វិធីដែលព្រះជាម្ចាស់បើកបង្ហាញនិស្ស័យដ៏សុចរិតរបស់ទ្រង់ចំពោះមនុស្សជាតិ

05-09-2021

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖

នៅចុងបញ្ចប់នៃកិច្ចការបិទបញ្ចប់យុគសម័យរបស់ទ្រង់ និស្ស័យរបស់ព្រះជាម្ចាស់ គឺជាការវាយផ្ចាល និងការជំនុំជម្រះ ដែលទ្រង់បើកសម្ដែងពីគ្រប់ការទាំងអស់ដែលមិនសុចរិត គឺដើម្បីធ្វើការជំនុំជម្រះមនុស្សទាំងអស់ជាសាធារណៈ និងដើម្បីប្រោសអ្នកដែលស្រឡាញ់ទ្រង់ដែលមានដួងចិត្តស្មោះឲ្យបានគ្រប់លក្ខណ៍។ មានតែនិស្ស័យបែបនេះទេដែលអាចនាំយុគសម័យនេះទៅរកទីបញ្ចប់បាន។ គ្រាចុងក្រោយបានចូលមកដល់ហើយ។ របស់សព្វសារពើដែលបានបង្កើតមក នឹងត្រូវញែកដាច់ពីគ្នាទៅតាមប្រភេទរបស់វា ហើយត្រូវបែងចែងទៅតាមប្រភេទខុសគ្នាផ្អែកតាមលក្ខណៈរបស់ពួកគេ។ នេះគឺជាពេលវេលាដែលព្រះជាម្ចាស់បើកសម្ដែងពីលទ្ធផលរបស់មនុស្ស និងវាសនារបស់ពួកគេ។ ប្រសិនបើមនុស្សមិនបានឆ្លងកាត់ការវាយផ្ចាល និងការជំនុំជម្រះទេ នោះនឹងគ្មានផ្លូវដែលអាចសម្ដែងឲ្យយល់ពីការមិនស្ដាប់បង្គាប់ និងសេចក្ដីទុច្ចរិតរបស់ពួកគេបានឡើយ។ មានតែតាមរយៈការវាយផ្ចាល និងការជំនុំជម្រះប៉ុណ្ណោះទើបលទ្ធផលនៃរបស់សព្វសារពើដែលបានបង្កើតមក អាចត្រូវបើកសម្ដែងឲ្យឃើញបាន។ នៅពេលដែលត្រូវវាយផ្ចាល និងជំនុំជម្រះ មនុស្សគ្រាន់តែបង្ហាញពីពណ៌ពិតប្រាកដរបស់គេប៉ុណ្ណោះ។ មនុស្សអាក្រក់ ត្រូវដាក់ជាមួយមនុស្សអាក្រក់ មនុស្សល្អត្រូវដាក់ជាមួយមនុស្សល្អ ហើយមនុស្សទាំងអស់ត្រូវញែកដាច់ចេញពីគ្នាទៅតាមប្រភេទរបស់ពួកគេ។ តាមរយៈការវាយផ្ចាល និងការជំនុំជម្រះ លទ្ធផលនៃរបស់សព្វសារពើដែលបានបង្កើតមក នឹងត្រូវបើកសម្ដែងឲ្យឃើញ ដើម្បីឲ្យមនុស្សអាក្រក់អាចត្រូវដាក់ទោស ហើយមនុស្សល្អអាចទទួលបានរង្វាន់ ហើយគ្រប់មនុស្សទាំងអស់សុទ្ធតែស្ថិតក្រោមអំណាចត្រួតត្រារបស់ព្រះជាម្ចាស់។ គ្រប់កិច្ចការទាំងអស់នេះ ត្រូវតែសម្រេចឲ្យបានតាមរយៈការវាយផ្ចាល និងការជំនុំជម្រះដោយសុចរិត។ ដោយសារសេចក្ដីពុករលួយរបស់មនុស្សបានដល់កម្រិតកំពូល ហើយការមិនសម្ដាប់បង្គាប់របស់ពួកគេកាន់តែខ្លាំងឡើងៗ នោះមានតែនិស្ស័យសុចរិតរបស់ព្រះជាម្ចាស់ប៉ុណ្ណោះ ជានិស្ស័យមួយដែលបូកផ្សំជាគោលការណ៍នៃការវាយផ្ចាល និងការជំនុំជម្រះ និងជានិស្ស័យដែលត្រូវបើកបង្ហាញក្នុងអំឡុងគ្រាចុងក្រោយប៉ុណ្ណោះ ទើបអាចបំផ្លាស់បំប្រែ និងធ្វើឲ្យមនុស្សបានពេញខ្នាតទាំងស្រុង។ មានតែនិស្ស័យបែបនេះទេដែលអាចសម្ដែងឲ្យយល់ពីអំពើអាក្រក់ និងដាក់ទោសយ៉ាងធ្ងន់ធ្ងរលើមនុស្សទុច្ចរិតទាំងអស់បាន។ ហេតុនេះ និស្ស័យបែបនេះជ្រួតជ្រាបទៅដោយខ្លឹមសារសំខាន់នៃយុគសម័យនេះ ហើយការបើកសម្ដែង និងការបង្ហាញពីនិស្ស័យរបស់ទ្រង់ គឺធ្វើឡើងដើម្បីតែជាប្រយោជន៍នៃកិច្ចការនៅក្នុងយុគសម័យថ្មីនីមួយៗប៉ុណ្ណោះ។ ព្រះជាម្ចាស់មិនបើកសម្ដែងនិស្ស័យរបស់ទ្រង់តាមតែអំពើចិត្ត និងដោយគ្មានខ្លឹមសារនោះទេ។ ឧបមាថា ក្នុងការបើកសម្ដែងពីលទ្ធផលរបស់មនុស្សក្នុងអំឡុងគ្រាចុងក្រោយ ព្រះជាម្ចាស់នៅតែត្រូវប្រទានដល់មនុស្សនូវព្រះហឫទ័យក្ដួលអាណិត និងសេចក្ដីស្រឡាញ់ឥតគណនា និងបន្តសេចក្ដីស្រឡាញ់ដល់មនុស្ស និងមិនឲ្យមនុស្សស្ថិតក្រោមការជំនុំជម្រះដោយសុចរិត ប៉ុន្តែបែរជាបង្ហាញដល់ពួកគេនូវការអត់ឱន ការអត់ទ្រាំ និងការអត់ទោស និងការលើកលែងទោសដល់មនុស្សទៅវិញ មិនថាពួកគេមានអំពើបានខ្លាំងយ៉ាងណានោះទេ គឺគ្មានការជំនុំជម្រះសុចរិតណាមួយឡើយ៖ ដូច្នេះ តើពេលណាដែលការគ្រប់គ្រងទាំងអស់របស់ព្រះជាម្ចាស់ នឹងអាចចូលដល់ទីបញ្ចប់បានទៅ? តើនៅពេលណាដែលនិស្ស័យបែបនេះ នឹងអាចដឹកនាំមនុស្សទៅរកវាសនាសមស្របរបស់មនុស្សជាតិបាន? ឧទាហរណ៍ ចៅក្រមម្នាក់ដែលគួរឲ្យស្រឡាញ់ ជាចៅក្រមដែលមានទឹកមុខសប្បុរស និងមានសណ្ដានចិត្តល្អ។ គាត់ស្រឡាញ់មនុស្ស មិនខ្វល់ថាពួកគេបានប្រព្រឹត្តទោសកំហុសអ្វីឡើយ ហើយគាត់ស្រឡាញ់ និងអត់ឱនដល់ពួកគេមិនថាពួកគេជានរណានោះទេ។ នៅក្នុងករណីនោះ តើពេលណាដែលគាត់អាចកាត់ក្ដីដោយយុត្តិធម៌បានទៅ? ក្នុងអំឡុងគ្រាចុងក្រោយ មានតែការជំនុំជម្រះដោយសុចរិតប៉ុណ្ណោះដែលអាចញែកមនុស្សស្របទៅតាមប្រភេទរបស់ពួកគេបាន និងនាំមនុស្សទៅកាន់ពិភពថ្មីមួយ។ តាមរបៀបនេះ យុគសម័យទាំងមូល ត្រូវបាននាំទៅរកទីបញ្ចប់តាមរយៈនិស្ស័យសុចរិតរបស់ព្រះជាម្ចាស់នៅក្នុងការជំនុំជម្រះ និងការវាយផ្ចាល។

(«និមិត្តអំពីកិច្ចការរបស់ព្រះជាម្ចាស់ (៣)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ព្រះជាម្ចាស់បានត្រលប់ជាសាច់ឈាមនៅក្នុងទីកន្លែងដ៏ស្មោកគ្រោក និងមិនសូវអភិវឌ្ឍបំផុត ហើយមានតែធ្វើបែបនេះទេ ទើបព្រះជាម្ចាស់អាចបង្ហាញយ៉ាងច្បាស់អំពីភាពទាំងស្រុងនៃនិស្ស័យដ៏បរិសុទ្ធ និងសុចរិតរបស់ទ្រង់។ តើនិស្ស័យដ៏សុចរិតរបស់ទ្រង់ត្រូវបានបង្ហាញចេញតាមរយៈអ្វីទៅ? គឺត្រូវបានបង្ហាញចេញ នៅពេលដែលទ្រង់ជំនុំជម្រះអំពើបាបរបស់មនុស្ស នៅពេលដែលទ្រង់ជំនុំជម្រះសាតាំង នៅពេលដែលទ្រង់ស្អប់ខ្ពើមអំពើបាប និងនៅពេលដែលទ្រង់ស្អប់ខ្ពើមខ្មាំងសត្រូវដែលប្រឆាំង និងបះបោរទាស់នឹងទ្រង់។ ព្រះបន្ទូលដែលខ្ញុំថ្លែងនាពេលសព្វថ្ងៃនេះ គឺដើម្បីជំនុំជម្រះអំពើបាបរបស់មនុស្ស ដើម្បីជំនុំជម្រះសេចក្តីទុច្ចរិតរបស់មនុស្ស ដើម្បីដាក់បណ្ដាសាចំពោះការមិនស្ដាប់បង្គាប់របស់មនុស្ស។ សេចក្តីវៀចវេរ និងការបោកបញ្ឆោតរបស់មនុស្ស ពាក្យសម្ដី និងទង្វើរបស់មនុស្ស ដែលមិនស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ត្រូវតែទទួលការជំនុំជម្រះ ហើយការមិនស្ដាប់បង្គាប់របស់មនុស្សត្រូវបានប្រកាសថាជាអំពើបាប។ ព្រះអង្គមានបន្ទូលដដែលៗជុំវិញគោលការណ៍នៃការជំនុំជម្រះ ហើយព្រះអង្គប្រើការជំនុំជម្រះចំពោះសេចក្តីទុច្ចរិតរបស់មនុស្ស បណ្ដាសាចំពោះការបះបោររបស់មនុស្ស និងការលាតត្រដាងមុខមាត់ដ៏អាក្រក់របស់មនុស្ស ដើម្បីបង្ហាញចេញអំពីនិស្ស័យដ៏សុចរិតរបស់ទ្រង់។ ភាពបរិសុទ្ធតំណាងឲ្យនិស្ស័យដ៏សុចរិតរបស់ទ្រង់ ហើយតាមពិតទៅ ភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ គឺជានិស្ស័យដ៏សុចរិតរបស់ទ្រង់តែម្ដង។ និស្ស័យដ៏ពុករលួយរបស់អ្នករាល់គ្នាគឺជាបរិបទនៃព្រះបន្ទូលនាពេលសព្វថ្ងៃនេះ ដ្បិតខ្ញុំប្រើព្រះបន្ទូលទាំងនោះ ដើម្បីថ្លែង និងជំនុំជម្រះ ព្រមទាំងដើម្បីអនុវត្តកិច្ចការយកឈ្នះ។ មានតែកិច្ចការនេះប៉ុណ្ណោះ ទើបជាកិច្ចការដ៏ពិត និងធ្វើឲ្យភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ជះពន្លឺយ៉ាងពេញលេញ។ បើគ្មានដាននៃនិស្ស័យដ៏ពុករលួយមួយនៅក្នុងអ្នកទេ នោះព្រះជាម្ចាស់នឹងមិនជំនុំជម្រះអ្នកទេ ហើយព្រះអង្គក៏នឹងមិនបង្ហាញដល់អ្នកអំពីនិស្ស័យដ៏សុចរិតរបស់ទ្រង់នោះដែរ។ ដោយសារតែអ្នកមាននិស្ស័យដ៏ពុករលួយមួយ ទើបព្រះជាម្ចាស់នឹងមិនអត់ឱនដល់អ្នក ហើយមានតែតាមរយៈការនេះទេ ទើបភាពបរិសុទ្ធរបស់ទ្រង់ត្រូវបានបង្ហាញចេញ។ បើព្រះជាម្ចាស់ទតឃើញថា សេចក្តីស្មោកគ្រោក និងការបះបោររបស់មនុស្សមានភាពធំធេងខ្លាំងបែបនេះ តែព្រះអង្គនៅស្ងៀមមិនមានបន្ទូល មិនជំនុំជម្រះ ឬមិនវាយផ្ចាលអ្នកចំពោះសេចក្តីទុច្ចរិតរបស់អ្នកទេ នោះការនេះនឹងបញ្ជាក់បានថា ព្រះអង្គមិនមែនជាព្រះជាម្ចាស់ឡើយ ដ្បិតព្រះអង្គគ្មានការស្អប់ចំពោះអំពើបាប ហើយទ្រង់នឹងមានសេចក្តីស្មោកគ្រោកដូចជាមនុស្សដែរ។ នៅថ្ងៃនេះ ដោយសារតែសេចក្តីស្មោកគ្រោករបស់អ្នកហើយ ទើបខ្ញុំជំនុំជម្រះអ្នក និងដោយសារតែសេចក្តីពុករលួយ និងការបះបោររបស់អ្នកហើយ ទើបខ្ញុំវាយផ្ចាលអ្នក។ ខ្ញុំមិនមែនកំពុងសម្ញែងព្រះចេស្ដារបស់ខ្ញុំដល់អ្នករាល់គ្នា ឬសង្កត់សង្កិនអ្នករាល់គ្នាទេ ផ្ទុយទៅវិញ ខ្ញុំធ្វើកិច្ចការទាំងនេះ ដោយសារតែអ្នករាល់គ្នា ដែលបានកើតមកនៅក្នុងទឹកដីដ៏ស្មោកគ្រោកនេះ បានប្រឡាក់ប្រឡូកយ៉ាងធ្ងន់ធ្ងរដោយសេចក្តីស្មោកគ្រោក។ អ្នករាល់គ្នាបានបាត់បង់សុចរិតភាព និងភាពជាមនុស្សរបស់អ្នក ហើយអ្នកបានក្លាយដូចជាសត្វជ្រូក ដែលបានកើតមកនៅកាច់ជ្រុងដ៏កខ្វក់បំផុតនៃពិភពលោក ដូច្នេះ ព្រោះតែបែបនេះហើយ ទើបអ្នករាល់គ្នាទទួលការជំនុំជម្រះ ហើយខ្ញុំបញ្ចេញសេចក្តីក្រោធរបស់ខ្ញុំចំពោះអ្នករាល់គ្នានោះ។ ដោយសារតែការជំនុំជម្រះនេះ ទើបអ្នករាល់គ្នាអាចមើលឃើញយ៉ាងច្បាស់ថា ព្រះជាម្ចាស់ជាព្រះដ៏សុចរិត និងថាព្រះជាម្ចាស់ជាព្រះដ៏បរិសុទ្ធ ហើយដោយព្រោះតែភាពបរិសុទ្ធ និងសេចក្តីសុចរិតរបស់ទ្រង់នេះហើយ ទើបព្រះអង្គជំនុំជម្រះអ្នករាល់គ្នា និងបញ្ចេញសេចក្តីក្រោធរបស់ទ្រង់ចំពោះអ្នករាល់គ្នានោះ។ ដោយសារតែព្រះអង្គអាចបើកសម្ដែងនិស្ស័យដ៏សុចរិតរបស់ទ្រង់ នៅពេលដែលទ្រង់ទតឃើញការបះបោររបស់មនុស្ស និងដោយសារតែទ្រង់អាចបើកសម្ដែងភាពបរិសុទ្ធរបស់ទ្រង់ នៅពេលដែលទ្រង់ទតឃើញសេចក្តីស្មោកគ្រោករបស់មនុស្ស ទើបវាគ្រប់គ្រាន់នឹងបង្ហាញថា ព្រអង្គជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ដែលបរិសុទ្ធ និងឥតខ្ចោះ តែគង់នៅក្នុងទឹកដីនៃសេចក្តីស្មោកគ្រោក។ បើមនុស្សម្នាក់ត្រាំននៀលនៅក្នុងភក់ជាមួយអ្នកដទៃ ហើយវាគ្មានអ្វីមួយបរិសុទ្ធអំពីគាត់ ហើយគាត់គ្មាននិស្ស័យដ៏សុចរិតទេ នោះគាត់គ្មានគុណសម្បត្តិគ្រប់គ្រាន់ ដើម្បីជំនុំជម្រះភាពទុច្ចរិតរបស់មនុស្ស ហើយក៏មិនស័ក្ដិសមក្នុងការអនុវត្តការជំនុំជម្រះចំពោះមនុស្សដែរ។ បើមនុស្សម្នាក់ត្រូវជំនុំជម្រះបុគ្គលម្នាក់ទៀត តើវាមិនដូចជាពួកគេកំពុងតែទះកំផ្លៀងខ្លួនឯងទេឬអី? តើមនុស្សដែលស្មោកគ្រោកដូចជាបុគ្គលម្នាក់ទៀតអាចមានគុណសម្បត្តិគ្រប់គ្រាន់ ដើម្បីជំនុំជម្រះអ្នកដទៃដែលដូចជាពួកគេបានយ៉ាងដូចម្ដេច? មានតែព្រះជាម្ចាស់ដ៏បរិសុទ្ធផ្ទាល់ព្រះអង្គប៉ុណ្ណោះ ទើបអាចជំនុំជម្រះមនុស្សជាតិដ៏ស្មោកគ្រោកទាំងមូលនេះបាន។ តើមនុស្សអាចជំនុំជម្រះអំពើបាបរបស់មនុស្សបានដោយរបៀបណា? តើមនុស្សអាចមើលឃើញអំពើបាបរបស់មនុស្សបានយ៉ាងដូចម្ដេច? ហើយមនុស្សមានគុណសម្បត្តិគ្រប់គ្រាន់ ដើម្បីថ្កោលទោសអំពើបាបទាំងនេះដោយរបៀបណា? បើព្រះជាម្ចាស់គ្មានគុណសម្បត្តិគ្រប់គ្រាន់ ដើម្បីជំនុំជម្រះអំពើបាបរបស់មនុស្សទេ តើព្រះអង្គអាចក្លាយជាព្រះជាម្ចាស់ដ៏សុចរិតដោយផ្ទាល់ព្រះអង្គបានយ៉ាងដូចម្ដេច? នៅពេលដែលនិស្ស័យដ៏ពុករលួយរបស់មនុស្សត្រូវបានបើកសម្ដែង ព្រះជាម្ចាស់មានបន្ទូល ដើម្បីជំនុំជម្រះមនុស្ស ហើយមានតែបែបនេះទេ ទើបមនុស្សមើលឃើញថា ព្រះអង្គបរិសុទ្ធ។ នៅពេលដែលទ្រង់ជំនុំជម្រះ និងវាយផ្ចាលមនុស្សសម្រាប់អំពើបាបរបស់គេ ទាំងលាតត្រដាងគ្រប់អំពើបាបរបស់មនុស្ស នោះគ្មាននរណាម្នាក់ ឬអ្វីមួយអាចរួចខ្លួនពីការជំនុំជម្រះនេះបានទេ ព្រោះថារាល់អ្វីដែលស្មោកគ្រោកត្រូវបានទ្រង់ជំនុំជម្រះ ហើយមានតែបែបនេះទេ ទើបនិស្ស័យរបស់ទ្រង់អាចត្រូវបានថ្លែងឡើងថាមានភាពសុចរិត។ បើវាមិនបែបនេះទេ តើគេអាចនិយាយបានថា អ្នករាល់គ្នាជាមនុស្សបន្ទាប់បន្សំ ទាំងឈ្មោះ និងការពិតបានយ៉ាងដូចម្ដេច?

(«របៀបសម្រេចបានប្រសិទ្ធភាពចំពោះជំហានទីពីរនៃកិច្ចការនៃការយកឈ្នះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

តើអ្នកមានចំណេះដឹងកម្រិតណាដែរសព្វថ្ងៃនេះ? យោបល់ គំនិត អាកប្បកិរិយា ពាក្យសម្ដី និងទង្វើរបស់អ្នក តើការទាំងអស់នេះមិនមានតម្លៃស្មើនឹងមនុស្សបន្ទាប់បន្សំទេឬអី បើធៀបទៅនឹងសេចក្តីសុចរិត និងភាពបរិសុទ្ធរបស់ព្រះជាម្ចាស់នោះ? តើទង្វើរបស់អ្នករាល់គ្នាមិនមែនជាការបង្ហាញអំពីនិស្ស័យដ៏ពុករលួយដែលត្រូវបានបើកសម្ដែងដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់ទេឬ? គំនិត និងយោបល់របស់អ្នក ការជំរុញចិត្តរបស់អ្នក និងសេចក្តីពុករលួយដែលត្រូវបានបើកសម្ដែងនៅក្នុងអ្នក បង្ហាញអំពីនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ ក៏ដូចជាភាពបរិសុទ្ធរបស់ទ្រង់។ ព្រះជាម្ចាស់ក៏បានប្រសូតមកនៅក្នុងទឹកដីដ៏ស្មោកគ្រោកដែរ ប៉ុន្តែ ព្រះអង្គបន្តរក្សាខ្លួនបរិសុទ្ធពីសេចក្តីស្មោកគ្រោក។ ព្រះអង្គរស់នៅក្នុងពិភពដ៏ស្មោកគ្រោកដូចជាអ្នកដែរ ប៉ុន្តែព្រះអង្គមានហេតុផល និងទស្សនៈយល់ដឹង ហើយព្រះអង្គស្អប់ខ្ពើមសេចក្តីស្មោកគ្រោក។ អ្នកប្រហែលជារកមិនឃើញអ្វីមួយស្មោកគ្រោកនៅក្នុងពាក្យសម្ដី និងទង្វើរបស់អ្នកឡើយ ប៉ុន្តែ ទ្រង់អាចលើកឡើងពីសេចក្តីស្មោកគ្រោកទាំងនោះ ដើម្បីឲ្យអ្នកបានដឹង។ សេចក្តីចាស់ៗទាំងនោះរបស់អ្នក ដូចជា កង្វះនៃការអភិវឌ្ឍ ការយល់ដឹងជ្រៅជ្រះ និងញាណរបស់អ្នក ព្រមទាំងរបៀបរស់នៅចាស់គំរឹលរបស់អ្នក ឥឡូវនេះត្រូវបានលេចឡើងឲ្យឃើញ តាមរយៈការបើកសម្ដែងនាពេលសព្វថ្ងៃនេះ ហើយមានតែតាមរយៈព្រះជាម្ចាស់ដែលយាងមកកាន់ផែនដី ដើម្បីធ្វើកិច្ចការនេះប៉ុណ្ណោះ ទើបមនុស្សអាចមើលឃើញពីភាពបរិសុទ្ធ និងនិស្ស័យដ៏សុចរិតរបស់ទ្រង់។ ព្រះអង្គជំនុំជម្រះ និងវាយផ្ចាលអ្នក ដើម្បីឲ្យអ្នកទទួលបានការយល់ដឹង។ ពេលខ្លះ ធម្មជាតិបែបអារក្សរបស់អ្នកត្រូវបានសម្ដែងចេញ ហើយព្រះអង្គលើកវាឡើងឲ្យអ្នកដឹង។ ព្រះអង្គជ្រាបអំពីសារជាតិរបស់មនុស្សយ៉ាងច្បាស់ក្រឡែត។ ទ្រង់គង់នៅក្នុងចំណោមអ្នករាល់គ្នា ព្រះអង្គសោយអាហារដូចអ្នក ហើយទ្រង់គង់នៅក្នុងបរិយាកាសដូចគ្នាដែរ ប៉ុន្តែទោះបីបែបនេះក៏ដោយ ក៏ទ្រង់ជ្រាបច្រើនជាងអ្នកដែរ។ ព្រះអង្គអាចលាតត្រដាងដល់អ្នកឲ្យមើលឃើញពីសារជាតិនៃភាពជាមនុស្សដ៏ពុករលួយ។ គ្មានអ្វីមួយដែលព្រះអង្គស្អប់ខ្ពើមខ្លាំងជាងទស្សនវិជ្ជារបស់មនុស្សសម្រាប់ការរស់នៅ ព្រមទាំងភាពវៀចវេរ និងភាពបោកបញ្ឆោតរបស់គេឡើយ។ ព្រះអង្គស្អប់ណាស់អន្តរកម្មខាងសាច់ឈាមរបស់មនុស្ស។ ព្រះអង្គប្រហែលជាមិនស្គាល់ទស្សនវិជ្ជារបស់មនុស្សសម្រាប់ការរស់នៅទេ ប៉ុន្តែ ព្រះអង្គអាចទតឃើញយ៉ាងច្បាស់ និងលាតត្រដាងពីនិស្ស័យដ៏ពុករលួយដែលមនុស្សបើកសម្ដែងនោះ។ ព្រះអង្គធ្វើការ ដើម្បីមានបន្ទូល និងបង្រៀនដល់មនុស្សតាមរយៈសេចក្តីទាំងនេះ ព្រះអង្គប្រើសេចក្តីទាំងនេះ ដើម្បីជំនុំជម្រះមនុស្ស និងដើម្បីសម្ដែងចេញពីនិស្ស័យដ៏សុចរិត និងបរិសុទ្ធរបស់ទ្រង់ផ្ទាល់។

(«របៀបសម្រេចបានប្រសិទ្ធភាពចំពោះជំហានទីពីរនៃកិច្ចការនៃការយកឈ្នះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ការលែងអត់ឱនរបស់ព្រះជាម្ចាស់ចំពោះការបំពាន គឺជាលក្ខណៈសំខាន់ដែលមានតែមួយគត់របស់ទ្រង់។ ព្រះពិរោធរបស់ព្រះជាម្ចាស់ គឺជានិស្ស័យដែលមានតែមួយគត់របស់ទ្រង់។ ឫទ្ធានុភាពរបស់ព្រះជាម្ចាស់ គឺជានិស្ស័យតែមួយគត់របស់ទ្រង់។ គោលការណ៍ដែលនៅពីក្រោយព្រះពិរោធរបស់ព្រះជាម្ចាស់ គឺជាការបង្ហាញឲ្យឃើញពីអត្តសញ្ញាណ និងឋានៈរបស់ទ្រង់ ដែលជាកម្មសិទ្ធិផ្ដាច់មុខរបស់ទ្រង់តែមួយប៉ុណ្ណោះ។ គឺអាចនិយាយមួយបែបទៀតថា គោលការណ៍នេះក៏ជានិមិត្តសញ្ញាអំពីលក្ខណៈសំខាន់របស់ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គតែមួយអង្គគត់ដែរ។ និស្ស័យរបស់ព្រះជាម្ចាស់ គឺជាលក្ខណៈសំខាន់ដែលមានតាំងពីដើមមករបស់ទ្រង់ ដែលមិនអាចផ្លាស់ប្ដូរទៅតាមពេលវេលា ហើយក៏មិនអាចផ្លាស់ប្រែទៅតាមទីតាំងភូមិសាស្ត្រនោះដែរ។ និស្ស័យពីដើមរបស់ទ្រង់ គឺជាលក្ខណៈសំខាន់ខាងក្នុងរបស់ទ្រង់។ មិនថាទ្រង់អនុវត្តកិច្ចការរបស់ទ្រង់ចំពោះនរណាឡើយ ក៏លក្ខណៈសំខាន់របស់ទ្រង់មិនផ្លាស់ប្ដូរឡើយ ហើយនិស្ស័យដ៏សុចរិតរបស់ទ្រង់ក៏មិនផ្លាស់ប្រែដែរ។ នៅពេលដែលមនុស្សម្នាក់ធ្វើឲ្យព្រះជាម្ចាស់ខ្ញាល់ ការអ្វីដែលព្រះជាម្ចាស់បញ្ចេញនោះ គឺជានិស្ស័យដែលមានតាំងពីដើមមករបស់ទ្រង់ ហើយក្នុងពេលជាមួយគ្នានោះ គោលការណ៍ដែលនៅពីក្រោយព្រះពិរោធរបស់ទ្រង់មិនផ្លាស់ប្ដូរឡើយ ហើយអត្តសញ្ញាណ និងឋានៈដែលមានតែមួយគត់របស់ទ្រង់ ក៏មិនផ្លាស់ប្រែដែរ។ ទ្រង់មិនមានព្រះពិរោធ ដោយសារតែការផ្លាស់ប្ដូរនៅក្នុងលក្ខណៈសំខាន់របស់ទ្រង់ ឬដោយសារតែមានសមាសធាតុខុសៗគ្នាលេចចេញពីនិស្ស័យរបស់ទ្រង់ឡើយ ប៉ុន្តែ ដោយសារតែការប្រឆាំងរបស់មនុស្សចំពោះទ្រង់បំពានលើនិស្ស័យរបស់ទ្រង់។ ការបំពានជាក់ស្ដែងរបស់មនុស្សចំពោះព្រះជាម្ចាស់ គឺជាបទល្មើសដ៏ធ្ងន់ធ្ងរមួយចំពោះអត្តសញ្ញាណ និងឋានៈរបស់ព្រះជាម្ចាស់។ នៅក្នុងទស្សនៈរបស់ព្រះជាម្ចាស់ នៅពេលដែលមនុស្សប្រឆាំងនឹងទ្រង់ មនុស្សកំពុងតែប្រកួតជាមួយទ្រង់ និងកំពុងតែសាកល្បងជាមួយព្រះពិរោធរបស់ទ្រង់។ នៅពេលដែលមនុស្សប្រឆាំងនឹងព្រះជាម្ចាស់ នៅពេលដែលមនុស្សប្រកួតជាមួយព្រះជាម្ចាស់ នៅពេលដែលមនុស្សបន្តសាកល្បងព្រះពិរោធរបស់ព្រះជាម្ចាស់ ហើយនេះជាពេលដែលអំពើបាបរាលដាលទប់លែងបាន ពេលនោះ ព្រះពិរោធរបស់ព្រះជាម្ចាស់នឹងបើកសម្ដែង និងបង្ហាញចេញមកជាមិនខាន។ ដូច្នេះ ការបង្ហាញព្រះពិរោធរបស់ព្រះជាម្ចាស់ គឺជានិមិត្តសញ្ញាមួយដែលបង្ហាញថា រាល់កម្លាំងអាក្រក់ទាំងអស់នឹងត្រូវលែងមាន ហើយវាក៏ជានិមិត្តសញ្ញាមួយបង្ហាញថា គ្រប់កម្លាំងប្រឆាំងទាំងអស់នឹងត្រូវបំផ្លាញអស់ដែរ។ នេះគឺជាភាពមានតែមួយគត់នៃនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ និងអំពីព្រះពិរោធរបស់ព្រះជាម្ចាស់។ នៅពេលដែលសេចក្តីថ្លៃថ្នូរ និងភាពបរិសុទ្ធរបស់ព្រះជាម្ចាស់ត្រូវបានប្រឆាំង នៅពេលដែលកម្លាំងនៃសេចក្តីយុត្តិធម៌ត្រូវបានរាំងស្ទះ ហើយមនុស្សមើលមិនឃើញ នោះព្រះជាម្ចាស់នឹងបញ្ចេញព្រះពិរោធរបស់ទ្រង់មិនខាន។ ដោយសារតែលក្ខណៈសំខាន់របស់ព្រះជាម្ចាស់ រាល់កម្លាំងទាំងអស់នៅលើផែនដីដែលប្រកួត ប្រឆាំង និងប្រយុទ្ធទាស់នឹងព្រះជាម្ចាស់ សុទ្ធតែជាកម្លាំងអាក្រក់ ពុករលួយ និងអយុត្តិធម៌ ហើយកម្លាំងទាំងនោះសុទ្ធតែមកពីសាតាំង និងជាគ្នីគ្នារបស់វាទាំងអស់។ ដោយសារតែព្រះជាម្ចាស់ទ្រង់យុត្តិធម៌ ជាពន្លឺ និងបរិសុទ្ធ ដូច្នេះ គ្រប់អ្វីៗដែលអាក្រក់ ពុករលួយ និងជាគ្នីគ្នារបស់សាតាំង នឹងត្រូវវិនាសហិនហោចអស់ នៅពេលដែលព្រះពិរោធរបស់ព្រះជាម្ចាស់ត្រូវបានបញ្ចេញមក។

(«ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

នៅពេលដែលព្រះជាម្ចាស់បញ្ចេញសេចក្តីក្រោធរបស់ទ្រង់ កម្លាំងអាក្រក់ត្រូវបានត្រួតពិនិត្យ ហើយការអាក្រក់ៗត្រូវបានបំផ្លាញ ខណៈពេលដែលសេចក្ដីយុត្តិធម៌ និងវិជ្ជមាន ចាប់ផ្ដើមរីករាយចំពោះការយកចិត្តទុកដាក់ និងការការពាររបស់ព្រះជាម្ចាស់ ហើយគេទទួលបានការអនុញ្ញាតឲ្យបន្តទៀត។ ព្រះជាម្ចាស់បញ្ចេញសេចក្ដីក្រោធរបស់ទ្រង់ ដោយសារតែរឿងអយុត្តិធម៌ អវិជ្ជមាន និងអាក្រក់ ជារឿងដែលបង្អាក់ រំខាន ឬបំផ្លាញដល់សកម្មភាពធម្មតា និងការអភិវឌ្ឍនៃអ្វីៗដែលយុត្តិធម៌ និងវិជ្ជមាន។ គោលដៅនៃព្រះពិរោធរបស់ព្រះជាម្ចាស់ គឺមិនមែនការពារដល់ឋានៈ និងអត្តសញ្ញាណរបស់ទ្រង់ផ្ទាល់ឡើយ ប៉ុន្តែ ដើម្បីការពារដល់អត្ថិភាពនៃអ្វីៗដែលយុត្តិធម៌ វិជ្ជមាន ស្រស់ស្អាត និងល្អ ដើម្បីការពារច្បាប់ និងសណ្ដាប់ធ្នាប់នៃការរស់រានមានជីវិតធម្មតារបស់មនុស្ស។ នេះគឺជាឫសគល់នៃសេចក្ដីក្រោធរបស់ព្រះជាម្ចាស់។ ព្រះពិរោធរបស់ព្រះជាម្ចាស់ គឺជាការបើកសម្ដែងដ៏ត្រឹមត្រូវ តាមធម្មជាតិ និងដ៏ពិតប្រាកដអំពីនិស្ស័យរបស់ទ្រង់។ នៅក្នុងព្រះពិរោធរបស់ទ្រង់គ្មានចេតនាលាក់កំបាំង ហើយក៏គ្មានការបោកបញ្ឆោត ឬផែនការអាក្រក់នោះដែរ គឺខុសឆ្ងាយណាស់ពីបំណងប្រាថ្នា ល្បិចកល ការព្យាបាទ ភាពហិង្សា អំពើអាក្រក់ ឬនិស្ស័យដ៏ពុករលួយផ្សេងទៀតរបស់មនុស្ស។ មុនពេលព្រះជាម្ចាស់បញ្ចេញព្រះពិរោធរបស់ទ្រង់ ទ្រង់បានយល់យ៉ាងច្បាស់ និងយ៉ាងពេញលេញរួចហើយអំពីសារជាតិនៃអ្វីៗទាំងអស់ ហើយទ្រង់បានបង្កើតនូវនិយមន័យ និងសេចក្តីសន្និដ្ឋានដ៏សុក្រឹត្យ និងច្បាស់លាស់។ ដូច្នេះ កម្មវត្ថុរបស់ព្រះជាម្ចាស់នៅក្នុងគ្រប់កិច្ចការដែលទ្រង់ធ្វើ គឺមានភាពច្បាស់លាស់ ដូចជាឥរិយាបថរបស់ទ្រង់ដូច្នេះដែរ។ ទ្រង់មិនមែនជាព្រះដែលព្រះតម្រិះមិនលះ ទតមើលមិនឃើញ ធ្វើអ្វីមួយបែបតក់ក្រហល់ ឬខ្វះការប្រុងប្រយ័ត្នឡើយ ហើយទ្រង់ក៏មិនមែនជាព្រះដែលធ្វើអ្វីមួយ ដោយគ្មានគោលការណ៍នោះដែរ។ នេះគឺជាទិដ្ឋភាពជាក់ស្ដែងមួយអំពីព្រះសេចក្ដីក្រោធរបស់ព្រះជាម្ចាស់ ហើយវាដោយសារតែទិដ្ឋភាពជាក់ស្ដែងនៃសេចក្ដីក្រោធរបស់ព្រះជាម្ចាស់នេះហើយ ទើបមនុស្សបានទទួលអត្ថិភាពធម្មតារបស់ខ្លួន។ បើគ្មានព្រះពិរោធរបស់ព្រះជាម្ចាស់ទេ នោះមនុស្សជាតិនឹងធ្លាក់ចូលទៅក្នុងលក្ខខណ្ឌរស់នៅខុសប្រក្រតី ហើយអ្វីៗទាំងអស់ដែលយុត្តិធម៌ ស្រស់ស្អាត និងល្អ នឹងត្រូវបានបំផ្លាញ ហើយលែងមានអត្ថិភាពតទៅទៀតមិនខាន។ បើគ្មានព្រះពិរោធរបស់ព្រះជាម្ចាស់ទេ នោះច្បាប់ និងក្រឹត្យវិន័យនៃអត្ថិភាពសម្រាប់ភាវៈដែលត្រូវបានបង្កើតមក នឹងត្រូវបានល្មើស ឬថែមទាំងបំផ្លាញចោលទៀតផង។ ដោយសារតែការបង្កើតមនុស្ស ព្រះជាម្ចាស់បានបន្តប្រើប្រាស់និស្ស័យដ៏សុចរិតរបស់ទ្រង់ ដើម្បីការពារ និងថែរក្សាអត្ថិភាពធម្មតារបស់មនុស្ស។ ដោយសារតែនិស្ស័យដ៏សុចរិតរបស់ទ្រង់មានផ្ទុកនូវសេចក្ដីក្រោធ និងឫទ្ធានុភាព ដូច្នេះ មនុស្ស របស់សព្វសារពើ និងវត្ថុដ៏អាក្រក់ទាំងអស់ ហើយរាល់អ្វីៗដែលរំខាន និងធ្វើឲ្យខូចដល់អត្ថិភាពធម្មតារបស់មនុស្ស នឹងត្រូវទទួលទោស ត្រួតត្រា និងបំផ្លាញចោល ដែលជាលទ្ធផលចេញពីសេចក្ដីក្រោធរបស់ទ្រង់។ អស់រយៈពេលជាងប៉ុន្មានពាន់ឆ្នាំមកនេះ ព្រះជាម្ចាស់បានបន្តប្រើនិស្ស័យដ៏សុចរិតរបស់ទ្រង់ ដើម្បីកម្ទេច និងបំផ្លាញពួកវិញ្ញាណស្មោកគ្រោក និងអាក្រក់គ្រប់ប្រភេទ ដែលប្រឆាំងនឹងព្រះជាម្ចាស់ ព្រមទាំងពួកសមគំនិត និងជាកញ្ជះដាច់ថ្លៃរបស់សាតាំងនៅក្នុងកិច្ចការគ្រប់គ្រងមនុស្សរបស់ព្រះជាម្ចាស់។ ដូច្នេះ កិច្ចការនៃការសង្រ្គោះមនុស្សរបស់ព្រះជាម្ចាស់តែងតែជឿនលឿនទៅមុខជានិច្ច ស្របតាមផែនការរបស់ទ្រង់។ គឺអាចនិយាយបានថា ដោយសារតែអត្ថិភាពនៃសេចក្ដីក្រោធរបស់ព្រះជាម្ចាស់ បុព្វហេតុដ៏សុចរិតបំផុតរបស់មនុស្សមិនត្រូវបានបំផ្លាញឡើយ។

(«ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

ការប្រព្រឹត្តរបស់ព្រះជាម្ចាស់ចំពោះមនុស្សជាតិដ៏ល្ងង់ខ្លៅ និងល្ងីល្ងើនេះ គឺអាស្រ័យជាចម្បងទៅលើសេចក្តីមេត្តាករុណា និងការអត់ឱន។ នៅក្នុងន័យម្យ៉ាងទៀត ព្រះពិរោធរបស់ទ្រង់ត្រូវបានលាក់ទុកអស់រយៈពេលយ៉ាងយូរ និងនៅក្នុងហេតុការណ៍យ៉ាងច្រើន ហើយទ្រង់មិនដែលបង្ហាញវាចេញឲ្យមនុស្សដឹងឡើយ។ ជាលទ្ធផល មនុស្សពិបាកក្នុងការមើលឃើញព្រះជាម្ចាស់បង្ហាញព្រះពិរោធរបស់ទ្រង់ណាស់ ហើយគេក៏ពិបាកយល់ពីព្រះពិរោធរបស់ទ្រង់ដែរ។ ដូច្នេះហើយបានជាមនុស្សមើលស្រាលព្រះពិរោធរបស់ព្រះជាម្ចាស់។ នៅពេលដែលមនុស្សប្រឈមជាមួយកិច្ចការចុងក្រោយរបស់ព្រះជាម្ចាស់ និងជំហាននៃការអត់ឱន និងការអត់ទោសរបស់ទ្រង់ចំពោះមនុស្ស នោះហើយជាពេលដែលសេចក្តីមេត្តាករុណាចុងក្រោយរបស់ព្រះជាម្ចាស់ និងសេចក្តីព្រមានចុងក្រោយរបស់ទ្រង់ ធ្លាក់មកលើមនុស្ស ហើយបើមនុស្សនៅតែប្រើប្រាស់វិធីសាស្ត្រដដែល ដើម្បីប្រឆាំងនឹងព្រះជាម្ចាស់ ហើយមិនខំប្រែចិត្ត កែកុនផ្លូវរបស់ខ្លួន ហើយទទួលយកសេចក្តីមេត្តាករុណរបស់ទ្រង់ទេ នោះព្រះជាម្ចាស់នឹងលែងមានព្រះទ័យអត់ឱន និងអត់ធ្មត់ចំពោះពួកគេទៀតហើយ។ ផ្ទុយទៅវិញ ព្រះជាម្ចាស់នឹងដកទុកសេចក្តីមេត្តាករុណារបស់ទ្រង់វិញនៅពេលនោះ។ ក្រោយមក ទ្រង់នឹងបញ្ចេញតែព្រះពិរោធរបស់ទ្រង់ប៉ុណ្ណោះ។ ទ្រង់អាចសម្ដែងព្រះពិរោធរបស់ទ្រង់នៅក្នុងរបៀបខុសៗគ្នាជាច្រើន ដូចដែលទ្រង់អាចប្រើប្រាស់វិធីសាស្ត្រផ្សេងៗ ដើម្បីដាក់ទោស និងបំផ្លាញមនុស្សយ៉ាងនោះដែរ។

ការដែលព្រះជាម្ចាស់ប្រើប្រាស់ភ្លើង ដើម្បីបំផ្លាញទីក្រុងសូដុម គឺជាវិធីសាស្ត្រដ៏លឿនបំផុត ដើម្បីបំផ្លាញមនុស្ស ឬអ្វីមួយឲ្យវិនាសសាបសូន្យ។ ការដុតបំផ្លាញអ្នកក្រុងសូដុមដោយភ្លើង មិនគ្រាន់តែបំផ្លាញរូបកាយរបស់គេប៉ុណ្ណោះទេ ប៉ុន្តែ វាក៏បំផ្លាញដល់វិញ្ញាណ ព្រលឹង និងរូបកាយទាំងមូលរបស់គេដែរ ដើម្បីធានាថា មនុស្សនៅក្នុងក្រុងនេះនឹងលែងមានវត្តមានតទៅទៀតនៅក្នុងពិភពលោករូបិយ និងពិភពលោកអរូបិយ។ នេះគឺជាផ្លូវតែមួយគត់ដែលព្រះជាម្ចាស់បើកសម្ដែង និងបង្ហាញពីព្រះពិរោធរបស់ទ្រង់។ ការបើកសម្ដែង និងការបង្ហាញបែបនេះ គឺជាទិដ្ឋភាពមួយអំពីលក្ខណៈសំខាន់នៃព្រះពិរោធរបស់ព្រះជាម្ចាស់ ហើយវាក៏ជាការបើកសម្ដែងអំពីលក្ខណៈសំខាន់នៃនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ដែរ។ នៅពេលដែលព្រះជាម្ចាស់បានបញ្ចេញព្រះពិរោធរបស់ទ្រង់ ព្រះអង្គលែងបើកសម្ដែងពីសេចក្តីមេត្តាករុណា ឬសេចក្តីស្រឡាញ់ដ៏សប្បុរស ហើយក៏លែងបង្ហាញព្រះទ័យអត់ឱន ឬព្រះទ័យអត់ធ្មត់តទៅទៀត ហើយក៏គ្មាននរណាម្នាក់ គ្មានអ្វីមួយ ឬហេតុផលណាមួយដែលអាចបញ្ចុះបញ្ចូលឲ្យទ្រង់បន្តមានព្រះទ័យអត់ធ្មត់ ប្រទានសេចក្តីមេត្តាករុណា និងការអត់ឱនរបស់ទ្រង់តទៅទៀតនោះដែរ។ ផ្ទុយទៅវិញ ដោយគ្មានភាពអល់អែក ព្រះជាម្ចាស់បានបញ្ចេញព្រះពិរោធ និងឫទ្ធានុភាពរបស់ទ្រង់ ដោយធ្វើអ្វីដែលទ្រង់ចង់ធ្វើ។ ទ្រង់នឹងធ្វើរឿងទាំងនេះនៅក្នុងល្បឿនដ៏លឿន និងកម្ចាត់ចោលយ៉ាងស្អាត ដើម្បីឲ្យស្របតាមបំណងព្រះហឫទ័យរបស់ទ្រង់។ នេះគឺជាផ្លូវមួយដែលព្រះជាម្ចាស់បញ្ចេញព្រះពិរោធ និងឫទ្ធានុភាពរបស់ទ្រង់ ដែលមនុស្សមិនត្រូវបំពានឡើយ ហើយវាក៏ជាការបង្ហាញចេញនូវទិដ្ឋភាពមួយអំពីនិស្ស័យដ៏សុចរិតរបស់ទ្រង់ដែរ។ នៅពេលដែលមនុស្សមើលឃើញព្រះជាម្ចាស់សម្ដែងការយកចិត្តទុកដាក់ និងសេចក្តីស្រឡាញ់ចំពោះពួកគេ ពួកគេមិនអាចយល់ពីព្រះពិរោធរបស់ទ្រង់ មិនអាចឃើញឫទ្ធានុភាពរបស់ទ្រង់ ឬមិនអាចដឹងអំពីការដែលព្រះជាម្ចាស់លែងមានព្រះទ័យអត់ឱនចំពោះការបំពាននោះឡើយ។ ការទាំងនេះតែងតែនាំឲ្យមនុស្សជឿថា និស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ គឺមានតែសេចក្តីមេត្តាករុណា សេចក្តីអត់ឱន និងសេចក្តីស្រឡាញ់ប៉ុណ្ណោះ។ ទោះបីជាយ៉ាងណា នៅពេលដែលគេមើលឃើញព្រះជាម្ចាស់បំផ្លាញទីក្រុងមួយ ឬស្អប់ខ្ពើមមនុស្សណាម្នាក់ ឃើញពីសេចក្តីក្រោធរបស់ទ្រង់នៅក្នុងការបំផ្លាញមនុស្ស និងឫទ្ធានុភាពរបស់ទ្រង់ វាជួយឲ្យមនុស្សមើលឃើញផ្នែកមួយទៀតនៃនិស្ស័យដ៏សុចរិតរបស់ទ្រង់។ នេះគឺជាការដែលព្រះជាម្ចាស់លែងមានព្រះទ័យអត់ឱនចំពោះការបំពានតទៅទៀត។ និស្ស័យរបស់ព្រះជាម្ចាស់ដែលលែងអត់ឱនចំពោះការបំពាន មានកម្រិតខ្ពស់ហួសពីការស្រមើស្រមៃរបស់ភាវៈរូបិយ ហើយនៅក្នុងចំណោមភាវៈអរូបិយ គឺគ្មាននរណាម្នាក់អាចចូលអន្តរាគមន៍ ឬជះឥទ្ធិពលលើនិស្ស័យនេះបានឡើយ ហើយក៏មិនអាចក្លែងបន្លំ ឬចម្លងបានដែរ។ ដូច្នេះ ទិដ្ឋភាពនៃនិស្ស័យរបស់ព្រះជាម្ចាស់នេះ គឺជាទិដ្ឋភាពមួយដែលមនុស្សគួរតែដឹងជាងគេបំផុត។ មានតែព្រះជាម្ចាស់ផ្ទាល់ព្រះអង្គប៉ុណ្ណោះ ដែលមាននិស្ស័យប្រភេទនេះ ហើយមានតែព្រះជាម្ចាស់ផ្ទាល់ព្រះអង្គប៉ុណ្ណោះ ដែលកាន់កាប់និស្ស័យបែបនេះ។ ព្រះជាម្ចាស់កាន់កាប់និស្ស័យដ៏សុចរិតនេះ ដោយសារតែទ្រង់ស្អប់ខ្ពើមសេចក្តីអាក្រក់ សេចក្តីងងឹត ការបះបោរ និងអំពើអាក្រក់របស់សាតាំង ដែលធ្វើឲ្យមនុស្សជាតិពុករលួយ និងបំផ្លាញមនុស្ស ហើយក៏ដោយសារតែទ្រង់ស្អប់ខ្ពើមគ្រប់ទាំងអំពើបាបដែលប្រឆាំងនឹងទ្រង់ និងដោយសារតែលក្ខណៈសំខាន់ដ៏បរិសុទ្ធ និងឥតសៅហ្មងរបស់ទ្រង់ដែរ។ វាគឺដោយសារតែការនេះហើយដែលនាំឲ្យទ្រង់ទ្រាំលែងបានជាមួយភាវៈរូបិយ ឬភាវៈអរូបិយ ដែលប្រឆាំង ឬប្រជែងជាមួយទ្រង់ទាំងចំហនោះ។ សូម្បីតែមនុស្សដែលទ្រង់ធ្លាប់សម្ដែងសេចក្តីមេត្តាករុណា ឬទ្រង់ធ្លាប់បានជ្រើសរើសពីមុន ក៏រករឿងដល់និស្ស័យរបស់ទ្រង់ ហើយរំលងគោលការណ៍នៃព្រះទ័យអត់ធ្មត់ និងការអត់ឱនរបស់ទ្រង់ផងដែរ ហើយព្រះជាម្ចាស់នឹងបញ្ចេញ និងបើកសម្ដែងពីនិស្ស័យដ៏សុចរិតរបស់ទ្រង់ ដែលលែងអត់ឱនតទៅទៀតចំពោះការបំពាន ដោយគ្មានសេចក្តីមេត្តាករុណា ឬការអាឡោះអាល័យ សូម្បីតែបន្ដិច។

(«ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

ទោះបីព្រះជាម្ចាស់បានខ្ញាល់យ៉ាងខ្លាំងចំពោះអ្នកក្រុងនីនីវេក៏ដោយ ប៉ុន្តែ នៅពេលដែលពួកគេបានប្រកាសអំពីការតមអាហារ ការឃ្លុំសំពត់ធ្មៃ និងការអង្គុយនៅក្នុងផេះភ្លាម ព្រះទ័យរបស់ទ្រង់ក៏ចាប់ផ្ដើមទន់ ហើយទ្រង់បានប្ដូរព្រះទ័យរបស់ទ្រង់ភ្លាមៗដែរ។ នៅពេលដែលទ្រង់បានប្រកាសទៅកាន់ពួកគេថា ទ្រង់នឹងបំផ្លាញទីក្រុងរបស់គេ ជាពេលមួយមុនពេលពួកគេលន់តួ និងប្រែចិត្តចំពោះអំពើបាបរបស់គេ នោះព្រះជាម្ចាស់នៅតែខ្ញាល់ចំពោះពួកគេនៅឡើយទេ។ នៅពេលដែលពួកគេបានធ្វើសកម្មភាពនៃការប្រែចិត្តជាបន្តបន្ទាប់រួចហើយ ព្រះពិរោធរបស់ព្រះជាម្ចាស់ចំពោះអ្នកក្រុងនីនីវេ បានផ្លាស់ទៅជាសេចក្តីមេត្តាករុណា និងសេចក្តីអត់ឱនចំពោះពួកគេបន្តិចម្ដងៗទៅវិញ។ វាគ្មានអ្វីមួយផ្ទុយគ្នាអំពីការបើកសម្ដែងដ៏ព្រមគ្នានៃទិដ្ឋភាពទាំងពីរអំពីនិស្ស័យរបស់ព្រះជាម្ចាស់នៅក្នុងព្រឹត្តិការណ៍ដូចគ្នានេះឡើយ។ ដូច្នេះ តើគេគួរតែយល់ និងដឹងយ៉ាងដូចម្ដេចអំពីការគ្មានភាពផ្ទុយគ្នានេះ? ព្រះជាម្ចាស់បានបង្ហាញ និងបើកសម្ដែងម្ដងមួយៗអំពីលក្ខណៈសំខាន់នីមួយៗនៃលក្ខណៈសំខាន់ផ្ទុយគ្នាទាំងពីរនេះ នៅពេលដែលអ្នកក្រុងនីនីវេបានប្រែចិត្ត ដើម្បីជួយឲ្យមនុស្សមើលឃើញពីភាពពិតប្រាកដ និងភាពមិនអាចបំពានបាននៃលក្ខណៈសំខាន់របស់ព្រះជាម្ចាស់។ ព្រះជាម្ចាស់បានប្រើឥរិយាបថរបស់ទ្រង់ទៅប្រាប់មនុស្សថា៖ វាមិនមែនមានន័យថា ព្រះជាម្ចាស់មិនអត់ឱនដល់មនុស្ស ឬថាទ្រង់មិនចង់បង្ហាញសេចក្តីមេត្តាករុណាដល់ពួកគេឡើយ ផ្ទុយទៅវិញ វាមានន័យថា ពួកគេក្រនឹងប្រែចិត្តពិតប្រាកដចំពោះព្រះជាម្ចាស់ ហើយក៏ក្រនឹងបែរចេញពីអំពើអាក្រក់ និងបោះបង់ចោលអំពើឃោរឃៅនៅក្នុងដៃរបស់គេដែរ។ អាចនិយាយម្យ៉ាងទៀតបានថា នៅពេលដែលព្រះជាម្ចាស់មានព្រះពិរោធចំពោះពួកគេ ទ្រង់សង្ឃឹមថា មនុស្សនឹងអាចប្រែចិត្តពិតប្រាកដ និងសង្ឃឹមចង់ឃើញការប្រែចិត្តដ៏ពិតរបស់មនុស្ស ហើយបើគេប្រែចិត្តមែន នោះទ្រង់នឹងបន្តប្រទានសេចក្តីមេត្តាករុណា និងសេចក្តីអត់ឱនរបស់ទ្រង់ចំពោះមនុស្ស។ គឺអាចនិយាយបានថា ទង្វើអាក្រក់របស់មនុស្សធ្វើឲ្យព្រះជាម្ចាស់មានសេចក្តីក្រោធ ហើយសេចក្តីមេត្តាករុណា និងសេចក្តីអត់ឱនរបស់ព្រះជាម្ចាស់ត្រូវបានប្រទានដល់អស់អ្នកណាដែលស្ដាប់តាមព្រះជាម្ចាស់ និងប្រែចិត្តពិតប្រាកដនៅចំពោះទ្រង់ ហើយសេចក្តីទាំងនេះនឹងប្រទានដល់អស់អ្នកណាដែលអាចបែរចេញពីអំពើអាក្រក់របស់គេ ព្រមទាំងបោះបង់ចោលអំពើឃោរឃៅដែលមាននៅក្នុងដៃរបស់គេ។ ឥរិយាបថរបស់ព្រះជាម្ចាស់ត្រូវបានស្ដែងចេញឲ្យឃើញយ៉ាងច្បាស់នៅក្នុងការប្រព្រឹត្តរបស់ទ្រង់ចំពោះអ្នកក្រុងនីនីវេ៖ សេចក្តីមេត្តាករុណា និងសេចក្តីអត់ឱនរបស់ព្រះជាម្ចាស់មិនពិបាកក្នុងការទទួលបាននោះឡើយ ហើយអ្វីដែលទ្រង់ទាមទារនោះគឺជាការប្រែចិត្តពិតប្រាកដរបស់គេប៉ុណ្ណោះ។ ដរាបណាមនុស្សបែរចេញពីអំពើអាក្រក់របស់គេ ហើយបោះបង់ចោលអំពើឃោរឃៅដែលស្ថិតនៅក្នុងដៃរបស់គេ នោះព្រះជាម្ចាស់នឹងប្ដូរព្រះទ័យ និងប្ដូរព្រះតម្រិះរបស់ទ្រង់ចំពោះពួកគេមិនខាន។

(«ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

នៅពេលដែលព្រះជាម្ចាស់បានប្ដូរព្រះទ័យចំពោះអ្នកក្រុងនីនីវេ តើសេចក្តីមេត្តាករុណា និងសេចក្តីអត់ឱនរបស់ទ្រង់ជាចេតនាបញ្ឆោតឬ? គឺមិនដូច្នេះឡើយ! បើដូច្នេះ តើអ្វីទៅដែលត្រូវបានបង្ហាញចេញតាមរយៈការផ្លាស់ប្ដូររវាងទិដ្ឋភាពទាំងពីរនៃនិស្ស័យរបស់ព្រះជាម្ចាស់នៅក្នុងដំណើរដែលព្រះជាម្ចាស់ដោះស្រាយជាមួយស្ថានភាពមួយនេះទៅ? និស្ស័យរបស់ព្រះជាម្ចាស់ គឺជានិស្ស័យដ៏ពេញលេញទាំងស្រុង ហើយវាគ្មានការបែកបាក់សោះឡើយ។ ទោះបីទ្រង់កំពុងតែបង្ហាញព្រះពិរោធ ឬសេចក្តីមេត្តាករុណា និងសេចក្តីអត់ឱនចំពោះមនុស្សក៏ដោយ ក៏ទាំងពីរនេះជាការបង្ហាញចេញអំពីនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ដដែល។ និស្ស័យរបស់ព្រះជាម្ចាស់ពិតជាសំខាន់ និងស្ដែងឲ្យឃើញយ៉ាងច្បាស់ ហើយទ្រង់ប្ដូរព្រះតម្រិះ និងព្រះទ័យរបស់ទ្រង់ស្របទៅតាមស្ថានការណ៍ជាក់ស្ដែង។ ការផ្លាស់ប្ដូរចិត្តគំនិតរបស់ទ្រង់ចំពោះអ្នកក្រុងនីនីវេ ប្រាប់ដល់មនុស្សថា ទ្រង់មានព្រះតម្រិះ និងយោបល់របស់ទ្រង់ផ្ទាល់ ទ្រង់មិនមែនជាមនុស្សយន្ត ឬជារូបដីឥដ្ឋឡើយ ប៉ុន្តែ ទ្រង់ជាព្រះដ៏មានព្រះជន្មរស់។ ទ្រង់អាចខ្ញាល់ចំពោះអ្នកក្រុងនីនីវេ ហើយទ្រង់ក៏អាចអត់ទោសដល់អតីតកាលរបស់គេ ដោយអាស្រ័យលើចិត្តគំនិតរបស់គេដែរ។ ទ្រង់អាចសម្រេចព្រះទ័យនាំគ្រោះកាចធ្លាក់ទៅលើអ្នកក្រុងនីនីវេ ហើយទ្រង់ក៏អាចប្ដូរព្រះទ័យ ដោយសារតែការប្រែចិត្តរបស់គេដែរ។ មនុស្សចូលចិត្តអនុវត្តយ៉ាងតឹងរ៉ឹងតាមច្បាប់ និងចូលចិត្តប្រើច្បាប់ទាំងនោះ ទៅដាក់កម្រិត និងដាក់និយមន័យដល់ព្រះជាម្ចាស់ ហើយគេក៏ចូលចិត្តប្រើរូបមន្តផ្សេងៗ ដើម្បីព្យាយាមយល់អំពីនិស្ស័យរបស់ព្រះជាម្ចាស់ដែរ។ ដូចនេះ ទាក់ទងនឹងដែនគំនិតរបស់មនុស្ស ព្រះជាម្ចាស់មិនបានគិត ហើយទ្រង់ក៏គ្មានយោបល់ណាមួយនោះដែរ។ ប៉ុន្តែ ជាក់ស្ដែង ព្រះតម្រិះរបស់ព្រះជាម្ចាស់ស្ថិតនៅក្នុងសភាពមួយនៃការផ្លាស់ប្ដូរជាញឹកញាប់ ដោយស្របតាមការប្រែប្រួលនៅក្នុងស្ថានការណ៍ និងនៅក្នុងមជ្ឈដ្ឋានជាក់ស្ដែង។ ខណៈពេលដែលគំនិតទាំងនេះកំពុងតែផ្លាស់ប្ដូរ ទិដ្ឋភាពខុសៗគ្នានៃលក្ខណៈសំខាន់របស់ព្រះជាម្ចាស់ក៏ត្រូវបានបើកសម្ដែងឲ្យឃើញ។ ក្នុងអំឡុងពេលនៃដំណើរការនៃការផ្លាស់ប្ដូរនេះ នៅពេលដែលព្រះជាម្ចាស់បានប្តូរព្រះទ័យភ្លាមៗ អ្វីដែលទ្រង់បង្ហាញទៅកាន់មនុស្សជាតិ គឺជាសភាពដ៏ពិតនៃព្រះជន្មរបស់ទ្រង់ ហើយបង្ហាញទៀតថា និស្ស័យដ៏សុចរិតរបស់ទ្រង់ គឺពេញដោយជីវិតដ៏រស់រវើកតែម្ដង។ ក្នុងពេលជាមួយគ្នានោះ ព្រះជាម្ចាស់ប្រើការបើកសម្ដែងដ៏ពិតរបស់ទ្រង់ ដើម្បីបញ្ជាក់ទៅកាន់មនុស្សជាតិអំពីសេចក្តីពិតទាក់ទងនឹងអត្ថិភាពនៃសេចក្ដីក្រោធ សេចក្តីមេត្តាករុណា សេចក្តីស្រឡាញ់ដ៏សប្បុរស និងសេចក្តីអត់ឱនរបស់ទ្រង់។ លក្ខណៈសំខាន់របស់ទ្រង់នឹងត្រូវបានបើកសម្ដែងនៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ដោយស្របទៅតាមស្ថានការណ៍ជាក់ស្ដែង។ ទ្រង់មានសេចក្ដីក្រោធដូចសត្វសិង្ហ និងមានសេចក្តីមេត្តាករុណា និងសេចក្តីអត់ឱនដូចអ្នកម្ដាយ។ និស្ស័យដ៏សុចរិតរបស់ទ្រង់នាំឲ្យមនុស្សគ្មានចម្ងល់ លែងបំពាន លែងផ្លាស់ប្ដូរ ឬលែងបំភ្លៃតទៅទៀត។ នៅក្នុងគ្រប់រឿងរ៉ាវ និងរបស់សព្វសរពើទាំងអស់ និស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ ដែលជាសេចក្ដីក្រោធ និងសេចក្តីមេត្តាករុណារបស់ព្រះជាម្ចាស់ អាចត្រូវបានបើកសម្ដែងឲ្យឃើញនៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ ទ្រង់ប្រទានការស្ដែងចេញដ៏សំខាន់ចំពោះទិដ្ឋភាពទាំងនេះ នៅគ្រប់ជ្រុងនៃការបង្កើតទាំងអស់ ហើយទ្រង់អនុវត្តនិស្ស័យរបស់ទ្រង់ទាំងនេះយ៉ាងរស់រវើកនៅគ្រប់វិនាទី។ និស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ មិនត្រូវបានកម្រិតដោយពេលវេលា ឬទីកន្លែងឡើយ។ អាចនិយាយម្យ៉ាងទៀតបានថា និស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ មិនត្រូវបានបង្ហាញចេញដូចជាគ្រឿងម៉ាស៊ីន ឬត្រូវបានបើកសម្ដែងស្របតាមលក្ខខណ្ឌនៃពេលវេលា ឬទីកន្លែងឡើយ ប៉ុន្តែផ្ទុយទៅវិញ ត្រូវបានស្ដែងចេញយ៉ាងស្រួលនៅគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ នៅពេលដែលអ្នកមើលឃើញព្រះជាម្ចាស់ប្ដូរព្រះទ័យ និងលែងសម្ដែងសេចក្ដីក្រោធរបស់ទ្រង់ ហើយឈប់បំផ្លាញទីក្រុងនីនីវេ តើអ្នកអាចនិយាយថា ព្រះជាម្ចាស់ជាព្រះពេញដោយសេចក្តីមេត្តាករុណ និងសេចក្តីស្រឡាញ់តែម្យ៉ាងឬ? តើអ្នកអាចនិយាយថា ព្រះពិរោធរបស់ទ្រង់គ្មានន័យខ្លឹមសារឬ? នៅពេលដែលព្រះជាម្ចាស់មានព្រះពិរោធក្រោធខ្លាំង ហើយទ្រង់ដកសេចក្តីមេត្តាករុណារបស់ទ្រង់ តើអ្នកអាចនិយាយថា ទ្រង់គ្មានសេចក្តីស្រឡាញ់ដ៏ពិតចំពោះមនុស្សជាតិឬ? សេចក្តីក្រោធខ្លាំងនេះត្រូវបានព្រះជាម្ចាស់សម្ដែងចេញ ជាការឆ្លើយតបចំពោះទង្វើអាក្រក់របស់មនុស្ស ដ្បិតព្រះពិរោធទ្រង់គ្មានកំហុសសោះឡើយ។ ព្រះជាម្ចាស់បានរំជួលព្រះទ័យ ជាការឆ្លើយតបចំពោះការប្រែចិត្តរបស់មនុស្ស ហើយវាជាការប្រែចិត្តនេះហើយ ដែលនាំឲ្យព្រះជាម្ចាស់ប្ដូរព្រះទ័យនោះ។ នៅពេលដែលទ្រង់រំជួលព្រះទ័យ នៅពេលដែលទ្រង់ប្ដូរព្រះទ័យ ហើយនៅពេលដែលទ្រង់បង្ហាញសេចក្តីមេត្ដាករុណា និងសេចក្តីអត់ឱនរបស់ទ្រង់ចំពោះមនុស្ស ទាំងអស់នេះសុទ្ធតែគ្មានកំហុសនោះឡើយ ដ្បិតសេចក្តីទាំងនេះសុទ្ធតែស្អាត បរិសុទ្ធ ឥតសៅហ្មង និងសុទ្ធល្អ។ សេចក្តីអត់ឱនរបស់ព្រះជាម្ចាស់ គឺជាសេចក្តីអត់ឱនសុទ្ធល្អ ដូចជាសេចក្តីមេត្តាករុណារបស់ទ្រង់ ដែលគ្មានអ្វីក្រៅពីសេចក្តីមេត្តាករុណាអ៊ីចឹងដែរ។ និស្ស័យរបស់ទ្រង់បើកសម្ដែងឲ្យឃើញពីព្រះពិរោធ ឬសេចក្តីមេត្តាករុណា និងសេចក្តីអត់ឱន ស្របតាមការប្រែចិត្តរបស់មនុស្ស និងការផ្លាស់ប្ដូរនៅក្នុងទង្វើរបស់មនុស្ស។ មិនថាទ្រង់បើកសម្ដែង និងបង្ហាញអ្វីនោះឡើយ គឺវាសុទ្ធតែបរិសុទ្ធ និងដោយផ្ទាល់ ព្រោះទ្រង់មានសារជាតិខុសប្លែកពីសារជាតិរបស់សត្តនិករ។ នៅពេលដែលព្រះជាម្ចាស់បង្ហាញចេញនូវគោលការណ៍ដែលបង្កប់ពីក្រោយទង្វើរបស់ទ្រង់ នោះវាគ្មានកំហុស ឬឥតសៅហ្មង ហើយព្រះតម្រិះ យោបល់ គ្រប់ការសម្រេចព្រះទ័យ និងគ្រប់សកម្មភាពដែលទ្រង់ធ្វើក៏គ្មានកំហុស ឬឥតសៅហ្មងដែរ។ ដោយសារតែព្រះជាម្ចាស់បានសម្រេចព្រះទ័យរួច និងដោយសារតែទ្រង់បានប្រព្រឹត្តរួច ដូច្នេះ ទ្រង់បានសម្រេចតាមព្រះបន្ទូលសន្យារបស់ទ្រង់រួចហើយ។ លទ្ធផលនៃព្រះបន្ទូលសន្យារបស់ទ្រង់ គឺសុទ្ធតែត្រឹមត្រូវ និងឥតកំហុស ដោយសារតែប្រភពរបស់ទ្រង់ គឺគ្មានកំហុស និងឥតសៅហ្មង។ ព្រះពិរោធរបស់ព្រះជាម្ចាស់ គឺគ្មានកំហុសឡើយ។ ដូចគ្នាដែរ សេចក្តីមេត្តាករុណា និងសេចក្តីអត់ឱនរបស់ព្រះជាម្ចាស់ ដែលក្នុងចំណោមអ្វីៗដែលទ្រង់បានបង្កើតមកគ្មាននរណាម្នាក់មាននោះ គឺបរិសុទ្ធ និងគ្មានកំហុសផង ហើយក៏អាចស៊ូទ្រាំនឹងការគិតគូរយ៉ាងដិតដល់ និងបទពិសោធន៍ដែរ។

តាមរយៈការយល់ដឹងរបស់អ្នកអំពីសាច់រឿងនៃក្រុងនីនីវេ ឥឡូវនេះ តើអ្នករាល់គ្នាមើលឃើញជ្រុងម្ខាងទៀតអំពីលក្ខណៈសំខាន់នៃនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ហើយឬនៅ? តើអ្នកមើលឃើញពីផ្នែកមួយទៀតនៃនិស្ស័យដ៏សុចរិតដែលមានតែមួយគត់របស់ព្រះជាម្ចាស់ដែរឬទេ? តើមាននរណាម្នាក់នៅក្នុងចំណោមមនុស្សមាននិស្ស័យប្រភេទនេះដែរឬទេ? តើមាននរណាម្នាក់មានសេចក្តីក្រោធប្រភេទនេះ ដែលជាសេចក្តីក្រោធរបស់ព្រះជាម្ចាស់ឬទេ? តើមាននរណាម្នាក់មានសេចក្តីមេត្តាករុណា និងសេចក្តីអត់ឱន ដែលព្រះជាម្ចាស់មាននេះដែរឬទេ? នៅក្នុងចំណោមអ្វីៗដែលទ្រង់បានបង្កើតមក តើមាននរណាអាចបញ្ចេញសេចក្តីក្រោធដ៏ខ្លាំង ហើយអាចសម្រេចចិត្តបំផ្លាញ ឬនាំគ្រោះមហន្តរាយដល់មនុស្សជាតិទៅ? តើនរណាទៅដែលមានគុណសម្បត្តិគ្រប់គ្រាន់ក្នុងការប្រទានសេចក្តីមេត្ដាករុណាដល់មនុស្ស ប្រទានការអត់ឱន និងអត់ទោស ហើយប្ដូរចិត្តខុសពីមុន ក្នុងការបំផ្លាញមនុស្ស? ព្រះអាទិករបង្ហាញពីនិស្ស័យដ៏សុចរិតរបស់ទ្រង់តាមរយៈវិធីសាស្ត្រ និងគោលការណ៍ដែលមានតែមួយគត់របស់ទ្រង់ផ្ទាល់ ហើយទ្រង់មិនស្ថិតនៅក្រោមការត្រួតត្រា ឬការរឹតត្បិតរបស់មនុស្ស ព្រឹត្តិការណ៍ ឬវត្ថុអ្វីនោះឡើយ។ តាមរយៈនិស្ស័យដែលមានតែមួយគត់របស់ទ្រង់ គ្មាននរណាម្នាក់អាចផ្លាស់ប្ដូរព្រះតម្រិះ និងយោបល់របស់ទ្រង់បានឡើយ ហើយក៏គ្មាននរណាម្នាក់អាចបញ្ចុះបញ្ចូលទ្រង់ឲ្យប្ដូរព្រះទ័យបានដែរ។ ភាពទាំងស្រុងនៃអាកប្បកិរិយា និងគំនិតដែលមានអត្ថិភាពនៅក្នុងការបង្កើតទាំងអស់ សុទ្ធតែស្ថិតនៅក្រោមការជំនុំជម្រះនៃនិស្ស័យដ៏សុចរិតរបស់ទ្រង់។ គ្មាននរណាម្នាក់អាចគ្រប់គ្រងបានឡើយថា ទ្រង់ត្រូវប្រើសេចក្ដីក្រោធ ឬក៏សេចក្តីមេត្តាករុណានោះ គឺមានតែលក្ខណៈសំខាន់របស់ព្រះអាទិករតែមួយប៉ុណ្ណោះ ឬអាចនិយាយម្យ៉ាងទៀតបានថា និស្ស័យដ៏សុចរិតរបស់ព្រះអាទិករ អាចសម្រេចអំពីការនេះបាន។ នេះហើយជាធម្មជាតិដែលមានតែមួយគត់អំពីនិស្ស័យដ៏សុចរិតរបស់ព្រះអាទិករ!

តាមរយៈការវិភាគ និងការយល់ដឹងអំពីការផ្លាស់ប្ដូរឥរិយាបថរបស់ព្រះជាម្ចាស់ចំពោះអ្នកក្រុងនីនីវេ តើអ្នករាល់គ្នាអាចប្រើពាក្យថា «មានតែមួយ» ដើម្បីពណ៌នាអំពីសេចក្តីមេត្តាករុណាដែលរកឃើញនៅក្នុងនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់បានដែរឬទេ? មុននេះ យើងបាននិយាយថា សេចក្ដីក្រោធរបស់ព្រះជាម្ចាស់ គឺជាទិដ្ឋភាពមួយអំពីលក្ខណៈសំខាន់នៃនិស្ស័យដ៏សុចរិតដែលមានតែមួយគត់របស់ទ្រង់។ ឥឡូវនេះ ខ្ញុំនឹងកំណត់អត្ថន័យអំពីទិដ្ឋភាពទាំងពីរ ដែលសេចក្ដីក្រោធរបស់ព្រះជាម្ចាស់ និងសេចក្តីមេត្តាករុណារបស់ព្រះជាម្ចាស់ គឺជានិស្ស័យដ៏សុចរិតរបស់ទ្រង់។ និស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ គឺជាភាពបរិសុទ្ធ ហើយនិស្ស័យនេះមិនអត់ឱនចំពោះការបំពាន ឬការជំទាស់ឡើយ។ វាជាអ្វីមួយដែលគ្មានភាវៈមានជីវិត ឬភាវៈឥតជីវិតណាមួយ មាននោះឡើយ។ និស្ស័យទាំងពីរនេះ ជាកម្មសិទ្ធិផ្ដាច់មុខរបស់ព្រះជាម្ចាស់តែមួយគត់។ គឺអាចនិយាយបានថា សេចក្ដីក្រោធរបស់ព្រះជាម្ចាស់ គឺបរិសុទ្ធ និងមិនអាចបំពានលើបានឡើយ។ ដូចគ្នានេះដែរ ទិដ្ឋភាពមួយទៀតនៃនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ ដែលជាសេចក្តីមេត្តាករុណារបស់ព្រះជាម្ចាស់នោះ គឺបរិសុទ្ធ ហើយវាក៏មិនអាចបំពានលើបានដែរ។ គ្មានភាវៈមានជីវិត ឬឥតជីវិតណាមួយអាចជំនួស ឬតំណាងឲ្យព្រះជាម្ចាស់នៅក្នុងសកម្មភាពរបស់ទ្រង់បានឡើយ ហើយក៏គ្មាននរណាម្នាក់អាចមកជំនួស ឬតំណាងឲ្យទ្រង់នៅក្នុងការបំផ្លាញក្រុងសូដុម ឬនៅក្នុងការសង្រ្គោះក្រុងនីនីវេនោះដែរ។ នេះគឺជាការស្ដែងចេញដ៏ពិតអំពីនិស្ស័យដ៏សុចរិតដែលមានតែមួយគត់របស់ព្រះជាម្ចាស់។

(«ព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ជាព្រះតែមួយអង្គគត់ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

សេចក្ដីមេត្តាករុណា និងការអធ្យាស្រ័យរបស់ព្រះជាម្ចាស់ គឺមានពិត ប៉ុន្តែភាពបរិសុទ្ធ និងភាពសុចរិតរបស់ព្រះជាម្ចាស់ នៅពេលដែលទ្រង់បញ្ចេញសេចក្ដីក្រោធរបស់ទ្រង់ ក៏បង្ហាញឲ្យមនុស្សឃើញនិស្ស័យមួយទៀតរបស់ព្រះជាម្ចាស់ ដែលមិនស៊ូទ្រាំនឹងការប្រព្រឹត្តិល្មើសណាឡើយ។ នៅពេលដែលមនុស្សអាចស្ដាប់តាមសេចក្ដីបង្គាប់របស់ព្រះជាម្ចាស់ពេញលេញ ហើយប្រព្រឹត្តស្របតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ នោះព្រះជាម្ចាស់ក៏មានពេញដោយសេចក្ដីមេត្តាករុណារបស់ទ្រង់ចំពោះមនុស្សដែរ នៅពេលដែលមនុស្សមានពេញដោយសេចក្ដីពុករលួយ សេចក្ដីសម្អប់ និងភាពជាខ្មាំងសត្រូវចំពោះព្រះអង្គ នោះព្រះជាម្ចាស់ក៏មានសេចក្ដីខ្ញាល់ខ្លាំងក្រៃ។ តើទ្រង់មានសេចក្ដីខ្ញាល់ដល់កម្រិតណា? សេចក្ដីក្រោធរបស់ព្រះជាម្ចាស់នឹងឋិតថេរនៅដរាបដល់ទ្រង់លែងទតឃើញការតតាំង និងទង្វើអាក្រក់របស់មនុស្សតទៅទៀត គឺរហូតទាល់តែគេលែងនៅចំពោះព្រះនេត្ររបស់ទ្រង់ទៀត។ ពេលនោះទើបសេចក្ដីខ្ញាល់របស់ព្រះជាម្ចាស់រលាយបាត់។ អាចនិយាយម្យ៉ាងទៀតបានថា មិនថាបុគ្គលនោះជានរណាឡើយ ប្រសិនបើចិត្តរបស់គេនៅឆ្ងាយពីព្រះជាម្ចាស់ ហើយបែរចេញពីព្រះជាម្ចាស់ មិនត្រឡប់មកវិញ នោះទោះបីជាមើលពីក្រៅ ឬក៏សេចក្ដីប្រាថ្នាក្នុងចិត្តរបស់គេ គេចង់ថ្វាយបង្គំ ដើរតាម ហើយស្ដាប់បង្គាប់ព្រះជាម្ចាស់នៅក្នុងរូបកាយ ឬនៅក្នុងគំនិតរបស់គេយ៉ាងណាក៏ដោយ នៅពេលដែលដួងចិត្ដរបស់គេងាកចេញពីព្រះជាម្ចាស់ភ្លាម នោះសេចក្ដីក្រោធរបស់ព្រះជាម្ចាស់នឹងបញ្ចេញមកឥតឈប់ឈរដែរ។ ដល់ថ្នាក់ថា នៅពេលដែលព្រះជាម្ចាស់បញ្ចេញនូវសេចក្ដីក្រោធដ៏ខ្លាំងក្រៃរបស់ទ្រង់ចេញមក បន្ទាប់ពីបានប្រទានឱកាសគ្រប់គ្រាន់ឲ្យមនុស្សហើយ នៅពេលដែលសេចក្ដីក្រោធនេះត្រូវបានបញ្ចេញមក គឺគ្មានផ្លូវណាដកយកទៅវិញឡើយ ហើយទ្រង់នឹងមិនមានសេចក្ដីមេត្តាករុណា និងការអធ្យាស្រ័យម្ដងទៀតដល់មនុស្សជាតិបែបនេះឡើយ។ នេះជានិស្ស័យមួយទៀតរបស់ព្រះជាម្ចាស់ ដែលមិនអធ្យាស្រ័យចំពោះការប្រព្រឹត្តិល្មើសណាឡើយ។ ... ទ្រង់អធ្យាស្រ័យ និងពេញដោយសេចក្ដីមេត្តាករុណាចំពោះអ្វីៗដែលត្រឹមត្រូវ ស្រស់ស្អាត និងល្អប្រពៃ ប៉ុន្ដែចំពោះអ្វីៗដែលអាក្រក់ ពេញដោយអំពើបាប និងកាចសាហាវ គឺទ្រង់ពេញដោយសេចក្ដីក្រោធ ដល់ថ្នាក់ក្រោធមិនឈប់ទៀតផង។ នេះគឺជាគោលការណ៍ពីរយ៉ាង និងជាចំណុចសំខាន់បំផុតនៃនិស្ស័យរបស់ព្រះជាម្ចាស់ ហើយលើសពីនេះ សេចក្ដីនេះត្រូវបានបើកសម្ដែងដោយព្រះជាម្ចាស់ តាំងតែពីដើមដល់ទីបញ្ចប់៖ សេចក្ដីមេត្តាករុណាដ៏បរិបូរ និងសេចក្ដីក្រោធដ៏ខ្លាំងក្រៃ។

(«កិច្ចការរបស់ព្រះជាម្ចាស់ និស្ស័យរបស់ព្រះជាម្ចាស់ និងព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ II» នៃសៀវភៅ «ព្រះបន្ទូល» ភាគ២៖ អំពីការស្គាល់ព្រះជាម្ចាស់)

មនុស្សនិយាយថា ព្រះជាម្ចាស់ជាព្រះដ៏សុចរិត និងថា ដរាបណាមនុស្សដើរតាមទ្រង់ដល់ទីបញ្ចប់ នោះទ្រង់នឹងប្រាកដជាគ្មានភាពលំអៀងចំពោះមនុស្សឡើយ ដ្បិតទ្រង់ជាព្រះដ៏សុចរិតបំផុត។ ប្រសិនបើមនុស្សដើរតាមទ្រង់ដល់ទីបញ្ចប់ តើទ្រង់អាចបោះបង់មនុស្សចោលបានដោយរបៀបណា? ខ្ញុំគ្មានភាពលំអៀងចំពោះមនុស្សទាំងអស់ ហើយខ្ញុំនឹងជំនុំជម្រះមនុស្សទាំងអស់ ដោយនិស្ស័យដ៏សុចរិតរបស់ខ្ញុំ ប៉ុន្តែ មានលក្ខខណ្ឌដ៏សមគួរដែលខ្ញុំបានដាក់សម្រាប់មនុស្ស និងជាអ្វីដែលខ្ញុំទាមទារឲ្យមនុស្សទាំងអស់ត្រូវតែសម្រេចឲ្យបាន មិនថាគេជានរណានោះឡើយ។ ខ្ញុំមិនខ្វល់អំពីគុណសម្បត្តិរបស់អ្នក ឬអ្នកមានគុណសម្បត្តិទាំងនោះយូរប៉ុនណាឡើយ ប៉ុន្តែ ខ្ញុំខ្វល់ទៅលើថាតើអ្នកដើរនៅក្នុងផ្លូវរបស់ខ្ញុំឬអត់ និងថាតើអ្នកស្រឡាញ់ ហើយស្រេកឃ្លានចង់បានសេចក្តីពិតដែរឬយ៉ាងណា។ ប្រសិនបើអ្នកខ្វះនូវសេចក្តីពិត នាំមកនូវភាពអាម៉ាស់ដល់ព្រះនាមរបស់ខ្ញុំ និងមិនដើរតាមផ្លូវរបស់ខ្ញុំដោយយកចិត្តទុកដាក់ នៅពេលនោះ ខ្ញុំនឹងកម្ចាត់ និងដាក់ទោសអ្នកសម្រាប់ការអាក្រក់របស់អ្នក ដូច្នេះ តើអ្នកនឹងមានអ្វីត្រូវនិយាយទៅ? តើអ្នកនឹងអាចនិយាយថា ព្រះជាម្ចាស់ជាព្រះមិនសុចរិតកើតឬ? នៅថ្ងៃនេះ ប្រសិនបើអ្នកបានធ្វើតាមព្រះបន្ទូលដែលខ្ញុំបានថ្លែង នោះអ្នកជាប្រភេទមនុស្សដែលខ្ញុំទទួលយក។ អ្នកនិយាយថា អ្នកតែងតែរងទុក្ខក្នុងពេលដើរតាមព្រះជាម្ចាស់ ថាអ្នកបានដើរតាមទ្រង់ ឆ្លងកាត់គ្រប់កាលៈទេសៈសព្វបែបយ៉ាង និងបានរួមសុខរួមទុក្ខជាមួយទ្រង់ ប៉ុន្តែ អ្នកមិនបានរស់នៅតាមព្រះបន្ទូលដែលព្រះជាម្ចាស់បានមានបន្ទូលឡើយ។ អ្នកគ្រាន់តែចង់រវល់ធ្វើការថ្វាយព្រះជាម្ចាស់ និងប្រើកម្លាំងរបស់ខ្លួនសម្រាប់ព្រះជាម្ចាស់ជារៀងរាល់ថ្ងៃ ហើយមិនដែលគិតចង់រស់នៅក្នុងជីវិតដែលមានអត្ថន័យឡើយ។ អ្នកក៏និយាយថា «នៅក្នុងករណីនេះ ខ្ញុំជឿថា ព្រះជាម្ចាស់ជាព្រះដ៏សុចរិត។ ខ្ញុំបានរងទុក្ខសម្រាប់ទ្រង់ រវល់ធ្វើការថ្វាយទ្រង់ និងថ្វាយជីវិតខ្ញុំដល់ទ្រង់ ហើយខ្ញុំបានធ្វើការយ៉ាងខ្លាំង ទោះបីជាមិនបានការទទួលស្គាល់ណាមួយក៏ដោយ។ ទ្រង់ប្រាកដជានឹកចាំអំពីខ្ញុំមិនខាន»។ វាជាការពិតដែលថា ព្រះជាម្ចាស់ជាព្រះដ៏សុចរិត ប៉ុន្តែ សេចក្តីសុចរិតនេះគ្មានប្រឡាក់ប្រឡូសដោយភាពមិនបរិសុទ្ធណាមួយឡើយ៖ វាគ្មាននូវឆន្ទៈរបស់មនុស្ស ហើយក៏មិនប្រឡាក់ប្រឡូសដោយសាច់ឈាម ឬការដោះដូរបែបមនុស្សដែរ។ អស់អ្នកណាដែលបះបោរ និងប្រឆាំង អស់អ្នកណាដែលមិនធ្វើតាមផ្លូវរបស់ទ្រង់ នឹងត្រូវទទួលទោស គឺគ្មាននរណាម្នាក់ត្រូវបានលើកលែង និងរួចខ្លួននោះឡើយ! មនុស្សខ្លះនិយាយថា៖ «នៅថ្ងៃនេះ ខ្ញុំបានរវល់បម្រើទ្រង់ ដូច្នេះ នៅពេលដែលគ្រាចុងក្រោយមកដល់ តើទ្រង់អាចប្រទានឲ្យទូលបង្គំនូវព្រះពរបន្ដិចបន្ដួចបានដែរឬទេ?» ដូច្នេះ ខ្ញុំសូមសួរអ្នកថា «តើអ្នកបានធ្វើតាមព្រះបន្ទូលរបស់ខ្ញុំហើយឬនៅ?» សេចក្តីសុចរិតដែលអ្នកនិយាយនោះ គឺចេញមកពីការដោះដូរប៉ុណ្ណោះ។ អ្នកគិតថា ខ្ញុំជាព្រះដ៏សុចរិត ហើយខ្ញុំមិនរើសមុខនរណាម្នាក់ឡើយ និងគិតទៀតថា អស់អ្នកដែលដើរតាមខ្ញុំដល់ទីបញ្ចប់ នឹងប្រាកដជាទទួលបានសេចក្ដីសង្រ្គោះ និងទទួលបានព្រះពររបស់ខ្ញុំ។ វាមានអត្ថន័យបង្កប់ចំពោះព្រះបន្ទូលរបស់ខ្ញុំដែលថា «អស់អ្នកណាដែលដើរតាមខ្ញុំដល់ទីបញ្ចប់ នឹងប្រាកដជាបានសង្រ្គោះ» អស់អ្នកណាដែលដើរតាមខ្ញុំដល់ទីបញ្ចប់ គឺជាមនុស្សដែលខ្ញុំនឹងទទួលយកយ៉ាងពេញលេញ ហើយក្រោយពេលដែលខ្ញុំយកឈ្នះលើពួកគេហើយ ពួកគេជាមនុស្សដែលនឹងស្វែងរកសេចក្តីពិត និងត្រូវបានប្រោសឲ្យគ្រប់លក្ខណ៍។ តើអ្នកសម្រេចបានលក្ខខណ្ឌអ្វីខ្លះហើយ? អ្នកសម្រេចបានតែលើចំណុចដើរតាមខ្ញុំដល់ទីបញ្ចប់ប៉ុណ្ណោះ ចុះចំណុចផ្សេងទៀត? តើអ្នកបានធ្វើតាមព្រះបន្ទូលរបស់ខ្ញុំហើយឬនៅ? អ្នកបានសម្រេចតាមលក្ខខណ្ឌមួយនៅក្នុងចំណោមលក្ខខណ្ឌទាំងប្រាំរបស់ខ្ញុំ ប៉ុន្តែ អ្នកគ្មានបំណងចង់សម្រេចចំណុចបួនផ្សេងទៀតនោះឡើយ។ អ្នកគ្រាន់តែរកឃើញផ្លូវដ៏សាមញ្ញ និងងាយស្រួលបំផុត ហើយស្វែងរកវា ដោយសង្ឃឹមចង់បានសំណាងប៉ុណ្ណោះ។ ចំពោះមនុស្សដូចជារូបអ្នកនេះ និស្ស័យដ៏សុចរិតរបស់ខ្ញុំ គឺជាការវាយផ្ចាល និងការជំនុំជម្រះ ដ្បិតវាជាការតបស្នងដ៏សុចរិត ហើយវាក៏ជាការដាក់ទោសដ៏សុចរិតចំពោះអ្នកប្រព្រឹត្តអាក្រក់ទាំងអស់ដែរ។ អស់អ្នកណាដែលមិនដើរនៅក្នុងផ្លូវរបស់ខ្ញុំ នឹងប្រាកដជាទទួលទោស ទោះបីជាពួកគេដើរតាមខ្ញុំដល់ទីបញ្ចប់ក៏ដោយ។ នេះជាសេចក្តីសុចរិតរបស់ព្រះជាម្ចាស់។ នៅពេលដែលនិស្ស័យដ៏សុចរិតនេះត្រូវបានស្ដែងចេញនៅក្នុងការដាក់ទោសមនុស្ស នោះគេនឹងស្រឡាំងកាំង ហើយមានអារម្មណ៍ស្ដាយក្រោយថា ក្នុងពេលគេកំពុងតែដើរតាមព្រះជាម្ចាស់ គេមិនបានដើរនៅក្នុងផ្លូវរបស់ទ្រង់។ «នៅគ្រានោះ ខ្ញុំបានរងទុក្ខលំបាកតែបន្ដិចបន្ដួចប៉ុណ្ណោះ ក្នុងពេលដើរតាមព្រះជាម្ចាស់ ប៉ុន្តែ ខ្ញុំមិនបានដើរនៅក្នុងផ្លូវរបស់ព្រះជាម្ចាស់ឡើយ។ តើមានការដោះសាអ្វីទៀតទៅ? អ្នកគ្មានជម្រើសអ្វី ក្រៅពីទទួលទោសឡើយ!» ប៉ុន្តែ នៅក្នុងគំនិត អ្នកកំពុងតែគិតថា៖ «និយាយអ៊ីចឹង ទូលបង្គំបានដើរតាមទ្រង់ដល់ទីបញ្ចប់ហើយ ដូច្នេះ ទោះបីទ្រង់វាយផ្ចាលទូលបង្គំក៏ដោយ ក៏វាមិនអាចជាការវាយផ្ចាលដ៏ធ្ងន់ធ្ងរឡើយ ហើយក្រោយពេលដែលដាក់ទោសហើយ នោះទ្រង់នឹងនៅតែសព្វព្រះហឫទ័យចង់បានទូលបង្គំដដែល។ ទូលបង្គំដឹងថា ទ្រង់ជាព្រះដ៏សុចរិត ហើយទ្រង់នឹងមិនប្រព្រឹត្តចំពោះទូលបង្គំបែបនេះជារៀងរហូតឡើយ។ ជារួមមក ទូលបង្គំមិនដូចជាមនុស្សដែលនឹងត្រូវកម្ចាត់ចោលនោះឡើយ ព្រោះថាអស់អ្នកដែលត្រូវកម្ចាត់ចោល នឹងទទួលការវាយផ្ចាលដ៏ធ្ងន់ធ្ងរ ឯការវាយផ្ចាលរបស់ទូលបង្គំវិញ នឹងមានទម្ងន់ស្រាលជាង»។ និស្ស័យដ៏សុចរិត មិនដូចអ្វីដែលអ្នកនិយាយនេះឡើយ។ មនុស្សដែលពូកែសារភាពអំពើបាបរបស់ខ្លួន នឹងមិនត្រូវបានដោះស្រាយដោយក្ដីអត់ឱនឡើយ។ សេចក្តីសុចរិត គឺជាភាពបរិសុទ្ធ ហើយវាជានិស្ស័យមួយដែលមិនអត់ឱនចំពោះសេចក្តីល្មើសដែលមនុស្សបានប្រព្រឹត្តឡើយ ហើយអ្វីៗគ្រប់យ៉ាងដែលស្មោកគ្រោក និងមិនបានផ្លាស់ប្ដូរ គឺជាគោលដៅនៃភាពស្អប់ខ្ពើមរបស់ព្រះជាម្ចាស់ហើយ។ និស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ មិនមែនជាក្រឹត្យវិន័យឡើយ ប៉ុន្តែ ជាបញ្ញត្តិរដ្ឋបាលវិញ៖ វាជាបញ្ញត្តិរដ្ឋបាលនៅក្នុងនគរទ្រង់ ហើយបញ្ញតិ្ដរដ្ឋបាលនេះ គឺជាការដាក់ទោសដ៏សុចរិតចំពោះមនុស្សណាដែលមិនមានសេចក្តីពិត និងមិនបានផ្លាស់ប្ដូរ ហើយវាគ្មានកន្លែងសម្រាប់សេចក្តីសង្រ្គោះឡើយ។ ព្រោះថានៅពេលណាដែលមនុស្សម្នាក់ៗត្រូវបានចាត់ថ្នាក់ទៅតាមប្រភេទរបស់គេហើយ នោះមនុស្សល្អនឹងទទួលរង្វាន់ ហើយមនុស្សអាក្រក់នឹងត្រូវទទួលទោស។ វាជាពេលវេលាមួយដែលវាសនារបស់មនុស្សនឹងត្រូវបានកំណត់យ៉ាងច្បាស់។ វាជាពេលវេលាដែលកិច្ចការនៃសេចក្តីសង្រ្គោះនឹងចូលមកដល់ទីបញ្ចប់ ក្រោយមកទៀត កិច្ចការនៃការសង្រ្គោះមនុស្សនឹងលែងកើតមានទៀត ហើយការតបស្នងតាមទង្វើរបស់គេ នឹងត្រូវធ្លាក់ទៅលើមនុស្សម្នាក់ៗដែលប្រព្រឹតអាក្រក់។

(«បទពិសោធរបស់ពេត្រុស៖ ចំណេះដឹងរបស់គាត់អំពីការវាយផ្ចាល និងការជំនុំជម្រះ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ពេលនេះ តើអ្នកយល់ហើយឬនៅថា អ្វីទៅជាការជំនុំជម្រះ ហើយអ្វីទៅជាសេចក្ដីពិត? ប្រសិនបើអ្នកយល់ហើយ នោះខ្ញុំសូមដាស់តឿនឲ្យអ្នកចុះចូលចំពោះការជំនុំជម្រះដោយស្ដាប់បង្គាប់ ពុំនោះទេ អ្នកនឹងគ្មានឱកាសទទួលបានការសរសើរពីព្រះជាម្ចាស់ ឬត្រូវបានព្រះអង្គនាំចូលទៅក្នុងនគររបស់ទ្រង់ឡើយ។ អស់អ្នកដែលទទួលយកតែការជំនុំជម្រះ ប៉ុន្តែមិនធ្លាប់ត្រូវបានបន្សុទ្ធសោះ នោះព្រះជាម្ចាស់នឹងមិនសព្វព្រះហឫទ័យចំពោះពួកគេឡើយ ហើយទ្រង់ក៏នឹងបដិសេធពួកគេដែរ ដ្បិតពួកគេជាអ្នករត់គេចពីកិច្ចការជំនុំជម្រះ។ អំពើបាបរបស់ពួកគេ កើនច្រើនឡើងៗ និងកាន់តែអាក្រក់ជាងពួកផារិស៊ីទៅទៀត ដ្បិតពួកគេបានក្បត់ព្រះជាម្ចាស់ ហើយបះបោរទាស់ទទឹងនឹងទ្រង់ផង។ ជាងនេះទៅទៀត មនុស្សបែបនេះមិនសមនឹងធ្វើការបម្រើផង ពួកគេនឹងទទួលបាននូវទណ្ឌកម្មដែលកាន់តែធ្ងន់ធ្ងរ ជាទណ្ឌកម្មដ៏អស់កល្បជានិច្ច។ ព្រះជាម្ចាស់នឹងមិនទុកជនក្បត់ណាម្នាក់ដែលធ្លាប់បង្ហាញភក្ដីភាពចំពោះព្រះបន្ទូល តែក្រោយមក បែរជាក្បត់ទ្រង់វិញនោះឡើយ។ មនុស្សបែបនេះ នឹងទទួលបាននូវការផ្ដន្ទាទោស តាមរយៈទណ្ឌកម្ម ដល់វិញ្ញាណ ព្រលឹង និងរូបកាយ។ តើនេះមិនមែនជាការបើកសម្ដែងពីនិស្ស័យដ៏សុចរិតរបស់ព្រះជាម្ចាស់ទេឬអី? តើនេះមិនមែនជាបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ក្នុងការជំនុំជម្រះមនុស្ស និងបកអាក្រាតគេទេឬអី? ក្នុងពេលជំនុំជម្រះ ព្រះជាម្ចាស់បញ្ជូនអស់អ្នកណាដែលប្រព្រឹត្តទង្វើអាក្រក់គ្រប់ប្រភេទទៅកាន់កន្លែងដែលពោរពេញដោយវិញ្ញាណអាក្រក់ ហើយបណ្ដោយឲ្យវិញ្ញាណអាក្រក់ទាំងអស់នេះបំផ្លាញរូបកាយខាងសាច់ឈាមរបស់ពួកគេទៅតាមទង្វើចិត្តរបស់វា ហើយរូបកាយរបស់អ្នកទាំងនេះបញ្ចេញជាក្លិនគំរង់សពមនុស្ស។ នេះហើយជាការផ្ដន្ទាទោសដ៏ស័ក្ដិសមសម្រាប់ពួកគេ។ ព្រះជាម្ចាស់កត់ត្រាពីអំពើបាបរបស់អ្នកជឿក្លែងក្លាយដែលគ្មានភាពស្មោះត្រង់ សាវ័កក្លែងក្លាយ និងអ្នកធ្វើការក្លែងក្លាយក្នុងសៀវភៅកំណត់ត្រារបស់គេ។ ក្រោយមក លុះដល់វេលាត្រឹមត្រូវ ព្រះអង្គក៏បណ្ដេញពួកគេឲ្យទៅក្នុងចំណោមវិញ្ញាណស្មោកគ្រោក ទុកឲ្យវិញ្ញាណស្មោកគ្រោកទាំងអស់នេះ បង្ខូចរូបកាយរបស់គេទាំងមូលតាមចិត្ត ដើម្បីកុំឲ្យគេកើតមកវិញ និងមិនឲ្យឃើញពន្លឺថ្ងៃម្ដងទៀតឡើយ។ មនុស្សកំពុតដែលធ្វើកិច្ចការបម្រើបានមួយគ្រា តែគ្មានសមត្ថភាពរក្សាភាពស្មោះត្រង់រហូតដល់ទីបញ្ចប់ ត្រូវបានព្រះជាម្ចាស់រាប់បញ្ចូលទៅក្នុងជំពូកមនុស្សអាក្រក់ ដើម្បីឲ្យគេដើរតាមដំបូន្មានមនុស្សអាក្រក់ និងក្លាយជាចំណែកមួយនៃក្រុមមនុស្សគ្មានសណ្ដាប់ធ្នាប់របស់គេ។ ទីបំផុត ព្រះជាម្ចាស់នឹងធ្វើឲ្យពួកគេសាបសូន្យទៅ។ ព្រះជាម្ចាស់បណ្ដេញអស់អ្នកដែលពុំធ្លាប់មានភក្ដីភាពចំពោះព្រះគ្រីស្ទ ឬពុំធ្លាប់រួមចំណែកជាកម្លាំងអ្វីសោះចេញ ហើយក៏មិនខ្វល់ពីពួកគេដែរ លុះនៅពេលប្ដូរសម័យកាល ទ្រង់នឹងធ្វើឲ្យគេសាបសួន្យទៅ។ ពួកគេលែងមានវត្តមានលើផែនដី ហើយក៏មិនបានធ្វើដំណើរចូលទៅក្នុងនគរព្រះដែរ។ អស់អ្នកដែលមិនធ្លាប់ស្មោះត្រង់ចំពោះព្រះជាម្ចាស់ ប៉ុន្តែ ត្រូវកាលៈទេសៈបង្ខំឲ្យគេមានទំនាក់ទំនងជាមួយទ្រង់ដោយគ្រាន់តែបង្គ្រប់កិច្ច អ្នកនោះត្រូវបានរាប់បញ្ចូលទៅក្នុងអស់អ្នកដែលបម្រើរាស្ត្ររបស់ទ្រង់។ មនុស្សបែបនេះមានចំនួនតិចតួចណាស់ដែលនៅរស់រានមានជីវិត ខណៈដែលភាគច្រើនសុទ្ធតែត្រូវវិនាសទៅជាមួយនឹងអស់អ្នកដែលពុំមានលក្ខណសម្បត្តិគ្រប់គ្រាន់សម្រាប់នឹងធ្វើកិច្ចការបម្រើផង។ ចុងក្រោយបំផុត ព្រះជាម្ចាស់នឹងនាំអស់អ្នកដែលមានគំនិតដូចព្រះជាម្ចាស់ ពោលគឺជារាស្ត្រ និងកូនៗរបស់ព្រះជាម្ចាស់ ព្រមទាំងអស់អ្នកដែលទ្រង់កំណត់ឲ្យធ្វើជាសង្ឃ ចូលទៅក្នុងនគររបស់ព្រះអង្គ។ ពួកគេនឹងក្លាយជាផលចម្រាញ់នៃកិច្ចការរបស់ព្រះជា ម្ចាស់។ ចំពោះអស់អ្នកដែលមិនអាចរាប់បញ្ចូលក្នុងប្រភេទមនុស្សដែលព្រះជាម្ចាស់បានកំណត់ ពួកគេនឹងត្រូវរាប់បញ្ចូលជាមួយអ្នកមិនជឿ ហើយអ្នករាល់គ្នាប្រាកដជាអាចស្រមៃបានហើយថា លទ្ធផលរបស់ពួកគេនឹងទៅជាយ៉ាងណា។ អ្វីៗគ្រប់យ៉ាងដែលខ្ញុំគួរនិយាយ គឺខ្ញុំបាននិយាយប្រាប់អ្នករាល់គ្នារួចហើយ។ ផ្លូវដែលអ្នករាល់គ្នាជ្រើសរើស គឺជាជម្រើសផ្ទាល់ខ្លួនរបស់អ្នកតែម្នាក់ឯងប៉ុណ្ណោះ។ អ្វីដែលអ្នករាល់គ្នាគួរយល់គឺ កិច្ចការរបស់ព្រះជាម្ចាស់ មិនដែលរង់ចាំអ្នកណាម្នាក់ដែលមិនអាចដើរតាមលំអានរបស់ទ្រង់ទាន់នោះឡើយ ហើយនិស្ស័យសុចរិតរបស់ព្រះជាម្ចាស់ មិនបង្ហាញក្ដីសន្ដោសដល់មនុស្សម្នាក់ណាឡើយ។

(«ព្រះគ្រីស្ទធ្វើកិច្ចការជំនុំជម្រះ ដោយសេចក្ដីពិត» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

គ្រប់គ្នានឹងបានសម្រេចដោយព្រះបន្ទូលរបស់ខ្ញុំ។ គ្មានមនុស្សណាម្នាក់អាចចូលរួម ហើយក៏គ្មានមនុស្សណាម្នាក់អាចធ្វើកិច្ចការដែលខ្ញុំនឹងធ្វើនោះដែរ។ ខ្ញុំនឹងបោសសម្អាតខ្យល់នៃដែនដីទាំងឡាយឲ្យស្អាត ហើយលុបបំបាត់ដានរបស់ពួកអារក្សនៅលើផែនដីចេញ។ ខ្ញុំបានចាប់ផ្តើមរួចទៅហើយ ហើយខ្ញុំនឹងចាប់ផ្តើមជំហានទីមួយនៃកិច្ចការវាយផ្ចាលរបស់ខ្ញុំនៅទីកន្លែងដែលនាគដ៏ធំមានសម្បុរក្រហមរស់នៅ។ ដូច្នេះ គេអាចមើលឃើញថា ការវាយផ្ចាលរបស់ខ្ញុំ បានធ្វើឲ្យពិភពលោកទាំងមូលដួលរលំ ហើយនាគដ៏ធំមានសម្បុរក្រហម និងវិញ្ញាណអាក្រក់គ្រប់ប្រភេទនឹងគ្មានកម្លាំងដើម្បីនឹងរត់គេចពីការវាយផ្ចាលរបស់ខ្ញុំនោះទេ ព្រោះថាខ្ញុំទតមើលមកដែនដីទាំងអស់។ នៅពេលដែលកិច្ចការនៅលើផែនដីរបស់ខ្ញុំបានបញ្ចប់ គឺជាពេលដែលយុគសម័យនៃការជំនុំជម្រះមកដល់ទីបញ្ចប់ នោះខ្ញុំនឹងវាយផ្ចាលនាគដ៏ធំមានសម្បុរក្រហមជាផ្លូវការ។ រាស្ត្ររបស់ខ្ញុំពិតជានឹងមើលឃើញការវាយផ្ចាលនាគដ៏ធំមានសម្បុរក្រហមដ៏សុចរិតរបស់ខ្ញុំ គេពិតជានឹងថ្វាយការសរសើរដោយសារតែភាពសុចរិតរបស់ខ្ញុំ ហើយពិតជានឹងសរសើរតម្កើងព្រះនាមរបស់ខ្ញុំជារៀងរហូត ដោយសារតែភាពសុចរិតរបស់ខ្ញុំ។ ដូច្នេះ អ្នកនឹងបំពេញភារកិច្ចរបស់អ្នករាល់គ្នាជាផ្លូវការ ហើយនឹងសរសើរតម្កើងខ្ញុំជាផ្លូវការទូទាំងដែនដី ជានិច្ចនិរន្តរ៍តទៅ!

នៅពេលដែលយុគសម័យនៃការជំនុំជម្រះឈានដល់ចំណុចកំពូលរបស់វា នោះខ្ញុំនឹងមិនប្រញាប់ក្នុងការបញ្ចប់កិច្ចការរបស់ខ្ញុំនោះទេ ផ្ទុយទៅវិញ ខ្ញុំនឹងរួមបញ្ចូលភស្តុតាងនៃយុគសម័យនៃការវាយផ្ចាលទៅក្នុងកិច្ចការរបស់ខ្ញុំ និងអនុញ្ញាតឲ្យមនុស្សទាំងអស់មើលឃើញភស្តុតាងនេះ។ នៅក្នុងសេចក្ដីនេះ នឹងមានផលផ្លែរកាន់តែប្រសើរ។ ភស្តុតាងនេះគឺជាវិធីដែលខ្ញុំវាយផ្ចាលនាគដ៏ធំមានសម្បុរក្រហម ហើយខ្ញុំនឹងធ្វើឲ្យរាស្ត្ររបស់ខ្ញុំបានឃើញការនេះដោយភ្នែករបស់ពួកគេផ្ទាល់ នោះទើបពួកគេនឹងស្គាល់កាន់តែច្បាស់អំពីនិស្ស័យរបស់ខ្ញុំ។ ពេលវេលាដែលរាស្ត្ររបស់ខ្ញុំរីករាយជាមួយខ្ញុំ គឺជាពេលដែលនាគដ៏ធំមានសម្បុរក្រហមត្រូវបានវាយផ្ចាល។ ការធ្វើឲ្យមនុស្សនៃនាគដ៏ធំមានសម្បុរក្រហមក្រោកឡើង ហើយបះបោរប្រឆាំងនឹងនាគដ៏ធំមានសម្បុរក្រហមគឺជាផែនការរបស់ខ្ញុំ ហើយនេះគឺជាវិធីសាស្ត្រ ដែលខ្ញុំធ្វើឲ្យរាស្ត្ររបស់ខ្ញុំបានគ្រប់លក្ខណ៍ ហើយវាគឺជាឱកាសដ៏អស្ចារ្យមួយសម្រាប់រាស្ត្ររបស់ខ្ញុំទាំងអស់ដើម្បីរីកចម្រើនក្នុងជីវិត។ ... សព្វថ្ងៃនេះ ខ្ញុំបោះជំហានជាមួយមនុស្សចូលទៅក្នុងយុគសម័យនៃការវាយផ្ចាល ដោយធ្វើដំណើរទៅមុខជាមួយគេយ៉ាងទន្ទឹមគ្នា។ ខ្ញុំកំពុងតែធ្វើកិច្ចការរបស់ខ្ញុំ ឬអាចនិយាយថា ខ្ញុំយកដំបងរបស់ខ្ញុំវាយក្នុងចំណោមមនុស្ស ហើយវាធ្លាក់ទៅលើអ្វីដែលជាការបះបោរនៅក្នុងមនុស្ស។ នៅក្នុងក្រសែភ្នែករបស់មនុស្ស ដំបងរបស់ខ្ញុំហាក់ដូចជាមានអំណាចពិសេស៖ វាមករកអស់អ្នកណាដែលជាសត្រូវរបស់ខ្ញុំ ហើយដែលមិនងាយនឹងសម្លាប់បាន។ ក្នុងចំណោមអ្នកដែលប្រឆាំងជំទាស់នឹងខ្ញុំ ដំបងនេះធ្វើតាមតួនាទីដែលមានស្រាប់របស់វា។ អស់អ្នកដែលមាននៅក្នុងព្រះហស្តរបស់ខ្ញុំ បំពេញកាតព្វកិច្ចរបស់ពួកគេ ដោយផ្អែកលើបំណងប្រាថ្នារបស់ខ្ញុំ ហើយពួកគេមិនដែលបំពានចំពោះបំណងព្រះហឫទ័យរបស់ខ្ញុំ ឬក៏ផ្លាស់ប្តូរខ្លឹមសារនៃបំណងព្រះហឫទ័យនោះទេ។ ជាលទ្ធផល ទឹកនឹងស្រែកគ្រហឹម ភ្នំទាំងឡាយនឹងដួលរលំ ហើយទន្លេធំៗនឹងបែកខ្ញែក មនុស្សនឹងមិនទទួលបានការផ្លាស់ប្តូរ ព្រះអាទិត្យនឹងឡើងស្រអាប់ ព្រះចន្ទនឹងងងឹត មនុស្សនឹងគ្មានថ្ងៃរស់នៅក្នុងភាពស្ងប់សុខតទៅទៀត នឹងលែងមានពេលវេលាស្ងាត់ជ្រងំនៅលើដែនដីតទៅទៀតហើយ ស្ថានសួគ៌នឹងមិននៅស្ងៀមស្ងាត់ម្តងទៀតនោះទេ ហើយក៏លែងអត់ទ្រាំបានតទៅទៀតដែរ។ របស់សព្វសារពើនឹងត្រូវធ្វើឲ្យថ្មីឡើងវិញ ហើយនឹងស្តារឡើងវិញនូវរូបរាងដើមរបស់វា។ ផ្ទះសម្បែងនៅលើផែនដីទាំងអស់នឹងត្រូវរហែកចេញពីគ្នា ហើយជាតិសាសន៍ទាំងអស់នៅលើផែនដីនឹងបែកខ្ញែកពីគ្នា។ ពេលវេលាជួបជុំឡើងវិញរវាងប្តី និងប្រពន្ធនឹងលែងមានតទៅទៀតហើយ ម្តាយនិងកូនប្រុសនឹងលែងជួបគ្នាម្តងទៀត ហើយឪពុកនិងកូនស្រីក៏នឹងលែងមកជួបជុំគ្នាដែរ។ គ្រប់យ៉ាងដែលធ្លាប់មាននៅលើផែនដីនឹងត្រូវវាយបំផ្លាញដោយសារខ្ញុំ។

(«ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ២៨ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

ខ្ញុំបានបង្ហាញសេចក្ដីមេត្ដាករុណាដល់អស់អ្នកដែលស្រឡាញ់ខ្ញុំ និងបដិសេធខ្លួនឯង។ ទន្ទឹមនឹងនេះ ទណ្ឌកម្មដែលដាក់ទៅលើមនុស្សអាក្រក់ គឺជាភស្ដុតាងយ៉ាងច្បាស់អំពីនិស្ស័យដ៏សុចរិតរបស់ខ្ញុំ ហើយថែមទាំងជាទីបន្ទាល់អំពីសេចក្តីក្រោធរបស់ខ្ញុំផង។ ពេលមហន្តរាយមកដល់ អស់អ្នកដែលប្រឆាំងនឹងខ្ញុំ ពួកគេនឹងស្រក់ទឹកភ្នែក ព្រោះពួកគេរងទុក្ខ ដោយសារភាពអត់ឃ្លាន និងគ្រោះកាច សាហាវ។ រីឯអស់អ្នកដែលបានប្រព្រឹត្ដអំពើអាក្រក់គ្រប់បែបយ៉ាង ប៉ុន្តែបានដើរតាមខ្ញុំអស់រយៈពេលជាច្រើនឆ្នាំ ពួកគេក៏នឹងមិនរួចផុតពីការសងថ្លៃចំពោះអំពើបាបរបស់ពួកគេឡើយ ហើយពួកគេក៏នឹងត្រូវធ្លាក់ចូលក្នុងមហន្តរាយផងដែរ រឿងដូចគ្នានេះធ្លាប់បានកើតឡើងយូរៗម្ដងក្នុងរយៈពេលរាប់លានឆ្នាំមកនេះ ហើយពួកគេនឹងរស់នៅក្នុងស្ថានភាពស្លន់ស្លោ និងភ័យខ្លាចជានិច្ច។ ដោយឡែក អ្នកដើរតាមខ្ញុំទាំងអស់ដែលមានភក្ដីភាពចំពោះខ្ញុំ នឹងរីករាយ ហើយត្រេកអរនឹងអានុភាពរបស់ខ្ញុំ។ ពួកគេនឹងទទួលនូវភាពស្កប់ស្កល់ដែលមិនអាចពិពណ៌នាបាន ហើយរស់នៅក្នុងភាពរីករាយដែលខ្ញុំមិនធ្លាប់ផ្តល់ឲ្យមនុស្សជាតិកាលពីមុនឡើយ។ ត្បិតខ្ញុំឲ្យតម្លៃខ្លាំងទៅលើអំពើល្អរបស់មនុស្ស ហើយស្អប់ខ្ពើមខ្លាំងចំពោះអំពើអាក្រក់របស់ពួកគេ។ តាំងពីពេលដែលខ្ញុំចាប់ផ្តើមដឹកនាំមនុស្សជាតិមក ខ្ញុំមានសេចក្តីសង្ឃឹមយ៉ាងខ្លាំងក្នុងការទទួលបានមនុស្សមួយក្រុមដែលមានចិត្តគំនិតដូចខ្ញុំ។ ទន្ទឹមនឹងនេះ ខ្ញុំមិនដែលភ្លេចឡើយ នូវអស់អ្នកដែលគ្មានចិត្តគំនិតដូចខ្ញុំ។ ខ្ញុំមិនដែលចូលចិត្តពួកគេឡើយនៅក្នុងព្រះហឫទ័យរបស់ខ្ញុំ ហើយខ្ញុំរង់ចាំឱកាសដើម្បីផ្ដន្ទាទោសពួកគេ ឲ្យសប្បាយភ្នែក ម្ដង។ ឥឡូវនេះ ថ្ងៃរបស់ខ្ញុំបានមកដល់ហើយនៅទីបំផុត ហើយខ្ញុំមិនចាំបាច់រង់ចាំទៀតទេ!

កិច្ចការចុងក្រោយរបស់ខ្ញុំគឺមិនត្រឹមតែសម្រាប់ជាប្រយោជន៍ដល់ការដាក់ទោសមនុស្សប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់ជាប្រយោជន៍ដល់ការរៀបចំវាសនារបស់មនុស្សផងដែរ។ លើសពីនេះទៅទៀត គឺដើម្បីឲ្យមនុស្សទាំងអស់អាចស្គាល់ពីអំពើ និងសកម្មភាពរបស់ខ្ញុំ។ ខ្ញុំចង់ឲ្យមនុស្សរាល់គ្នាឃើញថា គ្រប់យ៉ាងដែលខ្ញុំបានធ្វើ គឺត្រឹមត្រូវ ហើយគ្រប់យ៉ាងដែលខ្ញុំបានធ្វើ គឺជាការបង្ហាញពីនិស្ស័យរបស់ខ្ញុំ។ វាមិនមែនជាទង្វើរបស់មនុស្ស និងធម្មជាតិដាច់ខាត ដែលបានធ្វើឲ្យកើតមានមនុស្សជាតិឡើងមក ប៉ុន្តែខ្ញុំទេដែលជាអ្នកដែលចិញ្ចឹមបីបាច់រាល់ភាវរស់ទាំងអស់ដែលបានបង្កើត មក។ បើគ្មានអត្ថិភាពរបស់ខ្ញុំទេ មនុស្សជាតិនឹងត្រូវវិនាស ហើយទទួលរងនូវទុក្ខទោសជាមិនខាន។ គ្មានមនុស្សណាម្នាក់នឹងបានឃើញព្រះអាទិត្យ និងព្រះចន្ទដ៏សែនស្អាត ឬពិភពលោកដ៏ស្រស់បំព្រងម្ដងទៀតឡើយ មនុស្សជាតិនឹងជួបប្រទះតែរាត្រីដ៏ត្រជាក់ និងស្រមោលនៃសេចក្ដីស្លាប់ដែលមិនអាចទប់ទល់បាន។ ខ្ញុំជាសេចក្ដីសង្គ្រោះតែមួយគត់របស់មនុស្សជាតិ។ ខ្ញុំជាសេចក្ដីសង្ឃឹមតែមួយគត់របស់មនុស្សជាតិ ហើយជាងនេះទៅទៀត ខ្ញុំជាព្រះដែលទ្រទ្រង់អត្ថិភាពនៃមនុស្សជាតិទាំងអស់។ បើគ្មានខ្ញុំទេ មនុស្សជាតិនឹងឈានដល់ភាពនៅទ្រឹងយ៉ាងឆាប់រហ័ស។ បើគ្មានខ្ញុំទេ មនុស្សជាតិនឹងរងគ្រោះមហន្តរាយ ហើយត្រូវពួកខ្មោចគ្រប់បែបយ៉ាងជាន់ឈ្លីក្រោមជើង ទោះបីជាគ្មាននរណាម្នាក់យកចិត្តទុកដាក់ចំពោះខ្ញុំក្ដី។ ខ្ញុំបានធ្វើកិច្ចការដែលគ្មានអ្នកណាម្នាក់អាចធ្វើបាន ហើយខ្ញុំគ្រាន់តែសង្ឃឹមថា មនុស្សអាចតបស្នងខ្ញុំវិញដោយការធ្វើអំពើល្អខ្លះៗតែប៉ុណ្ណោះ។ ទោះបីជាមានអ្នកខ្លះអាចតបស្នងខ្ញុំវិញក៏ដោយ ក៏ខ្ញុំនៅតែបញ្ចប់ដំណើររបស់ខ្ញុំនៅក្នុងពិភពមនុស្សដដែល ហើយចាប់ផ្តើមជំហានបន្ទាប់នៃកិច្ចការដែលខ្ញុំកំពុងបង្ហាញឲ្យឃើញ ព្រោះការប្រញាប់ប្រញាល់ទាំងអម្បាលម៉ានរបស់ខ្ញុំនៅក្នុងចំណោមមនុស្ស ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ទទួលបានផ្លែផ្កា ហើយខ្ញុំក៏សព្វព្រះហឫទ័យណាស់ដែរ។ អ្វីដែលខ្ញុំយកចិត្តទុកដាក់មិនមែនជាចំនួនមនុស្សទេ តែផ្ទុយទៅវិញគឺជាអំពើល្អរបស់ពួកគេ។ ទោះក្នុងករណីណាក៏ដោយ ខ្ញុំសង្ឃឹមថា អ្នករាល់គ្នាត្រៀមខ្លួនធ្វើអំពើល្អឲ្យបានគ្រប់គ្រាន់សម្រាប់វាសនាផ្ទាល់របស់ខ្លួន។ ពេលនោះខ្ញុំនឹងសព្វព្រះហឫទ័យ បើមិនដូច្នោះទេគ្មាននរណាម្នាក់អាចរួចផុតពីមហន្តរាយដែលនឹងកើតឡើងឡើយ។ មហន្តរាយនេះកើតចេញពីខ្ញុំ ហើយប្រាកដណាស់ថា ខ្ញុំក៏ជាអ្នកចាត់ចែងវាយ៉ាងហ្មត់ចត់ដែរ។ បើអ្នករាល់គ្នាមិនអាចធ្វើខ្លួនឲ្យល្អត្រូវព្រះនេត្ររបស់ខ្ញុំទេ នោះអ្នករាល់គ្នានឹងគេចមិនផុតពីការរងទុក្ខដោយសារមហន្តរាយឡើយ។

(«ចូរត្រៀមខ្លួនធ្វើអំពើល្អឱ្យបានគ្រប់គ្រាន់សម្រាប់ទិសដៅរបស់អ្នក» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ខ្លឹមសារ​ពាក់ព័ន្ធ

វិធីដែលភាពមានគ្រប់ព្រះចេស្ដា និងព្រះប្រាជ្ញាញាណរបស់ព្រះជាម្ចាស់ត្រូវបានបើកសម្ដែងជាបឋម

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖ ចាប់តាំងពីពេលដែលទ្រង់បានចាប់ផ្តើមការបង្កើតរបស់សព្វសារពើមក...

ព្រះបន្ទូលស្ដីពីការស្គាល់និស្ស័យ និងសារជាតិរបស់ព្រះជាម្ចាស់

ព្រះបន្ទូលពាក់ព័ន្ធរបស់ព្រះជាម្ចាស់៖ ព្រះជាម្ចាស់មាននូវអ្វីដែលជាលក្ខណៈរបស់ទ្រង់ ហើយទ្រង់មាននូវអ្វីដែលជាកម្មសិទ្ធិរបស់ទ្រង់។...

Leave a Reply