របៀបដើរតាមមាគ៌ារបស់ពេត្រុស
ដើម្បីឱ្យច្បាស់លាស់ ការដើរតាមមាគ៌ារបស់ពេត្រុសនៅក្នុងសេចក្ដីជំនឿរបស់បុគ្គលម្នាក់ មានន័យថាដើរលើមាគ៌ានៃការដេញតាមសេចក្ដីពិត ដែលមានន័យថាមាគ៌ានៃការស្គាល់ខ្លួនឯងពិតប្រាកដ និងការផ្លាស់ប្ដូរនិស្ស័យរបស់បុគ្គលម្នាក់។ មានតែតាមរយៈការដើរតាមមាគ៌ារបស់ពេត្រុសប៉ុណ្ណោះ ដែលបុគ្គលម្នាក់ស្ថិតនៅលើមាគ៌ានៃការប្រោសឱ្យបានគ្រប់លក្ខណ៍ដោយព្រះជាម្ចាស់។ បុគ្គលម្នាក់ត្រូវតែមានភាពច្បាស់លាស់ អំពីរបៀបដើរតាមមាគ៌ារបស់ពេត្រុស ក៏ដូចជាយកវាទៅអនុវត្ត។ ជាដំបូង បុគ្គលម្នាក់ត្រូវតែទុកទៅម្ខាងនូវចេតនាផ្ទាល់ខ្លួន ការដេញតាមមិនត្រឹមត្រូវ និងសូម្បីតែគ្រួសារ ព្រមទាំងអ្វីៗទាំងអស់ខាងសាច់ឈាមរបស់គេ។ បុគ្គលម្នាក់ត្រូវតែមានភក្ដីភាពស្មោះអស់ពីចិត្ត។ គឺអាចនិយាយបានថា គេត្រូវមានភក្ដីភាពទាំងស្រុងចំពោះព្រះបន្ទូលព្រះជាម្ចាស់ ផ្ដោតលើការហូប និងការផឹកព្រះបន្ទូលព្រះជាម្ចាស់ ផ្ចង់អារម្មណ៍លើការស្វែងរកសេចក្ដីពិត និងបំណងព្រះហឫទ័យព្រះជាម្ចាស់នៅក្នុងព្រះបន្ទូលរបស់ទ្រង់ ព្រមទាំងព្យាយាមយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ក្នុងគ្រប់អ្វីៗទាំងអស់។ នេះគឺជាវិធីសាស្ដ្រគ្រឹះ និងសំខាន់បំផុតនៃការអនុវត្ត។ នេះគឺជាអ្វីដែលពេត្រុសបានធ្វើក្រោយពេលមើលឃើញព្រះយេស៊ូវ ហើយមានតែតាមរយៈការអនុវត្តតាមវិធីនេះប៉ុណ្ណោះ ដែលបុគ្គលម្នាក់អាចសម្រេចបានលទ្ធផលដ៏ល្អបំផុត។ ការមានភក្ដីភាពស្មោះអស់ពីចិត្តចំពោះព្រះបន្ទូលព្រះជាម្ចាស់ ជាចម្បងទាក់ទងនឹងការស្វែងរកសេចក្ដីពិត និងបំណងព្រះហឫទ័យព្រះជាម្ចាស់នៅក្នុងព្រះបន្ទូលរបស់ទ្រង់ ផ្ដោតលើការស្វែងយល់ពីបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ និងការយល់ដឹង ព្រមទាំងការទទួលបានសេចក្ដីពិតជាច្រើនទៀតពីព្រះបន្ទូលរបស់ព្រះជាម្ចាស់។ នៅពេលអានព្រះបន្ទូលព្រះជាម្ចាស់ ពេត្រុសមិនបានផ្ដោតលើការយល់ដឹងពីគោលលទ្ធិនោះទេ ហើយគាត់រឺតតែមិនបានផ្ដោតលើការទទួលបានចំណេះដឹងផ្នែកទេវសាស្ដ្រទៅទៀត។ ផ្ទុយទៅវិញ គាត់បានផ្ចង់អារម្មណ៍ទៅលើការយល់ដឹងពីសេចក្ដីពិត និងការស្វែងយល់ពីបំណងព្រះហឫទ័យព្រះជាម្ចាស់ ក៏ដូចជាការសម្រេចឱ្យបាននូវការយល់ដឹងអំពីនិស្ស័យ និងភាពគួរឱ្យស្រឡាញ់របស់ព្រះជាម្ចាស់។ ពេត្រុសក៏បានព្យាយាមស្វែងយល់ពីសភាពពុករលួយផ្សេងៗរបស់មនុស្សតាមរយៈព្រះបន្ទូលព្រះជាម្ចាស់ ក៏ដូចជាស្វែងយល់ពីធម្មជាតិ សារជាតិ និងចំណុចខ្វះខាតជាក់ស្ដែងរបស់មនុស្ស ដែលជាហេតុនាំទៅរកភាពងាយស្រួលក្នុងការបំពេញតាមសេចក្តីតម្រូវរបស់ព្រះជាម្ចាស់ ដើម្បីបំពេញតាមបំណងព្រះហឫទ័យរបស់ទ្រង់ផងដែរ។ ពេត្រុសមានការអនុវត្តត្រឹមត្រូវជាច្រើនដែលប្រកាន់ខ្ជាប់តាមព្រះបន្ទូលព្រះជាម្ចាស់។ នេះជាអ្វីដែលស្របតាមបំណងព្រះហឫទ័យព្រះជាម្ចាស់បំផុត ហើយវាគឺជាវិធីដ៏ល្អបំផុតដែលបុគ្គលម្នាក់អាចសហការបាន ខណៈពេលកំពុងមានបទពិសោធន៍នឹងកិច្ចការរបស់ព្រះជាម្ចាស់។ នៅពេលឆ្លងកាត់ការល្បងលរាប់រយ ដែលព្រះជាម្ចាស់បញ្ជូនមក ពេត្រុសបានពិនិត្យមើលខ្លួនឯងយ៉ាងតឹងរ៉ឹងធៀបនឹងព្រះបន្ទូលអំពី ការជំនុំជម្រះរបស់ព្រះជាម្ចាស់ និងការបើកសម្តែងរបស់មនុស្ស និងព្រះបន្ទូលគ្រប់ម៉ាត់នៃការទាមទាររបស់ទ្រង់ចំពោះមនុស្ស ហើយបានព្យាយាមយល់យ៉ាងត្រឹមត្រូវនូវអត្ថន័យនៃព្រះបន្ទូលទាំងនោះ។ គាត់បានព្យាយាមដោយស្មោះអស់ពីចិត្តដើម្បីសញ្ជឹងគិត និងទន្ទេញព្រះបន្ទូលគ្រប់ម៉ាត់ដែលព្រះយេស៊ូវបានមានបន្ទូលទៅកាន់គាត់ ហើយគាត់សម្រេចបានលទ្ធផលយ៉ាងល្អ។ តាមរយៈការអនុវត្តបែបនេះ គាត់អាចមានការយល់ដឹងអំពីខ្លួនឯងចេញពីព្រះបន្ទូលព្រះជាម្ចាស់ ហើយគាត់មិនត្រឹមតែបានយល់ពីសភាពពុករលួយផ្សេងៗ និងចំណុចខ្វះខាតរបស់មនុស្សប៉ុណ្ណោះទេ ប៉ុន្ដែគាត់ក៏បានយល់ពីសារជាតិ និងធម្មជាតិរបស់មនុស្សផងដែរ។ នេះហើយជាអត្ថន័យនៃការយល់ដឹងពីខ្លួនឯងពិតប្រាកដ។ តាមរយៈព្រះបន្ទូលព្រះជាម្ចាស់ ពេត្រុសមិនត្រឹមតែបានស្គាល់ខ្លួនឯងយ៉ាងពិតប្រាកដប៉ុណ្ណោះទេ ប៉ុន្តែគាត់ក៏បានឃើញពីនិស្ស័យសុចរិតរបស់ព្រះជាម្ចាស់ កម្មសិទ្ធិ និងលក្ខណៈរបស់ព្រះជាម្ចាស់ បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ចំពោះកិច្ចការរបស់ទ្រង់ និងសេចក្ដីបង្គាប់របស់ព្រះជាម្ចាស់ចំពោះមនុស្សជាតិផងដែរ។ តាមរយៈព្រះបន្ទូលទាំងនេះ គាត់ក៏បានស្គាល់ព្រះជាម្ចាស់យ៉ាងច្បាស់។ គាត់បានស្គាល់និស្ស័យរបស់ព្រះជាម្ចាស់ និងសារជាតិរបស់ទ្រង់ គាត់បានស្គាល់ និងយល់ពីអ្វីដែលជាកម្មសិទ្ធិ និងលក្ខណៈរបស់ព្រះជាម្ចាស់ ក៏ដូចជាភាពគួរឱ្យស្រលាញ់របស់ព្រះជាម្ចាស់ និងការទាមទាររបស់ទ្រង់ចំពោះមនុស្សដែរ។ ទោះបីជាកាលនោះ ព្រះជាម្ចាស់មិនបានមានបន្ទូលច្រើនដូចដែលទ្រង់មានបន្ទូលនៅសព្វថ្ងៃនេះក៏ដោយ ក៏លទ្ធផលនៅក្នុងទិដ្ឋភាពទាំងនេះបានសម្រេចនៅក្នុងពេតុ្រសដែរ។ នេះគឺជារឿងមួយដ៏កម្រ និងមានតម្លៃ។ ពេត្រុសបានឆ្លងកាត់ការល្បងលរាប់រយជំពូក ប៉ុន្ដែគាត់មិនបានរងទុក្ខដោយឥតប្រយោជន៍នោះទេ។ គាត់មិនត្រឹមតែបានយល់ពីខ្លួនឯងចេញពីព្រះបន្ទូល និងកិច្ចការរបស់ព្រះជាម្ចាស់ប៉ុណ្ណោះទេ ប៉ុន្ដែគាត់ក៏បានស្គាល់ព្រះជាម្ចាស់ដែរ។ បន្ថែមលើនេះទៀត គាត់បានយកចិត្តទុកដាក់ជាពិសេសលើសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ចំពោះមនុស្សជាតិដែលមានចែងនៅក្នុងព្រះបន្ទូលរបស់ទ្រង់។ មិនថាក្នុងទិដ្ឋភាពបែបណានោះទេ ឱ្យតែមនុស្សគួរផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់ដើម្បីឱ្យស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ គឺពេត្រុសបានខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងទិដ្ឋភាពទាំងនេះ និងសម្រេចបាននូវភាពច្បាស់លាស់ពេញលេញ។ ការនេះពិតជាមានប្រយោជន៍ខ្លាំងណាស់ចំពោះច្រកចូលទៅក្នុងជីវិតរបស់គាត់។ មិនថាព្រះជាម្ចាស់មានបន្ទូលអ្វីឡើយ ដរាបណាព្រះបន្ទូលទាំងនោះអាចក្លាយជាជីវិត និងជាសេចក្ដីពិត នោះពេត្រុសអាចឆ្លាក់វានៅក្នុងដួងចិត្ដរបស់គាត់ ដើម្បីសញ្ជឹងគិត និងសរសើរពីព្រះបន្ទូលទាំងនោះជារឿយៗ។ ដោយបានស្ដាប់ឮព្រះបន្ទូលព្រះយេស៊ូវរួច គាត់អាចយកព្រះបន្ទូលទាំងនោះចូលទៅក្នុងដួងចិត្ត ដែលបង្ហាញថា គាត់បានផ្ដោតជាពិសេសទៅលើព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយគាត់ពិតជាសម្រេចបានលទ្ធផលនៅទីបញ្ចប់។ មានន័យថា គាត់អាចយកព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅអនុវត្តដោយសេរី អនុវត្តសេចក្ដីពិតយ៉ាងត្រឹមត្រូវ និងស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ធ្វើសកម្មភាពស្របតាមចេតនារបស់ព្រះជាម្ចាស់ និងលះបង់ចោលគំនិត និងការស្រមើស្រមៃផ្ទាល់ខ្លួនរបស់គាត់។ តាមរបៀបនេះ ពេត្រុសបានចូលទៅក្នុងភាពពិតនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ការបម្រើរបស់ពេត្រុសបានស្របតាមបំណងព្រះហឫទ័យព្រះជាម្ចាស់ ជាចម្បងដោយសារតែគាត់បានធ្វើកិច្ចការនេះ។
ប្រសិនបើបុគ្គលម្នាក់អាចផ្គាប់ព្រះហឫទ័យព្រះជាម្ចាស់ ខណៈពេលកំពុងបំពេញភារកិច្ចរបស់ខ្លួនផ្អែកលើពាក្យសម្ដី និងសកម្មភាពរបស់ខ្លួន ហើយអាចចូលទៅកាន់តថភាពនៃគ្រប់ទិដ្ឋភាពនៃសេចក្ដីពិត នោះគេជាបុគ្គលម្នាក់ដែលត្រូវបានព្រះជាម្ចាស់ប្រោសឱ្យគ្រប់លក្ខណ៍។ គឺអាចនិយាយបានថា កិច្ចការ និងព្រះបន្ទូលព្រះជាម្ចាស់មានប្រសិទ្ធភាពចំពោះពួកគេ ហើយថាព្រះបន្ទូលព្រះជាម្ចាស់បានក្លាយជាជីវិតពួកគេ ពួកគេបានទទួលសេចក្ដីពិត ហើយពួកគេអាចរស់នៅស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់។ បន្ទាប់ពីនេះទៅ ធម្មជាតិនៃសាច់ឈាមរបស់ពួកគេ ដែលជាមូលដ្ឋានគ្រឹះនៃអត្ថិភាពដើមរបស់ពួកគេនឹងអង្រួនដាច់ចេញពីគ្នា និងដួលរលំ។ មានតែក្រោយពេលមនុស្សមានព្រះបន្ទូលព្រះជាម្ចាស់ជាជីវិតរបស់ខ្លួនប៉ុណ្ណោះ ទើបពួកគេនឹងក្លាយជាមនុស្សថ្មី។ ប្រសិនបើព្រះបន្ទូលរបស់ព្រះជាម្ចាស់ក្លាយជាជីវិតរបស់មនុស្ស ប្រសិនបើនិមិត្តនៃកិច្ចការរបស់ព្រះជាម្ចាស់ ការបើកសម្តែង និងសេចក្ដីតម្រូវការរបស់ទ្រង់ចំពោះមនុស្សជាតិ និងបទដ្ឋានសម្រាប់ជីវិតមនុស្ស ដែលព្រះជាម្ចាស់តម្រូវឱ្យមនុស្សបំពេញ បានក្លាយជាជីវិតរបស់ពួកគេ ប្រសិនបើមនុស្សរស់នៅស្របតាមព្រះបន្ទូល និងសេចក្ដីពិតទាំងនេះ នោះពួកគេច្បាស់ជាត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍ដោយព្រះបន្ទូលរបស់ព្រះជាម្ចាស់។ មនុស្សប្រភេទនេះបានកើតជាថ្មី ហើយបានក្លាយជាមនុស្សថ្មីតាមរយៈព្រះបន្ទូលរបស់ព្រះជាម្ចាស់។ នេះគឺជាមាគ៌ាដែលពេត្រុសបានដេញតាមសេចក្ដីពិត។ នេះគឺជាមាគ៌ានៃការប្រោសឱ្យគ្រប់លក្ខណ៍។ ព្រះបន្ទូលព្រះជាម្ចាស់បានប្រោសពេត្រុសឱ្យបានគ្រប់លក្ខណ៍ គាត់ទទួលបានជីវិតចេញពីព្រះបន្ទូលព្រះជាម្ចាស់ សេចក្តីពិតដែលព្រះជាម្ចាស់បានសម្ដែងចេញ បានក្លាយជាជីវិតរបស់គាត់ ហើយគាត់បានក្លាយជាបុគ្គលម្នាក់ដែលបានទទួលសេចក្តីពិត។ យើងគ្រប់គ្នាសុទ្ធតែដឹងថា ក្នុងអំឡុងពេលនៃការយាងឡើងរបស់ព្រះយេស៊ូវ ពេត្រុសមានសញ្ញាណ ការមិនស្ដាប់បង្គាប់ និងចំណុចខ្សោយជាច្រើន។ ក្រោយមក ហេតុអ្វីបានជារឿងទាំងនេះផ្លាស់ប្ដូរទាំងស្រុង? ការនេះទាក់ទងដោយផ្ទាល់ទៅនឹងការដែលគាត់ដេញតាមសេចក្តីពិត។ នៅក្នុងការដេញតាមជីវិត គេត្រូវតែផ្តោតលើការអនុវត្តសេចក្តីពិត។ ការគ្រាន់តែយល់ដឹងអំពីគោលលទ្ធិ គឺគ្មានប្រយោជន៍ឡើយ ហើយចំនួននៃគោលលទ្ធិដែលគេអាចនិយាយចេញ ក៏គ្មានន័យដែរ។ រឿងទាំងនេះមិនអាចនាំឱ្យមានការផ្លាស់ប្ដូរនៅក្នុងនិស្ស័យជីវិតរបស់គេឡើយ។ ការគ្រាន់តែយល់ដឹងពីអត្ថន័យត្រង់នៃព្រះបន្ទូលព្រះជាម្ចាស់ មិនស្មើនឹងការយល់ដឹងពីសេចក្តីពិតឡើយ។ វាគឺជារឿងរ៉ាវនៃសារជាតិ និងគោលការណ៍ទាំងប៉ុន្មានដែលបានបង្ហាញនៅក្នុងព្រះបន្ទូលព្រះជាម្ចាស់ ទើបជាសេចក្តីពិត។ គ្រប់ឃ្លានៃព្រះសូរសៀងរបស់ទ្រង់ បង្កប់នូវសេចក្ដីពិត ទោះបីមនុស្សអាចមិនយល់ពីឃ្លានោះក៏ដោយ។ ឧទាហរណ៍ នៅពេលព្រះជាម្ចាស់មានបន្ទូលថា៖ «អ្នករាល់គ្នាត្រូវតែធ្វើជាមនុស្សស្មោះត្រង់» ឃ្លានេះមានបង្កប់នូវសេចក្តីពិត។ មានសេចក្តីពិតជាច្រើនទៀតនៅក្នុងព្រះបន្ទូលរបសទ្រង់ ដូចជា «អ្នករាល់គ្នាត្រូវតែធ្វើជាមនុស្សដែលចុះចូលចំពោះព្រះជាម្ចាស់ ជាមនុស្សដែលស្រឡាញ់ព្រះជាម្ចាស់ និងដែលថ្វាយបង្គំព្រះជាម្ចាស់។ អ្នករាល់គ្នាត្រូវតែបំពេញភារកិច្ចរបស់ខ្លួន ក្នុងនាមជាមនុស្ស»។ ឃ្លានីមួយៗនៃព្រះបន្ទូលព្រះជាម្ចាស់ បរិយាយអំពីទិដ្ឋភាពមួយនៃសេចក្តីពិត ហើយសេចក្តីពិតនីមួយៗទាំងនេះមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសេចក្តីពិតផ្សេងទៀត។ ហេតុដូចនេះ ព្រះជាម្ចាស់សម្ដែងចេញសេចក្តីពិតនៅក្នុងសេចក្ដីគ្រប់យ៉ាងដែលព្រះអង្គមានបន្ទូល ហើយព្រះជាម្ចាស់មានបន្ទូលយ៉ាងទូលំទូលាយអំពីសេចក្តីពិតនីមួយៗ។ គោលបំណងនៃចំណុចនេះ គឺដើម្បីជួយឱ្យមនុស្សយល់ពីសារជាតិនៃសេចក្តីពិត។ មានតែអស់អ្នកដែលយល់ពីព្រះបន្ទូលព្រះជាម្ចាស់ដល់កម្រិតនេះទេ ទើបអាចនិយាយបានថាយល់ពីព្រះបន្ទូលព្រះជាម្ចាស់។ ប្រសិនបើអ្នកគ្រាន់តែយល់ដឹង និងពន្យល់ពីព្រះបន្ទូលព្រះជាម្ចាស់ស្របតាមអត្ថន័យត្រង់ និងនិយាយពាក្យនៃគោលលទ្ធិឥតន័យ នោះអ្នកមិនមានការយល់ដឹងពីសេចក្តីពិតឡើយ។ អ្នកគ្រាន់តែចង់សម្ញែង បានតែសម្ដី តែគ្មានសកម្មភាព ដោយគ្រាន់តែលើកឡើងពីគោលលទ្ធិប៉ុណ្ណោះ។
ធម្មជាតិរបស់សាតាំងគ្រប់គ្រង និងត្រួតត្រាមនុស្សពីខាងក្នុងខ្លួនពួកគេ រហូតទាល់តែពួកគេបានដកពិសោធន៍ក្នុងកិច្ចការរបស់ព្រះជាម្ចាស់ និងបានយល់ពីសេចក្តីពិត។ តើធម្មជាតិនោះមានអ្វីជាពិសេសនៅក្នុងនោះ? ឧទាហរណ៍ ហេតុអ្វីបានជាអ្នកអាត្មានិយម? ហេតុអ្វីបានជាអ្នកការពារតំណែងខ្លួនឯង? ហេតុអ្វីបានជាអ្នកមានអារម្មណ៍ខ្លាំងបែបនេះ? ហេតុអ្វីបានជាអ្នកត្រេកអរនឹងរឿងទុច្ចរិតទាំងនោះ? ហេតុអ្វីបានជាអ្នកចូលចិត្តសេចក្ដីអាក្រក់ទាំងនោះ? តើមានមូលដ្ឋានអ្វីដែលធ្វើឱ្យអ្នកជាប់ចិត្តនឹងរឿងទាំងនេះ? តើអ្វីទាំងនេះមកពីណា? ហេតុអ្វីបានជាអ្នកសប្បាយចិត្តនឹងទទួលយករបស់ទាំងនេះខ្លាំងម្ល៉េះ? មកដល់ពេលនេះ អ្នករាល់គ្នាសុទ្ធតែបានយល់ហើយថា មូលហេតុចម្បងនៅពីក្រោយរឿងទាំងអស់នេះ គឺដោយសារពិសពុលរបស់សាតាំងដែលមាននៅក្នុងខ្លួនមនុស្ស។ ដូច្នេះ តើពិសពុលរបស់សាតាំងជាអ្វី? តើវាអាចសម្ដែងចេញមកដោយរបៀបណា? ឧទាហរណ៍ ប្រសិនបើអ្នកសួរថា៖ «តើមនុស្សគួររស់នៅយ៉ាងដូចម្ដេច? តើមនុស្សគួររស់នៅដើម្បីអ្វី?» មនុស្សនឹងឆ្លើយថា៖ «មនុស្សគ្រប់រូបធ្វើអ្វីៗសម្រាប់ខ្លួនឯង ហើយទីបំផុតអារក្សយកទាំងអស់»។ ឃ្លាមួយនេះសម្ដែងចេញនូវឫសគល់នៃបញ្ហានេះ។ ទស្សនវិជ្ជា និងតក្កវិជ្ជារបស់សាតាំង បានក្លាយជាជីវិតរបស់មនុស្សទៅហើយ។ មិនថាមនុស្សដេញតាមអ្វីនោះទេ គឺពួកគេដេញតាមវាដើម្បីតែខ្លួនឯង ដូច្នេះហើយ មនុស្សរស់នៅដើម្បីតែខ្លួនឯងប៉ុណ្ណោះ។ «មនុស្សគ្រប់រូបធ្វើអ្វីៗសម្រាប់ខ្លួនឯង ហើយទីបំផុតអារក្សយកទាំងអស់» នេះគឺជាទស្សនវិជ្ជាជីវិតរបស់មនុស្ស ហើយវាក៏តំណាងឱ្យធម្មជាតិរបស់មនុស្សផងដែរ។ ពាក្យសម្ដីទាំងអស់នេះ បានក្លាយជាធម្មជាតិរបស់មនុស្សជាតិពុករលួយរួចស្រេចទៅហើយ ហើយពាក្យទាំងនេះគឺជាលក្ខណៈពិតប្រាកដនៃធម្មជាតិបែបសាតាំងរបស់មនុស្សជាតិពុករលួយ។ ធម្មជាតិបែបសាតាំងនេះ បានក្លាយជាមូលដ្ឋានសម្រាប់ការរស់នៅរបស់មនុស្សជាតិពុករលួយទៅហើយ។ មនុស្សជាតិពុករលួយបានរស់នៅដោយមានពិសពុលរបស់សាតាំងអស់រយៈពេលជាច្រើនពាន់ឆ្នាំមកហើយ មកទល់នឹងពេលបច្ចុប្បន្ននេះ។ អ្វីគ្រប់យ៉ាងដែលសាតាំងធ្វើ គឺដើម្បីតែចំណង់ មហិច្ឆតា និងគោលបំណងរបស់វាផ្ទាល់ប៉ុណ្ណោះ។ វាប្រាថ្នាចង់ឱ្យបានពូកែលើសព្រះជាម្ចាស់ ឱ្យរួចផុតពីព្រះជាម្ចាស់ ឱ្យដណ្តើមយកបានការត្រួតត្រាលើរបស់សព្វសារពើដែលព្រះជាម្ចាស់បានបង្កើតមក។ សព្វថ្ងៃនេះ មនុស្សត្រូវបានសាតាំងធ្វើឱ្យពុករលួយដល់កម្រិតនេះហើយ៖ ពួកគេទាំងអស់គ្នាសុទ្ធតែមានធម្មជាតិបែបសាតាំង ពួកគេសុទ្ធតែព្យាយាមបដិសេធ និងប្រឆាំងទាស់នឹងព្រះជាម្ចាស់ ហើយពួកគេចង់គ្រប់គ្រងលើវាសនាខ្លួនឯង ហើយព្យាយាមប្រឆាំងទាស់នឹងការចាត់ចែង និងការរៀបចំរបស់ព្រះជាម្ចាស់។ មហិច្ឆតា និងចំណង់របស់ពួកគេ ដូចគ្នានឹងមហិច្ឆតា និងចំណង់របស់សាតាំងដែរ។ ដូច្នេះ ធម្មជាតិរបស់មនុស្ស គឺជាធម្មជាតិរបស់សាតាំង។ តាមពិត បាវចនា និងភាសិតល្អៗជាច្រើនរបស់មនុស្ស តំណាងឱ្យធម្មជាតិរបស់មនុស្ស និងឆ្លុះបញ្ចាំងពីសារជាតិនៃសេចក្តីពុករលួយរបស់ពួកគេ។ អ្វីដែលមនុស្សជ្រើសរើស គឺជាចំណង់ចំណូលចិត្តរបស់ពួកគេផ្ទាល់ ហើយទាំងអស់នោះសុទ្ធតែតំណាងឱ្យនិស្ស័យ និងការដេញតាមរបស់មនុស្សទាំងអស់។ សម្តីគ្រប់ម៉ាត់ដែលមនុស្សនិយាយ និងនៅក្នុងកិច្ចការគ្រប់យ៉ាងដែលពួកគេធ្វើ មិនថាក្លែងបន្លំបែបណានោះទេ ក៏មិនអាចបិទបាំងធម្មជាតិរបស់ពួកគេបានដែរ។ ឧទាហរណ៍ ជាទូទៅ ពួកផារិស៊ីតែងអធិប្បាយបានយ៉ាងល្អ ប៉ុន្តែនៅពេលដែលពួកគេបានឮសេចក្ដីអធិប្បាយ និងសេចក្ដីពិតដែលព្រះយេស៊ូវបានសម្តែងចេញមក ពួកគេមិនបានទទួលយកទេ តែបែរជាថ្កោលទោសសេចក្តីអធិប្បាយ និងសេចក្ដីពិតទាំងនោះទៅវិញ។ ចំណុចនេះបានលាតត្រដាងពីធម្មជាតិ និងសារជាតិរបស់ពួកផារិស៊ីដែលជិនឆ្អន់ និងស្អប់ខ្ពើមសេចក្ដីពិត។ មនុស្សខ្លះនិយាយបានល្អខ្លាំងណាស់ ហើយពូកែក្លែងបន្លំខ្លួនទៀតផង ប៉ុន្តែបន្ទាប់ពីអ្នកផ្សេងសេពគប់ជាមួយនឹងពួកគេបានមួយរយៈ អ្នកទាំងនោះក៏ដឹងថា ធម្មជាតិរបស់ពួកនេះមានល្បិចកលជ្រាលជ្រៅណាស់ ហើយក៏មិនស្មោះត្រង់ដែរ។ បន្ទាប់ពីសេពគប់ជាមួយពួកនេះបានមួយរយៈពេលធំ អ្នកទាំងនោះក៏បានស្គាល់ពីសារជាតិ និងធម្មជាតិរបស់ពួកគេ។ នៅទីបញ្ចប់ អ្នកទាំងនោះនឹងទាញសេចក្តីសន្និដ្ឋានដូចតទៅនេះថា៖ ពួកនេះមិនដែលនិយាយពាក្យពិតទេ ហើយជាមនុស្សបោកបញ្ឆោត។ ឃ្លានេះតំណាងឱ្យធម្មជាតិរបស់មនុស្សប្រភេទបែបនេះឯង ហើយវាគឺជាការបង្ហាញ និងជាភស្ដុតាងដ៏ល្អបំផុតអំពីធម្មជាតិ និងសារជាតិរបស់ពួកគេ។ ទស្សនវិជ្ជានៃការរស់នៅរបស់ពួកគេ គឺមិនត្រូវនិយាយការពិតប្រាប់នរណាម្នាក់ឡើយ ក៏មិនត្រូវទុកចិត្តនរណាម្នាក់ដែរ។ ធម្មជាតិបែបសាតាំងរបស់មនុស្ស មានពេញដោយទស្សនវិជ្ជា និងសារជាតិពិសពុលបែបសាតាំងជាច្រើន។ ពេលខ្លះ សូម្បីតែអ្នកខ្លួនឯងក៏មិនដឹង ក៏មិនយល់ពីទស្សនវិជ្ជាទាំងនោះដែរ។ ប៉ុន្តែទោះជាយ៉ាងណា ជីវិតរបស់អ្នកគ្រប់វិនាទី គឺផ្អែកលើទស្សនវិជ្ជាទាំងនេះ។ ជាងនេះទៅទៀត អ្នកគិតថា ទស្សនវិជ្ជាទាំងនេះ គឺត្រឹមត្រូវ និងសមហេតុផលណាស់ ហើយគ្មានកំហុសឆ្គងអ្វីទាល់តែសោះ។ ចំណុចនេះគ្រប់គ្រាន់នឹងបញ្ជាក់ថា ទស្សនវិជ្ជារបស់សាតាំង បានក្លាយជាធម្មជាតិរបស់មនុស្សរួចស្រេចទៅហើយ ហើយពួកគេកំពុងរស់នៅតាមទស្សនវិជ្ជានោះទាំងស្រុង ដោយគិតថា ការរស់នៅតាមរបៀបនេះ គឺជាការល្អ ហើយគ្មានសតិចង់ប្រែចិត្តបន្តិចណាសោះឡើយ។ ដូច្នេះហើយ ពួកគេបើកសម្ដែងនូវធម្មជាតិបែបសាតាំងរបស់ពួកគេឥតឈប់ ហើយពួកគេកំពុងតែបន្ដរស់នៅតាមទស្សនវិជ្ជាបែបសាតាំង។ ធម្មជាតិរបស់សាតាំង គឺជាជីវិតរបស់មនុស្សជាតិ ហើយវាជាធម្មជាតិ និងសារជាតិរបស់មនុស្សជាតិ។ ធម្មជាតិបែបណានោះ គឺអាចសម្ដែងចេញទាំងស្រុងតាមរយៈសេចក្តីសង្ខេបជាពាក្យសម្ដី។ នៅក្នុងធម្មជាតិរបស់មនុស្ស មានភាពក្រអឺតក្រទម ការអួតខ្លួនហួសហេតុ និងបំណងចង់លេចធ្លោ។ វាក៏មានសេចក្ដីល្មោភចង់បានទ្រព្យសម្បត្តិ ដែលដាក់ផលប្រយោជន៍មុនអ្វីៗទាំងអស់ និងមិនគិតពីអាយុជីវិតដែរ។ នៅក្នុងនោះ ក៏មានការបោកបញ្ឆោត ភាពវៀចវេរ និងទំនោរចង់បោកប្រាស់មនុស្សជាប់ជានិច្ច ព្រមទាំងភាពទុច្ចរិត និងសេចក្តីស្មោកគ្រោកដែលមិនអាចទ្រាំបានផងដែរ។ នេះគឺជាសេចក្តីសង្ខេបអំពីធម្មជាតិរបស់មនុស្ស។ ប្រសិនបើអ្នកអាចឈ្វេងយល់ពីទិដ្ឋភាពជាច្រើន ដែលត្រូវបានបើកសម្ដែងនៅក្នុងធម្មជាតិរបស់អ្នក ពេលនោះ អ្នកទទួលបានការយល់ដឹងពីវាហើយ។ ក៏ប៉ុន្តែ ប្រសិនបើអ្នកគ្មានការយល់ដឹងទាល់តែសោះអំពីអ្វីៗដែលបានបើកសម្ដែងនៅក្នុងធម្មជាតិរបស់អ្នកទេ ពេលនោះ អ្នកមិនមានការយល់ដឹងសោះឡើយអំពីធម្មជាតិរបស់អ្នកផ្ទាល់។ ពេត្រុសបានព្យាយាមស្គាល់ខ្លួនឯង និងបានឃើញនូវអ្វីៗដែលបានបើកសម្ដែងនៅក្នុងខ្លួនគាត់តាមរយៈការបន្សុទ្ធនៃព្រះបន្ទូលព្រះជាម្ចាស់ និងនៅក្នុងការល្បងលផ្សេងៗដែលព្រះជាម្ចាស់បានប្រទានដល់គាត់។ នៅពេលគាត់បានយល់ពីខ្លួនឯងពិតប្រាកដ ទើបពេត្រុសបានដឹងថា មនុស្សពុករលួយខ្លាំងយ៉ាងណា ពួកគេថោកទាប និងមិនស័ក្តិសមខ្លាំងយ៉ាងណាក្នុងការបម្រើព្រះជាម្ចាស់ ហើយពួកគេមិនសមនឹងរស់នៅចំពោះព្រះភក្ត្រព្រះជាម្ចាស់ឡើយ។ បន្ទាប់មក ពេត្រុសបានក្រាបនៅចំពោះព្រះភក្ត្រព្រះជាម្ចាស់។ ដោយមានបទពិសោធយ៉ាងច្រើន នៅទីបំផុតពេត្រុសក៏មានអារម្មណ៍ថា «ការស្គាល់ព្រះជាម្ចាស់ គឺជារឿងដ៏មានតម្លៃបំផុត! ប្រសិនបើខ្ញុំស្លាប់មុនពេលបានស្គាល់ទ្រង់ វាពិតជាគួរឱ្យអាណិតខ្លួនឯងណាស់។ ការស្គាល់ព្រះជាម្ចាស់ គឺជារឿងសំខាន់បំផុត និងមានអត្ថន័យបំផុត។ បើមនុស្សមិនស្គាល់ព្រះជាម្ចាស់ទេ នោះពួកគេមិនសមនឹងរស់នៅទេ គឺដូចទៅនឹងសត្វ ហើយក៏គ្មានជីវិតដែរ»។ នៅពេលពេត្រុសមានបទពិសោធន៍ឈានដល់ចំណុចនេះ គាត់បានស្គាល់ធម្មជាតិផ្ទាល់ខ្លួនរបស់គាត់ និងបានយល់ច្បាស់គួរសមអំពីវា។ ទោះបីជាថា គាត់ប្រហែលជាមិនអាចពន្យល់អំពីវាឱ្យបានច្បាស់លាស់ដូចមនុស្សសព្វថ្ងៃនេះក៏ដោយ តែពេត្រុសពិតជាបានឈានដល់សភាពនេះមែន។ ហេតុដូច្នេះហើយ ការដើរតាមផ្លូវនៃការដេញតាមសេចក្តីពិត និងការទទួលការប្រោសឱ្យបានគ្រប់លក្ខណ៍ពីព្រះជាម្ចាស់ តម្រូវឱ្យមនុស្សម្នាក់ស្គាល់ពីធម្មជាតិខ្លួនឯង តាមរយៈព្រះសូរសៀងរបស់ព្រះជាម្ចាស់ ក៏ដូចជាការយល់ច្បាស់អំពីទិដ្ឋភាពផ្សេងៗនៃធម្មជាតិរបស់ខ្លួន ព្រមទាំងការពិពណ៌នាជាពាក្យពេចន៍បានយ៉ាងត្រឹមត្រូវ ការនិយាយបានច្បាស់ និងងាយយល់ដែរ។ មានតែបែបនេះទេទើបស្គាល់ខ្លួនឯងពិតប្រាកដ ហើយមានតែបែបនេះ ទើបអ្នកនឹងទទួលបានលទ្ធផលដែលព្រះជាម្ចាស់ត្រូវការ។ ប្រសិនបើចំណេះដឹងរបស់អ្នកមិនទាន់ដល់ចំណុចនេះទេ ប៉ុន្តែអ្នកអះអាងថា បានស្គាល់ខ្លួនឯង និងនិយាយថា អ្នកទទួលបានជីវិត តើនោះមិនមែនអ្នកកំពុងតែអួតខ្លួនឯងទេឬ? អ្នកមិនស្គាល់ខ្លួនឯង ហើយអ្នកក៏មិនដឹងថា អ្នកជាអ្វីនៅចំពោះព្រះភក្ត្រព្រះជាម្ចាស់នោះដែរ មិនថាអ្នកពិតជាត្រូវតាមបទដ្ឋានជាមនុស្សឬអត់ ឬក៏អ្នកនៅមានធាតុសាតាំងនៅក្នុងខ្លួនអ្នកច្រើនយ៉ាងណាក៏ដោយ។ អ្នកនៅតែមិនទាន់ច្បាស់ថា តើអ្នកជាកម្មសិទ្ធិរបស់អ្នកណា ហើយអ្នកមិនស្គាល់ខ្លួនឯងសូម្បីតែបន្តិច ដូច្នេះតើអ្នកអាចមានហេតុផលនៅចំពោះព្រះភក្ត្រព្រះជាម្ចាស់បានយ៉ាងដូចម្ដេច? នៅពេលពេត្រុស កំពុងតាមរកជីវិត គាត់បានផ្ដោតលើការយល់ដឹងអំពីខ្លួនឯង និងបំផ្លាស់បំប្រែនិស្ស័យរបស់គាត់នៅលើដំណើរនៃទុក្ខលំបាករបស់គាត់ ហើយគាត់ព្យាយាមស្គាល់ព្រះជាម្ចាស់។ នៅចុងបញ្ចប់ គាត់បានគិតថា «មនុស្សត្រូវតែស្វះស្វែងយល់អំពីព្រះជាម្ចាស់នៅក្នុងជីវិត ការស្គាល់ទ្រង់ គឺជារឿងសំខាន់បំផុត។ ប្រសិនបើខ្ញុំមិនស្គាល់ព្រះជាម្ចាស់ទេ នោះពេលខ្ញុំស្លាប់ទៅ ខ្ញុំមិនអាចបិទភ្នែកជិតបានទេ។ នៅពេលខ្ញុំស្គាល់ទ្រង់ ប្រសិនបើព្រះជាម្ចាស់ឱ្យខ្ញុំស្លាប់ នោះខ្ញុំនឹងនៅតែមានអារម្មណ៍រីករាយបំផុតក្នុងការស្លាប់។ ខ្ញុំនឹងមិនត្អូញត្អែរបន្តិចសោះឡើយ ហើយពេញមួយជីវិតរបស់ខ្ញុំនឹងបានពេញលេញ»។ ពេត្រុសមិនអាចសម្រេចបានការយល់ដឹងបានកម្រិតនេះ ឬឈានដល់ចំនុចនេះភ្លាមៗនោះទេ បន្ទាប់ពីគាត់ចាប់ផ្ដើមជឿលើព្រះជាម្ចាស់។ តែផ្ទុយទៅវិញ គាត់បានឆ្លងកាត់ការល្បងលយ៉ាងច្រើន។ បទពិសោធន៍របស់គាត់ត្រូវតែឈានដល់ដំណាក់កាលសំខាន់ជាក់លាក់មួយ ហើយគាត់ត្រូវតែយល់ដឹងអំពីខ្លួនឯងឱ្យបានពេញលេញ មុនពេលគាត់អាចដឹងពីតម្លៃនៃការស្គាល់ព្រះជាម្ចាស់។ ដូច្នេះហើយ ផ្លូវដែលពេត្រុសបានដើរ គឺជាផ្លូវនៃការដេញតាមសេចក្ដីពិត ហើយជាផ្លូវនៃការទទួលបានជីវិត និងត្រូវប្រោសឱ្យគ្រប់លក្ខណ៍។ នេះជាទិដ្ឋភាពមួយដែលគាត់បានផ្ដោតលើជាចម្បងក្នុងការអនុវត្តជាក់លាក់របស់គាត់។
នៅក្នុងសេចក្ដីជំនឿរបស់អ្នកលើព្រះជាម្ចាស់ តើពេលនេះ អ្នកកំពុងដើរលើផ្លូវណា? ប្រសិនបើអ្នកមិនស្វែងរកជីវិត ស្វែងរកការស្គាល់ខ្លួនឯង និងស្វែងរកការស្គាល់ព្រះជាម្ចាស់ដូចជាពេត្រុសទេ នោះអ្នកកំពុងតែដើរលើផ្លូវខុសពីពេត្រុសហើយ។ សព្វថ្ងៃនេះ មនុស្សភាគច្រើនគឺស្ថិតក្នុងសភាពប្រភេទនេះ៖ ដើម្បីទទួលបានព្រះពរ ខ្ញុំត្រូវតែលះបង់ខ្លួនដើម្បីព្រះជាម្ចាស់ និងបង់ថ្លៃថ្វាយទ្រង់។ ដើម្បីទទួលបានព្រះពរ ខ្ញុំត្រូវតែបោះបង់អ្វីៗគ្រប់យ៉ាងថ្វាយព្រះជាម្ចាស់ ខ្ញុំត្រូវតែបំពេញនូវអ្វីៗដែលទ្រង់បានប្រគល់ឱ្យខ្ញុំ ហើយខ្ញុំត្រូវតែបំពេញភារកិច្ចរបស់ខ្ញុំឱ្យបានល្អ។ សភាពនេះត្រូវបានត្រួតត្រាដោយបំណងក្នុងការទទួលបានព្រះពរ នេះជាឧទាហរណ៍មួយអំពីការលះបង់ខ្លួនទាំងស្រុងសម្រាប់ព្រះជាម្ចាស់ ក្នុងគោលបំណងទទួលបានរង្វាន់ពីទ្រង់ និងទទួលបានមកុដ។ មនុស្សបែបនេះមិនមានសេចក្ដីពិតនៅក្នុងដួងចិត្តរបស់ពួកគេទេ ហើយប្រាកដណាស់ថា ការយល់ដឹងរបស់ពួកគេមានត្រឹមតែពីរបីពាក្យអំពីគោលលទ្ធិដែលពួកគេបង្ហាញនៅគ្រប់ទីកន្លែងដែលពួកគេទៅតែប៉ុណ្ណោះ។ ពួកគេដើរតាមផ្លូវរបស់ ប៉ុល។ សេចក្ដីជំនឿរបស់មនុស្សបែបនេះគឺជាការធ្វើការធ្ងន់ជាប្រចាំ ហើយពួកគេមានអារម្មណ៍ក្នុងជម្រៅចិត្តថា បើពួកគេកាន់តែធ្វើ វានឹងកាន់តែបង្ហាញពីភក្ដីភាពរបស់ពួកគេចំពោះព្រះជាម្ចាស់ បើពួកគេកាន់តែធ្វើ ទ្រង់នឹងកាន់តែសព្វព្រះហឫទ័យយ៉ាងពិតប្រាកដ ហើយបើពួកគេកាន់តែធ្វើ ពួកគេនឹងកាន់តែស័ក្តិសមក្នុងការទទួលបានមកុដនៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ ហើយពួកគេនឹងទទួលបានព្រះពរកាន់តែច្រើនផងដែរ។ ពួកគេគិតថា ប្រសិនបើពួកគេអាចស៊ូទ្រាំនឹងការរងទុក្ខ អាចបង្ហាត់បង្រៀន និងស្លាប់សម្រាប់ព្រះគ្រីស្ទបាន ប្រសិនបើពួកគេអាចលះបង់ជីវិតផ្ទាល់ខ្លួនរបស់ពួកគេបាន ហើយប្រសិនបើពួកគេអាចបំពេញភារកិច្ចទាំងអស់ដែលព្រះជាម្ចាស់បានផ្ញើទុកនឹងពួកគេ នោះពួកគេនឹងក្លាយជាអ្នកដែលទទួលបានព្រះពរដ៏អស្ចារ្យបំផុត ហើយពួកគេមុខជានឹងបានទទួលមកុដជាក់ជាមិនខាន។ នេះពិតជាអ្វីដែលប៉ុលស្រមៃចង់បាន និងជាអ្វីដែលគាត់បានស្វះស្វែងរក។ នេះគឺជាផ្លូវជាក់ស្ដែងដែលគាត់បានដើរ ហើយវាស្ថិតក្រោមការដឹកនាំនៃគំនិតបែបនេះថា គាត់បានធ្វើការបម្រើព្រះជាម្ចាស់។ តើគំនិត និងបំណងទាំងនោះមិនមែនចេញមកពីនិស្ស័យរបស់សាតាំងទេឬ? វាដូចតែមនុស្សក្នុងលោកិយដែរហ្នឹង ដែលជឿថា ពេលនៅលើផែនដី ពួកគេត្រូវតែចំណេះដឹង ហើយបន្ទាប់ពីទទួលបានចំណេះដឹង ពួកគេអាចលេចធ្លោចេញពីហ្វូងមនុស្ស ក្លាយជាមន្ត្រី និងមានឋានៈ។ ពួកគេគិតថា កាលណាពួកគេមានឋានៈ ពួកគេអាចសម្រេចមហិច្ឆតារបស់ខ្លួន និងអាចនាំអាជីវកម្ម និងការអនុវត្តក្នុងគ្រួសាររបស់ពួកគេឡើងដល់កម្រិតនៃភាពរីកចម្រើនណាមួយ។ តើអ្នកមិនជឿទាំងអស់ មិនសុទ្ធតែដើរតាមមាគ៌ានេះទេឬ? អស់អ្នកដែលត្រូវបានត្រួតត្រាដោយនិស្ស័យរបស់សាតាំងនេះ អាចត្រឹមតែដូចប៉ុលនៅក្នុងសេចក្ដីជំនឿរបស់ពួកគេប៉ុណ្ណោះ។ ពួកគេគិតថា៖ «ខ្ញុំត្រូវបោះចោលអ្វីៗទាំងអស់ដើម្បីលះបង់ខ្លួនសម្រាប់ព្រះជាម្ចាស់ ខ្ញុំត្រូវតែស្មោះត្រង់ចំពោះព្រះជាម្ចាស់ ហើយនៅទីបំផុត ខ្ញុំនឹងទទួលបានរង្វាន់ដ៏អស្ចារ្យ និងមកុដដ៏អស្ចារ្យ»។ នេះគឺជាឥរិយាបថដូចគ្នានឹងមនុស្សលោកិយដែលតាមរកសម្បត្តិលោកិយដែរ។ ពួកគេមិនខុសគ្នាទាល់តែសោះ ហើយពួកគេនៅក្រោមធម្មជាតិដូចគ្នា។ នៅពេលមនុស្សមាននិស្ស័យសាតាំងបែបនេះ ទាំងក្រៅទាំងក្នុងពិភពលោក ពួកគេនឹងស្វះស្វែងរកចំណេះដឹង ការរៀនសូត្រ ឋានៈ ហើយលេចធ្លោចេញពីហ្វូងមនុស្ស។ ប្រសិនបើពួកគេជឿលើព្រះជាម្ចាស់ ពួកគេនឹងស្វះស្វែងឱ្យទទួលបានមកុដដ៏អស្ចារ្យ និងព្រះពរដ៏អស្ចារ្យ។ នៅពេលដែលមនុស្សជឿលើព្រះជាម្ចាស់ ប្រសិនបើពួកគេមិនដេញតាមសេចក្តីពិតទេ នោះពួកគេប្រាកដជានឹងដើរតាមផ្លូវនេះ។ នេះគឺជាការពិតដែលមិនអាចកែប្រែបាន វាជាច្បាប់ធម្មជាតិ។ ផ្លូវដែលមនុស្សពុំបានដេញតាមសេចក្ដីពិត គឺផ្លូវដែលផ្ទុយទៅនឹងផ្លូវរបស់ពេត្រុសទាំងស្រុង។ តើបច្ចុប្បន្ននេះអ្នករាល់គ្នាកំពុងតែនៅលើមាគ៌ាមួយណា? ទោះបីជាអ្នកអាចនឹងមិនមានផែនការដើរតាមមាគ៌ារបស់ប៉ុលក៏ដោយ ក៏និស្ស័យរបស់អ្នកបានសម្រេចឱ្យឯងដើរតាមមាគ៌ានេះដែរ ហើយអ្នកនឹងទៅតាមទិសដៅនោះទោះអ្នកខំទប់យ៉ាងណាក៏ដោយ។ ទោះបីជាអ្នកចង់ដាក់ជើងដើរលើមាគ៌ារបស់ពេត្រុសក៏ដោយ ប្រសិនបើអ្នកមិនច្បាស់ពីរបៀបធ្វើដូច្នេះទេ នោះអ្នកនឹងដើរតាមផ្លូវរបស់ប៉ុលដោយអចេតនា៖ នេះគឺជាការពិតនៃស្ថានភាពនេះ។ តើសព្វថ្ងៃនេះ គេគួរតែដើរតាមមាគ៌ារបស់ពេត្រុសឱ្យបានជាក់លាក់យ៉ាងណា? ប្រសិនបើអ្នកមិនអាចបែងចែកភាពខុសគ្នារវាងមាគ៌ារបស់ពេត្រុស និងប៉ុលបានទេ ឬប្រសិនបើអ្នកមិនស្គាល់អ្វីសោះអំពីមគ៌ាទាំងនោះទេ មិនថាអ្នកអះអាងថា អ្នកដើរតាមមាគ៌ារបស់ពេត្រុសយ៉ាងណានោះទេ ពាក្យសម្ដីរបស់អ្នកទាំងនោះ គឺបានត្រឹមតែឥតខ្លឹមសារប៉ុណ្ណោះ។ ដំបូង អ្នកត្រូវមានគំនិតច្បាស់លាស់ថា អ្វីជាមាគ៌ារបស់ពេត្រុស និងអ្វីជាមាគ៌ារបស់ប៉ុល។ មានតែពេលដែលអ្នកពិតជាយល់ដឹងថា មាគ៌ារបស់ពេត្រុស គឺជាមាគ៌ានៃការស្វះស្វែងរកជីវិត និងជាមាគ៌ាតែមួយគត់ទៅរកភាពគ្រប់លក្ខណ៍ នោះទើបអ្នកនឹងអាចដើរលើមាគ៌ារបស់ពេត្រុស ដោយស្វះស្វែងដូចដែលគាត់បានស្វះស្វែងដែរ និងអនុវត្តគោលការណ៍នានាដែលគាត់ធ្លាប់បានអនុវត្ត។ ប្រសិនបើអ្នកមិនយល់ពីមាគ៌ារបស់ពេត្រុសទេ នោះមាគ៌ាដែលអ្នកដើរ ច្បាស់ជាមាគ៌ារបស់ប៉ុលមិនខាន ដ្បិតមិនមានមាគ៌ាផ្សេងទៀតសម្រាប់អ្នកឡើយ អ្នកនឹងគ្មានជម្រើសក្នុងរឿងនេះទេ។ មនុស្សដែលមិនយល់ពីសេចក្ដីពិត និងមិនអាចដេញតាមសេចក្តីពិតបាន នឹងពិបាកដើរលើផ្លូវរបស់ពេត្រុសណាស់ ទោះបីជាពួកគេមានការតាំងចិត្តបែបណាក៏ដោយ។ គឺអាចនិយាយបានថា ព្រោះតែព្រះគុណ និងការលើកតម្កើងរបស់ព្រះជាម្ចាស់ ទើបឥឡូវនេះ ព្រះអង្គបានបើកសម្ដែងដល់អ្នករាល់គ្នាអំពីមាគ៌ាទៅរកសេចក្ដីសង្គ្រោះ និងការប្រោសឱ្យគ្រប់លក្ខណ៍។ គឺជាទ្រង់ហើយដែលជួយណែនាំអ្នករាល់គ្នាឱ្យដើរលើមាគ៌ារបស់ពេត្រុស។ បើគ្មានការណែនាំ និងការបំភ្លឺរបស់ព្រះជាម្ចាស់ទេ នោះគ្មាននរណាម្នាក់អាចដើរតាមមាគ៌ារបស់ពេត្រុសបានឡើយ ហើយជម្រើសតែមួយគត់ នឹងត្រូវដើរតាមមាគ៌ារបស់ប៉ុល ដោយដើរតាមដានជើងរបស់ប៉ុលទៅរកសេចក្ដីហិនវិនាសមិនខាន។ កាលនោះ ប៉ុលមិនបានគិតថា ការដើរតាមមាគ៌ានោះ វាខុសនោះទេ គាត់ជឿជាក់ទាំងស្រុងថា វាត្រឹមត្រូវ។ គាត់មិនបានទទួលសេចក្តីពិតទេ ហើយជាពិសេស គាត់មិនបានឆ្លងកាត់ការផ្លាស់ប្ដូរនិស្ស័យនោះទេ។ គាត់ជឿជាក់លើខ្លួនឯងខ្លាំងពេក ហើយយល់ថា មិនមានបញ្ហាអ្វីសោះឡើយក្នុងការជឿជាក់លើមាគ៌ានោះ។ គាត់បានបន្តទៅមុខទៀត ប្រកបដោយទំនុកចិត្ត និងភាពប្រាកដប្រជាលើខ្លួនឯងបំផុត។ នៅចុងបញ្ចប់ គាត់មិនដែលភ្ញាក់ដឹងខ្លួនទេ។ គាត់នៅតែគិតថា ចំពោះគាត់ ដែលរស់គឺសម្រាប់ព្រះគ្រីស្ទ។ ដូចនេះ ប៉ុលបានបន្តដើរតាមមាគ៌ានោះរហូតដល់ទីចុងបំផុត ហើយនៅពេលដែលគាត់បានទទួលរងទណ្ឌកម្មនៅទីបំផុតនោះ គឺវាហួសពេលសម្រាប់គាត់ទៅហើយ។ មាគ៌ារបស់ប៉ុល មិនបានធ្វើឱ្យគាត់ស្គាល់ខ្លួនឯងទេ កុំថាឡើយដល់ទៅការស្វះស្វែងរកការផ្លាស់ប្ដូរនិស្ស័យនោះ។ គាត់មិនដែលវិភាគពីធម្មជាតិផ្ទាល់ខ្លួនរបស់គាត់ទេ ហើយក៏មិនបានដឹងថា គាត់ជាអ្វីនោះដែរ។ គាត់គ្រាន់តែដឹងថា គាត់ត្រឹមជាមេអ្នកទោសដែលបៀតបៀនព្រះយេស៊ូវប៉ុណ្ណោះ។ ប៉ុន្តែគាត់គ្មានការយល់ដឹងពីនិស្ស័យផ្ទាល់ខ្លួនរបស់គាត់សូម្បីបន្តិចណាឡើយ ហើយបន្ទាប់ពីបញ្ចប់កិច្ចការរបស់គាត់ ប៉ុលមានអារម្មណ៍ថា គាត់កំពុងរស់នៅជាព្រះគ្រីស្ទ ហើយគួរតែទទួលបានរង្វាន់។ កិច្ចការដែលប៉ុលបានធ្វើ គ្រាន់តែជាការបម្រើថ្វាយព្រះជាម្ចាស់ប៉ុណ្ណោះ។ សម្រាប់ប៉ុលខ្លួនឯង ទោះបីជាគាត់បានទទួលការបើកសម្ដែងខ្លះៗពីព្រះវិញ្ញាណបរិសុទ្ធក៏ដោយ ក៏គាត់មិនបានទទួលសេចក្ដីពិត ឬទទួលបានជីវិតនោះដែរ។ ដូច្នេះ ព្រះជាម្ចាស់មិនបានសង្គ្រោះគាត់នោះទេ។ ផ្ទុយទៅវិញ ព្រះជាម្ចាស់បានដាក់ទោសគាត់។ ហេតុអ្វីបានជាគេនិយាយថា មាគ៌ារបស់ពេត្រុស គឺជាមាគ៌ាទៅកាន់ភាពគ្រប់លក្ខណ៍? គឺដោយសារតែនៅក្នុងការអនុវត្តរបស់ពេត្រុស គាត់បានផ្ដោតការយកចិត្តទុកដាក់ជាពិសេសទៅលើជីវិត ការស្វះស្វែងស្គាល់ព្រះជាម្ចាស់ និងការស្គាល់ខ្លួនឯង។ តាមរយៈបទពិសោធន៍របស់គាត់ក្នុងកិច្ចការរបស់ព្រះជាម្ចាស់ គាត់បានស្គាល់ខ្លួនឯង បានយល់ដឹងអំពីសភាពពុករលួយរបស់មនុស្ស បានរៀនពីចំណុចខ្វះខាតរបស់ខ្លួន និងបានរកឃើញវត្ថុដែលមានតម្លៃបំផុតដែលមនុស្សគួរតែតាមរក។ គាត់អាចស្រឡាញ់ព្រះជាម្ចាស់យ៉ាងស្មោះត្រង់ គាត់បានរៀនពីរបៀបតបស្នងដល់ព្រះជាម្ចាស់ គាត់បានទទួលសេចក្ដីពិតខ្លះៗ ហើយគាត់មានការពិតដែលព្រះជាម្ចាស់ត្រូវការ។ តាមរយៈអ្វីៗគ្រប់យ៉ាងដែលពេត្រុសបាននិយាយក្នុងអំឡុងពេលគាត់រងទុក្ខលំបាក គេអាចឃើញថា គាត់ពិតជាមនុស្សដែលមានការយល់ដឹងច្បាស់បំផុតអំពីព្រះជាម្ចាស់។ ដោយសារតែគាត់បានយល់អំពីសេចក្ដីពិតជាច្រើនពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ មាគ៌ារបស់គាត់កាន់តែត្រចេះត្រចង់ឡើង ហើយកាន់តែស្របតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ខ្លាំងឡើង។ ប្រសិនបើពេត្រុសមិនមានសេចក្ដីពិតនេះទេ នោះមាគ៌ាដែលគាត់ដើរ មិនអាចត្រឹមត្រូវដូច្នេះឡើយ។
ឥឡូវនេះ នៅមានសំណួរមួយទៀត៖ ប្រសិនបើអ្នកដឹងអំពីផ្លូវរបស់ពេត្រុស តើអ្នកអាចដើរតាមផ្លូវនោះដែរឬទេ? នេះជាសំណួរមួយបែបប្រាកដប្រជា។ អ្នកត្រូវតែចេះវែកញែកឱ្យបានច្បាស់ថា មនុស្សបែបណាអាចដើរតាមផ្លូវរបស់ពេត្រុស ហើយមនុស្សបែបណាមិនអាចដើរតាមបាន។ អ្នកដែលអាចដើរតាមផ្លូវរបស់ពេត្រុស អ្នកនោះត្រូវតែជាប្រភេទមនុស្សត្រឹមត្រូវ។ លុះត្រាតែអ្នកជាប្រភេទមនុស្សត្រឹមត្រូវ ទើបអ្នកអាចត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍។ កាលណាគេមិនមែនជាប្រភេទមនុស្សត្រឹមត្រូវទេ នោះគេមិនអាចត្រូវបានប្រោសឱ្យគ្រប់លក្ខណ៍បាននោះឡើយ។ អ្នកដែលដូចជាប៉ុល មិនអាចដើរតាមផ្លូវរបស់ពេត្រុសបានទេ។ ប្រភេទមនុស្សមួយបែប នឹងដើរលើផ្លូវមួយបែប។ ការនេះត្រូវបានកំណត់ទាំងស្រុងដោយធម្មជាតិរបស់ពួកគេ។ មិនថាអ្នកពន្យល់ពីផ្លូវរបស់ពេត្រុសទៅសាតាំងបានច្បាស់បែបណាទេ វាមិនអាចដើរតាមបានឡើយ។ ទោះបីជាវាចង់ដើរតាមក៏ដោយ ក៏វានឹងមិនអាចដើរតាមបានដែរ។ ធម្មជាតិរបស់វាបានកំណត់មកថា វាមិនអាចដើរតាមផ្លូវរបស់ពេត្រុសបានឡើយ។ មានតែអ្នកដែលស្រឡាញ់សេចក្តីពិតប៉ុណ្ណោះ ទើបអាចដើរតាមផ្លូវរបស់ពេត្រុសបាន។ «សត្វខ្លារខិនមិនអាចផ្លាស់ប្ដូរស្នាមអុចរបស់វាបានឡើយ» នេះជាការពិត។ ប្រសិនបើគ្មានសមាសធាតុនៃការស្រឡាញ់សេចក្តីពិតនៅក្នុងធម្មជាតិរបស់អ្នកទេ នោះអ្នកមិនអាចដើរតាមផ្លូវរបស់ពេត្រុសបានឡើយ។ ប្រសិនបើអ្នកជាបុគ្គលម្នាក់ដែលស្រឡាញ់សេចក្តីពិត បើអ្នកអាចទទួលយកសេចក្តីពិត ទោះបីជាអ្នកមាននិស្ស័យពុករលួយបែបណាក៏ដោយ ហើយអ្នកអាចទទួលយកកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ និងអាចយល់ពីបំណងព្រះហឫទ័យព្រះជាម្ចាស់ក៏ដោយ ពេលនោះ អ្នកនឹងអាចលះបង់សាច់ឈាម និងស្ដាប់បង្គាប់តាមផែនការរបស់ព្រះជាម្ចាស់បានមិនខាន។ នៅពេលអ្នកមានការផ្លាស់ប្ដូរនៅក្នុងនិស្ស័យរបស់អ្នក ក្រោយពេលឆ្លងកាត់ទុក្ខលំបាកមួយចំនួន នេះមានន័យថា អ្នកកំពុងតែបោះជំហានបន្តិចម្ដងៗនៅលើផ្លូវនៃការប្រោសឱ្យគ្រប់លក្ខណ៍របស់ពេត្រុសហើយ។
រដូវរងា ឆ្នាំ១៩៩៨