៤៤. ទីបំផុត ខ្ញុំមើលឃើញសេចក្តីពិតអំពីខ្លួនខ្ញុំហើយ
ក្នុងឆ្នាំ ២០១៨ ខ្ញុំមានភារកិច្ចនៅក្នុងពួកជំនុំជាអ្នកបកប្រែឯកសារ ដោយធ្វើការជាមួយបងស្រី ចាង និងបងស្រី លួ។ យើងធ្វើការជាមួយគ្នាយ៉ាងល្អ។ ក្នុងអំឡុងនៃការប្រជុំមួយ យើងបានប្រកបគ្នាអំពីរបៀបស្គាល់អ្នកដឹកនាំក្លែងក្លាយ។ នេះជាការវាយតម្លៃរបស់បងស្រី លួ ចំពោះអ្នកដឹកនាំក្លែងក្លាយ៖ «គាត់ផ្លាស់ប្ដូរមនុស្សចុះឡើង ដោយគ្មានគោលការណ៍ឡើយ។ គាត់បានផ្ទេរបងស្រី ចាង ចេញ តែទុកបងស្រីម្នាក់ទៀតនៅក្នុងក្រុម ដែលមិនយកចិត្តទុកដាក់ ឬខំប្រឹងធ្វើការនៅក្នុងភារកិច្ចរបស់គាត់ឡើយ»។ ពេលដែលអ្នកដឹកនាំផ្សេងអានការវាយតម្លៃនេះឱ្យបងប្អូនប្រុសស្រីស្ដាប់ ភ្លាមៗនោះទឹកមុខខ្ញុំប្រែជាក្រហម។ ខ្ញុំមានអារម្មណ៍ថា ពាក្យសម្ដីរបស់បងស្រី លួ ដូចជាឃោរឃៅណាស់។ ខ្ញុំបានធ្វើខ្លួនដូចជាមានចិត្តស្ងប់ តែខាងក្នុងវិញ ខ្ញុំច្របូកច្របល់ណាស់។ ដោយមានតែគ្នាយើងបីនាក់នៅក្នុងក្រុម ខ្ញុំដឹងយ៉ាងច្បាស់ថា ខ្ញុំជាបុគ្គលម្នាក់នោះដែលគាត់បានលើកឡើង។ ខ្ញុំមានអារម្មណ៍ថា គ្រប់គ្នានឹងគិតថា ខ្ញុំគ្មានការតាំងចិត្ត ឬខំប្រឹងធ្វើការនៅក្នុងភារកិច្ចរបស់ខ្ញុំឡើយ។ តើខ្ញុំអាចងើបមុខឡើងម្ដេចកើតទៅ នៅពេលក្រោយ? ចាប់ពីពេលនោះមក ខ្ញុំបានរកាំចិត្តទាស់នឹងបងស្រី លួ ហើយទំនាក់ទំនងរបស់យើងកាន់តែឆ្ងាយទៅៗ។
មិនយូរប៉ុន្មានផង បងស្រី លួ ត្រូវបានជ្រើសរើសជាអ្នកដឹកនាំក្រុម។ គាត់បានឆែកមើលយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នទៅលើអ្វីគ្រប់យ៉ាងដែលខ្ញុំបានបកប្រែ។ ដំបូង ខ្ញុំមានអាកប្បកិរិយាវិជ្ជមាន ប៉ុន្តែ មួយរយៈក្រោយមក ខ្ញុំចាប់ផ្ដើមមានអារម្មណ៍ប្រឆាំងនឹងគាត់។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំបានបំពេញភារកិច្ចនេះដូចជាយូរគួរសមហើយ ប៉ុន្តែ គាត់នៅតែមិនទុកចិត្តខ្ញុំទៀត ធ្វើដូចជាខ្ញុំនៅខ្វះជំនាញអ៊ីចឹង។ គាត់ក៏ផ្ដល់សំណើដល់ខ្ញុំពីមួយពេលទៅមួយពេលផងដែរ ដូច្នេះ ខ្ញុំមានអារម្មណ៍ថា គាត់មើលស្រាលខ្ញុំ ហើយបង្កការលំបាកដល់ខ្ញុំ។ អ្វីដែលខ្ញុំមិនអាចទ្រាំបាននោះគឺថា ពេលដែលយើងបានពិភាក្សាអំពីកិច្ចការរបស់យើង គាត់តែងតែលើកឡើង អំពីចំណុចខ្វះខាតរបស់ខ្ញុំនៅមុខអ្នកដែលទទួលខុសត្រូវ។ ខ្ញុំបានគិតថា «តើអ្នកកំពុងតែបំបាក់មុខខ្ញុំនៅមុខគាត់ឬ?» ការអន់ចិត្តរបស់ខ្ញុំចំពោះគាត់មានកាន់តែខ្លាំងឡើងៗ ហើយការរកាំរកុះចិត្តនោះក៏មានកាន់តែធំដែរ។ នៅក្នុងការងាររបស់យើង ក្រោយមក គ្រាន់តែឃើញមុខគាត់ ក៏ខ្ញុំស្អប់ដែរ ហើយមិនព្រមស្ដាប់គាត់ទេ។ ខ្ញុំមិនចូលចិត្តការតាមដានរបស់គាត់ចំពោះការងាររបស់ខ្ញុំឡើយ ហើយខ្ញុំក៏មិនសប្បាយចិត្តដែរ គ្រប់ពេលដែលគាត់ផ្ដល់ដំបូន្មានដល់ខ្ញុំ។ ពេលខ្លះ ខ្ញុំបានគិតពីរបៀបដែលខ្ញុំអាចបំបាក់មុខគាត់ និងបន្ដុះបង្អាប់គាត់។ ខ្ញុំមិនចង់ជួយគាត់ឡើយ ពេលដែលខ្ញុំឃើញមានបញ្ហានៅក្នុងភារកិច្ចរបស់គាត់ តែផ្ទុយទៅវិញ មិនចង់គិតគូរអំពីគាត់ ហើយថែមទាំងសង្ឃឹមថា គាត់នឹងជាប់គាំងនៅក្នុងភារកិច្ចរបស់គាត់ ដើម្បីទុកជាមេរៀនដល់គាត់ទៀតផង។ មានពេលម្ដងនោះ បងស្រី លួ បាន ចែករំលែកអារម្មណ៍ក្នុងចិត្តនៅក្នុងការប្រជុំ ដោយនិយាយថា គាត់មានអារម្មណ៍ថា ខ្ញុំបង្កការលំបាកនៅក្នុងកិច្ចសហការរបស់យើង ថា ខ្ញុំជាមនុស្សឆាប់ខឹង ហើយគាត់មិនដឹងថាត្រូវធ្វើការជាមួយខ្ញុំម្ដេចកើតនោះឡើយ។ កំហឹងរបស់ខ្ញុំក៏ផ្ទុះឡើងភ្លាមៗ ពេលដែលឮគាត់និយាយបែបនោះ។ ខ្ញុំបានគិតថា «តើអ្នកមិនគ្រាន់តែព្យាយាមលាតត្រដាងខ្ញុំប្រាប់អ្នកដទៃនៅក្រោមហេតុផលនៃការចែករំលែកអារម្មណ៍ទេឬអី? ឥឡូវ គ្រប់គ្នាដឹងថា ខ្ញុំកំពុងតែមានកំហឹងចំពោះអ្នកហើយ តើពួកគេនឹងគិតដូចម្ដេចអំពីខ្ញុំទៅ?» ខ្ញុំមានអារម្មណ៍កាន់តែខឹង ពេលដែលខ្ញុំគិតកាន់តែច្រើនអំពីរឿងនេះ។ ខ្ញុំមានអារម្មណ៍ថា គាត់កំពុងតែព្យាយាមបំបាក់មុខខ្ញុំ។ ខ្ញុំចាប់ផ្ដើមមានអារម្មណ៍មិនចូលចិត្តគាត់ ហើយបានអង្គុយនៅស្ងៀមរហូតដល់ការប្រជុំចប់។ ក្រោយមក បងស្រី លួ បានកត់សម្គាល់ឃើញថា ខ្ញុំហាក់ដូចជាមិនស្រួល ដូច្នេះ គាត់ក៏ចូលមក និងនិយាយស្ងាត់ៗមកកាន់ខ្ញុំថា «មើលទៅឯងដូចជាមិនសប្បាយចិត្ត ហើយឯងមិនបាននិយាយអ្វីសោះនៅក្នុងការប្រជុំ។ បើឯងមានអ្វីមួយនៅក្នុងគំនិតរបស់ឯង ខ្ញុំរីករាយនឹងជជែកអំពីរឿងនោះ។ ឯងក៏អាចប្រាប់ខ្ញុំឱ្យដឹងអំពីចំណុចខ្វះចន្លោះណាមួយដែលខ្ញុំមានផងដែរ។» ប៉ុន្តែ ខ្ញុំមិនចង់ឃើញមុខគាត់ ហើយក៏គ្មានអារម្មណ៍អ្វីក្រៅពីទាស់ចិត្តចំពោះគាត់នោះដែរ។ ខ្ញុំបានគិតថា «ចាំបាច់ឱ្យអ្នកមកសួរខ្ញុំដែរ? តើនរណាទៅដែលសប្បាយចិត្ត ពេលឮអ្នក “ប្រាប់ពីអារម្មណ៍ក្នុងចិត្ត” បែបនេះនោះ?» ក្រោយមក គាត់បានអង្គុយនៅជិតខ្ញុំ។ ខ្ញុំបានមើលមុខគាត់ ពេញដោយសេចក្តីមាក់ងាយ ស្ទើរតែមិនអាចទប់កំហឹងរបស់ខ្ញុំបានឡើយ ពេលដែលខ្ញុំគិតអំពី ការនិយាយអាក្រក់របស់គាត់អំពីខ្ញុំនៅមុខមនុស្សគ្រប់គ្នានោះ។ ខ្ញុំក៏រ៉ាយរ៉ាប់ប្រាប់គាត់អំពីកំហុសរបស់គាត់ និងសេចក្តីពុករលួយដែលគាត់បានបង្ហាញ ដោយនិយាយថា គាត់ខ្វះនូវប្រាជ្ញា ដោយមានចេតនាបំបាក់មុខអ្នកដទៃ ធ្វើឱ្យមនុស្សធុញថប់ និងថា គាត់ក្រអឺតក្រទមណាស់។ ខ្ញុំក៏ពណ៌នាជាហូរហៀរតទៅទៀត។ ខ្ញុំមានអារម្មណ៍ធូរស្រាល នៅពេលខ្ញុំឃើញគាត់មានទឹកមុខពិបាកចិត្ត ទាំងឱនក្បាលចុះ។ ខ្ញុំបានបញ្ចេញកំហឹងទាំងប៉ុន្មានដែលខ្ញុំបានលាក់ទុក។ បន្ទាប់មក បងស្រី លួ បាននិយាយមកកាន់ខ្ញុំថា «ខ្ញុំមិនដែលនឹកស្មានថា ខ្ញុំបានធ្វើឱ្យឯងឈឺចាប់ខ្លាំងបែបនេះសោះ។ ឱ្យខ្ញុំសុំទោសផង។» ខ្ញុំមានអារម្មណ៍ពិរុទ្ធយ៉ាងខ្លាំង ពេលដែលខ្ញុំឃើញគាត់បែរចេញពីខ្ញុំ ហើយជូតទឹកភ្នែករបស់គាត់ដោយមិនលាក់លៀម។ តើខ្ញុំនិយាយហួសហេតុពេកទេឬ? តើវានឹងធ្វើឱ្យគាត់មានសភាពអវិជ្ជមានដែរឬទេ? តែក្រោយមក ខ្ញុំបានគិតថា «ខ្ញុំគ្រាន់តែនិយាយត្រង់ៗប៉ុណ្ណោះ។ ខ្ញុំបាននិយាយបែបនេះ ដើម្បីឱ្យគាត់អាចស្គាល់ខ្លួនឯង។» ពេលនោះ អារម្មណ៍ពិរុទ្ធរបស់ខ្ញុំក៏រសាយបាត់ទៅ។ ក្រោយមក បងស្រី លួ កាន់តែឃ្លាតឆ្ងាយពីខ្ញុំ ហើយគាត់លែងហ៊ានតាមដានការងាររបស់ខ្ញុំតទៅទៀត ហើយក៏លែងផ្ដល់សំណើដល់ខ្ញុំដែរ។
ពីរបីថ្ងៃក្រោយមក អ្នកដឹកនាំពួកជំនុំរបស់យើងបានសុំឱ្យគ្រប់គ្នាសរសេរការវាយតម្លៃទៅលើអ្នកដឹកនាំក្រុម ដើម្បីឱ្យគាត់អាចវាយតម្លៃលើប្រសិទ្ធភាពការងាររបស់ពួកគេស្របតាមគោលការណ៍។ ខ្ញុំមានសេចក្តីរីករាយស្ងាត់ៗក្នុងចិត្តដែលបានឮបែបនេះ។ ខ្ញុំមានបំណងចង់លាតត្រដាងសេចក្តីពុករលួយគ្រប់យ៉ាងដែលបងស្រី លួ បានបើកសម្ដែង ដើម្បីឱ្យគ្រប់គ្នាអាចដឹងថាគាត់មានលក្ខណៈបែបណា ហើយគាត់អាចត្រូវបាក់មុខ។ នៅពេលគិតបែបនេះ ខ្ញុំមានអារម្មណ៍មិនស្រួលក្នុងចិត្ត និងដឹងថា គំនិតរបស់ខ្ញុំមិនត្រូវឡើយ ថាខ្ញុំគួរតែមានភាពយុត្តិធម៌ និងមិនលំអៀង ហើយទទួលយកការពិនិត្យពិច័យរបស់ព្រះជាម្ចាស់។ ខ្ញុំក៏មានបំណងចង់មានភាពយុត្តិធម៌ និងមិនលំអៀងនៅក្នុងការវាយតម្លៃរបស់ខ្ញុំដែរ តែពេលខ្ញុំបានគិតអំពីរបៀបដែលបងស្រី លួ តែងតែបំបាក់មុខខ្ញុំ ខ្ញុំមានអារម្មណ៍អន់ចិត្តយ៉ាងខ្លាំង។ ខ្ញុំបានរៀបរាប់គ្រប់ទាំងការមិនពេញចិត្តរបស់ខ្ញុំទាស់នឹងគាត់នៅក្នុងការវាយតម្លៃនោះ ដោយសង្ឃឹមថាអ្នកដឹកនាំនឹងដោះស្រាយជាមួយគាត់យ៉ាងចាស់ដៃ ឬថែមទាំងផ្ទេរគាត់ចេញទៀតផង។ ដរាបណាគាត់មិនស្ថិតនៅក្នុងក្រុមរបស់ខ្ញុំ នោះខ្ញុំនឹងសប្បាយចិត្តហើយ។ មិនយូរប៉ុន្មានផង បងស្រី លួ ក៏ត្រូវបានបណ្ដេញចេញ។ ដំណឹងនេះបានធ្វើឱ្យខ្ញុំមានអារម្មណ៍មិនស្រួលឡើយ។ ខ្ញុំបានគិតថា «តើវាពាក់ព័ន្ធជាមួយអ្វីដែលខ្ញុំបានសរសេរដែរឬទេ? ខ្ញុំគ្រាន់តែសរសេរអំពីសេចក្តីពុករលួយខ្លះរបស់គាត់ប៉ុណ្ណោះ ប៉ុន្តែវាមិនគួរណានាំឱ្យគាត់ត្រូវបានបណ្ដេញចេញនោះឡើយ មែនទេ?» ខ្ញុំបានឃើញបងស្រី លួ ស្ថិតនៅក្នុងសភាពអវិជ្ជមានក្រោយមក ហើយខ្ញុំមានអារម្មណ៍ពិរុទ្ធ។ ខ្ញុំគ្មានថាមពលសម្រាប់ភារកិច្ចរបស់ខ្ញុំទេ។
ខ្ញុំបាននិយាយទៅកាន់អ្នកដឹកនាំអំពីសភាពរបស់ខ្ញុំរយៈពេលពីរថ្ងៃក្រោយមក គាត់បានប្រាប់ខ្ញុំថា បងស្រី លួ ត្រូវបានបណ្ដេញចេញ ភាគច្រើនដោយសារតែគុណសម្បត្តិរបស់គាត់នៅមានកម្រិត ហើយគាត់មិនទាន់អាចក្លាយជាអ្នកដឹកនាំក្រុមនោះឡើយ។ វាគ្មានពាក់ព័ន្ធអ្វីជាមួយការវាយតម្លៃរបស់ខ្ញុំទេ។ ប៉ុន្តែ គាត់បាននិយាយថា ខ្ញុំហាក់ដូចជាគ្មានមេត្តាចំពោះចំណុចខ្វះខាតរបស់គាត់ ហើយមិនអាចប្រព្រឹត្តចំពោះមនុស្សដោយយុត្តិធម៌ឡើយ ថាខ្ញុំជាមនុស្សចងគំនុំ និងមាននិស្ស័យព្យាបាទ។ ដួងចិត្តរបស់ខ្ញុំបានធ្លាក់ក្ដុក ពេលបានឮបែបនេះ។ តើ «ការចងគំនុំ» និង «និស្ស័យព្យាបាទ» នោះមិនមែនជារឿងដែលយើងនិយាយអំពីមនុស្សអាក្រក់ទេឬ? ខ្ញុំបានឈឺចិត្តអស់រយៈពេលពីរបីថ្ងៃ គ្រប់ពេលដែលខ្ញុំបានគិតអំពីអ្វីដែលគាត់បាននិយាយ។ ខ្ញុំឆ្ងល់ថាតើខ្ញុំពិតជាមនុស្សព្យាបាទគេមែនឬអត់។ ខ្ញុំបានចូលចំពោះព្រះជាម្ចាស់នៅក្នុងការអធិស្ឋាន ក្នុងពេលដែលខ្ញុំកំពុងតែឈឺចាប់នេះ៖ «ឱព្រះជាម្ចាស់អើយ! បងស្រីនេះបាននិយាយថា ខ្ញុំមាននិស្ស័យព្យាបាទ ប៉ុន្តែ ខ្ញុំមើលមិនឃើញឡើយ។ សូមជួយបំភ្លឺខ្ញុំផង ដើម្បីឱ្យខ្ញុំអាចស្គាល់ខ្លួនឯងយ៉ាងពិតប្រាកដផង»។
ខ្ញុំបានអានបទគម្ពីរនេះចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ ក្រោយពីអធិស្ឋានរួច៖ «តើអ្នកអាចគិតពីវិធីនានា ដើម្បីដាក់ទោសមនុស្ស ដោយសារតែពួកគេមិនត្រូវចិត្តរបស់អ្នករាល់គ្នា ឬដោយសារតែពួកគេមិនស្រុះស្រួលជាមួយអ្នកបានឬទេ? តើអ្នករាល់គ្នាធ្លាប់ធ្វើអ្វីដូច្នោះពីមុនមកឬទេ? តើអ្នកបានធ្វើច្រើនប៉ុនណា? តើអ្នកមិនតែងតែមើលងាយមនុស្ស ស្ដីបន្ទោស ឬរិះគន់ចំពោះពួកគេដោយប្រយោលទេឬ? (មែនហើយ។) តើអ្នកស្ថិតក្នុងសភាពអ្វី នៅពេលដែលអ្នករាល់គ្នាកំពុងតែធ្វើរឿងបែបនេះ? នៅពេលនោះ អ្នកកំពុងតែបញ្ចេញឱ្យធូរទ្រូង និងមានអារម្មណ៍សប្បាយ។ អ្នកបានទទួលអំណាចគ្រប់គ្រង។ ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីនោះ អ្នកគិតក្នុងចិត្តថា 'ខ្ញុំបានធ្វើរឿងដ៏គួរឱ្យស្អប់។ ខ្ញុំមិនកោតខ្លាចព្រះជាម្ចាស់ឡើយ ហើយខ្ញុំបានប្រព្រឹត្តចំពោះបុគ្គលនោះយ៉ាងអយុត្តិធម៌។' បើគិតឱ្យស៊ីជម្រៅទៅ តើអ្នកមានអារម្មណ៍ខុសឆ្គងឬទេ? (មែនហើយ។) ទោះបីជាអ្នករាល់គ្នាមិនកោតខ្លាចព្រះជាម្ចាស់ក៏ដោយ ក៏យ៉ាងហោចណាស់ អ្នករាល់គ្នាមានញាណមួយចំនួននៃមនសិការដែរ។ ដូច្នេះ តើអ្នកនៅតែអាចធ្វើរឿងប្រភេទនេះទៀតទេនៅពេលអនាគត? តើអ្នកអាចគិតពីការវាយប្រហារ និងការស្វែងរកការសងសឹកចំពោះមនុស្ស ដោយធ្វើឱ្យពួកគេមានពេលដ៏លំបាក និងបង្ហាញពួកគេថា នរណាជាចៅហ្វាយឬទេ នៅពេលដែលអ្នកស្អប់ពួកគេ និងមិនអាចស្រុះស្រួលជាមួយពួកគេ ឬនៅពេលដែលពួកគេមិនស្ដាប់បង្គាប់ ឬស្ដាប់អ្នក? តើអ្នកនឹងនិយាយថា 'បើអ្នកមិនធ្វើអ្វីដែលខ្ញុំចង់បានទេ ខ្ញុំនឹងរកឱកាសដាក់ទោសអ្នក ដោយគ្មាននរណាម្នាក់ដឹងពីវាឡើយ។ គ្មាននរណាម្នាក់នឹងដឹងឡើយ ប៉ុន្តែខ្ញុំនឹងធ្វើឱ្យអ្នកចុះចូលចំពោះខ្ញុំ។ ខ្ញុំនឹងបង្ហាញអ្នកអំពីអំណាចរបស់ខ្ញុំ។ បន្ទាប់មក គ្មាននរណាម្នាក់នឹងហ៊ានរញ៉េរញ៉ៃជាមួយខ្ញុំឡើយ!' ឬទេ? សូមប្រាប់ខ្ញុំពីរឿងនេះ៖ តើបុគ្គលដែលធ្វើរឿងបែបនេះ មានភាពជាមនុស្សប្រភេទណា? ពាក់ព័ន្ធនឹងភាពជាមនុស្សរបស់គេ គេជាមនុស្សដែលសាហាវឃោរឃៅ។ បើវាស់ស្ទង់ប្រៀបធៀបនឹងសេចក្ដីពិត គេមិនគោរពព្រះជាម្ចាស់ឡើយ» («សភាពប្រាំយ៉ាងដែលចាំបាច់ក្នុងការដើរលើផ្លូវត្រូវនៅក្នុងសេចក្ដីជំនឿរបស់មនុស្សម្នាក់» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ខ្ញុំបានខកចិត្ត ក្រោយបានអានព្រះបន្ទូលរបស់ព្រះជាម្ចាស់អំពីការជំនុំជម្រះ។ ព្រះបន្ទូលទាំងនេះបានបើកសម្ដែងពីសភាពដ៏ពិតរបស់ខ្ញុំ។ ពេលគិតក្រោយវិញ បងស្រី លួ និងខ្ញុំបានធ្វើការជាមួយគ្នាយ៉ាងល្អពីដំបូង។ ខ្ញុំបានបង្កើតការលំអៀងទាស់នឹងគាត់ ពេលដែលការវាយតម្លៃរបស់គាត់ចំពោះអ្នកផ្សេងបានប៉ះពាល់ខ្ញុំ និងប៉ះពាល់ដល់អំនួតរបស់ខ្ញុំនៅមុខមនុស្សដទៃ។ គាត់ចាប់ផ្ដើមលើកឡើងអំពីចំណុចខ្វះចន្លោះរបស់ខ្ញុំ ក្រោយពេលគាត់បានក្លាយជាអ្នកដឹកនាំក្រុម។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំបានបាក់មុខ និងរងភាពអាម៉ាស់។ គាត់ចាប់ផ្ដើមធ្វើឱ្យខ្ញុំមួម៉ៅ ហើយខ្ញុំចង់ធ្វើឱ្យគាត់ខ្មាសគេ។ ពេលដែលគាត់បានចែករំលែកអំពីសភាពរបស់គាត់ ដើម្បីរកដំណោះស្រាយ ខ្ញុំបានគិតថា គាត់គ្រាន់តែលាតត្រដាងអំពីចំណុចខ្វះចន្លោះរបស់ខ្ញុំ និងធ្វើឱ្យខ្ញុំខ្មាសគេប៉ុណ្ណោះ ដោយធ្វើឱ្យប៉ះពាល់ដល់មុខមាត់ខ្ញុំនៅមុខបងប្អូនប្រុសស្រី។ ការមិនចូលចិត្តរបស់ខ្ញុំចំពោះគាត់មានកាន់តែខ្លាំងឡើងៗ ហើយខ្ញុំបានពង្រីកបញ្ហារបស់គាត់ ដើម្បីលាតត្រដាងអំពីគាត់ ដោយប្រព្រឹត្តចេញពីការព្យាបាទ និងធ្វើឱ្យគាត់ក្លាយជាអវិជ្ជមាន។ ខ្ញុំបានប្រើការវាយតម្លៃរបស់ខ្ញុំអំពីគាត់ ជាឱកាសមួយ ដើម្បីសងសឹក។ ខ្ញុំបានសរសេររៀបរាប់គ្រប់ទាំងចំណុចខ្វះខាតរបស់គាត់ និងសេចក្តីពុករលួយរបស់គាត់ដែលខ្ញុំបានកត់សម្គាល់ឃើញ ដោយមិនបានលើកឡើងអំពីចំណុចខ្លាំងរបស់គាត់ទាល់តែសោះ។ ខ្ញុំគ្រាន់តែចង់ឱ្យអ្នកដឹកនាំបានដឹងច្បាស់អំពីគាត់ ហើយផ្ទេរគាត់ចេញប៉ុណ្ណោះ។ ពេលគិតអំពីរបៀបដែលខ្ញុំបានប្រព្រឹត្តនេះ ធ្វើឱ្យខ្ញុំមានអារម្មណ៍មិនស្រួលឡើយ។ ខ្ញុំបានចិញ្ចឹមចិត្តឈឺចាប់ ដោយសារតែពាក្យសម្ដីរបស់បងស្រី លួ បានប៉ះពាល់លើ មុខមាត់ និងឋានៈរបស់ខ្ញុំ ដូច្នេះ ខ្ញុំក៏ប្រឆាំងនឹងគាត់។ ខ្ញុំបានធ្វើអ្វីគ្រប់យ៉ាងដែលខ្ញុំចង់ធ្វើ។ ខ្ញុំបានដឹងថា ខ្ញុំកំពុងតែខ្វះទាំងស្រុងនូវការគោរពចំពោះព្រះជាម្ចាស់ ហើយខ្ញុំពិតជាមានធម្មជាតិដែលព្យាបាទគេមែន! ខ្ញុំធ្លាប់គិតថា ខ្ញុំចុះសម្រុងយ៉ាងល្អជាមួយបងប្អូនប្រុសស្រី និងគិតថា ខ្ញុំចង់ជួយអ្នកណាដែលជួបការលំបាក។ ខ្ញុំបានគិតថា ខ្ញុំជាមនុស្សល្អម្នាក់ ដោយសារតែខ្ញុំបានធ្វើរឿងល្អៗ។ ឥឡូវ ខ្ញុំបានទទួលស្គាល់ថា នោះគឺដោយសារតែគ្មាននរណាម្នាក់បានប៉ះពាល់ដល់ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ខ្ញុំប៉ុណ្ណោះ។ និស្ស័យបែបសាតាំងរបស់ខ្ញុំបានចេញមកយ៉ាងពេញទំហឹង ពេលដែលពាក់ព័ន្ធនឹងផលប្រយោជន៍របស់ខ្ញុំ។ ខ្ញុំមិនអាចធ្វើអ្វីក្រៅពីវាយប្រហារ និងសងសឹកឡើយ។ ខ្ញុំទទួលស្គាល់ថា បើគ្មានការដោះស្រាយចំពោះនិស្ស័យនេះទេ នោះខ្ញុំអាចធ្វើអំពើអាក្រក់គ្រប់ពេលវេលាមិនខាន។ វាពិតជាគ្រោះថ្នាក់ណាស់!
ក្រោយមក ខ្ញុំបានឆ្លុះបញ្ចាំងលើខ្លួនឯង។ បើខ្ញុំមានសមត្ថភាពធ្វើអំពើអាក្រក់បែបនេះ តើគំនិតអ្វីខ្លះកំពុងតែគ្រប់គ្រងខ្ញុំទៅ? ខ្ញុំបានអានព្រះបន្ទូលទាំងនេះចេញពីព្រះជាម្ចាស់៖ «ប្រភពនៃការជំទាស់ និងការបះបោររបស់មនុស្សប្រឆាំងនឹងព្រះជាម្ចាស់ គឺជាសេចក្ដីខូចអាក្រក់របស់គេដែលបង្ករដោយសាតាំង។ ដោយសារតែការខូចអាក្រក់របស់សាតាំង មនសិការរបស់មនុស្សក៏បានក្លាយជាស្ពឹកអស់ ដ្បិតគេគ្មានសីលធម៌ គំនិតរបស់គេចុះខ្សោយទៅៗ ហើយទស្សនៈវិស័យផ្លូវចិត្ដរបស់គេក៏ឈានថយក្រោយដែរ។ មុនពេលមនុស្សត្រូវសាតាំងបណ្ដាលឱ្យក្លាយជាខូចអាក្រក់ មនុស្សបានដើរតាមព្រះជាម្ចាស់ និងស្ដាប់បង្គាប់ព្រះបន្ទូលរបស់ទ្រង់ បន្ទាប់ពីបានស្ដាប់ឮពួកវាដោយឯកអ្នក។ គេជាមនុស្សដែលមានវិចារណញ្ញាណ និងមនសិការល្អ ហើយជាមនុស្សជាតិធម្មតាម្នាក់។ ក្រោយពីសាតាំងធ្វើឱ្យគេធ្លាក់ក្នុងសេចក្ដីអាក្រក់មក វិចារណញ្ញាណ មនសិការ និងភាពជាមនុស្សរបស់គេក៏បានក្លាយជាអន់ថយ ហើយក៏ត្រូវខូចអស់ដោយសារសាតាំង។ ដូចនេះ គេក៏បានបាត់បង់ការស្ដាប់បង្គាប់ និងសេចក្ដីស្រលាញ់ចំពោះព្រះជាម្ចាស់។ វិចារណញ្ញាណរបស់មនុស្សបានខុសពីធម្មតា និស្ស័យរបស់គេក៏បានក្លាយដូចជាសត្វ ហើយការបះបោរប្រឆាំងនឹងព្រះជាម្ចាស់របស់គេក៏មានកាន់តែញឹកញាប់ និងកាន់តែធ្ងន់ធ្ងរ។ ប៉ុន្ដែមនុស្សលោកនៅតែមិនដឹង និងមិនទទួលស្គាល់រឿងនេះ ហើយក៏បានជំទាស់ប្រឆាំង និងបះបោរទាំងងងឹតងងុល។ និស្ស័យពិតរបស់មនុស្សត្រូវបានលាតត្រដាងឡើង នៅក្នុងការបង្ហាញអំពីវិចារណញ្ញាណ ការយល់ដឹង និងមនសិការរបស់គេ ដ្បិតវិចារណញ្ញាណ និងការយល់ដឹងរបស់គេមិនសមហេតុផល ហើយមនសិការរបស់គេក៏បានក្លាយជាស្រអាប់យ៉ាងខ្លាំង ដូចនេះ និស្ស័យរបស់គេមានការបះបោរប្រឆាំងនឹងព្រះជាម្ចាស់» («ការមាននិស្ស័យដែលមិនចេះផ្លាស់ប្ដូរ គឺជាការប្រឆាំងនឹងព្រះជាម្ចាស់» នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ «មនុស្សគិតដូច្នេះថា៖ 'បើអ្នកមិនចិត្តល្អទេ ខ្ញុំក៏មិនចិត្តល្អដែរ! បើអ្នកឈ្លើយចំពោះខ្ញុំ នោះខ្ញុំក៏នឹងឈ្លើយចំពោះអ្នកដែរ! បើអ្នកមិនប្រព្រឹត្តចំពោះខ្ញុំដោយសេចក្ដីថ្លៃថ្នូរ ហេតុអ្វីខ្ញុំប្រព្រឹត្តចំពោះអ្នកដោយសេចក្ដីថ្លៃថ្នូរនោះ?' តើនេះគឺជាការគិតប្រភេទណា? តើវាមិនមែនជាវិធីនៃការគិតបែបចងគំនុំទេឬ? នៅក្នុងទស្សនៈរបស់បុគ្គលសាមញ្ញម្នាក់ តើទស្សនៈប្រភេទនេះមិនអាចសម្រេចបានទេឬ? 'ភ្នែកសងដោយភ្នែក ធ្មេញសងដោយធ្មេញ'។ 'អ្នកទទួលបានអ្វីដូចដែលអ្នកបានធ្វើចំពោះខ្ញុំ' ក្នុងចំណោមអ្នកមិនជឿ ទាំងនេះគឺជាសនិទានដ៏សមហេតុផល ហើយស្របនឹងសញ្ញាណរបស់មនុស្សទាំងស្រុង។ ទោះបីជាយ៉ាងណាក៏ដោយ ក្នុងនាមជាមនុស្សម្នាក់ដែលជឿលើព្រះជាម្ចាស់ ក្នុងនាមជាមនុស្សម្នាក់ដែលស្វះស្វែងយល់ពីសេចក្ដីពិត និងស្វែងរកការផ្លាស់ប្ដូរនៅក្នុងនិស្ស័យ តើអ្នកនឹងនិយាយថា ពាក្យបែបនេះត្រូវឬខុស? តើអ្នកគួរធ្វើអ្វីខ្លះ ដើម្បីញែកពួកវា? តើអ្វីៗបែបនេះមកពីណា? ពួកវាមកពីធម្មជាតិអាក្រក់របស់សាតាំង។ ពួកវាមានពិស ហើយពួកវាមានមុខមាត់ពិតរបស់សាតាំងនៅក្នុងសេចក្ដីអាក្រក់ និងភាពអាក្រក់របស់វា។ ពួកវាមានផ្ទុកនូវសារជាតិនីមួយៗរបស់ធម្មជាតិនោះ។ តើអ្វីជាធម្មជាតិនៃការយល់ឃើញ គំនិត ការសម្ដែងចេញ ការនិយាយ និងសូម្បីតែសកម្មភាពដែលមានសារជាតិរបស់ធម្មជាតិនោះ? តើពួកវាមិនមែនជារបស់សាតាំងទេឬ? តើទិដ្ឋភាពរបស់សាតាំងទាំងនេះ ស្របនឹងភាពជាមនុស្សឬទេ? តើពួកវាស្របនឹងសេចក្ដីពិត ឬស្របនឹងតថភាពនៃសេចក្ដីពិតឬទេ? តើពួកវាគឺជាសកម្មភាពដែលអ្នកដើរតាមព្រះជាម្ចាស់គួរធ្វើ ហើយជាគំនិត និងការយល់ឃើញដែលពួកគេគួរតែមានឬទេ? (ទេ។)» («មានតែការដោះស្រាយនិស្ស័យពុករលួយរបស់អ្នកប៉ុណ្ណោះ ទើបអាចរំដោះអ្នកចេញពីសភាពអវិជ្ជមានបាន» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ខ្ញុំបានដឹងថា មនុស្សបានពុករលួយ និងអាក្រក់ទាំងស្រុងបែបនេះ ដោយសារតែសេចក្តីពុករលួយរបស់សាតាំង។ តាមរយៈការអប់រំផ្លូវការ និងឥទ្ធិពលពីសង្គម សាតាំង ពួកអារក្ស បានបញ្ជ្រាបគ្រប់ទាំងសារជាតិពិសពុលរបស់វាចូលទៅក្នុងយើង ដូចជា «មនុស្សគ្រប់រូបធ្វើអ្វីៗសម្រាប់ខ្លួនឯង ហើយទីបំផុតអារក្សយកទាំងអស់» «ខ្ញុំនឹងមិនវាយប្រហារឡើយ ដរាបណាមានគេប្រហារខ្ញុំមុន បើខ្ញុំត្រូវគេវាយប្រហារ ខ្ញុំច្បាស់ជាវាយប្រហារបកទៅវិញ» «ចូរប្រព្រឹត្តដាក់គេ ដូចគេប្រព្រឹត្តដាក់អ្នកដែរ» និង «សុភាពបុរស ចង់សងសឹកមិនយឺតពេលទេ»។ មនុស្សប្រកាន់យកទស្សនៈទាំងនេះទុកជាច្បាប់ទម្លាប់របស់ពួកគេសម្រាប់ការរស់រាន ទាំងមិនដឹងខ្លួន។ ពួកគេកាន់តែក្រអឺតក្រទម មានល្បិច អាត្មានិយម និងព្យាបាទនៅគ្រប់ពេលវេលា។ មនុស្សមិនបានខ្វល់ខ្វាយ ឬអត់ទោសពិតប្រាកដឡើយ ហើយក៏គ្មានសេចក្តីស្រឡាញ់ដ៏ពិតដែរ។ ពួកគេបានអន់ចិត្ត ហើយឃ្លាតឆ្ងាយពីគ្នា ពេលដែលមានអ្វីមួយប៉ះពាល់ដល់ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ។ ពួកគេអាចថែមទាំងបង្កើតសត្រូវ ឬសងសឹកទៀតផង។ មនុស្សកាន់តែលែងរាក់ទាក់គ្នា និងកាន់តែមានឃ្លាតឆ្ងាយពីគ្នា ហើយបាត់បង់អារម្មណ៍នៃភាពជាមនុស្សធម្មតា។ គំនិតខ្ញុំត្រូវបានបញ្ជ្រាបឱ្យមានគ្រប់ទាំងការគិតបែបនេះតាំងពីខ្ញុំនៅតូចមកម្ល៉េះ។ ខ្ញុំបានរស់នៅតាមទស្សនៈទាំងនេះ។ ពេលនរណាម្នាក់បានប៉ះពាល់ដល់ផលប្រយោជន៍របស់ខ្ញុំ ខ្ញុំមានតែស្អប់ និងសងសឹកពួកគេ។ នៅពេលដែលខ្ញុំនៅជាមួយបងស្រី លួ គាត់បាននិយាយ និងធ្វើរឿងរ៉ាវដែលប៉ះពាល់ដល់ផលប្រយោជន៍របស់ខ្ញុំ ដូច្នេះខ្ញុំបានអន់ចិត្ត និងឆក់យកឱកាសដើម្បីសងសឹកគាត់វិញ។ ខ្ញុំចង់ឱ្យគាត់មើលឃើញថាខ្ញុំខ្លាំងប៉ុនណា ដើម្បីឱ្យគាត់លែងហ៊ានប្រមាថខ្ញុំម្ដងទៀត។ ខ្ញុំថែមទាំងចង់បណ្ដេញគាត់ចេញទៀតផង។ តើឥរិយាបថរបស់ខ្ញុំបែបនេះមានអ្វីខុសពីពួកទទឹងនឹងព្រះគ្រីស្ទ និងមនុស្សអាក្រក់ដែលពួកជំនុំបានបណ្ដេញចេញទៅ? មនុស្សទាំងនោះចង់បានតែការយល់ព្រម និងការសរសើរពីអ្នកដទៃប៉ុណ្ណោះ ប៉ុន្តែមិនអាចទ្រាំទ្រនឹងពាក្យស្មោះត្រង់ណាមួយដែលលាតត្រដាងអំពីសេចក្តីពុករលួយរបស់ពួកគេឡើយ។ ពួកគេនឹងវាយប្រហារអស់អ្នកណា ដែលបាននិយាយ ឬធ្វើអ្វីមួយដែលធ្វើឱ្យពួកគេអន់ចិត្ត។ ជាមួយគ្រប់ទាំងការអាក្រក់របស់ពួកគេ នៅទីបំផុត ពួកគេបានបំពាននិស្ស័យរបស់ព្រះជាម្ចាស់ ពួកគេបានធ្វើឱ្យអ្នកដទៃខឹង ហើយពួកគេត្រូវបានបណ្ដេញចេញពីពួកជំនុំ។ ពួកគេបានបាត់បង់ឱកាសទទួលបានសេចក្តីសង្រ្គោះជារៀងរហូត។ ហើយខ្ញុំកំពុងតែរិះគន់បងស្រី លួ ដោយសារតែពាក្យសម្ដីរបស់គាត់ បានធ្វើឱ្យអំនួតខ្ញុំឈឺចាប់។ ខ្ញុំគ្មានធ្វើអ្វីក្រៅពីធ្វើឱ្យគាត់ឈឺចាប់ឡើយ។ ខ្ញុំកំពុងតែធ្វើការអាក្រក់ហើយ! ខ្ញុំបានឃើញថា ខ្ញុំមាននូវភាពជាមនុស្សដ៏អាក្រក់ថា ខ្ញុំមានធម្មជាតិ និងសារជាតិដ៏អាក្រក់ដូចពួកទទឹងនឹងព្រះគ្រីស្ទ ដូចមនុស្សទុច្ចរិតផងដែរ ហើយការនេះគួរឱ្យស្អប់ខ្ពើមចំពោះព្រះជាម្ចាស់។ បើខ្ញុំមិនប្រែចិត្តឥឡូវទេ នោះខ្ញុំនឹងលិចលង់ទៅក្នុងការអាក្រក់ ហើយត្រូវបានព្រះជាម្ចាស់ដាក់ទោស ដូចជាពួកទទឹងនឹងព្រះគ្រីស្ទ មនុស្សទុច្ចរិតមិនខាន! ការនេះបានធ្វើឱ្យខ្ញុំខ្លាចកាន់តែខ្លាំង ពេលដែលខ្ញុំគិតអំពីវា។ ខ្ញុំបានចូលទៅចំពោះព្រះជាម្ចាស់នៅក្នុងការអធិស្ឋាន៖ «ឱព្រះជាម្ចាស់អើយ ខ្ញុំកំពុងតែខ្វះនូវភាពជាមនុស្ស។ ខ្ញុំកំពុងតែរស់នៅក្នុងនិស្ស័យដ៏ពុករលួយរបស់ខ្ញុំ ហើយរិះគន់បងស្រីរបស់ខ្ញុំ។ ខ្ញុំមិនសមជាមនុស្សនោះឡើយ។ បើទ្រង់មិនបានបង្កើតស្ថានភាពនេះ ដើម្បីដោះស្រាយជាមួយខ្ញុំទេ នោះខ្ញុំនឹងមិនបានឆ្លុះបញ្ចាំងលើខ្លួនឯងឡើយ។ ខ្ញុំនឹងបន្តធ្វើអំពើអាក្រក់ និងធ្វើឱ្យគាត់ឈឺចាប់មិនខាន។ ព្រះជាម្ចាស់អើយ ខ្ញុំចង់ប្រែចិត្ត។ ខ្ញុំមិនចង់រស់នៅតាមសារជាតិពិសពុលរបស់សាតាំងតទៅទៀតឡើយ។ សូមទ្រង់ចង្អុលបង្ហាញខ្ញុំឱ្យក្លាយជាមនុស្សម្នាក់ដែលមានសតិសម្បជញ្ញៈ មានហេតុផលប្រកបដោយភាពជាមនុស្សផង។»
ក្រោយមក ខ្ញុំអានចំណុចនេះនៅក្នុងព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «សេចក្ដីស្រឡាញ់ និងសេចក្ដីស្អប់គឺជាអ្វីៗដែលភាពជាមនុស្សធម្មតាគួរតែមាន ប៉ុន្តែអ្នកត្រូវតែញែកឱ្យច្បាស់ រវាងអ្វីដែលអ្នកស្រឡាញ់ និងអ្វីដែលអ្នកស្អប់។ នៅក្នុងចិត្តរបស់អ្នក អ្នកគួរតែស្រឡាញ់ព្រះជាម្ចាស់ ស្រឡាញ់សេចក្ដីពិត ស្រឡាញ់អ្វីៗដែលវិជ្ជមាន និងស្រឡាញ់បងប្អូនប្រុសស្រីរបស់អ្នក ស្របពេលដែលអ្នកស្អប់អារក្សសាតាំង ស្អប់អ្វីៗដែលអវិជ្ជមាន ស្អប់ពួកទទឹងនឹងព្រះគ្រីស្ទ និងស្អប់មនុស្សអាក្រក់។ បើអ្នកមានសេចក្ដីស្អប់ចំពោះបងប្អូនប្រុសស្រីរបស់អ្នក នោះអ្នកនឹងចង់គាបសង្កត់ពួកគេ ហើយសងសឹកពួកគេ។ នេះអាចជារឿងគួរឱ្យខ្លាច។ មនុស្សមួយចំនួនគ្រាន់តែមានគំនិតនៃសេចក្ដីស្អប់ និងទស្សនៈអាក្រក់ប៉ុណ្ណោះ។ មួយរយៈក្រោយមក បើមនុស្សបែបនេះមិនអាចស្រុះស្រួលជាមួយបុគ្គលដែលពួកគេស្អប់ទេ នោះពួកគេនឹងចាប់ផ្តើមដកខ្លួននៅឆ្ងាយពីបុគ្គលនោះ។ ទោះបីជាយ៉ាងណាក៏ដោយ ពួកគេមិនឱ្យរឿងនេះប៉ះពាល់ដល់ភារកិច្ចរបស់ពួកគេ ឬមានឥទ្ធិពលលើទំនាក់ទំនងអន្តរបុគ្គលជាប្រក្រតីរបស់ពួកគេឡើយ ពីព្រោះពួកគេមានព្រះជាម្ចាស់នៅក្នុងចិត្តរបស់ពួកគេ ហើយពួកគេគោរពទ្រង់។ ពួកគេមិនចង់ប្រមាថព្រះជាម្ចាស់ឡើយ ហើយកោតខ្លាចមិនហ៊ានធ្វើដូច្នោះទេ។ ទោះបីជាមនុស្សទាំងនេះ អាចមានទស្សនៈជាក់លាក់អំពីនរណាម្នាក់ក៏ដោយ ក៏ពួកគេមិនដែលយកគំនិតនោះទៅអនុវត្ត ឬបញ្ចេញពាក្យសម្ដីមួយម៉ាត់ដែលខុសទំនង ដោយមិនសុខចិត្តប្រមាថព្រះជាម្ចាស់ឡើយ។ តើនេះជាឥរិយាបថប្រភេទណា? នេះគឺជាឧទាហរណ៍អំពីការប្រព្រឹត្តខ្លួន និងដោះស្រាយអ្វីៗដោយគោលការណ៍ និងការមិនលម្អៀង។ អ្នកអាចមិនអាចប្រៀបធៀបជាមួយនឹងលក្ខណៈសម្បត្តិរបស់មនុស្សម្នាក់បាន ហើយអ្នកអាចមិនចូលចិត្តគេ ប៉ុន្តែនៅពេលដែលអ្នកធ្វើការជាមួយគេ អ្នកនៅតែមិនលម្អៀង ហើយនឹងមិនបង្កការខកចិត្តក្នុងការបំពេញភារកិច្ចរបស់អ្នក លះបង់ភារកិច្ចរបស់អ្នក ឬយកចេញនូវការខកចិត្តរបស់អ្នក ដើម្បីផលប្រយោជន៍នៃគ្រួសាររបស់ព្រះជាម្ចាស់។ អ្នកអាចធ្វើអ្វីៗស្របនឹងគោលការណ៍។ ដូច្នេះ អ្នកមានការគោរពជាមូលដ្ឋានចំពោះព្រះជាម្ចាស់។ បើអ្នកមានច្រើនជាងនោះបន្តិច នោះនៅពេលដែលអ្នកឃើញថា នរណាម្នាក់មានកំហុស ឬភាពទន់ខ្សោយ ទោះបីជាគេបានប្រមាថអ្នក ឬបង្កគ្រោះថ្នាក់ដល់ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អ្នកក៏ដោយ ក៏អ្នកនៅតែមានការគោរពចំពោះព្រះជាម្ចាស់ ដើម្បីជួយគេដែរ។ ការធ្វើបែបនេះនឹងកាន់តែប្រសើរ។ វាមានន័យថា អ្នកគឺជាបុគ្គលម្នាក់ដែលមានភាពជាមនុស្ស តថភាពនៃសេចក្ដីពិត និងការគោរពចំពោះព្រះជាម្ចាស់» («សភាពប្រាំយ៉ាងដែលចាំបាច់ក្នុងការដើរលើផ្លូវត្រូវនៅក្នុងសេចក្ដីជំនឿរបស់មនុស្សម្នាក់» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ខ្ញុំបានឃើញចេញពីព្រះបន្ទូលរបស់ព្រះជាម្ចាស់ថា អស់អ្នកដែលកោតខ្លាចព្រះជាម្ចាស់ អាចប្រព្រឹត្តចំពោះអ្នកដទៃស្របតាមគោលការណ៍នៃសេចក្តីពិត។ ពេលខ្លះ ពួកគេអាចមានការមិនចូលចិត្តខ្លះចំពោះបងប្អូនប្រុសស្រីមែន ប៉ុន្តែពួកគេមិនប្រព្រឹត្តចំពោះមនុស្សតាមឆន្ទៈផ្ទាល់ខ្លួនទេ ហើយពួកគេមិនធ្វើអ្វីមួយដែលបំពានព្រះជាម្ចាស់ ឬធ្វើឱ្យអ្នកដទៃឈឺចាប់ឡើយ។ មនុស្សដែលមិនកោតខ្លាចព្រះជាម្ចាស់ ធ្វើអ្វីគ្រប់យ៉ាងទៅតាមចិត្តដ៏កាចសាហាវរបស់ពួកគេ ហើយពួកគេកំពុងតែធ្វើអាក្រក់ និងត្រូវព្រះជាម្ចាស់ថ្កោលទោស។ បងស្រី លួ ជាមនុស្សនិយាយត្រង់ៗ ប៉ុន្តែអ្វីដែលគាត់បាននិយាយអំពីខ្ញុំ គឺជារឿងពិត។ វាមិនមែនដើម្បីវាយប្រហារខ្ញុំទេ។ គាត់ក៏ធ្វើភារកិច្ចរបស់គាត់យ៉ាងហ្មត់ចត់ និងមានទំនួលខុសត្រូវដែរ ហើយសំណើរបស់គាត់ភាគច្រើនសុទ្ធតែមានប្រយោជន៍សម្រាប់ការងាររបស់យើង។ ខ្ញុំមិនគួរណាបង្កឱ្យមានបញ្ហាជាមួយគាត់ឡើយ។ ក្រោយមក ខ្ញុំបានបើកចំហប្រាប់គាត់អំពីសេចក្តីពុករលួយរបស់ខ្ញុំ ហើយខ្ញុំបានសុំទោស។ បងស្រី លួ បាននិយាយថា គាត់មិនបានគិតអំពីរឿងនេះឡើយ ហើយគាត់បានប្រកបសេចក្តីពិតច្រើនទៀត ដើម្បីជួយខ្ញុំ។ ខ្ញុំមានអារម្មណ៍អាម៉ាស់ និងស្អប់ខ្លួនឯងកាន់តែខ្លាំង។ ខ្ញុំមិនចង់រស់នៅតាមនិស្ស័យដ៏ពុករលួយរបស់ខ្ញុំទៀតឡើយ។ ក្រោយមក ពេលដែលបងស្រី លួ ផ្ដល់សំណើដល់ខ្ញុំ ឬគាត់និយាយអ្វីមួយ ឬបានធ្វើប៉ះពាល់ដល់អំនួតខ្ញុំ ខ្ញុំអាចទទួលយកវានៅក្នុងរបៀបដែលត្រឹមត្រូវ ហើយផ្តោតទៅលើការស្វែងរកសេចក្តីពិត និងការឆ្លុះបញ្ចាំងលើខ្លួនឯង។ យើងអាចធ្វើការជាមួយគ្នាបានល្អម្ដងទៀត។ ការនេះបានធ្វើឱ្យខ្ញុំធូរស្រាលចិត្តយ៉ាងខ្លាំង។ ខ្ញុំអរព្រះគុណព្រះសម្រាប់ការជំនុំជម្រះរបស់ព្រះជាម្ចាស់ ដែលបានផ្លាស់ប្ដូរខ្ញុំនៅក្នុងរបៀបដ៏តូចតាចនេះ។