២. អ្នកធ្វើបន្ទាល់ថា ព្រះអម្ចាស់យេស៊ូវបានយាងត្រលប់មកវិញ ថាទ្រង់ជាព្រះដ៏មានគ្រប់ព្រះចេស្ដា និងថាទ្រង់កំពុងតែសម្ដែងចេញនូវសេចក្តីពិត ដើម្បីអនុវត្តកិច្ចការជំនុំជម្រះ ដោយចាប់ផ្ដើមពីដំណាក់របស់ព្រះជាម្ចាស់។ ប៉ុន្តែ គ្រូគង្វាល និងពួកចាស់ទុំនិយាយថា ព្រះបន្ទូល និងកិច្ចការរបស់ព្រះជាម្ចាស់សុទ្ធតែត្រូវបានកត់ត្រាទុកនៅក្នុងព្រះគម្ពីរ និងថាសេចក្តីពិតនៃព្រះគម្ពីរគឺពេញលេញ និងទាំងស្រុង។ ពួកគេនិយាយថា ក្រៅពីព្រះគម្ពីរ គឺមិនអាចមានព្រះបន្ទូល ឬកិច្ចការពីព្រះជាម្ចាស់ទេ និងថាអ្វីផ្សេងទៀតនៅខាងក្រៅព្រះគម្ពីរគឺជាសេចក្តីខុសឆ្គង។ តើយើងគួរតែដោះស្រាយបញ្ហានេះយ៉ាងដូចម្ដេចទៅ?
ខគម្ពីរយោង៖
«មានរឿងជាច្រើនផ្សេងទៀតដែលព្រះយេស៊ូវបានធ្វើ បើរឿងនីមួយៗត្រូវបានកត់ត្រាទុក ខ្ញុំគិតថា សូម្បីតែពិភពលោកទាំងមូលក៏មិនអាចដាក់អស់ទាំងសៀវភៅដែលត្រូវបានសរសេរនោះដែរ» (យ៉ូហាន ២១:២៥)។
«ខ្ញុំនៅមានសេចក្ដីជាច្រើនចង់ប្រាប់ដល់អ្នក ប៉ុន្តែពេលនេះអ្នកមិនអាចទទួលសេចក្ដីទាំងនេះបានទេ។ យ៉ាងណាមិញ កាលណាព្រះវិញ្ញាណនៃសេចក្ដីពិត ទ្រង់យាងមកដល់ នោះទ្រង់នឹងនាំអ្នកចូលទៅក្នុងសេចក្ដីពិតគ្រប់យ៉ាង។ ដ្បិតទ្រង់នឹងមានបន្ទូល មិនមែនដោយអាងអង្គទ្រង់ផ្ទាល់ឡើយ ពោលគឺនឹងមានបន្ទូលចំពោះតែរឿងណាដែលទ្រង់នឹងស្ដាប់ឮ ហើយទ្រង់នឹងសម្ដែងឲ្យអ្នកដឹងរឿងដែលត្រូវកើតមក» (យ៉ូហាន ១៦:១២-១៣)។
«អ្នកណាដែលមានត្រចៀក ចូរស្ដាប់ព្រះបន្ទូលដែលព្រះវិញ្ញាណថ្លែងទៅកាន់ក្រុមជំនុំទាំងអម្បាលម៉ានចុះ។ អ្នកណាដែលឈ្នះ ខ្ញុំនឹងឲ្យបរិភោគនំម៉ាណាដ៏លាក់កំបាំង ហើយខ្ញុំនឹងឲ្យថ្មពណ៌សមួយដល់អ្នកនោះ ហើយនៅលើថ្មនោះ មានឆ្លាក់ឈ្មោះថ្មី ដែលគ្មានអ្នកណាស្គាល់ឡើយ លើកលែងតែអ្នកដែលទទួលប៉ុណ្ណោះ» (វិវរណៈ ២:១៧)។
«ហើយនៅខាងស្ដាំព្រះហស្តទ្រង់ដែលគង់នៅលើបល្ល័ង្ក ខ្ញុំបានឃើញក្រាំងមួយក្បាលដែលកត់ត្រាទាំងខាងក្នុង និងខាងក្រៅ ព្រមទាំងមានបិទត្រាចំនួនប្រាំពីរ។ ហើយខ្ញុំបានឃើញទេវតាដ៏អង់អាចមួយកំពុងប្រកាសខ្លាំងៗថា តើនរណាសក្ដិសមបើកក្រាំង និងបកត្រានោះចេញទៅ? នៅស្ថានសួគ៌ នៅលើផែនដី និងនៅក្រោមដី គ្មាននរណាម្នាក់អាចបើកក្រាំងនោះបានឡើយ សូម្បីតែក្រឡេកមើលក៏ពុំបានផង។ ហើយខ្ញុំបានយំយ៉ាងខ្លាំង ព្រោះថាគ្មាននរណាម្នាក់សក្ដិសមនឹងបើកក្រាំង ឬសូម្បីតែក្រឡេកមើលផង។ ហើយនៅក្នុងចំណោមនោះ មានពួកចាស់ទុំម្នាក់បាននិយាយប្រាប់ខ្ញុំថា កុំយំអី មើល៍ សិង្ហនៃអំបូរយូដា ដែលជាឫសគល់នៃព្រះបាទដាវីឌ ព្រះអង្គបានឈ្នះ ហើយបើកក្រាំង និងបកត្រាទាំងប្រាំពីរនោះចេញ» (វិវរណៈ ៥:១-៥)។
ពាក់ព័ន្ធនឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖
សេចក្ដីនានាដែលត្រូវបានកត់ត្រាក្នុងព្រះគម្ពីរ មានកម្រិត សេចក្ដីទាំងនោះមិនអាចបង្ហាញពីកិច្ចការរបស់ព្រះជាម្ចាស់ទាំងស្រុងបានឡើយ។ ដំណឹងល្អទាំងបួនរួមគ្នាទាំងអស់ មានមិនដល់មួយរយចំពូកផង ក្នុងនោះមានសរសេរតែព្រឹត្តិការណ៍មួយចំនួនតូចប៉ុណ្ណោះ ដូចជា ព្រះយេស៊ូវដាក់បណ្ដាសាដើមឧទុម្ពរ ពេត្រុសបដិសេធបីដងថាមិនស្គាល់ព្រះអម្ចាស់ ព្រះយេស៊ូវលេចមកឱ្យពួកសិស្សឃើញបន្ទាប់ពីការជាប់ឆ្កាង និងការរស់ឡើងវិញរបស់ទ្រង់ សេចក្ដីបង្រៀនអំពីការតមអាហារ សេចក្ដីបង្រៀនអំពីការអធិដ្ឋាន សេចក្ដីបង្រៀនអំពីការលែងលះ ការប្រសូត និងពង្សាវតារបស់ព្រះយេស៊ូវ ការជ្រើសតាំងពួកសិស្សរបស់ព្រះយេស៊ូវ ។ល។ យ៉ាងណាមិញ មនុស្សឱ្យតម្លៃសេចក្ដីទាំងនេះដូចកំណប់ ថែមទាំងយកកិច្ចការបច្ចុប្បន្នទៅប្រៀបធៀបនឹងសេចក្ដីទាំងនោះផង។ ពួកគេថែមទាំងជឿទៀតថា កិច្ចការទាំងអស់ដែលព្រះយេស៊ូវបានធ្វើក្នុងគ្រាដែលទ្រង់រស់នៅលើផែនដី គឺមានតែត្រឹមប៉ុណ្ណឹង ហាក់ដូចជាព្រះជាម្ចាស់មានសមត្ថភាពធ្វើការត្រឹមប៉ុណ្ណឹង និងគ្មានអ្វីលើសពីនេះទេ។ តើនេះមិនមែនជារឿងលេលាទេឬអី?
(ដកស្រង់ពី «អាថ៌កំបាំងនៃការយកកំណើតជាមនុស្ស (១)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ប្រសិនបើអ្នកចង់ឃើញកិច្ចការយុគសម័យនៃក្រឹត្យវិន័យ និងចង់ឃើញពីរបៀបដែលសាសន៍អ៊ីស្រាអែលធ្វើតាមផ្លូវរបស់ព្រះយេហូវ៉ា នោះអ្នកត្រូវអានព្រះគម្ពីរសញ្ញាចាស់។ ប្រសិនបើអ្នកចង់យល់ពីកិច្ចការនៃយុគសម័យនៃព្រះគុណ នោះអ្នកត្រូវតែអានព្រះគម្ពីរសញ្ញាថ្មី ប៉ុន្តែតើអ្នកមើលឃើញកិច្ចការនៃគ្រាចុងក្រោយបានយ៉ាងដូចម្តេច? អ្នកត្រូវតែទទួលយកការដឹកនាំរបស់ព្រះជាម្ចាស់នាពេលសព្វថ្ងៃ ហើយចូរធ្វើកិច្ចការនៅថ្ងៃនេះតទៅ ដ្បិតនេះជាកិច្ចការថ្មី ហើយគ្មាននរណាម្នាក់ធ្លាប់បានកត់ទុកនៅក្នុងព្រះគម្ពីរទេ។ សព្វថ្ងៃនេះ ព្រះជាម្ចាស់បានត្រឡប់ជាសាច់ឈាម ហើយបានជ្រើសរើសមនុស្សមួយក្រុមទៀតដែលត្រូវបានរើសតាំងនៅប្រទេសចិន។ ព្រះជាម្ចាស់ធ្វើការនៅក្នុងមនុស្សទាំងនេះ ទ្រង់បន្តពីកិច្ចការរបស់ទ្រង់នៅលើផែនដី ហើយបន្តពីកិច្ចការអំពីយុគសម័យនៃព្រះគុណ។ កិច្ចការនៅថ្ងៃនេះ គឺជាផ្លូវដែលមនុស្សមិនធ្លាប់បានដើរ ហើយជាផ្លូវដែលមិនមាននរណាម្នាក់បានឃើញឡើយ។ វាគឺជាកិច្ចការដែលមិនធ្លាប់បានធ្វើពីមុនមក វាជាកិច្ចការថ្មីបំផុតរបស់ព្រះជាម្ចាស់នៅលើផែនដីនេះ។ ដូច្នេះ កិច្ចការដែលមិនធ្លាប់បានធ្វើពីមុន មិនមែនជាប្រវត្ដិសាស្ដ្រទេ ពីព្រោះឥឡូវ គឺជាពេលឥឡូវនេះ ហើយមិនទាន់ត្រឡប់ជាអតីតកាលនៅឡើយទេ។ មនុស្សមិនដឹងថាព្រះជាម្ចាស់បានធ្វើកិច្ចការធំជាង ថ្មីជាងនៅលើផែនដី និងធ្វើកិច្ចការក្រៅពីអ៊ីស្រាអែល ដែលលើសពីវិសាលភាពនៃព្រំដែនអ៊ីស្រាអែល ហើយលើសពីទំនាយរបស់ពួកហោរា នោះគឺជាកិច្ចការថ្មីនិងអស្ចារ្យនៅខាងក្រៅសេចក្ដីទំនាយ និងជាកិច្ចការថ្មីដែលហួសពីប្រទេសអ៊ីស្រាអែល និងជាកិច្ចការដែលមនុស្សមិនអាចយល់បាន និងស្រមៃដល់។ តើព្រះគម្ពីរអាចមានការកត់ទុកជាក់លាក់អំពីកិច្ចការបែបនេះបានយ៉ាងដូចម្តេច? តើអ្នកណាអាចកត់ទុករាល់កិច្ចការក្នុងពេលសព្វថ្ងៃនេះ ដោយមិនមានការលុបចោលជាមុននោះ? តើអ្នកណាអាចកត់ទុកនូវកិច្ចការដែលមានព្រះចេស្ដាជាង និងមានប្រាជ្ញាជាង ដែលយកឈ្នះលើសេចក្ដីសញ្ញានៅក្នុងសៀវភៅដ៏ចាស់នោះ? កិច្ចការនាពេលសព្វថ្ងៃនេះ មិនមែនជាប្រវត្តិសាស្ត្រទេ ដូច្នេះហើយ ប្រសិនបើអ្នកមានបំណងដើរលើផ្លូវថ្មីនាពេលសព្វថ្ងៃនេះ នោះអ្នកត្រូវតែចាកចេញពីព្រះគម្ពីរ អ្នកត្រូវតែទៅឱ្យហួសពីសៀវភៅគម្ពីរព្យាការី ឬសៀវភៅប្រវត្តិសាស្ត្រក្នុងព្រះគម្ពីរ។ មានតែបែបនោះទេ ដែលអ្នកនឹងអាចដើរតាមផ្លូវថ្មីបានយ៉ាងត្រឹមត្រូវ ហើយមានតែបែបនោះទេ ដែលអ្នកនឹងអាចចូលទៅក្នុងអាណាចក្រថ្មី និងកិច្ចការថ្មីបាន។ អ្នកត្រូវតែយល់ពីមូលហេតុដែលថ្ងៃនេះ អ្នកត្រូវបានស្នើសុំមិនឱ្យអានព្រះគម្ពីរ ហេតុអ្វីបានជាមានកិច្ចការផ្សេងទៀតដែលដាច់ចេញពីព្រះគម្ពីរ ហេតុអ្វីព្រះជាម្ចាស់មិនទតមើលទៅលើការអនុវត្តន៍ដែលថ្មី ដែលកាន់តែលម្អិតនៅក្នុងព្រះគម្ពីរ ហើយហេតុអ្វីបានជាមានកិច្ចការដែលមានព្រះចេស្ដាជាងនៅខាងក្រៅព្រះគម្ពីរអ៊ីចឹង។ នេះជាអ្វីដែលអ្នករាល់គ្នាគប្បីយល់ហើយ។ អ្នកត្រូវតែដឹងអំពីភាពខុសគ្នារវាងកិច្ចការចាស់និងថ្មី ហើយទោះបីជាអ្នកមិនបានអានព្រះគម្ពីរក៏ដោយ ក៏អ្នកត្រូវតែវិភាគឱ្យបានល្អិតល្អន់ដែរ។ បើមិនដូច្នោះទេ អ្នកនឹងនៅតែថ្វាយបង្គំព្រះគម្ពីរ ហើយវានឹងពិបាកសម្រាប់អ្នកក្នុងការចូលធ្វើកិច្ចការថ្មី ហើយឆ្លងកាត់នូវការផ្លាស់ប្តូរថ្មីនោះ។ ដោយសារមាននូវផ្លូវដែលខ្ពង់ខ្ពស់ជាងនេះ ហេតុអ្វីត្រូវសិក្សាអំពីផ្លូវដែលទាប និងហួសសម័យទៅហើយ? ដោយសារមានការថ្លែងព្រះសូរសៀងថ្មី និងមានកិច្ចការថ្មី ហេតុអ្វីរស់នៅក្នុងចំណោមកំណត់ត្រាប្រវត្តិសាស្រ្តចាស់ៗធ្វើអ្វី? ការថ្លែងបញ្ចេញព្រះសូរសៀងថ្មីអាចផ្តល់ជូនអ្នក ដែលបង្ហាញថានេះគឺជាកិច្ចការថ្មី។ កំណត់ត្រាចាស់មិនអាចជួយអ្នក ឬបំពេញតម្រូវការបច្ចុប្បន្នរបស់អ្នក ដែលបង្ហាញថាជាប្រវតិ្តសាស្រ្ត ហើយមិនមែនជាកិច្ចការឥឡូវនេះទេ។ ផ្លូវដែលខ្ពស់បំផុត គឺជាកិច្ចការដែលថ្មីបំផុត ហើយជាមួយនឹងកិច្ចការថ្មីនេះ មិនថាផ្លូវកាលពីអតីតកាលខ្ពស់ប៉ុនណាក៏ដោយ វាគ្រាន់តែជាប្រវត្តិសាស្ត្រនៃការមើលទៅគ្រាមុនរបស់មនុស្ស ហើយមិនថាវាមានតម្លៃជាឯកសារយោងក៏ដោយ វានៅតែជាផ្លូវចាស់ដដែល។ ទោះបីជាវាត្រូវបានកត់ទុកនៅក្នុង «សៀវភៅដ៏បរិសុទ្ធ» ក៏ដោយ ផ្លូវចាស់គឺជាប្រវត្តិសាស្រ្ត។ ទោះបីជាគ្មានកំណត់ត្រានៅក្នុង «សៀវភៅដ៏បរិសុទ្ធ» ក៏ដោយ ផ្លូវថ្មីគឺនៅទីនេះ និងឥឡូវនេះ។ ផ្លូវនេះអាចជួយសង្រ្គោះអ្នកបាន ហើយផ្លូវនេះអាចផ្លាស់ប្តូរអ្នកបាន ដ្បិតនេះជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។
(ដកស្រង់ពី «ទាក់ទងនឹងព្រះគម្ពីរ (១)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
ព្រះគម្ពីរជាសៀវភៅប្រវត្តិសាស្ត្រ ហើយប្រសិនបើអ្នកបានហូប និងផឹកនូវសញ្ញាចាស់ក្នុងយុគសម័យនៃព្រះគុណ ប្រសិនបើអ្នកបានអនុវត្តនូវអ្វីដែលត្រូវបានតម្រូវនៅក្នុងសម័យសញ្ញាចាស់ក្នុងយុគសម័យនៃព្រះគុណ នោះព្រះយេស៊ូវនឹងបដិសេធអ្នក ព្រមទាំងថ្កោលទោសអ្នក។ ប្រសិនបើអ្នកបានអនុវត្តនូវសញ្ញាចាស់អំពីកិច្ចការរបស់ព្រះយេស៊ូវ នោះអ្នកនឹងត្រឡប់ជាពួកផារិស៊ីម្នាក់។ ប្រសិនបើថ្ងៃនេះ អ្នកដាក់គម្ពីរសញ្ញាចាស់ និងសញ្ញាថ្មីជាមួយគ្នា ដើម្បីហូបនិងផឹក ហើយអនុវត្ត នោះព្រះជាម្ចាស់នាពេលបច្ចុប្បន្ននឹងថ្កោលទោសអ្នក អ្នកនឹងដេញតាមមិនទាន់កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធនាពេលបច្ចុប្បន្ននេះទេ! ប្រសិនបើអ្នកហូបនិងផឹកគម្ពីរសញ្ញាចាស់និងសញ្ញាថ្មី នោះអ្នកស្ថិតនៅខាងក្រៅលំហូរនៃព្រះវិញ្ញាណបរិសុទ្ធហើយ! ក្នុងជំនាន់ព្រះយេស៊ូវ ព្រះយេស៊ូវបានដឹកនាំជនជាតិយូដា និងអស់អ្នកដែលបានដើរតាមទ្រង់ ស្របតាមកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធនៅក្នុងទ្រង់នៅពេលនោះ។ ទ្រង់មិនបានយកព្រះគម្ពីរធ្វើជាមូលដ្ឋានអំពីអ្វីដែលទ្រង់បានធ្វើនោះទេ ប៉ុន្តែទ្រង់បានមានបន្ទូលយោងទៅតាមកិច្ចការរបស់ទ្រង់។ ទ្រង់មិនបានយកព្រះទ័យទុកដាក់នឹងអ្វីដែលព្រះគម្ពីរបានមានបន្ទូលនោះទេ ហើយក៏មិនបានស្រាវជ្រាវនៅក្នុងព្រះគម្ពីរដើម្បីរកផ្លូវមួយក្នុងការដឹកនាំអ្នកដែលដើរតាមទ្រង់ដែរ។ ចាប់ពីពេលដែលទ្រង់បានធ្វើកិច្ចការ ទ្រង់ផ្សាយអំពីផ្លូវនៃការប្រែចិត្ត ជាព្រះបន្ទូលមួយដែលមិនមាននិយាយសោះនៅក្នុងសេចក្ដីទំនាយនៃសញ្ញាចាស់។ ទ្រង់មិនត្រឹមតែមិនធ្វើតាមព្រះគម្ពីរប៉ុណ្ណោះទេ ប៉ុន្តែទ្រង់ក៏បានដឹកនាំទៅផ្លូវថ្មីមួយ និងបានធ្វើនូវកិច្ចការថ្មីផងដែរ។ ទ្រង់មិនដែលមានបន្ទូលយោងទៅព្រះគម្ពីរទេ នៅពេលដែលទ្រង់អធិប្បាយ។ ក្នុងយុគសម័យនៃក្រឹត្យវិន័យ មិនមាននរណាម្នាក់អាចសម្ដែងបាដិហារិយ៍របស់ទ្រង់ក្នុងការព្យាបាលមនុស្សឈឺ និងដេញអារក្សបានទេ។ ដូច្នេះ កិច្ចការរបស់ទ្រង់ ការបង្រៀនរបស់ទ្រង់ និងអំណាច ព្រមទាំងព្រះចេស្ដារបស់ទ្រង់អំពីព្រះបន្ទូល ក៏ហួសពីមនុស្សណាណាទាំងអស់នៅក្នុងយុគសម័យនៃក្រឹត្យវិន័យ។ ព្រះយេស៊ូវបានធ្វើនូវកិច្ចការថ្មីរបស់ទ្រង់ ហើយទោះបីជាមនុស្សជាច្រើនបានថ្កោលទោសទ្រង់ ដោយប្រើព្រះគម្ពីរក៏ដោយ ហើយថែមទាំងបានប្រើគម្ពីរសញ្ញាចាស់ដើម្បីឆ្កាងទ្រង់ផង ក៏កិច្ចការរបស់ទ្រង់មានលើសពីគម្ពីរសញ្ញាចាស់។ ប្រសិនបើការនេះមិនមែនដូច្នោះទេ ហេតុអ្វីបានជាមនុស្សបានយកដែកគោលដំទ្រង់ជាប់នឹងឈើឆ្កាង? តើមិនមែនដោយសារតែមិនបានមានបន្ទូលអ្វីសោះនៅក្នុងសញ្ញាចាស់អំពីការបង្រៀនរបស់ទ្រង់ និងអំពីសមត្ថភាពរបស់ទ្រង់ក្នុងការព្យាបាលអ្នកជំងឺនិងបណ្តេញអារក្សទេឬ? កិច្ចការរបស់ទ្រង់ត្រូវបានធ្វើឡើងដើម្បីដឹកនាំទៅផ្លូវថ្មីមួយ វាមិនមែនដើម្បីជ្រើសក្នុងការទាស់ប្រឆាំងនឹងព្រះគម្ពីរដោយចេតនា ឬដើម្បីចែកចាយនូវសញ្ញាចាស់ដោយចេតនានោះទេ។ ទ្រង់បានយាងមកដើម្បីសម្ដែងនូវព័ន្ធកិច្ចរបស់ទ្រង់ ដើម្បីនាំយកនូវកិច្ចការថ្មីដល់អ្នកដែលចង់បាន និងស្វែងរកទ្រង់។ ទ្រង់មិនបានមកដើម្បីពន្យល់ពីសញ្ញាចាស់ ឬលើកស្ទួយកិច្ចការរបស់ទ្រង់ទេ។ កិច្ចការរបស់ទ្រង់ មិនមានគោលបំណងដើម្បីឱ្យយុគសម័យនៃក្រឹត្យវិន័យបន្តលូតលាស់សម្រាប់កិច្ចការរបស់ទ្រង់ឡើយ ដ្បិតកិច្ចការរបស់ទ្រង់ មិនបានផ្តល់ការពិចារណាថាតើយកព្រះគម្ពីរជាគោលឬអត់។ ព្រះយេស៊ូវគ្រាន់តែបានយាងមកធ្វើកិច្ចការដែលទ្រង់គួរធ្វើ ដូច្នេះទ្រង់មិនបានពន្យល់ពីទំនាយនៃគម្ពីរសញ្ញាចាស់ទេ ហើយទ្រង់ក៏មិនបានធ្វើកិច្ចការតាមព្រះបន្ទូលនៃគម្ពីរសញ្ញាចាស់អំពីយុគសម័យនៃក្រឹត្យវិន័យដែរ។ ទ្រង់មិនអើពើនឹងអ្វីដែលគម្ពីរសញ្ញាចាស់បានចែងមកទេ ទ្រង់មិនបានខ្វល់ថាតើវាស្របនឹងកិច្ចការរបស់ទ្រង់ឬអត់ ហើយមិនខ្វល់ខ្វាយពីអ្វីដែលអ្នកដទៃបានដឹងអំពីកិច្ចការរបស់ទ្រង់ ឬរបៀបដែលពួកគេថ្កោលទោសនោះទេ។ ទ្រង់នៅតែធ្វើកិច្ចការដែលទ្រង់គួរធ្វើ ទោះបីជាមានមនុស្សជាច្រើន បានប្រើទំនាយរបស់ហោរានៃសញ្ញាចាស់ដើម្បីថ្កោលទោសទ្រង់ក៏ដោយ។ ចំពោះមនុស្ស វាហាក់ដូចជាកិច្ចការរបស់ទ្រង់គ្មានមូលដ្ឋាន ហើយវាមានច្រើនដែលផ្ទុយពីកំណត់ត្រានៃសញ្ញាចាស់។ តើនេះមិនមែនជាកំហុសរបស់មនុស្សទេឬ? តើគោលលទ្ធិត្រូវតែត្រូវបានអនុវត្តចំពោះកិច្ចការរបស់ព្រះជាម្ចាស់ឬ? តើព្រះជាម្ចាស់ត្រូវធ្វើការស្របតាមទំនាយរបស់ពួកហោរាឬ? ក្រៅពីនេះ តើមួយណាធំជាងនេះទៅទៀត ព្រះជាម្ចាស់ ឬព្រះគម្ពីរ? ហេតុអ្វីព្រះជាម្ចាស់ត្រូវធ្វើតាមព្រះគម្ពីរ? តើព្រះជាម្ចាស់មិនមានសិទ្ធិលើសព្រះគម្ពីរទេឬអី? ព្រះជាម្ចាស់មិនអាចចាកចេញពីព្រះគម្ពីរ និងធ្វើកិច្ចការផ្សេងទៀតទេឬ? ហេតុអ្វីបានជាព្រះយេស៊ូវ និងពួកសិស្សរបស់ទ្រង់មិនរក្សាថ្ងៃសប្ប័ទ? ប្រសិនបើទ្រង់ត្រូវអនុវត្តថ្ងៃសប្ប័ទ ហើយធ្វើតាមបទបញ្ញត្តិនៃគម្ពីរសញ្ញាចាស់ ហេតុអ្វីបានជាព្រះយេស៊ូវមិនរក្សាថ្ងៃសប្ប័ទបន្ទាប់ពីទ្រង់បានយាងមក ប៉ុន្តែបែរជាលាងជើង ទទូរព្រះសិរសា កាច់នំប៉័ង និងពិសាស្រាទំពាំងបាយជូរទៅវិញ? តើនេះមិនមែនជាការមិនធ្វើតាមបទបញ្ញត្តិនៃសញ្ញាចាស់ទេឬអី? ប្រសិនបើព្រះយេស៊ូវគោរពដល់គម្ពីរសញ្ញាចាស់ ហេតុអ្វីបានជាទ្រង់ធ្វើខុសនឹងគោលលទ្ធិទាំងនេះ? អ្នកគប្បីដឹងថា មួយណាកើតមុន ព្រះជាម្ចាស់ ឬព្រះគម្ពីរ! ក្នុងនាមជាម្ចាស់នៃថ្ងៃសប្ប័ទ តើទ្រង់មិនមែនជា ព្រះជាម្ចាស់នៃព្រះគម្ពីរទេឬអី?
(ដកស្រង់ពី «ទាក់ទងនឹងព្រះគម្ពីរ (១)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
នៅគ្រានោះ ព្រះយេស៊ូវគ្រាន់តែប្រទាននូវសេចក្ដីអធិប្បាយជាច្រើននៅក្នុងយុគសម័យនៃព្រះគុណ ទាក់ទងនឹងប្រធានបទនានាដូចជា វិធីអនុវត្ត វិធីជួបជុំគ្នា វិធីអធិដ្ឋានទូលអង្វរ វិធីប្រព្រឹត្តចំពោះអ្នកដទៃ ។ល។ កិច្ចការដែលទ្រង់បានអនុវត្ត គឺជាកិច្ចការក្នុងយុគសម័យនៃព្រះគុណ ហើយទ្រង់ក៏បកស្រាយតែរបៀបដែលពួកសិស្សទ្រង់ និងអ្នកដែលដើរតាមទ្រង់ គួរអនុវត្តតែប៉ុណ្ណោះ។ ទ្រង់ធ្វើតែកិច្ចការក្នុងយុគសម័យនៃព្រះគុណ និងមិនបានធ្វើកិច្ចការនៃគ្រាចុងក្រោយទាល់តែសោះ។ កាលព្រះយេហូវ៉ាកត់ត្រាក្រឹត្យវិន័យសញ្ញាចាស់ ក្នុងយុគសម័យនៃក្រឹត្យវិន័យ ចុះហេតុអ្វីបានជាទ្រង់មិនធ្វើកិច្ចការក្នុងយុគសម័យនៃព្រះគុណផង? ហេតុអ្វីបានជាទ្រង់មិនបញ្ជាក់ពីកិច្ចការក្នុងយុគសម័យនៃព្រះគុណ ឱ្យច្បាស់ជាមុនផង។ តើការនេះនឹងមិនជួយឱ្យមនុស្សទទួលយកបានទេឬអី? ទ្រង់គ្រាន់តែទាយទុកថា ទារកម្នាក់នឹងប្រសូត ហើយនឹងមានព្រះចេស្ដា ប៉ុន្តែទ្រង់មិនបានអនុវត្តកិច្ចការក្នុងយុគសម័យនៃព្រះគុណ ទុកជាមុននោះឡើយ។ កិច្ចការរបស់ព្រះជាម្ចាស់នៅក្នុងយុគសម័យនីំមួយៗ មានដែនកំណត់ច្បាស់លាស់ ទ្រង់ធ្វើតែកិច្ចការក្នុងយុគសម័យបច្ចុប្បន្ន ហើយមិនដែលអនុវត្តកិច្ចការនៃដំណាក់កាលបន្ទាប់ ទុកជាមុនឡើយ។ ទាល់តែបែបនេះទើបកិច្ចការតំណាងរបស់ទ្រង់ក្នុងយុគសម័យនីមួយៗ អាចត្រូវបានគេកត់សម្គាល់។ ព្រះយេស៊ូវបានមានព្រះបន្ទូលអំពីទីសម្គាល់នៃគ្រាចុងក្រោយ អំពីរបៀបអត់ធ្មត់ និងធ្វើយ៉ាងណាឱ្យបានសង្គ្រោះ អំពីរបៀបលន់តួបាប និងប្រែចិត្ត និងរបៀបលីឈើឆ្កាង និងទ្រាំរងនូវទុក្ខវេទនាតែប៉ុណ្ណោះ។ ប៉ុន្តែទ្រង់មិនធ្លាប់មានបន្ទូលអំពីរបៀបដែលមនុស្សនៅគ្រាចុងក្រោយសម្រេចបាននូវច្រកចូល ឬអំពីរបៀបដែលគេគួរផ្គាប់បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ឡើយ។ ដូច្នេះ តើការស្វែងរកកិច្ចការបស់ព្រះជាម្ចាស់ក្នុងគ្រាចុងក្រោយនៅក្នុងព្រះគម្ពីរ វាគួរឱ្យអស់សំណើចទេ? ដោយគ្រាន់តែប្រកាន់ខ្ជាប់តាមព្រះគម្ពីរ តើអ្នកអាចមើលឃើញអ្វីខ្លះ? រវាងគ្រូអធិប្បាយតាមព្រះគម្ពីរ និងអ្នកប្រកាសដំណឹងល្អ តើនរណាអាចបានឃើញកិច្ចការនាសម័យបច្ចុប្បន្នទុកជាមុន?
(ដកស្រង់ពី «តើមនុស្សដែលបានដាក់កំហិតព្រះជាម្ចាស់តាមសញ្ញាណរបស់ខ្លួន អាចទទួលការបើកសម្ដែងពីព្រះជាម្ចាស់យ៉ាងដូចម្ដេច?» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
គ្មាននរណាម្នាក់ដឹងពីការពិតនៃព្រះគម្ពីរនោះទេថា៖ ព្រះគម្ពីរគ្មានអ្វីក្រៅតែពីការកត់ត្រាប្រវត្តិសាស្ត្រនៃកិច្ចការរបស់ព្រះជាម្ចាស់ និងគ្មានអ្វីក្រៅតែពីការកត់ត្រាសញ្ញាមួយចំពោះដំណាក់កាលទាំងពីរដំបូងនៃកិច្ចការរបស់ព្រះជាម្ចាស់ ហើយថាវាមិនផ្តល់ឱ្យអ្នកនូវការយល់អំពីគោលបំណងនៃកិច្ចការរបស់ព្រះជាម្ចាស់នោះទេ។ គ្រប់គ្នាដែលបានអានព្រះគម្ពីរសុទ្ធតែដឹងថា ព្រះគម្ពីរកត់ត្រាទុកនូវឯកសារដំណាក់កាលទាំងពីរនៃកិច្ចការរបស់ព្រះជាម្ចាស់ក្នុងយុគសម័យនៃក្រឹត្យវិន័យ និងយុគសម័យនៃព្រះគុណ។ គម្ពីរសញ្ញាចាស់កត់ត្រាប្រវត្តិសាស្ត្ររបស់ប្រទេសអ៊ីស្រាអែល និងកិច្ចការរបស់ព្រះយេហូវ៉ា ចាប់ពីកំណើតផែនដី រហូតដល់ចុងបញ្ចប់យុគសម័យនៃក្រឹត្យវិន័យ។ គម្ពីរសញ្ញាថ្មីកត់ត្រាកិច្ចការរបស់ព្រះយេស៊ូវនៅលើផែនដី ដែលមាននៅក្នុងកណ្ឌគម្ពីរដំណឹងល្អទាំងបួន ក៏ដូចជាកិច្ចការរបស់ប៉ុលផងដែរ តើទាំងនេះមិនមែនជាការកត់ត្រាប្រវត្តិសាស្ត្រទេឬអី? ការលើកយករឿងរ៉ាវពីអតីតកាលមកនិយាយនៅពេលបច្ចុប្បន្ន ធ្វើឱ្យរឿងរ៉ាវទាំងនោះក្លាយជាប្រវត្តិសាស្ត្រ ហើយមិនថារឿងរ៉ាវទាំងនេះពិត ឬប្រាកដបែបណានោះឡើយ ក៏វានៅតែជាប្រវត្តិសាស្ត្រដដែល ហើយប្រវត្តិសាស្ត្រមិនអាចដោះស្រាយរឿងបច្ចុប្បន្នបានឡើយ ដ្បិតព្រះជាម្ចាស់មិនត្រឡប់ទៅទតមើលប្រវត្តិសាស្ត្រវិញនោះទេ! ដូច្នេះ ប្រសិនបើអ្នកត្រឹមតែយល់ព្រះគម្ពីរ ហើយមិនយល់អ្វីអំពីកិច្ចការដែលព្រះជាម្ចាស់សព្វព្រះហឫទ័យធ្វើនៅពេលបច្ចុប្បន្ននោះទេ ហើយប្រសិនបើអ្នកជឿលើព្រះជាម្ចាស់ ប៉ុន្តែមិនសម្លឹងរកកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធនោះទេ នោះអ្នកមិនយល់ពីអ្វីដែលហៅថា ការស្វែងរកព្រះជាម្ចាស់នោះឡើយ។ ប្រសិនបើអ្នកអានព្រះគម្ពីរ ដើម្បីសិក្សាពីប្រវត្តិសាស្រ្តរបស់ប្រទេសអ៊ីស្រាអែល ស្រាវជ្រាវប្រវត្តិសាស្ត្រនៃការដែលព្រះជាម្ចាស់បង្កើតផ្ទៃមេឃ និងផែនដី នោះអ្នកមិនជឿលើព្រះជាម្ចាស់ទេ។ ប៉ុន្តែថ្ងៃនេះ ដោយសារតែអ្នកជឿលើព្រះជាម្ចាស់ និងស្វះស្វែងរកជីវិត ដោយសារតែអ្នកស្វះស្វែងរកចំណេះដឹងអំពីព្រះជាម្ចាស់ ហើយមិនស្វះស្វែងរកន័យពាក្យ និងគោលលទ្ធិដែលគ្មានជីវិត ឬស្វះស្វែងរកការយល់ដឹងអំពីប្រវត្តិសាស្ត្រ នោះអ្នកត្រូវតែស្វះស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ក្នុងពេលបច្ចុប្បន្ននេះ ហើយអ្នកត្រូវតែស្វែងរកទិសដៅនៃកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធ។ ប្រសិនបើអ្នកជាបុរាណវិទូម្នាក់ អ្នកអាចអានព្រះគម្ពីរបាន ប៉ុន្តែអ្នកមិនមែនជាបុរាណវត្ថុវិទូនោះទេ អ្នកគឺជាអ្នកជឿម្នាក់ក្នុងចំណោមអ្នកជឿលើព្រះជាម្ចាស់ ហើយអ្នកខំប្រឹងស្វះស្វែងរកបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ក្នុងពេលបច្ចុប្បន្ននេះអស់ពីលទ្ធភាព។
(ដកស្រង់ពី «ទាក់ទងនឹងព្រះគម្ពីរ (៤)» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)
រឿងពិតដែលខ្ញុំចង់ពន្យល់នៅទីនេះ គឺថា៖ លក្ខណៈនិងកម្មសិទ្ធិរបស់ព្រះជាម្ចាស់ គឺមិនចេះអស់ និងគ្មានដែនកំណត់អស់កល្បជានិច្ច។ ព្រះជាម្ចាស់គឺជាប្រភពនៃជីវិត និងរបស់សព្វសារពើ។ ភាវៈដែលព្រះបានបង្កើតមក មិនអាចយល់ពីព្រះជាម្ចាស់បានឡើយ។ ចុងក្រោយ ខ្ញុំត្រូវតែបន្តក្រឿនរំឭកដល់អ្នកគ្រប់គ្នាថា៖ កុំដាក់កំហិតព្រះជាម្ចាស់ត្រឹមនៅក្នុងសៀវភៅ ក្នុងព្រះបន្ទូល ឬក្នុងព្រះសូរសៀងរបស់ទ្រង់ពីអតីតកាលឱ្យសោះ។ មានពាក្យតែមួយម៉ាត់គត់ដែលអាចពណ៌នាអំពីលក្ខណៈនៃកិច្ចការរបស់ព្រះជាម្ចាស់បាន ហើយពាក្យមួយម៉ាត់នោះគឺ «ថ្មី»។ ព្រះអង្គមិនសព្វព្រះហឫទ័យដើរតាមមាគ៌ាចាស់ ឬធ្វើកិច្ចការរបស់ទ្រង់ដដែលៗឡើយ។ ជាងនេះទៅទៀត ព្រះអង្គមិនចង់ឱ្យមនុស្សថ្វាយបង្គំទ្រង់ ដោយដាក់កំហិតទ្រង់នៅក្នុងវិសាលភាពជាក់លាក់ណាមួយឡើយ។ នេះហើយជានិស្ស័យរបស់ព្រះជាម្ចាស់។
(ដកស្រង់ពី «កថាបញ្ចប់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)