ចាស់ ដោយសារភាពស្មោះត្រង់ និងការស្ដាប់បង្គាប់របស់គេ
តើព្រះពរដែលព្រះជាម្ចាស់បានប្រទានឲ្យលោកអ័ប្រាហាំ ដែលយើងបានអាននៅក្នុងអត្ថបទនេះ អស្ចារ្យទេ? តើព្រះពរនេះអស្ចារ្យដែរទេ? មានប្រយោគដ៏សំខាន់មួយនៅត្រង់នេះ «ហើយប្រជាជាតិទាំងអស់នៅលើផែនដីនឹងបានពរ ដោយសារពូជឯង» ប្រយោគនេះបង្ហាញថា លោកអ័ប្រាហាំបានទទួលព្រះពរ ដែលពុំត្រូវបានប្រទានដល់នរណាម្នាក់ តាំងពីមុន និងក្រោយសម័យរបស់លោកនោះទេ។ នៅពេលដែលលោកអ័ប្រាហាំ បានសងកូនប្រុសតែមួយគត់របស់គាត់ ជាកូនប្រុសសំណព្វចិត្តតែមួយគត់របស់គាត់ដល់ព្រះជាម្ចាស់ តាមដែលព្រះជាម្ចាស់បង្គាប់មកនោះ (ចំណាំ៖ ក្នុងន័យនេះ យើងមិនអាចប្រើពាក្យថា «បានថ្វាយ» បានទេ យើងគួរតែប្រើពាក្យថា សងកូនប្រុសរបស់គាត់ទៅព្រះជាម្ចាស់វិញ) ព្រះជាម្ចាសមិនត្រឹមតែមិនអនុញ្ញាតឲ្យលោកអ័ប្រាហាំថ្វាយអ៊ីសាកប៉ុណ្ណោះទេ តែព្រះអង្គថែមទាំងប្រទានពរឲ្យគាត់ទៀតផង។ តើព្រះអង្គប្រទានពរ ដល់លោកអ័ប្រាហាំ ជាសេចក្ដីសន្យាអ្វីខ្លះ? ទ្រង់បានប្រទានពរដល់លោក ដោយសន្យានឹងបង្កើតពូជពង្សរបស់លោក។ ហើយតើពួកគេនឹងកើនឡើងចំនួនប៉ុន្មាន? បទគម្ពីរផ្ដល់នូវការកត់ត្រាដូចតទៅ៖ «ដូចជាផ្កាយនៅលើមេឃ ហើយដូចជាគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រ ហើយពូជឯងនឹងគ្រប់គ្រងទ្វារនៃពួកខ្មាំងសត្រូវរបស់គេ។ ហើយប្រជាជាតិទាំងអស់នៅលើផែនដីនឹងបានពរ ដោយសារពូជឯង» តើព្រះជាម្ចាស់ថ្លែងព្រះបន្ទូលទាំងនេះក្នុងបរិបទអ្វី? មានន័យថា តើលោកអ័ប្រាហាំបានទទួលនូវព្រះពរ របស់ព្រះជាម្ចាស់ដោយវិធីណា? លោកបានទទួលព្រះពរនេះ ដូចដែលព្រះជាម្ចាស់មានបន្ទូលនៅក្នុងបទគម្ពីរថា «ដ្បិតឯងបានស្ដាប់តាមព្រះសូរសៀងរបស់អញ»។ មានន័យថា ដោយសារតែលោកអ័ប្រាហាំបានដើរតាមសេចក្ដីបង្គាប់របស់ព្រះជាម្ចាស់ ដោយសារតែលោកបានធ្វើគ្រប់យ៉ាងដែលព្រះជាម្ចាស់បានមានបន្ទូល និងបានបង្គាប់មក ដោយគ្មានត្អូញត្អែរបន្តិចសោះ ដូច្នេះ ព្រះជាម្ចាស់ក៏បានសន្យាបែបនេះចំពោះលោក។ មានប្រយោគសំខាន់មួយនៅក្នុងសេចក្ដីសន្យានេះ ដែលប៉ះពាល់ដល់ព្រះតម្រិះរបស់ព្រះជាម្ចាស់នៅពេលនោះ។ តើឯងរាល់គ្នាមានមើលឃើញទេ? ឯងរាល់គ្នាប្រហែលជាមិនបានយកចិត្តទុកដាក់ខ្លាំងចំពោះព្រះបន្ទូលរបស់ព្រះជាម្ចាស់ថា «អញស្បថដោយនូវព្រះនាមរបស់អញ»។ អត្ថន័យនៃពាក្យនេះគឺ នៅពេលដែលព្រះជាម្ចាស់ថ្លែងព្រះបន្ទូលនេះ គឺទ្រង់ស្បថដោយអង្គទ្រង់ផ្ទាល់។ តើនៅពេលដែលមនុស្សស្បថ គេយកអ្វីមកស្បថ? ពួកគេយកមេឃមកស្បថ មានន័យថាពួកគេស្បថចំពោះព្រះជាម្ចាស់ ហើយយកព្រះជាម្ចាស់មកស្បថ។ មនុស្សប្រហែលជាពុំមានការយល់ដឹងច្រើនអំពីភាពអស្ចារ្យនៃការដែលព្រះជាម្ចាស់យកអង្គទ្រង់មកស្បថនោះឡើយ ប៉ុន្តែ អ្នករាល់គ្នានឹងអាចយល់នៅពេលដែលខ្ញុំផ្ដល់នូវការបកស្រាយដ៏ត្រឹមត្រូវ។ ព្រះជាម្ចាស់មានអារម្មណ៍ឯកោ និងបាត់បង់ម្ដងទៀត ដោយសារតែទ្រង់ប្រឈមជាមួយនឹងមនុស្សម្នាក់ ដែលអាចស្ដាប់ឮព្រះបន្ទូលទ្រង់ ប៉ុន្តែមិនអាចយល់ពីព្រះហឫទ័យរបស់ទ្រង់។ ដោយអស់សង្ឃឹម ហើយអាចនិយាយបានថា ទ្រង់បានធ្វើកិច្ចការអ្វីមួយយ៉ាងធម្មតាបំផុតដោយមិនដឹងខ្លួន៖ ព្រះជាម្ចាស់បានដាក់ព្រះហស្តលើព្រះឱរាទ្រង់ ហើយហៅព្រះនាមទ្រង់ នៅពេលដែលកំពុងប្រទានព្រះពរនេះដល់លោកអ័ប្រាហាំ ហើយតាមរយៈការនេះ មនុស្សបានស្ដាប់ឮព្រះជាម្ចាស់ទ្រង់មានព្រះបន្ទូលថា «អញស្បថដោយនូវព្រះនាមរបស់អញ»។ តាមរយៈសកម្មភាពរបស់ព្រះជាម្ចាស់ ឯងប្រហែលជាគិតអំពីខ្លួនឯង។ នៅពេលដែលឯងដាក់ដៃលើដើមទ្រូងខ្លួនឯង ហើយនិយាយម្នាក់ឯង តើឯងដឹងច្បាស់ទេថា ឯងកំពុងនិយាយពីអ្វីខ្លះ? តើកិរិយារបស់ឯងស្មោះត្រង់ដែរឬទេ? តើឯងនិយាយដោយស្មោះត្រង់ចេញពីចិត្តរបស់ឯងដែរឬទេ? ដូច្នេះ ត្រង់នេះយើងឃើញថា នៅពេលដែលព្រះជាម្ចាស់មានបន្ទូលទៅកាន់លោកអ័ប្រាហាំ ព្រះអង្គមានបន្ទូលដោយស្មោះត្រង់ និងឥតលាក់លៀមឡើយ។ នៅ ក្នុងពេលដែលកំពុងមានបន្ទូល និងប្រទានពរដល់លោកអ័ប្រាហាំ ព្រះជាម្ចាស់ក៏កំពុងមានបន្ទូលទៅកាន់អង្គឯងដែរ។ ទ្រង់កំពុងមានបន្ទូលប្រាប់អង្គឯងថា៖ អញនឹងប្រទានពរដល់អ័ប្រាហាំ ហើយធ្វើឲ្យកូនចៅរបស់គាត់មានចំនួនច្រើនដូចផ្កាយនៅលើមេឃ និងច្រើនដូចជាខ្សាច់នៅមាត់សមុទ្រ ដ្បិតគាត់បានស្ដាប់តាមព្រះបន្ទូលអញ ហើយគាត់គឺជាមនុស្សម្នាក់ដែលអញជ្រើសរើស។ នៅពេលដែលព្រះជាម្ចាស់មានបន្ទូលថា «អញស្បថដោយនូវព្រះនាមរបស់អញ» ព្រះជាម្ចាស់បានតាំងព្រះទ័យថា តាមរយៈលោកអ័ប្រាហាំ ទ្រង់នឹងបង្កើតរាស្ត្រជ្រើសតាំងអ៊ីស្រាអែល បន្ទាប់មក ទ្រង់នឹងដឹកនាំមនុស្សទាំងនេះទៅមុខយ៉ាងរហ័សជាមួយនឹងកិច្ចការរបស់ទ្រង់។ មានន័យថា ព្រះជាម្ចាស់នឹងធ្វើឲ្យកូនចៅរបស់លោកអ័ប្រាហាំ ទទួលកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់ និងកិច្ចការរបស់ព្រះជាម្ចាស់ រួចព្រះជាម្ចាស់បង្ហាញថា កិច្ចការនេះនឹងចាប់ផ្ដើមពីលោកអ័ប្រាហាំ ព្រមទាំងបន្តនៅក្នុងកូនចៅរបស់លោកអ័ប្រាហាំ នេះហើយគឺជាការទទួលស្គាល់ការដែលព្រះជាម្ចាស់ចង់សង្គ្រោះមនុស្ស។ អ្វីដែលឯងរាល់គ្នានិយាយ តើមិនមែនជាការដែលទទួលបានព្រះពរទេឬអី? ចំពោះមនុស្ស គ្មានព្រះពរណាធំជាងនេះទៀតឡើយ អាចនិយាយបាន ថា នេះគឺជាការដែលមានពរបំផុត។ ព្រះពរដែលលោកអ័ប្រាហាំបានទទួល មិនមែនជាការបង្កើនចំនួនកូនចៅរបស់គាត់ទេ ប៉ុន្តែជាការដែលព្រះជាម្ចាស់សម្រេចការគ្រប់គ្រងរបស់ទ្រង់ បញ្ញត្តិរបស់ទ្រង់ និងកិច្ចការរបស់ទ្រង់ក្នុងកូនចៅរបស់លោកអ័ប្រាហាំ។ នេះមានន័យថា ព្រះពរដែលលោកអ័ប្រាហាំទទួលបាន មិនមែនមួយរយៈខ្លីនោះទេ គឺ នៅតែបន្ត នៅពេលដែលផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់វិវឌ្ឍទៅមុខ។ នៅពេលដែលព្រះជាម្ចាស់មានព្រះបន្ទូល នៅពេលដែលព្រះជាម្ចាស់ស្បថដោយនាមរបស់ព្រះអង្គ គឺទ្រង់បានធ្វើការតាំងព្រះទ័យជាស្រេចហើយ។ តើដំណើរការនៃការតាំងព្រះទ័យនេះពិតដែរឬទេ? តើនេះជាការតាំងព្រះទ័យពិតទេ? ព្រះជាម្ចាស់បានតាំងព្រះទ័យថា ចាប់ពីពេលនេះតទៅ ការប្រឹងប្រែងរបស់ទ្រង់ តម្លៃដែលទ្រង់បានបង់ កម្មសិទ្ធិ និងលក្ខណៈរបស់ទ្រង់ សព្វសារពើរបស់ទ្រង់ ព្រមទាំងព្រះជន្មទ្រង់ផងនោះ នឹងត្រូវប្រទានឲ្យលោកអ័ប្រាហាំ និងកូនចៅរបស់លោកអ័ប្រាហាំ។ ដូច្នេះ ព្រះជាម្ចាស់ក៏តាំងព្រះទ័យថា ចាប់ពីមនុស្សមួយក្រុមនេះទៅ ព្រះអង្គនឹងស្ដែងចេញនូវទង្វើរបស់ទ្រង់ និងអនុញ្ញាតឲ្យមនុស្សមើលឃើញព្រះប្រាជ្ញាញាណ សិទ្ធិអំណាច និងព្រះចេស្ដារបស់ទ្រង់។
ការទទួលបានមនុស្សដែលស្គាល់ព្រះជាម្ចាស់ ហើយអាចធ្វើបន្ទាល់ពីព្រះអង្គ គឺជាការសព្វព្រះហឫទ័យចង់បានឥតប្រែប្រួលរបស់ព្រះជាម្ចាស់
ក្នុងពេលដែលព្រះជាម្ចាស់កំពុងតែមានព្រះបន្ទូលមកកាន់អង្គឯង ព្រះជាម្ចាស់ក៏មានព្រះបន្ទូលទៅកាន់លោកអ័ប្រាហាំដែរ ប៉ុន្តែ ក្រៅពីការស្ដាប់ឮព្រះពរដែលព្រះជាម្ចាស់បានប្រទានឲ្យគាត់ តើលោកអ័ប្រាហាំអាចយល់អំពីការសព្វព្រះហឫទ័យចង់បានពិតរបស់ព្រះជាម្ចាស់ នៅក្នុងគ្រប់ទាំងព្រះបន្ទូលរបស់ទ្រង់ ក្នុងពេលនោះទេ? លោកមិនអាចទេ! ហេតុនេះ នៅពេលនោះ នៅពេលដែលព្រះជាម្ចាស់ស្បថដោយនាមរបស់ទ្រង់ ព្រះហឫទ័យរបស់ទ្រង់នៅតែឯកោ និងពេញដោយទុក្ខព្រួយដដែល។ នៅតែគ្មានមនុស្សណាម្នាក់អាចយល់ ឬជ្រួត ជ្រាបពីអ្វីដែលទ្រង់បម្រុង និងគ្រោងទុកនោះឡើយ។ នៅគ្រានោះ ពុំមាននរណាម្នាក់សោះ សូម្បីតែលោកអ័ប្រាហាំក៏មិនអាចទូលទៅកាន់ទ្រង់ដោយភាពជឿជាក់ដែរ រឹតតែគ្មាននរណាម្នាក់អាចសហការជាមួយព្រះអង្គ ក្នុងការធ្វើកិច្ចការដែលទ្រង់ត្រូវតែធ្វើនោះដែរ។ មើលពីក្រៅ ព្រះជាម្ចាស់ទទួលបានលោកអ័ប្រាហាំ គឺជាមនុស្សម្នាក់ដែល អាចស្ដាប់ព្រះបន្ទូលរបស់ទ្រង់បាន។ ប៉ុន្តែការពិត ចំណេះដឹងរបស់មនុស្សម្នាក់នេះអំពីព្រះជាម្ចាស់ ស្ទើរតែគ្មានសោះ។ ទោះបីព្រះជាម្ចាស់បានប្រទានពរដល់លោកអ័ប្រាហាំក៏ដោយក៏ព្រះហឫទ័យរបស់ព្រះជាម្ចាស់នៅមិនទាន់ស្កប់ដែរ។ តើការដែលព្រះជាម្ចាស់មិនស្កប់ព្រះហឫទ័យ មានន័យដូចម្ដេច? មានន័យថា ការគ្រប់គ្រងរបស់ព្រះអង្គទើបតែចាប់ផ្ដើមប៉ុណ្ណោះ មានន័យថា មនុស្សដែលទ្រង់សព្វព្រះហឫទ័យចង់ទទួលបាន មនុស្សដែលព្រះអង្គសព្វព្រះហឫទ័យចង់ឃើញ មនុស្សដែលទ្រង់សព្វព្រះហឫទ័យ គឺនៅឆ្ងាយពីទ្រង់ដដែល ទ្រង់ត្រូវការពេលវេលា ទ្រង់ត្រូវរង់ចាំ ហើយទ្រង់ត្រូវអត់ធ្មត់។ ដ្បិតពេលនោះ ក្រៅពីព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ គ្មាននរណាម្នាក់ដឹងថា ទ្រង់ត្រូវការអ្វី ទ្រង់ចង់ទទួលបានអ្វី ឬទ្រង់ប្រាថ្នាអ្វីនោះឡើយ។ ដូច្នេះ ក្នុងពេលជាមួយគ្នានោះ ព្រះជាម្ចាស់មានទាំងអារម្មណ៍រំភើប ហើយព្រះជាម្ចាស់ ក៏មានអារម្មណ៍ធ្ងន់ព្រះហឫទ័យដែរ។ ប៉ុន្តែ ព្រះអង្គមិនបានបង្អាក់ជំហានរបស់ទ្រង់ឡើយ ហើយទ្រង់នៅតែបន្តធ្វើផែនការជំហានបន្ទាប់នៃកិច្ចការដែលទ្រង់ត្រូវធ្វើ។
តើឯងរាល់គ្នាមើលឃើញអ្វីខ្លះ ក្នុងសេចក្ដីសន្យារបស់ព្រះជាម្ចាស់ចំពោះលោកអ័ប្រាហាំ? ព្រះជាម្ចាស់បានប្រទានព្រះពរលើសលប់ដល់លោកអ័ប្រាហាំ ដោយគ្រាន់តែលោកស្ដាប់តាមព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ថ្វីបើមើលពីក្រៅ រឿងនេះហាក់ដូចជារឿងធម្មតា ហើយតាមធម្មតា ក្នុងនេះយើងមើលឃើញព្រះហឫទ័យរបស់ព្រះជាម្ចាស់៖ ព្រះជាម្ចាស់ឲ្យតម្លៃជាពិសេសដល់ការស្ដាប់បង្គាប់ដែលមនុស្សមានចំពោះទ្រង់ ហើយរីករាយនឹងការយល់ដឹង និងភាពស្មោះត្រង់ ដែលមនុស្សមានចំពោះព្រះអង្គ។ តើព្រះជាម្ចាស់រីករាយនឹងភាពស្មោះត្រង់នេះខ្លាំងប៉ុនណា? ឯងរាល់គ្នាប្រហែលជាមិនដឹងទេថា ព្រះជាម្ចាស់រីករាយនឹងសេចក្ដីនេះខ្លាំងប៉ុនណា ហើយក៏ប្រហែលជាគ្មាននរណាម្នាក់ដឹងរឿងនេះដែរ។ ព្រះជាម្ចាស់បានប្រទានកូនប្រុសម្នាក់ដល់លោកអ័ប្រាហាំ រួច នៅពេលដែលកូននោះធំឡើង ព្រះជាម្ចាស់ក៏បង្គាប់ឲ្យលោកអ័ប្រាហាំថ្វាយកូនប្រុសម្នាក់នោះដល់ព្រះជាម្ចាស់វិញ។ លោកអ័ប្រាហាំបានធ្វើទៅតាមន័យពាក្យនៃសេចក្ដីបង្គាប់របស់ព្រះជាម្ចាស់ លោកស្ដាប់តាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយភាពស្មោះត្រង់របស់លោកបានធ្វើឲ្យព្រះជាម្ចាស់រំភើបព្រះហឫទ័យ ហើយក៏ត្រូវបានព្រះជាម្ចាស់ឲ្យតម្លៃដែរ។ តើព្រះជាម្ចាស់ឲ្យតម្លៃសេចក្ដីនេះខ្លាំងប៉ុនណា? ហើយហេតុអ្វីក៏ព្រះជាម្ចាស់ឲ្យតម្លៃសេចក្ដីនេះម្ល៉េះ? នៅពេលមួយដែលពុំមាននរណាម្នាក់យល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬយល់ពីព្រះហឫទ័យរបស់ទ្រង់ លោកអ័ប្រាហាំបានធ្វើរឿងមួយដែលបានធ្វើឲ្យរញ្ជួយស្ថានសួគ៌ និងធ្វើឲ្យផែនដីរង្គើផង ហើយការនេះក៏បានធ្វើឲ្យព្រះជាម្ចាស់មានអារម្មណ៍ស្កប់ស្កល់ប្លែកខុសពីមុន និងបានធ្វើឲ្យព្រះជាម្ចាស់មានក្ដីអំណរចំពោះការទទួលបានមនុស្សម្នាក់ដែលអាចស្ដាប់តាមព្រះបន្ទូលរបស់ទ្រង់។ ព្រះទ័យស្កប់ស្កល់ និងក្ដីអំណរនេះបានមកពីមនុស្សដែលកើតមកពីព្រះហស្តរបស់ព្រះជាម្ចាស់ និងជា «យញ្ញបូជា» ដំបូង ដែលមនុស្សបានថ្វាយដល់ព្រះជាម្ចាស់ នោះហើយគឺជាសេចក្ដីដែលព្រះជាម្ចាស់ឲ្យតម្លៃបំផុត តាំងពីគ្រាដែលមនុស្សត្រូវបានបង្កើតមក។ ព្រះជាម្ចាស់បានរង់ចាំយញ្ញបូជានេះយ៉ាងលំបាក ហើយទ្រង់បានចាត់ទុកវាជាអំណោយដ៏សំខាន់បំផុតដំបូងគេបង្អស់ពីមនុស្សដែលទ្រង់បានបង្កើតមក។ វាបង្ហាញដល់ព្រះជាម្ចាស់នូវផលដំបូលនៃការប្រឹងប្រែង និងជាផលនៃតម្លៃដែលទ្រង់បានបង់ ហើយវាអនុញ្ញាតឲ្យទ្រង់មើលឃើញសេចក្ដីសង្ឃឹមនៅក្នុងមនុស្សជាតិ។ បន្ទាប់មក ព្រះជាម្ចាស់ក៏កាន់តែចង់បានមនុស្សបែបនេះមួយក្រុមទៀត ដើម្បីបានជាគ្នាជាមួយនឹងទ្រង់ ប្រព្រឹត្តនឹងទ្រង់ដោយភាពស្មោះត្រង់ ហើយយកចិត្តទុកដាក់នឹងទ្រង់ដោយភាពស្មោះត្រង់។ ព្រះជាម្ចាស់ថែមទាំងសង្ឃឹមថា លោកអ័ប្រាហានឹងរស់នៅបានយូរ ដ្បិតទ្រង់ចង់មានមនុស្សដែលមានចិត្តដូចលោកអ័ប្រាហាំបាននៅជាគ្នាជាមួយទ្រង់ ហើយនៅជាមួយនឹងទ្រង់ នៅពេលទ្រង់បន្តកិច្ចការគ្រប់គ្រងរបស់ទ្រង់។ មិនថាព្រះជាម្ចាស់សព្វព្រះហឫទ័យចង់បានក៏ដោយ ក៏នោះគ្រាន់តែជាការចង់បានមួយ គ្រាន់តែជាព្រះតម្រិះមួយប៉ុណ្ណោះ ដ្បិតលោកអ័ប្រាហាំ គ្រាន់តែជាមនុស្សដែលអាចស្ដាប់តាមទ្រង់ ហើយគ្មានការយល់ដឹង ឬគ្មានចំណេះដឹងអំពីព្រះជាម្ចាស់សូម្បីបន្តិចសោះឡើយ។ លោកអ័ប្រាហាំ គឺជាមនុស្សម្នាក់ដែលខ្វះមិនដល់បទដ្ឋាននៃសេចក្ដីតម្រូវដែលព្រះជាម្ចាស់មានចំពោះមនុស្សទេ ពោលគឺ៖ ការស្គាល់ព្រះជាម្ចាស់ ការដែលអាចធ្វើបន្ទាល់ពីព្រះជាម្ចាស់ និងការដែលមានគំនិតតែមួយជាមួយនឹងព្រះជាម្ចាស់។ ដូច្នេះ លោកអ័ប្រាហាំមិនអាចដើរជាមួយព្រះជាម្ចាស់បានឡើយ។ នៅក្នុងការដែលលោកអ័ប្រាហាំថ្វាយអ៊ីសាកជាយញបូជា ព្រះជាម្ចាស់បានឃើញភាពស្មោះត្រង់ និងការស្ដាប់បង្គាប់របស់លោកអ័ប្រាហាំ និងបានឃើញថា លោកបានទ្រាំនឹងការដែលព្រះជាម្ចាស់ល្បងលលោកបាន។ ទោះបីជាព្រះជាម្ចាស់បានទទួលភាពស្មោះត្រង់ និងការស្ដាប់បង្គាប់របស់លោក តែលោកក៏នៅតែមិនស័ក្ដិសមនឹងធ្វើជាមនុស្សជំនិតរបស់ព្រះជាម្ចាស់ មិនសមធ្វើជាមនុស្សដែលស្គាល់ និងយល់ពីព្រះជាម្ចាស់ និងជាមនុស្សដែលស្គាល់អំពីនិស្ស័យរបស់ព្រះជាម្ចាស់ដែរ លោករឹតតែមិនមែនជាមនុស្សដែលមានគំនិតតែមួយជាមួយព្រះជាម្ចាស់ និងធ្វើតាមព្រះហឫទ័យព្រះជាម្ចាស់។ ដូច្នេះ ក្នុងព្រះហឫទ័យព្រះជាម្ចាស់ គឺទ្រង់នៅតែឯកោ និងខ្វល់ខ្វាយដដែល។ កាលណាព្រះជាម្ចាស់រឹតតែឯកោ និងខ្វល់ខ្វាយ ទ្រង់ក៏រឹតតែត្រូវបន្តការគ្រប់គ្រងរបស់ទ្រង់កាន់តែឆាប់ និងអាចសម្រាំង ហើយទទួលយកមនុស្សមួយក្រុម ដើម្បីសម្រេចផែនការគ្រប់គ្រងរបស់ទ្រង់ និងសម្រេចបំណងព្រះហឫទ័យរបស់ទ្រង់កាន់តែឆាប់ តាមដែលអាចធ្វើទៅបាន។ នេះជាសេចក្ដីប្រាថ្នាដ៏ខ្លាំងក្លារបស់ព្រះជាម្ចាស់ ហើយសេចក្ដីប្រាថ្នានេះក៏នៅតែមិនប្រែប្រួល តាំងពីដើមដំបូង ដរាបដល់សព្វថ្ងៃ។ ចាប់តាំងពីពេលដែលព្រះជាម្ចាស់បានបង្កើតមនុស្សនៅគ្រាដើមដំបូង ព្រះជាម្ចាស់សព្វព្រះហឫទ័យចង់បានអ្នកមានជ័យជម្នះមួយក្រុម ជាក្រុមមនុស្សដែលនឹងដើរជាមួយទ្រង់ និងអាចយល់ អាចស្គាល់ អាចជ្រួតជ្រាបពីនិស្ស័យរបស់ទ្រង់។ សេចក្ដីប្រាថ្នារបស់ព្រះជាម្ចាស់នេះ មិនដែលប្រែប្រួលឡើយ។ ទោះបីជាទ្រង់ត្រូវរង់ចាំយូរយ៉ាងណា ទោះបីជាផ្លូវខាងមុខលំបាកយ៉ាងណា ហើយទោះជាវត្ថុបំណងដែលព្រះអង្គចង់បាននោះនៅឆ្ងាយខ្លាំងប៉ុនណាក៏ដោយក៏ព្រះជាម្ចាស់មិនដែលផ្លាស់ប្ដូរ ឬបោះបង់ក្ដីរំពឹងដែលទ្រង់មានចំពោះមនុស្សដែរ។ ឥឡូវនេះ ខ្ញុំបាននិយាយប្រាប់សេចក្ដីរួចនេះហើយ តើអ្នករាល់គ្នាដឹងពីអ្វីដែលព្រះជាម្ចាស់សព្វព្រះហឫទ័យចង់បានទេ? ប្រហែលជាអ្វីដែលអ្នករាល់គ្នាបានដឹងនោះ មិនជ្រាលជ្រៅពេកទេ តែវាគង់តែនឹងមកដល់សន្សឹមៗទេ!
(«កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?