សំឡេងផ្គរលាន់ទាំងប្រាំពីរ៖ ថ្លែងទំនាយថា ដំណឹងល្អនៃនគរព្រះ នឹងផ្សាយទៅពាសពេញទាំងសកលលោក

ខ្ញុំកំពុងពង្រីកកិច្ចការរបស់ខ្ញុំ ក្នុងចំណោមជាតិសាសន៍ដទៃ។ សិរីល្អរបស់ខ្ញុំ ចាំងចែងពេញទាំងសកលលោក។ មនុស្សផ្កាយ-ផ្កាយ-ចំណុច-ចំណុចទាំងអស់ ស្ពាយនូវបំណងព្រះហឫទ័យរបស់ខ្ញុំនៅជាប់នឹងខ្លួន ហើយពួកគេត្រូវបានដឹកនាំដោយព្រះហស្ដរបស់ខ្ញុំ និងត្រៀមធ្វើកិច្ចការដែលខ្ញុំបានចាត់ចែងឱ្យ។ ចាប់ពីពេលនេះទៅ ខ្ញុំបានចូលទៅក្នុងយុគសម័យថ្មីមួយ ដោយនាំយកមនុស្សទាំងអស់ទៅក្នុងពិភពថ្មីនោះ។ នៅពេលដែលខ្ញុំយាងត្រឡប់ទៅ «ទឹកដីកំណើត» របស់ខ្ញុំវិញ ខ្ញុំនឹងចាប់ផ្តើមធ្វើកិច្ចការមួយចំណែកទៀត នៅក្នុងផែនការដើមរបស់ខ្ញុំ ដើម្បីឱ្យមនុស្សស្គាល់ខ្ញុំកាន់តែជ្រាលជ្រៅជាងមុន។ ខ្ញុំទតឃើញសកលលោកទាំងមូលដោយគ្មានចន្លោះ ហើយខ្ញុំយល់ឃើញថា[ក] វាជាឱកាសមួយដ៏ល្អសម្រាប់កិច្ចការរបស់ខ្ញុំ ហេតុនេះបានជាខ្ញុំប្រញាប់ប្រញាល់យាងទៅមកចុះឡើង ដោយបំពេញកិច្ចការថ្មីរបស់ខ្ញុំចំពោះមនុស្ស។ នេះគឺជាយុគសម័យថ្មីមួយ ហើយទីបំផុត ខ្ញុំបាននាំកិច្ចការថ្មីមក ដើម្បីនាំមនុស្សថ្មីៗបន្ថែមទៀតចូលទៅក្នុងយុគសម័យថ្មីនេះ ហើយបោះចោលមនុស្សដែលខ្ញុំត្រូវផាត់ចោលនោះមួយឡែកសិន។ ខ្ញុំបានអនុវត្តដំណាក់កាលមួយនៃកិច្ចការដែលមនុស្សពុំអាចយល់បាននៅក្នុងជាតិសាសន៍នៃនាគដ៏ធំមានសម្បុរក្រហម ដោយធ្វើឱ្យពួកគេយោលយោគទៅមកនៅក្នុងខ្យល់ ហើយក្រោយមក មនុស្សជាច្រើនត្រូវរសាត់បាត់ទៅយ៉ាងស្ងៀមស្ងាត់ ដោយសារខ្យល់បក់។ ពិតណាស់ នេះគឺជា «លានបោកស្រូវ» ដែលខ្ញុំនឹងត្រូវជម្រះឱ្យស្អាត។ ជាកិច្ចការដែលខ្ញុំទន្ទឹងជាខ្លាំង ហើយក៏ជាផែនការរបស់ខ្ញុំផងដែរ។ ដ្បិតមនុស្សអាក្រក់ជាច្រើនបានលបលួចចូលមក នៅពេលខ្ញុំកំពុងធ្វើការ ប៉ុន្តែខ្ញុំមិនប្រញាប់បណ្ដេញពួកគេចេញនោះទេ។ ផ្ទុយទៅវិញ ខ្ញុំនឹងកម្ចាត់ពួកគេចោលនៅពេលឱកាសល្អមកដល់។ ទាល់តែកិច្ចការនេះរួចរាល់សិន ទើបខ្ញុំនឹងក្លាយជារន្ធទឹកនៃជីវិត ដែលអាចឱ្យអ្នកដែលស្រឡាញ់ខ្ញុំពិតប្រាកដ មកទទួលផ្លែល្វា និងគន្ធាក្រអូបសាយនៃផ្កាកំភ្លឹងបាន។ នៅក្នុងទឹកដីដែលសាតាំងស្នាក់នៅ គឺជាទឹកដីដែលមានសុទ្ធតែធូលី នៅទីនោះគ្មានសល់មាសសុទ្ធទេ សល់តែដីខ្សាច់ប៉ុណ្ណោះ ហេតុនេះ ខ្ញុំក៏បំពេញកិច្ចការមួយដំណាក់កាល តម្រូវទៅតាមកាលៈទេសៈទាំងនេះសិន។ អ្នកគប្បីដឹងថា អ្វីដែលខ្ញុំទទួលបានគឺមាសសុទ្ធ ជាមាសដែលបន្សុទ្ធរួច មិនមែនជាខ្សាច់ទេ។ តើមនុស្សអាក្រក់អាចស្ថិតនៅក្នុងដំណាក់របស់ខ្ញុំបានយ៉ាងដូចម្ដេចទៅ? តើខ្ញុំអាចអនុញ្ញាតឱ្យពពួកសត្វកញ្ជ្រោង ក្លាយជាបញ្ញើក្អែកនៅក្នុងឋានសួគ៌ខ្ញុំបានដោយវិធីណាទៅ? ខ្ញុំប្រើគ្រប់វិធីសាស្រ្តដែលខ្ញុំគិតឃើញ ដើម្បីបណ្ដេញរបស់ទាំងអស់នេះចេញ។ មុនពេលបញ្ចេញប្រាប់ពីបំណងព្រះហឫទ័យរបស់ខ្ញុំឱ្យគេបានដឹង នោះគ្មាននរណាម្នាក់ដឹងអំពីអ្វីដែលខ្ញុំហៀបនឹងធ្វើឡើយ។ ខ្ញុំក៏នឹងចាប់យកឱកាសនេះ ដើម្បីបណ្ដេញមនុស្សអាក្រក់ចេញ ហើយពួកគេនឹងត្រូវបង្ខំឱ្យចេញពីព្រះវត្តមានរបស់ខ្ញុំ។ ខ្ញុំធ្វើដាក់ពួកមនុស្សអាក្រក់ដោយបែបនេះឯង ប៉ុន្តែគង់មានថ្ងៃណាមួយពួកគេអាចបម្រើខ្ញុំបានទេ។ ចំណង់ដែលមនុស្សចង់បានការប្រទានពរ គឺខ្លាំងក្លាណាស់។ ហេតុនេះ ខ្ញុំនឹងបង្វែរព្រះកាយខ្ញុំ ហើយបង្ហាញព្រះភក្ត្រប្រកបដោយសិរីល្អរបស់ខ្ញុំទៅដល់សាសន៍ដទៃ ដើម្បីឱ្យមនុស្សទាំងអស់ អាចរស់នៅក្នុងពិភពលោកមួយជាកម្មសិទ្ធផ្ទាល់ខ្លួន និងអាចវិនិច្ឆ័យខ្លួនឯងបាន ចំណែកឯខ្ញុំវិញ ខ្ញុំនឹងនៅតែបន្តថ្លែងព្រះបន្ទូលដែលខ្ញុំគួរថ្លែង ហើយទំនុកបម្រុងដល់មនុស្សតាមអ្វីដែលពួកគេត្រូវការ។ ទម្រាំមនុស្សបានភ្ញាក់ដឹងខ្លួនវិញ គឺខ្ញុំបានផ្សាយកិច្ចការរបស់ខ្ញុំរួចជាយូរមកហើយ។ បន្ទាប់មក ខ្ញុំនឹងបញ្ជាក់អំពីបំណងរបស់ខ្ញុំឱ្យមនុស្សបានដឹង និងចាប់ផ្ដើមចំណែកទីពីរនៃកិច្ចការរបស់ខ្ញុំចំពោះមនុស្ស ដោយអនុញ្ញាតឱ្យមនុស្សទាំងអស់ ដើរតាមខ្ញុំយ៉ាងប្រកៀក ដើម្បីសម្រួលកិច្ចការរបស់ខ្ញុំ និងអាចឱ្យមនុស្សធ្វើអ្វី តាមសមត្ថភាពរបស់ពួកគេ ដើម្បីរួមគ្នាជាមួយខ្ញុំបំពេញកិច្ចការដែលខ្ញុំចាំបាច់ត្រូវធ្វើ។

គ្មាននរណាម្នាក់ជឿថា ពួកគេនឹងមើលឃើញសិរីល្អរបស់ខ្ញុំទេ ហើយខ្ញុំមិនបង្ខិតបង្ខំពួកគេឡើយ ផ្ទុយទៅវិញ ខ្ញុំនឹងដកយកសិរីល្អរបស់ខ្ញុំចេញពីក្នុងចំណោមមនុស្សជាតិមកវិញ និងនាំយកសិរីល្អនោះទៅកាន់ពិភពមួយទៀត។ ពេលមនុស្សប្រែចិត្តសាជាថ្មី នោះខ្ញុំនឹងយកសិរីល្អរបស់ខ្ញុំ ទៅបង្ហាញដល់អ្នកដែលមានជំនឿកាន់តែច្រើនថែមទៀត។ នេះគឺជាគោលការណ៍ ដែលខ្ញុំអនុវត្តកិច្ចការ។ ដ្បិតមានពេលមួយដែលសិរីល្អរបស់ខ្ញុំបាត់ចេញពីស្រុកកាណាន ហើយក៏មានពេលមួយដែលសិរីល្អខ្ញុំនឹងចាកចេញពីមនុស្សដែលខ្ញុំបានជ្រើសតាំងផងដែរ។ លើសពីនេះទៅទៀត មានពេលមួយដែលសិរីល្អរបស់ខ្ញុំចាកចេញពីផែនដីទាំងមូល ដែលធ្វើឱ្យផែនដីនេះប្រែជាងងឹត ហើយធ្លាក់ចូលទៅក្នុងភាពអន្ធិកា។ សូម្បីទឹកដីស្រុកកាណានក៏នឹងមើលមិនឃើញពន្លឺព្រះអាទិត្យដែរ។ មនុស្សគ្រប់គ្នានឹងបាត់បង់ជំនឿរបស់ពួកគេ ប៉ុន្តែគ្មាននរណាម្នាក់អាចទ្រាំចាកចេញពីគន្ធាក្រអូបសាយនៃទឹកដីកាណានបានឡើយ។ ទាល់តែខ្ញុំបានឆ្លងទៅកាន់ផ្ទៃមេឃ និងផែនដីថ្មី ទើបខ្ញុំអាចយកចំណែកផ្សេងទៀតក្នុងសិរីល្អរបស់ខ្ញុំបាន និងសម្ដែងសិរីល្អនោះនៅក្នុងស្រុកកាណានសិន ដែលនាំឱ្យមានពន្លឺព្រឹមៗចាំងឡើងលើផែនដីទាំងមូល ដែលលិចចូលក្នុងភាពងងឹតស្លុងនៃរាត្រីកាល ដែលផែនដីទាំងមូលអាចត្រឡប់មកជាមានពន្លឺវិញ ដោយមនុស្សទាំងអស់នៅលើផែនដី អាចមកស្រូបយកកម្លាំងពីអានុភាពពន្លឺនេះ ដើម្បីឱ្យសិរីល្អរបស់ខ្ញុំកើនកាន់តែច្រើន និងលេចឡើងជាថ្មីដល់គ្រប់ជាតិសាសន៍ ហើយដោយឱ្យមនុស្សទាំងអស់អាចដឹងថា ខ្ញុំបានមកកាន់ពិភពលោកនេះជាយូរមកហើយ រួចខ្ញុំបាននាំសិរីល្អរបស់ខ្ញុំពីអ៊ីស្រាអែល ទៅឯទិសខាងកើតទៀត ដ្បិតសិរីល្អរបស់ខ្ញុំរះចាំងចែងពីទិសខាងកើត ហើយសិរីល្អនេះត្រូវបាននាំចេញមកពីយុគសម័យនៃព្រះគុណរហូតដល់បច្ចុប្បន្ននេះ។ ប៉ុន្តែខ្ញុំបានចាកចេញពីស្រុកអ៊ីស្រាអែលនេះ ទៅដល់ទិសខាងកើត។ ទាល់តែពន្លឺនៅទិសខាងកើតចាប់ផ្ដើមឡើងសបន្តិចម្ដងៗ ទើបភាពអន្ធិកានៅទូទាំងផែនដីនឹងចាប់ផ្ដើមត្រឡប់ជាមានពន្លឺវិញ ដល់ពេលនោះទើបមនុស្សដឹងថា ខ្ញុំបានចាកចេញពីស្រុកអ៊ីស្រាអែលជាយូរមកហើយ ហើយខ្ញុំកំពុងតែរះឡើងជាថ្មីនៅទិសខាងកើត។ ខ្ញុំមិនអាចយកកំណើតជាថ្មីក្នុងសាសន៍អ៊ីស្រាអែលបានទេ ដ្បិតខ្ញុំបានយាងចុះមកអ៊ីស្រាអែលម្ដងរួចហើយ ក្រោយមក ខ្ញុំក៏បានចាកចេញពីទីនោះ ដ្បិតកិច្ចការរបស់ខ្ញុំ គឺដឹកនាំសកលលោកទាំងមូល ហើយលើសពីនេះ ផ្លេកបន្ទោរនឹងជះពន្លឺត្រង់ពីទិសខាងកើតទៅទិសខាងលិច។ ខ្ញុំក៏យាងចុះមកទិសខាងកើត រួចនាំយកស្រុកកាណានទៅឱ្យមនុស្សនៅទិសខាងកើតវិញ គឺដោយព្រោះហេតុផលនេះឯង។ ខ្ញុំនឹងនាំមនុស្សមកពីជុំវិញផែនដីនេះទៅកាន់ទឹកដីកាណាន ដូច្នេះ ខ្ញុំបន្តបញ្ចេញព្រះសូរសៀងនៅស្រុកកាណាន ដើម្បីគ្រប់គ្រងសកលលោកទាំងមូល។ ពេលនោះ នៅលើផែនដី កន្លែងណាក៏គ្មានពន្លឺដែរ ក្រៅតែពីស្រុកកាណាន ហើយមនុស្សទាំងអស់នឹងរងគ្រោះដោយសារការស្រេកឃ្លាន និងភាពរងាត្រជាក់។ ខ្ញុំបានប្រទានសិរីល្អដល់សាសន៍អ៊ីស្រាអែល ហើយបន្ទាប់មក ក៏ដកសិរីល្អនោះចេញវិញ ដោយហេតុនេះ ខ្ញុំក៏នាំសាសន៍អ៊ីស្រាអែលទៅឯទិសខាងកើត និងនាំមនុស្សទាំងអស់ទៅទិសខាងកើតដែរ។ ខ្ញុំបាននាំពួកគេគ្រប់គ្នាទៅរកពន្លឺ ដើម្បីឱ្យពួកគេអាចរួបរួមគ្នាជាថ្មីនឹងពន្លឺនោះ ហើយភពប្រសព្វជាមួយគ្នា និងមិនចាំបាច់ស្វែងរកពន្លឺនោះទៀតឡើយ។ ខ្ញុំនឹងឱ្យមនុស្សដែលស្វែងរកពន្លឺនោះ បានមើលឃើញពន្លឺនោះម្ដងទៀត និងមើលឃើញសិរីល្អដែលខ្ញុំមាននៅស្រុកអ៊ីស្រាអែលផង។ ខ្ញុំនឹងឱ្យពួកគេឃើញថា ខ្ញុំបានយាងចុះមកនៅលើដុំពពកស នៅក្នុងចំណោមមនុស្សជាតិជាយូរមកហើយ ឱ្យពួកគេឃើញដុំពពកស និងផ្លែឈើជាចង្កោមច្រើនរាប់មិនអស់ ហើយលើសពីនោះ គឺឱ្យពួកគេឃើញព្រះយេហូវ៉ា គឺជាព្រះនៃសាសន៍អ៊ីស្រាអែល។ ខ្ញុំនឹងឱ្យពួកគេសម្លឹងទៅឯចៅហ្វាយសាសន៍យូដា ជាព្រះមែស្ស៊ីដែលគេទន្ទឹងរង់ចាំជាយូរ និងការលេចមកដ៏ពេញលេញរបស់ខ្ញុំ ដែលត្រូវស្ដេចជាច្រើនអង្គធ្វើទុក្ខបុកម្នេញក្នុងគ្រប់យុគសម័យទាំងអស់។ ខ្ញុំនឹងសម្រេចកិច្ចការរបស់ខ្ញុំដើម្បីសកលលោកទាំងមូល ហើយខ្ញុំនឹងធ្វើការអស្ចារ្យ ដោយបង្ហាញសិរីល្អទាំងអស់ ព្រមទាំងស្នាព្រះហស្ដរបស់ខ្ញុំដល់មនុស្សនៅគ្រាចុងក្រោយ។ ខ្ញុំនឹងបង្ហាញព្រះភក្ត្រ ដែលប្រកបដោយសិរីល្អររបស់ខ្ញុំទាំងស្រុង នៅចំពោះមុខមនុស្សដែលបានរង់ចាំខ្ញុំអស់ជាច្រើនឆ្នាំ គឺដល់អស់អ្នកដែលទន្ទឹងរង់ចាំខ្ញុំយាងមកលើដុំពពក ដល់សាសន៍អ៊ីស្រាអែលដែលបានទន្ទឹងចាំខ្ញុំយាងមកជាថ្មី និងដល់មនុស្សគ្រប់ៗគ្នាដែលបៀតបៀនខ្ញុំ ដើម្បីឱ្យមនុស្សទាំងអស់គ្នាដឹងថា ខ្ញុំបានដកសិរីល្អរបស់ខ្ញុំជាយូរមកហើយ និងបាននាំយកវាត្រឡប់មកទិសខាងកើត ដើម្បីឱ្យសិរីល្អនោះលែងស្ថិតនៅស្រុកយូដាទៀត។ ដ្បិតគ្រាចុងក្រោយបានចូលមកដល់ហើយ!

នៅទូទាំងចក្រវាល ខ្ញុំកំពុងធ្វើកិច្ចការរបស់ខ្ញុំ ហើយនៅទិសខាងកើត សំឡេងផ្គរលាន់យ៉ាងកងរំពងបន្លឺឡើងឥតឈប់ឈរ ធ្វើឲ្យរញ្ជួយគ្រប់ជាតិសាសន៍ និងគ្រប់និកាយទាំងអស់។ គឺជាសូរសៀងរបស់ខ្ញុំ ដែលបាននាំមនុស្សទាំងអស់មកដល់សព្វថ្ងៃនេះ។ ខ្ញុំធ្វើឲ្យមនុស្សទាំងអស់ត្រូវបានយកឈ្នះដោយសារសូរសៀងរបស់ខ្ញុំ ឲ្យធ្លាក់ចូលទៅក្នុងអូរនេះ និងឲ្យចុះចូលនៅចំពោះមុខខ្ញុំ ពីព្រោះខ្ញុំបានដកយកសិរីរុងរឿងរបស់ខ្ញុំពីផែនដីទាំងមូលជាយូរមកហើយ ហើយបានបញ្ចេញវាម្តងទៀតនៅទិសខាងកើត។ តើអ្នកណាមិនប្រាថ្នាចង់ឃើញសិរីរុងរឿងរបស់ខ្ញុំ? តើអ្នកណាមិនទន្ទឹងរង់ចាំដោយអន្ទះសានូវការយាងត្រឡប់មកវិញរបស់ខ្ញុំ? តើអ្នកណាមិនស្រេកឃ្លានចង់ឲ្យខ្ញុំលេចមកម្តងទៀត? តើអ្នកណាមិនអាឡោះអាល័យនឹងភាពគួរឲ្យស្រឡាញ់របស់ខ្ញុំ? តើអ្នកណាមិនចង់មកឯពន្លឺ? តើអ្នកណាមិនចង់ឃើញភាពបរិបូរណ៍នៃស្រុកកាណាន? តើអ្នកណាមិនប្រាថ្នាចង់ឲ្យព្រះដ៏ប្រោសលោះយាងត្រឡប់មកវិញ? តើអ្នកណាមិនកោតស្ញប់ស្ញែងដល់ព្រះអង្គដែលមានព្រះចេស្ដាដ៏មហិមា? សូរសៀងរបស់ខ្ញុំនឹងត្រូវបានផ្សព្វផ្សាយនៅទូទាំងផែនដី។ ខ្ញុំនឹងបន្លឺសូរសៀង ហើយមានបន្ទូលកាន់តែច្រើនទៅកាន់រាស្ដ្ររើសតាំងរបស់ខ្ញុំ ប្រៀបដូចជាផ្គរលាន់ដ៏ខ្លាំងក្លាដែលធ្វើឲ្យរញ្ជួយភ្នំ និងទន្លេ។ ខ្ញុំមានបន្ទូលទៅកាន់ចក្រវាលទាំងមូល និងទៅកាន់មនុស្សជាតិ។ ហេតុនេះ ព្រះបន្ទូលចេញពីមាត់ខ្ញុំបានក្លាយជាកំណប់ទ្រព្យរបស់មនុស្ស ហើយមនុស្សទាំងអស់ស្រឡាញ់ព្រះបន្ទូលរបស់ខ្ញុំ។ ផ្លេកបន្ទោរបញ្ចេញពន្លឺចេញពីទិសខាងកើតរហូតដល់ទិសខាងលិច។ ព្រះបន្ទូលរបស់ខ្ញុំគឺបែបនេះ ដែលមនុស្សមិនចង់ឃ្លាតចេញពីព្រះបន្ទូលទាំងនោះឡើយ ហើយក៏ជាព្រះបន្ទូលដែលមនុស្សមិនអាចស្ទង់បានដែរ ហើយរឹតតែខ្លាំងជាងនេះទៅទៀត ព្រះបន្ទូលទាំងនោះនាំឲ្យមនុស្សមានសេចក្តីអំណរ។ ប្រៀបដូចជាទារកទើបនឹងកើត មនុស្សទាំងអស់មានអារម្មណ៍ត្រេកអរនិងរីករាយ ហើយអបអរសាទរការយាងមកដល់របស់ខ្ញុំ។ តាមរយៈសូរសៀងរបស់ខ្ញុំ ខ្ញុំនឹងនាំមនុស្សទាំងអស់មកនៅចំពោះមុខខ្ញុំ។ ចាប់ពីពេលនោះមក ខ្ញុំនឹងចូលទៅក្នុងចំណោមមនុស្សជាផ្លូវការ ដើម្បីឲ្យពួកគេមកថ្វាយបង្គំខ្ញុំ។ ដោយសារសិរីរុងរឿងដែលខ្ញុំបញ្ចេញ និងព្រះបន្ទូលចេញពីមាត់ខ្ញុំ ខ្ញុំនឹងធ្វើឲ្យមនុស្សទាំងអស់មកនៅចំពោះមុខខ្ញុំ ហើយឃើញថាផ្លេកបន្ទោរភ្លឺចេញពីទិសខាងកើត ថាខ្ញុំបានយាងចុះមកលើ «ភ្នំដើមអូលីវ» នៅទិសខាងកើត ហើយបានមកដល់ផែនដីជាយូរមកហើយ និងថាខ្ញុំលែងជាបុត្ររបស់ជនជាតិយូដាទៀតហើយ តែជាផ្លេកបន្ទោរនៃទិសខាងកើតវិញ។ ពីព្រោះខ្ញុំបានរស់ពីសុគតឡើងវិញជាយូរមកហើយ ហើយបានចាកចេញពីកណ្តាលចំណោមមនុស្សជាតិ រួចបានលេចមកម្តងទៀតដោយសិរីរុងរឿងនៅក្នុងចំណោមមនុស្ស។ ខ្ញុំគឺជាព្រះអង្គដែលត្រូវបានគេថ្វាយបង្គំរាប់មិនអស់តាំងពីច្រើនយុគសម័យកន្លងមក ហើយខ្ញុំក៏ជាទារកដែលត្រូវបានបោះបង់ចោលដោយជនជាតិអ៊ីស្រាអែលរាប់មិនអស់តាំងពីច្រើនយុគសម័យកន្លងមកដែរ។ រឹតតែខ្លាំងជាងនេះទៅទៀត ខ្ញុំគឺជាព្រះដ៏មានគ្រប់ព្រះចេស្ដាដែលពេញដោយសិរីល្អនៃយុគសម័យបច្ចុប្បន្ននេះ! ចូរឲ្យមនុស្សទាំងអស់មកនៅចំពោះបល្ល័ង្ករបស់ខ្ញុំ ហើយឃើញព្រះភក្ត្រដ៏រុងរឿងរបស់ខ្ញុំ ឮព្រះសូរសៀងរបស់ខ្ញុំ និងឃើញពីកិច្ចការរបស់ខ្ញុំ។ នេះគឺជាបំណងព្រះហឫទ័យរបស់ខ្ញុំទាំងមូល ជាទីបញ្ចប់ និងជាចំណុចកំពូលនៃផែនការរបស់ខ្ញុំ ក៏ដូចជាគោលបំណងនៃការគ្រប់គ្រងរបស់ខ្ញុំដែរ ពោលគឺដើម្បីឲ្យជាតិសាសន៍ជាច្រើនថ្វាយបង្គំខ្ញុំ ឲ្យមាត់ជាច្រើនទទួលស្គាល់ខ្ញុំ ឲ្យមនុស្សជាច្រើនដាក់សេចក្តីជំនឿរបស់ខ្លួនមកលើខ្ញុំ និងឲ្យរាស្ដ្ររើសតាំងរបស់ខ្ញុំជាច្រើនចុះចូលនឹងខ្ញុំ!

លេខយោង៖

(ក) អត្ថបទដើមមិនមានឃ្លា «ឃើញថា»។

ខាង​ដើម៖ អ្នកត្រូវរស់នៅសម្រាប់សេចក្តីពិត ដ្បិតអ្នកជឿដល់ព្រះជាម្ចាស់

បន្ទាប់៖ ភាពខុសគ្នាដ៏សំខាន់រវាងព្រះដែលយកកំណើតជាមនុស្ស និងមនុស្សដែលត្រូវបានព្រះជាម្ចាស់ត្រាស់បង្គាប់

គ្រោះមហន្តរាយផ្សេងៗបានធ្លាក់ចុះ សំឡេងរោទិ៍នៃថ្ងៃចុងក្រោយបានបន្លឺឡើង ហើយទំនាយនៃការយាងមករបស់ព្រះអម្ចាស់ត្រូវបានសម្រេច។ តើអ្នកចង់ស្វាគមន៍ព្រះអម្ចាស់ជាមួយក្រុមគ្រួសាររបស់អ្នក ហើយទទួលបានឱកាសត្រូវបានការពារដោយព្រះទេ?

ការកំណត់

  • អត្ថបទ
  • ប្រធានបទ

ពណ៌​ដិតច្បាស់

ប្រធានបទ

ប្រភេទ​អក្សរ

ទំហំ​អក្សរ

ចម្លោះ​បន្ទាត់

ចម្លោះ​បន្ទាត់

ប្រវែងទទឹង​ទំព័រ

មាតិកា

ស្វែងរក

  • ស្វែង​រក​អត្ថបទ​នេះ
  • ស្វែង​រក​សៀវភៅ​នេះ