អ្វីដែលគួរដឹងអំពីការបំផ្លាស់បំប្រែនិស្ស័យរបស់បុគ្គលម្នាក់
អស់រយៈពេលជាច្រើនឆ្នាំនៃការដកពិសោធន៍នូវកិច្ចការរបស់ព្រះជាម្ចាស់ និងការស្ដាប់សេចក្តីអធិប្បាយ មនុស្សមួយចំនួនមានការយល់ដឹងខ្លះអំពីខ្លួនឯង អាចនិយាយអំពីបទពិសោធជាក់ស្ដែងខ្លះ និងប្រកបគ្នាពីសភាពពិតជាក់ស្ដែងរបស់ខ្លួន និយាយពីច្រកចូលផ្ទាល់ខ្លួន ពីវឌ្ឍនភាពផ្ទាល់ខ្លួន ពីចំណុចខ្វះចន្លោះផ្ទាល់ខ្លួន និងរបៀបដែលពួកគេមានគម្រោងចង់ចូល។ ប៉ុន្តែ មនុស្សខ្លះទៀតគ្មានការយល់ដឹងអំពីខ្លួនឯង និងមិនអាចនិយាយអំពីបទពិសោធជាក់ស្ដែងណាមួយទេ។ ពួកគេអាចត្រឹមនិយាយពីរឿងរ៉ាវខាងក្រៅ ដូចជា ពាក្យនៃគោលលទ្ធិ កិច្ចការពីខាងក្រៅ ស្ថានភាពបច្ចុប្បន្ន និងវឌ្ឍនភាពនៃការផ្សាយដំណឹងល្អប៉ុណ្ណោះ ប៉ុន្តែគ្មាននិយាយអំពីច្រកចូលទៅក្នុងជីវិតជាក់ស្ដែង ឬបទពិសោធផ្ទាល់ខ្លួនឡើយ។ ការនេះបង្ហាញថា ពួកគេនៅមិនទាន់ដើរលើផ្លូវត្រឹមត្រូវ ដើម្បីចូលទៅក្នុងជីវិតឡើយ។ ការបំផ្លាស់បំប្រែនិស្ស័យរបស់មនុស្សម្នាក់មិនមែនជាការផ្លាស់ប្ដូរឥរិយាបថ ហើយក៏មិនមែនជាការផ្លាស់ប្ដូរក្លែងក្លាយខាងក្រៅ ឬការកែប្រែបណ្ដោះអាសន្នដែលធ្វើឡើងដោយការខំប្រឹងនោះដែរ។ មិនថាការផ្លាស់ប្តូរទាំងនេះល្អប៉ុនណានោះទេ វាមិនអាចជំនួសការផ្លាស់ប្តូរនៅក្នុងនិស្ស័យនៃជីវិតបានទេ ដោយសារការផ្លាស់ប្តូរសម្បកខាងក្រៅអាចសម្រេចបានតាមរយៈការខិតខំប្រឹងប្រែងរបស់មនុស្ស ប៉ុន្តែការផ្លាស់ប្តូរនៅក្នុងនិស្ស័យនៃជីវិត មិនអាចសម្រេចបាន តាមរយៈការប្រឹងប្រែងរបស់មនុស្សនោះឡើយ។ ការទទួលបានបទពិសោធន៍នៃការជំនុំជម្រះ ការវាយផ្ចាល ការល្បងល និងការបន្សុទ្ធរបស់ព្រះជាម្ចាស់គឺតម្រូវឱ្យមានដើម្បីសម្រេចបាននូវការនេះ ព្រមទាំងភាពល្អឥតខ្ចោះនៃព្រះវិញ្ញាណបរិសុទ្ធ។ ទោះបីជាមនុស្សដែលជឿលើព្រះជាម្ចាស់បង្ហាញឥរិយាបថល្អខ្លះៗក៏ដោយ ក៏គ្មានអ្នកណាម្នាក់ក្នុងចំណោមពួកគេពិតជាស្តាប់បង្គាប់ព្រះជាម្ចាស់ ស្រឡាញ់ព្រះជាម្ចាស់ពិតប្រាកដ ឬអាចធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់បានឡើយ។ ហេតុអ្វីបានជាដូច្នេះ? នោះព្រោះតែការនេះទាមទារឱ្យមានការផ្លាស់ប្តូរក្នុងនិស្ស័យជីវិត ហើយការផ្លាស់ប្តូរត្រឹមឥរិយាបថ គឺនៅមិនទាន់គ្រប់គ្រាន់ទេ។ ការផ្លាស់ប្តូរនិស្ស័យមានន័យថា អ្នករាល់គ្នាមានចំណេះដឹង និងបទពិសោធន៍នៃសេចក្តីពិត ហើយសេចក្តីពិតបានក្លាយជាជីវិតរបស់អ្នក ដែលវាអាចដឹកនាំអ្នក និងត្រួតត្រាជីវិតរបស់អ្នក និងអ្វីៗគ្រប់យ៉ាងអំពីអ្នក។ នេះគឺជាការផ្លាស់ប្តូរក្នុងនិស្ស័យនៃជីវិតរបស់អ្នក។ មានតែមនុស្សដែលមានសេចក្ដីពិតជាជីវិតប៉ុណ្ណោះ ទើបជាមនុស្សដែលបានបំផ្លាស់បំប្រែនិស្ស័យរបស់ខ្លួន។ កាលពីមុន ប្រហែលជាមានសេចក្តីពិតមួយចំនួនដែលអ្នកមិនអាចអនុវត្តបាន នៅពេលអ្នកយល់ពីវា ប៉ុន្តែឥឡូវនេះ អ្នកអាចអនុវត្តផ្នែកណាមួយក៏បាននៃសេចក្តីពិតដែលអ្នកយល់ដោយគ្មានឧបសគ្គ ឬការលំបាកឡើយ។ នៅពេលអ្នកអនុវត្តសេចក្តីពិត អ្នកមានអារម្មណ៍ពេញដោយសេចក្តីសុខសាន្ត និងភាពរីករាយ ប៉ុន្តែប្រសិនបើអ្នកមិនអាចអនុវត្តសេចក្តីពិតវិញ អ្នកមានអារម្មណ៍ឈឺចាប់ ហើយមានការរំខានដល់មនសិការ។ អ្នករាល់គ្នាដែលអាចអនុវត្តសេចក្ដីពិតក្នុងរឿងគ្រប់យ៉ាង រស់នៅតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយមានមូលដ្ឋានគ្រឹះសម្រាប់ការរស់នៅ។ នេះមានន័យថា និស្ស័យរបស់អ្នកបានផ្លាស់ប្តូរ។ ឥឡូវនេះ អ្នកអាចបោះបង់ចោលនូវសញ្ញាណ និងការស្រមើស្រមៃរបស់អ្នកបានយ៉ាងងាយស្រួល បោះបង់ចោលនូវចំណូលចិត្ត និងការដេញតាមខាងសាច់ឈាមរបស់អ្នក ព្រមទាំងអ្វីៗដែលអ្នកមិនអាចបោះបង់ចោលបានកាលពីមុន។ អ្នកមានអារម្មណ៍ថា ព្រះបន្ទូលព្រះជាម្ចាស់ គឺល្អយ៉ាងពិតប្រាកដ ហើយការអនុវត្តសេចក្ដីពិតគឺជារឿងល្អបំផុតដែលត្រូវធ្វើ។ នេះមានន័យថានិស្ស័យរបស់អ្នកបានផ្លាស់ប្តូរ។ ស្តាប់ទៅការផ្លាស់ប្តូរនិស្ស័យគឺសាមញ្ញណាស់ ប៉ុន្តែតាមពិត វាជាដំណើរការមួយដែលពាក់ព័ន្ធនឹងបទពិសោធជាច្រើន។ អំឡុងពេលនេះ មនុស្សត្រូវរងទុក្ខលំបាកជាច្រើន ត្រូវតែលត់ដំខ្លួន លះបង់សាច់ឈាម ពួកគេក៏ត្រូវរងការជំនុំជម្រះ វាយផ្ចាល លួសកាត់ ត្រូវបានដោះស្រាយជាមួយ ល្បងល និងបន្សុទ្ធ ហើយពួកគេក៏ត្រូវឆ្លងកាត់បទពិសោធន៍បរាជ័យ ការធ្លាក់ចុះ ការពុះពារក្នុងចិត្ត និងការរងទុក្ខនៅក្នុងចិត្តរបស់ពួកគេ។ មានតែបន្ទាប់ពីបទពិសោធន៍ទាំងនេះប៉ុណ្ណោះ ទើបមនុស្សអាចមានការយល់ដឹងខ្លះអំពីធម្មជាតិផ្ទាល់របស់ពួកគេ ប៉ុន្តែការយល់ដឹងខ្លះមិនបង្កើតការផ្លាស់ប្តូរពេញលេញភ្លាមៗនោះទេ។ ពួកគេត្រូវឆ្លងកាត់បទពិសោធដ៏យូរមួយ មុននឹងទីបំផុត ពួកគេអាចកម្ចាត់ចោលនូវនិស្ស័យពុករលួយរបស់ខ្លួនបានបន្តិចម្តងៗ។ នេះជាមូលហេតុដែលត្រូវចំណាយពេលមួយជីវិតដើម្បីផ្លាស់ប្តូរនិស្ស័យរបស់បុគ្គលម្នាក់។ ឧទាហរណ៍ ប្រសិនបើអ្នកបើកបង្ហាញសេចក្តីពុករលួយនៅក្នុងរឿងមួយ តើអ្នកអាចអនុវត្តសេចក្តីពិតភ្លាមៗបានទេ នៅពេលដែលអ្នកដឹងពីវានោះ? អ្នកមិនអាចធ្វើវាបានទេ។ នៅដំណាក់កាលនៃការយល់ដឹងនេះ អ្នកផ្សេងទៀតលួសកាត់ និងដោះស្រាយជាមួយអ្នក ហើយបន្ទាប់មកមជ្ឈដ្ឋានរបស់អ្នកបង្ខិតបង្ខំអ្នកឱ្យធ្វើសកម្មភាពតាមគោលការណ៍នានានៃសេចក្ដីពិត។ ជួនកាល អ្នកនៅតែមិនផ្សះផ្សាចំពោះការធ្វើបែបនេះ ហើយអ្នកគិតក្នុងចិត្តថា «តើខ្ញុំត្រូវធ្វើបែបនេះឬ? ហេតុអ្វីបានជាខ្ញុំមិនអាចធ្វើតាមរបៀបដែលខ្ញុំចង់បាន? ហេតុអ្វីបានជាខ្ញុំតែងតែត្រូវបានតម្រូវឱ្យអនុវត្តសេចក្ដីពិត? ខ្ញុំមិនចង់ធ្វើការនេះឡើយ ខ្ញុំនឿយណាយនឹងវាហើយ!» ការមានបទពិសោធពីកិច្ចការរបស់ព្រះជាម្ចាស់តម្រូវឱ្យឆ្លងកាត់នូវដំណើរការដូចខាងក្រោម៖ ចាប់តាំងពីការស្ទាក់ស្ទើរក្នុងការអនុវត្តសេចក្ដីពិត រហូតដល់អនុវត្តសេចក្ដីពិតដោយស្ម័គ្រពីចិត្ត ចាប់តាំងពីមានភាពអវិជ្ជមាននិងភាពកម្សោយ រហូតដល់មានកម្លាំង និងមានសមត្ថភាពបោះបង់សាច់ឈាមចោលបាន។ នៅពេលមនុស្សទៅដល់ចំណុចជាក់លាក់មួយនៃបទពិសោធន៍ ហើយបន្ទាប់មកឆ្លងកាត់ការល្បងល ការបន្សុទ្ធមួយចំនួន ហើយចុងក្រោយ ចាប់ផ្ដើមយល់ពីបំណងព្រះហឫទ័យព្រះជាម្ចាស់ និងសេចក្ដីពិតមួយចំនួន នោះពួកគេនឹងសប្បាយចិត្តបន្តិច ហើយចង់ប្រព្រឹត្តតាមគោលការណ៍នៃសេចក្ដីពិត។ ដើមដំបូង មនុស្សមានការស្ទាក់ស្ទើរក្នុងការអនុវត្តសេចក្ដីពិត។ ចូរយកការបំពេញភារកិច្ចរបស់មនុស្សដ៏ស្មោះស្ម័គ្រភក្តីជាឧទាហរណ៍ចុះ៖ អ្នកមានការយល់ដឹងខ្លះៗអំពីការបំពេញភារកិច្ចរបស់អ្នក និងស្មោះស្ម័គ្រភក្តីចំពោះព្រះជាម្ចាស់ ហើយអ្នកក៏មានការយល់ដឹងខ្លះអំពីសេចក្ដីពិតដែរ ប៉ុន្តែតើពេលណាទើបអ្នកអាចលះបង់ខ្លួនដល់ព្រះជាម្ចាស់បានពេញលេញ? តើនៅពេលណាទើបអ្នកអាចបំពេញភារកិច្ចរបស់អ្នកទាំងចិត្តទាំងកាយបាន? នេះនឹងតម្រូវឱ្យមានដំណើរការមួយ។ នៅក្នុងដំណើរការនេះ អ្នកអាចទទួលរងនូវទុក្ខលំបាកជាច្រើន។ អ្នកខ្លះអាចនឹងដោះស្រាយជាមួយអ្នក ហើយអ្នកខ្លះទៀតអាចនឹងរិះគន់អ្នក។ ភ្នែករបស់មនុស្សគ្រប់គ្នានឹងតាមមើលអ្នក តាមពិនិត្យពិច័យអ្នក ហើយមានតែពេលនោះទេ ទើបអ្នកនឹងចាប់ផ្ដើមដឹងថា អ្នកកំពុងធ្វើខុស និងដឹងថា អ្នកជាបុគ្គលម្នាក់ដែលធ្វើមិនបានល្អ និងដឹងទៀតថា កង្វះការលះបង់នៅក្នុងការបំពេញភារកិច្ចរបស់អ្នក គឺជារឿងដែលមិនអាចទទួលយកបាន ហើយអ្នកមិនត្រូវធ្វេសប្រហែស ឬគ្រាន់តែធ្វើបែបបង្គ្រប់កិច្ចឡើយ! ព្រះវិញ្ញាណបរិសុទ្ធនឹងបំភ្លឺអ្នកពីខាងក្នុង ហើយស្ដីបន្ទោសអ្នកនៅពេលអ្នកធ្វើខុស។ នៅក្នុងដំណើរការនេះ អ្នកនឹងចាប់ផ្ដើមយល់ដឹងរឿងមួយចំនួនអំពីខ្លួនឯង ហើយអ្នកនឹងដឹងថា អ្នកមានភាពមិនបរិសុទ្ធច្រើនពេក មានចេតនាផ្ទាល់ខ្លួនជាច្រើន និងមានសេចក្ដីប្រាថ្នាហួសប្រមាណ ច្រើនពេកក្រៃនៅពេលបំពេញភារកិច្ចរបស់អ្នក។ នៅពេលអ្នកបានយល់ពីសារជាតិនៃរឿងទាំងនេះ ប្រសិនបើអ្នកអាចអធិស្ឋាននៅចំពោះព្រះភក្ត្រព្រះជាម្ចាស់ និងមានការប្រែចិត្តពិតប្រាកដ នោះអ្នកអាចត្រូវបានបន្សុទ្ធចេញពីសេចក្តីពុករលួយទាំងនោះ។ តាមបែបនេះ ប្រសិនបើអ្នកស្វះស្វែងរកសេចក្ដីពិតជារឿយៗដើម្បីដោះស្រាយបញ្ហាជាក់ស្ដែងរបស់អ្នកផ្ទាល់ នោះអ្នកនឹងចាប់ផ្ដើមដាក់ជើងដើរលើមាគ៌ាដ៏ត្រឹមត្រូវនៃសេចក្ដីជំនឿ។ អ្នកនឹងចាប់ផ្ដើមមានបទពិសោធជីវិតពិត ហើយនិស្ស័យពុករលួយរបស់អ្នកនឹងត្រូវបានបន្សុទ្ធជាបន្តបន្ទាប់។ កាលណានិស្ស័យពុករលួយរបស់អ្នក ត្រូវបានបន្សុទ្ធកាន់តែច្រើន នោះនិស្ស័យជីវិតរបស់អ្នក ក៏នឹងផ្លាស់ប្រែកាន់តែច្រើនផងដែរ។
ឥឡូវនេះ ទោះបីមានមនុស្សជាច្រើនកំពុងបំពេញភារកិច្ចរបស់ខ្លួនក៏ដោយ ក៏ការពិតទៅ តើមានមនុស្សប៉ុន្មាននាក់ដែលបំពេញភារកិច្ចរបស់ពួកគេឱ្យតែរួចពីដៃនោះ? តើមានមនុស្សប៉ុន្មាននាក់ដែលអាចទទួលយកសេចក្ដីពិត ហើយបំពេញភារកិច្ចតាមគោលការណ៍នៃសេចក្ដីពិតបាន? តើមានមនុស្សប៉ុន្មាននាក់ដែលបំពេញភារកិច្ចរបស់ពួកគេតាមសេចក្តីតម្រូវរបស់ព្រះជាម្ចាស់បន្ទាប់ពីនិស្ស័យរបស់ពួកគេបានផ្លាស់ប្តូរ? តាមរយៈការពិនិត្យមើលរឿងទាំងនេះបន្ថែមទៀត អ្នកនឹងអាចដឹងថា តើអ្នកពិតជាឈានដល់បទដ្ឋានក្នុងការបំពេញភារកិច្ចរបស់អ្នក ហើយអ្នកក៏នឹងអាចមើលឃើញយ៉ាងច្បាស់ថាតើនិស្ស័យរបស់អ្នកបានផ្លាស់ប្តូរដែរឬទេ។ ការសម្រេចបាននូវការបំផ្លាស់បំប្រែខាងនិស្ស័យរបស់បុគ្គលម្នាក់ មិនមែនជារឿងធម្មតាទេ វាមិនមែនមានន័យថាគ្រាន់តែមានការផ្លាស់ប្ដូរឥរិយាបថខ្លះៗ ការទទួលបានចំណេះដឹងខ្លះអំពីសេចក្ដីពិត អាចនិយាយបានបន្ដិចបន្ដួចអំពីបទពិសោធន៍របស់អ្នកណាម្នាក់ចំពោះទិដ្ឋភាពគ្រប់យ៉ាងនៃសេចក្ដីពិត ឬបានផ្លាស់ប្ដូរខ្លះៗ ឬប្រែក្លាយជាស្ដាប់បង្គាប់បន្ដិចបន្ដួចក្រោយពីត្រូវបានដាក់វិន័យនោះទេ។ ការទាំងនេះមិនបង្កើតឱ្យមានការបំផ្លាស់បំប្រែខាងឯនិស្ស័យនៅក្នុងជិវិតរបស់បុគ្គលម្នាក់នោះទេ។ តើហេតុអ្វីបានជាខ្ញុំនិយាយបែបនេះ? ទោះបីជាអ្នកបានផ្លាស់ប្ដូរខ្លះក៏ដោយ ក៏អ្នកនៅតែមិនយកសេចក្ដីពិតទៅអនុវត្តយ៉ាងពិតប្រាកដដែរ។ ប្រហែលជាដោយសារអ្នកស្ថិតនៅក្នុងមជ្ឈដ្ឋានសមស្របមួយជាបណ្ដោះអាសន្ន និងស្ថានភាពមួយដែលអំណោយផល ឬក៏កាលៈទេសៈបច្ចុប្បន្នរបស់អ្នកបានបង្ខំអ្នក ទើបអ្នកបញ្ចេញអាកប្បកិរយាតាមរបៀបនេះ។ បន្ថែមលើនេះទៀត នៅពេលអ្នកមានអារម្មណ៍ល្អ នៅពេលសភាពរបស់អ្នកធម្មតា ហើយនៅពេលអ្នកមានកិច្ចការនៃព្រះវិញ្ញាណបរិសុទ្ធ នោះអ្នករាល់គ្នាអាចអនុវត្តសេចក្តីពិតបាន។ ប៉ុន្តែឧបមាថា អ្នកកំពុងស្ថិតនៅក្នុងការល្បងល នៅពេលអ្នករងទុក្ខដូចយ៉ូបក្នុងពេលនៃការល្បងលរបស់អ្នក ឬថាអ្នកប្រឈមមុខនឹងការល្បងលដល់សេចក្ដីស្លាប់។ នៅពេលមានរឿងកើតឡើង តើអ្នកនឹងនៅតែអាចអនុវត្តសេចក្ដីពិត និងប្រកាន់ខ្ជាប់នូវទីបន្ទាល់ដែរឬទេ? តើអ្នកអាចនិយាយអ្វីដូចពេត្រុសបាននិយាយថា «ទោះជាខ្ញុំត្រូវស្លាប់បន្ទាប់ពីស្គាល់ទ្រង់ក៏ដោយ តើខ្ញុំអាចមិនរីករាយ និងមិនសប្បាយម្តេចនឹងកើតទៅ?» តើពេត្រុសបានផ្ដល់តម្លៃលើអ្វី? អ្វីដែលពេត្រុសឱ្យតម្លៃនោះ គឺការស្តាប់បង្គាប់ ហើយគាត់ចាត់ទុកការស្គាល់ព្រះជាម្ចាស់ ជារឿងដ៏សំខាន់បំផុត ដូច្នេះ គាត់អាចស្តាប់បង្គាប់រហូតដល់ស្លាប់។ ការបំផ្លាស់បំប្រែមិនមែនកើតឡើងក្នុងពេលតែមួយយប់នោះទេ តែវាត្រូវការបទពិសោធន៍ពេលមួយជីវិត ដើម្បីសម្រេចបាន។ ការយល់ដឹងអំពីសេចក្តីពិតហាក់ដូចជាងាយស្រួលជាងមុនបន្តិច ប៉ុន្តែការយកសេចក្តីពិតទៅអនុវត្តនៅក្នុងបរិបទផ្សេងៗ គឺមានការលំបាក។ ហេតុអ្វីបានជាមនុស្សតែងតែមានការលំបាកក្នុងការអនុវត្តតាមសេចក្តីពិត? តាមពិតទៅ ការលំបាកទាំងនេះសុទ្ធតែទាក់ទងដោយផ្ទាល់ទៅនឹងនិស្ស័យពុករលួយរបស់មនុស្ស ហើយវាសុទ្ធតែជាឧបសគ្គដែលកើតចេញពីនិស្ស័យពុករលួយ។ ហេតុដូចនេះ អ្នកត្រូវរងទុក្ខជាច្រើន និងបង់ថ្លៃ ដើម្បីអាចអនុវត្តសេចក្តីពិត។ ប្រសិនបើអ្នកគ្មាននិស្ស័យពុករលួយទេ នោះអ្នកនឹងមិនចាំបាច់រងទុក្ខ និងបង់ថ្លៃដើម្បីអនុវត្តសេចក្តីពិតឡើយ។ តើនេះមិនមែនជាការពិតដ៏ច្បាស់ក្រឡែតទេឬអី? ពេលខ្លះ វាមើលទៅហាក់ដូចជាអ្នកកំពុងយកសេចក្ដីពិតទៅអនុវត្ត ប៉ុន្ដែតាមពិត ធម្មជាតិនៃសកម្មភាពរបស់អ្នកមិនបង្ហាញថាអ្នកកំពុងធ្វើដូច្នេះនោះទេ។ នៅក្នុងការដើរតាមព្រះជាម្ចាស់ មនុស្សជាច្រើនអាចបោះបង់គ្រួសារ និងអាជីពរបស់ខ្លួន ដើម្បីបំពេញភារកិច្ចរបស់ខ្លួនបាន ដូច្នេះហើយពួកគេជឿថា ពួកគេកំពុងអនុវត្តសេចក្ដីពិត។ ទោះជាយ៉ាងណាក៏ដោយ ពួកគេមិនអាចផ្ដល់ទីបន្ទាល់ពិតប្រាកដចេញពីបទពិសោធបានឡើយ។ តើត្រង់នេះមានន័យបែបណាឱ្យប្រាកដទៅ? បើវាស់វែងពួកគេតាមសញ្ញាណរបស់មនុស្ស មើលទៅពួកគេហាក់កំពុងអនុវត្តសេចក្តីពិតអ៊ីចឹង ប៉ុន្តែព្រះជាម្ចាស់មិនទទួលស្គាល់អ្វីដែលពួកគេកំពុងតែធ្វើ ថាជាការអនុវត្តសេចក្ដីពិតឡើយ។ ប្រសិនបើអ្វីៗគ្រប់យ៉ាងដែលអ្នកធ្វើ មានកត្តាជំរុញផ្ទាល់ខ្លួនមួយនៅបង្កប់ពីក្រោយវា ហើយវាជាទង្វើក្លែងក្លាយ នោះអ្នកទទួលខុសត្រូវចំពោះការងាកបែរចិត្តពីគោលការណ៍ ហើយមិនអាចត្រូវបាននិយាយថា កំពុងអនុវត្តសេចក្ដីពិតទេ នេះគឺគ្រាន់តែជាការប្រព្រឹត្តមួយប៉ុណ្ណោះ។ និយាយឱ្យចំទៅ ការប្រព្រឹត្តរបស់អ្នកបែបនេះ នឹងប្រហែលជាត្រូវព្រះជាម្ចាស់ថ្កោលទោស។ ព្រះអង្គនឹងមិនសរសើរ ឬនឹកចាំពីការប្រព្រឹត្តរបស់អ្នកទេ។ ដើម្បីបន្តពិនិត្យមើលរឿងនេះឱ្យដល់សារជាតិ និងឫសគល់របស់វា អ្នកគឺជាបុគ្គលម្នាក់ដែលធ្វើអាក្រក់ ហើយឥរិយាបថពីខាងក្រៅរបស់អ្នក គឺជាការទាស់ទទឹងនឹងព្រះជាម្ចាស់។ ពីខាងក្រៅ អ្នកមិនមែនកំពុងបង្អាក់ ឬរំខានអ្វីមួយទេ ហើយអ្នកមិនបានធ្វើឱ្យខូចខាតពិតប្រាកដឡើយ។ វាហាក់ដូចជាសមទំនង និងសមហេតុផល ប៉ុន្តែនៅខាងក្នុងចិត្តវិញ វាបង្កប់នូវសារជាតិពិសពុល និងចេតនារបស់មនុស្ស ហើយសារជាតិរបស់វានោះ គឺជាសារជាតិធ្វើអាក្រក់ និងទាស់ទទឹងនឹងព្រះជាម្ចាស់។ ដូច្នេះហើយ អ្នកគួរតែកំណត់ថា តើមានការផ្លាស់ប្ដូរខាងឯនិស្ស័យរបស់អ្នក ហើយថាអ្នកកំពុងយកសេចក្ដីពិតទៅអនុវត្តដោយប្រើប្រាស់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងអនុវត្តដោយសំលឹងមើលគោលបំណងដែលនៅពីក្រោយសកម្មភាពផ្ទាល់ខ្លួនរបស់អ្នក។ វាមិនអាស្រ័យលើថាតើទង្វើរបស់អ្នកស្របតាមការស្រមើស្រមៃ និងគំនិតរបស់មនុស្ស ឬថាតើសកម្មភាពទាំងនោះសមនឹងរសជាតិរបស់អ្នកឬអត់នោះទេ រឿងទាំងនេះមិនសំខាន់ឡើយ។ ផ្ទុយទៅវិញ វាអាស្រ័យលើព្រះជាម្ចាស់មានបន្ទូលថា អ្វីដែលអ្នកកំពុងធ្វើស្របតាមព្រះហឫទ័យរបស់ទ្រង់ឬអត់ ឬតើសកម្មភាពរបស់អ្នកមានសេចក្ដីពិត ហើយថាសកម្មភាពទាំងនោះឆ្លើយតបនឹងសេចក្ដីតម្រូវ ព្រមទាំងបទដ្ឋានរបស់ទ្រង់ឬអត់។ មានតែការវាស់ស្ទង់ខ្លួនអ្នកជាមួយនឹងសេចក្ដីតម្រូវរបស់ព្រះជាម្ចាស់ប៉ុណ្ណោះទើបត្រឹមត្រូវ។ ការបំផ្លាស់បំប្រែខាងឯនិស្ស័យ និងការយកសេចក្ដីពិតទៅអនុវត្ត មិនមែនធម្មតា និងងាយស្រួលដូចមនុស្សស្រមើស្រមៃនោះទេ។ តើពេលនេះអ្នករាល់គ្នាយល់ពីការនេះឬទេ? តើអ្នកមានបទពិសោធន៍ជាមួយការនេះឬទេ? នៅពេលដែលនិយាយអំពីសារជាតិនៃបញ្ហា អ្នករាល់គ្នាប្រហែលជាមិនយល់នោះទេ ព្រោះច្រកចូលរបស់អ្នករាល់គ្នារាក់កំផែលពេក។ អ្នករាល់គ្នារត់ពេញមួយថ្ងៃ តាំងពីព្រលឹមរហូតដល់ព្រលប់ ក្រោកពីព្រលឹម ហើយចូលដេកយឺត ប៉ុន្ដែអ្នកមិនសម្រេចបាននូវការបំផ្លាស់បំប្រែនិស្ស័យនៅក្នុងជីវិតរបស់អ្នក ហើយអ្នករាល់គ្នាមិនអាចយល់ថា ការបំផ្លាស់បំប្រែនិស្ស័យជាអ្វីនោះឡើយ។ នេះមានន័យថាច្រកចូលរបស់អ្នករាក់កំផែលពេកហើយ មិនអ៊ីចឹងទេឬ? មិនថាអ្នកបានជឿលើព្រះជាម្ចាស់យូរប៉ុនណាទេ អ្នករាល់គ្នាមិនអាចយល់ពីសារជាតិ និងរឿងរ៉ាវស៊ីជម្រៅទាក់ទងនឹងការបំផ្លាស់បំប្រែនិស្ស័យឡើយ។ តើអាចនិយាយបានថា និស្ស័យរបស់អ្នកបានផ្លាស់ប្ដូរដែរឬទេ? តើធ្វើដូចម្ដេចទើបអ្នកដឹងថា ព្រះជាម្ចាស់លើកសរសើរអ្នកឬអត់? យ៉ាងហោចណាស់ អ្នកនឹងមានអារម្មណ៍ដឹងច្បាស់ទាក់ទងនឹងអ្វីគ្រប់យ៉ាងដែលអ្នកធ្វើ ហើយអ្នកនឹងមានអារម្មណ៍ដឹងថា ព្រះវិញ្ញាណបរិសុទ្ធកំពុងតែដឹកនាំ និងបំភ្លឺអ្នក ព្រមទាំងកំពុងធ្វើការនៅក្នុងអ្នក នៅពេលអ្នកកំពុងបំពេញភារកិច្ចរបស់អ្នក កំពុងធ្វើកិច្ចការណាមួយនៅក្នុងដំណាក់ព្រះជាម្ចាស់ ឬនៅក្នុងកិច្ចការទូទៅ។ ការប្រព្រឹត្តរបស់អ្នកនឹងស្របគ្នាជាមួយព្រះបន្ទូលរបស់ព្រះជាម្ចាស់ ហើយនៅពេលអ្នកបានទទួលបទពិសោធន៍ដល់កម្រិតជាក់លាក់មួយ អ្នកនឹងមានអារម្មណ៍ថា របៀបដែលអ្នកបានធ្វើកាលពីមុនគឺសមស្របពិតមែន។ ទោះយ៉ាងណា បន្ទាប់ពីទទួលបានបទពិសោធន៍មួយរយៈពេលមក ប្រសិនបើអ្នកមានអារម្មណ៍ថា រឿងមួយចំនួនដែលអ្នកបានធ្វើកាលពីមុនមិនសមស្រប ហើយអ្នកមិនពេញចិត្តនឹងរឿងទាំងនោះ និងមានអារម្មណ៍ថា វាមិនស្របតាមសេចក្តីពិតទេ នោះហើយដែលបញ្ជាក់ថាអ្វីៗដែលអ្នកបានធ្វើ គឺបានប្រឆាំងនឹងព្រះជាម្ចាស់។ វាជាភស្ដុតាងដែលបញ្ជាក់ថាការបម្រើរបស់អ្នកគឺពោរពេញទៅដោយការបះបោរ ការទទឹងទាស់ និងការប្រព្រឹត្តតាមបែបមនុស្ស ហើយបញ្ជាក់ថាអ្នកបានបរាជ័យក្នុងការសម្រេចបានការផ្លាស់ប្ដូរនិស្ស័យ។ ដោយមានការប្រកបគ្នានេះ ឥឡូវ តើអ្នកយល់ច្បាស់ពីរបៀបដែលអ្នករាល់គ្នាគួរយល់អំពីការបំផ្លាស់បំប្រែនិស្ស័យហើយឬនៅ? ជានិច្ចកាល អ្នករាល់គ្នាមិនបានពិភាក្សាពីការបំផ្លាស់បំប្រែនិស្ស័យរបស់អ្នក និងកម្រប្រកបគ្នាពីបទពិសោធផ្ទាល់ខ្លួនណាស់។ ច្រើនបំផុត អ្នកប្រកបគ្នាថា៖ «កាលមួយរយៈមុន ខ្ញុំបានអកម្ម។ ក្រោយមក ខ្ញុំបានអធិស្ឋានទៅព្រះជាម្ចាស់ ហើយទ្រង់បានបំភ្លឺខ្ញុំឱ្យដឹងអំពីការពិតដែលថា ពួកអ្នកជឿព្រះត្រូវទទួលការល្បងល។ ខ្ញុំបានគិតអំពីចំណុចនេះមួយសន្ទុះ រួចយល់ថា វាត្រូវតែបែបនេះហើយ។ ជាមួយគ្នាផងដែរ ក្នុងពេលបំពេញភារកិច្ច ខ្ញុំមិនបានស្មោះត្រង់នឹងចំណុចមួយចំនួន ដូច្នេះ ខ្ញុំគ្រាន់តែទទួលយកប៉ុណ្ណោះ។ មួយរយៈក្រោយមក ខ្ញុំមានជំរុញចិត្តម្ដងទៀត ហើយខ្ញុំមិនអកម្មទៀតឡើយ»។ បន្ទាប់ពីការប្រកបគ្នា អ្នកផ្សេងទៀតក៏និយាយដែរថា «សភាពរបស់យើងហាក់នៅដដែលដូចនិស្ស័យពុករលួយរបស់យើងដែរ»។ ប្រសិនបើអ្នកតែងតែប្រកបគ្នាពីរឿងទាំងនេះ នោះវានឹងក្លាយជាបញ្ហា ពោលគឺអ្នកនឹងមិនយល់ពីសារជាតិនៃរឿងរ៉ាវ ឬមើលឃើញរឿងរ៉ាវទាំងនោះមិនបានច្បាស់ឡើយ។ មិនថាអ្នកជឿលើព្រះជាម្ចាស់អស់រយៈពេលប៉ុន្មានឆ្នាំទេ និស្ស័យជីវិតរបស់អ្នកនឹងមិនអាចផ្លាស់ប្ដូរបានឡើយ។
ការបំផ្លាស់បំប្រែខាងឯនិស្ស័យ សំដៅជាចម្បងទៅលើការបំផ្លាស់បំប្រែធម្មជាតិរបស់បុគ្គលម្នាក់។ រឿងរ៉ាវនៃធម្មជាតិរបស់បុគ្គលម្នាក់ មិនអាចមើលឃើញតាមរយៈឥរិយាបថពីខាងក្រៅនោះទេ។ វាពាក់ព័ន្ធដោយផ្ទាល់ទៅនឹងតម្លៃ និងសារៈសំខាន់នៃអត្ថិភាពរបស់គេ ពាក់ព័ន្ធនឹងទស្សនៈរបស់គេអំពីជីវិត និងគុណតម្លៃរបស់គេ ពាក់ព័ន្ធនឹងអ្វីៗដែលនៅក្នុងជម្រៅព្រលឹង និងសារជាតិរបស់គេ។ ប្រសិនបើបុគ្គលម្នាក់មិនអាចទទួលយកសេចក្ដីពិតបានទេ នោះគេនឹងមិនទទួលបានការបំផ្លាស់បំប្រែនៅក្នុងទិដ្ឋភាពទាំងនេះបានឡើយ។ មានតែតាមរយៈការដកពិសោធន៍កិច្ចការព្រះជាម្ចាស់ ការចូលទៅក្នុងសេចក្ដីពិតយ៉ាងពេញលេញ ការផ្លាស់ប្ដូរគុណតម្លៃ និងទស្សនៈរបស់ខ្លួនអំពីអត្ថិភាព និងជីវិត ការសម្របទស្សនៈរបស់ខ្លួនទៅតាមព្រះបន្ទូលព្រះជាម្ចាស់ និងការចុះចូលទាំងស្រុង ព្រមទាំងមានភក្ដីភាពចំពោះព្រះជាម្ចាស់ប៉ុណ្ណោះ ទើបអាចនិយាយបានថា និស្ស័យរបស់បុគ្គលម្នាក់បានបំផ្លាស់បំប្រែ។ បច្ចុប្បន្ននេះ មើលទៅ អ្នកអាចខំប្រឹង និងស៊ូទ្រាំ នៅពេលជួបការលំបាក ខណៈពេលដែលអ្នកកំពុងបំពេញភារៈកិច្ចរបស់ខ្លួន អ្នកប្រហែលជាអាចអនុវត្តតាមការរៀបចំកិច្ចការពីខាងលើ ឬអ្នកអាចទៅកន្លែងណាដែលគេប្រាប់ឱ្យអ្នកទៅ។ ពីសម្បកក្រៅ មើលទៅ អ្នកហាក់ដូចស្ដាប់បង្គាប់ខ្លះដែរ ប៉ុន្តែនៅពេលមានរឿងកើតឡើងដែលមិនស្របតាមសញ្ញាណរបស់អ្នក ពេលនោះ ការបះបោររបស់អ្នកចាប់ផ្ដើមលេចចេញមក។ ឧទាហរណ៍ អ្នកមិនចុះចូលចំពោះការលួសកាត់ និងការដោះស្រាយ ហើយអ្នកក៏មិនសូវចុះចូលដែរ នៅពេលមានគ្រោះមហន្តរាយកើតឡើង។ អ្នកថែមទាំងរិះគិតចង់ស្ដីបន្ទោសព្រះជាម្ចាស់ទៀតផង។ ហេតុដូចនេះ ការស្ដាប់បង្គាប់បន្តិចបន្តួច និងការផ្លាស់ប្ដូរពីសម្បកក្រៅនេះ គ្រាន់តែជាការផ្លាស់ប្ដូរតូចមួយនៅក្នុងឥរិយាបថប៉ុណ្ណោះ។ វាជាការផ្លាស់ប្ដូរតិចតួចប៉ុណ្ណោះ ប៉ុន្តែការនេះមិនទាន់គ្រប់គ្រាន់នឹងរាប់ជាការបំផ្លាស់បំប្រែនិស្ស័យរបស់អ្នកនោះទេ។ អ្នកអាចដើរនៅលើមាគ៌ាជាច្រើន រងទុក្ខការលំបាកជាច្រើន ហើយទ្រាំទ្រនឹងការអាម៉ាស់យ៉ាងខ្លាំង អ្នកប្រហែលជាមានអារម្មណ៍ថាជិតស្និទ្ធជាមួយព្រះជាម្ចាស់ ហើយព្រះវិញ្ញាណបរិសុទ្ធប្រហែលជាធ្វើកិច្ចការខ្លះៗនៅក្នុងអ្នក។ ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ នៅពេលដែលព្រះជាម្ចាស់សុំឱ្យអ្នកធ្វើអ្វីមួយដែលមិនស្របតាមសញ្ញាណរបស់អ្នក អ្នកនៅតែមិនអាចចុះចូល ហើយផ្ទុយទៅវិញ អ្នកអាចរកលេសដោះសា បះបោរ និងទាស់ទទឹងនឹងព្រះជាម្ចាស់ ហើយនៅក្នុងករណីធ្ងន់ធ្ងរបំផុត អ្នកថែមទាំងចោទសួរ និងវាយបកប្រឆាំងនឹងព្រះជាម្ចាស់ទៀតផង។ នេះជាបញ្ហាធ្ងន់ធ្ងរ។ ការនេះនឹងបង្ហាញថា អ្នកនៅតែមានធម្មជាតិមួយដែលទាស់ទទឹងនឹងព្រះជាម្ចាស់ បង្ហាញថា អ្នកមិនទាន់យល់ពីសេចក្តីពិត និងបង្ហាញទៀតថា អ្នកគ្មានការផ្លាស់ប្ដូរនៅក្នុងនិស្ស័យជីវិតរបស់អ្នកសោះឡើយ។ បន្ទាប់ពីបណ្ដេញ ឬដកពួកគេចេញរួច មនុស្សខ្លះនៅតែរិះគិតចង់វិនិច្ឆ័យព្រះជាម្ចាស់ និងនិយាយថា ព្រះជាម្ចាស់មិនសុចរិតឡើយ។ ពួកគេថែមទាំងប្រកែកជាមួយព្រះជាម្ចាស់ និងវាយបក ដោយផ្សព្វផ្សាយសញ្ញាណរបស់ខ្លួនអំពីព្រះជាម្ចាស់ និងការមិនពេញចិត្តរបស់ខ្លួនចំពោះព្រះជាម្ចាស់នៅគ្រប់ទីកន្លែងដែលពួកគេទៅ។ មនុស្សបែបនេះ គឺជាពួកអារក្សដែលទាស់ទទឹងនឹងព្រះជាម្ចាស់។ មនុស្សដែលមានធម្មជាតិបែបអារក្ស នឹងមិនផ្លាស់ប្ដូរសោះឡើយ ហើយគួរបណ្ដេញពួកគេចេញ។ មានតែមនុស្សដែលអាចស្វែងរក និងទទួលយកសេចក្តីពិតនៅគ្រប់ស្ថានភាព ហើយចុះចូលចំពោះកិច្ចការព្រះជាម្ចាស់ប៉ុណ្ណោះ ទើបមានសង្ឃឹមទទួលបានសេចក្ដីពិត និងសម្រេចបាននូវការផ្លាស់ប្ដូរក្នុងនិស្ស័យ។ នៅក្នុងបទពិសោធរបស់អ្នក អ្នកត្រូវតែរៀនឈ្វេងយល់រវាងសភាពដែលលេចមកធម្មតាពីសម្បកក្រៅ។ អ្នកអាចទួញសោក និងយំ ក្នុងពេលអធិស្ឋាន ឬមានអារម្មណ៍ថា ដួងចិត្តរបស់អ្នកស្រឡាញ់ព្រះជាម្ចាស់ជាខ្លាំង និងនៅកៀកកិតព្រះជាម្ចាស់ ប៉ុន្តែសភាពទាំងនេះគ្រាន់តែជាកិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធប៉ុណ្ណោះ ហើយវាមិនបង្ហាញថា អ្នកជាបុគ្គលម្នាក់ដែលស្រឡាញ់ព្រះជាម្ចាស់ឡើយ។ ប្រសិនបើអ្នកអាចបន្តស្រឡាញ់ និងស្ដាប់បង្គាប់ព្រះជាម្ចាស់ ទោះបីព្រះវិញ្ញាណបរិសុទ្ធមិនធ្វើការ និងពេលព្រះជាម្ចាស់ធ្វើកិច្ចការដែលមិនស្របតាមសញ្ញាណរបស់អ្នក ពេលនោះ ទើបបញ្ជាក់ថា អ្នកជាមនុស្សម្នាក់ដែលស្រឡាញ់ព្រះជាម្ចាស់យ៉ាងពិតប្រាកដ។ មានតែពេលនោះទេ ទើបអ្នកក្លាយជាបុគ្គលម្នាក់ដែលមានការផ្លាស់ប្ដូរនូវនិស្ស័យជីវិត។ មានតែបែបនេះទេ ទើបជាបុគ្គលម្នាក់ដែលមានតថភាពនៃសេចក្តីពិត។
តើអ្នកត្រូវចាប់ផ្ដើមបំផ្លាស់បំប្រែនិស្ស័យរបស់អ្នកនៅកន្លែងណា? វាចាប់ផ្ដើមចេញពីការយល់ដឹងអំពីធម្មជាតិរបស់អ្នកផ្ទាល់។ គន្លឹះគឺនៅត្រង់នេះ។ ដូច្នេះ តើអ្នកត្រូវធ្វើដូចម្ដេច ដើម្បីយល់ពីធម្មជាតិរបស់អ្នក? គឺតាមរយៈការឈ្វេងយល់ថា អ្នកមាននិស្ស័យពុករលួយអ្វីខ្លះ។ នៅពេលអ្នកឈ្វេងយល់ដឹងច្បាស់អំពីនិស្ស័យពុករលួយទាំងនេះ អ្នកនឹងយល់ពីធម្មជាតិ និងសារជាតិរបស់អ្នក។ អ្នកខ្លះសួរថា៖ «តើខ្ញុំត្រូវធ្វើដូចម្ដេច ដើម្បីយល់ពីនិស្ស័យពុករលួយរបស់ខ្ញុំ?» ពិតណាស់ អ្នកត្រូវតែយល់ពីវាស្របតាមព្រះបន្ទូលព្រះជាម្ចាស់ និងឈ្វេងយល់វាស្របតាមសេចក្តីពិត។ ដូច្នេះ តើអ្នកត្រូវអនុវត្តវាដោយរបៀបណា? គឺតាមរយៈការប្រៀបធៀបនិស្ស័យពុករលួយដែលអ្នកបង្ហាញ ជាមួយអ្វីដែលបានបើកសម្ដែងនៅក្នុងព្រះបន្ទូលព្រះជាម្ចាស់។ ថាតើអ្នកអាចស៊ីគ្នាបានច្រើនប៉ុនណា នោះគឺជាចំនួនដែលអ្នកគួរឈ្វេងយល់។ ប្រសិនបើអ្នកអាចផ្គូរផ្គងបានច្រើន និងឈ្វេងយល់បានច្រើន នោះអ្នកនឹងអាចយល់ពីនិស្ស័យពុករលួយរបស់អ្នក។ តើអ្នករាល់គ្នាដែលបានជឿព្រះជាម្ចាស់អស់រយៈពេលជាច្រើនឆ្នាំ និងបានអនុវត្តបែបនេះជាច្រើនឆ្នាំ ឥឡូវមានការយល់ដឹងពីធម្មជាតិរបស់ខ្លួនហើយឬនៅ? ប្រហែលមិនទាន់ទេ! ការប្រៀបធៀបរបស់អ្នក ត្រូវតែដើរតាមផ្លូវមួយ ជាផ្លូវមួយដែលមិនអាចនិយាយទៅដោយគ្មានមូលដ្ឋាននោះទេ។ អ្នកត្រូវតែអានព្រះបន្ទូលព្រះជាម្ចាស់ឱ្យបានច្រើនអំពីរបៀបដែលទ្រង់បើកសម្ដែងសារជាតិពុករលួយរបស់មនុស្ស។ អ្នកត្រូវតែស្វែងរកព្រះបន្ទូលទាំងអស់នេះ រួចអានព្រះបន្ទូលទាំងនេះឱ្យបានញឹកញាប់ និងឆ្លុះបញ្ចាំងពីខ្លួនឯងឱ្យបានច្រើនដង ដោយប្រៀបធៀបសភាពរបស់អ្នកជាមួយនឹងព្រះបន្ទូល។ នៅពេលនិស្ស័យពុករលួយរបស់អ្នកត្រូវគ្នាបានទាំងស្រុង ហើយអ្នកមានអារម្មណ៍ថា ព្រះបន្ទូលព្រះជាម្ចាស់បើកសម្ដែងចំៗពីសភាពរបស់អ្នក ហើយជាមួយនឹងភាពសុក្រឹតខ្ពស់ ដោយគ្មានចំណុចមិនខុសត្រង់ណាសោះ ពេលនោះ តើអ្នកនឹងមិនជឿជាក់ទេឬអី? មនុស្សខ្លះនិយាយថា «តាមរយៈការយល់ដឹងពីធម្មជាតិរបស់ខ្លួន អ្នកអាចផ្លាស់ប្ដូរបាន»។ នរណាក៏ចេះនិយាយបែបនេះដែរ។ ប៉ុន្តែ តើអ្នកយល់ដូចម្ដេចដែរ? វាត្រូវតែមានផ្លូវដើរមួយ។ ប្រសិនបើមានផ្លូវដើរមួយ នោះអ្នកនឹងដឹងពីរបៀបត្រូវដកពិសោធន៍។ បើគ្មានផ្លូវដើរទេ អ្នកបានត្រឹមតែស្រែកពាក្យស្លោកថា «យើងគ្រប់គ្នាត្រូវតែយល់ពីធម្មជាតិរបស់យើង។ ធម្មជាតិរបស់យើង គឺមិនល្អឡើយ ហើយវាមកពីសាតាំង។ នៅពេលយើងយល់ពីសារជាតិ និងធម្មជាតិរបស់យើង នោះយើងអាចផ្លាស់ប្ដូរនិស្ស័យរបស់យើងបាន»។ បន្ទាប់ពីយើងស្រែករួច គ្មានអ្វីដែលត្រូវធ្វើបន្តទៀត ហើយគ្មាននរណាម្នាក់មានការយល់ដឹងឡើយ។ នេះគឺជាការនិយាយពីគោលលទ្ធិដោយគ្មានផ្លូវដើរ។ តើការធ្វើការបែបនេះ មិនបង្កើតឱ្យមានបញ្ហាទេឬអី? តើលទ្ធផលនៃការធ្វើបែបនេះ គឺជាអ្វីទៅ? ជានិច្ចកាល អ្នករាល់គ្នាស្រែកពាក្យស្លោកថា៖ «យើងត្រូវតែយល់ពីធម្មជាតិរបស់យើង! យើងគ្រប់គ្នាត្រូវតែស្រឡាញ់ព្រះជាម្ចាស់ យើងគ្រប់គ្នាត្រូវតែចុះចូលនឹងព្រះជាម្ចាស់! យើងគ្រប់គ្នាត្រូវតែលូនក្រាបនៅចំពោះព្រះជាម្ចាស់! យើងគ្រប់គ្នាត្រូវតែថ្វាយបង្គំព្រះជាម្ចាស់! អ្នកណាដែលមិនស្រឡាញ់ព្រះជាម្ចាស់ គឺមិនអាចទទួលយកបានទេ!» ការនិយាយអំពីគោលលទ្ធិទាំងនេះ គឺគ្មានប្រយោជន៍ និងមិនដោះស្រាយបញ្ហាឡើយ។ តើអ្នកត្រូវធ្វើដូចម្ដេច ដើម្បីយល់ពីធម្មជាតិរបស់មនុស្ស? ការយល់ដឹងពីធម្មជាតិរបស់អ្នក តាមពិតមានន័យថាជាការពិនិត្យពិច័យមើលអ្វីៗដែលកប់ជ្រៅក្នុងព្រលឹងរបស់អ្នក ពោលគឺជាអ្វីៗនៅក្នុងជីវិតអ្នក ព្រមទាំងរាល់តក្កៈ និងទស្សនវិជ្ជារបស់សាតាំងដែលអ្នកបានរស់នៅតាម ជាជីវិតរបស់សាតាំងដែលអ្នកបានរស់នៅតាម។ មានតែតាមរយៈការរកឃើញរឿងរ៉ាវដ៏ជ្រៅនានានៃព្រលឹងរបស់អ្នកទេ ទើបអ្នកអាចយល់ពីធម្មជាតិរបស់អ្នកបាន។ តើការទាំងអស់នេះអាចត្រូវបានរកឃើញដោយរបៀបណា? ទាំងអស់នេះមិនអាចរកឃើញ ឬស្វែងយល់តាមរយៈរឿងរ៉ាវមួយពីរឡើយ។ មានពេលជាច្រើនដង ក្រោយពេលដែលអ្នកធ្វើរឿងអ្វីមួយចប់ អ្នកនៅតែមិនទាន់មានការយល់ដឹងនៅឡើយ។ វាអាចត្រូវការពេលបីឬប្រាំឆ្នាំ មុនពេលអ្នកអាចមានចំណេះដឹង ឬការយល់ដឹងបានបន្ដិច។ ដូច្នេះ នៅក្នុងស្ថានភាពជាច្រើន អ្នកត្រូវតែឆ្លុះបញ្ចាំងពីខ្លួនឯង និងស្គាល់ខ្លួនឯង។ អ្នកត្រូវតែជីកឱ្យជ្រៅ និងពិនិត្យមើលខ្លួនឯង ដោយផ្អែកលើព្រះបន្ទូលព្រះជាម្ចាស់ ដើម្បីសម្រេចបានលទ្ធផលណាមួយ។ នៅពេលដែលការយល់ដឹងរបស់អ្នកអំពីសេចក្ដីពិតកាន់តែរីកចម្រើនខ្លាំងឡើងៗ នោះអ្នកនឹងស្គាល់ពីសារជាតិនៃធម្មជាតិរបស់ខ្លួនឯងបន្ដិចម្ដងៗ តាមរយៈការឆ្លុះបញ្ចាំងអំពីខ្លួនឯង និងការស្គាល់ខ្លួនឯង។
ដើម្បីដឹងពីធម្មជាតិរបស់ខ្លួន អ្នកត្រូវតែទទួលបានការយល់ដឹងអំពីធម្មជាតិនោះ តាមរយៈកិច្ចការពីរបីយ៉ាង។ ទីមួយ អ្នកត្រូវតែមានការយល់ដឹងច្បាស់លាស់មួយអំពីអ្វីដែលអ្នកចូលចិត្ត។ នេះមិនសំដៅទៅលើអ្វីដែលអ្នកចូលចិត្តញ៉ាំ ឬស្លៀកពាក់នោះទេ ផ្ទុយទៅវិញវាមានន័យថាប្រភេទនៃអ្វីៗដែលអ្នករីករាយ អ្វីៗដែលអ្នកច្រណែនឈ្នានីស អ្វីៗដែលអ្នកថ្វាយបង្គំ អ្វីៗដែលអ្នកស្វែងរក និងអ្វីៗដែលអ្នកយកចិត្ដទុកដាក់នៅក្នុងដួងចិត្តរបស់អ្នក ប្រភេទនៃមនុស្សដែលអ្នកចូលចិត្តទាក់ទងជាមួយ ប្រភេទនៃកិច្ចការដែលអ្នកចូលចិត្តធ្វើ និងប្រភេទមនុស្សដែលអ្នកកោតសរសើរ និងស្រឡាញ់ងប់នៅក្នុងដួងចិត្តរបស់អ្នក។ ឧទាហរណ៍ មនុស្សជាច្រើនចូលចិត្តមនុស្សដែលមានឋានៈខ្ពង់ខ្ពស់ ជាមនុស្សដែលមានពាក្យសម្ដី និងឫកពាថ្លៃថ្នូរ ឬក៏ចូលចិត្តអស់អ្នកដែលពូកែនិយាយបញ្ជោរ ឬអស់អ្នកដែលធ្វើសកម្មភាព។ អ្វីដែលបានរៀបរាប់ខាងលើគឺនិយាយអំពីប្រភេទមនុស្សដែលពួកគេចូលចិត្តប្រាស្រ័យទាក់ទងជាមួយ។ ចំពោះអ្វីដែលមនុស្សរីករាយជាមួយ រួមបញ្ចូលទាំងការមានឆន្ទៈធ្វើកិច្ចការជាក់លាក់ដែលងាយស្រួលធ្វើ រីករាយក្នុងការធ្វើកិច្ចការដែលអ្នកដទៃគិតថាល្អ និងធ្វើឱ្យមនុស្សច្រៀងសរសើរ ព្រមទាំងផ្ដល់ការកោតសរសើរ។ នៅក្នុងធម្មជាតិរបស់មនុស្ស គឺមានលក្ខណៈទូទៅមួយអំពីអ្វីដែលពួកគេចូលចិត្ត។ មានន័យថាពួកគេចូលចិត្តមនុស្ស ព្រឹត្តិការណ៍ និងអ្វីៗដែលអ្នកដទៃច្រណែនឈ្នានីសដោយសារតែអាការខាងក្រៅ ហើយពួកគេចូលចិត្តមនុស្ស ព្រឹត្តិការណ៍ និងអ្វីៗដែលមើលទៅស្រស់ស្អាតខ្លាំង និងល្អប្រណីត ហើយពួកគេចូលចិត្តមនុស្ស ព្រឹត្តិការណ៍ និងអ្វីៗដែលធ្វើឱ្យអ្នកដទៃគោរពពួកគេ។ អ្វីៗទាំងអស់ដែលមនុស្សចូលចិត្ដ គឺអស្ចារ្យ ភ្លឺរលោង ឆើតឆាយ និងសម្បើម។ មនុស្សទាំងអស់សុទ្ធតែថ្វាយបង្គំរបស់ទាំងអស់នេះ។ គេអាចមើលឃើញថា មនុស្សមិនមានសេចក្ដីពិតណាមួយឡើយ ហើយពួកគេក៏មិនមានលលក្ខណៈដូចមនុស្សពិតប្រាកដដែរ។ មិនមានសារៈសំខាន់សូម្បីតែបន្ដិចនៅក្នុងការថ្វាយបង្គំរបស់ទាំងអស់នេះ ប៉ុន្ដែមនុស្សនៅតែចូលចិត្តវា។ រឿងដែលមនុស្សចូលចិត្តទាំងនេះ ហាក់ដូចជាល្អពិសេសចំពោះពួកអ្នកដែលមិនជឿលើព្រះជាម្ចាស់ ហើយជាពិសេសវាជាអ្វីទាំងអស់ដែលមនុស្សមានឆន្ទៈដេញតាម។ សូមផ្ដល់ជាឧទាហរណ៍ដ៏សាមញ្ញមួយទៅចុះ៖ នៅក្នុងចំណោមពួកអ្នកមិនជឿព្រះ មានមនុស្សជាច្រើនក្រុម។ ពួកគេដេញតាមតារាសម្ដែង ឬតារាចម្រៀង សុំឱ្យពួកគេចុះហត្ថលេខា និងសរសេរសារផ្សេងៗ ឬក៏ចាប់ដៃ និងឱបពួកគេ។ តើទង្វើទាំងនេះមាននៅក្នុងដួងចិត្តរបស់ពួកអ្នកជឿព្រះដែរឬទេ? យូរម្ដងៗ តើអ្នកច្រៀងបទចម្រៀងរបស់តារាចម្រៀងដែលអ្នកថ្វាយបង្គំដែរឬទេ? ឬក៏អ្នកត្រាប់តាមទង្វើរបស់ពួកគេ ហើយស្លៀកពាក់តាមស្ទីលពួកគេដែរឬទេ? អ្នកយកតារា និងបុគ្គលល្បីល្បាញទាំងនេះ ធ្វើជាកម្មវត្ថុនៃការថ្វាយបង្គំរបស់អ្នក និងជាគំរូសម្រាប់ការថ្វាយបង្គំរបស់អ្នក។ ទាំងនេះគឺជារឿងធម្មតាដែលមនុស្សចូលចិត្តធ្វើ។ តើពួកអ្នកជឿព្រះ មិនថ្វាយបង្គំអ្វីៗទាំងនេះដែលពួកអ្នកមិនជឿព្រះថ្វាយបង្គំដែរទេឬអី? នៅក្នុងជម្រៅចិត្ត មនុស្សភាគច្រើននៅតែមានដួងចិត្តថ្វាយបង្គំពួកគេដដែលហ្នឹង។ អ្នកជឿលើព្រះជាម្ចាស់ ហើយមើលទៅហាក់ដូចជាអ្នកលែងដេញតាមអ្វីៗទាំងនេះហើយ។ ទោះបីជាយ៉ាងណា នៅក្នុងដួងចិត្តរបស់អ្នក អ្នកនៅតែច្រណែននឹងអ្វីៗទាំងនេះ ហើយអ្នកនៅតែស្រឡាញ់ចូលចិត្តរឿងទាំងនេះដដែល។ យូរៗម្ដង អ្នកគិតថា៖ «ខ្ញុំនៅតែចង់ស្ដាប់តន្ត្រីរបស់ពួកគេ ហើយខ្ញុំនៅតែចង់មើលកម្មវិធីទូរទស្សន៍ដែលពួកគេសម្ដែងដដែល។ តើពួកគេរស់នៅដូចម្ដេចដែរ? ឥឡូវ តើពួកគេរស់នៅកន្លែងណា? បើខ្ញុំអាចជួបចាប់ដៃពួកគេ នោះវានឹងអស្ចារ្យមិនខាន ហើយទោះបីជាខ្ញុំត្រូវស្លាប់ ក៏វានៅតែមានតម្លៃដែរ»។ មិនថាពួកគេថ្វាយបង្គំអ្នកណាទេ មនុស្សទាំងអស់ចូលចិត្តអ្វីៗទាំងនេះ។ អ្នកប្រហែលជាគ្មានឱកាស ឬក៏អ្នកមិនស្ថិតក្នុងស្ថានភាពដែលនាំឱ្យអ្នកមានទំនាក់ទំនងជាមួយមនុស្សទាំងនេះ ជាមួយរឿងទាំងនេះ ឬជាមួយវត្ថុទាំងនេះឡើយ ប៉ុន្តែរឿងទាំងនេះស្ថិតនៅក្នុងដួងចិត្តរបស់អ្នក។ អ្វីដែលមនុស្សដេញតាម និងប្រាថ្នាចង់បានគឺជាកម្មសិទ្ធិរបស់លោកិយ វត្ថុទាំងនេះជារបស់សាតាំង និងអារក្ស ព្រះជាម្ចាស់ស្អប់ខ្ពើមអ្វីៗទាំងនោះ ហើយអ្វីទាំងនោះគ្មានសេចក្ដីពិតអ្វីឡើយ។ អ្វីដែលមនុស្សមានទំនោរចង់បាន ជួយបើកបង្ហាញពីធម្មជាតិ និងសារជាតិរបស់ពួកគេ។ ចំណង់ចំណូលចិត្តរបស់មនុស្ស គេអាចមើលឃើញតាមរបៀបដែលពួកគេស្លៀកពាក់៖ អ្នកខ្លះចង់ស្លៀកសម្លៀកបំពាក់ចម្រុះពណ៌ដែលទាក់ទាញចំណាប់អារម្មណ៍ ឬសម្លៀកបំពាក់ប្លែកៗ។ ពួកគេព្រមពាក់គ្រឿងលម្អដែលគ្មាននរណាម្នាក់ធ្លាប់ពាក់ពីមុនមក ហើយពួកគេចូលចិត្តអ្វីៗដែលអាចទាក់ទាញអ្នកដែលមានភេទផ្ទុយពីខ្លួន។ ការដែលពួកគេស្លៀកសម្លៀកបំពាក់ និងគ្រឿងលម្អទាំងនេះ វាបង្ហាញពីចំណង់ចំណូលចិត្តដែលពួកគេមានចំពោះអ្វីៗទាំងនេះនៅក្នុងជីវិតរបស់ពួកគេ ហើយនិងនៅក្នុងជម្រៅដួងចិត្តរបស់ពួកគេ។ អ្វីៗដែលពួកគេចូលចិត្ត គឺមិនថ្លៃថ្នូរ ឬសមរម្យនោះទេ។ ពួកវាមិនមែនជាអ្វីៗដែលមនុស្សធម្មតាគួរតែដេញតាមឡើយ។ នៅក្នុងការស្រឡាញ់របស់ពួកគេចំពោះរបស់ទាំងនោះ មានបង្កប់នូវសេចក្តីទុច្ចរិត។ ទស្សនៈរបស់ពួកគេ គឺដូចគ្នាបេះបិទនឹងមនុស្សលោកិយដែរ។ បុគ្គលម្នាក់មិនអាចមើលឃើញផ្នែកណាមួយនៃចំណុចនេះ ដែលត្រូវគ្នានឹងសេចក្ដីពិតឡើយ។ ដូច្នេះហើយ អ្វីដែលអ្នកចូលចិត្ត អ្វីដែលអ្នកផ្ដោតលើ អ្វីដែលអ្នកថ្វាយបង្គំ អ្វីដែលអ្នកច្រណែនឈ្នានីស និងអ្វីដែលអ្នកគិតនៅក្នុងដួងចិត្តរបស់អ្នករៀងរាល់ថ្ងៃ គឺសុទ្ធតែតំណាងឱ្យធម្មជាតិរបស់អ្នក។ ការប្រកាន់យករបស់អ្នកចំពោះរឿងរ៉ាវខាងលោកិយទាំងនេះ គឺគ្រប់គ្រាន់នឹងបញ្ជាក់បានថា ធម្មជាតិរបស់អ្នកគឺចូលចិត្តអំពើទុច្ចរិត ហើយក្នុងស្ថានភាពធ្ងន់ធ្ងរ ធម្មជាតិរបស់អ្នកគឺអាក្រក់ និងមិនអាចព្យាបាលបានទេ។ អ្នកគួរតែពិនិត្យមើលធម្មជាតិរបស់អ្នកតាមវិធីនេះ៖ ត្រួតពិនិត្យមើលអ្វីដែលអ្នកចូលចិត្ត និងអ្វីដែលអ្នកបោះបង់ចោលនៅក្នុងជីវិតរបស់អ្នក។ អ្នកប្រហែលជាធ្វើល្អសម្រាប់អ្នកណាម្នាក់ក្នុងពេលណាមួយ ប៉ុន្ដែនេះមិនមែនបញ្ជាក់ថាអ្នកចូលចិត្តពួកគេនោះទេ។ អ្វីដែលអ្នកពិតជាពេញចិត្តបំផុតនោះគឺអ្វីដែលនៅក្នុងធម្មជាតិរបស់អ្នក ហើយទោះបីជាឆ្អឹងរបស់អ្នកបាក់ក៏ដោយ ក៏អ្នកនៅតែរីករាយជាមួយវា និងមិនអាចបោះបង់វាចោលឡើយ។ ការនេះគឺមិនងាយផ្លាស់ប្ដូរឡើយ។ ចូរយកការស្វែងរកដៃគូទុកជាឧទាហរណ៍ចុះ មនុស្សស្វែងរកប្រភេទមនុស្សដែលដូចជាខ្លួនពួកគេ។ ប្រសិនបើស្ត្រីម្នាក់ពិតជាលង់ស្នេហ៍ជាមួយនរណាម្នាក់មែន នោះគ្មាននរណាម្នាក់អាចបញ្ឈប់នាងបានឡើយ។ ទោះបីជាជើងរបស់នាងត្រូវបាក់ក៏ដោយ ក៏នាងនឹងនៅតែចង់នៅជាមួយគាត់ដែរ នាងនឹងចង់រៀបការជាមួយគាត់ ទោះបីជាវាធ្វើឱ្យនាងត្រូវស្លាប់ក៏ដោយ។ តើការនេះអាចទៅរួចបានយ៉ាងដូចម្ដេច? វាដោយសារតែគ្មាននរណាម្នាក់អាចផ្លាស់ប្ដូរអ្វីៗដែលកប់យ៉ាងជ្រៅនៅក្នុងឆ្អឹងរបស់មនុស្ស និងកប់យ៉ាងជ្រៅនៅក្នុងដួងចិត្តរបស់ពួកគេបានឡើយ។ ទោះបីជាមនុស្សស្លាប់ក៏ដោយ ក៏ព្រលឹងរបស់គេនៅតែចូលចិត្តរបស់ដដែលដែរ ទាំងនេះគឺជាលក្ខណៈនៃនិស្ស័យរបស់មនុស្ស ហើយពួកវាតំណាងឱ្យសារជាតិរបស់មនុស្សម្នាក់។ អ្វីៗដែលមនុស្សចូលចិត្តមានផ្ទុកនូវភាពទុច្ចរិតមួយចំនួន។ អ្នកខ្លះបង្ហាញច្បាស់នៅក្នុងការចូលចិត្តរបស់ពួកគេចំពោះអ្វីៗទាំងនោះ ឯអ្នកខ្លះទៀតមិនបង្ហាញច្បាស់ទេ អ្នកខ្លះចូលចិត្តពួកវាយ៉ាងខ្លាំង ឯអ្នកខ្លះទៀតមិនចូលចិត្តខ្លាំងទេ អ្នកខ្លះអាចគ្រប់គ្រងខ្លួនឯងបាន ឯអ្នកខ្លះទៀតមិនអាចគ្រប់គ្រងខ្លួនឯងបានទេ។ អ្នកខ្លះប្រឈមនឹងការធ្លាក់ចូលទៅក្នុងអ្វីៗខ្មៅងងឹត និងអាក្រក់ ដែលនេះបញ្ជាក់ថា ពួកគេគ្មានជីវិតឡើយ។ មនុស្សខ្លះអាចយកឈ្នះលើសេចក្ដីល្បួងខាងសាច់ឈាមបាន ហើយមិនឱ្យអ្វីៗទាំងនោះមកកាន់កាប់ ឬរឹតត្បិតពួកគេបានឡើយ ដែលនេះបញ្ជាក់ថា ពួកគេមានកម្ពស់តិចតួច និងថានិស្ស័យរបស់ពួកគេបានផ្លាស់ប្រែបន្តិចដែរ។ អ្នកខ្លះយល់ពីសេចក្ដីពិតបានមួយចំនួន និងមានអារម្មណ៍ថា ពួកគេមានជីវិត ហើយពួកគេស្រឡាញ់ព្រះជាម្ចាស់។ ប៉ុន្តែ តាមពិតទៅ វានៅតែលឿនពេក ហើយការបំផ្លាស់បំប្រែនិស្ស័យរបស់មនុស្ស មិនមែនជារឿងសាមញ្ញនោះទេ។ តើធម្មជាតិ និងសារជាតិរបស់មនុស្សងាយយល់ដែរឬទេ? ទោះបីជាមាននរណាម្នាក់យល់បន្តិចបន្តួចក៏ដោយ ក៏ពួកគេត្រូវតែឆ្លងកាត់ការផ្លាស់ប្តូរជាច្រើន ដើម្បីសម្រេចបាននូវការយល់ដឹងនោះ ហើយទោះបីជាមានការយល់ដឹងបន្តិចបន្តួចក៏ដោយ ក៏ការផ្លាស់ប្តូរមិនងាយស្រួលនោះទេ។ ទាំងនេះគឺជាការលំបាកទាំងអស់ដែលមនុស្សជួបប្រទះ ហើយមនុស្សមិនអាចស្គាល់ខ្លួនឯងដោយគ្មានឆន្ទៈក្នុងការដេញតាមសេចក្តីពិតឡើយ។ ទោះបីជាមនុស្ស បញ្ហា ឬរឿងនៅជុំវិញអ្នកផ្លាស់ប្ដូរយ៉ាងណាក៏ដោយ ហើយទោះបីជាពិភពលោកក្រឡាប់ចាក់យ៉ាងណាក៏ដោយ ប្រសិនបើសេចក្ដីពិតកំពុងនាំផ្លូវអ្នកពីខាងក្នុង ប្រសិនបើវាចាក់ឫសនៅក្នុងខ្លួនរបស់អ្នក ហើយព្រះបន្ទូលព្រះជាម្ចាស់នាំផ្លូវជីវិត ចំណង់ចំណូលចិត្ត បទពិសោធ និងអត្ថិភាពរបស់អ្នក នៅចំណុចនោះ អ្នកនឹងមានការបំផ្លាស់បំប្រែពិតប្រាកដ។ សព្វថ្ងៃនេះ អ្វីដែលមនុស្សហៅថាជាការបំផ្លាស់បំប្រែនេះ គ្រាន់តែជាការសហការបន្តិចបន្តួច ជាការទទួលយកការលួសកាត់ និងការដោះស្រាយទាំងស្ទាក់ស្ទើរ និងការបំពេញភារកិច្ចរបស់ខ្លួនយ៉ាងសកម្ម ហើយមានភាពរីករាយ និងសេចក្ដីជំនឿបន្តិចបន្តួចប៉ុណ្ណោះ ប៉ុន្តែការនេះមិនអាចចាត់ទុកជាការបំផ្លាស់បំប្រែនិស្ស័យនោះទេ ហើយវាក៏មិនបញ្ជាក់ថា មនុស្សមានជីវិតដែរ។ ការនេះគ្រាន់តែជាចំណង់ចំណូលចិត្ត និងទំនោររបស់មនុស្សប៉ុណ្ណោះ ពោលគឺគ្មានអ្វីផ្សេងទៀតឡើយ។
ដើម្បីឈានទៅដល់ការយល់ដឹងអំពីធម្មជាតិ បន្ថែមលើការគាស់កកាយអ្វីៗដែលមនុស្សចូលចិត្តនៅក្នុងធម្មជាតិរបស់ពួកគេ នោះផ្នែកសំខាន់បំផុតមួយចំនួនដែលទាក់ទងនឹងធម្មជាតិរបស់ពួកគេក៏ចាំបាច់ត្រូវគាស់កកាយដែរ។ ឧទាហរណ៍ ទស្សនៈរបស់មនុស្សអំពីអ្វីៗ វិធីសាស្ត្រ និងគោលដៅរបស់មនុស្សក្នុងជីវិត គុណតម្លៃជីវិតនិងទស្សនៈរបស់មនុស្សអំពីជីវិត ក៏ដូចជាទស្សនៈ និងគំនិតអំពីអ្វីៗទាំងអស់ទាក់ទងនឹងសេចក្ដីពិតដែរ។ ទាំងនេះគឺជារបស់សព្វសារពើដែលកប់ជ្រៅនៅក្នុងព្រលឹងរបស់មនុស្ស ហើយពួកវាមានទំនាក់ទំនងផ្ទាល់ជាមួយនឹងការបំផ្លាស់បំប្រែនិស្ស័យ។ ដូច្នេះ តើមនុស្សជាតិដែលពុករលួយមានទស្សនៈបែបណាដែរអំពីជីវិត? គេអាចនិយាយបានដូច្នេះថា៖ «មនុស្សគ្រប់រូបធ្វើអ្វីៗសម្រាប់ខ្លួនឯង ហើយទីបំផុតអារក្សយកទាំងអស់»។ មនុស្សទាំងអស់រស់ដើម្បីតែខ្លួនឯង និយាយឱ្យច្បាស់ទៅគឺថា ពួកគេរស់នៅដើម្បីតែសាច់ឈាម។ ពួកគេរស់នៅគ្រាន់តែដើម្បីដាក់អាហារចូលមាត់របស់ពួកគេតែប៉ុណ្ណោះ។ តើអត្ថិភាពនេះខុសគ្នាពីសត្វបានយ៉ាងដូចម្ដេចទៅ? យ៉ាងម៉េចក៏ដោយ ការរស់នៅបែបនេះគ្មានគុណតម្លៃអ្វីសោះឡើយ កុំថាឡើយដល់ទៅមានន័យនោះ។ ទស្សនៈរបស់មនុស្សអំពីជីវិត គឺស្ដីពីអ្វីដែលអ្នកពឹងអាង ដើម្បីរស់នៅក្នុងពិភពលោក មូលហេតុដែលអ្នករស់នៅ និងរបៀបដែលអ្នករស់នៅ ហើយទាំងអស់នេះជារឿងដែលត្រូវធ្វើជាមួយសារជាតិនៃធម្មជាតិរបស់មនុស្ស។ តាមរយៈការវះកាត់ពិនិត្យធម្មជាតិរបស់មនុស្ស អ្នកនឹងឃើញថា មនុស្សគ្រប់រូបសុទ្ធតែទទឹងទាស់នឹងព្រះជាម្ចាស់។ ពួកគេសុទ្ធតែជាអារក្ស ហើយមិនមានមនុស្សល្អពិតប្រាកដទេ។ មានតែតាមរយៈការវះកាត់ពិនិត្យធម្មជាតិរបស់មនុស្សប៉ុណ្ណោះ ទើបអ្នកអាចដឹងច្បាស់ពីសេចក្ដីពុករលួយ និងសារជាតិរបស់មនុស្ស ហើយយល់ពីអ្វីៗដែលជាម្ចាស់កម្មសិទ្ធិរបស់មនុស្សពិតប្រាកដ អ្វីៗដែលមនុស្សពិតជាខ្វះខាត អ្វីៗដែលពួកគេគួរតែមាន និងរបៀបដែលពួកគេគួរតែរស់នៅក្នុងលក្ខណៈជាមនុស្ស។ ការវះកាត់ពិនិត្យធម្មជាតិរបស់មនុស្សពិតជាមិនងាយស្រួលនោះទេ ហើយមិនអាចធ្វើទៅបានដោយមិនដកពិសោធន៍ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ឬមិនមានបទពិសោធន៍ពិតប្រាកដឡើយ។
និទាឃរដូវ ឆ្នាំ ១៩៩៩