៤៣. ខ្ញុំត្រូវបានរំដោះដោយសារការបោះបង់ចោលភាពអាត្មានិយម
ព្រះដ៏មានគ្រប់ព្រះចេស្ដាមានបន្ទូលថា៖ «នៅក្នុងនិស្ស័យរបស់មនុស្សសាមញ្ញ មិនមានសេចក្ដីវៀចវេរ ឬការបញ្ឆោតនោះទេ មនុស្សមានទំនាក់ទំនងធម្មតាជាមួយគ្នា ពួកគេមិននៅតែម្នាក់ឯងទេ រីឯជីវិតរបស់ពួកគេក៏មិនមែនបង្គួរ ហើយក៏មិនដុនដាបដែរ។ ដូចគ្នានេះដែរ ព្រះជាម្ចាស់ក៏ត្រូវបានលើកតម្កើងក្នុងចំណោមមនុស្សទាំងអស់ដែរ ព្រះបន្ទូលរបស់ទ្រង់ ជ្រាបពាសពេញខ្លួនមនុស្ស ពួកគេរស់នៅដោយសុខសាន្តជាមួយគ្នា ក្រោមការថែរក្សា និងការពារពីព្រះជាម្ចាស់ ផែនដីមានភាពសុខដុមរមនា គ្មានការជ្រៀតជ្រែកពីសាតាំង ហើយសិរីល្អរបស់ព្រះជាម្ចាស់មានភាពសំខាន់បំផុតក្នុងចំណោមមនុស្ស។ មនុស្សបែបនេះមានលក្ខណៈដូចទេវតា៖ បរិសុទ្ធ រស់រវើក មិនដែលត្អូញត្អែរអំពីព្រះជាម្ចាស់ ហើយខិតខំលះបង់ខ្លួនគ្រប់យ៉ាងដើម្បីតែសិរីល្អរបស់ព្រះជាម្ចាស់នៅលើផែនដី» («ការបកស្រាយអាថ៌កំបាំងអំពី ព្រះបន្ទូលរបស់ព្រះជាម្ចាស់ ថ្លែងទៅកាន់សកលលោកទាំងមូល» ជំពូកទី ១៦ នៃសៀវភៅ «ព្រះបន្ទូល» ភាគ១៖ ការលេចមក និងកិច្ចការរបស់ព្រះជាម្ចាស់)។ ព្រះបន្ទូលរបស់ព្រះជាម្ចាស់បង្ហាញយើងថា និស្ស័យរបស់មនុស្សធម្មតា គ្មានទេល្បិចកិច្ចកល បោកប្រាស់ ភាពអាត្មានិយម និងភាពគួរឱ្យស្អប់។ ការទទួលបញ្ជាបេសកកម្មរបស់ព្រះជាម្ចាស់ដោយស្មោះត្រង់ ការធ្វើការដោយភាពចុះសម្រុងជាមួយបងប្អូនប្រុសស្រី និងធ្វើការគ្រប់យ៉ាងដែលអាចធ្វើបាន ដើម្បីកាតព្វកិច្ចរបស់ពួកគេ គឺជាកិច្ចការសំខាន់បំផុតដែលមនុស្សគួរតែអាចធ្វើបាន ខ្ញុំធ្លាប់រស់នៅតាមទស្សនៈសាតាំង ដូចជា «មនុស្សគ្រប់រូបធ្វើអ្វីៗសម្រាប់ខ្លួនឯង ហើយទីបំផុតអារក្សយកទាំងអស់» និង «នៅពេលដែលសិស្សចេះដឹងគ្រប់យ៉ាងដែលគ្រូចេះ នោះគ្រូនឹងបាត់បង់ជីវភាពចិញ្ចឹមជីវិតរបស់ខ្លួនមិនខាន»។ ខ្ញុំមានភាពអាត្មានិយម គួរឱ្យស្អប់ វៀចវេរ មានល្បិចកល គ្មានលក្ខណៈជាមនុស្សទាល់តែសោះ។ ទាល់តែខ្ញុំបានឆ្លងកាត់ការជំនុំជម្រះ និងការដាក់ទោសនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ទើបនិស្ស័យសាតាំងទាំងអស់របស់ខ្ញុំ ចាប់ផ្ដើមផ្លាស់ប្ដូរ។
កាលពីឆ្នាំ ២០១៨ ពេលបងប្រុស ចាង បានចូលរួមក្រុមការងាររបស់យើង ដើម្បីចាប់ដៃគូជាមួយខ្ញុំ នៅក្នុងភារកិច្ចរបស់ខ្ញុំ។ ពេលនោះខ្ញុំគិតថា «ខ្ញុំបាន និងកំពុងបំពេញភារកិច្ចអស់មួយរយៈហើយមកទល់ពេលនេះ ដូច្នេះ ខ្ញុំក៏បានយល់អំពីគោលការណ៍ និងបានឃើញលទ្ធផលខ្លះៗ។ ប្រហែលជាដល់ពេលមួយ ខ្ញុំនឹងចាកចេញពីក្រុមការងារនេះ ដើម្បីទទួលទំនួលខុសត្រូវធំជាងនេះ។ ខ្ញុំត្រូវជួយបងប្រុស ចាង ឱ្យពន្លឿនការងារឱ្យកាន់តែឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីឱ្យគាត់អាចរ៉ាប់រងការងារនៅក្នុងក្រុមរបស់យើងបាន»។ ខ្ញុំក៏បន្តបង្រៀនគាត់អំពីជំនាញមូលដ្ឋានដែលខ្ញុំរៀនបានពីភារកិច្ចរបស់ខ្ញុំ។ បីខែក្រោយមក ខ្ញុំឃើញថា បងប្រុស ចាង បានយល់ពីកិច្ចការមូលដ្ឋានគ្រប់យ៉ាង ហើយគាត់ពិតជាវិវឌ្ឍឆាប់រហ័សណាស់។ នៅពេលនោះ ខ្ញុំចាប់ផ្ដើមមានអារម្មណ៍រងការកំហែង ដោយគិតថា «បងប្រុស ចាង បាននិងកំពុងតែល្អឡើងក្នុងភារកិច្ចរបស់គាត់យ៉ាងឆាប់រហ័ស។ បើបន្តបែបនេះ តើគាត់នឹងពូកែជាងខ្ញុំដែរទេ? បើអ្នកដឹកនាំដឹងថា គាត់មានការវិវឌ្ឍលឿនដល់ម្ល៉ឹង តើគេនឹងមិនប្រគល់តួនាទីសំខាន់មួយឱ្យគាត់ទេឬអី?» ពេលរឿងនេះកើតឡើងចំពោះខ្ញុំ ខ្ញុំគិតម្នាក់ឯងថា «ទេ ខ្ញុំត្រូវតែលាក់ចំណេះខ្លះ ខ្ញុំពុំអាចចែករំលែកគ្រប់យ៉ាងដែលខ្ញុំចេះ ទៅឱ្យគាត់បានទៀតទេ»។ តាំងពីពេលនោះមក នៅក្នុងកិច្ចការរបស់យើង ពេលខ្ញុំឃើញថា ជំនាញរបស់បងប្រុស ចាង កំពុងខ្វះខាតតិចតួចកន្លែងណា ខ្ញុំគ្រាន់តែប្រាប់គាត់អំពីរឿងមិនសូវសំខាន់មួយចំនួនតូច ដោយមិនចែករំលែកចំណេះដឹងរបស់ខ្ញុំទាំងស្រុងនោះឡើយ ខ្ញុំដឹងថា ធ្វើបែបនេះមិនត្រឹមត្រូវទេ ប៉ុន្តែពេលនោះខ្ញុំគិតអំពី ពាក្យចាស់ដែលពោលថា «នៅពេលដែលសិស្សចេះដឹងគ្រប់យ៉ាងដែលគ្រូចេះ នោះគ្រូនឹងបាត់បង់ជីវភាពចិញ្ចឹមជីវិតរបស់ខ្លួនមិនខាន»។ គាត់កំពុងចេញមុខមាត់ ធ្វើម្ដេចខ្ញុំអាចបង្អួតពីខ្លួនឯងបាន? ខ្ញុំមិនអាចបណ្ដោយឱ្យគាត់បានប្រសើរជាងខ្ញុំបានទេ។ ខណៈដែលយើងបានបន្តធ្វើការជាមួយគ្នា រាល់កិច្ចការដែលបងប្រុស ចាង សួរខ្ញុំ នោះខ្ញុំឆ្លើយប្រាប់គាត់នូវចម្លើយខ្លះ និងលាក់ទុកចម្លើយខ្លះសម្រាប់ខ្លួនឯង។
ក្រោយមកមិនយូរប៉ុន្មាន អ្នកដឹកនាំបានស្វែងរកបងប្រុស ចាង ដើម្បីពិភាក្សាភារកិច្ចដ៏សំខាន់មួយ។ បេះដូងខ្ញុំលោតកាន់តែញាប់ ពេលខ្ញុំស្ដាប់ឮរឿងនេះ។ ខ្ញុំគិតថា «ខ្ញុំធ្វើការនៅក្នុងក្រុមនេះយូរជាងបងប្រុស ចាង។ ហេតុអ្វីបានជាអ្នកដឹកនាំមិនចង់ជជែកជាមួយខ្ញុំ? តើខ្ញុំមិនពូកែដូចគាត់មែនទេ? កន្លង គឺខ្ញុំជាអ្នកបណ្ដុះបណ្ដាលគាត់ ប៉ុន្តែ ពេលនេះគាត់ជាកូនមាសកូនពេជ្រ ហើយខ្ញុំត្រូវគេបោះចោលទៅម្ខាង។ គាត់ចេញមុខចេញមាត់ ហើយខ្ញុំត្រូវគេបំភ្លេចចោល។ បើខ្ញុំនៅតែបង្រៀនគាត់ តើគាត់នឹងមិនរៀនបានកាន់តែលឿនទៅហើយមែនទេ? បើគាត់ទទួលបានតួនាទីសំខាន់មួយ តើនរណានឹងសរសើរខ្ញុំ?» ដូច្នេះ នៅក្នុងកិច្ចការរបស់យើងតាំងពីពេលនោះមក ពេលខ្ញុំឃើញបងប្រុស ចាង ជួបការលំបាក ខ្ញុំមិនចង់ជួយគាត់ទេ។ វឌ្ឍនភាពរបស់យើងក៏ជួបការលំបាក ជាលទ្ធផលនៃការទាំងនេះ កិច្ចការជាច្រើនក៏មិនត្រូវបានដោះស្រាយឱ្យទាន់ពេលវេលា ហើយទីបំផុត ការនេះក៏បានរាំងស្ទះដល់កិច្ចការរបស់ក្រុមជំនុំ ខ្ញុំមានអារម្មណ៍ខុសតិចតួច និងមិនស្រណុកចិត្តសោះ ប៉ុន្តែ ខ្ញុំមិនបានសញ្ជឹងគិតពីខ្លួនឯងទាល់តែសោះ។ ថ្ងៃមួយ ឃ្លៀករបស់ខ្ញុំចាប់ផ្ដើមរមាស់ ហើយខ្ញុំធ្វើយ៉ាងណាក៏មិនបាត់។ ខ្ញុំថែមទាំងយកប្រេងមកលាបទៀត ក៏នៅតែមិនបាត់។ ថ្ងៃបន្ទាប់ ដៃរបស់ខ្ញុំចាប់ផ្ដើមឈឺ រហូតខ្ញុំមិនអាចកម្រើកវាបាន។ ខ្ញុំដឹងថា ស្ថានភាពនេះមិនមែនជារឿងចៃដន្តទេ ហេតុនេះ ខ្ញុំក៏មកចំពោះព្រះជាម្ចាស់ដោយការអធិដ្ឋាន និងការស្វះស្វែងរក។ ខ្ញុំទូលថា «ឱព្រះជាម្ចាស់អើយ ស្ថានភាពចាប់ផ្ដើមលឿនពេកហើយ។ ទូលបង្គំដឹងថា គឺបំណងព្រះទ័យដ៏ល្អរបស់ទ្រង់ ដែលធ្វើឱ្យទៅជាបែបនេះ។ ប៉ុន្តែ ខ្ញុំមិនដឹងអ្វីសោះ និងមិនដឹងថា ទ្រង់មានព្រះទ័យយ៉ាងណា។ សូមបំភ្លឺ និងដឹកនាំទូលបង្គំផង»។
ថ្ងៃមួយ ក្នុងការចំណាយពេលរៀនព្រះបន្ទូល ខ្ញុំក៏នឹងឃើញដល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ដូច្នេះថា «ប្រសិនបើអ្នកមិនអាចលះបង់អ្វីទាំងអស់ដែលអ្នកមាន ប្រសិនបើអ្នកលាក់វាទុក និងមិនព្រមនិយាយចេញមក មានល្បិចកលនៅក្នុងទង្វើរបស់អ្នក...» («មនុស្សអាចអរសប្បាយបានដោយពិតប្រាកដ លុះត្រាណាតែមានភាពស្មោះត្រង់» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ នេះគឺជាដាស់តឿនឱ្យភ្ញាក់រលឹកសម្រាប់ខ្ញុំ។ ខ្ញុំបាន និងកំពុងរស់នៅក្នុងស្ថានភាពដណ្ដើមកេរ្តិ៍ឈ្មោះ និងលាភសក្ការៈ ខ្លាចថាបងប្រុសនេះពូកែជាងខ្ញុំ ទើបខ្ញុំមិនដែលមានចិត្តស្មោះត្រង់នៅក្នុងកិច្ចការរបស់យើង ហើយខ្ញុំមិនចង់ចែករំលែករបស់ខ្ញុំដល់គាត់នោះឡើយ។ ខ្ញុំក៏បានឃើញថា នេះគឺជាការដែលព្រះជាម្ចាស់ព្រមានប្រាប់ខ្ញុំ តាមរយៈស្ថានភាពនេះ ដើម្បីឱ្យខ្ញុំឆ្លុះបញ្ចាំងពីខ្លួនឯង។ ក្រោយមក ខ្ញុំអានព្រះបន្ទូលរបស់ព្រះជាម្ចាស់មួយឃ្លាថា៖ «អ្នកមិនជឿមាននិស្ស័យពុករលួយជាក់លាក់មួយ។ នៅពេលពួកគេបង្រៀនអ្នកដទៃអំពីចំណេះដឹងការងារ ឬជំនាញអ្វីមួយ ពួកគេជឿលើគំនិតថា៖ 'នៅពេលកូនសិស្សចេះអ្វីសព្វគ្រប់បែបយ៉ាងដែលគ្រូចេះ នោះគ្រូនឹងរកស៊ីលែងកើតហើយ។' ពួកគេជឿថា ប្រសិនបើពួកគេបង្រៀនគ្រប់យ៉ាងដែលពួកគេចេះដល់អ្នកដទៃ នោះគ្មាននរណានឹងសរសើរពួកគេទៀតឡើយ ហើយពួកគេនឹងបាត់បង់ឋានៈរបស់ពួកគេ។ ដោយសារមូលហេតុនេះ ពួកគេមានអារម្មណ៍ថា ត្រូវលាក់ទុកចំណេះដឹងខ្លះ ដោយបង្រៀនគេពីអ្វីដែលពួកគេចេះតែប្រាំបីភាគបានហើយ និងត្រូវលាក់ទុកល្បិចស្នៀតខ្លះសម្រាប់ខ្លួនឯង។ ពួកគេមានអារម្មណ៍ថា នេះគឺជាវិធីតែមួយគត់ដែលពួកគេអាចបង្ហាញឋានៈរបស់ពួកគេជាគ្រូបាន។ ការដែលតែងតែលាក់ទុកព័ត៌មាន និងលាក់ដើម្បីជាប្រយោជន៍ខ្លួនឯង តើនេះគឺជានិស្ស័យបែបណា? វាគឺជាការបញ្ឆោត។ … ចូរកុំគិតថា អ្នកមិនអីទេ ឬថាអ្នកមិនបានលាក់ទុកចំណេះដឹងអ្វី ដោយគ្រាន់តែប្រាប់គេគ្រប់គ្នាអំពីចំណុចរាល់កំភែល ឬចំណុចសំខាន់ជាងគេនោះ។ ចំណុចនេះមិនអាចយកជាការបានទេ។ ពេលខ្លះអ្នកអាចបង្រៀនទ្រឹស្ដី ឬអ្វីបន្តិចបន្ដួចដែលមនុស្សអាចយល់បានដោយត្រង់ៗ ប៉ុន្តែអ្នកថ្មីមិនអាចយល់ពីខ្លឹមសារ ឬចំណុចសំខាន់ណាមួយបានទេ។ អ្នកគ្រាន់តែនិយាយពីទិដ្ឋភាពទូទៅ ដោយពុំនិយាយរៀបរាប់ ឬនិយាយលម្អិតសោះ ដោយគិតក្នុងចិត្តនៅពេលនោះថា៖ 'មែនហើយ ខ្ញុំបានប្រាប់អ្នករួចហើយ ហើយខ្ញុំគ្មានបំណងលាក់បាំងអ្វីនោះទេ។ ប្រសិនបើអ្នកមិនយល់ គឺដោយសារគុណសម្បត្តិរបស់អ្នកទាបពេក ដូច្នេះកុំបន្ទោសខ្ញុំអី។ យើងនឹងត្រូវមើលថាតើព្រះជាម្ចាស់ដឹកនាំយើងដោយបែបណាក្នុងពេលនេះ។' តើការសញ្ជឹងគិតបែបនេះ មិនមានការបញ្ចោតទេឬ? តើវាមិនមែនអាត្មានិយម និងថោកទាបទេឬ? តើហេតុអ្វីបានជាអ្នកមិនអាចបង្រៀនគ្រប់យ៉ាងដល់មនុស្សដោយអស់ពីចិត្ត និងបង្រៀនគ្រប់យ៉ាងដែលអ្នកចេះបាន? ផ្ទុយទៅវិញ តើហេតុអ្វីបានជាអ្នកលាក់ទុកចំណេះដឹង? នេះគឺជាបញ្ហាពាក់ព័ន្ធនឹងបំណង និងនិស្ស័យរបស់អ្នក» («មានតែការស្វែងរកសេចក្ដីពិតនៅក្នុងគ្រប់សព្វសារពើទាំងអស់ប៉ុណ្ណោះ ដែលមនុស្សម្នាក់អាចចូលទៅក្នុងតថភាពនៃសេចក្ដីពិតបាន» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ព្រះបន្ទូលព្រះជាម្ចាស់សម្ដែងឱ្យខ្ញុំឃើញច្បាស់ពីស្ថានការណ៍របស់ខ្ញុំផ្ទាល់។ ខ្ញុំមិនចង់បង្រៀនជំនាញដែលខ្ញុំបានរៀនប្រាប់គាត់ឡើយ សម្រាប់ជាប្រយោជន៍ដល់កេរ្តិ៍ឈ្មោះ និងតួនាទីរបស់ខ្ញុំផ្ទាល់។ ខ្ញុំខ្លាចថាគាត់នឹងចេះជំនាញចាំបាច់នានា ហើយចំណែកខ្ញុំវិញមិនដឹងអ្វីសោះ ដោយគិតថា នៅពេលដែលសិស្សចេះដឹងគ្រប់យ៉ាងដែលគ្រូចេះ នោះគ្រូនឹងបាត់បង់ជីវភាពចិញ្ចឹមជីវិតរបស់ខ្លួនមិនខាន។ ដោយតែងតែលាក់ចំណេះខ្លះទុក ខ្ញុំអាត្មានិយម គួរឱ្យស្អប់ វៀចវេរ និងមានល្បិចណាស់។ ខ្ញុំក៏គិតអំពីកាលដែលបងប្រុស ចាង ទើបចូលរួមក្រុមការងាររបស់យើង។ ចេតនារបស់ខ្ញុំសម្រាប់ការបង្រៀនគាត់ គឺដើម្បីឱ្យគាត់រ៉ាប់រងការងារក្នុងក្រុមឱ្យកាន់តែឆាប់ តាមដែលអាចធ្វើទៅបាន។ ពេលនោះ ខ្ញុំមានមនុស្សម្នាក់ចាំទទួលការងារផ្ទេរពីខ្ញុំ ដោយសារតែខ្ញុំសង្ឃឹមនឹងរ៉ាប់រងតួនាទីមួយសំខាន់ជាងនេះ។ ប៉ុន្តែ ពេលខ្ញុំឃើញគាត់រៀនឆាប់ចេះម្ល៉ឹងពេក និងឃើញថា អ្នកដឹកនាំពិតជាឱ្យតម្លៃគាត់ ខ្ញុំពិតជាបារម្ភណាស់។ ខ្ញុំខ្វល់ថា បើគាត់នៅតែបន្តធ្វើបានល្អបែបនេះ មិនយូរមិនឆាប់ គាត់ប្រាកដជាពូកែជាងខ្ញុំ ហើយគាត់នឹងជំនួសការងារខ្ញុំមិនខាន។ ជាលទ្ធផល ខ្ញុំមិនចង់ចែករំលែកអ្វីដែលខ្ញុំចេះដល់គាត់ឡើយ។ ជួនកាល ពេលខ្ញុំដឹងថា គាត់ជួបប្រទះនឹងការលំបាកក្នុងភារកិច្ចរបស់គាត់ ខ្ញុំមិនចង់ជួយគាត់ទេ ដែលនាំឱ្យការពន្យារពេលដល់កិច្ចការរបស់ក្រុមជំនុំ ខ្ញុំឃើញថា ខ្ញុំតែងតែធ្វើការដើម្បីការពារកេរ្តិ៍ឈ្មោះ និងតួនាទីរបស់ខ្ញុំ ដោយមិនបានគិតគូរដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ទេ។ ខ្ញុំពិតជាអាត្មានិយម និងមានល្បិចច្រើនណាស់។ ខ្ញុំក៏ស្ថិតក្នុងស្ថានភាពនោះ ដោយគ្មានការប្រៀនប្រដៅរបស់ព្រះជាម្ចាស់ទាន់ពេលវេលា ខ្ញុំនៅតែមិនបានឆ្លុះបញ្ចាំងពីខ្លួនឯងដដែល ក្រោយមក ខ្ញុំក៏អានព្រះបន្ទូលរបស់ព្រះជាម្ចាស់ថា៖ «ចាប់តាំងពីទទួលបានសេចក្ដីជំនឿមក អ្នកបានហូប និង ផឹកព្រះបន្ទូលរបស់ព្រះជាម្ចាស់។ អ្នកបានទទួលការជំនុំជម្រះ និងការវាយផ្ចាលរបស់ទ្រង់ និងបានទទួលយកសេចក្ដីសង្គ្រោះរបស់ទ្រង់។ ក៏ប៉ុន្តែ ប្រសិនបើគោលការណ៍ដែលអ្នកធ្វើ និងទិសដៅដែលអ្នកធ្វើអ្វីៗ និងការប្រព្រឹត្តខ្លួនជាមនុស្សម្នាក់របស់អ្នកមិនបានផ្លាស់ប្ដូរទេ ប្រសិនបើអ្នកដូចគ្នានឹងអ្នកមិនជឿដែរ តើព្រះជាម្ចាស់នឹងទទួលស្គាល់អ្នកថាជាមនុស្សដែលមានសេចក្ដីជំនឿឬទេ? ទ្រង់នឹងមិនទទួលស្គាល់ទេ។ ទ្រង់នឹងមានព្រះបន្ទូលថា អ្នកនៅតែកំពុងដើរលើផ្លូវរបស់អ្នកមិនជឿដដែល។ ហេតុនេះ មិនថាអ្នកកំពុងបំពេញភារកិច្ចរបស់អ្នក ឬកំពុងរៀនសូត្រនូវចំណេះជំនាញអ្វីនោះទេ អ្នកត្រូវគោរពតាមគោលការណ៍នៅក្នុងគ្រប់អ្វីៗដែលអ្នកធ្វើ។ អ្នកត្រូវធ្វើអ្វីគ្រប់សព្វបែបយ៉ាងទៅតាមសេចក្ដីពិត ហើយអនុវត្តសេចក្ដីពិត។ អ្នកត្រូវប្រើសេចក្ដីពិតដើម្បីដោះស្រាយបញ្ហា ដើម្បីដោះស្រាយនិស្ស័យពុករលួយរបស់អ្នកដែលបានបើកសម្ដែងនៅក្នុងខ្លួនអ្នក និងដើម្បីដោះស្រាយវិធីនិងគំនិតខុសឆ្គងរបស់អ្នក។ អ្នកត្រូវតែបន្តពុះពារជំនះលើរឿងទាំងនេះ។ រឿងមួយដែលត្រូវធ្វើនោះគឺ អ្នកត្រូវពិនិត្យមើលខ្លួនឯង។ នៅពេលដែលអ្នកបានពិនិត្យមើលខ្លួនឯងហើយ ប្រសិនបើអ្នករកឃើញនិស្ស័យពុករលួយ នោះអ្នកត្រូវកម្ចាត់វាចេញ បង្ក្រាបវា និងលះបង់វាចោល។ នៅពេលដែលអ្នកបានដោះស្រាយបញ្ហាទាំងនេះហើយ នៅពេលដែលអ្នកលែងធ្វើអ្វីទៅតាមនិស្ស័យពុករលួយរបស់អ្នក និងអនុវត្តទៅតាមគោលការណ៍សេចក្ដីពិតហើយ មានតែពេលនោះទេ ដែលអ្នកនឹងធ្វើអ្វីដូចដែលអ្នកដើរតាមព្រះជាម្ចាស់ពិតប្រាកដគប្បីត្រូវធ្វើ» («មានតែការស្វែងរកសេចក្ដីពិតនៅក្នុងគ្រប់សព្វសារពើទាំងអស់ប៉ុណ្ណោះ ដែលមនុស្សម្នាក់អាចចូលទៅក្នុងតថភាពនៃសេចក្ដីពិតបាន» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ «អ្នកត្រូវតែរៀនពីខ្លឹមសារ និងចំណុចសំខាន់ៗនៃចំណេះដឹងវិជ្ជាជីវៈនោះ ជាចំណុចដែលអ្នកដទៃមិនបានយល់ និងមិនបានដឹង និងត្រូវប្រាប់ចំណុចនោះដល់គេដើម្បីឱ្យពួកគេអាចប្រមូលកម្លាំងដើម្បីខំប្រឹង ដូច្នេះហើយក៏ត្រូវគិតគូរឱ្យបានច្រើន ឱ្យបានស៊ីជម្រៅ និងគិតពីអ្វីៗដែលចាស់ទុំជាងនេះ។ ប្រសិនបើអ្នកបានរួមចំណែកដល់ចំណុចទាំងអស់នេះ នោះវានឹងមានប្រយោជន៍ដល់មនុស្សដែលកំពុងបំពេញភារកិច្ចរបស់ពួកគេ ក៏ដូចជារួមចំណែកដល់កិច្ចការនៃដំណាក់របស់ព្រះជាម្ចាស់ផងដែរ។ ... នៅពេលមនុស្សភាគច្រើនត្រូវបានគេណែនាំឱ្យរៀនពីទិដ្ឋភាពនៃចំណេះដឹងការងារជាលើកដំបូង ពួកគេអាចយល់បានត្រឹមន័យត្រង់ប៉ុណ្ណោះ ចំណែកឯផ្នែកដែលពាក់ព័ន្ធនឹងចំណុចសំខាន់និងខ្លឹមសារ គឺត្រូវការពេលមួយរយៈមុនពេលមនុស្សអាចចាប់យល់បាន។ ប្រសិនបើអ្នកបានយល់ពីចំណុចលម្អិតទាំងនេះហើយ អ្នកគួរប្រាប់ពួកគេដោយផ្ទាល់។ មិនត្រូវនិយាយពង្វាងដាន និងចំណាយពេលច្រើនដើម្បីនិយាយដល់ចំណុចនោះទេ។ នេះគឺជាទំនួលខុសត្រូវរបស់អ្នក។ វាគឺជាអ្វីដែលអ្នកគួរធ្វើ។ មានតែការប្រាប់ពួកគេអំពីអ្វីដែលអ្នកជឿថាជាចំណុចសំខាន់ និងជាខ្លឹមសារប៉ុណ្ណោះ ទើបអ្នកនឹងមិនលាក់ទុកអ្វីគ្រប់យ៉ាង ហើយមានតែពេលនោះទេដែលអ្នកនឹងលែងអាត្មានិយមទៀត» («មានតែការស្វែងរកសេចក្ដីពិតនៅក្នុងគ្រប់សព្វសារពើទាំងអស់ប៉ុណ្ណោះ ដែលមនុស្សម្នាក់អាចចូលទៅក្នុងតថភាពនៃសេចក្ដីពិតបាន» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ តាមរយៈព្រះបន្ទូលព្រះជាម្ចាស់ ខ្ញុំត្រូវតែផ្ដោតលើការឆ្លុះបញ្ចាំងពីខ្លួនឯង នៅក្នុងភារកិច្ចរបស់ខ្ញុំ និងស្វះស្វែងរកសេចក្តីពិត ដើម្បីដោះស្រាយភាពអត្មានិយម និងធម្មជាតិបែបសាតាំងរបស់ខ្ញុំ។ ខ្ញុំចាំបាច់ត្រូវកម្ចាត់ចោលនូវការគិត និងគំនិតដែលមិនត្រឹមត្រូវរបស់ខ្ញុំ និងអាចធ្វើការជាធ្លុងមួយជាមួយបងប្អូនប្រុសស្រី ក្នុងភារកិច្ចរបស់ខ្ញុំ។ ខ្ញុំបានដឹងថា ពួកយើងម្នាក់ៗមានការខ្វះខាតជាច្រើន មិនថានៅក្នុងសេចក្តីពិត ឬក្នុងការងាររបស់យើងនោះទេ ដូច្នេះ បងប្អូនប្រុសស្រីចាំបាច់ត្រូវជួយ និងគាំទ្រគ្នាទៅវិញទៅមកក្នុងភារកិច្ចរបស់ពួកគេ និងដើម្បីបង្កើតភាតរភាពលើអ្វីដែលពួកគេយល់ដោយមិនត្រូវលាក់ទុកអ្វីមួយនោះឡើយ។ ដោយការបំពេញចំណុចខ្វះខាតរបស់គ្នាទៅវិញទៅមក តាមរបៀបនេះ យើងនឹងមិនចាំបាច់ត្រូវដើរផ្លូវវាងនោះទេ។ តាមពិត ការដែលខ្ញុំមានជំនាញខ្លាំងជាងបងប្រុស ចាង នោះគឺដោយសារសេចក្តីសប្បុរសរបស់ព្រះជាម្ចាស់ទាំងស្រុង។ ខ្ញុំគួរតែចេះគិតពិចារណាដល់បំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយលះបង់ភាពអាត្មានិយមរបស់ខ្ញុំចោល ហើយបានបង្រៀនគាត់គ្រប់យ៉ាងនូវអ្វីដែលខ្ញុំបានដឹង ដើម្បីឱ្យគាត់អាចបំពេញភារកិច្ចរបស់គាត់បានល្អ តាមដែលអាចធ្វើទៅបាន។ ទាល់តែបែបនេះ ទើបស្របនឹងព្រះហឫទ័យរបស់ព្រះជាម្ចាស់។ គ្រាន់តែខ្ញុំបានដឹងដូច្នោះភ្លាម ខ្ញុំបានប្រញាប់ប្រញាល់មកធ្វើការអធិដ្ឋាននៅចំពោះព្រះជាម្ចាស់ ដោយសុខចិត្តបោះបង់គំនិតមិនត្រឹមត្រូវរបស់ខ្ញុំ ហើយលែងរស់នៅនិស្ស័យបែបសាតាំងរបស់ខ្លួនតទៅទៀត។ ក្រោយមកខ្ញុំបានទៅរកបងប្រុស ចាង ដើម្បីជជែកគ្នាដោយភាពស្មោះត្រង់ជាមួយគាត់អំពីសភាពរបស់ខ្ញុំកន្លងមក ហើយនឹងបើកកកាយចេញនូវនិស្ស័យបែបសាតាំងទាំងនេះរបស់ខ្ញុំ។ ខ្ញុំក៏បានចែករំលែកចំណុចសំខាន់ៗរបស់ជំនាញដែលខ្ញុំមានជាមួយនឹងគាត់។ ពេលខ្ញុំបានចាប់ផ្តើមអនុវត្តតាមវិធីនេះ ខ្ញុំមានអារម្មណ៍ធូស្រាលច្រើន ហើយបញ្ហាសុខភាពក៏បានបាត់ទៅវិញទាំងមិនដឹងខ្លួន។
ខ្ញុំបានយល់ថា បន្ទាប់ពីអ្វីៗដែលខ្ញុំបានឆ្លងកាត់កន្លងទៅនេះ ខ្ញុំបានកែប្រែហើយ ប៉ុន្តែ និស្ស័យសាតាំងទាំងនេះ ពិតជាបានចាក់ឬសយ៉ាងជ្រៅ។ ឱ្យតែមានស្ថានភាពជាឱកាសណាមួយកើតឡើង ខ្ញុំមិនអាចគ្រប់គ្រងខ្លួនឯងបាន ហើយក៏ធ្វើឱ្យពិសពុលទាំងនេះបង្ហាញខ្លួនជាថ្មី។
នៅខែមីនា ឆ្នាំ២០១៩ បងប្រុស ចាង និងខ្ញុំត្រូវបានគេបោះឆ្នោតជ្រើសរើសឱ្យធ្វើជាអ្នកដឹកនាំព្រះវិហារ។ ដំបូងឡើយ យើងពិតជាបានធ្វើការយ៉ាងប្រសើរជាមួយគ្នា។ មិនថាវាជាបញ្ហាកើតមាននៅក្នុងព្រះវិហារ ឬការលំបាកដែលយើងជួបប្រទះនោះទេ យើងសុទ្ធតែអាចស្វែងរកសេចក្តីពិតក្នុងការដោះស្រាយវាជាមួយគ្នា។ ប៉ុន្តែ ក្រោយមកទៀតនៅថ្ងៃមួយ ខ្ញុំបានស្តាប់ឮមនុស្សម្នាក់ក្នុងព្រះវិហារបាននិយាយថា «ការប្រកបរបស់បងប្រុស ចាង អំពីសេចក្តីពិត គឺជាក់ស្តែងណាស់ ហើយគាត់ពិតជាទទួលខុសត្រូវក្នុងភារកិច្ចរបស់ខ្លួន»។ ស្តាប់ឮរឿងនេះ ធ្វើឱ្យខ្ញុំមានអារម្មណ៍ជ្រួលច្របល់ ហើយខ្ញុំបានគិតថា «ប្រសិនបើបងប្រុស ចាង ធ្វើបានប្រសើរជាងខ្ញុំ តើវានឹងមិនគួរឱ្យអាម៉ាស់ទេឬអី?» ចាប់ពីពេលនោះមក នៅក្នុងការពិភាក្សាការងារទាំងអស់របស់យើង ខ្ញុំលើកតែកំហុស និងគុណវិបត្តិតែប៉ុណ្ណោះ ហើយរក្សាទុកវិធីនៃការអនុវត្តក្នុងការដោះស្រាយបញ្ហាសម្រាប់ខ្លួនឯង។ ជួនកាលនៅពេលខ្លះគាត់បានស្វះស្វែងមករកខ្ញុំ ខ្ញុំបានសង្កៀតធ្មេញ ហើយបានប្រាប់គាត់នូវព័ត៌មានមិនមានសារៈប្រយោជន៍ខ្លះ ដោយខ្លាចថា បើគាត់យល់បានច្រើនពេកនោះ គាត់ប្រាកដជានឹងទៅដោះស្រាយបញ្ហាបាន ដែលនឹងមិនអាចឱ្យខ្ញុំបង្អួតស្នាដៃបាន។ ខ្ញុំចងចាំនៅពេលមួយនោះ ពេលគាត់រៀបនឹងទៅផ្តល់ជំនួយដល់បងប្អូនប្រុសស្រីមួយចំនួនដែលកំពុងជួបបញ្ហាភាពទន់ខ្សោយ។ គាត់ខ្លាចថា បើគ្មានការប្រកបដែលត្រឹមត្រូវនោះទេ វានឹងមិនផ្តល់ជាលទ្ធផលនោះទេ ដូច្នេះ គាត់ក៏មកប្រឹក្សាយោបល់ជាមួយខ្ញុំថា តើសេចក្តីពិតបែបណាដែលល្អបំផុតដែលត្រូវយកចិត្តទុកដាក់។ ប៉ុន្តែការពិចារណារបស់ខ្ញុំនៅពេលនោះគឺ៖ បើខ្ញុំប្រាប់គាត់គ្រប់យ៉ាងនូវអ្វីដែលខ្ញុំបានដឹង ហើយគាត់ទៅដោះស្រាយបញ្ហានេះ នោះបងប្អូនប្រុសស្រីពិតជានឹងកោតស្ញប់ស្ញែងគាត់ជាក់ជាមិនខានឡើយ ហើយបើដូច្នេះមែន តើខ្ញុំនឹងមានអ្វីចែករំលែកនៅក្នុងការប្រកបនៅពេលខាងមុខទៀតនោះ? ធ្វើបែបនេះនឹងមិនធ្វើឱ្យខ្ញុំកាន់តែអន់ជាងគាត់ទៅហើយទេឬ? ដូច្នេះនៅពេលនោះខ្ញុំបានគិតថា «ទេ ខ្ញុំត្រូវលាក់ទុកព័ត៌មានខ្លះសម្រាប់ខ្លួនឯងដើម្បីធ្វើការប្រកបនៅពេលក្រោយ ដូច្នេះ ពួកគេនឹងអាចឃើញថា ខ្ញុំជាមនុស្សម្នាក់ដែលមានសមត្ថភាពដោះស្រាយបញ្ហាជាង»។ ខ្ញុំគ្រាន់តែផ្តល់ព័ត៌មានទូទៅសង្ខេបដល់បងប្រុស ចាង ប៉ុណ្ណោះ ប៉ុន្តែមិនបាននិយាយជាក់លាក់ ឬអំពីអ្វីដែលសំខាន់ពិតប្រាកដនោះទេ ដោយហេតុថា ខ្ញុំកំពុងមានចិត្តអាត្មានិយម ហើយមិនចង់ចែករំលែកអ្វីៗដែលខ្ញុំដឹងជាមួយគាត់ ខ្ញុំក៏មានចេតនាគេចពីបងប្រុស ចាង នៅក្នុងការងារដែលយើងត្រូវធ្វើជាមួយគ្នា ហើយយើងកាន់តែចំណាយពេលតិចជាងពីមុន នៅក្នុងការពិភាក្សារឿងផ្សេងៗជាមួយគ្នា នៅពេលខ្លះ ខ្ញុំពិតជាមានអារម្មណ៍ថាខ្ញុំពិតជាមានកំហុស ហើយបានគិតក្នុងចិត្ត «ការបំពេញភារកិច្ចរបស់ខ្ញុំដោយរបៀបនេះ ខ្ញុំមិនមែនកំពុងធ្វើការដោយសុខដុមជាមួយបងប្អូនប្រុសរបស់ខ្ញុំនោះទេ ហើយវាក៏មិនមែនជាអ្វីដែលព្រះជាម្ចាស់នឹងសព្វព្រះហឫទ័យដែរ»។ ប៉ុន្តែបន្ទាប់មក ខ្ញុំបានគិតថា «បើគាត់ធ្វើល្អជាងខ្ញុំ មនុស្សគ្រប់គ្នានឹងកោតស្ញប់ស្ញែងដល់គាត់» ដូច្នេះ ខ្ញុំមិនចង់អនុវត្តសេចក្តីពិតទៀតទេ។ អំឡុងពេលនោះ ខ្ញុំស្ថិតក្នុងសភាពមិនច្បាស់លាស់បែបនេះឥតស្រាកស្រាន្ត ហើយនិស្ស័យនៃសេចក្តីសុចរិតរបស់ព្រះជាម្ចាស់ក៏កើតមានមកលើខ្ញុំ។ ចិត្តខ្ញុំបានស្ថិតក្នុងភាពច្របូកច្របល់ឥតស្រាកស្រាន្ត។ ការប្រកបរបស់ខ្ញុំនៅក្នុងការជួបជុំបានខ្វះពន្លឺ ហើយខ្ញុំមិនបានសម្រេចអ្វីមួយក្នុងភារកិច្ចរបស់ខ្ញុំនោះទេ ហើយខ្ញុំបានចាប់ផ្ដើមងោកងក់ពីព្រលប់រៀងរាល់យប់។ ខ្ញុំក៏មានអារម្មណ៍កាន់តែមិនស្រណុកស្រួលផងដែរ។ នៅពេលនោះខ្ញុំបានដឹងថាព្រះជាម្ខាស់បានចាកចេញពីរូបខ្ញុំហើយ ហើយបន្ទាប់មកខ្ញុំក៏ប្រែជាខ្លាច។ ខ្ញុំក៏បានប្រញាប់ទៅធ្វើអធិដ្ឋាននៅចំពោះព្រះជាម្ចាស់។ «ឱព្រះជាម្ចាស់អើយ ទូលបង្គំកំពុងតែរស់ជាមួយនិស្ស័យសាតាំងរបស់ទូលបង្គំដែលពោរពេញភាពអាត្មានិយម និងគួរឱ្យស្អប់ខ្ពើម។ ទូលបង្គំដឹងថា ទង្វើនេះធ្វើឱ្យទ្រង់មិនសព្វព្រះទ័យទេ ប៉ុន្តែទូលបង្គំមិនអាចឃាត់ខ្លូនឯងបានទេ។ ទូលបង្គំមិនអាចកំចាត់ពួកវាចេញពីខ្លួនបានទេ។ ព្រះជាម្ចាស់អើយ សូមជួយបំភ្លឺដល់ទូលបង្គំផង ដើម្បីឱ្យទូលបង្គំអាចយល់កាន់តែពិតប្រាកដនូវធម្មជាតិ និងសារជាតិរបស់ទូលបង្គំ»។
ក្រោយពីអធិស្ឋាន ខ្ញុំបានអានអត្ថបទគម្ពីរនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់៖ «វាជាធម្មជាតិរបស់សាតាំងដែលមើលការខុសត្រូវ និងត្រួតត្រាពួកគេពីខាងក្នុង រហូតទាល់តែមនុស្សមានបទពិសោធន៍នឹងកិច្ចការរបស់ព្រះជាម្ចាស់ ហើយទទួលបានសេចក្ដីពិត។ តើធម្មជាតិនោះនាំមកនូវអ្វីខ្លះជាពិសេស? ឧទាហរណ៍ តើហេតុអ្វីបានជាអ្នកអាត្មានិយម? តើហេតុអ្វីបានជាអ្នកការពារតំណែងរបស់ខ្លួន? តើហេតុអ្វីបានជាអ្នកមានអារម្មណ៍ខ្លាំងក្លាបែបនេះ? តើហេតុអ្វីបានជាអ្នករីករាយនឹងរឿងរ៉ាវទុច្ចរិតទាំងនោះ? តើហេតុអ្វីអ្នកចូលចិត្តការអាក្រក់ទាំងនោះ? តើអ្វីជាមូលដ្ឋានសម្រាប់ការចូលចិត្តរបស់អ្នកចំពោះរបស់ទាំងនេះ? តើរបស់ទាំងនេះមកពីណា? តើហេតុអ្វីបានជាអ្នកសប្បាយចិត្តក្នុងការទទួលយករបស់ទាំងនេះម្ល៉េះ? មកដល់ឥលូវនេះ អ្នករាល់គ្នាបានយល់ហើយថា មូលហេតុចម្បងដែលនៅពីក្រោយរបស់ទាំងអស់នេះ គឺដោយសារថ្នាំពុលរបស់សាតាំងនៅក្នុងអ្នក។ ចំពោះអ្វីដែលជាថ្នាំពុលរបស់សាតាំង គឺព្រះបន្ទូលអាចសម្ដែងចេញឲ្យឃើញយ៉ាងពេញលេញ។ ឧទាហរណ៍ ប្រសិនបើអ្នកសួរមនុស្សដែលធ្វើការអាក្រក់ថា ហេតុអ្វីបានជាពួកគេប្រព្រឹត្តការអាក្រក់ នោះពួកគេនឹងឆ្លើយថា 'មនុស្សគ្រប់រូបធ្វើអ្វីៗសម្រាប់ខ្លួនឯង ហើយទីបំផុតអារក្សយកទាំងអស់'។ ឃ្លាមួយនេះសម្ដែងចេញនូវឫសគល់នៃបញ្ហា។ តក្កសាស្ដរបស់សាតាំងបានក្លាយជាជីវិតរបស់មនុស្ស។ ពួកគេប្រហែលជាធ្វើការទាំងនេះដើម្បីគោលបំណងនេះ ឬក៏គោលបំណងនោះ ប៉ុន្ដែពួកគេគ្រាន់តែធ្វើវាសម្រាប់ខ្លួនឯងប៉ុណ្ណោះ។ មនុស្សគ្រប់គ្នាគិតថា ដោយសារមនុស្សគ្រប់រូបធ្វើអ្វីៗសម្រាប់ខ្លួនឯង ហើយទីបំផុតអារក្សយកទាំងអស់ នោះមនុស្សគួរតែរស់នៅដើម្បីជាប្រយោជន៍ខ្លួនឯង និងធ្វើអ្វីៗតាមអំណាចរបស់ពួកគេ ដើម្បីរក្សាតួនាទីមួយដែលល្អ សម្រាប់ជាប្រយោជន៍ដល់អាហារ និងសម្លៀកបំពាក់ស្អាតៗ។ 'មនុស្សគ្រប់រូបធ្វើអ្វីៗសម្រាប់ខ្លួនឯង ហើយទីបំផុតអារក្សយកទាំងអស់' នេះគឺជាជីវិត និងទស្សនវិជ្ជារបស់មនុស្ស ហើយវាក៏តំណាងឲ្យធម្មជាតិរបស់មនុស្សដែរ។ ពាក្យសម្ដីរបស់សាតាំងទាំងអស់នេះគឺជាថ្នាំពុលយ៉ាងច្បាស់របស់សាតាំង ហើយនៅពេលដែលមនុស្សយកវាចូលទៅក្នុងខ្លួន នោះវាក៏ក្លាយជាធម្មជាតិរបស់ពួកគេ។ ធម្មជាតិរបស់សាតាំងត្រូវបានមើលឃើញតាមរយៈពាក្យសម្ដីទាំងនេះ ព្រោះវាតំណាងឲ្យសាតាំងទាំងស្រុង។ ថ្នាំពុលនេះក្លាយជាជីវិតរបស់មនុស្ស ក៏ដូចជាមូលដ្ឋានគ្រឹះនៃអត្ថិភាពរបស់ពួកគេ ហើយមនុស្សដែលពុករលួយត្រូវបានត្រួតត្រាដោយថ្នាំពុលនេះយ៉ាងជាប់លាប់អស់រយៈពេលរាប់ពាន់ឆ្នាំ» («របៀបដើរតាមមាគ៌ារបស់ពេត្រុស» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ ការអានព្រះបន្ទូលរបស់ព្រះជាម្ចាស់ បានបង្ហាញឱ្យខ្ញុំឃើញថា ខ្ញុំមិនអាចជួយអ្វីបានទេ ក្រៅតែប្រព្រឹត្តខ្លួនដោយភាពអាត្មានិយម និងគួរឱ្យស្អប់ «មនុស្សគ្រប់រូបធ្វើអ្វីៗសម្រាប់ខ្លួនឯង ហើយទីបំផុតអារក្សយកទាំងអស់» បានក្លាយជាធម្មជាតិពិតប្រាកដរបស់ខ្ញុំ។ ខ្ញុំរាប់ទស្សនៈទាំងនេះជារឿងវិជ្ជមាន ជាច្បាប់ដែលត្រូវរស់នៅតាម ដោយគិតថា នោះជាវិធីដែលមនុស្សគួររស់នៅ គិតថាវាជាវិធីតែមួយគត់ សម្រាប់ការពារខ្លួនឯង ជាលទ្ធផល ខ្ញុំក៏កាន់តែមានភាពអាត្មានិយម និងថោកទាប គិតតែពីខ្លួនឯង ខ្ញុំខ្លាចរហូតថា បងប្រុស ចាង នឹងបានពូកែជាងខ្ញុំ ក្នុងភារកិច្ចដែលយើងបានអនុវត្តជាមួយគ្នា ដូច្នេះ រាល់ពេលដែលយើងជជែកអំពីការងារ ខ្ញុំគ្រាន់តែលាក់គំនួច ធ្វើការងារតិចតួច ដោយមិនចែករំលែកគ្រប់យ៉ាងដែលខ្ញុំដឹងនោះឡើយ។ ពេលបងប្រុស ចាង ជួបប្រទះបញ្ហានៅក្នុងភារកិច្ចរបស់គាត់ និងរត់មករកខ្ញុំក្នុងការស្វែងរក កិច្ចការក្នុងដំណាក់របស់ព្រះជាម្ចាស់ មិនមែនក្ដីបារម្ភរបស់ខ្ញុំទេ តែក្ដីបារម្ភខ្ញុំគឺថា បើខ្ញុំបង្រៀនគាត់គ្រប់យ៉ាង នោះខ្ញុំនឹងលែងមានឱកាសចេញមុខមាត់ក្នុងក្រុមជំនុំ សូម្បីពេលខ្ញុំដឹងច្បាស់ថា វាមិនមែនជាវិធីសាស្ត្រត្រឹមត្រូវ ក៏ខ្ញុំនៅតែមិនចង់ជួយគាត់ដដែល ខ្ញុំអាចមើលឃើញថា ខ្ញុំមិនធ្វើភារកិច្ចរបស់ខ្លួនឯង ចេញពីការគិតគូរដល់បំណងព្រះទ័យរបស់ព្រះជាម្ចាស់ ឬប្រកាន់ខ្ជាប់នូវកិច្ចការក្នុងដំណាក់របស់ព្រះជាម្ចាស់នោះទេ តែខ្ញុំកំពុងធ្វើវា ដើម្បីដេញតាមកេរ្តិ៍ឈ្មោះ និងឋានៈផ្ទាល់ខ្លួនវិញ។ ខ្ញុំនេះពិតជាអាត្មានិយម និងមានល្បិចច្រើនមែន។ សម្អាងលើពិសពុលសាតាំងទាំងអស់នេះនៅក្នុងភារកិច្ចរបស់ខ្ញុំ ធ្វើម្ដេចខ្ញុំអាចទទួលការដឹកនាំ និងព្រះពរពីព្រះជាម្ចាស់បាន? ខ្ញុំគិតថា តាមរយៈការមិនបង្រៀននរណាម្នាក់នូវអ្វីដែលខ្ញុំដឹង ខ្ញុំអាចធ្វើជាមនុស្សពូកែបំផុតនៅក្នុងពួកជំនុំ ហើយគ្រប់គ្នាគោរពខ្ញុំ ប៉ុន្តែការពិត លទ្ធផលគឺ ខ្ញុំកាន់តែស្ទាក់ស្ទើរ វិញ្ញាណខ្ញុំកាន់តែងងឹតងងល់ ហើយខ្ញុំក៏កាន់តែគ្មានការដឹកនាំរបស់ព្រះជាម្ចាស់ គឺដល់ថ្នាក់ ខ្ញុំថែមទាំងមិនអាចធ្វើកិច្ចការដែលធ្លាប់ធ្វើបានពីមុនទៀតផង នោះខ្ញុំក៏នឹកឃើញព្រះបន្ទូលរបស់អម្ចាស់ព្រះយេស៊ូវថា៖ «ដ្បិតអស់អ្នកណាដែលមាន នោះគេនឹងផ្ដល់ឱ្យអ្នកនោះ ហើយគាត់នឹងមានកាន់តែច្រើនបរិបូរណ៍ផង៖ តែអស់អ្នកណាដែលមិនមានវិញ នោះនឹងត្រូវដកចេញពីគាត់នូវអ្វីដែលគាត់មាន» (ម៉ាថាយ ១៣:១២)។ នឹកដល់ព្រះបន្ទូលនេះ បានធ្វើឱ្យខ្ញុំពិតជាអរព្រះគុណដល់និស្ស័យសុចរិតរបស់ព្រះជាម្ចាស់ណាស់ ពេលខ្ញុំកាន់តែគិតពីរឿងនេះ ខ្ញុំបានឃើញថា ការដែលអាចមើលឃើញបញ្ហាខ្លះនៅក្នុងភារកិច្ចរបស់ខ្ញុំ គឺដោយសារការដឹកនាំ និងការបំភ្លឺរបស់ព្រះជាម្ចាស់ទាំងស្រុង ហើយបើគ្មានការដឹកនាំពីព្រះបន្ទូលព្រះជាម្ចាស់ទេ ខ្ញុំប្រាកដជាខ្វាក់ មិនអាចយល់អ្វីសោះ ហើយមិនអាចដោះស្រាយបញ្ហាអ្វីទាំងអស់ ប៉ុន្តែ ខ្ញុំខ្វះការយល់ដឹងអំពីខ្លួនឯងទាំងស្រុង ហើយខ្ញុំច្រឡំយកការបំភ្លឺរបស់ព្រះវិញ្ញាណបរិសុទ្ធ មកធ្វើជាសមត្ថភាពផ្ទាល់ខ្លួន ទាំងមិនចេះខ្មាសអៀន។ តើខ្ញុំកំពុងព្យាយាមប្លន់សិរីរុងរឿងរបស់ព្រះជាម្ចាស់មែនទេ? ព្រះជាម្ចាស់អាចមើលធ្លុះដល់ដួងចិត្ត និងគំនិតរបស់មនុស្ស ខ្ញុំដឹងថា បើខ្ញុំនៅតែមានភាពអាត្មានិយម និងថោកទាប នោះខ្ញុំប្រាកដជាត្រូវព្រះជាម្ចាស់បដិសេធ និងត្រូវលុបបំបាត់ចោលមិនខាន ពេលគិតដូច្នេះ ខ្ញុំក៏ប្រញាប់មកចំពោះព្រះជាម្ចាស់ដោយអធិដ្ឋានទូលថា «ព្រះជាម្ចាស់អើយ ខ្ញុំនឹងមិនស្វែងរកប្រយោជន៍ខ្លួន និងធ្វើជាមនុស្សថោកទាប នៅក្នុងភារកិច្ចរបស់ខ្ញុំទៀតទេ ខ្ញុំពិតជាចង់ធ្វើការឱ្យបានល្អជាមួយបងប្រុស ចាង និងបំពេញភារកិច្ចរបស់ខ្ញុំឱ្យបានល្អ»។
បន្ទាប់មក ខ្ញុំអានព្រះបន្ទូលព្រះជាម្ចាស់ដូច្នេះថា៖ «ចូរកុំធ្វើអ្វីៗសម្រាប់តែប្រយោជន៍ផ្ទាល់ខ្លួន និងកុំគិតតែពីផលចំណេញផ្ទាល់ខ្លួននោះឡើយ។ ចូរកុំគិតអំពីឋានៈបុណ្យសក្ដិ កិត្យានុភាព ឬកេរ្តិ៍ឈ្មោះរបស់អ្នកឡើយ។ ចូរកុំពិចារណាលើផលប្រយោជន៍របស់មនុស្សនោះដែរ។ អ្នកត្រូវតែគិតអំពីផលប្រយោជន៍នៃដំណាក់របស់ព្រះជាម្ចាស់ជាមុនសិន ហើយដាក់វាជាអាទិភាពទីមួយរបស់អ្នក។ អ្នកគួរតែគិតគូរអំពីបំណងព្រះហឫទ័យរបស់ព្រះ ហើយចាប់ផ្ដើម ដោយសញ្ជឹងគិតមើលថាតើអ្នកបានក្លាយជាមិនបរិសុទ្ធនៅក្នុងការបំពេញភារកិច្ចរបស់អ្នកឬអត់ ថាតើអ្នកបានធ្វើយ៉ាងអស់ពីសមត្ថភាព ដើម្បីមានស្វាមីភក្ដិ បានធ្វើយ៉ាងអស់ពីចិត្ត ដើម្បីបំពេញទំនួលខុសត្រូវរបស់អ្នក និងដាក់ចិត្តដាក់កាយទាំងស្រុង ក៏ដូចជាសញ្ជឹងគិតមើលថាតើអ្នកបានពិចារណាយ៉ាងល្អិតល្អន់ចំពោះភារកិច្ចរបស់អ្នក និងកិច្ចការនៃព្រះដំណាក់របស់ព្រះឬអត់។ អ្នកត្រូវតែពិចារណាទៅលើរឿងទាំងនេះ។ ចូរគិតអំពីរឿងទាំងនេះឲ្យបានញឹកញាប់ចុះ នោះអ្នកនឹងកាន់តែងាយស្រួលក្នុងការបំពេញការងាររបស់អ្នកបានយ៉ាងល្អមិនខាន» («ចូរថ្វាយដួងចិត្តដ៏ពិតរបស់អ្នកដល់ព្រះជាម្ចាស់ ទើបអ្នកអាចទទួលបានសេចក្តីពិត» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ «នៅពេលដែលអ្នកបើកសម្ដែងខ្លួនឯងថាជាមនុស្សអាត្មានិយម និងមិនថ្លៃថ្នូរ និងដឹងពីបញ្ហានេះ នោះអ្នកគួរតែស្វែងរកសេចក្ដីពិត៖ តើខ្ញុំគួរតែធ្វើអ្វីដើម្បីឱ្យស្របនឹងបំណងព្រះហឫទ័យរបស់ព្រះជាម្ចាស់? តើខ្ញុំគួរតែធ្វើសកម្មភាពបែបណាដែលវាផ្ដល់ផលប្រយោជន៍ដល់គ្រប់គ្នា? មានន័យថា អ្នកត្រូវតែចាប់ផ្ដើមយកផលប្រយោជន៍ផ្ទាល់ខ្លួនទុកដោយឡែក ហើយបោះបង់ចោលពួកវាបន្តិចម្ដងៗ ផ្អែកតាមកម្ពស់របស់អ្នក។ បន្ទាប់ពីអ្នកទទួលបានបទពិសោធន៍អំពីរឿងនេះពីរបីលើក នោះអ្នកនឹងយកពួកវាទុកដោយឡែកយ៉ាងពេញលេញ ហើយខណៈពេលដែលអ្នកធ្វើដូច្នោះ អ្នកនឹងមានអារម្មណ៍កាន់តែរឹងមាំ។ អ្នកកាន់តែយកផលប្រយោជន៍របស់អ្នកទុកដោយឡែក នោះអ្នកនឹងកាន់តែមានអារម្មណ៍ថា ក្នុងនាមជាមនុស្ស អ្នកគួរតែមានមនសិការ និងហេតុផល។ អ្នកនឹងមានអារម្មណ៍ថា បើគ្មានបំណងចិត្តអាត្មានិយមទេ នោះអ្នកនឹងក្លាយជាបុគ្គលទៀងត្រង់ និងស្មោះត្រង់ ហើយអ្នកកំពុងតែធ្វើអ្វីៗទាំងអស់ ដើម្បីផ្គាប់ព្រះហឫទ័យរបស់ព្រះជាម្ចាស់។ អ្នកនឹងមានអារម្មណ៍ថា ឥរិយាបថបែបនេះ ធ្វើឱ្យអ្នកមានតម្លៃក្នុងការត្រូវបានគេហៅថា 'មនុស្ស' ហើយថាដោយការរស់នៅតាមវិធីនេះនៅលើផែនដី នោះអ្នកក្លាយជាមនុស្សបើកចំហ និងស្មោះត្រង់ អ្នកគឺជាបុគ្គលពិតម្នាក់ អ្នកមានមនសិការច្បាស់លាស់ ហើយមានតម្លៃចំពោះគ្រប់យ៉ាងដែលព្រះជាម្ចាស់ប្រទានដល់អ្នក។ អ្នកកាន់តែរស់នៅដូចនេះ នោះអ្នកនឹងមានអារម្មណ៍កាន់តែរឹងមាំ និងភ្លឺស្វាង។ ដូច្នេះហើយ តើអ្នកមិនបានដើរនៅលើផ្លូវដ៏ត្រឹមត្រូវទេឬ?» («ចូរថ្វាយដួងចិត្តដ៏ពិតរបស់អ្នកដល់ព្រះជាម្ចាស់ ទើបអ្នកអាចទទួលបានសេចក្តីពិត» នៅក្នុងសៀវភៅ កំណត់ហេតុនៃការសន្ទនាអំពីព្រះគ្រីស្ទនៃគ្រាចុងក្រោយ)។ បន្ទាប់ពីអានព្រះបន្ទូលនេះ ខ្ញុំយល់ថា បើខ្ញុំចង់បំពេញភារកិច្ចរបស់ខ្ញុំឱ្យបានល្អ ដំបូង ខ្ញុំត្រូវគិតអំពីវិធីប្រកាន់ខ្ជាប់នូវកិច្ចការក្នុងដំណាក់របស់ព្រះជាម្ចាស់ គិតរកវិធីប្រើសមត្ថភាពទាំងអស់ដែលខ្ញុំមាន នៅក្នុងភារកិច្ចរបស់ខ្ញុំ និងគិតរកវិធីបំពេញភារកិច្ចដោយទំនួលខុសត្រូវបំផុត។ ព្រះជាម្ចាស់ផ្ដោតលើអាកប្បកិរិយារបស់យើង ក្នុងការបំពេញភារកិច្ច ក្ដីសង្ឃឹមរបស់ទ្រង់ គឺឱ្យយើងប្រឈមនឹងទ្រង់ដោយដួងចិត្តស្មោះត្រង់ ឱ្យយើងប្រើសមត្ថភាពទាំងអស់ក្នុងការបំពេញភារកិច្ចឱ្យបានល្អ និងឱ្យយើងក្លាយជាមនុស្សដែលមានសម្បជញ្ញៈ និងភាពជាមនុស្ស។ ពេលខ្ញុំយល់ពីបំណងព្រះហឫទ័យទ្រង់ ខ្ញុំក៏ពោលពាក្យអធិដ្ឋានទៅព្រះជាម្ចាស់ នៅក្នុងចិត្ត ដោយទូលទ្រង់ថា ខ្ញុំត្រៀមចិត្តបោះបង់ចោលភាពអាត្មានិយមរបស់ខ្ញុំ និងឈប់គិតរកប្រយោជន៍ផ្ទាល់ខ្លួន ហើយថា ខ្ញុំនឹងធ្វើគ្រប់យ៉ាងដែលជាប្រយោជន៍ដល់ក្រុមជំនុំ និងជីវិតរបស់បងប្អូនប្រុសស្រី បន្ទាប់មក ខ្ញុំក៏ទៅជជែកជាមួយបងប្រុស ចាង ប្រាប់គាត់ពីការជំរុញចិត្តបែបអាត្មានិយម គួរឱ្យស្អប់ និងល្បិចកលរបស់ខ្ញុំ យើងក៏បានស្វះស្វែងរកសេចក្ដីពិតជាមួយគ្នា ទាក់ទងបញ្ហា និងគុណវិបត្តិនៅក្នុងកិច្ចការដែលយើងត្រូវដោះស្រាយ ហើយខ្ញុំក៏ចែករំលែកការប្រកបគ្នាស្ដីពីកិច្ចការគ្រប់យ៉ាងដែលខ្ញុំដឹង ដោយឥតលាក់លៀម។ ពេលខ្ញុំអនុវត្តតាមវិធីនេះ ខ្ញុំក៏មានអារម្មណ៍សុខសាន្តជាខ្លាំង ខ្ញុំមានអារម្មណ៍ថា ការធ្វើជាមនុស្សបែបនេះ គឺជាមនុស្សបើកចំហ និងស្មោះត្រង់ គឺអស្ចារ្យណាស់។ សភាពខ្ញុំក៏ប្រសើរឡើងបន្តិចម្ដងៗ ហើយខ្ញុំក៏ចាប់ផ្ដើមមើលឃើញលទ្ធផលខ្លះៗនៅក្នុងភារកិច្ចរបស់ខ្ញុំ។ ទោះបីជាពេលខ្លះ ខ្ញុំនៅមានគំនិតអាត្មានិយម និងគួរឱ្យស្អប់ក៏ដោយ ពេលខ្ញុំគិតពីការដែលធ្វើឱ្យព្រះជាម្ចាស់ស្អប់ខ្ពើម នោះខ្ញុំក៏ចូលមកចំពោះព្រះជាម្ចាស់ ដោយការអធិដ្ឋាន បោះបង់គំនិតមិនត្រឹមត្រូវរបស់ខ្ញុំ និងចង់អនុវត្តតាមព្រះបន្ទូលរបស់ទ្រង់
ដោយបានឆ្លងកាត់បទពិសោធនោះ ខ្ញុំពិតជាមានអារម្មណ៍ ថា ការបំពេញភារកិច្ចរបស់យើង ដោយសំអាងលើនិស្ស័យសាតាំង និងភាពពិសពុលរបស់សាតាំង បានត្រឹមតែអាចធ្វើឱ្យយើងកាន់តែអាត្មានិយម គួឱ្យស្អប់ និងបម្រើតែប្រយោជន៍ខ្លួនឯង យើងនឹងបាត់បង់លក្ខណៈជាមនុស្សអស់រលីង មិនត្រឹមតែធ្វើឱ្យខ្លួនឯងឈឺចាប់ទេ តែថែមទាំងមិនអាចធ្វើការជាមួយអ្នកដទៃឱ្យបានល្អទៀតផង។ លើសពីនេះ វាគ្មានប្រយោជន៍អ្វីសោះ មានតែបង្ខូចកិច្ចការនៅក្នុងដំណាក់របស់ព្រះជាម្ចាស់ ពេលខ្ញុំអនុវត្តសេចក្ដីពិត ក្នុងនាមជាមនុស្សស្មោះត្រង់ ស្របតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងឈប់លេងល្បិច ដើម្បីប្រយោជន៍ផ្ទាល់ខ្លួនតទៅទៀត ខ្ញុំក៏មានការបំភ្លឺ និងការដឹកនាំពីព្រះវិញ្ញាណបរិសុទ្ធ ក្នុងភារកិច្ចរបស់ខ្ញុំ ហើយខ្ញុំមានអារម្មណ៍សុខសាន្តក្នុងចិត្ត សូមអរព្រះគុណព្រះជាម្ចាស់! វាជាការជំនុំជម្រះ និងជាការវាយផ្ចាលនៃព្រះបន្ទូលរបស់ព្រះជាម្ចាស់ ដែលផ្ដល់ឱ្យខ្ញុំនូវការយល់ដឹងអំពីនិស្ស័យបែបសាតាំងរបស់ខ្ញុំ ហើយទីបំផុត ខ្ញុំក៏អាចអនុវត្តសេចក្ដីពិតបានបន្តិច និងរស់នៅក្នុងលក្ខណៈជាមនុស្ស នៅក្នុងជីវិតខ្ញុំបាន។