២. អ្នកធ្វើបន្ទាល់ថា ព្រះជាម្ចាស់នៃគ្រាចុងក្រោយដែលបានយាងត្រលប់មកវិញ ត្រូវបានហៅថាជាព្រះដ៏មានគ្រប់ព្រះចេស្ដា។ យើងជឿថា ព្រះនាម «ព្រះដ៏មានគ្រប់ព្រះចេស្ដា» សំដៅទៅលើសព្វានុភាពរបស់ព្រះជាម្ចាស់ និងមិនមែនជាព្រះនាមថ្មីសម្រាប់ព្រះជាម្ចាស់ឡើយ។ ហេតុអ្វីបានជាអ្នកនិយាយថា «ព្រះដ៏មានគ្រប់ព្រះចេស្ដា» គឺជាព្រះនាមថ្មីរបស់ព្រះជាម្ចាស់?
ខគម្ពីរយោង៖
«អ្នកណាដែលឈ្នះ នោះខ្ញុំនឹងយកធ្វើជាសសរក្នុងវិហាររបស់ព្រះនៃខ្ញុំ ហើយគេនឹងមិនចេញទៅណាទៀតឡើយ ហើយខ្ញុំនឹងចារឹកព្រះនាមព្រះរបស់ខ្ញុំ និងឈ្មោះក្រុងនៃព្រះរបស់ខ្ញុំនៅជាប់នឹងគេ ជាក្រុងយេរូសាឡឹមថ្មីដែលចុះមកពីស្ថានសួគ៌ មកពីព្រះរបស់ខ្ញុំ ហើយខ្ញុំនឹងចារឹកព្រះនាមរបស់ខ្ញុំលើគេផងដែរ» (វិវរណៈ ៣:១២)។
«ព្រះអម្ចាស់មានព្រះបន្ទូលថា៖ ខ្ញុំជាអាល់ហ្វា និងអូមេហ្គា ជាទីចាប់ផ្ដើម និងជាទីបញ្ចប់ ហើយអញជា ព្រះដែលគង់នៅតាំងពីដើម គង់នៅពេលបច្ចុប្បន្ន ហើយនឹងត្រូវយាងមក ជាព្រះដ៏មានគ្រប់ព្រះចេស្ដា» (វិវរណៈ ១:៨)។
«ហើយគេច្រៀងទំនុករបស់ម៉ូសេ ជាអ្នកបម្រើរបស់ព្រះជាម្ចាស់ និងទំនុករបស់កូនចៀមថា៖ ឱព្រះអម្ចាស់ ជាព្រះដ៏មានព្រះចេស្តាអើយ កិច្ចការរបស់ទ្រង់មហិមា និងអស្ចារ្យ! ឱស្តេចនៃពួកបរិសុទ្ធអើយ ផ្លូវរបស់ព្រះអង្គសុចរិត និងត្រឹមត្រូវ! ឱព្រះអម្ចាស់អើយ តើអ្នកណាមិនកោតខ្លាចទ្រង់ ហើយមិនលើកតម្កើងព្រះនាមទ្រង់ទៅ?» (វិវរណៈ ១៥:៣-៤)។
ពាក់ព័ន្ធនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖
ការសរសើរបានមកដល់ភ្នំស៊ីយ៉ូន ហើយព្រះដំណាក់របស់ព្រះជាម្ចាស់បានលេចមកដែរ។ ព្រះនាមដ៏បរិសុទ្ធពេញដោយសិរីល្អ ដែលមនុស្សទាំងអស់លើកសរសើរនោះ រីកសាយភាយ។ ឱព្រះដ៏មានគ្រប់ព្រះចេស្ដាអើយ! ព្រះសិរសានៃចក្កវាឡ ព្រះគ្រីស្ទនៃគ្រាចុងក្រោយ ទ្រង់គឺជាព្រះអាទិត្យដ៏ចាំងចែង ដែលបានរះឡើងនៅលើភ្នំស៊ីយ៉ូន ដែលលេចត្រដែតឡើងដោយឫទ្ធានុភាព និងអំណាចដ៏ថ្កុំថ្កើងទៅលើចក្រវាឡទាំងមូល ...
ព្រះដ៏មានគ្រប់ព្រះចេស្ដាអើយ! ពួកយើងអំពាវនាវរកទ្រង់ក្នុងសេចក្តីរីករាយយ៉ាងខ្លាំង ហើយពួកយើងរាំច្រៀង។ ទ្រង់ជាព្រះប្រោសលោះដ៏ពិតរបស់ពួកយើង ជាស្ដេចដ៏ធំធេងនៃចក្រវាឡ! ទ្រង់បានបង្កើតអ្នកមានជ័យជម្នះមួយក្រុម ហើយបានសម្រេចផែនការគ្រប់គ្រងរបស់ព្រះជាម្ចាស់។ មនុស្សទាំងអស់នឹងចូលហូរហែទៅរកភ្នំនេះ។ មនុស្សទាំងអស់នឹងលុតជង្គង់នៅមុខបល្ល័ង្ក! ទ្រង់ជាព្រះដ៏ពិតតែមួយប៉ុណ្ណោះ ហើយទ្រង់សក្ដិសមទទួលសិរីល្អ និងការលើកតម្កើង។ សូមថ្វាយគ្រប់ទាំងសិរីល្អ ការសរសើរតម្កើង និងសិទ្ធិអំណាចដល់បល្ល័ង្កនៃទ្រង់! ប្រភពទឹកនៃជីវិតហូរចេញមកពីបល្ល័ង្កទ្រង់ ស្រោចស្រព និងចម្អែតដល់ប្រជារាស្ត្ររបស់ព្រះជាម្ចាស់ដ៏ច្រើនសន្ធឹកសន្ធាប់។ ជីវិតផ្លាស់ប្ដូរជារៀងរាល់ថ្ងៃ ហើយពន្លឺនិងការបើកសម្ដែងថ្មីតាមពីក្រោយពួកយើង ដែលតែងតែផ្ដល់ដល់ឱ្យពួកយើងនូវគតិជ្រៅជ្រះថ្មីៗអំពីព្រះជាម្ចាស់។ នៅក្នុងបទពិសោធផ្សេងៗ ពួកយើងចាប់ផ្ដើមមានភាពច្បាស់លាស់ទាំងស្រុងអំពីព្រះជាម្ចាស់។ ព្រះបន្ទូលរបស់ទ្រង់ត្រូវបានស្ដែងចេញជានិច្ចនៅក្នុងចំណោមមនុស្សសុចរិត។ ពួកយើងពិតជាមានពរខ្លាំងណាស់! ដោយជួបជាមួយព្រះជាម្ចាស់មុខទល់នឹងមុខរាល់ថ្ងៃ ប្រាស្រ័យទាក់ទងជាមួយព្រះជាម្ចាស់នៅក្នុងរបស់សព្វសារពើ ហើយផ្ដល់ឱ្យព្រះជាម្ចាស់នូវអធិបតេយ្យភាពលើអ្វីៗទាំងអស់។ ពួកយើងសញ្ជឹងគិតលើព្រះបន្ទូលរបស់ព្រះជាម្ចាស់យ៉ាងប្រុងប្រយ័ត្ន ដួងចិត្តរបស់ពួកយើងសម្រាកយ៉ាងស្ងប់ស្ងាត់នៅក្នុងព្រះជាម្ចាស់ ហើយពួកយើងក៏មកចំពោះព្រះភ័ក្រ្ដរបស់ព្រះជាម្ចាស់ដែរ ជាកន្លែងដែលយើងទទួលបានពន្លឺរបស់ទ្រង់។ រាល់ថ្ងៃ នៅក្នុងជីវិត ទង្វើ ពាក្យសម្ដី គំនិត និងយោបល់របស់យើង យើងរស់នៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដោយស្គាល់ខុស ស្គាល់ត្រូវគ្រប់ពេលវេលា។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ដឹកនាំផ្លូវនៃជីវិត ហើយដោយមិនបានរំពឹងទុក រឿងលាក់កំបាំងខាងក្នុងចិត្តយើង ត្រូវបានលេចចេញមកនៅក្នុងពន្លឺម្ដងមួយៗ។ ការប្រកបគ្នាជាមួយព្រះជាម្ចាស់ត្រូវធ្វើឡើង ដោយគ្មានការពន្យារពេលឡើយ ហើយរាល់គំនិត និងយោបល់របស់យើងត្រូវបានព្រះជាម្ចាស់លាតត្រដាងឱ្យឃើញទាំងអស់។ យើងកំពុងតែរស់នៅមុខបល្ល័ង្ករបស់ព្រះគ្រីស្ទគ្រប់ពេលវេលា ដ្បិតនៅទីនោះជាកន្លែងដែលយើងត្រូវទទួលការជំនុំជម្រះ។ សាតាំងនៅបន្ដកាន់កាប់គ្រប់កន្លែងនៅក្នុងរូបកាយរបស់យើង។ នៅថ្ងៃនេះ ដើម្បីស្តារអធិបតេយ្យភាពរបស់ព្រះជាម្ចាស់ឡើងវិញ ព្រះវិហាររបស់ទ្រង់ត្រូវតែលាងជម្រះឱ្យស្អាតសិន។ ដើម្បីឱ្យព្រះជាម្ចាស់កាន់កាប់ទាំងស្រុង យើងត្រូវតែចូលរួមនៅក្នុងការប្រយុទ្ធស្លាប់រស់មួយនេះ។ មានតែនៅពេលដែលជីវិតចាស់របស់ពួកយើងត្រូវបានជាប់ឆ្កាងប៉ុណ្ណោះ ទើបជីវិតដែលរស់ឡើងវិញរបស់ព្រះគ្រីស្ទ អាចសោយរាជ្យដល់កម្រិតខ្ពស់បំផុតបាន។
ឥឡូវនេះ ព្រះវិញ្ញាណបរិសុទ្ធកំពុងតែចាត់ចែងគ្រប់គ្រងលើគ្រប់ផ្នែកនៃជីវិតរបស់យើង ដើម្បីចូលរួមប្រយុទ្ធសម្រាប់ការស្ដារឡើងវិញរបស់យើង! ដរាបណាយើងត្រៀមខ្លួនជាស្រេច ដើម្បីបដិសេធខ្លួនឯង ហើយព្រមសហការជាមួយព្រះជាម្ចាស់ នោះព្រះជាម្ចាស់នឹងប្រាកដជាបំភ្លឺ និងបន្សុទ្ធចិត្តរបស់យើងគ្រប់ពេលវេលា ហើយទាមទារមកវិញនូវអ្វីដែលសាតាំងបានកាន់កាប់ ដើម្បីឱ្យយើងអាចត្រូវបានប្រោសឱ្យពេញខ្នាត ដោយព្រះជាម្ចាស់កាន់តែឆាប់តាមដែលអាចធ្វើទៅបាន។ ចូរកុំខ្ជះខ្ជាយពេលវេលាឡើយ។ ចូររស់នៅគ្រប់វិនាទីនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ចូរស្អាងឡើងជាមួយពួកបរិសុទ្ធ ហើយត្រូវបាននាំចូលទៅក្នុងនគរព្រះ ព្រមទាំងចូលទៅក្នុងសិរីល្អជារួមជាមួយព្រះជាម្ចាស់។
(ដកស្រង់ពី «ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ១ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ចាប់តាំងពីពេលដែលព្រះដ៏មានគ្រប់ព្រះចេស្ដា ដែលជាស្ដេចនៃនគរព្រះ ត្រូវបានគេធ្វើបន្ទាល់មក វិសាលភាពនៃការគ្រប់គ្រងរបស់ព្រះជាម្ចាស់បានលាតត្រដាងទាំងស្រុងនៅក្នុងចក្រវាលទាំងមូល។ ការលេចមករបស់ព្រះជាម្ចាស់មិនគ្រាន់តែត្រូវបានធ្វើបន្ទាល់នៅក្នុងប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែព្រះនាមរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដាក៏ត្រូវបានធ្វើបន្ទាល់នៅគ្រប់ប្រជាជាតិ និងគ្រប់ទីកន្លែងផងដែរ។ ពួកគេគ្រប់គ្នាកំពុងតែស្រែកហៅព្រះនាមដ៏បរិសុទ្ធនេះ ដោយព្យាយាមប្រកបគ្នាជាមួយព្រះជាម្ចាស់តាមមធ្យោបាយណាមួយដែលអាចធ្វើបាន ដោយព្យាយាមចង់យល់ពីព្រះហឫទ័យរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា និងបម្រើទ្រង់រួមគ្នានៅក្នុងពួកជំនុំ។ នេះហើយជារបៀបដ៏អស្ចារ្យដែលព្រះវិញ្ញាណបរិសុទ្ធធ្វើការនោះ។
ទោះបីជាភាសានៃជាតិសាសន៍នានាខុសគ្នាយ៉ាងណាក៏ដោយ ក៏មានព្រះវិញ្ញាណតែមួយដែរ។ ព្រះវិញ្ញាណនេះបង្រួបបង្រួមពួកជំនុំនៅទូទាំងចក្រវាល ហើយជាអង្គតែមួយជាមួយព្រះជាម្ចាស់ ដោយគ្មានភាពខុសគ្នាសូម្បីតែបន្ដិច។ នេះជាអ្វីមួយដែលច្បាស់លាស់គ្មានអ្វីត្រូវឆ្ងល់ឡើយ។ ឥឡូវនេះ ព្រះវិញ្ញាណបរិសុទ្ធអំពាវនាវទៅកាន់ពួកគេ ហើយព្រះសូរសៀងរបស់ទ្រង់ដាស់ពួកគេឱ្យភ្ញាក់ឡើង។ នេះជាព្រះសូរសៀងនៃសេចក្ដីមេត្តាករុណារបស់ព្រះជាម្ចាស់។ ពួកគេគ្រប់គ្នាកំពុងតែស្រែករកព្រះនាមដ៏បរិសុទ្ធរបស់ព្រះដ៏មានគ្រប់ព្រះចេស្ដា! ពួកគេក៏ថ្វាយការសរសើរតម្កើង និងការច្រៀងផងដែរ។ វាមិនអាចមានការងាកចេញណាមួយនៅក្នុងកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធឡើយ។ មនុស្សទាំងនេះខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីចម្រើនឡើងតាមផ្លូវដែលត្រឹមត្រូវ ហើយពួកគេមិនងាករេពីឫទ្ធិបាដិហារិយ៍យ៉ាងច្រើនឡើយ។ នេះជាអ្វីមួយដែលមនុស្សពិបាកស្រមើស្រមៃ និងពិបាកវាស់ស្ទង់មើល។
ព្រះដ៏មានគ្រប់ព្រះចេស្ដាគឺជាស្ដេចនៃជីវិតនៅក្នុងចក្រវាល! ទ្រង់គង់នៅលើបល្ល័ង្កដែលប្រកបដោយសិរីល្អ និងជំនុំជម្រះពិភពលោក ហើយគ្រប់គ្រងលើអ្វីៗទាំងអស់ ព្រមទាំងសោយរាជ្យលើគ្រប់ប្រជាជាតិ។ មនុស្សទាំងអស់លុតជង្គង់នៅចំពោះទ្រង់ អធិស្ឋានទៅកាន់ទ្រង់ ចូលជិតទ្រង់ ហើយប្រាស្រ័យទាក់ទងជាមួយទ្រង់។ មិនថាអ្នកបានជឿលើព្រះជាម្ចាស់យូរប៉ុនណា មិនថាអ្នកមានឋានៈខ្ពស់បែបណា ឬមានអតីតភាពអស្ចារ្យយ៉ាងណាឡើយ ប្រសិនបើអ្នកប្រឆាំងនឹងព្រះជាម្ចាស់នៅក្នុងដួងចិត្តរបស់អ្នក នោះអ្នកត្រូវទទួលការជំនុំជម្រះ ហើយត្រូវក្រាបថ្វាយបង្គំនៅចំពោះទ្រង់ ដោយបញ្ចេញសម្រែកអង្វរករដ៏ឈឺចាប់មិនខាន។ នេះហើយជាការច្រូតផលពីទង្វើរបស់អ្នកផ្ទាល់នោះ។ សម្រែកទ្រហោយំនេះគឺជាសម្រែកនៃការរងទារុណកម្មនៅក្នុងបឹងភ្លើង និងស្ពាន់ធ័រ ហើយវាជាសម្រែកនៃការត្រូវបានវាយផ្ចាល ដោយដំបងដែករបស់ព្រះជាម្ចាស់។ នេះហើយជាការជំនុំជម្រះនៅមុខបល្ល័ង្ករបស់ព្រះគ្រីស្ទនោះ។
(ដកស្រង់ពី «ព្រះសូរសៀងរបស់ព្រះគ្រីស្ទ កាលពីដើមដំបូង» ជំពូកទី ៨ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ខ្ញុំធ្លាប់ត្រូវបានស្គាល់ថាជាព្រះយេហូវ៉ា។ គេក៏ធ្លាប់ស្គាល់ខ្ញុំជាព្រះមែស្ស៊ី ហើយមនុស្សក៏ធ្លាប់ហៅខ្ញុំថា ព្រះយេស៊ូវដ៏ជាព្រះអង្គសង្គ្រោះ ដែលពេញដោយសេចក្ដីស្រឡាញ់ និងការគោរព។ យ៉ាងណាមិញ ថ្ងៃនេះ ខ្ញុំលែងជាព្រះយេហូវ៉ា ឬព្រះយេស៊ូវ ដែលមនុស្សធ្លាប់ស្គាល់កាលពីមុនទៀតហើយ ខ្ញុំគឺជាព្រះជាម្ចាស់ដែលបានយាងត្រលប់មកវិញនៅគ្រាចុងក្រោយ ជាព្រះជាម្ចាស់ដែលនឹងបញ្ចប់នូវយុគសម័យនេះ។ ខ្ញុំគឺជាព្រះជាម្ចាស់ដោយផ្ទាល់ព្រះអង្គ ដែលលេចឡើងពីចុងផែនដី មានពេញដោយនិស្ស័យទាំងអស់របស់ខ្ញុំ និងពេញដោយសិទ្ធិអំណាច កិត្តិយស និងសិរីរុងរឿង។ មនុស្សដែលពុំធ្លាប់មានទំនាក់ទំនងជាមួយខ្ញុំ គេពុំដែលស្គាល់ខ្ញុំសោះ ហើយក៏មិនអើពើនឹងនិស្ស័យរបស់ខ្ញុំរហូតមកដែរ។ តាំងពីកំណើតផែនដីមកទល់សព្វថ្ងៃ គ្មានមនុស្សណាម្នាក់ ធ្លាប់បានឃើញខ្ញុំឡើយ។ នេះគឺជាព្រះជាម្ចាស់ដែលលេចមកឱ្យមនុស្សនៅគ្រាចុងក្រោយឃើញ តែទ្រង់លាក់ព្រះកាយនៅក្នុងចំណោមមនុស្ស។ ព្រះអង្គគង់នៅក្នុងចំណោមមនុស្សយ៉ាងពិតប្រាកដ ដូចជាព្រះអាទិត្យពេញកម្ដៅ និងអណ្ដាតភ្លើងកំពុងឆេះសន្ធោសន្ធៅ ពេញដោយព្រះចេស្ដា និងដោយសិទ្ធិអំណាច។ ពុំមានអ្វីមួយ ឬមនុស្សណាសោះ សូម្បីតែម្នាក់ ដែលមិនត្រូវជំនុំជម្រះ ដោយព្រះបន្ទូលរបស់ខ្ញុំឡើយ ក៏ពុំមានអ្វីមួយ ឬមនុស្សណាសោះសូម្បីម្នាក់ដែលមិនត្រូវបន្សុទ្ធដោយភ្លើងដែលកំពុងឆេះសន្ធោសន្ធៅដែរ។ ប្រជាជាតិទាំងអស់ គង់តែបានប្រកបដោយព្រះពរ ដោយសារព្រះបន្ទូលរបស់ខ្ញុំ ហើយក៏ត្រូវខ្ទេចខ្ទីជាបំណែក ដោយសារព្រះបន្ទូលខ្ញុំដូចគ្នា។ គឺវិធីនេះហើយ ដែលធ្វើឱ្យមនុស្សទាំងអស់នៅគ្រាចុងក្រោយដឹងថា ខ្ញុំជាព្រះអង្គសង្គ្រោះដែលបានយាងត្រឡប់មកវិញ ហើយដឹងថា ខ្ញុំជាព្រះដ៏មានគ្រប់ព្រះចេស្ដា ដែលយកឈ្នះលើមនុស្សជាតិទាំងអស់។ ហើយមនុស្សទាំងអស់ នឹងមើលឃើញថា ខ្ញុំធ្លាប់ជាតង្វាយលោះបាបសម្រាប់មនុស្ស ប៉ុន្តែនៅគ្រាចុងក្រោយ ខ្ញុំក៏ក្លាយជាអណ្ដាតភ្លើងនៃព្រះអាទិត្យដែលដុតបន្សុសរបស់សព្វសារពើ ក៏ជាព្រះអាទិត្យនៃសេចក្ដីសុចរិត ដែលបើកសម្ដែងគ្រប់សព្វទាំងអស់ដែរ។ នេះគឺជាកិច្ចការរបស់ខ្ញុំនៅគ្រាចុងក្រោយ។ ខ្ញុំយកព្រះនាមនេះ ហើយខ្ញុំក៏ប្រើនិស្ស័យមួយនេះ ដើម្បីឱ្យមនុស្សទាំងអស់អាចមើលឃើញថា ខ្ញុំជាព្រះជាម្ចាស់ដ៏សុចរិត ជាព្រះអាទិត្យពេញកម្ដៅ ជាអណ្ដាតភ្លើងកំពុងឆេះសន្ធោសន្ធៅ និងដើម្បីឱ្យមនុស្សទាំងអស់អាចថ្វាយបង្គំខ្ញុំជាព្រះជាម្ចាស់ពិតតែមួយ និងដើម្បីឱ្យគេមើលឃើញព្រះភក្ត្រពិតរបស់ខ្ញុំថា៖ ខ្ញុំមិនត្រឹមតែជាព្រះជាម្ចាស់របស់សាសន៍អ៊ីស្រាអែល និងជាព្រះជាម្ចាស់ដ៏ប្រោសលោះប៉ុណ្ណោះទេ តែខ្ញុំជាព្រះជាម្ចាស់នៃសត្តនិករទាំងអស់ ដែលមានពេញផ្ទៃមេឃ ផែនដីនិងសមុទ្រផង។
(ដកស្រង់ពី «ព្រះអង្គសង្គ្រោះបានយាងត្រឡប់មកវិញហើយ នៅលើ 'ពពកស' មួយដុំ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
«ព្រះយេហូវ៉ា» គឺជានាមដែលខ្ញុំបានប្រើ ក្នុងគ្រាដែលខ្ញុំធ្វើការក្នុងស្រុកអ៊ីស្រាអែល ហើយពាក្យនេះមានន័យថា ព្រះនៃសាសន៍អ៊ីស្រាអែល (រាស្ត្ររើសតាំងរបស់ព្រះជាម្ចាស់) ជាព្រះដែលមានព្រះទ័យអាណិតមេត្តាដល់មនុស្ស ក៏ដាក់បណ្ដាសាមនុស្ស ហើយដឹកនាំជីវិតមនុស្សផងដែរ ទ្រង់ជាព្រះដែលមានព្រះចេស្ដាដ៏មហិមា និងពេញដោយព្រះប្រាជ្ញាញាណ។ «ព្រះយេស៊ូវ» គឺអេម៉ាញូអែល ដែលមានន័យថា តង្វាយលោះបាបដែលពោរពេញដោយក្ដីស្រលាញ់ ចិត្តក្ដួលអាណិត និងប្រោសលោះមនុស្ស។ ទ្រង់បានធ្វើការក្នុងយុគសម័យនៃព្រះគុណ ហើយព្រះអង្គក៏ជាតំណាងយុគសម័យនៃព្រះគុណ ព្រមទាំងអាចធ្វើជាតំណាងឱ្យផ្នែកតែមួយគត់នៃកិច្ចការក្នុងផែនការគ្រប់គ្រង។ មានន័យថា មានតែព្រះយេហូវ៉ាទេ ទើបជាព្រះជាម្ចាស់របស់សាសន៍អ៊ីស្រាអែលដ៏ជារាស្ត្រជ្រើសរើស ជាព្រះជាម្ចាស់របស់អ័ប្រាហាំ ជាព្រះជាម្ចាស់របស់អ៊ីសាក ជាព្រះជាម្ចាស់របស់យ៉ាកុប ជាព្រះជាម្ចាស់របស់ម៉ូសេ និងជាព្រះជាម្ចាស់របស់សាសន៍អ៊ីស្រាអែលទាំងមូល។ ហេតុនេះ នៅពេលបច្ចុប្បន្ននេះ សាសន៍អ៊ីស្រាអែលទាំងអស់ ក្រៅពីប្រជាជនសាសន៍យូដា គឺសុទ្ធតែថ្វាយបង្គំព្រះយេហូវ៉ា។ ពួកគេថ្វាយយញ្ញបូជាដល់ទ្រង់លើអាសនា ហើយបម្រើទ្រង់នៅក្នុងព្រះវិហារ ដោយស្លៀកពាក់ជាសង្ឃ។ អ្វីដែលគេសង្ឃឹមនោះ គឺការលេចមកម្ដងទៀតរបស់ព្រះយេហូវ៉ា។ គឺមានតែព្រះយេស៊ូវទេ ទើបជាព្រះដ៏ប្រោសលោះនៃមនុស្សជាតិ ហើយទ្រង់ក៏ជាតង្វាយលោះបាបដែលប្រោសលោះមនុស្សពីអំពើបាបដែរ។ មានន័យថា ព្រះនាមព្រះយេស៊ូវកើតចេញពីយុគសម័យនៃព្រះគុណ ហើយមានវត្តមានដោយសារតែកិច្ចការប្រោសលោះ នៅក្នុងយុគសម័យនៃព្រះគុណ។ ព្រះនាមព្រះយេស៊ូវ លេចវត្តមានឡើង ដើម្បីឱ្យមនុស្សនៅក្នុងយុគសម័យនៃព្រះគុណ បានកើតជាថ្មី ហើយបានសង្គ្រោះ និងជាព្រះនាមដ៏វិសេស សម្រាប់ការប្រោសលោះមនុស្សជាតិទាំងមូល។ ដូច្នេះ ព្រះនាមយេស៊ូវ តំណាងឱ្យកិច្ចការនៃការប្រោសលោះ និងជាសញ្ញាបង្ហាញពីយុគសម័យនៃព្រះគុណ។ ព្រះនាមយេហូវ៉ា ជាព្រះនាមដ៏វិសេស សម្រាប់ប្រជារាស្ត្រអ៊ីស្រាអែល ដែលរស់នៅក្រោមក្រឹត្យវិន័យ។ នៅក្នុងយុគសម័យនីមួយៗ និងនៅក្នុងដំណាក់កាលនៃកិច្ចការនីមួយៗ ព្រះនាមរបស់ខ្ញុំមិនមែនគ្មានមូលដ្ឋានទេ ប៉ុន្តែជាព្រះនាមដែលជាតំណាងដ៏សំខាន់៖ ព្រះនាមនីមួយៗ តំណាងឱ្យយុគសម័យមួយ។ «ព្រះយេហូវ៉ា» តំណាងឱ្យយុគសម័យនៃក្រឹត្យវិន័យ ហើយក៏ជាព្រះកិត្តិនាមដែលសាសន៍អ៊ីស្រាអែលហៅថាជាព្រះជាម្ចាស់ដែលខ្លួនថ្វាយបង្គំដែរ។ «ព្រះយេស៊ូវ» គឺជាព្រះនាមតំណាងឱ្យយុគសម័យនៃព្រះគុណ ហើយជាព្រះនាមនៃព្រះជាម្ចាស់របស់អស់អ្នកដែលត្រូវបានប្រោសលោះក្នុងយុគសម័យនៃព្រះគុណ។ ប្រសិនបើមនុស្សនៅតែប្រាថ្នាចង់ឃើញការយាងមកដល់របស់ព្រះយេស៊ូវដ៏ជាព្រះអង្គសង្គ្រោះនៅគ្រាចុងក្រោយ ហើយនៅតែរំពឹងចង់ឱ្យទ្រង់យាងមក ក្នុងលក្ខណៈដែលទ្រង់បានមកប្រសូតក្នុងស្រុកយូដា នោះផែនការគ្រប់គ្រងរយៈពេល៦ពាន់ឆ្នាំនេះ មុខជាត្រូវបញ្ឈប់ត្រឹមយុគសម័យនៃការប្រោសលោះបាត់ទៅហើយ មិនអាចបានបន្តទៅមុខទៀតទេ។ ជាងនេះទៅទៀត គ្រាចុងក្រោយក៏មុខជាមិនមកដល់ ហើយយុគសម័យនោះ ក៏មុខជាមិនបានមកដល់ទីបញ្ចប់ដែរ។ មូលហេតុគឺ នាមព្រះយេស៊ូវដ៏ជាព្រះអង្គសង្គ្រោះ គឺសម្រាប់តែការប្រោសលោះ និងការសង្គ្រោះរបស់មនុស្សប៉ុណ្ណោះ។ ខ្ញុំប្រើនាមព្រះយេស៊ូវ គឺដោយយល់ដល់មនុស្សបាបគ្រប់គ្នា ដែលនៅក្នុងយុគសម័យនៃព្រះគុណប៉ុណ្ណោះ ប៉ុន្តែព្រះនាមនេះ មិនមែនជាព្រះនាមដែលខ្ញុំប្រើ សម្រាប់នាំមនុស្សទាំងអស់ ទៅរកទីបញ្ចប់ឡើយ។ ថ្វីបើព្រះនាម ព្រះយេហូវ៉ា ព្រះយេស៊ូវ និងព្រះមែស្ស៊ី គឺសុទ្ធតែតំណាងឱ្យវិញ្ញាណរបស់ខ្ញុំក៏ដោយ ក៏ព្រះនាមទាំងនេះ គ្រាន់តែជាសញ្ញាបង្ហាញពីយុគសម័យខុសៗគ្នានៅក្នុងផែនការគ្រប់គ្រងរបស់ខ្ញុំប៉ុណ្ណោះ ហើយក៏មិនតំណាងឱ្យខ្ញុំនៅក្នុងភាពទាំងស្រុងរបស់ខ្ញុំដែរ។ ព្រះនាមដែលមនុស្សនៅលើផែនដីហៅរកខ្ញុំ មិនអាចបញ្ជាក់ឱ្យច្បាស់នូវនិស្ស័យ និងលក្ខណៈទាំងអស់របស់ខ្ញុំ បាននោះឡើយ។ ទាំងអស់នេះគ្រាន់តែជាព្រះនាមផ្សេងៗ ដែលគេហៅខ្ញុំនៅក្នុងយុគសម័យខុសៗគ្នាប៉ុណ្ណោះ។ ហេតុនេះ ពេលដែលយុគសម័យចុងក្រោយមកដល់ គឺយុគសម័យនៃគ្រាចុងក្រោយ នោះព្រះនាមរបស់ខ្ញុំនឹងផ្លាស់ប្ដូរម្ដងទៀត។ គេនឹងមិនហៅខ្ញុំថាព្រះយេហូវ៉ា ឬព្រះយេស៊ូវទៀតឡើយ រឹតតែមិនហៅខ្ញុំថា ព្រះមែស្ស៊ីដែរ គេនឹងហៅខ្ញុំថា ព្រះដ៏មានគ្រប់ព្រះចេស្ដាដែលមានពេញដោយឫទ្ធានុភាព ហើយខ្ញុំនឹងបញ្ចប់យុគសម័យទាំងអស់ ដោយនូវព្រះនាមមួយនេះ។
(ដកស្រង់ពី «ព្រះអង្គសង្គ្រោះបានយាងត្រឡប់មកវិញហើយ នៅលើ 'ពពកស' មួយដុំ» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ព្រះជាម្ចាស់អាចត្រូវបានគេហៅដោយព្រះនាមជាច្រើន ប៉ុន្តែក្នុងចំណោមព្រះនាមទាំងអស់នេះ គ្មានព្រះនាមណាមួយដែលអាចគេចផុតពីព្រះជាម្ចាស់ឡើយ គ្មានព្រះនាមណាមួយអាចតំណាងឱ្យព្រះជាម្ចាស់ដោយពេញលេញនោះទេ។ ដូច្នេះហើយ ព្រះជាម្ចាស់មានព្រះនាមជាច្រើន ប៉ុន្តែព្រះនាមទាំងអស់នេះ មិនអាចសម្ដែងចេញពីនិស្ស័យរបស់ព្រះជាម្ចាស់ដោយពេញលេញឡើយ ដ្បិតនិស្ស័យរបស់ព្រះជាម្ចាស់ គឺសម្បូរបែបលើសពីសមត្ថភាពដែលមនុស្សអាចស្គាល់ទ្រង់បាន។ ការប្រើភាសារបស់មនុស្សជាតិ មិនគ្រប់គ្រាន់ដើម្បីបង្ហាញពីព្រះជាម្ចាស់ឱ្យបានពេញលេញនោះទេ។ មនុស្សជាតិគ្មានអ្វីក្រៅពីពាក្យសម្ដីបន្តិចបន្តួចដើម្បីបង្ហាញពីអ្វីទាំងអស់ដែលពួកគេដឹងអំពីនិស្ស័យរបស់ព្រះជាម្ចាស់នោះឡើយ ដូចជាពាក្យថា៖ មហិមា កិត្តិយស អស្ចារ្យ មិនអាចយល់បាន ឧត្តុង្គឧត្តម បរិសុទ្ធ សុចរិត ឈ្លាសវៃ និងពាក្យដទៃផ្សេងទៀត។ មានពាក្យជាច្រើនខ្លាំងណាស់! ពាក្យបន្តិចបន្តួចនេះ មិនអាចរៀបរាប់សូម្បីតែនិស្ស័យរបស់ព្រះជាម្ចាស់ដែលមនុស្សបានដឹងដ៏តិចតួចក្ដី។ ពេលកន្លងមក អ្នកដទៃទៀតបានបន្ថែមពាក្យពេចន៍ដែលពួកគេបានគិតថា អាចរៀបរាប់បានកាន់តែប្រសើរអំពីភាពឆេះឆួលដែលនៅក្នុងដួងចិត្តរបស់ពួកគេដូចជាពាក្យដែលថា៖ ព្រះជាម្ចាស់មហិមាខ្លាំងណាស់! ព្រះជាម្ចាស់បរិសុទ្ធខ្លាំងណាស់! ព្រះជាម្ចាស់គួរឱ្យស្រឡាញ់ខ្លាំងណាស់! សព្វថ្ងៃ ការនិយាយរបស់មនុស្សបែបនេះបានដល់កម្រិតកំពូលហើយ ក៏ប៉ុន្តែមនុស្សនៅតែមិនអាចសម្ដែងពីខ្លួនអ្នកឱ្យបានច្បាស់នៅឡើយ។ ដូច្នេះហើយ សម្រាប់មនុស្ស ព្រះជាម្ចាស់មានព្រះនាមជាច្រើន ទ្រង់មិនមែនមានតែព្រះនាមមួយទេ នេះគឺដោយសារសភាវៈរបស់ព្រះជាម្ចាស់ គឺសម្បូរបែបខ្លាំងណាស់ ហើយភាសារបស់មនុស្ស គឺមិនទាន់គ្រប់គ្រាន់នៅឡើយទេ។ ពាក្យមួយម៉ាត់ ឬព្រះនាមមួយពុំអាចតំណាងឱ្យព្រះជាម្ចាស់ទាំងស្រុងបានទេ ដូច្នេះ តើអ្នកគិតថាព្រះនាមរបស់ទ្រង់អាចមិនប្រែប្រួលដែរទេ? ព្រះជាម្ចាស់មហិមា និងបរិសុទ្ធខ្លាំងណាស់ ក៏ប៉ុន្តែតើអ្នកនឹងមិនអនុញ្ញាតឱ្យទ្រង់ផ្លាស់ប្ដូរព្រះនាមរបស់ទ្រង់នៅក្នុងយុគសម័យថ្មីទេឬ? ហេតុនេះ នៅគ្រប់យុគសម័យដែលព្រះជាម្ចាស់បំពេញនូវកិច្ចការរបស់ទ្រង់ដោយផ្ទាល់ព្រះអង្គ គឺទ្រង់ប្រើព្រះនាមមួយ ដែលស័ក្តិសមនឹងយុគសម័យនោះ ដើម្បីបង្ហាញពីកិច្ចការដែលទ្រង់សព្វព្រះហឫទ័យចង់ធ្វើ។ ទ្រង់ប្រើព្រះនាមនេះ ជាព្រះនាមមួយដែលមានលក្ខណៈសំខាន់បណ្ដោះអាសន្ន ដើម្បីតំណាងឱ្យនិស្ស័យរបស់ទ្រង់នៅក្នុងយុគសម័យនោះ។ នេះគឺជាព្រះជាម្ចាស់ដែលប្រើភាសាមនុស្សជាតិដើម្បីបើកសម្ដែងពីនិស្ស័យផ្ទាល់របស់ទ្រង់។ បើទោះបីជាដូច្នេះក្ដី មនុស្សជាច្រើនដែលធ្លាប់មានបទពិសោធខាងវិញ្ញាណ និងធ្លាប់បានឃើញព្រះជាម្ចាស់ដោយផ្ទាល់ក្ដី ក៏នៅតែមានអារម្មណ៍ថា ព្រះនាមមួយនេះមិនអាចតំណាងឱ្យព្រះជាម្ចាស់បានទាំងស្រុងទេ។ វរហើយ! រឿងនេះមិនអាចជួយបានទេ ដូច្នេះ មនុស្សលែងហៅព្រះជាម្ចាស់ដោយព្រះនាមរបស់ទ្រង់តទៅទៀតហើយ ប៉ុន្តែហៅទ្រង់ត្រឹមថា «ព្រះជាម្ចាស់» ប៉ុណ្ណោះ។ ដួងចិត្តរបស់មនុស្ស ហាក់ដូចជាពោរពេញដោយសេចក្ដីស្រឡាញ់ ក៏ប៉ុន្តែក៏មានជាប់ពាក់ព័ន្ធនឹងការជំទាស់ដែរ ដ្បិតមនុស្សពុំបានដឹងថាតើត្រូវពន្យល់អំពីព្រះជាម្ចាស់ដោយរបៀបណានោះទេ។ លក្ខណៈរបស់ព្រះជាម្ចាស់សម្បូរបែបខ្លាំងរហូតដល់គ្មានវិធីណាដែលអាចរៀបរាប់បានឡើយ។ គ្មានព្រះនាមណាមួយដែលអាចសង្ខេបពីនិស្ស័យរបស់ព្រះជាម្ចាស់បាននោះឡើយ ហើយគ្មានព្រះនាមណាមួយដែលអាចរៀបរាប់ពីគ្រប់កម្មសិទ្ធិ និងលក្ខណៈរបស់ព្រះជាម្ចាស់បានឡើយ។ ប្រសិនបើនរណាម្នាក់សួរខ្ញុំថា៖ «តើទ្រង់ប្រើព្រះនាមអ្វីឱ្យប្រាកដ?» ខ្ញុំនឹងនិយាយប្រាប់ពួកគេថា៖ «ព្រះជាម្ចាស់ គឺជាព្រះជាម្ចាស់!» តើនេះមិនមែនជាព្រះនាមដ៏ល្អបំផុតសម្រាប់ព្រះជាម្ចាស់ទេឬអី? តើនេះមិនមែនជាការបង្ហាញពីនិស្ស័យរបស់ព្រះជាម្ចាស់ទេឬអី? រឿងគឺបែបនេះហើយ តើហេតុអ្វីបានជាអ្នករាល់គ្នាខំប្រឹងស្វែងរកព្រះនាមរបស់ព្រះជាម្ចាស់ខ្លាំងយ៉ាងនេះ? តើហេតុអ្វីអ្នកត្រូវប្រើខួរក្បាលរបស់អ្នក ដោយគ្មានបានហូបចុក និងដេកពួន ដើម្បីតែជាប្រយោជន៍ដល់ព្រះនាមមួយបែបនេះ? ថ្ងៃនោះនឹងចូលមកដល់ នៅពេលដែលព្រះជាម្ចាស់លែងត្រូវបានគេហៅថា ព្រះយេហូវ៉ា ព្រះយេស៊ូវ ឬព្រះមែស្ស៊ីតទៅទៀត គឺទ្រង់នឹងត្រូវគេហៅត្រឹមថា ព្រះអាទិករ។ នៅពេលនោះ គ្រប់ព្រះនាមទាំងអស់ដែលទ្រង់បានដាក់នៅលើផែនដី នឹងត្រូវចូលដល់ទីបញ្ចប់ ដ្បិតកិច្ចការរបស់ទ្រង់នៅលើផែនដីនឹងត្រូវចូលដល់ទីបញ្ចប់ ក្រោយពេលដែលព្រះនាមរបស់ទ្រង់លែងមានទៀត។ នៅពេលដែលគ្រប់យ៉ាងទាំងអស់មកនៅក្រោមអំណាចត្រួតត្រារបស់ព្រះអាទិករ តើចាំបាច់អ្វីដែលទ្រង់ត្រូវការព្រះនាមសមស្របតែមិនពេញលេញបែបនេះធ្វើអ្វី? តើអ្នកនឹងនៅតែបន្តស្វែងរកព្រះនាមរបស់ព្រះជាម្ចាស់ក្នុងពេលនេះទៀតដែរឬទេ? តើអ្នកនៅតែហ៊ាននិយាយថា ព្រះជាម្ចាស់គឺនៅតែត្រូវបានហៅថា ព្រះយេហូវ៉ា តែមួយប៉ុណ្ណោះទៀតមែនទេ? តើអ្នកនៅតែហ៊ាននិយាយថា ព្រះជាម្ចាស់អាចត្រូវហៅត្រឹម ព្រះយេស៊ូវ តែមួយប៉ុណ្ណោះមែនទេ? តើអ្នកអាចទូលរែកបាបនៃការប្រមាថចំពោះព្រះជាម្ចាស់បានដែរឬទេ? អ្នកគប្បីដឹងថា កាលពីដើមដំបូង ព្រះជាម្ចាស់គ្មានព្រះនាមអ្វីទេ។ ទ្រង់គ្រាន់តែមានព្រះនាមមួយ ឬពីរ ឬច្រើន ដោយសារតែទ្រង់មានកិច្ចការត្រូវបំពេញ និងត្រូវគ្រប់គ្រងមនុស្សជាតិប៉ុណ្ណោះ។ មិនថាគេហៅព្រះនាមទ្រង់បែបណានោះទេ តើទ្រង់មិនជ្រើសយកព្រះនាមនោះដោយផ្ទាល់ព្រះអង្គទេមែនទេ? តើទ្រង់ត្រូវការឱ្យអ្នកដែលជាសត្តនិករមួយដែលទ្រង់បានបង្កើតមកនោះ រៀបរាប់អំពីព្រះនាមនោះដែរឬទេ? ព្រះនាមដែលគេហៅព្រះជាម្ចាស់ គឺជាព្រះនាមមួយដែលស្របនឹងអ្វីដែលមនុស្សអាចយល់ដឹងបាន ស្របតាមភាសារបស់មនុស្សជាតិ ប៉ុន្តែព្រះនាមនេះ គឺមិនមែនជាព្រះនាមដែលមនុស្សអាចសង្ខេបរួមបានទេ។ អ្នកអាចនិយាយបានត្រឹមថា មានព្រះជាម្ចាស់គង់នៅលើស្ថានសួគ៌ ថាទ្រង់ត្រូវគេហៅថា ព្រះជាម្ចាស់ ថាទ្រង់គឺជាព្រះជាម្ចាស់ផ្ទាល់ព្រះអង្គ ដែលមានព្រះចេស្ដាខ្លាំងពូកែ ដែលមានព្រះប្រាជ្ញាញាណអស្ចារ្យ ខ្ពង់ខ្ពស់ អស្ចារ្យ និងអាថ៌កំបាំងយ៉ាងខ្លាំង និងមានព្រះចេស្តាអស្ចារ្យ ហេតុដូច្នេះហើយ អ្នកមិនអាចនិយាយអ្វីបានឡើយ ហើយអ្នកទាំងគ្នាអាចដឹងបានតែបន្ដិចបន្ដួចនេះប៉ុណ្ណោះ។ រឿងគឺបែបនេះហើយ តើព្រះនាមព្រះយេស៊ូវអាចតំណាងឱ្យព្រះជាម្ចាស់ផ្ទាល់ព្រះអង្គមែនទេ? នៅពេលដែលគ្រាចុងក្រោយមកដល់ បើទោះបីជាព្រះជាម្ចាស់គឺជាអ្នកដែលនៅបន្តបំពេញកិច្ចការរបស់ទ្រង់ក្ដី ក៏ព្រះនាមរបស់ទ្រង់ត្រូវតែផ្លាស់ប្ដូរដែរ ដ្បិតវាគឺជាយុគសម័យមួយខុសគ្នា។
(ដកស្រង់ពី «និមិត្តអំពីកិច្ចការរបស់ព្រះជាម្ចាស់ (៣)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)