១. លទ្ធិកាតូលិកដែលយើងជឿ ត្រូវបានផ្ទេរបន្តពីពួកសាវ័ក ហើយវាជាលទ្ធិអូតូដុកដ៏ធំបំផុតនៃគ្រប់សាសនា។ ពួកជំនុំនៃព្រះដ៏មានគ្រប់ព្រះចេស្ដាជាផ្នែកមួយនៃគ្រីស្ទសាសនា ហើយគ្រីស្ទសាសនាគឺជាមែកធាងនៃលទ្ធិកាតូលិក។ បើយើងជឿលើព្រះដ៏មានគ្រប់ព្រះចេស្ដា តើយើងមិនកំពុងតែចូលទៅក្នុងគ្រីស្ទសាសនាទេឬ? ហើយដោយធ្វើបែបនេះ តើយើងនឹងមិនបែរខ្នងរបស់យើងដាក់ព្រះជាម្ចាស់របស់យើងទេឬ?
ខគម្ពីរយោង៖
«ហើយខ្ញុំនៅមានចៀមផ្សេងទៀត ដែលមិនទាន់នៅក្នុងក្រោលនេះនៅឡើយ។ ខ្ញុំក៏ត្រូវនាំចៀមទាំងនោះមកដែរ ហើយវានឹងឮសំឡេងខ្ញុំ។ វានឹងមានហ្វូងចៀមតែមួយ និងមានគង្វាលតែមួយ» (យ៉ូហាន ១០:១៦)។
ពាក់ព័ន្ធនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖
មានសាសនាធំៗជាច្រើននៅក្នុងពិភពលោកនេះ ហើយសាសនានីមួយៗ គឺសុទ្ធតែមានប្រមុខឬអ្នកដឹកនាំរបស់ខ្លួន ហើយអ្នកជឿក៏រីកសាយទៅតាមបណ្ដាប្រទេស និងតំបន់ជាច្រើនខុសៗគ្នានៅទូទាំងពិភពលោក។ ស្ទើរតែគ្រប់ប្រទេស មិនថាជាប្រទេសតូច ឬប្រទេសធំទេ សុទ្ធតែមានសាសនាក្នុងប្រទេសនោះ។ ក៏ប៉ុន្តែ ទោះបីជាក្នុងពិភពលោកនេះមានសាសនាច្រើនប៉ុនណាក៏ដោយ ក៏នៅទីបំផុត មនុស្សទាំងអស់ក្នុងសកលលោកនេះ នឹងត្រូវមានវត្តមាននៅក្រោមការដឹកនាំរបស់ព្រះជាម្ចាស់តែមួយព្រះអង្គដែរ ហើយវត្តមានរបស់ពួកគេក៏មិនត្រូវបានដឹកនាំដោយប្រមុខឬអ្នកដឹកនាំសាសនាណាដែរ។ នេះមានន័យថា មនុស្សជាតិពុំត្រូវបានដឹកនាំដោយប្រមុខឬអ្នកដឹកនាំសាសនាណាម្នាក់ឡើយ។ ផ្ទុយទៅវិញ មនុស្សជាតិទាំងមូល ត្រូវបានព្រះអាទិករដឹកនាំ ជាព្រះដែលបានបង្កើតផ្ទៃមេឃនិងផែនដី និងរបស់សព្វសារពើ ហើយក៏ជាព្រះដែលបានបង្កើតមនុស្សជាតិដែរ។ នេះគឺជាការពិត។ ទោះជាពិភពលោកនេះ មានសាសនាធំៗច្រើនក៏ពិតមែន ប៉ុន្តែមិនថាសាសនាទាំងនោះធំប៉ុនណានោះទេ ក៏សាសនាទាំងនោះសុទ្ធតែស្ថិតនៅក្រោមការត្រួតត្រារបស់ព្រះអាទិករដែរ ហើយគ្មានសាសនាណាអាចគេចផុតពីវិសាលភាពនៃការគ្រប់គ្រងនេះបានឡើយ។ ការវិវដ្ដរបស់មនុស្សជាតិ ការជំនួសសង្គមចាស់ដែលអន់ថយ ការរីកចម្រើននៃវិទ្យាសាស្ត្រពិត សុទ្ធតែមិនអាចកាត់ផ្ដាច់ចេញពីការរៀបចំរបស់ព្រះអាទិករបានឡើយ ហើយកិច្ចការនេះ ពុំមែនជាកិច្ចការដែលប្រមុខសាសនាណាម្នាក់អាចធ្វើបានឡើយ។ ប្រមុខសាសនា គឺត្រឹមតែជាអ្នកដឹកនាំសាសនាជាក់លាក់ណាមួយប៉ុណ្ណោះ មិនអាចតំណាងឱ្យព្រះជាម្ចាស់បានឡើយ ហើយក៏មិនអាចតំណាងព្រះ ដែលបានបង្កើតផ្ទៃមេឃនិងផែនដី និងរបស់សព្វសារពើបានដែរ។ ប្រមុខសាសនាម្នាក់ អាចដឹកនាំមនុស្សនៅក្នុងសាសនានោះប៉ុណ្ណោះ ប៉ុន្តែគេមិនអាចបញ្ជាសត្តនិករទាំងអស់ដែលនៅក្រោមមេឃនេះបានទេ។ នេះគឺជាការពិតមួយដែលត្រូវបានគេទទួលស្គាល់ជាសកល។ ប្រមុខសាសនាម្នាក់ គឺត្រឹមតែជាអ្នកដឹកនាំម្នាក់ប៉ុណ្ណោះ មិនអាចឈរស្មើព្រះជាម្ចាស់ (ជាព្រះអាទិករ) បានឡើយ។ របស់សព្វសារពើសុទ្ធតែស្ថិតក្នុងព្រះហស្តរបស់ព្រះអាទិករទាំងអស់ ហើយនៅទីបញ្ចប់ ពួកគេនឹងត្រូវត្រឡប់ទៅក្នុងព្រះហស្តរបស់ព្រះអាទិករវិញ។ ព្រះជាម្ចាស់បានបង្កើតមនុស្សឡើងមក ហើយមនុស្សគ្រប់គ្នានឹងត្រូវត្រលប់ទៅក្រោមការគ្រប់គ្រងរបស់ព្រះជាម្ចាស់វិញ ទោះបីជាគេកាន់សាសនាអ្វីក៏ដោយ។ ចំណុចនេះមិនអាចចៀសផុតទេ។ មានតែព្រះជាម្ចាស់ប៉ុណ្ណោះដែលជាព្រះដ៏ខ្ពង់ខ្ពស់បំផុតក្នុងចំណោមរបស់សព្វសារពើ ហើយសូម្បីអ្នកដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតក្នុងចំណោមសត្តនិករទាំងអស់ ក៏ត្រូវតែត្រឡប់មកនៅក្រោមការត្រួត្រារបស់ព្រះអង្គវិញដែរ។ មិនថាមនុស្សមានឋានៈខ្ពង់ខ្ពស់យ៉ាងណា ក៏គេមិនអាចនាំមនុស្សទៅរកគោលដៅសមស្របណាមួយបានដែរ ហើយក៏គ្មាននរណាម្នាក់អាចបែងចែករបស់សព្វសារពើទៅតាមប្រភេទរបស់វាបានដែរ។ ព្រះយេហូវ៉ាផ្ទាល់ព្រះអង្គបានបង្កើតមនុស្សជាតិមក និងបានបែងចែកមនុស្សម្នាក់ៗទៅតាមជំពូករៀងៗខ្លួន ហើយនៅពេលដែលគ្រាចុងក្រោយមកដល់ ព្រះអង្គនឹងនៅតែធ្វើកិច្ចការរបស់ទ្រង់ដោយផ្ទាល់ព្រះអង្គដដែល ដោយបែងចែករបស់សព្វសារពើទៅតាមប្រភេទរបស់វា។ គ្មានអ្នកផ្សេងណាម្នាក់អាចធ្វើកិច្ចការនេះបានឡើយ គឺមានតែព្រះជាម្ចាស់ប៉ុណ្ណោះ។ កិច្ចការទាំងបីដំណាក់កាលនេះដែលបានបំពេញតាំងពីគ្រាដំបូងរហូដមកដល់សព្វថ្ងៃនេះ គឺសុទ្ធតែបំពេញដោយព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ និងជាព្រះជាម្ចាស់តែមួយព្រះអង្គគត់។ ការពិតអំពីកិច្ចការទាំងបីដំណាក់កាលនេះ គឺជាការពិតអំពីការដឹកនាំរបស់ព្រះជាម្ចាស់លើមនុស្សជាតិគ្រប់គ្នា ជាការពិតមួយដែលគ្មាននរណាម្នាក់អាចបដិសេធបាន។ នៅចុងបញ្ចប់នៃកិច្ចការទាំងបីដំណាក់កាលនេះ របស់សព្វសារពើនឹងត្រូវបែងចែកទៅតាមប្រភេទរបស់វា ហើយត្រូវត្រឡប់ទៅនៅក្រោមការត្រួតត្រារបស់ព្រះជាម្ចាស់តែមួយព្រះអង្គវិញ ព្រោះនៅក្នុងសកលលោកទាំងមូល មានព្រះជាម្ចាស់តែមួយព្រះអង្គគត់ ហើយគ្មានសាសនាដទៃផ្សេងទៀតឡើយ។ ព្រះណាដែលគ្មានសមត្ថភាពបង្កើតលោកីយ៍នេះ ក៏គ្មានសមត្ថភាពបញ្ចប់លោកីយ៍នេះដែរ ចំណែកឯព្រះណាដែលបានបង្កើតលោកីយ៍នេះ មុខជាអាចនាំលោកីយ៍នេះទៅរកទីបញ្ចប់ទៅបានជាប្រាកដ។ ដូច្នេះ ប្រសិនបើមនុស្សណាម្នាក់មិនអាចធ្វើឱ្យយុគសម័យមួយបញ្ចប់ទៅបានទេ ហើយបានត្រឹមជួយឱ្យមនុស្សបណ្ដុះគំនិតរបស់គេ អ្នកនោះប្រាកដជាមិនមែនជាព្រះទេ ហើយច្បាស់ជាមិនមែនជាព្រះអម្ចាស់របស់មនុស្សជាតិឡើយ។ គេនឹងពុំអាចធ្វើកិច្ចការអស្ចារ្យបែបនេះបានទេ។ មានតែព្រះមួយអង្គគត់ដែលអាចបំពេញកិច្ចការបែបនេះបាន ហើយមនុស្សទាំងអស់ដែលពុំអាចធ្វើកិច្ចការនេះបាន គឺសុទ្ធតែជាសត្រូវ មិនមែនជាព្រះជាម្ចាស់ទេ។ សាសនាអាក្រក់ទាំងអស់ គឺសុទ្ធតែមិនចុះសម្រុងជាមួយព្រះជាម្ចាស់ ហើយដោយសារពួកគេមិនចុះសម្រុងជាមួយព្រះជាម្ចាស់បែបនេះហើយ ទើបពួកគេសុទ្ធតែជាសត្រូវរបស់ព្រះជាម្ចាស់។ កិច្ចការទាំងអស់ត្រូវព្រះដ៏ពិតតែមួយអង្គនេះបំពេញទាំងអស់ ហើយសកលលោកទាំងមូល ក៏ត្រូវបានព្រះមួយព្រះអង្គនេះបញ្ជាដែរ។ ទោះបីកិច្ចការរបស់ទ្រង់ ជាកិច្ចការនៅស្រុកអ៊ីស្រាអែល ឬនៅក្នុងប្រទេសចិនក៏ដោយ ទោះបីកិច្ចការនោះ ត្រូវបានបំពេញដោយព្រះវិញ្ញាណ ឬដោយសាច់ឈាមក៏ដោយ ក៏កិច្ចការទាំងអស់ សុទ្ធតែត្រូវបានបំពេញដោយព្រះជាម្ចាស់ផ្ទាល់អង្គ ហើយគ្មាននរណាម្នាក់អាចធ្វើកិច្ចការនេះបានឡើយ។ ច្បាស់ណាស់ ដោយសារទ្រង់គឺជាព្រះជាម្ចាស់របស់មនុស្សជាតិគ្រប់គ្នា ដូច្នេះហើយទើបទ្រង់អាចបំពេញកិច្ចការដោយសេរី គ្មានការបង្ខិតបង្ខំពីលក្ខខណ្ឌណាមួយនោះទេ។ នេះគឺជានិមិត្តដ៏អស្ចារ្យក្នុងបណ្ដានិមិត្តទាំងអស់។
(ដកស្រង់ពី «ការស្គាល់ដំណាក់កាលទាំងបីនៃកិច្ចការរបស់ព្រះជាម្ចាស់ គឺជាផ្លូវនាំទៅរកការស្គាល់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ចាប់តាំងពីកិច្ចការរបស់ព្រះយេហូវ៉ាទៅដល់កិច្ចការរបស់ព្រះយេស៊ូវ និងពីកិច្ចការរបស់ព្រះយេស៊ូវទៅដល់ដំណាក់កាលបច្ចុប្បន្ននេះ ដំណាក់កាលទាំងបីនេះ គ្របដណ្ដប់លើការគ្រប់គ្រងសព្វគ្រប់បែបយ៉ាងទាំងអស់របស់ព្រះជាម្ចាស់ ហើយកិច្ចការទាំងអស់ គឺសុទ្ធតែជាកិច្ចការរបស់ព្រះវិញ្ញាណតែមួយ។ ចាប់តាំងពីការបង្កើតពិភពលោកនេះមក ព្រះជាម្ចាស់តែងបំពេញកិច្ចការនៃការគ្រប់គ្រងមនុស្សជាតិ។ ទ្រង់គឺជាការចាប់ផ្ដើម និងជាទីបញ្ចប់ ទ្រង់គឺជាព្រះជាម្ចាស់ដំបូងគេ និងចុងក្រោយគេ ហើយទ្រង់គឺជាព្រះជាម្ចាស់មួយអង្គដែលចាប់ផ្ដើមយុគសម័យមួយ និងជាព្រះជាម្ចាស់ដែលនាំយុគសម័យនោះទៅរកទីបញ្ចប់។ ដំណាក់កាលទាំងបីនៃកិច្ចការនេះ ដែលស្ថិតក្នុងយុគសម័យខុសគ្នា និងទីតាំងខុសគ្នា គឺជាកិច្ចការរបស់ព្រះវិញ្ញាណតែមួយ។ អស់អ្នកដែលញែកដំណាក់កាលទាំងបីនេះពីគ្នា នោះឈរទទឹងនឹងព្រះជាម្ចាស់ហើយ។ បច្ចុប្បន្ននេះ វាបញ្ជាក់អ្នកឱ្យយល់ថា គ្រប់កិច្ចការទាំងអស់ គឺចាប់តាំងពីដំណាក់កាលដំបូង រហូតដល់សព្វថ្ងៃនេះ គឺជាកិច្ចការរបស់ព្រះជាម្ចាស់តែមួយព្រះអង្គ ជាកិច្ចការរបស់ព្រះវិញ្ញាណតែមួយ។ គ្មានអ្វីត្រូវឆ្ងល់ចំពោះចំណុចនេះទេ។
(ដកស្រង់ពី «និមិត្តអំពីកិច្ចការរបស់ព្រះជាម្ចាស់ (៣)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ក្រោយកិច្ចការរបស់ព្រះយេហូវ៉ា ព្រះយេស៊ូវបានត្រឡប់ជាសាច់ឈាម ដើម្បីធ្វើកិច្ចការរបស់ទ្រង់នៅក្នុងចំណោមមនុស្ស។ កិច្ចការរបស់ទ្រង់មិនត្រូវបានអនុវត្តដាច់ដោយឡែកឡើយ ប៉ុន្តែត្រូវបានសង់ពីលើកិច្ចការរបស់ព្រះយេហូវ៉ា។ វាជាកិច្ចការសម្រាប់យុគសម័យថ្មីដែលព្រះជាម្ចាស់បានធ្វើ ក្រោយពេលទ្រង់បានបញ្ចប់យុគសម័យនៃក្រឹត្យវិន័យ។ ដូចគ្នាផងដែរ ក្រោយកិច្ចការរបស់ព្រះយេស៊ូវបានបញ្ចប់ ព្រះជាម្ចាស់បានបន្តធ្វើកិច្ចការរបស់ទ្រង់សម្រាប់យុគសម័យថ្មី ព្រោះថា ការគ្រប់គ្រងទាំងស្រុងរបស់ព្រះជាម្ចាស់តែងតែវិវឌ្ឍទៅមុខជានិច្ច។ ពេលដែលយុគសម័យចាស់កន្លងផុតទៅ វានឹងត្រូវជំនួសដោយយុគសម័យមួយថ្មី ហើយពេលដែលកិច្ចការចាស់ត្រូវបានបញ្ចប់ វានឹងមានកិច្ចការថ្មីដែលត្រូវបន្តការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ ការយកកំណើតជាមនុស្សនេះ គឺជាការយកកំណើតជាមនុស្សលើកទីពីររបស់ព្រះជាម្ចាស់ ដែលកើតឡើងតាមក្រោយកិច្ចការរបស់ព្រះយេស៊ូវ។ ពិតមែនហើយ ការយកកំណើតជាមនុស្សនេះមិនមែនកើតឡើងដោយឯករាជ្យឡើយ ប៉ុន្តែវាជាដំណាក់កាលទីបីនៃកិច្ចការ ក្រោយយុគសម័យនៃក្រឹត្យវិន័យ និងយុគសម័យនៃព្រះគុណ។ គ្រប់ពេលដែលព្រះជាម្ចាស់ផ្ដួចផ្ដើមដំណាក់កាលថ្មីនៃកិច្ចការ គឺត្រូវតែមានទីចាប់ផ្ដើមថ្មីជានិច្ច ហើយវាត្រូវតែនាំមកនូវយុគសម័យថ្មីផងដែរ។ ហើយវាក៏មាននូវការផ្លាស់ប្ដូរស្របគ្នានៅក្នុងនិស្ស័យរបស់ព្រះជាម្ចាស់ នៅក្នុងឥរិយាបថនៃការធ្វើការរបស់ទ្រង់ នៅក្នុងទីតាំងនៃកិច្ចការរបស់ទ្រង់ និងនៅក្នុងព្រះនាមរបស់ទ្រង់ផងដែរ។ នេះហើយជាហេតុផលដែលមនុស្សមានការពិបាកក្នុងការទទួលយកកិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងយុគសម័យថ្មី។ ប៉ុន្តែ មិនថាមនុស្សប្រឆាំងនឹងទ្រង់យ៉ាងណាក៏ដោយ ក៏ព្រះជាម្ចាស់នៅតែធ្វើកិច្ចការរបស់ទ្រង់ និងដឹកនាំមនុស្សជាតិទាំងអស់ឆ្ពោះទៅមុខជានិច្ច។ ពេលព្រះយេស៊ូវបានយាងចូលក្នុងពិភពលោករបស់មនុស្ស ទ្រង់បាននាំមកនូវយុគសម័យនៃព្រះគុណ និងបានបញ្ចប់យុគសម័យនៃក្រឹត្យវិន័យ។ ក្នុងអំឡុងពេលនៃគ្រាចុងក្រោយ ព្រះជាម្ចាស់បានក្លាយជាសាច់ឈាមម្ដងទៀត ហើយជាមួយការយកកំណើតជាមនុស្សនេះ ទ្រង់បានបិទបញ្ចប់យុគសម័យនៃព្រះគុណ ហើយបាននាំមកនូវយុគសម័យនៃនគរព្រះវិញ។ អស់អ្នកដែលអាចទទួលយកការយកកំណើតជាមនុស្សលើកទីពីររបស់ព្រះជាម្ចាស់ នឹងត្រូវបាននាំចូលទៅក្នុងយុគសម័យនៃនគរព្រះ ហើយលើសពីនេះទៀត គេនឹងអាចទទួលយកការដឹកនាំរបស់ព្រះជាម្ចាស់ដោយផ្ទាល់។ ទោះបីជាព្រះយេស៊ូវបានធ្វើកិច្ចការជាច្រើននៅក្នុងចំណោមមនុស្សក៏ដោយ ប៉ុន្តែទ្រង់គ្រាន់តែបញ្ចប់នូវកិច្ចការប្រោសលោះមនុស្សជាតិទាំងអស់ ហើយបានក្លាយជាតង្វាយលោះបាបរបស់មនុស្សប៉ុណ្ណោះ។ ទ្រង់មិនបានដកចោលនូវនិស្ស័យពុករលួយទាំងអស់ចេញពីមនុស្សឡើយ។ ការសង្រ្គោះមនុស្សយ៉ាងពេញលេញចេញពីឥទ្ធិពលរបស់អារក្សសាតាំង មិនគ្រាន់តែតម្រូវឱ្យព្រះយេស៊ូវក្លាយជាតង្វាយលោះបាប និងទទួលយកអំពើបាបរបស់មនុស្សប៉ុណ្ណោះទេ ប៉ុន្តែវាក៏តម្រូវឱ្យព្រះជាម្ចាស់ធ្វើកិច្ចការកាន់តែខ្លាំង ដើម្បីដកចោលនិស្ស័យពុករលួយបែបសាតាំងទាំងអស់ចេញពីមនុស្សផងដែរ។ ដូច្នេះ ឥឡូវនេះមនុស្សត្រូវបានអត់ទោសពីអំពើបាបរបស់ខ្លួន ព្រះជាម្ចាស់បានត្រឡប់ជាសាច់ឈាម ដើម្បីដឹកនាំមនុស្សចូលទៅក្នុងយុគសម័យថ្មី ហើយចាប់ផ្ដើមកិច្ចការនៃការវាយផ្ចាល និងការជំនុំជម្រះ។ កិច្ចការនេះបាននាំមនុស្សចូលទៅក្នុងពិភពមួយកាន់តែខ្ពស់។ អស់អ្នកដែលចុះចូលក្រោមដែនគ្រប់គ្រងរបស់ទ្រង់នឹងរីករាយចំពោះសេចក្តីពិតកាន់តែខ្ពស់ ហើយទទួលព្រះពរកាន់តែធំ។ ពួកគេនឹងរស់នៅយ៉ាងពិតប្រាកដនៅក្នុងពន្លឺ ហើយគេនឹងទទួលបានសេចក្តីពិត ផ្លូវ និងជីវិត។
(ដកស្រង់ពី «អារម្ភកថា» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
កិច្ចការសព្វថ្ងៃបានរុញច្រានកិច្ចការនាយុគសម័យនៃព្រះគុណឱ្យឆ្ពោះទៅមុខ មានន័យថា កិច្ចការដែលស្ថិតនៅក្រោមផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំទាំងមូល ក៏បានបន្តទៅមុខទៀតហើយ។ ទោះបីជាយុគសម័យនៃព្រះគុណបានបញ្ចប់ក៏ដោយ ប៉ុន្តែវឌ្ឍនភាពនៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់ ក៏នៅតែមានដែរ។ ហេតុអ្វីបានជាខ្ញុំនិយាយម្ដងទៀតថា ដំណាក់កាលនៃកិច្ចការនេះសង់ឡើងនៅលើយុគសម័យនៃព្រះគុណ និងយុគសម័យនៃក្រឹត្យវិន័យ? នោះគឺដោយសារតែកិច្ចការនាពេលសព្វថ្ងៃ គឺជាការបន្តនូវកិច្ចការដែលបានធ្វើរួចហើយ នៅក្នុងយុគសម័យនៃព្រះគុណ និងជាវឌ្ឍនភាពលើកិច្ចការដែលបានធ្វើរួច នៅក្នុងយុគសម័យនៃក្រឹត្យវិន័យ។ ដំណាក់កាលទាំងបីនេះមានទំនាក់ទំនងជាមួយគ្នាទៅវិញទៅមកយ៉ាងស្អិតរមួត គឺដូចជាតំណមួយៗនៅក្នុងច្រវាក់ដែលប្រទាក់គ្នាយ៉ាងណែនដូច្នោះដែរ។ ហេតុអ្វីបានជាខ្ញុំនិយាយថា ដំណាក់កាលនៃកិច្ចការនេះសង់ឡើងនៅលើកិច្ចការដែលព្រះយេស៊ូវបានធ្វើដែរ? ឧបមាថា ដំណាក់កាលនេះមិនត្រូវបានសាងលើកិច្ចការដែលព្រះយេស៊ូវបានធ្វើ នោះការជាប់ឆ្កាងមួយទៀតនឹងត្រូវកើតឡើងនៅក្នុងដំណាក់កាលនេះ ហើយកិច្ចការប្រោសលោះនៃដំណាក់កាលមុននឹងត្រូវធ្វើឡើងម្ដងទៀតមិនខាន។ ការនេះនឹងទៅជាគ្មានន័យ។ ដូច្នេះ មិនមែនថា កិច្ចការនោះត្រូវបានបញ្ចប់ទាំងស្រុងឡើយ ប៉ុន្តែយុគសម័យនោះបានបន្តទៅមុខ ហើយកម្រិតនៃកិច្ចការនោះ ក៏ត្រូវលើកឡើងកាន់តែខ្ពស់ ជាងពេលមុនទៅទៀត។ អាចនិយាយបានថា ដំណាក់កាលនៃកិច្ចការនេះ ត្រូវបានសង់ឡើងនៅលើគ្រឹះមូលដ្ឋាននាយុគសម័យនៃក្រឹត្យវិន័យ និងលើថ្មដានៃកិច្ចការរបស់ព្រះយេស៊ូវ។ កិច្ចការរបស់ព្រះជាម្ចាស់ ត្រូវបានសាងឡើង ពីមួយដំណាក់កាលទៅមួយដំណាក់កាល ហើយដំណាក់កាលនេះមិនមែនជាការចាប់ផ្ដើមថ្មីនោះឡើយ។ មានតែបន្សំគ្នានៃដំណាក់កាលនៃកិច្ចការទាំងបីប៉ុណ្ណោះ ទើបអាចត្រូវបានចាត់ទុកជាផែនការគ្រប់គ្រងរយៈពេលប្រាំមួយពាន់ឆ្នាំបាន។ កិច្ចការនៃដំណាក់កាលនេះ ត្រូវបានធ្វើឡើងលើគ្រឹះមូលដ្ឋាននៃកិច្ចការក្នុងយុគសម័យនៃព្រះគុណ។ ប្រសិនបើដំណាក់កាលនៃកិច្ចការទាំងពីរនេះមិនទាក់ទងគ្នាទេ ចុះហេតុអ្វីបានជាការជាប់ឆ្កាង មិនកើតឡើងម្ដងទៀតនៅក្នុងដំណាក់កាលនេះទៅ? ហេតុអ្វីបានជាខ្ញុំមិនទទួលយកបាបរបស់មនុស្ស ប៉ុន្តែបែរជាយាងមកជំនុំជម្រះ និងកាត់ទោសមនុស្សដោយផ្ទាល់ទៅវិញ? ប្រសិនបើកិច្ចការជំនុំជម្រះ និងវាយផ្ចាលមនុស្សរបស់ខ្ញុំ មិនបានធ្វើតាមការជាប់ឆ្កាង ដោយរួមជាមួយការយាងមករបស់ខ្ញុំក្នុងពេលបច្ចុប្បន្ន មិនមែនចាប់កំណើតដោយព្រះវិញ្ញាណបរិសុទ្ធទេ នោះខ្ញុំនឹងគ្មានគុណសម្បត្តិគ្រប់គ្រាន់ដើម្បីជំនុំជម្រះ និងវាយផ្ចាលមនុស្សឡើយ។ ប្រាកដណាស់ ដោយសារតែខ្ញុំគឺជាអង្គតែមួយជាមួយព្រះយេស៊ូវ ទើបខ្ញុំចុះមកដោយផ្ទាល់ ដើម្បីវាយផ្ចាល និងជំនុំជម្រះមនុស្ស។ កិច្ចការនៅដំណាក់កាលនេះត្រូវបានសាងឡើងទាំងស្រុងពីលើកិច្ចការនៅដំណាក់កាលមុន។ នេះគឺជាហេតុផលដែលបញ្ជាក់ថា មានតែកិច្ចការប្រភេទនេះប៉ុណ្ណោះ ដែលអាចនាំមនុស្សទៅរកសេចក្តីសង្រ្គោះ មួយជំហានម្ដងៗបាន។ ព្រះយេស៊ូវ ហើយនិងខ្ញុំ ចេញមកពីព្រះវិញ្ញាណតែមួយ។ ទោះបីយើងដាច់ឡែកនៅក្នុងសាច់ឈាមរបស់យើងក៏ដោយ ក៏ព្រះវិញ្ញាណរបស់យើងតែមួយដដែល។ ទោះបីខ្លឹមសារនៃអ្វីដែលយើងធ្វើ ហើយកិច្ចការដែលយើងរ៉ាប់រង មិនដូចគ្នាក៏ដោយ ប៉ុន្តែយើងមានសារជាតិដូចគ្នា។ សាច់ឈាមរបស់យើងមានទម្រង់ខុសគ្នា នេះដោយសារតែការផ្លាស់ប្ដូរនៅក្នុងសម័យកាល និងលក្ខខណ្ឌតម្រូវខុសគ្នានៃកិច្ចការយើងប៉ុណ្ណោះ។ ព័ន្ធកិច្ចរបស់យើងក៏មិនដូចគ្នាដែរ ដូច្នេះកិច្ចការដែលយើងនាំមក ហើយនិស្ស័យដែលយើងបើកសម្ដែងទៅកាន់មនុស្សក៏ខុសគ្នាដែរ។ នោះជាហេតុផលដែលនាំឱ្យអ្វីដែលមនុស្សមើលឃើញ និងយល់នៅសម័យនេះ មានលក្ខណៈខុសពីអតីតកាល គឺដោយសារតែការផ្លាស់ប្ដូរនៅក្នុងយុគសម័យនេះហើយ។ ដ្បិតពួកទ្រង់មានលក្ខណៈខុសគ្នាទាំងភេទ និងទម្រង់នៃសាច់ឈាមរបស់ពួកទ្រង់ ហើយពួកទ្រង់ក៏មិនកើតចេញពីគ្រួសារដូចគ្នាដែរ ចំណែកឯអំឡុងពេលវិញ ក៏ខុសគ្នាទៀតនោះ តែយ៉ាងណាក៏ពួកទ្រង់មានព្រះវិញ្ញាណតែមួយដែរ។
(ដកស្រង់ពី «ការយកកំណើតជាមនុស្សទាំងពីរលើក បំពេញនូវសារៈសំខាន់នៃការយកកំណើតជាមនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ដោយសារតែមនុស្សជឿលើព្រះជាម្ចាស់ ដូច្នេះ គេត្រូវតែដើរតាមយ៉ាងប្រកៀកនឹងជំហានព្រះបាទារបស់ព្រះជាម្ចាស់មួយជំហានម្ដងៗ ហើយគេគួរតែ «ដើរតាមកូនចៀមនៅគ្រប់ទីកន្លែងដែលទ្រង់យាងទៅ»។ មានតែមនុស្សបែបនេះប៉ុណ្ណោះ ដែលជាមនុស្សស្វែងរកផ្លូវដ៏ពិត និងជាម្នាក់ដែលស្គាល់ពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ មនុស្សដែលដើរតាមន័យពាក្យ និងគោលលទ្ធិយ៉ាងរឹងរូស គឺជាមនុស្សដែលត្រូវបានផាត់ចោលដោយកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ នៅក្នុងអំឡុងពេលនីមួយៗ ព្រះជាម្ចាស់នឹងចាប់ផ្ដើមកិច្ចការថ្មី ហើយនៅក្នុងអំឡុងពេលនីមួយៗ នឹងមានការចាប់ផ្ដើមថ្មីនៅក្នុងចំណោមមនុស្ស។ ប្រសិនបើមនុស្សកាន់តាមសេចក្តីពិតដែលចែងថា «ព្រះយេហូវ៉ាគឺជាព្រះជាម្ចាស់» ហើយ «ព្រះយេស៊ូវជាព្រះគ្រីស្ទ» ជាសេចក្តីពិតដែលអនុវត្តតែនៅក្នុងយុគសម័យនីមួយៗ នោះមនុស្សនឹងមិនតាមទាន់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយគេនឹងគ្មានសមត្ថភាពទទួលបានកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធជារៀងរហូតឡើយ។ មិនថាព្រះជាម្ចាស់ធ្វើការតាមរបៀបណាឡើយ មនុស្សដើរតាមដោយគ្មានចិត្តសង្ស័យសូម្បីតែបន្ដិច ហើយគេដើរតាមទ្រង់យ៉ាងប្រកៀក។ តាមរបៀបនេះ តើមនុស្សអាចត្រូវបានផាត់ចោលដោយព្រះវិញ្ញាណបរិសុទ្ធយ៉ាងដូចម្ដេចទៅ? មិនថាព្រះជាម្ចាស់ធ្វើអ្វីឡើយ ដរាបណាមនុស្សនៅតែប្រាកដច្បាស់ថា វាជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយសហការនៅក្នុងកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធដោយគ្មានមន្ទិល ព្រមទាំងព្យាយាមបំពេញតាមសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ តើគេអាចទទួលទោសយ៉ាងដូចម្ដេចកើត? កិច្ចការរបស់ព្រះជាម្ចាស់មិនដែលឈប់ឡើយ ជំហានព្រះបាទារបស់ទ្រង់ក៏មិនដែលឈប់ដែរ ហើយមុនពេលបញ្ចប់កិច្ចការគ្រប់គ្រងរបស់ទ្រង់ ព្រះអង្គតែងតែមមាញឹក ហើយមិនដែលឈប់សម្រាកឡើយ។ ប៉ុន្តែ មនុស្សមានលក្ខណៈខុសពីនេះ៖ ដោយទទួលបានចំនួនតិចតួចនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ គេចាត់ទុកកិច្ចការរបស់ទ្រង់ថានឹងមិនដែលផ្លាស់ប្ដូរឡើយ។ ដោយទទួលបានចំណេះដឹងតិចតួច គេមិនបានបន្តដើរតាមជំហានព្រះបាទានៃកិច្ចការថ្មីៗរបស់ព្រះជាម្ចាស់ឡើយ។ ដោយមើលឃើញកិច្ចការរបស់ព្រះជាម្ចាស់បានតិចតួច គេក៏កំណត់ភ្លាមៗថា ព្រះជាម្ចាស់ដូចជារូបសំណាក់ធ្វើពីឈើ ហើយជឿថា ព្រះជាម្ចាស់នឹងតែងតែបន្តនៅក្នុងទម្រង់ដែលគេមើលឃើញនៅចំពោះមុខរបស់គេបែបនេះ ព្រមទាំងជឿថា ព្រះអង្គកាលពីអតីតកាលបែបណា នៅថ្ងៃអនាគត ទ្រង់នឹងនៅតែបែបនោះដដែល។ ដោយទទួលបានចំណេះដឹងបន្ដិចបន្ដួច មនុស្សអួតខ្លួនយ៉ាងខ្លាំងថា គេភ្លេចខ្លួន ហើយចាប់ផ្ដើមប្រកាសដោយឥតសំចៃមាត់អំពីនិស្ស័យ និងរូបអង្គរបស់ព្រះជាម្ចាស់ដែលគ្មានពិតនោះឡើយ។ ហើយដោយប្រាកដច្បាស់អំពីដំណាក់កាលមួយនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ មិនថាអ្នកដែលប្រកាសអំពីកិច្ចការថ្មីរបស់ព្រះជាម្ចាស់នោះជាមនុស្សប្រភេទណាឡើយ គឺមនុស្សមិនទទួលយកទេ។ ពួកគេគឺជាមនុស្សដែលមិនអាចទទួលយកកិច្ចការថ្មីនៃព្រះវិញ្ញាណបរិសុទ្ធឡើយ ព្រោះពួកគេជាមនុស្សអភិរក្សជ្រុល ហើយគ្មានសមត្ថភាពទទួលយកកិច្ចការថ្មីៗឡើយ។ មនុស្សបែបនេះជាអ្នកដែលជឿលើព្រះជាម្ចាស់ ប៉ុន្តែក៏បដិសេធព្រះជាម្ចាស់ដែរ។ មនុស្សជឿថា ពួកអ៊ីស្រាអែលខុសហើយ ដែល «គ្រាន់តែជឿលើព្រះយេហូវ៉ា ហើយមិនព្រមជឿលើព្រះយេស៊ូវ» ប៉ុន្តែ មនុស្សភាគច្រើនប្រព្រឹត្តដូចជាពួកគេ «គ្រាន់តែជឿលើព្រះយេហូវ៉ា ហើយបដិសេធព្រះយេស៊ូវ» និង «ទន្ទឹងរង់ចាំការយាងត្រលប់របស់ព្រះមែស្ស៊ី ប៉ុន្តែប្រឆាំងនឹងព្រះមែស្ស៊ីដែលត្រូវបានហៅថាជាព្រះយេស៊ូវ»។ ដូច្នេះ វាគ្មានអ្វីដែលត្រូវឆ្ងល់ឡើយថា មនុស្សនៅតែរស់នៅក្រោមការគ្រប់គ្រងរបស់សាតាំង ក្រោយការទទួលយកដំណាក់កាលមួយនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយនៅតែមិនទទួលបានព្រះពររបស់ព្រះជាម្ចាស់។ តើនេះមិនមែនជាលទ្ធផលនៃការបះបោររបស់មនុស្សទេឬអី? គ្រីស្ទបរិស័ទនៅទូទាំងពិភពលោកដែលមិនបានតាមទាន់កិច្ចការថ្មីនាពេលសព្វថ្ងៃ សុទ្ធតែប្រកាន់ខ្ជាប់នឹងជំនឿថា ពួកគេជាមនុស្សមានសំណាង ព្រមទាំងជឿថា ព្រះជាម្ចាស់នឹងសម្រេចតាមបំណងប្រាថ្នានីមួយៗរបស់ពួកគេមិនខាន។ ប៉ុន្តែ ពួកគេមិនអាចនិយាយឱ្យបានច្បាស់អំពីហេតុផលដែលព្រះជាម្ចាស់នឹងនាំយកពួកគេឡើងទៅស្ថានសួគ៌ជាន់ទីបី ឬមិនច្បាស់អំពីរបៀបដែលព្រះយេស៊ូវនឹងយាងមកទទួលពួកគេគង់នៅលើពពកសមួយដុំនោះឡើយ ហើយពួកគេក៏មិនអាចនិយាយដោយចិត្តជឿជាក់ថា ព្រះយេស៊ូវនឹងពិតជាយាងត្រលប់មកវិញនៅលើពពកសមួយដុំនៅថ្ងៃដែលគេស្រមើស្រមៃនោះដែរ។ ពួកគេគ្រប់គ្នាមានចិត្តខ្វល់ខ្វាយ និងមិនច្បាស់ឡើយ។ ពួកគេថែមទាំងមិនដឹងថាតើព្រះជាម្ចាស់នឹងចាប់អារម្មណ៍លើពួកគេម្នាក់ៗដែលជាមនុស្សមួយក្ដាប់តូចផ្សេងៗគ្នាចេញមកពីគ្រប់និកាយនោះឡើយ។ កិច្ចការដែលព្រះជាម្ចាស់ធ្វើនាពេលសព្វថ្ងៃ ពោលគឺនៅក្នុងយុគសម័យបច្ចុប្បន្ន ដែលជាព្រះហឫទ័យរបស់ព្រះជាម្ចាស់នោះ គឺពួកគេមិនយល់អំពីកិច្ចការទាំងនេះឡើយ ហើយពួកគេមិនអាចធ្វើអ្វីសោះ ក្រៅពីអង្គុយរាប់ថ្ងៃនៅលើម្រាមដៃរបស់ពួកគេ។ មានតែអស់អ្នកដែលដើរតាមជំហានព្រះបាទារបស់កូនចៀមដល់ទីចុងបញ្ចប់ទេ ទើបចុងបញ្ចប់ អាចទទួលបានព្រះពរ របស់ព្រះជាម្ចាស់ រីឯ «មនុស្សឆ្លាត» ទាំងនោះ ដែលមិនអាចដើរតាមដល់ទីបញ្ចប់ ប៉ុន្តែជឿថា ពួកគេបានទទួលអ្វីៗគ្រប់យ៉ាង គឺគ្មានសមត្ថភាពមើលឃើញផ្ទាល់ភ្នែកអំពីការលេចមករបស់ព្រះជាម្ចាស់ឡើយ។ ពួកគេម្នាក់ៗជឿថា ពួកគេជាមនុស្សដ៏ឆ្លាតបំផុតនៅលើផែនដី ហើយពួកគេកាត់ចោលការបន្ដអភិវឌ្ឍន៍នៃកិច្ចការរបស់ព្រះជា ម្ចាស់ដោយគ្មានហេតុផលទាល់តែសោះ ហើយហាក់ដូចជាជឿយ៉ាងច្បាស់ថា ព្រះ ជាម្ចាស់នឹងនាំពួកគេឡើងទៅឯស្ថានសួគ៌ ព្រមទាំងជឿថាពួកគេ «មានចិត្តភក្តីភាពបំផុតចំពោះព្រះជាម្ចាស់ ដើរតាមព្រះជាម្ចាស់ និងកាន់តាមព្រះបន្ទូលរបស់ព្រះជាម្ចាស់»។ ទោះបីជាពួកគេមាន «ចិត្តភក្តីភាពបំផុត» ចំពោះព្រះបន្ទូលដែលព្រះជាម្ចាស់បានថ្លែងក៏ដោយ ប៉ុន្តែពាក្យសម្ដី និងទង្វើរបស់ពួកគេនៅតែគួរឱ្យស្អប់ខ្ពើមបំផុតដដែល ដោយសារតែពួកគេប្រឆាំងនឹងកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ហើយប្រព្រឹត្តរឿងបោកបញ្ឆោត និងអាក្រក់។ អស់អ្នកណាដែលដើរតាមមិនដល់ទីបញ្ចប់ មិនតាមទាន់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ និងប្រកាន់ខ្ជាប់ចំពោះកិច្ចការចាស់ នោះពួកគេមិនគ្រាន់តែគ្មានចិត្តភក្តីភាពចំពោះព្រះជាម្ចាស់ប៉ុណ្ណោះទេ ប៉ុន្តែផ្ទុយទៅវិញ ពួកគេបានក្លាយជាមនុស្សដែលប្រឆាំងនឹងព្រះជាម្ចាស់ បានក្លាយជាមនុស្សដែលត្រូវបានបដិសេធដោយយុគសម័យថ្មី ហើយពួកគេនឹងត្រូវទទួលទោសមិនខាន។ តើមានមនុស្សណាដែលគួរឱ្យសង្វេគជាងពួកគេដែរឬទេ? មនុស្សជាច្រើនថែមទាំងជឿថា អស់អ្នកណាដែលបដិសេធក្រឹត្យវិន័យចាស់ ហើយទទួលយកកិច្ចការថ្មី គឺជាមនុស្សគ្មានមនសិការឡើយ។ មនុស្សដែលនិយាយអំពី «មនសិការ» ទាំងនេះ ហើយមិនបានដឹងអំពីកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ ចុងបញ្ចប់នឹងត្រូវបាត់បង់អនាគតរបស់ខ្លួនតាមរយៈមនសិការរបស់គេមិនខាន។ កិច្ចការរបស់ព្រះជាម្ចាស់មិនគោរពតាមគោលលទ្ធិទេ ហើយទោះបីវាអាចជាកិច្ចការរបស់ទ្រង់ផ្ទាល់ក៏ដោយ ក៏ព្រះជាម្ចាស់មិនប្រកាន់ខ្ជាប់នឹងវាដែរ។ អ្វីដែលគួរតែបដិសេធ ត្រូវបានបដិសេធ ហើយអ្វីដែលគួរតែផាត់ចោល ត្រូវបានផាត់ចោល។ ប៉ុន្តែ មនុស្សតាំងខ្លួនជាខ្មាំងសត្រូវនឹងព្រះជាម្ចាស់តាមរយៈការប្រកាន់ខ្ជាប់នឹងផ្នែកដ៏តូចមួយនៃកិច្ចការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ តើនេះមិនមែនជារឿងមិនសមហេតុផលរបស់មនុស្សទេឬអី? តើនេះមិនមែនជាភាពល្ងីល្ងើរបស់មនុស្សទេឬ? បើមនុស្សកាន់តែកំសាក និងប្រយ័ត្នជ្រុលដោយសារតែពួកគេខ្លាចមិនទទួលបានព្រះពររបស់ព្រះជាម្ចាស់ នោះពួកគេកាន់តែគ្មានសមត្ថភាពក្នុងការទទួលបានព្រះពរកាន់តែធំ និងគ្មានសមត្ថភាពក្នុងការទទួលបានព្រះពរនាពេលចុងក្រោយឡើយ។ អស់អ្នកណាដែលខ្ជះខ្ជាយកាន់តាមក្រឹត្យវិន័យ សុទ្ធតែបង្ហាញពីចិត្តភក្តីភាពទាំងស្រុងចំពោះក្រឹត្យវិន័យ ហើយបើពួកគេបង្ហាញចិត្តភក្ដីភាពបែបនេះចំពោះក្រឹត្យវិន័យ នោះពួកគេកាន់តែក្លាយជាជនបះបោរដែលប្រឆាំងនឹងព្រះជាម្ចាស់។ សម្រាប់ពេលបច្ចុប្បន្ន គឺជាយុគសម័យនៃនគរព្រះ ហើយវាមិនមែនជាយុគសម័យនៃក្រឹត្យវិន័យទេ ហើយកិច្ចការនាពេលបច្ចុប្បន្ន និងកិច្ចការកាលពីអតីតកាល មិនអាចត្រូវបានលើកឡើងនៅក្នុងបរិបទដូចគ្នានោះឡើយ ហើយកិច្ចការកាលពីអតីតកាលក៏មិនអាចយកមកប្រៀបធៀបជាមួយកិច្ចការនាពេលបច្ចុប្បន្នបានដែរ។ កិច្ចការរបស់ព្រះជាម្ចាស់បានផ្លាស់ប្ដូរ ហើយការអនុវត្តរបស់មនុស្សក៏បានផ្លាស់ប្ដូរដែរ ហើយវាមិនប្រកាន់ខ្ជាប់នឹងក្រឹត្យវិន័យ ឬឈើឆ្កាងទេ ដូច្នេះចិត្តភក្តីភាពរបស់មនុស្សចំពោះក្រឹត្យវិន័យ និងឈើឆ្កាងនឹងមិនទទួលបានការយល់ព្រមពីព្រះជាម្ចាស់ឡើយ។
(ដកស្រង់ពី «កិច្ចការរបស់ព្រះជាម្ចាស់ និងការអនុវត្តរបស់មនុស្ស» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ពេលដែលការគ្រប់គ្រងរបស់ព្រះជាម្ចាស់ទាំងមូល ខិតទៅរកទីបញ្ចប់ ព្រះជាម្ចាស់នឹងបែងចែករបស់សព្វសារពើទៅតាមប្រភេទរបស់វា។ មនុស្សត្រូវបានបង្កើតឡើងដោយព្រះហស្តរបស់ព្រះអាទិករ ហើយនៅទីបញ្ចប់ ទ្រង់នឹងឱ្យមនុស្សត្រឡប់ទៅនៅក្រោមការត្រួតត្រារបស់ទ្រង់វិញ។ នេះជាការបិទបញ្ចប់កិច្ចការទាំងបីដំណាក់កាលនេះ។ ដំណាក់កាលកិច្ចការនៃគ្រាចុងក្រោយ និងដំណាក់កាលទាំងពីរពីមុននៅក្នុងស្រុកអ៊ីស្រាអែល និងស្រុកយូដា គឺសុទ្ធតែជាផែនការនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់ក្នុងសកលលោកទាំងមូល។ គ្មាននរណាម្នាក់អាចបដិសេធចំណុចនេះបានឡើយ ហើយនេះគឺជាការពិតនៃកិច្ចការរបស់ព្រះជាម្ចាស់។ ទោះបីមនុស្សមិនបានឆ្លងកាត់ ឬមិនបានឃើញកិច្ចការនេះផ្ទាល់នឹងភ្នែកក៏ដោយ ក៏ការពិតនៅតែជាការពិតដដែល ហើយគ្មានមនុស្សណាម្នាក់អាចបដិសេធចំណុចនេះបានឡើយ។ មនុស្សដែលជឿលើព្រះជាម្ចាស់គ្រប់ទីកន្លែងក្នុងសកលលោកនេះ នឹងទទួលយកកិច្ចការទាំងបីដំណាក់កាលនេះ។ ប្រសិនបើអ្នកស្គាល់កិច្ចការក្នុងដំណាក់កាលតែមួយ ហើយមិនស្គាល់កិច្ចការក្នុងដំណាក់កាលពីរទៀត មិនស្គាល់កិច្ចការរបស់ព្រះជាម្ចាស់ពីមុន នោះអ្នកមិនអាចនិយាយពីការពិតទាំងស្រុងទាក់ទងទៅនឹងផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់ទាំងស្រុងបានទេ ហើយចំណេះដឹងដែលអ្នកមានអំពីព្រះជាម្ចាស់ គឺជាចំណេះដឹងមិនគ្រប់ជ្រុងជ្រោយ ដ្បិតនៅក្នុងជំនឿរបស់អ្នកលើព្រះជាម្ចាស់ អ្នកមិនស្គាល់ ឬយល់ពីទ្រង់ឡើយ ដូច្នេះហើយ អ្នកមិនស័ក្តិសមនឹងធ្វើបន្ទាល់ពីព្រះជាម្ចាស់ទេ។ មិនថាចំណេះដឹងបច្ចុប្បន្នរបស់អ្នកអំពីកិច្ចការទាំងអស់នេះ មានលក្ខណៈជ្រាលជ្រៅ ឬរាក់កំផែលនោះទេ ក៏នៅទីបញ្ចប់ អ្នករាល់គ្នាត្រូវតែមានចំណេះដឹង និងត្រូវមានជំនឿចិត្តទាំងស្រុងដែរ ហើយមនុស្សទាំងអស់នឹងឃើញពីភាពពេញលេញនៃកិច្ចការរបស់ព្រះជាម្ចាស់ ព្រមទាំងចុះចូលនៅក្រោមការត្រួតត្រារបស់ព្រះជាម្ចាស់ផង។ នៅចុងបញ្ចប់នៃកិច្ចការនេះ សាសនាទាំងអស់នឹងរួបរួមគ្នាតែមួយ សត្តនិករទាំងអស់នឹងត្រឡប់មកនៅក្រោមការត្រួតត្រារបស់ព្រះអាទិករវិញ សន្តនិករទាំងអស់នឹងថ្វាយបង្គំព្រះដ៏ពិតតែមួយអង្គ ហើយសាសនាអាក្រក់ទាំងអស់ នឹងរលាយបាត់សូន្យ មិនកើតជាថ្មីទៀតឡើយ។
(ដកស្រង់ពី «ការស្គាល់ដំណាក់កាលទាំងបីនៃកិច្ចការរបស់ព្រះជាម្ចាស់ គឺជាផ្លូវនាំទៅរកការស្គាល់ព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)