ព្រះជាម្ចាស់សន្យាប្រទានកូនប្រុសម្នាក់ឲ្យលោកអ័ប្រាហាំ
១. ព្រះជាម្ចាស់សន្យាប្រទានកូនប្រុសម្នាក់ឲ្យលោកអ័ប្រាហាំ
លោកុប្បត្តិ ១៧:១៥-១៧ រួចព្រះជាម្ចាស់ក៏មានបន្ទូលទៅលោកអ័ប្រាហាំថា ចំពោះសារ៉ាយជាភរិយាឯង ឯងមិនត្រូវហៅនាងថាសារ៉ាយទៀតទេ ដ្បិតឈ្មោះនាងត្រូវហៅថាសារ៉ាវិញ។ រួចអញនឹងប្រទានពរដល់នាង ហើយអញនឹងប្រទានឲ្យឯងមានកូនប្រុសម្នាក់ ក៏ជាកូនរបស់នាង៖ អើ អញនឹងប្រទានពរដល់នាង ហើយនាងនឹងក្លាយជាម្ដាយនៃប្រជាជាតិជាច្រើន ក្សត្រជាច្រើននឹងកើតពីពូជនាង។ នោះអ័ប្រាហាំក៏ឱនមុខក្រាបចុះ ហើយក៏អស់សំណើច ហើយនិយាយតែក្នុងចិត្តថា តើមនុស្សដែលមានវ័យមួយរយឆ្នាំទៅហើយនឹងមានកូនទៀតឬ? ហើយតើសារ៉ាដែលមានវ័យកៅសិបឆ្នាំហើយ អាចនឹងកើតកូនបានដែរឬ?
លោកុប្បត្តិ ១៧:២១-២២ ប៉ុន្តែ អញនឹងតាំងសញ្ញារបស់អញជាមួយអ៊ីសាក ជាកូនដែលសារ៉ាបង្កើតឲ្យឯង នៅពេលវេលាកំណត់នេះនៅឆ្នាំក្រោយ។ រួចព្រះជាម្ចាស់ក៏ឈប់មានបន្ទូលជាមួយនឹងលោកអ័ប្រាហាំ រួចទ្រង់ក៏យាងចេញពីគាត់បាត់ទៅ។
២. លោកអ័ប្រាហាំថ្វាយអ៊ីសាក
លោកុប្បត្តិ ២២:២-៣ រួចទ្រង់មានបន្ទូលថា ឥឡូវនេះ ចូរយកកូនប្រុសឯង គឺអ៊ីសាក ជាកូនប្រុសតែមួយគត់របស់ឯងដែលឯងស្រឡាញ់ រួចយកទៅឯស្រុកម៉ូរីយ៉ា ហើយថ្វាយវាជាតង្វាយដុតនៅលើភ្នំមួយ ដែលអញនឹងប្រាប់ដល់ឯង។ រួចអ័ប្រាហាំក៏ក្រោកឡើងពីព្រឹកព្រលឹម ហើយដាក់កែបលើខ្នងលារបស់គាត់ រួចនាំអ្នកបម្រើកម្លោះៗពីរនាក់ទៅជាមួយគាត់ ព្រមទាំងអ៊ីសាកជាកូនគាត់ផង រួចក៏ពុះអុសសម្រាប់រៀបចំតង្វាយដុត និងក្រោកឡើង ហើយចេញទៅកន្លែងដែលព្រះជាម្ចាស់មានបន្ទូលប្រាប់គាត់។
លោកុប្បត្តិ ២២:៩-១០ ពួកគេក៏មកដល់កន្លែងដែលព្រះជាម្ចាស់បានប្រាប់គាត់ រួចអ័ប្រាហាំក៏ស្អាងអាសនាមួយនៅទីនោះ ហើយរៀបអុសតាមលំដាប់ រួចក៏ងអ៊ីសាកជាកូនរបស់គាត់ ហើយដាក់អ៊ីសាកលើអុសនៅលើអាសនានោះ។ រួចអ័ប្រាហាំក៏លូកដៃរបស់គាត់ ហើយយកកាំបិតបម្រុងសម្លាប់កូនរបស់គាត់។
គ្មាននរណាអាចរារាំងកិច្ចការដែលព្រះជាម្ចាស់តាំងព្រះហឫទ័យធ្វើនោះឡើយ
ដូច្នេះ អ្នករាល់គ្នាបានឮរឿងរ៉ាវរបស់លោកអ័ប្រាហាំហើយ។ លោកត្រូវបានព្រះជាម្ចាស់ជ្រើសតាំង បន្ទាប់ពីទឹកជំនន់បំផ្លាញពិភពលោកនេះរួច ឈ្មោះរបស់លោកគឺ អ័ប្រាហាំ ហើយកាលលោកមានវ័យមួយរយឆ្នាំ ហើយលោកស្រីសារ៉ា ជាភរិយាលោក មានវ័យកៅសិបឆ្នាំ នោះសេចក្ដីសន្យារបស់ព្រះជាម្ចាស់ក៏បានមកដល់គាត់។ តើព្រះជាម្ចាស់បានសន្យាអ្វីនឹងគាត់? ព្រះជាម្ចាស់បានសន្យាថា «រួចអញនឹងប្រទានពរដល់នាង ហើយអញនឹងប្រទានឲ្យឯងមានកូនប្រុសម្នាក់ ក៏ជាកូនរបស់នាង»។ តើអ្វីជាសាវតានៃ សេចក្ដីសន្យារបស់ព្រះជាម្ចាស់ ក្នុងការប្រទានកូនប្រុសម្នាក់ឲ្យលោក? បទគម្ពីរផ្ដល់នូវដំណើររឿងដូចតទៅ៖ «នោះអ័ប្រាហាំក៏ឱនមុខក្រាបចុះ ហើយក៏អស់សំណើច ហើយនិយាយតែក្នុងចិត្តថា តើមនុស្សដែលមានវ័យមួយរយឆ្នាំទៅហើយនឹងមានកូនទៀតឬ? ហើយតើសារ៉ាដែលមានវ័យកៅសិបឆ្នាំហើយ អាចនឹងកើតកូនបានដែរឬ?» អាចនិយាយម្យ៉ាងទៀតបានថា គូស្វាមីភរិយាវ័យចំណាស់នេះ ចាស់ពេកណាស់ទៅហើយក្នុងការបង្កើតកូន។ ហើយតើលោកអ័ប្រាហាំបានធ្វើអ្វី បន្ទាប់ពីព្រះជាម្ចាស់បានសន្យានឹងគាត់? លោកឱនមុខក្រាបចុះទាំងសើច ហើយនិយាយម្នាក់ឯងថា «តើមនុស្សដែលមានវ័យមួយរយឆ្នាំទៅហើយនឹងមានកូនទៀតឬ?» លោកអ័ប្រាហាំជឿថា រឿងនេះមិនអាចទៅរួចទេ មានន័យថា លោកជឿថាសេចក្ដីសន្យាដែលព្រះជាម្ចាស់មានចំពោះលោក ត្រឹមតែជារឿងកំប្លែងមួយប៉ុណ្ណោះ។ តាមការយល់ឃើញរបស់មនុស្ស រឿងនេះគឺជារឿងដែលមនុស្សមិនអាចសម្រេចបាន ហើយក៏ជាលទ្ធភាពដែលមិនអាចទៅរួច និងជារឿងដែលព្រះជាម្ចាស់សម្រេចមិនបានដូចគ្នា។ ចំពោះលោកអ័ប្រាហាំ នេះប្រហែលជារឿងដ៏គួរអស់សំណើច៖ ព្រះជាម្ចាស់បានបង្កើតមនុស្ស ប៉ុន្តែ ទ្រង់ហាក់ដូចជាមិនជ្រាបសោះថា មនុស្សចាស់បែបនេះមិនអាចបង្កើតកូនបាន ព្រះជាម្ចាស់មានព្រះតម្រិះថា ទ្រង់អាចឲ្យខ្ញុំបង្កើតកូនមួយ ព្រះអង្គមានបន្ទូលថា ទ្រង់ប្រទានឲ្យខ្ញុំមានកូនប្រុសម្នាក់ ពិតជាមិនអាចទៅរួចទេ! ហេតុនេះបាន ជាអ័ប្រាហាំឱនមុខក្រាបចុះ រួចសើចទាំងគិតម្នាក់ឯងថា មិនអាចទៅរួច ព្រះជាម្ចាស់កំពុងលេងសើចនឹងខ្ញុំហើយ រឿងនេះមិនអាចក្លាយជាការពិតបានទេ! លោកពុំបានយកចិត្តទុកដាក់ខ្លាំងនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេ។ ដូច្នេះ នៅចំពោះព្រះនេត្ររបស់ព្រះជាម្ចាស់ តើលោកអ័ប្រាហាំគឺជាមនុស្សបែបណា? (សុចរិត) តើមានកន្លែងណាបញ្ជាក់ថាលោកជាមនុស្សសុចរិត? អ្នករាល់គ្នាគិតថា មនុស្សគ្រប់គ្នាដែលព្រះជាម្ចាស់ត្រាស់ហៅ សុទ្ធតែសុចរិត និងគ្រប់លក្ខណ៍ គិតថាពួកគេសុទ្ធតែជាមនុស្សដែលដើរជាមួយព្រះជាម្ចាស់។ អ្នករាល់គ្នាប្រកាន់ខ្ជាប់នឹងគោលលទ្ធិ! អ្នករាល់គ្នាត្រូវមើលឲ្យច្បាស់ថា កាលណាព្រះជាម្ចាស់កំណត់មនុស្សណាម្នាក់ ទ្រង់មិនមែនកំណត់គេតាមតែអំណាចព្រះហឫទ័យរបស់ទ្រង់ទេ។ ក្នុងនេះ ព្រះជាម្ចាស់មិនបានមានបន្ទូលថា លោកអ័ប្រាហាំគឺជាមនុស្សសុចរិតទេ។ ក្នុងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ព្រះអង្គមានបទដ្ឋានសម្រាប់វាស់ស្ទង់មនុស្សគ្រប់គ្នាហើយ។ ទោះបីជាព្រះជាម្ចាស់មិនបានមានបន្ទូលថា លោកអ័ប្រាហាំជាមនុស្សបែបណាក៏ដោយ មើលតាមឥរិយាបថរបស់លោក តើលោក អ័ប្រាហាំមានសេចក្ដីជំនឿបែបណាចំពោះព្រះជាម្ចាស់? តើពិបាកយល់បន្តិចទេ? តើលោកមានសេចក្ដីជំនឿធំឧត្ដមទេ? អត់ទេ! គាត់គ្មានសេចក្ដីជំនឿបែបនេះទេ! សំណើច និងការគិតរបស់គាត់បានបង្ហាញថា គាត់ជានរណា ដូច្នេះជំនឿដែលអ្នករាល់គ្នាជឿថា គាត់ជាមនុស្សសុចរិត គ្រាន់តែជាការប្រឌិតតាមការស្រមៃរបស់អ្នករាល់គ្នាប៉ុណ្ណោះ វាគឺជាការអនុវត្តគោលលទ្ធិទាំងងងឹតងងុល ហើយវាជាការវាយតម្លៃដែលគ្មានទំនួលខុសត្រូវ។ តើព្រះជាម្ចាស់ទតមើលឃើញសំណើចរបស់លោកអ័ប្រាហាំ និងទឹកមុខតិចតួចរបស់លោកទេ? តើទ្រង់ជ្រាបពីរឿងនេះទេ? ព្រះជាម្ចាស់ជ្រាបហើយ។ ប៉ុន្តែ តើព្រះជាម្ចាស់នឹងផ្លាស់ប្ដូរអ្វីដែលទ្រង់តាំងព្រះហឫទ័យធ្វើទេ? អត់ទេ! កាលណាព្រះជាម្ចាស់មានគម្រោង និងតាំងព្រះហឫទ័យថា ទ្រង់ជ្រើសយកមនុស្សម្នាក់នេះហើយ ការនោះក៏សម្រេចឡើង។ មិនថាគំនិត ឬកិរិយារបស់មនុស្សយ៉ាងណានោះទេគឺពុំមានឥទ្ធិពល ឬការរំខានបន្តិចបន្តួចដល់ព្រះជាម្ចាស់នោះឡើយ។ ព្រះជាម្ចាស់មុខជាមិនផ្លាស់ប្ដូរផែនការរបស់ទ្រង់តាមអំណាចព្រះហឫទ័យឡើយ ហើយទ្រង់ក៏មិនផ្លាស់ប្ដូរ ឬបញ្ឈប់ផែនការរបស់ទ្រង់តាមសន្ទុះព្រះហឫទ័យ ដោយសារតែកិរិយារបស់មនុស្សនោះដែរ ទោះបីកិរិយានោះជាកិរិយាល្ងង់ខ្លៅក៏ដោយ។ ដូច្នេះ តើបទគម្ពីរ លោកុប្បត្តិ ១៧:២១-២២ ចែងដូចម្ដេចខ្លះ? «ប៉ុន្តែ អញនឹងតាំងសញ្ញារបស់អញជាមួយអ៊ីសាក ជាកូនដែលសារ៉ាបង្កើតឲ្យឯង នៅពេលវេលាកំណត់នេះនៅឆ្នាំក្រោយ។ រួចព្រះជាម្ចាស់ក៏ឈប់មានបន្ទូលជាមួយនឹងលោកអ័ប្រាហាំ រួចទ្រង់ក៏យាងចេញពីគាត់បាត់ទៅ»។ ព្រះជាម្ចាស់មិនបានយកព្រះហឫទ័យទុកដាក់នឹងអ្វីដែលលោកអ័ប្រាហាំគិត ឬនិយាយសូម្បីតែបន្តិច។ តើអ្វីគឺជាហេតុផលចំពោះការមើលស្រាលរបស់ទ្រង់? គឺមកពីនៅពេលនោះ ព្រះជាម្ចាស់មិនបានទាមទារឲ្យមនុស្សមានសេចក្ដីជំនឿធំឧត្ដមទេ ក៏មិនបានបង្គាប់ឲ្យគេមានចំណេះដឹងធំឧត្ដមអំពីព្រះជាម្ចាស់ដែរ ហើយលើសពីនេះ ទ្រង់ក៏មិនបានទាមទារឲ្យគេអាចយល់អំពីអ្វីដែលព្រះជាម្ចាស់បានធ្វើ និងមានបន្ទូលដែរ។ ដូច្នេះ ទ្រង់មិនបានទាមទារឲ្យមនុស្សយល់ទាំងស្រុងពីអ្វីដែលទ្រង់តាំងព្រះហឫទ័យនឹងធ្វើ ឬមនុស្សដែលទ្រង់កំណត់ជ្រើសរើស ឬគោលការណ៍នៃសកម្មភាពរបស់ទ្រង់នោះដែរ ដ្បិតឋានៈរបស់មនុស្ស គឺមិនសមតែម្ដង។ នៅសម័យនោះ ព្រះជាម្ចាស់បានចាត់ទុកគ្រប់អ្វីៗដែលលោកអ័ប្រាហាំធ្វើ និងគ្រប់វិធីដែលលោកប្រព្រឹត្តខ្លួនជារឿងធម្មតា។ ទ្រង់មិនបានជំទាស់ ឬស្ដីបន្ទោសឡើយ គ្រាន់តែមានព្រះបន្ទូលថា៖ «សារ៉ានឹងបង្កើត អ៊ីសាកឲ្យឯង នៅវេលាកំណត់នេះឆ្នាំក្រោយ»។ ចំពោះព្រះជាម្ចាស់ បន្ទាប់ពីទ្រង់បានប្រកាសព្រះបន្ទូលទាំងនេះរួច រឿងនេះក៏បានក្លាយជាការពិតបន្តិចម្ដងៗ។ នៅចំពោះ ព្រះនេត្ររបស់ព្រះជាម្ចាស់ កិច្ចការដែលត្រូវសម្រេចតាមផែនការរបស់ទ្រង់ គឺបានសម្រេចរួចបាត់ទៅហើយ។ បន្ទាប់ពីបានសម្រេចការរៀបចំសម្រាប់រឿងនេះរួចហើយ ព្រះជាម្ចាស់ក៏យាងចេញទៅបាត់។ អ្វីដែលមនុស្សធ្វើ និងគិត អ្វីដែលមនុស្សយល់ដឹង ផែនការរបស់មនុស្ស ការទាំងអស់នេះគ្មានអ្វីពាក់ព័ន្ធនឹងព្រះជាម្ចាស់ទេ។ អ្វីគ្រប់យ៉ាងដំណើរការទៅតាមផែនការរបស់ព្រះជាម្ចាស់ ត្រូវទៅតាមពេលវេលា និងដំណាក់កាលដែលព្រះជាម្ចាស់បានកំណត់។ នេះហើយគឺជាគោលការណ៍នៃកិច្ចការរបស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់មិនអំពល់នឹងអ្វីៗដែលមនុស្សគិត ឬស្គាល់នោះទេ តែទ្រង់មិនបណ្ដោយឲ្យផែនការរបស់ទ្រង់កន្លងផុតទៅ ឬក៏បោះបង់កិច្ចការរបស់ទ្រង់ ដោយសារតែមនុស្សមិនជឿ ឬមិនយល់នោះដែរ។ ដូច្នេះ ការពិតនេះក៏សម្រេចតាមផែនការ និងព្រះតម្រិះរបស់ព្រះជាម្ចាស់។ ការនេះគឺពិតជាអ្វីដែលយើងឃើញនៅក្នុងព្រះគម្ពីរថា៖ ព្រះជាម្ចាស់បានធ្វើឲ្យអ៊ីសាកកើត តាមពេលវេលាដែលទ្រង់បានកំណត់។ តើការពិតនេះបញ្ជាក់ថា កិរិយា និងការប្រព្រឹត្តរបស់មនុស្ស រារាំងដល់កិច្ចការរបស់ព្រះជាម្ចាស់ដែរឬទេ? សេចក្ដីទាំងនេះមិនបានរារាំងដល់កិច្ចការរបស់ព្រះជាម្ចាស់ទេ! តើសេចក្ដីជំនឿតិចតួចដែលមនុស្សមានចំពោះព្រះជាម្ចាស់ ព្រមទាំងសញ្ញាណ និងការស្រមៃដែលគេមានចំពោះព្រះជាម្ចាស់ ប៉ះពាល់ដល់កិច្ចការរបស់ព្រះជាម្ចាស់ដែរឬទេ? អត់ទេ មិនប៉ះពាល់ទេ! មិនប៉ះពាល់សូម្បីតែបន្តិច! ផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់ មិនរងផលប៉ះពាល់ដោយសារមនុស្ស បញ្ហា ឬបរិយាកាសណាមួយឡើយ។ គ្រប់យ៉ាងដែលទ្រង់តាំងព្រះហឫទ័យធ្វើ នឹងត្រូវបំពេញ ហើយសម្រេចតាមពេលវេលា និងស្របតាមផែនការរបស់ទ្រង់ ហើយក៏គ្មានមនុស្សណាម្នាក់អាចរំខានកិច្ចការរបស់ទ្រង់បានដែរ។ ព្រះជាម្ចាស់មិនអើពើនឹងកត្តាមួយចំនួនក្នុងភាពល្ងីល្ងើ និងល្ងង់ខ្លៅរបស់មនុស្ស ព្រមទាំងកត្តាខ្លះដែលទាក់ទងនឹងការតតាំង និងសញ្ញាណដែលគេមានចំពោះទ្រង់ទេ ហើយទ្រង់ក៏នៅតែធ្វើកិច្ចការដែលទ្រង់ត្រូវធ្វើ ទោះបីជាយ៉ាងណាក៏ដោយ។ នេះជានិស្ស័យរបស់ព្រះជាម្ចាស់ និងជាការឆ្លុះបញ្ចាំងឲ្យឃើញពីសព្វានុភាពរបស់ព្រះអង្គ។
(«កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)
គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?